ជនជាតិដើមភាគតិចចារ៉ាយ ភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ នៃខេត្តរតនគិរី សម្រេចឲ្យតំណាងរបស់ពួកគេធ្វើដំណើរមកភ្នំពេញ នាំយកញត្តិដាក់ជូនស្ថាប័នថ្នាក់ជាតិឲ្យជួយទប់ស្កាត់ក្រុមហ៊ុនឈ្មោះ ៧ មករា ផារី ដែលកំពុងឈូសឆាយដីចម្ការវិលជុំអ្នកភូមិ និងកាប់យកឈើក្នុងព្រៃ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីពលរដ្ឋបានតវ៉ាជាច្រើនលើក សុំឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ ក៏ប៉ុន្តែមិនទទួលបានលទ្ធផល។
សំឡេងពលរដ្ឋ៖ «ពួកយើងខ្ញុំអស់ដីហើយ សូមសម្ដេចតេជោ ហ៊ុន សែន ជួយពួកខ្ញុំផង! ខ្ញុំបោះឆ្នោតជូនគណបក្សប្រជាជន ៥អាណត្តិហើយ!»។
នេះ គឺជាសម្រែករបស់ជនជាតិដើមភាគតិចចារ៉ាយ ទាមទារឲ្យប្រមុខរាជរដ្ឋាភិបាលជួយអ្នកភូមិដែលកំពុងមានកង្វល់ពីការបាត់បង់ដីធ្លីធ្វើស្រែចម្ការ និងព្រៃឈើដែលពួកគាត់រស់អាស្រ័យផលច្រើនជំនាន់មកហើយ។
ជនជាតិដើមភាគតិចភូមិភិ រស់នៅជាប់នឹងដងទន្លេសេសានដែលជាខ្សែបន្ទាត់ខណ្ឌព្រំសីមាជាមួយខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ចាប់ពីឆ្នាំ២០១៣ រហូតមក អ្នកភូមិជាង ១០០គ្រួសារប្រឈមមុខទៅនឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ៧ មករា ផារី ចូលមកបោះទីតាំង និងហ៊ុមព័ទ្ធយកដីនៅតំបន់នោះ ក្រោមហេតុផលវិនិយោគដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូ។
ពលរដ្ឋឈ្មោះ សល់ តូច រៀបរាប់ថា បញ្ហាប្រឈមកើតមានឡើង ដោយសារក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រឈូសឆាយធ្វើព្រំដីសម្បទាន ហ៊ុមព័ទ្ធទៅលើដីចម្ការវិលជុំ និងស្រែចម្ការពលរដ្ឋដោយមិនបានជូនដំណឹង ឬដោះស្រាយចំពោះផលប៉ះពាល់ជាមួយពលរដ្ឋនោះឡើយ។ លោកបន្តថា អ្នកភូមិតវ៉ាជាច្រើនលើក រួមទាំងដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយដោះស្រាយ ក៏ប៉ុន្តែមិនឃើញមានដំណោះស្រាយបញ្ឈប់ការឈូសឆាយលើដីប្រជាពលរដ្ឋបានឡើយ៖ «ប៉ះពាល់សំខាន់ជាងគេចម្ការវិលជុំប្រជាពលរដ្ឋ ៦០០ហិកតារ។ គេថាអត់កាប់ឈើទេ ឥឡូវឈើកាប់អស់រលីងហើយ ប្រជាពលរដ្ឋពិបាកចិត្តពេកមកដល់ភ្នំពេញ ទៅដាក់ដល់សម្ដេចតែម្តង»។
កាលពីថ្ងៃទី២៥ ខែមិថុនា អ្នកភូមិជាង ១០០នាក់ បានជួបជុំគ្នាជាថ្មី និងធ្វើការសម្រេចចិត្តថានឹងស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយកង្វល់របស់ពលរដ្ឋ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា តំណាងអ្នកភូមិ ៩នាក់ កំពុងដាក់ញត្តិជូនស្ថាប័នថ្នាក់ជាតិ មានរដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងមហាផ្ទៃ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឲ្យជួយដោះស្រាយពីការលំបាកនេះ៖ «ឆ្នាំ២០១៥ ក្រុមហ៊ុនដាំកៅស៊ូដាំពោតដំឡូងក្នុងដីហ្នឹង គេដាដីសម្បទាន»។
កាលពីខែតុលា ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានសម្រេចធ្វើអនុបយោគដីជាង ៦.៨០០ហិកតារ (៦.៨៥៥ហិកតារ) នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រែក្លាយដីតំបន់នោះជាដីឯកជនរបស់រដ្ឋ តាមសំណើរបស់ក្រសួងកសិកម្ម ដើម្បីវិនិយោគដំណាំកសិឧស្សាហកម្ម។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បញ្ជាក់ថា ក្រុមហ៊ុន ៧ មករា ផារី បានសុំចុះបញ្ជីដីនោះជាសម្បទានសេដ្ឋកិច្ចតាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន ការដោះស្រាយផលប៉ះពាល់ទាក់ទិនដីតំបន់នោះ នៅមិនទាន់ធ្វើរួចរាល់នៅឡើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ បញ្ជាក់ថា ក្រសួងកសិកម្ម មិនទាន់ចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយដីនៅឡើយ ខណៈដែលមន្ត្រីជំនាញកំពុងសិក្សាផលប៉ះពាល់ពាក់ព័ន្ធការផ្តល់ដីសម្បទាននេះ។ ចំណែកនាយផ្នែកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ លោក ឡេង យុគ កត់សម្គាល់ថា ក្រុមហ៊ុន ៧ មករា ផារី មានលិខិតអនុញ្ញាតឈូសឆាយកំណត់ព្រំដីសម្បទាន ក៏ប៉ុន្តែដីតំបន់នោះកើតមានបញ្ហាច្រើនជាមួយពលរដ្ឋដែលអាជ្ញាធរស្រុកកំពុងដោះស្រាយ៖ «កន្លែងហ្នឹងមានរឿងច្រើន ឧស្សាហ៍ចុះទៅណាស់គណៈកម្មការខេត្ត»។
អ្នកនាំពាក្យ និងជាអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា មិនបានដឹងរឿងនេះទេ។ ចំណែកអភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួលស្គាល់ថា អាជ្ញាធរស្រុក និងខេត្ត បានចុះដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋពីរលើករួចហើយ ទាក់ទិនបញ្ហាដីធ្លីដែលពលរដ្ឋអះអាងថាក្រុមហ៊ុនរំលោភយក។ លោកថា ដីដែលអ្នកភូមិតវ៉ាឋិតក្នុងតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកអណ្ដូងមាស ហេតុនេះការតវ៉ារបស់ពលរដ្ឋ លោកកំពុងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តជួយដោះស្រាយបន្ត៖ «មួយសាទៅហើយ មានសហគមន៍ចូលរួមទាំងអស់គ្នា ប៉ុន្តែមិនដឹងយ៉ាងម៉េច គាត់សើរើឡើងវិញ។ រឿងហ្នឹងវាធំពេក ទាល់តែថ្នាក់ខេត្តថ្នាក់ក្រសួងបានអាចសម្របសម្រួលបាន»។
អ្នកសម្របសម្រួលអង្គការអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខុន្នី ចាត់ទុកការតវ៉ារបស់ពលរដ្ឋ ថាជារឿងត្រឹមត្រូវ និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតរឿងនេះដើម្បីទប់ស្កាត់ការរំលោភដីពលរដ្ឋ និងកាប់ឈើខុសច្បាប់។ លោកថា តំណាងក្រុមហ៊ុនបានបដិសេធមិនផ្តល់ព័ត៌មានទាក់ទិនការតវ៉ារបស់ពលរដ្ឋនោះទេ ហើយជំរុញឲ្យសួររឿងនេះទៅអាជ្ញាធរខេត្ត៖ «ដោយសារគាត់ដាក់ពាក្យបណ្ដឹងអស់ហើយ អត់មានលទ្ធផល អត់មានដំណោះស្រាយជូនគាត់។ អ៊ីចឹងគាត់អត់ដាក់នៅខេត្តទៀតទេ គាត់ដាក់ទៅថ្នាក់ក្រសួងតែម្តង»។
របាយការណ៍អង្កេតរបស់មន្ត្រីអង្គការអាដហុកខេត្តរតនគិរី ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ន ក្រុមហ៊ុនឈូសឆាយដីចម្ការវិលជុំអ្នកភូមិនៅតំបន់នោះអស់ប្រមាណ ៦០០ហិកតារ រួមជាមួយកាប់ឈើប្រណិតដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងព្រំដែនខុសច្បាប់។
កាលពីដើមខែមិថុនា ពលរដ្ឋភូមិភិ បានប្ដឹងតំណាងក្រុមហ៊ុន ៧ មករា ផារី ថាបានបាញ់កាំភ្លើងគំរាមប្រជាពលរដ្ឋដែលដឹកឈើចាស់ក្នុងព្រៃលក់ចិញ្ចឹមជីវិត ក៏ប៉ុន្តែករណីនេះ ក្រុមហ៊ុនបានយល់ព្រមផ្តល់ប្រាក់ ១លាន ៤សែនរៀល និងជ្រូក ៨០គីឡូក្រាម ជាសំណងសែនព្រេនប្រពៃណីដល់អ្នកភូមិ បន្ទាប់ពីអាជ្ញាធរស្រុកសម្របសម្រួលដោះស្រាយបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។