មានព្រះរាជបន្ទូលនៅចំពោះមុខពលរដ្ឋ និងព្រះសង្ឃក្នុងពិធីរំលឹកការចងចាំការបាត់បង់ទឹកដីកម្ពុជាក្រោម អតីតទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សន្យាថា នឹងទាមទារទឹកដីកម្ពុជាក្រោម ពីវៀតណាមមកវិញ ក្រោយគណបក្សប្រឆាំងឈ្នះឆ្នោតឆ្នាំ២០១៨។ ចំពោះបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងព្រមានជាញឹកញាប់ថា អ្នកដែលចង់បានកោះត្រល់ ឬទឹកដីកម្ពុជាក្រោមមកវិញ នឹងជាបក្សដែលបង្កើតសង្គ្រាមជាមួយប្រទេសជិតហើយ។ ប៉ុន្តែអ្នកវិភាគសង្គមយល់ឃើញថា កម្ពុជាពិតជាអាចមានលទ្ធភាពទាមទារទឹកដីកម្ពុជា បានមកវិញ។
នៅថ្ងៃទីខួប ៦៨ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម សម្រាប់ឆ្នាំនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងអះអាងថា ទឹកដីកម្ពុជាក្រោមដែលស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋកុម្មុយនិស្តវៀតណាម គឺត្រូវតែជារបស់កម្ពុជា ហើយពលរដ្ឋខ្មែរក្រោមត្រូវតែមានសិទ្ធិសេរីភាព និងកាតព្វកិច្ចដូចពលរដ្ឋកម្ពុជាដែរ ទាំងសេរី និងឯកសារផ្លូវច្បាប់។
មានព្រះរាជបន្ទូលនៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សន្យាថា ទឹកដីកម្ពុជាក្រោមមិនត្រូវស្ថិតក្រោមការគ្រប់គ្រងដោយប្រទេសវៀតណាម ឡើយ។ ព្រះអង្គបន្តថា តាមពិតកម្ពុជា មានផ្លូវច្បាប់រឹងមាំ និងគ្រប់គ្រាន់ក្នុងការទាមទារកម្ពុជាក្រោម ឬកូសាំងស៊ីនមកវិញ ប៉ុន្តែដោយសាររដ្ឋាភិបាលពុំមានឆន្ទៈទើបទៅជាបែបនេះ។
អតីតព្រះរាជលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា គណបក្សប្រឆាំងនឹងមិននៅស្ងៀមឡើយចំពោះរឿងនេះ ក្រោយឈ្នះឆ្នោត និងឈានទៅដឹកនាំប្រទេសក្រោយឆ្នាំ២០១៨៖ «»។
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោយ ឲ្យដឹងថា រាជវង្សានុវង្សពុំដែលបោះបង់ទឹកដីកម្ពុជាក្រោម ម្ដងណាឡើយ។ លោក ថាច់ សេដ្ឋា ថ្លែងដោយផ្អែកលើឯកសារយោងផ្លូវការដែលទើបទទួលបានរដ្ឋាភិបាលបារាំង អះអាងថា ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គតែងទាមទារជានិច្ចនូវទឹកដីកម្ពុជាក្រោមនេះ រួមទាំងក្នុងរាជព្រះបាទអង្គឌួង មកផង៖ «»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ការប្រើវោហារសាស្ត្រផ្នែកនយោបាយរបស់ប្រឆាំងនេះ គឺជារឿងក្លែងក្លាយសុទ្ធសាធ។ លោកបន្តថា រដ្ឋាភិបាលក៏មានភក្ដីភាពចំពោះទឹកដីដែលបាត់បង់ដែរ ប៉ុន្តែអ្វីៗមកដល់ពេលនេះ វាហួសពេលអស់ទៅហើយ។ ម្យ៉ាងទៀត ការទាមទារដោយមធ្យោបាយណាមួយក្នុងរឿងទឹកដីកម្ពុជាក្រោមនេះ គឺមិនអាចទៅរួចឡើយមកដល់ពេលនេះ៖ «»។
ឯកសារដែលចេញផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម បង្ហាញថា បារាំង បានកាត់ទឹកដីមួយផ្នែកនៃទឹកដីកម្ពុជា ហៅថា កូសាំងស៊ីន ឬកម្ពុជាក្រោម ឲ្យទៅវៀតណាម ដោយគ្មានការពិគ្រោះយោបល់ពីម្ចាស់ប្រទេសទេ។ រដ្ឋការបារាំង បានកាត់ទឹកដីឲ្យព្រះចៅបាវដាយ នេះ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
ពាក់ព័ន្ធរឿងនេះ លោក ថាច់ សេដ្ឋា អះអាងថា ដើម្បីរំលឹកពីការឈឺចាប់ចំពោះការបាត់បង់ទឹកដីទៅទទេៗនេះ សហគមន៍ខ្មែរកម្ពុជាក្រោម នឹងហែញត្តិនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទាមទារឲ្យរដ្ឋសភាដាក់ថ្ងៃទី៤ ខែមិថុនា ជាថ្ងៃទិវាជាតិនៃការចងចាំបាត់បង់ទឹកកម្ពុជាក្រោម។ លោកបន្តថា ប្រសិនគណបក្សនយោបាយណាដែលមិនឯកភាពនឹងការស្នើនេះ បានន័យថា មិនចូលរួមនឹងការបាត់បង់ទឹកដីរបស់ខ្លួននោះទេ៖ «»។
ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ជាក់ជំហររួចហើយកាលពីខែសីហា ឆ្នាំ២០១២ ថា តាមពិតទៅទឹកដីកម្ពុជាក្រោមនេះ ពុំមែនទើបតែបាត់បង់នៅពេលដែលលោកឡើងកាន់អំណាច ឬរដ្ឋាភិបាលរបស់លោកគ្រប់គ្រងប្រទេសនោះឡើយ។ លោក ហ៊ុន សែន ថ្លែងការពាររដ្ឋាភិបាលរបស់លោកថា ទឹកដីកម្ពុជាក្រោម និងកោះត្រល់នេះ បានបាត់បង់រួចទៅហើយ តាំងពីជំនាន់ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក្នុងពេលដែលព្រះអង្គព្រមផ្ដល់ផែនទី និងទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនទឹក និងព្រំដែនគោកដែលគូសដោយបារាំង៖ «»។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា អះអាងថា ឯកសារជាច្រើនទំព័រដែលសមាគមរបស់លោកទទួលបានពីប្រទេសបារាំង គឺការតវ៉ារបស់ព្រះបាទ នរោត្តម សីហនុ រឿងទឹកដីកម្ពុជានេះ មិនត្រឹមតែមិនទទួលស្គាល់ការអារកាត់ដោយរដ្ឋការបារាំង ក្នុងជំនាន់នោះទេ លើសពីនេះទៅទៀត ថែមទាំងមិនទទួលការកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ទៀតផង។
លោកបណ្ឌិត ចាន់ វិបុល ជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា ផ្អែកគោលការណ៍ច្បាប់កម្ពុជា នៅតែមានលទ្ធភាពទាមទារទឹកដីកម្ពុជាក្រោមមកវិញបានទេ សំខាន់ត្រូវមានឯកភាពជាតិទាំងមូលជាមុនសិន មុននឹងត្រូវពិនិត្យតាមផ្លូវច្បាប់តវ៉ា។ លោកបន្តថា ការសម្រេចដោយអាណាព្យាបាលបារាំង រឿងទឹកដីកូសាំងស៊ីននេះ គឺកម្ពុជាពុំបានឯកភាពតាំងពីដើមរៀងមក។ ហេតុផលទាំងនេះ គឺជាបុព្វសិទ្ធិផ្លូវច្បាប់ដ៏សំខាន់ដែលកម្ពុជា នៅតែជាម្ចាស់ទឹកដីកម្ពុជាក្រោមនេះ៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា បក្សនយោបាយ ឬអ្នកដែលចង់បានទឹកដីកម្ពុជាក្រោមមកវិញ ជាមុនត្រូវតវ៉ាដោយខ្លួនឯង ហើយត្រូវត្រៀមក្ដារមឈូសជាមុនសិន។
ជុំវិញការប្រារព្ធទិវាចងចាំការបាត់បង់ទឹកដីកម្ពុជាក្រោម ក្នុងពេលព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មិនទាន់យាងចូលទិវង្គត គឺព្រះអង្គតែងព្រះរាជទានថវិកាប្រមាណ ២ពាន់ដុល្លារដល់សមាគមខ្មែរកម្ពុជាជានិច្ច។ ក្រោយៗមកទៀត មានតំណាងរបស់ព្រះមហាក្សត្រតែងចូលរួមរាល់ឆ្នាំ។ នៅឆ្នាំនេះ សម្រាប់ខួប ៦៨ឆ្នាំ សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជតំណាងព្រះមហាក្សត្រ មានបន្ទូលថា ព្រះអង្គនឹងមានវត្តមានជានិច្ចជាមួយពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុជាតិ និងមាតុភូមិនេះ៕