Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អង្គការ​៣​ថា​អាជ្ញាធរ​រារាំង​ការ​ហែ​ក្បួន​របស់​ខ្មែរ​ក្រោម​ជា​ការ​រឹតត្បិត​សិទ្ធិ​និង​រើសអើង

$
0
0

អង្គការ​ចំនួន​បី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​៣ កក្កដា ស្ដីពី​អាជ្ញាធរ​រារាំង​ការ​ហែ​ក្បួន​របស់​ខ្មែរ​កម្ពុជា​ក្រោម ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ខាង​ប្រមូល​ផ្ដុំ និង​សេរីភាព​ខាង​បញ្ចេញ​មតិ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៤១ និង​មាត្រា​១៩ មាត្រា​២១ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

អង្គការ​ទាំង​បី​នេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ និង​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់។ សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នេះ​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​នគរបាល​បង្ក្រាប​កុបកម្ម​ប្រមាណ ១០០​នាក់ និង​ការ​បិទ​ផ្លូវ​ដើម្បី​រារាំង​សហគមន៍​ខ្មែរ​ក្រោម​មិន​ឲ្យ​ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ នោះ គឺ​ជា​ការ​ឆ្លើយតប​មិន​សមាមាត្រ ដែល​អាច​ប៉ះពាល់​ច្រើន​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​មាន​បំណង​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ហាមឃាត់​ក្បួន​ដង្ហែ​ញត្តិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទៅ​កាន់​រដ្ឋសភា​បែប​នេះ។ លោក​បញ្ជាក់​ថា សកម្មភាព​រារាំង​នេះ​ជា​សកម្មភាព​រើសអើង​ប្រកាន់​ពូជសាសន៍ គំរាម​កំហែង និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ដង្ហែ​ញត្តិ​ចេញ​ពី​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង ហើយ​បាន​ដង្ហែ​តាម​រថយន្ត​ចំនួន ៣​គ្រឿង​ជំនួស​វិញ។ ញត្តិ​នេះ​ទាមទារ​ឲ្យ​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​បុណ្យ​ជាតិ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រារព្ធ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នៅ​គ្រា​ដែល​ប្រទេស​បារាំង កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមត្ថកិច្ច​ខ្មែរ​បន្ត​បិទ​ច្រក​របៀង​តាម​ព្រំដែន​ខេត្ត​បាត់ដំបង​និង​ខេត្ត​បន្ទាយមានជ័យ

$
0
0

សមត្ថកិច្ច​កម្ពុជា នៅ​ថ្ងៃ​ទី​៣ កក្កដា បន្ត​បិទ​ច្រក​របៀង​ព្រំដែន​ជាប់​ប្រទេស​ថៃ មួយ​រយៈ​ចាប់​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តទៅទៀត ខណៈ​ថៃ កំពុង​តែ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​មក​កម្ពុជា វិញ​នោះ។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិន​បើ​សមត្ថកិច្ច​បិទ​ច្រក​រយៈពេល​យូរ នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន។

ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​របៀង​នៅ​ព្រំដែន​ថៃ ភ្លាម នៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​សភាព​ស្ងប់ស្ងាត់​ពុំ​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ។

មន្ត្រី​ច្រក​របៀង​ព្រំដែន​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ លោក រ័ត្ន វាសនា មាន​ប្រសាសន៍​ខណៈ​លោក​ប្រចាំ​ការ​នៅ​មាត់​ច្រក នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ថា មេ​បញ្ជាការ​ទាហាន​ភូមិភាគ​ទី​៥ បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ចាប់​ពី​ថ្ងៃ​ទី​១ កក្កដា មក ចំណែក​ច្រក​អន្តរជាតិ​ដំណើរការ​ជា​ធម្មតា។ លោក​អះអាង​ថា មូលហេតុ​ដែល​បិទ​ច្រក​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​ពលករ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់៖ «បិទ​ទាំង​ចេញ ទាំង​ចូល​តែ​ម្ដង មិន​អាច​ឆ្លង​កាត់​បាន​ទេ គឺ​អ្នក​ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ​ប្រទេស​ថៃ អាច​ចូល​បាន តែ​ទៅ​មិន​បាន​ទេ។ ទំនិញ​ទាំង​របស់​ខ្មែរ និង​របស់​ថៃ ក៏​មិន​អាច​ចេញ​ចូល​បាន​ដែរ ហើយ​ពលរដ្ឋ​ដើរ​ទៅ​ទិញ​ទំនិញ​ក្នុង​ដី​ថៃ ក៏​មិន​បាន​ដែរ»

ចំណែក​ពលរដ្ឋ​រស់នៅ​ឃុំ​អូរបីជាន់ ជាប់​ព្រំដែន​ថៃ លោក លឿម ណូ ថ្លែង​នៅ​ខាង​មុខ​ច្រក​អូរបីជាន់ ថា ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​មក មិន​សូវ​មាន​មនុស្ស​ឆ្លង​កាត់​ទៅ​ប្រទេស​ថៃ តាម​ច្រក​មួយ​នេះ​ដូច​មុន​ទេ។ លោក​អះអាង​ថា ចាប់​តាំង​ពី​បិទ​ច្រក​មក ពុំ​ទាន់​ប៉ះពាល់​ធំដុំ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​គេ​បើក​ឆាប់ៗ មិន​ចង់​ឲ្យ​គេ​បិទ​យូរ ព្រោះ​ជា​កន្លែង​ធ្លាប់​រក​ស៊ី ហើយ​យើង​អាច​ចូល​ទិញ​របស់​របរ​ក្នុង​ទឹក​ដី​ថៃ បាន។ ដល់​គេ​បិទ​ច្រក​អស់ វា​លំបាក»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ថ្វី​បើ​រយៈពេល​ខ្លី​ពុំ​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ក្ដី ប៉ុន្តែ​ប្រសិន​បើ​សមត្ថកិច្ច​បិទ​ច្រក​រយៈពេល​យូរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ព្រោះ​ពលរដ្ឋ​ដែល​ក្រីក្រ​មិន​អាច​ឆ្លង​ទៅ​ធ្វើ​ការ​វិល​ល្ងាច​នៅ​ប្រទេស​ថៃ បាន​ដូច​មុន៖ «យើង​គួរ​តែ​បើក​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការងារ​ប្រទេស​ថៃ វិល​ល្ងាច​ជា​ធម្មតា ព្រោះ​វា​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់។ ចំពោះ​អ្នក​ដែល​នាំ​ពលករ​ឆ្លង​កាត់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ សមត្ថកិច្ច​ត្រូវ​តែ​ហាមឃាត់​កុំ​ឲ្យ​ពួក​គាត់​ចូល​ទៅ​ថៃ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​មេ​បញ្ជាការ​ទាហាន​ភូមិភាគ​ទី​៥ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ពី​ការ​បិទ​ច្រក​ព្រំដែន​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ កក្កដា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ច្រក​ទំនប់​ដាច់ អះអាង​ថា ការ​បិទ​ច្រក​របៀង​នេះ​មិន​អនុញ្ញាត​ទាំង​ពលរដ្ឋ​ខ្មែរ និង​ថៃ ឆ្លង​កាត់​បាន​ទេ។ ចំណែក​រយៈពេល​បិទ​ច្រក មន្ត្រី​ច្រក​រូប​នេះ​បន្ថែម​ថា មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​ថា​នឹង​បើក​ឲ្យ​ដំណើរការ​វិញ​នៅ​ពេល​ណា​នៅ​ឡើយ។

ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​ថៃ ក៏​បន្ត​បញ្ជូន​ពលករ​ត្រឡប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មិន​ទាន់​ឈប់​នៅ​ឡើយ ហើយ​ពលករ​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​ដំណើរ​ចាប់​ពី ៨០០ ទៅ​ជាង ១​ពាន់​បាត ឬ​ប្រហែល​ជាង ១២​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដើម្បី​ត្រឡប់​មក​ដល់​កម្ពុជា។ ពួក​គាត់​អះអាង​ថា ចំណាយ​ប្រាក់​ច្រើន​នៅ​ស្រុក​អារញ្ញ ជាប់​ព្រំដែន​កម្ពុជា អស់​ម្នាក់​ចន្លោះ​ពី ៣០០ ទៅ ៦០០​បាត ឬ​ប្រហែល ៧​ម៉ឺន​រៀល​ក្នុង​ម្នាក់ ឲ្យ​ទៅ​សមត្ថកិច្ច​ថៃ និង​មាន​មនុស្ស​និយាយ​ភាសា​ខ្មែរ​ប្រចាំ​នៅ​ស្រុក​អារញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​សំណង់​នៅ​តែ​ជួប​ហានិភ័យ​ខ្ពស់​ខណៈ​វិស័យ​សំណង់​រីក​ចម្រើន

$
0
0

កម្មករ​សំណង់ និង​សហជីព ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព សុវត្ថិភាព និង​ផ្តល់​កិច្ច​គាំពារ​សង្គម​សម្រាប់​ពួក​គេ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា កម្មករ​សំណង់​នៅ​តែ​រង​ហានិភ័យ​ខ្ពស់ ខណៈ​វិស័យ​សំណង់​បាន​ដើរ​តួ​កាន់​តែ​សំខាន់​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។

ថ្វីត្បិតតែ​វិស័យ​សំណង់​ផ្ទះ​ល្វែង សណ្ឋាគារ ខុនដូ (Condo) និង​អគារ​ខ្ពស់ៗ​រីក​ដុះដាល​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ជា​ការ​រួម​ចំណែក​កសាង​ឡើង​ដោយ​កម្លាំង​ញើស​ឈាម​របស់​កម្មករ​សំណង់​ក្តី ប៉ុន្តែ​សព្វថ្ងៃ​នេះ កម្មករ​សំណង់​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ឡើយ ពោល​គឺ​កម្មករ​សំណង់​នៅ​តែ​ប្រឈម​នឹង​លក្ខខណ្ឌ​ការងារ​ដ៏​អាក្រក់ និង​សុវត្ថិភាព​ដ៏​ផុយ​ស្រួយ​ដដែល។ ទោះ​ជា​យ៉ាង​ណា ឧស្សាហកម្ម​ការងារ​សំណង់​នេះ​នៅ​តែ​ទាក់ទាញ​អ្នក​ធ្វើ​ការ​ទាំង​ប្រុស​ទាំង​ស្រី​គ្រប់​វ័យ​មក​ពី​គ្រប់​ទិសទី បន្ទាប់​ពី​ការងារ​រោងចក្រ។

កម្មករ​សំណង់​ម្នាក់​ឈ្មោះ ណុប ចន្ថា មក​ពី​ខេត្ត​កំពត រៀបរាប់​ថា លោក​បាន​ចាកចោល​ភូមិ​ស្រុក​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ភ្នំពេញ​ជាង ៥​ឆ្នាំ​មក​ហើយ។ មាន​បទពិសោធន៍​ធ្វើ​សំណង់​នៅ​តាម​ផ្ទះ​ល្វែង​ផង ខុនដូ​ផង ឬ​ធ្វើ​របង​ផ្ទះ​គេ​ផង លោក​អះអាង​ថា​ការងារ​មួយ​នេះ​គឺ​ហត់នឿយ និង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប និង​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់​កម្មករ​ឡើយ។ ក្នុង​មួយ​ថ្ងៃ ចន្ថា ធ្វើ​ការ ៨​ម៉ោង ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល ២​ម៉ឺន ៨​ពាន់​រៀល។ ប្រាក់​ឈ្នួល​នេះ ចន្ថា ត្អូញត្អែរ​ថា មិន​អាច​ទ្រទ្រង់​សម្រាប់​ការ​ចំណាយ​លើ​ការ​ហូប​ចុក ថ្លៃ​ទឹក​ភ្លើង និង​ថ្លៃ​ឈ្នួល​ផ្ទះ​ជួល​បាន​ទេ៖ «»

ទោះ​ការងារ​សំណង់​នេះ​លំបាក និង​គ្រោះថ្នាក់​ប៉ុណ្ណា​ក្តី លោក ណុប ចន្ថា និយាយ​ថា លោក​គ្មាន​ជម្រើស​ទៅ​ធ្វើ​ការ​ផ្សេង​នោះ​ទេ ព្រោះ​គ្មាន​ចំណេះ​ជ្រៅជ្រះ ហើយ​ការងារ​ខាង​រោងចក្រ​មិន​សូវ​ជ្រើសរើស​ប្រុសៗ​ទៅ​ធ្វើ​ការ​ឡើយ។ ចង់​ឬ​មិន​ចង់ ថ្ងៃ​មុខ​លោក​ប្រហែល​មាន​តែ​ជម្រើស​មួយ​ទៀត​ប៉ុណ្ណោះ គឺ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ក្រៅ​ប្រទេស ក្រែង​បាន​ប្រាក់ខែ​ខ្ពស់ និង​លក្ខខណ្ឌ​ការងារ​ល្អ​ជាង​នៅ​ស្រុក​ខ្មែរ។

រីឯ​កម្មការិនី​សំណង់​ម្នាក់​ទៀត​ឈ្មោះ កុយ ស្រីម៉ៅ បាន​ធ្វើ​ការងារ​សំណង់​ជាង ៥​ឆ្នាំ​ដែរ​ហើយ។ នៅ​ក្នុង​ការដ្ឋាន​សំណង់ គឺ​លោកស្រី​ថា​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​ស្ត្រី​ធ្វើ​ការ​ស្មើ​ដៃ ឬ​ប្រហាក់ប្រហែល​នឹង​បុរស​ដែរ ប៉ុន្តែ​កម្មករ​ជា​ស្ត្រី​នៅ​តែ​បាន​ប្រាក់​ឈ្នួល​ទាប​ជាង​បុរស គឺ​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ចាប់​ពី ១​ម៉ឺន ៥​ពាន់​រៀល​ទៅ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោកស្រី​បន្ត​ថា ការងារ​សំណង់ គឺ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទាន​ដូច​ការងារ​ផ្សេង​ឡើយ ហើយ​ពេល​ឈឺ ឬ​គ្រោះថ្នាក់​ការងារ គឺ​កម្មករ​ត្រូវ​ចេញ​លុយ​ព្យាបាល​ដោយ​ខ្លួន​ឯង៖ «»

កម្មករ​សំណង់​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា មាន​ចាប់​ពី ១៩​ម៉ឺន​នាក់​ទៅ ២០​ម៉ឺន​នាក់ ក្នុង​នោះ ៣០​ភាគរយ​ជា​ស្ត្រី។

កម្មករ​សំណង់​រៀបរាប់​ប្រហាក់ប្រហែល​គ្នា​ថា សុវត្ថិភាព​ការងារ បញ្ហា​សុខភាព ប្រាក់​ឈ្នួល​ទាប និង​គ្មាន​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ផ្សេងៗ គឺ​ជា​បញ្ហា​ចម្បង​ដែល​ក្រុម​កម្មករ​សំណង់​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​គិតគូរ​ដោះស្រាយ៖ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​ប្រធាន​ការិយាល័យ​គោល​នយោបាយ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) លោក ជាវ ប៊ុនរិទ្ធ បាន​ទេ ទោះ​បី​ជា​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទៅ​ដល់​កន្លែង​ធ្វើ​ការ​របស់​លោក​ក្តី ដោយ​លោក​ប្រាប់​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ ជា​មុន​សិន។ អាស៊ីសេរី បាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ។

ចំណែក​មេ​ជាង និង​ជា​អ្នក​ទទួល​ម៉ៅការ​សំណង់​បន្ត​ម្នាក់ គឺ​លោក ទួត វុទ្ធី រៀបរាប់​ថា លោក​មិន​មាន​សម្ភារៈ ឬ​ឧបករណ៍​ការពារ​គ្រប់​ឲ្យ​កម្មករ​ទេ ដោយសារ​លោក​ម៉ៅ​ត​ពី​គេ។ ទោះ​យ៉ាង​ណា លោក​ថា​លោក​តែងតែ​ក្រើន​រម្លឹក​ឲ្យ​កម្មករ​ប្រុងប្រយ័ត្ន​ជានិច្ច។ លោក​ថា ជាទូទៅ​គឺ​ក្រុមហ៊ុន​ធំៗ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សម្ភារៈ​ការពារ​ខ្លួន​ដល់​កម្មករ ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​មិន​សូវ​អើពើ​ឡើយ៖ «»

នៅ​ក្នុង​អំឡុង​ពេល ៤​ខែ​ដើម​ឆ្នាំ​២០១៧ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី-ខេត្ត បាន​អនុញ្ញាត​លើ​គម្រោង​សាងសង់​ដែល​មាន​តម្លៃ​សរុប​តាម​ការ​ប៉ាន់ស្មាន​ចំនួន ៤.០២២​លាន​ដុល្លារ កើន​ឡើង ៤៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ទុន​វិនិយោគ ២.៨០៥​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក យ៉ាន់ ធី អះអាង​ថា ដោយសារ​តែ​វិស័យ​សំណង់​កើន​ឡើង​ខ្លាំង​ពេក ធ្វើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ភ្លេច​ត្រៀម​ខ្លួន​ថា គួរ​តែ​មាន​វិធានការ​បែប​ណា​សម្រាប់​វិស័យ​សំណង់​នេះ។ ការ​លើក​ឡើង​បែប​នេះ ដោយ​លោក​សំអាង​ថា វិស័យ​សំណង់​នៅ​ខ្វះ​ច្បាប់ និង​សេចក្តី​ប្រកាស​ស្ដីពី​ការ​ធានា​សុវត្ថិភាព និង​សុខមាលភាព​ជូន​កម្មករ​សំណង់ ដូចជា​ការ​ផ្តល់​សម្ភារៈ​ការពារ​មាន​មួក ខ្សែ​ក្រវាត់ ឬ​ស្បែកជើង ជាដើម ដើម្បី​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​នេះ​ដែល​ងាយស្រួល​ក្នុង​ការ​ជជែក ឬ​ប្ដឹង​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​តាម។

លោក យ៉ាន់ ធី បន្ត​ថា បច្ចុប្បន្ន កម្មករ​សំណង់​ដែល​ធ្វើ​ការ​ប្រកប​ដោយ​សុវត្ថិភាព​ត្រឹមត្រូវ​មាន​ចំនួន​តិច​ណាស់ ព្រោះ​កម្រ​ឃើញ​ពួក​គេ​ពាក់​មួក​សុវត្ថិភាព ឬ​ខ្សែ​ក្រវាត់​សុវត្ថិភាព​ឡើយ ជាពិសេស​នៅ​ពេល​ធ្វើ​ការងារ​នៅ​ទី​ខ្ពស់ៗ។

លោក​ប្រាប់​ទៀត​ថា ការងារ​របស់​កម្មករ​សំណង់​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ច្រើន​ណាស់ ដោយ​គិត​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០១៧ នេះ មាន​កម្មករ​សំណង់​ចំនួន ៦​នាក់​បាន​ទទួល​គ្រោះថ្នាក់​ដល់​ជីវិត និង​ចំនួន ៤​នាក់​រង​របួស​ធ្ងន់ធ្ងរ៖ «»

លោក​បន្ថែម​ថា តាម​ច្បាប់ គឺ​ពេល​កម្មករ​មាន​គ្រោះថ្នាក់ គឺ​និយោជក​មាន​ដូចជា​ក្រុមហ៊ុន ឬ​ម្ចាស់​ការដ្ឋាន​ជា​អ្នក​ទទួល​ខុស​ត្រូវ ប៉ុន្តែ​លោក​ថា​ជា​ទម្លាប់​នៅ​កម្ពុជា នោះ ដោយសារ​តែ​គ្មាន​ច្បាប់​ចែង​ជាក់លាក់ បាន​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ ដោយ​ក្រុមហ៊ុន​តែងតែ​រុញ​ច្រាន​ដាក់​គ្នា​ទៅ​វិញ​មក ឬ​ទម្លាក់​លើ​កម្មករ​វិញ​ថា មាន​ភាព​ធ្វេសប្រហែស​ខ្លួន​ឯង។

ក្រៅ​តែ​ពី​គ្រោះថ្នាក់​ការងារ​នោះ លោក យ៉ាន់ ធី មើល​ឃើញ​ថា កម្មករ​សំណង់​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដូចជា​ធ្វើ​ការ​ហួស ៨​ម៉ោង​ក៏​មាន​ក្នុង​មួយ​ថ្ងៃ ហើយ​គ្មាន​ថ្ងៃ​សម្រាក និង​ជួនកាល​បើក​ប្រាក់​ឈ្នួល​មិន​ទៀងទាត់ ជាដើម។ បើ​និយាយ​ពី​ប្រាក់​ឈ្នួល​វិញ គ្មាន​មូលដ្ឋាន​ណា​គិត​ឲ្យ​ជាក់លាក់​នោះ​ទេ ពោល​គឺ​ពួក​គេ​ទទួល​បាន​ប្រាក់​ឈ្នួល​អាស្រ័យ​លើ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា ដូច្នេះ​លោក​ថា ពួក​គេ​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់ និង​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ដូច​កម្មករ​ឯ​ទៀត៖ «»

កម្មករ​សំណង់ និង​មន្ត្រី​សហជីព​អះអាង​ថា មាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​តូច​បាន​គិតគូរ​ច្រើន​អំពី​សុវត្ថិភាព​កម្មករ ប៉ុន្តែ​ក្រុមហ៊ុន​សំណង់​ភាគច្រើន​ផ្សេង​ទៀត​ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​គម្រោង​ធំៗ ដូចជា​ក្រុមហ៊ុន​សាងសង់​បុរី ផ្ទះ​ល្វែង ហាក់​ពុំ​សូវ​បាន​ដឹង​អំពី​ស្ថានភាព​របស់​កម្មករ​សំណង់​ទាំង​នោះ​ទេ ដោយសារ​ការងារ​សាងសង់​ត្រូវ​បាន​ចុះ​កិច្ចសន្យា​បន្ត​ទៅ​ក្រុម​អ្នក​ម៉ៅការ​ផ្សេងៗ​គ្នា។

នាយក​ប្រតិបត្តិ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​កោះពេជ្រ លោក ជិន ហុក ដែល​ស្នើ​មិន​ឲ្យ​ថត​សំឡេង និង​រូបភាព​នោះ មាន​ប្រសាសន៍​ថា កម្មករ​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) មាន​ជាង ១.៥០០​នាក់។ លោក​ថា នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​មាន​ក្រុម​សុវត្ថិភាព​មួយ​តែងតែ​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិភាព បរិស្ថាន និង​អនាម័យ​នៅ​កន្លែង​កម្មករ​ស្នាក់នៅ និង​កន្លែង​ធ្វើ​ការ ដោយ​តម្រូវ​ឲ្យ​កម្មករ​ត្រូវ​តែ​ពាក់​មួក ពាក់​អាវ និង​ពាក់​ស្បែកជើង​ការពារ​ត្រឹមត្រូវ​ជា​កំហិត។ ទន្ទឹម​គ្នា​នេះ លោក​អះអាង​ថា ប្រសិន​បើ​មាន​គ្រោះថ្នាក់​ការងារ​បន្តិចបន្តួច​នៅ​ក្នុង​ការដ្ឋាន​នោះ គឺ​ក្រុមហ៊ុន​មាន​ពេទ្យ​ប្រចាំ​ការ និង​មាន​គ្លីនិក​ដៃគូ​ដើម្បី​ព្យាបាល​កម្មករ​ទាន់​ពេលវេលា​ទៀត​ផង។ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​បាន​ទៅ​ដល់​ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នៅ​កោះពេជ្រ មើល​ឃើញ​កម្មករ​សំណង់​ផ្នែក​ខាង​ក្រៅ​នៃ​ក្រុមហ៊ុន​នេះ​មាន​បំពាក់​ឧបករណ៍​សុវត្ថិភាព​ត្រឹមត្រូវ។

នាយក​ប្រតិបត្តិ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​កោះពេជ្រ​រូប​នេះ ក៏​គាំទ្រ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​សំណង់ ដូច​អ្វី​ដែល​សហជីព​បាន​ទាមទារ​ដែរ ហើយ​ក្រុមហ៊ុន OCIC បាន​កំណត់​ប្រាក់​ឈ្នួល​រួច​ហើយ ដោយ​មិន​ប្រកាន់​កម្មករ​ប្រុស ឬ​ស្រី​ឡើយ។ លោក​ថា សម្រាប់​កម្មករ​ស្ត្រី​ដែល​មិន​ចេះ​អ្វី​សោះ ត្រឹម​ធ្វើ​ជា​អ្នក​អនាម័យ​នោះ ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​បំផុត​ចំនួន ១​ម៉ឺន ៨​ពាន់​រៀល ហើយ​កម្មករ​គ្មាន​ជំនាញ និង​មាន​ជំនាញ​ផ្សេង​ទៀត អាច​ទទួល​ចន្លោះ​ពី ២​ម៉ឺន​រៀល​ដល់ ៦​ម៉ឺន​រៀល​អាស្រ័យ​លើ​សមត្ថភាព។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ សហជីព​លើក​ឡើង​ថា កម្មករ​សំណង់​ភាគច្រើន​ដែល​យក​ជីវិត​របស់​ខ្លួន​ទៅ​ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​ក្នុង​ការងារ​នេះ ហើយ​មិន​ត្រូវ​បាន​ធានា​ឡើយ​ក្នុង​ករណី​រង​របួស ឬ​ស្លាប់​ដោយសារ​តែ​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​ត្រូវ​ផ្ដល់​សំណង​ដល់​កម្មករ​រង​របួស ឬ​ក្រុម​គ្រួសារ​របស់​កម្មករ​ដែល​ស្លាប់​ពេល​កំពុង​ធ្វើ​ការ​នោះ នឹង​ធ្វើ​ឲ្យ​គ្រួសារ​ពួក​គេ​កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​ថែម​ទៀត។

មន្ត្រី​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​កម្មករ​សំណង់ ប្ដេជ្ញា​ថា​នឹង​បន្ត​ធ្វើ​ការ​តស៊ូ​មតិ និង​ធ្វើ​យុទ្ធនាការ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូវ​អ្វី​ដែល​ពួក​គេ​ទាមទារ ព្រោះ​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លីកាដូ៖ អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​បុគ្គល​មួយ​ចំនួន​ក្លាយ​ជា​ជន​រងគ្រោះ​នយោបាយ

$
0
0

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) បាន​ចេញ​របាយការណ៍​សង្ខេប​ស្ដីពី​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រយៈពេល ២​ឆ្នាំ​នៅ​ខែ​កក្កដា ដោយ​បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស បុគ្គល​ឯករាជ្យ និង​មនុស្ស​ល្បីៗ​នៅ​ក្នុង​សង្គម បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ភាព​ផុយ​ស្រួយ។ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទាត់​ចោល​របាយការណ៍​នេះ និង​បាន​ហៅ​របាយការណ៍​នេះ​ជា​ការ​សរសេរ​ដើម្បី​សុំ​លុយ​ជំនួយ​ពី​បរទេស។

របាយការណ៍​របស់​អង្គការ​លីកាដូ រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ហើយ​យក​ទៅ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ឬ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន ការ​បំភិត​បំភ័យ និង​ការ​តាមដាន​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ។

ចំណែក​បុគ្គល​ឯករាជ្យ និង​ជន​ល្បីៗ​វិញ រង​ការ​បាញ់​សម្លាប់ និង​ចាប់​ដាក់​ពន្ធនាគារ ដូចជា​ករណី​លោក​បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ រង​ការ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​នឹង​មតិ​ដែល​បាន​បញ្ចេញ។

អ្នក​តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​រង​ការ​បង្ក្រាប គំរាម និង​ចាប់​ដាក់​ពន្ធនាគារ សកម្មជន​ការពារ​បរិស្ថាន ត្រូវ​បាន​រង​ការ​វាយ​ប្រហារ អាជ្ញាធរ​រារាំង ចាប់​ខ្លួន ឃាត់​ខ្លួន និង​និរទេស​ចេញ​ពី​ប្រទេស។ និស្សិត និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល រង​ការ​រារាំង គំរាម​កំហែង​ដោយ​កាំភ្លើង មេ​ដឹកនាំ​សហគមន៍​ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​អាជ្ញាធរ​ឃាត់​ខ្លួន អ្នក​តវ៉ា​ជំទាស់​ច្បាប់​ស្ដីពី​អង្គការ​សមាគម ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ អ្នក​រិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម រង​ការ​ចាប់​ខ្លួន អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​ការ​វាយ​ដំ បន្ទាប់​មក​តុលាការ​កោះ​ហៅ​ក្នុង​ឋានៈ​ជា​ជន​សង្ស័យ អ្នក​តវ៉ា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ឃាត់​ខ្លួន សកម្មជន​រង​របួស​ក្នុង​ពេល​តវ៉ា​ដីធ្លី​ត្រូវ​តុលាការ​ផ្ដន្ទាទោស។

មេ​ដឹកនាំ​សហគមន៍ ត្រូវ​តុលាការ​ចោទ​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ កម្មករ​កាត់ដេរ និង​សហជីព ត្រូវ​បាន​បុគ្គលិក និង​សន្តិសុខ​រោងចក្រ ស្ដារ​ឡែថ័ អឹភឺរិល (Starlight Apparel) វាយ​ប្រហារ​ដោយ​បំពង់​ដែក ដំបង និង​កាំបិត នៅ​ពេល​ប្រមូល​ផ្ដុំ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ជាង​មុន អ្នក​តវ៉ា​ដោយ​សន្តិវិធី​រង​ការ​វាយ​ដំ​ដោយ​ជន​ពាល និង​ចាប់​ខ្លួន មេ​ដឹកនាំ​សហជីព​ត្រូវ​បាន​ផ្ដន្ទាទោស សមាជិក​សហជីព​ត្រូវ​ឃាត់​ខ្លួន និង​វាយ​ដំ​ឲ្យ​សារភាព សកម្មជន​ក្នុង​សហគមន៍​រង​ការ​គំរាម​កំហែង បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​រារាំង​មិន​ឲ្យ​បណ្ដុះបណ្ដាល​សហគមន៍​ជនជាតិ​ដើម​ភាគតិច សកម្មជន​បរិស្ថាន ត្រូវ​បាន​វាយ​ប្រហារ សមាជិក​រដ្ឋាភិបាល​ព្រមាន​សង្គម​ស៊ីវិល​ជា​សាធារណៈ និង​ចោទ​ប្រកាន់​របាយការណ៍​របស់​សង្គម​ស៊ីវិល មន្ត្រី គ..ប ត្រូវ​ជាប់​ឃុំឃាំង នគរបាល​រារាំង​សកម្មភាព​ជួប​ប្រជុំ អាជ្ញាធរ​ចុះ​រារាំង​ការ​អប់រំ​ពី​ការ​បោះឆ្នោត ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​រង​ការ​រារាំង គណនី​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី រង​ការ​លុកលុយ និង​ការ​ចាប់​ខ្លួន​យុវជន​ពាក់ព័ន្ធ​ការ​បញ្ចាំង​វីដេអូ​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជាដើម។

អង្គការ​លីកាដូ ក៏​រក​ឃើញ​ថា អំពើ​ហិង្សា​ដែល​កង​សន្តិសុខ​ប្រដាប់​ដោយ​ដំបង ឬ​យា​ដៃ​វាយ​សំពង​លើ​អ្នក​តវ៉ា​អហិង្សា​មាន​ការ​គាំទ្រ​ដោយ​អាជ្ញាធរ។ កង​សន្តិសុខ​បាន​ប្រព្រឹត្ត​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំឃាំង​យូរ​ជាង​អ្នក​វាយ​តំណាងរាស្ត្រ​ទៅ​ទៀត។ អាជ្ញាធរ​បាន​បន្ត​ប្រើប្រាស់​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស រាប់​តាំង​ពី​ការ​បកស្រាយ​មិន​ត្រឹមត្រូវ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការងារ​សិទ្ធិ​មនុស្ស ថា​ជា​អំពើ​សូកប៉ាន់​សាក្សី ហើយ​ការ​បកស្រាយ​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​នេះ បាន​បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​រដ្ឋ និង​គណបក្ស​កាន់​អំណាច ហើយ​អាច​ជា​ឧបករណ៍​ដើម្បី​បំភ័យ និង​រារាំង​សង្គម​ស៊ីវិល។

ពាក់ព័ន្ធ​នឹង​របាយការណ៍​ដែល​អង្គការ​លីកាដូ រក​ឃើញ​រយៈពេល ២​ឆ្នាំ​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅ​របាយការណ៍​នេះ​គ្រាន់​តែ​ជា​ការ​សរសេរ​ដើម្បី​សុំ​លុយ​ជំនួយ​តែ​ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន ហៅ​ការ​ចាប់​ខ្លួន និង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ដើម្បី​សន្តិសុខ​សង្គម«ការ​លើក​ឡើង​នេះ​ជា​ការ​លើក​ឡើង​ប្រាសចាក​ពី​ការពិត គ្រាន់​តែ​យក​រាជ​រដ្ឋាភិបាល​ជា​សត្រូវ។ យើង​សោកស្ដាយ​ដែល​គាត់​លើក​ឡើង​ដូច្នេះ។ យើង​តែងតែ​សហការ​ជាមួយ​ជានិច្ច​នៅ​ពេល​ដែល​អង្គការ​ទាំងនោះ​មាន​ភាព​សុចរិត ក្នុង​ការ​បម្រើ​ការងារ​របស់​គេ​ដោយ​មិន​លម្អៀង។ បើ​សិន​ជា​គេ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​ការងារ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល យើង​តែងតែ​ជួយ​ជានិច្ច»

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា របាយការណ៍​ដែល​លីកាដូ​ចេញ​ផ្សាយ បាន​លើក​យក​ករណី​ជាក់ស្ដែង ហើយ​ការ​ចេញ​របាយការណ៍​នេះ​មិន​មែន​ចង់​រិះគន់ ឬ​បន្តុះបង្អាប់​រដ្ឋាភិបាល​នោះ​ទេ តែ​ចេញ​ក្នុង​នាម​កែលំអ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​នេះ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល និង​រក​ដំណោះស្រាយ ជៀសវាង​ការ​លាប​ពណ៌​ដាក់​គ្នា ព្រោះ​សង្គម​ស៊ីវិល​គឺ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល«ទាំង​របាយការណ៍​របស់​អង្គការ​ជាតិ​ក្ដី អន្តរជាតិ​ក្ដី រហូត​ទៅ​ដល់​ការ​រិះគន់​របស់​សហគមន៍​អឺរ៉ុប ក៏ដូចជា​អង្គការ​សហប្រជាជាតិ ពី​រឿង​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស គឺ​ខាង​រដ្ឋាភិបាល​គឺ​តែងតែ​មាន​ការ​បដិសេធ។ ខ្ញុំ​គិត​ថា ដំណោះស្រាយ​អ្វី​ជា​ការ​ល្អ គួរ​តែ​យើង​ពិនិត្យ​មើល​ថា​អ្វី​ដែល​មិន​ទាន់​បាន​កែលំអ ឬ​ខ្វះ​ចន្លោះ យើង​ខិតខំ​កែប្រែ​ទាំងអស់​គ្នា»

បើ​ទោះ​ជា​របាយការណ៍​អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​រង​ការ​គំរាម​រំលោភ​បំពាន ឬ​មាន​ហានិភ័យ​នៅ​ពេល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ក៏ដោយ លោក អំ សំអាត ប្រាប់​ថា លោក​ធ្លាប់​ឆ្លង​កាត់​ហានិភ័យ​នេះ​ច្រើន​ហើយ ប៉ុន្តែ​លោក​មិន​មាន​ភាព​តក់ស្លុត​នោះ​ទេ ព្រោះ​លោក​យល់​ថា នេះ​ជា​ការ​ជួយ​ដល់​សិទ្ធិ​របស់​ពលរដ្ឋ និង​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។

ចំណែក​មន្ត្រី​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់​ដែល​ធ្លាប់​រង​ការ​ឃុំឃាំង​ជាង ១​ឆ្នាំ​លើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​បាន​តុលាការ​ដោះលែង​កាល​ពី​ចុង​ខែ​មិថុនា ក៏​ប្ដេជ្ញា​នៅ​តែ​បន្ត​តួនាទី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដដែល ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​ឃុំ-ចៅ​សង្កាត់​ដែល​ជាប់​ឆ្នោត​ចាប់​ផ្ដើម​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​៣​កក្កដា

$
0
0

មេ​ឃុំ​ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ត្រូវ​បាន​អាជ្ញាធរ​រាជធានី-ខេត្ត​ចុះ​ធ្វើ​ពិធី​ប្រកាស​សុពលភាព​ចាប់​ផ្ដើម​ចូល​កាន់​តំណែង​ហើយ នៅ​ថ្ងៃ​ទី​៣ កក្កដា។ ការ​ប្រកាស​សុពលភាព​នេះ គឺ​ជា​ការ​ផ្ទេរ​តំណែង​ពី​មេ​ឃុំ​ចៅ​សង្កាត់​អាណត្តិ​ចាស់ ទៅ​មេ​ឃុំ​ចៅ​សង្កាត់​ថ្មី​នៅ​ទូទាំង​ប្រទេស ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​រយៈពេល ១៤​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា តាម​ច្បាប់​របស់ គ..ប។ ដោយឡែក​នៅ​ភ្នំពេញ គេ​ឮ​តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចៅ​សង្កាត់​ថ្មី​ក្នុង​ការ​ចូល​កាន់​តំណែង​នេះ។

មេ​ឃុំ​ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទើប​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ប្រកាស​ប្រគល់​តំណែង​ពី​មេ​ឃុំ​ចៅ​សង្កាត់​អាណត្តិ​ចាស់ នៅ​ថ្ងៃ​ទី​៣ កក្កដា សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ និង​គោរព​ច្បាប់​ក្នុង​អាណត្តិ​ការងារ​របស់​ខ្លួន ៥​ឆ្នាំ​ទៅ​មុខ។

ចៅ​សង្កាត់​ថ្មី​សម្រាប់​សង្កាត់​ស្ទឹងមានជ័យ៣ គឺ​លោក សាំង ស៊ីណា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ប្ដេជ្ញា​ថា លោក​នឹង​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​នានា ព្រម​ទាំង​អនុក្រឹត្យ​វិមជ្ឈការ​អំណាច​តួនាទី​ភារកិច្ច​ទៅ​ឃុំ-សង្កាត់ និង​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ៖ «ទី​៥ អនុវត្ត​តាម​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍ​សង្កាត់​ប្រកប​ដោយ​បរិស្ថាន​ល្អ និង​រស់នៅ​ដោយ​ផាសុកភាព​ល្អ​ប្រសើរ។ ៦ សហការ និង​ពង្រឹង​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ស្ដីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព»

ក្នុង​ពិធី​ប្រកាស​សុពលភាព​នេះ មេ​ឃុំ​ចៅ​សង្កាត់​អាណត្តិ​ចាស់​បាន​ប្រកាស​រាយការណ៍​ពី​សមិទ្ធផល​របស់​ខ្លួន​ដែល​សម្រេច​បាន​ក្នុង​អាណត្តិ​ចាស់។ នៅ​សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ អតីត​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់ អ្នកស្រី ទេព ព្រហ្មមុនី រាយការណ៍​លម្អិត​ជូន​ចៅ​សង្កាត់​ថ្មី។ ក្រៅ​ពី​របាយការណ៍​ស្ដីពី​ភូមិសាស្ត្រ​ដែនដី​ឃុំ-សង្កាត់ ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​នោះ​ក៏​មាន​របាយការណ៍​អំពី​ថវិកា​ឃុំ​ដែល​ចំណាយ និង​នៅ​សល់ ព្រម​ទាំង​បំណុល​ដែរ។

ចៅ​សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​សម្រាប់​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ គឺ​លោក ស្រី ញាណ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​តំណែង​បន្ត​ពី​លោក កែវ សាវឿន ចៅ​សង្កាត់​ចាស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប្ដេជ្ញា​ដូច​ចៅ​សង្កាត់​ថ្មី​ដទៃ​ទៀត​ដែរ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ពិធី​ប្រកាស​សុពលភាព​មេ​ឃុំ​ចៅ​សង្កាត់​ថ្មី​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៣ កក្កដា លោក​មិន​ទទួល​បាន​របាយការណ៍​ស្ដីពី​បញ្ហា​អ្វី​ទេ៖ «ព័ត៌មាន​ត្រឡប់​មក​វិញ​ដូច​អត់​មាន​អី ដំណើរការ​ទៅ​រលូន។ បើ​មាន​អី​យើង​ដឹង​ហើយ»

លទ្ធផល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ..ប ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​តំណែង​មេ​ឃុំ​ចៅ​សង្កាត់ ៤៨៩​អាសនៈ។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន ១.១៥៦​អាសនៈ គឺ​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦៦៧​អាសនៈ​មេ​ឃុំ​សង្កាត់។

ចំពោះ​តំណែង​ជំទប់​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ចំនួន ១.១៣៩​អាសនៈ ឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ចំនួន ៥០៣​អាសនៈ គឺ​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ៦៣៦​អាសនៈ។ ដោយឡែក​តំណែង​ជំទប់​ទី​២ វិញ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ចំនួន ៥១០​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ចំនួន ១.០៨៧​អាសនៈ គឺ​លើស​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥៧៧​អាសនៈ។

ក្រៅ​ពី​នេះ គណបក្ស​ផ្សេង​ទៀត​ក៏​ទទួល​បាន​អាសនៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​ជំទប់​ទី​១ និង​ទី​២ មួយ​ចំនួន​ដែរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន ២៨​អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន ៤​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន ២៤​អាសនៈ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន ១​អាសនៈ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួល​បាន ៥​អាសនៈ។

ក្នុង​ចំណោម​ឃុំ-សង្កាត់​ចំនួន ១.៦៤៦​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ១១.៥៧២​នាក់​បាន​ជាប់​ឆ្នោត​អាណត្តិ​ទី​៤ ក្នុង​នោះ​មាន​ស្ត្រី ១.៩៣៩​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​កោះរ៉ុង​​ចោទ​ក្រុមហ៊ុន​លោក គិត ម៉េង ថា​ឈូស​ឆាយ​រំលោភ​យក​ដីចម្ការ​ពួកគាត់

$
0
0

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ថា បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដី​ចម្ការ​របស់​ពួកគាត់​ដែល​ធ្លាប់​រស់​នៅ និង​ដាំ​ដំណាំ​កសិកម្ម​ក្រោយ​ឆ្នាំ​១៩៧៩ មក​នោះ។ អាជ្ញាធរ​ខេត្ត​សន្យា​ថា នឹង​លើក​យ​ករណី​នេះ​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​អំពាវនាវ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឲ្យ​បញ្ឈប់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដីចម្ការ និង​សង់​សំណង់​រឹងមាំ​ផ្សេងៗ​រំលោភ​យក​ដី​របស់​ពួកគាត់។

​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ជី វិស័យ អាយុ ៦៥​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង អះអាង​ថា ដីចម្ការ​មាន​ទីតាំង​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ដែល​មាន​ព្រំ​ដី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដី​ចម្ការ​របស់​គាត់​មាន​ទំហំ​ជាង ៣​ហិកតារ​កន្លះ (៣៥,៤៧០) យក​ទៅ​សង់​សំណង់​ផ្សេងៗ។

ស្ត្រី​រូប​នេះ​បាន​ចោទ​លោក ឈុន ប៊ុនថា ជា​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ថា​បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​មាន​ដំណាំ​ចន្ទី ស្វាយ និង​ដូង របស់​ពួកគាត់​បំផ្លាញ​ចោល​ដើម្បី​រំលោភ​យក​ដី​ពួកគាត់។

​នៅ​ក្នុង​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ទៅ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្ត្រី​វ័យ​ចាស់​ឈ្មោះ ជី វិស័យ និង​លោក សុខ ចិន្តា បាន​ប្ដឹង​សុំ​អន្តរាគមន៍​ដល់​ផ្នែក​វាស់វែង និង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​សុខសាន្ត ឲ្យ​ធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​ដីធ្លី​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគាត់។

ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​លោក យន្ត មីន ជួយ​ទប់ស្កាត់​សកម្មភាព​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប គឺ​លោក ឈុន ប៊ុនថា ឲ្យ​ផ្អាក​សកម្មភាព​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដីចម្ការ និង​សង់​សំណង់​ផ្សេងៗ នៅ​លើ​ដី​ទំនាស់​មាន​ទីតាំងនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ជាប់​ព្រំ​ដី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ដំណោះស្រាយ«កូន​ចៅ​មាន​ដី​តែ​ប៉ុណ្ណឹង គឺ​កូន​រស់នៅ​លើ​ដី​ស្ថិត​ក្នុង​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង នេះ តាំង​ពី​អាយុ ៩​ឆ្នាំ​មក​ម្ល៉េះ ហើយ​ដី​នេះ​ជា​របស់​ឪពុក​ម្តាយ​កូន​ទេ ហើយ​កូន​ចៅ​បាន​មក​រស់នៅ​ទីកន្លែង​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​មក​ដេញ​មិន​ឲ្យ​កូន​ចៅ​រស់នៅ​លើ​ដី​នេះ​ទៀត​ទេ។ ហើយ​រាល់​ថ្ងៃ​នេះ កូន​ចៅ​មាន​ការ​ភិតភ័យ ស្នើសុំ​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ដល់​រូប​នាង​ខ្ញុំ​ផង ហើយ​ជួយ​ដោះស្រាយ​ផ្តល់​ប្លង់​នៅ​លើ​ចំណែក​ដី​ដែល​ខ្ញុំ​កំពុង​រស់នៅ​នេះ​ឲ្យ​បាន​ឆាប់ សូម​ឲ្យ​សម្ដេច​ជួយ​ដល់​នាង​ខ្ញុំ​ផង»

ចំណែក លោក សុខ ចិន្តា ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ម្នាក់​ដែរ។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ ព្រោះ​ដី​របស់​គាត់​ប្រមាណ ៣​ហិកតារ ដែល​ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឈូស​ឆាយ​រំលោភ​យក និង​សង់​សំណង់​រឹងមាំ​ផ្សេង​នៅ​លើ​ដី​ទំនាស់​នោះ«ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង បាន​មក​រំលោភ​យក​ដី​ពលរដ្ឋ​ពួក​ខ្ញុំ​ដែល​មាន​ដាំ​ដំណាំ​ដូង ស្វាយចន្ទី និង​ស្វាយ ជាដើម នៅ​លើ​ដី​ចម្ការ​ជាក់ស្តែង មាន​ទទួល​ផល​ជា​បន្តបន្ទាប់​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ពេល​នេះ​រក​ព្រឹក​ខ្វះ​ល្ងាច ដោយសារ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​ចម្ការ​របស់​ពួក​ខ្ញុំ​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង នេះ ដោយសារ​ពួក​ខ្ញុំ​មិន​បាន​រក​ស៊ី​អ្វី​សោះ ព្រោះ​នៅ​ជាប់​តស៊ូ​ពី​រឿង​វិវាទ​ដីធ្លី​របស់​ពួក​ខ្ញុំ​ទាំងអស់​គ្នា​នេះ។ ឥឡូវ​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ដល់​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​នៅ​ភូមិ​សុខសាន្ត ដែល​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​នេះ​ឲ្យ​បាន​ឆាប់​ផង»

ឆ្លើយ​តប​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​លើក​យក​ករណី​វិវាទ​ដីធ្លី​នេះ​ដាក់​ជូន​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ឲ្យ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​ដល់​ទីតាំង​កើត​មាន​ទំនាស់​នេះ​ជា​ថ្មី​ម្ដង​ទៀត។

​លោក យន្ត មីន ទទួល​ស្គាល់​ថា ទីតាំង​ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប កំពុង​សាងសង់​សំណង់​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ​នេះ គឺ​ពិត​ជា​មាន​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​រូប​លោក​ឲ្យ​ជួយ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ពិត​មែន«រឿង​នេះ​ខ្ញុំ​បាន​ប្រកាស​ឲ្យ​ទប់ស្កាត់​វិវាទ​នេះ​ត្រឹម​ប៉ុណ្ណឹង​សិន ហើយ​វិវាទ​ដីធ្លី​នេះ ខ្ញុំ​នឹង​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ថ្នាក់​លើ​ចុះ​ជួយ​ខ្ញុំ​ខ្លះ ហើយ​ក៏​នឹង​ស្នើ​ទៅ​ក្រសួង​ដែនដី ឲ្យ​ចុះ​ជួយ​ដោះស្រាយ​ទៅ​លើ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ភូមិ​សុខសាន្ត ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រោះ​កន្លង​មក​ករណី​នេះ​វា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ដែនដី ដោយសារ​តែ​ក្រសួង​នេះ​ជា​ក្រសួង​ដែល​ទទួល​បន្ទុក​ខាង​បច្ចេកទេស​ដែនដី គឺ​ជា​អ្នក​ចុះ​វាស់វែង​ក្បាល​ដី​ចេញ​ប្លង់​កម្មសិទ្ធិ​ជាដើម នៅ​លើ​កោះរ៉ុង នា​ពេល​កន្លង​មក​នេះ គឺ​ក្រសួង​ដែនដី​គាត់​បាន​ចុះ​មក​ជួយ​វាស់វែង។ អ៊ីចឹង​ការងារ​នេះ គឺ​មិន​ទាន់​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ គឺ​មិន​ទាន់​អាច​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​នៅ​ឡើយ​ទេ ហើយ​ករណី​ទំនាស់​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សុខសាន្ត ដាក់​ពាក្យ​បណ្ដឹង​មក​រូប​ខ្ញុំ​ថ្មីៗ​នេះ គឺ​រដ្ឋបាល​ខេត្ត​មាន​តែ​ទៅ​ពឹងពាក់​ដល់​ក្រសួង​ដែនដី ដើម្បី​រួម​គ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​លើ​កោះរ៉ុង ដែល​កន្លង​មក​មាន​ការ​ឈ្លោះ​ទាស់ទែង​គ្នា​នេះ​ឡើង​វិញ ព្រោះ​ភាគី​ទំនាស់​ម្នាក់​ថា​អ៊ីចេះ ភាគី​ម្ខាង​ទៀត​ថា​អ៊ីចុះ។ ខាង​ភាគី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ចោទ​ខាង​ភាគី​ប្រជាពលរដ្ឋ​ថា​បាន​នាំ​គ្នា​មក​វាយ​បំផ្លាញ​សម្ភារៈ​របស់​គេ ហើយ​ខាង​ភាគី​ប្រជាពលរដ្ឋ​បាន​ប្ដឹង​មក​ខេត្ត ប្ដឹង​ចោទ​ថា​ខាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រំលោភ​ដី​ពួក​គាត់ ហើយ​ប្ដឹង​មក​ខេត្ត ខាង​ខេត្ត​អត់​ជួយ​ទប់ស្កាត់​គាត់។ អ៊ីចឹង​គាត់​មាន​តែ​វាយ​កម្ទេច​សំណង់​សង់​នៅ​លើ​ដី​របស់​គាត់​ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មក​សាងសង់​នោះ​ចោល»

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ត្រូវ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ដល់​ទីតាំង​កើត​មាន​ទំនាស់​នៅ​ភូមិ​សុខសាន្ត ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​វិនិយោគ​របស់​ខ្លួន ព្រោះ​បាន​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​រស់​នៅ​តំបន់​នេះ។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ឈុន ប៊ុនថា តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដើម្បី​បំភ្លឺ​លើ​ករណី​ប្រជាពលរដ្ឋ​ចោទ​ថា បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ផល​ដំណោះ មាន​ស្វាយចន្ទី ដូង និង​ស្វាយ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង (Royal Sands Koh Rong) ក្នុង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុង​អំឡុង​ពេល​បើក​ការដ្ឋាន​សាងសង់​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចូលរួម​សម្ពោធ​ដែល​អំឡុង​ពេល​នោះ សំណង់​លំដាប់​ផ្កាយ​នេះ​ធ្វើ​ពិធី​សម្ពោធ​ដោយ​មិន​ទាន់​បាន​ស្នើ​សុំ​ច្បាប់​សាងសង់​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ នោះ​ទេ។

រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ។ ក្នុង​ប្លង់​អភិវឌ្ឍន៍​កោះរ៉ុង ទាំង​មូល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែល​គេ​ចង​ព្យួរ​នៅ​តាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ​កន្លង​មក​បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាលដី​កោះរ៉ុង ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ នា​មូលដ្ឋាន​នេះ​មាន​ទំហំ​សរុប ៧.៨២៦​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្រះរំកិល​ត្អូញត្អែរ​ថា​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ដោយសារ​ទំនប់​ដនសាហុង

$
0
0

សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​យ៉ាង​គំហុក ដោយសារ​គ្មាន​វត្តមាន​សត្វ​ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​ក៏​ធ្លាក់​ចុះ​ដែរ។ បញ្ហា​នេះ ពួក​គេ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) បង្ក​ការ​រំខាន​ដោយ​សំឡេង​បំផ្ទុះ​ថ្ម និង​គ្រឿងចក្រ នាំ​ឲ្យ​សត្វ​ផ្សោត​ផ្អើល និង​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែ​ទឹក​ខាង​លើ។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា សត្វ​ផ្សោត​នៅ​តំបន់​នោះ អាច​នឹង​ផុត​ពូជ បើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​រក​មធ្យោបាយ​អភិរក្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល​ឲ្យ​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​វិស័យ​ទេសចរណ៍​ក្នុង​តំបន់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ កក្កដា ក្រោយ​ពី​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល ៣​ក្បាល​បាន​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​តំបន់​កោះ​កាប៉ាស់​ក្នុង​ដែន​ទឹក​របស់​ឡាវ ច្រើន​ខែ​មក​ហើយ។

គណៈកម្មការ​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា កត់​សម្គាល់​ថា មូលហេតុ​ដែល​ផ្សោត​ចំនួន ៣​ក្បាល​បន្លាស់​ទី​ទៅ​ខ្សែ​ទឹក​ខាង​លើ ដោយសារ​មាន​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​ឋិត​នៅ​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ទីតាំង​ជ្រក​របស់​ត្រី​ផ្សោត​អន្លង់​ឈើទាល និង​ការ​ហ៊ុមព័ទ្ធ​នេសាទ​នៅ​ក្បែរ​អន្លង់​អភិរក្ស បង្ក​ភាព​ស្មុគស្មាញ ស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ​របស់​សត្វ​ផ្សោត។ លោក​ថា បើ​ក្រុមហ៊ុន​មិន​បាន​បំផ្ទុះ​ថ្ម​ទេ សត្វ​ផ្សោត​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ពី​ខ្សែ​ទឹក​ខាង​លើ​មក​អន្លង់​ឈើទាល​វិញ។

លោក​បន្ថែម​ថា សត្វ​ផ្សោត​កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង ដោយសារ​តំបន់​ឆ្លង​កាត់​សំខាន់ៗ​ដែល​ផ្សោត​ធ្វើ​ដំណើរ សម្បូរ​ទៅ​ដោយ​អ្នក​នេសាទ​ទាំង​ប្រជាជន​ឡាវ និង​ខ្មែរ បាន​ដាក់​មង និង​ឧបករណ៍​នេសាទ​ផ្សេងៗ ត្បិត​ប្រជាជន​ប្រទេស​ទាំង​ពីរ​មាន​ទម្លាប់​នេសាទ​នៅ​ដង​ទន្លេ​ខ្សែ​បន្ទាត់​ខណ្ឌ​ទឹក​ដី​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​នោះ៖ «ខ្ញុំ​ឃើញ​ផ្សោត​ចុះ​មក​នៅ​កន្លែង​ចាស់​វិញ​នៅ​រយៈពេល​បី​ថ្ងៃ តែ​បន្ទាប់​ពី​បី​ថ្ងៃ​មក មាន​សកម្មភាព​គេ​ចាប់​ផ្ដើម​បំផ្ទុះ​ថ្ម​ទៀត។ ចឹង​ផ្សោត គឺ​បង្ខំ​ទៅ​វិញ ហើយ​បន្ទាប់​ទៀត គឺ​នៅ​ទំនប់​ដនសាហុង ឃើញ​គេ​ទម្លាក់​ទុយោ​ថ្មីៗ​នេះ គឺ​គេ​បូម​ទឹក​ចេញ​ពី​ទំនប់​ដនសាហុង គឺ​ធំ​មែនទែន​ទុយោ​ហ្នឹង»

លោក ផយ វណ្ណា ចាត់​ទុក​វត្តមាន​សត្វ​ផ្សោត​នៅ​តំបន់​នោះ​ថា​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល និង​ពលរដ្ឋ​នៅ​ឃុំ​ព្រះរំកិល ព្រោះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ផ្នែក​បាន​មក​ពី​វិស័យ​ទេសចរណ៍ ដូចជា​ការ​លក់​សំបុត្រ​ទស្សនា​ផ្សោត សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ លក់​ម្ហូប​អាហារ និង​កន្លែង​ស្នាក់នៅ ជាដើម។ លោក​បន្ថែម​ថា រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ កម្រ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ផ្សោត​ពី​ប្រទេស​ឡាវ មក​កម្ពុជា ណាស់ គឺ​ឃើញ​មាន​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​ប្រទេស​កម្ពុជា ហើយ​ការ​លក់​សំបុត្រ​ទៀតសោត បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

លោក​ត្អូញ​ថា បច្ចុប្បន្ន​សហគមន៍​អាច​លក់​សំបុត្រ​បាន​ចាប់​ពី ៦០​ម៉ឺន​រៀល​ទៅ ៧០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​កាល​ពី​មិន​ទាន់​មាន​ការ​សាងសង់​ទំនប់​ដនសាហុង សហគមន៍​អាច​រក​ប្រាក់​ចំណូល​បាន​ចាប់​ពី ១​លាន ៥០​ម៉ឺន​រៀល​ទៅ ២​លាន​រៀល​ក្នុង​មួយ​ខែ៖ «ទេសចរ​ដែល​មក​ពី​ខាង​ឡាវ ឬ​ក៏​មក​ពី​ខាង​ខ្មែរ​នៅ​តំបន់​អន្លង់​យើង​ហ្នឹង អត់​ឃើញ​ទេ គឺ​គាត់​នាំ​គ្នា​គេច ហើយ​យើង​លក់​សំបុត្រ​ដូចជា​ម្នាក់ ២​ដុល្លារ គឺ​បាត់បង់​ថវិកា​ទាំងស្រុង»

តាម​ការ​សង្កេត​របស់​សហគមន៍​ព្រះរំកិល ឲ្យ​ដឹង​ថា មុន​ឆ្នាំ​២០១០ សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​មាន ៨​ក្បាល ក៏ប៉ុន្តែ​សត្វ​កម្រ​ទាំងនេះ​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​ផ្សោត​ធំៗ​ប្រមាណ ៣​ក្បាល បន្ត​រស់នៅ​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍​ព្រះរំកិល និង​ឆ្មាំ​ទន្លេ។

អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) លោក ឈិត សំអាត បារម្ភ​ថា មាន​ឧបសគ្គ​ច្រើន​បាន​យាយី​ដល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ផ្សោត​នៅ​តំបន់​នោះ ហើយ​សត្វ​កម្រ​ទាំងនោះ​អាច​នឹង​ផុត​ពូជ នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ពលរដ្ឋ​នៅ​តំបន់​នោះ ក្រោយ​ពី​មាន​វត្តមាន​ទំនប់​វារីអគ្គិសនី​ដនសាហុង។ លោក​ថា រហូត​មក​ទល់​ពេល​នេះ មន្ត្រី​ជំនាញ​ពុំ​ទាន់​សន្និដ្ឋាន​ថា សត្វ​ផ្សោត​ទាំង​បី​ក្បាល​នោះ​មាន​ឈ្មោល និង​ញី​ប៉ុន្មាន​នោះ​ទេ ខណៈ​ច្រើន​ឆ្នាំ​កន្លង​ទៅ ផ្សោត​ទាំងនោះ​មិន​ទាន់​បង្ក​កំណើត ឬ​បង្កើត​កូន​នៅ​ឡើយ​ទេ។

លោក​ផ្តល់​មតិ​ថា អាជ្ញាធរ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិភាក្សា​គ្នា​រក​មធ្យោបាយ​សង្គ្រោះ​ផ្សោត​ទាំង​បី​ក្បាល​នោះ ដោយសារ​កន្លង​ទៅ​ពុំ​ទាន់​មាន​ស្ថាប័ន​ណា​មួយ​បង្ហាញ​ជំហរ​ច្បាស់លាស់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​នៅ​ឡើយ​ទេ៖ «ឥទ្ធិពល​មក​ពី​ទំនប់​ដនសាហុង​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ហ្នឹង ហើយ​យើង​មិន​ទាន់​បាន​សិក្សា​បន្ថែម​ទៀត​ថា​តើ​ទិន្នផល​ត្រី ព្រោះ​ផ្សោត​វា​ទៅ​កន្លែង​ណា​ដែល​មាន​ត្រី ដែល​ជា​ចំណី​របស់​វា ផ្លាស់ប្ដូរ​ចរន្ត​ទឹក​វា​អាច​ផ្លាស់ប្ដូរ​ចរន្ត​ត្រី ហើយ​យើង​ពុំ​ទាន់​ដឹង​ថា​ប៉ះពាល់​ដល់​ការ​រស់​រាន​របស់​ត្រី​យ៉ាង​ណា។ ចឹង​គឺ​ទំនប់​ដនសាហុង​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទីតាំង​របស់​សត្វ​ផ្សោត»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ធ្លាប់​អះអាង​ថា ប្រសិន​បើ​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​ផុត​ពូជ​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​សហគមន៍​ទេសចរណ៍​ព្រះរំកិល​បាត់បង់​ប្រាក់​ចំណូល​មាន​ជាអាទិ៍ ការ​លក់​សំបុត្រ​ចូល​ទស្សនា​សត្វ​ផ្សោត ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​អ្នក​ទេសចរ ការ​លក់​ម្ហូប​អាហារ និង​សម្ភារៈ​អនុស្សាវរីយ៍ ជាដើម។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ពន្យល់​ថា សត្វ​ផ្សោត​រស់នៅ​អន្លង់​ខ្សែ​ទឹក​ខាង​លើ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​អន្លង់​នោះ​តូច​ចង្អៀត លំបាក​ស្វែងរក​ចំណី។ លោក​ថា កន្លង​ទៅ អន្លង់​សត្វ​ផ្សោត​ធ្លាប់​រស់នៅ​ធំ​ទូលាយ ហើយ​នៅ​គ្រា​ដែល​មាន​វត្តមាន​ការដ្ឋាន​សាងសង់​ទំនប់​ដនសាហុង ធ្វើ​ឲ្យ​សត្វ​ផ្សោត​បង្ខំ​ចិត្ត​ទៅ​រស់នៅ​កន្លែង​ផ្សេង​ប្រឈម​ឧបសគ្គ​ច្រើន​ក្នុង​ការ​ចាប់​ត្រី​ជា​អាហារ។ លើស​ពី​នេះ ផ្សោត​ទៅ​រស់នៅ​ខ្សែ​ទឹក​ខាង​លើ​បង្ក​ការ​លំបាក​ដល់​សហគមន៍​អភិរក្ស​ដែរ ព្រោះ​អន្លង់​អភិរក្ស​ដែល​ផ្សោត​ជ្រក​បច្ចុប្បន្ន​នោះ​ឋិត​ក្នុង​ដែន​ទឹក​ដែល​ឡាវ​គ្រប់គ្រង និង​ឆ្ងាយ​ពី​អន្លង់​ឈើទាល៖ «អន្លង់​ឈើទាល​ហ្នឹង គឺ​ជា​អន្លង់​អភិរក្ស​របស់​សហគមន៍ ជា​អន្លង់​ផ្សោត ដែល​អង្គការ​ស៊ីវិល ក៏ដូចជា​អង្គការ WWF ខ្លួន​ឯង​គាត់​បាន​រៀបចំ​អភិរក្ស​សត្វ​ផ្សោត ប៉ុន្តែ​បច្ចុប្បន្ន​ហ្នឹង​សត្វ​ផ្សោត​ដែល​ធ្លាប់​រស់នៅ​ក្នុង​អន្លង់​ឈើទាល វា​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ទៅ​នៅ​តំបន់​មិន​មែន​ជា​តំបន់​អភិរក្ស​របស់​សហគមន៍ ហើយ​ម្យ៉ាង​វា​ឋិត​នៅ​តំបន់​ព្រំដែន​ប្រទេស​ឡាវ ផង​តំបន់​ហ្នឹង។ ចឹង​ហានិភ័យ​សត្វ​ផ្សោត​ប្រឈម​ការ​ប្រព្រឹត្ត​បទល្មើស និង​ការ​នេសាទ​របស់​ប្រជាជន​ឡាវ»

ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​ទាំង​យប់​ថ្ងៃ​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេល​នេះ​សម្រេច​បាន​ប្រហែល ៥០​ភាគរយ។ ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) ទទួល​បន្ទុក​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង មាន​កម្ពស់​ពី ៣០​ម៉ែត្រ​ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ។ ចំណែក​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី គឺ​មាន​ចាប់​ពី ២៤០​មេហ្គា​វ៉ាត់ ទៅ ៣៦០​មេហ្គា​វ៉ាត់។ ទំនប់​នេះ​មាន​ចម្ងាយ ១​គីឡូម៉ែត្រ​កន្លះ​ពី​ព្រំដែន​ខែត្រ​ស្ទឹងត្រែង។


មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​បន្លាស់​ទី​សត្វ​ផ្សោត​ពី​អន្លង់​ឈើទាល ដោយ​ការ​រំខាន​ដោយសារ​សំឡេង​បំផ្ទុះ​ថ្ម​ទាំង​យប់​ថ្ងៃ បង្ហូរ​កាក​សំណល់​គីមី​ចូល​ទន្លេ និង​ប្រើប្រាស់​ភ្លើង​អគ្គិសនី​នៅ​ពេល​យប់​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង បង្ក​ឲ្យ​ផ្សោត​ផ្អើល​ទៅ​រស់នៅ​ខ្សែ​ទឹក​ខាង​លើ​ក្នុង​ដែន​ទឹក​របស់​ឡាវ។

តួលេខ​ពី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៥ សត្វ​ផ្សោត​ទន្លេ​មេគង្គ​របស់​កម្ពុជា បាន​ថយ​ចុះ​ពី​ចំនួន ២០០​ក្បាល​មក​នៅ​ត្រឹម​ចំនួន ៨០​ក្បាល។ អង្គការ​មួយ​នេះ​បាន​ទម្លាក់​កំហុស​លើ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ទន្លេ​មេគង្គ ជាពិសេស​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) និង​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) របស់​ប្រទេស​ឡាវ បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​សត្វ​ផ្សោត​ទាំងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​ភូមិ​នៅ​ស្រុក​អន្លង់វែង​ប្ដឹង​ឧត្ដមសេនីយ៍​យោធា​ម្នាក់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា

$
0
0

មេ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង កំពុង​ស្វែងរក​ក្រុម​អ្នក​ច្បាប់​ឲ្យ​ជួយ​ជ្រោមជ្រែង ដើម្បី​តទល់​គ្នា​ក្នុង​ផ្លូវ​ច្បាប់​នៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ប្រឆាំង​នឹង​ឧត្តមសេនីយ៍​យោធា​ម្នាក់​ដែល​ជា​អ្នក​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​ឯកជន ដាតា រ៉ាប់ប៊ើរ (Data Rubber)

ការ​ប្ដឹង​តតាំង​តាម​ផ្លូវ​ច្បាប់​នេះ បន្ទាប់​ពី​ឧត្តមសេនីយ៍​យោធា​រូប​នោះ​បាន​នាំ​ទាហាន​ពីរ​នាក់ និង​បក្សពួក​ខ្លះ​ទៀត ទៅ​វាយ​តប់​រូប​គាត់ ព្រម​ទាំង​អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មក។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ នឹង​ចុះ​អង្កេត​ករណី​ដែល​ឧត្តមសេនីយ៍​ផ្កាយ​មួយ​យោធា​ម្នាក់ ប្រើ​អំពើ​ហិង្សា​វាយ​តប់​ទៅ​លើ​មេ​ភូមិ​ថ្នល់កែង ម្នាក់ អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់ ព្រម​ទាំង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​នៅ​ក្នុង​ឃុំ​អន្លង់វែង ឲ្យ​បាន​ឆាប់ៗ។

អង្គការ​សិទ្ធិ​មនុស្ស​យល់​ថា ករណី​ទាហាន​ប្រើ​អំណាច​វាយ​តប់​មក​លើ​ប្រជាពលរដ្ឋ​ដូច​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​ភូមិ​ថ្នល់កែង នៃ​ឃុំ​អន្លង់វែង គឺ​លោក មុត មន។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៤ ខែ​កក្កដា ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា រូប​លោក និង​អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់​ឈ្មោះ ឡុង ប៊ុនថេង និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់ថ្មី ម្នាក់​ទៀត​ឈ្មោះ ហ៊ត់ ដុំ បាន​ទៅ​ដាំ​ស្វាយចន្ទី​នៅ​ក្នុង​ដី​ចម្ការ​របស់​លោក​ជាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ដាតា រ៉ាប់ប៊ើរ។ ដី​របស់​លោក​ថ្វីត្បិតតែ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​វាស់វែង​ឲ្យ​ហើយ​មាន​បង្កាន់ដៃ​កម្មសិទ្ធិ​ច្បាស់លាស់​ក៏ដោយ ក៏​ក្រុមហ៊ុន ដាតា រ៉ាប់ប៊ើរ មិន​ឲ្យ​ចូល​ទៅ​ដាំ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​មេ​ភូមិ​ថ្នល់កែង បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ទៅ​ដាំ​ស្វាយចន្ទី​នោះ គឺ​ឧត្តមសេនីយ៍​យោធា​ម្នាក់​ឈ្មោះ ដួង ស៊ីណា ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ​មាន​គ្នីគ្នា​ជាច្រើន​នាក់ និង​ទាហាន​ប្រដាប់​អាវុធ ២​នាក់​ផង បាន​មក​វាយ​ប្រជាពលរដ្ឋ​ម្នាក់ ព្រម​ទាំង​អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់​ទៀត ហើយ​ក៏​សំដៅ​មក​វាយ​រូប​លោក​តែ​ម្ដង៖ «ពួក​ម៉ាក​ខ្ញុំ​ដែល​គេ​វាយ​ដួល​ប្រាប់​ថា មន ប្រយ័ត្ន ហើយ​លោក ដួង ស៊ីណា ក៏​ស្ទុះ​មក​ចាប់​ក​អាវ រួច​វាយ​ខ្ញុំ ៤​ដៃ ប្រមាថ​បាញ់​សព្វគ្រប់»

ប្រភព​ពី​មេ​ភូមិ​ថ្នល់កែង ឲ្យ​ដឹង​ថា បន្ទាប់​ពី​វាយ​តប់​រូប​លោក និង​អនុប្រធាន​ភូមិ​អូរតាម៉េង ហើយ​និង​ប្រជាពលរដ្ឋ​ម្នាក់​មក ឧត្តមសេនីយ៍​ផ្កាយ​មួយ​ឈ្មោះ ដួង ស៊ីណា និង​គ្នីគ្នា​ជាច្រើន​ទៀត​ក៏​បាន​ឡើង​ជិះ​រថយន្ត​បើក​ចេញ​ទៅ​ភ្នំពេញ​ភ្លាមៗ ប៉ុន្តែ​លោក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តាម​រយៈ​សមត្ថកិច្ច​រួច​ហើយ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ឧត្តមសេនីយ៍​យោធា លោក ដួង ស៊ីណា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។

មេ​ឃុំ​អន្លង់វែង លោក វង្ស ភ័ក្ត្រ ទទួល​ស្គាល់​ថា ឧត្តមសេនីយ៍​យោធា​ឈ្មោះ ដួង ស៊ីណា ពិត​ជា​បាន​វាយ​តប់​ទៅ​លើ​មេ​ភូមិ​របស់​លោក​មែន។ លោក​មេ​ឃុំ​បញ្ជាក់​ថា នៅ​ពេល​កើត​ហេតុ អាជ្ញាធរ​ស្រុក​អន្លង់វែង ក៏​បាន​ដឹង ដោយ​បាន​បញ្ជូន​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ជាច្រើន​នាក់​ទៅ​ជួយ ព្រម​ទាំង​បាន​នាំ​ខ្លួន​ទាហាន​ពីរ​នាក់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ ដែល​ពាក់ព័ន្ធ​នឹង​ការ​ចូល​ដៃ​ជាមួយ​ឧត្តមសេនីយ៍​នោះ​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង មួយ​យប់​ផង។

លោក​មេ​ឃុំ​អន្លង់វែង ជំរុញ​ឲ្យ​មេ​ភូមិ​ថ្នល់កែង ប្ដឹង​ករណី​ដែល​ឧត្តមសេនីយ៍​យោធា វាយ​តប់​នេះ ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ៖ «គេ​វាយ​កូន​ចៅ​របស់​យើង ទៅ​សប្បាយ​ចិត្តយ៉ាង​ម៉េច​កើត? សមត្ថកិច្ច​បាន​រៀបចំ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​យោធា​នោះ​ហើយ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់​ថា ការ​ដែល​ឧត្តមសេនីយ៍​យោធា​នាំ​ទាហាន និង​បក្សពួក​ទៅ​វាយ​តប់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​លោក​នឹង​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​បាន​ឆាប់។

លោក ស្រី ណារ៉េន បញ្ជាក់​ថា សមាគម​ការពារ​សិទ្ធិ​មនុស្ស អាច​នឹង​ផ្ដល់​មេធាវី​ការពារ​មេ​ភូមិ​ដែល​រងគ្រោះ​ដោយសារ​តែ​ឧត្តមសេនីយ៍​យោធា​វាយ​តប់​នោះ ប្រសិន​បើ​ជា​ករណី​ចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាង​ពលរដ្ឋ​១០​នាក់​នៅ​រតនគិរី​រង​ការ​ប្ដឹង​ពី​បទ​រំលោភ​អចលនទ្រព្យ​អ្នក​ដទៃ

$
0
0

តំណាង​ជនជាតិ​ដើម​ភាគ​តិច ១០​នាក់ នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​បាន​អយ្យការ​សាលាដំបូង​ខេត្ត​ចេញ​ដីកា​កោះ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​តាម​បណ្ដឹង​ចោទ​ពលរដ្ឋ​ទាំង​នោះ​ពី​បទ​រំលោភ​អចលនទ្រព្យ​អ្នក​ដទៃ​ដោយ​ប្រើ​អំពើ​ហិង្សា។ ការ​ប្ដឹង​នេះ​ធ្វើ​ឡើង​គ្រា​ដែល​អ្នក​ភូមិ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ៧​មករា ផារី ដែល​ឈូស​ឆាយ​ដី​សម្បទាន​ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ។

តំណាង​ជនជាតិ​ដើម​ភាគតិច ១០​នាក់ នៅ​ភូមិ​ភិ បដិសេធ​មិន​ផ្ដិត​មេដៃ​ទទួល​យក​ដីកា​កោះ​របស់​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី ដែល​តម្រូវ​ឲ្យ​ពួកគាត់​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា នោះ​ទេ។​

តំណាង​អ្នក​ភូមិ​មួយ​រូប​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះហៅ​គឺ​លោក សល់ តូច បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ថា ពួកគេ​សម្រេច​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​នោះ​ទេ ពីព្រោះ​អ្នក​ភូមិ​ដឹង​ថា ដើម​បណ្ដឹង​គឺ​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ ៧​មករា ផារី ដែល​កំពុង​មាន​ទំនាស់​ជាមួយ​អ្នក​ភូមិ​ពាក់ព័ន្ធ​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​របស់​ពលរដ្ឋ។ លោក​ចាត់​ទុក​បណ្ដឹង​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​គំរាមកំហែង​បំបាក់​ស្មារតី​អ្នក​ភូមិ​តែប៉ុណ្ណោះ៖ «ថ្ងៃ​ពួក​ខ្ញុំ​ទៅ​តវ៉ា​ដើម្បី​សាកសួរ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន មេ​ឃុំ និង​ប៉ូលិស​ទៅ​ជាមួយ ពលរដ្ឋ​អត់​​មាន​ប្រើ​អំពើ​ហិង្សា​ទេ»

ក្រុមហ៊ុន ៧ មករា ផារី ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​សុំ​ចុះ​បញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច​តាំង​ពី​ឆ្នាំ២០១៣ នៅ​ស្រុក​អណ្ដូងមាស រហូត​បច្ចុប្បន្ន ក្រសួង​កសិកម្ម​បាន​សម្រេច​ផ្ដល់​ដី​ជាង ៣​ពាន់​ហិកតារ និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ព្រំ​ដី​សម្បទាន និង​ឈូស​ឆាយ​ដី ៥០​ហិកតារ ធ្វើ​ថ្នាល​បណ្ដុះ​កូន​កៅស៊ូ។

មេ​ឃុំ​សេសាន លោក សេវ ស្វែន បញ្ជាក់​ថា រដូវ​ធ្លាក់​ភ្លៀង​នេះ អ្នក​ភូមិ​រវល់​ធ្វើ​ស្រែ​ចម្ការ ជាពិសេស​អ្នក​ភូមិ​ទាំង ១០​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​ខ្លះ ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដែល​នឹង​ត្រូវ​រៀបចំ​ប្រកាស​សុពលភាព​ចូល​បម្រើ​ការងារ​នៅ​ពេល​ខាង​មុខ ហេតុ​នេះ​ពួកគេ​មិន​អាច​ចូល​ខ្លួន​តាម​ដីកា​កោះ​នោះ​បាន​ទេ។ លោក​ថា ទំនាស់​នេះ​កំពុង​ដោះស្រាយ​នៅ​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ​ថា មិន​បាច់​ទៅ​ទេ ស្រុក​ខេត្ត​មក​ដោះស្រាយ​ការងារ​គេ​ថា ស្បែក​ខ្លា ឥឡូវ​គាត់​ឈូស​លាត​ទាំង​អស់ ដី តាម​ផែនទី​គេ​មើល​ទៅ​ដី​ភូមិ​ភិ អស់​ហើយ»

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សម្រេច​យក​ដីកា​កោះ​នោះ​ទៅ​ប្រគល់​ជូន​អយ្យការ​សាលាដំបូង​វិញ បន្ទាប់​ពី​ពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​ដីកា​នោះ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា។

អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​រតនគិរី លោក ហាក់ ហ័ន ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ដីកា​នោះ​វិញ​នៅ​ឡើយ។ លោក​មិន​បញ្ជាក់​ពី​ដើម​បណ្ដឹង​ជា​អ្នក​ណា​នោះ​ទេ ហើយ​ថា នឹង​ចាត់​ការ​បន្ត​នៅ​ពេល​ទទួល​បាន​ដីកា​កោះ​ត្រឡប់​វិញ៖ «គាត់​អត់​ទទួល​ទេ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​មាន​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ»

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់​អ្នក​ភូមិ​គួរតែ​​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​អយ្យការ។ លោក​ថា ប្រសិន​ក្រុមហ៊ុន​ជា​ដើម​បណ្ដឹង​ទំនង​ជា​ចេតនា​​បំបាក់​ស្មារតី​អ្នក​ភូមិ​ដែល​ប្រឆាំង​រឿង​កាប់​ព្រៃឈើ និង​ឈូស​ឆាយ​ដី​ពលរដ្ឋ៖ «ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​សម្លុត​ជា​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​តស៊ូ​មតិ​ទាក់ទិន​ដី​សមូហភាព​គាត់​ទេ»

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា តំណាង​អ្នក​ភូមិ ៩​នាក់ បាន​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ មាន​រដ្ឋសភា ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​មហាផ្ទៃ និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​ប្រគល់​ដី​ចម្ការ​វិល​ជុំ​សហគមន៍​ជាង ៦០០​ហិកតារ ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​យក និង​ទប់ស្កាត់​សកម្មភាព​ក្រុមហ៊ុន​កាប់​ឈើ​នាំ​ឆ្លង​​ដែន​ទៅ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ស្រុក​សៀមប៉ាង​ផ្ដិត​មេដៃ​ប្ដឹង​មន្ត្រី​បរិស្ថាន​ដែល​រុះរើ​ផ្ទះ​ពួកគាត់

$
0
0

មន្ត្រី​បរិស្ថាន​ស្រុក​សៀមប៉ាង រង​ការ​ចោទ​ថា រុះរើ​លំនៅឋាន និង​បណ្ដេញ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដី​ដែល​ពួកគេ​ធ្លាប់​រស់​នៅ និង​បង្កបង្កើនផល​ជា​ច្រើន​ឆ្នាំ​ទាំង​បង្ខំ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​បរិស្ថាន និង​នគរបាល​មួយ​ក្រុម​បាន​នាំ​គ្នា​រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន ៤​ខ្នង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​មក​តាំង​ទី​លំនៅឋាន​ក្នុង​តំបន់​អភិរក្ស​ខុស​ច្បាប់។

ពលរដ្ឋ​ជាង ២០​គ្រួសារ​រស់នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សង្គម​ស៊ីវិល​អន្តរាគមន៍​ទៅ​មន្ត្រី​បរិស្ថាន ឲ្យ​បញ្ឈប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ភូមិ និង​ឈប់​គំរាម​បង្ខំ​ឲ្យ​ពួកគាត់​ចុះ​ចេញ​ពី​ដី​ដែល​​រស់​នៅ​សព្វថ្ងៃ។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ថ្មកែវ លោក គីម ចាន់ឌី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា ថា ក្រុម​ពលរដ្ឋ​ជាង ២០​គ្រួសារ នៅ​តែ​បន្ត​រស់​នៅ​ទី​នោះ​ទាំង​អារម្មណ៍​ភ័យ​ខ្លាច ដោយសារ​មន្ត្រី​បរិស្ថាន​ធ្លាប់​គំរាម​ដុត​ផ្ទះ ប្រសិនបើ​អ្នក​ភូមិ​នៅ​តែ​រឹងរូស​មិន​ព្រម​ចាក​ចេញ។ លោក​កត់សម្គាល់​ថា ពលរដ្ឋ ២៦​គ្រួសារ បាន​ទៅ​តាំង​ទី​លំនៅ​ចំណុច​ញ៉ាងស៊ុមធំ ជាប់​មាត់​ទន្លេ​សេកុង ក្នុង​ស្រុក​សៀមប៉ាង តាំង​ពី​ឆ្នាំ​២០១០ បាន​ដាំ​ដំណាំ និង​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត។

លោក​ថា អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ​មាន​ដី​ទទឹង ២០​ម៉ែត្រ ទៅ ៣០​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ ទៅ ៥០​ម៉ែត្រ សរុប​ជិត ១០​ហិកតារ។ លើស​ពី​នេះ ពលរដ្ឋ​រស់​នៅ​ទី​នោះ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ដី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ហេតុនេះ​ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បណ្ដេញ​ពួកគាត់​ដោយ​បង្ខំ ខណៈ​តំបន់​នោះ​ជាប់​មាត់​ទន្លេ​ងាយស្រួល​រស់​នៅ និង​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត៖ «អត់​ឲ្យ​ទេ សុខ​ចិត្ត​ស្លាប់​លើ​ដី​ហ្នឹង​ហើយ ដើម្បី​ព្រោះ​ដី​ហ្នឹង​ពុំ​មែន​សម្រាប់​ធ្វើ​អាជីវកម្ម​ធំ​ដុំ​ទេ គឺ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​តិចតួច​ម៉េច​ឲ្យ។ ចាត់​ទុក​ថា អ្នក​ហ្នឹង​គឺ​ជា​អ្នក​បំផ្លាញ​របស់​កសិករ ហើយ​លោក​មិន​ល្អ​ទេ បើ​ចេះ​ដឹក​នាំ​ប្រជាពលរដ្ឋ​ថា ឥឡូវ​កាប់​ត្រឹម​នេះៗ​ទៅ ធ្វើ​អី​ក៏​ធ្វើ​ដែរ ត្រឹម​នេះៗ ប៉ុន្តែ​ពង្រីក​ត្រឹម​នេះ ខ្ញុំ​មិន​ឲ្យ​ពង្រីក​ទេ តែ​អា​នេះ​មក​គំរាម​បណ្ដោយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខែត្រ​ស្ទឹងត្រែង លោក អេង ភីរុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

មេ​ឃុំ​ថ្មកែវ លោក ស៊ីម ដាម បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​រួច​ហើយ និង​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​នៅ​ពេល​ឆាប់ៗ ព្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ចំនួន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​បាន​ទៅ​តាំង​ទីលំនៅ​ខុស​ច្បាប់​តាម​ដង​ទន្លេ។ តែ​យ៉ាងណា​អាជ្ញាធរ​មាន​ផែនការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ដែល​គ្មាន​ដី​ពិត​ប្រាកដ៖ «ខាង​បរិស្ថាន​ថ្ងៃ​នេះ​គាត់​មក​ជួប​ខ្ញុំ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ស៊ើប​ផ្ទាល់​ជាមួយ​អាជ្ញាធរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល  ចាត់​ទុក​ការ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ដោយ​បង្ខំ​ជា​ករណី​ខុស​នីតិវិធី ប្រសិនបើ​មន្ត្រី​បរិស្ថាន និង​នគរបាល​ទាំង​នោះ​ពុំ​មាន​ដីកា​ពី​តុលាការ​ទេ។ លោក​ថា បើ​ការ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​ដើម្បី​ចិញ្ចឹម​ជីវិត​លក្ខណៈ​គ្រួសារ មិន​ប៉ះពាល់​ដី​ចំណី​មាត់​ទន្លេ អាជ្ញាធរ​គួរ​តែ​មាន​ការ​យោគយល់ ហើយ​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​កន្លែង​ណា​មួយ​សមរម្យ ប្រសិន​មាន​គម្រោង​បណ្ដេញ​ពួកគេ​ចេញ​ពី​តំបន់​នោះ៖ «បើសិនជា​គាត់​អត់​មាន​ទេ អាជ្ញាធរ​គួរ​​​ប្រាប់ ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​ឲ្យ​គាត់​រស់​នៅ។ យើ​ង​មិន​កាន់​ជើង​អ្នក​ខូច​ទេ តែ​បើ​គាត់​អត់​ពិត​ប្រាកដ​មែន អាជ្ញាធរ​ដែនដី​ហ្នឹង​គាត់​គួរ​តែ​មើល​ចំណុច​ខ្វះខាត​របស់​ពួកគាត់។ តើ​​គាត់​កាន់​កាប់​ដី​យ៉ាង​ម៉េច​ឲ្យ​ស្របច្បាប់? បើ​អត់​មាន​ទេ អាច​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពួកគាត់»

លោក ហូ សំអុល ចាត់​ទុក​ការ​មក​តាំង​ទី​លំនៅ​របស់​ពលរដ្ឋ​ចំណូល​ស្រុក​លើ​ដី​ចំណី​ទន្លេ ថា​ជា​ការ​កាន់​កាប់​ដី​សាធារណរដ្ឋ​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ណា​គ្មាន​ដី​ពិតប្រាកដ ប្រញាប់​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន សាមីជន​រស់​នៅ​ដើម្បី​អាជ្ញាធរ​ស្រុក-​ខែត្រ​ពិនិត្យ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រ​ប្រាកដ ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រមុខ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​កោះគ​ស្រុក​ស្អាង​ព្រមាន​តវ៉ា​ម្ដង​ទៀត​ដោយ​បិទ​ផ្លូវ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់

$
0
0

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ព្រមាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ឡេង ជិញ ម្ដង​ទៀត ដោយ​ការ​បិទ​ផ្លូវ​លេខ​២១​អា (A) ដែល​តភ្ជាប់​ពី​ក្រុង​តាខ្មៅ ទៅ​ស្រុក​ស្អាង។

អ្នក​ភូមិ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ថា ពួក​គាត់​នឹង​អាច​តវ៉ា​ដោយ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​លេខ​២១​អា នេះ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការ​បូម​ខ្សាច់​នៅ​តំបន់​របស់​ពួក​គាត់ មិន​មក​ធ្វើ​កិច្ចសន្យា​សំណង​លើ​ការ​ខូចខាត​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន។ អ្នក​ភូមិ​ចង់​បាន​កិច្ចសន្យា​ពី​ក្រុមហ៊ុន​បូម​ខ្សាច់ និង​អាជ្ញាធរ ដោយ​វាយ​តម្លៃ​សំណង​តាម​សំណង់​ផ្ទះ​នីមួយៗ មុន​ពេល​បាក់​ចូល​ទន្លេ។

ការ​ប៉ុនប៉ង​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​នេះ ដោយសារ​តែ​ពួក​គាត់​ខក​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​ថា មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នឹង​មក​ជួប​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​២ កក្កដា ម្ដង ហើយ​និង​ថ្ងៃ​ទី​៤ កក្កដា ម្ដង​ទៀត ប៉ុន្តែ​ពួក​គាត់​មិន​បាន​ជួប។

ទាក់ទង​បញ្ហា​ណាត់​ជួប​នេះ ត្រូវ​បាន​អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ហេង ចាន់ធួន ថ្លែង​បញ្ជាក់​ថា ខាង​ក្រសួង​លោក​មិន​បាន​ណាត់​ជួប​អ្នក​ទាំងនោះ​ទេ«ព្រោះ​រឿង​បាន​ចប់​សព្វគ្រប់។ ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​កិច្ចសន្យា​ជាមួយ​ខាង​ក្រុមហ៊ុន ហើយ​និង​អាជ្ញាធរ​រួច​រាល់​អស់​ហើយ ដូច​ខ្លឹមសារ​នៅ​ក្នុង​កិច្ចសន្យា​ហ្នឹង ដែល​ក្រសួង​បាន​ធ្វើ​ជា​អ្នក​សម្របសម្រួល​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ស្រប​នឹង​ការងារ​មាន​ចែង​ក្នុង​អាជ្ញាប័ណ្ណ​ហ្នឹង ហើយ​ខ្ញុំ​អត់​បាន​ណាត់​អី​ផង។ នរណា​ថា​ខ្ញុំ​ណាត់? បង​ស្រី​ម្នាក់​នោះ ផ្ទះ​គាត់​នៅ​ខាង​មុខ​វត្ត ប្រហែល​ជា​អាច​គាត់​ច្រឡំ។ បង​ស្រី​នៅ​កន្លែង​កំពង់ដ​មួយ។ កំពង់ដ​ហ្នឹង​គ្មាន​ឡូត៍​បូម​ខ្សាច់​ទេ ហើយ​កន្លែង​នោះ​ជា​កន្លែង​ច្រាំង​បាក់​តាំង​ពី ២-៣​ឆ្នាំ​មុន​ម្ល៉េះ។ អ៊ីចឹង​ទៅ​គាត់​ប្រមែប្រមូល​គេ​ខ្លួន​ឯង​ថា​មាន​ប្រជាពលរដ្ឋ​ណាត់​អី អត់​មាន​ទេ»

ប្រសាសន៍​របស់​លោក គឺ​យោង​ទៅ​កិច្ចសន្យា​ទទួល​ខុស​ត្រូវ​លើ​ការ​បូម​ខ្សាច់ ដែល​ក្រុមហ៊ុន​ធ្វើ​ជាមួយ​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា។ កិច្ចសន្យា​នេះ ធ្វើ​នៅ​សាលា​ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​សង​រាល់​ការ​ខូចខាត​ដំណាំ ដីធ្លី ផ្ទះ និង​សំណង់​ផ្សេងៗ​របស់​អ្នក​ភូមិ តាម​ការ​ជាក់ស្ដែង​ស្រប​តាម​ច្បាប់។ ទោះ​ជា​បែប​នេះ​ក្ដី អ្នក​ភូមិ​នៅ​តែ​មិន​ទាន់​អស់​ចិត្ត ព្រោះ​ដីធ្លី និង​ផ្ទះ​របស់​ពួក​គាត់​មាន​ទំហំ​ខុស​គ្នា ហើយ​ពួក​គាត់​ចង់​បាន​ការ​វាយ​តម្លៃ​ច្បាស់លាស់​មុន​ការ​ខូចខាត។

អ្នក​ភូមិ​កោះគ ធ្លាប់​តវ៉ា​ការ​បូម​ខ្សាច់​នៅ​តំបន់​នេះ​ជាច្រើន​លើក​ហើយ បន្ទាប់​ពី​មាន​ការ​ប្រេះ​ដី និង​បាក់​ផ្ទះ​ចូល​ទន្លេ​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជប៉ុន​កម្ពុជា​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​សម្រាប់​កម្ពុជា​លើ​វិស័យ​អប់រំ

$
0
0

អគ្គរាជទូត​ជប៉ុន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់​ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ការ​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា នូវ​ទឹក​ប្រាក់​ជាង ៦០០​លាន​យ៉េន ឬ​ប្រហែល​ជិត​៦​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធាន​មនុស្ស។

ការ​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​នេះ ធ្វើ​ឡើង​តាមរយៈ​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ហូរីណូអ៊ូជី ហ៊ីដេហ៊ីសា (Horinouchi Hidehisa) និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នៅ​ថ្ងៃ​ទី៤ កក្កដា នាទីស្ដីការ​ក្រសួង។

លិខិត​ប្ដូរ​សារ និង​កំណត់​ហេតុ​នៃ​ការ​ពិភាក្សាលើជំនួយ​នេះ​ត្រូវ​បែងចែក​លើ​គម្រោង​ចំនួន​ពីរ គឺ​ទី១ គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធាន​មនុស្ស សម្រាប់​ឆ្នាំ​២០១៧ និងទី២ ​គម្រោង​ដូចគ្នា​សម្រាប់​ឆ្នាំ​២០១៨។

គម្រោង​នេះ​ជប៉ុន​បាន​ជួយ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៦​នេះ និស្សិត​កម្ពុជា​ចំនួន ២៧៥​នាក់ បាន​បញ្ចប់​ការ​សិក្សា​ពី​កម្មវិធី​អាហារូបករណ៍​ និង​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីត​និង​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​ក្នុង​រដ្ឋ​ប្រហារ​៥-៦​កក្កដា

$
0
0

អតីត និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់ និង​កង​កម្លាំង​របស់​បក្ស​រាជា​និយម​មួយ​នេះ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ កណ្ដាល​រាជធានី​ភ្នំពេញ។

អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចន្លោះ​ពី ៤១ ដល់ ៦០​នាក់ ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​កាល​ពី​ពេល​នោះ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយតប​ថា នឹង​មិន​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ទាំងនេះ​ឡើយ។

បើ​ទោះ​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា បាន​កន្លង​ផុត​ទៅ​រយៈពេល ២០​ឆ្នាំ​ហើយ​ក្តី អតីត និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​នឹក​ស្រណោះ​ដល់​មិត្តភ័ក្ដិ និង​យុទ្ធមិត្ត​របស់​ពួក​គេ ដែល​ត្រូវ​បាន​ទាហាន​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្លាប់​នៅ​ពេល​នោះ ជាពិសេស​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​បាន​ទម្លាក់​អាវុធ និង​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​យក​ទៅ​សម្លាប់​ខណៈ​ព្យាយាម​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា។

សាកសព​ទាហាន​ស្មោះ​ត្រង់​នឹង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា រក​ឃើញ​នៅ​ក្នុង​រណ្ដៅ​នៅ​តំបន់​ពេជ្រនិល។ សាកសព​ភាគច្រើន​ស្ថិត​ក្នុង​ដៃ​ជាប់​ចំណង​ស្លាប​សេក​ទៅ​ក្រោយ និង​មាន​ក្រណាត់​ចង​រុំ​ភ្នែក​ទាំង​សងខាង។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី មាន​ប្រសាសន៍​ថា យុត្តិធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​ទាមទារ​ចង់​បាន។ លោក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​បំភ្លេច​រឿង​នេះ​ចោល​ឡើយ ហើយ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ចំពោះ​ការ​សម្លាប់​ទាំងនេះ៖ «យើង​មិន​បាន​បំភ្លេច​រឿង​ហ្នឹង​ចោល​ទេ យើង​នៅ​តែ​ចងចាំ ហើយ​យើង​នៅ​តែជំរុញ​ឲ្យមាន​ការស៊ើប​អង្កេតឲ្យ​ដល់​ទីដៅ ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ»

លោក យូ ហុកគ្រី ដែល​ជា​អតីត​សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ​បាន​ឋិត​នៅ​ក្នុង​រាជ​ដំណាក់​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្បែរ​អនុវិទ្យាល័យ​ចតុមុខ ជាមួយ​លោក ហូ សុក លោក លី ធុច លោក កៀង វ៉ាង និង​លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នោះ។

នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​រដ្ឋ​ប្រហារ អ្នក​ទាំងអស់​នេះ​បាន​លប​រត់​ចេញ​ពី​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បំណង​ចូល​ស្ថានទូត​ម៉ាឡេស៊ី ដែល​នៅ​ក្បែរ​នោះ ប៉ុន្តែ​ដោយ​ខ្លាច​កង​កម្លាំង​របស់​លោក ហ៊ុន សែន ស្ទាក់​ចាប់​បាន ពួក​គេ​ក៏​រត់​ចូល​ស្នាក់នៅ​ក្នុង​និវាសដ្ឋាន​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ដែល​នៅ​ក្បែរ​នោះ​ដែរ។ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៧ កក្កដា ពួក​គេ​មួយ​ចំនួន​រួម​មាន លោក កៀង វ៉ាង និង​លោក យូ ហុកគ្រី ជាដើម ត្រូវ​បាន​លោក ស ខេង ជួយ​សង្គ្រោះ​ជីវិត។ ចំណែក​លោក ហូ សុក ត្រូវ​បាន​កម្លាំង​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​បាន រួច​បញ្ជូន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ហើយ​លោក​ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ទីនោះ។ សាកសព​របស់​លោក ត្រូវ​បាន​គេ​នាំ​យក​ទៅ​បូជា​នៅ​វត្ត​លង្កា ស្ងាត់ៗ​នៅ​ថ្ងៃ​បន្ទាប់។

ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហូ សុក ដែល​ពេល​នោះ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ត្រូវ​ឃាតក​បាញ់​សម្លាប់​ខណៈ​ស្ថិត​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ក្នុង​ក្រសួង​មហាផ្ទៃ។ ២០​ឆ្នាំ​ក្រោយ​ពី​ឃាតកម្ម មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ធ្វើ​ឡើង​ដើម្បី​វែក​មុខ​ឃាតក និង​អ្នក​បញ្ជា​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក យូ ហុកគ្រី មិន​សូវ​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក ហូ សុក នោះ​ទេ។

យ៉ាង​នេះ​ក្តី លោក យូ ហុកគ្រី នៅ​តែ​ចាត់​ទុក​លោក ហូ សុក ដែល​កាលណោះ​មាន​តំណែង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែរ​នោះ គឺ​ជា​វីរជន​ដែល​បាន​បូជា​ជីវិត​ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០០​បាត់បង់​ជីវិត។ ក្រៅ​ពី​នោះ មនុស្ស​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នោះ។ ពួក​គេ​ភាគច្រើន​គឺ​ជា​មន្ត្រី និង​ជា​កង​កម្លាំង​ស្មោះ​ស្ម័គ្រ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ។ ក្រៅ​ពី​លោក ហូ សុក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​រូប​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន រួច​សម្លាប់​ចោល​ដែរ​នោះ​រួម​មាន លោក ចៅ សម្បត្តិ និង​លោក ក្រួច យឿម។

លោក ចៅ សម្បត្តិ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ងូវ គឺ​ជា​អតីត​អគ្គមេបញ្ជាការ​ចារកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ ខណៈ​ដែល​លោក ក្រួច យឿម គឺ​ជា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

របាយការណ៍​របស់​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ផ្សព្វផ្សាយ​នៅ​ខែ​សីហា ឆ្នាំ​១៩៩៧ បញ្ជាក់​ថា លោក​ទាំង​ពីរ រួម​នឹង​កូន​ចៅ​ប្រមាណ ៣០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងទ័ព​ឆត្រ​យោង​៩១១ នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៧។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ មិន​មាន​ការ​បាញ់​តដៃ​គ្នា​នោះ​ទេ។ ក្រោយ​មក លោក​ទាំង​ពីរ​ត្រូវ​បាន​បំបែក​ឲ្យ​នៅ​ឆ្ងាយ​ពី​កូន​ចៅ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៨ កក្កដា ដដែល​នោះ លោក​ត្រូវ​បាន​គេ​នាំ​ទៅ​បាញ់​ចោល​នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​វត្ត​ក្រាំងសុវណ្ណ ក្នុង​ឃុំ​វាលពង់ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ លោក​ទាំង​ពីរ​ត្រូវ​បាន​គេ​បាញ់ ៣​គ្រាប់​ចំ​ក្បាល។ ចំណែក​លោក ក្រួច យឿម ត្រូវ​បាន​គេ​បាញ់​ចំនួន ៤​គ្រាប់​បន្ថែម​ទៀត​នៅ​ត្រង់​ដើមទ្រូង។ សព​អ្នក​ទាំង​ពីរ ក្រោយ​មក​ត្រូវ​បាន​អ្នក​ភូមិ​យក​ទៅ​បូជា​នៅ​ក្នុង​វត្ត។

ក្រៅ​ពី​នោះ នៅ​មាន​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជាច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​បន្តបន្ទាប់ មាន​ដូចជា លោក លី សេងហុង លោក ម៉ែន ប៊ុនថន លោក សុខ វីរៈ លោក ថ្លាំង ចាន់សុវណ្ណារិទ្ធ លោក ហូវ សម្បត្តិ និង​លោក សៅ សុផល ជាដើម។ អ្នក​ទាំងអស់​នេះ ភាគច្រើន​សុទ្ធតែ​មាន​តួនាទី​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​មិន​បាន​ថ្លែង​ចំៗ​ទាមទារ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទាំងអស់​នេះ​ក្តី តែ​លោក​ថា ប្រទេស​នីតិរដ្ឋ​ត្រូវ​តែ​មាន​យុត្តិធម៌៖ «រៀន​មក​ចឹង គេ​ថា​ប្រទេស​នីតិរដ្ឋ​ជា​ប្រទេស​ដែល​មាន​ច្បាប់ ប្រទេស​មាន​ច្បាប់ត្រូវ​តែ​មាន​យុត្តិធម៌ យុត្តិធម៌​រក​បានពេល​ណាមិន​ដឹង តែ​ត្រូវ​រក​យុត្តិធម៌ មិន​មែន​ច្បាប់​ហ្នឹង​សម្រាប់​អ្នក​តូច អ្នក​ធំ​អត់ អ្នក​ណា​ធ្វើ​ខុស​ត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

ភ្លាមៗ​ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ មាន​ព្រះ​បន្ទូល​ថា ព្រះអង្គ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច ហើយ​ព្រះអង្គ​ក៏​បាន​ថ្កោលទោស​ចំពោះ​រដ្ឋ​ប្រហារ​នោះ។ ក្នុង​ពេល​ជាមួយ​គ្នា អតីត​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ពេល​នោះ គឺ​លោក ថូមម៉ាស់ ហាំម៉ាប៊ឺក (Thomas Hammarberg) ក៏​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នោះ​ថា​ជា​រដ្ឋ​ប្រហារ​ដែរ។ ប៉ុន្តែ​ក្រោយ​រដ្ឋ​ប្រហារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ថា គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទេ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ប៉ុនប៉ង​ដក​អំណាច​ពី​លោក។

រីឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋ​ប្រហារ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ មិន​មែន​ជា​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ទេ តែ​វា​ជា​រដ្ឋ​ប្រហារ​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​បក្សពួក​ជិតស្និទ្ធ​របស់​លោក រួម​មាន​លោក គន់ គីម លោក ម៉ុល រឿប លោក សៅ សុខា លោក ហុក ឡង់ឌី លោក កែវ ពង្ស និង​លោក ចាប ភក្តី ជាដើម ដើម្បី​ដក​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​១។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាម (Brad Adams) អះអាង​ថា ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្រោយ​ថ្ងៃ​រដ្ឋ​ប្រហារ បាន​កើត​ឡើង​ជាច្រើន ជាពិសេស​គឺ​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​លោក ចាប ភក្តី ជា​មេ​បញ្ជាការ។ លោក​ថា នៅ​ទីនោះ អ្នក​ចាប់​ខ្លួន​ត្រូវ​បាន​កូន​ចៅ​របស់​លោក ចាប ភក្តី ធ្វើ​ទារុណកម្ម​ដោយ​វាយ​នឹង​ខ្សែ​ក្រវាត់ ដោយ​ជើង​តុ ដោយ​ក្ដារ​បន្ទះ ទាត់​នឹង​ស្បែកជើង​ទាហាន អុក​នឹង​ជង្គង់ ដាល់​ចូល​ផ្ទៃ​មុខ ឬ​គំរាម​សម្លាប់​ដោយ​ភ្ជង់​កាំភ្លើង​លើ​ក្បាល ហើយ​គំរាម​បាញ់​បំបែក​ក្បាល ជាដើម។

យ៉ាង​ណា​ក៏ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​ទទួល​ស្គាល់​ថា ពួក​លោក​ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ ហើយ​ថា​គឺ​ខាង​ភាគី​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទៅ​វិញ​ទេ ដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម តាម​រយៈ​ការ​នាំ​អាវុធ​ចូល​ខុស​ច្បាប់ ការ​ចល័ត និង​ការ​បង្កើត​មូលដ្ឋាន​ទ័ព​ខុស​ច្បាប់​ក្បែរ​ក្រុង​ភ្នំពេញ។ ម្យ៉ាង ក្នុង​ពេល​ផ្ទុះ​អាវុធ​នោះ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​កំពុង​តែ​លំហែ​កាយ​នៅ​មាត់​សមុទ្រ វុង តាវ (Vung Tau) ក្នុង​ប្រទេស​វៀតណាម នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា កើត​ឡើង​ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នាំ​ក្រុម​ខ្មែរ​ក្រហម​ខុស​ច្បាប់​ចូល​ស្រុក ដែល​បង្ក​ការ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ក្នុង​ពេល​ជាមួយ​គ្នា ក៏​នាំ​អាវុធ​ចូល​ខុស​ច្បាប់​ផង​ដែរ។ លោក​ថ្លែង​ការពារ​ថា ទំនាស់​នេះ​គឺ​កើត​ឡើង​រវាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​ជាមួយ​កម្លាំង​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​នាំ​ចូល​កម្លាំង​ខ្មែរ​ក្រហម៖ «ខ្ញុំ​យល់​ថា តែ​រឿង​ច្បាំង​គ្នា​ហើយ គឺ​វា​កើត​ដល់​ស្លាប់​ហើយ ពីព្រោះ​ម្ខាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ ម្ខាង​កម្លាំង​របស់​ខ្មែរ​ក្រហម និង​ឃុបឃិត​នឹង​ខ្មែរ​ក្រហម។ អ៊ីចឹង​វា​តែង​មាន​ការស្លាប់​រស់​រៀង​ខ្លួន​ហើយ វា​មិន​មែន​តែ​ម្ខាង​ទេ​ដែល​ស្លាប់ ខាង​កង​យោធពល​ខេមរភូមិន្ទ​ក៏​មាន​បាត់បង់​ជីវិត​ដូច​តែ​គ្នា​ដែរ គ្រាន់​តែ​ចំនួន​តិច​ជាង»

ប៉ុន្តែ​នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​មន្ត្រី​ធំៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​គេ​ចាប់​ខ្លួន រួច​បាញ់​សម្លាប់​ទាំង​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ? លោក សុខ ឥសាន ឆ្លើយ​ថា លោក​មិន​ដឹង​នោះ​ទេ ដូច្នេះ​លោក​មិន​អាច​និយាយ​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា ផ្ទុយ​ពី​លោក សុខ ឥសាន នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាម (Brad Adams) ដែល​ក្នុង​ពេល​រដ្ឋ​ប្រហារ​នោះ លោក​គឺ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ថា ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត​ដូចជា លោក ជា ស៊ីម លោក ស ខេង លោក ទៀ បាញ់ និង​លោក កែ គឹមយ៉ាន ជាដើម មិន​បាន​គាំទ្រ​ចំពោះ​រដ្ឋ​ប្រហារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត កម្លាំង​ដែល​លោក ហ៊ុន សែន បញ្ចេញ​ប្រយុទ្ធ​ពេល​នោះ គឺ​មិន​មែន​មាន​តែ​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​តែ​មួយ​នោះ​ទេ តែ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រោម​ការ​បញ្ជា​របស់​លោក សៅ សុខា និង​កង​ឆត្រ​យោង​អង្គភាព​៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី ដែល​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន បាន​ចេញ​ប្រយុទ្ធ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា រដ្ឋាភិបាល​មិន​មាន​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា​បើ​មិន​មាន​ព្រឹត្តិការណ៍​ពេល​នោះ កម្ពុជា ក៏​គ្មាន​សន្តិភាព​ដូច​បច្ចុប្បន្ន​នេះ​ដែរ៖ «ចង់​និយាយ​ថា​វា​គឺ​ជា​ព្រឹត្តិការណ៍ ៥-៦ កក្កដា តុល្យការ​កម្លាំង​រវាង​បក្ស​ទាំង​ពីរ ប្រសិន​ជា​អត់​មាន​ព្រឹត្តិការណ៍​ថ្ងៃ​នោះ ប្រហែល​ជា​ស្រុក​ខ្មែរ​អត់​មាន​សន្តិភាព​ពេញ​ផ្លូវ​ទេ»

ចំណែក​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា លោក​មិន​អាច​បំភ្លេច​មិត្ត​ចាស់​របស់​លោក​បាន​ទេ។ តែ​ពេល​និយាយ​ដល់​យុត្តិធម៌​សម្រាប់​អ្នក​ទាំងអស់​នោះ​វិញ អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​មិន​មាន​សង្ឃឹម​ឡើយ ប៉ុន្តែ​លោក​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​កាន់​អំណាច​បាន​មួយ​ជីវិត​នោះ​ទេ៖ «លឺ ឡាយស្រេង ហេង​ហើយមិន​បាន​ស្លាប់ ព្រោះ​ខ្ញុំ​ដេក​ជាមួយ​ពួក​ហ្នឹង​យប់ ៥- យើង​ដេក​តែ​ថ្ងៃ​៧ យើង​បែក​គ្នា ប៉ុន្តែ​គ្រាន់​តែ​ថា ទៅ​រក​យុត្តិធម៌​អី​ស្រុក​ខ្មែរ​នោះ មនុស្ស​ងាប់​ប៉ុន្មាន​នាក់​ហើយ​ដែល​គ្មាន​យុត្តិធម៌»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យល់​ឃើញ​ថា ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​ការ​លុប​បំបាត់​នូវ​សុបិន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​តែ​មាន​ក្តី​សង្ឃឹម​ថា វាសនា​អនាគត​ប្រទេស​ជាតិ​របស់​ពួក​គេ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣ ត​ទៅ​មុខ នឹង​ត្រូវ​សម្រេច​ដោយ​សន្លឹកឆ្នោត គឺ​មិន​មែន​ដោយ​គ្រាប់​កាំភ្លើង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​កំពុង​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​បន្ទប់​ស្ថានការណ៍​និង​បក្ស​ប្រឆាំង

$
0
0

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួង​មហាផ្ទៃ កំពុង​យក​របាយការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​របាយការណ៍​នៃ​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការងារ​បោះឆ្នោត យក​ផ្ទៀងផ្ទាត់​គ្នា។ ចំណែក​អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ថា ក្រុម​បន្ទប់​ស្ថានការណ៍​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ស៊ើប​អង្កេត​នេះ​ទេ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ខុស ឬ​លម្អៀង​ទៅ​ខាង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា ថា នៅ​ពេល​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ កំពុង​បន្ត​ស្រាវជ្រាវ​ករណី​បន្ទប់​ស្ថានការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​តាមដាន​ដំណើរការ​នៃ​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្តល់​របាយការណ៍​នៃ​សកម្មភាព​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សកម្មភាព​ការងារ​បន្ទប់​ស្ថានការណ៍​បាន​ធ្វើ​កាល​ពី​អំឡុង​បោះឆ្នោត ដើម្បី​យក​ផ្ទៀងផ្ទាត់«ក្រសួង​បន្ត​សិក្សា​ថែម​ទៀត អគ្គស្នងការ​នគរបាល​គេ​របាយការណ៍​ដែល​ថា សង្គ្រោះ​ជាតិ ធ្វើ​អី? បន្ទប់​ស្ថានការណ៍​ធ្វើ​អី?»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​ប្រាប់​ថា ការ​ពិនិត្យ​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​លេខាធិការ លោក ប៉ុល លឹម និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ ជំនាញ​ផ្នែក​ច្បាប់​ដែល​ជា​អតីត​ប្រធាន​គណៈមេធាវី លោក ប៊ុន ហុន។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ទេ​នៅ​ទី​៤ ខែ​កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ចំណែក​អនុរដ្ឋលេខាធិការ លោក ប៊ុន ហុន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​ឯកសារ​ពី​ក្រសួង​នៅ​ឡើយ​ទេ និង​ទទួល​បាន​បញ្ជា​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ​ដែរ ព្រោះ​ប៉ុន្មាន​ថ្ងៃ​នេះ លោក​ជាប់​បំពេញ​ការងារ​នៅ​ខេត្ត

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ជា​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ស្រាវជ្រាវ​ករណី​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍។ លោក​ចោទ​សួរ​ថា តើ​បន្ទប់​ស្ថានការណ៍ មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែរ​ឬ​ទេ? បើ​គ្មាន​ទេ ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់​វិធានការ។

ភ្លាមៗ​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ពីរ​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត គឺ​អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ​និកហ្វិច (Nicfec) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​សកម្មភាព និង​គោល​បំណង​អព្យាក្រឹត្យ​ឥត​លម្អៀង​របស់​ខ្លួន។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​ចប់​រួច​រាល់ សកម្មភាព​នៃ​វេទិកា​បន្ទប់​ស្ថានការណ៍ ក៏​ត្រូវ​បាន​ប្រកាស​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កន្លង​ទៅ។ បន្ទប់​ស្ថានការណ៍​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០​ស្ថាប័ន ដែល​រួម​គ្នា​តាមដាន​ដំណើរការ​បោះឆ្នោត។


ទោះ​បី​ជា​មាន​ការ​បំភ្លឺ​បែប​នេះ​ពី​ក្រុម​បន្ទប់​ស្ថានការណ៍​ក្តី ប៉ុន្តែ​ក្រសួង​មហាផ្ទៃ នៅ​បន្ត​ស្រាវជ្រាវ​ករណី​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍​ដដែល។

អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍ និង​ជា​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស អះអាង​ថា ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ រក​ឃើញ​បែប​ណា គឺ​ជា​ការ​រក​ឃើញ​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ក្រុម​បន្ទប់​ស្ថានការណ៍​អនុវត្ត​ការងារ​តាម​វិជ្ជាជីវៈ មិន​លម្អៀង​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ។ លោក​ថា​នៅ​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ដោយ​ក្រសួង​មាន​សេចក្តី​ណែនាំ​បែប​ណា អង្គការ​សង្គម​ស៊ីវិល​រីករាយ​ជជែក​តាម​ការ​ចង់​ជួប​របស់​ក្រសួង«យើង​រង់ចាំ​សេចក្តី​ណែនាំ និង​ចង់​ជួប​ក្រសួង​មហាផ្ទៃ ដែរ។ ជួនកាល​ខ្លួន​យើង​គិត​ថា យើង​ត្រឹមត្រូវ ប៉ុន្តែ​គេ​រក​ឃើញ​ថា យើង​មិន​ត្រឹមត្រូវ សំខាន់​យើង​ជជែក​បន្ត​ទៀត»

ក្រុម​អង្គការ​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ដំណើរការ​ស៊ើប​អង្កេត ឬ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត ឬ​ហៅ​ថា​បន្ទប់​ស្ថានការណ៍។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ចំនួន​៤ កាល​ពី​ចុង​ខែ​មិថុនា បាន​លើក​ឡើង​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​លើ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ដ្បិត​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​សង្គម​ស៊ីវិល ជាពិសេស​ចំណាត់ការ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​គំរាម​កំហែង​សង្គម​ស៊ីវិល​ដទៃ​ទៀត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល លោក កន សាវាង្ស លើក​ឡើង​ថា ក្រុម​បន្ទប់​ស្ថានការណ៍​នឹង​ធ្វើ​ការងារ​របស់​ខ្លួន​ដែល​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ដូច​អ្វី​ដែល​បាន​ធ្វើ​នៅ​ឆ្នាំ​២០១៧ ដែរ ប៉ុន្តែ​រង់ចាំ​មើល​ការ​រក​ឃើញ និង​សម្រេច​យ៉ាង​ណា​ពី​ក្រសួង​មហាផ្ទៃ ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ថា​ការ​ផាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ​ជា​ការ​ជំរុញ​ឲ្យ​មាន​ភាព​ក្លាហាន

$
0
0

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថា​បំណង​កែប្រែ​ច្បាប់​ដើម្បី​ហាម​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បក្ស​នយោបាយ គឺ​ជា​ចេតនា​បញ្ចប់​ជីវិត​នយោបាយ​របស់​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យឹម សុវណ្ណ យល់​ឃើញ​ថា ច្បាប់​នេះ​នឹង​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ម្នាក់ តែ​កើត សម រង្ស៊ី មក​វិញ​រាប់​លាន​នាក់។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​នយោបាយ​យល់​ថា អវត្តមាន​លោក សម រង្ស៊ី នឹង​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​បក្ស​ប្រឆាំង។

លោក យឹម សុវណ្ណ ចាត់​ទុក​ការ​កែប្រែ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់ ហើយ​រង​ការ​រិះគន់​ថា​ជា​ប្រទេស​គ្មាន​លទ្ធិប្រជាធិបតេយ្យ។ លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ក្ដី​បំណង​របស់​ក្រុម​អ្នក​ច្បាប់ និង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ដែល​ចង់​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «តាម​ធម្មតា​ច្បាប់​នេះ​ជា​ច្បាប់​នយោបាយ​ហើយ។ ហេតុផល​នយោបាយ​ធ្វើ​ឡើង​ដើម្បី​ផាត់​ឯកឧត្តម​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ហ្នឹង​ចេញ​ពីឆាក​នយោបាយ។ ពេល​ដែល​ឯកឧត្តម សម រង្ស៊ី មិន​នៅ លោក​មិន​បានចូល​ធ្វើនយោបាយ​តាម​ធម្មតា​ទេ ក្ដី​បារម្ភ ក្ដី​ព្រួយ ក្ដី​នឹក​រលឹក ក្ដី​សោកស្ដាយ​វា​តែងតែ​កើត​ឡើងនៅ​ក្នុង​អារម្មណ៍​មនុស្ស ក្នុង​នាម​ជា​មនុស្ស​ជាតិ ក៏ប៉ុន្ដែ​ពេល​ខ្លះការ​ដែល​បារម្ភ ការ​ដែល​ព្រួយ ការ​ដែលឈឺ​ចាប់ទាំងអស់​នោះ វា​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ការ​ជំរុញ​ឲ្យ​មាន​ភាព​ក្លាហាន ឲ្យ​មាន​សេចក្តី​មោះមុត​បន្ថែម​នៅ​ក្នុងការ​តស៊ូ​ដើម្បី​ប្រទេស​ជាតិ​តែ​ប៉ុណ្ណឹង​ទេ​បាទ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បន្ថែម​ទៀត ដែល​លោក​ថា​ដើម្បី​រារាំង​កុំ​ឲ្យ​ទណ្ឌិត​លូកលាន់​កិច្ចការ​របស់​គណបក្ស​នយោបាយ។ ទោះ​មិន​បាន​ព្រមាន​ចំ​ឈ្មោះ​ថា​ទណ្ឌិត​រូប​ណា​ដែល​មាន​ឥទ្ធិពល​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ តែ​គេ​អាច​ដឹង​ថា សំដៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស ដោយសារ​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បកស្រាយ​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នឹង​គ្មាន​យុត្តិធម៌​ទេ ប្រសិន​បើ​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី។ លោក យឹម សុវណ្ណ ចាត់​ទុក​ការ​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ ខណៈ​ដែល​ការ​ឈឺចាប់​ទាំងនោះ ពេល​ខ្លះ​វា​បាន​ក្លាយ​ទៅ​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​តស៊ូ ដើម្បី​ប្រទេស​ជាតិ។

ខណៈ​ដែល​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កំពុង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​អ្នក​ច្បាប់ និង​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច មន្ត្រី​រដ្ឋសភា​បាន​ប្រកាស​ជា​មុន​ហើយ​ថា នឹង​ទទួល​យក​សេចក្តី​ស្នើ​កែប្រែ​ច្បាប់​នេះ​ទៅ​ប្រជុំ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​រដ្ឋសភា ហើយ​បើ​ទោះ​ជា​ច្បាប់​នេះ​មិន​ទទួល​បាន​ការ​យល់ព្រម ឬ​មិន​គាំទ្រ​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ក៏​បំណង​កែប្រែ​ច្បាប់​នេះ​ធ្វើ​ទៅ​រួច​ដែរ ដោយសារ​សំឡេង​បក្ស​កាន់​អំណាច​ក្នុង​រដ្ឋសភា​មាន​លទ្ធភាព​គ្រប់គ្រាន់ ដោយ​អនុម័ត​ច្បាប់​កែប្រែ​នោះ​ដោយ​សំឡេង​បក្ស​តែ​មួយ​បាន។

អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​កាល​ពី​លើក​ទី​១ នៅ​ខែ​កុម្ភៈ ម្ដង​រួច​ហើយ​នោះ គឺ​បម្រើ​ផល​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​ទាំងស្រុង។ លោក​បន្ត​ថា ចំណុច​ដែល​គួរ​ត្រូវ​កែប្រែ​ក្នុង​ច្បាប់​គណបក្ស​នយោបាយ អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ​ថា គឺ​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ៖ «បញ្ហា​យើង​មើល​ឃើញ​ត្រង់​ស្លាក​គណបក្ស​មួយ​ចុះ! បើ​សិន​បើ​គណបក្ស​ហ្នឹង​ដាក់​រូប​តែ កឹម សុខា ម្នាក់ ប៉ុន្តែ​ស្លាក​គណបក្ស​ចាស់ គឺ​នៅ​ក្នុង​រូប​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហើយ​លោក សម រង្ស៊ី គាត់​ជាប់​ពិរុទ្ធ​ជា​ទណ្ឌិត បើ​ចឹង​ទេ វា​ត្រូវ​តែ​ដូរ​ស្លាក​គណបក្ស បើ​គ្រាន់​តែ​ដូរ​ស្លាក​គណបក្ស​ហ្នឹង ក៏​គណបក្ស​សង្គ្រោះ​ជាតិ ខាត​លុយ​ចូលរាប់​លាន​ដុល្លារ​ដែរ ហើយ​ពេលវេលា​ទៀត មិន​ដឹងទាន់​មិន​ទាន់​ទេ។ អា​ហ្នឹង​បើ​យើង​គិត​អំពី​យន្តការ​នៃការ​ប៉ះពាល់ គ្រាន់​តែ​ឃើញ​ទិដ្ឋភាព​មួយ ចឹង​នៅ​ក្នុង​យន្តការ​ផ្សេងៗ​ទៀត ដូច​លោក សម រង្ស៊ី ដែល​ត្រូវ​ជួយ​ឃោសនា ឬ​ក៏​ជំរុញ​ប្រជាពលរដ្ឋ​កៀរគរ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​គាត់​ហ្នឹង ឲ្យ​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង គ្រាន់​តែគណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​យក​គាត់ (សម រង្ស៊ី) ហ្នឹង​មក​ឃោសនា ឬ​ចាក់​ផ្សាយ​ក្នុង​ទី​សាធារណៈ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ជំនាញ​ផ្នែក​នយោបាយ​ដដែល​ផ្ដល់​អនុសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​លូត​ទៅ​មុខ​បាន​ដោយ​មិន​ចាំបាច់​មាន​ការ​ពាក់ព័ន្ធ​ពី​លោក សម រង្ស៊ី លុះត្រា​តែ​សមាជិក​ទាំងអស់​របស់​គណបក្ស​ប្រឆាំង​ឈប់​មាន​ការ​ស្ទាក់ស្ទើរ និង​ខ្លាច​មុខ​ខ្លាច​ក្រោយ​តទៅទៀត។ លោក​យល់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះបង់​ប្រធានបទ​រសើបៗ​ចោល​ដូចជា​ករណី​រឿង​ព្រំដែន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ស ខេង បញ្ជា​ឲ្យ​សង្គម​ស៊ីវិល​បញ្ឈប់​សកម្មភាព​នៃ​បន្ទប់​ស្ថានការណ៍

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​​ពី​គ្នា​ទៅ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​អង្គការ​និកហ្វិច (NICFEC) នៅ​យប់​ថ្ងៃ​ទី​៤ ខែ​កក្កដា ឲ្យ​បញ្ឈប់​សកម្មភាព​នៃ​បន្ទប់​ស្ថានការណ៍ ដោយ​អះអាង​ថា ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ប៉ុន្តែ សង្គម​ស៊ីវិល​នៅតែ​អះអាង​ថា ខ្លួន​មិនបាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ទេ ហើយ​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ ដូចនេះ ជា​ការ​បិទ​ផ្លូវ​មិន​ឲ្យ​បន្ទប់​ស្ថានការណ៍​អាច​បង្កើត​ដើម្បី​តាមដាន​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​បាន។

ប្រាំពីរ​ថ្ងៃ​ក្រោយពី​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ក្រសួងមហាផ្ទៃ​ ពិនិត្យ​តាម​ផ្លូវ​ច្បាប់​លើ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការ​​បោះឆ្នោត ឬ​ហៅថា បន្ទប់​ស្ថានការណ៍ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ផ្លូវ​ការ​ផ្ញើ​ទៅ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច ដែល​ជា​អ្នក​សម្របសម្រួល​បន្ទប់​ស្ថានការណ៍​ថា បន្ទប់​ស្ថានការណ៍​ជា​សកម្មភាព​ផ្ទុយ​ទៅ​នឹង​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ លិខិត​ដដែល ប្រាប់​ទៅ​អង្គការ​ទាំងពីរ ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​នៃ​បន្ទប់​ស្ថានការណ៍ និង​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក ស ខេង លើកឡើង​ក្នុង​លិខិត​នោះ​ទៀត​ថា សេចក្ដី​ថ្លែងការណ៍​​របស់​បន្ទប់​ស្ថានការណ៍ មិន​មាន​តម្លៃ​គតិយុត្តិ និង​​មិន​បាន​ឆ្លុះបញ្ចាំង​ពី​អព្យាក្រឹត​ភាព ដូច​មាន​ចែង​ក្នុង​មាត្រា​២៤ នៃ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទេ។ លិខិត​របស់​លោក ស ខេង នៅ​ពេល​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​​សង្គម​ស៊ីវិល​ពីរ គឺ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច កាល​ចុង​ខែ​មិថុនា ដែល​អះអាង​ថា បន្ទប់​ស្ថានការណ៍ គឺជា​វេទិកា​អព្យាក្រឹត្យ​ឥត​លម្អៀង។

ទាក់ទង​រឿង​នេះ អតីត​សមាជិក​បន្ទប់​ស្ថានការណ៍ និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត នៅតែ​យល់​ថា បន្ទប់​ស្ថានការណ៍​បង្កើត​ឡើង​មិន​ខុសច្បាប់​ទេ។ លោក អំ សំអាត យល់ថា លិខិត​របស់​រដ្ឋាភិបាល​នេះ ​ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​អង្គការ​សង្គមស៊ីវិល​តាមដាន​ដំណើរការ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ៖ «ខ្ញុំ​គិត​ថា លិខិត​នេះ​ចេញ​ហើយ ​បន្ទប់​ស្ថានការណ៍​គឺ​លែង​មាន​ទៀត​ហើយ បើ​មាន​ទៀត​គឺ​អាច​ប្រឆាំង​បទបញ្ជា​របស់​រដ្ឋាភិបាល»

ទោះ​យ៉ាង​នេះ​ក្ដី លោក អំ សំអាត នៅតែ​​យល់ថា អង្គការ​សង្គម​ស៊ីវិល​នៅតែ​អាច​តាមដាន និង​វាយតម្លៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ​បាន​ដដែល ទោះ​ពួកគេ​មិនបាន​បង្កើត​បន្ទប់​ស្ថានការណ៍​ក្ដី។

សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ចំនួន​៤ កាលពី​ចុងខែ​មិថុនា បាន​លើក​ឡើង​ថា ពួកគេ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​គំរាមកំហែង​លើ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ត្បិត​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សកម្មភាព​ស្របច្បាប់​របស់​សង្គម​ស៊ីវិល ជាពិសេស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​គឺជា​ការ​គំរាមកំហែង​សង្គម​ស៊ីវិល​ដទៃ​ទៀត អោយ​បាន​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨។

ទោះ​លិខិត​របស់​លោក ស ខេង ដែល​ចុះផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​កក្កដា ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បញ្ឈប់​សកម្មភាព​នៃ​បន្ទប់​ស្ថាន​ការណ៍​​ក្ដី។ ក្រុម​អង្គការ​សង្គម​បាន​រំសាយ​សកម្មភាព​នៃ​វេទិកា​បន្ទប់​ស្ថានការណ៍ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ​ចប់​រួចរាល់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ខេត្ត​កំពង់ឆ្នាំង​រិះគន់​នគរបាល​រឿង​ចេញ​មុខ​ដោះស្រាយ​ជំនួស​ជនល្មើស

$
0
0

ពលរដ្ឋ​រស់​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ចោទ​នគរបាល​ចាប់​ពី​ថ្នាក់​ប៉ុស្តិ៍​រហូត​ដល់​ខេត្ត​ថា បាន​គំរាមកំហែង និង​ចេញ​មុខ​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ​ជំនួស​ក្រុម​ជនល្មើស ដែល​បាន​ប្រើ​អំពើ​ហិង្សា ប្រទូស​កេរ្តិ៍​ខ្មាស និង​ធ្វើ​អំពើ​អាសអាភាស​លើ​គ្រួសារ​ពួកគេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នេះ។

ឪពុក​ម្ដាយ និង​កូន​ស្រី​អាយុ ១៧​ឆ្នាំ​ម្នាក់ រស់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ស្វែង​រក​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​បន្ថែម​ជុំវិញ​ក្ដីក្ដាំ​របស់​ខ្លួន​ពី​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ក្រោយ​ចេញ​ពី​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។ ពួកគេ​ថា តំណាង​អយ្យការ​កោះ​ហៅ​គ្រួសារ​គាត់​ឲ្យ​ជួប​ជាមួយ​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ឈ្មោះ គឹម សាន្ដ ដែល​អះអាង​ថា ជួស​មុខ​ឲ្យ​ភាគី​ចុង​ចម្លើយ។

ស្ត្រី​វ័យ ៣៦​ឆ្នាំ ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​ជាមួយ​កូនស្រី​ក្នុង​សំណុំ​រឿង​នេះ ​ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា ដែល​រឿងរ៉ាវ​កើត​ឡើង មាន​ជន​បង្ក​បួន​នាក់ ចេះ​តែ​រក​រឿង និង​ដៀមដាម​ដាក់​គ្រួសារ​គាត់​ ​ហើយ​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​នគរបាល​ចេញ​មុខ​ដោះស្រាយ​ជំនួស​ជន​បង្ក ទើប​ធ្វើ​ឲ្យ​គ្រួសារ​គាត់​បារម្ភ​ពី​សុវត្ថិភាព និង​ខ្លាច​មិន​ទទួល​បាន​យុត្តិធម៌៖ «ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ព្រួយ ខ្ញុំ​ខ្លាច​ច្បាប់​បង្ក្រាប​ជនល្មើស ជន​ដៃដល់​ទាំង​អស់​ហ្នឹង​ពេល​នេះ​មិន​បាន ហើយ​ពាក្យ​បណ្ដឹង​ខ្ញុំ​ចេះ​តែ​សាបសូន្យ ថ្ងៃ​ណា​មួយ​ខ្ញុំ​ខ្លាច​ក្រុម​គ្រួសារ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ដោយសារ​រឿង​ហ្នឹង»

លោកស្រី​រំលឹក​ថា នគរបាល​ប៉ុស្តិ៍ និង​ស្រុក​មិន​សូវ​អើពើ​ចំពោះ​ករណី​រំលោភ​បំពាន​គ្រួសារ​គាត់​នេះ​ទេ និង​មិន​ចង់​ធ្វើ​ពាក្យ​បណ្ដឹង​ឲ្យ​គាត់ ទើប​គាត់​ទូរស័ព្ទ​ចូល​ប៉ុស្តិ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ឲ្យ​ជួយ​អន្តរាគមន៍​ពន្លឿន​រឿង​នេះ។ ស្រាប់​តែ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា មាន​មន្ត្រី​នគរបាល​ស្រុក​កំពង់លែង ពីរ​នាក់ គឺ​លោក អ៊ុំ សំអូន និង​លោក ជាង សុខជា មក​ស្រែក​គំរាម​លែង​ឲ្យ​គាត់​ទូរស័ព្ទ​ចូល​វិទ្យុ​ដល់​មុខ​ផ្ទះ​តែម្ដង។

កូន​ស្រី​លោកស្រី​រៀបរាប់​ថា នៅ​ម៉ោង ៨​កន្លះ​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ មាន​បុរស​មួយ​ក្រុម​អង្គុយ​ផឹកស៊ី​នៅ​មុខ​ផ្ទះ​អ្នក​ភូមិ​ក្បែរ​ផ្ទះ​របស់​នាង។ គាប់​ជួន​ប្អូន​ស្រី និង​ម្ដាយ​ត្រឡប់​មក​ពី​មើល​យាយ​ឈឺ​វិញ​ដើរ​កាត់​មុខ​ផ្ទះ​នោះ ស្រាប់​តែ​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ទាត់​ប៊ីដុង​ទឹក​ត្នោត​ជួរ​វិះត្រូវ​ក្បាល​ម្ដាយ ទើប​នាង​តមាត់​បន្តិច​ស្រាប់​តែ​មាន​បុរស​បី​នាក់​ទៀត​ចេញ​មក​ច្រាន​ទ្រូង​ និង​ប៉ះ​ដោះ​នាង ហើយ​បុរស​ម្នាក់​ទៀត​បាន​ស្រាត​ខោ​បង្ហាញ​ប្រដាប់​ភេទ​ដាក់​នាង​នៅ​ចម្ងាយ​ប្រហែល​កន្លះ​ម៉ែត្រ​ពី​នាង។ ស្រប​ពេល​គ្នា​នោះ​ឪពុក​របស់​នាង​ដែល​ចូល​ជួយ​ក៏​ត្រូវ​គេ​វាយ​ឲ្យ​របួស​ដៃ​ឆ្វេង​ដែរ។

បុរស​ទាំង​បួន​នាក់​ដែល​ត្រូវ​ជា​បង​ប្អូន និង​កូន​ក្មួយ​គ្នា​នោះ គឺ​មាន​ឈ្មោះ ផាន់ ថេង ហ៊ន ស៊្រន ជិន ខូវ និង​ឈ្មោះ ជិន ធាន រស់​នៅ​ស្រុក​កំពង់លែង។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ជន​បង្ក និង​នគរបាល​ខេត្ត​ឈ្មោះ គឹម សាន្ដ ព្រម​ទាំង​នគរបាល​ស្រុក​ឈ្មោះ អ៊ុំ សំអូន និង​ ជាង សុខជា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។

មន្ត្រី​ផ្នែក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សៅ ភារៈ ថ្លែង​ថា បើ​នគរបាល​ចេញ​មុខ​សម្របសម្រួល​ជំនួស​ឲ្យ​ក្រុម​ជន​បង្ក​គឺ​ជា​រឿង​ខុស​ឆ្គង៖ «ជា​គោលការណ៍​ប៉ូលិស​មិន​អាច​ដើរ​តួនាទី​ឲ្យ​តំណាង​គូភាគី​ទេ តួនាទី​របស់​ប៉ូលិស​គឺ​ស្វែង​រក​យុត្តិធម៌ ជូន​ដល់​ជន​រងគ្រោះ បង្ក្រាប​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​កុំ​ឲ្យ​កើត​មាន​បន្ត​ទៅ​ទៀត»

ប៉ុន្តែ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក គឹម សំលេង ពន្យល់​ថា ការ​ពិត​ភាគី​ជន​បង្ក និង​ជន​រង​គ្រោះ​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា ហើយ​មាន​សាច់ញាតិ​ជា​ប៉ូលិស​ស្រុក​ចង់​មក​ស្ដាប់​ដំណើរការ​សម្របសម្រួល​រឿង​នេះ ប៉ុន្តែ​មិន​បាន​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​ទេ។ ចំណែក​នគរបាល​ខេត្ត​ឈ្មោះ គឹម សាន្ដ គ្រាន់​តែ​ជា​អ្នក​ជួយ​ថតចម្លង​ឯកសារ​ឲ្យ​លោក​ប៉ុណ្ណោះ។

លោក គឹម សំលេង បន្ថែម​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​សំឡេង​ថា បទ​ចោទ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ជន​រង​គ្រោះ​មាន​ច្រើន ប៉ុន្តែ​តុលាការ​ត្រូវ​ថ្លឹងថ្លែង​ពី​បទ​ចោទ។ ដ្បិត​លោក​មិន​ទាន់​ទទួល​របាយការណ៍​គ្រប់​គ្រាន់ ប៉ុន្តែ​យោង​តាម​របាយការណ៍​របស់​ប៉ូលិស លោក​យល់​ថា ករណី​នេះ​គ្រាន់​តែ​ជា​រឿង​ជេរ​ប្រមាថ ដែល​ជា​ជា​បទ​លហុ​អាច​សម្របសម្រួល​គ្នា​បាន ទើប​លោក​ប្រើ​គោលការណ៍​សម្របសម្រួល​ដើម្បី​រំលត់​បណ្ដឹង​អាជ្ញា​តាម​មាត្រា​៨ ត្រង់​ចំណុច​២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ ប៉ុន្តែ​បើ​ដើម​បណ្ដឹង និង​ជន​បង្ក​មិន​ត្រូវ​រ៉ូវ​គ្នា និង​ដក​ពាក្យ​បណ្ដឹង​ដោយ​ការ​ទូទាត់​សំណង​ទេ លោក​នឹង​ដាក់​បទ​ចោទ រួច​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ឲ្យ​បាន​ឆាប់​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ទំនិញ​ក្លែងក្លាយ

$
0
0

មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ នៃ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​អប់រំ​សិស្សានុសិស្ស និង​អាជីវករ​នៅ​តាម​ទីផ្សារ​នានា ឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ជ្រើស​យក​ចំណី​អាហារ​ដែល​មាន​គុណភាព​ទៅ​ទទួលទាន​ដើម្បី​សុខភាព។

​​អនុ​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស រៀន​នៅ​សាលា​បឋម និង​អនុវិទ្យាល័យ​អូរ​ចំណារ និង​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​អូរចំណារ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ឲ្យ​យល់​ដឹង​អំពី​ការ​ជ្រើស​យក​ទំនិញ ឬ​ចំណី​អាហារ​ទៅ​ទទួលទាន​ឲ្យ​បាន​ត្រឹមត្រូវ។ សកម្មភាព​ចុះ​អប់រំ​នេះ​រៀបចំ​នៅ​ទីតាំង​អនុវិទ្យាល័យ​អូរចំណារ និង​ចុះ​ទៅ​ផ្សារ​អូរចំណារ នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ ខែ​កក្កដា។

ក្នុង​ឱកាស​នោះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ហាម​សិស្សានុសិស្ស​មិន​ឲ្យ​ទិញ​ចំណី​អាហារ ឬ​ទំនិញ​ដែល​មិន​មាន​សរសេរ​ស្លាក​សញ្ញា​ក្រុមហ៊ុន ផលិតផល​កំប៉ុង​ក្រពឹត ការ​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ និង​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម នៅ​លើ​សំបក​វេច​ខ្ចប់​ជា​ដាច់​ខាត ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទទួល​ទាន។

​ជាមួយ​គ្នា​នេះ លោក ជា ប៉ិច ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​ចុងភៅ ត្រូវ​ជ្រើស​យក​អំបិល​មាន​លាយ​សារធាតុ​អ៊ីយ៉ូដ ទៅ​ចម្អិន​អាហារ ព្រោះ​អំបិល​អ៊ីយ៉ូដ អាច​ជួយ​ការពារ​ដល់​រាងកាយ​មនុស្ស​ឲ្យ​ជៀស​ផុត​ពី​ជំងឺ​ពក​ក ការពារ​ជំងឺ​បាត់បង់​ស្មារតី អាច​ជួយ​ឲ្យ​ខួរក្បាល​កុមារ​ឆ្លាត​វៃ អាច​ជួយ​ការពារ​ជំងឺ និង​ជួយ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​ជាដើម៖ «អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា ការ​ប្រើប្រាស់​អំបិល​អ៊ីយ៉ូដ​ទៅ​លើ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​​គឺ​មាន​អត្ថប្រយោជន៍​ឈាន​ដល់​កាត់បន្ថយ​ជំងឺ​ពកក និង​កាត់​បន្ថយ​ជំងឺ​ឡឺកឺ​ជាដើម។ អ៊ីចឹង​អំបិល​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ពុំ​គួរ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​យក​មក​ប្រើប្រាស់​នោះ​ទេ»

​នាយក​សាលា​អនុវិទ្យាល័យ អូរ​ចំណារ លោក សូត្រ ហាក់ បាន​គាំទ្រ​សកម្មភាព​មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ដែល​ចុះ​មក​អប់រំ​សិស្សានុសិស្ស​ឲ្យ​បាន​យល់ដឹង​អំពី​របៀប​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​ទៅ​លើ​មុខ​ទំនិញ ឬ​ចំណី​អាហារ​គ្រប់​ប្រភេទ​ដើម្បី​ជៀស​ផុត​ពី​ទំនិញ​ក្លែងក្លាយ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ក៏​ស្នើ​ដល់​អាណាព្យាបាល​គ្រប់​រូប ត្រូវ​ចូលរួម​ពិនិត្យ​ទៅ​លើ​គ្រប់​មុខ​ទំនិញ មុន​នឹង​ទិញ​យក​ទៅ​ប្រើប្រាស់ និង​ទទួលទាន ត្រូវ​ឲ្យ​ប្រាកដ​ថា គ្រប់​មុខ​ទំនិញ ឬ​ចំណី​អាហារ​ទាំង​នោះ មាន​គុណភាព​ល្អ ឬ​មិន​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម៖ «មាន​អាជីវករ​ខ្លះ​បាន​នាំ​យក​ទំនិញ ឬ​នំ​ចំណី​ហួស​កាលកំណត់​ប្រើប្រាស់​ខូចគុណភាព យក​មក​លក់​ឲ្យ​សិស្សានុសិស្ស ហូប​ទៅ​​ប៉ះពាល់​ដល់​សុខភាព។ ​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​មាតា​បិតា​ជា​អាណាព្យាបាល​ សូម​មេត្តា​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​កូនចៅ​ដែល​បាន​មក​សិក្សា​នៅ​សាលា​​បឋម និង​អនុវិទ្យាល័យ​អូរ​ចំណារ ទាំង​អស់ សូម​ឲ្យ​ជួយ​ពន្យល់​ណែនាំ​បន្ថែម»

​ប្រជាពលរដ្ឋ ឬ​អាណាព្យាបាល​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​សកម្មភាព​ចុះ​អប់រំ និង​ត្រួតពិនិត្យ​គុណភាព​ចំណី​អាហារ​របស់​មន្ត្រី​ជំនាញ​កាំ​ក្រុង​ត្រូល​ខេត្ត​នេះ ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទៅ​លើ​មុខ​ទំនិញ បន្លែ​ត្រី​សាច់ នៅ​តាម​ទីផ្សារ​នានា​ជា​បន្តបន្ទាប់។

​ពលរដ្ឋ​មួយ​ចំនួន​បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អាជីវករ​រូប​ណា ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​ថា មុខ​ទំនិញ ឬ​ចំណី​អាហារ​របស់​ពួកគេ​ដាក់​លក់​នៅ​លើ​ទីផ្សារ មាន​ផ្ទុក​សារធាតុ​គីមី ឬ​ខូច​គុណភាព​ឲ្យ​បាន​ធ្ងន់ធ្ងរ។

​យ៉ាងណា​ក៏ដោយ​ចុះ លោក ជា ប៉ិច អនុ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ បើ​មាន​ព័ត៌មាន​សង្ស័យ​ថា ទីតាំង​ណា​មួយ​មាន​លក់ទំនិញ​ខូច​គុណភាព​ចំណី​អាហារ​ទាំង​ភេសជ្ជ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ​ហួស​កាល​កំណត់​ប្រើប្រាស់ ពិសេស​មុខ​ម្ហូប​ស្រស់​មាន​លួច​ដាក់​សារធាតុ​គីមី​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​មក​កាន់​មន្ត្រី​ជំនាញ តាម​រយៈ​ទូរស័ព្ទ​លេខ៖ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៤៦ ០៤៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំដែន​ថៃ​នា​ខេត្ត​បន្ទាយមានជ័យ​ខ្វះ​ទឹក​ប្រើប្រាស់

$
0
0

ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​តំបន់​ជាប់​ព្រំដែន​ប្រទេស​ថៃ ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​នៅ​តំបន់​នោះ​ពុំ​មាន​ប្រព័ន្ធ​ស្តុក​ទឹក​ធំៗ​ដែល​អាច​ឲ្យ​ពលរដ្ឋ​យក​ទឹក​ទៅ​ប្រើប្រាស់​បាន​ឡើយ។ ពលរដ្ឋ​ភាគច្រើន​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដឹក​តាម​ឡាន​ពី​តំបន់​ឆ្ងាយ យក​ទៅ​ប្រើប្រាស់ ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

ថ្វី​បើ​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ក្ដី ប៉ុន្តែ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​អូរជ្រៅ គ្មាន​ទឹក​ប្រើប្រាស់​ទេ។ អ្នក​ភូមិ​លើក​ឡើង​ថា នៅ​តាម​ព្រំដែន​ស្រុក​មួយ​នេះ ពុំ​សូវ​មាន​ភ្លៀង​ធំ​ដែល​អាច​យក​ទឹក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ទំនប់ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ជាប់​ព្រំដែន​ថៃ លោកស្រី សន ថែ អះអាង​ថា ពួក​គាត់​ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​បន្ថែម​ថា សព្វថ្ងៃ គ្រួសារ​របស់​លោកស្រី​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដឹក​តាម​ឡាន​យក​មក​ប្រើប្រាស់ ហើយ​ចំណាយ​អស់​ថវិកា​ប្រហែល ៣​ម៉ឺន​រៀល​ក្នុង​មួយ​សប្ដាហ៍ ដែល​បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ «យើង​ខ្ចី​ប្រាក់​គេ​ដាក់​ទឹក​សិន​ទៅ ពេល​យើង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​សង​គេ​វិញ។ រឿង​ទឹក​វា​លំបាក​ខ្លាំង​ណាស់ ព្រោះ​អ្នក​ខ្លះ​គ្មាន​ប្រាក់​ទិញ​ទឹក​ប្រើ​ទេ។ ណា​មួយ​អង្ករ​ហូប​ផង ទិញ​ទឹក​ប្រើ​ផង រក​ប្រាក់​មិន​ទាន់​ទេ»

នៅ​តាម​ផ្លូវ​តំបន់​ព្រំដែន​ក្នុង​ឃុំ​មួយ​នេះ​មាន​ស្រះ​ទឹក​តូចៗ​ខ្លះ​ដែរ ប៉ុន្តែ​មាន​ទឹក​បន្តិចបន្តួច ហើយ​ល្អក់​ខួរ​អណ្ដែង​សម្រាប់​ឲ្យ​គោ​ផឹក ចំណែក​អ្នក​ភូមិ​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ទំនប់ដាច់ ម្នាក់​ទៀត លោក យាន យឹន ថ្លែង​ថា ចាប់​ពី​ខែ​មិថុនា មក​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ដែរ តែ​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើ​ការ​ប្រចាំ​ថ្ងៃ​ទេ។ លោក​បន្ថែម​ថា បញ្ហា​ទឹក​ប្រើប្រាស់​ជា​រឿង​សំខាន់​របស់​ពួក​គាត់​រស់នៅ​តាម​ព្រំដែន ទាំង​ការ​មុជ​សម្អាត​រាងកាយ ចម្អិន​អាហារ និង​ទឹក​ផឹក ជាដើម ត្រូវ​ទិញ​ពី​គេ​ទាំងស្រុង។ លោក​អះអាង​ថា ពួក​គាត់​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដែល​ដឹក​តាម​រថយន្ត​ពី​តំបន់​ឆ្ងាយ​យក​មក​លក់​ដល់​ផ្ទះ ដោយ​ទឹក​ចំណុះ ៣០០​លីត្រ​តម្លៃ ១​ម៉ឺន ៥​ពាន់​រៀល៖ «ទើប​មាន​ភ្លៀង​យប់​មិញ​បន្តិច​ត្រង​ទឹក​មិន​បាន​មួយ​ពាង​ផង។ ពួក​ខ្ញុំ​រស់នៅ​ជាយដែន​គ្មាន​ដី​ធ្វើ​ស្រែ​ទេ បើ​មិន​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គ្មាន​ប្រាក់​ចំណូល​ទេ។ ពួក​ខ្ញុំ​នៅ​ជាយដែន​លំបាក​ខ្លាំង​ណាស់»

ឆ្លើយតប​នឹង​បញ្ហា​នេះ មេ​ឃុំ​អូរបីជាន់ លោក សួង មឿន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ឃុំ​នេះ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប្រាកដ​មែន គឺ​ដោយសារ​នៅ​តំបន់​នេះ​ពុំ​មាន​ប្រភព​ទឹក​សម្រាប់​ឲ្យ​ពលរដ្ឋ​ដង​យក​ទៅ​ប្រើប្រាស់។ ម្យ៉ាង​ទៀត លោក​ថា​កន្លង​ទៅ​មាន​អង្គការ​មួយ​ចំនួន​ចុះ​ខួង​អណ្ដូង​តាម​ភូមិ​ដែរ ក៏ប៉ុន្តែ​ពុំ​មាន​ទឹក​ចេញ ហើយ​ក៏​បាន​ផ្អាក​គម្រោង​ទៅ​វិញ។ លោក​បន្ថែម​ថា ខាង​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត កំពុង​តែ​ជីក​ស្រះ​ទឹក​មួយ​កន្លែង​ទទឹង ១០០​ម៉ែត្រ និង​បណ្ដោយ ១៥០​ម៉ែត្រ​នៅ​ភូមិ​ព្រាវ ឃុំ​អូរបីជាន់ ហើយ​នៅ​ពេល​ជីក​ស្រះ​ទឹក​រួច​រាល់ អាច​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត​ទឹក​បាន​ខ្លះ៖ «ក្នុង​គម្រោង​ដែល​ជំរុញ​ឲ្យ​បណ្ដា​អង្គការ​នៅ​នេះ យើង​ឲ្យ​គាត់​ជួយ​ជា​អណ្ដូងទឹក ស្ដារ​ស្រះ​សម្រាប់​មាន​ភ្លៀង​បាន​ទឹក​ប្រើ។ ហើយ​ក្នុង​ការ​ដោះស្រាយ​ដោយ​មធ្យោបាយ​ឡាន​ជំនួយ​ផ្សេងៗ​ដើម្បី​ដាក់​ធុង​អី​នោះ នៅ​ឆ្នាំ​២០១៧ ពុំ​ទាន់​មាន​ទេ»

សព្វថ្ងៃ អ្នក​ភូមិ​ខ្លះ​ស្វែងរក​ប្រភព​ទឹក ហើយ​ច្រក​ទឹក​ដាក់​ប៊ីដុង​ដឹក​តាម​ម៉ូតូ​ចម្ងាយ​ជិត ១០​គីឡូម៉ែត្រ​ពី​កន្លែង​រស់នៅ ដើម្បី​យក​ទៅ​ប្រើ​ការ​ប្រចាំ​ថ្ងៃ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម លើក​ឡើង​ថា ក្រសួង​ធនធាន​ទឹក បាន​សិក្សា​គម្រោង​រួច​ជាស្រេច​ហើយ​ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ទឹក​ចេញ​ពី​អូរ​ខៃដន ក្នុង​ក្រុង​ប៉ោយប៉ែត ទៅ​ឃុំ​អូរបីជាន់។ លោក​ថា គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​សាងសង់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​សម្រួល​ដល់​កសិករ​បាន​ទឹក​ប្រើប្រាស់​នៅ​តាម​ព្រំដែន៖ «ប៉ុន្តែ​គ្រាន់​តែ​ថា​គេ​មិន​ទាន់​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឡើយ ដោយ​វា​ជា​នីតិវិធី​របស់​គេ ប៉ុន្តែ​គម្រោង​របស់​គេ​ធំ​ណាស់​នៅ​អូរបីជាន់ នោះ គឺ​គម្រោង​ស្ដារ​ប្រព័ន្ធ​អូរ ហើយ​មាន​ប្រឡាយ​ខ្វាត់ខ្វែង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មក​ហើយ ចំណែក​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​បាន​នៅ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជីក​ស្រះ​ទឹក​ធំៗ​នៅ​តំបន់​ព្រំដែន​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ស្តុក​ទឹក​ឲ្យ​ពលរដ្ឋ​ប្រើ​ការ​បាន​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា៖ «យើង​មុន​បោះឆ្នោត ស្ទើរ​គ្រប់​ទីកន្លែង គណបក្ស​នានា​ចុះ​ទៅ​សន្យា​ជាមួយ​ពលរដ្ឋ​ច្រើន​ណាស់។ ដល់​បោះឆ្នោត​រួច បាត់​អ្នក​ចុះ​ទៅ​មើល​ប្រជាពលរដ្ឋ​អស់។ មាន​ន័យ​ថា ការ​ដែល​យក​ចិត្ត​ទុក​ដាក់​តែ​ពេល​បោះឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ចំពោះ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ទឹក​ប្រើ មិន​បាន​ដោះស្រាយ​ទេ»

មេ​ឃុំ​អូរបីជាន់ ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​មួយ​នេះ​ប្រមាណ ៧០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ ៣.២៩០​គ្រួសារ កំពុង​លំបាក​ខ្លាំង​ដោយ​គ្មាន​ទឹក​ប្រើប្រាស់ ហើយ ៣០​ភាគរយ​ដែល​មាន​ជីវភាព​មធ្យម អាច​ដឹក និង​ទិញ​ទឹក​យក​មក​ប្រើប្រាស់​ដោយ​ខ្លួន​ឯង​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភរិយា​​បណ្ឌិត កែម ឡី សរសេរ​លិខិត​ជូន​ស្វាមី​ក្នុង​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់

$
0
0

នៅ​ក្នុង​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ដែល​ជា​ភរិយា​របស់​លោក បាន​សរសេរ​លិខិត​នៅ​លើ​ហ៊្វេសបុក (Facebook) របស់​គាត់​ជា​លើក​ដំបូង អំពី​ភាព​អង់អាច​ក្លាហាន ការ​លះបង់​ជីវិត​ប្ដី​លោកស្រី​ដើម្បី​សង្គម​ជាតិ និង​ការ​នឹករលឹក​ប្ដី។

ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​ដែល​សរសេរ​រៀបរាប់​ដោយ​លោកស្រី ប៊ូ រចនា៖

ប្ដី​សម្លាញ់! ជិត​មួយ​ឆ្នាំ​ហើយ​ដែល​ពួក​តិរច្ឆាន​បាន​ឆក់​យក​ជីវិត​បង​ពី​អូន និង​កូនៗ។ អូន​នឹក​បង​ណាស់! តែ​បង​កុំ​បារម្ភ​អី ដោយសារ​មាន​បង​ប្អូន​ឈាម​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាង ២​លាន​នាក់ ដែល​បាន​លើក​ទឹក​ចិត្ត​អូន ធ្វើ​ឲ្យ​អូន​រឹង​មាំ។ អូន​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​មាន​បង​ជា​ស្វាមី។ បង​លះបង់​ជីវិត​ដើម្បី​ជាតិ​ខ្មែរ។

បង​ដឹង​អត់? កូនៗ​យើង​គាត់​ធំ​លឿន​ណាស់ ហើយ​ពួកគាត់​តែង​តែ​ជួយ​មើល​ថែ​ប្អូន​ប្រុស​ពៅ ឯ​កូន​ពៅ​យើង​វិញ គាត់​មាន​ចរិត​ដូច​បង​ណាស់ ហើយ​អូន និង​កូនៗ​យើង​កំពុង​រង់ចាំ​ទៅ​រស់​នៅ​ប្រទេស​ដែល​បង​ប្រាថ្នា​ចង់​ឲ្យ​កូនៗ​ទៅ​រៀន ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បង​ប្អូន​ខ្មែរ​ចាស់​ទុំ​ដែល​ស្រលាញ់​បង។

គ្រប់​ដង្ហើម​ចេញ​ចូល​របស់​អូន គឺ​នឹក​បង​គ្រប់​ពេល តែ​អូន​នឹង​ប្រើ​ពេល​វេលា​នេះ​មក​មើល​ថែ ចិញ្ចឹម​បី​បាច់​កូនៗ​របស់​យើង​ឲ្យ​គាត់​ដើរ​តាម​គន្លង​បង ចេះ​ស្រលាញ់ និង​ជួយ​ជាតិ​ខ្មែរ​យើង​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដើម្បី​សម្រេច​បំណង​បង។ ដូច្នេះ​សូម​បង​តាម​ថែ​រក្សា​អូន និង​កូនៗ​យើង​ណា​បង!

ពី​ប្រពន្ធ​ដែល​ស្រលាញ់​បង​បំផុត!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live