Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ព័ត៌មាន​ទីផ្សារ​ការងារ​កម្ពុជា​នៅ​តែ​តូច​ចង្អៀត

$
0
0

កម្ពុជា មាន​ពលរដ្ឋ​គ្រប់​អាយុ​ធ្វើ​ការ​ជិត ១០​លាន​នាក់ គឺ​ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​កម្លាំង​ពលកម្ម ក៏ប៉ុន្តែ​កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ នៅ​តែ​ជា​បញ្ហា​ប្រឈម​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។ កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ គឺ​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​អ្នក​ស្វែងរក​ការងារ​ធ្វើ ទទួល​បាន​ឱកាស​ការងារ​សមស្រប​តាម​ជំនាញ និង​បង្កើត​ឲ្យ​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​តម្រូវការ និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​កម្ពុជា ជួប​ប្រទះ​បញ្ហា​កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ ហើយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ​ទៅ​ដល់​អ្នក​ស្វែងរក និង​អ្នក​ផ្តល់​ការងារ​ទៀតសោត ក៏​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ ភាគច្រើន​ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ ដូចជា​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ គេហទំព័រ​បង​ធំ (Bongthom) និង​គេហទំព័រ​អេវើចប (Everjobs) ជាដើម។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ដែល​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ការងារ​ដែរ​នោះ​យល់​ឃើញ​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ គឺ​សម្រាប់​តែ​អ្នក​មាន​ចំណេះ​ដឹង និង​ជំនាញ​ច្បាស់លាស់​ប៉ុណ្ណោះ តែ​មិន​អាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​កម្មករ​ដែល​មាន​ជំនាញ​ទាប ឬ​អ្នក​គ្មាន​ជំនាញ​នោះ​ទេ៖ «»

កម្ពុជា មាន​ស្ថាប័ន​ផ្តល់​សេវា​ការងារ​ពិសេស​មួយ គឺ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA)។ ទីភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស​នេះ មាន​ភារកិច្ច​ផ្តល់​សេវា​ការងារ ដោយ​ភាព​ងាយស្រួល គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ និយោជក អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល និង​សាធារណជន​ទូទៅ។

ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​រួម​មាន​គេហទំព័រ និង​បណ្ដាញ​សង្គម និង​មជ្ឈមណ្ឌល​ការងារ​ចំនួន ១១​កន្លែង​នៅ​តាម​រាជធានី-ខេត្ត​មួយ​ចំនួន។ អ្នក​ស្វែងរក​ការងារ​ធ្វើ និយោជក និង​អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល គឺ​ជា​ក្រុម​គោលដៅ​សំខាន់​នៃ​ការ​ផ្តល់​សេវា​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ។

ទោះ​បី​ជា​យ៉ាង​ណា លោក ង៉ែត ជូ មើល​ឃើញ​ថា មជ្ឈមណ្ឌល​ការងារ​ទាំងនោះ​មិន​ទាន់​អាច​ផ្តល់​សេវាកម្ម​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​បាន​ពេញលេញ​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​ឡើយ៖ «»

កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា បណ្ដាល​ឲ្យ​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​កម្លាំង​ពលកម្ម និង​តម្រូវការ​ទីផ្សារ​ការងារ។

ចំណែក​របាយការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ដែល​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​នោះ ក៏​បង្ហាញ​ដែរ​ថា វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​បាន​ផលិត​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ពេញលេញ ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​កម្មករ​ជំនាញ​នៅ​ឡើយ​ទេ។

និយោជក​នៅ​តែ​ត្អូញត្អែរ​ថា ពួក​គេ​ពិបាក​ស្វែងរក​បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ​អាច​បំពេញ​មុខងារ​បាន ព្រោះ​អ្នក​ដាក់​ពាក្យ​ធ្វើ​ការ និង​បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារ​ជាច្រើន​នាក់ មិន​មាន​ជំនាញ​គ្រប់គ្រាន់។ ជំនាញ​ដែល​ពួក​គេ​ខ្វះខាត​នោះ ភាគច្រើន​គឺ​ជា​ជំនាញ​ទន់ ដូចជា​ជំនាញ​ភាសា​បរទេស ជំនាញ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​មាត់ និង​សំណេរ ជំនាញ​អនុវត្ត​ជាក់ស្តែង ជំនាញ​សម្របសម្រួល​កិច្ចការ​អតិថិជន ជំនាញ​ដោះស្រាយ​បញ្ហា ជំនាញ​រៀបចំ​គម្រោង ជំនាញ​ផ្នែក​កុំព្យូទ័រ ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម ជំនាញ​ផ្នែក​គណនា​លេខ និង​ជំនាញ​ផ្នែក​រដ្ឋបាល ជាដើម។

បន្ថែម​ពី​លើ​នេះ ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ បាន​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ធំៗ​ចំនួន ១០ ដែល​រួម​ចំណែក​ជួយ​បង្កើន​ផលិតផល​ក្នុង​ស្រុក និង​ជា​វិស័យ​សំខាន់​នៃ​ការ​បង្កើត​ការងារ​នៅ​កម្ពុជា។ វិស័យ​ទាំងនោះ​រួម​មាន វិស័យ​ផលិត​អាហារ និង​ភេសជ្ជៈ វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង វិស័យ​ផលិត​ជ័រ​កៅស៊ូ និង​ប្លាស្ទិក វិស័យ​សំណង់ វិស័យ​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង វិស័យ​សណ្ឋាគារ វិស័យ​ដឹក​ជញ្ជូន គ្រប់គ្រង​ឃ្លាំង និង​ភស្តុភារ វិស័យ​សុខាភិបាល វិស័យ​អប់រំ ព្រម​ទាំង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង។

ការ​សិក្សា​បង្ហាញ​ថា ក្នុង​វិស័យ​ទាំង ១០ នោះ មាន​មុខងារ​ខ្លះ​ដែល​និយោជក​ត្រូវការ ក៏ប៉ុន្តែ​អ្នក​ចេះ​មាន​តិច​បំផុត។ មុខងារ​ទាំងនោះ​រួម​មាន អ្នក​ដំឡើង និង​បញ្ជា​គ្រឿង​ម៉ាស៊ីន និង​គ្រប់គ្រង​រោងចក្រ អ្នក​គ្រប់គ្រង​ទូទៅ បុគ្គលិក​ផ្នែក​លក់ និង​បម្រើ​សេវាកម្ម ព្រម​ទាំង​អ្នក​ជំនាញការ​ផ្នែក​បច្ចេកទេស និង​ស្រាវជ្រាវ។

ការ​ខ្វះ​អ្នក​ជំនាញ​ទាំងនេះ បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដូចជា ធ្វើ​ឲ្យ​យឺតយ៉ាវ​ការ​ផលិត​ទំនិញ និង​សេវាកម្ម បង្កើន​បន្ទុក​ការងារ​កាន់​តែ​ច្រើន​ដល់​បុគ្គលិក​ផ្សេង ការ​បញ្ជា​ទិញ​ត្រូវ​ធ្លាក់​ទៅ​ក្រុមហ៊ុន​ដទៃ ឬ​គុណភាព​មិន​ស្រប​តាម​ស្តង់ដារ ជាដើម។ ហេតុ​នេះ​ហើយ ទើប​និយោជក​ភាគច្រើន​សម្រេច​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា មួយ​ចំនួន​ជ្រើសរើស​បុគ្គលិក​មិន​មែន​ជា​ជនជាតិ​ខ្មែរ និង​និយោជក​ខ្លះ​ទៀត​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម​ដល់​បុគ្គលិក​របស់​ខ្លួន។

អ្នក​ស្វែងរក​ការងារ​ធ្វើ​មួយ​ចំនួន​បញ្ជាក់​ថា ពួក​គេ​មិន​សូវ​បាន​ដឹង​អំពី​ព័ត៌មាន​ទីផ្សារ​ការងារ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ខកខាន​ទទួល​បាន​ឱកាស​ការងារ​ស្រប​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ ហើយ​ខ្លះ​ទៀត ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​មុខ​ជំនាញ​អ្វី​ខ្លះ​ដែល​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ។ ពួក​គេ​ក៏​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ដែរ​អំពី​សមត្ថភាព​របស់​ខ្លួន បើ​ទោះ​ជា​យល់​ថា ការងារ​មាន​ច្រើន​ក៏ដោយ៖ «»

ព័ត៌មាន​ទីផ្សារ​ការងារ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ស្វែងរក​ការងារ និង​អ្នក​ចង់​ផ្លាស់ប្ដូរ​ការងារ​ថ្មី។ ហេតុ​ដូចនេះ​ហើយ​បាន​ជា​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ព័ត៌មាន​ទីផ្សារ​ការងារ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​ញឹកញាប់។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ថៃ ដែល​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្ពុជា នោះ ទើប​នឹង​បាន​ប្រកាស​អំពី​ការ​សើរើ​មើល​ឡើង​វិញ​នូវ​បញ្ជី​មុខ​របរ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន បន្ទាប់​ពី​ខកខាន​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ការ​សម្រេច​របស់​ប្រទេស​ខ្លា​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ គឺ​ដើម្បី​ឲ្យ​បញ្ជី​មុខ​របរ​នោះ​មាន​ភាព​ប្រសើរ​ឡើង ដែល​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​វិនិយោគ​ឲ្យ​បាន​ច្រើន​លើ​ការ​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទីផ្សារ​ការងារ ព្រោះ​កម្ពុជា មាន​កម្លាំង​ពលកម្ម​ច្រើន ដែល​នេះ​គឺ​ជា​គន្លឹះ​នៃ​សេដ្ឋកិច្ច​ជាតិ មិន​អាច​បណ្តែតបណ្តោយ​ដូច​ពេល​បច្ចុប្បន្ន​ឡើយ៖ «»

គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ របស់​ក្រសួង​ការងារ បញ្ជាក់​ថា កំណើន​ការងារ​នៅ​កម្ពុជា ភាគច្រើន​ត្រូវ​បាន​ស្រូប​យក​ដោយ​វិស័យ​កសិកម្ម និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ក៏ប៉ុន្តែ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រក​ឃើញ​ថា ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ភាគច្រើន​ទទួល​បាន​ប្រាក់​កម្រៃ​តិច និង​មាន​លក្ខខណ្ឌ​មិន​ល្អ​នៅ​ឡើយ ហើយ​កម្មករ​ក្នុង​វិស័យ​កសិកម្ម​វិញ​កាន់​តែ​ទទួល​បាន​ការ​អប់រំ​តិច និង​មាន​ឱកាស​ស្តួចស្តើង ឬ​ក៏​គ្មាន​ឱកាស​តែ​ម្តង ដើម្បី​ទទួល​បាន​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា នៅ​ចំពោះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​មាន​ការ​ផ្លាស់ប្ដូរ វា​មិន​ត្រឹម​តែ​ចាំបាច់​សម្រាប់​កម្ពុជា ក្នុង​ការ​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​កំពុង​កើន​ឡើង​នោះ​ទេ តែ​វា​ក៏​ចាំបាច់​ក្នុង​ការ​បំពាក់បំប៉ន​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​វិភាគ​យល់​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ជា​ការ​ប្រកួត​ប្រជែង​មួយ​ខុស​ប្លែក​ពី​លើក​មុន

$
0
0

ពេលវេលា​ត្រូវ​កំណត់​រួច​ហើយ ហើយ​អ្នក​ប្រកួត កំពុង​ស្ថិត​នៅ​លើ​ទីលាន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦។ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជាតិ​មួយ​នេះ។ អ្នក​វិភាគ​មើល​ឃើញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​ទម្រាំ​ដល់​ថ្ងៃ​ឡើង​រេញ អ្នក​ប្រកួត​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ធំ ស្រប​ពេល​ដែល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ទើប​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់។

សេណារីយ៉ូ​មួយ​ដែល​អាច​ឲ្យ​អ្នក​វិភាគ​យក​ទៅ​ប្រមើល​មើល​បាន​សម្រាប់​ចន្លោះ​ពេល​នេះ គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​លើក​ក្នុង​រយៈពេល ៤​ខែ ដែល​អ្នក​ខ្លះ​ហៅ​ច្បាប់​នេះ​ថា «ច្បាប់​ប្រឆាំង​លោក សម រង្ស៊ី» អតីត​មេ​បក្ស​ប្រឆាំង និង​ជា​ទណ្ឌិត បន្ទាប់​ពី​តុលាការ​ដែល​សាធារណជន​ភាគច្រើន​ចោទ​ប្រកាន់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ បាន​កាត់​ទោស​លោក​កំបាំង​មុខ ដោយ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ។

អ្នក​វិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នឹង​ជា​ការ​ប្រកួត​ប្រជែង​មួយ​ខុស​ប្លែក​ពី​លើក​មុន ពីព្រោះ​កម្លាំង​នៃ​ដៃគូ​ប្រកួត​ប្រជែង​ធំៗ​ទាំង​ពីរ មាន​កម្រិត​ប្រកៀក​ប្រកិត​គ្នា។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ដើម​ខែ​មុន បាន​បង្ហាញ​ថា កម្លាំង​គាំទ្រ​របស់​គណបក្ស​កាន់​អំណាច​មាន ៥០,៧៦​ភាគរយ ទល់​នឹង ៤៣,៨៣​ភាគរយ​របស់​គណបក្ស​ប្រឆាំង។

លោក មាស នី លើក​ឡើង​ថា ដៃគូ​ប្រកួត​ដែល​ធ្លាប់​មាន​កម្លាំង​គាំទ្រ​ដាច់ តែ​ក្នុង​ពេល​មួយ​មាន​គូ​ប្រកួត​ម្ខាង​ទៀត​រត់​មក​ជិត​ទាន់​បែប​នេះ អាច​នឹង​រក​វិធីសាស្ត្រ​ដើម្បី​ទប់​ស្ថានការណ៍​ដែល​ខ្លួន​មិន​ចង់​ឃើញ៖ «សំណួរ​សួរ​ថា អ្នក​ណា​ភ័យ​ជាង? គឺ​អ្នក​ដែល​គេ​រត់​ជិត​ទាន់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់។ ប៉ុន្តែ​យើង​មិន​ដឹង​ថា តើ​ការ​ភ័យ​ព្រួយ​ខ្លាច​ចាញ់​នេះ នឹង​ក្លាយ​ទៅ​ជា​ដើម្បី​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ស្វែងរក​គាំទ្រ​បន្ថែម​ទៀត កុំ​ឲ្យ​ចាញ់ ឬ​មួយ​ក៏​ប្រើ​វិធានការ​ច្បាប់​ផ្សេងៗ​ដើម្បី​បង្អាក់​ដំណើរ​អ្នក​រត់​ជិត​ទាន់ កុំ​ឲ្យ​រត់​លឿន​ពេក​ឲ្យ​ទាន់។ យើង​នឹង​ចាំ​មើល មិន​យូរ​ទៀត​ទេ ក្នុង​រយៈពេល​ប្រាំ ប្រាំមួយ​ខែ​ខាង​មុខ នឹង​អាច​មាន​រឿង​ប្លែកៗ​កើត​ឡើង»

ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​ទើប​ត្រូវ​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ពាក់ព័ន្ធ ឬ​យក​សំឡេង រូបភាព ឬ​ក៏​ឯកសារ​លាយលក្ខណ៍​អក្សរ​របស់​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ហើយ​បើ​គណបក្ស​នយោបាយ​ណា​មួយ​ប្រព្រឹត្ត​ល្មើស​នឹង​ការ​កំណត់​នេះ នឹង​ត្រូវ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ដល់​រយៈពេល​ប្រាំ​ឆ្នាំ និង​ត្រូវ​ដក​សិទ្ធិ​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ឬ​ក៏​ត្រូវ​រំលាយ​ចោល​តែ​ម្តង។

លោក មាស នី ព្រួយ​បារម្ភ​ថា ភាព​មិន​ច្បាស់លាស់​នៃ​ការ​អនុវត្ត​របស់​តុលាការ ដែល​ត្រូវ​អ្នក​ឃ្លាំ​មើល​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​រិះគន់៖ «នៅ​ពេល​ដែល​មាន​គណបក្ស​មួយ ដែល​មាន​អំណាច​ធំធេង មាន​អ្វីៗ​ទាំងអស់ ហើយ​អាច​មាន​ឥទ្ធិពល​លើ​តុលាការ​ផង​ដែរ​នោះ យើង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត​ទៅ​លើ​ឯកឧត្តម សម រង្ស៊ី មួយ​ទេ តែ​អាច​ចោទ​ប្រកាន់​លើ​គណបក្ស​តូចៗ។ ប្រសិន​បើ​មាន​អ្នក​ណា​ហ៊ាន​និយាយ​រិះគន់​លើ​រដ្ឋាភិបាល​ខ្លាំងៗ ពេល​នោះ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់»

អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ស៊ើប​អង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​អ្នក​ទោស​នយោបាយ​ចំនួន ២០​នាក់ ដែល​អង្គការ​នេះ​បាន​អះអាង​ថា អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ដោយ​ផ្អែក​លើ​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ខុសៗ​គ្នា ប៉ុន្តែ​ជា​រួម ការ​ជាប់​ឃុំ​អ្នក​ទាំងនោះ បង្ហាញ​ពី​ការ​រឹត​បន្តឹង​លើ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​អាជ្ញាធរ​កាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បី​បំបិទ​សំឡេង​មតិ​រិះគន់។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។

នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ពី​ការ​ត្រឡប់​មក​វិញ​នូវ​សង្គ្រាម ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ព្រមាន​វាយ​ឲ្យ​បែក​ធ្មេញ ចំពោះ​អ្នក​ណា​ដែល​តវ៉ា​លទ្ធផល​ឆ្នោត​ពេល​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត។

ដំណាក់កាល​សំខាន់​មួយ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ គឺ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ កញ្ញា។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ គ..ប កែលំអ​ចំណុច​មួយ​ចំនួន ពិសេស​ការ​សម្រួល​ដល់​ពលករ​នៅ​ក្រៅ​ប្រទេស អាច​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ញឹក ប៊ុនឆៃ នឹង​ដឹកនាំ​ធ្វើ​សមាជ​ពង្រឹង​បក្ស​ក្រោយ​ការ​រង្គោះរង្គើ

$
0
0

លោក ញឹក ប៊ុនឆៃ នឹង​ធ្វើ​សមាជ​ដើម្បី​ពង្រឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃ​ទី​១២ សីហា គឺ​ក្រោយ​ពី​គណបក្ស​រាជា​និយម​មួយ​នេះ​បាន​រង្គោះរង្គើ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រួច​មក។ ទីប្រឹក្សា​អះអាង​ថា ជំហរ​លោក ញឹក ប៊ុនឆៃ គ្មាន​បំណង​រំលាយ​បក្ស ឬ​ចុះ​ចូល​ជាមួយ​បក្ស​ណា​មួយ​នោះ​ទេ។

សមាជ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស គឺ​លោក ញឹក ប៊ុនឆៃ។ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ញឹក ប៊ុនឆៃ លោក ម៉ៅ សុផាន់ណា បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មក មាន​សមាជិក​គណបក្ស​ចំនួន ២៣​នាក់ ចាប់​ពី​ឋានៈ​អគ្គលេខាធិការ​បក្ស ដល់​សមាជិក បាន​ចាកចេញ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ម៉ៅ សុផាន់ណា មិន​បាន​ដឹង​ថា មាន​សកម្មជន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​អត់​នោះ​ទេ៖ «ឃើញ​ហើយ​ស្ថានការណ៍​នយោបាយ​តាំង​ពី​បោះឆ្នោត​ឃុំ​មក ឃើញ​ថា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ការ​រង្គោះរង្គើ​ខ្លះ មាន​អ្នក​ខ្លះ​ដើរ​ចេញ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​គណបក្ស​ដទៃ ទៅ​គណបក្ស​ផ្សេងៗ ទៅ​គណបក្ស​តូច គណបក្ស​ធំ​ខ្លះ»

ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​ដក​តំណែង​លោក ញឹក ប៊ុនឆៃ ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​រួច​មក អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា​ក្បត់​សម្ពន្ធភាព​ជាមួយ​បក្ស​កាន់​អំណាច ហេតុ​នេះ​មិន​អាច​បន្ត​ឲ្យ​មាន​ទំនាក់ទំនង​អ្វី​តទៅទៀត​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា លោក សុខ ឥសាន បាន​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ ស្រប​ពេល​នោះ មន្ត្រី​មួយ​ចំនួន​របស់​លោក ញឹក ប៊ុនឆៃ ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។

បើ​ទោះ​ជា​មាន​សមាជិក​ចាកចេញ និង​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​កាន់​អំណាច​ក្ដី ទីប្រឹក្សា​របស់​លោក ញឹក ប៊ុនឆៃ នៅ​តែ​សង្ឃឹម​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រឹងមាំ ក្រោយ​ធ្វើ​សមាជ​រួច។ លោក ម៉ៅ សុផាន់ណា បាន​បដិសេធ​ព័ត៌មាន​ដែល​ថា លោក ញឹក ប៊ុនឆៃ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ១៨​នាក់ បាន​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មាន​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ទៀត។ ចំណែក​ករណី​លោក ញឹក ប៊ុនឆៃ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា គ្រប់​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ សុទ្ធតែ​អាច​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន លើកលែង​លោក ញឹក ប៊ុនឆៃ ប្រសិន​បើ​ចង់​ត្រឡប់​មក​វិញ ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​មុន​សិន៖ «អត់​ទាន់​មាន​ព័ត៌មាន​អី​ទេ! យើង (គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សួរ​គ្នី​សួរ​គ្នា​ដែរ តែ​អត់​ទាន់​មាន ទុក​ឲ្យ​សម្ដេច​ព្រះ​ប្រធាន ពីព្រោះ​សម្ដេច​ព្រះ​ប្រធាន​ទ្រង់​ព្រះ​រាជតម្រិះ​របៀប​ម៉េច អី​ម៉េច? អា​ហ្នឹង​បុព្វសិទ្ធិ​ព្រះ​ប្រធាន។ តែ​យើង​ខ្ញុំ​អត់​ឃើញ​មាន...អត់ (ដែល​បោះ​ដៃ​រក​គ្នា​ទេ) ដែល​មាន​ទេ អត់​ទេ»

អតីត​មេ​ទ័ព និង​ឧបនាយករដ្ឋមន្ត្រី​កូតា​មក​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ អះអាង​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទុក​ចិត្ត​លោក ដោយសារ​លោក​បាន​ច្រឡំ​លេខ​ទូរស័ព្ទ ហើយ​បាន​ហៅ​ដោយ​ចៃដន្យ​ទៅ​លេខ​របស់​អនុប្រធាន​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង កាល​ពី​អំឡុង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

អ្នក​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ធ្វើ​សមាជ​របស់​លោក ញឹក ប៊ុនឆៃ ជា​ជម្រើស​ល្អ​ក្នុង​ការ​ស្វែងរក​ប្រជាប្រិយភាព​ឡើង​វិញ ឬ​ក៏​ការ​រក​ដៃគូ​គណបក្ស​ផ្សេង​ទៀត​ដើម្បី​សហការ៖ «ភារកិច្ច​ចំពោះ​មុខ​ត្រូវ​ធ្វើ​សមាជ​មួយ ពង្រឹង​ផ្ទៃក្នុង ឬ​ក៏​ជំនួស​កន្លែង​អ្នក​ចេញ​ពី​បក្ស ហើយ​ប្រកាស​អំពី​គោល​នយោបាយ​បក្ស​ទៅ​ដល់​មហាជន​ដែល​ជា​អ្នក​គាំទ្រ។ នេះ​ជា​ការ​ស្វែងរក​ប្រជាប្រិយភាព​ពី​មហាជន ឬ​ក៏​រក​ដៃគូ​គណបក្ស​ដទៃ​ទៀត ដើម្បី​សហការ។ នេះ​ជា​យន្តការ​ទូទៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ»

លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ចាប់​តាំង​ពី​ផ្ដាច់​សម្ពន្ធភាព គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ សុទ្ធតែ​មិន​ទទួល​បាន​ផល​ចំណេញ​ទាំង​ពីរ ដោយ​មួយ​បាត់​សំឡេង​គាំទ្រ និង​បាត់បង់​ការ​សហការ ឯ​បក្ស​មួយ​ទៀត គឺ​សមាជិក​បាត់​ប្រាក់ខែ និង​តួនាទី​ក្នុង​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សុន ឆ័យ គ្រោង​ដាក់​លិខិត​១​ច្បាប់​ទៀត​ទៅ​ក្រសួង​រ៉ែ​រឿង​អាជីវកម្ម​ខ្សាច់​នៅ​កោះកុង

$
0
0

ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ គ្រោង​ដាក់​លិខិត​ដាច់​ដោយឡែក​មួយ​ច្បាប់​ទៀត​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​បកស្រាយ​ជុំវិញ​រឿង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​មួយ​ចំនួន នៅ​តែ​មាន​សកម្មភាព​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង។ ពលរដ្ឋ​នៅ​មូលដ្ឋាន​អះអាង​ថា ពិត​ជា​នៅ​មាន​ក្រុមហ៊ុន​ខ្នាត​ធំ​ខ្លះ កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​មែន ហើយ​ពួក​គេ​ស្នើ​ឲ្យ​ក្រសួង​ចុះ​ទៅ​ពិនិត្យ​រឿង​នេះ​ដោយ​ផ្ទាល់។

បន្ទាប់​ពី​ខកខាន​មិន​បាន​ទទួល​ការ​ឆ្លើយតប​ពី​ក្រសួង​រ៉ែ និង​ថាមពល រឿង​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​បរទេស​នោះ ពេល​នេះ​លោក សុន ឆ័យ ដែល​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា កំពុង​រៀបចំ​លិខិត​មួយ​ច្បាប់​ទៀត​ដាក់​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឲ្យ​ក្រសួង​ជំនាញ​មួយ​នេះ​បំភ្លឺ​រឿង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​សារាចរ និង​ប្រកាស​ស្ដីពី​ការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ខេត្ត​កោះកុង។

លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា លោក​មាន​គម្រោង​ធ្វើ​បែប​នេះ ដោយសារ​ទទួល​បាន​ព័ត៌មាន​ថា មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​មួយ​ចំនួន នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង ជាពិសេស​ការដ្ឋាន​លាង​ខ្សាច់​មួយ​កន្លែង​នៅ​តំបន់​កោះ​ស្មាច់ ដែល​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ៖ «»

លោក សុន ឆ័យ បញ្ជាក់​ថា លិខិត​ថ្មី​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា ដើម្បី​ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ហត្ថលេខា រួច​បញ្ជូន​បន្ត​ទៅ​ក្រសួង​រ៉ែ និង​ថាមពល។ លោក​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅ​ខេត្ត​កោះកុង បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​បរិស្ថាន និង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន តែ​ផល​ប្រយោជន៍​បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច ដូច្នេះ​នេះ​ជា​រឿង​ចាំបាច់​ត្រូវ​តែ​តាមដាន៖ «»

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ដោយ​មន្ត្រី​ខ្លះ​ជាប់​រវល់​ប្រជុំ និង​ខ្លះ​ទៀត​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​បាន​បញ្ជាក់​ពេល​ក្រសួង​ចេញ​ប្រកាស​ថា ក្រុមហ៊ុន​ណា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​សម្រាប់​នាំ​ចេញ ត្រូវ​តែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​អាជីវកម្ម​ទាញ​យក​ខ្សាច់​ខ្នាត​ធំ ត្រូវ​បាន​ហាមឃាត់​ស្ទើរ​តែ​ទាំងស្រុង​នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង។

តំណាង​ក្រុម​ស្ត្រី​នៃ​សហគមន៍​កោះ​ស្រឡៅ លោកស្រី ម៉ូត សុផា អះអាង​ប្រាប់​អាស៊ីសេរី​ថា កាល​ពី​ថ្ងៃ​ទី​២០ កក្កដា លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត បាន​ទៅ​ដល់​តំបន់​កោះ​ស្មាច់ និង​បាន​ឃើញ​ការដ្ឋាន​លាង​ខ្សាច់​នៅ​ទីនោះ​កំពុង​ធ្វើ​សកម្មភាព​ដូច​ធម្មតា ដោយ​មាន​ទាំង​គ្រឿងចក្រ និង​សាឡង់​ដឹក​ខ្សាច់​មួយ​ចំនួន​ផង។

លោកស្រី​អះអាង​ថា ក្រុម​ពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ និង​សកម្មជន​បរិស្ថាន នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​ទៅ​ពិនិត្យ​មើល​ថា តើ​ការដ្ឋាន​នោះ​នៅ​មាន​សកម្មភាព​ទៀត​ឬ​អត់?«»

លោកស្រី ម៉ូត សុផា និង​ពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ ដោយ​ប្រមូល​យក​គ្រឿងចក្រ និង​សាឡង់​ដឹក​ខ្សាច់​ចេញ​ពី​តំបន់​នោះ​ឲ្យ​អស់​តែ​ម្តង ដើម្បី​ពួក​គាត់​មាន​ឱកាស​ស្ដារ​ជីវភាព​រស់នៅ​ឡើង​វិញ ក្រោយ​ពី​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ឃុំ​ស្រែគរ​នៅ​តែ​មិន​ព្រម​ចាកចេញ​ទោះ​បី​ជា​ទឹក​ជន់​លិច​ភូមិ

$
0
0

ទឹក​ទន្លេ​សេសាន​នៅ​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ស្រក​ជិត ៣​តឹក បើ​ធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា។ អ្នក​ភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង ហាក់​មិន​ខ្លាច​រអា​ចំពោះ​ទឹក​ជំនន់​ដែល​កំពុង​គំរាម​កំហែង​លំនៅឋាន​ពួក​គាត់​ទេ តែ​ពួក​គាត់​បាន​ចោទ​អាជ្ញាធរ​ថា នៅ​តែ​បញ្ជូន​កម្លាំង​ចម្រុះ​ប្រដាប់​អាវុធ​ឈរ​ជើង​ច្រើន​កន្លែង​នៅ​ច្រក​ផ្លូវ​ចូល​ឃុំ​ស្រែគរ និង​បាន​រារាំង​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ពួក​គាត់។

ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទ​ទ្វារ​ទឹក​សាកល្បង​អស់​រយៈពេល ១៦​ថ្ងៃ ខណៈ​ទឹក​ទន្លេ​បាន​ឡើង​លិច​ភូមិ និង​លំនៅឋាន​អ្នក​ភូមិ​ស្រែគរ​ចាស់ ៣​ថ្ងៃ​ហើយ​ដែរ គិត​ត្រឹម​ថ្ងៃ​ទី​៣០ កក្កដា។ អ្នក​ភូមិ​មួយ​ចំនួន​បាន​នាំ​គ្នា​ជញ្ជូន​សម្ភារៈ​ទៅ​កាន់​ទីទួល​ខ្ពស់ និង​លើ​ផ្ទះ រីឯ​សត្វ​ចិញ្ចឹម ពួក​គាត់​បាន​យក​ទៅ​ទុក​លើ​ទីទួល​សុវត្ថិភាព។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ លោក សា វ៉ន វ័យ ៦០​ឆ្នាំ ថ្លែង​ថា ថ្វី​បើ​ទឹក​ជំនន់​លិច​ភូមិ និង​លំនៅឋាន​ពួក​គាត់​ក្តី តែ​ពួក​គាត់​នៅ​តែ​ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន និង​ត្រៀម​ដឹក​ជញ្ជូន​សម្ភារៈ​តាម​ទូក​ដោយ​ខ្លួន​ឯង ទៅ​កាន់​ទីទួល​សុវត្ថិភាព ប្រសិន​បើ​ទឹក​នៅ​តែ​បន្ត​កើន​ឡើង។ លោក​ចោទ​អាជ្ញាធរ​ថា ដាក់​កម្លាំង​ប្រដាប់​អាវុធ​យាម​តឹងរ៉ឹង​ជាង ២​សប្ដាហ៍​មក​ហើយ និង​បាន​ហាម​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចូល​ភូមិ​ស្រែគរ បង្ក​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​សេដ្ឋកិច្ច​ពួក​គាត់។

លោក​យល់​ថា អាជ្ញាធរ​ហាក់​ចាត់​ទុក​ពួក​គាត់​ជា​សត្រូវ​នៃ​ការ​អភិវឌ្ឍ ត្បិត​មាន​ជន​បរទេស និង​អង្គការ​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ឃុំ​ស្រែគរ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព៖ «នៅ​ភូមិ​ស្រែគរ ក្បាលរមាស នេះ ខ្ញុំ​បាន​ឃើញ​ថ្ងៃ​មុន​ហើយ បាន​ថា​ធ្វើ​បាប​ប្រជារាស្ត្រ​នេះ សុទ្ធតែ​យក​កាំភ្លើង​គំរាម​កំហែង។ ទី​មួយ គឺ​ផ្លូវ​ក្របី​ជ្រុំ ខ្ញុំ​ទៅ​ដល់ ស្រាប់​តែ​ស្គាល់​គ្នា​យក​កាំភ្លើង​ជ្រែង​ដាក់​បារាំង​បរទេស​គេ។ មិន​ត្រឹមត្រូវ​ទេ ធ្វើ​ចឹង! ខ្មែរ​មិន​ចេះ​ជួយ​ខ្មែរ​ទេ​សព្វថ្ងៃ»

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ លោកស្រី សារុំ សារុម សន្និដ្ឋាន​ថា ទឹក​ជំនន់​នេះ​ពុំ​មែន​ដោយសារ​មក​ពី​ទំនប់​វារីអគ្គិសនី​ទាំងស្រុង​ទេ អាច​បណ្ដាល​មក​ពី​កត្តា​អាកាសធាតុ​រួម​ផ្សំ​ទឹក​ភ្លៀង​ផង។ លោកស្រី​បន្ថែម​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា ពុំ​ទាន់​មាន​ពលរដ្ឋ និង​កុមារ​ជួប​គ្រោះថ្នាក់​ដោយសារ​ទឹក​ជំនន់ និង​សត្វ​អាសិរពិស​នៅ​ឡើយ​ទេ រីឯ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ថត​ពី​ទិដ្ឋភាព​អ្នក​ភូមិ​ម្តងម្កាល​ដែរ៖ «រារាំង​រហូត​សូម្បី​តែ​កាសែត និង​អ្នក​ភូមិ​ចេញ​ចូល គឺ​គាត់​សួរ​រហូត ដល់​ថ្ងៃ​នោះ ខ្ញុំ​សួរ​ថា លោក​ឯង​ឆែកឆេរ​ធ្វើ​អី? ឡាន​អ្នក​ភូមិ​ចេញ​ចូល​ក៏​ឆែក គាត់​ឆែក​ក្រែង​មាន​អ្នក​កាសែត។ ចុះ​បើ​មាន​អ្នក​កាសែត​ចូល​មក លោក​មាន​សិទ្ធិ​អី​មក​រារាំង​បិទ​សិទ្ធិ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​មិន​ឲ្យ​និយាយ មិន​ឲ្យ​សម្ភាស។ លោក​ឯង​មក​រារាំង​ចឹង លោក​ឯង​មក​សម្លាប់​ពួក​ខ្ញុំ​ហើយ លោក​ឯង​មិន​មែន​មក​ជួយ​ពួក​ខ្ញុំ​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ កក្កដា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា កម្លាំង​ដែល​ដាក់​ពង្រាយ​នោះ ក្នុង​បំណង​ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទៅ​វិញ​ទេ។

តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ថា កម្ពស់​ទឹក​នៅ​ការដ្ឋាន​សាងសង់​កើន​ឡើង ៧០​ម៉ែត្រ​កន្លះ និង​កើន​ឡើង ៧១​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​បាន​ចំនួន ៨​ទ្វារ​ទឹក។ លោក​បញ្ជាក់​ថា ទឹក​ជំនន់​កើន​ឡើង​ពី​ខ្សែ​ទឹក​ខាង​លើ បូក​ផ្សំ​ទឹក​ភ្លៀង​ផង ក៏​ជា​កត្តា​រួមផ្សំ​ដែល​នាំ​ឲ្យ​ទឹក​ទន្លេ​កើន​ឡើង​ដែរ ហើយ​មន្ត្រី​បច្ចេកទេស​នៅ​ពុំ​ទាន់​កំណត់​ពេល​ជាក់លាក់​បិទ​ទ្វារ​ទឹក​ទាំងស្រុង​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា សមត្ថកិច្ច​ចម្រុះ​ខែត្រ​ស្ទឹងត្រែង ដែល​ឈរ​ជើង​នៅ​តាម​ដង​ផ្លូវ ហាក់​ដាក់​សម្ពាធ​ពលរដ្ឋ​ច្រើន​ជាង​ការ​ត្រៀម​ចាំ​សង្គ្រោះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ឃើញ​ថា បើ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នក​ខាង​ក្រៅ​ចូល​ទៅ​ភូមិ​ស្រែគរ​ចាស់ មាន​ន័យ​ថា ជា​ការ​ដាក់​គំនាប​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ប៉ះពាល់​សតិអារម្មណ៍​អ្នក​ភូមិ​កាន់​តែ​ខ្លាំង​ឡើង។ យ៉ាង​ណា លោក​មើល​ឃើញ​ថា នៅ​គ្រា​ដែល​ទឹក​ជំនន់​កំពុង​លិច​ភូមិ​ពលរដ្ឋ អាជ្ញាធរ​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​តំបន់​នោះ និង​បង្កើត​មណ្ឌល​សុខភាព​ចល័ត​មួយ​នៅ​ក្បែរ​លំនៅឋាន​ពលរដ្ឋ​ដែរ៖ «យើង​គិត​ពី​ច្បាប់ គាត់​ដាក់​ចឹង គឺ​គាត់​ខុស​ច្បាប់​ហើយ រារាំង​ពួក​គាត់​ចឹង គឺ​រំលោភ​សិទ្ធិ​ពួក​គាត់​ហើយ។ វា​អាច​ហេតុផល​បំបាក់​ស្មារតី​ពួក​គាត់​មិន​ចង់​ឲ្យ​ពួក​គាត់​រស់នៅ​ទី​ហ្នឹង​បន្ត​ទៀត»

អំឡុង​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ចំនួន​ពីរ ជា​លើក​ដំបូង មាន​អ្នក​ភូមិ​ស្រែគរ ចំនួន ៤​គ្រួសារ​ថ្មី​ទៀត បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង ហើយ​ចាកចេញ​ពី​ភូមិ​ចាស់។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ពី​ផល​ប៉ះពាល់​សុវត្ថិភាព វិបត្តិ​ស្បៀង​អាហារ កង្វះ​ទឹក​ស្អាត និង​សុខភាព​ពលរដ្ឋ​ដែល​បន្ត​រស់នៅ​អំឡុង​ពេល​ទឹក​លិច​ផ្ទះ​សម្បែង​ពួក​គាត់។

រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ចំនួន ១២០​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សុវត្ថិភាព​ទីក្រុង​សម្រាប់​ស្ត្រី

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​ប្រារព្ធ​ទិវា​សុវត្ថិភាព​ទីក្រុង​សម្រាប់​ស្ត្រី​ឆ្នាំ​២០១៧ ដោយ​ផ្ដោត​លើ​ការ​ផ្ដល់​ឲ្យ​ស្ត្រី​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ទីក្រុង នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

កម្មវិធី​នេះ​ធ្វើ​នៅ​ក្នុង​បរិវេណ​សាលា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ដោយ​មាន​អ្នក​ចូលរួម​ជា​ក្រុម​ស្ត្រី​ធ្វើ​ការងារ​ផ្នែក​សេវា​កម្សាន្ត កម្មករ ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ សិស្ស និស្សិត និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នានា។ កម្មវិធី​នេះ​ជា​ឱកាស​ឲ្យ​ក្រុម​ស្ត្រី​បាន​លើក​ពី​តម្រូវការ​របស់​ពួក​គេ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​កន្លែង​ការងារ និង​កន្លែង​រស់នៅ​របស់​ពួក​គេ​មាន​សុវត្ថិភាព។

ក្រៅ​ពី​នេះ មាន​សកម្មភាព​ផ្សេងៗ​មាន​ដូចជា គូរ​គំនូរ ផាត់​ពណ៌​លើ​មុខ លាប​ក្រចក​ដៃ រាំ​ម៉ាឌីហ្ស៊ន​រួម​គ្នា ជាដើម។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ដែល​ឋិត​ក្នុង​ចំណោម​អ្នក​រៀបចំ​កម្មវិធី​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​សហគមន៍​សន្សំ​ប្រាក់​ខេត្ត​បាត់ដំបង​តវ៉ា​ទាមទារ​គ្រប់គ្រង​ថវិកា​របស់​ខ្លួន

$
0
0

ពលរដ្ឋ​សហគមន៍​សន្សំ​ប្រាក់​សង្កែ ខេត្ត​បាត់ដំបង ប្រមាណ​ជាង​២០០​នាក់ នាំ​គ្នា​តវ៉ា​នៅ​សាលាខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី៣១ កក្កដា ដើម្បី​ទាមទារ​ការ​គ្រប់គ្រង​ថវិកា​ដែល​ពួកគេ​សន្សំ ពី​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​មក​វិញ។

ការ​ផ្ទុះ​ការ​តវ៉ា​នេះ ពលរដ្ឋ​ចោទ​ថា​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា បាន​ប្រមូល​ថវិកា​របស់​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ ដែលពួកគេ​បាន​​សន្សំ​រហូត​មក​ដល់​ពេល​នេះ ជាង​២​លាន​ដុល្លារអាមេរិក ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង មក​ក្ដោបក្ដាប់។

ពលរដ្ឋ​បន្ត​ថា ការ​ដែល​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា​គ្រប់គ្រង​ថវិកា​សន្សំ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ពួកគេ​បាត់​ផល​ប្រយោជន៍ និង​មិន​ដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​សមាជិក​ដាក់​សន្សំ និង​ខ្ចី​យក​ការ​ប្រាក់​ជា​ដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កិច្ច​ប្រជុំ​បញ្ហា​ទឹក​លិច​​ផ្ទះ​អ្នក​ភូមិ​នៅ​សេសាន​ក្រោម​ពីរ​ត្រូវ​បាន​លុប​ចោល

$
0
0

កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​ពី​បញ្ហា​ទឹក​ជន់​លិច​ផ្ទះ​អ្នក​ភូមិ​ក្នុង​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ដែល​ជាប់​នឹង​តំបន់​​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង ជាមួយ​អាជ្ញាធរ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី៣១ កក្កដា នេះ ត្រូវ​បាន​លុប​ចោល។

ការ​ខកខាន​នៃ​កិច្ច​ប្រជុំ​នេះ ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​បាន​ដាក់​លក្ខខណ្ឌ​ម្ដង​ជា​ពីរ​ដង ដោយ​លើក​ទី​១ មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​ស្ដាប់​កិច្ច​ពិភាក្សា​រក​ដំណោះស្រាយ​ ហើយ​ក្រោយ​មក​ព្រម​តែ​ហាម​ធ្វើ​ការ​ផ្សាយ​ផ្ទាល់។ លើក​ទី២ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​តែ​តំណាង​អ្នក​ភូមិ​១០​នាក់​ចូលរួម​កិច្ច​ប្រជុំ ខណៈ​ពលរដ្ឋ​ជាង​២០​នាក់​ត្រូវ​នៅ​ខាង​ក្រៅ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម។

គម្រោងបើក​កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​នេះ សម្របសម្រួល​ដោយ​អង្គការ​សមាគម​ចំនួន​៨ ក្រោយ​ពីផ្ទះ​អ្នក​ភូមិ​ក្នុង​តំបន់​នោះ ​ទឹកជន់​លិច​កាល​ពី​ចុង​សប្ដាហ៍មុន ស្រប​ពេល​ទឹក​ភ្លៀង​បន្ត​ធ្លាក់​ចុះ រួម​នឹង​ការ​បិទ​ទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្កិសនី​សេសាន​ក្រោម​ពីរ សាកល្បង។

​រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ចំនួន ១២០​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រសួង​ការពារ​ជាតិ​បដិសេធ​រឿង​កងទ័ព​៥០០​នាក់​ចូលរួម​ថត​កុន​ឲ្យ​ក្រុមហ៊ុន​អាមេរិក

$
0
0

មន្ត្រី​ក្រសួង​ការពារ​ជាតិ បដិសេធ​ចំពោះ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ថា កង​យោធពល​ខេមរភូមិន្ទ​ចំនួន ៥០០​នាក់ បាន​ចូលរួម​ថត​កុន​ឲ្យ​ក្រុមហ៊ុន​អាមេរិក។ ការ​ថត​កុន​នេះ គឺ​សំដៅ​ទៅ​រក​ការ​ថត​រឿង "មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដែល​ដឹកនាំ​ដោយ​អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie )

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត នៅ​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា បដិសេធ​ថា កង​យោធពល​ខេមរភូមិន្ទ​មិន​បាន​ចូលរួម​ថត​កុន​ឲ្យ​អាមេរិក ដែល​ដឹកនាំ​ដោយ​អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ទេ៖ «កងទ័ព​អត់​មាន​កម្លាំង​ណា​ជួល​បួន​ប្រាំ​រយ​នាក់​ទេ ព្រោះ​និយាយ​រួម កងទ័ព​អត់​មាន​ពេលវេលា​ណា​ទៅ​ថត​កុន​ជាមួយ​គាត់​ទេ។ សង្ស័យ​មាន គឺ​មាន​តែ​ប្រជាជន​ស្លៀកពាក់​ទាហាន​ប្រើ​ជា​រូបភាព​បញ្ចាំង​កុន អាច​ជឿ​ថា​កើត​មាន​រឿង​ហ្នឹង​ច្រើន​ជាង»

ការ​បដិសេធ​នេះ គឺ​ក្រោយ​ពេល​ដែល​ទស្សនាវដ្ដី ញូវយ៉ក (NYMAG.COM) កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ចេញ​ផ្សាយ​អំពី​ការ​រិះគន់​ចំពោះ​អ្នកស្រី អែនជេលីណា ចូលី ថា​បាន​សហការ​ជាមួយ​កង​ខេមរភូមិន្ទ​ចំនួន ៥០០​នាក់ ពេល​ថត​ភាពយន្ត​ខ្នាត​ធំ​អំពី​ជីវិត​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ម្នាក់ ឈ្មោះ អ៊ឹង លឿង។ ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា "មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ហើយ​ថា​ទាហាន​ទាំងនេះ​ដើរ​តួ​ជា​កងទ័ព​ខ្មែរ​ក្រហម។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) រិះគន់​តារា​ភាពយន្ត​ហូលីវូដ (Hollywood) ដ៏​ល្បី​ឈ្មោះ និង​ជា​ផលិតករ​ភាពយន្ត អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ចំពោះ​ការ​សហការ​ជាមួយ​កង​ខេមរភូមិន្ទ ដែល​ថា​ជា​កម្លាំង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​មួយ ប្រសិន​បើ​កិច្ច​សហការ​មាន​មែន។

ទស្សនាវដ្ដី ញូវយ៉ក ស្រង់​សម្ដី​លោក ប៊្រែដ អាដាម ទៀត​ថា ការ​ដែល​អ្នកស្រី អែនជេលីណា ចូលី ទៅ​សុំ​ច្បាប់​ផលិត​ភាពយន្ត​នៅ​កម្ពុជា និង​បាន​ដាក់​ទុន​វិនិយោគ​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ជា​រឿង​ល្អ​មួយ ហើយ​អ្នកស្រី​អាច​នឹង​ជួប​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​អ្នកស្រី​ត្រូវ​ឋិត​ក្នុង​ជំហរ​ច្បាស់លាស់​មួយ​ថា អ្នកស្រី​មិន​បាន​ផ្ដល់​អំណាច និង​ភាព​ស្រប​ច្បាប់ ឬ​ចំណាយ​លុយ​ទៅ​មនុស្ស​ខុស​ឡើយ។ លោក​ថ្លែង​ទៀត​ថា ការ​ធ្វើ​ការ​ជាមួយ​ទាហាន​រដ្ឋាភិបាល គឺ​ជា​ទង្វើ​ហាមឃាត់ ជា​កំហុស​ដ៏​អាក្រក់ ដោយ​លោក​ថា កង​ទាហាន​ទាំងនោះ គឺ​ជា​កង​កម្លាំង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ផ្ដាច់ការ​ដើម្បី​សម្លាប់​អ្នក​ការពារ​បរិស្ថាន ដែល​វា​ជា​ទង្វើ​ផ្ទុយ​ពី​ជំហរ​របស់​អ្នកស្រី។

លោក​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជន​ផ្ដាច់ការ​ម្នាក់​ដែល​ជាប់​ក្នុង​កំណត់​ត្រា​ពី​ការ​សម្លាប់ ការ​និរទេស ការ​ដាក់ និង​ការ​គំរាម​កំហែង​អ្នក​នយោបាយ​ប្រឆាំង ហើយ​ទាំង​លោក ហ៊ុន សែន ក៏ដូចជា​ថ្នាក់​ដឹកនាំ​ប្រទេស មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ រួម​ទាំង​មេ​ទាហាន​ផ្សេង​ទៀត សុទ្ធតែ​ជា​អតីត​សមាជិក​ខ្មែរ​ក្រហម។

លោក ឈុំ សុជាត ឆ្លើយតប​ថា លោក​ស្គាល់​ច្បាស់​ចំពោះ​ទស្សនៈ​របស់​លោក ប៊្រែដ អាដាម៖ «គាត់​មាន​ទស្សនៈ​មួយ គាត់​មិន​ដែល​និយាយ​ចំណុច​វិជ្ជមាន​ពី​រដ្ឋាភិបាល​ទេ។ គាត់​និយាយ​តែ​អវិជ្ជមាន​រហូត»

លោក ប៊្រែដ អាដាម គូស​បញ្ជាក់​ថា ភាពយន្ត "មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" នេះ និយាយ​អំពី​ភាព​តក់ស្លុត​ពី​ពួក​ខ្មែរ​ក្រហម ហើយ​អ្នកស្រី​នៅ​តែ​ទាក់ទង​ជាមួយ​ខ្មែរ​ក្រហម​ដោយ​គ្មាន​ការ​ពិចារណា។ លោក​ថា អ្នកស្រី​មាន​មធ្យោបាយ​ផ្សេង​ទៀត​ក្នុង​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ហើយ​មិន​ជាប់​ពាក់ព័ន្ធ​ដោយ​កងទ័ព​កម្ពុជា ដែល​ជា​កង​កម្លាំង​នៅ​តែ​បន្ត​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ឧទាហរណ៍ អ្នកស្រី ចូលី អាច​ជួល​មនុស្ស​ក្រៅ​ពី​នេះ​ឲ្យ​ដើរ​តួ​ជា​យោធា​ខ្មែរ​ក្រហម​បាន។ លោក​បន្ត​ថា វា​ជា​គ្រោះថ្នាក់​សីលធម៌​មួយ​ក្នុង​ការ​ទាក់ទង ឬ​ធ្វើ​ជំនួញ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ មិន​ដឹង​ថា​អ្នកស្រី​មិន​យល់ ឬ​មិន​ខ្វល់​ពី​បញ្ហា​នេះ​ទេ?

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នកស្រី អែនជេលីណា ចូលី ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​លេច​ឡើង​នូវ​ក្ដី​បារម្ភ​ពី​ក្រម​សីលធម៌។ កាល​ពី​ឆ្នាំ​២០០២ អ្នកស្រី អែនជេលីណា ចូលី បាន​ទិញ​ដី​សម្រាប់​មូលនិធិ ម៉ាដុក ចូលី ភិត (Maddox Jolie-Pitt Foundation) ពី​ឈ្មោះ យឹម ទិត ដែល​គេ​ចោទ​ថា​ជា​ឃាតក​សម្លាប់​រង្គាល និង​ជា​អតីត​មេ​បញ្ជាការ​យោធា​ខ្មែរ​ក្រហម។ រឿង​នេះ​មិន​ដឹង​ថា​ជា​កំហុស​របស់​អ្នកស្រី ឬ​បុគ្គលិក​របស់​អ្នកស្រី​ទេ។ វា​មិន​គួរ​កើត​មាន​ឡើយ។ អ្នកស្រី​មិន​គួរ​ផ្ទេរ​លុយ​ទៅ​ជន​ណា​ដែល​ត្រូវ​គេ​ចោទ​ពី​ការ​ប្រល័យ​ពូជ​សាសន៍​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ទស្សនាវដ្ដី ញូវយ៉ក មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នកស្រី អែនជេលីណា ចូលី នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​ជិត​១៥០​គ្រួសារ​រស់នៅ​ក្នុង​តំបន់​អង្គរ​ប្រកប​របរ​ផលិត​វត្ថុ​អនុស្សាវរីយ៍

$
0
0

ភូមិ​រហាល ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប គឺ​នៅ​ជិត​បង្កើយ​នឹង​ប្រាសាទ​បន្ទាយក្ដី ព្រម​ទាំង​ប្រាសាទ​តាព្រហ្ម ដែល​ជា​តំបន់​ការពារ​បេតិកភណ្ឌ​យ៉ាង​តឹងតែង​របស់​អាជ្ញាធរ​អប្សរា។ បច្ចុប្បន្ន ពលរដ្ឋ​នៅ​ភូមិ​នោះ ភាគច្រើន​គ្មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​ឲ្យ​មាំទាំ​ដូច​ពលរដ្ឋ​នៅ​តំបន់​ដទៃ​ទៀត​ទេ។ ជា​រៀង​រាល់​ថ្ងៃ អ្នក​ភូមិ​ភាគច្រើន​ប្រកប​របរ​ទទួល​ទាន​ដោយ​លក់​វត្ថុ​អនុស្សាវរីយ៍ លក់​ទឹក​សុទ្ធ ឬ​ក៏​ទឹក​ដូង ជាដើម ទៅ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​មក​ទស្សនា​ប្រាសាទ​នានា។

តើ​ជីវភាព​របស់​អ្នក​ភូមិ​រហាល ទាំងនោះ មាន​ស្ថានភាព​យ៉ាង​ណា?

ពលរដ្ឋ​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ជិត ១៥០​គ្រួសារ បាន​នាំ​គ្នា​ប្រកប​របរ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍ ដើម្បី​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​តាម​ប្រាសាទ​នានា​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ការ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នេះ ពួក​គេ​និយាយ​ថា គឺ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ភូមិ​ដែល​ពួក​គេ​រស់នៅ​ពុំ​មាន​ដី​ស្រែ និង​ចម្ការ​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ឡើយ។

ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ទល់​ព្រលប់ ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភូមិ​រហាល គឺ​ប្រាកដ​ជា​ឮ​សូរ​សំឡេង​រណារ​អារ​ឈើ និង​សំឡេង​ឈូស​ឈើ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ឥត​ដាច់​ស្នូរ។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​រហាល ជាច្រើន​ទៀត​ដែល​ជំនាញ​ខាង​ធ្វើ​រទេះ​គោ​តូចៗ​ជា​វត្ថុ​អនុស្សាវរីយ៍ គឺ​លោក ជួន រឿត។ លោក​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​ប្រកប​មុខ​របរ​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នេះ​រយៈពេល ២៥​ឆ្នាំ​ហើយ។

លោក ជួន រឿត បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​លោក​ចាប់​យក​មុខ​របរ​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នោះ ដោយសារ​តែ​កាល​ពី ២៥​ឆ្នាំ​មុន ពេល​ដែល​រូប​លោក​ជា​កសិករ តែង​បរ​រទេះ​គោ​ទៅ​ភ្ជួរ​ស្រែ ហើយ​រាល់​ពេល​ដែល​លោក​ជួប​នឹង​ភ្ញៀវ​ទេសចរ​បរទេស​ម្ដងៗ គឺ​ភ្ញៀវ​ទាំងនោះ​តែង​តាម​ថត​យក​រូបភាព​រទេះ​គោ។ ដោយសារ​តែ​លោក​មាន​ជំនាញ​ធ្វើ​រទេះ​គោ​ផង ក៏​ចាប់​ផ្ដើម​ធ្វើ​រទេះ​គោ​តូចៗ​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​តែ​ម្ដង៖ «ខ្ញុំ​តែង​បរ​រទេះ​ទៅ​ស្រែ​ទៅ​អី ពួក​បារាំង ឃើញ​តែង​ថត​រូប​រទេះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​គំនិត​ធ្វើ​កូន​រទេះ​តូចៗ​លក់​តែ​ម្ដង»

ក្នុង​ភូមិ​រហាល ទាំងមូល មិន​មែន​មាន​តែ​លោក ជួន រឿត ប៉ុណ្ណោះ​ទេ​ដែល​ជា​អ្នក​ធ្វើ​រទេះ​គោ​ជា​វត្ថុ​អនុស្សាវរីយ៍ គឺ​អ្នក​ភូមិ​ជាច្រើន​ទៀត​ក៏​មាន​ជំនាញ​ធ្វើ​ឈើច្រត់ ស្គរ ទ្រ និង​វត្ថុ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត។

នៅ​កន្លែង​ធ្វើ​ស្គរ មាន​សំឡេង​ម៉ាស៊ីន​រោទ៍​ខ្លាំង ដើម្បី​ទាញ​ម៉ូទ័រ​ក្រឡឹង​ឈើ ព្រម​ទាំង​កន្លែង​ខ្លះ​ឮ​សូរ​សំឡេង​ដំបង​វាយ​ប៉ះ​គ្នា​នឹង​ក្បាល​ពន្លាក ដើម្បី​ដាប់​ឈើ​ឲ្យ​ប្រហោង​សម្រាប់​ធ្វើ​ជា​ស្គរ។

លោកស្រី ព្រំ សាវឿន ដែល​ប្ដី​របស់​គាត់​ជា​អ្នក​ធ្វើ​ស្គរ​លក់​រាល់​ថ្ងៃ មាន​ប្រសាសន៍​ថា គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ស្គរ​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​រយៈពេល​ជិត ១​ឆ្នាំ​ហើយ។ របរ​ធ្វើ​ស្គរ​នេះ គឺ​ចេះ​ដោយសារ​តែ​កាល​ពី​មុន​ប្ដី​របស់​គាត់​ដើរ​ស៊ី​ឈ្នួល​ក្រឡឹង​ស្គរ​ឲ្យ​គេ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​ស៊ី​ឈ្នួល​បាន​កម្រៃ​តិច​ពេក ៤​ដុល្លារ​ក្នុង​មួយ​ថ្ងៃ គាត់​ក៏​សម្រេច​ចិត្ត​ទៅ​ខ្ចី​លុយ​មីក្រូហិរញ្ញវត្ថុ ១.៥០០​ដុល្លារ​មក​បង្កើត​មុខ​របរ​ធ្វើ​ស្គរ​ដោយ​ខ្លួន​ឯង។ លោកស្រី ព្រំ សាវឿន បញ្ជាក់​ថា មុខ​របរ​របស់​គាត់​ក្នុង​រយៈពេល ១​ឆ្នាំ​មក​នេះ គឺ​អាច​រក​ប្រាក់​បាន​ជា​មធ្យម​ពី ២៥០ ទៅ ៣០០​ដុល្លារ​ក្នុង ១​ខែៗ៖ «ជីវភាព​គ្រួសារ​របស់​ខ្ញុំ​ដូចជា​ធូរធារ​ជាង​មុន គឺ​យើង​អាច​រក​លុយ​មក​សង​មីក្រូហិរញ្ញវត្ថុ​បាន​ផង ព្រម​ទាំង​ការ​ចំណាយ​លើ​ការ​ហូប​ចុក​ក៏​បរិបូរ»

អ្នក​ធ្វើ​ទ្រ​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​ម្នាក់​ទៀត លោក សែន សូត្រ ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ក្នុង​មួយ​ខែៗ​គាត់​អាច​ផលិត​ទ្រ​ធ្វើ​ពី​ត្រឡោក​ដូង និង​ឈើ​បាន​ប្រហែល ១០០​ទ្រ ហើយ​លក់​បាន​ប្រាក់​ប្រមាណ​ពី ២០០ ទៅ ២៥០​ដុល្លារ។ លោក​ថា ប្រាក់​កម្រៃ​ដែល​លោក​បាន​ទទួល​ពី​ការ​លក់​ទ្រ​នេះ គឺ​អាច​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​លោក​បាន​សមរម្យ ហើយ​ការងារ​ធ្វើ​ទ្រ​នេះ ក៏​ប្រសើរ​ជាង​ការ​ចេញ​ទៅ​ធ្វើ​ការ​សំណង់​នៅ​តាម​ការដ្ឋាន​នានា​ផង៖ «ការងារ​វា​នៅ​ផ្ទះ ហើយ​ក៏​ងាយស្រួល​ដែរ។ ខ្ញុំ​ក៏​បន្ត​ជំនាញ​ធ្វើ​ទ្រ​នេះ​ពី​ឪពុក​របស់​ខ្ញុំ។ ក្នុង ១​ខែ បើ​យើង​ធ្វើ​ជាប់​អាច​រក​ប្រាក់​បាន ២០០ ទៅ ៣០០​ដុល្លារ​ដែរ»

ក្រុម​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ ភាគតិច​ណាស់​ដែល​ជា​អ្នក​យក​ទៅ​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​តាម​ប្រាសាទ​នានា​ដោយ​ខ្លួន​ឯង។ ពោល គឺ​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ​ឲ្យ​តែ​ផលិត​រួច គឺ​មាន​អ្នក​ភូមិ​មក​ម៉ៅ​យក​ទៅ​ដាក់​លក់​នៅ​តាម​ប្រាសាទ​នានា​ភ្លាម។

ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ប្រាសាទ​បុរាណ​ជាច្រើន គេ​ឮ​សូរ​តែ​សំឡេង​ខ្លុយ ឬ​ក៏​ស្គរ ដែល​អ្នក​លក់​បាន​ផ្លុំ និង​វាយ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ដឹង។

អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​នៅ​មុខ​ប្រាសាទ​តាព្រហ្ម លោកស្រី សូ ណា ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែៗ​គាត់​អាច​លក់​ស្គរ និង​ទ្រ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ពី ១០ ទៅ ២០​គ្រឿង ក្នុង​តម្លៃ​តាម​តូច​តាម​ធំ ខ្លះ ៨​ដុល្លារ ១៥​ដុល្លារ ឬ​ក៏ ២០​ដុល្លារ ជាដើម។ ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​បាន​ប្រកប​មុខ​របរ​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ឆ្នាំ​ហើយ ដោយសារ​តែ​គាត់​គ្មាន​ដី​ស្រែ និង​ចម្ការ៖ «មិន​ទៀង​ដែរ ខែ​ណា​សម្បូរ​ភ្ញៀវ​លក់​ដាច់​បាន ១០-២០​ស្គរ។ សំណួរ៖ តើ​អាច​យក​កម្រៃ​ពី​ការ​លក់​ហ្នឹង​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ? ឆ្លើយ៖ បាន​ត្រឹម​ម៉ា​ទប់ទល់​ចាយ​ស្រួល»

មេ​ភូមិ​រហាល លោក ភៀង ពៅ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ភូមិ​រហាល មាន​ពលរដ្ឋ​រស់នៅ​ជាង ៣៦០​គ្រួសារ។ ពលរដ្ឋ​ប្រហែល ៤០% នៃ​ចំនួន​សរុប គឺ​ជា​អ្នក​ដែល​ប្រកប​របរ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​លក់​ឲ្យ​ភ្ញៀវ​ទេសចរ។

លោក​មេ​ភូមិ​រហាល បញ្ជាក់​ទៀត​ថា របរ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​លក់​ឲ្យ​ភ្ញៀវ​ទេសចរ អាច​ជួយ​ជីវភាព​ពលរដ្ឋ​រស់​បាន​សមរម្យ ពីព្រោះ​តែ​អ្នក​ភូមិ​រហាល ភាគច្រើន​ពុំ​មាន​ដី​ស្រែ និង​ចម្ការ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រាសាទ​បន្ទាយឆ្មារ​ខេត្ត​បន្ទាយមានជ័យ​ពុំ​សូវ​មាន​អ្នក​ទៅ​ទស្សនា

$
0
0

ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជា​ប្រាសាទ​បុរាណ​របស់​ខ្មែរ​វ័យ​ចំណាស់​មួយ​ដែល​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ។ នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ មាន​ភាព​ស្រស់​ស្អាត និង​មាន​ដើមឈើ​ធំៗ​ព័ទ្ធ​ជុំវិញ​ជាច្រើន គួរ​ឲ្យ​ចង់​គយគន់ ប៉ុន្តែ​បែរ​ជា​ពុំ​សូវ​មាន​អ្នក​ទៅ​ទស្សនា​ទៅ​វិញ។

ប្រាសាទ​បន្ទាយឆ្មារ មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ ផ្លូវ​ទៅ​ប្រាសាទ​មួយ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​តាំង​ពី​ទី​រួម​ខេត្ត រហូត​ដល់​តួ​ប្រាសាទ ដោយ​ឆ្លង​កាត់​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក។ ថ្វីត្បិតតែ​ប្រាសាទ​មួយ​នេះ​ស្រស់​ស្អាត និង​មាន​ផ្លូវ​ងាយស្រួល​ធ្វើ​ដំណើរ​ក៏ដោយ​ចុះ ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ ពុំ​សូវ​មាន​ភ្ញៀវ​ទៅ​ទស្សនា​នោះ​ទេ ជាពិសេស​ភ្ញៀវ​អន្តរជាតិ​តែ​ម្ដង គឺ​ថ្ងៃ​ខ្លះ​ស្ទើរ​តែ​ពុំ​មាន​ម្នាក់​ឡើយ។

អ្នក​លក់ដូរ​នៅ​ខាង​មុខ​ប្រាសាទ​បន្ទាយឆ្មារ លោកស្រី បៀន យ៉ាធួក ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​កំពុង​លក់​អីវ៉ាន់​ថា លោកស្រី​ទើប​តែ​មក​លក់ដូរ​នៅ​តំបន់​ទេសចរណ៍​នេះ​ប្រមាណ ២​ខែ​ទេ ប៉ុន្តែ​ផ្ទះ​របស់​លោកស្រី​នៅ​ក្បែរ​ប្រាសាទ​មួយ​នេះ។ លោកស្រី​អះអាង​ថា ប្រាសាទ​បន្ទាយឆ្មារ ស្រស់​ស្អាត​ក៏​ពិត​មែន ក៏ប៉ុន្តែ​ពុំ​សូវ​មាន​ភ្ញៀវ​មក​ទស្សនា​នោះ​ទេ។ លោកស្រី​ងឿងឆ្ងល់​ថា មិន​ដឹង​មក​ពី​មូលហេតុ​អ្វី បាន​ជា​ប្រាសាទ​មួយ​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​មក​ទស្សនា​ដូច​នៅ​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប៖ «អត់​មាន​អ្នក​ទេសចរ ហើយ​ក៏​គ្មាន​អ្នក​វិនិយោគ​ផ្នែក​ទេសចរណ៍​ក្នុង​តំបន់​នេះ​ដែរ ដូច្នេះ​ពលរដ្ឋ​នៅ​តំបន់​នេះ​លក់ដូរ​មិន​ដាច់​ទេ។ តាម​គំនិត ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន»

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​បាន​ទស្សនា​ជុំវិញ​ប្រាសាទ​មួយ​នេះ ខណៈ​ចុះ​យក​ព័ត៌មាន​ប្រហែល​ជាង ២​ម៉ោង ឃើញ​មាន​ភ្ញៀវ​ជាតិ​ទៅ​ទស្សនា​ប្រមាណ ១០​នាក់ ដោយ​ពុំ​មាន​ភ្ញៀវ​អន្តរជាតិ​នោះ​ទេ ហើយ​អ្នក​ដែល​ទៅ​ទស្សនា​នោះ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ តែ​ម្ដង។ ពួក​គាត់​មក​ទស្សនា​ប្រមាណ​កន្លះ​ម៉ោង ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។

អ្នក​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ កញ្ញា ហ៊ុន លៀងអ៊ី ផ្ដល់​សម្ភាស​ខណៈ​ចេញ​ពី​ទស្សនា​ប្រាសាទ​ថា កញ្ញា​មក​លេង​ប្រាសាទ​បន្ទាយឆ្មារ​ញឹកញាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ប្រាសាទ​មួយ​នេះ​មាន​ទេសភាព​ស្រស់​ស្អាត និង​មាន​ដើមឈើ​ធំៗ​គួរ​ឲ្យ​ចង់​ទស្សនា។ កញ្ញា​សម្បុរ​ស វ័យ ២៧​ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា បើ​ទោះ​ជា​ប្រាសាទ​បន្ទាយឆ្មារ មាន​ដើមឈើ​ធំ​ច្រើន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ខ្វះ​ការ​រៀបចំ​ប្រាសាទ និង​ការ​ផ្សព្វផ្សាយ​ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រៀបចំ​ប្រាសាទ​ឡើង​វិញ ព្រោះ​អី​ខ្ញុំ​មាន​អារម្មណ៍​ថា ថ្ម​ប្រាសាទ​ធ្លាក់​បែកបាក់​ច្រើន​ជាង​កាល​ពី​មុន ដែល​ខ្ញុំ​ធ្លាប់​មក​លេង​ឃើញ​ថ្ម​ប្រាសាទ​នៅ​ល្អ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ​សូម​អាជ្ញាធរ​ជួយ​រៀបចំ​ឲ្យ​បាន​ស្អាត​ជាង​នេះ​ទៀត ព្រោះ​ប្រាសាទ​ជា​វប្បធម៌​របស់​ជាតិ​ខ្មែរ»

មន្ត្រី​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​ប្រចាំ​នៅ​ប្រាសាទ​បន្ទាយឆ្មារ លោក ម៉ៅ ស៊ី មាន​ប្រសាសន៍​ថា ប្រាសាទ​មួយ​នេះ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​មាន​អ្នក​ទេសចរ​មក​ទស្សនា​គិត​ជា​មធ្យម​ប្រមាណ ៣០​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ពី ២ ទៅ ៣​នាក់​ក្នុង​មួយ​ថ្ងៃ៖ «ប្រជាជន​ភាគច្រើន​ខ្ញុំ​សួរ​គាត់ គាត់​ថា​មក​មើល​ប្រាសាទ គឺ​គាត់​មក​មើល​តែ​ដុំ​ថ្ម។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​តែងតែ​បង្ហាញ​ប្រាប់​ពួក​គាត់​អំពី​ជីវប្រវត្តិ​របស់​ប្រាសាទ ឲ្យ​គាត់​យល់​ថា​មិន​មែន​មក​មើល​ដុំ​ថ្ម​ទេ គឺ​រឿងរ៉ាវ​មួយ​យើង​គួរ​តែ​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះរាជា​សាងសង់​ប្រាសាទ​នៅ​តំបន់​នេះ ដើម្បី​អ្វី? ហើយ​ជា​ភស្តុតាង​មែនទែន​ទៅ រឿងរ៉ាវ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាន​បង្ហាញ​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សម័យ​ព្រះបាទ​ជ័យវរ្ម័នទី៧ រួច​ទៅ​ហើយ។ ប៉ុន្តែ​ពលរដ្ឋ​យើង​ភាគច្រើន​គាត់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ឡើយ»

ដោយឡែក​ការ​រៀបចំ​ប្រាសាទ​វិញ លោក​អះអាង​ថា កាល​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អង្គការ មូលនិធិ​បេតិកភណ្ឌ​ពិភពលោក (Global Heritage Fund) បាន​ជួសជុល​ប្រាសាទ​ឡើង​វិញ​នៅ​ផ្នែក​ខាង​មុខ ដើម្បី​ឲ្យ​ប្រាសាទ​ស្រស់​ស្អាត​ជា​ទី​គយគន់​របស់​ភ្ញៀវ​ទេសចរ។ លោក​បន្ថែម​ថា ខាង​ក្រសួង​ក៏​កំពុង​ពិភាក្សា​គ្នា​ដើម្បី​ជួសជុល​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ៖ «ការពិត​ណាស់ រាជ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កំពុង​បញ្ជូន​មន្ត្រី​ជំនាញ​ជាច្រើន​ដើម្បី​សិក្សា​ចំណុច​ពិសេស​ដែល​ធ្វើ​ថ្ម​ប្រាសាទ​រលំ ហើយ​នឹង​លើក​ជា​គម្រោង​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ ជា​ដំណាក់កាល​ទៅ​តាម​ផែនការ​ដែល​យើង​បាន​ធ្វើ​ដាក់​ទៅ​ក្រសួង»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​បន្ទាយមានជ័យ លោក យ៉ង តាំងគួយ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

ប្រាសាទ​បន្ទាយឆ្មារ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ប្រាសាទ​មួយ​នេះ​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ដោយ​គោល​បំណង​ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​រាជ​កុមារ និង​មេទ័ព​ទាំង​៤។ ប្រាសាទ​មួយ​នេះ​មាន​ផ្ទៃដី​ពី​លិច​ទៅ​កើត​បណ្ដោយ ៧៧០​ម៉ែត្រ និង​ទទឹង ៦៩០​ម៉ែត្រ។ ចំណែក​តួ​ប្រាសាទ​ទទឹង ១៩០​ម៉ែត្រ និង​បណ្ដោយ ២៥០​ម៉ែត្រ និង​មាន​កម្ពស់​ចន្លោះ​ពី ៩ ទៅ ១០​ម៉ែត្រ ព្រម​ទាំង​មាន​កសិណ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ដែល​មាន​ទទឹង ៦៣​ម៉ែត្រ។

មន្ត្រី​គាំពារ​ប្រាសាទ​បន្ទាយឆ្មារ អះអាង​ថា រដូវ​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មីនា ដែល​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២០០​នាក់​ក្នុង​មួយ​ខែ ចំណែក​រដូវ​ពុំ​សូវ​មាន​ភ្ញៀវ គឺ​ចាប់​ពី​ខែ​មេសា ដល់​ខែ​តុលា ដោយ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៦០​នាក់​ក្នុង​មួយ​ខែ។ ចំណែក​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​ពី ២៥ ទៅ ៣០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាដហុក​ចុះ​ស៊ើប​អង្កេត​ករណី​ចោទ​ថា​ក្រុម​កាប់​ឈើ​ព្រួត​គ្នា​វាយ​មន្ត្រី​ឧទ្យានុរក្ស​ព្រៃ​ព្រះ​រកា

$
0
0

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​ចុះ​អង្កេត​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​កក្កដា ទៅ​លើ​ករណី​ដែល​ថា ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ និង​ប្រជាពលរដ្ឋ​ផង បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ប្រចាំ​ព្រៃ​ព្រះ​រកា នោះ​ហើយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​ថា តាម​លោក​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ នៃ​ស្រុក​ត្បែងមានជ័យ ជាច្រើន​នាក់ គឺ​ពួក​គេ​បដិសេធ​ថា​មិន​មាន​អ្នក​ណា​បាន​ប្រើ​ហិង្សា​វាយ​សំពង​ទៅ​លើ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​នោះ​ទេ។

លោក ឡោ ចាន់ បញ្ជាក់​ថា តាម​ការ​អះអាង​របស់​ពលរដ្ឋ​ជាច្រើន​និយាយ​ថា កាល​ពី​វេលា​ម៉ោង​ជាង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​មាន​គោយន្ត​ចំនួន ៧​គ្រឿង​បាន​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​ព្រះ​រកា​នោះ​មែន ហើយ​ពេល​នោះ​បាន​ជួប​ជាមួយ​ក្រុម​ឧទ្យានុរក្ស​បរិស្ថាន​ចំនួន ៧​នាក់​នៅ​តាម​ផ្លូវ។ ក្រុម​ឧទ្យានុរក្ស​បរិស្ថាន​បាន​ចាប់​ឈើ​ទាំងអស់​ទុក ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំងនោះ​យក​គោយន្ត​ទៅ​ផ្ទះ​វិញ។ ស្រាប់​តែ​ក្រុម​អ្នក​កាប់​ឈើ​ទាំងនោះ​បើក​គោយន្ត​មក​ដល់​ផ្លូវ​ជាតិ ក៏​ជួប​ជាមួយ​នឹង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​អាការៈ​ស្រវឹង​ស្រា​ខ្លាំង ដោយ​បញ្ជា​ឲ្យ​ចាប់​គោយន្ត​នោះ​ទាំងអស់។ ក្នុង​ចំណោម​នោះ មាន​អ្នក​ភូមិ​ម្នាក់​បាន​ទៅ​ជួយ​យក​គោយន្ត​ចេញ បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​តប់​មក​លើ​រូប​គាត់ ប៉ុន្តែ​រឿង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​រង​របួស​នោះ អ្នក​ភូមិ​អះអាង​ថា គេ​មិន​បាន​វាយ​តប់​ទេ គឺ​ដោយសារ​តែ​គាត់​ស្រវឹង​ស្រា​ខ្លាំង ហើយ​ដួល៖ «តែ​ខ្ញុំ​សួរ​ប្រធាន​មន្ទីរ​បរិស្ថាន កាល​ពី​ព្រឹក​មិញ លោក អ៊ា សុខា បាន​ចោទ​ថា​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា។ ចម្លើយ​គឺ​ផ្ទុយ​គ្នា​ពី​ប្រជាពលរដ្ឋ»

សារព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ រួម​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ព្រួត​គ្នា​វាយ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ឈ្មោះ យ៉ាន់ ប៊ុនសឿង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្នុង​ពេល​ដែល​កម្លាំង​របស់​ឧទ្យានុរក្ស​ព្រៃ​ព្រះ​រកា បាន​ស្ទាក់​ចាប់​ឈើ​ខុស​ច្បាប់​ដែល​ដឹក​តាម​គោយន្ត​ចំនួន ៧​គ្រឿង​មក។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដោយសារ​តែ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​អប្សរា​រក​ឃើញ​ចម្លាក់​ទ្វារបាល​សម័យ​អង្គរ​ទម្ងន់​ប្រហែល​៣០០​គីឡូក្រាម

$
0
0

មន្ត្រី​ផ្នែក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា គេ​នឹង​ធ្វើ​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត ដែល​អ្នក​ភូមិ​ខ្លះ​ហៅ​ថា​ប្រាសាទ​តុប ជា​បន្ត​ទៅ​ទៀត ដើម្បី​តាម​រក​បដិមា​បុរាណ​ខ្លះ​ទៀត​ដែល​អាច​នឹង​សេសសល់ ហើយ​កប់​ក្រោម​ដី​នៅ​ឡើយ។ ការ​បន្ត​ជីក​ដី​តាម​រក​វត្ថុ​បុរាណ​នៅ​ប្រាសាទ​ទន្លេស្ងួត នៃ​អតីត​មន្ទីរពេទ្យ​ភាគ​ខាង​ជើង​នា​សម័យ​អង្គរ​នេះ បន្ទាប់​ពី​គេ​បាន​ធ្វើ​កំណាយ​រយៈពេល ២​ថ្ងៃ ហើយ​ប្រទះ​ឃើញ​រូប​ចម្លាក់​ទ្វារបាល​ដ៏​ធំ​មួយ​មក។

ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា បាន​រក​ឃើញ​រូប​ចម្លាក់​ថ្មភក់​បុរាណ​ដ៏​ធំ​មួយ​មាន​ទម្ងន់​ប្រហែល ៣០០​គីឡូក្រាម នៅ​ក្នុង​អតីត​មន្ទីរពេទ្យ​សម័យ​អង្គរ​ភាគ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរធំ។

រូប​បដិមា​ដែល​ពាក់​មកុដ ហើយ​មាន​ក្បាច់​រចនា​នៅ​ល្អ​ស្អាត​នេះ គេ​សន្និដ្ឋាន​ថា​ជា​រូប​ទ្វារបាល ដោយ​រក​ឃើញ​នៅ​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ជីក​ដី​ធ្វើ​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត ឬ​អ្នក​ខ្លះ​ហៅ​ថា​ប្រាសាទ​តុប។

មន្ត្រី​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​ឯកសារ​អង្គរ និង​ជា​អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ខៀវ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កក្កដា ថា ក្រុម​របស់​លោក​បាន​ចាប់​ផ្ដើម​ទៅ​ធ្វើ​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត កាល​ពី​ថ្ងៃ​ទី​២៩ ដោយ​ជីក​ដី​បាន​ជម្រៅ​ប្រហែល​ជា ៣០​សង់ទីម៉ែត្រ​ទៅ​ក្រោម ក៏​ប៉ះ​រូប​បដិមា​នោះ​តែ​ម្ដង។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ប៉ះ​រូប​បដិមា​មក រូប​លោក​មិន​ទាន់​ហ៊ាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ចរខ្ចាយ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ទើប​ហៅ​មន្ត្រី​ជំនាញ ព្រម​ទាំង​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ជាច្រើន មក​ដឹក​យក​ទៅ​រក្សា​ទុក​តែ​ម្ដង៖ «ទំហំ​ដែល​នៅ​សល់​ជាក់ស្ដែង យើង​វាស់​ចាប់​ពី​ផ្នួង​សក់​នៅ​ខាង​លើ​រហូត​ដល់​ជើង​ស្ដាំ​ដែល​បាក់ គឺ ១,៩០​ម៉ែត្រ ហើយ​បើ​គិត​ទាំង​ប្រអប់​ជើង​អី​ទៀត រូប​នោះ​ប្រហែល​ជា​មាន​កម្ពស់​ជាង ២​ម៉ែត្រ»

អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា សន្និដ្ឋាន​ថា រូប​បដិមា​ទ្វារបាល​ដែល​គេ​រក​ឃើញ​នេះ អាច​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រាសាទ​បាយ័ន ក្នុង​ចន្លោះ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្ដសករាជ។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​រូប​បដិមា​បុរាណ​ដែល​នៅ​មាន​ក្បាច់​រចនា និង​ទ្រង់ទ្រាយ​ល្អ​បំផុត​ក្នុង​ចំណោម​រូប​បដិមា​ជាច្រើន ដែល​អ្នក​ស្រាវជ្រាវ​ធ្លាប់​រក​ឃើញ​កាល​ពី​មុនៗ៖ «នេះ​ជា​បដិមា​មួយ​ដែល​យើង​រក​ឃើញ​មាន​លក្ខណៈ​នៅ​ល្អ​ច្រើន។ កន្លង​មក​ក៏​យើង​ធ្លាប់​រក​ឃើញ​ខ្លះៗ​ដែរ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប៉ុន្តែ​មិន​នៅ​ល្អ​ដូច​រូប​នេះ​ឡើយ»

រូប​បដិមា​ដ៏​ធំ​ធ្វើ​អំពី​ថ្ម​ភក់ ដែល​គេ​សន្និដ្ឋាន​ថា​ជា​រូប​ទ្វារបាល​នេះ បាន​បាក់​ជើង និង​បាក់​ដៃ ប៉ុន្តែ​ដង​ខ្លួន និង​ព្រះ​កេស​នៅ​ល្អ​ស្អាត ហើយ​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ ដើម្បី​ធ្វើ​ការ​សម្អាត ព្រម​ទាំង​ជួសជុល​ឲ្យ​ល្អ​ឡើង​វិញ​ទៅ​តាម​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​កោះ​ស្រឡៅ​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​ខេត្ត​កោះកុង

$
0
0

សហគមន៍​កោះ​ស្រឡៅ អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចាត់​វិធានការ​ចុះ​រុះរើ​សំណង់​ការដ្ឋាន​លាង​ខ្សាច់​ខ្នាត​ធំ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តំបន់​កោះ​ស្មាច់ ក្នុង​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​តាតៃ នៃ​ខេត្ត​កោះកុង។ ការ​អំពាវនាវ​របស់​សហគមន៍​នេះ ធ្វើ​ឡើង​ស្រប​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​រដ្ឋសភា ដើម្បី​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ឲ្យ​បង្ហាញ​ពី​គម្រោង​សកម្មភាព​របស់​ក្រសួង ចំពោះ​ការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​មួយ​នេះ។

សេចក្តី​អំពាវនាវ​របស់​សហគមន៍​កោះ​ស្រឡៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពួក​គេ​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​ទីតាំង​ការដ្ឋាន​លាង​ខ្សាច់ ហើយ​សង្កេត​ឃើញ​ថា សំណង់​ខ្នាត​ធំ​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​រុះរើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ​នៅ​ឡើយ។

ប្រធាន​បណ្ដាញ​យុវជន​នៃ​សហគមន៍​កោះ​ស្រឡៅ កញ្ញា អ៊ុត រីឌី បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ភ្លាមៗ​ក្រោយ​ពេល​ដែល​កញ្ញា និង​សកម្មជន​ដទៃ​ទៀត​ទើប​វិល​ត្រឡប់​ពី​ទីតាំង​ការដ្ឋាន​លាង​ខ្សាច់​នោះ​ថា ក្រុមហ៊ុន​បាន​ដក​បុគ្គលិក​ភាគច្រើន​ចេញ​ពី​ការដ្ឋាន​នោះ​ហើយ ទុក​តែ​អ្នក​យាម​ចំនួន ៤​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​មើល​ការដ្ឋាន ហើយ​សកម្មភាព​សាងសង់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ផ្អាក​ដូច​គ្នា។

បើ​ទោះ​បី​ជា​ការដ្ឋាន​លាង​ខ្សាច់​នោះ​មិន​មាន​សកម្មភាព​អ្វី​ក៏ដោយ តែ​សហគមន៍​កោះ​ស្រឡៅ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​រុះរើ​សំណង់​នោះ​ចេញ​ដដែល ព្រោះ​ពួក​គាត់​ព្រួយ​បារម្ភ​ថា ថ្ងៃ​ណា​មួយ​ការដ្ឋាន​លាង​ខ្សាច់​នោះ​នឹង​មាន​សកម្មភាព​ឡើង​វិញ ដោយសារ​តែ​វា​ត្រូវ​បាន​សាងសង់​រួច​រាល់​ជា​ស្ថាពរ។ ហើយ​ម្យ៉ាង​វិញ​ទៀត អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ធ្លាប់​បាន​បញ្ជាក់​ថា ការដ្ឋាន​លាង​ខ្សាច់​នោះ​ត្រូវ​តែ​រុះរើ​ចេញ ព្រោះ​វា​ជា​ការដ្ឋាន​ខ្នាត​ធំ«ពួក​ខ្ញុំ​មិន​ជឿជាក់ (ក្រសួង​រ៉ែ) ទេ គ្រាន់​តែ​ពាក្យ​ចេញ​ពី​មាត់​ប៉ុណ្ណឹង ព្រោះ​អ្វី​ដែល​សំខាន់ គឺ​ការដ្ឋាន​នោះ​នៅ​តែ​ដដែល អត់​មាន​ការ​រើ​ចេញ​សោះ។ សូម​ឲ្យ​ក្រសួង​ដក​ចេញ​ឲ្យ​លឿន កាន់​តែ​ឆាប់​កាន់​តែ​ល្អ ព្រោះ​ការដ្ឋាន​នោះ​ស្ថិត​ក្នុង​តំបន់​អភិរក្ស»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​នៅ​ឡើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៣១ កក្កដា ដើម្បី​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​រូប​នេះ អំពី​វិធានការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​កោះ​ស្មាច់​នោះ។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល មួយ​រូប​ទៀត គឺ​លោក ឌិត ទីណា អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

ស្រប​ពេល​ដែល​សហគមន៍​កោះ​ស្រឡៅ​កំពុង​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​រុះរើ​សំណង់​ការដ្ឋាន​លាង​ខ្សាច់​នោះ នៅ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​រដ្ឋសភា ដើម្បី​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ពី​គម្រោង​សកម្មភាព​នៃ​ការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​តាតៃ និង​ការ​ដក​ចេញ​នូវ​គ្រឿងចក្រ និង​សម្ភារៈ​ទាញ​យក​ខ្សាច់​ខ្នាត​មធ្យម និង​ខ្នាត​ធំ​ទូទាំង​ខេត្ត​កោះកុង។

លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល លុប​បំបាត់​ទាំងស្រុង​នូវ​វត្តមាន​គ្រឿងចក្រ សម្ភារៈ និង​កប៉ាល់​ដឹក​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ខេត្ត​កោះកុង រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​កោះ​ស្មាច់ ព្រម​ទាំង​លុប​បំបាត់​ទាំងស្រុង​នូវ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង ដែល​មិន​មាន​បញ្ជាក់​ក្នុង​សារាចរ​របស់​ក្រសួង។ លោក​ក៏​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពន្យល់​ឲ្យ​លម្អិត​អំពី​យន្តការ​ដែល​បាន​បង្កើត​ឡើង ដើម្បី​ធានា​ថា បម្រាម និង​សារាចរ​ថ្មី​ដែល​ក្រសួង​ទើប​ដាក់​ចេញ នឹង​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា លិខិត​របស់​លោក សុន ឆ័យ នេះ នឹង​ត្រូវ​ដាក់​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ពិនិត្យ​នៅ​ថ្ងៃ​ទី​១ សីហា។

កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ថា លោក សុន ឆ័យ បាន​ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅ​ខេត្ត​កោះកុង បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​បរិស្ថាន និង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន តែ​ផល​ប្រយោជន៍​បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច ដូច្នេះ​នេះ​ជា​រឿង​ចាំបាច់​ត្រូវ​តែ​តាមដាន«យើង​នៅ​តែ​បន្ត​ទាមទារ​មិន​អាច​ឲ្យ​ក្រសួង​ហ្នឹង​បំភ្លេច​លិខិត​មុនៗ​របស់​យើង​ទេ ពាក់ព័ន្ធ​នឹង​ការ​បញ្ជាក់​ពី​ចំនួន​ខ្សាច់​ដែល​បាន​យក​ទៅ​លក់​រួច​ហើយ​ហ្នឹង​ច្រើន​តោន​ដោយ​ខុស​ច្បាប់ ហើយ​មិន​បាន​ចំណូល​ទៅ​ថវិកា​ជាតិ​នោះ ត្រូវ​តែ​មាន​ការ​ឆ្លើយ​បំភ្លឺ​ដែរ»

កាល​ពី​ខែ​មិថុនា កន្លង​ទៅ លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​ម្តង​រួច​ទៅ​ហើយ​ទៅ​លោក ស៊ុយ សែម ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​នានា​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​សកម្មជន​បរិស្ថាន​គិត​ថា កម្ពុជា អាច​នឹង​ខាតបង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ ក្រៅ​ពី​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី រយៈពេល ៨​ឆ្នាំ។

ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​រូប​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស្នើ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ធ្វើ​ការ​ដោយ​មនសិការ​ខ្ពស់

$
0
0

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ស្នើ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​លេខាធិការដ្ឋាន​សាលា​ដំបូង អនុវត្ត​ការងារ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​មនសិការ​ខ្ពស់ គោរព​នូវ​ក្រម​សីលធម៌ ដោយ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត និង​ការ​គោរព​ពី​សាធារណជន​មក​លើ​វិស័យ​តុលាការ។

ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ធ្វើ​ឡើង​តាម​រយៈ​សុន្ទរកថា​បើក​អង្គ​សិក្ខាសាលា​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា។

សិក្ខាសាលា​ដែល​ចូលរួម​ដោយ​មន្ត្រី​តុលាការ និង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ទូទាំង​ប្រទេស​នេះ ដើម្បី​ឲ្យ​មាន​កិច្ច​ពិភាក្សា​ស្វែងរក​ចំណុច​ល្អ និង​បញ្ហា​ប្រឈម ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ច​ដំណើរការ​ការងារ​របស់​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​កាន់​តែ​មាន​ប្រសិទ្ធភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ការ​សហការ​ល្អ​រវាង​ស្ថាប័ន​ទាំង​បី គឺ​សាលា​ដំបូង (ផ្នែក​ចៅក្រម) អយ្យការ​អម​សាលា​ដំបូង (ផ្នែក​ព្រះរាជអាជ្ញា) និង​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​ផ្ដល់​សេវា​យុត្តិធម៌​ដល់​ពលរដ្ឋ៖ «ដើម្បី​ជា​បទពិសោធន៍​ល្អ​ក្នុង​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឲ្យ​អង្គភាព​បី​ហ្នឹង គឺ​សហការ​គ្នា​ដោយ​រលូន​ក្នុង​ការ​បម្រើ​សេវា​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ»

ការ​ស្វែងរក​ចំណុច​ល្អ និង​បញ្ហា​ប្រឈម​នៃ​ស្ថាប័ន​តុលាការ និង​អយ្យការ​អម​សាលា​ដំបូង ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចាត់​ទុក​ថា ជា​ការ​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ន័យ​រួម​ចំណែក​ក្នុង​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ។ លោក​ស្នើ​ឲ្យ​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង ព្រម​ទាំង​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង ចាំបាច់​ត្រូវ​តែ​អនុវត្ត​ការងារ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ប្រកប​ដោយ​មនសិការ​ខ្ពស់ និង​ក្រម​សីលធម៌ ដោយ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត និង​ការ​គោរព​ពី​ប្រជាពលរដ្ឋ​លើ​វិស័យ​តុលាការ។

របាយការណ៍​ស្ដីពី​ការ​វាស់វែង​អំពី​អំពើ​ពុក​រលួយ​ជា​សកល​ឆ្នាំ​២០១៦ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា នេះ មាន​អ្នក​ចូលរួម​ផ្តល់​បទសម្ភាសន៍​ចំនួន​ជាង ១​ពាន់​នាក់ (.០០៣​នាក់) បាន​បង្ហាញ​ទស្សនៈ និង​បទពិសោធន៍​របស់​ពួក​គេ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។ លទ្ធផល​នៃ​របាយការណ៍​នេះ​បង្ហាញ​ថា ស្ថាប័ន​សាធារណៈ​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ការពារ​ប្រជាពលរដ្ឋ​ដើម្បី​ផ្តល់​យុត្តិធម៌ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ត្រូវ​បាន​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ជា​ស្ថាប័ន​ដែល​រំលោភ​អំណាច និង​មុខងារ​ទៅ​វិញ។ ស្ថាប័ន​ទាំងនោះ​ក៏​មាន​ស្ថាប័ន​តុលាការ​ដែរ។

នាយក​ផ្នែក​ច្បាប់​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ មើល​ឃើញ​ថា កន្លង​ទៅ ការ​កាត់​ក្ដី​មិន​មែន​សុទ្ធតែ​អយុត្តិធម៌​នោះ​ទេ ប៉ុន្តែ​សំណុំ​រឿង​ទាក់ទង​នឹង​នយោបាយ ឬ​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ហាក់​ត្រូវ​បាន​រង​ភាព​អយុត្តិធម៌​ពី​តុលាការ។ លោក​លើក​ករណី​សកម្មជន​ជម្លោះ​ដីធ្លី​បឹងកក់ និង​អ្នក​វិភាគ លោក គឹម សុខ ជាដើម៖ «បញ្ហា​ដែល​ប្រឈម ភាគច្រើន​គឺ​ប្រសិន​បើ​រឿង​ហ្នឹង​ពាក់ព័ន្ធ​ជាមួយ​នឹង ដូច​ថា​បញ្ហា​អ្នក​នយោបាយ ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ហ្នឹង គឺ​ប្រហែល​ក្នុង​ការ​សម្រេច​ក្ដី ព្រោះ​ថា​តុលាការ​ប្រហែល​ជា​ជួប​នូវ​បញ្ហា​លំបាក​បន្តិច ដោយសារ​តែ​អាច​រង​នូវ​ឥទ្ធិពល​មួយ​ចំនួន​ពី​អ្នក​នយោបាយ ហើយ​អាច​មក​ពី​ទំនុក​ចិត្ត​មន្ត្រី​តុលាការ​មួយ​ចំនួន​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ អាច​នឹង​ប៉ះពាល់​ទៅ​ដល់​ផល​ប្រយោជន៍​របស់​គាត់ ឬ​ក៏​ក្រុម​របស់​គាត់​ជាដើម ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»

សង្គម​ស៊ីវិល​មិន​ទាន់​អាច​វិនិច្ឆ័យ​បាន​ថា ការ​ជួប​គ្នា​រវាង​ស្ថាប័ន​ទាំង​បី​នៃ​សាលា​ដំបូង អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​វិស័យ​តុលាការ​វិញ ឬ​អត់​នោះ​ទេ ដោយ​រង់ចាំ​មើល​សកម្មភាព​ក្រោយ​ជួប​គ្នា​សិន។ តែ​យ៉ាង​ណា លោក ឌុច ពិសិដ្ឋ មើល​ឃើញ​ថា ការ​ប្រជុំ​គ្នា​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​តុលាការ​ដែរ។

បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ចែង​ថា ស្ថាប័ន​តុលាការ​ជា​អំណាច​ឯករាជ្យ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា ច្បាប់​បី​ដែល​ទាក់ទង​នឹង​វិស័យ​តុលាការ អនុម័ត​កាល​ពី​ឆ្នាំ​២០១៤ បាន​រាំង​ខ្ទប់​អំណាច​ឯករាជ្យ​របស់​តុលាការ ដោយ​ឲ្យ​ស្ថិត​ក្រោម​អំណាច​នីតិប្រតិបត្តិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា​ទឹក​ជំនន់​ទូទាំង​ប្រទេស​ចាប់​ផ្តើម​ស្រក​ចុះ​វិញ​បណ្ដើរៗ

$
0
0

អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អះអាង​ថា ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ​ដែល​បាន​ជន់​លិច​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា នោះ មក​ដល់​ថ្ងៃ​ទី​៣១ កក្កដា ចាប់​ផ្ដើម​ស្រក​ទៅ​វិញ​ជា​បណ្ដើរៗ​ហើយ ដោយ​មិន​សូវ​ផល​ប៉ះពាល់ និង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ។ ទោះ​យ៉ាង​ណា អាជ្ញាធរ​នៅ​តែ​បន្ត​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ។

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជា​គំហុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខេត្ត​យ៉ាង​តិច​ចំនួន​៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ជន់​លិច​ដោយ​ទឹក​ភ្លៀង និង​ដោយ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ហូរ​ចេញ​ពី​ប្រទេស​ឡាវ ក្រោយ​ព្យុះ​ទី​៨ ឈ្មោះ​សុនកា និង​ព្យុះ​ទី​៩ ឈ្មោះ​នេសាទ បាន​វាយ​លុក​ជា​បន្តបន្ទាប់​ទាំង​នៅ​តំបន់​អាស៊ាន និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​យ៉ាង​ណា អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា អះអាង​ថា បើ​មើល​ទៅ​លើ​ស្ថានភាព​ព្យុះ​ទី​៨ និង​ព្យុះ​ទី​៩ គឺ​នឹង​មិន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​កម្ពស់​ទឹក​ហក់​ឡើង​ទៀត​នោះ​ទេ៖ «»

លោក ញឹម វណ្ណដា ឲ្យ​ដឹង​ថា ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ មក​ដល់​ថ្ងៃ​ទី​៣១ កក្កដា គឺ​ទឹក​បាន​ស្រក​ទៅ​វិញ​ខ្លះ​ហើយ ដោយ​ហូរ​ចូល​ទៅ​ស្ទឹងសែន ឆ្លង​កាត់​ខេត្ត​កំពង់ធំ និង​បន្ត​ហូរ​ចូល​ទន្លេសាប។ លោក​ថា ទឹក​ជំនន់​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​បណ្ដាល​ឲ្យ​ខូចខាត​ស្ពាន និង​ផ្លូវ​មួយ​ចំនួន​នៅ​ស្រុក​អន្លង់វែង។ ចំណែក​នៅ​ខេត្ត​ព្រះវិហារ វិញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ខូចខាត​ផ្លូវ ប្រឡាយ​ទឹក ព្រម​ទាំង​ស្រូវ​ជង្រុក​ប្រជាជន​ប្រហែល​ជា ១០​តោន​ហូរ​ធ្លាក់​ចូល​ក្នុង​ទឹក ខូចខាត​ទាំងស្រុង។

ដោយឡែក​សម្រាប់​ទឹក​ជំនន់​នៅ​ខេត្ត​ជាប់​ទន្លេ​មេគង្គ​រួម​មាន ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ជាដើម​នោះ គឺ​ទឹក​ក៏​ចាប់​ផ្តើម​ស្រក​ចុះ​ជា​បណ្ដើរ​ដែរ។ ខេត្ត​ទាំងនេះ​គឺ​មិន​បាន​បង្ក​ផល​ប៉ះពាល់ និង​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក ញឹម វណ្ណដា អះអាង​ថា ទឹក​លិច​នេះ​បាន​នាំ​ដី​ល្បាប់​ចូល​ដី​ទំនាប ដូច្នេះ​ងាយស្រួល​សម្រាប់​ប្រជាជន​ធ្វើ​កសិកម្ម​ដាំ​ដុះ​ផ្សេងៗ៖ «»

ដោយឡែក​អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី អះអាង​ថា គ្រោះ​ទឹក​ជំនន់​នេះ​បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់ គឺ​ពីរ​នាក់​នៅ​ខេត្ត​ព្រះវិហារ និង​ម្នាក់​ទៀត​នៅ​ខេត្ត​ក្រចេះ។ លោក កែវ វី បន្ថែម​ទៀត​ថា ទឹក​ជំនន់​នេះ​បាន​ជម្លៀស​គោ​ក្របី​ជាង ៥​ពាន់​ក្បាល​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ។

ទាក់ទិន​បញ្ហា​ស្ថានភាព​ទឹក​ជំនន់​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក អ៊ុំ ណារី មាន​ប្រសាសន៍​ថា ព្យុះ​ទី​៩ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តិច​តាម​កន្លែង ដូច្នេះ​មិន​ត្រឹម​តែ​មិន​ធ្វើ​ឲ្យ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​នោះ​ទេ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​យូរ​ថ្ងៃ ដែល​មិន​ឆ្លើយតប​នឹង​ការងារ​ដាំ​ដុះ​ទៀត​ផង។

ទន្ទឹម​គ្នា​នេះ លោក​ថា​ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​នៅ​ខេត្ត-រាជធានី​ចំនួន​៦ រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពង់ស្ពឺ កែប កំពត និង​ខេត្ត​កណ្ដាល យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ ដើម្បី​បង្កបង្កើនផល ខណៈ​កូន​រដូវ​ប្រាំង​កំពុង​អូស​បន្លាយ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧៖ «»

ទោះ​យ៉ាង​ណា​ក្តី អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​នេះ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន ពិសេស​យក​ចិត្ត​ទុក​ដាក់​មើល​កូន​ចៅ​តូចៗ បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​ដោយ​យថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ខេត្ត​តាកែវ​កំពុង​សាកសួរ​ម្ចាស់​ហ្វេសប៊ុក​ម្នាក់​បង្ហោះ​ព័ត៌មាន​ចាប់​ក្មេង

$
0
0

ស្នងការ​រង​ខេត្ត​តាកែវ ទទួល​ផ្នែក​សន្តិសុខ លោក ឈុន សារ៉េត ប្រាប់​វិទ្យុ​អាស៊ីសេរី យប់​ថ្ងៃ​ទី​៣១ កក្កដា ថា បុរស​ឈ្មោះ លី ឆៃយ៉ា ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក (facebook) ឈ្មោះ ឡា ឆាយ៉ា «La chhaya» ត្រូវ​បាន​សមត្ថកិច្ច​អញ្ជើញ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ។

លោក​ស្នងការ​រង​មិន​ទាន់​ដឹង​ថា តើ​យុវជន​ដែល​បង្ហោះ​ព័ត៌មាន​ទាក់ទង​ថា​មាន​ជនជាតិ​វៀតណាម ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ឬ​យ៉ាង​ណា​នោះ​ទេ ដោយសារ​គាត់​អញ្ជើញ​មក​ឆ្លើយ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​យប់​ទៅ​ហើយ ហើយ​កំពុង​សាកសួរ។ លោក​ថា នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១ សីហា នឹង​ដឹង​ថា​ត្រូវ​បញ្ជូន​ទៅ​តុលាការ ឬ​យ៉ាង​ណា?

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ស្នងការ​ស្ដីទី​ខេត្ត​តាកែវ លោក ស៊ុន ថន បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ថា ក្រោយ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ La chhaya និង ពៅ វីរៈបុត្រ ផ្សាយ​ថា​មាន​ជនជាតិ​វៀតណាម ចាប់​ក្មេង​ស្រី​នៅ​ភូមិ​ស្វាយទង ឃុំ​ខ្វាវ ស្រុក​សំរោង រួច​មក ស្នងការ​ខេត្ត​បាន​បញ្ជា​កង​កម្លាំង​ជំនាញ​ខេត្ត និង​កង​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ តាម​ស្វែងរក​អត្តសញ្ញាណ​ជន​ដែល​ផុស​វីដេអូ និង​ក្មេង​ស្រី​ជន​រងគ្រោះ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ជា​បន្ទាន់។

កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ទៅ​ដល់​ផ្ទះ​ក្មេង​ស្រី​រងគ្រោះ នៅ​ថ្ងៃ​ទី​៣១ កក្កដា ហើយ​ក្រោយ​ពី​ការ​បំភ្លឺ សមត្ថកិច្ច​បញ្ជាក់​ថា​ជា​ករណី​មិន​ពិត និង​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​នេះ ហ្វេសប៊ុក​របស់​រដ្ឋបាល​ស្រុក​សំរោង បាន​បំភ្លឺ​ជូន​ដល់​សាធារណជន​ទាំងអស់​ថា ការ​ដែល​គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ ពៅ វីរៈបុត្រ (Pov Vireak Bot) បាន​ចុះ​ផ្សាយ​ថា​មាន​ករណី​វៀតណាម ដេញ​ចាប់​ក្មេង​នៅ​ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ត​តាកែវ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា​មិន​មាន​ករណី​ចាប់​ក្មេង​វះ​យក​គ្រឿង​ក្នុង​ទេ

$
0
0

មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ មិន​មាន​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន ឬ​គ្រឿង​ក្នុង​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​នៅ​តាម​រាជធានី-ខេត្ត​ចំនួន​២៥ ដែល​លេច​ឮ​ព័ត៌មាន​ទាំងនេះ។

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ថា ក្នុង​ចំណោម​ព័ត៌មាន​ដែល​ទទួល​បាន​ចំនួន ១៥​ករណី​ក្នុង​រយៈពេល​ជាង ២០​ថ្ងៃ ថា​មាន​ករណី​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន ភ្នែក ឬ​គ្រឿង​ក្នុង​ដទៃ​ទៀត​នោះ គឺ​មិន​ពិត​ទេ ហើយ​ថា​ជា​ការ​បំពុល​បរិយាកាស​សន្តិសុខ​សង្គម«គាត់​បំផុស​ថា អា​ហ្នឹង​មនុស្ស​ចាប់​ក្មេង ឥឡូវ​គេ​ចាប់​បាន​ហើយ។ ប៉ុន្តែ​តាម​ពិត ដល់​ពេល​យើង​សួរ​បញ្ហា​ទៅ​ថា ហេតុ​អី​បាន​ពីរ​នាក់​ហ្នឹង​រត់? ពីរ​នាក់​ហ្នឹង វា​មាន​ដីកា​ចាប់​ខ្លួន វា​ធ្លាប់​ប្រព្រឹត្ត​អំពើ​មិន​ល្អ វា​មាន​ដីកា​ចាប់​ខ្លួន។ អ៊ីចឹង​ដល់​ពេល​នគរបាល​ទៅ​ដល់ វា​ភ័យ ហើយ​រត់។ អា​នេះ​វា​រឿង​ផ្សេង​ទេ​តើ! ប៉ុន្តែ ណៃ ស៊ីណេង ហ្នឹង គាត់​ទៅ​បំផុស​ថា អា​ហ្នឹង​វា​ជា​ករណី​ចាប់​ក្មេង។ អា​នេះ​ចង់​ចេតនា​បំផុស​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​សង្គម​អសន្តិសុខ​ច្របូកច្របល់»

លោក​បញ្ជាក់​បន្ថែម​ថា ព័ត៌មាន​មិន​ពិត​អំពី​ការ​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​គ្រឿង​ក្នុង​នេះ ទទួល​បាន​ពី​ខេត្ត
-រាជធានី​ចំនួន​១០ ហើយ​ចុង​ក្រោយ គឺ​ករណី​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ដែល​ជន​សង្ស័យ​រឿង​ចោរកម្ម ២​នាក់​ត្រូវ​អ្នក​ស្រុក​ចាប់​វាយ​ធ្វើ​បាប​ធ្ងន់ធ្ងរ ព្រោះ​សង្ស័យ​ថា​ជា​អ្នក​ចាប់​កូន​ក្មេង។ លោក​ថា ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ ដោយសារ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ណៃ ស៊ីណេង (Nay Sineng) បង្ហោះ​ព័ត៌មាន​ថា ជន​ទាំង ២​នាក់​ជា​អ្នក​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន។

លោក ណៃ ស៊ីណេង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ ស្រាវជ្រាវ​ឃាត់​ខ្លួន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​បង្ហោះ​ព័ត៌មាន​នោះ​តាម​ហ្វេសប៊ុក​ថា នៅ​ភូមិ​អណ្ដូងពោធិ៍ ឃុំ​គ្រើល ស្រុក​បារាយ មាន​ករណី​ជនជាតិ​វៀតណាម ៣​នាក់​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​ភ្នែក ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន ២​នាក់ រត់​រួច​ម្នាក់។ ក្រោយ​ពេល​ឃាត់​ខ្លួន លោក ណៃ ស៊ីណេង សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ថា​ចាប់​ក្មេង​នោះ​ជា​ការ​យល់​ប្រឡំ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ធំ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក ណៃ ស៊ីណេង នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ក្នុង​មាត្រា​៤២៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​បទ​ក្លែង​ព័ត៌មាន។

មាត្រា​៤២៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៤​លាន​រៀល អំពើ​ផ្ដល់ ឬ​បើក​កកាយ​ព័ត៌មាន​ក្លែង ដើម្បី​ធ្វើ​ឲ្យ​ជឿ​ថា​នឹង​កើត​មាន​ឡើង​នូវ​ការ​បំផ្លិចបំផ្លាញ ការ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ​ការ​ធ្វើ​ឲ្យ​ខូចខាត​ប្រកប​ដោយ​គ្រោះថ្នាក់​ចំពោះ​មនុស្ស។

ដោយឡែក​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ សន្និដ្ឋាន​ថា ការ​ផ្សព្វផ្សាយ​អំពី​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន​កន្លង​ទៅ​នេះ អាច​ជា​ចេតនា​របស់​ក្រុម​ចាត់​តាំង​ណា​មួយ​ដើម្បី​ចំណេញ​អ្វី​មួយ«យើង​មិន​ដឹង​ទេ ប៉ុន្តែ​ចំពោះ​មុខ បញ្ហា​ហ្នឹង គឺ​ប៉ះពាល់​ដល់​នគរបាល​ហើយ។ ចង់ ឬ​មិន​ចង់ គឺ​វាយ​នគរបាល​អសមត្ថភាព​ហើយ។ អ៊ីចឹង​យើង​ខ្ញុំ​ត្រូវ​តែ​ចាត់​ចែង​ហើយ ហើយ​កំពុង​តែ​រក​បន្ត​ទៀត។ បើសិនជា​រក​ឃើញ​មេខ្លោង នឹង​គិតគូរ​ដោះស្រាយ​តាម​ច្បាប់។ យើង​មាន​តម្រុយ​ខ្លះ តែ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ទេ។ (សួរ៖ រឿង​ហ្នឹង​ចូល​រឿង​នយោបាយ​ទេ?) ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ថា គេ​ចង់​ចំណេញ​ស្អី​មួយ​គេ​ចង់​ធ្វើ​អា​ហ្នឹង»

នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ ១​ខែ​កន្លង​ទៅ​នេះ តែងតែ​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​អំពី​ការ​ចាប់​កូន​ក្មេង ឬ​សិស្ស​សាលា វះ​យក​គ្រឿង​ក្នុង​ជា​ហូរហែ ប៉ុន្តែ​នៅ​ពេល​នេះ ជា​ការ​បញ្ជាក់​សរុប​របស់​នគរបាល​ជាតិ ដែល​បង្ហាញ​ថា ជា​ព័ត៌មាន​មិន​ពិត។ ដោយឡែក​ករណី​កុមារី​នៅ​ខេត្ត​កំពង់ស្ពឺ លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់​ថា ករណី​អ៊ំ​ចាប់​ជំរិត​ក្មួយ​យក​ប្រាក់ ៣​ពាន់​ដុល្លារ ហើយ​ករណី​កុមារី​នៅ​ភ្នំពេញ លោក​កំពុង​ស៊ើប​អង្កេត​បន្ត។ លោក​ក៏​ចាត់​ទុក​ការ​វាយ​ដំ​ជន​សង្ស័យ ជា​អំពើ​ខុស​ច្បាប់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ANFREL៖ ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧​នៅ​មាន​ចន្លោះប្រហោង​ត្រូវ​កែលំអ

$
0
0

បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ឬ​ហៅ​កាត់​ថា ANFREL កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​ចេញ​របាយការណ៍​ស្ថាពរ​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ អង្គការ​នេះ​បាន​វាយ​តម្លៃ​ជា​រួម​ថា នៅ​មាន​ករណី​ចន្លោះ​ប្រហោង​មួយ​ចំនួន​ដែល​ត្រូវ​កែលំអ​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការវិវត្តន៍​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ។

មន្ត្រី​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​យល់ស្រប​ចំពោះ​ការ​វាយ​តម្លៃ​នេះ ថា​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​សង្គម​ស៊ីវិល​ដែរ។

អង្គការ​អានហ្វ្រែល (ANFREL) រក​ឃើញ​ថា ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង​ក្រោម​របប​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​រឹតត្បិត​គួរ​ឲ្យ​កត់សម្គាល់។ ជាក់ស្ដែង អង្គការ​នេះ​លើក​ឡើង​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​រឹតត្បិត​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​លើ​សេរីភាព​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។

​របាយការណ៍​គូស​បញ្ជាក់​ថា ការ​អនុវត្ត​ប្រព័ន្ធ​នីតិកម្ម​យ៉ាង​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត តួយ៉ាង​ដូចជា​ករណី​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​នានា បទ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង និង​ការ​គំរាមកំហែង​អំពី​អំពើ​ហិង្សា និង​សង្គ្រាម​ស៊ីវិល​ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដែល​ករណី​ទាំង​អស់​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​បរិយាកាស​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។

អង្គការ​នេះ​ក៏​រក​ឃើញ​ដែរ​ថា បើ​ទោះ​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​ការ​កែទម្រង់​ក្បាល​ម៉ាស៊ីន តាម​រយៈ​ច្បាប់​បោះឆ្នោត​ថ្មី​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ក៏ដោយ ក៏​សមាសភាព និង​ឯករាជភាព​នៃ​ស្ថាប័ន​នេះ នៅ​តែ​មាន​ភាព​ឆក​ល្វែង​នៅ​ឡើយ។ របាយការណ៍​គូស​បញ្ជាក់​ថា បើ​ទោះ​ជា​លទ្ធផល​បោះឆ្នោត​ជា​ទូទៅ​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​ភាគ​ច្រើន​ទទួល​យក​ក៏ដោយ ក៏​ស្ថានភាព​ក្រោយ​ការ​បោះឆ្នោត​មិន​មែន​មាន​ន័យ​ថា ពុំ​មាន​បញ្ហា​នោះ​ឡើយ ដោយសារ​តែ​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ពុំ​ទាន់​មាន​លក្ខណៈ​ច្បាស់លាស់។ ជាក់ស្ដែង​ស្ថានភាព​នយោបាយ​ដែល​មាន​ការ​រឹតត្បិត​នេះ បង្ហាញ​ឲ្យ​ឃើញ​ជា​ថ្មី​ម្ដង​ទៀត​តាម​រយៈ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បន្ទប់​ស្ថានការណ៍ ដែល​ជា​បណ្ដុំ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​មក​ពី​ជាង ៤០​ស្ថាប័ន។

​មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា ការ​វាយ​តម្លៃ​ខាង​លើ​នេះ គ្រាន់តែ​ជា​ការ​វាយ​តម្លៃ​ដែល​មាន​លក្ខណៈ​តែ​មួយ​ជ្រុង ហើយ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ ឬ​ក៏​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទស្សនៈ​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​នោះ​ទេ ព្រោះ​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​តាម​បែប​វិទ្យាសាស្ត្រ។ ជា​យោបល់ លោក​ស្នើ​ឲ្យ​ភាគី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ទៅ​មើល​របាយការណ៍​របស់ គ.ជ.ប វិញ ដោយ​ហេតុ​ថា គ.ជ.ប ជា​ស្ថាប័ន​អនុវត្ត​ផ្ទាល់ ហើយ​បាន​ធ្វើ​ការ​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់។

លោក ហង្ស ពុទ្ធា៖ «សម្រាប់​ការ​បោះឆ្នោត​គ្មាន​ប្រទេស​ណា​មួយ​ដែល​រៀបចំ​ការ​បោះឆ្នោត​ដោយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​បារាំង ក៏ដោយ ហើយ​យើង​ឃើញ​ថា ក្រោយ​ការ​បោះឆ្នោត វា​តែងតែ​មាន​រឿង​ខ្លះ​កើត​ឡើង។ សម្រាប់​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ គ.ជ.ប កន្លង​មក​នេះ គ.ជ.ប បាន​ទទួល​ការ​ស្វាគមន៍ និង​ការ​គាំទ្រ​ដោយ​សហគមន៍​ជាតិ និង​អន្តរជាតិ ភាគ​ច្រើន​លើសលប់»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហង្ស ពុទ្ធា ខាង​លើ​នេះ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFECT) យល់​ស្រប​ចំពោះ​របកគំហើញ និង​ការ​វាយ​តម្លៃ​របស់​អង្គការ​អានហ្វ្រែល នេះ។ លោក​ថា ការ​វាយ​តម្លៃ​នេះ ដូច​គ្នា​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​សង្គម​ស៊ីវិល​ដែរ ដែល​បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​ដោយសារ​តែ​មាន​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​អង្គការ និង​សមាគម​ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​កន្លង​មក។

លោក សម គន្ធាមី៖ «ក្នុង​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​យើង​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា មុន គ.ជ.ប. ប្រកាស​លទ្ធផល​ផ្លូវការ​ថ្ងៃ​ទី​២៥ យើង​បាន​និយាយ​ចំណុច​ហ្នឹង​ដែរ ពី​ហិរញ្ញវត្ថុ​គណបក្ស ពី​ការងារ​តម្លាភាព​របស់ គ.ជ.ប ទាំង​អស់​ហ្នឹង។ វា​ហាក់​ដូចជា​ស្រដៀង​គ្នា ដែល​អង្គការ​អានហ្វ្រែល បាន​លើក​ឡើង​ក្នុង​របាយការណ៍​ស្ថាពរ​របស់​គាត់។  ប៉ុន្តែ​ចំណុច​នេះ យើង​ជួប​ការ​លំបាក​ណាស់ ហិរញ្ញវត្ថុ​គណបក្ស​នេះ គ.ជ.ប ហាក់​ដូចជា​ស្ទាក់​ស្ទើរ​នឹង​រៀបចំ កំណត់​ការ​ចំណាយ​ថវិកា​ក្នុង​ពេល​ឃោសនា​របស់​គណបក្ស​មួយៗ... គ.ជ.ប ហាក់​ដូចជា​មិន​ទាន់​បាន​សម្រេច​បែប​ម៉េច​ទេ»

ក្រៅ​ពី​នោះ លោក សម គន្ធាមី ថា ករណី​នៃ​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ក៏​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល ដោយសារ​បច្ចេកទេស​របស់​មន្ត្រី គ.ជ.ប នៅ​មាន​ភាព​ឆក​ល្វែង​នៅ​ឡើយ។ លោក​ថា មន្ត្រី​ទាំង​នោះ​ពុំ​ទាន់​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​ច្បាស់លាស់ ហើយ​យន្តការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ខ្លះ បាន​ដោះស្រាយ​ដោយ​បិទ​ទ្វារ ពុំ​បាន​បើក​សវនាការ​ជា​សាធារណៈ។

​ដោយ​ឡែក​ចំពោះ​បញ្ហា​អនុញ្ញាត​ឲ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះឈ្មោះ​បោះ​ឆ្នោត និង​ចូលរួម​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន លោក សម គន្ធាមី មាន​ប្រសាសន៍​ថា ខាង​សង្គម​ស៊ីវិល​របស់​លោក​បាន​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ​ដាក់​ជូន​ទៅ គ.ជ.ប ដែរ ដោយ​ស្នើ​សុំ​ឲ្យ គ.ជ.ប ធានា​សិទ្ធិ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ តាម​រយៈ​ការ​ជួយ​សម្រួល​រៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា ថ្លែង​ថា ច្បាប់​តម្រូវ​ឲ្យ គ.ជ.ប រៀបចំ​ការិយាល័យ​នៅ​ក្នុង​ប្រទេស ពោល​គឺ​នៅ​គ្រប់​ឃុំ​សង្កាត់​ទាំង​អស់​នៅ​កម្ពុជា។ លោក ហង្ស ពុទ្ធា ថ្លែង​ថា ការ​បើក​ការិយាល័យ​នៅ​តាម​ស្ថានទូត ឬ​ក៏​ស្ថាន​កុងស៊ុល គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​នេះ​ជា​បញ្ញត្តិ​របស់​ច្បាប់។

អង្គការ​អានហ្វ្រែល បាន​ដាក់​អ្នក​សង្កេតការណ៍​ចំនួន ៣៦​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ឃ្លាំមើល​ដំណើរ​ការ​ឃោសនា និង​ការ​បោះឆ្នោត​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។ បេសកកម្ម​នេះ គ្រប​ដណ្ដប់​នៅ​ខែត្រ​ចំនួន ១៣ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត និង​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​ចំនួន  ១៥១ ក្នុង​ខែត្រ​ចំនួន ១៨ ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ថ្ងៃ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្កោលទោស​លោក ប្រ៊ែដ អាដាម ព្រោះ​ហ៊ាន​បញ្ចេញ​មតិ​ប៉ះពាល់​ស្ថាប័ន​កំពូល

$
0
0

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចោទ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា​បាន​បញ្ចេញ​មតិ ប៉ះពាល់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ស្ថាប័ន​កំពូលៗ​ដទៃ​ទៀត​របស់​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​ថ្កោលទោស​លោក ប្រ៊ែដ អាដាម ចំពោះ​ការ​បញ្ចេញ​មតិ​មួលបង្កាច់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​នាំ​ឲ្យ​សាធារណមតិ​ភាន់​ច្រឡំ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ប្រ៊ែដ អាដាម ថា​បាន​រំលោភ​លើ​ឯករាជ្យ អធិបតេយ្យ រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បទសម្ភាសន៍​របស់​លោក ប្រ៊ែដ អាដាម ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដែល​អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ភាព​ក្លាហាន​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់ ព្រោះ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នក​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ ក្នុង​បទសម្ភាសន៍​នោះ លោក ប្រ៊ែដ អាដាម មាន​ប្រសាសន៍​ថា “សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​នាំ​គ្នា​បោះឆ្នោត​គាំទ្រ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ គួរ​នាំ​គ្នា​លា​ឈប់​ពី​តំណែង​ក្រុមប្រឹក្សា​នេះ​ភ្លាម ព្រោះ​មិន​បាន​បំពេញ​ការងារ​ឲ្យ​ស័ក្ដិសម​នឹង​ឈ្មោះ​ជា​អ្នក​រក្សា និង​ការពារ​រដ្ឋធម្មនុញ្ញ កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​នោះ​ទេ"។

លោក ប្រ៊ែដ អាដាម បន្ថែម​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ក្នុង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គេ​មិន​ដែល​ធ្វើ​ច្បាប់​ណា​ហាម​ឃាត់​មេដឹកនាំ​បក្ស​ប្រឆាំង មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។ ដូច្នេះ​សមាជិក​គ្រប់​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ គួរ​មាន​សេចក្ដី​ក្លាហាន និង​ចេះ​មាន​ការ​ខ្មាសអៀន ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ភ្លាម កុំ​នៅ​បន្ត​រួម​គ្នា​ធ្វើ​បំពាន​បែប​នេះ​ត​ទៅ​ទៀត។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក ៩​រូប គឺ​ជា​ស្ថាប័ន​កំពូល​មួយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ សម្រាប់​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​រដ្ឋ​សភា​បាន​អនុម័ត និង​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ  និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា។

ត្រឹម ១៥​ថ្ងៃ​ប៉ុណ្ណោះ ស្ថាប័ន​នីតិប្បញ្ញត្តិ​ធំៗ ទាំង​រដ្ឋសភា ទាំង​ព្រឹទ្ធ​សភា រួម​ទាំង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង​សុទ្ធ​តែ​សម្រេច​ព្រមៗ​គ្នា ដោយ​ឥត​ជំទាស់ និង​ឥត​កែប្រែ​អ្វី​ទាំង​អស់​ទៅ​តាម​ខ្លឹមសារ នៃ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រមទាំង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​ចាត់​ទុក​ថា មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live