Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

កម្ពុជា-វៀតណាម​នឹង​សម្ពោធ​ស្តូប​មិត្តភាព​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​រម្លឹក​គុណ​វៀតណាម

$
0
0

ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ និង​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នឹង​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-​វៀតណាម ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២២ កក្កដា។ គម្រោង​ដាក់​សម្ពោធ​នេះ គឺ​ស្រប​ពេល​ដែល​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-​វៀតណាម ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ទាំង​២៥ កំពុង​ត្រូវ​បាន​សាងសង់​ឲ្យ​គ្រប់​ និង​ថែទាំ​ឡើង​វិញ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម មាន​ទស្សនៈ​ផ្ទុយ​គ្នា​ចំពោះ​ការ​រឹត​បន្តឹង​​ចំណងមិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ការ​សង់​ស្តូប​ទាំង ​២៥​ខេត្ត ​រាជធានី​នៅ​កម្ពុជា គឺ​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ និង​រំលឹក​អនុស្សាវរីយ៍​ចំពោះ​វៀតណាម​ ដែល​បាន​រួម​កម្លាំង​ជួយ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​បាន​ជ័យជម្នះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ការ​សង់​ស្តូប​ទាំង ​២៥​ខេត្ត ​រាជធានី គឺ​ជា​កិច្ចព្រមព្រៀង​របស់​រណសិរ្ស​សាមគ្គី​កសាង​អភិវឌ្ឍន៍​មាតុភូមិ​រវាង​កម្ពុជា ​និង​វៀតណាម។ នៅ​ឆ្នាំ​២០១៧ ​នេះ ជា​ការ​រំលឹក​ខួប​អនុស្សាវរីយ៍ ​៥០​ឆ្នាំ នៃ​ចំណង​ទាក់ទង​ការ​ទូត​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា បញ្ហា​នេះ​គ្មាន​ហេតុផល​អ្វី​ក្រៅ​ពី​ការ​រឹត​ចំណង​ការទូត ក៏​ដូច​ជា​ការ​សម្ដែង​នូវ​ការ​ដឹង​គុណ​នោះ​ទេ «យើង​ថា​ដឹង​គុណ​ក៏​ត្រូវ​ម្យ៉ាង​ដែរ ប៉ុន្តែ​ជា​អនុស្សាវរីយ៍​ក្នុង​ការ​ជួយ​ផ្ដួល​រំដោះ​នៃ​កម្លាំង​ទ័ព​ទាំង​ពីរ ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម»។

អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង មក​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល ​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ។ នៅ​ថ្ងៃ​ទី២២ កក្កដា លោក​និង​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-​វៀតណាម ​នៅ​ខេត្ត​ព្រះសីហនុ។

ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត មាស នី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម មាន​ទស្សនៈ​ថា កម្ពុជា​ពុំ​ទទួល​បាន​ប្រយោជន៍​អ្វី​សោះ ក្រៅ​ពី​ការ​ដឹងគុណ​វៀតណាម ​អស់​មួយ​ជីវិត។ លោក​សង្កេត​ឃើញ​ថា នៅ​រយៈពេល ​២​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ចាប់​ផ្ដើម​ពង្រឹង​នូវ​ការ​សង់ ​និង​ការ​រៀបចំ​ឡើង​វិញ​នូវ​ស្តូប​មិត្តភាព​តាម​បណ្ដា​ខេត្ត ដែល​កន្លង​មក​ស្តូប​ទាំង​នេះ​ត្រូវ​បាន​ទុក​ចោល​ឲ្យ​ស្មៅ​ដុះ​មួយ​រយៈ​ហើយ​នោះ។

លោក​បណ្ឌិត​បន្ត​ថា លោក​មិន​ទើស​ទាល់​ចំពោះ​ការ​រឹត​ចំណងមិត្តភាព​នេះ​ទេ បើ​មើល​ពី​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ជំនាន់​អាណានិគម​បារាំង ហើយ​និង​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០ ដែល​វៀតណាម ​បាន​រំដោះ​ដី​វៀតណាម​ខាង​ត្បូង​ជា​ស្ថាពរ​ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ច្រើន ប៉ុន្តែ​ជា​អកុសល​កម្ពុជា ​ពុំ​ដែល​បាន​ទទួល​ការ​នឹក​គុណ​នោះ​ទេ គឺ​ផ្ទុយ​គ្នា​ស្រឡះ «តាម​ពិត​យើង​អត់​បាន​ទទួល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ត្រូវ​ដឹង​គុណ​គេ​មួយ​ជីវិត។ការ​ដឹង​គុណ​គេ​នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​សូម្បី​តែ​ការ​ជជែក​គ្នា​ពី​រឿង​ព្រំដែន​ក៏​យើង​អត់​ហ៊ាន​ជជែក​ជាមួយ​គេ អត់​បាន​ស្មើភាព​សូម្បី​តែ​កន្លង​មក​ហើយ​ក៏​ដូចជា​ការ​រំលោភ​បំពាន​ខ្លះៗ របស់​វៀតណាម ​ទោះបី​ក្នុង​ការ​មិន​ទាន់​ច្បាស់លាស់​នៅ​ខេត្ត​បន្ទាត់​ព្រំដែន​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​គេ​បង្ខិត​មក​សង់​ប៉ុស្តិ៍​យាម​ប៉ុស្តិ៍​អី​នេះ គឺ​យើង​អត់​ហ៊ាន​ធ្វើ​អី​គេ​ទេ យើង​គ្រាន់​បាន​ត្រឹម​តែ​ស្រែក​ក៏​ផ្ញើ​ចំណាត់​ការ​ផ្សេង​ទៅ ប៉ុន្តែ​ដល់​គេ​មិន​ឆ្លើយ យើង​ក៏​មិន​ធ្វើ​អី​គេ​ទៀត​ដែរ»។

គេហទំព័រ​ព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថ្ងៃ​ទី២១ ខែ​កក្កដា សរសេរ​ថា នៅក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង អគ្គ​លេខាធិការ​គ​ណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តវៀត​ណាម កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ភាគី​វៀតណាម ​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​សហគមន៍​ជនជាតិ​វៀត​ណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជនជាតិ​វៀតណាម ដែល​រស់​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស។ គេហទំព័រ​នេះ​បន្ត​ថា ក្នុង​ពេល​ជួប​ប្រជុំ​រវាង​ភាគី​វៀតណាម និង​កម្ពុជា នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ង្វៀន ហ៊្វូជុង បាន​ស្នើ​ទៅ​លោក ​ហ៊ុន សែន ​ឲ្យ​ជួយ​សហគមន៍​ជនជាតិ​វៀតណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជនជាតិ​វៀតណាម ដែល​រស់​នៅ​កម្ពុជា​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ វៀតណាម​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ​ចំនួន ​២៥​លាន​ដុល្លារ សម្រាប់​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។

ក្រៅ​ពី​ផ្ដល់​ជំនួយ​នេះ លោក​ង្វៀន ហ៊្វូជុង ក៏​បាន​ស្នើ​សុំ​អោយ​ប្រទេស​ទាំង​ពីរ​ជំរុញ​ការ​តភ្ជាប់​អោយ​កាន់​តែ​ស៊ី​ជម្រៅ​តាម​រយៈ​វិស័យ​ផ្សេងៗ ដោយ​ធ្វើ​យ៉ាង​ណា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កើន​ឡើង​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៥ ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋាភិបាល​បង្កើត​រថភ្លើង​ធុន​ស្រាល​មួយ​ខ្សែ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​អាកាសយានដ្ឋាន

$
0
0

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល អះអាង​ថា រដ្ឋាភិបាល​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​កសាង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចេញ​ចូល​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​កាន់​តំបន់​កណ្ដាល​រាជធានី​ភ្នំពេញ។

លោក ស៊ុន ចាន់ថុល បន្ត​ថា ផ្លូវ​រថភ្លើង​ធុន​ស្រាល​នេះ មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​អម​សង្ខាង​ផ្លូវ​រថភ្លើង​ឡើយ ហើយ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ពី ២០ ទៅ ២៥​នាទី។ ផ្លូវ​រថភ្លើង​ធុន​ស្រាល​នេះ​គឺ​ធ្វើ​នៅ​លើ​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់ និង​ត​ភ្ជាប់​​ផ្លូវ​ថ្មី​នៅ​ត្រង់​ចំណុច​បែក​ចេញ​ទៅ​កាន់​ប្រលានយន្តហោះ។

លោក ស៊ុន ចាន់ថុល៖ «បង​ប្អូន​ប្រជាពលរដ្ឋ​លោក​ដុត​កង់​ឡាន​ដោយ​យល់​ថា ពេល​ធ្វើ​ផ្លូវ​រទេះភ្លើង​ទៅ​យើង​អស់​ផ្លូវ​បើក​ហើយ ​តែ​​​​​ផ្លូវ​ឡាន​នៅ​ដដែល គេ​បង្កប់​ផ្លូវ​ដែក​នៅ​ក្នុង​ផ្លូវ​ថ្នល់​នេះ​ឯង។ ទី​២ គឺ​អត់​មាន​រុះរើ​ផ្ទះ​បង​ប្អូន​ប្រជាពលរដ្ឋ​ទេ ដូច្នេះ​គាត់​យល់​ថា ត្រូវ​រើ​ផ្ទះ​គាត់​ចេញ ប៉ុន្តែ​មិន​មែន​ទេ គឺ​ធ្វើ​នៅ​លើ​ផ្លូវ​រថភ្លើង​ចាស់។ មួយ​ទៀត​គាត់​បារម្ភ​ពី​​ក្មេង​ឆ្លង​កាត់​កន្លែង​ផ្លូវ​ប្រសព្វ​របៀប​ម៉េច​​ គឺ​អត់​បញ្ហា​ទេ​យើង​មាន​មន្ត្រី​បញ្ជា​អោយ​រទេះភ្លើង​ឆ្លង​ផ្លូវ​​​សហព័ន្ធ​រុស្សី ដោយ​ឆ្លង​ឆាប់​ណាស់​មិន​អោយ​កក​ស្ទះ​ចរាចរណ៍​ទេ»

កន្លង​ទៅ​ពលរដ្ឋ​រស់​នៅ​សង្ខាង​ផ្លូវ​រថភ្លើង​បាន​នាំ​គ្នា​តវ៉ា ដោយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​កសាង​ផ្លូវ​រថភ្លើង​ថ្មី​នេះ​ទៅ​លើ​ដីធ្លី ផ្ទះ​សម្បែង និង​ជីវភាព​រស់​នៅ​របស់​ពួកគាត់។

គម្រោង​នេះ រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ទៅ​អោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ហើយ​ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​ផ្លូវ​នេះ​បណ្ដើរៗ​ហើយ ដែល​អាច​បញ្ចប់​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​ស្នើ​សមត្ថកិច្ច​​ច្រក​ទ្វារ​ចាំយាម​ខេត្ត​កោះកុង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចូល​ពី​ថៃ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​ថៃ ចាំយាម ខេត្ត​កោះកុង ជួយ​ពង្រឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​រាល់​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​នេះ​ឲ្យ​សកម្ម​ជាង​មុន ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ទំនិញ​ខូច​គុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នក​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម​មក​ពី​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង សង្កេត​ឃើញ​ថា សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-ថៃ ចាំយាម របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ពិសេស​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង រាល់​ថ្ងៃ​នេះ នៅ​មាន​ភាព​សោះអង្គើយ ឬ​មាន​ភាព​ធូរ​លុង​នៅ​ឡើយ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ទីតាំង​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​ថៃ ចាំយាម ថា ទំនិញ​ដឹក​តាម​រទេះ ពិសេស​ទំនិញ​ដឹក​តាម​រថយន្ត​ធំៗ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង មិន​ទាន់​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ឲ្យ​ជួយ​ជំរុញ​ទៅ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រក​ទ្វារ​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដោយ​មិន​ត្រូវ​ត្រួតពិនិត្យ​តែ​ទៅ​លើ​ក្រដាស​ស្នាម​នាំ​ចូល​ទំនិញ ឬ​លុយ​ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំង​នោះ​បង់​ជូន​ស្ថាប័ន​នីមួយៗ ហើយ​ចប់​រឿង​នោះ​ទេ៖ «សូម​មេត្តា​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​មែន​ទែន ពីព្រោះ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​ថៃ ចាំយាម​នេះ គឺ​ជា​ច្រក​នាំចូល​ទំនិញ​ផ្នែក​អាហារ​បរិភោគ។ អ៊ីចឹង​ពាក់ព័ន្ធ​ការ​នាំ​ចូល​គ្រឿង​ឧបភោគបរិភោគ​ធ្វើ​ម៉េច​ឲ្យ​មាន​គុណភាព»

ចំណែក​លោក អ៊ិន គង់ជិត អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង ក៏​ព្រួយ​បារម្ភ​ពី​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​នៅ​តាម​ច្រក​ទ្វារ​ចាំយាម​នេះ​ដែរ។ លោក​ថា មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង គួរ​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ទំនិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​​ចាំយាម ឲ្យ​បាន​ច្រើន​ជាង​ការ​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា។

លោក អ៊ិន គង់ជិត ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ងាក​មក​ជួយ​គិត​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ជា​ធំ​ឲ្យ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដោយ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សំណូក​ពុករលួយ​ណា​មួយ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ចូល​មក​ស្រុក​ខ្មែរ៖ «មន្ត្រី​កាំកុងត្រូល​ខេត្ត​កោះកុង យើង​សង្កេត​ឃើញ​ថា ភាគ​ច្រើន​គាត់​ទៅ​ត្រួត​ទំនិញ​តែ​នៅ​តាម​ទីផ្សារ ឬ​ផ្សារ​លក់ដូរ​ច្រើន​ជាង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​ច្រក​ចាំយាម។ អ៊ីចឹង​មន្ត្រី​កាំកុងត្រូល​ខេត្ត​កោះកុង គួរ​តែ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល​តាម​ច្រក​ព្រំដែន​ចាំយាម ឲ្យ​បាន​ច្រើន ដោយ​ត្រូវ​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​អាហារ​ប្រភេទ​កំប៉ុង និង​អាហារ​ស្រស់ បន្លែ​ផ្លែ​ឈើ​ជាដើម ដោយ​ពិនិត្យ​ទៅ​លើ​កាលបរិច្ឆេទ ការ​ប្រើប្រាស់​ទំនិញ​នីមួយៗ ឲ្យ​បាន​ត្រឹមត្រូវ ដែល​បាន​នាំចូល​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា យើង»

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ធ្លាប់​បាន​រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ពិសេស​មន្ត្រី​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង ជាដើម ដែល​បាន​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ខ្មែរ-​ថៃ នាំ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចូល​មក​លក់ដូរ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ទំនិញ​កម្ពុជា-​ថៃ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែ​បញ្ហា​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ឆ្លើយ​ដោះសា​ថា មិន​បាន​ដឹង​ថា មាន​ទំនិញ​ហួសកំណត់​ប្រើប្រាស់​ត្រូវ​បាន​គេ​នាំ​យក​មក​ដាក់​លក់​ក្នុង​ស្តង់​តាំង​ពិព័រណ៍​ទំនិញ​មិត្តភាព​កម្ពុជា-​ថៃ នា​ខេត្ត​ព្រះសីហនុ នោះ​ទេ។

យ៉ាង​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា មុខ​ទំនិញ​មួយ​ចំនួន ពិសេស​គ្រឿង​សម្អាត​កាយ ភេសជ្ជៈ​កំប៉ុង ឬ​ដង និង​អាហារ​កំប៉ុង ព្រម​ទាំង​នំ​ចំណី​ជាដើម ដែល​ពាណិជ្ជករ​ខ្មែរ-​ថៃ នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​ចាំយាម ខេត្ត​កោះកុង ពិត​ជា​មាន​ដាក់​លក់​ក្នុង​ស្តង់​ពិព័រណ៍​ទំនិញ​មិត្តភាព​កម្ពុជា-​ថៃ ជា​បន្តបន្ទាប់​មក​នេះ។ ក្នុង​នោះ​មាន​មុខ​ទំនិញ​ខ្លះ​បាន​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ជិត​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម។

ទាក់ទិន​បញ្ហា​នេះ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​បន្តបន្ទាប់ ជូន​មន្ត្រី​ក្រោម​ឱវាទ​ទូទាំង ២៥​រាជធានី-​ខេត្ត ឲ្យ​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ទំនិញ​តាម​ច្រក​ទ្វារ​ព្រំដែន និង​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា ឲ្យ​បាន​ជា​ប្រចាំ។

ទន្ទឹម​គ្នា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន ឬ​រាយការណ៍​ពី​ករណី​ចំណី​អាហារ​ដែល​ពុំ​មាន​សុវត្ថិភាព និង​ការ​ពុល​ចំណី​អាហារ​ជាដើម តាម​ខ្សែ​ទូរស័ព្ទ​លេខ៖ ០១២ ២៣៣ ២៦២ លេខ ០១២ ៨៥០ ១០៥ លេខ ០១២ ៨៧០ ០៧៦ លេខ ០១២ ៤៤៥ ៥៦២ លេខ ០៩៦ ៨២៩ ៧៨៧៨ និង​លេខ ០៩៧ ៧៨៨ ៦១១១ ជាដើម។

​បន្ថែម​លើ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​សង្កត់ធ្ងន់​ថា នឹង​មាន​ចំណាត់​ការ​ជា​បន្ទាន់​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​អំពី​ករណី​ពុល​ចំណី​អាហារ ឬ​អាហារ​គ្មាន​គុណភាព​ដែល​ពលរដ្ឋ​រាយការណ៍​ជូន ហើយ​បាន​សន្យា​ថា នឹង​រក្សា​ការសម្ងាត់​នៃ​អត្តសញ្ញាណ​របស់​អ្នក​រាយការណ៍ ឬ​ផ្ដល់​ព័ត៌មាន​មក​កាន់​អគ្គនាយកដ្ឋាន​កាំកុងត្រូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ថា​ចៅសង្កាត់​អូរចារ​រង​ការ​គាប​សង្កត់​ដោយ​ក្រុម​អធិការកិច្ច​ខេត្ត

$
0
0

ក្រុម​អធិការកិច្ច​ខេត្ត​បាត់ដំបង បាន​ចុះ​ត្រួតពិនិត្យ​ភាព​ស្រប​ច្បាប់​ផ្នែក​រដ្ឋបាល​ដល់​ទីតាំង​ចៅសង្កាត់​អូរចារ ថ្មី ក្រោយ​បាន​ចូល​កាន់​តំណែង​ភ្លាម។ មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ទង្វើ​នេះ​គឺ​មិន​ត្រឹមត្រូវ និង​ជា​ការ​ដាក់​សម្ពាធ​លើ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី​ពី​ខាង​គណបក្ស​ប្រឆាំង។ ចំណែក​ឯ​មន្ត្រី​បក្ស​កាន់​អំណាច​វិញ ចាត់​ទុក​ទង្វើ​របស់​ចៅសង្កាត់​អូរចារ ថា​ជា​ការ​ធ្វើ​គ្រាន់​តែ​យក​ល្បី​ដើម្បី​បម្រើ​បក្ស។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​កែ​ទម្លាប់​ឈប់​ក្ដិច​ត្រួយ​គ្នា។

ចូលកាន់​តំណែង​ជា​ចៅសង្កាត់ មិន​ទាន់​បាន​កន្លះ​ខែ​ផង ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​ទើប​ឈាន​ចូល​វ័យ ៣២​ឆ្នាំ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ត្រូវ​អាជ្ញាធរ​ខេត្ត​បាត់ដំបង តាម​រយៈ​លិខិត​បង្គាប់​ការ​របស់​ខេត្ត ចាត់​តាំង​មន្ត្រី​ខេត្ត​ចំនួន ៥​រូប ចុះ​ទៅ​ត្រួតពិនិត្យ​នីត្យានុកូលភាព​រដ្ឋបាល​សង្កាត់​អូរចារ កាល​ពី​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​កក្កដា កន្លង​ទៅ​នេះ។  មួយ​សប្ដាហ៍​ក្រោយ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ក៏​បាន​ចុះ​ទៅ​សង្កាត់​អូរចារ និង​ជួប​ចៅសង្កាត់​ថ្មី​នេះ​ផ្ទាល់​ថែម​ទៀត​ផង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ចាត់​ទុក​ចំណាត់​ការ​របស់​មន្ត្រី​ខេត្ត​បាត់ដំបង បែប​នេះ​ថា ជា​ការ​គាប​សង្កត់​ចៅសង្កាត់ ដែល​ចូល​កាន់​តំណែង​ថ្មី នៅ​ខ្ចី​បទពិសោធន៍។ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ធ្វើ​ដូច្នេះ​មិន​សម​ស្របតាម​រដ្ឋបាល​នោះ​ឡើយ៖ «ក្រសួង​ក្ដី រដ្ឋបាល​ខេត្ត​ក្ដី គឺ​ត្រូវ​តែ​ជួយ​បង្រៀន និង​ជួយ​ហ្វឹកហ្វឺន​ឲ្យ​គាត់​ស្គាល់​ពី​ការងារ អ៊ីចឹង​ទើប​កាន់​ការ​បាន​បួន​ប្រាំ​ថ្ងៃ ហើយ​យើង​ឲ្យ​មាន​អធិការកិច្ច​ទៅ​ត្រួត​ពិនិត្យ​ទៅ​ស្ដី​បន្ទោស​ទៅ​អី​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ។ គេ​ត្រូវតែ​ហ្វឹកហ្វឺន ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​មន្ត្រី​ដែល​ជាប់​ឆ្នោត​ថ្មី​ហ្នឹង អាច​ធ្វើ​កិច្ចការ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន»

ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ​របស់​មន្ត្រី​ខេត្ត​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​វាយ​ប្រហារ​ខ្លាំងៗ ទៅ​លើ​សកម្មភាព​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែល​បាន​ប្រកាស​តាម​ហ្វេសប៊ុក រៃ​លុយ​ទិញ​ក្រួស​ក្រហម ដើម្បី​ជួសជុល​ផ្លូវ​ក្នុង​ភូមិ។ លោក ឈាន វុន រិះគន់​ថា ការណ៍​ដែល​កញ្ញា រ៉ូហ្ស៊េត ធ្វើ​នេះ គឺ​គ្រាន់​តែ​ដើម្បី​យក​ល្បី មិន​មែន​ធ្វើ​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​នោះ​ទេ៖ «តំណាងរាស្ត្រ​ថ្មី​មួយ​នៅ​ខេត្ត​បាត់ដំបង គាត់​មក​សុំ​លុយ​ពី​ថ្នាក់ដឹកនាំ​នៅ​លើ​នេះ​បាន ១០០​ដុល្លារ ទៅ​ដឹក​បាន​ដី​ក្រហម​មួយ​ឡាន​យក​ទៅ​ចាក់​នៅ​ឃុំ​អូរចារ ចុះ ហ្វេសប៊ុក ផ្អើល​គេ​ផ្អើល​ឯង ហើយ​យក​មនុស្ស​បី​បួន​នាក់ កាន់​ចប​ពីរ​បី​យក​ទៅ​កាយ​ក្រួស​ក្រហម​ហ្នឹង។ មិន​មែន​បម្រើ​រាស្ត្រ​ទេ​អា​ហ្នឹង! មិន​មែន​ទេ! បម្រើ​រាស្ត្រ​ទាល់តែ​ផ្លូវ​ហ្នឹង​ធ្វើ​ឲ្យ​ល្អ មិន​មែន​គ្រាន់​តែ​យក​ទៅ​កាយ​លំៗ ភ្លៀង​មក​ភក់​ដល់​ក្បាល​ជង្គង់​នោះ​ទេ»

លោក ឈាង វុន បន្ត​ទៀត​ថា ការ​ធ្វើ​គ្រាន់​តែ​ចង់​យក​ល្បី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ពី​មុន​ដែល​គេ​ធ្វើ​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត​ផង៖ «ខ្ញុំ​ឃើញ​គេ​បង្ហោះ​ចេញ​ជា​រូបភាព​ហ្នឹង ធ្វើ​ឲ្យ​អ្នក​ដែល​មើល​ហ្នឹង ជា​ពិសេស​អ្នក​ដែល​មើល​សង្ស័យ​ថា គេ​រៀបចំ​នោះ​ទេ រួច​ធ្វើ​ខំមិន (Comment) យើង​និយាយ​ទៅ​ប៉ះពាល់​គេ​ចាស់​ឯ​ណោះ ដែល​គេ​ខំប្រឹង​ធ្វើការ​ពី​មុន​មក​នោះ។ គេ​ធ្វើ​ច្រើន​ជាង​នេះ ហើយ​បើ​យើង​ធ្វើ​លំៗ​គ្រាន់​តែ​យក​មតិ​សាធារណជន នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​រួម​របស់​ឃុំ​របស់​ស្រុក និង​ខេត្ត»

កញ្ញា រ៉ូហ្ស៊េត មិន​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​លោក ឈាង វុន នោះ​ទេ ដោយ​កញ្ញា​អះអាង​ថា ថវិកា​ទិញ​ដី​ក្រួស​ក្រហម គឺ​បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ឧបត្ថម្ភ​ដល់​ក្រុម​ការងារ​របស់​កញ្ញា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​មូលដ្ឋាន។

កញ្ញា រ៉ូហ្ស៊េត បញ្ជាក់​ថា ការ​ធ្វើ​នេះ​មិន​មែន​ដើម្បី​ចង់​បាន​មុត​មាត់​ទេ តែ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ពលរដ្ឋ ព្រោះ​ថវិកា​ដែល​ផ្ដល់​ឲ្យ​ដល់​ឃុំ-​សង្កាត់​កន្លង​មក សម្រាប់​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន នៅ​មិន​ទាន់​ល្អ​ប្រសើរ ព្រោះ​ពលរដ្ឋ​នៅ​មាន​ការ​លំបាក​ច្រើន៖ «បើ​សិន​ផ្ទះ​លោក​អ៊ំ ឈាង វុន គាត់​នៅ​ក្នុង​សង្កាត់​អូរចារ នៅ​ម្ដុំ​ទឹក​លិច នៅ​ម្ដុំ​ផ្លូវ​ដែល​ពិបាក ក៏​គាត់​មិន​ខុស​អី​នឹង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរចារ ដែល​តែង​តែ​មាន​ការ​រអ៊ូរទាំ ក្នុង​ការ​អភិវឌ្ឍ មាន​ការ​យឺតយ៉ាវ ហើយ​មិន​មែន​ត្រឹមតែ​យឺត​យ៉ាវ​ទេ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​ធុញ​ទ្រាន់ គាត់​ប៉ះពាល់​សុខភាព​គាត់»

​មិន​មែន​តែ​លោក ឈាង វុន ម្នាក់​ទេ ដែល​ឈឺ​ឆ្អាល​នឹង​សកម្មភាព​របស់​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម្បី​តែ​ប្រមុខ​រដ្ឋាភិបាល​ផ្ទាល់ ក៏​ធ្លាប់​ចំអក​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង រឿង​រៃ​លុយ​ជួសជុល​ផ្លូវ​ក្នុង​ភូមិ​នេះ​ផង​ដែរ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​នៅ​សាលា​បញ្ញា​សាស្ត្រ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា កន្លង​ទៅ ពោល​គឺ​ពីរ​សប្ដាហ៍​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ដាក់​អ្នក​ជាប់​ឆ្នោត​ថ្មី ដែល​មិន​អាច​ធ្វើ​បាន​តាម​សន្យា ព្រោះ​សន្យា​ធំ​ពេក៖ «អ្នក​ខ្លះ​ក៏​បាន​និយាយ​ថា នឹង​ធ្វើ​ផ្លូវ​នេះ ដល់​តែ​រួច​ហើយ​ប្រកាស​ថា នឹង​រៃ​លុយ​ធ្វើ​ផ្លូវ! អ្ហា៎ក! អ៊ីចឹង​ប្រជាជន​ចាប់​គិត​ហើយ ថា​ធ្វើ​ផ្លូវ ថា​សន្យា​ថា​ធ្វើ​ផ្លូវ ដល់​រួច​ហើយ​ប្រកាស​ថា​រៃ​លុយ​គ្នា​ធ្វើ​ផ្លូវ»

​ទោះ​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​កញ្ញា​ចៅសង្កាត់​អូរចារ យ៉ាង​ណា​ក្ដី ក៏​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត កាល​ពី​​ដើម​ខែ​មិថុនា បាន​សរសេរ​សារ​តាម​ហ្វេសប៊ុក សុំ​ជំនួយ​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​ជួយ​បរិច្ចាគ​ទិញ​ដី​ក្រួស​ក្រហម ដើម្បី​ជួសជុល​ផ្លូវ​ក្នុង​ភូមិ។ ដោយសារ​ការ​អំពាវនាវ​នេះ មាន​សប្បុរសជន​ខ្មែរ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​បាន​បរិច្ចាគ​ថវិកា ដើម្បី​បាន​ទិញ​ដី​ជា​ច្រើន​ឡាន ចាក់​ជួសជុល​ផ្លូវលំ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​ក្នុង​សង្កាត់​អូរចារ រួច​កញ្ញា​ផ្សព្វផ្សាយ​សកម្មភាព​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ផ្អើល​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង ហើយ​ឈាន​ដល់​មាន​ការ​ចាត់​ក្រុម​អធិការកិច្ច​ឲ្យ​ចុះ​ត្រួតពិនិត្យ​ការងារ​របស់​ចៅ​សង្កាត់​ថ្មី​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ផ្ដល់​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផ្ដល់​ឲ្យ​គ្រប់​ឃុំ-​សង្កាត់ ដើម្បី​អភិវឌ្ឍ​នៅ​មូលដ្ឋាន ប្រសិនបើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ថា ធ្វើ​នយោបាយ​ប្រជាភិថុតិ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​សន្យា​នេះ គឺ​អាច​អនុវត្ត​បាន​ទាល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​សិន។

កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​សិទ្ធិ​ចាត់ចែង​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​ឃុំ-​សង្កាត់ ដូច​គណបក្ស​កាន់​អំណាច​ត្រូវ​រង​ការ​រិះគន់​វាយ​ប្រហារ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថា​ពូកែ​បាន​តែ​ថា។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាល​ពី​មុន​បោះឆ្នោត​ឃុំ-​សង្កាត់ ធ្លាប់​ប្រមាថ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ថា ពូកែ​សន្យា​ខ្យល់ មិន​ដែល​ឃើញ​កសាង​អ្វី​បាន សូម្បី​តែ​បង្គន់​មួយ៖ «ដូច​ជា​បង្គន់​អនាម័យ​អី​ហ្នឹង សួរ​ថា​គាត់​ធ្វើ​កើត​មិន​កើត? អណ្ដូង​ទឹក​អី​ហ្នឹង លទ្ធភាព​គាត់​ធ្វើ​កើត ឬ​មិន​កើត?»

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សក់ សេដ្ឋា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​ចុះ​ធ្វើ​អធិការកិច្ច​តែ​សង្កាត់​អូរចារ​នេះ​បាន​នៅ​ឡើយ​ទេ ដោយសារ​លេខ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

កាល​មិន​ទាន់​បាន​ជួយ​ធ្វើ​អ្វី​ជា​ដុំកំភួន គណបក្ស​ប្រឆាំង​រង​ការ​រិះគន់​ថា មិន​បាន​ធ្វើ​អ្វី​សោះ។ ឥឡូវ​ពេល​មេ​ឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​រៃ​អង្គាស​ប្រាក់​ជួយ​ដោះស្រាយ​បញ្ហា​មូលដ្ឋាន ក៏​ត្រូវ​មន្ត្រី​គណបក្ស​កាន់​អំណាច​រិះគន់​ថា ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ទូទៅ​ទៅ​វិញ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍ​សង្គម បាន​កត់សម្គាល់​ឃើញ​ថា មន្ត្រី​គណបក្ស​កាន់​អំណាច​មិន​គួរ​ចិត្ត​ចង្អៀត​ក្នុង​ការ​ដែល​ឃើញ​មន្ត្រី​ជាប់​ឆ្នោត​ជា​មេឃុំ ឬ​ចៅសង្កាត់​ថ្មី របស់​គណបក្ស​ប្រឆាំង រៃ​លុយ​យក​មក​ជួសជុល​ផ្លូវ​ក្នុង​មូលដ្ឋាន ទោះ​តិច​ក្តី ច្រើន​ក្តី ព្រោះ​នេះ​ជា​កម្លាំង​សាមគ្គី​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ភូមិ ឃុំ​ទាំង​អស់​គ្នា។

លោក មាស នី ស្នើ​គួរ​ជួយ​លើក​ទឹក​ចិត្ត​សកម្មភាព​បែប​នេះ​បន្ថែម​ទៀត ដោយ​មិន​ត្រូវ​រើសអើង​និន្នាការ​គណបក្ស​នយោបាយ​នោះ​ឡើយ៖ «ការណ៍​ដែល​បញ្ចេញ​វោហារសាស្ត្រ ឬ​សម្ដី​បែប​ហ្នឹង វា​អាច​នឹង​​ទៅ​ជាន់​លើ​អ្វី​ដែល​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ថា ឲ្យ​គណបក្ស​ប្រឆាំង​ពី​មុន​ថា ប្រឆាំង​ផ្កាប់​មុខ ទោះ​បី​ធ្វើ​ល្អ​ហើយ ក៏​នៅ​តែ​ប្រឆាំង​ទាល់​ស្លាប់។ វា​មិន​មែន​ជា​រដ្ឋាភិបាល​ដែល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទេ ប្រសិនបើ​យើង​បន្ត​ការ​រើសអើង​បែប​ហ្នឹង»

ការ​រើសអើង​មន្ត្រី​ឃុំ-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​នេះ កើត​ឡើង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ដូចជា​ការ​បិទ​ទ្វារ​ចាក់​សោ​ការិយាល័យ​មិន​ឲ្យ​មេ​ឃុំ-​ចៅសង្កាត់​ថ្មី មាន​កន្លែង​អង្គុយ​ធ្វើ​ការ ការ​រុះរើ​តុ កៅអី និង​ម៉ាស៊ីន​ត្រជាក់​ចេញ​ពី​ការិយាល័យ​ឃុំ-​សង្កាត់ និង​ការ​មិន​ចង់​សហការ​ជាមួយ​មេ​ឃុំ-​ចៅសង្កាត់​ជាប់​ឆ្នោត​ថ្មី​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ជួយ​ឧបត្ថម្ភ​ការ​សិក្សា​ដល់​កុមារ​ជនជាតិ​ដើម​នៅ​ខេត្ត​រតនគិរី

$
0
0

កុមារ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​សោមត្រកចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាន់​តែ​ច្រើន​បាន​ទទួល​ការ​សិក្សា​ពេញលេញ​រយៈពេល​ជិត ១០​ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​ពី​វិស័យ​ឯកជន​បាន​ចូល​រួម​លើក​កម្ពស់​ការ​សិក្សា​របស់​កុមារ​នៅ​តំបន់​ជនបទ។ ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក ចាត់​ទុក​ការ​សិក្សា​របស់​កុមារ​ជនជាតិ​ដើម​ភាគ​តិច​ជា​កត្តា​សំខាន់​ដើម្បី​អភិវឌ្ឍន៍​សហគមន៍​របស់​ពួកគេ​នៅ​ពេល​អនាគត។

កុមារ​ជា​សិស្សសាលា​បឋមសិក្សា​សោមត្រកចាស់ ឋិត​ក្នុង​ភូមិ​សោមត្រកចាស់ ជាង ១០០​នាក់ ទទួល​បាន​សម្ភារៈ​សិក្សា និង​ប្រាក់​ឧបត្ថម្ភ​ពី​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក សម្រាប់​ការ​សិក្សា​នា​ឆ្នាំ​២០១៨ បន្ត​ទៀត។

សាលាបឋមសិក្សា​សោមត្រកចាស់ មាន​ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ ពី​ក្រុង​បានលុង ខេត្ត​រតនគិរី មុន​ឆ្នាំ​២០០៨ កុមារ​នៅ​តំបន់​នេះ​ជាង ៩០​ភាគរយ ជា​ជន​ជាតិ​ដើម​ភាគ​តិច​មិន​មាន​សាលារៀន​គ្រប់​គ្រាន់​ទេ។ កុមារ​មួយ​ភាគ​មិន​បាន​ចូល​រៀន​ដោយសារ​ខ្វះ​គ្រូ និង​ថ្នាក់រៀន ដោយ​ឡែក​កុមារ​មួយ​ផ្នែក​ទៀត​បាន​បោះបង់​ចោល​សាលា​តែម្ដង ដោយសារ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ​ខ្វះ​មធ្យោបាយ​បន្ត​ការ​រៀន ឬ​ត្រូវ​ជួយ​ការងារ​ឪពុក​ម្ដាយ ដូចជា ឃ្វាលគោ ធ្វើស្រែ​ចម្ការ​ជាដើម។

ពលរដ្ឋ​ខ្មែរ​រស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៃ​សហរដ្ឋអាមេរិក គឺ​លោកស្រី អេង សុខុម បាន​មក​ទស្សនកិច្ច​នៅ​សាលា​បឋមសិក្សា​សោមត្រកចាស់ កាល​ពី​សប្ដាហ៍​មុន​កត់សំគាល់​ថា កង្វះខាត​មធ្យោបាយ​រៀន​សូត្រ​របស់​កុមារ​នៅ​តំបន់​នេះ​នៅ​តែ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​កុមារ​ឲ្យ​មានលទ្ធភាព​បន្ត​ការ​សិក្សា​បាន​ពេញលេញ។ លោកស្រី​បន្ត​ថា ថ្វី​ត្បិត​ពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅ​បរទេស​ឆ្ងាយ​ពី​ប្រទេស​កំណើត​យ៉ាង​ណា​ក្តី ក៏​ភាព​ខ្វះខាត​របស់​កុមារ​នៅ​តំបន់​ដាច់ស្រយាល​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ខ្វាយខ្វល់ និង​ស្ម័គ្រចិត្ត​បរិច្ចាគ​​ប្រាក់កាស​ទ្រព្យធន​ផ្ទាល់​ខ្លួន ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ការ​សិក្សា​របស់​កុមារ​នៅ​ជនបទ​​ដោយ​គ្មាន​ការ​រើសអើង៖ «ខេត្ត​រតនគិរី ឆ្ងាយ​ពី​ទីប្រជុំជន​ហើយ​ស្រុក​ដែល​នាង​ខ្ញុំ​មក​នេះ​ឆ្ងាយ​ដូច​គ្នា។ នាង​ខ្ញុំ​គិត​ថា ទី​នេះ​គឺ​ល្អ​សម្រាប់​ថវិកា​ដែល​នាង​ខ្ញុំ​ពាំនាំ​ពី​ខាង​ក្រៅ​មក​ជួយ​ក្មួយៗ​នៅ​ទី​នេះ»

​សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៧ នេះ មន្ទីរអប់រំ​ខេត្ត​រតនគិរី បាន​អភិវឌ្ឍន៍​សាលា​បឋមសិក្សា​សោមត្រកចាស់ មាន​អគារ​សិក្សា​មួយ​ខ្នង​ធ្វើ​ពី​ថ្ម​ប្រក់​ក្បឿង​មាន ៦​បន្ទប់ ដែល​មាន​គ្រូ ៤​នាក់ សម្រាប់​បង្រៀន​សិស្ស​​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ដែល​មាន​សិស្ស​ជាង ១០០​នាក់។

សិស្ស​ថ្នាក់​ទី​៦ សាលា​បឋមសិក្សា​សោមត្រកចាស់ កុមារា រម៉ាស យ៉េត មាន​កំណើត​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ អះអាង​ថា តម្រូវការ​សម្លៀក​បំពាក់​សម្ភារៈ​សិក្សា​នៅ​តែ​ជា​បន្ទុក​សម្រាប់​គ្រួសារ​ពួកគេ​ដែល​ភាគ​ច្រើន​មាន​ប្រាក់​ចំណូល​ទាប​ហើយ​ប្រកប​របរ​កសិកម្ម​បែប​បូរាណ។ កុមារ​បង្ហាញ​ភាព​ត្រេកអរ​ខណៈ​ទទួល​បាន​ការ​ឧបត្ថម្ភ​ការ​រៀន​សូត្រ​របស់​ពួកគេ​ពី​វិស័យ​ឯកជន និង​រដ្ឋ​ដើម្បី​លើក​កម្ពស់​ការ​រៀន​សូត្រ​របស់​កុមារ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ភូមិ​នេះ៖ «មាន​អារម្មណ៍​សប្បាយ​យក​សៀវភៅ​ហ្នឹង​ទៅ​សិក្សា»

របាយការណ៍​របស់​អាជ្ញាធរ​ភូមិ​សោមត្រកចាស់ ឲ្យ​ដឹង​ថា ការ​បោះបង់​ចោល​ការ​សិក្សា​របស់​កុមារ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​នេះ ថយ​ចុះ​ច្រើន​បើ​ប្រើ​ប្រៀបធៀប​ការ​សិក្សា​របស់​កុមារ​កាល​ពី​មុន​ឆ្នាំ​២០១០។ ការ​បោះ​បង់​ចោល​សាលា ឬ​កុមារ​មិន​បាន​ចូលរៀន​មាន​រហូត​ដល់​ទៅ​ជាង ៣០​ភាគរយ​នៃ​កុមារ​គ្រប់​អាយុ​ចោល​សាលារៀន។

នាយក​សាលា​សោមត្រកចាស់ លោក ឆិល សារិទ្ធ ទទួល​ស្គាល់​ថា ជីវភាព​ក្រីក្រ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ​កូនចៅ​ពួក​គេ​មិន​បាន​ចូលរៀន ឬ​ចូលរៀន​ហើយ ក៏​បាន​បោះបង់​ចោល​វិញ ត្រឹម​ថ្នាក់​ទី​២ ឬ​ថ្នាក់​ទី​៣ ដើម្បី​ជួយ​ការងារ​ផ្ទះ។ លោក​ថ្លែង​ថា មន្ទីរ​អប់រំ បាន​ខិតខំ​បើក​យុទ្ធនា​ការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​គ្រួសារ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​បញ្ជូន​កូន​មក​រៀន និង​បាន​អភិវឌ្ឍន៍​អគារ​សិក្សា និង​គ្រូបង្រៀន​បាន​កាន់​តែ​ប្រសើរ​ដែល​អាច​ឲ្យ​កុមារ​កាន់​តែ​ច្រើន​ចូល​រៀន​បាន​គ្រប់​គ្នា៖ «ជា​បញ្ហា​សំខាន់​គាត់​ខ្វះ​សម្ភារៈ​សិក្សា​ច្រើន​ដែរ ដោយសារ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ក្រីក្រ»

ប្រជាជន​ភូមិ​សោមត្រកចាស់ ប្រកប​រប​ធ្វើ​ស្រែ​ចំការ និង​រក​អនុផល​ព្រៃឈើ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ក៏ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​អ្នក​ភូមិ​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ឲ្យ​កូន​ទៅ​បន្ត​ការ​សិក្សា​នៅ​សាលា​កម្រិត​មធ្យម​បាន​ទេ ដោយសារ​តែ​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ឋិត​នៅ​ឆ្ងាយ​ពី​ភូមិ​គ្មាន​​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សិក្សា​បាន។

ប្រធាន​ភូមិ​សោមត្រកចាស់ លោក សេង អឿន ថ្លែង​ថា នេះ​ជា​បញ្ហា​ប្រឈម​របស់​អ្នក​ភូមិ​ដែល​មាន​ជីវភាព​ក្រីក្រ​ដែល​ជំរុញ​ឲ្យ​កុមារ​បោះបង់​ការ​សិក្សា គ្រា​ដែល​កុមារ​មួយ​ចំនួន​ទទួល​ជោគជ័យ​ដោយ​បាន​ប្រឡង​ចូល​រៀន​ថ្នាក់​អនុវិទ្យាល័យ។ លោក​ថា សម្រាប់​ភូមិ​នេះ នៅ​មាន​តម្រូវការ​ដូច​ជា​អគារ​សិក្សា គ្រូបង្រៀន​ទាំង​កម្រិត​បឋមសិក្សា និង​អនុវិទ្យាល័យ​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​សិស្ស​ក្នុង​ភូមិ​ចូល​រៀន​បាន​ងាយ​ស្រួល៖ «អត់​មាន​ធនធាន​ចូល​រៀន បើ​នៅ​ក្នុង​ភូមិ​អត់​ស្អី​ទេ ជួន​កាល​គាត់​រៀប​ចប់​ហើយ​ទៅ​រៀន​​អនុវិទ្យាល័យ​ទៀត​គ្មាន​ស្អី​ធ្វើ​ដំណើរ​ពិបាក​អ៊ីចឹង អ្នក​មាន​មាន​ស្អី បើ​ថា​ជនជាតិ​យើង​ខ្ញុំ​ក្រ បើ​​អ្នក​មាន​ខ្លះ​មាន​ម៉ូតូ​ខ្លះ​អត់​តែម្ដង»

​ទោះ​បី​មិន​មាន​លទ្ធភាព​ស្វែង​រក​ថវិកា និង​សម្ភារៈ​សិក្សា​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​កុមារ​ភូមិ​សោមត្រកចាស់ យ៉ាង​ណា​ក៏ដោយ លោកស្រី អេង សុខុម ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ផ្ដាំផ្ញើ​ឲ្យ​កុមារ​កុលសម្ព័ន្ធ​ដើម​ភូមិ​សោមត្រកចាស់ ខិតខំ​រៀន បង្កើន​ចំណេះ​ដឹង​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន និង​ចូលរួម​បម្រើ​សង្គម​ជាតិ​ឲ្យ​បាន​រីកចម្រើន​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កូនប្រុស​លោក ឈុត វុទ្ធី ប្ដេជ្ញា​ការពារ​ព្រៃឈើ​នៅ​ខេត្ត​កំពង់ធំ​និង​តំបន់​ផ្សេង​ទៀត

$
0
0

កូន​ប្រុស​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​​ឆ្នាំ​២០១២ និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ សង្កេត​ឃើញ​ថា ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ មាន​ភាព​រឹងមាំ ប៉ុន្តែ​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ។ លោក​ប្ដេជ្ញា​ថា នឹង​ជួយ​ជ្រោមជ្រែង​ប្រជា​សហគមន៍​ឱ្យ​កាន់​តែ​រឹងមាំ និង​រួម​គ្នា​ការពារ​ព្រៃឈើ​នៅ​សេសសល់​ដើម្បី​ឱ្យ​សម្រេច​បាន​តាម​គោលបំណង​របស់​ឪពុក ដោយ​ចង់​ឃើញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

កូន​ប្រុស​លោក ឈុត វុទ្ធី និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈើយ ឧត្តមរស្មី សង្កេត​ឃើញ​ថា ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ មាន​សាមគ្គី​ភាព​ល្អ ហើយ​សកម្ម​ចំពោះ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ពួកគេ​រស់​នៅ បើ​ទោះ​បី​ជា​បាត់បង់​រូប​លោក ឈុត វុទ្ធី ក្តី។ មិន​តែ​ប៉ុណ្ណោះ​លោក​សង្កេត​ឃើញ​ថា ប្រជា​សហគមន៍​នៅ​តែ​ទទួល​រាក់ទាក់​ចំពោះ​លោក បើ​ទោះ​បី​ជា​កន្លង​មក​ឪពុក​របស់​លោក​ជា​អ្នក​ធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​ពួកគាត់​ក៏ដោយ។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ រូប​នេះ មាន​ប្រសាសន៍​ថា បេសកកម្ម​របស់​ឪពុក​លោក​នៅ​មិន​ទាន់​បាន​សម្រេច​តាម​គោលបំណង​ឡើយ។ លោក​ថា ឪពុក​របស់​ខ្លួន​គឺ​ចង់​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បញ្ចប់ ហើយ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា អាច​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ បេសកកម្ម​ទាំង​នេះ លោក​ប្ដេជ្ញា​ថា ចូល​រួម​ជាមួយ​សហគមន៍​ដើម្បី​បន្ត​ការងារ​ជាមួយ​ទាំង​ឡាយ​សម្រាប់​ជា​ផល​ប្រយោជន៍​រួម​របស់​ពួកគាត់​នៅ​តាម​មូលដ្ឋាន និង​ប្រជាជាតិ​ទាំង​មូល។

លោក​អះអាង​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ដោយ​មាន​ក្រុម​អ្នក​មាន​អំណាច មន្ត្រី ឧកញ៉ា ពិសេស​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្ដល់​ថវិកា​ដល់​ឈ្មួញ​តូចតាច​ជួល​ពលរដ្ឋ​ចូល​ទៅ​កាប់​ឈើ ឬ​នៅ​ពី​ក្រោយ​ខ្នង​ឈ្មួញ​ទាំង​នោះ៖ «យើង​សោកស្ដាយ​នៅ​ពេល​ឃើញ​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​នេះ។ អ៊ីចឹង​ហើយ យើង​ចង់​បញ្ឈប់​រាល់​ការ​កាប់​បំផ្លាញ​ហ្នឹង»

ក្នុង​ឱកាស​ចូលរួម​ដាំ​កូន​ឈើ និង​ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ជា​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព លោក ឈើយ ឧត្តមរស្មី សង្កេត​ឃើញ​ថា ប្រជា​សហគមន៍​មួយ​នេះ និង​សហគមន៍​នៅ​ជុំវិញ​តំបន់​ព្រៃឡង់ មាន​ភាព រឹង​មាំ និង​សាមគ្គី​គ្នា​បាន​ល្អ។ លោក​ថា ការងារ​បន្ត​នឹង​ពង្រឹង​ដល់​សហគមន៍​នៅ​តំបន់​ផ្សេង​ទៀត ដូចជា​នៅ​តំបន់​ភ្នំ​ឱរ៉ាល់ តំបន់​ជួរ​ភ្នំក្រវាញ តំបន់​អារ៉ែង ជាដើម។ សកម្មភាព​ចូលរួម​ជាមួយ​ពួកគាត់ ដូចជា​បង្កើន​ចំណេះ​ដឹង​ផ្នែក​ច្បាប់ និង​ស្មារតី ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ជាមួយ​ពួកគាត់​តែម្ដង៖ «យើង​នៅ​ខ្វះខាត ដូចជា​នៅ​តំបន់​ឱរ៉ាល់ នៅ​ជួរ​ភ្នំក្រវាញ។ យើង​នឹង​មក​បំប៉ន​បន្ថែម​ទៀត​នៅ​សហគមន៍​ព្រៃឡង់ ដែល​មាន​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ។ យើង​មក​ចុះ​បំប៉ន​បន្ថែម​ទៀត នឹង​ចុះ​ធ្វើ​ការ​ឱ្យ​បាន​ញឹកញាប់​ដូច​កាល​ឪពុក​ខ្ញុំ​នៅ»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។ បន្ថែម​ពី​នេះ កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន និង​ក្រោយ​មក​ពង្រីក​វិសាលភាព​នៅ​ទូទាំង​ប្រទេស។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដដែល មើល​ឃើញ​ថា សកម្មភាព​របស់​រាជរដ្ឋាភិបាល​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ គឺ​មាន​ចំណុច​ខ្លះ​អាច​ទទួល​យក​បាន ប៉ុន្តែ​ការងារ​ខ្លះ​ទៀត គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ដូចជា​ករណី​បទល្មើស​នៅ​តែ​កើត​មាន ហើយ​ឈ្មួញ​ឈើ​ធំៗ មិន​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។

ប្រធាន​គណៈកម្មការ​ព្រៃ​សហគមន៍​ក្បាលខ្លា នៅ​ស្រុក​សណ្ដាន់ លោក វង់ សាន រីករាយ​ចំពោះ​កិច្ច​សហការ​ជាមួយ​អង្គការ​ដៃគូ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូល​រួម​ការពារ និង​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​តំបន់​ដែល​ពួកគាត់​រស់​នៅ ពីព្រោះ​លោក​ថា ព្រៃឈើ​គឺ​ប្រៀប​បាន​ទៅ​នឹង​ឆ្នាំង​បាយ​របស់​ពួកគាត់៖ «ខ្ញុំ​គិត​ឃើញ​ថា ព្រៃឈើ​គឺ​ជា​ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ​ហើយ គឺ​គាត់​អាច​រក​បាន​អនុផល​ពី​ព្រៃឈើ»

​ការងារ​ជា​អ្នក​ការពារ​ធនធាន​ធម្មជាតិ​គឺ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដូចជា​ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​ជនល្មើស អាជ្ញាធរ កងកម្លាំង​ដែល​ពាក់ព័ន្ធ​បទល្មើស ព្រម​ទាំង​មាន​ករណី​បាញ់​សម្លាប់​ផង។ ជាក់ស្ដែង​ករណី​អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​សន្តិសុខ​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​កោះកុង បាញ់​សម្លាប់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន​យុត្តិធម៌​នៅ​តែ​មិន​ទាន់​មាន​សម្រាប់​គ្រួសារ​គាត់​នៅ​ឡើយ។

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ជាង ១០​ឆ្នាំ ដែល​លោក​បាន​ចូល​រួម​ការងារ​សង្គម​មួយ​នេះ លោក​និង​ប្រជា​សហគមន៍​ផ្សេង​ទៀត​ធ្លាប់​រង​ការ​គំរាមកំហែង ការ​កោះ​ហៅ​ពី​សំណាក់​អាជ្ញាធរ និង​តុលាការ​ព្រម​ទាំង​ការ​ទិញ​ទឹក​ចិត្ត​ឱ្យ​បញ្ឈប់​សកម្មភាព​ការពារ​ព្រៃឈើ ជា​ថ្នូរ​នឹង​ថវិកា​មួយ​ចំនួន។ លោក​អះអាង​ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​បែប​នេះ​ក្ដី ប៉ុន្តែ​ពួកគាត់​​នៅ​តែ​បន្ត​ការងារ​មួយ​នេះ  ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​ជន​ក្រីក្រ និង​ជួយ​ជនរងគ្រោះ ដោយសារ​បាត់បង់​មុខ​របរ​ប្រពៃណី និង​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ពួកគាត់​រស់​នៅ៖ «យើង​នៅ​តែ​ធ្វើ​ការងារ​នេះ​បន្ត​ទៀត ដើម្បី​ជួយ​ជាតិ​មាតុភូមិ ជួយ​ពលរដ្ឋ​ខ្លួន​ឯង ជួយ​ដែល​បាត់បង់​ធនធាន​មួយ​ចំនួន​ដូច​ជា​ដើម​ច្បោះ ធនធាន​មួយ​ចំនួន​ដែល​ធ្លាប់​តែ​ដក​ហូត»

បច្ចុប្បន្ន គ្មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ឱ្យ​បាន​ជាក់លាក់ ថា​តើ​ទំហំ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា នៅ​សល់​ប៉ុន្មាន​ភាគរយ​ពិត​ប្រាកដ​ទេ។ តែ​យ៉ាង​នេះ​ក្ដី មន្ត្រី​រាជរដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា ផ្ទៃដី​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​គឺ​នៅ​សល់​ប្រមាណ ៦០​ភាគរយ ប៉ុន្តែ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើ​វិស័យ​នេះ ប៉ាន់​ប្រមាណ​ថា នៅ​សល់​ប្រហែល​មិន​ដល់ ៣០​ភាគរយ​ផង។

នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទមុនី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៥ កក្កដា​ ថា ខាង​លោក​ប្ដេជ្ញា​ចូលរួម​ជាមួយ​ប្រជា​សហគមន៍ និង​សហការ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​ជួយ​ជា​សម្ភារៈ កម្លាំង ឬ​ថវិកា​ក្ដី ចំពោះ​សកម្មភាព​ចុះ​ល្បាត​ព្រៃ​របស់​ពួក​គាត់។ ជាង​នេះ​ទៀត លោក​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចំពោះ​ការងារ​ការពារ និង​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​នឹង​ប្រជុំ​​ពិភាក្សា​ពី​ផែនការ​ដក​រូប​លោក សម រង្ស៊ី និង​​លោក​កឹម សុខា នៅ​ថ្ងៃ​២៥ កក្កដា

$
0
0

គណបក្ស​ឆាំង​នឹង​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ ដើម្បី​ប្រាប់​អំពី​ការ​ឈប់​ប្រើប្រាស់​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ត​ទៅ​ទៀត ដោយ​ប្រើប្រាស់​ត្រឹម​រូប​សញ្ញា​ព្រះអាទិត្យ​រះ។

គណបក្ស​នយោបាយ​ដែល​រងគ្រោះ​ព្រោះ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ខាង​មុខ​យ៉ាង​ខ្លី នឹង​ប្ដូរ​ទាំង​រូប​សញ្ញា និង​ឈ្មោះ​គណបក្ស​របស់​ខ្លួន។ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស សម រង្ស៊ី ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី បាន​កំណត់​យក​ថ្ងៃ​ប្រជុំ​ដូច​គ្នា គឺ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ ដើម្បី​ជៀសវាង​ការ​រំលាយ​គណបក្ស​ចោល នៅ​ពេល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន។

គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ឈប់​ប្រើ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​នោះ​ត​ទៅ​ទៀត ដោយ​ដាក់​ត្រឹម​រូប​ព្រះអាទិត្យ​រះ ដែល​ជា​ស្លាក​សញ្ញា​ផ្លូវការ​របស់​គណបក្ស​នេះ។ ចំណែក​គណបក្ស សម រង្ស៊ី ដែល​សព្វថ្ងៃ​កំពុង​មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា ក៏​នឹង​ប្ដូរ​ឈ្មោះ​គណបក្ស​ចេញ​ដែរ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា កិច្ច​ប្រជុំ​នោះ​គណបក្ស​នឹង​ណែនាំ​ទៅ​ថ្នាក់ដឹកនាំ​ទាំង​២៥​ខេត្ត រាជធានី ពី​ការ​ឈប់​ប្រើ​រូប​ទាំង​នោះ​នៅ​លើ​បដា​ផ្សព្វផ្សាយ​របស់​គណបក្ស។ ទាក់ទង​ការ​ចំណាយ​លើ​ការ​ផ្លាស់ប្ដូរ​នេះ លោក អេង ឆៃអ៊ាង ថា​គណបក្ស​មិន​បាន​គិត​ពី​ការ​ចំណាយ​ទេ ព្រោះ​នេះ​​​ជា​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស៖ «»។

​លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ប្រើ​តែ​ស្លាក​សញ្ញា​របស់​គណបក្ស គឺ​រូប​ព្រះអាទិត្យ​រះ តាំង​ពី​សប្ដាហ៍​ទី​២ នៃ​​ខែ​កក្កដា នេះ។

​ចំណែក​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​រូប​ដោយ​ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ប្រទេស មក​ដល់​ពេល​នេះ​ទើប​បាន​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ។ លោក​ថា  ក្រោយ​លទ្ធផល​កិច្ចប្រជុំ​ថ្ងៃ​ទី​២៥ ខាង​មុខ គណបក្ស​នឹង​មាន​ជួន​ដំណឹង​ជា​ផ្លូវការ ណែ​នាំ​ទៅ​សាខា​បក្ស​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ហាម​ឃាត់។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី ប្រាប់​ថា គណបក្ស​របស់​លោក​នឹង​ប្រជុំ​សមាជិក​អចិន្ត្រៃយ៍​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ​ដែរ ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​សមាជ​បក្ស​ប្ដូរ​ឈ្មោះ​គណបក្ស​នៅ​ពេល​ខាង​មុខ​ទៀត។ លោក​ប្រាប់​ថា ចំពោះ​លោក​ផ្ទាល់​ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក​ចង់​ប្ដូរ​ឈ្មោះ​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស ពន្លឺ​ប្រជាធិបតេយ្យ៖ «»។

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ទោស​មាន​ឈ្មោះ​ជា​ទណ្ឌិត ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ជា​ច្រើន​ករណី បើ​ទោះ​លោក សម រង្ស៊ី ផ្ទាល់​ថា លោក​មិន​មែន​ជា​ទណ្ឌិត ព្រោះ​លោក​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​អាយ៉ង​ក្ដី។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​យ៉ាង​ប្រញាប់​មិន​ខ្វល់​នឹង​ការ​រិះគន់។ ខ្លឹមសារ​មាត្រា​ខ្លះ​ដែល​ទើប​កែប្រែ​ថ្មី​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ​ចំពោះ​ទោសទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

ក្រោយ​ពេល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ឆ្លង​ផុត​រដ្ឋ​សភា និង​ព្រឹទ្ធសភា នៅ​ពេល​នេះ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ។

​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល យល់​ថា ច្បាប់​នេះ​នឹង​ចូល​ដល់​ស្ថាប័ន​ព្រះរាជវាំង​ក្នុង​អំឡុង​មួយ​អាទិត្យ​ទៀត។  ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​យល់​ដូច​គ្នា​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​មាន​ផែន​ការ​ច្បាស់លាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព សញ្ញា និង​ឈ្មោះ ដែល​ជាប់​ទាក់ទង​នឹង​លោក សម រង្ស៊ី ព្រោះ​គណបក្ស​នេះ​ដឹង​ថា ខ្លួន​មិន​អាច​រារាំង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​បាន៖ «»។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ស្នើ​ទៅ​ព្រះអង្គ​កុំ​ឲ្យ​ឡាយព្រះហស្តលេខា​លើ​​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ប៉ុន្តែ​មិន​ទាន់​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​ព្រះរាជវាំង​​នៅ​ឡើយ។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ច្បាប់​នេះ​នឹង​មាន​សុពលភាព អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា-​វៀតណាម​ប្រកាស​បន្ត​រឹត​ចំណង​សាមគ្គីភាព​ម៉ឺន​ឆ្នាំ

$
0
0

មេដឹកនាំ​ស្ថាប័ន​កំពូល​នៃ​ប្រទេស​កម្ពុជា-​វៀតណាម ប្រកាស​បន្ត​រឹត​ចំណង​សាមគ្គីភាព​ម៉ឺន​ឆ្នាំ​ជាមួយ​គ្នា​ឲ្យ​ស្អិតល្មួត ដោយ​ប្ដេជ្ញា​ថា នឹង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​រីក​ចំរើន​ថែម​ទៀត។

ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បាន​ប្ដេជ្ញា​ចិត្ត​ដូច្នេះ​នៅ​ឱកាស​ចូល​រួម​ជា​អធិបតី​ពិធី​ដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កក្កដា។

នា​ឱកាស​នោះ លោក សាយ ឈុំ បាន​រំលឹក​នូវ​ឧបសគ្គ​ដ៏​លំបាកៗ​ជា​ច្រើន​ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា-​វៀតណាម បាន​ប្រឈម​រួម​គ្នា​ដោះស្រាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ដំណាក់កាល​កន្លង​មក​ដែល​ឈាន​ដល់​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​នេះ។ លោក សាយ ឈុំ ដែល​តាងនាម​ឲ្យ​បក្ស រដ្ឋ រណសិរ្ស និង​ប្រជាជន​កម្ពុជា បាន​សម្ដែង​ជា​ថ្មី​ទៀត​នូវ​ការ​ដឹង​គុណ​ដ៏​ស្មោះស្ម័គ្រ និង​ជ្រាលជ្រៅ ព្រម​ទាំង​ចងចាំ​ជានិច្ច​ចំពោះ​គុណូបការៈ ដ៏​ធំធេង​ដែល​វៀតណាម បាន​ធ្វើ​ពលិកម្ម​ជួយ​កម្ពុជា។

​លោក សាយ ឈុំ បាន​រំលឹក​ថា បើ​គ្មាន​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ ដែល​ជា​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ថ្ងៃ​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ទេ នោះ​ទំនង​ជា​ប្រទេស​កម្ពុជា នឹង​មិន​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ដូច​សព្វ​ថ្ងៃនេះ​ទេ៖ «បាន​ស្ដែង​ចេញ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ ចាប់​ពី​វិស័យ​នយោបាយ រហូត​ដល់​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ទេសចរ វប្បធម៌ និង​វិទ្យាសាស្ត្រ។ ទន្ទឹម​គ្នា​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​វៀតណាម កាន់​តែ​កើន​ឡើង​ជា​លំដាប់»

ចំណែក​លោក  ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​បាន​ចូល​រួម​ជា​អធិបតី និង​កាត់​ខ្សែ​បូ​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កក្កដា។ លោក​បាន​បញ្ជាក់​ថា កម្ពុជា-​វៀតណាម គឺ​ជា​មិត្ត​ជិត​ខាង​ដ៏​ជិតស្និទ្ធ ស្មា​ប្រកៀក​ស្មា​ជានិច្ចកាល​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ តស៊ូ​ដណ្ដើម​ឯករាជ្យ​ជាតិ វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

លោក ង្វៀន ហ៊្វូជុង បាន​រំលឹក​អំពី​ចំណង​មិត្តភាព​កម្ពុជា-​វៀតណាម ដែល​បាន​រឹត​ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​រយៈពេល​ជាង ៥០​ឆ្នាំ​កន្លង​មក​នេះ។ លោក ង្វៀន ហ៊្វូជុង សង្កត់ធ្ងន់​ថា ចំណង​មិត្តភាព​រវាង​កម្ពុជា-​វៀតណាម នឹង​បន្ត​មាន​ភាព​ស្និទ្ធស្នាល និង​កាត់​តែ​ស្អិតល្មួត​ថែម​ទៀត នៅ​ថ្ងៃ​អនាគត។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​ដឹង​ថា ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ នេះ បាន​កសាង​ដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ដោយ​មាន​រូបសំណាក​យុវជន ០២​រូប ដៃ​កាន់​អាវុធ​ឈរ​នៅ​អម​សងខាង​ស្ត្រី​ម្នាក់​បី​កូន​តូច​ក្នុង​ដៃ។ ស្តូប​នេះ ជា​និមិត្តរូប​នៃ​ការ​រំលឹក​គុណ​ចំពោះ​ពលីកម្ម​អាយុ​ជីវិត​របស់​យុទ្ធជន​កម្ពុជា និង​យុទ្ធជន​ស្ម័គ្រ​ចិត្ត​វៀតណាម ជាពិសេស​ដើម្បី​រំលឹក​ពី​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​យុទ្ធជន​ស្ម័គ្រ​ចិត្ត​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ទង់​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​ដើម្បី​បញ្ជាក់​អំពី​ចំណង​សាមគ្គី មិត្តភាព​ជា​អមតៈ​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា​-​វៀតណាម)។

​លោក យន្ត មីន ឲ្យ​ដឹង​ថា ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ក្រឡា​ដី​សរុប​ជិត ៧​ពាន់​ម៉ែត្រការ៉េ (៦៧.៧៦៦) និង​ចំណាយ​ថវិកា​សរុប​ជិត ៧​សែន​ដុល្លារ​សហរដ្ឋអាមេរិក (៦៧០.២៧២)។

​ចំពោះ​អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម​រិះគន់​ថា កម្ពុជា​ពុំ​ទទួល​បាន​ប្រយោជន៍​អ្វី​សោះ​ក្រៅ​ពី​ការ​ដឹង​គុណ​វៀតណាម អស់​មួយ​ជីវិត។ បើ​មើល​ពី​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ជំនាន់​អាណានិគម​បារាំង ហើយ​និង​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០ ក្នុង​ការ​រំដោះ​ដី​វៀតណាម​ខាង​ត្បូង ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ច្រើន ប៉ុន្តែ​ជា​អកុសល​កម្ពុជា ពុំ​ដែល​បាន​ទទួល​ការ​នឹក​គុណ​នោះ​ទេ គឺ​ផ្ទុយ​គ្នា​ស្រឡះ។

​តាម​ទិន្នន័យ​ជាក់ស្ដែង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម មាន​ចំនួន ១៧​ស្តូប ក្នុង​នោះ​មាន​នៅ​រាជធានី​ភ្នំពេញ ចំនួន​១។

​គិត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​ស្តូប​ទាំង ១៧ គឺ​បាន​សាងសង់ និង​ជួសជុល​ឡើង​វិញ​បាន​ចំនួន ១២​ស្តូប និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បាន​ចំនួន ៧​ស្តូប​រួច​ហើយ។ ចំណែក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ខាង​មុខ នឹង​បន្ត​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម ទី​៨ នៅ​ឯ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ចាប់​បាន​ជន​សង្ស័យ​ចាប់​កុមារ​ជំរិត​ទារ​លុយ

$
0
0

កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ស្ត្រី​ម្នាក់ ចាប់​កុមារ​ជំរិត​ទារ​លុយ​ពី​ឪពុក​ម្ដាយ​កុមារ​រងគ្រោះ​ចំនួន ៤​ពាន់​ដុល្លារ។ ដំណឹង​អំពី​ការ​បាត់​ក្មេង​ស្រី​អាយុ ៩​ឆ្នាំ នៅ​សាលា​បឋម​សិក្សា​អង្គ​លំទង ក្នុង​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្រោយ​ពេល​ដែល​កុមារី​ម្នាក់​នោះ​​ចេញ​ទៅ​រៀន​បាត់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា។

កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជូន​ខ្លួន​ស្ត្រី​ជនសង្ស័យ​ចាប់​កុមារ​ជំរិត​ទារ​លុយ​ពី​ឪពុកម្ដាយ​ទៅ​កាន់​ប៉ូលិស​ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​បាន​សាកសួរ​រួច​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ស្នងការ​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ចាប់​បាន​ស្ត្រី​ជា​ជន​សង្ស័យ​មាន​ឈ្មោះ ហេង សុខលី វ័យ​ជិត ៤០​ឆ្នាំ ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​របស់​ឪពុក​កុមារី​រងគ្រោះ ដោយ​បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​ហៅ​កុមារី​ទៅ​ក្នុង​គោលបំណង​ចាប់​ជំរិត​ទារ​លុយ​ចំនួន ៤​ពាន់​ដុល្លារ​ពី​ឪពុក​ម្ដាយ​កុមារ ប៉ុន្តែ​ពុំ​មាន​ធ្វើ​បាប​កុមារ​នោះ​ឡើយ។

លោក​បន្ត​ថា ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ស្ត្រី​រូប​នេះ​បម្រុង​បើក​លុយ​នៅ​កន្លែង​ផ្ទេរ​លុយ​វីង (Wing) នា​ទី​រួម​ខេត្ត​កំពង់ឆ្នាំង៖ «គាត់​រៀបចំ​បើក​ហើយ ប៉ុន្តែ​កម្លាំង​យើង​ក៏​ធ្វើ​ការ​តែម្ដង​ទៅ ព្រោះ​យើង​បាន​ភិនភាគ​មុខ​មាត់ ស្លាកស្នាម​មក​អស់​ហើយ ផ្ទៀងផ្ទាត់​ព័ត៌មាន​ត្រឹមត្រូវ​ហើយ ក៏​ចាប់​តែម្ដង។ ដាក់​លើក​ទី​១ ២​ពាន់​គាត់​ព្រម​ទៅ​បើក​ទេ គាត់​ថា ទាល់​តែ​គ្រប់​បាន​គាត់​ទៅ​បើក លើក​ទី​២ ត​ថ្លៃ​គ្នា​ទៅ​នៅ ១.៥០០ សរុប ៣.៥០០​បាន​ទៅ​បើក ក៏​បង្ក្រាប​បាន​តែម្ដង។ ក្មេង​នោះ​នៅ​ជាមួយ​អ៊ំ​ក៏​វា​មិន​យំ​មិន​អី​ដែរ»

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា កុមារី​ឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ ៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋមសិក្សា​អង្គ​លំទង ក្នុង​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ ស្រុក​គងពិសី បាន​ជិះកង់​ទៅ​រៀន​ចម្ងាយ​ប្រហែល ២​គីឡូម៉ែត្រ​ពី​ផ្ទះ​ទៅ​សាលា​ដូច​សព្វដង ប៉ុន្តែ​បាន​បាត់​ខ្លួន​មិន​វិល​ត្រឡប់​មក​វិញ។ លោក​ស្នងការ​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​បញ្ជូន​កុមារី​ប្រគល់​ឲ្យ​អាណាព្យាបាល​វិញ។

ម្ដាយ​របស់​កុមារី​បាត់​ខ្លួន គឺ​លោកស្រី ភី សោភា ថ្លែង​ថា ក្រុម​គ្រួសារ​មាន​ក្ដី​ត្រេកអរ​ឥតឧបមា​នៅ​ពេល​ទទួល​បាន​ដំណឹង​ថា កូនស្រី​របស់​លោកស្រី​ពុំ​មាន​គ្រោះថ្នាក់ ហើយ​សមត្ថកិច្ច​នាំ​មក​ឲ្យ​ជួប​គ្រួសារ​វិញ៖ «សម្រាប់​ខ្ញុំ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ»

លោកស្រី​បាន​រៀបរាប់​ថា នៅ​ពេល​បាត់​កូន​កាល​ពី​ថ្ងៃ​ទី​២០ កក្កដា មិន​ឃើញ​វិល​មក​ផ្ទះ លោកស្រី​បាន​សាកសួរ​ក្មេងៗ​នៅ​សាលា​ជាមួយ​បាន​ប្រាប់​ភិនភាគ​ស្ត្រី​ម្នាក់ បាន​ប្រើ​ក្មេង​ក្នុង​សាលា​ឲ្យ​ហៅ​កូន​ស្រី​គាត់ ហើយ​បាន​ក៏​នាំ​ចេញ​ទៅ។ បញ្ហា​នេះ​អ្នក​ស្រុក​អ្នក​ភូមិ​បាន​ប្រាប់​ដំណើរ​ទំនង​សង្ស័យ​លើ​ស្ត្រី​​ជា​បងប្អូន​ស្រី​ជីដូន​មួយ​ខាង​ប្ដី​លោកស្រី​ដែល​គេ​ឃើញ​មក​ភូមិ។ បញ្ហា​នេះ​គ្រួសារ​លោកស្រី និង​អាជ្ញាធរ​មូលដ្ឋាន​ប្ដឹង​ប៉ូលិស​ក្រសួង​មហាផ្ទៃ។ ជុំវិញ​ការ​បាត់​នេះ លុះ​បាន ១​ថ្ងៃ ១​យប់ ទើប​ប្ដី​របស់​លោកស្រី​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​ជន​សង្ស័យ​បាន រួច​ហៅ​ទៅ​ទើប​បាន​ជួប​កូនស្រី​របស់​គាត់​ជា​អ្នក​លើក និង​បាន​ប្រាប់​ថា គេ​ចាប់​នាង​ទៅ​ឆ្ងាយ រួច​ជន​សង្ស័យ​បាន​ប្រើ​កូនស្រី​គាត់​ឲ្យ​ហៅ​មក​ម្ដង​ទៀត និង​បញ្ជា​ឲ្យ​ផ្ញើ​លុយ​តាម​វីង ឲ្យ​ជនសង្ស័យ​ចំនួន ៤​ពាន់​ដុល្លារ។ បញ្ហា​នេះ​ទើប​ប៉ូលិស​ឈាន​ទៅ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​​​២​​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទង​នឹង​ការ​​​ផ្សព្វផ្សាយ​រឿង​យន្តហោះ​​រត់​ធ្លាក់​​ផ្លូវ​នៅ​សៀមរាប

$
0
0

អាជ្ញាធរ​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កក្កដា នេះ​បាន​ចាប់​ខ្លួន​មនុស្ស ២​នាក់ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​ហេតុការណ៍​យន្តហោះ​មាន​បញ្ហា​បង្ខំ​ចិត្ត​ចុះ​ចត​ខុស​ផ្លូវ​ដែល​ខុស​ពី​ការពិត។

ការ​ចាប់​ខ្លួន​​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​នៃ​អាកាសចរណ៍​ស៊ីវិល បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​តាម​រក​ប្រភព​នៃ​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​នោះ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

មន្ត្រី​នៃ​អាកាសចរណ៍​ស៊ីវិល​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​នេះ​ថា ជា​ការ​ធ្វើ​វិទ្ធង្សនា​ទៅ​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ដែល​ជា​អំពើ​ល្មើស​ច្បាប់។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រឆាំង​គ្រោង​ស្នើ​ទៅ​រដ្ឋ​សភា​ដើម្បី​សុំ​កែប្រែ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត

$
0
0

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ដែល​គ្រោង​រៀបចំ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ​នេះ គឺ​នៅ​សល់​ពេល​ប្រមាណ​ជាង ១​ខែ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​ចាប់​ផ្ដើម​ហើយ។ បញ្ហា​ពលករ​ចំណាក​ស្រុក​ដែល​​ប្រឈម​នឹង​បាត់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខាង​មុខ​នេះ។

ច្បាប់​បោះឆ្នោត​ថ្មី ដែល​​មិន​អនុញ្ញាត​អោយ​បង្កើត​ការិយាល័យ​នៅ​ក្រៅ​ប្រទេស​ដើម្បី​​ឲ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បាន​នេះ នៅ​តែ​ជា​បញ្ហា​ដែល​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​រវាង​អ្នក​នយោបាយ និង​ស្ថាប័ន​ជំនាញ​រៀបចំ​ការ​បោះឆ្នោត។

ស្រប​ពេល​គណបក្ស​ប្រឆាំង​បញ្ជាក់​​ថា ដើម្បី​អាច​ឲ្យ​មាន​ភស្តុតាង​ខ្លះ​ក្នុង​ការ​ស្នើ​​កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត សម្រាប់​បើក​ផ្លូវ​ឲ្យ​កម្មករ​ចំណាក​ស្រុក​នៅ​បរទេស​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នោះ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​យល់​ឃើញ​ថា ភារៈ​នេះ​គឺ​ជា​បន្ទុក​របស់​សមាជិក​សភា​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ហើយ​ស្ថាប័ន គ.ជ.ប រង់ចាំ​តែ​អនុវត្ត​ប៉ុណ្ណោះ។

យ៉ាង​ណា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​គឺ​លោក សុន ឆ័យ ចាត់​ទុក​ថា តាម​ពិត​ទៅ​កិច្ចការ​ទាំង​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន គ.ជ.ប ទៅ​វិញ​ទេ។ មិន​តែ​ប៉ុណ្ណោះ ថ្វី​បើ​នីតិវិធី​ចង្អុល​បង្ហាញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពុំ​មាន​ភារៈ​ធ្វើ​សេចក្ដី​ស្នើ​ដើម្បី​ដាក់​ឲ្យ​កែប្រែ​ច្បាប់​ក៏​ពិត​មែន ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ អាច​ជូន​ដំណឹង​មក​សភា​ដោយ​បញ្ជាក់​ហេតុផល​សមរម្យ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ ជា​មូលហេតុ​អាច​ឲ្យ​រដ្ឋសភា​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​ការ​កែប្រែ​បាន៖ «យើង​បាន​បញ្ជាក់​ហើយ​ថា គ.ជ.ប គ្មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទេ។ ប៉ុន្តែ គ.ជ.ប មាន​កាតព្វកិច្ច​ធ្វើ​របាយការណ៍​មក​រដ្ឋ​សភា ដើម្បី​យើង​យក​របាយការណ៍​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ស្នើ​ច្បាប់»

លោក សុន ឆ័យ បញ្ជាក់​ជំហរ​ថា សមាជិក​សភា​ពី​ខាង​គណបក្ស​ប្រឆាំង នឹង​រៀបចំ​សេចក្ដី​ស្នើ​ច្បាប់​ទៅ​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​ទោះ​ជា​ដឹង​ថា សេចក្ដី​ស្នើ​នេះ​ប្រហែល​ជា​ត្រូវ​ជួប​ឧបសគ្គ ឬ​អាច​ប្រឈម​នឹង​ភាព​តានតឹង​ខ្លះ​យ៉ាង​ណា​ក៏​ដោយ​ចុះ។

បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​របស់ គ.ជ.ប សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ បង្ហាញ​ថា មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​ក្នុង​បញ្ជី​ថ្មី​មាន​ជាង ៩​លាន​នាក់។ ប៉ុន្តែ​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ គឺ​មាន​តែ​​ជាង ៧​លាន​នាក់​ប៉ុណ្ណោះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស យល់​ឃើញ​ថា តាម​ពិត​ការ​កំណត់​ទិសដៅ​នៃ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​នេះ គឺ​ជា​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ លើស​ពី​នេះ​ទៅ​ទៀត វា​ងាយ​ស្រួល​ទេ ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​នេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង​សម្រាប់​ពលករ​ចំណាកស្រុក​ពិត​មែន ស្ថាប័ន​ គ.ជ.ប ត្រូវ​រៀបចំ​របាយការណ៍​បញ្ជូន​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ​ពី​សម្បទា​ផ្លូវ​ច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ប្រាកដ​ថា​ពលករ​ចំណាក​ស្រុក​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ឆ្នោត​បាន ឬ​មិន​បាន៖ «ទោះ​បី​ច្បាប់​គេ​មិន​និយាយ​បែប​ហ្នឹង​មែន ប៉ុន្តែ​សំខាន់​ជាង​គេ​បញ្ហា​ផ្លូវ​ដើរ​របស់ គ.ជ.ប។ទោះ​បី គ.ជ.ប មិន​មាន​ការ​ស្នើ​សុំ ប៉ុន្តែ គ.ជ.ប អាច​មាន​សិទ្ធិ​ក្នុង​ការ​សរសេរ​របាយការណ៍​អំពី​បញ្ហា​ទុក្ខ​លំបាក​របស់​ខ្លួន»

របាយការណ៍​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ សង់ត្រាល់ (CENTRAL) បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​ពលករ​ចំណាកស្រុក​ដែល​កំពុង​បម្រើការ​នៅ​បរទេស​សរុប​ជិត ២​លាន​នាក់ (១,៨​លាន)។ ពួកគេ​ភាគ​ច្រើន​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដូច​ពលរដ្ឋ​ដែល​ពុំ​ទាន់​គ្រប់​អាយុ និង​អ្នក​ដែល​ជួប​ភាព​ស្មុគស្មាញ​ផ្នែក​ច្បាប់ ហើយ​ពុំ​អាច​បោះឆ្នោត​បាន​ដែរ។

បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា បដិសេធ​ថា បើ​ច្បាប់​ពុំ​មាន​បញ្ញត្តិ​អំពី​សិទ្ធិ​ពលករ​ចំណាកស្រុក​អាច​ចុះ​ឈ្មោះ​បាន​ទេ ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​អាច​អនុវត្ត​លើស​ពី​ដែន​កំណត់​បាន​ឡើយ។ លោក​បន្ត​ថា តាម​ពិត​បញ្ហា​នេះ គឺ​ជា​បន្ទុក​របស់​សមាជិក​សភា ប្រសិន​បើ​យល់​ឃើញ​ថា ត្រូវការ​ជា​ចាំបាច់​បើក​ផ្លូវ​ឲ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដូច​ពលរដ្ឋ​ដទៃ រដ្ឋ​សភា​ត្រូវ​កែប្រែ​ច្បាប់​បោះឆ្នោត​ជា​មុន​សិន៖ «មិន​ត្រូវ​ស្នើ​មក គ.ជ.ប ទេ គ.ជ.ប ចាំ​តែ​អនុវត្ត​តើ! ជា​សមាជិក​សភា​ហើយ​គឺ​ស្នើ​របៀប​ម៉េច​ទៅ​ខាង​រដ្ឋ​សភា​ដើម្បី​ឲ្យ​សភា​ទៅ​នោះ គ.ជ.ប ធ្វើ​តាម​ហើយ»

ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាត្រា​១០ ចែង​ថា ការ​ជ្រើសរើស​ចាប់​ពី​ប្រធាន​រហូត​ដល់​សមាជិក និង​ការ​បណ្ដេញ​ចេញ​ចាប់​ពី​ប្រធាន​រហូត​ដល់​សមាជិក​របស់​ គ.ជ.ប គឺ​ជា​សមត្ថកិច្ច​របស់​រដ្ឋ​សភា។ ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​មាន​កាតព្វកិច្ច​ដោយ​ចៀស​ពុំ​បាន​គឺ​ត្រូវ​​ធ្វើ​របាយការណ៍​ជូន​​ទៅ​រដ្ឋសភា។

ជុំវិញ​គំនិតផ្ដើម​ចង់​កែប្រែ​ច្បាប់​បោះឆ្នោត​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ហាក់​មាន​ការ​អល់អែក​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ជា​គោលការណ៍​ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​មន្ទិល​សៅហ្មង​ចំណុច​ណា​មួយ បក្ស​នយោបាយ​អាច​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​ទៅ​តាម​បែបបទ និង​នីតិវិធី​ដែល​មាន​ស្រាប់៖ «អត់​ទាន់​សម្រេច​យ៉ាង​ណា​ទេ គ្រាន់​តែ​ឮ​ប៉ុណ្ណឹង​យើង​អត់​ទាន់​អាច​សម្រេច​កើត​ទេ។ រង់ចាំ​ហត្ថលេខី​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​តាម​នីតិវិធី ទើប​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ជា​អ្នក​សម្រេច»

អង្គការ​មិនមែន​រដ្ឋាភិបាល ​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត​រិះគន់​ថា កន្លង​ទៅ​មាន​ច្បាប់​មិន​តិច​ទេ​ដែល​មិន​នាំ​ឲ្យ​ចំណេញ​ដល់​ប្រយោជន៍​សាធារណៈ ហើយ​បម្រើ​ឲ្យ​ភាគី​តែ​ម្ខាង រដ្ឋ​សភា​តែង​តាក់តែង និង​អនុម័ត​បាន​យ៉ាង​ឆាប់​រហ័ស ដោយ​មិន​រង់ចាំ​ការ​ពិគ្រោះ​យោបល់ និង​ជជែក​ដេញដោល​ឲ្យ​បាន​ស៊ី​ជម្រៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មួយ​ចំនួន​ទៅ​ចូលរួម​ជាមួយ​បក្ស​របស់​សម្ដេច​ក្រុម​ព្រះ

$
0
0

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ មួយ​ចំនួន បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ។ ការ​សម្រេច​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ចាស់​វិញ​នេះ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តាច់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ឲ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ សព្វ​ព្រះទ័យទទួល​ស្វាគមន៍​អ្នក​ទាំងនោះ ហើយ​បាន​អំពាវនាវ​ឲ្យ​អតីត​កូន​ចៅ​របស់​លោក​ទាំងអស់ វិល​មក​រួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដូច​កាល​ពី​អតីតកាល៖ «ម្សិលមិញ​ហ្នឹង​មាន​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​អី​ហ្នឹង​មួយ​ចំនួន​ដែរ ដង្ហែ​សម្ដេច​ក្រុម​ព្រះ​នៅ​នឹង​វាំង។ ចឹង​ខ្ញុំ​សន្និដ្ឋាន​ថា​ឥឡូវ​នេះ​ជា​បណ្ដើរៗ​ហ្នឹង យើង​ឃើញ​ថា ៧-៨​រូប​ហើយ​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រឡប់​មក​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ»

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ញឹក ប៊ុនឆៃ ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​កាល​ពី​ថ្ងៃ​២២ កក្កដា។

គណបក្ស​ប្រជាជន​កម្ពុជា ផ្តាច់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​បញ្ចប់​មុខ​តំណែង​មន្ត្រី​គណបក្ស​នេះ​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ជាច្រើន​នាក់។

ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចុះ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា បាន​សម្រេច​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​ថា បាន​លួច​ទាក់ទង​ដោយ​សម្ងាត់​តាម​ទូរស័ព្ទ​ជាមួយ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កន្លង​ទៅ ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​បដិសេធ​ថា រឿង​នោះ​ពុំ​មែន​ជា​ការពិត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​លោក ប៉ា ងួនទៀង ជុំវិញ​រឿង​នាយក​រដ្ឋមន្ត្រី​ផ្ដល់​លុយ​បន្ថែម​ទៅ​គ្រួសារ​បណ្ឌិត កែម ឡី

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ដល់​គ្រួសារ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ ប្រាក់​នេះ ត្រូវ​បាន​ប្រគល់​ដល់​ដៃ​ម្តាយ និង​ប្អូន​ប្រុស​លោក​បណ្ឌិត គឺ​លោក កែម រិទ្ធិសិត នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ ជា​កន្លែង​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី។

ការ​ផ្តល់​ប្រាក់ ៥​ម៉ឺន​ដុល្លារ​នេះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ទើប​នឹង​ផ្តល់​ប្រាក់​មួយ​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ចេញ​ថ្លៃ​បបរ​ថ្ងៃ​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​មាន​ការ​រិះគន់​ជុំវិញ​រឿង​នេះ​ច្រើន​ពី​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ ទឹកប្រាក់​លើក​ក្រោយ​នេះ គឺ​ផ្តល់​ជូន​ដើម្បី​យក​ទៅ​សាងសង់​ចេតិយ​ជូន​សព​លោក​បណ្ឌិត កែម ឡី។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ប្រាជ្ញ ចេវ ជាមួយ​លោក ប៉ា ងួនទៀង ជា​នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​ដង្ហែ​សព​លោក​បណ្ឌិត ជុំវិញ​បញ្ហា​នេះ​បន្ថែម​ដូច​ត​ទៅ៖

 

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​សៅ ទី​២១ កក្កដា ប៉ុន្តែ​តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ផ្សាយ​នៅ​សារព័ត៌មាន Fresh News លោក កែម រិទ្ធិសិត បាន​ថ្លែង​អំណរ​គុណ​លោក ហ៊ុន សែន ដែល​បាន​ជួយ​ថវិកា​សម្រាប់​កសាង​ចេតិយ​សព​បង​ប្រុស​របស់​លោក។

លោក ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ភ្លាម​ដែរ​ថា នឹង​ជួយ​ឧបត្ថម្ភ​ថវិកា​ជា​បន្តបន្ទាប់​ទៀត​រហូត​ដំណើរការ​សាងសង់​ចេតិយ​សម្រេច​ជា​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ថា​ពុំ​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​បារម្ភ​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ច្រើន​នៅ​ឡើយ

$
0
0

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា ពុំ​មាន​ខេត្ត-ក្រុង​ណា​មួយ​ត្រូវ​ជន់​លិច​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​ឡើយ បើ​ទោះ​បី​ជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​ក្ដី។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កម្ពុជា កំពុង​ទទួល​រង​សម្ពាធ​ទាប ដែល​នាំ​ឲ្យ​អាកាសធាតុ​អួអាប់ និង​មាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​ខុស​ធម្មតា ដែល​បង្ក​ឡើង​ដោយសារ​កូន​ព្យុះ​តាឡាស (TS TALAS)

ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ កក្កដា មេឃ​ពុំ​សូវ​បើក​ថ្ងៃ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា បញ្ហា​អាកាសធាតុ​បែប​នេះ​មិន​ទាន់​បង្កើត​ឲ្យ​មាន​បញ្ហា​ធំដុំ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ពលរដ្ឋ​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​ដោយសារ​ទឹក​ជំនន់​ឡើយ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា តំបន់​ដែល​ត្រូវ​ជួប​បញ្ហា​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​ជាង​គេ​ដោយសារ​ឥទ្ធិពល​របស់​កូន​ព្យុះ​តាឡាស ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​មាន​តែ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ស្ថិត​នៅ​តាម​មាត់​សមុទ្រ ដូចជា​ខេត្ត​ព្រះសីហនុ កោះកុង និង​ខេត្ត​កំពត ដែល​មាន​ទូក​នេសាទ​បួន​ប្រាំ​គ្រឿង​ត្រូវ​លិច​ដោយសារ​ទឹក​រលក​បោកបក់ និង​ផ្ទះ​ជាង ២០០​ខ្នង ត្រូវ​ខ្យល់​បោក​រលំ។

លោក​បន្ថែម​ថា ចំណែក​ផ្លូវ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ខ្លះ​ដែល​ត្រូវ​ជន់​លិច​ដោយសារ​ទឹកភ្លៀង គឺ​កើត​មាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ត្រូវ​ស្រក​ទៅ​វិញ៖ «អា​ហ្នឹង​វា​ជា​ជំនន់​ទឹកភ្លៀង​ទេ ហើយ​វា​អាច​លិច​ក្នុង​រយៈពេល​ខ្លី ហើយ​ស្រក​ទៅ​វិញ ដូចជា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ និង​វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធំដុំ​ទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​លិច​ស្រែ​មួយ​ចំនួន ដូចជា​នៅ​ក្នុងខេត្ត​ព្រៃវែង តែ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ចេញ​ពីស្រែ​ទាំងអស់​នោះ»

លោក កែវ វី បន្ត​ថា តាម​ការ​ព្យាករ​ដំបូង គឺ​នៅ​ឆ្នាំ​២០១៧ នេះ ទឹក​ទន្លេ​មេគង្គ​ចតុមុខ នឹង​អាច​ឡើង​ដល់​ចំនួន ៩,៨០​ម៉ែត្រ ដែល​ចំនួន​នេះ​មិន​ទាន់​ដល់​កម្រិត​ខ្ពស់​ត្រូវ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រយ័ត្ន​ឡើយ ព្រោះ​ទឹក​ទន្លេ​មេគង្គ​ចតុមុខ​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន គឺ​នៅ​ពេល​ឡើង​ដល់​កម្ពស់ ១០​ម៉ែត្រ​កន្លះ៖ «គេ​ថា​ការ​រងគ្រោះ​ធ្ងន់ធ្ងរ យើង​អត់​ទាន់​មាន​ទេ តែ​បើ​និយាយ​អំពី​ព្យុះ​កើត​ឡើងតាំង​ពីដើម​ឆ្នាំ​២០១៧ គឺ​មានអ្នក​ស្លាប់​ពីរ​បី​នាក់ និង​រង​របួស​សាម​សែសិប​នាក់»

កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​តាម​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ ព្រម​ទាំង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ទាំង​បី​នេះ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​ទន្លេ​ដែល​បន្ត​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ពី ៤ ទៅ ៥​ថ្ងៃ។ ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​ទៀត​ថា កូន​ព្យុះ​ឈ្មោះ តាឡាស (TS TALAS) ដែល​ជា​ព្យុះ​ទី​៤ ប្រចាំ​ឆ្នាំ​២០១៧ នេះ បាន​កើត​ឡើង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​បាន​រំកិល​ខ្លួន​ចូល​ទៅ​ឈូង​សមុទ្រ​តុងកឹង នៃ​ប្រទេស​វៀតណាម រួច​បន្ត​ដំណើរ​ទៅ​ដល់​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា កន្លង​ទៅ​នេះ។ ឥទ្ធិពល​របស់​កូន​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ​នេះ។ ក្រសួង​ធនធាន​ទឹក ក៏​បាន​បញ្ជាក់​ទៀត​ថា តំបន់​ទំនាប​មួយ​ចំនួន​ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេ​មេគង្គ​ខាង​លើ​នៃ​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ចាម អាច​នឹង​ត្រូវ​ជន់​លិច។

ទោះ​ជា​យ៉ាង​ណា លោក កែវ វី មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ កក្កដា ស្ថានភាព​អាកាសធាតុ​បាន​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ឥទ្ធិពល​សម្ពាធ​ទាប​បង្ក​ឡើង​ដោយសារ​កូន​ព្យុះ​តាឡាស ក៏​ចាប់​ផ្ដើម​បន្ថយ​ឥទ្ធិពល​ជិត​អស់​ហើយ​ដែរ។

លោក​ក៏​បញ្ជាក់​ទៀត​ថា បើ​និយាយ​អំពី​បញ្ហា​ខ្យល់​បោកបក់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ នៅ​ឆ្នាំ​២០១៧ នេះ ក៏​នឹង​អាច​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ រីឯ​កម្ពស់​ទឹក​ទន្លេ​ចតុមុខ​ឡើង​ដល់​ចំនួន ៩,៨០​ម៉ែត្រ​ក្នុង​ឆ្នាំ​២០១៧ នេះ ក៏​ជា​អំណោយ​ផល​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ដោះលែង​ពលរដ្ឋ​២៣​នាក់​ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​ឃុំ​ក្បាលរមាស​ខេត្ត​ស្ទឹងត្រែង

$
0
0

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង សម្រេច​ដោះលែង​ជនជាតិ​ដើម​ភាគតិច ២៣​នាក់​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ពួក​គាត់ នៅ​គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ពី​ខែត្រ​មណ្ឌលគិរី ទៅ​ឃុំ​ក្បាលរមាស​ចាស់ កាល​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់។ ការ​សម្រេច​ចិត្ត​ដោះលែង​នេះ ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស។

ជនជាតិ​ដើម​ភាគតិច​ព្នង ចាត់​ទុក​ការ​ឃាត់​ខ្លួន​ពលរដ្ឋ ២៣​នាក់​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​ភាគតិច ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ជនជាតិ​ដើម​ភាគតិច​ព្នង ២៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង ឃាត់​ខ្លួន​នោះ មក​ពី​ខែត្រ​មណ្ឌលគិរី។ លោក​ថា ក្រោយ​ពី​សមត្ថកិច្ច​ដោះលែង ពួក​គាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ខែត្រ​មណ្ឌលគិរី វិញ​ហើយ។ លើស​ពី​នេះ ជនជាតិ​ដើម​ភាគតិច​ទាំងនោះ ស្ម័គ្រ​ចិត្ត​ធ្វើ​ដំណើរ​មក​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ក្នុង​ខែត្រ​ស្ទឹងត្រែង បំណង​ជួយ​កាប់​ឫស្សី​ធ្វើ​ក្បូន​បណ្ដែត​ទឹក​ឲ្យ​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង។

លោក​ចាត់​ទុក​ការ​ឃាត់​នេះ ថា​ជា​ចេតនា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ជួយ​គ្នា​គ្រា​មាន​អាសន្ន ព្រោះ​សហគមន៍​ដែល​បដិសេធ​មិន​ទទួល​សំណង​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ជិត ២០០​គ្រួសារ កំពុង​ប្រឈម​ទឹក​ពន្លិច​ភូមិ ខណៈ​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​អស់​រយៈពេល​ជាង ១​សប្ដាហ៍​មក​ហើយ។ ចំណែក​កម្ពស់​ទឹក​នៅ​តែ​បន្ត​កើន​ឡើង នឹង​អាច​ពន្លិច​ភូមិ​ពួក​គាត់​នៅ​ពេល​ឆាប់ៗ​នេះ ហេតុ​នេះ​អ្នក​ភូមិ​ចង់​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ព្នង មក​ពី​ខែត្រ​នានា​ចូលរួម​ជួយ​គ្នា​កាប់​ឫស្សី​បណ្ដែត​ក្បូន និង​ជួយ​រុះរើ​សម្ភារៈ​នានា​ចេញ មុន​ពេល​ទឹក​លិច​ភូមិ៖ «ព្រោះ​ក្នុង​នាម​ពលរដ្ឋ​កម្ពុជា ទាំងមូល យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ចុះ​ហេតុ​អី ពលរដ្ឋ​មក​ជួយ​ពលរដ្ឋ បែរ​ជា​យើង​ហាមឃាត់​បែប​នេះទៅ​វិញ ដោយ​មិន​មាន​ហេតុផល។ ចឹង​មើល​ទៅ​ហាក់​ដូចជា​គេ​ចង់​ការពារ​ក្រុមហ៊ុន​ច្រើន​គេ​ចង់​សុខ​ទុក្ខ និង​បញ្ហា​ធ្ងន់ធ្ងរ​ដែល​សហគមន៍​ឃុំ​ក្បាលរមាស កំពុង​ជួប​ប្រទះពេល​នេះ»

លោក ឡូ រ៉ង់ បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​គ្រោង​លើក​គ្នា​មក​ឃុំ​ក្បាលរមាស ប្រមាណ​ជិត ១០០​នាក់ មក​ពី​ខែត្រ​ក្រចេះ ព្រះវិហារ ពោធិ៍សាត់ ក្រចេះ រតនគិរី និង​ខែត្រ​មណ្ឌលគិរី បំណង​ជួយ​កាប់​ឫស្សី​ធ្វើ​ក្បូន​បណ្ដែត​ទឹក និង​ជញ្ជូន​សម្ភារៈ​ផ្សេងៗ ជាដើម។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ពលរដ្ឋ​ទាំងនោះ​គ្រាន់​តែ​អប់រំ​ណែនាំ និង​បញ្ជូន​ពួក​គាត់​ទៅ​លំនៅឋាន​វិញ ជៀសវាង​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ ចំណែក​ប្រធាន​ក្រុម​ដឹកនាំ​ពលរដ្ឋ​ឲ្យ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ប៉ះពាល់​សន្តិសុខ សណ្ដាប់ធ្នាប់ សមត្ថកិច្ច​នឹង​ឃាត់​ខ្លួន​អនុវត្ត​ច្បាប់។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំងនោះ ហាក់​មាន​រៀប​ផែនការ​មុន បំណង​រៀបចំ​លំនៅឋាន​ថ្មី​នៅ​តំបន់​នោះ៖ «អត់​អាច​ធ្វើ​ចឹង​បាន​ទេ ព្រោះ​នៅ​ខែត្រ​មិន​ទាន់​បាន​ស្នើសុំ​ជំនួយ​ពលរដ្ឋ​ខែត្រ​ផ្សេង ហើយ​មិន​ទាន់បាន​ធ្វើលិខិត​ផ្លូវកាទំនាក់ទំនង​ការទូត​ណា​មួយ​ទៅ​ថ្នាក់​ដឹកនាំ​ខែត្រ​មណ្ឌលគិរី ដើម្បី​សុំ​ឲ្យ​ចាត់​ពលរដ្ឋ ឬ​កម្លាំង​ណា​មួយ​មក​ជួយ​ធ្វើ​អន្តរាគមន៍​កាប់​ឫស្សី​បណ្ដែត​ក្បូន​អី យើង​អត់​អាច​ធ្វើ​ចឹង​បាន​ទេ។ ចឹង​គឺ​ជា​សកម្មភាព​អនាធិបតេយ្យ​ហើយ​លោក»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​ឆ្លើយតប​ការ​តវ៉ា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​ចូលរួម​ជួយ​គ្នា​របស់​ជនជាតិ​ដើម​ភាគតិច គឺ​ជា​សេរីភាព​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ ក៏ប៉ុន្តែ​បើ​ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន គឺ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លោក​ថា សមត្ថកិច្ច​គួរ​ជជែក​សួរនាំ​ពី​ហេតុផល និង​រក​វិធី​ណា​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ជា​មុន​សិន ជៀសវាង​ឃាត់​ខ្លួន​នាំ​ឲ្យ​រំខាន​ដល់​សកម្មភាព និង​សិទ្ធិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​មើល​ទៅ​ដូច​មិន​មានខុស​ច្បាប់​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​គាត់ សិទ្ធិ​ជួបជុំ ឬ​មួយ​សិទ្ធិ​ដើរ​ហើរ ឬ​មួយ​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​គ្នា អា​ហ្នឹង​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងអស់។ ប្រសិន​អាជ្ញាធរ​ធ្វើ​ចឹង​ដូចជា​បំបិទ​សិទ្ធិ និង​បំបាក់​ស្មារតី​ពលរដ្ឋ»

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​សាងសង់​ទំនប់​ជិត​រួច​រាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​មួយ​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ចំនួន ១២៤​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ ខណៈ​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ធ្វើ​ឲ្យ​កម្ពស់​ទឹក​កើន​ឡើង នឹង​លិចលង់​ភូមិ​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ខេត្ត​រតនគិរី​ស្នើ​អាជ្ញាធរ​ពង្រឹង​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

$
0
0

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក ជួយ​ដោះស្រាយ​កង្វល់​ជាច្រើន​ពាក់ព័ន្ធ​ជីវភាព​រស់នៅ និង​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​មូលដ្ឋាន ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ជីវភាព​ល្អ​ប្រសើរ និង​អភិវឌ្ឍ​មូលដ្ឋាន​បាន​រីក​ចម្រើន។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជាង ១០០​នាក់​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ឯកភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ថា​នឹង​រួម​គ្នា​ពង្រឹង​ភូមិ​ឃុំ​លុបបំបាត់​ភាព​អសកម្ម​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​កាន់​តែ​រីក​ចម្រើន។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​រវាង​ក្រុម​ប្រឹក្សា​ស្រុក​លំផាត់ ជាមួយ​ពលរដ្ឋ​គ្រប់​ភូមិ​ក្នុង​ឃុំ​សេដា កាល​ពី​ថ្ងៃ​ទី​២០ កក្កដា នៅ​សាលា​ប្រជុំ​ភូមិ​សមុទ្រក្រោម ខណៈ​ដែល​ពលរដ្ឋ និង​មន្ត្រី​ភូមិ​ឃុំ​បង្ហាញ​កង្វល់​ពាក់ព័ន្ធ​បញ្ហា​អសកម្ម​ដែល​កំពុង​កើត​មាន​នៅ​តាម​មូលដ្ឋាន។

ប្រជាពលរដ្ឋ​ភូមិ​ណងហៃ លោក សាយ សឿន កត់​សម្គាល់​ថា តម្លៃ​ទីផ្សារ​លក់​ចេញ​កសិផល​របស់​កសិករ​កាន់​តែ​ធ្លាក់​ចុះ ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ប្រឈម​មុខ​ខាតបង់​ប្រាក់​រៀង​រាល់​ឆ្នាំ។ លោក​ថា អាជ្ញាធរ​គួរ​យក​ចិត្ត​ទុក​ដាក់​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ចាត់​វិធានការ​ជួយ​រក​ទីផ្សារ​ធ្វើ​យ៉ាង​ណា​ពង្រឹង​តម្លៃ​លក់​កសិផល​របស់​ពលរដ្ឋ​ឲ្យ​មាន​ស្ថិរភាព​រវាង​តម្លៃ​ដើម និង​តម្លៃ​លក់​ចេញ ទើប​កសិករ​ជៀស​ផុត​ពី​វិបត្តិ​ខ្ចី​ប្រាក់​ធនាគារ​មក​ពង្រឹង​របរ​កសិកម្ម​នេះ៖ «កសិផល​របស់​បង​ប្អូន​ផលិត​បាន​ហើយ រក​ទីផ្សារ​អត់​មាន​តម្លៃ។ ប្រជាជន​ភាគច្រើន​និយាយ​ថាមិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ យើង​ធ្វើ​បានគ្រប់​គ្នា ទីផ្សារ​លើ​ឈ្មួញ​កណ្ដាល គេ​ឲ្យ​តម្លៃ​ប៉ុន្មាន បើ​យើង​មិន​លក់ មិន​ដឹង​យក​ទៅ​លក់​ឯណា»

ចំណែក​ប្រធាន​ភូមិ​កែងសាន់ លោក ញ៉ អង្គួន បង្ហាញ​ថា គ្រូបង្រៀន​ក្នុង​ភូមិ​មិន​បាន​មក​បង្រៀន​សិស្ស​តាម​កាលវិភាគ​កំណត់​នោះ​ទេ។ គ្រូ​មួយ​ចំនួន​រវល់​ធ្វើ​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន ធ្វើ​ឲ្យ​សិស្ស​ទៅ​សាលា ហើយ​គ្មាន​គ្រូ​មក​បង្រៀន។ លោក​កត់​សម្គាល់​ថា ដោយសារ​គ្រូ​អវត្តមាន​ច្រើន ទើប​គុណភាព​សិក្សា​របស់​សិស្ស​មិន​បាន​ប្រសើរ៖ «គ្រូបង្រៀន​មាន​ឈ្មោះ​មែន តែ​អត់​យក​ចិត្ត​ទុក​ដាក់​បង្រៀន មាន​សិស្ស​រៀន​មួយ​រយ​ពីរ​រយ​នាក់​ហើយ នាយក​អត់​បង្រៀន​ទេ ឲ្យ​កូន​ក្មេងកូន​ចៅ​របស់​គាត់​រៀន​ថ្នាក់​ទី​ពីរ​ទី​បី ចូល​បង្រៀន។ ខ្ញុំ​លួច​សួរ​ក្មេងៗ ម៉េច​កូន​ចៅ​អត់​ចេះ​ចំណាំ​ទេ វា​ថា​អត់​ទេ​ប៉ា គេ​សរសេរ​នៅ​លើ​ក្ដារ​តែ​អត់​ប្រាប់​ឲ្យ​ប្រកប​ទេ»

ក្រៅ​ពី​នេះ អ្នក​ភូមិ​ផ្សេង​ទៀត​បាន​លើក​ឡើង​ពី​បញ្ហា​ល្បែង​ស៊ី​សង ក្មេង​ទំនើង បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ កង្វះ​មណ្ឌល​សុខភាព និង​គ្រូពេទ្យ​ពិនិត្យ​សុខភាព​ពលរដ្ឋ និង​ការ​អភិរក្ស​វិស័យ​ទេសចរណ៍​សហគមន៍ ដែល​អ្នក​ភូមិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ។

ឆ្លើយតប​ការ​ស្នើសុំ​របស់​ពលរដ្ឋ អធិការ​រង​នគរបាល​ស្រុក​លំផាត់ លោក ដែន អូដែន ទទួល​ស្គាល់​ថា ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិត​ជា​នៅ​មាន​ចំណុច​ខ្វះខាត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​ករណី​ទាំងអស់​នេះ​បណ្ដាល​មក​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ និង​ការ​មិន​សហការ​ពី​ប្រជាពលរដ្ឋ។ លោក​ថា ការ​កសាង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ល្អ​ប្រសើរ​បាន លុះត្រា​មាន​ការ​ចូលរួម​ទាំង​មន្ត្រី​អាជ្ញាធរ និង​ពលរដ្ឋ ទើប​ការងារ​នេះ​សម្រេច​បាន​លទ្ធផល​ល្អ៖ «មេ​ភូមិ មេ​ឃុំ និង​ប្រជាពលរដ្ឋ សុំ​ឲ្យ​ចូលរួម ប្រជាពលរដ្ឋ​ក៏​មាន​សិទ្ធិ​បង្ក្រាប​ដែរ​ល្បែង​ស៊ី​សង មាន​ដូច​គ្នា»

ដូច​គ្នា​នេះ​ដែរ នាយក​អនុវិទ្យាល័យ សមុទ្រ សេដា លោក យ៊ូសុស អាប់ឌុលការីម កត់​សម្គាល់​ថា នៅ​រដូវ​វស្សា ភាគច្រើន​គ្រូ និង​សិស្ស​អវត្តមាន​ច្រើន ដោយសារ​គ្រូ​ខ្លះ​ត្រូវ​ធ្វើ​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន រីឯ​សិស្ស​មួយ​ចំនួន​ត្រូវ​ជួយ​ធ្វើ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ ទើប​ខកខាន​មិន​មក​បង្រៀន ឬ​សិស្ស​មិន​មក​រៀន។ លោក​ទទួល​ស្គាល់​ថា នេះ​ជា​បញ្ហា​អសកម្ម​ប៉ះពាល់​ការ​សិក្សា​របស់​សិស្ស ក៏ប៉ុន្តែ​ដំណោះស្រាយ គឺ​នៅ​ពេល​វិស្សមកាល​ខាង​មុខ​នេះ សាលា​នឹង​ជំរុញ​ឲ្យ​គ្រូ និង​សិស្ស​មក​រៀន​បំពេញ​កម្មវិធី​សិក្សា​របស់​សិស្ស​ឡើង​វិញ៖ «មាន​គ្រូ​ខ្លះ​អវត្តមាន​ហួសហេតុ​ពេក​ហ្នឹង ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅ​ក្រហាយ​ដែរ។ យើង​អាច​ឆ្លៀត​រដូវ​ធ្វើ​ស្រែចម្ការ តែ​ត្រូវ​ឆ្លៀត​មក​បង្រៀន​ដែរ សុំ​ឲ្យ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»

ចំណែក​មេ​ឃុំ​សេដា លោក អង្គ ប៊ុនធៀង ទទួល​ស្គាល់​ថា កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ដែល​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ជា​បញ្ហា​សំខាន់ ក៏ប៉ុន្តែ​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​ដែល​ថ្នាក់​ជាតិ​បាន​ផ្តល់​ប្រចាំ​ឆ្នាំ ក្រុម​ប្រឹក្សា​ឃុំ​បាន​ដាក់​ផែនការ​ធ្វើ​ផ្លូវ​នៅ​តំបន់​អាទិភាព​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សំខាន់។ លោក​ថា បញ្ហា​មណ្ឌល​សុខភាព និង​ការ​រៀបចំ​ចុះ​បញ្ជី​ដី​សហគមន៍ គឺ​ជា​បញ្ហា​អាទិភាព​ដែល​ក្រុម​ប្រឹក្សា​ឃុំ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ឃុំ ដោះស្រាយ​នា​អាណត្តិ​ជាប់​ឆ្នោត​ថ្មី​នេះ៖ «ធ្វើ​ភូមិនេះ​ហើយ ធ្វើ​ភូមិ​នោះ​ទៀត។ សូម​បង​ប្អូន​អធ្យាស្រ័យ​ផង បញ្ហា​ការ​អភិវឌ្ឍ​ហ្នឹង តែ​លុយ​នៅ​ធនាគារ​ទេ លុយ​មូលនិធិ​ឃុំ​ហ្នឹង​សុំ​យោគយល់»

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រៀបចំ​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​រវាង​មន្ត្រី​មូលដ្ឋាន និង​ពលរដ្ឋ ប្រយោជន៍​ស្វែងរក​ដំណោះស្រាយ​វិជ្ជមាន​ឆ្លើយតប​ទៅ​នឹង​កង្វល់ និង​ផល​លំបាក​ដែល​កើត​មាន​ចំពោះ​ពលរដ្ឋ​នៅ​គ្រប់​ឃុំ-សង្កាត់ ដែល​ជា​ផ្នែក​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​លទ្ធផល​វិជ្ជមាន។

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​សេដា ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន ភាព​អសកម្ម​ដែល​កើត​មាន​ក្នុង​ឃុំ​មាន ៣៨​ករណី និង​មាន​មនុស្ស​ម្នាក់​ស្លាប់ ក្នុង​នោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​បី​ករណី លួច​ក្របី ២​ករណី លួច​ទ្រព្យ​សម្បត្តិ​មួយ​ករណី និង​បញ្ហា​ក្មេង​ទំនើង ៣០​ករណី។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ ថ្លែង​ថា អាជ្ញាធរ​ត្រូវ​បំពេញ​តួនាទី​ជា​អ្នក​បម្រើ​រាស្ត្រ​ឲ្យ​បាន​ពេញលេញ ជាពិសេស​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​រៀបចំ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ សហការ​ជាមួយ​អាជ្ញាធរ រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន​រស់នៅ​របស់​ពលរដ្ឋ​បាន​កាន់​តែ​រីក​ចម្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះមហាក្សត្រ​យាង​ទៅ​ចិន​ខណៈ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ថ្មី​គ្រោង​បញ្ជូន​ទៅ​វាំង

$
0
0

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​នៅ​ពេល​នេះ អាច​មាន​ហេតុផល​នយោបាយ ច្រើន​ជាង​ការ​ពិនិត្យ​ព្រះរាជ​សុខភាព។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ សព្វ​ព្រះរាជ​ហឫទ័យ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស ជុំវិញ​រឿង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​ទើប​អនុម័ត និង​ពិនិត្យ​ចប់​សព្វគ្រប់​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ការ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ អាច​ដោយសារ​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ និង​មិន​ចង់​ឡាយ​ព្រះហស្តលេខា​ដាក់​ឲ្យ​ប្រើ​ច្បាប់​ថ្មី ដែល​មជ្ឈដ្ឋាន​នានា​ចាត់​ទុក​ថា​ជា​ច្បាប់​មិន​បម្រើ​ផល​ប្រយោជន៍​ជាតិ តែ​បម្រើ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច។

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង យល់​ឃើញ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ អាច​ដោយសារ​ទ្រង់​ស្មុគស្មាញ​ក្នុង​ព្រះ​ហឫទ័យ​ជុំវិញ​ការ​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ថ្មី ដែល​គ្រោង​នឹង​បញ្ជូន​មក​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៖ «ខ្ញុំ​ថា​មិន​មែន​រឿង​សុខភាព លោក​ឈឺ​អី​ញយៗ​ម្ល៉េះ! សូម​ជម្រាប​ជូនបង​ប្អូន​ថា ព្រះបាទ សីហមុនី មិន​ងាយ​ឈឺ​ទេ។ លោក​សោយ​ប្រយ័ត្នប្រយែង​ណាស់។ លោក​កាន់​សីលទៅ​ទៀត។ អត់​ទេ! មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​មើល​ឃើញ​ថា លោក​មិន​ចង់​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ថ្មី​ហ្នឹង។ ប្រហែល​ជា​ស្មុគស្មាញ​ពេក ទើប​ព្រះអង្គ​យាង​ចេញ​ទៅ ទុក​ឲ្យ​លោក សាយ ឈុំ ចុះ​ហត្ថលេខាវិញ»

ចំណែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី វិញ​គិត​ថា ការ​យាង​ចេញ​ទៅ​ប្រទេស​ចិន របស់​អង្គ​ព្រះមហាក្សត្រ​នៅ​គ្រា​នេះ អាច​ដោយសារ​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ ច្រើន​ជាង​ការ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព។ លោក​សង្កេត​ឃើញ​ថា នេះ​អាច​ជា​ទម្លាប់​របស់​ព្រះមហាក្សត្រ ព្រោះ​សូម្បី​តែ​បិតា​របស់​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក៏​ព្រះអង្គ​តែង​យាង​ចេញ​ទៅ​បរទេស​ដែរ នៅ​ពេល​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ​ចំពោះ​រាជកិច្ច​ណា​ដែល​ទ្រង់​ព្រះ​តម្រិះ​ថា ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ៖ «នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រព័ន្ធ​តុលាការមិន​មាន​ឯករាជ្យ ច្បាប់​ហ្នឹង​អាច​នឹងនាំ​ទៅ​រកការ​បាក់​បែក ឬ​ឈាន​ទៅ​ដល់ការ​បាត់បង់ការ​ឯកភាព​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខបើ​សិន​ជា​ច្បាប់​នេះ​ប៉ះពាល់​ដល់​ឯកភាព​ជាតិ​មែន ហើយ​ព្រះអង្គ​មិន​ឡាយ​ព្រះហស្តលេខា នោះ​មាន​ន័យ​ថា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​របស់​ទ្រង់​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ំ ដារ៉ាវុធ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ដំណើរ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​អង្គ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​នៅ​ប្រទេស​ចិន នា​ពេល​នេះ។

កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា កន្លង​ទៅ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​កុំ​ឲ្យ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ប្រជុំ​អនុម័ត និង​ពិនិត្យ​ចប់​សព្វគ្រប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ ថា​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធ្វើ​ឲ្យ​ជាតិ​បែកបាក់ ព្រម​ទាំង​មាន​ចរិត​នយោបាយ​គាប​សង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​មិន​សេរី និង​មិន​យុត្តិធម៌ ហើយ​ជាពិសេស​វា​ដើរ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទៀត​ផង ដែល​ព្រះអង្គ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ។

ការ​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​តានតឹង​នេះ បាន​កើត​ឡើង​ម្តង​រួច​មក​ហើយ​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ។

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​លើក​ទី​មួយ ដែល​ចែង​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា​ជា​ច្បាប់​សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង និង​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ក៏ប៉ុន្តែ​វា​ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ឯកភាព​លើ​ខ្លឹមសារ​ទាំងស្រុង​ដោយ​គ្មាន​ការ​កែប្រែ។ តាម​គម្រោង​នៅ​ពេល​នោះ ច្បាប់​នេះ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា ក៏ប៉ុន្តែ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ចេញ​ទៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ដដែល​នោះ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ក្នុង​នាម​លោក​ជា​ប្រមុខ​រដ្ឋ​ស្តីទី ជំនួស​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន។

បច្ចុប្បន្ន​នេះ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ដែល​រារាំង​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សាធម្មនុញ្ញ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​កំពុង​រង់ចាំ​ការ​ពិនិត្យ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ រួច​នឹង​បញ្ជូន​ទៅ​ស្ថាប័ន​ព្រះមហាក្សត្រ​ភ្លាមៗ​តែ​ម្តង ដោយសារ​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ជា​ការ​ប្រញាប់។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ​បញ្ជាក់​ថា ទោះ​បី​ជា​មិន​មាន​វត្តមាន​របស់​ព្រះមហាក្សត្រ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែរ បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្តីទី គឺ​លោក សាយ ឈុំ ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​២​នាក់​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​រឿង​យន្តហោះ​ធ្លាក់​ត្រូវ​បាន​ដោះលែង

$
0
0

ប៉ូលិស​នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប យល់​ថា យុវជន​ម្នាក់ និង​យុវនារី​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ជុំវិញ​រឿង​យន្តហោះ​ចុះ​ចត​ធ្លាក់​ផ្លូវ​នោះ គឺ​មិន​មាន​កំហុស​អ្វី​ធំដុំ​គួរ​ឲ្យ​មាន​ទោស​ទេ។

បន្ទាប់​ពី​ប៉ូលិស​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​មក​សាកសួរ​រយៈពេល​ជិត ២០​ម៉ោង​មក គឺ​ប៉ូលិស​បាន​អប់រំ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងនោះ​ឈប់​បង្ហោះ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​ប៉ុណ្ណោះ។

ប៉ូលិស​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​សម្រេច​ដោះលែង​យុវជន​ម្នាក់​ឈ្មោះ ផាវ សុជុំ ជា​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​នៃ​ក្រុមហ៊ុន​ស្កាយ​អង្គរ អែរឡាញ (Sky Angkor Airline) វិញ​ហើយ កាល​ពី​វេលា​ម៉ោង​ជាង ១​រសៀល​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា។

ប្រធាន​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប គឺ​លោក ភឹង សម្បត្តិ។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ថា ក្រោយ​ពី​សាកសួរ​យុវជន​ឈ្មោះ ផាវ សុជុំ អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ត្រយ៉ង ស្រុក​ពួក អស់​រយៈពេល​ជិត ២០​ម៉ោង​មក​ឃើញ​ថា ឈ្មោះ​នោះ​គឺ​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត ជុំវិញ​រឿង​ដែល​ថា​មាន​យន្តហោះ​ចុះ​ចត​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​សៀមរាប ដោយ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​សាធារណៈ​នោះ​មែន។

ទោះ​យ៉ាង​ណា លោក ភឹង សម្បត្តិ យល់​ថា យុវជន​នោះ​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ឡើយ។ ប៉ូលិស​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ធ្វើ​ការ​អប់រំ​យុវជន​នោះ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ប៉ុណ្ណោះ រួច​ហើយ​ត្រូវ​ដោះលែង​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ៖ «បន្ទាប់​ពី​យើង​សាកសួរ ទាំង​អ្នក​បង្ហោះ ទាំង​អ្នក​ដែល​យើង​អញ្ជើញ​មក​សាកសួរ​បំភ្លឺ​បន្ថែម​ហ្នឹង ឃើញ​ថា​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​នោះ​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​ទេ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ប៉ូលិស​អះអាង​ថា គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខ្លះ​ទៀត​ដែល​បាន​ផ្សព្វផ្សាយ​បន្ត​ជុំវិញ​ព័ត៌មាន​រឿង​ធ្លាក់​យន្តហោះ​នោះ​រួច​ខ្លួន​ឡើយ គឺ​សមត្ថកិច្ច​នឹង​បន្ត​តាម​រក​អ្នក​ផ្សេងៗ​ទៀត​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​រឿង​មិន​ពិត​នោះ​ដូច​គ្នា​ដែរ។

កាល​ពី​ម៉ោង ៥ និង ៣០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​យុវជន​ឈ្មោះ ផាវ សុជុំ ជា​អ្នក​បម្រើ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន ស្កាយ អង្គរ អែរឡាញ (Sky Angkor Airline) បន្ទាប់​ពី​គណនី​បណ្ដាញ​សង្គម​របស់​គាត់ បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​រឿង​ថា មាន​យន្តហោះ​មួយ​គ្រឿង​ចុះ​ចត​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​សៀមរាប ធ្វើ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់។ បន្ទាប់​គ្នា​នេះ ប៉ូលិស​ក៏​បាន​នាំ​ខ្លួន​កញ្ញា​ម្នាក់​ទៀត​ឈ្មោះ ពន្លឺ សោភា អាយុ ២១​ឆ្នាំ នៅ​ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម ជា​បុគ្គលិក​បម្រើ​នៅ​លើ​យន្តហោះ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ដែល​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដូច​គ្នា មក​សាកសួរ​ដែរ ប៉ុន្តែ​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​តែ​នាង​គ្មាន​កំហុស។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា ប្រធាន​អាកាសចរណ៍​ស៊ីវិល​ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប លោក ប៊ុន រដ្ឋា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​តាម​បណ្ដាញ​សង្គម ជុំវិញ​រឿង​យន្តហោះ​ធ្លាក់​នៅ​ខេត្ត​សៀមរាប នោះ។ លោក ប៊ុន រដ្ឋា បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​រឿង​យន្តហោះ​ធ្លាក់​នៅ​ខេត្ត​សៀមរាប នោះ គឺ​ជា​អំពើ​វិទ្ធង្សនា​ទៅ​លើ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា៖ «អា​ហ្នឹង​បើ​យោង​ទៅ​លើ​ច្បាប់​អាកាសចរណ៍​ស៊ីវិល គឺ​អ្នក​ដែល​ធ្វើ​វិទ្ធង្សនា​ទៅ​លើ​វិស័យ​អាកាសចរណ៍ ត្រូវ​មាន​ទោស»

ចំណែក​យុវជន ផាវ សុជុំ មាន​ប្រសាសន៍​ថា រូប​គាត់​ពិត​ជា​បាន​ចែក​ផ្សាយ​បន្ត​នូវ​រូបភាព​យន្តហោះ ១​គ្រឿង ដែល​បាន​ធ្លាក់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ទៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​អធិប្បាយ​ហេតុការណ៍​នោះ​ថា កើត​ឡើង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប មែន។ យុវជន​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​ចែក​រំលែក​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ហើយ​អធិប្បាយ​ច្រឡំ​ថា​ជា​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ខេត្ត​សៀមរាប នោះ ដោយសារ​តែ​រូប​គាត់​កំពុង​បើក​ឡាន ពេល​ឃើញ​រូប​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ហ្វេសប៊ុក ហើយ​មិន​បាន​អាន​អត្ថបទ​ឲ្យ​ច្បាស់លាស់ ក៏​យល់​ថា​ទេសភាព​កន្លែង​យន្តហោះ​ធ្លាក់​នោះ​ដូចជា​នៅ​ខេត្ត​សៀមរាប ក៏​អធិប្បាយ​ខុស​តែ​ម្ដង។

លោក ផាវ សុជុំ មាន​ការ​សោកស្ដាយ​ដោយ​លោក​មិន​នឹក​ស្មាន​ថា ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​គាត់ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ដូច្នេះ​ទេ៖ «ពេល​មួយ​ភ្លែត​បន្ទាប់​ពី​ខ្ញុំ Post ហើយ​បាន​ប្រហែល​ជា ១០​នាទី ឃើញ​ចំនួន​អ្នក Share ប្រហែល​ជាង .០០០​នាក់Page ស្ករ​ស្នេហ៍​ខ្ញុំ​មើល​ទៅ​ខ្ញុំ​ស្រឡាំងកាំង​តែ​ម្ដង»

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប៉ូលិស​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​អ្នក​លេង​បណ្ដាញ​សង្គម​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។

ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​គាំទ្រ​ទៅ​លើ​ចំណាត់ការ​ប៉ូលិស​ខេត្ត​សៀមរាប ដែល​ចាប់​ខ្លួន​អ្នក​លេង​បណ្ដាញ​សង្គម​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជាច្រើន ធ្វើ​ឲ្យ​សង្គម​ចាប់​ផ្ដើម​ពុល មិន​ដឹង​ថា​អ្វី​ជា​រឿង​ពិត និង​អ្វី​មិន​ពិត​ទេ។ លោក ប៉ែន បូណា បញ្ជាក់​ថា រយៈពេល​ជាច្រើន​ខែ​ចុង​ក្រោយ​នេះ លោក​សម្គាល់​ឃើញ​ថា ម្ចាស់​ហ្វេសប៊ុក​ជាច្រើន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ច្រើន ធ្វើ​ឲ្យ​អារម្មណ៍​របស់​ពលរដ្ឋ​ជាច្រើន​វិលវល់ មិន​យល់​ដឹង​អំពី​បញ្ហា​សង្គម​ពិតប្រាកដ៖ «ព័ត៌មាន​ខ្លះ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ផង អ៊ីចឹង​ខ្ញុំ​សូម​ឲ្យអ្នក​លេងហ្វេសប៊ុក​ទាំងអស់​សូម​ប្រយ័ត្ន​ទៅ​លើការ​ប្រើប្រាស់សេរីភាព​នៅ​តាម​បណ្ដាញ​សង្គម»

បន្ថែម​លើ​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​អំពាវនាវ​ដល់​អ្នក​កាសែត​អាជីព​ទាំងអស់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិជ្ជាជីវៈ ក៏​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដែល​ឃើញ​ព័ត៌មាន​ណា​មួយ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បើ​មិន​ច្បាស់លាស់​ទេ គឺ​មិន​ត្រូវ​ចុច Like ឬ​ក៏ Share ទេ ប្រសិន​បើ​អ្នក​កាសែត​ខ្លួន​ឯង​មិន​បាន​ផ្ទៀងផ្ទាត់​ប្រភព​ឲ្យ​បាន​ច្បាស់លាស់​ទេ។

ចំពោះ​យុវជន​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៃ​រូប​យន្តហោះ​ធ្លាក់​នោះ ថ្វីត្បិតតែ​មិន​ទទួល​រង​ការ​ពិន័យ​ពី​អាជ្ញាធរ​របស់​រដ្ឋ ប៉ុន្តែ​គេ​នៅ​មិន​ប្រាកដ​ថា តើ​ក្រុមហ៊ុន​ដែល​រូប​គាត់​បម្រើ​ការ​នោះ មាន​ប្រតិកម្ម​យ៉ាង​ណា​ឡើយ​បន្ទាប់​ពី​ប៉ូលិស​ដោះលែង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ស្នើ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ

$
0
0

អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ លើក​ឡើង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​ខ្វះ​ការ​លើក​ទឹក​ចិត្ត ខ្វះ​ថវិកា​ចំពោះ​ការងារ​ស្រាវជ្រាវ ជាដើម។ ពួក​គាត់​យល់​ថា ប្រសិន​បើ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ទេ ការ​បោះ​ជំហាន​លើ​វិស័យ​ស្រាវជ្រាវ​របស់​ខ្មែរ នឹង​មិន​អាច​ទៅ​មុខ​បាន​ដោយ​ប្រសើរ​ឡើយ បើ​ទោះ​បី​កម្ពុជា មាន​ក្រុម​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​ប្រកប​ដោយ​សក្ដានុពល​យ៉ាង​ណា​ក៏ដោយ។

អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ ព្រម​ទាំង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​គិតគូរ​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ ទាំង​កិច្ចការ​ស្រាវជ្រាវ និង​ជីវភាព​រស់នៅ​របស់​ពួក​គេ​ឲ្យ​បាន​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​រួម​ចំណែក​ដល់​សង្គម​ជាតិ។

សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​សាស្ត្រ និង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា មាន​ប្រសាសន៍​ថា អាច​ដោយសារ​តែ​ប្រទេស​កម្ពុជា ទើប​ងើប​ផុត​ពី​សង្គ្រាម ទើប​បាន​ការងារ​ស្រាវជ្រាវ​នៅ​មិន​ទាន់​មាន​អ្នក​ផ្តល់​តម្លៃ ឬ​លើក​ទឹក​ចិត្ត។ បន្ថែម​ពី​នេះ កន្លង​ទៅ ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មិន​ទាន់​មាន​កញ្ចប់​ថវិកា​ណា​មួយ​ច្បាស់លាស់​សម្រាប់​បោះ​ទុន​ទៅ​លើ​ការងារ​ស្រាវជ្រាវ និង​ជីវិត​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ទេ។

លោក​បញ្ជាក់​ថា ទើប​តែ​នៅ​ឆ្នាំ​២០១៧ ខាង​ក្រសួង​អប់រំ បាន​ផ្តល់​កញ្ចប់​ថវិកា​មួយ​ចំនួន​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើ​គម្រោង​ស្រាវជ្រាវ​ផ្សេងៗ ហើយ​សាស្ត្រាចារ្យ​មួយ​ចំនួន​ក៏​បាន​សរសេរ​គម្រោង​ស្នើសុំ​ថវិកា​ទាំងនោះ​សម្រាប់​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន។ សាស្ត្រាចារ្យ​ដដែល​មើល​ឃើញ​ថា ជា​ជំហាន​ចាប់​ផ្ដើម​មួយ​គួរ​ឲ្យ​មាន​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត៖ «ប៉ុន្តែ​យើង​ត្រូវ​ចងចាំ​ថា ផល​ប្រយោជន៍​ជា​លុយកាក់​ដែល​បាន​មក​ពីការ​ស្រាវជ្រាវ មិន​អាច​យក​ទៅ​ចិញ្ចឹម​ជីវិត​ឲ្យ​រស់នៅ​បាន​ស្រួល​ទេអា​ហ្នឹង​ជា​រឿង​ពិត នៅ​ស្រុក​ណា​ក៏ដោយ»

ទាក់ទង​ការងារ និង​ជីវិត​អ្នក​ស្រាវជ្រាវ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា អ្នក​សិក្សា​ស្រាវជ្រាវ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជាច្រើន​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ជនជាតិ​អាមេរិកាំង​ម្នាក់ គឺ​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី (Michael Vickery) បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​ជាង ៨០​ឆ្នាំ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង នៅ​ផ្ទះ​អតីត​ប្អូន​ថ្លៃ​របស់​លោក។ ជីវិត​ចុង​ក្រោយ​របស់​លោក គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ ក្រៅ​តែ​ពី​ស្នាដៃ​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​បន្សល់​ទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ប្រហែល​ដោយសារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​ឲ្យ​តម្លៃ​ដល់​អ្នក​ស្រាវជ្រាវ​នេះ​ហើយ ទើប​ជីវិត​ចុង​ក្រោយ​របស់​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី ត្រូវ​រស់នៅ​តោកយ៉ាក សូម្បី​តែ​ពេល​ធ្វើ​ដំណើរ​ពី​ស្រុក​ថៃ មក​កាន់​ប្រទេស​កម្ពុជា ពីរ​ខែ​មុន​ពេល​លោក​ស្លាប់ គឺ​នៅ​ពេល​លោក​ចុះ​ពី​យន្តហោះ នៅ​សល់​លុយ​ប្រមាណ ១​ម៉ឺន​រៀល​ក្នុង​ខ្លួន​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​មន្ត្រី​អន្តោប្រវេសន៍​ឃាត់​លោក ព្រោះ​តែ​មិន​មាន​ប្រាក់​សម្រាប់​បង់​ថ្លៃ​វីសា (Visa)

មិន​មែន​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​ប្រាថ្នា​សុំ​ឲ្យ​ស្លាប់​នៅ​លើ​ទឹកដី​ខ្មែរ។ ជា​ជនជាតិ​អាមេរិកាំង ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​រស់នៅ និង​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​ប្រទេស​កម្ពុជា។ ស្នាដៃ​ទាំងនោះ សម្រាប់​ក្មេង​ជំនាន់​ក្រោយ បាន​ជា​គំនិត​សម្រាប់​គិត​ពិចារណា​លើ​ផ្នែក​ស្រាវជ្រាវ​របស់​ខ្លួន​បន្ថែម​ទៀត។ អត្ថបទ​របស់​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិកាំង​រូប​នេះ មិន​ត្រឹម​តែ​ជួយ​ជា​ប្រភព​សំខាន់​មួយ​សម្រាប់​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​សំខាន់​មួយ​ដែល​នាំ​ឲ្យ​បរទេស​ជាច្រើន​បាន​ស្គាល់​អំពី​វប្បធម៌ អរិយធម៌​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ស្នាដៃ​របស់​លោក។ ការ​បាត់បង់​ជីវិត​របស់​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​ខ្មែរ​មួយ​ចំនួន​យល់​ថា ជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដ៏​សំខាន់។

លោក វង់ សុធារ៉ា បញ្ជាក់​ថា លក្ខណៈ​ពិសេស​របស់​លោក ម៉ៃឃើល វិកឃើរី គឺ​លោក​ចេះ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់ ពិសេស​ចេះ​អាន​សិលាចារឹក​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​ថ្មី​ទៀត​ផង។ លោក​ថា ស្នាដៃ​របស់​គាត់​ចំពោះ​ប្រទេស​កម្ពុជា ដូចជា​ការ​និពន្ធ​សៀវភៅ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោយ​សម័យ​អង្គរ សៀវភៅ​និយាយ​អំពី​ប្រទេស​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៨២។ បន្ថែម​ពី​នេះ សៀវភៅ​និយាយ​អំពី​នយោបាយ សេដ្ឋកិច្ច និង​សង្គម​មុន​សម័យ​អង្គរ សតវត្ស​ទី​៧ និង​ទី​៨ ព្រម​ទាំង​ស្នាដៃ​ជាច្រើន​ផ្សេង​ទៀត។

ប្រធាន​មូលនិធិ​កេរ​ដំណែល​ខ្មែរ បណ្ឌិត ចិន្ត ច័ន្ទរតនា បាន​លើក​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ថា​អ្វី​ដែល​ក្តី​កង្វល់​សម្រាប់​អ្នក​ស្រាវជ្រាវ​ជាតិ​នា​ពេល​បច្ចុប្បន្ន គឺ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​ផ្តល់​តម្លៃ​ដល់​អ្នក​ស្រាវជ្រាវ​ជាតិ ព្រម​ទាំង​ខ្វះ​ថវិកា​សម្រាប់​ការងារ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ចូលរួម​ក្នុង​គម្រោង​ស្រាវជ្រាវ កង្វះ​មូលនិធិ​ជាតិ​ទ្រទ្រង់​ការ​ស្រាវជ្រាវ ម្យ៉ាង​ធនធាន​មនុស្ស​មិន​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ជាដើម។

លោក​ស្នើ​ប្រមុខ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ពិនិត្យ​ចំណុច​ទាំងនេះ​ដើម្បី​លើក​ទឹក​ចិត្ត និង​ជំរុញ​អ្នក​ស្រាវជ្រាវ​ជាតិ​ចូលរួម​ក្នុង​សកម្មភាព​របស់​ខ្លួន​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា ការងារ​ស្រាវជ្រាវ​នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ គឺ​មាន​កញ្ចប់​ថវិកា​សម្រាប់​ទ្រទ្រង់​ការ​ស្រាវជ្រាវ​ទាំងនោះ។ ចំណែក​ការ​ស្រាវជ្រាវ​លក្ខណៈ​ឯកជន ខាង​ក្រសួង​មិន​មាន​កញ្ចប់​ថវិកា​ផ្តល់​ជូន​ទេ ប៉ុន្តែ​ក្រសួង​ចូលរួម​លើក​ទឹក​ចិត្ត​តាម​រយៈ​រៀបចំ​កម្មវិធី​ផ្សេងៗ ដូចជា​តាំង​ពិព័រណ៍​សៀវភៅ ឬ​បង្កើត​ជា​ទិវា​អំណាន ដើម្បី​រក​ទីផ្សារ​សម្រាប់​ពួក​គាត់។ លើស​ពី​នេះ បើក​ទូលាយ​ដល់​ពួក​គេ​អាច​ស្វែងរក​ស្ថាប័ន​ដៃគូ​ដើម្បី​ឧបត្ថម្ភ​ដល់​ការងារ​របស់​ខ្លួន។ មួយ​បែប​ទៀត ក្រសួង​បើក​ទូលាយ​ដល់​ការ​បង្ហាញ​ស្នាដៃ​ស្រាវជ្រាវ​របស់​ពួក​គេ​ទៅ​កាន់​សាធារណជន ជាដើម៖ «អ៊ីចឹង​ទេ​ជា​ការ​បើក​ទូលាយ​ដល់​អ្នក​ស្រាវជ្រាវទាំងឡាយ​មាន​ឱកាសបញ្ចេញ​ស្នាដៃ បញ្ចេញ​ជា​ផលិតផល មាន​ន័យ​ថា​បញ្ចេញ​សៀវភៅ​ជា​អត្ថបទ​ដែល​គាត​ស្រាវជ្រាវ​បាន»

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី កត់​សម្គាល់​ថា អ្នក​ស្រាវជ្រាវ​មាន​ពីរ​ប្រភេទ។ ប្រភេទ​ទី​មួយ គឺ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ដែល​អាច​ផ្តល់​ព័ត៌មាន​យុត្តិធម៌​គ្មាន​ភាព​លម្អៀង និង​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ផ្តល់​ព័ត៌មាន​សម្រាប់​អ្នក​នយោបាយ​ណា​មួយ។ លោក​ថា ប្រសិន​បើ​ក្រុម​អ្នក​ស្រាវជ្រាវ​សម្រាប់​អ្នក​នយោបាយ គឺ​គេ​មិន​ខ្វះ​ទេ​ថវិកា​សម្រាប់​ធ្វើ​ការងារ​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​វិញ វាសនា​របស់​គាត់​ចុង​ក្រោយ​ក៏​មិន​ខុស​ពី​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី ដែរ។ ម្យ៉ាង ទទួល​ការ​រើសអើង​ពី​អ្នក​នយោបាយ និង​ត្រូវ​លាប​ពណ៌​ថែម​ទៀត​ផង៖ «អ៊ីចឹង​ការ​ខ្វះខាត​លើ​ការ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​មួយ ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​ហ្នឹង​ទទួល​ព័ត៌មាន​អត់​ពិត»

បណ្ឌិត មាស នី យល់​ថា ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ​ពិតប្រាកដ គប្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ ហើយ​ផែនការ​អភិវឌ្ឍន៍​ត្រូវ​ប្រើ​របាយការណ៍​ស្រាវជ្រាវ​ជាក់លាក់ ជាជាង​ប្រើ​របាយការណ៍​តាម​ខ្សែ​បណ្តោយ ដែល​ធ្វើ​ឲ្យ​ការងារ​អភិវឌ្ឍន៍​ជាតិ​មិន​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​បញ្ជាក់​ជំហរ​ជុំវិញ​ករណី​មន្ត្រី​បក្ស​ទៅ​ចូលរួម​ជាមួយ​ហ៊្វុនស៊ិនប៉ិច

$
0
0

មនុស្ស​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បញ្ជាក់​ថា រយៈពេល ៣​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​ការ​បកស្រាយ​ច្បាស់លាស់​ជុំវិញ​ជំហរ​របស់​គណបក្ស​ក្រោយ​ពី​មាន​សមាជិក​ជាន់​ខ្ពស់​ជាច្រើន​រូប​បាន​សម្រេច​ដើរ​ចេញ​ពី​បក្ស និង​វិល​ត្រឡប់​ទៅ​រួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ វិញ។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បញ្ជាក់​ថា គណបក្ស​ខ្លួន​រីករាយ និង​ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មន្ត្រី​បក្ស​ទាំងនោះ។

មក​ដល់​ពេល​នេះ ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថា​គណបក្ស​នេះ​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ទៀត បន្ទាប់​ពី​មាន​សមាជិក​ជាន់​ខ្ពស់​របស់​លោក​ជាច្រើន​រូប បាន​សម្រេច​ទៅ​រួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ចាស់ ដែល​លោក​ធ្លាប់​ជ្រកកោន​អស់​រយៈពេល​រាប់​ទសវត្សរ៍ គឺ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។

រីឯ​ជំនួយការ​ផ្ទាល់​របស់​លោក ញឹក ប៊ុនឆៃ គឺ​លោក ម៉ៅ សុផាន់ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា លោក​សុំ​ពេល​ចំនួន ៣​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​វិវឌ្ឍន៍​ទៅ​មុខ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បន្ទាប់​ពី​មាន​សមាជិក​ចំនួន ២៣​រូប​ដែល​ពី​មុន​សុទ្ធតែ​មាន​តំណែង​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ បាន​ដើរ​ចេញ​ពី​បក្ស​ជា​បន្តបន្ទាប់ និង​អ្នក​ខ្លះ​បាន​ទៅ​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច«សុំ​ពេល​យ៉ាង​យូរ​ពីរ​បី​ថ្ងៃ ដើម្បី​ឆ្លើយ​បំភ្លឺ​ថ្នាក់​ដឹកនាំ សកម្មជន និង​ដំណើរ​វិវឌ្ឍន៍​របស់​គណបក្ស​យ៉ាង​ណា»

បន្ទាប់​ពី​មាន​ពាក្យ​លេចឮ​ថា​លោក ញឹក ប៊ុនឆៃ បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជា​សម្ងាត់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ស្រាប់​តែ​ព្រះមហាក្សត្រ​បាន​ត្រាស់​បញ្ចប់​មុខ​តំណែង​របស់​លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ហើយ​បើ​គិត​មក​ដល់​ពេល​នេះ មន្ត្រី​របស់​លោក ញឹក ប៊ុនឆៃ សរុប​ជិត ២០​នាក់​ហើយ​ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​តំណែង​ជា​បន្តបន្ទាប់​ដែរ។ ក៏ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​បដិសេធ​ជាច្រើន​ដង​ពី​ព័ត៌មាន​សម្ងាត់ ដែល​ថា​លោក​ទាក់ទង​នឹង​មន្ត្រី​បក្ស​ប្រឆាំង​នេះ។

ថ្វីត្បិតតែ​មាន​ការ​ដក​តំណែង​ចេញ​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បែប​នេះ​ក្ដី ក៏​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ពុំ​បាន​ដាក់​បម្រាម​ណា​មួយ​មិន​ឲ្យ​លោក ញឹក ប៊ុនឆៃ ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ ថ្វីត្បិត​តែ​គេ​ប្រទះ​ឃើញ​រូបថត​របស់​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​បិទ​ជាប់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខាង​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ក្ដី។ ប្រភព​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​ដឹង​ថា រូបថត​លោក ញឹក ប៊ុនឆៃ ម្ដង​គេ​បិទ​ភ្ជាប់​នៅ​ច្រក​ចេញ​ទៅ​ប្រទេស​ថៃ ម្ដង​គេ​ដក​ទុក​វិញ ក៏ប៉ុន្តែ​ការ​បិទ​រូបថត​លោក ញឹក ប៊ុនឆៃ នេះ លោក ខៀវ សុភ័គ អះអាង​ថា លោក​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន បាន​ទេ​នៅ​ថ្ងៃ​ទី២៣ កក្កដា ដោយសារ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ និង​បាន​ប្ដេជ្ញា​ថា នឹង​បញ្ចប់​មុខ​តំណែង​មន្ត្រី​របស់​លោក ញឹក ប៊ុនឆៃ ទាំងអស់​ចេញ​ពី​គ្រប់​ស្ថាប័ន​រាជ​រដ្ឋាភិបាល។ លោក សុខ ឥសាន ក៏​បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា​ជា​អ្នក​ក្បត់​សម្ពន្ធភាព​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក។

ជំនួយការ​ផ្ទាល់​លោក ញឹក ប៊ុនឆៃ អះអាង​បន្ថែម​ថា លោក ញឹក ប៊ុនឆៃ តែងតែ​មាន​គោល​បំណង​ដើម្បី​ជួយ​ឲ្យ​ខ្មែរ​មាន​ក្ដី​សុខ និង​ចេះ​រួបរួម​គ្នា ហើយ​លោក​ក៏​មិន​ដែល​ចោទ​ប្រកាន់ និង​លាប​ពណ៌​គណបក្ស​ណា​មួយ​ដែរ។ ជំនួយការ​រូប​នេះ​បញ្ជាក់​ទៀត​ថា ការ​ញុះញង់ និង​ការ​បំបែក​បំបាក់​ខ្មែរ​គ្នា​ឯង​បែប​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​តែ​បរទេស​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៣ កក្កដា មាន​មន្ត្រី​មក​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ សរុប​ជាង ១០​នាក់ បាន​មក​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ។ លោក​អះអាង​ថា មក​ដល់​ពេល​នេះ គឺ​ពុំ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ណា​មួយ​មក​ចរចា​ដើម្បី​ធ្វើ​ការ​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​នៅ​ឡើយ​ទេ«មុន​នឹង​បែកបាក់​គ្នា​ហ្នឹង បាន​សុំ​អង្វរ​ណែនាំ​ថា​ការ​បែកបាក់​គ្នា​ហ្នឹង មិន​ដែល​ចំណេញ​ទេ។ អ៊ីចឹង​គាត់​ថា​ចំណេញ​បាន​ចាកចេញ​ទៅ តែ​ឥឡូវ​មាន​បញ្ហា​ត្រឡប់​មក​វិញ យើង​ទទួល»

ចំណែក​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ប្រហែល​កំពុង​មាន​សម្ពាធ​មួយ​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បូក​បញ្ចូល​គ្នា​ជា​បក្ស​តែ​មួយ​ឡើង​វិញ។ លោក​បណ្ឌិត មាស នី បន្ត​ថា ស្រប​ពេល​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​សំឡេង​គាំទ្រ​កាន់​តែ​ប្រកៀកប្រកិត​គ្នា ហើយ​ជា​សញ្ញា​មួយ​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​មួយ​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​កាល​មុន​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​សង្ស័យ​ថា គណបក្ស​កាន់​អំណាច​កំពុង​ត្រៀម​យុទ្ធសាស្ត្រ​ទី​២ ប្រសិន​បើ​បក្ស​ខ្លួន​មិន​អាច​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​គ្រប់គ្រាន់​ចំនួន ៥០+«ជា​ធម្មតា យុទ្ធសាស្ត្រ​គណបក្ស​នយោបាយ គឺ​តែង​មាន​គិត​ឈ្នះ​ទាំងស្រុង ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី និង​ឈ្នះ​ប្រកៀកប្រកើយ ដូច្នោះ​គេ​ត្រូវ​គូប្រកួត​មួយ​ទៀត គឺ​ភាគី​ទី​៣ មក​ជួយ»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ចំណែក​គណបក្ស​ប្រឆាំង​ដែល​ហាក់​មិន​អាច​មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​បាន គឺ​មិន​បាន​រៀបចំ​យុទ្ធសាស្ត្រ​ទី​ពីរ​ដូច​បក្ស​កាន់​អំណាច​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live