Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

រដ្ឋមន្ត្រី​សង្ឃឹម​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនុវត្ត​បាន​ប្រសើរ​ពី​ការ​ផ្សាយ​រឿង​ហិង្សា​លើ​ស្ត្រី

$
0
0

ក្រសួង​ចំនួន​ពីរ បាន​ចុះ​ហត្ថលេខា​លើ​គោលការណ៍​ណែនាំ​មួយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្ដីពី​ការ​រាយការណ៍​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី បន្ទាប់​ពី​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ផ្សាយ​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី​មួយ​ចំនួន ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ហិង្សា។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ចុះ​ហត្ថលេខា​លើ​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ។

ក្រម​ប្រតិបត្តិ​ដែល​ទើប​ត្រូវ​បាន​ចុះ​ហត្ថលេខា​នេះ មាន ១៥​ក្រម ដែល​ខ្លឹមសារ​សំខាន់ៗ​ដូចជា កុំ​ផ្សាយ​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី​ធ្វើ​ជា​រឿង​កំប្លែង កុំ​ផ្សាយ​ឲ្យ​ជន​រងគ្រោះ​អស់​សង្ឃឹម លាក់​អត្តសញ្ញាណ​ជន​រងគ្រោះ ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី យល់​ថា ស្ត្រី​ដែល​រង​អំពើ​ហិង្សា គួរ​ទទួល​បាន​ភាព​សម្ងាត់​ដោយ​ការ​បិទ​បាំង​មុខ​ពេល​ផ្សាយ៖ «»

ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៦ របស់​អង្គការ​មូលនិធិ​អាស៊ី និង​ជំនួយ​អូស្ត្រាលី (Australian Aid) បាន​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​រវាង​ប៉ុស្តិ៍​ទូរទស្សន៍​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ អាច​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​កម្មវិធី​ដែល​ផ្ទុក​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ច្រើន ហើយ​ការ​ផ្សាយ​ពី​ហិង្សា​លើ​ស្ត្រី​ខ្លះ បង្ហាញ​អត្តសញ្ញាណ​ជន​រងគ្រោះ និង​ជន​មុខ​សញ្ញា​ស្ទើរ​តែ​គ្រប់​ពេល ហើយ​មាន​ទាំង​ការ​ស្ដីបន្ទោស​ជន​រងគ្រោះ​ថែម​ទៀត។

អគ្គលេខាធិការ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ពុយ គា ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ថា ក្រម​ប្រតិបត្តិ​នេះ​មាន​សារសំខាន់​សម្រាប់​អ្នក​សារព័ត៌មាន ហើយ​ចាំបាច់​ត្រូវ​ពិនិត្យ​ឡើង​វិញ​បន្ថែម​ពី​លើ​ក្រម​សីលធម៌​ដែល​មាន​ស្រាប់។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យ​យោបល់​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ថ្មី​មាន​ប្រសិទ្ធភាព វា​ទាមទារ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ដូចជា ធ្វើ​សិក្ខាសាលា​ពន្យល់​បន្ថែម​ដល់​អ្នក​អនុវត្តន៍​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការ​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​អាស៊ី​ដដែល បាន​ផ្តល់​អនុសាសន៍​ថា ក្រសួង​ព័ត៌មាន គួរ​ចាត់​វិធានការ​លើ​ស្ថានីយ​ទូរទស្សន៍​ណា​ដែល​នៅ​បន្ត​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ក្នុង​ម៉ោង​មាស ឬ​ម៉ោង​មាន​អ្នក​តាមដាន​ច្រើន​បំផុត ដើម្បី​កាត់​បន្ថយ​ហិង្សា​លើ​ស្ត្រី ហើយ​សាធារណជន​គួរ​ប្រើប្រាស់​បណ្ដា​សង្គម ដើម្បី​ជជែក​ឲ្យ​បាន​ផុសផុល​ពី​ផល​ប៉ះពាល់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សាលា​ឧទ្ធរណ៍​បដិសេធ​បណ្ដឹង​ជំទាស់​ការ​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ ហន សុផាន្នី

$
0
0

សាលា​ឧទ្ធរណ៍ បាន​រក្សា​ការ​សម្រេច​របស់​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​បន្ត​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ​ដែល​ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះនាម ហន សុផាន្នី ដោយ​សំអាង​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​ជុំវិញ​បណ្ដឹង​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​ឃុំ​ព្រះ​កាយ​របស់​តុលាការ​ខេត្ត​បាត់ដំបង មក​លើ​ព្រះសង្ឃ ហន សុផាន្នី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា។

មេធាវី​ការពារ​ក្ដី​របស់​ព្រះសង្ឃ ហន សុផាន្នី គឺ​លោក​មេធាវី ជូង ជូងី បាន​ចាត់​ទុក​ការ​បន្ត​ឃុំ​ព្រះ​កាយ​កូន​ក្ដី​របស់​លោក ដែល​ប្រើប្រាស់​កាំភ្លើង​ជ័រ​ទៅ​ជា​បទល្មើស​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​នេះ គឺ​ជា​រឿង​រំលោភ​ទៅ​នឹង​ច្បាប់៖ «ច្បាប់​យើង​អត់​មាន​ហាម​កុំ​ឲ្យ​កាន់កាប់​កាំភ្លើង​ជ័រ​ផង​ហ្នឹង ហើយ​គាត់​មាន​កាន់​ដាវ​បង្ហោះ​តាម​ហ្វេសប៊ុក (facebook) មែន​ទែន គាត់​មិន​មាន​ដាវ​ហ្នឹង​ទេ គឺ​ខ្ចី​គេ​ថត​បង្ហោះ ហើយ​ច្បាប់​អត់​មាន​ហាមឃាត់​មិន​ឲ្យ​កាន់កាប់​ដាវ​ផង​ហ្នឹង បែរ​ជា​ចោទ​ប្រកាន់​ថា​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ហើយ​ចោទ​ប្រកាន់​មួយ​ករណី​ទៀត​ពី​បទ​ញុះញង់ ដោយសារ ហន សុផាន្នី យក​រូបថត​ដែល​បង្ហាញ​ពី​ការ​ដេក​កាន់​កាំភ្លើង​ជ័រ​តម្រង់ និង​កាន់​កាំបិត​មួយ និង​ដាវ​មួយ បង្ហោះ​តាម​ហ្វេសប៊ុក ហើយ​សរសេរ​រិះគន់​រដ្ឋាភិបាល»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា តុលាការ​ខេត្ត​បាត់ដំបង បាន​សម្រេច​បញ្ជូន​ព្រះសង្ឃ​ដែល​ជា​សមាជិក​ព្រះសង្ឃ​ឯករាជ្យ ព្រះនាម ហន សុផាន្នី ទៅ​ឃុំ​នៅ​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពីរ​ករណី គឺ​ពី​បទ​ដឹក​ជញ្ជូន​អាវុធ កាន់កាប់​ដោយ​ខុស​ច្បាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សត្វ​ពពូលទឹក​មួយ​សម្បុក​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ

$
0
0

ពលរដ្ឋ និង​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​សមាគម​អភិរក្ស​សត្វ​ព្រៃ រក​ឃើញ​សម្បុក​សត្វ​ពពូលទឹក ចំនួន ១​សម្បុក​ជា​លើក​ដំបូង​ក្នុង​រយៈ ៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ សត្វ​ពពូលទឹក​ជា​ពូជ​សត្វ​ស្លាប​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក។ ចំនួន​របស់​វា​មាន​តិច​ជាង ១​ពាន់​ក្បាល​នៅ​លើ​សកលលោក និង​មាន​វត្តមាន​តិចតួច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា នេះ បញ្ជាក់​ថា ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សម្បុក​សត្វ​ពពូលទឹក​នេះ​នៅ​ដង​ស្ទឹង​មេម៉ាយ ដែល​ស្ថិត​នៅ​ក្នុង​ទីជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្ត​ព្រះវិហារ។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ លោក អេង ម៉េងអ៊ី ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣ ពលរដ្ឋ និង​ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​សម្បុក​ពពូលទឹក​ចំនួន ៣​ប៉ុណ្ណោះ។

សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (International Union for Conservation of Nature) បាន​ដាក់​បញ្ចូល​សត្វ​ពពូលទឹក​នេះ​ក្នុង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​របស់​ខ្លួន តាំង​ពី​ឆ្នាំ​២០០៩ ដោយសារ​តែ​ចំនួន​របស់​វា​ធ្លាក់​ចុះ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៨។ ការ​រក​ឃើញ​ជា​សកល​បង្ហាញ​ថា កត្តា​ដែល​គំរាម​កំហែង​ដល់​ទី​ជម្រក និង​ពូជ​សត្វ​ពពូលទឹក​នេះ​ធំ​បំផុត គឺ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​កំណើន​នៃ​ការ​រំខាន​ដល់​ការ​ពង​កូន​របស់​វា។

ទោះ​យ៉ាង​ណា មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មន្ត្រី​ឧទ្យានុរក្ស នឹង​បន្ត​ចុះ​ល្បាត និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ទីជម្រក​របស់​សត្វ​ពពូលទឹក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ដាក់​ញត្តិ​ទៅ​សាលា​ក្រុង​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង

$
0
0

ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៦០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​វត្ត​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា។ ការ​ជួបជុំ​នេះ ដោយ​ពួក​គាត់​មាន​បំណង​យក​ញត្តិ​ទៅ​ដាក់​សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ឃួង ស្រេង បន្ត​យន្តការ​ដោះស្រាយ​តាម​ការ​សន្យា​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស។

មន្ត្រី​មក​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​តំណាង​ពលរដ្ឋ​សហគមន៍​រថភ្លើង​ចំនួន ៦​រូប ចេញ​ពី​កន្លែង​ជួបជុំ​គ្នា​ដើម្បី​ចូល​ដាក់​ញត្តិ​ដល់​សាលា​រាជធានី​ភ្នំពេញ។

ប្រធាន​សហគមន៍​ទួលសង្កែ​ប៊ី (B) ខណ្ឌ​ឫស្សីកែវ លោក ឡុង ចាន់ឌី ថ្លែង​ថា តំណាង​ពលរដ្ឋ​បាន​ដាក់​ញត្តិ​ជុំវិញ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ផ្ទះ​សម្បែង​ជូន​លោក មាន ចាន់យ៉ាដា ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។ ជា​លទ្ធផល លោក មាន ចាន់យ៉ាដា សន្យា​ថា​នឹង​សម្រួល​ពេលវេលា​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ។

លោក​បន្ត​ថា ញត្តិ​នេះ​មាន​គោល​បំណង​ឲ្យ​អភិបាល​ថ្មី​ដែល​ទើប​កាន់​តំណែង លោក ឃួង ស្រេង បន្ត​យន្តការ​ដោះស្រាយ​តាម​ការ​សន្យា​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ​មុន​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​ពី​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ពន្យល់​ពួក​គាត់​ពី​ភាព​មិន​ច្បាស់លាស់​ពី​ការ​ផ្ដល់​ដី​ជូន​ពលរដ្ឋ​មាន​ទំហំ ៤ គុណ ១៥​ម៉ែត្រ តែ​មិន​ទាន់​ដឹង​កន្លែង​ណា​ពិតប្រាកដ​នៅ​ឡើយ«កន្លែង​មក​ពុំ​ទាន់​មាន​ពន្លឺ​នៃ​ការ​ដោះស្រាយ។ ផ្លូវ​នេះ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជ​រដ្ឋាភិបាល ដក​ផ្លូវ​ដែក​ចេញ​ជំនួស​វិញ​ដោយ​ផ្លូវ​បេតុង ដែល​មាន​ចម្ងាយ​ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​ផ្លូវ​៧០ មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ»

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី កែវ បុប្ផា ថ្លែង​ថា មុន​ស្ថាបនា​ផ្លូវ គួរ​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​ពលរដ្ឋ​ឲ្យ​ជាក់លាក់ និង​ផ្ដល់​ពន្លឺ​នៃ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​លោកស្រី​បន្ត​ថា គោលការណ៍​ដោះស្រាយ​អភិវឌ្ឍ​នៅ​នឹង​កន្លែង គឺ​ជា​ជម្រើស​ល្អ​បំផុត​ដែល​ពលរដ្ឋ​គាំទ្រ«រាជធានី​ចាស់ (អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស) គាត់​បាន​និយាយ​ថា គាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​រង​ទឹក​ភ្នែក​ទេ សូម្បី​តែ​សិស្ស​ក៏​មិន​ឲ្យ​ដូរ​សាលា​ដែរ នេះ គឺ​ជា​សម្ដី​ពេជ្រ។ ខ្ញុំ​គាំទ្រ ក្រែងលោ​អភិបាល​ថ្មី​គាត់​អត់​ដឹង​ការ​សន្យា​ជាមួយ​ពលរដ្ឋ។ ពេញ​ចិត្ត​តម្រូវការ​របស់​ពលរដ្ឋ គឺ​ចង់​បាន​អ៊ីចឹង»

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា ជា​យន្តការ​ការងារ ពុំ​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ។ លោក​ថា សាលា​រាជធានី​នៅ​តែ​បន្ត​ផែនការ​នេះ​ក្នុង​គោលការណ៍​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ជាមួយ​នឹង​ការ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ផ្ដល់​ជូន​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​សម្បែង​ជូន​ពលរដ្ឋ។ ចំណែក​បញ្ហា​ផ្ដល់​ជូន​ដី​ទំហំ​ប៉ុន្មានៗ​នោះ គឺ​ពុំ​ទាន់​មាន​សម្រេច​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ក្រុម​ការងារ​ត្រូវ​ប្រើ​ពេល​សិក្សា​បន្ត។ ការ​ផ្ដល់​ដី​នេះ​ទៀតសោត គឺ​ស្ថិត​នៅ​ក្នុង​គោលការណ៍​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ដដែល«ជា​ជំហាន នៅ​សិក្សា អត់​ទាន់​មាន​អី​ឲ្យ​បង​ប្អូន​ជ្រាប​ជា​ព័ត៌មាន ព្រោះ​យើង​កំពុង​តែ​គិតគូរ​នៅ​ឡើយ ប៉ុន្តែ​ច្បាស់​ណាស់​គាត់​ត្រូវ​មាន​ភាព​កក់ក្ដៅ មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង»

ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ផ្ទះ​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​តាំង​ពី​ជំនាន់​លោក ប៉ា សុជាតិវង្ស នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺ​គម្រោង​របស់​រដ្ឋាភិបាល អភិវឌ្ឍ​ផ្លូវ​បេតុង​ដើម្បី​រំដោះ​ចរាចរណ៍​ទំហំ ៣០​ម៉ែត្រ មាន​ចម្ងាយ​ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​ផ្លូវ​៧០ ដែល​មាន​ប្រវែង ១៥​ម៉ែត្រ​ម្ខាង​ពី​អក្សរ​ផ្លូវ។

សហគមន៍​ឲ្យ​ដឹង​ថា ជា​បឋម ការ​អភិវឌ្ឍ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ក្បាល​ដី និង​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ជាង ១​ពាន់​ខ្នង​ផ្ទះ (.១៤៩​ផ្ទះ)។ ពលរដ្ឋ​ដែល​អស់​ផ្ទះ​ទាំងស្រុង​ពី​ការ​ពង្រីក​ផ្លូវ​មាន​ចំនួន ៣៤៣​គ្រួសារ និង​ពលរដ្ឋ​ដែល​សល់​ផ្ទះ​ក្រោម ៥​ម៉ែត្រ គឺ​មាន ១០០​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ខេត្ត​រតនគិរី​ថា​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់​នៅ​តែ​រង​ការ​កាប់​រាន​យក​ដី

$
0
0

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​សមុទ្រក្រោម អះអាង​ថា ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវ​បាន​គេ​កាប់​រាន​បន្ត បើ​ទោះ​បី​សហគមន៍​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ទប់ស្កាត់​យ៉ាង​ណា​ក្តី។ ការ​កាប់​រាន​ព្រៃ​បន្ថែម​នេះ អ្នក​ភូមិ​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្តិ គឺ​ជា​អ្នក​ភូមិ​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ​នេះ។

ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ចំណុច​ភ្នំ​អាត ក្នុង​ឃុំ​សេដា ត្រូវ​គេ​អារ​រំលំ​បន្ថែម​ទៀត បន្ទាប់​ពី​សហគមន៍​ប្រទះ​ឃើញ​តំបន់​នោះ​ត្រូវ​គេ​អារ​រំលំ​ឈើ​រាប់​រយ​ហិកតារ ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​កាល​ពី​ចុង​ខែ​មិថុនា។

ពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រក្រោម លោក ពក សៀ អះអាង​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ថា កាល​ពី​សប្ដាហ៍​មុន គាត់​ចូល​ព្រៃ​រក​សត្វ​ក៏​ប្រទះ​ឃើញ​ពលរដ្ឋ​ក្នុង​ភូមិ​ពីរ​នាក់​កាន់​ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង កំពុង​អារ​រំលំ​ដើមឈើ​រាប់​សិប​ហិកតារ​ថ្មី​ទៀត។ លោក​បន្ត​ថា អ្នក​អារ​ឈើ​បាន​បញ្ជាក់​ថា ពួក​គេ​ជា​អ្នក​ស៊ី​ឈ្នួល​អារ​រំលំ​ឈើ ក៏ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​ជួល​ថា​ជា​នរណា​ឡើយ៖ «ទើប​កាប់ ខ្ញុំ​ឃើញ​ហ្នឹង​ប្រហែល​មួយ​អាទិត្យ​ហើយ អ្នក​ភូមិ​ហ្នឹង​ហើយ​កាប់»

កាល​ពី​ចុង​ខែ​មិថុនា ព្រៃឈើ​នៅ​តំបន់​នោះ​ត្រូវ​គេ​យក​ថ្នាំ​ពណ៌​បាញ់​នៅ​លើ​ដើមឈើ​ធ្វើ​ជា​ព្រំ ហើយ​ដើមឈើ​ចាប់​ពី​ព្រំ​នោះ​ត្រូវ​គេ​អារ​រំលំ​ទំហំ​ទទឹង​ប្រមាណ ១០​ម៉ែត្រ និង​បណ្ដោយ​ជាង ៣​គីឡូម៉ែត្រ​រហូត​ទល់​នឹង​ជើង​ភ្នំ​អាត។ ក្នុង​តំបន់​ហ៊ុមព័ទ្ធ​នោះ ដើមឈើ​ប្រមាណ ៣០ ទៅ ៤០​ហិកតារ ត្រូវ​គេ​អារ​រំលំ​ថ្មីៗ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។

ចំណែក​អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ បញ្ជាក់​ថា លោក​បាន​ចាត់​កង​កម្លាំង​ចុះ​ទៅ​តំបន់​នោះ​ហើយ ប៉ុន្តែ​រក​មិន​ឃើញ​ទីតាំង​ថ្មី​ដែល​អ្នក​ភូមិ​អះអាង​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ស្រុក​បាន​ផ្សព្វផ្សាយ និង​ហាមឃាត់​មិន​ឲ្យ​អ្នក​ភូមិ​នៅ​តំបន់​នោះ​ចូល​ព្រៃ​កាប់​រាន​ឈើ​ទៀត​ទេ ពីព្រោះ​តំបន់​នោះ អាជ្ញាធរ​កំពុង​រៀបចំ​ស្នើសុំ​ក្រសួង​បរិស្ថាន កាត់​ចេញ​ពី​ព្រៃ​ដែន​ជម្រក​ប្រគល់​ឲ្យ​សហគមន៍​ជាង ១.២០០​ហិកតារ ដើម្បី​បង្កើត​ជា​ព្រៃ​ការពារ៖ «គាត់​បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ហើយ​ថា គាត់​ឈប់​បន្ត​ទៀត​ហើយ ហើយ​ស្រុក​ឲ្យ​ឃុំ​រៀបចំ​ប្រជុំ​ជាមួយ​គាត់​ទៀត ហើយ​ឯកភាព​គ្នា​ហើយ​ថា អត់​ធ្វើ​អ្វី​ទៀត។ គាត់​ឈប់ គាត់​សុំ​តែ​ចុះ​តែ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព»

តំណាង​សហគមន៍​ឃុំ​សេដា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី ចោទ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ៧​នាក់​ពី​បទ​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​ភ្នំ​អាត។​

ប្រធាន​ភូមិ​សមុទ្រក្រោម លោក ខាំ ផរសាវ៉ាត បដិសេធ​ថា អាជ្ញាធរ​មិន​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​នោះ​ទេ ក៏ប៉ុន្តែ​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រក្រោម ទាំងអស់​គ្នា​បាន​ព្រមព្រៀង​ផ្ដិត​មេដៃ​លក់​ដី​តំបន់​នោះ​ជាង ១៦០​ហិកតារ​តាំង​ពី​ចុង​ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​ឈ្មួញ​បញ្ឈប់​ទិញ​ដី​នោះ​វិញ ដោយសារ​ដី​នោះ​ឋិត​ក្នុង​តំបន់​អភិរក្ស។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឡុង សេងហាន បញ្ជាក់​ថា ទីតាំង​នោះ​ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី​ប្រាកដ​មែន។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​បរិស្ថាន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ ពីព្រោះ​ដែន​ជម្រក​សត្វ​ព្រៃ​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ជំនាញ​នេះ៖ «យើង​ឃើញ​ថា​មាន​ការ​កាប់​រាន​ព្រៃឈើ​មែន អស់​ជាច្រើន​ហិកតារ​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​លក់។ ថ្មីៗ​នេះ សហគមន៍​ផ្តល់​ព័ត៌មាន​ថា មាន​ការ​កាប់​រាន​ព្រៃ​ថ្មី​ទៀត»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រលើ បញ្ជាក់​ថា ឈ្មួញ​នៅ​តែ​បន្ត​ជួល​អ្នក​ភូមិ​ឲ្យ​ចូល​ព្រៃ​អារ​រំលំ​ឈើ​នៅ​តំបន់​នោះ​រហូត​បច្ចុប្បន្ន។ អ្នក​ភូមិ​ដែល​បាន​ទៅ​ដល់​ទីតាំង​អារ​រំលំ​ឈើ​អះអាង​ថា បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ស្រុក​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វៀតណាម​ផ្ដល់​លុយ​២៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​សង់​អគារ​រដ្ឋបាល​រដ្ឋសភា

$
0
0

វៀតណាម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។ ការ​ផ្ដល់​ជំនួយ​នេះ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២០ កក្កដា។

ក្រៅ​ពី​ផ្ដល់​ជំនួយ​នេះ វៀតណាម និង​កម្ពុជា​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៥​ទៀត រួម​មាន៖ ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច សហ​ប្រតិបត្តិការ​គម្រោង​រោងចក្រ​អគ្គិសនី ការ​ត​ភ្ជាប់​បណ្ដាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល សកម្មភាព​សង្គ្រោះ​គ្រោះ​មហន្តរាយ​អចិន្ត្រៃយ៍​នៅ​តាម​តំបន់​ព្រំដែន​គោក និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

លោក ង្វៀន ហ៊្វូជុង ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ង្វៀន ហ៊្វូជុង មាន​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី ថ្វាយ​បង្គំ​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ និង​ចូល​រួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ខួប​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី គាំទ្រ​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ

$
0
0

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គាំទ្រ​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ដើម្បី​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​រលូន​ទៅ​មុខ។ តែ​ខាង​គណបក្ស​កាន់​អំណាច នៅ​តែ​បន្ត​ចាត់​ទុក​ថា ច្បាប់​នេះ​ជា​ការ​មាក់ងាយ​ដល់​ខ្លួន និង​នាយក​រដ្ឋមន្ត្រី​ស្ថិត​ក្នុង​អំណាច។

អ្នក​នយោបាយ​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល គឺ​លោក សម រង្ស៊ី បញ្ជាក់​ថា កម្ពុជា គួរ​តែ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ដើម្បី​ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​កក្កដា កន្លង​ទៅ«ក្នុង​ចិត្ត​ក្នុង​គំនិត​របស់​យើង គឺ​យើង​គួរ​តែ​ធ្វើ ទោះ​ជា​ឥឡូវ​នេះ​មាន​អ្នក​ខ្លះ​អៀនខ្មាស​បដិសេធ​ក្តី។ នេះ​ជា​រឿង​របស់​គាត់​ទេ តែ​បើ​រឿង​ប្រទេស​ជាតិ​យើង​ឲ្យ​ការ​ផ្ទេរ​អំណាច និង​ដំណើរការ​ប្រជាធិបតេយ្យ​រលូន​ទៅ​មុខ គឺ​យើង​ត្រូវ​តែ​មាន​ច្បាប់​បែប​ហ្នឹង​មែន»

ការ​ថ្លែង​របស់​លោក សម រង្ស៊ី នេះ គឺ​ជា​ការ​គាំទ្រ​សំណើ​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែល​កាល​ពី​ចុង​សប្ដាហ៍​មុន បាន​ផ្ញើ​លិខិត​ចំហ​ពីរ​ច្បាប់ មួយ​ទៅ​លោក ហ៊ុន សែន និង​មួយ​ទៀត​ទៅ​លោក កឹម សុខា ដើម្បី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​មាន​អាសនៈ​ទាំង​ពីរ ស្នើ​ទៅ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា​វីរបុរស​ជាតិ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គុណ​បំណាច់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។

តែ​សំណើ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​ភ្លាមៗ និង​បាន​ចាត់​ទុក​ថា​ជា​ឧបាយកល​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ​ថា នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​កំពុង​ធ្វើ​អ្វី​មួយ​ខុស​ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បាន​ប្រាប់​សារព័ត៌មាន​ដែល​គាំទ្រ​រូប​លោក​ថា នេះ​ជា​សំណើ​ស្មោកគ្រោក និង​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដែល​បង្ហាញ​អំពី​ការ​ត្រៀម​ខ្លួន​ចាញ់ ហើយ​គណបក្ស​ប្រឆាំង​វិញ កំពុង​ត្រៀម​ខ្លួន​ឈ្នះ។

គោល​បំណង​នៃ​សំណើ​របស់​លោក លឺ ឡាយស្រេង នេះ ដោយសារ​លោក​គិត​ថា ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រួច​ផុត​ពី​សង្គ្រាម និង​ការ​កាប់​សម្លាប់​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ដោយសារ​តែ​ការ​ដណ្តើម​អំណាច​គ្នា​ទៅ​វិញ​ទៅ​មក។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា សំណើ​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ពោល​គឺ​ជា​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​ស្នើ​មក​រូប​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​ដង​រួច​ទៅ​ហើយ​កាល​ពី​រូប​លោក និង​លោក ហ៊ុន សែន នៅ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​អំឡុង​ឆ្នាំ​២០១៤ មក​ម្ល៉េះ។ ក៏ប៉ុន្តែ​លោក​ថា សំណើ​នេះ​មិន​អាច​ចេញ​រួច ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចប់​ការ​រៀបចំ​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា ជាដើម ហើយ​ក្រោយ​មក ស្ថានការណ៍​នយោបាយ​បាន​ផ្លាស់ប្ដូរ ដូច្នេះ​គំនិត​តាក់តែង​ច្បាប់​នេះ​ក៏​ត្រូវ​នៅ​ទ្រឹង​ស្ងៀម​មក​ទល់​នឹង​សព្វថ្ងៃ«លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​បាន​ស្នើ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ច្បាប់​បែប​ហ្នឹង​ឲ្យ ៣​នាក់​ដែល​ជា​មេ​ដឹកនាំ​កំពូល​នៃ​គណបក្ស​កាន់​អំណាច បាន​រួច​ខ្លួន​កុំ​ឲ្យ​មាន​ការ​យក​ទោសពៃរ៍​អ្វី​នៅ​ពេល​មាន​ការ​ផ្ទេរ​អំណាច​មក​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គាំទ្រ ប៉ុន្តែ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ខ្លួន​ឯង​វា​មិន​ល្អ​មើល»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​យល់​ឃើញ​ថា គំនិត​បង្កើត​ច្បាប់​នេះ គឺ​ជា​ល្បិចកល​អាក្រក់ ដែល​គណបក្ស​ប្រឆាំង​ចង់​ដាក់​អន្ទាក់​គណបក្ស​កាន់​អំណាច។ លោក​អះអាង​ថា បើ​ទោះ​បី​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ច្បាប់​នេះ​ទៅ​រដ្ឋសភា​ក៏ដោយ ក៏​ខាង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គាំទ្រ​ដែរ«ខ្ញុំ​យល់​ថា​នេះ​ជា​អន្ទាក់​នយោបាយ​មួយ​ដ៏​ពិសពុល ចង់​បន្លប់​ពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ថា នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ​កំពុង​តែ​អនុវត្ត​អ្វី​មួយ​ខុស​ឆ្គង​ធ្ងន់ធ្ងរ បាន​ជា​ភ័យ​ខ្លួន​ខ្លាច ហើយ​ចង់​ឲ្យ​មាន​ច្បាប់​នេះ»

ទោះ​បី​ជា​ប្រមុខ​ដឹកនាំ និង​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច បាន​បង្ហាញ​ជំហរ​ដាច់ខាត​មិន​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ក្តី ក៏ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​វិញ បាន​បង្ហាញ​គំនិត​វិជ្ជមាន​ច្រើន​ចំពោះ​ច្បាប់​នេះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​នេះ គឺ​ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​ទុក​ឱកាស​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​កម្ពុជា ក្នុង​ករណី​ដែល​មាន​ការ​ផ្ទេរ​អំណាច​កើត​ឡើង«ក្នុង​រយៈ​កាល​កន្លង​ទៅ យើង​ឮ​ពាក្យ​ថា​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។ ចរិត​នយោបាយ​បែប​នេះ បើ​សិន​មាន​ការ​ផ្ទេរ​អំណាច កម្ពុជា នឹង​នៅ​មិន​សុខ​ទេ។ អ៊ីចឹង​ការ​តាក់តែង​ច្បាប់​នេះ គឺ​ដើម្បី​ដោះស្រាយ​ទស្សនៈ​នេះ​ឯង។ យើង​អត់​ចង់​ឲ្យ​អ្នក​នយោបាយ​មាន​ការ​គុំកួន​គ្នា​ទេ»

ទោះ​បី​ជា​មាន​សំណើ និង​ការ​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​នេះ​ក្តី ក៏​មក​ទល់​នឹង​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​គិតគូរ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ពី​ពេល​នេះ​តទៅ សម្ពន្ធភាព​ដែល​ធ្លាប់​មាន​ជាមួយ​លោក ញឹក ប៊ុនឆៃ ត្រូវ​កាត់​ផ្ដាច់​ហើយ។ គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា​ក្បត់​សម្ពន្ធភាព​ជាមួយ​បក្ស​កាន់​អំណាច ហេតុ​នេះ​មិន​អាច​បន្ត​ឲ្យ​មាន​ទំនាក់ទំនង​តទៅទៀត​ឡើយ។ ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ​បោះបង់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ មាន​មន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ថា​នឹង​បន្ត​ទៅ​បញ្ចប់​មុខ​តំណែង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​ជា​សមាជិក​របស់​លោក ញឹក ប៊ុនឆៃ នៅ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ឬ​មន្ត្រី​នៅ​ក្នុង​តំណែង​នៃ​ស្ថាប័ន​ណា​មួយ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​មិន​បន្ត​សហការ​ជាមួយ​មនុស្ស​ដែល​ក្បត់​សម្ពន្ធភាព​ដូច​លោក ញឹក ប៊ុនឆៃ តទៅទៀត​ទេ។ លោក​បន្ត​ថា កុំ​ថា​ឡើយ​លោក ញឹក ប៊ុនឆៃ សូម្បី​មន្ត្រី​ដែល​នៅ​ហែហម​ជាមួយ​លោក ញឹក ប៊ុនឆៃ ទាំង​អម្បាលម៉ាន នឹង​ត្រូវ​បោស​សម្អាត​ឲ្យ​អស់​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មិន​លើកលែង​ឡើយ។ លោក​បន្ត​ថា «បើ​មិន​ទាន់​អស់ ក៏​ធ្វើ​ទាល់​តែ​អស់​ដែរ។ អត់​រក្សា​ទុក​តំណែង​ឲ្យ​ទេ មិន​អាច​ឲ្យ​ស៊ី​ប្រាក់ខែ​រាជ​រដ្ឋាភិបាល ហើយ​មក​វ៉ៃ​រាជ​រដ្ឋាភិបាល​ទេ។ ទោះ​បី​សាមី​ខ្លួន​គាត់​ចង់ ឬ​មិន​ចង់​ក៏ដោយ នេះ​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង»

ការ​ប្រកាស​ជំហរ​កាត់​ផ្តាច់​សម្ពន្ធ​មេត្រីភាព​បែប​នេះ​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះអង្គ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា បន្ថែម​ទៀត។ ទីប្រឹក្សា​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​នេះ មាន​ការ​លើក​ឡើង​ថា គឺ​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ។

ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សយ សុខា អគ្គលេខាធិការ​រាជ​រដ្ឋាភិបាល បាន​សម្រេច​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​រហូត​អនុរដ្ឋលេខាធិការ។

ទាក់ទិន​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ទាំង ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ដោយ​ព្រះរាជក្រឹត្យ​នៅ​ពេល​នេះ ត្រូវ​គេ​បញ្ជាក់​ថា គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ។

ជំនួយការ​ផ្ទាល់​លោក ញឹក ប៊ុនឆៃ គឺ​លោក ម៉ៅ សុផាន់ណា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បញ្ចប់​មុខ​តំណែង​ដូច​ការ​លើកលែង​នេះ ប៉ុន្តែ​លោក​សុំ​រក្សា​សិទ្ធិ​ក្នុង​ការ​បកស្រាយ ដោយ​ត្រូវ​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​លម្អិត​ជា​មុន​សិន។

ជុំវិញ​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​បន្តបន្ទាប់​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ម៉ៅ សុផាន់ណា បញ្ជាក់​ថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​គណបក្ស​នេះ​ឡើយ។ ជាង​នេះ​ទៀត គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​កាន់​តែ​ខ្លាំង ហើយ​រឹងមាំ​ជាង​មុន ជាពិសេស​បក្ស​នេះ​នឹង​មិន​មែន​ជា​បក្ស​ដែល​បង្កើត​ឡើង​សម្រាប់​បំបែក​សំឡេង​របស់​គណបក្ស​នយោបាយ​ណា​មួយ ដូច​ការ​ចោទ​ប្រកាន់​នោះ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «យើង​ធ្វើ​អ្វី​មួយ​ព្រោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​បេសកកម្ម​បម្រើ​ជាតិ ហើយ​ម្យ៉ាង​គោល​នយោបាយ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​បង្រួបបង្រួម​ទេ អត់​បាន​វាយ​ប្រហារ អត់​បាន​បំបែក​បំបាក់​និន្នាការ​គណបក្ស​ណា​ទេ»

អតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​មក​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គឺ​លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​ថា បាន​លួច​ទាក់ទង​ដោយ​សម្ងាត់​តាម​ទូរស័ព្ទ​ជាមួយ​លោក អេង ឆៃអ៊ាង ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឃុំ-សង្កាត់។ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ បកស្រាយ​ថា ពុំ​មែន​ជា​ការពិត​ទេ។ មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​រួច​មក​ហើយ រួម​ទាំង​លោក ញឹក ប៊ុនឆៃ ផ្ទាល់ ក្រោយ​ពី​ជួប​រឿង​អាស្រូវ​មួយ​នេះ។

អ្នក​ជំនាញ​ផ្នែក​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ថ្វី​បើ​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គាប់​ជួន​រឿងរ៉ាវ​ដែល​បាន​កើត​មែន បញ្ហា​នេះ​អាច​ជា​ការ​មើល​ឃើញ​របស់​រដ្ឋាភិបាល​ក្នុង​ន័យ​ទីប្រឹក្សា​ស្អេកស្កះ​ច្រើន​ហួស​ហេតុ ជាជាង​រឿង​នយោបាយ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​វា​អាច​ជា​ការ​គាប់​ជួន​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​អ្វី​ទេ ហើយ​ខ្ញុំ​ចាត់​ទុក​នេះ​ជា​រឿង​បែបបទ​រដ្ឋបាល​ដែល​ទាក់ទង​ការ​ទុក​ចិត្ត​របស់​រដ្ឋាភិបាល មន្ត្រី​រដ្ឋាភិបាល​ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​បំពេញ​មុខងារ។ ដូច្នេះ​ខ្ញុំ​ឃើញ​ថា នេះ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដែរ ហើយ​ប្រសិន​បើ​ការ​ធ្វើ​បែប​នេះ​បញ្ចប់​ទីប្រឹក្សា​ផ្សេងៗ​ទៀត​ដែល​លោក​លើក​ថា អាច​ប្រយោជន៍​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អាច​សន្សំ​ថវិកា​រដ្ឋ យល់​ឃើញ​ថា​ជា​ចំណុច​ល្អ»

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត កែម ឡី កាល​ពី​នៅ​មាន​ជីវិត ធ្លាប់​រិះគន់​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ក្បាល​ធំ ខ្លួន​តូច ជាពិសេស​អតិផរណា​ងារ​ជា​ទីប្រឹក្សា ថ្នាក់​ឧត្ដមសេនីយ៍​ពាក់​ផ្កាយ​ព្រោងព្រាត និង​ងារ​ជា​ឧកញ៉ា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ឃុំ​ក្បាលរមាស​កាប់​ឫស្សី​ត្រៀម​បណ្ដែត​ក្បូន​បន្ទាប់​ពី​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​៦​ថ្ងៃ

$
0
0

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ក្បាលរមាស ក្នុង​ចំណោម​ពលរដ្ឋ ៥៨​គ្រួសារ​ដែល​បដិសេធ​មិន​ទទួល​សំណង បាន​កាប់​ឫស្សី​ត្រៀម​ធ្វើ​ក្បូន​បណ្ដែត​ទឹក នៅ​គ្រា​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខែត្រ​ស្ទឹងត្រែង បាន​បិទ​ទ្វារ​ទំនប់​ទឹក​សាកល្បង ៦​ថ្ងៃ​ហើយ ដើម្បី​អនុវត្ត​គម្រោង​ផលិត​ថាមពល​អគ្គិសនី។

មក​ទល់​ពេល​នេះ កម្ពស់​ទឹក​ហាក់​ដូចជា​នៅ​ថេរ​ត្រឹម​កម្ពស់​ជាង ៣​ម៉ែត្រ​ដដែល នៅ​ឃុំ​ស្រែគរ និង​ឡើង​ជាង ២​ម៉ែត្រ​នៅ​ឃុំ​ក្បាលរមាស ក៏ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។

ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស លោក ដាំ សំណាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​រយៈពេល ៦​ថ្ងៃ​មក​នេះ នៅ​មិន​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​ភ័យ​ព្រួយ​ទេ ហើយ​អ្នក​ភូមិ​នៅ​តែ​បន្ត​ប្រកប​របរ​ធ្វើ​កសិកម្ម​ដាំដុះ​លក្ខណៈ​ប្រពៃណី​នៅ​ឡើយ។ លោក​ថា អ្នក​ភូមិ​ភាគច្រើន​មិន​ទាន់​ជញ្ជូន​សម្ភារៈ​ចេញ​ពី​លំនៅឋាន​នៅ​ឡើយ​ទេ ហើយ​ពួក​គាត់​នឹង​រក្សា​ទុក​សម្ភារៈ​លើ​ផ្ទះ​ចាស់​ដដែល បើ​ទោះ​បី​ជា​កម្ពស់​ទឹក​ពន្លិច​ភូមិ​ពួក​គាត់​ក្តី។

លោក​បន្ថែម​ថា សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​បិទ​ទ្វារ​ទឹក​របស់​ក្រុមហ៊ុន​នៅ​រដូវ​វស្សា គឺ​ចំ​ពេល​ដែល​អ្នក​ភូមិ​ដាំដុះ ហេតុ​នេះ​ពលរដ្ឋ​ភាគច្រើន​ខកខាន​មិន​បាន​ធ្វើ​កសិកម្ម ដោយសារ​រង់ចាំ​មើល​កម្ពស់​ទឹក​សិន៖ «បើ​សិន​ជា​គាត់​ដក​ពី​ស្ទូង​ទៅ​អត់​បាន​ទេ ដោយសារ​សំណាប​គាត់​គ្រប់​ខែ​អស់​ហើយ។ ដល់​ពេល​ស្ទូង​ហួស​ខែ និង​ហួស​ថ្ងៃ​ចឹង អត់​បាន​ទិន្នផល​ស្រូវ​មក​វិញ​ទេ បាន​តែ​ថា​ចំណាយ​ខាត​កម្លាំង​គាត់​ទទេ។ គាត់​ត្អូញ​ថា ហេតុ​អ្វី​បាន​ជា​គេ​ប្រកាស​បិទ​ទ្វារ​ទឹក​នៅ​ខែ​ដក​ស្ទូង​ពលរដ្ឋ​ទៅ​វិញ ដល់​ពេល​គាត់​កំពុង​តែ​ស្ទូង​ចាប់​ផ្ដើម​ប្រកាស​បិទ​ទឹក​តែ​ម្តង»

ក្រុមហ៊ុន​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជិត​រួច​រាល់​ហើយ ហើយ​នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​មួយ​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ចំនួន ១២៤​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ។

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរ​ចាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុរស​គំរាម​សម្លាប់​លោក ហ៊ុន សែន តាម​ហ្វេកប៊ុក​ម្នាក់​ទៀត​ត្រូវ​ឃាត់​ខ្លួន

$
0
0

យុវជន​ម្នាក់​មាន​ឈ្មោះ​ថា រ៉ុម ចំរើន ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រឆាំង​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ សាកសួរ​បន្ថែម នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧។

មន្ត្រី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​២០ កក្កដា ថា តុលាការ​បាន​បើក​ការ​សាកសួរ​ទៅ​លើ​ឈ្មោះ រ៉ុម ចំរើន ពី​បទ​គំរាម​ថា នឹង​សម្លាប់ តាម​មាត្រា ២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សឿន ខេត្ត​កណ្ដាល ក្រៅ​ពី​មាន​សារ​គំរាម​កំហែង​សម្លាប់​លោក ហ៊ុន សែន ម្ចាស់​គណនី​នេះ​ក៏​បាន​អួតអាង​ថា ខ្លួន​មាន​ខ្នង​ធំ​ដែរ គឺ​ឧកញ៉ា ខ្លា នៅ​ខេត្ត​ក្រចេះ និង​មាន​អ្នក​សារព័ត៌មាន​ដល់​ល្បី​គឺ​បង ឫទ្ធី នៅ​ហង្សមាស​ព័ត៌មាន។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សឿន ខេត្ត​កណ្ដាល បាន​ចេញ​មុខ​សុំ​ទោស និង​សុំ​ភាព​ស្អាតស្អំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​បកស្រាយ​ថា ខ្លួន​មិន​មែន​ជា​អ្នក​បង្ហោះ​សារ​គំរាម​សម្លាប់​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​មាន​អ្នក​ផ្សេង​ដែល​ជា​អ្នក​លួច​ហ្វេសប៊ុក របស់​ខ្លួន​ទៅ​បង្ហោះ​ប៉ុណ្ណោះ។

រី​ឯ​សារព័ត៌មាន​ក្នុង​ស្រុក ក៏​បាន​ផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​មន្ត្រី​នគរបាល​ថា ក្មួយ​របស់​បុរស​មាន​គណនី​ហ្វេសប៊ុក ឈ្មោះ សឿន ខេត្តកណ្ដាល គឺ​ឈ្មោះ រ៉ុម ចំរើន គឺ​ជា​ជន​ប្រព្រឹត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កុមារី​ម្នាក់​បាត់​ខ្លួន​នៅ​ខត្ត​កំពង់ស្ពឺ សង្ស័យ​ជា​ករណី​ចាប់​ពង្រត់

$
0
0

ដំណឹង​អំពី​ការ​បាត់​ក្មេង​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ករណី​ចាប់​ពង្រត់ បាន​កើត​ឡើង​មួយ​ករណី​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។ ករណី​បាត់​ក្មេង​នេះ គឺ​នៅ​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្រោយ​ពេល​ដែល​កុមារី​ម្នាក់​ចេញ​ទៅ​រៀន​បាត់​តាំង​ពី​ព្រឹក ហើយ​អាជ្ញាធរ​កំពុង​ស្វែង​រក។

មេ​ភូមិ​ព្រៃតាមួច ឃុំ​ស្នំក្រពើ លោក ឆឹង ផាន់ បញ្ជាក់​ថា ករណី​បាត់​ក្មេង​ស្រី​ដែល​សង្ស័យ​ថា ជា​ការ​ចាប់​ពង្រត់ អាជ្ញាធរ និង​គ្រួសារ​កំពុង​ស្វែង​រក​នោះ គឺ​កុមារី​ឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ ៩​ឆ្នាំ៖ «ពេល​ព្រឹក​ម៉ោង​ប្រហែល​ជា ៧ ឬ ៧​ជាង​ហ្នឹង តាម​ព័ត៌មាន​ថា មាន​នារី​ម្នាក់​បិទ​ម៉ាស​មុខ ហើយ​ចូល​ទៅ​រក​កូន​ហ្នឹង​ឈ្មោះ ម៉ុក ច័ន្ទស្មី។ ពេល​សួរ​រក​ឈ្មោះ ម៉ុក ច័ន្ទរស្មី ក្មេងៗ សិស្ស​សាលា​ដូច​គ្នា​ថា វា​ស្គាល់។ អ៊ីចឹង​វា​ឲ្យ​ទៅ​ហៅ។ ពេល​ទៅ​ហៅ ក្មេង​ហ្នឹង​ហាក់​ដូច​ស្គាល់​ស្ត្រី​ហ្នឹង​ដែរ ហើយ​ក៏​ដើរ​តាម​ទៅ វា​ក៏​អត់​ចាប់​អារម្មណ៍​ដែរ តែ​ថា មាន​ឡាន​មួយ​នៅ​ខាង​មុខ​ឯ​ណេះ​ចាំ ហើយ​គេ​ឃើញ​ឡើង​ឡាន​ហ្នឹង​ទៅ ថា​ឡាន​បាឡែន»

លោក​បញ្ជាក់​បន្ថែម​ថា កុមារី ម៉ុក ច័ន្ទរស្មី ហៅ ម៉ី ជា​សិស្ស​នៅ​សាលា​បឋមសិក្សា អង្គលំទង ក្នុង​ឃុំ​ស្នំក្រពើ ជិះកង់​ទៅ​រៀន​ចម្ងាយ​ប្រហែល ២​គីឡូ​ពី​ផ្ទះ។

ម្ដាយ​របស់​កុមារី​បាត់​ខ្លួន គឺ​លោកស្រី ភី សោភា មាន​ប្រសាសន៍​​ថា ក្រុម​គ្រួសារ​កំពុង​ស្វែង​រក​​កុមារី​នោះ នៅ​ឯ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ព្រោះ​អ្នក​ដែល​យក​កុមារី​ទៅ​នោះ ត្រូវ​បាន​សិស្ស​សាលា​ផ្ដល់​ភិនភាគ​ដូច​សាច់​ញាតិ​ម្នាក់​ខាង​ប្ដី​របស់​លោកស្រី៖ «បង​ប្អូន​ខាង​ប្ដី​ខ្ញុំ​នៅ​ឯ​ជើង ហៅ​កូន​ខ្ញុំ​ថា ម៉ីៗ។ គ្រាន់​តែ​សង្ស័យ មិន​ទាន់​ចោទ​គេ​ទេ ហើយ​ហៅ​កូន​ខ្ញុំ ម៉ីៗ ទៀត ហើយ​ធ្លាប់​មក​លេង​ផ្ទះ​ខ្ញុំ​បី​ថ្ងៃ​មុន។ កូន​សិស្ស​ដែល​ទៅ​ហៅ​កូន​ខ្ញុំ​ហ្នឹង​ថា ឃើញ​ម្នាក់​ហ្នឹង​រាង​ធាត់ មាន​សាច់ ហើយ​ប្រើ​កូន​សិស្ស​ហ្នឹង​ឲ្យ​ទៅ​ហៅ ម៉ីៗ មក​ជួប​គាត់។ គ្រួ​គាត់​ថា គាត់​ទៅ​បង្រៀន​ម៉ោង ៨​ហើយ គាត់​អត់​ដឹង​ថា រស្មី ទៅ​រៀន ឬ​អត់​ទេ ព្រោះ​អី​អត់​ឃើញ រស្មី ចូល​រៀន។ អ៊ីចឹង​សង្ស័យ​ថា គេ​នាំ​កូន​ទៅ​ហ្នឹង ម៉ោង ៧​កន្លះ ជិត ៨​ហើយ សង្ស័យ​អ៊ីចឹង»

លោកស្រី​បញ្ជាក់​ថា កុមារី ម៉ុក ច័ន្ទរស្មី ហៅ ម៉ី ជិះកង់​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា វត្ត​អង្គលំទង តាំង​ពី​ព្រឹក មុន​ពេល​ដែល​លោកស្រី​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ ហើយ​បាត់​ដំណឹង​សូន្យ។

តា​របស់​កុមារី ច័ន្ទរស្មី លោក អ៊ួង ស៊ុយ ដែល​តាម​រក​កុមារី​រហូត​ដល់​យប់​ថ្ងៃ​ទី​២០ កក្កដា ចាប់​អារម្មណ៍​សម្ដី​សាក្សី ដែល​ប្រាប់​ថា អ្នក​នាំ​កុមារី​ទៅ​នោះ​ជា​អ៊ំ៖ «ចំណុច​ដែល​សង្ស័យ គឺ​សង្ស័យ​ថា ក្មេង​ប៉ុណ្ណឹង បើសិនជា​វា​អត់​ស្គាល់ វា​អត់​ឡើង​ឡាន​ជា​មួយ​ទេ។ តាម​ក្មេងៗ នៅ​សាលារៀន​ជជែក វា​ឃាត់​ថា ឯង​ទៅ​ណា? វា​ថា ទៅ​ជា​មួយ​អ៊ំ ហើយ​ថា ហៅ​មក នាំ​ទៅ​ជួប​ម៉ែ​វា​ធ្វើការ​នៅ​រោងចក្រ»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្នំក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ លោក ពៅ ស៊ីណាត ថ្លែង​ថា ខាង​លោក​បាន​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ហើយ៖ «យើង​មាន​លេខ​ក្រសួង​មហាផ្ទៃ ដែល​គាត់​បាន​ឲ្យ​ពីរ​ខ្សែ​តាម​ហ្វេសប៊ុក​ហ្នឹង យើង​តេ​ទៅ​រាយការណ៍​ជូន​ទៅ​មហាផ្ទៃ​ទៅ។ គ្រាន់​តែ​បាន​ប៉ុណ្ណឹង។ ករណី​ដែល​វា​ធ្វើ​ហ្នឹង នារី​ហ្នឹង​ស្លៀក​ខោ​ខ្មៅ​អាវ​ខៀវ ហើយ​ពាក់​ស្រោម​ដៃ។ អា​ហ្នឹង​តាម​ព័ត៌មាន​ថា វា​មិន​ទាន់​ច្បាស់​ដែរ តែ​គ្រាន់​តែ​ភូមិ​រាយការណ៍​ឲ្យ​ខ្ញុំ​មួយ​ជំហាន គឺ​ករណី​ហ្នឹង​វា​អ៊ីចឹង»

ករណី​បាត់​ក្មេង និង​សិស្ស​សាលា​នេះ គឺ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​​ក្រសួង​អប់រំ​យុវជន និង​កីឡា ប្រកាស​លេខ​ទូរស័ព្ទ​របស់​ក្រសួង​មហាផ្ទៃ ២​ខ្សែ​សម្រាប់​ផ្ដល់​ព័ត៌មាន​បន្ទាន់ ទាក់ទង​នឹង​ការ​ចាប់​សិស្ស​សាលា។ លេខ​ទូរស័ព្ទ​បន្ទាន់ ២​ខ្សែ​នោះ គឺ ០៣១ ២០ ១២៣៤៥ និង​លេខ ០៣១ ៦០ ១២៣៤៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ត្បូងឃ្មុំ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​បង​ប្រុស​ដែល​ជាប់​ឃុំ

$
0
0

សកម្មជន​គណបក្ស​សង្រ្គោះជាតិ នៅ​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ដោះលែង​បង​ប្រុស​របស់​ខ្លួន ដែល​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​វាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ ការ​ស្នើ​នេះ ដោយ​លោក​អះអាង​ថា បង​ប្រុស​របស់​​លោក​គឺ​ជា​ជន​រង​គ្រោះ​​ប៉ុណ្ណោះ ប៉ុន្តែ​​បែរ​ជា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​ទៅ​វិញ។

ពលរដ្ឋ និង​ជា​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ទឹកជ្រៅ យល់​ថា ការ​ឃុំ​ខ្លួន​បង​ប្រុស​របស់​គាត់​ឈ្មោះ សាំង តាំងនី ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​លោក និង​បង​ប្រុស​គឺ​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​​​ប្រជា​ការពារ​ភូមិ​ក្រសាំង និង​ប្អូនៗ​របស់​គេ​ពីរ​នាក់​ទៀត​ចូល​ទៅ​វាយ និង​កាប់​ដល់​ក្នុង​ផ្ទះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ទឹកជ្រៅ លោក សាំង វ៉ក់ រៀបរាប់​ថា ក្នុង​ករណី​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួកគាត់​កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា សមត្ថកិច្ច​មិន​ត្រឹម​តែ​មិន​បាន​ចាប់​​ជនល្មើស​ឱ្យ​បាន​គ្រប់​ចំនួន​ទេ ប៉ុន្តែ​បែរ​ជា​មក​ចាប់​បង​ប្រុស​របស់​គាត់​ម្នាក់​ដែល​ជា​អ្នក​រត់ទៅ​ប្តឹង​ប៉ូលិស​ទៅវិញ។

លោក​រំលឹក​ហេតុការណ៍​នោះ​ថា ដំបូង​ឡើយ​គឺ​ប្អូន​ប្រជា​ការពារ​ភូមិ​ក្រសាំង ឈ្មោះ តឹង ចាន់សេង ផឹក​ស្រា​ស្រវឹង ហើយ​ជេរ​គ្រួសារ​លោក និង​មាន​ការ​ជេរ​តប​ទៅ​វិញ។ ក្រោយ​មក លោក តឹង ចាន់សេង បាន​ហៅ​ទូរស័ព្ទ​ទៅ​បង​ប្រុស​ឈ្មោះ តឹង នឿន ដែល​ជា​​ប្រជា​ការពារ​ភូមិ​ក្រសាំង ហើយ​ក៏​ចូល​ទៅ​រក​រឿង ព្រម​ទាំង​វាយ និង​កាប់​រូប​លោក​ចំនួន ៣ ពូថៅ​ចំក្បាល និង​ដៃ​នៅ​ក្នុង​ផ្ទះ​របស់​បង​ប្រុស​គាត់​តែម្ដង។ ចំណែក​បង​ប្រុស​គឺ​លោក សាំង តាំងនី បាន​ចូល​ជួយ ក៏​ត្រូវ​ប្រជា​ការពារ​ភូមិ​រូប​នោះ​វាយ ៣​ខ្នង​ពូថៅ​ទៀត ហើយ​បង​ប្រុស​របស់​លោក​ក៏​រត់​ទៅ​ប្ដឹង​ប៉ូលិស​ឱ្យ​ជួយ​អន្តរាគមន៍៖ «វា​អយុត្តិធម៌​អ៊ីចឹង ហើយ​បង​ខ្ញុំ​អត់​មាន​បាន​ធ្វើ​អី​ទេ។ បង​ខ្ញុំ​គេ​វ៉ៃ​បី​ខ្នង​ពូថៅ ហើយ​បង​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច  រត់​ទៅ​ហៅ​ប៉ូលិស រួច​ទៅ​គេ​ចាប់​បង​ខ្ញុំ​ដែរ»

ក្រោយ​ពេល​កើតហេតុ​វាយ​ដំ​ទៅ​លើ​គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រជា​ការពារ​ភូមិ លោក តឹង នឿន និង​ប្អូន​ថ្លៃ​ឈ្មោះ នី សិលា ចំណែក​ប្អូន​ប្រជា​ការពារ​ភូមិ​ម្នាក់​ទៀត ឈ្មោះ តឹង ចាន់សេង រត់​គេច​ខ្លួន​បាត់។ រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ កក្កដា បង​ប្រុស​សកម្មជន​គណបក្ស​ប្រឆាំង​ដដែល បាន​បញ្ជូន​ប្អូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម ពេល​ត្រឡប់​ទៅ​វិញ​ សមត្ថកិច្ច​កោះ​ហៅ​ទៅ​អធិការ​ស្រុក ព្រម​ទាំង​​​ឃាត់​ខ្លួន​នៅ​ទី​នោះ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ទៀត​ផង។

លោក សាំង វ៉ក់ បញ្ជាក់​ថា អាការៈ​ជំងឺ​របស់​លោក​មិន​ទាន់​បាន​ប្រសើរ​ទេ ហើយ​ភ្នែក​ម្ខាង​មើល​មិន​ឃើញ​អ្វី​ឡើយ។ ទោះ​បី​ជា​ត្រូវ​របួស​បែប​នេះ​ក្តី ប៉ុន្តែ​លោក​ឮ​សមត្ថកិច្ច​ប្រាប់​ថា នៅ​ពេល​គាត់​ជា​សះ​ស្បើយ​ពី​ជំងឺ ពលរដ្ឋ​រូប​នេះ​នឹង​អាច​គេ​ចាប់​ខ្លួន​ជុំវិញ​សំណុំ​រឿង​ហិង្សា​នេះ ដែល​ធ្វើ​ឱ្យ​លោក​កាន់​តែ​បារម្ភ។

ស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ចក់ សុខកៅ មិន​បាន​បកស្រាយ​បែប​ណា​ទេ នៅ​ថ្ងៃ​ទី​២០ កក្កដា ដោយ​លោក​ថា ជាប់​ប្រជុំ។

ចំណែក​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជ្រៅ លោក ម៉ន ធី បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ឃ្លាំមើល​ជន​សង្ស័យ​មួយ​រូប​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន ប៉ុន្តែ​ដំណើរ​ការ​នីតិវិធី​យ៉ាង​ណា​លោក​មិន​បាន​ដឹង​ទេ។ សមាជិក​ប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ ស្រុក​តំបែរ លោក ម៉ៅ ម៉េន ស្នើ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​ជន​រង​គ្រោះ​សោះ បែរ​ជា​ត្រូវ​ជាប់​ឃុំ​ទៀត​នោះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ប្រសិនបើ​ករណី​នោះ​ជា​បទល្មើស​ជាក់ស្ដែង និង​មាន​ធាតុ​ផ្សំ​បទល្មើស​លើស​ពី ៧០​ភាគរយ គឺ​សមត្ថកិច្ច​អាច​ឃាត់​ខ្លួន​ភ្លាមៗ​បាន។ លោក​បន្ថែម​ថា នីតិវិធី​ស៊ើបអង្កេត​បន្ត​របស់​តុលាការ គឺ​មិន​ចាំបាច់​ទាល់​តែ​ឃុំ​ខ្លួន​ជនសង្ស័យ​នោះ​ទេ៖ «សូម្បី​ព្រះរាជអាជ្ញា សូម្បី​ចៅក្រម ប្រសិនបើ​គេ​វាយ​ប្អូន​ក៏​ទៅ​ជួយ​ដែរ សូម្បី​ប្រធាន​តុលាការ​ខេត្ត​ក៏​គាត់​ត្រូវ​តែ​ទៅ​ជួយ​ដែរ។ មែន​ទេ?»

សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ប្រសិនបើ​ដូច​អ្វី​ដែល​សកម្មជន​រូប​នោះ​លើក​ឡើង ការ​ឃុំ​ខ្លួន​បងប្រុស​របស់​គាត់​មិន​ត្រឹមត្រូវ​ទេ ដូច្នេះ​លោក​ស្នើ​ឱ្យ​តុលាការ និង​សមត្ថកិច្ច​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហជីព​បន្ត​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​លក្ខខណ្ឌ​និង​ស្ថានភាព​ការងារ​កម្មករ​សំណង់

$
0
0

សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​យក​ចិត្ត​ទុក​ដាក់​កែលំអ​លើ​លក្ខខណ្ឌ និង​ស្ថានភាព​ការងារ​របស់​កម្មករ​សំណង់។ ការ​ស្នើ​សុំ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របក​គំហើញ​បឋម​នៃ​ការ​ស្ទង់​មតិ​​ទៅ​លើ​កម្មករ​សំណង់​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២។

​ភាព​លំបាក​របស់​កម្មករ​សំណង់​ដែល​ត្រូវ​បាន​គេ​ស្រាវជ្រាវ​រក​ឃើញ​នោះ គឺ​ទាក់ទិន​នឹង​បញ្ហា​ប្រាក់​ឈ្នួល​ទាប ការ​រស់​នៅ​គ្មាន​ស្តង់ដារ ស្ថានភាព និង​សុវត្ថិភាព​ការងារ​អាក្រក់ រួម​ទាំង​កង្វះ​ការ​យល់​ដឹង​អំពី​សិទ្ធិ​ជាដើម។

​ស្ថិត​ក្នុង​ស្ថានភាព​នេះ ប្រធាន​ស្ដីទី​នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​សំណង់​ឲ្យ​ដូច​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ដែរ៖ «»។

ក្នុង​របាយការណ៍​បឋម​នៃ​ការ​ស្ទង់មតិ​ទៅ​លើ​កម្មករ​សំណង់​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​កម្រាស់​ជិត ៥០​ទំព័រ ជា​ភាសា​អង់គ្លេស​នោះ បង្ហាញ​ថា ក្នុង​ចំណោម​កម្មករ​សំណង់ ១.០១០​នាក់ ដែល​គេ​បាន​ធ្វើ​ការ​ស្ទង់​មតិ​នោះ គឺ​កម្មករ​សំណង់​អត់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ចំនួន ៨៧​ភាគរយ ហើយ​កម្មករ ៨៩​ភាគរយ គឺ​ធ្វើ​ការ​តាមរយៈ​កិច្ច​សន្យា​ផ្ទាល់​មាត់ ខណៈ ១១​ភាគរយ​ផ្សេង​ទៀត មាន​កិច្ចសន្យា​ការងារ​ជា​លាយលក្ខណ៍អក្សរ។

​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា កម្មករ​ជាង ៨០​ភាគរយ អត់​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ពេល​បញ្ចប់​ការងារ​ដូចជា​ប្រាក់​បន្ថែម​លើក​ទឹក​ចិត្ត និង​ប្រាក់​បំណាច់​ការងារ​ជាដើម។ ទន្ទឹម​គ្នា​នេះ កម្មករ​ជាង ៨៦​ភាគរយ មិន​ដែល​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ហើយ​កន្លែង​ការងារ​ខ្លះ​បើក​ប្រាក់​ឈ្នួល​មិន​ទៀត​ទាត់ និង​មាន​កម្មករ ១២​ភាគរយ​ថា មាន​ការ​កាត់​ប្រាក់​ឈ្នួល ក្រោម​មូលហេតុ​ថ្លៃ​ដឹក​ជញ្ជូន និង​ទិញ​សម្ភារៈ​ដូចជា​ស្បែក​ជើង ឬ​គ្រឿង​ការពារ​សុវត្ថិភាព​ផ្សេងៗ​ជាដើម។

ដោយ​ឡែក​ចំពោះ​បញ្ហា​សុវត្ថិភាព​នៅ​ការដ្ឋាន​វិញ គឺ​គ្មាន​សុវត្ថិភាព​ បង្ក​ឲ្យ​មាន​របួស និង​ស្ថានភាព​មិន​ល្អ​នៅ​កន្លែង​ធ្វើ​ការ​មាន ១២​ភាគរយ រី​ឯ​កន្លែង​មាន​សុវត្ថិភាព បង្ក​ឲ្យ​មាន​របួស​ខ្លះ ឬ​គ្មាន​សោះ​នៅ​ក្នុង​ការដ្ឋាន មាន ៤០​ភាគរយ ហើយ​មាន​សុវត្ថិភាព​ដែរ បង្ក​ឲ្យ​មាន​របួស និង​ស្ថានភាព​មិន​ល្អ​មួយ​ចំនួន តែ​មិន​ច្រើន គឺ​មាន ៤៨​ភាគរយ។

របាយការណ៍​ស្រាវជ្រាវ​នេះ រក​ឃើញ​ទៀត​ថា កម្មករ​ដែល​ធ្លាប់​រង​របួស​នៅ​ក្នុង​ការដ្ឋាន​មាន ១៩​ភាគរយ ឬ​ស្មើ ១៩៦​នាក់ ដែល​ក្នុង​នោះ ៣៧​ភាគរយ​នៃ​អ្នក​រង​របួស​ទទួល​បាន​ការ​ព្យាបាល​ដែល​បង់​ថ្លៃ​ដោយ​និយោជក ប៉ុន្តែ​មាន​កម្មករ​ជាង ៨១​ភាគរយ ពុំ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល ឬ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ទម្រង់​ការពារ​សុវត្ថិភាព​ការងារ​ឡើយ។

​ទោះ​ជា​យ៉ាង​ណា​នេះ​ក្តី កម្មករ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម គឺ​មាន​តែ ៩​ភាគរយ​ប៉ុណ្ណោះ។ សម្រាប់​កន្លែង​ស្នាក់នៅ​វិញ គឺ​មាន​កម្មករ​សំណង់​ជាង ៧៦​ភាគរយ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន ដែល​គេ​រក​ឃើញ​ថា មាន ៣៤​ភាគរយ​លិច​ទឹក ឬ​ខ្វះ​អនាម័យ ហើយ​គ្រោះភ័យ​ពី​គ្រឿង​អគ្គិសនី ៣៨​ភាគរយ និង​គ្មាន​ឧបករណ៍​ការពារ​សុវត្ថិភាព ៥៩​ភាគរយ។ បើ​និយាយ​ពី​ប្រាក់ខែ​វិញ គឺ​កម្មករ​សំណង់​ទទួល​បាន​ប្រមាណ ១៩០​ដុល្លារ​ក្នុង ១​ខែ រួម​ទាំង​ប្រាក់​ថែម​ម៉ោង ដូច្នេះ​ចំនួន​នេះ នៅ​ទាប​នៅ​ឡើយ បើ​ធៀប​ជាមួយ​ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ​នៅ​ភ្នំពេញ ដែល​ក្នុង​ឆ្នាំ​២០១៦ គឺ​ពួកគេ​ទទួល​បាន ២២៦​ដុល្លារ​ក្នុង​មួយ​ខែ​។

​ទាក់ទិន​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែក​កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

​កម្មករ​សំណង់​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ចាប់​ពី ១៩​ម៉ឺន ទៅ ២០​ម៉ឺន​នាក់ ក្នុង​នោះ ៣០​ភាគរយ​ជា​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ចាត់​ទុក​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុមប្រឹក្សា​ឃុំ​នៅ​កំពត​ជា​ការ​រើសអើង​នយោបាយ

$
0
0

សង្គម​ស៊ីវិល​យល់​ថា ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុមប្រឹក្សា​ឃុំ​បឹងទូក ខេត្ត​កំពត គឺ​ជា​ករណី​រើសអើង​គ្នា​ទៅ​វិញ​ទៅ​មក។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ គោរព​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ចៀស​ការ​រើសអើង​គ្នា។

​មេ​ឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជំទប់​ទី​២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៃ​ឃុំ​បឹងទូក ស្រុក​ទឹកឈូ សុទ្ធតែ​ប្រាប់​ថា ពួកគេ​មិន​ទាន់​ធ្វើការ​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​នោះ​ទេ។

មេ​ឃុំ​បឹងទូក លោក សេង ចាន់ថន ប្រាប់​ថា ក្រុមប្រឹក្សា​ឃុំ​ទាំង​៥ ត្រូវ​បាន​ប្រកាស​សុពលភាព​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ហើយ​មក​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ក្រុមប្រឹក្សា​ទាំង​៥ នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ចុះ​សម្រុង​គ្នា​ទាំង​ស្រុង​នោះ​ទេ។ លោក សេង ចាន់ថន ដែល​ជា​អតីត​មេ​ឃុំ​បឹងទូក របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​អាណត្តិ​ទី​៣ ហើយ​បច្ចុប្បន្ន​លោក​គឺ​ជា​មេ​ឃុំ​បឹងទូក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ វិញ បាន​ប្រាប់​ថា លោក​មិន​ទាន់​បាន​ទាមទារ​បន្ទប់​មេ​ឃុំ​ដែល​ជំទប់​ទី​២ កាន់​កាប់​នោះ​ទេ។ បន្ថែម​ពី​នេះ សព្វថ្ងៃ​ក្រុមប្រឹក្សា​ទាំង​ពីរ​បក្ស​បាន​ចែក​បន្ទប់​គ្នា​ធ្វើការ​ដាច់​ដោយ​ឡែក ដោយ​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ ធ្វើការ​ក្នុង​បន្ទប់​ជំទប់​ទី​២ រី​ឯ​​ក្រុមប្រឹក្សា​១ និង​ជំទប់​ទី​២ ធ្វើការ​នៅ​បន្ទប់​ក្រុមប្រឹក្សា​ឃុំ៖ «»។

​ឃុំ​បឹង​ទូក នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​៥។ លទ្ធផល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣​អាសនៈ ដោយ​ទទួល​បាន​តំណែង​មេ​ឃុំ​ជំទប់​ទី​១ និង​ក្រុមប្រឹក្សា​ឃុំ​ម្នាក់ ឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ២​អាសនៈ បាន​តំណែង​ជា​ជំទប់​ទី​២ និង​ក្រុមប្រឹក្សា។

ជំទប់​ទី​២ ឃុំ​បឹងទូក អ្នកស្រី មូល សុខុម ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ដោយ​មាន​ការ​បែង​ចែក​បក្សពួក​គ្នា​មែន។ ប៉ុន្តែ​អ្នកស្រី​ថា ដំបូងៗ​គឺ​អ៊ីចឹង​ហើយ ព្រោះ​ស្ថិត​ក្នុង​កាលៈទេសៈ​មិន​ទាន់​យល់​ចិត្ត​គ្នា។ ចំពោះ​ករណី​មិន​ប្រគល់​បន្ទប់​មេឃុំ​ចាស់​ទៅ​ឲ្យ​មេឃុំ​ថ្មី ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​បឹងទូក អ្នកស្រី មូល សុខុម ប្រាប់​ថា ដោយសារ​បន្ទប់​នោះ​មាន​ឯកសារ​ច្រើន និង​មាន​ទូ​ដាក់​ឯកសារ​ធំ​មួយ​ដែល​ពិបាក​ក្នុង​ការ​លើក​ចេញ៖ «»។

នៅ​ស្រុក​ទឹកឈូ មាន​ឃុំ​ចំនួន​១៦។ ក្នុង​ចំណោម ១៦​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ជំទប់​ទី​១ ចំនួន ១៤ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ជា​មេ​ឃុំ និង​ជំទប់​ទី​១ ចំនួន​២ គឺ​ឃុំ​បឹងទូក និង​ឃុំ​កូនសត្វ។

​មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ យល់​ថា ដើម្បី​កុំ​ឲ្យ​មាន​ការ​រើសអើង​គ្នា​ក្រុមប្រឹក្សា​ឃុំ​ត្រូវ​គោរព​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ។ លោក​ថា ករណី​រើស​អើង​គ្នា និង​ករណី​ជំទប់​ឃុំ​មិន​ប្រគល់​បន្ទប់​មេ​ឃុំ​ចាស់​ធ្វើការ​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី នៅ​ខេត្ត​កំពត មិន​មែន​មាន​តែ​នៅ​ឃុំ​បឹងទូក ស្រុក​ទឹកឈូ នោះ​ទេ៖ «»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មេ​ឃុំ និង​ជំទប់​ទី​២ ឃុំ​បឹងទូក សុទ្ធតែ​ប្រាប់​ថា នឹង​ព្យាយាម​សម្របសម្រួល​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍ និង​ជួយ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បឹងទូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ស្ទឹងត្រែង​ថា​អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ

$
0
0

ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រក​ឃើញ​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​ឆាយ​ព្រៃ​រាន​យក​ដី នៅ​ក្នុង​តំបន់​ព្រៃ​កោងកាង ដែល​ឋិត​ក្នុង​បរិវេណ​ដី​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋបាល​ឃុំ។ អ្នក​ភូមិ​ថា នៅ​គ្រា​ដែល​សហគមន៍​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ច្រើន​សា​តែ​ពុំ​មាន​លទ្ធផល។

ជនជាតិ​ដើម​ភាគ​តិច​កួយ បារម្ភ​ពី​ជោគវាសនា​ព្រៃ​កោងកាង ដែល​ផ្ដល់​ប្រយោជន៍​សំបូរ​បែប​ដល់​សហគមន៍​តាំង​ពី​ដើម​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​ឈ្មួញ​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន។ ពួកគាត់​ថា  ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ ឬ​ហៅ​ថា អេស្កាវ៉ាទ័រ ឈូស​ឆាយ​ដី​ព្រៃ​កោងកាង ជា​ថ្មី​ទៀត ឋិត​នៅ​ចំណុច​ជាំ​កោងកាង ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​អស់​ច្រើន​ហិកតារ។

​ជន​ជាតិ​ដើម​ភាគតិច​រស់​នៅ​ឃុំ​សំអាង លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា តំបន់​ព្រៃ​កោងកាង នោះ បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ជនជាតិ​ដើម​ភាគ​តិច​រួម​មាន ផ្ដល់​ត្រី​សាច់ ដាក់​អន្ទាក់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ ដង​ជ័រ​ទឹក និង​រក​ឃ្មុំ​ជាដើម ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រៃ​នៅ​តំបន់​នោះ​មួយ​ផ្នែក​បាន​ក្លាយ​សម្បត្តិ​ឯកជន​របស់​ពលរដ្ឋ​ចំណូល​ស្រុក ដោយ​មាន​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី ជាដើម។ លោក​ថា បឹង​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​កោងកាង បាន​ផ្ដល់​ត្រី​សាច់​ដល់​សហគមន៍​ច្រើន​ឆ្នាំ​មក​ហើយ កំពុង​រង​ការ​គំរាមកំហែង​ដោយ​ផ្នែក​ខ្លះ​ត្រូវ​គេ​យក​គ្រឿងចក្រ​កាយ​ដី​លប់ និង​រំលំ​ដើម​ឈើ​ទៅ​លើ ដែល​បង្ក​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ទី​១ ព្រៃ​កោងកាង ប្រជាពលរដ្ឋ​គាត់​ធ្លាប់​រក​ត្រី និង​កាប់​ចុង​តាកង​ហូប តែ​ឥឡូវ​អ្នក​មាន​ឥទ្ធិពល គេ​កាយ​រំលាយ​ចោល កាប់​ព្រៃឈើ​ តែ​គេ​មិន​កាប់​នឹង​ពូថៅ​ទេ គេ​កាប់​អា​អិច កាយ​ដល់​ព្រៃ​កោងកាង»

បុរស​ដដែល​បន្ត​ថា គ្រឿងចក្រ​មួយ​គ្រឿង​ដែល​កំពុង​ឈូស​ឆាយ​នោះ មាន​លទ្ធភាព​កាប់​ព្រៃ​ចាប់​ពី ៣​ហិកតារ ដល់ ៨​ហិកតារ​ក្នុង​មួយ​ថ្ងៃ។ ក្រោយ​ពី​ឈូស​ឆាយ​កាប់​ព្រៃ​រួច បាន​ដុះ​កម្ទេច​ចោល​រួច​ដាំ​ដំណាំ។ លោក​ថា អ្នក​ភូមិ​សង្ស័យ​ថា ម្ចាស់​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​នោះ ឈ្មោះ ស៊ី លាភ ដែល​ជា​ឈ្មួញ​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន និង​មាន​ដី​រាប់​រយ​ហិកតារ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ទៀត​ផង។

លោក​បន្ទោស​ថា អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បង្ក​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ត្បិត​ដើម​ឈើ​ទាល ដែល​ជា​ប្រភេទ​ឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច​រាប់​ពាន់​ដើម កំពុង​បាត់បង់​បណ្ដើរៗ​ដោយសារ​ឈ្មួញ​បាន​សម្រុក​កាប់ និង​អារ​ច្រៀក​ធ្វើ​គ្រឿង​ផ្ទះ៖ «បើ​ថា​គេ​អត់​គ្រប់គ្រង អ្នក​ខ្លះ​គេ​ស៊ី​ប្រាក់ខែ តែ​គេ​យក​តែ​ប្រាក់ខែ​ដែរ តែ​គ្រប់​គ្រង់​អត់​មាន។ សូម្បី​តែ​មេ​ព្រៃ​ហៅ​មក​ម្ដង ទៅ​ពីរ​ដង ​មិន​ងាយ​មក​ទេ។ ចង់​អំពាវនាវ​រដ្ឋាភិបាល និយាយ​រួម​អ្នក​ពាក់ព័ន្ធ​ឲ្យ​ជួយ​គ្រប់គ្រង»

​មុន​ឆ្នាំ​២០១២ ព្រៃ​កោងកាង គឺ​ជា​ទីតាំង​ជ្រក​របស់​សត្វព្រៃ​រស់​នៅ និង​ជា​តំបន់​សំបូរ​ដោយ​ព្រៃ​ស្រោង មាន​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ពាន់​ដើម។ ព្រៃ​នោះ មាន​ផ្ទៃដី​ចំនួន​ជាង ៣​ពាន់​ហិកតារ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​សំអាង ស្នើ​សុំ​ឲ្យ​ទទួល​ស្គាល់​ជា​ផ្លូវការ​ជា​ដី​ព្រៃ​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប។ មក​ទល់​ពេល​នេះ ព្រៃ​នៅ​តំបន់​នោះ​មួយ​ផ្នែក​ធំ​បាន​ក្លាយ​ជា​ដី​កម្មសិទ្ធិ​ឯកជន​អស់​ប្រហែល​ពាក់​កណ្ដាល។

​មេ​ឃុំ​សំអាង លោក ញៀន ផុន ទទួល​ស្គាល់​ថា ដី​ព្រៃ​ត្រៀម​បម្រុង​របស់​រដ្ឋបាល​ឃុំ​សំអាង បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ឯកជន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ។ ចំណែក​សកម្មភាព​កាប់​ឈើ​រាន​យក​ដី​កាល​ពី​ពេល​ថ្មីៗ​នេះ  អាជ្ញាធរ​ឃុំ​ពុំ​បាន​ទទួល​ព័ត៌មាន​ទេ។

លោក​ថា កន្លង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​ពលរដ្ឋ​ផង បាន​ចុះ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ និង​បាន​ធ្វើ​កិច្ចសន្យា​ច្រើន​ករណី។ លោក​បញ្ជាក់​ថា ដី​ព្រៃ​កោងកាង នៅ​តំបន់​នោះ ពុំ​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ស្នើ​សុំ​សា​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ៖ «តាម​គោលការណ៍​បើសិនជា​ដឹង​ដំណឹង ខ្ញុំ​មាន​ផែនការ​ទប់​ស្កាត់ ប្រើ​កម្លាំង​ចម្រុះ តែ​បច្ចុប្បន្ន​នេះ​ខ្ញុំ​ក្ដាប់​ព័ត៌មាន​អត់​បាន»

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រមទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ​ជន​ជាតិ​ដើម​ភាគ​តិច និង​សង្គម​ស៊ីវិល​អះអាង​ថា សារាចរ​នេះ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ គឺ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ប្រសិន​ពលរដ្ឋ​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​អាជ្ញាធរ​ពុំ​ផ្តល់​កិច្ច​សហការ​បង្ក្រាប​ទេ​នោះ វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ ពេល​បាន​ដឹង​បាន​ឮ និង​បាន​ឃើញ​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ព្រៃឈើ ហើយ​មិន​ទាន់​ផុត​អាជ្ញាយុកាល​នៃ​បទល្មើស។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហាក់​មិន​បាន​អនុវត្ត​ខ្លឹមសារ​សារាចរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ បង្ក​ឲ្យ​ពលរដ្ឋ​ទម្លាក់​កំហុស​ទៅ​លើ​រាជរដ្ឋាភិបាល។

លោក​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ទាក់ទិន​បទល្មើស​ព្រៃឈើ នៅ​តែ​ជា​ប្រធានបទ​ក្តៅ ត្បិត​ដី​ព្រៃ​កោងកាង និង​ព្រៃ​សហគមន៍ ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ កំពុង​រង​ការ​គំរាម​កំហែង​គ្រប់​ទម្រង់៖ «សហគមន៍​គាត់​ខំ​ការពារ បែរ​ជា​គាត់​ខុស​ទៀត ដោយសារ​ពេល​ខ្លះ​គេ​ចោទ​សហគមន៍ ឬ​ពលរដ្ឋ​មុន​ចុះ​ល្បាត​ព្រៃ​មិន​ដែល​សហការ តាម​ពិត​ពួកគាត់​តែងតែ​រាយការណ៍។ ជាក់ស្ដែង​យើង​ឃើញ​ថា នៅ​មាន​ការ​បណ្ដែតបណ្ដោយ ដូច​ថា មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការពារ​ព្រៃ​ហ្នឹង​ទេ»

​លោក ហូ សំអុល រក​ឃើញ​ថា បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​រាន​យក​ដី​អស់​រាប់ពាន់​ហិកតារ​ក្តី ក៏​កម្រ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដែរ។ បញ្ហា​នេះ​លោក​បញ្ជាក់​ថា ហាក់​ជា​​សញ្ញា​បង្ហាញ​ថា មន្ត្រី​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ការពារ​ព្រៃ។

​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ធ្លាប់​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ពលរដ្ឋ ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ រួម​ទាំង​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផង។ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​កំពុង​កើត​មាន​ឡើង​ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ភូមិ​នៅ​ឧត្តរមានជ័យ​នៅ​តែ​បារម្ភ​អំពី​សុវត្ថិភាព​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ

$
0
0

មន្ត្រី​ស្រង់​ទិន្នន័យ​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ខេត្ត​នេះ នៅ​តែ​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​កប់​ក្រោម​ដី និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សេស​ល់ពី​សង្គ្រាម​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ។

​ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០១៧ នេះ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​ប្រមាណ ១០​នាក់។ មន្ត្រី​ផ្នែក​ស្រង់​ទិន្នន័យ​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន បង្ហាញ​កង្វល់​ថា ថ្វីត្បិតតែ​ចំនួន​អ្នក​រង​គ្រោះ​ឆ្នាំ​នេះ​បាន​ថយចុះ​ជាង​ឆ្នាំ​មុន​ក៏ដោយ ក៏​វា​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ។

​ពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ភូមិ​ខ្ទុំ សង្កាត់​កូនក្រៀល ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​គេ និង​ក្រុម​គ្រួសារ ក្នុង​រឿង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​គ្រាប់​ដែល​សេសសល់​ពី​សង្គ្រាម នៅ​ពេល​ដែល​ចេញ​ទៅ​កាប់​គាស់​ដី​ធ្វើ​ស្រែ​ចំការ​ម្ដងៗ។ ការ​ព្រួយ​នេះ ដោយសារ​តែ​គេ​ដឹង​ថា ផ្ទៃដី​ស្រែចំការ ព្រមទាំង​ដី​ភូមិ​ខ្លះ ដែល​ពួកគេ​កំពុង​រស់​នៅ គឺ​ជា​កន្លែង​ដែល​នៅ​មាន​សល់​គ្រាប់​មីន​កប់​ក្រោម​ដី និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ឡើយ។

​បុរស​ចំណាស់​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ខ្ទុំ គឺ​លោក សុខ ងឿន។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ទាំង​រូប​លោក និង​អ្នក​ភូមិ​ខ្ទុំ ទាំង​អស់ មាន​អារម្មណ៍​ភ័យខ្លាច​ជាប់​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​កប់​នៅ​ក្រោម​ដី។ លោក​បញ្ជាក់​ថា នៅ​តាម​វាលស្រែ និង​ដី​ចំការ ព្រម​ទាំង​កន្លែង​ភូមិ​ដែល​កំពុង​រស់​នៅ​ផង គឺ​នៅ​មាន​សេសសល់​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ជា​ច្រើន​ដែល​មិន​អាច​មើល​ឃើញ។

លោក សុខ ងឿន មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​អ្នក​ភូមិរ​បស់​គាត់​ជា​ច្រើន​នាក់ បាន​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​បន្តបន្ទាប់​ក្នុង​ពេល​ទៅ​ធ្វើ​ស្រែចំការ៖ «ព្រោះ​តែ​កសិករ​កាយ​ដី​ចិញ្ចឹម​ជីវិត ដូចជា​រូប​ខ្ញុំ ដោយ​ទៅ​ភ្ជួរ​ដី​ដាំ​ដំឡូង ដាំ​បន្លែ ពេល​កាប់​គាស់​ដី​ទៅ​មិន​បាន​ដឹង​ថា មីន​នៅ​ត្រង់​ណា​ទេ»

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា បុរស​អ្នក​ភូមិ​ខ្ទុំ ម្នាក់​ឈ្មោះ យីង យឿម អាយុ ៦៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​តែ​កាប់​ដី​ដំបូក​​ប៉ះ​ចំ​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ស្រែ៖ «សំឡេង​ផ្ទុះ...»។

​កូនស្រី​របស់​បុរស​រង​គ្រោះ លោកស្រី យីង ខឿន មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ឪពុក​របស់​នាង​មាន​គ្រោះថ្នាក់​ស្លាប់​នោះ គឺ​នាង​កំពុង​តែ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ។ នាង​មាន​អារម្មណ៍​រន្ធត់​ជា​ខ្លាំង​ពេល​ដែល​ទទួល​ដំណឹង​ថា ឪពុក​មាន​គ្រោះថ្នាក់​ដោយសារ​តែ​គ្រាប់​នៅ​សល់​ពី​សង្គ្រាម។ ​ថ្វី​បើ​ឪពុក​របស់​នាង​បាន​ស្លាប់​ទៅ​ហើយ​ក្តី ក៏​នាង​នៅ​តែ​បារម្ភ​អំពី​សុវត្ថិភាព​បង​ប្រុស​របស់​នាង​ម្នាក់​ទៀត ដែល​តែង​ទៅ​ធ្វើ​ស្រែ​ទី​នោះ ពីព្រោះ​តែ​នាង​ដឹង​ថា ស្រែ​របស់​នាង​គឺ​នៅ​មាន​សល់​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន តាំង​ពី​សម័យ​សង្គ្រាម​ចាប់​ពី​ឆ្នាំ​១៩៨០ រហូត​ដល់​ឆ្នាំ​១៩៩៨ នៅ​ឡើយ៖ «សោកស្ដាយ​ហើយ ដោយសារ​តែ​ខ្ញុំ​កំព្រា មិន​មាន​ម្ដាយ ដល់​ពេល​បាត់បង់​ឪ​ទៀត ខ្ញុំ​ក៏​កាន់​តែ​ស្រាល​ខ្លួន»

​ប្រភព​ពី​អ្នក​ភូមិ​ខ្ទុំ ឱ្យ​ដឹង​ថា ភូមិ​ដែល​ពួកគេ​រស់​នៅ​បច្ចុប្បន្ន គឺ​ជា​អតីត​បន្ទាយ​ទាហាន​របស់​រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា ហើយ​កន្លែង​នេះ​ក៏​ជា​សមរភូមិ​ក្តៅ​រវាង​កងទ័ព​ប៉ារ៉ា និង​កងទ័ព​ខ្មែរ​ក្រហម​វាយ​ប្រយុទ្ធ​គ្នា​ជា​ញឹកញាប់​ជាមួយ​ទាហាន​រដ្ឋាភិបាល កាល​ពី​អំឡុង​ឆ្នាំ​១៩៨០ រហូត​ដល់​ឆ្នាំ​១៩៨៩។ នៅ​តាម​វាលស្រែ ដំបូក ឬ​ក៏​គុម្ពោត​ព្រៃ​ជា​ច្រើន​គេ​តែង​ប្រទះ​ឃើញ​មាន​គ្រាប់​កាំភ្លើង​ដែល​មិន​ទាន់​ផ្ទុះ ឬ​ក៏​គ្រាប់​មីន​ជា​ញឹកញាប់។ ជា​រៀង​រាល់​ឆ្នាំ អ្នក​ភូមិ​ខ្ទុំ នៅ​តែ​ភ័យ​ខ្លាច​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ក្នុង​ពេល​ដែល​គេ​បើក​គោយន្ត ឬ​ក៏​ត្រាក់ទ័រ ទៅ​ភ្ជួរ​រាស់​ដី​ធ្វើ​ស្រែ​ចំការ​ម្ដងៗ៖ «សំឡេង​ត្រាក់ទ័រ...»

​លោក ពឿន ហយ ជា​អ្នក​ភូមិ​ខ្ទុំ ម្នាក់​ទៀត មាន​ប្រសាសន៍​ថា រូប​លោក ក៏​ដូចជា​អ្នក​ភូមិ គឺ​ភ័យខ្លាច​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន។ លោក​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​​២៧ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​ឪពុកមារ​របស់​គាត់​បាន​ស្លាប់​ដោយ​ផ្ទុះ​គ្រាប់ ហើយ​កាល​ពី​ឆ្នាំ​២០១៦ គឺ​អ្នក​ភូមិ​ម្នាក់​ទៀត បាន​រង​របួស​ដោយសារ​គ្រាប់​មីន​កប់​នៅ​ក្រោម​ដី នៅ​ពេល​ដែល​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ស្រែ៖ «រឿង​ប្រជាពលរដ្ឋ ចេះ​តែ​​ខ្លាច​ហើយ ព្រោះ​យើង​មិន​អាច​មើល​ឃើញ​ទេ វា​នៅ​ក្នុង​ដី។ ពេល​ទៅ​ស្រែ​ម្ដងៗ​ចេះ​តែ​ភ័យ​ខ្លាច​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​បើ​កសិករ​ត្រូវតែ​កាប់​គាស់​ដី​ទៅ​ហើយ»

​មន្ត្រី​ស្រង់​ទិន្នន័យ​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ខេត្ត​ឧត្តរមានជ័យ លោក អូន លីហេង ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០១៧ នេះ មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ប្រមាណ ១០​នាក់។ ក្នុង​ចំណោម​អ្នករងគ្រោះ​ទាំង​នោះ​មាន ២​នាក់​បាន​ស្លាប់។ មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា នៅ​ក្រុង​សំរោង គឺ​ជា​តំបន់​ដែល​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​គេ ក្នុង​ចំណោម​ស្រុក​មួយ​ចំនួន​ទៀត ដូចជា​ស្រុក​ត្រពាំងប្រាសាទ ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយអំពិល ជាដើម។

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បោសសំអាត​គ្រាប់​មីន​ចេញ​ពី​ផ្ទៃដី​ឱ្យ​មាន​សុវត្ថិភាព ព្រមទាំង​បង្កើត​ក្រុម​ឱ្យ​ចុះ​ទៅ​តាម​មូលដ្ឋាន​ជួយ​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន។

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា លោក ហេង រតនា ធ្លាប់​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​សម្ភារៈ​បោសសំអាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ពី​រដ្ឋាភិបាល​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា​ ​ កម្លាំង CMAC ជា​ច្រើន​ពាន់​នាក់ កំពុង​ប្រឹងប្រែង​រំដោះ​គ្រាប់​មីន​ចេញ​ពី​ផ្ទៃ​ដី​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា៖ «ក្នុង​រយៈពេល ២៥​ឆ្នាំ​នេះ CMAC បាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​លើ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង និង​បំផ្លាញ​ចោល​គ្រាប់​មីន»

​គិត​ចាប់​ពី​ឆ្នាំ​១៩៩២ រហូត​មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧ ស៊ីម៉ាក​បាន​រក​ឃើញ និង​កំទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង ៥០​ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ១​ម៉ឺន​គ្រាប់ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ​ជាង ១​លាន ២​សែន​គ្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បន្ត​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​មិន​ព្រម​ទទួល​សំណង​ចាក​ចេញ​មុន​​ទឹក​លិច​ភូមិ

$
0
0

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ចុះ​ផ្សព្វផ្សាយ និង​ពិនិត្យ​ស្ថានភាព​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ជិត ១០០​គ្រួសារ​ដែល​ក្រាញននៀល​មិន​រុះរើ​លំនៅឋាន​ទៅ​រស់​នៅ​ភូមិ​ថ្មី​ជា​សំណង​ផល​ប៉ះពាល់​ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ខណៈ​ទឹក​ក្នុង​អាង​ស្តុក​ឡើង​ជា​បន្តបន្ទាប់។

​ស្ថានភាព​ទឹក​ក្នុង​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​មាន​សញ្ញា​បារម្ភ​ឡើយ នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​ក្រាញននៀល​រស់​នៅ​ភូមិ​ចាស់ បើ​ទោះ​បី​ទ្វារ​ទំនប់​ចំនួន​ពីរ​បាន​បិទ​រយៈពេល ៧​ថ្ងៃ​កន្លង​ទៅ​នេះ

​ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា បាន​ចុះ​ផ្សព្វផ្សាយ និង​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ ជិត ១០០​គ្រួសារ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ផល​ប៉ះពាល់​នៅ​ពេល​ដែល​ទឹក​នឹង​ឡើង​កាន់​តែ​ខ្ពស់​លិច​ភូមិ​​រយៈពេល ១០​ថ្ងៃ​ខាង​មុខ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥ ទៅ ៦​នាក់ បាន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​ការងារ​នេះ។

​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ស្តីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ និង​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ បញ្ជាក់​ថា សំណូមពរ​របស់​ពលរដ្ឋ​ឲ្យ​ពន្យារ​ពេល​បិទ​ទំនប់​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ពីព្រោះ​នេះ​ជា​គម្រោង​ថ្នាក់​ជាតិ​ត្រូវ​តែ​អនុវត្ត ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​រៀប​​ចំ​ក្រុម​ការងារ​ដាក់​ប្រចាំ​នៅ​តំបន់​អ្នក​ភូមិ​រស់​នៅ ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ។

លោក​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបទ​ទទួល​យក​សំណង​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​ការងារ​ស្រង់​ទិន្នន័យ​​ដីធ្លី​ទ្រព្យសម្បត្តិ​ពួកគាត់​មុន​ពេល​ទឹក​លិច៖ «សំណូមពរ​អ៊ីចឹង ប៉ុន្តែ​យើង​មិន​បង្ខំ​គាត់​ទេ បើសិន​សំណូមពរ​យើង ពលរដ្ឋ​គាត់​សហការ យើង​នឹង​ជួយ​គាត់​រើ​ផ្ទះសម្បែង​កុំ​ឲ្យ​លិចលង់ ទៅ​នៅ​ផ្ទះ​ថ្មី​ដែល​យើង​បាន​សាងសង់​ជូន​ពួកគាត់​ហើយ​ក្នុង​​ករណី​គាត់​មិន​រុះរើ យើង​មិន​ដឹង​ធ្វើ​ម៉េច យើង​មិន​បង្ខំ​ពួកគាត់​ទេ»

​រហូត​មក​ទល់​នឹងរ​សៀ​ល​ថ្ងៃ​ទី​២១ ខែ​កក្កដា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរចាស់ ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​ទន្លេ​ស្រក​ចុះ​ប្រមាណ ២​តឹក ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា។

​អ្នក​ភូមិ​ដែល​មិន​ព្រម​ចាក​ចេញ​លោក ហ្វុត ឃឿន បញ្ជាក់​ថា អ្នក​ភូមិ​ភាគ​ច្រើន​នៅតែ​រក្សា​ជំហរ​រស់​នៅ​​ភូមិ​ចាស់ បើ​ទោះ​បី​ស្ថានភាព​ទឹក​លិច​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព និង​សុវត្ថិភាព​រស់​នៅ​របស់​អ្នក​ភូមិ​យ៉ាង​​ណា​ក្តី។ លោក​ថា អ្នក​ភូមិ​រៀបចំ​ក្បូន ឬ​ទូក​សម្រាប់​ជម្លៀស​ក្រុម​គ្រួសារ​ទៅ​ស្នាក់នៅ​ទួល​សុវត្ថិភាព​​ប្រសិន​ទឹក​លិច​ផ្ទះ៖ «ចុះ​ទាប​បន្តិច​ហើយ វា​ជន់​ទឹក​ភ្លៀង អ្នក​ខ្លះ​ព្រម​ទទួល​សំណង​ទៅ​ពីរ​បី​បួន​គ្រួសារ អ្នក​ខ្លះ​ប្រកាន់​​ជំហរ​មិន​ចេញ»

​របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា អំឡុង​ពេល​ទំនប់​បិទ​ទ្វារ​ទឹក​ចំនួន​ពីរ​ជា​ដំបូង​នេះ មាន​អ្នក​ភូមិ​ស្រែគរ ចំនួន ៤​គ្រួសារ​ថ្មី​បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង ហើយ​ចាក​ចេញ​ពី​ភូមិ​ចាស់។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ​ដែល​បន្ត​រស់​នៅ ប្រសិន​ទឹក​លិច​ផ្ទះសម្បែង ឬ​ភូមិ​នៅ​ពេល​ខាង​មុខ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា (NGO-Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​គួរ​តែ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​បន្ថែម​ទៀត​ស្វែង​រក​ដំណោះស្រាយ​មូលមតិ​គ្នា​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ មុន​ពេល​អ្នក​ភូមិ​ជួប​ហេតុការណ៍​អាក្រក់៖ «បើ​សិន​យើង​មូល​មតិ​គ្នា​តាំង​ចិត្ត​ទាំង​អស់​គ្នា ទាំង​ភាគី​ប្រជាជន​រង​គ្រោះ គួរ​ព្យាយាម​ជួប​គ្នា​ឲ្យ​បាន​​ច្រើន​ដង ហើយ​ដោះស្រាយ​មុន​ទឹក​លិច​ជា​រឿង​ល្អ​បំផុត បើសិន​ទុក​ឲ្យ​ទឹក​លិច​ហើយ​ឃើញ​ថា​ទិដ្ឋភាព​​អាក្រក់​ទាំង​អស់​គ្នា»

​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​ថា តាម​លក្ខណៈ​​​បច្ចេកទេស ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​គ្រោង​នាំ​គ្នា​ស្នាក់នៅ គឺ​ទឹក​មិន​លិច​ដល់​ទេ ក៏ប៉ុន្តែ​ទី​នោះ​មិន​មាន​សេវា​សាធារណៈ​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​របស់​អ្នក​ភូមិ​ឡើយ។ លោក​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ជួប​ពិគ្រោះ​យោបល់ និង​ចុះ​ស្រង់​ទិន្នន័យ​ទ្រព្យសម្បត្តិ​ផល​ដំណាំ​ជូន​ពលរដ្ឋ​មុន​​ពេល​ទឹក​លិច​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហុង លីម ស្នើ​ប្អូន​ប្រុស​លោក កែម ឡី កុំ​យក​លុយ​ចូល​បុណ្យ​ពី​លោក ហ៊ុន សែន

$
0
0

សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ស្នើ​ទៅ​ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត កុំ​ឲ្យ​យក​លុយ​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​សំណើ​នេះ​​ត្រូវ​ប្អូន​លោក​បណ្ឌិត កែម ឡី បដិសេធ​ដោយ​ពន្យល់​ថា ការ​ចូល​បុណ្យ​ជា​សទ្ធា​របស់​លោក​នាយករដ្ឋមន្ត្រី ដូច្នេះ​លោក​ទទួល​បាន​លុយ​នេះ​រួច​ហើយ មិន​អាច​ប្រគល់​ត្រឡប់​លោក ហ៊ុន សែន វិញ​ទេ។

​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​សំចៃ​នោះ​យល់​ថា សទ្ធា​របស់​លោក ហ៊ុន សែន ចូល​លុយ​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ជួយ​ចេញ​ថ្លៃ​បបរ​ជា​ការ​ប្រមាថ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី និង​វិញ្ញាណក្ខន្ធ​អ្នក​ផ្សេង​ទៀត​ដែល​ស្លាប់​ព្រោះ​ការ​បាញ់​សម្លាប់៖ «ខ្ញុំ​សូម​អំពាវនាវ​ទៅ​គ្រួសារ​លោក កែម ឡី ប្អូន​ប្រុស​លោក កែម ឡី ជា​ពិសេស សូម​មេត្តា​កុំ​ទទួល​លុយ​គេ (លោក ហ៊ុន សែន)។ យើង​ដឹង​ហើយ​តើ ថា​នរណា​ជា​អ្នក​សម្លាប់​លោក កែម ឡី?»

​លោក ហុង លីម អះអាង​ថា លុយ​ខ្វះ​ថ្លៃ​បបរ​ជិត ៨​ពាន់​ដុល្លារ​នោះ លោក​អាច​រៃ​អង្គាស​ប្រាក់​ដើម្បី​បង្គ្រប់​បាន។ ចំណែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ពិធី​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ធ្វើ​នៅ​ខេត្ត​តាកែវ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦​ពាន់​នាក់​នោះ មិន​សម​អស់​ថ្លៃ​បបរ​ដល់​ថ្នាក់​នេះ​ទេ៖ «របៀប​បូក​លេខ​គេ​បូក​យ៉ាង​ម៉េច​បាន​ជា​ខាត​សម្បើម​ម្ល៉េះ?»

ការ​លើក​ឡើង​របស់​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​យប់​ទី​២០ ខែ​កក្កដា ដូច​នេះ ក្រោយ​ពេល​ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត ប្រកាស​សុំ​ជំនួយ​តាម​សារព័ត៌មាន​ហ្វ្រេស ញូវ (FreshNews) ក្រោយ​ធ្វើ​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ បណ្ឌិត កែម ឡី មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ហ៊ុន សែន ក៏​សម្រេច​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ដល់​ប្អូន​លោក កែម ឡី។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្អូន​ប្រុស​លោក កែម ឡី លោក កែម រិទ្ធិសិត ថា បំណង​របស់​លោក ហុង លីម ជា​រឿង​ល្អ​ដែល​លោក​ទទួល​យក។ ប៉ុន្តែ​លោក​ថា ថវិកា​ដែល​បាន​លោក​ទទួល​ពី​លោក​នាយករដ្ឋមន្ត្រី​រួច​ហើយ លោក​មិន​អាច​ប្រគល់​ទៅ​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ថា បើ​លោក ហុង លីម មាន​សទ្ធា​ជ្រះថ្លា លោក ហុង លីម អាច​ចូល​រួម​ថវិកា​ជួយ​សាងសង់​ចេតិយ​របស់​លោក កែម ឡី ខណៈ​ការ​សាងសង់​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​យ៉ាង​ច្រើន៖ «ឥឡូវ​បើ​សិន​ជា​សម្ដេច​គាត់​ចូល​បុណ្យ​ហើយ គាត់​ចូល​លុយ​ធ្វើ​ចេតិយ​ទៀត យើង​ទទួល​ទៀត យើង​មិន​អាច​ប្រកែក​ទេ ព្រោះ​យើង​អំពាវនាវ​ទៅ​ហើយ»

​ក្រោយ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ជាង​មួយ​ឆ្នាំ​មក​នេះ សមត្ថកិច្ច​ទើប​រក​ឃើញ​ឃាតក​ម្នាក់​តែប៉ុណ្ណោះ​មក​កាត់​ទោស គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ឃាតកម្ម​នេះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ។ ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ក៏​កំពុង​ជាប់​នៅ​ពន្ធនាគារ ព្រោះ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល៖ ដើម្បី​កុំ​ឱ្យ​មាន​ការ​នាំ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ទាល់តែ​បញ្ចប់​វត្តមាន​សាឡង់​ផ្ទេរ​​ខ្សាច់

$
0
0

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បញ្ចប់​វត្តមាន​របស់​សាឡង់​ផ្ទេរ​​ខ្សាច់ និង​កប៉ាល់​ដឹក​ខ្សាច់​ដែល​សហគមន៍​នៅ​តែ​ប្រទះ​ឃើញ​មាន​ប្រចាំការ​នៅ​សមុទ្រ​ខាង​ក្រៅ គឺ​អាច​ជា​ប្រសិទ្ធភាព​មួយ​ដើម្បី​បញ្ចប់​ភាព​សង្ស័យ​ចំពោះ​ការ​ហាម​មិន​ឱ្យ​នាំ​ខ្សាច់​ពី​ខេត្ត​កោះកុង ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​បញ្ចប់​ការ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ពី​ខេត្ត​កោះកុង ទៅ​លក់​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​កំពុង​ផ្ទុះ​រឿង​មិន​ប្រក្រតី​ជា​ច្រើន​ជុំវិញ​ការ​នាំ​ខ្សាច់​ទៅ​លក់​នៅ​បរទេស។

​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ទាំង​ស្រុង​ចំពោះ​ការ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់ ទៅ​លក់​នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ជោគជ័យ​មួយ​ទទួល​បាន​ពី​ការ​តស៊ូ​មតិ បន្ទាប់​ពី​ផ្ទុះ​រឿងរ៉ាវ​ជា​ច្រើន ដូចជា​ការ​គ្រប់គ្រង​ខ្សាច់​មិន​បាន​ល្អ ក្នុង​ការ​នាំ​ទៅ​លក់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ការ​បូម​ខ្សាច់​ក្រៅ​តំបន់​អាជ្ញាប័ណ្ណ ព្រម​ទាំង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។ បើ​ទោះ​ជា​មាន​ការ​ប្រកាស​បញ្ចប់​ទាំង​ស្រុង​ចំពោះ​ការ​នាំ​ខ្សាច់​ទាំង​ពីរ​ប្រភេទ​ក្ដី ប៉ុន្តែ​សង្គម​ស៊ីវិល និង​សហគមន៍​នៅ​តែ​ព្រួយ​បារម្ភ​ថា អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ពេញលេញ​នៅ​ឡើយ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​នៅ​ក្រោយ​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ខេត្ត​កោះកុង គឺ​ជា​ខេត្ត​គំរូ​ល្អ​មួយ​ដែល​បញ្ជាក់​ថា ការ​នាំ​ខ្សាច់​ទាំង​នៅ​ក្នុង​តំបន់​ទឹក​ប្រៃ និង​ទឹក​សាប ស្ថិត​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បទល្មើស​មួយ៖ «ប៉ុន្តែ​ប្រសិន​នៅ​តែ​មាន​សាឡង់​បូម​ខ្សាច់ និង​សាឡង់​ផ្ទេរ​ខ្សាច់ ស្ថិត​នៅ​ប្រចាំការ​នៅ​សមុទ្រ​ខាង​ក្រៅ គឺ​ជា​មូលហេតុ​នៅ​តែ​មាន​មន្ទិល​សង្ស័យ»

​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​មួយ ដើម្បី​បញ្ចប់​ជា​ស្ថាពរ​ចំពោះ​ការ​នាំ​ខ្សាច់​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្ត​កោះកុង ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស តែ​សេចក្ដី​សម្រេច​នោះ​មិន​គ្រប​ដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា (Silica) ឬ​ខ្សាច់​ស នៅ​ខេត្ត​កោះកុង នោះ​ទេ។ មុន​ឈាន​ដល់​ការ​សម្រេច​បញ្ចប់​ជា​ស្ថាពរ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​រ៉ែ បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន តាំង​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ គឺ​អំឡុង​ពេល​មាន​ការ​រក​ឃើញ​ថា កម្ពុជា​កំពុង​ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជុំវិញ​ការ​នាំ​ខ្សាច់​ចាក់​បំពេញ រាប់​សិប​លាន​​តោន​ទៅ​លក់​នៅ​បរទេស ដោយ​មិន​ស្រប​ច្បាប់ និង​ការ​រក​ឃើញ​មួយ​ទៀត ជុំវិញ​ការ​នាំ​ខ្សាច់​ប្រភេទ​ស៊ីលីកា រាប់​សែន​តោន​ទៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​រាប់​សិបលាន​ដុល្លារ​សហរដ្ឋអាមេរិក ផ្សេង​ទៀត។

​លោក សន ជ័យ បន្ត​ថា ចំពោះ​ផលប្រយោជន៍ និង​ថវិកា​សម្រាប់​ប្រទេស​ជាតិ ដែល​ទទួល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង និង​នៅ​តាម​មាត់​ទន្លេ​ស្ថិត​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត នៅ​តែ​ជា​សំណួរ​គ្មាន​ចម្លើយ ជាពិសេស​គឺ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​ស្ទឹង បឹង​ទន្លេ។ លោក​យល់​ឃើញ​ថា កម្រិត​នៃ​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​កន្លង​មក​នេះ គឺ​ខ្ពស់​ជាង​ផល​ប្រយោជន៍​ដែល​ទទួល​សម្រាប់​ជាតិ និង​ពលរដ្ឋ​បាន​ទៅ​ទៀត ដែល​ចាំបាច់​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្ដិធារ៉ា ថ្លែង​ថា នៅ​ក្រោយ​ពី​មាន​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៦ គឺ​ពុំ​មាន​ក្រុមហ៊ុន​ខ្នាត​ធំ​ណា​មួយ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៀត​ទេ និង​មាន​តែ​សិប្បកម្ម​ខ្នាត​តូចៗ ដែល​បូម​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ។ លោក​បន្ត​ថា កន្លង​មក​ដែល​គេ​ប្រទះ​ឃើញ​សាឡង់​បូម​ខ្សាច់ និង​សាឡង់​ដឹក​ខ្សាច់ ដោយសារ​ក្រុមហ៊ុន​ទាំង​នោះ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​អាច​ដក​ការ​ផ្អាក​មិន​ឱ្យ​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​វិញ៖ «២០១៦ តាំង​ពី​យើង​ផ្អាក​មក គឺ​អត់​មាន​តែម្ដង គ្រាន់​តែ​មាន​អ្នក​រក្សា​ទុក​កប៉ាល់ សាឡង់​របស់​ពួកគាត់ នៅ​រង់ចាំ​ដោយ​រំពឹង​ថា ក្រសួង​នឹង​អាច​លើក​លែង​ការ​ផ្អាក និង​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ តែ​ឥឡូវ​យើង​បញ្ចប់​ជា​ស្ថាពរ​ហើយ អ៊ីចឹង​គាត់​ត្រូវ​តែ​ចាប់​ផ្ដើម​រើ​គ្រឿងចក្រ​ចេញ​ហើយ អ៊ីចឹង​អត់​មាន​ទេ»

​លោក​បញ្ជាក់​ថា ចំពោះ​អាជីវកម្ម​ខ្សាច់​ទ្រង់ទ្រាយ​តូចៗ ជា​លក្ខណៈ​សិប្បកម្ម នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​តាម​សារាចរ​ថ្មី ដែល​តម្រូវ​ឱ្យ​ទៅ​បូម​នៅ​កន្លែង​មាន​សុវត្ថិភាព។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​រ៉ែ​នេះ សហគមន៍​កោះ​ស្រឡៅ​ដែល​តែងតែ​សកម្ម​ប្រឆាំង​ទៅ​នឹង​ការ​បូម​ខ្សាច់​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​កោះកុង អ្នកស្រី ឡាក់ សុភាព លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៧ នេះ គឺ​លោកស្រី​នៅ​តែ​ឃើញ​សាឡង់​ដឹក​ខ្សាច់​ដ៏​គួរ​ឱ្យ​សង្ស័យ​ចំនួន​ពីរ​គ្រឿង បាន​ធ្វើ​ចរាចរណ៍​ជា​ដដែល៖ «សាឡង់​នៅ​មាន​ចូល​ដោយសារ​នៅ​ថ្ងៃ​ទី​១ ខែ​៧ ឆ្នាំ​២០១៧ ឃើញ​មាន​សាឡង់​ចូល ហើយ​ខ្ញុំ​បាន​តេឡេក្រាម ទៅ ម៉េង សក្ដិធារ៉ា (មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ) ហើយ​សាឡង់ មាន​ពីរ អ៊ីចឹង​ខ្ញុំ​សួរ​គាត់​ថា សាឡង់​ដែល​មាន​លេខ LA05535 ជា​របស់​ក្រុមហ៊ុន​អ្នក​ណា»

​ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ត្រេកអរ​ចំពោះ​សេចក្ដី​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​ចំពោះ​ការ​នាំ​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នេះ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ទទូច​ឱ្យ​ក្រសួង​រ៉ែ ត្រូវ​អនុវត្ត​ឱ្យ​បាន​ដូច​អ្វី​ដែល​ខ្លួន​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​សម្រេច​ឃុំ​ខ្លួន​យុវជន​ដែល​គំរាម​សម្លាប់​លោក ហ៊ុន សែន តាម​ហ្វេសប៊ុក

$
0
0

អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស ដាក់​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ចាប់​ខ្លួន​អ្នក​បញ្ចេញ​មតិ​នានា ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សព្វថ្ងៃ​នេះ។ មាន​យុវជន​ម្នាក់​ទៀត ដែល​គំរាម​បាញ់​សម្លាប់​លោក​នាយករដ្ឋមន្ត្រី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

យុវជន​ឈ្មោះ រ៉ុម ចំរើន ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃស បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាម​ៗ ក្រោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពេល​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​ថា ​នឹង​សម្លាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ លោក អ៊ី រិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ​លោក យិន សារឿន សម្រេច​ចេញដីកា​ឃុំ​ខ្លួន​យុវជន​ឈ្មោះ រ៉ុម ចំរើន រួច​ហើយ នៅ​ពេល​តំណាង​អយ្យការ​លោក លី សុផាណា ចោទ​ប្រកាន់​ជា​ផ្លូវការ៖ «បាទ! សម្រេច​ឃុំ​ខ្លួន​ហើយ»

តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ​លោក លី សុផាណា បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ថា យុវជន​ឈ្មោះ រ៉ុម ចំរើន ត្រូវ​បាន​ព្រះរាជ​អាជ្ញា​រង​ចោទ​ប្រកាន់​ជា​ផ្លូវការ​ហើយ ​ពី​បទ​គំរាម​កំហែង​ថា​នឹង​សម្លាប់ តាម​មាត្រា ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ។ ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​គំរាម​ថា​នឹង​សម្លាប់​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ បាន​ធ្វើ​ឲ្យ​យុវជន​ចំនួន ២នាក់​ហើយ​ត្រូវ​ចាប់​ខ្លួន។ កាល​ពី​ថ្ងៃ​ទី១៣ កក្កដា យុវជន​ឈ្មោះ ពេជ្រ រដ្ឋា ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​រួច​បញ្ជូន​មក​ក្រុង​ភ្នំពេញ ​ដែរ ទាក់ទិន​នឹង​គំរាម​សម្លាប់​លោក​នាយករដ្ឋមន្ត្រី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ដាក់​ការ​ព្រួយបារម្ភ​ចំពោះ​ការ​វិវត្តន៍​សំណុំរឿង​នៅ​ក្នុង​តុលាការ ទាក់ទង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​នេះ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ប្រាកដ​ថា​ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ ហើយ​ពុំ​មាន​កំហុស ត្រូវ​ដឹង​ជា​មុន​ថា ​ហ្វេសប៊ុក​នោះ​មិន​ត្រូវ​បាន​គេ​លួច​ប្រើប្រាស់ ក្នុង​ន័យ​វាយប្រហារ​ដើម្បី​ធ្វើ​បាប​ជន​ណា​មួយ៖ «ឧទាហរណ៍​ថា មាន​គេ​លួច​ដើម្បី​ប្រើប្រាស់​ហើយ​បង្ក​ផលវិបាក​ដល់​ម្ចាស់​គណនេយ្យ​ហ្នឹង ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ជា​បន្តបន្ទាប់។ នេះ​ជា​អ្វី​ដែល​យើង​បារម្ភ ហើយ​ការ​ចាប់​ខ្លួន​បន្តបន្ទាប់​នេះ ក៏​ជា​សារ​មួយ​ដែរ​សម្រាប់​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​ឡាយ»

មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ដែល​និយាយ​ប៉ះពាល់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​គំរាម​បាញ់​សម្លាប់ និង​ចោទ​ប្រកាន់​ថា ជា​អ្នក​ដែល​ស្ថិត​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោកបណ្ឌិត កែម ឡី កើន​ឡើង​ចំនួន ៥នាក់​ហើយ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ ប៉ុន្តែ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា​ទេ មាន​មនុស្ស​ដែល​ស្និទ្ធ​​នឹង​រដ្ឋាភិបាល គំរាម​បាញ់​សម្លាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​នយោបាយ និង​អង្គការ​សិទ្ធិមនុស្ស​ជាដើម កម្រ​ឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ហើយ​យក​ទៅ​ផ្ដន្ទាទោសតាម​ផ្លូវ​តុលាការ​ណាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live