Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សង្គម​ស៊ីវិល​១៩​ស្ថាប័ន​ហៅ​ការ​កែប្រែ​ច្បាប់​បក្ស​នយោបាយ​ថា​ជា​ការ​ពង្រីក​អំណាច​ដល់​រដ្ឋាភិបាល

$
0
0

សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៩​ស្ថាប័ន បាន​ហៅ​ការ​ត្រៀម​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី​នេះ ថា​គឺ​ដើម្បី​ពង្រីក​អំណាច​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​អំណាច​នោះ​ទៅ​រំលាយ​គណបក្ស​នយោបាយ។ សង្គម​ស៊ីវិល​ក៏​ព្រួយ​បារម្ភ​ថា ការ​ផ្ដល់​អំណាច​ហួសហេតុ​ទៅ​ឱ្យ​រដ្ឋាភិបាល គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ-​អន្តរជាតិ និង​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា សង្គម​ស៊ីវិល​ទាំង ១៩​ស្ថាប័ន បាន​ហៅ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ នឹង​អាច​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ កក្កដា សប្ដាហ៍​ក្រោយ​នេះ​ថា គឺ​ជា​ច្បាប់​ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោម​ច្បាប់​នានា ដែល​មាន​លក្ខណៈ​រឹតត្បិត​មិន​សម​ហេតុផល​ទៅ​លើ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​បញ្ចេញ​មតិ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​នយោបាយ​លើក​នេះ ក៏​បង្ហាញ​អំពី​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​មាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មាន​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ជា​ព្រះរាជ​តំណាង។

សង្គម​ស៊ីវិល​ទាំង​នេះ​បន្ថែម​ថា បទបញ្ញត្តិ​ក្នុង​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ទៀត គឺ​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​ណា​មួយ​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​តាម​បែប​មិន​ច្បាស់លាស់ និង​បែប​អត្តនោម័ត​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ ហើយ​វា​នឹង​ជះ​ឥទ្ធិ​មិន​ល្អ​យូរ​អង្វែង​មក​លើ​គណបក្ស​នយោបាយ​នានា ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ដោយ​សេរី និង​ស្មើភាព​គ្នា ហើយ​ជា​មន្ទិលសង្ស័យ ថា​តើ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ នឹង​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ ឬ​ទេ?

ក្រុម​សង្គម​ស៊ីវិល​ដដែល​ក៏​បាន​ចាត់​ទុក​ថា ការ​បដិសេធ​មិន​ព្រម​ទទួល​យក​ចំណុច​ព្រួយ​បារម្ភ និង​ការ​វិភាគ​ផ្នែក​ច្បាប់​របស់​ពួកគេ ដើម្បី​ប្រើប្រាស់​ជា​ជំនួយ​ក្នុង​ការ​ពិនិត្យ និង​ពិភាក្សា​ទៅ​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ពី​ស្ថាប័ន​ព្រឹទ្ធ​សភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ ថា​គឺ​ជា​ការ​មិន​គោរព​តាម​គោលការណ៍ តម្លាភាព និង​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​ចូល​រួម ព្រម​ទាំង​ជា​កង្វះខាត​យ៉ាង​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​បង្កើត​ច្បាប់​ដ៏​ប្រញាប់ និង​មិន​ច្បាស់លាស់។

ការ​លើក​ឡើង​របស់​ក្រុម​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​សម្រេច​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​ឥត​កែប្រែ​ចំណុច​ណា​ឡើយ ព្រមទាំង​បិទ​ផ្លូវ​តវ៉ា​ក្រោយ​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​បាន​ស្នើ​កែប្រែ​ជា​លើក​ទី​ពីរ តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង​ប្រញាប់។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មីៗ​នេះ មិន​មែន​ធ្វើ​ឡើង​ដើម្បី​តម្រូវ​ចិត្ត​របស់​សង្គម​ស៊ីវិល​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ច្បាប់​នេះ​គឺ​ដើម្បី​ឱ្យ​កម្ពុជា ដើរ​ត្រឹមត្រូវ​តាម​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ពង្រីក​នីតិវិធី​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

លោក សុខ ឥសាន បន្ត​ថា យ៉ាង​យូរ សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ នឹង​ត្រូវ​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ៖ «គាត់​ចង់​និយាយ​អី​និយាយ​ទៅ អ៊ីចឹង​ទេ មិន​មែន​ដូច​គាត់​ថា ចង់​ពង្រឹង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ដើម្បី​គាប​សង្កត់​មក​លើ​គណបក្ស​ណា​មួយ​ទេ»

ទោះ​ជា​យ៉ាង​ណា ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ ត្រូវ​គេ​ចាត់​ទុក​ថា មាន​បំណង​គាបសង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ដើម្បី​សម្លាប់​ជីវិត​នយោបាយ​លោក សម រង្ស៊ី ព្រោះ​ក្រសួង​មហាផ្ទៃ នឹង​មាន​សិទ្ធិ​បន្ថែម​ទៀត ដើម្បី​រំលាយ​គណបក្ស​ណាមួយ​នេះ​បាន ប្រសិនបើ​គណបក្ស​នោះ​នៅ​តែ​ប្រើប្រាស់​ជា​សារ​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ សកម្មភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ។

ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា សេចក្ដី​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស គឺ​បាន​បញ្ជាក់​ថា សូម្បី​ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស ក៏​ត្រូវ​ទទួល​បាន​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​ដែរ ហើយ​ការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​សិទ្ធិ​របស់​ទណ្ឌិត​ក្នុង​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ និង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ គឺ​ជា​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​នូវ​សិទ្ធិមនុស្ស។

ព័ត៌មាន​បន្ថែម៖

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ឲ្យ​ដឹង​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចុង​ក្រោយ ត្រូវ​បាន​ប្រមុខរដ្ឋ​ស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ចុះ​ហត្ថលេខា​ហើយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជំនួស​ព្រះមហាក្សត្រ​ដែល​កំពុង​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន និង​ក្រោយ​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ជា​ឯកច្ឆន្ទ ឥត​កែប្រែ​លើ​ខ្លឹមសារ​ច្បាប់​នេះ។ លោក​ថា ច្បាប់​នេះ​ចូល​ជា​ធរមាន​ចាប់​ពី​ពេល​នេះ​ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អាជ្ញាធរ​ពិនិត្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​ម៉ុងតាញ៉ា​៤៩​នាក់​ដែល​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន

$
0
0

អាជ្ញាធរ​ខ្មែរ​កំពុង​ពិនិត្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ចំនួន ៤៩​នាក់ ដែល​បាន​សម្ភាស​ធ្លាក់​កាល​ពី​ខែ​មិថុនា។ នៅ​ពេល​ពិនិត្យ​ចប់​សព្វគ្រប់ ប្រសិនបើ​រក​ឃើញ​ថា ជនជាតិ​ម៉ុងតាញ៉ា ទាំង​នេះ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​នោះ​ទេ ពួកគេ​អាច​ប្រឈម​នឹង​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

ជោគវាសនា​របស់​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ទាំង ៤៩​នាក់​នេះ នឹង​ត្រូវ​ដឹង​ច្បាស់​ក្នុង​រយៈពេល ៤៥​ថ្ងៃ​ក្រោយ​ពី​ពេល​ពួកគេ​បាន​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ខ្មែរ​ដែល​មិន​បាន​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ពួកគេ។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ក្រោយពី​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នេះ​បាន​សម្ភាស​ធ្លាក់​នៅ​ក្នុង​វគ្គ​ទី​១ កាល​ពី​កណ្ដាល​ខែ​មិថុនា ពួកគេ​បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ជា​បន្តបន្ទាប់។ បណ្ដឹង​ឧទ្ធរណ៍​នេះ គឺ​ជា​ដំណាក់កាល​ចុង​ក្រោយ​បង្អស់​ដើម្បី​ឲ្យ​អាជ្ញាធរ​ពិនិត្យ​សម្រេច​ពី​ឋានៈ​ជា​ជនភៀសខ្លួន​របស់​ពួកគេ។ លោក​ថា ក្នុង​ចំណោម​បណ្ដឹង​ឧទ្ធរណ៍​របស់​ជនជាតិ​ម៉ុងតាញ៉ា ទាំង ៤៩​នាក់​នេះ អាជ្ញាធរ​ពិនិត្យ​បាន​ប្រហែល ៤០​ភាគរយ​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​ធ្លាក់ ឬ​ជាប់​ក្នុង​ចំណោម​អ្នក​ពិនិត្យ​រួច​នេះ​នៅ​ឡើយ។

​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​អម​ដំណើរ​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ បន្ទាប់​ពី​ពួកគេ​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀសខ្លួន។ លោក តាន់ សុវិជ្ជា បញ្ជាក់​ថា មុន​នឹង​បញ្ជូន​ទៅ​វិញ​នេះ ខាង​ភាគី​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​វៀតណាម រួច​ហើយ ដើម្បី​ធានា​ថា សុវត្ថិភាព​របស់​ជន​ជាតិ​ម៉ុងតាញ៉ា ទាំង​អស់​នេះ នឹង​ត្រូវ​ធានា​ដើម្បី​រួចផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា ហើយ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​តាម​ដាន​ពី​ការ​រស់​នៅ​របស់​ពួកគេ។

ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម យ៉ាង​ហោច​ណាស់​ក៏ ៣​ពាន់​នាក់​ដែរ​បាន​រត់​កាត់​ព្រៃ​ឆ្លងដែន​ចូល​កម្ពុជា តាម​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ រលក​នៃ​ការ​រត់​គេច​ខ្លួន​ចុង​ក្រោយ គឺ​នៅ​ចុង​ឆ្នាំ​២០១៤។ ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ជាដើម។

​បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ុងតាញ៉ា ៥២​នាក់ កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម ៥២​នាក់​នេះ មាន ៣​នាក់​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​រួច​ហើយ ខណៈ​ដែល ៤៩​នាក់​ផ្សេង​ទៀត​កំពុង​បន្ត​ប្ដឹង​ឧទ្ធរណ៍​នៅ​ពេល​នេះ។

បើ​រាប់ទាំង​អ្នក​ជាប់​លើក​មុន​និង​លើក​ក្រោយ គឺ​មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់​ហើយ ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ក្នុង​នោះ ១៣​នាក់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ បញ្ជូន​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​បន្ត​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣។ លោក តាន់ សុវិជ្ជា បង្ហើប​ថា អ្នក​ជាប់​ក្រោយ ៣​នាក់ ក៏​ប្រហែលជា​អាច​បញ្ជូន​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដូច​អ្នក​មុន​ដែរ។

កន្លង​ទៅ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​សម្ដែង​ការ​បារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។ អង្គការ​ទាំង​នេះ​តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចង់​ឃើញ​ការ​កំណត់​ឋានៈ​នៃ​ជនភៀសខ្លួន​របស់​ជន​ជាតិ​ម៉ុងតាញ៉ា ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជា​ជាង​ផ្អែក​ទៅ​លើ​ហេតុផល​នយោបាយ។

​ការ​ស្នើ​សុំ​របស់​សង្គម​ស៊ីវិល​នេះ ក៏​ដោយសារ​ជនជាតិ​ម៉ុងតាញ៉ា មាន​ការ​បារម្ភ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ ខណៈ​ដែល​ជនជាតិ​ម៉ុងតាញ៉ា មួយ​ចំនួន​ទៀត បាន​រត់​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​គេច​ផុត​ពី​ការ​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទឹក​ឡើង​លិច​ភូមិ​ស្រែគរ​​ក្រោយ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២​បិទ​ជា​ស្ថាពរ

$
0
0

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្រែគរ ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​អំពី​ផល​លំបាក​នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ត្រូវ​បាន​បិទ​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ កក្កដា នេះ។ ការ​បិទ​ទំនប់​ជា​ថ្មី​បន្ថែម​ទៀត​នេះ បណ្ដាល​ឲ្យ​កម្ពស់​ទឹក​បាន​ឡើង​ជន់​លិច​ភូមិ និង​ផ្ទះ​ពលរដ្ឋ កន្លែង​ខ្លះ​កម្ពស់​ទឹក​ឡើង​រហូត​ដល់​ជាង ១​ម៉ែត្រ។ ដោយ​ឡែក​មន្ត្រី​សាលា​ខេត្ត​ស្ទឹងត្រែង វិញ​អះអាង​ថា សមត្ថកិច្ច​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ជួយ​សង្គ្រោះ។

ស្រប​ពេល​កម្ពស់​ទឹក​បាន​បន្ត​ឡើង​ខុស​ពី​ថ្ងៃ​ធម្មតា និង​គំរាមកំហែង​អាយុ​ជីវិត​មនុស្ស និង​សត្វ​ហើយ ចំណែក​នៅ​តាម​ច្រក​ចូល​ភូមិ​ស្រែគរ មួយ​ចំនួន កម្លាំង​នគរបាល​ចម្រុះ​ត្រូវ​គេ​ដាក់​ពង្រាយ​ជា​ច្រើន​ទីតាំង ក្នុង​បំណង​បិទ​ច្រក​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​​ពលរដ្ឋ​ចាក​ចេញ​ដោយ​បង្ខំ​ថែម​ទៀត​ផង។

រស់​នៅ​ភូមិ​ស្រែគរ (ចាស់) ស្រុក​សេសាន លោក ហ្វុត ឃឿន ជា​ជនជាតិ​ឡាវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ពេល​នេះ​ពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត រើ​របស់​របរ​ដោយ​ខ្លួន​ឯង​ទៅ​រក​ទី​ទួល​សុវត្ថិភាព ដើម្បី​បញ្ចៀស​ទឹក​​ឡើង​ខ្លាំង ដោយសារ​ការ​បិទ​ទំនប់​វារីអគ្គិសនី។ លោក​បន្ត​ថា ថ្វី​បើ​កម្ពស់​ទឹក​បាន​គំរាមកំហែង​អាយុ​ជីវិត​មនុស្ស និង​សត្វ​បែប​នេះ​ក៏ដោយ​ចុះ ពលរដ្ឋ​នឹង​មិន​ចាកចេញ​ឡើយ៖ «»។

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ពេល​នេះ​កម្ពស់​ទឹក​បាន​គំរាមកំហែង​ខ្លាំង​ជាង​គេ គឺ​ឃុំ​ស្រែគរ (អ្នក​នៅ​ទីតាំង​ចាស់) និង​ឃុំ​នៅ​ក្បែរៗ​នោះ​ទៀត ដូច​ជា​ឃុំ​ក្បាលរមាស និង​ឃុំ​សាឡាត ជាដើម។ កន្លែង​ខ្លះ​កម្ពស់​ទឹក​បាន​ឡើង​រហូត​ដល់​ក្រប​ផ្ទះ និង​កម្ពស់​ទឹក​ជាង ១​ម៉ែត្រ​ក៏​មាន​ដែរ ដែល​បណ្ដាល​ឲ្យ​ភូមិ​ត្រូវ​លិចលង់។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ គឺ​មាន ៣​ក្រុមហ៊ុន ដែល​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។

កាល​ពី​ឆ្នាំ​២០១៣ អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​រក​ឃើញ​ថា នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ បើក​ឲ្យ​ដំណើរ​ការ នឹង​បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ​ប្រមាណ ១០%។ ក្រៅ​ពី​នេះ នឹង​កាត់​បន្ថយ​លំហូរ​ដីល្បាប់​ប្រហែល ទៅ ៨%។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ប្រឈម​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ទៅ​លើ​ជីវភាព និង​សន្តិសុខ​ស្បៀង។

មេ​ឃុំ​ស្រែគរ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​លោក​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​បញ្ហា​នេះ​នៅ​ពេល​នេះ។ លោក​បន្ត​ថា សូម្បី​លោក​ជា​មេ​ឃុំ ក៏​រក​វិធី​ជួយ​ខ្លួន​ឯង​សឹង​មិន​បាន​ផង។ រាល់​ពេល​ដាក់​របាយការណ៍ ឬ​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត ត្រូវ​គេ​រើសអើង ហើយ​ថែម​ទាំង​ចោទ​ពលរដ្ឋ​ថា ប្រឆាំង​នឹង​គម្រោង​វិនិយោគ​រដ្ឋាភិបាល​ទៅ​វិញ​ថែម​ទៀត​ផង៖ «»។

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​ដាក់​កម្លាំង​ទប់ស្កាត់ និង​បិទ​ច្រក​សេដ្ឋកិច្ច​ពលរដ្ឋ​ដោយ​បង្ខំ​នេះ ត្រូវ​បាន​លោក ម៉ែន គុង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង ច្រាន​ចោល ហើយ​អះអាង​ថា កម្លាំង​ដែល​ដាក់​ពង្រាយ​នោះ គឺ​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទៅ​វិញ​ទេ៖ «»។

ដោយ​ឡែក អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ហូ សំអូល យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ពិត​ជា​បាន​ប្រើប្រាស់​កម្លាំង​មែន។ លោក​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ដែល​គាំពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «»។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ទំនប់​វារីអគ្គិសនី​នេះ ត្រូវ​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​ម្ដង​រួច​ទៅ​ហើយ ហើយ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជិត ២០០​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ​រង​ផល​ប៉ះពាល់។ ការ​បិទ​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ដែល​មិន​ព្រម​ចាកចេញ​ពី​ទីតាំង​ចាស់​ជាង ៩០​គ្រួសារ ដោយ​មិន​ទាន់​គិត​ឃុំ​ផ្សេង​ទៀត​នៅ​ឡើយ​ផង ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​នៅ​ក្បែរៗ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពស់​ទឹក​ឡើង​ហួស​ពី​ការ​ប្រកាស​អាសន្ន​ក្នុង​ខេត្ត​៣​នា​ភាគ​ឦសាន

$
0
0

លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​១​នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ខេត្ត​ចំនួន​៣ ដែល​នៅ​ជាប់​ដៃ​ទន្លេ​មេគង្គ​លើ កម្ពស់​ទឹក​បាន​ឡើង​ហួស​ពី​ការ​ប្រកាស​អាសន្ន ដែល​គណៈកម្មការ​គ្រប់គ្រង​គ្រោះអន្តរាយ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា កន្លង​ទៅ។

​លោក ញឹម វណ្ណដា ថ្លែង​ថា ទឹក​ភ្លៀង​ដែល​បង្ក​ដោយ​ព្យុះ​ទី​៨ បាន​គំរាមកំហែង​ខេត្ត​មួយ​ចំនួន ស្ថិត​នៅ​ភូមិភាគ​ឦសាន រួម​មាន​ខេត្ត​មណ្ឌលគិរី ជាដើម បណ្ដាល​ឲ្យ​ទឹក​ជំនន់​ឡើង​ហួស​ពី​ការ​ប្រកាស​អាសន្ន​ទៅ​ទៀត។ លោក​បន្ត​ថា ក្រៅ​ពី​នេះ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ កម្ពស់​ទឹក​ឡើង​មិន​ដល់​ការ​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា៖ «»។

លោក ញឹម វណ្ណដា ឲ្យ​ដឹង​ទៀត​ថា ព្យុះ​ទី​៨ ដែល​គំរាម​កំហែង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បណ្ដាល​ឲ្យ​មនុស្ស ២​នាក់ នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ត្រូវ​បាត់បង់​ជីវិត ហើយ​បង្ក​ឲ្យ​ផល​ដំណាំ និង​ផ្លូវ​ថ្នល់​ត្រូវ​ខូចខាត។ ប៉ុន្តែ​ស្ថានភាព​ទឹក​ជំនន់​មក​ដល់​ពេល​នេះ ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត ​រួម​មាន​ខេត្ត​កំពង់ធំ ជាដើម បាន​ស្រក​ជា​បណ្ដើរៗ​ហើយ។

លោក​បន្ត​ថា ស្រប​ពេល​ព្យុះ​ទី​៨ ដែល​គ្របដណ្ដប់​ស្ទើរ​ទូទាំង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ តាម​ការ​ព្យាករ ព្យុះ​ទី​៩ ដែល​មាន​ឈ្មោះ​ថា នេសាទ នឹង​វាយ​លុក​ប្រទេស​កម្ពុជា បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី​២៩ កក្កដា។ បើ​តាម​លោក ញឹម វណ្ណដា ព្យុះ​ទី​៩ ដែល​មាន​ឈ្មោះ​ថា នេសាទ នេះ​ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តិច ហើយ​បង្ក​គ្រោះ​រាំង​ស្ងួត​យូរ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

“សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាំង​អស់​គួរ​ចុះ​ចេញ​ពី​តំណែង"

$
0
0

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ភាព​ក្លាហាន​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់ ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នក​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

លោក ប្រ៊ែដ អាដាម ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថា គ្មាន​ប្រទេស​ប្រជាធិបតេយ្យ​ណា​មួយ​គេ​ហាមឃាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចូល​រួម​ក្នុង​ជីវិត​នយោបាយ​នោះ​ឡើយ។

​ខាង​ក្រោម​នេះ​ជា​អត្ថបទ​សម្ភាសន៍​រវាង​លោក មួង ណារ៉េត ជាមួយ​លោក ប្រ៊ែដ អាដាម ជុំវិញ​រឿង​នេះ៖

លោក មួង ណារ៉េត៖ ត្រឹម ១៥​ថ្ងៃ​ប៉ុណ្ណោះ ស្ថាប័ន​នីតិប្បញ្ញត្តិ​ធំៗ ទាំង​រដ្ឋ​សភា ទាំង​ព្រឹទ្ធ​សភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង សុទ្ធតែ​សម្រេច​ព្រមៗ​គ្នា ដោយ​ឥត​ជំទាស់ និង​ឥត​កែប្រែ​អ្វី​ទាំង​អស់​ទៅ​តាម​ខ្លឹមសារ​នៃ​ច្បាប់​ដែល​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ និង​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។  តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក ៩​រូប និង​ជា​ស្ថាប័ន​កំពូល​ចុង​ក្រោយ​គេ​ដែល​មាន​សមត្ថកិច្ច​បកស្រាយ​អំពី​អធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ?

​លោក ប្រ៊ែដ អាដាម៖ សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​នាំ​គ្នា​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ គួរ​នាំ​គ្នា​លា​ឈប់​ពី​តំណែង​ក្រុមប្រឹក្សា​នេះ​ភ្លាម ព្រោះ​ពួកគេ​មិន​បាន​បំពេញ​ការងារ​ឲ្យ​ស័ក្ដិសម​នឹង​ឈ្មោះ​ជា​អ្នក​រក្សា និង​ការពារ​រដ្ឋធម្មនុញ្ញ កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​នោះ​ទេ។ រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ក្នុង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គេ​មិន​ដែល​ធ្វើ​ច្បាប់​ណា​ហាមឃាត់​មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ទេ។ ដូច្នេះ​សមាជិក​គ្រប់​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ  គួរ​មាន​សេចក្ដី​ក្លាហាន និង​ចេះ​មាន​ការ​ខ្មាសអៀន ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ភ្លាម កុំ​នៅ​បន្ត​រួម​គ្នា​ធ្វើ​បំពាន​បែបនេះ​ត​ទៅ​ទៀត។

លោក មួង ណារ៉េត៖ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា កម្ពុជា​គ្មាន​ទេ​ប្រជាធិបតេយ្យ។ ឥឡូវ ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ​បាន​ចូល​ជា​ធរមាន​ហើយ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

លោក ប្រ៊ែដ អាដាម៖ ប្រទេស​កម្ពុជា បាន​បង្កើត​កំណត់​ហេតុ​អាក្រក់​ថ្មី​មួយ​របស់​ពិភពលោក​ដែល​មិន​ធ្លាប់​មាន។ លោក ហ៊ុន សែន គួរ​តែ​មាន​មោទនភាព​ខ្លាំង ដោយ​បាន​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​ល្បី​ជាង​គេ​លើ​លោក គឺ​ល្បី​ខាង​បំពាន​លទ្ធិប្រជាធិបតេយ្យ ព្រោះ​បញ្ជា​ឲ្យ​ធ្វើ​ច្បាប់​ហាមប្រាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​​តាម​គ្រប់​រូបភាព​បែប​នេះ។ តាម​ពិត​ការ​ធ្វើ​ដូច្នេះ គឺ​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​កំពុង​ភ័យខ្លាច​បាត់​អំណាច​កាន់​តែ​ខ្លាំង​មែន​ទែន​ហើយ។

​លោក មួង ណារ៉េត៖ ចុះ​បើ​តាម​ទស្សនៈ​របស់​លោក តើ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទើប​ប្រស់ និង​សង្គ្រោះ​ប្រជាធិបតេយ្យ​ឲ្យ​រស់​ឡើង​វិញ​បាន?

​លោក ប្រ៊ែដ អាដាម៖ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​ឲ្យ​មាន​ជីវិត​ឡើង​វិញ គឺ​មាន​តែ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​គោរព​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ ម្យ៉ាង​ទៀត ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រកួតប្រជែង​ស្មើ​មុខ​ស្មើ​មាត់​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច។ ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ជ្រើស​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង និង​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ដោយ​សេរី។ សាក​គិត​ទៅ​មើល បើ​គេ​ហាម​គណបក្ស​ប្រជាជន​កម្ពុជា​វិញ តើ​គណបក្ស​ប្រជាជន​កម្ពុជា ឈឺ​ចាប់​ដែរ ឬ​ទេ? ច្បាស់​ណាស់ គណបក្ស​ប្រជាជន​កម្ពុជា ច្បាស់​ជា​នឹង​ស្រែក​ឡាំប៉ា​ថា​អយុត្តិធម៌។

លោក មួង ណារ៉េត៖ គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​កំពុង​អូស​ទូក​បណ្ដោយ​ទឹក បណ្ដោយ​ឲ្យ​គណបក្ស​កាន់​អំណាច​គាបសង្កត់ និង​ធ្វើ​ទុក្ខបុកម្នេញ​តាមតែ​អំពើ​ចិត្ត។ ក្នុង​ស្ថានភាព​បែប​នេះ តើ​លោក​យល់​ថា សហគមន៍​អន្តរជាតិ​អាច​មាន​សម្ពាធ​អ្វី​ដែរ ឬ​ទេ​ក្នុង​រឿង​នេះ?

លោក ប្រ៊ែដ អាដាម៖ សហគមន៍​អន្តរជាតិ ដូចជា​រៀង​ស្ទក់​បន្តិច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ដោយសារ​ពេល​នេះ ពិភពលោក​កំពុង​មាន​រឿងរ៉ាវ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដែរ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា សហគមន៍​អន្តរជាតិ​កំពុង​ឃ្លាំមើល​ស្ថានការណ៍​នេះ។ ពួកគេ​កំពុង​ចាំ​មើល​ថា តើ​ច្បាប់​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណា។ បើ​ច្បាប់​នេះ អនុវត្ត​ប៉ះពាល់​ដល់​ការ​បិទ​សិទ្ធិ​សេរីភាព​បក្ស​ប្រឆាំង នោះ​ពួកគេ​នឹង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ខាង​ផ្នែក​សេដ្ឋកិច្ច និង​ជំនួយ​ផ្សេងៗ។ ពេល​នោះ អ្នក​ដែល​រង​គ្រោះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​បាត់បង់​ការងារ​ធ្វើ និង​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ផ្សេង​ទៀត​ជាក់​ជា​មិន​ខាន។

​លោក មួង ណារ៉េត៖ លោក ហ៊ុន សែន តែងតែ​ឌឺដង​ដាក់​លោក សម រង្ស៊ី ថា​ជា​មនុស្ស​កំសាក និង​ជា​ទណ្ឌិត មិន​ហ៊ាន​វិល​ត្រឡប់​មក​ទទួលទោស​នៅ​កម្ពុជា។ បើ​សិន​ជា​លោក សម រង្ស៊ី ជា​ទណ្ឌិត​ពិត​ប្រាកដ​មែន តើ​លោក​គិត​ថា ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ខ្មែរ​មិន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ចាប់​បញ្ជូន​លោក សម រង្ស៊ី ឲ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា ព្រោះ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​ព្រមព្រៀង​បត្យាប័ន​តាំង​ពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ?

លោក ប្រ៊ែដ អាដាម៖ លោក ហ៊ុន សែន បាន​តែ​ថា​លោក សម រង្ស៊ី កំសាក​ដូច្នេះ​ទេ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ស្នើ​រដ្ឋាភិបាល​បារាំង ឲ្យ​បញ្ជូន​លោក សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន ដឹង​ច្បាស់​ហើយ​ថា ប្រទេស​បារាំង នឹង​មិន​ធ្វើតាម​សំណើ​នេះ​ទេ។ ប្រទេស​បារាំង នឹង​មិន​ចាប់​បញ្ជូន​នរណា​ម្នាក់​ដែល​រង​គ្រោះ ដោយសារ​ហេតុផល​នយោបាយ​ដូច​លោក សម រង្ស៊ី នេះ​ទេ។ ពិភពលោក​ដឹង​ច្បាស់​ណាស់​ថា តុលាការ​ស្រុក​ខ្មែរ ធ្វើ​តាមតែ​បញ្ជា​លោក ហ៊ុន សែន ចង់​បាន​ប៉ុណ្ណោះ។ ប្រទេស​បារាំង ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ដូច្នេះ គេ​នឹង​មិន​បញ្ជូន​នរណា​ម្នាក់​ឲ្យ​ទៅ​រងគ្រោះ​ក្នុង​របប​ដែល​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ ដូច​នៅ​កម្ពុជា នេះ​ទេ។ លោក ហ៊ុន សែន ដឹង​រឿង​នេះ​ច្បាស់​ណាស់ តែ​គាត់​ធ្វើ​ពើ​ជា​មិន​ដឹង។

លោក មួង ណារ៉េត៖ រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ចាត់​ទុក​លោក សម រង្ស៊ី ជា​ទណ្ឌិត។ ទណ្ឌិត​ត្រូវ​តែ​ទទួលទោស។ តើ​លោក​យល់​ថា ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា មិន​ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ ជួយ​អន្តរាគមន៍​តាម​ចាប់​លោក សម រង្ស៊ី មក​ឲ្យ​ទទួល​ទោស​នៅ​កម្ពុជា?

លោក ប្រ៊ែដ អាដាម៖ ប៉ូលិស​ស​អន្តរជាតិ ក៏​មិន​ខុស​ពី​រដ្ឋាភិបាល​បារាំង​ដែរ។ គេ​មាន​គោលការណ៍​ច្បាស់លាស់ ត្រឹមត្រូវ​របស់​គេ។ រាល់​ករណី​ដែល​គេ​យល់​ថា ជា​ការ​កាត់​ទោស​គ្រាន់តែ​ជា​ឆាកល្ខោន​នយោបាយ​បែប​នេះ ពួកគេ​នឹង​មិន​សហការ​ចាប់​ជន​ណា​ម្នាក់ តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​ណា​មួយ​នោះ​ទេ។ ដូច​ក្នុង​ករណី​លោក សម រង្ស៊ី នេះ​ដែរ គឺ​ប៉ូលិស​អន្តរជាតិ​នឹង​មិន​ចាត់ការ​ទេ។ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនដែល​ហ៊ាន​ពឹង​ប៉ូលិស​អន្តរជាតិ​ឲ្យ​ជួយ​ចាប់​លោក សម រង្ស៊ី។

លោក មួង ណារ៉េត៖ ខ្ញុំ​មាន​សំណួរ​ចុង​ក្រោយ​មួយ​អំពី​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ថ្មីៗ​នេះ លោក ហ៊ុន សែន ដែល​មួយ​ឆ្នាំ​ទៅ​ហើយ តាំងពី​លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ មិន​ដែល​នឹកនា​ចូល​បុណ្យ ឬ​ចាត់តាំង​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ទៅ​ចូលរួម​បុណ្យ​សព​នោះ​ទេ។ ប៉ុន្តែ ស្រាប់​តែ​ពេល​នេះ គាត់​ចិត្ត​ល្អ​ផ្ដល់​ថវិកា​សរុប ៦​ម៉ឺន​ដុល្លារ ទៅ​ប្អូន​ប្រុស និង​ម្ដាយ​លោក​បណ្ឌិត កែម ឡី។ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ក្នុង​រឿង​នេះ?

​លោក ប្រ៊ែដ អាដាម៖ គ្មាន​អ្វី​ពិបាក​យល់​ទេ! សាក​មិន​ជឿ ឧទាហរណ៍​បើ​មាន​ករណី​សម្លាប់​លោក សម រង្ស៊ី ឬ​លោក កឹម សុខា មើល៍ បើ​មិន​លោក ហ៊ុន សែន ប្រកាស​ថា អ្នក​ទាំង​ពីរ​ធ្លាប់​ជា​កល្យាណមិត្ត​របស់​គាត់​ជា​មិន​ខាន។ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឆោតល្ងង់​ទេ។ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​សង្ស័យ​ថា លោក ហ៊ុន សែន ឬ​មនុស្ស​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី។ អ្នក​ដែល​ខ្ញុំ​បាន​ជជែក​លេង​ជាមួយ​សុទ្ធ​តែ​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ។ មើល​តែ​ការ​ស៊ើប​អង្កេត​ក៏​អាច​ឲ្យ​គេ​ឯង​គ្រប់​គ្នា​សង្ស័យ​បាន​ដែរ។ ដូច្នេះ ខ្ញុំ​មិន​ជឿ​ថា ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​លោក កែម ឡី ជឿ​ថា លោក ហ៊ុន សែន ជា​មនុស្ស​ចិត្ត​ល្អ​ពិតប្រាកដ​ចំពោះ​ក្រុម​គ្រួសារ​លោក កែម ឡី នោះ​ទេ ព្រោះ​លោក កែម ឡី កាល​នៅ​រស់​ជា​អ្នក​ហ៊ាន​និយាយ​រិះគន់​ខ្លាំងៗ លើ​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន សែន។ ប្រហែល​មក​ពី​មូលហេតុ​នេះ​ឯង​ហើយ ទើប​គេ​បាញ់​សម្លាប់​គាត់​នោះ។

​លោក មួង ណារ៉េត៖ សូម​អរគុណ​លោក ប្រ៊ែដ អាដាម ដែល​បាន​ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី។

​លោក ប្រ៊ែដ អាដាម៖ អរគុណ​ច្រើន​ណាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រកាន់​បក្សពួក​ធ្វើ​ឲ្យ​មច្ឆាជាតិ​នៅ​​ពោធិ៍សាត់​កាន់​តែ​ហិនហោច"

$
0
0

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ បារម្ភ​ថា ជម្លោះ​កាច់កុង​គ្នា​រវាង​សកម្មជន ឬ​មន្ត្រី​គណបក្ស​កាន់​អំណាច និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​រាំងទិល ស្រុក​កណ្ដៀង អាច​ជា​បញ្ហា​ធ្វើ​ឲ្យ​ធនធាន​មច្ឆាជាតិ​ក្នុង​បឹង​ទន្លេ​សាប​កាន់​តែ​ហិនហោច។ ក្ដី​បារម្ភ​នេះ ក្រោយ​ពី​គេ​ទទួល​ដំណឹង​ថា បទល្មើស​នេសាទ​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ត្រូវ​បាន​បង្ក្រាប។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា អ្នក​ភូមិ​នៃ​ឃុំ​រាំងទិល ទាំង​អស់​រស់​នៅ​លើ​ទឹក ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​មុខរបរ​នេសាទ។ ដូច្នេះ​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា ឬ​ប្រកាន់​បក្ស​ពួក​ដូច​ជា​ជំរុញ​ឲ្យ​មាន​បទល្មើស​កាន់​តែ​ច្រើន​ឡើង ព្រោះ​ពលរដ្ឋ​នឹង​ងាក​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច​ដើម្បី​មាន​ឱកាស​ប្រព្រឹត្ត​បទល្មើស។

លោក អេង ឈុនហាន បន្ថែម​ថា សកម្មជន​បក្ស​ប្រឆាំង​បាន​ប្រាប់​លោក​ថា បទល្មើស​កើត​មាន​ច្រើន ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ឡើយ ក្រៅ​ពី​កម្ទេច​បទល្មើស​បុគ្គល​ណា​ដែល​គាំទ្រ​បក្ស​ប្រឆាំង៖ «ខាង​អ្នក​មាន​អំណាច​ចេះ​តែ​ប្រព្រឹត្ត​បទល្មើស​បាន​ទៅ អ្នក​ណា​ហ៊ាន​ចូល​អា​បក្ស​ផ្សេង​ដែល​ជា​បក្ស​ប្រឆាំង​អី អាច​ថា មិន​រក​បាន​គេ​យក​ច្បាប់​ទៅ​អនុវត្ត​ដោយ​ស្របច្បាប់​ទៅ​ណា។ អ៊ីចឹង​ធ្វើ​បាប​គ្នា​ចុះ​ឡើង តែ​ខ្ញុំ​ចង់​និយាយ​ថា ភាគី​ទាំង​ពីរ​កំពុង​តែ​នាំគ្នា​បំផ្លាញ​ខ្លួន​ឯង​ដូច​គ្នា។ គាត់​ជា​អ្នក​នេសាទ​សុទ្ធសាធ ព្រោះ​នៅ​លើ​ទឹក​ហ្នឹង​អត់​មាន​កន្លែង​ដែល​អាច​ធ្វើ​ស្រូវ ធ្វើ​បន្លែ​អី​បាន​ដូច​ពួក​ខ្ញុំ​នៅ​លើ​គោក​ទេ។ ពួកគាត់​អាស្រ័យ​តែ​លើ​ផល​នេសាទ​ចុះ​បើ​គាត់​អត់​ចូល​រួម​ថែរក្សា​ត្រី​ហ្នឹង​ទេ ឆ្នាំង​បាយ​គាត់​នឹង​ត្រូវ​រលំ​ហើយ»

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​រាំងទិល លោកស្រី ប៉ាន់ ឆៃឡេង និង​មេ​ឃុំ​របស់​គណបក្ស​ប្រជាជន លោក គឹម សំអ៊ែល បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ប៉ុន្តែ​កន្លង​ទៅ​លោកស្រី ប៉ាន់ ឆៃឡេង ប្រាប់​ថា អាជ្ញាធរ និង​រដ្ឋបាល​ជលផល​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​គ្រួសារ​លោកស្រី និង​ពលរដ្ឋ​ជិត ១០​គ្រួសារ​ផ្សេង​ទៀត​ដែល​គេ​ដឹង​ថា គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

ចំណែក​មន្ត្រី​រដ្ឋបាល​ជលផល និង​មេឃុំ​រាំងទិល ធ្លាប់​ទទួល​ស្គាល់​ថា បទល្មើស​ពិត​ជា​កើត​មាន​ខ្លះ​មែន​នៅ​ក្នុង​ឃុំ​រាំងទិល ប៉ុន្តែ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​មិន​រើស​មុខ ឬ​ប្រកាន់​បក្ស​នយោបាយ​ឡើយ។

មន្ត្រី​គម្រោង​របស់​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) លោក ឯក ចំរើន យល់​ថា គ្រប់​គណបក្ស​មិន​គួរ​កាច់កុង​គ្នា ហើយ​បាត់​ប្រយោជន៍​សាធារណៈ ឬ​ធនធាន​មច្ឆាជាតិ​នោះ​ទេ។ អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស ត្រូវ​ចូល​រួម​ទប់ស្កាត់​បទល្មើស និង​គោរព​ច្បាប់​ទាំង​អស់​គ្នា ហើយ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​បង្ក្រាប​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ​ទើប​បទល្មើស​មិន​កើន​ឡើង៖ «យើង​ឃើញ​ថា ការ​បង្ក្រាប​មិន​អាច​ធ្វើ​សកម្មភាព​អ៊ីចឹង​កើត​ទេ បើ​តាម​ដូច​អ្វី​ដែល​បាន​លើក​ឡើង បទល្មើស​មិន​អាច​ថយ​ទេ គឺ​វា​កាន់​តែ​កើន​ឡើង​ថែម​ទៀត។ ជា​យន្តការ​យើង​ត្រូវ​រួបរួម​គ្នា​ប្អូន មិន​អាច​យក​រឿង​គណបក្ស​មក​ធ្វើ​ជា​រឿង​ឲ្យ​មាន​ការ​បាត់បង់​ធនធាន ឬ​ប្រយោជន៍​រួម​ទេ»

មន្ត្រី​ដដែល​សង្កេត​ឃើញ​ថា បញ្ហា​បង្ក្រាប​បទល្មើស​មិន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នេះ មិនមែន​កើត​មាន​តែ​នៅ​ឃុំ​រាំងទិល ស្រុក​កណ្ដៀង នោះ​ទេ គឺ​កើត​មាន​ជា​ច្រើន​ករណី​នៅ​ជុំវិញ​បឹង​ទន្លេ​សាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្វាគមន៍​ចំណាត់​ការ​តុលាការ​រឹប​អូស​ទ្រព្យ​ជន​ល្មើស​ឲ្យ​​កុមារី​រង​ការ​រំលោភ​សេពសន្ថវៈ

$
0
0

អង្គការ​សិទ្ធិមនុស្ស​ស្វាគមន៍​ចំណាត់​ការ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​បន្ត​នីតិវិធី​ទៅ​លើ​សំណុំរឿង​រំលោភ​ផ្លូវ​ភេទ​អនីតិជន ដើម្បី​​ផ្ដល់​យុត្តិធម៌​​ជូន​​កុមារី​រង​គ្រោះ។ ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ អះអាង​ថា តុលាការ​បាន​បន្ត​នីតិវិធី​ដើម្បី​រឹប​អូស​ទ្រព្យសម្បត្តិ​​ជនល្មើស ឈ្មោះ កង សុផាត ផ្ដល់​សំណង​ទៅ​កុមារី​រង​គ្រោះ​ឲ្យ​បាន​ឆាប់ ដ្បិត​សំណុំរឿង​នេះ​បាន​អូស​បន្លាយ​ជិត ១០​ឆ្នាំ​មក​ហើយ។

​ក្រុម​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ រួម​មាន សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ជាដើម គាំទ្រ​ចំណាត់​ការ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​អនុវត្ត​នីតិវិធី​រឹប​អូស​ទ្រព្យសម្បត្តិ​ជនល្មើស ដើម្បី​ផ្ដល់​សំណង​រដ្ឋប្បវេណី​ជូន​កុមារី​រងគ្រោះ។

​អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា សំណុំរឿង​រំលោភ​ផ្លូវ​ភេទ​អនីតិជន​ដែល​មាន​ជនល្មើស​ឈ្មោះ កង សុផាត ទោះ​បី​សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជនល្មើស​មក​ដាក់​ពន្ធនាគារ​បែប​ណា​ក្ដី ក៏ប៉ុន្តែ​តុលាការ​មាន​សិទ្ធិ​បន្ត​នីតិវិធី​រឹប​អូស​យក​ទ្រព្យសម្បត្តិ​ជនល្មើស លក់​យក​ប្រាក់​សង​ជំងឺ​ចិត្ត​ជូន​កុមារី​រងគ្រោះ ឲ្យ​ស្រប​តាម​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល៖ «ខ្ញុំ​សង្ឃឹម​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​តុលាការ​កំពូល​ដែរ នឹង​សហការ​ជាមួយ​តុលាការ​នៅ​តាម​បណ្ដាល​រាជធានី​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​បណ្ដាល​ខេត្ត​ទាំង​អស់ ដើម្បី​ស្វះស្វែង​រក​ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ហើយ​សង្ឃឹម​ថា ករណី​នេះ​ក៏​ដូចជា​ករណី​ផ្សេងៗ​ទៀត​ដែរ យើង​សង្ឃឹម​ថា សាលាដំបូង ឬ​តុលាការ​គ្រប់​ជាន់ថ្នាក់​នឹង​មាន​យន្តការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ផ្សេងៗ​ដូច​គ្នា​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​នេះ​ដែរ»

​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ម៉ុង មុន្នីចរិយា ប្រាប់​អាស៊ីសេរី​ថា តុលាការ​បាន​បន្ត​នីតិវិធី​លើ​សំណុំរឿង​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​នេះ ដើម្បី​រឹប​អូស​ទ្រព្យសម្បត្តិ​ជនល្មើស ឈ្មោះ កង សុផាត ឈាន​ទៅ​ផ្ដល់​យុត្តិធម៌​ជូន​កុមារី​រងគ្រោះ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា តុលា​ការ​មិន​ធ្វេសប្រហែស​ទេ និង​បាន​ពន្លឿន​ចុះ​អនុវត្ត​នីតិវិធី ដើម្បី​ជួយ​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ត​បន្ទាប់​មក​នេះ។

​ឪពុក​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនស្រី​គាត់​ត្រូវ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ ដែល​កាល​នោះ​នាង​មាន​អាយុ ១១​ឆ្នាំ។ លោក​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៧ មាន​រយៈពេល​ជាង ៧​ឆ្នាំ​មក​ហើយ មិន​ទាន់​មាន​យុត្តិធម៌ ហើយ​ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់ ទោះ​បី​តុលាការ​កំពូល​សម្រេច​សាលដីកា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ឲ្យ​ឈ្មោះ កង សុផាត ជាប់​គុក ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​ក្ដី។

​អាណាព្យាបាល​រូប​នេះ​បាន​ទទូច​ទៅ​មន្ត្រី​តុលាការ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ជួយ​អន្តរាគមន៍​ចុះ​រឹប​អូស​យក​ទ្រព្យសម្បត្តិ មាន​ផ្ទះ ឬ​ដីធ្លី​ជាដើម​របស់​ជនល្មើស ឈ្មោះ កង សុផាត ដើម្បី​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ឲ្យ​បាន​ឆាប់ ព្រោះ​គិត​មក​ដល់​ពេលនេះ​កូនស្រី​គាត់​មិន​ទាន់​ទទួល​ប្រាក់​សង​ជំងឺ​ចិត្ត​មួយ​កាក់​មួយ​សេន​ណា​ទេ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ​ជួយ​ចាត់វិធានការ​ទៅ​ជនល្មើស​ឲ្យ​សង​សំណង​រដ្ឋប្បវេណី​ចំនួន ៤០​លាន​រៀល និង​ឲ្យ​ផ្ដន្ទាទោស​ជនល្មើស​ឈ្មោះ កង សុផាត ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ឲ្យ​ស្រប​តាម​សាលដីកា​តុលាការ​កំពូល បាន​សម្រេច​កន្លង​មក»

​សំណុំ​រឿង​នេះ កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយ​រង​ផ្នែក​ព័ត៌មាន​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌​អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដក​ហូត​មុខ​តំណែង ឋានន្តរសក្ដិ និង​បណ្ដេញ​ផុត​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។

​ចំណែក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក៏​បាន​ចេញ​ដីកា​បង្គាប់​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត យក​មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១០។

​ទន្ទឹម​គ្នា​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ជន​ល្មើស​ឈ្មោះ កង សុផាត ដែល​អតីត​ជា​មន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​មូលដ្ឋាន​នេះ​ទេ។ លោក​បន្ត​ថា បទល្មើស​នេះ សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​បន្ត​ឃ្លាំមើល​មុខ​សញ្ញា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំ​ខ្លួន ឃុំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​កសាង​អគារ​រដ្ឋបាល​សាលាឃុំ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​ខេត្ត ពន្លឿន​ការងារ​សាងសង់​អគារ​រដ្ឋបាល​ឃុំ​មួយ​ចំនួន​ឱ្យ​បាន​ស្អាត ត្រឹមត្រូវ​ដូច​គ្នា​ទៅ​នឹង​មន្ទីរ​គណបក្ស​​ប្រជាជន​កម្ពុជា។ ការ​លើក​ឡើង​នេះ ដោយសារ​សាលា​ឃុំ​មួយ​ចំនួន​នៅ​ទូទាំង​ខេត្ត​នៅ​មាន​បញ្ហា​ខ្វះខាត គ្មាន​អគារ​សាលាឃុំ​ដោយ​ត្រូវ​ជ្រក​ក្រោម​ផ្ទះ​គេ ឬ​ប្រក់​រោង​ធ្វើការ​ជា​បណ្ដោះអាសន្ន។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លើក​ឡើង​ថា បញ្ហា​កង្វះ​អគារ​រដ្ឋបាល​សាលាឃុំ និង​សម្ភារៈ​ប្រើប្រាស់ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បម្រើ​សេវា​សាធារណរដ្ឋ​ជូន​ពលរដ្ឋ។ បន្ថែម​ពី​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ភាព​ខុស​គ្នា​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កន្លែង​បម្រើ​ការងារ​ជូន​ពលរដ្ឋ និង​កន្លែង​ធ្វើ​ការងារ​របស់​គណបក្ស។

​ឃុំ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ មិន​ទាន់​មាន​សាលាឃុំ ហើយ​ត្រូវ​យក​ផ្ទះ​របស់​ស្មៀន​ដើម្បី​ធ្វើ​ការងារ​ជូន​ពលរដ្ឋ​ជំនួស​សាលាឃុំ និង​សាលាឃុំ​ខ្លះ​ទៀត មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​រក​មើល​មិន​យល់។ ជាក់ស្ដែង​ឃុំ​តាំងក្រសាំង អាជ្ញាធរ​ឃុំ​ថ្មី​សម្រេច​ធ្វើ​រោង​បិទបាំង​កម្ដៅ និង​មាន​កៅអី ព្រមទាំង​តុ​មួយ​ចំនួន​សម្រាប់​អង្គុយ​ធ្វើការ​ប៉ុណ្ណោះ មិន​មាន​កន្លែង​សម្រាប់​រក្សាទុក​ឯកសារ​ឡើយ។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​មេ​ឃុំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​បាន​ចូល​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ទៅ​តាម​គោលនយោបាយ​របស់​គណបក្ស​ដែល​បាន​ដាក់​ចេញ​កាល​ពី​ពេល​កន្លង​មក និង​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​មូលដ្ឋាន។ លោក​បន្ត​ថា មេ​ឃុំ​ថ្មី​របស់​បក្ស​ជំទាស់​រីករាយ និង​ប្រឹងប្រែង​ធ្វើការ​ងារ​ជូន​ពលរដ្ឋ ប៉ុន្តែ​បញ្ហា​ប្រឈម គឺ​កង្វះ​អគារ​សាលាឃុំ និង​សម្ភារៈ​ប្រើប្រាស់​តែម្ដង៖ «ទៅ​ជ្រក​ក្រោម​ផ្ទះ​ស្មៀន ហើយ​ស្មៀន​ឃុំ​ហ្នឹង​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ទៀត។ ដូចជា​នៅ​ឃុំ​នីពេជ ស្រុក​កំពង់ស្វាយ។ ឃុំ​នីពេជ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ជា​មេ​ឃុំ ប៉ុន្តែ​អត់​មាន​អគារ​ឃុំ​ទេ គឺ​ទៅ​នៅ​ផ្ទះ​ស្មៀន»

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ កាល​ពី​ខែ​មិថុនា លទ្ធផល​ជា​ផ្លូវការ​ចំពោះ​ខេត្ត​កំពង់ធំ បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ដឹកនាំ​ឃុំ-​សង្កាត់ ចំនួន ៤១ ក្នុង​ចំណោម​ឃុំ-​សង្កាត់​ទូទាំង​ខេត្ត​មាន​ចំនួន​៨១។

​លោក ស៊ុន ចន្ធី បញ្ជាក់​ថា ក្នុង​ចំណោម​ឃុំ-​សង្កាត់ ចំនួន ៤១ ដែល​ដឹកនាំ​ដោយ​មេ​ឃុំ​គណបក្ស​ប្រឆាំង គឺ​មាន​ឃុំ-​សង្កាត់​ចំនួន​ជិត ២០ ដែល​មិន​ទាន់​មាន​អគារ​សាលាឃុំ​ត្រឹមត្រូវ ហើយ​បើ​សរុប​ទូទាំង​ខេត្ត​វិញ​គឺ​មាន​ចំនួន​ឃុំ-​សង្កាត់​ប្រមាណ ៤០ កំពុង​ជួប​ភាព​ខ្វះខាត ទ្រុឌទ្រោម និង​ត្រូវ​ខ្ចី ឬ​ជួល​ផ្ទះ​គេ ធ្វើ​ជា​ទីតាំង​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ។

​ប្រភព​ដដែល​បន្ត​ថា បើ​ប្រៀបធៀប​ទីតាំង​សាលាឃុំ​មួយ​ចំនួន​ទៅ​នឹង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី។ បញ្ហា​ទាំង​នេះ បង្ហាញ​ពី​ការ​ឱ្យ​តម្លៃ និង​យក​ចិត្ត​ទុក​ដាក់​លើ​ទ្រព្យសម្បត្តិ​របស់​ជាតិ​តិច​តួច​បំផុត ហើយ​លើក​តម្កើង​ទ្រព្យសម្បត្តិ​របស់​គណបក្ស ឬ​របស់​ឯកជន​ច្រើន​ជាង​ទៅ​វិញ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពន្លឿន​ការ​សាងសង់​អគារ​សាលាឃុំ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​មូលដ្ឋាន ម្យ៉ាង​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ពិតប្រាកដ​មិន​មែន​ជា​ការ​អភិវឌ្ឍ​ក្លែងក្លាយ៖ «យើង​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ឱ្យ​តែ​ការ​អភិវឌ្ឍ​នោះ​ជា​ការ​អភិវឌ្ឍ​មួយ​ពិតប្រាកដ។ ជា​ការ​អភិវឌ្ឍ​មួយ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ»

បញ្ហា​កង្វះខាត​អគារ​រដ្ឋបាល​សាលាឃុំ-​សង្កាត់ គឺ​មិន​មែន​កើត​ឡើង​តែ​នៅ​ខេត្ត​កំពង់ធំ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត ដូចជា​នៅ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ជាដើម ក៏​ជួប​បញ្ហា​មួយ​នេះ​ដែរ។ បញ្ហា​ទាំង​នេះ ផ្ទុះ​ឡើង​ក្រោយ​ពេល​មេឃុំ​គណបក្ស​ប្រឆាំង​ឡើង​កាន់​តំណែង ប៉ុន្តែ​រក​កន្លែង​ធ្វើ​ការ​គ្មាន ហើយ​កន្លង​មក មេឃុំ​មក​គណបក្ស​កាន់​អំណាច​មិន​ដែល​អើពើ​ទេ ព្រោះ​ខ្លាច​ខូច​ប្រជាប្រិយភាព​របស់​ខ្លួន។

​មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​ស្នើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល សប្បុរសជន ជួយ​រួម​ចំណែក​ណាមួយ​ដើម្បី​ឧបត្ថម្ភ​ដល់​សាលាឃុំ​ដែល​ជួប​ការ​ខ្វះខាត​សម្រាប់​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ។

​ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​ទទួល​ស្គាល់​ថា កង្វះ​អគារ​រដ្ឋបាល​សាលាឃុំ​មួយ​ចំនួន​គឺ​ពិត​ជា​ប៉ះពាល់​ដល់​សកម្មភាព​បំពេញ​ការងារ​ជូន​ពលរដ្ឋ​ប្រាកដ​មែន។ យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ខេត្ត ពិសេស​ខាង​ក្រសួង​មហាផ្ទៃ តែង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ និង​បាន​សាងសង់​អគារ​សាលាឃុំ​ថ្មីៗ​បន្ថែម​ទៀត ទៅ​តាម​ទំហំ​ថវិកា​ដែល​មាន ព្រោះ​ថវិកា​កសាង​សាលាឃុំ​គឺ​មាន​កំណត់៖ «ប៉ុន្តែ​កិច្ចការ​នេះ មិន​មែន​មាន​ន័យ​ថា ថ្នាក់ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​យកចិត្តទុកដាក់​ទេ គឺ​បាន​យកចិត្តទុកដាក់ និង​បាន​ខិតខំ​កសាង​ជា​បន្តបន្ទាប់»

​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិនមែន​ជា​ថវិកា​របស់​ជាតិ​ទេ ពោល​គឺជា​ជំនួស​របស់​សប្បុរសជន ហើយ​ជា​ភាព​ខ្លាំង​របស់​គណបក្ស។ លោក​មិន​យល់​ស្រប​ឡើយ​ចំពោះ​ការ​លើក​ឡើង​ថា អាជ្ញាធរ​យកចិត្តទុកដាក់ ឬ​ឱ្យ​តម្លៃ​គណបក្ស​ធំ​ជាង​តម្លៃ​ជាតិ ពីព្រោះ​មន្ទីរ​គណបក្ស កសាង​ក្នុង​រូបភាព​ធម្មតា ហើយ​សាលាឃុំ​គឺ​យក​គំរូ​តែមួយ និង​ធំ ម្យ៉ាង​ទីស្នាក់ការ​គណបក្ស​នៅ​ឃុំ​ខ្លះ​ក៏​មិន​ទាន់​មាន​ដែរ។ ជាមួយ​គ្នា​នេះ លោក​ថា អាជ្ញាធរ ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ប្ដេជ្ញា​ចិត្ត​បន្ត​ការ​កសាង​អគារ​សាលាឃុំ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ។

​ពលរដ្ឋ​នៅ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក មួយ​រូប លោក ឡូត សុខលីម ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​នៅ​ពេល​ពួកគាត់​ទៅ​រក​សេវា​ផ្សេងៗ ពី​សំណាក់​អាជ្ញាធរ​ឃុំ​ចាស់ ត្បិត​គ្មាន​សាលាឃុំ​ត្រឹមត្រូវ​ម្ដង​នៅ​ផ្ញើ​ប្រាណ​នៅ​នឹង​វត្ត ម្ដង​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​កង្វះ​ឯកសារ ព្រមទាំង​យឺតយ៉ាវ​ជាដើម៖ «ខ្ញុំ​ផ្ទាល់​មាន​អារម្មណ៍​តូច​ចិត្ត ព្រោះ​វា​ហួសហេតុ​ដែល​ថា យើង​រស់​នៅ​ក្នុង​ឃុំ​មួយ​ទាំង​មូល តែ​គ្មាន​សាលាឃុំ​ជា​គោលដៅ»

​ក្រៅពី​គ្មាន​អគារ​សាលាឃុំ​ហើយ ពលរដ្ឋ​ដដែល​សង្កេត​ឃើញ​ថា ការអភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​កាល​ពី​អាណត្តិ​មេ​ឃុំ​ចាស់ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ព្រោះ​ផ្លូវ​ធ្វើដំណើរ​ក្នុង​ភូមិ​ក៏​ពិបាក ហើយ​បើ​នៅ​រដូវ​វស្សា​ផង​រក​ផ្លូវ​ល្អ​ធ្វើដំណើរ​ស្ទើរតែ​មិន​បាន។

​យ៉ាង​នេះ​ក្តី លោក​សង្កេត​ឃើញ​ថា មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​ប្រឆាំង គឺ​សកម្ម ក្រោយ​ពេល​ចូល​កាន់​តំណែង​កន្លង​មក ហើយ​លោក​សង្ឃឹម​ថា ក្នុង​ឃុំ​របស់​ពួកគាត់​នឹង​ប្រែប្រួល​កាន់​តែ​ប្រសើរ​ជាង​មុន។

​មេឃុំ​តាំងក្រសាំង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក នី សុវណ្ណ មាន​ប្រសាសន៍​ថា លោក​បាន​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​ជិត ១​ខែ ហើយ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​បម្រើ​ជូន​ពលរដ្ឋ ដូចជា​បញ្ជាក់​សំបុត្រ​កំណើត រៀបចំ​ទីតាំង​សាលាឃុំ​បណ្ដោះអាសន្ន​សម្រាប់​ធ្វើការ និង​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជាដើម។

លោក​ត្រេកអរ ព្រោះ​បាន​មក​បម្រើ​ការងារ​ជូន​ពលរដ្ឋ បើ​ទោះ​បី​ជា​នឿយហត់​ខ្លះ​ក៏ដោយ ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង​គឺ គ្មាន​អគារ​សាលាឃុំ​ត្រឹមត្រូវ​សម្រាប់​បំពេញ​ការងារ​ជូន​ពលរដ្ឋ បណ្ដាល​ឱ្យ​ពួកគាត់​ពេល​ខ្លះ​មិន​សូវ​សប្បាយ​ចិត្ត៖ «ច្បាប់​រដ្ឋបាល​ឃុំ-​សង្កាត់ ខ្ញុំ​មើល​ខ្ញុំ​រៀន​នេះ បើ​សិន​ណា​មាន​សាលាឃុំ​ត្រឹមត្រូវ មាន​ការ​ទុក​ដាក់​ឯកសារ​ត្រឹមត្រូវ ខ្ញុំ​នឹង​មាន​ចិត្ត​សប្បាយ​ក្នុង​ការ​បម្រើការ​ជូន​ពលរដ្ឋ»

​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​យល់​ថា បញ្ហា​ទាំង​នេះ គឺ​ចំណែក​ទទួល​ខុស​ត្រូវ​មួយ​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​អាច​ដោយសារ​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​សាលា​ឃុំ​របស់​ក្រសួង​មួយ​នេះ​នៅ​មាន​កម្រិត។ លោក​កត់សម្គាល់​ថា ការ​អភិវឌ្ឍ​អគារ​សាលាឃុំ​តំបន់​ខ្លះ​ហាក់​មាន​ចរិត​នយោបាយ ដូចជា​ករណី​ឃុំ​នោះ​មាន​ទីស្នាក់ការ​បក្ស​យ៉ាង​ស្អាត ហើយ​សាលាឃុំ ប៉ុស្តិ៍​រដ្ឋបាល​របស់​មន្ត្រី​នគរបាល​វិញ គឺ​មើល​មិន​យល់​ជាដើម៖ «បើសិនជា​វា​អត់ វា​ក្រ​ទាំង​អស់​គ្នា​គឺ​មិន​អី​ទេ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​ក្នុង​ឃុំ​តែមួយ ប៉ុស្តិ៍​ប៉ូលិស សាលាឃុំ​យើង​មើល​មិន​យល់​ទេ ប៉ុន្តែ​កន្លែង​គណបក្ស​ហ្នឹង​យើង​ឃើញ​ថា វា​ស្កឹមស្កៃ»

​លោក មាស នី យល់​ថា ការ​កសាង​មន្ទីរ​គណបក្ស ល្អ​ប្រសើរ​ជាង​សាលា​ឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ គឺ​មិន​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​បាន​ទេ ប៉ុន្តែ​ការ​បង្កើន​កញ្ចប់​ថវិកា និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ការ​កសាង​សាលាឃុំ មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការ​ផ្ដល់​សេវា​សាធារណ​ជូន​អ្នក​ភូមិ​ឱ្យ​បាន​ល្អ​ប្រសើរ រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ឡើង​វិញ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ភូមិ​ស្រែគរ​រើ​សម្ភារៈ​ទៅ​​ទុក​កន្លែង​សុវត្ថិភាព​ក្រោយ​ទឹក​ជន់​លិច​ភូមិ

$
0
0

អំឡុង​ពេល​ដែល​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោម២ បិទ​ទ្វារ​ទឹក​សាកល្បង​អស់​រយៈពេល ១៥​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កក្កដា នេះ ទឹក​ទន្លេ​បាន​ឡើង​លិច​ភូមិ និង​លំនៅឋាន​អ្នក​ភូមិ​ស្រែគរ (ចាស់) ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ជា​បណ្ដើរៗ​ហើយ។

អ្នក​ភូមិ​ដែល​មិន​ព្រម​ទទួល​សំណង​ចាកចេញ បាន​នាំ​គ្នា​ជញ្ជូន​សម្ភារៈ​ទៅ​ទុក​នៅ​លើ​ផ្ទះ និង​ទី​ទួល​សុវត្ថិភាព​មួយ​ចំនួន។ ចំណែក​អាជ្ញាធរ​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ និង​បង្កើត​មណ្ឌល​សុខភាព​ចល័ត​មួយ​នៅ​ជិត​លំនៅឋាន​អ្នក​ភូមិ ដើម្បី​ត្រៀម​សង្គ្រោះ​បន្ទាន់​ផង​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​អំពី​ស្ថានភាព​ទឹក​លិច​ភូមិ​ស្រែគរ ដោយ​លោក ម៉ែន សុធីរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​កំពុង​ពន្លឿន​ការ​ដក​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ពី​ស្លាក​សញ្ញា​បក្ស

$
0
0

ខណៈ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​បាន​ចូល​ជា​ធរមាន​ភ្លាមៗ ក្រោយ​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា​នោះ នៅ​ពេល​នេះ​គណបក្ស​ប្រឆាំង​ដែល​រងគ្រោះ​ព្រោះ​ច្បាប់​ថ្មី​នេះ កំពុង​ប្រឹងប្រែង​ពន្លឿន​ដក​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស​នៅ​ទូទាំង​ប្រទេស​ឲ្យ​អស់​ត្រឹម​ចុង​ខែ​សីហា ខាង​មុខ។

​​បើ​ទោះ​ជា​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន​នៅ​ពេល​នេះ​ហើយ​ក្ដី ប៉ុន្តែ​ច្បាប់​នេះ​មិន​ទាន់​ដាក់​ទោស​លើ​គណបក្ស​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​ភ្លាមៗ​នោះ​ទេ។ ច្បាប់​នេះ​ទុក​រយៈពេល​ឲ្យ​គណបក្ស​នយោបាយ ៩០​ថ្ងៃ ក្រោយ​ចូល​ជា​ធរមាន ដើម្បី​កាត់​ផ្ដាច់​ទំនាក់ទំនង​ចេញ​ពី​ទណ្ឌិត។

​ទាក់ទង​ករណី​នេះ តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា គណបក្ស​ត្រូវ​ការ​រយៈពេល​ប្រមាណ​មួយ​ខែ​ទៀត​ដើម្បី​ដក​រូប​លោក សម រង្ស៊ី និង​រូប លោក កឹម ផង​នោះ ចេញ​ពី​ស្លាក​គណបក្ស។ រី​ឯ​ការ​ចំណាយ​ថវិកា លោក​គ្រាន់​តែ​បញ្ជាក់​ថា ផ្ទាំង​ស្លាក​សញ្ញា​ថ្មី​ដែល​ត្រូវ​ធ្វើ គឺ​ចំណាយ​ប្រាក់​ពីរ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ«ចុង​ខែ​សីហា យើង​កំណត់​ថា​ឲ្យ​ផុត​ខែ​ប្រាំបី ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​ឲ្យ​ហើយ ព្រោះ​យើង​មាន​រយៈពេល ៩០​ថ្ងៃ​ណា​ក្រោយ​ច្បាប់​ចូល​ជា​ធរមាន»

​ស្រប​ពេល​ព្រះមហាក្សត្រ​មិន​គង់​ក្នុង​ប្រទេស អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា សម្រេច​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ក្នុង​នាម​លោក​ជា​ប្រមុខ​រដ្ឋ​ស្ដីទី។ ការ​សម្រេច​នេះ ត្រឹម​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​កែ​ច្បាប់​ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ គណបក្ស​ប្រឆាំង​សម្រេច​ដក​រូប​លោក សម រង្ស៊ី និង​រូប​លោក កឹម សុខា ចាប់​ដៃ​គ្នា​ពី​រូប​គណបក្ស​ដោយ​ទុក​ត្រឹម​រូប​សញ្ញា​ព្រះអាទិត្យ។

​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា ច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចិត្ត​អ្នក​រិះគន់​ទេ។  លោក​បន្ត​ទៀត​ថា ការ​កែ​ច្បាប់​នេះ​មិន​មែន​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ទេ ប៉ុន្តែ​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ និង​ប្រជាជន«អត់​មាន​តម្រូវ​ចិត្ត​អី​ទេ សុំ​ជម្រាប​ជូន​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់ និង​វិសោធនកម្ម​ច្បាប់»

​ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ យល់​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ គឺ​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ​កសិផល​របស់​កសិករ និង​បញ្ហា​គ្រោះ​ទឹកជំនន់​ដែល​កំពុង​ធ្វើ​ឲ្យ​លិចលង់​លំនៅឋាន និង​អាយុ​ជីវិត​របស់​ពលរដ្ឋ។ រី​ឯ​អ្នក​ពាក្យ​ពាក្យ​គណបក្ស​កាន់​អំណាច​ឆ្លើយ​តប​វិញ​ថា រដ្ឋាភិបាល​បាន​ធ្វើ​រឿង​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​បក្ស​ប្រឆាំង​​ចុះ​ជួយ​ពលរដ្ឋ​នៅ​ឡើយ​ទេ។

​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា  និយាយ​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ចុះ​ខ្សោយ​តា​រយៈ​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស«ចំណុច​ទាំងអស់​ហើយ​ដែល​ជា​ការ​កាត់​បន្ថយ​នូវ​លំហ​សេរីភាព​បក្ស​ប្រឆាំង​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​កម្ពុជា»

​ទាក់ទង​រឿង​ទំនាក់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ទណ្ឌិត​ដែល​ជា​ទំនាក់ទំនង​បុគ្គល​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ សង្កេត​ឃើញ​ថា ច្បាប់​នេះ​មិន​បាន​ចែង​ឲ្យ​ច្បាស់លាស់​សោះ​ពី​ទំនាក់ទំនង​បុគ្គល​ដែល​ជា​សមាជិក​គណបក្ស​នយោបាយ​ជាមួយ​ទណ្ឌិត។ លោក​ថា ក្រៅ​ពី​ផែនការ​ដក​រូបថត គណបក្ស​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី ដើម្បី​សិក្សា​ថា តើ​គណបក្ស​គួរ​មាន​ទំនាក់​ទំនង​ត្រឹម​ណា​ជាមួយ​ទណ្ឌិត ខណៈ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​កំពុង​ជាប់​ឃុំ និង​មាន​ឈ្មោះ​ជា​ទណ្ឌិត ហើយ​អ្នក​ដឹក​នាំ​គណបក្ស គឺ​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​មន្ទីរឃុំឃាំង«យើង​កំពុង​ពិនិត្យ​មើល​បញ្ហា​មួយ​ចំនួន​នៃ​ការ​ធ្វើ​ទំនាក់ទំនង​ច្បាប់​នេះ ជះ​ឥទ្ធិពល​យើង​ក្នុង​ការ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ជាប់​ឃុំ​ព្រោះ​ការ​ចោទ»

​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។

​ចំពោះ​គណបក្ស​​ណា​ដែល​ហ៊ាន​បំពាន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។ ច្បាប់​នេះ ក្រៅ​ពី​គណបក្ស​ប្រឆាំង​រិះគន់ ក៏​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​ច្បាប់​កំពូល​មួយ​នេះ ថា​ពលរដ្ឋ​ទាំង​អស់​មាន​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ភាព​ក្លាហាន​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់ ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នក​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ លោក​ថា គ្មាន​ប្រទេស​ប្រជាធិបតេយ្យ​ណា​គេ​ហាមឃាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចូល​រួម​ក្នុង​ជីវិត​នយោបាយ​នោះ​ឡើយ។

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ទោស​មាន​ឈ្មោះ​ជា​ទណ្ឌិត ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​​ជា​ច្រើន​ករណី។ លោក សម រង្ស៊ី បាន​បង្ហោះ​រូប​លោក​ជាមួយ​លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ ដោយ​អត្ថាធិប្បាយ​បែប​ឌឺ​ដង​ថា "ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ ដោយសារ​តែ​ច្បាប់​ចេញ​ថ្មី នរណា​ហ៊ាន​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​លោក កឹម សុខា នឹង​មាន​ទោស។ តែ​បើ​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​ជន ៣​នាក់ (សូម​ទោស​សម្ដេច ៣​អង្គ នៅ​ខាង​ឆ្វេង​រូបថត​នេះ) តើ​នឹង​មាន​ទោស​ដែរ ឬ​ទេ?"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះមហាក្សត្រ​ប្រទាន​គោរមងារ​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់

$
0
0

ព្រះមហាក្សត្រ​ប្រទាន​គោរព​ងារ​សម្ដេច​ដល់​លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះរាជ​ប្រទាន​គោរមងារ​ឲ្យ​លោក ទៀ បាញ់ ថា​ជា "សម្ដេច​ពិជ័យ​សេនា ទៀ បាញ់"។

ក្នុង​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា ព្រះ​មហាក្សត្រ​ទ្រង់​យល់​ថា លោក ទៀ បាញ់ ជា​អ្នក​ដឹកនាំ​ឆ្នើម ចូល​រួម​ក្នុង​ការ​កសាង​សន្តិភាព ការ​អភិវឌ្ឍ ការពារ​ជាតិ ប្រជាធិបតេយ្យ និង​រក្សា​បាន​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹក​ដី។ លើស​ពី​នេះ លោក​ជា​អ្នក​មាន​ស្វាមីភក្ដិ​ចំពោះ​រាជបល្ល័ង្ក ការពារ​ព្រះពុទ្ធ​សាសនា និង​រាជនិយម។

ភ្លាមៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​ចេញ​លិខិត​សាទរ​ចំពោះ​ការ​ទទួល​គោរមងារ​ថ្មី​នេះ។ ចំណែក​លោក ទៀ បាញ់ ក៏​បាន​ទូល​ថ្វាយ​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ​វិញ​ដែរ។

លោក ទៀ បាញ់ ក្នុង​ពេល​ថ្មីៗ​នេះ ទទួល​រង​ការ​រិះគន់​ថា បាន​ធ្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​នៅ​ពេល​ដែល​លោក​ព្រមាន​ថា នឹង​វាយ​អោយ​បែក​ធ្មេញ​ចំពោះ​នរណា​ដែល​ចាញ់​ឆ្នោត​ហើយ​ហ៊ាន​ចេញ​មក​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភរិយា​លោក ជា វិជ្ជា រំលឹក​ការ​ឈឺ​ចាប់​​គ្រា​ភរិយា​បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​សិទ្ធិជ្រកកោន​ទៅ​ប្រទេស​ទី​៣

$
0
0

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី រំលឹក​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​នៅ​គ្រា​ភរិយា​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣។ លោកស្រី ជា គិមនី កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ស្ថានភាព​រស់​នៅ​របស់​លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​ទាំង​៥ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​ប្រឹង​ត្រដរ​រស់ និង​មិន​ទាន់​ឃើញ​ពន្លឺ​ទៅ​រស់​នៅ​ប្រទេស​ដែល​មាន​សន្តិសុខ​គ្រប់គ្រាន់​នៅ​ឡើយ។

ភរិយា​អតីត​ប្រធាន​សហជីព​កម្មករ​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ជាង ១៣​ឆ្នាំ​មុន បាន​រំលឹក​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​ថា ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ បើ​ទោះ​បី​ជា​លោកស្រី​មាន​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ។ លោកស្រី​ចង់​ឲ្យ​គ្រួសារ​បណ្ឌិត កែម ឡី បាន​ចេញ​ទៅ​ប្រទេស​ទី​៣ ឲ្យ​បាន​ឆាប់។

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី ដែល​មាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) មាន​ប្រសាសន៍​ថា ថ្វីត្បិត​ស្វាមី​លោកស្រី​បាន​ទទួល​មរណភាព​ជាង ១៣​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​ភាព​ឈឺ​ចាប់​នៅ​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​រហូត​មក​ដល់​បច្ចុប្បន្ន។ លោកស្រី​បន្ត​ថា នៅ​ពេល​លោកស្រី​បាន​ឃើញ​បាន​ឮ​ភរិយា​បណ្ឌិត កែម ឡី កំពុង​ជួប​ប្រទះ​សព្វថ្ងៃ កាន់​តែ​ដាស់​ឲ្យ​លោកស្រី​នឹក​ឃើញ​បញ្ហា​ដែល​គាត់​បាន​ជួប​ប្រទះ​កន្លង​មក។

លោកស្រី​បាន​រៀបរាប់​ត្រួសៗ​ថា ឃាតកម្ម​បាញ់​សម្លាប់​ស្វាមី​គាត់​គឺ​ជា​ការ​រៀបចំ​គម្រោង​ទុក​ជា​ប្រព័ន្ធ បន្ទាប់​ពី​បាញ់​សម្លាប់​មាន​រូបភាព និង​សកម្មភាព​ជា​ច្រើន​ដូច​នឹង​អ្វី​ដែល​​លោកស្រី ប៊ូ រចនា បាន​ជួប​ប្រទះ​ដែរ ដូច​ជា​ភាព​រញ៉េរញ៉ៃ​ដែល​គេ​បញ្ជ្រាប​ឲ្យ​មាន​ការ​ទាស់ទែង និង​បែកបាក់​ក្នុង​គ្រួសារ បញ្ហា​លុយ​ចូល​បុណ្យ ភាព​ប្រទាញប្រទង់​នៅ​ពេល​រៀប​ពិធី​បុណ្យ​សព មាន​អ្នក​តាមដាន និង​ឃ្លាំមើល​លោកស្រី​គ្រប់​ជំហាន។ លោកស្រី​ថា ក៏​មាន​ការ​ចោទ​ប្រកាន់​ថា លោកស្រី​វេច​លុយ​រត់​ទៅ​រស់នៅ​សុខ​ស្រួល មាន​ការ​សមគំនិត​សម្លាប់​ស្វាមី​ខ្លួន និង​មាន​អ្នក​បញ្ចុះបញ្ចូល​មនុស្ស​ក្បែរ​ខ្លួន​លោកស្រី​ឲ្យ​លោកស្រី​ដក​ពាក្យ​បណ្ដឹង​ករណី​ឃាតកម្ម​ស្វាមី​លោកស្រី​ទៀត​ផង ខណៈ​លោកស្រី​ពុំ​បាន​ទទួល​យុត្តិធម៌ និង​កាន់​តែ​ធ្វើ​ឲ្យ​លោកស្រី​រស់​ទាំង​ដោយ​វេទនា។

ជុំវិញ​បញ្ហា​នេះ លោកស្រី ជា គិមនី អំពាវនាវ​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ខ្នះខ្នែង​និង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​គ្រួសារ​បណ្ឌិត កែម ឡី បាន​ចេញ​ឲ្យ​កាន់​តែ​ឆាប់​ទើប​សុវត្ថិភាព៖ «ជួយ​យក​គាត់​ឲ្យ​បាន​ចេញ​ឆាប់ ចេញ​ឆាប់​កាល​ណា​ល្អ​កាល​ហ្នឹង ប្រពន្ធ​រងគ្រោះ​វេទនា​ហើយ​គេ​សម្អុយ​គេ​ចោទ​គេ​ថា សព្វ​គ្រប់​គ្នា​រងគ្រោះ​ផ្លូវ​ចិត្ត​រហូត​បង ប៊ូ រចនា ក៏​គាត់​បាន​ជួប​ជាមួយ​ខ្ញុំ​ដែរ​រឿង​រ៉ាវ​មិន​ខុស​គ្នា​ប៉ុន្មាន​ដែល​គេ​ចោទ​គាត់ គេ​ចោទ​ខ្ញុំ​ដូច​គ្នា​ពេល​ដែល​ប្ដី​ខ្ញុំ​ស្លាប់​អ្នក​ណា​ក៏​គេ​ដឹង​ថា ខ្ញុំ​ចេញ​ទៅ​អាមេរិក​ដែរ រឿង​អី​ដែល​ខ្ញុំ​ទៅ​ហ្វាំងឡង់ វិញ​បងប្អូន​គូរ​គិត»

ការ​ថ្លែង​របស់​ភរិយា​លោក ជា វិជ្ជា បែប​នេះ បន្ទាប់​ពី​លោកស្រី ជា គិមនី បាន​ឃើញ​ស្ថានភាព​រស់​នៅ​របស់​លោកស្រី ប៊ូ រចនា ភរិយា​បណ្ឌិត កែម ឡី នៅ​ក្រៅ​ប្រទេស​ដោយ​លាក់​ខ្លួន​ពួន​អាត្មា​រង់ចាំ​ប្រទេស​ទី​៣ ទទួល និង​ផ្ដល់​សិទ្ធិ​ឲ្យ​រស់​នៅ។

លោកស្រី ប៊ូ រចនា បាន​ផ្ដល់​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រស់​នៅ​រង់ចាំ​សិទ្ធិ​ជ្រកកោន​នៅ​ស្រុក​គេ ជីវិត​គ្មាន​សិទ្ធិ​សេរីភាព រស់​នៅ​ស្ថិត​ក្នុង​ភាព​ភ័យខ្លាច​គ្រប់​ពេល​វេលា ចំណែក​កូនៗ​ក៏​មិន​បាន​ទៅ​រៀន​សូត្រ។ លោកស្រី​សង្ឃឹម​ថា នឹង​បាន​ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី ដើម្បី​ឲ្យ​កូនៗ​របស់​លោកស្រី​មាន​អនាគត​ល្អ។

លោកស្រី ប៊ូ រចនា នៅ​តែ​រស់​នៅ​ក្នុង​ភាព​ឈឺ​ចាប់ ហើយ​លោកស្រី​មិន​ជឿជាក់​លើ​តុលាការ​កម្ពុជា ទេ៖ «រឿង​ឃាតកម្ម​ប្ដី​ខ្ញុំ​នេះ វា​ដក់​នៅ​ក្នុង​ចិត្ត​រហូត ទោះបី​ពេល​វេលា​យូរ​ប៉ុណ្ណា​ក៏​ដូច​ថ្មីៗ​អ៊ីចឹង វា​អត់​បំភ្លេច​បាន​ទេ ព្រោះ​យើង​ឃើញ​នៅ​នឹង​ភ្នែក យើង​ឃើញ​សកម្មភាព ឃើញ​ឈាម​ហូរ​នៅ​ដាប​ពេញ​ខ្លួន»

លោក ជា វិជ្ជា ដែល​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។កាល​នោះ​លោក​មាន​កូនស្រី​អាយុ​ជាង ២​ឆ្នាំ ហើយ​ភរិយា​របស់​លោក​កំពុង​ពរ​ពោះ​កូន​ស្រី​ទី​២។ លោក ជា វិជ្ជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​និយាយ​ពុះពារ​ដើម្បី​ផល​ប្រយោជន៍​ជូន​កម្មករ។

សំណុំ​រឿង​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥ តុលាការ​បាន​ផ្ដន្ទាទោស​មនុស្ស ២​នាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ឲ្យ​ជាប់​គុក​ម្នាក់ ២០​ឆ្នាំ រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ថា ជា​ឃាតក​សិប្បនិមិត្ត។ ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ទៀត ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ឡើង​វិញ។ ប៉ុន្តែ​សាធារណជន​ពុំ​មាន​ជំនឿ​លើ​គណៈកម្មការ​នេះ​ទេ។

ចំណែក​បណ្ឌិត កែម ឡី ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ដែល​ហ៊ាន​និយាយ​ចំៗ រិះគន់​មិន​ញញើត​ចំពោះ​ភាព​អសកម្ម​របស់​រាជរដ្ឋាភិបាល របស់​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំនួញ​ធំៗ ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ជាតិ។ លោក​ថែម​ទាំង​រិះគន់​ទៅ​លើ​អ្នក​នយោបាយ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ដោយ​មិន​ភ័យ​ខ្លាច ទោះ​បី​ដឹង​ខ្លួន​ថា ការ​បញ្ចេញ​មតិ​របស់​លោក​អាច​នឹង​ត្រូវ​មាន​គ្រោះថ្នាក់​ក៏​ដោយ។

លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) ជិត​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ តាំង​ពី​ថ្ងៃ​បាញ់​ប្រហារ​រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឃាតក​តែ​ម្នាក់​គត់ គឺ អឿត អាង ហៅ ជួប សម្លាប់ ដែល​បាន​សារភាព​ថា ខ្លួន​ជា​ជន​ដៃ​ដល់។ ទោះ​ជា​យ៉ាង​ណា សំណុំ​រឿង​នេះ នៅ​បន្សល់​ភាព​មន្ទិល​ជា​ច្រើន​សម្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ។

ទោះ​ជា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ច្រើន​ក៏ដោយ នៅ​ក្នុង​ការ​ធ្វើ​បុណ្យ​រដ្ឋាភិបាល​ពុំ​បាន​ជួយ​ជ្រោមជ្រែង​ឡើយ សូម្បី​តែ​បើក​ផ្លូវ​ឲ្យ​ហែ​សព។ ប៉ុន្តែ​ក្រោយ​បុណ្យ​ខួប ១​ឆ្នាំ បណ្ឌិត កែម ឡី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​បាន​​ចូល​បុណ្យ និង​សង់​ចេតិយ​ចំនួន ៦​ម៉ឺន​ដុល្លារ។ ទន្ទឹម​នឹង​គ្នា​នេះ សាធារណជន​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ឲ្យ​បាន​ពេញលេញ​នោះ​មាន​តម្លៃ ជា​ជាង​ទឹក​លុយ​ចូល​បុណ្យ​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​គយ​ជាន់​ខ្ពស់​រង​ការ​ចោទ​ថា​លួច​កែ​អាយុ​ដើម្បី​ពន្យារ​ពេល​ចូល​និវត្តន៍

$
0
0

អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រង​ការ​ចោទ​ថា បាន​លួច​កែ​អាយុ​ដើម្បី​ពន្យារ​ពេល​ចូល​និវត្តន៍ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​គយ​មួយ​ចំនួន​ទៀត បាន​ដាក់​សំណើ​សុំ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​រួច​ហើយ ថ្វី​បើ​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ​ក្ដី។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គយ និង​រដ្ឋាករ​កម្ពុជា បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ។

មន្ត្រី​គយ​មួយ​ចំនួន​បាន​ទម្លាយ​ពី​រឿង​អាស្រូវ​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រក​ចំណូល​មួយ​នេះ​ថា មាន​មន្ត្រី​គ្រាក់ៗ​​ខ្លះ​លួច​កែ​អាយុ​ដើម្បី​ពន្យារ​ពេល​ចូលនិវត្តន៍ ខណៈ​មួយ​ចំនួន​ទៀត បាន​ដាក់​សំណើ​ដោយ​ផ្ទាល់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ហេតុផល​ដើម្បី​បំពេញ​កិច្ចការ​បន្ត​ទៀត។

ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ឲ្យ​ដឹង​ថា មាន​មន្ត្រី​ថ្នាក់​អគ្គនាយក​រង​គយ និង​រដ្ឋាករ​កម្ពុជា មួយ​ចំនួន ដល់​កំណត់​អាយុ​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ បាន​ដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​បាន​នៅ​ក្នុង​តំណែង​បន្ត​ទៀត។ នៅ​ក្នុង​ឯកសារ​ដដែល​នេះ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​ស្នើ​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​ក្នុង​នោះ​មាន​លោក ហ៊ីវ គីមហេង ឋានៈ​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទទួល​បន្ទុក​ផ្នែក​បុគ្គលិក បាន​ស្នើ​ទៅ​ក្រសួង​មុខ​ងារ​សាធារណៈ ដើម្បី​កែ​ឆ្នាំ​កំណើត ក្នុង​បំណង​អាច​នៅ​បំពេញ​ការងារ​បន្ត​ទៀត។ ឯកសារ​បង្ហាញ​ថា លោក ហ៊ីវ គីមហេង កើត​ឆ្នាំ​ពិត​ប្រាកដ គឺ​ឆ្នាំ១៩៥៦ ប៉ុន្តែ​ឯកសារ​ដែល​ទទួល​បាន​គឺ​កែ​កើត​នៅ​ឆ្នាំ​១៩៥៩ វិញ។

មន្ត្រី​គយ​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្អូញត្អែរ​ថា ប្រសិន​បើ​មន្ត្រី​គយ​ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ បែរ​ជា​នៅ​បន្ត​ពន្យារ​ពេល​ទៀត នោះ​នឹង​ធ្វើ​មន្ត្រី​គយ​ប្រមាណ ៤០០​នាក់​ផ្សេង​ទៀត ដែល​ដល់​ពេល​ចូល​និវត្តន៍​នឹង​អនុវត្ត​តាម​ដែរ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក លោក ហ៊ីវ គីមហេង បដិសេធ​ថា វា​ពុំ​មែន​ជា​ការ​ពិត​ឡើយ។ ជាង​នេះ​ទៀត លោក​ក៏​ពុំ​ដែល​បាន​ដឹង​អំពី​លួច​កែ​អាយុ ឬ​ពន្យារ​ពេល​ដើម្បី​ចូល​និវត្តន៍​នោះ​ដែរ៖ «ទេ! ខ្ញុំ​អត់​ដឹង​ទេ! ខ្ញុំ​កំពុង​តែ​ជាប់​ប្រជុំ​ការងារ​មូលដ្ឋាន»

ដោយ​ឡែក អ្នក​នាំ​ពាក្យ​ក្រសួង​មុខងារ​សាធារណៈ លោក យក់ ប៊ុនណា ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ក្រសួង​មុខ​សាធារណៈ ជា​អ្នក​លួច​ធ្វើ​ឯកសារ​ដើម្បី​កែ​អាយុ​មន្ត្រី​រាជការ​ស៊ីវិល ជា​ថ្នូរ​ដើម្បី​បាន​បំពេញ​ការងារ​បន្ត។ មិន​តែ​ប៉ុណ្ណោះ លោក​អះអាង​ថា មក​ដល់​ពេល​នេះ ពុំ​ដែល​បាន​ដឹង​ពី​រឿង​នេះ​ថែម​ទៀត​ផង៖ «ខ្ញុំ​ដូច​អត់​បាន​ព័ត៌មាន​ហ្នឹង​ផង។ ខ្ញុំ​អត់​បាន​ព័ត៌មាន​ហ្នឹង​ផង។ ជា​ធម្មតា​ការ​ចូល​និវត្តន៍​មាន​កំណត់​អាយុ​រួច​ទៅ​ហើយ ក្របខ័ណ្ឌ​ណា អាយុ​ប៉ុន្មាន មាន​ក្របខ័ណ្ឌ ៥៨ មាន ៥៥ និង​មាន ៦០»

ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល មាត្រា ៥៤ ចែង​ថា មន្ត្រី​រាជការ​ទាំង​ពីរ​ភេទ​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​ពេល​ដល់​អាយុ ៥៥​ឆ្នាំ។ ប៉ុន្តែ​អាយុ​កំហិត​នេះ​អាច​រំកិល​ដល់ ៦០​ឆ្នាំ​បាន បើ​លក្ខន្តិកៈ​ដោយ​ឡែក​បាន​កំណត់។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា យល់​ឃើញ​ថា រឿង​នេះ​វា​នឹង​មិន​ប៉ះពាល់​អ្វី​ធំដុំ​ទៅ​ដល់​ថវិកា​ជាតិ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​មិន​ត្រូវ​អនុវត្ត​នោះ គឺ​វា​ជា​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់។ ជាង​នេះ​ទៀត ការ​ពន្យារ​ពេល​ចូល​និវត្តន៍​តាម​មធ្យោបាយ​ផ្សេងៗ​នេះ បាន​ជំរុញ​ឲ្យ​យុវជន​ជា​ច្រើន ត្រូវ​ប្រឈម​នឹង​វិបត្តិ​ការងារ​នៅ​ក្នុង​សង្គម។

លោក​បន្ត​ថា រឹតតែ​ជា​បញ្ហា​ទៀត​នោះ ការ​បន្ត​ស្ថិត​ក្នុង​មុខ​តំណែង​នេះ ប្រាកដ​ណាស់​អាច​ជា​ថ្នូរ​ទៅ​នឹង​ផលប្រយោជន៍ និង​លាភសក្ការៈ៖ «រឿង​ពន្យារ​ពេល​ដើម្បី​បន្ត​ការងារ​បន្ត​ទៀត ខ្ញុំ​គិត​ថា វា​គួរ​ត្រូវ​បាន​បញ្ចប់​ហើយ។ ការ​សុំ​ពន្យារ​ពេល​វា​អត់​មាន​ហេតុផល​អី​ក្រៅ​ពី​គេ​ហៅ​ថា ផល​ប្រយោជន៍​ទេ»

អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច សង្កេត​ឃើញ​ថា នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មន្ត្រី​រាជការ​ស៊ីវិល​ដែល​បម្រើ​ការ​នៅ​តាម​មន្ទីរ ឬ​ក្រសួង​ដែល​រក​ចំណូល​មិន​បាន ហើយ​សូម​ចូល​និវត្តន៍​មុន​អាយុ​ដែល​ច្បាប់​កំណត់ ប៉ុន្តែ​កម្រ​ឃើញ​អនុញ្ញាត​ណាស់។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​ដែល​រក​ចំណូល​បាន ឬ​អ្នក​ដែល​កាន់​កន្លែង​ខ្លាញ់ ជា​ញឹកញាប់​បើ​ទោះ​ជា​ដល់​ពេល​កំណត់​ត្រូវ​ចូល​និវត្តន៍ ក៏​អាច​នៅ​ស្នើ​សុំ​បន្ត​ភារកិច្ច ក្រោម​ហេតុផល​ជាតិ និង​សង្គម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ខេត្ត​កំពង់ធំ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប្រើ​ហិង្សា​លើ​បុរស​ពីរ​នាក់

$
0
0

សមត្ថកិច្ច​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ សម្ដែង​ការ​សោកស្ដាយ​ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​បាន​វាយ​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង ពីរ​នាក់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់។ បុរស​ទាំង​ពីរ​នាក់​នោះ គឺ​ត្រូវ​គេ​វាយ​ដោយ​គ្រាន់តែ​ជា​មនុស្ស​ចម្លែក​ចូល​ក្នុង​ភូមិ ហើយ​សង្ស័យ​ថា ជា​ក្រុម​មនុស្ស​ចាប់​ក្មេង ដូច​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

​អធិការ​នគរបាល​ស្រុក​បារាយណ៍ លោក សួន ថេន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​វាយ​តប់​បុរស​ទាំង​ពីរ​នាក់​នោះ ដោយ​គ្រាន់តែ​ជឿ​លើ​ពាក្យ​បំផុស​បំផុល​ប៉ុណ្ណោះ ខណៈ​ក្រុម​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​មិន​ព្រម​ស្ដាប់។ លោក​បញ្ជាក់​ថា ហេតុការណ៍​ដំបូង​ឡើយ គឺ​មាន​ព្រះសង្ឃ​នៅ​វត្ត​គ្រើល ឃុំ​អណ្ដូងពោធិ៍ បាន​ហៅ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ថា ឃើញ​មនុស្ស​ចម្លែក​ជិះ​ម៉ូតូ​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួប​ពួកគេ មិន​ទាន់​នឹង​បាន​សួរ​នាំ​ផង ក៏​ស្រាប់​តែ​មាន​ក្រុម​ពលរដ្ឋ​ផ្អើល​ឈូឆរ ហើយ​វាយ​អ្នក​ទាំង​ពីរ​នាក់​នោះ​តែម្ដង ដោយ​សង្ស័យ​ថា ជា​ក្រុម​ចាប់​ក្មេង។

ក្រុម​ពលរដ្ឋ​បាន​តាម​វាយ​បុរស​ទាំង​ពីរ​នាក់ រហូត​ដល់​ឃុំ​ច្រនៀង ដោយ​មិន​ព្រម​ស្ដាប់​សមត្ថកិច្ច​ឡើយ៖ «ខ្ញុំ​គ្រាន់​តែ​មើល​ឃើញ​ពី​សកម្មភាព​ជាក់ស្ដែង​ក៏​ដូចជា​ផ្លូវ​ច្បាប់​ដែរ។ យើង​ត្រូវ​រក​ឱ្យ​ឃើញ​ពី​កំហុស ពី​សកម្មភាព ហើយ​ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​អី​ផង គ្រាន់​តែ​ឃើញ​មនុស្ស​មិន​ស្គាល់»

​អធិការ​ស្រុក​ដដែល​មិន​ទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​បុរស​ទាំង​ពីរ​នាក់​នោះ​បាន​ទេ គ្រាន់តែ​បញ្ជាក់​ថា ពួកគេ​មក​ពី​ខេត្ត​ព្រៃវែង ពីព្រោះ​សមត្ថកិច្ច​រវល់​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ទាំង​ពីរ ដោយ​បាន​បញ្ជូន​ពួកគេ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ជឿ​ទុក​ចិត្ត​លើ​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​មិន​ត្រូវ​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ទេ ព្រោះ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ។ បន្ថែម​ពី​នេះ ប្រសិនបើ​មាន​គ្រួសារ ឬ​ជនរងគ្រោះ​ពិត​ប្រាកដ សុំ​មេត្តា​ដាក់​ប្ដឹង​មក​សមត្ថកិច្ច​គ្រប់​ពេល​វេលា។ លោក​នៅ​តែ​អះអាង​មក​ទល់​ពេល​នេះ គ្មាន​ករណី​ចាប់​ក្មេង​ទេ ហើយ​គឺ​ជា​រឿង​មិន​ពិត ម្យ៉ាង​គ្មាន​ជនរងគ្រោះ និង​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​មក​ប្ដឹង​ករណី​បាត់​ក្មេង​ដូច​ការ​បំផុស​បំផុល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ថវិកា​រដ្ឋ​ប្រមាណ​២០០​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​លើ​ការ​ជួសជុល​ផ្លូវ​ក្នុង​១​ឆ្នាំៗ

$
0
0

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា ត្រូវ​ខាតបង់​ទឹកប្រាក់​រដ្ឋ​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ចំណាយ​លើ​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ម្ចាស់​យានយន្ត ចូលរួម​កុំ​ដឹក​ជញ្ជូន​លើស​ចំណុះ និង​បំពាន​ច្បាប់ ដើម្បី​ថែទាំ​ផ្លូវ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​អំពាវនាវ​មិន​ចប់​មិន​ចេះ​ហើយ​នេះ មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ក្រៅ​ពី​ការ​ដឹក​លើស​ទម្ងន់ គឺ​ការ​ស្ថាបនា​ផ្លូវ​គ្មាន​គុណភាព ដោយសារ​អំពើ​ពុក​រលួយ និង​ការ​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ​របស់​ពលរដ្ឋ​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ទឹក​ដក់​លើ​ផ្លូវ ក៏​ជា​បញ្ហា​នាំ​ឲ្យ​ផ្លូវ​ត្រូវ​រង​ភាព​រេចរឹល និង​ខូចខាត​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្កេត​ឃើញ​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​យន្តការ​ណា​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ត្រូវ​រង​ការ​ខូចខាត​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ឮ​ការ​អំពាវនាវ​ជា​បន្តបន្ទាប់។ លោក​បន្ថែម​ថា ក្រសួង​ពាក់ព័ន្ធ​គួរ​តែ​បង្កើត​ក្រុម​អធិការកិច្ច​ឯករាជ្យ ដើម្បី​ត្រួត​ពិនិត្យ​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់​ថែទាំ​ផ្លូវ​ថ្នល់៖ «»

លោក​បន្ត​ថា រថយន្ត​ធុន​ធ្ងន់​ដែល​អាច​ដឹក​លើស​ទម្ងន់ នៅ​តែ​បើក​លើ​ដង​ផ្លូវ​នានា​នៅ​ទីប្រជុំ​នៅ​ពេល​យប់ និង​ជា​មន្ទិល​សង្ស័យ​ចំពោះ​ជញ្ជីង​ថ្លឹង​រថយន្ត ទាំង​ចល័ត និង​ដាក់​ពង្រាយ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​ហាក់​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បើក​ដៃ​ឲ្យ​រថយន្ត​ទាំងនោះ។

ការ​លើក​ឡើង​ពី​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ដោយ​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ ថា ក្នុង​មួយ​ឆ្នាំៗ រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​លើ​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៅ​ម្ចាស់​យានយន្ត​ទាំងអស់ មិន​ត្រូវ​ដឹក​លើស​ចំណុះ​ខុស​ពី​ច្បាប់​កំណត់ ដើម្បី​កុំ​ឲ្យ​ផ្លូវ​ឆាប់​រេចរឹល និង​ខូចខាត​តទៅទៀត។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៦ លោក ស៊ុន ចាន់ថុល ធ្លាប់​រិះគន់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ជាតិ​លេខ​៦ ដែល​ទទួល​បាន​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន ថា​ធ្វើ​ឡើង​ខុស​បច្ចេកទេស និង​គ្មាន​គុណភាព បន្ទាប់​មក​លោក​ក៏​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​ធ្វើ​ផ្លូវ​នេះ ត្រូវ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សន ជ័យ បញ្ជាក់​ថា ដោយសារ​ច្បាប់ និង​យន្តការ​ត្រួត​ពិនិត្យ​ដំណើរការ​កសាង​ផ្លូវ​កន្លង​ទៅ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន បាន​ជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សាងសង់ នៅ​តែ​អាច​លួច​កិបកេង​គុណភាព​ផ្លូវ។ សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឲ្យ​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ អំពី​កិច្ចសន្យា​សាងសង់​ផ្លូវ​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​អាច​ចូលរួម​តាមដាន។ លើស​ពី​នេះ ក៏​គួរ​តែ​បើក​ចំហ​ជា​សាធារណៈ​ចំពោះ​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​អាច​ធ្វើ​ការ​សាងសង់​ផ្លូវ​កាន់​តែ​មាន​គុណភាព​ជាង​ពេល​បច្ចុប្បន្ន​នេះ៖ «»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ក៏​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​កំណត់​ស្តង់ដារ​ជាតិ​រួម​មួយ​សម្រាប់​ការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា បើ​ទោះ​ជា​ជំនួយ​ផ្លូវ​នោះ​ទទួល​បាន​ពី​ប្រទេស​ចិន ជប៉ុន និង​សហរដ្ឋ​អាមេរិក ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋបាល​ក្រុង​ព្រះសីហនុ​ព្រមាន​ចាប់​សត្វ​ពាហនៈ​ដែល​ដើរ​ពាសពេញ​ក្រុង​ប្រគល់​ឲ្យ​កងទ័ព

$
0
0

រដ្ឋបាល​ក្រុង​ព្រះសីហនុ ព្រមាន​ម្ចាស់​សត្វ​ចិញ្ចឹម​គោ​ក្របី និង​សត្វ​ពពែ ជាដើម ថា​នឹង​ចាប់​សត្វ​ចិញ្ចឹម​ដែល​ម្ចាស់​លែង​ឲ្យ​ដើរ​ពាសពេញ​ក្រុង​នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ ប្រគល់​ជូន​កងទ័ព​ប្រចាំ​ការ​នៅ​តាម​ព្រំដែន ដើម្បី​ធ្វើ​ម្ហូប​ក្នុង​ពេល​ឆាប់ៗ​នេះ។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កក្កដា ថា រដ្ឋបាល​ក្រុង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​រួម​មាន សត្វ​គោ ក្របី និង​ពពែ ជាដើម មិន​ត្រូវ​លែង​ឲ្យ​ដើរ​តាម​ផ្លូវ​ពាសពេញ​ក្រុង​ទេសចរណ៍ នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ទេ។

លោក​បន្ត​ថា បើ​មិន​ស្តាប់​តាម​ការ​ណែនាំ ឬ​មិន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ទេ អាជ្ញាធរ​មាន​គម្រោង​ចាប់​សត្វ​ទាំងនោះ​យក​ទៅ​ប្រគល់​ជូន​កងទ័ព​ប្រចាំ​ការ​នៅ​តាម​ព្រំដែន ព្រោះ​ពេល​នេះ រដ្ឋបាល​ក្រុង​មិន​ផាក​ពិន័យ​ទៀត​ទេ៖ «យើង​គិត​ថា បើ​សិន​ជា​ក្រុង​នៅ​បន្ត​ឲ្យ​ពួក​គាត់​លែង​សត្វ​ចិញ្ចឹម​មាន​គោ​ក្របី និង​ពពែ ជាដើម ឲ្យ​ដើរ​អនាធិបតេយ្យ​តាម​ផ្លូវ​សាធារណៈ​អ៊ីចឹង​ទៀត វា​នឹង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​យថាហេតុ។ អ៊ីចឹង​ហើយ​បាន​ជា​ក្រុង​គិត​ថា បើ​សិន​ជា​យើង​ចាប់​សត្វ​ចិញ្ចឹម​ទាំងនោះ ហើយ​ហៅ​ម្ចាស់​មក​អប់រំ និង​ពិន័យ​ត្រឹម​ប្រាក់​ប៉ុណ្ណឹង គឺ​ពួក​គាត់​មិន​ខ្លាច​ទេ ដូច្នេះ​ដំណាក់កាល​នេះ យើង​គិត​ថា​ការ​អប់រំ​យើង​នៅ​តែ​ធ្វើ ប៉ុន្តែ​ការ​ពិន័យ​ជា​ប្រាក់ គឺ​យើង​លែង​ពិន័យ​ទៀត​ហើយ ដោយ​រដ្ឋបាល​ក្រុង​ចាប់​សត្វ​ចិញ្ចឹម​ទាំងនោះ​បាន​ហើយ យើង​នឹង​ប្រគល់​សត្វ​គោ​ក្របី និង​ពពែ ដែល​ចាប់​បាន​នោះ ប្រគល់​ជូន​ទៅ​កងទ័ព​ប្រចាំ​ការ​នៅ​តាម​ព្រំដែន​ហើយ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ចាត់​វិធានការ​ចំពោះ​ករណី​សត្វ​ចិញ្ចឹម​ដើរ ឬ​ដេក​តាម​ផ្លូវ​សាធារណៈ នាំ​ឲ្យ​មាន​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ ជាពិសេស​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍។

រដ្ឋបាល​ក្រុង​ព្រះសីហនុ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ អាជ្ញាធរ​បាន​ចាប់​សត្វ​ចិញ្ចឹម​ដែល​ដើរ​គ្មាន​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​បាន​ជាង ២០០​ក្បាល ដើម្បី​ផាក​ពិន័យ​ប្រាក់ ប៉ុន្តែ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងនោះ​មិន​រាងចាល​ទេ ឬ​មិន​សហការ​ជាមួយ​អាជ្ញាធរ​ទេ។

អ្នក​រស់នៅ​ខេត្ត​ព្រះសីហនុ គាំទ្រ​ចំពោះ​ការ​ព្រមាន​ចាប់​សត្វ​ចិញ្ចឹម​មាន​គោ ក្របី និង​ពពែ ជាដើម របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ យក​ទៅ​ប្រគល់​ជូន​កងទ័ព​ប្រចាំ​ការ​នៅ​តាម​ព្រំដែន​នេះ៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ យើង​មាន​ការ​ខ្មាសអៀន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ជា​ខ្លាំង ដោយសារ​តែ​មនុស្ស​មួយ​ចំនួន​តូច​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ​ហើយ តែ​បែរ​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​ព្រះសីហនុ ក៏ដូចជា​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស​កម្ពុជា យើង​ទាំងមូល​ផង​ដែរ»

រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ដាក់​ចេញ​ការ​ណែនាំ​ថ្មី​ចំនួន ២​ចំណុច និង​ចាត់​វិធានការ ១​ចំណុច ជា​លើក​ចុង​ក្រោយ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងនោះ​រួម​មាន មិន​ត្រូវ​លែង​គោ ក្របី និង​ពពែ របស់​ខ្លួន​ឲ្យ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ ទ្រូង​ផ្លូវ សួនច្បារ និង​ទី​សាធារណៈ​ទៀត​ទេ តម្រូវ​ឲ្យ​សត្វ​ចិញ្ចឹម​ទាំងអស់ ត្រូវ​មាន​កន្លុះ មាន​ចង​ខ្សែ និង​ត្រូវ​រៀបចំ​ក្រោល មាន​មនុស្ស​ឃ្វាល ឬ​មើល​ថែ​ឲ្យ​បាន​ត្រឹមត្រូវ និង​វិធានការ​ក្តៅ​ចុង​ក្រោយ​ក្នុង​ករណី​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងឡាយ​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​នេះ​ទេ សត្វ​ចិញ្ចឹម​ទាំងនោះ​នឹង​ត្រូវ​ចាប់​ប្រគល់​ជូន​ទាហាន​ការពារ​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ថា​ការ​យឺតយ៉ាវ​ចេញ​លិខិត​សម្គាល់​អត្តសញ្ញាណ​ធ្វើ​ឲ្យ​ពួក​គាត់​រងគ្រោះ

$
0
0

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ក្នុង​ខេត្ត​រតនគិរី បាន​បំពេញ​បែបបទ​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាង ៤​ឆ្នាំ​ហើយ។ បច្ចុប្បន្ន អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​លិខិត​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ។ ការ​យឺតយ៉ាវ​នេះ អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​កាន់​តែ​រងគ្រោះ​មិន​អាច​បន្ត​គម្រោង​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល និង​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ដើម្បី​ថែរក្សា​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​បាន​នៅ​គង់វង្ស។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ជាង ១៦០​គ្រួសារ​រស់នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម មិន​ទាន់​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​អ្នក​ភូមិ​ជា​ជនជាតិ​ដើម​ភាគតិច​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅ​ឡើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

កាល​ពី​ឆ្នាំ​២០១៣ ពលរដ្ឋ​ភូមិ​ភិ បាន​ប្រជុំ​ឯកភាព​គ្នា​បំពេញ​ឯកសារ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ពួក​គេ​តាម​រយៈ​តំណាង​សហគមន៍ អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​មាន​សមាគម​ខ្មែរ​លើ​ជា​អ្នក​សម្របសម្រួល​ការងារ​បច្ចេកទេស​សុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ពាក់ព័ន្ធ​ការ​ចុះ​បញ្ជី​នេះ។

តំណាង​ពលរដ្ឋ​ភូមិ​ភិ លោក សល់ គោក បញ្ជាក់​ថា រហូត​ពេល​នេះ អ្នក​ភូមិ​មិន​បាន​ដឹង​ថា អាជ្ញាធរ​សម្រេច​យ៉ាង​ណា​នោះ​ទេ អ្វី​ដែល​អ្នក​ភូមិ​កំពុង​ជួប​ប្រទះ គឺ​ការ​រំលោភ​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​កប់​សព និង​ដី​ព្រៃ​អារក្ស​ដែល​អ្នក​ភូមិ​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ច្រើន​ជំនាន់​មក​ហើយ។ លោក​ថា លិខិត​ស្នាម​សម្គាល់​អត្តសញ្ញាណ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​មាន​សារសំខាន់​សម្រាប់​គម្រោង​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល និង​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ដែល​ជា​លិខិត​បទដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​ការពារ​ការ​រំលោភ​សិទ្ធិ​ដីធ្លី និង​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច៖ «២០១២ ខ្ញុំ​ឧស្សាហ៍​ទៅ​សួរ​ខ្មែរ​លើ​ដែរ គេ​ថា​បញ្ជូន​ទៅ​ខេត្ត ពីព្រោះ​ពួក​ខ្ញុំ​អត់​ចេញ​ទៅ ពឹង​អង្គការ​ខ្មែរ​លើ គេ​ថា​អត់​ស្អី​គេ​ធ្វើ​ឲ្យ គេ​ថា​បញ្ជូន​ទៅ​ខេត្ត​ហើយ មិន​ទាន់​បញ្ជូន​ទៅ​ក្រសួង​ទេ។ គេ​ថា​អ៊ីចឹង»

ចាប់​ពី​ចុង​ឆ្នាំ​២០១២ មក ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ៧​មករា ផារី បាន​ចូល​មក​បោះ​ទីតាំង​នៅ​ជាប់​នឹង​ភូមិ​ភិ ហើយ​ហ៊ុមព័ទ្ធ​ឈូស​ឆាយ​ព្រៃ​ធ្វើ​ព្រំ​ដី​សម្បទាន​ប៉ះពាល់​ដី និង​ព្រៃឈើ​អ្នក​ភូមិ​អភិរក្ស​រាប់​រយ​ហិកតារ ធ្វើ​ឲ្យ​អ្នក​ភូមិ​នាំ​គ្នា​តវ៉ា​នៅ​ទីតាំង​ជាក់ស្តែង និង​ធ្វើ​ពាក្យ​បណ្ដឹង​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

ប្រធាន​ភូមិ​ភិ លោក សេវ ឌឿន ទទួល​ស្គាល់​ថា ដី​ដែល​អ្នក​ភូមិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​ដើម ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ ហើយ​មិន​បាន​ដោះស្រាយ​កាត់​ផល​ប៉ះពាល់​ពលរដ្ឋ​តាម​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ភូមិ​ឃុំ បាន​ព្យាយាម​ជួយ​អ្នក​ភូមិ ក៏ប៉ុន្តែ​លទ្ធផល​ទទួល​បាន​តិចតួច​បំផុត៖ «ចុះ​ទៅ​សិក្សា​ផ្ទាល់​កន្លែង​ចម្ការ​វិល​ជុំ ទោះ​បី​ខ្ញុំ​ក៏​មាន​ចម្ការ​នៅ​ហ្នឹង​ដែរ បី​ហិកតារ សួរ​អាជ្ញាប័ណ្ណ​គេ គេ​ថា​មេ​ភូមិ​ឯង​គ្មាន​សិទ្ធិ​សួរ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទេ។ គេ​ថា​អ៊ីចឹង។ ខ្ញុំ​នៅ​ស្ងៀម​ទៅ»

ចំណែក​មេ​ឃុំ​សេសាន លោក សេវ ស្វែន ទទួល​ស្គាល់​ថា ទំនាស់​ដណ្ដើម​ដី​រវាង​ជនជាតិ​ដើម​ភាគតិច​ភូមិ​ភិ និង​ក្រុមហ៊ុន ៧​មករា ផារី កើត​មាន ៤​ឆ្នាំ​កន្លង​ទៅ​នេះ។ ចំណែក​អាជ្ញាធរ​ឃុំ​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ​បាន​រហូត​បច្ចុប្បន្ន។ លោក​ថា​អ្នក​ភូមិ​បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ប្ដឹង​តាម​ផ្លូវ​តុលាការ ចោទ​ថា​អ្នក​ភូមិ​រំលោភ​អចលនទ្រព្យ​ក្រុមហ៊ុន​ដោយ​ហិង្សា​ទៅ​វិញ៖ «ស្រុក ឃុំ ក៏​មិន​អាច​ដោះស្រាយ​បាន​ទេ គ្រាន់​តែ​សម្របសម្រួល​កុំ​ឲ្យ​មាន​ឈ្លោះ​ប្រកែក​តទៅទៀត។ ខ្ញុំ​មិន​អាច​ជំរុញ​បាន​ទៀត​ទេ ព្រោះ​ឯកសារ​បញ្ជូន​ទៅ​ខាង​លើ​អស់​ហើយ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ពលរដ្ឋ​ភូមិ​ភិ បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ និង​បាន​បង្ហាញ​ពី​កង្វល់​របស់​អ្នក​ភូមិ​ទាក់ទិន​ការ​បាត់បង់​ដី​ដែល​អ្នក​ភូមិ​គ្រោង​ស្នើសុំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

រហូត​មក​ទល់​នឹង​ពេល​នេះ មិន​មាន​ប្រភព​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន ៧​មករា ផារី នរណា​ជា​ម្ចាស់​ក្រុមហ៊ុន​នោះ​ទេ ខណៈ​ប្រភព​មន្ត្រី​មូលដ្ឋាន​ខ្លះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​នៅ​ពី​ក្រោយ ទើប​ការ​ដោះស្រាយ​ជម្លោះ​ដី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន និង​ការ​ស្នើសុំ​ចុះ​បញ្ជី​របស់​អ្នក​ភូមិ​ត្រូវ​អូស​បន្លាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សមាគម​ខ្មែរ​លើ លោក ឌិត កាវែល ទទួល​ស្គាល់​ថា ឯកសារ​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ពលរដ្ឋ​ភូមិ​ភិ បាន​ជាប់​គាំង​ដោយសារ​សមាគម​នេះ​ខ្វះខាត​មូលនិធិ​ជួយ​ជំរុញ​ឯកសារ​នៅ​ថ្នាក់​ខេត្ត មុន​នឹង​បញ្ជូន​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ សម្រេច៖ «តាម​ការពិត​មិន​មែន​កំហុស​ខាង​អភិវឌ្ឍន៍​ទេ ព្រោះ​ខាង​ខ្ញុំ​អត់​មាន​លុយ​គ្រប់គ្រាន់។ អ៊ីចឹង​ខ្ញុំ​ធ្វើ​ចោះៗ​អ៊ីចឹង»

ចំណែក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​រតនគិរី លោក កាតំ សូណាវន បញ្ជាក់​ថា មន្ទីរ​មិន​បាន​ឃើញ​លិខិត​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​របស់​ពលរដ្ឋ​ភូមិ​ភិ នោះ​ទេ។ លោក​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​ពាក់ព័ន្ធ ដែល​គាំទ្រ​គម្រោង​ចុះ​បញ្ជី​នេះ។

ពលរដ្ឋ​ភូមិ​ភិ ឲ្យ​ដឹង​ថា ក្រុមហ៊ុន ៧​មករា ផារី បាន​ផ្សព្វផ្សាយ​ថា​នឹង​មិន​ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​អារក្ស ព្រៃ​កប់​សព​អ្នក​ភូមិ​នោះ​ទេ និង​រក្សា​ដី​មាត់​ទន្លេ និង​មាត់​អូរ​ទុក​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់ ក៏ប៉ុន្តែ​បច្ចុប្បន្ន ក្រុមហ៊ុន​រំលោភ​ការ​សន្យា និង​បាន​ហ៊ុមព័ទ្ធ​យក​ដី​សហគមន៍​ប្រើប្រាស់​ជាង ៦០០​ហិកតារ រួម​ទាំង​ដី​មាត់​ទន្លេ និង​ដី​មាត់​អូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ

$
0
0

នៅ​រដូវ​បិទ​នេសាទ​ដែល​ទឹក​បឹង​ទន្លេសាប​ចាប់​ផ្ដើម​ឡើង​ហូរ​ចូល​ព្រែក និង​បឹងបួ​ជាច្រើន​នោះ បទល្មើស​ដាក់​របាំង​សាច់​អួន​ក៏​កើត​មាន​ច្រើន​ដែរ។ សហគមន៍​នេសាទ​នៅ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បទល្មើស​កាប់​ព្រៃ​លិច​ត្រៀម​ដាក់​របាំង និង​មាន​របាំង​ជាច្រើន​ខ្សែ​ប្រវែង​វែង កំពុង​ដាក់​ចាប់​ត្រី​ដោយ​សមត្ថកិច្ច​មិន​បង្ក្រាប។ មន្ត្រី​ជំនាញ​ខេត្ត​នេះ​អះអាង​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​រាល់​ថ្ងៃ។

របាំង​សាច់​អួន​ចំនួន ៨​ខ្សែ​ប្រវែង​មិន​ក្រោម ៥០០​ម៉ែត្រ កំពុង​ដាក់​បង្កប់​ទឹក​នៅ​ភូមិ​ព្រែកឆ្ដោ ឃុំ​កំពង់អុស ស្រុក​ជលគីរី ខណៈ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ​ត្រូវ​បាន​ជនល្មើស​លួច​កាប់ និង​ដុត​ចោល​ចំនួន​ពីរ​ប្រឡោះ​ទំហំ​ទទឹង​ប្រហែល​ពីរ​ម៉ែត្រ និង​បណ្ដោយ ១​គីឡូម៉ែត្រ។ បញ្ហា​នេះ តំណាង​សហគមន៍​នេសាទ​រាយការណ៍​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជាច្រើន​សប្ដាហ៍​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចុះ​បង្ក្រាប។

ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់អុស ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា ពេល​ចុះ​បង្ក្រាប​បទល្មើស សមត្ថកិច្ច​ដូច​បើក​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង ព្រោះ​របាំង​ខ្លះ​មិន​បាន​បង្ក្រាប​ឡើយ ហើយ​ពេល​ប្រាប់​ទៅ គ្រាន់​តែ​ថា​នឹង​ចុះ​បង្ក្រាប។ លោក និង​សមាជិក​សហគមន៍ កំពុង​ឃ្លាំ​មើល​ទីតាំង​ដែល​ជនល្មើស​លួច​កាប់​ព្រៃ​ត្រៀម​ដាក់​របាំង​នោះ៖ «ខ្ញុំ​មាន​បណ្ដាញ​ខ្ញុំ​ដូចជា​ពលរដ្ឋ ហើយ​ដែល​ខ្ញុំ​សង្ឃឹម​ច្រើន ខ្ញុំ​តែងតែ​ប្រាប់​គាត់​ថា បើ​ឃើញ​អ្នក​ណា​ដាក់​ឲ្យ​រាយការណ៍​មក​ខ្ញុំ បន្ទាប់​មក​នឹង​ចុះ​ទៅ​មើល​ថា តើ​ឈ្មោះ​ណា​អ្នក​ដាក់​ហ្នឹង? ខ្ញុំ​មិន​ធានា​ដែរ ព្រោះ​អ្វី​ដែល​យើង​ធ្វើ គឺ​អាង​ទៅ​លើ​ការ​គាំទ្រ​ពី​ភូមិ​ឃុំ ជំនាញ និង​សមត្ថកិច្ច​នានា ប៉ុន្តែ​បើ​គាត់​មិន​គាំទ្រ ពួក​ខ្ញុំ​ក៏​មិន​ហ៊ាន​ធ្វើ​ទេ មិន​ដឹង​គិត​ទៅ​ប្រឡោះ​ណា​ទេ។ តែ​គាត់ (ពលរដ្ឋ) និយាយ​ប្រាប់​យើង​ថា ចាំ​មើល​អាទិត្យ​នេះ បើ​សិន​អត់​ធ្វើ គាត់​នឹង​ទូរស័ព្ទ​ទៅ​សួរ​ចៅហ្វាយ​ខេត្ត អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ចេះ​តែ​ចាំ​មើលៗ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ»

លោក​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​ទាន់​ពេលវេលា ដោយ​សហការ​ជាមួយ​ពលរដ្ឋ និង​តំណាង​សហគមន៍​នេសាទ ជាជាង​គ្រាន់​តែ​ថា​ចុះ​អនុវត្ត ឬ​បង្ក្រាប​ជាក់ស្ដែង។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ថា​សមត្ថកិច្ច​មិន​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ​ទេ។ ក្រៅ​ពី​សកម្មភាព​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ម្ដងៗ ក៏​នៅ​មាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​តាម​ស្រុក​នីមួយៗ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​រាល់​ថ្ងៃ​ដែរ។ ដូច្នេះ បើ​ពលរដ្ឋ​នៅ​ប្រទះ​ឃើញ​បទល្មើស​ត្រង់​ណា​ទៀត អាច​ប្រាប់​មក​សមត្ថកិច្ច៖ «អាច​រាយការណ៍​មក​ខ្ញុំ​ក៏​បាន ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ហ្នឹង​ក៏​បាន ឲ្យ​តែ​មក​ដល់​ភ្លាម ចាត់ការ​ភ្លាម ឲ្យ​តែ​បាន​ព័ត៌មាន​ពិតប្រាកដ​មក យើង​ចុះ​បង្ក្រាប។ អា​ពាក់ព័ន្ធ​នឹង​ឆ្ការ​ព្រៃ យើង​ហាម​ដាច់ខាត​ហើយ»

លោក ងិន ហ៊ុន ទទួល​ស្គាល់​ថា បទល្មើស​ដាក់​របាំង​ពិត​ជា​កើត​មាន​ខ្លះ​ក្នុង​រដូវ​ទឹក​ឡើង ប៉ុន្តែ​មាន​តែ​ប្រវែង ៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​របាំង​ទាំងនេះ​ក៏​បាន​បង្ក្រាប​ដែរ​ក្នុង​រដូវ​បិទ​នេសាទ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ និង​សហគមន៍​នេសាទ ថា​បទល្មើស​ដាក់​របាំង​ស្បៃ​មុង និង​របាំង​សាច់​អួន​ប្រវែង​វែងៗ កើត​មាន​ច្រើន​នៅ​ស្រុក​កំពង់ត្រឡាច ស្រុក​ជលគីរី និង​ស្រុក​កំពង់លែង ក្នុង​ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

“ការ​ផ្អាក​សង់​សាលា​ឃុំ​នៅ​តំបន់​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ជា​ការ​រើសអើង​នយោបាយ”

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លើក​ឡើង​ថា ការ​កសាង​អគារ​សាលា​ឃុំ​នៅ​តំបន់​ខ្លះ អាជ្ញាធរ​ហាក់​រើសអើង​ផ្នែក​នយោបាយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​សម្រេច​ផ្អាក​សកម្មភាព​សាងសង់​អគារ​សាលា​សង្កាត់​ស្រយ៉ូវ ដោយសារ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។ អភិបាល​ខេត្ត​បញ្ជាក់​ថា ការ​ផ្អាក​នោះ គឺ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ ប៉ុន្តែ​ដោយសារ​ថវិកា​កសាង​មាន​កំណត់។

មន្ត្រី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​កសាង​អគារ​សាលា​ឃុំ និង​កសាង​ដោយ​មិន​ត្រូវ​រើសអើង​ផ្នែក​នយោបាយ ប៉ុន្តែ​ជា​ការ​អភិវឌ្ឍ​មួយ​ពិតប្រាកដ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន។ បន្ថែម​ពី​នេះ កង្វះ​អគារ​សាលា​ឃុំ និង​សម្ភារៈ​ប្រើប្រាស់ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការងារ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា ការ​កសាង​សាលា​ឃុំ​ខ្លះ គឺ​ជា​ហេតុផល​នយោបាយ។ ការ​លើក​ឡើង​បែប​នេះ ពីព្រោះ​លោក​កត់​សម្គាល់​ថា នៅ​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន អាជ្ញាធរ​ខេត្ត ព្រម​ទាំង​អភិបាល​ខេត្ត​ផង បាន​ចូលរួម​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​សាលា​សង្កាត់​មួយ​នេះ​នៅ​មុន​ពេល​បោះឆ្នោត និង​ចំ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​នៅ​ពេល​លទ្ធផល​ឆ្នោត​បង្ហាញ​ថា សង្កាត់​មួយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ សកម្មភាព​សាងសង់​សាលា​សង្កាត់​ថ្មី​ត្រូវ​បាន​គេ​បញ្ឈប់​តែ​ម្តង៖ «ព័ត៌មាន​ថា​គេ​មិន​សាងសង់ ដោយសារ​គេ​ចាញ់​ឆ្នោត។ អ៊ីចឹង​មាន​ន័យ​ថា គណបក្ស​ប្រជាជន យក​ថវិកា​ជាតិ​ទៅ​សាងសង់ មិន​មែន​ទៅ​សាងសង់​អគារ​បម្រើ​សេវា​សាធារណៈ​របស់​រដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ទេ ធ្វើ​ក្នុង​នាម​បក្ស​ទាំងអស់»

លោក​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​បែប​នេះ គឺ​ជា​រូបភាព​អាក្រក់​មួយ ព្រោះ​ធ្វើ​អ្វីៗ​ដើម្បី​តែ​ផល​ប្រយោជន៍​របស់​គណបក្ស​ខ្លួន មិន​បាន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ។ លោក​គាំទ្រ​រាល់​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ឲ្យ​តែ​ការ​អភិវឌ្ឍ​ទាំងនោះ​ធ្វើ​ឡើង​ដោយ​ពិតប្រាកដ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ជៀសវាង​ការ​អភិវឌ្ឍ​ក្លែងក្លាយ។

មេ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក នី សុវណ្ណ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​១ មិថុនា អាជ្ញាធរ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះ​មក​បើក​ការដ្ឋាន​សាងសង់​អគារ​សាលា​ឃុំ​របស់​ពួក​គាត់ ប៉ុន្តែ​ក្រោយ​ពេល​លទ្ធផល​ឆ្នោត គណបក្ស​ប្រឆាំង​ឈ្នះ​ដឹកនាំ​ឃុំ​មួយ​នេះ ការដ្ឋាន​សាងសង់​នោះ​ត្រូវ​បាន​គេ​រើ​ប្រមូល​យក​ទៅ​កសាង​នៅ​ឃុំ​ផ្សេង​វិញ។ លោក​មិន​យល់​សោះ​អំពី​រឿង​នេះ ប៉ុន្តែ​លោក​ថា ប្រហែល​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អភិបាល​ខេត្ត​កំពង់ធំ ផង លោក សុខ លូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ថា​ការ​កសាង​សាលា​ឃុំ គឺ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ ប៉ុន្តែ​អាជ្ញាធរ​កសាង​ទៅ​តាម​ចំនួន​ថវិកា​របស់​ក្រសួង​ផ្តល់​ឲ្យ​តែ​ប៉ុណ្ណោះ៖ «ការ​បើ​ការដ្ឋាន ឬ​មិន​បើក​ទាំង​ប៉ុន្មាន គឺ​អាស្រ័យ​ទៅ​លើ​ថវិកា​ក្រសួង​ទម្លាក់​មក គឺ​បាន​តែ ៩។ អ៊ីចឹង​ទេ គឺ​មិន​មែន​ជា​រឿង​នយោបាយ​ទេ យើង​នឹង​សង់​ជា​បន្តបន្ទាប់»

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា សកម្មភាព​ផ្អាក​ការដ្ឋាន​សាងសង់​សាលា​ឃុំ-សង្កាត់​មួយ​ចំនួន គឺ​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ពេល​ណា​កញ្ចប់​ថវិកា​ក្រសួង​ធ្លាក់​មក​ទៀត ទើប​បន្ត​ដំណើរ​ការ​សាងសង់។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា មិន​មែន​មាន​តែ​ករណី​កសាង​សាលា​ឃុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ករណី​កសាង​ផ្លូវ​នៅ​តំបន់​មួយ​ចំនួន គឺ​អាជ្ញាធរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មុន​ពេល​បោះឆ្នោត ប៉ុន្តែ​ត្រូវ​បាន​គេ​ទុក​ចោល​វិញ​ក្រោយ​ពេល​លទ្ធផល​ការ​បោះឆ្នោត​ប្រែប្រួល។ រូបភាព​ទាំងនេះ លោក​យល់​ថា​ជា​នយោបាយ​ប្រជាភិថុតិ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា​ជា​អ្វី​មួយ​ដែល​មាន​ផែនការ​ជាក់លាក់។ ខ្ញុំ​ឧទាហរណ៍​ដូច​ករណី​សាលា​ឃុំ​ដែល​គេ​ត្រូវ​រៀបចំ​គ្រោង​នឹង​កសាង​ហើយ ទំនង​ជា​មិន​មែន​ជា​ចំណុច​ដែល​ត្រូវ​កែប្រែ​ទេ»

លោក​បន្ថែម​ទៀត​ថា រាល់​គម្រោង​សាងសង់​ណា​មួយ ប្រសិន​បើ​មាន​ការ​ចាប់​ផ្ដើម នឹង​បន្ត​រហូត​ដល់​ដំណាក់កាល​បញ្ចប់ ពីព្រោះ​កញ្ចប់​ថវិកា​គេ​បាន​រៀបចំ​រួច​ជា​ស្រេច​ទៅ​ហើយ មិន​អាច​មក​ដក​ហូត​កណ្ដាល​ទី​បាន​ទេ ម្យ៉ាង​ថវិកា​ទាំងនោះ​ជា​ថវិកា​របស់​ជាតិ មិន​មែន​ជា​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ទាំងឡាយ មិន​ត្រូវ​ប្រើ​រូបភាព​បោក​បញ្ឆោត​ទាំងនេះ​ទេ ព្រោះ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ ម្យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​រាជ​រដ្ឋាភិបាល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចៅ​សង្កាត់​បក្ស​ប្រឆាំង​ថា​មាន​ការ​យល់​ច្រឡំ​ករណី​ដាក់​ហិប​មូលនិធិ​នៅ​សាលា​សង្កាត់

$
0
0

ចៅ​សង្កាត់​ទួលសង្កែទី២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ការ​ព្រមាន​ចាត់​វិធានការ​ពី​សំណាក់​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នោះ ថា​មាន​ចរិត​នយោបាយ និង​មាន​បំណង​ធ្វើ​បាប​រូប​លោក។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​រង​ការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ប្រព្រឹត្ត​ខុស​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ដោយ​យក​ហិប​មូលនិធិ​សប្បុរសជន​ដាក់​ក្នុង​សាលា​សង្កាត់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

បញ្ហា​ចម្រូងចម្រាស​រវាង​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើត​ឡើង​បន្ទាប់​ពី​លោក​ចៅ​សង្កាត់ បាន​យក​ហិប​មួយ​ដែល​មាន​សរសេរ​អក្សរ​បិទ​លើ​ហិប​នោះ​ថា មូលនិធិ​សប្បុរសជន (សម្រាប់​ចំណាយ​ផ្សេងៗ​ក្នុង​សង្កាត់) ដាក់​ក្នុង​សាលា​សង្កាត់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។

ចៅ​សង្កាត់​ទួលសង្កែទី២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ ជឿន រៀបរាប់​ថា ក្រោយ​ពេល​លោក​ទុក​ហិប​នោះ​សិន ដោយ​មិន​ទាន់​ទាំង​បាន​ប្រមូល​លុយ និង​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ផង ស្រាប់​តែ​ចៅ​សង្កាត់​រង​ទី​២ មក​ពី​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​របាយការណ៍​ជូន​អភិបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ចាត់​វិធានការ​តែ​ម្តង«កេះ​នេះ​គ្រាន់​តែ​ដាក់​មក ក៏​មិន​ទាន់​មាន​លុយ​មាន​អី​ដែរ ដោយសារ​តែ​ថ្ងៃ​នេះ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ អាទិត្យ ហើយ​ក៏​យើង​មិន​ទាន់​បាន​គិត​គ្នា​ថា អ្នក​ណា​អ្នក​គ្រប់គ្រង ដាក់​ហ្នឹង​វា​ត្រូវ ឬ​ខុស? ខ្ញុំ​ក៏​មិន​ទាន់​បាន​ពិភាក្សា​គ្នា​ដែរ។ គ្រាន់​តែ​សរសេរ​ក្រដាស​បិទ​ចឹង​ទៅ ហើយ​ខ្ញុំ​ក៏​និយាយ​ថា មើល៍ តើ​សរសេរ​ចឹង​ឲ្យ​វា​ត្រូវ សរសេរ​យ៉ាង​ម៉េច​ឲ្យ​វា​សម»

ចៅ​សង្កាត់​រង​ទី​២ មក​ពី​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​ធ្វើ​របាយការណ៍​ជូន​អភិបាល​ខណ្ឌ​ឫស្សីកែវ ថា ចៅ​សង្កាត់​បក្ស​ប្រឆាំង និង​បក្សពួក បាន​ដាក់​ហិប​មូលនិធិ​សប្បុរសជន​នោះ​ដោយ​មិន​បាន​ពិភាក្សា និង​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រេច​ឡើយ។

ចៅ​សង្កាត់​រង​ទី​២ លោក អ៊ុក ខេមា មាន​ប្រសាសន៍​ខ្លី​ថា ករណី​នេះ​លោក​មិន​បាន​ដឹង​ថា តើ​ចៅ​សង្កាត់​នោះ​ខុស​ឆ្គង​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​តែ​រាយការណ៍​ជូន​អភិបាល​ខណ្ឌ​ឲ្យ​ជួយ​ដោះស្រាយ។

យោង​តាម​អង្គភាព​សារព័ត៌មាន ហ្វ្រេស​ញូវ (FreshNews) បាន​ចុះ​ផ្សាយ​ថា ក្រោយ​ជូន​របាយការណ៍ និង​សុំ​ចាត់​វិធានការ​បន្ទាន់​នោះ អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ធ្ងន់ៗ និង​ព្រមាន​ខ្លាំងៗ​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ភាព​មិន​ប្រក្រតី​របស់​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ហិប​មូលនិធិ​ដើម្បី​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នា​ពេល​នេះ។

លោក​អភិបាល​ខណ្ឌ​ចាត់​ទុក​ថា ការ​ធ្វើ​បែប​នេះ​របស់​ចៅ​សង្កាត់​ថ្មី​សង្កាត់​ទួលសង្កែ រំលោភ​លើ​ច្បាប់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់។

ទោះ​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន​ទេ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ក៏​បាន​រិះគន់​ខ្លាំងៗ​លើ​ចៅ​សង្កាត់​រូប​នោះ​តាម​អង្គភាព​សារព័ត៌មាន​ហ្វ្រេស​ញូវ​ដែរ​ថា បញ្ហា​នេះ គឺ​ជា​ទម្រង់​ពុក​រលួយ​យ៉ាង​ច្បាស់​ក្រឡែត ដែល​ចៅ​សង្កាត់​ថ្មី​មក​ពី​គណបក្ស​ប្រឆាំង​បាន​អនុវត្ត​រំលោភ​ច្បាប់ និង​ជំនឿ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ អាស៊ីសេរី ក៏​មិន​អាច​សាកសួរ​លោក សុខ ឥសាន បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន។

ជា​ការ​ឆ្លើយតប ចៅ​សង្កាត់​ទួលសង្កែទី២ លោក សំ ជឿន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់ និង​ការ​ព្រមាន​ចាត់​វិធានការ​នេះ គឺ​មាន​លក្ខណៈ​នយោបាយ និង​ចង់​ធ្វើ​បាប​រូប​លោក«រឿង​នេះ​គេ​ចង់​ធ្វើ​បាប​ខ្ញុំ​ទេ ព្រោះ​កិច្ចការ​នេះ​វា​មិន​មែន​ការពិត​ទេ ព្រោះ​វា​គ្មាន​អី​ត្រូវ​ធ្ងន់​ស្រាល​ឯណា ដោយ​គ្រាន់​តែ​ដាក់​កេះ​នៅ​ក្នុង​សាលា​សង្កាត់ ហើយ​មិន​ទាន់​ប្រមូល​លុយ​ផង ហើយ​ទៅ​ថា​ខ្ញុំ​ពុក​រលួយ​អ៊ីចឹង។ វា​អត់​ត្រូវ​ទេ មួលបង្កាច់​ខ្ញុំ​ទាំងស្រុង ដែល​ជា​រូបភាព​នយោបាយ​ពិតប្រាកដ​ហើយ។ បើ​យើង​មើល​ទៅ មិន​មែន​ជួយ​គ្នា មិន​មែន​សហការ​គ្នា​ទេ ធ្វើ​ការ​អ៊ីចឹង​នោះ»

នេះ​គឺ​ជា​ករណី​ថ្មី​មួយ​ទៀត​ដែល​ចៅ​សង្កាត់​បក្ស​ប្រឆាំង ត្រូវ​រង​ការ​ចោទ​ប្រកាន់ និង​រង​ការ​ព្រមាន​ចាត់​វិធានការ​ធ្ងន់ៗ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ខណៈ​ដែល​មេ​ឃុំ-ចៅ​សង្កាត់​បក្ស​កាន់​អំណាច​អាច​ធ្វើ​ការ​នៅ​សុខ​ជា។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ដាក់​ហិប​មូលនិធិ​សប្បុរសជន​នោះ គឺ​មិន​ខុស​ច្បាប់​នោះ​ទេ ឲ្យ​តែ​មាន​កម្មវត្ថុ​ច្បាស់លាស់ និង​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត។ លោក​បន្ត​ថា ឃុំ-សង្កាត់​មាន​សិទ្ធិ​ស្វែងរក​ថវិកា​អភិវឌ្ឍ​មូលដ្ឋាន ដែល​គេ​ហៅ​ថា ទុន​បដិភាគ ហើយ​សាលា​ខណ្ឌ​គ្មាន​សិទ្ធិ​ណា​មួយ​រារាំង​ទេ«បើ​ជា​ការ​លូក​ដៃ​របស់​ខណ្ឌ វា​អាច​មាន​រូបភាព​ពីរ គឺ​ទី​១ រឿង​នយោបាយ។ ទី​២ ខណ្ឌ​ខ្លួន​ឯង​វា​អាច​រំលោភ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​ដែរ ហើយ​វា​ផ្ទុយ​នឹង​បញ្ញត្តិ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ឃុំ-សង្កាត់​ហ្នឹង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បង្កើត​មូលនិធិ​របស់​ខ្លួន កៀរគរ​ធនធាន​ពី​មូលដ្ឋាន ហើយ​ដើម្បី​យក​ទៅ​រួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៅ​សង្កាត់​ហ្នឹង»

ទន្ទឹម​គ្នា​នេះ លោក សន ជ័យ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​សំខាន់ៗ​ដើម្បី​ធានា​តម្លាភាព ជៀសវាង​ការ​ចោទ​ប្រកាន់​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live