រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មិនជឿថា តម្លៃស្រូវនៅឆ្នាំនេះធ្លាក់ថ្លៃដូចឆ្នាំមុននោះទេ ពីព្រោះតម្រូវការនៃការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំនេះ មានទំហំច្រើនជាងឆ្នាំមុន។ អ្នកជំនាញកសិកម្មមើលឃើញស្រដៀងនឹងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលដែរ។
ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ថា មិនជឿតម្លៃស្រូវនៅឆ្នាំនេះធ្លាក់ថ្លៃ គឺធ្វើឡើងក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីក្រសួងស្បៀងអាហារបង់ក្លាដេស ដែលបានចុះហត្ថលេខាទិញអង្ករកម្ពុជា ចំនួន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។
លោក ប៉ាន សូរស័ក្ដិ បញ្ជាក់ថា ទោះខេត្តខ្លះរបស់កម្ពុជា ទទួលព័ត៌មានថា មានជំនន់ទឹកភ្លៀង ប៉ុន្តែតាមរយៈការសហការជាមួយវិស័យឯកជនលោកជឿថា តម្លៃស្រូវកសិករនឹងមិនធ្លាក់ថ្លៃ ហើយកម្ពុជា ក៏មានលទ្ធភាពនាំចេញអង្ករគ្រប់ចំនួនសម្រាប់ប្រទេសបង់ក្លាដេស៖ «ខ្ញុំមិនទាន់អាចព្យាករបានទេ ប៉ុន្តែខ្ញុំមិនជឿថា តម្លៃស្រូវធ្លាក់ទេ ពីព្រោះមានតម្រូវការច្រើនណាស់នៅលើពិភពលោក ក៏ដូចជាប្រទេសដទៃទៀតដែរ»។
ទិន្នន័យរបស់នាយកដ្ឋានផែនការស្ថិតិ និងព័ត៌មានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិពេញមួយឆ្នាំ២០១៦ មានជាង ៥សែន (៥៤២.១៤៤) តោន។ ទោះទំហំការនាំចេញមានការកើនឡើងជាងឆ្នាំ២០១៥ ប៉ុន្តែតម្លៃស្រូវបានធ្លាក់ចុះខ្លាំងរហូតដល់កសិករបានបង្ខំចិត្តដឹកស្រូវពីស្រែទៅចាក់លើផ្លូវជាតិ ដើម្បីតវ៉ាទាមទារដំឡើងតម្លៃស្រូវ។ នៅពេលមិនទាន់មានកិច្ចព្រមព្រៀងទិញអង្ករកម្ពុជា ប្រទេសបង់ក្លាដេស បានទិញអង្ករពីប្រទេសវៀតណាម ថៃ និងឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងស្បៀងអាហារនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស លោក អេដវូខេត ខាមរ៉ុល ឥស្លាម (Advocate Md. Kamrul Islam MP) បញ្ជាក់មូលហេតុដែលប្រទេសបង់ក្លាដេស សម្រេចចិត្តជ្រើសយកអង្ករកម្ពុជា ដោយសារអង្ករកម្ពុជា ទទួលបានវិញ្ញាបនបត្រអន្តរជាតិច្រើន និងបាននាំចូលទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និង ចិន ដោយជោគជ័យ រួមទាំងអង្ករកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់លេខ១ លើពិភពលោក។ មូលហេតុម្យ៉ាងទៀត ដោយសារនៅប្រទេសបង់ក្លាដេស មានទឹកជំនន់បណ្ដាលឲ្យស្រូវរងការខូចខាតអស់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ ឲ្យដឹងថា ទន្ទឹមនឹងការចុះអនុស្សរណៈនេះ កម្ពុជា មានអង្ករមួយចំនួនហើយនៅក្នុងឃ្លាំង។ លោករំពឹងថា ក្នុងខែតុលា ខាងមុខនេះ កម្ពុជាអាចនាំចេញអង្ករទៅកាន់ប្រទេសបង់ក្លាដេស ចំនួន ២៥ម៉ឺនតោន។
តាមរយៈទិន្នន័យរបស់រដ្ឋាភិបាល ពេញមួយឆ្នាំ២០១៦ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានកំណើនតិចតួច (០,៧០) បើប្រៀបទៅនឹងឆ្នាំ២០១៥ បង្ហាញថា ប្រទេសចិន ជាទិសដៅនាំចេញធំជាងគេ (១២៧.៤៦០តោន)។ បន្ទាប់មកមានបារាំង (៧៨.៣២៩តោន) ប៉ូឡូញ (៦៤.០៣៥តោន) សម្រាប់ទិសដៅនៅទ្វីបអឺរ៉ុប។ ចំណែកនៅអាស៊ានវិញ ម៉ាឡេស៊ី ជាអតិថិជនលំដាប់ទី១ ដែលកម្ពុជា នាំចេញអង្ករទៅផ្គត់ផ្គង់ចំនួនជិត ៣៩ម៉ឺនតោន (៣៨.៨៧៧តោន)។ សម្រាប់ឆ្នាំ២០១៧នេះ ប្រទេសចិន ប្រកាសថា នឹងទទួលយកអង្ករកម្ពុជា ចំនួន ២០ម៉ឺនតោន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា ហៅថា អង្គការសេដាក (CEDAC) លោក សម វិទូ ក៏មើលឃើញសញ្ញាវិជ្ជមាននៃតម្លៃស្រូវ និងទំហំនៃការនាំចេញសម្រាប់ឆ្នាំនេះដែរ។ អ្នកជំនាញផ្នែកកសិកម្មរូបនេះរំលឹកថា តម្លៃស្រូវរបស់កសិករបានធ្លាក់ថ្លៃនៅឆ្នាំមុន ដោយសារប្រទេសថៃ បានបញ្ចេញស្រូវឲ្យអស់ពីឃ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា៖ «មើលទៅឆ្នាំនេះគឺតម្លៃស្រូវ គឺហាក់កើនល្អជាងឆ្នាំមុន គ្រាន់បើជាងឆ្នាំមុន»។
លោក សម វិទូ នៅតែយល់ថា គុណភាពអង្ករកម្ពុជា គ្រាន់បើជាងអង្ករនៅប្រទេសជិតខាង ដោយសារកម្ពុជា ធ្វើស្រែមិនសូវប្រើជីគីមីដូចប្រទេសជិតខាង ដូច្នេះលោករំពឹងថា ទំហំនៃការនាំចេញនៅឆ្នាំនេះ នឹងកើនឡើងជាងឆ្នាំមុន ហើយកសិករលែងប្រឈមនឹងបញ្ហាតម្លៃធ្លាក់ចុះនោះទេ។ រដ្ឋាភិបាលធ្លាប់ប្រកាសកំណត់គោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ទទួលបានជោគជ័យនោះទេ៕