Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មិន​ពេញ​ចិត្ត​នឹង​តុលាការ​កាត់​ទោស​យាយ​ព្រឿង​ដាក់​គុក​២​ឆ្នាំ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឈ្មួញ​ដ៏​ល្បី​ឈ្មោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ឲ្យ​ជាប់​ពន្ធ​ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥០​លាន​រៀល ថា​មិន​ទាន់​គ្រប់គ្រាន់​ទេ និង​ជា​ការ​អនុវត្ត​ច្បាប់​ធូររលុង។ ពួក​គេ​បារម្ភ​ថា ការ​អនុវត្ត​ច្បាប់​ធូររលុង គឺ​ជា​ការ​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ធនធាន​ធម្មជាតិ និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង មើល​ឃើញ​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ចាប់​ខ្លួន​ឈ្មួញ​ឈើ​ឈ្មោះ ហេង សំនៀង កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ រហូត​មក​ទល់​ពេល​នេះ ទិដ្ឋភាព​ជួញដូរ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ខែត្រ​ស្ទឹងត្រែង ហាក់​ដូចជា​ស្ងាត់​ជាង​មុន ក៏ប៉ុន្តែ​ពួក​គេ​បារម្ភ​ថា ការ​ជួញដូរ​ឈើ​ប្រណិត​នឹង​កក្រើក​ឡើង​វិញ បើ​ឈ្មួញ​ឈើ​រូប​នោះ​ត្រូវ​បាន​ដោះលែង។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា ការ​កាត់​ទោស​របស់​តុលាការ​ហាក់​ដូចជា​ស្រាល និង​នាំ​ឲ្យ​ឈ្មួញ​មិន​រាងចាល។ លោក​កត់​សម្គាល់​ថា ឈ្មួញ​រូប​នោះ​បាន​ជួញដូរ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ខែត្រ​ស្ទឹងត្រែង ជិត ២០​ឆ្នាំ​ហើយ អាជ្ញាធរ​ទើប​តែ​ឃាត់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៦។

លោក​ថា តុលាការ​ហាក់​មិន​ស៊ើប​អង្កេត​ពី​សាវតារ​ជួញដូរ​ឈើ​ប្រណិត​របស់​ឈ្មួញ​រូប​នោះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ បង្ក​ឲ្យ​ពលរដ្ឋ​នៅ​តែ​មាន​មន្ទិល និង​សង្ស័យ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ អាច​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ៖ «យាយ​ព្រឿង​នេះ តុលាការ​ពិត​ជា​កាត់​ក្តី​ឲ្យ​គាត់​ជាប់​ពន្ធនាគារ ២​ឆ្នាំ​មែន។ គាត់​មិន​អាច​រាង​ទេ។ គាត់​នឹង​ត្រឡប់​មក​វិញ។ ខ្ញុំ​ជឿ​ថា​គាត់​នឹង​អាច​រក​ស៊ី​បំផ្លាញ​ជាតិ​យើង​បន្ត​ទៀត។ ចំពោះ​ការ​កាត់​ទោស​របស់​តុលាការ គឺ​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ មិន​ត្រូវ​នឹង​ច្បាប់​ទេ»

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន យល់​ថា ការ​សម្រេច​ក្តី​របស់​តុលាការ ហាក់​មិន​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ការពារ​ព្រៃឈើ​នោះ​ទេ និង​កំពុង​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ដែរ។ លោក​ថា សេចក្តី​សម្រេច​របស់​តុលាការ​បែប​នេះ គឺ​ជា​ដើមចម​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ខណៈ​ព្រៃឈើ​បាន​វិនាស​ហិនហោច​ស្ទើរ​ទាំងស្រុង ដោយសារ​ជាប់​ពាក់ព័ន្ធ​ឈ្មួញ៖ «បើ​យើង​ចង់​បិទ​អ្នក​កាន់​ឈើ ទៅ​បិទ​ម៉េច​បាន បើ​អ្នក​ទិញ​នៅ​តែ​ទិញ​ហ្នឹង មក​គ្រោះថ្នាក់​តែ​ពលរដ្ឋ​ក្រីក្រ ដឹក​តាម​ឡាន​តាម​ម៉ូតូ គឺ​គ្រោះថ្នាក់​តែ​អា​ហ្នឹង។ ដល់​មែនទែន​ទៅ អា​អ្នក​អំណាច​ធំៗ​មាន​គ្រឹះ​ដុះ​ស្លែ អត់​មាន​គ្រោះថ្នាក់​អី​ផង ជាក់ស្តែង​ដូច​យាយ​ព្រឿង ចឹង ដឹក​ឈើ ២០ ទៅ ៣០​ឆ្នាំ ដាក់​តែ​ពីរ​ឆ្នាំ​ធ្វើ​ម៉េច​ចឹង? ច្បាប់​នោះ​មិន​យុត្តិធម៌​ទេ។ ប៉ុល ពត គេ​ថា ប៉ុល ពត សម្លាប់​មនុស្ស ដល់​ជំនាន់ ហ៊ុន សែន អស់​ព្រៃឈើ គឺ​ដូច​តែ​គ្នា»

ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០០៦ ពាក់ព័ន្ធ​ករណី​ចង់​រំដោះ​ឈើ​ប្រណិត​ចេញ​ពី​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង។ សាលា​ដំបូង​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ឈ្មួញ​រូប​នោះ ៣​បទល្មើស គឺ​បទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត បទ​ប៉ុនប៉ង​លួច និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ថ្លែង​ថា សំណុំ​រឿង​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហួស​ពី​ដែន​សមត្ថកិច្ច​របស់​អាវុធហត្ថ។ លោក​ថា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​តែ​បន្ត​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ហើយ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនល្មើស​ជាង ១០០​នាក់ ក្នុង​នោះ​បាន​អប់រំ និង​បញ្ជូន​ទៅ​តុលាការ ព្រម​ទាំង​រឹបអូស​ឈើ​ប្រណិត​បាន​ចំនួន​ជិត ៤​ពាន់​ម៉ែត្រ​គូប៖ «ដំណាក់កាល​ចុង​ក្រោយ​នេះ យើង​បាន​ឃាត់​ខ្លួន​ជាង ១០០​នាក់ និង​បាន​អប់រំ និង​បញ្ជូន​ទៅ​តុលាការ»

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ហាក់​មិន​អស់​ចិត្ត​ចំពោះ​ការ​សម្រេច​ក្តី​របស់​តុលាការ ដោយ​ចាត់​ទុក​ការ​កាត់​ទោស​នោះ គឺ​ស្រាល​ពេក ថែម​ទាំង​មិន​ស័ក្តិសម​នឹង​ទម្ងន់​ទោស​ដែល​ឈ្មួញ​រូប​នោះ​ប្រព្រឹត្ត។ លោក​យល់​ថា តុលាការ​ហាក់​ដូចជា​មិន​ទាន់​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ពាក់ព័ន្ធ​សំណុំ​រឿង​ឈ្មួញ​រូប​នោះ​ជួញដូរ​ឈើ​ល្មើស​ច្បាប់​ច្រើន​ឆ្នាំ​មក​ហើយ។ បញ្ហា​នេះ គឺ​ជា​សញ្ញា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា និង​រឹតតែ​កើន​ឡើង​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍៖ «តុលាការ​គាត់​មាន​តួនាទី​បើក​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​បាន ដើម្បី​រក​បទល្មើស​ទៅ​លើ​បុគ្គល​ហ្នឹង តើ​ចោទ​បន្ត​ទៀត​បាន​ទេ? កុំ​ពាក្យ​បណ្ដឹង ឬ​កំណត់​ហេតុ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​បញ្ជូន​ទៅ​ត្រឹម​ណា គាត់​ធ្វើ​ការ​តែ​បណ្ដឹង​នោះ។ អត់​ចង់​ឲ្យ​ចឹង​ទេ»

លោក ហូ សំអុល មើល​ឃើញ​ថា អ្នក​មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​អាជីវកម្ម​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ក៏​សមត្ថកិច្ច​ពុំ​ទាន់​បង្ហាញ​តម្រុយ​នៅ​ឡើយ​ទេ។ លោក​ថា ប្រព័ន្ធ​ច្បាប់​ធូររលុង នឹង​នាំ​ឲ្យ​ឈ្មួញ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ស្នងការ​ខេត្ត​កំពង់ស្ពឺ​កំពុង​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ប្រមាថ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច

$
0
0

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ប្រកាស​ថា កំពុង​សហការ​គ្នា​ស្វែងរក​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូបថត​លោក ហ៊ុន សែន និង​រូប​លោក ហេង សំរិន។ រីឯ​អ្នក​ច្បាប់​យល់​ថា ទង្វើ​ស្ត្រី​នោះ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ ជាជាង​ឈាន​ដល់​ដំណាក់កាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ការ​សហការ​គ្នា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​តាម​ចាប់ និង​នាំ​ខ្លួន​ស្ត្រី​ដែល​គេ​ចាត់​ទុក​ថា​ប្រមាថ​លើ​មេ​ដឹកនាំ​កំពូល​របស់​បក្ស​កាន់​អំណាច គឺ​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹង វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នេះ​មក​ប្រគល់​ជូន​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សោម ប៉ូរ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​សហការ​ជាមួយ​ខាង​នគរបាល​ទទួល​បន្ទុក​ផែន​សន្តិសុខ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្វែងរក​ជន​ត្រូវ​ចោទ ដែល​កំពុង​លាក់​ខ្លួន​ក្រោយ​ការ​ប្រព្រឹត្ត​បទល្មើស។

កាល​ពី​អំឡុង​ខែ​មេសា កន្លង​ទៅ មាន​ខ្សែ​វីដេអូ​ឃ្លីប​មួយ​រយៈពេល ១៣​វិនាទី ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​ទៅ​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​ម្នាក់​នោះ​រង​ការ​ចោទ​ថា ជា​សកម្មជន​បក្ស​ប្រឆាំង និង​មាន​ឈ្មោះ​ថា សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ជា​ថ្មី​ក្រោម​បទ​ចោទ​ថា ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ គឺ​បន្ទាប់​ពី​ស្ត្រី​ម្នាក់​នេះ​បាន​គេច​ខ្លួន​ពី​លំនៅឋាន ហើយ​ពុំ​បាន​ចូល​បំភ្លឺ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា តាម​ការ​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា។

ចំពោះ​បញ្ហា​នេះ លោក​មេធាវី ហុង គឹមសួន មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​លើ​ស្ត្រី​ម្នាក់​នេះ គឺ​មិន​សម​ហេតុផល​ឡើយ។ លោក​ថា ករណី​នេះ អាជ្ញាធរ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ គឺ​គ្រប់គ្រាន់​ហើយ៖ «»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា ការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​នោះ​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ ក៏​មិន​សម​ហេតុផល​ដែរ។ លោក​ពន្យល់​ថា មាត្រា​៥០២ ស្ដីពី​ការ​ប្រមាថ​នោះ គឺ​សំដៅ​តែ​ក្នុង​ពេល​អ្នក​រាជការ​សាធារណៈ​កំពុង​បំពេញ​មុខងារ​តែ​ប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​រូបថត​ទេ។ រីឯ​មាត្រា​៤៩៦ ស្ដីពី​ការ​រើសអើង​នោះ គឺ​សំដៅ​ដល់​ការ​រើសអើង​ពូជសាសន៍៖ «»

ចំពោះ​ករណី​នេះ លោក​មេធាវី សុក សំអឿន យល់​ថា គឺ​ជា​រឿង​សីលធម៌ វា​មិន​មែន​ជា​បទល្មើស​ធំ​ដុំ​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ហៅ​ស្ត្រី​ម្នាក់​នោះ​មក​អប់រំ​ណែនាំ​បាន​ហើយ។

ទោះ​យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បាន​ប្រកាស​ថា គ្មាន​ទេ​ការ​អប់រំ​ណែនាំ គឺ​មាន​តែ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ចេតនា​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ជំនាញ​ពិភាក្សា​និង​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

$
0
0

ក្រុម​អ្នក​ជំនាញ​ដែល​មាន​សមាសភាព​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៩ មិថុនា ពិភាក្សា​គ្នា​ពី​អនុសាសន៍​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ជូន​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​ជួយ​ជំរុញ​រដ្ឋាភិបាល​ធានា​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រធានបទ​សិទ្ធិ​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ជជែក រួម​មាន​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ការ​ជួបជុំ សិទ្ធិ​ដីធ្លី កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ។

នេះ​ជា​ការ​ពិគ្រោះ​យោបល់ និង​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​លើ​ការ​អនុវត្ត​អនុសាសន៍ ក្រោយ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ ឬ យូ.ភី.(UPR = Universal Periodic Review) របស់​ប្រទេស​កម្ពុជា។

វា​ជា​ការ​ពិនិត្យ​តាមដាន​ការ​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ពង្រឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​សំខាន់ៗ​នៅ​តាម​បណ្ដា​ប្រទេស​សមាជិក ក្នុង​មួយ​អាណត្តិ​រយៈពេល​ប្រាំ​ឆ្នាំ។

ដោយ​បញ្ជាក់​ក្នុង​ឯកសារ​កម្រង​អនុសាសន៍​របស់​យន្តការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ ចំពោះ​ប្រទេស​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ បាន​បញ្ជាក់​ថា អនុសាសន៍​ទាំងនេះ​អាច​ក្លាយ​ជា​ឧបករណ៍​នៃ​ការ​តស៊ូ​មតិ​ដ៏​មាន​អំណាច​បំផុត​សម្រាប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់។

ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី​បើក​កិច្ច​ពិភាក្សា អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ទទួល​យក​អនុសាសន៍​ចំនួន ១៦៣ ក្នុង​ចំណោម ២០៥ ពី​អង្គការ​សហប្រជាជាតិ ដើម្បី​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏ប៉ុន្តែ​សម្រាប់​អ្នកស្រី ការ​យក​អនុសាសន៍​នោះ​មក​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ជា​រឿង​សំខាន់​ដែល​ត្រូវ​តាមដាន និង​វាយ​តម្លៃ។

អ្នកស្រី​កត់​សម្គាល់​ថា រយៈពេល​ចុង​ក្រោយ​នេះ បរិយាកាស​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ជួបជុំ​កំពុង​រួម​តូច​ទៅ ពិសេស​មុន​ការ​បោះឆ្នោត​មក​ដល់ និង​ការ​គាប​សង្កត់​លើ​អ្នក​មាន​ទស្សនៈ​ផ្សេង​ពី​រដ្ឋាភិបាល៖ «»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ពី​ភាព​ស្រប​ច្បាប់​របស់​ក្រុម​ការងារ​របស់​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល និង​វាយ​តម្លៃ​ការ​បោះឆ្នោត បន្ទាប់​ពី​ក្រុម​នេះ​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ដំណើរការ​រៀបចំ​បោះឆ្នោត។

តុលាការ​បាន​កោះ​ហៅ​អ្នក​កាសែត​ដើម្បី​សួរ​នាំ បន្ទាប់​ពី​ចុះ​ទៅ​យក​ព័ត៌មាន ហើយ​មន្ត្រី​យុត្តិធម៌​បាន​បង្ហាញ​ពី​កម្រិត​ទោស​ទណ្ឌ​ដែល​អាច​ត្រូវ​ជាប់​ពន្ធនាគារ។

ការ​ប្រមូល​ផ្តុំ​នៅ​តាម​ទី​សាធារណៈ ដែល​ពលរដ្ឋ​ធ្វើ​ឡើង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​ហាមប្រាម។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ព្យាយាម​បញ្ចេញ​យោបល់​ជជីក​សួរ​រក​ហេតុផល​ចំពោះ​ករណី​ភាព​អយុត្តិធម៌​សង្គម​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​អង្គការ​សហប្រជាជាតិ ហៅ​ថា​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ឬ​រដ្ឋាភិបាល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។

អ្នក​វិភាគ​ដែល​ជជីក​វែកញែក​រក​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​វិវឌ្ឍន៍​ស្ថានភាព​សង្គម និង​នយោបាយ​ខ្លះ ត្រូវ​គេ​សម្លាប់ ខ្លះ​ទៀត​កំពុង​ជាប់​ពន្ធនាគារ ខ្លះ​ទៀត​កំពុង​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ។

អ្នកស្រី ចក់ សុភាព យល់​ថា ការ​គោរព និង​ស្តាប់​មតិ​រិះគន់ អាច​ពង្រឹង​សិទ្ធិ និង​សេរីភាព​ប្រជាពលរដ្ឋ៖ «»

ចំណែក​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ជា​ការ​ចាំបាច់ ដើម្បី​ជួយ​លើក​ស្ទួយ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា៖ «»

តំណាង​រង​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី ម៉ារៀ ឌូមីនិក ប៉ារ៉ង់ (Marie-Dominique Parent) បញ្ជាក់​នៅ​ក្នុង​ពិធី​បើក​កិច្ច​ពិភាក្សា​រយៈពេល ២​ថ្ងៃ​ថា អ្នកស្រី​សង្ឃឹម​ថា ភាគី​ពាក់ព័ន្ធ​នឹង​រួម​គ្នា​រក​ដំណោះស្រាយ​កាន់​តែ​ប្រសើរ ដើម្បី​ពង្រឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «»

ប្រទេស​កម្ពុជា ត្រូវ​បាន​ពិនិត្យ​ដំបូង​ក្រោម​ដំណើរការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ ឬ យូ.ភី.អ កាល​ពី​ឆ្នាំ​២០០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ប្ដេជ្ញា​ធ្វើ​កិច្ចការ​បន្ត​ដើម្បី​យុត្តិធម៌​សង្គម

$
0
0

មន្ត្រី​សមាគម​អាដហុក (ADHOC) ទាំង ៤​រូប បាន​ប្ដេជ្ញា​ចិត្ត ខណៈ​ពួកគាត់​ដើរ​ចេញ​ពី​ពន្ធនាគារ​ព្រៃស ភ្លាមៗ នៅ​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ពួកគាត់​នៅ​តែ​ខិតខំ​ធ្វើ​កិច្ចការ​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​ឲ្យ​បាន ទោះ​បី​ជា​ពួកគាត់​បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១​ឆ្នាំ​ហើយ​ក្ដី ពួកគាត់​មិន​រួញរា​នឹង​បន្ត​បេសកកម្ម​លើ​ការងារ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​នោះ​ឡើយ។

តើ​ពួកគាត់​ទាំង ៤​នាក់ ប្ដេជ្ញា​ចិត្ត​ដូច​ម្ដេច​ខ្លះ?

​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទាំង ៤​រូប បាន​ដើរ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ទាំង​ញញឹម និង​ស្វាហាប់ ទោះបីជា​ទឹក​មុខ​ពួកគាត់​ស្លេកស្លាំង​បន្តិច​ក្ដី។ អ្នក​ទាំង ៤ មាន​លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី្ន បាន​អំពាវនាវ​ឲ្យ​អ្នក​ធ្វើ​ការពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ត្រូវ​រួម​គ្នា​ខិតខំ​ធ្វើ​ការងារ​បន្ត​ទៀត ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម៖ «រឿង​ប៉ុណ្ណឹង​មិន​មែន​ជា​ចម្លែក​ប៉ុន្មាន​ទេ ពី​ព្រោះ​នៅ​ក្នុង​សង្គម​មួយ​ដែល​យើង​យល់​ថា មិន​ទាន់​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ គឺ​យើង​នៅ​តែ​យល់​ថា ជា​សារ​មួយ​ផ្ញើ​ទៅ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់...យើង​ខិតខំ​ទាំង​អស់​គ្នា អត់​មាន​នរណា​ជួយ​យើង​ក្រៅ​ពី​យើង​ជួយ​ខ្លួន​យើង​ទេ។ ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​ការងារ​ជួយ​ដល់​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី សិទ្ធិ​កុមារ។ យើង​សង្ឃឹម​ថា នឹង​មាន​ការងារ​អី​គ្រោះថ្នាក់​ទេ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា ក៏​ដូច​ជា​រដ្ឋាភិបាល​បាន​គិត​ថា នេះ​គឺ​ជា​ការងារ​ជួយ​ដល់​សង្គម​ជាតិ។ ខ្ញុំ​ទៅ​វិញ ខ្ញុំ​នឹង​ជួយ​ដល់​ការងារ​សិទ្ធិ​មនុស្ស​ដដែល។ យើង​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​យើង​ទទួល​បាន​សេរីភាព និង​សិទ្ធិ​មនុស្ស​ឲ្យ​ដូច​គ្នា»

ការ​ដោះលែង​អ្នក​ទាំង ៤ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ក្រោយ​ពេល​តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ទៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧ បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា នោះ។

ក្រោយ​ពី​ដើរ​ចេញ​ពី​ពន្ធនាគារ​ភ្លាម លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី្ន ត្រូវ​បាន​ក្រុម​ការងារ​នៃ​សមាគម​អាដហុក និង​ក្រុម​គ្រួសារ​ដឹក​ពួកគាត់​តាម​រថយន្ត​មក​ឲ្យ​ព្រះសង្ឃ​នៅ​វត្ត​ព្រៃ​ស ដែល​នៅ​មិន​ឆ្ងាយ​ពី​ពន្ធនាគារ​ព្រៃ​ស សូត្រមន្ត និង​ស្រោច​ទឹក​រំដោះ​គ្រោះ​ភ្លាមៗ នៅ​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដដែល។

រី​ឯ​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប វិញ ដែល​ជាប់​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ ប៉េហ្សី (PJ) នោះ ក៏​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ។

តុលាការ​ដោះលែង មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៤​នាក់ ឲ្យ​នៅ​ក្រៅ​បណ្ដោះអាសន្ន​នេះ គ្មាន​អ្នក​ណា​ម្នាក់​នៃ​ក្រុម​គ្រួសារ​ពួកគាត់​ដឹង​មុន​នោះ​ទេ សូម្បី​តែ​ពួកគាត់​ផ្ទាល់។ ពួកគាត់​ទាំង ៤​នាក់ អះអាង​ប្រហាក់ប្រហែល​គ្នា​ថា ពួកគាត់​បាន​ដឹង​នៅ​មុន​ពេល​ដោះលែង​ប្រមាណ​ជា​កន្លះ​ម៉ោង​មុន​ដោះលែង​តែប៉ុណ្ណោះ។ ពួកគាត់​ទាំង ៤​នាក់ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ដោះលែង​នៅ​ម៉ោង​ប្រមាណ ៧ និង ១៥​នាទី យប់​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ ក្រុម​គ្រួសារ​ពួកគាត់​បាន​ទៅ​ទទួល​ទាំង​ក្ដី​រំភើប និង​ហូរ​ទឹក​ភ្នែក​និយាយ​ទាំង​អួល​ដើម​ក​ថា ពួកគាត់​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដោះ​លែង​នេះ​យូរ​មក​ហើយ។

កូនស្រី លោក យី សុខសាន្ត ឲ្យ​ដឹង​ថា កញ្ញា និង​ក្រុម​គ្រួសារ​មិន​បាន​ដឹង​អំពី​ការ​ដោះលែង​នេះ​ដែរ។ កញ្ញា​បាន​ពោល​ទាំង​បង្ហូរ​ទឹក​ភ្នែក​ដោយ​ក្ដី​រំភើប​ថា ទោះ​ជា​​ឪពុក​របស់​នាង​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​កន្លង​មក​ដោយ​អយុត្តិធម៌​ក៏ដោយ ក៏​នាង​នៅ​តែ​គោរព​តាម​ឆន្ទៈ​របស់​លោក យី សុខសាន្ត ក្នុង​ការ​សម្រេច​ចិត្ត​បន្ត​ការងារ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស​នេះ៖ «ខ្ញុំ​អត់​ដឹង​ដែរ នៅ​សុខៗ មេធាវី​គេ​ទូរស័ព្ទ​ហៅ​ឲ្យ​ទៅ​យក​ប៉ា (យី សុខសាន្ត) អត់​នឹក​ស្មាន ព្រោះ​ប៉ា​ទើប​កុម្ម៉ង់​​ថា ឲ្យ​យក​ត្រី​ខ មឹក​ស្រុះ។ ខ្ញុំ​អត់​ដឹង​ថា​មូលហេតុ​អី។ (ទូរស័ព្ទ​ហៅ) ប្រហែល​ម៉ោង ៥​ជាង (ល្ងាច)»

លោក យី សុខសាន្ត ប្រធាន​កម្មវិធី​ដីធ្លី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក បន្ថែម​ថា លោក​ក៏​ពុំ​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​ពួក​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ដែរ ប៉ុន្តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា តាម​លោក​ដឹង​គឺ​មាន​ការ​អន្តរាគមន៍​ពី​ស្ថានទូត​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ  (William Heidt) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មិថុនា នៅ​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី​ដោយ​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​សិទ្ធិមនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដែល​មាន​សារសំខាន់​សម្រាប់​ទំនាក់ទំនង​កម្ពុជា-​អាមេរិក។ នៅ​ក្នុង​ជំនួប​នេះ ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​សន្និដ្ឋាន​ថា ឯកអគ្គរដ្ឋទូត​អាមេរិក អាច​នឹង​ជជែក​ពី​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ​ដែរ។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បាន​សាទរ​ចំពោះ​ការ​ដោះលែង​នេះ។ លោក​បញ្ជាក់​ថា នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អ្នក​ការពារ​សិទ្ធិមនុស្ស​រួច​ផុត​ពី​ការ​ឃុំឃាំង៖ «ទទូច​ហើយ​ទទូច​ទៀត​ថា ធ្វើ​យ៉ាង​ណា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ទាំង​៥​នាក់​វិញ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បំពេញ​ការងារ​របស់​ពួកគាត់...ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ»

លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា បាន​ឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៩៣៤ ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ ជូន​ដំណឹង​ដល់​លោក យី សុខសាន្ត កំពុង​ជាប់​ពន្ធនាគារ ម១ នៃ​ក្រសួង​មហាផ្ទៃ។

ត្បិត​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៩៣៤ ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចោទ​ប្រកាន់​ឈ្មោះ នី សុខា លឹម មុន្នី ណៃ វ៉ង់ដា យី សុខសាន្ត ពី​បទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ និង​ឈ្មោះ នី ចរិយា ពី​បទ​សមគំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី​តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មីនា ខែ​មេសា ឆ្នាំ​២០១៦ បាន​បញ្ចប់​ការ​ស៊ើបសួរ​ចប់​សព្វគ្រប់។ ចៅក្រម​សម្រេច​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ទៅ​ជំនុំ​ជម្រះ​តាម​ដីកា​ជញ្ជួន​សំណុំរឿង​ទៅ​ជំនុំជម្រះ​លេខ​២៦៩៦ ចុះ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ និង​បាន​សម្រេច​រក្សា​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​កំណត់​កាត្វកិច្ច​ឲ្យ​ជូន​ត្រូវ​ចោទ​បី​ចំណុច គឺ​ទី​១ មិន​ឲ្យ​ផ្លាស់ប្ដូរ​ទីលំនៅ​ឋាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ ទី​២ មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ និង​ទី​៣ ត្រូវ​ឆ្លើយ​តប និង​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​តុលាការ។

លោក នី សុខា ប្រធាន​ផ្នែក​អង្កេត​សិទិ្ធ​មនុស្ស​នៃ​សមាគម​អាដហុក បញ្ជាក់​ជំហ​របស់​លោក​ថា លោក​នឹង​មិន​ទៅ​ណា​ជា​ដាច់​ខាត។ លោក​នឹង​នៅ​តតាំង​ក្នុង​សំណុំ​រឿង​នេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក និង​ដើម្បី​ទាមទារ​ភាព​យុត្តិធម៌។

លោក យី សុខសាន្ត ប្រធាន​កម្មវិធី​ដីធ្លី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក  អ្នកស្រី លឹម មុន្នី អនុ​ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក  និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​បាន​សាលាដំបូង​​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស និង​ពន្ធនាគារ​ប៉េហ្សី ក្រោម​បទ​ចោទ​សមគំនិត និង​សូក​ប៉ាន់​សាក្សី នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ និង​បញ្ជូន​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​បន្ត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៤​រូប រួម​ទាំង​លោក នី ចរិយា ផង ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពួក​លោក ព្រោះ​ពួក​លោក​គ្មាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល៖ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល​មក​ទទួល​សេវា​សុខភាព​សាធារណៈ​ធ្លាក់​ចុះ

$
0
0

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ផ្ដល់​សេវា​សុខភាព​សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បាន​ជួប​សន្ទនា​ជាមួយ​មន្ត្រី​ជំនាញ មន្ត្រី​រដ្ឋាភិបាល ស្ដីពី​យុទ្ធនាការ​គាំទ្រ​បញ្ឈប់​ទណ្ឌកម្ម​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន។ កិច្ច​ពិភាក្សា​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ដំបូង​របស់​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​តែង​ទៅ​ទទួល​សេវា​សុខភាព​សាធារណៈ​ធ្លាក់​ចុះ។

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា អង្គការ​ខាណា (Khana) និង​អង្គការ​ជា​ដៃគូ​ពាក់ព័ន្ធ​របស់​ខ្លួន​មួយ​ចំនួន​ទៀត​បាន​រៀបចំ​កិច្ច​សន្ទនា​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​មក​ពី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ មន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នក​ចូលរួម​ចំនួន​ទៀត​ដែល​ធ្លាប់​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ស្ដីពី​យុទ្ធនាការ គាំទ្រ​បញ្ឈប់​ទណ្ឌកម្ម​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​ឯ​សណ្ឋាគារ​ហ្គ្រីន ផាលេស (Green Palace Hotel) រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា លោក ជួប សុខចំរើន ថ្លែង​ថា យុទ្ធនាការ​គាំទ្រ​បញ្ឈប់​ទណ្ឌកម្ម​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នេះ គឺ​ជា​យុទ្ធនាការ​សកល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ប្រហែល ៥​ឆ្នាំ​មក​ហើយ រី​ឯ​នៅ​កម្ពុជា វិញ វា​ជា​លើក​ទី​៣​នៃ​យុទ្ធនាការ​នេះ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​អនុវត្ត​សេវា​កាត់​បន្ថយ​គ្រោះថ្នាក់​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន។

លោក​បន្ថែម​ថា នៅ​ក្នុង​យុទ្ធនាការ​លើក​ដំបូង​ដើម្បី​ប្រឆាំង​គ្រឿងញៀន​រយៈពេល ៦​ខែ​របស់​រដ្ឋាភិបាល ដែល​ចាប់​បញ្ជូន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ ឬ​ទៅ​ព្រៃ​ស ជាដើម គឺ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល​ទៅ​ទទួល​យក​ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈ​ធ្លាក់​ចុះ៖ «អ្នក​ដែល​ទទួល​បាន​ថ្នាំ​មេតាដូន​ពី​មន្ទីរពេទ្យ​រុស្ស៊ី មាន​ជិត ២០០​នាក់ ប៉ុន្តែ​មក​ដល់​ពេល​នេះ ចំនួន​នេះ​ថយ​ចុះ​រហូត ហើយ​ឥឡូវ​សល់​តែ ៨០​នាក់ តែ​មិន​មែន​មាន​ន័យ​ថា ដោយសារ​យុទ្ធនាការ​ទាំង​ស្រុង​ទេ»

នៅ​ក្នុង​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១២ របស់​ក្រសួង​សុខាភិបាល អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ និង​មាន​អង្គការ​ខាណា ជា​ដៃគូ​មួយ​ផង បាន​ឱ្យ​ដឹង​ថា ដោយ​ឡែក​សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តាមរយៈ​ចាក់​ម្ជុល និង​ជា​ក្រុម​ងាយ​ប្រឈម​ខ្លាំង​បំផុត​នឹង​ការ​ឆ្លង​មេ​អេដស៍ និង​ជំងឺ​ថ្លើម​ប្រភេទ C មាន​ចំនួន​ជាង ១.៣០០​នាក់ ប៉ុន្តែ​មាន​តែ ១​ភាគ​៣​នៃ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ទាំង​នេះ​ប៉ុណ្ណោះ បាន​ទទួល​សេវា​កាត់​បន្ថយ​គ្រោះថ្នាក់៖ «ក្នុង​ចំណោម​អ្នក​ចាក់​ថ្នាំញៀន ១០០​នាក់ គឺ​មាន ២៥​នាក់​គឺ​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​សម្រាប់​អ្នក​អត់​ចាក់​វិញ ១០០​នាក់ អត្រា​ផ្ទុក​មេរោគ​អេដស៍​មាន ៤​នាក់»

​សេវា​កាត់​បន្ថយ​គ្រោះថ្នាក់​មក​លើ​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ដូចជា​កម្មវិធី​ចុះ​អប់រំ​សហគមន៍​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន កម្មវិធី​ផ្ដល់​ម្ជុល​ស៊ីរាំង កម្មវិធី​ធ្វើ​តេស្ដ​រក​មេរោគ​អេដស៍ កម្មវិធី​ផ្ដល់​ឱសថ​សម្រាប់​អ្នក​ចាក់​ហេរ៉ូអ៊ីន កម្មវិធី​ចែក​ស្រោម​អនាម័យ និង​ការ​ផ្ដល់​ជំនាញ​ឱ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក ឈុំ វណ្ណារិទ្ធ ថ្លែង​ថា ការ​ព្យាបាល​អ្នក​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​សហគមន៍​គឺ​មាន​ប្រសិទ្ធភាព​ជាង​ការ​ចាប់​បញ្ជូន​ទៅ​ដាក់​តាម​មណ្ឌល​កែប្រែ​នានា។ លោក​បន្ថែម​ថា ថ្វី​ត្បិត​ការ​ព្យាបាល​នៅ​តាម​សហគមន៍​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​មាន​ផល​លំបាក​មួយ​ចំនួន​ដោយសារ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ខ្លះ​មិន​ចង់​ផ្ដល់​ដំណឹង​អំពី​ការ​ញៀន​របស់​ខ្លួន​ទៅ​អ្នក​ដទៃ ដោយសារ​ការ​ភ័យ​ខ្លាច និង​ការ​រើសអើង៖ «ព្យាបាល​សហគមន៍ មាន​ន័យ​ថា ម៉ែ​ឪ​បង​ប្អូន​យក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ក្រសួង​សុខាភិបាល»

​ជាមួយ​គ្នា​នេះ តំណាង​ឱ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ថ្នាក់​ជាតិ និង​ជា​អតីត​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​អស់​រយៈ​ជាង ១០​ឆ្នាំ លោក អុក ខា លើក​ឡើង​ថា យុទ្ធនាការ ៦​ខែ គឺ​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ជា​បន្តបន្ទាប់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំឃាំង និង​បញ្ជូន​ទៅ​ស្ដារ​នីតិសម្បទា បើ​ទោះ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំង​នោះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជនរងគ្រោះ​ក្ដី៖ «សម្ដេច​គាត់​ថា ជា​ជនរងគ្រោះ ប៉ុន្តែ​ច្បាប់​ថ្មី និង​យុទ្ធនាការ​ថ្មី​ហ្នឹង ចាប់​បាន​គឺ​បញ្ជូន​ទៅ​ស្ដារ​នីតិសម្បទា និង​ឃុំឃាំង»

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​រយៈពេល ៦​ខែ ដែល​គិត​ចាប់ពី​​ថ្ងៃ​ទី​១ ខែ​មករា មក​ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា អាជ្ញាធរ​ជំនាញ​បង្ក្រាប​បាន​ចំនួន​ជាង ៤​ពាន់ (៤.១០៤) ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ជាង ៩​ពាន់ (៩.៣០៤) នាក់ ក្នុង​នោះ​ជាង ៤​ពាន់​នាក់ ត្រូវ​បាន​រក​ឃើញ​ពី​បទ​សង្ស័យ​ថា ប្រព្រឹត្ត​បទល្មើស​គ្រឿង​ញៀន។

​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក នាក យុទ្ធា ថ្លែង​ថា ថ្វី​ត្បិត​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​បាន​ចែង ផ្ដន្ទាទោស​អ្នក​ប្រើប្រាស់​គ្រឿង​ពី ១​ខែ ទៅ ៦​ខែ និង​ពី ៦​ខែ ទៅ ១​ឆ្នាំ​ក្ដី ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នោះ ស្ម័គ្រចិត្ត​ទទួល​យក​សេវា​ព្យាបាល​ដើម្បី​ស្ដារ​នីតិសម្បទា នោះ​គឺ​ពុំ​មាន​ការ​ផ្ដន្ទាទោស​ឡើយ៖ «ប៉ុន្តែ​នៅ​មេត្រា ១០៥ គាត់​មាន​សរសេរ​ថា ប្រសិនបើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នោះ គាត់​ស្ម័គ្រ​ចិត្ត​ទៅ​ទទួល​យក​សេវា​ស្ដារ​នីតិសម្បទា ការ​ចោទ​ប្រកាន់​ត្រូវ​លើកលែង»

​មន្ត្រី​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន លើក​ទី​១ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ខាង​មុខ​នេះ ក៏​នឹង​មាន​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​ទិសដៅ​ការងារ​បន្ត ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​២ ទៀត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​អាដហុក​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​បុគ្គលិក​ខ្លួន

$
0
0

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ជំរុញ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​លើ​បុគ្គលិក​របស់​លោក ៤​នាក់ និង​អតីត​បុគ្គលិក​លោក​ម្នាក់​ទៀត គឺ​លោក នី ចរិយា។

លោក ធន សារាយ មាន​ប្រសាសន៍​ពី​ប្រទេស​កាណាដា​ថា លោក​សាទរ​ចំពោះ​ការ​ដោះលែង​បុគ្គលិក​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ប៉ុន្តែ​លោក​ថា បុគ្គលិក​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទាំង​ស្រុង​នៅ​ឡើយ​ទេ៖ «»។

លោក ធន សារាយ បញ្ជាក់​ទៀត​ថា លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​របស់​បុគ្គលិក​លោក​ទាំង​នេះ ដោយសារ​ពួកគេ​ស្ថិត​ក្នុង​ការ​ជាប់​ចោទ​នៅ​ឡើយ។ លោក​បន្ត​ថា ពួកគេ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឃុំឃាំង​ឡើង​វិញ នៅ​ពេល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​តស៊ូ​មតិ​របស់​ពួកគេ។

ជុំវិញ​ការ​ដោះលែង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ក៏​បាន​សាទរ និង​ត្រេកអរ​ដែរ ចំពោះ​ការ​ទទួល​បាន​សេរីភាព​បណ្ដោះអាសន្ន​ដែល​អាច​អោយ​ពួក​គេ​ជួបជុំ​គ្រួសារ និង​បន្ត​កិច្ច​សង្គម​ត​ទៅ​មុខ​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​លោក ជំរុញ​ឲ្យ​តុលាការ​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​ពួកគេ តាម​រយៈ​ការ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​មក​លើ​ពួក​គេ​នោះ។

ក្រៅ​ពី​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នេះ លោក អេង ឆៃអ៊ាង ក៏​បាន​ជំរុញ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដើម្បី​ឲ្យ​បរិយាកាស​គោរព​សិទ្ធិមនុស្ស និង​បរិយាកាស​នយោបាយ​មាន​ភាព​ធូរស្រាល​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ៖ «»។

រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​នយោបាយ​ជាង ២០​នាក់ រួម​មាន​សកម្មជន​បក្ស​ប្រឆាំង មន្រ្តី និង​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី។ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​តែង​ថ្កោលទោស​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ជា​ញឹកញាប់​ចំពោះ​ការ​ឃុំ​ខ្លួន​មនុស្ស​ដែល​ពួកគេ​ចាត់​ទុក​ថា ធ្វើ​ឡើង​ខុស​នីតិវិធី និង​ក្នុង​ហេតុផល​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ៖ ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ប្រឈម​នឹង​បញ្ហា​ច្រើន

$
0
0

គណបក្ស​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ទាំង​ពីរ​បាន​ប្រកាស​អំពី​ជោគជ័យ​លើ​ការ​បោះឆ្នោត​ជាតិ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ រៀងៗ​ខ្លួន ក្រោយ​ពី​ឃើញ​លទ្ធផល​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា កន្លង​ទៅ។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​ចង្អៀត ហើយ​អំពាវនាវ​ឲ្យ​សកម្មជន​របស់​ខ្លួន​ធ្វើ​ការ​ដោយ​ប្រយ័ត្នប្រយែង។

​អ្នក​វិភាគ​វិញ​មើល​ឃើញ​ថា ពី​នេះ​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត​នឹង​មាន​ឧបសគ្គ​ច្រើន ដោយសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្រកាស​ពី​សន្តិភាព និង​បង្ក្រាប​បដិវត្តន៍​ពណ៌ ព្រមទាំង​ចង់​ធ្វើ​ច្បាប់​មួយ​ចំនួន​ដើម្បី​រារាំង​លោក សម រង្ស៊ី ជាដើម។ ​អ្នក​វិភាគ​ព្រួយ​បារម្ភ​អំពី​ដំណើរការ​ឆ្ពោះ​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត​ ថា​នឹង​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​កំណត់​ជោគវាសនា​របស់​ប្រទេស​ជាតិ ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦។ ក៏​ប៉ុន្តែ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង រួម​ទាំង​អ្នក​វិភាគ​ផង​មើល​ឃើញ​ថា ពី​នេះ​ទៅ​មុខ​បរិយាកាស​នយោបាយ​នឹង​អាប់អួ ហើយ​នឹង​មាន​ឧបសគ្គ​ច្រើន​កើត​ឡើង។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា បរិយាកាស​នយោបាយ​នៅ​តែ​អាប់អួ ហើយ​បក្ស​ប្រឆាំង​នឹង​ប្រឈម​នឹង​ព្យុះភ្លៀង នឹង​អាច​ឈាន​ទៅ​ដល់​ជួប​រន្ទះ​ទៀត ពោល​គឺ​គណបក្ស​ប្រឆាំង​អាច​នឹង​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​កំពូល​បន្ថែម​ទៀត បើសិនជា​គណបក្ស​នេះ​នឹង​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ទេ​នោះ៖ «»។

លទ្ធផល​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ ដែល​សំឡេង​គាំទ្រ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​មាន​ប្រហាក់ប្រហែល​គ្នា​នោះ គឺ​ជា​កត្តា​វាស់វែង​អ្នក​គាំទ្រ​ដ៏​សំខាន់​មួយ​សម្រាប់​គណបក្ស​ទាំង​ពីរ។ ទាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ញឹកញយ​តែងតែ​ប្រកាស​អំពី​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨ មុន​ពេល​បោះឆ្នោត​មក​ដល់។ រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​មន្ត្រី​របស់​ខ្លួន​ឲ្យ​ខំប្រឹង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ។ រី​ឯ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា វិញ បាន​ធ្វើ​វេទិកា​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​បក្ស​ខ្លួន។

ចំពោះ​លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នា​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ទី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បង្ហាញ​កាន់​តែ​ច្បាស់​ថា ភាគរយ​នៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរ​ស្មើ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ លទ្ធផល​បង្ហាញ​ពី​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​ធ្លាក់​ចុះ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​កើន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ផ្លូវ​នយោបាយ​កាន់​តែ​តូច​ចង្អៀត៖ «កាន់​តែ​កៀក​ឈ្នះ កាន់​តែ​ចង្អៀត! ចង្អៀត​ក្នុង​ន័យ​ថា គេ​មិន​ព្រម​ចាញ់ បញ្ហា​វា​នៅ​ច្រើន​ត​ទៅ​មុខ​ទៀត​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​យើង​គិត​ហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ហើយ​ថា កម្ដៅ​នយោបាយ​ក្ដៅ​ខ្លាំង​ណាស់ បងប្អូន​ដឹង​ហើយ​ទទួល​ព័ត៌មាន​ហើយ ធ្វើទុក្ខបុកម្នេញ​គ្រប់​បែប​យ៉ាង​ទាំង​អស់ អត់​ឈប់​ឈរ​ទេ​បងប្អូន។ បើ​សិន​ណា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដើរ​តាម​គោលការណ៍​យុទ្ធសាស្ត្រ​ច្បាស់លាស់​ទេ យើង​អត់​មាន​ថ្ងៃ​នេះ​ទេ រលាយ​បាត់​ហើយ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២៥ ឧសភា នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ជាង ៤​ពាន់​នាក់ ក្នុង​ពិធី​ជួប​សំណេះសំណាល​នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ ថា កុំ​ចង់​ល​រឿង​សង្គ្រាម ព្រោះ​កូន​លោក​សុទ្ធ​តែ​ជា​ទាហាន។ លោក​រំឭក​ថា សូម្បី​ព្រះអង្គម្ចាស់ ​នរោត្ដម រណឫទ្ធិ ក៏​បាក់ស្បាត​ហើយ​ដែរ៖ «នៅ​កំដរ​បាន អត់​អី​ទេ! ហើយ​កូន ហ៊ុន សែន ទាំង​អស់​សុទ្ធ​តែ​ជា​ទាហាន ហើយ​ក៏​ជា​ទាហាន​ដែល​ចេញ​ពី វេស្តផញ់ (West Point) ទៅ​ទៀត។ សូម​កុំ​ជ្រួលជ្រើម​នឹង​សង្គ្រាម កំដរ​បាន! សម្ដេច​ក្រុមព្រះ (នរោត្ដម រណឫទ្ធិ) រាង​ចាល​ហើយ។ ខ្ញុំ​បាន​ប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើ​ចង់​សាកល្បង​កម្លាំង​យោធា សូម​កុំ! ព្រះករុណា​បិតា ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា សម្ដេច​ក្រុមព្រះ​បាន​ទៅ​ទូល​ព្រះអង្គ​ថា "ប៉ា ប៉ា! កម្លាំង​ទូលបង្គំ​ខ្លាំង​ជាង​កម្លាំង​របស់ ហ៊ុន សែន មាន​អា​កណ្ដុរ​ចេញ​ពី​រូង មាន​ចង្រិត​ចេញ​ពី​រន្ធ។ ក៏ប៉ុន្តែ​សង្គ្រាម​ត្រឹមតែ​ប៉ុន្មាន​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេច​ដល់​ថ្ងៃ​នេះ។ សូម​កុំ​សាកល្បង​កម្លាំង​ឲ្យ​សោះ!»

ក្រៅ​ពី​នេះ​ទៀត នៅ​ក្នុង​ពិធី​ខួប​លើក​ទី ៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក ហ៊ុន សែន ប្រកាស​ស្នើ​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា របស់​លោក​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​រារាំង​ទណ្ឌិត​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​គណបក្ស​នយោបាយ។ ទោះ​បី​ជា​លោក ហ៊ុន សែន មិន​ប្រកាស​ចំ​ឈ្មោះ​ក្ដី ប៉ុន្តែ​ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន ចង់​កែប្រែ​ច្បាប់​នេះ​ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី។ អ្នក​ច្បាប់​លើក​ឡើង​ថា គម្រោង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បែប​នេះ ជា​រឿង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ចោទ​ប្រកាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ប៉ុន្មាន​ថ្ងៃ​នេះ បន្ទប់​ស្ថានការណ៍​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​អាប់អួ។ លោក​នាយករដ្ឋមន្ត្រី​ចោទ​សួរ​ថា តើ​បន្ទប់​ស្ថានការណ៍​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែរ ឬ​ទេ? បើ​គ្មាន​ទេ ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់​វិធានការ៖ «បន្ទប់​ស្ថានការណ៍​ដែល​ជា​អ្នក​ខោក​ក្បាល​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តើ​ពួកគេ​មាន​សិទ្ធិ​បង្កើត​ទេ?»។

​ទាក់ទង​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក បណ្ឌិត សាម អ៊ីន សម្ដែង​ការ​សោកស្ដាយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ព្រមាន​អង្គការ​សង្គម​ស៊ីវិល​បែប​នេះ។ លោក​ថា ការ​ព្រមាន​នេះ នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ព្រោះ​ថា បន្ទប់​ស្ថានការណ៍​បាន​បំពេញ​ការងារ​របស់​ខ្លួន​ល្អ​មួយ​ក្នុង​ការ​ឃ្លាំមើល​ការ​បោះឆ្នោត។ លោក បណ្ឌិត សាម អ៊ីន អះអាង​ថា បរិយាកាស​នយោបាយ​ល្អ ឬ​អាក្រក់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៨ អាស្រ័យ​លើ​មេដឹកនាំ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​សភា៖ «»។

​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ក៏​មើល​ឃើញ​ពី​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ប្រឈម​នឹង​បញ្ហា​ច្រើន​ដែរ ដោយសារ​តែ​ការ​ព្រមាន​ពី​លោក​នាយករដ្ឋមន្ត្រី។ លោក សំ គន្ធាមី សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់​ការ​ណា​មួយ​ពី​លោក​នាយករដ្ឋមន្ត្រី​មក​លើ​បន្ទប់​ស្ថានការណ៍​បន្ត​ទៀត ដែល​ជា​បណ្ដុំ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​នោះ៖ «»។

​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍ និង​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់ លោក​បណ្ឌិត កែម ឡី បាន​ព្យាករ​អំពី​សំឡេង​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​មុន​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ថា ជីវិត​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​លំបាក​ស្រោចស្រង់​មក​វិញ តាម​រយៈ​កំណែទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​ណាស់ ពីព្រោះ​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា បើ​មិន​កែ​ទម្រង់​​ទេ​នឹង​ស្លាប់។ ក៏ប៉ុន្តែ​កំណែ​ទម្រង់​នេះ​មិន​មាន​ប្រសិទ្ធភាព​ទៅ​វិញ ដោយសារ​តែ​ការ​រុះរើ​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​គ្រាន់​តែ​ជា​ការ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ការ​ដុះ​ក្អែល​គ្រួសារ​និយម កម្ចាត់​អំពើ​ពុករលួយ​មិន​មាន​ប្រសិទ្ធភាព ។ល។

លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា គណបក្ស​កាន់​អំណាច​តែងតែ​ប្រើ​យុទ្ធសាស្ត្រ Downfall ដើម្បី​ផ្ដួល​រំលំ​គួរ​ប្រកួត ដូចជា​បំបែក​ដើម្បី​គ្រប់គ្រង​រំលាយ​ដើម្បី​ជោគជ័យ ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ និង​យុទ្ធសាស្ត្រ​ដទៃ​មួយ​ចំនួន​ទៀត។ ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ នៅ​តែ​អ្នក​នយោបាយ​ខ្មែរ​យក​មក​ប្រើ​ដើម្បី​ធ្វើ​បាប​ជន​ស្លូត​ត្រង់ ជាពិសេស​យុវជន។ តាំងពី​សម័យ​ដើម​មក មាន​អ្នក​នយោបាយ​មិន​ល្អ​យក​បាយ ដែល​ខ្លួន​បរិភោគ​ហើយ​ទៅ​លាប​មាត់​ជន​ស្លូត​ត្រង់ ហើយ​អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​ចាប់​ដាក់​គុក សម្លាប់​ចោល ឬ​ដោយសារ​តែ​ការ​ភ័យខ្លាច​ក៏​រត់​ចោល​ស្រុក​តែម្ដង​ទៅ។

ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក បរិយាកាស​នយោបាយ​ម្ដង​ក្ដៅ ម្ដង​ត្រជាក់ ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់។ គិត​មក​ទល់​ពេល​នេះ​សកម្មជន​បក្ស​ប្រឆាំង រួម​ទាំង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធ​សភា​ផង ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ជិត ២០​នាក់​ហើយ។ នៅ​មុន​ពេល​​បោះ​ឆ្នោត​ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​អំពី​សង្គ្រាម​នឹង​កើត​ឡើង​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​អាវុធ​នៅ​នឹង​ដៃ​ផង។

អ្នក​វិភាគ​លើក​ឡើង​ថា ខ្យល់ព្យុះ​នយោបាយ​នឹង​កើត​មាន​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ មក​ដល់។ នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​បែប​នេះ អ្នកវិភាគ​លើក​ឡើង​ថា ដើម្បី​ឆ្លង​ទៅ​ដល់​គោលដៅ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នោះ គណបក្ស​សង្គ្រោះ​ជាតិ មាន​តែ​ប្រើ​វិធីសាស្ត្រ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​កាន់​តែ​ច្បាស់ ហើយ​បង្កើត​ការ​អត់​ធ្មត់​កាន់​តែ​ខ្លាំង ដូចជា​ថា មិន​ឈ្លោះ មិន​ឆ្លង និង​មិន​ឆ្លើយ ទោះបីជា​ព្យុះ​នយោបាយ​បក់​កាន់​តែ​ខ្លាំង​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ធំ​ទាំង​២​ថា​គ្មាន​ការ​ចរចា​នៅ​ពី​ក្រោយ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

$
0
0

មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​អះអាង​ថា មិន​មាន​ការ​ចរចា​ណាមួយ​រវាង​បក្ស ទាំង​២ នៅ​ពី​ក្រោយ​កា​រដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​សាទរ​ចំពោះ​ការ​ដោះលែង​នេះ ខណៈ​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​ព្រមាន​ថា បើ​អ្នក​ទើប​ត្រូវ​ដោះលែង​យក​ការងារ​សិទ្ធិមនុស្ស​មក​ប្រព្រឹត្ត​ខុស​ច្បាប់ ពួកគេ​នឹង​នៅ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

ព្រឹត្តិការណ៍​នៃ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា បាន​ធ្វើ​ឡើង​ដោយ​ភ្ញាក់ផ្អើល​ដែល​សូម្បី​តែ​សាច់ញាតិ និង​អ្នក​ជាប់​ឃុំ​ខ្លួន​ឯង​មិន​បាន​ដឹង​ជា​មុន​នោះ​ផង។

ទោះ​ជា​យ៉ាង​ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ មិថុនា ទាំង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សុទ្ធតែ​អះអាង​ថា ការ​ដោះលែង​នេះ បក្ស​ទាំង​២ មិន​មាន​ការ​ចរចា​ណា​មួយ​នោះ​ទេ។ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ចរចា​នយោបាយ​ឡើយ៖ «ដូច​យើង​ឃើញ​ហើយ​សាមី​ជន​បាន​ប្ដឹង​តាម​រយៈ​មេធាវី ប្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ច្រើន​ដង​ហើយ រាប់​ពី​សាលាឧទ្ធរណ៍​រហូត​ដល់​សាលា​កំពូល​អត់​បាន​ការ​ទេ ឥឡូវ​នេះ ដោយសារ​ពេល​វេលា​ខ្ញុំ​យល់​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​សាលាដំបូង​ឲ្យ​ជន​ជាប់​ចោទ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​ដដែល​ទេ»

​អ្នក​ទាំង​៥ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​រយៈ​ជាង ១​ឆ្នាំ ដោយ​គ្មាន​ការ​ជំនុំជម្រះ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​ប្រកាន់​ក្នុង​ករណី​សូកប៉ាន់ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​ស្នេហា​របស់​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ការ​ឃុំ​ខ្លួន​នេះ​ត្រូវ​បាន​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ អន្តរជាតិ មើល​ឃើញ​ថា ជា​រឿង​នយោបាយ និង​ជា​ចេតនា​ដាក់​សម្ពាធ ឬ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស។ ប៉ុន្តែ​លោក សុខ ឥសាន ព្រមាន​ថា បើ​ទោះ​ជា​មាន​ការ​ដោះលែង​ក្តី ក៏​ពួកគេ​នៅ​តែ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដដែល ប្រសិនបើ​ពួកគេ​យក​ការងារ​សិទ្ធិមនុស្ស​មក​ប្រព្រឹត្ត​ល្មើស​ច្បាប់។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សាទរ​ចំពោះ​ការ​ដោះលែង​នេះ។ លោក​កោត​សរសើរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ការ​បន្ត​ការងារ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្រោយ​ការ​ដោះលែង ខណៈ​ដែល​លោក​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​កើត​មាន​នៅ​ឡើយ៖ «ខ្ញុំ​គោរព​នូវ​សេចក្ដី​សម្រេច​របស់​គាត់ បើ​ទោះ​ជា​គាត់​រងគ្រោះ​រយៈពេល​កន្លង​មក ហើយ​នៅ​ពេល​ចេញ​មក​គាត់​ក៏​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​កិច្ចការ​ដើម្បី​សង្គម​ជាតិ​ត​ទៅ​ទៀត ហើយ​យើង​រង់ចាំ​មើល​ព្រោះ​ស្ថានការណ៍​នយោបាយ​នៅ​ស្រុក​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​ខុស​គ្នា វា​ពិបាក​នឹង​ទស្សន៍ទាយ តែ​ទោះ​ជា​យ៉ាង​ម៉េច​ក៏ដោយ វា​ជា​បញ្ហា​របស់​ប្រទេស​យើង យើង​គួរ​នាំ​គ្នា​ដោះស្រាយ​ទាំង​អស់​គ្នា»

ក្រៅ​ពី​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក តុលាការ​ដែល​ត្រូវ​គេ​រិះគន់​ថា ធ្វើ​តាម​ខ្សែ​ញាក់ ឬ​ស្ដាប់​តាម​ខ្យល់​របស់​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​អ្នក​វិភាគ​មួយ​ចំនួន​ទៀត។ ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​កំពុង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ។

លោក យឹម សុវណ្ណ ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​បន្ត​ដោះស្រាយ​បញ្ហា​ដើម្បី​ឈាន​ដល់​ការ​ដោះលែង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​ដោយ​លោក​អះអាង​ថា វា​ជា​បញ្ហា​នយោបាយ។ ប៉ុន្តែ​លោក សុខ ឥសាន ឆ្លើយ​តប​ថា វា​មិន​មែន​ជា​បញ្ហា​នយោបាយ​ឡើយ តែ​ជា​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ។

ទោះជា​យ៉ាង​ណា បក្ស​ប្រឆាំង​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌ បក្ស​កាន់​អំណាច​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បរិយាកាស​នយោបាយ​មាន ភាព​អាប់អួ និង​គួរ​បញ្ចប់​បញ្ហា​កំពុង​កើត​មាន​ឲ្យ​សព្វគ្រប់​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ បក្ស​ប្រឆាំង​សង្ឃឹម​ថា ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង គ.ជ.ប ពេល​នេះ​ជា​ជំហាន​មួយ​ដើម្បី​ទៅ​រក​ស្ថានភាព​នយោបាយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ក្នុង​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាគម​អាដហុក​​សូត្រ​មន្ត​ទទួល​មន្ត្រី​របស់​ខ្លួន​ក្រោយ​ចេញ​ពី​ពន្ធនាគារ

$
0
0

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​រសៀល​ថ្ងៃ​ទី៣០ មិថុនា ធ្វើ​ពិធី​សូត្រ​មន្ត​លើក​រាសី​មន្ត្រី​របស់​ខ្លួន​៤​រូប ដែល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៩ ខែ​មិថុនា ក្រោយ​ពួកគេ​ជាប់​ឃុំ​ជាង​៤០០​ថ្ងៃ​ក្នុង​ពន្ធនាគារ។

ពិធី​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា​នេះ ធ្វើ​ឡើង​នៅ​ការិយាល័យ​​របស់​សមាគម​អាដហុក និង​មាន​ការ​ចូលរួម​មន្ត្រី​អង្គការ​ជាតិ អន្តរជាតិ និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ប្រមាណ​១០០​នាក់ ដើម្បី​អបអរ​សាទរ​ចំពោះ​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤ ដែល​ទើប​ត្រូវ​បាន​ដោះលែង។

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក ៤​រូប គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ​អ្នកស្រី លឹម មុន្នី និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ម្នាក់​ទៀត គឺ​លោក នី ចរិយាត្រូវ​បាន​​តុលាការ​ឃុំ​ខ្លួន​ ក្រោម​បទ​ចោទ​ប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូម​​ស្ដាប់សេចក្ដី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ អំពី​រឿង​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​មោឃភាព​នីតិវិធី​របស់​សកម្មជន​​និង​មន្ត្រី​បក្ស​ប្រឆាំង​១១​នាក់

$
0
0

សាលាឧទ្ធរណ៍​សម្រេច​ច្រាល​ចោល​បណ្ដឹង​របស់​ក្រុម​មេធាវី ស្នើ​សុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥។ ក្រុម​មេធាវី​ចាត់​ទុក​ការ​សម្រេច​នេះ​ថា មិន​ឈរ​លើ​គតិ​ច្បាប់​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេច​តម្កល់​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ ដោយ​បដិសេធ​បណ្ដឹង​របស់​ក្រុម​មេធាវី​នៃ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ចោល​នោះ គឺ​ក្រោម​ហេតុផល​ថា មិន​អាច​ទទួល​យក​បាន ហើយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

ក្រោយ​ពី​តុលាការ​បញ្ចប់​ការ​កាត់​ក្ដី​រឿង​នេះ​អស់​ពេល​ជាង ៦​ម៉ោង តាំង​ពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង ២​រសៀល​មក មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៣​នាក់ ដែល​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង គឺ​លោក ជូង ជូងី ថ្លែង​ថា នីតិវិធី​កាត់​ទោស​កូនក្ដី​លោក​នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​រឿង​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជា​បទឧក្រិដ្ឋ​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ នោះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មេធាវី​ការពារ​ដែល​ប្រាសចាក​ពី​ច្បាប់​បាន​ចែង។ នេះ​ជា​ដើម​ហេតុ​ដែល​ក្រុម​មេធាវី​ទទួល​បាន​សិទ្ធិ​ពី​ជន​ជាប់ចោទ​សម្រេច​ដាក់​ប្ដឹង​មក​សាលាឧទ្ធរណ៍​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​នីតិវិធី​បើកសវនាការ​កាត់​ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៦​នាក់ នៅ​តុលាការ​ក្រុងភ្នំពេញ។

មេធាវី ជូង ជូងី ចាត់​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ ថា​មិន​ឈរ​លើ​គោលការណ៍​ច្បាប់​ដែល​មាន​ចែង​នោះ ហើយ​នេះ​ជា​រឿង​ដែល​ក្រុម​មេធាវី​មិន​អាច​ទទួល​យក​បាន៖ «ខ្ញុំ​គ្រាន់តែ​មាន​ការ​សោកស្ដាយ​ត្រង់​ថា សម្រាប់​ខ្ញុំ ខ្ញុំ​ការពារ​សិទ្ធិ​ឲ្យ​គាត់ គាត់​អត់​មាន​បាន​ប្រើ​ហិង្សា​អី​សូម្បីតែ​បន្តិច ប៉ុន្តែ​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ មក​ដល់​ឥឡូវ​ហ្នឹង ពិបាក​នឹង​រក​ពន្លឺ​យុត្តិធម៌​សម្រាប់​គាត់ ហើយ​ដែល​ថា មិន​ដឹង​ជា​ទៅ​ដល់​ពេល​ណា​ដែល​គួរ​ឲ្យ​កក់ក្ដៅ បាន​ថា​អាច​មាន​ពន្លឺ​យុត្តិធម៌។ ទោះ​បី​ខ្ញុំ​ជឿ​ថា គាត់​នឹង​បាន​រួច​នៅ​ពេល​ណា​មួយ ប៉ុន្តែ​ពិបាក​រំពឹង​ច្បាស់លាស់​ថា តើ​នៅ​ពេល​ណា​នោះ»

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ១១​រូប មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹកនាំ​កុប្បកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

​ជុំវិញ​រឿងរ៉ាវ​ដែល​ប្ដឹង​នៅ​តុលាការ​ជាន់​ខ្ពស់​សារ​ចុះ​សារ​ឡើង វិល​ដូចជា​កង់​រទេះ​នេះ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យល់​ថា ដរាបណា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មិន​ទាន់​ត្រូវរ៉ូវ​គ្នា និង​ទុកចិត្ត​គ្នា​បាន​រវាង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង និង​បក្ស​អំណាច ដរាប​នោះ​ក្ដី​សង្ឃឹម​របស់​សកម្មជន​បក្ស​ប្រឆាំង ១១​នាក់ ដែល​រំពឹង​ថា នឹង​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក៏​មិន​អាច​លេច​ជា​ពន្លឺ​បាន​ដែរ។

ថ្វី​ត្បិត​ដឹង​ថា រឿង​ក្ដី​នេះ​ហាក់​គ្មាន​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនក្ដី​របស់​ខ្លួន​បាន ក្រុម​មេធាវី​នឹង​ពិភាក្សា​នឹង​ជា​កូន​ក្ដី​របស់​ពួកគេ ដើម្បី​ដាក់ពាក្យ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

​ទាក់ទង​នឹង​សវនាការ​សាធារណៈ​នៅ​សាលាឧទ្ធរណ៍​នេះ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ រួម​ទាំង​សាច់​ញាតិ​អ្នក​ជាប់​ឃុំ​ផង មិន​ត្រូវ​បាន​មន្ត្រី​នគរបាល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​តុលាការ​ឡើយ ដោយ​សំអាង​ថា ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​តុលាការ​ខេត្ត​ព្រះសីហនុ​ប្ដេជ្ញា​បំពេញ​ភារកិច្ច​ឲ្យ​ល្អ​ដើម្បី​លុបបំបាត់​មតិ​រិះគន់

$
0
0

ថ្នាក់ដឹកនាំ​តុលាការ​ខេត្ត​ព្រះសីហនុ ប្ដេជ្ញា​ថា នឹង​បំពេញ​ភារកិច្ច​ការងារ​ឲ្យ​បាន​ល្អ​ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​ការងារ​របស់​មន្ត្រី​តុលាការ​នៅ​ក្នុង​ស្ថាប័ន​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ហើយ​ឈាន​ទៅ​ដល់​លុបបំបាត់​ការ​រិះគន់​ស្ថាប័ន​នេះ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រធាន​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពេល​នេះ​ហើយ​រំពឹង​ថា គ្រប់​គូភាគី​ទំនាស់​នឹង​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ។

ប្រធាន​សាលាដំបូង​លោក ម៉ុង មុនីចរិយា និង​លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​អះអាង​ស្រដៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ថា កន្លង​មក​ស្ថាប័ន​នេះ​មាន​ការ​យឺតយ៉ាវ និង​មាន​ផលវិបាក​ក្នុង​ការងារ​ផ្ដល់​សេវាកម្ម​លើ​សំណុំ​រឿង​ក្ដី​មួយ​ចំនួន​ដោយសារ​តែ​សំណុំរឿង​ខ្លះ មិន​មាន​ភស្តុតាង​ឲ្យ​បាន​គ្រប់​ចំនួន​ដើម្បី​ឈាន​ដល់​បើក​សវនាការ​កាត់​ក្ដី​ឲ្យ​បាន​ឆាប់​នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្ដី ថ្នាក់ដឹកនាំ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថា នឹង​ខិតខំ​ជំរុញ​កែលំអ​នូវ​ចំណុច​ខ្វះខាត​ខ្លះ​នៅ​ក្នុង​សកម្មភាព​ចុះ​បំពេញ​ការងារ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​មតិ​រិះគន់​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​នៅ​ពេល​កន្លង​មក ដែល​ចោទ​ស្ថាប័ន​តុលាការ​ថា សម្រេច​ក្តី​មិន​មាន​យុត្តិធម៌ និង​មិន​ឯករាជ្យ​ជាដើម​នោះ។

ទន្ទឹម​គ្នា​នេះ លោក ម៉ុង មុនីចរិយា ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​នៅ​តាម​មន្ទីរ​អង្គភាព ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ទាំង​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ នា​មូលដ្ឋាន​នេះ ឲ្យ​ចូល​រួម​អនុវត្ត​ការងារ​ដែល​ពាក់ព័ន្ធ​សំណុំរឿង​ក្ដី​អ្វី​មួយ​ដើម្បី​ឲ្យ​ការ​ផ្ដល់​សេវាកម្ម​រឿង​ក្ដី​នីមួយៗ បាន​ឆាប់ មាន​តម្លាភាព និង​យុត្តិធម៌។

​ទាក់ទិន​បញ្ហា​នេះ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ថ្លែង​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មន្ត្រី​សាលាដំបូង​ខេត្ត​នេះ ដោយ​រំពឹង​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស​ជាង​នេះ ក៏​នឹង​អាច​ឈាន​ដល់​ជួយ​លើក​ស្ទួយ​កិត្តិយស​ស្ថាប័ន​តុលាការ​កម្ពុជា ដែល​កន្លង​មក​ធ្លាប់​ត្រូវ​រិះគន់​ថា បំពេញ​ការងារ ឬ​កាត់​សេចក្ដី​លើ​សំណុំ​ភាគ​ច្រើន មិន​យុត្តិធម៌ ឬ​មិន​ឯករាជ្យ ហើយ​បាន​គាំទ្រ​តែ​ទៅ​លើ​ខាង​ភាគី​ទំនាស់​ដែល​ជា​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ជាដើម​នោះ។

អ្នកស្រី ជៀប សុធារី៖ «ខ្ញុំ​សង្ឃឹម​ថា អ្វី​ដែល​មន្ត្រី​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ចិត្ត​នៅ​ពេល​នេះ នឹង​ក្លាយ​ជា​ការពិត និង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​រឿង​ក្ដីក្ដាំ​គ្នា​ក្នុង​តុលាការ ជាពិសេស​រឿង​រដ្ឋប្បវេណី​ដែល​ពាក់ព័ន្ធ​រឿង​ដីធ្លី និង​រឿង​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​បាន​ការ​ចោទ​ប្រកាន់​ គាត់​អាច​នឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ជាពិសេស​ការ​ប្រើប្រាស់​នៅ​សមត្ថភាព​របស់​លោក លោកស្រី ដែល​ជា​ស្ថាប័ន​អយ្យការ និង​ជា​ចៅក្រម​នៅ​ក្នុង​សំណុំ​រឿង​ក្តី​ទាំង​អស់​នេះ ហើយ​អ្វី​ដែល​អស់​លោក​បាន​ប្ដេជ្ញា​ចិត្ត​នៅ​ពេល​ខាង​មុខ​ទៀត​នេះ គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ចង់​បាន​នៅ​ពេល​បច្ចុប្បន្ន»

​បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​យក​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​របស់​សាលាដំបូង​ខេត្ត​នេះ​ស្នើ​ឲ្យ​មន្ត្រី​តុលាការ​ទាំង​អស់ ឲ្យ​ជួយ​ជំរុញ​ការងារ​ផ្តល់​សេវាកម្ម​ទៅ​លើ​រឿង​ក្តី​នីមួយៗ ត្រូវ​ចុះ​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ភាគី​ទំនាស់​ពាក់ព័ន្ធ​ឲ្យ​ស្របតាម​ច្បាប់៖ «ខ្ញុំ​គ្រាន់តែ​បាន​ផ្ដាំផ្ញើ​ឲ្យ​អង្គភាព​ទាំង​អស់ មាន​ស្ថាប័ន​តុលាការ​ជាដើម ស្នើ​ឲ្យ​រួម​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​យើង ដើម្បី​ឈាន​ដល់​ជួយ​ផ្ដល់​ភាព​កក់ក្ដៅ ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​យើង ដើម្បី​ឲ្យ​ពួកគាត់​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»

​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ពន្យល់​ថា សំណុំ​រឿង​ក្ដី​នីមួយៗ នៅ​ពេល​តុលាការ​សម្រេច​ក្ដី ឬ​កាត់​ក្ដី​បាន​ត្រឹមត្រូវ និង​ស្រប​តាម​ទម្រង់​ច្បាប់ គឺ​អាច​ចាត់​ទុក​ថា ជា​ការ​ជួយ​រក​យុត្តិធម៌​ជូន​គូភាគី​ទំនាស់ ក៏​ដូចជា​បាន​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់។

​ត្រង់​ចំណុច​នេះ លោក យន្ត មីន បញ្ជាក់​ថា បើ​មន្ត្រី​តុលាការ​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​នូវ​ចំណុច​ដែល​នៅ​ខ្វះ​ចន្លោះ​ខ្លះៗ ក្នុង​ការ​កាត់​ក្ដី​កន្លង​មក គឺ​នឹង​អាច​ឈាន​ដល់​ជួយ​កាត់​បន្ថយ​ការ​ចោទ​ពី​សាធារណៈ​មួយ​ចំនួន ដែល​កន្លង​មក​បាន​រិះគន់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ឬ​កាត់​សេចក្ដី​មិន​មាន​យុត្តិធម៌​​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ដីធ្លី​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទោះ​បី​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

$
0
0

សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា អះអាង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដដែល ថ្វីត្បិត​តុលាការ​សម្រេច​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ឱ្យ​មាន​សេរីភាព​ជា​បណ្ដោះអាសន្ន​ក្ដី។ ការ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ ដោយសារ​ពួកគេ​ចង់​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ដីធ្លី​ម្នាក់​ទៀត គឺ​អ្នកស្រី ទេព វន្នី។

បើ​ទោះ​បី​ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ដំបូង បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប យ៉ាង​ណា​ក្ដី ក៏​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ដែល​សកម្មភាព​ធ្វើ​យុទ្ធនាការ​នេះ នៅ​តែ​អះអាង​ថា ពួកគេ​មិន​ទាន់​សម្រេច​ចិត្ត​បញ្ឈប់​យុទ្ធនាការ​នេះ​ឡើយ ដរាបណា​សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ពុំ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ទេ​នោះ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានទូត​អាមេរិក​និង​សមាជិក​សភា​អាស៊ាន​ស្វាគមន៍​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

$
0
0

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ស្វាគមន៍​ចំពោះ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប លោក នី ចរិយា។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ដោះលែង​នេះ នឹង​កាត់​បន្ថយ​បន្ទុក​របស់​មន្ត្រី​ទាំង​អស់​នោះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ខណៈ​ដែល​ពួកគេ​កំពុង​ជាប់​បណ្ដឹង​ប្រឆាំង​ពួកគេ​នោះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​នេះ។

ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិកសភា​ម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​កោត​សរសើរ​ចំពោះ​ការ​ប្រឹងប្រែង​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​ក្នុង​តំបន់​ដែល​ធ្វើ​ការ​មិន​ខា្លច​នឿយហត់ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​ពេល​នេះ។

ទោះជា​​យ៉ាង​ណា លោក ឆាលស៍ សានទីអេហ្គោ សង្កត់ធ្ងន់​ថា អ្នក​ទាំង ៥​នេះ មិន​សម​ត្រូវ​គេ​ឃុំ​ខ្លួន​នោះ​ទេ តាំង​ពី​ដើម​ទី​មក ហើយ​ថា បើ​ទោះជា​មាន​ការ​ដោះលែង​នៅ​ពេល​នេះ​ក្តី ពួកគេ​នៅ​តែ​អាច​ប្រឈម​នឹង​ការ​ឃុំ​ខ្លួន​ជា​ថ្មី​ទៀត។

ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នេះ គឺ​ជា​ការ​ព្រមាន​ទៅ​លើ​សង្គម​ស៊ីវិល ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ក្នុង​ការ​រិះគន់​សកម្មភាព​រដ្ឋាភិបាល។

​ចំណែក​ក្រុម​យុទ្ធនាការ​ដោះលែង​អ្នក​ទាំង​៥ ក្រៅ​តែ​ពី​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​នេះ ក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​ពួកគេ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រេច​ជា​ថ្មី​ទៅ​លើ​រឿង​បរិហារកេរ្តិ៍​របស់​លោក នី ចរិយា ដែល​ជា​សំណុំរឿង​មួយ​ផ្សេង​ទៀត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​នៅ​កំពង់ឆ្នាំង​ខ្លាច​ក្រុមហ៊ុន​ឬ​អាជ្ញាធរ​ដក​ហូត​ដី​ស្រែចម្ការ

$
0
0

អ្នក​ភូមិ​នៃ​ឃុំ​ត្រពាំងចាន់ ខេត្ត​កំពង់ឆ្នាំង កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែចម្ការ ដែល​ឋិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ទាំង​ពីរ តម្រូវ​ឲ្យ​ពួកគេ​វាស់វែង​ដី និង​ប្រាប់​ទំហំ​ដី​នោះ​ដល់​អាជ្ញាធរ​ដោយ​មិន​ដឹង​ហេតុផល​ច្បាស់​លាស់។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់​ថា ការ​បង្ហាញ​ទីតាំង និង​ទំហំ​ដី​នេះ ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​ដីធ្លី និង​ត្រៀម​លក្ខណៈ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ។

ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ នៅ​ភូមិ​ក្បាលដំរី ត្រពាំងចាន់ សន្លង់ និង​ភូមិ​កណ្ដាល ឃុំ​ត្រពាំងចាន់ ដែល​មាន​ដីស្រែ​ចម្ការ​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ដូនតា​មក​នោះ ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​ល្បិច​ដក​ហូត​ដី​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ភាពីម៉ិច (Pheapimix) ឬ​យក​ទៅ​ដាក់​ជា​ដី​របស់​រដ្ឋ។ សកម្មភាព​វាស់វែង ឬ​ផ្ដិត​មេដៃ​សម្គាល់​ទីតាំង​ដី បាន​ធ្វើ​តាំង​ពី​បោះឆ្នោត​ហើយ​ភ្លាមៗ។

អ្នក​ភូមិ​ក្បាល​ដំរី ម្នាក់ លោកស្រី ខ្លឹម សុផុត មាន​ប្រសាសន៍​ថា ដី​ស្រែ និង​ដី​មាន​ព្រៃ​ខ្លះៗ​ទំហំ​ជាង ១​ហិកតារ ឋិត​នៅ​ឃុំ​អន្សាចំបក់​នោះ គ្រួសារ​លោកស្រី​បាន​កាន់កាប់ និង​អាស្រ័យ​ផល​រាប់​ជំនាន់​មក​ហើយ។ ដី​នេះ​ត្រូវ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឪពុក​ម្ដាយ បន្ត​រហូត​មក​ដល់​លោកស្រី​កាន់កាប់​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​នោះទេ។ បច្ចុប្បន្ន​រូប​គាត់ និង​អ្នកភូមិ​បារម្ភ​ខ្លាច​បាត់បង់​ដី៖ «ដី​ហ្នឹង​គេ​ឲ្យ​វាស់ៗ យូរ​ណាស់​ហើយ​ប៉ុន្មាន​ឆ្នាំ​ហើយ តែ​វា​អត់​ឃើញ​មាន​ប្លង់​អី​ផង​នេះ។ ពលរដ្ឋ​ទាំង​អស់​គ្នា​កំពុង​តែ​ចាំ​មើល​ដែរ​ហ្នឹង​ថា មិន​ដឹង​វាស់វែង​ហ្នឹង​យក​ទៅ​ធ្វើ​ម៉េច? គ្រាន់​តែ​បារម្ភ​គ្រប់ៗ​គ្នា»

ចំណែក​អតីត​មេឃុំ និង​ជា​បេក្ខភាព​ជាប់​ឆ្នោត​មេឃុំ​ត្រពាំងចាន់ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ស្ងួន សាមាន ខ្លាច​អាជ្ញាធរ​ពី​ខាង​គណបក្ស​កាន់​អំណាច​យក​លេស​ដីធ្លី​នេះ បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​ឃុំ​ត្រពាំងចាន់ ឲ្យ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ បើ​មិន​ដូច្នោះ​ទេ ពួកគេ​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី ឬ​មិន​អាច​ចូល​ទៅ​ធ្វើ​ស្រែ​ដូច​មុន​បាន។

លោកស្រី សាមាន គ្រោង​កោះ​ពលរដ្ឋ​ប្រជុំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ស្វែងយល់​ពី​ការ​វាស់​វែង ឬ​ការ​គ្រប់គ្រង​ដី​ទាំង​នេះ នៅ​ពេល​លោកស្រី​ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​កាន់​ដំណែង​ជា​ផ្លូវការ៖ «ដោយ​អាជ្ញាធរ​ខាង​អន្សាចំបក់ ធ្លាប់​មាន​បញ្ហា​ហើយ​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច​ពី​មុន​មក។ ពលរដ្ឋ​ខ្ញុំ​នៅ​ភូមិ​ក្បាលដំរី​ហ្នឹង មាន​នៅ​តំបន់​ចារព័រ តាអោង និង​កាច់កង់ ហើយ​ក្រុមហ៊ុន​គេ​យក​តាម​ប្លង់​គំនូស​ផែនទី​របស់​រដ្ឋាភិបាល​គូស​ឲ្យ​ទេ ប៉ុន្តែ​អាជ្ញាធរ​ហ្នឹង​ខូច ថា​ក្រុមហ៊ុន​ភាពីម៉ិច​យក​ដី​ដល់​ភូមិ​ប្រជាពលរដ្ឋ។ នេះ​ហើយ​ហានិភ័យ​សម្រាប់​ខ្ញុំ អាជ្ញាធរ​ខ្លាច​អាជ្ញាធរ​ខាង​អន្សាចំបក់ យក​ទៅ​រៀប​ក្បាល​ញត្តិ​មួយ​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំង​ចាន់​ដែល​មាន​ដី​អាស្រ័យ​ផល​នៅ​ខេត្ត​ពោធិ៍សាត់ ព្រម​ប្រគល់​ដី​ទៅ​ឲ្យ​ខេត្ត​ពោធិ៍សាត់​វិញ»

ទោះ​ជាង​យ៉ាង​ណា មេ​ឃុំ​ត្រពាំងចាន់ ស្ដីទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សាំង ខាត់ បញ្ជាក់​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​ដី​ស្រែចម្ការ​នេះ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ចង់​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​ដី ព្រោះ​កន្លង​ទៅ​ពួកគេ​លំបាក​ចូល​បូម​ទឹក​ដាក់​ស្រែ ឬ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ពង្រីក​ដី​ក្បាល​ស្រែ ទើប​អាជ្ញាធរ​ធ្វើ​សំណើ​ភ្ជាប់​ស្នាមមេដៃ ដាក់​ជូន​អភិបាល​ស្រុក​ក្រគរ។

លោក សាំង ខាត់ បន្ថែម​ថា ក្រុម​ការងារ​ដែល​មាន​សមាសភាព​ចាប់​ពី​ថ្នាក់​ឃុំ រហូត​ដល់​អាជ្ញាធរ​ខេត្ត នៃ​ខេត្ត​ទាំង​ពីរ អាច​នឹង​ពិភាក្សា​រក​នីតិ​វិធី​គ្រប់គ្រង​ដីធ្លី​កាន់​តែ​ងាយស្រួល​សម្រាប់​ពលរដ្ឋ៖ «មិន​ថា​ខ្ញុំ​ធ្វើ​ឯកសារ​នេះ​ដើម្បី​យក​ដី​ទៅ​លក់​អី​ទេ យើង​ប្រកាស​ឲ្យ​ដឹង​ថា ខាង​ត្រពាំងចាន់ ខេត្ត​កំពង់ឆ្នាំង ធ្វើ​ដី​នៅ​ពោធិ៍សាត់ ចំនួន​ប៉ុណ្ណេះ​ហិកតារ ចំនួន​ប៉ុណ្ណេះ​គ្រួសារ​ប៉ុណ្ណឹង​ទេ ហើយ​សូម​ចរចា​ជាមួយ​អភិបាល​ខេត្ត​ពោធិ៍សាត់ មិន​ដឹង​ថា គាត់​សម្រេច​ថា​ម៉េច»

លោក សាំង ខាត់ ដែល​ជា​មេ​ឃុំ​ត្រពាំងចាន់ ស្ដីទី គឺ​ជា​អ្នក​ទទួល​បន្ទុក​ប្រមូល​ទិន្នន័យ​ផ្ទៃដី និង​ចំនួន​គ្រួសារ​ដែល​មាន​ស្រែចម្ការ​នៅ​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ។ ត្បិត​តែ​លោក​មិន​ទាន់​អាច​បូក​សរុប​តួលេខ​ទាំង​នេះ​បាន លោក​ថា​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នកភូមិ​ប្រហែល ២០០​គ្រួសារ​ហើយ​បាន​មក​បង្ហាញ​ទីតាំង និង​ទំហំ​ដី ហើយ​នៅ​សល់​ជាង ១០០​គ្រួសារ​ទៀត មិន​ទាន់​ផ្ដល់​ទិន្នន័យ​មក​ឲ្យ​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អង្គការ​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​អោយ​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​បន្ទប់​ស្ថានការណ៍

$
0
0

ក្រុម​អង្គការ​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន​រិះគន់​រដ្ឋាភិបាល​ថា កំពុង​រំលោភ​បំពាន​សិទ្ធិ និង​កាតព្វកិច្ច​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ដើម្បី​​ឃ្លាំមើល​ការ​បោះឆ្នោត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំពារ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា បាន​បញ្ជា​អោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពិនិត្យ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត ដែល​ហៅ​ថា បន្ទប់​ស្ថានការណ៍ បន្ទាប់​ពី​បណ្ដុំ​អង្គការ​នេះ​បាន​វាយ​តម្លៃ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧។

ក្រុម​អង្គការ​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន​ជំរុញ​អោយ​រដ្ឋាភិបាល​ទម្លាក់​ចោល​ដំណើរការ​ស៊ើប​អង្កេត ឬ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​បណ្ដុំ​អង្គការសង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត ឬ​ហៅ​ថា បន្ទប់​ស្ថានការណ៍ ដើម្បី​ធានា​ការពារ​តួនាទី​សង្គម​ស៊ីវិល និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ចំនួន​៤ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា បាន​លើក​ឡើង​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​លើ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ដ្បិត​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​សង្គម​ស៊ីវិល ជា​ពិសេស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​គំរាម​កំហែង​សង្គម​ស៊ីវិល​ដទៃ​ទៀត​អោយ​បាន​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨។ អង្គការ​អន្តរជាតិ​ទាំង​៤​នោះ រួម​មាន​បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី (Asia Democracy Network) វេទិកា​សិទ្ធិ​មនុស្ស​អាស៊ី (Asian Forum for Human Rights and Development) បណ្ដាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី (Asian Network for Free Election) សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ (Southeast Asian Press Alliance)។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​ជុំវិញ​រឿង​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាងរាស្ត្រ​អាមេរិក​២​រូប​នឹង​ជួប​ពិភាក្សា​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច

$
0
0

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  និង​​លោក ស្ទីវ ឆាបុត (Steve Chabot) ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ខាង​មុខ នឹង​ជួប​ពិភាក្សា​ជាមួយ​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ក្នុង​វេទិកា​ស្ដីពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិក នឹង​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​ក្នុង​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ហើយ​ដែល​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ អាមេរិកាំង​ជា​ច្រើន​នៅ​ទី​នោះ។ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​អាមេរិកាំង ទាំង​ពីរ​រូប​នេះ នឹង​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ អំពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ឬ​ដែល​ហៅ Congressional Cambodia Caucus។

ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា នេះ គឺ​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សមាជិក​សភា​តំណាងរាស្ត្រ​គ្រប់​ភាគី​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា និង​ការ​រឹត​ចំណង​មិត្តភាព​វាង​សហរដ្ឋ​អាមេរិក និង​ប្រជាជាតិ​អាស៊ាន។

វេទិកា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​ចំនួន​មេ​ឃុំ និង​ចៅសង្កាត់​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ទោះ​បី​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​មាន ការ​គំរាម​ធ្វើ​សង្គ្រាម​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ​សាទរ​ចំពោះ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គ.ជ.ប

$
0
0

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រេកអរ​ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ពលរដ្ឋ​ថែម​ទាំង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ដែល​គ្មាន​កំហុស​ទាំង​នោះ ព្រោះ​ការងារ​របស់​ពួកគាត់​គឺ​ជា​រឿង​មនុស្សធម៌។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​មន្ត្រី​ទាំង​នោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិថុនា។

គ្រាន់តែ​ដឹង​ដំណឹង​ថា មន្ត្រី​សិទ្ធិមនុស្ស ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​គ្នីគ្នា​អំពី​ព័ត៌មាន​នេះ​នឹង​ត្រៀមខ្លួន​មក​រាជធានី​ភ្នំពេញ ទៀត​ផង។ ពួកគាត់​នឹង​នាំ​គ្នា​ឡើង​មក​ទទួល​ស្វាគមន៍​មន្ត្រី និង​អតីត​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥​នាក់​នៅ​ថ្ងៃ​ទី​១ កក្កដា ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រលាញ់ និង​ដឹង​គុណ​បំណាច់​ដែល​ពួកគាត់​បាន​ចូល​រួម​ចំណែក​ជួយ​សង្គម​មួយ​នេះ ពិសេស​បាន​បង្ហាត់​បង្រៀន​ពលរដ្ឋ​ឱ្យ​ស្គាល់​ពី​តម្លៃ​សិទ្ធិមនុស្ស និង​របៀប​តស៊ូ​មតិ​ដោយ​អហិង្សា។ ក្រៅ​ពី​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​ឱ្យ​បន្ត​ការងារ​ជួយ​សង្គម និង​ពលរដ្ឋ​ទន់​ខ្សោយ​បន្ថែម​ទៀត។

តំណាង​ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន លោក ផុន សុផល មាន​ប្រសាសន៍​ថា ពួកគាត់​ត្រេកអរ​ស្ទើរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ពីព្រោះ​រឿង​នេះ កើត​ឡើង​ដោយ​គ្មាន​នរណា​អាច​នឹក​ស្មាន​ដល់។ លោក​បន្ត​ថា ការ​ដោះលែង​មន្ត្រី និង​អតីត​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) គឺ​បង្ហាញ​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​ប្រសើរ​ឡើង​វិញ ហើយ​វា​រឹតតែ​ប្រសើរ​ឡើង​ទាំង​ស្រុង​នោះ នៅ​ពេល​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​តែម្ដង៖ «យើង​សង្ឃឹម​ថា នឹង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ព្រោះ​នៅ​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ នៅ​ពេល​មាន​ការ​ចាប់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នោះ ធ្វើ​ឱ្យ​ការ​គោរព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ»

មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ទាំង ៥​រូប រួម​មាន​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខ សាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ចេញ​ដីកា​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង ៥​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​សមគំនិត​សូក​ប៉ាន់​សាក្សី ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​សំណុំរឿង នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ប្រជា​សហគមន៍​ដដែល​បញ្ជាក់​ថា ការ​ដោះលែង​មន្ត្រី​ទាំង ៥​នាក់ គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សង្គម​ជាតិ ពិសេស​ពលរដ្ឋ ដូចជា​ទទួល​បាន​ការ​បង្រៀន​ផ្នែក​ច្បាប់ និង​របៀប​តស៊ូ​មតិ​ដោយ​អហិង្សា ព្រម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម។ លោក​ថា តាម​គម្រោង​ឡើង​មក រាជធានី​ភ្នំពេញ ដើម្បី​មក​ទទួល​ស្វាគមន៍​មន្ត្រី​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​តុលាការ​ដោះលែង អាច​មាន​នឹង​ប្រជា​សហគមន៍​ចូល​រួម​ប្រមាណ ៣០០​នាក់។

មិន​ខុស​គ្នា​នេះ ប្រជា​សហគមន៍​នៅ​ឃុំ​ត្រមូង អ្នកស្រី ឈឺន រតនា រីករាយ​ចំពោះ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នោះ ប៉ុន្តែ​អ្នកស្រី​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល ពិសេស​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ  ព្រោះ​ពួកគេ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «តែ​ចង់​ឱ្យ​លើក​លែង​ទោស​ដែល​កើត​ឡើង​ដោយ​ការ​ចោទ​ប្រកាន់​ហ្នឹង»

នៅ​ពេល​មន្ត្រី​ទាំង ៥​រូប ជាប់​ពន្ធនាគារ​ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ចូលរួម​ធ្វើ​សកម្មភាព​បែប​តស៊ូ​មតិ​ជា​ច្រើន ដើម្បី​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគេ​ដូចជា​លើក​បដា ដែល​មាន​រូប​មន្ត្រី ទាំង ៥​នាក់ និង​រូប​អ្នកស្រី ទេព វន្នី ផង ថត​បង្ហោះ​តាម​បណ្ដាញ​ប្រព័ន្ធ​ហ្វេសប៊ុក (Facebook)។ ក្រៅ​ពី​នេះ ក៏​មាន​សកម្មភាព​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​ការ​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្រៅ​ពី​​នេះ ពួកគេ​ធ្វើ​ពិធី​បន់ស្រន់​តាម​បែប​ជំនឿ​អរូបិយ និង​ព្រះពុទ្ធ​សាសនា ដែល​មាន​សែន​ចេក មាន់​ស្ងោរ ក្បាល​ជ្រូក​ស្ងោរ​ដាក់​តាម​ខ្ទម​អ្នកតា ដើម្បី​ឱ្យ​ជួយ​បន្ទន់​ចិត្ត​ប្រមុខ​ដឹកនាំ និង​តុលាការ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត កត់​សម្គាល់​ថា មូលហេតុ​ពលរដ្ឋ​ត្រេកអរ​ចំពោះ​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ពេល​នេះ ពីព្រោះ​ការងារ​របស់​ពួកគេ​ជា​រឿង​មនុស្សធម៌​សុទ្ធសាធ និង​តែង​ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ ឬ​ពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ផ្សេងៗ​នៅ​ក្នុង​សង្គម។ លោក​អះអាង​ថា ការងារ​របស់​មន្ត្រី​សិទ្ធិមនុស្ស គឺ​ជា​ផ្នែក​មួយ​ជួយ​ដល់​រាជរដ្ឋាភិបាល​ទៀត​ផង៖ «វា​ជា​រឿង​មួយ​ល្អ ប្រសិនបើ​រាជរដ្ឋាភិបាល​ពួក​មន្ត្រី​សិទ្ធិមនុស្ស​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ទៀត​ដល់​រាជរដ្ឋាភិបាល គឺ​គ្មាន​ចំណេញ​អី​ដល់​អង្គការ​សិទ្ធិមនុស្ស​ទេ»

លោក នាង សុវ៉ាត មើល​ឃើញ​ថា ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប គឺ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​មួយ​ផ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មុខ​មាត់ និង​កិត្តិយស​របស់​រាជរដ្ឋាភិបាល​នឹង​កាន់​តែ​ប្រសើរ​ឡើង​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​ថយ​ចុះ

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​រក​ឃើញ​ថា ចំនួន​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ បាន​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​អាណត្តិ​ទី​៣ កន្លង​ទៅ។

ពួកគេ​សោកស្ដាយ និង​ព្រួយ​បារម្ភ​ថា ការ​ថយ​ចុះ​ចំនួន​ស្ត្រី​ជា​តំណាង​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នេះ នឹង​ធ្វើ​អោយ​បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​មិន​អាច​ឆ្លើយ​តប​បាន​គ្រប់គ្រាន់​ឡើយ។ លើស​ពី​នេះ នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ជំរុញ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ផែនការ​របស់​រដ្ឋាភិបាល​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ​ទោះ​បី​ជា​យ៉ាង​ណា ពួកគេ​សាទរ​ចំពោះ​ការ​កើន​ឡើង​នូវ​ចំនួន​មេ​ឃុំ និង​ជំទប់​ឃុំ​ជា​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា តាម​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ដែល​ចេញ​ដោយ គ.ជ.ប គឺ​ចំនួន​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​សរុប​មាន​ចំនួន​ជិត ២ពាន់​នាក់ (១.៩៤០) នៃ​ចំនួន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​សរុប​ជាង ១​ម៉ឺន​នាក់ (១១.៥៧២) គឺ​បាន​ថយ​ចុះ​មក​នៅ​​ជិត ១៧​ភាគរយ (១៦,៧៦%) បើ​ប្រៀបធៀប​នឹង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣ កាល​ពី​ឆ្នាំ​២០១២។

របាយការណ៍​ដដែល​អោយ​ដឹង​ទៀត​ថា ចំនួន​មេ​ឃុំ​ស្ត្រី​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​ មាន​ចំនួន ១២៨​រូប ដោយ​បាន​កើន​ឡើង​ចំនួន ៣៣​រូប បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន។

អ្នក​សម្របសម្រួល​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កញ្ញា សេង រាសី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ការ​ថយ​ចុះ​ចំនួន​ស្ត្រី​នេះ​នឹង​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ចំនួន​៣ ធំៗ រួម​មាន​ផល​ប៉ះពាល់​ទៅ​លើ​គោលដៅ​របស់​រដ្ឋាភិបាល ប៉ះពាល់​ទឹក​ចិត្ត​ស្ត្រី​ដែល​មាន​បំណង​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​ការ​ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ៖ «»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ដែល​នាំ​អោយ​ចំនួន​ស្ត្រី​បាន​ថយ​ចុះ​នេះ។

អ្នក​សម្របសម្រួល​ផ្នែក​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) អ្នកស្រី សឺន កេតសិរីលក្ខណ៍ មាន​ប្រសាសន៍​ថា ចំណុច​សំខាន់​ពីរ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​គណបក្ស​នយោបាយ​ត្រូវ​បង្កើត​គោលនយោបាយ​យេនឌ័រ​ក្នុង​គណបក្ស​នីមួយៗ៖ «»។

អ្នកស្រី សឺន កេតសិរីលក្ខណ៍ បាន​រិះគន់​ក្រសួង​កិច្ចការ​នារី​ថា ពុំ​បាន​បំពេញ​តួនាទី​អោយ​បាន​សកម្ម​នៅ​ក្នុង​ការ​ជំរុញ​ស្ត្រី​អោយ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ៖ «»។

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ទទួល​ស្គាល់​ដែរ​ថា ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​ការងារ​ក្នុង​ការ​រៀបចំ​អោយ​មាន​គោល​នយោបាយ​ជា​ច្រើន​រួច​ហើយ ប៉ុន្តែ​ទាមទារ​អោយ​មាន​ការ​អនុវត្ត​សកម្ម​ថែម​ទៀត។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ នៃ​ក្រសួង​កិច្ចការ​នារី លោក ថេ ឈុនហាក់ ឆ្លើយ​តប​ថា ក្រសួង​មាន​គោលនយោបាយ​ច្រើន​ដែល​ត្រូវ​អនុវត្ត នៅ​ពេល​ដែល​សង្គម​ស៊ីវិល​មើល​ឃើញ​ពី​ភាព​អសកម្ម​អាច​ផ្ដល់​យោបល់​ទៅ​ក្រសួង​ដើម្បី​កែ​លម្អ៖ «»។

ចំពោះ​បញ្ហា​ថយ​ចុះ​ចំនួន​ស្ត្រី​ជា​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​នេះ លោក ឈុនហាក់ លើក​ឡើង​ថា ក្រសួង​បាន​ទទួល​ស្គាល់​ថា ចំនួន​ស្ត្រី​អាច​នឹង​ថយ​ចុះ​បែប​នេះ​តាំង​ពី​បាន​ឃើញ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​មក​ដែរ ហើយ​ក្រសួង​នឹង​យក​បទពិសោធន៍​នេះ រួម​នឹង​បទពិសោធន៍​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដើម្បី​រៀបចំ​ផែនការ​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។ លោក ថេ ឈុនហាក់ លើក​ឡើង​ទៀត​ថា គោល​បំណង​របស់​សង្គម​ស៊ីវិល និង​ក្រសួង​កិច្ចការ​នារី​គឺ​ដើរ​ស្របគ្នា​ចំពោះ​ការ​ជំរុញ​អោយ​គណបក្ស​នយោបាយ​បង្កើត​គោល​នយោបាយ​សមភាព​យេនឌ័រ ប៉ុន្តែ​លោក​ថា ការងារ​នេះ​ជា​ការ​លំបាក៖ «»។

នៅ​ក្នុង​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រសួង​កិច្ចការ​នារី​ក្នុង​ឆ្នាំ​២០១៤ អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ តំណាង​ស្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧ គឺ​កើន​ឡើង​ពី ១៥,១០% ភាគរយ​ទៅ ១៧,៧៨%។ ក្នុង​នោះ​ស្ត្រី​ជា​មេឃុំ និង​ចៅ​សង្កាត់​មាន​ចំនួន ៦៩​រូប (៤,២២%) ស្ត្រី​ជា​ជំទប់​ទី​១ មាន​ចំនួន ១៨៩​រូប (១១,៥៧%) និង​ជំទប់​ទី​២ ចំនួន ១៥១​រូប (៩,២៤%)។

អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ច្រើន ប្រសិន​បើ​ចំនួន​ស្ត្រី​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​តែ​មាន​ចំនួន​តិច។

កន្លង​ទៅ​ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បាន​អះអាង​ថា លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ដាក់​ចំនួន​ស្ត្រី​របស់​គណបក្ស​នេះ​ដោយ​ផ្អែក​លើ​ប្រជាប្រិយភាព និង​សមត្ថភាព​របស់​ស្ត្រី ចំណែក​គណបក្ស​ប្រឆាំង​វិញ​លើក​ឡើង​ថា ពិបាក​នឹង​រក​ស្ត្រី​ដែល​ក្លាហាន។

អ្នក​សម្របសម្រួល​ផ្នែក​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល អ្នកស្រី សឺន កេតសិរីលក្ខណ៍ លើក​ឡើង​ថា គណបក្ស​នយោបាយ​ក៏​ជា​ផ្នែក​​ពាក់ព័ន្ធ​ដែល​ត្រូវ​ធានា​អោយ​ការសន្យា​របស់​រដ្ឋាភិបាល​ជា​មួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជំរុញ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​​បាន​ជោគជ័យ៖ «»។

សង្គម​ស៊ីវិល​បាន​ទទូច​អោយ​គណបក្ស​នយោបាយ​បញ្ឈប់​ការ​រើសអើង​ស្រ្តី ដោយ​ការ​ចោទ​សួរ​ពី​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​វិស័យ​នយោបាយ​ ប៉ុន្តែ​ត្រូវ​ងាក​មក​ចូល​រួម​ពង្រឹង​សមត្ថភាព​ស្ត្រី​ដើម្បី​អោយ​ស្ត្រី​មាន​សមត្ថភាព​ចូលរួម​ក្នុង​វិស័យ​នេះ​ទៅ​វិញ។

មិន​ខុស​គ្នា​នេះ គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា ស៊ីដ ហៅ​កាត់​ថា អិនជីអូ-ស៊ីដ (NGO-CEDAW) លើក​ឡើង​ថា ការ​ខកខាន​ចាត់​វិធានការ​ពិសេស​បណ្ដោះអាសន្ន​ ដើម្បី​លើក​កម្ពស់​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ទាំង​វិធានការ​ខាង​ផ្លូវ​ច្បាប់ ទាំង​ជំរុញ​គណបក្ស​នយោបាយ​អោយ​ចាត់​អាទិភាព​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ទៅ​តាម​គោល​ដៅ​ដែល​បាន​កំណត់​ឡើយ។

អិនជីអូ ស៊ីដ បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ ៥​ឆ្នាំ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​សមភាព​យេនឌ័រ​បាន​កំណត់​គោលដៅ​ក្នុង​ការ​បង្កើន​ចំនួន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជា​ស្ត្រី​អោយ​បាន ២៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះវិហារ​បដិសេធ​ការ​ឆ្លើយ​ទម្លាក់​កំហុស​ជុំវិញ​ការ​លក់​ដី​របស់​រដ្ឋ

$
0
0

អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ថា គាត់​ពិត​ជា​បាន​កាត់​ដី​មន្ទីរ​របស់​រដ្ឋ​ខ្លះ​លក់​ទៅ​ឱ្យ​ឯកជន​មែន។ អតីត​ប្រធាន​មន្ទីរ​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​កាត់​ដី​ខ្លះ​របស់​មន្ទីរ​រ៉ែ និង​ថាមពល លក់​ទៅ​ឱ្យ​ឯកជន គឺ​ដោយសារ​តែ​មន្ត្រី​ចាស់ៗ​ចំនួន ១៦​រូប បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​លក់​ដើម្បី​បាន​ប្រាក់​ខ្លះ​ចែក​គ្នា​គ្រាន់​ដោះស្រាយ​ជីវភាព​ខ្វះខាត។ ប៉ុន្តែ​មន្ត្រី​របស់​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ។

មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ខ្លះ មាន​ប្រតិកម្ម​តប​នឹង​អតីត​ប្រធាន​របស់​ពួកគេ​ថា ការ​ដែល​ឆ្លើយ​ប្រាប់​តុលាការ​ក្រុង​ភ្នំពេញ អំពី​ការ​កាត់​ដី​ខ្លះ​របស់​មន្ទីរ លក់​ទៅ​ឱ្យ​ឯកជន​ដោយសារ​តែ​មន្ត្រី​ចាស់ៗ​ជា​ច្រើន​បញ្ចុះបញ្ចូល​នោះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។

ក្រុម​មន្ត្រី​ទាំង​នោះ​និយាយ​ថា ការ​ឆ្លើយ​របស់​អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បែប​នេះ គឺ​ជា​ចេតនា​ឈ្នានីស​មន្ត្រី​ជា​ច្រើន​ទៀត ឱ្យ​ប្រឈម​មុខ​ទៅ​នឹង​ផ្លូវ​ច្បាប់​ជាមួយ​នឹង​រូប​គាត់​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន ហើយ​កំពុងតែ​ឃុំខ្លួន​នោះ​ដែរ។

អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ គឺ​លោក សំ លាងនី។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​មិថុនា ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ខ្លួន​ប្រធាន​មន្ទីរ​ថ្មី​ដែល​ទទួល​តំណែង​បន្ត​ពី​រូប​លោក​ទៅ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​កាត់​ដី​របស់​មន្ទីរ​ខ្លះ​យក​ទៅ​លក់​ឱ្យ​ឯកជន​នោះ គឺ​រូប​លោក​ក៏​បាន​ទៅ​ឆ្លើយ​បំភ្លឺ​ជា​សាក្សី​ដែរ។

លោក សំ លាងនី បញ្ជាក់​ថា កាល​ពី​លោក​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១១ ហើយ​លោក គង់ មករា មក​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ជំនួស​នោះ គឺ​ដី​របស់​មន្ទីរ​នៅ​មាន​ប្លង់ និង​ផែនទី​ព្រំប្រទល់​យ៉ាង​ត្រឹមត្រូវ។ ប៉ុន្តែ​ចាប់​តាំង​ពី​លោក គង់ មករា ឡើង​កាន់​តំណែង​បន្ទាប់​ពី​លោក​បាន​រយៈពេល ៣​ឆ្នាំ​មក ស្រាប់​តែ​ឮ​សូរ​ថា មាន​ការ​លួច​កាត់​ដី​របស់​មន្ទីរ​ខ្លះ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​ដី​កម្មសិទ្ធិ​ឯកជន។

លោក សំ លាងនី ទទួល​ស្គាល់​ថា ដី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ គឺ​ពិត​ជា​បាត់បង់​ខ្លះ​មែន​ក្នុង​ពេល​ដែល​លោក គង់ មករា ឡើង​ធ្វើ​ជា​ប្រធាន៖ «ពេល​ដែល​ខ្ញុំ​ប្រគល់​ឱ្យ​នៅ​ឆ្នាំ​២០១១ ដី​ហ្នឹង​មាន​ព្រំប្រទល់​ទៅ​ទល់​នឹង​ផ្ទះ​មន្ត្រី​មួយ​ឈ្មោះ អ៊ូច អុន តែ​នៅ​ឆ្នាំ​២០១៣ មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ ឈ្មោះ នួន ផល្លី បាន​ស៊ុមគ្រលុំ​គ្នា​ជាមួយ​នឹង​ប្រធាន​មន្ទីរ​ថ្មី កាត់​ដី​ខ្លះ​ចេញ ហើយ​ធ្វើ​ជា​ប្លង់​កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់»

កាល​ពី​ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​លក់​ដី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នេះ ហើយ​បាន​ឃាត់​ខ្លួន​ប្រធាន​មន្ទីរ​ថ្មី លោក គង់ មករា និង​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​ទៀត​ឈ្មោះ នូន ផល្លី ជា​បណ្ដោះអាសន្ន។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា តុលាការ​ក្រុង​ភ្នំពេញ បាន​សាកសួរ​អ្នក​ទាំង​ពីរ​ជុំវិញ​ករណី​នោះ។

អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក គង់ មករា បាន​ឆ្លើយ​ថា លោក​ពិតជា​បាន​កាត់​ដី​ទំហំ ១.៥០០​ម៉ែត្រក្រឡា​របស់​មន្ទីរ​លក់​ទៅ​ឱ្យ​ឯកជន​មែន ដោយ​បាន​ប្រាក់​ចំនួន ៦៥.០០០​ដុល្លារ​អាមេរិក។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​លក់​ដី​នោះ ដោយសារ​តែ​មន្ត្រី​ចាស់ៗ​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​នោះ​ចំនួន ១៦​រូប បាន​បញ្ចុះបញ្ចូល​ឱ្យ​លក់​ដើម្បី​បាន​លុយ​ខ្លះ​ចែក​គ្នា​យក​ទៅ​ដោះស្រាយ​ជីវភាព។ អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ដដែល​ឱ្យ​ដឹង​ទៀត​ថា លុយ​ដែល​បាន​ពី​ការ​លក់​ដី​នោះ គឺ​បាន​ចែក​ទៅ​ឱ្យ​មន្ត្រី​មន្ទីរ​ម្នាក់ៗ​ចំនួន ២.០០០​ដុល្លារ ចំណែក​រូបលោក​បាន​ទទួល ១​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​បាន​យក​លុយ​នោះ​ទៅ​ទិញ​ម៉ូតូ​ថ្មី សម្រាប់​ឱ្យ​បុគ្គលិក​យក​ទៅ​ប្រើប្រាស់​នៅ​ពេល​ចុះ​បម្រើ​ការ​នៅ​តាម​មូលដ្ឋាន។

ទោះ​ជា​យ៉ាង​ណា​អាស៊ីសេរី មិន​អាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ មករា គឺ​លោក ទួត លុច ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ចម្លើយ​កូន​ក្ដី​របស់​លោក​បាន​ថា យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ដកស្រង់​សម្ដី​របស់​លោក​មេធាវី ទួត លុច កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា​កូន​ក្តី​របស់​លោក​គួរ​តែ​ត្រូវ​បាន​ដោះ​លែង។ ប្រសិនបើ​កូន​ក្ដី​របស់​លោក​ត្រូវ​ជាប់​ទោស​ពី​បទ​លក់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​គឺ​មន្ត្រី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​ព្រះវិហារ ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​ជាប់​ពាក់ព័ន្ធ​ដែរ ពីព្រោះ​តែ​អ្នក​ទាំង​នោះ​បាន​ទទួល​ផល​ពី​ការ​លក់​ដី​នេះ​ដូច​គ្នា។

ប្រធាន​ស្ដីទី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ លោក យូ ចិន្តាយុត្តិ បាន​ប្រតិកម្ម​តប​នឹង​ចម្លើយ​របស់​អតីត​ប្រធាន​របស់​ខ្លួន​ដែល​ឆ្លើយ​ទម្លាក់​កំហុស​មក​លើ​មន្ត្រី​ចាស់ៗ​ចំនួន ១៦​រូប​ទៀត​នោះ។ លោក យូ ចិន្តាយុត្តិ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្នុង​នាម​ជា​ប្រធាន​មិន​គួរ​ឆ្លើយ​ទម្លាក់​កំហុស​មក​លើ​កូន​ចៅ​របស់​ខ្លួន​ឯង​ដូច្នេះ​ឡើយ៖ «បើសិនជា​គាត់​ឆ្លើយ​អ៊ីចឹង​មាន​ន័យ​ថា គាត់​មាន​គំនិត​ឈ្នានីស​តែម្ដង។ ប៉ុន្តែ​ទោះ​យ៉ាង​ណា រូប​ខ្ញុំ និង​មន្ត្រី​ជា​ច្រើន​ទៀត​មិន​បារម្ភ​ទេ ពីព្រោះ​កំហុស​របស់​ទទួល​ខុស​ត្រូវ​គឺ​គេ​បាន​ឃើញ​រួច​ហើយ»

ចំណែក​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា តាម​លោក​ស៊ើប​អង្កេត​គឺ​រក​ឃើញ​ថា អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក គង់ មករា ពិត​ជា​បាន​លក់​ដី​របស់​រដ្ឋ​ដូច​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រក​ឃើញ​នោះ​មែន៖ «ជា​ផ្លូវ​ច្បាប់​គឺ​លោក គង់ មករា ពិត​ជា​មាន​ពិរុទ្ធភាព ដែល​អាច​ចោទ​ប្រកាន់​បាន ពីព្រោះ​យើង​ឃើញ​រហូត​មក​ដល់​បច្ចុប្បន្ន ដី​នោះ​ឥឡូវ​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​ទៅ​ហើយ»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ចង់​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ថា តើ​មាន​មន្ត្រី​ធំៗ​ណា​ខ្លះ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ក្នុង​ការ​កាត់​ដី​មន្ទីរ​របស់​រដ្ឋ​លក់​ទៅ​ឱ្យ​ឯកជន​នោះ ពីព្រោះ​គេ​មិន​ជឿ​ថា ឋានៈ​ត្រឹម​ប្រធាន​មន្ទីរ​អាច​ហ៊ាន​កាត់​ដី​របស់​រដ្ឋ​លក់​ទៅ​ឱ្យ​ឯកជន​ដោយ​ងាយៗ​ដូច្នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​ជាតិ​ដើម​ភាគ​តិច​នៅ​​រតនគិរី​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​កាប់​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ

$
0
0

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ​ទាមទារ​​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​ស្វែង​រក​អ្នក​កាប់​រាន​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ មក​ទទួល​ខុស​ត្រូវ ចៀសវាង​ទម្លាក់​កំហុស​ទៅ​លើ​ពលរដ្ឋ​ទូទៅ​ក្នុង​សហគមន៍​ថា ជា​អ្នក​បំផ្លាញ​ព្រៃឈើ​ខ្លួនឯង។

​តំណាង​ជនជាតិ​ដើម​ភាគតិច​ភូមិ​សមុទ្រក្រោម អះអាង​ថា នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន ឲ្យ​ស៊ើប​អង្កេត​រក​ជន​កាប់​រាន​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់ ប្រសិន​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​រក​ឃើញ​ជន​ទាំង​នោះ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រោយ​ពីរ​ថ្ងៃ​ដែល​ក្រុម​ការងារ​ថ្នាក់​ស្រុក​បាន​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ប្រមាណ ២០០​នាក់ ដើម្បី​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​បញ្ឈប់​កាប់​ព្រៃ ហើយ​បង្ហាញ​តួលេខ​ជាក់លាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ធ្វើ​ស្រែចម្ការ។

​តំណាង​ពលរដ្ឋ​លោក តូច ផល្លា បញ្ជាក់​ថា អ្នក​ភូមិ​មិន​អាច​ទទួល​យក​ការ​សម្របសម្រួល​របស់​ក្រុម​ការងារ​ថ្នាក់​ស្រុក​ដែល​មិន​បាន​ស៊ើបអង្កេត​រក​ជន​ប្រព្រឹត្ត​ល្មើស​នោះ​ទេ ខណៈ​អ្នក​ភូមិ​ចង់​រក​ឲ្យ​ឃើញ​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​មក​ទទួល​ខុស​ត្រូវ ពីព្រោះ​អ្នកភូមិ​សង្ស័យ​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ រួម​ជាមួយ​សមាជិក​សហគមន៍​ខ្លះ គឺ​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​រដ្ឋ​លក់។

លោក​ថា សមាជិក​សហគមន៍​ភាគ​ច្រើន​ចង់​រក្សា​ដី​ព្រៃ​តំបន់​នោះ​ដើម្បី​បង្កើត​ជា​ព្រៃ​សហគមន៍​អភិរក្ស និង​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច៖ «គាត់​ថា ប្រជាជន​ហ្នឹង​ជា​អ្នក​ខុស ចំណែក​កង​ការពារ​គាត់​អត់​មាន​ខុស​ផង គាត់​អត់​ទៅ​ការពារ​ទេ។ យើង​អត់​ព្រម យើង​មើល​ទៅ​ថា ដំណោះស្រាយ​ហ្នឹង​អត់​បាន​ទេ យើង​សំណូមពរ​ទៅ​អភិបាល​ខេត្ត ទៅ​ក្រសួង​ផ្សេងៗ​ទៀត»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា សមាជិក​សហគមន៍ ១០​នាក់ មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ២​នាក់ និង​អ្នក​សារព័ត៌មាន​បាន​ចុះ​ទៅ​កន្លែង​ដែល​សហគមន៍​រក​ឃើញ​មាន​ការ​កាប់​រាន​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី។ តំបន់​ដែល​មាន​ការ​ហ៊ុមព័ទ្ធ​យក​ដី​ជា​តំបន់​ទ្រនាប់​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។ ព្រៃឈើ​តំបន់​​នោះ​ជាង ៩០​ភាគរយ គឺ​ជា​ដើម​ខ្លុង និង​ត្បែង​មិន​មាន​ដើម​ឈើ​ធំៗ​មាន​តម្លៃ​នោះ​ទេ។ ព្រៃ​នោះ​ឋិត​នៅ​ចម្ងាយ​ជាង​បី​គីឡូម៉ែត្រ​ពី​ភូមិ​សមុទ្រក្រោម ត្រូវ​គេ​យក​ថ្នាំ​ពណ៌​បាញ់​​នៅ​លើ​ដើម​ឈើ​ធ្វើ​ជា​ព្រំ ហើយ​ដើម​ឈើ​ចាប់​ពី​ព្រំ​នោះ​ត្រូវ​គេ​អារ​រំលំ​ទំហំ​ទទឹង​ប្រមាណ ១០​​ម៉ែត្រ និង​បណ្ដោយ​ជាង ៣​គីឡូម៉ែត្រ​រហូត​ទល់​នឹង​ជើង​ភ្នំ​អាត។ ក្នុង​តំបន់​ហ៊ុមព័ទ្ធ​នោះ​ដើម​ឈើ​​ប្រមាណ ៣០ ទៅ ៤០​ហិកតារ ត្រូវ​គេ​អារ​រំលំ​ថ្មីៗ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

​ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​បោះបង់​ការ​ស៊ើប​​អង្កេត​ករណី​នេះ​ទេ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​សហការ​ផ្ដល់​ព័ត៌មាន​ពី​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្ត ទើប​អាជ្ញាធរ​​ជួប​ការ​លំបាក។ លោក​សំណូមពរ​ឲ្យ​អ្នក​ភូមិ​គួរ​តែ​ចូលរួម​ជាមួយ​អាជ្ញាធរ ប្រសិន​ពួកគេ​មាន​ឆន្ទៈ​រក​​ឲ្យ​ឃើញ​អ្នក​ប្រព្រឹត្ត​នោះ៖ «យើង​សួរ​អ្នក​ណា​កាប់? ប្រជាជន​អត់​ប្រាប់ ថា​អត់​ដឹង។ ឥឡូវ​យើង​រក​ដំណោះស្រាយ ដូច​នៅ​ស្រុក​​អ៊ីចឹង​ហាម​ចូល​កាន់​កាប់​អ្នក​ណា​ចូល​កាន់​កាប់​ដឹង​ថា ជា​របស់​អ្នក​ហ្នឹង»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​បរិស្ថាន លោក ផុន ខេមរិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ដោយសារ​លោក​ឆ្លើយ​តប​ថា​រវល់​ភារកិច្ច។

ទោះបីជា​យ៉ាង​នេះ​ក៏ដោយ អ្នក​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី គាំទ្រ​ការ​ទាមទារ​របស់​អ្នក​ភូមិ និង​សំណូមពរ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​ករណី​នេះ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​បាត់បង់​ព្រៃ​ជម្រក​សត្វ​ត​ទៅ​ទៀត។ លោក​ថា សកម្មភាព​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​នេះ អ្នក​ភូមិ​ធម្មតា​មិន​អាច​ធ្វើ​បាន​ឡើយ៖ «ទិដ្ឋភាព​ដែល​ខ្ញុំ​មើល​ឃើញ​បទល្មើស​នេះ​មនុស្ស​ធម្មតា​មិន​អាច​ប្រព្រឹត្ត​បទល្មើស​គគ្រឹកគគ្រេង​បែប​នេះ​បាន​ទេ ប្រាកដ​ជា​មាន​អ្នក​សម្រួល អ្នក​អនុញ្ញាត និង​អ្នក​ចូល​រួម»

សហគមន៍​ឃុំ​សេដា បាន​ស្នើ​ដី ៤​ពាន់​ហិកតារ នៅ​តំបន់​ទ្រនាប់​ដែន​ជម្រក​សត្វ​សម្រាប់​គ្រប់គ្រង​ជា​ព្រៃ​ការពារ​សហគមន៍។ ករណី​នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​សម្រេច​កាត់​ចេញ​ដី​ជាង ១.២០០​​ហិកតារ សម្រាប់​គម្រោង​បង្កើត​ជា​ព្រៃ​ការពារ​របស់​សហគមន៍​នេះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live