Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

មន្ត្រី​បក្ស​ប្រជាជន​ប្រតិកម្ម​ការ​ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

$
0
0

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ក្រៅ​ផ្លូវការ​មួយ​ដែល​ថា សមាជិក​សភា​អាល្លឺម៉ង់ ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​ជួយ​ឲ្យ​មាន​ការ​ដោះលែង​លោក៊ុំ សំអាន និង​លោក ហុង សុខហួរ ពី​ការ​ជាប់​ពន្ធនាគារ ដោយសារ​យល់​ថា លោក​ទាំង​ពីរ​ជា​អ្នក​ទោស​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ជា​សារ​តាម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​៦ សីហា ថា ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​នីតិរដ្ឋ​មួយ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប គប្បី​គិតគូរ​ជា​មុន​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​អន្តរាគមន៍​ណា​មួយ​លើ​ករណី​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សារ​របស់​លោក​ជា​សារ​ព្រមាន​មុន ទៅ​នឹង​ព័ត៌មាន​ដែល​ថា មាន​សេចក្ដី​ព្រាង​របស់​សមាជិក​សភា​អាល្លឺម៉ង់ មួយ​ចំនួន ចង់​ធ្វើ​អន្តរាគមន៍​ដូច្នេះ ហើយ​លេច​ឮ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ«ខ្ញុំ​និយាយ​តែ​ប្រធានបទ​ទេ ខ្ញុំ​ថា​បើ។ បើ​មាន​ការ​អន្តរាគមន៍​អ៊ីចឹង​មែន ហើយ​មិន​មែន​ជា​សភា​ទាំងមូល​ទេ ជា​សមាជិក​សភា​មួយ​ចំនួន​តូច ហើយ​គាត់​គ្រាន់​តែ​ព្រាង​ទេ តាម​ពិត​នោះ។ តែ​យើង​ថា​ឲ្យ​ហើយ​ទៅ អា​ហ្នឹង​ខ្លឹមសារ​វា​នៅ​តែ​ទិសដៅ​តែ​មួយ​ហ្នឹង»

សារ​របស់​លោក​សរសេរ​ទៀត​ថា ការ​ចង់​អន្តរាគមន៍​នេះ​នៅ​មិន​ទាន់​ដឹង​តាម​វិធី​ណា​ទេ ហើយ​ប្រទេស​អាល្លឺម៉ង់ ជា​ប្រទេស​នីតិរដ្ឋ​មួយ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប។ លោក​បន្ត​ថា បើ​មាន​អន្តរាគមន៍​ពី​សមាជិក​សភា​អាល្លឺម៉ង់ មែន​នោះ មាន​ន័យ​ថា អស់​លោក​អាល្លឺម៉ង់ មិន​ចង់​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទេ ដោយ​ហេតុ​ថា លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន មិន​មែន​ជា​អ្នក​ទោស​នយោបាយ​ទេ តែ​លោក​ទាំង​ពីរ​នាក់​នេះ គឺ​ជា​អ្នក​នយោបាយ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​ត្រូវ​មាន​ទោស។ លោក​ព្រមាន​ថា ឲ្យ​គិត​មុន​ធ្វើ​អន្តរាគមន៍ ប្រយ័ត្ន​សិស្ស​ប្រជាធិបតេយ្យ​ប្រដៅ​លោក​គ្រូ​ប្រជាធិបតេយ្យ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បដិសេធ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​បញ្ជាក់​ថា ខាង​គណបក្ស​លោក​មិន​មាន​ព័ត៌មាន​អំពី​គម្រោង​អន្តរាគមន៍​របស់​សមាជិក​សភា​អាល្លឺម៉ង់ នេះ​ទេ

លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន​៣ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

កាល​ថ្ងៃ​ទី​២៩ ខែ​មិថុនា សាលា​ឧទ្ធរណ៍​ចេញ​សេចក្ដី​សម្រេច​តម្កល់​ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​តាម​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ឲ្យ​លោក ហុង សុខហួរ ជាប់​ឃុំ ៧​ឆ្នាំ​ដដែល។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហុង សុខហួរ គឺ​លោក​មេធាវី ជូង ជូងី ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ថា​មិន​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​លោក​ទេ ព្រោះ​តុលាការ​មិន​បាន​បញ្ជា​អ្នក​ជំនាញ​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​ក្នុង​សវនាការ។ លោក​បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ គឺ ២​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពេល​ដែល​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឡើយ។ លោក ហុង សុខហួរ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដោយ​អះអាង​ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

រីឯ​លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ក្លែងក្លាយ​តាម​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២​យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក មក​ដល់​ខេត្ត​សៀមរាប។ ករណី​លោក កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​តុលាការ​កំពូល។

លោក ជូង ជូងី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ខែ​សីហា នេះ លោក​នៅ​មិន​ទាន់​មាន​ព័ត៌មាន​តប​ពី​តុលាការ​កំពូល នៅ​ឡើយ​ទេ សម្រាប់​ករណី​ទាំង​ពីរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សម្ភាស​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អំពី​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ

$
0
0

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៦ សីហា សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០០៧។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ញឹក ប៊ុនឆៃ ដែល​ជា​អតីត​មេ​ទ័ព​នៃ​គណបក្ស​រាជា​ហ៊្វុនស៊ិនប៉ិច និង​ធ្លាប់​មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ ត្រូវ​បាន​ទណ្ឌិត​ឈ្មោះ ជា ជុង ឆ្លើយ​ដាក់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​ជាមួយ​ខ្លួន។

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ធ្លាប់​តស៊ូ​ប្រដាប់​អាវុធ​ជាមួយ​លោក ញឹក ប៊ុនឆៃ នៅ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​វៀតណាម នៅ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​មិន​កាន់​ជើង​លោក ញឹក ប៊ុនឆៃ ទេ ប្រសិន​បើ​បុគ្គល​រូប​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​មែន​នោះ។ ប៉ុន្តែ​លោក​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នៅ​ពេល​នេះ ក៏​ដោយសារ​លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​មាន​គុណ​បំណាច់​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយ​ជា​មនុស្ស​អត់​មាន​ផល​ប្រយោជន៍​នយោបាយ​ដល់​លោក ហ៊ុន សែន តទៅទៀត។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​អតីត​តំណាងរាស្ត្រ​នៃ​គណបក្ស​រាជា​ហ៊្វុនស៊ិនប៉ិច គឺ​លោក លឺ ឡាយស្រេង អំពី​រឿង​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រៃឈើ​ជាច្រើន​ហិកតារ​ក្នុង​ស្រុក​ចុងកាល់​កំពុង​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

$
0
0

ប្រភព​ពី​ពលរដ្ឋ​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ នៃ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ជន​ចំណូល​ថ្មី​ជាច្រើន​បាន​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ជិត​តំបន់​ដែល​ពួក​គេ​រស់នៅ ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ក្រុម​អ្នក​ភូមិ​និយាយ​ថា ក្រុម​មនុស្ស​ចំណូល​ថ្មី​ទាំងនោះ​មិន​ដឹង​មក​ពី​ទីណា​ឡើយ គឺ​ខ្លះ​បាន​យក​ត្រាក់ទ័រ​ឈូស​ព្រៃ ហើយ​យក​ដី​វាស់​ចែក​គ្នា​ដោយ​មិន​ឃើញ​អាជ្ញាធរ​ណា​មួយ​ចេញ​មុខ​បង្ក្រាប​ទេ។

ពលរដ្ឋ​ខ្លះ​នៅ​ភូមិ​ស្រះកែវ ឃុំ​ពង្រ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​នៅ​ចន្លោះ​ដី​អតីត​ក្រុមហ៊ុន លី យ៉ុងផាត់ និង​ដី​ព្រៃ​សហគមន៍​តាជួង ឲ្យ​បាន​ទាន់​ពេល​ទេ មិន​យូរ​មិន​ឆាប់ ព្រៃឈើ​ទីនោះ​នឹង​វិនាស​ហិនហោច​គ្មាន​សល់។

ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ចំណូល​ថ្មី​ជាច្រើន​មិន​ដឹង​មក​ពីណា បាន​នាំ​គ្នា​ទៅ​កាប់​ព្រៃ​ជាច្រើន​ហិកតារ ដោយ​អ្នក​ខ្លះ​មាន​ទាំង​ប្រើ​ត្រាក់ទ័រ​រុញ​ផង​ដើម្បី​យក​ដី​ទៅ​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ស្រះកែវ ជាច្រើន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា ថា ជា​រៀង​រាល់​ថ្ងៃ គាត់​ឃើញ​ក្រុម​មនុស្ស​ចំណូល​ថ្មី​បាន​នាំ​គ្នា​ជាច្រើន​ចូល​ទៅ​កាប់​ព្រៃ​នៅ​តំបន់​ចុង​វាំង ចន្លោះ​អតីត​ដី​ក្រុមហ៊ុន លី យ៉ុងផាត់ និង​សហគមន៍​ការពារ​ព្រៃឈើ​តាជួង ហើយ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ដី​ចែក​គ្នា។

បុរស​ដដែល​បញ្ជាក់​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​នៅ​ទីនោះ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ទៅ​សាកសួរ​ជន​ទាំងនោះ​ថា​មក​ពី​ទីណា​ឡើយ ពីព្រោះ​តែ​គាត់​មិន​ស្គាល់​គេ៖ «មិន​ដឹង​ជា​មនុស្ស​មក​ពីណា​ទេ គេ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ព្រៃ​យក​ដី​ចែក​គ្នា។ ព្រៃឈើ​ស្រស់ៗ​គេ​កាប់​រំលំ​បម្រុង​យក​ដី​ធ្វើ​ស្រែ​ធ្វើ​ចម្ការ»

អ្នក​ភូមិ​ស្រះកែវ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ចុងកាល់ និង​ខេត្ត​ឧត្តរមានជ័យ គួរ​ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​កាប់​រាន​ព្រៃឈើ​ទីនោះ ថា​តើ​មាន​ច្បាប់​អនុញ្ញាត​ដែរ​ឬ​ក៏​យ៉ាង​ណា?

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឃុំ​ពង្រ និង​ស្រុក​ចុងកាល់ មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់​ទេ​ថា តើ​ក្រុម​មនុស្ស​ចំណូល​ថ្មី​ដែល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​មក​ពីណា? គឺ​បាន​ត្រឹម​តែ​សន្និដ្ឋាន​ប៉ុណ្ណោះ។

មេ​ឃុំ​ពង្រ លោក ប៉ាន់ ឃាន់ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា​អ្នក​ដែល​ទៅ​កាប់​ព្រៃឈើ​នៅ​តំបន់​ចុង​វាំង​នោះ ជា​អ្នក​ណា​ទេ ប៉ុន្តែ​លោក​យល់​ថា ប្រហែល​ជា​ម្ចាស់​ដី​ដែល​មេ​ឃុំ​មុន​បាន​ចុះ​ហត្ថលេខា​ប្រគល់​ឲ្យ​គេ​រួច​ហើយ៖ «ខ្ញុំ​ដូចជា​មិន​ទាន់​បាន​ដឹង​អំពី​សកម្មភាព​កាប់​ព្រៃ​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នៅ​តំបន់​ចុង​វាំង​នោះ ពី​មុន​គឺ​មេ​ឃុំ​បាន​ចែក​ឲ្យ​ពលរដ្ឋ​កាប់​គាស់​ធ្វើ​ចម្ការ​ដាំ​ដំឡូង​ហើយ»

ថ្វីត្បិតតែ​មេ​ឃុំ​ពង្រ អះអាង​ដូច្នេះ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទីនោះ​នៅ​ឡើយ​ទេ។

ចំណែក​អភិបាល​ស្រុក​ចុងកាល់ លោក រិទ្ធី ប៉ាក មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​យ៉ាង​ណា​ទេ។ លោក​អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា ដី​តំបន់​នោះ ជាច្រើន​ឆ្នាំ​មុន​គឺ​កង​ទាហាន​ធ្លាប់​បាន​ស្នើសុំ​អាជ្ញាធរ ប៉ុន្តែ​នៅ​ពេល​ដែល​កើត​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ គឺ​ទាហាន​ទាំងនោះ​បាន​ដក​ចេញ​ពី​ស្រុក​ចុងកាល់ ទៅ​បោះ​ទីតាំង​នៅ​ស្រុក​បន្ទាយអំពិល ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយអំពិល ជាច្រើន​គ្រួសារ។ លោក​ថា មនុស្ស​ដែល​ទៅ​កាប់​ព្រៃ​នៅ​តំបន់​ចុង​វាំង​នោះ ប្រហែល​ជា​ពលរដ្ឋ​មក​ពី​ស្រុក​បន្ទាយអំពិល ដែល​អាជ្ញាធរ​ខេត្ត​បាន​ដោះដូរ​ដី​នោះ​ឲ្យ​ពួក​គាត់ ដោយ​មាន​ឯកសារ​តាម​ច្បាប់​ត្រឹមត្រូវ៖ «សង្ស័យ​តែ​គាត់​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​ខាង​ស្រុក​បន្ទាយអំពិល នោះ​ទេ​ដឹង? មិន​មាន​អ្នក​ណា​កាប់​ព្រៃឈើ​យក​ដី​ទេ មាន​តែ​បង​ប្អូន​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​បន្ទាយអំពិល ដែល​ត្រូវ​ដោះដូរ​ដី​ថ្មី»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សូត្រ ស៊ីសុឃាង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក អ៊ឹម សាវរិទ្ធិ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​មនុស្ស​ចំណូល​ថ្មី​នាំ​គ្នា​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើន​ហិកតារ នៅ​តំបន់​ចុង​វាំង នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ក៏​បាន​ចុះ​ទៅ​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ចុង​វាំង ជិត​ភូមិ​ស្រះកែវ នៃ​ឃុំ​ពង្រ នោះ​ដែរ កាល​ពី​ចុង​សប្ដាហ៍​នេះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​ព្រៃឈើ​ជាច្រើន​ហិកតារ​ត្រូវ​គេ​កាប់​រំលំ ហើយ​ឈូស​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ លោក ស្រី ណារ៉េន ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ចុះ​ទៅ​ពិនិត្យ​មើល​ក្រុម​មនុស្ស​ដែល​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ទាំងនោះ ថា​តើ​មាន​ច្បាប់​អនុញ្ញាត​ដែរ​ឬ​ក៏​យ៉ាង​ណា?«ពីព្រោះ​ដី​ហ្នឹង​វា​នៅ​ចន្លោះ​អតីត​ដី​របស់​ក្រុមហ៊ុន ខ្ញុំ​ខ្លាច​តែ​មាន​ការ​ឃុបឃិត​គ្នា​ដើម្បី​យក​ដី​មក​ចែក​គ្នា»

អ្នក​ភូមិ​ស្រះកែវ ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​ឧសភា មក​ម្ល៉េះ គេ​ឃើញ​ក្រុម​មនុស្ស​ចំណូល​ថ្មី​ជាច្រើន​នាំ​គ្នា​ជិះ​គោយន្ត​ចូល​ទៅ​កាប់​ព្រៃឈើ​ដើម្បី​រុក​រាន​យក​ដី ក៏ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ទៅ​សាកសួរ ឬ​ក៏​មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ម្នាក់​ត្រូវ​អាជ្ញាធរ​ស្រុក​ស្អាង​ចាប់​ខ្លួន

$
0
0

សកម្មជន​មាតា​ធម្មជាតិ​មួយ​រូប​ឈ្មោះ ហ៊ុន វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ចាប់​ខ្លួន​វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃ​ទី​៧ សីហា។

សកម្មជន​មាតា​ធម្មជាតិ​មួយ​រូប​ទៀត គឺ​លោក ថុន រដ្ឋា និង​ទំព័រ​ហ្វេសប៊ុក (facebook) របស់​មាតា​ធម្មជាតិ ឲ្យ​ដឹង​ថា លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ចាប់​ខ្លួន​ពេល​ដែល​លោក​ចូលរួម​ឃ្លាំ​មើល​ការ​ជជែក​គ្នា​រវាង​អ្នក​ភូមិ និង​ក្រសួង​រ៉ែ និង​ថាមពល អំពី​បញ្ហា​បូម​ខ្សាច់​នៅ​ត្រង់​ចំណុច​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល។

ទំព័រ​ហ្វេសប៊ុក​របស់​មាតា​ធម្មជាតិ សរសេរ​ថា ការ​ចាប់​ខ្លួន​លោក ហ៊ុន វណ្ណៈ កាល​ពី​វេលា​ថ្ងៃ​ត្រង់ គឺ​បណ្ដាល​មក​ពី​សកម្មជន​មាតា​ធម្មជាតិ​រូប​នេះ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន ឡេង ជីង បញ្ឈប់​ការ​បូម​ខ្សាច់ ដែល​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ និង​បាក់​ផ្ទះ​នៅ​តំបន់​នោះ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ លោក ហ៊ុន វណ្ណៈ កំពុង​ឋិត​នៅ​ក្រោម​ការ​សាកសួរ​របស់​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល នៅ​ឡើយ។

សូម​លោក​អ្នក​រង់ចាំ​ស្ដាប់ និង​អាន​សេចក្ដី​រាយការណ៍​ពិស្ដារ​បន្ថែម​ទៀត!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទេសចរ​កាន់​តែ​ច្រើន​សម្រុក​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡូរី​នៅ​ខេត្ត​បាត់ដំបង

$
0
0

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ចាប់​អារម្មណ៍​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឡូរី ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា បាំប៊ូ ត្រេន (Bamboo train) តាម​ផ្លូវ​រថភ្លើង​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ខណៈ​តំបន់​ទេសចរណ៍​នេះ​ជិត​ដល់​ពេល​បិទ​បញ្ចប់ ដែល​សមត្ថកិច្ច​ជំនាញ​រុះរើ​ផ្លូវ​រទេះ​ភ្លើង​ចាស់​សង់​ផ្លូវ​ថ្មី​ក្នុង​ពេល​ឆាប់ៗ។ ដំណើរ​កម្សាន្ត​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ទៅ​លេង​កម្សាន្ត​ខេត្ត​បាត់ដំបង ជា​រៀង​រាល់​ថ្ងៃ។

អ្នក​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឡូរី ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ប្រពៃណី​ដំណើរ​កម្សាន្ត​មួយ​នេះ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ឲ្យ​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត បើ​ទោះ​ជា​អាជ្ញាធរ​សង់​ផ្លូវ​រទេះ​ភ្លើង​ថ្មី​ក៏ដោយ។

អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ឡូរី​មក​ពី​ខេត្ត​សៀមរាប លោកស្រី សូ ដាវី ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ខណៈ​ចុះ​ពី​ឡូរី​ថា លោកស្រី​មក​លេង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​មាន​គ្នា​ជាង ១០​នាក់។ ស្ត្រី​សម្បុរ​ស វ័យ ៤០​ឆ្នាំ​ប្លាយ​រូប​នេះ​អះអាង​ថា ឡូរី​ជា​ដំណើរ​កម្សាន្ត​មួយ​ប្លែក​ភ្នែក និង​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​រក្សា​ប្រពៃណី​មួយ​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​បាត់ដំបង ឲ្យ​បាន​ច្រើន៖ «ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទីកន្លែង​ទេ ព្រោះ​អី​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍​សំខាន់​ដែល​នៅ​ជិត​ខេត្ត​សៀមរាប ដែល​អ្នក​ទេសចរ​គេ​ចង់​មក​ទស្សនា ដូច្នេះ​ហើយ​បាន​ជា​នាង​ខ្ញុំ​មិន​ចង់​ឲ្យ​ប្ដូរ​ទីតាំង»

ដំណើរ​កម្សាន្ត​ដោយ​ឡូរី​នៅ​ខេត្ត​បាត់ដំបង ភាគច្រើន​ជា​អ្នក​ទេសចរ​អន្តរជាតិ​មក​ពី​គ្រប់​តំបន់​លើ​ពិភពលោក មាន​ដូចជា​ជនជាតិ​ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​សហគមន៍​អឺរ៉ុប ជាដើម គឺ​ប្រហែល​ពី ១០០ ទៅ ១៥០​នាក់​ក្នុង​មួយ​ថ្ងៃ។ ដំណើរ​កម្សាន្ត​មួយ​នេះ ភាគច្រើន​ឡូរី​មួយ​គេ​ដឹក​មនុស្ស​ចន្លោះ​ពី ៣ ទៅ ៤​នាក់​ក្នុង​មួយ​ជើង។

អ្នក​រត់​ឡូរី​នៅ​ឃុំ​អូរដំបង២ លោក គង់ សាលដែត ថ្លែង​ថា ថ្វី​បើ​មាន​អ្នក​ទេសចរ​ច្រើន​មក​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡូរី​ច្រើន​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​ពួក​គាត់​រក​ចំណូល​ពី​ការ​ដឹក​ភ្ញៀវ​បាន ៧​ពាន់​រៀល​ក្នុង​មួយ​ជើង ដែល​មាន​រយៈពេល​ទៅ​មក​ជាង​មួយ​ម៉ោង​ក្នុង​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ឯណោះ។ លោក​អះអាង​ថា ភ្ញៀវ​បរទេស​ម្នាក់​ត្រូវ​បង់​ថ្លៃ ៥​ដុល្លារ​អាមេរិក ចំណែក​ភ្ញៀវ​ខ្មែរ ១​ម៉ឺន​រៀល​ក្នុង​ម្នាក់។ ប៉ុន្តែ​អ្នក​ដែល​បាន​ផល​ប្រយោជន៍​លើ​ប្រាក់​ចំណូល​នេះ មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ជិត ១០​នាក់​ជា​អ្នក​ប្រមូល​ប្រាក់ ដោយ​ប្ដូរ​វេន​គ្នា​មួយ​ខែ​ម្នាក់។ ចំណែក​ពួក​គាត់​បាន​ត្រឹក​តែ​រត់​ឡូរី​យក​ថ្លៃ​ឈ្នួល​មួយ​ជើងៗ​ប៉ុណ្ណោះ៖ «បើ​សិន​ជា​គេ​បិទ យើង​ក៏​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច មាន​តែ​ទៅ​រក​ការងារ​ផ្សេង​ធ្វើ ដូចជា​ធ្វើ​ការ​សំណង់ និង​ធ្វើ​សន្តិសុខ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង ជំនួស​វិញ។ តែ​បើ​គេ​សង់​ផ្លូវ​ផ្សេង​មួយ​ទៀត ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​អាច​រក​ចំណូល​បាន​ផង និង​មាន​ភ្ញៀវ​ទេសចរ​គេ​មក​លេង​ខេត្ត​បាត់ដំបង ច្រើន​ផង»

អភិបាល​ស្រុក​សង្កែ លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ឡូរី​នៅ​តំបន់​នោះ​មាន​ជាង ៣០​គ្រឿង៖ «វា​អាស្រ័យ​ទៅ​លើ​រដូវ​កាល បើ​រដូវ​ដែល​មាន​មនុស្ស​មក​ទស្សនា​ច្រើន គឺ​មាន​ភ្ញៀវ​ច្រើន​ដឹក​មនុស្ស​បាន​រាប់​រយ​ជើង​ក្នុង​មួយ​ថ្ងៃៗ»

អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​ទេសចរណ៍ លោក ងួន រតនៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មាន​គម្រោង​រៀបចំ​សាងសង់​ទីតាំង​ដំណើរ​កម្សាន្ត​ដោយ​ឡូរី​ថ្មី​ជំនួស​ឲ្យ​ទីតាំង​ចាស់ ប៉ុន្តែ​លោក​អះអាង​ថា គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន ពុំ​មែន​ជា​របស់​រដ្ឋ​នោះ​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​មក​ដាក់​វិនិយោគ​នៅ​ឡើយ៖ «យើង​យល់​ពី​សារសំខាន់​របស់​ឡូរី ដែល​ពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​បាន​ដោះស្រាយ​ជីវភាព ហើយ​យើង​ក៏​ពិចារណា​រឿង​ហ្នឹង​ដែរ ព្រោះ​យើង​មិន​បាន​រៀបចំ​គម្រោង​វិនិយោគ​សាធារណៈ។ យើង​អត់​បាន​រៀបចំ​ទេ ក៏ប៉ុន្តែ​យើង​រក​ដៃគូ​ដើម្បី​រៀបចំ។ កន្លង​មក​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ថា គម្រោង​បង្កើត​ផ្លូវ​ឡូរី​ថ្មី​បាន​ហើយ គឺ​មិន​ពិត​ទេ សំខាន់​យើង​កំពុង​តែ​រក​ក្រុមហ៊ុន​មក​ធ្វើ​វិនិយោគ»

លោក​បន្ថែម​ថា គម្រោង​ផ្លូវ​ឡូរី​ថ្មី​នេះ​មិន​ទាន់​មាន​ទីតាំង​ច្បាស់លាស់​ថា​ដាក់​នៅ​តំបន់​ណា​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង លោក ខាន់ ម៉ាណេ មាន​ប្រសាសន៍​ថា គម្រោង​សង់​ផ្លូវ​ឡូរី​ថ្មី​នេះ​ប្រហែល​នៅ​តំបន់​ទេសចរណ៍​ក្នុង​ស្រុក​បាណន់ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ។ ចំណែក​ការ​រុះរើ​ផ្លូវ​រទេះ​ភ្លើង​ចាស់​សង់​ផ្លូវ​ថ្មី​នោះ លោក​អះអាង​ថា យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ​២០១៧៖ «ប្រហែល​ជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​តាម​ដែល​ក្រសួង​ប្រជុំ​លើក​មុន​នោះ ហើយ​ឥឡូវ​ខ្ញុំ​ឃើញ​គេ​តភ្ជាប់​ផ្លូវ​រទេះ​ភ្លើង​មក​បាត់ដំបង ហើយ»

អ្នក​រត់​ឡូរី​នៅ​ខេត្ត​បាត់ដំបង សរុប​ប្រហែល ៤០​គ្រួសារ។ សព្វថ្ងៃ ពួក​គាត់​រក​ប្រាក់​ចំណូល​ពី​របរ​មួយ​នេះ​បាន​ប្រហែល​ពី ៣ ទៅ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ខេត្ត​បាត់ដំបង ពុំ​ទាន់​បញ្ជាក់​ថា នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ពួក​គាត់​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​សាងសង់​ផ្លូវ​រទេះ​ភ្លើង​ថ្មី​នោះ​ទេ។

អ្នក​រត់​ម៉ូតូ​កង់​បី និង​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​បាត់ដំបង លោក សំ ឡុង មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ថ្មី ពួក​គាត់​នឹង​បាត់បង់​ប្រាក់​ចំណូល​ពី​របរ​ដឹក​ភ្ញៀវ​ទេសចរ ព្រោះ​អ្នក​ទេសចរ​ភាគច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡូរី ដែល​ពួក​គាត់​រក​ចំណូល​ពី​របរ​នេះ​បាន​ចន្លោះ​ពី ១០ ទៅ ២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៖ «ប្រសិន​បើ​មាន​ក្រុមហ៊ុន​រៀបចំ​ផ្លូវ​មួយ​ខ្សែ​ថ្មី​នៅ​តំបន់​ណា​ផ្សេង​ក្រៅ​ពី​ទីតាំង​ចាស់ សម្រាប់​ឲ្យ​ឡូរី​ដឹក​ភ្ញៀវ​ទេសចរ​នោះ គឺ​ពួក​ខ្ញុំ​មាន​ការ​ត្រេកអរ​ណាស់»

តំបន់​ទេសចរណ៍​ដោយ​ឡូរី​នៅ​ស្រុក​សង្កែ មាន​ចម្ងាយ​ប្រហែល ៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។ អ្នក​ទេសចរ​ដែល​ចង់​ទៅ​លេង​កម្សាន្ត អាច​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឌុប ឬ​ម៉ូតូ​កង់​បី ដោយ​តម្លៃ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ប្រមាណ​ពី ១​ម៉ឺន​ទៅ ២​ម៉ឺន​រៀល​សម្រាប់​មនុស្ស​ម្នាក់។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​លេង​ក្នុង​ខេត្ត​មួយ​នេះ​នៅ​ឆ្នាំ​២០១៦ មាន​ជាង ៦​សែន​នាក់ (៦៦០.០០០​នាក់) គឺ​កើន​ឡើង​ជាង ២​ភាគរយ (,៣៧%) បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ក្នុង​នោះ ភ្ញៀវ​អន្តរជាតិ​ចំនួន ៩​ម៉ឺន ៦​ពាន់​នាក់ គឺ​កើន​ឡើង​ជាង ២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​ជិត​៦០​នាក់​ដួល​សន្លប់​នៅ​រោងចក្រ​ញូអូរៀន​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា

$
0
0

កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​ជិត ៦០​នាក់ ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា។ កម្មករ​រោងចក្រ​កាត់​ដេរ​ទាំងនេះ ដួល​សន្លប់​ពេល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​អគារ​ចំនួន​៤ នៃ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ញូអូរៀន ខេមបូឌា ហ្គាមិន (New Orient) គឺ​អគារ​លេខ​១៤ ១៥ ១៦ និង​លេខ​១៧ ដែល​ឋិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា (Canadia Park) តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ពួក​គាត់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​ជិតៗ​នោះ ហើយ​ខ្លះ​បាន​ធូរស្បើយ និង​ខ្លះ​ទៀត​ឋិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ។ អ្នក​ទទួល​ខុស​ត្រូវ​ខាង​រោងចក្រ ញូអូរៀន គឺ​លោក អ៊ូ ឡេង។ លោក​មិន​ទាន់​អាច​បញ្ជាក់​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​បាន​ទេ ព្រោះ​លោក និង​គណៈកម្មការ​កំពុង​ស៊ើប​អង្កេត។

កម្មការិនី​ផ្នែក​ដេរ​ម្នាក់​នៅ​អគារ​លេខ​១៧ ឈ្មោះ គីម លី ថ្លែង​ថា ការ​ដួល​សន្លប់​នេះ ចាប់​ផ្ដើម​មាន​បី ឬ​បួន​នាក់​កាល​ពី​ព្រឹក​នៅ​អគារ​លេខ​១៧ នោះ ហើយ​ដោយ​មិន​មាន​ហេតុការណ៍​ឆេះ​ខ្សែ​ភ្លើង ឬ​ក្លិន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ។ ការ​ដួល​សន្លប់​មាន​បន្តបន្ទាប់​គ្នា​ច្រើន​នៅ​ពេល​រសៀល។

សូម​លោក​អ្នក​រង់ចាំ​ស្ដាប់ និង​អាន​សេចក្ដី​រាយការណ៍​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​៩០​គ្រួសារ​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុបឃិត​លក់​ដី​អាងទឹក​នៅ​ស្រុក​សូទ្រនិគម

$
0
0

ពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​កៀនសង្កែ ជាច្រើន​នាក់ មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្រុម​អ្នក​មាន​អំណាច​ខ្លះ​ដែល​ឃុបឃិត​គ្នា​លក់​ដី​អាងទឹក​សម្រាប់​ស្រែ​ប្រាំង ដែល​ជា​ប្រយោជន៍​រួម​របស់​ពួក​គេ។ អ្នក​ភូមិ​អះអាង​ថា ការ​លក់​ដី​អាងទឹក​សម្រាប់​ស្រែ​ប្រាំង​នេះ ធ្វើ​ឲ្យ​ពួក​គេ​ទាំងអស់​គ្នា​គ្មាន​ទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ប្រាំង​ផង ព្រម​ទាំង​គ្មាន​វាល​ស្មៅ​សម្រាប់​ឲ្យ​សត្វ​គោ​ក្របី​ស៊ី​ផង។

ពលរដ្ឋ​ចំនួន ៩៣​គ្រួសារ នៅ​ភូមិ​ថ្មី នៃ​ឃុំ​កៀនសង្កែ បាន​លើក​គ្នា​ទៅ​ឈរ​នៅ​មុខ​សាលា​ស្រុក​សូទ្រនិគម ចម្ងាយ​ជាង ៣៥​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​សីហា។

អ្នក​ភូមិ​ទាំងនោះ​សម្ដែង​ការ​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​មាន​អំណាច​ខ្លះ ដែល​ឃុបឃិត​គ្នា​យក​ដី​អាងទឹក​រួម​ទៅ​លក់​ឲ្យ​ថៅកែ សម្រាប់​ជីក​អាចម៍​ដី​យក​ទៅ​ធ្វើ​ជា​សិប្បកម្ម​ឡឥដ្ឋ។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ថ្មី ជាច្រើន​នាក់​ទៀត​ដែល​លើក​គ្នា​ទៅ​សាលា​ស្រុក​នោះ គឺ​លោក សន សាំង។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​សីហា ថា បុរស​ម្នាក់​ឈ្មោះ មាស ឈុត ជា​អ្នក​ភូមិ​ថ្មី ដែរ បាន​យក​ដី​អាងទឹក​រួម​សម្រាប់​ស្រោចស្រព​ស្រែ​ប្រាំង​ទំហំ​ជាង ២​ហិកតារ ទៅ​លក់​ឲ្យ​ថៅកែ​ឡឥដ្ឋ។ ការ​លក់​ដី​ទៅ​ឲ្យ​ថៅកែ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជិត ១០០​គ្រួសារ​រង​ការ​ប៉ះពាល់​ជាច្រើន៖ «វា​ប៉ះពាល់​អាងទឹក គ្មាន​ទឹក​ដាក់​ស្រែ​ប្រាំង​ផង និង​គ្មាន​កន្លែង​វាល​ស្មៅ​ឲ្យ​គោ​ក្របីស៊ី​ផង»

តំណាង​អ្នក​ភូមិ​ថ្មី លោក បឹង រ៉េត មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ឈ្មោះ មាស ឈុត លក់​ដី​រួម​នោះ​ទៅ​ឲ្យ​ថៅកែ​ឡឥដ្ឋ​មក អ្នក​ភូមិ​ធ្លាប់​លើក​គ្នា​ទៅ​តវ៉ា​ឲ្យ​មេ​ឃុំ​កៀនសង្កែ ដោះស្រាយ ប៉ុន្តែ​មេ​ឃុំ​មិន​ជួយ​ដោះស្រាយ​ឡើយ ទើប​ក្រុម​លោក​នាំ​គ្នា​ឡើង​ទៅ​សាលា​ស្រុក​សូទ្រនិគម៖ «ឥឡូវ​ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ត នាំ​គ្នា​ឡើង​មក​ឲ្យ​លោក​អភិបាល​ស្រុក​ជួយ​ដោះស្រាយ ចង់​បាន​តែ​ដី​រួម​មក​វិញ ចំណែក​អ្នក​លក់ និង​អ្នក​ទិញ​ឃុបឃិត​គ្នា​យ៉ាង​ម៉េច ដោះស្រាយ​គ្នា​ឯង​ទៅ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​កៀនសង្កែ លោក ហុង លី ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​អ្នក​ភូមិ​ថ្មី តវ៉ា​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ក្រុម​អ្នក​ភូមិ​ថ្មី បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ថ្មី​ទៀត​ជូន​អាជ្ញាធរ​ស្រុក​សូទ្រនិគម ឲ្យ​ជួយ​ដោះស្រាយ​ចំពោះ​ករណី​លក់​ដី​អាងទឹក​រួម​ទំហំ ២​ហិកតារ និង ១៩​ម៉ែត្រ​កាល​ពី​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ។ ពួក​គេ​ចោទ​ប្រកាន់​ថា មេ​ឃុំ​កៀនសង្កែ ក៏​បាន​ចូលរួម​ឃុបឃិត​គ្នា​ក្នុង​ការ​លក់​ដី​នោះ​ដែរ។

អភិបាល​រង​ស្រុក​សូទ្រនិគម លោក ពិន សារិន ដែល​ចេញ​ទៅ​ទទួល​បណ្ដឹង​របស់​អ្នក​ភូមិ​នោះ​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​ដែល​បាន​ដឹង​រឿងរ៉ាវ​លក់​ដី​នោះ​ទេ ហើយ​អាជ្ញាធរ​ស្រុក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​បន្ទាប់​ពី​បាន​ទទួល​បណ្ដឹង​នេះ៖ «យើង​នឹង​យក​សំណុំ​ឯកសារ​នេះ​ទុក​ជូន​លោក​អភិបាល​ស្រុក ប៉ុន្តែ​ពេល​នេះ​លោក​កំពុង​ជួប​ប្រជុំ​នៅ​កន្លែង​ផ្សេង»

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​ករណី​នោះ លោក ចាន់ ចំរើន មាន​ប្រសាសន៍​ថា តាម​លោក​ពិនិត្យ​មើល​តំបន់​ដែល​គេ​លក់​នោះ គឺ​ជា​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​ដ៏​សំខាន់ ដែល​ត្រូវ​ការពារ ដូច្នេះ​គួរ​តែ​អាជ្ញាធរ​ប្រគល់​ដី​នេះ​មក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​អាងទឹក​រួម សម្រាប់​ស្រែ​ប្រាំង និង​វាល​ស្មៅ​វិញ​ទើប​អាច​រក្សា​បាន​នូវ​ជីវចម្រុះ មិន​ត្រូវ​លក់​ឲ្យ​ឯកជន​ជីក​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​របស់​បឹង​ទន្លេសាប​ដូច្នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​២០០​នាក់​មក​ពី​ខេត្ត​ស្វាយរៀង​ស្វែងរក​កិច្ច​អន្តរាគមន៍​រឿង​ដីធ្លី​ពី​ស្ថាប័ន​ជាតិ

$
0
0

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រមាណ ២០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ១.៧០០​គ្រួសារ​ក្នុង​ស្រុក​ចំនួន​ពីរ នៃ​ខេត្ត​ស្វាយរៀង ឡើង​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថាប័ន​ជាតិ មាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាដើម ស្នើសុំ​កិច្ច​អន្តរាគមន៍​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ពួក​គាត់។

មាន​ទាំង​ចាស់​ផង និង​ក្មេង​ផង កសិករ​ទាំងនោះ​បាន​ដើរ​ដាក់​ញត្តិ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ក្នុង​ក្រុង​ភ្នំពេញ ចង់​បាន​កិច្ច​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ពី​រដ្ឋាភិបាល ដែល​អាច​ជួយ​ពួក​គាត់​បញ្ចប់​ជម្លោះ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម បញ្ហា​ធ្វើ​ប្រឡាយ​កាត់​ដី​ស្រែ​ពលរដ្ឋ​ដោយ​ក្រសួង​ធនធាន​ទឹក និង​ការ​យក​ដី​ពួក​គាត់​ចែក​ឲ្យ​ទៅ​យោធិន​ពិការ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត។

ការ​ស្វះស្វែង​រក​ជំនួយ​ពី​ស្ថាប័ន​ជាតិ នៅ​ថ្ងៃ​ទី​៧ សីហា មាន​រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់​ពី​ពលរដ្ឋ​ជាង ១.៧០០​គ្រួសារ (.៧៣៥​គ្រួសារ) ដែល​មាន​ផ្ទៃដី​សរុប​ជាង ៩៧០​ហិកតារ​ក្នុង​ស្រុក​ស្វាយជ្រុំ និង​ស្រុក​រមាសហែក លែង​មាន​ជំនឿ​លើ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង តទៅទៀត។

តំណាង​សហគមន៍​សាមគ្គី​រមាសហែក លោកស្រី ខៀវ សារ៉ុន លើក​ឡើង​ថា ចាប់​ពី​ឆ្នាំ​១៩៨២ ប្រជាពលរដ្ឋ ៤៤០​គ្រួសារ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី ៦៧០​ហិកតារ​របស់​ពួក​គាត់​ជា​ធម្មតា​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​រមាសហែក។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១០ ស្រាប់​តែ​មាន​ក្រុមហ៊ុន​ឈ្មោះ អ៊ិន.ខេ វេនឈ័រ (N-K Venture) ចូល​មក​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​អ្នក​ភូមិ​លើ​ដី ៦៧០​ហិកតារ។

តំណាង​ពលរដ្ឋ លោកស្រី ខៀវ សារ៉ុន ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ចាត់​មន្ត្រី​ជំនាញ​ដើម្បី​ចុះ​ពិនិត្យ​មើល​ដី​ដ៏​ចម្រូងចម្រាស​ជាមួយ​ក្រុមហ៊ុន​វៀតណាម ហើយ​ប្រគល់​សង​ដី​ស្រែ​ឲ្យ​ពលរដ្ឋ​វិញ ដោយ​ចេញ​ប្លង់​កម្មសិទ្ធិ​ផង«ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​ទៅ​មើល តើ​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឃុំ​របស់​ខ្ញុំ​មាន​បញ្ហា​ប៉ុនណា ពេល​ដែល​អត់​មាន​ដី​ធ្វើ? និយាយ​ទៅ គ្រួសារ​មួយ​អត់​មាន​ជុំ​គ្នា ចំណាក​ស្រុក​អស់​ហើយ។ អ្នក​ដែល​កូន​ត្រឹម​អាយុ ១៥​ឆ្នាំ ត្រូវ​បញ្ជូន​មក​រោងចក្រ។ អ្នក​ដែល​វេទនា​បំផុត គឺ​ម៉ែ​ឪ​នៅ​ផ្ទះ ត្រូវ​ចិញ្ចឹម​កូន​តូចៗ ហើយ​ជំពាក់​លុយ​អង្គការ»

នៅ​ក្នុង​ស្រុក​រមាសហែក នេះ​ដែរ​ក៏​មាន​បញ្ហា​ដីធ្លី​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ឃុំ​អណ្ដូងត្របែក ដែល​ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ ថា​ឃុបឃិត​គ្នា​ឈូស​យក​ដី​ពួក​គាត់ ២៥០​ហិកតារ។ តំណាង​សហគមន៍​អណ្ដូងត្របែក លោក ឡូញ ថា ឲ្យ​ដឹង​ថា ដំបូង​ឡើយ អាជ្ញាធរ​ខេត្ត​ស្វាយរៀង ស្នើសុំ​ពលរដ្ឋ​ឆ្វៀល​ដី​ជាង ៥៥​ហិកតារ​ក្នុង​ចំណោម​ដី​ជាង ២៥០​ហិកតារ ទុក​ធ្វើ​ផ្ទះ​ឲ្យ​យោធិន​ពិការ និង​ចូល​និវត្តន៍ សាលារៀន និង​មន្ទីរពេទ្យ។ លោក ឡូញ ថា ថា​អាជ្ញាធរ​មិន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ទេ ហើយ​ថែម​ទាំង​ដាក់​កម្លាំង​នគរបាល​ជាច្រើន​រយ​នាក់​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​កាន់​កាប់​ដី​ស្រែ​ពួក​គាត់​វិញ«ខ្ញុំ​មិន​ទាមទារ​ដី​ដែល​យក ៥៥​ហិកតារ ៣០​អា​នោះ​ទេ តែ​សំខាន់​ខ្ញុំ​ទាមទារ​តែ​ដី​នៅ​សល់»

ចំណែក​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​មក​ពី​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ក៏​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដែរ។ តំណាង​សហគមន៍​ចេកមាស ក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ លោកស្រី យស់ សុភណ្ឌ ឲ្យ​ដឹង​ថា មន្ទីរ​ធនធាន​ទឹក បាន​ជីក​ដី​ធ្វើ​ប្រឡាយ​ទឹក​ចាប់​ពី​ឆ្នាំ​២០០៩ ដែល​ប៉ះពាល់​ពលរដ្ឋ​ជិត ១៣០​គ្រួសារ លើ​ដី​ស្រែ​ជិត ៥៦​ហិកតារ។ លោកស្រី យស់ សុភណ្ឌ ថា​ការ​ធ្វើ​ប្រឡាយ​ទឹក​នោះ​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ សម្រាប់​ធ្វើ​ស្រែ​នោះ​ទេ។

លោកស្រី​ថា ពេល​ខែ​វស្សា អាជ្ញាធរ​ទប់​ទឹក​ឲ្យ​ខូច​ស្រូវ​អ្នក​ភូមិ​អស់ ហើយ​ដល់​ពេល​ខែ​ប្រាំង បែរ​ជា​អាជ្ញាធរ​បើក​ទឹក​ឲ្យ​ហូរ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្វះ​ទឹក​ធ្វើ​ស្រែ។ តំណាង​ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​សំណង​ពី​ផល​ប៉ះពាល់​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ«ខ្ញុំ​មក​ហ្នឹង ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ប្លង់​ឲ្យ​ពួក​ខ្ញុំ​បាន​នៅ​លើ​ដី​នោះ។ បើ​សិន​ជា​គាត់​មិន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ សុំ​ឲ្យ​បាន​សំណង​សមរម្យ នឹង​អាច​រក​ទិញ​ដី​ក្រៅ​ពី​កន្លែង​នេះ​បង្កបង្កើនផល​បាន។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ​រស់​ដោយសារ​ធ្វើ​ស្រែ​តែ​ម្ដង»

នៅ​ពេល​ពលរដ្ឋ​ដើរ​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋសភា និង​ក្រសួង​ដែនដី ឃើញ​មាន​តំណាង​ស្ថាប័ន​នីមួយៗ​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ ដោយ​និយាយ​ថា នឹង​បញ្ជូន​ទៅ​ថ្នាក់​ដឹកនាំ។

ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ដែល​តាម​មើល​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​នេះ ចង់​ឃើញ​រដ្ឋាភិបាល ក្រសួង​ដែនដី ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្ត​ស្វាយរៀង ធ្វើ​ការ​ជជែក​គ្នា ដោយ​បើក​ការ​ស្រាវជ្រាវ​ពលរដ្ឋ​ដែល​រងគ្រោះ​ពិត​ប្រាកដ ហើយ​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​ភូមិបាល​ជា​គោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ភូមិ​ឡពាង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ឲ្យ​កោះ​ហៅ​នាយក​រដ្ឋមន្ត្រី​ចូល​បំភ្លឺ

$
0
0

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡពាង ចំនួន ៥៦​គ្រួសារ នៅ​ល្ងាច​ថ្ងៃ​ទី​៧ សីហា បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដោយ​ស្នើសុំ​ឲ្យ​រដ្ឋសភា​កោះ​ហៅ​លោក ហ៊ុន សែន មក​ឆ្លើយ​បំភ្លឺ​ពី​ករណី​យក​ដី​ពួក​គាត់ ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន យោង​តាម​អនុក្រឹត្យ​លេខ​៤៦៦ ចុះ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​ជា​ដី​កំពុង​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខែត្រ​កំពង់ឆ្នាំង៖ «»

នៅ​ក្នុង​ញត្តិ​នេះ ក្រៅ​ពី​ស្នើសុំ​ឲ្យ​សភា​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​មក​បំភ្លឺ​នោះ ក្រុម​អ្នក​ភូមិ​សុំ​ប្ដឹង​បដិសេធ​របាយការណ៍​បំភ្លឺ​របស់​គណៈកម្មការ​ចម្រុះ​ខែត្រ​លេខ​៤៨ ចុះ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤ ស្ដីពី​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​សហគមន៍​ឡពាង ដែល​ពលរដ្ឋ​ចាត់​ទុក​ថា ជា​របាយការណ៍​ភូត​កុហក​គ្មាន​ការពិត បោកប្រាស់​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជប៉ុន​នឹង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​សៀមរាប​នៅ​ឆ្នាំ​២០១៨

$
0
0

នៅ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ-ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន​៤ របស់​ជប៉ុន លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (facebook) របស់​លោក​ថា ជប៉ុន នឹង​ត្រៀម​បើក​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ត​សៀមរាប ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ជប៉ុន ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នៅ​មុន​ពេល​ជំនួប​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​មេគង្គ-ជប៉ុន នេះ លោក ហ៊ុន សែន ក៏​ជួប​តំណាង​ក្រុមហ៊ុន​ជប៉ុន ធំៗ​ចំនួន​៤ ដើម្បី​ពិភាក្សា​ពី​ការ​វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​មាន​តំណាង​ក្រុមហ៊ុន ដេនសូ (Denso) ក្រុមហ៊ុន​តូយ៉ូតា ថ្សឺស្សូ (TOYOTA Tsuso) ធនាគារ​មីហ្សឹហូ (Mizuho Bank) និង​ក្រុមហ៊ុន​មីនីប៊ែរ (Minebea) ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ញ៉ូវអូតានី (New Otani) ក្រុង​តូក្យូ (Tokyo)

នៅ​ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​ដល់​ក្រុម​អ្នក​វិនិយោគ​ជប៉ុន អំពី​សក្ដានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​លោក​អះអាង​ថា បរិយាកាស​នយោបាយ​ល្អ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដែល​បាន​កសាង​ឡើង ប្រព័ន្ធ​ទឹក​ភ្លើង និង​តម្លៃ​ពលកម្ម​ថោក​សមរម្យ ហើយ​នៅ​កម្ពុជា កំពុង​ទទួល​បាន​អ្នក​វិនិយោគិន​ជប៉ុន កាន់​តែ​ច្រើន​ឡើង។ល។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា នឹង​ស្នើ​ឲ្យ​ជប៉ុន បោះ​វិនិយោគទុន​របស់​ខ្លួន​នូវ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ប្រព័ន្ធ​រថភ្លើង​អាកាស​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​តភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ១.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​ចិន គ្រប​ដណ្ដប់​វិនិយោគទុន​ស្ទើរ​ទាំងស្រុង​នៅ​កម្ពុជា ក៏ដោយ ប៉ុន្តែ​ជប៉ុន នៅ​តែ​ដើរ​តួ​សំខាន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ខណៈ​ជប៉ុន ជា​អ្នក​វិនិយោគ​ទី​បី​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ជប៉ុន ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដែល​បាន​ផ្តល់​ជំនួយ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ។

លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) និង​ជំនួប​សំខាន់ៗ​មួយ​ចំនួន​ទៀត​ជាមួយ​មេ​ដឹកនាំ​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​គ្រោង​ជួប​អ្នកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​ទី​៨​សីហា

$
0
0

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី គ្រោង​ជួប​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​៨ សីហា។

សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​៧ សីហា ឲ្យ​ដឹង​ថា នេះ​ជា​ជំនួប​លើក​ទី​ពីរ​ហើយ​បន្ទាប់​ពី​មាន​សំណើ​ពី​អ្នកស្រី រ៉ូណា ស្មីត ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ពិត​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាពិសេស​សិទ្ធិ​កុមារ។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) គ្រោង​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​៤ នៅ​ប្រទេស​កម្ពុជា រយៈពេល ១០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។

ក្នុង​បេសកកម្ម​លើក​នេះ អ្នកស្រី​នឹង​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ពិនិត្យ​មើល​ស្ថានភាព​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​លើ​កុមារ។ អ្នកស្រី រ៉ូណា ស្មីត គ្រោង​ជួប​មន្ត្រី​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ការទូត​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នាយក​វិទ្យាល័យ​គាស់ក្រឡ​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

$
0
0

គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង បាក់​ទឹក​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស ដោយសារ​នាយក​សាលា​នេះ​ចាយវាយ​ថវិកា ភី.ប៊ី (PB) គ្មាន​តម្លាភាព។ ពួក​គាត់​អះអាង​ថា កន្លង​ទៅ ពួក​គាត់​បាន​ស្នើ​ឲ្យ​នាយក​សាលា​នេះ​បង្ហាញ​ពី​ការ​ចាយវាយ​ឲ្យ​មាន​តម្លាភាព​ជាច្រើន​លើក​ហើយ តែ​គ្មាន​ដំណោះស្រាយ។ នាយក​វិទ្យាល័យ​គាស់ក្រឡ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​គាស់ក្រឡ ទទូច​ឲ្យ​នាយក​សាលា​មួយ​នេះ​ប្រើប្រាស់​ថវិកា ភី.ប៊ី (PB) ឲ្យ​មាន​តម្លាភាព ដើម្បី​អភិវឌ្ឍ​សាលា​ឲ្យ​បាន​រីក​ចម្រើន​ទៅ​មុខ។

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​គាស់ក្រឡ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា ដោយ​ចោទ​ប្រកាន់​នាយក​សាលា លោក សឿន សុភាព ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប្រាក់ ភី.ប៊ី (PB) ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ប្រាក់ ភី.ប៊ី (PB) ជា​ថវិកា​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រចាំ​ឆ្នាំ សម្រាប់​ទិញ​ឧបករណ៍​បង្រៀន និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​សាលា។ ថវិកា​នេះ​បាន​តិច ឬ​ច្រើន ទៅ​តាម​ចំនួន​សិស្ស​នៃ​សាលា​នីមួយៗ។ ក្រុម​គ្រូបង្រៀន​អះអាង​ថា ប្រាក់ ភី.ប៊ី (PB) ដែល​នាយក​សាលា​ចាយវាយ​គ្មាន​តម្លាភាព​នោះ​សរុប ២១​លាន​រៀល៖ «គាត់​អត់​ធ្វើ​ការ​ប្រជុំ​ទេ គាត់​ចាយវាយ​តែ​ខ្លួន​គាត់ សូម្បី​តែ​នាយក​រង​ក៏​គាត់​មិន​ប្រាប់​ដែរ។ ខ្ញុំ​ពិបាក​បង្រៀន​ណាស់ ព្រោះ​គ្មាន​ឧបករណ៍​បង្រៀន​សិស្ស ហើយ​សុំ​គេ​មិន​បាន ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត ហើយ​ការ​បង្រៀន​មិន​បាន​ដិតដល់​ដូច​ពេល​មុន​ទេ»

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​វិទ្យាល័យ​គាស់ក្រឡ លោក សឿន សុភាព មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គឺ​ជា​រឿង​មិន​ពិត​ឡើយ ដែល​ជា​ចេតនា​របស់​គ្រូបង្រៀន​មួយ​ក្រុម​តូច​មិន​ពេញ​ចិត្ត​នឹង​លោក​ធ្វើ​ជា​នាយក​សាលា៖ «បាន​ន័យ​ថា​នាយក​រង​ក្រោម​បង្គាប់​ខ្ញុំ គាត់​បង្កើត​ក្រុម​មួយ ហើយ​គ្រូបង្រៀន​ក្រោម​បង្គាប់​ប្រហែល ៦​នាក់ បង្ក​ទំនាស់​ផ្ទៃក្នុង​បំបែក​សាមគ្គីភាព​បុគ្គលិក​ជាមួយ​សិស្ស។ ចំណែក​ខ្ញុំ​មាន​គ្រូបង្រៀន​ចំនួន ២៧​នាក់​គាំទ្រ​ជួយ​ទប់ស្កាត់​គ្រូ​មួយ​ក្ដាប់​តូច​នោះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ម៉ែន សុខធៃ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​លោក​បាន​ដឹង​ខ្លះៗ​ដែរ​តាម​រយៈ​ក្រុម​គ្រូបង្រៀន គឺ​ជា​ចេតនា​របស់​នាយក​សាលា​ប្រើប្រាស់​ថវិកា​គ្មាន​តម្លាភាព។ លោក​បន្ថែម​ថា កន្លង​ទៅ ក្រុម​គ្រូបង្រៀន​បាន​ប្ដឹង​ទៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ខាង​មន្ទីរ​មិន​បាន​ដោះស្រាយ​នោះ​ទេ៖ «ខ្ញុំ​គិត​មើល​ទៅ​ការ​ឆ្លើយតប​របស់​លោក​នាយក​សាលា គឺ​ជា​រឿង​មិន​សម​ហេតុ​សម​ផល ព្រោះ​ខ្ញុំ​ធ្លាប់​ជួយ​នៅ​សាលា​ដទៃ ដូចជា​នៅ​វិទ្យាល័យ នាយក​ភាគច្រើន​គេ​តែង​យក​របាយការណ៍​ទាំងអស់ ហើយ​គេ​សរសេរ​ប្រាប់​លោកគ្រូ​អ្នកគ្រូ ហើយ​គេ​មិន​កាន់​លុយ​នោះ​ទេ ដោយ​មាន​ក្រុម​គណៈកម្មការ​គេ​ចាយវាយ​លុយ ភី.ប៊ី នេះ។ តែ​លោក​នាយក​វិទ្យាល័យ​គាស់ក្រឡ បែរ​ជា​គាត់​យក​លុយ​ទៅ​ក្ដោប​ក្ដាប់​តែ​ក្រុម​គ្នា​ទៅ​វិញ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ សីហា។

វិទ្យាល័យ​គាស់ក្រឡ ជា​សាលា​ស្ថិត​នៅ​តំបន់​ដាច់ស្រយាល ដែល​មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។ សព្វថ្ងៃ វិទ្យាល័យ​មួយ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ជាង ៧០០​នាក់ ក្នុង​នោះ​សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧ នេះ​មាន​ជាង ១០០​នាក់ និង​មាន​គ្រូបង្រៀន​ចំនួន ៤០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ផ្ទះ​អម​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ខ្លាច​ទឹក​ភ្នែក​ដោយ​ការ​អភិវឌ្ឍ

$
0
0

ពលរដ្ឋ​ប្រមាណ ៦០​នាក់​មក​ពី​សហគមន៍​ចំនួន​៨ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សំណើ​របស់​ពួក​គេ​ដែល​បាន​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​ជួប​ជជែក​ពិភាក្សា​ស្វែងរក​ចំណុច​សមរម្យ​មួយ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​តំបន់​ផ្លូវ​រថភ្លើង។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ពលរដ្ឋ​ស្ងៀមស្ងាត់ និង​បន្ត​រស់នៅ​តាម​ជីវភាព​ធម្មតា​សិន។

ការ​លើក​គ្នា​មក​ជួបជុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ម្តង​ហើយ​ម្តង​ទៀត​នេះ ដោយសារ​ពលរដ្ឋ​ព្រួយ​បារម្ភ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ផ្លូវ​រថភ្លើង​មួយ​នេះ​មិន​មាន​តម្លាភាព។

តំណាង​សហគមន៍​ភូមិ​២៣ លោកស្រី មាស ស្រីមុំ ថ្លែង​ថា អាជ្ញាធរ​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ប្រវែង​ពិតប្រាកដ​ដែល​ត្រូវ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្ងប់​ចិត្ត។ លោកស្រី​បន្ថែម​ថា ប្រសិន​បើ​រាល់​ការ​អភិវឌ្ឍ​មិន​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ការ​អភិវឌ្ឍ​នោះ​នឹង​មិន​អាច​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ឡើយ៖ «អភិវឌ្ឍ​ដើម្បីសង្គម​ជាតិមែន​ទេ? ខ្ញុំ​មិន​ប្រឆាំង​ទេ តែ​អភិវឌ្ឍ​ត្រូវ​មាន​តម្លាភាព រាស្ត្រ និង​រដ្ឋ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ត្រូវ​ជួយ​សហការ​គ្នា​ឲ្យ​ល្អ​បាន​ប្រសើរ កុំ​ឲ្យ​រាស្ត្រ​ចេញ​ទៅទឹក​ភ្នែក​ហើយ ជេរ​ប្រទេច​បណ្ដាសា​ដូច​បុរីកីឡា បឹងកក់ ដី​ក្រហម យើង​ឃើញ​ស្រាប់​ហើយ​ទុក្ខ​លំបាកគាត់​ប៉ុនណា លំបាក​ណាស់»

ពលរដ្ឋ​ដែល​ជួបជុំ​គ្នា​ថ្ងៃ​នេះ រស់នៅ​ក្នុង​សង្កាត់​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ មាន​សង្កាត់​ទឹកល្អក់១ សង្កាត់​ស្រះចក និង​សង្កាត់​បឹងកក់២។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ពលរដ្ឋ​ទាំង ៨​សហគមន៍​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួប​ផ្ទាល់​ជាមួយ​អភិបាល​រាជធានី​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ឃួង ស្រេង។

ក្នុង​ជំនួប ពលរដ្ឋ​គ្រោង​ជជែក​លើ​ប្លង់​អភិវឌ្ឍន៍​ដែល​ពលរដ្ឋ​រៀបចំ​ក្នុង​គោល​បំណង​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់។ ប្លង់​អភិវឌ្ឍន៍​ដែល​ពលរដ្ឋ​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ជជែក​នោះ គឺ​បែងចែក​ចំនួន​ពីរ​ផ្សេង​គ្នា គឺ​ប្លង់​ទី​១ ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​២ ភូមិ​២១ និង​ភូមិ​២៣ ស្នើសុំ​អភិវឌ្ឍ​ផ្លូវ​ដែល​មាន​ទទឹង ១៤​ម៉ែត្រ វាស់​ពី​របង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) មក​ទល់​មុខ​ផ្ទះ​ពលរដ្ឋ។ ចំណែក​ប្លង់​ទី​២ គឺ​ពលរដ្ឋ​រស់នៅ​ភូមិ​២ ភូមិ​១៥ ភូមិ​១៦ ភូមិ​១៧ និង​ភូមិ​២២ ស្នើ​អភិវឌ្ឍ​ផ្លូវ​សងខាង​អ័ក្ស​ផ្លូវ​រថភ្លើង​ចម្ងាយ ៨​ម៉ែត្រ​កន្លះ។

ពលរដ្ឋ​ម្នាក់ គឺ​លោក នាង ផាននិត្យ ឲ្យ​ដឹង​បន្ទាប់​ពី​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា នេះ​ថា សំណើ​របស់​ពួក​គេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​សាលា​ក្រុង​ទាមទារ​ឲ្យ​ពលរដ្ឋ​ស្ងប់ស្ងាត់ និង​បន្ត​រស់នៅ​ដូច​ធម្មតា​ទៅ​វិញ៖ «ពួក​យើង​ប្រហែល​ជា​អត់​ស្ងប់ស្ងាត់​ទេ ព្រោះ​វា​អត់​មាន​អី​មួយ​ច្បាស់លាស់ ច្បាស់​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ខាង​ពួក​យើង ហើយ​គាត់​បញ្ជាក់​ថា ឥឡូវ​គាត់​កំពុង​ស្ដារ​ប្រឡាយ​នៅ​ស្ទឹងមានជ័យ ហើយ​អ៊ីចឹង​គាត់​កំពុង​រៀបចំ​ខាង​ស្ទឹងមានជ័យ សិន ពេល​រៀបចំ​រួច​រាល់​ហើយ ទើប​មក​ខាង​ផ្លូវ​៧០ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៥ បាន​បញ្ចប់​ពី​ផ្លូវ​លេខ​៥ ហ្នឹង​ទៅ ទើប​គាត់​ចូល​ដល់​តំបន់​ខាង​ពួក​ខ្ញុំ ខាង​អភិវឌ្ឍ​ថ្មី។ អ៊ីចឹង​ពួក​ខ្ញុំ​គឺ​ជា​ជម្រើស​ទី​៣ ប៉ុន្តែ​មិន​ដឹងពេល​ណា​គាត់​ធ្វើ​ទេ»

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សង្កេត​ឃើញ​ថា សាលា​រាជធានី​ភ្នំពេញ​ពិត​ជា​មិន​បាន​ផ្តល់​ព័ត៌មាន​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ និង​តែង​លើក​គ្នា​មក​សាកសួរ​ព័ត៌មាន​បែប​នេះ។ លោក សៀ ភារម្យ ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួប​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់ និង​មាន​ផែនការ​ច្បាស់លាស់ ដូច​អ្វី​ដែល​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅ​អគារ​ប៊ូឌីង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង​ដោះលែង​វិញ

$
0
0

សកម្មជន​មាតា​ធម្មជាតិ​មួយ​រូប​ឈ្មោះ ហ៊ុន វណ្ណៈ ត្រូវ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដោះលែង​វិញ បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ជាង ៨​ម៉ោង។

លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ប្រមាណ ២០​នាក់ ចាប់​ខ្លួន​វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃ​ទី​៧ សីហា ក្រោយ​ពេល​ដែល​លោក​ចូលរួម​ឃ្លាំ​មើល​ការ​តវ៉ា​របស់​អ្នក​ភូមិ អំពី​បញ្ហា​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ឡេង ជីង នៅ​ត្រង់​ចំណុច​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​អ្នក​ភូមិ​ថា​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ និង​បាក់​ផ្ទះ​នៅ​តំបន់​នោះ។

អភិបាល​រង​ខេត្ត​កណ្ដាល លោក ខឹម ច័ន្ទគីរី ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់​ខ្លួន​យុវជន ហ៊ុន វណ្ណៈ ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​កណ្តាល ដោយសារ​យុវជន​រូប​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង«ចឹង​យើង​ត្រូវ​ទៅ​សួរ​នាំ​ដើម្បី​បញ្ជាក់​ថា គាត់​មក​ពី​ខាង​ណា? គាត់​នៅ​ខាង​ណា? ពី​ស្ថាប័ន​ណា? គាត់​ចុះ​ទៅ​ហ្នឹង​ដើម្បី​អ្វី? ពី​ថ្ងៃ​មុន គាត់​យក​ដ្រូន​ទៅ​បង្ហោះ​ទៀត។ យើង​សួរ​នាំ​គាត់​សិន​ទេ។ (សំណួរ៖ នឹង​ឲ្យ​គាត់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប៉ុន្មាន?) ចាំ​មើល​ជំនាញ​ខាង​សន្តិសុខ គេ​ធ្វើ​ការ​តទៅទៀត។ (សំណួរ៖ ប្រហែល​ជា​អាច​ល្ងាច​នឹង​ទេ?) ហ្នឹង! ទាល់​តែ​ខាង​ជំនាញ​គេ»

លោក ហ៊ុន វណ្ណៈ ប្រាប់​អាស៊ីសេរី​ក្រោយ​ពេល​ចេញ​ពី​ស្នងការដ្ឋាន​ខេត្ត​កណ្ដាល ថា ដំណើរការ​សាកសួរ​របស់​អាជ្ញាធរ​ហាក់​ចង់​គំរាម​កំហែង​រូប​លោក ដោយ​អាជ្ញាធរ​បាន​អះអាង​ថា សកម្មភាព​របស់​លោក​ធ្វើ​នៅ​ក្នុង​ភូមិ​កោះគរ កន្លង​ទៅ គឺ​ខុស​ច្បាប់។ ក៏ប៉ុន្តែ​លោក វណ្ណៈ យល់​ថា ការ​ចុះ​ពន្យល់​ប្រជាពលរដ្ឋ​ពី​សិទ្ធិ និង​ឃ្លាំ​មើល​ការ​ជួបជុំ​របស់​អ្នក​ភូមិ មិន​ខុស​ច្បាប់​នោះ​ទេ។

ចំណែក​អ្នក​ភូមិ​មួយ​ចំនួន​យល់​ថា ការ​ចាប់​ខ្លួន​យុវជន ហ៊ុន វណ្ណៈ នេះ​ជា​សារ​គំរាម​កំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា​នឹង​ការ​បូម​ខ្សាច់​រាប់​ឆ្នាំ ដែល​ពួក​គាត់​ថា​ធ្វើ​ឲ្យ​បាក់​ច្រាំង និង​បាក់​ផ្ទះ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​លិខិត​មួយ​ដោយ​រៀបរាប់​ពី​ហេតុការណ៍​នេះ ក៏ប៉ុន្តែ​មិន​បាន​បញ្ចេញ​យោបល់​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នោះ​ថា​យ៉ាង​ណា​ទេ។

ជា​ថ្នូរ​នឹង​ការ​ដោះលែង យុវជន ហ៊ុន វណ្ណៈ បាន​ផ្ដិត​មេដៃ​ដោយ​សន្យា​មិន​បង្ហោះ​កូន​យន្តហោះ​ថត​រូប ឬ​ដ្រូន (Drone) ដោយ​គ្មាន​ការ​ជូន​ដំណឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​បឹងកក់​ដាក់​ញត្តិ​ទៅ​អ.ស.ប សុំ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី

$
0
0

អ្នក​សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ ប្រមាណ ២០​នាក់ យក​ញត្តិ​ទៅ​ដាក់​ជូន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា។ ការ​ដាក់​ញត្តិ​នេះ គឺ​តាម​រយៈ​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

តំណាង​អ្នក​សហគមន៍​ដែល​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា គឺ​លោកស្រី បូវ សោភា ថ្លែង​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ថា គោល​បំណង​ដាក់​ញត្តិ គឺ​ចង់​ជួប​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បី​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ៖ «ហើយ​មួយ​ទៀត គឺ​យើង​ចង់​បង្ហាញ​ពី​ការ​ដែល​ពួក​យើង​រង​អំពើ​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ព្រោះ​ពួក​ខ្ញុំ​បាន​ដឹង​ហើយ​ថា គាត់​នឹង​មក​ជួប​ជាមួយ​លោក អង្គវង្ស វឌ្ឍានា ដែល​គាត់​ធ្វើ​ការ​នៅ​ក្រសួង​យុត្តិធម៌ ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធ​តុលាការ​បាន​ខ្លះ។ គាត់​នឹង​សិក្សា​គ្នា​មើល ដើម្បី​ផ្ដល់​ស្នាម​ញញឹម​ដល់​ប្រជាពលរដ្ឋ។ ទង្វើ​ទាំងអស់​នោះ​ហើយ​ដែល​ខ្ញុំ​ចង់​ជួប​គាត់​ថា ពួក​ខ្ញុំ​រាល់​ថ្ងៃ​ត្រូវ​បាន​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​យ៉ាង​ម៉េច​ខ្លះ ត្រូវ​រង​អំពើ​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​យ៉ាង​ម៉េច​ខ្លះ ហើយ​ត្រូវ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ម៉េច​ខ្លះ ដែល​ផ្ទុយ​ចាក​ពី​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស​ពិតប្រាកដ។ តែ​ទីបំផុត គឺ​ពួក​ខ្ញុំ​អត់​ដែល​បាន​ទទួល​ការ​គោរព​ទេ ព្រោះ​អី​តុលាការ​បាន​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​បាន​ស្គាល់​នូវ​ភាព​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ ពី​ប្រព័ន្ធ​ដែល​មិន​គោរព​ច្បាប់​សិទ្ធិ​មនុស្ស​ទាំងអស់​ហ្នឹង​ឯង»

ការ​ដាក់​ញត្តិ​នេះ គឺ​មួយ​ថ្ងៃ​មុន​ការ​មក​ដល់​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត ដែល​នឹង​មក​ទស្សនកិច្ច​ស្វែង​យល់​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ សីហា។

ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត មក​កម្ពុជា នេះ​ជា​លើក​ទី​បួន ដែល​នឹង​មាន​រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៨ សីហា។ ក្នុង​ទស្សនកិច្ច​លើក​នេះ អ្នកស្រី​នឹង​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាទូទៅ ហើយ​ជាពិសេស គឺ​សិទ្ធិ​កុមារ ដែល​អ្នកស្រី​នឹង​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ស្ថានភាព​ជួញដូរ និង​កេងប្រវ័ញ្ច​លើ​កុមារ។ ក្នុង​ពេល​នេះ​ដែរ អ្នកស្រី រ៉ូណា ស្មីត ក៏​គ្រោង​ជួប​មន្ត្រី​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ការទូត​នានា​នៅ​កម្ពុជា។ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែរ​ដែល​អ្នក​បឹងកក់​ចង់​ជួប​អ្នកស្រី។

ការ​មក​ដល់​របស់​អ្នកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​ទី​៨ សីហា ក៏​ចំ​ថ្ងៃ​ដែល​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ គ្រោង​ប្រកាស​សាល​ដីកា​លើ​ករណី​អ្នកស្រី ទេព វន្នី។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មិន​ទាន់​អាច​បញ្ជាក់​បាន​ថា អ្នកស្រី រ៉ូណា ស្មីត អាច​ជួប​អ្នក​បឹងកក់ ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​អ្នកស្រី​ឆ្លើយតប​ថា នឹង​ប្រគល់​ញត្តិ​រក​អន្តរាគមន៍​ករណី​អ្នកស្រី ទេព វន្នី នោះ​បន្ត៖ «ពេល​ដែល​លោកស្រី រ៉ូណា ស្មីត មក​ដល់​ប្រទេស​កម្ពុជា លោកស្រី វ៉ាន់ហ៊ី លី នឹង​ពិភាក្សា​គ្នា​ជាមួយ​លោកស្រី រ៉ូណា ស្មីត ពី​ពេលវេលា​ថា តើ​គាត់​អាច​ជួប​បាន​ឬ​យ៉ាង​ណា»

អ្នកស្រី ទេព វន្នី ជា​តំណាង​សហគមន៍​បឹងកក់ និង​ជា​សកម្មជន​ដីធ្លី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ។ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤​រូប និង​មន្ត្រី គ..ប ១​រូប។ អ្នកស្រី ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ថា បាន​បង្ក​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៣។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍ លោក ង៉ែត សារ៉ាត ថ្លែង​ថា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​ការ​សម្រេច​ករណី​នេះ​នៅ​ថ្ងៃ​អង្គារ ទី​៨ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី

$
0
0

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រិះគន់​ថា ការ​បន្ត​ចោទ​ប្រកាន់​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី របស់​សាលាឧទ្ធរណ៍ ជា​ការ​ប្រើប្រាស់​អំណាច​ដោយ​អយុត្តិធម៌។ ការ​រិះគន់​នេះ បន្ទាប់​ពី​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី ករណី​ហិង្សា​ដោយ​រក្សា​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ។

«សំឡេង​ទាមទារ​តវ៉ា»៖ សម្រែក​នៃ​ការ​ទាមទារ​តវ៉ា និង​ចោទ​ថា តុលាការ​អយុត្តិធម៌​របស់​ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ធ្លី​ប្រមាណ ៥០​នាក់ ដែល​ឈរ​នៅ​ក្រៅ​របង​តុលាការ​នៅ​ពេល​នេះ បន្ទាប់​ពី​ពួកគេ​ដឹង​ថា សាលាឧទ្ធរណ៍​បន្ត​ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី មាន​ទោស​ក្នុង​ករណី​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ លោកស្រី គង់ ចាន់ថា និយាយ​ថា តុលាការ​កាត់​ក្ដី​តាម​ការ​បញ្ជា​ពី​ចម្ងាយ មិន​មែន​កាត់​ក្ដី​ដោយ​ផ្អែក​លើ​សាក្សី និង​ភស្តុតាង​នោះ​ទេ។ លោកស្រី​បន្ត​ថា ក្រុម​ពលរដ្ឋ​នឹង​ទៅ​សុំ​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​នានា និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី៖ «»។

​ក្រៅ​ពី​ក្រុម​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ក៏​បង្ហាញ​ប្រតិកម្ម​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែរ។ នៅ​ថ្ងៃ​ដដែល​នេះ អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​សេចក្ដី​ថ្លែងការណ៍​ទទូច​អោយ​អាជ្ញាធរ​កម្ពុជា លើកលែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយ​ហេតុផល​ការពារ​សហគមន៍​របស់​នាង​ពី​ការ​បណ្ដេញ​ចេញ​ដោយ​ខុស​ច្បាប់។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក ហ្វីល រ៉ូប៊ឺតសុន ថ្លែង​ថា ករណី​ចោទ​ប្រកាន់​លើ​អ្នកស្រី ទេព វន្នី គឺ​ជា​ការ​ប្រើប្រាស់​អំណាច​ចោទ​ប្រកាន់​ដោយ​បំពាន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការ​តវ៉ា​យ៉ាង​សកម្ម និង​ដោយ​អហិង្សា​របស់​អ្នកស្រី។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​មាន​គោលដៅ​បំបិទ​សំឡេង​របស់​អ្នកស្រី និង​ជា​ការ​គំរាមកំហែង​សកម្មជន​ដទៃ​ទៀត។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​គួរ​បញ្ឈប់​នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ទាំង​ឡាយ​ដែល​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កំពុង​បំពេញ​ទស្សនកិច្ច​ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​តាម​ដាន​ដំណើរ​ការ​ក្តី​នេះ​ប្រាប់​ថា លោក​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចោទ​ប្រកាន់​របស់​សាលាឧទ្ធរណ៍​មក​លើ​អ្នកស្រី ទេព វន្នី ដោយ​មិន​បាន​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា តំណាង​សមាគម​អាដហុក ដែល​នឹង​ជួប​អ្នកស្រី រ៉ូណា ស្មីត នឹង​លើក​ករណី​ចោទ​ប្រកាន់​អ្នកស្រី ទេព  វន្នី ប្រាប់​ទៅ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ៖ «»។

សំណុំ​រឿង​នេះ ដើម​បណ្ដឹង​ដែល​ជា​ក្រុម​សន្តិសុខ​សាលាក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី ជា​អ្នកដឹកនាំ​បាតុករ​ប្រមាណ ១០០​នាក់ ទៅ​តវ៉ា​មុខ​ផ្ទះ​លោក ហ៊ុន សែន និង​បញ្ជា​ឲ្យ​បាតុករ​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ រហូត​បណ្ដាល​ឲ្យ​សន្តិសុខ​ពីរ​រូប​រង​របួស​ធ្ងន់ និង​បែក​ក្បាល។ ប៉ុន្តែ​អ្នកស្រី ទេព វន្នី បាន​បដិសេធ​កាល​ពី​តុលាការ​ជំនុំ​ជម្រះ​ក្តី​កន្លង​មក​ថា ក្រុម​ពលរដ្ឋ​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ មាន​ត្រឹម​បដា និង​ផ្កា​ឈូក​ប៉ុណ្ណោះ គ្មាន​ដុំ​ថ្ម ហើយក៏​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ដែរ។ ប៉ុន្តែ មាន​តែ​ក្រុម​សន្តិសុខ​ទេ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់​ធ្មេញ របួស និង​ស្ត្រី​ម្នាក់​ត្រូវ​រលូត​កូន​ព្រោះ​សន្តិសុខ​វាយ​បង្ក្រាប​ក្នុង​ករណី​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ។

​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) បាន ផ្ដល់​មេធាវី​បី​រូប​ដើម្បី​ជួយ​ការពារ​ក្តី​អ្នកស្រី ទេព វន្នី។ ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឲ្យ​អាស៊ីសេរី ដឹង​ថា មេធាវី​ទាំង​បី​នាក់​របស់​អ្នកស្រី ទេព វន្នី នឹង​ទៅ​ជួប​អ្នកស្រី ទេព វន្នី នៅ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​សុំ​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី ទេព វន្នី ថា​តើ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ឬ​មិន​ប្ដឹង។

​សកម្មជន​ដីធ្លី​ដ៏​ល្បីឈ្មោះ អ្នកស្រី ទេព វន្នី មាន​ស្រុក​កំណើត​នៅ​ស្រុក​ឈូក ខេត្ត​កំពត។  អ្នកស្រី​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ស្ត្រី​ភាព​ជា​មេដឹកនាំ​ពិភពលោក​របស់​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices) ដោយសារ​សកម្មភាព​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​រហូត​ធ្វើ​ឲ្យ​អ្នកស្រី​ត្រូវ​ជាប់​ឃុំ​ជា​ញឹកញាប់​ព្រោះ​បទ​ចោទ​នានា។

​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អ្នកស្រី ២​ឆ្នាំ​កន្លះ ជុំវិញ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣។ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ដែល​តុលាការ​មិន​ទាន់​ដោះលែង​កាល​ណោះ។ ក្រោយ​ចៅក្រម​ប្រកាស​ដីកា ឆ្មាំ​គុក​បាន​បញ្ជូន​អ្នកស្រី ទេព វន្នី ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​ទី​ដែល​អ្នកស្រី​ជាប់​ឃុំ​អស់​រយៈពេល ៣៥៨​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​សភា​អាស៊ាន​ស្នើ​រដ្ឋាភិបាល​សមាគម​អាស៊ាន​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន

$
0
0

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាគម​អាស៊ាន​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក និង​ជនភៀសខ្លួន។ ការ​ប្រកាស​អំពាវនាវ​របស់​សមាជិក​សភា​អាស៊ាន​នេះ ក៏​ស្រប​ពេល​ដែល​ជោគវាសនា​នៃ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា​នោះ កំពុង​ឋិត​ក្នុង​ស្ថានភាព​ស្រពេចស្រពិល​នៅ​ឡើយ។

រលក​នៃ​ការ​ភៀស​ខ្លួន​របស់​ជនជាតិ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស​កំពុង​ក្លាយ​ជា​ការ​បារម្ភ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស។ ការ​បារម្ភ​នេះ ដោយសារ​តែ​ជនភៀសខ្លួន​ទាំង​នោះ ក្រៅ​ពី​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពី​សំណាក់​អាជ្ញាធរ​នៅ​កន្លែង​ដែល​គេ​រស់​នៅ​ហើយ នៅ​ពេល​ពួកគេ​រត់​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ផ្សេង ខ្លះ​មិន​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ផ្សេង​ទៀត​នោះ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​របស់​ពួកគេ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​មាន​ជនភៀសខ្លួន និង​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ព្រោះតែ​ហេតុផល​នយោបាយ ទាំង​ដែល​ពួកគេ​បារម្ភ​ថា អាច​ជួប​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ជាថ្មី​ពី​សំណាក់​អាជ្ញាធរ។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ធ្វើ​ការ​បន្ថែម​ទៀត ដើម្បី​ការពារ​សិទ្ធិ​ជនភៀសខ្លួន​ដោយ​លើក​ហេតុផល​ថា វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ថា ពលរដ្ឋ​ទាំង​អស់ មិន​ថា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ឬ​មក​ពី​ប្រទេស​ផ្សេង​ឡើយ គឺ​សិទ្ធិ​របស់​ពួកគេ​ត្រូវតែ​ទទួល​បាន​ការ​ការពារ។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ក្រុម​ការងារ​សមាជិក​សភា​អាស៊ាន​បាន​ធ្វើ​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នៅ​ទី​នោះ​ពួកគេ​បាន​ជួប​ទាំង​ពលករ​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន ក្នុង​នោះ​ក៏​មាន​ជនភៀសខ្លួន​រ៉ូហីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ផង​ដែរ។ ប៉ុន្តែ​ការ​អំពាវនាវ​របស់​ពួកគេ​នេះ ធ្វើ​ឡើង​មិន​សម្រាប់​តែ​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ជនភៀសខ្លួន​ទាំង​មូល​នៅ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍។

ការ​អំពាវនាវ​នេះ ក៏​ស្រប​ពេល​ដែល​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ចំនួន ៤៩​នាក់ ក្នុង​ចំណោម ៥២​នាក់​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពិនិត្យ​ឋានៈ​ជា​ជនភៀសខ្លួន ដោយ​អាជ្ញាធរ​ខ្មែរ​នៅ​ដំណាក់កាល​ចុង​ក្រោយ បន្ទាប់​ពី​ពួកគេ​បាន​ធ្លាក់​ក្នុង​ជុំ​ទី​១​កាល​ពី​ខែ​មិថុនា។ ក្នុង​ពេល​ជាមួយ​គ្នា ការ​អំពាវនាវ​នេះ​ក៏​ធ្លាក់​ជួន​ពេល​ដែល​មាន​ព័ត៌មាន​ថា អាជ្ញាធរ​ខ្មែរ​គ្រោង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់ បន្ថែម​ទៀត ដែល​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម វិញ។

​ទោះ​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ សីហា ថា ក្នុង​ចំណោម​ជនជាតិ​ម៉ុងតាញ៉ា ដែល​ធ្លាក់​ក្នុង​ជុំ​ទី​១ ទាំង ៤៩​នោះ រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​ពិនិត្យ​ឋានៈ​ពួកគេ​ឡើង​វិញ​បាន​ប្រហែល​ពាក់​កណ្ដាល​ហើយ។ ប៉ុន្តែ​លោក​ថា នៅ​មិន​ទាន់​អាច​បញ្ចេញ​ព័ត៌មាន​ថា ប៉ុន្មាន​នាក់​ធ្លាក់ ប៉ុន្មាន​នាក់​ជាប់​នៅ​ឡើយ លុះណាតែ​ពិនិត្យ​ចប់​សព្វគ្រប់​សិន មុន​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត ចំពោះ​ជនជាតិ​ម៉ុងតាញ៉ា ទាំង​អស់​នេះ។

យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ក្រោយ​ការ​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ កម្ពុជា​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ដែល​អ្នក​ធ្លាក់​ត្រូវ​តែ​ចាក​ចេញ​ពី​កម្ពុជា ក្នុង​រយៈពេល ១៥​ថ្ងៃ​ក្រោយ​ការ​ប្រកាស​មិន​ទទួល​យក​ឋានៈ​ជា​ជនភៀសខ្លួន ហើយ​មិន​អាច​មាន​ភាគី​ណា​មួយ​មក​ជំទាស់​ជំនួស​បាន​ឡើយ៖ «នៅ​ក្នុង​កិច្ច​ដំណើរ​ការ កាល​ណា​គាត់​មិន​ទទួល​បាន​ឋានៈ​គាត់​នឹង​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ដោយ​រៀបចំ​ដោយ​អង្គការ UNHCR។ ស្រុក​យើង​មាន​ច្បាប់​យើង​អនុវត្ត​តាម​ច្បាប់»

​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ឬ​វៀតណាម ហៅ​ថា ងើយ ទឿង (người Thượng) គឺ​ជា​ក្រុម​ជនជាតិ​ភាគ​តិច​រស់​នៅ​ក្នុង​តំបន់​ភ្នំ​ក្នុង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត​កន តុម (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​មណ្ឌលគិរី របស់​កម្ពុជា។

​ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម យ៉ាង​ហោច​ណាស់​ក៏ ៣​ពាន់​នាក់​ដែរ​បាន​រត់​កាត់​ព្រៃ​ឆ្លង​ដែន​ចូល​កម្ពុជា តាម​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ រលក​នៃ​ការ​រត់​គេច​ខ្លួន​ចុង​ក្រោយ គឺ​នៅ​ចុង​ឆ្នាំ​២០១៤។ ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ជាដើម។

កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​អម​ដំណើរ​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​ពួកគេ​មិន​ទទួល​បាន​ឋានៈ​ជន​ជន​ភៀស​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់​ហើយ ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ក្នុង​នោះ ១៣​នាក់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ បញ្ជូន​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​បន្ត​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣។ ចំណែក ៣​នាក់​ទៀត កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ។

​កន្លង​ទៅ អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​សម្ដែង​ការ​បារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។ អង្គការ​ទាំង​នេះ​តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចង់​ឃើញ​ការ​កំណត់​ឋានៈ​នៃ​ជនភៀសខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជា​ជាង​ផ្អែក​ទៅ​លើ​ហេតុផល​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្វាគមន៍​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​តែ​បារម្ភ​បាត់បង់​ធនធាន​ធម្មជាតិ

$
0
0

ក្រោយ​ពេល​ដែល​ប្រតិភូ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​កម្ពុជា ឡាវ និង វៀតណាម បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ទី​៤ ខែ​សីហា ដើម្បី​បើក​សន្និសីទ​លើក​ទី​៦ ស្ដីពី​ការ​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដែល​រស់​នៅ​ខេត្ត​រតនគិរី រំពឹង​ថា គម្រោង​នេះ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រីកចម្រើន​ជាង​បច្ចុប្បន្ន ជាពិសេស​វិស័យ​ទេសចរណ៍​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។ ទន្ទឹម​នឹង​ការ​រំពឹង​ទុក​នេះ ពួកគេ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ផល​លំបាក​មួយ​ចំនួន​ទាក់ទិន​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​បំផ្លិចបំផ្លាញ និង​ការ​ទាញ​យក​ផល​មិន​សមស្រប។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ដែល​កំពុង​អភិរក្ស​ធនធាន​ធម្មជាតិ​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ថា អាច​ជួយ​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​បាន​ប្រសើរ​ជាង​មុន។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរទុង មាន​ទីតាំង​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ លោក ស៊ុត វើល កត់សំគាល់​ថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ធម្មជាតិ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​មិន​ទាន់​រីកចម្រើន​នៅ​ឡើយ ដោយសារ​កង្វះ​ខាត​ផ្លូវ​គមនាគមន៍​ដែល​ជា​ហេតុផល​ចម្បង​នៃ​ដំណើរ​​កម្សាន្ត​របស់​អ្នក​ទេសចរណ៍។ លោក​ថា សក្ដានុពល​រដ្ឋ ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ សត្វព្រៃ ទឹកជ្រោះ ភ្នំ ទន្លេ​នៃ​ឧទ្យាន​ជាតិ​វីរជ័យ គឺ​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ ហេតុនេះ​ប្រសិន​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​បង្កើត​ឡើង សហគមន៍​រំពឹង​ថា ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​​សហគមន៍​នឹង​រីកចម្រើន​បង្កើត​ប្រាក់​ចំណូល​សហគមន៍​បាន​កាន់​តែ​ប្រសើរ៖ «អាច​មាន​ប្រាក់​ចំណូល​គួរសម ព្រោះ​អ្នកខ្លះ​ជូន​ភ្ញៀវ អ្នក​ខ្លះ​លក់​ម្ហូប​អាហារ អ្នក​ខ្លះ​នាំ​ភ្ញៀវ​ពី​ខេត្ត​មក​សហគមន៍ ទៅ​មើល​ជ្រោះ មើល​ព្រៃ​បាន​ចំណូល​ខ្លះៗ»

ចំណែក​ប្រធាន​កម្មវិធី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ប្រចាំ​ខេត្ត​រតនគិរី លោក វណ្ណ និមល ចាត់​ទុក​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​វៀតណាម និង ​ឡាវ គឺ​ស៊ី​សង្វាក់​ទៅ​នឹង​គម្រោង​អភិរក្ស​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​៥ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ នា​​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​​កំពុង​ត្រូវ​ការ​ទីផ្សារ​ទេសចរណ៍៖ «បើ​យើង​គ្រាន់​តែ​ជជែក​ថា មាន​គោលដៅ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​យើង​មិន​មាន​ឆន្ទៈ​អភិវឌ្ឍ​ទេ អ៊ីចឹង​ការ​ពង្រឹង​ការ​អភិវឌ្ឍ ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ទេសចរណ៍​អាច​ប្រឈម​មុខ»

រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​អភិវឌ្ឍ​រួច​ហើយ​នូវ​ផ្លូវ​ជាតិ​លេខ​៧៨អា ភ្ជាប់​តំបន់​ច្រក​ទ្វារ​ព្រំដែន​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ឡេថាញ់ (Le Thanh) ប្រទេស​វៀតណាម ទៅ​ទល់​​នឹង​ផ្លូវ​ជាតិ​លេខ​៧ ខេត្ត​ស្ទឹងត្រែង និង​ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ច្រក​ទ្វារ​ដុងក្រឡ (Dong Krolor) ព្រំដែន​ប្រទេស​​ឡាវ និង​ខេត្ត​ក្រចេះ និង​ផ្លូវ​ជាតិ​លេខ​៧៦អា ភ្ជាប់​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី ទៅ​ខេត្ត​មណ្ឌលគិរី។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សម្រេច​បើក​ផ្លូវ​ដឹក​ជញ្ជូន​កម្រិត​តំបន់​រវាង​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​ច្រក​ព្រំដែន​អន្តរជាតិ​ឡេថាញ់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ដែល​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ទី​៤ របស់​ប្រទេស​កម្ពុជា។ ដោយ​ឡែក​អាជ្ញាធរ​ខេត្ត​​ក៏​បាន​ឈូស​ឆាយ​ផ្លូវលំ​មួយ​ខ្សែ​ពី​ស្រុក​អណ្ដូងមាស ទៅ​កាន់​តំបន់​កន្ទុយនាគ តំបន់​ខ្សែ​ក្រវាត់​មុំ​បី​កម្ពុជា វៀតណាម និង​ឡាវ ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង។

អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក ញ៉ែម សំអឿន កត់សំគាល់​ថា ការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​ត​ភ្ជាប់​ពី​វៀតណាម មាន​ប្រយោជន៍​លើ​វិស័យ​ធ្វើ​ពាណិជ្ជកម្ម​កសិផល​ពី​ខេត្ត​រតនគិរី ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម និង​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ និង​ទំនិញ​ពី​ប្រទេស​វៀតណាម មក​ខេត្ត​រតនគិរី ទីក្រុង​​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទៀត​ផង។ លោក​រំពឹង​ថា ការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​នេះ​នឹង​ក្លាយ​ទៅ​ជា​ផ្លូវ​ដឹក​ជញ្ជូន​​ផ្លាស់ប្ដូរ​ទំនិញ​អ្នក​ដំណើរ សេវាកម្ម​ទេសចរណ៍​សម្រាប់​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​​អាស៊ាន​នៅ​ថ្ងៃ​ខាង​មុខ។

ផ្ទុយ​ពី​ការ​រំពឹង​ទុក​នេះ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្មែរ​ឈ្មោះ​ម្ចាស់​ស្រុក​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង និង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បារម្ភ​ពី​ភាព​មិន​យុត្តិធម៌​ក្នុង​ការ​បើក​តំបន់​សេដ្ឋកិច្ច​រួម​​ជាមួយ​វៀតណាម ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន និង​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ច្រើន​ជាង​ភាគី​កម្ពុជា និង​ឡាវ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា អាច​ប្រឈម​ទៅ​នឹង​បាត់បង់​អធិបតេយ្យភាព​ទឹក​ដី និង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ។

មក​ទល់​បច្ចុប្បន្ន​នេះ​មិន​ឃើញ​មាន​ឯកសារ​ណា​បញ្ចេញ​ឲ្យ​ដឹង​ពី​ផែនការ​ពិស្ដារ​ទាក់ទិន​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ឡើយ។ ក៏ប៉ុន្តែ​អតីត​អ្នក​សម្របសម្រួល​អង្គការ​ទន្លេ​បី​មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី លោក មៀច មាន ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាព​រួមគ្នា​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ រួម​មាន​វិស័យ​កសិ-​ឧស្សាហកម្ម គមនាគមន៍ និង​ដឹក​ជញ្ជូន ទេសចរណ៍ ឋាមពល​អគ្គិសនី និង​ធនធាន​មនុស្ស។

លោក មៀច មាន កត់សំគាល់​ថា ភាគី​ប្រទេស​ទាំង​បី​ជំរុញ​ការងារ​នេះ បាន​មួយ​កម្រិត​ធំ​ហើយ ហេតុ​នេះ​អ្វី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បំពេញ​គឺ​យន្តការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​តំបន់ និង​ការ​សិក្សា​ផល​ប៉ះពាល់​ឲ្យ​បាន​ជាក់លាក់​ទៅ​លើ​បញ្ហា​បរិស្ថាន ជីវចម្រុះ​ទាក់ទិន​គម្រោង​អភិវឌ្ឍន៍​ទាំង​អស់​នោះ៖ «បើ​វិសាលភាព​ពង្រីក​ផ្ទៃដី​កសិកម្ម​ច្រើន​ព្រៃឈើ​នឹង​បាត់បង់​ច្រើន សត្វព្រៃ​ក៏​បាត់បង់​តាម​ហ្នឹង​ដែរ។ ការ​បង្កើត​ឋាមពល​អគ្គិសនី​តាមរយៈ​បង្កើត​ទំនប់​ច្រើន ក៏​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ បឹង ទន្លេ​ផង។ វា​កើន​ទៅ​លើ​ឋាមពល​អគ្គិសនី​ផលិត​បាន ប៉ុន្តែ​វា​បាត់បង់​ធនធាន​ធម្មជាតិ និង​បរិស្ថាន»

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ កត់សំគាល់​ថា ចរន្ត​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មិន​អាច​ថយ​ក្រោយ​បាន​ទេ ពីព្រោះ​ជា​គម្រោង​ថ្នាក់​តំបន់ និង​មាន​ការ​ចូល​រួម​ជ្រោមជ្រែង​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង។ លោក​មិន​រំពឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ក្នុង​តំបន់​នឹង​ទទួល​បាន​ផលប្រយោជន៍​ជាក់លាក់​ស្ដីពី​ការ​អភិវឌ្ឍ​នោះ​ទេ ក៏ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​កិច្ចសហការ​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ប្រសើរ ទាំង​ការ​ការពារ​បូរណភាព​ដែនដី ការ​បង្កើត​ទីផ្សារ​ការងារ​ជូន​ពលរដ្ឋ និង​ការ​ពង្រីក​ការ​នាំ​ចេញ​ផលិតផល​ផលិត​ក្នុង​ស្រុក និង​តម្លៃ​លក់​ឋាមពល​អគ្គិសនី​ក្នុង​តម្លៃ​ទាប​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទើប​ជីវភាព​ពលរដ្ឋ​មានការ​កើន​ឡើង៖ «វា​អត់​ថយ​ក្រោយ​កើត​ទេ វា​ទៅ​មុខ​ទៀត អ៊ីចឹង​រក​ចំណេញ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ហើយ​មាន​ទំនាក់ទំនង​ឲ្យ​ល្អ​ជាមួយ​ខាង​វៀតណាម ដើម្បី​ប្រើប្រាស់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​អន្តរជាតិ​ដឹក​ផលិត​ផល​ឧស្សាហកម្ម​ចេញ​តាម​វៀតណាម បើ​នៅ​ស្រុក​ខ្មែរ​យើង​ចេញ​តាម​កំពង់សោម គឺ​វា​ឆ្ងាយ​ណាស់ អា​នេះ​ល្អ​ទៅ​វិញ»

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​ដំណើរការ​ទៅ​បាន​លុះត្រាតែ​ភាគី​ទាំង​អស់​ឯកភាព​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា ជាពិសេស​ការ​ដោះស្រាយ​បូរណភាព​ទឹក​ដី និង​ខ្សែបន្ទាត់​ព្រំដែន​រួចរាល់ និង​គោរព​ច្បាប់​ទាំង​ឡាយ​ដែល​មាន​ធរមាន​របស់​ប្រទេស​នីមួយៗ៖ «កាល​ណា​គេ​ដាក់​ជា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​តំបន់​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ព្រំដែន បន្ទាប់​ពី​ទទួល​ស្គាល់​ព្រំដែន​វា​ត្រូវ​ក្លាយ​ទៅ​ជា​សហ​ប្រតិបត្តិការ​រួម​នៅ​កន្លែង​នោះ​ឯង ដូច្នេះ​មិន​ធ្វើ​ឲ្យ​បាត់បង់​ដី​ទេ​ហើយ​ធ្វើ​ឲ្យ​តំបន់​ដាច់​ស្រយាល​ទទួល​បាន​ការ​គ្រប់គ្រង​តាម​ច្បាប់​ទម្លាប់​រៀងៗ​ខ្លួន»

លោក ឈាង វុន ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៧ ខែ​សីហា បញ្ជាក់​ថា ស្ថាប័ន​រដ្ឋ​សភា​មាន​តួនាទី​ឃ្លាំមើល​​បញ្ហា​នេះ ហេតុនេះ​លោក​មិន​អាច​អធិប្បាយ​ពិស្ដារ​ទាក់ទិន​គម្រោង​នេះ​ទេ។ ទោះបីជា​យ៉ាង​នេះ​ក្ដី​លោក​បាន​ថ្លែង​ក្នុង​ឱកាស​បើក​សន្និសីទ​លើក​ទី​៦ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា ឡាវ និង វៀតណាម នឹង​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​ក្លាយ​ជា​សហគមន៍​តែមួយ ហើយ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង​បី​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ផែនការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ក្នុង​តំបន់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កម្ពុជា​បាន​យល់​ព្រម​ដាក់​បញ្ចូល​ខេត្ត​របស់​ខ្លួន​ចំនួន​៤ មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​សែន​នាក់។ រី​ឯ​ប្រទេស​ឡាវ ក៏​បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៤​ខេត្ត​ដែរ ដូចជា​ខេត្ត​អាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់ ហើយ​វៀតណាម បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​យ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែល​ខេត្ត​ទាំង​នេះ​មាន​មនុស្ស​ជាង ៧​លាន​នាក់។

ក្រុម​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ បាន​យល់​ព្រម​បង្កើត​ផែនការ​មេ​ខាង​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​ត្រីកោណ រហូត​ដល់​ឆ្នាំ​២០២០ ផ្អែក​លើ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា។ ក្រុម​រដ្ឋមន្ត្រី​ទាំង​បី​ប្រទេស​នេះ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពន្លឿន​ការ​ច្របាច់​បញ្ចូល​គ្នា ជាពិសេស​ខាង​ការ​ឆ្លង​ដែន​ផ្នែក​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សន្តិសុខ និង​កិច្ចការ​បរទេស​ដើម្បី​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ក្នុង​អនុ​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភ្ញៀវ​ទេសចរ​ស្នើ​អាជ្ញាធរ​បន្ថែម​ធុង​សំរាម​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក

$
0
0

ភ្ញៀវ​ទេសចរ​ដែល​បាន​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ ពេញ​ចិត្ត​ទៅ​នឹង​បរិយាកាស​រមណីយដ្ឋាន​មួយ​នេះ ប៉ុន្តែ​ពួក​គេ​សង្កេត​ឃើញ​ថា ការ​រៀបចំ​នៅ​មាន​ភាព​ខ្វះខាត​មួយ​ចំនួន ដូចជា​មិន​មាន​ធុង​សំរាម​គ្រប់គ្រាន់ ជាដើម។ បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បន្ថែម​ធុង​សំរាម​ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ជៀសវាង​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មក​ទស្សនា​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់។

បញ្ហា​កង្វះ​ធុង​សំរាម និង​កង្វះ​ការ​យល់​ដឹង​របស់​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ធ្វើ​ឲ្យ​បរិស្ថាន​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក នៅ​តំបន់​ខ្លះ​ពោរពេញ​ដោយ​ថង់​ប្លាស្ទិក ដប​ទឹក​សុទ្ធ និង​កម្ទេចកម្ទី​ចំណី​អាហារ។ ភ្ញៀវ​ទេសចរ​ដែល​បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​បុរាណ​ខ្មែរ​មួយ​នេះ ភាគច្រើន​ទៅ​លេង​ជា​ក្រុមៗ ដូចជា​ក្រុម​គ្រួសារ មិត្តភ័ក្ដិ ក្រុម​ការងារ និង​ក្រុម​ទស្សនកិច្ច​សិក្សា ជាដើម។

ក្រុម​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​ឆ្ងាយៗ ភាគច្រើន​នាំ​គ្នា​ពិសា​អាហារ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ក្រោម​ដើមឈើ​តែ​ម្តង ប៉ុន្តែ​ការ​បរិភោគ ពួក​គាត់​ខ្លះ​មិន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បើ​សម្លឹង​រក​មើល​ធុង​សំរាម គឺ​មិន​ឃើញ​មាន​នៅ​ក្បែរ​ខ្លួន​ឡើយ។

និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កញ្ញា ហឿន សុនិស្ស័យ កត់​សម្គាល់​ថា បរិយាកាស​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ស្រស់​ស្អាត និង​ធ្វើ​ឲ្យ​អ្នក​មក​ទស្សនា​ទទួល​អារម្មណ៍​ស្រស់​ថ្លា។ យ៉ាង​នេះ​ក្តី កញ្ញា​ថា​កន្លែង​លក់ដូរ​នៅ​មិន​ទាន់​មាន​របៀប​រៀបរយ ម្យ៉ាង​គ្មាន​ធុង​សំរាម​គ្រប់គ្រាន់​ផង៖ «ហើយ​នេះ​សុំ​ឲ្យ​ធុង​សំរាម​ឲ្យ​មាន​ច្រើន​តិច ដើម្បី​ជៀសវាង​ការ​ចោល​សំរាម​ពាសវាលពាសកាល»

ធុង​សំរាម​នៅ​បរិវេណ​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​មាន​ចំនួន​ប្រមាណ ២០ ដោយ​ខ្លះ​ធ្វើ​អំពី​ស៊ីម៉ងត៍ និង​ខ្លះ​ទៀត​ធ្វើ​អំពី​សម្បក​កង់​ឡាន។

ពលរដ្ឋ​មក​ពី​ខេត្ត​សៀមរាប លោក ហ៊ឹម អាន មាន​ប្រសាសន៍​ថា លោក​រីករាយ​ដែល​បាន​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ប៉ុន្តែ​លោក​ឃើញ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន ដូចជា​មិន​មាន​កន្លែង​រក្សា​យានជំនិះ​របស់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ត្រឹមត្រូវ។ បន្ថែម​ពី​នេះ មិន​មាន​ធុង​សំរាម​គ្រប់គ្រាន់​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​តំបន់​នេះ ប្រសិន​បើ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​កើន​ឡើង៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​កែប្រែ ដូចជា​នៅ​អាជ្ញាធរ​អប្សរា​យាមកាម ឬ​យាម​ល្បាត​យានជំនិះ​របស់​ប្រជាពលរដ្ឋ»

តាំង​ពី​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៨ កក្កដា នៅ​ទីក្រុង​ក្រាកូវ (Krakow) ប្រទេស​ប៉ូឡូញ រួច​មក ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​កើន​ឡើង​ទ្វេដង។ ជាក់ស្តែង​មិន​ដល់ ១​ខែ​ផង ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​តំបន់​នេះ​មាន​ចំនួន​ជិត ១​ម៉ឺន​នាក់ (.៤៨១​នាក់)

មគ្គទេសក៍​ទេសចរ​ប្រចាំ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក លោក ឡូញ ប៊ុនថេង យល់​ថា ថ្ងៃ​អនាគត តំបន់​នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ជួយ​សម្អាត​បរិស្ថាន​នៅ​តំបន់​នេះ​ដើម្បី​រួម​ចំណែក​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឲ្យ​បាន​កាន់​តែ​ច្រើន៖ «សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​ទីនេះ ជាពិសេស​ថែទាំ​បរិស្ថាន​នៅ​ទីនេះ​តែ​ម្តង»

កន្លែង​ខ្លះ​មាន​ស្លាក​សញ្ញា​ភ្ជាប់​នឹង​ដើមឈើ ដោយ​មាន​អត្ថន័យ​ថា សូម​ជួយ​ថែរក្សា​បរិស្ថាន និង​ហាម​ចោល​សំរាម ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​បម្រាម​បែប​នេះ​ក្តី ពលរដ្ឋ​ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​នេះ​មួយ​ចំនួន នៅ​តែ​មិន​យល់​ដដែល ដោយ​ពួក​គេ​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ និង​មាន​ខ្លះ​យក​កាកសំណល់​ទៅ​ទុក​ចោល​លើ​ថ្ម​ប្រាសាទ​ថែម​ទៀត​ផង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ចំនួន​ធុង​សំរាម​ពិត​ជា​នៅ​មាន​កម្រិត ប៉ុន្តែ​ខាង​មន្ទីរ​ទេសចរណ៍ ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​បន្ថែម​ចំនួន​ធុង​សំរាម​ដើម្បី​រួម​ចំណែក​ថែរក្សា​បរិស្ថាន​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ៖ «ពិសេស​អាជ្ញាធរ​ខេត្ត លោក​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។ លោក​តែងតែ​ក្រើន​រំឭក​ដល់​មន្ទីរ​ពាក់ព័ន្ធ​លើ​បញ្ហា​អនាម័យ​នៅ​ក្នុង​តំបន់ ពិសេស​ការងារ​លើស​ពី​នេះ គឺ​បញ្ហា​បរិស្ថាន»

ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ពង្រឹង​ផ្នែក​សេវាកម្ម អនាម័យ បរិស្ថាន និង​សន្តិសុខ​ឲ្យ​បាន​កាន់​តែ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​បុរាណ​ខ្មែរ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ។ តំបន់​នេះ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ ប៉ុន្តែ​បច្ចុប្បន្ន ប្រាសាទ​ដែល​អាច​ទស្សនា​បាន គឺ​នៅ​សេសសល់​ជាង ៤០​ប្រាសាទ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុរស​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​​រៀបរាប់​​រឿង​គេ​វាយ​ធ្វើ​បាប​នៅ​ខេត្ត​សៀមរាប

$
0
0

បុរស​ចំណាស់​ម្នាក់​ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​បាន​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​វិញ​ហើយ គឺ​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ លោក​បាន​ចោទ​ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រង៉ែ ស្ថិត​ក្នុង​ក្រុង​សៀមរាប ថា បាន​វាយ​ធ្វើ​បាប​រូប​គាត់ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ដែល​ពេល​នេះ​ព្រះសង្ឃ​អង្គ​នោះ​នៅ​តែ​បាត់​ព្រះ​កាយ​នៅ​ឡើយ ដោយ​មិន​ដឹង​ថា នៅ​មាន​ជីវិត ឬ​ក៏​សុគត។ រី​ឯ​ស្នងការ​ខេត្ត​សៀមរាប ថា មិន​បាន​ដឹង​អំពី​ការ​បង្ហាញ​ខ្លួន​ឡើង​វិញ​នេះ​ទេ។

បុរស​ចំណាស់​ម្នាក់​ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​នោះ ត្រូវ​បាន​រក​ឃើញ​វិញ ប៉ុន្តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ គឺ​មាន​រយៈពេល​ជិត ២​ខែ​ហើយ នៅ​តែ​មិន​ទាន់​មាន​ដំណឹង​ថា កំពុង​ឋិត​នៅ​ទី​ណា ឬ​ជួប​បញ្ហា​អ្វី​នៅ​ឡើយ។

លោក ប្រាក់ នី មាន​អាយុ ៥៥​ឆ្នាំ រៀប​រាប់​ថា លោក​បាន​មក​ដល់​ស្រុក​កំណើត​នៅ​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ៣​ថ្ងៃ​ក្រោយ​កើត​ហេតុ ចំណែក​ព្រះសង្ឃ​វិញ លោក​ក៏​មិន​ដឹង​ថា នៅ​ទី​ណា​ដែរ។

​លោក ប្រាក់ នី រម្លឹក​រឿងរ៉ាវ​ឡើង​វិញ​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​រូប​គាត់​ជាមួយ​នឹង​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​របស់​លោក ឆ្ពោះ​ទៅ​ភ្នំ​គូលែន ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប ក្នុង​បំណង​ទៅ​លេង​ផង និង​យក​វត្ថុ​បុរាណ​មាន​ខ្នាយតាន់​របស់​គាត់​ឲ្យ​ព្រះសង្ឃ​គង់​ទី​នោះ​ជួយ​ប្រសិទ្ធី​ឲ្យ​ផង។ លុះ​ដល់​ខេត្ត​សៀមរាប នៅ​ពេល​ល្ងាច ព្រះសង្ឃ​បាន​នាំ​គាត់​ទៅ​សម្រាក​នៅ​ក្លឹប​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ នៅ​ភូមិ​ទទា សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ប៉ុន្តែ​ដោយសារ​ទី​នោះ​មាន​ក្មេង​ស្រី​រស់​នៅ និង​ហាត់​ក្បាច់​គុន​ច្រើន ទើប​ធ្វើ​ឲ្យ​ពួកគាត់​ត្រឡប់​មក​រក​ផ្ទះសំណាក់​ក្បែរ​ចំណត​រថយន្ត ដើម្បី​ព្រឹក​ឡើង​បន្ត​ដំណើរ​ទៅ​ភ្នំ​គូលែន។ ប៉ុន្តែ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​នោះ គឺ​ជួប​ជាមួយ​ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រងែ ហើយ​បាន​រុញ​ច្រាន និង​វាយ​ធ្វើ​បាប ព្រមទាំង​បាន​ចាប់​ព្រះសង្ឃ និង​រូប​គាត់​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្រងែ ដោយ​គ្មាន​មូលហេតុ​ឡើយ។

លោក ប្រាក់ នី៖ «ស្រាប់​តែ​ចេញ​មក​វា​មាន​ហេតុការណ៍​អ៊ីចឹង គឺ​ជួប​សន្តិសុខ​មែន ដែល​យើង​ស្មាន​ថា ជា​សន្តិសុខ​ស្រួលបួល តែ​នេះ​មិន​មែន​ជា​សន្តិសុខ​ស្រួលបួល​ទេ គឺ​គេ​មក​រញ៉េរញ៉ៃ។ ដំបូង​យើង​ឃើញ​តែ​ម្នាក់​ពីរ​ទេ តែ​គេ​ចេះ​តែ​ហៅ​សន្តិសុខ​គ្នា​គេ​មក​ថែម​ប្រហែល ៥ ទៅ ៦​នាក់ ហើយ​គេ​មក​ដល់​ចេះ​តែ​រុញ​ច្រានៗ ទាញ​ចុះ​ទាញ​ឡើង​រហូត​ដល់​លោក​របូត​ស្បង់​ចីពរ​អស់។ (សំណួរ៖ តើ​ហេតុ​អី​បាន​ជា​សន្តិសុខ​នោះ​មក​រុញ​ច្រាន​ដូច្នេះ?) ចម្លើយ៖ គេ​ថា កន្លែង​នេះ​កន្លែង​គេ ហើយ​គេ​ទើបតែ​ហូប​ហើយ​អី​ហើយ គឺ​ផឹក​ស្រា​ស្រវឹង​អ៊ីចឹង​ទៅ។ គេ​វាយ​លោក តែ​យើង​អត់​ថា​ច្រើន ឬ​តិច​ទេ ព្រោះ​ពេល​នោះ​មួយ​នៅ​នេះ មួយ​ទៀត​គេ​រុញ​នៅ​នោះ។ ហេតុការណ៍​នោះ ប្រហែល​ជា​កើត​ឡើង​នៅ​ម៉ោង ៧​យប់។ ដល់​ហើយ ទាល់​តែ​បាន​យូរ​បន្តិច​ទើប​ប៉ូលិស​មក​មែន ហើយ​ពេល​នោះ​លោក​ចាប់​ផ្ដើម​ទន់​ខ្លួន ហើយ​ប៉ូលិស​ក៏​មក​ដល់​ឲ្យ​សន្តិសុខ​ដឹក​ពួកគាត់​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ ហើយ​គាត់​ក៏​ប្រាប់​ពី​គោល​បំណង​ទៅ​ភ្នំ​គូលែន និង​បង្ហាញ​វត្ថុ​មួយ​ចំនួន​ដូចជា​ព្រះ និង​ចែកាច់​ជាដើម ដើម្បី​យក​ទៅ​ឲ្យ​លោក​នៅ​ភ្នំ​គូលែន ឲ្យ​គេ​ជួយ​ប្រសិទ្ធី ហើយ​ម្យ៉ាង​ទៀត យើង​ក៏​មិន​ដែល​ស្គាល់​ភ្នំ​គូលែន ដែរ»

លោក ប្រាក់ នី ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ប៉ូលិស​ប៉ុស្តិ៍​ស្រង៉ែ សួរ​នាំ​រួច​ហើយ​រក​មិន​ឃើញ​កំហុស​នោះ ប៉ូលិស​ក៏​បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ​ភូមិ​ដដែល បើក​ម៉ូតូ ២​គ្រឿង គឺ​ម៉ូតូ​មួយ​គ្រឿង​ដឹក​ព្រះសង្ឃ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដឹក​រូប​គាត់​ទៅ​រក​ចំណត​ឡាន​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​បែរ​ជា​ប្រជា​ការពារ​នោះ​ឈប់​ម៉ូតូ​តាម​ផ្លូវ​វាយ​ធ្វើ​បាប​ព្រះសង្ឃ​បន្ថែម​ទៀត៖ «ពេល​នោះ​ខ្ញុំ​ចេះ​តែ​ជិះ ហើយ​ប្រាប់​ថា អា​អូន​កុំ​លឿន​ពេក ចាំ​ម៉ូតូ​ដឹក​លោក​ផង ព្រោះ​ខ្ញុំ​ដឹង​ថា លោក​អត់​ស្រួល។ ស្រាប់​តែ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ សន្តិសុខ​ដែល​ឌុប​លោក​នោះ បាន​វាយ​អាយកូម​មក​ប្រាប់​សន្តិសុខ​ដែល​ឌុប​ខ្ញុំ គេ​ថា អា​លោក​មួយ​ហ្នឹង​វា​សន្លប់​បាន​ហើយ​អ្ហា! ដល់​អ៊ីចឹង​ខ្ញុំ​ក៏​ប្រាប់​ថា តោះ​អូន​ត្រឡប់​ទៅ​រក​លោក​វិញ វា​អត់​ចង់​បក​មក​វិញ​ទេ ទាល់​តែ​យូរ​ទើប​វា​ព្រម​បក​មក​វិញ។  ពេល​បក​ក្រោយ​នោះ ស្រាប់​តែ​ខ្ញុំ​ឃើញ​លោក​ស្រាត​ននលគក កំពុង​ដេក​នៅ​លើ​ដី នៅ​លើ​ផ្លូវ​តែម្ដង ពេល​នោះ​ខ្ញុំ​បាន​ដោះ​ខោអាវ ដើម្បី​បំពាក់​អោយ​លោក ព្រោះ​ស្បង់​ចីពរ​លោក​មិន​ដឹង​នៅ​ទី​ណា​ឡើយ។ ខ្ញុំ​មិន​ស្គាល់​ទី​នោះ​ថា​ទី​ណា​ឡើយ។ ខ្ញុំ​បាន​ក្រឡាប់​មើល​មុខ​លោក តែ​លោក​អត់​មាត់​អត់​ក​អី​ទេ ស្រាប់​តែ​លោក​ងើប​ឈរ ហើយ​ប្រាប់​ថា កុំ​អោយ​គេ​ធ្វើ​បាប​ទៀត យើង​នាំ​គ្នា​រត់​ទៅ។ ពេល​នោះ​ខោ​អាវ​ដែល​ដោះ​ឲ្យ​លោក​នោះ ក៏​បោះ​ចោល ហើយ​រត់​តាម​លោក​តែម្ដង ដោយ​ទៅ​ដេក​ក្នុង​ព្រៃ ព្រោះ​លោក​អស់​កម្លាំង ហើយ​ពួក​វា​អត់​តាម​ទៀត​ទេ។ ពេល​នោះ​ខ្ញុំ​ក៏​មិន​បា​សួរ​នាំ​លោក​ដែរ ថា​តើ​គេ​វាយ​ធ្វើ​បាប​លោក​ម៉េច​ខ្លះ? ទោះ​យ៉ាង​ណា ពេល​នោះ​ខ្ញុំ​ឃើញ​មុខ​លោក​បែក និង​ជាំ​ជាដើម តែ​យើង​មិន​បាន​ចាប់​លោក​មើល​កន្លែង​ផ្សេង​ទៀត​ទេ»

​ក្រោយពី​រត់​គេច​ខ្លួន​នោះ គឺ​រូប​គាត់ និង​ព្រះសង្ឃ បាន​ក្លាយ​ជា​មនុស្ស​អាក្រាត​កាយ ដើរ​រសាត់​តែលតោល សុំ​ខោអាវ​គេ​ស្លៀក​ដណ្ដប់​កាយ​ឡើង​វិញ ប៉ុន្តែ​ពុំ​មាន​អ្នក​អោយ​ឡើយ ព្រោះ​មនុស្សម្នា​ចាត់​ទុក​ពួកគាត់​ថា ជា​មនុស្ស​វិកលចរិត៖ «ពេល​នោះ ខ្ញុំ​នៅ​សល់​តែ​ខោខ្លី ក៏​ស្រាត​ទៅ​ស្លៀក​អោយ​លោក តែ​លោក​ស្រាត​ខោ​នោះ​ចោល​វិញ ដោយ​និយាយ​ថា អាត្មា​អត់​ត្រូវ​ស្លៀក​អ៊ីចឹង​ទេ ទោះ​បី​ជា​អាត្មា​ត្រូវ​គេ​ស្រាត ក៏​អាត្មា​នៅ​ជា​សង្ឃ​ដែរ។ ដល់​តែ​លោក​បោះ​ខោ​ខ្លី​ចោល​អត់​ស្លៀក ខ្ញុំ​ក៏​សុខ​ចិត្ត​ដើរ​អត់​ខោ​ទាំង​ពីរ​នាក់​តែម្ដង​ទៅ។ ដើរ​តាម​ផ្លូវ ហើយ​លោក​ចេះ​តែ​ដើរ​រើស​ទឹក​ហូប ព្រោះ​លោក​ស្រេក​ទឹក និង​អស់​កម្លាំង តែ​ដល់​បាន​ទឹក​ផឹក លោក​ក៏​ចេះតែ​ដើរ​ទៅ​មុខ​តិចៗ​ទៀត។ (សំណួរ៖ តើ​មាន​គេ​ឃើញ គេ​ជួយ​អី​ទេ?) ចម្លើយ៖ មាន​ម៉ូតូ​គេ​រត់​ឌុប​អីវ៉ាន់​ដែរ តែ​គេ​មាន​ទៅ​គិតគូរ​យើង​អី តែ​ពេល​នោះ វា​មិន​ទាន់​ភ្លឺ​ច្បាស់​ទេ ដូច្នេះ​មិន​សូវ​មាន​មនុស្ស​ចេញ​ច្រើន​ឡើយ។ យើង​ក៏​ចេះ​តែ​ដើរ​ទៅ​មុខ ក៏​ជួប​សន្តិសុខ​មួយ សុំ​ខោអាវ​គេ តែ​គេ​ថា​អត់​មាន ក៏​គេ​អោយ​បាវ​ពីរ ហើយ​យក​កន្ត្រៃ​កាត់​អោយ​យើង​ស្លៀក​ទៅ។ ពេល​នោះ​ក៏​មក​អង្គុយ​នៅ​វត្ត​ក្នុង​ក្រុង​សៀមរាប ហើយ​ក៏​មាន​ប៉ូលិស​យក​ខោ​ខ្លី​ពីរ​អោយ​ស្លៀក។ ពេល​នោះ​លោក​ទន់​អស់​រលីង​ហើយ និង​នាំ​គ្នា​ដេក​ទី​នោះ ហើយ​ខ្ញុំ​ចេះ​តែ​បោស​ដី​អោយ​លោក​ដេក​ទៅ។ បន្តិច​ក្រោយ​មក ក៏​ប៉ូលិស​ដឹក​ពួកគាត់​ចេញ​ពី​វត្ត​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ក្នុង​វត្ត​មួយ​ក្បែរ​ប្រាសាទ​អង្គ ដោយ​គេ​ប្រាប់​ថា មក​ដល់​ទី​នេះ​ចង់​ទៅ​ណា​ដើរ​ទៅ ព្រោះ​ទី​នេះ​សុទ្ធ​តែ​ព្រៃ»

​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប៉ូលិស​ដឹក​យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត​ទេពប្រណម្យ នៃ​តំបន់​អង្គរធំ​នោះ លោក ប្រាក់ នី ក៏​ដើរ​សុំ​លុយ​គេ​បាន​ប្រហែល​ជា ១​ម៉ឺន​រៀល ហើយ​ក៏​បាន​សម្រេច​ជិះ​ម៉ូតូ​ឌុប​មក​រក​ឡាន​ឈ្នួល​ឡើង​មក​ស្រុក​កំណើត​វិញ ដោយ​បែក​ផ្លូវ​គ្នា​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​រហូត​តែម្ដង។

​លោក ប្រាក់ នី និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទើបតែ​ស្គាល់​គ្នា​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុន​កើត​ហេតុ ដោយសារ​ព្រះអង្គ​និមន្ត​ទៅ​ធ្វើ​បុណ្យ​នៅ​លើ​ភ្នំ​គិរីរម្យ ហើយ​ក៏​មាន​និស្ស័យ​ជាមួយ​លោក ទើប​សុំ​លោក​ទៅ​លេង​ភ្នំ​គូលែន ជាមួយ។ លោក ប្រាក់ នី ថា លោក​មិន​ចង់​ប្ដឹង​ស្វែង​រក​យុត្តិធម៌​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែង​រក​ព្រះសង្ឃ​អង្គ​នោះ​ឲ្យ​ឃើញ៖ «សូម​ជួយ​រក​លោក​ឲ្យ​ឃើញ​ផង។ បើ​លោក​នៅ​ផ្ទះ ឬ​នៅ​ភូមិ​ជាមួយ​ខ្ញុំ គឺ​ខ្ញុំ​នឹង​មក​ជាមួយ​លោក​ហើយ តែ​លោក​គង់​នៅ​វត្ត​ផ្សេង ចំណែក​ខ្ញុំ​នៅ​ផ្ទះ​ផ្សេង»

​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១​ព្រះវស្សា មាន​កំណើត​នៅ​ភូមិ​ជ្រៃតាសូរ ឃុំ​កីយ៉ា ស្រុក​មាត់សមុទ្រ នៃ​ខេត្ត​ព្រះត្រពាំង បាន​និមន្ត​មក​គង់​នៅ​វត្ត​ទួលសង្កែ នៃ​ទីក្រុង​ភ្នំពេញ រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ ព្រះអង្គ បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ហើយ​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ព្រះអង្គ​មាន​ជោគវាសនា​យ៉ាង​ណា​ឡើយ។ ក្នុង​ពេល​បាត់​ព្រះ​កាយ​នេះ គេ​ក៏​បាន​ឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​របស់​ព្រះតេជព្រះគុណ​អង្គ​នេះ ថត​ជាមួយ​នឹង​អ្នក​ទោស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ដែល​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ជា​ឃាតក​​ម្នាក់​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

​ជុំវិញ​ករណី​នេះ ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ការ​បង្ហាញ​ខ្លួន​របស់​បុរស​ចំណាស់​ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ឡើយ៖ «នៅ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ណា​ខាង​ណី​ទេ»

​ដោយ​ឡែក នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រង៉ែ លោក ស៊ាវ ធឿត  បាន​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ីសេរី​ឡើយ ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​អធិការរង​នគរបាល​ក្រុង​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក​វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ៖ «ខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​ខាង​អធិការ ហើយ​អ្វីៗ​គ្រប់​យ៉ាង គឺ​អធិការ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់»

​អធិការ​រង​នគរបាល​ក្រុង​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក​វរសេនីយ៍ទោ លោក នួន ស័ក្តិចំរើនរិទ្ធ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់ ហើយក៏​បិទ​ទូរស័ព្ទ។ រី​ឯ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​តាមដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា បើ​តាម​ចម្លើយ​របស់​លោក ប្រាក់ នី គឺ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​តែ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម៖ «ការ​បាត់​ខ្លួន​លោក​នេះ គឺ​ទី​១ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​នោះ ហើយ​ទី​២ អាជ្ញាធរ​ប៉ូលិស​ត្រូវ​តែ​ចាត់​វិធានការ​ជាមួយ​ជន​ដៃ​ដល់​ដែល​វាយដំ​ទៅ​លើ​ព្រះសង្ឃ និង​លោក​តា​អាចារ្យ​នោះ រហូត​ដល់​សាធារណជន​ឃើញ​ថា លោក​ទៅ​ជា​ជន​វិកលចរិត​ទៅ​ជា​បាត់​ខ្លួន បាត់​ព្រះ​កាយ​អី​នេះ គឺ​ជា​កាតព្វកិច្ច​រក​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ»

​ទន្ទឹម​គ្នា​នេះ លោក ស៊ឹង សែនករុណា អះអាង​ថា ខាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ស្វែង​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម​បន្ត​ទៀត ទោះ​បី​ជា​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​តម្រុយ​យ៉ាង​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live