Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​៤​សហគមន៍​ប្រមូល​ផ្ដុំ​នៅ​ឃុំ​រាម​ស្នើសុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​ឆាប់

$
0
0

តំណាង​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​រស់នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ឃុំ​រាម ដើម្បី​ស្នើសុំ​ឲ្យ​មេ​ឃុំ​រាម និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការ​ចេញ​ប័ណ្ណ ឬ​លិខិត​សម្គាល់​ម្ចាស់​កាន់​កាប់​ក្បាល​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់។ អ្នក​ភូមិ​យល់​ថា ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​វាស់​បែងចែក​ចំណែក​ក្បាល​ដី​ជូន​ពលរដ្ឋ​រួច​ហើយ​កាល​ពី​ពេល​កន្លង​ទៅ។

ប្រជាពលរដ្ឋ​ចំនួន ៤​សហគមន៍ ដូចជា​សហគមន៍​អណ្ដូងទឹក ថ្ម​ធំ ព្រែក​ត្របែក និង​សហគមន៍​វាល​ចន្ទី រស់នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​មេ​ឃុំ​រាម គឺ​លោក គឹម ចាន់ ជួយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​កាន់​កាប់​ដី​លំនៅឋាន និង​ដី​កសិកម្ម ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

តំណាង​ប្រជាពលរដ្ឋ​ទាំង ៤​សហគមន៍ លោក សេន ចន្ថា បាន​អំពាវនាវ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចេញ​មុខ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពន្លឿន​ការ​ចេញ​ប័ណ្ណ ឬ​លិខិត​សម្គាល់​ម្ចាស់​កាន់​កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ពួក​គាត់​ឲ្យ​បាន​ឆាប់។

លោក សេន ចន្ថា ផ្តល់​សម្ភាស​ថា រាល់​ថ្ងៃ​នេះ ក្រុមហ៊ុន​ចិន ឈ្មោះ យិះ ជៀ និង​ក្រុមហ៊ុន​ផ្សេង​ទៀត បាន​ប្រើ​កម្លាំង​សន្តិសុខ និង​សមត្ថកិច្ច​យាម​ដី​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ឃុំ​រាម បាន​មក​គំរាម និង​ហាម​ពួក​គាត់​មិន​ឲ្យ​ភ្ជួរ​រាស់​ដី​ស្រែ​ចម្ការ​ដើម្បី​បង្កបង្កើនផល​រដូវ​វស្សា​ឆ្នាំ​នេះ​ទេ៖ «វា​កាន់​តែ​អូស​បន្លាយ​ពេល​នៃ​ការ​ចេញ ឬ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួក​ខ្ញុំ។ ហើយ​ម្យ៉ាង​ទៀត ពួក​ខ្ញុំ​ឥឡូវ​នេះ​ជា​រដូវ​វស្សា​សម្រាប់​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​ដក​ស្ទូង​ស្រូវ​រដូវ​វស្សា ប៉ុន្តែ​ឥឡូវ​នេះ ក្រុមហ៊ុន​មិន​ឲ្យ​ពលរដ្ឋ​ពួក​ខ្ញុំ​ភ្ជួរ​រាស់​ដី​កសិកម្ម​ធ្វើ​ស្រែ​ចម្ការ​ទេ​នៅ​សហគមន៍​វាល​ចន្ទីអ៊ីចឹងពេល​នេះ ពួក​ខ្ញុំ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បរិវេណ​សាលា​ឃុំ​រាម នេះ គឺ​ដើម្បី​ស្នើ​ជួប​លោក​មេ​ឃុំ​ផ្ទាល់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​ខ្ញុំ​បាន​ភ្ជួរ​រាស់​ដី​ស្រែ​ធ្វើ​ស្រូវ​វស្សា​ឆ្នាំ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា»

ក្រុម​ប្រជាពលរដ្ឋ​ទាំង ៤​សហគមន៍​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បរិវេណ​សាលា​ឃុំ​រាម ស្រុក​ព្រៃនប់ ដើម្បី​សុំ​ជួប​លោក​មេ​ឃុំ​រាម ឈ្មោះ គឹម ចាន់ ត្រូវ​ខក​បំណង ព្រោះ​មន្ត្រី​រដ្ឋបាល​ឃុំ​រាម ប្រាប់​ថា លោក​មេ​ឃុំ​រាម មិន​មាន​វត្តមាន​នៅ​ក្នុង​សាលា​ឃុំ​ទេ ដោយ​លោក​ទៅ​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ដែល​ចុះ​អង្កេត​ផ្ទាល់​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ បាន​ទទូច​ទៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អន្តរាគមន៍​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​យក​ទៅ​ប្រើប្រាស់​ពង្រីក​មុខ​របរ​ផ្សេងៗ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក វ៉ាន់លី បន្ត​ថា ការ​ផ្តល់ ឬ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បាន​ឆាប់ នឹង​អាច​ឈាន​ដល់​ទប់ស្កាត់​ទៅ​លើ​សកម្មភាព​ប៉ុនប៉ង​ណា​មួយ​ពី​សំណាក់​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន រំលោភ​យក​ដី​លំនៅឋាន និង​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​អនាគត៖ «អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​រួច​ហើយ​នា​ពេល​កន្លង​ទៅ​នេះអ៊ីចឹង​អាជ្ញាធរ​គួរ​តែ​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​នៃ​ក្បាល​ដី​នីមួយៗ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ ហើយ​ត្រូវ​តែ​ឲ្យ​ពួក​គាត់ហ្នឹង​ធ្វើ​ស្រែ​បង្កបង្កើនផល​ទៅ​លើដី​ស្រែ​របស់​ពួក​គាត់ ដើម្បី​ឈាន​ដល់កាត់​បន្ថយភាព​ក្រីក្រ​របស់​ពួក​គាត់។ មូលហេតុ​ដែល​ពលរដ្ឋ ៤​សហគមន៍​មក​ប្រមូល​ផ្តុំ​គ្នា​ដល់​បរិវេណ​សាលា​ឃុំ​រាម ពេល​នេះ គឺ​ដោយសារ​តែ​មាន​ពលរដ្ឋ​ខ្លះ​គាត់​មិន​អាច​ភ្ជួរ​ដី​ធ្វើ​ស្រូវ​រដូវ​វស្សា​ឆ្នាំ​នេះ​បាន ដោយសារ​មាន​ការ​រារាំង​ពី​តំណាង​ភាគី​ទំនាស់ ឬ​ភាគី​ក្រុមហ៊ុន បាន​មក​ហាមឃាត់​ពួក​គាត់»

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បញ្ជាក់​ថា ក្រោយ​ការ​ចុះ​វាស់វែង​បែងចែក​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ និង​មាន​ការ​សិក្សា​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ អាជ្ញាធរ​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ជា​បន្តបន្ទាប់។

អភិបាល​ខេត្ត​រូប​នេះ ក៏​បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​វិញ ត្រូវ​ទុក​ពេលវេលា​ឲ្យ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ធ្វើ​ការងារ​បែងចែក និង​ឈាន​ដល់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ទៅ​តាម​ដំណាក់កាល ព្រោះ​មន្ត្រី​ជំនាញ​មាន​មនុស្ស​តិច ហើយ​ការងារ​ត្រូវ​បំពេញ​មាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ចិន​ចាត់​ទុក​វេទិកា​ជាមួយ​អាស៊ាន​ថា​មាន​សារសំខាន់​ចែក​រំលែក​ចំណេះ​ដឹង​ពី​ការ​អភិវឌ្ឍ

$
0
0

រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន បាន​ងាក​មក​រក​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ចាប់​ធ្វើ​ជា​ដៃគូ​សន្ទនា​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ទាំង​ខាង​វប្បធម៌ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សង្គម​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ជាដើម។

ការ​ងាក​មក​រក​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ គឺ​រដ្ឋាភិបាល​ចិន ចាត់​ទុក​ថា ជា​ការ​បង្កើត​វេទិកា​អន្តរជាតិ​បើក​ទូលាយ​នៃ​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់​មួយ និង​ផ្លូវ​មួយ សម្រាប់​ត្រួសត្រាយ​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​ទៅ​កាន់​ពិភពលោក និង​បណ្ដា​ប្រទេស​អាស៊ាន។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​អាស៊ាន-ចិន លើក​ទី​១១ ស្ដីពី​ការ​អភិវឌ្ឍ​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ឯ​ខេត្ត​សៀមរាប ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា។

ប្រទេស​ចិន បាន​ចាត់​ទុក​ថា វេទិកា​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ ជាមួយ​ប្រទេស​ចិន ពេល​នេះ មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ស្ដីពី​ការ​អភិវឌ្ឍ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​លើក​កម្ពស់​ទៅ​ដល់​ការ​បង្កើត​ការងារ​ថ្មីៗ នៃ​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ឈ្នះៗ។

អនុរដ្ឋមន្ត្រី​ក្រុមប្រឹក្សា​រដ្ឋ​នៃ​ការិយាល័យ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​លោក ហុង ទៀនយុន (Hong Tianyun)។ លោក​ថ្លែង​នៅ​ក្នុង​ការ​បើក​វេទិកា​អាស៊ាន-ចិន លើក​ទី​១១ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា ថា រដ្ឋាភិបាល​ចិន បាន​ដើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ជាច្រើន​ឆ្នាំ​មក​ហើយ ទម្រាំ​បាន​ក្លាយ​ទៅ​ជា​ដៃគូ​សន្ទនា​ជាមួយ​គ្នា​នេះ។

លោក ហុង ទៀនយុន បញ្ជាក់​ទៀត​ថា វេទិកា​អាស៊ាន-ចិន ស្ដីពី​ការ​អភិវឌ្ឍ​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ពេល​នេះ គឺ​ជា​កម្លាំង​ថ្មី​មួយ​សម្រាប់​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។

ក្រសួង​អភិវឌ្ឍន៍​ជនបទ ឲ្យ​ដឹង​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ រួម​នឹង​ប្រទេស​ចិន ក្នុង​ការ​ធ្វើ​សមាហរណកម្ម​រវាង​ទីក្រុង និង​ទី​ជនបទ​ដាច់ស្រយាល ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​បំណង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​ជនបទ​ឲ្យ​សមរម្យ។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក អ៊ុក រ៉ាប៊ុន ថ្លែង​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កំពុង​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​សម្រេច​បាន​ជា​មធ្យម​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ រីឯ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សម្រេច​បាន ១% ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល ១០​ឆ្នាំ​មក​ហើយ។

លោក អ៊ុក រ៉ាប៊ុន ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល និង​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស តាម​រយៈ​ការ​ផ្ដល់​សេវា​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​មុខ​ជំនាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ​ប្រសើរ​ឡើង ដូចជា​ការ​សង់​ផ្លូវ​ពី​ក្រួស​ក្រហម ឲ្យ​ទៅ​ជា​ផ្លូវ​ចាក់​បេតុង និង​កៅស៊ូ ជាដើម៖ «រាជ​រដ្ឋាភិបាល​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​កែលំអ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ជនបទ ព្រម​ទាំងកាត់​បន្ថយ​ចំណាក​ស្រុក ដើម្បី​ស្វែងរក​ការងារ​ធ្វើ»

លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​នៃ​ការ​ផ្ដល់​ទឹក​ស្អាត គឺ​នៅ​ឆ្នាំ​២០១៨ នឹង​អាច​ផ្ដល់​ឲ្យ​ពលរដ្ឋ​ប្រមាណ ៦០% នៅ​ជនបទ​ទូទាំង​ប្រទេស​បាន​ប្រើប្រាស់ ការ​ទទួល​សេវា​ថែទាំ​សុខភាព និង​អនាម័យ ហើយ​នៅ​ឆ្នាំ​២០២៥ ខាង​មុខ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ទី​ជនបទ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​បឹងកក់​ដាក់​ញត្តិ​អញ្ជើញ​មន្ត្រី​ទូត​និង​មន្ត្រី​អ.ស.ប​ចូល​ស្ដាប់​សវនាការ​អ្នកស្រី ទេព វន្នី

$
0
0

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​តំបន់​បឹងកក់ បាន​ដាក់​ញត្តិ​អញ្ជើញ​មន្ត្រី​ទូត​តំណាង​ឲ្យ​ប្រទេស​មហា​អំណាច​ចំនួន​៥ និង​តំណាង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា ចូលរួម​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៧ កក្កដា លើ​បណ្ដឹង​របស់​អ្នកស្រី ទេព វន្នី ដែល​បាន​ប្ដឹង​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ។ ការ​ដាក់​ញត្តិ​អញ្ជើញ​នេះ ដោយសារ​ពលរដ្ឋ​បឹងកក់​ចង់​ឲ្យ​មន្ត្រី​ទូត​ទាំងនោះ ដឹង​អំពី​ការ​សម្រេច​របស់​តុលាការ​បច្ចុប្បន្ន ថា​មាន​ភាព​ឯករាជ្យ​បាន​ប៉ុនណា​ហើយ។

នៅ​សល់​រយៈពេល​ពីរ​ថ្ងៃ​ទៀត សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​បឹងកក់ ដែល​បាន​ប្ដឹង​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ២​ឆ្នាំ កាល​ពី​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។

ពលរដ្ឋ​គាំទ្រ​អ្នកស្រី ទេព វន្នី មក​ពី​តំបន់​បឹងកក់​ជិត ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា បាន​នាំ​គ្នា​ដាក់​ញត្តិ​តាម​ស្ថានទូត​របស់​ប្រទេស​មហា​អំណាច​ចំនួន​៥ រួម​មាន​ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង និង​សហរដ្ឋ​អាមេរិក ព្រម​ទាំង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (OHCHR) អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ដើម្បី​អញ្ជើញ​មន្ត្រី​ទូត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ ទាំងនេះ ចូលរួម​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៧ កក្កដា ខាង​មុខ។

សកម្មជន​ដីធ្លី​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា ថ្វីត្បិតតែ​ក្រុម​មន្ត្រី​ទូត​តំណាង​ប្រទេស​ធំៗ​ទាំង​៥ ដែល​តែងតែ​ផ្ដល់​ជំនួយ​ជាច្រើន​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពុំ​អាច​មាន​លទ្ធភាព​ជួយ​ឲ្យ​អ្នកស្រី ទេព វន្នី ទទួល​យុត្តិធម៌ និង​មាន​សេរីភាព​ពី​ពន្ធនាគារ​វិញ ប៉ុន្តែ​ខាង​លោកស្រី​ចង់​ឲ្យ​មន្ត្រី​ទូត​ទាំងនោះ​ជួយ​វិនិច្ឆ័យ​អំពី​ប្រព័ន្ធ​កាត់​ក្ដី​របស់​តុលាការ​សព្វថ្ងៃ ដែល​ត្រូវ​បាន​អ្នក​មាន​អំណាច និង​លុយ ប្រើប្រាស់​សម្រាប់​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​បន្តបន្ទាប់៖ «ទូត​ជប៉ុន គាត់​មាន​ជំនួយ​ធំ​ណាស់​មក​លើ​ប្រទេស​កម្ពុជា។ អ៊ីចឹង​គាត់​គួរ​តែ​តាមដាន​ជំនួយ​របស់​គាត់ ថា​ឥឡូវ​មាន​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​អត់ ឬ​យក​ជំនួយ​របស់​គាត់​ចូល​តែ​ហោប៉ៅ​ថ្នាក់​លើ​ទេ ហើយ​ពលរដ្ឋ​នៅ​រង​ទុក្ខ​វេទនា​ដដែល ជាពិសេស​គឺ​ប្រព័ន្ធ​តុលាការសហរដ្ឋ​អាមេរិក ជំនួយ​យោធា​មក​កម្ពុជា ច្រើន​ណាស់ តែ​ទីបំផុត ពួក​ខ្ញុំ​ត្រូវ​រង​អំពើ​ហិង្សាច្រើន​ណាស់​ពី​សំណាក់​អាជ្ញាធរ»

ការ​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ១៤​លាន​រៀល​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កុម្ភៈ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ គឺ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា​ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន​ភស្តុតាង និង​មិន​មាន​សាក្សី​គ្រប់គ្រាន់ ដែល​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នកស្រី ទេព វន្នី។

លោកស្រី បូវ សោភា បន្ថែម​ថា អ្នកស្រី ទេព វន្នី គឺ​គ្រាន់​តែ​ជា​ស្ត្រី​ម្នាក់​មិន​អាច​ដឹកនាំ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ជា​ជន​រងគ្រោះ​ពិតប្រាកដ​ដោយសារ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់ ទៅ​ប្រើប្រាស់​អំពើ​ហិង្សា​បាន​ឡើយ ហើយ​កន្លង​ទៅ ពួក​លោកស្រី​តែង​ជ្រើស​យក​ការ​តវ៉ា​ដោយ​សន្តិវិធី​បំផុត។ បញ្ហា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នកស្រី ទេព វន្នី ត្រូវ​អន្តរជាតិ​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ផ្នែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ចំណែក​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​នាំ​គ្នា​ដាក់​ញត្តិ​អញ្ជើញ​មន្ត្រី​ទូត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ ទៅ​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​ខាង​មុខ​នេះ គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ហើយ​ក៏​ជា​ក្ដី​សង្ឃឹម​របស់​សហគមន៍​បឹងកក់ ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ផ្ដល់​ភាព​យុត្តិធម៌​ជូន​អ្នកស្រី ទេព វន្នី។

លោក អំ សំអាត បន្ថែម​ថា លោក​តែង​សង្កេត​ឃើញ​សវនាការ​របស់​តុលាការ​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ស្ដាប់​ពី​មន្ត្រី​ទូត ឬ​ពី​សហគមន៍​អន្តរជាតិ​កន្លង​ទៅ គឺ​ដំណើរការ​នីតិវិធី និង​ការ​ថ្លឹងថ្លែង​របស់​តុលាការ ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ៖ «សហគមន៍​អន្តរជាតិ​ចូលរួម​ក្នុង​សវនាការ​ណា​មួយ អ៊ីចឹង​សវនាការ​ហ្នឹង តាម​ខ្ញុំ​សង្កេត​ឃើញ គឺ​ដំណើរការ​នីតិវិធី និង​ការ​ថ្លឹងថ្លែង ដំណើរការ​ទៅ​ល្អ»

លោក អំ សំអាត បន្ត​ថា រយៈពេល​កន្លង​ទៅ មន្ត្រី​ទូត​នានា​តែងតែ​យក​ចិត្ត​ទុក​ចំពោះ​សំណុំ​រឿង​របស់​អ្នកស្រី ទេព វន្នី ហើយ​លោក​សង្ឃឹម​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហគមន៍​អន្តរជាតិ​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ផ្ដល់​ភាព​យុត្តិធម៌​ដល់​សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា ករណី​ចោទ​ប្រកាន់​លើ​អ្នកស្រី ទេព វន្នី និង​សកម្មជន​ដីធ្លី​ដទៃ​ទៀត គឺ​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំភិត​បំភ័យ​សំឡេង​ហ៊ាន​រិះគន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​សម្រេច​ដក​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ពី​ស្លាក​បក្ស

$
0
0

គណបក្ស​ប្រឆាំង សម្រេច​នៅ​ក្នុង​អង្គ​ប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា នេះ​ថា ខ្លួន​នឹង​ដក​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ធ្លាប់​ដាក់​នៅ​លើ​ស្លាក​គណបក្ស​នៅ​ទូទាំង​ប្រទេស ហើយ​ដាក់​ជំនួស​មក​វិញ​ដោយ​ពាក្យ​ស្លោក។ ការ​ប្រកាស​ជំហរ​ដូច​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេល​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​ទទួល​ស្គាល់ និង​បិទ​ផ្លូវ​តវ៉ា។

សូម​ស្ដាប់​ព័ត៌មាន​បន្ថែម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

“អ្នក​សម្លាប់​កិត្តិយស​បណ្ឌិត កែម ឡី អាក្រក់​ជាង​អ្នក​សម្លាប់​លោក​បណ្ឌិត”

$
0
0

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​ថេរដីកា​ថា ជន​ណា​ដែល​ព្យាយាម​បង្វែង​ព្រឹត្តិការណ៍​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក្នុង​ន័យ​បំភាន់​មតិ​សាធារណជន និង​ជាន់​ឈ្លី​កិត្តិយស​លោក​បណ្ឌិត គឺ​ជា​មនុស្ស​អាក្រក់​បំផុត។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី បាន​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ច្រើន។ អ្នក​សម្លាប់​អាយុ​ជីវិត​ហ្នឹង​វា​អាក្រក់​មួយ​ទៅ​ហើយ ប៉ុន្តែ​អ្នក​សម្លាប់​កិត្តិយស​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​មាន​ន័យ​សម្រាប់​ជាតិ​ហ្នឹង វា​អាក្រក់​ធំ​ជាង​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ទៀត»

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពាវនាវ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​កុំ​ឲ្យ​ចាញ់​ឧបាយកល​របស់​អ្នក​នយោបាយ​ដែល​ពូកែ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ ដោយសារ​គេ​ស្គាល់​ចរិត​ខ្មែរ​ឆាប់​ខឹង ឆាប់​បាត់៖ «បញ្ហា​បាត់បង់​លោក​បណ្ឌិត កែម ឡី ធ្វើ​ឲ្យ​ប៉ះពាល់​បញ្ហា​នយោបាយ​ខ្មែរ​ហ្នឹង​ធំ ដូច្នេះ​គេ​ត្រូវ​មាន​ព្រឹត្តិការណ៍​អី​ទៅ​លួង​ចិត្ត​ទៅ​ធ្វើ​ឲ្យ​យើង​បាត់​ខឹងសម្បា ភ្លេច​ខ្លួន​ធ្វើ​អ្វី​ត​ទៅ​មុខ​ទៀត ពីព្រោះ​អ្នក​នយោបាយ​ខ្មែរ គេ​ស្គាល់​ចរិត​ធម្មជាតិ​របស់​ខ្មែរ ខឹងសម្បា​យ៉ាង​ណា​ក៏ដោយ ឲ្យ​សារុង​មួយ ស្លៀក​ទៅ​ងូត​ទឹក​ហើយ ឈប់​ខឹង​ឯង។ អា​ហ្នឹង​វា​រឿង​របស់​ខ្មែរ ដែល​យើង​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​នេះ​ចេញ​ជា​បន្ទាន់។ បើ​យើង​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ​នេះ​ទេ អ្នក​ដែល​មាន​ឆន្ទៈ​ជួយ​ជាតិ​ពិត​ប្រាកដ បាន​ត្រឹមតែ​ជា​អ្នក​រង​គ្រោះ​តែប៉ុណ្ណោះ»

ក្រោយ​ពី​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ទទួល​ប្រាក់ ១​ម៉ឺន​ដុល្លារ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ​ពេល​បុណ្យ និង​ក្រោយ​មក​ទទួល​ប្រាក់​បន្ថែម ៥​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​ជួយ​ថ្លៃ​កសាង​ចេតិយ។ លោក កែម រិទ្ធិសិត ក្រោយ​ទទួល​បាន​ប្រាក់​ភ្លាម រិះគន់​គណៈកម្មការ​បុណ្យ កែម ឡី​ ថា មិន​ដែល​ផ្ដល់​ប្រាក់​ជួយ​កសាង​ចេតិយ។ ចំពោះ​រឿង​ចោទ​ប្រកាន់ ព្រះអង្គ​ថា គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​ព្រះអង្គ​ជា​សមាជិក មិន​បាន​ប្រគល់​លុយ​បុណ្យ​ទៅ​ដល់​ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី (លោក កែម រិទ្ធិសិត) និង​លោកស្រី ភោគ សេ ម្តាយ​លោក​បណ្ឌិត​សូម្បី​តែ​មួយ​សេន​នោះ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​តប​ថា ការ​និយាយ​បែប​នេះ គឺ​និយាយ​តាម​អារម្មណ៍ និង​គ្មាន​ការពិត ព្រោះ​គណៈកម្មការ​បុណ្យ​មិន​មែន​ជា​អ្នក​កាន់​បច្ច័យ​ទេ គឺ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ជា​អ្នក​គ្រប់គ្រង​ថវិកា​ទាំង​អស់​នេះ៖ «អ្នក​ដែល​កាន់​បច្ច័យ គឺ​មាន​មនុស្ស​ប្រាំ​ភាគី ភាគី​ទី​មួយ​គឺ​ភាគី កែម ធាវី ភាគី​ទី​២ កែម រិទ្ធិសិត ភាគី​ទី​៣ ភោគ សេ  ភាគី​ទី​បួន​ម្ដាយ​ក្មេក ភាគី​ទី​៥ គឺ​ញោម ប៊ូ រចនា។ គណៈកម្មការ​អត់​បាន​កាន់​លុយ។ លោក កែម រិទ្ធិសិត និង កែម ធាវី និង​លោកស្រី ភោគ សេ អ្នក​កាន់​លុយ ដូច្នេះ​មក​ឲ្យ​យក​លុយ​ឯ​ណា​ទៅ​ឲ្យ​គាត់​នោះ បើ​ពួកគាត់​កាន់​ខ្លួន​ឯង​ទៅ​ហើយ​នោះ។ លុយ​ហ្នឹង​វា​នៅ​នឹង​គាត់​ទាំង​ស្រុង ទៅ​រាប់​នៅ​ឯ​​សណ្ឋាគារ ព្រោះ​ជួល​សណ្ឋាគារ​គេ​សម្រាប់​រាប់​លុយ​បុណ្យ​លោក​បណ្ឌិត កែម ឡី ហ្នឹង»

ទោះ​បី​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​រំសាយ​នៅ​ក្រោយ​ពិធី​បុណ្យ​ចប់ ក៏​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អះអាង​ថា ព្រះអង្គ​នៅ​តែ​ស្ម័គ្រ​ព្រះទ័យ​បន្ត​ការងារ​រក្សា​កិត្តិយស និង​កិត្យានុភាព​របស់​លោក​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មជ្ឈមណ្ឌល​បុប្ជាណា​សម្ពោធ​កម្មវិធី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​លើ​ទូរស័ព្ទ

$
0
0

មជ្ឈមណ្ឌល​បុប្ជាណា ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ឌីជីថល ឬ​ហៅ​ថា អែប (App) ថ្មី​មួយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា សម្រាប់​ការ​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​លើ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ជាណា ដែល​ធ្វើ​ការ​ផ្នែក​ចងក្រង​ធនធាន​សោតទស្សន៍​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម គឺ​លោក ជា សុភាព បញ្ជាក់​ថា ព័ត៌មាន​ក្នុង​កម្មវិធី ឬ​អែប នេះ ត្រូវ​បាន​បែង​ចែក​ជា ៨​ជំពូក​ធំ ហើយ​ជំពូក​នីមួយៗ មាន​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​យក​ពី​ប័ណ្ណសារ​ឯកសារ​សរសេរ​ក្នុង និង​ក្រោយ​របប​ខ្មែរក្រហម៖ «»។

ព័ត៌មាន​ក្នុង ៨​ជំពូក​ធំៗ មាន​ជា​អាទិ ការ​ឡើង​អំណាច​របស់​ខ្មែរ​ក្រហម ការ​ដួល​រលំ​នៃ​ទីក្រុង​ភ្នំពេញ ការដ្ឋាន​ការងារ​ជា​សមរភូមិ​ថ្មី គោលនយោបាយ និង​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ប្រព័ន្ធ​សន្តិសុខ ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជំពូក​ទី​៨ ដំណើរ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌។

លោក ជា សុភាព បន្ត​ថា អែប ឬ​កម្មវិធី​សិក្សា​ប្រវត្តិ​ខ្មែរ​ក្រហម​នេះ ជា​គម្រោង​ស្នើ​សុំ​មួយ​សម្រាប់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ កម្មវិធី​នេះ ជា​គម្រោង​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ទូលំទូលាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​បង់​ថ្លៃ។ កម្មវិធី​នេះ ក៏​ជា​ឧបករណ៍​បន្ថែម​មួយ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ ដែល​ជួយ​ដល់​គ្រូ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ក្នុង​ថ្នាក់​រៀន។ គម្រោង​នេះ ក៏​ដើម្បី​អប់រំ​យុវជន​អំពី​ប្រវត្តិ​ខ្មែរក្រហម តាម​ការ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្នៃ​ប្រឌិត មាន​ភាព​សុក្រឹត និង​ស្តង់ដារ​មួយ​ដែល​ពិនិត្យ​ដោយ​អ្នក​ជំនាញ​កម្ពុជា និង​អន្តរជាតិ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​យុត្តិធម៌ សិទ្ធិមនុស្ស និង​សន្តិភាព ដោយ​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ឆ្លង​ជំនាន់​រវាង​អ្នក​រស់រាន​ពី​របប​ខ្មែរ​ក្រហម និង​យុវជន។

នៅ​ថ្ងៃ​ទី​២៥ កក្កដា ដដែល សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​ចេញ​ដីកា​បញ្ជូន​សំណុំរឿង​លេខ ០០៣ ទៅ​ឲ្យ​សហ​ព្រះរាជអាជ្ញា​ពិនិត្យ។ ការ​បញ្ជូន​សំណុំរឿង​លេខ ០០៣ គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​សហ​ព្រះរាជអាជ្ញា​ដាក់​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​ខ្លួន​លើ​សំណុំរឿង​នេះ​ក្នុង​រយៈ​ពេល ៣​ខែ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ក៏​នឹង​ត្រូវ​ផ្ដល់​ជូន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​សហ​ព្រះរាជអាជ្ញា​មុន​ពេល​ចេញ​ដីកា​ដំណោះស្រាយ​ថា ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ ឬ​ក៏​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ត្អូញ​​រឿង​សមត្ថកិច្ច​បិទ​ច្រក​មិន​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​​ថៃ

$
0
0

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ជាប់​ព្រំដែន​ថៃ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​ថា សមត្ថកិច្ច​បិទ​ច្រក​របៀង​​ព្រំដែន​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ​លំបាក ដោយសារ​​មិន​អាច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ ទៅ​ព្រឹក​វិល​ល្ងាច​នៅ​ប្រទេស​ថៃ បាន​ដូច​ពេល​មុន​ ព្រោះ​នៅ​ក្នុង​ស្រុក​គ្មាន​ការ​ងារ​ធ្វើ។

​​​​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ​ ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ច្រក​របៀង​ព្រំដែន ដើម្បី​សម្រួល​ឲ្យ​ពួកគាត់​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​ល្ងាច​ដូច​ដើម​វិញ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

​​ពលរដ្ឋ​រស់​នៅ​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ លោក ពៅ សែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ កក្កដា ថា ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​របៀង​កាល​ពី​ដើម​ខែ​កក្កដា មក ពួកគាត់​រស់​នៅ​តាម​ព្រំដែន​មិន​អាច​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​មក​ផ្ទះ​វិញ​ពេល​ល្ងាច ​ដូច​កាល​ពី​មុន​បាន​នោះ​ទេ។ លោក​អះអាង​ថា​ សមត្ថកិច្ច​បិទ​ច្រក​របៀង​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ពួកគាត់​ ធ្វើ​ឲ្យ​មិន​អាច​រក​ប្រាក់​ចំណូល​​បាន​ដូច​ពេល​មុន៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​បើ​ច្រក​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ព្រំដែន​ទឹក​ដី​ថៃ ដើម្បី​រក​ផ្គត់ផ្គង់​ជីវភាព​ឡើង​វិញ​ ព្រោះ​ពួកគាត់​រស់​នៅ​ព្រំដែន​ពឹង​ផ្អែក​ទៅ​ការងារ​ប្រទេស​ថៃ»

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​ម៉ាឡៃ ម្នាក់​ទៀត លោក​ សុទ្ធ ថន ថ្លែង​ថា សព្វ​ថ្ងៃ​ពលរដ្ឋ​រាប់​ពាន់​នាក់​ បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទៅ​ពេល​ព្រឹក​វិល​ល្ងាច​ តាម​ច្រក​ផ្សេង​ ក្នុង​ខេត្ត​បាត់ដំបង​ ដែល​​​​​ឆ្ងាយ​ពី​តំបន់​ពួកគាត់​​រស់​នៅ។

លោក​អះអាង​ថា​ បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ពួកគាត់ ពីព្រោះ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ហើយ​ចំណាយ​អស់​ថវិកា​ច្រើន​ជាង​មុន៖ «ពី​មុន​វា​ធូរ​ជាង​ត្រង់​ថា បើ​គាត់​ត្រឡប់​មក​ពី​ថៃ មក​ដល់​ផ្ទះ​វិញ​លឿន​ ដល់​ទៅ​ចូល​តាម​ច្រក​ក្នុង​ខេត្ត​បាត់ដំបង រង់ចាំ​គ្នា​ច្រើន​យូរ​ទម្រាំ​​តែ​ឡាន​គេ​ជូន​មក​ដល់​ផ្ទះ»

ទាក់​ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​ម៉ាឡៃ​ លោក អែម សុខា មាន​ប្រសាសន៍​ថា​ ការ​បិទ​ច្រក​របៀង​តាម​ព្រំដែន​នេះ​ ដើម្បី​ការពារ​កុំ​ឲ្យ​ពលករ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ខុស​ច្បាប់ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត៖ «ឯកឧត្ដម​ប្រធាន​គណៈ​បញ្ជាការ​អត់​មាន​អនុញ្ញាត​ទេ​ គឺ​អនុវត្ត​គោរព​តាម​បទ​បញ្ជា​របស់​សម្ដេច​ក្រឡាហោម​ ស ខេង ហើយ​បង​ប្អូន​យើង​ចង​ទៅ​ថៃ ត្រូវ​ធ្វើ​តាម​នីតិវិធី​ ដោយ​សុំ​ច្បាប់​ទៅ​ដោយ​ស្រប​ច្បាប់»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា បញ្ហា​ពលរដ្ឋ​មិន​អាច​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​ល្ងាច​​បាន​​ មាន​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​ ដូចជា​នៅ​ច្រក​របៀង​ព្រំដែន​ក្នុង​ស្រុក​អូរជ្រៅ ​ស្វាយ​ចេក​ និង​​ក្រុង​ប៉ោយប៉ែត ​ជា​ដើម។ លោក​បន្ថែម​ថា​ ករណី​នេះ ប្រសិន​បើ​សមត្ថកិច្ច​បន្ត​បិទ​ច្រក​របៀង​ទៅ​មុខ​ទៀត​ ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​កាន់​តែ​ខ្លាំង ព្រោះ​គ្មាន​ការងារ​ធ្វើ៖ «ប្រជាពលរដ្ឋ​កម្ពុជា នៅ​តាម​ព្រំដែន​ពឹង​ទៅ​លើ​ការងារ​ព្រឹក​វិល​ល្ងាច​នៅ​ប្រទេស​ថៃ។ យើង​សុំ​សំណូមពរ​សុំ​ឲ្យ​បើក​ច្រក​វិញ​ ហើយ​ធានា​កុំ​ឲ្យ​មាន​ការ​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ និង​កុំ​ធានា​កុំ​មាន​ការ​នាំ​ទំនិញ​គេច​ពន្ធ​ ឬ​ទំនិញ​ខូច​គុណភាព​ចូល​កម្ពុជា»

​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ថៃ ពុំ​មែន​មាន​តែ​នៅ​ខែត្រ​បន្ទាយមានជ័យ នេះ​ទេ មាន​នៅ​ខែត្រ​ជា​ច្រើន​ទៀត ដូចជា​នៅ​ខែត្រ​បាត់ដំបង ប៉ៃលិន និង​ខែត្រ​មួយ​ចំនួន​ទៀត ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ និង​ជម្រះស្មៅ​ក្នុង​ដី​ចម្ការ​កសិកម្ម​របស់​ថៃ ទៅ​ពេល​ពេល​ព្រឹក​វិល​ត្រលប់​មក​ផ្ទះ​វិញ​ពេល​ល្ងាច ដើម្បី​បាន​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ។ ពួកគេ​ធ្វើ​ដូច្នេះ ដោយសារ​តែ​នៅ​ក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ រី​ឯ​ដំណាំ​កសិផល​របស់​ពួក​គាត់​គ្មាន​ទីផ្សារ មាន​អ្នក​ខ្លះ​ជំពាក់​បំណុល​ធនាគារ​ទៀត​ផង។ បញ្ហា​ទាំង​អស់​នេះ ពួកគាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​អំពី​ទៅ​រក​ការងារ​ធ្វើ​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ថៃ ជាប់​ព្រំដែន​ខ្មែរ​នោះ​ទេ។

សព្វ​ថ្ងៃ​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ​មាន​​ជាង ៤០​ច្រក ក្នុង​នោះ​ច្រក​ខ្លះ​គ្រប់​គ្រង​ដោយ​ប៉ូលិស​ការពារ​ព្រំដែន និង​ច្រក​មួយ​ចំនួន​ទៀត គ្រប់​គ្រង​ដោយ​ទាហាន​ភូមិភាគ​៥។ សមត្ថកិច្ច​ចាប់​ផ្ដើម​​បិទ​ច្រក​របៀង​​ព្រំដែន​ក្នុង​ខេត្ត​មួយ​នេះ នៅ​ដើម​ខែ​កក្កដា ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​បើក​ឡើង​វិញ​​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​នេសាទ​នៅ​ខេត្ត​កំពត​សង្ស័យ​ជនជាតិ​វៀតណាម​មួយ​ក្រុម​ជិះ​ទូក​ធំ​ដេញ​បុក​និង​ប្រើ​ហិង្សា

$
0
0

អ្នក​នេសាទ​ជនជាតិ​ចាម ២​នាក់ បាន​រង​របួស​បែក​ក្បាល​ដោយសារ​តែ​ក្រុម​ជនល្មើស​នេសាទ​ក្នុង​សមុទ្រ បាន​ជិះ​ទូក​ធំ​មួយ​គូ​ដេញ​បុក និង​គប់​ដុំ​ថ្ម ញញួរ និង​ពូថៅ ទៅ​លើ​អ្នក​នេសាទ កាលពី​យប់​ថ្ងៃ​ទី​២២ កក្កដា។ ជនរងគ្រោះ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំ​រួច​ហើយ ប៉ុន្តែ​មិន​សង្ឃឹម​ថា មាន​ដំណោះស្រាយ​សម្រាប់​ពួកគាត់​នោះ​ទេ។

​អ្នក​នេសាទ​ដែល​រង​របួស​ទាំង​ពីរ​នាក់ ម្នាក់​គឺ​ជា​តៃកុង​បើក​ទូក​នេសាទ និង​ម្នាក់​ទៀត​គឺ​ជា​កម្មករ​អូស​មង​រក​ក្ដាម បង្គា ក្នុង​សមុទ្រ។ អ្នក​ទាំង​ពីរ​សុទ្ធតែ​រង​របួស​បែក​ក្បាល​ដោយសារ​ភាគី​ម្ខាង​ទៀត បាន​គប់​ដុំ​ថ្ម ញញួរ និង​ពូថៅ​ដៃ​ទៅ​លើ​ពួកគេ។

អ្នក​នេសាទ​សង្ស័យ​ជនល្មើស​ជា​ជនជាតិ​វៀតណាម ព្រោះ​មាន​តែ​ជនជាតិ​វៀតណាម​ទេ ដែល​ហ៊ាន​នេសាទ​ប្រើ​ទូក​ធំៗ អូស​អួន​កាត់​សមុទ្រ និង​ប្រើ​ទូក​ប្រភេទ​ឆក់ ចំណែក​អ្នក​នេសាទ​ជនជាតិ​ខ្មែរ​ពុំ​មាន​លទ្ធភាព​ប្រើ​ទូក​ធំ និង​មិន​ហ៊ាន​ល្មើសច្បាប់​នោះ​ទេ។

ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ លោក អ៊ែល សិដ្ឋ ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២២ កក្កដា ពួកគាត់ និង​អ្នក​សហគមន៍​នេសាទ​បាន​ចេញ​ទៅ​នេសាទ​ដូច​ធម្មតា ហើយ​ប្រហែល​ម៉ោង ១១​យប់​មាន​ទូក​ធំ​មួយ​គូ បាន​អូស​អួន​កាត់​សមុទ្រ​នៅ​ម្ដុំ​កោះដូង ក្នុង​ខេត្ត​កំពត ដេញ​បុក​ទូក​ពួកគាត់ ហើយ​ក្រោយ​ពី​បុក​ទូក​លោក​ពីរ​ដង មិន​លិច ម្ចាស់​ទូក​ធំ​ដែល​ជា​ជនល្មើស​មាន​គ្នា​ប្រហែល ៨​នាក់ បាន​យក​ដុំ​ថ្ម ញញួរ និង​ពូថៅ​គប់​ទៅ​លើ​ពួកគាត់៖ «»។

ចាប់​តាំង​ពី​យប់​ដែល​មាន​ទូក​ដេញ​បុក​មក អ្នក​នេសាទ​ប្រាប់​ថា ពួកគាត់​បាន​ផ្អាក​ការ​ចេញ​ទៅ​នេសាទ​បណ្ដោះអាសន្ន​សិន​រង់ចាំ​អាជ្ញាធរ​ចាប់ ឬ​បណ្ដេញ​ទូក​នោះ​ទៅ​វិញ​សិន ហើយ​ម្យ៉ាង​ទៀត ក៏​ព្រោះ​តែ​អាកាសធាតុ​នៅ​លើ​ផ្ទៃ​សមុទ្រ​ប៉ុន្មាន​ថ្ងៃ​នេះ សំបូរ​ខ្យល់​កន្ត្រាក់ និង​ធ្លាក់​ភ្លៀង​ជា​ប្រចាំ។

ចំណែក​អ្នក​នេសាទ​ម្នាក់​ទៀត លោក ង៉ែត ស៊ន ប្រាប់​ថា ជា​រឿយៗ ពួកគាត់​តែង​រង​ការ​ដេញ​បុក​ពី​ទូក​ធំៗ​របស់​ជនជាតិ​វៀតណាម ក្នុង​សមុទ្រ​កម្ពុជា។ លោក​អះអាង​ថា អ្នក​នេសាទ​ជនជាតិ​ខ្មែរ​មិន​ហ៊ាន​ប្រើ​ទូក​ធំៗ​ក្នុង​ការ​នេសាទ​នៅ​សមុទ្រ​នោះ​ទេ ហើយ​ក៏​មិន​ហ៊ាន​ប្រើ​ទូក​ប្រភេទ​ឆក់​ដែរ ព្រោះ​អាជ្ញាធរ​បាន​ហាមឃាត់ ប៉ុន្តែ​ជាង ២០​ឆ្នាំ​ដែល​លោក​ប្រកប​របរ​នេសាទ​នេះ លោក​តែង​រង​ការ​ដេញ​បុក និង​វាយ​ប្រហារ​ពី​ទូក​ធំៗ​សុទ្ធតែ​ជា​របស់​ជនជាតិ​វៀតណាម៖ «»។

អ្នក​នេសាទ​អះអាង​ថា ការ​ដេញ​បុក និង​ការ​គប់​ញញួរ គប់​ពូថៅ នេះ​មិន​មែន​ជា​លើក​ទី​១ នោះ​ទេ។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ក្រុម​សហគមន៍​នេសាទ​ត្រើយកោះ បាន​នាំ​គ្នា​ជិះ​ទូក​ចត​មុខ​សាលា​ខេត្ត​កំពត ហើយ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​មុខ​សាលា​ខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ស្នើ​ឲ្យ​ទប់ស្កាត់​សកម្មភាព​បទល្មើស​នេសាទ​ជនជាតិ​វៀតណាម លើ​សមុទ្រ​កម្ពុជា។ ពលរដ្ឋ​ថា ក្រោយ​ការ​តវ៉ា​ប៉ុន្មាន​ខែ​មក​នេះ ពួកគេ​មិន​ដែល​រងគ្រោះ​ពី​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម នោះ​ទេ ទើប​តែ​កាលពី​យប់​ថ្ងៃ​ទី​២២ កក្កដា ពួកគេ​សង្ស័យ​ថា មាន​ទូក​របស់​ជនជាតិ​វៀតណាម ចូល​មក​វាយ​ប្រហារ​អ្នក​នេសាទ​ជា​ថ្មី។

មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​ទឹក​ប្រចាំ​ខេត្ត​កំពត លោក ខៀវ បេ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រលប់​ថ្ងៃ​ទី​២៥ កក្កដា ដោយ​ចុច​បិទ​ទូរស័ព្ទ ក្រោយ​ស្ដាប់​សំណួរ​ចប់។ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​អះអាង​ថា  អាជ្ញាធរ​ជើង​ទឹក​ទាំង​បី​ស្ថាប័ន​នៅ​លើ​ផ្ទៃ​សមុទ្រ គឺ​កងទ័ពជើងទឹក កង​នាវាចរណ៍​លើ​ផ្ទៃ​សមុទ្រ និង​ជលផល បាន​ត្រៀម​លក្ខណៈ​ទាំង​ថ្ងៃ និង​យប់ ដើម្បី​ជួយ​ដល់​អ្នក​នេសាទ។ បន្ថែម​ពី​នេះ​អាជ្ញាធរ​ជើង​ទឹក​បាន​ឲ្យ​លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​លើ​ផ្ទៃ​ទឹក​ទៅ​ដល់​អ្នក​នេសាទ​ផង​ដែរ។

អ្នក​នេសាទ​បញ្ជាក់​ថា នៅ​ពេល​ទូរស័ព្ទ​ទៅ​ប្រាប់​ថា មាន​ទូក​ជនជាតិ​វៀតណាម ដេញ​បុក ពួកគេ​មិន​សូវ​បាន​ឃើញ​វត្តមាន​របស់​អាជ្ញាធរ​ជើង​ទឹក​ចុះ​អន្តរាគមន៍​ទេ ហើយ​ទូក​ធំៗ​របស់​ជនជាតិ​វៀតណាម នៅ​តែ​ចេញ​ចូល​ក្នុង​សមុទ្រ​កម្ពុជា បាន។

​អនុប្រធាន​សមាគម​នេសាទ​ត្រើយកោះ ក្នុង​សង្កាត់​ត្រើយកោះ ក្រុង​កំពត លោក ហាត់ ការីម ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត បង្កើន​សកម្មភាព​ទប់​ស្កាត់​បទល្មើស​នេសាទ​របស់​ជនជាតិ​វៀតណាម លើ​ផ្ទៃ​សមុទ្រ៖ «»។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី យល់​ថា អាជ្ញាធរ​គួរ​តែ​រឹត​បន្តឹង​លើ​ដែន​សមុទ្រ​ជាង​នេះ ដើម្បី​ជៀសវាង​ការ​បណ្ដោយ​ឲ្យ​ទូក​នេសាទ​ខុស​ច្បាប់​អាច​ប្រព្រឹត្តិ​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​កម្ពុជា បាន៖ «»។

អ្នក​នេសាទ​ទទូច​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​ទូក​នេសាទ​ខុស​ច្បាប់ ដោយសារ​ពួកគេ​យល់​ថា សមុទ្រ​កម្ពុជា តូច មិន​ដូច​សមុទ្រ​វៀតណាម ទេ បើ​បណ្ដោយ​ឲ្យ​ប្រើ​ទូក​ធំ​អូស​អួន​ទាំង​គូ​ក្នុង​សមុទ្រ​កម្ពុជា នោះ​ក្រុម​អ្នក​នេសាទ​ដែល​ប្រើ​ទូក​តូចៗ នឹង​ប្រឈម​ការ​បាត់បង់​អាជីព ហើយ​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស។

ក្រុម​អ្នក​នេសាទ​បាន​ព្រមាន​ថា នឹង​លើក​គ្នា​ទៅ​តវ៉ា​ម្ដង​ទៀត​នៅ​មុខ​សាលា​ខេត្ត​កំពត ប្រសិនបើ​ពួកគេ​នៅ​តែ​រងគ្រោះ ដោយសារ​មាន​ការ​វាយប្រហារ​ពី​ទូក​ធំៗ​របស់​ជនល្មើស​នេសាទ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សាលាក្ដី​ខ្មែរ​ក្រហម​បញ្ចាំង​ខ្សែ​ភាពយន្ត​ពី​អតីត​មេគុក​ទួល​ស្លែង​កាំង ហ្គិចអ៊ាវ ហៅ ឌុច

$
0
0

ខ្សែ​ភាពយន្ត​ស្ដីពី​អតីត​មេគុក​ទួលស្លែង កាំង ហ្គិចអ៊ាវ ហៅ ឌុច ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី២៦ កក្កដា ដែល​ជា​ការ​រៀបចំ​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម សហការ​ជាមួយ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ទាក់ទង​នឹង​តុលាការ​ខ្មែរ​ក្រហម និង​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា។

ខ្សែ​ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា «ឌុច គ្រូលត់​ដំ​នៅ​ឋាន​នរក» ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ មាន​ទីតាំង​ជាប់​នឹង​អគារ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ការ​ចាក់​បញ្ចាំង​នេះ​គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប ៧ ឆ្នាំ​នៃ​ការ​ប្រកាស​សាលក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ប្រឆាំង​នឹង​ឌុច ដែល​កាលនោះ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ឌុច​រយៈពេល ៣៥ ឆ្នាំ។ ប៉ុន្តែ​ក្រោយ​ពី​មាន​បណ្ដឹង​សាទុក្ខ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ផ្ដន្ទាទោស​ឌុច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​គ្រោង​ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន ស្នើ​ដាក់​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​កាល់តិច

$
0
0

យុវជន​មួយ​ក្រុម​​ប្រមាណ​១០​នាក់ គ្រោង​ដាក់​លិខិត​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី២៦ កក្កដា ដើម្បី​ស្នើ​ដាក់​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ការ៉ាស​សាំង​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ ទី​ដែល​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ឲ្យ​អាស៊ីសេរី​ដឹង​ថា សំណើ​នេះ​ក្រោយ​ពី​ក្រុម​ការងារ​របស់​លោក​យល់​ឃើញ​ថា លោក ហ៊ុន សែន មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​សម្ដែង​ទឹកចិត្ត​ឈឺឆ្អាល​ជួយ​ប្រាក់​ដល់​គ្រួសារ​បណ្ឌិត កែម ឡី ក្នុង​ការ​សាងសង់​ចេតិយ​ជាដើម។ លោក មួង សូនី បញ្ជាក់​ថា ពួកគេ​នឹង​ជួបជុំ​ដាក់​សំណើ​នេះ នៅ​ម៉ោង​៣​រសៀល នៅ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ។

លោក​បន្ត​ថា តាម​ពិត​សំណើ​ដាក់​រូប​សំណាក​របស់​បណ្ឌិត កែម ឡី នៅ​ការ៉ាស​សាំង​កាល់តិច ឬ​ទីតាំង​ផ្សេង​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​លោក​ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ម្ដង​រួច​ហើយ ប៉ុន្តែ​ក្រសួង​ថា មិន​ពាក់ព័ន្ធ ហើយ​ឲ្យ​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ។ លោក​អះអាង​ថា លុះ​ដាក់​លិខិត​ស្នើ​ទៅ​សាលារាជធានី​ភ្នំពេញ ក៏​ត្រូវ​បដិសេធ​ទៀត និង​មិន​បង្ហាញ​ពី​មូលហេតុ​ទៀត​ផង។

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុងហាង​ស្ដារម៉ាត (StarMart) ការ៉ាស​សាំង​កាល់តិច កណ្ដាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៦។ រហូត​មក​ដល់​ពេល​នេះ មាន​ជនសង្ស័យ​តែ​ម្នាក់​គត់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​បារម្ភ​ខ្លាច​តំបន់​ព្រៃឈើ​ក្លាយ​ដូច​ឈ្មោះ​ស្រុក​វាលវែង​ដោយសារ​បទល្មើស​កាប់​ព្រៃ

$
0
0

"វាលវែង" ជា​ស្រុក​មួយ​របស់​ខេត្ត​ពោធិ៍សាត់ សម្បូរ​ដោយ​ឈើ​ប្រណិត និង​ធនធាន​ធម្មជាតិ ប៉ុន្តែ​បច្ចុប្បន្ន តំបន់​ដែល​ធ្លាប់​មាន​ព្រៃ​ក្រាស់​នេះ ស្ទើរ​ក្លាយ​ជា​វាល​រហោឋាន​ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​របស់​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មួយ​ចំនួន។ អ្នក​ស្រុក និង​មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​បារម្ភ​ខ្លាច​ព្រៃឈើ​នៅ​តំបន់​នេះ នឹង​ក្លាយ​ដូចជា​ឈ្មោះ​ស្រុក​វាលវែង​ដូច្នោះ​ដែរ បើ​នៅ​តែ​ទប់ស្កាត់​បទល្មើស​មិន​ឈ្នះ។

សំឡេង​ម៉ាស៊ីន​អារ​ឈើ និង​កាត់​ស្មៅ បាន​ឮ​ជំនួស​សំឡេង​សត្វ​ព្រៃ​ធ្លាប់​យំ​អឺងអាប់​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​អ្នក​ស្រុក។ ក្រោយ​ពី​អស់​ឈើ​ប្រណិត សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​ក៏​រាលដាល​កាន់​តែ​ខ្លាំង។

ចាស់​ព្រឹទ្ធាចារ្យ និង​អតីត​ទាហាន​ខ្មែរ​ក្រហម​ឈរ​ជើង​នៅ​ស្រុក​វាលវែង ថា​ឈើ​ប្រណិត និង​ព្រៃ​ស្រោង​ក្នុង​ស្រុក ចាប់​ផ្ដើម​បាត់បង់​បន្តិច​ម្ដងៗ​តាំង​ពី​ឆ្នាំ​២០០០ ហើយ​ល្បឿន​នៃ​ការ​បាត់បង់​នេះ​កាន់​តែ​លឿន ក្រោយ​ពី​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) សម្អាត​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ពាន់​ហិកតារ​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម ខណៈ​ពលរដ្ឋ​ខ្លះ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដែរ។

អតីត​ទាហាន​ខ្មែរ​ក្រហម​ពិការ​ជើង​ម្ខាង​ដោយសារ​គ្រាប់មីន កំពុង​អង្គុយ​ក្រោម​ផ្ទះ​ជជែក​លេង​ជាមួយ​ប្រពន្ធ ដោយ​ភ្នែក​ក្រឡេក​មើល​ទៅ​ជួរ​ភ្នំ​ក្រោយ​ផ្ទះ​ឋិត​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប លោក សូ រី រំឭក​ថា នៅ​អំឡុង​ឆ្នាំ​១៩៨០ ក្រោយ​ផ្ទះ​របស់​លោក​មាន​ឈើ​ប្រណិត​ជាច្រើន​ប្រភេទ​ដូចជា គ្រញូង នាងនួន និង​បេង ជាដើម ហើយ​កាលណោះ​អ្នក​ភូមិ​ពុំ​មាន​ផ្លូវ​ដើរ​ក្រៅ​ពី​ដើរ​តាម​ផ្លូវ​ដំរី ឬ​សត្វ​ខ្លា​នោះ​ទេ៖ «ចំពោះ​ខ្ញុំ​មាន​ការ​បារម្ភ ពី​មុន​ឃើញ​ពិត ហេតុផល​ពិត​ដែល​មាន​ព្រៃ​ជិត ដើមឈើ​ប្រណិតៗ​នៅ​ច្រើន តែ​បច្ចុប្បន្ន​នេះ វា​អស់​ឈើ​ទៅ​ហើយ។ អ៊ីចឹង​ខ្លួន​បារម្ភ។ ពេល​នេះ​វា​វាល​ប៉ុណ្ណឹង តែ​បន្ត​បន្តិច​ទៅ​ទៀត អាច​នឹង​វាល​អស់​រលីង ហើយ​ក្លាយ​ទៅ​ជា​វាលវែង ដូច​ពាក្យ​គេ​ថា ស្រុក​វាលវែង អ៊ីចឹង»

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ពី​ក្រៅ និង​ក្នុង​ខេត្ត​កាន់​តែ​ច្រើន​ឡើង បាន​ឈូស​បំផ្លាញ​ព្រៃ​យក​ដី​សង់​ផ្ទះ ឬ​ធ្វើ​ចម្ការ ហើយ​ពួក​គេ​ខ្លះ​ចូល​ព្រៃ​កាប់​ឈើ​លក់​ប្រណាំង​នឹង​ក្រុម​ឈ្មួញ​ឈើ​ដែរ។

ចំណែក​លោកស្រី សៀង ស្រីមុំ ឲ្យ​ដឹង​ថា រយៈពេល​ជាង ១០​ឆ្នាំ​ដែល​គ្រួសារ​លោកស្រី​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង មក​រស់នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ឃើញ​តែ​គេ​ធ្វើ​អាជីវកម្ម​ឈើ និង​ទន្ទ្រាន​ដី​ព្រៃ។ ព្រៃឈើ​ដែល​ជា​រនាំង​បាំង​ខ្យល់​ព្យុះ ឬ​ការ​ប្រែប្រួល​អាកាសធាតុ ត្រូវ​បាន​បំផ្លាញ​ស្ទើរ​អស់​បង្ក​ឲ្យ​មាន​ខ្យល់​ព្យុះ​ប៉ះ​ផ្ទះ​អ្នក​ស្រុក​ជាច្រើន​ខ្នង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក៖ «ក្មេងៗ​ក្រោយ​នេះ​ខ្លាច​វា​អត់​មាន​ឈើ​ធ្វើ​ផ្ទះ ដែល​ថា​ព្រៃ​ណា​ដែល​គេ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ម៉ែ​ឪ​ចែក​ដី​ត្រង់​នេះ​ត្រង់​នោះ​ឲ្យ​កូន​អ៊ីចឹង​ទៅ ខ្លាច​អត់​ឈើ​ធ្វើ​ផ្ទះ ហើយ​អនាគត​តែ​អស់​ព្រៃឈើ យ៉ាប់​ហើយ! នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ខ្យល់​ព្យុះ​ខ្យល់​កន្ទ្រាក់​ដល់​ហើយ​ពូ ផ្ទះ​មួយៗ​ចង់​ហោះ​ហើយ។ ប៉ុន្មាន​ឆ្នាំ​មុន​ដូច​អត់​សូវ​អី​ប៉ុន្មាន​ទេ ព្រោះ​ព្រៃ​ទាំងអស់​វា​នៅ​ច្រើន​ម៉ង ឥឡូវ​នេះ​អស់​បណ្ដោយ វា​សល់​ភាគតិច​ណាស់»

សកម្មភាព​ដឹក​ជញ្ជូន​ឈើ និង​កែច្នៃ​ឈើ បាន​ថមថយ​នៅ​ឃុំ​ប្រមោយ ក្រោយ​ពី​ឈើ​ប្រណិត និង​ព្រៃ​ស្រោង​នៅ​ប៉ែក​ខាង​កើត​ទី​រួម​ស្រុក​វាលវែង បាត់បង់​ជិត​អស់ ប៉ុន្តែ​រោង​សិប្បកម្ម​ឈើ​ចាប់​ផ្ដើម​បើក​ព្រោងព្រាត​នៅ​ឃុំ​អន្លង់រាប ឋិត​នៅ​ប៉ែក​ខាង​លិច​ទី​រួម​ស្រុក​ដែល​សម្បូរ​ដោយ​ជួរ​ភ្នំ និង​នៅ​សល់​ព្រៃ​ច្រើន។ បច្ចុប្បន្ន ឈើ​ប្រណិត​ស្ទើរ​លែង​មាន​នៅ​ក្នុង​ព្រៃ ប៉ុន្តែ​មាន​នៅ​តាម​រោង​សិប្បកម្ម ឬ​តាម​ផ្ទះ​ទៅ​វិញ។

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង កំពុង​អង្គុយ​នៅ​មុខ​ផ្ទះ​ជជែក​លេង​ជាមួយ​កូន​រង់ចាំ​ប្ដី​មក​ពី​ព្រៃ​រក​ឈើ លោកស្រី ជី វណ្ណនី មាន​ប្រសាសន៍​ថា អ្នក​ស្រុក​វាលវែង ១០០​នាក់ គឺ​មាន ៩៩​នាក់​ហើយ​ដែល​ចូល​ព្រៃ​កាប់​ឈើ ឬ​កែច្នៃ​ឈើ​ជា​គ្រឿង​សង្ហារិម​សម្រាប់​លក់។ លោកស្រី​ស្រឡាញ់​ព្រៃឈើ ប៉ុន្តែ​រូប​គាត់​ម្នាក់​មិន​អាច​ទៅ​ហាមឃាត់ ឬ​អភិរក្ស​ព្រៃឈើ​បាន​ឡើយ៖ «ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ បើ​ខ្ញុំ​ម្នាក់​ថា​មិន​ទៅ​រក ក៏​ព្រៃឈើ​នៅ​តែ​អស់​ដដែល។ ដ៏​អ៊ីចឹង គេ​ទៅ​រក ខ្ញុំ​ក៏​ទៅ​រក​នឹង​គេ​នឹង​ឯង​ខ្លះ​អ៊ីចឹង​ទៅ។ មិន​ថា​មិន​ស្រឡាញ់​ទេ ព្រៃឈើ​ស្រឡាញ់​តែ​មិន​ដឹង​ទៅ​ធ្វើ​ម៉េច ទៅ​ឃាត់​គេ​ឈ្នះ។ ន័យ​មួយ​ទៀត​ចង់​និយាយ​ថា ចង់​ធ្វើ​ឲ្យ​វា​ស្អាត (គ្រឿង​សង្ហារិម​កែច្នៃ​ពី​ឈើ​ប្រណិត) ចង់​បង្ហាញ​ក្មេង​ជំនាន់​ក្រោយ​មើល​ថា នេះ​កាល​ពី​ជំនាន់​មុន​សុទ្ធតែ​មាន​ឈើ​ប៉ុណ្ណឹង​ទុក​ឲ្យ​កូន​ចៅ​ប្រើប្រាស់​បាន​ល្អ ឬ​លម្អ​នៅ​ក្នុង​ផ្ទះ ហើយ​ឥឡូវ​វា​អស់​ហើយ​ព្រៃឈើ»

មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ដែល​មាន​សមត្ថកិច្ច​អភិរក្ស​បរិស្ថាន​លើ​ផ្ទៃដី​ស្ទើរ​ទាំងស្រុង​របស់​ស្រុក​វាលវែង ទទួល​ស្គាល់​ថា ដែន​អភិរក្ស​ទំហំ​ជាង ៣​សែន​ហិកតារ (៣៣៣.៧៥០​ហិកតារ) ដែល​ខ្លួន​ធ្លាប់​អភិរក្ស បាន​បាត់បង់​ព្រៃឈើ​មួយ​ចំនួន​ធំ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង​ការ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ពលរដ្ឋ ដែល​ភាគច្រើន​ជា​អ្នក​ចំណូល​ស្រុក​ថ្មី។

មន្ត្រី​បរិស្ថាន​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​ផ្ដល់​ព័ត៌មាន​ដល់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បង្ហើប​ថា ការងារ​អភិរក្ស​ពិត​ជា​មាន​ការ​ឆកល្វែង ដោយសារ​តែ​កម្លាំង​ល្បាត​មាន​តែ ៣៤​នាក់ មិន​សមាមាត្រ​នឹង​ផ្ទៃដី​ដែល​ត្រូវ​ការពារ។ កម្លាំង​ល្បាត​ក៏​ខ្វះ​មធ្យោបាយ និង​ថវិកា​សម្រាប់​ចេញ​បេសកកម្ម បន្ទាប់​ពី​ប្រភព​ជំនួយ​បរទេស​ខ្លះ​បាន​កាត់​ផ្ដាច់ ឬ​ចប់​គម្រោង​កាល​ពី​ចុង​ឆ្នាំ​២០១២។

មន្ត្រី​ដដែល​បន្ថែម​ថា សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ជាច្រើន​ករណី ដោយ​ករណី​ខ្លះ​គ្រាន់​តែ​អប់រំ និង​ខ្លះ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​បទល្មើស​នៅ​តែ​មាន​មិន​ចេះ​ចប់។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ព្រៃឈើ និង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ថា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ លើកលែង​តែ​មន្ត្រី​ជំនាញ និង​អ្នក​ពាក់ព័ន្ធ ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​សារប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ និង​ទោស​ទណ្ឌ​ផ្សេងៗ ដើម្បី​រួម​ចំណែក​អភិរក្ស​ធនធាន​ធម្មជាតិ ហើយ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ទម្រង់​នៃ​បទល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​នឹង​ប្រកាស​សាលក្រម​ករណី​លោក គឹម សុខ នៅ​ថ្ងៃ​ទី​១០ សីហា

$
0
0

តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​អង្គ​សេចក្ដី​ករណី​រឿង​ក្ដី​លោក គឹម សុខ ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ កក្កដា។ ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​ទៅ​ថ្ងៃ​ទី​១០ សីហា។ សវនាការ​ដែល​ចំណាយ​ពេល​ខ្លី​ទៅ​លើ​អង្គ​សេចក្តី ប៉ុន្តែ​គង​សម្ដី​គ្នា​ច្រើន​ទៅ​លើ​សំណើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ដើម​ចោទ ត្រូវ​បង្ហាញ​វត្តមាន និង​តទល់​គ្នា​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ បាន​បង្ខំ​ចិត្ត​ឲ្យ​ចុង​ចោទ និង​មេធាវី​ការពារ​ក្តី ត្រូវ​ដើរ​ចេញ​ពី​បន្ទប់​កាត់​ក្តី​ទាំង​សវនាការ​មិន​បាន​ចប់​ចុង​ចប់​ដើម។

សវនាការ​លើ​អង្គ​សេចក្ដី​មិន​ទាន់​ទាំង​បាន​ចាប់​ផ្ដើម​ស្រួលបួល​នៅ​ឡើយ​ផង ភាគី​ទាំង​សងខាង គឺ​ទាំង​ចៅក្រម តំណាង​អយ្យការ មេធាវី​ទាំង​ដើម​ចោទ និង​ចុង​ចោទ ចាប់​ផ្ដើម​តឹង​សរសៃ​ក​ដាក់​គ្នា​នៅ​ក្នុង​បន្ទប់​កាត់​ក្ដី​តាំង​ពី​ដើមទី រហូត​ធ្វើ​ឲ្យ​លោក គឹម សុខ និង​លោក ជូង ជូងី បោះបង់​ការ​ជំនុំ​ជម្រះ​ចោល។

បើ​ទោះ​ជា​បែប​ណា ចៅក្រម លោក គី ឬទ្ធី អនុប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ថា រឿង​ក្ដី​នេះ​នឹង​ប្រកាស​សាលក្រម​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​១០ សីហា ខាង​មុខ ទាំង​លោក គឹម សុខ និង​លោក ជូង ជូងី ហាក់​មិន​ខ្វល់​ឡើយ​ចំពោះ​ការ​រក​យុត្តិធម៌ និង​អំណាច​សាលក្រម​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ខាង​មុខ​នេះ។

នៅ​ក្នុង​បន្ទប់​កាត់​ក្ដី សង្កេត​ឃើញ​ថា​ភាគី​ទាំង​សងខាង​ហាក់​ដូចជា​មាន​គំនុំ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ។ មុន​សវនាការ​លើ​អង្គ​សេចក្ដី​ត្រូវ​ចាប់​ផ្ដើម​នោះ លោក​ចៅក្រម គី ឬទ្ធី បាន​លើក​យក​សំណើ​សុំ​ឲ្យ​ដើម​ចោទ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក ជូង ជូងី ដាក់​សំណើ​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា មក​តទល់​គ្នា​នៅ​ក្នុង​សវនាការ ប៉ុន្តែ​ត្រូវ​បាន​តំណាង​អយ្យការ​លោក សៀង សុខ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច និង​ចៅក្រម​លោក គី ឬទ្ធី បដិសេធ។ ភ្លាមៗ លោក គឹម សុខ បាន​ជំទាស់ ហើយ​ដើរ​ចេញ​ពី​បន្ទប់​កាត់​ក្ដី។

មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ ដោយសារ​លោក​ស្នើ​ឲ្យ​ចៅក្រម លោក គី ឬទ្ធី ចេញ​ជា​សាលក្រម​បដិសេធ ឬ​យល់ព្រម​ឲ្យ​លោក ហ៊ុន សែន ចូលរួម​សវនាការ​ជាមួយ​នឹង​លោក​ក្នុង​នាម​ជា​ដើម​បណ្ដឹង ត្រូវ​ទទួល​បរាជ័យ។

នៅ​ពេល​លោក គឹម សុខ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​នាំ​ទៅ​ក្នុង​បន្ទប់​រង់ចាំ​តាម​ការ​ស្នើ​ពី​ចៅក្រម​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ មិន​យូរ​ប៉ុន្មាន លោក ជូង ជូងី ក៏​បាន​ដើរ​ចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​ដែរ។ ការ​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​ទាំង​លោក គឹម សុខ និង​លោក ជូង ជូងី នេះ បាន​បង្ខំ​ឲ្យ​លោក គី តិច ស្នើ​ទៅ​ចៅក្រម​ចេញ​បញ្ជា​ឲ្យ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​លោក គឹម សុខ ចូល​សវនាការ​វិញ​ភ្លាម ទោះ​ឆ្លើយ ឬ​មិន​ឆ្លើយ តែ​ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សវនាការ។

លោក គឹម សុខ បើ​ទោះ​ជា​ត្រូវ​បង្ខំ​ចិត្ត​អង្គុយ​ទាំង​ទើសទាល់​នៅ​ខាង​មុខ​រង្វង់​ក្រចក​សេះ លោក​បាន​យក​ក្រដាស​ដែល​មាន​នៅ​ក្នុង​ដៃ​របស់​លោក ញ៉ុក​ត្រចៀក​ទាំង​សងខាង បង្ហាញ​ពី​ការ​បោះបង់​ការ​ចូលរួម​សវនាការ ហើយ​អង្គុយ​ធ្វើ​ហី។ ស្រប​ពេល​សវនាការ​មិន​ទាន់​បាន​ដំណើរការ​នៅ​ឡើយ​ផង បរិយាកាស​នៅ​ក្នុង​បន្ទប់​កាត់​ក្ដី​កាន់​តែ​តានតឹង​ទៅៗ រហូត​បង្ខំ​ចិត្ត​ឲ្យ​លោក គឹម សុខ ទាមទារ​ប្ដឹង​ដិត​ចិត្ត ឬ​ប្ដឹង​ដូរ​ចៅក្រម​ចេញ ប៉ុន្តែ​ត្រូវ​បាន​លោក គី ឬទ្ធី អះអាង​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា​មិន​អាច​ធ្វើ​បាន​ទេ វា​ហួស​ពេល​ទៅ​ហើយ ហើយ​លោក​នៅ​តែ​ជា​ចៅក្រម​រហូត​ដល់​ចប់​នីតិវិធី។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​លោក ជូង ជូងី ជំទាស់។ មេធាវី​រូប​នេះ​អះអាង​ថា ការ​ប្ដឹង​ដូរ​ចៅក្រម​នេះ ធ្វើ​ពេល​ណា​ក៏​បាន​ដែរ នៅ​ពេល​ណា​សវនាការ​លើ​អង្គ​សេចក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ​នោះ។

លោក គឹម សុខ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច រួច​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។

នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា លោក ជូង ជូងី បាន​ជំទាស់​ថា តុលាការ​បាន​ប្រើប្រាស់​សិទ្ធិ និង​គាប​សង្កត់​កូន​ក្ដី​របស់​ខ្លួន ហើយ​មិន​ស្ដាប់​ការ​បំភ្លឺ​របស់​លោក ទើប​បង្ខំ​ចិត្ត​ឲ្យ​លោក​បោះបង់​សវនាការ​នេះ​ចោល។

ដោយឡែក​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន វិញ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា តុលាការ​ពុំ​បាន​ដាក់​ការ​គាប​សង្កត់​ឡើយ ប៉ុន្តែ​លោក គឹម សុខ ខ្លួន​ឯង​ទៅ​វិញ​ទេ​បាន​ដើរ​ឆ្ងាយ​ចេញ​ពី​អ្វី​ដែល​តុលាការ​កំពុង​តែ​សួរនាំ។ លោក​បន្ត​ថា «គេ​កាត់​រឿង​ដីកា​មុន​អង្គ​សេចក្ដី យើង​ទៅ​និយាយ​រឿង​អង្គ​សេចក្ដី អា​ហ្នឹង​តុលាការ​មិន​ឲ្យ​និយាយ​ទេ។ ដូច​មិញ​នេះ​អ៊ីចឹង គេ​កាត់​រឿង​ដែល​គាត់​សុំ​ឲ្យ​ដើម​បណ្ដឹង​សុំ​មក​តទល់ គាត់​ឆ្លៀត​ឱកាស​ទៅ​និយាយ​អង្គ​សេចក្ដី​បាត់​ហើយ។ តុលាការ​គាត់​ប្រាប់​បាត់​ហើយ​ចាំ​តិច ចាំ​អា​នេះ​ចប់​សិន បាន​បន្ត​ទៅ​អង្គ​សេចក្ដី ប៉ុន្តែ​គាត់​នៅ​តែ​និយាយ»

នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ លោក គី តិច បាន​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ឲ្យ​បាន​ធ្ងន់ធ្ងរ ហើយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ពាន់​លាន​រៀល។ លោក គឹម សុខ នៅ​ពេល​ឆ្មាំ​ពន្ធនាគារ​នាំ​ចេញ​តាម​ផ្លូវ​ក្រោយ បាន​រិះគន់​ថា តុលាការ​ធ្វើ​តាម​តែ​ការ​តម្រូវ និង​តាម​សម្ដី​នរក​របស់​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​សាទរ​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​សម្រាប់​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី

$
0
0

អង្គការ​សង្គម​ស៊ីវិល​សាទរ​ក្រសួង​ការបរទេស​ចំពោះ​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​ធ្វើ​លិខិត​ឆ្លងដែន​ថ្មី​សម្រាប់​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី ប៉ុន្តែ​ស្នើ​ក្រសួង​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ពលករ​នៅ​បរទេស ហើយ​រដ្ឋាភិបាល​គួរ​បង្ការ​ការ​រំលោភ​បំពាន​ជា​ជាង​ដោះស្រាយ​ក្រោយ​ការ​រំលោភ​បំពាន​បាន​កើត​ឡើង​ហើយ។

មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា វា​ជា​វិធានការ​ល្អ​មួយ ប្រសិនបើ​ក្រសួង​អាច​ធ្វើ​ទៅ​បាន៖ «យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ ប្រសិនបើ​ការ​អនុវត្ត​វិធានការ​នេះ​អត់​មាន​ប្រសិទ្ធភាព ព្រោះ​កន្លង​មក​យើង​ឃើញ​ហូរហែ​អ៊ីចឹង​ដែរ តែ​វា​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព»

ក្រសួង​ការបរទេស កាល​ពី​ដើម​ខែ​កក្កដា ឱ្យ​ដឹង​ថា ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ សំដៅ​ស្វែង​រក​វិធី​សមស្រប​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលករ​សម្រាប់​ការ​ធ្វើ​លិខិតឆ្លងដែន​ថ្មី ក្រោយ​ពី​មាន​ព័ត៌មាន​ថា ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​ដោយ​ចំណាយ​ថវិកា​យ៉ាង​ច្រើន នៅ​ពេល​លិខិត​ឆ្លងដែន​ចាស់​អស់​សុពលភាព ហើយ​មិន​អាច​ពន្យារ​ត​ទៅ​ទៀត​បាន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី កាល​ពី​ពាក់​កណ្ដាល ខែ​កក្កដា មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ជុំវិញ​ករណី​នេះ៖ «កំពុង​តែ​ធ្វើ​ការ​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​វិធី​ធ្វើ​យ៉ាង​ម៉េច​កាត់​បន្ថយ​ទៅ​លើ​អ្នក​រត់ការ​កណ្ដាល»

ទន្ទឹម​នឹង​ការ​គាំទ្រ​នេះ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឱ្យ​បាន​ទូលាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​តាម​បណ្ដាញ​សង្គម ទូរទស្សន៍ វិទ្យុ ក្រសួង​ការងារ និង​តាម​គេហទំព័រ​ក្រសួង​ការបរទេស​ជាដើម ព្រោះ​ពលករ​ខ្លះ​នៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើ​ការ​នៅ​ខេត្ត​ឆ្ងាយ​ដែល​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន​នេះ។ លោក ឌី ថេហូយ៉ា ស្នើ​ថា ក្រសួង​ត្រូវ​តាម​ដាន​ការ​អនុវត្ត​នេះ​ឱ្យ​ច្បាស់លាស់ ជៀសវាង​មាន​ការ​អនុវត្ត​ណា​មួយ​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង។

លោក​បន្ត​ថា ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលករ ក្រសួង​ត្រូវ​រៀបចំ​ឃ្លិប​វីដេអូ​ខ្លីៗ រៀបរាប់​អំពី​នីតិវិធី នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ដូចជា កំណត់​រយៈពេល​សេវាកម្ម កំណត់​សោហ៊ុយ​ចំណាយ​ឱ្យ​ច្បាស់លាស់ ដើម្បី​ឱ្យ​ពលករ​នៅ​ម៉ាឡេស៊ី ឬ​ពលករ​ដែល​មាន​បំណង​ត្រៀម​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នោះ​បាន​ដឹង៖ «ដូចជា​រូប Carton អ៊ីចឹង​ទៅ ដូច​ថៃ គេ​ធ្វើ​អ៊ីចឹង គេ​មាន Proceed គេ step ទី​១ គេ​ត្រូវ​ត្រៀម​ស្អី ជំហាន​ទី​២ គេ​ត្រូវ​ត្រៀម​ស្អី អា​នីតិវិធី​នឹង​គេ​ធ្វើ​ងាយៗ អ្នក​ណា​ក៏​មើល​យល់​ដែរ អត់​ចេះ​អក្សរ​ក៏​អាច​មើល​ដឹង​ងាយ​យល់​អ៊ីចឹង​ដែរ»

លោក ឌី ថេហូយ៉ា លើក​ឡើង​ថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពលករ ក្រសួង​ត្រូវ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់ (Hotline) ដែល​អាច​ឱ្យ​ពលករ​ទាក់ទង​រាយការណ៍​ពី​បញ្ហា​ប្រឈម​នានាៗ រួម​មាន​កា​រំលោភ​បំពាន​ផ្សេងៗ​ពី​សំណាក់​ថៅកែ ឬ​ជនបរទេស ការ​ទាមទារ​សំណង ឬ​ប្រាក់​បៀវត្ស​ផ្សេងៗ ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម។

​តប​នឹង​ការ​លើក​ឡើង​នេះ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា ក្រសួង​មិន​ទទួល​ធ្វើ​លិខិត​ឆ្លង​ដែន​ធម្មតា​របស់​ពលករ-​ពលការិនី​នោះ​ទេ៖ «បាទ! ដូច្នេះ​បញ្ហា​នេះ​វា​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ការបរទេស​ទេ ក្រសួង​ការបរទេស គឺ​ទទួល​ខុស​ត្រូវ​ចេញ​លិខិត​ឆ្លង​ដែន​ការទូត និង​លិខិត​ឆ្លង​ដែន​ផ្លូវការ»

ចំណែក​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​វិញ ក្រសួង​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ៖ «ក្រសួង​ការបរទេស​ខាង​ខ្ញុំ​ក៏​បាន​ធ្វើ​ប្រកាស​ផ្សាយ​ដែរ​ពី​រឿង​បញ្ហា​ទូរស័ព្ទ​លេខ Hotline ក្នុង​ករណី​មាន​ការ​អី មាន​បញ្ហា​អី ឱ្យ​ទាក់ទង​តាម​ទូរស័ព្ទ Hotline ហ្នឹង ហើយ​កន្លង​មក​មាន​ករណី​ជា​ច្រើន​ដែល​ស្ថានទូត​បាន​ដោះស្រាយ​ដោយសារ​ទទួល​ព័ត៌មាន​តាម Hotline នេះ​បាទ នៅ​ក្នុង Website របស់​ស្ថានទូត គឺ​អាច​ឃើញ​ហើយ​មាន​គេ​បាន​ប្រាប់​ហើយ​លេខ Hotline»

លោក ឌី ថេហូយ៉ា ស្នើ​ឱ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​សង្គម​ស៊ីវិល សហការ​ជាមួយ​ក្រសួង​ការបរទេស ក្រសួង​ការងារ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​គាំទ្រ​ពលករ​ខ្មែរ​នៅ​បរទេស។ គណៈកម្មការ​នេះ​ដើរ​តួនាទី​ការពារ​សិទ្ធិ​សេរីភាព​ពលករ តាម​ដាន​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​រវាង​ពលករ និង​ថៅកែ ដោយសារ​កន្លង​មក​ថៅកែ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ពលករ ហើយ​ពលករ​ខ្លះ​ទៀត ត្រូវ​បាន​ថៅកែ​កេង​ចំណេញ​ម៉ោង​ការងារ​ធ្វើការ​លើស​ពី ៨​ម៉ោង ក្នុង​១​ថ្ងៃ និង​ថៅកែ​មិន​បើក​ប្រាក់​ប្រចាំ​ខែ​ឱ្យ។ ពលករ​ខ្លះ​ទៀត ត្រូវ​បាន​ថៅកែ​បិទ​សិទ្ធិ​សេរីភាព​ដក​ហូត​លិខិត​ឆ្លង​ដែន​ទុក និង​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ ឬ​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា ក្នុង​ករណី​ចាំបាច់​ជាដើម។ បន្ថែម​ពី​នេះ គណៈកម្មការ​ត្រូវ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ថា តើ​ក្រុមហ៊ុន​ទាំង​នោះ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង ឬ​រដ្ឋាភិបាល​ដែរ ឬ​ទេ?

លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​បន្ត​ថា គណៈកម្មការ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​មួយ ដោយ​បញ្ចូល​ឈ្មោះ និង​ចំនួន​ពលករ អាយុ កាលបរិច្ឆេទ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​ទីតាំង​ពលករ​ធ្វើការ​ស្នាក់​នៅ​កុងត្រា​ការងារ រួម​ទាំង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ​បង្រៀន​ពលករ​ទាំង​នោះ​ឱ្យ​យល់​ដឹង​ពី​ភាសា វប្បធម៌ និង​ជំនាញ​ខ្លះ​ដើម្បី​អាច​ប្រើប្រាស់​បាន​មុន​នឹង​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស៖ «ព្រោះ​បើកាលណា​យើង​អត់​ឆ្លង​កាត់​អា​ហ្នឹង​ទេ បញ្ហា​កន្លង​មក​ស្ត្រី​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​ខ្លាំង​បំផុត​ហ្នឹង គឺ​មូលហេតុ​តែ​មួយ​គត់​គាត់​អត់​ចេះ​ភាសា​ទេ ទី​២ គឺ​ថា​គាត់​អត់​យល់​ពី​របៀប​របប​ការ​រស់​នៅ​របស់​គេ ទី​៣ អា​ជំនាញ​ការងារ​ដែល​គាត់​ត្រូវ​ទៅ​បម្រើ​គេ គាត់​មិន​ចេះ គេ​គ្រាន់​ប្រើ​ឱ្យ​ទៅ​លើក​ទឹក គាត់​ទៅ​លើក​អ៊ី​ផ្សេង​អ៊ីចឹង​ទៅ»

ក្រសួង​ការបរទេស​ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថានទូត​បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​ពលករ-​ពល​ការិនី​ខ្មែរ​ចំនួន ១០ ប្រទេស។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នោះ ប្រទេស​ថៃ បាន​អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​ពលករ​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​ខុស​ច្បាប់​ចំនួន ១៧៨​នាក់ ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន ៤៤៥​នាក់ និង​ពលករ​ធ្វើការ​ខុស​ច្បាប់​ដោយ​ខ្លួន​ឯង​ចំនួន ១.០០០ ទៅ ១.២០០​នាក់ មួយ​សប្ដាហ៍។

ការ​ជួយ​សង្គ្រោះ​សំខាន់ៗ​រួម​មាន ប្រទេស​វៀតណាម បាន​អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​ពលករ​ចំនួន ៦៨​នាក់ ក្នុង​នោះ ៥៩​នាក់​រស់​នៅ និង​ធ្វើការ​ខុស​ច្បាប់ ៦​នាក់ ជា​នារី​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស និង​ប្រទេស​ចិន បាន​អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​ពលករ​ខ្មែរ ២២​នាក់ ក្នុង​នោះ ១៥​នាក់​ជា​ស្ត្រី​ដែល​ត្រូវ​មេ​ខ្យល់​បោក​បញ្ឆោត​នាំ​រៀបការ​ខុសច្បាប់​ជាមួយ​បុរស​ចិន ៤​នាក់ រស់​នៅ​មិន​ចុះសម្រុង​ជាមួយ​ប្តី​ជនជាតិ​ខ្មែរ ២​នាក់ ឆ្លង​ដែន​ខុស​ច្បាប់ និង​ម្នាក់​មាន​ទិដ្ឋាការ​ហួស​សុពលភាព។

បើ​ទោះ​បី​ជា​មាន​ការ​ជួយ​សង្គ្រោះ អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​យ៉ាង​ណា​ក្តី ប៉ុន្តែ​សង្គម​ស៊ីវិល​ថា នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ។ សង្គម​ស៊ីវិល​ចង់​ឱ្យ​ក្រសួង​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្ការ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ត​ទៅ​ទៀត។ ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មាន​ប្រសាសន៍​ថា ប្រសិនបើ​យើង​ក្រឡេក​មើល​តួលេខ​របស់​ក្រសួង​ការបរទេស​បង្ហាញ​នេះ វា​ជា​ភស្តុតាង​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បញ្ហា​របស់​ពលករ​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​កំពុង​តែ​មាន​បញ្ហា​នៅ​ឡើយ។  លោក​បន្ត​ថា វិធានការ​របស់​ក្រសួង​អត់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​នៅ​បញ្ហា​ទេ។ លោក មឿន តុលា បន្ត​ថា រដ្ឋាភិបាល​គួរ​ការពារ​បង្ការ​ជា​ជាង​ព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​ជិត​១​ពាន់​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ថៅកែ​រត់​ចោល​ទទួល​បាន​ប្រាក់​បៀវត្សរ៍

$
0
0

អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​សាលា​ដំបូង​ខេត្ត​នេះ រួម​គ្នា​អន្តរាគមន៍​ជួយ​ឲ្យ​ក្រុម​កម្មករ​កម្មការិនី និង​និយោជិត​ប្រមាណ ១​ពាន់​នាក់ ទទួល​បាន​ប្រាក់​បៀវត្សរ៍ ៨៥​ភាគរយ (៨៥,%) នៃ​ចំនួន​ទឹកប្រាក់​ទាមទារ​សរុប​ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​តាម​ច្បាប់ បន្ទាប់​ពី​រោងចក្រ អ.ស៊ី.អាយ (RCI) បាន​ក្ស័យ​ធន ហើយ​ថៅកែ​រត់​ចោល​ក្រុមហ៊ុន។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បង្ហាញ​ទឹក​មុខ​រីករាយ​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី និង​និយោជិត​រាប់​រយ​នាក់ នៅ​គ្រា​រូប​លោក​បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​បើក​ប្រាក់​ផ្តាច់​កិច្ចសន្យា​ការងារ​ចុង​ក្រោយ​ជូន​អតីត​កម្មករ​នៅ​រោងចក្រ រ៉ូយ៉ាល់ ក្រោនធិច អ៊ិនធើណេសិនណល (Royal Crowntex International Inc.) ហៅ​កាត់​ថា អ.ស៊ី.អាយ (RCI) មាន​ចំនួន​ជិត ១​ពាន់​នាក់ (៩៣៤​នាក់) មាន​ទីតាំង​នៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា។

លោក​បន្ត​ថា សម្ភារៈ​ផ្សេងៗ​របស់​ក្រុមហ៊ុន អ.ស៊ី.អាយ ដែល​នៅ​សេសសល់ ត្រូវ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ ពិសេស​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​នីតិវិធី​លក់​ចេញ​ដើម្បី​ប្រមូល​ប្រាក់​សម្រាប់​បើក​ជូន​កម្មករ​កម្មការិនី​ជិត ១​ពាន់​នាក់ ដោយ​ម្នាក់ៗ​ទទួល​បាន​បៀវត្សរ៍​ចុង​ក្រោយ​ជាង ៨៥​ភាគរយ នៃ​បៀវត្សរ៍​ប្រចាំ​ខែ ដែល​ត្រូវ​ទទួល​បាន​តាម​ច្បាប់​កំណត់៖ «កន្លង​មក​នេះ​ទម្រាំ​តែ​ដោះស្រាយ​កិច្ចការ​ថៅកែ​រោងចក្រ អ.ស៊ី.អាយ ក្ស័យ​ធន បាន​រត់​ចោល​កម្មករ​នេះ​បាន គឺ​មាន​ការ​គាំទ្រ និង​ចូលរួម​ច្រើន​ណាស់​ពី​ភាគី​ពាក់ព័ន្ធ។ ក្នុង​នោះ​មាន​ការ​គាំទ្រ​ពី​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រដ្ឋបាល​ក្រុង ខាង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ដទៃ​ទៀត ចូលរួម​សហការ​ធ្វើ​ការងារ​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​នៅ​ពេល​នេះ»

នា​ឱកាស​នោះ​ដែរ ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ម៉ុង មុន្នីចរិយា មាន​ប្រសាសន៍​ថា ឆ្លង​កាត់​នីតិវិធី​ជាច្រើន​ដំណាក់កាល​មុន​អាច​ជួយ​ឲ្យ​កម្មករ​កម្មការិនី និង​និយោជិត​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ចុង​ក្រោយ​ស្រប​តាម​ច្បាប់។ លោក​បន្ត​ថា សំណុំ​រឿង​ថៅកែ​រោងចក្រ អ.ស៊ី.អាយ ក្ស័យ​ធន ហើយ​ថៅកែ​រត់​ចោល​កម្មករ​នេះ គឺ​កន្លង​ទៅ​អតីត​កម្មករ​បម្រើ​ការងារ​នៅ​រោងចក្រ​នេះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង និង​សុំ​កិច្ច​អន្តរាគមន៍​ដល់​មុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ស្នើ​ឲ្យ​ជួយ​ទាមទារ​ប្រាក់​បៀវត្សរ៍​ជូន​ពួក​គេ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ។

លោក ម៉ុង មុន្នីចរិយា រីករាយ​ដែល​បាន​រួម​ចំណែក​ជួយ​រក​ដំណោះស្រាយ​ជូន​ក្រុម​កម្មករ​កម្មការិនី និង​និយោជិត​ជិត ១​ពាន់​នាក់ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ពេល​នេះ៖ «ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​រោងចក្រ អ.ស៊ី.អាយ នេះ គឺ​យើង​បាន​ចាត់​តាំង​ឲ្យ​មាន​អភិបាល​បណ្ដោះអាសន្ន ដើម្បី​ដើរ​តួ​ជំនួស​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ក្ស័យ​ធន ហើយ​ត្រូវ​ថៅកែ​រត់​ចោល​កម្មករ ឬ​រត់​ចោល​ទីតាំង។ ដូច្នេះ លទ្ធផល​វិជ្ជមាន​នេះ គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​អភិបាល​បណ្ដោះអាសន្ន ដែល​បាន​ជំរុញ​ខិតខំ​ឲ្យ​មាន​ដំណោះស្រាយ​បើក​ប្រាក់ខែ​ចុង​ក្រោយ​ស្រប​តាម​ច្បាប់ ជូន​កម្មករ​មាន​ការ​ឆាប់​រហ័ស​នៅ​ពេល​នេះ»

ទន្ទឹម​គ្នា​នេះ លោក ម៉ុង មុន្នីចរិយា បាន​ស្នើ​ដល់​កម្មករ​កម្មការិនី និង​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ ស្នើ​កុំ​ប្រញាប់​រិះគន់​ចំណាត់ការ​របស់​តុលាការ ថា​មិន​ជួយ​ឈឺឆ្អាល ឬ​មិន​ជួយ​ដោះស្រាយ​សំណុំ​រឿង​អ្វី​មួយ នៅ​ពេល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ដំបូង​ជួយ​រក​ដំណោះស្រាយ​មាន​ភាព​តក់ក្រហល់​ពេក ព្រោះ​ការងារ​របស់​តុលាការ គឺ​មាន​នីតិវិធី​ត្រូវ​អនុវត្ត​ទៅ​តាម​ដំណាក់កាល។

ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ លោក យ៉ូវ ខេមរា ឲ្យ​ដឹង​ដែរ​ថា បញ្ហា​ថៅកែ​រត់​ចោល​កម្មករ​នៅ​រោងចក្រ អ.ស៊ី.អាយ បាន​ដោះស្រាយ​ជូន​កម្មករ​ចប់​ជា​ស្ថាពរ​រួច​ហើយ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា។ លោក​បន្ត​ថា ដំណោះស្រាយ​នេះ​ជា​មធ្យម កម្មករ​កម្មការិនី និង​និយោជិត​ម្នាក់ បាន​ទទួល​ប្រាក់​បៀវត្សរ៍​ចាប់​ពី​ចន្លោះ ៥០០​ដុល្លារ​ដល់ ៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​តាម​អតីតភាព​ការងារ និង​ប្រាក់​បៀវត្សរ៍​កម្មករ​ម្នាក់ៗ​ទទួល​បាន​ប្រចាំ​ខែ។

ប្រធាន​មន្ទីរ​ការងារ លោក យ៉ូវ ខេមរា ឲ្យ​ដឹង​ថា រោងចក្រ អ.ស៊ី.អាយ (RCI) មាន​ទីតាំង​នៅ​ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ចាប់​ផ្ដើម​បើក​ដំណើរការ​កាល​ពី​ឆ្នាំ​២០០២ និង​បាន​ក្ស័យ​ធន ហើយ​ថៅកែ​រត់​ចោល​កម្មករ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​កាន់​តែ​ច្រើន​សកម្ម​ក្នុង​កិច្ច​ការពារ​និង​ដាំ​កូន​ឈើ​ឡើង​វិញ​នៅ​ពេល​បច្ចុប្បន្ន

$
0
0

នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ គេ​សង្កេត​ឃើញ​ថា ក្រុម​យុវជន​ចាប់​ផ្តើម​ចូលរួម​សកម្មភាព​ជួយ​ការពារ និង​ស្ដារ​ឡើង​វិញ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​សកម្ម។ សកម្មភាព​របស់​ពួក​គាត់ បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​សហគមន៍​ផ្សេងៗ ដូចជា​ចុះ​ល្បាត​ព្រៃ និង​ចូលរួម​ដាំ​កូន​ឈើ​នៅ​តាម​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន រួម​មាន​នៅ​តំបន់​ព្រៃឡង់ តំបន់​ជួរ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អារ៉ែង ជាដើម។

បណ្ដាញ​យុវជន​កម្ពុជា និង​សកម្មជន​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា យុវជន​កាន់​តែ​ច្រើន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​សង្គម ពិសេស​បញ្ហា​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ សកម្មភាព​របស់​យុវជន​ចំពោះ​កិច្ច​ការពារ​ធនធាន​ព្រៃឈើ គឺ​ជា​ចំណែក​មួយ​ជួយ​ថែរក្សា​ព្រៃ​ព្រឹក្សា​ឲ្យ​នៅ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ភាព​ជា​គំរូ​សម្រាប់​យុវជន​សម័យ​ថ្មី​ទៀត​ផង។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​យុវជន​កាន់​តែ​ច្រើន​លើ​ការងារ​អភិរក្ស និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា គឺ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​គំនិត​របស់​យុវជន​សម័យ​ថ្មី។ លើស​ពី​នេះ បង្ហាញ​ពី​ការ​ភ្ញាក់​រឭក​របស់​យុវជន​មួយ​ចំនួន ដោយសារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​បាន​ក្លាយ​ជា​ធនធាន​ដ៏​កម្រ​នា​ពេល​បច្ចុប្បន្ន៖ «ត្រូវ​តែ​ដាច់​ចិត្ត​ចូលរួម​ការពារ ទោះ​ជា​មាន​រឿងរ៉ាវ​មួយ​ចំនួន​ក៏ដោយ ក៏​គាត់​នៅ​តែ​ប្ដេជ្ញា​ចិត្ត​បន្ត​វីរភាព ពិសេស​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ក៏​ជា​ចំណែក​មួយ​ដើម្បី​ដាស់តឿន ឬ​ក៏​ដាស់​ស្មារតី​ដល់​យុវជន​ខ្មែរ​ឲ្យ​ងើប​ឡើង»

សកម្មភាព​របស់​យុវជន​ចូលរួម​ការពារ និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ ដូចជា​ការ​ចុះ​ល្បាត​ព្រៃ ការ​ដាំ​កូន​ឈើ​ឡើង​វិញ​ជាមួយ​ប្រជា​សហគមន៍​នៅ​តំបន់​ផ្សេងៗ រួម​មាន​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ខេត្ត​ព្រះវិហារ នៅ​ខេត្ត​បន្ទាយមានជ័យ ជាដើម។

សកម្មភាព​ចូលរួម​របស់​យុវជន​ក្តី ព្រះសង្ឃ​ក្តី ធ្វើ​ឲ្យ​ប្រជា​សហគមន៍​រីករាយ ព្រោះ​ពួក​គេ​បាន​ដឹង​ពី​ទុក្ខ​កង្វល់ ព្រម​ទាំង​បាន​ដឹង​ពី​ស្ថានភាព​រស់នៅ​របស់​ជីវិត​អ្នក​ការពារ​ព្រៃឈើ​ពិតប្រាកដ។ ជាង​នេះ​ទៀត គឺ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​សហគមន៍ ហើយ​បង្ហាញ​ថា ក្រុម​យុវជន​នៅ​តំបន់​ផ្សេងៗ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ព្រៃឈើ​ដូច​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ។


ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដដែល យល់​ថា បើ​ទោះ​បី​ជា​យុវជន​បាន​ចូលរួម​ផុសផុល​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​ចំនួន​យុវជន​សកម្ម​ទាំងនោះ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​យុវជន​ដែល​មាន​ចំនួន​ប្រមាណ ៦០​ភាគរយ​នៅ​ទូទាំង​ប្រទេស។ លោក​ថា ចំនួន​អ្នក​ចូលរួម​នៅ​មាន​កម្រិត អាច​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​មួយ​ចំនួន​បាន​កើត​ឡើង​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​កាល​ពី​ពេល​កន្លង​ទៅ ដូចជា​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ​២០១២ និង​រូបភាព​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​មួយ​ចំនួន​ទៀត។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​យល់​ថា ការ​ចូលរួម​របស់​យុវជន​កាន់​តែ​ច្រើន​បង្ហាញ​ពី​ការ​រួម​ចំណែក​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​ប្រឆាំង​នឹង​បទល្មើស​ដែល​កំពុង​កើត​ឡើង​ឥត​ឈប់ឈរ​ពី​សំណាក់​ជន​ទុច្ចរិត និង​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​មាន​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ។ ម្យ៉ាង ស្រប​ទៅ​តាម​គោល​នយោបាយ​អភិបាលកិច្ច​ល្អ​របស់​រាជ​រដ្ឋាភិបាល៖ «ជា​ផ្នែក​មួយ​ដើម្បី​បង្កើន​នៃ​ការ​គ្រប់គ្រង​បែប​អភិបាលកិច្ច​ល្អ​របស់​ប្រជាពលរដ្ឋ គឺ​ការ​ចូលរួម»

យុវតី​ម្នាក់​ដែល​បាន​ចូលរួម​ដាំ​កូន​ឈើ​នៅ​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា កញ្ញា ទី សុខសុគន្ធ បញ្ជាក់​ថា ការ​ចូលរួម​ការងារ​សង្គម​មួយ​នេះ​ជាមួយ​ប្រជា​សហគមន៍ គឺ​ជា​រឿង​សំខាន់ ពីព្រោះ​កន្លង​ទៅ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។ កញ្ញា​យល់​ថា ការ​ចូលរួម​អភិរក្ស និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ​របស់​យុវជន គឺ​រឹតតែ​មាន​សារសំខាន់​ថែម​ទៀត៖ «ចា៎! វា​មាន​សារសំខាន់ ព្រោះ​អី​ព្រៃឈើ​វា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ជីវិត​របស់​មនុស្ស»

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ កក្កដា។

យ៉ាង​នេះ​ក្តី ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ព្រះមហាក្សត្រ និង​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដុះ ការពារ​ព្រៃឈើ ហើយ​ត្រូវ​ចូលរួម​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ការ​បរបាញ់​សត្វ​គ្រប់​រូបភាព។ មិន​តែ​ប៉ុណ្ណោះ កន្លង​ទៅ រាជ​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ គាំទ្រ និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​បរិស្ថាន ពិសេស​ព្រៃឈើ​តែ​ម្តង។

ព្រះសង្ឃ​សកម្ម​ការពារ​សិទ្ធិ​មនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរ​ដីកា​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ថា ការ​លើក​ឡើង​របស់​រាជ​រដ្ឋាភិបាល ហាក់​ធ្វើ​ឡើង​គ្រាន់​តែ​ល្អ​មើល​ប៉ុណ្ណោះ ពីព្រោះ​ព្រៃឈើ​នៅ​តែ​រង​ការ​កាប់​បំផ្លាញ ហើយ​ព្រៃ​សហគមន៍​មួយ​ចំនួន​ក៏​រង​ការ​រំលោភ​បំពាន​ដែរ។ ជាមួយ​គ្នា​នេះ សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​រង​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់៖ «តាម​ទូរទស្សន៍​ឲ្យ​ពលរដ្ឋ​ជួយ​លើក​ស្ទួយ​ចូលរួម​ការពារ​ដាំ​ព្រៃឈើ និង​ដាំ​ព្រៃឈើ។ តែ​ផ្ទុយ​ទៅ​វិញ សកម្មជន​ដែល​សកម្ម​ក្នុង​ការ​ការពារ ដាំ​កូន​ឈើ​ក្តី និង​ការពារ​ព្រៃឈើ​ក្តី តែង​រង​ការ​គំរាម​កំហែង និង​ចោទ​ប្រកាន់»

លោក ទឹម ម៉ាឡៃ យល់​ថា ដើម្បី​ឲ្យ​សកម្មភាព​របស់​យុវជន​ទទួល​បាន​ជោគជ័យ គឺ​ពួក​គាត់​មិន​ត្រឹម​តែ​ចូលរួម​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​អាច​ស្រាវជ្រាវ​អំពី​ចំណុច​ខ្វះខាត​របស់​ខ្លួន និង​របស់​រដ្ឋាភិបាល។ បន្ទាប់​មក អាច​យក​ចំណុច​ខ្វះខាត​ទាំងនោះ​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ចំណែក​រដ្ឋាភិបាល​វិញ គប្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​មន្ត្រី​ថ្នាក់​ក្រោម ឬ​ប្រជា​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ពួក​គាត់​រស់នៅ។ ម្យ៉ាង​ទៀត ត្រូវ​ប្រែ​ក្លាយ​តំបន់​ព្រៃឈើ​ឲ្យ​ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍ និង​លុប​ចោល​ទម្រង់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​ណា​ដែល​មិន​បាន​ផ្តល់​ប្រយោជន៍​ពិតប្រាកដ​ដល់​សហគមន៍​មូលដ្ឋាន។ ចំណែក​សង្គម​ស៊ីវិល ត្រូវ​បន្ត​ចូល​សហការ​ជាមួយ​ប្រជា​សហគមន៍ ក្រុម​យុវជន​បង្កើត​សាមគ្គីភាព​ល្អ ផ្តល់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ពង្រឹង​ស្មារតី​ដល់​ពួក​គាត់ ដើម្បី​ចូលរួម​ការងារ​សង្គម​មួយ​នេះ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហគមន៍​ខេត្ត​រតនគិរី​បង្ហាញ​ឯកសារ​លក់​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

$
0
0

សមាជិក​សហគមន៍​ភូមិ​សមុទ្រក្រោម រក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់ ខេត្ត​រតនគិរី ពាក់ព័ន្ធ​មន្ត្រី​ភូមិ និង​ប្រធាន​សហគមន៍ បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​លក់​ឈើ​ក្នុង​ព្រៃ​នោះ​ទៅ​ឲ្យ​ឈ្មួញ។ ចំណែក​មន្ត្រី​ភូមិ​ទទួល​ស្គាល់​ថា ការ​លក់​ឈើ​ក្នុង​ព្រៃ គឺ​មាន​ការ​ព្រមព្រៀង​ពី​ពលរដ្ឋ​ក្នុង​ភូមិ​គ្រប់​គ្រួសារ។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​បន្ទាន់​ទៅ​លើ​សកម្មភាព​ទិញ​លក់​ឈើ​មូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​រក​ឃើញ​ឯកសារ​ថត​ចម្លង​មួយ ដែល​ជា​កិច្ចសន្យា​រវាង​មេ​ភូមិ រួម​ជាមួយ​ប្រធាន​សហគមន៍​ភូមិ​សមុទ្រក្រោម ដែល​បាន​ផ្ដិត​មេដៃ​លក់​ដើមឈើ​នៅ​ចំណុច​ភ្នំ​អាត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទៅ​ឲ្យ​ឈ្មួញ​កាល​ពី​ចុង​ឆ្នាំ​២០១៦។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម លោក តូច ផល្លា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ឯកសារ​នេះ​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត ត្រូវ​គេ​អារ​រំលំ ហើយ​ឈ្មួញ​គឺ​ជា​អ្នក​ដឹក​ជញ្ជូន​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម។ លោក​ថា អ្នក​ភូមិ​នឹង​បង្ហាញ​ឯកសារ​នេះ​ជូន​មន្ត្រី​អយ្យការ ខណៈ​អ្នក​ភូមិ​នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​បង្ហាញ​អង្គ​ហេតុ​ដែល​អ្នក​ភូមិ​បាន​ប្ដឹង​បរិហារ​អាជ្ញាធរ​មូលដ្ឋាន ថា​ជាប់​ពាក់ព័ន្ធ​រឿង​កាប់​រាន​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់៖ «ចាប់​បាន​អា​ហ្នឹង​យក​មក បាន​គាត់​ទទួល​ស្គាល់​ថា​បាន​លក់ គេ​កាប់​ហ្នឹង​ពីរ​ភ្នំ ភ្នំ​អាត មួយ ភ្នំ​ម៉ាហាត មួយ​ទៀត»

ប្រជាពលរដ្ឋ​ភូមិ​សមុទ្រក្រោម ឲ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មករា ឆ្នាំ​២០១៧ ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត និង​ភ្នំ​ម៉ាហាត ក្បែរ​គ្នា​នេះ​រាប់​ពាន់​ដើម ត្រូវ​គេ​អារ​រំលំ​កាត់​ចុង​កាត់​គល់ ហើយ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។ ប្រជាពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​បាន​ទៅ​ដល់​ទីតាំង​កាប់​ឈើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន ឈើ​មូល​រាប់​រយ​ដើម​ដែល​គេ​កាប់​រួច ហើយ​បន្សល់​ចោល​នៅ​ភ្នំ​នោះ​នៅ​ឡើយ បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​នោះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ផុន ខេមរិន្ទ ជុំវិញ​ការ​អះអាង​របស់​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

ចំណែក​អនុប្រធាន​ភូមិ​សមុទ្រក្រោម លោក ប៊ុន ធានសឿន ទទួល​ស្គាល់​ថា លិខិត​ព្រមព្រៀង​លក់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​អាត ថា​ជា​ការ​ឯកភាព​របស់​សមាជិក​សហគមន៍​ទាំងអស់។ លោក​ថា ប្រាក់​ដែល​បាន​ពី​ការ​លក់​ឈើ ៧​ពាន់​ដុល្លារ បាន​យក​ទៅ​សង់​សាលា​ប្រជុំ​ភូមិ ហើយ​ប្រាក់​នៅ​សល់​ចែក​សមាជិក​សហគមន៍​មួយ​គ្រួសារ​បាន​ជាង ១០​ម៉ឺន​រៀល៖ «ប្រជាពលរដ្ឋ​ព្រម​ទាំងអស់​គាត់ ព្រម​លក់​ព្រៃឈើ បាន​យើង​លក់​ទៅ បើ​គាត់​មិន​ព្រម គេ​មិន​ហ៊ាន​ទិញ​ដែរ។ ចែក​ម្នាក់ ១០​ម៉ឺន ក្រៅ​ពី​ធ្វើ​សាលា​ភូមិ ខ្ញុំ​ចែក​ប្រជាពលរដ្ឋ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​ថា សហគមន៍​ភូមិ​សមុទ្រក្រោម បាន​ប្រគល់​ឯកសារ​ទិញ​លក់​ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ឲ្យ​សមាគម ដើម្បី​ទុក​ជា​វត្ថុ​តាង​តាម​ផ្លូវ​ច្បាប់។ លោក​ថា លិខិត​ព្រមព្រៀង​លក់​ឈើ​នេះ​ជា​វត្ថុ​តាង​សំខាន់​ទាក់ទិន​បទឧក្រិដ្ឋ​ព្រៃឈើ ហេតុ​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​រឿង​នេះ៖ «កាលណា​មាន​បុគ្គល​ណា​គាត់​កាប់​ក៏ដោយ គាត់​លក់​ក៏ដោយ អា​ហ្នឹង​ជា​សកម្មភាព​ខុស​ច្បាប់»

កិច្ចព្រមព្រៀង​ថត​ចម្លង​ចុះ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដែល​អាស៊ីសេរី​ទទួល​បាន​ពី​សហគមន៍​ភូមិ​សមុទ្រក្រោម ឲ្យ​ដឹង​ថា តំណាង​អាជ្ញាធរ​ភូមិ​សមុទ្រក្រោម ពីរ​នាក់ គឺ​ប្រធាន​ភូមិ លោក ខាំ ផសាវាត និង​អនុប្រធាន​ភូមិ លោក ប៊ុន ធានសឿន រួម​ទាំង​គណៈកម្មការ​សហគមន៍​ភូមិ​សមុទ្រក្រោម លោក ថាន់ ម្ហើល និង​លោក ខាំ ម៉ាសាក បាន​ព្រមព្រៀង​លក់​ព្រៃឈើ​ចាប់​ពី​ជើង​ភ្នំ​អាត រហូត​កំពូល​ភ្នំ ទៅ​ឲ្យ​ឈ្មោះ ម្រិម ធើប ទាំង​ឈើ​អារ​រួច និង​ឈើ​មិន​ទាន់​អារ​រំលំ ហើយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​មាន​សិទ្ធិ​ដឹក​ឈើ​ចេញ​ក្រៅ​ពី​អ្នក​ទិញ​នោះ​ទេ និង​ចាត់​កង​សន្តិសុខ​ចំនួន ៨​នាក់​យាម​ការពារ​នៅ​ទីតាំង​កាប់​ឈើ​នោះ​ទៀត​ផង។ ឈើ​ក្នុង​ព្រៃ​ដែល​លក់​មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​២​នាក់​ស្លាប់​ដោយសារ​លង់​ទឹក​ជំនន់​នៅ​ស្រុក​ជាំក្សាន្ត​ខេត្ត​ព្រះវិហារ

$
0
0

អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា ពលរដ្ឋ ២​នាក់​នៅ​ឃុំ​ទឹកក្រហម និង​ឃុំ​កន្ទួត បាន​ស្លាប់​ដោយសារ​លង់​ទឹក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កក្កដា។

អភិបាល​ស្រុក​ជាំក្សាន្ត គឺ​លោក ជា គឹមសេង។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​នេះ ទឹក​ជំនន់​ដោយសារ​ភ្លៀង​ខ្លាំង​ដែល​ហូរ​ចុះ​ពី​ជួរ​ភ្នំ​ដងរែក កំពុង​គំរាម​កំហែង​ដល់​លំនៅឋាន និង​សុវត្ថិភាព​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​របស់​លោក។ មន្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កក្កដា ក្មេង​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ នៅ​ឃុំ​ទឹកក្រហម និង​ស្ត្រី​ម្នាក់​អាយុ ៣៤​ឆ្នាំ នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត បាន​ស្លាប់​ដោយសារ​លង់​ទឹក​ក្នុង​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង​កំពុង​ឡើង​ខ្លាំង៖ «ក្មេង​អាយុ ១៣​ឆ្នាំ​ម្នាក់​លង់​ទឹក​ស្រះ​ស្លាប់​នៅ​ភូមិ​ទឹកក្រហម និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ស្នាក់នៅ​ធ្វើ​ស្រែ​ចម្ការ​ក្នុង​ឃុំ​កន្ទួត បាន​លង់​ទឹក​ស្លាប​ដែរ។ ទឹក​ជំនន់​វា​ខ្លាំង​ពេក រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ខ្លាំង»

លោក​អភិបាល​ស្រុក​ជាំក្សាន្ត ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ទឹក​ជំនន់​ហូរ​ចុះ​ពី​ជួរ​ភ្នំ​ដងរែក បាន​ហូរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦២ ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ព្រម​ទាំង​គំរាម​កំហែង​លំនៅឋាន​របស់​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ឃុំ​ចំនួន​៤ គឺ​ឃុំ​ទឹកក្រហម ឃុំ​យាង ឃុំ​ស្រអែម និង​ឃុំ​កន្ទួត។

ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រះវិហារ លោក ចាប កុយ ឲ្យ​ដឹង​ថា ទឹក​ជំនន់​ចុះ​ពី​ភ្នំ​អាច​នឹង​បន្ត​គំរាម​កំហែង​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ លោក​ថា ទឹក​ជំនន់​ដោយសារ​ភ្លៀង កំពុង​គំរាម​កំហែង​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​ព្រះវិហារ ដែល​នៅ​ជាប់​នឹង​ជួរ​ភ្នំ​ដងរែក ព្រម​ទាំង​ប៉ះពាល់​ទៅ​ដល់​ស្រុក​ត្រពាំងប្រាសាទ និង​ស្រុក​អន្លង់វែង នៃ​ខេត្ត​ឧត្តរមានជ័យ ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ទទូច​ឲ្យ​ឧទ្ធរណ៍​បដិសេធ​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី

$
0
0

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជិត ៣០​ស្ថាប័ន អំពាវនាវ​យ៉ាង​ទទូច​ដល់​សាលា​ឧទ្ធរណ៍ ឲ្យ​បដិសេធ​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី និង​ដោះលែង​សកម្មជន​ដីធ្លី​រូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ខណៈ​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​របស់​អ្នកស្រី ទេព វន្នី ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ការ​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ជុំវិញ​រឿង​ហិង្សា​ដោយ​ចេតនា​ក្បែរ​ផ្ទះ​នាយក​រដ្ឋមន្ត្រី គឺ​ជា​ការ​ផ្ដន្ទាទោស​ដោយ​អយុត្តិធម៌ ហើយ​ការ​ឃុំ​ខ្លួន​អ្នកស្រី​ជិត​មួយ​ឆ្នាំ​មក​នេះ គឺ​ជា​ការ​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​រិះគន់​មិន​សំចៃ​មាត់​នៅ​កម្ពុជា មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ចូល​មក​ដល់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​តវ៉ា​ដោយ​សន្តិវិធី និង​សេរីភាព​បញ្ចេញ​មតិ មិន​មែន​ជា​បទល្មើស​នោះ​ទេ ហើយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏​មិន​គួរ​ត្រូវ​បាន​ដាក់​ទោស ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដោយ​សន្តិវិធី​នោះ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ប្រើប្រាស់​ឯករាជភាព​របស់​ខ្លួន ស្វែងរក​យុត្តិធម៌​ជូន​អ្នកស្រី ទេព វន្នី ហើយ​ពួក​គេ​ក៏​សង្ឃឹម​ដែរ​ថា អាជ្ញាធរ​កម្ពុជា នឹង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​ច្បាប់​លើ​សកម្មជន​រូប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាច់ញាតិ​ចៅ​សង្កាត់​ប៉ោយប៉ែត​ដែល​ជាប់​ពន្ធនាគារ​បារម្ភ​ពី​សុខភាព​ស្វាមី

$
0
0

សាច់ញាតិ​ព្រួយ​បារម្ភ​ពី​សុខភាព​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ខ្លាច​ជំងឺ​របស់​ស្វាមី​កាន់​តែ​ធ្ងន់ធ្ងរ​ព្យាបាល​មិន​ទាន់ ហើយ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​លោក ចៅ វាសនា បាន​ដាក់​ពាក្យ​សុំ​ប្រធាន​ពន្ធនាគារ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ចំនួន​ពីរ​លើក​ហើយ តែ​ពុំ​មាន​ការ​ឆ្លើយតប។ប្រធាន​ពន្ធនាគារ​អះអាង​ថា មូលហេតុ​ដែល​មិន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ឃុំ​រូប​នេះ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ ដោយ​មើល​ឃើញ​ថា​មាន​សុខភាព​ល្អ ដែល​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ។

សាច់ញាតិ​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ស្ថានភាព​ជំងឺ​របស់​លោក ចៅ វាសនា នៅ​ពេល​នេះ​ហាក់​មិន​ល្អ​ឡើយ ដែល​ត្រូវការ​ទៅ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​នៅ​ខាង​ក្រៅ​ទើប​បាន។

ប្រពន្ធ​របស់​ចៅ​សង្កាត់​ប៉ោយប៉ែត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ លោកស្រី វង្ស គឹមហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កក្កដា ថា លោកស្រី​តែងតែ​ទៅ​ជួប​លោក ចៅ វាសនា រៀង​រាល់​មួយ​សប្ដាហ៍​ម្ដង ហើយ​នា​ពេល​ថ្មីៗ​នេះ ប្ដី​របស់​លោកស្រី​ប្រាប់​ថា លោក​ដេក​មិន​សូវ​លក់ ហើយ​គ្មាន​កម្លាំង និង​ត្រូវការ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ពន្ធនាគារ។ លោកស្រី​អះអាង​ថា ស្វាមី​របស់​លោកស្រី​អស់​កម្លាំង​ដោយសារ​មាន​ជំងឺ​ថ្លើម ដែល​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ ព្រោះ​នៅ​ក្នុង​ពន្ធនាគារ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ៖ «បើ​គាត់​សុខភាព​ធម្មតា គាត់​មិន​ស្នើសុំ​ព្យាបាល​ខាង​ក្រៅ​ទេ។ ដល់​ពេល​គាត់​មិន​ស្រួល បាន​គាត់​ចង់​ទៅ​ព្យាបាល​ដើម្បី​ព្យាបាល​ទាន់​ពេល កុំ​ឲ្យ​ជំងឺ​រាលដាល​ទៅ​មុខ​ទៀត»

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​ថា សុខភាព​របស់​លោក ចៅ វាសនា រឹងមាំ​ល្អ ហើយ​លេង​កីឡា​បាន​ជា​រៀង​រាល់​ថ្ងៃ គឺ​ពុំ​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​នោះ​ទេ៖ «អត់​មាន​អី សុខភាព​គាត់​ធម្មតា​ទេ ក្រោយ​ពី​គាត់​វះ​កាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​មក​នោះ។ ក្រោយ​ពី​ខ្ញុំ​យក​គាត់​ចេញ​ពី​មន្ទីរពេទ្យ​មក ខ្ញុំ​ឲ្យ​គាត់​សម្រាក​នៅ​មណ្ឌល​សុខភាព​របស់​ពន្ធនាគារ​រហូត ហើយ​គាត់​រស់នៅ​បាន​ស្រួល​ជាង​គេ​ទៀត​ផង»

មន្ត្រី​សម្របសម្រួល​ផ្នែក​ពេទ្យ​ប្រចាំ​អង្គការ​លីកាដូ (LICADHO) លោក​វេជ្ជបណ្ឌិត ខាត់ អាន លើក​ឡើង​ថា ជំងឺ​ថ្លើម​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន ប្រសិន​បើ​អ្នក​ជំងឺ​ពុំ​បាន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​នោះ៖ «យើង​អត់​អាច​ដឹង​ថា​រយៈពេល​យូរ​ប៉ុន្មាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​វិធី​ដែល​ល្អ​សម្រាប់​អ្នក​ជំងឺ​ដែល​មាន​មេរោគ​ថ្លើម សំខាន់​គឺ​គាត់​ត្រូវ​តាមដាន​ជាមួយ​គ្រូពេទ្យ​ទៀងទាត់ ហើយ​ពិនិត្យ​មុខងារ​ថ្លើម​គាត់​ខូចខាត ឬ​មិន​ទាន់​ខូចខាត​ទេ។ ហើយ​របប​អាហារ​នៃ​ការ​រស់នៅ​ក៏​សំខាន់​សម្រាប់​អ្នក​ជំងឺ​នេះ​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក ចៅ វាសនា មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត គឺ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​តុលាការ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ ព្រោះ​មិន​ឲ្យ​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ​ដើម្បី​បាន​ព្យាបាល​ជំងឺ។

ចៅ​សង្កាត់​ប៉ោយប៉ែត ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ដើម​កំណើត​ខ្មែរ​ក្រោម​រូប​នេះ ចាប់​ពី​ជាប់​ឆ្នោត​មក ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​រហូត ដោយ​ពុំ​មាន​ឱកាស​បាន​ទៅ​បំពេញ​តួនាទី​ជូន​ម្ចាស់​ឆ្នោត​នៅ​ឡើយ​ទេ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​លោក ចៅ វាសនា នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គឺ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​រុញ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

អង្គការ​សង្គម​ស៊ីវិល​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​លោក ចៅ វាសនា ដាក់​ពន្ធនាគារ​នេះ ដោយសារ​តែ​លោក​ជា​មនុស្ស​មាន​ប្រជាប្រិយភាព ហើយ​ការ​ចាប់​ចង​នេះ​អាច​ជា​ចេតនា​នយោបាយ​ច្រើន​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ឃុំ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​ឃុបឃិត​ចែក​ដី​សហគមន៍​ឲ្យ​ពលរដ្ឋ​ផ្សេង

$
0
0

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាធរ​ឃុំ ក្នុង​ការ​បែងចែក​ដី​សហគមន៍​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង។ ពួក​គេ​ថា ដី​ព្រៃ​សហគមន៍​មួយ​នេះ​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ និង​ជា​ទ្រព្យ​សម្បត្តិ​រួម ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​ជា​ឃុបឃិត​គ្នា​បែងចែក​ដី​ព្រៃ​សហគមន៍​ឲ្យ​ក្លាយ​ជា​សម្បត្តិ​ឯកជន​ទៅ​វិញ។

ប្រជា​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី ឃុំ​ត្រពាំងឫស្សី ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ចំពោះ​ការ​បែងចែក​ដី​ព្រៃ​សហគមន៍ ព្រម​ទាំង​ស្នើ​ឲ្យ​រក្សា​ទុក​ដី​ព្រៃ​សហគមន៍​ជា​សម្បត្តិ​រួម​ដដែល។ បន្ថែម​ពី​នេះ ពួក​គេ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​រាន ព្រម​ទាំង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​បន្ត​ទៀត ព្រោះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​បាត់បង់​មុខ​របរ​ប្រពៃណី និង​បាត់បង់​កន្លែង​លែង​គោ​ក្របី ជាដើម។

អតីត​ប្រធាន​ព្រៃ​សហគមន៍ និង​បច្ចុប្បន្ន​ជា​សមាជិក​ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី លោក យ៉ាន យឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ភូមិ​ល្វៃ ជាង ១០០​គ្រួសារ ទទួល​ផល​ប្រយោជន៍​ពី​ព្រៃ​សហគមន៍​មួយ​នេះ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​ជា​ឃុបឃិត​គ្នា​បែងចែក​ដី​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង ដោយ​មិន​បាន​ប្រាប់​ប្រជា​សហគមន៍​ឡើយ។ លោក​បន្ត​ថា ការ​បែងចែក​ដី​រួម​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង និង​អ្នក​មាន​ប្រាក់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ហើយ​ពួក​គាត់​ជំទាស់​ដាច់ខាត​ចំពោះ​ករណី​នេះ៖ «ខ្ញុំ​ថា​មិន​ឲ្យ​ខុស​ទេ ព្រោះ​គេ​បែងចែក​នេះ​ប្រៀបធៀប​ដូច​ពាក្យ​ចាស់​ថា យក​ស្បៃ​ទៅ​បាំង​ទេ​លោកគ្រូ​អើយ»

ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី បាន​បង្កើត​ឡើង​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ និង​ទទួល​ស្គាល់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កាល​ពី​ឆ្នាំ​២០០៨ ដែល​មាន​ទំហំ​ផ្ទៃដី​ជិត ១​ពាន់​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង ៦០០​ហិកតារ (៦៧០​ហិកតារ) ប៉ុណ្ណោះ។

ប្រជា​សហគមន៍​នេះ​ទើប​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​បែងចែក​ដី​របស់​ពួក​គាត់​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងថ្ម ចំនួន ៦០​គ្រួសារ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន​ប៉ុន្មាន​ហិកតារ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​ដឹង​ថា​ដី​សហគមន៍​របស់​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​បែងចែក​ឲ្យ​ពលរដ្ឋ​តំបន់​ផ្សេង រូបភាព​ចូល​កាប់​ឈើ និង​ឈូស​ឆាយ​ដី​ព្រៃ​កើត​ឡើង​ជា​ហូរហែ ហើយ​លោក​ប៉ាន់​ប្រមាណ​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​អស់​ប្រហែល ៤០​ហិកតារ​ហើយ ចំណែក​ប្រជា​សហគមន៍​ក៏​នាំ​គ្នា​ទៅ​ឃាត់​សកម្មភាព​ឈូស​ឆាយ​ទាំងនោះ​ជា​បន្តបន្ទាប់ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន​សិន។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ត្រពាំងឫស្សី ដើម្បី​ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ កក្កដា។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ លោក តិប ញាតា អាស៊ីសេរី​ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ដែរ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​រអាក់រអួល​ស្តាប់​គ្នា​មិន​បាន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​កំពុង​ប្រមូល​ស្នាម​មេដៃ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ និង​ឈ្មួញ​មួយ​ចំនួន​ចំពោះ​ការ​បែងចែក ព្រម​ទាំង​ឈូស​ឆាយ​ដី​សហគមន៍ ព្រោះ​ពួក​គាត់​យល់​ថា ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​នោះ អាច​គ្រាន់​តែ​ជា​លេស​លក់​ដី​ឲ្យ​ឈ្មួញ​តែ​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​បាន​ចុះ​តាមដាន​ករណី​នេះ មាន​ប្រសាសន៍​ថា ដី​ព្រៃ​សហគមន៍​ពិត​ជា​ត្រូវ​បាន​បែងចែក និង​រង​ការ​កាប់​រាន ព្រម​ទាំង​ឈូស​ឆាយ​ប្រាកដ​មែន។ លោក​ត្រេកអរ​ប្រសិន​បើ​មាន​ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ស្រប​តាម​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​តែ​ធ្លាក់​លើ​ដៃ​ឈ្មួញ ម្យ៉ាង​ដី​ព្រៃ​សហគមន៍​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់ អាជ្ញាធរ​គឺ​មិន​អាច​បែងចែក ឬ​លក់ដូរ​បាន​ទេ៖ «អ៊ីចឹង​បើ​សិន​ជា​អាជ្ញាធរ​គាត់​លូក​ដៃ​បែងចែក ឬ​ធ្វើ​អ្វី​មួយ​មិន​ត្រឹមត្រូវ គឺ​បាន​ន័យ​ថា គាត់​រំលោភ​ច្បាប់»

លោក ឈួម រុណ បញ្ជាក់​ថា នឹង​រៀបចំ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​ដាក់​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​តែ​ម្តង ជុំវិញ​ករណី​មន្ត្រី​មូលដ្ឋាន​បែងចែក​ដី​សហគមន៍​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live