Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រសួង​មហាផ្ទៃ​បញ្ចប់​ការ​ស៊ើប​អង្កេត​អ្នក​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​ប្រព្រឹត្ត​បទល្មើស​ក្នុង​គុក​ខេត្ត​ព្រៃវែង

$
0
0

មន្ត្រី​ជំនាញ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​មន្ត្រី​ពន្ធនាគារ​ដែល​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​ជា​ចោរ​ប្លន់​ម្នាក់ ប្រព្រឹត្ត​បទល្មើស​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង រួច​ហើយ។ ទោះ​យ៉ាង​ណា ការ​ស៊ើប​អង្កេត​នោះ​នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ផ្លូវការ​នៅ​ឡើយ។

លទ្ធផល​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​ចោរ​ប្លន់​មួយ​រូប ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ ធ្វើ​សកម្មភាព​ចេញ​មក​ក្រៅ​ប្រព្រឹត្ត​បទល្មើស​នោះ ប្រហែល​ជា​អាច​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កក្កដា។

អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ជា​អ្នក​នាំ​ពាក្យ លោក នុត សាវនា មាន​ប្រសាសន៍​ថា ក្រុម​ជំនាញ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​សុក្រ ទី​២១ កក្កដា តែ​មិន​ទាន់​ចេញ​លទ្ធផល​ផ្លូវការ​បាន​នៅ​ឡើយ ដោយសារ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ អត់​មាន​មន្ត្រី​ធ្វើ​ការ ហើយ​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​ជាប់​រវល់​នៅ​ប្រទេស​អូស្ត្រាលី ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កក្កដា ប្រហែល​ជា​នឹង​បូក​សរុប​លទ្ធផល​ស៊ើប​អង្កេត និង​ប្រកាស​ឲ្យ​ដឹង​តែ​ម្ដង។

ទោះ​យ៉ាង​ណា លោក នុត សាវនា ឲ្យ​ដឹង​ដែរ​ថា ក្នុង​ការ​ស៊ើប​អង្កេត​នោះ គឺ​ក្រុម​មន្ត្រី​ជំនាញ​បាន​ហៅ​អ្នក​ពាក់ព័ន្ធ​រួម​មាន មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់​ឃុំ​ប្រហែល​ជា ៥ ទៅ ៦​នាក់ ដើម្បី​សាកសួរ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ពាក់ព័ន្ធ​ករណី​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ៖ «»

ការ​ចុះ​ស៊ើប​អង្កេត​នេះ បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បាន​បង្ហោះ​តាម​ហ្វេសប៊ុក (facebook) ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ទាក់ទង​ទៅ​នឹង​អ្នក​ទោស​មួយ​រូប​ឈ្មោះ យ៉ែម ប្រុស នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទ​ដៃ​ទាក់ទង​ស្នេហា​ជាមួយ​ស្ត្រី​តាម​រយៈ​គណនី​ហ្វេសប៊ុក​ចំនួន​៥។ លោក អ៊ាវ ចំរើន សរសេរ​បន្ត​ថា ទណ្ឌិត យ៉ែម ប្រុស បាន​បោក​បញ្ឆោត​លួងលោម​ស្ត្រី​តាម​ហ្វេសប៊ុក​ឲ្យ​លង់​ស្នេហ៍ រហូត​បង្ហាញ​រូបភាព​អាក្រាត​ទៅ​វិញ​ទៅ​មក ហើយ​ជនល្មើស​រូប​នោះ​បាន​ថត​រូប​ទុក និង​បាន​គំរាម​ទារ​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាត​ជា​សាធារណៈ។

ទណ្ឌិត យ៉ែម ប្រុស បាន​សារភាព​ថា រូប​គេ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​នៅ​ក្រៅ​បន្ទប់​ឃុំឃាំង ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក អ៊ុំ រ៉ាយឿង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​កន្លង​ទៅ អ្នក​ទោស​រូប​នេះ​ធ្លាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ឲ្យ​គាត់។ អ្នក​ទោស​រូប​នេះ​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​កំពត បន្ទាប់​មក​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង វិញ ដោយ​អ្នក​ទោស​រូប​នេះ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨​ករណី ពោល​គឺ​ប្លន់ ៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់ ១​លើក​នៅ​ខេត្ត​តាកែវ។

លោក នុត សាវនា ឲ្យ​ដឹង​ដែរ​ថា ទណ្ឌិត​ជា​ចោរ​ប្លន់​រូប​នេះ ត្រូវ​បាន​ផ្ទេរ​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ដើម្បី​ងាយស្រួល​ស៊ើប​អង្កេត​លើ​ករណី​នេះ ព្រោះ​ថា​បើ​ទុក​ឲ្យ​នៅ​កន្លែង​ដដែល ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង បញ្ចុះបញ្ចូល​ឲ្យ​ផ្តល់​ចម្លើយ​ខុស​ពី​ការពិត។

រីឯ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង លោក ជួប សារីម បាន​ថ្លែង​ថា លោក​មិន​អាច​រៀបរាប់​លម្អិត​បាន​ទេ ខណៈ​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​កំពុង​ចុះ​ស្រាវជ្រាវ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ណា​ម្នាក់ ដែល​ឃុបឃិត​ឲ្យ​ទណ្ឌិត​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នោះ គឺ​នឹង​អាច​មាន​ទោស​ដូច​គ្នា​ដែរ៖ «»

មាត្រា​២ នៅ​ក្នុង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១២ ចែង​ថា ច្បាប់​នេះ​មាន​គោលដៅ​អប់រំ កែប្រែ និង​ស្ដារ​នីតិសម្បទា ដើម្បី​ធ្វើ​សមាហរណកម្ម​ជន​ជាប់​ឃុំ​ទៅ​ក្នុង​សង្គម​វិញ និង​ទប់ស្កាត់​បទល្មើស​សាជាថ្មី។

ទោះ​បី​ជា​ច្បាប់​ចែង​ដូច្នេះ​ក្តី ប៉ុន្តែ​ការ​គ្រប់គ្រង​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា តែងតែ​ត្រូវ​បាន​គេ​រិះគន់​ថា មាន​ភាព​រញ៉េរញ៉ៃ ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ការ​ប្រើប្រាស់​គ្រឿង​ញៀន ការ​ជក់​បារី និង​ល្បែង​ស៊ី​សង ជាពិសេស​អតីត​អ្នក​ទោស​មួយ​ចំនួន​ធ្លាប់​លើក​ឡើង​ថា ពន្ធនាគារ​ស្រុក​ខ្មែរ​មិន​អាច​កែប្រែ​អ្នក​ទោស​ពី​អាក្រក់​មក​ល្អ​បាន​ទេ ជួនកាល​អ្នក​ទោស​ខ្លះ​កែ​ពី​លួច​ទៅ​ប្លន់ កែ​ពី​ជក់​គ្រឿង​ញៀន​ទៅ​ជួញដូរ​គ្រឿង​ញៀន ជាដើម។

ទោះ​យ៉ាង​ណា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ តែងតែ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ស្នើ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍

$
0
0

ពលរដ្ឋ​រស់នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ដែល​អះអាង​ថា​បាន​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​មួយ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​ឆបោក​លុយ និង​បាន​ដក​យក​អត្តសញ្ញាណប័ណ្ណ សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​គ្រួសារ និង​លិខិត​ឆ្លង​ដែន​របស់​ពួក​គាត់ ហើយ​រត់​គេច​ខ្លួន​បាត់។

ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ទាំង​ពីរ​នេះ​អះអាង​ថា ពួក​គាត់​បាន​ស្ដាប់​វិទ្យុ​ដែល​ផ្សាយ​អំពី​ការ​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស ហើយ​គ្នីគ្នា​គាត់​ទាំង​ភូមិ​បាន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ ដើម្បី​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​រងគ្រោះ​ប្រាប់​ថា ក្រុមហ៊ុន​ដែល​បាន​ឆបោក​ពួក​គេ ហើយ​វេច​បង្វេច​រត់​ចោល​ស្រុក​នោះ ឈ្មោះ​ក្រុមហ៊ុន ព្រូត ភិចឃីង អូស្ត្រាលី (Fruit Picking Australia Co.Ltd) ដែល​មាន​អាសយដ្ឋាន​នៅ​ម្ដុំ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ កញ្ញា តឹក ស្រីនេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ក្នុង​ចំណោម​អ្នក​ដែល​ចាញ់​បោក​មេ​ខ្យល់ ឬ​ក្រុមហ៊ុន គ្រាន់​តែ​នៅ​ក្នុង​ភូមិ​ត្រពាំងទន្លេ នៃ​ឃុំ​ដំបូកខ្ពស់ មាន​ជិត ៣០​នាក់។ កញ្ញា​បន្ត​ថា គ្រាន់​តែ​បង​ប្អូន​របស់​កញ្ញា​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៨​នាក់ ដោយ​ក្នុង​ម្នាក់​ចាញ់​បោក​ពី​ចន្លោះ ១៥០ ទៅ ២៥០​ដុល្លារ៖ «ដឹង​ថា​ចាញ់​បោក​គេ​ម៉ង! ឥឡូវ​ដល់​ទៅ​មើល​កន្លែង​ក្រុមហ៊ុន​ហ្នឹង​ទៅ វា​នាំ​គ្នា​រត់​អស់​រលីង។ ចង់​បាន​អត្ត​សញ្ញាប័ណ្ណ សៀវភៅ​គ្រួសារ ហើយ​និង​ប៉ាសស្ព័រ (លិខិត​ឆ្លង​ដែន) ហើយ​សៀវភៅ​កំណើត​មក​វិញ។ យើង​អ្នក​ស្រែ​គ្មាន​រក​អី​បាន​បង ២៥០​ដុល្លារ​ដែរ ១​លាន​រៀល​ហើយ»

ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ក្រុមហ៊ុន​បាន​ប្រកាស​តាម​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន និង​ហុងកុង នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ពី ៩.០០០ ទៅ ១២.០០០​ដុល្លារ​ហុងកុង​ក្នុង​មួយ​ខែ ឬ​ស្មើ​នឹង ៩០០ ទៅ ១.២០០​ដុល្លារ​អាមេរិក ប៉ុន្តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​បង់​លុយ ១៥០​ដុល្លារ​អាមេរិក​សម្រាប់​អ្នក​មាន​លិខិត​ឆ្លង​ដែន និង​បង់ ២៥០​ដុល្លារ​សម្រាប់​អ្នក​គ្មាន​លិខិត​ឆ្លង​ដែន។

ពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត​នៅ​ស្រុក​អង្គរជ័យ នៃ​ខេត្ត​កំពត សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា ពួក​គាត់​បាន​នាំ​គ្នា​ទៅ​តវ៉ា និង​ស្នើ​ជាច្រើន​ដង​ហើយ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ ប៉ុន្តែ​ទម្រាំ​ប៉ូលិស​អន្តរាគមន៍ មេ​ខ្យល់​បាន​រត់​អស់​ទៅ​ហើយ។ ពលរដ្ឋ​នៅ​ខេត្ត​កំពត រូប​នេះ ស្នើ​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍​ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ លិខិត​ឆ្លង​ដែន សំបុត្រ​បញ្ជាក់​កំណើត និង​លុយ​មក​វិញ៖ «និយាយ​តាម​ហ្វេសប៊ុក​តិចតួច​ចាប់​បាន​ម្ល៉េះ ហើយ​នេះ​មាន​រូបថត មាន​អត្តសញ្ញាណ ជួល​អគារ​ជួល​អី ម៉េច​មិន​ជួយ​ចាប់​ឲ្យ​គ្នា។ បើ​ប៉ះពាល់​គេ​អ្នក​ធំ​តិចតួច សុទ្ធតែ​គុក​ច្រវាក់ ហើយ​ដល់​ពេល​ប្រជាពលរដ្ឋ ២០០ ទៅ ៣០០​នាក់ បោក​គេ​ឆៅៗ​ចឹង ស្រុក​ខ្មែរ»

កិច្ចសន្យា​ដែល​ធ្វើ​ឡើង​រវាង​តំណាង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​ពលរដ្ឋ គឺ​ភាគី​ក្រុមហ៊ុន​ដែល​មាន​បញ្ជាក់​លេខ​អត្តសញ្ញាណប័ណ្ណ​ផង​នោះ បង្ហាញ​ថា ឈ្មោះ អាវ សុវណ្ណដា គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន។ ការ​នាំ​គ្នា​ទាំង​ភូមិ​ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន និង​ហុងកុង ធ្វើ​ឡើង​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មិថុនា ហើយ​តំណាង​ក្រុមហ៊ុន​បាន​ដក​យក​អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន និង​ឯកសារ​ពលរដ្ឋ ហើយ​សន្យា​ថា យ៉ាង​យូរ ៣​ខែ នឹង​បញ្ជូន​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ទើប​តែ​នៅ​ដើម​ខែ​កក្កដា នេះ អ្នក​ភូមិ​បាន​ដឹង​ថា តំណាង​ក្រុមហ៊ុន​បាន​ឆបោក​លុយ ហើយ​យក​លុយ​រត់​គេច​ខ្លួន​បាត់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដោយ​ទូរស័ព្ទ​ចូល មិន​មាន​អ្នក​ទទួល។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​ទប់ស្កាត់​ការ​ជួល​ម៉ោង​របស់​ក្រុមហ៊ុន​គ្មាន​ច្បាប់ ដែល​ឃោសនា​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា មើល​ឃើញ​ថា កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​នៅ​តែ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស ដោយសារ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស។ សង្គម​ស៊ីវិល​យល់​ថា កន្លង​ទៅ អាជ្ញាធរ​មិន​ដែល​បាន​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដែល​ឆបោក​ពលរដ្ឋ​ថា រក​ការងារ​ឲ្យ​ធ្វើ​នោះ​ទេ។ កត្តា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឆបោក​ពលរដ្ឋ​ជា​បន្តបន្ទាប់៖ «យើង​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង បាន​ជា​ខាង​រដ្ឋាភិបាល​ហាក់​ដូច​មិន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​ពួក​គេ​នោះ​ទេ»

ប្រជាពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន និង​ហុងកុង នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ប្រាប់​ថា លុយ​ដែល​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន គឺ​ពួក​គាត់​បាន​មក​ពី​ការ​ដាក់​ប្លង់​ដី​នៅ​ធនាគារ។ ពលរដ្ឋ​អះអាង​ថា អ្នក​ដែល​ចាញ់​បោក​ក្រុមហ៊ុន​មិន​មែន​មាន​តែ​ពីរ​ខេត្ត​នេះ​ទេ ហើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ កក្កដា ពួក​គេ​នឹង​លើក​គ្នា​ទៅ​ទាមទារ​លុយ លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ​វិញ​នៅមុខ​អគារ​ក្រុមហ៊ុន ព្រូត ភិចឃីង អូស្ត្រាលី នៅ​ម្ដុំ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​មួយ​បង្កើត​កម្មវិធី​មើល​ភាពយន្ត​ជា​ភាសា​ខ្មែរ​តាម​អ៊ីនធឺណិត

$
0
0

ក្រុម​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន​សប្បាយ (Sabay) បាន​បង្កើត​កម្មវិធី​កម្សាន្ត​ថ្មី​មួយ​ដែល​គេ​ហៅ​ថា អែប (Apps Applications) សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​អាច​មើល​ភាពយន្ត​ជា​ភាសា​ខ្មែរ​បាន។ កម្មវិធី​កម្សាន្ត ឬ Apps នេះ​មាន​ឈ្មោះ​ថា សូយ៉ូ (SOYO)

នាយក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់ សូយ៉ូ (SOYO) នៃ​ក្រុមហ៊ុន​សប្បាយ លោក ស៊ុត ឈាងឡេង អះអាង​ថា កម្មវិធី​កម្សាន្ត SOYO គឺ​ជា​កម្មវិធី​កម្សាន្ត​ងាយស្រួល​ប្រើ​ដំបូង​គេ​មួយ ដែល​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត ឬ​ថែបប្លិត (Tablet) អាច​ទស្សនា​ខ្សែ​ភាពយន្ត ឬ​វីដេអូ​ជា​ភាសា​ខ្មែរ​បាន៖ «»

ក្រៅ​ពី​នេះ អ្នក​ចូល​ចិត្ត​ភាពយន្ត​ក៏​អាច​ទស្សនា​តាម​អ៊ីនធឺណិត​នៅ​លើ​កុំព្យូទ័រ​បាន​ដែរ។ លោក​បន្ត​ថា ក្រុមហ៊ុន​របស់​លោក បង្កើត​កម្មវិធី SOYO នេះ​ឡើង ព្រោះ​តែ​មើល​ឃើញ​ទីផ្សារ​ឌីជីថល ឬ​អ៊ីនធឺណិត​នៅ​កម្ពុជា កើន​ឡើង។ លោក ស៊ុត ឈាងឡេង បញ្ជាក់​ថា គោល​បំណង​សំខាន់ គឺ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ភាពយន្ត​ឲ្យ​អាច​បង្កើត​អ្វី​ថ្មី​ទៀត៖ «»

អ្នក​ផលិត​ភាពយន្ត​ខ្មែរ​នៃ​ក្រុមហ៊ុន 802 AD Film លោក សុខ វិសាល គាំទ្រ​ការ​បង្កើត​កម្មវិធី SOYO សម្រាប់​ទស្សនា​ភាពយន្ត​តាម​ប្រព័ន្ធ​ឌីជីថល ទូរស័ព្ទ​ដៃ ឬ​អ៊ីនធឺណិត​នេះ ថា​អាច​លើក​ទឹក​ចិត្ត​អ្នក​ផលិត​ភាពយន្ត ព្រោះ​វា​ជា​វិធី​មួយ​ដែល​ជួយ​ដល់​អ្នក​ផលិត​ភាពយន្ត ឬ​វីដេអូ​អាច​រក​ចំណូល​បាន​បន្ថែម​ទៀត ក្រោយ​ពី​ការ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត និង​ទូរទស្សន៍​រួច​ហើយ៖ «»

ឆ្លើយតប​ចំពោះ​សំណួរ​ដែល​ថា ការ​បង្កើត​កម្មវិធី​ទស្សនា​ភាពយន្ត​តាម​ឌីជីថល ទូរស័ព្ទ​ចល័ត ឬ​អ៊ីនធឺណិត នាំ​ឲ្យ​ប៉ះពាល់ ឬ​កាត់​បន្ថយ​អ្នក​ទស្សនា​នៅ​រោង​ភាពយន្ត ហើយ​ក៏​ប៉ះពាល់​ដល់​អ្នក​ផលិត​នោះ ត្រូវ​បាន​លោក សុខ វិសាល ថ្លែង​ថា មិន​ប៉ះពាល់​ទេ៖ «»

រីឯ​លោក ស៊ុត ឈាងឡេង មាន​ប្រសាសន៍​ថា ខ្សែ​ភាពយន្ត ឬ​វីដេអូ​ដែល​លោក​ទិញ​មក​ដាក់​បញ្ចូល​ក្នុង​កម្មវិធី SOYO គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ម្ចាស់​ភាពយន្ត បន្ទាប់​ពី​បាន​ដាក់​នៅ​រោង​ភាពយន្ត និង​តាម​ទូរទស្សន៍​រួច​ហើយ៖ «»

លោក​បញ្ជាក់​ថា ភាពយន្ត ឬ​វីដេអូ​ដែល​លោក​យក​មក​ដាក់​លើ​កម្មវិធី SOYO សុទ្ធតែ​ស្រប​ច្បាប់ តាម​រយៈ​ការ​ទិញ​សិទ្ធិ មុន​នឹង​ដាក់​ផ្សាយ។

យុវជន​ផ្នែក​ព័ត៌មានវិទ្យា​ពី​សាកលវិទ្យាល័យ អាយ.អាយ.ធី លោក ហុង គីមហួរ ហាក់​នៅ​ស្ទាក់ស្ទើរ​ចំពោះ​ការ​និយម​ប្រើប្រាស់​កម្មវិធី​ថ្មី​នេះ ព្រោះ​អាច​មាន​ការ​លំបាក​សម្រាប់​អ្នក​ប្រើ​ក្នុង​ការ​បង់​ប្រាក់ ក៏ប៉ុន្តែ​លោក​យល់​ថា អាច​ជា​កម្មវិធី​មួយ​ល្អ​ដែរ៖ «»

លោក ឈាងឡេង មាន​ប្រសាសន៍​ថា កម្មវិធី SOYO ត្រូវ​បាន​ក្រុមហ៊ុន​សប្បាយ​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ថ្ងៃ​ទី​១៤ កក្កដា នៅ​លើ​ប្រព័ន្ធ អេនឌ្រោយ (Android) លើ​ទូរស័ព្ទ និង​លើ​វែបសាយ (website) ឬ​គេហទំព័រ។ រីឯ​កម្មវិធី អាយ.អូ.អេស (iOS) របស់​ទូរស័ព្ទ​អាយហ្វូន (iPhone) វិញ នឹង​អាច​ប្រើ​បាន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត។ នៅ​ពេល​នេះ លោក​បាន​ដាក់​ផ្សាយ​ជាង ១០០​រឿង​ហើយ​នៅ​ក្នុង​កម្មវិធី SOYOហើយ​នឹង​ដាក់​បញ្ចូល​បន្ថែម​ជា​បន្តបន្ទាប់។ រឿង​ដែល​ដាក់​ក្នុង​កម្មវិធី SOYO ជា​រឿង​ពិបាក​រក។ ទោះ​ជា​យ៉ាង​ណា​ក្ដី កម្មវិធី​ទស្សនា​ភាពយន្ត​តាម​ឌីជីថល គឺ​ទូរស័ព្ទ​នេះ គឺ​ត្រូវ​បង់​ប្រាក់​តាម​ក្រុមហ៊ុន​ទូរស័ព្ទ​សែលកាត (Cellcard) ស្មាត (Smart) មិត្តហ្វូន (MetFone) ធនាគារ​អេស៊ីលីដា (Acleda) ក្រុមហ៊ុន​ផ្ទេរ​ប្រាក់ វីង (Wing) និង​ក្រុមហ៊ុន ផេ អែន ហ្គោ (Pay&Go) ចំនួន ៣​ដុល្លារ​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ប្រកប​របរ​ដុត​ធ្យូង​លក់​ដោយ​មិន​ចំណាក​ស្រុក

$
0
0

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រកប​របរ​ដុត​ធ្យូង​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​មិន​ធ្វើ​ចំណាក​ស្រុក។ ពួក​គាត់​ប្រកប​របរ​នេះ​ដោយ​ដើរ​រើស​គល់​ឈើ​ងាប់​នៅ​ក្នុង​ដី​ស្រែ និង​ដី​ចម្ការ​របស់​កសិករ​នៅ​តាម​ព្រំដែន រួច​ដឹក​ជញ្ជូន​តាម​គោយន្ត​យក​ទៅ​ដុត​ធ្វើ​ជា​ធ្យូង​លក់​ជា​រៀង​រាល់​ខែ។

បើ​ទោះ​បី​ជា​របរ​ដុត​ធ្យូង​របស់​ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ រក​មិន​បាន​ប្រាក់​ចំណូល​ច្រើន​ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​ក្ដី ក៏ប៉ុន្តែ​របរ​មួយ​នេះ​អាច​ជួយ​ឲ្យ​ពួក​គាត់​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​សុវត្ថិភាព ជាជាង​ការ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

កំពុង​ប្រមូល​ធ្យូង​ចេញ​ពី​ឡ ក្នុង​សម្លៀកបំពាក់​ខោ​ខ្លី​គ្មាន​អាវ សម្បុរ​ខ្មៅ​រាង​ស្គម លោក សឿន ក្រូច រស់នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ថ្លែង​ថា លោក​ប្រកប​របរ​ដុត​ធ្យូង​ប្រហែល ១​ឆ្នាំ​ហើយ ដោយ​លោក និង​កូនៗ​អាយុ​ជាង ១០​ឆ្នាំ​ចំនួន ២​នាក់​ទៀត ដើរ​រើស​គល់ និង​មែក​ឈើ​តាម​ដី​ស្រែ​របស់​អ្នក​ស្រុក លី​យក​មក​ដុត​ធ្វើ​ធ្យូង​ជា​រៀង​រាល់​ថ្ងៃ។ បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ​អះអាង​ថា គ្រួសារ​របស់​លោក​រស់​បាន​សព្វថ្ងៃ​នេះ ដោយសារ​របរ​ដុត​ធ្យូង ដោយ​រក​បាន​ប្រាក់​ចំណូល​ប្រមាណ ២០​ម៉ឺន​រៀល​ក្នុង​មួយ​សប្ដាហ៍៖ «ខ្ញុំ​នាំ​កូន​ទៅ​កាប់​ឈើ​តាម​ដី​ស្រែ​ដី​ភូមិ លី​មក​បែក​រលាត់​ដៃ​រលាត់​ជើង​អស់​ហើយ ដើម្បី​ជីវភាព​របស់​ខ្ញុំ ព្រោះ​អី​ក្នុង​ស្រុក​ភូមិ​ខ្ញុំ​គ្មាន​ការងារ​អី​ក្រៅ​អំពី​របរ​ដុត​ធ្យូង​នេះ​ទេ»

លោក​បន្ថែម​ថា របរ​មួយ​នេះ ប្រសិន​បើ​ពលរដ្ឋ​ណា​មាន​គោយន្ត​ទៅ​ដឹក​គល់​ឈើ​នៅ​តំបន់​ឆ្ងាយ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​លោក ព្រោះ​ដុត​ធ្យូង​បាន​ច្រើន ហើយ​អាច​រស់នៅ​ជួបជុំ​គ្នា​ដោយ​មិន​បាច់​ទៅ​ស្វែងរក​ការងារ​ធ្វើ​ទៅ​ប្រទេស​ថៃ នោះ​ទេ។ អ្នក​ប្រកប​របរ​នេះ​នៅ​ពេល​ប្រមូល​ធ្យូង​ម្ដង​ប្រឡាក់​ធ្យូង​ខ្មៅ​ពេញ​ខ្លួន​ស្រមេកស្រមក ស្ទើរ​តែ​មើល​មិន​ស្គាល់​ថា​មនុស្ស​ចាស់ ឬ​ក្មេង​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ស្នួលទ្រេត ម្នាក់​ទៀត លោកស្រី អឿន សាវ៉ាត ដៃ​កំពុង​ដេរ​បាវ​ធ្យូង​បណ្ដើរ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​បណ្ដើរ​ថា លោកស្រី​ប្រកប​របរ​មួយ​នេះ​ប្រហែល ៣​ឆ្នាំ​ហើយ គឺ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។ ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា របរ​មួយ​នេះ ពេល​ខ្លះ​គ្រួសារ​លោកស្រី​ទៅ​រក​ឈើ​ដុត​ធ្យូង​ដោយ​ខ្លួន​ឯង ហើយ​ពេល​ណាៗ​ដែល​ប្ដី​របស់​លោកស្រី​ទៅ​រក​ឈើ​មិន​ទាន់ ក៏​ដើរ​ស៊ី​ឈ្នួល​ប្រមូល​ធ្យូង​ចេញ​ពី​ឡ​ឲ្យ​គេ ដោយ​ច្រក​ដាក់​បាវ ហើយ​បាន​ប្រាក់​ឈ្នួល​ប្រហែល ២​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ៖ «បើ​មាន​ការងារ​ផ្សេង​ធ្វើ ខ្ញុំ​បង់​បោះ​របរ​ដុត​ធ្យូង​នេះ​ហើយ តែ​គ្មាន​ការងារ​ធ្វើ​ទេ មាន​តែ​ទៅ​ប្រទេស​ថៃ ស៊ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ តែ​ខ្ញុំ​មិន​ទៅ​ទេ ព្រោះ​ទៅ​ចោល​កូន ហើយ​បាន​ប្រាក់​ឈ្នួល​ប្រហែល​នឹង​ការងារ​ខ្ញុំ​ដុត​ធ្យូង​ដែរ»

ឡ​ដុត​ធ្យូង​របស់​ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ ធ្វើ​ពី​ដី​ដោយ​យក​ឈើ​ទៅ​ដាក់​នៅ​ខាង​ក្នុង​ឡ ហើយ​ដុត​ភ្លើង​ដោយ​បិទ​ឲ្យ​ជិត ទុក​រន្ធ​សម្រាប់​បង្ហុយ​ផ្សែង​ពី ៣ ទៅ ៤​កន្លែង។ ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​ឡ​តូច គេ​ដុត​ទុក​ចោល​ប្រមាណ ៣​ថ្ងៃ ចំណែក​ឡ​ធំ​ដែល​ដាក់​ឈើ​ច្រើន ទុក​ប្រមាណ​ពី ៧ ទៅ ១០​ថ្ងៃ ទើប​គេ​ប្រមូល​ធ្យូង​ចេញ​ពី​ឡ។

ចំណែក​ធ្យូង​ដែល​អ្នក​ស្រុក​ដុត​បាន​មាន​ឈ្មួញ​ចាំ​ទិញ​ដល់​ទីកន្លែង ដោយ​ឈ្មួញ​យក​សម្បក​ការុង​ទៅ​ឲ្យ​ម្ចាស់​ធ្យូង​ច្រក រួច​ដឹក​យក​ទៅ​លក់​បន្ត ដោយ​តម្លៃ​ធ្យូង​ចំនួន ១​ម៉ឺន​រៀល​ក្នុង​មួយ​ការុង។

អ្នក​ទិញ​ធ្យូង​នៅ​ឃុំ​អូរបីជាន់ លោកស្រី រិទ ធឿន ថ្លែង​ថា លោកស្រី​ដឹក​ធ្យូង​តាម​គោយន្ត​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​ស្រុក​ម៉ាឡៃ ក្នុង​តម្លៃ​លក់​រាយ ១​ម៉ឺន ២​ពាន់​រៀល​ក្នុង​មួយ​ការុង ហើយ​បាន​ប្រាក់​ចំណេញ​ចំនួន ២​ពាន់​រៀល​ក្នុង​មួយ​ការុង។ លោកស្រី​អះអាង​ថា ក្នុង​មួយ​ជើង ដឹក​ធ្យូង​ប្រមាណ ៧០​ការុង លក់​អស់​តែ​ក្នុង​មួយ​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ពី​ផាត់​ចំណាយ​ថ្លៃ​ប្រេង និង​ថ្លៃ​បង់​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ​ហើយ បាន​ប្រាក់​ចំណេញ​ប្រមាណ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ជើង៖ «ប៉ះ​ថ្ងៃ​យើង​លក់​ថ្លៃ​បាន ១​ម៉ឺន ៣ ទៅ​បាន​ចំណូល ៤​ម៉ឺន​រៀល​ដែរ​មួយ​ថ្ងៃ។ ខ្ញុំ​មិន​ដឹង​ធ្វើ​ការងារ​អី​ក្រៅ​អំពី​របរ​លក់​ធ្យូង បាន​ជា​ខ្ញុំ​ប្រកប​របរ​នេះ ហើយ​បើ​ទៅ​ធ្វើ​ការ​នៅ​ថៃ ខ្លាច​គេ​ចាប់ ព្រោះ​គ្មាន​ប្រាក់​ធ្វើ​លិខិត​ឆ្លង​ដែន។ ខ្ញុំ​មាន​ដី​ស្រែ​ដែរ តែ​ធ្វើ​មិន​កើត។ ខ្ញុំ​ជំពាក់​គេ​ដោយសារ​ធ្វើ​ស្រែ បាន​ជា​ខ្ញុំ​ប្រកប​របរ​ដុត​ធ្យូង​លក់។ ខ្ញុំ​ដើរ​ទិញ​ធ្យូង​ពី​ពលរដ្ឋ​តាម​ព្រំដែន​នៅ​ក្នុង​ឃុំ​នេះ​រហូត​ដល់​ភូមិ​ចំការគរ ឃុំ​ស្វាយចេក ក៏​មាន​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​អូរបីជាន់ លោក សួង មឿន មាន​ប្រសាសន៍​ថា របរ​ដុត​ធ្យូង​របស់​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ឃុំ​មួយ​នេះ ជា​របរ​បន្ថែម​ក្រៅ​អំពី​ការ​ធ្វើ​ស្រែ និង​ដាំ​ដំឡូងមី។ លោក​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​នេះ ភាគច្រើន​យក​គល់ និង​មែក​ឈើ​ដែល​ងាប់​ស្រាប់​នៅ​តាម​ដី​ស្រែ និង​ដី​ចម្ការ​របស់​កសិករ៖ «មិន​មាន​អី​ជា​ទ្រង់ទ្រាយ​ធំ តែ​ផ្ទះ​ខ្លះ​មាន​គោយន្ត​មួយ និង​ឡាន​ច្នៃ​មួយ​ដឹក​ដើមឈើ​សម្រាប់​ដុត​ខែ​វស្សា​អ៊ីចឹង ហើយ​ខ្លះ​ក៏​រក​ឈើ​បាន​មួយ​ថ្ងៃ​ដុត​មួយ​ថ្ងៃ​ក៏​មាន​ដែរ»

លោក សួង មឿន ឲ្យ​ដឹង​ថា សព្វថ្ងៃ​ពលរដ្ឋ​ដែល​ប្រកប​របរ​ដុត​ធ្យូង​នៅ​ក្នុង​ឃុំ​អូរបីជាន់ មាន​ជាង ៣០​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ភាគច្រើន​មាន​ដី​ធ្វើ​ស្រែ និង​ដី​ចម្ការ​សម្រាប់​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែរ តែ​ពួក​គាត់​ដាំ​ដុះ​មិន​បាន​ផល ហើយ​មិន​ចង់​ធ្វើ​ចំណាក​ស្រុក ក៏​ប្រកប​របរ​មួយ​នេះ​ដើម្បី​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជន​សង្ស័យ​សញ្ជាតិ​អង់គ្លេស​ពី​បទ​រំលោភ​កុមារ​ក្នុង​សាលា

$
0
0

អង្គការ​អែបផល (APLE) ដែល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ នៅ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៤ កក្កដា ដោយ​អំពាវនាវ​ឲ្យ​អ្នក​គ្រប់គ្រង​ទីកន្លែង​ដែល​មាន​កុមារ ដូចជា​សាលារៀន គួរ​ពិនិត្យ​សិក្សា​ជា​បន្ទាន់​ពី​ប្រវត្តិ​បទល្មើស​របស់​បុគ្គលិក និង​តាមដាន​ជា​ប្រចាំ​ពី​អាកប្បកិរិយា​របស់​បុគ្គលិក​របស់​ខ្លួន​ចំពោះ​កុមារ។

ការ​អំពាវនាវ​នេះ នៅ​ក្រោយ​ពេល​ជន​សង្ស័យ​សញ្ជាតិ​អង់គ្លេស វ័យ ៣៩​ឆ្នាំ ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារី​វ័យ ៥​ឆ្នាំ​នៅ​ក្នុង​សាលារៀន​ដែល​ជន​សង្ស័យ​ធ្វើ​ការ​នោះ កំពុង​ជាប់​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង ដើម្បី​រង់ចាំ​ចំណាត់ការ​ផ្លូវ​ច្បាប់​បន្ត។

នេះ​ជា​ករណី​ទី​១០ នៃ​ការ​រំលោភ​កុមារ​នៅ​កន្លែង​ដែល​ជន​សង្ស័យ​ធ្វើ​ការ​ក្នុង​សាលារៀន ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភាគី​ពាក់ព័ន្ធ​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ជន​ពិការ​ឲ្យ​បាន​ច្រើន

$
0
0

មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជន​ពិការ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ដើម្បី​ពិភាក្សា​អំពី​បរិស្ថាន​ការងារ​សម្រាប់​ជន​ពិការ និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ។ ជន​ពិការ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន។

អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក កែវ បូរេន្ទ្រ ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​សិទ្ធិ​ជន​ពិការ ដើម្បី​ត្រួត​ពិនិត្យ តាមដាន និង​ជំរុញ​សកម្មភាព​ការងារ​របស់​មូលនិធិ​ជន​ពិការ សំដៅ​បង្កើន​ការ​កៀរគរ​ធនធាន​ដើម្បី​ជួយ​ដល់​ជន​ពិការ«ក្រសួង​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ណា​ដែល​មិន​អាច​ទទួល​ជន​ពិការ​ធ្វើ​ការ​នៅ​កន្លែង​របស់​ខ្លួន​បាន​ទេ ត្រូវ​បង់​វិភាគទាន​ទៅ​មូលនិធិ​ជន​ពិការ»

លោក​បញ្ជាក់​ថា តាម​ការ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ​២០១៤ កម្ពុជា មាន​អត្រា​ពិការភាព​ប្រហែល ៤​ភាគរយ ឬ​ប្រហែល​ជា​ជាង​កន្លះ​លាន​នាក់ (៥២៤.០០០​នាក់) នៃ​ចំនួន​ប្រជាជន​សរុប។ ហើយ​នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ ជន​ពិការ​ដែល​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​មាន​ជាង ៣​ពាន់​នាក់ (.៥២៩​នាក់) និង​ឯកជន​មាន​ជាង ២​ពាន់​នាក់ (.០៧២​នាក់) សរុប​ទាំង​រដ្ឋ និង​ឯកជន​មាន​ជាង ៥​ពាន់​នាក់ (.៦០១​នាក់)

តួលេខ​នេះ​បង្ហាញ​ថា ប្រហែល​ជា ១​ភាគរយ​ប៉ុណ្ណោះ​នៃ​ជន​ពិការ​ដែល​មាន​ឱកាស​ទទួល​បាន​ការងារ​ធ្វើ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន យល់​ឃើញ​ថា នេះ​ជា​ចំនួន​ទាប​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល គឺ​ស្ថាប័ន​រដ្ឋ​ដែល​មាន​មន្ត្រី​ចាប់​ពី ៥០​នាក់​ឡើង​ទៅ ត្រូវ​មាន​ជន​ពិការ ២​ភាគរយ និង​វិស័យ​ឯកជន​ដែល​មាន​កម្មករ​និយោជិត ១០០​នាក់​ឡើង​ទៅ ត្រូវ​មាន​ជន​ពិការ ១​ភាគរយ។

លោក ងិន សៅរ័ត្ន សង្កេត​ឃើញ​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ជន​ពិការ ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​សមស្រប។ នោះ គឺ​ជា​បញ្ហា​សមត្ថភាព​ការងារ​របស់​ជន​ពិការ​ខ្លួន​ឯង កង្វះ​ការ​ផ្តល់​ឱកាស​ពី​វិស័យ​ឯកជន និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​កន្លែង​ការងារ​មិន​អំណោយ​ផល​សម្រាប់​ជន​ពិការ«ជន​ពិការ​អាច​ធ្វើ​ការងារ​បាន ក៏​ដោយសារ​គាត់​មាន​ឱកាស​គ្រប់គ្រាន់ តែ​ការ​បើក​ឱកាស​ក្នុង​វិស័យ​ឯកជន​ហាក់​ដូចជា​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​វិស័យ​ឯកជន​មាន​រាប់​ម៉ឺន​នាក់ មាន​តែ ២ ឬ ៣​ស្ថាប័ន​ដែល​បាន​ផ្តល់​ឱកាស​ដល់​ជន​ពិការ។ ដូច្នេះ យើង​ទាមទារ​ឲ្យ​មាន​ការ​គោរព​អនុក្រឹត្យ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ពី​វិស័យ​ឯកជន ហើយ​រដ្ឋ​យើង​ធ្វើ​យ៉ាង​ម៉េច​ត្រូវ​តែ​បំពេញ​ឲ្យ​បាន ២​ភាគរយ ជា​គំរូ​ដល់​ស្ថាប័ន​ឯកជន»

ជន​ពិការ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា កញ្ញា​ធ្លាប់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​ការ​នោះ​ទេ ដោយសារ​និយោជក​ឃើញ​កញ្ញា​ជា​ជន​ពិការ និង​គិត​ថា​មិន​មាន​សមត្ថភាព​ធ្វើ​ការ។ កញ្ញា​បញ្ជាក់​ថា មិន​ចង់​ឃើញ​ជន​ពិការ​ដទៃ​ទៀត​ត្រូវ​រើសអើង​បែប​នេះ​ឡើយ ហើយ​កញ្ញា​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន ផ្ដល់​ឱកាស​ស្មើ​គ្នា​ដល់​ជន​ពិការ​ដូច​មនុស្ស​ធម្មតា​ដែរ«ខ្ញុំ​ទៅ​លក់ដូរ​នៅ​តាម​រោងចក្រ។ ខ្ញុំ​ឃើញ​ជន​ពិការ​ជើង គេ​ទទួល​ឲ្យ​ធ្វើ​ការ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដែល​គេ​លើក​ទឹក​ចិត្ត យក​អ្នក​ពិការ​ធ្វើ​ការ។ អ្នក​ពិការ​មាន​សមត្ថភាព​ធ្វើ​ការ​ដូច​អ្នក​ដទៃ​ដែរ»

បើ​ទោះ​បី​ជា​ស្ថាប័ន​ឯកជន​ជាច្រើន​ហាក់​មើល​រំលង​ជន​ពិការ​ក្តី ក៏​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ផ្តល់​ឱកាស​ដល់​ជន​ពិការ​ដែរ ដោយសារ​ពួក​គេ​អាណិតអាសូរ​ដល់​ជន​ពិការ និង​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​ជន​ពិការ។

ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​នៃ​ធនាគារ​អេស៊ីលីដា (Acleda) លោក រស់ សេរីសោភា ថ្លែង​ថា ការ​ជ្រើសរើស​បុគ្គលិក​ឲ្យ​ចូល​បម្រើ​ការ​ក្នុង​គ្រឹះស្ថាន​របស់​លោក គឺ​អាស្រ័យ​លើ​កត្តា​សមត្ថភាព មិន​មាន​ការ​រើសអើង​ជន​ពិការ​នោះ​ទេ។ លោក​ថា ជាង ១០​ភាគរយ​នៃ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា គឺ​ជា​ជន​ពិការ ហើយ​ពួក​គេ​មាន​សមត្ថភាព និង​ជំនាញ​ការងារ​ដូច​មនុស្ស​មិន​ពិការ​ដែរ«ការ​ធ្វើ​តេស្ដ​ប្រឡង គឺ​យើង​ប្រឡង​ពាក់ព័ន្ធ​នឹង​វិញ្ញាសា​ចំណេះ​ដឹង អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ពិការភាព​នេះ គឺ​យើង​អត់​មាន​និយាយ​ទេ»

ចំណែក​ឯ​អ្នកស្រី អ៊ុង វណ្ណា ដែល​ជា​ប្រធាន​សិប្បកម្ម​មួយ​ឈ្មោះ វ៉ត-ម្រុំ​ខ្មែរ​ធម្មជាតិ វិញ បញ្ជាក់​ថា ក្នុង​ចំណោម​បុគ្គលិក​ទាំង ៣០​នាក់​នៃ​សិប្បកម្ម​របស់​អ្នកស្រី មាន ៦​នាក់​គឺ​ជា​ជន​ពិការ។ មូលហេតុ​ដែល​អ្នកស្រី​ផ្តល់​ឱកាស​ច្រើន​ដល់​ជន​ពិការ​នេះ គឺ​ដោយសារ​អ្នកស្រី​មាន​កូន​ប្រុស​ម្នាក់​ជា​ជន​ពិការ ដូច្នេះ​អ្នកស្រី​យល់​ពី​ស្ថានភាព​ពិត​របស់​ជន​ពិការ«ជា​សំណូមពរ ខ្ញុំ​ក៏​ស្នើ និង​ទទូច​ដល់​សិប្បកម្ម និង​មុខ​របរ​ឯកជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​មាន​លទ្ធភាព​ជួយ​ផ្តល់​ការងារ​ដល់​ជន​ពិការ សូម​មេត្តា​សហការ​គ្នា​ជួយ»

អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​មាន ៣​ប្រភេទ គឺ​ជន​ពិការ​ភ្នែក​ទាំង​សងខាង ជន​ពិការ​គ​ថ្លង់ និង​ជន​ពិការ​ផ្នែក​សតិ​ស្មារតី។ អង្គការ​មួយ​នេះ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់​ការ​បណ្តុះបណ្តាល​ឲ្យ​បាន​ទូលំទូលាយ​ដល់​ក្រុម​ជន​ពិការ​ទាំងនេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឱកាស​ផ្លាស់ប្ដូរ​ជីវិត​តាម​រយៈ​ចំណេះ​ដឹង និង​ជំនាញ​ដែល​ខ្លួន​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​សង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ជួញដូរ​អាវុធ​ត្រូវ​បាន​បញ្ជូន​ដល់​តុលាការ​ខេត្ត​បន្ទាយមានជ័យ

$
0
0

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជន​សង្ស័យ ៣​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ ទៅ​សាលា​ដំបូង​ខេត្ត​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា។ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ជន​ទាំង ៣​នាក់​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ថៃ ពី​ការ​ជួញដូរ​អាវុធ​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា មុន​ពេល​ឃាត់​ជន​សង្ស័យ​ទាំង ៣​នាក់​មក​សាកសួរ សមត្ថកិច្ច​បាន​ចុះ​ស៊ើប​អង្កេត​រយៈពេល ២​ថ្ងៃ​នៅ​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ បន្ទាប់​ពី​ទទួល​ដំណឹង​តាម​បណ្ដាញ​សារព័ត៌មាន​របស់​ថៃ ដែល​អ្នក​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ថៃ ជួញដូរ​អាវុធ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ។

លោក​បន្ត​ថា ជន​ទាំង ៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់៖ «ដោយ​ឮ​ថា​ចេញ​តាម​ច្រក​នេះ​នោះ​អ៊ីចឹង​ទៅ យើង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​បញ្ជាក់​តាម​ព័ត៌មាន​របស់​ថៃ ហើយ​យើង​ក៏​ធ្វើ​ការ​ស្រាវជ្រាវ​តាម​នោះ។ អាវុធ​អត់​មាន​ចាប់ តែ​ចាប់​បាន​តែ​មនុស្ស ៣​នាក់»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ប៉ូលិស​ពិត​ជា​បាន​បញ្ជូន​ជន​សង្ស័យ​មក​ដល់​សាលា​ដំបូង​ខេត្ត​ប្រាកដ​មែន ហើយ​លោក​ក៏​កំពុង​សាកសួរ​អ្នក​ទាំង ៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ការ​ជួញដូរ​អាវុធ​នេះ។

ជន​សង្ស័យ​ទាំង ៣​នាក់​រួម​មាន ឈ្មោះ យឹម សាវី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ឈ្មោះ ជឹម លីន អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង និង​ឈ្មោះ អប់ វីរៈ ហៅ ឡេង អាយុ ៤៨​ឆ្នាំ មុខ​របរ​ជា​បុគ្គលិក​ស៊ីម៉ាក់ (CMAC) រស់នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង។ ក្នុង​ចំណោម​នោះ​មាន​មនុស្ស ២​នាក់ សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ម្នាក់​ទៀត​ចាប់​ខ្លួន​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​ជួញដូរ​អាវុធ​ឆ្លង​ដែន​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «ទាំងអស់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា មិន​មែន​ជា​រឿង​ដែល​កម្ពុជា គ្មាន​នោះ​ទេ។ សមត្ថកិច្ច​ទប់ស្កាត់​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ ជា​ការ​ប្រសើរ​មួយ ដែល​កាត់​បន្ថយ​នូវ​ការ​បាញ់​សម្លាប់ ការ​ប្លន់​ប្រដាប់​អាវុធ​ផ្សេងៗ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ»

ទោះ​ជា​យ៉ាង​ណា ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ ពុំ​បាន​បញ្ជាក់​អំពី​អាវុធ​ដែល​ជន​សង្ស័យ​ជួញដូរ​នៅ​ក្នុង​ទឹកដី​ថៃ នោះ​ទេ។ ប៉ុន្តែ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ឲ្យ​ដឹង​ថា អាវុធ​ទាំងនោះ​ជា​កាំភ្លើង​ធំ​ប្រភេទ​ដេកា (DK) ចំនួន ៣​ដើម និង​ឧបករណ៍​បង្កៃ​គ្រាប់បែក​ចំនួន ៣​គ្រាប់។ លោក សិទ្ធ ឡោះ អះអាង​ថា សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​នៅ​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ ដើម្បី​យក​មក​សាកសួរ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​ក្រុម​ការងារ​បន្ទប់​ស្ថានការណ៍​នៅ​ឡើយ

$
0
0

ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​កំណត់​ពេលវេលា​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​នៅ​ឡើយ មក​ទល់​នឹង​ថ្ងៃ​ទី​២៤ កក្កដា។

កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ជាង ២០ តំណាង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (Comfrel) និង​គណៈកម្មាធិការ​អព្យាក្រឹត្យ យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (Nicfec) បាន​ផ្ញើ​លិខិត​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ជួប​ពិភាក្សា​អំពី​សិទ្ធិ​ស្រប​ច្បាប់ ក្នុង​ការ​សហការ​របស់​សង្គម​ស៊ីវិល​ក្នុង​សកម្មភាព​សង្កេតការណ៍​បោះឆ្នោត។

ទោះ​ជា​យ៉ាង​ណា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច និង​ជា​អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត លោក សំ គន្ធាមី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​កំណត់​ពេល​ជួប​ជាមួយ​ក្រុម​ការងារ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​នៅ​ឡើយ​ទេ បើ​ទោះ​ជា​ក្រសួង​មហាផ្ទៃ បាន​ទទួល​លិខិត​របស់​សង្គម​ស៊ីវិល​រួច​ហើយ​ក្តី៖ «យើង​ស្វែងរក​លទ្ធភាព​ផ្លូវ​ច្បាប់​ដើម្បី​ស្វែងរក​ក្រុម​ការងារ​ដើម្បី​ធ្វើ​ការ​សង្កេតការណ៍​លើ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។ យើង​ចង់​ជម្រាប​ជូន​គាត់​រក​មើល​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ការ​សង្កេត​ការណ៍​ទាំងអស់​គ្នា»

ការ​ដាក់​លិខិត​ស្នើសុំ​ជួប​ពិភាក្សា​នេះ ក្រោយ​ពី​លោក ស ខេង ដែល​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា បាន​ចេញ​លិខិត​ចាត់​ទុក​សកម្មភាព​ការងារ​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​របស់​សង្គម​ស៊ីវិល នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ថា​អនុវត្ត​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​បញ្ជា​ឲ្យ​ក្រុម​ការងារ​នៃ​បន្ទប់​ស្ថានការណ៍ បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក ស ខេង ពិនិត្យ​ផ្លូវ​ច្បាប់​ចំពោះ​បន្ទប់​ស្ថានការណ៍ ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង ក្រោយ​ពី​បន្ទប់​ស្ថានការណ៍​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ពេល​កន្លង​ទៅ នៅ​មិន​ទាន់​មាន​ភាព​សេរី និង​ត្រឹមត្រូវ​ពេញលេញ​នៅ​ឡើយ​នោះ។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​បដិសេធ​ថា សកម្មភាព​ដែល​ពួក​គេ​បាន​ធ្វើ គឺ​មិន​ផ្ទុយ​នឹង​ច្បាប់​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បទបញ្ជា​បិទ​បន្ទប់​ស្ថានការណ៍ ដោយ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ នេះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល ដើម្បី​ពង្រីក​ការ​រឹតត្បិត​លើ​ការងារ​របស់​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​មិន​ឲ្យ​ដួល​រលំ

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​សន្យា​ថា​នឹង​រក្សា​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា មិន​ឲ្យ​ដួល​រលំ​ឡើយ បើ​ទោះ​ជា​មិន​មាន​ជំនួយ​បន្ត​ទៀត​ពី​ប្រទេស​ស្វីស (Switzerland) ឬ​ដៃគូ​ពាក់ព័ន្ធ​ក្តី។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥ នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​សុខាភិបាល រៀបចំ​ផែនការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ធានា​និរន្តរភាព​កិច្ច​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក ហ៊ុន សែន ថា​កម្ពុជា មាន​លទ្ធភាព​ធ្វើ​កិច្ច​ការងារ​នេះ ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​កុមារ​កម្ពុជា។ លោក ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដែរ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា ជា​មន្ទីរពេទ្យ​ដែល​មាន​វិន័យ​ល្អ មាន​គុណភាព សេវា​ខ្ពស់ និង​ផ្តល់​ការ​ព្យាបាល​ដល់​កុមារ​កម្ពុជា ដោយ​មិន​គិត​ថ្លៃ៖ «ដូច្នេះ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សុខាភិបាល ត្រូវ​តែ​ធានា​ថា មន្ទីរពេទ្យ​មួយ​នេះ បើ​ទោះ​ជា​អត់​ជំនួយ​ពី​ស្វីស អត់​ជំនួយ​ពី​ខាង​ផ្នែក​ដៃគូ យើង​នៅ​តែ​ធានា​ថា មន្ទីរពេទ្យ​នេះ​នៅ​តែ​ជា​មន្ទីរពេទ្យ​ដែល​ធានា​នូវ​សេវា​ធម្មតា​ដូច​ពេល​នេះ»

ការ​ប្រកាស​ធានា​ការ​បន្ត​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​ថ្មី​ទៀត​នៅ​ពេល​នេះ ស្រប​ពេល​ដែល​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​ជនជាតិ​ស្វីស គឺ​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) កំពុង​ឈឺ​ធ្ងន់ និង​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​២៨ មីនា ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា នៅ​ទីក្រុង​ហ្សូរិក (Zurich) ប្រទេស​ស្វីស ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ ហើយ​តែងតាំង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា គឺ​លោក​វេជ្ជបណ្ឌិត ភីធីរ ស្ទូដឺរ (Peter Studer) មក​គ្រប់គ្រង​ជំនួស​ជា​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ដោយ​ឯករាជ្យ ផ្ដល់​សេវា​ថែទាំ​សុខភាព​កុមារ និង​មាតា​ដោយ​ឥត​គិត​ប្រាក់ និង​ធានា​នូវ​គុណភាព​ខ្ពស់។

ដោយសារ​តែ​សេវា​ប្រកប​ដោយ​គុណភាព​ល្អ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ពលរដ្ឋ​ចាត់​ទុក​ថា ជា​មន្ទីរពេទ្យ​គំរូ​មួយ​ដែល​មន្ទីរពេទ្យ​រដ្ឋ​ផ្សេង​ទៀត​គួរ​យក​គំរូ​តាម​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជូន​ពលរដ្ឋ។

ក្នុង​រយៈពេល​ប្រមាណ ២៥​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៥៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ព្យាបាល​កុមារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ថវិកា​ទាំងនោះ​បាន​មក​ពី​រដ្ឋាភិបាល​ស្វីស រដ្ឋាភិបាល​កម្ពុជា និង​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានភាព​ទឹក​នៅ​ឃុំ​ក្បាលរមាស​និង​ឃុំ​ស្រែគរ​បន្ទាប់​ពី​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​១០​ថ្ងៃ

$
0
0

គិត​ត្រឹម​ថ្ងៃ​ទី​២៤ កក្កដា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​បិទ​ទ្វារ​ទឹក​សាកល្បង ១០​ថ្ងៃ​ហើយ ដើម្បី​អនុវត្ត​គម្រោង​ផលិត​ថាមពល​អគ្គិសនី។ មក​ទល់​ពេល​នេះ កម្ពស់​ទឹក​បាន​កើន​ឡើង ១​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ និង​កើន​ឡើង​ប្រហែល ២​តឹក​នៅ​ឃុំ​ក្បាលរមាស បើ​ធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២០ កក្កដា។

តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​បាន ៨​ទ្វារ​ទឹក ហើយ​កម្ពស់​ទឹក​បាន​កើន​ឡើង ៦៦​ម៉ែត្រ​នៅ​តំបន់​ទំនប់​វារីអគ្គិសនី និង​កើន​ឡើង ៦៧​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។ លោក​ថា មក​ទល់​ពេល​នេះ ទឹក​បាន​លិច​ស្ពាន​ស្រែពក ហើយ និង​កំពុង​បន្ត​កើន​ឡើង​លិច​ផ្លូវ​មួយ​ចំនួន​នៅ​ឃុំ​ក្បាលរមាស ហើយ​អាច​នឹង​ពន្លិច​ភូមិ​ស្រែគរ និង​ឃុំ​ក្បាលរមាស​ចាស់ ប្រសិន​បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទាំងស្រុង។

លោក​បញ្ជាក់​ថា កត្តា​អាកាសធាតុ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​កម្ពស់​ទឹក​កើន​ឡើង​ដែរ៖ «ឥឡូវ​មាន​ព្យុះ និង​ភ្លៀង​ពី​ខ្សែ​ទឹក​ខាង​លើ​ទៀត ហើយ​ទន្លេ​ទាំង​ពីរ​នៅ​ខាង​លើ​ហ្នឹង ចឹង​ទឹក​អាច​កើន​ឡើង​លើស​ការ​ប៉ាន់ស្មាន។ ដូចជា​ស្ពាន​ស្រែពក អី តាម​ពិត​អត់​ត្រូវ​លិច​ទេ តែ​មក​ដល់​ថ្ងៃ​នេះ​លិច​ហើយ»

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន បញ្ជាក់​ថា កម្ពស់​ទឹក​ទន្លេ​នៅ​មិន​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ហើយ​អ្នក​ភូមិ​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ភូមិ​ចាស់​នៅ​ឡើយ។ តែ​យ៉ាង​ណា លោក​កត់​សម្គាល់​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​ឈរ​ជើង​យាម​តឹងរ៉ឹង​នៅ​តំបន់​មួយ​ចំនួន​នៃ​ភូមិ​ស្រែគរ និង​ឃុំ​ក្បាលរមាស និង​បាន​រារាំង​ភ្ញៀវ​មួយ​ចំនួន​មិន​ឲ្យ​មក​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​រង​ការ​គំរាម​សម្លាប់​ពី​ក្រុម​ឈ្មួញ​ឈើ​ខេត្ត​ស្ទឹងត្រែង

$
0
0

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ភ័យ​ព្រួយ​ពី​សុវត្ថិភាព ក្រោយ​ពី​រង​ការ​គំរាម​សម្លាប់​ពី​ជនល្មើស។ ការ​បារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គាត់​បាន​លាតត្រដាង​ពី​បទល្មើស​ព្រៃឈើ ដែល​កើត​មាន​នៅ​តំបន់​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អាជ្ញាធរ​ឲ្យ​ចុះ​ទប់ស្កាត់។

ជនជាតិ​ដើម​ភាគតិច​កួយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា បើ​ទោះ​បី​ជា​រង​ការ​គំរាម​សម្លាប់​ពី​ឈ្មួញ​ឈើ​ក្តី ក៏​គាត់​នៅ​តែ​ស្ម័គ្រ​ចិត្ត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បំណង​រួម​ចំណែក​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើត​មាន​ឡើង​ពេញ​បន្ទុក​នៅ​មូលដ្ឋាន​ពួក​គាត់​រស់នៅ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង លោក អ៊ុក ម៉ៅ វ័យ ៥៣​ឆ្នាំ ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​គំរាម​សម្លាប់​លោក​តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​២២ កក្កដា បន្ទាប់​ពី​លោក​បាន​ផ្តល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ទាក់ទិន​គ្រឿងចក្រ​មួយ​គ្រឿង ឬ​អេស្កាវ៉ាទ័រ បាន​ឈូស​ឆាយ​ដី​ព្រៃ​កោងកាង ឋិត​ក្នុង​បរិវេណ​ដី​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋបាល​ឃុំ ហើយ​ក្រោយ​ពី​លោក​រាយការណ៍​បញ្ហា​បាន​មួយ​ថ្ងៃ អាជ្ញាធរ​បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់​ឈ្មួញ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​រក​ឃើញ​ម្ចាស់​គ្រឿងចក្រ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។

លោក​រំឭក​ថា មេ​ឃុំ​សំអាង លោក ញៀន ផុន និង​ប្រជា​ការពារ​ភូមិ​ឈ្មោះ ស៊ី គិ ក៏​ធ្លាប់​គំរាម​ប្រើ​ហិង្សា​លើ​លោក​ដែរ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ ក្រោយ​ពី​លោក​ផ្តល់​ដំណឹង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​បទល្មើស​ព្រៃឈើ៖ «គេ​តេ​មក​គេ​សួរ​ថា បង​ឯង​ឈ្មោះ ម៉ៅ? ការងារ​អី​បាន​បង​ឯង​ផ្តល់​ព័ត៌មាន​ទៅ​អាស៊ីសេរី និង​ផ្តល់​ព័ត៌មាន​ទៅ​មេ​ព្រៃ​ទៅ​ចាប់​គ្រឿងចក្រ​របស់​គេ? អត់​ខ្លាច​គេ​ខឹង​ទេ​អី? ខ្ញុំ​ថា​រឿង​ខ្ញុំ​ផ្តល់​ព័ត៌មាន ខ្ញុំ​ចេះ​តែ​ផ្តល់​ហើយ តែ​រឿង​ចាប់​ជា​រឿង​របស់​គេ។ គេ​ថា​អញ​ស្គាល់​ផ្ទះ​អ្ហែង​ហើយ អ្ហែង​ថ្ងៃ​ណា​មួយ​គង់​ក្បាល​ធ្លាក់​ពី​លើ​ស្មា»

លោក អ៊ុក ម៉ៅ ពុំ​មាន​ជំនឿ​ថា អាជ្ញាធរ​នឹង​ស៊ើប​អង្កេត​រក​មុខ​អ្នក​គំរាម​សម្លាប់​លោក​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ទេ ព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ច្រើន​តែ​មើល​រំលង​រឿង​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាន​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​អាជីវកម្ម​អស់​រាប់​ពាន់​ហិកតារ ហើយ​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ទាំងនោះ អាជ្ញាធរ​ជំនាញ​ហាក់​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ទេ បែរ​ជា​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​បរិស្ថាន​ទៅ​វិញ។ លោក​បន្ថែម​ថា លោក​កំពុង​រៀបចំ​ពាក្យ​ប្ដឹង​រឿង​នេះ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

ឆ្លើយតប​រឿង​នេះ ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​គំរាម​សម្លាប់​នោះ​ទេ។ តែ​យ៉ាង​ណា លោក​ថា​ជន​រងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក តាម​រយៈ​អាជ្ញាធរ​ភូមិ-ឃុំ ដើម្បី​ឲ្យ​អាជ្ញាធរ​ចុះ​ទៅ​ស៊ើប​អង្កេត។ លោក​បញ្ជាក់​ថា បើ​អាជ្ញាធរ​រក​ឃើញ​ថា​មាន​ការ​គំរាម​អាយុ​ជីវិត​ពលរដ្ឋ​មែន​នោះ អ្នក​គំរាម​នឹង​ត្រូវ​មាន​ទោស។ លោក​បន្ថែម​ថា អាជ្ញាធរ​ស្រុក​នឹង​ផ្តល់​ការ​គាំទ្រ​ជូន​ពលរដ្ឋ ក្នុង​ការ​ផ្តល់​ព័ត៌មាន​នានា​ពី​ស្ថានភាព​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព៖ «ប្រសិន​ពលរដ្ឋ​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​មក​យើង​ជា​ការ​ប្រសើរ​ហើយ សម្រាប់​ស្រុក​សហការ​ជាមួយ​គាត់​ជានិច្ច សម្រាប់​ព័ត៌មាន​ទាំងអស់​ដែល​ពលរដ្ឋ​រាយការណ៍​មក»

អ្នក​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​កិច្ច​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ដែល​ហ៊ាន​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ ដើម្បី​ជា​គំរូ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​មាន​ជំនឿ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​មាន​លទ្ធភាព​ស្រាវជ្រាវ​រក​មុខ​ជនល្មើស​ដែល​គំរាម​នោះ និង​កំណត់​មុខ​សញ្ញា​ជនល្មើស​យក​មក​អនុវត្ត​តាម​ច្បាប់។ លោក​ជឿ​ថា កិច្ច​គាំពារ​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ទាល់​តែ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ជា​ភ្នែក​ច្រមុះ រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ដែល​កើត​ឡើង​នៅ​មូលដ្ឋាន​ពួក​គាត់​រស់នៅ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​គួរ​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​កិច្ច​ការពារ​ព្រៃឈើ បើ​សិន​គាត់​ជួប​ការ​គំរាម​កំហែង អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ការពារ​សុវត្ថិភាព​ពួក​គាត់»

ច្បាប់​ព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែង​ថា ការ​គំរាម​កំហែង និង​សម្លាប់​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា សមាគម​អាដហុក ត្រៀម​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ជនជាតិ​ដើម​ភាគតិច និង​អន្តរាគមន៍​ទៅ​តុលាការ និង​អាជ្ញាធរ​ពី​ការ​គំរាម​កំហែង​នេះ។ លោក​ថា បញ្ហា​នេះ​ប្រសិន​បើ​មាន​ការ​ស្នើសុំ​ពី​ជន​រងគ្រោះ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្នែក​ច្បាប់ សមាគម​អាដហុក នឹង​ស្នើសុំ​មេធាវី​ពី​ទីស្នាក់ការ​កណ្ដាល៖ «ខ្ញុំ​គិត​ថា រឿង​នេះ​មិន​ពិបាក​ស៊ើប​អង្កេត​រក​អ្នក​ម្ចាស់​លេង​ហ្នឹង​ទេ បើ​សិន​ជា​គេ​មាន​ចេតនា​ចង់​រក​ខុស​រក​ត្រូវ​ឲ្យ​គាត់​ចឹង ហើយ​ណា​មួយ​រឿង​ករណី​គាត់​មាន​ការ​គំរាម​កំហែង​ពីរ​ទៅ​បី​ដង​រួច​មក​ហើយ​ដែរ ក្នុង​ការ​ការពារ​ព្រៃឈើ​របស់​គាត់»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​ព្រមាន​អំពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​រដូវ​វស្សា

$
0
0

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ព្រមាន​អំពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​រដូវ​វស្សា​នេះ។ ការ​ព្រមាន​នេះ គឺ​ស្រប​ពេល​ដែល​មាន​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ផង និង​ជា​ពេល​ដែល​រដូវ​បុណ្យ​ទាន​ជិត​មក​ដល់​ផង។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 នៅ​តែ​បន្ត​កើត​មាន​នៅ​លើ​សត្វ​បក្សី​ក្នុង​ទ្វីប​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​នៅ​ឡើយ បើ​ទោះ​ជា​ការ​ឆ្លង​ជំងឺ​ទៅ​លើ​មនុស្ស​លែង​មាន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ត​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​លំបាក​ទប់ស្កាត់ និង​ត្រូវ​តាមដាន គឺ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​មេរោគ វីរុស ប្រភេទ H7N9 ដែល​ជា​អនុ​ក្រុម​របស់​ផ្ដាសាយ​បក្សី H5N1៖ «»។

ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H7N9 កើត​មាន​រប៉េះរប៉ោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​២០១៣ ហើយ​ឆ្លង​មក​ប្រទេស​ឡាវ និង​វៀតណាម ភាគ​ខាង​ជើង។ តារាង​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ប្រទេស​កម្ពុជា មិន​មាន​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ទេ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ស្រប​ពេល​ដែល​ប្រទេស​អេហ្ស៊ីប បន្ត​មាន​រហូត​មក​ដល់​ឆ្នាំ​២០១៧។ រី​ឯ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H7N9 គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​មាន​ករណី​សរុប ១.៥៣៣​ករណី ហើយ​ស្លាប់ ៥៩២​នាក់។ ក៏​ប៉ុន្តែ​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ករណី​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ H7N9 នេះ មិន​ទាន់​រក​ឃើញ​​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​មួយ​រូប​ទៀត គឺ​វេជ្ជបណ្ឌិត តេង ស្រី មាន​ប្រសាសន៍​ថា ជំងឺ​ផ្ដាសាយ​បក្សី​ទាំង​ពីរ​ប្រភេទ​នៅ​តែ​មាន​នៅ​លើ​សត្វ​មាន់​ទា ឯ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​បក្សី​ទាំង​ពីរ​ប្រភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា ហៅ​ថា មើស (MERS) គឺ​បង្ហាញ​ឡើង​ចន្លោះ​ពី ៧ ទៅ ១៤​ថ្ងៃ​បន្ទាប់​ឆ្លង៖ «គ្រុន​ក្ដៅ ក្អក ហើយ​និង​ពិបាក​ដក​ដង្ហើម»

វេជ្ជបណ្ឌិត តេង ស្រី ក៏​អំពាវនាវ​ដល់​អ្នក​កាន់​សាសនា​មូស្លីម ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​ហៅ​ថា មើស (MERS) ដែរ ពេល​ទៅ​ចូលរួម​បុណ្យ​ហាជ នៅ​ប្រទេស​អារ៉ាប់៖ «»។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ក្រសួង​សុខាភិបាល បាន​ដាក់​ម៉ាស៊ីន​ស្កេន​សម្រាប់​តាម​ដាន​ជំងឺ​ឆ្លង​ផ្ដាសាយ​នៅ​តាម​ច្រក​ចេញ​ចូល​អន្តរជាតិ​សំខាន់ៗ ដូច​ជា​នៅ​វាល​យន្តហោះ កំពង់ផែ និង​ច្រក​ព្រំដែន។

ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ទាំង​នេះ​ឆ្លង វេជ្ជបណ្ឌិត​ទាំង​ពីរ​ណែនាំ​កុំ​ឲ្យ​សត្វ​ដែល​ឈឺ​ងាប់ លាង​ដៃ​មុន​ពេល​បរិភោគ​អាហារ ខ្ទប់​មាត់​ពេល​ក្អក ឬ​កណ្ដាស់ ទទួល​ទាន​សាច់​ឆ្អិន និង​កុំ​បរិភោគ​សាច់​សត្វ​ឈឺ ឬ​ងាប់ និង​ដាក់​កុមារ​ឲ្យ​ឆ្ងាយ​ពី​មាន់ ឬ​ទា​ឈឺ ឬ​ងាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​UN​ពីរ​រូប​ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ទៅ​តំបន់​រង​ផល​ប៉ះពាល់​សេសាន​ក្រោម​ពីរ

$
0
0

សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង​រារាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ពីរ​រូប នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា មិន​ឲ្យ​ទៅ​តំបន់​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ស្រុកសេសាន ដោយ​លើក​ហេតុផល​ថា ដើម្បី​ការពារ​សុវត្ថិភាព នៅ​គ្រា​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​ចំនួន ១១ ថ្ងៃ​ហើយ

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ លោក គឹម សម្បត្តិ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​រារាំង​មិន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ស្ថានភាព ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​របស់​ក្រុមហ៊ុន។ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ឈរ​ជើង​នៅ​ផ្លូវ​លេខ ៧៨ និង​នៅ​ច្រក​ចូល​ផ្លូវ​ទៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព ខណៈ​ទឹក​ទន្លេ​កំពុង​កើន​ឡើង​ខ្លាំង។

ការ​សម្ដែង​ក្ដី​បារម្ភ​ពី​ស្ថានភាព​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង ស្រប​ពេល​ដែល​ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​បិទទ្វារ​ទឹក​សាកល្បង។ លោក គឹម សម្បត្តិ បន្ថែម​ថា ក្រុម​ការងារ​លោក​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ពី​បាតុភាព​នានា​នៅ​តំបន់​នោះ​នៅ​ខាង​ក្រៅ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល-​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ស្នើ​​អាមេរិក​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ស្បែក​ជើង

$
0
0

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គាំទ្រ​ញត្តិ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) និង​សំណើ​របស់​រដ្ឋាភិបាល​ទៅ​សហរដ្ឋអាមេរិក ដែល​សុំ​ឲ្យ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង ឬ​ហៅ​ថា (GSP) លើ​ការ​នាំ​ចេញ​ផលិតផល​ស្បែក​ជើង​ពី​កម្ពុជា។

​មេដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​ក៏​គាំទ្រ​លើ​សំណើ​នេះ​ដែរ ប៉ុន្តែ​សុំ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​កែលំអ​ស្ថានភាព​រស់​នៅ និង​ការងារ​របស់​កម្មករ ព្រម​ទាំង​បរិយាកាស​រោងចក្រ​កាត់ដេរ​ប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ន​នេះ ទើប​អាច​ទទួល​បាន​ការ​ស្វាគមន៍​ពី​សហរដ្ឋអាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​យល់​ថា កម្ពុជា​គួរតែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង លើ​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ ដូចជា​សម្លៀក​បំពាក់ និង​ស្បែកជើង​ជា​ដើម​ពី​កម្ពុជា ដូច​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ដែរ។

សហភាព​អឺរ៉ុប​បាន​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​ពី​កម្ពុជា ជាង ១០​ឆ្នាំ​មក​ហើយ។

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សហរដ្ឋអាមេរិក ក្នុង​កិច្ច​សហការ​អនុវត្ត​លើ​កម្មវិធី​ធ្វើ​ឲ្យ​បរិយាកាស​រោងចក្រ​កាត់​ដេរ​កាន់តែ​ប្រសើរ​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ៖ «ពីព្រោះ​អ្នក​វិយោគ​ត្រូវ​មាន​កាតព្វកិច្ច​ច្រើន​ជាង​នៅ​ប្រទេស​ផ្សេង​ទៀត ដើម្បី​ឲ្យ​ច្បាស់​ថា ពួក​គាត​ធ្វើ​តម្រូវ​តាម​គម្រោង​រោងចក្រ​ប្រសើរ​ឡើង​នៅ​កម្ពុជា។ អ៊ីចឹង​បើ​គាត់​ធ្វើការ​ច្រើន​ជាង ហើយ​បើ​គាត់​ជាប់​ពន្ធ​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ នៅ​ពេល​នាំ​ទំនិញ​ទៅ​អាមេរិក​នោះ គឺ​ហាក់​ដូច​ជា​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ដែល​ខំ​មក​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ជាង​ប្រទេស​មួយ​ចំនួន»

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា GMAC និង​រដ្ឋាភិបាល​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្នើ​សុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង សម្រាប់​ការ​នាំ​ចេញ​ស្បែក​ជើង​ពី​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា វា​ជា​ពេលវេលា​សមស្រប​មួយ​សម្រាប់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការ​ពិនិត្យ​កម្មវិធី សម្រាប់​ប្រទេស​ក្រីក្រ​ដូច​ជា​ប្រទេស​កម្ពុជា ជាដើម។ លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​​នេះ រដ្ឋាភិបាល​អាមេរិក កំពុង​នឹង​ពិចារណា​ផ្ដល់ GSP សម្រាប់​ផលិតផល​ស្បែក​ជើង។ ព័ត៌មាន​នេះ​គឺ​ជា​មូលហេតុ​ដែល GMAC ត្រូវ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ពិចារណា​ផ្ដល់​ឲ្យ​កម្ពុជា ផង​ដែរ។

លោក​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ គឺ​ជា​បន្ទុក​សម្រាប់​និយោជក​ដែល​នឹង​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​បន្តិច​ម្ដងៗ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា អាច​ទទួល​បាន GSP លើ​ការ​នាំ​ចេញ​ស្បែកជើង វា​ការ​ជួយ​ដ៏​ធំ​មួយ​សម្រាប់​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្នុង​ឧស្សាហកម្ម​ស្បែក​ជើង។

GSP របស់​អាមេរិក ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ តាំង​ពី​ឆ្នាំ​១៩៧៤ ប៉ុន្តែ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង មិន​ដែល​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នេះ​ទេ។ GMAC សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក នឹង​ពិនិត្យ​លើ​ញត្តិ​របស់​ខ្លួន និង​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែក​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​នេះ។

​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ សមាគម​កាត់ដេរ​កម្ពុជា ក៏​បាន​ការ​ស្នើ​សុំ​ក្នុង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រភេទ​ទំនិញ​កាបូប​យួរ​ដៃ​របស់​អ្នក​ដំណើរ​ផង​ដែរ។ លោក កាំង ម៉ូនីកា បន្ថែម​ថា អ្វី​ដែល GMAC មាន​ក្ដី​សង្ឃឹម​នោះ​គឺ​កម្ពុជា នៅ​ពេល​ច្រើន​ទៀត ដោយសារ​រដ្ឋាភិបាល​អាមេរិក នឹង​បញ្ចប់​ការ​ពិនិត្យ​របស់​ខ្លួន​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ក៏​មាន​ក្តី​សង្ឃឹម​ដូច​គ្នា​ដែរ៖ «ខ្ញុំ​យល់​ថា សហរដ្ឋអាមេរិក​គួរ​តែ​ផ្ដល់​ជូន​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​កម្ពុជា ដែល​ខិតខំ​ធ្វើ​ជាមួយ​នឹង ILO និង​ជាមួយ​ដៃ​នានា​កន្លង​មក​នេះ»

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់  មាន​ប្រសាសន៍​ថា សំណើ​នេះ​នឹង​មាន​ប្រយោជន៍​ច្រើន​ថែម​ទៀត​ដល់​រដ្ឋាភិបាល និយោជក និង​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់​ដេរ​នេះ ដោយ​អាច​សម្បូរ​ការងារ​ធ្វើ​បន្ថែម​ទៀត បើ​សិន​រដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់​ដេរ​ធ្វើការ​ងារ​នេះ​ដោយ​តម្លាភាព និង​តម្កល់​ផលប្រយោជន៍​កម្មករ​ជា​ធំ​នោះ។

​ទោះ​យ៉ាង​ណា​ក្តី លោក​នៅ​បារម្ភ​ថា កម្ពុជា​មិន​ទាន់​អាច​បំពេញ​តាម​លក្ខខណ្ឌ​ការងារ និង​បទដ្ឋាន​នានា ឬ​ស្តង់ដារ​អន្តរជាតិ ដែល​កំណត់​ដោយ​ប្រទេស​មហា​អំណាច​នៅ​លើ​ពិភពលោក​នោះ៖ «ជា​ទូទៅ​សហគមន៍​អឺរ៉ុប ដែល​បាន​ផ្ដល់ GSP និង​សហរដ្ឋអាមេរិក តែង​តែ​ភ្ជាប់​ជាមួយ​នឹង​ការ​ធានា​ចំពោះ​លក្ខខណ្ឌ​ការងារ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា ខាង​រដ្ឋាភិបាល​អាច​ធានា​ជាមួយ​សហរដ្ឋអាមេរិក ចំពោះ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង​បាន​ប៉ុណ្ណា​ទេ ជា​ពិសេស​សមាគម​រោងចក្រ​កាត់​ដេរ​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​តែម្ដង»

​លោក​បន្ត​ថា កម្ពុជា​បាន​ដាក់​សំណើ​នេះ​ទៅ​សហរដ្ឋអាមេរិក ២ ទៅ ៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​ពី​សហរដ្ឋអាមេរិក នៅ​ឡើយ ដោយសារ​តែ​លក្ខខណ្ឌ​ការងារ​ខ្លះ កម្ពុជា​មិន​ទាន់​អាច​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អាមេរិក បាន​នៅ​ឡើយ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​កម្ពុជា កន្លង​មក​មិន​ទាន់​អាច​ទទួល​បាន​អត្រា​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង ឬ​សូន្យ​ភាគរយ​ហៅ​ថា GSP ដោយ​ទទួល​បាន​ត្រឹមតែ MFN ដែល​ជា​កម្រិត​អត្រា​ជាប់​ពន្ធ​ប្រមាណ ៩%។

​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ កន្លែង​ទៅ កម្ពុជា​ទទួល​បាន​អត្រា​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ពី​អាមេរិក ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​កាបូប​យួរ​ដៃ​ធ្វើ​ពី​ស្បែក​គ្រប់​ប្រភេទ។

សេចក្ដី​ប្រកាស​របស់ GMAC បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​រោងចក្រ​កាត់ដេរ​ស្បែក​ជើង​ប្រមាណ​ជិត ៦០ និង​មាន​ទំហំ​ទឹក​ប្រាក់​នាំចេញ​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​កំពត​ស្នើ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទម្លាក់​បទ​ចោទ

$
0
0

ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន និង​ក្រុមហ៊ុន​របស់​លោកស្រី ចាន់ សុធា ស្នើ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ទាំង ៧​នាក់ ដែល​រស់​នៅ​ភូមិ​តេជោពង្រក ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក។

​ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ភូមិ​តេជោពង្រក នៃ​ឃុំ​តេជោអភិវឌ្ឍន៍ លោស្រី ឡែន សូនីត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា ស្វាមី​របស់​លោកស្រី និង​អ្នក​ភូមិ​ចំនួន ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ​ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នេះ។

ស្ត្រី​វ័យ ៣៤​ឆ្នាំ​រូប​នេះ ចាត់​ទុក​ដីកា​កោះ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ថា​ជា​បន្ទុក​ថ្មី​លើ​គ្រួសារ​លោកស្រី​បន្ថែម​ពី​ការ​រំលោភ​បំពាន​ដី​ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សូ ងួន និង​ក្រុមហ៊ុន​របស់​អ្នកស្រី ចាន់ សុធា។ ក្រោយ​ទទួល​បាន​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ ពី​បទ​ញុះញង់​នោះ ស្វាមី​របស់​លោកស្រី​ដេក​ភ័យ​រាល់​ពេល និង​មិន​ហ៊ាន​ដើរ​ទៅ​ណា​មក​ណា​នោះ​ទេ សូម្បី​និយាយ​ស្ដី​ជាមួយ​អ្នក​សារព័ត៌មាន។

លោកស្រី ឡែន សូនីត៖ «ប្ដី​ខ្ញុំ​អត់​ចេះ​អត់​អី​ផង (អត់​ចេះ​អក្សរ) គេ​ហៅ​ទៅ ភ័យ​ចង់​ងាប់​ហើយ ដេក​អត់​លក់។ …គេ​ថា បើ​គេ​ឲ្យ​ដីកា​អ៊ីចឹង​ហើយ យើង​អត់​ទៅ គេ​ចាប់​ចង​ដាក់​ពន្ធនាគារ​អី​ទៀត ដំណើរ​គេ​ឲ្យ​យើង​ទៅ​ផ្ដិត​មេដៃ​ប្រគល់​ឲ្យ​ដី​ទៅ​គេ​តែម្ដង»

អ្នក​ភូមិ​តេជោពង្រក អះអាង​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​មាន​ជាង ២០០​គ្រួសារ ហើយ​មាន​គ្រួសារ​ខ្លះ​គឺ​ជា​ជន​ពិការ។ ពលរដ្ឋ​អះអាង​ថា ពួកគេ​បាន​ចូល​ទៅ​កាប់​រាន​ដី​នៅ​ទី​នោះ តាំង​ពី​អំឡុង​ឆ្នាំ​២០០០ ហើយ​នៅ​ឆ្នាំ​២០០៤ ក្រុមហ៊ុន​របស់​ឧកញ៉ា​បាន​បញ្ជូន​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំ​អ្នកភូមិ​ជា​បន្តបន្ទាប់។

​អ្នក​ភូមិ​តេជោពង្រក អះអាង​ថា ម្ដងម្កាល​ពួកគេ​តែង​រង​ការ​គំរាម​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​ភូមិ​ឃុំ​ថា នឹង​ចាប់ចង​ពួកគេ ព្រោះ​តែ​ទៅ​រស់​នៅ​​អនាធិបតេយ្យ​លើ​ដី​របស់​ឧកញ៉ា។ អ្នក​ភូមិ​អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​បាន​គំរាម និង​រំលោភ​យក​ពី​អ្នក​ភូមិ​រាប់ពាន់​ហិកតារ មិន​ត្រូវ​បាន​ក្រុមហ៊ុន​ដាំ​ដំណាំ​នោះ​ទេ ដោយ​ក្រុមហ៊ុន​គ្រាន់តែ​ធ្វើ​របង​ព័ន្ធ​ដី​រាប់ពាន់​ហិកតារ​នោះ​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា សូ ងួន និង​អ្នកស្រី ចាន់ សុធា ក៏​មិន​ខុស​ពី​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ឈ្មួញ​ដី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង នៃ​ស្រុក​ឈូក ដែរ ដោយ​សុទ្ធតែ​អះអាង​ថា ពួកគេ​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​នៅ​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត ថា​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ​បាន​នោះ​ទេ ដោយ​ពួកគេ​សំអាង​ថា អាជ្ញាធរ​ទាំង​ស៊ីវិល និង​កងកម្លាំង បាន​ជ្រោមជ្រែង​ជួយ​ខាង​ឧកញ៉ា​ក្នុង​ការ​រំលោភ​យក​ដី​ពលរដ្ឋ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​លោក សូ ងួន និង​អ្នកស្រី ចាន់ សុធា បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ចំណែក​អភិបាល​ស្រុក​ឈូក លោក ខៀវ ឫទ្ធីភណ្ឌ បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​មិន​បកស្រាយ​អ្វី​ទេ នៅ​ពេល​សួរ​អំពី​បញ្ហា​ជម្លោះ​ដីធ្លី​នេះ។ ទាក់ទង​ការ​ចោទ​របស់​ពលរដ្ឋ​ថា អាជ្ញាធរ​នៅ​ខេត្ត​កំពត ខ្លាច​អំណាច​ឧកញ៉ា និង​ឈ្មួញ​ទិញ​ដី​អភិបាលរង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា ធ្លាប់​បំភ្លឺ​ថា អាជ្ញាធរ​មាន​ភារកិច្ច​របស់​អាជ្ញាធរ ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ខ្លាច​ឈ្មួញ​នោះ​ទេ។

មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ស្នើ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ជៀសវាង​រង​ការ​ចោទ​ប្រកាន់​លើ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ ឬ​ការ​ចោទ​ថា អ្នក​មាន​អំណាច​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​លើ​ពលរដ្ឋ។

លោក ហេង ភារៈ៖ «បើសិនជា​រក​ឃើញ​ថា ការ​ឆ្វៀល​ដី​របស់​ក្រុមហ៊ុន​ហ្នឹង​មិន​ទាន់​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​ទេ អ៊ីចឹង​លោក​ទាំង​អស់​ហ្នឹង (ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង) គួរ​តែ​ទម្លាក់​ចោល​បទ​ចោទ ទុក​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ក្នុង​ការ​តវ៉ា​ទាមទារ​ដី​ដោយ​យុត្តិធម៌»

សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ខេត្ត​កំពត ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ហាក់​អូស​បន្លាយ​រាប់​ឆ្នាំ​មក​ហើយ ដែល​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​បាន​អស់​ជំនឿ​លើ​អាជ្ញាធរ។ ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​ឈូក បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លូកដៃ​អន្តរាគមន៍​ជួយ​ពលរដ្ឋ។ ពួកគេ​ចាត់​ទុក​ការ​អន្តរាគមន៍​របស់​មន្ត្រី​នៅ​ថ្នាក់​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី​ថា ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


យុវជន គង់ រ៉ៃយ៉ា បើក​បណ្ណាល័យ​ដាក់​ឈ្មោះ​បណ្ឌិត កែម ឡី ដើម្បីលើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​អាន

$
0
0

យុវជន គង់ រ៉ៃយ៉ា ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ដោយ​រង​ការ​ចោទ​ទាក់ទិន​នឹង​ការ​បង្ហោះ​សារ​បដិវត្តន៍​ពណ៌​លើ​ហ្វេសប៊ុក (Facebook) នោះ បាន​បើក​បណ្ណាល័យ​មួយ​ដាក់​ឈ្មោះ​ថា បណ្ណាល័យ​បណ្ឌិត កែម ឡី។ យុវជន កែម ឡី និយម​រូប​នេះ​អះអាង​ថា ការ​បើក​បណ្ណាល័យ​នេះ ដើម្បី​រម្លឹក​ពី​វីរភាព​បណ្ឌិត កែម ឡី និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​អាន​នៅ​កម្ពុជា។

បណ្ណាល័យ កែម ឡី នេះ បាន​បើក​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​១២១ ផ្លូវ​លេខ​៥ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ទាក់ទាញ​ប្រិយមិត្ត​អ្នក​អាន​បាន​ច្រើន​ប៉ុន្មាន​ឡើយ។

ម្ចាស់​បណ្ណាល័យ​នេះ គឺ​យុវជន គង់ រ៉ៃយ៉ា ជា​អ្នក កែម ឡី និយម។ លោក​រៀបរាប់​ថា មូលហេតុ​ដែល​បង្កើត​បណ្ណាល័យ កែម ឡី នេះ​ឡើង ដើម្បី​រម្លឹក​នូវ​វីរភាព​លោក​បណ្ឌិត កែម ឡី និង​ដើម្បី​ជំរុញ​ការ​អាន​នៅ​កម្ពុជា៖ «សំខាន់​បំផុត​នោះ គឺ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោកគ្រូ កែម ឡី ដែល​គាត់​លះបង់​ទាំង​គ្រួសារ ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​ប្រាជ្ញា​របស់​គាត់ ដើម្បី​បុព្វហេតុ​ប្រទេស​កម្ពុជា ដូច្នេះ​បង្កើត​បណ្ណាល័យ​នេះ ដើម្បី​ថែ​រក្សា​កេរ្តិ៍ឈ្មោះ​គាត់​រហូត និង​ចង់​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​មក​អាន​សៀវភៅ​នៅ​ទី​នេះ»

បណ្ណាល័យ កែម ឡី នេះ គឺ​ចែក​ចេញ​ជា​បី​បន្ទប់ គឺ​បន្ទប់​ទី​១ សម្រាប់​ដាក់​សៀវភៅ រី​ឯ​បន្ទប់​ទី​២ គឺ​កន្លែង​ដាក់​កុំព្យូទ័រ​សម្រាប់​ស្រាវជ្រាវ​ឯកសារ និង​បន្ទប់​ទី​៣ គឺ​ជា​បន្ទប់​សម្រាប់​ស្ដាប់​សំឡេង​វិភាគ​របស់​លោក​បណ្ឌិត កែម ឡី និង​អ្នក​វិភាគ​ល្បីៗ​មួយ​ចំនួន​ទៀត។ យុវជន គង់ រ៉ៃយ៉ា ថា បណ្ណាល័យ​នេះ​បើក​ចាប់​ពី​ម៉ោង ៧​កន្លះ​ព្រឹក រហូត​ដល់ ៥​ល្ងាច ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​យក​ប្រាក់​កម្រៃ​ពី​ភ្ញៀវ​ឡើយ ដូច្នេះ​គេ​អាច​ចូល​ទៅ​អាន​បាន​ដោយ​សេរី​ដើម្បី​ក្រេបជញ្ជក់​យក​ចំណេះ​ដឹង៖ «សៀវភៅ​ដែល​យើង​មាន​នេះ គឺ​ផ្ដោត​ទៅ​លើ​សៀវភៅ​ប្រវត្តិសាស្ត្រ​សំខាន់ យើង​មាន​សៀវភៅ​ទស្សនវិជ្ជា សៀវភៅ​ចិត្តវិទ្យា សៀវភៅ​មុខ​ជំនួញ បុគ្គល​ល្បីៗ​ជុំវិញ​ពិភពលោក ការ​អប់រំ​ផ្លូវ​ចិត្ត យើង​មាន​សៀវភៅ​ធម៌ យើង​មាន​សៀវភៅ​អប់រំ​កុមារ និង​យើង​មាន​សៀវភៅ​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​យើង ហើយ​យើង​ក៏​មាន​ឯកសារ​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​ពី​ខាង​អង្គការ​សិទ្ធិមនុស្ស។ ទី​២ គឺ​យើង​មាន​កុំព្យូទ័រ​ចំនួន ៥​គ្រឿង ដែល​ភ្ជាប់​អ៊ីនធឺណិត ដើម្បី​ទុក​អោយ​អ្នក​ចង់​ធ្វើ​ការ​ស្រាវជ្រាវ។ ទី​​៣ គឺ​បន្ទាប់​ស្តាប់ ​​គឺ​យើង​ផ្តោត​ទៅ​​លើ​បទវិភាគ​ផ្សេងៗ​របស់​លោកគ្រូ កែម ឡី។ យើង​​ក៏​មាន​គម្រោង​ដាក់​ស្លាយ​បញ្ចាំង​វីដេអូ ឬ​រូបភាព​អំពី​ការ​រំលោភ​ដីធ្លី រំលោភ​សិទ្ធិមនុស្ស ការ​បាញ់​សម្លាប់ និង​ការ​បង្ក្រាប​បាតុកម្ម​ដែល​សាហាវៗ​ពី​សំណាក់​អាជ្ញាធរ»

ក្នុង​បណ្ណាល័យ​នេះ​ទើប​តែ​មាន​សៀវ​ពីរ​ក្បាល​ប៉ុណ្ណោះ​ដែល​ទាក់ទង​នឹង​លោក​បណ្ឌិត កែម ឡឺ គឺ​សៀវភៅ "អ្នក​រួត​វាំងនន​សង្គម" និង​សៀវភៅ "កម្រង​ទស្សន​សង្គម និង​នយោបាយ​របស់​បណ្ឌិត កែម ឡី" ដែល​ចងក្រង​ដោយ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ ចំណែក​សៀវភៅ "គ្រួធំ" និង​សៀវភៅ​ទាក់ទង​នឹង​លោក​បណ្ឌិត កែម ឡី មួយ​ចំនួន​ទៀត ខាង​ម្ចាស់​បណ្ណាល័យ កំពុង​តែ​ទាក់ទង​សុំ​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ។

ទោះ​យ៉ាង​ណា​ក្ដី ម្ចាស់​បណ្ណាល័យ​រូប​នេះ​សម្ដែង​ការ​សោកស្ដាយ​ដែល​មក​ដល់​ពេល​នេះ បណ្ណាល័យ​របស់​លោក​នៅ​មិន​ទាន់​មាន​អ្នក​ចូល​អាន​ច្រើន​នៅ​ឡើយ ទោះបីជា​ខំ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្ដី។ មិន​មែន​តែ​បណ្ណាល័យ កែម ឡី ទេ បណ្ណាល័យ​ផ្សេងៗ ក៏​ស្ងាត់​មិន​សូវ​មាន​អ្នក​ចូល​អាន​ដូច​គ្នា។ លោក​បន្ត​ថា បើ​ផ្អែក​លើ​ការ​ពិនិត្យ​ជាក់ស្ដែង​នោះ គឺ​អត្រា​នៃ​ការ​អាន​របស់​ជនជាតិ​ខ្មែរ​មាន​កម្រិត​ទាប​ណាស់ ខណៈ​ដែល​ជនជាតិ​បរទេស​មួយ​ចំនួន​ធំ​នៅ​តែ​ចូល​ចិត្ត​ការ​អាន។ កង្វះខាត​ឯកសារ ពុំ​សូវ​មាន​បណ្ណាល័យ​អាន​ច្រើន និង​ខ្វះ​ព័ត៌មាន​ឯករាជ្យ រួម​ទាំង​ភាព​ក្រីក្រ ​ក្រពះ​ស្រេក​ឃ្លាន អាច​ជា​ឧបសគ្គ​ចម្បង​ដែល​ជំរុញ​ឱ្យ​ជនជាតិ​ខ្មែរ​មិន​សូវ​ចូល​ចិត្ត​ចង់​អាន និង​ចង់​ដឹង៖ «រដ្ឋាភិបាល​គួរ​តែ​បង្កើត​ព្រឹត្តិការណ៍​នៃ​ការ​អាន​ឲ្យ​បាន​ច្រើន និង​បង្កើត​មធ្យោបាយ​ណា​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទៅ​ស្វែង​រក​សៀវភៅ​អាន។ ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​ពង្រឹង​បណ្ណាល័យ​នៅ​តាម​សាលា​អោយ​បាន​ច្រើន»

រីឯ​នាយិកា​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​បណ្ណាល័យ និង​ឯកសារ​វិទូ​កម្ពុជា អ្នកនាង ម៉ៅ កុលាប ថ្លែង​ថា ការ​អភិវឌ្ឍ​បណ្ណាល័យ​ឲ្យ​មាន​ឯកសារ​តម្កល់​សម្បូរ​បែប និង​មាន​ភាព​ទាក់ទាញ​អាច​រួម​ចំណែក​បណ្ដុះ​ទម្លាប់​អាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ អ្នកនាង ម៉ៅ កុលាប បន្ត​ថា នៅ​បណ្ដា​ប្រទេស​អ្នក​មាន គឺ​គេ​បណ្ដុះ​ទម្លាប់​ការ​អាន​តាំង​ពី​វ័យ​ទារក​មក​ម្ល៉េះ ហើយ​ប្រព័ន្ធ​អប់រំ​របស់​គេ​ទៀតសោត គឺ​ជំរុញ​ការ​អាន​ច្រើន​ខុស​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា៖ «នៅ​ស្រុក​ខ្មែរ​យើង ការ​អាន​ចំពោះ​ទារក គឺ​វា​ស្ទើរ​តែ​អត់​មាន​តែម្ដង រី​ឯ​សាលាមត្តេយ្យ​នៅ​មាន​ចំនួន​តិច ហើយ​សាលា​មត្តេយ្យ​មួយ​ចំនួន​ទៀត គឺ​គាត់​អត់​មាន​កម្មវិធី​សម្រាប់​ជំរុញ​ការ​អាន​ឡើយ។អ៊ីចឹង​ហើយ​ទើប​ធ្វើ​អោយ​ការ​អាន​នៅ​ស្រុក​ខ្មែរ​របស់​យើង​នៅ​មាន​កម្រិត។ ការ​អាន​នេះ មិន​មែន​ដោយសារ​តែ​ជនជាតិ​ខ្មែរ​យើង​ខ្ជិល ហើយ​ជនជាតិ​គេ​ឧស្សាហ៍​នោះ​ទេ តែ​ដោយសារ​គេ​មាន​ប្រព័ន្ធ គេ​មាន​បរិស្ថាន​ក្នុង​ការ​ជំរុញ បណ្ដុះ​គំនិត​អាន រី​ឯ​ស្រុក​ខ្មែរ​យើង​អត់​មាន បើ​ថា​មាន​ក៏​មាន​តិច​ដែរ»

អ្នកនាង ម៉ៅ កុលាប ជំរុញ​ឲ្យ​អាណាព្យាបាល រួម​ទាំង​សាលាមត្តេយ្យ ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន​រហូត​ដល់​សាលាបឋមសិក្សា និង​សាលា​វិទ្យាល័យ ត្រូវ​បង្កើត​បណ្ណាល័យ និង​បង្កើត​កម្មវិធី​អាន​ឲ្យ​បាន​ច្រើន​ចាប់​តាំង​ពី​ទារក ដើម្បី​ឲ្យ​ពួកគេ​មាន​ទម្លាប់​ក្នុង​ការ​អាន​ជាប់​រហូត។ អ្នក​ជំនាញ​រូប​នេះ លើក​ឡើង​ថា ការ​អាន​ច្រើន​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ការ​គិត និង​ពិចារណា​បែប​ស៊ី​ជម្រៅ និង​អភិវឌ្ឍ​ការ​សរសេរ​ទៀត​ផង​ដែល​នាំ​ឲ្យ​ជោគជ័យ​ទាំង​ការ​សិក្សា និង​ការងារ។

ងាក​មក​និយាយ​អំពី​បណ្ណាល័យ កែម ឡី ដែល​បង្កើត​ឡើង​ដោយ​យុវជន​ គង់ រ៉ៃយ៉ា វិញ គឺ​គេ​អះអាង​ថា បណ្ណាល័យ​នេះ​គឺ​ជួល​ផ្ទះ​មួយ​ល្វែង​ដែល​ថ្លៃ​ឈ្នួល​ក្នុង​មួយ​ខែ ៥៣០​ដុល្លារ ដូច្នេះ​បើ​បូក​សរុប​ទាំង​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ផង គឺ​មិន​តិច​ជាង ១​ពាន់​ដុល្លារ​នោះ​ទេ សម្រាប់​ចំណាយ​ក្នុង ១​ខែ។ ទោះ​យ៉ាង​ណា លោក​ពេញ​ចិត្ត​ធ្វើ​កិច្ចការ​នេះ ដើម្បី​ចូលរួម​ជំរុញ​ការ​អាន​នៅ​កម្ពុជា៖ «ថវិកា​ដ៏​ច្រើន​សម្រាប់​ដំណើរការ​បណ្ណាល័យ​នេះ គឺ​បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស តែ​បើ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​បង​ប្អូន​ខ្មែរ ក៏​មិន​គ្រប់​ដែរ ហើយ​គាត់​ក៏​ប្រាប់​ថា មិន​អាច​ជួយ​បាន​រហូត​ឡើយ។ ដូច្នេះ​ខ្ញុំ​មាន​បំណង​លក់​អាវ​បណ្ឌិត កែម ឡី និង​ក្រមា​ខ្មែរ ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ​ដែល​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​យើង ដើម្បី​បាន​ចំណូល​ខ្លះ​គ្រាន់​ទប់ទល់​ការ​ចំណាយ»

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​ស្ដារម៉ាត (Star Mart) ជាប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) កណ្ដាល​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​គ្រប់​ទិសទី ទួញ​សោកស្ដាយ​ស្រណោះ​ជា​ពន់ពេក ដោយ​ពួកគេ​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​វីរជន​បញ្ចេញ​មតិ ឬ​វីរជន​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ជា​បុរស​សម្ដី​មាស។

ក្រោយ​មរណភាព​ទៅ អ្នក​ស្រឡាញ់​គាំទ្រ​លោក​បណ្ឌិត កែម ឡី ជា​ច្រើន បាន​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក​អោយ​នៅ​រស់ និង​គង់វង្ស​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត ដូចជា​យុវជន គង់ រ៉ៃយ៉ា បាន​បង្កើត​បណ្ណាល័យ​ដាក់​ឈ្មោះ​បណ្ឌិត កែម ឡី ជា​ឧទាហរណ៍​ស្រាប់។ យុវជន​ខ្លះ​នាំ​គ្នា​ចងក្រង​សៀវភៅ​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី ហើយ​យុវជន​ខ្លះ​ទៀត ក៏​បន្ត​ធ្វើ​យុទ្ធនាការ ១០០​រាត្រី ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​លោក​បណ្ឌិត ដែល​កាល​នៅ​រស់​លោក​ធ្លាប់​ចុះ​តាម​ស្រុក ភូមិ តាម​កោះ តាម​សមុទ្រ ព្រំដែន និង​ក្នុង​ព្រៃ ដើម្បី​និយាយ​ស្ថានភាព​ពិត​ជាក់ស្ដែង​ប្រាប់​មហាជន និង​ចងក្រង​ជា​ឯកសារ​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្រែក​តាគង់​ជាង​១០០​នាក់​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលា​ក្រុង​សុំ​ដំណោះស្រាយ​ដីធ្លី

$
0
0

ប្រជា​សហគមន៍​ព្រែក​តាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ដើម្បី​ទាមទារ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាត់​ដី​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អ៊ីង ហូលឌីង (Ing Holding) និង​ចេញ​ពី​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់។

តំណាង​ពលរដ្ឋ​ម្នាក់ លោក អ៊ុំ ណារី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មក​ទាមទារ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ ដោយសារ​ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​ឲ្យ​ខាង​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​តាំង​ពី​ខែ​មីនា តែ​រហូត​មក​ទល់​ពេល​នេះ សាលា​ក្រុង​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​ជម្លោះ​ដីធ្លី​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៥ កក្កដា។

លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្ញើ​ជូន​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា ក្រសួង​រៀបចំ​ដែនដី បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ចុះ​ពិនិត្យ​ស្រាវជ្រាវ ក្រោយ​ពី​ពលរដ្ឋ​ស្នើសុំ​កាត់​ដី​ចេញ​ពី​តំបន់​អភិវឌ្ឍន៍ ឃើញ​ថា​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការ​វិនិយោគ​ទីក្រុង​រណប​កាល​ពី​ឆ្នាំ​២០១១ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​ក្នុង​អាង​ស្ដុក​ទឹក​កំណត់​ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខែត្រ​កណ្ដាល គឺ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ម្យ៉ាង​ទៀត សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​អភិវឌ្ឍន៍​ទីក្រុង​រណប​តំបន់​ជើងឯក និង​បង្កើត​ក្រុម​ការងារ​ចុះ​ស្រង់​ទិន្នន័យ​ក្បាល​ដី​អ្នក​កាន់​កាប់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​រួច​ហើយ ដើម្បី​ពិនិត្យ​ដោះស្រាយ ដូច្នេះ​ក្រសួង​រៀបចំ​ដែនដី បញ្ជូន​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ក្រុង​ជា​សមត្ថកិច្ច​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដោយ​ឥត​កែប្រែ

$
0
0

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ដោយ​ឥត​កែប្រែ​ចំណុច​ណាមួយ​ឡើយ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ស្នើ​កែប្រែ​ជា​លើក​ទី២ តាម​ការ​ចង់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​២៥ កក្កដា ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​បិទ​ផ្លូវ​តវ៉ា ហើយ​មាន​អនុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ បន្ទាប់​ពី​សមាជិក​​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​សំណើ​កែប្រែ​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៧ និង​ទទួល​បាន​ឯកភាព​ទាំង​ស្រុង​ពី​សមាជិក​ព្រឹទ្ធសភា​បក្ស​នេះ កាល​ពី​ថ្ងៃ​ទី១៨ កក្កដា ឆ្នាំ​២០១៧។

សំណើ​កែប្រែ​ច្បាប់​ស្ដីពីគណបក្សនយោបាយនេះ ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ ឡាយ​ព្រះហស្តលេខា ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​​ការ បន្ទាប់​ពី​មាន​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហើយ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បាន​បញ្ជាក់​ថា ទោះ​បី​ជា​មិន​មាន​វត្តមាន​របស់​ព្រះមហាក្សត្រ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែរ បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្តីទី គឺ​លោក សាយ ឈុំ ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជំនន់​ទឹក​ភ្លៀង​ដែល​លិច​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​បាន​ស្រក​ចុះ​វិញ​ហើយ

$
0
0

មន្ត្រី​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​លិច​ស្រុក​មួយ​ចំនួន​នោះ បាន​ស្រក​ចុះ​វិញ​ហើយ​គិត​មក​ដល់​ម៉ោង ៥​ល្ងាច​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រះវិហារ គឺ​លោក ចាប កុយ។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា ថា កាល​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នេះ ភ្លៀង​ដែល​មាន​កម្ពស់ ១២០​មិល្លីម៉ែត្រ បាន​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​ជន់​លិច​ស្រុក​មួយ​ចំនួន ដូចជា​ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​ត្បែងមានជ័យ រយៈពេល​ប្រហែល ៥​ម៉ោង ដោយសារ​តែ​ទឹក​ជន់​ហូរ​មិន​ទាន់ ប៉ុន្តែ​ពេល​នេះ​បាន​ស្រក​ចុះ​អស់​វិញ​ហើយ៖ «លិច​ពី​ម៉ោង ៤​ភ្លឺ រហូត​ដល់​ម៉ោង ៧-៨​ព្រឹក​ហ្នឹង គឺ​ស្រក​ចុះ​មួយ​ចំនួន​ធំ ប៉ុន្តែ​នៅ​ស្រុក​ជាំក្សាន្ត ជាប់​តំបន់​ព្រំដែន​កម្ពុជា-ថៃ គឺ​ភ្លៀង​កំពុង​ធ្លាក់ ប៉ុន្តែ​មិន​ជន់​ទេ ដោយសារ​ទឹក​ហូរ​ចូល​ស្ទឹងសែន អស់»

ថ្វី​បើ​ស្រុក​មួយ​ចំនួន​ប៉ះពាល់​ដោយ​ទឹក​ជំនន់​រយៈពេល​ខ្លី ប៉ុន្តែ​មិន​មាន​មនុស្ស និង​សត្វ​រងគ្រោះ​ទេ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រះវិហារ នៅ​តែ​ធ្វើ​ការ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​តាម​ដង​ស្ទឹងសែន ត្រូវ​តែ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹក​ជំនន់​នៅ​ឡើយ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដោយសារ​តែ​អំឡុង​ពេល​នោះ កម្ពុជា កំពុង​ទទួល​រង​សម្ពាធ​ខ្យល់​ព្យុះ​ឈ្មោះ សុនកា (Sonca)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​បារម្ភ​ពី​កំណើន​យុវជន​ប្រើ​គ្រឿងញៀន

$
0
0

អត្រា​កើន​ឡើង​នៃ​អ្នក​សេព​គ្រឿងញៀន​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី បង្ក​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់​វប្បធម៌​ប្រពៃណី​ និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន។ នៅ​ភូមិ​សោមត្រក់ចាស់ អ្នក​ភូមិ និង​មន្ត្រី​មូលដ្ឋាន​អះអាង​ថា យុវជន​សេព​គ្រឿងញៀន​មាន​កម្រិត​ខ្ពស់។

មន្ត្រី និង​ពលរដ្ឋ​ក្នុង​ភូមិ​សោមត្រក់ចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន​ក្នុង​ភូមិ​ប្រើប្រាស់​គ្រឿងញៀន និង​បង្ក​បាតុភាព​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍​ពួកគេ។

ពលរដ្ឋ​ភូមិ​សោមត្រក់ចាស់ លោក រម៉ាស ពេជ្រ កត់សំគាល់​ថា ក្នុង​ឆ្នាំ​២០១៧ នេះ អ្នក​ជួញដូរ​គ្រឿង​​ញៀន​ពី​ខាង​ក្រៅ​សហគមន៍​បាន​ចែកចាយ​គ្រឿងញៀន​មក​ដល់​មូលដ្ឋាន​សម្រាប់​ក្រុម​យុវជន​ដែល​​ចូល​ព្រៃ​កាប់​ឈើ​ជក់​អាច​ទ្រាំ​នឹង​ភាព​ងងុយ ខណៈ​ពួកគេ​ដឹក​ជញ្ជូន​ឈើ​នៅ​ពេល​យប់​ចេញ​ពី​ព្រៃ។ លោក​បន្ត​ថា ការ​យុវជន​ប្រើប្រាស់​គ្រឿងញៀន​កើន​ឡើង​បើ​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ ដែល​មាន​យុវជន​នៅ​ភូមិ​ប្រមាណ ១០​ភាគរយ​បាន​ប្រើប្រាស់​គ្រឿង​ញៀន៖ «គាត់​ថា នៅ​ពេល​ជក់​គ្រឿង​ញៀន​ជួយ​ជា​កម្លាំង​ធ្វើ​ឲ្យ​អត់​ឲ្យ​ងងុយ​ដេក អ៊ីចឹង​គាត់​ត្រូវ​ការ​ប្រើ​អា​ហ្នឹង​ធ្វើ​ការ​រក​ជំនួញ​របស់​គាត់​ដែរ»

​ចំណែក​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​សោមត្រក់ចាស់ គឺ​អ្នកស្រី សល់ អុយ បញ្ជាក់​ថា យុវជន​ដែល​ប្រើ​គ្រឿងញៀន​បង្ក​ហិង្សា​ក្នុង​គ្រួសារ​លួច​ឆក់​ក្នុង​ភូមិ ជាពិសេស​អ្នក​ញៀន​ថ្នាំ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​សហគមន៍​ហើយ​ចូល​ព្រៃ​កាប់​ឈើ​លក់​យក​ប្រាក់​ចាយ​វាយ និង​ទិញ​គ្រឿងញៀន​បង្ក​ផល​ប៉ះពាល់​ប្រពៃណី និង​ធនធាន​ធម្មជាតិ​ដែល​សហគមន៍​អភិរក្ស៖ «សំណូមពរ​ឲ្យ​រក​វិធានការ​មក​ទប់ទល់ កម្ចាត់​គ្រឿងញៀន​ហ្នឹង​ឲ្យ​លឿន​បំផុត កុំ​ទុក​យូរ​ខូច​សុខភាព​ក្មេង​អត់​បាន​រៀន​សូត្រ​ដើរ​ប៉ោឡែ»

​របាយការណ៍​របស់​អាជ្ញាធរ​ភូមិ​សោមត្រក់ចាស់ ឲ្យ​ដឹង​ថា យុវជន​ក្នុង​ភូមិ​ចាប់​ពី​អាយុ ១៧​ឆ្នាំ រហូត ២០​ឆ្នាំ ៥០​ភាគរយ គឺ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តាម​រយៈ​អ្នក​ជួញដូរ​ពី​ខាង​ក្រៅ​សហគមន៍។

ប្រធាន​ភូមិ​សោមត្រក់ចាស់ លោក សេង អឿន បញ្ជាក់​ថា នេះ​ជា​តួលេខ​ខ្ពស់​នៃ​យុវជន​ក្នុង​សហគមន៍​កំពុង​ប្រើប្រាស់​គ្រឿងញៀន ចំណែក​អាជ្ញាធរ​មិន​មាន​លទ្ធភាព​ទប់ស្កាត់។ លោក​ថា ​អ្នក​ចែក​ចាយ និង​អ្នក​ប្រើប្រាស់​យក​តំបន់​ព្រៃ​ជា​កន្លែង​លក់​ដូរ ឬ​សេព​គ្រឿងញៀន​ហេតុ​នេះ​អាជ្ញាធរ​ពិបាក​បង្ក្រាប​បាន​ទាន់​ពេល​វេលា៖ «ពួក​អ្នក​មាន​ខ្នង​ធ្វើ​ការ​ហ្នឹង​ឯង​យក​មក​ចែកចាយ​ក្នុង​ភូមិ អ្នក​ភូមិ​ហ្នឹង​យក​មក​ពី​ណា»

​អធិការ​រង​នគរបាល​ស្រុក​អូរយ៉ាដាវ លោក ងយ ដន ទទួល​ស្គាល់​ថា ការ​អះអាង​របស់​ពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​សោមត្រក់ចាស់ គឺ​ជា​រឿង​ពិត​ដែល​សមត្ថកិច្ច​ប៉ូលិស​កំពុង​ចាត់​វិធានការ​បង្ក្រាប ក៏​ប៉ុន្តែ​លោក​ថា ការ​ចូលរួម​របស់​អ្នក​ភូមិ ជា​ពិសេស​អាណាព្យាបាល​យុវជន​សេព​គ្រឿងញៀន​គឺ​ជា​ប្រការ​សំខាន់​ដើម្បី​តាមដាន​មុខ​សញ្ញា​ចែកចាយ និង​អ្នក​ប្រើប្រាស់​បាន​ច្បាស់លាស់។

លោក​ថា វិធានការ​អប់រំ​ទាក់ទិន​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​តាម​រយៈ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព បាន​ផ្សព្វផ្សាយ​ច្រើន​លើក​ដើម្បី​រួមគ្នា​លុប​បំបាត់​បញ្ហា​គ្រឿងញៀន​នេះ៖ «អាណាព្យាបាល​ឲ្យ​គាត់​ផ្ដល់​ព័ត៌មាន​កូន​ជក់​គ្រឿងញៀន បើ​សិន​គាត់​ជក់​វិធានការ​ទី​១ យើង​អប់រំ»

​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ចាប់ពី​ដើម​ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន​ថា តួលេខ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ស្រុក​កើន​ឡើង​ដល់ ២០​ភាគរយ ដែល​ភាគ​ច្រើន​ជា​អ្នក​ប្រកប​​របរ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ ឬ​រថយន្ត​នៅ​ពេល​យប់។ ក្នុង​នោះ​សមត្ថកិច្ច​បង្ក្រាប​បាន ៥​ករណី ចាប់​​ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ពីរ​នាក់ និង​បាន​អប់រំ​យុវជន​ប្រើប្រាស់​គ្រឿងញៀន​បាន ១៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live