Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

លោក ហ៊ុន សែន បណ្ដេញ​អង្គការ​អាមេរិក​មួយ​ចេញ​ពី​​កម្ពុជា​រឿង​ថា​ស្ត្រី​ខ្មែរ​លក់​កូន​ធ្វើ​ស្ត្រី​ពេស្យា

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​បណ្ដេញ​អង្គការ​អាមេរិក​មួយ​ឈ្មោះ​មេត្រី​អន្តរជាតិ (Agape International Missions) ចេញ​ពី​កម្ពុជា ដែល​លោក​ចោទ​ថា អង្គការ​នេះ​ប្រមាថ​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា ថា​ម្ដាយ​យក​កូន​ទៅ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​ទី១ សីហា។ លោក​ថា លោក​បាន​បញ្ជា​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បិទ​អង្គការ​នេះ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​មុន ក្រោយ​ពី​អង្គការ​មួយ​នេះ ប្រាប់​ទូរទស្សន៍​ស៊ីអិនអិន (CNN) របស់ អាមេរិក និង​អេប៊ីស៊ី អូស្ត្រាលី (ABC NEWS) ពាក់ព័ន្ធ​នឹង​រឿង​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។

លោក ហ៊ុន សែន ក៏​ស្នើ​ដល់​ស្ថានទូត​អាមេរិក​ស៊ើបអង្កេត​ចំពោះ​អង្គការ​នេះ។ បន្ថែម​ពី​នេះ លោក​ថា នឹង​ឈាន​ដល់​បិទ​អង្គការ​ដទៃ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ ហើយ​នឹង​ទទួល​ចិញ្ចឹម​កុមារ​ទាំងអស់​ពី​អង្គការ​នេះ។

អង្គការ​មេត្រី​អន្តរជាតិ​បាន​បង្កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨៨ ដែល​ជា​អង្គការ​មនុស្សធម៌​មួយ​មានទីស្នាក់ការ​នៅ​រដ្ឋកាលីហ្វរញ៉ា (California)  សហរដ្ឋអាមេរិក។ ចាប់​ពី​ឆ្នាំ​២០០៥ មក​ទល់​បច្ចុប្បន្ន អង្គការ​នេះ​បាន​បង្វែរ​មក​ផ្ដោត​លើ​កិច្ចការ​ប្រឆាំង​នឹង​អំពើ​ទាសភាព​ផ្លូវ​ភេទ​លើ​កុមារ។

កាល​ពី​ថ្ងៃ​ទី២៥ កក្កដា ទូរទស្សន៍​ស៊ីអិនអិន បាន​ចុះ​ផ្សាយ​របាយការណ៍​មួយ ដោយ​ដាក់​ចំណង​ជើង​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ» ដោយ​មាន​បញ្ចូល​របាយការណ៍​របស់​អង្គការ​មេត្រី​អន្តរជាតិ និង​សម្ភាសន៍​ស្ត្រី​ជា​ជនជាតិ​វៀតណាម​រស់​នៅ​កម្ពុជា​មួយ​ចំនួន​ផង។

ក្រោយ​ចុះ​ផ្សាយ​បាន​ពីរ​ថ្ងៃ សហព័ន្ធ​សហភាព​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ប្រតិកម្ម​តប​នឹង​សាច់​រឿង​ដែល​ចុះ​ផ្សាយ​នេះ។ សហព័ន្ធ​នេះ​​បាន​ចាត់​ទុក​ការ​ផ្សាយ​នេះ​ថា ជា​ការ​បំភ្លៃ និង​បង្ក​ផល​ប៉ះពាល់​ដល់​កិត្តិយស​ខ្មែរ​នៅ​លើ​សកលលោក ហើយ​ថា ការ​ចុះ​ផ្សាយ​នេះ​គ្មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​ពី​បញ្ហា​ទាសភាព​ផ្លូវ​ភេទ​នៅ​កម្ពុជា ដោយ​ត្រឹម​ទទួល​បាន​របាយការណ៍​ប្រឌិត​ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ស្រុក​វាលវែង​មួយ​ចំនួន​ប្រកប​របរ​ឡើង​ភ្នំ​បេះ​ផ្កា​លក់​ដើម្បី​រក​កម្រៃ​បន្ថែម

$
0
0

អ្នក​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​រស់​នៅ​ជិត​ព្រំដែន​ថៃ នាំ​គ្នា​ឡើង​ភ្នំ ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​ទៅ​លក់​នៅ​ប្រទេស​ថៃ បន្ថែម​លើ​មុខ​របរ​ធ្វើ​ស្រែចម្ការ។ អ្នក​ចូល​ព្រៃ​ភាគ​ច្រើន រក​បេះ​ផ្កា ឬ​រុក្ខជាតិ​ដែល​ដុះ​បញ្ញើ​លើ​ដើម​ឈើ និង​ល្បាក់​ភ្នំ។

ពលរដ្ឋ​រស់​នៅ​ឃុំ​អន្លង់រាប ប្រមោយ និង​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​ប្រកប​របរ​ពឹង​ផ្អែក​ពី​អនុផល​ព្រៃ​ឈើ​​នៅ​តាម​ជួរ​ភ្នំ សុទ្ធ​តែ​ធ្លាប់​មាន​ប្រវត្តិ​ពស់​ចឹក ជាន់​មីន និង​ធ្លាក់​ពី​លើ​ដើម​ឈើ​ជា​ដើម។

ថ្វីត្បិតតែ​របរ​នេះ​ប្រកប​ដោយ​គ្រោះថ្នាក់​ក្ដី ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តំបន់​នេះ នៅ​តែ​បន្ត​លះបង់ និង​ប្រថុយប្រថាន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​ធ្វើ​ចម្ការ និង​បេះ​ផ្កា​ព្រៃ​លក់ នៅ​ឃុំ​អន្លង់រាប លោក រស់ ភ័ណ្ឌ ធ្លាប់​ពស់​ចឹក​ពេល​ចូល​ព្រៃ​រក​ផ្កា​ឲ្យ​ដឹង​ថា ដើម​រុក្ខជាតិ ឬ​ផ្កា​ដែល​ជនជាតិ​ថៃ និយម​ទិញ​ទៅ​ដាក់​តាំង​លម្អ​ផ្ទះ គឺ​មាន​ដុះ​តែ​នៅ​ល្បាក់​ថ្ម​ភ្នំ ឬ​ដើម​ឈើ​ខ្ពស់ៗ។ ក្នុង​១​សប្ដាហ៍​លោក​ឡើង​ភ្នំ​បេះ​ផ្កា​បាន​តែ​ពីរ ឬ​បី​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​លោក​រវល់​ធ្វើ​ចម្ការ។ មុខ​របរ​លក់​ផ្កា ដែល​ខ្លួន​ខំ​ឡើង​បេះ​ពី​ភ្នំ និង​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​ដើម្បី​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ជា​រៀងរាល់​ចុង​សប្ដាហ៍​នោះ បាន​ប្រាក់​ចំណេញ​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព ប៉ុន្តែ​បច្ចុប្បន្ន​ផ្កា​ព្រៃ​កាន់​តែ​អស់​ទៅៗ៖ «ផ្កា​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ផុត​ពី​ចម្ការ វាលៗ​អស់​ទៅ មាន​ព្រៃ​ធំៗ តាម​ព្រៃ​គេ​ដឹក​ឈើ យើង​ជិះ​ម៉ូតូ​ទៅ​ដល់​សម្លឹង​ឃើញ​ទៅ​ឡើង​យក​ចង​ខ្សែ​សម្រូត​វា​ចុះ​ក្រោម​មក។ ខ្ញុំ​ព្រួយ​ខ្លាំង​ដែរ​ហ្នឹង ពេល​រក​ខ្លួន​ឯង ឡើង​ដើម​ឈើ​ខ្លាច​ធ្លាក់ ខែ​នេះ​មេឃ​ធ្លាក់​មក រអិល​ឡើង​ដើម​ឈើ​ស្លែ​ច្រើន​ណាស់»

លោក រស់ ភ័ណ្ឌ ប្រាប់​ពី​មូលហេតុ​ផ្កា​ព្រៃ ឬ​រុក្ខជាតិ​ផ្ញើ​ខ្លួន​លើ​ដើម​ឈើ​កាន់​តែ​ខ្សត់​ទៅ គឺ​ដោយសារ​មនុស្ស​ឡើង​ភ្នំ​ដើរ​រក​វា​កាន់​តែ​ច្រើន ស្រប​ពេល​ដែល​ដើម​ឈើ​ខ្ពស់ៗ ដែល​ផ្កា​ដុះ​លើ​នោះ ត្រូវ​បាន​គេ​កាប់​បំផ្លាញ។ អ្នក​ស្រុក​វាលវែង ដែល​ប្រកប​មុខ​របរ​នេះ​ភាគ​ច្រើន​ឡើង​ភ្នំ​ខ្ពស់ និង​ចូលព្រៃ​ជ្រៅៗ ដើម្បី​បេះ​វា​ដូច​ជា​នៅ​លើ​ភ្នំ​១៤០០ ភ្នំ​១៥០០ និង​ជួរ​ភ្នំ​មួយ​ចំនួន​ក្បែរ​ព្រំដែន​ខ្មែរ-​ថៃ ឋិត​នៅ​ស្រុក​វាលវែង។

បន្ទាប់​ពី​ឡើង​ភ្នំ​រក​ផ្កា​ស្ទើរ​ពេញ​មួយ​ថ្ងៃ អ្នក​ខ្លះ​ប្រមូល​ទិញ​ផ្កា​ពី​អ្នក​ស្រុក​បន្ថែម​លើ​ផ្កា​ដែល​ខ្លួន​រក​បាន កាត់​រំលែក​ផ្កា ឬ​ដើម​រុក្ខជាតិ​ដែល​រក​បាន​នោះ​ចង​ជា​ដុំៗ និង​ស្រោច​ទឹក​ឲ្យ​ស្រស់ ដើម្បី​ត្រៀម​ដឹក​តាម​ម៉ូតូ​ទៅ​លក់​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ។ រៀងរាល់​ថ្ងៃ​សៅរ៍ នៃ​សប្ដាហ៍​នីមួយៗ​ភាគី​ថៃ បាន​បើក​ច្រក​របៀង​ថ្ម​ដា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លក់​ផ្កា និង​របស់​របរ​ផ្សេងៗ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ម្នាក់​បង់​លុយ​ជូន​មន្ត្រី​ច្រក​ទ្វារ នៃ​ខេត្ត​ទាំង​ពីរ​អស់ ៧០​បាត។

លោក រស់ ភ័ណ្ឌ ថា ស្ថានភាព​លក់ដូរ​ផ្កា និង​រុក្ខជាតិ​ដាក់​តាំង​លម្អ​ផ្ទះ​នៅ​ក្នុង​ទឹក​ដី​ថៃ បច្ចុប្បន្ន​មិន​សូវ​ដាច់ និង​លក់​បាន​ថ្លៃ​ដូច​មុន​ទេ ដោយសារ​តែ​ម៉ូយ​ទទួល​ទិញ​យក​ទៅ​លក់​បន្ត​នោះ​មិន​យក​រាល់​សប្ដាហ៍​នោះ​ទេ៖ «ខ្ញុំ​ទិញ​ពី​គេ ជួន​ទិញ​បាន​បី​គីឡូក្រាម ជួន​ដប់​គីឡូក្រាម តាម​តិច​តាម​ច្រើន​គេ​យក​មក​លក់​ឲ្យ។ គិត​ទៅ​ក្នុង ១​គីឡូ ២​ម៉ឺន ៥​ពាន់​រៀល ចំពោះ​ផ្កា​លឿង​ចាន់។ ...​ចំណេញ​បាន ១​គីឡូក្រាម ៥០​បាត អត់​ទៀង​ជួន​កាល​បាន ១០០​បាត»

ប្រភេទ​ផ្កា និង​ដើម​រុក្ខជាតិ​សំខាន់ៗ ដែល​ជនជាតិ​ថៃ និយម​ទិញ​យក​ទៅ​លក់​បន្ត ឬ​ដាក់​តាំង​លម្អ​ផ្ទះ មាន​ជា​ច្រើន​មុខ​ដូចជា ផ្កា​លឿងចាន់ ឆាងម៉ាងឃ្លី ពុកមាត់នាគ រំសាយសក់ និង​ផ្កា​បី​សន្លឹក​ជាដើម។ ចំពោះ​តម្លៃ​ផ្កា​កម្រ​ដូច​ជា លឿងចាន់ និង​ពុកមាត់នាគ គេ​ថ្លឹង​គីឡូ​លក់ គឺ ១​គីឡូក្រាម​តម្លៃ ៤៥០​បាត ឬ​ស្មើ​នឹង​ជាង ៥​ម៉ឺន​រៀល។ ចំណែក​ផ្កា​ផ្សេងៗ ចង​បាច់​ប៉ុនៗ​កដៃ លក់​បាន​ចន្លោះ​ពី ៧ ទៅ​ជាង ១០​បាត។

បើ​ទោះ​បី​ជា​របរ​នេះ​បាន​នាំ​ឲ្យ​ពួកគាត់​អាច​រក​ប្រាក់​ចំណូល​សមរម្យ​ក្ដី ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​បាន​បោះបង់​ចោល​របរ​ដ៏​ប្រឈម​នេះ។

បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​បាក់​ឆ្អឹង​ត្រគាក​ខាង​ស្ដាំ​ដោយសារ​ឡើង​ដើម​ឈើ​បេះ​ផ្កា​យក​ទៅ​លក់ គឺ​លោក ស៊ីម ណុល មាន​ប្រសាសន៍​ថា រូប​លោក និង​អ្នក​រក​ផ្កា​ផ្សេង​ទៀត អាច​មាន​គ្រោះ​ថ្នាក់​គ្រប់​វិនាទី​បើ​ហ៊ាន​ធ្វេសប្រហែស ទើប​លោក និង​អ្នក​ធ្លាប់​រក​ផ្កា​ជាមួយ​គ្នា​ខ្លះ​ឈប់​រក​របរ​នេះ។

លោក​រំលឹក​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៤ ​លោក​បាន​ប្រកប​មុខ​របរ​បេះ​ផ្កា​លក់ គឺ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ២៥​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល ក្នុង​១​សប្ដាហ៍ ព្រោះ​ក្នុង ១​សប្ដាហ៍ ​ភាគី​ថៃ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លក់​ដូរ ឬ​ទិញ​ទំនិញ​នៅ​ទឹក​ដី​គេ​ម្ដង។ ប៉ុន្តែ​ជា​អកុសល​ លោក​ធ្លាក់​ពី​លើ​ដើម​ឈើ​កម្ពស់​ជាង ២០​ម៉ែត្រ ធ្វើ​ឲ្យ​លោក​ស្អប់​មុខ​របរ​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​សុខ​ចិត្ត​ធ្វើ​ស្រែចម្ការ​ជំនួស​វិញ៖ «ធ្លាក់​មក​មាន​ដឹង​ខ្លួន​ណា សន្លប់​ប្រហែល​បី​ម៉ោង ដឹង​ខ្លួន​មក​វា​យប់​ហើយ​ព្រិលៗ មក​ផ្ទះ​មាន​រួច​ណា យើង​ងើប​ក៏​មិន​រួច​អី​ក៏​មិន​រួច​ស្ពឹក​អស់​រលីង​ហើយ​ហ្នឹង​ខ្លួន អត់​ដឹង​ថា​សាច់​យើង​នៅ​ត្រង់​ណា​អី​ត្រង់​ណា​អត់​ដឹង​ទេ​មួយ​កំណាត់​ក្រោម​ស្ពឹក​ទាំង​អស់។ បាន​ព្យាបាល​យ៉ាង​ម៉េច​ហើយ​ឥឡូវ​នេះ? ខ្ញុំ​ព្យាបាល​ដោយ​គ្រូ​ខ្មែរ ត​ឆ្អឹង​ត​អី​ឲ្យ​យើង​បាន​ដើរ​រួច​វិញ តែ​ដើរ​អត់​មាន​ជំហរ​ដូច​ពី​មុន​ដូច​រាង​ខើចៗ​ម្ខាង។ តូច​ចិត្ត​ចេះ​តែ​តូច​ចិត្ត​ហើយ តែ​អា​នេះ​ធ្វើ​ម៉េច​ដើម្បី​ជីវភាព​គ្រួសារ យើង​ចេះ​តែ​ខំ​ប្រឹង​ទៅ»

បច្ចុប្បន្ន​របួស​ឆ្អឹង​ត្រគាក​របស់​លោក​បាន​ជា​សះ​ស្បើយ​ហើយ ប៉ុន្តែ​នៅ​ឈឺ​ចាប់​ម្ដងៗ ​ពេល​មេឃ​ត្រជាក់ និង​មិន​អាច​ដើរ​ផ្លូវ​​ឆ្ងាយ​បាន ព្រោះ​របួស​ឆ្អឹង​ត្រគាក​នោះ​ បាន​បណ្ដាល​ឲ្យ​ជើង​ខាង​ស្ដាំ​ខ្លី​ជាង​ជើង​ខាង​ឆ្វេង។ របរ​​ឡើង​ភ្នំ​បេះ​ផ្កា​លក់​នេះ បាន​បន្សល់​នូវ​វិប្បដិសារី​ដល់​គាត់​ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មន្ត្រី​ច្រក​ទ្វារ​ចាំយាម​ខេត្ត​កោះកុង​សម្អាត​អនាម័យ​និង​សណ្ដាប់ធ្នាប់

$
0
0

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​មន្ត្រី​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ច្រក​ចាំយាម ខេត្ត​កោះកុង ឲ្យ​ជួយ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​មាត់​ច្រក​នេះ​ឲ្យ​មាន​សោភ័ណភាព និង​មាន​របៀប​រៀបរយ ព្រោះ​បច្ចុប្បន្ន​នេះ បើ​ធ្វើ​ការ​ប្រៀបធៀប​អនាម័យ​បរិស្ថាន​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​ខាង​ទឹក​ដី​ថៃ វិញ គឺ​ច្រក​ទ្វារ​ខាង​កម្ពុជា គ្មាន​សណ្ដាប់ធ្នាប់ និង​គ្មាន​អនាម័យ​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម​មួយ​ចំនួន​រួម​មាន សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា បរិស្ថាន​អនាម័យ និង​សណ្ដាប់ធ្នាប់​នៅ​ច្រក​ទ្វារ​កម្ពុជា-ថៃ ច្រក​ចាំយាម មាន​សភាព​គគ្រិច និង​តែង​ទទួល​រង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ដែល​បាន​ចុះ​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ច្រក​ចាំយាម ខេត្ត​កោះកុង បាន​ស្នើ​ដល់​មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​ច្រក​ទ្វារ​ចាំយាម ត្រូវ​ជួយ​សម្អាត​បរិស្ថាន​នៅ​តាម​ច្រក​មួយ​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​រាល់​ថ្ងៃ​នេះ ព្រោះ​ច្រក​នេះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចេញ​ចូល​ជាប់​មិន​ដាច់ ប៉ុន្តែ​បែរ​ជា​បរិស្ថាន​ខាង​ទឹក​ដី​កម្ពុជា គ្មាន​អនាម័យ​ទេ។

បន្ថែម​លើ​នេះ លោក ញៀប សំអឿន ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​នៅ​ច្រក​ទ្វារ​នេះ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​នៃ​ការ​ចត​យានយន្ត​ឲ្យ​មាន​របៀប​រៀបរយ ពិសេស​រថយន្ត​ដឹក ឬ​ផ្ទេរ​ទំនិញ ជាដើម៖ «យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ លោក​បន្ត​យក​ចិត្ត​ទុក​ដាក់​នូវ​ទំនិញ​ខូច​គុណភាព ក៏ដូចជា​ការ​រៀបចំ​នូវ​ច្រក​ចេញ​ចូល​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង នេះ។ ស្នើ​ឲ្យ​លោក​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ ធ្វើ​ម៉េច​ឲ្យ​មើល​ទៅ​មាន​សោភ័ណភាព​ល្អ ព្រោះ​រាល់​ថ្ងៃ​នេះ យើង​មើល​ទៅ​ឃើញ​មិន​ទាន់​រៀបចំ​សណ្ដាប់ធ្នាប់​ហ្នឹង​មិន​ទាន់​បាន​ល្អ​ទេ គឺ​នៅ​មាន​ចត​រថយន្ត ឬ​ម៉ូតូ​ពាសពេញ​ផ្លូវ​អនាធិបតេយ្យ និង​គ្មាន​សណ្ដាប់ធ្នាប់​ទេ»

ទាក់ទង​រឿង​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ក៏​ស្នើ​ឲ្យ​មន្ត្រី​ទទួល​ខុស​ត្រូវ​ច្រក​ទ្វារ​ចាំយាម ខេត្ត​កោះកុង ត្រូវ​ពង្រឹង​ការងារ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​មាត់​ច្រក​នេះ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រិះគន់ ដែល​នាំ​ឲ្យ​បាត់បង់​កិត្តិយស​ប្រទេស​កម្ពុជា។

មន្ត្រី​សមាគម​អាដហុក និង​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង ក៏​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ មាន​ក្រសួង​មហាផ្ទៃ ជាដើម ពិនិត្យ​មើល និង​ជំរុញ​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ ច្រក​ចាំយាម ខេត្ត​កោះកុង នេះ ឲ្យ​ពង្រឹង​ការងារ​ថែរក្សា​សម្អាត​បរិស្ថាន​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​កុំ​ឲ្យ​ខ្មាស​ខាង​ភាគី​ថៃ និង​អាប់ឱន​ដល់​កិត្តិយស​ប្រទេស​កម្ពុជា ថែម​ទៀត​នា​ថ្ងៃ​អនាគត។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ង៉ុយ ជៀង ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការងារ​ថែរក្សា​សម្អាត​បរិស្ថាន​នៅ​តាម​ច្រក​ទ្វារ​ចាំយាម​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​សីហា។

ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ចាំយាម នេះ ក៏​បាន​រិះគន់​បរិស្ថាន​ខាង​ទឹកដី​កម្ពុជា ថា​គ្មាន​អនាម័យ​ដែរ។ ភ្ញៀវ​ទេសចរ​ទាំងនោះ ក៏​ស្នើ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ត្រូវ​ដាក់​ផែនការ​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ឲ្យ​មាន​សោភ័ណភាព​ជាង​ពេល​បច្ចុប្បន្ន ព្រោះ​បើ​ប្រៀបធៀប​បរិស្ថាន​អនាម័យ​នៅ​ខាង​ទឹក​ដី​ថៃ វិញ ខុស​គ្នា​ស្រឡះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​អនុវត្ត​កាត់​ចេញ​ដី​តំបន់​ប៉ះពាល់​ឲ្យ​បាន​ឆាប់

$
0
0

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី និង​មន្ត្រី​មូលដ្ឋាន ស្វាគមន៍​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​ការ​ប្ដេជ្ញា​ជា​ថ្មី ថា​នឹង​កាត់​ចេញ​តំបន់​មួយ​ចំនួន​ដែល​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ឈូស​ឆាយ​យក​កន្លង​ទៅ​នោះ ប្រគល់​ឲ្យ​សហគមន៍​វិញ។

សហគមន៍​ចំនួន ១១​ភូមិ ចោទ​ថា​ក្រុមហ៊ុន​រំលោភ​យក​ដី​តំបន់​ភ្នំ​អារក្ស តំបន់​អូរ​ប្រភព​ទឹក ដី​ចម្ការ​វិល​ជុំ បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​តំបន់​គោរព​បូជា​តាម​ការដ្ឋាន​ក្រុមហ៊ុន ជាដើម។

ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ របស់​វៀតណាម អំពាវនាវ​ឲ្យ​តំណាង​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​កាត់​ចេញ​ពី​តំបន់​មាន​ផល​ប៉ះពាល់​សហគមន៍​ឲ្យ​បាន​ឆាប់ ពីព្រោះ​ករណី​នេះ​អូស​បន្លាយ​យូរ​ឆ្នាំ​មក​ហើយ។

ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ដោយ​ប្ដេជ្ញា​ថា​នឹង​ប្រគល់​ត្រឡប់​វិញ​នូវ​តំបន់​ភ្នំ​អារក្ស​ប្រមាណ ១៦​កន្លែង ប្រគល់​តំបន់​ច្រប់ ស្ដារ​អូរ ជួសជុល​ថ្នល់​ស្ពាន ធ្វើ​ខ្នង​ទំនប់​ពង្រីក​ផ្ទៃដី​កប់​សព អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​តាម​ផ្លូវ​ក្រុមហ៊ុន និង​សន្ទនា​ជា​អចិន្ត្រៃយ៍​ជាមួយ​អ្នក​ភូមិ​ឡើង​វិញ។

ប្រធាន​សហគមន៍​ភូមិ​កាណាតធំ លោក សល់ ណឺយ បញ្ជាក់​ថា នេះ​ជា​ការ​ប្ដេជ្ញា​បន្ថែម​ទៀត​របស់​តំណាង​ក្រុមហ៊ុន បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​សហគមន៍​ទាំង ១១​ភូមិ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា នៅ​ក្រុង​បានលុង ទៅ​លើ​ជម្រើស​នានា​សំដៅ​ដោះស្រាយ​កង្វល់​របស់​អ្នក​ភូមិ។ លោក​កត់​សម្គាល់​ថា ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​កើត​មាន​ច្រើន​លើក​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​សហគមន៍​ចង់​ឃើញ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ឲ្យ​មាន​លទ្ធផល ជាពិសេស​កង្វល់​ផ្សេង​ទៀត​ដែល​មិន​មាន​ចែង​ក្នុង​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន«យើង​ឯកភាព​ក្រុមហ៊ុន​គាត់​ព្រមព្រៀង​ជាមួយ​សហគមន៍។ ចំណុច​សេសសល់​នៅ​ភ្នំ​ហ្នឹង​ដូចជា​ព្រៃឈើ​អាស្រ័យ​ផល ដូចជា​សំរង​ខូចខាត​អស់ អា​ហ្នឹង​មិន​ទាន់​ជជែក​មិន​ទាន់​ពិភាក្សា​គ្នា​បាន​ទេ ចាំ​ពេល​ក្រោយ»

កាល​ពី​ចុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បី​ដែល​កំពុង​ប្រតិបត្តិការ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​សុំ​ទោស​ផ្លូវការ​ក្រោម​ការ​សម្របសម្រួល​ដោយ​ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះស្រាយ​វិវាទ ហៅ​កាត់​ថា ស៊ី.អេ.អូ (CAO = Compliance Advisor Ombudsman) មាន​ទីតាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី (Washington DC) សហរដ្ឋ​អាមេរិក និង​ផ្តល់​ប្រាក់​វិភាគទាន ៥០០​ដុល្លារ និង​ក្របី​មួយ​ក្បាល​សម្រាប់​សហគមន៍​មួយ​ភូមិ រៀបចំ​សែនព្រេន​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​ស្គាល់​ថា បាន​បង្ក​ផល​ប៉ះពាល់​លើ​ដី​សហគមន៍។

មេ​ឃុំ​ល្អក់ លោក យ៉ាម ប៉ាន បញ្ជាក់​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផល​ប៉ះពាល់ រង់ចាំ​ដោយ​ទទូច​នូវ​ដំណោះស្រាយ​ដែល​សហគមន៍​ទាមទារ ជាពិសេស​តំបន់​ព្រៃ​អារក្ស​ដែល​ជា​ផ្នែក​នៃ​ការ​បាត់បង់​តំបន់​ប្រពៃណី វប្បធម៌ ដែល​សហគមន៍​ប្រើប្រាស់​តំបន់​នោះ​សម្រាប់​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

លោក​បន្ត​ថា ការ​ប្ដេជ្ញា​ប្រគល់​តំបន់​ដែល​សហគមន៍​តវ៉ា គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​មក​សហគមន៍​ដែល​កំពុង​រងគ្រោះ​បច្ចុប្បន្ន«នៅ​តំបន់​នេះ​មាន​ភ្នំ​តែ​មួយ​ទេ​ពី​ដូនតា​មក គឺ​ភ្នំ​នេះ​ទម្លាប់​ពី​ដូនតា​មក កាលណា​គេ​ធ្វើ​អំពើ គេ​ធ្លាប់​សែនព្រេន​ដូនតា​តាំង​ពី​ដំបូង​តាំង​ពី​ដូនតា​គេ​មក»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី សាទរ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ជម្លោះ ដែល​ខិត​ចូល​គ្នា​ដោះស្រាយ​បញ្ហា​កើត​មាន​ដោយ​សន្តិវិធី។ លោក​គាំទ្រ​ការ​អំពាវនាវ​របស់​សហគមន៍ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​សម្រេច​លទ្ធផល​តាម​ការ​ប្ដេជ្ញា​ចិត្ត និង​បន្ត​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ«ជា​ការ​ប្រសើរ​ណាស់​សម្រាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច តែ​កុំ​ឲ្យ​តែ​សន្យា​ខ្យល់ សុំ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ ដើម្បី​ឲ្យ​ពលរដ្ឋ​គាត់​ប្រើប្រាស់​បាន ហើយ​រស់នៅ​សុខដុមរមនា»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃ​ទី​២០ ខែ​កក្កដា ឲ្យ​ដឹង​ថា គូភាគី​មាន​ទំនាស់​នឹង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ខេត្ត អនុវត្ត​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន និង​បន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​តាម​រយៈ​កិច្ច​សម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​ការិយាល័យ ស៊ី.អេ.អូ នូវ​កង្វល់ និង​បញ្ហា​ដីធ្លី​សហគមន៍​នៅ​សេសសល់​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋសភា​មិន​បញ្ជូន​សំណើ​លោក សុន ឆ័យ ទាក់ទង​បញ្ហា​អាជីវកម្ម​ខ្សាច់​ទៅ​ក្រសួង​រ៉ែ

$
0
0

រដ្ឋសភា​សម្រេច​មិន​បញ្ជូន​សំណើ​របស់​លោក សុន ឆ័យ ទៅ​ក្រសួង​រ៉ែ និង​ថាមពល ឡើយ ដោយ​សំអាង​ថា មាត្រា​យោង​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​លិខិត​ស្នើ​នោះ មិន​ពាក់ព័ន្ធ​នឹង​គ្នា។ ផ្ទុយ​ពី​នេះ លោក សុន ឆ័យ និង​អ្នក​វិភាគ​នយោបាយ​អះអាង​ថា សំណើ​បែប​នេះ​របស់​អ្នក​តំណាងរាស្ត្រ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ចោទ​សួរ​មន្ត្រី​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១ សីហា ថា មូលហេតុ​ដែល​រដ្ឋសភា​មិន​បញ្ជូន​លិខិត​របស់​លោក សុន ឆ័យ ទៅ​ក្រសួង​រ៉ែ និង​ថាមពល នោះ គឺ​ដោយសារ​តែ​សំណើ​មួយ​ចំនួន​ដែល​លោក សុន ឆ័យ បាន​សរសេរ​ក្នុង​លិខិត​នោះ មិន​មាន​ចែង​នៅ​ក្នុង​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ប្រព័ន្ធ​ស្ទឹង​នៃ​ខេត្ត​កោះកុង របស់​ក្រសួង​រ៉ែ និង​ថាមពល។

លើស​ពី​នេះ រដ្ឋសភា​គិត​ថា​លិខិត​នោះ​មាន​លក្ខណៈ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការងារ​របស់​រដ្ឋាភិបាល ដូច្នេះ​ទើប​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ​មិន​បញ្ជូន​ទៅ«អត់​បញ្ជូន​ទៅ​ទេ បើ​បញ្ជូន​ទៅ វា​ដូចជា​អនុញ្ញាត​ឲ្យ​រដ្ឋសភា​ចូល​ជ្រៀតជ្រែក​កិច្ច​ការងារ​របស់​រដ្ឋាភិបាល។ វា​ខុស​ទៅ​នឹង​រដ្ឋាភិបាល ខុស​នឹង​គោលការណ៍​បែងចែក​អំណាច​របស់​រដ្ឋធម្មនុញ្ញ»

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​រដ្ឋសភា ដើម្បី​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ពី​គម្រោង​សកម្មភាព​នៃ​ការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​តាតៃ និង​ការ​ដក​ចេញ​គ្រឿងចក្រ និង​សម្ភារៈ​ទាញ​យក​ខ្សាច់​ខ្នាត​មធ្យម និង​ខ្នាត​ធំ​ទូទាំង​ខេត្ត​កោះកុង។

លិខិត​ស្នើ​ថ្មី​នេះ គឺ​យោង​តាម​មាត្រា​៦៩ និង​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ។

ក្នុង​លិខិត​នោះ លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល លុប​បំបាត់​ទាំងស្រុង​នូវ​វត្តមាន​គ្រឿងចក្រ សម្ភារៈ និង​កប៉ាល់​ដឹក​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ខេត្ត​កោះកុង រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​កោះ​ស្មាច់ ព្រម​ទាំង​លុប​បំបាត់​ទាំងស្រុង​នូវ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង ដែល​មិន​មាន​បញ្ជាក់​ក្នុង​សារាចរ​របស់​ក្រសួង។ លោក​ក៏​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពន្យល់​ឲ្យ​លម្អិត​អំពី​យន្តការ​ដែល​បាន​បង្កើត​ឡើង ដើម្បី​ធានា​ថា បម្រាម និង​សារាចរ​ថ្មី​ដែល​ក្រសួង​ទើប​ដាក់​ចេញ នឹង​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក សុន ឆ័យ បញ្ជាក់​ថា ការ​តាមដាន និង​ឃ្លាំ​មើល​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ គឺ​ជា​ការ​អនុវត្ត​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​តួនាទី​របស់​អ្នក​តំណាងរាស្ត្រ។ លោក​មិន​យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋសភា​សម្រេច​បែប​នេះ​ឡើយ ហើយ​លោក​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ«អ្វី​ដែល​យើង​ធ្វើ​នេះ គឺ​មិន​មែន​ដើម្បី​រក​រឿង​រក​ហេតុ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទេ តែ​ជា​ការ​ជួយ​ជំរុញ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​បំពេញ​ការងារ​បាន​ត្រឹមត្រូវ ហើយ​ជា​ការងារ​ជួយ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែរ ព្រោះ​កូន​ចៅ​គាត់​ខ្លះ​ដែល​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស ហើយ​មិន​ទទួល​ខុស​ត្រូវ​នោះ គឺ​ថា​ភ្នែក​របស់​ពលរដ្ឋ និង​តំណាងរាស្ត្រ​ជា​អ្នក​ជួយ​តម្រង់​ទិស​ពួក​គាត់»

លោក សុន ឆ័យ ទាមទារ​ឲ្យ​រដ្ឋសភា​ឆ្លើយតប​មក​លោក​វិញ​ជា​លាយលក្ខណ៍​អក្សរ អំពី​មូលហេតុ​ដែល​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ មិន​ព្រម​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល នោះ។ អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​រូប​នេះ អះអាង​ថា លោក​មិន​បញ្ឈប់​ការ​ទាមទារ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ត្រឹម​នេះ​ទេ ហើយ​លោក​គ្រោង​នឹង​លើក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​ណា​មួយ​នៃ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការ​មិន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទៅ​មន្ត្រី​រដ្ឋាភិបាល ឬ​ការ​មិន​ឆ្លើយតប​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​លិខិត​របស់​តំណាងរាស្ត្រ គឺ​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ចោទ​សួរ​ដេញដោល​ប្រមុខ​រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួក​គេ​ត្រូវ​តែ​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងនោះ«ជា​គោលការណ៍ គឺ​អំណាច​ទប់​អំណាច​ដល់​ពេល​យើង​មិន​ឲ្យ​សភា​ទៅ​ត្រួត​ពិនិត្យ​មើល​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល នោះ​គឺ​ខុស​នឹង​គោលការណ៍​បែងចែក​អំណាច​ផង និង​គោលការណ៍​អំណាច​ទប់​អំណាច។ នេះ​សម្រេច​សង្រួម​មក គឺ​ទៅ​ជា​របប​ផ្ដាច់ការ មិន​មែន​ប្រជាធិបតេយ្យ សេរី ពហុបក្ស»

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ត្រង់​មាត្រា​៩៦ ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រដ្ឋាភិបាល ដោយ​សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ប្រគល់​ជូន​តាម​រយៈ​ប្រធាន​រដ្ឋសភា។ ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​នាយក​រដ្ឋមន្ត្រី អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល ៧​ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​សំណួរ។

ទោះ​បី​ជា​យ៉ាង​ណា អស់​រយៈពេល​ជាង​មួយ​ខែ​ទៅ​ហើយ​ដែល​លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ស៊ុយ សែម ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​នានា​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​សកម្មជន​បរិស្ថាន​គិត​ថា កម្ពុជា អាច​នឹង​ខាតបង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ ក្រៅ​ពី​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី រយៈពេល ៨​ឆ្នាំ។ តែ​មក​ទល់​នឹង​ពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​តំណាងរាស្ត្រ​រូប​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​ប្រកាស​ពង្រឹង​ការ​ផ្ដល់​សេវា​សុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព

$
0
0

មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ថ្លែង​ថា រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ជំហាន​ទី​៣ ស្ដីពី​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​កាន់​តែ​មាន​គុណភាព ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ​ឲ្យ​មាន​សុវត្ថិភាព ស័ក្តិសិទ្ធិ​ភាព ព្រម​ទាំង​សមធម៌​ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ទៅ​ដល់​ឆ្នាំ​២០២០។

ការ​ប្រកាស​ចេញ​នូវ​យុទ្ធសាស្ត្រ​នេះ ក្នុង​បំណង​កាត់​បន្ថយ​ភាព​ពិការ​ផ្នែក​សុខភាព​ដោយសារ​ជំងឺ ព្រម​ទាំង​ភាព​ពិការ​ដោយសារ​តែ​គ្រោះថ្នាក់​ផ្សេងៗ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​កម្លាំង​ពលកម្ម​របស់​សង្គម។

ក្រសួង​សុខាភិបាល សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ព្រម​ទាំង​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) បាន​ធ្វើ​វេទិកា​ថ្នាក់​ជាតិ​រយៈពេល ៣​ថ្ងៃ ស្ដីពី​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​នៅ​ឯ​ខេត្ត​សៀមរាប។

វេទិកា​នេះ ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​១ ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ក្នុង​បំណង​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​អង្គការ​ជា​ដៃគូ​នានា​ឲ្យ​យល់​ដឹង​អំពី​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ពិការ​ទាំងឡាយ ព្រម​ទាំង​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​នៅ​ក្នុង​សង្គម។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល គឺ​លោក អេង ហួត។ លោក​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​វេទិកា​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​សីហា ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០៣០ គឺ​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​អនុវត្ត​យុទ្ធសាស្ត្រ​ជំហាន​ទី​៣ ចាប់​ពី​ឆ្នាំ​២០១៦-២០២០ ពង្រឹង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព។

លោក​រដ្ឋលេខាធិការ​ដដែល​បញ្ជាក់​ថា ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា បាន​ទទួល​ជោគជ័យ​លើ​ការ​លើក​កម្ពស់​ផ្នែក​សុខភាព​ស្ត្រី កុមារ និង​ជន​ងាយ​រងគ្រោះ ដូចជា​ការ​កាត់​បន្ថយ​អត្រា​មរណៈ​របស់​ម្ដាយ និង​ទារក​នៅ​ពេល​សម្រាល​កូន ជាដើម ក៏ប៉ុន្តែ​បច្ចុប្បន្ន វិស័យ​សុខាភិបាល​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ព្យាបាល​សុខភាព​ពលរដ្ឋ​មួយ​ចំនួន ដូចជា​ជន​ចាស់​ជរា​មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជំងឺ​មិន​ឆ្លង​រ៉ាំរ៉ៃ ព្រម​ទាំង​បញ្ហា​សុខភាព​សាធារណៈ ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម តាម​រយៈ​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​នៅ​ក្នុង​ការងារ​សង្គម​ឡើង​វិញ៖ «ក្រសួង​សុខាភិបាល សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អូស្ត្រាលី យើង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មគ្គុទ្ទេសក៍​នៃ​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​សម្រាប់​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល»

ជន​ពិការ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល មិន​ត្រឹម​តែ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ឲ្យ​មាន​ការ​ផ្ដល់​ឧបករណ៍​ជួយ​ទ្រទ្រង់​រាងកាយ​ថែម​ទៀត​ទៅ​ដល់​អ្នក​ដែល​ពិការ​ទៅ​ហើយ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជន​ពិការ​គ្រប់​រូប​ខ្វះ​សេវា​ព្យាបាល​សុខភាព និង​ឧបករណ៍​ទ្រទ្រង់​រាងកាយ គឺ​មាន​ន័យ​ថា ជន​ពិការ​ទាំងឡាយ​មិន​អាច​ចូលរួម​ការងារ​សង្គម ហើយ​និង​ការ​រស់នៅ​បាន​ប្រសើរ​ទេ៖ «រវាង​ការ​រស់នៅ​របស់​អ្នក​ពិការ និង​អ្នក​មិន​ពិការ គឺ​មាន​ភាព​ខុស​គ្នា។ មាន​ន័យ​ថា អ្នក​មិន​ពិការ​គ្រាន់​តែ​ទទួល​បាន​សេវា​ព្យាបាល​សុខភាព​ល្អ​នោះ​ប្រសើរ​ហើយ ប៉ុន្តែ​អ្នក​ពិការ​វិញ ត្រូវការ​ឧបករណ៍​ជួយ​ទ្រទ្រង់​រាងកាយ​ថែម​ទៀត»

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា អ្នកស្រី អេនជេលឡា ខកខររ៉េន (Angela Corcoran) ថ្លែង​ថា រដ្ឋាភិបាល​អូស្ត្រាលី គាំទ្រ ព្រម​ទាំង​ផ្ដល់​មូលនិធិ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ពង្រឹង​វិស័យ​សុខាភិបាល ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​នេះ។

របាយការណ៍​ដែល​សហការ​បោះពុម្ព​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា និង​អង្គការ​ជន​ពិការ​អន្តរជាតិ ឲ្យ​ដឹង​ថា យោង​តាម​ការ​ជំរឿន​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៣ គឺ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អត្រា​ជន​ពិការ ២,%។ ភាព​ពិការ​ទាំងនោះ បណ្ដាល​មក​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្ដាល​មក​ពី​បញ្ហា​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស សម រង្ស៊ី មិន​ទាន់​ប្ដូរ​ឈ្មោះ​នៅ​ឡើយ​គឺ​រង់ចាំ​សមាជ​បក្ស​នៅ​ខែ​កញ្ញា

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ថា គណបក្ស​នេះ​មិន​ទាន់​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​នៅ​ឡើយ រង់ចាំ​រហូត​ដល់​ពេល​សមាជ​បក្ស​នៅ​ខែ​កញ្ញា ខាង​មុខ។ សមាជិក​គណបក្ស សម រង្ស៊ី គឺ​លោក សោ ចាន់ដេត ឲ្យ​ដឹង​ថា ក្រោយ​ពី​សមាជ គណបក្ស សម រង្ស៊ី នឹង​ជ្រើសរើស​ឈ្មោះ​ថ្មី ហើយ​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​មិន​ប្រាកដ​ថា​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ដោយ​អាស្រ័យ​លើ​សមាជ​បក្ស។

សមាជ​របស់​គណបក្ស សម រង្ស៊ី ដើម្បី​ប្ដូរ​ឈ្មោះ​ថ្មី គឺ​ក្រោយ​ពេល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដួចផ្ដើម និង​ជ្រោមជ្រែង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២ ដើម្បី​ប្រឆាំង​ទណ្ឌិត ឬ​អ្នក​ដែល​ជាប់​ទោស ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​ធ្លាប់​សំដៅ​ចំ​ឈ្មោះ​លោក សម រង្ស៊ី តែ​ម្ដង។

ក្រៅ​ពី​គណបក្ស សម រង្ស៊ី នេះ គណបក្ស​សង្គ្រោះ​ជាតិ វិញ ក៏​បាន​លុប​ចេញ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស​របស់​ខ្លួន​ដែរ ដែល​ជំនួស​មក​វិញ​នូវ​ពាក្យ​ស្លោក​រួម​គ្នា​សង្គ្រោះ​ជាតិ​យើង។

ច្បាប់​ដែល​មាន​ភាព​ចម្រូងចម្រាស​នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ជំនួស​ព្រះមហាក្សត្រ ដែល​បាន​យាង​ចេញ​ទៅ​ប្រទេស​ចិន ពិនិត្យ​ព្រះរាជ​សុខភាព។

សង្គម​ស៊ីវិល​ហៅ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​លើក​ទី​២ នេះ ជា​ច្បាប់​អាក្រក់​ហួសហេតុ មិន​សម​ហេតុផល រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​បញ្ចេញ​មតិ​ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោម​ច្បាប់​នានា។ គណបក្ស​ប្រឆាំង​ហៅ​ច្បាប់​នេះ​ថា​ជា​ច្បាប់​បំបែក​បំបាក់​សង្គម​ខ្មែរ។ ចំណែក​បក្ស​កាន់​អំណាច ចាត់​ទុក​វិសោធនកម្ម​ច្បាប់​នយោបាយ ថា​មាន​គោល​បំណង​សំខាន់​ដើម្បី​រារាំង​មិន​ឲ្យ​ទណ្ឌិត​ដឹកនាំ​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​កុំ​ចង់​ចំណេញ​នយោបាយ​ពី​ការ​ស្លាប់​របស់​លោក

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​គណបក្ស​ប្រឆាំង​ជា​ថ្មី​ទៀត ប្រសិន​បើ​នៅ​ចង់​កេង​ចំណេញ​នយោបាយ​ពី​ការ​ស្លាប់​របស់​លោក នៅ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា រឿង​នេះ​គឺ​មិន​អាច​មាន​រឿង​កើត​ឡើង​ចំពោះ​បក្ស​ប្រឆាំង ដូច​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ព្រមាន​ថា ត្រូវ​គ្រប់គ្រង​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​នេះ​ឲ្យ​បាន​ល្អ ជាពិសេស​ការ​ធ្វើ​នយោបាយ​ដែល​ចង់​ចំណេញ​ជ្រុល​ហួសហេតុ​ចំពោះ​ការ​ប្រមាថ​អាយុ​ជីវិត​របស់​លោក តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។

ការ​ថ្លែង​ដូចនេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ សីហា នៅ​ចំពោះ​មុខ​និស្សិត​រាប់​ពាន់​នាក់​ដែល​ទទួល​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា លើក​នេះ ការ​ដាស់តឿន​ចំពោះ​សកម្មជន​នៅ​ថ្នាក់​ក្រោម​មិន​ទាន់​គ្រប់គ្រាន់​ទេ ពោល​បញ្ហា​នេះ​បើ​មេ​ដឹកនាំ​បក្ស​មិន​ព្រម​អើពើ​ទៀត អ្នក​ជួប​គ្រោះ​អាក្រក់​មុន​គេ គឺ​បក្ស​ប្រឆាំង​នេះ​ហើយ។ លោក​បន្ត​ថា «សម្ដេច ហ៊ុន សែន ស្លាប់​ហើយ សូម​ចូល​មរណទុក្ខ​ផង ដោយ​ធ្លាក់​យន្តហោះ​ពេល​ធ្វើ​ដំណើរ​ទៅ​វៀតណាម។ បើ​សិន​ជា​អ៊ីចឹង ឥឡូវ​ខ្ញុំ​ឧបមា​ថា យើង​គ្រប់គ្រង​សភាពការណ៍​អត់​បាន ស្រាប់​តែ​កងទ័ព​ចេញ​គឹល​មក​តែ​ម្ដង មិន​មែន​ធម្មតា​ពេក​ទេ​អស់​លោក! រឿង​បែប​ហ្នឹង​ច្រើន​តែ​ចេញ​ពី​សមាជិក​បក្ស​ប្រឆាំង។ ដូច្នេះ​បើ​មេ​បក្ស​ប្រឆាំង​មិន​គ្រប់គ្រង​បញ្ហា​ហ្នឹង​ទេ អ្នក​ដែល​គ្រោះថ្នាក់​មុន​គេ អស់​លោក»

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​ចំពោះ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្ត្រី តែង​ប្រើប្រាស់​វេទិកា​របៀប​នេះ ហើយ​វាយ​ប្រហារ​ដៃគូ គឺ​បក្ស​ប្រឆាំង​ជា​ញឹកញាប់​ពេល​កន្លង​ទៅ។ ជួនកាល លោក ហ៊ុន សែន ថែម​ទាំង​គំរាម​ផ្ទុះ​សង្គ្រាម​ថែម​ទៀត​ផង បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត និង​ពេល​ខ្លះ​ទៀត​ព្រមាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្រសិន​បើ​ថ្នាក់​ដឹកនាំ ឬ​សកម្មជន​បក្ស​ប្រឆាំង​ប្រព្រឹត្ត​បទល្មើស ជាដើម។

សព្វថ្ងៃ​មាន​សមាជិក​សភា ព្រឹទ្ធសភា និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ចំនួន ១៦​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្រៅ​ពី​នេះ នៅ​មាន​អតីត​មេ​បក្ស គឺ​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា គឺ​អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ ហើយ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចំពោះ​សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១ សីហា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា ប្រតិកម្ម​ត្រឡប់​ដូច​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពី​ភាគី​ណា​មួយ​នោះ វា​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ។ លោក​បន្ត​ថា ដើម្បី​គ្រប់គ្រង​សភាពការណ៍​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គេ​គួរ​បង្កើត​ឲ្យ​មាន​ច្បាប់​វិញ​ល្អ​ជាង។ លោក​បន្ត​ថា «គេ​គួរ​តែ​ធ្វើ​ច្បាប់​ជា​ទូទៅ​វិញ​ទៅ ដាក់​ទណ្ឌកម្ម​តែ​អ្នក​ណា ឬ​អំពើ​ផ្សព្វផ្សាយ។ ព័ត៌មាន​បែប​ហ្នឹង​មិន​គួរ​តម្រង់​ទៅ​ណា​អី​អ្នក​ណា​ទេ អា​ហ្នឹង​បើ​ចេញ​ជា​បទបញ្ជា គឺ​ចេញ​បទបញ្ជា​ឲ្យ​ទូទៅ»

ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​មួយ​រយៈពេល​ចុង​ក្រោយ​នេះ យុវជន​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ព្រោះ​តែ​ប្រមាថ និង​គំរាម​បាញ់​សម្លាប់​ជីវិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា "កម្មវិធី​ឡប់ៗ តែ​សប្បាយ" បាន​បង្ហោះ​រូបភាព​ផ្ទុះ​ឆេះ​យន្តហោះ ហើយ​សរសេរ​ថា លោក ហ៊ុន សែន បាន​ស្លាប់​ហើយ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដោយសារ​ផ្ទុះ​យន្តហោះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដាក់​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក​ដែល​និយាយ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ និន្នាការ​នេះ អាច​នឹង​មាន​ចំនួន​អ្នក​ជាប់​ឃុំ​មាន​ការ​កើន​ឡើង ព្រោះ​តែ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ តាម​រយៈ​ការ​បញ្ចេញ​មតិ។

សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ហួសហេតុ​របស់​រដ្ឋាភិបាល ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា នេះ​ពុំ​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ គឺ​ជា​ការ​បំពាន​សិទ្ធិ​បុគ្គល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​បង្ហោះ​ព័ត៌មាន​វៀតណាម​ចាប់​ក្មេង​ទៅ​តុលាការ​ខេត្ត​តាកែវ

$
0
0

សមត្ថកិច្ច​នៅ​ខេត្ត​តាកែវ បាន​បញ្ជូន​បុរស​ម្នាក់​ដែល​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​ខ្លួន​ថា មាន​ជនជាតិ​វៀតណាម ដើរ​ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១ សីហា។ សមត្ថកិច្ច​បាន​ចោទ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡា ឆាយ៉ា «La chhaya» ពី​បទ​ក្លែង​ឯកសារ និង​ញុះញង់។

ការ​បញ្ជូន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡា ឆាយ៉ា «La chhaya» គឺ​លោក លី ឆៃយ៉ា ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ គឺ​ក្រោយ​ពេល​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ខេត្ត​តាកែវ កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣១ កក្កដា។

ស្នងការ​រង​ខេត្ត​តាកែវ លោក ឈុន សារ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កក្កដា ថា ក្រោយ​ការ​ឃុំ​ខ្លួន​មួយ​យប់ និង​សាកសួរ​ចប់ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ឈ្មោះ លី ឆៃយ៉ា ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ។ នៅ​ពេល​សាកសួរ លោក លី ឆៃយ៉ា បាន​អះអាង​ថា ការ​បង្ហោះ​ព័ត៌មាន​វៀតណាម ចាប់​ក្មេង​នោះ គឺ​ធ្វើ​ដោយ​ខ្លួន​ឯង។ ស្នងការ​រង​ខេត្ត​ដដែល​បញ្ជាក់​ថា ក្រុម​ជំនាញ​ដោយឡែក​មួយ​ក្រុម​ទៀត នឹង​ស្រាវជ្រាវ​ជា​បន្ត​លើ​ករណី​នេះ៖ «ដូច​បាន​ប្រាប់​ចឹង​ថា ទោះ​បី​មាន​អ្នក​នៅ​ពី​ក្រោយ​ក៏​គេ (លោក លី ឆៃយ៉ា) មិន​ប្រាប់​យើង​ដែរ អា​ហ្នឹង​ទាល់​តែ​យើង​ព្យាយាម​ក្នុង​ជំនាញ​ដោយឡែក​ទៀត​អា​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ស្នងការ​ស្ដីទី​ខេត្ត​តាកែវ លោក ស៊ុន ថន បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ប្រាប់​ថា ក្រោយ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ La chhaya និង ពៅ វីរៈបុត្រ ផ្សាយ​ថា មាន​ជនជាតិ​វៀតណាម ចាប់​ក្មេង​ស្រី​នៅ​ភូមិ​ស្វាយទង ឃុំ​ខ្វាវ ស្រុក​សំរោង រួច​មក ស្នងការ​ខេត្ត​បាន​បញ្ជា​កង​កម្លាំង​ជំនាញ​ខេត្ត និង​កង​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​តាម​ស្វែងរក​អត្តសញ្ញាណ​ជន​ដែល​ផុស​វីដេអូ និង​ក្មេង​ស្រី​ជន​រងគ្រោះ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ជា​បន្ទាន់។ ក្រោយ​ពី​ការ​បំភ្លឺ សមត្ថកិច្ច​បញ្ជាក់​ថា ជា​ករណី​មិន​ពិត និង​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។

ការ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ក្នុង​សំណុំ​រឿង​ផ្សព្វផ្សាយ​ថា ជនជាតិ​វៀតណាម ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ នេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ថា​គ្មាន​ទេ​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន ឬ​គ្រឿង​ក្នុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​នៅ​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដែល​លេច​ឮ​ព័ត៌មាន​ទាំងនេះ ដោយ​រក​មិន​ឃើញ​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន​នោះ​ទេ មាន​តែ​ករណី​ចាប់​ក្មេង​ជំរិត​ទារ​ប្រាក់។ ស្ថាប័ន​នគរបាល​ជាតិ​បាន​ដាក់​ការ​សង្ស័យ​ថា ករណី​ផ្អើល​ព័ត៌មាន​ចាប់​ក្មេង​វះ​ក្រលៀន អាច​ជា​ចេតនា​របស់​ក្រុម​ចាត់​តាំង​ណា​មួយ​ដើម្បី​ចំណេញ​អ្វី​មួយ។

ព័ត៌មាន​មិន​ពិត​អំពី​ការ​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​គ្រឿង​ក្នុង​នេះ មិន​មែន​ទើប​តែ​កើត​មាន​នៅ​ក្នុង​ខេត្ត​តាកែវ នោះ​ទេ។ ស្នងការ​រង​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់​ថា មាន​ខេត្ត-រាជធានី​ចំនួន​១០ ដែល​លេច​ឮ​ព័ត៌មាន​មិន​ពិត​នេះ ហើយ​ចុង​ក្រោយ គឺ​ករណី​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ដែល​ជន​សង្ស័យ​រឿង​ចោរកម្ម ២​នាក់ ត្រូវ​អ្នក​ស្រុក​ចាប់​វាយ​ធ្ងន់ធ្ងរ ព្រោះ​សង្ស័យ​ថា​ជា​អ្នក​ចាប់​កូន​ក្មេង។ សមត្ថកិច្ច​អះអាង​ថា ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ ហើយ​បង្ក​ដោយ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទង​ករណី​ព័ត៌មាន​ចាប់​ក្មេង​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា បាន​អំពាវនាវ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក កុំ​បង្ហោះ និង​កុំ​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​មិន​ពិត។ លោក​នាយក​រដ្ឋមន្ត្រី​ហៅ​ការ​បង្ហោះ និង​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ការ​បំពុល​សង្គម។

មុន​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី សមត្ថកិច្ច​ធ្លាប់​បាន​ព្រមាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​បង្ហោះ និង​អ្នក​ចែក​រំលែក​ព័ត៌មាន​មិន​ពិត។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អ្នក​លេង​ហ្វេសប៊ុក​ដែល​បង្ហោះ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​ហ្វេសប៊ុក។ តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា សមត្ថកិច្ច​មិន​គួរ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​ទៅ​តុលាការ​នោះ​ទេ គួរ​តែ​អប់រំ ឬ​ព្រមាន​ឲ្យ​សុំ​ទោស​ជា​សាធារណៈ ជាជាង​ការ​ប្ដឹង​ពលរដ្ឋ៖ «រដ្ឋាភិបាល ឬ​ក៏​អគ្គស្នងការ​នគរបាល​ជាតិ ឬ​ក្រសួង​មហាផ្ទៃ អាច​ធ្វើ​ការ​ព្រមាន​គាត់ (អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​ហ្វេសប៊ុក) ចឹង​ទៅ ឲ្យ​គាត់ (អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​ហ្វេសប៊ុក) មាន​ការ​សុំ​ទោស​ជា​សាធារណៈ អា​ហ្នឹង​ខ្ញុំ​យល់​ថា​វា​សមរម្យ​ជាង»

លោក យង់ គិមអេង ថា​ព័ត៌មាន​ជនជាតិ​វៀតណាម ដើរ​ចាប់​ក្មេង ឬ​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​ឮ​មាន​ករណី​បែប​នេះ​យូរ​មក​ហើយ ដូច្នេះ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​ពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ជៀសវាង​ការ​ខាតបង់​ប្រយោជន៍​ធំ​សម្រាប់​ក្រុម​គ្រួសារ​ដែល​សមត្ថកិច្ច​ចោទ​ប្រកាន់។ សម្រាប់​ការ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​បង្ហោះ និង​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​នោះ សង្គម​ស៊ីវិល​យល់​ថា នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច និង​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ប៉ុន្តែ​ការ​ព្រមាន​នេះ​មិន​មែន​ជា​វិធានការ​ល្អ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកស្រី អែនជេលីណា ចូលី បដិសេធ​ការ​រិះគន់​អំពី​ការ​ជ្រើសរើស​តួ​កុមារ​ដោយ​ការ​កេង​ប្រវ័ញ្ច

$
0
0

អ្នកដឹកនាំ​ថតកុន​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" គឺ​អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) បដិសេធ​ចំពោះ​ការ​រិះគន់​អំពី​បច្ចេកទេស​ជ្រើសរើស​តួ​កុមារ​ដោយ​ការ​កេង​ប្រវ័ញ្ច។ អ្នកស្រី​ថា តួ​កុមារ​ត្រូវ​បាន​ការពារ​គ្រប់​ដំណាក់កាល។

តារា​ឯក​ភាពយន្ត​ហូលីវូដ (Holly Wood) អាមេរិក ដ៏​ល្បី​ឈ្មោះ ហើយ​ក៏​ជា​ផលិតករ​ភាពយន្ត​ផង អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ចាត់​ទុក​ការ​រិះគន់​ដែល​ថា អ្នកស្រី​បាន​កេង​ប្រវ័ញ្ច​លើ​កុមារ​នោះ ថា​ជា​រឿង​មិន​ពិត ហើយ​ជា​រឿង​មិន​សប្បាយ​ចិត្ត។

ប្រតិកម្ម​របស់​អ្នកស្រី អែនជេលីណា នេះ គឺ​បន្ទាប់​ពី​ទស្សនាវដ្ដី​អនឡាញ ឈ្មោះ វ៉ានីធី ហ្វែរ (Vanity Fair) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ចុះ​ផ្សាយ​មតិ​រិះគន់​ប្រធាន​ផ្នែក​ជ្រើសរើស​តួ​កុមារ​នៅ​ក្នុង​ក្រុមហ៊ុន​ថត​កុន​របស់​អ្នកស្រី​ថា បាន​ប្រើ​ល្បិច​ដាក់​លុយ​នៅ​ចំពោះ​មុខ​កុមារ ហើយ​ឲ្យ​កុមារ​នោះ​គិត​ថា តើ​ពួក​គេ​ត្រូវ​ការ​លុយ​ទៅ​ធ្វើ​អ្វី​ជា​ចាំបាច់។ បន្ទាប់​មក គេ​បាន​យក​លុយ​នោះ​វិញ ដើម្បី​ចង់​ដឹង​ពី​អារម្មណ៍​ប្រតិកម្ម​របស់​កុមារ​ទាំង​នោះ។

អ្នក​រិះគន់​លើក​ឡើង​ថា វិធី​ជ្រើសរើស​ដោយ​លេង​ល្បែង​បែប​នេះ គឺ​ជា​ការ​កេងប្រវ័ញ្ច​លើ​អារម្មណ៍​របស់​កុមារ។ អ្នក​ខ្លះ​ទៀត រិះគន់​ថា វា​ជា​ការ​ឈឺ​ចាប់​ដែល​អ្នកស្រី អែនជេលីណា ចូលី លេង​ល្បែង​ចិត្តសាស្ត្រ​បែប​នេះ​ជា​មួយ​កុមារ​ក្រីក្រ ឬ​កុមារ​កំព្រា នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ថត​កុន​របស់​អ្នកស្រី។

ឆ្លើយ​តប​បញ្ហា​នេះ ផលិតករ​ភាពយន្ត​កម្ពុជា គឺ​លោក ប៉ាន់ រិទ្ធី បញ្ជូន​សារ​បញ្ជាក់​របស់​អ្នកស្រី អែនជេលីណា ចូលី តាម​សារ​អេឡិចត្រូនិក (Email) ដែល​ថា ជា​រឿង​រកាំ​ចិត្ត៖ «ខ្ញុំ​អន់​ចិត្ត ដែល​លំហាត់​ប្រឌិត​ឡើង​ឥត​ព្រាង​ទុក​យក​ពី​ក្នុង​សាច់​រឿង​កុន​នេះ ត្រូវ​បាន​គេ​សរសេរ​ដូច​ជា​ឈុត​ឆាក​សាច់​រឿង​ពិត។ ការ​លើក​ឡើង​ថា លុយ​មែន​ទែន​ត្រូវ​គេ​ដក​យក​ពី​កុមារ​វិញ ក្នុង​ពេល​ជ្រើសរើស​នោះ ជា​រឿង​មិន​ពិត ហើយ​ជា​រឿង​ធ្វើ​ឲ្យ​រកាំ​ចិត្ត។ ខ្ញុំ​នឹង​ខឹង​ខ្លួន​ឯង​មែន​ទែន ប្រសិនបើ​រឿង​ហ្នឹង​កើត​មាន​នោះ។ សាច់​រឿង​កុន​នេះ គឺ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ភាព​តក់ស្លុត ដែល​កុមារ​ជួប​ប្រទះ​ក្នុង​សង្គ្រាម ហើយ​ឲ្យ​ជួយ​តស៊ូ​ដើម្បី​ការពារ​ពួក​គេ»

ទាក់ទង​បញ្ហា​នេះ​ដែរ លោក ប៉ាន់ រិទ្ធី ក៏​បញ្ជាក់​តាម​អ៊ីម៉េល​ដែរ​ថា មុន​នឹង​ថត​សាកល្បង អ្នក​ជ្រើសរើស​បាន​បង្ហាញ​ម៉ាស៊ីន​ថត​កុន និង​ថត​សំឡេង​ដល់​កុមារ។ គេ​ពន្យល់​កុមារ​ទាំង​នោះ ហើយ​ឲ្យ​សម្ដែង​ឈុត​មួយ​ធ្វើ​ជា​លួច​លុយ ឬ​អាហារ​គេ ហើយ​ត្រូវ​គេ​ចាប់​បាន។ ការ​សម្ដែង​នេះ គឺ​ត្រូវ​នឹង​ឈុត​សាច់រឿង​ជីវិត​ពិត​របស់​អ្នកស្រី អ៊ឹង លឿង និង​បងប្អូន​ដែល​ត្រូវ​ពួក​ខ្មែរក្រហម​ចាប់ ហើយ​ចោទ​ថា​លួច​គេ។ លោក​បន្ត​ថា គោល​បំណង​ជ្រើសរើស​បែប​នេះ គឺ​ចង់​មើល​អារម្មណ៍​កុមារ​ថា ថា​តើ​គាត់​មាន​អាកប្បកិរិយា​បែប​ណា ពេល​គេ​ចាប់​ព្រោះ​រឿង​អី​មួយ​ដែល​គេ​ហាម​មិន​ឲ្យ​ធ្វើ? ហើយ​តើ​កុមារ​នោះ​ដោះ​សារ​បែប​ណា​ចំពោះ​សកម្មភាព​របស់​ខ្លួន?

ទោះ​ជា​យ៉ាង​ក្ដី លោក ប៉ាន់ រិទ្ធី អះអាង​ថា គេ​មិន​បាន​លេង​ល្បិច​ដូច​ការ​រិះគន់​លើក​ឡើង​នោះ​ទេ។ កុមារ​ទាំង​នោះ​សុទ្ធតែ​យល់​ច្បាស់​ថា នេះ​ជា​ការ​ជ្រើសរើស​ដើម្បី​សម្ដែង ហើយ​ធ្វើ​ឲ្យ​គេ​ជឿ។ ចំណុច​ពិសេស​ដែល​កុមារី ស្រីម៉ុច ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ដើរ​តួ​ឯក​សម្រាប់​តួ​អង្គ​អ្នកស្រី អ៊ឹង លឿង កាល​នៅ​ពី​កុមារ​នោះ ក៏​ព្រោះ​តែ​កុមារី ស្រីម៉ុច និយាយ​ថា នាង​ត្រូវ​ការ​លុយ​នោះ​សម្រាប់​ជីតា​របស់​នាង គឺ​មិន​មែន​សម្រាប់​ផ្ទាល់​ខ្លួន​នាង​ទេ។

លោក​បន្ត​ថា ការ​រិះគន់​វិធី​ជ្រើសរើស​តួ​កុន​របស់​អ្នកស្រី អែនជេលីណា ដើម្បី​ថត​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ នោះ ជា​ការ​អាកប្បកិរិយា​យល់​ខុស​ធ្ងន់ធ្ងរ។ លោក​ថា តាម​ពិត​ទាំង​អ្នកស្រី អែនជេលីណា និង​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​កុមារ ដែល​ចូលរួម​ថត​កុន​នេះ។ កុមារ​ទាំង​នោះ សុទ្ធ​តែ​មាន​គ្រួសារ​សាច់​ញាតិ អាណាព្យាបាល​តាម​អម​ជាមួយ។ ក្រុម​ផលិតករ​ធ្វើ​តាម​សំណូមពរ​គ្រួសារ និង​គោលការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​ការ​ជ្រើសរើស​ខ្លះ គឺ​នៅ​ទីតាំង​អង្គការ​តែម្ដង។ លោក​ថា ពេល​វេលា​ថត​ក៏​ដាក់​មិន​ឲ្យ​ប៉ះពាល់​ការ​សិក្សា និង​កម្សាន្ត​របស់​កុមារ​ទាំង​នោះ​ឡើយ។ មាន​ក្រុម​ពិសេស​ពិនិត្យ​សុខុមាលភាព​របស់​កុមារ​នោះ​ជា​រៀង​រាល់​ថ្ងៃ ទាំង​នៅ​ឯ​ផ្ទះ ហើយ​នៅ​បន្ត​ទាក់ទង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ការ​ផ្ដល់​វិធានការ​ទាំង​អស់​នេះ សុទ្ធតែ​ជា​ការ​ធានា​ថា មិន​ឲ្យ​មាន​នរណា​ម្នាក់​ឈឺ​ចាប់​ដោយ​ប្រការ​ណា​មួយ ក្នុង​ការ​ថត​កុន​អំពី​ប្រវត្តិ​រឿង​ឈឺចាប់​របស់​ប្រទេស​គេ​ឡើយ។ ដោយសារ​តែ​ការ​ចងចាំ​អំពី​ការ​ប្រល័យ​ពូជសាសន៍​នៅ​ថ្មី ហើយ​ពលរដ្ឋ​កម្ពុជា ជា​ច្រើន​ពិបាក​រៀបរាប់​ពី​បទពិសោធន៍​របស់​ខ្លួន​ទើប​មាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​ជាមួយ​ក្រុម​ថត​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ឲ្យ​គេ​អាច​និយាយ​ជា​មួយ​កុមារ​បាន។ លោក ប៉ាន់ រិទ្ធី ជឿ​ថា កុមារ​ដែល​បាន​ចូល​រួម​ថត​កុន​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ នេះ ពិត​ជា​មាន​មោទនភាព។ កុន​នេះ គេ​រំពឹង​ថា នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ភាពយន្ត ណិតហ្វ្លិក្ស (Netflex) ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​ចុង​ឆ្នាំ​២០១៧ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្លឹប​អ្នក​កាសែត​កម្ពុជា​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​អំពី​ការ​សរសេរ​ព័ត៌មាន​ប្រឆាំង​អំពើ​ពុករលួយ

$
0
0

ក្លឹប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) និង​អង្គការ​តម្លាភាព​កម្ពុជា (TI) បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ពាន​រង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម ឆ្នាំ​២០១៧ ស្ដីពី​កា​រាយការណ៍​ព័ត៌មាន​អំពី​អំពើ​ពុករលួយ​នៅ​កម្ពុជា។

កម្មវិធី​ពានរង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​នេះ  ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​កាសែត​កម្ពុជា ឱ្យ​ចូលរួម​សរសេរ​ព័ត៌មាន​អំពី​អំពើ​ពុករលួយ​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​សម្រេច​ទិសដៅ​លុបបំបាត់​អំពើ​ពុករលួយ និង​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​ចូល​រួម​ទាំង​អស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​រាល់​ទម្រង់​នៃ​អំពើ​ពុករលួយ។ កម្មវិធី​នេះ​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​ស៊ុយអែត។

នាយក​ប្រតិបត្តិ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៊ិន សុជាតិ មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​ចូល​រួម​សរសេរ​អត្ថបទ​រាយការណ៍​ស្ដីពី​អំពើ​ពុករលួយ​ឱ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ តម្លាភាព និង​សុចរិតភាព​នៅ​កម្ពុជា៖ «មូលហេតុ​ដែល​យើង​ធ្វើ​ហ្នឹង គឺ​យើង​ចង់​ចូលរួម​ចំណែក​ជាមួយ​នឹង​រដ្ឋាភិបាល ហើយ​យើង​ឃើញ​ថា តួនាទី​អ្នក​សារព័ត៌មាន មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បង្ហាញ ឬ​ក៏​ជួយ​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ណាស់»

​លោក​បន្ត​ថា លោក​ចង់​ឱ្យ​អ្នក​សារព័ត៌មាន​រាយការណ៍​ឱ្យ​បាន​ស៊ីជម្រៅ និង​ត្រឹមត្រូវ៖ «អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ​គាត់​អាច​ប្រើប្រាស់​ព័ត៌មាន​ហ្នឹង​ជា​ពន្លឺ​សម្រាប់​ដោះស្រាយ សម្រាប់​ចាត់​វិធានការ​ទៅ​លើ​រឿង​អំពើ​ពុករលួយ​ដែល​កើត​មាន​នៅ​កម្ពុជា យើង»

​ការ​ប្រកួតប្រជែង​នេះ គឺ​បើក​ទូលាយ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​មាន​ស្ថាប័ន​ពិតប្រាកដ និង​អ្នក​សារព័ត៌មាន​កម្ពុជា ធ្វើ​ការងារ​ដោយ​ឯករាជ្យ (Freelance Journalists)  ទាំង​នៅ​ផ្នែក​បោះពុម្ព​ផ្សាយ (កាសែត និង​ទស្សនាវដ្ដី) និង​តាម​រលកធាតុអាកាស (វិទ្យុ និង​ទូរទស្សន៍) ព្រម​ទាំង​អ្នក​សារព័ត៌មាន​អនឡាញ ឬ​គេហទំព័រ (Online/Website) និង​អ្នក​សារព័ត៌មាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ប្លុក (Blog)។

បេក្ខជន​ទាំង​អស់​ត្រូវ​តែ​​សរសេរ​អត្ថបទ​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ និង​ផ្ដោត​ទៅ​លើ​អំពើ​ពុករលួយ​នៅ​កម្ពុជា ដូចជា អត្ថបទ​ចូល​រួម​ចំណែក​ដំណោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​នៅ​កម្ពុជា ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ឥទ្ធិពល និង​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ក្នុង​សង្គម​ជាដើម រួច​ផ្ញើ​អត្ថបទ​ប្រកួតប្រជែង រួម​នឹង​ពាក្យ​ចូល​រួម​ប្រកួតប្រជែង​ទៅ​កាន់​ការិយាល័យ​ក្លឹប​អ្នក​កាសែត​កម្ពុជា តាម​រយៈ​អ៊ីម៉ែល៖ ccj@online.com.kh ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ភ្ញាក់​ផ្អើល​រឿង​មេ​ភូមិ​ដើរ​សួរ​ថា​ពួកគេ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា

$
0
0

ពលរដ្ឋ​មួយ​ចំនួន​នៃ​ឃុំ​ស្វាយជ្រុំ ខេត្ត​កំពង់ឆ្នាំង ភ័យ​ខ្លាច និង​ខ្លះ​ងឿង​ឆ្ងល់​ចំពោះ​អាជ្ញាធរ​តាម​ភូមិ​ដែល​ដើរ​សួរ​ពលរដ្ឋ ថា​កាល​ពី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ តើ​ពួកគេ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា ការ​សួរ​នាំ​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​ភូមិ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ចែក​អំណោយ​នៅ​ថ្ងៃ​ខាង​មុខ។

ក្រុម​ពលរដ្ឋ​រិះគន់​ប្រធាន​ភូមិ អនុ និង​សមាជិក​ភូមិ​ទាំង ២២​ភូមិ ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ថា​អាជ្ញាធរ​ភូមិ​បាន​រំលោភ​សិទ្ធិ​រូបវន្តបុគ្គល និង​ការ​បោះឆ្នោត​ដោយ​សម្ងាត់។ ពួកគេ​ថា រយៈ​ពេល​ជាង​ពីរ​សប្ដាហ៍​ហើយ​ដែល​ក្រុម​ការងារ​គណបក្ស​បក្ស​ប្រជាជន​ថ្នាក់​ឃុំ និង​ភូមិ បាន​ដើរ​ស្រង់​ឈ្មោះ និង​ឲ្យ​សមាជិក​គ្រួសារ​ពួកគេ​ផ្ដិត​មេដៃ​ចូល​ជា​សមាជិក​របស់​គណបក្ស​ឃុំ​ស្វាយជ្រុំ។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ស្មែត ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​រូប​ថត​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា មាន​សកម្មជន​គណបក្ស​ប្រជាជន​ចំនួន ៥​នាក់ ហៅ​ពលរដ្ឋ​ទៅ​សួរ​នៅ​ផ្ទះ​របស់​ឈ្មោះ ពេជ្រ សារ៉ន។ ពេល​នោះ​អនុ​ប្រធាន​ភូមិ​ឈ្មោះ វី និយាយ​ចំ​ឈ្មោះ​លោក​ថា បន្តិច​ទៀត​វា​ចេញ​ឆ្ងាយ​ស្រុក​ហើយ ក្រោយ​គេ​ដឹង​ថា រូប​លោក និង​ប្អូន​ស្រី​មិន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន។

ចំណែក​បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​នៅ​ភូមិ​ចន្លោះរេន ឲ្យ​ដឹង​ថា ប្រពន្ធ​លោក​បាន​ឆ្លើយ​ប្រាប់​ត្រង់ៗ​ទៅ​កាន់​អនុ​ភូមិ​លោក សូ សម្បត្តិ និង​សមាជិក​ភូមិ​អ្នកស្រី សួន សុផាត អំពី​សន្លឹក​ឆ្នោត​របស់​គាត់​បាន​បោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ពេល​នោះ​អ្នក​ទាំង​ពីរ​មិន​បាន​សួរ​អ្វី​ទៀត​ទេ គ្រាន់​តែ​គ្រវីក្បាល រួច​និយាយ​គ្នា​ដើរ​ចេញ​ពី​ផ្ទះ​គាត់ ឆ្ពោះ​ទៅ​ផ្ទះ​ពលរដ្ឋ​ផ្សេង​ទៀត​ដោយ​សួរ​សំណួរ​ដូច​គ្នា៖ «ជួប​អ្នក​ភូមិ​គេ​ទៀត​គេ​សួរ​ថា ពូៗ​ឯង​បោះឆ្នោត​ឲ្យ​គេ​អត់? ខ្ញុំ​ឆ្លើយ​ទៅ​ឆ្លើយ​ថា អើ...! សួរ​អញ​បោះ​ឲ្យ​អា​ណា​អញ​អត់​ប្រាប់...ខ្ញុំ​ថា​អ៊ីចឹង​ទៅ។ ប្រជាធិបតេយ្យ​មាន​ហេតុ​បោះឆ្នោត​រួច​ដើរ​មក​សួរ ចុះ​ប្រឡាយ អណ្ដូង​ទឹក ប្រព័ន្ធ​លូ​ក៏​មិន​សួរ​ផង»

ពលរដ្ឋ​បង្ហើប​ថា អាជ្ញាធរ​ភូមិ​ដែល​សេនាធិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់​មូលដ្ឋាន​បាន​សន្យា​ផ្ដល់​ប្រាក់​ដល់​សមាជិក​របស់​ខ្លួន​ចំនួន ១៥​ម៉ឺន​រៀល ក្នុង​១​គ្រួសារ​ ​គឺ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​បើក​ឲ្យ ៥​ម៉ឺន​រៀល បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បើក​ឲ្យ ៥​ម៉ឺន​រៀល និង​ថ្ងៃ​បុណ្យ ៧ មករា បើក​ឲ្យ ៥​ម៉ឺន​រៀល​ទៀត។ ក្រៅ​ពី​នេះ​ក៏​មាន​អំណោយ​សារុង ឬ​ប៊ីចេង នឹង​បើក​នៅ​ចន្លោះ​​ពេល​នេះ​​ រហូត​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជាតិ។

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​ភូមិ​ចន្លោះរេន ឃុំ​ស្វាយជ្រុំ លោក សូ សម្បត្តិ ថា លោក និង​សមាជិក​ភូមិ​ម្នាក់​ទៀត ពិត​ជា​បាន​ដើរ​សួរ​ពលរដ្ឋ​ក្នុង​ភូមិ​ដូច្នេះ​មែន ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អ្នក​គាំទ្រ​បក្ស តាម​ការ​ណែនាំ​របស់​មន្ត្រី​គណបក្ស​ថ្នាក់​ឃុំ​ដែល​តម្រូវ​ធ្វើ​ឲ្យ​រួច​នៅ​មុន​ថ្ងៃ​ទី​២០ ខែ​សីហា។ អ្នក​គាំទ្រ​បក្ស​ប្រជាជន​ត្រូវ​ផ្ដិត​មេដៃ​ចូល​ជា​សមាជិក ចំណែក​អ្នក​គាំទ្រ​បក្ស​ផ្សេង​មិន​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ឡើយ៖ «គោលបំណង​របស់​យើង​ចង់​បាន​កម្លាំង​ប្រជាជន​ក្នុង​ភូមិ​យើង​សម្ដែង​ការ​ស្មោះត្រង់ កុំ​ឲ្យ​តែ​ចេះ​លាក់​ជាមួយ​មេភូមិ។ ខ្លះ​ប្រាប់​មេភូមិ​ថា អ៊ីចេះ ប៉ុន្តែ​ខ្លួន​ចុះ។ ខ្ញុំ​គ្រាន់​តែ​ថា បើ​សិន​បោះ​ឲ្យ​បក្ស​ផ្សេង​ទៀត អើ​បោះ​ទៅ​សិទ្ធិ​ក្មួយ​ឯង​តើ ពូ​គ្រាន់​តែ​ចង់​ដឹង​តែ​ប៉ុណ្ណឹង​ទេ»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) លោក កន សាវាង្ស ថ្លែង​ថា អាជ្ញាធរ​ភូមិ​ធ្វើ​ការ​ហួស​តួនាទី និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដែល​ច្បាប់​បោះឆ្នោត​បាន​ធានា​ដល់​ការ​បោះឆ្នោត​ដោយ​សម្ងាត់​របស់​ពលរដ្ឋ។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ និង​ប្រឈម​បញ្ហា​ផ្សេងៗ​ពេល​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណា​មួយ​ដែល​គេ​ចង់​បាន៖ «ប្រជាពលរដ្ឋ​អាច​សម្ដែង​ថា ខ្លួន​គាំទ្រ​គណបក្ស​ណា​បាន​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ធំ​គឺ​អត់​អាច​ទៅ​សួរ​នាំ​ថា លោក​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទេ។ នេះ​ជា​ចំណុច​មួយ​ដែល​ហាមឃាត់​បំផុត។ សំណួរ​គេ​សួរ​បញ្ឆិតបញ្ឆៀង​ដើម្បី​ឲ្យ​ដឹង​ពី​ការ​គាំទ្រ​ហ្នឹង​គេ​មិន​ដែល​ថា តើ​អ្នក​ឯង​បោះឆ្នោត​គណបក្ស​ក មែន​ទេ? គេ​មិន​សួរ​អ៊ីចឹង​ទេ?»

រដ្ឋធម្មនុញ្ញ​ត្រង់​ជំពូក​៣ មាត្រា ៣៤​ថ្មី ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។ ចំណែក​មាត្រា ៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក

$
0
0

ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស បាន​សម្រុក​នាំ​គ្នា​ទៅ​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ កាន់​តែ​ច្រើន​ជាង​ពេល​មុនៗ។ ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​កាន់​តែ​ច្រើន គឺ​ក្រោយ​ពេល​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់​តែ​ចាប់​អារម្មណ៍ ព្រម​ទាំង​ចង់​ស្គាល់​អំពី​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក នៅ​ខេត្ត​កំពង់ធំ។

ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​មក​ពី​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ពួក​គាត់​មក​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដោយ​ពួក​គាត់​ចង់​ស្វែងយល់​ពី​សម្បត្តិ​ដូនតា​ខ្មែរ។ បន្ថែម​ពី​នេះ បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ចំពោះ​សម្បត្តិ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែល​បាន​បន្សល់​ទុក​ជាង ១​ពាន់​ឆ្នាំ​ទៅ​ហើយ​នោះ។

យុវតី​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កញ្ញា ហឿន សុនិស្ស័យ ដែល​បាន​ចុះ​កម្មសិក្សា​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក កត់​សម្គាល់​ថា ប្រាសាទ​ជាច្រើន​នៅ​តំបន់​មួយ​នេះ​ខុស​ប្លែក​ទៅ​នឹង​ប្រាសាទ​នៅ​តំបន់​ផ្សេង​ទៀត ដូចជា​នៅ​ខេត្ត​សៀមរាប ជាដើម។ ភាព​ខុស​ប្លែក​គ្នា​ត្រង់​ថា ប្រាសាទ​នៅ​ខេត្ត​សៀមរាប ភាគច្រើន​ប្រាសាទ​នៅ​ជាប់​គ្នា ហើយ​កសាង​ពី​ថ្ម​ធំៗ ប៉ុន្តែ​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​នៅ​រាយប៉ាយ និង​ភាគច្រើន​កសាង​ពី​ថ្ម​តូចៗ។ យ៉ាង​នេះ​ក្តី បរិយាកាស​តំបន់​រមណីយដ្ឋាន​នេះ គឺ​ស្រស់​ស្អាត និង​ធ្វើ​ឲ្យ​អ្នក​មក​លេង​កម្សាន្ត​មាន​អារម្មណ៍​ស្រស់​ថ្លា​ទៀត​ផង៖ «ខ្ញុំ​ចង់​ឲ្យ​យុវជន​ជំនាន់​ថ្មី ដូចជា​ពួក​ខ្ញុំ និង​ប្រជាជន​ហ្នឹង ត្រូវ​ចេះ​ស្រឡាញ់​របស់​ពី​បុរាណ​មក​កុំ​ឲ្យ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​យក​របស់​ជាតិ​ទាំងមូល​ទៅ​លក់​ឲ្យ​បរទេស»

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​គណៈកម្មាធិការ​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា នៅ​ទីក្រុង​ក្រាកូវ (Kracow) ប្រទេស​ប៉ូឡូញ។

ពលរដ្ឋ​មក​ពី​ខេត្ត​សៀមរាប លោក ហ៊ឹម អាន មាន​ប្រសាសន៍​ថា ជា​លើក​ទី​មួយ​ដែល​លោក និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​មក​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក។ លោក​ទទួល​ព័ត៌មាន​ស្ដីពី​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​នេះ​កាន់​តែ​ច្បាស់ ក្រោយ​ពេល​គេ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ចាប់​ផ្តើម​និយាយ​អំពី​វា ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ចាប់​អារម្មណ៍​ចង់​មក​ទស្សនា៖ «ខ្ញុំ​យល់​ថា ល្អ​ប្រសើរ​មែនទែន​ដែល​ប្រាសាទ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ទទួល​ស្គាល់​ដោយ​ពិភពលោក»

ប្រភព​ដដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​បន្ថែម​ទៀត អញ្ជើញ​មក​លេង​កម្សាន្ត​ដើម្បី​បាន​ស្គាល់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ និង​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ទាំងមូល​ផង ម្យ៉ាង​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល​មិន​ពិបាក​ដូច​ពេល​មុន​ទេ។

ក្រៅ​ពី​បាន​ទស្សនា​ស្ថានភាព​ប្រាសាទ​ហើយ ភ្ញៀវ​ទេសចរ​គឺ​អាច​ស្តាប់​សំឡេង​បក្សា​បក្សី និង​សត្វ​រៃ​យំ​យ៉ាង​អឺងអ័ព្ទ។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសានបុរៈ ឬ ឥសានបុរី ក្នុង​រាជ្យ​ព្រះបាទ​ឥសានវរ្ម័នទី១ នា​ដើម​សតវត្ស​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ ចំណែក​អ្នក​កសាង​បន្ត​ទៀត គឺ​ព្រះបាទ​ភវវរ្ម័នទី២ ដោយ​ដាក់​នាម​ថា ភវបុរៈ គឺ​ដូច​គ្នា​ទៅ​នឹង​បច្ឆាមរណៈ​នាម​របស់​ព្រះអង្គ​ដែរ រួម​នឹង​ក្សត្រ​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣) លើ​ទំហំ​ផ្ទៃដី​ប្រមាណ ៣០​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បច្ចុប្បន្ន ប្រាសាទ​ដែល​អាច​ទស្សនា​បាន គឺ​នៅ​សល់​ជាង ៤០​ប្រាសាទ​ប៉ុណ្ណោះ។

ប្រាសាទ​ទាំងនោះ ត្រូវ​បាន​គេ​បាន​បែងចែក​ជា​បី​ក្រុម​ធំៗ រួម​មាន​ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​តោ និង​ក្រុម​ប្រាសាទ​យាយព័ន្ធ។ លើស​ពី​នេះ​ទៀត គេ​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​ស្នូល តំបន់​ទ្រនាប់ និង​តំបន់​រណប។

តំបន់​រមណីយដ្ឋាន​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ។

ដោយឡែក​នៅ​ក្បែរ​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ផ្ទះ​សហគមន៍​ជា​របៀប​ខ្មែរ​ជិត ១០ សម្រាប់​ភ្ញៀវ​ទេសចរ​ស្នាក់នៅ និង​មាន​ម្ហូប​អាហារ ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍​លក់​ដូរ​ជូន​ភ្ញៀវ​ទេសចរ​ផង។

មគ្គទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​ម្នាក់​ប្រចាំ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក លោក ឡូញ ប៊ុនថេង បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​ច្រើន​ជាង​គេ គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ តែ​ម្តង។ លោក​ថា នៅ​មុន​ពេល​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ភ្ញៀវ​មក​ទស្សនា​តំបន់​នេះ​ក្នុង​មួយ​ថ្ងៃ ៣០​នាក់​ទៅ ១០០​នាក់ ប៉ុន្តែ​ក្រោយ​ពេល​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មក ភ្ញៀវ​កើន​ឡើង​ទ្វេដង ហើយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ផង​ក្នុង​មួយ​ថ្ងៃ អាច​មាន​ភ្ញៀវ​ចូល​ទស្សនា​ជាង ១​ពាន់​នាក់​ក៏​មាន៖ «ជា​សក្ដានុពល​របស់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក​ហ្នឹង គឺ​ភាព​ស្រស់​ស្អាត ហើយ​ម្យ៉ាង​ទៀត ប្រាសាទ​ហ្នឹង​កសាង​ឡើង​ដោយ​ស្ដេច ឥសានវរ្ម័ន នៅ​សតវត្ស​ទី​៧»

លោក​បន្ថែម​ថា ប្រសិន​បើ​ភ្ញៀវ​ត្រូវការ​ឲ្យ​លោក​ជូន​ដើរ​មើល​ប្រាសាទ លោក​នឹង​ណែនាំ​ទៅ​មើល​ក្រុម​ប្រាសាទ​ទាំង​បី ហើយ​ក្រុម​ប្រាសាទ​យាយព័ន្ធ គឺ​ស្រស់​ស្អាត​ជាង​គេ ត្បិត​ប្រៀប​ដូច​ទៅ​នឹង​ប្រាសាទ​ដែល​ផុស​ឡើង​នៅ​កណ្ដាល​ព្រៃ​ទៀត​ផង។

ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​ក្រោយ​ពេល​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ កក្កដា រហូត​ដល់​ថ្ងៃ​ទី​៣០ កក្កដា គឺ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជិត ១​ម៉ឺន​នាក់ (.៧៣០​នាក់) និង​ភ្ញៀវ​អន្តរជាតិ​ជិត ១​ពាន់​នាក់ (៧៥១​នាក់) ហើយ​ចំណូល​បាន​មក​ពី​ភ្ញៀវ​បរទេស​ទាំងនេះ គឺ​មាន​ចំនួន​ជាង ២​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ សីហា ថា លោក​ត្រេកអរ​ក្រោយ​ពេល​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​សម្រុក​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ។ លោក​បន្ថែម​ថា កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កាន់​តែ​ច្រើន នឹង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ដូចជា​បង្កើត​មុខ​របរ​ផ្សេងៗ​ដល់​ពួក​គាត់ ម្យ៉ាង​ជួយ​លើក​តម្កើង​សម្បត្តិ​វប្បធម៌​របស់​ជាតិ និង​ពិភពលោក​ទៀត​ផង៖ «អ៊ីចឹង​គាត់​មាន​ផ្ទះ​ស្នាក់ គាត់​ទទួល​ភ្ញៀវ​ស្នាក់នៅ។ គាត់​អាច​លក់​ជា​ម្ហូប​អាហារ លក់​សេវា ព្រោះ​នៅ​តំបន់​ភ្ញៀវ​ស្នាក់នៅ គឺ​យើង​មាន​ទាំងអស់»

ភ្ញៀវ​ទេសចរ​ខ្មែរ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​មិន​បាន​ចំណាយ​ប្រាក់​ទេ ប៉ុន្តែ​ត្រូវ​បង់​ប្រាក់​ទៅ​តាម​រថយន្ត​វិញ ដោយ​រថយន្ត​តូច​មួយ​គ្រឿង ២​ពាន់​រៀល រថយន្ត​ទួរីស ៣​ពាន់​រៀល និង​ឡាន​ក្រុង ៥​ពាន់​រៀល ចំណែក​ភ្ញៀវ​ទេសចរ​បរទេស គឺ​បង់​ប្រាក់​ម្នាក់ ១២.០០០​រៀល ឬ​ស្មើ​ប្រមាណ ៣​ដុល្លារ។ ថវិកា​ទទួល​បាន​ពី​រថយន្ត​នីមួយៗ គឺ​យក​ទៅ​ចំណាយ​លើ​ការ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​មួយ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​កិច្ច​ការពារ និង​ថែរក្សា​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ។ ចំណែក​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​វិញ ប្ដេជ្ញា​ពង្រឹង​ផ្នែក​សេវាកម្ម បដិសណ្ឋាកិច្ច ម្ហូប​អាហារ អនាម័យ បរិស្ថាន និង​សន្តិសុខ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ស្រុក​ឯកភ្នំ​ឲ្យ​មេ​ឃុំ​ធ្វើ​របាយការណ៍​មុន​ឲ្យ​សង្គម​ស៊ីវិល​និង​សប្បុរសជន​ធ្វើ​សកម្មភាព

$
0
0

មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង​ ប្រតិកម្ម​ទៅ​នឹង​លិខិត​របស់​អាជ្ញាធរ​ស្រុក​​ឯកភ្នំ  ដែល​ចេញ​​បញ្ជា​ឲ្យ​មេ​ឃុំ​ទាំង​អស់​ក្នុង​ស្រុក​នេះ​ ត្រូវ​ធ្វើ​របាយការណ៍​ជូន​មុន​ពេល​អនុញ្ញាត​ឲ្យ​​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ធ្វើ​សកម្មភាព​នានា​នៅ​ក្នុង​មូលដ្ឋាន។ មេ​ឃុំ​បក្ស​ប្រឆាំង​ហៅ​ទង្វើ​នេះ​ថា​ ជា​ការ​រឹតត្បិត​សេរីភាព​របស់​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី។ អភិបាល​ស្រុក​ឯកភ្នំ អះអាង​ថា មូលហេតុ​ដែល​លោក​ឲ្យ​មេ​ឃុំ​ធ្វើ​របាយការណ៍​ គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​នៅ​ក្នុង​សង្គម។

មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ឯកភ្នំ អះអាង​ថា បទ​បញ្ជា​របស់​អាជ្ញាធរ​ស្រុក​មួយ​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​អំណាច​របស់​មេ​ឃុំ។

មេ​ឃុំ​ពាមឯក គណបក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ុន ចំរើន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ថា លោក​ធ្វើ​ការ​ជា​ក្រុមប្រឹក្សា​ឃុំ​ពាមឯក ៣​អាណត្តិ​ហើយ​ គឺ​ពុំ​ធ្លាប់​មាន​បទបញ្ជា​ពី​អាជ្ញាធរ​ស្រុក​ឲ្យ​ធ្វើ​របាយការណ៍​ជូន​ករណី​អង្គការ​សង្គម​ស៊ីវិល​ និង​សប្បុរសជន​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​មូលដ្ឋាន​នោះ​ឡើយ៖ «រយៈ​កាល​កន្លង​មក​នៅ​ក្នុង​ឃុំ​របស់​ខ្ញុំ មើល​ឃើញ​ថា​ ករណី​នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ បើ​រឿង​សាមញ្ញ​គឺ​សុំ​អនុញ្ញាត​ត្រឹមតែ​មេ​ឃុំ​យើង​អាច​ធ្វើ​បាន​ ព្រោះ​​អាជ្ញាធរ​ឃុំ​យើង​មាន​សិទ្ធិ​សម្រេច​ការងារ​នេះ​ដែរ ដោយ​មិន​អាច​ឈរ​អោបដៃ​មើល​ពលរដ្ឋ​រង​ទុក្ខ​លំបាក​នោះ​ទេ»

​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន អះអាង​ថា មូលហេតុ​ដែល​លោក​តម្រូវ​ឲ្យ​មេ​ឃុំ​ធ្វើ​របាយការណ៍​ជូន​មក​រដ្ឋបាល​សាលា​ស្រុក​ករណី​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​នោះ​ គឺ​ដើម្បី​ងាយស្រួល​ការពារ​សុវត្ថិភាព​ជូន​ពួកគាត់​ក្នុង​ពេល​ធ្វើ​សកម្មភាព ជៀសវាង​​កើត​មាន​បញ្ហា​ផ្សេងៗ​ដោយ​យថាហេតុ៖ «មួយ​ទៀត​គឺ​ឲ្យ​គាត់​ទម្លាប់​ធ្វើ​ការ​ដោយ​មាន​ការ​ទំនាក់ទំនង​គ្នា​ឲ្យ​បាន​ល្អ កុំ​ឲ្យ​គាត់​ចង់​ចុះ​ទៅ​ក៏​​ទៅ​ដល់​ពេល​មាន​បញ្ហា​កើត​ឡើង​គាត់​ឆ្លើយ​មក​អាជ្ញាធរ​មិន​សហការ មិន​ចូល​រួម​ផ្ដល់​សុវត្ថិភាព​ជូន​ពួកគាត់។ យើង​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​តែ​ប៉ុណ្ណឹង​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ហៅ​បទបញ្ជា​របស់​អាជ្ញាធរ​ស្រុក​ឯកភ្នំ​ថា ជា​ចេតនា​​​នយោបាយ​ដែល​បង្ក​ការ​លំបាក​ដល់​មេ​ឃុំ​គណបក្ស​ប្រឆាំង​ ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ៖ «ហើយ​លិខិត ឬ​សេចក្ដី​ណែនាំ​ប្រភេទ​នេះ ខ្ញុំ​ទើប​តែ​ឃើញ​ជា​លើក​ទី​មួយ​ទេ​ គឺ​នៅ​ស្រុក​ឯកភ្នំ នេះ​តែម្ដង ដែល​ជា​ស្រុក​មួយ​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​ច្រើន។ អ៊ីចឹង​ខ្ញុំ​បាន​ជា​ខ្ញុំ​ហ៊ាន​ថា នេះ​ជា​ចេតនា​នយោបាយ​ ដែល​អភិបាល​ស្រុក​​កំពុង​តែ​ធ្វើ​ទៅ​លើ​គណបក្ស​ប្រឆាំង​នៅ​តំបន់​នោះ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ អភិបាល​ស្រុក​ឯកភ្នំ ចេញ​លិខិត​បញ្ជា​ឲ្យ​មេ​ឃុំ​ទាំង​អស់​ក្នុង​ស្រុក​មួយ​នេះ ត្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ និង​សប្បុរសជន​ដែល​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​សាលា​ស្រុក​ជា​មុន​ ហើយ​ពេល​អង្គការ​ទាំង​នោះ​ចុះ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ឃុំ​ណា ឃុំ​នោះ​​ត្រូវ​ធ្វើ​របាយការណ៍​មក​រដ្ឋបាល​សាលាស្រុក តែ​បើ​មិន​រាយការណ៍​មក​រដ្ឋបាល​សាលា​ស្រុក​ទេ មេ​ឃុំ​ទាំង​នោះ​ត្រូវ​ទទួល​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ពី​អាជ្ញាធរ​ស្រុក។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​ នៅ​ស្រុក​ឯកភ្នំ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ធ្វើ​ជា​មេ​ឃុំ ចំនួន ៥​ឃុំ រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ២​ឃុំ ក្នុង​ចំណោម ៧​ឃុំ​នៃ​ស្រុក​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្លែងការណ៍​ឲ្យ​ដក​រដ្ឋមន្ត្រី​សង្គមកិច្ច​ចេញ​ពី​តំណែង

$
0
0

អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២ សីហា ថា រដ្ឋមន្ត្រី​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត គួរ​តែ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការងារ​ជា​បន្ទាន់។

សេចក្ដី​ថ្លែងការណ៍​បែប​នេះ គឺ​ដោយសារ​តែ​រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ដោយ​កំហឹង ដែល​បង្ហាញ​ថា លោក​មិន​បាន​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេ។ លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា លោក វង សូត មិន​សម​ជា​អ្នក​កាន់​ការ​លើក​កម្ពស់​សង្គមកិច្ច​ទេ ពេល​ដែល​លោក​គិត​ថា​មិន​អី​ក្នុង​ការ​ព្រមាន​វាយ​អ្នក​ណា​ហ៊ាន​បញ្ចេញ​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល ឬ​ជំទាស់​តវ៉ា​សន្តិវិធី ដោយ​ដំបង​ឫស្សី​នោះ។

លោក ហ្វីល រ៉ូប៊ឺតសុន ថា​ការ​ថ្លែង​បែប​នេះ​បង្ហាញ​ថា លោក វង សូត មាន​ភាព​អវិជ្ជា​អំពី​គោលការណ៍​ប្រជាធិបតេយ្យ​ទំនើប ពេល​ដែល​លោក​មិន​បាន​គោរព ហើយ​លោក​ជា​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​អំពី​ច្បាប់ និង​គោល​នយោបាយ ហើយ​ជា​អ្នក​រាជការ​ដែល​ត្រូវ​ធ្វើ​ការ​មិន​លម្អៀង និង​តាម​វិជ្ជាជីវៈ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​ទី​៦-៩​សីហា

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន គិត​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​សីហា។

លោក ហ៊ុន សែន នឹង​មាន​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzō Abe) ហើយ​ក៏​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន ២ ស្ដីពី​ជំនួយ​ជប៉ុន ផ្ដល់​មក​កម្ពុជា។

ជំនួយ​ទាំង​នោះ​រួម​មាន ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ការ​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤ ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ៣៥​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២០៩​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​សម្បុក​ត្រយង​យក្ស​១៩​សម្បុក​ក្នុង​ខេត្ត​ព្រះវិហារ

$
0
0

ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​សម្បុក​ត្រយង​យក្ស​ចំនួន ១៩​សម្បុក​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​សីហា នេះ ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ និង​ប្រជា​សហគមន៍ រក​ឃើញ​សម្បុក​ត្រយង​យក្ស​ទាំង ១៩​សម្បុក ក្នុង​នោះ ១៤​សម្បុក​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប ចំណែក ៥​សម្បុក​ផ្សេង​ទៀត​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព។

សត្វ​ត្រយង​យក្ស គឺ​ជា​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ខណៈ​ចំនួន​របស់​វា​មាន​តិច​ជាង ២០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក។ វត្តមាន​សត្វ​ត្រយង​យក្ស គឺ​មាន​រស់នៅ​ក្នុង​ប្រទេស​ឡាវ វៀតណាម ថៃ និង​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា។

កម្ពុជា បាន​ជ្រើស​យក​សត្វ​ត្រយង​នេះ​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុង​ប្រភេទ​សត្វ​ស្លាប។

ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វ​ព្រៃ​ប្រចាំ​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប លោក ថោង សុខា បញ្ជាក់​ថា ក្រុម​អ្នក​អភិរក្ស​កំពុង​បន្ត​ស្វែងរក​សម្បុក​របស់​សត្វ​ត្រយង​យក្ស​បន្ថែម​ទៀត ទាំង​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ។ លោក​សង្ឃឹម​ថា ក្រុម​អ្នក​អភិរក្ស​នឹង​រក​ឃើញ​បន្ថែម​ទៀត​នៅ​អំឡុង​ពេល​សត្វ​ត្រយង​យក្ស​នេះ​ពង​កូន​ចាប់​ពី​ខែ​មិថុនា រហូត​ដល់​ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទូរទស្សន៍ CNN បដិសេធ​ថា​ខ្លួន​មិន​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​រឿង​ម្តាយ​លក់​ព្រហ្មចារី​កូន​ស្រី

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​អាមេរិក ស៊ី.អិន.អិន (CNN) អំពី​កុមារី​ដែល​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នារី​ខ្មែរ និង​ព្រមាន​បណ្ដេញ​អង្គការ​អាមេរិក ឈ្មោះ​មេត្រី​អន្តរជាតិ (AIM) នៅ​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​ចោទ​ទូរទស្សន៍ ស៊ី.អិន.អិន ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែ​ខាង​ទូរទស្សន៍ ស៊ី.អិន.អិន បញ្ជាក់​ជំហរ​ឥត​កែប្រែ​នៅ​តែ​រក្សា​ខ្លឹមសារ​ពិត​នៃ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ស្រប​ពេល​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​បញ្ចេញ​ប្រតិកម្ម​ប្រញាប់ប្រញាល់​ខ្លាំង និង​ធ្វើ​តែ​តាម​អារម្មណ៍។

អនុ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​២ ខែ​សីហា ឲ្យ​ដឹង​ថា ភាពយន្ត​ឯកសារ​ស្ដីពី​ខ្សែ​ជីវិត​ក្រោយ​ពេល​ត្រូវ​បាន​គេ​ជួញដូរ​ផ្លូវ​ភេទ​ពាក់ព័ន្ធ​កុមារី​បី​នាក់​នៅ​កម្ពុជា ដែល​ត្រូវ​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល​នៅ​តំបន់​ស្វាយប៉ាក​នោះ គឺ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​នៃ​ស្ថានភាព​កុមារី​រងគ្រោះ​ដែល​ធំ​ដឹង​ក្ដី​នៅ​តំបន់​ស្វាយប៉ាក ដែល​ទូរទស្សន៍ ស៊ី.អិន.អិន ស៊ើប​អង្កេត​នៅ​ឆ្នាំ​២០១៣ និង​បន្ត​តាម​ដាន​ការវិវត្តន៍​របស់​ពួកគាត់​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ លោក ចូណេសិន បន្ថែម​ទៀត​ថា ភាពយន្ត​ឯកសារ​នោះ ក៏​បាន​គូស​បញ្ជាក់​អំពី​ភាព​ប្រសើរ​គ្រាន់​បើ​ជាង​មុន​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នេះ។

ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចោទ​ប្រកាន់​ទូរទស្សន៍ ស៊ី.អិន.អិន ថា បន្ទាប​បន្ថោក​តម្លៃ​ស្ត្រី​ខ្មែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ការ​ផ្សាយ​របស់​ទូរទស្សន៍ ស៊ី.អិន.អិន បែប​នេះ ថា​ពិបាក​ទទួល​យក៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​ប្រមាថ​ដែល​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ស៊ី.អិន.អិន ដោយ​និយាយ​ថា កម្ពុជា​ម្ដាយ​យក​កូន​ទៅ​លក់​ដើម្បី​ធ្វើ​ស្រីពេស្យា​នោះ។ នេះ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​មិន​អាច​ឲ្យ​អ្នក​ឯង​ប្រមាថ​ជនជាតិ​របស់​ខ្ញុំ​បាន​ទេ»

តំណាង​សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ មិន​យល់​ស្រប​នោះ​ទេ ព្រោះ​លោក​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​នោះ​មិន​បាន​ផ្សាយ​ថា នារី​រងគ្រោះ​ទាំង​នោះ​ជា​ជនជាតិ​អ្វី​នោះ​ទេ គ្រាន់​តែ​បាន​ផ្សាយ​ថា ពួកគាត់​ធំ​ដឹង​ក្តី​នៅ​តំបន់​ស្វាយប៉ាក​ប៉ុណ្ណោះ។

លោក ចូណេសិន បន្ថែម​ទៀត​ថា អត្ថបទ​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍​នោះ រៀបរាប់​យ៉ាង​ច្បាស់​អំពី​អង្គហេតុ​ពិត​ដែល​បញ្ជាក់​ថា អ្នក​រស់​នៅ​តំបន់​ស្វាយប៉ាក ភាគ​ច្រើន​ជា​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ តំណាង​ទូរទស្សន៍ ស៊ី.អិន.អិន រូប​នេះ លើក​ឡើង​ថា ការ​យក​រឿង​ជាតិ​សាសន៍​របស់​ជន​រង​គ្រោះ​ទាំង​នោះ មក​ធ្វើ​ជា​លេស​ក្នុង​ការ​ចោទ​ប្រកាន់​ទូរទស្សន៍ ស៊ី.អិន.អិន គឺ​ជា​ការ​យល់​ខុស និង​ផ្ទុយ​ពី​បំណង​ពិត​នៃ​ខ្លឹមសារ​ក្នុង​សេចក្ដី​រាយការណ៍​នោះ​ដែល​ផ្ដោត​លើ​​ជនរងគ្រោះ​ជា​កុមារី​នៅ​កម្ពុជា មិន​ចំពោះ​ថា​ពួកគាត់​ជា​ជនជាតិ​អ្វី​នោះ​ទេ តែ​ពួក​គាត់​រស់​នៅ​លើ​ដី​ខ្មែរ។

​ប៉ុន្តែ​ក្រសួង​កិច្ចការ​នារី ចាត់​ទុក​ភាពយន្ត​ឯកសារ​របស់ ស៊ី.អិន.អិន ថា ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​សេចក្ដី​ថ្លៃថ្នូរ កិត្តិយស​របស់​ស្ត្រី​ខ្មែរ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧ ក្រសួង​កិច្ចការ​នារី អះអាង​ថា តាម​វប្បធម៌​ប្រពៃណី​ខ្មែរ​មិន​មាន​ទម្លាប់​លក់​កូន​ទេ ទោះ​បី​ជួប​ប្រទះ​ភាព​ក្រីក្រ​យ៉ាង​ណា​ក៏ដោយ។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ជនរងគ្រោះ និង​ម្ដាយ​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ជា​ជន​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​វប្បធម៌ ប្រពៃណី​របស់​គេ​ខុស​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ។

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ យល់​ស្រប​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្យានុភាព និង​កេរ្តិ៍​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្សាយ​ព័ត៌មាន។ ប៉ុន្តែ​អ្នកស្រី​យល់​ថា ទោះ​ជន​រង​គ្រោះ​ជា​អ្នក​ណា​ក៏ដោយ ជនជាតិ​ខ្មែរ ឬ​ជនជាតិ​វៀតណាម ក៏ដោយ ឲ្យ​តែ​កើត និង​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ស្រាវជ្រាវ​បន្ថែម ដោយ​មិន​ត្រូវ​ប្រញាប់​ប្រតិកម្ម​យ៉ាង​តក់​ក្រហល់​ពេក​នោះ​ទេ៖ «ប្រតិកម្ម​តាម​មនោសញ្ចេតនា ឬ​ក៏​តាម​កំហឹង​ទល់​កំហល់​អ៊ីចឹង​វា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ជា​នីតិរដ្ឋ​ដោះស្រាយ​បញ្ហា​បាន​ដោយ​សន្តិវិធី​ទេ ពីព្រោះ​រឿង​ហ្នឹង បើ​សិន​ណា​កើត​នៅ​ក្នុង​ស្រុក​ខ្មែរ ក៏​នៅ​តែ​ជា​បន្ទុក​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល។ ដូច្នេះ​បើ​យើង​ធ្វើ​ឆុងឆាំង វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​បាត់​កិត្តិយស​ទៅ​ទៀត»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​ប្រតិកម្ម​ខ្លាំង​សំដៅ​លើ​ទូរទស្សន៍ ស៊ី.អិន.អិន ប៉ុណ្ណោះ​នោះ​ទេ លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ស៊ើប​អង្កេត និង​បណ្ដេញ​អង្គការ​អាមេរិក​មួយ​ឈ្មោះ អង្គការ​មេត្រី​អន្តរជាតិ ដែល​បើក​ដំណើរការ​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​កុមារ​រង​គ្រោះ​ដែល​ត្រូវ​ម្តាយ​លក់​ឲ្យ​បម្រើ​សេវា​ផ្លូវភេទ ដោយសារ​តែ​នាយក​អង្គការ​នេះ​ផ្ដល់​បទសម្ភាសន៍​ឲ្យ ស៊ី.អិន.អិន អំពី​ស្ថានភាព​កុមារី​ដែល​ត្រូវ​បាន​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល។

លោក ហ៊ុន សែន ចោទ​អង្គការ​នេះ​មួលបង្កាច់​ការ​ពិត និង​បង្អាប់​ជាតិ​សាសន៍​ខ្មែរ​ដើម្បី​រក​លុយ​ចូល​អង្គការ៖ «ខ្ញុំ​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើប​អង្កេត​ក្នុង​រឿង​នេះ ហើយ​គប្បី​ត្រូវ​បិទ​ចោល​នូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ដែល​យក​កម្ពុជា ធ្វើ​ជា​ដើម​ទុន​ដើម្បី​រៃអង្គាស ហើយ​បន្តុះបង្អាប់​មើល​ងាយ​មើល​ថោក​ចំពោះ​ជាតិ​សាសន៍​មួយ​នេះ មិន​ត្រឹមតែ​មិន​អាច​ទទួល​យក​បាន​ទេ គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​តែម្ដង»

​តំណាង​អង្គការ AIM ដែល​រង​ការ​គំរាម​បិទ​ទ្វារ និង​បណ្ដេញ​ចេញ​នេះ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ សីហា ថា អង្គការ​នេះ​បាន​បើក​បម្រើការ​នៅ​កម្ពុជា អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មក​ហើយ និង​នៅ​តែ​រក្សា​សេចក្ដី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា។

អ្នកស្រី ស្តេហ្វានី វ៉ាន់ថាសែល (Stephanie C. VanTassell) បន្ថែម​ថា អង្គការ​នេះ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​សមស្រប​មួយ​នៅ​ពេល​ខាង​មុខ។

តំណាង​ទូរទស្សន៍ ស៊ី.អិន.អិន វិញ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា សេចក្ដី​រាយការណ៍​របស់​ខ្លួន​គឺ​ជា​សេចក្ដី​រាយការណ៍​ពិត​ឥត​លម្អៀង ដែល​មាន​រៀបរាប់​អំពី​ស្ថានភាព​កុមារី​ដែល​ធ្លាប់​រងគ្រោះ​យ៉ាង​ឈឺ​ចាប់​ខ្លោចផ្សា​នៅ​ក្នុង​អំពើ​ជួញដូរ​មនុស្ស និង​ក៏​បាន​រៀបរាប់​អំពី​ស្នាដៃ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​អាជ្ញាធរ​កម្ពុជា និង​កិច្ច​សហការ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ពី​ភាព​ស្អាតស្អំ​ក្នុង​ការ​ធ្វើ​នយោបាយ​មិន​ដូច​ការ​ចោទ​ប្រកាន់

$
0
0

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជំហរ​ថា ការ​ធ្វើ​នយោបាយ​របស់​បក្ស​ប្រឆាំង គឺ​មិន​បន្លែបន្លំ ឬ​ធ្វើ​នយោបាយ​ក្នុង​អំពើ​ទុច្ចរិត​ឡើយ។ ការ​ឆ្លើយតប​នៅ​ពេល​នេះ​របស់​គណបក្ស​ប្រឆាំង ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ព្រមាន​ថា បក្ស​ដែល​ត្រូវ​គេ​កម្ទេច​មុន​គេ​ដោយ​ធ្វើ​នយោបាយ​ចង់​ចំណេញ​តាម​រយៈ​ការ​ចុះ​ផ្សាយ​ពី​ការ​ស្លាប់​របស់​លោក​នោះ គឺ​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ផ្ទៃក្នុង​បក្ស​ថា ចាប់​ពី​ថ្នាក់​កំពូល​រហូត​ដល់​មូលដ្ឋាន គណបក្ស​ពុំ​បាន​ណែនាំ​ដល់​សកម្មជន និង​អ្នក​គាំទ្រ​ធ្វើ​នយោបាយ​ក្នុង​អំពើ​ស្មោកគ្រោក ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ព្រមាន​ជា​ញឹកញាប់​នោះ​ទេ។

ការ​ឆ្លើយតប​នៅ​ពេល​នេះ​របស់​គណបក្ស​ប្រឆាំង ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ពី​គ្រោះ​អាក្រក់​ដល់​ជោគវាសនា​បក្ស​ប្រឆាំង ប្រសិន​បើ​បក្ស​នេះ​នៅ​តែ​ស្រមើស្រមៃ​ធ្វើ​នយោបាយ​ប្រមាថ​អាយុ​ជីវិត​របស់​លោក​ទៀត។

ទាក់ទិន​រឿង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា ប្រសិន​បើ​បក្ស​កាន់​អំណាច​សង្ស័យ​ថា ចលនា​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច​ណា​មួយ​នោះ វា​ពុំ​មែន​ជា​គោល​ជំហរ និង​ចេតនា​នយោបាយ​របស់​បក្ស​ប្រឆាំង​ឡើយ។ ជាង​នេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលការណ៍​ដ៏​ត្រឹមត្រូវ​ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ សុចរិត​ភាព និង​វិជ្ជាជីវៈ។ លោក​បន្ត​ថា «គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ភ្ជាប់​នូវ​ការ​តស៊ូ​ដោយ​សន្តិវិធី ដោយ​អហិង្សា ដោយ​សុចរិត​ភាព និង​ដោយ​ក្រម​សីលធម៌។ ដូច្នេះ បុគ្គល​ណា​មាន​មតិ​យ៉ាង​ម៉េច អា​ហ្នឹង​ទៅ​ទំនាក់ទំនង​ជាមួយ​បុគ្គល​ហ្នឹង​ទៅ។ ប៉ុន្តែ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ទេ»

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​រាប់​ពាន់​នាក់​នៅ​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ សីហា លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ចាត់​វិធានការ​ជា​ថ្មី​ទៀត​ចំពោះ​មេ​ដឹកនាំ​បក្ស​ប្រឆាំង ប្រសិន​បើ​នៅ​តែ​បើក​ផ្លូវ​ឲ្យ​សកម្មជន និង​អ្នក​គាំទ្រ រៀន​ធ្វើ​នយោបាយ​វាយ​ប្រហារ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ប្រមាថ​អាយុ​ជីវិត​លោក​តទៅទៀត។

ការ​ព្រមាន​ពី​គ្រោះ​អាក្រក់​របស់​លោក ហ៊ុន សែន ចំពោះ​ជោគវាសនា​បក្ស​ប្រឆាំង មិន​ខុស​ពី​លើក​មុនៗ​នោះ​ទេ ត្រូវ​បាន​អ្នក​វិភាគ​សង្គម និង​នយោបាយ​យល់​ឃើញ​ថា អាច​មាន​កត្តា ២​សំខាន់​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ជាន់​ដី​ផ្អៀង​បាន ក្នុង​នោះ​ឥទ្ធិពល​នយោបាយ​គ្រប​ដណ្ដប់​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ទាំងឡាយ និង​ចំណុច​ទី​២ អ្នក​នយោបាយ​នៅ​មិន​ទាន់​ស្គាល់​តម្លៃ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

អ្នក​ជំនាញ​ផ្នែក​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា កាល​ណា​អ្នក​នយោបាយ​នៅ​មាន​សីលធម៌​ទាប ឃើញ​អំណាច​ជា​ដុំ​មាស​ពេជ្រ និង​មិន​ខ្វល់​ថា​ពលរដ្ឋ​ជា​អ្នក​ផ្ដល់​អំណាច​ឲ្យ​ទេ បញ្ហា​រឿង​រំលោភ​អំណាច​នៅ​ក្នុង​សង្គម​នៅ​តែ​ជា​រឿង​ថ្មី​ដដែល។ សំខាន់​ជាង​នេះ​ទៀត គឺ​តុលាការ។ លោក​បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ដរាប​ណា​តុលាការ​មិន​ឯករាជ្យ ហើយ​ច្បាប់​ទាំងឡាយ​នៅ​តែ​មិន​ស្ថិត​នៅ​កំពូល​ទេ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ដែល​មាន​ប្រៀប​ជាង នៅ​តែ​មាន​ទីលាន​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត។ លោក​បន្ត​ថា «ហេតុ​អី​បាន​យើង​ចាត់​ទុក​ថា​អំណាច​ឯករាជ្យ​របស់​តុលាការ ពីព្រោះ​ថា​នៅ​ពេល​ដែល​តុលាការ​ឯករាជ្យ។ អ៊ីចឹង​អ្នក​នយោបាយ​មិន​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​បាន»

មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​សព្វថ្ងៃ​រង​ការ​រិះគន់​ថា ជា​អ្នក​នយោបាយ​ពេល​និយាយ​ស្ដី​មិន​សូវ​មាន​សីលធម៌។ ក្រៅ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រើ​សម្ដី​ធំៗ និង​គំរាម​ចាត់​វិធានការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ហើយ គេ​សង្កេត​ឃើញ​ថា ឥរិយាបថ​នយោបាយ​ដូច​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក៏​ធ្លាប់​គំរាម​ជា​សាធារណៈ​ថា នឹង​វាយ​អ្នក​តវ៉ា​ឲ្យ​បាក់​ធ្មេញ។

ការ​គំរាម​កំហែង​ដែល​ធ្លាប់​តែ​រង​ការ​រិះគន់​ថា អាច​កើត​ឡើង​តែ​ក្នុង​ក្របខ័ណ្ឌ​យោធា​ទេ ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ស៊ីវិល ក៏​ព្រមាន​សំពង​ក្បាល​នឹង​គល់​ឫស្សី​ចំពោះ​សកម្មជន​គណបក្ស​ប្រឆាំង​ណា​ដែល​នឹង​តវ៉ា​អំពី​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៨ ដែល​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង​យ៉ាង​ហោច​៣​នាក់​ប្រឈម​ដក​ស័ក្តិ​ពាក់ព័ន្ធ​ទណ្ឌិត​គំរាម​ទារ​ប្រាក់

$
0
0

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង យ៉ាង​ហោច ៣​នាក់ នឹង​ប្រឈម​ការ​ដក​ស័ក្តិ លុប​ឈ្មោះ​ចេញ​ពី​តារាង​ដំឡើង​តួនាទី ព្រម​ទាំង​ដក​បញ្ឈរ​ជើង ជាដើម។ ការ​ដាក់​ពិន័យ​រដ្ឋបាល​នេះ បន្ទាប់​ពី​ពួក​គេ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​អ្នក​ទោស​ជា​ចោរ​ប្លន់​ម្នាក់ ប្រើ​ទូរស័ព្ទ​គំរាម​បង្ហោះ​រូបភាព​អាក្រាត​កាយ​របស់​ស្ត្រី​រងគ្រោះ ដើម្បី​ទារ​ប្រាក់ ៥​ពាន់​ដុល្លារ។

ថ្វី​បើ​របាយការណ៍​សំយោគ​ទាក់ទង​នឹង​លទ្ធផល​ស្រាវជ្រាវ​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​ចោរ​ប្លន់​ម្នាក់ ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ធ្វើ​សកម្មភាព​ចេញ​មក​ក្រៅ​ប្រព្រឹត្ត​បទល្មើស​នោះ បាន​បិទ​បញ្ចប់​រួច​ទៅ​ហើយ​ក្តី ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក សន កែវ មាន​ប្រសាសន៍​ថា តាម​របាយការណ៍​ដែល​លោក​បាន​ដឹង​នោះ គឺ​មាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង យ៉ាង​ហោច ៣​នាក់ នឹង​រង​ការ​ដាក់​ពិន័យ​រដ្ឋបាល ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​បង្ហាញ​អំពី​ឈ្មោះ និង​តួនាទី​របស់​មន្ត្រី​ពន្ធនាគារ​ទាំងនោះ​ឡើយ៖ «របាយការណ៍​ក៏​បាន​កំណត់​ហើយ​ថា ត្រូវ​មាន​ទណ្ឌកម្ម​ចំពោះ​មន្ត្រី។ ចឹង​មាន​អ្នក​ដែល​ត្រូវ​ដក​ស័ក្តិ មាន​អ្នក​ដែល​ត្រូវ​ដក​ចេញ​ពី​តារាង​ដំឡើង​តួនាទី និង​មាន​អ្នក​ដែល​ត្រូវ​បញ្ឈរ​ជើង តែ​ខ្ញុំ​អត់​ដឹង​ថា ឈ្មោះ​ណា​ត្រូវ​ធ្វើ​អី​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ក្នុង​ចំណោម​ហ្នឹង​មាន​រូបភាព​ជា​ទណ្ឌកម្ម​វិន័យ»

លោក សន កែវ បញ្ជាក់​ថា ការ​ដាក់​ត្រឹម​ពិន័យ​រដ្ឋបាល​នេះ គឺ​ក្រោយ​ពី​លទ្ធផល​ស្រាវជ្រាវ​រក​មិន​ឃើញ​ថា មន្ត្រី​ពន្ធនាគារ​ទាំងនោះ​បាន​ឃុបឃិត​ដោយ​ចេតនា ពោល​គឺ​គ្រាន់​តែ​ពួក​គាត់​ទទួល​បាន​លាភសក្ការៈ​តិចតួច​ពី​ជន​ជាប់​ឃុំ ហើយ​ភ្លេច​ខ្លួន បណ្ដាល​ឲ្យ​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ ដូច្នេះ​ធ្វើ​ឲ្យ​ជន​ជាប់​ឃុំ​មាន​ឱកាស​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដើម្បី​ប្រព្រឹត្ត​បទល្មើស។

លោក​បន្ត​ថា បើ​យោង​តាម​ការ​ស្រាវជ្រាវ​នោះ គឺ​មាន​ចំណុច​ខ្លះ​មិន​ដូច​នឹង​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​ឡើយ៖ «ការ​ឃុបឃិត​លុះត្រា​តែ​គាត់​ដឹង​ថា រឿង​ហ្នឹង​គាត់​ត្រូវ​យក​ទៅ​ធ្វើ​សកម្មភាព​អ៊ីចឹង រួច​ហើយ​គាត់​ឃុបឃិត​ថា ឥឡូវ​ឲ្យ​គាត់​អ៊ីចេះៗ​មក គាត់​អនុញ្ញាត​ឲ្យ​ធ្វើ​អា​ហ្នឹង។ នេះ​ជា​ការ​ឃុបឃិត​ដើម្បី​ធ្វើ ប៉ុន្តែ​គាត់​អត់​ដឹង គាត់​គ្រាន់​តែ​ដឹង​ថា គាត់​រយាល​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​ជន​ជាប់​ឃុំ​ហ្នឹង ដូច្នេះ​ជាប់​ឃុំ​មាន​ឱកាស​ប្រព្រឹត្ត​បទល្មើស​ហ្នឹង»

វិធានការ​របស់​ក្រសួង​មហាផ្ទៃ នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បាន​បង្ហោះ​តាម​ហ្វេសប៊ុក (facebook) ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ទាក់ទង​ទៅ​នឹង​អ្នក​ទោស​មួយ​រូប​ឈ្មោះ យ៉ែម ប្រុស នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទ​ដៃ​ទាក់ទង​ស្នេហា​ជាមួយ​ស្ត្រី​តាម​រយៈ​គណនី​ហ្វេសប៊ុក​ចំនួន​៥។ លោក អ៊ាវ ចំរើន សរសេរ​បន្ត​ថា ទណ្ឌិត យ៉ែម ប្រុស បាន​បោក​បញ្ឆោត​លួងលោម​ស្ត្រី​តាម​ហ្វេសប៊ុក​ឲ្យ​លង់​ស្នេហ៍ រហូត​បង្ហាញ​រូបភាព​អាក្រាត​ទៅ​វិញ​ទៅ​មក ហើយ​ជន​ល្មើស​រូប​នោះ​បាន​ថត​រូប​ទុក និង​បាន​គំរាម​ទារ​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាត​ជា​សាធារណៈ។

ទណ្ឌិត យ៉ែម ប្រុស បាន​សារភាព​ថា រូប​គេ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​នៅ​ក្រៅ​បន្ទប់​ឃុំឃាំង ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក អ៊ុំ រ៉ាយឿង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​កន្លង​ទៅ អ្នក​ទោស​រូប​នេះ​ធ្លាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ឲ្យ​គាត់។ អ្នក​ទោស​រូប​នេះ​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​កំពត បន្ទាប់​មក​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង វិញ ដោយ​អ្នក​ទោស​រូប​នេះ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨​ករណី ពោល​គឺ​ប្លន់ ៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់ ១​លើក​នៅ​ខេត្ត​តាកែវ។ ក្រោយ​កើត​ហេតុ អ្នក​ទោស​រូប​នេះ​ត្រូវ​ផ្ទេរ​មក​ពន្ធនាគារ​ព្រៃ​ស​វិញ ដែល​មន្ត្រី​ក្រសួង​មហាផ្ទៃ ថា​ដើម្បី​ងាយស្រួល​ស៊ើប​អង្កេត​លើ​ករណី​នេះ ព្រោះ​ថា​បើ​ទុក​ឲ្យ​នៅ​កន្លែង​ដដែល ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង បញ្ចុះ​បញ្ចូល​ឲ្យ​ផ្តល់​ចម្លើយ​ខុស​ពី​ការពិត។

រីឯ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង លោក ជួប សារីម បាន​ថ្លែង​ថា លោក​មិន​អាច​រៀបរាប់​លម្អិត​បាន​ទេ ព្រោះ​រង់ចាំ​ការ​សម្រេច​ពី​ខាង​ថ្នាក់​លើ។

ជុំវិញ​ករណី​នេះ​ដែរ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់ការ​តាម​ច្បាប់​លើ​មន្ត្រី​ខិលខូច​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ផ្សេង​ទៀត៖ «ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ថា ប្រសិន​បើ​មន្ត្រី​ជំនាញ​ធ្វើ​ការ​ស៊ើប​អង្កេត​ឃើញ​ថា​មាន​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​នេះ គិត​ថា​គួរ​តែ​ចាត់​វិធានការ​ករណី​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ជា​គំរូ​កុំ​ឲ្យ​មាន​មន្ត្រី​ពន្ធនាគារ​ផ្សេង​ទៀត​យក​សំណូក​ពី​ទណ្ឌិត ឬ​ពី​អ្នក​ជាប់​ឃុំ ដើម្បី​ល្មើស​បទ​វិន័យ​នៅ​ក្នុង​ពន្ធនាគារ»

ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង អះអាង​ថា ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​អាច​លេង​ហ្វេសប៊ុក​តាម​ទូរស័ព្ទ ក៏ដូចជា​មាន​កុំព្យូទ័រ​បាន​ទេ ប៉ុន្តែ​ប្រហែល​ជា​មាន​ការ​លួច​លាក់​យក​ចូល និង​ដោយសារ​តែ​មាន​ការ​ចន្លោះ​ប្រហោង​របស់​ពន្ធនាគារ។ លោក​ថា ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​នេះ ពន្ធនាគារ​បាន​រឹត​បន្តឹង​ឡើង​វិញ៖ «បាទ! ក្រោយ​ពី​ហេតុការណ៍​ហ្នឹង​កើត​ឡើង​មក យើង​បាន​រឹត​បន្តឹង​គ្រប់​គោលដៅ គ្រប់​ច្រក​ដែល​មាន​បញ្ហា​ហ្នឹង។ យើង​បន្តឹង​ទាំងអស់ ទាំង​មន្ត្រី ទាំង​ជន​ជាប់​ឃុំ»

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ពិនិត្យ​លើ​ករណី​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង ថ្នាក់​ក្រោម​រួច​ហើយ​នោះ ចំពោះ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង វិញ ក៏​អាច​នឹង​ប្រឈម​ការ​ពិនិត្យ​លើ​របៀប​នៃ​ការ​គ្រប់គ្រង​របស់​គាត់​ជា​លក្ខណៈ​ពិសេស​ណា​មួយ​ផ្សេង​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live