Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពត​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន

$
0
0

គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កំពត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​ប្រព័ន្ធ​វាស់​ស្ទង់​កម្ពស់​ទឹក​ជំនន់​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។

បើ​ទោះ​ជា​ស្ថានភាព​ទឹក​បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​តាម​ក្រុង និង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កំពត ប៉ុន្តែ​ស្ថានភាព​ទឹក​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​កំចាយ នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា។ តាម​រយៈ​ហ្វេសប៊ុក (facebook) របស់​រដ្ឋបាល​សាលា​ខេត្ត​កំពត បញ្ជាក់​ថា កម្ពស់​ទឹក​នៅ​លើ​ទំនប់​វារីអគ្គិសនី​កំចាយ មាន​កម្ពស់ ១៤៩​ម៉ែត្រ ខណៈ​ដែល​ភូមិ​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ទឹកឈូ បាន​រង​ការ​លិច​ជា​បណ្ដើរៗ​ហើយ។

អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ​កុំ​ឲ្យ​លេង​ទឹក និង​ត្រូវ​ត្រៀម​រៀបចំ​សម្ភារៈ​មធ្យោបាយ​ធ្វើ​ដំណើរ ស្បៀង​អាហារ និង​សត្វ​ពាហនៈ។

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត មិន​បាន​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀង​ដែល​បណ្ដាល​ឲ្យ​លិច​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ទឹកឈូ តាម​ដង​មាត់​ព្រែក​កំពត ដោយសារ​ការ​បើក​ទ្វារ​ទឹក​បង្ហូរ​ពី​វារីអគ្គិសនី​នៅ​លើ​ភ្នំ​កំចាយ ឬ​យ៉ាង​ណា​នោះ​ទេ ហើយ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្ដា បាន​ដែរ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ដោយ​លោក​ប្រាប់​ថា​ឲ្យ​ចាំ​មើល​តាម​ហ្វេសប៊ុក។

អ្នក​ភូមិ​នៅ​ឃុំ​កំពង់ក្រែង ស្រុក​ទឹកឈូ ប្រាប់​ថា ទំនប់​វារីអគ្គិសនី​កំចាយ បាន​បើក​ទ្វារ​បង្ហូរ​ទឹក​ពី​ភ្នំ​កំចាយ តាំង​ពី​យប់​ថ្ងៃ​ទី​២៥ កក្កដា មក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទឹក​ឡើង​លិច​ភូមិ។ អ្នក​ភូមិ​ប្រាប់​ថា ពួក​គាត់​បាន​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​យ៉ាង​តិច​ណាស់ ៣​ដង​កាល​ពី​យប់​ថ្ងៃ​ទី​២៥ កក្កដា ដោយ​ម្ដង​នៅ​ម៉ោង ១០​យប់ ម្ដង​ទៀត​ម៉ោង ១១​យប់ និង​ម៉ោង ២​រំលង​អធ្រាត្រ​ម្ដង​ទៀត។

ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា ថា មាន​ពលរដ្ឋ​ជាង ២០០​គ្រួសារ​ក្នុង​ស្រុក​ទឹកឈូ បាន​រង​ការ​ប៉ះពាល់​តិចតួច​នៅ​ឡើយ​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពត។ លោក​ស្នងការ​បន្ត​ថា បើ​សិន​ភ្លៀង​នៅ​តែ​បន្ត​ទៀត ក្រុង​កំពត ប្រឈម​នឹង​ការ​លិច ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​បាន​ណែនាំ​ដល់​ប៉ុស្តិ៍​ប៉ូលិស​ឲ្យ​ត្រៀម​ជួយ​ពលរដ្ឋ​រងគ្រោះ និង​ណែនាំ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ក្មេង​តូចៗ​លេង​ទឹក៖ «បើ​សិន​ណា​មេឃ​នៅ​តែ​ភ្លៀង អា​ហ្នឹង​ពិបាក​ដែរ តែ​បើ​សិន​មេឃ​រាំង​លែង​ភ្លៀង មិន​អី​ទេ។ បាន​ត្រៀម​ទូក ត្រៀម​អី​សម្រាប់​ដឹក​ជញ្ជូន​ពួក​គាត់ ស្បៀង ប្រសិន​ណា​បើ​វា​លិច​ដូច​ពីរ​ឆ្នាំ​មុន អា​ហ្នឹង​យើង​ដើម្បី​ជួយ​ពួក​គាត់។ ណែនាំ​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ពួក​យើង​ហើយ ឲ្យ​ប្រាប់​ពួក​គាត់ សំខាន់​បំផុត​គឺ​ក្មេង​តូចៗ ហើយ​ទី​២ គឺ​សត្វ​ពាហនៈ។ ពួក​គាត់​ឲ្យ​យក​មក​ទីទួល​សុវត្ថិភាព ពីព្រោះ​ភ្លៀង​បី​បួន​ប្រាំ​ថ្ងៃ​ហ្នឹង​អត់​ឈប់​សោះ ភ្លៀង​រហូត។ ចឹង​ប្រសិន​ណា​ភ្លៀង​នៅ​ធ្លាក់​ចឹង វា​បញ្ហា​ប្រឈម​សម្រាប់​ខេត្ត​កំពត យើង​ដែរ»

ភ្លៀង និង​ខ្យល់​កន្ទ្រាក់​បាន​ធ្លាក់​ជាប់​នៅ​ខេត្ត​កំពត ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​នេះ។ ទឹក​សមុទ្រ​នៅ​ព្រែក​កំពត​ម្ដុំ​មុខ​សាលា​ខេត្ត បាន​ហក់​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ទី​២៦ កក្កដា គឺ​សល់​តែ​កន្លះ​ម៉ែត្រ​ទៀត នឹង​លិច​ចូល​ក្នុង​ក្រុង​កំពត ខណៈ​ដែល​ត្រើយ​ម្ខាង​ទៀត​នៃ​ក្រុង​កំពត ទឹក​បាន​ជន់​លិច​ជា​បណ្ដើរៗ​ហើយ។ ចំណែក​អ្នក​នេសាទ​តាម​សមុទ្រ បាន​ផ្អាក​សកម្មភាព​នេសាទ​នៅ​សមុទ្រ​ជាច្រើន​ថ្ងៃ​មក​ហើយ។

សាលា​ខេត្ត​កំពត ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​បង្ការ​ក្នុង​ពេល​មាន​ការ​ហូរ​គំហុក​ទឹក​ភ្លៀង​នៅ​ព្រែក​កំពត និង​ទឹកឈូ ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ្រូពេទ្យ​ចិន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​សៀមរាប

$
0
0

ក្រុម​គ្រូពេទ្យ​មនុស្សធម៌​ស្ម័គ្រចិត្ត​ជា​ច្រើន​នាក់ មក​ពី​ខេត្ត​ហៃណាន (Hainan) ប្រទេស​ចិន បាន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រយៈពេល ៣​ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​មិន​គិត​ថ្លៃ។ ក្រុម​គ្រូពេទ្យ​ចិន ទាំង​នោះ​បាន​ចាប់​ផ្ដើម​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាយ​ភ្នែក នៅ​ក្នុង​មន្ទីរពេទ្យ​ភ្នែក នៃ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប គឺ​លោក ប៉ែន ផល្គុន។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា ថា វត្តមាន​របស់​ក្រុម​គ្រូពេទ្យ​ចិន ដែល​មក​ជួយ​ព្យាបាល​ជំងឺ​បាយ​ភ្នែក ឱ្យ​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​កិច្ច​សហការ​រវាង​អាជ្ញាធរ​ខេត្ត​ហៃណាន របស់​ប្រទេស​ចិន និង​អាជ្ញាធរ​ខេត្ត​សៀមរាប។

លោក ប៉ែន ផល្គុន យល់​ថា ​ភ្នែក​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ បន្ទាប់ពី​ជីវិត ហើយ​ភាព​សុខសាន្ត ព្រម​ទាំង​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​គ្រប់​រូប ក៏​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ភ្នែក​មើល​ឃើញ​ដែរ។ ដូច្នេះ​ការ​ព្យាបាល​ភ្នែក ដែល​មាន​បញ្ហា​ឱ្យ​មើល​ឃើញ​វិញ គឺ​មាន​គុណ​តម្លៃ​ខ្ពស់​បំផុត៖ «វត្តមាន​របស់​គ្រូពេទ្យ​ចិន ពិសេស​គឺ​ជួយ​វះកាត់​បាយ​ភ្នែក ឱ្យ​ពលរដ្ឋ​កម្ពុជា បែប​នេះ​គឺ​ជា​ការ​ចូលរួម​ដ៏​សំខាន់ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​យុទ្ធសាស្ត្រ​នៃ​ការ​ទប់ស្កាត់​ភាព​ពិការ​ភ្នែក​ដល់​មនុស្ស​ចាស់»

ចំណែក​ក្រុម​វេជ្ជបណ្ឌិត​ចិន មិន​បាន​ធ្វើ​ការ​អធិប្បាយ​ចំពោះ​ការ​បញ្ជូន​គ្រូពេទ្យ​ជា​ច្រើន​នាក់​មក​ជួយ​ព្យាបាល និង​វះកាត់​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នោះ​យ៉ាង​ណា​ទេ។ នៅ​ក្នុង​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​ព្យាបាល​ភ្នែក​នោះ ក្រុម​គ្រូពេទ្យ​ចិន គ្រាន់តែ​សរសេរ​ថា ចិន និង​កម្ពុជា គឺ​ជា​អ្នក​ជិត​ខាង​ល្អ​ដែល​ស្រឡាញ់​គ្នា​ដូចជា​បង​ប្អូន គឺ​ជា​មិត្ត​ល្អ​ស្មោះត្រង់ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​តាម​បណ្ដា​ស្រុក​នានា និង​ពី​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​នឹង​ខេត្ត​សៀមរាប រាប់​រយ​នាក់ បាន​ស្កាត់​មក​ពិនិត្យ និង​ព្យាបាល​ភ្នែក ជាមួយ​គ្រូពេទ្យ​ចិន រយៈពេល ២​ថ្ងៃ​មក​ហើយ។

អ្នកស្រី អ៊ាម សេង អាយុ ៦៧​ឆ្នាំ ដែល​ខំ​ស្កាត់​មក​តាំង​ពី​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ជំងឺ​ភ្នែក​ដក់​ទឹក និង​ឡើង​បាយ​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ។ អ្នកស្រី​ខំ​ស្កាត់​ដើម្បី​ឱ្យ​គ្រូពេទ្យ​ចិន ជួយ​ព្យាបាល​ភ្នែក​ដោយ​រំពឹង​ថា វា​នឹង​ធ្វើ​ឱ្យ​ភ្នែក​របស់​គាត់​អាច​មើល​អ្វីៗ​ឃើញ​ច្បាស់​ឡើង​វិញ៖ «វា​ចេះតែ​ស្រវាំង​ហើយ​រមាស​ភ្នែក​ខាង​ស្ដាំ រួច​ហើយ​ព្រិល​មើល​មិន​ច្បាស់​តែម្ដង។ មើល​ទៅ​ស្រវាំង​ដូច​ស្អី​បាំង​អ៊ីចឹង មើល​គេ​មិន​ស្គាល់​ទេ»

នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​គ្រូពេទ្យ​ចិន ខេត្ត​ហៃណាន បាន​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ។ កាល​ពី​ឆ្នាំ​២០១៦ ក្រុម​គ្រូពេទ្យ​ចិន​នេះ ធ្លាប់​មក​ព្យាបាល​ជំងឺ​បាយ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម ដោយ​ជួយ​វះកាត់​ជំងឺ​បាយ​ភ្នែក​ដោយ​ជោគជ័យ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ៣០០​នាក់។

​របាយការណ៍​សហគមន៍​សុខភាព​ភ្នែក (Community Eye Health) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ២​ម៉ឺន ៨​ពាន់​នាក់ គឺ​មាន​បញ្ហា​សុខភាព​ភ្នែក​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ផ្ទាំង​កញ្ចក់​របស់​កែវ​ភ្នែក​ចុះ​ខ្សោយ។

ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់ ចាប់​ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ ប្រមាណ ២​លាន​នាក់ គឺ​មាន​បញ្ហា​ជំងឺ​ភ្នែក​ប្រហែល ៦០%  ដែល​ត្រូវការ​ព្យាបាល​ចាំបាច់​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ប៉ះពាល់​ដល់​គ្រប់​បក្ស​នយោបាយ​និង​អភិបាលកិច្ច"

$
0
0

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​នោះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រង​សម្ពាធ​ផ្នែក​នយោបាយ ដោយ​ទទួល​ស្គាល់​ច្បាប់​នេះ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ។ អ្នកច្បាប់​មើល​ឃើញ​ថា ច្បាប់​នេះ​គឺ​ជា​ច្បាប់​ដែល​មិន​បម្រើ​ដល់​ប្រយោជន៍​ប្រទេស​ជាតិ និង​ជា​ច្បាប់​អាក្រក់​ហួសហេតុ តែ​បែរ​ជា​តំណាងរាស្ត្រ ព្រឹទ្ធសភា​ឯក​បក្ស និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ ហើយ​ទទួល​ស្គាល់​ដោយ​បិទ​ផ្លូវ​តវ៉ា។

​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី គឺ​ជា​ច្បាប់​មួយ​ដែល​អ្នក​វិភាគ​លើក​ឡើង​ថា បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ​ជា​ច្បាប់​មាន​ចរិត​នយោបាយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ និង​អភិបាលកិច្ច ដែល​មិន​ឆ្លុះ​បញ្ចាំង​ច្បាប់​មួយ​សម្រាប់​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ និង​បិទ​ផ្លូវ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា។ នៅ​ស្រប​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ច្បាប់​នេះ គណបក្ស​ប្រឆាំង​វិញ ក៏​បើក​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​មក​ពី​គ្រប់​ខែត្រ​ក្រុង​ដើម្បី​សម្រេច​ដក​រូប​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ចាប់​ដៃ​គ្នា​លើក​ឡើង​លើ​ជាមួយ​លោក កឹម សុខា នោះ ចេញ​ពី​​ស្លាក​គណបក្ស និង​ដាក់​ជំនួស​មក​វិញ​នូវ​ពាក្យ​ស្លោក​ថា៖ «រួម​គ្នា​សង្គ្រោះ​ជាតិ​យើង»។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ទោះបីជា​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ​ក្ដី ក៏ប៉ុន្តែ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ គេ​មើល​ឃើញ​ពី​ចេតនា​របស់​បក្ស​កាន់​អំណាច​ចង់​គាបសង្កត់ និង​ធ្វើ​បាប​បក្ស​ប្រឆាំង ពីព្រោះ​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដោយ​ឯក​បក្ស​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ កែប្រែ​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​គណបក្ស និង​លើក​ទី​២ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ឯក​បក្ស​ជា​ថ្មី​ម្ដង​ទៀត មិន​ឲ្យ​មាន​រូបថត​ទណ្ឌិត​នៅ​លើ​ស្លាក​គណបក្ស​នយោបាយ​ជាដើម។ បើសិនជា​គណបក្ស​នយោបាយ​ណា​មួយ​មិន​គោរព​តាម​ច្បាប់​នេះ តុលាការ​នឹង​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

ក្រៅ​ពី​នេះ​ទៀត សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ទាំង​ពីរ​លើក​ដោយ​គ្មាន​ការ​ជំទាស់ ឬ​កែប្រែ​ខ្លឹមសារ​ណា​មួយ​នោះ នៅ​ស្រប​ពេល​ព្រះមហាក្សត្រ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ដោយ​ទុក​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​គឺ​លោក សាយ ឈុំ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ធរមាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ច្បាប់​នេះ​ម្ដង​ជា​ពីរ​ដង​នោះ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្ថិត​នៅ​ក្រោម​សម្ពាធ​​អ្នក​នយោបាយ៖ «ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក​ប្រហែល​ជា​លោក​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ពី​ផល​ប៉ះពាល់​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​នៅ​ថ្ងៃ​ក្រោយ​ទៀត។ ប្រហែល​ជា​លោក​ពិនិត្យ​មើល​គោលការណ៍ ច្បាប់​រង​ឥទ្ធិពល​របស់​អ្នក​នយោបាយ»

អ្នកនាំពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ខាង​ព្រះបរមរាជវាំង​មិន​ទាន់​ជូន​ដំណឹង ឬ​រៀបចំ​ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​នៅ​ឡើយ​ទេ៖ «សម្ដេច សាយ ឈុំ លោក​ចុះ​ហត្ថលេខា​ក្នុង​នាម​ប្រទាន​សិទ្ធិ​ពី​ព្រះមហាក្សត្រ អ៊ីចឹង​ខាង​ព្រះបរមរាជវាំង​ជា​អ្នក​រៀបចំ»

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា តាម​លោក​ដឹង សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ នឹង​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​សប្ដាហ៍​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា បើ​គិត​តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​នយោបាយ រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ធ្វើ​ច្បាប់​មាន​បំណង​ពីរ ទី​១ ការ​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​ណា​មួយ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទី​២ ការ​ធ្វើ​ច្បាប់​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​បក្សពួក ឬ​បក្ស​កាន់​កំពុង​កាន់​តែ​អំណាច​តែប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី បាន​លើក​ជា​ចម្ងល់​ថា ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​ដង​នេះ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង? លោក​បន្ត​ថា ចំពោះ​ការ​ទទួល​ស្គាល់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដោយ​គ្មាន​ការ​កែប្រែ​នេះ គឺ​ជា​រឿង​ចម្លែក​មួយ៖ «បញ្ញវន្ត​វិញ​កាល​ណា​យក​ឯកសារ​អី​មួយ​មក​ពិនិត្យ អត់​មាន​ការ​កែប្រែ​នោះ មាន​ពីរ។ ទី​១ អាច​មាន​ភាព​លំអៀង ទោះ​ជា​គេ​ឲ្យ​មើល​អ្វី​ក៏​មិន​ចេះ​ខុស​ដែរ ទី​២ គាត់​គ្មាន​សមត្ថភាព អ៊ីចឹង​ទើប​មើល​មិន​ឃើញ​ចេះ​ខុស»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នរណា​ក៏​ដឹង​ដែរ​ថា ជា​ការ​កែប្រែ​ដើម្បី​តម្រូវ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បិទ​ផ្លូវ​លោក សម រង្ស៊ី ឲ្យ​ចាក​ឆ្ងាយ​ពី​ជីវិត​នយោបាយ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ពិធី​ខួប​លើក​ទី​៦៦ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ដល់​តំណាងរាស្ត្រ​របស់​លោក​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ឌឺដង​ឲ្យ​លោក សម រង្ស៊ី ថា បើ​ចិត្ត​សឿង​ចូល​ស្រុក​វិញ​ជាដើម៖ «កុំ​ឲ្យ​អ្នក​ទោស​ធ្វើ​សកម្មភាព​របៀប​នេះ ព្រោះ​រឿង​នេះ​ជា​រឿង​ផ្លូវ​ច្បាប់ មិន​អាច​លេង​សើច​បាន​ទេ​នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ យើង​មិន​ខ្លាច​អ្នក​ទេ ក៏ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​អ្នក​មក​ច្របូកច្របល់​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ជាតិ ប៉ុន្តែ​បើ​អ្នក​ចិត្ត​សឿង​អញ្ជើញ​ចូល​ប្រទេស​មក»

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ មិន​មែន​តែ​ប៉ះពាល់​តែ​លើ​លោក សម រង្ស៊ី តែ​ម្នាក់​នោះ​ទេ អ្នក​វិភាគ​លើក​ឡើង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​ទាំង​មូល និង​បក្ស​ផ្សេង​ទៀត ពិសេស​ការ​ដោះដូរ​ស្លាក​សញ្ញា​ចាស់​ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចោល ហើយ​ផ្លាស់ប្ដូរ​ធ្វើ​ថ្មី​វិញ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ដក​ស្លាក​គណបក្ស​ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​នេះ​ចេញ​ពី​គ្រប់​ខែត្រ ក្រុង និង​ដាក់​ស្លាក​សញ្ញា​ថ្មី​នេះ យ៉ាង​យូរ​បំផុត​នៅ​ចុង​ខែ​កញ្ញា ខាង​មុខ គឺ​មុន​កាលកំណត់​នៃ​ច្បាប់​ដែល​ទុក​ពេល​ឲ្យ​រុះរើ​ចេញ​រយៈពេល​បី​ខែ​នោះ។

ចំពោះ​បញ្ហា​ថវិកា​វិញ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ធ្វើ​ស្លាក​ថ្មី​ដែល​មាន​ពាក្យស្លោក «រួម​គ្នា​សង្គ្រោះ​ជាតិ​យើង» ដែល​ដាក់​នៅ​គ្រប់​ខែត្រ​ក្រុង​នោះ គឺ​ជា​បន្ទុក​របស់​ប្រធាន​បក្ស​ខែត្រ មិន​មែន​ប្រើប្រាស់​ថវិកា​បក្ស​ទេ គឺ​ថវិកា​អ្នក​គាំទ្រ​ដែល​ធ្វើ​ស្លាក​គណបក្ស​នៅ​តាម​តំបន់​នីមួយៗ៖ «ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​ច្រក​ល្ហក​ទូទាំង​ប្រទេស​ហ្នឹង យើង​អត់​ដឹង​ចំនួន​ទេ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​គេ​ជួយ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​អភិបាលកិច្ច​ដែល​សំដៅ​ដល់​ការ​គ្រប់គ្រង​រដ្ឋ៖ «ទាក់ទង​នឹង​របៀប​គ្រប់គ្រង ចាត់​ចែង​រដ្ឋ​ហើយ​អ៊ីចឹង មាន​ន័យ​ថា សំឡេង​របស់​គណបក្ស​នយោបាយ សេរីភាព​របស់​បុគ្គល​ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នេះ ត្រូវ​បាន​រឹត​បន្តឹង​ហើយ ពិត​ជា​ប៉ះពាល់​ធាតុ​មួយ​សំខាន់​នៃ​អភិបាលកិច្ច​នេះ គេ​ហៅ​ថា រូបវន្តបុគ្គល ឬ​ជីវភាព​នយោបាយ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា ច្បាប់​នេះ​លោក​មិន​គិត​ថា នឹង​មាន​ផល​ប៉ះពាល់​អ្វី​ទេ​នៅ​ពេល​អនុវត្ត ក៏​ប៉ុន្តែ​ច្បាប់​នេះ មាន​គោលបំណង​សំខាន់​ដើម្បី​រារាំង​មិន​ឲ្យ​ទណ្ឌិត​ដឹក​នាំ​គណបក្ស​នយោបាយ៖ «ពាក្យ​ថា​ទណ្ឌិត មនុស្ស​មាន​ទោស វា​អស់​សិទ្ធិ​ទៅ​ហើយ និយាយ​ឲ្យ​ចំ​ទៅ គ្មាន​សិទ្ធិ​ទេ មាន​តែ​សិទ្ធិ​ស៊ី​បាយ និង​សិទ្ធិ​នៅ​ក្នុង​គុក​ប៉ុណ្ណោះ​ទេ»

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នក​ច្បាប់​មួយ​ចំនួន​ចាត់​ទុក​ច្បាប់​នេះ​ជា​ច្បាប់​អាក្រក់​ហួសហេតុ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ។ រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ចំពោះ​គណបក្ស​ប្រឆាំង​វិញ​ចាត់​ទុក​ច្បាប់​នេះ​ថា ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ ព្រម​ទាំង​មាន​ចរិត​នយោបាយ​គាប​សង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ មិន​សេរី និង​មិន​យុត្តិធម៌ ជាពិសេស​នឹង​ដើរ​ផ្ទុយ​ពី​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ត្រូវ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​ពន្យារ​ពេល​ប្រកាស​សាលដីកា​ករណី​អ្នកស្រី ទេព វន្នី ទៅ​ខែ​ក្រោយ

$
0
0

ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ពន្យារ​ពេល​ប្រកាស​សាលដីកា ទៅ​ខែ​ក្រោយ​គឺ​ថ្ងៃ​ទី៨ ខែ​សីហា លើ​សំណុំ​រឿង​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ ជុំវិញ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣។

ការ​ប្រកាស​ពន្យារ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី២៧ កក្កដា លើ​បណ្ដឹង​ជំទាស់​របស់​អ្នកស្រី ទេព វន្នី ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ

ចំណែក​នៅ​ខាង​ក្រៅ​របង​នៃ​សាលាឧទ្ធរណ៍ ពលរដ្ឋ​មាន​ជម្លោះ​រ៉ាំរ៉ៃ​ដោយ​សារ​ដី​ធ្លី ប្រមាណ​១០០​នាក់ មក​ពី​សហគមន៍​បុរីកីឡា ភ្នំបាត បឹងកក់ និង​សហគមន៍​ឡពាង​ពី​ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​លើក​បដា​តវ៉ា ទាមទារ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី ទេព វន្នី។

កាល​ពី​ថ្ងៃទី២៣ កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​សន្តិសុខ​ពីរ​នាក់​ជា​ដើម​បណ្ដឹង ចំនួន​៩​លាន​រៀល ក្រោម​បទ​ចោទ​ ប្រើ​ហិង្សា នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ តាម​មាត្រា​ ២១៧ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​១១​អម្បូរ​ប្ដេជ្ញា​ជួយ​សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី

$
0
0

ជនជាតិ​ដើម​ភាគ​តិច ១១​អម្បូរ មក​ពី​ខែត្រ​ចំនួន ៧ បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ជួយ​សហគមន៍​រង​គ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​គ្រា​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង។ ពួកគាត់​សន្យា​ថា នឹង​សាមគ្គី​គ្នា​ក្នុង​នាម​ជនជាតិ​ដើម​ភាគ​តិច​ដូច​គ្នា ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពី​ភូមិ​កំណើត​ដែល​ពួកគាត់​ចាត់​ទុក​ថា នាំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច។

ជន​ជាតិ​ដើម​ភាគ​តិច ១១​អម្បូរ​មក​ពី​ខែត្រ​ចំនួន ៧ រួម​មាន​ខែត្រ​រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និង​ខែត្រ​ស្ទឹងត្រែង ប្រមាណ​ជាង ២០០​នាក់ ប្រកាន់​ជំហរ​គាំទ្រ​ជនជាតិ​ដើម​ភាគ​តិច​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។ ពួកគាត់​ចាត់​ទុក​ថា ការ​ចាក​ចេញ​ពី​លំនៅឋាន​នាំ​ឲ្យ​បាត់បង់​ប្រពៃណី​វប្បធម៌ ដីធ្លី ផ្ទះសម្បែង ព្រៃឈើ និង​ទន្លេ​ដែល​ជា​ប្រភព​អាហារ និង​ប្រាក់​ចំណូល​មិន​ចេះ​រីង​ស្ងួត។ ការ​ប្រកាស​ជំហរ​នេះ​ធ្វើ​ឡើង ក្នុង​ពិធី​សែន​ព្រេន​ដែល​ប្រារព្ធ​នៅ​ឃុំ​ក្បាលរមាស​ចាស់ នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ដែល​មាន​មនុស្ស​ចូល​រួម​ជាង ២០០​នាក់ បើ​ទោះ​បី​ជា​កងកម្លាំង​ប្រដាប់អាវុធ​ចម្រុះ​ខែត្រ​ស្ទឹងត្រែង បាន​ឈរ​ជើង​ឈាម​តឹងរ៉ឹង​នៅ​តំបន់​នោះ និង​បាន​រារាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ពីរ​រូប​មិន​ឲ្យ​ចូល​រួម​ពិធី​នោះ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព​ក្ដី។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ មក​ពី​ខែត្រ​ព្រះវិហារ លោកស្រី ទេព ទឹម ថ្លែង​ថា ទុក្ខ​ព្រួយ​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ក៏​ជា​ក្ដី​កង្វល់​របស់​ពួកគាត់​ហេតុ​នេះ​ពួកគាត់​តស៊ូ​រួម​គ្នា ក្រាញននៀល​ចូល​តំបន់​នោះ បើ​ទោះ​បី​ជា​សមត្ថកិច្ច​ចម្រុះ​បាន​យាម​មិន​ឲ្យ​ពួកគាត់​ចូល​ក្តី។ លោកស្រី​បញ្ជាក់​ថា ហេតុផល​ដែល​ពួកគាត់​មក​តំបន់​នោះ ដើម្បី​ជួយ​កាប់​ឫស្សី​បណ្ដែត​ក្បូន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយ​យុត្តិធម៌ មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាមកំហែង​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទេ៖ «សុំ​ឲ្យ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទៅ​លើ​ការ​រស់​នៅ​របស់​ពួក​យើង ដោយ​មិន​ត្រូវ​មាន​ការ​គំរាមកំហែង បណ្ដេញ​ចេញ​ពី​ភូមិ​កំណើត​របស់​ពួក​យើង​ទេ»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខែត្រ​មណ្ឌលគិរី លោក ក្រើង តុលា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា ពួកគាត់​មក​ទីនេះ​ដើម្បី​ជួយ​លើកទឹកចិត្ត​ជនជាតិ​ដើម​ភាគតិច កំពុង​រង​ទុក្ខ​វេទនា ត្បិត​ភូមិ​កំណើត ផ្ទះសម្បែង​របស់​ពួកគាត់​ឋិត​ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លោក​ព្រួយ​បារម្ភ​ពី​ស្ថានភាព​លំបាក​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​បដិសេធ​មិន​ទទួល​សំណង ដែល​ត្រូវ​បាន​អាជ្ញាធរ​មើល​រំលង​មិន​ផ្ដល់​សេវា​សាធារណៈ រួម​មាន​សាលា​គ្មាន​គ្រូបង្រៀន កុមារ​ប្រមាណ ៨០​នាក់​បោះបង់​ការ​សិក្សា គ្មាន​សេវា​សុខាភិបាល និង​គ្មាន​សេវា​ទូរស័ព្ទ៖ «ខ្ញុំ​សុំ​ប្ដេជ្ញា​ចិត្ត​ថា យើង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ចង​ជា​បាច់ ដើម្បី​ទាមទារ​អ្វី​ដែល​ម្ចាស់​ភូមិ​គាត់​ចង់​បាន គឺ​គាត់​មិន​ចាកចេញ។ បច្ចុប្បន្ន​យើង​មាន​បណ្ដាញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ យើង​ចាប់​ផ្ដើម​និយាយ​ពី​បញ្ហា។ បញ្ហា​មាន​ន័យ​ថា ភូមិ​នេះ​មាន​បញ្ហា​យើង​ចាប់​ផ្ដើម​និយាយ​ភាសា​ម៉េច​ដើម្បី​ជួយ​ទប់​ស្កាត់»

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្បាលរមាស ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកទន្លេ​ឡើង​ប្រមាណ ៣​តឹក ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ចំណែក​នៅ​ឃុំ​ស្រែគរ ឡើង​ជាង ៣​តឹក បើ​ធៀប​កម្ពស់​ទឹក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ក្បាលរមាស ដែល​បដិសេធ​មិន​ចាក​ចេញ​ពី​ភូមិ​កំណើត កញ្ញា ជឿន ស្រីមុំ ឲ្យ​ដឹង​ថា ការ​សែនព្រេន​ជា​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ដើម្បី​សុំ​សេចក្ដី​សុខ និង​ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នក​តា​ម្ចាស់​ទឹកដី​ជួយ​អភិរក្ស​ភូមិ​កំណើត ផ្ទះសម្បែង និង​ដី​ព្រៃ​ជំនឿ​ជាដើម​ដែល​កំពុង​ប្រឈម​នឹង​ការ​លិច​ទឹក។

កញ្ញា​ប្រកាស​ជំហរ​ថា នឹង​មិន​ចាកចេញ​ពី​ភូមិ​កំណើត និង​មិន​ចរចា​រឿង​សំណង​ជាមួយ​ក្រុមហ៊ុន​ដរាប​ណា​ទឹក​មិន​ទាន់​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ពួកគាត់​ទេ។ កញ្ញា​បញ្ជាក់​ថា ប្រសិនបើ​ទឹក​ពន្លិច​ភូមិ​ឋាន​នាំ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ ដី​ស្រែ និង​ធនធាន​ធម្មជាតិ​របស់​ពួកគាត់ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ៖ «ខ្ញុំ​សុំ​ប្ដេជ្ញា​ចិត្ត​ថា យើង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ចង​ជា​បាច់ ដើម្បី​ទាមទារ​អ្វី​ដែល​ម្ចាស់​ភូមិ​គាត់​ចង់​បាន គឺ​គាត់​មិន​ចាកចេញ។ បច្ចុប្បន្ន​យើង​មាន​បណ្ដាញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ យើង​ចាប់​ផ្ដើម​និយាយ​ពី​បញ្ហា។ បញ្ហា​មាន​ន័យ​ថា ភូមិ​នេះ​មាន​បញ្ហា​យើង​ចាប់​ផ្ដើម​និយាយ​ភាសា​ម៉េច​ដើម្បី​ជួយ​ទប់​ស្កាត់»

​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​បិទ​ទ្វារ​ទំនប់​ទឹក​ចំនួន​ពីរ​ជា​ដំបូង​នេះ មាន​អ្នក​ភូមិ​ស្រែគរ ចំនួន ៤​គ្រួសារ​ថ្មី​ទៀត បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ​ដែល​បន្ត​រស់​នៅ ប្រសិន​ទឹក​លិច​ផ្ទះសម្បែង ឬ​ភូមិ​នៅ​ពេល​ខាង​មុខ។

អគ្គលេខាធិការដ្ឋាន​សម្ពន្ធ​ជនជាតិ​ដើម​ភាគ​តិច លោក ឡូ រ៉ង់ ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង ៧​ខែត្រ​ក្រុង​កំពុង​ជជែក​ពិភាក្សា​រក​មធ្យោបាយ​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នេះ តាម​រយៈ​ការ​រៃ​អង្គាស​ថវិកា​បញ្ជូន​មនុស្ស​ជួយ​កាប់​ឫស្សី​បណ្ដែត​ក្បូន និង​រៀបចំ​ពាក្យ​បណ្ដឹង​ផ្សេងៗ ប្រសិនបើ​លំនៅឋាន​ពួកគាត់​ត្រូវ​លិច។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ជនជាតិ​ដើម​ភាគតិច ជៀសវាង​ការ​បញ្ជូន​កម្លាំង​រារាំង​មិន​ឲ្យ​អង្គការ និង​ស្ថាប័ន​នានា មិន​ឲ្យ​ចុះ​មក​សួរសុខទុក្ខ និង​ជួយ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នេះ៖ «ផ្ទះ​ប្រាកដជា​លិច​ឆាប់ៗ ប្រសិនជា​ទឹក​កើន​ឡើង​ឆាប់​បែប​នេះ សម្រាប់​ពួក​យើង​នៅ​ល្ងាច​នេះ នឹង​កាប់​ឫស្សី​ផង និង​ជួយ​ធ្វើ​ជំរំ បោះតង់​ឲ្យ​គាត់​ផង។ នេះ​ជា​ជម្រើស និង​តម្រូវ​ការ​បន្ទាន់»

គិត​ត្រឹម​ថ្ងៃ​ទី​២៥ កក្កដា ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ពីរ នៅ​ខែត្រ​ស្ទឹងត្រែង បាន​បិទ​ទ្វារ​ទឹក​សាកល្បង ១២​ថ្ងៃ​ហើយ ដើម្បី​អនុវត្ត​គម្រោង​ផលិត​ថាមពល​អគ្គិសនី។ រហូត​មក​ទល់​ពេល​នេះ កម្ពស់​ទឹក​កើន​ឡើង ៦៨​ម៉ែត្រ​នៅ​ការដ្ឋាន​សាងសង់​វារីអគ្គិសនី និង​កើន​ឡើង ៦៩​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ ធៀប​រយៈកម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។ តំណាង​ក្រុមហ៊ុន​អះអាង​ថា ទឹកនឹង​ពន្លិច​ភូមិ​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ក្បាលរមាស ប្រសិនបើ​បិទ​ទ្វារ​ទឹក​ទាំង​ស្រុង។

តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​បាន ៨​ទ្វារ​ទឹក ហើយ​មន្ត្រី​បច្ចេកទេស​កំពុង​រង់ចាំ​មើល​អាកាសធាតុ ព្រោះ​បច្ចុប្បន្ន​ទឹក​ជំនន់​កំពុង​កើន​ឡើង​ពី​ខ្សែទឹក​ខាង​លើ។ លោក​ថា ក្រុមហ៊ុន​នឹង​ផ្អាក​បិទ​ទ្វារ​ទឹកជា​បណ្ដោះអាសន្ន ប្រសិន​ទឹកជំនន់​នៅតែ​បន្ត​កើន​ឡើង។

លោក​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​កំណត់​ពេល​ណា​ជាក់លាក់​ពី​គម្រោង​បិទ​ទ្វារ​ទឹក​ទាំង​ស្រុង​នោះ​ទេ ដោយសារ​មន្ត្រី​បច្ចេកទេស​កំពុង​សិក្សា​ពី​ស្ថានភាព​ទឹក និង​កត្តា​អាកាសធាតុ៖ «ចាំ​មើល​កម្ពស់​ទឹក អាកាសធាតុ​ដែល​ប្រែប្រួល​សិន ទឹក​ជំនន់​​សិន បើ​ស្រក​បាន​យើង​បិទ​ទៀត តែ​បើ​វា​នៅ​បន្ត​ឡើង​យើង​អត់​បិទ​ទៀត​ទេ»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​មិន​ជំទាស់​ការ​ប្ដេជ្ញា​ជួយ​គ្នា​របស់​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ បើ​ការ​ជួយ​នោះ​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ សង្គម និង​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការ​ខំ​ប្រឹងប្រែង​ដោះស្រាយ​ផល​ប៉ះពាល់​របស់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ដែល​កំពុង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ។ លោក​អះអាង​ថា តំបន់​នោះ​ជា​តំបន់​គ្រោះថ្នាក់ ហើយ​អាជ្ញាធរ​បាន​បញ្ជូន​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ និង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មកពី​តំបន់​ផ្សេង​ចូល​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព ខណៈ​ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​បិទ​ទ្វារ​ទឹក។

លោក​អំពាវនាវ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​តំបន់​ផ្សេង កុំ​ចូល​ទៅ​ទីតាំង​ដែល​អាជ្ញាធរ​ហាមឃាត់ ដោយសារ​តំបន់​នោះ​ហានិភ័យ​ខ្ពស់ ដ្បិត​ក្រុម​ការងារ​ខែត្រ​កំពុង​អន្តរាគមន៍​ចាំ​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «មិន​មែន​មាន​ន័យ​ថា គាត់​ជួយ​គាត់​ប្រមូល​កម្លាំង​ធ្វើ​សកម្មភាព​ដង្ហែ​ក្បូន​ក្នុង​ហ្នឹង វា​កាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​បរិយាកាស ការងារ​នៅ​កន្លែង​ហ្នឹង​មិន​ល្អ​ទេ សុំ​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​តំបន់​ផ្សេង សុំ​កុំ​ចូល​ទៅ​ទីតាំង​តំបន់​ហ្នឹង​ទៀត ចូល​ទៅ​គឺ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ច្រើន​ទៀត ដល់​ក្រុម​ការងារ​ដែល​កំពុង​អន្តរាគមន៍​ទៅ​នោះ»

ក្រុមហ៊ុន​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ជិត​រួចរាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរ​ការ​តួប៊ីន​ទី​មួយ​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ចំនួន ១២០​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់​ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាក​ចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

លោក ជូង ជូងី មេធាវី​ដែល​កម្រ​ឈ្នះ​ក្ដី

$
0
0

លោក ជូង ជូងី បាន​ប្រកប​មុខ​របរ​ជា​មេធាវី​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ រឿង​ក្ដី​ដែល​លោក​ការពារ ភាគច្រើន​ជា​រឿង​ទាក់ទង​នឹង​អ្នក​នយោបាយ ហើយ​កូន​ក្ដី​របស់​លោក​ទៀតសោត គឺ​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង សកម្មជន និង​អ្នក​តស៊ូ​មតិ ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល។

រឿង​ក្ដី​ថ្មី​ចុង​ក្រោយ​មួយ​ដែល​លោក​កំពុង​ការពារ គឺ​សំណុំ​រឿង​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ។ ក្នុង​សំណុំ​រឿង​នេះ លោក​ត្រូវ​ប្រឈម​នឹង​ដើម​បណ្ដឹង​ដែល​ជា​អ្នក​មាន​អំណាច​ថ្នាក់​កំពូល គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តើ​មេធាវី​រូប​នេះ​មាន​ជីវប្រវត្តិ​យ៉ាង​ណា? តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​លោក​ជ្រើសរើស​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​អ្នក​មាន​អំណាច?

មេធាវី ជូង ជូងី ត្រូវ​អ្នក​ដែល​ស្គាល់ និង​ធ្លាប់​ពឹងព​ឲ្យ​ជួយ​ការពារ​ក្ដី ផ្ដល់​ឈ្មោះ​ថា​ជា​មេធាវី​ខ្សត់​ទ្រព្យ តែ​មាន​ទឹក​ចិត្ត និង​ជា​មេធាវី​ការពារ​ក្ដី​កម្រ​នឹង​ឈ្នះ​ក្នុង​សំណុំ​រឿង​ការពារ​អ្នក​តស៊ូ​មតិ អ្នក​នយោបាយ​បក្ស​ប្រឆាំង ទោះ​បី​ជា​លោក​ខិតខំ​ប្រើ​វិធីសាស្ត្រ និង​យក​ភស្តុតាង​មក​អំណះអំណាង​ដើម្បី​ដោះ​បន្ទុក​យ៉ាង​ណា​ក្ដី។

មនុស្ស​ជាទូទៅ​បាន​ស្គាល់​លោក​ជា​មេធាវី​ឥត​ខ្លាចរអា ទោះ​បី​ជា​សំណុំ​រឿង​លោក​ការពារ​កូន​ក្ដី​របស់​លោក តទល់​នឹង​អ្នក​មាន​អំណាច​កំពូល និង​អ្នក​មាន​លុយកាក់​ក្ដី។

ចំពោះ​លោក ជូង ជូងី ផ្ទាល់ លោក​អះអាង​ថា ក្នុង​នាម​ជា​មេធាវី លោក​ពុំ​ប្រាថ្នា​ទ្រព្យ​ធន​ឡើយ គឺ​ចង់​បាន​ត្រឹម​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​សកម្ម​ក្នុង​ការ​ជួយ​សង្គម ឬ​អ្នក​តស៊ូ​មតិ ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

ក្នុង​វ័យ ៤៨​ឆ្នាំ លោក ជូង ជូងី ដែល​មាន​សក់​ស្កូវ​មួយៗ​មាន​សម្ដី​ច្បាស់ៗ ថ្លែង​ថា មាន​រឿង​ក្ដី​ជាច្រើន​ដែល​លោក​បាន​ការពារ ហើយ​ភាគច្រើន​ជា​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន និង​មន្ត្រី​គណបក្ស​នយោបាយ និង​អ្នក​វិភាគ​រិះគន់​បញ្ហា​ក្នុង​សង្គម ជាដើម៖ «កូន​ក្ដី​ខ្ញុំ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ហ្នឹង គាត់​ជា​ជន​សកម្ម ដែល​គាត់​មាន​ឥទ្ធិពល​ក្នុង​សង្គម​ដោយ​ការ​តស៊ូ​មតិ និង​រក​យុត្តិធម៌​ក្នុង​សង្គម​ហ្នឹង គឺ​ធ្លាប់​មាន​ប្រសិទ្ធភាព អ៊ីចឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច​រក​រឿង​គាត់។ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ទាំងអស់​គ្នា​ហ្នឹង គឺ​គាត់​គួរ​តែ​ទទួល​បាន​ការ​ការពារ​ល្អ​ពី​មេធាវី ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ថា មេធាវី​ជាច្រើន​អត់​ហ៊ាន​កាន់​រឿង​ក្ដី​អ៊ីចឹងៗ​ទេ»

លោក​បន្ត​ថា សំណុំ​រឿង​ប្រភេទ​នេះ លោក​ពិបាក​នឹង​រក​ចំណូល​ណាស់ ព្រោះ​ពួក​គេ​ភាគច្រើន​ជា​អ្នក​ខ្សត់​ខ្សោយ​ធនធាន។ លោក​ថា អ្វី​ដែល​ជំរុញ​ឲ្យ​រូប​លោក​ទទួល​យក​សំណុំ​រឿង​ប្រភេទ​នេះ គឺ​ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌ ចង់​ផ្ដល់​ឲ្យ​អ្នក​ទាំងនោះ​នូវ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ពោល​គឺ​ស្វែងរក​យុត្តិធម៌​ពិត និង​ត្រឹមត្រូវ៖ «ប៉ុន្តែ​សម្រាប់​ខ្ញុំ អត្ថន័យ​នៃ​ជីវិត​របស់​ខ្ញុំ គឺ​អាច​ចូលរួម​រក​យុត្តិធម៌​ក្នុង​សង្គម​បាន​ច្រើន​កម្រិត​ណា​នៅ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ ចំណែក​ប្រយោជន៍​ជា​ថវិកា​នេះ គឺ​ជា​រឿង​បន្ទាប់​ទេ»

រំឭក​ពី​រឿង​ក្ដី​ចម្បងៗ​ដែល​លោក ជូង ជូងី បាន​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​តាំង​ពី​ឆ្នាំ​២០០៤ គឺ​ក្នុង​រយៈពេល ១៣​ឆ្នាំ​មក​នេះ លោក​បាន​ការពារ​រឿង​ក្ដី​ជាច្រើន ក្នុង​នោះ​រួម​មាន​សំណុំ​រឿង​លោក ដាំ សិទ្ធិ និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ ដែល​ត្រូវ​ប្ដឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ សំណុំ​រឿង​រដ្ឋាភិបាល​ប្ដឹង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៩។ សំណុំ​រឿង​អ្នក​តំណាងរាស្ត្រ មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ក្នុង​រឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៣ និង​អូស​បន្លាយ​មក​ដល់​ពេល​នេះ។

សំណុំ​រឿង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី តំណាងរាស្ត្រ អ៊ុំ សំអាន និង​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​រឿង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​រដ្ឋាភិបាល​ប្ដឹង​ចោទ​ប្រកាន់​ក្នុង​ឆ្នាំ​២០១៥។ សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ប្ដឹង​ពី​ការ​មិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១៣ និង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​ត្រូវ​ចោទ​ប្រកាន់​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ជាដើម។ ក្នុង​ពេល​ថ្មីៗ​នេះ លោក ជូង ជូងី បាន​ទទួល​ការពារ​ក្ដី​ឲ្យ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដែល​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំណុំ​រឿង​ចៅ​សង្កាត់​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម លោក ចៅ វាសនា និង​សំណុំ​រឿង​ព្រះសង្ឃ​លេង​កាំភ្លើង​ជ័រ ព្រះតេជព្រះគុណ ហន សុផាន្នី នៅ​ខេត្ត​បាត់​ដំបង។

ទោះ​បី​ជា​សាធារណជន​មើល​ឃើញ​ថា សំណុំ​រឿង​ទាំងនេះ​ជា​ការ​ប្រឈម​របស់​មេធាវី​រូប​នេះ​ក្ដី ក៏​សំណុំ​រឿង​ទាំងនោះ​ត្រូវ​លោក ជូង ជូងី ចាត់​ទុក​ថា​ជា​រឿង​ក្ដី​ធម្មតា​សម្រាប់​រូប​លោក ពោល​គឺ​សំណុំ​រឿង​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ដិត​ជាប់​ក្នុង​អារម្មណ៍​ឡើយ។ លោក ជូង ជូងី ថ្លែង​ថា រឿង​ក្ដី​ដែល​លោក​ដក់​ក្នុង​ចិត្ត​ជាប់​ជានិច្ច គឺ​សំណុំ​រឿង​ដីធ្លី​នៅ​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ឆ្នាំ​២០១១ ដែល​កាល​នោះ លោក​ជួយ​ការពារ​ក្ដី​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច​ម្នាក់។ ក្នុង​សំណុំ​រឿង​នេះ លោក​ត្រូវ​តុលាការ​ប្ដឹង​ចោទ​ប្រកាន់​ថា​បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​អ្នក​ទោស​លួច​រត់​ពី​ពន្ធនាគារ។ លោក​ថា សំណុំ​រឿង​នេះ​នៅ​បន្ត​ដល់​ពេល​បច្ចុប្បន្ន ដោយ​តុលាការ​មិន​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ គឺ​លោក​នៅ​តែ​ឋិត​ក្រោម​ឥទ្ធិពល​នៃ​រឿង​ក្ដី​នេះ​នៅ​ឡើយ៖ «តុលាការ​ខេត្ត​កណ្ដាល បាន​កាត់​ក្ដី​កំបាំង​មុខ ហើយ​ដាក់​ទោស​ខ្ញុំ ២​ឆ្នាំ ពិន័យ ៣​លាន ហើយ​ខ្ញុំ​ក៏​ប្ដឹង​ទាស់​ក្នុង​ន័យ​ថា​ប្ដឹង​ឲ្យ​គេ​កាត់​ឡើង​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​ហ្នឹង គឺ​តុលាការ​ខេត្ត​កណ្ដាល មិន​ទាន់​យក​រឿង​ហ្នឹង​មក​កាត់​ឡើង​វិញ​ទេ។ គឺ​ខ្ញុំ​ឋិត​ក្រោម​សម្ពាធ​របស់​តុលាការ។ ហ្នឹង​គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខ​វិជ្ជាជីវៈ ប្រសិន​បើ​ខ្ញុំ​ធ្វើ​សកម្មភាព​ក្ដៅ ឬ​ធ្វើ​សកម្មភាព​ខ្លាំង ឬ​ខ្ញុំ​និយាយ​ខ្លាំង ខ្ញុំ​ឋិត​នៅ​ក្រោម​គំនាប​ហ្នឹង​ឯង»

លោក ជូង ជូងី មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រះប្រសប់ ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​មាន​ឪពុក​ម្ដាយ​ជា​កសិករ។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៦​នាក់។ មុន​នឹង​ចាប់​មុខ​របរ​ជា​មេធាវី លោក ជូង ជូងី បាន​ធ្វើ​ជា​គ្រូបង្រៀន បន្ទាប់​ពី​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​រូបវិទ្យា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ បន្ទាប់​ពី​បាន​ធ្វើ​គ្រូបង្រៀន ២​ឆ្នាំ លោក ជូង ជូងី បាន​បន្ត​ទៅ​រៀន​ច្បាប់ និង​ទទួល​បាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ និង​បាន​បំពេញ​វិជ្ជាជីវៈ​មេធាវី​កាល​ពី​ឆ្នាំ​២០០៤ ដោយ​មាន​ការិយាល័យ​ឈ្មោះ​សីលា។

នៅ​ពេល​និយាយ​ដល់​រឿង​ក្ដី​ដែល​លោក​បាន​ការពារ​នៅ​ក្នុង​ពេល​ដែល​លោក​បាន​បំពេញ​ការងារ​ជា​មេធាវី​មក លោក​ទទួល​ស្គាល់​ថា សំណុំ​រឿង​ទាក់ទង​នឹង​នយោបាយ​ដែល​លោក​បាន​ការពារ គឺ​លោក​កម្រ​នឹង​ឈ្នះ ប៉ុន្តែ​លោក​បាន​ឈ្នះ​នៅ​ក្នុង​សំណុំ​រឿង​ធម្មតា៖ «ក្នុង​សំណុំ​រឿង​នយោបាយ​ជា​ទូទៅ និយាយ​ជា​ទម្រង់ ខ្ញុំ​អត់​ដែល​ឈ្នះ​ក្ដី​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ស្មារតី គឺ​ខ្ញុំ​ឈ្នះ​ច្រើន ពីព្រោះ​អត្ថន័យ​នៃ​ការ​ឈ្នះ​ក្ដី​របស់​ខ្ញុំ មិន​មែន​ចង់​សំដៅ​ទៅ​លើ​ថា​តុលាការ​បាន​ប្រកាស​ឲ្យ​កូន​ក្ដី​ខ្ញុំ​ឈ្នះ គឺ​មិន​មែន​អ៊ីចឹង​ទេ។ អត្ថន័យ​នៃ​ការ​ឈ្នះ​ក្ដី​របស់​ខ្ញុំ គឺ​ការ​វិនិច្ឆ័យ​ពី​មហាជន។ នៅ​ពេល​ដែល​មហាជន​គេ​មើល​ឃើញ​ថា ខ្ញុំ​ការពារ​សិទ្ធិ​កូន​ក្ដី​បាន​ល្អ អា​ហ្នឹង​ហើយ​គឺ​ខ្ញុំ​ឈ្នះ​ក្ដី។ បាន​ន័យ​ថា​ខ្ញុំ​ឈ្នះ​ទៅ​លើ​ចិត្ត​មហាជន​គេ​គាំទ្រ។ អ៊ីចឹង​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​អំពើ​ល្អ ឬ​ក៏​ខ្ញុំ​ខិតខំ​ការពារ​បំពេញ​វិជ្ជាជីវៈ​បាន​ល្អ មហាជន​ច្រើន​ទៅ​ឃើញ​ខ្ញុំ​ធ្វើ​អំពើ​ល្អ អា​ហ្នឹង​ហើយ​ខ្ញុំ​ឈ្នះ​ក្ដី»

ទាក់ទិន​ការ​អះអាង​ថា អនុវត្ត​វិជ្ជាជីវៈ​ដោយ​មិន​ប្រាថ្នា​តែ​លាភសក្ការៈ​នេះ ទាំង​មិត្ត​រួម​អាជីព និង​អ្នក​ដែល​បាន​ទៅ​រក​លោក ជូង ជូងី ឲ្យ​ការពារ​ក្ដី បាន​លើក​ឡើង​ថា គឺ​ជា​រឿង​ពិត។

មេធាវី ហែម សុជាតិ ដែល​សហការី​មួយ​រូប​របស់​លោក ជូង ជូងី លើក​ឡើង​ថា មេធាវី​រូប​នេះ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​កូន​ក្ដី បើ​ទោះ​បី​ជា​ខ្សត់​ខ្សោយ​ថវិកា៖ «កាលណា​គាត់​ដាក់​ចិត្ត​ជួយ​សកម្មជន ឬ​ក៏​ជួយ​សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស ខាង​ប្រជាធិបតេយ្យ គឺ​គាត់​ព្យាយាម​ជួយ​តែ​ម្ដង គាត់​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អ ជា​អ្នក​មាន​ឧត្ដមគតិ»

ចំពោះ​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​ទៅ​រក​មេធាវី ជូង ជូងី ឲ្យ​ជួយ​ក្នុង​សំណុំ​រឿង​ចំនួន​ពីរ​ដែរ គឺ​សំណុំ​រឿង​របស់​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ និង​ព្រះសង្ឃ​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​លេង​កាំភ្លើង​ជ័រ ហន សុផាន្នី។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា លោក ជូង ជូងី ពិត​ជា​បាន​ស្ម័គ្រ​ចិត្ត​ជួយ​ការពារ បើ​ទោះ​បី​កូន​ក្ដី​ទាំង​ពីរ​ពុំ​មាន​ថវិកា​ផ្ដល់​ឲ្យ​ក្ដី៖ «បើ​សិន​យើង​សិក្សា​មើល​នៅ​គណៈ​មេធាវី គឺ​មាន​មេធាវី​តិច​ណាស់​ដែល​ធ្វើ​កិច្ចការ​រឿង​ក្ដី​ផ្នែក​នយោបាយ ហើយ​អាត្មា​ក៏​បាន​សិក្សា​មើល​ដែរ​ថា ក្ដី​នយោបាយ​មិន​ដែល​ឈ្នះ​ទេ វា​មាន​ឈ្នះ​មួយ​ពីរ​នៅ​សាលា​ឧទ្ធរណ៍ ក៏ប៉ុន្តែ​យើង​សម្រេច​ចិត្ត​យក គឺ​ដោយសារ​ទី​១ គាត់​ចំ​ជំនាញ។ ទី​២ គាត់​ហ៊ាន​ការពារ​ក្ដី​ឲ្យ​យើង។ ទី​៣ គាត់​មិន​បាន​សួរ​រក​លុយ​រក​កាក់។ អា​ហ្នឹង​ហើយ​ដែល​យើង​ជា​ជម្រើស ព្រោះ​អ្នក​ដែល​ជាប់​ឃុំឃាំង ឬ​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​មាន​អំណាច​ខ្លះ ឬ​ពី​ស្ថាប័ន​រដ្ឋ​ខ្លះ ជាទូទៅ​ពួក​អ្នក​ក្រ គឺ​ក្រ​ទាំង​លុយ​ក្រ​ទាំង​អំណាច»

បើ​ទោះ​ជា​យ៉ាង​ណា បើ​តាម​លោក ហែម សុជាតិ គឺ​លោក ជូង ជូងី ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​គួរ​ឲ្យ​កែលំអ​ដែរ​នោះ គឺ​ចំណុច​អារ​កាត់​តែ​ម្នាក់​ឯង​ដោយ​មិន​រង់ចាំ​ការ​ពិភាក្សា​ជា​ក្រុម នៅ​ពេល​ដែល​សំណុំ​រឿង​នៅ​មាន​មេធាវី​ការពារ​ច្រើន​នាក់៖ «ជួនកាល​ពេល​ខ្លះ​ការងារ​ត្រូវ​ជំនុំ​គ្នា​សិន ជួនកាល​អត់ អត់​បាន​ជំនុំ​គ្នា គាត់​ធ្វើ​វឹង​ម៉ង តែ​ការ​ដែល​គាត់​សម្រេច​ធ្វើ​ហ្នឹង ដោយ​គាត់​គិត​ថា​បើ​ម្នាក់ៗ​រវល់ បើ​ចាំ​តែ​ជំនុំ​គ្នា ខ្លាច​វា​អត់​ទាន់ គាត់​ក៏​ធ្វើ​សិន​ទៅ»

ក្នុង​ជីវិត​គ្រួសារ​របស់​លោក ជូង ជូងី បាន​រៀបការ​ជាមួយ​មេធាវី​មួយ​រូប​ដែរ។ លោក និង​ភរិយា​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ពុំ​ទាន់​មាន​កូន​នៅ​ឡើយ។

និយាយ​ពី​គោលដៅ​ជីវិត​ទៅ​ថ្ងៃ​អនាគត លោក ជូង ជូងី ឆ្លើយ​ថា លោក​អាច​នឹង​ផ្លាស់ប្ដូរ​អាជីព​ដែរ ឲ្យ​តែ​អាច​ជួយ​រក​យុត្តិធម៌​ក្នុង​សង្គម៖ «ប្រសិន​បើ​មាន​កិច្ចការ​ផ្សេង​ទៀត​ដែល​អាច​ចូលរួម​ជួយ​រក​យុត្តិធម៌​ក្នុង​សង្គម ឬ​ក៏​រក​យុត្តិធម៌​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មេធាវី គឺ​ខ្ញុំ​អាច​ទៅ​ដែរ​ក្នុង​ករណី​ថា​មាន​ឱកាស (សំណួរ៖ អាច​នឹង​ប្រឡូក​ក្នុង​នយោបាយ​ទេ​ទៅ​ថ្ងៃ​មុខ?) មិន​ទៀង​ទេ។ អាច​ក៏​អាច​ដែរ»

ក្រៅ​ពី​នេះ លោក ជូង ជូងី ក៏​បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ថា ប្រសិន​បើ​មាន​បំណង​ក្លាយ​ជា​មេធាវី ត្រូវ​គិត​ថា​ធ្វើ​មេធាវី​ដើម្បី​ជ្រោមជ្រែង​ស្វែងរក​យុត្តិធម៌៖ «បើ​គោលដៅ​ជីវិត​របស់​ខ្លួន​ចង់​ធ្វើ​មាន​បាន គួរ​តែ​កុំ​ធ្វើ​មេធាវី​អី គួរ​តែ​ទៅ​ធ្វើ​មុខ​របរ​ផ្សេង​ទៅ។ អ្នក​ដែល​ចង់​ធ្វើ​មេធាវី ទាល់​តែ​ដាក់​គោលដៅ​ចូលរួម​ជួយ​វិស័យ​ច្បាប់ ជួយ​វិស័យ​យុត្តិធម៌​សង្គម ចាំ​មក​ធ្វើ​មេធាវី។ ជា​មេធាវី​សំខាន់​គឺ​ឆន្ទៈ​ជា​ចម្បង ផ្អែក​ទៅ​លើ​ភាព​ស្អាតស្អំ។ បាន​ន័យ​ថា ក្នុង​វិជ្ជាជីវៈ​របស់​យើង កុំ​ឲ្យ​មាន​កំហុស កុំ​ទៅ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មិន​ទៅ​ធ្វើ​អ្វី​ដែល​មិន​ស្មោះ​ត្រង់​នឹង​កូន​ក្ដី គឺ​ត្រូវ​ផ្អែក​លើ​ភាព​ស្មោះ​ត្រង់»

លោក​មេធាវី ជូង ជូងី ក៏​នៅ​មាន​ក្ដី​បំណង​មួយ​ទៀត​ដែរ គឺ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន លោក​ប្រាថ្នា​ចង់​ឲ្យ​មាន​យន្តការ​ដែល​អាច​ដាក់​ទោស​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា ឬ​ឲ្យ​ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ចំណាត់ការ​របស់​ពួក​គាត់​ទាំង​អម្បាលម៉ាន​ដែល​មិន​ត្រឹមត្រូវ ដ្បិត​លោក​សង្កេត​ឃើញ​ថា មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន​មាន​ចំណាត់ការ​មិន​ត្រឹមត្រូវ ប៉ុន្តែ​ពុំ​ឃើញ​មាន​ការ​តម្រូវ​ឲ្យ​ពួក​គាត់​ទទួល​ខុស​ត្រូវ បើ​ទោះ​ជា​មាន​បណ្ដឹង​ប្រឆាំង​ពួក​គាត់ ទៅ​ដល់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្រូវ​ប្រាំង​ប្រមាណ​២​ពាន់​ហិកតារ​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹក​ស្ទឹងសែន

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្ដីដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បារម្ភ​ថា ប្រសិន​បើ​ស្ថានភាព​ទឹក​ជំនន់​ស្ទឹងសែន​បន្ត​ឡើង​ទៀត នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​ស្ថានភាព​ទឹក​ស្ទឹងសែន​បាន​ហក់​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​ប្រមាណ ២​ពាន់​ហិកតារ​រង​ផល​ប៉ះពាល់។ អាជ្ញាធរ​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ស្ថានភាព​ទឹក​ស្ទឹងសែន នៅ​មិន​ទាន់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ ហើយ​ពួក​គេ​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។

ពលរដ្ឋ​នៅ​ឃុំ​ក្ដីដូង បារម្ភ​ថា ប្រសិន​បើ​ស្ថានភាព​ទឹក​ជំនន់​ស្ទឹងសែន​បន្ត​ឡើង​ទៀត ស្រូវ​ប្រាំង​រង​ផល​ប៉ះពាល់​កាន់​តែ​ច្រើន ម្យ៉ាង​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​តែ​ម្តង។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន និង​ស្វែងរក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​នៅ​ពេល​ទឹក​លិច​ភូមិដ្ឋាន និង​សម្រាប់​រក្សា​ទុក​សត្វ​ពាហនៈ គេច​ផុត​ពី​ការ​លិចលង់ ជាដើម។

ពលរដ្ឋ​នៅ​ឃុំ​ក្ដីដូង លោក ផូ សង្ហា មាន​ប្រសាសន៍​ថា ពួក​គាត់​ដែល​រស់នៅ​ផ្នែក​ខាង​ក្រោម​ដង​ស្ទឹងសែន កំពុង​ប្រឈម​ការ​ខូចខាត​ស្រូវ​ប្រាំង​រាប់​ពាន់​ហិកតារ ហើយ​ស្ថានភាព​ទឹក​នៅ​តែ​កើន​ឡើង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ លោក​បន្ត​ថា ទឹក​ស្ទឹង​ចាប់​ផ្ដើម​សម្រុក​ឡើង​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​២២ កក្កដា បណ្ដាល​ឲ្យ​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​លិចលង់ ហើយ​អ្នក​ភូមិ​បង្ខំ​ចិត្ត​ច្រូត​ទាំង​ខ្ចី​ទាំង​ទុំ ព្រោះ​ខ្លាច​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​បាន​ជួល​ម៉ាស៊ីន​ច្រូត​ស្រូវ​រៀងៗ​ខ្លួន​ទៀត​ផង៖ «ធម្មតា​អ្នក​ស្រែ​តែង​យក​លុយ​អង្គការ​អ៊ីចឹង​ទៅ ដើម្បី​មក​ធ្វើ​ដើមទុន​ធ្វើ​ស្រូវ​ប្រាំង ព្រោះ​ស្រូវ​ប្រាំង​ត្រូវការ​ដើម​ទុន​ច្រើន មិន​ដូច​ស្រូវ​វស្សា​ទេ»

ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ទឹក​ស្ទឹងសែន​នឹង​អាច​ហក់​ឡើង​បន្ត​ទៀត ហើយ​ស្រូវ​ប្រាំង​របស់​ពួក​គាត់​នឹង​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ។ លោក​ឲ្យ​ដឹង​ថា ពលរដ្ឋ​កំពុង​ស្វែងរក​ទីទួល​សុវត្ថិភាព​បណ្ដើរៗ ដើម្បី​ទប់ទល់​ស្ថានភាព​ទឹក​ជំនន់​នេះ ម្យ៉ាង​ការពារ​ទ្រព្យ​សម្បត្តិ និង​ជា​កន្លែង​សម្រាប់​សត្វ​គោ​ក្របី​ផង។

ជំទប់​ទី​២ ឃុំ​ក្ដីដូង លោក ជូ ភី ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​កំពុង​យក​ចិត្ត​ទុក​ដាក់​តាមដាន​ស្ថានភាព​ទឹក​ជំនន់​មួយ​នេះ និង​ធ្វើ​របាយការណ៍​ពី​ផល​ប៉ះពាល់​ដើម្បី​រាយការណ៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ។ លោក​អះអាង​ថា ក្នុង​ចំណោម​ភូមិ​ចំនួន​៤ នៅ​ឃុំ​ក្ដីដូង គឺ​មាន​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​បី​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ស្ទឹងសែន លិច​ស្រូវ​ប្រាំង​របស់​ពួក​គាត់ ហើយ​លោក​ប៉ាន់​ប្រមាណ​ថា ស្រូវ​ប្រាំង​របស់​អ្នក​ភូមិ​ប្រហែល ២​ពាន់​ហិកតារ​កំពុង​រង​ផល​ប៉ះពាល់៖ «ប្រសិន​បើ​ទឹក​ហ្នឹង​នៅ​តែ​ឡើង ខ្ញុំ​គិត​ថា​នឹង​ប៉ះពាល់​ដល់​សត្វ និង​មនុស្ស​ទៅ​ទៀត»

ជំទប់​ឃុំ​រូប​នេះ​បន្ថែម​ថា ផែនការ​បន្ត​ទៀត ទាំង​អាជ្ញាធរ​ឃុំ និង​មេ​ភូមិ​ទាំងអស់ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​តាមដាន​បញ្ហា​ប្រឈម​មួយ​នេះ។

ខេត្ត​កំពង់ធំ មាន​ក្រុង​មួយ និង​ស្រុក​ចំនួន​៣ ដែល​នៅ​ជាប់​ដង​ស្ទឹងសែន គឺ​ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទសំបូរ ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា កម្ពស់​ទឹក​ស្ទឹងសែន​នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ទេ ហើយ​ស្ថានភាព​ទឹក​ឡើង​យឺត ព្រោះ​កម្ពស់​ទឹក​បឹង​ទន្លេសាប​នៅ​ទាប បណ្ដាល​ឲ្យ​ទឹក​ហូរ​លឿន។ យ៉ាង​នេះ​ក្តី លោក​បារម្ភ​ថា ទឹក​នឹង​អាច​ឡើង​ក្នុង​រយៈពេល ២​ថ្ងៃ​ទៀត បើ​ទោះ​បី​ជា​ទឹក​ស្ទឹងសែន​នៅ​ផ្នែក​ខាង​លើ​ក្នុង​ខេត្ត​ព្រះវិហារ ស្រក​ក៏ដោយ៖ «ជា​រួម ខ្ញុំ​បាន​ជម្រាប​ជូន​ហ្នឹង។ ទី​មួយ គឺ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​លក្ខណៈ​ជួយ​បង​ប្អូន​ជម្លៀស​បង​ប្អូនទៅ​កាន់​ទីទួល​សុវត្ថិភាព។ អា​នេះ យើង​បាន​ត្រៀម​លក្ខណៈក្នុង​ករណី​លិច​ភូមិ​របស់​បង​ប្អូន»

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ ហើយ​ក៏​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ដោយ​ទឹក​ជំនន់​ដែរ ប៉ុន្តែ​បើ​មាន​ការ​ខូចខាត​ស្រូវ​ពលរដ្ឋ​ច្រើន អាជ្ញាធរ​ខេត្ត​ក៏​បាន​ត្រៀម​ពូជ​ស្រូវ​មួយ​ចំនួន​ផ្តល់​ជូន​ពួក​គាត់​នៅ​ក្រោយ​ពេល​ទឹក​ស្រក។

ក្រៅ​ពី​ត្រៀម​លក្ខណៈ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​តាមដាន​ស្ថានភាព​ទឹក​ជំនន់ ព្រម​ទាំង​ពិនិត្យ​ស្ថានភាព​រស់នៅ​ដល់​ពលរដ្ឋ​ហើយ លោក សុខ លូ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ដង​ស្ទឹងសែន និង​តំបន់​ផ្សេង​ទៀត ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​កូន​ចៅ​តូចៗ​របស់​ខ្លួន។ បន្ថែម​ពី​នេះ ត្រូវ​ត្រៀម​លក្ខណៈ​ស្វែងរក​ទីទួល​សុវត្ថិភាព និង​សហការ​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន ប្រសិន​បើ​មាន​បញ្ហា​ប្រឈម​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វត្ត​បាក់ណាម​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម​ចាប់​ផ្ដើម​ប្រែ​មុខមាត់​ថ្មី

$
0
0

វត្ត​ប៉ាកណាម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បាក់ណាម ឋិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​នឹង​ព្រំដែន​កម្ពុជា-​វៀតណាម ចាប់​ផ្ដើម​ប្រែ​មុខ​មាត់​ថ្មី​ជា​បណ្ដើរៗ តាម​រយៈ​ការ​សាងសង់​ខ្លោង​ទ្វារ​វត្ត និង​ការ​រៀបចំ​ទីធ្លា​វត្ត មាន​ដាក់​បន្ថែម​រូប​សំណាក​ជាដើម។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​វត្តមាន​ព្រះសង្ឃ​ច្រើន​អង្គ​គង់​នៅ ហើយ​យាយ​ជី តា​ជី ក៏​មាន​ច្រើន​ជាង​មុន​ដែរ។

រូប​សំណាក​យក្សា​នៅ​អម​សងខាង​មុខ​ខ្លោង​ទ្វារ​វត្ត ហាក់​អង្គុយ​យាម​វត្ត​បាក់ណាម ដែល​ហ៊ុមព័ទ្ធ​ដោយ​ជនជាតិ​វៀតណាម ការពារ​សត្រូវ​ចូល​មក​យាយី ឬ​រំកិល​ដី​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា។ វត្ត​កម្សត់កម្រ​មួយ​នេះ ទើប​តែ​មាន​ខ្លោង​ទ្វារ​ថ្មី ប៉ុន្តែ​មិន​ទាន់​មាន​ព្រំ​ដី​នៅ​ឡើយ។ យ៉ាង​នេះ​ក្តី វត្ត​បាក់ណាម នៅ​ពេល​នេះ​មាន​ការ​ចាប់​ផ្ដើម​ប្រែប្រួល​មុខ​មាត់​ថ្មី បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​វត្ត​កាល​ពី​មួយ​ឆ្នាំ​មុន។

លោក​អាចារ្យ ជា ស្រ៊ាង ឲ្យ​ដឹង​ថា ថវិកា​បាន​ពី​ការ​សាងសង់​នេះ ទទួល​បាន​ពី​ថវិកា​ពលរដ្ឋ​ចូលរួម​ធ្វើ​បុណ្យ​កឋិន​កាល​ពី​ឆ្នាំ​មុន។ ក្រៅ​ពី​នេះ ថវិកា​បាន​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

លោក​បន្ត​ថា សមិទ្ធផល​ទាំង​នេះ គឺ​ចាប់​ផ្ដើម​សាងសង់​កាល​ពី​ដើម​ឆ្នាំ​២០១៦៖ «លុយ​កឋិន​ចាត់​ចែង​បាន​ចាក់​ដី​ធ្វើ​ខ្លោង​ទ្វារ​អី​ហ្នឹង តែ​ឥឡូវ​អស់​ហើយ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​សប្បាយ​បាន​មក​ជួយ​វត្ត​បាក់ណាម បាន​ជួយ​ថែរក្សា​កេរ្តិ៍​ពុទ្ធសាសនា​យើង»

លោក​អាចារ្យ ជា ស្រ៊ាង ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ ក្រុម​គណៈកម្មការ​វត្ត​សម្រេច​សាងសង់​សាលា​ធម្មសភា ឬ​សាលាឆាន់​ថ្មី ព្រោះ​សាលាឆាន់​ចាស់​កំពុង​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម៖ «ខ្ញុំ​មាន​គោល​បំណង​ថា ចង់​ឲ្យ​ខាង​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សាយ​ក្រែង​មាន​សប្បុរសជន​ខ្មែរ​ក្នុង​ស្រុក និង​បរទេស​បាន​ឮ​ព័ត៌មាន​ហ្នឹង លោក​ជួយ​ថវិកា​សាងសង់​សាលាឆាន់»

ពី​វត្ត​មួយ​មាន​ព្រះសង្ឃ​ពីរ​អង្គ និង​យាយ​តា​​ជី​តែ​ពីរ​នាក់ នៅ​ជួយ​មើល​ការ​ខុសត្រូវ  និង​បម្រើ​ព្រះសង្ឃ ប្រែ​មក​មាន​ព្រះសង្ឃ ១៥​អង្គ​គង់​នៅ និង​មាន​យាយជី តាជី រហូត​ដល់​ទៅ ៧​នាក់ ចាំ​ជួយ​បម្រើ​ព្រះសង្ឃ និង​ជួយ​មើល​ការ​ខុស​ត្រូវ​វត្ត។ ពី​ខ្លោង​ទ្វារ​ឈើ ក្លាយ​ជា​ខ្លោង​ទ្វារ​ថ្ម ទាំង​មុខ​វត្ត និង​នៅ​ផ្លូវ​ធំ​ក្រាល​កៅស៊ូ។ ក្រោយ​ពី​មាន​ខ្លោង​ទ្វារ​ថ្មី​នេះ ក្រុម​គណៈកម្មការ​វត្ត​សម្រេច​ដាក់​ឈ្មោះ​វត្ត​ខេមររាជាការាម ហៅ​វត្ត​ប៉ាកណាម ទៅ​ជា​វត្ត​បាក់ណាម វិញ​ម្ដង។ ពួកគេ​យល់​ថា ពាក្យ​បាក់ណាម ជា​ពាក្យ​ខ្មែរ និង​មាន​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ការ​កកើត​វត្ត​នេះ។

ក្រៅ​ពី​នេះ ព្រះសង្ឃ​គង់​នៅ​វត្ត​បាក់ណាម ក៏​ចាប់​ផ្ដើម​កសាង​ចំណេះ​ដឹង​របស់​ខ្លួន ដោយ​ព្រះសង្ឃ​មាន​ចំណេះ​ដឹង​ខ្ពស់ បង្រៀន​ធម៌​វិន័យ អក្សរ​ខ្មែរ និង​ភាសា​អង់គ្លេស ដល់​ព្រះសង្ឃ​ដែល​មាន​ចំណេះ​ដឹង​ទាប។ ក្រៅ​ពី​មាន​ព្រះសង្ឃ​រៀន​សូត្រ ក៏​មាន​កូន​ខ្មែរ និង​កូន​ជនជាតិ​វៀតណាម ចូល​រៀន​ដែរ។ ព្រះសង្ឃ​បាន​យក​សាលារៀន​នៅ​ក្បែរ​វត្ត ដែល​គ្មាន​សិស្ស​រៀន និង​គ្រូបង្រៀន ធ្វើ​ជា​កន្លែង​រៀន​សូត្រ។

ព្រះតេជព្រះគុណ ច័ន្ទ សំបូរ ដែល​ជា​គ្រូបង្រៀន​មាន​ថេរដីកា​ថា នៅ​ក្នុង​មត្តេយ្យ​នេះ​មាន​សិស្ស​ទាំង​អស់ ១១​នាក់ ក្នុង​នោះ​ស្ទើរ​តែ​ទាំង​អស់​គឺ​ជា​កូនចៅ​របស់​ជនជាតិ​វៀតណាម ចូល​រៀន ចំណែក​កូន​ខ្មែរ​មាន​តែ​ម្នាក់​ទេ​បាន​ចូល​រៀន។ ព្រះអង្គ​បន្ត​ថា កុមារ​ជា​កូន​ខ្មែរ មិន​សូវ​បាន​មក​រៀន​ជាប់​លាប់​ដូច​កុមារ​វៀតណាម ទេ៖ «មាន​អារម្មណ៍​សប្បាយ​ចិត្ត​ម្យ៉ាង​ដែរ ពេល​ដែល​បង្រៀន​ក្មេងៗ មិន​គិត​ថា​ជា​វៀតណាម ឬ​ជា​កម្ពុជា​ទេ»

វត្ត​បាក់ណាម ស្ថិត​នៅ​ភូមិ​ប៉ាកណាម ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម។ បើ​ធ្វើ​ដំណើរ​ទៅ​វត្ត​បាក់ណាម ពី​ភ្នំពេញ គេ​អាច​ធ្វើ​ដំណើរ​ទៅ​តាម​ក្រុង​តាខ្មៅ ឆ្លង​កាត់​ស្ពាន​ស្វាយរលំ រួច​បន្ត​ដំណើរ​តាម​ផ្លូវ​លេខ ៦៨ តាម​បណ្ដោយ​ទន្លេ​បាសាក់ ចម្ងាយ​ប្រហែល ៩០​គីឡូម៉ែត្រ ទៅ​ដល់​បារាស​ប៉ុស្តិ៍​យាម​របស់​នគរបាល រួច​បត់​ឆ្វេង​ដៃ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ភូមិ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ទៀត ទើប​បាន​ដល់​វត្ត​បាក់ណាម។ វត្ត​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​បណ្ដោយ ៧០០​ម៉ែត្រ និង​ទទឹង ៣០០​ម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​ប្រមាណ ២១​ហិកតារ។

ព្រះចៅ​អធិការ​វត្ត​បាក់ណាម  ព្រះភិក្ខុ ញើង ឡេង មាន​ថេរដីកា​ថា ទោះ​វត្តមាន​ផ្ទៃក្រឡា​ធំ​ដូច​នេះ​ក្ដី ក៏ប៉ុន្តែ​ដី​នេះ​ភាគ​ច្រើន​គឺ​មាន​ជនជាតិ​វៀតណាម ជា​អ្នក​ដាំ​ដុះ​ដំណាំ​លើ​ដី​វត្ត។ ព្រះអង្គ​បន្ត​ថា ផ្ទះ​របស់​ពលរដ្ឋ​វៀតណាម ៤​គ្រួសារ​ដែល​រស់​នៅ​លើ​ដី​ខាង​មុខ​វត្ត ពួកគេ​យល់​ព្រម​រំកិល​ចេញ​ពី​ដី​វត្ត​ហើយ។ ប៉ុន្តែ​ចំពោះ​ដី​ក្រោយ​វត្ត​ដែល​ពលរដ្ឋ​ដាំ​ដំណាំ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ៖ «កាល​ពី​មុខ​លោកគ្រូ​ធម្មធរ​អនុគណ​គាត់​បាន​ខ្នះខ្នែង​ក្នុង​ការ​កសាង គាត់​បាន​នាំ​ទាំង​ចៅហ្វាយ​ខេត្ត និង​ចៅហ្វាយ​ស្រុក ជួយ​មើល​ការ​ខុស​ត្រូវ មើល​ព្រំ​ដី​ត្រឹម​ណា ចង់​ដក​ហូត​មក​វិញ»

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ប្រាប់​ថា លោក​ធ្លាប់​ដឹង​ព័ត៌មាន​ខ្លះៗ​អំពី​វត្ត​បាក់ណាម តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​បើ​ចំពោះ​ព័ត៌មាន​ផ្លូវ​ការ​ពី​មន្ត្រី​ធម្មការ​ដែល​និយាយ​ទាក់ទង​ស្ថានភាព​វត្ត លោក​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។  លោក​ថា ក្រសួង​ធម្មការ​មាន​គោលការណ៍ និង​​ផែនការ​កសាង​វត្ត​នៅ​តាម​ព្រំដែន មាន​របង និង​មាន​ប្លង់​ត្រឹមត្រូវ។

លោក​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​វត្ត​បាក់ណាម មិន​ទាន់​មាន​របង​ត្រឹមត្រូវ នៅ​ពេល​នេះ លោក​នឹង​សួរ​នាំ​ពី​ព័ត៌មាន​នេះ​ទៅ​ធម្មការ​ស្រុក ហើយ​លោក​នឹង​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ក្រោយ៖ «បើសិនជា​មាន​ការ​ផ្ដល់​ព័ត៌មាន​ពី​បង (អាស៊ីសេរី) អ៊ីចឹង ខ្ញុំ​នឹង​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ដែនដី និង​អ្នក​ពាក់ព័ន្ធ​ក្រែង​មាន​យុទ្ធវិធី​សាស្ត្រ​យ៉ាង​ណា​​ចាំ​ខ្ញុំ​ប្រាប់​ទៀត»

សាធារណជន​ទូទៅ​យល់​ថា វត្ត​បាក់ណាម ជា​សសរ​ព្រំដែន​ដ៏​រឹង​មាំ​ដែល​ការពារ​ព្រំដែន​ប្រទេស​កម្ពុជា ខណៈ​វត្ត​នេះ បើ​ទោះ​ជា​ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ ប៉ុន្តែ​អ្នក​រស់​នៅ​ជុំវិញ​វត្ត​នេះ គឺ​ជា​ជនជាតិ​វៀតណាម ទាំង​អស់។ មាន​ន័យ​ថា បើ​វត្ត​នេះ​រីកចម្រើន ព្រំដែន​របស់​កម្ពុជា នៅ​តំបន់​នេះ​ក៏​រឹងមាំ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្ពុជា-ចិន​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​សង្គម​និង​គោល​នយោបាយ​សំណង

$
0
0

ភាគី​ពាក់ព័ន្ធ​កម្ពុជា-ចិន ដែល​មាន​ទាំង​តំណាង​ក្រសួង​រដ្ឋាភិបាល​មួយ​ចំនួន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អ្នក​ជំនាញ និង​តំណាង​សមាគម​សហគ្រាស​អគ្គិសនី​ប្រទេស​ចិន នៅ​កម្ពុជា បាន​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គោលការណ៍​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) និង​ការ​អនុវត្ត​គោល​នយោបាយ​សំណង​សមរម្យ និង​យុត្តិធម៌។ ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នេះ បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​របស់​កម្ពុជា បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​ចិន។

ការ​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គោលការណ៍​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (Corporate Social Responsibility) និង​ការ​អនុវត្ត​គោល​នយោបាយ​សំណង​សមរម្យ និង​យុត្តិធម៌ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) និង​អង្គការ អេ.អែហ្វ.អេស.ស៊ី (AFSC) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ក្នុង​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី (Himawari) រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក តឹក វណ្ណារ៉ា ថ្លែង​ថា ការ​ទាញ​យក​ផល​ចំណេញ​ពី​ការ​វិនិយោគ ការ​ប្រើប្រាស់​ភព​ផែនដី​យូរ​អង្វែង និង​សុខដុមរមនា​នៃ​ការ​រស់នៅ​របស់​ប្រជាជន ដែល​ជា​គោលការណ៍​រួម​ទាំង ៣​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម គឺ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ទិដ្ឋភាព​ចំនួន ៤ ផ្សេង​ទៀត គឺ​សេដ្ឋកិច្ច បរិស្ថាន ទីផ្សារ និង​បរិយាកាស​ល្អ​ប្រសើរ​នៃ​កន្លែង​ធ្វើ​ការងារ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ ក្រុមហ៊ុន​វិនិយោគ​ខ្នាត​ធំ និង​ខ្នាត​តូច​មួយ​ចំនួន​មក​ពី​ប្រទេស​ចិន ដូចជា​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​រុករក​រ៉ែ នៅ​មាន​កង្វះ​ខាត​នៃ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​ផ្ដល់​សំណង​សមរម្យ ដែល​ត្រូវ​តែ​ពិភាក្សា​បន្ត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ជា​គោលការណ៍​រួម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «ឧទាហរណ៍​ដូចជាជម្លោះ​ដីធ្លី និង​ដី​សម្បទាន​សេដ្ឋកិច្ច អត់​ទាន់​ដោះស្រាយ​នៅខេត្ត​ព្រះវិហារ មណ្ឌលគិរី រតនគិរី ប៉ុន្តែ​មាន​ក្រុមហ៊ុន​ខ្លះ​អនុវត្ត​ល្អ​ហើយ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​មាន​លទ្ធភាព​ចែក​រំលែក​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា-ចិន ជុំវិញ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​ផ្ដល់​សំណង​សមរម្យ និង​យុត្តិធម៌។

លោក តឹក វណ្ណារ៉ា បន្ថែម​ថា រដ្ឋាភិបាល​ចិន ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​នៃ​សាជីវកម្ម គឺ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​កំពុង​ធ្វើ​ការ​វិនិយោគ​នៅ​បរទេស​ខាង​ផ្នែក​រ៉ែ និង​ថាមពល ត្រូវ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន។

តំណាង​សមាគម​សហគ្រាស​ថាមពល​អគ្គិសនី​ចិន នៅ​កម្ពុជា (Electric Power Enterprise Association) លោក សៀវ វៀវម៉ិង ថ្លែង​ថា ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ដែល​ទាញ​ប្រភព​ពី​ធ្យូង​ថ្ម និង​វារីអគ្គិសនី​ចំនួន ៦​កន្លែង ដែល​វារីអគ្គិសនី​ទាំងនេះ​ស្ថិត​នៅ​ខេត្ត​កោះកុង កំពត ពោធិ៍សាត់ តាកែវ និង​ខេត្ត​ស្ទឹងត្រែង គឺ​មាន​ភាព​ទទួល​ខុស​ត្រូវ​សង្គម ដូចជា​កាត់​បន្ថយ​ការ​ពឹង​ថាមពល​អគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ឡាវ ថៃ និង​វៀតណាម ចំនួន ១១​ពាន់​លាន (១១០០.០០០.០០០) គីឡូវ៉ាត់​ម៉ោង ដែល​អាច​ផ្គត់ផ្គង់​ប្រទេស​កម្ពុជា បាន។ លោក​បន្ត​ថា ឆ្នាំ​២០១៥ ក្រុមហ៊ុន​ចិន ផលិត​បាន ៣.៦០០​លាន​គីឡូវ៉ាត់​ម៉ោង ដែល​ផ្គត់ផ្គង់​រហូត​ដល់ ៨០% នៅ​ទូទាំង​ប្រទេស និង​មាន​ការ​ចូលរួម​ការពារ​បរិស្ថាន មាន​ដូចជា​ផលិត​ទឹក​ស្អាត កាត់​បន្ថយ​ការ​បំភាយ​កាបូន ការ​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​បង្ហូរ​ទំនប់​ទឹក ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ព្រម​ទាំង​ការ​ស្ថាបនា​ផ្លូវ និង​ការ​ចូលរួម​វិភាគទាន​កាកបាទ​ក្រហម​ជា​រៀង​រាល់​ឆ្នាំ ជាដើម។

ប៉ុន្តែ​លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ គឺ​ខុស​គ្នា​ទៅ​នឹង​កាតព្វកិច្ច​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម ដែល​ត្រូវ​ធានា​ថា ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នោះ ត្រូវ​តែ​ទទួល​បាន​ផល​ប្រយោជន៍។

ចំណែក​អ្នក​ជំនាញ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​មក​ពី​ប្រទេស​ចិន លោក វ៉ាង សៅហ្គង (Wang Xiaoguang) បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ចិន មួយ​ចំនួន ពុំ​ទាន់​អនុវត្ត​ភាព​ទទួល​ខុសត្រូវ​សង្គម គឺ​ដោយសារ​សហគ្រាស​ទាំងនោះ​បានលើក​ឡើង​ថា ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ គឺ​គ្រាន់​តែ​ស្វែងរក​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន និង​មាន​ប្រាក់ខែ​បើក​ឲ្យ​បុគ្គលិក។ ប៉ុន្តែ​លោក​បញ្ជាក់​ថា បន្ទាប់​ពីមាន​ការ​តស៊ូ​មតិ​អស់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​សហគ្រាស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​យល់​ដឹងកាន់​តែ​ច្រើន​អំពី​ភាព​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម«ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) សង្កត់​ធ្ងន់​នៅ​ក្នុង​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ គឺ​ក្រុមហ៊ុន​ចិន ដែល​ទៅ​វិនិយោគ​នៅ​បរទេស ត្រូវ​តែ​គោរព​តាម​គោលការណ៍ និង​ច្បាប់​ប្រទេស​ទាំងនោះ កិច្ច​ការពារ​បរិស្ថាន និង​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ប្រទេស​ទាំងនោះ ធ្វើ​ម៉េច​ដើម្បី​លើក​មុខ​មាត់​ប្រទេស​ចិន ដូចជា​គោរព​ប្រជាជន​ប្រទេស​នោះ​ដូចជា​ប្រជាជន​ចិន ដែរ»

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា លទ្ធផល​ទទួល​បាន​ពី​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គោលការណ៍​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​អនុវត្ត​គោល​នយោបាយ​សំណង​សមរម្យ និង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២៧ កក្កដា នេះ នឹង​យក​ទៅ​ចែក​រំលែក​បន្ត​ឲ្យ​ភាគី​ក្រុមហ៊ុន​សហគ្រាស និង​អង្គការ​ជាតិ-អន្តរជាតិ ព្រម​ទាំង​ទៅ​កាន់​ក្រសួង​រដ្ឋាភិបាល​ពាក់ព័ន្ធ​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ​ពលករ​ជាប់​គុក​នៅ​ថៃ​ស្នើ​អាដហុក​ខេត្ត​បន្ទាយមានជ័យ​ជួយ​សាច់ញាតិ​ចេញ​ពី​គុក

$
0
0

សាច់ញាតិ​ពលករ​ដែល​ចាញ់​បោក​មេ​ខ្យល់​ធ្វើ​លិខិត​ឆ្លង​ដែន​នាំ​ទៅ​ប្រទេស​ថៃ ចំនួន ៥​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​នេះ ដើម្បី​ឲ្យ​ជួយ​ផ្លូវ​ច្បាប់​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​សាច់ញាតិ​របស់​ខ្លួន​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ត្រឡប់​មក​កម្ពុជា វិញ។ តុលាការ​ថៃ បាន​ផ្ដន្ទាទោស​ឲ្យ​សាច់ញាតិ​របស់​ពួក​គេ​ជាប់​គុក​ម្នាក់​ចំនួន ៦​ឆ្នាំ ពី​បទ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ប្រទេស​ថៃ។

សាច់ញាតិ​ពលករ​នៅ​ស្រុក​មង្គលបូរី លើក​ឡើង​ថា សាច់ញាតិ​របស់​ពួក​គេ​មិន​គួរ​ជាប់​គុក ៦​ឆ្នាំ​ទេ ព្រោះ​ពេល​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​នោះ ពួក​គេ​ពុំ​បាន​ដឹង​ថា​កាន់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នោះ​ទេ។

ពលរដ្ឋ​ឈ្មោះ សឿន កាន់ ថ្លែង​ថា ពលករ​ខ្មែរ​ចំនួន ១០​នាក់ នៅ​ខេត្ត​បាត់ដំបង ៥​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ៥​នាក់ ក្នុង​នោះ​ក៏​មាន​សាច់ញាតិ​របស់​លោក​ចំនួន ៤​នាក់​ផង​ដែរ គឺ​ប្រុស​ម្នាក់ និង​ស្រី ៣​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​សុរិន្ទ របស់​ថៃ ផ្ដន្ទាទោស​ដាក់​គុក​ម្នាក់​ចំនួន ៦​ឆ្នាំ ក្រោម​បទ​ចោទ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១៧ សាច់ញាតិ​របស់​លោក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​ឈ្មោះ ដា ភេទ​ស្រី រស់នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយ​ឲ្យ​មេ​ខ្យល់​ម្នាក់​ប្រមាណ ៣០​ម៉ឺន​រៀល ដើម្បី​ឲ្យ​ជួយ​នាំ​ឆ្លង​ដែន។

លោក​បន្ថែម​ថា នៅ​ពេល​ចេញ​ដំណើរ មេ​ខ្យល់​បាន​ឲ្យ​លិខិត​ឆ្លង​ដែន​ពលករ​កាន់​ចូល​ទៅ​ប្រទេស​ថៃ ដោយ​ពុំ​ដឹង​ថា​ជា​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​ប៉ូលិស​ថៃ បាន​ត្រួត​ពិនិត្យ និង​ចាប់​ខ្លួន​នៅ​ក្នុង​ទឹកដី​ខេត្ត​សុរិន្ទ តែ​ម្ដង៖ «គាត់​បាន​ប្រាប់​ប៉ូលិស​ថៃ ដែរ​ថា មេ​ខ្យល់​នាំ​មក ហើយ​ខាង​ថៃ តាម​ចាប់​រយៈពេល ៣​ខែ​ហើយ តែ​ចាប់​មិន​បាន គេ​ក៏​សម្រេច​កាត់​ក្ដី​ពលករ​ទាំង ១០​នាក់​តែ​ម្ដងមុន​ដំបូង​គេ​កាត់​ក្ដី​ជាប់ ១២​ឆ្នាំ តែ​ដោយសារ​ពួក​គាត់​សារភាព តុលាការ​ក៏​បាន​សម្រាល​ទោស​មក​នៅ ៦​ឆ្នាំ​វិញបើ​ទោះ​ជា​ជាប់ ៦​ឆ្នាំ ខ្ញុំ​គិត​ថា​យូរ​ណាស់ គ្មាន​អ្នក​ណារក​ស៊ី​ចិញ្ចឹម​កូន​ចៅ​របស់​ពួក​គាត់​ទេ»

អាស៊ីសេរី ពុំ​អាច​រក​ប្រភព​ទាក់ទង​មេ​ខ្យល់​ឈ្មោះ ដា ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា។

សាច់ញាតិ​ពលករ​ដាក់​ពាក្យ​ស្នើ​អន្តរាគមន៍​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ជួយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​បាន​ត្រឡប់​មក​កម្ពុជា វិញ។

មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្នុង​ករណី​នេះ ពលករ​ទាំង ១០​នាក់​ពុំ​មាន​ចេតនា​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នោះ​ទេ តែ​ជា​កំហុស​របស់​មេ​ខ្យល់​ដែល​ប្រគល់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ឲ្យ​ពលករ​ចូល​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់៖ «យើង​ឃើញ​ថាមិន​គួរចាប់​គាត់ដាក់​គុក​ទេ គួរ​តែ​ស៊ើបសួរ ហើយ​ដោះលែង​គាត់នៅ​ពេលខាង​មុខ ក្រោយ​ពេល​យើង​សាកសួរ​ពួក​គាត់​រួច យើង​បញ្ជូន​ឯកសារ​ទៅ​ស្នាក់ការ​កណ្ដាល​អាដហុក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ការ​បរទេស​ខ្មែរ​ទាក់ទង​ជាមួយ​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​បាងកក ផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​រួច​ទោស ព្រោះ​តាម​ពិត​ពួក​គាត់​ចាញ់​បោក​មេ​ខ្យល់​ទេ»

បច្ចុប្បន្ន ពលករ​ខ្មែរ​ទាំង ១០​នាក់ ត្រូវ​បាន​តុលាការ​ថៃ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សុរិន្ទ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ករណី​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ជួយ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ ឲ្យ​ពលករ​រួច​ទោស​ត្រឡប់​មក​កម្ពុជា វិញ​បាន ព្រោះ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ស្នើ គ.ជ.ប ចំនួន​៣​ចំណុច​ដើម្បី​កែលំអ​ការ​បោះឆ្នោត

$
0
0

សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំ​មើល​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត បាន​ដាក់​អនុសាសន៍​ចំនួន​បី​ចំណុច​ធំៗ​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដើម្បី​កែលំអ និង​ពង្រឹង​លទ្ធផល​ការងារ​របស់ គ..ប សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ឲ្យ​ដឹង​ថា ចំណុច​ដែល គ..ប គួរ​កែលំអ​នោះ​រួម​មាន ផ្នែក​បទបញ្ជា និង​នីតិវិធី ការ​ពង្រឹង​សមត្ថភាព​របស់​មន្ត្រី គ..ប និង​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត។

លោក​បាន​រៀបរាប់​ថា សង្គម​ស៊ីវិល​បាន​ស្នើ គ..ប ឲ្យ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ដល់​ទីតាំង​ភូមិ ឬ​ទី​វត្ត​អារាម ការ​ជួយ​សម្រួល​ឲ្យ​ជន​ពិការ​ងាយស្រួល​ចុះ​ឈ្មោះ ការ​កំណត់​ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ ១០០​នាក់​ឡើង​ទៅ​ដើម្បី​បង្កើត​ការិយាល័យ ការ​ទុក​ឲ្យ​សង្គម​ស៊ីវិល​ជា​អ្នក​កំណត់​អ្នក​សង្កេតការណ៍​ចល័ត ការ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​ដក​សិទ្ធិ​បោះឆ្នោត ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង ការ​បង្កើត​ការិយាល័យ​បោះឆ្នោត និង​ការ​ដាក់​បង្ហាញ​ទិន្នន័យ​ចំនួន​អ្នក​ចុះ​ឈ្មោះ ដើម្បី​អ្នក​វិភាគ​យក​ទៅ​វិភាគ​បាន។

មួយ​ទៀត​នោះ លោក កន សាវាង្ស បាន​បញ្ជាក់​ថា គ..ប គួរ​ពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ខ្លួន ពិសេស​ពី​កិច្ចការ​បញ្ជូន​ទិន្នន័យ​ឲ្យ​មាន​ប្រសិទ្ធភាព និង​កម្រិត​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការងារ​ឲ្យ​ប្រសើរ។

ចំណែក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត គឺ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ គ..ប ធ្វើ​របាយការណ៍​បញ្ជាក់​ពី​ស្ថានភាព​នៃ​ការ​ចូលរួម​របស់​ពលករ​ចំណាក​ស្រុក ក្នុង​ដំណើរការ​ចុះ​ឈ្មោះ និង​ការ​បោះឆ្នោត ដែល​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​ទៅ៖ «នៅ​ក្នុង​វិសោធនកម្ម​ច្បាប់​ហ្នឹង ចំណុច​ដែល​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ខាង​ក្រៅ ដែល​អាច​ប្រឈម​នឹង​ការ​បាត់បង់សិទ្ធិ​ក្នុងការ​ចុះ​បោះឆ្នោត និង​បោះឆ្នោត។ បញ្ហា​នេះ យើង​មើល​ឃើញ​ថា​មាន​ការ​រុញ​ដាក់​គ្នា​រវាង​តំណាងរាស្ត្រ និង គ..»

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា គ..ប នឹង​ពិនិត្យ​សិក្សា​លើ​អនុសាសន៍​ដែល​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​បាន​ដាក់​ជូន៖ «អនុសាសន៍​ដែល គ..បាន​កំណត់ (ដាក់​ជូន ..) ត្រឹម​ថ្ងៃ​ទី​២៥ យើង​បាន​ប្រមូល​អស់​ហើយ ហើយ​ទាល់​តែថ្ងៃ​ស្អែក​ទើប គ..ធ្វើ​ការ​ប្រជុំ​ពិនិត្យ​លើ​អនុសាសន៍​ទាំងឡាយ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ»

លោក​បន្ថែម​ថា បច្ចុប្បន្ន គ..ប កំពុង​ជ្រើសរើស​គ្រូ​បណ្តុះបណ្តាល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ពី​បទបញ្ជា និង​នីតិវិធី និង​ជ្រើសរើស​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​ទាំង ១.៦៤៦ សម្រាប់​ត្រៀម​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ គ..ប បង្ហាញ​ថា អ្នក​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង ៩​លាន ៦​សែន​នាក់ តែ​អ្នក​ចុះ​ឈ្មោះ​ពិតប្រាកដ​មាន​ជាង ៧​លាន ៨​សែន​នាក់​ប៉ុណ្ណោះ។ នេះ​គេ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ពលរដ្ឋ​ខ្មែរ​ជាង ១​លាន​នាក់​ផ្សេង​ទៀត ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ផង។

អ្នក​តាមដាន​ការ​បោះឆ្នោត​យល់​ឃើញ​ថា អ្នក​ចំណាក​ស្រុក​ទាំងអស់​នេះ​មិន​គួរ​បាត់បង់​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរ​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ចូលរួម​ចុះ​ឈ្មោះ និង​បោះឆ្នោត​ដូច​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចៅ​អធិការ​វត្ត​ច្បារអំពៅ​នឹង​ដាក់​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ប្រឆាំង​លោក ខឹម វាសនា

$
0
0

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ច្បារអំពៅ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ ក្រុង​ភ្នំពេញ បាន​អំពាវនាវ​ទទួល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទូទាំង​ប្រទេស ដើម្បី​ស្នើ​ទៅ​​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ប្រឆាំង​មេ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ព្រះតេជព្រះគុណ ហោ សុខុន បាន​ចាត់​ទុក​លោក ខឹម វាសនា ថា ជា​អ្នក​នយោបាយ​ដែល​មិន​គោរព​អង្គ​ព្រះមហាក្សត្រ ជា​ពិសេស​ជាន់​ឈ្លី​ព្រះពុទ្ធ​សាសនា និង​ជាតិ​សាសន៍​ខ្លួន​ឯង។

បណ្ដឹង​ប្រឆាំង​លោក ខឹម វាសនា នេះ​ ត្រូវ​បាន​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ច្បារអំពៅ មាន​ថេរដីកា​ថា មុន​នឹង​ដាក់​ទៅ​តុលាការ​ដែល​ជា​ជម្រើស​ចុង​ក្រោយ​នោះ គឺ​បណ្ដឹង​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​នេះ ត្រូវ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ រដ្ឋ​សភា និង​រដ្ឋាភិបាល​ជា​មុន​សិន។

មាន​ថេរដីកា​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​វត្ត​ច្បារអំពៅ ព្រះតេជព្រះគុណ ហោ សុខុន យល់​ឃើញ​ថា លោក ខឹម វាសនា កាន់​តែ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ទៅៗ ជា​ពិសេស​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ នៅ​ពេល​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចាញ់​ឆ្នោត។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​នឹង​មិន​ប្តឹង​ដើម្បី​ឲ្យ​រំលាយ​គណបក្ស​នេះ​ទេ ប៉ុន្តែ​ការ​អំពាវនាវ​នេះ​គឺ​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ចំពោះ​លោក ខឹម វាសនា វិញ៖ «ទាក់ទង​នឹង​ស្ថាន​ទម្ងន់​ទោស​របស់​គាត់​ដែល​អាត្មា​ប្ដឹង​ចោទ​ប្រកាន់​នេះ សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ស្ថាប័ន​អ្នក​កាន់​ច្បាប់ និង​អនុវត្ត​ច្បាប់ សូម​ដាក់​ឲ្យ​កម្រិត​ទោស​គាត់​ប៉ុណ្ណា ដាក់​ប៉ុណ្ណឹង»

អ្នក​នយោបាយ​​ដែល​មាន​ប្រភព​ចេញ​ពី​តួកុន​នេះ ពុំ​មែន​ទើប​តែ​មាន​បណ្ដឹង​ថ្មីសន្លាង​នៅ​ពេល​នេះ​ឡើយ។ កាល​ពី​ឆ្នាំ​២០១៥ គណៈ​សង្ឃ​នាយក​បាន​ដាក់​បណ្ដឹង​ម្ដង​រួច​ហើយ​ដែរ​​ទៅ​លោក ហ៊ុន សែន។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ក៏​មាន​បណ្តឹង​ដាច់​ដោយ​ឡែក​មួយ​ថ្មី​ទៀត របស់​លោក សុច សឿង ពលរដ្ឋ​រស់នៅខណ្ឌ​ដង្កោ ដាក់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ប្រឆាំង​នឹង​លោក ខឹម វាសនា នេះ​ដែរ។

មាន​ថេរដីកា​ទៅ​កាន់​ក្រុម​អ្នក​កាសែត ព្រះគ្រូ​ចៅ​អធិការ​វត្ត​ច្បារអំពៅ អង្គ​នេះ​បញ្ជាក់​ថា បណ្ដឹង​នេះ​គ្រោង​នឹង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​អំឡុង ២ ឬ ៣​ថ្ងៃ​ខាង​មុខ​ទៀត ក្រោយ​ទទួល​បាន​ញត្តិ​គ្រប់គ្រាន់។ ព្រះអង្គ​បន្ត​ថា រាល់​ពាក្យ​បណ្ដឹង​ត្រូវ​មាន​ភាព​ស្អាតស្អំ ហើយ​អ្នក​ដែល​ប្ដឹង​ត្រូវ​សុំ​ថត​រូប​មួយ​ប៉ុស្តិ៍​ទុក​ផង។ ព្រះអង្គ​បន្ត​ថា បណ្ដឹង​ប្រឆាំង​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នេះ ពុំ​មែន​រៀបចំ​ឡើង​សម្រាប់​តែ​ក្នុង​ប្រទេស​ទេ ពោល​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ ក៏​រៀបចំ​យុទ្ធនាការ​ស្នាម​មេដៃ និង​ញត្តិ​ដូច​គ្នា​នេះ​ដែរ។

លោក ខឹម វាសនា រង​ការ​រិះគន់​ថា ជា​អ្នក​នយោបាយ​ដែល​បណ្ដុះ​វប្បធម៌​ជេរ និង​ប្រមាថ​ជាតិ​សាសន៍​ខ្លួន​ឯង​ដោយ​មិន​សំចៃ​មាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជា​អ្នក​នយោបាយ​ដែល​ប្រមាថ​ព្រះចេស្ដា​ព្រះមហាក្សត្រ ដែល​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ​ថែម​ទៀត​ផង។ មាត្រា ៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា អង្គ​ព្រះ​មហាក្សត្រ​ពុំ​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា តុលាការ​ក្រុង​ភ្នំពេញ បាន​ចាត់​ការ​លើ​បណ្ដឹង​ប្រឆាំង​លោក ខឹម វាសនា នេះ​ម្ដង​រួច​ហើយ​ដែរ។ ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ស៊ិន វីរៈ បាន​កោះ​ហៅ​ដើម​បណ្ដឹង​ឈ្មោះ សុច សឿង ដែល​ប្ដឹង​លោក ខឹម វាសនា ពី​បទ​ជេរ​ប្រមាថ និង​មើល​ងាយ​ពូជសាសន៍​ខ្មែរ​នេះ ហើយ​សន្យា​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ។

អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ជិន ថុន អះអាង​ថា គណបក្ស​ហាក់​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​នេះ​ទេ ហើយ​បញ្ហា​នេះ​ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​គណបក្ស​ដែរ។ ជាង​នេះ​ទៀត គណបក្ស​របស់​លោក​ស្វាគមន៍​ជានិច្ច និង​ព្យាយាម​ដោះស្រាយ​គ្រប់​ដំណាក់កាល៖ «បើ​និយាយ​ពី​ជំហរ​របស់​គណបក្ស គណបក្ស​ដូច​តែ​រឿង​មុន​អ៊ីចឹង។ យើង​ឲ្យ​ដំណើរ​ការ​ព្រះអង្គ​ធ្វើ​អី ឲ្យ​ព្រះអង្គ​ធ្វើ​មុន​ទៅ។ គណបក្ស​ចាំ​តែ​ទៅ​តាម​ក្រោយ​ដូច​លោក សុច សឿង ដែល​បាន​ប្ដឹង​មុន​អ៊ីចឹង»

អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​ភាគី​ក្រសួង​មហាផ្ទៃ បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ និង​កាតព្វកិច្ច​ធ្វើ​បណ្ដឹង​បាន​ដូច​គ្នា ផ្អែក​ទៅ​តាម​គោលការណ៍​ច្បាប់។ លោក​បន្ត​ថា មូលហេតុ​ដែល​ឈាន​ទៅ​ការ​ប្ដឹងផ្ដល់​នេះ អាច​មក​ពី​អ្នក​ធ្វើ​ការ​សម្រេច​ក្នុង​គោលនយោបាយ មិន​ខ្វល់​ពី​អ្នក​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជាតិ និង​សង្គម។ ជាង​នេះ​ទៀត ប្រសិន​បើ​ភាគី​ណា​មួយ​នៅ​តែ​ឆ្លៀត​កេង​ចំណេញ​ពី​ការ​ធ្វើ​នយោបាយ​មិន​ស្មោះត្រង់​នេះ​ទៀត នោះ​ការ​ដោះស្រាយ​នៅ​តែ​ពុំ​មាន​ប្រសិទ្ធភាព៖ «ប្រសិន​បើ​ក្នុង​ករណី​នេះ អ្នក​នយោបាយ​ផ្សេង​ទៀត​នៅ​ប្រើប្រាស់​ផលប្រយោជន៍​នេះ​ទេ ខ្ញុំ​យល់​ឃើញ​ថា ប្រហែល​ជា​ប្រសិទ្ធភាព​ក្នុង​ការ​ទទួល​ការ​ឆ្លើយ​តប ឬ​ការ​ដោះស្រាយ ឬ​ក៏​ការ​សម្របសម្រួល​ណា​មួយ​ប្រហែល​ជា​នឹង​មិន​បាន​ទៅ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​នោះ​ទេ»

ព្រះតេជព្រះគុណ ហោ សុខុន ព្រមាន​ថា ប្រសិន​ក្រសួង​មហាផ្ទៃ មិន​ចាត់​វិធានការ​តាម​សំណើ​លើ​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទេ មាន​ញត្តិ​បន្ត​ទៀត​នឹង​រុញ​ទៅ​រដ្ឋាភិបាល។យុទ្ធនាការ​ប្រមូល​ញត្តិ​នេះ ព្រះតេជព្រះគុណ ហោ សុខុន មាន​សុទិដ្ឋិនិយម​ថា ប្រសិន​បើ​រដ្ឋាភិបាល​ព្រងើយកន្តើយ បញ្ហា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ត្រូវ​បាត់បង់​សំឡេង​គាំទ្រ​មួយ​កម្រិត​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់​វារីអគ្គិសនី​សេសាន​ព្រួយ​ខ្លាច​ទឹក​ជំនន់​លិច​ផ្ទះ

$
0
0

នៅ​គ្រា​ដែល​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​បិទ​ទ្វារ​ទឹក​សាកល្បង ដើម្បី​ផ្គត់ផ្គង់​ទឹក​ក្នុង​ផ្ទៃ​អាង​ដើម្បី​ផលិត​ថាមពល​អគ្គិសនី អ្នក​ភូមិ​ដែល​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​បើក​ទ្វារ​ទឹក រួម​ផ្សំ​ទឹក​ភ្លៀង​ផង នាំ​ឲ្យ​មាន​ទឹក​ជំនន់​កើត​ឡើង​លិចលង់​លំនៅឋាន និង​ដី​ស្រែ​ពួក​គាត់។

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៃ​ស្រុក​សេសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ស្ថានភាព​ទឹក​ទន្លេ​សេសាន​កើន​ឡើង​ជិត ២​ម៉ែត្រ​នៅ​ឆ្នាំ​នេះ ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ឆ្នាំ​២០១៦។ អ្នក​ភូមិ​ថា កម្ពស់​ទឹក​កើន​ឡើង​នេះ​បណ្ដាល​ឲ្យ​លិច​ស្រូវ​ពលរដ្ឋ​មួយ​ចំនួន និង​លិច​ផ្លូវ​មួយ​ចំនួន​ដែរ។

ពលរដ្ឋ​រស់នៅ​ដង​ទន្លេ​សេសាន​នៃ​ឃុំ​ភ្លុក ស្រុក​សេសាន លោក ឃៀន ប៊ុនហេង ឲ្យ​ដឹង​ថា អ្នក​ភូមិ​រស់នៅ​ក្រោម​ទំនប់ ភ័យ​ព្រួយ​ខ្លាំង​ពី​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​ជា​យថាហេតុ បើ​ក្រុមហ៊ុន​បើក​ទ្វារ​ទឹក អាច​បង្ក​ឲ្យ​លិចលង់​ផ្ទះ​សម្បែង​ពួក​គាត់ នៅ​គ្រា​ដែល​ទឹក​ទន្លេ​មេគង្គ និង​ទន្លេ​សេសាន កំពុង​កើន​ឡើង​ខ្លាំង។ លោក​រំឭក​ថា កន្លង​ទៅ​នៅ​ពេល​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​វៀតណាម គឺ​ទំនប់​យ៉ាលី និង​ទំនប់​សេសាន ៤​អេ នៅ​ដង​ទន្លេ​សេសាន ធ្លាប់​បើក​ទ្វារ​ទឹក បណ្ដាល​ឲ្យ​លិច​លំនៅឋាន​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​រតនគិរី៖ «ពលរដ្ឋ​នៅ​ឃុំ​ភ្លុក ទាំងអស់​ព្រួយ​បារម្ភ​គ្រប់​គ្នា ហើយ​ខ្លាច​ទឹក​ហៀរ​មក​លិច​ស្រូវ ចម្ការ ផ្ទះ​សម្បែង សំខាន់​ក្រុមហ៊ុន​ហ្នឹង​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ក្តី​បារម្ភ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ថា ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​បាន ៨​ទ្វារ​ទឹក​ហើយ ហើយ​មន្ត្រី​បច្ចេកទេស​កំពុង​រង់ចាំ​មើល​អាកាសធាតុ ព្រោះ​បច្ចុប្បន្ន​ទឹក​ជំនន់​កំពុង​កើន​ឡើង​ពី​ខ្សែ​ទឹក​ខាង​លើ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ជុំវិញ​ការ​បារម្ភ​របស់​ពលរដ្ឋ អាជ្ញាធរ​ខែត្រ​ធ្លាប់​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន ឲ្យ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ទាក់ទិន​ដំណើរការ​បិទ​ទ្វារ​ទឹក​សាកល្បង។ លោក​ថា អាជ្ញាធរ​ខែត្រ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បង្កើត​ស្ថានីយ​ជូន​ដំណឹង ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ផង ក្នុង​បំណង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​ខែត្រ​បាន​បញ្ជូន​កម្លាំង​ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​លើ​ជា​អាទិភាព៖ «សុំ​ជម្រាប​ជូន​ពុក​ម៉ែ​បង​ប្អូន​ឲ្យ​បាន​ជ្រាប​ថា អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក និង​ខែត្រ បាន​គិតគូរ​មុន​នេះ​ហើយ​កិច្ច​ការងារ​នេះ ហើយ​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ធ្វើ​ការ​ប្រុងប្រយ័ត្ន និង​មាន​ស្ថានីយ​ជូន​ដំណឹង​មួយ​ច្បាស់លាស់»

មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ទំនប់​វារីអគ្គិសនី​ដែល​ត្រូវ​បាន​សាងសង់​នៅ​តាម​ដង​ទន្លេ​សេសាន មាន​ចំនួន​៧ ក្នុង​នោះ​ទំនប់​ចំនួន​៦ ឋិត​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ទំនប់​វារីអគ្គិសនី​យ៉ាលី ទំនប់​វារីអគ្គិសនី​ផ្លេក្រុង ទំនប់​វារីអគ្គិសនី​សេសាន​៣ ទំនប់​វារីអគ្គិសនី​សេសាន ៣​អា ទំនប់​វារីអគ្គិសនី​សេសាន​៤ ទំនប់​វារីអគ្គិសនី​សេសាន ៤​អា និង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ក្នុង​ខែត្រ​ស្ទឹងត្រែង។ ក្នុង​ចំណោម​ទំនប់​ទាំងនោះ មាន​ទំនប់​វារីអគ្គិសនី​សេសាន ៤​អា ឬ​ហៅ​ថា​ទំនប់​ទប់​ទឹក​ជំនន់​មិន​ឲ្យ​លិច​នៅ​ប្រទេស​វៀតណាម ដែល​មន្ត្រី​សង្គម​ស៊ីវិល​ចោទ​ថា ធ្លាប់​បើក​ទ្វារ​ទឹក​បង្ក​ឲ្យ​លិចលង់​លំនៅឋាន​ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ខែត្រ​រតនគិរី និង​ខែត្រ​ស្ទឹងត្រែង។

ទីប្រឹក្សា​ស្រាវជ្រាវ​ឯករាជ្យ លោក ភូ ប៊ុនថាន់ ឲ្យ​ដឹង​ថា បទពិសោធន៍​ការ​បង្ហូរ​ទឹក​នៃ​វារីអគ្គិសនី​របស់​ប្រទេស​វៀតណាម បង្ក​ឲ្យ​មាន​ទឹក​ជំនន់ ជា​សញ្ញា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ។ ហេតុ​នេះ ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បង្កើន​ល្បឿន​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវ​បង្កើត​ប្រព័ន្ធ​ជូន​ដំណឹង​ឲ្យ​ទូលំទូលាយ​ស្ដីពី​ការ​បិទ និង​បើក​ទ្វារ​ទឹក និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រកាស​អាសន្ន​នៅ​ភូមិ​នីមួយៗ ដើម្បី​ផ្តល់​ដំណឹង​មុន​ពេល​បើក​ទ្វារ​ទឹក៖ «ខ្ញុំ​គិត​ថា ក្រុមហ៊ុន​ត្រូវ​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​ទាក់ទិន​គ្រប់គ្រង​ទឹក​ក្នុង​អាង ទាក់ទិន​ទំនប់​សេសាន​ក្រោម​ពីរ ហើយ​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា ក្នុង​ការជូន​ដំណឹង ឬ​ប្រកាស​អាសន្ន​អាជ្ញាធរ និង​ពលរដ្ឋ​នៅ​ផ្នែក​ខាង​ក្រោម»

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ត្អូញ​ថា អ្នក​ភូមិ​រស់នៅ​តាម​ដង​ទន្លេ​ប្រឈម​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ព្រោះ​មិន​អាច​ចាប់​ត្រី​បរិភោគ​បាន​ដូច​ឆ្នាំ​មុនៗ ហើយ​ស្ថានភាព​ទឹក​ទន្លេ​នឹង​ស្រក​ខ្លាំង​នៅ​រដូវ​ប្រាំង ដែល​នាំ​ឲ្យ​ទឹក​នៅ​តំបន់​ខ្លះ​ត្រូវ​រីង​រាក់ និង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ដាក់​ឲ្យ​ដំណើរការ។

ដោយឡែក​ស្ថានភាព​ទឹក​ទន្លេ​របស់​ពលរដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​លើ​នៅ​ឃុំ​ស្រែគរ កំពុង​កើន​ឡើង​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ចាស់​មួយ​ចំនួន។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា កម្ពស់​ទឹក​បាន​កើន​ឡើង ១​ម៉ែត្រ​ពីរ​តឹក ប្រៀបធៀប​កម្ពស់​ទឹក​កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា។ លោក​ថា ទឹក​ទន្លេ​កំពុង​ជន់​ឡើង​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​នៅ​ចុង​ភូមិ​ស្រែគរ​ចាស់​នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ហើយ​ពលរដ្ឋ​កំពុង​ជញ្ជូន​សម្ភារៈ និង​សត្វ​ចិញ្ចឹម​ទៅ​ទីទួល​សុវត្ថិភាព៖ «ទាក់ទង​សម្ភារៈ​គាត់​ដែល​សំខាន់ៗ ក្រោម​ផ្ទះ​គាត់​រៀប​ឡើង​លើ​ផ្ទះ​ទាំងអស់ និង​ឲ្យ​គាត់​ប្រយ័ត្នប្រយែង​យប់​ព្រលប់​អី​ណា»

លោក សៀក មេគង្គ បន្ថែម​ថា អាជ្ញាធរ និង​ក្រុមហ៊ុន កំពុង​ត្រៀម​កម្លាំង​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ ដោយ​បាន​ត្រៀម​ទូក​ជញ្ជូន​សម្ភារៈ និង​កុមារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ទឹក​ជំនន់​ពីរ​ថ្ងៃ​ទៀត

$
0
0

អាកាសធាតុ​ព្យុះ​ភ្លៀង​ចាប់​ផ្ដើម​បង្ក​ឲ្យ​ជន់​លិចលង់​តំបន់​មួយ​ចំនួន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រមាន​អំពី​ទឹក​ជំនន់​បន្ថែម​ទៀត ហើយ​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៅ​មុខ​ទៀត។

អនុប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង នឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​ទី​២៨ កក្កដា៖ «ខ្ញុំ​បាន​ទទួល​ថា វា​ឡើង​ដល់​កម្ពស់ ១០​ម៉ែត្រ ៥៥​សង់ទីម៉ែត្រ​ហើយ។ ដូច្នេះ​វា​ជា​កម្រិត​មួយ​សល់ ប្រហែល​ជា​មួយ​តឹក​អី​ទៀត ប្រហែល​ជា​ស្អែក​វា​អាច​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ហើយ​នៅ​ក្នុង​ខេត្ត​ក្រចេះ ប្រហែល​ជា​ខាន​ស្អែក​អី​បាន​ដល់​កម្រិត​ហ្នឹង។ បើ​ខេត្ត​កំពង់ចាម នៅ​ច្រើន​ណាស់ ប្រហែល​ជា ២​ម៉ែត្រ​អី​ទៀត​បាន​ដល់​កម្រិត​ប្រកាស​អាសន្ន។ ដូច្នេះ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​តែ​ក្នុង ខេត្ត​ទាំង​ពីរ​លើ​ហ្នឹង​ទេ តែ​នៅ​តាម​បណ្ដា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ ជុំវិញ​ទន្លេសាប​ហ្នឹង ខាង​អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ហើយ»

ស្រប​នឹង​ការ​ព្រមាន​នេះ​ដែរ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​ដោយ​ទឹក​ជំនន់ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ខេត្ត​មួយ​ចំនួន​បាន​លិចលង់ ដូចជា​ខេត្ត​ព្រះវិហារ ឧត្ដរមានជ័យ កំពង់ធំ និង​ខេត្ត​កំពត។ លោក កែវ វី ឲ្យ​ដឹង​ថា ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ខេត្ត​ព្រះវិហារ«ព្រឹក​មិញ​នេះ គឺ​ឡើង​ដល់​កម្រិត ១៣​ម៉ែត្រ ហើយ​នៅ​ក្នុង​ហ្នឹង ហើយ​តាម​ការ​រាយការណ៍ គឺ​មាន​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប ស្រុក​គូលែន ហើយ​និង​ក្រុង​ព្រះវិហារ ហ្នឹង។ ដំណាំ​ស្រូវ​ដែល​ប៉ះពាល់​ដោយសារ​ការ​លិច​ទឹក​ហ្នឹង មាន​ចំនួន​ជាង ៤​ពាន់​ហិកតារ ហើយ​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត យើង​មាន រងគ្រោះ​ស្លាប់​ចំនួន ២​នាក់ គឺ​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់។ ស្ត្រី​ហ្នឹង​គាត់​មាន​ជំងឺ ប៉ុន្តែ​គាត់​ខ្យល់​គ​ដួល ក្នុង​ទឹក​ហ្នឹង គាត់​ស្លាប់​ទៅ។ មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ដោយសារ​ទំនប់​មួយ វា​អាច​រង​ការ​ខូចខាត។ ដូច្នេះ​យើង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​គ្រួសារ​របស់​កងទ័ព​ឲ្យ​ទៅ​នៅ​ក្នុង​បន្ទាយ​របស់​កងទ័ព»

លោក​ថា បន្ទាប់​ពី​ខេត្ត​ព្រះវិហារ គឺ​ខេត្ត​ឧត្ដរមានជ័យ ក៏​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​បង្គួរ​ដែរ ដូចជា​បាក់​ទំនប់​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ហើយ​ជម្លៀស​ពលរដ្ឋ​ចេញ​ចំនួន ៤​ឃុំ។ រីឯ​ខេត្ត​កំពង់ធំ វិញ មាន​ស្រុក​សណ្ដាន់ និង​ស្រុក​កំពង់ស្វាយ មាន​ទឹក​លិចលង់​ខ្លះ ប៉ុន្តែ​ប្រសិន​បើទឹក​ស្ទឹងសែន​ក្នុង​ខេត្ត​កំពង់ធំ ឡើង​ជាង ៣​តឹក​ទៀត នឹង​ដល់​កម្រិត​ប្រកាស​អាសន្ន៖ «ខេត្ត​កំពង់ធំ វា​មួយ ឬ​ពីរ​ថ្ងៃ​ទៀត​លិច បើសិនជា​ភ្លៀង​នៅ​ឯ​លើ។ ប៉ុន្តែ​នៅ​លើ​ស្រឡះ​ហើយ​ប៉ុន្មាន ថ្ងៃ​នេះ»

ចំពោះ​ទឹក​ជំនន់​នៅ​ខេត្ត​កំពត ដែល​លិចលង់​ស្រុក​ទឹកឈូ កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា លោក កែវ វី ថា​មិន​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ព្រោះ​ទឹក​នោះ​លិច​មាន​រយៈពេល​ខ្លី ដែល​បណ្ដាល​មក​ពី​ការ​បើក​ទ្វារ​ទំនប់​វារីអគ្គិសនី​កំចាយ៖ «ខេត្ត​កំពត វា​មាន​ការ​លិចលង់​ចំនួន ៤​ភូមិ ប៉ុន្តែ​អត់​ប៉ះពាល់​អី​ច្រើន​ទេ ដោយសារ​អា​ហ្នឹង​ការ​បើក ទឹក​ពី​វារីអគ្គិសនី​មក​ផង។ ទឹក​ច្រើន​វា​បើក​មក ប៉ុន្តែ​ថ្ងៃ​នេះ ដូច​ជា​អត់​មាន​ការ​ឡើង​អី​ថែម​ទៀត​ទេ»

ដូចជា​ការ​លិច​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​កំពង់សីលា ដែរ នៅ​ពេល​នេះ​លោក​ថា ទឹក​នៅ​តំបន់​ទាំងនេះ​បាន​ស្រក​ខ្លះ​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កែវ វី អនុប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ថ្លែង​ថា នៅ​ពេល​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត និង​ថ្នាក់​ជាតិ បាន​ត្រៀម​វិធានការ​សង្គ្រោះ​បន្ទាន់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​កាន់​អំណាច​បដិសេធ​ការ​អះអាង​របស់​លោក សម រង្ស៊ី ថា​មាន​​សមាជិក​ចូល​រួម​បក្ស​ប្រឆាំង

$
0
0

គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ថា មិន​មាន​សមាជិក​របស់​ខ្លួន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

ប្រតិកម្ម​របស់​គណបក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​វិទ្យុ​សំឡេង​ព្រះសង្ឃឯករាជ្យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កក្កដា បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ផ្សាយ​ថា "មាន​មន្ត្រី​ជាន់​ខ្ពស់ និង​ជាន់​ទាប​មួយ​ចំនួន​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​មក​រួបរួម និង​ចុះ​ចូល​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ហ៊ាន​មក​នោះ​ទេ" ។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​បក្ស​ប្រជាជន ​មិន​ហ៊ាន​មក​ចូល​រួម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​អ្នក​ទាំង​នោះ​រង​ការ​គំរាម​កំហែង​ពី​មេ​ដឹក​នាំ​របស់​ពួកគេ។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ការ​បញ្ជាក់​ចំពោះ​ប្រសាសន៍​របស់​លោក​ដែល​វិទ្យុ​សំឡេង​ព្រះសង្ឃ​ឯករាជ្យ​យក​មក​ចុះ​ផ្សាយ​និង​មាន​ប្រតិកម្ម​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ​បាន​នៅ​ឡើយ កាល​ពី​យប់​ថ្ងៃ​ទី​២៧ កក្កដា។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី មិន​មែន​ជា​ការ​ពិត​នោះ​ទេ ហើយ​ថា មាន​តែ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ ដែល​កន្លង​ទៅ​បាន​មក​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​មូលដ្ឋាន​នានា។

គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ជា​រឿង​មួលបង្កាច់​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


យុវជន​បារម្ភ​ពី​ការ​បាត់បង់​ភូមិ​ថ្មបីដុំ​នៅ​តាកែវ​ទៅ​ប្រទេស​វៀតណាម

$
0
0

ក្រុម​យុវជន​បាន​ចេញ​របាយការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ភូមិ​ថ្មបីដុំ នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ ទៅ​ប្រទេស​វៀតណាម។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ក្នុង​យុទ្ធនាការ "១០០រាត្រី" បន្ត​ពី​លោក​បណ្ឌិត កែម ឡី។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​នេះ ដោយ​ចាត់​ទុក​ថា ជា​របាយការណ៍​ក្រុម​អគតិ និង​អះអាង​ថា ភូមិ​ថ្មបីដុំ នៅ​តែ​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ជា​រៀង​រហូត។

​របាយការណ៍​បឋម​ក្នុង​រាត្រី​៣៤ របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៤​ទំព័រ បាន​ដាក់​ចំណង​ជើង​ថា "ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​តំបន់​គ្រីមៀ (Crimea) ទី១​នៅ​​កម្ពុជា"។ ភូមិ​ថ្មបីដុំ​នេះ ស្ថិត​ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​ក្រុម​យុវជន​បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​២៤ និង​ទី​២៥ ខែ​កក្កដា។

​ការ​ព្រួយ​បារម្ភ​ថា ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​របស់​វៀតណាម​នោះ ដោយ​ក្រុម​យុវជន​សំអាង​លើ​ការ​រក​ឃើញ​៥​ចំណុច​សំខាន់ៗ។ ទី​១ គឺ​នៅ​ភូមិ​ថ្មបីដុំ នោះ មាន​ជនជាតិ​វៀតណាម រស់​នៅ​ស្ទើរ​តែ​ជាង ៩៩​ភាគរយ ក្នុង​នោះ​មួយ​ចំនួន​តូច​ចេះ​និយាយ​ខ្មែរ​តិចៗ។ ទី​២ រចនាបថ​សាងសង់​អគារ ផ្ទះសម្បែង ស្លាក​យីហោ​រក​ស៊ី និង​ការ​រស់​មាន​លក្ខណៈ​ជា​វៀតណាម ទី​៣ ពុំ​ឃើញ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដូច​វៀតណាម ដែល​នៅ​ជាប់​បង្គោល​ព្រំដែន​លេខ ២៦៥ ហើយ​ពលរដ្ឋ​វៀតណាម ចេញ​ចូល​យ៉ាង​សេរី។ ទី​៤ ភូមិ​ថ្មបីដុំ កម្រ​មាន​ប្រជាជន​ខ្មែរ​ចេញ​ចូល​ទី​នោះ ហើយ​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​នោះ​ឡើយ ខុស​ពី​វៀតណាម ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ភូមិ​ថ្មបីដុំ ទៅ​ប្រទេស​របស់​គេ​ដូចជា​បាន​សាងសង់​ផ្លូវ​ទាំង​ផ្លូវ​ទឹក និង​ផ្លូវ​គោក។ រី​ឯ​ចំណុច​ចុង​ក្រោយ​នោះ នៅ​ភូមិ​ថ្មបីដុំ គ្មាន​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ទេ ដូចជា​គ្មាន​វត្ត​អារាម សាលា​រៀង​ខ្មែរ មាន​តែ​ថ្មបីដុំ ដែល​ពលរដ្ឋ​ខ្មែរ​ស្គាល់​ថា ជា​របស់​ខ្មែរ តែ​នៅ​ពេល​នេះ ទី​នោះ​មាន​ការ​គោរព​បូជា​ពី​ប្រជាជន​វៀតណាម ទៅ​ហើយ។

​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ផ្អែក​លើ​ការ​រក​ឃើញ​ទាំង ៥​ចំណុច​ខាង​លើ​នេះ ធ្វើ​ឲ្យ​ពួកគេ​ហ៊ាន​សន្និដ្ឋាន​ថា ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​របស់​វៀតណាម នៅ​ថ្ងៃ​អនាគត បើ​ទោះ​បី​ជា​មាន​ការ​បោះ​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​២០១១ នៅ​ទី​នោះ គឺ​បង្គោល​ព្រំដែន​លេខ ២៦៥ ក៏ដោយ​ចុះ៖ «ចំណុច​ប្រាំ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នេះ គឺ​ជា​ចំណុច​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​ថ្មបីដុំ​នោះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​យើង​យ៉ាង​ជាក់ច្បាស់ ដូចជា​យើង​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការ​ចេញ​ចូល​របស់​វៀតណាម នៅ​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ធ្វើ​ផ្លូវ​ពី​ភូមិ​ថ្មបីដុំ មក​កម្ពុជា យើង​ឲ្យ​បាន​មួយ​ខ្សែ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ខ្មែរ​ទៅ​រស់​នៅ​ទី​នោះ ឲ្យ​បាន​ច្រើន​ទៅ​ច្រើន​ទៅ​ជាង​ពលរដ្ឋ​វៀតណាម។ នេះ​ទើប​យើង​ធានា​ថា ទៅ​ថ្ងៃ​អនាគត​យើង​អត់​បាត់បង់​ទឹក​ដី»

រី​ឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ឡើយ៖ «ទុក​អោយ​រាត្រី​ស្អី​គេ​នោះ​បន្ត​ទៀត​ទៅ ខ្ញុំ​គ្មាន​អ្វី​ទៅ​អត្ថាធិប្បាយ​ទេ»។

​ចំណែក​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ  មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ការ​ធុញទ្រាន់​ចំពោះ​មនុស្ស​អគតិ​មួយ​ចំនួន​ដែល​តែងតែ​និយាយ​អ៊ីចេះ និយាយ​អ៊ីចុះ អំពី​តំបន់​ថ្មបីដុំ។ ទោះ​យ៉ាង​ណា លោក​ហ៊ាន​ធានា​ថា តំបន់​ថ្មបីដុំ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​តាកែវ ដោយ​មាន​ប៉ូលិស ទាហាន ប៉េអឹម ឈរ​ជើង​នៅ​ទីនោះ​យ៉ាង​រឹង​មាំ៖ «ថ្មបីដុំ ជា​តំបន់​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ក្រោម​អធិបតេយ្យភាព​កម្ពុជា មាន​ប៉ុស្តិ៍​ប៉ូលិស មាន​ប៉ុស្តិ៍​យោធា ឈរ​ជើង​យ៉ាង​រឹម​មាំ​នៅ​ទី​នោះ មាន​ទាំង​ប៉ូលិស​ព្រំដែន យោធា​ព្រំដែន ប៉ូលិស​ព្រំដែន​វរៈព្រំដែន​៦០៣ ហើយ​និង​វីរៈ​ព្រំដែន​៣០១ ឈ​ជើង​យ៉ាង​រឹង​មាំ​នៅ​ទី​នោះ។ យើង​មាន​កាស៊ីណូ​ធំៗ ដើម្បី​ការពារ​បន្ទាត់​ព្រំដែន​របស់​យើង​នៅ​ទី​នោះ យើង​មាន​ផ្សារ​បីដុំ នៅ​ទី​នោះ ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ព្រំដែន អត់​មាន​គ្រីមៀ ទី​១ ទី​២ ទី​៣ ដូច​ពួក​អគតិ​មួយ​ចំនួន​និយាយ​ទេ»

​ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លើក​ឡើង​ថា អ្វី​ដែល​មាន​នៅ​ក្នុង​របាយការណ៍​នោះ គឺ​ពួកគេ​គ្រាន់តែ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ភូមិ​ខ្មែរ​ប៉ុណ្ណោះ ហើយ​លោក​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​ជំទាស់​លើ​របាយការណ៍​នេះ គាត់​គួរ​តែ​មាន​របាយការណ៍​ណា​មួយ​ដែល​បង្ហាញ​ពី​ការពិត​ជាក់ស្ដែង​ក្នុង​តំបន់​នោះ មក​បង្ហាញ​ពួក​យើង​វិញ ហើយ​បើ​ពួកគាត់​អត់​មាន ហើយ​សូម្បីតែ​ការ​ចុះ​ទៅ​ផ្ទាល់ គាត់​មិន​ទាន់​ទាំង​បាន​ចុះ​ទៅ​ផង តើ​គាត់​យក​សម្ដី​គាត់​មក​ប្រកែក​ថា របាយការណ៍​នេះ​មិន​ត្រឹមត្រូវ ដូច្នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គប្បី​សម្រាប់​ប្រជាជន​ខ្មែរ​ដែរ»

​ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ក៏​បាន​លើក​ហេតុផល ៥​ចំណុច​ដែរ​ថា នៅ​តំបន់​ថ្មបីដុំ​នោះ មិន​អាច​ទៅ​ជា​របស់​វៀតណាម។ ទី​១ គឺ​កម្ពុជា មាន​ច្រក​ថ្មបីដុំ ទី​២ មាន​កាស៊ីណូ​ថ្មបីដុំ ទី​៣ មាន​អ្នកតា​ថ្មបីដុំ ទី​៤ មាន​ព្រំដែន​ច្រក​ថ្មបីដុំ ទី​៥ គឺ​មាន​ឃុំ​ច្បាស់​ដែល​គេ​ស្គាល់​ថា​ថ្មបីដុំ៖ «ថ្មបីដុំ​នេះ យើង​បាន​ដឹង​ហើយ​ថា វា​ជា​របស់​កម្ពុជា ដែល​យើង​បាន​បោះ​បង្គោល​រួច​ហើយ។ ចំណុច​ទី​២ ម្តុំ​នោះ​សំបូរ​កាស៊ីណូ ហើយ​កាស៊ីណូ យើង​ដឹង​ហើយ​ថា ខ្មែរ​យើង​មិន​សូវ​លេង​ទេ មាន​តែ​ខាង​វៀតណាម លេង មិន​ខុស​ពី​ខាង​ប៉ោយប៉ែត ទេ។ កន្លែង​នេះ​ដែល​យើង​ចូល​ចិត្ត​ជ្រុលនិយម ហើយ​ខ្វះ​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ។ បើ​យើង​ក្រឡេក​មើល​ប៉ោយប៉ែត សូម្បីតែ​ហាង​ក៏​ដាក់​ភាសា​ថៃ ដែរ ហើយ​បើ​យើង​ទៅ​ប្រទេស​ថៃ វិញ យើង​ឃើញ​ពេទ្យ​ខ្លះ​ដាក់​អក្សរ​ខ្មែរ អក្សរ​អង់គ្លេស និង​អក្សរ​ថៃ ដូច​គ្នា។ អ៊ីចឹង​ធម្មតា​នៅ​ជិត​ព្រំដែន​វា​អ៊ីចឹង ហើយ​គាត់​និយាយ​គ្រីមៀ នេះ គាត់​មាន​យល់​អត់​រឿង​គ្រីមៀ នេះ?»

​ក្នុង​របាយការណ៍​ស្រាវជ្រាវ​នោះ ក្រុម​ការងារ "១០០​រាត្រី" បាន​បង្ហាញ​វិធីសាស្ត្រ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថា ពួកគេ​បាន​ចុះ​មូលដ្ឋាន​ផ្ទាល់ ជួប​ប្រជាពលរដ្ឋ និង​អាជ្ញាធរ និង​ធ្វើការ​អង្កេត​ផ្ទាល់​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច នយោបាយ បញ្ហា​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​អ្វី​ដែល​ជា​តម្រូវការ​ចម្បង​ដែល​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ជា​អាទិភាព និង​ជា​បន្ទាន់។ គោល​បំណង​នៃ​ការ​ស្រាវជ្រាវ​នេះ ពួកគេ​បញ្ជាក់​ថា ដើម្បី​ជួយ​រដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស ឲ្យ​មាន​ការ​រីក​ចម្រើន និង​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ និង​ចូលរួម​ការពារ​ប្រទេស​ទាំង​អស់​គ្នា ហើយ​ពួកគេ​អះអាង​ថា គ្មាន​ចេតនា​រិះគន់​ជាន់​ពន្លិច​គណបក្ស​ណា​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​នៅ​រតនគិរី​សុំ​ឲ្យ​អ.ស.ប​អន្តរាគមន៍​ករណី​រំលោភ​ដីធ្លី

$
0
0

ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​ជា​ថ្មី​ទៀ សុំ​​ឲ្យ​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ការ​តវ៉ា​ករណី​ក្រុមហ៊ុន​សម្បទាន​ឈូស​ឆាយ​​ដី​ប៉ះពាល់​ដី​កប់​សព ព្រៃ​តំណម និង​ដីចម្ការ​វិល​ជុំ​របស់​អ្នក​ភូមិ​សម្រាប់​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​ភិ ជាង ១៦០​គ្រួសារ ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា ផារី (7 Makara Phari) កាត់​ចេញ​ដី​កប់​សព ដី​ព្រៃ​តំណម ដី​ចម្ការ​វិល​ជុំ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​​​ដើម​ភាគ​តិច។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​សាលា​ប្រជុំ​ភូមិ​ភិ បន្ទាប់ពី​មន្ត្រី​ការិយាល័យ​​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​រាជធានី​ភ្នំពេញ ចុះ​ទៅ​កាន់​តំបន់​​នោះ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ភូមិ​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ស្ថាប័ន​នេះ​ឲ្យ​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ភូមិ​ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​នេះ។

​តំណាង​សហគមន៍ លោក សល់ តូច បញ្ជាក់​ថា សហគមន៍​បាន​ដាក់​ពាក្យ​ប្តឹង​ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ដោះស្រាយ​អ្វី​អាច​ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ លោក​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ស្រុក មិន​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​បាន​ទេ ពីព្រោះ​អ្នក​ភូមិ​ត្រូវ​បាន​ក្រុមហ៊ុន​ចោទ​ថា ជា​អ្នក​រំលោភ​ដី​របស់​ក្រុមហ៊ុន​ទៅ​វិញ៖ «កិច្ច​សន្យា​របស់​គាត់​តាំង​ពី​ចម្ការ​វិល​ជុំ អូរ តាំង​ពី​ចំណី​ទន្លេ ហើយ​សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន ៧​មករា ផារី នៅ​តែ​បន្ត​ឈូស​ឆាយ​ដាំ​ដុះ​ទៅ​លើ​ចម្ការ​វិល​ជុំ​បង​ប្អូន»

​ពលរដ្ឋ​ភូមិ​ភិ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ព្រៃ​កប់​សព ព្រៃ​គោរព​បូជា និង​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​នៅ​តំបន់​នោះ​អស់​ប្រមាណ ៦០០​ហិកតារ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ច្រាំងទន្លេ ឬ​ដី​មាត់​ទន្លេ និង​ចំណី​អូរ អស់​គ្មាន​សល់។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​កាប់​ឈើ​ប្រណិត​​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ព្រំដែន​ខុស​ច្បាប់។

មន្ត្រី​សមាគម​ខ្មែរ​លើ លោក ឌិត កាវែល ចាត់​ទុក​ការ​តវ៉ា​របស់​អ្នក​ភូមិ​ថា ជា​ការ​ត្រឹមត្រូវ ពីព្រោះ​អ្នក​ភូមិ​គឺ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រើប្រាស់​អាស្រ័យ​ផល​ដីធ្លី ព្រៃឈើ​នៅ​តំបន់​សហគមន៍​អភិរក្ស។ លោក​ថា ការ​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ និង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «យោង​លើ​ច្បាប់​ភូមិ​បាន​គាត់​មាន​សិទ្ធិ​គ្រប់គ្រង​ហើយ​មួយ​ទៀត​​ការ​សន្យា​របស់​អាជ្ញាធរ​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​គាត់​ដោយ​សមរម្យ»

​ទាក់ទង​រឿង​នេះ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ និង​បាន​ធ្វើ​របាយការណ៍​ទាក់ទិន​ការ​តវ៉ា​ជូន​អាជ្ញាធរ​បន្ថែម​ទៀត​ហើយ៖ «ការ​សម្រុះសម្រួល​បែប​ណា ចាំ​មើល​ខេត្ត​ឆ្លើយ​តប​សិន»

​ឆ្លើយ​តប​នឹង​សំណើ​របស់​អ្នក​ភូមិ មន្ត្រី​ការិយាល័យ​ឧត្តរ​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​ចុះ​ជួប​ពលរដ្ឋ​ភូមិ​ភិ លោក គឹម សម្បត្តិ ថ្លែង​ថា ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ចាត់​ទុក​កង្វល់​របស់​ពលរដ្ឋ​ថា​ជា​ករណី​​ត្រូវ​តែ​មាន​ដំណោះស្រាយ​សមស្រប ការពារ​សិទ្ធិ​រស់​នៅ​របស់​សហគមន៍។ លោក​ថា អ្នកភូមិ​​ត្រូវ​រក្សា​ភាព​អត់ធ្មត់ គ្មាន​អំពើ​ហិង្សា ខណៈ​ការិយាល័យ​សិទ្ធិមនុស្ស​កំពុង​ស្វែង​រក​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ៖ «អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​គាត់​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​ដំណើរ​មក​ថ្ងៃ​នេះ ដើម្បី​ចង់​ស្ដាប់ ចង់​ឃើញ​ផ្ទាល់​ពី​ពុក​ម៉ែ​បង​ប្អូន ថា​តើ​នៅ​ភូមិ​មាន​បញ្ហា​អ្វី​ខ្លះ?»

​មន្ត្រី​អាជ្ញាធរ​ស្រុក​ក៏​បាន​អះអាង​ដែរ​ថា ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ភូមិ​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន"

$
0
0

ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ថា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្ស​ពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ទោស​ថា បើ​សិន​មាន​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន នោះ អ្នកស្រី​មិន​ខ្ចី​ទៅ​ជាន់​ទេ។

​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា និង​ការ​ឆ្លើយ​បំភ្លឺ​របស់​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី ធ្វើ​ឡើង​ក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដែល​ប្ដឹង​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ មក​លើ​អ្នកស្រី ទេព វន្នី ចោល ពី​ករណី​ហិង្សា​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១៣ កន្លង​ទៅ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក ប៉ុល សំអឿន ប្រកាស​ថា តុលាការ​នឹង​ប្រកាស​សាលដីកា​ថ្ងៃ​ទី​៨ ខែ​សីហា ខាង​មុខ។

​សំណុំ​រឿង​នេះ ដើម​បណ្ដឹង​ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុករ​ប្រមាណ ១០០​នាក់​ទៅ​តវ៉ា​មុខ​ផ្ទះ​លោក ហ៊ុន សែន និង​បញ្ជា​ឲ្យ​បាតុករ​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ រហូត​បណ្ដាល​ឲ្យ​សន្តិសុខ​ពីរ​រូប​រង​របួស និង​បែក​ក្បាល។ ប៉ុន្តែ​ជនរងគ្រោះ​ភាគី​ដើម​បណ្ដឹង និង​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​នេះ​ទេ។ ដោយ​ឡែក​អ្នកស្រី ទេព វន្នី និង​សាក្សី​បី​នាក់​ដែល​ជា​ពលរដ្ឋ​សហគមន៍​បឹងកក់ ដែល​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ថា ពួកគេ​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ និង​មាន​ត្រឹម​បដា និង​ផ្កា​ឈូក​ប៉ុណ្ណោះ គ្មាន​ដុំ​ថ្ម ហើយ​ក៏​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ឡើយ មាន​តែ​ក្រុម​សន្តិសុខ​ទេ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់​ធ្មេញ និង​របួស​ជាដើម នៅ​ក្នុង​ហេតុការណ៍​នោះ។

នៅ​ក្នុង​បន្ទប់​សវនាការ​នោះ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ប៉ុល សំអឿន ព្យាយាម​សួរ​សំណួរ​ដើម្បី​ចង់​ដឹង​ថា តើ​អ្នកស្រី ទេព វន្នី ជា​មេដឹកនាំ​បាតុកម្ម​ដែល​បង្ក​ទៅ​ជា​ករណី​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣ ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដើម​បណ្ដឹង​ប្ដឹង អ្នកស្រី ទេព វន្នី ថា​ជា​អ្នក​ដឹក​នាំ​បាតុកម្ម និង​ដឹកនាំ​បាតុករ​ឲ្យ​ប្រព្រឹត្ត​ហិង្សា។

​ចំណែក​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុករ​ទៅ​មុខ​ផ្ទះ លោក ហ៊ុន សែន គឺ​មាន​ចេតនា​ទុច្ចរិត ព្រោះ​គ្មាន​អនុញ្ញាត​ពី​សាលាក្រុង​ភ្នំពេញ ហើយ​ទោះ​ជា​ក្រុម​សន្តិសុខ​រារាំង​ហើយ ពួកគេ​រុល​​ទៅ​មុខ​ទៀត។ ដូច្នេះ​លោក​ថា អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​ទៅ​ដាក់​ញត្តិ​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ដ្បិត​អី​លំនៅឋាន​នេះ​ជា​ឯកជន​របស់​លោក ហ៊ុន សែន មិន​មែន​អគារ​របស់​រដ្ឋ ឬ​ជា​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​កន្លែង​ដែល​នាយករដ្ឋមន្ត្រី​ធ្វើ​ការងារ​នោះ​ទេ។

​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ឡើង​វិញ​ថា អ្នកស្រី​មិន​មែន​ជា​អ្នកដឹកនាំ​បាតុកម្ម​ទេ គ្រាន់​តែ​ជា​សកម្មជន​ដីធ្លី​ដូច​អ្នក​ផ្សេង​ដែរ។ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​ដែល​ថា អ្នកស្រី​មាន​ទោស​ព្រោះ​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​នោះ អ្នកស្រី ទេព វន្នី ថា បើ​មាន​បម្រាម​ណា​មួយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​នាយករដ្ឋមន្ត្រី នោះ​អ្នកស្រី​នឹង​មិន​យក​ទៅ​ដាក់​​នៅ​ទី​នោះ​ទេ។

រីឯ​មេធាវី​ការពារ​អ្នកស្រី ទេព វន្នី គឺ​អ្នកស្រី សាម សុគន្ធា មាន​ប្រសាសន៍​ថា ការ​ដែល​កូន​ក្តី​អ្នកស្រី ឬ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ទៅ​សុំ​អន្តរាគមន៍​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី ព្រោះ​លោក ហ៊ុន សែន ធ្លាប់​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ក្រៅ​ឃុំ។  អ្នកស្រី​បន្ត​ថា ហេតុ​អី​តុលាការ​មក​ចោទ​ប្រកាន់​លើ​កូន​ក្តី​អ្នកស្រី បើ​តុលាការ​រក​អ្នក​ប្រព្រឹត្ត​មិន​ឃើញ​ផង​នោះ?

​នៅ​បន្ទប់​សវនាការ​ដែល​មាន​វត្តមាន​ជន​ជាប់​ចោទ អ្នកស្រី ទេព វន្នី និង​មេធាវី​ការពារ​ក្តី បែរ​ជា​អវត្តមាន​ដើម​បណ្ដឹង​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ តំណាង​ដើម​បណ្ដឹង គឹម វុត្ថា ប្រធាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដោយ​តុលាការ​បាន​ត្រឹម​អាន​ពាក្យ​បណ្ដឹង​របស់​ដើម​បណ្ដឹង​ប៉ុណ្ណោះ។ ចម្លើយ​របស់​ដើម​បណ្ដឹង​ទៀតសោត ចំណុច​ខ្លះ​ខុស​ពី​ការ​ពិត។ ពួកគេ​លើក​ឡើង​ថា នៅ​ពេល​ហិង្សា​នោះ គឺ​មាន​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា ចូល​រួម​ដែរ ប៉ុន្តែ​ជាក់ស្ដែង​ក្នុង​ពេល​តវ៉ា​គឺ​លោកស្រី យ៉ោម បុប្ផា កំពុង​ជាប់​ពន្ធនាគារ។

​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគារ ដែល​បាន​តាមដាន​ស្ដាប់​សវនាការ​នេះ​យល់​ថា សំណុំ​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ និយាយ​បើសិនជា​ខឹង​អ្នកស្រី ទេព វន្នី រឿង​យក​ញត្តិ​ទៅ​ដាក់​ផ្ទះ​នាយករដ្ឋមន្ត្រី គឺ​បាន​ដាក់​គុក​អ្នកស្រី​ជិត​មួយ​ឆ្នាំ​ហើយ​ល្មម​ឈប់​ខឹង​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​ចុះ៖ «នៅ​ក្នុង​រឿង​ហ្នឹង​គឺ​ខ្វះ​ភាព​មិន​ប្រក្រតី​នៃ​ការ​សាង​សំណុំ​រឿង​តាំង​ពី​ចម្លើយ និង​ភស្តុតាង និយាយ​ចំ​មាន​ច្រើន»

សកម្មជន​ដីធ្លី​ដ៏​ល្បី​ឈ្មោះ អ្នកស្រី ទេព វន្នី ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​មេដឹកនាំ​ពិភពលោក​របស់​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices)។ ទន្ទឹម​នឹង​ភាព​ល្បី​របស់​អ្នកស្រី​ត្រូវ​ជាប់​ឃុំ​ជា​ញឹកញាប់ ព្រោះ​បទ​ចោទ​នានា។ តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ជុំវិញ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣។

ស្ត្រី​មេម៉ាយ​វ័យ ៣៧​រូប​នេះ មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក និង​ចិញ្ចឹម​ម្ដាយ​ជរា​ម្នាក់​ទៀត។ នៅ​ក្នុង​បន្ទប់​សវនាការ អ្នកស្រី ទេព វន្នី ស្នើ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​អ្នកស្រី ដើម្បី​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ អ្នកស្រី​ថា ការ​ឃុំ​ខ្លួន​មនុស្ស​គ្មាន​ទោស​ជា​រឿង​អយុត្តិធម៌​ណាស់។ អ្នកស្រី​ថា កូន​អ្នកស្រី​ត្រូវការ​អ្នកស្រី​ដើម្បី​មើល​ថែរក្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​ភ្នំក្រោម​៨១​គ្រួសារ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ពន្លឿន​​ដោះស្រាយ​ជម្លោះ​ដីធ្លី

$
0
0

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៨១​គ្រួសារ នៅ​ភូមិ​ភ្នំក្រោម សង្កាត់​សៀមរាប ខេត្ត​សៀមរាប ជាមួយ​នឹង​អង្គភាព​យោធា ចំណុះ​ក្រោម​យោធភូមិភាគ​ទី​៤ មួយ​កង នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ។ ​ទំនាស់​នេះ កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ ៨១​គ្រួសារ មិន​ស្ងប់​ចិត្ត ក្នុង​ពេល​ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​ចុះ​ទៅ​ដោះស្រាយ​ដីធ្លី​ឱ្យ​ពួកគេ​វិញ​ផង ប៉ុន្តែ​បែរ​ជា​មាន​ករណី​ប្ដឹងផ្ដល់​ពី​បទ​ព្រហ្មទណ្ឌ​មួយ​ផ្សេង​ទៀត​ទៅ​លើ​តំណាង​អ្នក​តវ៉ា​ដីធ្លី​នោះ។

ក្រុម​អ្នក​ភូមិ​ភ្នំក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៃ​ខេត្ត​នេះ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគេ​ជាមួយ​អង្គភាព​យោធា​នៃ​យោធភូមិភាគ​ទី​៤ ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ឱ្យ​ពួកគេ​បាន​ទទួល​ដីធ្លី​សង់​លំនៅឋាន​រស់​នៅ​ស្រប​ច្បាប់​វិញ។

ការ​ទាមទារ​របស់​ក្រុម​អ្នក​ភូមិ​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​របស់​ពួកគេ និង​អ្នក​ភូមិ​ចំនួន ៤​នាក់ ត្រូវ​តុលាការ​ខេត្ត​សៀមរាប ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ជុំវិញ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នៃ​ករណី​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ទំនាស់​ដីធ្លី​ជាមួយ​ទាហាន។

អ្នក​ភូមិ​ភ្នំក្រោម​ម្នាក់ ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត​ដែល​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​បាន​ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ គឺ​អ្នកស្រី យក់ តាំង។ អ្នកស្រី​មាន​ប្រសាសន៍​ក្នុង​ពេល​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា រូប​គាត់ និង​អ្នក​ភូមិ ៣​នាក់​ទៀត​ឈ្មោះ គ្រំ វេត ម៉ោញ គឹមលន់ និង​ឈ្មោះ ពេជ្រ សុខុម ត្រូវ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​កោះ​ហៅ​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។

ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ប្ដី​ប្រពន្ធ ២​នាក់ ឈ្មោះ រស់ យឿន និង ឈឺន ខៀន បាន​ទៅ​ខ្ចី​ដី​អ្នក​ភូមិ​របស់​គាត់​ដែល​កំពុង​មាន​ទំនាស់​ស្នាក់​នៅ​បណ្ដោះអាសន្ន ទម្រាំ​ទឹក​ទន្លេ​ឡើង​ដល់ នឹង​បណ្ដែត​ផ្ទះ​ទឹក​ចាកចេញ ប៉ុន្តែ​រហូត​ដល់​ខែ​វិច្ឆិកា ទឹក​ទន្លេ​ស្រក​អស់ ក៏​ប្ដី​ប្រពន្ធ ២​នាក់​នោះ​មិន​ព្រម​រុះរើ​ផ្ទះ​ចេញ​ពី​ដី ទើប​អ្នក​ភូមិ​របស់​គាត់​នាំគ្នា​សែង​ផ្ទះ​នោះ​ទៅ​ដាក់​នៅ​ទី​ផ្សេង។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​តុលាការ​បាន​កោះ​ហៅ​រូប​គាត់ និង​អ្នក​ភូមិ ៣​នាក់​ទៀត​ទៅ​សាកសួរ​ពី​រឿង​សែង​ផ្ទះ​នោះ​តែម្ដង។

អ្នកស្រី យក់ តាំង យល់​ថា ទំនាស់​ដីធ្លី​ធំដុំ​រវាង​អ្នក​ភូមិ​ចំនួន ៨១​គ្រួសារ ជាមួយ​នឹង​អង្គភាព​យោធា​នៃ​យោធភូមិភាគ​ទី​៤ នៅ​ទី​នោះ មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​ផង បែរ​ជា​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ពី​រឿង​ព្រហ្មទណ្ឌ​មួយ​ផ្សេង​ទៀត គឺ​វា​ហាក់​ដូចជា​មាន​ការ​បង្វែរ​មិន​ចង់​ដោះស្រាយ​ទំនាស់​ដីធ្លី​ធំដុំ ហើយ​បង្កើត​ឱ្យ​ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត។

អ្នកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​កង​ទាហាន​ឱ្យ​បាន​ឆាប់រហ័ស៖ «ចង់​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឱ្យ​បាន​ឆាប់ៗ ពីព្រោះ​អី​រឿង​នេះ​វា​វែង​អន្លាយ​ជា​យូរ​ណាស់​មក​ហើយ»

អ្នក​ភូមិ​ភ្នំក្រោម ជា​ច្រើន​នាក់ ងឿង​ឆ្ងល់​ថា តុលាការ​បាន​កោះហៅ​ពួកគេ​ទៅ​សាកសួរ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដោយសារ​តែ​ពួកគេ​បាន​នាំ​គ្នា​ទៅ​សែង​ខ្ទម​របស់​ឈ្មោះ រស់ យឿន យក​ទៅ​ដាក់​កន្លែង​ផ្សេង ប៉ុន្តែ​តាម​ការ​សាកសួរ គឺ​ឈ្មោះ រស់ យឿន បាន​ឆ្លើយ​ថា គាត់​មិន​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​ភូមិ​ក្នុង​រឿង​នោះ​ទេ ដូច្នេះ​តើ​អ្នក​ណា​ជា​ដើម​បណ្ដឹង?

លោក រស់ យឿន ជា​ម្ចាស់​ខ្ទម​ដែល​ត្រូវ​អ្នក​ភូមិ​ភ្នំក្រោម នាំ​គ្នា​សែង​ចេញ​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​នោះ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ពិត​ជា​បាន​នាំ​គ្នា​សែង​ខ្ទម​របស់​លោក​ចេញ​ពី​ដី​ដែល​លោក​សុំ​គេ​ស្នាក់នៅ​នោះ​មែន ប៉ុន្តែ​លោក​មិន​បាន​ប្ដឹងផ្ដល់​រឿង​នេះ​ទេ។ បុរស​ដដែល​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ជីវភាព​គ្រួសារ​របស់​លោក​ក្រីក្រ​ខ្លាំង ដោយ​មួយ​ថ្ងៃៗ លោក​តែង​ចេញ​ទៅ​រាវ​ខ្យង និង​បេះ​បន្លែ ក្នុង​បឹង​ទន្លេសាប យក​មក​លក់ ដើម្បី​ទិញ​អង្ករ​ដាំបាយ​ចែក​កូន​ហូប តើ​លោក​មាន​ពេល​ឯណា​ទៅ​ប្ដឹង​អ្នក​ភូមិ​ទាំង​នោះ៖ «ខ្ញុំ​មិន​ដែល​ដាក់ពាក្យ​បណ្ដឹង គឺ​អត់​មាន​ទេ។ ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​នៅ​តែ​ក្នុង​ព្រៃ រាវ​ខ្យង ខែ​នេះ​បេះ​បន្លែ​លក់​គ្រាន់​បាន​ប្រាក់​ទិញ​អង្ករ​ដាំ​បាយ​ហូប»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំរឿង​ក្តី​នេះ លោក ស៊ិន សុវណ្ណរ័ត្ន ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

តំណាង​អ្នកភូមិ​ភ្នំ​ក្រោម យល់​ថា ករណី​ដែល​តុលាការ​ខេត្ត​សៀមរាប កោះ​ហៅ​ពួកគាត់​ទៅ​សាកសួរ​ពី​បទ​ព្រហ្មទណ្ឌ​នេះ ហាក់​ដូច​ជា​មាន​ជន​ណា​មួយ​ចង់​បង្វែរ​រឿង​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ ៨១​គ្រួសារ​ជាមួយ​អង្គភាព​យោធា​នៃ​យោធភូមិភាគ​ទី​៤ ដោយ​មិន​ចង់​ដោះស្រាយ​ដីធ្លី​ទាំង​នោះ​មក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់​នៅ​ស្រប​ច្បាប់​លើ​ដី​របស់​ខ្លួន​វិញ។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី ភូមិ​ភ្នំក្រោម លោក គ្រំ វេត មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​រឿង​ជា​ច្រើន​ទៀត​កើត​ឡើង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ក៏ដោយ ក៏​អ្នក​ភូមិ​របស់​លោក​មិន​ភ្លេច​រឿង​ទាមទារ​ដី​ពី​អង្គភាព​យោធា​នោះ​ឡើយ។

លោក គ្រំ វេត បញ្ជាក់​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ អ្នក​ភូមិ​របស់​គាត់​គ្មាន​ដី​រស់​នៅ​ដោយសារ​តែ​ទាហាន​ខ្ចី​ដី​ធ្វើ​ជា​ឃ្លាំង ប៉ុន្តែ​កាល​ពី​២-​៣​ឆ្នាំ​មុន ដី​របស់​ពួកគាត់​បែរ​ជា​គេ​យក​ទៅ​លក់​ដូរ​មិន​មែន​សម្រាប់​បម្រើ​ការ​ឱ្យ​វិស័យ​យោធា​ទៀត​ទេ៖ «ខ្ញុំ​ថា​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បើ​សិន​ជា​មាន​ឆន្ទៈ​ដោះស្រាយ គឺ​មិន​ពិបាក​ទេ តែ​ឥឡូវ​បែរ​ជា​យក​តុលាការ​មក​ដាក់​បន្ទុក​លើ​ពួក​ខ្ញុំ​ថែម​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​អ្នក​ភូមិ​ភ្នំ​ក្រោម​នេះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

អ្នក​ភូមិ​ភ្នំក្រោម ៨១​គ្រួសារ​អះអាង​ថា កាល​ពី​ឆ្នាំ​១៩៨៧ អាជ្ញាធរ​ភូមិ​បាន​ស្នើ​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​លំនៅឋាន ដែល​នៅ​លើ​ផ្ទៃ​ដី ១០​ហិកតារ ជាប់​ជើងភ្នំ​មួយ​រយៈ ដោយសារ​តែ​ពេល​នោះ​កងទ័ព​វៀតណាម ដែល​ចូល​ទៅ​បោះ​ទី​តាំង​បាន​បាញ់​បំបែក​ថ្ម​ជា​ច្រើន ខ្លាច​ក្រែង​មាន​គ្រោះថ្នាក់។ នៅ​ឆ្នាំ​១៩៩២ បន្ទាប់​ពី​ចប់​សង្គ្រាម អ្នក​ភូមិ​បាន​ទាមទារ​ដី​នោះ​មក​វិញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ភូមិ ឃុំ​មិន​យល់​ព្រម ដោយ​ប្រាប់​ថា ស្ថានភាព​ស្រុក​ទេស​មិន​ទាន់​ស្រួល​នៅ​ឡើយ។ លុះ​ដល់​ឆ្នាំ​២០១៤ ស្រាប់តែ​ឃើញ​ដី​ភូមិ​របស់​ពួកគាត់​នៅ​ទី​នោះ ត្រូវ​គេ​ដាក់​ស្លាក​លក់ និង​មាន​ម្ចាស់​ថ្មី​ខ្លះ​ចូល​ទៅ​រស់​នៅ​បាន​ទើប​ក្រុម​អ្នក​ភូមិ​ភ្នំ​ក្រោម ចាប់​ផ្ដើម​ទាមទារ​យក​ដី​មក​វិញ​យ៉ាង​ស្វិតស្វាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម​នៅ​តំបន់​ចន្លោះ​អូរ​ដាក់ដាំ​និង​អូរ​ហ៊ុជ​នៅ​មិន​ទាន់​ដោះស្រាយ

$
0
0

គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ថា នឹង​ធ្វើ​លិខិត​រួម​គ្នា​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ចុះ​ហត្ថលេខា​ស្នើ​សុំ​ភាគី​ប្រទេស​បារាំង ផ្ដល់​អ្នក​បច្ចេកទេស​កំណត់​ផែនទី និង​វាស់វែង​តំបន់​ព្រំដែន​នៅ​មាន​ជម្លោះ ជាពិសេស​​តំបន់​ដាក់ដាំ អូរ​ហ៊ុជ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​តំបន់​នោះ​ឋិត​នៅ​ជា​កន្លែង​​ប្រទាញប្រទង់​របស់​ភាគី​ទាំង​ពីរ​ដដែល។

​អ្នកនាំពាក្យ និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ចាប់​ពី​ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន តំបន់​ប្រទាញប្រទង់​នោះ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពោល​គឺ​ភាគី​ទាំង​ពីរ​រក្សា​ជំហរ​កាន់កាប់ និង​បោះ​ទីតាំង​ឈរ​ជើង​ដូច​ធម្មតា។

លោក​ថា សូម្បី​ស្ពាន​ឈើ​ឆ្លង​កាត់​អូរ​ដាក់ដាំ ជា​តំបន់​ស ដែល​ភាគី​ទាំង​ពី​គ្រោង​សាង​សង់​ស្ពាន​រួម​គ្នា ក៏​មិន​ទាន់​បាន​សាងសង់​នៅ​ឡើយ៖ «តាម​បងប្អូន​គាត់​ថា ដី​យើង​នៅ​ហ្នឹង ហើយ​បង្គោល​របស់​យើង​មើល​ពី​ខាង​ហ្នឹង​មក​នៅ​ខាង​ឆ្វេង​អូរ​​រហូត ប៉ុន្តែ​អា​ហ្នឹង​គេ​មិន​ទាន់​ឲ្យ​ឈូស​ផ្លូវ មិន​ទាន់​ឲ្យ​បោះ​ដោយសារ​កន្លែង​ហ្នឹង​នៅ​ដោះស្រាយ​គ្នា​​សិន ហើយ​ជា​ចំណុច​ប្រឈម​រាល់​ពេល​ប្រជុំ​អត់​ដាក់​អា​ហ្នឹង​ចូល​របៀបវារៈ ព្រោះ​អា​ហ្នឹង​វា​ធ្ងន់ ចាំ​​ជជែក​គ្នា​នៅ​ពេល​មាន​ជំនាញ»

​តំបន់​ដាក់ដាំ អូរ​ហ៊ុជ ឋិត​នៅ​ចន្លោះ​អូរ​ដាក់ដាំ និង​អូរ​ហ៊ុជ ដែល​ភាគី​វៀតណាម ហៅ​ថា តំបន់​ដាក់ដាង ដាក់ហ៊ូត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា តំបន់​ជម្លោះ​នោះ​មាន​ទំហំ​ជាង ៥០​គីឡូម៉ែត្រ​ក្រឡា ហើយ​ទាមទារ​ខ្សែ​​បន្ទាត់​ខណ្ឌ​ដែន​សីមា​នៅ​ចំណុច​អូរ​ហ៊ុជ បច្ចុប្បន្ន​ភាគី​វៀតណាម សាងសង់​ច្រក​ទ្វារ​ព្រំដែន​ចូល​​ជ្រៅ​ពី​អូរ​ហ៊ុជ ប្រមាណ ១០​គីឡូម៉ែត្រ ចំណែក​ភាគី​វៀតណាម ទាមទារ​យក​អូរ​ដាក់ដាំ ជា​ខ្សែបន្ទាត់​​ខណ្ឌ​ដែន​សីមា ខណៈ​ភាគី​កម្ពុជា សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់ដាំ នៅ​ក្រៅ​តំបន់​អូរ​ដាក់ដាំ ប្រមាណ ១​គីឡូម៉ែត្រ ហើយ​នៅ​ចន្លោះ​ប៉ុស្តិ៍​ព្រំដែន​ទាំង​ពីរ​ក្លាយ​ទៅ​ជា​តំបន់​ស ដែល​ភាគី​ទាំង​ពីរ​ហាម​ធ្វើ​អ្វី​ថ្មី​បន្ថែម​ទៀត។

អនុ​ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ដែល​បាន​សិក្សា​ពី​តំបន់​នោះ​បញ្ជាក់​ថា ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៥៥ ក្នុង​ស្រុក​អូររាំង រហូត​មក​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​៦០ មាន​ប្រវែង​ប្រមាណ ២៧​គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។ លោក​ថា លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​ឋិត​នៅ​ចំណុច​អូរ​ហ៊ុជ៖ «ខាង​វៀតណាម ចង់​ឲ្យ​យើង​ទទួល​យក​ដាក់ដាំ ហើយ​ខាង​រដ្ឋាភិបាល​យើង​អត់​ព្រម​ទទួល​ទេ ចង់​យក​អូរ​ហ៊ុជ ដែល​វៀតណាម ហៅ​ដាក់ហ៊ូត រហូត​ដល់​អូរ​តាំងម៉ែ ដល់​អូរប្លាយ បាន​ធ្លាក់​មក​ទន្លេ​ស្រែពក អា​ហ្នឹង​ព្រំដែន​យើង​ហ្នឹង ប៉ុន្តែ​រដ្ឋាភិបាល​ទាំង​ពីរ​ឲ្យ​ប្រទេស​ទី​បី គូស​ផែន​ទី​ឡើង​វិញ ហើយ​យើង​នឹង​ទទួល​អ្វី​ដែល​សមរម្យ»

​ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៤០ ពី​ព្រំ​ប្រទល់​ខេត្ត​រតនគិរី រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៦៥ ស្រុក​ស្នួល ខេត្ត​ក្រចេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​លោក​ថា ជាប់​ប្រជុំ។

​ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ធ្លាប់​រស់​នៅ​ជិត​តំបន់​ព្រំដែន​អះអាង​ថា វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍ និង​​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​មក​ទល់​នឹង​អូរ​ដាក់ដាំ ក្នុង​ដី​ខ្មែរ ដែល​ពី​មុន​ព្រំដែន​ឋិត​នៅ​ចំណុច​អូរ​ហ៊ុជ មាន​ចម្ងាយ​​ជាង ១៥ ទៅ ២០​គីឡូម៉ែត្រ​ពី​អូរ​ដាក់ដាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live