គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នជំនាញទទួលបន្ទុកលើការប្រមូលចំណូលពីការចូលទស្សនារមណីយដ្ឋានអង្គរ អះអាងថា ប្រាក់ចំណូលដែលស្ថាប័ននេះទទួលបាន គឺកើនឡើង បើប្រៀបធៀបរយៈពេលដូចគ្នារវាង ៦ខែដើមឆ្នាំ២០១៧ និងឆ្នាំ២០១៦ កន្លងទៅ។
សមាជិករដ្ឋសភា និងសង្គមស៊ីវិល សាទរចំពោះកំណើននេះ ប៉ុន្តែបានមើលឃើញថាមានបញ្ហាខ្លះនៅក្នុងការប្រមូលថវិកាទាំងនោះ នៅពេលនិយាយដល់តម្លាភាពថវិកា។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាងថា នឹងពិនិត្យពីលទ្ធភាពក្នុងការកោះអញ្ជើញតំណាងនៃគ្រឹះស្ថានអង្គរ ដើម្បីសាកសួរព័ត៌មានទាក់ទងនឹងតម្លាភាពនៅក្នុងការប្រមូលចំណូលពីការទស្សនាតំបន់អង្គរនេះ។
ថ្លែងតាមទូរស័ព្ទពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៤ ខែមិថុនា លោក សុន ឆ័យ លើកឡើងថា លោកនៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់នៅឡើយថា នឹងអាចកោះហៅមន្ត្រីពីគ្រឹះស្ថានអង្គរទៅបំភ្លឺនៅឡើយទេ។ លោកថា លោកកំពុងរង់ចាំចម្លើយពីអាជ្ញាធរអប្សរា ទាក់ទិននឹងបញ្ហាតម្លាភាពប្រាក់ចំណូលនេះដែរ៖ «កន្លងទៅ គឺការលួចបំបាត់ក្រៅតែពីការលក់សំបុត្រហ្នឹងមួយផ្នែកទៅ ហើយចំណាយថវិកាក៏អត់អនុវត្តតាមច្បាប់ទូទាត់ អត់បានបញ្ចូលទៅក្នុងថវិកាជាតិ ទៅរតនាគារជាតិនោះទេ។ គឺគាត់បង្វិលចែកគ្នាចាយ ដូចដែលខ្ញុំបានធ្វើលិខិតសួរអប្សរាញឹកញាប់ដែរអំពីចំណាយថ្មីៗនោះ ក៏សួរទៅក្រសួងវប្បធម៌ ដែរ ទៅលើការរក្សាទុកថវិកាចំនួន ២៥លាន ដើម្បីយកទៅប្រើប្រាស់ ហើយការបន្តទម្លាប់មិនបញ្ចូលទៅរតនាគារជាតិ ហើយបញ្ចេញទៅតាមក្របខ័ណ្ឌថវិកាជាតិ គឺខុសច្បាប់ហើយ។ សូមបញ្ជាក់ដែរថា យើងគាំទ្រពេញទំហឹងចំពោះការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងវិស័យសុខាភិបាល»។
លោក សុន ឆ័យ តាមរយៈប្រធានរដ្ឋសភា បានកោះហៅឲ្យអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីសាកសួរពីការងារគ្រប់គ្រងអាជ្ញាធរអប្សរា។ ការកោះហៅនោះ បន្ទាប់ពីរដ្ឋាភិបាលបានប្រគល់អាជ្ញាធរអប្សរាទៅឲ្យក្រសួងវប្បធម៌ គ្រប់គ្រង។ ក្នុងនោះ អ្នកតំណាងរាស្ត្របានសាកសួរពីការងារអនុវត្តន៍កន្លងមករបស់អាជ្ញាធរអប្សរា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងតំបន់ដែលមានសំណង់បុរាណ និងការចំណាយគ្មានតម្លាភាពលើទឹកប្រាក់ជាច្រើនលានដុល្លារ តាំងពីឆ្នាំ២០១០ មក។
លោក សុន ឆ័យ ទទួលដំណឹងថា ការឆ្លើយតបរបស់ក្រសួងវប្បធម៌ ពាក់ព័ន្ធនឹងការងារអាជ្ញាធរអប្សរានេះ នឹងអាចបញ្ជូនទៅដល់សភាឆាប់ៗនេះ៖ «ដូច្នេះខ្ញុំដែលបានសួរទៅអប្សរា ដែលនៅក្រោមក្រសួងវប្បធម៌ ហ្នឹង គឺពាក់ព័ន្ធនឹងការចាយវាយកន្លងទៅទេ។ អ្វីដែលត្រូវបញ្ជាក់ចុងក្រោយទាក់ទងដល់រកចំណូលនេះ គឺផ្ដោតអារម្មណ៍ទៅនឹងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍»។
នៅក្រោយពេលដែលរដ្ឋាភិបាលសម្រេចដកយកការងារគ្រប់គ្រងចំណូលពីការចូលទស្សនាតំបន់អង្គរពីក្រុមហ៊ុន សូគីម៉ិច (Sokimex) របស់លោកសេដ្ឋី សុខ គង់ មកវិញ គឺគ្រឹះស្ថានអង្គរជាអ្នកបន្តការងារនេះ។ គ្រឹះស្ថានអង្គរ គ្រប់គ្រងដោយក្រសួងចំនួនពីរ គឺក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច។
របាយការណ៍រយៈពេលប្រាំមួយខែ ឬឆមាសទី១ ឆ្នាំ២០១៧ មានភ្ញៀវទេសចរបរទេសចំនួនជាង ១លាន ២សែននាក់ (១.២៣៣.១៣៧នាក់) បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានប្រាសាទអង្គរវត្តដែរ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ វាមានអត្រាកំណើនជិត ១៣ភាគរយ (១២,៩២%)។ ចំណែកប្រាក់ចំណូលពីការលក់សំបុត្រវិញ កម្ពុជា ទទួលបានចំណូលសរុបចំនួនជាង ៥២លានដុល្លារសហរដ្ឋអាមេរិក (៥២.១៦៧.៩៧២ដុល្លារ) ដែលអត្រាកំណើនមានជិត ៦៧ភាគរយ (៦៦,៨២%)។
អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ លោក សុង តុងហាប់ មានប្រសាសន៍ថា ប្រាក់ចំណូលដែលទទួលបាន គ្រឹះស្ថានបញ្ជូនជារៀងរាល់ថ្ងៃទៅរតនាគារជាតិ និងមួយផ្នែកទៀតសម្រាប់ឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា៖ «យើងមានតែពីរហ្នឹង។ ទី១ គឺ ២ដុល្លារនៃតម្លៃសំបុត្រទេសចរម្នាក់នោះ គឺបង់ទៅមន្ទីរពេទ្យគន្ធបុប្ផា ដកចំណែកហ្នឹងចេញមក គឺយើងបង់ទៅថវិកាជាតិទាំងអស់។ ក្នុងមួយថ្ងៃយើងបង់ពីរដង បង្វែរចូលរតនាគារជាតិ គឺអត់មានទុកទេ គឺពេលព្រឹកប្រហែលម៉ោង ១០ និង ១១ ម្ដង និងពេលរសៀលប្រហែលម៉ោង ៣ ម្តង គឺអត់មានទុកទេ»។
លោក តុងហាប់ បញ្ជាក់ដែរថា កំណើនប្រាក់ចំណូលនេះ គឺដោយសារចំនួនភ្ញៀវទេសចរបរទេសកើនឡើង និងកំណើនពីការដំឡើងថ្លៃសំបុត្រ៖ «អ៊ីចឹងចំនួនភ្ញៀវក៏កើនឡើងសម្រាប់ឆ្នាំ២០១៧ នេះ ហើយយើងនឹងប៉ាន់ស្មានថានៅដាច់ឆ្នាំ២០១៧ នឹងកើនឡើងបានចំណូលសរុបពីលក់សំបុត្រចូលអង្គរប្រហែល ១០០លានដុល្លារ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋាភិបាលបានសម្រេចដំឡើងថ្លៃសំបុត្រសម្រាប់ភ្ញៀវបរទេសពី ២០ដុល្លារសម្រាប់ការទស្សនារយៈពេល ១ថ្ងៃ ទៅ ៣៧ដុល្លារ ពី ៤០ដុល្លារសម្រាប់រយៈពេល ៣ថ្ងៃ ទៅ ៦២ដុល្លារ និងពី ៦០ដុល្លារសម្រាប់មួយអាទិត្យ ទៅ ៧២ដុល្លារ។ ការដំឡើងថ្លៃលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរនេះ គឺយោងទៅលើការសិក្សាផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ឃើញថាថ្លៃលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គឺនៅថោកជាងប្រទេសដទៃទៀតក្នុងពិភពលោកនៅឡើយ។
គ្រឹះស្ថានអង្គរ បានផ្សាយតួលេខនេះកាលពីថ្ងៃទី១ កក្កដា ថា ពេញមួយខែមិថុនា មានភ្ញៀវទេសចរបរទេសចំនួនជាង ១៤ម៉ឺននាក់ (១៤០.៧៦០នាក់) បានទិញប័ណ្ណទស្សនា ហើយចំនួនភ្ញៀវកើនក្នុងអត្រា ១៨ភាគរយ (១៧,៩៩%) ដែលបាននាំចំណូលសរុបចំនួនជាង ៦លានដុល្លារ (៦.២៥៥.៣៧០ដុល្លារ)។ ក្នុងនោះ ប្រាក់ជិត ៦លានដុល្លារ (៥.៩៧២.៨៥០ដុល្លារ) ត្រូវបង់ចូលថវិកាជាតិ ហើយប្រាក់ចំនួនជាង ២៨ម៉ឺនដុល្លារ (២៨១.៥២០ដុល្លារ) ត្រូវឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ករណីនេះ អ្នកតំណាងរាស្ត្រ លោក សុន ឆ័យ លើកឡើងថា កន្លងទៅមានការសង្ស័យពីការគ្រប់គ្រងថវិកាដោយពុំមានតម្លាភាព ជាពិសេសគឺការលក់សំបុត្រតាមមធ្យោបាយនានាពីការមកទិញផ្ទាល់ដោយភ្ញៀវបរទេស៖ «មានក្រុមទេសចរទួរ (Tour) គេបង់ជាមូលប្បទានប័ត្រ (check) ដែលត្រូវក្រុមនេះយកទៅដាក់នៅក្នុងគណនីធនាគារ ដោយឡែករួមទាំងទេសចរខ្លះបង់ជាក្រេឌីត (Credit card) ក៏មិនមានការបញ្ជាក់ថា លុយដែលបង់តាមរយៈធនាគារទាំងអស់នេះ នឹងបូកបញ្ចូលជាមួយនឹងចំណូលដែលបានបង្ហាញ។ នេះជាបញ្ហាដែលត្រូវមានតម្លាភាពហើយ ដូចខ្ញុំស្រាវជ្រាវ ដែលពីមុនធ្លាប់រកបានប្រមាណ ៥០លានក្នុងមួយឆ្នាំ យើងបានឃើញប្រភពមិនត្រឹមត្រូវជាច្រើនករណីដែលអាចថាចំណូលកាលពីនៅ ២០ដុល្លារនោះ ចំណូលគឺអាចរកបានរហូតដល់ជិត ១០០លានក្នុង ១ឆ្នាំ»។
ឆ្លើយតបនឹងការលើកឡើងនេះ អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ លោក សុង តុងហាប់ បញ្ជាក់ថា គ្រឹះស្ថានអង្គរបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៃការគ្រប់គ្រងថវិកានេះ សំដៅរក្សាបាននូវតម្លាភាព។ លោកថា គ្រឹះស្ថានអង្គរនឹងខិតខំបន្តទៀត ធ្វើយ៉ាងណាឲ្យកាន់តែមានតម្លាភាព ហើយនឹងឈានទៅលក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ឬតាមអនឡាញ (Online)៖ «យើងមានបង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ហើយឥឡូវយើងកំពុងបង្កើតប្រព័ន្ធលក់ប័ណ្ណ (សំបុត្រ) តាមអនឡាញ»។
ចំពោះនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា បន្ថែមលើការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតសម្រាប់លក់សំបុត្រ គួរតែមានការផ្សព្វផ្សាយរបាយការណ៍ចំណូលប្រចាំខែដោយលម្អិតពីចំនួនភ្ញៀវដែលបានទិញសំបុត្រ។ លោកថា ការផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបាយការណ៍ នឹងជួយស្រាយចម្ងល់សាធារណជនដែលតែងសង្ស័យពីតម្លាភាពនៃចំណូលពីសម្បត្តិបេតិកភណ្ឌមនុស្សជាតិនេះ៖ «សួរថានៅពេលដែលចំណូលកើនឡើង យើងរីករាយអត់? គឺយើងរីករាយ ប៉ុន្តែនៅពីក្រោយការបង្ហាញទិន្នន័យ បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរ ហើយនិងទឹកប្រាក់ដែលបានមកពីចំណូលហ្នឹង វាជាចំណុចចាំបាច់មួយ។ ប្រសិនបើវាកើនឡើង វាអត់មានតម្លាភាពទេ ការកើនឡើងហ្នឹងវាគ្រាន់តែជាការកើនឡើងតាមរដូវកាលនៃទេសចរណ៍តែប៉ុណ្ណោះ។ អ្វីដែលមហាជនចង់ដឹង ទាំងពលរដ្ឋ ទាំងអ្នកធ្វើគោលនយោបាយ គឺរឿងការប្រៀបធៀបគ្នារវាងភ្ញៀវទេសចរ និងថវិកាដែលបានចំណូល ហើយនិងការគ្រប់គ្រងថវិកាហ្នឹង»។
ក្រុមហ៊ុន សូគីម៉ិច (Sokimex) របស់លោកឧកញ៉ា សុខ គង់ បានគ្រប់គ្រងការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរអស់រយៈពេល ១៧ឆ្នាំ មុនពេលរដ្ឋាភិបាលសម្រេចយកត្រឡប់មកគ្រប់គ្រងដោយខ្លួនឯងវិញ។ ក្នុងរយៈពេលនេះ មានការសង្ស័យជានិច្ចថាថវិកាជាតិមួយចំនួនធំ បានបាត់បង់។
របាយការណ៍កាលពីដើមឆ្នាំ២០១៧ ឲ្យដឹងថា ទេសចរបរទេសដែលចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៦ សរុបមានចំនួនជាង ២លាននាក់ (២.១៩៧.២៥៤នាក់) កើនឡើងជិត ៥ភាគរយ (៤,៦៣%) បើធៀបនឹងឆ្នាំ២០១៥ ក្នុងនោះទទួលបានប្រាក់ចំណូលវិញសរុបជាង ៦២លានដុល្លារ (៦២.៥៨២.២០០ដុល្លារ) កើនឡើង ៤,២១% ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។