Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់​ប្ដេជ្ញា​ការពារ​ព្រៃឈើ​បើ​ទោះ​ជា​មាន​ការ​គំរាម​ដល់​ជីវិត​ក្ដី

$
0
0

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​សកម្ម​ក្នុង​កិច្ច​ការពារ​ព្រៃឈើ កន្លង​មក លោក ហឿន សុភាព បាន​រៀបរាប់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន។ បញ្ហា​ទាំង​នោះ ដូចជា​ត្រូវ​ប្រឈម​មុខជា​មួយ​ក្រុម​ជនល្មើស ប្រឈម​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស និង​ពេល​ខ្លះ​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ទៀត​ផង។ យ៉ាង​នេះ​ក្ដី លោក​ប្ដេជ្ញា​ថា នឹង​បំពេញ​ការងារ​សង្គម​មួយ​នេះ រហូត​ដល់​អស់​ជីវិត។

រយៈពេល​ប្រមាណ ១០​ឆ្នាំ​ក្នុង​ជីវិត​ជា​អ្នក​ការពារ​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព និង​ប្រជា​សហគមន៍​ផ្សេង​ទៀត ត្រូវ​ឆ្លង​កាត់​ជីវិត​ជូរចត់​ជា​ច្រើន​ដូចជា​ត្រូវ​ស្នាក់នៅ​កណ្ដាល​ព្រៃ​ចោល​ប្រពន្ធ​កូន ពិសា​ទឹកអូរ ដាច់​បាយ​ម្ដងៗ មាន​ជំងឺ​គ្រុនចាញ់ និង​ជួប​សត្វ​សាហាវ។ ជីវិត​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ដើម្បី​ប្រយោជន៍​ជា​សកល និង​ដើម្បី​ការពារ​ឆ្នាំងបាយ​របស់​ខ្លួន​ឯង​នោះ ពេល​ខ្លះ​ត្រូវ​ប្រឈម​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ក្ដី ដោយ​ប្រយោល​ក្ដី និង​ដល់​ជីវិត​ទៀត​ផង ដោយសារ​តែ​ក្រុម​ជនល្មើស ពិសេស​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួកគេ​តែង​ចាត់​ទុក​អ្នក​ការពារ​ព្រៃឈើ​ជា​សត្រូវ​ធំ​បំផុត ពោល​គឺ​ក្រុម​ជនល្មើស​ខ្លាច​ប្រជា​សហគមន៍​ខ្លាំង​ជាង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ទៅ​ទៀត។

និយាយ​មួយៗ ដោយ​ទឹក​មុខ​មាំ​លោក ហឿន សុភាព ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ពួក​លោក​មាន​ការ​នឿយហត់​ខ្លាំង ប៉ុន្តែ​លទ្ធផល​ទទួល​បាន​មួយ​ផ្នែក គឺ​ធ្វើ​ឱ្យ​ពួកគាត់​ត្រេក​អរ។ លទ្ធផល​ទាំង​នោះ ដូចជា​ព្រៃឡង់ ត្រូវ​បាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ទទួល​ស្គាល់ និង​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង។ បន្ថែម​ពី​នេះ ការ​តស៊ូ​មតិ​របស់​ពួកគាត់​បាន​ជោគជ័យ​មួយ​ផ្នែក​ទៀត ព្រោះ​រាជរដ្ឋាភិបាល​សម្រេច​ដាក់​បញ្ចូល​តំបន់​មួយ​នេះ​ជា​ព្រៃ​ការពារ​ថែម​ទៀត​ផង។ ជាមួយ​គ្នា​នេះ សកម្មជន​ព្រៃឡង់​ ទទួល​បាន​កិត្តិយស​នៅ​ឆាក​អន្តរជាតិ​តាម​រយៈ​ទទួល​បាន​ពាន់​រង្វាន់​អន្តរជាតិ​ធំៗ​ចំនួន ៣​លើក​រួច​មក​ហើយ។ យ៉ាង​នេះ​ក្ដី បេសកកម្ម​របស់​លោក​នៅ​មិន​ទាន់​បាន​សម្រេច​តាម​គោលបំណង​ឡើយ ពីព្រោះ​បទល្មើស​នៅ​តំបន់​ព្រៃឡង់ នៅ​តែ​កើត​មាន៖ «ធ្លាប់​មាន​ការ​គំរាមកំហែង ហើយ​មាន​ដីកា​កោះហៅ​ចំនួន​ពីរ​លើក​មក​ហើយ ទាក់ទង​ការ​ការពារ​ធនធាន​ធម្មជាតិ​នេះ»

មាន​អាយុ ៤០​ឆ្នាំ និង​មាន​កូន​ប្រុស​ចំនួន ៤​នាក់ ក្នុង​បន្ទុក​ផង លោក ហឿន សុភាព បញ្ជាក់​ថា លោក​ធ្លាប់​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់ ព្រម​ទាំង​មាន​រូបភាព​ទិញ​ទឹក​ចិត្ត​ដើម្បី​ឱ្យ​លោក​បញ្ឈប់​ការងារ​សង្គម​មួយ​នេះ​ជា​ថ្នូរ​នឹង​ថវិកា​មួយ​ចំនួន។ លោក​បញ្ជាក់​ថា ជីវិត​អ្នក​ការពារ​ព្រៃឈើ​កន្លង​មក​មាន​អនុស្សាវរីយ៍​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ចងចាំ​មិន​អាច​ភ្លេច​បាន គឺ​នៅ​ឆ្នាំ​២០១៤ ខណៈ​ក្រុម​ប្រជា​សហគមន៍​ចេញ​ពី​ល្បាត​ព្រៃ​វិញ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ស្រុក​សណ្ដាន់ ព័ទ្ធ​បម្រុង​នឹង​ចាប់​ខ្លួន​ក្រោម​លេស​ថា ការងារ​របស់​ពួកគាត់​ខុស​ច្បាប់ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​គ្នា​ក្រុម​អាជ្ញាធរ​ក៏​ព្រម​ដក​ចេញ​ទៅ​វិញ។

​ម្ដងម្កាល​ម្ចាស់​ពាន់​រង្វាន់​អេក្វាទ័រ ប្រាយ (Equator Price) រូប​នេះ  បារម្ភ​ចំពោះ​ស្ថានភាព​ការងារ​របស់​ខ្លួន ព្រម​ទាំង​ក្រុម​គ្រួសារ​ផង ប្រសិនបើ​លោក​មាន​បញ្ហា​ប្រឈម​ដល់​ជីវិត​គ្រួសារ​របស់​គាត់​នឹង​គ្មាន​ទីពឹង ប៉ុន្តែ​មូលហេតុ​ជំរុញ​ឱ្យ​ពួកគាត់​បន្ត​ការងារ​សង្គម​មួយ​នេះ​ទៀត​នោះ ពីព្រោះ​ឈឺ​ចាប់​នៅ​ពេល​ឃើញ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង ហើយ​រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ៖ «យើង​នៅ​តែ​ធ្វើការ​នេះ​បន្ត​ទៀត ដើម្បី​ជួយ​ជាតិ​មាតុភូមិ ជួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាត់បង់​ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់»

​នៅ​ពេល​ចុះ​ល្បាត​ព្រៃ លោក សុភាព បង្ហាញ​ពី​អត្តចរិត​ម៉ឺងម៉ាត់ និង​មាន​ទឹក​មុខ​ស្រពោន​ក្រោយ​ពេល​ឃើញ​ដើម​ឈើ​ធំៗ មួយ​ចំនួន​ត្រូវ​បាន​គេ​អារ​ច្រៀក ហាក់​បង្ហាញ​ពី​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ដើម​ឈើ​ទាំង​នោះ។

​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថា ចាប់​តាំង​ពី​លោក​ទទួល​តំណែង​ជា​អភិបាល​ខេត្ត​មក មាន​ទិសដៅ​សំខាន់​មួយ​គឺ​ការពារ​ព្រៃឈើ ហើយ​តែងតែ​សហការ​ជាមួយ​ប្រជា​សហគមន៍​ជានិច្ច។ ចំពោះ​បញ្ហា​ប្រឈម​រហូតដល់​មាន​ករណី​គំរាមកំហែង​ប្រជា​សហគមន៍ លោក​មិន​ដឹង​ថា ករណី​ទាំង​នោះ​កើត​ឡើង​ពេល​ណា​ទេ ប៉ុន្តែ​រយៈពេល​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​របស់​ពួកគាត់ ហើយ​កន្លងមក​អាជ្ញាធរ​ខេត្ត​តែងតែ​ចូល​រួម និង​សហការ​ជាមួយ​សហគមន៍ ព្រោះ​ទាំង​អាជ្ញាធរ​ខេត្ត និង​ប្រជាពលរដ្ឋ​គឺ​មាន​ទិសដៅ​ការពារ​ព្រៃឈើ​ដូច​គ្នា។ បន្ថែម​ពី​នេះ អាជ្ញាធរ​និង​អង្គការ​ដៃគូ​ធ្លាប់​បាន​ផ្ដល់​សម្ភារៈ​មួយ​ចំនួន​ដល់​ប្រជា​សហគមន៍​ទៀត​ផង៖ «បាន​បងប្អូន​ប្រជា​សហគមន៍​យើង​ជួយ​ហ្នឹង​គឺ​ជា​កត្តា​ល្អ​ណាស់ ហើយ​ចូលរួម​ដោយ​សុទ្ធចិត្ត ហើយ​បងប្អូន​ស្រលាញ់​ព្រៃឈើ​បាន​បង​ប្អូន​ជួយ»

នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទមុនី ដែល​តែង​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ មាន​ប្រសាសន៍​ថា ខាង​លោក​តែង​លើក​ទឹក​ចិត្ត និង​សហការ​ជាមួយ​អង្គការ​ដៃគូ ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ ដើម្បី​បាន​ស្វែង​យល់​ពី​ការ​ខិតខំ​ប្រែង និង​ជីវិត​របស់​អ្នក​ការពារ​ព្រៃឈើ។ បន្ថែម​ពី​នេះ ខាង​លោក​តែង​ចូលរួម​សកម្មភាព​មួយ​ចំនួន​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ​ទាំង​នោះ ដូចជា​ចុះ​ល្បាត​ព្រៃ​រួម​គ្នា ការ​ដាំ​កូនឈើ ព្រមទាំង​ចូលរួម​ជា​ថវិកា ឬ​សម្ភារៈ​ដល់​ពួកគាត់​ជាដើម៖ «យើង​​ក៏​មាន​ផែនការ​បន្ត​ទៀត​ក្នុង​ការ​លើក​កម្ពស់​ការ​ចុះ​ល្បាត​រួម​គ្នា​ជាមួយ​សកម្មជន​ព្រៃឡង់ ដែល​គាត់​ចុះ​ល្បាត​ព្រៃ​ជា​រៀង​រាល់​ខែ​ហ្នឹង»

​សមាជិក​ការពារ​ព្រៃឡង់ ទាំង ៤​ខេត្ត បាន​បង្កើត​ជា​បណ្ដាញ​មួយ​កាល​ពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​សកម្ម​កំពុង​បំពេញ​ការងារ​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ប្រមាណ ៤០០​នាក់។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង បញ្ជាក់​ថា ចាប់​តាំង​ពី​សហគមន៍​បាន​ចងក្រង​គ្នា​ជា​បណ្ដាញ និង​ចូល​រួម​ការពារ​ព្រៃឡង់ រហូត​មក គឺ​មាន​សមាជិក​របស់​ខ្លួន​ប្រមាណ ២០០​នាក់ ដែល​ធ្លាប់​រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​និង​អាជ្ញាធរ​មួយ​ចំនួន។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ក្តី ប៉ុន្តែ​ពួកគាត់​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន ដោយសារ​សហគមន៍​បាន​យល់​ច្បាស់​ពី​សារសំខាន់​របស់​ព្រៃឈើ៖ «ទោះ​បី​ជា​គាត់​មិន​ដឹង​ពី​វិទ្យាសាស្ត្រ​ក៏ដោយ ប៉ុន្តែ​គាត់​ដឹង​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​គាត់»

បើ​ទោះ​បី​ជា​ប្រជា​សហគមន៍​បាន​បំពេញ​ការងារ​របស់​ខ្លួន និង​ជួយ​បំពេញ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ម្យ៉ាង​ជា​ប្រយោជន៍​មនុស្ស​ទូទៅ​ក្តី ប៉ុន្តែ​លោក សេង សុខហេង សង្កេត​ឃើញ​ថា រាជរដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ឡើយ។ លោក​យល់​ថា ដើម្បី​ឱ្យ​ព្រៃឡង់ នៅ​គង់វង្ស អាជ្ញាធរ​សកម្មជន​ការពារ​ព្រៃឈើ ព្រម​ទាំង​ពលរដ្ឋ​ត្រូវ​ធ្វើ​ការងារ​រួម​គ្នា ដោយ​ភាព​ស្មោះត្រង់។ លើស​ពី​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ប្រជា​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ការ​ជ្រៀតជ្រែក​ជាដើម៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហ៊ុន សែន ចេញ​មុខ​បកស្រាយ​ខណៈ​លេច​ឮ​ថា​លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ចេញ​មុខ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Faccebook) បកស្រាយ​ពី​ព័ត៌មាន​ដែល​ថា លោក​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​បរទេស។ លោក ហ៊ុន សែន បញ្ជាក់​នៅ​ពេល​នេះ​ថា ព័ត៌មាន​ទាំង​នេះ​ជា​ពាក្យ​ចចាមអារ៉ាម ហើយ​ថា លោក​កំពុង​ឋិត​នៅ​រាជធានី​ភ្នំពេញ។

អង្គុយ​និយាយ​ចេញ​ពី​ក្នុង​រថយន្ត​ក្នុង​ទឹក​មុខ​ហាក់​ស្រស់ស្រាយ​ជាង​រូបថត​ដែល​លោក​បាន​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ពេល​ដែល​មាន​ព័ត៌មាន​លេច​ឮ​ថា លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​បរទេស​នោះ លោក ហ៊ុន សែន អះអាង​ថា ពេល​នេះ​លោក​កំពុង​ជិះ​រថយន្ត​សង្កេត​មើល​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​វីដេអូ​ឃ្លិប​រយៈពេល​ជិត ២​នាទី នៅ​ថ្ងៃ​ទី​១៥ កក្កដា លោក ហ៊ុន សែន ថា ប្រសិនជា​នាយករដ្ឋមន្ត្រី​បាត់​ខ្លួន ឬ​បាត់​បង់​តំណែង​ជា​ស្ថាពរ​ដូច​ដែល​ព័ត៌មាន ឬ​ពាក្យ​លេច​ឮ​នោះ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ច្របូកច្របល់​យ៉ាង​ពិត​ប្រាកដ៖ «ដូច្នេះ​ពាក្យ​ចចាមអារ៉ាម​ដ៏​អាក្រក់​នេះ គួរ​តែ​ត្រូវ​បាន​បំបាត់​ចោល​តាម​រយៈ​ឃ្លិប​វីដេអូ​របស់​ខ្ញុំ​ដែល​កំពុង​តែ​ផ្សាយ​ចេញ​ពី​លើ​ផ្លូវ​ខ្ញុំ​ធ្វើ​ដំណើរ​របៀប​ធម្មតា ហើយ​កំពុង​តែ​ស្ទះ​ចរាចរណ៍​ដូច​គេ​ដូច​ឯង ដូច្នេះ​សូម​បង​ប្អូន​មេត្តា​ពិនិត្យ​មើល​អ្នក​ដែល​បំផុស​នេះ តើ​គេ​មាន​ចេតនា​អ្វី​ពិត​ប្រាកដ?»

​ការ​ចេញ​មុខ​បកស្រាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ បន្ទាប់​ពី​លោក​បាន​បាត់​មុខ​ថ្លែង​សារ​ជា​សំឡេង​ចំនួន ២​សប្ដាហ៍។ ការ​បាត់​មុខ​របស់​លោក​ក៏​ស្រប​ពេល​ដែល​គណៈរដ្ឋមន្ត្រី បាន​លើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ចំនួន ២​សប្ដាហ៍​ជាប់ៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី​៧ និង​ថ្ងៃ​១៤ ខែ​កក្កដា ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​វិញ។ ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ក៏​បាន​អវត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដើម្បី​ពិភាក្សា​អនុម័ត​ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​ឈាន​ដល់​ការ​ដក​ហូត​សិទ្ធិ​ទណ្ឌិត​មិន​ឲ្យ​លូកលាន់​ជាមួយ​គណបក្ស​នយោបាយ ក្រោយ​ពី​មាន​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ជា​ការ​កែប្រែ​ច្បាប់​ដែល​គេ​មើល​ឃើញ​ថា មាន​គោលដៅ​ប្រឆាំង​ទៅ​នឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

អវត្តមាន​របស់​លោក ហ៊ុន សែន មិន​បាន​ចេញ​មុខ​ថ្លែង​សារ​ជា​សំឡេង​ក្នុង​រយៈពេល ២​សប្ដាហ៍​នេះ ក៏​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​លេខ​ឮ​ថា លោក​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​បរទេស។

​ក្នុង​ពេល​ជាមួយ​គ្នា ប្រភព​ច្បាស់​ការ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​អាស៊ីសេរី ដឹង​ថា លោក ហ៊ុន សែន បាន​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ពេល​លេងល្បែង​វាយ​កូនគោល កាល​ពី​ពេល​កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ដួល​របួស​ត្រង់​ឆ្អឹង​ត្រគាក រួច​បាន​ចេញ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​នៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​នេះ​បន្ត​ថា គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក ហ៊ុន សែន នៅ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​រយៈពេល ១​ខែ។

ហាក់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ទាំង​អស់​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ កក្កដា បាន​បង្ហោះ​រូប​ថត​មួយ​ចំនួន​ម្ដង​រួច​ហើយ​ជាមួយ​ភរិយា កូន ចៅ និង​អ្នក​ហែហម​លោក​ដែល​ហាក់​មាន​ចេតនា​បង្ហាញ​ថា មិន​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ដូច​ព័ត៌មាន​លេច​ឮ​ឡើយ។ ​អម​ជាមួយ​រូបថត​ទាំង​នោះ លោក ហ៊ុន សែន បាន​សរសេរ​សារ​ថា «នេះ​ហើយ​គឺ​ខ្ញុំ​ជា ហ៊ុន សែន ដែល​ពួក​ជនពាល​កំពុង​ស្វែង​រក»

ទោះ​ជា​យ៉ាង​ណា រូបថត​ដែល​លោក​នាយករដ្ឋមន្ត្រី​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ ហាក់​មិន​បង្ហាញ​ស្ថានភាព​ស្វាហាប់​របស់​លោក​ប៉ុន្មាន​ទេ។ មើល​ទៅ​លោក​ហាក់​មាន​សភាព​អស់​កម្លាំង​ខុស​ធម្មតា ហើយ​ឃើញ​ហាក់​ដូច​ជា​មាន​បង់​ព្យាបាល​ជំងឺ​រុំ​ជុំវិញ​ចង្កេះ​លោក​ថែម​ទៀត​ផង៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​២២​គ្រួសារ​នៅ​ឧត្ដរមានជ័យ​ដែល​រង​ការ​បណ្ដេញ​ចេញ​រស់​នៅ​ក្នុង​ជីវភាព​ខ្វះ​អាហារ

$
0
0

អតីត​អ្នក​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ជួយ​ពន្លឿន​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​មក​ឱ្យ​ពួកគេ​ ​២១៤​គ្រួសារ ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​បាន​ធ្វើ​ស្រែចម្ការ​ចិញ្ចឹម​ជីវិត​វិញ។

​ការ​អំពាវនាវ​នេះ នៅ​ស្រប​ពេល​ពលរដ្ឋ​ជា​ច្រើន​ដែល​ជា​អ្នក​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​នោះ កំពុង​រស់​នៅ​លើ​ដី​ដែល​អាជ្ញាធរ​ដោះដូរ​ឱ្យ ប៉ុន្តែ​គ្មាន​ដី​ធ្វើ​ស្រែ និង​ចម្ការ​សម្រាប់​ចិញ្ចឹម​ជីវិត​រយៈពេល ៨​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​ចំនួន ២២​គ្រួសារ​ដែល​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ដោះដូរ​ដី​ថ្មី​ឱ្យ​រស់​នៅ​ក្នុង​ភូមិ​ទួលពង្រ កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាក​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ព្រម​ទាំង​ខ្វះ​ស្បៀងអាហារ​ប្រចាំ​ថ្ងៃ​ផង។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ គឺ​ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ក្នុង​ចំណោម​អ្នក​ភូមិ​សរុប ២១៤​គ្រួសារ ដែល​អាជ្ញាធរ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​ដី​ភូមិ ដីស្រែ​ចម្ការ​របស់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ កាល​ពី ៨​ឆ្នាំ​មុន។

ស្ត្រី​ចំណាស់​ម្នាក់​អាយុ ៧៥​ឆ្នាំ ដែល​ពិការ​ជើង​ម្ខាង​ក្នុង​ចំណោម​អ្នក​ភូមិ ២២​គ្រួសារ​នោះ គឺ​អ្នកស្រី យឹម រី។ អ្នកស្រី​មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា រយៈពេល ៨​ឆ្នាំ​ហើយ ដែល​រូប​គាត់ និង​អ្នក​ភូមិ ២១​គ្រួសារ​ទៀត ទ្រាំ​រស់​នៅ​ក្នុង​ព្រៃ​ដោយ​មិន​មាន​មនុស្ស​ចេញ​ចូល ព្រម​ទាំង​គ្មាន​ដី​ធ្វើ​ស្រែ​ចំការ និង​ខ្វះ​ស្បៀងអាហារ។ ស្ត្រី​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បណ្ដេញ​ពួកគាត់​ចំនួន ២១៤​គ្រួសារ ឱ្យ​ចាក​ចេញពី​ភូមិ​អូរបាត់មាន់ កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​មក គឺ​រូប​គាត់ និង​ពលរដ្ឋ​ចំនួន ២១​គ្រួសារ​ទៀត​ស្ម័គ្រចិត្ត​ទទួល​យក​ដី​ថ្មី​នៅ​ភូមិ​ទួលពង្រ​នេះ ហើយ​ចាប់​ពី​ពេល​នោះ​មក បើ​ទោះ​បី​ជា​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ព្រម​ទាំង​គ្មាន​ស្បៀង​អាហារ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ណា​មក​ជួយ​ដោះស្រាយ​ទេ៖ «លោក​អើយ​ខ្ញុំ​ពិបាក​ណាស់! គេ​ដោះដូរ​ឱ្យ​ខ្ញុំ​មក​រស់​នៅ​ទី​នេះ​និយាយ​ពី​វេទនា អត់បាយ គ្មាន​អ្វី​ហូប​ទេ។ ខ្ញុំ​ពិការ​ជើង​អ៊ីចឹង​ខ្ញុំ​ដើរ​ចេញ​ទៅ​​ក្រៅ​ភូមិ​សុំ​គេ​ហូប»

ភូមិ​ដែល​អាជ្ញាធរ​ដោះដូរ​ដី​ថ្មី​ឱ្យ​ពលរដ្ឋ ២២​គ្រួសារ​ទៅ​រស់​នៅ​នោះ គឺ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករអំពៅ និង​កន្លែង​ខ្លះ​ទៀត គឺ​ជា​តំបន់​ព្រៃ​សហគមន៍។ សព្វ​ថ្ងៃ​នេះ ដោយសារ​តែ​គ្មាន​ដី​ធ្វើស្រែ​ចំការ អ្នក​ភូមិ​ជា​ច្រើន​បាន​នាំ​គ្នា​ចេញ​ចោល​ផ្ទះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ឆ្ងាយៗ ចំណែក​អ្នក​ខ្លះ​ទៀត ទ្រាំ​រស់​នៅ​ដោយ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​សហគមន៍​ដើម្បី​បេះ​បន្លែ​ព្រៃ រក​ជ័រ​ឈើ និង​ដក​ផ្សិត​ព្រៃ​មក​លក់ ដើម្បី​ទិញ​អង្ករ​ដាំ​បាយ​ហូប​ទាំង​លំបាក។

អ្នកស្រី ម៉ម សៀងហៃ ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ម្នាក់​ទៀត មាន​ប្រសាសន៍​ទាំង​មាន​ផ្សិត​ព្រៃ​ខ្លះ​នៅ​ក្នុង​ដៃ​ថា រូប​គាត់ ក៏​ដូចជា​អ្នក​ភូមិ​ ២១​គ្រួសារ​ទៀត គឺ​ទ្រាំ​រស់​នៅ​កន្លែង​ដី​ដែល​អាជ្ញាធរ​ដោះដូរ​ឱ្យ​រយៈពេល ៨​ឆ្នាំ​មក​នេះ គ្មាន​អាហារ​គ្រប់គ្រាន់​ទេ។ ជា​រៀងរាល់​ថ្ងៃ​គាត់​តែង​ចូល​ព្រៃ​ដើម្បី​រក​បេះ​បន្លែ​ដើរ​ដក​ផ្សិត​ព្រៃ​យក​ទៅ​លក់​ដើម្បី​បាន​ប្រាក់​ខ្លះ​ទិញ​អង្ករ​ហូប៖ «ពិបាក​ណាស់​លោក​អើយ​រក​អ្វី​ស៊ី​គ្មាន​ទេ បាន​តែ​ពី​ការ​ដើរ​រក​ដក​ផ្សិត​យក​ទៅ​លក់ ហើយ​ទិញ​អង្ករ​ដាំ​បាយ​ហូប ចំណែក​ដី​ស្រែចំការ​គ្មាន​ទេ»

ភូមិ​ទួល​ពង្រ​មាន​ចម្ងាយ ៥៦​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ ប៉ុន្តែ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​អូរបាត់មាន់ ដែល​អាជ្ញាធរ​បណ្ដេញ​ពួកគេ​ឱ្យ​ចាក​ចេញ​ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​នោះ​ទេ។ នៅ​រដូវវស្សា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​នោះ​មិន​ងាយ​ស្រួល​ឡើយ ដោយ​បើក​រថយន្ត​មិន​បាន​មាន​តែ​ធ្វើ​ដំណើរ​ដោយ​ជើង ហើយ​ត្រូវ​ឆ្លង​អូរ និង​ពេល​ខ្លះ​ហែល​ឆ្លង​ទឹក​ផង៖ «សំឡេង​ទឹក​ហូរ...»

អតីត​អ្នក​ភូមិ​អូរបាត់មាន់ នៅ​ទួលពង្រ​នោះ មិន​ត្រឹម​តែ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ហើយ​និង​ខ្វះ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ គឺ​លំនៅឋាន​របស់​ពួកគេ​សង់​ពី​ឈើ​ប្រក់​ស្បូវ ដែល​មាន​ដំបូល​ធ្លុះធ្លាយ​ដោយ​គ្មាន​សាលារៀន​សម្រាប់​កុមារ​តូចៗ គ្មាន​មណ្ឌល​សុខភាព ព្រមទាំង​វត្ត​អារាម​នៅ​ក្បែរ​ផង។ ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​ដែល​មាន​អ្នក​ជំងឺ គឺ​អ្នក​ភូមិ​ទួលពង្រ តែង​នាំ​គ្នា​ដឹក​ជញ្ជូន​តាម​ម៉ូតូ ឬ​ក៏​គោយន្ត​ឆ្លង​កាត់​កំណាត់​ផ្លូវ​លិច​ទឹក និង​ភក់​លំ​ដ៏​ពិបាក សំដៅ​ទៅ​មណ្ឌល​សុខភាព ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ៖ «សំឡេង​ម៉ូតូ»

អ្នកស្រី ហួយ ម៉ៃ តំណាង​អតីត​អ្នកភូមិ​អូរបាត់មាន់ មាន​ប្រសាសន៍​ថា មិន​មែន​តែ​ពលរដ្ឋ​ចំនួន ២២​គ្រួសារ​ដែល​អាជ្ញាធរ​ដោះដូរ​ដី​ថ្មី​ឱ្យ​រស់​នៅ​នេះ​ទេ ដែល​កំពុង​ជួប​ការ​លំបាក​ខាង​ជីវភាព គឺ​អ្នកស្រី និង​ពលរដ្ឋ​ចំនួន​ជាង ១៩០​គ្រួសារ​ផ្សេង​ទៀត​ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​នោះ ក៏​រស់​នៅ​វេទនា គ្មាន​ដី​សង់​ផ្ទះ និង​ដី​ស្រែ​ចម្ការ​រយៈពេល ៨​ឆ្នាំ​មក​ហើយ។ អ្នកស្រី ហួយ ម៉ៃ អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ជួយ​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​ដក​ហូត​ពី​ក្រុមហ៊ុន​មក​វិញ​នោះ មក​ឱ្យ​រូប​គាត់ និង​ពលរដ្ឋ​ចំនួន ២១៤​គ្រួសារ​វិញ​ឱ្យ​បាន​ឆាប់​រហ័ស៖ «ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ជួយ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​នេះ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ដល់​ពេល​វេលា​ធ្វើ​ស្រែ​ចម្ការ​ហើយ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន រក​ឃើញ​ថា កាល​ពី ៨​ឆ្នាំ​មុន បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ គឺ​មាន​ពលរដ្ឋ​ចំនួន ២២​គ្រួសារ​ក្នុង​ចំណោម ២១៤​គ្រួសារ បាន​ស្ម័គ្រចិត្ត​ដោះដូរ​ដី​ថ្មី​ទៅ​រស់​នៅ​ភូមិ​ទួលពង្រ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​តែ​គ្មាន​ស្បៀងអាហារ និង​ដី​ធ្វើ​ស្រែចម្ការ ពលរដ្ឋ​ទាំង​នោះ​បាន​នាំ​គ្នា​ចាកចេញ​ចោល​ផ្ទះ​សម្បែង​ជា​បន្តបន្ទាប់ នៅ​សល់​តែ ៨​គ្រួសារ​ប៉ុណ្ណោះ៖ «រហូត​មក​ដល់​ខែ​កក្កដា​នេះ ឥឡូវ​យើង​មក​មើល​ជាក់ស្ដែង ឃើញ​តែ ៨​គ្រួសារ ដែល​ខំទ្រាំ​រស់​នៅ​ក្នុង​ព្រៃ​ដ៏​លំបាក»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​ស្ថានភាព​អតីត​អ្នក​ភូមិ​អូរបាត់មាន់ យ៉ាង​ណា​ឡើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា លោក ស ថាវី ធ្លាប់​អះអាង​ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ កំពុង​អនុវត្ត​តាម​លិខិត​របស់​ក្រសួង​កសិកម្ម យក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករអំពៅ ទាំង​៣ ទំហំ​ជាង ១៨.០០០​ហិកតារ​នោះ ទៅ​ចែក​ជូន​ពលរដ្ឋ​នៅ​ក្រុង​សំរោង និង​នៅ​ស្រុក​ចុងកាល់ ចំនួន​ប្រមាណ ១.២០០​គ្រួសារ ដែល​ប៉ះពាល់​កាល​ពី​ជាង ៨​ឆ្នាំ​មុន​នោះ ឱ្យ​បាន​ធ្វើ​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សុខភាព​របស់​មន្ត្រី​សិទ្ធិមនុស្ស​៤​រូប​និង​មន្ត្រី​គ.ជ.ប លោក នី ចរិយា នៅ​មិន​ទាន់​រឹងមាំ

$
0
0

សុខភាព​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​រូប និង​មន្ត្រី​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប នៅ​ពុំ​ទាន់​រឹង​មាំ​ដូច​ដើម​នៅ​ឡើយ​ទេ និង​ត្រូវ​ស្ថិត​ក្នុង​ការ​តាម​ដាន​សុខភាព​ជា​ប្រចាំ​ដោយ​គ្រូពេទ្យ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ចំណោម​ពួកគាត់​ទាំង ៥​នាក់​នេះ គឺ​មាន​អ្នក​ខ្លះ​បាន​ចាប់​ផ្ដើម​ចូល​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាពជា​បណ្ដោះអាសន្ន។

រយៈពេល​ជាង​កន្លះ​ខែ​ដែល​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​រូប និង​មន្ត្រី​គ.ជ.ប មួយ​រូប​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ពួកគាត់​មួយ​ចំនួន​នៅ​ពុំ​ទាន់​អាច​ចូល​បំពេញ​ការងារ​វិញ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ ក្រៅ​ពី​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ ពួក​គាត់​ខ្លះ​កើត​មាន​ជំងឺ​ថ្មី​បន្ថែម​ទៀត ដែល​តម្រូវ​ឱ្យ​មាន​ការ​ថែទាំ​សុខភាព និង​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ជាមួយ​ពី​គ្រូពេទ្យ។

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា ដែល​ជា​អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាង​គេ បាន​ថ្លែង​ថា លោក​មិន​ទាន់​ស្រួល​ខ្លួន​ដូច​ដើម​នៅ​ឡើយ​ទេ ដោយសារ​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង និង​ឈាម​មិន​គ្រប់ ដែល​ធ្វើ​ឱ្យ​ខ្សោយកម្លាំង​ខ្លាំង ហើយ​បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ​លោក​កើត​មាន​ជំងឺ​ធុញថប់​ក្នុង​អារម្មណ៍ និង​ការ​គិត​ច្រើន។ លោក​បន្ថែម​ថា គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​លោក​លេប​ថ្នាំ​ជា​ប្រចាំ និង​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន។

លោក នី សុខា បន្ត​ថា សុខភាព​របស់​លោក​បាន​ប្រែជា​ទ្រុឌទ្រោម​ខ្លាំង​នៅ​ពេល​នេះ ដោយសារ​តែ​មុន​ដោះលែង​ពី​ពន្ធនាគារ​ចំនួន ១០​ថ្ងៃ លោក​បាន​ដួល​សន្លប់​នៅ​ក្នុង​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា លោក នី សុខា អះអាង​ថា លោក​បាន​ចាប់​ផ្ដើម​ចូល​បំពេញ​ការងារ​វិញ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កក្កដា ប៉ុន្តែ​ដោយ​ព្រោះ​បញ្ហា​សុខភាព លោក​នឹង​មិន​អាច​បម្រើ​ការងារ​ឱ្យ​បាន​ជាប់​លាប់​ដូច​កាល​ពី​មិន​ទាន់​ជាប់​ពន្ធនាគារ​ឡើយ៖ «ខ្ញុំ​មិន​អាច​សុំ​គេ​ឈប់​រហូត​កន្លះ​ខែ​អី​ទេ គ្រាន់​តែ​សុំ​ឈប់​ប្រហែល​ពីរ​បី​ថ្ងៃ​ប៉ុណ្ណឹង​ឯង»

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មិថុនា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​រូប រួម​មាន​លោក យី សុខសាន្ត ប្រធាន​កម្មវិធី​ដីធ្លី លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត លោក នី សុខា ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស អ្នកស្រី លឹម មុន្នី អនុប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​ជា​បណ្ដោះអាសន្ន​យ៉ាង​ភ្ញាក់​ផ្អើល ព្រោះ​សូម្បី​សាមី​ខ្លួន និង​ក្រុម​គ្រួសារ​ក៏​មិន​បាន​ដឹង​ជា​មុន​ផង។

​កូនស្រី​របស់​អ្នកស្រី លឹម មុន្នី គឺ​កញ្ញា អ៊ុន ប៉ុណ្ណារី ថ្លែង​ថា ម្ដាយ​របស់​កញ្ញា​ក៏​មិន​ទាន់​មាន​កម្លាំង​រឹង​មាំ​ដូច​មុន​នោះ​ទេ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​អំពី​សញ្ញា​ដែល​អាច​កើត​មាន​ជំងឺ​ទឹក​នោមផ្អែម​ថែម​ទៀត ដោយសារ​ជំងឺ​លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​លើស​ជាតិ​ស្ករ។ កញ្ញា​បន្ថែម​ថា សុខភាព​របស់​ម្ដាយ​នៅ​ពេល​នេះ គឺ​ទាមទារ​សម្រាក​ឱ្យ​បាន​ច្រើន ហាត់ប្រាណ និង​ត្រូវ​តម​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ៖ «គាត់​ក៏​មាន​បញ្ហា​សរសៃ​ឆ្អឹង ចង្កេះ អ៊ីចឹង​គាត់​អត់​សូវ​រឹង​មាំ​ប៉ុណ្ណា​ទេ ហើយ​ទៅ​ពន្ធនាគារ​បាន​តែ​អង្គុយ​មួយ​កន្លែង​អ៊ីចឹង​ទៅ វា​បន្ថែម​ជំងឺ​ឈឺ​ចង្កេះ​ដាក់​គាត់»

ទោះ​ជា​យ៉ាង​ណា កញ្ញា អ៊ុន ប៉ុណ្ណារី បន្ត​ថា ម្ដាយ​របស់​កញ្ញា​នឹង​អាច​ចូល​បំពេញ​ការងារ​វិញ​នៅ​ខែ​ក្រោយ​នេះ។

ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ថ្លែង​ថា ថ្វី​ដ្បិត​មក​ដល់​ពេល​នេះ លោក​អាច​ចូល​បំពេញ​តួនាទី​ជា​មន្ត្រី គ.ជ.ប ដូច​ដើម​វិញ​ក្ដី ប៉ុន្តែ​លោក​កំពុង​បន្ត​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ជើង ដែល​ធ្វើ​ឱ្យ​លោក​មាន​ការ​ឈឺ​ចាប់​ម្ដងម្កាល​នៅ​ពេល​ត្រូវ​ក្រោក​ពី​អង្គុយ ឬ​ត្រូវ​លើក​វត្ថុ​ធ្ងន់៖ «ឈឺ​ហ្នឹង ដោយសារ​ជាប់​ពន្ធនាគារ ឬ​មិន​ដោយសារ​ជាប់​ពន្ធនាគារ ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេ»

លោក នី ចរិយា បញ្ជាក់​ថា នៅ​ពេល​នេះ លោក​អាច​មាន​ជម្រើស​ច្រើន ដើម្បី​ព្យាបាល​ជំងឺ​នេះ ដែល​ខុស​កាល​ពី​នៅ​ក្នុង​ពន្ធនាគារ​ដែល​មិន​មាន​ថ្នាំ និង​គ្រូពេទ្យ​គ្រប់គ្រាន់។

អ្នក​ទាំង​៥ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​រយៈពេល​ជាង ១​ឆ្នាំ ដោយ​គ្មាន​ការ​ជំនុំជម្រះ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ សមគំនិត​និង​សូក​ប៉ាន់​សាក្សី ក្នុង​រឿង​ស្នេហា​របស់​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ការ​ឃុំ​ខ្លួន​នេះ​ត្រូវ​បាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ មើល​ឃើញ​ថា ជា​រឿង​នយោបាយ និង​ជា​ចេតនា​ដាក់​សម្ពាធ ឬ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស។ ថ្វីត្បិតតែ​មាន​ការ​ដោះលែង​ក្ដី សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏​បាន​សន្យា​ថា នឹង​តាម​ដាន​ករណី​នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ថា​ជំនួប​ពួកគេ​ជាមួយ​លោក សម រង្ស៊ី នៅ​ហុងកុង​ជា​ជំនួប​ចុង​ក្រោយ

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ជំនួប​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ជាមួយ​លោក សម រង្ស៊ី ជា​ជំនួប​ចុង​ក្រោយ​ហើយ។ ការ​លើក​ឡើង​ដូច្នេះ ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជិត ៤០​នាក់ នាំ​គ្នា​ស្កាត់​ទៅ​ជួប​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ហុងកុង ដែល​នៅ​ពេល​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ និង​អ្នក​ផ្សេង​ទៀត​កំពុង​ជួប​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី នៅ​ឡើយ។

​​បើ​ទោះ​ជា​ច្បាប់​គណបក្ស​នយោបាយ​កែប្រែ​ថ្មី​មិន​ទាន់​ចូល​ជា​ធរមាន ដែល​ច្បាប់​នេះ​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ ដក​រូប សំឡេង និង​សកម្មភាព​របស់​ទណ្ឌិត​ចេញ​ពី​គណបក្ស​ក្តី។ ប៉ុន្តែ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ យល់​ថា ការ​ជួប​គ្នា​របស់​អ្នកស្រី​ជាមួយ​លោក សម រង្ស៊ី ដែល​សព្វថ្ងៃ​លោក​កំពុង​មាន​ទោស​នោះ គឺ​ជា​ជំនួប​ចុង​ក្រោយ។

ទោះ​បែប​នេះ​ក្តី អ្នកស្រី មូរ សុខហួរ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​អ្នកស្រី​ថា ជំនួប​នេះ​ក៏​មិន​មែន​ជា​ជំនួប​ផ្លូវការ​អ្វី​ដែរ។ យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​វិភាគ​នយោបាយ​យល់​ថា កិច្ច​ប្រជុំ​ដ៏​កម្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​រូប ទៅ​ជួប​លោក សម រង្ស៊ី ដូច្នេះ​អាច​នឹង​និយាយ​ទាក់ទង​នឹង​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដែល​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ និង​ផែនការ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

អ្នកស្រី មូរ សុខហួរ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា គឺ​ក្រោយ​ពេល​អ្នកស្រី​បាន​ជួប​លោក សម រង្ស៊ី ថា ទោះ​គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​ថា ការ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​គោរព​តាម។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ មិន​ទាន់​ប្រាប់​ពី​គម្រោង​ដក​រូប សំឡេង និង​សកម្មភាព​របស់​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ណា និង​ថា​តើ​កាត់​ផ្ដាច់​ទំនាក់ទំនង​លោក សម រង្ស៊ី ដោយ​របៀប​ណា​នៅ​ឡើយ​ទេ៖ «ជា​ចុង​ក្រោយ​ហើយ​ចំពោះ​ខ្ញុំ ដូច្នេះ​ទើប​យើង​ប្រញាប់ប្រញាល់​ទៅ (ហុងកុង)។ យើង​ត្រឡប់​មក​វិញ​ធ្វើ​ការងារ​នៅ​មូលដ្ឋាន»

ដូច​គ្នា​នេះ​ដែរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​លោក សម រង្ស៊ី តាម​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​យប់​ទី​១៤ ខែ​កក្កដា ថា៖ «មនុស្ស​ដែល​ពួក​យើង និង​ប្រជាពលរដ្ឋ​គោរព ស្រលាញ់ មិន​អាច​បំភ្លេច​បាន​ឡើយ ទោះ​បី​បន្តិច​ទៀត​នេះ​ច្បាប់​តម្រូវ​ឲ្យ​យើង​ដក​រូប សំឡេង និង​សកម្មភាព​របស់​គាត់​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ»។

ក្នុង​រូបភាព​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជិត ៤០​នាក់ បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ទីក្រុង​ហុងកុង ហើយ​ត្រូវ​បាន​បង្ហោះ​ដោយ​មន្ត្រី​គណបក្ស​នេះ មិន​ឃើញ​មាន​រូប​លោក កឹម សុខ នៅ​ទី​នោះ​ទេ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ជំនួប​រវាង​លោក សម រង្ស៊ី ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​ជំនួប​ចុង​ក្រោយ ដូច្នេះ​លោក​ថា ជំនួប​នេះ​អាច​ជា​សារ​នយោបាយ​បង្ហាញ​ទៅ​គណបក្ស​នយោបាយ​ជា​គូប្រកួត​ប្រជែង​ថា លោក សម រង្ស៊ី នៅ​តែ​ជា​មេ​ដឹក​នាំ​នយោបាយ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្តី។ ទោះ​មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ជំនួប​ពួកគេ​ជា​ការ​ជួប​គ្នា​ធម្មតា ប៉ុន្តែ​លោក សូ ចន្ថា  លើក​ឡើង​ថា គណបក្ស​នេះ​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្រើន​ទៀត ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​បាន។

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ យ៉ាង​ប្រញាប់​តាម​ការ​ចង់​បាន​របស់​ប្រធាន​របស់​ខ្លួន គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ពេល​នេះ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ដល់​ដៃ​ព្រឹទ្ធ​សភា​ហើយ។

ខ្លឹមសារ​ដែល​កែប្រែ​ថ្មី ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។

ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ធ្វើ​ច្បាប់​នេះ​មិន​សំដៅ​ទៅ​លើ​បុគ្គល​ណា​មួយ​ឡើយ ប៉ុន្តែ​លោក​ថា នៅ​ពេល​នេះ ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន កុំ​ថា​ឡើយ​ដក​រូប សំឡេង លោក សម រង្ស៊ី សូម្បី​ស្រមោល​លោក សម រង្ស៊ី ក៏​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កាត់​ផ្ដាច់​ចេញ​ដែរ ត្បិត​អី​លោក សម រង្ស៊ី ជា​ទណ្ឌិត៖ «គណបក្ស​មួយ​នេះ​គួរ​មាន​យុទ្ធសាស្ត្រ​បែប​ណា​ត្រៀម​ខ្លួន​ដើម្បី​បញ្ចៀស​បាន​ទណ្ឌកម្ម ឬ​ការ​សម្រេច​មួយ​ចំនួន​ដែល​អាច​ជា​ការ​រំលាយ​គណបក្ស​ដែល​ផ្អែក​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី»

ចំណែក​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការ​អនុម័ត​វិសោធនកម្ម​លើក​ទី​ពី​រលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថា កំពុង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លោក​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ឈរ​ឱប​ដៃ​មើល​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បាន​នោះ​ទេ។

លោក សម រង្ស៊ី សព្វថ្ងៃ​កំពុង​ជាប់​ទោស​យ៉ាង​ច្រើន​ពី​តុលាការ​ក្រុង​ភ្នំពេញ ដែល​តុលាការ​រង​ការ​ចោទ​ប្រកាន់​ថា ទទួល​សម្ពាធ​ពី​អ្នក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានភាព​អ្នក​ភូមិ​ក្រោយ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោម២​បិទ​ទ្វារ​ទឹក​សាកល្បង

$
0
0

នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ នៅ​ខែត្រ​ស្ទឹងត្រែង បាន​ចាប់​ផ្ដើម​បិទ​ទ្វារ​ទំនប់​ទឹក​សាកល្បង ក៏ប៉ុន្តែ​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ជិត ២០០​គ្រួសារ នៅ​តែ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត​ដដែល និង​បាន​ត្រៀម​ទី​ទួល​សុវត្ថិភាព​រស់​នៅ​បណ្ដោះអាសន្ន ប្រសិន​បើ​ទឹក​លិចលង់​លំនៅឋាន​ពួកគេ។ ចំណែក​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ក៏​បាន​ចាប់​ផ្ដើម​រុះរើ​ស្ពាន​ស្រែពក នៅ​ថ្ងៃ​ដដែល ដោយ​ខ្លាច​ក្រែង​ស្ពាន​នេះ​ត្រូវ​លិចលង់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ជុំវិញ​រឿង​នេះ​របស់​លោក មែន សុធីរ ដែល​សាកសួរ​ដោយ​លោក យាង សុជាមេត្តា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក លឺ ឡាយស្រេង ស្នើ​បក្ស​មាន​អាសនៈ​ក្នុង​សភា​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ

$
0
0

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា នេះ បាន​ផ្ញើ​លិខិត ២​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​ទៀត​ទៅ​កាន់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​មេដឹកនាំ​គណបក្ស​ទាំង​២​នេះ លោក លឺ ឡាយស្រេង បាន​ស្នើ​ឲ្យ​បក្ស​ទាំង​២ រៀបចំ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់​រូប​ដែល​ផុត​អាណត្តិ។

តើ​ហេតុ​អ្វី​បាន​ជា​លោក លឺ ឡាយស្រេង ចង់​ឲ្យ​មាន​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ពេល​ផុត​អាណត្តិ?

សូម​​​ស្ដាប់​ការ​បក​ស្រាយ​របស់​លោក លឺ ឡាយស្រេង តាម​ការ​សាកសួរ​របស់​លោក យាង សុជាមេត្តា៖

ឆ្លើយ​តប​ចំពោះ​សំណើ​របស់​លោក លឺ ឡាយស្រេង នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា នេះ បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដោយ​លោក​ច្រានចោល​នូវ​សំណើ​នេះ។ លោក ហ៊ុន សែន ហៅ​សំណើ​របស់​លោក លឺ ឡាយស្រេង នៅ​ពេល​នេះ​ថា ជា​សំណើ​ស្មោកគ្រោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ក្រុង​នឹង​បញ្ចៀស​ចរាចរណ៍​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៧​កក្កដា

$
0
0

សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​បញ្ចៀស​ចរាចរណ៍​នៅ​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៧ កក្កដា ដើម្បី​រៀបចំ​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​របស់​កម្ពុជា ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ក្នុង​ពិធី​អបអរ​សាទរ​នោះ ព្រម​ទាំង​មាន​អ្នក​ចូលរួម​ប្រមាណ ១​ម៉ឺន​នាក់​ផង ដូច្នេះ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ ទើប​សាលា​ក្រុង​ត្រូវ​បញ្ចៀស​ចរាចរណ៍​តំបន់​នេះ​បណ្ដោះអាសន្ន​សិន។

ការ​បញ្ចៀស​ចរាចរណ៍​នេះ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៤​រសៀល​ដល់​ម៉ោង ១០​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មេ​ឃុំ​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ថា​បក្ស​កាន់​អំណាច​ព្យាយាម​បំបែក​សំឡេង​គាំទ្រ​បក្ស​ខ្លួន

$
0
0

មេ​ឃុំ​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថា​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​បំបែក​សំឡេង​គាំទ្រ​របស់​បក្ស​ប្រឆាំង​នៅ​ឃុំ​នេះ ដោយ​ប្រើ​រូបភាព​បង្កើត​ឲ្យ​មាន​បញ្ហា​ដីធ្លី ហើយ​ជួយ​ដោះស្រាយ​វិញ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​ថ្នាក់​មូលដ្ឋាន ថា​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ពិត​ប្រាកដ។

នៅ​គ្រា​ដែល​ជំទប់​ទី​២ ឃុំ​ត្រពាំងចាន់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បច្ចុប្បន្នភាព​ដីធ្លី​របស់​ពលរដ្ឋ​ជាង ៣០០​គ្រួសារ ដែល​មាន​ដី​ស្រែ​ចម្ការ​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល ដើម្បី​រាយការណ៍​ជូន​អភិបាល​ស្រុក​ក្រគរ និង​អភិបាល​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​មេ​ឃុំ​បក្ស​ប្រឆាំង​សង្ស័យ​ថា សកម្មភាព​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ​ច្រើន​ជាង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។

មេ​ឃុំ​ត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា អ្នក​ភូមិ​ក្នុង​ឃុំ​របស់​អ្នកស្រី​ភាគច្រើន​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ដែល​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ ឬ​ឆ្នាំ​១៩៨០ មក ក្រោយ​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ដីធ្លី។ អ្នកស្រី​យល់​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ប្រើ​រូបភាព​ជួយ​ដោះស្រាយ​កង្វល់ ឬ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ ដើម្បី​ស្រូប​យក​សំឡេង​គាំទ្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «នៅ​ត្រពាំងចាន់ ឈ្នះ​ឆ្នោត​អ៊ីចឹង គាត់​ចង់​បំបែក​ឲ្យ​ប្រជាពលរដ្ឋ​វិល​មក​គាត់​វិញ ដើម្បី​គាត់​ថា​គាត់​គិតគូរ​ពី​បញ្ហា​ដី​ស្រែ​បង​ប្អូន​ដែល​ធ្វើ​នៅ​ខាង​ពោធិ៍សាត់ អ៊ីចឹង​ឲ្យ​វិល​មក​គាំទ្រ​គណបក្ស​គាត់​វិញ»

ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បរិបូរណ៍ លោក ស៊ូ សារ៉េត បដិសេធ​មិន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​មេ​ឃុំ​បក្ស​ប្រឆាំង​នេះ​ទេ ដោយ​លោក​ថា​កំពុង​ជាប់​ប្រជុំ។

ចំណែក​អតីត​មេ​ឃុំ​ត្រពាំងចាន់ និង​បច្ចុប្បន្ន​ជា​ជំទប់​ទី​២ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក សាំង ខាត់ បញ្ជាក់​ថា ពលរដ្ឋ​នៅ​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ត្រពាំងចាន់ តែងតែ​ជួប​ការ​លំបាក​បើក​គោយន្ត ឬ​ត្រាក់ទ័រ​ភ្ជួរ​ពង្រីក​ដី​ស្រែ​ចម្ការ​ដែល​ពួក​គេ​មិន​ទាន់​មាន​ប្លង់​កាន់កាប់​ត្រឹមត្រូវ​នោះ។ លោក​អះអាង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​ដីធ្លី​ពលរដ្ឋ​នេះ គឺ​ជា​បំណង​ល្អ​របស់​អាជ្ញាធរ ដើម្បី​ឲ្យ​ពួក​គេ​ងាយស្រួល​ចូល​ធ្វើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ ពុំ​មាន​បំណង​អ្វី​ផ្សេង​ឡើយ៖ «អត់​ទេ! អត់​មាន​ជា​ចេតនា​នយោបាយ​អី​ទេ គ្រាន់​តែ​ដើម្បី​រាយការណ៍​ជូន​អភិបាល​ខេត្ត​ពោធិ៍សាត់ ឲ្យ​បាន​ជ្រាប​ថា ប្រជាជន​ខ្ញុំ​មាន​ដី​ប៉ុណ្ណឹង នៅ​តំបន់​ហ្នឹង ហើយ​សូម​ឲ្យ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ អនុញ្ញាត។ ភាគច្រើន​ពាក្យ​ខ្មែរ​យើង​ធម្មតា​ថា ឆ្មាំ​ការពារ​នៅ​ហ្នឹង​ចេះ​តែ​ឃាត់ឃាំងៗ​កុំ​ឲ្យ​គាត់​ឈូស​ឆាយ​ក្បាល​ស្រែ ដូច​ថា​បើ​ធ្វើ​អី​កុំ​វាទ​កុំ​ឲ្យ​អ៊ីចឹង​ទៅ​ណា»

លោក សាំង ខាត់ ឲ្យ​ដឹង​ថា បច្ចុប្បន្ន លោក​ទទួល​បាន​ទិន្នន័យ​ក្បាល​ដី​ពី​ពលរដ្ឋ​ចំនួន ២៨០​គ្រួសារ​ហើយ តែ​មាន​ពលរដ្ឋ​ខ្លះ​មិន​ចង់​មក​ផ្ដល់​ព័ត៌មាន​អំពី​ទំហំ និង​ក្បាល​ដី​របស់​ខ្លួន​ទេ ដោយ​បារម្ភ​ខ្លាច​បាត់​ដី។ លោក​ធ្លាប់​ពន្យល់​ពលរដ្ឋ​ថា នៅ​ពេល​ប្រមូល​ព័ត៌មាន​គ្រប់គ្រាន់ លោក​នឹង​ធ្វើ​របាយការណ៍​មួយ​ភ្ជាប់​ព័ត៌មាន​ផ្ទៃដី និង​ឈ្មោះ​ពលរដ្ឋ​នេះ​ជូន​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិគ្រោះ​គ្នា។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នៅ​ឃុំ​ត្រពាំងចាន់ មាន ៥​អាសនៈ ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តំណែង​មេ​ឃុំ ជំទប់​ទី​១ និង​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​តំណែង​ជំទប់​ទី​២ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់។ បើ​និយាយ​ពី​សំឡេង​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ជាង ៥០​សំឡេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឪពុក​កុមារី​ដែល​ត្រូវ​អតីត​មន្ត្រី​នគរបាល​ចាប់​រំលោភ​កាល​ពី​៧​ឆ្នាំ​មុន​បន្ត​ទាមទារ​យុត្តិធម៌

$
0
0

ឪពុក​កុមារី​រងគ្រោះ​លើ​ករណី​រំលោភ​ផ្លូវ​ភេទ​ដែល​មាន​ជន​ជាប់​ចោទ​ជា​អតីត​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កូន​ស្រី​របស់​គាត់​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​មាន​អាយុ ១៨​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់​រំលោភ​តាំង​ពី​អាយុ​ជាង ៧​ឆ្នាំ​មុន នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ។

អាណាព្យាបាល​រូប​នេះ​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ស្វែងរក​យុត្តិធម៌ ជាពិសេស​ជួយ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ មាន​ផ្ទះ ឬ​ដីធ្លី​ជាដើម​របស់​ជនល្មើស​ឈ្មោះ កង សុផាត ដើម្បី​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល តាម​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ផ្តល់​ជូន​គ្រួសារ​លោក។

ឪពុក​កុមារី​រងគ្រោះ​ដោយ​ករណី​រំលោភ​ផ្លូវ​ភេទ​រស់នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​និយាយ​ប្រាប់​អាស៊ីសេរី​ថា រូប​គាត់​ក៏ដូចជា​កូន​ស្រី បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មក​ហើយ ហើយ​គិត​មក​ដល់​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កក្កដា ជនល្មើស​នៅ​មាន​សេរីភាព​នៅ​ឡើយ។

អាណាព្យាបាល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​គាត់​ដែល​កាលណោះ​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ លោក​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ទោះ​បី​តុលាការ​កំពូល សម្រេច​សាល​ដីកា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់​គុគ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​បែប​ណា​ក្តី។

ផ្ដើម​ពី​បញ្ហា​នេះ ឪពុក​កុមារី​រងគ្រោះ​ដែល​មាន​សម្បុរ​ខ្មៅ និង​រាងកាយ​ស្គមស្គាំង បាន​លើក​ដៃ​សំពះ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចាប់​ជនល្មើស​ដាក់​ពន្ធនាគារ និង​ជួយ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជនល្មើស​មាន​ផ្ទះ និង​ដីធ្លី​ជាដើម ដើម្បី​ផ្តល់​សំណង​ជំងឺ​ចិត្ត​ជូន​កូន​ស្រី​គាត់៖ «ខ្ញុំ​សុំ​លើក​ដៃ​សំពះ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ សូម​ឲ្យ​បាន​ភាព​យុត្តិធម៌​ចំពោះ​គ្រួសារ​ខ្ញុំ ក៏ដូចជា​កូន​ស្រី​ខ្ញុំ​អ៊ីចឹង​ដែរ។ សូម​ជួយ​ខ្ញុំ​ឲ្យ​បាន​សំណង​ដែល​តុលាការ​កំពូល​បង្គាប់​ឲ្យ​ឈ្មោះ កង សុផាត សង​ជំងឺ​ចិត្ត ៤០​លាន​រៀល ដើម្បី​ប៉ះប៉ូវ​ជំនួស​ឲ្យ​ការ​ខូចខាត​របស់​កូន​ស្រី​ខ្ញុំ​ផង»

បន្ថែម​លើ​នេះ លោក​ក៏​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​កូន​ស្រី​របស់​គាត់​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ផ្ទាល់​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​យុត្តិធម៌ និង​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​លើ​សំណុំ​រឿង​នេះ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប ឬ​ដំណោះស្រាយ​ទេ។ ឪពុក​កុមារី​រងគ្រោះ ឲ្យ​ដឹង​ថា គ្រួសារ​គាត់​ដែល​មាន​ជីវភាព​តោកយ៉ាក​មួយ​នេះ បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ផ្តល់​ជូន​ពី​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ជាង ៧​ឆ្នាំ​មក​ហើយ នៅ​ឡើយ​មិន​ទាន់​មាន​យុត្តិធម៌​ទេ។

សំណុំ​រឿង​នេះ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ជាដើម មាន​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​ករណី​នេះ ហេតុ​អ្វី​បាន​ជា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ អាច​អនុញ្ញាត​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត រួច​ផុត​ពី​ការ​ផ្ដន្ទាទោស និង​រស់នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បាន​ទៅ​វិញ ព្រោះ​ជនល្មើស​រូប​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សាលា​ដំបូង​ទៅ​ហើយ​នោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​មន្ទិល​ថា ទំនង​ជា​សំណុំ​រឿង​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​មាន​អ្នក​រត់ការ ឈាន​ដល់​ផ្តល់​សំណូក​ពុក​រលួយ​នៅ​ប្រព័ន្ធ​តុលាការ​ក្នុង​អំឡុង​ពេល​នោះ​ក៏​ថា​បាន ទើប​ជនល្មើស កង សុផាត មិន​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឃុំ​ខ្លួន។

អ្នកស្រី សុធារី ចាត់​ទុក​ដំណើរការ​ក្តី​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​នេះ ថា​មាន​ភាព​អយុត្តិធម៌​ចំពោះ​កុមារី​រងគ្រោះ​បំផុត ហើយ​ក៏​ជា​សំណុំ​រឿង​ក្តី​មួយ​ក្នុង​ចំណោម​សំណុំ​រឿង​អយុត្តិធម៌​ច្រើន​ទៀត ដែល​សាធារណៈ​រិះគន់ និង​ចោទ​ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​មាន​ឯករាជ្យ ពុក​រលួយ និង​កាត់​ក្តី​មិន​យុត្តិធម៌ ជាដើម៖ «រឿង​ផ្តល់​សំណង​រដ្ឋប្បវេណី​តាម​ផ្លូវ​តុលាការ​ហ្នឹង វា​មាន​តែ​តុលាការ​ហ្នឹង​គាត់​មេត្តា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង ជួយ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​របស់​ជនល្មើស​ឈ្មោះ កង សុផាត ហ្នឹង ព្រោះ​រាល់​ឯកសារ​កាន់កាប់​ដីធ្លី​ផ្សេងៗ​ហ្នឹង គឺ​អាជ្ញាធរ​ជា​អ្នក​ដឹង​ឮ​មុន​គេ ព្រោះ​អាជ្ញាធរ​ជា​អ្នក​គ្រប់គ្រង​ភូមិសាស្ត្រ និង​វិទ្យាសាស្ត្រ​នៅ​តាម​មូលដ្ឋាន​ដែល​ជនល្មើស​ឈ្មោះ កង សុផាត រស់នៅ។ អ៊ីចឹង​រាល់​ឯកសារ​ដីធ្លី​ផ្សេងៗ គឺ​ភាគច្រើន​បាន​ធ្វើ​នៅ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​លេខ​៣ ហ្នឹង​តែ​ម្តង»

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយ​រង​ផ្នែក​ព័ត៌មាន​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដក​ហូត​មុខ​តំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​ផុត​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។

ចំណែក​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក៏​បាន​ចេញ​ដីកា​បង្គាប់​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌ ឲ្យ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត យក​មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១០។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​មាន​ប្រសាសន៍​ថា រាល់​ថ្ងៃ​នេះ ជនល្មើស​ឈ្មោះ កង សុផាត ដែល​អតីត​ជា​មន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទៀត​ទេ ហើយ​កម្លាំង​ជំនាញ​ស្ថាប័ន​លោក​បាន​បន្ត​ឃ្លាំ​មើល និង​ចុះ​ស្រាវជ្រាវ​មុខ​សញ្ញា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំ​ខ្លួន ឃុំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​លើ​សំណុំ​រឿង​នេះ​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​ជុំវិញ​ករណី​អតីត​ចៅ​សង្កាត់-មេ​ឃុំ​ខ្លះ​មិន​ប្រគល់​បន្ទប់​ធ្វើ​ការ​ឲ្យ​ចៅ​សង្កាត់​ថ្មី

$
0
0

ឃុំ-សង្កាត់​ស្ថិត​នៅ​ក្នុង​ខែត្រ​មួយ​ចំនួន កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​ដោយសារ​តែ​អតីត​ចៅ​សង្កាត់-មេ​ឃុំ ចាក់​សោ​បន្ទប់​មិន​ប្រគល់​ជូន​ចៅ​សង្កាត់-មេ​ឃុំ​ថ្មី​ចូល​ធ្វើ​ការ​ទេ ក្រោយ​ពេល​តំណាង​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ផ្ទេរ​តំណែង​ជូន​ចៅ​សង្កាត់-មេ​ឃុំ​ថ្មី​រួច​ហើយ​នោះ ដែល​បញ្ហា​នេះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​វិមជ្ឈការ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច មើល​ឃើញ​ថា ករណី​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដ៏​ធំ​មួយ​នៅ​ពី​ក្រោយ ហើយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​មុខងារ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ការ​បម្រើ​ការងារ​ជូន​ពលរដ្ឋ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក​បណ្ឌិត ចាន់ វិបុល អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច អំពី​ការ​មិន​ផ្ទេរ​បន្ទប់​ធ្វើ​ការ​ជូន​ចៅ​សង្កាត់​ថ្មី​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ហៅ​លោក សម រង្ស៊ី ថា​ជា​ជន​កំសាក

$
0
0

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​១៦ កក្កដា ហៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​ជា​ជន​កំសាក ដែល​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង មិន​ខ្វល់​ពី​សុខ​ទុក្ខ​របស់​ប្រជាជន។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​ការ​លើក​ឡើង​បែប​នេះ ដោយ​បញ្ជាក់​ថា វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ជា​រឿង​សំខាន់ ដូច្នេះ​ទើប​គណបក្ស​កាន់​អំណាច​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​គាត់។

ការ​វាយប្រហារ​ជា​ពាក្យ​សម្ដី​ធ្ងន់ៗ​របស់​លោក សុខ ឥសាន នេះ ធ្វើ​ឡើង​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប បាន​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៅ​កោះ​ហុងកុង ដើម្បី​ជួប​ជាមួយ​លោក សម រង្ស៊ី ជា​លើក​ចុង​ក្រោយ មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ត្រូវ​ចូល​ជា​ធរមាន ដែល​នឹង​ឈាន​ដល់​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងស្រុង។

លោក សុខ ឥសាន សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា លោក សម រង្ស៊ី គឺ​ជា​ជន​កំសាក​ដែល​តែង​និយាយ​ថា​ខ្លួន​ស្រឡាញ់​ជាតិ និង​ប្រជាជន ក៏ប៉ុន្តែ​ពេល​ប្រជាជន​មាន​ទុក្ខ​លំបាក លោក​បែរ​ជា​ទៅ​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង​ទៅ​វិញ។

លោក​បញ្ជាក់​បន្ថែម​ថា លោក សម រង្ស៊ី ធ្វើ​នយោបាយ​ដោយ​ចង​កំហឹង និង​មាន​គំនុំ​គុំកួន​ទៅ​លើ​ដៃគូ​ប្រកួត​ប្រជែង«គាត់​ប្រព្រឹត្ត​ល្មើស​ច្បាប់ គាត់​ទៅ​បរិហារ​កេរ្តិ៍​គេ អា​ហ្នឹង​គេ​ហៅ​ថា​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម បំបែក​បំបាក់​ជាតិ គ្មាន​អ្វី​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទេ។ គាត់​ស្រែក​ឲ្យ​ឡប់​ប្រជាពលរដ្ឋ​ថា គាត់​ធ្វើ​ដើម្បី​ជាតិ ប៉ុន្តែ​ពេល​ធ្វើ​ហើយ​មាន​បញ្ហា គាត់​រត់​ចោល​ជាតិ»

ទន្ទឹម​នឹង​ការ​បង្អាប់​លោក សម រង្ស៊ី ថា​ជា​ជន​កំសាក​នេះ លោក សុខ ឥសាន បាន​លើក​តម្កើង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដូចជា លោក ជា ស៊ីម លោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ ជាដើម ថា​ជា​វីរបុរស​ជាតិ​ដែល​ចេះ​គិតគូរ​បញ្ហា​ស្រុក​ទេស រិះរក​វិធី​ដោះស្រាយ​បញ្ហា​ជាតិ និង​គិតគូរ​ផល​ប្រយោជន៍​រួម​ជា​ធំ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ដឹង និង​អាច​ពិចារណា​ដោយ​ខ្លួន​ឯង​ថា​អ្នក​នយោបាយ​រូប​ណា​ដែល​មាន​ចរិត​បែប​នេះ ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​អយុត្តិធម៌​សង្គម និង​ជា​អ្នក​ធ្វើ​បាប​រាស្ត្រ​ពិតប្រាកដ ហើយ​ពលរដ្ឋ​នឹង​សម្ដែង​ឆន្ទៈ​របស់​គាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

លោក យឹម សុវណ្ណ ដែល​ជា​មនុស្ស​ជំនិត និង​មាន​ភក្ដីភាព​ចំពោះ​លោក សម រង្ស៊ី ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បន្ត​ថា វត្តមាន​របស់​អតីត​មេ​បក្ស​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជា​រឿង​សំខាន់ ហេតុ​ដូចនេះ​ហើយ​ទើប​គណបក្ស​កាន់​អំណាច​ប្រញាប់ប្រញាល់​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ថ្មី​ម្តង​ទៀត តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះ​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​រួច​ហើយ​ក៏ដោយ​ចុះ«បើ​សិន​ជា​គាត់​យល់​ឃើញ​ថា គាត់​អាច​ឈ្នះ​ឆ្នោត​ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី​នោះ​ទេ ខ្ញុំ​ជឿ​ថា​គាត់​មិន​ចាំបាច់​ធ្វើ​បែប​នេះ​ទេ។ បើ​គាត់​ធ្វើ​បែប​នេះ មាន​ន័យ​ថា​គាត់​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា ប្រជាជន​នឹង​បោះឆ្នោត​ជូន​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ»

វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ទើប​ត្រូវ​បាន​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​កាល​ពី​ពេល​ថ្មី​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា ជា​ចេតនា​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងស្រុង​តែ​ម្តង ព្រោះ​ច្បាប់​ថ្មី​នេះ​មាន​ចែង​អំពី​ទណ្ឌិត​មិន​អាច​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​បាន។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​នឹង​វត្តមាន​របស់​លោក សម រង្ស៊ី ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​តែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​បាន«ម្យ៉ាង​ដូចជា​ចង់​យក​ប្រៀប តែ​ម្យ៉ាង​ទៀត​ដូចជា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​លោក សម រង្ស៊ី នៅ​ក្នុង​ស្រុក ដោយសារ​តែ​ឃើញ​ការ​ទទួល​រាក់ទាក់​របស់​ពលរដ្ឋ​នៅ​ពេល​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ស្រុក​វិញ (ឆ្នាំ​២០១៣) ច្រើន​ពេក។ អ៊ីចឹង​ខ្ញុំ​មើល​ឃើញ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មើល​ឃើញ​ថា វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ជាមួយ​គ្នា វា​នឹង​អាច ២ បូក ២ បាន ១០។ ក្នុង​កាលៈទេសៈ​បែប​នេះ ត្រូវ​តែ​រក​មធ្យោបាយ​បំបែក ២ បូក ២ មិន​ឲ្យ​ចូល​គ្នា​បាន»

អ្នក​ជំនាញ​រូប​នេះ​មើល​ឃើញ​ថា មាន​បញ្ហា​ធំៗ​របស់​ជាតិ​ជាច្រើន​ដែល​កំពុង​កើត​មាន ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ តែ​អ្នក​នយោបាយ​ឯណោះ​វិញ​បែរ​ជា​នៅ​បន្ត​ឈ្លោះ​គ្នា​ឥត​ឈប់ រក​តែ​ពេល​ធ្វើ​ការ​រួម​គ្នា​មិន​បាន។ លោក​ថា ប្រជាប្រិយភាព​មិន​មែន​បាន​មក​ដោយសារ​ការ​ប្រើ​ល្បិចកល​វាយ​បំបាក់​ដៃគូ​ម្ខាងៗ​នោះ​ទេ ក៏ប៉ុន្តែ​គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​ពលរដ្ឋ។

បណ្ឌិត មាស នី រំលេច​ថា បញ្ហា​ប្រឈម​មួយ​សំខាន់​របស់​ពលរដ្ឋ​នៅ​តាម​ខេត្ត​ខណ្ឌ​ទូទាំង​ប្រទេស​នៅ​ពេល​នេះ គឺ​ការ​គ្មាន​ទីផ្សារ​លក់​កសិផល​ដែល​ពួក​គាត់​ផលិត​បាន ដែល​បញ្ហា​នេះ​នឹង​នាំ​ឲ្យ​ជីវភាព​ពួក​គាត់​កាន់​តែ​ក្រីក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីត​មេ​ឃុំ​ស្រុក​ជុំគិរី​ខេត្ត​កំពត​ថា​មេ​ឃុំ​ថ្មី​មិន​ដែល​ទាមទារ​សោ​ចូល​បន្ទប់​ធ្វើ​ការ

$
0
0

អតីត​មេ​ឃុំ និង​បច្ចុប្បន្ន គឺ​ជា​ជំទប់​ទី​២ នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត ប្រាប់​ថា ការ​ដែល​ពួក​គេ​មិន​ប្រគល់​បន្ទប់​មេ​ឃុំ​ឲ្យ​ទៅ​មេ​ឃុំ​ទើប​ចូល​កាន់​តំណែង ដោយសារ​តែ​មេ​ឃុំ​ថ្មី​មិន​បាន​ទាមទារ​សោ​បន្ទប់​ពី​ពួក​គេ។ សង្គម​ស៊ីវិល​យល់​ថា ទោះ​មេ​ឃុំ​ថ្មី​មិន​ទាមទារ​សោ​បន្ទប់​ក៏ដោយ អ្នក​ចាញ់​ឆ្នោត​ត្រូវ​ប្រគល់​សោ និង​បន្ទប់​ឲ្យ​អ្នក​ឈ្នះ​ឆ្នោត ព្រោះ​ជំទប់​ទី​២ ច្បាប់​មិន​បាន​តម្រូវ​ឲ្យ​មាន​បន្ទប់​ធ្វើ​ការ​ផ្ទាល់​ខ្លួន​ក្នុង​សាលា​ឃុំ​នោះ​ទេ។

អតីត​មេ​ឃុំ​អាណត្តិ​ទី​៣ និង​បច្ចុប្បន្ន​គឺ​ជា​ជំទប់​ទី​២ នៃ​ឃុំ​ស្នាយអញ្ជិត ស្រុក​ជុំគិរី មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ង៉ែត តេន យល់​ថា បន្ទប់​ធ្វើ​ការ​មិន​សំខាន់​នោះ​ទេ​សម្រាប់​លោក​ជា​ជំទប់​ទី​២ តែ​ការ​ដែល​លោក​មិន​បាន​ប្រគល់​សោ និង​បន្ទប់​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី​ឈ្នះ​ឆ្នោត​មក​ពី​គណបក្ស​ប្រឆាំង ដោយសារ​លោក​មេ​ឃុំ​ថ្មី​មិន​បាន​ទាមទារ​បន្ទប់ ឬ​កូន​សោ​ពី​លោក​នោះ​ទេ។

លោក​ប្រាប់​ថា ខ្វះ​អី​បន្ទប់​នៅ​ក្នុង​សាលា​ឃុំ ប្រសិន​បើ​មេ​ឃុំ​ថ្មី​ទាមទារ​សោ​ពី​លោក​ពេល​ណា លោក​រើ​ចេញ​ពី​បន្ទប់​មេ​ឃុំ​ចាស់​ភ្លាម ហើយ​លោក​នឹង​ទៅ​រក​បន្ទប់​មួយ​ទៀត​នៅ​ក្នុង​សាលា​ឃុំ​សម្រាប់​ធ្វើ​ការ៖ «តាំង​ពី​ប្រកាស​សុពលភាព​មក មេ​ឃុំ​ថ្មី​អត់​ដែល​ចូល​ក្នុង​បន្ទប់​ទេ គឺ​ធ្វើ​ការ​ក្រៅ​ទាំងអស់​គ្នា ហើយ​គាត់​ទាមទារ​ថ្ងៃ​ណា ខ្ញុំ​ឲ្យ​ថ្ងៃ​ហ្នឹង មាន​ទាស់​អី! អត់​មាន​ទាស់​ទេ​រឿង​បន្ទប់ បើ​គាត់​យក​អា​នេះ ខ្ញុំ​យក​អា​នោះ បើ​គាត់​យក​អា​នោះ ខ្ញុំ​យក​អា​នេះ មាន​ទាស់​អី! ដូច​មិន​បញ្ហា​ទេ ព្រោះ​អត់​ដែល​ចូល​ក្នុង​បន្ទប់​សោះ​តាំង​ពី​ប្រកាស​សុពលភាព​មក​កន្លះ​ខែ​មក ធ្វើ​ខាង​ក្រៅ​ទាំងអស់​គ្នា​ហ្នឹង បើ​គាត់​ចង់​ទាមទារ​បន្ទប់​យក​ទៅ អត់​បញ្ហា​រឿង​បន្ទប់ អត់​មាន​សម្ភារៈ​អី​សំខាន់ មាន​តែ​ទូ​មួយ​នៅ​ហ្នឹង មាន​តុ​មួយ កៅអី​មួយ​ហ្នឹង​ទេ អត់​មាន​អី​ទេ ទូ​មួយ​សម្រាប់​ដាក់​ឯកសារ តាម​ពិត​ឯកសារ​នៅ​ស្មៀន​ទាំងអស់ មាន​តែ​អត្រានុកូលដ្ឋាន សំបុត្រ​ស្នាក់នៅ នៅ​នឹង​ស្មៀន​ទាំងអស់ តែ​យើង​យក​ចេញ​មក​កុំ​ឲ្យ​ទើស​កន្លែង​ស្មៀន​ពេក កុំ​អី​ត្រូវ​នៅ​ស្មៀន​ទាំងអស់។ តាម​ពិត​ទៅ ក្រុម​ប្រឹក្សា​ឃុំ មេ​ឃុំ មាន​តែ​កាតាប​មួយ​ហ្នឹង​សម្រាប់​ដាក់​ឯកសារ ទាមទារ​អី​ឲ្យ​អត់​បញ្ហា​ទេ​រឿង​បន្ទប់»

នៅ​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ឃុំ​ទាំងអស់​ចំនួន​៧។ លទ្ធផល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ បង្ហាញ​ថា គណបក្ស​ប្រឆាំង​បាន​ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ជំទប់​ទី​១ ទាំង ៧​ឃុំ ឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​ជា​ជំទប់​ទី​២ គ្រប់​ឃុំ។

ក្រោយ​ការ​ប្រកាស​សុពលភាព​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​តំណាង​ក្រសួង​មហាផ្ទៃ មេ​ឃុំ​ទើប​ទទួល​តំណែង​ថ្មី​ទាំង ៧​ឃុំ​នៃ​ស្រុក​ជុំគិរី បាន​ចោទ​ជំទប់​ទី​២ របស់​ខ្លួន​ថា មិន​ព្រម​ឲ្យ​បន្ទប់​ធ្វើ​ការ​ទៅ​មេ​ឃុំ​ឈ្នះ​ឆ្នោត។ មេ​ឃុំ​ទើប​ជាប់​ឆ្នោត​អះអាង​ថា ពួក​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ឲ្យ​ពលរដ្ឋ ព្រោះ​តែ​លិខិត​ស្នាម​ចាស់ៗ​នៅ​ក្នុង​បន្ទប់​ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​កាន់កាប់ ហើយ​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី​គ្មាន​បន្ទប់​ធ្វើ​ការ ត្រូវ​ធ្វើ​ការ​លើ​តុ​វែង​សាធារណៈ​ក្នុង​សាលា​ឃុំ ឬ​ក្រោម​ដើមឈើ​ក្នុង​បរិវេណ​សាលា​ឃុំ ជាដើម។

មេ​ឃុំ​ស្នាយអញ្ជិត លោក គយ រុន ដែល​ទើប​ប្រកាស​សុពលភាព​ចូល​កាន់​តំណែង បញ្ជាក់​ថា លោក​ពិត​ជា​មិន​ដែល​បាន​ទាមទារ​សោ​បន្ទប់​ពី​អតីត​មេ​ឃុំ​ពិត​មែន។ លោក​ថា ការ​ដែល​លោក​មិន​ទាមទារ ដោយសារ​លោក​មិន​ចង់​ឃើញ​វិវាទ​កើត​ឡើង។ ចំពោះ​ថា​តើ​អតីត​មេ​ឃុំ​ឲ្យ​បន្ទប់​ធ្វើ​ការ​ចាស់​ទៅ​លោក​ធ្វើ​ការ ឬ​អត់​នោះ លោក​ថា​មិន​សំខាន់​ទេ ប៉ុន្តែ​លោក​ពិបាក​ទុក​ដាក់​ឯកសារ​សម្រាប់​មេ​ឃុំ​ណាស់ នៅ​ពេល​ដែល​លោក​មិន​មាន​បន្ទប់​ធ្វើ​ការ​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​មេ​ឃុំ៖ «ស្មៀន​គាត់​ថា​បន្ទប់​ពីរ​ហ្នឹង​រើស​យក​មួយ​ណា​ក៏​យក​ទៅ ហើយ​ខ្ញុំ​បាន​សួរ​ថា បន្ទប់ (មេ​ឃុំ) នេះ​យ៉ាង​ម៉េច​ដែរ? ស្មៀន​ថា​បន្ទប់​មួយ​ហ្នឹង​នៅ​មួយ​អន្លើ​សិន ឬ​មួយ​ក៏​ឲ្យ​ទៅ​ជំទប់​ទី​២ គាត់​អ្នក​កាន់កាប់ ហើយ​ខ្ញុំ​ក៏​មិន​មាត់​មិន​ក​អី​ដែរ តាម​ឋានានុក្រម​ទៅ បើ​យើង​ជជែក​វែកញែក​ក៏​មិន​បាន​ប្រយោជន៍​អី​ដែរ មាន​តែ​សហការ​គ្នា​ទៅ​មុខ​ទៀត ដើម្បី​យើង​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​យើង។ ខ្ញុំ​គិត​ចឹង អត់​មាន​ទាមទារ​អី​ទេ ស្រេច​តែ​ច្បាប់​ទៅ​ចុះ»

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ជុំគិរី និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ជុំគិរី លោក ស៊ិន វណ្ណា ប្រាប់​ថា ក្រោយ​ការ​ប្រកាស​សុពលភាព​មួយ​សប្ដាហ៍​មក​នេះ មេ​ឃុំ​ទាំង​៧ នៅ​មិន​ទាន់​មាន​បន្ទប់​ធ្វើ​ការ​នោះ​ទេ។ លោក​ថា មេ​ឃុំ​ថ្មី​ទាំង ៧​ឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ពិបាក​ធ្វើ​ការ​ជាមួយ​ស្មៀន​ឃុំ ដោយ​លោក​មើល​ឃើញ​ថា​ស្មៀន​ឃុំ​បាន​រក្សា​ទម្លាប់​ចាស់ គឺ​ដើរ​ចោល​កន្លែង​ធ្វើ​ការ ឬ​ចូល​ធ្វើ​ការ​យឺត​ម៉ោង ចេញ​ធ្វើ​ការ​លឿន ដោយ​មិន​គោរព​ម៉ោង​ធ្វើ​ការ​ដែល​រដ្ឋ​បាន​កំណត់៖ «គឺ​មេ​ឃុំ​ទាំង​៧ យើង​អត់​ទាន់​បាន​បន្ទប់​របស់​មេ​ឃុំ​អាណត្តិ​ចាស់​ធ្វើ​ការ​ទេ។ គាត់​នៅ​កិប​សោ​ទុក។ គាត់​ឲ្យ​យើង​មេ​ឃុំ​ដែល​ជាប់​ឆ្នោត​ថ្មី​ហ្នឹង រក​កន្លែង​យើង​ធ្វើ​ការ​ខ្លួន​ឯង។ គាត់​អត់​ទាន់​បើក​ទ្វារ​ឲ្យ​ទេ នៅ​ទាំងអស់។ ក្នុង​នាម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ក្នុង​នាម​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ជុំគិរី ខ្ញុំ​សំណូមពរ ជាពិសេស​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​មេ​ឃុំ​ដែល​ជាប់​ឆ្នោត​ថ្មី ដើម្បី​មាន​ឱកាស​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា ជាពិសេស​លិខិត​ឯកសារ»

ចំណែក​អភិបាល​ស្រុក​ជុំគិរី អ្នកស្រី គឹម សុធារី ប្រាប់​អាស៊ីសេរី​ថា ចំពោះ​បញ្ហា​ការ​ទាស់ទែង​គ្នា ឬ​ការ​មិន​ព្រម​ប្រគល់​បន្ទប់​មេ​ឃុំ​ចាស់​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី​ធ្វើ​ការ អ្នកស្រី​មិន​ទាន់​បាន​ដឹង​នោះ​ទេ ដោយសារ​តែ​មិន​ទាន់​មាន​ខាង​ណា​រាយការណ៍ ឬ​ប្ដឹង​ទៅ​ថ្នាក់​ស្រុក​នោះ​ទេ។ អភិបាល​ស្រុក​ជុំគិរី រូប​នេះ​បញ្ជាក់​ថា នៅ​មាន​បន្ទប់​ពីរ​ផ្សេង​ទៀត​សម្រាប់​ឲ្យ​មេ​ឃុំ​រៀបចំ​ធ្វើ​ការ៖ «ខ្ញុំ​ចង់​សួរ​ដែរ ចង់​សួរ​ថា​បន្ទប់​វា​មាន ៤​បន្ទប់ ចុះ​បើ​បន្ទប់ ២​ទំនេរ ម៉េច​បាន​អត់​ធ្វើ​ការ? ឥឡូវ​ខ្ញុំ​ឆ្ងល់​ថា បន្ទប់ ២​ទំនេរ​ម៉េច​បាន​អត់​ធ្វើ​ការ? ខ្ញុំ​អត់​មាន​អ្នក​ណា​ប្ដឹង​ខ្ញុំ​រឿង​ផង។ មិន​បាច់​តាម​ស្រេច​ចិត្ត​គាត់​ទេ បន្ទប់​មាន ២​ថ្មី​ទៀត រៀបចំ​ធ្វើ​ទៅ បន្ទប់​នោះ (ចាស់) គាត់​មាន​អីវ៉ាន់​នៅ​ក្នុង​ហ្នឹង​ហើយ បន្ទប់​មាន​ពីរ។ កាល​ពី​មុន​គេ​ជាប់​មួយ​យូរ​មក​ហើយ គេ​ដែល​ដណ្ដើម​បន្ទប់​គ្នា​មក​ពីណា? ទើប​យើង​ជាប់​ថ្មី​មក​ដណ្ដើម​ថ្មី​អី។ ខ្ញុំ​អត់​មាន​នរណា​ប្ដឹង​មក​ខ្ញុំ​ទេ។ បន្ទប់​ពីរ​ថ្មី​ចែស បន្ទប់​ពីរ​នៅ​ទំនេរ​ម៉ង អត់​មាន​អ្នក​ណា​ធ្វើ​ការ​ទេ បន្ទប់​ពីរ​ហ្នឹង​យើង​រៀបចំ​នៅ​ទៅ ម៉េច​បន្ទប់​មុន​ហ្នឹង​មាន​អី»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី នៅ​តែ​យល់​ថា អ្នក​ដែល​ចាញ់​ឆ្នោត​គួរ​តែ​ប្រគល់​សោ និង​បន្ទប់​ធ្វើ​ការ​ទៅ​អ្នក​ឈ្នះ​ឆ្នោត ព្រោះ​ក្នុង​សាលា​ឃុំ​មាន​បន្ទប់​ធ្វើ​ការ​តែ ៤​បន្ទប់ គឺ​បន្ទប់​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ឬ​មេ​ឃុំ​មួយ​បន្ទប់ បន្ទប់​ក្រុម​ប្រឹក្សា​ឃុំ បន្ទប់​ស្មៀន និង​បន្ទប់​សម្រាប់​គណនេយ្យករ ដូច្នេះ​ជំទប់​ទី​១ និង​ទី​២ គឺ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​បន្ទប់​ក្រុម​ប្រឹក្សា៖ «ក្នុង​ករណី​នេះ​មិន​បាច់​ចាំ​ប្រធាន​ក្រុម​ប្រឹក្សា ឬ​ក៏​មេ​ឃុំ ឬ​ក៏​ចៅ​សង្កាត់​ដែល​ជាប់​ថ្មី គាត់​ទាមទារ​ទេ ត្រូវ​តែ​ប្រគល់​ឲ្យ​គេ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​កាតព្វកិច្ច​អ្នក​ឯង គឺ​ត្រូវ​ប្រគល់​ឲ្យ​គេ អត់​មាន​អ្នក​ឯង (មេ​ឃុំ​ចាញ់​ឆ្នោត) រក្សា​ទុក​ដោយ​ខ្លួន​ឯង មិន​បាច់​មេ​ឃុំ​ថ្មី​មក​ទាមទារ​ទេ ត្រូវ​តែ​ប្រគល់​ឲ្យ​គេ​ដោយ​អូតូម៉ាទិច (ស្វ័យប្រវត្តិ) តែ​ម្ដង»

សង្គម​ស៊ីវិល​យល់​ថា បើ​ទោះ​ជា​មេ​ឃុំ​មិន​ទាមទារ​សោ ឬ​បន្ទប់​ធ្វើ​ការ​ក៏ដោយ អ្នក​ដែល​ចាញ់​ឆ្នោត​ក៏​គួរ​តែ​ប្រគល់​សោ និង​បន្ទប់​ធ្វើ​ការ​ឲ្យ​មេ​ឃុំ​ដែរ ដើម្បី​ជា​ការ​បង្ហាញ​រូបភាព​ដ៏​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ច្បាប់​បក្ស​នយោបាយ​ថ្មី​នឹង​មាន​សុពលភាព​ភ្លាម​នៅ​ថ្ងៃ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា"

$
0
0

នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ផ្ញើ​សារ​តាម​តេឡេក្រាម (Telegram) ថា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ​នៅ​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ។

លោក​បញ្ជាក់​ថា ការ​ដែល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ គឺ​ដោយសារ​ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់។

លោក សុខ ឥសាន បន្ត​ថា ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។ ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ទោះ​ជា​សម្ងាត់​ក្ដី ឬ​ជា​ចំហ​ក្ដី ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ គណបក្ស​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មាន​ការ​ផ្អាក​សកម្មភាព​របស់​គណបក្ស​នោះ​រយៈពេល ៥​ឆ្នាំ​យ៉ាង​តិច ត្រូវ​លុប​ឈ្មោះ​គណបក្ស​នោះ​ចេញ​ពី​បញ្ជី​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ផ្នែក​បោះឆ្នោត​ថា​ការងារ​របស់​គ.ជ.ប ប្រសើរ​ឡើង​តែ​ត្រូវ​ពង្រឹង​ចំណុច​ខ្លះ

$
0
0

ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ របស់ គ..ប ត្រូវ​បាន​អ្នក​សង្កេតការណ៍ និង គ..ប ខ្លួន​ឯង​វាយ​តម្លៃ​ថា​មាន​ភាព​ល្អ​ប្រសើរ​ឡើង ពិសេស​គឺ​សុក្រឹតភាព​នៃ​បញ្ជី​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត និង​ភាព​អហិង្សា​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា និង​ថ្ងៃ​បោះឆ្នោត។ ទោះ​បី​ជា​យ៉ាង​ណា ទាំង គ..ប និង​សង្គម​ស៊ីវិល​យល់​ថា គ..ប នៅ​មាន​ចំណុច​ត្រូវ​ពង្រឹង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ភាព​ជឿ​ទុក​ចិត្ត។

ខណៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា រៀបចំ​ដោយ គ..ប កំពុង​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ គ..ប និង​អ្នក​ពាក់ព័ន្ធ កំពុង​សិក្សា និង​ពិនិត្យ​មើល​លទ្ធផល​ការងារ​របស់​ខ្លួន​ក្នុង​សន្និបាត​បូក​សរុប​ការងារ។

ពី​ខេត្ត​ព្រះសីហនុ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ..ប លោក គួយ ប៊ុនរឿន នៅ​ថ្ងៃ​ទី​១៦ កក្កដា ថ្លែង​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​សន្តិភាព ស្ងប់ស្ងាត់​ល្អ គ្មាន​អំពើ​ហិង្សា ប្រកប​ដោយ​ភាព​រលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​រាល់​ដង ការ​បោះឆ្នោត​ឆ្នាំ​២០១៧ មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ទាំង​លើ​ទិដ្ឋភាព​បច្ចេកទេស។

លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ពេល​បើក​សន្និបាត​ថា មាន​កត្តា​សំខាន់​ចំនួន​៦ ដែល​ធ្វើ​ឲ្យ​ការ​រៀបចំ​ការ​បោះឆ្នោត​លើក​នេះ​លេចធ្លោ។ លោក​លើក​ឡើង​ថា សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ត្រូវ​បាន​កែលំអ​ដោយ​ទទួល​យក​ការ​ផ្តល់​អនុសាសន៍ និង​ជជែក​វែកញែក​ពី​ភាគី​ពាក់ព័ន្ធ។ មួយ​ទៀត​នោះ មន្ត្រី​បម្រើ​ការងារ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រឡង​ប្រជែង និង​ត្រូវ​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល ហើយ​ពួក​គេ​បាន​ផ្តល់​ការ​អប់រំ​ដល់​អ្នក​បោះឆ្នោត និង​សាធារណជន​បាន​ទូលំទូលាយ​តាម​មធ្យោបាយ​ចម្រុះ ព្រម​ទាំង​ផ្តល់​ពេល​ស្មើ​គ្នា​សម្រាប់​គណបក្ស​នយោបាយ​ដើម្បី​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ។

ដោយ​មិន​លើក​ឡើង​ពី​ការ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត​នៃ​ការ​ប្រកាស​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត លោក ប៊ុនរឿន ពិនិត្យ​ឃើញ​ថា ការ​ផ្សព្វផ្សាយ​លទ្ធផល​បឋម​នេះ​មាន​តម្លាភាព​តាម​រយៈ​ការ​បញ្ជូន​លទ្ធផល​បឋម​បោះឆ្នោត និង​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ពី​ថ្នាក់​មូលដ្ឋាន មក​កាន់ គ..ប ផ្ទាល់​តែ​ម្តង ហើយ​បាន​ផ្សព្វផ្សាយ​ទាំង​លើ​វិទ្យុ ទូរទស្សន៍ វែបសាយ៍ (website) និង​លើ​ហ្វេសប៊ុក (Facebook)

លោក គួយ ប៊ុនរឿន អះអាង​ថា ការ​ដោះស្រាយ​បណ្ដឹង​ត្រូវ​បាន​អនុវត្ត​យន្តការ​ដោះស្រាយ​តាម​សមត្ថកិច្ច​នៃ​ថ្នាក់​នីមួយៗ និង​មន្ត្រី​ដោះស្រាយ​បណ្ដឹង​មាន​ជំនាញ​ធ្វើ​ការ​រឿង​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា មាន​គណបក្ស​នយោបាយ​ចំនួន​១២ ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​មេ​ឃុំ-សង្កាត់​ចំនួន ១.៦៤៦ ហើយ​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ជាង ៩០% (៩០,៣៧%) ឬ​ជាង ៧​លាន ១​សែន​នាក់ (.១០៧.៣៩៥​នាក់) ក្នុង​ចំណោម​អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​ប្រមាណ ៧​លាន ៨​សែន​នាក់ (.៨៦៥.០៣៣​នាក់)

សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ក្រុម​ដែល​ដាក់​ឈ្មោះ​ថា «បន្ទប់​ស្ថានការណ៍» បាន​វាយ​តម្លៃ​ថា បើ​ទោះ​ជា​ក្នុង​រយៈពេល​នៃ​ការ​ឃោសនា​រហូត​ដល់​ការ​ប្ដឹង​រាប់​សន្លឹកឆ្នោត​ឡើង​វិញ មាន​ភាព​ប្រសើរ​ឡើង តែ​មិន​ទាន់​ចាត់​ទុក​ថា​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ ដោយសារ​នៅ​ខ្វះ​យុត្តិធម៌ និង​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី ដែល​ជា​អតីត​សមាជិក «បន្ទប់​ស្ថានការណ៍» ផ្តល់​អនុសាសន៍​ថា ការ​រៀបចំ​ការ​បោះឆ្នោត​របស់ គ..ប នៅ​លើក​ក្រោយ នឹង​កាន់​តែ​ប្រសើរ ប្រសិន​បើ គ..ប ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ស្ដីពី​ការ​បោះឆ្នោត ពិសេស​នៅ​តាម​តំបន់​ដាច់ស្រយាល សម្របសម្រួល​ការ​សហការ​របស់​អាជ្ញាធរ​ក្នុង​កិច្ច​ការងារ​អប់រំ​ផ្សព្វផ្សាយ ពង្រឹង​ភាព​ស្មើ​គ្នា​របស់​គណបក្ស​នយោបាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន និង​ពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន៖ «អាណត្តិ​ក្រោយ​នេះ (សូម) ..ប បើក​ចំហ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ពិសេស​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ​ក្តី សូម​បើក​ចំហ​ឲ្យ​បាន​ទូលាយ​ជាង​នេះ​ទៀត ដើម្បី​ទទួល​យក​អនុសាសន៍ ឬ​យោបល់​ពី​មជ្ឈដ្ឋាន​នេះ។ ហើយ (..​ប គួរ) ធ្វើ​ទំនាក់ទំនង​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​អ្នក​បោះឆ្នោត»

សន្និបាត​បូក​សរុប​ការងារ​របស់ គ..ប នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គណបក្ស​ប្រឆាំង​មិន​ទាន់​គិតគូរ​ជុំវិញ​សំណើ​សុំ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​អស់​អាណត្តិ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​របស់​ខ្លួន​មិន​ទាន់​គិតគូរ​សំណើ​របស់​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ចង់​ឲ្យ​គណបក្ស​មាន​អាសនៈ​ទាំង​ពីរ​ក្នុង​រដ្ឋសភា រួម​គ្នា​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា សំណើ​នេះ​ត្រូវ​បាន​ភាគី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ចោល​រួច​ទៅ​ហើយ។

បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច ប្រហែល​មិន​ទាន់​ចង់​បង្កើត​ច្បាប់​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ដូច​សព្វថ្ងៃ ដែល​គណបក្ស​មួយ​ពិបាក​ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​គណបក្ស​មួយ​ផ្សេង​ទៀត​នោះ ដូច្នោះ​គួរ​តែ​ដល់​ពេលវេលា​ដើម្បី​ឲ្យ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ​ហើយ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ កក្កដា ថា គំនិត​ចង់​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ គឺ​ជា​រឿង​ល្អ​មួយ ព្រោះ​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​បញ្ចប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី៖ «ការ​លើក​កម្ពស់​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ដែល​អស់​ពី​តួនាទី​ទៅ​នេះ គឺ​ជា​រឿង​ល្អ​នៅ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​មាន​ភាព​តឹងតែង​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ផ្ទេរ​អំណាច»

កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បាន​ផ្ញើ​លិខិត​ចំហ​ចំនួន ២​ច្បាប់​ទៅ​កាន់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មួយ​ច្បាប់​ទៀត​ទៅ​កាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ​ស្នើ​ទៅ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា​វីរបុរស​ជាតិ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គុណ​បំណាច់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។ លោក លឺ ឡាយស្រេង បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចង់​ឲ្យ​បង្កើត​ច្បាប់​ថ្មី​នេះ ដោយសារ​កន្លង​ទៅ កម្ពុជា គឺ​ជា​អាណាចក្រ​ធ្លាប់​ថ្កុំថ្កើង​រុងរឿង ប៉ុន្តែ​ក្រោយ​មក​បែរ​ជា​កើត​មាន​សង្គ្រាម​ឥត​ស្រាកស្រាន្ត និង​ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់​ខ្លួន​ក្រីក្រ​តោកយ៉ាក ព្រម​ទាំង​ធ្វើ​ឲ្យ​ចំណាក​ស្រុក​ដូច​សព្វថ្ងៃ​នេះ ដោយសារ​តែ​ខ្មែរ​មិន​ចេះ​អនុគ្រោះ​ឲ្យ​ខ្មែរ​ដូច​គ្នា និង​ចេះ​តែ​ដណ្ដើម​អំណាច​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ទោះ​ជា​យ៉ាង​ណា សំណើ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា គឺ​ជា​ឧបាយកល​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ​ថា នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​កំពុង​ធ្វើ​អ្វី​មួយ​ខុស​ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ទៀត​ថា សំណើ​របស់​លោក លឺ ឡាយស្រេង បែប​នេះ គឺ​ជា​សំណើ​ស្មោកគ្រោក និង​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដែល​បង្ហាញ​អំពី​ការ​ត្រៀម​ខ្លួន​ចាញ់ ហើយ​គណបក្ស​ប្រឆាំង​វិញ​កំពុង​ត្រៀម​ខ្លួន​ឈ្នះ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​លោក លឺ ឡាយស្រេង នេះ​យ៉ាង​ខ្លី​ថា គណបក្ស​របស់​លោក​មិន​ទាន់​យក​មក​គិតគូរ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ចង់​ធ្វើ​ការ​បកស្រាយ​ច្រើន​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែរ៖ «គណបក្ស​មិន​ទាន់​យក​រឿង​នោះ​មក​គិត​នៅ​ឡើយ​ទេ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មិន​យល់​ឃើញ​ថា សំណើ​ដែល​សុំ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​នោះ គឺ​ជា​ការ​ប្រមាថ​ទៅ​ដល់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ព្រោះ​លោក​ថា ច្បាប់​នេះ​គឺ​មាន​សារសំខាន់​ដើម្បី​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ហ៊ាន​ឈ្នះ​ហ៊ាន​ចាញ់ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៖ «ជា​រួម មេ​ដឹកនាំ​នៅ​ក្នុង​ពិភពលោក​ទាំងអស់​នៅ​ពេល​ដែល​ដឹកនាំ​ហើយ មិន​មាន​អ្នក​ណា​មួយ​ដែល​គ្មាន​កំហុស​នោះ​ទេ ហើយ​ចង់​មិន​ចង់ លោក​តែ​បារម្ភ​ចំពោះ​កំហុស​ទាំងអស់​នោះ។ ហើយ​គិត​ថា​នៅ​ក្នុង​ប្រទេស​នានា​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដូច​កម្ពុជា គេ​តែង​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​បង្កើត​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នេះ»

លោក សូ ចន្ថា បន្ត​ថា ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី គឺ​មាន​សារសំខាន់​ជាង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ពីរ​ដង​ទៅ​ទៀត ព្រោះ​លោក​ថា ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មាន​ការ​បង្រួបបង្រួម​គ្នា និង​មិន​ចង​គំនុំ​គុំកួន​នឹង​គ្នា។

លោក សូ ចន្ថា ក៏​បញ្ជាក់​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​ចង់​បង្កើត​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ​ក្ដី ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​គណបក្ស​កាន់​អំណាច​ដែល​មាន​សំឡេង ៥០+១ បាន​បដិសេធ​ទៅ​ហើយ​នោះ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​ចរចា​គ្នា និង​គិត​ថា​ច្បាប់​នោះ​បម្រើ​ផល​ប្រយោជន៍​ជាតិ ទើប​អាច​ឲ្យ​ច្បាប់​នោះ​ចេញ​ជា​រូបរាង​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ

$
0
0

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា ខាង​មុខ​នេះ។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រម​ទាំង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សាយ ឈុំ និង​លោក ង្វៀន ហ៊្វូជុង ក៏​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​តាម​ដង​ទន្លេ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​កើន​ឡើង​នៃ​កម្ពស់​ទឹក

$
0
0

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្នើ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​ទន្លេ​ដែល​បន្ត​កើន​ឡើង​ជា​លំដាប់។

ការ​អំពាវនាវ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​ទន្លេ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កក្កដា។

ក្រសួង​បញ្ជាក់​ថា កូន​ព្យុះ​ឈ្មោះ តាឡាស (TS TALAS) ដែល​ជា​ព្យុះ​ទី​៤ ប្រចាំ​ឆ្នាំ​២០១៧ នេះ បាន​កើត​ឡើង និង​កំពុង​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ កូន​ព្យុះ​នេះ នឹង​រំកិល​ខ្លួន​ចូល​ទៅ​ឈូង​សមុទ្រ​តុងកឹង​នៃ​ប្រទេស​វៀតណាម រួច​បន្ត​ដំណើរ​ទៅ​ដល់​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ នៅ​ថ្ងៃ​ទី​១៧ កក្កដា។

ឥទ្ធិពល​នៃ​កូន​ព្យុះ តាឡាស (TS TALAS) និង​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​នៃ​ប្រទេស​ទាំង​ពីរ ដោយឡែក​នៅ​កម្ពុជា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ។

ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ ទន្លេ​បាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប បន្ត​កើន​ឡើង​ជា​លំដាប់។ តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម អាច​នឹង​ត្រូវ​ជន់​លិច។

ហេតុ​ដូចនេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ប្រជា​កសិករ​រួសរាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់​ពេលវេលា។ ក្រសួង​ក៏​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជា​យថាហេតុ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឲ្យ​បញ្ឈប់​បណ្ដេញ​អ្នក​ភូមិ​ក្បាលរមាស​ចេញ​ដោយ​បង្ខំ

$
0
0

ជនជាតិ​ដើម​ភាគតិច​ទាំង ២៤​អម្បូរ​មក​ពី ១៥​ខេត្ត​ក្រុង ព្រម​ទាំង​បណ្ដាញ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​រួម​គ្នា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្ដេញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចេញ​ពី​ភូមិ​ក្បាលរមាស​ចាស់ ដោយ​បង្ខំ និង​ហិង្សា។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។

ពួក​គេ​អំពាវនាវ​ដល់​រដ្ឋសភា​ឲ្យ​ចុះ​សិក្សា និង​ធ្វើ​ការ​អន្តរាគមន៍​ជា​បន្ទាន់​ចៀសវាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​មាន​អំពើ​ហិង្សា​កើត​ឡើង។

ចំណែក​រដ្ឋាភិបាល​វិញ ពួក​គេ​អំពាវនាវ​ឲ្យ​គោរព​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​ភូមិ​ក្បាលរមាស​ចាស់ ដែល​ពួក​គាត់​សម្រេច​រស់នៅ​ទីទួល​សុវត្ថិភាព​ថ្មី​ដែល​មាន​ចម្ងាយ ៤​គីឡូម៉ែត្រ​ពី​អណ្ដាត​ទឹក​នៃ​ទំនប់។ ពួក​គេ​ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​បង្ខំ និង​គំរាម​កំហែង ឬ​ប្រើ​ហិង្សា​ឲ្យ​សហគមន៍​ចាកចេញ​ពី​ទីតាំង​ភូមិ​ចាស់ ទៅ​យក​សំណង​ដែល​ត្រូវ​ទៅ​រស់នៅ​ទីតាំង​ថ្មី។ ហើយ​ពួក​គេ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ត្រៀម​ឧបករណ៍​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ សត្វ​ពាហនៈ និង​ការពារ​ផ្ទះ​សម្បែង​របស់​សហគមន៍។

ចំណែក​ឯ​ខាង​ក្រុមហ៊ុន​វិញ ពួក​គេ​អំពាវនាវ​ឲ្យ​ផ្តល់​សំណង​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ជាក់ស្តែង​របស់​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគតិច​ទាំង ២៤​អម្បូរ​មក​ពី ១៥​ខេត្ត​ក្រុង ព្រម​ទាំង​បណ្ដាញ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អាណិត​អាសូរ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ ដែល​បាន​សម្រេច​ចិត្ត​មិន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​ភូមិ​កំណើត​ដោយ​បង្ខំ និង​ហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លា​ហើយ​ប៊ូឌីង

$
0
0

នៅ​ពេល​នេះ ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ទាំងអស់​បាន​សម្រេច​ចិត្ត​ចាកចេញ ដើម្បី​ទៅ​រស់នៅ​កន្លែង​ថ្មី។ អគារ​ប៊ូឌីង នឹង​ត្រូវ​វាយ​កម្ទេច​ចោល​ដើម្បី​សាងសង់​អគារ​ថ្មី។ អនុស្សាវរីយ៍​រាប់​មិន​របស់​ពលរដ្ឋ​ជិត ៥០០​គ្រួសារ​ជាមួយ​អគារ​ចំណាស់​មួយ​នេះ គឺ​បាន​បន្សល់​ទុក​នូវ​ពាក្យ​មួយ​ឃ្លា​ចុង​ក្រោយ​និយាយ​នោះ គឺ «លា​ហើយ​ប៊ូឌីង»

ពាក្យ «លា​ហើយ​ប៊ូឌីង» ត្រូវ​បាន​ពលរដ្ឋ​ស្ទើរ​គ្រប់​គ្នា​និយាយ​នៅ​ពេល​ចាកចេញ អ្នក​ខ្លះ​ពេល​និយាយ​ទឹក​ភ្នែក​ក៏​ស្រក់​ចុះ ត្បិត​អី​អគារ​មាន​វ័យ​ជាង ៥០​ឆ្នាំ​នេះ ធ្លាប់​ជា​ជម្រក​របស់​ពួក​គេ​តាំង​ពី​របប ប៉ុល ពត ដួល​រលំ ហើយ​បើ​ទោះ​មាន​អ្នក​ផ្សេង​ទើប​ចូល​រស់នៅ​ដោយ​ទិញ​បន្ទប់​ត​ពី​គេ​ក្តី ក៏​នៅ​ស្ដាយ​ស្រណោះ។

ពួក​គេ​ថា ទោះ​រស់នៅ​ទីនេះ​តិច​ឆ្នាំ ឬ​ច្រើន​ឆ្នាំ​ក្តី ចិត្ត​ស្ដាយ​ស្រណោះ​អាឡោះអាល័យ​របស់​ពលរដ្ឋ​ចំពោះ​អគារ​នេះ​នៅ​តែ​មាន។ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទប់​ចិត្ត​មិន​បាន​នោះ គឺ​ក្រុម​អ្នក​រស់នៅ​ទីនេះ នឹង​លែង​បាន​ឃើញ​អគារ​ប៊ូឌីង​តទៅទៀត ព្រោះ​ទីនេះ​នឹង​ជំនួស​មក​វិញ​នូវ​អគារ​ថ្មី។

ជិះ​ម៉ូតូ​ឆ្វែល​ចុះ​ឡើង​នៅ​មុខ​អគារ​ប៊ូឌីង អ្នកស្រី ឌី សុផាណរ៉ាមុនី ជា​មន្ត្រី​ធ្វើ​ការ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​បាន​រស់នៅ​ក្នុង​អគារ​ប៊ូឌីង​តាំង​ពី​ឆ្នាំ​១៩៧៩ មក​នោះ គ្រាន់​តែ​រំលឹក​ពី​ការ​រស់នៅ​ទីនេះ ទឹក​ភ្នែក​អ្នកស្រី​ធ្លាក់​ចុះ​ដោយ​មិន​ដឹង​ខ្លួន។ និយាយ​ទាំង​អួលអាក់​ថា អ្នកស្រី​ស្ដាយ​អគារ ស្ដាយ​ញាតិ ស្ដាយ​មិត្ត ប៉ុន្តែ​ពេល​នេះ​បែក​គ្នា​អស់​ហើយ មិន​ដឹង​ថា​ពួក​គេ​ទៅ​រស់នៅ​ទីណា​ខ្លះ​នោះ​ទេ៖ «យើង​ធ្លាប់​រស់នៅ​ជាមួយ​គ្នា ធ្លាប់​ឃើញ​គ្នា ឥឡូវ​បែក​គ្នា​អស់​ហើយ កន្លែង​ថ្មី​ក៏​យើង​មិន​ដឹង​ថា​យ៉ាង​ម៉េច»

តាម​គម្រោង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​វាយ​កម្ទេច​អគារ​ប៊ូឌីង​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា តទៅ។ ប៉ុន្មាន​ថ្ងៃ​មក​នេះ អគារ​ប៊ូឌីង​ដែល​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ដែល​ធ្លាប់​មាន​មនុស្ស​ទៅ​មក​ចុះ​ឡើង​អ៊ូអរ ប្រែ​ស្ងាត់​ជ្រងំ ក្រោយ​ពេល​ពលរដ្ឋ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​តាម​តម្លៃ​កំណត់​របស់​ក្រសួង​ដែនដី មួយ​ម៉ែត្រ​ការ៉េ ១.៤០០​ដុល្លារ។ តម្លៃ​នេះ អ្នក​ខ្លះ​មាន​ផ្ទៃក្រឡា​បន្ទប់​ធំ​អាច​បាន​ប្រាក់​ចន្លោះ​ពី ៥​ម៉ឺន​ទៅ ៧​ម៉ឺន​ដុល្លារ។ ដោយឡែក​អ្នក​មាន​ផ្ទៃក្រឡា​បន្ទប់​តូច បាន​ប្រាក់​ប្រហាក់ប្រហែល ២​ម៉ឺន​ដុល្លារ។

ពលរដ្ឋ​ដែល​មាន​ផ្ទៃក្រឡា​បន្ទប់​តូច​នេះ​ហើយ គឺ​ចុង​ក្រោយ​នៅ​សល់​ពលរដ្ឋ ៧​គ្រួសារ​មិន​ចង់​ចាកចេញ ដោយ​ស្នើសុំ​ឲ្យ​ក្រសួង​បន្ថែម​ថវិកា​ខ្លះ​ដល់​ពួក​គេ ប៉ុន្តែ​ក្រោយ​មាន​ការ​សម្របសម្រួល​ចុង​ក្រោយ ពួក​គេ​ក៏​យល់ព្រម​ចាកចេញ​ទាំងអស់​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​ទី​១៥ ខែ​កក្កដា ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ស្មើ​នឹង ១០០​ភាគរយ យល់ព្រម​ចាកចេញ។ ចំណែក​តំណាង​ពលរដ្ឋ ៧​គ្រួសារ​ដែល​ស្នើសុំ​សំណង​បន្ថែម ឲ្យ​អាស៊ីសេរី​ដឹង​ថា ពួក​គេ​យល់ព្រម​ចាកចេញ​ហើយ ទោះ​មិន​បាន​សំណង​បន្ថែម​ក្តី។

ពលរដ្ឋ​ម្នាក់ លោកស្រី ឈុំ សាគន សរសើរ​លោក​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ថា ការ​ដោះស្រាយ​តំបន់​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ទទួល​បាន គ្មាន​កើត​អំពើ​ហិង្សា​ដូច​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្រុង​ភ្នំពេញ។ លោកស្រី ឈុំ សាគន ចងចាំ​ថា លោក ជា សុផារ៉ា បាន​សន្យា​ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​តាំង​ពី​លោក​នៅ​ធ្វើ​ជា​អភិបាល​ក្រុង​ម្ល៉េះ ថា​លោក​នឹង​ជួយ​ឲ្យ​អ្នក​រស់នៅ​អគារ​ប៊ូឌីង​មាន​ជីវភាព​ធូរធារ៖ «រាល់​ថ្ងៃ​សុំ​សរសើរ​គាត់ (លោក ជា សុផារ៉ា) ដែល​គាត់​ដោះស្រាយ​ទៅ​រលូន​អត់​មាន​ហិង្សា​អី​ទេ គាត់​ធ្វើ​បាន​ល្អ»

ដំណាល​គ្នា​នេះ​ដែរ ក្រុម​សិល្បៈ​បុរាណ​មួយ​ក្រុម​នាំ​គ្នា​ទៅ​សម្ដែង​សិល្បៈ​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ជាមួយ​ជម្រក​ដ៏​កម្សត់​មួយ​នេះ មុន​នឹង​ពួក​គេ​ចាកចេញ​ទៅ។

អ្នក​សិល្បៈ​ចម្រៀង​ចាប៉ី លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​មក​ច្រៀង​ពេល​នេះ​ដើម្បី​លា​ប៊ូឌីង​ជា​លើក​ចុង​ក្រោយ ព្រោះ​ធ្លាប់​រស់នៅ​ប៊ូឌីង។ ទោះ​មាន​អនុស្សាវរីយ៍​រាប់​មិន​អស់​ជាមួយ​អគារ​នេះ ព្រឹទ្ធាចារ្យ គង់ ណៃ មិន​ជំទាស់​ការ​អភិវឌ្ឍ​នេះ​ដែរ ព្រោះ​លោក​យល់​ថា ទោះ​បាត់បង់​អគារ​ប៊ូឌីង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប៉ុន្តែ​នឹង​មាន​អគារ​ថ្មី​មក​ជំនួស​វិញ៖ «ខ្ញុំ​លា​ទាំង​អាល័យ​ដែល​យើង​ធ្លាប់​មក​ជួប​គ្នា​មក​ថត ហី​ពួក​សិល្បៈ​អី​ហ្នឹង​មក​ជួប​គ្នា បាត់​ប៊ូឌីង​អ្នក​រស់នៅ​ប៊ូឌីង​ត្រូវ​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ​គ្នា បាន​ជា​ខ្ញុំ​ថា​សុំ​លា​ទាំង​អាល័យ»

អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស បាន​សាងសង់​កាល​ពី​អំឡុង​ឆ្នាំ​១៩៦៣ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដើម្បី​ឲ្យ​ក្រុម​សិល្បៈ និង​មន្ត្រី​រាជការ​រស់នៅ។ អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម ជណ្ដើរ​ខ្លះ​បាក់បែក។ របាយការណ៍​របស់​ក្រសួង​ដែនដី បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​មាន​ចំនួន ៤៩៣​គ្រួសារ។ អគារ​សហកម្មសិទ្ធិ​នេះ​មាន​កម្ពស់ ៤​ជាន់​ចែក​ចេញ​ជា ៦​ប្លុក ពី​អា (A) ដល់​អែហ្វ (F)។ ក្រុមហ៊ុន​របស់​ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់​នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

សមាជិក​នៃ​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ ដែល​ធ្លាប់​មាន​សាលា​បង្រៀន​សិល្បៈ​នៅ​អគារ​ប៊ូឌីង លោក គាត់ សុគីម យល់​ថា ចំពោះ​ផ្លូវ​ចិត្ត​របស់​លោក​ដូចជា​បាត់បង់​អ្វី​ម្យ៉ាង ប៉ុន្តែ​លោក​រំពឹង​ថា ការ​អភិវឌ្ឍ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​សិល្បៈ​វិញ​នា​ពេល​មុខ។ ដូច្នេះ​លោក​រំពឹង​ថា នៅ​ពេល​អគារ​ថ្មី​កើត​ចេញ​ជា​រូបរាង ទាំង​រដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​នេះ រៀបចំ​ផ្នែក​ណា​មួយ​នៃ​អគារ​ដើម្បី​អាច​ឲ្យ​អ្នក​សិល្បៈ​អាច​មក​សម្ដែង​នៅ​ទីនេះ៖ «ចឹង​យើង​ចង់​មាន​កន្លែង​មួយ​ដែល​ពួក​គាត់​មាន​បទពិសោធន៍​ដោយ​ផ្ទាល់។ គេ​ថា អូ​ភ្លេង​ចឹង សំឡេង​ម៉េច ហើយ​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​ហ្នឹង ឬ​ថា​នៅ​ភ្នំពេញ​ទាំងមូល​គាត់​អាច​មក​ឃើញ​ដោយ​ផ្ទាល់»

ក្រុម​អ្នក​សិល្បៈ​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី យល់​ថា បើ​មាន​ការ​ផ្តល់​កន្លែង​អាច​ឲ្យ​ពួក​គេ​សម្ដែង​សិល្បៈ​បាន​នៅ​ពេល​ខាង​មុខ ពួក​គេ​ដែល​ចាកចេញ​ទៅ​រស់នៅ​ទីកន្លែង​ថ្មី​ផ្សេងៗ​គ្នា​នោះ មាន​ឱកាស​អាច​មក​ជួបជុំ​គ្នា​នៅ​ពេល​មាន​ការ​សម្ដែង​សិល្បៈ​ម្តងៗ។

ទាក់ទង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និយាយ​ថា ក្រសួង និង​អ្នក​ពាក់ព័ន្ធ​ផ្តល់​សំណង​ជូន​ពលរដ្ឋ ក៏ដូចជា​ក្រុម​អ្នក​សិល្បៈ​រួច​រាល់​អស់​ហើយ ជា​ថ្នូរ​នៃ​ការ​ចាកចេញ​នោះ ដូច្នេះ​គ្មាន​គោលការណ៍​អ្វី​ដែល​ត្រូវ​ផ្តល់​បន្ថែម​ទៀត​នោះ​ទេ៖ «មិន​មាន​អី​ជា​គោលការណ៍​ដែល​ត្រូវ​លើក​ឡើង​ពី​ករណី​នេះ​ទេ»

ក្រឡេក​មក​មើល​អគារ​ប៊ូឌីង​នៅ​ពេល​ពលរដ្ឋ​ចាកចេញ​វិញ​ម្តង អគារ​ទាំងមូល​ប្រែ​ស្ងប់ស្ងាត់ ហើយ​ក៏​មិន​មាន​ពលរដ្ឋ​រស់នៅ​អ៊ូអរ​ដូច​មុន​ទៀត​ដែរ។ បន្ទប់​ខ្លះ​ចាក់​សោ​ពី​ក្រៅ​ចោល បន្ទប់​ខ្លះ​នៅ​សល់​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូចជា​ខ្នើយ ចង្ក្រាន ចាន ស្លាបព្រា និង​រូបថត​ចាស់ៗ​ដែល​ពលរដ្ឋ​ប្រមូល​ទៅ​មិន​ទាន់​អស់ ឬ​ក៏​គេ​បោះបង់​ផង​ក៏​មិន​ដឹង។ ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​គំនរ​សំរាម​រាយប៉ាយ​នៅ​តាម​ផ្លូវ យូរៗ​ម្តង​ក្លិន​ស្អុយ​ក៏​ភាយ​ចេញ​ពី​សំរាម​នោះ។ អ្វី​ដែល​គួរ​កត់​សម្គាល់​មួយ​ទៀត នៅ​ជណ្ដើរ​ឡើង​នៃ​អគារ​មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា «លា​ហើយ​ប៊ូឌីង លា​ទាំង​អាល័យ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live