Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ម្ដាយ​របស់​បណ្ឌិត កែម ឡី ដាក់​ពាក្យ​ស្នើសុំ​មេធាវី​ការពារ​ក្ដី​នៅ​តុលាការ

$
0
0

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​ប្រើប្រាស់​សិទ្ធិ​តាម​រយៈ​ការ​ស្វែងរក​មេធាវី ដើម្បី​តតាំង​ក្ដី​តាម​ផ្លូវ​តុលាការ​ហើយ ក្រោយ​ពី​ចំណាយ​ពេល​រង់ចាំ​យុត្តិធម៌​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ស្រប​ពេល​លោកស្រី ភោគ សេ ដែល​ត្រូវ​ជា​ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ស្នើសុំ​មេធាវី​ដើម្បី​រៀបចំ​បណ្ដឹង​នៅ​ក្នុង​តុលាការ​ហើយ​នោះ ទន្ទឹម​នឹង​នេះ លោកស្រី​ក៏​បាន​ដាក់​សំណើ​ដាច់​ដោយឡែក​មួយ​ទៀត​ទៅ​តុលាការ ដើម្បី​ស្នើសុំ​សាលក្រម​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ថ្វី​បើ​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ បាន​ប្រកាស​សាលក្រម​ចំពោះ​មុខ ជួប សម្លាប់ កាល​ពី​ខែ​មីនា ដែល​ជា​សាលក្រម​មួយ​មាន​កម្រិត​ទោស​អតិបរមា​រហូត​អស់​មួយ​ជីវិត​ហើយ​ក៏ដោយ​ចុះ រឿង​នេះ​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី ស្ងប់​ចិត្ត​នៅ​ឡើយ​ទេ។

នេះ​ជា​លើក​នេះ​ទី​មួយ​ហើយ​ដែល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​ស្វះស្វែង​រក​មេធាវី និង​ប្រើប្រាស់​នីតិវិធី​មួយ​ចំនួន​ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ ក្រោយ​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​បាន​បន្ត​អូស​បន្លាយ​ពេញ​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ។

លោក សៅ កុសល ជា​សមាជិក​សាងសង់​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី អះអាង​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា លោកស្រី ភោគ សេ ជា​ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​សំណើ​សុំ​ពឹងពាក់​រក​មេធាវី​រួច​ហើយ ហើយ​ក៏​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​រួច​ហើយ​ដែរ។ ប៉ុន្តែ​ដោយសារ​សំណុំ​រឿង​នេះ​ជា​រឿង​ដែល​រសើប​ខ្លាំង ហេតុ​នេះ​ការ​ស្វែងរក​មេធាវី​ដើម្បី​ការពារ​ក្តី​សំណុំ​រឿង​ឃាតកម្ម​នេះ ប្រហែល​ជា​ជួប​ផល​លំបាក​ខ្លះ។ លោក​បន្ត​ថា «យើង​បាន​ឯកភាព​គ្នា​បែប​ហ្នឹង​ហើយ ប៉ុន្តែ​យើង​មិន​ទាន់​បាន​លទ្ធផល​យ៉ាង​ម៉េច​ទេ ដោយសារ​តែ​មាន​ផល​លំបាក​ក្នុង​ការ​ស្វែងរក​មេធាវី​ស្ម័គ្រ​ចិត្ត​ហ្នឹង។ រឿង​ក្តី​នេះ​វា​ធំ ហើយ​រឿង​មេធាវី​ស្ម័គ្រ​ចិត្ត​ហាក់បីដូចជា​អ្នក​ណា​ចេញ​មុខ​ជួយ​ធ្វើ​រឿង​ហ្នឹង»

លោកស្រី ភោគ សេ ក្រៅ​ពី​បាន​ប្រើប្រាស់​សិទ្ធិ​ដើម្បី​ស្វះស្វែង​រក​មេធាវី​ហើយ ក្នុង​នោះ​លោកស្រី​បាន​ធ្វើ​សំណើ​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត​ដាក់​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ចម្លង​សាលក្រម​ដែល​ចៅក្រម​ជំនុំ​ជម្រះ​ដោយ​លោក លាង សំណាត់ បាន​សម្រេច​ផ្ដន្ទាទោស​លោក អឿត អាង រួច​ហើយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។

លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​លោកស្រី ភោគ សេ បាន​សរសេរ​ថា សំណើ​សុំ​ថត​ចម្លង​សាលក្រម​ជំនុំ​ជម្រះ​កន្លង​ទៅ​នេះ ប្រយោជន៍​ដើម្បី​ឲ្យ​លោកស្រី​អាច​ពិនិត្យ​ខ្លឹមសារ​នៃ​សាលក្រម និង​បើក​ផ្លូវ​ឲ្យ​មេធាវី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​នៅ​ពេល​ខាង​មុខ។

សមាជិក​សាងសង់​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី លោក សៅ កុសល ឲ្យ​ដឹង​ថា ឆ្លង​ការ​ពិគ្រោះ​យោបល់ ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ដាក់​សំណើ​រួច​ហើយ​ទៅ​ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​វិស័យ​ច្បាប់ ដើម្បី​ស្នើសុំ​ពឹងពាក់​រក​មេធាវី ប៉ុន្តែ​ចម្លើយ​ជា​ផ្លូវការ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ (CENTRAL) លោក មឿន តុលា បដិសេធ​ថា ចំពោះ​ស្ថាប័ន​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​ស្នើសុំ​ណា​មួយ​ពី​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ជា​គម្រោង ត្រូវ​រង់ចាំ​ចម្លើយ​ជា​មុន​សិន​ពី​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ថា​តើ​លោកស្រី​នឹង​សម្រេច​បែប​ណា​ក្នុង​រឿង​នេះ។ លោក​បន្ត​ថា «ខ្ញុំ​មិន​ច្បាស់​ដែរ ប៉ុន្តែ​កាល​ពី​ប្រពន្ធ​គាត់ (ប្រពន្ធ កែម ឡី) នៅ​ក្នុង​ស្រុក​ហ្នឹង គាត់​ថា​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​គាត់​មាន​សុវត្ថិភាព និង​ទៅ​ដល់​ប្រទេស​ដែល​មាន​សុវត្ថិភាព​សិន»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ សាលក្រម​ដែល​ប្រកាស ២៣​ថ្ងៃ​ក្រោយ​បើក​ការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧ នោះ ត្រូវ​រង​ការ​រិះគន់​ថា តុលាការ​ក្រុង​ភ្នំពេញ​ហាក់​ធ្វើ​សេចក្ដី​សម្រេច​ដ៏​ប្រញាប់ប្រញាល់ ហើយ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ។

សវនាការ​កាល​ពី​ដើម​ខែ​មីនា ដែល​ពុំ​មាន​មេធាវី​ការពារ​ក្តី​ខាង​ដើម​ចោទ បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ មាន​មន្ទិល​សង្ស័យ​ជាច្រើន​ចំណុច​ទៅ​លើ​ភស្តុតាង​ជា​ខ្សែ​អាត់​វីដេអូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព ដាក់​បង្ហាញ​មិន​អស់​ប្លង់ ហើយ​ប្លង់​ខ្លះ​ទៀត​មិន​ច្បាស់ ជាដើម។ ចំណែក​មន្ត្រី​តុលាការ​បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​នៅ​ពេល​នោះ​ថា ប្លង់​ផ្សេង​ដែល​មិន​ដាក់​បង្ហាញ​នោះ ព្រោះ​វា​ជា​ប្លង់​ដែល​មិន​ចាំបាច់។

យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ក្រុម​សមាគម​អង្គការ​ជាតិ និង​អន្តរជាតិ​ជិត ១៧០ បាន​ផ្សាយ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សំណើ​នេះ ក្រោយ​ពី​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទាំងនោះ​យល់​ឃើញ​ថា ការ​ស៊ើប​អង្កេត​មិន​គ្រប់​ជ្រុងជ្រោយ សាលក្រម​ដែល​ផ្ដន្ទាទោស អឿត អាង ធ្វើ​ឡើង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន ជាពិសេស​រក​មិន​ឃើញ​ការពិត​ទៅ​នឹង​ចម្លើយ​សារភាព​របស់​ទណ្ឌិត​រូប​នេះ ទាក់ទង​ជន​សង្ស័យ ២​រូប​ផ្សេង​ទៀត​ឈ្មោះ លិស និង​ឈ្មោះ ចក់។

បើ​ទោះ​ជា​បែប​ណា លោកស្រី ភោគ សេ ម្ដាយ​លោក​បណ្ឌិត កែម ឡី យល់​ឃើញ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ​តាម​សំណើ​នេះ នឹង​ជា​ការ​បើក​ផ្លូវ​ឲ្យ​មេធាវី​អាច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​ក្ដី​នៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​CPP៖ ពេល​លោក ហ៊ុន សែន អវត្តមាន​ក្នុង​ប្រទេស​លោក​នឹង​ផ្ទេរ​សិទ្ធិ​ឲ្យ​អ្នក​ដទៃ

$
0
0

មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អវត្តមាន​នៅ​ក្នុង​ប្រទេស លោក​នឹង​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក។ ការ​អះអាង​ដូចនេះ​ក្នុង​ពេល​ដែល​មាន​ការ​លេច​ឮ​ថា លោក ហ៊ុន សែន មិន​ឋិត​នៅ​ក្នុង​ប្រទេស និង​ក្រោយ​ពី​លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ថា ទោះ​លោក​ផ្ទេរ​សិទ្ធិ ឬ​មិន​ផ្ទេរ​សិទ្ធិ ទោះ​លោក​នៅ​ទីណា ក៏​លោក​នៅ​តែ​មាន​លទ្ធភាព​ដឹកនាំ​កិច្ចការ​ប្រទេស​ជាតិ​បាន​ដដែល។

ហាក់​ជា​ការ​ឆ្លើយតប​ទៅ​នឹង​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​មាន​មន្ទិល​ចំពោះ​អវត្តមាន​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ប្រទេស លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ កក្កដា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា «នេះ​ហើយ​គឺ​ខ្ញុំ​ជា ហ៊ុន សែន ដែល​ពួក​ជន​ពាល​កំពុង​ស្វែងរក»

ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​រូបថត​មួយ​ចំនួន​ជាមួយ​ភរិយា កូន ចៅ និង​មន្ត្រី​មួយ​ចំនួន​របស់​លោក មាន​ដូចជា​លោក គន់ គីម លោក ជា សុផារ៉ា និង​អ្នក​ជំនួញ លោក គិត ម៉េង ជាដើម។ អម​ជាមួយ​រូបថត​ទាំងអស់​នេះ លោក ហ៊ុន សែន សរសេរ​ថា «តើ​ខ្ញុំ​មាន​សិទ្ធិ​សប្បាយ​រីករាយ​ជួបជុំ​កូន​ចៅ​ដូច​ក្នុង​រូបថត​នេះ​ដែរ​ឬ​ទេ? តើ​ខ្ញុំ​ត្រូវ​ប្រាប់​មនុស្ស​គ្រប់​គ្នា ពិសេស​ពួក​ជន​ពាល​ថា ខ្ញុំ​កំពុង​ឋិត​នៅ​ទីនេះ ឬ​ទីនោះ​ដែរ​ឬ​ទេ

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ថា​បើ​ទោះ​លោក​ផ្ទេរ​សិទ្ធិ ឬ​មិន​ផ្ទេរ​សិទ្ធិ ទោះ​លោក​ឋិត​នៅ​ទីណា ក៏​លោក​នៅ​តែ​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​ជាតិ ពិសេស​បង្ក្រាប​លើ​ការ​បង្ក​ចលាចល​របស់​ក្រុម​ដែល​លោក​ចាត់​ទុក​ថា​ជា​ជន​ពាល ជា​ក្រុម​ជ្រុល​និយម និង​ក្រុម​កូន​អ្នក​ក្បត់​ជាតិ ជាដើម។ លើស​ពី​នេះ លោក ហ៊ុន សែន បាន​សរសេរ​ព្រលយ​ពាក្យ​ហាក់​ឌឺដង​ថា បើ​ចង់​ដឹង សុំ​សាកមើល​ទៀត​ផង។

រូបថត​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មាន​សភាព​ខុស​គ្នា​ស្រឡះ​ពី​រូប​ដែល​លោក​បង្ហោះ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ពេល​ដែល​ដំណឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​បែក​ធ្លាយ​ថា លោក​មាន​ជំងឺ ហើយ​កំពុង​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ រូបថត​កាល​ពី​ចុង​សប្ដាហ៍​នោះ បង្ហាញ​រូប​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​យារ​ដៃ​វាយ​កូន​ហ្គោល (Golf) ដែល​ហាក់​ដូចជា​ចង់​បង្ហាញ​ថា លោក​មាន​សុខភាព​ល្អ​ដែល​អាច​នៅ​លេង​កីឡា​បាន និង​ហាក់​ដូចជា​មាន​គោល​បំណង​ច្រានចោល​ការ​ផ្សព្វផ្សាយ​ថា​លោក​កំពុង​មាន​ជំងឺ​នោះ។ ប្រហែល​ជា​មិន​អាច​ផ្អឹប​ព័ត៌មាន​បាន​តទៅទៀត នៅ​ដើម​សប្ដាហ៍​នេះ លោក​ក៏​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ទៀត​ដែល​លោក​ថត​ជាមួយ​គ្រួសារ និង​ក្រុម​អ្នក​ហែហម​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រូប​ទាំងនេះ​ហាក់​មិន​បង្ហាញ​ស្ថានភាព​ស្វាហាប់​របស់​លោក​ប៉ុន្មាន​ទេ ហើយ​ឃើញ​ហាក់​ដូចជា​មាន​បង់​រុំ​ជុំវិញ​ចង្កេះ​លោក​ថែម​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា អគ្គលេខាធិការ​រាជ​រដ្ឋាភិបាល បាន​ផ្ញើ​លិខិត​ជម្រាប​ពី​ការ​លើក​ពេល​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ចំនួន ២​សប្ដាហ៍ គឺ​នៅ​ថ្ងៃ​សុក្រ ទី​៧ និង​ទី​១៤ កក្កដា។ ការ​ប្រកាស​លើក​ពេល​កិច្ចប្រជុំ​ទៅ​ពេល​ក្រោយ​នេះ ស្រប​ពេល​ដែល​មាន​ការ​លេច​ឮ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​តែ​ប្រកែក​ថា លោក ហ៊ុន សែន មិន​មាន​ឈឺ​អ្វី​ឡើយ ហើយ​ក៏​កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ការ​លើក​ពេល​ប្រជុំ​ចំនួន ២​សប្ដាហ៍​ទៅ​ពេល​ក្រោយ​នេះ លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ដឹង​មូលហេតុ​ច្បាស់​នោះ​ទេ ដោយ​លោក​ថា​វា​ជា​ការ​ចាត់ចែង​របស់​អគ្គលេខាធិការ​រាជ​រដ្ឋាភិបាល ឬ​ក៏​មាន​របៀបវារៈ​រវល់​យ៉ាង​ណា លោក​ក៏​មិន​ដឹង។

ជាទូទៅ កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ច្រើន​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ នា​វិមាន​សន្តិភាព ក្រោម​ការ​ដឹកនាំ​កិច្ចប្រជុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ស្រប​ពេល​ដែល​គណៈរដ្ឋមន្ត្រី​លើក​ពេល​កិច្ចប្រជុំ ២​សប្ដាហ៍​នេះ​ដែរ នៅ​ពេល​រដ្ឋសភា ក៏​មាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដើម្បី​ពិភាក្សា​អនុម័ត​ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដែល​ឈាន​ដល់​ការ​ដក​ហូត​សិទ្ធិ​ទណ្ឌិត​មិន​ឲ្យ​លូកលាន់​ជាមួយ​គណបក្ស​នយោបាយ តាម​សំណើ​របស់​លោក ហ៊ុន សែន នោះ គឺ​ពុំ​មាន​វត្តមាន​ចូលរួម​របស់​លោក ហ៊ុន សែន ដែល​ជា​អ្នក​បញ្ជា​ឲ្យ​កែប្រែ​ច្បាប់​នេះ​ដូច​ពេល​កន្លង​ទៅ​ឡើយ។

ខណៈ​ដែល​មាន​ហេតុការណ៍​កើត​ឡើង​ផ្ទួន​បែប​នេះ ប្រភព​ច្បាស់​ការ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ពេល​លេង​វាយ​កូន​ហ្គោល​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ដួល​បាក់​ឆ្អឹង​ត្រគាក រួច​បាន​ចេញ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​នៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​នេះ​បន្ត​ថា គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក ហ៊ុន សែន នៅ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​រយៈពេល ១​ខែ។

ទោះ​ជា​យ៉ាង​ណា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ កក្កដា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥសាន ថា​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ ហើយ​ថា​លោក ហ៊ុន សែន កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​បំពេញ​ការងារ​ធម្មតា។ លោក​ថា ដោយសារ​តែ​មាន​អ្នក​ដុត​កំហឹង​លោក ហ៊ុន សែន ពី​រឿង​អវត្តមាន​នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើប​លោក ហ៊ុន សែន ឆ្លើយតប​វិញ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក។

ទាក់ទង​នឹង​ការ​លើក​ពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​វិញ លោក សុខ ឥសាន ថា​វា​ជា​សិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី។ ចំពោះ​អវត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​លោក សុខ ឥសាន បកស្រាយ​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​ចូលរួម ក៏​បក្ស​កាន់​អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ច្បាប់​ដែរ៖ «គ្មាន​អី​ប្រែប្រួល គ្មាន​អី​ចម្លែក​ទេ នាយក​រដ្ឋមន្ត្រីលោក​មាន​សិទ្ធិ​ក្នុង​ការបង្ហាញ​មុខ ឬ​មិន​បង្ហាញ​មុខ វា​មាន​ទាស់​អី ប៉ុន្តែ​ការ​ដឹកនាំ​ប្រទេស​វា​នៅ​តែ​មាន​ដំណើរការ​និរន្តរភាព​ដដែល អត់​មាន​បញ្ហា​អី​ពាក់ព័ន្ធ​ដល់​ការ​ដឹកនាំខ្វះ​ចន្លោះ​អ្វី​ទេ»

កន្លង​ទៅ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី លោក​តែង​បង្ហោះ​ហ្វេសប៊ុក ពេល​ខ្លះ​អម​ដោយ​រូបថត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​លោក។

លោក សុខ ឥសាន ថ្លែង​ថា ជា​គោលការណ៍ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ទៅ​បំពេញ​បេសកកម្ម ឬ​អវត្តមាន​នៅ​ក្នុង​ប្រទេស នាយក​រដ្ឋមន្ត្រី​តែង​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ស្តីទី។ ប៉ុន្តែ​លោក​ថា ដោយសារ​តែ​លោក ហ៊ុន សែន មិន​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​ហើយ ទើប​វា​មិន​មាន​ការ​ផ្ទេរ​សិទ្ធិ​នោះ។

ចំណែក​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ផ្តល់ ឬ​មិន​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ថា​លោក​ទៅ​ទីណា​នោះ​ទេ បើ​ស្រុក​ទេស​មិន​មាន​ភាព​អាសន្ន​នោះ ហើយ​លោក​ថា គឺ​មាន​តែ​រដ្ឋសភា ឬ​គណៈរដ្ឋមន្ត្រី​ទេ​ដែល​អាច​ចង់​ដឹង​រឿង​នេះ​បាន។ ទាក់ទង​នឹង​ការ​ផ្ទេរ​សិទ្ធិ​ពេល​អវត្តមាន​នាយក​រដ្ឋមន្ត្រី​វិញ បណ្ឌិត ចាន់ វិបុល ថា​ជា​គោលការណ៍ គឺ​ត្រូវ​តែ​មាន៖ «ជា​គោលការណ៍​ច្បាប់ គឺ​តែងតែ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ជា​លាយលក្ខណ៍​អក្សរ​ពី​នាយក​រដ្ឋមន្ត្រី​ទៅ​ឧបនាយករដ្ឋមន្ត្រី​ណា​មួយ​នៅ​ក្នុង​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី តាម​គោលការណ៍​ច្បាប់​មិន​អាច​រំលង​បាន​ទេ»

ទាក់ទង​នឹង​សារ​របស់​លោក ហ៊ុន សែន ដែល​ឲ្យ​ក្រុម​ដែល​លោក​ចាត់​ទុក​ថា​ជា​ជន​ពាល ក្រុម​ជ្រុល​និយម និង​ក្រុម​កូន​អ្នក​ក្បត់​ជាតិ សាក​ជាមួយ​លោក បើ​ចង់​ដឹង​ថា​លោក​បង្ក្រាប​ការ​បង្ក​ចលាចល​បាន ឬ​មិន​បាន​នោះ ត្រូវ​បាន​បណ្ឌិត ចាន់ វិបុល ផ្តល់​ទស្សនៈ​ថា មនុស្ស​នៅ​ក្នុង​សង្គម ពិសេស​អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ គួរ​ថ្លែង​សារ​ទាំងឡាយ​ណា​ដែល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​អភិបាលកិច្ច​ល្អ លើក​កម្ពស់​ដល់​ការ​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ ឬ​សារ​ដែល​លើក​ទឹក​ចិត្ត​ពលរដ្ឋ គិត​ពី​ការ​វិវឌ្ឍន៍​របស់​សង្គម​ដែល​អាច​ឲ្យ​មនុស្ស​ក្នុង​សង្គម​រស់នៅ​បាន​សុខសាន្ត​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

៦ខែ​អាជ្ញាធរ​ជំនាញ​បង្ក្រាប​គ្រឿងញៀន​បាន​ជា​៤​ពាន់​ករណី​និង​ឃាត់​​ជន​សង្ស័យ​ជិត​១​ម៉ឺន​នាក់

$
0
0

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បង្ហាញ​របាយការណ៍​បឋម​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី​១ របស់​រដ្ឋាភិបាល​សម្រាប់​ពេល ៦​ខែ ដែល​ទើប​តែ​បញ្ចប់​នៅ​ចុង​ខែ​មិថុនា កន្លង​ទៅ​ថា ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ការ​គាំទ្រ​ពី​សាធារណជន សង្គម​ស៊ីវិល វិស័យ​សាសនា និង​អង្គការ​ដៃគូ។

របាយការណ៍​បឋម​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​រយៈពេល ៦​ខែ របស់​រដ្ឋាភិបាល​បង្ហាញ​ថា អាជ្ញាធរ​ជំនាញ​បង្ក្រាប​បាន​ចំនួន ៤.២០០​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត ១​ម៉ឺន​នាក់ ក្នុង​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ ដឹក​ជញ្ជូន រក្សា​ទុក និង​ប្រើប្រាស់​គ្រឿង​ញៀន។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធ មាន​ប្រសាសន៍​ថា តាម​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ហើយ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ប្រធាន​ដឹកនាំ​យុទ្ធនាការ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ផ្សព្វផ្សាយ​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

លោក​បន្ត​ថា ដោយ​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ​អំណោយផល​ល្អ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល មាន​ការ​ចូលរួម​គាំទ្រ​ពី​ពលរដ្ឋ សង្គម​ស៊ីវិល វិស័យ​សាសនា និង​មជ្ឈដ្ឋាន​អន្តរជាតិ ហើយ​លោក​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ស្នើ​សុំ​បន្ត​យុទ្ធនាការ​នេះ​បន្ថែម​ទៀត៖ «លទ្ធផល​ជាក់ស្ដែង​មើល​បទល្មើស​ជា​ទូទៅ​មាន​ការ​ថយ​ចុះ បរិយាកាស​សង្គម​មាន​ភាព​ល្អ​ប្រសើរ​ប្រជាជន​អាច​ដើរ​ហើរ សប្បាយ​ចិត្ត​មិន​ភ័យ​ខ្លាច​អំពី​ការ​គំរាមកំហែង។ សមត្ថកិច្ច​នៅ​តែ​បន្ត​ធ្វើ​ទៀត យើង​ធ្វើ​រយៈពេល ៦​ខែ​វា​មិន​អស់​ទេ»

អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់​ព្រួយ​បារម្ភ​ថា ស្ថានភាព​កាន់​តែ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដោយសារ​កើន​ឡើង​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន ជា​ការ​បណ្ដោយ​ឲ្យ​មាន​សភាព​ចង្អៀត​ណែន​នេះ នឹង​អាច​ធ្វើ​ឲ្យ​ពន្ធនាគារ​គ្មាន​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់ មាន​ការ​រាលដាល​ជំងឺ​ឆ្លង​កាន់​តែ​ធ្ងន់ធ្ងរ គឺ​មិន​មែន​ជា​កន្លែង​សម្រាប់​កែប្រែ​អ្នក​ទោស​ឡើយ តែ​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ទៅ​វិញ។

ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​លើក​ឡើង​ថា ក្រៅ​ពី​បញ្ហា​សុខភាព​របស់​អ្នក​ជាប់​ឃុំ រី​ឯ​អគារ​របស់​ពន្ធនាគារ​ខ្លះ​ទៀត​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ត្រូវ​ផ្ទុក​មនុស្ស​ច្រើន​លើស​ចំនួន​បែប​នេះ ក៏​ជា​បញ្ហា​ប្រឈម​នាំ​ឲ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​មួយ​ទៀត​ដែរ។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធ បញ្ជាក់​ដែរ​ថា ជា​គោលការណ៍​លោក​ស្នើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឲ្យ​មាន​ការ​ឃុំ​ដាច់​ដោយ​ឡែក ចែក​បន្ទប់​ឃុំឃាំង​មិន​ឲ្យ​ឡូកឡំ​ជាមួយ​ទណ្ឌិត ឬ​អ្នក​ទោស​ដទៃ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​អំពី​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគារ កុំ​ឲ្យ​មាន​ការ​បញ្ជា​ទិញ និង​លក់​ដូរ​ចេញ​ពី​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា បាន​ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន​នេះ នឹង​អាច​ដោះស្រាយ​ចេញ​នៅ​ពេល​ដែល​អគារ​ធំ​របស់​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​នៅ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​សាងសង់​រួច​រាល់​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​និង​សង្គម​ស៊ីវិល​នៅ​ស្ទឹងត្រែង​បារម្ភ​ពី​ទឹក​ជន់​លិច​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង

$
0
0

ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ព្រម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​បារម្ភ​ពី​ទឹក​ជន់​លិច​ភូមិ នៅ​ពេល​ដែល​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ គ្រោង​បិទ​ទ្វារ​ទឹក​១ ដើម្បី​សាកល្បង​កម្លាំង​ទឹក ខណៈ​ពលរដ្ឋ​ទាំង​នោះ​នៅ​តែ​មិន​ព្រម​ចាកចេញ​ពី​ភូមិ​ចាស់។

ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ជាង ១០០​គ្រួសារ ដែល​ប្ដេជ្ញា​ថា មិន​ព្រម​ចាកចេញ​ពី​ភូមិឋាន​របស់​ខ្លួន កំពុង​បារម្ភ​ពី​ទឹក​ជន់​លិច​ភូមិ នៅ​ពេល​ដែល​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ប្រកាស​បិទ​ទ្វារ​ទឹក​១ សាកល្បង​កម្លាំង​ទឹក នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កក្កដា។

អ្នក​ភូមិ​ស្រែគរ លោក ឃុត ឃឿន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​លោក​កំពុង​បារម្ភ​ពី​បញ្ហា​ទឹក​នឹង​ជន់​លិច​ភូមិ ហើយ​ក៏​បារម្ភ​ពី​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​ដែរ៖ «បើ​ទឹក​លិច​ខ្លាំង​យើង​ពិបាក​ជម្លៀស​មក​ទី​ទួល​សុវត្ថិភាព។ ក្ដី​បារម្ភ​ទី​មួយ គឺ​ខ្លាច​គាត់​ហ្នឹង​ឃើញ​ពួក​ខ្ញុំ​មិន​ចេញ ខំប្រឹង​ធ្វើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​គាត់​មិន​ព្រម​ចាកចេញ។ តែ​ចំពោះ​ប្រជាពលរដ្ឋ​អ្នក​រស់​នៅ​លើ​ទឹក គឺ​ធម្មតា​ប្រជាពលរដ្ឋ​ទាំង​អស់​មិន​ខ្លាច​ទឹក​ទេ។ រាល់​ទឹក​ជំនន់​ម្ដងៗ គឺ​គាត់​តែង​យក​ចិត្ត​ទុកដាក់​ជម្លៀស​បងប្អូន​កូនចៅ​តូចៗ ដែល​អាច​បាត់បង់​ជីវិត​ហ្នឹង គឺ​កន្លង​មក​អត់​ដែល​បាត់បង់​ជីវិត​ទេ។ តែ​បើ​ទឹក​បិទ​ហ្នឹង​មាន​លក្ខណៈ​ថា ស្មើ​នឹង​ទឹក​យើង​បូម​ដាក់​អាង​អ៊ីចឹង វា​ទឹក​ឡើង​ទឹក​នឹង មិន​មែន​ហូរ​ដូច​បាក់​ទំនប់​ទេ»

ទាក់ទង​បញ្ហា​បារម្ភ​របស់​អ្នក​ភូមិ​នេះ មេ​ឃុំ​ស្រែគរ លោក សៀក មេគុង្គ ថ្លែង​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១ កក្កដា លោក​បាន​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​អំពី​ផែនការ​ណែនាំ​របស់​ថ្នាក់​ខេត្ត ដែល​ឲ្យ​ត្រៀម​បង្ការ​ជង្រុក​ស្រូវ​ពេល​ទឹក​លិច ហើយ​អាជ្ញាធរ​ខេត្ត​ក៏​ត្រៀម​កម្លាំង​បង្ក្រាប​បាតុកម្ម​ដែរ៖ «ខ្ញុំ​បាន​ប្រជុំ​ផ្សព្វផ្សាយ​រួច​ហើយ។ អម្បាញ់មិញ ទើប​នឹង​ចេញ​មក។ បញ្ហា​ទី​ពីរ គឺ​ទាក់ទង​នឹង​ការ​ប្រជុំ​ម្សិលមិញ​នៅ​សាលា​ខេត្ត គាត់​ឲ្យ​មេ​ឃុំ​ទាំង​ពីរ គឺ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ មាន​ខ្ញុំ​ហ្នឹង ទប់ស្កាត់​ប្រជាពលរដ្ឋ​ដង្ហែ​បាតុកម្ម ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ប្រើ​កម្លាំង​ចុះ​ការពារ ក្នុង​នោះ​មាន​កង​រាជ​អាវុធហត្ថ ១២០​នាក់ កង​នគរបាល​ស្នងការ​ខេត្ត ១២០​នាក់​ដែរ ដើម្បី​ទប់​ស្កាត់​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព»

លោក​ថ្លែង​ថា អ្នក​ភូមិ​ចាត់​ទុក​ការ​ត្រៀម​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​អ្នក​ភូមិ គឺ​ជា​ការ​គំរាម​កំហែង៖ «គាត់​ឆ្លើយ​ថា គាត់​មិន​ទៅ​ទេ។ គាត់​នឹង​ត្រៀម​លក្ខណៈ​របស់​គាត់​ទី​មួយ។ ទី​ពីរ គាត់​នឹង​វិនិច្ឆ័យ​ឆ្នាំ​២០១៨។ ទី​បី​គាត់​គាត់​ថា ទង្វើ​ទាំង​អស់​នេះ​ជា​ការ​គំរាម​កំហែង។ គាត់​មាន​តែ​ប៉ុណ្ណឹង​ទេ»

ដោយ​ឡែក​នៅ​ឯ​ភូមិ​ក្បាលរមាស ត្រូវ​បាន​មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ ៥៧​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ​ពី​ភូមិ​ដើម ទៅ​រស់នៅ​ឯ​ភូមិ​ថ្មី​ដែល​រដ្ឋាភិបាល​ដោះដូរ​នោះ​ទេ។ ពួក​គាត់​ត្រៀម​ទៅ​នៅ​ទួល​ដែល​មាន​សុវត្ថិភាព​ក្នុង​សហគមន៍​របស់​ពួក​គាត់​ដដែល ដែល​ពួក​គាត់​ត្រៀម​រួច​ហើយ៖ «ទទួល​សុវត្ថិភាព ដែល​គាត់​ត្រៀម​ហ្នឹង គឺ ៧ ទៅ ៨​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​ហ្នឹង។ ជា​ការ​គិត​របស់​គាត់ គាត់​ថា​ទឹក​អត់​ដល់​ទេ ព្រោះ​អី​បើ​យើង​មើល​ផែនទី​ផ្ទៃ​អាង​ហ្នឹង​អត់​ប៉ះ ទាំង​ស្រែគរ ទាំង​ក្បាលរមាស។ បើសិនជា​គេ​បិទ​ទំនប់​ហ្នឹង វា​អាច​ប៉ះពាល់​ផ្ទះ​របស់​គាត់​ហើយ។ ប៉ុន្តែ​គាត់​បាន​និយាយ​ជាមួយ​យើង​ថា ផ្ទះ​ចាស់​ហ្នឹង​ក៏​គាត់​អត់​​រើ​ដែរ។ បើសិនជា​ទឹក​ចូល​មក គាត់​នឹង​ចាកចេញ​ពី​ផ្ទះ​ចាស់​ហ្នឹង មក​នៅ​ខ្ទម​ចម្ការ ដែល​គាត់​ត្រៀម​រៀបចំ​ទុក​សឺកួរ»

លោក​ចង់​ឲ្យ​អាជ្ញាធរ​ផ្ដល់​សញ្ញា​អាសន្ន​ដល់​អ្នក​ភូមិ មុន​ទឹក​លិច​ភូមិ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ៩១​គ្រួសារ និង​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ ប្រកាស​ជំហរ​ជា​បន្តបន្ទាប់​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត ទោះបីជា​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន ផ្សព្វផ្សាយ​ពី​គម្រោង​បិទ​ទា្វរ​ទឹក​សាកល្បង នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ​ចុង​សប្ដាហ៍​នេះ។ ទន្ទឹម​គ្នា​នេះ អ្នក​ភូមិ​បារម្ភ​ថា អាច​នឹង​អាច​ប្រឈម​បញ្ហា​​​ស្មុគស្មាញ​ចំពោះ​​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ដោយ​ខ្វះ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរស័ព្ទ ព្រោះ​ក្រុមហ៊ុន​ដក​បង្គោល​សេវា​ទូរស័ព្ទ ខ្វះ​សេវា​សុខាភិបាល និង​សេវា​អប់រំ​ជាដើម។

ទាក់ទង​នឹង​ផែនការ​របស់​ថ្នាក់​ខេត្ត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រៀម​លក្ខណៈ​បង្ការ​គ្រោះថ្នាក់​ពេល​ទឹក​ជន់​លិច​នោះ ត្រូវ​បាន​មេឃុំ​ស្រែគរ លោក សៀក មេគុង្គ បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខាង​លោក​មាន​តែ​ផែនការ ប៉ុន្តែ​មិន​ទាន់​មាន​ទូក ឬ​ថវិកា​សម្រាប់​ត្រៀម​សង្គ្រោះ​នៅ​ឡើយ​ទេ។ ចំពោះ​កម្ពស់​ទឹក​ឡើង​វិញ លោក​ទទួល​ព័ត៌មាន​ពី​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន​ថា អាច​ឡើង​លិច​ពី ៥ ទៅ ៧​ម៉ែត្រ។ ប៉ុន្តែ​អ្នក​ភូមិ​ស្រែគរ គឺ​លោក ឃុត ឃឿន ថ្លែង​ថា ទឹក​អាច​មិន​ឡើង​​លឿន​ទេ។ លោក​ថា ការ​បារម្ភ​ខ្លាំង គឺ​អ្នក​ភូមិ​នៅ​ក្រោម​ទំនប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នគរបាល​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ដែល​ចោទ​នាយក​រដ្ឋមន្ត្រី​ថា​សម្លាប់​បណ្ឌិត កែម ឡី

$
0
0

នគរបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ហេង លក្ខិណា នៅ​ថ្ងៃ​ទី​១២ កក្កដា។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ អះអាង​ថា ដោយសារ​ស្ត្រី​រូប​នេះ​បាន​អនុវត្ត​បទល្មើស​ជាក់ស្ដែង​ដែល​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ ថា​មាន​បាត​ដៃ​ប្រឡាក់​ឈាម​តាម​រយៈ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ទាំង​នគរបាល​យុត្តិធម៌ និង​លោក ហ៊ុន សែន ផ្ទាល់ គប្បី​ជ្រើសរើស​វិធី​ផ្សេង​ក្រៅ​ពី​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ដូចជា​ឲ្យ​សុំទោស​ជា​សាធារណៈ ឬ​មាន​ជម្រើស​ផ្សេង​ពី​នេះ។

ស្រប​ពេល​ដែល​កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ ហេង លក្ខិណា ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​១២ កក្កដា នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ឲ្យ​ដឹង​ថា ពេល​នេះ នឹង​មិន​អាច​ដោះលែង​ជន​សង្ស័យ​ឲ្យ​រួច​ខ្លួន​បាន​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ យល់​ឃើញ​ថា មូលហេតុ​ដែល​កម្លាំង​នគរបាល​អនុវត្ត​ទៅ​តាម​នីតិវិធី​នេះ ក្រោយ​ពី​រក​ឃើញ​ថា ជន​សង្ស័យ​រូប​នេះ​បាន​អនុវត្ត​បទល្មើស​ជាក់ស្ដែង​តាម​រយៈ​ការ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជា​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

លោក​បន្ត​ថា រឿង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ ពុំ​អាច​ធ្វើ​ទៅ​រួច​ឡើយ គឺ​មាន​តែ​បន្ត​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «គាត់​ប្រហែល​ជា​ស្រវឹង​នឹង​បុណ្យ កែម ឡី ពេក​ទៅ ឬ​ក៏អាច​មានការ​គិតទុក​ជាមុន ជាដើម។ ប៉ុន្តែ​សេរីភាព​វា​មាន​ព្រំដែន ហើយ​សេរីភាព​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​វា​មាន​ព្រំដែន មិន​អាច​ធ្វើ​ដូច​គាត់​បាន​ទេពូ​ស្ដាយ​ណាស់​ដែល​ក្មួយ​ស្រី​ប៉ុណ្ណឹង​ហើយ ប្រព្រឹត្ត​បទល្មើស​បែប​ហ្នឹង»

មាន​មនុស្ស ៣​នាក់​រួច​ទៅ​ហើយ​ត្រូវ​រស់នៅ​ដោយ​និរទេស​ខ្លួន និង​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ព្រោះ​តែ​រិះគន់​ថា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​មាន​ជាប់​ទាក់ទិន​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ។ នេះ​ជា​មនុស្ស​ទី​៤ ហើយ​នៅ​ពេល​ណា​ហ៊ាន​និយាយ​ទៅ​ដល់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ ក្រោយ​ចោទ​ប្រកាន់​ថា​លោក ហ៊ុន សែន ជា​អ្នក​ស្ថិត​នៅ​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ដោយឡែក​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​ប្រឆាំង ត្រូវ​និរទេស​ខ្លួន និង​ជាប់​បណ្ដឹង​នៅ​តុលាការ​ទល់​សព្វថ្ងៃ​នេះ​ដែរ។ ទន្ទឹម​នឹង​នេះ អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ក៏​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ ហើយ​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ពេល​អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​ចោទ​ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស រួម​ទាំង​លោក​បណ្ឌិត កែម ឡី ផង។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ ជន​សង្ស័យ​ឈ្មោះ ហេង លក្ខិណា ដែល​ជា​ឈ្មោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ កក្កដា។ លោកស្រី​បាន​ថត និង​បង្ហោះ​រូបភាព​វីដេអូ​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា នៅ​ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដោយ​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី៖ «អា សែន ហ្នឹង​មាន​ណា? ពូជ​វា​ហ្នឹង​ហើយពូជ​អា សែន ហ្នឹង​ម៉ា​កូន​ចៅ​វា​ហ្នឹង​អ្នក​ណា​ក៏​ជា​ឃាតក គេ​ហៅ​ថា​មួយ​ពូជ​វា​ហ្នឹង​មួយ​ក៏​ប្រឡាក់​ឈាម​លោក​បណ្ឌិត កែម ឡី ដែរ»

នាយក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ យល់​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី​ជា​បុគ្គល​សាធារណៈ ហេតុ​នេះ​លោក ហ៊ុន សែន ឬ​នគរបាល​យុត្តិធម៌​អាច​ជ្រើសរើស​មធ្យោបាយ​ផ្សេង​ក្រៅ​ពី​នេះ​ប្រឆាំង​នឹង​ការ​រិះគន់​ទៅ​លើ​ជន​សង្ស័យ។ លោក​បន្ត​ថា ការ​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន វា​ជា​រឿង​មិន​គួរ​គប្បី ប៉ុន្តែ​សម្រាប់​តួនាទី​ជា​មន្ត្រី​សាធារណៈ​ដូច​លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថាក្នុង​នាម​ជា​តួអង្គ​បុគ្គល​សាធារណៈ គួរ​ណាស់​មានការ​អត់ធ្មត់​ជាច្រើន។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរ​តែ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​លើ​លោក​បណ្ឌិត កែម ឡី ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​រងគ្រោះ និង​ក្រុម​គ្រួសាររបស់​គាត់»

បើ​ទោះ​ជា​បែប​ណា ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​គាំពារ​ដ៏​ពេញលេញ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស។ ទោះ​ជា​យ៉ាង​ណា រដ្ឋធម្មនុញ្ញ​ក៏​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​មួយ​ឆ្លៀត​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដោយ​ប្ដេជ្ញា​ថា​នឹង​តាមដាន​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​រឿង​ក្ដី​ផ្សេង​ទៀត​ទាំងអស់។ ទន្ទឹម​នឹង​នេះ ត្រូវ​ប្រាកដ​ថា អ្នក​ទទួល​ខុស​ត្រូវ​គ្រប់​រូប​គួរ​តែ​ត្រូវ​បាន​នាំ​យក​ទៅ​កាត់​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អភិបាល​ខេត្ត​ព្រះសីហនុ​សន្យា​ជា​ថ្មី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​កោះរ៉ុង​ជូន​ពលរដ្ឋ

$
0
0

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) មាន​ទីតាំង​នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ដែល​បាន​រំលោភ​យក​ដី​ចម្ការ​ដំណាំ​ពួក​គាត់​ធ្លាប់​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩។ តែ​ខាង​ក្រុមហ៊ុន​ចោទ​ពលរដ្ឋ​វិញ​ថា រំលោភ​យក​ដី​របស់​ក្រុមហ៊ុន ហើយ​បាន​សាងសង់​ផ្ទះ​រស់នៅ​យ៉ាង​អនាធិបតេយ្យ។

អភិបាល​ខេត្ត​ព្រះសីហនុ សន្យា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា លោក​នឹង​ពិនិត្យ​ទៅ​លើ​វិវាទ​ដីធ្លី​នេះ​ឈាន​ដល់​មាន​ដំណោះស្រាយ​តាម​គោលការណ៍​ឈ្នះៗ​ទាំងអស់​គ្នា។ លោក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា លោក​បាន​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​សម្របសម្រួល​គ្នា ដោយ​ប្រកាន់​យក​យុទ្ធសាស្ត្រ​ឈ្នះៗ​ទាំងអស់​គ្នា។ លោក​បន្ត​ថា ទំនាស់​នេះ ខាង​ភាគី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏​បាន​សន្យា​ថា​នឹង​មិន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ក្រុមហ៊ុន ដើម្បី​សង់​សំណង់​បឹង​កាឡូ ឬ​សំណង់​ផ្សេងៗ​បន្ត​ទៀត​ទេ៖ «ទំនាស់​ដីធ្លី​នេះ​ដោយ​មានការ​ណែនាំ​ពី​ថ្នាក់​ដឹកនាំ គឺ​សម្ដេច​ទាំង​ពីរ ទាំង​សម្ដេច​តេជោ និង​សម្ដេច​ក្រឡាហោម​ផង ខ្ញុំ​ក៏​បាន​អញ្ជើញ​ខាង​ភាគី​ក្រុមហ៊ុន និង​ភាគី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង មក​សម្របសម្រួល​គ្នា ហើយ​បាន​បញ្ចប់​ស្រុះស្រួល​គ្នា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដោយ​បញ្ចប់​ថា​នៅ​តំបន់​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​សង់​សំណង់​ផ្សេងៗ​ហ្នឹង គឺ​ខាង​ប្រជាពលរដ្ឋ​ឯកភាព​ថា គាត់​សុខ​ចិត្ត​ចោល​ដី​ទាំងនោះ ប៉ុន្តែ​ស្នើ​កុំ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ឬ​លូក​ទៅ​មុខ​ទៀត»

យ៉ាង​នេះ​ក្តី ខាង​ភាគី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ជួប​ចរចា​គ្នា​រវាង​ភាគី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាមួយ​ប្រជាពលរដ្ឋ ទៅ​លើ​វិវាទ​ដីធ្លី​នៅ​ភូមិ​សុខសាន្ត នេះ គឺ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នោះ​ទេ ដោយ​ខាង​ភាគី​ពលរដ្ឋ​បាន​ទទូច​ចង់​បាន​ផ្ទៃដី​ចម្ការ​ដែល​ពួក​គាត់​បាន​ចោទ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​នា​ពេល​កន្លង​ទៅ​នោះ ប្រគល់​ជូន​ពួក​គាត់​ទាំងអស់​វិញ។

បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា ការ​សម្របសម្រួល​លើ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះ បើ​សិន​ជា​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​ឯកភាព​គ្នា​ទេ រដ្ឋបាល​ខេត្ត​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

ការ​កោះ​ហៅ​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន ជួប​គ្នា​ដើម្បី​សម្របសម្រួល​គ្នា​នេះ​នៅ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ដែល​អះអាង​ថា មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​តែ​បន្ត​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យ​ប្រគល់​ដី​ចម្ការ​ដំណាំ​ជូន​ពួក​គាត់​វិញ៖ «ខ្ញុំ​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្នើ​ឲ្យ​បញ្ចប់​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ការ​អភិវឌ្ឍ​សំណង់ផ្សេងៗ​នៅ​លើ​ទីតាំង​ដី​ទំនាស់​ជាមួយ​ពលរដ្ឋ​ត្រឹម​ប៉ុណ្ណឹង​ទៅ និង​ស្នើ​កុំ​លូត​ទៅ​មុខ​ទៀត ហើយ​ករណី​នេះ បើ​តាម​ផែនការ​នៃ​ការ​វាស់វែង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី គឺ​ត្រូវ​ចែក​ដី​ដែល​វាស់​រួច​ហើយ​នោះ​ជូន​ប្រជាពលរដ្ឋ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​នៅ​ម្តុំ​ដី​ទំនាស់​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សុខសាន្ត ជិត​ទីតាំង​ក្រុមហ៊ុន​សង់​សំណង់​សណ្ឋាគារ​ជា​បន្ត​ទៀត។ ហើយ​កន្លង​ទៅ សកម្មភាព​របស់​ក្រុមហ៊ុន​ដោយ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​កោះរ៉ុង ត្រូវ​ក្រុមហ៊ុនអនុវត្ត​តាមផែនការ​របស់​ក្រុមហ៊ុន​បន្តបន្ទាប់​មក។ ប៉ុន្តែ​ខាង​ភាគី​ប្រជាជន​វិញ គាត់​សំអាង​ថា ដី​ទីតាំង​ទំនាស់​នោះ​ជា​ភូមិ​ចាស់ ហើយ​ត្រូវ​បានថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី បាន​ចុះ​វាស់​ចំណែក​ក្បាល​ដី​ជូន​ពួក​គាត់​រួច​ហើយ ហើយ​ករណី​នេះក៏​មានការ​ឈ្លោះ​ទាស់ទែងគ្នា​រហូត​ដល់​មាន​ការ​ប្រើ​កម្លាំង​រៀងៗ​ខ្លួន គឺ​មាន​ប្រើ​កម្លាំង​កម្មករ និង​កម្លាំង​ធំៗ​ទៅ​វាយ​កម្ទេច​សំណង់​ផ្សេងៗ​នៅ​លើ​ដី​ទំនាស់​ដើម្បី​ដណ្ដើម​ដី​គ្នា​កាល​ពី​ពេល​កន្លង​មក​នេះ»

ពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ដី​ចម្ការ​ដំណាំ​របស់​ពួក​គាត់​ដែល​ធ្លាប់​រស់នៅ និង​ដាំ​ដុះ​ក្រោយ​ឆ្នាំ​១៩៧៩ មក​នោះ បច្ចុប្បន្ន​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ រំលោភ​យក និង​បាន​សង់​សំណង់​ផ្សេងៗ​នៅ​លើ​ដី​នោះ ដោយ​សំអាង​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​លើ​កោះរ៉ុង​ពី​រដ្ឋាភិបាល។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ជី វិស័យ អាយុ ៦៥​ឆ្នាំ និង​លោក សុខ ចិន្តា អាយុ ៦៣​ឆ្នាំ ដែល​អះអាង​ជា​ម្ចាស់​ដី​ពិតប្រាកដ​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង បាន​ចោទ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ថា​បាន​សង់​សំណង់​សណ្ឋាគារ​រំលោភ​យក​ដី​ចម្ការ​របស់​ពួក​គាត់ ហើយ​បាន​ប្រើ​កម្លាំង​សន្តិសុខ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លើ​ដី​ជាក់ស្តែង។

មនុស្ស​វ័យ​ចំណាស់​ទាំង​ពីរ​បាន​អះអាង​ថា ដី​ចម្ការ​ពួក​គាត់​មាន​ទំហំ​ប្រមាណ​ជាង ៧​ហិកតារ ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក និង​កំពុង​សង់​សំណង់​រឹងមាំ​ផ្សេងៗ​នៅ​លើ​ដី​នោះ​ជា​បន្តបន្ទាប់៖ «ខ្ញុំ​សុំ​អង្វរ​សូម​សម្ដេច​ជួយ​កូន​ចៅ​ផង ព្រោះ​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្នឹង​ជា​របស់​កូន​ចៅ​ពិត​មែន។ ដី​នេះ​ជា​របស់​ម៉ែ​ឪ​ខ្ញុំ ហើយ​ខ្ញុំ​បាន​រស់នៅលើ​ដី​នេះ​តាំង​តែពី​ក្មេងមក​ម្ល៉េះ ហើយ​ពេល​នេះ​នាង​ខ្ញុំ​មាន​អាយុ​ជាង ៦០​ឆ្នាំ​ទៅ​ហើយ ហើយ​មាន​កូន​មាន​ចៅ​ជាច្រើន​នាក់។ ហើយ​ដី​ទំនាស់​នេះ នាង​ខ្ញុំ​ក៏​មិន​មាន​ច្រើន​ដែរ ហើយ​ខ្ញុំ​បាន​ចែក​ឲ្យ​កូន​ចៅ​ម្នាក់​បន្តិចបន្តួច ដើម្បី​សង់​ផ្ទះ​រស់នៅ និង​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ។ ប៉ុន្តែ​ឥឡូវ​នេះ ខាង​ក្រុមហ៊ុន គិត ម៉េង ហ្នឹង​គេ​មក​លើក​ផ្ទះ​លើក​សម្បែង​នៅ​លើ​ដី​ខ្ញុំ ហើយ​ខ្ញុំ​មាន​ដី​កន្លែង​ណា​ដើម្បី​រស់នៅ​ជា​បន្ត​ទៀត? ដូច្នេះ​រឿង​នេះ​មាន​តែ​សម្ដេច​ទេ​អាច​ជួយកូន​ចៅ​បាន»

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង បាន​ចោទ​លោក ឈុន ប៊ុនថា តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថា​បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​មាន​ដំណាំ​ចន្ទី ស្វាយ និង​ដូង​របស់​ពួក​គាត់​បំផ្លាញ​ចោល ដើម្បី​រំលោភ​យក​ដី​ពង្រីក​សំណង់​សណ្ឋាគារ​របស់​ក្រុមហ៊ុន។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ទៅ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្ត្រី​ឈ្មោះ ជី វិស័យ និង​លោក សុខ ចិន្តា ព្រម​ទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​មួយ​ចំនួន​ទៀត បាន​ប្ដឹង​សុំ​អន្តរាគមន៍​ដល់​ផ្នែក​វាស់វែង និង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​សុខសាន្ត ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​សាជាថ្មី​ដោយ​អនុគ្រោះ។

ឆ្លើយតប​បញ្ហា​នេះ លោក​ឧកញ៉ា ឈុន ប៊ុនថា តំណាង​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​រង​ការ​ប្ដឹង​ពី​ប្រជាពលរដ្ឋ​នោះ បាន​ចោទ​ប្រជាពលរដ្ឋ​វិញ​ថា ពលរដ្ឋ​ទាំងនោះ​ជា​ជន​អនាធិបតេយ្យ និង​មាន​គំនិត​ប៉ុនប៉ង​រំលោភ​យក​ដី​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​វិនិយោគ​ស្រប​ច្បាប់​កន្លង​មក​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង។ លោក​បាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទាក់ទង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​លើ​កោះរ៉ុង។

លោក ឈុន ប៊ុនថា បាន​អះអាង​ថា ដំណើរការ​សាងសង់​របស់​ក្រុមហ៊ុន​នេះ គឺ​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋាភិបាល ដោយ​ប្រគល់​សិទ្ធិ​វិនិយោគ​ជូន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង​រយៈពេល​វែង។

ទោះ​យ៉ាង​នេះ​ក្តី ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​រស់នៅ​លើ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​យក​ចំណែក​ផ្ទៃដី​ដែល​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​អភិវឌ្ឍ​ក្រុមហ៊ុន​នេះ បាន​រំលោភ​យក​សង់​សំណង់​ផ្សេងៗ​កន្លង​មក ប្រគល់​ជូន​ពួក​គាត់​អាស្រ័យ​ផល​ដូច​ដើម​វិញ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ បន្ថែម​លើ​នេះ អ្នកស្រី សុធារី ក៏​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ទៅ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​ផ្កាយ​ប្រាំ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​លើ​កោះរ៉ុង នា​ពេល​កន្លង​មក ត្រូវ​ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថា​តើ​បាន​អនុវត្ត​ស្រប​តាម​កិច្ចសន្យា​វិនិយោគ​ត្រឹមត្រូវ ឬ​យ៉ាង​ណា?«ក្រុមហ៊ុន​នីមួយៗ​នៅ​ពេល​ដែល​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​អភិវឌ្ឍ​អ្វី​មួយ​ទៅ​រដ្ឋាភិបាល គឺ​គាត់​តែង​ដាក់​មាន​គោល​បំណង​មួយ​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងនោះ​មាន​ការងារ​ធ្វើ ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នីមួយៗ​នោះ។ ហើយ​នៅ​ក្នុង​គម្រោង​របស់​ពួ​គាត់ តែង​មាន​និយាយ​អំពី​ការ​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ជាដើម។ ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ យើង​សង្កេត​ឃើញ​ថា ខាង​ភាគី​ក្រុមហ៊ុន​មិន​ទាន់​ឃើញ​មាន​ដោះស្រាយ​បញ្ហា​អ្វី​ឲ្យ​ចេញ​ជា​លទ្ធផល​នោះ​ទេ គឺ​ត្រឹម​ឃើញ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ត្រឹម​តែ​ការដ្ឋាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ ឬ​សំណង់​សណ្ឋាគារ​របស់​ក្រុមហ៊ុន និង​បាន​ឈូស​ផ្លូវ​មួយ​ខ្សែ​នៅ​លើ​កោះរ៉ុង ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ សេន កោះរ៉ុង (Royal Sands Koh Rong) ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុង​អំឡុង​ពេល​បើក​ការដ្ឋាន​សាងសង់​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចូលរួម​បើក​ពិធី​សម្ពោធ។ រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ។ ក្នុង​ប្លង់​អភិវឌ្ឍន៍​កោះរ៉ុង​ទាំងមូល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែល​គេ​ចង​ព្យួរ​នៅ​តាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​កន្លង​មក បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាល​ដី​កោះរ៉ុង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មាន​ទំហំ​សរុប​ជិត ៨​ពាន់​ហិកតារ (.៨២៦​ហិកតារ)

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន លើក​ឡើង​ថា លោក​នឹង​កោះ​ហៅ​ពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន​មក​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះស្រាយ​លើ​ជម្លោះ​ដីធ្លី​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ចងចាំ​គំរូ​វីរភាព​បណ្ឌិត កែម ឡី

$
0
0

ថ្វី​ត្បិត​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ១​ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ សកម្មជន​ដីធ្លី ព្រះសង្ឃ សិស្ស និស្សិត និង​មន្ត្រី​សិទ្ធិមនុស្ស នៅ​តែ​មាន​ភក្ដីភាព និង​នឹក​ស្ដាយស្រណោះ​រូប​លោក​ដដែល។ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​ប្ដេជ្ញា​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី អោយ​នៅ​រស់ និង​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​សម្រាប់​ជា​ប្រយោជន៍​ជាតិ។

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​គ្រប់​ទិស​ទី ហាក់​មិន​ទាន់​រសាយ​បន្តិច​ណា​សោះ​ចំពោះ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​ដ៏​ល្បី​ដែល​ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​ទាំង​កណ្ដាល​​ថ្ងៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី ១​ឆ្នាំ​មុន។

មាន​របរ​ជា​អ្នក​លក់​ត្រី​នៅ​ផ្សារ​អូរឫស្សី អ្នកស្រី ប៉ុច និយាយ​ថា ទោះ​បី​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ក្តី ប៉ុន្តែ​អ្នកស្រី​នៅ​តែ​នឹក​សោកស្ដាយ​ចំពោះ​លោក​បណ្ឌិត កែម ឡី ដែល​អ្នកស្រី​ចាត់​ទុក​ថា ជា​បុរស​សម្ដី​មាស។ ទឹក​មុខ​ប្រែ​ក្រៀមក្រំ អ្នកស្រី ប៉ុច បន្ថែម​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី នេះ គឺ​ប្រៀប​ដូច​ជា​បាត់បង់​សាច់ញាតិ​របស់​ខ្លួន​ផ្ទាល់ ដែល​មិន​អាច​បំភ្លេច​បាន៖ «»។

ទន្ទឹម​គ្នា​នេះ អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី លោក ឡន សុគន្ធ រៀបរាប់​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​បញ្ចេញមតិ​អប់រំ​ពន្យល់​ពលរដ្ឋ​នោះ គឺ​ប្រៀប​ដូចជា​បាត់បង់​អ្នក​ប្រជាធិបតេយ្យ បាត់បង់​អក្សរសាស្ត្រ​ជាតិ​សម្រាប់​ផ្ដល់​ចំណេះដឹង​ដល់​ពលរដ្ឋ។ លោក ឡន សុគន្ធ អះអាង​ថា លោក​នៅ​តែ​គោរព​ស្រលាញ់​ចំណេះ​ដឹង និង​វីរភាព​របស់​លោក កែម ឡី គ្មាន​ថ្ងៃ​កែប្រែ​ឡើយ៖ «»។

ព្រះតេជព្រះគុណ​ព្រះនាម ហួង សាយណ្ហ វិញ មាន​ថេរដីកា​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​រក​ឃើញ​នរណា​ម្នាក់​ដែល​មាន​ចំណេះដឹង​ខ្ពស់ ហើយ​មាន​ភាព​ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​លះបង់​ក្តី​សុខ​ខ្លួន​ឯង​ដើម្បី​សង្គម​ជាតិ​ដូច​លោក កែម ឡី ឡើយ។ ទង្វើ​ស្នេហា​ជាតិ​ជ្រាលជ្រៅ​បែប​នេះ​ហើយ ដែល​ព្រះតេជព្រះគុណ​នៅ​តែ​មាន​ព្រះទ័យ​អាឡោះអាល័យ​ស្ដាយ​ស្រណោះ៖ «»។

ព្រះតេជព្រះគុណ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក កែម ឡី និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​បាញ់​សម្លាប់​កើត​ឡើង​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត។

រី​ឯ​និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយ​ថា នាង​នៅតែ​មិន​អស់​ចិត្ត​សោះ​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​ឆក់​យក​ជីវិត​ទៅ​ទាំង​ស្រស់ៗ​បែប​នេះ។ ទោះ​យ៉ាង​ណា និស្សិត​ស្រី​រូប​នេះ​ថា អំពើ​ល្អ និង​គុណ​តម្លៃ​របស់​លោក​បណ្ឌិត កែម ឡី គឺ​មិន​សាប​សូន្យ​ឡើយ ដោយ​នៅ​តែ​ដក​ជាប់​ដួង​ចិត្ត​ជានិច្ច៖ «»។

​ចំពោះ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូវ សោភា វិញ និយាយ​ថា លោក កែម ឡី គឺ​បុគ្គល​គំរូ​ល្អ​មួយ​ដែល​តែង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ទន់ខ្សោយ៖ «»។

​ដោយ​ឡែក ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ដែល​ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​នោះ អះអាង​ថា គ្មាន​ថ្ងៃ​ណា​ដែល​លោក​អាច​បំភ្លេច​លោក​បណ្ឌិត កែម ឡី បាន​ទេ ហើយ​ប្រសិនបើ​មាន​វិធី​ដ៏​អស្ចារ្យ​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​លោក​បាន​រស់​ជីវិត​ឡើង​វិញ លោក​នឹង​ធ្វើ​វា​ភ្លាម ដើម្បី​ឲ្យ​លោក​បណ្ឌិត​បាន​ចូលរួម​ចំណែក​ធ្វើ​កិច្ច​ការងារ​ជួយ​សង្គម​ជាមួយ​គ្នា​ម្ដង​ទៀត ព្រោះ​មុន​ពេល​បែក​គ្នា​នោះ លោក​ទាំង​ពីរ​ធ្លាប់​មាន​អនុស្សាវរីយ៍​ធ្វើ​ជា​វាគ្មិន និង​ជួបពិភាក្សា​កិច្ច​ការងារ​សង្គម​ជា​ច្រើន​ជាមួយគ្នា៖ «»។

ស្រប​គ្នា​នេះ ពួកគេ​ក៏​មិន​ទាន់​ពេញចិត្ត​ចំពោះ​ការ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ដោយ​តុលាការ​កម្ពុជា​ទេ។ ពួកគេ​មើល​ឃើញ​ថា នៅ​មាន​មន្ទិលសង្ស័យ​ច្រើន ហើយ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាមដាន​ករណី​នេះ​​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​រក​យុត្តិធម៌​ដោយ​ពិត​ប្រាកដ។

ទោះ​យ៉ាង​ណា​ក្តី ក្នុង​ឱកាស​បុណ្យខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី នេះ ពួកគេ​ក៏​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំង​ឡាយ​ដែល​បាន​សាង​ជូន​ទៅ​ដល់​លោក​បណ្ឌិត និង​សូម​អោយ​លោក​បណ្ឌិត​បាន​ដល់​ឋាន​សុគតិភព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​និង​ព្រះសង្ឃ​ចង់​ឃើញ​តំបន់​ព្រៃ​សហគមន៍​ស្រុក​សណ្ដាន់​ប្រែ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ

$
0
0

ក្រុម​យុវជន ព្រះសង្ឃ មក​តំបន់​ផ្សេងៗ ព្រម​ទាំង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នាំគ្នា​ចូលរួម​កម្មវិធី​បោះ​ជំរំ​ដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ដែល​ជា​ទ្រនាប់​តំបន់​ព្រៃឡង់ ក្រោម​ការ​រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព ដោយ​មាន​កិច្ច​សហការ​ពី​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ទៀត។ យុវជន និង​ព្រះសង្ឃ បាន​មើល​ឃើញ​ពី​សក្ដានុពល​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន នឹង​ចង់​ឱ្យ​រាជរដ្ឋាភិបាល​ប្រែក្លាយ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ទៀត​ផង។

ព្រៃ​សហគមន៍​ក្បាល​ខ្លា ស្ថិតនៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ គឺ​ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ និង​ជា​អតីត​តំបន់​ព្រៃឡង់ ពី​មុន​មក។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ដើម​ឈើ​ធំ​តូច​នៅ​សល់​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ព្រៃ​សហគមន៍​នៅ​តំបន់​ផ្សេង​ទៀត។

ក្រៅ​ពី​ដើម​ឈើ​តូច​ធំ​នៅ​សេសសល់​ហើយ ប្រជា​សហគមន៍​អះអាង​ថា មាន​ពពួក​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ដូចជា​ជ្រូកព្រៃ សំពោច ប្រើស ឈ្លូស ទន្សាយ ស្វា ទោច និង​ពពួក​ល្មូន​ជាដើម។

ដំណើរ​ទស្សនកិច្ច​ព្រៃ​សហគមន៍​មួយ​នេះ ដែល​មាន​ទាំង​ការ​ដាំ​កូនឈើ​ប្រណិត​ជាង ១​ពាន់​ដើម​នៅ​ចំណុច​ធ្លាប់​រង​ការ​កាប់​រាន​កន្លង​មក រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព សហការ​ជាមួយ​អង្គការ​ដៃគូ រយៈពេល ៤​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កក្កដា។ ក្រុម​យុវជន ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ចូល​រួម​លើក​ឡើង​ថា ប្រសិនបើ​តំបន់​មួយ​នេះ​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ វា​មិន​ត្រឹមតែ​រួម​ចំណែក​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​រនាំង​យ៉ាង​រឹងមាំ​មិន​ឱ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​ទៀត។

ចម្ងាយ​ពី​ភូមិ​ទៅ​ដល់​កណ្ដាល​ព្រៃ​សហគមន៍​ក្បាល​ខ្លា​មាន​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ដោយ​អ្នក​ចូលរួម​ត្រូវ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ខ្លះ និង​ភាគ​ច្រើន​តាម​គោយន្ត​ឆ្នៃ ឆ្លង​កាត់​ស្រែចម្ការ​របស់​អ្នក​ភូមិ​ជា​ហូរហែ​ក្បែរ​មាត់​ស្ទឹងសែន តាម​ផ្លូវ​ដ៏​លំបាក​នា​រដូវ​វស្សា​ផង៖ «សំឡេង​គោយន្ត»

សម្រាក​នៅ​ចំណុច​ទីស្នាក់ការ​ថ្មី​របស់​ប្រជា​សហគមន៍​បាន​មួយ​យប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ក្រុម​អ្នក​ចូលរួម​ទាំង​អស់​ក៏​នាំគ្នា​បន្ត​ដំណើរ​ចេញ​ទៅ​គោលដៅ​ដែល​ជា​កន្លែង​ដាំ​កូនឈើ​ប្រណិត។ កូន​ឈើ​ប្រណិត​ជាង ១​ពាន់​ដើម រួម​មាន បេង នាងនួន គ្រញូង និង​គគីរ ជាដើម។

យុវជន​មកពី​ខេត្ត​កំពង់ឆ្នាំង ម្នាក់ លោក ចាប វិបុល បាន​ឲ្យ​ដឹង​ថា លោក​រីករាយ​ដោយ​បាន​ចូលរួម​ពិធី​ដាំ​កូនឈើ និង​ទស្សនា​សម្រស់​ព្រៃ​ព្រឹក្សា​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា។ លោក​បន្ត​ថា ការ​ដាំ​កូនឈើ និង​ការពារ​ព្រៃឈើ​មិន​ឱ្យ​បាត់បង់​គឺ​ជា​កត្តា​សំខាន់​នាំ​ឱ្យ​ប្រទេស​កម្ពុជា នៅ​មាន​ភាព​ស្រស់បំព្រង​ដោយ​ធម្មជាតិ ដែល​ពិភពលោក​ចង់​បាន ព្រម​ទាំង​ជា​កេរដំណែល​សម្រាប់​ក្មេង​ជំនាន់​ក្រោយ៖ «សំណូមពរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់ ចង់​ឱ្យ​បងប្អូន ពិសេស​ប្រជាជន​ខ្មែរ ចូលរួម​ប្រើប្រាស់ ឬ​សម្ភារៈ​ផ្សេងៗ ដែល​កុំ​ឱ្យ​យក​ពី​ព្រៃឈើ»

ក្រុម​អ្នក​ចូលរួម​ដាំ​កូន​ឈើ​ជាង ១០០​នាក់ ព្រម​ទាំង​ព្រះសង្ឃ​ចំនួន ៣​អង្គ​ផង មិន​បាន​ស្ដាប់​សំឡេង​សត្វ​បក្សាបក្សី​នៅ​ពេល​យប់​ទេ ត្បិត​រយៈពេល ៣​យប់ ដែល​ពួកគាត់​សម្រាន្ត និង​គង់​នៅ​កណ្ដាល​ព្រៃ​នោះ ភ្លៀង​ធ្លាក់​ជាប់​រហូត។ យ៉ាង​នេះ​ក្តី នៅ​ពេល​ថ្ងៃ ក្រុម​អ្នក​ស្រលាញ់​ធម្មជាតិ អាច​ស្ដាប់​សំឡេង​បក្សាបក្សី និង​រៃ​យំ​ស្រែក​យ៉ាង​ទ្រហឹង​អ៊ឹងអ័ព្ទ៖ «សំឡេង​សត្វ​យំ»

យុវតី​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ កញ្ញា រឿន វិសេសខន្តី បញ្ជាក់​ថា ជា​លើក​ទី​មួយ​ហើយ ដែល​បាន​បោះតង់​ស្នាក់នៅ​កណ្ដាល​ព្រៃ និង​បាន​ចូលរួម​ដាំ​កូន​ឈើ​ឡើង​វិញ។ កញ្ញា​ថែម​ទាំង​ចង់​ឃើញ​យុវជន និង​ប្រជា​សហគមន៍​នៅ​តំបន់​ផ្សេងៗ នៅ​ប្រទេស​កម្ពុជា ចូលរួម​ថែរក្សា និង​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ពីព្រោះ​ព្រៃឈើ​មាន​សារសំខាន់​សម្រាប់​ជីវិត​មនុស្ស​និង​សត្វ៖ «ខ្ញុំ​យល់​ថា ធនធាន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា គឺ​មាន​សារសំខាន់​ដូចជា​អាច​ផ្គត់ផ្គង់​នូវ​ធនធាន​ទឹក ហើយ​នៅ​ពេល​មាន​ទឹកជំនន់ ឬ​មាន​ភ្លៀង​ខ្លាំង​ដើម​ឈើ​ធំៗ​អាច​ស្រប​ទឹក​បាន»

ព្រៃ​សហគមន៍​ក្បាលខ្លា មាន​ទំហំ​ជិត ២​ពាន់​ហិកតារ (១៨០០) ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ និង​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជំនាញ​ថ្នាក់​ខេត្ត​នៅ​ឆ្នាំ​២០១៥។

ព្រះតេជព្រះគុណ ព្រះនាម ព្រឹម ហួន និមន្ត​មក​ពី​រាជធានី​ភ្នំពេញ មាន​ថេរដីកា​ថា ការ​ចូលរួម​របស់​ព្រះអង្គ ពីព្រោះ​តែ​ព្រៃ​ឈើ​មាន​សារសំខាន់ ប៉ុន្តែ​ពលរដ្ឋ​ដែល​ចូលរួម​ការពារ​កន្លង​មក​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ។ លើស​ពី​នេះ ព្រះអង្គ​ចង់​ឃើញ​ពលរដ្ឋ​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ទៅ​បញ្ហា​វិនាស​សកម្ម​ព្រៃឈើ និង​បញ្ហា​ប្រឈម​នានា ដោយសារ​បាត់បង់​ធនធាន​ធម្មជាតិ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ទាំង​អស់​កាន់តែ​ស្រលាញ់​ព្រៃឈើ​បន្ថែម​ទៀត។

ព្រះតេជព្រះគុណ​ដដែល​យល់​ថា ប្រសិនបើ​តំបន់​ព្រៃ​សហគមន៍​មួយ​នេះ ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍ គឺ​អាច​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ភូមិ ដូចជា​អាច​រក្សា​មុខ​របរ​ប្រពៃណី​របស់​ពួកគាត់​បាន​ដដែល។ មាន​ប្រភព​ចំណូល​តាម​រយៈ​នាំ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត អាច​រក្សា​ព្រៃឈើ​ឱ្យ​នៅ​គង់វង្ស និង​ផ្ដល់​ជា​ជម្រក​សម្រាប់​សត្វព្រៃ​គ្រប់​ប្រភេទ៖ «រៀបចំ​អភិវឌ្ឍន៍​តំបន់​សហគមន៍​ហ្នឹង​ទៅ​ជា​តំបន់ អេកូ​ទេសចរណ៍ អាត្មា​គិត​ថា ល្អ​មែន​ទែន»

​ព្រៃ​សហគមន៍​ក្បាលខ្លា បច្ចុប្បន្ន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ស្រែចង់ និង​ភូមិ​ក្បាលខ្លា។ ប្រយោជន៍​ទាំង​នោះ តាម​រយៈ​មុខ​របរ​ប្រពៃណី ដូចជា​រក​វល្លិ ជ័រ ផ្ដៅ រក​ឃ្មុំ បេះ​ផ្សិត​ក្ងោក​ទៅ​លក់ និង​ចាប់​អា​ពីង​លក់​នៅ​ពេល​ទំនេរ។

​ប្រធាន​គណៈកម្មការ​ព្រៃ​សហគមន៍​ក្បាល​ខ្លា លោក វង់ សាន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​អង្គការ​មួយ​ចំនួន ពិសេស​អង្គការ​ស្ពាន​សន្តិភាព​បំផុស​គំនិត​ឱ្យ​មាន​សកម្មភាព​ដាំ​កូនឈើ​ឡើង​វិញ និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​សហគមន៍​ផង​នោះ ពលរដ្ឋ​នៅ​ឃុំ​របស់​លោក​ហាក់​ផ្លាស់ប្ដូរ​ឥរិយាបថ​ច្រើន។ ឥរិយាបថ​ដែល​មិន​សូវ​យកចិត្តទុកដាក់​ស្រលាញ់​ព្រៃឈើ និង​ចូលរួម​ប្រព្រឹត្ត​បទល្មើស​បាន​ប្រែក្លាយ​មក​ជា​ការ​ចូលរួម​ការពារ​យ៉ាង​សកម្ម ហើយ​កាត់​បន្ថយ​សកម្មភាព​បទល្មើស​ផ្សេងៗ ជាដើម។

ប្រធាន​សហគមន៍​រូប​នេះ ត្រេកអរ​ណាស់ ប្រសិន​បើ​តំបន់​ព្រៃ​សហគមន៍​របស់​ពួកគាត់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​នោះ៖ «ខ្ញុំ​គិត​ឃើញ​ថា ព្រៃឈើ​គឺ​ជា​ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ​ហើយ។ ពួកគាត់​អាច​រក​បាន​ពី​អនុផល​ព្រៃឈើ តិចតួច​ផ្សំ​ពី​ស្រែចម្ការ​របស់​គាត់»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា ចំពោះ​តំបន់​ព្រៃឡង់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ជា​គោលការណ៍​របស់​ក្រសួង តម្រូវ​ឱ្យ​ស្ថាប័ន​មន្ទីរ​ពិនិត្យ​មើល​ផ្នែក​ណា​មួយ​នៃ​តំបន់​ការពារ​មួយ​នេះ​ចំពោះ​ទំហំ​ផ្ទៃដី​មិន​លើស​ពី ១០​ហិកតារ​សម្រាប់​ដាក់​ជា​តំបន់​អេកូ​ទេសចរណ៍។

ចំណែក​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា គឺ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ទេ ដូច្នេះ​លោក​មិន​ដឹង​ថា មាន​ការ​សម្រេច​បែប​ណា​ឡើយ ប៉ុន្តែ​លោក​យល់​ឃើញ​ថា ប្រសិនបើ​តំបន់​ទាំង​នោះ​ដាក់​ជា​តំបន់​ទេសចរណ៍ គឺ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន៖ «ប្រសិនបើ​តំបន់​ហ្នឹង​វា​ទាក់ទាញ​ទេសចរណ៍ បង្កើត​ទៅ​វា​អាច​រក​ចំណូល​ដើម្បី​កាត់​បន្ថយ ឬ​បំបែរ​ចេញ​ពី​បទល្មើស»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ អង្គការ​ស្ពាន​សន្តភាព​ប្រារព្ធ​ពិធី​ដាំ​កូន​ឈើ​ប្រណិត​នៅ​តំបន់​ព្រៃ​ក្បាលខ្លា ចំនួន ៣​លើក​រួច​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១៥ មក។

នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទមុនី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ដែល​ចូលរួម​ដំណើរ​ទស្សនកិច្ច​តំបន់​ព្រៃ​ក្បាលខ្លា ដែរ​នោះ​ថា មូលហេតុ​ខាង​លោក​រៀបចំ​កម្មវិធី​បោះ​ជំរំ​ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​មួយ​នេះ ព្រោះ​មើល​ឃើញ​ថា ប្រជា​សហគមន៍​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​សកម្ម​លើ​ការងារ​ការពារ​ព្រៃឈើ​ជាង​គេ។ បន្ថែម​ពី​នេះ ដើម្បី​បង្ហាញ​ដល់​សាធារណជន​មួយ​ចំនួន​បាន​ស្វែង​យល់​ពី​ស្ថានភាព​ការងារ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​សម្រស់​ធម្មជាតិ​នៅ​តំបន់​ព្រៃ​សហគមន៍ ព្រមទាំង​លើកទឹកចិត្ត​ដល់​ពួកគាត់​ចំពោះ​សកម្មភាព​ការពារ​ព្រៃឈើ​ផង​ដែរ៖ «គឺ​យើង​នឹង​លើក​ទឹក​ចិត្ត​ដល់​អង្គការ​ដៃគូ និង​បុគ្គល​ដែល​គាត់​ស្រលាញ់​ធនធាន​ធម្មជាតិ​ចូលរួម​ទៅ​តាម​លទ្ធភាព​ដែល​ពួកគាត់​អាច​ធ្វើ​ទៅ​បាន។ មិន​ថា​ជា​ការ​ចូលរួម​ផ្ទាល់ខ្លួន ឬ​ការ​ផ្ញើ​ជា​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​ការពារ​ហ្នឹង​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់​ថា ប្រសិនបើ​តំបន់​ព្រៃ​សហគមន៍​ក្បាលខ្លា ក្លាយ​ជា​តំបន់​ទេសចរណ៍ ពលរដ្ឋ​មិន​ត្រឹមតែ​អាច​កែប្រែ​ជីវភាព និង​កាត់​បន្ថយ​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ការពារ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា ឱ្យ​មាន​កាន់​តែ​ច្រើន​សម្រាប់​ទប់ទល់​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។

លោក ស៊ុម ច័ន្ទមុនី ប្ដេជ្ញា​ថា នឹង​សហការ​ជាមួយ​អង្គការ​ដៃគូ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រជា​សហគមន៍ បន្ត​ការងារ​ការពារ និង​ស្ដារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សម្រេច​បាន​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​មាន​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ​នៅ​ឆ្នាំ​២០៣០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​បរិស្ថាន​ថា​នឹង​ចាត់​វិធានការ​បន្ថែម​លើ​អ្នក​កាប់​រាន​ព្រៃ​យក​ដី​នៅ​តំបន់​ព្រៃឡង់

$
0
0

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លើក​ឡើង​ថា បទល្មើស​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ គឺ​ថយ​ចុះ​កាន់​តែ​ច្រើន ប៉ុន្តែ​ពួក​គេ​ថា បទល្មើស​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ​កើត​មាន​ខ្លះ ពិសេស​នៅ​ពេល​យប់។ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ពួក​គេ​នឹង​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​បង្ក្រាប​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ​បន្ថែម​ទៀត បើ​ទោះ​បី​ជា​ពួក​គេ​ធ្លាប់​បាន​ចាត់​វិធានការ​កន្លង​ទៅ​ក៏ដោយ។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ទាំងស្រុង​ទេ។

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ប្ដេជ្ញា​ថា​នឹង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទល្មើស​កាប់​រាន​ដី​ព្រៃ និង​ការ​លួច​ដាំ​ដំណាំ​នៅ​តំបន់​ព្រៃឡង់​ដោយ​ខុស​ច្បាប់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មាន​សកម្មភាព​កាប់​រាន​ដី​ធ្វើ​ចម្ការ​នៅ​តំបន់​ព្រៃឡង់​កើត​ឡើង​មួយ​ចំនួន ដូចជា​នៅ​ចំណុច​ច្រក​តោ ទំហំ​ប្រមាណ ៣​ហិកតារ និង​ចំណុច​ផ្សេង​ទៀត។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​ថា បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ គឺ​កាន់​តែ​ថយ​ចុះ ដោយសារ​មាន​សកម្មភាព​ចុះ​ល្បាត​របស់​មន្ត្រី​ជំនាញ និង​ប្រជា​សហគមន៍​ជា​ប្រចាំ ម្យ៉ាង​នៅ​រដូវ​នេះ​ជា​រដូវ​ភ្លៀង ធ្វើ​ឲ្យ​ផ្លូវ​ដំណើរ​ក្នុង​ព្រៃ​ពិបាក។ យ៉ាង​នេះ​ក្តី លោក​ថា​មាន​បទល្មើស​កាប់​រាន​ដី​ព្រៃ និង​សកម្មភាព​លួច​ដាំ​ដំណាំ​ដូចជា​ស្វាយចន្ទី​នៅ​ពេល​យប់ ហើយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់។ បន្ថែម​ពី​នេះ កាល​ពី​ខែ​មិថុនា មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពលរដ្ឋ​រស់នៅ​តំបន់​ច្រក​តោ ជាង ៤០​គ្រួសារ គឺ​មិន​អនុញ្ញាត​ឲ្យ​កាប់​រាន​ដី​ព្រៃ​បន្ថែម​ទៀត​ឡើយ ក្រៅ​តែ​ពី​ដី​របស់​ពួក​គេ​ដែល​ធ្លាប់​ដាំ​ដំណាំ​ពី​មុន​មក​ប៉ុណ្ណោះ៖ «ខ្ញុំ​បាន​កំពុង​តែ​ហៅ​តាម​ស្នាក់ការ​នីមួយៗ​មក​ប្រជុំ​ពិគ្រោះ​យោបល់ ដាក់​ផែនការ​ពី​រឿង​ដាក់​វិធានការ​ទៅ​លើ​អ្នក​រាន​ដី​ចម្ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

មន្ត្រី​បរិស្ថាន ដដែល​បញ្ជាក់​ថា រូបភាព​លួច​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ គឺ​ពលរដ្ឋ​ខ្លះ​អះអាង​ថា​មាន​គេ​ជួល​ពួក​គាត់​មក ប៉ុន្តែ​ខាង​លោក​នៅ​មិន​ទាន់​ស្វែងរក​ជនល្មើស​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ​ឃើញ​ទេ។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង សាទរ​ចំពោះ​វិធានការ​របស់​មន្ត្រី​ជំនាញ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​មួយ​ដោយ​គ្មាន​ការ​យោគយល់ និង​ស្មើ​ភាព​គ្នា ពិសេស​អនុវត្ត​ទៅ​ក្រុម​ជនល្មើស​ដែល​នៅ​ពី​ក្រោយ​ខ្នង​ប្រជាពលរដ្ឋ ជៀសវាង​ធ្វើ​ឲ្យ​មតិ​សាធារណៈ​អស់​ជំនឿ​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ៖ «មាន​រូបភាព​ពីរ គឺ​មានការ​អូស​ទាញ​ពី​អ្នក​ខាង​ក្រៅ​មក​កាប់ ស៊ី​ឈ្នួល​កាប់ ដោយ​មានការ​ការពារ​ពី​ខាង​មន្ត្រី​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​តែ​ម្តង​ដែល​បាន​អូស​ទាញ​កម្លាំង​មក​កាប់​បំផ្លាញ»

ព្រៃឡង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វិនាស​បាត់បង់​បន្តិច​ម្តងៗ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន ដូចជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ច្បាស់លាស់ និង​មាន​មួយ​ចំនួន​ខុស​ច្បាប់។ បន្ថែម​ពី​នេះ សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​រាន​យក​ដី​ធ្វើ​ចម្ការ​ដោយ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ពលរដ្ឋ​ផង។

លោក សេង សុខហេង យល់​ថា ការ​ស៊ើប​អង្កេត​រក​ជនល្មើស​នៅ​ពី​ក្រោយ​ខ្នង​ពលរដ្ឋ នឹង​អាច​រក​ឃើញ ប្រសិន​បើ​មន្ត្រី​រាជ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​យោគយល់ និង​បញ្ឈប់​វប្បធម៌​អន្តរាគមន៍ ព្រម​ទាំង​លុបបំបាត់​អំពើ​ពុក​រលួយ ជាដើម។ លោក​ថា ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ចាត់​វិធានការ​ចំពោះ​ក្រុម​ជនល្មើស​ធំៗ​បាន បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ជម្រក​សត្វ នឹង​កាត់​បន្ថយ​បាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​ឃុំ​១​របស់​​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បន្ទាយមានជ័យ​ពុំ​មាន​​សាលាឃុំ​សម្រាប់​ធ្វើ​ការ

$
0
0

មេ​ឃុំ ១​រូប​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុកមង្គលបុរី ខេត្ត​បន្ទាយមានជ័យ ពុំ​ទាន់​មាន​​សាលា​ឃុំ​សម្រាប់​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ មេ​ឃុំ​រូប​នេះ​អះអាង​ថា សាលា​ចាស់​ដែល​អតីត​មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ការ​កន្លង​មក​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឃុំ​​​បញ្ចប់​កិច្ច​សន្យា​​ពី​ការ​ឲ្យ​​ខ្ចី​អគារ​របស់​ប៉ូលិស​​សម្រាប់​បំពេញ​ការងារ​ជូន​ពលរដ្ឋ។

​​​​​​​​​​​​មេ​ឃុំ​មួយ​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​ស្រុក​មង្គលបូរី ដែល​ទើប​​ត្រូវ​បាន​ប្រកាស​តែង​តាំង​ចូល​កាន់​តំណែង​មេ​ឃុំ​ថ្មីថ្មោង កំពុង​ស្វះស្វែង​រក​ដី​ដើម្បី​សង់​សាលា​ឃុំ​ថ្មី​បំពេញ​ការងារ​ជូន​ម្ចាស់​ឆ្នោត។

មេ​ឃុំ​ភ្នំតូច​ ស្រុក​មង្គលបូរី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហេង ឡៃហួ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ថា បន្ទាប់​ពី​លោក​​ចូលកាន់​តំណែង​ជា​មេឃុំ​មួយ​នេះ ​​ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំតូច​ បាន​បញ្ចប់​កិច្ច​សន្យា​ឲ្យ​ខ្ចី​​អគារ​ធ្វើ​ការងារ​របស់​សាលា​ឃុំ​តែ​ម្ដង។ លោក​ហៅ​ទង្វើ​នេះ​ថា​ ជា​ការ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ៖ «ព្រោះ​ខាង​គាត់​ជា​ស្ថាប័ន​រដ្ឋ​បម្រើ​ប្រជាពលរដ្ឋ​ដូច​គ្នា ហើយ​ខាង​ឃុំ​ក៏​ជា​មន្ត្រី​របស់​រដ្ឋ​ដែរ​ ហើយ​គាត់​មិន​គួរ​មាន​ទង្វើ​​បែប​នេះ​ឡើយ​ ព្រោះ​គេ​អាច​ធ្វើ​ការងារ​បាន ចំណែក​ខាង​ខ្ញុំ​ជាប់​ឆ្នោត​ហើយ​មិន​អាច​ធ្វើ​ការងារ​បាន»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំតូច​ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា។ ប៉ុន្តែ​​អភិបាល​ស្រុក​មង្គលបូរី លោក ឡុង ពុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​ដាក់​សំណើសុំ​ធ្វើ​សាលា​ឃុំ​ថ្មី​ទៅ​ក្រសួង​មហាផ្ទៃ រួច​​ហើយ​ តែ​ខាង​ក្រសួង​មិន​ទាន់​ទម្លាក់​ថវិកា​មក​ឲ្យ​ដើម្បី​សាងសង់​សាលាឃុំ​នៅ​ឡើយ៖ «រឿង​នេះ​ខ្ញុំ​គិត​ថា​ ពី​មុន​មក​គេ​ធ្វើ​យ៉ាង​មិច​បាន​ យើង​គួរ​តែ​ធ្វើ​ការងារ​ទៅ​សិន​ រង់ចាំ​ក្រសួង​មហាផ្ទៃ ពិចារណា​ហើយ​គាត់​នឹង​ទម្លាក់​លុយ​មក»

រហូត​មក​ទល់​ពេល​នេះ សូម្បី​តែ​ដី​សម្រាប់​សង់​សាលា​ឃុំ​ថ្មី​ក៏​ពុំ​​ទាន់​មាន​នៅ​ឡើយ។ សព្វថ្ងៃ​​មេឃុំ​​សុំ​ពន្យារ​ពេល​ធ្វើ​ការងារ​នៅ​សាលា​ឃុំ​ចាស់​​រយៈ​ពេល ១៥​ថ្ងៃ​ទៅ​មុខ​​ទៀត ទម្រាំ​រក​ដី​សង់​រោង​ធ្វើ​ការ​បណ្ដោះអាសន្ន​បាន។

​​​​​​​​​​​​​​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន អះអាង​ថា ករណី​នេះ​អាជ្ញាធរ​ស្រុក​ និង​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ ដើម្បី​ឲ្យ​មេឃុំ​ជាប់​ឆ្នោត​ថ្មី​បាន​បំពេញ​ការ​ងារ​ជូន​ប្រជាពលរដ្ឋ៖ «ព្រោះ​កាលណា​បើ​សិន​ជា​យើង​ដោះស្រាយ​តាម​របៀប​ការ​រើសអើង បើ​បក្ស​អ្នក​ឯង​​ឈ្នះ​ ខ្ញុំ​មិន​ផ្ដល់​កន្លែង​ធ្វើ​ការ​ គឺ​ពុំ​មែន​ជា​ដំណោះ​ស្រាយ​សមរម្យ​ទេ។ អ៊ីចឹង​ទេ​គួរ​តែ​គិត​គួរ​ធ្វើ​យ៉ាង​មិច​ត្រូវ​តែ​ផ្ដល់​ទីតាំង​ឲ្យ​គេ​ធ្វើ​ការ​បាន ព្រោះ​ក្នុង​នាម​ជា​ក្រុម​ប្រឹក្សា​ឃុំ ពុំ​មែន​ជា​មន្ត្រី​របស់​បក្ស​នយោបាយ​ណា​មួយ​ទេ​ គឺ​ជា​មន្ត្រី​សាធារណៈ​ដែល​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ជូន​ប្រជាពលរដ្ឋ»

​​នៅ​ខេត្ត​បន្ទាយមានជ័យ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តំណែង​ធ្វើ​ជា​មេ​ឃុំ​ ចៅ​សង្កាត់​ចំនួន ១០​ក្នុង​ចំណោម ៦៥​ឃុំ-​សង្កាត់។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ​៥៤​ឃុំ-​សង្កាត់​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈ្នះ​ជា​មេ​ឃុំ​១ នៅ​ស្រុក​ថ្មពួក។ ឃុំ-​សង្កាត់​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ភាគច្រើន​ក្នុង​ទីប្រជុំជន​ ដូច​ជា​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​ក្រុង​សិរីសោភ័ណ ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​សៀមរាប​ប្រកាស​ចុះ​រុះរើ​សំណង់​ថ្មី​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក

$
0
0

រដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះ​រុះរើ​សំណង់​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​តំបន់​អង្គរ​ទាំងអស់​នោះ​ចេញ​វិញ។ ប្រសិន​បើ​មិន​រើ​សំណង់​ទាំងនោះ​ទេ គឺ​ហានិភ័យ​អង្គរ​របស់​កម្ពុជា អាច​នឹង​ត្រូវ​គេ​ដាក់​ជា​ជំហាន​ដំបូង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​បើ​ការ​ប៉ះពាល់​នៅ​តែ​បន្ត គឺ​អាច​នឹង​ត្រូវ​គេ​លុប​ចេញ​ពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ មាន​គម្រោង​នឹង​ចុះ​បង្ក្រាប ព្រម​ទាំង​រុះរើ​ចោល​សំណង់​ខុស​ច្បាប់​ថ្មីៗ​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​អង្គរ នៃ​ភូមិសាស្ត្រ​ក្រុង​សៀមរាប និង​ស្រុក​ចំនួន​បួន​ទៀត​ឲ្យ​អស់​ជា​ស្ថាពរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា បាន​បង្កើត​គណៈកម្មការ​រួម​គ្នា​រួច​ហើយ ដើម្បី​ចាប់​ធ្វើ​យុទ្ធនាការ​ចុះ​រុះរើ​សំណង់​ថ្មីៗ​ទាំងឡាយ​ដែល​សាងសង់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ឲ្យ​អស់​ចាប់​ពី​ចុង​ខែ​កក្កដា តទៅ។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ស៊ុំ ម៉ាប់។ លោក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​កក្កដា ថា ចាប់​តាំង​ពី​ថ្ងៃ​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​មាន​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នៃ​ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង និង​ស្រុក​អង្គរធំ បាន​កើត​ឡើង​ចំនួន​ជាង ៥២០​កន្លែង។ អាជ្ញាធរ​បាន​ចាត់​ទុក​សំណង់​ថ្មីៗ​ទាំងនោះ គឺ​ជា​សំណង់​ខុស​ច្បាប់ ដោយ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ណា​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​សាងសង់​ដូច្នេះ​ឡើយ។

លោក ស៊ុំ ម៉ាប់ បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះ​រុះរើ​សំណង់​ទាំងអស់​នោះ​ចេញ។ ប្រសិន​បើ​មិន​រើ​សំណង់​ទាំងនោះ​ទេ គឺ​ហានិភ័យ​អង្គរ​របស់​កម្ពុជា អាច​នឹង​ត្រូវ​គេ​ដាក់​ជា​ជំហាន​ដំបូង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​បើ​ការ​ប៉ះពាល់​នៅ​តែ​បន្ត គឺ​អាច​នឹង​ត្រូវ​គេ​លុប​ចេញ​ពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក៖ «អស់​លោក​ប្រហែល​ជា​ជ្រាប​ហើយ​ថា គុណវិបត្តិ​នេះ តើ​វា​ធំធេង​ប៉ុណ្ណា? ទាំង​ការទូត ទាំង​មុខ​មាត់​ជាតិ និង​ទាំង​វិស័យ​សេដ្ឋកិច្ច

មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក បាន​ចោទ​សួរ​មក​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ពន្យល់​ជុំវិញ​ការ​សាងសង់​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​ចេញ​ប្រកាស យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ជា​ម្ចាស់​សំណង់​ថ្មីៗ ដោយ​ឲ្យ​រុះរើ​ចេញ​ពី​តំបន់​ហាមឃាត់​វិញ​ក្នុង​រយៈពេល ៧​ថ្ងៃ​ជា​កំហិត ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​សាកល្បង​បញ្ជូន​កម្លាំង​អន្តរាគមន៍​របស់​ខ្លួន​ចុះ​ទៅ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​ទាំងនោះ ក៏ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​លើក​គ្នា​ប្រឆាំង ដោយ​ធ្វើ​ការ​បិទ​កំណាត់​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​អង្គរវត្ត​ជាច្រើន​ម៉ោង។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធិ ថ្លែង​ថា ចាប់​ពី​ពេល​នេះ​តទៅ អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​ចូលរួម​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ទាំងនោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​លើក​គ្នា​តវ៉ា​ជា​រូបភាព​កាន់​ដប​សាំង​គំរាម និង​បិទ​ផ្លូវ​បាន​ទៀត​ទេ៖ «យើង​ទុក​ពេល​នេះ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចូលរួម បើ​មិន​ចូលរួម​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទេ គឺ​ប្រហែល​ជា​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កម្លាំង​អាជ្ញាធរ​ជៀស​មិន​ផុត​ទេ»

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប ដែល​តាម​ឃ្លាំ​មើល​ការ​អនុវត្ត​រុះរើ​សំណង់​ថ្មី​នោះ លោក សួស ណារិន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ នៅ​ពេល​ចុះ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​នៅ​ពេល​ខាង​មុខ​នេះ។ លោក​យល់​ថា ថ្វីត្បិតតែ​ពលរដ្ឋ​សាងសង់​សំណង់​ថ្មីៗ​ខុស​ច្បាប់​ជាច្រើន​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​បាន​ចំណាយ​ប្រាក់​ជាច្រើន​ដែរ។ ដូច្នេះ​គួរ​តែ​អាជ្ញាធរ​អនុវត្ត​ការ​រុះរើ​តាម​វិធី​ណា​មួយ​យ៉ាង​សមស្រប ដោយ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​បាន​ទទួល​ផល​ប្រយោជន៍​ស្រប​តាម​គោលការណ៍​ដែល​រដ្ឋាភិបាល​កំពុង​តែ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ACU ទុក​ពេល​៣០​ថ្ងៃ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល

$
0
0

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) តម្រូវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​ទើប​ជាប់​ឆ្នោត ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ក្នុង​រយៈពេល ៣០​ថ្ងៃ ក្រោយ​ចូល​កាន់​មុខ​តំណែង។ កម្មវិធី​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ទូច ស៊ុនណារី បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១២ កក្កដា ថា កម្មវិធី​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​ចែង​អំពី “មន្ត្រី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង” ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។

ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ អាច​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ ឬ​ទម្រង់​អេឡិចត្រូនិក ហើយ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់ ឬ​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត។

លោក ទូច ស៊ុនណារី បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​ធុរៈ​មិន​អាច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ទាន់​ពេលវេលា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ពន្យារពេល​ជូន«ករណី​គាត់​មាន​ការ​យឺតយ៉ាវ​ដោយ​មាន​មូលហេតុ​ច្បាស់លាស់ ឧទាហរណ៍​ជាប់​បេសកកម្ម មាន​ធុរៈ​ឈឺ​ធ្ងន់ធ្ងរ​មិន​អាច​បំពេញ​បាន ត្រូវ​ជូន​ដំណឹង​មក​ក្រុម​ជន​បង្គោល ឬ​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​លាយលក្ខណ៍​អក្សរ។ យើង​នឹង​ធ្វើ​ការ​ពន្យារពេល​ជូន​គាត់ តែ​អ្នក​មិន​មាន​ធុរៈ​ទេ ត្រូវ​តែ​មក​ប្រកាស​ទ្រព្យ​ឲ្យ​ទាន់​រយៈពេល ៣០​ថ្ងៃនេះ​តែ​ម្តង»

លោក​សង្កត់​ធ្ងន់​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាត្រា​៣៨ ចែង​ថា ជន​ណា​ដែល​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ឬ​បាន​ប្រកាស​ដោយ​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ទៅ ២​លាន​រៀល ព្រម​ទាំង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

អ្នក​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល គឺ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​ដែល​មិន​ធ្លាប់​ស្ថិត​ក្នុង​តំណែង ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ហើយ​និង​សមាជិក​ក្រុម​ប្រឹក្សា​ណា​ដែល​លាលែង ឬ​ធ្លាក់​ឆ្នោត និង​មិន​មាន​មុខងារ​ណា​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។ ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​បន្ត និង​អ្នក​ជាប់​ឆ្នោត​ថ្មី តែ​នៅ​មាន​មុខងារ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​រួច​មក​ហើយ​នោះ មិន​ចាំបាច់​ប្រកាស​នៅ​ពេល​នេះ​ទេ គឺ​ត្រូវ​ប្រកាស​នៅ​របប ២​ឆ្នាំ​ខាង​មុខ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ឃើញ​ថា ៣០​ថ្ងៃ​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ​ជា​រយៈពេល​មួយ​ខ្លី​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​កំពុង​តែ​មមាញឹក​នឹង​ការ​រៀបចំ​រដ្ឋបាល​ថ្មី​របស់​ខ្លួន។ លោក​ក៏​បាន​រិះគន់​ចំពោះ​នីតិវិធី​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ ថា​មិន​បង្ហាញ​ពី​តម្លាភាព​ពិតប្រាកដ​ឡើយ ព្រោះ​មិន​មែន​ជា​ការ​ប្រកាស​ជា​សាធារណៈ«ទាល់​តែ​មាន​ករណី​សង្ស័យ ឬ​បណ្ដឹង​ប្រឆាំង​បុគ្គល ទើប​មាន​ការ​ស៊ើប​អង្កេត និង​បើក​ស្រោម​សំបុត្រ។ អ៊ីចឹង​ទាំង​នីតិវិធី​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ជា​អ្វី​ដែល​យើង​មិន​អាច​ទទួល​យក​បាន​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ព្រោះ​វា​ជា​ការ​ប្រកាស​តាម​ស្រោម​សំបុត្រ។ ពលរដ្ឋ​ទំនង​ជា​ចង់​បាន​ឲ្យ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​អាច​ដឹង​បាន​ថា តើ​លោក​នេះ​កាន់​អំណាច​ប៉ុន្មាន​ឆ្នាំ​មាន​លុយ​ប៉ុន្មាន កើត​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន»

សេចក្តី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំណត់​ថា កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​ខេត្ត​បាត់ដំបង ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និង​ខេត្ត​កំពង់ចាម គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ទី​២១ កក្កដា។ ចំណែក​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ កក្កដា គឺ​ជា​កាលបរិច្ឆេទ​ទទួល​សារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ រាជធានី​ភ្នំពេញ កំពត និង​ខេត្ត​កំពង់ស្ពឺ។ រីឯ​ខេត្ត​រតនគិរី កំពង់ឆ្នាំង ស្ទឹងត្រែង កែប និង​ខេត្ត​កោះកុង គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ កក្កដា ដល់​ថ្ងៃ​ទី​៤ សីហា។ ហើយ​ចាប់​ពី​ថ្ងៃ​ទី​៥ សីហា ដល់​ថ្ងៃ​ទី​១៥ សីហា គឺ​ខេត្ត​មណ្ឌលគិរី សៀមរាប ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្ត​ប៉ៃលិន។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី និង​សមាជិក​ក្រុម​ប្រឹក្សា​ចប់​អាណត្តិ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល មាន​ចំនួន​សរុប​ជាង ៨​ពាន់​នាក់។ នេះ​បើ​យោង​តាម​តួលេខ​ក្រៅ​ផ្លូវការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​សភា​អាស៊ាន​បារម្ភ​ពី​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី

$
0
0

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១២ កក្កដា ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី។ ការ​បង្ក្រាប​នេះ មាន​គោលដៅ​ចំពោះ​ពលករ​បរទេស​ទាំងឡាយ​ណា​ដែល​ធ្វើ​ការ​ដោយ​មិន​មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី​១២ កក្កដា សមាជិក​សភា​កម្ពុជា អ្នកស្រី មូរ សុខហួរ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ថ្លែង​ថា ការ​ចង់​ឲ្យ​ចំនួន​ពលករ​គ្មាន​ឯកសារ​ក្នុង​ប្រទេស​នេះ​ថយ​ចុះ មិន​អាច​ជា​លេស​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​ទទួល​ភាព​រងគ្រោះ​ថែម​ទៀត​ទេ។ អ្នកស្រី​បន្ត​ថា ទោះ​ជា​ត្រូវ​ដោះស្រាយ​បញ្ហា​ពលករ​ខុស​ច្បាប់​ក្ដី អាជ្ញាធរ​ត្រូវ​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​គ្រប់​រូប និង​គ្រប់​ពេលវេលា ព្រោះ​មុន​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់ មណ្ឌល​ឃុំឃាំង​ម៉ាឡេស៊ី មាន​ភាព​ចង្អៀត​ណែន និង​ខ្វះ​សេវា​មូលដ្ឋាន​រួច​ស្រេច​ទៅ​ហើយ។

ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា លោក​ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹត​បន្តឹង​ច្បាប់​របស់​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​នេះ ព្រោះ​ប្រទេស​នេះ អាច​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ដូច​ប្រទេស​ថៃ ដែរ«យើង​អត់​ទាន់​ឃើញ​កម្មករ​យើង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ ឬ​ក៏​ចាប់​គាត់​ដាក់​ទោស​ផ្សេងៗ ដោយសារ​គាត់​ទៅ​បំពេញ​ការងារ​ហ្នឹង​ទេ ហើយ​ខ្ញុំ​ដឹង​ថា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​នេះ ខ្ញុំ​ទៅ​ប្រជុំ​នៅ​ហ្សឺណែវ គឺ​ម៉ាឡេស៊ី ត្រូវ​បាន​អង្គការ ILO ដាក់​ចូល​ទៅ​ក្នុង list ជា​របាយការណ៍​មួយ​ដែល​រំលោភ​សិទ្ធិ​ការងារ ការងារ​ដោយ​បង្ខំ​ហ្នឹង​ខ្ពស់ ហើយ​គេ​កំពុង​តែ​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា ផ្ទៃក្នុង​របស់​គេ​ចង់​កែ​ទម្រង់​ដើម្បី​ឲ្យ​មាន​កម្មករ​ស្រប​ច្បាប់ ហើយ​គេ​រៀបចំ​យ៉ាង​ម៉េច យើង​អត់​ដឹង​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ យើង​គិត​ថា​អ្វី​ដែល​ប៉ះពាល់​ដល់​កម្មករ​យើង យើង​មាន​ការ​បារម្ភ។ អ៊ីចឹង​សុំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង»

លោក​អះអាង​ថា ស្ថិតិ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា តួលេខ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ (៤៦.៥៤១​នាក់)

ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ និង​ក្រសួង​ការ​បរទេស បាន​ទេ​នៅ​ថ្ងៃ​ទី​១២ កក្កដា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍ និង​ធ្វើ​មាតុភូមិ​និវត្តន៍​ពលករ​ពលការិនី​ខ្មែរ​ចំនួន ១៦​នាក់​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​ប្រទេស​កម្ពុជា វិញ។ ពលករ​ទាំងនេះ ភាគច្រើន​ជា​អ្នក​នេសាទ ហើយ​មួយ​ចំនួន​តូច​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ។

អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប​ពលករ​អន្តោប្រវេសន៍​ធ្វើ​ការ​ខុស​ច្បាប់​នៅ​តាម​រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​នានា​តាំង​ពី​ថ្ងៃ​ទី​១ កក្កដា ដោយ​ចាប់​ឃុំ​ខ្លួន​ពលករ​គ្មាន​លិខិត​ស្នាម​ជាង ៣.០០០​នាក់។ ការ​បង្ក្រាប​នេះ អាជ្ញាធរ​ម៉ាឡេស៊ី ក៏​បាន​ចាប់​ថៅកែ​ជាង ៦០​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ជួល​កម្មករ​បរទេស​ខុស​ច្បាប់​ឲ្យ​ធ្វើ​ការ។ ប្រទេស​ម៉ាឡេស៊ី មាន​ពលករ​ស្រប​ច្បាប់​ប្រហែល ១​លាន ៩​សែន​នាក់ រីឯ​ចំនួន ៦​លាន​នាក់​ផ្សេង​ទៀត​ជា​ពលករ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូងឌីង​មិន​ទាន់​ចាកចេញ​ស្នើសុំ​សំណង​បន្ថែម​ទៀត

$
0
0

ភាគច្រើន​នៃ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង បាន​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ក្រោយ​ពី​យល់ព្រម​ទទួល​សំណង ប៉ុន្តែ​នៅ​សល់​អ្នក​មិន​ព្រម​ចាកចេញ​យ៉ាង​តិច​ជាង ១០​គ្រួសារ​ទៀត ដោយសារ​មិន​ទាន់​ពេញ​ចិត្ត​ចំនួន​នៃ​សំណង។ ប៉ុន្តែ​ភាគី​ក្រសួង​ដែនដី ថា​គ្មាន​គោលការណ៍​ផ្តល់​សំណង​បន្ថែម​ឡើយ។

ក្រុម​ពលរដ្ឋ​ដែល​ស្នើសុំ​សំណង​បន្ថែម​មាន​ទាំង​ពលរដ្ឋ​មាន​បន្ទប់​រស់នៅ​លើ​អគារ​ប៊ូឌីង និង​ពលរដ្ឋ​គ្មាន​បន្ទប់​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ។ ក្រុម​ពលរដ្ឋ​លើក​ឡើង​ថា ពួក​គេ​មិន​ប្រឆាំង​ការ​អភិវឌ្ឍ​ទេ គ្រាន់​តែ​ចង់​បាន​ថវិកា​ខ្លះ និង​អ្នក​ខ្លះ​សុំ​ថវិកា​បន្ថែម​មុន​នឹង​ចាកចេញ។

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ដែល​មិន​ទាន់​សម្រេច​ចិត្ត​ចាកចេញ លោកស្រី ឈុំ សាគន ឲ្យ​ដឹង​ថា ក្រៅ​ពី​លោកស្រី ក៏​មាន​ពលរដ្ឋ​ម្ចាស់​បន្ទប់ ៦​គ្រួសារ​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​ទទួល​ស្គាល់ មិន​ទាន់​យល់ព្រម​ទទួល​ទឹកប្រាក់​ដែល​ក្រសួង​កំណត់​តម្លៃ​ទិញ​បន្ទប់​ពួក​គេ។ លោកស្រី​បន្ត​ថា ដោយសារ​ក្រុម​គ្រួសារ​លោកស្រី​មាន​ផ្ទៃក្រឡា​បន្ទប់​តូច និង​មាន​សមាជិក​គ្រួសារ​ច្រើន ដូច្នេះ​ទឹកប្រាក់​ដែល​បាន​ពី​ការ​លក់​បន្ទប់ មិន​គ្រប់គ្រាន់​ឲ្យ​គ្រួសារ​លោកស្រី​រស់នៅ​សមរម្យ​ទេ«សុំ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​បាន​ផ្ទះ​មួយ​នៅ​ភ្នំពេញ មិន​មែន​ថា​នៅ​ហ្នឹង​ក្នុង​ន័យ​ប្រឆាំង​អី​ទេ រាល់​ថ្ងៃ​សុំ​សរសើរ​គាត់ (លោក ជា សុផារ៉ា) ដែល​គាត់​ដោះស្រាយ​អគារ​ប៊ូឌីង​បាន»

ក្រៅ​ពី​នេះ ក៏​មាន​ពលរដ្ឋ ៤​គ្រួសារ​ដែល​គ្មាន​បន្ទប់ ប៉ុន្តែ​ពួក​គេ​បាន​ត​ដំបូល​ចេញ​មក​ក្រៅ​រស់នៅ​មុខ​អគារ​ប៊ូឌីង​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​ទាំងនេះ​មាន ៤​គ្រួសារ​ជា​អ្នក​លក់ដូរ​បាយ​សម្ល និង​គ្រឿង​ភេសជ្ជៈ។ ពលរដ្ឋ​ទាំងនោះ​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា ពួក​គេ​មិន​ទទួល​បាន​ប្រាក់​សំណង​ជា​ថ្នូរ​នៃ​ការ​ចាកចេញ​ទេ។

លោកស្រី ប៉ោ គន្ធា ថា​ពួក​គេ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ផ្តល់​សំណង​ខ្លះ​ដើម្បី​មាន​ដើមទុន​បន្ថែម​ទៅ​រស់នៅ​កន្លែង​ថ្មី«បើ​រាជ​រដ្ឋាភិបាល​គាត់​ដោះស្រាយ​មាន​តែ​អរគុណ​គាត់ អ៊ី​មិន​ទៅ​ជំទាស់​ទៅ​ប្រឆាំង​អី​ទេ គោលការណ៍​រដ្ឋ​ទៅ​ម៉េច អ៊ី​ក៏​ទៅ​ចឹង​ដែរ»

ក្រសួង​ដែនដី បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ខាង​មុខ នឹង​រុះរើ​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស ដូច្នេះ​ទាមទារ​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ និង​អ្នក​ធ្វើ​ដំណើរ​មាន​ការ​ប្រុងប្រយ័ត្ន។ ក្រោយ​ពេល​ពលរដ្ឋ​ជាង ៩០​ភាគរយ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដែល​ក្រសួង​កំណត់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា យក​ថ្ងៃ​ទី​៦ ខែ​មិថុនា ឲ្យ​ពលរដ្ឋ​រើ​អីវ៉ាន់​ចេញ​ពី​អគារ។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​តែ​ពលរដ្ឋ​ចំនួន ៧​គ្រួសារ ឬ​ស្មើ​នឹង ១​ភាគរយ​ប៉ុណ្ណោះ​មិន​ទាន់​ចាកចេញ។ ប៉ុន្តែ​លោក​អះអាង​ថា ព័ត៌មាន​ចុង​ក្រោយ​ដែល​ក្រសួង​ទទួល​បាន ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ចាកចេញ។ រីឯ​ករណី​ពលរដ្ឋ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ៤​គ្រួសារ ដែល​ស្នើសុំ​សំណង​ខ្លះ​ពី​ក្រសួង​នោះ លោក​ថា​ការ​ផ្តល់​សំណង គឺ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​វាស់វែង​ត្រឹមត្រូវ​រួច​ហើយ ដូច្នេះ​អ្នក​ទាំងនោះ ក្រសួង​គ្មាន​ការ​ផ្តល់​សំណង​បន្ថែម​ទៀត​ទេ«ទោះ​ជា​នៅ​ផ្ទាល់​ដី ឬ​កន្លែង​លើ ចំណុច​ណា​ដែល​អាច​វាស់វែង ខាង​ជំនាញ និង​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​អស់​ហើយ អ្វី​ដែល​លើស​ពី​ហ្នឹង មិន​អាច​ធ្វើ​បាន​ទៀត​ទេ»

របាយការណ៍​របស់​ក្រសួង​ដែនដី បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​មាន​ចំនួន ៤៩៣​គ្រួសារ។ អគារ​នេះ​មាន ៦​ប្លុក ពី​អា (A) ដល់​អែហ្វ (F)។ ក្រុមហ៊ុន​របស់​ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់​នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា រដ្ឋមន្ត្រី​ក្រសួង​ដែនដី គួរ​មាន​គោល​នយោបាយ​បន្ថែម​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​ចាកចេញ ជៀសវាង​ក្រុម​ទាំងនេះ​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ​តំបន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​ផ្ទេរ​សំណុំ​រឿង​ជួញដូរ​ឈើ​ពី​ខេត្ត​មណ្ឌលគិរី​ទៅ​ភ្នំពេញ​ជា​ការ​បង្វែង​ដាន"

$
0
0

សកម្មជន​បរិស្ថាន​យល់​ថា ការ​ផ្ទេរ​សំណុំ​រឿង​ស៊ើប​អង្កេត​មន្ត្រី​ជាន់​ខ្ពស់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ពី​ខេត្ត​មណ្ឌលគិរី មក​រាជធានី​ភ្នំពេញ ជា​ការ​ពន្យារពេល​ដើម្បី​ជួយ​សម្រួល​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឲ្យ​រួច​ផុត​ពី​ការ​ស៊ើប​អង្កេត។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១១​នាក់ កំពុង​ត្រូវ​ស៊ើប​អង្កេត​ដោយ​តុលាការ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ឈើ​ខុស​ច្បាប់ ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​នៅ​តំបន់​ច្រក​ព្រំដែន​របៀង​អូរហ៊ុច ខេត្ត​មណ្ឌលគិរី៖ «ជំនាញ​យើង​បាន​ស្រាវជ្រាវ​ទៅ​ឃើញ​ថា មាន​ការ​ពាក់ព័ន្ធ។ ចឹង​ពេល​ឃើញ​មាន​ការ​ពាក់ព័ន្ធ យើង​ធ្វើ​ការបន្តបន្ទាប់​រហូតឈាន​ទៅ​ដល់​បញ្ជូន​សំណុំ​រឿងទៅ​ដល់​តុលាការ​តែ​ម្តង»

លោក​បដិសេធ​មិន​បង្ហាញ​ពី​អ្នក​ដែល​ពាក់ព័ន្ធ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​នោះ​ទេ ដោយ​ខ្លាច​ប៉ះពាល់​នីតិវិធី​ស៊ើប​អង្កេត​របស់​តុលាការ។

បើ​តាម​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ថា​សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្ទេរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ស៊ើប​អង្កេត​បន្ត ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា។

លោក​ពន្យល់​ថា មន្ត្រី​ទាំង ១១​នាក់​ដែល​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​នេះ ជា​មន្ត្រី​នៅ​ខេត្ត​មណ្ឌលគិរី ហេតុ​ដូច្នេះ​មន្ត្រី​តុលាការ​ពិបាក​ធ្វើ​ការ​លើ​រឿង​នេះ៖ «វា​ពាក់ព័ន្ធ​សុទ្ធតែ​អ្នក​ខេត្ត។ ខ្ញុំ​បញ្ជូន​សំណុំ​រឿង​ទៅ (ភ្នំពេញ) កាល​ពី​ថ្ងៃ​សុក្រ»

លោក​ក៏​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​មន្ត្រី​ដែល​ត្រូវ​ស៊ើប​អង្កេត​ទាំង ១១​នាក់​នោះ​ឡើយ។ លោក​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​បាន​ទៅ​ដល់​ដៃ​តុលាការ​រាជធានី​ភ្នំពេញ​ហើយ។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​នេះ​បាន​នៅ​ឡើយ។

ដោយឡែក​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ជឹង សុចន្ធា មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​មន្ត្រី​ទាំង ១១​នាក់​នេះ កើត​ឡើង​ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​កាល​ពី​ខែ​កុម្ភៈ៖ «ខ្ញុំ​ដឹង​ឮ​ថា​មាន​ឈ្មោះ​ប្រធាន​ប៉ុស្តិ៍ ដែល​ចំណុច​ល្មើស​ប៉ុស្តិ៍​អូរហ៊ុច។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​ទេ។ ដល់​ពេល​ឥឡូវ​មាន​ការ​ដោះដូរ មាន​ការ​ផ្ទេរ​ភារកិច្ច​ស្នងការ​ទៅ ខ្លះ​យើង​ឮ​ព័ត៌មាន​ថា​មក​ពី​ធ្វេសប្រហែស​ក្នុង​ការ​ដឹកនាំ។ យើង​មិន​ក្តាប់​មិន​ច្បាស់​ដែរ​ករណី​នេះ។ សូម​អធ្យាស្រ័យ»

លោក អ៊ូច ឡេង ម្ចាស់​ពាន​រង្វាន់​ផ្នែក​បរិស្ថាន​ពិភពលោក សង្កេត​ឃើញ​ថា ការ​ផ្ទេរ​សំណុំ​រឿង​ពី​ខេត្ត​មណ្ឌលគិរី មក​ភ្នំពេញ ជា​ការ​បង្វែង​ដាន​បទល្មើស៖ «រឿង​នេះ​អាច​ទាក់ទង​ជាមួយ​ឧកញ៉ា មេ​ទាហាន មេ​ប៉ូលិស ឬ​អាច​ទាក់ទង​ជាមួយ​មន្ត្រី​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ទៀត​ផងចឹង​មាន​ការ​ពាក់ព័ន្ធ​ច្រើន។ ចឹង​បាន​ផ្ទេរ​មក​សមត្ថកិច្ច​នៅ​ភ្នំពេញ។ ទម្រាំ​តែ​ផ្ទេរ​មក ឈើ​វា​អស់​ទៅ​ហើយ»

លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​អូរហ៊ុច កើត​ឡើង​ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៧ មុន​ពេល​អាជ្ញាធរ​ចុះ​បង្ក្រាប។ ក្រៅ​ពី​នៅ​អូរហ៊ុច​នេះ លោក អ៊ូច ឡេង បន្ថែម​ថា នៅ​តំបន់​អូរតាង និង​អូរដំបូក នៅ​បន្ត​មាន​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​នៅ​ឡើយ៖ «តំបន់​អូរហ៊ុច​ហ្នឹង​មាន​ការ​បង្ក្រាប ចំណែក​តំបន់​អូរតាង តំបន់​អូរដំបូក កន្ទុយ​នាគ មិន​មាន​ការ​បង្ក្រាប»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ បាន​ចេញ​បញ្ជា​ហាមប្រាម​ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​បើ​តាម​អ្នក​ឃ្លាំ​មើល​ព្រៃឈើ​ជាតិ និង​អន្តរជាតិ ឈើ​នៅ​តែ​ត្រូវ​ឈ្មួញ​នាំ​ចេញ​ពី​កម្ពុជា ទៅ​វៀតណាម ហើយ​អង្គការ​អន្តរជាតិ​មួយ​បាន​រក​ឃើញ​ថា មន្ត្រី​កម្ពុជា និង​វៀតណាម បាន​ឃុបឃិត​គ្នា​ទទួល​សំណូក​ប្រាក់​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ឈ្មួញ ជា​ថ្នូរ​នឹង​ការ​បើក​ផ្លូវ​ឲ្យ​នាំ​ចេញ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់​ទុក​ការ​គប់​កញ្ចក់​ឡាន​ព្រះអង្គ​ថា​ជា​ការ​គំរាម​កំហែង

$
0
0

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​សរសេរ​លើ​ហ្វេសប៊ុក (Facebook) របស់​ព្រះអង្គ​ថា រថយន្ត​របស់​ព្រះតេជព្រះគុណ​កាល​ពី​វេលា​ម៉ោង​ជាង ១០​យប់ ថ្ងៃ​ទី​១១ កក្កដា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​ឲ្យ​បែក​កញ្ចក់​ខាង​ស្ដាំ​ផ្នែក​កណ្ដាល​នៃ​រថយន្ត។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ជិត​វត្ត​សិរីពោធិព្រឹក្ស ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ក្រោយ​ពេល​ដែល​ក្រុម​ការងារ​របស់​ព្រះអង្គ​បាន​និមន្ត​ចុះ​ពន្យល់​ញាតិញោម​ឲ្យ​រួម​គ្នា​ការពារ​រូប​បដិមា​បុរាណ​មួយ​នៅ​ឃុំ​ដា ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​នឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឲ្យ​ចាប់​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ដីធ្លី​និង​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ

$
0
0

មន្ត្រី​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃឈើ​នា​មូលដ្ឋាន​នេះ ដាក់​ពន្ធនាគារ ដើម្បី​ឲ្យ​ប្រាកដ​ថា បាន​អនុវត្ត​ស្រប​តាម​នីតិវិធី។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ជាដើម  កំពុង​ពិនិត្យ​តាម​ដាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាក់ទង​សំណុំ​រឿង​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ២០​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ពេល​កន្លង​មក​នេះ។

​អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អ្នកស្រី​កំពុង​តាមដាន​សំណុំ​រឿង​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ជា​ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ដីធ្លី និង​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ដាក់​ពន្ធនាគារ នៅ​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១៧ នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា បាន​អនុវត្ត​ស្រប​តាម​ច្បាប់​ដែរ ឬ​ទេ?

​អ្នកស្រី សុធារី កត់សម្គាល់​ថា មាន​សំណុំរឿង​ខ្លះ អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តាម​ទីតាំង​មួយ​ចំនួន មាន​ដូចជា​នៅ​លើ​សង្កាត់​កោះរ៉ុង និង​នៅ​សង្កាត់​លេខ​១ តំបន់​ក្បាលឆាយ ក្រុង​ព្រះសីហនុ ជាដើម ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ត្រូវ​សាលា​ដំបូង​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​កន្លង​មក គឺ​ជនសង្ស័យ​ទាំង​នោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ មក​ពី​តំបន់​ផ្សេង​ចូល​មក​ស៊ីឈ្នួល​កាប់​ព្រៃឈើ​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​យក​ទៅ​ចិញ្ចឹម​គ្រួសារ។ ប៉ុន្តែ​សម្រាប់​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​កើត​ឡើង​ពិតប្រាកដ អាជ្ញាធរ​អនុវត្ត​ច្បាប់​មិន​ទាន់​បាន​ច្រើន​ទេ។

អ្នកស្រី ជៀប សុធារី៖ «យើង​នឹង​តាម​ឃ្លាំមើល​រឿង​ហ្នឹង​ដែរ ថា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​មាន អ្នក​ក្រ​ទាំង​អស់​ហ្នឹង គឺ​នៅ​ពេល​តុលាការ តើ​ការ​ឃុំ​ខ្លួន​របស់​តុលាការ​តាម​រយៈ​ដីកា​នេះ តើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដែរ ឬ​អត់? ហើយ​តើ​វា​មាន​ការ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ឬ​អត់​ទៅ​លើ​រឿង​ក្ដី​ទាំង​អស់​ហ្នឹង?»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ ហើយ​បាន​អះអាង​ថា នឹង​មិន​លើកលែង​ឲ្យ​ជន​ខិលខូច​ដែល​មាន​មហិច្ឆតា ចូល​ទៅ​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​បម្រុង​ទុក ដើម្បី​រាន​យក​ដី​សាធារណៈ​របស់​រដ្ឋ ធ្វើ​កម្មសិទ្ធិ​ឯកជន​អនាធិបតេយ្យ​ខុស​ច្បាប់​នា​មូលដ្ឋាន​នេះ​ទៀត​ទេ។ លោក​សង្កត់ធ្ងន់​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​ចូល​ទៅ​កាប់​រាន​ដី​រដ្ឋ​ខុស​ច្បាប់​នឹង​ត្រូវ​ផ្ដន្ទាទោស។

​លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ​និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​បទ​ល្មើស​ឃុបឃិត លួច​កាប់​ព្រៃឈើ ដើម្បី​រាន​យក​ដី​សាធារណៈ របស់​រដ្ឋ អនាធិបតេយ្យ​ខុសច្បាប់​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ៖ «មក​ដល់​ពេល​នេះ​មាន​មនុស្ស ២០​នាក់​ហើយ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន។ បើ​សិន​ជា​មាន​នរណា​ហ៊ាន​កាប់​​ទៀត ហើយ​សមត្ថកិច្ច​តាម​ទាន់​ចាប់​ខ្លួន​ជា​បន្ត​ទៀត។ កន្លង​មក​នេះ មាន​សារព័ត៌មាន​មួយ​ចំនួន​ផ្សាយ​ប្រឌិត​សុទ្ធសាធ កាប់​ព្រៃ​តែ​បន្តិច​សោះ ផ្សាយ​ខុស​លើស​ការពិត ធ្វើ​ឲ្យ​ផ្អើល​ដល់​ថ្នាក់ដឹកនាំ​ប្រទេស។ ដល់​ឯកឧត្ដម សៅ សុខា ក្ដៅ​ក្រហាយ ចុះ​មក​មើល​ផ្ទាល់ ហើយ​ដល់​ពេល​ចុះ​ទៅ​មើល​សរុប​ទាំង​អស់​គឺ​ការ​កាប់​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ទាំង​មូល​គឺ​មិន​លើស​ពី ៣០​ហិកតារ​នោះ​ទេ ទូទាំង​កោះ»

​ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​អះអាង​ថា បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឈើ​ទាំង​នៅ​លើ​កោះរ៉ុង ដី​ព្រៃ​ឈើ​នៅ​តំបន់​ក្បាលឆាយ សង្កាត់​លេខ​១ និង​តំបន់​ពយម៉ាចូវ ឃុំ​បិតត្រាំង ជាដើម គឺ​មាន​មន្ត្រី​មាន​តួនាទី​ខ្ពស់​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ព្រៃឈើ និង​ពុះ​ច្រៀក​ជា​ឡូត៍ៗ​លក់​ដូរ​បន្ត​ខុស​ច្បាប់​នៅ​​ពេល​កន្លង​មក គឺ​មិន​ឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ទេ។

ករណី​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​បាន​តែ​ពលរដ្ឋ​គ្មាន​តួនាទី និង​មាន​ជីវភាព​ក្រីក្រ បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។ ចំណែក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​លក់​ដូរ​បន្ត ដែល​មាន​តួនាទី​ខ្ពស់​នៅ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ជាតិ នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ជូង ជូងី ស្នើ​តុលាការ​ម្ដង​ទៀត​ដើម្បី​ឲ្យ​លោក គឹម សុខ បាន​នៅ​ក្រៅ​ឃុំ

$
0
0

មេធាវី​ការពារ​​ក្ដី​ឲ្យ​លោក គឹម សុខ បាន​ស្នើ​សុំ​តុលាការ​ក្រុង​ភ្នំពេញ ជា​ថ្មី​ទៀត សូម​ឲ្យ​តុលាការ​ដោះលែង​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

សំណើ​សុំ​ឲ្យ​តុលាការ​ដោះលែង​លើក​ទី​២​នេះ ធ្វើ​ឡើង​នៅ​មុន​សវនាការ​លើ​អង្គ​សេចក្ដី​ប្រឆាំង​លោក គឹម សុខ ដែល​គ្រោង​នឹង​ដំណើរ​ការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ខាង​មុខ​នេះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​របង​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា លោក ជូង ជូងី លើក​ឡើង​ថា មូលហេតុ​ដែល​លោក​ដាក់​សំណើ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ​ដើម្បី​សុំ​​ឲ្យ​តុលាការ​ពិចារណា​ក្នុង​ការ​ដោះលែង​កូន​ក្តី​របស់​ខ្លួន ព្រោះ​លោក គឹម សុខ ពុំ​មាន​ភាព​ចាំបាច់​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​ទៀត​ទេ។

លោក​បន្ត​ថា៖ «ក្នុង​រឿង​នេះ លោក គឹម សុខ ក៏​ដូច​ជា​ខ្ញុំ​ដែរ មើល​ឃើញ​ថា វា​អត់​មាន​ភាព​ចាំបាច់​អី​ត្រូវ​ឃុំ​ខ្លួន​គាត់​ទេ ហើយ​ម្យ៉ាង​ទៀត​តុលាការ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​ចប់​សព្វគ្រប់​អស់​ហើយ នៅ​រង់ចាំ​តែ​ជំនុំជម្រះ​លើ​អង្គសេចក្ដី​ប៉ុណ្ណោះ។ ប្រសិន​បើ​រក​ទៅ​អត់​ឃើញ​លោក គឹម សុខ ប្រព្រឹត្ត​បទល្មើស​ត្រូវ​ឲ្យ​គាត់​រួច​ផុត​ពី​បទ​ចោទ។ ប៉ុន្តែ​បើ​រក​ឃើញ​ថា មាន​បទល្មើស​ពេល​ដែល​សាលក្រម​ស្ថាពរ​នឹង​អនុវត្ត​ទៅ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ម្ដង​រួច​មក​ហើយ។ លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ជុំវិញ​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍ និង​រឿង​ក្ដី​មួយ​ទៀត បរិហារកេរ្តិ៍​ជា​សាធារណៈ។

បទ​ចោទ​ទាំង​២​សំណុំរឿង​នេះ ដើម​បណ្ដឹង​គឺ​ជា​មនុស្ស​តែមួយ គឺ​លោក ហ៊ុន សែន តាម​រយៈ​លោក គី តិច ដែល​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ដែល​ចោទ​លោក ហ៊ុន សែន សម្លាប់ បណ្ឌិត កែម ឡី

$
0
0

តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​ជា​ថ្មី​ទៀត​ឲ្យ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ នាំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ថា មាន​បាតដៃ​ប្រឡាក់​ឈាម ព្រោះ​តែ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​សាកសួរ។ អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​តែ​មើល​ឃើញ​ថា ធ្វើ​ឡើង​មាន​ស្តង់ដារ២​នៅ​ឡើយ បើ​ទោះ​ជា​ក្នុង​ពេល​កន្លង​ទៅ​តុលាការ​ថ្លែង​ការពារ​ថា ច្បាប់​គឺ​ច្បាប់ ហើយ​អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ទោស​ទណ្ឌ។

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ ក្រោយ​បញ្ចប់​ការ​សាកសួរ​ប្រឆាំង​ស្ត្រី​ឈ្មោះ ហេង លក្ខិណា ដែល​ចោទ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ថា ជា​អ្នក​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀខ សុខ សម្រេច​ចោទ​ប្រកាន់​ជន​ចាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា ៤៥៩ នៃ​ព្រហ្មទណ្ឌ។ ភ្លាមៗ ក្រោយ​ពេល​ព្រះរាជអាជ្ញា​រង បញ្ចប់​ការ​សាកសួរ និង​ចោទ​ប្រកាន់​ប្រឆាំង​ស្ត្រី​ឈ្មោះ ហេង លក្ខិណា ដែល​ជា​ឈ្មោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក វ៉ាន់ សែនវិសុទ្ធ ចេញ​ដីកា​ឃុំ​ខ្លួន​​បណ្ដោះអាសន្ន​នៅ​មណ្ឌលកែប្រែម២ ភ្លាម​ដែរ។

នគរបាល​យុត្តិធម៌​បាន​ចាប់​ខ្លួន​ជន​ជាប់​ចោទ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ កក្កដា។ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង ៤​ថ្ងៃ បន្ទាប់​ពី​លោកស្រី ហេង លក្ខិណា ថត និង​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចោទ​ថា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​បាតដៃ​ប្រឡាក់​ឈាម ក្នុង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

នៅ​ក្នុង​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ លោក វ៉ាន់ សែនវិសុទ្ធ ស្ត្រី​ជាប់​ចោទ​មាន​ឈ្មោះ​ពិត​ថា ហ៊ិន វ៉ាន់ស្រីពៅ មុខ​របរ​លក់​ដូរ និង​មាន​ទី​លំនៅ​ក្នុង​ភូមិ​តាងួន ខេត្ត​កណ្ដាល។ ប៉ុន្តែ អាសយដ្ឋាន​សព្វថ្ងៃ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​ការសាកសួរ​លោកស្រី ហ៊ិន វ៉ាន់ស្រីពៅ ឬ ហេង លក្ខិណា ដែល​ចោទ​លោក​នាយករដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​ថា ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​សរសេរ​ថា មាន​យុវជន​ម្នាក់​ទៀត​ឈ្មោះ ពេជ រដ្ឋា អាយុៈ ២៤​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​បើក​រថយន្ត​ដឹក​បុគ្គលិក​ឲ្យ​កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​នគរបាល​ចាប់​ខ្លួន និង​បញ្ជូន​មក​ទីក្រុង​ភ្នំពេញ។

ជន​សង្ស័យ​រូប​នេះ ត្រូវ​ជាប់​ចោទ​ពី​បទ​គំរាម​បាញ់​សម្លាប់​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែរ។ ប៉ុន្តែ គេហទំព័រ​របស់​នគរបាល​ជាតិ បញ្ជាក់​ថា ចម្លើយ​សារភាព​នៅ​ចំពោះ​មុខ​នគរបាល​ យុវជន ពេជ រដ្ឋា បដិសេធ​ថា រូប​គេ​ពុំ​បាន​ប្រមាថ​ជីវិត​លោក​នាយករដ្ឋមន្ត្រី​ដូច​ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​ឡើយ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​នោះ គឺ​មាន​អ្នក​លួច​ប្រើប្រាស់​ហ្វេសប៊ុក ផ្ទាល់​ខ្លួន​របស់​គេ​​ប៉ុណ្ណោះ រួច​ធ្វើ​ការ​វាយប្រហារ​តែម្ដង។យ៉ាង​ណា មន្ត្រី​នគរបាល​អះអាង​ថា នឹង​ពិនិត្យ​ឲ្យ​រក​ឃើញ​ការពិត​ថា តើ​អ្វី​ឲ្យ​ប្រាកដ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​​រឿង​នេះ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ ចាត់​ទុក​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​តម្លាភាព។ លោក​បន្ត​ថា កន្លង​ទៅ​ក៏​ធ្លាប់​មាន​ការ​ប្រមាថ​អាយុ​ជីវិត​ថា នឹង​បាញ់​សម្លាប់​អ្នក​នេះ ឬ​អ្នក​នោះ​ជា​ដើម ប៉ុន្តែ​កម្រ​ឃើញ​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដូច​សំណុំរឿង​លោក ហ៊ុន សែន នេះ​ណាស់៖ «ការ​ប្រមាថ ឬ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ឬ​អ៊ីនធឺណិត​នេះ ដូច​ជា​ការ​គំរាម​កំហែង​រក​សម្លាប់​ឯកឧត្ដម កឹម សុខា និង​ការ​គំរាមកំហែង​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ទៀត វា​ហាក់​ដូច​ជា​ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ដូច​គ្នា។ បាន​ន័យ​ថា បើ​សិន​ជា​យើង​អនុវត្ត​ឲ្យ​មាន​តម្លាភាព​ទៅ​ហើយ បើ​ថា​វា​ជា​បទល្មើស​ប្រហាក់ប្រហែល​គ្នា យើង​អនុវត្ត​ឲ្យ​មាន​ស្តង់ដារ​តែ​មួយ​ទៅ»

ទាក់ទង​ការ​ប្រមាថ​អាយុ​ជីវិត និង​អ្នក​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​មាន​មនុស្ស ៥​រូប​ហើយ​ត្រូវ​រង​ការ​ចោទ​ប្រកាន់ ចាប់​ខ្លួន និង​រស់​នៅ​ដោយ​និរទេស​ខ្លួន ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី រួម​ទាំង​អ្នក​ដែល​គំរាម​ថា នឹង​បាញ់​សម្លាប់​លោក ហ៊ុន សែន នេះ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​តវ៉ា​បិទ​ផ្លូវ​ក្រោយ​តម្លៃ​ពោត​ចុះ​ថោក​ខ្លាំង

$
0
0

អ្នក​ភូមិ​រាប់​រយ​នាក់​នាំ​គ្នា​តវ៉ា​រឿង​តម្លៃ​ពោត​កំពុង​ចុះ​ថោក បាន​សម្រេច​រំសាយ និង​បើក​ផ្លូវ​ចរាចរណ៍​ធម្មតា​វិញ បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​បាត់ដំបង សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគាត់​នៅ ៣​ថ្ងៃ​ទៀត បន្ទាប់​ពី​បាន​បិទ​ផ្លូវ​ប្រមាណ ៨​ម៉ោង។

ពលរដ្ឋ​រាប់​រយ​នាក់ នាំ​គ្នា​តវ៉ា​តាំង​ពី​ម៉ោង​ប្រមាណ ៨​ព្រឹក រហូត​ដល់​ម៉ោង ៤​រសៀល​ទើប​រំសាយ​ទៅ​វិញ។ ការ​តវ៉ា​នោះ​ពលរដ្ឋ​ប្រើ​រថយន្ត​ប្រហែល ១០០​គ្រឿង បិទ​ផ្លូវ​លើ​ចំណុច​ផ្លូវ​បំបែក​លេខ​៣០ ដែល​ជា​ទី​ប្រជុំ​នៃ​ចរាចរណ៍​កុះករ ស្ថិត​ក្នុង​ឃុំ​តាគ្រី ស្រុក​កំរៀង ក្រោយ​ពី​តម្លៃ​ពោត​របស់​ពួកគេ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដែល​នាំ​ឲ្យ​ពួកគាត់​ប្រឈម​មុខ​នឹង​ការ​រឹប​អូស​ដីធ្លី​ពី​ធនាគារ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា លោក នាក់ វណ្ណី ថ្លែង​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដែល​លោក​ខាតបង់​ដោយសារ​ពោត​ធ្លាក់​ថ្លៃ​នេះ ដែល​លោក​ថា មិន​តិច​ជា ២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ នោះ​ទេ។ បញ្ហា​នេះ​លោក​ថា ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ពោត​អាច​លក់​ចេញ​បាន​យ៉ាង​ហោច​បាន ៣​បាត​កន្លះ ទៅ ៥​បាត ឬ​ថា ពី ៤០០ ទៅ ៦០០​រៀល ក្នុង​១​គីឡូ​ក្រាម ទើប​អាច​ទប់ទល់​ថ្លៃ​ដើម​បាន។

លោក​បញ្ជាក់​ថា ពលរដ្ឋ​តវ៉ា​នេះ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អន្តរាគមន៍ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ថា នឹង​ដោះស្រាយ​ជូន​ពួកគាត់ ៣​ថ្ងៃ​ទៀត ទើប​អ្នក​ភូមិ​សម្រេច​ចិត្ត​រំសាយ​ទៅ​វិញ៖ «អភិបាល​ខេត្ត​រង​បាត់ដំបង សូម​ពន្យារ​ពេល ៣​ថ្ងៃ​ដើម្បី​ដោះស្រាយ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ​ខុស​ចិត្ត​រំសាយ​មែន តែ​មុខ​ស្ងួត​ដល់​ហើយ បើ ៣​ថ្ងៃ​នេះ​ដោះស្រាយ​អត់​បាយ​គឺ​អាច​ធ្វើ​ម្ដង​ទៀត»

ពលរដ្ឋ​ដដែល​បន្ត​ថា ពី​មុន​ឈ្មួញ​ថៃ ទិញ​ពោត​ស្នូល​សំងួត​ជា​មធ្យម​ពី​ពួកគេ​ក្នុង ១​គីឡូក្រាម​តម្លៃ ៥​បាត ដែល​ស្មើ​ប្រហែល ៦០០​រៀល ប៉ុន្តែ​ពេល​នេះ​ឈ្មួញ​ថៃ ព្រម​ទិញ​ក្នុង​តម្លៃ​តែ ៣​បាត ប្រហែល​នឹង ៤០០​រៀល ក្នុង​១គីឡូ​ក្រាម ឬ​ថោក​ជាង​នេះ មិន​អាច​ទូទាត់​ថ្លៃ​ចំណាយ និង​ឈ្នួល​កម្មករ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live