កាលនៅមានជីវិត បណ្ឌិត កែម ឡី តែងតាមដានព្រឹត្តិការណ៍នយោបាយ និងសង្គមជាប់ជាប្រចាំ រហូតដល់មនុស្សម្នាប្រសិទ្ធិនាមជូនលោកថា ជាអ្នកវិភាគនយោបាយនិងសង្គម។ ប្រសិនបើលោកនៅរស់មានជីវិតមកទល់ពេលនេះ ហើយបានតាមដានស្ថានការណ៍នយោបាយ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បណ្ឌិត កែម ឡី ប្រាកដជាមានការចាប់អារម្មណ៍ខ្លាំងចំពោះការវិវត្តន៍ទាំងនោះ។
ក្នុងឱកាសបុណ្យខួបមួយឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី នេះលោក ជុន ច័ន្ទបុត្រ សាកល្បងផ្ញើលិខិតចំហមួយឧទ្ទិសជូនលោកបណ្ឌិត កែម ឡី ដែលរៀបរាប់ពីជ្រុងមួយនៃការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជា និងអំពីស្ថានភាពគ្រួសាររបស់លោក៖
លោកបណ្ឌិតជាទីគោរព! ធ្មេចបើកៗ មួយឆ្នាំបានកន្លងផុតទៅហើយ ដែលលោកបានចែកឋានទៅ។ ជម្រាបលោកតាមត្រង់ទៅចុះ... តាមពិតខ្ញុំគួរនិយាយថា ខ្ញុំនិយាយប្រាប់ខ្លួនឯងតាមត្រង់អំពីលោកទៅចុះ ដ្បិតប្រហែលជាលោកស្ដាប់មិនឮនូវអ្វីដែលខ្ញុំជម្រាបលោកនៅពេលនេះទេ... ពេលដែលនឹកដល់លោក មនុស្សភាគច្រើន រួមទាំងខ្ញុំផង នៅតែអួលដើមកនៅឡើយ។ គេច្រើននិយាយលួងចិត្តថា ពេលវេលាអាចជួយធ្វើអោយរសាយចិត្តបានខ្លះ។ ប៉ុន្តែចំពោះលោក ភក្ដីភាព និងការនឹកស្ដាយស្រណោះលោកពីសំណាក់ពលរដ្ឋខ្មែរភាគច្រើននៅគ្រប់ទិសទី ហាក់មិនទាន់រសាយបន្តិចណាសោះក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
ថ្វីដ្បិតតែមានការស្ដាយស្រណោះលោកយ៉ាងណា ក៏គ្មានវិធីដ៏អស្ចារ្យណាមួយដែលអាចនឹងធ្វើអោយលោកបានរស់ជីវិតឡើងវិញបានទេ។ អ្វីដែលអ្នកស្រឡាញ់គាំទ្រលោកអាចធ្វើបាន គឺការខិតខំរក្សាគុណតម្លៃ ទស្សនវិស័យ និងវីរភាពរបស់លោកអោយនៅរស់ និងគង់វង្សយូរអង្វែងតទៅមុខទៀតតែប៉ុណ្ណោះ។
មួយឆ្នាំកន្លងទៅនេះ មានការវិវត្តន៍ច្រើនណាស់នៅកម្ពុជា។ លោកជឿ ឬមិនជឿ មន្ត្រីសង្គមស៊ីវិល៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា ដែលជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីចុងខែមេសា ឆ្នាំ២០១៦ គឺតាំងពីពេលដែលលោកនៅមានជីវិត មកដល់ចុងខែមិថុនា ពេលដែលខ្ញុំចាប់ផ្ដើមសរសេរលិខិតរៀបរាប់ជូនលោកនេះ ពួកគាត់នៅកំពុងជាប់ពន្ធនាគារនៅឡើយទេ។
លោកប្រហែលជាជ្រាបហើយថា ពួកគាត់ជាប់ចោទពីបទសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងស្ត្រីវ័យក្មេងជាជាងកាត់សក់ម្នាក់ដែលត្រូវគេទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា។ តុលាការត្រូវពន្យារពេលនៃការឃុំខ្លួនពីរដងហើយ នៅតែមិនទាន់អាចបញ្ចប់ការស៊ើបអង្កេតដើម្បីកាត់ក្ដីនៅឡើយ។ សូម្បីតែសុំអោយនៅក្រៅឃុំសិន ក្នុងរយៈពេលស៊ើបអង្កេតក៏តុលាការមិនព្រមដែរ។ ហេតុផលចម្បង គឺពួកគាត់អាចចេញទៅបង្កអសន្តិសុខដល់សង្គមខាងក្រៅ។ នេះបើតាមការសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់។
ខ្ញុំមិនប្រាកដថា តើលោកនៅទាន់ការប្រសិទ្ធិនាមដល់តុលាការនេះពីសំណាក់ពលរដ្ឋខ្មែរ ឬក៏យ៉ាងណានោះទេ។ ពលរដ្ឋខ្មែរឥឡូវនាំគ្នាហៅតុលាការបច្ចុប្បន្នថាជា "តុលាការតេឡេ"។ ការដែលពួកគាត់ចាត់ទុកថា ជាតុលាការតេឡេដូច្នេះ មកពីពួកគាត់មើលឃើញថា តុលាការនេះធ្វើការតាមតែការចុចបញ្ជាមកពីចម្ងាយ... ភាគច្រើនមកពីស្ថានទេវតា។
បាទ! និយាយដល់រឿងស្ថានទេវតា ស្ថានព្រះអាទិត្យនេះ លោកក៏ប្រហែលជាភ្ញាក់ផ្អើលដែរ បើលោកជ្រាបថា លោក សម រង្ស៊ី មិនមែនជាប្រធានគណបក្សរូបព្រះអាទិត្យទៀតទេ។ គណបក្សសង្គ្រោះជាតិ ឥឡូវដឹកនាំដោយលោក កឹម សុខា។ បាទ! ប្រាកដណាស់គឺលោក កឹម សុខា ដែលលោកបានទៅជួបសួរសុខទុក្ខប៉ុន្មានថ្ងៃមុនពេលគេបាញ់សម្លាប់រូបលោកនោះឯង។ លោកប្រហែលមិនភ្លេចទេ ពេលនោះលោក កឹម សុខា កំពុងឃុំខ្លួនឯងនៅក្នុងទីស្នាក់ការចាក់អង្រែលើ។ គាត់សម្ងំនៅទីស្នាក់ការនោះអស់ប្រមាណកន្លះឆ្នាំ ក៏ស្រាប់តែព្រះមហាក្សត្រសព្វព្រះទ័យលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចលោក កឹម សុខា ក៏មានសេរីភាពហ៊ានចេញទៅចុះឈ្មោះបោះឆ្នោត និងទៅប្រជុំនៅសភាក្នុងនាមជាប្រធានក្រុមភាគតិច មានឋានៈប្រហាក់ប្រហែលនាយករដ្ឋមន្ត្រីយ៉ាងគ្រហើៗរបស់លោកទៅ។
ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង មិនដឹងជាលោក កឹម សុខា ទៅធ្វើអីលោក ហ៊ុន សែន ទេ ស្រាប់តែលោក ហ៊ុន សែន ដូរច្បាប់លែងអោយមានតំណែងប្រធានក្រុមភាគតិចនៅក្នុងសភាទៅ។ ទាល់តែក្រោយមកទើបមានដំណឹងបែកធ្លាយថា ការដែលលោក កឹម សុខា ទទួលបានការលើកលែងទោសនេះ ក៏ព្រោះតែមានការជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលចង់ប្រើដៃលោក កឹម សុខា អោយកម្ចាត់លោក សម រង្ស៊ី ចេញពីតំណែងប្រធានបក្ស។ ស្ដាប់តាមសារបែកធ្លាយនោះទៅ ហាក់ដូចជាឮលោក កឹម សុខា ត្រូវដងត្រូវផ្លែគ្នាណាស់ជាមួយលោក ហ៊ុន សែន ដែរ។ តែដល់មែនទែន លោក កឹម សុខា មិនព្រមធ្វើតាមសន្យា លោក ហ៊ុន សែន ក៏ខឹងទីណាត់ទីណែង ហើយលោកក៏ដាក់ផែនការចាត់ចែងរឿងនេះដោយផ្ទាល់ដៃវិញតែម្ដង។
បាទ! ដំបូងលោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី បន្ថែមហើយថា បើលោក សម រង្ស៊ី ចាញ់ក្ដីនៅតុលាការតេឡេ លោកទារប្រាក់សំណងក្នុងចំនួនមួយយ៉ាងខ្ពស់។ លោកថែមទាំងគំរាមថា បើមិនមានប្រាក់សងលោកទេ លោកនឹងរឹបអូសយកទីស្នាក់ការបក្សសង្គ្រោះជាតិ លក់ទូទាត់យកប្រាក់សងជំងឺចិត្តលោកផង។ បាទ! ត្រូវហើយលោក! មិនតែអ្នកតូចតាច អត់អំណាច អត់ទ្រព្យ ចេះឈឺចិត្តទេ លោកនាយករដ្ឋមន្ត្រីក៏ចេះឈឺចិត្តដែរ។
ក្រៅតែពីចងអាឃាតជាមួយមេបក្សប្រឆាំង លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏នៅមានផែនការធំមួយទៀត នោះគឺផែនការរំលាយគណបក្សសង្គ្រោះជាតិ ចោលតែម្ដង។
លោក ហ៊ុន សែន បានបញ្ជាអោយធ្វើវិសោធនកម្មច្បាប់ស្ដីពីបក្សនយោបាយ ដោយកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍ ហើយបើបក្សណាដឹកនាំដោយមេបក្សដែលមានទោសកម្រិតធ្ងន់ គេអាចរំលាយគណបក្សនោះចោលបាន។ ប្រហែលជាវប្បធម៌ក្រាញអំណាចចូលវាយលុកពេញនគរកាយរបស់លោក ហ៊ុន សែន ហើយ បានជាធ្វើអោយលោកគិតថា ផែនការថ្មីនេះ អាចជួយអោយសម្រេចបំណងលោកបាន។ តែខុសពីអ្វីដែលលោក ហ៊ុន សែន ប៉ង គ្រាន់តែដឹងពីល្បិចនេះភ្លាម លោក សម រង្ស៊ី បានប្រកាសលាលែងចេញពីតំណែងមេគណបក្សសង្គ្រោះជាតិភ្លែត។ នៅថ្ងៃលាលែងនោះ លោក សម រង្ស៊ី ប្រកាសយ៉ាងច្បាស់ជាសាធារណៈថា លោកធ្វើនេះគឺដើម្បីសង្គ្រោះគណបក្ស កុំអោយគេរំលាយចោលបាន។
អ្វីដែលលោកបណ្ឌិតមិនធ្លាប់បានឮនៅក្នុងដំណាក់កាលជិតបោះឆ្នោតអាណត្តិនេះដែរនោះ ពលរដ្ឋនាំគ្នាហៅថាអាណត្តិនេះជាអាណត្តិបែកធ្លាយ។ ប្រហែលជាលោកបណ្ឌិតនៅទាន់ពេលដែលទំព័រហ្វេសប៊ុក (Facebook) មួយឈ្មោះរឿងពិត CNRP ដែលបែកធ្លាយសំឡេងសារសងស្នេហាដំបូងឡើយ ត្រូវបានដែលគេអះអាងថា ជាសំឡេងរវាងលោក កឹម សុខា ជាមួយនឹងស្រីៗមួយចំនួន។ បន្ទាប់មកសំឡេងផ្ដោះផ្ដងឡែបខាយស្នេហាក្រៅអាពាហ៍ពិពាហ៍នេះ ក៏បែកធ្លាយរាលដាលដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ដទៃទៀត រួមទាំងលោក សម រង្ស៊ី ផង។
ក្រោយមកក៏ស្រាប់តែមានលេចមុខអ្នកបញ្ចេញសារបែកធ្លាយម្នាក់ទៀត ឈ្មោះ សីហា។ សីហា ហាក់មានជំនាញខ្លាំងជាងម្ចាស់ទំព័ររឿងពិត CNRP។ សមត្ថភាពពិសេសមួយរបស់សីហា ដែលធ្វើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទ្រាំមិនសរសើរមិនបាននោះ គឺការដែលសីហា អាចលួចថតបានកិច្ចសន្ទនានយោបាយជាសម្ងាត់របស់លោក ដែលជាមេដឹកនាំខ្ពស់ផុតរកលេខដាក់គ្មាន និយាយឆ្លើយឆ្លងជាមួយលោក កឹម សុខា អំពីផែនការកម្ចាត់លោក សម រង្ស៊ី ពីតំណែងមេបក្សប្រឆាំងផង។ ទោះជាហ៊ានលួចថតសំឡេងមេដឹកនាំកំពូលរបស់រដ្ឋាភិបាលយ៉ាងណាក៏ដោយចុះ សីហា ប្រហែលជាគ្មានអ្នកណាហ៊ានធ្វើទុក្ខទោសដូចជាគេបានធ្វើទៅលើលោកបណ្ឌិតឡើយ។
អាចថាមកពីអាជ្ញាធរមិនមានវិធានការលើអ្នកលួចថតបែកធ្លាយរឿងរ៉ាវរបស់បុគ្គលនេះហើយ បានជាការបែកធ្លាយនៅតែបន្ត ហើយចាប់ផ្ដើមរាលដាលដល់មន្ត្រីមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា វិញម្ដង។
នៅមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត មានការបែកធ្លាយនូវសារតាមទូរស័ព្ទរបស់កូនៗលោកនាយករដ្ឋមន្ត្រីជាមួយនឹងឈ្មួញធំៗ មានមេបនល្បែងស៊ីសងកាស៊ីណូណាហ្គា (Naga) ការបែកធ្លាយអំពីការសុំអន្តរាគមន៍ពីជនបរទេសអោយបានចូលសញ្ជាតិខ្មែរជាថ្នូរនឹងការសន្យាជួយលោក ហ៊ុន សែន អោយឈ្នះឆ្នោត តាមរយៈយុទ្ធសាស្ត្រគំរាមបំបាក់ស្បាតពលរដ្ឋខ្មែរជាដើម។
ក្រៅពីនេះ ក៏មានការបែកធ្លាយសារអេឡិចត្រូនិក ឬ Email របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា មួយចំនួនទៀត ដូចជាលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក គឹម សន្តិភាព កូនប្រសាលោក ជាម យៀប និងលោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាដើម។ សារបែកធ្លាយទាំងនេះ មានតាំងពីរឿងរ៉ាវរបស់មន្ត្រីធំៗខ្លះរបស់គណបក្សប្រជាជនកម្ពុជា មានលិខិតប្រកាសទ្រព្យសម្បត្តិ មានការចាត់តាំងអោយមានក្រុមអុកឡុកតាមបណ្ដាញសង្គមជាដើម។
លោកដឹងទេ? គ្រាន់តែបានធ្វើជាកូនប្រសាលោក ជាម យៀប ភ្លាម យីអ៊ុនរបស់មន្ត្រីវ័យក្មេងម្នាក់ដែលហាក់ដូចជាកើតជំងឺរៀបឫកមិនទាន់ផងនោះ ហាក់ឡើងស្រឺតៗតែម្ដង។ ក្រៅតែពីឡើងតំណែងឯកឧត្ដម ក៏មានប្រាក់វាល់លានដុល្លារ ទាំងលុយរៀល ទាំងលុយដុល្លារ មានដីនិងផ្ទះ នៅតាមខេត្តក្រុងនានារាប់ស្ទើរភ្លេច។ គ្រាន់តែក្បាលខ្សែក្រវាត់របស់ឯកឧត្ដមក៏ធ្វើពីមាសសុទ្ធ និងដាំពេជ្រ មានតម្លៃរាប់ម៉ឺនដុល្លារដែរ។ នេះប្រសិនបើការប្រកាសទ្រព្យសម្បត្តិរបស់លោកទៅដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដែលបែកធ្លាយនោះជាឯកសារពិត។
បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហើយមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែមានបែកធ្លាយសារមួយទៀតដែលបង្ហាញពីការស្រាវជ្រាវជាសម្ងាត់មួយរបស់គណបក្សប្រជាជនកម្ពុជា ដែលគេធ្វើនៅខែឧសភា និងខែកញ្ញា ឆ្នាំ២០១៦។
សំណួរទាំងឡាយដែលគេបានសួរមនុស្សជាង ៥ពាន់នាក់ក្នុងការស្រាវជ្រាវនេះ បង្ហាញពីកង្វល់របស់គណបក្សប្រជាជនកម្ពុជា ទៅលើប្រជាប្រិយភាពរបស់លោក សម រង្ស៊ី លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ដូចជាគេសួរថា ប្រសិនបើគេរារាំងមិនអោយលោក សម រង្ស៊ី ចូលស្រុកវិញ និងសំណួរថា ប្រសិនបើគេមិនបើកទូលាយអោយគណបក្សសង្គ្រោះជាតិ ឃោសនាបោះឆ្នោតជាដើម តើលោកអ្នកនឹងមានទំនោរតិច ឬច្រើន ក្នុងការបោះឆ្នោតអោយគណបក្សនេះ?
តាមពិតលោកក៏ធ្លាប់មានប្រសាសន៍ដែរថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពអ្នកនយោបាយ និងពលរដ្ឋដូចសព្វថ្ងៃនោះ គណបក្សនេះនឹងបាត់បង់ការគាំទ្រពីពលរដ្ឋ។ អ្នកដែលឆ្លើយក្នុងការស្រាវជ្រាវនោះ ក៏ផ្ដល់ចម្លើយដូចអ្វីដែលលោកបណ្ឌិតធ្លាប់មានប្រសាសន៍នោះមែន គឺពួកគាត់នឹងមានទំនោរបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិ ប្រសិនបើគេមិនអោយលោក សម រង្ស៊ី វិលចូលស្រុកវិញ និងប្រសិនបើគេរឹតត្បិតការឃោសនាបោះឆ្នោតរបស់គណបក្សប្រឆាំង។
គណបក្សកាន់អំណាចហាក់មិនយកការរកឃើញនៃការស្រាវជ្រាវនេះទៅអនុវត្តទេ ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បាត់បង់តំណែងមេឃុំ-ចៅសង្កាត់ជិត ៥០០តំណែង ទៅលើគណបក្សសង្គ្រោះជាតិ។
លោកបណ្ឌិតជាទីគោរព! មានការផ្លាស់ប្ដូរមួយទៀតក្នុងពេលថ្មីៗនេះ ដែលលោកបណ្ឌិតអាចនឹងភ្ញាក់ផ្អើលខ្លាំងណាស់ដែរ។ លោកបណ្ឌិតជឿ ឬមិនជឿ ពាក្យថា "សន្តិភាព" លែងមានន័យថា ដំណើរស្ងប់ សាន្តត្រាណ ឬដំណើរសះជានឹងគ្នាដូចមានចែងក្នុងវចនានុក្រមសម្ដេច ជួន ណាត ទៀតហើយ។ យ៉ាងហោចណាស់ក៏ពាក្យនេះ ប្ដូរអត្ថន័យចំពោះការប្រើប្រាស់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំពោះលោក ហ៊ុន សែន ពាក្យសន្តិភាព មានន័យស្មើនឹងពាក្យ សង្គ្រាម ឬអំណាចទៅវិញ។ជារឿយៗ នៅពេលដែលលោកមានប្រសាសន៍ដល់ការរក្សាអំណាចរបស់លោក លោកតែងលើកយកពាក្យ “សន្តិភាព” នេះមកប្រើវិញ។ ឧទាហរណ៍ជំនួសពាក្យថា ដើម្បីរក្សា “អំណាច” លោកមានប្រសាសន៍ថា ដើម្បីរក្សា “សន្តិភាព” ទោះជាត្រូវកម្ទេចចោលមនុស្ស ១០០ ទៅ ២០០នាក់ រួមទាំងមេបក្សប្រឆាំងផង ក៏លោកមិនរួញរាជាដើម។
ក្នុងខណៈដែលលោកបញ្ជាទៅមន្ត្រីរបស់លោក អោយវាយកម្ទេចជនណាក៏ដោយក្នុងតម្លៃណាក៏ដោយ ដើម្បីបង្ក្រាបអ្នកប្រឆាំងនឹងលោក ហើយដែលអំពើនេះអាចនឹងធ្វើអោយមាន “សង្គ្រាម” បង្ហូរឈាមនៅក្នុងប្រទេស លោកបែរជាមានប្រសាសន៍ថា លោកកំពុងតែបញ្ជាអោយការពារ “សន្តិភាព” ទៅវិញ។
ទោះជាយ៉ាងណាក៏ដោយចុះ ចំពោះប្រជាពលរដ្ឋទូទៅ ពាក្យសន្តិភាពនៅតែមានន័យដូចសម្ដេច ជួន ណាត បានចងក្រងទុកមក ហើយពួកគាត់នៅតែមានឆន្ទៈចង់មានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសន្តិវិធីដដែល។
ណ្ហើយ! ខ្ញុំរៀបរាប់រឿងនយោបាយជម្រាបលោកបណ្ឌិតបែបរាងវែងឆ្ងាយបែកសាយាមោបន្តិចហើយ។ បើលោកបណ្ឌិតស្ដាប់ឮ ក៏ប្រហែលជាធុញណាស់ដែរ។ លោកបណ្ឌិតប្រហែលជាចង់ដឹងអំពីស្ថានភាពគ្រួសារលោកបណ្ឌិតណាស់ ថាតើអត់ពីលោកទៅ ពួកគាត់ប្រឈមមុខទៅនឹងជីវិតតែលតោលគ្មានបង្គោលបែបណា?
ខ្ញុំសូមចាប់ផ្ដើមពីម្ដាយរបស់លោក។ មិនខុសពីអ្នកម្ដាយដទៃទៀតទេ ម្ដាយរបស់លោកសោកសង្រេងខ្លាំងណាស់ចំពោះការបាត់បង់រូបលោក។ អ្នកម្ដាយរបស់លោកប្រាកដជានៅនឹកលោកខ្លាំងណាស់ ព្រោះគេតែងឃើញលោកយាយនៅតត្រុកក្បែរផ្នូររបស់លោក បោសជូតៗ មិនចេះចប់មិនចេះហើយសោះ។ អ្នកម្ដាយថែមទាំងទៅសម្រាន្តនៅជាប់នឹងផ្នូររបស់លោកជាប្រចាំទៀតផង។ មើលទៅអ្នកម្ដាយ ហាក់ដូចនៅរង់ចាំក្រែងលោកបានភ្ញាក់មកវិញ ឬមួយក៏គាត់នៅចាំយាមការពារសពលោកកុំមានជនឃោរឃៅណាមកតាមយាយីកូនប្រុសអ្នកម្ដាយទៀត។ គ្មាននរណាអាចយល់ពីជម្រៅចិត្តរបស់អ្នកម្ដាយបានឡើយ។
វាពិតជាអយុត្តិធម៌បន្តិចចំពោះអ្នកម្ដាយរបស់លោក។ តាមពិតគឺលោកទៅវិញទេ ដែលជាអ្នកគួរបាននៅរស់ថែរក្សាគាត់ ពេលដែលគាត់មានវ័យជរាបែបនេះ។ មិនគួរណាគាត់ជាអ្នកថែលោកវិញសោះ ជាពិសេសនៅសោកសង្រេងថែផ្នូរកូន ដែលត្រូវគេឆក់យកជីវិតទៅទាំងស្រស់ៗបែបនេះ។ សូមទោសទៅចុះ និយាយនេះ មិនមែនមានន័យថា ខ្ញុំបន្ទោសលោកទេ។ អ្នកណាក៏ដឹងច្បាស់ណាស់ដែរថា តាមពិតលោកមិនមែនជាអ្នកសម្រេចចិត្តចាកចោលគាត់ឯណា។
យ៉ាងណាក៏ដោយ ក៏ខ្ញុំមានដំណឹងល្អមួយជម្រាបជូនលោកដែរ។ កូនប្រុសពៅរបស់លោកប្រសូតហើយ។ ភរិយារបស់លោកបានដាក់ឈ្មោះកូនពៅរបស់លោកថា កែមឡី វីរបុត្រ។ មិនដឹងថាលោកជាអ្នកជួយរកឈ្មោះនេះដាក់អោយ ឬក៏យ៉ាងណាទេ ខ្ញុំភ្លេចសួរភរិយាលោកអោយឈឹងពេលដែលខ្ញុំ បានទៅជួបសួរសុខទុក្ខគាត់ និងកូនៗរបស់លោក ប្រមាណជាជាងពីរខែមុននេះ។ តែឈ្មោះ កែម ឡី វីរបុត្រ ដែលមានន័យថា កូនដ៏អង់អាចក្លាហានរបស់កែម ឡី នេះ ស័ក្ដិសមនឹងកូនពៅរបស់លោកណាស់។
វីរបុត្រមានសុខភាពល្អទេ ពេលដែលខ្ញុំទៅជួប។ មកដល់ពេលនេះ វីរបុត្រ មានអាយុប្រមាណ ៩ខែហើយ។ បងៗគេព្រួតគ្នាស្រឡាញ់ និងថ្នាក់ថ្នមប្អូនប្រុសពៅសម្បើមណាស់។ ថ្វីដ្បិតតែមិនបានទទួលការថ្នាក់ថ្នមផ្ទាល់ពីលោក ដែលជាឪពុកបង្កើត វីរបុត្រ ទទួលបាននូវការស្រលាញ់ និងយកចិត្តទុកដាក់ពីមនុស្សមួយជាច្រើន។
ចំណែកភរិយារបស់លោកវិញ គាត់នៅតែបង្ហូរទឹកភ្នែកនឹកស្រណោះដល់លោកគ្រប់ដង្ហើមចេញចូលនៅឡើយ។ យ៉ាងណាក៏ដោយ សូមលោកមេត្តាកុំបារម្ភពេកអី ពេលនេះគាត់ហាក់ដូចជារឹងមាំជាងកាលដែលលោកនៅរួមរស់ជាមួយគាត់ច្រើនណាស់។ ធម្មតាទេ ពេលដែលបាត់បង្អែកហើយ គាត់បានខំប្រឹងពង្រឹងខ្លួនដើម្បីធ្វើជាទីលំនឹងសម្រាប់កូនៗវិញម្ដង។
ភរិយានិងកូនៗរបស់លោក មិននៅក្នុងប្រទេសដែលលោកបានហៅថា សំបូរទៅដោយសត្វតិរច្ឆាននោះទៀតទេ។ ដើម្បីរំដោះខ្លួនពីការប៉ុនប៉ងយាយីពីសំណាក់សត្វសាហាវទាំងនោះ ពួកគាត់បានភៀសខ្លួនទៅបរទេស ហើយពេលនេះកំពុងរង់ចាំទៅតាំងលំនៅនៅប្រទេសទីបី។
ក្នុងរយៈពេលរង់ចាំនេះ ពួកគាត់ជួបប្រទះនឹងបញ្ហាជីវភាពខ្លះៗ តែសង្ឃឹមថា ពួកគាត់នឹងទទួលបានសិទ្ធិទៅតាំងលំនៅ នៅប្រទេសទីបីពេលឆាប់ៗនេះ ហើយជីវភាពពួកគាត់អាចនឹងប្រសើរឡើង។
អំពើល្អ និងគុណតម្លៃរបស់លោកបណ្ឌិតមិនសាបសូន្យឡើយ។ អ្នកទាំងឡាយដែលធ្លាប់គោរពស្រលាញ់លោក សុទ្ធតែមានសន្តានចិត្តចង់ជួយយឹតយោងភរិយា និងកូនទាំងប្រាំរបស់លោក ព្រមទាំងមានផែនការជួយផ្គត់ផ្គង់ ដល់កូនៗរបស់លោក អោយបានរៀនសូត្រខ្ពង់ខ្ពស់ និងធំធាត់ចំរើនវ័យក្នុងពិភពមួយដែលគាប់ប្រសើរជាងមានយុត្តិធម៌ជាងពិភពដែលលោកធ្លាប់រស់នៅ។
សូមលោកមានសេចក្ដីសុខក្នុងចិត្តចុះ ពលរដ្ឋខ្មែរនៅទូទាំងពិភពលោកនឹងមិនមើលភរិយា និងកូនៗរបស់លោកនឹងភ្នែកឡើយ។
ខ្ញុំសូមគោរពលាលោកតែប៉ុណ្ណេះសិនចុះ! ខ្ញុំបាទសូមឧទ្ទិសបុណ្យកុសលទាំងឡាយដែលខ្ញុំបានសាងជូនទៅដល់លោកបណ្ឌិត និងសូមអោយលោកបណ្ឌិតបានដល់ឋានសុគតិភព៕
ពីខ្ញុំ ជុន ច័ន្ទបុត្រ អ្នកនៅតែមានភក្ដីភាពចំពោះលោក!!!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។