Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

"ជនអន្តោប្រវេសន៍​វៀតណាម​ជាង​២​ម៉ឺន​នាក់​កំពុង​រស់​នៅ​​ជុំវិញ​បឹង​ទន្លេសាប"

$
0
0

យុវជន​មួយ​ក្រុម​ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​រក​ឃើញ​ថា នៅ​ក្នុង​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ជន​អន្តោប្រវេសន៍​វៀតណាម កំពុង​រស់​នៅ​ដោយ​ខុស​ច្បាប់​តាម​របៀប​ផ្ទះ​បណ្ដែត​ទឹក​ជាង ២​ម៉ឺន​នាក់។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា បញ្ហា​នេះ​ពិត​ជា​កើត​មាន​មែន​នៅ​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​តែ​ដោះស្រាយ​បណ្ដើរៗ​ដែរ​ហើយ។

ក្រុម​ការងារ "១០០​រាត្រី" ចាត់​ទុក​ថា ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង​នៅ​តាម​បឹង​ទន្លេសាប តាម​រយៈ​ការ​រស់​នៅ​អនាធិបតេយ្យ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម គឺ​ជា​ប្រភព​ដ៏​ចម្បង​ដែល​នាំ​ឲ្យ​បរិស្ថាន​មិន​ល្អ ហើយ​ជាពិសេស​បាន​ជំរុញ​ឲ្យ​ទិន្នផល​នៃ​ប្រភព​ចំណូល​ត្រី​ត្រូវ​ថយ​ចុះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។

របាយការណ៍​ជា​ច្រើន​ទំព័រ​ដែល​ក្រុម​ការងារ "១០០រាត្រី" ទើប​តែ​បញ្ចប់​កាល​ពី​ខែ​មិថុនា បង្ហាញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​ក្នុង​ឃុំ​សង្កាត់​ចំនួន ១០ ចំណុះ​ឲ្យ​ទាំង ២៣​ភូមិ​ជុំវិញ​បឹង​ទន្លេសាប មាន​ជាង ២​ម៉ឺន​នាក់។ របាយការណ៍​ស្រាវជ្រាវ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា តួលេខ​នេះ​គឺ​ហាក់​ផ្ទុយ​ពី​អ្វី​ដែល​អាជ្ញាធរ​ឃុំ-​សង្កាត់ កំពុង​មាន​នៅ​ក្នុង​ដៃ ដែល​ថា​មាន​តែ​ជាង ១​ម៉ឺន​នាក់។

លោក មួង សូនី សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ "១០០រាត្រី" យល់​ឃើញ​ថា របាយការណ៍​ស្រាវជ្រាវ​នេះ​ពុំ​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​រើសអើង​ជាតិ​សាសន៍​ទេ ប៉ុន្តែ​របាយការណ៍​នេះ​នឹង​ក្លាយ​ជា​ជំនួយ​ស្មារតី​ដ៏​សំខាន់​មួយ​ដល់​រដ្ឋាភិបាល។ លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​បាន។ បន្ថែម​ពី​លើ​នេះ​ទៀត លោក មួង សូនី រក​ឃើញ​ថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទាំង​នោះ គឺ​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ទេ៖ «ខ្ញុំ​យល់​ឃើញ​ថា តាម​ការ​សារភាព​របស់​ពួកគាត់​ហើយ​និង​ការ​ប្រាប់​ដោយ​អាជ្ញាធរ ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​គឺ​ថា ពួក​គាត់​ធ្លាប់​មាន​អត្តសញ្ញាណប័ណ្ណ​ដែល​ធ្វើ​ដោយ​ខុស​ច្បាប់»

ច្បាប់​ស្ដីពី​សញ្ជាតិ​ដែល​អនុម័ត​កាល​ពី​ខែ​តុលា ឆ្នាំ​១៩៩៦ មាត្រា​៨ ចែង​ថា ជនបរទេស​ដែល​អាច​ស្នើ​សុំ​សញ្ជាតូបនីយកម្ម​បាន​ត្រូវ​បំពេញ​លក្ខខណ្ឌ ៦​យ៉ាង ក្នុង​នោះ​រួម​ត្រូវ​មាន​លិខិត​ថ្កោលទោស​ដែល​បញ្ជាក់​ថា ពុំ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជាដើម។ ក្រៅ​ពី​នេះ ជនបរទេស​ណា​ដែល​ធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកា​ជាតិ​ចាប់​ពី ១​ពាន់​លាន​រៀល​ទៅ អាច​ស្នើ​សុំ​សញ្ជាតូបនីយកម្ម​បាន។

ជុំវិញ​រឿង​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា រដ្ឋាភិបាល​កំពុង​តែ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​ធ្វើ​ការ​បន្តិច។ លោក​បន្ត​ថា រឿង​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​នេះ ពុំ​មែន​ទើប​តែ​ក្នុង​សម័យ​ទំនើប​នេះ​ទេ៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​ធ្វើ​ពី​ជំហាន​មួយ​មិន​មែន​តក់ក្រហល់​តាម​តែ​ចិត្ត​ចង់​ទេ។ យូរៗ​វា​គង់​តែ​នឹង​អស់ ព្រោះ​នេះ​និយាយ​ដោយ​ត្រង់​ទៅ​ជនអន្តោប្រវេសន៍​នេះ​មិន​មែន​តែ​នៅ​ជំនាន់​យើង​ហ្នឹង​ទេ គិត​ទៅ​តាំង​ពី​ជំនាន់​អង្គ​មី​ម៉េ្លះ»

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ការងារ "១០០រាត្រី" បង្ហាញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់​លើ​ផ្ទះ​បណ្ដែត​ទឹក​គឺ​មាន​ចំនួន ៤៥​ភាគរយ។ តួលេខ​នេះ​គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​ខ្មែរ​សរុប​ដែល​មាន​ប្រមាណ ៥៥​ភាគរយ ដែល​កំពុង​រស់​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែរ។ ទាក់ទិន​រឿង​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​ផ្សាយ​របាយការណ៍​ជំរឿន​របស់​ខ្លួន​បង្ហាញ​ថា ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ២៥​សញ្ជាតិ ក្នុង​នោះ​ជាង ៩៩​ភាគរយ ដែល​ស្មើ​ប្រមាណ ១៦​ម៉ឺន​នាក់ គឺ​ជា​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រជា​សហគមន៍​នេសាទ​​ភូមិ​កោះស្រឡៅ​​ធ្វើ​វីដេអូ​សម្រាប់​យុទ្ធនាការ​តស៊ូ​មតិ​បញ្ឈប់​ការ​បូម​ខ្សាច់

$
0
0

ក្រុម​ស្ត្រី និង​យុវជន​សហគមន៍​នេសាទ​នៅ​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង ជាង ១០​នាក់ ធ្វើ​ដំណើរ​ទៅ​កោះ​ស្មាច់ ដែល​ជា​កន្លែង​ការដ្ឋាន​លាង​ខ្សាច់​ដើម្បី​ថតរូប​វីដេអូ (Video) សម្រាប់​យុទ្ធនាការ​តស៊ូ​មតិ​បញ្ឈប់​ការ​បូម​ខ្សាច់។

លោកស្រី ម៉ូត សុផា ស្ត្រី​នៅ​សហគមន៍​នេសាទ​កោះស្រឡៅ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៨ ខែ​កក្កដា ថ្លែង​ថា សហគមន៍​នេសាទ​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បូម​ខ្សាច់​ជា​ថ្មី ព្រោះ​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ​បាន​បញ្ជូន​គ្រឿងចក្រ ចូក​ខ្សាច់ និង​សាឡង់​ដឹក​ខ្សាច់​ចូល​ទៅ​តំបន់​កោះ​ស្មាច់ ជា​តំបន់​ព្រៃ​ការពារ​ដែល​សហគមន៍​ធ្វើ​នេសាទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ជីវភាព​សហគមន៍​ដែល​ពឹង​លើ​ផល​នេសាទ។ លោកស្រី​បន្ត​ថា ពួកគេ​នឹង​បង្ហោះ​វីដេអូ​នេះ តាម​បណ្ដាញ​សង្គម​ហ៊្វេសបុក (Facebook) ដើម្បី​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បំភ្លឺ​ពី​បញ្ហា​នេះ៖ «ព្រោះ​ពួក​យើង​អត់​ដឹង​រឿង​ការដ្ឋាន​នោះ​មាន​អាជ្ញាប័ណ្ណ ឬ​ក៏​មាន​សិទ្ធិ​អី​យ៉ាង​ម៉េច​យើង​អត់​ដឹង​ទេ សុំ​ឲ្យ​លោក​ខាង​លើ​បំភ្លឺ​វិញ»

ស្ត្រី​នៅ​សហគមន៍​ដដែល​ថ្លែង​ថា សហគមន៍​កោះ​ស្រឡៅ ប្រមាណ ៩០% បាន​ពឹង​ផ្អែក​លើ​មុខរបរ​នេសាទ​នេះ។ លោកស្រី​បន្ត​ការ​បន្ត​អនុញ្ញាត​ឲ្យ​ដាក់​ការដ្ឋាន​លាង​ខ្សាច់​បែប​នេះ​ទៀត​នោះ​ប្រជា​សហគមន៍​នឹង​រងគ្រោះ​ចំពោះ​បញ្ហា​សុខភាព និង​ជីវភាព​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​​បុណ្យ​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់

$
0
0

គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ចូលរួម​ពិធី​បុណ្យ​ខួប​១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ពិធី​បុណ្យ​ខួប ១​ឆ្នាំ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ម៉ោង ២​រសៀល ថ្ងៃ​អាទិត្យ ទី​៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។

រោង​បុណ្យ​ខួប ១​ឆ្នាំ ដើម្បី​រំលឹក​ថ្ងៃ​ស្លាប់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​រួច​រាល់​ហើយ​នៅ​ទីតាំង​ផ្នូរ​បណ្ឌិត កែម ឡី ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូលរួម​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។ លោក កែម រិទ្ធិសិត រៀបរាប់​ថា ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នេះ ក្រុម​គ្រួសារ​នឹង​និមន្ត​ព្រះសង្ឃ ៥១​អង្គ ជា​តំណាង​ឲ្យ​អាយុ​របស់​លោក​បណ្ឌិត កែម ឡី គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ៖ «»។

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ គឺ​ក្រោយ ២​ថ្ងៃ​ដែល​លោក​បាន​វិភាគ​ទៅ​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ដែល​ចេញ​ផ្សាយ និង​រក​ឃើញ​ពី​ជំនួញ​ដ៏​មហិមា​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​បាន​មួយ​ឆ្នាំ ភរិយា​របស់​លោក​បណ្ឌិត គឺ​លោកស្រី ប៊ូ រចនា ដែល​បាន​នាំ​កូនប្រុស​ទាំង​៥ រត់​គេច​ខ្លួន​ពី​កម្ពុជា បាន​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន និង​ការ​លះបង់​ជីវិត​ប្ដី​លោកស្រី​ដើម្បី​សង្គម​ជាតិ បើ​ទោះ​ជា​លោកស្រី និង​កូនៗ មាន​ការ​នឹករលឹក​ប្ដី និង​ឪពុក​ជា​ខ្លាំង​ក៏ដោយ។

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ចូលរួម​ពិធី​បុណ្យ​ខួប ១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ផ្នូរ​របស់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា វេលា​ម៉ោង ២​កន្លះ​រសៀល។

​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ប្រាប់​ថា មិន​ថា​តែ​អ្នក​នយោបាយ ឬ​ពលរដ្ឋ​ទូទៅ​ទេ ក្រុម​គ្រួសារ​នៃ​សព​ស្វាគមន៍ និង​អំពាវនាវ​ឲ្យ​ចូលរួម​ទាំង​អស់។ លោក​ប្រាប់​ថា បងប្រុស​លោក​កាល​នៅ​រស់​ជា​មនុស្ស​ឯករាជ្យ ទោះ​បក្ស​ប្រឆាំង ឬ​បក្ស​កាន់​អំណាច ក៏​បងប្រុស​លោក​មិន​ដែល​ញញើត​ក្នុង​ការ​រិះគន់​នោះ​ទេ ដូច្នេះ​នៅ​ថ្ងៃ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គ្រួសារ​សព​ក៏​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​អាច​ចូលរួម​ក្នុង​ពិធី​បុណ្យ​បាន៖ «»។

រយៈពេល​១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី គ្រួសារ​របស់​លោក​បណ្ឌិត បាន​បែក​បាក់​សាច់​ញាតិ​បង​ប្អូន ដោយ​លោក​បណ្ឌិត​ស្លាប់ ប្រពន្ធ​កូន​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា ឯ​អ្នក​ម្ដាយ​របស់​បណ្ឌិត កែម ឡី មួយ​ឆ្នាំ​មក​នេះ លោក កែម រិទ្ធិសិត ប្រាប់​ថា មិន​ដែល​បាន​ឃើញ​ស្នាម​ញញឹម​របស់​អ្នក​ម្ដាយ​លោក​នោះ​ទេ ក្រៅពី​ទៅ​វត្ត​ដោយ​ភាព​ស្រងូតស្រងាត់។ ម្ដាយ​លោក​មានតែ​ទឹកភ្នែក​រលីងរលោង នឹក​កូន​នៅ​មុខ​ផ្នូរ​តែប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា លោក កែម រិទ្ធិសិត នៅ​តែ​សង្ឃឹម​យុត្តិធម៌​សម្រាប់​គ្រួសារ និង​សព។ លោក​ថា លុះ​ណា​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​ឯករាជ្យ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ជាង​១០០​ស្នើ​រដ្ឋាភិបាល​ឲ្យ​អន្តរជាតិ​ចូល​រួម​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ដោយ​ទទូច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​សំណើ​របស់​សង្គម​ស៊ីវិល​ដែល​ចង់​ឲ្យ​អន្តរជាតិ​លូកដៃ​ស៊ើប​អង្កេត​ករណី​លោក កែម ឡី មិន​អាច​ធ្វើ​បាន​ឡើយ និង​ព្រមាន​សង្គម​ស៊ីវិល​ទាំង​នោះ​ថា កុំ​សន្និដ្ឋាន​ករណី​បាញ់​សម្លាប់ កែម ឡី ផ្ដេសផ្ដាស ប្រយ័ត្ន​ជាប់​គុក​ដូច​អ្នក​តាមដាន​សង្គម និង​នយោបាយ លោក គឹម សុខ។

១​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នៅ​តែ​យល់​ថា យុត្តិធម៌​មិន​ទាន់​មាន​នៅ​ឡើយ​ចំពោះ​លោក កែម ឡី សាច់ញាតិ និង​សហការី​របស់​លោក កែម ឡី ព្រោះ​ការ​ស៊ើបអង្កេត​មិន​ទាន់​មាន​តម្លាភាព និង​មន្ទិលសង្ស័យ​ជា​ច្រើន​មិន​ទាន់​បកស្រាយ​នៅ​ឡើយ។

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​ចំនួន ១០៧​ស្ថាប័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​កក្កដា ស្នើ​ដោយ​ទទូច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។

​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល​ដែល​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​នេះ ឲ្យ​ដឹង​បន្ថែម​ពី​សេចក្ដី​ថ្លែងការណ៍​នេះ​ថា មាន​តែ​មធ្យោបាយ​ស៊ើប​អង្កេត​ឯករាជ្យ និង​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​ទេ ទើប​អាច​រក​យុត្តិធម៌​ជូន​លោក កែម ឡី បាន។ លោក​យល់​ថា ប្រសិន​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ស៊ើបអង្កេត​ករណី​ឃាតកម្ម លោក កែម ឡី  ត្រូវ​តែ​ឲ្យ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ ឬ​អង្គការ​សហប្រជាជាតិ៖ «នៅ​តែ​មាន​ក្ដី​សង្ឃឹម ប្រសិនបើ​រដ្ឋាភិបាល​នឹង​អាជ្ញាធរ​លោក​ឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ករណី​លោក​បណ្ឌិត កែម ឡី»

​ក្រៅ​ពី​សំណូមពរ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ ក្រុម​សង្គម​ស៊ីវិល​សំណូមពរ​ឲ្យ​ផ្ដល់​ភស្តុតាង​ពេញលេញ រាប់​ទាំង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ពី​ដំណើរ​រឿង​នៃ​ឃាតកម្ម​នេះ។

ទាក់ទង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា និង​ដែន​អធិបតេយ្យ​ក្នុង​នាម​ជា​រដ្ឋ​មួយ មិន​អាច​អនុញ្ញាត​ឲ្យ​​បរទេស​លូកដៃ​ស៊ើបអង្កេត​ករណី​លោក កែម ឡី បាន​ទេ។ លោក​ពន្យល់​ថា ការ​ធ្វើ​បែប​នេះ ស្មើ​នឹង​ដាក់​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​បរទេស​សា​ជា​ថ្មី៖ «យើង​ឯករាជ្យ​ហើយ​តើ ចាំបាច់​ទៅ​ពឹង​ពាក់​បរទេស​ឲ្យ​ជួយ​ស៊ើប​អង្កេត​អី​ទៀត? បាន​ន័យ​ថា អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ចង់​ឲ្យ​កម្ពុជា ជា​ប្រទេស​ក្រោម​អាណានិគម​បរទេស»

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជា​ច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក​ហៅ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ស្ដីពី «តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?»។ លោក​ចូល​រួម​​បកស្រាយ​លើ​ប្រធានបទ​នេះ បន្ទាប់​ពី​មាន​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) លាតត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយករដ្ឋមន្ត្រី ដើម្បី​ក្ដោបក្ដាប់​ជំនួញ សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ករណី​ឃាតកម្ម​បើ​អ្នក​ណា​ហ៊ាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ធ្វើ គឺ​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ភ្លាម ដូចជា​ករណី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ជា​ឧទាហរណ៍។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ព្រមាន​អង្គការ​សង្គម​ស៊ីវិល​ថា កុំ​ចេះតែ​ប៉ាន់ស្មាន​លើ​ករណី​ឃាតកម្ម​លោក កែម ឡី ផ្ដេសផ្ដាស ប្រយ័ត្ន​ជាប់​គុក​ដូច​លោក គឹម សុខ៖ «យល់​អី​យល់​ទៅ កុំ​គិត​លើស​ហ្នឹង ប្រយ័ត្ន​ជាប់​គុក​ដូច គឹម សុខ»

​ដោយ​ឡែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា មាន​ហេតុផល​ពីរ​ដែល​រដ្ឋាភិបាល​មិន​ឲ្យ​អន្តរជាតិ​ចូលរួម​ស៊ើប​អង្កេត​សំណុំរឿង​បាញ់​សម្លាប់​លោក កែម ឡី។ លោក​ថា ការ​ដែល​និយាយ​ពី​ដែន​អធិបតេយ្យភាព​ប្រទេស​របស់​ខ្លួន​ជាង​រឿង​មួយ ប៉ុន្តែ​ហេតុផល​មួយ​ទៀត បើ​មាន​អន្តរជាតិ​ចូលរួម​ស៊ើប​អង្កេត នោះ​នឹង​ត្រូវ​គាស់​រំលើង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​យល់​ថា បើ​ទោះ​វីដេអូ​ភស្តុតាង​បញ្ជាក់​ថា អាច​មាន​អ្នក​សមគំនិត​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​នេះ​ក្ដី ប៉ុន្តែ​មាន​តែ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់​ប៉ុណ្ណោះ ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​សវនាការ​ខ្វះ​ការ​ជជីក​សួរ​ដេញ​ដោល​សាក្សី ឬ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ។ ប្រភព​ដដែល​យល់​ថា ប្រសិនបើ​គ្មាន​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​ករណី​បណ្ឌិត កែម ឡី ជំនឿ​ចិត្ត​របស់​សាធារណជន​លើ​ប្រព័ន្ធ​យុត្តិធម៌​នឹង​កាន់តែ​បាត់បង់​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បន្ត​​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុនឈាម

$
0
0

គ្រុនឈាម គឺ​ជា​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ បើ​អាណាព្យាបាល​មិន​ចាប់​អារម្មណ៍​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ទេ។ ត្បិត​បច្ចុប្បន្ន​ជំងឺ​នេះ​ពុំ​មាន​ស្ថានភាព​ឆ្លង​រាតត្បាត​ខ្លាំង​ដូច​មុន ប៉ុន្តែ​មន្ត្រី​សុខាភិបាល​នៅ​តែ​បារម្ភ និង​ត្រៀម​បង្ការ​ជានិច្ច។ នៅ​ខេត្ត​កំពង់ឆ្នាំង ស្ថានភាព​ជំងឺ​គ្រុនឈាម​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៧ ថយ​ចុះ​ជាង​ឆ្នាំ​២០១៦ ប៉ុន្តែ​ភ្នាក់ងារ​សុខាភិបាល នៅ​តែ​ចុះ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ។

ដូច​រាល់​ឆ្នាំ​ដែរ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ចេញ​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក និង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បង្ការ និង​លុបបំបាត់​ជំងឺ​គ្រុន​ឈាន។ ក្នុង​រយៈ​ពេល ២៧​សប្ដាហ៍ ដើម​ឆ្នាំ​២០១៧ មាន​ករណី​ជំងឺ​គ្រុន​ឈាម ៤៥​ករណី ពុំ​មាន​មនុស្ស​ស្លាប់ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ក៏ពុំ​មាន​ករណី​មនុស្ស​ស្លាប់​ដែរ តែ​ចំនួន​អ្នក​ជំងឺ​មាន​រហូត​ដល់ ១៤៤​នាក់។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ថ្លែង​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ការ​ថយ​ចុះ​នៃ​ករណី​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​នេះ អាច​មក​ពី​ពលរដ្ឋ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​វិធី​លុបបំបាត់​ប្រភព​មូស​ខ្លា និង​យក​កូន​ចៅ​មក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​បាន​ទាន់​ពេល។ ទោះ​ជា​យ៉ាង​ណា លោក​ថា ភ្នាក់ងារ​សុខាភិបាល​មិន​ធ្វេសប្រហែស​ចំពោះ​ជំងឺ​ឆ្លង​នេះ​ឡើយ​នៅ​រដូវ​វស្សា៖ «យើង​បាន​ដាក់​នៅ​ខាង​បរិបូរណ៍ កំពង់លែង នៅ​ឃុំ​ច្រណូក និង​ភូមិ​កង្កែប យើង​បាន​ដាក់ ហើយ​នៅ​ខាង​កំពង់ត្រឡាច បាន​ដាក់​នៅ​បួន​ឃុំ ហើយ​មាន​ថ្មឥត ពានី ច្រេស និង​ឃុំ​អូរឫស្សី ហើយ​អាបែត​យើង​កំពុង​ចែកចាយ​មាន​ន័យ​ថា បញ្ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន មាន​ន័យ​ថា បញ្ជូន​ដល់​ឃុំ»

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​ចាប់​ផ្ដើម​ឆ្លង​រាតត្បាត​ពី​ខែ​ឧសភា ដល់​ខែ​តុលា រាល់​ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន បញ្ជាក់​ថា បើ​ក្នុង​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ឱកាស​នៃ​ការ​កកើត​មូល​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​នោះ​មិន​សូវ​មាន​ឡើយ។ ប៉ុន្តែ​បើ​ភ្លៀង​រអាក់រអួល​នោះ ប្រភព​ដែល​អាច​កកើត​មូស​ខ្លា​នឹង​មាន​ច្រើន ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​សម្អាត​បរិវេណ​ជុំវិញ​ផ្ទះ ឬ​ដាក់​ថ្នាំ​សម្លាប់​មូស។

ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បន្ថែម​ថា ភ្នាក់ងារ​សុខាភិបាល​បាន​ចុះ​ដាក់​ថ្នាំ​សម្លាប់​មូស និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​កំពង់​ត្រឡាច បរិបូរណ៍ និង​ស្រុក​កំពង់លែង រួច​ហើយ។ លោក​ថា ថ្នាំ​សម្លាប់​មូស​មាន​គ្រប់គ្រាន់​កំពុង​បញ្ជូន​ទៅ​តាម​មណ្ឌល​សុខភាព និង​ការិយាល័យ​ប្រតិបត្តិ​សុខាភិបាល​តាម​ស្រុក ខណៈ​មន្ទីរ​ត្រៀម​បរិក្ខារ​ពេទ្យ ឬ​ថ្នាំ​សម្រាប់​ជួយ​អ្នក​ជំងឺ​ដែរ៖ «សម្ភារៈ​ត្រៀប​បម្រុង​មាន​អាបែត និង​ថ្នាំ​បាញ់ បើ​ផ្ទុះ​ខ្លាំង ឬ​ច្រើន​យើង​ត្រូវ​អន្តរាគមន៍​ដោយ​ការ​បាញ់​ថ្នាំ ហើយ​យើង​មាន​ស៊ីរ៉ូម​ក្នុង​ការ​ជួយ​សង្គ្រោះ និង​ព្យាបាល​ប្រសិន​បើ​មាន​ករណី​ហ្នឹង​ច្រើន»

ក្រសួង​សុខាភិបាល បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ក្រោម​ប្រធានបទ "រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម" កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់​ឲ្យ​លប់​បំបាត់​ជម្រក​ដង្កូវ​ទឹក កុំ​ឲ្យ​កើត​មូស​ខ្លា និង​នាំ​កូន​ទៅ​ពេទ្យ​ជា​បន្ទាន់ បើ​សង្ស័យ​ថា​មាន​ជំងឺ​គ្រុន​ឈាម។ បន្ថែម​លើ​នេះ បើ​បងប្អូន​ឃើញ​ករណី​ជំងឺ​គ្រុន​ក្ដៅ​ច្រើន​ខុស​ធម្មតា​ក្នុង​ភូមិ ឬ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន សូម​ផ្ដល់​ព័ត៌មាន​ទៅ​មន្ត្រី​សុខាភិបាល​ដែល​នៅ​ជិត​បងប្អូន​បំផុត ឬ​អាច​រាយការណ៍​តាម​ទូរស័ព្ទ​មក​កាន់​លេខ ១១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អភិបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាប់​ខ្លួន​អ្នក​រំលោភ​យក​ដី​ព្រៃឈើ​និង​ដី​ឆ្នេរ​សមុទ្រ

$
0
0

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាប់​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​កាប់​រាន​ដី​ព្រៃឈើ​រដ្ឋ​បម្រុង​ទុក និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស បើ​ពួក​គេ​នៅ​បន្ត​ធ្វើ​សកម្មភាព​ទាំងនោះ​តទៅទៀត។

សារ​ព្រមាន​របស់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​នេះ​បាន​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ដែល​បាន​ចាក់​បេតុង​ថ្ម​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ​រាម មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ហើយ​ថ្ងៃ​បន្ទាប់​មក ត្រូវ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឃុំ​ខ្លួន​បុរស​ជា​ប្ដី​ដាក់​ពន្ធនាគារ។

លោក យន្ត មីន បាន​ព្រមាន​ថា នឹង​មិន​លើកលែង​ឲ្យ​ជន​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​ដី​ព្រៃឈើ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទៀត​ទេ​នា​ថ្ងៃ​ខាង​មុខ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចូលរួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ ឬ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​នៅ​សេសសល់​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​គង់វង្ស ដើម្បី​រួម​ចំណែក​ទាក់ទាញ​ទេសចរ៖ «»

ទោះ​បី​ជា​មាន​សារ​ព្រមាន​ពី​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បែប​ណា​ក្តី ក៏ប៉ុន្តែ​រាល់​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​នៅ​តាម​ទីតាំង​មួយ​ចំនួន​នា​ស្រុក​ព្រៃនប់ ត្រូវ​ជន​ខិលខូច​មួយ​ចំនួន​បាន​បន្ត​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ដី​ចំណី​ឆ្នេរ​សមុទ្រ​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ជាដើម គឺ​ឃើញ​មាន​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ឆ្នេរ​សមុទ្រ​បាន​បន្ត​កើត​មាន ហើយ​ករណី​នេះ អាជ្ញាធរ​មិន​បាន​ឃាត់​ខ្លួន​ជន​ប្រព្រឹត្តិ​ល្មើស​នោះ​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី គាំទ្រ​សារ​ព្រមាន​ផ្លូវ​ច្បាប់ ដើម្បី​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព ដោយ​មិន​ត្រូវ​ឲ្យ​មាន​បក្សពួក​និយម ឬ​អនុវត្ត​ច្បាប់​រើស​មុខ​ទៅ​លើ​ជន​ប្រព្រឹត្តិ​ល្មើស​នោះ​ទេ៖ «»

តាម​ការ​កត់​សម្គាល់​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ និង​ជនល្មើស​ប៉ុនប៉ង​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាង ២០​នាក់ បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នេះ​ផ្ដន្ទាទោស ក្នុង​នោះ​មាន​ជនល្មើស​ចូល​កាប់​រាន​ដី​ព្រៃឈើ​រដ្ឋ​បម្រុង​ទុក​នៅ​លើ​កោះរ៉ុង មាន​ចំនួន ២០​នាក់ ហើយ​ថ្មីៗ​នេះ តុលាការ​ក៏​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ ២​នាក់​ទៀត ចោទ​ពី​បទ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​រាន​ព្រៃ​នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ និង​ការ​ប៉ុនប៉ង​រំលោភ​ដី​ចំណី​ឆ្នេរ​សមុទ្រ​រាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ពលរដ្ឋ​នៅ​តែ​ពិបាក​ទទួល​បាន​យុត្តិធម៌​ខណៈ​ក្រសួង​យុត្តិធម៌​សរសើរ​តុលាការ"

$
0
0

សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​តែ​ពិបាក​ស្វែងរក​យុត្តិធម៌​ពី​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​នេះ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​សរសើរ​ដល់​ប្រធាន​សាលា​ដំបូង​ទាំងអស់ ថា​បាន​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដំណើរការ​របស់​តុលាការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ផ្ដល់​នូវ​សេវា​លើ​វិស័យ​យុត្តិធម៌។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​លើក​ឡើង​ថា គេ​មិន​ពិបាក​ក្នុង​ការ​វាយតម្លៃ​លើ​ប្រព័ន្ធ​យុត្តិធម៌​សព្វថ្ងៃ​នេះ​ឡើយ ព្រោះ​នៅ​តែ​ឮ​សំឡេង ឬ​មតិ​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​នៅ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែល​ពួក​គាត់​នៅ​តែ​ចេញ​តវ៉ា​នៅ​ពេល​មិន​អាច​ទទួល​បាន​យុត្តិធម៌​ដោយ​ងាយស្រួល​នោះ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ប្រសិន​បើ​ពលរដ្ឋ​អាច​ទទួល​បាន​យុត្តិធម៌​ដោយ​ស្រួល​ពី​ស្ថាប័ន​តុលាការ ប្រហែល​មិន​មាន​ការ​ទទូច​ពី​អង្គការ​ជាតិ អន្តរជាតិ និង​សហគមន៍​អន្តរជាតិ ដែល​ចង់​ឲ្យ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​ជា​ស្ថាប័ន​ឯករាជ្យ និង​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ឆន្ទានុសិទ្ធិ និង​មិន​ស្ថិត​ក្រោម​និន្នាការ​នយោបាយ។ លោក​បន្ត​ថា រយៈពេល​កន្លង​ទៅ ពលរដ្ឋ​នៅ​តែ​រអ៊ូរទាំ​ជាច្រើន​អំពី​ប្រព័ន្ធ​យុត្តិធម៌ និង​ចង់​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ពិតប្រាកដ៖ «កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​វា​ត្រូវ​កំណែ​ទម្រង់​ទាំងអស់ គឺ​ទាក់ទង​មន្ត្រី​នគរបាល​យុត្តិធម៌ ធនធាន​បុគ្គលិក​ក្នុង​តុលាការ ព្រម​ទាំង​ធនធាន​ព្រះរាជអាជ្ញា និង​ចៅក្រម ជាដើម»

កាល​ពី​ថ្ងៃ​ទី​៧ កក្កដា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​និយាយ​អំពី​តួនាទី និង​ភារកិច្ច​របស់​ប្រធាន​សាលា​ដំបូង ដោយ​បាន​សរសើរ​ថា ប្រធាន​សាលា​ដំបូង​ទាំងអស់​បាន​ពុះពារ​រាល់​ការ​លំបាក​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​មាន​ស្ថិរភាព និង​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ផ្ដល់​សេវា​លើ​វិស័យ​យុត្តិធម៌​ដល់​សាធារណជន បើ​ទោះ​ជា​ស្ថាប័ន​តុលាការ​នៅ​ខ្វះខាត​ថវិកា មធ្យោបាយ សម្ភារៈ រួម​ទាំង​ធនធាន​មនុស្ស​ក្ដី។

លោក អំ សំអាត បញ្ជាក់​ថា ប្រធាន​តុលាការ គឺ​គ្រាន់​តែ​ជា​អ្នក​ចាត់ចែង​រដ្ឋបាល​ទូទាំង​នៅ​តុលាការ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ គឺ​ចៅក្រម ឬ​ព្រះរាជអាជ្ញា ត្រូវ​ហ៊ាន​សម្រេច​ក្ដី​ដោយ​ផ្អែក​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ច្បាស់លាស់ និង​លុប​បំបាត់​ឲ្យ​អស់​នូវ​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ។

កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ក្រសួង​យុត្តិធម៌ បាន​ដាក់​ចេញ​ការ​អនុវត្ត​យុទ្ធនាការ ១០០​ថ្ងៃ ដើម្បី​វាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ​នៅ​កម្ពុជា។ ក្រសួង​យុត្តិធម៌ ពន្យល់​ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ជាពិសេស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ដោយ​តម្រូវ​ឲ្យ​មាន​ការ​ឲ្យ​តម្លៃ​ពី​ប្រសិទ្ធភាព​ការងារ​របស់​តុលាការ​គ្រប់​រាជធានី-ខេត្ត ព្រម​ទាំង​បញ្ហា​ប្រឈម​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​របាយការណ៍​សង្ខេប​មួយ​ស្ដីពី​ហានិភ័យ​នៃ​សំឡេង​រិះគន់ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​លីកាដូ (LICADHO) នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ យ៉ាង​ហោច​ណាស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ១២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​មិន​ត្រឹមត្រូវ ដោយ​ប្រើប្រាស់​តុលាការ​ដែល​មិន​ឯករាជ្យ ដើម្បី​គាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ហើយ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ ពលរដ្ឋ​យ៉ាង​តិច​ចំនួន ៧​នាក់ ស្ថិត​ក្នុង​ពន្ធនាគារ។

មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​មាន​មន្ត្រី​របស់​លោក​ចំនួន ៥​នាក់​ទើប​ត្រូវ​បាន​ដោះលែង​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១​ឆ្នាំ ដោយសារ​កាតព្វកិច្ច​ការពារ​សិទ្ធិ​មនុស្ស​នោះ គឺ​លោក សំ ច័ន្ទគា ថ្លែង​ថា តុលាការ​នេះ​ហើយ​គឺ​ជា​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ពិតប្រាកដ ហើយ​សង្គម​ស៊ីវិល​ដែល​ឈ្មោះ​ជា​អ្នក​សិទ្ធិ​មនុស្ស​នោះ គឺ​គ្រាន់​តែ​ជា​អ្នក​តាម​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ៖ «កិច្ចការ​ទាំងអស់​នេះ​វា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​កែទម្រង់ និង​ជំរុញ​ឲ្យ​ខ្លាំង​ថែម​ទៀត​មិន​អាច​ធ្វើ​សើៗ​បាន​ទេ»

ក្រុម​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ទាំងនេះ បញ្ជាក់​ថា នៅ​ក្រោយ​មាន​ការ​រិះគន់ និង​ការ​ផ្ដល់​អនុសាសន៍​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ជាដើម ស្ថាប័ន​តុលាការ​ហាក់​មាន​ការ​កែទម្រង់​តិចតួច​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​ស្នើ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឡើង​វិញ​ពី​ការ​ផ្ទេរ​ភារកិច្ច​ស្នងការ​ខេត្ត​មណ្ឌលគិរី

$
0
0

ក្រសួង​មហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ច​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី គ្រា​ដែល​លោក​ទើប​បំពេញ​ភារៈ​ជា​ស្នងការ​ប៉ូលិស​បាន ២​ឆ្នាំ​តែ​ប៉ុណ្ណោះ។ រហូត​ដល់​ពេល​នេះ មិន​មាន​ប្រភព​ផ្លូវការ​បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​ភារកិច្ច​នេះ​មក​ពី​ហេតុផល​អ្វី​ទេ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​មួយ​ចំនួន សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ។

បណ្ដាញ​ព័ត៌មាន​សង្គម ឬ​ហ្វេសប៊ុក (Facebook) របស់​ពលរដ្ឋ និង​មន្ត្រី​រាជការ​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី បាន​បង្ហោះ​រូបភាព និង​បញ្ចេញ​មតិ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត បន្ទាប់​ពី​ស្នងការ​ប៉ូលិស​ខេត្ត​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ផ្ទេរ​ភារកិច្ច​កាល​ពី​ដើម​ខែ​កក្កដា។

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក តូច យ៉ុន ត្រូវ​បាន​តែងតាំង​ចូល​កាន់​តំណែង​កាល​ពី​ចុង​ឆ្នាំ​២០១៥ គ្រា​ដែល​លោក​ឋិត​ក្នុង​តំណែង​ជា​ស្នងការ​រង​ប៉ូលិស​ខេត្ត ដែល​ត្រូវ​កាន់​តួនាទី​ជំនួស​ស្នងការ​ប៉ូលិស លោក ញ៉ែម វ៉ាន្នី ដែល​ត្រូវ​ផ្ទេរ​ទៅ​បំពេញ​ភារកិច្ច​នៅ​ក្រសួង​មហាផ្ទៃ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូស្យាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង លោក អ៊ីវ សុខខឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ការ​ផ្ទេរ​ភារកិច្ច​អតីត​ស្នងការ​ប៉ូលិស​ខេត្ត គឺ​ជា​ការ​បាត់បង់​មន្ត្រី​ម្នាក់​ដែល​បំពេញ​ភារៈ​បម្រើ​រាស្ត្រ​បាន​ត្រឹមត្រូវ និង​មាន​សីលធម៌​ការងារ​ល្អ ហ៊ាន​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដោយ​គ្មាន​ការ​រើសអើង។ លោក​ថា មិន​បាន​ដឹង​ថា​តើ​មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ប្រព្រឹត្ត​ខុស​អ្វី​ធ្ងន់ធ្ងរ​ក្នុង​តួនាទី​នោះ​ទេ ក៏ប៉ុន្តែ​ពលរដ្ឋ​ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ឡើង​វិញ​ពី​ការ​ផ្ទេរ​ភារកិច្ច​ស្នងការ​ប៉ូលិស​ដែល​បំពេញ​តួនាទី​បាន​ល្អ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សុំ​អធិប្បាយ​ពី​មូលហេតុ​នៃ​ការ​ផ្ទេរ​ភារកិច្ច​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក៏​មិន​បាន​ដឹង​ពី​ហេតុផល​ដូច​គ្នា។ លោក​ទទួល​ស្គាល់​ថា ស្នងការ​ប៉ូលិស​រូប​នេះ​ពិត​ជា​មាន​ការ​គាំទ្រ និង​មាន​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ និង​កង​នគរបាល​ក្នុង​អង្គភាព និង​មិន​ចង់​មាន​ការ​ផ្លាស់ប្ដូរ​មន្ត្រី​ប៉ូលិស​នោះ​ទេ៖ «ដូច​ប្រជាពលរដ្ឋ​គាត់​លើក​ឡើង​អ៊ីចឹង​មែន​ហើយ ប៉ុន្តែ​ការ​ដោះដូរ​តម្រូវការ​របស់​ថ្នាក់​លើ​ជា​រឿង​ធម្មតា មិន​អាច​ថា​គាត់​ខុស​នេះ​ខុស​នោះ​បាន​ដក យើង​មិន​អាច​ដឹង​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ក្នុង​អាណត្តិ​គ្រប់គ្រង​រយៈពេល ២​ឆ្នាំ​របស់​អតីត​ស្នងការ ក៏​មាន​ចំណុច​អវិជ្ជមាន​ទាក់ទិន​ការ​ដឹកនាំ​អង្គភាព​ប៉ូលិស​ដូច​គ្នា ដូចជា បញ្ហា​អន្តោប្រវេសន៍​វៀតណាម ចូល​មក​ប្រព្រឹត្ត​បទល្មើស​ធ្វើ​ជំនួញ និង​កាប់​ឈើ​ខុស​ច្បាប់ បញ្ហា​មន្ត្រី​នគរបាល​មូលដ្ឋាន​មិន​បាន​សហការ​ល្អ​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ពី​សិទ្ធិ​មនុស្ស និង​ជាពិសេស​បទល្មើស​ព្រៃឈើ​កើត​ឡើង​នៅ​តំបន់​អូរហ៊ុច ដែល​ពាក់ព័ន្ធ​កង​នគរបាល​ព្រំដែន​កាល​ពី​ខែ​មេសា កន្លង​ទៅ៖ «យើង​អាច​សន្មត​ថា​ក្រសួង​មហាផ្ទៃ ខាង​ស្ថាប័ន​អធិការកិច្ច​គេ​អាច​រក​ឃើញ​កំហុស​ឆ្គង ក៏ដូច​ការ​ដឹកនាំ​នៅ​មាន​ការ​ខ្វះខាត​របស់​គាត់»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អតីត​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក តូច យ៉ុន ថ្លែង​ថា ការ​ផ្ទេរ​ភារកិច្ច​លោក​ពេល​នេះ គឺ​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ ហេតុ​នេះ​លោក​ត្រូវ​តែ​គោរព​តាម៖ «ខ្ញុំ​អត់​មាន​ទោមនស្ស​ទេ ថ្នាក់​លើ​ឲ្យ​ទៅ​ណា ក៏​ការងារ​ដែរ ព្រោះ​កង​កម្លាំង​ស្តាប់​បង្គាប់​បញ្ជា»

មន្ត្រី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ពិធី​ផ្ទេរ​ភារៈ​ស្នងការ​ប៉ូលិស គឺ​លោក តូច យ៉ុន អាច​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ក៏ប៉ុន្តែ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ខ្លះ​រិះគន់​ថា ការ​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រងាក​ចិត្ត ខ្លះ​ទៀត​បញ្ចេញ​ទស្សនៈ​ថា ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​ស្រឡាញ់​លោក​ស្នងការ រួម​ជាមួយ​បង្ហោះ​រូបថត​ស្នាដៃ និង​សកម្មភាព​របស់​ស្នងការ​ដែល​បាន​ចុះ​ជួយ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ និង​មន្ត្រី​កង​នគរបាល​នៅ​តាម​មូលដ្ឋាន។

ក្រសួង​មហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ច​លោក តូច យ៉ុន ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​ព្រំដែន​ក្រសួង​មហាផ្ទៃ និង​តែងតាំង​ស្នងការ​ប៉ូលិស​ខេត្ត​តាកែវ លោក អ៊ុក សំណាង មក​បំពេញ​ភារកិច្ច​ជា​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ​រំឭក​ដល់​បណ្ឌិត កែម ឡី

$
0
0

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៩ កក្កដា រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ គណបក្ស​នេះ​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ថ្មី​មួយ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ថ្លែង​ក្នុង​ពិធី​នេះ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​បន្ថែម​ទៀត ពីព្រោះ​ថា ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី រយៈពេល ១​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​នៅ​ឡើយ។

លោក យ៉េង វីរៈ បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ស្នើសុំ​ឲ្យ​ភាគី​អន្តរជាតិ មក​ជួយ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​គោរព​ស្រឡាញ់​លោក កែម ឡី៖ «វា​នៅ​លើ​ថា​តើ​រដ្ឋាភិបាល​យើង​ហ្នឹង ស្វាគមន៍​ឬ​អត់? ទទួល​ឬ​អត់? បើ​យើង​អញ្ជើញ​គេ ពេល​ហ្នឹង​គេ​មិន​មែន​មក​ត្រួត​យើង គេ​ចូល​មក​ផ្ដេសផ្ដាស​ឯណា គឺ​គេ​ចូល​មក​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​ជា​ភាគី ហើយ​បើ​សិន​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​យើង ក្នុង​នាម​ជា​តំណាង​រដ្ឋ​អធិបតេយ្យ​មួយ​អញ្ជើញ​គេ វា​ជា​រឿង​ធម្មតា​ទេ ហើយ​មាន​ឧទាហរណ៍​ដែល​យើង​រៀបចំ​ដែល​កំពុង​ដំណើរការ​មក​ដល់​ថ្ងៃ​នេះ គឺ​តុលាការ​ខ្មែរ​ក្រហម​នេះ គឺ​ជា​ឧទាហរណ៍​មួយ​ដែល​យើង​បើក​ច្រក​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា មេធាវី​អន្តរជាតិ ដែល​គេ​មាន​ជំនាញ​ក្នុង​ការ​ស៊ើប​អង្កេត​ក្នុង​ការ​កាត់​ក្ដី​សំណុំ​រឿង​ប្រល័យ​ពូជសាសន៍​ជាដើម ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ១​ឆ្នាំ ឧទ្ទិស​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ដែល​មាន​អ្នក​ចូលរួម​ជាង ៦០​នាក់ នៅ​ឯ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ចំណែក​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន លើក​ឡើង​ថា លោក​បណ្ឌិត កែម ឡី គឺ​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​និយាយ​ការពិត​ពី​បញ្ហា​សង្គម​ហើយ និង​នយោបាយ​ឥត​ខ្លាច​រអា៖ «អ៊ីចឹង​យើង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ស្ថាប័ន​តុលាការ រក​ការពិត​ឲ្យ​ឃើញ​ចំពោះ​លោក​បណ្ឌិត កែម ឡី»

លោក​បញ្ជាក់​ថា បណ្ឌិត កែម ឡី ចង់​ឃើញ​យុត្តិធម៌​សម្រាប់​សង្គម​ខ្មែរ ហើយ​លោក​ក៏​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន មាន​ការ​រៀបចំ​អភិបាលកិច្ច​ល្អ​សម្រាប់​ប្រទេស​ជាតិ​ដែរ។

បើ​ទោះ​ជា​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​មក​លើ​បណ្ឌិត កែម ឡី ក្ដី ប៉ុន្តែ​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត នៅ​តែ​ចាត់​ទុក​ថា ការ​ស៊ើប​អង្កេត​របស់​តុលាការ​ហាក់​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។

បុណ្យ​គម្រប់​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​គណៈកម្មការស៊ើប​អង្កេត​ឲ្យ​ឯករាជ្យ​មួយ ព្រោះ​ការ​ស៊ើប​អង្កេត​កន្លង​ទៅ​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​ជា​ផ្លូវការ​ពី​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល ដែល​សុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ស៊ើប​អង្កេត​បន្ថែម​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​រារាំង​សង្គម​ស៊ីវិល​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារ​ម៉ាត​កាល់តិច

$
0
0

កង​កម្លាំង​សមត្ថកិច្ច និង​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ចំការមន ប្រហែល ៣០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ពង្រាយ​រារាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​នាក់ ដែល​បាន​នាំ​គ្នា​យក​បាច់​ផ្កា​ឈូក និង​រូបថត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារ​ម៉ាត (Star Mart) នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ ជា​ទី​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី ១​ឆ្នាំ​មុន។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា សិទ្ធិ​សេរីភាព​ជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​ខ្ទប់ និង​រឹតត្បិត​យ៉ាង​ខ្លាំង។ អ្នកស្រី​បញ្ជាក់​ថា គ្រាន់​តែ​ស្នើសុំ​រយៈពេល ២​ម៉ោង​ក្នុង​ការ​រៀបចំ​កៅអី​តម្កល់​រូបថត​លោក​បណ្ឌិត កែម ឡី និង​យក​បាច់​ផ្កា​ឈូក​មក​គោរព​វិញ្ញាណក្ខន្ធ​នៅ​ហាង​ស្ដារ​ម៉ាត កាល់តិច គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក បែរ​ជា​អាជ្ញាធរ​ចុះ​មក​រំខាន និង​រារាំង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទៅ​វិញ។


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ចូលរួម​ពិធី​បុណ្យ​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

$
0
0

ប្រជាពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល បក្ស​នយោបាយ សហគមន៍​មាន​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់ និង​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​ជា​ហូរហែ​នៅ​ស្រុក​កំណើត​របស់​បណ្ឌិត កែម ឡី ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា។

ពិធី​បុណ្យ​ខួប ១​ឆ្នាំ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ម៉ោង ២​រសៀល ថ្ងៃ​អាទិត្យ ទី​៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ក្រុម​គ្រួសារ នឹង​និមន្ត​ព្រះសង្ឃ ៥១​អង្គ ជា​តំណាង​ឲ្យ​អាយុ​របស់​លោក​បណ្ឌិត កែម ឡី គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចម្លើយ​សារភាព​របស់ ជួប សម្លាប់ ជាច្រើន​ចំណុច​ប្រាប់​តុលាការ​មិន​មែន​ជា​ការពិត

$
0
0

​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​​ខួប​គម្រប់ ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​កាហ្វេ​ក្នុង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ជាង ៨​ខែ​ក្រោយ​មក ជន​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយ​ពេល​សារភាព​ថា ខ្លួន​ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី រឿង​ជំពាក់​លុយ ៣​ពាន់​ដុល្លារ។

តើ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ការ​វិវឌ្ឍន៍​បែប​ណា​ខ្លះ?

ទោះ​បី​ជា​តុលាការ​រក​ឃើញ​ថា បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជា​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ក៏ដោយ​ចុះ ក៏​សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មន្ទិល និង​ភាព​មិន​ស៊ីសង្វាក់​គ្នា​ជាច្រើន​ចំណុច ដែល​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​ជឿ​ថា អឿត អាង ហៅ ជួប សម្លាប់ ជា​ឃាតក​ពិត​នោះ​ទេ។

អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ បាន​សារភាព​ប្រាប់​តុលាការ​ថា ដើម​ហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គឺ​ដោយសារ​ខ្លួន​ខឹង​នឹង​បណ្ឌិត កែម ឡី ដែល​ឆបោក​លុយ ៣​ពាន់​ដុល្លារ និង​មិន​គោរព​តាម​ពាក្យ​សន្យា​សង់​ផ្ទះ​ឲ្យ​ខ្លួន​នៅ​តំបន់​បឹង​ត្រកួន​ជាប់​ព្រំដែន​ថៃ។

លុយ ៣​ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

អឿត អាង អះអាង​ទៀត​ថា ខ្លួន​បាន​ស្គាល់​បណ្ឌិត កែម ឡី និង​ហ៊ាន​រហូត​ដល់​ឲ្យ​ខ្ចី​លុយ ៣​ពាន់​ដុល្លារ​នោះ តាម​រយៈ​បុគ្គល​ម្នាក់​ដែល​រូប​គេ​ហៅ​ឈ្មោះ​ថា ពូ លិស ដែល​បាន​ស្គាល់​គ្នា​នៅ​ប្រទេស​ថៃ។

ផ្អែក​លើ​ចម្លើយ​ទាំងនេះ បូក​រួម​ទាំង​ការ​សារភាព​ថា​ខ្លួន​ជា​ឃាតក​តែ​ម្នាក់​គត់ មិន​មាន​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង បាន​ធ្វើ​ឲ្យ​តុលាការ​កាត់​ទោស អឿត អាង ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន។

តើ​ចម្លើយ​សារភាព​របស់ អឿត អាង ដែល​នាំ​ទៅ​រក​ការ​កាត់​ទោស​រូប​គេ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​មាន​ភាព​ត្រឹមត្រូវ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ដល់​កម្រិត​ណា?

ការ​អះអាង​របស់ អឿត អាង ប្រាប់​តុលាការ ស្តាប់​មើល​ហាក់ដូចជា​បុគ្គល​រូប​នេះ​បាន​រស់នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ស្គាល់​មនុស្សម្នា​ច្រើន​នៅ​តំបន់​ចំការគ ក៏ប៉ុន្តែ​តាម​ការពិត អឿត អាង គ្មាន​ប្រវត្តិ​រស់នៅ​តំបន់​នោះ​ឡើយ ហើយ​ក៏​មិន​អាច​មាន​ដីធ្លី​ជា​កេរ​អាករ ឬ​ជា​ទ្រព្យ​សម្បត្តិ​អ្វី​នៅ​តំបន់​ដាច់ស្រយាល​មួយ​នេះ​ដែរ។

អនុប្រធាន​ភូមិ​ចំការគ គឺ​លោក ប៉ុន អឿន ដែល​បាន​ទៅ​រស់នៅ និង​ធ្វើ​ជា​អាជ្ញាធរ​ភូមិ​នេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​នោះ អះអាង​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​ក្នុង​ភូមិ​របស់​លោក​មាន​ឈ្មោះ អឿត អាង ឬ​មួយ​ក៏​ឈ្មោះ ជួប សម្លាប់ នោះ​ទេ។ លើស​ពី​នេះ លោក​ថា​គ្មាន​ការ​ទិញ​លក់​ដី​ណា​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ចំការគ ដែល​មាន​ម្ចាស់​ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ នោះ​ឡើយ។ លោក​កាន់​តែ​ច្បាស់​ក្នុង​ចិត្ត ដោយសារ​បាន​ឃើញ​ជន​នោះ​តាម​កញ្ចក់​ទូរទស្សន៍ ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី៖ «អត់​ទេ! អត់​ដែល​ស្គាល់​ទេ មែន​នៅ​ក្នុង​ភូមិ​នេះ​ផង​ហ្នឹង។ អត់​ដែល​មាន​ទេ ឮ​តែ​គេ​ថា​នៅ​ស្វាយចេក តែ​មិន​ដែល​ឃើញ​មក​ទីនេះ​ផង​ហ្នឹង»

មិន​មែន​តែ អឿត អាង ឬ ជួប សម្លាប់ នោះ​ទេ សូម្បី​តែ​ឈ្មោះ លិស ដែល អឿត អាង បាន​ប្រាប់​តុលាការ​ថា​ជា​អ្នក​ណែនាំ​ឲ្យ​គាត់​ស្គាល់​បណ្ឌិត កែម ឡី នោះ ក៏​មិន​មាន​នៅ​ក្នុង​ភូមិ​របស់​លោក​ដែរ។ ចំណែកឯ​បណ្ឌិត កែម ឡី វិញ ក៏​មិន​ដែល​មាន​វត្តមាន​ក្នុង​ភូមិ​ចំការគ ដូច​គ្នា។

ងាក​ទៅ​តំបន់​បឹង​ត្រកួន វិញ ក៏​គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ ធ្លាប់​ស្គាល់ ឬ​ដឹង​ឮ​ពី​ឈ្មោះ អឿត អាង ឈ្មោះ លិស និង​បណ្ឌិត កែម ឡី ដែរ។

ពលរដ្ឋ​ម្ចាស់​ស្រុក អាជីវករ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​បឹង​ត្រកួន អះអាង​ដូច​គ្នា​ថា មិន​ដែល​ឃើញ​មុខ​អ្នក​ទាំង​បី​មក​ដល់​តំបន់​ដាច់ស្រយាល​ក្បែរ​ព្រំដែន​ថៃ នេះ​ឡើយ។

ចម្លើយ​សារភាព​របស់ អឿត អាង ទាក់ទង​នឹង​វត្តមាន​របស់​គាត់​នៅ​តំបន់​ចំការគ និង​បឹង​ត្រកួន​នេះ គួរ​តែ​ជា​ចំណុច​សំខាន់​ដែល​តុលាការ​សួរ​ដេញដោល​ឲ្យ​បាន​ស៊ី​ជម្រៅ​កាល​ពី​អំឡុង​សវនាការ​លើ​អង្គ​សេចក្តី​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ មុន​នឹង​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តុលាការ​បាន​មើល​រំលង​ចំណុច​នេះ។

ចម្លើយ​សារភាព​មិន​ត្រឹមត្រូវ​មួយ​ទៀត​របស់ អឿត អាង គឺ​ទាក់ទង​នឹង​ឈ្មោះ។ “ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល” គឺ​ជា​សម្ដី​ដែល អឿត អាង ប្រកាស​ប្រាប់​តុលាការ​ថា ខ្លួន​មាន​ឈ្មោះ​តែ​មួយ​គត់​ពី​កំណើត គឺ ជួប សម្លាប់ ហើយ​គាត់​ថែម​ទាំង​អះអាង​ថា បាន​ដឹង​ថា​ខ្លួន​មាន​ឈ្មោះ ជួប សម្លាប់ នេះ តាំង​តែ​ពី​អាយុ ១០​ឆ្នាំ ខណៈ​រស់នៅ​តំបន់​ចំការគ។

តាម​ការ​អះអាង​របស់​លោកស្រី ឯក តាប់ ដែល​ជា​ម្តាយ​របស់ អឿត អាង កូន​នេះ​បាន​រស់នៅ​ជាមួយ​គាត់​នៅ​ឡើយ​នៅ​ពេល​អាយុ ១០​ឆ្នាំ គឺ​រស់នៅ​ក្នុង​ភូមិ​ទន្លេស ឃុំ​នគរភាស ស្រុក​អង្គរជុំ ហើយ​ក្រោយ​មក គាត់​បាន​ទៅ​រស់នៅ​ជាមួយ​អ៊ំ​ប្រុស​របស់​គេ​នៅ​ឃុំ​គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប មុន​នឹង​ចូល​ធ្វើ​ជា​ទាហាន​រដ្ឋ​កម្ពុជា ប្រចាំ​នៅ​ស្រុក​អង្គរជុំ នៅ​អាយុ ១៥​ឆ្នាំ។ ដូច្នេះ អឿត អាង ទំនង​ជា​មិន​មែន​ជា​អ្នក​ស្រុក​ចំការគ ខេត្ត​បន្ទាយមានជ័យ ដូច​ការ​អះអាង​របស់​គាត់​ឡើយ។

លោកស្រី ឯក តាប់ អះអាង​ទៀត​ថា គាត់​ជា​អ្នក​ដាក់​ឈ្មោះ​កូន​ថា អឿត អាង តាំង​តែ​ពី​កំណើត​មក​ម្ល៉េះ មិន​មែន​ឈ្មោះ ជួប សម្លាប់ នោះ​ទេ៖ «ពេល​ទៅ​ធ្វើ​ទាហាន​នោះ គេ (អឿត អាង) ទៅ​នៅ​ជាមួយ​នឹង​អ៊ំ​ខាង​ឪពុក នៅ​ភូមិ​ទន្លេស ហ្នឹង​ឯង ប៉ុន្តែ​សព្វថ្ងៃ​គាត់​ខូច (ស្លាប់) បាត់​ហើយ»

ចំណុច​សំខាន់​មួយ​ទៀត គឺ​លុយ​ចំនួន ៣​ពាន់​ដុល្លារ​ដែល អឿត អាង អះអាង​ថា​បាន​ឲ្យ​បណ្ឌិត កែម ឡី ខ្ចី​នេះ ក៏​អាច​ជា​រឿង​មិន​ពិត​ដូច​គ្នា។ អ្នក​ដែល​ហ៊ាន​អះអាង​បែប​នេះ គឺ​អាចារ្យ​វត្ត មិត្តភ័ក្ដិ​ជិតស្និទ្ធ ហើយ​និង​ប្រពន្ធ​របស់ អឿត អាង ផ្ទាល់​តែ​ម្តង។

អនុប្រធាន​គណៈកម្មការ​អាស្រម​ភ្នំ​ពើង​តានន់ លោក លន់ លាន អះអាង​ថា អឿត អាង ដែល​កាលនោះ​នៅ​ជា​សង្ឃ ធ្លាប់​បាន​ស្នាក់នៅ​អាស្រម​ភ្នំ​ពើង​តានន់ បាន​រយៈពេល​ប្រហែល ៣​ឆ្នាំ តែ​ក្រោយ​មក​បាន​សឹក​ទៅ​វិញ ដោយសារ​ផ្ទុះ​រឿង​អាស្រូវ​លួច​សេព​មេថុន។ ពេល​លាចាក​សិក្ខាបទ​នោះ លោក​ថា អឿត អាង មិន​មាន​សេសសល់​លុយកាក់​ឡើយ៖ «ដូច​មិន​មែន​បណ្ឌិត កែម ឡី ទៅ​ខ្ចី​លុយ ៣​ពាន់​ពី អឿត អាង ទេ។ ឋានៈ​ប៉ុណ្ណឹង​ទៅ​ខ្ចី​លុយ ឲ្យ​គេ​សម្លាប់​នោះ ខ្ញុំ​មិន​ជឿ​ទេ។ ពេល​លាចាក​សិក្ខាបទ មិន​មាន​សេសសល់​អ្វី​ទេ។ ចេញ​ពី​វត្ត​នេះ​ទៅ ទៅ​បិណ្ឌបាត​បាត់​មួយ​អាទិត្យ ទើប​ត្រឡប់​មក​វិញ ហើយ​សឹក​នៅ​ស្រុក​ពួក»

ចំណែក​ឯ​លោក អ៊ំ អឿង ដែល​ជា​ក្លើ​របស់ អឿត អាង វិញ ក៏​អះអាង​ដូច​គ្នា​នេះ​ដែរ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​សឹក អឿត អាង បាន​សុំ​ផ្ទះ​លោក​ស្នាក់នៅ​ក្នុង​ភូមិ​នគរភាស២ ឃុំ​នគរភាស ស្រុក​អង្គរជុំ ហើយ​ពេល​នោះ អឿត អាង មាន​តែ​សម្ពាយ​ជាប់​ខ្លួន​មួយ​ប៉ុណ្ណោះ ដែល​ក្នុង​សម្ពាយ​នោះ​មាន​ខោ​អាវ​ប៉ុន្មាន​កំប្លេ និង​សៀវភៅ​ប៊ិក​មួយ​ចំនួន។ អឿត អាង ខ្លួន​ឯង​ក៏​បាន​ប្រាប់​លោក​ដែរ​ថា ខ្លួន​មិន​មាន​លុយកាក់​សេសសល់​អ្វី​នោះ​ទេ។ លោក​មិន​ជឿ​ថា អឿត អាង ដែល​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន​នោះ មាន​ដីធ្លី​នៅ​តំបន់​ចំការគ និង​លុយ ៣​ពាន់​ដុល្លារ​ឲ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ឡើយ៖ «បើ​វា (អឿត អាង) មាន វា​មិន​មក​នៅ​អត់​ឃ្លាន​នៅ​ទីនេះ​ទេ។ តាំង​ពី​សឹក​មក វា​នៅ​តែ​ឃុំ​នគរភាស នេះ​ទេ។ បើ​មាន​ដី​លក់ មនុស្ស​នេះ​វា​មិន​ដែល​អត់​ឃ្លាន​អ៊ីចឹង​ទេ កុំ​ច្រឡំ​នោះ»

រីឯ​លោកស្រី ហឿម ហ៊ត់ ដែល​ជា​ប្រពន្ធ​របស់ អឿត អាង វិញ ក៏​អះអាង​ដែរ​ថា ក្រោយ​ពេល​សែនព្រេន​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ អឿត អាង មិន​ដែល​មាន​ទ្រព្យ​សម្បត្តិ​អ្វី​ប្រគល់​ឲ្យ​លោកស្រី​ឡើយ ហើយ​ក៏​មិន​បាន​ប្រកប​របរ​អ្វី​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដែរ។ ផ្ទុយ​ទៅ​វិញ អឿត អាង មាន​តែ​យក​ម៉ូតូ​ដែល​លោកស្រី​ខំ​ទិញ​ឲ្យ យក​ទៅ​លក់​បាន​ប្រាក់​យក​ទៅ​លេង​ល្បែង​ចាញ់​អស់​ជាច្រើន​រយ​ដុល្លារ​ថែម​ទៀត៖ «គាត់​អត់​មាន​បាន​រក​ចំណូល​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែលឮ​ថា គាត់​មាន​ទ្រព្យ​របស់​អ្វី​ឡើយ។ គាត់​មិន​ដែល​មាន​លុយ​ជាប់​ខ្លួន​ទេ បើ​គាត់​មាន ១​ម៉ឺន២​ម៉ឺន​រៀល គាត់​ឲ្យ​មក​ខ្ញុំ​ហើយ»


ជា​រួម ចម្លើយ​សារភាព​ទាំង​អម្បាលម៉ាន​របស់ អឿត អាង ទាក់ទង​នឹង​តំបន់​ចំការគ និង​បឹង​ត្រកួន នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ នោះ មិន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ព័ត៌មាន​ពិត​ជាក់ស្តែង​នៅ​តំបន់​នោះ​ឡើយ ក៏ប៉ុន្តែ​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ជួប សម្លាប់ ដែល​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នោះ បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក យុង ផានិត ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ ជួប សម្លាប់ បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​នេះ គឺ​ដោយសារ​កូន​ក្តី​របស់​លោក​ដឹង​កំហុស និង​ចង់​ឲ្យ​តុលាការ​សម្រាល​ទោស​ដើម្បី​មាន​ឱកាស​កែ​ខ្លួន។

ទោះ​ជា​បែប​នេះ​ក្តី សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា ការ​ផ្ដន្ទាទោស​នេះ​ធ្វើ​ឡើង​ដោយ​តក់ក្រហល់​បន្សល់​នូវ​ភាព​មន្ទិល​សង្ស័យ​ជាច្រើន​ចំណុច។

ដូច​បាន​បញ្ជាក់​ពី​ខាង​ដើម​ហើយ​ថា លុយ ៣​ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា ខ្លួន​បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​តំបន់​ចំការគ។ ចុះ​បើ​រូប​គាត់​គ្មាន​ដីធ្លី​ទ្រព្យ​សម្បត្តិ​អ្វី​នៅ​តំបន់​នោះ​ផង តើ​គេ​អាច​មាន​លុយ ៣​ពាន់​ដុល្លារ​នោះ​មក​ពីណា? ហើយ​បើ​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ​ម្រាក់​ក្លើ រួម​ទាំង​អ្នក​ធ្លាប់​ស្គាល់ អឿត អាង ផង សុទ្ធតែ​អះអាង​ដូច​គ្នា​ថា បុគ្គល​នេះ​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន​ផង​នោះ តើ​ហេតុ​ដូចម្ដេច​បាន​ជា​គាត់​អាច​មាន​លុយ​រាប់​ពាន់​ដុល្លារ​ឲ្យ​បណ្ឌិត កែម ឡី ខ្ចី​ទៅ​កើត ខណៈ​អ្នក​ទាំង​ពីរ​មិន​ដែល​ស្គាល់​គ្នា​ផង​នោះ?

ដូច្នេះ​មាន​ន័យ​ថា អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ អាច​មាន​មូលហេតុ​ផ្សេង​នៅ​ពី​ក្រោយ ដែល​មិន​មែន​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ។

នៅ​ត្រង់​ចំណុច​នេះ សំណួរ​ដែល​ត្រូវ​បាន​សាធារណជន​ចោទ​ឡើង ថា​តើ​ហេតុ​អ្វី​បាន​ជា​តុលាការ​សម្រេច​កាត់​ទោស ជួប សម្លាប់ ដោយ​ប្រញាប់ប្រញាល់​បែប​នេះ? តើ​ហេតុ​អ្វី​បាន​ជា​មាន​តែ ជួប សម្លាប់ ម្នាក់​គត់​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស? តើ​សំណុំ​រឿង​មួយ​ទៀត​ស្ដីពី​បទ​លាក់​ទុក និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត​នោះ នឹង​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា​អ្នក​លក់​កាំភ្លើង​ឲ្យ ជួប សម្លាប់ អ្នក​ទទួល​ឲ្យ ជួប សម្លាប់ ស្នាក់នៅ​ក្នុង​ក្រុង​ភ្នំពេញ ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ យក​មក​ផ្ដន្ទាទោស​បាន​ដែរ​ឬ​យ៉ាង​ណា?

ទាំង​សាធារណមតិ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ចង់​ដឹង​ចម្លើយ​តប​នឹង​ចម្ងល់​ទាំងនេះ ហើយ​ប្រសិន​បើ​តុលាការ​អាច​ស្រាយ​ចម្ងល់​ទាំងនេះ​បាន ស្ថាប័ន​ជាតិ​មួយ​នេះ​អាច​នឹង​បញ្ចៀស​បាន​នូវ​ការ​រិះគន់​ដែល​ថា ស្ថាប័ន​នេះ​អសមត្ថភាព ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​បុរីកីឡា​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

$
0
0

ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា ប្រមាណ ២០​នាក់ នៅ​ថ្ងៃ​ទី​៩ កក្កដា រៀបចំ​ពិធី​សាសនា​នៅ​សហគមន៍​បុរីកីឡា រាជធានី​ភ្នំពេញ ដើម្បី​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​មួយ​ឆ្នាំ​មុន។

ប្រជាពលរដ្ឋ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​បួន​អង្គ ដើម្បី​ធ្វើ​បុណ្យ​ជូន​លោក​បណ្ឌិត កែម ឡី។ ពួក​គេ​បាន​អង្គុយ​សំពះ​ស្តាប់​ព្រះធម៌​នៅ​លើ​តង់​កៅស៊ូ ដែល​ក្រាល​លើ​ផ្លូវ​ខាង​ក្រោយ​អគារ​បុរីកីឡា ដែល​សាងសង់​ថ្មី។ ព្រះសង្ឃ​គង់​លើ​គ្រែ​ដែល​ប្រក់​តង់​កៅស៊ូ​ពណ៌​បៃតង។

ជុំវិញ​គ្រែ​នេះ មាន​បិទ​រូប​បណ្ឌិត កែម ឡី ដែល​ផុស​ចេញ​ពី​ទង់ជាតិ​ប្រទេស​កម្ពុជា មាន​រូប​បណ្ឌិត កែម ឡី ពាក់​មួក​ស្លឹក​ត្នោត រូប​លោក​ឈរ​សំពះ និង​រូប​លោក ឈុត វុទ្ធី ឈរ​ពី​មុខ​ឡាន​នៅ​ក្នុង​ព្រៃ ប៉េងប៉ោង​ពណ៌​ផ្កាឈូក ទង់​ជាតិ ទង់​សាសនា។ តុ​ដាក់​បាយសី​មួយ​គូ និង​កូន​ចេក​មួយ​ដើម ថាស​ផ្លែឈើ​មួយ ទៀន​មួយ​គូ និង​ថូ​ដាក់​ជើង​ធូប​មួយ។ ព្រះពុទ្ធរូប​ត្រូវ​គេ​តម្កល់​លើ​កៅអី​ពណ៌​ឈាម​ជ្រូក ដាក់​ពី​លើ​ធុង​ទឹកកក​ពណ៌​ក្រហម។

អ្នក​ដែល​ចូលរួម​មាន​ចាស់​ក្មេង ខ្លះ​ពាក់​អាវ​យឺត​ពណ៌ មាន​រូប​បណ្ឌិត កែម ឡី ខ្លះ​ពាក់​អាវ​សារ៉ូ​ស និង​ក្រមា​ពានា​ពណ៌​ស។ ភាគច្រើន​លើសលស់​នៃ​អ្នក​ចូលរួម ជា​ស្ត្រី។ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឈរ​មើល​ការ​រៀបចំ​ពិធី​សាសនា​នេះ​ដែរ ហើយ​អ្នក​ខ្លះ​អើត​មើល​ពី​លើ​អគារ​ពី​ជាន់​ទី​បី។

ទោះ​បី​ជា​យ៉ាង​ណា មិន​មាន​ការ​ប៉ះ​ទង្គិច​រវាង​អាជ្ញាធរ និង​សហគមន៍​បុរីកីឡា​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​មាន​ជម្លោះ​ដីធ្លី លោកស្រី សរ ស៊ន បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ការ​រៀបចំ​ពិធី​សាសនា​នេះ ដើម្បី​តប​ស្នង​គុណ​បណ្ឌិត កែម ឡី៖ «»

ក្រោយ​ពេល​ចប់​កម្មវិធី​សូត្រ​មន្ត អ្នក​ចូលរួម​ពិធី​នេះ​ម្នាក់​ទៀត លោកស្រី អ៊ូ យឿន ថ្លែង​រំឭក​ថា លោកស្រី​បាន​រៀនសូត្រ​ពី​រឿងរ៉ាវ​សង្គម​តាម​រយៈ​ការ​ចែក​រំលែក​របស់​បណ្ឌិត កែម ឡី តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ៖ «»

ចំណែក​លោកស្រី សៅ ពៅ ជា​អ្នក​ចូលរួម​ម្នាក់​ទៀត សង្កេត​ឃើញ​ថា មួយ​ឆ្នាំ​ក្រោយ​មក យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី មិន​ទាន់​រក​ឃើញ​នៅ​ឡើយ៖ «»

នៅ​ថ្ងៃ​ទី​១០ កក្កដា សហគមន៍​បុរីកីឡា នឹង​នាំ​គ្នា​ទៅ​ចូលរួម​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យូណេស្កូ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

$
0
0

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO) បាន​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ​ថា “តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក” មាន​គុណ​តម្លៃ​លេចធ្លោ​ជា​សាកល ហើយ​បាន​សម្រេច​ចុះ​តំបន់​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា។ រាជ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ។

ការ​សម្រេច​ចុះ​បញ្ជី "តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក” ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤១ ក្នុង​ទីក្រុង​ក្រាកូហ្វ (Krakow) ប្រទេស​ប៉ូឡូញ។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា បញ្ជាក់​ថា ការ​ចុះ​បញ្ជី "តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក” ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ នឹង​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា ដូចជា​ការ​ទទួល​បាន​ជំនួយ​បន្ថែម​សម្រាប់​ការ​ជួសជុល​ថែទាំ​ប្រាសាទ និង​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ ជាដើម៖ «យើង​អាច​បាន​ទទួល​ថវិកា​ក្នុង​ខ្ទង់​ដែល​ច្បាប់​អន្តរជាតិ​មាន​ចែង ដើម្បី​យក​មកធ្វើ​ការ​អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទ​សំបូរ​ព្រៃ​គុក របស់​យើង។ យើង​សង្ឃឹម​ថា នឹង​អាច​មាន​កំណើន​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀតមក​កាន់​កម្ពុជា និង​អាច​រំលែក​ការ​ណែនណាន់​តាន់តាប់​នៅ​ឯ​ប្រាសាទ​អង្គរវត្ត ទៅ​កាន់​ប្រាសាទ​សំបូរ​ព្រៃ​គុក និង​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ធំៗ​នានា»

លោក​បន្ត​ថា មាន​ប្រាសាទ​ជាច្រើន​ដែល​ត្រូវការ​ការ​សង្គ្រោះ ការ​អភិរក្ស ឬ​អភិវឌ្ឍ ដូច្នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​សិក្សា​មើល ថា​តើ​ប្រាសាទ​ណា​ទៀត​ដែល​នឹង​ត្រូវ​ស្នើ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​បន្ត​ទៀត​នោះ។

ទាក់ទង​នឹង​ការ​ចុះ​បញ្ជី “តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក” ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ហ្វេសប៊ុក (facebook) របស់​លោក​ថា នេះ​ជា​មោទនភាព​ជាតិ​ថ្មី​មួយ​ទៀត ហើយ​លោក​ក៏​បាន​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​មន្ត្រី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ប្រឹងប្រែង​ថែរក្សា​ការពារ​អភិរក្ស និង​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ចំណែក​ឯ​ស្ថានទូត​ជប៉ុន ក៏​បាន​ផ្ញើ​សារ​អបអរ​សាទរ​ការ​ចុះ “តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក” ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ដែរ។

ក្នុង​លិខិត​មួយ​ច្បាប់​ចេញ​ផ្សាយ​ដោយ​ស្ថានទូត​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (Ambassador Hidehisa HORINOUCHI) មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា​ការ​ដាក់​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នឹង​រឹតតែ​ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នៃ​តំបន់​សំបូរ​ព្រៃ​គុក​នេះ និង​បន្ត​ថែរក្សា​តំបន់​នេះ​បាន​ខ្ជាប់ខ្ជួន​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។

លោក​ថា លោក​បាន​ទៅ​ទស្សនា​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ដោយ​ផ្ទាល់​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​ពិធី​បញ្ចប់​ការ​ជួសជុល​តួ​ប្រាសាទ ហើយ​លោក​មាន​ក្តី​រំភើប​ដោយ​សម្រស់​ប្រាសាទ និង​ធម្មជាតិ​នៅ​ហ៊ុមព័ទ្ធ​ជុំវិញ។ លោក​បន្ត​ទៀត​ថា តំបន់​ប្រវត្តិសាស្ត្រ​សំបូរ​ព្រៃ​គុក​នេះ​មាន​ប្រាសាទ​សង់​ពី​ឥដ្ឋ​ល្អ​ឥត​ខ្ចោះ​ជាច្រើន​នៅ​សម័យ​មុន​អង្គរ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​វិសេសវិសាល និង​ដើម​កំណើត​ដ៏​សំបូរ​បែប​នៃ​វប្បធម៌​ខ្មែរ និង​បាន​បន្ត​រហូត​មក​ដល់​សម័យ​អង្គរ។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ វ៉ាសេដា (Waseda) នៃ​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​សាស្ត្រាចារ្យ តាកេស៊ី ណាកាហ្កាវ៉ា (Takeshi Nakagawa) បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​អស់​រយៈពេល​ជាង ២០​ឆ្នាំ។

រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ជា​អតីត​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា មាន​ឈ្មោះ​ថា​រាជធានី ឥសានបុរៈ ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ឥសាន​វរ្ម័នទី១ នា​សតវត្ស​ទី​៧។ ក្រុម​ប្រាសាទ​នៅ​តំបន់​សំបូរ​ព្រៃ​គុក សាងសង់​ឡើង​ពី​ឥដ្ឋ ថ្ម​បាយ​ក្រៀម និង​ថ្មភក់ ហើយ​មាន​ចំនួន​ជិត ៣០០​ប្រាសាទ (២៩៣)

តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​វប្បធម៌​រូបី​របស់​កម្ពុជា ទី​បី​ហើយ​ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់​ពី​ប្រាសាទ​អង្គរវត្ត​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០០៨។ ចំណែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​រួច​រួម​មាន របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ចាប៉ី​ដង​វែង ល្បែង​ទាញព្រ័ត្រ និង​បណ្ណាសារ​ប្រល័យ​ពូជសាសន៍​ទួលស្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះមហាក្សត្រ​និង​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​និង​ការពារ​ព្រៃឈើ

$
0
0

ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​ថ្ងៃ​ទី​៩ ខែ​កក្កដា ព្រះមហាក្សត្រ និង​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដុះ ការពារ​ព្រៃឈើ ហើយ​ត្រូវ​ចូលរួម​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​បរបាញ់​គ្រប់​រូបភាព។ រីឯ​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ជាជាង​គ្រាន់​តែ​អំពាវនាវ​បង្គ្រប់​កិច្ច និង​យក​ប្រជាប្រិយភាព។

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧ បាន​យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​រុក្ខទិវា​លើក​ទី​២៧ ដែល​ប្រារព្ធ​ឡើង​នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ពិធី​នោះ គឺ​មាន​ការ​ដាំ​កូន​ឈើ​ប្រភេទ​គ្រញូង ធ្នង់ និង​គីនីន ជិត ១​ម៉ឺន​ដើម (.៨៣០​ដើម) នៅ​លើ​ផ្ទៃដី​ប្រមាណ ១០​ហិកតារ។

ក្នុង​ឱកាស​នោះ ព្រះមហាក្សត្រ​ក៏​បាន​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​ទាំងអស់ មេត្តា​រួម​គ្នា​ការពារ​ភ្លើង​ឆេះ​ព្រៃ បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃឈើ​ជា​កម្មសិទ្ធិ ការ​កាប់​ឈើ​ខុស​ច្បាប់ ការ​បរបាញ់ ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឡើង​វិញ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត។ ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​បញ្ជាក់​ទៀត​ថា ការ​ដាំ​ឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ គឺ​ផ្តល់​នូវ​បុណ្យ​កុសល​ដ៏​ប្រពៃ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប ហើយ​ធ្វើ​ឲ្យ​មូលដ្ឋាន​មាន​ទេសភាព​ពណ៌​បៃតង និង​រស់​រវើក​គ្រប់​ពេល​រដូវ​កាល។

ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក ចូលរួម​អបអរ​សាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ដែរ។ លោក ហ៊ុន សែន សរសេរ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បណ្ដុះ​គំនិត​នៃ​ការ​ស្រឡាញ់​ដើមឈើ និង​ចូលរួម​ដាំ​ដុះ ថែរក្សា ការពារ​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រស់នៅ​របស់​ខ្លួន​ផង សហគមន៍​ផង និង​ជីវិត​សត្វ​ព្រៃ​គ្រប់​ប្រភេទ ព្រម​ទាំង​ប្រព័ន្ធ​ជីវចម្រុះ​ដែរ។ លោក​បន្ត​ថា ប្រទេស​ជាតិ​ដែល​សម្បូរ​ព្រៃឈើ គឺ​បាន​ជួយ​យ៉ាង​ច្រើន​ដល់​បញ្ហា​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ។

ទោះ​បី​ជា​មាន​ការ​អំពាវនាវ​រាល់​ឆ្នាំ​ក្តី ប៉ុន្តែ​សកម្មជន​ព្រៃឈើ នៅ​តែ​ត្រូវ​បាន​រក​ឃើញ​ថា ព្រៃឈើ​កម្ពុជា នៅ​តែ​រង​ការ​កាប់​ជួញដូរ​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ចូល​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ស្វាគមន៍​ចំពោះ​បុណ្យ​រុក្ខទិវា ៩ កក្កដា ប៉ុន្តែ​លោក​ថា ការ​ការពារ​ព្រៃឈើ​មិន​មែន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ ដោយ​គ្រាន់​តែ​ដាំ​ដើមឈើ ហើយ​ថត​ផ្សាយ​ក្នុង​ទូរទស្សន៍​នោះ​ទេ។ លោក អ៊ូច ឡេង មើល​ឃើញ​ថា ការ​អំពាវនាវ​របស់​រដ្ឋាភិបាល គ្រាន់​តែ​បង្ហាញ​ដើម្បី​យក​ប្រជាប្រិយភាព និង​ជា​ការ​ធ្វើ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ការ​លើក​ឡើង​ដូចនេះ ដោយ​លោក​សំអាង​ថា មាន​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​សុទ្ធតែ​ជា​អ្នក​រក​ស៊ី​ឈើ រហូត​ក្លាយ​ជា​អ្នក​មាន និង​ឧកញ៉ា។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​នោះ គឺ​ត្រូវ​បិទ​អាជីវកម្ម​រក​ស៊ី​ឈើ ជាពិសេស​ត្រូវ​តែ​បិទ​រោងចក្រ​អារ​ឈើ សិប្បកម្ម​កែច្នៃ​ឈើ​ទាំងអស់ និង​បិទ​ការ​នាំ​ចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ចម្បង​ក្នុង​ការ​នាំ​ចេញ​ឈើ​ពី​ប្រទេស​កម្ពុជា៖ «»

នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន រម្លឹក​ថា បុណ្យ​រុក្ខទិវា​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​គោល​បំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​ថែរក្សា​សម្បត្តិ​ព្រៃឈើ ជាពិសេស​ដើម្បី​ថែរក្សា ការពារ និង​បណ្ដុះ​គំនិត​ស្រឡាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ។ ពិធី​បុណ្យ​នេះ ក៏​មាន​គោលដៅ​បង្កើន​គម្រប​ព្រៃឈើ និង​ដើម្បី​កាត់​បន្ថយ​កម្ដៅ​ភព​ផែនដី​ផង​ដែរ។

ទោះ​បី​បុណ្យ​រុក្ខទិវា​នេះ​មាន​អាយុកាល​យូរ​យ៉ាង​ណា​ហើយ​ក្តី ប៉ុន្តែ​ការ​ស្រាវជ្រាវ​អំពី​ព្រៃឈើ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​បាត់បង់​ព្រៃឈើ​ជា​បន្តបន្ទាប់។

របាយការណ៍​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ឬ EIA (Environmental Investigation Agency) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា និង​ឯកសារ​ភស្តុតាង​បន្ថែម​ស្ដីពី​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា ទៅ​វៀតណាម ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធ​គយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​ពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​វៀតណាម មាន​ទឹកប្រាក់​រហូត​ដល់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ឯកសារ​ផ្លូវការ​របស់​គយ​វៀតណាម ដដែល​បញ្ជាក់​ទៀត​ថា ឈើ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ជាង ២,៣​ម៉ឺន​ម៉ែត្រ​គូប (២៣០.០០០​ម៉ែត្រ​គូប) ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​វិក្កយបត្រ​លក់ និង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។

អង្គការ​នេះ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​រង្គាល​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី នៅ​ជាប់​ព្រំដែន​វៀតណាម នៅ​ក្នុង​រយៈពេល​ស៊ើប​អង្កេត​ខាង​លើ ដែល​ក្នុង​រយៈពេល​នេះ គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ​១៦៤​ស្នើ​ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

$
0
0

សមាគម និង​អង្គការ​ជាតិ អន្តរជាតិ​ចំនួន​១៦៤ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ការ​ស្នើ​នេះ ដោយសារ​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនោះ​យល់​ថា ការ​ស៊ើប​អង្កេត​កន្លង​ទៅ​របស់​តុលាការ មាន​ការ​វិវឌ្ឍន៍​តិចតួច​ប៉ុណ្ណោះ។

អស់​រយៈពេល ១​ឆ្នាំ​ដែល​លោក​បណ្ឌិត កែម ឡី អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នោះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ម្នាក់​ប៉ុណ្ណោះ គឺ​បុគ្គល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​តុលាការ​អះអាង​ថា​ជា​ឃាតក​ពិតប្រាកដ និង​បាន​សម្រេច​កាត់​ទោស​រូប​គេ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត បើ​ទោះ​បី​ជា​ពលរដ្ឋ​ជាច្រើន​ជឿជាក់​ថា នៅ​មាន​រឿងរ៉ាវ​ដ៏​អាថ៌កំបាំង​ជាច្រើន​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​លោក​បណ្ឌិត កែម ឡី ហើយ​ដែល​តុលាការ​មិន​បាន​ស្វែងរក​ការពិត​នៅ​ឡើយ។

ទន្ទឹម​នេះ សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​១៦៤ ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ម្ដង​ទៀត​ជុំវិញ​ការ​វិវឌ្ឍន៍​តិចតួច​នៃ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ស្រប​ពេល​អ្នក​គោរព​ស្រឡាញ់ នាំ​គ្នា​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១​ឆ្នាំ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​នោះ ក្រុម​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ជិត​១៧០ បាន​ផ្សាយ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ការ​ស្នើសុំ​នេះ ដោយសារ​ក្រុម​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនោះ​បញ្ជាក់​ថា ការ​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ទី​២៣ មីនា ដើម្បី​ផ្ដន្ទាទោស អឿត អាង អស់​មួយ​ជីវិត គឺ​ធ្វើ​ឡើង​ទាំង​មិន​ទាន់​រក​ឃើញ​ការពិត​ចំពោះ​ចម្លើយ​សារភាព​របស់ អឿត អាង ដែល​បាន​ប្រាប់​តុលាការ​ថា មាន​ជន​សង្ស័យ​ចំនួន ២​នាក់​ទៀត គឺ​ឈ្មោះ ពូ លិស ដែល​ណែនាំ​ឲ្យ​រូប​គេ​ស្គាល់​លោក​បណ្ឌិត កែម ឡី និង​ឈ្មោះ ចក់ គឺ​ជា​អ្នក​លក់​កាំភ្លើង​ឲ្យ អឿត អាង ព្រម​ទាំង​សំណួរ​ជាច្រើន​ទៀត​ដែល​តុលាការ​មិន​ទាន់​រក​ឃើញ​ចម្លើយ​នៅ​ឡើយ។

ជាង​នេះ​ទៅ​ទៀត សូម្បី​ចម្លើយ​សារភាព​របស់ អឿត អាង ដែល​ថា​មូលហេតុ​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ជំពាក់​លុយ​ចំនួន ៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ ហើយ​បាន​លោកស្រី ប៊ូ រចនា ភរិយា​បណ្ឌិត កែម ឡី និង​លោកស្រី ហឿម ហ៊ត់ ភរិយា​របស់ អឿត អាង ផ្ទាល់​ឆ្លើយ​បដិសេធ​នោះ ក៏​តុលាការ​មិន​ស៊ើប​អង្កេត​រក​ឃើញ​ការពិត​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណៈកម្មការ​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា លោក​មិន​ទាន់​ហ៊ាន​បកស្រាយ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយសារ​លោក​មិន​ទាន់​ទទួល​បាន​សំណើ​ថ្មី​នេះ​នៅ​ឡើយ៖ «ពូ​មិន​ទាន់​បាន​ឃើញ ប៉ុន្តែ​អា​ហ្នឹង​សំណូមពរ​ពួក​គាត់ គឺ​ពួក​គាត់​អាច​ធ្វើ​អ៊ីចឹង​បាន»

ថ្វីត្បិតតែ​យ៉ាង​នេះ​ក្ដី កាល​ពី​ថ្ងៃ​ទី​៨ កក្កដា លោក ខៀវ សុភ័គ បាន​ព្រមាន​ទៅ​ដល់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាង ១០៧​ស្ថាប័ន ថា​នឹង​អាច​មាន​វាសនា​ជាប់​ពន្ធនាគារ​ដូច​ករណី​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ ប្រសិន​បើ​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស។ ការ​ព្រមាន​នេះ បន្ទាប់​ពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៧​ស្ថាប័ន នៅ​ថ្ងៃ​ទី​៨ កក្កដា ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភាគី​អន្តរជាតិ ចូលរួម​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែរ។

នៅ​ថ្ងៃ​ទី​៩ កក្កដា ដដែល​នេះ​ក៏​មាន​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​នាក់​មក​ពី​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ដែល​បាន​នាំ​គ្នា​យក​បាច់​ផ្កាឈូក និង​រូបថត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារ​ម៉ាត ក្បែរ​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ ជា​ទី​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី ១​ឆ្នាំ​មុន​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ពង្រាយ​កង​កម្លាំង​អាជ្ញាធរ និង​កង​កម្លាំង​សន្តិសុខ​សរុប​ជិត ៣០​នាក់ ចុះ​ទៅ​រារាំង និង​មិន​ឲ្យ​មាន​ការ​ដាក់​កម្រ​ផ្កា និង​ចាប់​យក​រូបថត​លោក​បណ្ឌិត កែម ឡី ពី​មន្ត្រី​អង្គការ​ទាំងនោះ​ទៀត​ផង។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា សិទ្ធិ​សេរីភាព​ជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង៖ «គ្នា​ខ្ញុំ ៤​នាក់ ផ្កា​ឈូក ៣០​ដើម រូបថត​លោក​បណ្ឌិត​មួយ កៅអី​មួយ និង​ថូ​ផ្កា​មួយ មិន​គួរ​ណា​រំខាន​ដល់​អាជ្ញាធរ​ចំនួន ៤​ឡាន​សោះ»

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​ស្ដារ​ម៉ាត (Star Mart) នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​រក​ឃើញ​របស់​អង្គការ គ្លបល វីនេស (Global Witness) ដែល​បាន​លាតត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ក្ដោបក្ដាប់​ជំនួញ​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​របាយការណ៍​អង្គការ គ្លបល វីនេស ដែល​បាន​រក​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំលោភ​អំណាច​នេះ​ទេ។

នៅ​ក្នុង​លិខិត​ចំហ​ផ្ញើ​ទៅ​លោក ស ខេង ដដែល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​លើក​ជា​សំណួរ​ជុំវិញ​មូលហេតុ​នៃ​ឃាតកម្ម​នេះ នៅ​ពុំ​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ។ ទោះ​បី​ជា​មាន​ការ​អះអាង​ក្ដី ទាំង​ចៅក្រម​ស៊ើបសួរ លោក សេង លាង និង​រដ្ឋាភិបាល នៅ​ពុំ​ទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​វិវឌ្ឍន៍​សម្រាប់​សាធារណជន ជុំវិញ​ការ​ស៊ើប​អង្កេត ឬ​កម្មវត្ថុ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ​ទេ។

សិទ្ធិ​រស់​រាន​មាន​ជីវិត ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា ជា​រដ្ឋ​ភាគី។ កាតព្វកិច្ច​ក្នុង​ការ​ការពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត រួម​បញ្ចូល​ទាំង​កាតព្វកិច្ច​វិជ្ជមាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ដល់​ការ​ស៊ើប​អង្កេត​ដោយ​ឥត​លម្អៀង និង​ហ្មត់ចត់​លើ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ម្យ៉ាង​វិញ​ទៀត គោលការណ៍​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​បង្ការ​ដោយ​ប្រសិទ្ធភាព និង​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​កាត់​ទោស​ក្រៅ​ច្បាប់ តាម​អំពើ​ចិត្ត និង​ដោយ​សង្ខេប បញ្ជាក់​បន្ថែម​ពី​ការ​អនុវត្ត​កាតព្វកិច្ច​នេះ និង​សង្កត់​ធ្ងន់​យ៉ាង​ច្បាស់​ថា រដ្ឋ​នានា​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ឆាប់​រហ័ស និង​ឥត​លម្អៀង។

បន្ថែម​ពី​លើ​នេះ​ទៀត ពិធីសារ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​ក្រៅ​ច្បាប់ កំណត់​អំពី​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​របស់​រដ្ឋាភិបាល​ជុំវិញ​អង្គ​ហេតុ និង​ការ​បង្ហាញ​ការពិត​ជា​សាធារណៈ ដរាប​ណា​មាន​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត ព្រម​ទាំង​ចែង​ថា ដំណើរការ និង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ត្រូវ​តែ​មាន​តម្លាភាព រួម​បញ្ចូល​ទាំង​ការ​បើក​ចំហ​ដល់​ការ​ត្រួត​ពិនិត្យ​ពិច័យ​ពី​សាធារណជន និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ពហិការ​មិន​ចូលរួម​អនុម័ត​សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ

$
0
0

សមាជិក​រដ្ឋសភា​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប ឯកភាព​អនុម័ត​ទាំង​ស្រុង​លើ​សំណើ​​កែប្រែ​ច្បាប់​គណបក្ស​​នយោបាយ​ជា​លើក​ទី២ តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ។

ការ​ប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់ ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ធ្វើ​ឡើង​​​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៨។

ចំណែក​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្រោយ​ពី​សមាជិក​សភា​គណបក្ស​កាន់​អំណាច​ប្រជុំ​សភា និង​អនុម័ត​លើ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ប៉ុន្តែ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​គាំទ្រ ចំពោះ​ការ​អនុម័ត​នេះ​ទេ ដោយ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ។

ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​បញ្ជាក់​ពី​មូលហេតុ​ដែល​ពហិការ​មិន​ចូលរួម​អនុម័ត​ច្បាប់​នេះ មាន​ពីរ​ចំណុច​សំខាន់​ៗ​គឺ ទី១ សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ មាន​ចរិត​នយោបាយ គាប​សង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល និង​គាប​សង្កត់​មក​លើ​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់​ខ្មែរ​គ្នា​ឯង និង​គាប​សង្កត់​គូ​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ។ ទី២ សេចក្ដី​ស្នើ​ច្បាប់​នេះ មិន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា លោក ហ៊ុន សែន បាន​ស្នើ​ដល់​ក្រុម​តំណាងរាស្ត្រ​របស់​លោក​ទាំងអស់ នាំ​គ្នា​ពិនិត្យ​មើល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​កំណត់​កុំ​ឲ្យ​ទណ្ឌិត​អាច​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត។ ថ្វីត្បិតតែ​លោក ហ៊ុន សែន ប្រកាស​មិន​ចំ​ឈ្មោះ​ជា​ទណ្ឌិត​រូប​ណា ក៏ប៉ុន្តែ​គេ​គ្រប់​គ្នា​ដឹង​ថា សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ គឺ​សំដៅ​តែ​មួយ​គត់​ទៅ​រក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​ក្នុង​តុលាការ។

ទោះជាយ៉ាងណាក៏ដោយ ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​នេះ ពុំ​មាន​វត្តមាន​របស់​លោក ហ៊ុន សែន ទេ រួម​នឹង​អ្នកស្រី ម៉ែន សំអន ផង។

នេះ​ជា​ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ តាម​ការ​​ស្នើ​សុំ​របស់​លោក ហ៊ុន សែន។ កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​នាំ​គ្នា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់​ប្រញាល់​នេះ​ម្ដង​រួច​ទៅ​ហើយ ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​បាន​ដោយសារ​តែ​លោក​ជា​ទណ្ឌិត ទោះ​ជា​ច្បាប់​នេះរង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ណា​ក្ដី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានភាព​រស់នៅ​របស់​ភរិយា​និង​កូនៗ​បណ្ឌិត កែម ឡី កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស

$
0
0

មួយ​ឆ្នាំ​ក្រោយ​ការ​បាត់បង់​ស្វាមី និង​ឪពុក​ជា​ទី​ស្រឡាញ់ ភរិយា និង​កូន​ប្រុស​ទាំង​ប្រាំ​រូប​របស់ បណ្ឌិត កែម ឡី ដែល​ជា​ជន​រងគ្រោះ​នៃ​ឃាតកម្ម​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ កំពុង​បន្ត​រស់នៅ​ស្រុក​គេ​ដោយ​បារម្ភ​ពី​សុវត្ថិភាព។

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូនៗ កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី។ តើ​ជីវភាព​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​ថែទាំ​កូន​ប្រុស ៥​នាក់ មាន​សភាព​បែប​ណា?

ជា​ស្ត្រី​មេម៉ាយ​ស្ថិត​ក្នុង​វ័យ​កណ្ដាល មុខ​មាត់ និង​សម្បុរ​ស្រអែម​ស្រស់​មាន​កូន​ប្រុស ៥​នាក់​នៅ​ក្នុង​បន្ទុក គឺ​លោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ស្វាមី​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី ១​ឆ្នាំ​មុន។

លោកស្រី ប៊ូ រចនា ថ្លែង​ថា ១​ឆ្នាំ​គត់​ហើយ​ដែល​លោកស្រី​ពុំ​មាន​ឱកាស​ធ្វើ​បុណ្យ​ជូន​ស្វាមី​នោះ​ទេ៖ «និយាយ​រួម​ទៅ តាំង​ពី​ខ្ញុំ​មក​នេះ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​បុណ្យ​ជូន​ស្វាមី​ទេ មិន​ដឹង​ថា​មាន​វត្ត​កន្លែង​ណា​សម្រាប់​ធ្វើ​បុណ្យ​ឲ្យ​គាត់ ព្រោះ​យើង​ជា​ជន​ភៀស​ខ្លួន​ម្នាក់ មិន​ដឹង​ថា​រក​ទីកន្លែង​ណា​ស័ក្តិសម​ដែល​យើង​ធ្វើ​បុណ្យ​ឲ្យ​គាត់។ យក​ចង្ហាន់​មក​ប្រគេន​លោក ដើម្បី​ឧទ្ទិស​ក្នុង​រយៈ​ខួប​គម្រប់ ១​ឆ្នាំ។ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ឲ្យ​ជួយ​រក​យុត្តិធម៌ ចង់​ឲ្យ​ប្រទេស​យើង​ទទួល​បាន​តុលាការ​ឯករាជ្យ អ្នក​មិន​ទទួល​បាន​យុត្តិធម៌​ពី​មុនៗ​មក ទទួល​បាន​យុត្តិធម៌​ទាំងអស់​គ្នា»

ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក​បណ្ឌិត កែម ឡី ហ៊ាន​និយាយ​ចំៗ​រិះគន់​មិន​ញញើត​ចំពោះ​ភាព​អសកម្ម​របស់​រាជ​រដ្ឋាភិបាល​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំនួញ​ធំៗ​លើ​សេដ្ឋកិច្ច​ជាតិ។ លោក​ថែម​ទាំង​រិះគន់​ទៅ​លើ​អ្នក​នយោបាយ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ដោយ​មិន​ភ័យ​ខ្លាច ទោះ​បី​ដឹង​ខ្លួន​ថា ការ​បញ្ចេញ​មតិ​របស់​លោក អាច​នឹង​ត្រូវ​មាន​គ្រោះថ្នាក់​ក្ដី។

លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ជិត​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ គិត​ចាប់​ពី​ថ្ងៃ​បាញ់​ប្រហារ​រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឃាតក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​បាន​សារភាព​ថា ខ្លួន​ជា​ជន​ដៃ​ដល់​តែ​ម្នាក់​គត់​ដែល​បាន​កេះ​កៃ​កាំភ្លើង​សម្លាប់​បណ្ឌិត កែម ឡី។ ទោះ​ជា​យ៉ាង​ណា សំណុំ​រឿង​នេះ​នៅ​បន្សល់​ភាព​មន្ទិល​ជាច្រើន​សម្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ៖ «រឿង​ឃាតកម្ម​ប្ដី​ខ្ញុំ​នេះ​វា​ដក់​នៅ​ក្នុង​ចិត្ត​រហូត ទោះ​បី​ពេលវេលា​យូរ​ប៉ុនណា​ក៏​ដូច​ថ្មីៗ​អ៊ីចឹង។ វា​អត់​បំភ្លេច​បាន​ទេ ព្រោះ​យើង​ឃើញ​វា​នៅ​នឹង​ភ្នែក យើង​ឃើញ​សកម្មភាព ឃើញ​ឈាម​ហូរ​នៅ​ដាប​ពេញ​ខ្លួន។ យើង​មើល​រូបថត​គាត់ ខ្ញុំ​នៅ​តែ​គិត​ថា​គាត់​មិន​ទាន់​ស្លាប់ យើង​នៅ​មាន​អារម្មណ៍​ថា​គាត់​ទៅ​ធ្វើ​ការ​សង្គម​នៅ​ក្រៅ​ប្រទេស ចេះ​តែ​កុហក​ខ្លួន​ឯង តែ​ការពិត គាត់​បាន​ស្លាប់​ទៅ​ហើយ។ ជួប សម្លាប់ ដែល​ជា​ឃាតក ក៏​ខ្ញុំ​អត់​ទទួល​ស្គាល់ អ្វី​ដែល​តុលាការ​កាត់​ទោស​ឲ្យ​អ្នក​ដែល​ឃាតក​ជាប់​ទោស​មួយ​ជីវិត គឺ​ខ្ញុំ​អត់​ទទួល​ស្គាល់​ដឹង​ឮ​ទាំងអស់ ព្រោះ​តុលាការ​ស្រុក​ខ្មែរ ទាំង​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក៏​មិន​ទុក​ចិត្ត​ថា​មិន​ឯករាជ្យ​ដែរ។ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ស្រាវជ្រាវ ព្រោះ​ថា​ប្ដី​ខ្ញុំ​មិន​ដឹង​ជា​ស្លាប់​អង្គុយ​លើ​កៅអី ឬ​ដេក​ទេ ដោយសារ​ពេល​ខ្ញុំ​ដល់​កន្លែង​កើត​ហេតុ គឺ​ខ្ញុំ​ឃើញ​សព​គាត់​លើ​ឥដ្ឋ​ទៅ​ហើយ បើ​សិន​ជា​ប្ដី​ខ្ញុំ​គាត់​ស្លាប់ គាត់​ធ្លាក់​លើ​ឥដ្ឋ គឺ​កៅអី និង​តុ​មិន​មែន​ដូច​រៀបចំ​ទេ វា​ត្រូវ​រញ៉េរញ៉ៃ​ដួល​ពេញ​ហ្នឹង​ហើយ។ តុលាការ​ត្រូវ​ស្រាវជ្រាវ​សាថ្មី គឺ​ខ្ញុំ​អត់​ជឿ​ថា​ចឹង​ទេ ហេតុ​អី​មាន​ជន​ណា​ទម្លាក់​សព​គាត់​នៅ​លើ​ឥដ្ឋ»

ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​បុណ្យ និង​តម្កល់​សព​របស់​លោក​នៅ​វត្ត​ចាស់ ស្ថិត​ត្រើយ​ម្ខាង​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ចំនួន​ពីរ​សប្ដាហ៍ ដោយ​មាន​មន្ត្រី​ស្ថានទូត អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​ដែល​ស្រឡាញ់​រាប់​អាន​លោក បាន​ចូលរួម​រាប់​រយ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ រួច​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​លោក។

បន្ទាប់​ពី​ធ្វើ​បុណ្យ​ហើយ​ភ្លាម លោកស្រី ប៊ូ រចនា និង​កូនៗ បាន​ភៀស​ខ្លួន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​បរទេស​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ទាំង​មាន​ផ្ទៃពោះ ដោយសារ​តែ​ពួក​គេ​តក់ស្លុត និង​ភ័យ​ខ្លាច​ពី​សុវត្ថិភាព៖ «ខ្ញុំ​តូច​ចិត្ត​មួយ​ប្ដី​បាន​ស្លាប់​ហើយ យើង​ក៏​ចាកចោល​ស្រុក​ខ្លួន​ឯង ផ្ទះ​ដែល​យើង​ធ្វើ​មិន​ទាន់​បាន​រស់នៅ​ផង ត្រូវ​បោះបង់​ចោល​ផ្ទះ​នោះ​ទៀត។ ផ្ទះ​បញ្ចុះ​សព​គាត់​រាល់​ថ្ងៃ​នោះ គឺ​ធ្វើ​សម្រាប់​ពេល​ចាស់​ទៅ ទៅ​នៅ​ស្រែ។ អ្វី​ដែល​សោកស្ដាយ​បំផុត​នោះ គឺ​ការ​សុបិន​របស់​យើង​ក្លាយ​ជា​អត់​ន័យ រលាយ​អស់​ក្នុង​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក។ ម្ដាយ​ចាស់​ហើយ គាត់​ឈឺ​សន្លាក់ យើង​គ្មាន​ឱកាស​មើល​គាត់។ ពេល​មើល​ហ្វេសប៊ុក​ម្ដងៗ គាត់​នៅ​តែ​ជាមួយ​ផ្នូរ​កូន។ ខ្ញុំ​អាណិត​គាត់ ហើយ​ខ្លួន​យើង​ក៏​លំបាក»

ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ លោកស្រី ប៊ូ រចនា ដែល​ពេល​នេះ​លោកស្រី​ដើរ​តួនាទី​ជា​ម្ដាយ​ផង ជា​ឪពុក​ផង​ក្នុង​ការ​អប់រំ​ថែទាំ​ប្រៀន​ប្រដៅ និង​ពង្រឹង​ខ្លួន​ឯង​ផង​នោះ លោកស្រី​អះអាង​ថា នឹង​ខិតខំ​ប្រឹងប្រែង​តស៊ូ​នៅ​ក្នុង​ជីវិត​ដើម្បី​អនាគត​របស់​ពួក​គេ៖ «ឥឡូវ​នេះ​យើង​កំពុង​តែ​ភៀស​ខ្លួន​ហើយ អារម្មណ៍​យើង​ក៏​មិន​ល្អ​ដូច​ដើម ព្រោះ​អី​យើង​បាត់បង់​មនុស្ស​ដែល​សំខាន់​នៅ​ក្នុង​គ្រួសារ​ជា​បង្គោល​កណ្ដាល នៅ​ក្នុង​គ្រួសារ​មាន​កូន​ដល់ ៥​នាក់ ត្រូវការ​អប់រំ​កូន​បាន​ច្រើន ត្រូវការ​ពេលវេលា​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​កូន ពង្រឹង​ខ្លួន​ឯង​កុំ​ទន់ជ្រាយ ត្រូវ​តែ​ណែនាំ​កូន​ឲ្យ​គាត់​យល់​ដឹង​យក​ចិត្ត​ទុក​ដាក់​រៀនសូត្រ»

នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត ពួក​គេ​ទាំង ៦​នាក់ ជីវិត​ប្រៀប​បាន​នឹង​សត្វ​ចិញ្ចឹម​ដែល​គេ​ដាក់​នៅ​ទ្រុង​គ្មាន​សិទ្ធិ​សេរីភាព។ ជា​រៀង​រាល់​ថ្ងៃ ម្ដាយ និង​កូន​មាន​ពេល​ទំនេរ​ច្រើន​ណាស់ ត្បិត​អី​ម្ដាយ​ក៏​គ្មាន​មុខ​របរ​ដូច​ពី​មុន ក្មេងៗ​ក៏​មិន​បាន​ទៅ​រៀនសូត្រ។ ដើម្បី​បំបាត់​ទុក្ខ​កង្វល់ លោកស្រី​មាន​តែ​ប្រលែង​លេង​ជាមួយ​កូន។ ចំណែក​ក្មេងៗ​វិញ មាន​តែ​ទូរស័ព្ទ​ទេ​ជា​មិត្ត​ជិតស្និទ្ធ​របស់​ពួក​គេ៖ «យើង​រស់នៅ​ក្នុង​បន្ទប់​មួយ ៤​ម៉ែត្រ ៤​ជ្រុង វា​ពិបាក​រស់នៅ អត់​មាន​សិទ្ធិ​ដើរ​ហើរ យើង​ត្រូវ​ការពារ​ខ្លួន​អត់​មាន​សុវត្ថិភាព​តាំង​ការ​និយាយ​ស្ដី ទាំង​ចំណូល​ក៏​អត់​មាន មក​នេះ​សម្ងំ​ពួន។ និយាយ​រួម​មួយ​ម៉ាត់ នេះ​ដូច​ជាប់​គុក​អ៊ីចឹង»

មួយ​ថ្ងៃៗ​ដេក​ក្រោកៗ គឺ​រស់នៅ​ក្នុង​ជីវិត​ដែល​ធុញថប់​ខ្លាំង នៅ​ពេល​លោកស្រី​អត់​ទ្រាំ​នឹង​ការ​រំអុក​របស់​កូន គឺ​មាន​តែ​នាំ​ពួក​គេ​ចេញ​ក្រៅ​ខ្លះ៖ «ការងារ​មាន​តែ​ប៉ុណ្ណឹង មាន​តែ​ព្រឹក​ឡើង​រៀបចំ​ខ្លួន​កូន​ឲ្យ​កូន​ញ៉ាំ​បបរ​ញ៉ាំ​អី អត់​មាន​ការងារ​អី​ធ្វើ​ទេ មាន​តែ​ពេលវេលា​ជុំ​ជាមួយ​កូន​មើល​ថែ​កូន ហើយ​ដល់​ម៉ោង​ត្រូវ​ញ៉ាំ ត្រូវ​ញ៉ាំ​ទៅ គឺ​ផ្លូវ​ចិត្ត​មាន​ការ​គាប​សង្កត់​ខ្លាំង ប៉ះ​ទង្គិច​ខ្លាំង ប្ដី​បាន​ស្លាប់​ទៅ​ហើយ ក៏​មក​រស់នៅ​របៀប​អត់​មាន​សិទ្ធិ​សេរីភាព​នៅ​តែ​ក្នុង​បន្ទប់​ពេក កូន​ក៏​មាន​អារម្មណ៍​អត់​ល្អ ចំណាយ​ពេល​ម្ង៉ៃ​ហ្នឹង​នាំ​កូន​ដើរ​ទៅ​នេះ​ទៅ​នោះ​ខ្លះ​ទៅ»

កូន​ប្រុស​ច្បង​របស់​លោក​បណ្ឌិត កែម ឡី គឺ កែម វាសនារ៉ានុច វ័យ ១៥​ឆ្នាំ នៅ​ពេល​គេ​អផ្សុក និង​ធុញ​ថប់​ខ្លាំង គេ​តែងតែ​ទៅ​បញ្ចេញ​ស្ត្រេស (Stress) ដោយ​សុំ​ម្ដាយ​ទៅ​លេង​ស្គី​ទឹកកក។ រ៉ានុច បន្ត​ថា កាល​ពី​ឪពុក​នៅ​មាន​ជីវិត គេ​អាច​ជួបជុំ​គ្រួសារ​ក្នុង​ភាព​សប្បាយ​រីករាយ ដោយ​ដើរ​កម្សាន្ត ឪពុក​បាន​ជួយ​បង្រៀន​គណិតវិទ្យា​ស្ទើរ​រាល់​ថ្ងៃ អប់រំ និង​លើក​ទឹក​ចិត្ត​ឲ្យ​ខិតខំ​រៀនសូត្រ ប៉ុន្តែ​ជីវិត​នៅ​ពេល​នេះ គឺ​ផ្លាស់ប្ដូរ​ទាំង​ស្រុង៖ «ពេល​មើល​ហ្វេសប៊ុក​ឃើញ​រូប​ប៉ា ចេះ​តែ​នឹក​គាត់​រហូត នឹក​អ្វី​ដែល​គាត់​ផ្ដល់​ឲ្យ​ទាំងអស់ ធ្វើ​ឲ្យ​មាន​កិត្តិយស​ដល់​គ្រួសារ​ដល់​ប្រទេស​ជាតិ​ទៀត។ នៅ​ពេល​នឹក​ប៉ា ជួនកាល​ទៅ​លេង វីរៈបុត្រ ជួនកាល​អត់​ដឹង​ធ្វើ​អី គេង! ពេល​ភ្ញាក់​ឡើង​ភ្លេច​អី​ទាំងអស់»

រ៉ានុច អាច​ជំនួស​ដៃ​ជើង​ម្ដាយ​បាន​ច្រើន ទាំង​ភាសា​ទំនាក់ទំនង​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ទិញ​ម្ហូប​អាហារ​ហូប​ចុក និង​មើល​ថែ​ប្អូនៗ។

ដោយឡែក​លោកស្រី ប៊ូ រចនា មាន​ក្ដី​សង្ឃឹម​នៅ​ក្នុង​ចិត្ត​មួយ​ថា នឹង​បាន​ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី ដើម្បី​ឲ្យ​កូនៗ​របស់​លោកស្រី​មាន​អនាគត​ល្អ។

អ្វី​ដែល​ជា​ការ​ដោះដូរ​ស្វាមី​គាត់ គឺ​មាន​តែ​តំណក់​ឈាម​ចុង​ក្រោយ​នេះ​ហើយ គឺ​កូន​ប្រុស​ពៅ ដែល​មាន​ឈ្មោះ​ថា កែម ឡី វីរៈបុត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានទូត​អាមេរិក​សំដែង​សមាន​ទុក្ខ​ចំពោះ​គ្រួសារ​បណ្ឌិត កែម ឡី

$
0
0

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារលោកបណ្ឌិត កែម ឡី ដោយ​សំដែង​សមានទុក្ខជាថ្មី​ចំពោះ​មរណភាពអ្នក​វិភាគ​សង្គម​ដ៏​ល្បី គឺ​បណ្ឌិត កែម ឡី ព្រមទាំង​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​អបអរ​ជីវិត និង​ការងារ​របស់​លោក នៅ​ថ្ងៃ​ខួប​១ឆ្នាំ​នេះ។

សារ​រំលែក​ទុក្ខ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ធ្វើ​ឡើង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) អម​នឹង​រូបថត​របស់​បណ្ឌិត កែម ឡី ផង។ ក្នុង​សារ​រំលែកទុក្ខនោះ​ដែរ ​ស្ថានទូត​អាមេរិក​សង្ឃឹម​ថា អ្នក​ប្រព្រឹត្តិ​នឹង​ត្រូវ​បាន​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​ពេញ​លេញ​ចំពោះ​អំពើ​លីលា និង​ដ៏​កំសាក​នេះ។

ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​​ខួប​គម្រប់ ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​កាហ្វេ​ក្នុង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ភ្លាមៗ​ ក្រោយ​ឃាតកម្ម ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ជាង ៨​ខែ​ក្រោយ​មក ជន​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយ​ពេល​សារភាព​ថា ខ្លួន​ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី រឿង​ជំពាក់​លុយ ៣​ពាន់​ដុល្លារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

HRW អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី ឡើង​វិញ

$
0
0

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កក្កដា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី។

សេចក្តី​ថ្លែងការណ៍​របស់​នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បញ្ជាក់​ថា ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី តម្រូវ​ឲ្យ​មាន​នូវ​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់ ប្រកប​ដោយ​វិជ្ជាជីវៈ និង​មិន​លម្អៀង​មួយ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ផ្អែក​តាម​អង្គ​ហេតុ​ជាក់ស្តែង ដើម្បី​វែក​មុខ​រក​រាល់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ករណី​សំណុំ​រឿង​ឃាតកម្ម​នេះ មក​ទទួល​ខុស​ត្រូវ​ទាំងអស់ មិន​ថា​បុគ្គល​ទាំងនោះ​មាន​អំណាច ឬ​កាន់កាប់​មុខ​តំណែង​ណា​ឡើយ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ដទៃ​ទៀត​ដែល​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​នេះ​ក៏​បាន​សម្ដែង​ក្តី​សោកស្ដាយ​របស់​ខ្លួន​ផង​ដែរ ដែល​ថា​ក្តី​រំពឹង​ថា​នឹង​មាន​ករណី​ស៊ើប​អង្កេត​ឯករាជ្យ​បែប​នេះ​អាច​នឹង​កើត​មាន​ឡើង គឺ​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ ខណៈ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ប្រារព្ធ​ខួប​រំឭក​មួយ​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បញ្ជាក់​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ ឆ្លើយតប​ចំពោះ​រាល់​ការ​ទាមទារ និង​សំណូមពរ​ទាំងឡាយ​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នឹង​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​វាយតម្លៃ​ដល់​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចាត់​ទុក​ថា ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​បាន​កើត​មាន​ឡើង​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ភ្លាមៗ​ក្រោយ​ពី​មាន​ការ​រិះគន់​ជា​សាធារណៈ​ចំពោះ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​មហាសាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក ថា​ធ្វើ​ឡើង​ក្នុង​គោលដៅ​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​ដ៏​ល្បីល្បាញ​មួយ​រូប​នេះ និង​ដើម្បី​បញ្ជាក់​សាជាថ្មី​ថា រាល់​ការ​និយាយ​ស្តី​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រសើប​នានា នឹង​ត្រូវ​ទទួល​រង​នូវ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ពុំ​មាន​នរណា​ម្នាក់​គេ​ជឿ​លើ​រឿងរ៉ាវ​ដែល​ប្រឌិត​ឡើង​ដោយ​ឃាតក​ឈ្មោះ អឿត អាង នោះ​ទេ ពោល​គឺ​សូម្បី​តែ​ភរិយា និង​ក្រុម​គ្រួសារ​របស់​ឃាតក​រូប​នេះ​ក៏ដោយ ហើយ​ថា ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច រឿងរ៉ាវ​ទាំងអស់​នេះ​ពុំ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ទំនុក​ចិត្ត​តែ​បន្តិច​សោះ​ណា​ឡើយ​ចំពោះ​ការ​កាត់​ទោស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live