នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មិនភ្ញាក់ផ្អើលនឹងការដោះលែងមន្ត្រីសិទ្ធិមនុស្សនាពេលថ្មីៗនេះទេ ព្រោះរដ្ឋាភិបាលរងសម្ពាធអន្តរជាតិ។ លោកថា គេមិនត្រូវអរគុណលោក ហ៊ុន សែន ចំពោះការដោះលែងនេះទេ តែត្រូវប្រាប់លោក ហ៊ុន សែន ឲ្យល្មមឈប់ប្រព្រឹត្តការចាប់ចងមនុស្សតាមតែអំពើចិត្តតទៅទៀត។
លោក មួង ណារ៉េត៖ តើលោកយល់យ៉ាងដូចម្តេចចំពោះការដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប រួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប មួយរូប គឺលោក នី ចរិយា កាលពីពេលថ្មីៗកន្លងទៅនេះ?
លោក ប៊្រែដ អាដាម៖ យើងតែងតែស្វាគមន៍រាល់ការដោះលែងមនុស្សដែលគេចាប់ដាក់ពន្ធនាគារទាំងគ្មានហេតុផល។ យើងខ្ញុំត្រេកអរដែលមន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ។
លោក មួង ណារ៉េត៖ លោក ហ៊ុន សែន ធ្លាប់ស្នើឲ្យលោកឈប់ចងកម្មចងពៀរនឹងលោក និងសុំឲ្យលោកចេះនិយាយល្អអំពីរដ្ឋាភិបាលកម្ពុជា ខ្លះផង។ ឥឡូវមានការដោះលែងមន្ត្រីសិទ្ធិមនុស្សដូច្នេះ តើល្មមអាចឲ្យអង្គការសិទ្ធិមនុស្សនិយាយល្អអ្វីខ្លះក្នុងរឿងនេះហើយឬនៅ?
លោក ប៊្រែដ អាដាម៖ ដូចជាគ្មានរឿងអ្វីដែលយើងនិយាយសរសើររដ្ឋាភិបាលកម្ពុជា ចំពោះការដោះលែងនេះនោះទេ ព្រោះមន្ត្រីសិទ្ធិមនុស្សទាំងអស់នោះមិនសមនឹងជាប់ពន្ធនាគារតាំងពីដំបូងមកម្ល៉េះ។ ជារឿងយង់ឃ្នងខ្លាំងណាស់ដែលចាប់ពួកគាត់ដាក់ពន្ធនាគារយ៉ាងដូច្នេះ។ មួយឆ្នាំជាងនៅក្នុងគុក ពួកគាត់ និងក្រុមគ្រួសាររងទុក្ខខ្លោចផ្សាខ្លាំងណាស់។ សុខភាពរបស់ពួកគាត់ចុះទ្រុឌទ្រោមរហូតដល់មានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងគុក។ ដូច្នេះ អ្វីដែលខ្ញុំចង់ជម្រាបទៅរដ្ឋាភិបាល គឺខ្ញុំគ្មានរឿងអ្វីដែលត្រូវអរគុណទេ។ តែខ្ញុំសុំផ្ដាំឲ្យឈប់ធ្វើអ៊ីចឹងតទៅទៀត! ត្រូវចេះគោរពច្បាប់! ត្រូវចេះធ្វើអ្វីឲ្យមានការទទួលខុសត្រូវ! ត្រូវគោរពលទ្ធិប្រជាធិបតេយ្យ ចេះទទួលមតិរិះគន់ និងល្មមធ្វើខ្លួនឲ្យទៅជាមនុស្សចាស់ចិត្តចាស់គំនិតខ្លះហើយ!
លោក មួង ណារ៉េត៖ មតិជាតិ និងអន្តរជាតិចាត់ទុកករណីមន្ត្រីសិទ្ធិមនុស្សនេះ ថាជារឿងនយោបាយ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលវិញអះអាងថា រឿងនេះគឺជាសមត្ថកិច្ចតុលាការសុទ្ធសាធ គ្មានអ្វីទាក់ទងនឹងការលូកដៃពីរដ្ឋាភិបាលទេ។ តើលោកយល់យ៉ាងណាចំពោះរឿងនេះ?
លោក ប៊្រែដ អាដាម៖ ការដោះលែងនេះ គឺជាបញ្ជារបស់រដ្ឋាភិបាល ១០០%។ លោក ហ៊ុន សែន ជាអ្នកបញ្ជា។ កាលពីមុនចាប់មន្ត្រីទាំងនោះ លោក ហ៊ុន សែន បាននិយាយព្រមានដល់អង្គការសង្គមស៊ីវិលជាច្រើនលើកច្រើនសា។ ជាញឹកញាប់ លោក ហ៊ុន សែន ថ្លែងសារជាសាធារណៈបញ្ជាឲ្យតុលាការចាប់មនុស្សទៅតាមបញ្ជារបស់គាត់។ ការណ៍ដែលថា រឿងនេះជារឿងរបស់តុលាការ គឺពិតជាគួរឲ្យអស់សំណើចណាស់។ គេឯងគ្រប់គ្នាច្បាស់ជាសើចចំអកដល់ការលើកឡើងបែបនេះ។ សូម្បីតែខាងស្ថានទូតបរទេស ក៏គេសើចដែរ នៅពេលរដ្ឋាភិបាលថាការដោះលែងនេះគ្មានការលូកដៃពីរដ្ឋាភិបាល។
លោក មួង ណារ៉េត៖ ស្របពេលដោះលែងមន្ត្រីសិទ្ធិមនុស្ស ៥នាក់ លោក ហ៊ុន សែន ក៏បានព្រមានចាត់ការបណ្ដុំអង្គការសង្គមស៊ីវិល ៤០អង្គការដែលបង្កើតបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត។ តើចំណាត់ការនេះប៉ះពាល់អ្វីខ្លះដល់សិទ្ធិសេរីភាពក្នុងការបំពេញសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលទាំងនេះ?
លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន ចាត់ទុកអង្គការសង្គមស៊ីវិលថាជាខ្មាំងសត្រូវរបស់គាត់តាំងតែពីដើមមក។ លោក ហ៊ុន សែន មិនចេះដូរចរិតទេ។ គាត់ដូរតែល្បិចស្នៀតរបស់គាត់តែប៉ុណ្ណោះ។ ខ្ញុំយល់ថា លោក ហ៊ុន សែន ច្បាស់ជាធុញទ្រាន់នឹងសម្ពាធរបស់អន្តរជាតិខ្លាំងហើយ។
លោក មួង ណារ៉េត៖ តើលោក ហ៊ុន សែន រងសម្ពាធអន្តរជាតិយ៉ាងដូចម្តេច បើគាត់ទើបបញ្ជាឲ្យក្រសួងមហាផ្ទៃ ឲ្យបិទសកម្មភាពបន្ទប់ស្ថានការណ៍?
លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន ម្ង៉ៃៗរិះរកតែកលល្បិចទេ។ ល្បិចទាំងនោះមានដូចជា ថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីបន្ធូរសម្ពាធមកលើគាត់ និងទម្លាក់វាទៅលើអ្នកដទៃឲ្យរងគ្រោះជំនួស។ និយាយរួម លោក ហ៊ុន សែន និងលោក ដូណាល់ ត្រាំ (Donald Trump) មានចំណុចដូចគ្នាច្រើនត្រង់អាខាងធ្វើអ្វីស្រេចតែក្បាលចិត្ត។ ការដោះលែងមន្ត្រីសិទ្ធិមនុស្សនេះ គឺគាត់ចង់បានការសរសើរពីមតិជាតិផង និងមតិអន្តរជាតិផង។ ប៉ុន្តែទោះគាត់ធ្វើដូច្នេះ គ្មានអ្វីអាចផ្លាស់ប្ដូរចរិតគាត់បានទេ។ ដូរមិនបានត្រង់ថា ថ្ងៃនេះគាត់ដោះលែងពីរបីនាក់ ថ្ងៃក្រោយគាត់ចាប់វិញបួនដប់នាក់ទៀត។ ល្បិចបែបនេះកើតមាននៅប្រទេសកុម្មុយនីស្តជាអលជ្ជី ដូចជានៅប្រទេសវៀតណាម និងប្រទេសចិន។
កាលណាសហគមន៍អន្តរជាតិដាក់សម្ពាធខ្លាំងលើបញ្ហាអ្នកទោសមនសិការ ពួកគេចាប់ផ្ដើមបន្ធូរសម្ពាធនេះ ដោយដោះលែងម្នាក់ពីរនាក់។ ប៉ុន្តែមិនយូរមិនឆាប់ គាត់នឹងចាប់បួនដប់នាក់ផ្សេងទៀតយកមកដាក់គុក។ ការធ្វើដូច្នេះ គឺជាវិធីបន្តគ្រប់គ្រងប្រទេសដោយផ្តាច់មុខដោយបក្សរបស់ខ្លួន។ ការធ្វើនេះ គឺដើម្បីបំបាក់ស្មារតីអ្នកហ៊ានរិះគន់ ឬប្រឆាំងរដ្ឋាភិបាល។ រឿងនេះលោក ហ៊ុន សែន ធ្វើដដែលៗអស់ជាង ៣០ឆ្នាំហើយ ដូច្នេះគ្មានអ្វីឡើយដែលត្រូវភ្ញាក់ផ្អើលនោះទេ។ ដៃម្ខាងគាត់ដោះលែង ដៃម្ខាងគាត់ចាប់ទៀត។
លោក មួង ណារ៉េត៖ ថ្មីៗនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តាមការចង់បានរបស់លោក ហ៊ុន សែន បានព្រាងវិសោធនកម្មច្បាប់បន្ថែមស្ដីពីគណបក្សនយោបាយ ដើម្បីបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី ទាំងស្រុងតែម្តង។ តើការធ្វើដូច្នេះប៉ះពាល់អ្វីខ្លះដល់សិទ្ធិរបស់លោក សម រង្ស៊ី និងនីតិរដ្ឋនៅកម្ពុជា?
លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន ធ្លាប់ប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩៧ ម្ល៉េះ។ កាលណោះគាត់បញ្ជាឲ្យគេបោកគ្រាប់បែកទៅលើហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី។ ពេលគ្រាប់បែកផ្ទុះ សមាជិកនៃកងអង្គរក្សលោក ហ៊ុន សែន មានវត្តមាននៅកន្លែងកើតហេតុ។ យើងដឹងថាលោក ហ៊ុន សែន បន្តប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ច្រើនលើកជាបន្តបន្ទាប់មកទៀត។ គាត់ព្យាយាមចាប់លោក សម រង្ស៊ី ដាក់គុក និងប្តឹងផ្តល់ជាច្រើនករណី។ លោក កឹម សុខា ក៏ធ្លាប់ជាប់ពន្ធនាគារដោយសារស្នាដៃរបស់លោក ហ៊ុន សែន ដែរ។ លោក កឹម សុខា ធ្លាប់រត់ភៀសខ្លួនចេញទៅក្រៅប្រទេស ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
យើងដឹងថា លោក ហ៊ុន សែន មិនចង់ឲ្យប្រមុខដឹកនាំគណបក្សសង្គ្រោះជាតិ នៅបន្តដឹកនាំគណបក្សសង្គ្រោះជាតិ តទៅទៀត។ លោក ហ៊ុន សែន ចង់បំបែកបំបាក់គណបក្សប្រឆាំងតាំងពីយូរលង់ណាស់មកហើយ គ្មានអ្វីឡើយដែលត្រូវសង្ស័យទេ។ នៅពេលនេះ បញ្ហាគឺនៅត្រង់ថា តើលោក ហ៊ុន សែន ចំណេញអ្វី ប្រសិនបើមានការបោះឆ្នោតមួយដោយគ្មានមេដឹកនាំគណបក្សប្រឆាំង ឬមានដែរ តែចាប់ពួកគាត់ដាក់គុក? ក្នុងគំនិតមេដឹកនាំផ្ដាច់ការ បញ្ហាបែបនេះគឺជារឿងដែលធ្វើឲ្យគាត់ដេកមិនលក់រាល់យប់។
លោក មួង ណារ៉េត៖ បើវិសោធនកម្មច្បាប់ថ្មីនេះត្រូវបានអនុម័ត និងចូលជាធរមាន ដែលឈានទៅរារាំងមិនឲ្យមេដឹកនាំគណបក្សប្រឆាំងចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ តើនឹងប៉ះពាល់អ្វីខ្លះដល់ភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតឆ្នាំ២០១៨?
លោក ប៊្រែដ អាដាម៖ ខ្ញុំគិតថាការបោះឆ្នោតជាតិខាងមុខ ក៏មិនខុសពីការបោះឆ្នោតមុនៗទេ គឺគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ ខ្ញុំប្រាថ្នាចង់ឃើញការបោះឆ្នោតត្រឹមត្រូវមួយដែរ ប៉ុន្តែមើលទៅដូចអត់ផ្លូវទេ។ ខ្ញុំធ្លាប់និយាយហើយថា បើការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ពួកយើងនឹងស្វាគមន៍អបអរសាទរគណបក្សកាន់អំណាចមួយនេះ។ តាមពិត អង្គការសិទ្ធិមនុស្សដូចពួកយើង មិនខ្វល់ថានរណាឈ្នះឆ្នោតនោះទេ សំខាន់គឺឲ្យតែដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប៉ុន្តែខ្ញុំរកមិនឃើញភស្តុតាងត្រង់ណាដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ចង់ឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ក៏មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ថ្ងៃបោះឆ្នោតមានភាពស្ងប់ស្ងាត់ល្អក៏ពិតមែន ប៉ុន្តែបរិយាកាសបោះឆ្នោតជាទូទៅមានភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ ខ្ញុំគិតថា លោក ហ៊ុន សែន កំពុងជួបបញ្ហាធំ។
កាលឆ្នាំ២០១៣ លោក សម រង្ស៊ី នៅក្រៅប្រទេសយ៉ាងយូរដោយសារលោក ហ៊ុន សែន គំរាមចាប់ខ្លួនគាត់។ ប៉ុន្តែពេលនោះ លោក ហ៊ុន សែន គិតឆ្លាត ដោយគិតថាបើការបោះឆ្នោតគ្មានមេដឹកនាំបក្សប្រឆាំងចូលរួម នោះនឹងគ្មាននរណាទទួលស្គាល់លទ្ធផលបោះឆ្នោតទេ។ លោក ហ៊ុន សែន ដឹងច្បាស់ថា គាត់ត្រូវការឲ្យមានលោក កឹម សុខា និងលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោត ដើម្បីឲ្យលទ្ធផលបោះឆ្នោតមានភាពស្របច្បាប់។ ប៉ុន្តែលោក ហ៊ុន សែន កំពុងប្រឈមបញ្ហាទ្វេគ្រោះ ព្រោះមេដឹកនាំគណបក្សប្រឆាំងមានប្រជាប្រិយខ្លាំង។ បើគាត់អនុញ្ញាតឲ្យមេបក្សប្រឆាំងចូលរួមប្រកួត គណបក្សប្រជាជនកម្ពុជា នឹងចាញ់ឆ្នោត។ ដូច្នេះ លោក ហ៊ុន សែន កំពុងពិបាកសម្រេច។ បើគាត់មិនមែនជាមេដឹកនាំផ្ដាច់ការ គាត់អត់ពិបាកសម្រេចទេ។ បើគាត់ជាអ្នកគោរពលទ្ធិប្រជាធិបតេយ្យ ដោយស្វ័យប្រវត្តិ គាត់ត្រូវតែអនុញ្ញាតឲ្យលោក កឹម សុខា និងលោក សម រង្ស៊ី ចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិខាងមុខ ដោយឥតលក្ខខណ្ឌអ្វីទាំងអស់។
ច្បាប់ថ្មីនេះ ច្បាស់ណាស់នឹងធ្វើឡើងរំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើលោក សម រង្ស៊ី ហ៊ាននិយាយរិះគន់រដ្ឋាភិបាល ឬនិយាយសរសើរគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែបើលោក ហ៊ុន សែន ហ៊ានធ្វើដូច្នេះ ប្រជាធិបតេយ្យនៅស្រុកខ្មែរនឹងឈានដល់ទីអវសានទាំងស្រុងតែម្តង។ ទង្វើរបស់លោក ហ៊ុន សែន បែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ជួបគ្រោះធំ ដោយសារសហគមន៍អន្តរជាតិនឹងដាក់ទណ្ឌកម្មយ៉ាងដំណំ។ រឿងនេះនឹងប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងយោធាជាដើម។ ប្រទេសកម្ពុជា នឹងស្ថិតក្នុងភាពជាប្រទេសឯកោដូចកាលទសវត្សរ៍ឆ្នាំ៩០ ទៀតជាក់ជាមិនខាន។ ប្រជាពលរដ្ឋខ្មែរទូទៅ នឹងធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រកាន់តែខ្លាំង។ ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន នឹងមិនធ្វើរឿងផ្ដេសផ្ដាសបែបនេះតទៅទៀតទេ។ ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន ចេះរៀនអត់ធ្មត់ និងរៀនធ្វើចិត្តឲ្យត្រជាក់ ដើម្បីកុំឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងស្ថានភាពដុនដាបខ្លាំងសាជាថ្មី។
លោក មួង ណារ៉េត៖ ថ្មីៗនេះ លោក ហ៊ុន សែន ដកបម្រាមដែលហាមលោក សម រង្ស៊ី មិនឲ្យចូលស្រុកវិញ។ ការដកបម្រាមនេះ គួរបានការទទួលសាទរ ប៉ុន្តែភ្លាមៗក្រោយពីដកបម្រាមនោះចេញភ្លាម លោក ហ៊ុន សែន បែរជាថ្លែងជាសាធារណៈបបួលឲ្យលោក សម រង្ស៊ី ប្រញាប់ចូលមក ព្រោះមាត់ទ្វារគុកនៅចំហរង់ចាំ។ តើការឌឺដងបែបនេះ ស័ក្តិសមនឹងកើតចេញពីអ្នកនយោបាយជើងចាស់ដែលកាន់អំណាចអស់ជាង ៣២ឆ្នាំដែរឬទេ? តើកម្ពុជា ចំណេញអ្វីខ្លះពីចំណាត់ការបែបនេះ?
លោក ប៊្រែដ អាដាម៖ នេះបានចំជាមនុស្សចិត្តល្អមែន! លោក ហ៊ុន សែន មានចិត្តសន្តោសអ្វីយ៉ាងនេះ! គាត់ស្វាគមន៍លោក សម រង្ស៊ី ឲ្យវិលចូលស្រុកវិញ ប៉ុន្តែបើកមាត់ទ្វារគុករង់ចាំទទួល។ បើលោក សម រង្ស៊ី វិលចូលស្រុកខ្មែរវិញ ច្បាស់ណាស់គាត់នឹងជាប់គុក ឬត្រូវគេធ្វើទារុណកម្ម ឬត្រូវសម្លាប់ផង។ កាដូរបស់លោក ហ៊ុន សែន សម្រាប់លោក សម រង្ស៊ី គឺមិនខុសអ្វីពីការផ្តល់ជម្រើសត្រូវស្លាប់ដោយគ្រាប់កាំភ្លើង ឬស្លាប់ដោយផឹកថ្នាំពុលនោះទេ។ ជម្រើសមួយណាក៏ស្លាប់ដូចគ្នា។ នេះបានគេហៅថាចិត្តជាទេវទត្ត មាត់ជាទេវតាមែន។ មើលទៅលោក ហ៊ុន សែន ដូចជាខ្លាចលោក សម រង្ស៊ី ខ្លាំងណាស់។ ជាការពិតណាស់ តាមការស្ទង់មតិសាធារណជនទូទៅ លោក សម រង្ស៊ី មានប្រជាប្រិយខ្លាំងជាងលោក ហ៊ុន សែន។
លោក មួង ណារ៉េត៖ សូមអរគុណលោក ប្រ៊ែដ អាដាម ចំពោះការផ្តល់បទសម្ភាសន៍នេះ។
លោក ប៊្រែដ អាដាម៖ អរគុណធំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។