ក្រុមគ្រួសារ និងមិត្តភ័ក្ដិសោកស្ដាយចំពោះមរណភាពរបស់កម្មការិនីម្នាក់នៅរោងចក្រ យ៉ាកជីន (Yakjin)។ កម្មការិនីផ្នែកដេរម្នាក់បានដួលស្លាប់ភ្លាមៗនៅរោងចក្រកាលពីល្ងាចថ្ងៃទី៣ ខែសីហា។ សពរបស់នាងត្រូវបានបូជារួចរាល់ហើយកាលពីយប់ថ្ងៃទី៤ ខែសីហា ដោយបន្សល់ភាពសោកសៅ និងមិនអស់ចម្ងល់ពីមរណភាពរបស់នាងពីសំណាក់ក្រុមគ្រួសារ និងមិត្តភ័ក្ដិ។
កម្មការិនី មាស ស្រីល័ក្ខ ត្រូវអ្នកដឹងហេតុការណ៍អះអាងថា បានដួលសន្លប់ និងស្លាប់ភ្លាមៗនៅក្រោយពេលធ្វើការថែមម៉ោងនៅម៉ោង ៦ល្ងាច។
អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅរោងចក្រ យ៉ាកជីន លោក អៀច អ៊ីង បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ស្រីល័ក្ខ មានសុខភាពមិនល្អនៅថ្ងៃដែលនាងបានដួលនៅក្នុងរោងចក្រនោះ គឺម្យ៉ាងនាងទំនងមានជំងឺ ម្យ៉ាងមិនបានទទួលទានអាហារគ្រប់គ្រាន់៖ «»។
មាស ស្រីល័ក្ខ មានអាយុ ២៥ឆ្នាំ។ នាងបានបំពេញការងារនៅក្នុងរោងចក្រ យ៉ាកជីន ប្រមាណ ៦ឆ្នាំហើយ។ នាងមានកំណើតនៅភូមិមហាលាភ ក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អនុប្រធានសហជីព លោក អៀច អ៊ីង ដដែលបញ្ជាក់ថា មាស ស្រីល័ក្ខ ត្រូវដឹកតាមឡានភ្លាមៗក្រោយពីបានដួលក្នុងរោងចក្រ បំណងទៅរកការសង្គ្រោះនៅគ្លីនិកឯកជនមួយឈ្មោះ សុខា កាំបូល ដែលឋិតនៅប្រមាណកន្លះគីឡូម៉ែត្រពីរោងចក្រ ប៉ុន្តែវាយឺតពេលទៅហើយ។ សពនាងក៏ត្រូវបានដឹកបន្តទៅកាន់ភូមិកំណើត៖ «»។
សពរបស់កញ្ញា មាស ស្រីល័ក្ខ ត្រូវតម្កល់ធ្វើបុណ្យ និងបានបូជាចប់សព្វគ្រប់នៅយប់ថ្ងៃទី៣ ខែសីហា ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
«សំឡេងក្នុងពិធីបុណ្យ»
សាច់ញាតិ មិត្តភ័ក្ដិក្នុងភូមិ និងមិត្តនៅកន្លែងការងាររបស់ មាស ស្រីល័ក្ខ បានចូលរួមពិធីបុណ្យសពរបស់នាងដោយភាពក្រៀមក្រំ និងងឿងឆ្ងល់។
ក្នុងវ័យជរា លោកស្រី ណម ជាជីដូនរបស់ ស្រីល័ក្ខ និយាយមួយៗដោយសំឡេងតិចៗថា អត់ពី ស្រីល័ក្ខ ទៅ គាត់ និងចៅតូចៗចំនួន ៣នាក់ទៀត មិនដឹងបានអ្វីជាទីពឹងឡើយ ព្រោះពួកគាត់ឋិតក្រោមការទំនុកបម្រុងរបស់ ស្រីល័ក្ខ ទាំងស្រុង។ លោកស្រីថាមិនបានដឹងពីមូលហេតុពិតប្រាកដដែលនាំឲ្យចៅស្រីដួលស្លាប់នៅកន្លែងការងារឡើយ៖ «»។
អ្វីដែលនាំឲ្យមានចម្ងល់ក្នុងចំណោមសាច់ញាតិ និងមិត្តភ័ក្ដិរបស់ ស្រីល័ក្ខ គឺនៅពេលដែលគេងូតទឹកលាងខ្លួនឲ្យសព បានពិនិត្យឃើញថាមានស្នាមជាំនៅកញ្ចឹងក និងនៅលើខ្នងរបស់ ស្រីល័ក្ខ។ យ៉ាងនេះក្ដី ចំណុចនេះគឺស៊ីសង្វាក់គ្នានឹងសម្ដីរបស់សហជីពក្នុងរោងចក្រ យ៉ាកជីន ដែលថា ស្រីល័ក្ខ បានដួលបោកនឹងតុ។
មាស ស្រីល័ក្ខ ជាកូនកំព្រាម្ដាយរស់នៅជាមួយជីដូន នៅក្រោយពេលម្ដាយស្លាប់ចោលតាំងពីនាងមិនទាន់ដឹងក្ដី។ ឪពុករបស់នាងបានរៀបការនឹងប្រពន្ធថ្មីដែលជាប្រពន្ធទី៣ ដោយទុកឲ្យនាងទទួលខុសត្រូវលើប្អូនៗចំនួន ៤នាក់ដែលជាកូនប្រពន្ធទី២ របស់ឪពុកនាង ដោយរស់នៅក្នុងខ្ទមតូចបាក់បែកនៅផ្ទាល់ដីជាមួយជីដូនជរា។ ប្អូនប្រុសទី២ របស់ ស្រីល័ក្ខ កំពុងបួសជាព្រះសង្ឃ។ ដោយសារតែមានប្អូនប្រុសជាព្រះសង្ឃ ស្រីល័ក្ខ តែងតែទៅវត្តមើលថែប្អូន និងបានជ្រះថ្លាក្នុងផ្លូវសាសនាដោយកាន់សីល៨។ ប្រាក់ចំណូលពីការងារជាកម្មករនៅរោងចក្រកាត់ដេររបស់ ស្រីល័ក្ខ ត្រូវបែងចែកផ្គត់ផ្គង់អ្នកទាំង៥ ដែលឋិតនៅក្រោមបន្ទុករបស់នាង។ បើតាមមិត្តភ័ក្ដិរបស់ ស្រីល័ក្ខ ឲ្យដឹងថា នាងអាចទទួលបានប្រាក់ខែចន្លោះពី ១៨០ ទៅ ២០០ដុល្លារក្នុងមួយខែ។
អ្នកនាង ជីម សុខលី ជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ ស្រីល័ក្ខ រំឭកទាំងទឹកភ្នែករលីងរលោងថា ស្រីល័ក្ខ មានសុខភាពមិនសូវល្អទេក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ គឺនាងឈឺបំពង់ក ហើយមិនអាចហូបបាយបានឡើយនៅពេលល្ងាច។ សុខលី បន្តថា ស្រីល័ក្ខ ជាមនុស្សស្លូតបូត មិនសូវនិយាយស្ដី និងអត់ធ្មត់ខ្លាំង ទើបនាងចេះតែទ្រាំតស៊ូទៅធ្វើការទាំងឈឺ៖ «»។
ជារៀងរាល់ថ្ងៃ មាស ស្រីល័ក្ខ ត្រូវរៀបចំខ្លួនទៅធ្វើការតាំងពីម៉ោង ៥ព្រឹក ដើម្បីឲ្យទាន់ឡានឈ្នួលដែលដឹកក្រុមកម្មករចេញពីភូមិរបស់នាងទៅរោងចក្រ យ៉ាកជីន ជាទីដែលនាងធ្វើការរហូតដល់ម៉ោង ៦ល្ងាច ហើយនាងបានមកដល់ផ្ទះវិញនៅម៉ោង ៧យប់។
មិត្តម្នាក់ទៀតរបស់ ស្រីល័ក្ខ ដែលជាកម្មករដែរ ប៉ុន្តែនៅរោងចក្រខុសគ្នា គឺកញ្ញា ង៉ែត រតន៍មុនី ឲ្យដឹងថា ស្រីល័ក្ខ តស៊ូធ្វើការណាស់មិនដែលឃើញនាងឈប់ទេ។ រតន៍មុនី បន្តថា បញ្ហាចម្បងគឺជីវភាពគ្រួសារទីទ័លរបស់នាង ដែលជំរុញឲ្យ ស្រីល័ក្ខ ត្រូវអត់ធ្មត់ស៊ូទ្រាំនឹងការលំបាក៖ «»។
ជាធម្មតា កម្មករនៅតាមរោងចក្រក៏មិនខុសពី មាស ស្រីល័ក្ខ ទេ គឺមិនសូវយកចិត្តទុកដាក់ចំពោះជំងឺស្រាលៗរបស់ពួកគេឡើយទេ ពេលខ្លះទុករហូតដួលសន្លប់ ឬទៅជាឈឺធ្ងន់ធ្ងរ។
អ្នកនាង ជីម សុខលី ជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ ស្រីល័ក្ខ និយាយដែរថា មានរឿងពីរដែល ស្រីល័ក្ខ មិនសុំច្បាប់នៅពេលមានជំងឺ គឺទី១ ពិបាកសុំច្បាប់ និងទី២ បារម្ភពីការកាត់ប្រាក់មួយចំនួនដែលធ្វើឲ្យនាងបានប្រាក់ខែតិច៖ «»។
ចំពោះកញ្ញា ង៉ែត រតន៍មុនី ក៏មើលឃើញដែរថា ស្រីល័ក្ខ មិនខុសពីកម្មការិនីជាច្រើនទៀតដែរ ដែលរៀនសូត្របានតិចតួច មិនយល់ដឹងពីស្ថានភាពការងារនៅតាមរោងចក្រក្នុងពេលបច្ចុប្បន្ន ដែលមានការផ្លាស់ប្ដូរមានភាពងាយស្រួលជាងពេលមុន៖ «»។
នាយកក្រុមហ៊ុននៃរោងចក្រកាត់ដេរ យ៉ាកជីន លោក គីម ហាន់ជីន (Kim Hanjin) បានទៅបុណ្យសពរបស់កញ្ញា មាស ស្រីល័ក្ខ និងបាននាំថវិកាចំនួន ១ពាន់ដុល្លារផ្ដល់ជូនគ្រួសាររបស់នាង ប៉ុន្តែនាយកក្រុមហ៊ុនជាជនជាតិកូរ៉េ រូបនេះ បានបដិសេធផ្ដល់បទសម្ភាសន៍ឲ្យអ្នកយកព័ត៌មានរបស់អាស៊ីសេរី ចំពោះមរណភាពរបស់ ស្រីល័ក្ខ និងលក្ខខណ្ឌការងារនៅរោងចក្រ យ៉ាកជីន។
អនុប្រធានសហជីពសេរីកម្មករនៅរោងចក្រ យ៉ាកជីន លោក អៀច អ៊ីង អះអាងថា ប្រធានក្រុមដេររបស់ មាស ស្រីល័ក្ខ បានជំរុញឲ្យនាងសុំច្បាប់សម្រាកដែរ ប៉ុន្តែនាងមិនព្រម៖ «»។
គឺនៅរោងចក្រ យ៉ាកជីន នេះហើយដែលកាលពីដើមឆ្នាំ២០១៤ កម្មករបានផ្ទុះការតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែគោល។ កាលណោះ កម្លាំងទាហានឆត្រយោងមកពីកងពល៩១១ ដែលនៅក្បែរនោះ ក្រោមបញ្ជាការរបស់លោក ចាប ភក្តី បានចេញបង្ក្រាបការតវ៉ារបស់កម្មករនៅក្បែររោងចក្រ យ៉ាកជីន ដ៏បង្ហូរឈាមដោយបានចាប់ខ្លួន និងធ្វើទារុណកម្មកម្មករ សហជីព និងមន្ត្រីអង្គការសង្គមស៊ីវិលដាក់ពន្ធនាគារជាង ១០នាក់។ ការបង្ក្រាបពេលនោះ គឺដឹកនាំដោយលោក ចាប សោភ័ណ ដែលគេដឹងថាជាក្មួយប្រុសរបស់លោក ចាប ភក្តី។
ចំពោះរឿងរបស់ ស្រីល័ក្ខ អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅរោងចក្រ យ៉ាកជីន លោក អៀច អ៊ីង បញ្ជាក់ថា ពេលនេះពួកគាត់កំពុងតាមដានការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ក្នុងការផ្ដល់ប្រាក់សំណងនានាទៅដល់គ្រួសាររបស់ មាស ស្រីល័ក្ខ ទៅតាមច្បាប់។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីបញ្ហានេះពីលោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស បាននៅឡើយទេនៅថ្ងៃទី៥ ខែសីហា ដោយចង់ដឹងថា តើក្រសួងនឹងបើកការស៊ើបអង្កេតចំពោះការស្លាប់របស់ ស្រីល័ក្ខ ឬយ៉ាងណា ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ពន្យល់ថា ករណីមានកម្មករស្លាប់ ភាគីក្រុមហ៊ុនពុំមែនជាភាគីដែលទទួលខុសត្រូវទាំងស្រុងទេ ចំពោះសំណងនានា គឺជាតួនាទីរបស់ ប.ស.ស ដោយសារភាគីនិយោជកបានបង់ប្រាក់ប្រចាំខែទៅឲ្យបេឡាជាតិរបបសន្តិសុខសង្គមជំនួសឲ្យកម្មកររួចហើយ៖ «»។
លោក អត់ ធន់ បន្តថា ករណីមរណភាពរបស់កញ្ញា មាស ស្រីល័ក្ខ នេះ គឺ ប.ស.ស ត្រូវផ្ដល់ឲ្យនូវប្រាក់បូជាសព ប្រាក់សោហ៊ុយដឹកសព និងប្រាក់មួយចំនួនទៀត ប្រសិនបើរកឃើញថា នាងមានភារៈចិញ្ចឹមមនុស្សចាស់ក្នុងបន្ទុក៖ «»។
លោក អាត់ ធន់ ផ្ដាំផ្ញើទៅដល់កម្មករក្នុងវិស័យកាត់ដេរឲ្យយកចិត្តទុកដាក់ប្រើប្រាស់សេវាកម្មរបស់ ប.ស.ស ព្រោះលោកថា មកដល់ពេលនេះ ប.ស.ស មានសេវាធានាការថែទាំសុខភាពសម្រាប់កម្មករដែលពួកគេអាចពិនិត្យ និងថែទាំសុខភាពនៅពេលមិនទាន់មានជំងឺធ្ងន់ធ្ងរ។
ចំពោះក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់កញ្ញា មាស ស្រីល័ក្ខ រំពឹងថា នឹងអាចទទួលបានប្រាក់កាសពី ប.ស.ស សម្រាប់ជួយទៅដល់ជីដូនវ័យ ៨១ឆ្នាំរបស់នាង ដែលត្រូវទទួលបន្ទុកថែទាំប្អូនប្រុសស្រី ៣នាក់បន្តពី ស្រីល័ក្ខ ដ្បិតគឺដើម្បីអ្នកទាំងនេះហើយដែលជំរុញឲ្យ ស្រីល័ក្ខ ប្រឹងធ្វើការមិនថាជា ឬឈឺឡើយ រហូតនាងដួលស្លាប់នៅកន្លែងការងារបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។