Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​ប្រមាណ​២០០​នាក់​តវ៉ា​រឿង​តុលាការ​ដោះលែង​ស្ត្រី​ឆបោក​លុយ​តុងទីន

$
0
0

ប្រជាពលរដ្ឋ​នៅ​ភូមិ​គៀនឃ្លាំង ក្នុង​សង្កាត់​ព្រែកលៀប ប្រមាណ ២០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ។ ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ដោះលែង​ស្ត្រី​ឈ្មោះ ឆាយ គឹមហួយ ដែល​ជាប់​ពាក់ព័ន្ធ​ការ​ឆបោក​លុយ​ជាង ២៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​រួច​ខ្លួន។

តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​ឲ្យ​ពលរដ្ឋ​ដែល​តវ៉ា​កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ចាត់​ទុក​ថា ការ​ទាមទារ​ឲ្យ​តុលាការ​ចាត់​វិធានការ​នេះ គឺ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ប្រឆាំង​ជន​ជាប់​សង្ស័យ​ឈ្មោះ ឆាយ គឹមហួយ រឿង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ២៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ស្ត្រី​ឈ្មោះ ឆាយ គឹមហួយ អាយុ ៤៧​ឆ្នាំ មាន​មុខ​របរ​លក់​ចាន​ឆ្នាំង​នៅ​ផ្សារ​ព្រែកលៀប និង​ជា​កូន​ចៅ​នៃ​សមាគម​តុងទីន រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ក្បត់​សមាគម​ស៊ី​ដាច់​លុយ​ជាង ២៦​ម៉ឺន​ដុល្លារ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ លោកស្រី ម៉េង សុខឃាង ដែល​អះអាង​ថា​ជា​មេ​តុងទីន ឲ្យ​ដឹង​ថា ពួក​ខ្លួន​នឹង​ត្រឡប់​មក​តុលាការ​ម្ដង​ទៀត​នៅ​ពេល​ណា​រៀបចំ​សំណុំ​បែបបទ​រួច​រាល់​តាម​ការ​បង្គាប់​របស់​តុលាការ។ លោកស្រី​បន្ត​ថា «តុលាការ​ថា​ឯកសារ​មិន​ទាន់​បាន​មក​ដល់​ទេ ដូច្នេះ​ខ្ញុំ​នឹង​រៀបចំ​ឯកសារ​ទៀត។ អ៊ីចឹង​សូម​ឲ្យ​តុលាការ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទាំងអស់​គ្នា ព្រោះ​អី​នេះ​គឺ​តុងទីន​កម្លាំង​ញើស​ឈាម​កូន​តុងទីន​ទាំងអស់​គ្នា»

អាជីវករ​ផ្សារ​ព្រែកលៀប ដែល​ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ២០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៨០០​នាក់​នៃ​សមាគម​លេង​តុងទីន បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ។ មូលហេតុ​នៃ​ការ​ស្វែងរក​យុត្តិធម៌​ពី​តុលាការ​នេះ ពួក​គេ​ចោទ​ប្រកាន់​ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សាន សុផាត បាន​ដោះលែង​ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ ឆាយ គឹមហួយ ជា​កូន​ក្រុម​នៃ​សមាគម​តុងទីន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឲ្យ​មាន​សេរីភាព​ស្ងាត់ៗ។

នគរបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ ឆាយ គឹមហួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា តាម​បណ្ដឹង​ពលរដ្ឋ​ដែល​ចោទ​ថា បាន​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​សមាគម​តុងទីន​ស៊ី​ដាច់​លុយ​ជាង ២៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​រឿង​នេះ​ពី​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា។

ពលរដ្ឋ​ដែល​រង់ចាំ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ ឲ្យ​ដឹង​ថា តុងទីន​ដែល​ពួក​គាត់​លេង​នេះ គឺ​មាន​ចំនួន​ទឹកប្រាក់​ចាប់​ពី ១០​ដុល្លារ​រហូត​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ក្បាល។ ពួក​គាត់​បន្ត​ថា លុយ​ដែល​ប្រឹង​សន្សំ​រាល់​ថ្ងៃ​បាន​វិនិយោគ​ទៅ​លើ​តុងទីន​នេះ​អស់​ហើយ ហើយ​ក៏​រំពឹង​ថា អាច​នឹង​ប្រមូល​បាន​មក​វិញ​នៅ​ពេល​ណា​មួយ ដើម្បី​យក​ទៅ​ពង្រីក​មុខ​របរ ឬ​ចាត់ចែង​អ្វី​ផ្សេង​ទៀត​បាន ប៉ុន្តែ​ក្ដី​សង្ឃឹម​នេះ ត្រូវ​អសារបង់។ ពួក​គាត់​បន្ត​ថា «អូន​ឯង​គិត​មើល ក្បាល ៣០០​ដុល្លារ​ក៏​មាន ២០០​ដុល្លារ​ក៏​មាន ៣០​ដុល្លារ ៥០​ដុល្លារ និង ៥​ម៉ឺន​រៀល​ក៏​មាន។ ខ្ញុំ​មិន​អាច​សរុប​ច្រើន​ទេ ហើយ​ឈ្មោះ​ហ្នឹង​និយាយ​រួម​ទៅ គឺ​លេង​គ្រប់​ក្បាល​ទាំងអស់។ ខ្ញុំ​លេង​ទើប​បាន ៣​ខែ​ទេ ហើយ​អា​ហ្នឹង ១​ក្បាល​តែ ១០​ដុល្លារ​ទេ»

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គេ​នឹង​ត្រឡប់​មក​តុលាការ​ជា​ថ្មី​ទៀត​ក្រោយ​បំពេញ​បែបបទ​រួច​រាល់​តាម​ការ​បង្គាប់​របស់​តុលាការ និង​ដាក់​បណ្ដឹង​សាជាថ្មី។ ពេល​នេះ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ ឆាយ គឹមហួយ ពលរដ្ឋ​អះអាង​ថា កំពុង​គេច​ខ្លួន​ក្រោយ​ពេល​តុលាការ​ដោះលែង​កាល​ពី​ថ្ងៃ​ទី​២១ មិថុនា។

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ឆ្នាំ​២០១៥ មេ​តុងទីន​ឈ្មោះ លឹម សុភ័ក្ត្រ ធ្លាប់​ស៊ី​ដាច់​លុយ​ជាង ៣០​ម៉ឺន​ដុល្លារ​ម្ដង​រួច​មក​ហើយ​ដែរ។ ក្រោយ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​រូប​នេះ ពលរដ្ឋ​អះអាង​ថា ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ពុំ​មាន​ការ​ដោះស្រាយ​ជាមួយ​កូន​បំណុល​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គណៈកម្មាធិការ​ទន្លេ​មេគង្គ​ស្នើ​ឡាវ​គិតគូរ​ឡើង​វិញ​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ថ្មី

$
0
0

គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស រួម​មាន កម្ពុជា ថៃ វៀតណាម និង​ឡាវ បាន​ឯកភាព​គ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ប៉ះពាល់​ជា​អវិជ្ជមាន​ឆ្លង​ដែន ដែល​អាច​បង្ក​ឡើង​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​ឈ្មោះ​ប៉ាក់បេង (Pak Beng) ស្ថិត​នៅ​លើ​ទន្លេ​មេគង្គ។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ដំណើរការ​ពិគ្រោះ​យោបល់​ស្ដីពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ដែល​មាន​រយៈពេល ៦​ខែ​បាន​ឈាន​ដល់​ពេល​បញ្ចប់។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧ លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ បាន​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស ដើម្បី​បិទ​បញ្ចប់​ដំណើរការ​ពិគ្រោះ​យោបល់​គ្នា​លើក​ដំបូង​មួយ ដែល​បាន​ធ្វើ​ឡើង​រយៈពេល ៦​ខែ នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ។

កិច្ច​ពិគ្រោះ​យោបល់​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ មក​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ គឺ​ប្រទេស​ពាក់ព័ន្ធ​នៃ​ដង​ទន្លេ​មេគង្គ បាន​ជួប​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​ស្ដីពី​ផល​ប៉ះពាល់​នានា ដូចជា​ផល​ប៉ះពាល់​ទៅ​ដល់​មនុស្ស សត្វ ជីវចម្រុះ​ដ៏​សម្បូរ​បែប​ក្នុង​ដង​ទន្លេ ធនធាន​ធម្មជាតិ ព្រៃឈើ និង​បរិស្ថាន ដែល​អាច​បង្ក​ឡើង​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ឈ្មោះ​ប៉ាក់បេង ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ និង​មាន​ចម្ងាយ ២៥៨​គីឡូម៉ែត្រ​ពី​ទីតាំង​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) ក្នុង​ប្រទេស​ឡាវ។

បន្ទាប់​ពី​ពិភាក្សា​អំពី​អនុសាសន៍​សំខាន់​នានា​នៃ​របាយការណ៍​ពិនិត្យ​ឡើង​វិញ​ខាង​លក្ខណៈ​បច្ចេកទេស (Technical Review Report) ស្ដីពី​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង និង​បាន​ពិចារណា​ជុំវិញ​លទ្ធផល​ដែល​ទទួល​បាន​ពី​វេទិកា​នានា​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស បាន​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​សម​ហេតុផល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ឆ្លង​ដែន​ជា​អវិជ្ជមាន និង​បាន​ស្នើ​បន្ថែម​ឲ្យ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ត្រូវ​រៀបចំ​គម្រោង​សកម្មភាព​រួម​មួយ បន្ទាប់​ពី​កិច្ច​ពិគ្រោះ​យោបល់​រយៈពេល ៦​ខែ​នេះ​ទៅ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ ត្រូវ​តែ​ដោះស្រាយ​ផល​ប៉ះពាល់​មក​លើ​របប​ជលសាស្ត្រ កែលំអ​លំហូរ​កម្ទេច​កំណក កែលំអ​សម្រាប់​ត្រី​ឆ្លង​កាត់​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ និង​ខាង​ក្រោម ការ​ស្វែងយល់​ច្បាស់លាស់​ជាង​មុន​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន ការ​ធានា​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរ​ដោយ​គ្មាន​ឧបសគ្គ និង​កម្មវិធី​តាមដាន​រួម​គ្នា​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ សម្រាប់​គម្រោង​ទំនប់​ប៉ាក់បេង ជាដើម។

រយៈពេល​កន្លង​ទៅ គម្រោង​សាងសង់​ទំនប់​ប៉ាក់បេង នេះ ធ្លាប់​ត្រូវ​សហគមន៍​ជាច្រើន​ដែល​អាច​ទទួល​រង​ផល​ប៉ះពាល់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ ដើម្បី​បញ្ឈប់​គម្រោង​នេះ​វិញ ដោយសារ​ពួក​គេ​អះអាង​ថា វា​នឹង​ធ្វើ​ឲ្យ​ជម្រក​ត្រី​ពង​ត្រូវ​បាត់បង់ របប​ទឹក​ភ្លៀង​លែង​ទៀងទាត់ សត្វ​ផ្សោត​ប្រឈម​នឹង​ផុត​ពូជ ហើយ​បញ្ហា​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គេ​កាន់​តែ​ក្រីក្រ នាំ​ឲ្យ​មាន​អ្នក​ចំណាក​ស្រុក​កាន់​តែ​ច្រើន។ ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បង្ហាញ​ថា សព្វថ្ងៃ​មាន​ពលរដ្ឋ​ប្រមាណ ៦០​លាន​នាក់​កំពុង​អាស្រ័យ​ផល​ដោយ​ផ្ទាល់​ពី​ទន្លេ​មេគង្គ និង ៣០០​លាន​នាក់​ផ្សេង​ទៀត បាន​ពឹង​ផ្អែក​ដោយ​ប្រយោល​ពី​ទន្លេ​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល និង​ត្រូវ​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា ជាទូទៅ កម្ពុជា តែងតែ​ប្រកាន់​ជំហរ​ដើម្បី​ឲ្យ​មាន​ការ​សិក្សា និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ប្រទេស​ឡាវ សម្រេច​ចិត្ត​ថា​ត្រូវ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន៖ «ជាទូទៅ យើង​តែ​ជម្រាប​ជំហរ​របស់​យើង ធ្វើ​យ៉ាង​ណា​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ»

លោក សៅ សុភាព បន្ថែម​ថា ចំពោះ​បញ្ហា​អ្វី​ខ្លះ​ដែល​កម្ពុជា នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ហើយ​ជំហរ​របស់​ភាគី​កម្ពុជា យ៉ាង​ណា​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ឡាវ នេះ គឺ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​នាំ​ពី​គណៈកម្មាធិការ​ជាតិ​នៃ​ទន្លេ​មេគង្គ​កម្ពុជា ជំនួស​វិញ ដែល​ជា​អ្នក​បច្ចេកទេស​ចំពោះ​កិច្ច​ការងារ​នេះ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក តែ ណាវុធ ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា តាម​ទូរស័ព្ទ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ មិថុនា។

ចំណែក​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ថា សម្ព័ន្ធ​ទន្លេ​មេគង្គ​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​ដែល​អាច​រង​ផល​ប៉ះពាល់​មាន​ទាំង​នៅ​កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និង​ឡាវ ផង នៅ​តែ​ប្រកាន់​ជំហរ​មិន​គាំទ្រ​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង នេះ​ទេ៖ «ជា​គោល​ជំហរ​រួម​របស់​សម្ព័ន្ធ​ទន្លេ​មេគង្គ​កម្ពុជា គឺ​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង»

គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង នេះ គឺ​ជា​ទំនប់​ខ្នាត​ធំ​លំដាប់​ទី​៣ របស់​ប្រទេស​ឡាវ ដែល​ត្រូវ​សាងសង់​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ បន្ទាប់​ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) និង​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong)។ ទំនប់​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចំណាយ​រយៈពេល ៥​ឆ្នាំ​ដើម្បី​សាងសង់ ហើយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រហែល ២.៣៧២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ជុំវិញ​ការ​អំពាវនាវ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស ដែល​ជា​សមាជិក​នេះ ប្រទេស​ឡាវ នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ដើម្បី​ឆ្លើយតប​វិញ​នៅ​ពេល​ក្រោយ​ក្នុង​សប្ដាហ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហ​ព្រះរាជអាជ្ញា​ថា នួន ជា និង​ខៀវ សំផន ជា​អ្នក​ទទួល​ខុស​ត្រូវ​បទល្មើស​សំណុំ​រឿង​០០២/២

$
0
0

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដើម្បី​បញ្ចប់​ការ​សួរ​ដេញដោល​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៨ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ មិថុនា។ សហ​ព្រះរាជអាជ្ញា​សាលា​ក្ដី​ខ្មែរ​ក្រហម ថា​ជន​ជាប់​ចោទ​ជា​អ្នក​ទទួល​ខុស​ត្រូវ​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​សំណុំរឿង​០០២ វគ្គ​២។

ភាគី​សហ​ព្រះរាជអាជ្ញា​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រោះ​តែ​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​ដឹង​ហេតុការណ៍​ចាប់​ចង​នៅ​ពេល​នោះ។

សហ​ព្រះរាជអាជ្ញា​បញ្ជាក់​ថា ការ​ដឹង​ឮ​អំពី​ហេតុការណ៍​ចាប់​ចង​នៅ​ពេល​នោះ​ហើយ ដែល​ជា​ការ​ចូលរួម​ដោយ​ចេតនា​របស់​ជន​ជាប់​ចោទ ជាពិសេស​ភស្តុតាង​សំឡេង​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​កិច្ច​សម្ភាសន៍​វីដេអូ​មួយ​ស្ដីពី​វិធី​ស្រាវជ្រាវ​រក​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន៖ «អា​ហ្នឹង​បាន​យើង​ស្រាវបន្តិចៗ​ទៅ បាន​យើង​ដឹង​ប្រវត្តិ យើង​ងាក​មក​រក​វិញ​មក។ អា​នេះ​ដូច​យើង​ស្រវា​ម្ជុល​ក្នុង​សមុទ្រ​អ៊ីចឹង មិន​មែន​ចេះ​តែ​ចាប់ៗ​ឯណា! ទាល់​តែ​អ៊ីចឹង​ណា! រក​មើល​ប្រវត្តិ​ពី​ដើម​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច។ ឯ​ប្រជាជន​មិន​ដឹង​មែន ប៉ុល ពត ក៏​មិន​ដឹង ខ្ញុំ​ក៏​មិន​ដឹង អ្នក​ណា​ទៀត​ក៏​មិន​ដឹង​ដែរ ប៉ុន្តែ​ពួក​នេះ​វា​ទៅ​ច្រើន។ សួរ៖ តែ​ព័ត៌មាន​ថា​មាន​ការ​ស្លាប់ សម្លាប់​ប្រជាពលរដ្ឋ​អី ដឹង​ទេ? ចាប់​ផ្ដើម​ពី​ពេល​ណា​មក? ឆ្លើយ៖ ពេល​ពិបាក​និយាយ​ណាស់ ពីព្រោះ​ភ្លេច​ហើយ​ពេលវេលា។ ការងារ​ចេះ​តែ​ធ្វើ​ទៅ យើង​មិន​បាន​កត់​អី​ទេ»

សហ​ព្រះរាជអាជ្ញា​សំអាង​ថា ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន ជា​មនុស្ស​ដែល​ស្និទ្ធ​បំផុត​នឹង​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ឈ្មោះ ប៉ុល ពត ឬ​ហៅ​ថា ជើង​កាង​ទាំង​៣។ ជន​ជាប់​ចោទ​ទាំងនេះ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ ដែល​សម្រេច​អំពី​ការ​ចាប់​ខ្មាំង និង​កម្មាភិបាល។ សហ​ព្រះរាជអាជ្ញា​បញ្ជាក់​ថា ព័ត៌មាន​ដែល​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​ដឹង​នៅ​ពេល​នោះ គឺ​ជា​ធាតុ​ផ្សំ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​បទល្មើស​ព្រហ្មទណ្ឌ។ ហេតុផល​នានា​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ដែល​ព្យាយាម​ទាត់​ចោល​ភស្តុតាង​នានា​ដាក់​បន្ទុក​កូន​ក្ដី​របស់​ខ្លួន មាន​ជាអាទិ៍ គឺ​ភស្តុតាង​ជា​ឯកសារ​កំណត់​ហេតុ​ថត​ចម្លង មិន​មែន​ជា​ឯកសារ​ដើម។ សហ​ព្រះរាជអាជ្ញា​ឲ្យ​ដឹង​ថា ក្នុង​សំណុំ​រឿង​នេះ មាន​ឯកសារ​ជិត ១​ម៉ឺន ៦​ពាន់ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​ទទួល​យក​ជា​ភស្តុតាង។ ភស្តុតាង​ទាំងនោះ​ជា​ឯកសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្នាដៃ​វិភាគ ខ្សែ​អាត់​សំឡេង វីដេអូ ការ​ស្ដាប់​ចម្លើយ​សាក្សី ដើម​បណ្ដឹង និង​ការ​សម្ភាស​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៣ មិថុនា ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ឱកាស​មួយ​ថ្ងៃ​ទៀត​សម្រាប់​ឆ្លើយតប​ការ​អះអាង​របស់​សហ​ព្រះរាជអាជ្ញា៖ «សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ អង្គ​ជម្រះ​នឹង​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​លើ​សំណុំ​រឿង​០០២/០២ ដែល​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​តប​ចុង​ក្រោយ​ដោយ​សហ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ និង​សេចក្ដី​ថ្លែង​ចុង​ក្រោយ​របស់​ជន​ជាប់​ចោទ»

សវនាការ​បន្ត​នៅ​ថ្ងៃ​ទី​២៣ មិថុនា គឺ​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​ថ្ងៃ​ចុង​ក្រោយ ដើម្បី​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​លើ​សំណុំ​រឿង​០០២ វគ្គ​២ (០០២/០២) ប្រឆាំង​ជន​ជាប់​ចោទ នួន ជា អតីត​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​លោក ខៀវ សំផន អតីត​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជិត ២​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ជន​ជាប់​ចោទ​ទាំង​ពីរ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​ម្ដង​ហើយ ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ការ​សម្លាប់​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​របស់​របប លន់ នល់ កាល​ពី​ក្នុង​វគ្គ​១ នៃ​សំណុំ​រឿង​០០២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​បង្កើត​បណ្ដាញ​រាយការណ៍​ពី​បទល្មើស​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង

$
0
0

អង្គការ​សេប៉ា ចាត់​ទុក​ការ​ពង្រឹង​សមត្ថភាព​សហគមន៍​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង តាម​រយៈ​ការ​បង្កើត​បណ្ដាញ​សហគមន៍ រាយការណ៍​ពី​បទល្មើស​នេសាទ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខែត្រ គឺ​ជា​កិច្ច​សហការ​រួម​គ្នា​មួយ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព រួម​ទាំង​ការ​ប្រើប្រាស់​ធនធាន​ជលផល​ក្នុង​ដែន​នេសាទ​របស់​សហគមន៍​ឲ្យ​មាន​និរន្តរភាព។

ការ​លើក​ឡើង​នេះ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បណ្ដុះបណ្ដាល​សហគមន៍​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង ដែល​រៀបចំ​ដោយ​អង្គការ​សេប៉ា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជលផល មន្ត្រី​បរិស្ថាន អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ។

អ្នក​សម្របសម្រួល​អង្គការ​សេប៉ា ខែត្រ​ស្ទឹងត្រែង លោក វី ផលលុយ ពន្យល់​ថា បណ្ដាញ​សហគមន៍​គឺ​ជា​អ្នក​ពាំ​នាំ​ព័ត៌មាន​ពី​មូលដ្ឋាន​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​មូលដ្ឋាន។ លោក​បញ្ជាក់​ថា ការ​បង្កើត​បណ្ដាញ​សហគមន៍​បាន​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​សហគមន៍​ក្នុង​ការ​អនុវត្ត​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ផ្ទាល់​នៅ​មូលដ្ឋាន និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​គ្រប់គ្រង​ជលផល​មាន​និរន្តរភាព។

លោក វី ផលលុយ៖ «បណ្ដាញ​គាត់​ដើរ​តួ​ជា​អ្នក​ពាំនាំ​ព័ត៌មាន​ពី​សហគមន៍​មក​ដល់​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ក៏​ដូចជា​ដោះស្រាយ​បទល្មើស​ផ្សេងៗ។ ព័ត៌មាន​នោះ​ទាក់ទង​ការ​លំបាក​ទៅ​លើ​ការ​អនុវត្ត​លើ​សហគមន៍​នេសាទ ក៏​ដូចជា​ស្ថានភាព​បទល្មើស​វា​មាន​ភាព​ប្រសើរ​ឡើង ឬ​ក៏​វា​ថយ​ចុះ»

ប្រធាន​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ បង្គោល​លេខ​៤១ ក្នុង​ទន្លេ​មេគង្គ លោក ផែង សុផាត កត់សម្គាល់​ថា បទល្មើស​នេសាទ​ក្នុង​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ​នៅ​តែ​កើត​មាន​ឡើង​ជា​ហូរហែ ដែល​ក្រុម​ជនល្មើស​មាន​គ្នា​ច្រើន​ប្រើ​ឧបករណ៍​អគ្គិសនី​ឆក់​ក្តៅ និង​ត្រជាក់ ខណៈ​សហគមន៍​មាន​គ្នា​តិច​មិន​មាន​លទ្ធភាព​បង្ក្រាប​បាន។

ចំណែក​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភាព​រអាក់រអួល និង​យឺតយ៉ាវ​ដែល​នាំ​ឲ្យ​ជនល្មើស​តែងតែ​គេច​ខ្លួន​បាន។ តែ​យ៉ាង​ណា​លោក​រំពឹង​ថា ការ​បង្កើត​បណ្ដាញ​សហគមន៍​មាន​ចំណុច​វិជ្ជមាន​ច្រើន​ក្នុង​ការ​ពង្រឹង​សមត្ថភាព​សហគមន៍ ការ​ឆ្លើយ​ឆ្លង​ព័ត៌មាន និង​កិច្ច​សហការ​ទប់ស្កាត់​បទល្មើស​នេសាទ​អាច​ប្រសើរ​ជាង​មុន៖ «បើ​តាម​យោបល់​ពូ​គិត​ថា សហគមន៍​នេសាទ​គឺ​ត្រូវ​តែ​មាន​បណ្ដាញ​មួយ​រឹងមាំ សម្រាប់​ការ​សហការ​មក​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ឬក៏​មន្ត្រី​ជលផល ឬ​ក៏​មន្ត្រី​បរិស្ថាន​អនុរក្ស ឬ​នគរបាល​ប៉ុស្តិ៍​នៅ​ជិត​ដៃ​យើង អ៊ីចឹង​យើង​មាន​បណ្ដាញ​ប្រើ​តាម​ទូរស័ព្ទ​ខ្លះ ឬ​ផ្ទាល់​មាត់​ខ្លះ»

​នៅ​ខែត្រ​ស្ទឹងត្រែង មាន​សហគមន៍​នេសាទ​ចំនួន ៥៦ និង​មាន​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ និង​ផ្សោត​ចំនួន ៦០​អន្លង់។ អន្លង់​អភិរក្ស និង​សហគមន៍​នេសាទ​ទាំង​នោះ​ឋិត​ក្នុង​តំបន់​ទន្លេ​បួន រួម​មាន​ទន្លេ​មេគង្គ ទន្លេ​សេកុង ទន្លេ​សេសាន និង​ទន្លេ​ស្រែពក។

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខែត្រ​ស្ទឹងត្រែង លោក ទុំ នីរ៉ូ មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ជលផល​នៅ​ខែត្រ​ស្ទឹងត្រែង មាន​គ្នា ៦​នាក់ មិន​អាច​បំពេញ​តម្រូវការ​អភិរក្ស​គ្រប់​ជ្រុងជ្រោយ​ទេ ហេតុ​នេះ​ទាមទារ​ឲ្យ​ការ​ចូល​រួម​ពី​ពលរដ្ឋ​បណ្ដាញ​សហគមន៍​នេសាទ អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ត្រូវ​ពង្រឹង​កិច្ច​សហការ​ឲ្យ​បាន​ស្អិតល្មួត​ពាក់ព័ន្ធ​ការ​ផ្ដល់​ព័ត៌មាន​ពី​បទល្មើស​នេសាទ​ក្នុង​តំបន់​របស់​ខ្លួន។

លោក​ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ឃាត់​បទល្មើស​បាន ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​មិន​ហ៊ាន​ទប់ស្កាត់​ទេ​អាច​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ៖ «ការ​ចូលរួម​របស់​សហគមន៍​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​រយៈ​ការ​ចូលរួម​ទប់ស្កាត់ ការ​បង្ក្រាប ការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ណែនាំ ជាពិសេស​គឺ​ការ​ចូលរួម​មិន​ប្រព្រឹត្ត​បទល្មើស ឬ​ការ​ទិញ​ផល​អ្នក​ប្រព្រឹត្ត​បទល្មើស​ហ្នឹង»

របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខែត្រ​ស្ទឹងត្រែង បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០១៧ មក មន្ត្រី​ជំនាញ​ឃាត់​ខ្លួន​ជនសង្ស័យ ៥​នាក់ បញ្ជូន​ទៅ​តុលាការ និង​រឹប​អូស​ឧបករណ៍​ឆក់ ៥​គ្រឿង និង​សម្ភារៈ​ល្មើស​មួយ​ចំនួន​ទៀត។ អប់រំ​អ្នក​នេសាទ​ដែល​នេសាទ​នៅ​តំបន់​អភិរក្ស និង​រដូវ​បិទ​នេសាទ​បាន​ចំនួន ៤៩៣​ទូក ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ចំនួន ៣៧៨​ទូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ដំណើរ​ការ​បោះឆ្នោត​នៅ​ត្បូង​ឃ្មុំ​មាន​លក្ខណៈ​ប្រសើរ​ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ត្រូវ​កែប្រែ"

$
0
0

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ និង​តំណាង​គណបក្ស​នយោបាយ​យល់​ឃើញ​ថា ដំណើរ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​អាណត្តិ​ទី​៤ មាន​លក្ខណៈ​ប្រសើរ ប៉ុន្តែ​ក៏​មាន​ចំណុច​មួយ​ចំនួន​ត្រូវ​កែតម្រូវ ឬ​បំពេញ​បន្ថែម​ទៀត។ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ពួកគេ​កំពុង​ប្រមូល​យក​រាល់​សំណូមពរ ឬ​អនុសាសន៍​ល្អៗ ពី​បណ្ដា​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​សន្និបាត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ។

​ក្រោយ​ពេល​បញ្ចប់​សន្និបាត​បូក​សរុប​ការងារ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូង​ឃ្មុំ អះអាង​ថា ពួកគាត់​កំពុង​រៀបចំ​រាល់​សំណូមពរ ឬ​អនុសាសន៍​ល្អៗ ព្រមទាំង​ចំណុច​ខ្លាំង ឬ​ចំណុច​ខ្សោយ​ទាក់ទង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​បញ្ជាក់​ថា រាល់​អនុសាសន៍​ទាំង​ឡាយ​នឹង​ដាក់​ជូន​ទៅ​សន្និបាត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា បន្ត​ទៀត ដើម្បី​យក​ទៅ​សិក្សា និង​អាច​មាន​ការ​សម្របសម្រួល ឬ​កែប្រែ​ដោយ​ប្រការ​ណាមួយ​ដែល​ចាំបាច់។

​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​ថា មូលហេតុ​ខាង​លោក​រៀបចំ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ កាល​ពី​​ថ្ងៃ​ទី​២០ មិថុនា គឺ​មាន​គោលបំណង​ប្រមូល​យក​មតិយោបល់ និង​អនុសាសន៍​ទាំង​ឡាយ​ពី​អ្នក​ចូលរួម ពិសេស​តំណាង​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​អាជ្ញាធរ​ដែនដី​កងកម្លាំង​រក្សា​សន្តិសុខ ដើម្បី​ដាក់​បញ្ចូល​សន្និបាត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ។

លោក​បន្ត​ថា បរិយាកាស​ដំណើរការ​បោះឆ្នោត តាំងពី​ដំណាក់កាល​ចុះឈ្មោះ​រហូត​ដល់​ដំណាក់កាល​រាប់​សន្លឹក​ឆ្នោត គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ ប៉ុន្តែ​ក៏​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែរ៖ «ក្នុង​ដំណាក់​បោះឆ្នោត​នេះ យើង​សង្កេត​ឃើញ​ថា មាន​កំហុស​ឆ្គង​តិចតួច ដូចជា​មន្ត្រី​ការិយាល័យ​ខ្លះ​យក​ត្រា​ទៅ​វ៉ៃ​លើ​សន្លឹក​ឆ្នោត ហើយ​ទម្រាំ​នឹង​ដឹង​ហ្នឹង​វា​ខូច​អស់​បួន​ប្រាំ​សន្លឹក​អ៊ីចឹង​ទៅ»

អនុសាសន៍​មួយ​ចំនួន​របស់​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​លើក​ឡើង​ក្នុង​សន្និបាត​នោះ ដូចជា​ស្នើ​សុំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប ត្រូវ​កំណត់​វេលា​សម្រាក​ដល់​កម្មករ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដើម្បី​បាន​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត។ ក្រៅ​ពី​នេះ ស្នើ​ឱ្យ គ.ជ.ប កំណត់​ក្នុង​ច្បាប់​អំពី​ពេលវេលា​ចេញ​លិខិត​ស្នាម​បញ្ជាក់​ឯកសារ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់ ហើយ​អាជ្ញាធរ​ត្រូវ​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្នា។ មិន​តែ​ប៉ុណ្ណោះ មាន​តំណាង​គណបក្ស​នយោបាយ​ខ្លះ​ចង់​ឱ្យ​នីតិវិធី​ជ្រើសរើស​មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ជា​មនុស្ស​ឯករាជ្យ ឬ​ក៏​មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​នៅ​រដ្ឋ​សភា​ជាដើម។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លោក សេង ស៊ាងលី មាន​ប្រសាសន៍​ថា មាន​ចំណុច​មួយ​ចំនួន​ដែល គ.ជ.ប ត្រូវ​កែលំអ ដូចជា​ដំណាក់កាល​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ជាមុន ដ្បិត​កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​បំពេញការងារ​នេះ​ឱ្យ​បាន​ស្មើភាព​គ្នា​ទេ។ ក្រៅ​ពី​នេះ មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត ហាក់​មិន​សូវ​យល់​ពី​នីតិវិធី​បោះឆ្នោត និង​ការ​បំពេញ​ឯកសារ​ផ្សេងៗ​ជូន​ពលរដ្ឋ៖ «ជា​សំណូមពរ​របស់​ខ្ញុំ សូម​ឱ្យ​អាជ្ញាធរ ក៏​ដូចជា គ.ជ.ប សហការ​គ្នា​ដើម្បី​ជំរុញ​ធ្វើ​ម៉េច​អត្ត​សញ្ញាប័ណ្ណ​ដែល​ពលរដ្ឋ​ធ្វើ​ហ្នឹង ធ្វើ​ម៉េច​រុញ​ឱ្យ​បាន​ឆាប់​មក»

​ប្រជាពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត គឺ​មាន​ចំនួន​ជាង ៣៦​ម៉ឺន​នាក់ (៣៦០.៧៩៣) ស្មើ​ជាង ៩០​ភាគរយ ក្នុង​ចំណោម​ពលរដ្ឋ​បាន​ចុះឈ្មោះ​បោះឆ្នោត​ជាង ៣៩​ម៉ឺន​នាក់។

លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ខេត្ត​ត្បូងឃ្មុំ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដឹកនាំ​ឃុំ​បាន​ចំនួន ៤៦​ឃុំ-សង្កាត់ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​ចំនួន ១៨ ឃុំ-​សង្កាត់។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ លោក ឯម ដេត មាន​ប្រសាសន៍​ថា រចនា​សម្ព័ន្ធ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ តាំង​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​កែលំអ​ច្រើន។ លោក​មើល​ឃើញ​ថា ស្ថាប័ន គ.ជ.ប និង​ស្ថាប័ន​ចំណុះ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ដំណើរ​ការ​បោះឆ្នោត​កន្លង​មក គឺ​មាន​ភាព​ល្អ​ប្រសើរ។ យ៉ាង​នេះ​ក្ដី លោក​ចង់​ឱ្យ គ.ជ.ប មាន​ច្បាប់​កំណត់​ណា​មួយ​មិន​ឱ្យ​មាន​ការ​ប្ដឹង​តវ៉ា​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ប្រសិនបើ​តំណាង​អ្នក​សង្កេតការណ៍​គណបក្ស​នយោបាយ​បាន​ចុះហត្ថលេខា​លើ​ទម្រង់​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ​ហើយ​នោះ៖ «យើង​មាន​ច្បាប់​មាន​បទបញ្ជា មាន​នីតិវិធី​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ជា​ត្រីវិស័យ​ក្នុង​ការ​ចង្អុល​ដឹកនាំ​ក៏​ដូចជា ចង្អុល​បង្ហាញ​ឱ្យ​សមត្ថកិច្ច​ជំនាញ​មួយៗ​តាម​លំដាប់ថ្នាក់​មាន​ការ​ទទួល​ខុសត្រូវ ក្នុង​ការ​អនុវត្ត​ការងារ​បាន​សមស្រប»

ក្រៅ​ពី​តំណាង​គណបក្ស​នយោបាយ​ខាង​តំណាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ស្ដីពី​ការ​ចូលរួម​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត។ ក្នុង​របាយការណ៍​ដែល​អាន​ដោយ​តំណាង​ស្នងការ​នគរបាល​ខេត្ត លោក ឡាយ ឧត្ដម បញ្ជាក់​ថា កិច្ចការ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ ហើយ​ផែនការ​ទៅ​មុខ​ទៀត​នឹង​ត្រៀម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​ឃុំ​សម្រាប់​ការងារ​បោះឆ្នោត​បន្តបន្ទាប់។ លើស​ពី​នេះ ជំរុញ​ការងារ​ចេញ​ឯកសារ​ផ្សេងៗ ដូចជា​សៀវភៅ​ស្នាក់​នៅ​សៀវភៅ​គ្រួសារ និង​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​ឱ្យ​បាន​គ្រប់គ្នា និង​គ្រប់​គ្រួសារ ដើម្បី​បម្រើ​ការងារ​ចុះឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ទៀត។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត កត់សម្គាល់​ថា បរិយាកាស​បោះឆ្នោត​កន្លង​មក​គឺ​ល្អ​ប្រសើរ ហើយ​មន្ត្រី​បម្រើ​ការងារ​បោះឆ្នោត ហាក់​យល់​ដឹង​ច្រើន​ជាង​មុន ប៉ុន្តែ​ក៏​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែរ៖ «យើង​សំណូមពរ​ទៅ​រដ្ឋសភា យើង​សំណូមពរ​ទៅ គ.ជ.ប គប្បី​យកចិត្តទុកដាក់​ធ្វើ​ជា​ច្បាប់​ដើម្បី​ឱ្យ​ស្ថាប័ន ដើម្បី​ឱ្យ​រោងចក្រ ដើម្បី​ប្រទេស​នីមួយៗ ដែល​យើង​ធ្វើ​ចំណាក​ស្រុក​ទៅ​ហ្នឹង គាត់​បាន​យល់​ដឹង​ពី​សារសំខាន់​ក្នុង​ការ​បោះឆ្នោត​របស់​យើង។ អ៊ីចឹង​គាត់​នឹង​អាច​មក​ចូល​រួម​បាន»

​សង្គម​ស៊ីវិល​ដដែល​មើល​ឃើញ​ថា គ.ជ.ប គប្បី​បង្កើត​ច្បាប់​កំណត់​ពី​ឯករាជភាព​របស់​មន្ត្រី​រាជការ ជា​ពិសេស​ស្ថាប័ន​តុលាការ កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​នគរបាល​ជាដើម មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញ​ទៅ​ឃោសនា ឬ​ចេញ​មុខ​មាត់​ពេល​ឃោសនា​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ បើ​ទោះ​បី​ជា​ថ្ងៃ​សម្រាក​របស់​ពួកគេ​ក៏ដោយ ពីព្រោះ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​ទទួល​សេវា​សាធារណៈ​ពី​មន្ត្រីរាជការ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ការ​ចោទ​ថា​ការ​ជម្លៀស​ប្រជាជន​ជា​អំពើ​ទាសភាព

$
0
0

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ចប់​សវនាការ​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២ វគ្គ ២ ហើយ នៅ​ថ្ងៃ​ទី​២៣ មិថុនា។ ថ្ងៃ​ចុង​ក្រោយ​នេះ ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ការ​ចោទ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា មិន​ដាក់​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​ទាសភាព​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ មុន​នឹង​បិទ​បញ្ចប់​ការ​ជំនុំជម្រះ​សំណុំរឿង ០០២ វគ្គ ២ នៅ​សាលាក្ដី​ខ្មែរក្រហម លោក ខៀវ សំផន ឆ្លើយ​តប​ថា ការ​ជម្លៀស​ពលរដ្ឋ​ឲ្យ​ទៅ​នៅ​ធ្វើ​ការ​តាម​សហករណ៍ មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ចង់​ដាក់​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​ទាសភាព​ទេ ប៉ុន្តែ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាម ហើយ​ក៏​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​ដែរ៖ «»។

សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​របស់​ជនជាប់ចោទ ខៀវ សំផន ក៏​ទាក់ទង​នឹង​សេចក្ដី​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​អ្នកស្រី ជា លាង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ដែល​អះអាង​ថា មាន​ភស្តុតាង​ហួស​ពី​មតិ​សង្ស័យ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាសភាព​នេះ៖ «»។

ជនជាប់ចោទ ខៀវ សំផន អះអាង​ថា ហេតុផល​ដោយសារ​ភាព​ចាំបាច់​ដោះស្រាយ​បញ្ហា​អត់​ឃ្លាន​​ដែល​ចោទ​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៥ ហើយ​លោក​ក៏​មិន​បាន​ដឹង​ពី​ទុក្ខសោក​ទាំង​ឡាយ​របស់​ពលរដ្ឋ​នៅ​តាម​សហករណ៍​ដែរ។ លោក​ដាក់​បន្ទុក​ឧក្រិដ្ឋកម្ម​ទាំង​នោះ​លើ​វៀតណាម ដែល​មាន​មហិច្ឆតា​វាតទី​លេប​ទឹក​ដី​កម្ពុជា។

ការ​បដិសេធ​របស់​ជនជាប់ចោទ ខៀវ សំផន រឿង​បង្ខំ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ធ្វើការ​តាម​សហករណ៍ ត្រូវ​បាន​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តែ​មិន​កែ​គំនិត និង​ទទួល​ស្គាល់​អំពើ​អសមត្ថភាព និង​ការ​ដឹកនាំ​បរាជ័យ​របស់​ខ្លួន៖ «»។

ទោះ​ជា​លោក​យល់​ស្រប​ថា ការ​បិទ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​វគ្គ​២ នៅ​ថ្ងៃ​ទី​២៣ មិថុនា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សំណុំរឿង ០០២ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា ពលរដ្ឋ​ស្ទើរ​គ្រប់រូប​បាន​គិត​ថា ការ​ជម្រះ​ក្ដី​ខ្មែរ​ក្រហម​បាន​ចប់​កាល​ពី​ឆ្នាំ​២០១៤ ហើយ គឺ​នៅ​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​ពីរ​ដាក់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​វគ្គ​ទី​១ ពី​បទ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក​ចាត់​ថា ជា​ភាព​វិជ្ជមាន​ដែល​ពលរដ្ឋ​បាន​ឃើញ និង​ចូលរួម​រក​យុត្តិធម៌​ផ្ដល់​មតិ​ទាំង​គាំទ្រ និង​រិះគន់។ ទាក់ទង​ការ​បដិសេធ​របស់​ជនជាប់ចោទ ខៀវ សំផន ថា​មិន​បាន​ដឹង​ពី​បញ្ហា​នៅ​សហករណ៍ លោក ឆាំង យុ ចាត់​ថា មេដឹកនាំ​ខ្មែរ​ក្រហម​ល្ងង់៖ «»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រោយ​ការ​បិទ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៃ​សំណុំរឿង ០០២ វគ្គ​២ នេះ ក្រុម​ចៅក្រម​ជំនុំជម្រះ ដក​ថយ​ទៅ​ពិភាក្សា​គ្នា ហើយ​នឹង​សាលក្រម​នៅ​ពេល​សមស្រប​ណា​មួយ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក គឹម សុខ៖ តុលាការ​អនុវត្ត​ច្បាប់​តាម​ការ​កំណត់​ពី​មនុស្ស​ព្រៃ​ដែល​មាន​អំណាច

$
0
0

តុលាការ​កំពូល​សម្រេច​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​របស់​មេធាវី លោក ជូង ជូងី ដែល​ប្ដឹង​ប្រឆាំង​នឹង​សាលដីកា​សាលឧទ្ធរណ៍ និង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​រឿង​ឃុំ​ខ្លួន​លោក គឹម សុខ ថា ខុស​នីតិវិធី។ លោក គឹម សុខ ថា សេចក្ដី​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក។

ខណៈ​ឆ្នាំ​ពន្ធនាគារ​នាំ​ខ្លួន​ចូល​រថយន្ត​ដឹក​យក​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស វិញ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក គឹម សុខ ថា ​សាលដីកា​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ជា​ការ​អនុវត្ត​ច្បាប់​តាម​ការ​កំណត់​ពី​មនុស្ស​ព្រៃ​ដែល​មាន​អំណាច។ លោក គឹម សុខ បន្ត​ថា គ្មាន​យុត្តិធម៌​ទេ​សម្រាប់​រូប​លោក ព្រោះ​ចៅក្រម​មិន​ចេះ​ច្បាប់ និង​មិន​ចេះ​គណិតវិទ្យា។

ការ​ថ្លែង​បែប​នេះ គឺ​បន្ទាប់ពី​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ឃឹម ប៉ុណ្ណ ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ​និង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ ហើយ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដែល​មាន​ចែង​ក្នុង​ក្រម​នីតិ​ព្រហ្មទណ្ឌ ​ត្រង់​មាត្រា​២០៣ និង​២០៥។ មូលហេតុ​បី​យ៉ាង ក្នុង​មាត្រា​២០៥ ​ដែល​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ​លើក​យក​មក​សំអាង​ដើម្បី​សម្រេច​ឃុំ​ខ្លួន លោក គឹម សុខ​ នោះ​គឺ​ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី ហើយ​និង​ដើម្បី​ធានា​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ការ​ច្របូកច្របល់​ ដែល​បណ្ដាល​មក​ពី​បទ​ល្មើស។

សំអាង​ហេតុ​ទាំង​បី​នេះ លោក​មេធាវី​ ជូង ជូងី ថា ធ្វើ​ឡើង​ហាក់​ដូច​ជា​កូន​ក្ដី​លោក​មានទោស​លើស​ពី ១​ឆ្នាំ​រួច​ជា​ស្រេច។ មេធាវី​រូប​នេះ​ថា​ ក្រោយ​ពី​លោក គឹម សុខ​ និយាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី គ្មាន​ឃើញ​ភាព​ចលាចល​ណា​មួយ​កើត​ឡើង​ដោយសារ​តែ​ការ​និយាយ​របស់​លោក គឹម សុខ ​នោះ​ទេ៖ «ខ្ញុំ​អត់​មាន​រំពឹង​ពិចារណា​ពី​រឿង​រំពឹង ឬ​ក៏​លទ្ធផល​ ឬ​សង្ឃឹម​អី​ទេ។ ខ្ញុំ​ពិចារណា​លើ​សិទ្ធិ​របស់​កូន​ក្ដី​ខ្ញុំ អាច​ធ្វើ​យ៉ាង​បាន ខ្ញុំ​ទាមទារ​អ៊ីចឹង»

ថ្វីត្បិតតែ​សំណុំ​រឿង​លោក គឹម សុខ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​ក្ដី ក៏ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តប​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច។ បន្ទាប់​មក​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​លោក​ គឹម សុខ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ។

ជុំវិញ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី នេះ មិន​មែន​មាន​តែ​លោក គឹម សុខ ម្នាក់​ទេ ​ដែល​ត្រូវ​មាន​ទុក្ខ​ទោស ​ព្រោះ​តែ​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ ក្នុង​នោះ​លោក សម រង្ស៊ី អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន ព្រោះ​តែ​និយាយ​ចំ​ចំណុច​រសើប​នេះ។

លោក គឹម សុខ ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ២​សំណុំ​រឿង​ផ្សេង​គ្នា។ បណ្ដឹង​ទី​១ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក រឿង​លោក គឹម សុខ ថា គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី និង​បណ្ដឹង​ទី​២ លោក ហ៊ុន សែន ទាមទារ ១០​លាន​រៀល រឿង​លោក គឹម សុខ ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។

ករណី​លោក គឹម សុខ នេះ​ តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​មួយ​ទៀត ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃ​ទី​២៨ មិថុនា។ នៅ​ថ្ងៃ​ដដែល​នោះ ក៏​មាន​សវនាការ​មួយ​ទៀត​ដែរ ​លើ​បណ្ដឹង​សាទុក្ខ​ ដែល​លោក ជូង ជូងី ជា​មេធាវី​លោក​ គឹម សុខ ប្ដឹង​ទាមទារ​ឲ្យ​ដើម​បណ្ដឹង គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ត​ទល់​ជាមួយ​លោក គឹម សុខ ​នៅ​ពេល​បើក​សវនាការ​ជំនុំជម្រះ​លើក​អង្គ​សេចក្ដី​នា​តុលាការ​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ណែនាំ​កសិករ​ឲ្យ​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ខណៈ​តម្លៃ​កូន​ក្រពើ​ធ្លាក់​ចុះ

$
0
0

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​ស្រុក​ជា​ច្រើន ត្អូញត្អែរ​កាន់​តែ​ខ្លាំង​ចំពោះ​បញ្ហា​តម្លៃ​លក់​កូន​ក្រពើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ។ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​អះអាង​ថា ទីផ្សារ​លក់​កូន​ក្រពើ​ចេញ​មិន​អាក្រក់​ដែល​អាច​ប៉ះពាល់​ជីវភាព​អ្នក​ចិញ្ចឹម ឬ​បាត់បង់​អ្នក​ចិញ្ចឹម​សត្វ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​បើ​កសិករ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ជំនួស​ការ​លក់​កូន​ក្រពើ​រស់​នោះ​ទីផ្សារ​កាន់​តែ​ល្អ។

បច្ចុប្បន្ន​តម្លៃ​កូន​ក្រពើ​ទើប​ញាស់​លក់​បាន​ចន្លោះ​ពី ១២ ទៅ ១៤​ដុល្លារ​ក្នុង​មួយ​​ក្បាល ដែល​តម្លៃ​នេះ​ថោក​ជាង​កាល​ពី​ពីរ​ឆ្នាំ​មុន​ចំនួន ៦​ដុល្លារ ពោល​គឺ​លក់​បាន​ចន្លោះ​ពី ១៨ ទៅ ២០​ដុល្លារ ក្នុង​១​ក្បាល។ ក្រុម​កសិករ​ត្អូញ​ថា រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ​ក្រៅ​ពី​ណែនាំ​ឲ្យ​កសិករ​ចិញ្ចឹម​ក្រពើ​យក​កូន​លក់ ឬ​សាច់​លក់ និង​ម្ដង​ឲ្យ​ចិញ្ចឹម​យក​ស្បែក​លក់​លំបាក​នឹង​តាម​ទាន់​ទីផ្សារ។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ម្នាក់​នៅ​ភូមិ​ត្រពាំងចឹកសា ក្រុង​កំពង់ឆ្នាំង លោក ហ៊ឺ ផេងឡា ឲ្យ​ដឹង​ថា កូន​ក្រពើ​ដែល​លោក​ភ្ញាស់​បាន និង​លក់​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៧ មិន​បាន​ចំណេញ​ឡើយ គឺ​បាន​ត្រឹម​តែ​រួច​ថ្លៃ​ដើម និង​ពេល​ខ្លះ​ខាត​តិចតួច​ទៀត​ផង បើ​ទូទាត់​ទៅ​លើ​កម្មករ និង​ថ្លៃ​ទិញ​ចំណី​យក​ឲ្យ​ក្រពើ​ស៊ី។

លោក​ថា ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់ វា​កាន់​តែ​ធ្វើ​មិន​បាន​ទៀត​ចំពោះ​កសិករ៖ «សូម្បី​តែ​ចំណី​ក៏​យើង​ទិញ​ពី​ស្រុក​គេ​យក​មក​ឲ្យ​សត្វ​ស៊ី​ដែរ! យើង​ទៅ​រក​ចំណី​ឯ​ណា​បើ​ត្រី​នៅ​ក្នុង​ទន្លេសាប រក​ឲ្យ​តែ​ប្រជាជន​ស៊ី​មិន​ចង់​បាន​ផង​ហ្នឹង។ ឥឡូវ​ចំណី​ទាំង​អស់​ហ្នឹង​ថ្លៃ អ៊ីចឹង​បើ​យើង​ចិញ្ចឹម​យក​ស្បែក​សួរ​ថា តើ​មាន​ក្រុមហ៊ុន អង្គការ ឬ​ខ្ញុំ​និយាយ​ឲ្យ​ចំ​ទៅ​មាន​ក្រុមហ៊ុន​ណា​មួយ​ដែល​ហ៊ាន​ធានា​អះអាង​ថា ឥឡូវ​យើង​ចិញ្ចឹម​ទៅ​គណនា​ទៅ​ថា ឲ្យ​ចំណេញ​អា​ហ្នឹង​គេ​រីករាយ​នឹង​ចិញ្ចឹម តែ​សព្វថ្ងៃ​វា​អត់​មាន​ដល់​ពេល​អ៊ីចឹង​សួរ​ថា ពេល​បាន​ផល​យក​ទៅ​លក់​អ្នក​ឯ​ណា»

លោក ហ៊ឺ ផេងឡា ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ជួយ​រក​ទីផ្សារ​លក់​កូន​ក្រពើ​ជូន​កសិករ​ជា​ជាង​ណែនាំ​ឲ្យ​កសិករ​ធ្វើ​អ្វី​ដែល​លើស​ពី​លទ្ធភាព​របស់​ពួកគេ។ លោក​ថា អ្នក​ចិញ្ចឹម​ក្រពើ​ពុំ​មាន​អ្នក​ណា​ម្នាក់​ខ្ជិលច្រអូស ឬ​មិន​ចង់​បាន​ផល​ចំណេញ​វិញ​ខ្លះ​ពី​ការ​ខិតខំ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ចិញ្ចឹម​ក្រពើ​ភាគ​ច្រើន​បើ​ពឹង​ផ្អែក​តែ​លើ​មុខ​របរ​នេះ​មួយ​មុខ​គត់ គឺ​មិន​អាច​ទៅ​រួច​ឡើយ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា មាន​ប្រសាសន៍​ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​ស្រុក​មិន​ខាត​ដើម ឬ​ជំពាក់​បំណុល​គេ ដោយសារ​តម្លៃ​កូន​ក្រពើ​ចុះ​ថោក​ឡើយ ពោល​គឺ​កសិករ​នៅ​តែ​លក់​បាន​ចំណេញ ប៉ុន្តែ​មិន​ច្រើន​ដូច​ពី​មុន។

លោក​យល់​ថា បញ្ហា​ទីផ្សារ​បច្ចុប្បន្ន ព្រោះ​តែ​តម្រូវ​ការ​ទីផ្សារ​ក្រពើ​អន្តរជាតិ​មាន​គ្រប់គ្រាន់៖ «វា​ជាក់ស្ដែង​ទៅ​តាម​ឆ្នាំ​មួយៗ បើ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ថ្លៃ អ៊ីចឹង​អ្នក​ចិញ្ចឹម​ក្រពើ​ដឹង​តែ​បើក​ភ្នែក​ឡើង​ញញឹម​ហើយ។ តម្លៃ​ជាក់​ស្ដែង​កន្លង​មក បើ​សិន​ខាង​ទីផ្សារ​ខាង​វៀតណាម ស៊ី​ផង និង​ថៃ ស៊ី​ផង តម្លៃ​ចាប់​ផ្ដើម​ក្បាល​ឆ្នាំ គឺ ២៨​ដុល្លារ (ក្រពើ​សម្រាប់​លក់​យក​សាច់) ប៉ុន្តែ​ដល់​ឥឡូវ​នេះ​ថៃ មាន​កូន​ចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់​បាន​អ៊ីចឹង​ខាង​ថៃ អត់​ត្រូវ​ការ​ទិញ ហើយ​ឥឡូវ​មាន​ទីផ្សារ​ច្រក​តែ​មួយ អ៊ីចឹង​វា​រៀង​ចុះ​បន្តិច»

លោក​ទទួល​ស្គាល់​ថា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ពិត​ជា​មាន​ការ​លំបាក និង​ចំណាយ​ដើមទុន​ធំ ដើម្បី​ចិញ្ចឹម​ក្រពើ​យក​ស្បែក​កែច្នៃ ឬ​នាំ​ចេញ​ក្រៅ​ប្រទេស ព្រោះ​ត្រូវ​ចិញ្ចឹម​រយៈ​ពេល​បី​ឆ្នាំ ទើប​បាន​ផល។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់ ជា​ជាង​លក់​កូន​រស់ ហើយ​វិធានការ​នេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ និង​ផ្ដល់​បច្ចេកទេស​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​រួច​ហើយ។

លោក លី ឡា បន្ថែម​ថា ទីផ្សារ​ក្រពើ​របស់​កម្ពុជា ដែល​ធ្លាប់​នាំ​ចេញ​ទៅ​ថៃ ត្រូវ​បាន​ផ្អាក​ដោយ​ប្រទេស​នេះ​មាន​គ្រប់គ្រាន់ ប៉ុន្តែ​វៀតណាម នៅ​តែ​បន្ត​ទិញ​កូន​ក្រពើ​ពី​កម្ពុជា នៅ​ឡើយ។ ដូច្នេះ​កសិករ​គួរ​តែ​បង្កើន​ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ជំនួស​ការ​លក់​កូន​ក្រពើ​រស់​ទៅ​ក្រៅ​ប្រទេស ដើម្បី​ជួយ​ទីផ្សារ​ក្រពើ​នៅ​កម្ពុជា មាន​ហាងឆេង​ឡើង​វិញ ឬ​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន៖ «បើ​សិន​ជា​យើង​មាន​លទ្ធភាព​ចិញ្ចឹម​យក​កូន​ទៅ​ជា​ចិញ្ចឹម​យក​ស្បែក​វិញ​នោះ យើង​មិន​ពិបាក​ទីផ្សារ​ទៀត​ទេ តែ​កន្លង​មក​យើង​ធ្វើ​អត់​ទាន់​បាន ដោយសារ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​យក​ស្បែក​វា​ទាមទារ​ថវិកា​ធំ»

ចំណែក​ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក បញ្ជាក់​ថា បើ​កសិករ​លក់​កូន​ក្រពើ​រស់ ១​ក្បាល​ទៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​ឲ្យ​កសិករ​ខាត​បង់​ប្រាក់​ចំណេញ​ជាង ១០០​ដុល្លារ បើ​ប្រៀបធៀប​នឹង​ការ​ចិញ្ចឹម​ដល់​អាយុ​បី​ឆ្នាំ ដើម្បី​ធ្វើ​ស្បែក​លក់។ ដូច្នេះ​បើ​កសិករ​ងាក​មក​រក្សា​កូន​ក្រពើ ហើយ​ចិញ្ចឹម​វា​ទុក​លក់​ស្បែក គឺ​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​បាន​ច្រើន តាម​រយៈ​ជួល​អ្នក​ថែទាំ​កូន​ក្រពើ និង​អ្នក​ធ្វើ​ស្បែក។

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ របស់​លោក ណៅ ធួក ផ្ញើ​ជូន​នាយ​អធិការដ្ឋាន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​អ្នក​ចិញ្ចឹម​ក្រពើ​ទាំង​អស់​ឲ្យ​ដឹង​ថា ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព​ទីផ្សារ​ក្រពើ​នៅ​កម្ពុជា រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ សង្គម និង​រួម​ចំណែក​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ អ្នក​ចិញ្ចឹម​ក្រពើ​ទាំង​អស់​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​វិញ។

ប្រធាន​សាខា​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​ក្រពើ​ទាំង​អស់​កំពុង​ចិញ្ចឹម​យក​កូន​លក់ ដោយ​ពួកគេ​ភាគ​ច្រើន​ពុំ​មាន​លទ្ធភាព​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ឡើយ ព្រោះ​វា​ត្រូវ​ការ​ដើម​ទុន​ច្រើន និង​បរិវេណ​ដី​ចិញ្ចឹម​ធំ។

លោក​ថា បើ​កសិករ​មាន​លទ្ធភាព​ចិញ្ចឹម​ក្រពើ​យក​ស្បែក​ជំនួស​ការ​ចិញ្ចឹម​លក់​កូន មិន​ខ្វះ​ឡើយ​ទីផ្សារ​លក់​ចេញ៖ «អ្នក​ដែល​ភ័យ​ព្រួយ​តែងតែ​ភ័យ​ព្រួយ​ហើយ ប៉ុន្តែ​របរ បើ​យើង​មើល​ឃើញ​ទាំង​គ្នា​សួរ​ថា គ្មាន​ពី​ណា​មួយ​អត់​ទេ។ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ជួប​ជាមួយ​ក្រុមហ៊ុន​មក​ពី​សាំងហ្គាពួរ គឺ​គាត់​និយាយ​ច្បាស់ គាត់​ថា មាន​ប៉ុន្មាន​ក៏​គាត់​យក​ដែរ​ឲ្យ​តែ​ចូល​ស្តង់ដារ​ដែល​គេ​ត្រូវ​ការ ក៏​ប៉ុន្តែ​យើង​ម្នាក់ៗ​អត់​ហ៊ាន​ធ្វើ​ទេ​អា​បញ្ហា​ថា គេ​មិន​យក​ហ្នឹង​ទៅ​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​សំខាន់​បំផុត​ដើមទុន​វា​ចោទ​ខ្លាំង​ជាង​ហ្នឹង ព្រោះ​អី​យើង​ចិញ្ចឹម​យក​ចូល​ស្តង់ដារ​ទាមទារ​ថា ក្នុង ១​អាង​ដាក់​ក្រពើ​មួយ​ដើម្បី​កុំ​វា​ខាំ​គ្នា ហើយ​យើង​ថែរក្សា​ទឹក​កុំ​ឲ្យ​មាន​បាក់តេរី​នៅ​ក្នុង​ស្បែក»

នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មិន​ទាន់​មាន​រោងចក្រ​ផលិត​ស្បែក​សត្វ ឬ​ទទួល​ទិញ​ស្បែក​ក្រពើ​ខ្នាត​ធំ ប៉ុន្តែ​លោក រ៉ាវុឌ សង្កេត​ឃើញ​ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​សៀមរាប មាន​ឈ្មួញ​ក្រៅ​ប្រទេស​កុម្ម៉ង់​បក​យក​ស្បែក​ញឹក​ញាប់​ដែរ។ ប៉ុន្តែ​ស្បែក​ដែល​បក​នោះ គឺ​ជា​ប្រភេទ​ស្បែក​លេខ​២ និង​លេខ​៣ ព្រោះ​ក្រពើ​ដាក់​ចិញ្ចឹម​ចូល​គ្នា​ក្នុង​អាង​តែ​មួយ​វា​ខាំ​គ្នា ឬ​ប៉ះ​អាង​រហែក​ស្បែក។

មន្ត្រី​ជំនាញ​ប្រាប់​ថា ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក ត្រូវ​មាន​ការ​ថែទាំ​ខ្ពស់​ទាំង​ការ​ផ្ដល់​ចំណី អាង​ទឹក​ស្អាត និង​ទ្រុង​ត្រូវ​មាន​មួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​រក្សា​ស្បែក​ក្រពើ​កុំ​ឲ្យ​ដាច់​រលាត់។ ប្រការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​ភាគ​ច្រើន​មិន​សូវ​ចង់​ចិញ្ចឹម​ក្រពើ​យក​ស្បែក ហើយ​ទីផ្សារ​កសិផល ជា​ពិសេស​សត្វ​ក្រពើ​ឡើង​ចុះ​មិន​ទៀង​ទាត់ ធ្វើ​ឲ្យ​ពួកគេ​ខ្លាច​ខាតបង់​ប្រាក់​ច្រើន​លើ​មុខ​របរ​នេះ។

​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន ១៦​កន្លែង​ក្នុង​នោះ ២​កន្លែង​នៅ​ស្រុក​រលាប្អៀរ ៤​កន្លែង​នៅ​ស្រុក​បរិបូរណ៍ និង ១០​កន្លែង នៅ​ក្រុង​កំពង់ឆ្នាំង ហើយ​កសិដ្ឋាន​ទាំង​នេះ​សុទ្ធ​តែ​ចិញ្ចឹម​យក​កូន​លក់។

មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​នេះ​ឲ្យ​ដឹង​ថា កសិដ្ឋាន​ទាំង ១៦ កន្លែង​មាន​ក្រពើ​ឈ្មោល​ជាង​បី​ពាន់​ក្បាល (៣.៤៥២) ក្រពើ​ញី​ជាង​ពីរ​ពាន់​ក្បាល (២.៤៤៥) និង​ក្រពើ​ជំទង់​ដែល​មាន​ប្រវែង​មួយ​ម៉ែត្រ ឬ​១​ម៉ែត្រ ៧​តឹក ជិត​ពីរ​ពាន​ប្រាំមួយ​រយ​ក្បាល (២.៥៨០)។ កសិដ្ឋាន​ទាំង​នេះ គឺ​ជា​ប្រភេទ​កសិដ្ឋាន​ចិញ្ចឹម​ភ្ញាស់​យក​កូន​លក់ ដែល​ក្នុង​១​ឆ្នាំៗ​ភ្ញាស់​កូន​ក្រពើ​បាន​ជាង ៤​ម៉ឺន​ក្បាល ដើម្បី​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ការ​បំពេញ​កាតព្វកិច្ច​បួស​របស់​សាសនិក​ឥស្លាម​ក្នុង​ខែ​រ៉ាម៉ាដន

$
0
0

សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​បាន​បំពេញ​កាតព្វកិច្ច​បួស​នៅ​ក្នុង​ខែ​ដ៏​ពិសិដ្ឋ គឺ​ខែ​រ៉ាម៉ាដន (Ramadan) ដែល​ជា​ខែ​តម​ចំណី​អាហារ ឬ​ហៅ​ថា បួស។ ការ​តម​ចំណី​អាហារ​របស់​សាសនិក​ឥស្លាម ឬ​បួស គឺ​ធ្វើ​ពេញ​មួយ​ថ្ងៃ​ក្នុង​រយៈពេល​មួយ​ខែ។ សម្រាប់​នៅ​កម្ពុជា ជនជាតិ​ចាម ឬ​អ្នក​កាន់​សាសនា​ឥស្លាម បាន​ចាប់​ផ្ដើម​បួស​តាំង​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ឧសភា មក។

នៅ​ក្នុង​ខែ​បួស​នេះ សាសនិក​ឥស្លាម​មិន​ត្រឹម​តែ​បួស​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពួកគាត់​បាន​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត ដោយ​មាន​ជំនឿ​ថា ទង្វើ​ល្អ​នៅ​ក្នុង​ខែ​នេះ នឹង​ទទួល​បាន​ការ​តបស្នង​ផល​បុណ្យ​ដ៏​ច្រើន​លើសលប់​ពី​ព្រះ​អល់ឡោះ។

​តើ​សាសនិក​ឥស្លាម​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ខែ​រ៉ាម៉ាដន ឬ​ខែ​បួស​នេះ?

​ការ​តម​ចំណី​អាហារ ឬ​បួស​នៅ​ពេល​ថ្ងៃ គឺ​ជា​កាតព្វកិច្ច​របស់​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ដែល​បួស​មាន​លក្ខណៈ​ដូចគ្នា​ទាំង​អស់ ពីព្រោះ​ថា ការ​បួស​នេះ​ជា​កាតព្វកិច្ច​ទី​៤ នៅ​ក្នុង​មូលដ្ឋានគ្រឹះ​ទាំង​៥ របស់​សាសនា​ឥស្លាម។ សម្រាប់​នៅ​កម្ពុជា សាសនិក​ឥស្លាម​បាន​បំពេញ​កាតព្វកិច្ច​បួស​មាន​រយៈពេល​ជិត ៣០​ថ្ងៃ​ហើយ​មក​ទល់​ពេល​នេះ។

មនុស្ស​ទូទៅ នៅ​ពេល​ឮ​ថា​បួស​តាម​ក្បួន​ច្បាប់​ឥស្លាម ប្រាកដ​ជា​ពោល​ពាក្យ​ថា លំបាក ឬ​មិន​អាច​ធ្វើ​បាន​ចំពោះ​ការ​តមចំណី​អាហារ​ពេល​ថ្ងៃ​សូម្បី​តែ​ទឹក។ ក៏ប៉ុន្តែ​ចំពោះ​អ្នក​ប្រកាន់​សាសនា​ឥស្លាម​វិញ ពួកគាត់​មាន​ក្ដី​រំភើប​ទទួល​ស្វាគមន៍​ខែ​នេះ​មក​ដល់​យ៉ាង​សប្បាយ​រីករាយ​ឥត​រួញរា ដោយសារ​តែ​គេ​យល់​ថា ខែ​នេះ​ជា​ខែ​ដ៏​ពិសិដ្ឋ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង ដែល​ជា​ខែ​ទី​៩ នៃ​មហាម៉ាត់​សករាជ។ ការ​តម​អាហារ​ក្នុង​ខែ​រ៉ាម៉ាដន ត្រូវ​បាន​ច្បាប់​ឥស្លាម បង្គាប់​ប្រើ​ដល់​អ្នក​កាន់​សាសនា​ឥស្លាម គ្រប់​ស្រទាប់​វណ្ណៈ ត្រូវ​តែ​អនុវត្ត​មិន​គិត​អំពី​អ្នក​មាន ឬ​អ្នកក្រ​នោះ​ទេ។

ការ​តម​ចំណី​អាហារ ឬ​បួស​នេះ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​របស់​សាសនិក​ឥស្លាម​ចំពោះ​ព្រះ​អល់ឡោះ ជា​ម្ចាស់ ហើយ​ព្រះ​អល់ឡោះ បាន​ដាក់​កាតព្វកិច្ច​បួស​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់ ដើម្បី​ជា​ការ​ដាស់តឿន​ដល់​មនុស្ស​គ្រប់​រូប​ឲ្យ​ដឹង​អំពី​រសជាតិ​នៃ​ការ​អត់ឃ្លាន និង​ជា​ការ​ផ្សារ​ភ្ជាប់​សុខ​ទុក្ខ​គ្នា​រវាង​អ្នក​មាន និង​អ្នក​ក្រ ហើយ​របៀប​របប​នៃ​ការ​តម​ចំណី​អាហារ​របស់​សាសនិក​ឥស្លាម ក្នុង​ខែ​រ៉ាម៉ាដន នេះ គឺ​តម​អាហារ​នៅ​ពេល​ថ្ងៃ ចាប់​ពី​ពេល​សេតារុណ​រះ​រហូត​ទល់​ថ្ងៃ​លិច។

អល់ឡោះ បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​បួស​នោះ គឺ​ទី​១ អ្នក​កាន់​សាសនា​ឥស្លាម ហើយ​បើ​សិន​ជា​អ្នក​មិន​មែន​ឥស្លាម​ទេ សូម្បី​គាត់​សុំ​បួស​ក៏​សាសនា​មិន​ទទួល​ស្គាល់​ដែរ។ ទី​២ អ្នក​ដែល​មាន​កម្លាំង​ពេញ ពិសេស​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង។ ទី​៣ មាន​បញ្ញាញាណ​គ្រប់គ្រាន់​គេ​ហៅ​ថា មិន​មែន​អ្នក​វិកលចរិត ឬ​ក៏​អ្នក​ឆ្កួត​ទេ និង​ទី​៤ អ្នក​ដែល​មាន​លទ្ធភាព។ លទ្ធភាព​បាន​ន័យ​ថា មិន​មែន​អ្នក​ឈឺ មិន​មែន​អ្នក​របួស មិន​មែន​អ្នក​កំពុង​មាន​ឈាមរដូវ មិន​មែន​អ្នក​ឆ្លង​ទន្លេ មិន​មែន​អ្នក​បំបៅ​កូន ពោល​គឺ​អ្នក​ដែល​អាច​អត់ទ្រាំ ឬ​បួស​បាន​ដល់​ល្ងាច ឬ​ថ្ងៃ​លិច។ ចំពោះ​អ្នក​នោះ​ធ្វើ​ដំណើរ​ឆ្ងាយ​មិន​អាច​បួស​បាន​ទេ ព្រះ​អនុគ្រោះ​ឲ្យ​ដាច់​បួស​បាន តែ​ត្រូវ​បំពេញ​វិញ​នៅ​ខែ​បន្ទាប់ ឬ​នៅ​ពេល​មាន​លទ្ធភាព។

​ព្យាការី ឬ​អ្នក​នាំ​សារ​មហាម៉ាត់​មាន​ប្រសាសន៍​ថា “នរណា​បួស​ខែ​រ៉ាម៉ាដន ដោយ​យក​ចិត្ត មាន​ជំនឿ​ប្រាថ្នា​ចង់​បាន​ផល​បុណ្យ គឺ​អល់ឡោះ នឹង​អភ័យទោស​ដល់​អ្នក​នោះ​នូវ​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ហួស”។

ម្យ៉ាង​វិញ​ទៀត ព្រះ​អល់ឡោះ មាន​បន្ទូល​នៅ​ក្នុង​គម្ពីរ​អាល់គួរអាន​ថា (Al Quran) (សំឡេង​សូត្រ គួរ​អាន...) មាន​ន័យ​ថា “ឱ! ពួក​អ្នក​មាន​ជំនឿ​ទាំង​ឡាយ គេ​បាន​ដាក់​កាតព្វកិច្ច​បួស​ទៅ​លើ​ពួក​អ្នក​ដូច​ដែល​គេ​បាន​ដាក់​កាតព្វកិច្ច​នេះ​ទៅ​លើ​មនុស្ស​ជំនាន់​មុន​ដែរ​សង្ឃឹម​ថា ពួក​អ្នក​នឹង​កោត​ខ្លាច”

នៅ​ក្នុង​ខែ​រ៉ាម៉ាដន​នេះ ឋានសួគ៌​ទាំង​ឡាយ​ត្រូវ​បាន​បើកចំហ និង​ឋាននរក​ត្រូវ​បាន​បិទ​ជិត ថែមទាំង​ព្រាយ​បិសាច​ត្រូវ​បាន​ឃុំឃាំង​ទាំង​អស់។ រី​ឯ​អំពើ​ល្អ​ដែល​គេ​បាន​សាង​នៅ​ក្នុង​ខែ​នេះ ត្រូវ​បាន​អល់ឡោះ​ប្រទាន​ជូន​ទ្វេដង បាបកម្ម​ទាំង​ឡាយ​ក៏​ត្រូវ​បាន​លើកលែង​ដែរ​។ លើស​ពី​នេះ​ទៀត រាល់​ទង្វើ​ល្អ​ទាំង​ឡាយ​ដែល​សាសនិក​ឥស្លាម​បាន​ធ្វើ គេ​នឹង​ទទួល​បាន​ផលប្រយោជន៍​ក្រោយ​ពី​គេ​ស្លាប់ និង​នៅ​ថ្ងៃ​បរលោក។ ចំពោះ​អ្នក​ដែល​បដិសេធ​ក្នុង​ការ​បួស​នោះ គឺ​ជា​ប្រការ​ដែល​ខុស​ឆ្គង​ជា​ទី​បំផុត។

លើស​ពី​នេះ​ទៀត សាសនិក​ឥស្លាម​តាំង​ពី​ជំនាន់​មិត្ត ភក្ដិ​របស់​អ្នក​នាំ​សារ​របស់​អល់ឡោះ គឺ​មហាម៉ាត់ និង​អ្នក​ដែល​បន្ទាប់​ពី​មិត្ត ភក្ដិ​របស់​មហាម៉ាត់​នោះ ពួកគេ​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​ខែ​រ៉ាម៉ាដន និង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ខែ​នេះ​បាន​ចូល​មក​ដល់។ ពួកគេ​ទាំង​នោះ​បាន​បួងសួង​ចំពោះ​អល់ឡោះ សុំ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ជួប​ខែ​ដ៏​ប្រពៃ​នេះ។ ម្យ៉ាង​ទៀត​ពួកគេ​ក៏​បួងសួង​សុំ​ចំពោះ​អល់ឡោះ សូម​ឲ្យ​ទ្រង់​ទទួល​យក​នូវ​អំពើ​ល្អ​របស់​ពួកគេ។ ពួកគេ​បាន​បំពេញ​កាតព្វកិច្ច​បួស​រៀងរាល់ថ្ងៃ​ក្នុង​ខែ​នេះ និង​ខំ​រក្សា​អំណត់​បួស​ដោយ​ចៀសវាង​ពី​ប្រការ​ដែល​នាំ​ឲ្យ​ខូច​បួស ដែល​ច្បាប់​ឥស្លាម​ហាម​ឃាត់ ដូចជា​ការ​និយាយ​ដើម​គេ ការ​ចាក់​រុក ការ​ភូត​កុហក ការ​កេងប្រវ័ញ្ច​គេ ការ​រួម​មេត្រី​ភាព​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ពេល​ថ្ងៃ និង​ហាម​មិន​ឲ្យ​បង្កជម្លោះ​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត។ បើសិនជា​អ្នកណា​មិន​អាច​ហាម​ខ្លួន​ឯង​បាន​ទេ ការ​តម​អាហារ​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​អសារបង់ ឬ​មិន​បាន​ផល​បុណ្យ​អ្វី​ពី​ព្រះ​អល់ឡោះ ទេ។

​ព្យាការី​មហាម៉ាត់ ឬ​អ្នក​នាំ​សារ​របស់​ព្រះ​អល់ឡោះ បញ្ជាក់​ថា បួស​គឺ​ជា​របាំង​មួយ​ដែល​ការពារ​អំពី​ភ្លើង​នរក ដូចជា​របាំង​របស់​ពួក​អ្នក​ដែល​ការពារ​ពួក​អ្នក​អំពី​សង្គ្រាម ហើយ​នៅ​ក្នុង​ឋានសួគ៌​មាន​ទ្វារ​មួយ​ដែល​មាន​ឈ្មោះ​ថា រ៉យ្យ៉ាន នា​ថ្ងៃ​បរលោក​ពួក​អ្នក​ដែល​បាន​បួស​គឺ​ចូល​ឋានសួគ៌​តាម​ច្រក​ទ្វារ​នោះ គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​ពួក​អ្នក​បួស​ចូល​ឡើយ។ ពេល​នោះ​គេ​បាន​អំពាវនាវ​រក​អ្នក​ដែល​បាន​បួស ហើយ​អ្នក​ដែល​បាន​បួស​នាំ​គ្នា​ក្រោក​ឈរ​ឡើង​នៅ​ពេល​ដែល​ពួកគេ​បាន​ចូល​រួច គេ​បាន​បិទ​ទ្វារ​នោះ​ជិត គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ក្រៅ​ពី​ពួក​អ្នកបួស​ចូល​ទេ​នៅ​ទ្វារ​នោះ។

ដោយសារ​តែ​ខែ​រ៉ាម៉ាដន ជា​ខែ​ពិសិដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ​អាល់គួរអាន ហើយ​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​បាន​ប្រតិបត្តិ​នោះ សម្រាប់​នៅ​កម្ពុជា​វិញ មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា ក៏​បាន​យកចិត្តទុកដាក់​លើ​ជនជាតិ​ចាម​កាន់​សាសនា​ឥស្លាម​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​ជូនពរ​ដល់​សាសនិក​ឥស្លាម​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ឱកាស​បួស​នៅ​ខែ​រ៉ាម៉ាដន ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧ ត្រូវ​នឹង​ឆ្នាំ​១៤៣៨ មហាម៉ាត់​សករាជ។ លោក ហ៊ុន សែន ជូនពរ​ឲ្យ​សាសនិក​ឥស្លាម​ទាំង​អស់​ទទួល​បាន​សេចក្ដី​សុខ​សប្បាយ ក្ដី​មេត្តា ករុណា​ពី​ព្រះ​អល់ឡោះ ជា​ម្ចាស់​គ្រប់ៗ​គ្នា ដោយ​ទទួល​យក​នូវ​កុសល​ទាំង​អស់​ដែល​សាសនិក​ឥស្លាម​បាន​សាង។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​រៀបចំ​ពិធី​ស្រាយ​បួស​ដល់​សាសនិក​ឥស្លាម​ដែល​ជា​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

រី​ឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ ក៏​បាន​ចេញ​សារ​ជូនពរ​សាសនិក​ឥស្លាម​ដែរ។ សារ​លិខិត​របស់​លោក កឹម សុខា សរសេរ​ថា ពេល​នេះ​គឺ​ជា​ខែ​រ៉ាម៉ាដន ដែល​ខែ​មួយ​មហា​វិសេសវិសាល​បំផុត​ក្នុង​ចំណោម​ខែ​ទាំង ១២ របស់​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​តាំង​ពី​សម័យ​ព្យាការី មហាម៉ាត់​មក។ នៅ​ក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នៃ​ខែ​រ៉ាម៉ាដន​នេះ តាង​នាម​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជូនពរ និង​បួង​សួង​ដល់​ព្រះ​អល់ឡោះ សូម​ទ្រង់​ប្រទាន​នូវ​សេចក្ដី​សុខ​សប្បាយ សេចក្ដី​ល្អ​ប្រកប​ដោយ​ធម៌ សេចក្ដី​អាណិត​ស្រលាញ់ និង​សុខភាព​បរិបូរណ៍ (សេចក្ដី សាឡាម៉ាត់ ពើរ៉កាត់ រ៉ោះម៉ាត់ និង​អាហ្វីយ៉ាត់) ជូន​ដល់​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក ជា​ពិសេស​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា ទាំង​អស់។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​រៀបចំ​ពិធី​ស្រាយ​បួស​នេះ ដល់​សាសនិក​ឥស្លាម​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ដែរ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា។

​ក្រៅពី​បួស​នេះ ព្រះ​អល់ឡោះ បាន​តម្រូវ​ឲ្យ​អ្នក​មាន​លទ្ធភាព​បរិច្ចាគ​ទាន ឬ​ការ​ផ្ដល់​ចំណី​អាហារ​ឲ្យ​បួស ឬ​អ្នក​ក្រីក្រ​នោះ ការ​សូត្រ​គម្ពីរ​អាល់គួរអាន និង​ការ​ថ្វាយបង្គំ​តារ៉វែស នៅ​ពេល​យប់ ព្រោះ​ថា អំពើ​ល្អ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ខែ​នេះ មាន​ផល​បុណ្យ​ច្រើន​ជាង​ខែ​ដទៃ​ទៀត។

​អ្នក​ជំនាញ​ខាង​ច្បាប់​ឥស្លាម​ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក ហ្គោសាលី សឡេះ បាន​ពន្យល់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​ថា នៅ​ក្នុង​ខែ​រ៉ាម៉ាដន នេះ សាសនិក​ឥស្លាម​ទាំង​ឡាយ​ត្រូវ​តែ​សូត្រ​គម្ពីរ​អាល់គួរអាន នៅ​ឲ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​អ្នក​ដែល​សូត្រ​អាល់គួរអាន អ្នក​នោះ​នឹង​មិន​វង្វេង​ទេ​នៅ​ថ្ងៃ​បរលោក៖ «ពីព្រោះ​ការសូត្រ​គួរ​អាន​នេះ​ផ្ដល់​នូវ​ពន្លឺ​រស្មី​មួយ​នៅ​លើ​ពិភព​ផែនដី​នេះ ហើយ​គេ​នឹង​រក្សា​ទុក​ឲ្យ​អ្នក​នូវ​ផល​បុណ្យ​ទៅ​ថ្ងៃ​ក្រោយ (បរលោក) អ៊ីចឹង​មាន​ន័យ​ថា អ្នក​ចងចាំ​គួរ​អាន អ្នក​សូត្រ​គួរ​អាន គឺ​នឹង​ទទួល​ពន្លឺ​រស្មី​ពី​អល់ឡោះ​ជា​ម្ចាស់»

​ចំពោះ​ការ​សឡាត ឬ​ថ្វាយ​បង្គំ​តារ៉វែស នៅ​ពេល​យប់​រយៈពេល​ពេញ​មួយ​ខែ​បួស​នេះ​វិញ គឺ​អ្នក​កាន់​សាសនា​ឥស្លាម ទាំង​អស់​ចង់​ជួប​យប់​មួយ​ឈ្មោះ​ថា  Layla Tul-Qadar ជា​យប់​មួយ​ដ៏​វិសេសវិសាល​បំផុត គ្មាន​យប់​ណា​ល្អ​ដូច​យប់​នេះ​ទេ ព្រោះ​អល់ឡោះ បាន​បញ្ជាក់​ថា នរណា​ហើយ​បាន​គោរព​សក្ការ​ទៅ​ចំពោះ​ទ្រង់​ចំ​នឹង​យប់ Layla Tul-Qadar មួយ​យប់​នោះ ស្មើ​នឹង​ការ​គោរព​សក្ការ​ចំនួន ១​ពាន់​ខែ បើ​គិត​ជា​ឆ្នាំ គឺ​ជាង ៨៣​ឆ្នាំ ហើយ​យប់​នេះ​ជា​យប់​ដែល​អល់ឡោះ បាន​បញ្ចុះ​គម្ពីរ​អាល់គួរអាន នៅ​ក្នុង​ខែ​បួស​នេះ​ដែ។

សំឡេង​សូត្រ​គួរអាន ដែល​មាន​ន័យ​ថា ពិតប្រាកដ​ណាស់​យើង​បាន​បញ្ចុះ​គម្ពីរ​អាល់គួរអាន នៅ​ក្នុង​យប់​អាល់កឌើរ៍ ហើយ​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា អាល់កឌើរ៍​ជា​អ្វី​នោះ? យប់​អាល់កឌើរ៍​នោះ គឺ​ប្រសើរ​ជាង ១​ពាន់​ខែ ម៉ាឡាអ៊ីកាត់​ជា​ច្រើន និង​ជី​ព្រអេល ចុះ​មក​ក្នុង​យប់​នោះ​ដែល​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​របស់​ពួកគេ​ដើម្បី​អនុវត្ត​រាល់​បទបញ្ជា​នៅ​ក្នុង​យប់​នោះ​ដែរ ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សន្តិភាព​រហូត​ដល់​ហ្វាជើរ​លិច​ឡើង។

​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ សាសនិក​ឥស្លាម​នៅ​កម្ពុជា បួស​បាន​ចំនួន ២៧​ថ្ងៃ​ហើយ គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កា​ត្រៀម​មើល​ខ្នើត​ខែ​ស្ហាវ៉ាល់ ដើម្បី​កំណត់​ថ្ងៃ​ចេញ​បួស​រ៉ាម៉ាដន ឆ្នាំ​២០១៧។ លិខិត​នេះ​បាន​ជូន​ដំណឹង​ដល់​អ៊ីមាំ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​ចាត់​តាំង​គណៈកម្មការ​សម្រាប់​ត្រៀម​មើល​ខ្នើត​ខែ​សា្ហវ៉ាល់ នៅ​សៅរ៍ ទី​២៤ ខែ​មិថុនា បើ​មើល​ឃើញ​ត្រូវ​កំណត់​យក​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ចេញ​បួស តែ​បើ​មើល​មិន​ឃើញ​ត្រូវ​កំណត់​យក​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​មិថុនា ជា​ថ្ងៃ​បញ្ចប់​បួស​ខែ​រ៉ាមាដន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មនុស្ស​ជាង​៤០០​នាក់​រួម​គ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​ពិភពលោក​នៅ​ខេត្ត​រតនគិរី

$
0
0

មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ នៅ​ខេត្ត​រតនគិរី បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក នៅ​មាត់​បឹង​កន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី រួម​ជាមួយ​ការ​រត់​ម៉ារ៉ាតុង និង​ចែកចាយ​កូន​ឈើ​សម្រាប់​ដាំ ដែល​ជា​ការ​រឹត​ចំណង​សាមគ្គីភាព​គ្នា​​បន្ថែម​ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បាន​រៀបចំ​កូន​ឈើ ធុងសំរាម និង​បង្កើត​ក្រុម​កីឡា​រត់​ប្រណាំង​ម៉ារ៉ាតុង​ជុំវិញ​មាត់​បឹង​កន្សែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដើម្បី​បង្ហាញ​សាធារណជន​នៅ​ក្រុង​បានលុង ឲ្យ​យក​ចិត្ត​ទុក​សាមគ្គី​គ្នា​លុប​បំបាត់​ការ​បំពុល​បរិស្ថាន ដូចជា​ការ​កាប់​បំផ្លាញ​ដើម​ឈើ បញ្ហា​សំរាម កាក​សំណល់​រឹង មាន​ថង់ និង​ដប​ប្លាស្ទិក​ជាដើម។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ផុន ខេមរិន្ទ កត់សំគាល់​ថា ថ្វីត្បិត​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​​ពាក់ព័ន្ធ​ខិតខំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ មន្ត្រី​រាជការ​បង្កើន​ស្មារតី​ការពារ​បរិស្ថាន​យ៉ាង​ណា​ក្តី រហូត​បច្ចុប្បន្ន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​នៅ​តែ​បន្ត​កើត​មាន ដូចជា​ការ​ថយ​ចុះ​នៃ​ព្រៃឈើ ការ​បំពុល​ដោយ​សំរាម​នៅ​តាម​ទីប្រជុំជន ទីផ្សារ និង​កន្លែង​កម្សាន្ត​សាធារណៈ ជា​ពិសេស​ការ​បន្សល់​កាក​សំណល់​រឹង​មាន​ថង់ ឬ​ដប​ប្លាស្ទិក​ជាដើម។

លោក​ថា ការ​ចូល​​រួម​របស់​មនុស្ស​គ្រប់រូប គឺ​ជា​កត្តា​សំខាន់​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​បាន​កាន់តែ​ប្រសើរ៖ «សព្វថ្ងៃ​យើង​កំពុង​ដោះស្រាយ​ព្យាយាម​ជា​ជំហានៗ​ឲ្យ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជំនាញ​​ពាក់ព័ន្ធ​នាំ​គ្នា​ទប់ស្កាត់​ការ​កើន​ឡើង​ថង់​ប្លាស្ទិក​នៅ​ក្នុង​ខេត្ត និង​តំបន់​រមណីយដ្ឋាន»

ប្រធានបទ​សម្រាប់​ចូលរួម​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក​ឆ្នាំ​នេះ ផ្ដោត​ទៅ​លើ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឲ្យ​មនុស្ស​ចេញ​ស្រឡាញ់​ធម្មជាតិ និង​ឈប់​បំផ្លាញ​ធម្មជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការពារ​បរិស្ថាន​សម្រាប់​ជីវិត​មនុស្ស​​ពេល​បច្ចុប្បន្ន។

សមាជិក​សហភាព​សហព័ន្ធ​យុវជន​សង្កាត់​បឹង​កន្សែង លោក គង់ ខាន កត់សំគាល់​ថា សំរាម​និង​សារធាតុ​ប្លាស្ទិក រួម​ទាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​ជា​កង្វល់​សម្រាប់​ការ​រស់​នៅ​របស់​ពលរដ្ឋ។ លោក​ថា កន្លង​ទៅ​នេះ​ចលនា​នាំ​គ្នា​រើស​សំរាម​នៅ​តាម​​ទី​សាធារណៈ គឺ​ជា​គំរូ និង​បង្ហាញ​ឲ្យ​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​បញ្ហា​នេះ៖ «មូល​សំរាម ជា​ពិសេស​តាម​បឹង​កន្លង​ទៅ​យើង​ចូលរួម​បាន​យ៉ាង​ច្រើន ហើយ​ក្រៅ​ពី​នោះ​យើង​បាន​​ដាំ​កូន​ឈើ​នៅ​វត្ត​កំពូលភ្នំស្វាយ និង​តាម​ផ្លូវ»

​ប្រធាន​កម្មវិធី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ប្រចាំ​ខេត្ត​រតនគិរី លោក វណ្ណ និមល បញ្ជាក់​ថា ល្បឿន​នៃ​ការ​កាត់​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន​នៅ​មិន​ទាន់​មាន​លទ្ធផល​ជា​ដុំកំភួន​ទេ ជា​ពិសេស​បញ្ហា​ថង់ និង​ដប​ប្លាស្ទិក លោក​ថា សារធាតុ​ប្លាស្ទិក​បង្ក​ផល​ប៉ះពាល់​គុណភាព​ដី និង​បំពុល​បរិស្ថាន​ទាំង​​​ក្នុង​ទឹក និង​ដី​គោក​ទៀត​ផង៖ «យើង​មើល​ឃើញ​ថា ការ​អប់រំ​​ទៅ​ដល់​ប្រជាពលរដ្ឋ ការ​អប់រំ​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ការ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​កិច្ច​គាំពារ​បរិស្ថាន»

ចំណែក​អភិបាល​ក្រុង​បានលុង លោក ងិន ណែល បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ក្រុង​​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូល​ថង់ និង​ដប​ប្លាស្ទិក​នៅ​តាម​ទី​សាធារណៈ​មក​ដូរ​ពង​មាន់ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​បំពុល​ដោយសារ​ធាតុ​ប្លាស្ទិក។ លោក​ថា នឹង​រៀបចំ​ការ​អប់រំ និង​យុទ្ធសាស្ត្រ​ថ្មី​នៅ​ឆ្នាំ​ក្រោយ​នេះ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ដោយសារ​ធាតុ​ប្លាស្ទិក ឲ្យ​បាន​កាន់តែ​​​ច្រើន៖ «យើង​ដូរ​ពងមាន់​មួយ​គ្រាប់ ថង់​ប្លាស្ទិក ៣០ ហើយ​ពងមាន់​មួយ​គ្រាប់​ក៏​ដូច​ដប​ប្លាស្ទិក បាន​១០។ យើង​យក​កាកសំណល់​នេះ​ទុក​ដើម្បី​កែច្នៃ​ទេ»

តួលេខ​របស់​អាជ្ញាធរ​ក្រុង​បានលុង ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​សំរាម និង​ជាតិ​ប្លាស្ទិក មាន​ដប ​និង​ថង់​ដែល​អាជីវករ​ប្រើប្រាស់​សម្រាប់​វេច​ខ្ចប់​មាន​បរិមាណ​ជាង ៣០​តោន​ក្នុង​មួយថ្ងៃ ត្រូវ​បាន​បន្សល់​ចោល​ក្នុង​ធុង​សំរាម ឬ​ទី​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពិព័រណ៍​កម្រង​រូបថត​និង​វីដេអូ​ផ្ទះ​តាម​ច្រាំង​ទន្លេ​បាក់​ចូល​ក្នុង​ទឹក​ដោយ​ការ​បូម​ខ្សាច់

$
0
0

គម្រោង​សិល្បៈ ឈ្មោះ ស-ស នៅ ថ្ងៃ​យប់​ថ្ងៃ​ទី​២៣ មិថុនា នេះ បាន​បង្ហាញ​ជូន​នូវ​ពិព័រណ៍​កម្រង​រូបថត និង​វីដេអូ ដែល​មាន​ឈ្មោះ​ថា «ឯណា​ទៅ​ដី​ខ្ញុំ?»។

គម្រោង​នេះ​កើត​ចេញ​ដោយសារ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ នេះ មាន​ផ្ទះ​រាប់​រយ​ខ្នង​នៅ​តាម​ច្រាំង​ទន្លេ បាន​បាក់​ធ្លាក់​ចូល​ក្នុង​ទឹក និង​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់។ អ្នក​ភូមិ​បាន​បន្ទោស​ថា បញ្ហា​បាក់​ច្រាំង​នេះ បណ្ដាល​ពី​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ ហើយ​សំឡេង​ពី​កប៉ាល់​បូម​និង​ដឹក​ខ្សាច់​ទាំង​នេះ ចេះ​តែ​រំខាន​ពួកគាត់​ទាំង​យប់​ទាំង​ថ្ងៃ។

សូម​​ស្ដាប់សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ខែ សុណង តាម​ការ​សាកសួរ​របស់​លោក វ៉ាន វណ្ណដេត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​សង្កាត់​គោកចក​លើក​គ្នា​បិទ​ផ្លូវ​ប្រឆាំង​នឹង​អាជ្ញាធរ​អប្សរា​ដែល​ចុះ​រុះរើ​សំណង់​ថ្មី

$
0
0

ពលរដ្ឋ​ជាង ១០០​នាក់ នៅ​ភូមិ​វាល និង​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ប្រមូលផ្ដុំ​គ្នា​បិទ​កំណាត់​ផ្លូវ​ប៉ែក​ខាង​លិច​មិន​ឱ្យ​អ្នក​ដំណើរ និង​ភ្ញៀវ​ទេសចរណ៍​ខ្លះ​ចូល​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត បាន​ទេ។

ការ​បិទ​កំណាត់​ផ្លូវ​នេះ ធ្វើ​ឡើង​ចំនួន ២​លើក គឺ​ចាប់​ពី​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​សុក្រ ទី​២៣ ខែ​មិថុនា បាន​បិទ​ម្ដង និង​ចាប់​ពី​ម៉ោង ២​រសៀល​ម្ដង​ទៀត បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​សន្យា​ថា នឹង​មក​ជួប​ជជែក ព្រម​ទាំង​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​រុះរើ​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​ហាមឃាត់ ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​អប្សរា​បង្ហាញ​ខ្លួន​តាម​ពេលវេលា​ណាត់​ជួប​មក។

ស្ត្រី​អ្នក​ភូមិ​វាល ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បិទ​ផ្លូវ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី សែម សាវឿន។ អ្នកស្រី​បាន​អះអាង​នៅ​វេលា​ម៉ោង​ជិត ៥​ល្ងាច​នេះ​ថា បញ្ហា​ដែល​អ្នកស្រី និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​លើក​គ្នា​មក​បិទ​ផ្លូវ គឺ​បន្ទាប់ពី​អាជ្ញាធរ​អប្សរា​បាន​បញ្ជូន​កម្លាំង​ទៅ​រុះរើ​សំណង់​ថ្មី​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ប្រាសាទ​អង្គរវត្ត អស់​ចំនួន ៣​ខ្នង​៖ «អប្សរា​ហ្នឹង​ជា​អ្នក​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​អង្គរ ក្នុង​រយៈពេល ២០​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត។ បើសិនជា​គាត់​មិន​ឱ្យ​ធ្វើ ពេល​ដែល​ដឹក​ឈើ និង​ឥដ្ឋ​មក ហេតុ​អ្វី​ក៏​មិន​ហាមឃាត់?»

ក្រុម​អ្នក​ភូមិ​ទាមទារ​ឱ្យ​អាជ្ញាធរ​អប្សរា បញ្ឈប់​ការ​រុះរើ​សំណង់​ថ្មី​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ បើ​ពុំ​នោះ​ទេ​ពួកគេ​នៅ​តែ​លើកគ្នា​តវ៉ា និង​បិទ​ផ្លូវ​ទៀត។

អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ម៉ែន គឹមសួរ ដែល​ទៅ​ឃ្លាំមើល​សកម្មភាព​បិទ​ផ្លូវ​នោះ​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឆាំង​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អង្គរ ជាមួយ​នឹង​អាជ្ញាធរ​អប្សរា ជុំវិញ​ការ​ចុះ​រុះរើ​សំណង់​ដែល​ទើបតែ​សង់​ថ្មីៗ នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​នឹង​ដោះស្រាយ​បញ្ចប់​បណ្ដឹង​ទាំង​អស់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មិថុនា

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ដោះស្រាយ​ឲ្យ​ចប់​រាល់​បណ្ដឹង​ទាំង​អស់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មិថុនា ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា គឺ​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤។ ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​គឺ​ជា​ការ​បិទ​ផ្លូវ​តវ៉ា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា គ.ជ.ប បាន​ដោះស្រាយ​បណ្ដឹង​ជំទាស់​របស់​គណបក្ស​នយោបាយ​រួច​រាល់​អស់​ហើយ នៅ​សល់​តែ​បណ្ដឹង​ទាក់ទង​ទោសទណ្ឌ​តែប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ស្ថានភាព​របស់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​បោះឆ្នោត និង​ការ​បញ្ជ្រាប​ព័ត៌មាន​បែប​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា គ.ជ.ប នឹង​បង្វែរ​បណ្ដឹង​ទាក់ទង​នឹង​រឿង​ក្ដី​ព្រហ្មទណ្ឌ​ឲ្យ​ទៅ​ម្ចាស់​បណ្ដឹង​វិញ។ គ.ជ.ប ដោះស្រាយ​តែ​បណ្ដឹង​ទាក់ទង​នឹង​ច្បាប់​បោះឆ្នោត​តែប៉ុណ្ណោះ៖ «មក​ដល់​ថ្ងៃ​នេះ គឺ​នៅ​សល់​តែ​បណ្ដឹង​ដែល គ.ជ.ប ស៊ើប​អង្កេត​គឺ​បណ្ដឹង​ប្ដឹងផ្ដល់​ឲ្យ​ដាក់​ទោសទណ្ឌ​ទេ ឯ​បណ្ដឹង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​គឺ​បិទ​បញ្ចប់​ហើយ»

គ.ជ.ប បាន​បិទ​បញ្ចប់​កាលបរិច្ឆេទ​សម្រាប់​ទទួល​ពាក្យ​បណ្ដឹង​ពី​គណបក្ស​នយោបាយ​កាល​ថ្ងៃ​ទី​១៩ ខែ​មិថុនា ទាក់ទង​នឹង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា។ គិត​ត្រឹម​ថ្ងៃ​បិទ​បញ្ចប់​ទទួល​ពាក្យ​បណ្ដឹង គ.ជ.ប នៅ​សល់​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ផ្ដន្ទាទោស​ចំនួន ១៨​បណ្ដឹង ខណៈ​ដែល គ.ជ.ប បាន​ចារ​បដិសេធ​មិន​ដោះស្រាយ​បណ្ដឹង​ចំនួន ២២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ១០​បណ្ដឹង របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​១​បណ្ដឹង ជា​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​បាន​ប្ដឹង​ទៅ គ.ជ.ប។ ការ​បដិសេធ​រាប់​ឡើង​វិញ ដោយសារ គ.ជ.ប បញ្ជាក់​ថា បណ្ដឹង​ទាំង​នោះ​ត្រូវ​បាន​ថ្លោះ​សិទ្ធិ ឬ​ហៅ​ថា ផុត​កាលកំណត់​របស់​ច្បាប់។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា សម្រាប់​គណបក្ស​ប្រឆាំង​មិន​អស់​ចិត្ត និង​មិន​អាច​ទទួល​យក​ទេ ព្រោះ​តែ គ.ជ.ប បាន​ច្រានចោល​បណ្ដឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​អ្នកស្រី ម៉េង សុភារី ប្រាប់​ថា ដោយសារ​ច្បាប់​តម្រូវ​ឲ្យ​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទទួល​យក​ទាំង​មិន​អស់​ចិត្ត។ អ្នក​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ប្រសិនបើ គ.ជ.ប ព្រម​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នូវ​បណ្ដឹង​ជាង ៣០ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ទោះ​ចាញ់​ក៏​គណបក្ស​ប្រឆាំង​ព្រម​ទទួល​យក​ដោយ​អស់​ចិត្ត​ដែរ៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ដល់​ពេល​គាត់​មក​បោះឆ្នោត​បែរ​ជា​អត់​រាប់​សំឡេង​គាត់​ចូល ដែល​ជា​ការ​បោះបង់​ចោល​នូវ​ឆន្ទ​គាំទ្រ​នយោបាយ​របស់​គាត់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​អ្នកនាំពាក្យ លោក សុខ ឥសាន ប្រាប់​ថា គណបក្ស​កាន់​អំណាច​ប្រគល់​សិទ្ធិ​សម្រេច​ឲ្យ គ.ជ.ប ហើយ​បើ​ទោះ​ជា គ.ជ.ប សម្រេច​រាប់​សន្លឹក​ឆ្នោត ឬ​មិន​រាប់​ឡើង​វិញ​តាម​ការ​ស្នើ​របស់​បក្ស​កាន់​អំណាច​ក៏ដោយ សម្រាប់​គណបក្ស​កាន់​អំណាច​នឹង​ទទួល​យក​ការ​សម្រេច​របស់ គ.ជ.ប ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ដែល​បាន​ចែង៖ «យើង​ជា​អ្នក​បង្កើត គ.ជ.ប អ៊ីចឹង​យើង​ប្រគល់​តួនាទី ភារកិច្ច​សិទ្ធិ​អំណាច​ជូន​គាត់​ហើយ អ៊ីចឹង​ទេ​រាល់​បញ្ហា​ជា​លទ្ធផល​ការងារ​របស់​គាត់ គឺ​យើង​ឯកភាព​ទៅ​តាម​ហ្នឹង»

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​ថា បណ្ដឹង​ដែល​ប្ដឹង​ជំទាស់​មិន​ត្រូវ​បាន គ.ជ.ប រាប់​ឡើង​វិញ​តាម​សំណើ ដោយសារតែ​បណ្ដឹង​ទាំង​នោះ​ខ្លះ​កម្រិត​លម្អៀង​ខ្ពស់​ពេក លើស​ពី ០,៥% បើ​ទោះ​ជា​រាប់​ឡើង​វិញ ក៏​គណបក្ស​ដែល​ចាញ់​មិន​អាច​ឈ្នះ​បាន​ដែរ។ បណ្ដឹង​ខ្លះ​ត្រូវ​បាន​រាប់​ឡើង​វិញ​តាម​ឋានានុក្រម គ.ជ.ប រួច​ហើយ ដោយ​មិន​មាន​បញ្ហា បណ្ដឹង​ខ្លះ​ជា​បណ្ដឹង​ថ្លោះ​សិទ្ធិ បាន​ប្ដឹង​រំលង​ថ្នាក់​ខេត្ត​ជាដើម និង​ខ្លះ​ទៀត​គឺ​ជា​បណ្ដឹង​លក្ខណៈ​ឯកជន ឬ​ជា​ការ​គុំកួន​គ្នា ហើយ​ឆ្លៀត​ឱកាស​យក​វេទិកា​បោះ​ឆ្នោត​ប្ដឹង​គ្នា​ទៅ គ.ជ.ប។

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី  មើល​ឃើញ​ថា ការ​ដោះស្រាយ​បណ្ដឹង​របស់ គ.ជ.ប កន្លង​មក​មាន​បណ្ដឹង​ខ្លះ​មិន​មាន​តម្លាភាព និង​បណ្ដឹង​ខ្លះ​ទៀត មិន​ត្រូវ​បាន​ដោះស្រាយ។ តែ​ទោះ​យ៉ាង​ណា លោក​ថា អាច​ទទួល​បាន តែ​ស្នើ​ឲ្យ គ.ជ.ប គួរ​តែ​កុំ​បដិសេធ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​គណបក្ស​នយោបាយ ព្រោះ​ដើម្បី​ឲ្យ​មាន​ភាព​អស់​ចិត្ត​ពី​ខាង​គណបក្ស​នយោបាយ៖ «គួរ​តែ​រាប់​ទាំង​អស់​ទៅ​បណ្ដឹង​ហ្នឹង​ចាត់​ការ​ទាំង​អស់​ទៅ រាប់​ឡើង​វិញ ដើម្បី​ឲ្យ​ភាគី​ទាំង​សង​ខាង​ហ្នឹង​អស់​ចិត្ត​រៀង​ខ្លួន​ហើយ»

បើ​ទោះ​ជា​យ៉ាង​ណា លោក ហង្ស ពុទ្ធា ប្រាប់​ថា បណ្ដឹង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​អាណត្តិ​ គ.ជ.ប ថ្មី​នេះ បាន​ថយ​ចុះ​ពី​ជាង​ពាន់​បណ្ដឹង​មក​ត្រឹមតែ​ជាង ៣០០​បណ្ដឹង។ អ្នក​នាំ​ពាក្យ​ថា ក្រោយ ១៤​ថ្ងៃ​នៃ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ គ្រប់​ឃុំ-​សង្កាត់​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​ពិធី​ផ្ទេរ​តំណែង​មេ​ឃុំ ចៅសង្កាត់ ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ត្រូវ​បោះឆ្នោត​អសកល​ជ្រើសតាំង​ព្រឹទ្ធ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លិខិត​ចំហ​ជូន​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក

$
0
0

កាល​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី តែង​តាមដាន​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​ជាប់​ជា​ប្រចាំ រហូត​ដល់​មនុស្សម្នា​ប្រសិទ្ធិនាម​ជូន​លោក​ថា ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម។ ប្រសិនបើ​លោក​នៅ​រស់​មាន​ជីវិត​មក​ទល់​ពេល​នេះ ហើយ​បាន​តាមដាន​ស្ថានការណ៍​នយោបាយ ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ បណ្ឌិត កែម ឡី ប្រាកដ​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការវិវត្តន៍​ទាំង​នោះ។

ក្នុង​ឱកាស​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី នេះ​លោក ជុន ច័ន្ទបុត្រ សាកល្បង​ផ្ញើ​លិខិត​ចំហ​មួយ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី ដែល​រៀបរាប់​ពី​ជ្រុង​មួយ​នៃ​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពី​ស្ថានភាព​គ្រួសារ​របស់​លោក៖

លោក​បណ្ឌិត​ជា​ទី​គោរព! ធ្មេច​បើកៗ មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ... តាម​ពិត​ខ្ញុំ​គួរ​និយាយ​ថា ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​តាម​ត្រង់​អំពី​លោក​ទៅ​ចុះ ដ្បិត​ប្រហែលជា​លោក​ស្ដាប់​មិន​ឮ​នូវ​អ្វី​ដែល​ខ្ញុំ​ជម្រាប​លោក​នៅ​ពេល​នេះ​ទេ... ពេល​ដែល​នឹក​ដល់​លោក មនុស្ស​ភាគ​ច្រើន រួម​ទាំង​ខ្ញុំ​ផង នៅ​តែ​អួល​ដើមក​នៅ​ឡើយ។ គេ​ច្រើន​និយាយ​លួង​ចិត្ត​ថា ពេល​វេលា​អាច​ជួយ​ធ្វើ​អោយ​រសាយ​ចិត្ត​បាន​ខ្លះ។ ប៉ុន្តែ​ចំពោះ​លោក ភក្ដីភាព និង​ការ​នឹក​ស្ដាយ​ស្រណោះ​លោក​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​គ្រប់​ទិសទី ហាក់​មិន​ទាន់​រសាយ​បន្តិច​ណា​សោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

ថ្វី​ដ្បិត​តែ​មាន​ការ​ស្ដាយ​ស្រណោះ​លោក​យ៉ាង​ណា ក៏​គ្មាន​វិធី​ដ៏​អស្ចារ្យ​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​លោក​បាន​រស់​ជីវិត​ឡើង​វិញ​បាន​ទេ។ អ្វី​ដែល​អ្នក​ស្រឡាញ់​គាំទ្រ​លោក​អាច​ធ្វើ​បាន គឺ​ការ​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក​អោយ​នៅ​រស់ និង​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​តែប៉ុណ្ណោះ។

មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​ការវិវត្តន៍​ច្រើន​ណាស់​នៅ​កម្ពុជា។ លោក​ជឿ ឬ​មិន​ជឿ មន្ត្រី​សង្គម​ស៊ីវិល​៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា ដែល​ជា​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ គឺ​តាំង​ពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត មក​ដល់​ចុង​ខែ​មិថុនា ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​សរសេរ​លិខិត​រៀបរាប់​ជូន​លោក​នេះ ពួកគាត់​នៅ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ទេ។

លោក​ប្រហែលជា​ជ្រាប​ហើយ​ថា ពួកគាត់​ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ស្ត្រី​វ័យក្មេង​ជា​ជាង​កាត់សក់​ម្នាក់​ដែល​ត្រូវ​គេ​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​នាង ថា​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា។ តុលាការ​ត្រូវ​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​ពីរ​ដង​ហើយ នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​ការ​ស៊ើប​អង្កេត​ដើម្បី​កាត់​ក្ដី​នៅឡើយ។ សូម្បីតែ​សុំ​អោយ​នៅ​ក្រៅ​ឃុំ​សិន ក្នុង​រយៈពេល​ស៊ើបអង្កេត​ក៏​តុលាការ​មិន​ព្រម​ដែរ។ ហេតុផល​ចម្បង គឺ​ពួកគាត់​អាច​ចេញ​ទៅ​បង្ក​អសន្តិសុខ​ដល់​សង្គម​ខាង​ក្រៅ។ នេះ​បើ​តាម​ការ​សម្រេច​របស់​តុលាការ​គ្រប់​ជាន់ថ្នាក់។

ខ្ញុំ​មិន​ប្រាកដ​ថា តើ​លោក​នៅ​ទាន់​ការ​ប្រសិទ្ធិនាម​ដល់​តុលាការ​នេះ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​ឥឡូវ​នាំ​គ្នា​ហៅ​តុលាការ​បច្ចុប្បន្ន​ថា​ជា "តុលាការ​តេឡេ"។ ការ​ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​តុលាការ​តេឡេ​ដូច្នេះ មក​ពី​ពួកគាត់​មើល​ឃើញ​ថា តុលាការ​នេះ​ធ្វើ​ការ​តាម​តែ​ការ​ចុច​បញ្ជា​មក​ពី​ចម្ងាយ... ភាគ​ច្រើន​មក​ពី​ស្ថាន​ទេវតា។

បាទ! និយាយ​ដល់​រឿង​ស្ថាន​ទេវតា ស្ថាន​ព្រះអាទិត្យ​នេះ លោក​ក៏​ប្រហែលជា​ភ្ញាក់ផ្អើល​ដែរ បើ​លោក​ជ្រាប​ថា លោក សម រង្ស៊ី មិន​មែន​ជា​ប្រធាន​គណបក្ស​រូប​ព្រះអាទិត្យ​ទៀត​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ ឥឡូវ​ដឹកនាំ​ដោយ​លោក កឹម សុខា។ បាទ! ប្រាកដ​ណាស់​គឺ​លោក កឹម សុខា ដែល​លោក​បាន​ទៅ​ជួប​សួរសុខទុក្ខ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​គេ​បាញ់​សម្លាប់​រូបលោក​នោះ​ឯង។ លោក​ប្រហែល​មិន​ភ្លេច​ទេ ពេល​នោះ​លោក កឹម សុខា កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​ចាក់​អង្រែលើ។ គាត់​សម្ងំ​នៅ​ទីស្នាក់ការ​នោះ​អស់​ប្រមាណ​កន្លះ​ឆ្នាំ ក៏​ស្រាប់តែ​ព្រះមហាក្សត្រ​សព្វព្រះទ័យ​លើកលែង​ទោស​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​លោក កឹម សុខា ក៏​មាន​សេរីភាព​ហ៊ាន​ចេញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​ប្រជុំ​នៅ​សភា​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ភាគតិច មាន​ឋានៈ​ប្រហាក់​ប្រហែល​នាយករដ្ឋមន្ត្រី​យ៉ាង​គ្រហើៗ​របស់​លោក​ទៅ។

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មិន​ដឹង​ជា​លោក កឹម សុខា ទៅ​ធ្វើ​អី​លោក ហ៊ុន សែន ទេ ស្រាប់តែ​លោក ហ៊ុន សែន ដូរ​ច្បាប់​លែង​អោយ​មាន​តំណែង​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​សភា​ទៅ។ ទាល់តែ​ក្រោយ​មក​ទើប​មាន​ដំណឹង​បែក​ធ្លាយ​ថា ការ​ដែល​លោក កឹម សុខា ទទួល​បាន​ការ​លើកលែង​ទោស​នេះ ក៏​ព្រោះ​តែ​មាន​ការ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ចង់​ប្រើ​ដៃ​លោក កឹម សុខា អោយ​កម្ចាត់​លោក សម រង្ស៊ី ចេញ​ពី​តំណែង​ប្រធាន​បក្ស។ ស្ដាប់​តាម​សារ​បែក​ធ្លាយ​នោះ​ទៅ ហាក់​ដូច​ជា​ឮ​លោក កឹម សុខា ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ណាស់​ជាមួយ​លោក ហ៊ុន សែន ដែរ។ តែ​ដល់​មែន​ទែន លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​សន្យា លោក ហ៊ុន សែន ក៏​ខឹង​ទីណាត់ទីណែង ហើយ​លោក​ក៏​ដាក់​ផែនការ​ចាត់​ចែង​រឿង​នេះ​ដោយ​ផ្ទាល់​ដៃ​វិញ​តែ​ម្ដង។

បាទ! ដំបូង​លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី បន្ថែម​ហើយ​ថា បើ​លោក សម រង្ស៊ី ចាញ់​ក្ដី​នៅ​តុលាការ​តេឡេ លោក​ទារ​ប្រាក់​សំណង​ក្នុង​ចំនួន​មួយ​យ៉ាង​ខ្ពស់។ លោក​ថែម​ទាំង​គំរាម​ថា បើ​មិន​មាន​ប្រាក់​សង​លោក​ទេ លោក​នឹង​រឹប​អូស​យក​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ លក់​ទូទាត់​យក​ប្រាក់​សង​ជំងឺ​ចិត្ត​លោក​ផង។ បាទ! ត្រូវ​ហើយ​លោក! មិន​តែ​អ្នក​តូចតាច អត់​អំណាច អត់​ទ្រព្យ ចេះ​ឈឺ​ចិត្ត​ទេ លោក​នាយក​រដ្ឋមន្ត្រី​ក៏​ចេះ​ឈឺ​ចិត្ត​ដែរ។

ក្រៅ​តែ​ពី​ចង​អាឃាត​ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏​នៅ​មាន​ផែនការ​ធំ​មួយ​ទៀត នោះ​គឺ​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែម្ដង។

លោក ហ៊ុន សែន បាន​បញ្ជា​អោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​បក្ស​នយោបាយ ដោយ​កំណត់​ថា ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​នយោបាយ ត្រូវ​តែ​ជា​ជន​គ្មាន​ទោសពៃរ៍ ហើយ​បើ​បក្ស​ណា​ដឹកនាំ​ដោយ​មេ​បក្ស​ដែល​មាន​ទោស​កម្រិត​ធ្ងន់ គេ​អាច​រំលាយ​គណបក្ស​នោះ​ចោល​បាន។ ប្រហែលជា​វប្បធម៌​ក្រាញ​អំណាច​ចូល​វាយលុក​ពេញ​នគរ​កាយ​របស់​លោក ហ៊ុន សែន ហើយ បាន​ជា​ធ្វើ​អោយ​លោក​គិត​ថា ផែនការ​ថ្មី​នេះ អាច​ជួយ​អោយ​សម្រេច​បំណង​លោក​បាន។ តែ​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន ប៉ង គ្រាន់​តែ​ដឹង​ពី​ល្បិច​នេះ​ភ្លាម លោក សម រង្ស៊ី បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​មេ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លែត។ នៅ​ថ្ងៃ​លាលែង​នោះ លោក សម រង្ស៊ី ប្រកាស​យ៉ាង​ច្បាស់​ជា​សាធារណៈ​ថា លោក​ធ្វើ​នេះ​គឺ​ដើម្បី​សង្គ្រោះ​គណបក្ស កុំ​អោយ​គេ​រំលាយ​ចោល​បាន។

អ្វី​ដែល​លោក​បណ្ឌិត​មិន​ធ្លាប់​បាន​ឮ​នៅ​ក្នុង​ដំណាក់កាល​ជិត​បោះឆ្នោត​អាណត្តិ​នេះ​ដែរ​នោះ ពលរដ្ឋ​នាំ​គ្នា​ហៅ​ថា​អាណត្តិ​នេះ​ជា​អាណត្តិ​បែក​ធ្លាយ។ ប្រហែលជា​លោក​បណ្ឌិត​នៅ​ទាន់​ពេល​ដែល​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ​រឿង​ពិត CNRP ដែល​បែក​ធ្លាយ​សំឡេង​សារ​សង​ស្នេហា​ដំបូង​ឡើយ ត្រូវ​បាន​ដែល​គេ​អះអាង​ថា ជា​សំឡេង​រវាង​លោក កឹម សុខា ជាមួយ​នឹង​ស្រីៗ​មួយ​ចំនួន។ បន្ទាប់​មក​សំឡេង​ផ្ដោះផ្ដង​ឡែបខាយ​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​នេះ ក៏​បែក​ធ្លាយ​រាលដាល​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត រួម​ទាំង​លោក សម រង្ស៊ី ផង។

ក្រោយ​មក​ក៏​ស្រាប់​តែ​មាន​លេច​មុខ​អ្នក​បញ្ចេញ​សារ​បែក​ធ្លាយ​ម្នាក់​ទៀត ឈ្មោះ សីហា។ សីហា ហាក់​មាន​ជំនាញ​ខ្លាំង​ជាង​ម្ចាស់​ទំព័រ​រឿង​ពិត CNRP។ សមត្ថភាព​ពិសេស​មួយ​របស់​សីហា ដែល​ធ្វើ​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទ្រាំ​មិន​សរសើរ​មិន​បាន​នោះ គឺ​ការ​ដែល​សីហា អាច​លួច​ថត​បាន​កិច្ច​សន្ទនា​នយោបាយ​ជា​សម្ងាត់​របស់​លោក ដែល​ជា​មេដឹកនាំ​ខ្ពស់​ផុត​រក​លេខ​ដាក់​គ្មាន និយាយ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា អំពី​ផែនការ​កម្ចាត់​លោក សម រង្ស៊ី ពី​តំណែង​មេ​បក្ស​ប្រឆាំង​ផង។ ទោះ​ជា​ហ៊ាន​លួច​ថត​សំឡេង​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​យ៉ាងណា​ក៏​ដោយ​ចុះ សីហា ប្រហែលជា​គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​ទុក្ខទោស​ដូចជា​គេ​បាន​ធ្វើ​ទៅលើ​លោក​បណ្ឌិត​ឡើយ។

អាច​ថា​មក​ពី​អាជ្ញាធរ​មិន​មាន​វិធានការ​លើ​អ្នក​លួច​ថត​បែក​ធ្លាយ​រឿងរ៉ាវ​របស់​បុគ្គល​នេះ​ហើយ បាន​ជា​ការ​បែក​ធ្លាយ​នៅតែ​បន្ត ហើយ​ចាប់​ផ្ដើម​រាលដាល​ដល់​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ​ម្ដង។

នៅ​មុន​ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត មាន​ការ​បែក​ធ្លាយ​នូវ​សារ​តាម​ទូរស័ព្ទ​របស់​កូនៗ​លោក​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​ឈ្មួញ​ធំៗ មាន​មេបន​ល្បែងស៊ីសង​កាស៊ីណូ​ណាហ្គា (Naga) ការ​បែក​ធ្លាយ​អំពី​ការ​សុំ​អន្តរាគមន៍​ពី​ជនបរទេស​អោយ​បាន​ចូល​សញ្ជាតិ​ខ្មែរ​ជា​ថ្នូរ​នឹង​ការសន្យា​ជួយ​លោក ហ៊ុន សែន អោយ​ឈ្នះ​ឆ្នោត តាមរយៈ​យុទ្ធសាស្ត្រ​គំរាម​បំបាក់​ស្បាត​ពលរដ្ឋ​ខ្មែរ​ជាដើម។

ក្រៅ​ពី​នេះ ក៏​មាន​ការ​បែក​ធ្លាយ​សារ​អេឡិចត្រូនិក ឬ Email របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត ដូចជា​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក គឹម សន្តិភាព កូនប្រសា​លោក ជាម យៀប និង​លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ជាដើម។ សារ​បែក​ធ្លាយ​ទាំង​នេះ មាន​តាំងពី​រឿងរ៉ាវ​របស់​មន្ត្រី​ធំៗ​ខ្លះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ មាន​ការ​ចាត់តាំង​អោយ​មាន​ក្រុម​អុកឡុក​តាម​បណ្ដាញ​សង្គម​ជាដើម។

លោក​ដឹង​ទេ? គ្រាន់​តែ​បាន​ធ្វើ​ជា​កូនប្រសា​លោក ជាម យៀប ភ្លាម យីអ៊ុន​របស់​មន្ត្រី​វ័យក្មេង​ម្នាក់​ដែល​ហាក់​ដូច​ជា​កើត​ជំងឺ​រៀប​ឫក​មិន​ទាន់​ផង​នោះ ហាក់​ឡើង​ស្រឺតៗ​តែម្ដង។ ក្រៅ​តែ​ពី​ឡើង​តំណែង​ឯកឧត្ដម ក៏​មាន​ប្រាក់​វាល់​លាន​ដុល្លារ ទាំង​លុយ​រៀល ទាំង​លុយ​ដុល្លារ មាន​ដី​និង​ផ្ទះ នៅ​តាម​ខេត្ត​ក្រុង​នានា​រាប់​ស្ទើរ​ភ្លេច។ គ្រាន់តែ​ក្បាល​ខ្សែ​ក្រវាត់​របស់​ឯកឧត្ដម​ក៏​ធ្វើ​ពី​មាស​សុទ្ធ និង​ដាំ​ពេជ្រ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែរ។ នេះ​ប្រសិនបើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​ទៅ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បែក​ធ្លាយ​នោះ​ជា​ឯកសារ​ពិត។

បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់​តែ​មាន​បែក​ធ្លាយ​សារ​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ជា​សម្ងាត់​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ធ្វើ​នៅ​ខែ​ឧសភា និង​ខែ​កញ្ញា ឆ្នាំ​២០១៦។

សំណួរ​ទាំង​ឡាយ​ដែល​គេ​បាន​សួរ​មនុស្ស​ជាង ៥​ពាន់​នាក់​ក្នុង​ការ​ស្រាវជ្រាវ​នេះ បង្ហាញ​ពី​កង្វល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​ប្រជាប្រិយភាព​របស់​លោក សម រង្ស៊ី លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គេ​សួរ​ថា ប្រសិនបើ​គេ​រារាំង​មិន​អោយ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ និង​សំណួរ​ថា ប្រសិនបើ​គេ​មិន​បើក​ទូលាយ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ឃោសនា​បោះឆ្នោត​ជាដើម តើ​លោក​អ្នក​នឹង​មាន​ទំនោរ​តិច ឬ​ច្រើន ក្នុង​ការ​បោះឆ្នោត​អោយ​គណបក្ស​នេះ?

តាម​ពិត​លោក​ក៏​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នក​នយោបាយ និង​ពលរដ្ឋ​ដូច​សព្វ​ថ្ងៃ​នោះ គណបក្ស​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ។ អ្នក​ដែល​ឆ្លើយ​ក្នុង​ការ​ស្រាវជ្រាវ​នោះ ក៏​ផ្ដល់​ចម្លើយ​ដូច​អ្វី​ដែល​លោក​បណ្ឌិត​ធ្លាប់​មាន​ប្រសាសន៍​នោះ​មែន គឺ​ពួកគាត់​នឹង​មាន​ទំនោរ​បោះឆ្នោត​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គេ​មិន​អោយ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ និង​ប្រសិនបើ​គេ​រឹតត្បិត​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង។

គណបក្ស​កាន់​អំណាច​ហាក់​មិន​យក​ការ​រក​ឃើញ​នៃ​ការ​ស្រាវជ្រាវ​នេះ​ទៅ​អនុវត្ត​ទេ ហើយ​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​តំណែង​មេឃុំ-​ចៅសង្កាត់​ជិត​ ៥០០​តំណែង ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បណ្ឌិត​ជា​ទី​គោរព! មាន​ការ​ផ្លាស់ប្ដូរ​មួយទៀត​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​លោក​បណ្ឌិត​អាច​នឹង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ដែរ។ លោក​បណ្ឌិត​ជឿ ឬ​មិន​ជឿ ពាក្យ​ថា "សន្តិភាព" លែង​មានន័យ​ថា ដំណើរ​ស្ងប់ សាន្តត្រាណ ឬ​ដំណើរ​សះ​ជា​នឹង​គ្នា​ដូច​មាន​ចែង​ក្នុង​វចនានុក្រម​សម្ដេច ជួន ណាត ទៀត​ហើយ។ យ៉ាង​ហោច​ណាស់​ក៏​ពាក្យ​នេះ ប្ដូរ​អត្ថន័យ​ចំពោះ​ការ​ប្រើប្រាស់​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំពោះ​លោក ហ៊ុន សែន ពាក្យ​សន្តិភាព មាន​ន័យ​ស្មើ​នឹង​ពាក្យ សង្គ្រាម ឬ​អំណាច​ទៅ​វិញ។ជារឿយៗ នៅ​ពេល​ដែល​លោក​មាន​ប្រសាសន៍​ដល់​ការ​រក្សា​អំណាច​របស់​លោក លោក​តែង​លើក​យក​ពាក្យ “សន្តិភាព” នេះ​មក​ប្រើ​វិញ។ ឧទាហរណ៍​ជំនួស​ពាក្យ​ថា ដើម្បី​រក្សា “អំណាច” លោក​មាន​ប្រសាសន៍​ថា ដើម្បី​រក្សា “សន្តិភាព” ទោះ​ជា​ត្រូវ​កម្ទេច​ចោល​មនុស្ស ១០០ ទៅ ២០០​នាក់ រួម​ទាំង​មេ​បក្ស​ប្រឆាំង​ផង ក៏​លោក​មិន​រួញរា​ជាដើម។

ក្នុង​ខណៈ​ដែល​លោក​បញ្ជា​ទៅ​មន្ត្រី​របស់​លោក អោយ​វាយ​កម្ទេច​ជន​ណា​ក៏​ដោយ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ដើម្បី​បង្ក្រាប​អ្នកប្រឆាំង​នឹង​លោក ហើយ​ដែល​អំពើ​នេះ​អាច​នឹង​ធ្វើ​អោយ​មាន “សង្គ្រាម” បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស លោក​បែរ​ជា​មានប្រសាសន៍​ថា លោក​កំពុងតែ​បញ្ជា​អោយ​ការពារ “សន្តិភាព” ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពាក្យ​សន្តិភាព​នៅ​តែ​មាន​ន័យ​ដូច​សម្ដេច ជួន ណាត បាន​ចងក្រង​ទុក​មក ហើយ​ពួកគាត់​នៅ​តែ​មាន​ឆន្ទៈ​ចង់​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សន្តិវិធី​ដដែល។

ណ្ហើយ! ខ្ញុំ​រៀបរាប់​រឿង​នយោបាយ​ជម្រាប​លោក​បណ្ឌិត​បែប​រាង​វែងឆ្ងាយ​បែកសាយាមោ​បន្តិច​ហើយ។ បើ​លោក​បណ្ឌិត​ស្ដាប់​ឮ ក៏​ប្រហែល​ជា​ធុញ​ណាស់​ដែរ។ លោក​បណ្ឌិត​ប្រហែលជា​ចង់​ដឹង​អំពី​ស្ថានភាព​គ្រួសារ​លោក​បណ្ឌិត​ណាស់ ថា​តើ​អត់​ពី​លោក​ទៅ ពួកគាត់​ប្រឈមមុខ​ទៅ​នឹង​ជីវិត​តែលតោល​គ្មាន​បង្គោល​បែប​ណា?

ខ្ញុំ​សូម​ចាប់​ផ្ដើម​ពី​ម្ដាយ​របស់​លោក។ មិន​ខុស​ពី​អ្នក​ម្ដាយ​ដទៃ​ទៀត​ទេ ម្ដាយ​របស់​លោក​សោក​សង្រេង​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់បង់​រូប​លោក។ អ្នក​ម្ដាយ​របស់​លោក​ប្រាកដ​ជា​នៅ​នឹក​លោក​ខ្លាំង​ណាស់ ព្រោះ​គេ​តែង​ឃើញ​លោក​យាយ​នៅ​តត្រុក​ក្បែរ​ផ្នូរ​របស់​លោក បោស​ជូតៗ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​សោះ។ អ្នក​ម្ដាយ​ថែម​ទាំង​ទៅ​សម្រាន្ត​នៅ​ជាប់​នឹង​ផ្នូរ​របស់​លោក​ជា​ប្រចាំ​ទៀត​ផង។ មើល​ទៅ​អ្នក​ម្ដាយ ហាក់​ដូច​នៅ​រង់ចាំ​ក្រែង​លោក​បាន​ភ្ញាក់​មក​វិញ ឬ​មួយ​ក៏​គាត់​នៅ​ចាំ​យាម​ការពារ​សព​លោក​កុំ​មាន​ជន​ឃោរឃៅ​ណា​មក​តាម​យាយី​កូន​ប្រុស​អ្នក​ម្ដាយ​ទៀត។ គ្មាន​នរណា​អាច​យល់​ពី​ជម្រៅ​ចិត្ត​របស់​អ្នក​ម្ដាយ​បាន​ឡើយ។

វា​ពិតជា​អយុត្តិធម៌​បន្តិច​ចំពោះ​អ្នក​ម្ដាយ​របស់​លោក។ តាម​ពិត​គឺ​លោក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​គួរ​បាន​នៅ​រស់​ថែរក្សា​គាត់ ពេល​ដែល​គាត់​មាន​វ័យ​ជរា​បែប​នេះ។ មិន​គួរ​ណា​គាត់​ជា​អ្នក​ថែ​លោក​វិញ​សោះ ជាពិសេស​នៅ​សោកសង្រេង​ថែ​ផ្នូរ​កូន ដែល​ត្រូវ​គេ​ឆក់​យក​ជីវិត​ទៅ​ទាំង​ស្រស់ៗ​បែប​នេះ។ សូម​ទោស​ទៅ​ចុះ និយាយ​នេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​បន្ទោស​លោក​ទេ។ អ្នក​ណា​ក៏​ដឹង​ច្បាស់​ណាស់​ដែរ​ថា តាម​ពិត​លោក​មិនមែន​ជា​អ្នក​សម្រេច​ចិត្ត​ចាកចោល​គាត់​ឯ​ណា។

យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ជម្រាប​ជូន​លោក​ដែរ។ កូន​ប្រុស​ពៅ​របស់​លោក​ប្រសូត​ហើយ។ ភរិយា​របស់​លោក​បាន​ដាក់​ឈ្មោះ​កូនពៅ​របស់​លោក​ថា កែមឡី វីរបុត្រ។ មិន​ដឹង​ថា​លោក​ជា​អ្នក​ជួយ​រក​ឈ្មោះ​នេះ​ដាក់​អោយ ឬ​ក៏​យ៉ាង​ណា​ទេ ខ្ញុំ​ភ្លេច​សួរ​ភរិយា​លោក​អោយ​ឈឹង​ពេល​ដែល​ខ្ញុំ បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​គាត់ និង​កូនៗ​របស់​លោក ប្រមាណ​ជា​ជាង​ពីរ​ខែ​មុន​នេះ។ តែ​ឈ្មោះ កែម ឡី វីរបុត្រ ដែល​មាន​ន័យ​ថា កូន​ដ៏​អង់អាច​ក្លាហាន​របស់​កែម ឡី នេះ ស័ក្ដិ​សម​នឹង​កូន​ពៅ​របស់​លោក​ណាស់។

វីរបុត្រ​មាន​សុខភាព​ល្អ​ទេ ពេល​ដែល​ខ្ញុំ​ទៅ​ជួប។ មក​ដល់​ពេល​នេះ វីរបុត្រ មាន​អាយុ​ប្រមាណ ៩​ខែ​ហើយ។ បងៗ​គេ​ព្រួត​គ្នា​ស្រឡាញ់ និង​ថ្នាក់ថ្នម​ប្អូន​ប្រុស​ពៅ​សម្បើម​ណាស់។ ថ្វី​ដ្បិត​តែ​មិន​បាន​ទទួល​ការ​ថ្នាក់ថ្នម​ផ្ទាល់​ពី​លោក ដែល​ជា​ឪពុក​បង្កើត វីរបុត្រ ទទួល​បាន​នូវ​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​មួយ​ជាច្រើន។

ចំណែក​ភរិយា​របស់​លោក​វិញ គាត់​នៅ​តែ​​​បង្ហូរ​ទឹក​ភ្នែក​នឹក​ស្រណោះ​ដល់​លោក​គ្រប់​ដង្ហើម​ចេញ​ចូល​នៅ​ឡើយ។ យ៉ាង​ណា​ក៏ដោយ សូម​លោក​មេត្តា​កុំ​បារម្ភ​ពេក​អី ពេល​នេះ​គាត់​ហាក់​ដូច​ជា​រឹងមាំ​ជាង​កាល​ដែល​លោក​នៅ​រួមរស់​ជាមួយ​គាត់​ច្រើន​ណាស់។ ធម្មតា​ទេ ពេល​ដែល​បាត់​បង្អែក​ហើយ គាត់​បាន​ខំ​ប្រឹង​ពង្រឹង​ខ្លួន​ដើម្បី​ធ្វើ​ជាទី​លំនឹង​សម្រាប់​កូនៗ​វិញ​ម្ដង។

ភរិយា​និង​កូនៗ​របស់​លោក មិន​នៅ​ក្នុង​ប្រទេស​ដែល​លោក​បាន​ហៅ​ថា សំបូរ​ទៅ​ដោយ​សត្វ​តិរច្ឆាន​នោះ​ទៀត​ទេ។ ដើម្បី​រំដោះ​ខ្លួន​ពី​ការ​ប៉ុនប៉ង​យាយី​ពី​សំណាក់​សត្វ​សាហាវ​ទាំង​នោះ ពួកគាត់​បាន​ភៀសខ្លួន​ទៅ​បរទេស ហើយ​ពេល​នេះ​កំពុង​រង់ចាំ​ទៅ​តាំង​លំនៅ​នៅ​ប្រទេស​ទីបី។

ក្នុង​រយៈពេល​រង់ចាំ​នេះ ពួកគាត់​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព​ខ្លះៗ តែ​សង្ឃឹម​ថា ពួកគាត់​នឹង​ទទួល​បាន​សិទ្ធិ​ទៅ​តាំង​លំនៅ នៅ​ប្រទេស​ទី​បី​ពេល​ឆាប់ៗ​នេះ ហើយ​ជីវភាព​ពួកគាត់​អាច​នឹង​ប្រសើរ​ឡើង។

អំពើ​ល្អ និង​គុណ​តម្លៃ​របស់​លោក​បណ្ឌិត​មិន​សាបសូន្យ​ឡើយ។ អ្នក​ទាំងឡាយ​ដែល​ធ្លាប់​គោរព​ស្រលាញ់​លោក សុទ្ធ​តែ​មាន​សន្តាន​ចិត្ត​ចង់​ជួយ​យឹតយោង​ភរិយា និង​កូន​ទាំង​ប្រាំ​របស់​លោក ព្រម​ទាំង​មាន​ផែន​ការ​ជួយ​ផ្គត់ផ្គង់ ដល់​កូនៗ​របស់​លោក អោយ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ និង​ធំធាត់​ចំរើន​វ័យ​ក្នុង​ពិភព​មួយ​ដែល​គាប់​ប្រសើរ​ជាង​មាន​យុត្តិធម៌​ជាង​ពិភព​ដែល​លោក​ធ្លាប់​រស់​នៅ។

សូម​លោក​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​ចុះ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នឹង​មិន​មើល​ភរិយា និង​កូនៗ​របស់​លោក​នឹង​ភ្នែក​ឡើយ។

ខ្ញុំ​សូម​គោរព​លា​លោក​តែ​ប៉ុណ្ណេះ​សិន​ចុះ! ខ្ញុំ​បាទ​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​សាង​ជូន​ទៅ​ដល់​លោក​បណ្ឌិត និង​សូម​អោយ​លោក​បណ្ឌិត​បាន​ដល់​ឋាន​សុគតិភព៕

ពី​ខ្ញុំ ជុន ច័ន្ទបុត្រ អ្នក​នៅ​តែ​មាន​ភក្ដីភាព​ចំពោះ​លោក!!!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ចាម​៨​គ្រួសារ​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​គំរាមកំហែង​ដោយសារ​គាំទ្រ​បក្ស​ប្រឆាំង

$
0
0

ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុស​គ្នា​របស់​ជនជាតិ​ចាម បាន​ក្លាយ​ជា​ជម្លោះ​ផ្ទៃ​ក្នុង​សាសនា​ឥស្លាម​នៅ​វិហារ​មួយ ឋិត​នៅ​ភូមិ​ដំណាក់ព្រីង ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ ជនជាតិ​ចាម ៨​គ្រួសារ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ហាកឹម ឬ​អ្នក​គ្រប់គ្រង​វិហារ និង​ថ្នាក់​ដឹកនាំ​សាសនា​ខ្លួន បាន​គំរាមកំហែង និង​កាត់​កាល​ពួកគេ​ពី​សាសនា។

ជនជាតិ​ចាម​ម្នាក់​ក្នុង​ចំណោម​គ្រួសារ​ជនជាតិ​ចាម ៨​គ្រួសារ នៅ​ភូមិ​ដំណាក់ព្រីង ឃុំ​ស្វាយជុក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា ឈ្មោះ ម៉ាត់ ម៉ៅ និង ទួន សេន ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្នុង​វិហារ​ខ្លះ​ទៀត បាន​គំរាម​ឲ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​លើក ដោយ​ជំរុញ​ឲ្យ​ធ្វើ​កិច្ច​សន្យា​លាឈប់ ឬ​ចូល​ស្បថ​ក្នុង​វិហារ​នៅ​ចំពោះ​ជនជាតិ​ចាម ជា​ច្រើន​ទៀត ជាមួយ​គ្នា​នេះ​ក៏​មិន​បាន​ចែក​អំណោយ​ឲ្យ​ពួកគេ​មួយ​ចំនួន​​មក​ហើយ។

លោក ណោង ម៉ាត់ បន្ថែម​ថា អំណោយ​អង្ករ មី ត្រីខ និង​ភេសជ្ជៈ​ដែល​ចែក​ជនជាតិ​ចាម កន្លង​មក​នោះ​មិន​មែន​ជា​អំណោយ​របស់​គណបក្ស​ប្រជាជន​ឡើយ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាសនា​មាន​ការ​រើសអើង ទើប​មិន​ចែក​ឲ្យ​ពលរដ្ឋ​ទាំង ៨​គ្រួសារ។ លោក​ថា ក្នុង​ចំណោម ៨​គ្រួសារ គឺ​មាន ៥​គ្រួសារ​ជា​មុខ​សញ្ញា​ដែល​គេ​កៀបសង្កត់​ខ្លាំង ដោយ​អ្នក​ទាំង​នេះ​ធ្លាប់​ចេញ​មុខ​គាំទ្រ និង​ឈរ​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ៖ «គាត់​កោះ​ហៅ​អ្នក​ទាំង​ប្រាំ​នាក់​តែ​ម្ដង តែ​អ្នក​ប្រឈម​មុខ​និយាយ​តែ​ជាមួយ​ខ្ញុំ! គាត់​ថា បើ​សិន​ពួក​ខ្ញុំ​អត់​ចុះ​ចូល​គណបក្ស​ប្រជាជន​វិញ គេ​នឹង​បិទ​សិទ្ធិ​ពួក​ខ្ញុំ​អត់​មាន​ឲ្យ​ធ្វើ​បុណ្យទាន​អី​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ ហើយ​គាត់​នឹង​បញ្ចេញ​ចេញ​ពី​សាសនា ហើយ​ខ្ញុំ​សួរ​ថា ចុះ​បើ​ខ្ញុំ​អត់​ខុស​អី​ផង​បង​ឯង​ដេញ​ខ្ញុំ​ពី​សាសនា​ដេញ​រឿង​អី?គាត់​ថា ឯង​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចុះ​ខ្ញុំ​ធ្វើ​ប៉ុន្មាន​អាណត្តិ​ហើយ​ក៏​មិន​ដែល​មាន​រឿង​ដល់​ម្ល៉ឹង? គាត់​ថា រឿង​ហ្នឹង​មិនមែន​បង​ជា​អ្នក​កៀបសង្កត់​ទេ មក​ពី​ថ្នាក់​លើ ក្រសួង​ធម្មការ»

លោក​បញ្ជាក់​ជំហរ​ថា នឹង​មិន​ចេញ ឬ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ព្រោះ​លោក​ស្រឡាញ់​គោលនយោបាយ​គណបក្ស​ដោយ​មិន​គិត​ពី​បុគ្គល លោក សម រង្ស៊ី ឬ​លោក កឹម សុខា ឡើយ។ លោក​ស្នើ​ឲ្យ​មន្ត្រី​ធម្មការ និង​សាសនា ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ល្អក់កករ​ដាក់​គ្នា​កាន់​តែ​ខ្លាំង ខណៈ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ក្នុង​វិន័យ​សាសនា​ផង​នោះ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ម៉ាត់ ម៉ៅ ថា លោក​គ្រាន់​តែ​ចង់​ឲ្យ​ជនជាតិ​ចាម​ទាំង​អស់​រួបរួម​គ្នា មិន​ត្រូវ​បែក​ឆ្វេង ឬ​បែក​បាក់​គ្នា​នោះ​ទេ។ លោក​ព្យាយាម​មិន​ឆ្លើយ​នឹង​ពាក្យ​ថា​បែក​ឆ្វេង ឬ​បែកបាក់​គ្នា​ដោយ​ប្រការ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ប្រាប់​ថា ថ្នាក់​ដឹកនាំ​សាសនា​មិន​បាន​គាបសង្កត់​អ្វី​ក្រៅ​ពី​ចង់​ឲ្យ​ជនជាតិ​ចាម​ចេះ​សាមគ្គី​គ្នា​នោះ​ទេ៖ «ឲ្យ​តែ​គាត់​ចូល​មក...ស្ដាប់​បាន​អត់! ខ្ញុំ​ថា ចូល​តែ​ខ្លួន​មក​ចិត្ត​ទៅ​ខាង​ណា​ក៏​បាន​ដែរ។ បង​ឯង​ចុះ​មក​មួយ​ភ្លែតៗ បើ​ចង់​និយាយ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

ទោះ​ជា​យ៉ាង​ណា អនុ​ប្រធាន​ចលនា​ខ្មែរ​ឥស្លាម​ខេត្ត​កំពង់​ឆ្នាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីន សុវណ្ណ បញ្ជាក់​ថា ករណី​គំរាមកំហែង និង​កាត់​កាល​ចេញ​ពី​សាសនា​នេះ ព្រោះ​តែ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា។

ជាក់​ស្ដែង​លោក ណោង ម៉ាត់ ដែល​ជា​ប្អូន​បង្កើត​របស់​មេភូមិ​ដំណាក់ព្រីង ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​លិខិត​ចេញ​ពី​បក្ស​ប្រឆាំង​ដោយ​កន្លង​មក​លោក​ធ្លាប់​ឈរ​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ៖ «គេ​ឲ្យ​យើង​ទៅ​អង្វរករ​គេ ហើយ​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ គេ​នឹង​ធ្វើ​កិច្ច​សន្យា​មួយ​ដើម្បី​បង្ហោះ​ហ្វេសប៊ុក (facebook) ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ចង់​និយាយ​ថា ឲ្យ​ទៅ​ស្បថ​ទៅ​ស្បែ​ឲ្យ​ឈប់​តែ​សម្រាប់​អ្នក​ទាំង​ប៉ុន្មាន​នាក់ ហ្នឹង​អត់​ឈប់​ទេ ទោះ​បី​ជា​ប្រឈម​នឹង​ទុក្ខ​លំបាក​យ៉ាង​ម៉េច​ក៏​ដោយ»

ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​មន្ត្រី​ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​៣​មក​ចុះ​បញ្ជី​ដីធ្លី

$
0
0

ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​កំណត់​តំបន់​វិនិច្ឆ័យ​ចំនួន​២ ទីតាំង​ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​៣  ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នេះ ត្រូវ​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​មក​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ទាន់​ពេល។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន និង​មាន​ក្បាលដី​នៅ​តំបន់​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​តំបន់​ពយកំពេញ និង​តំបន់​ជុំវិញ​មាត់​បឹង​ព្រែកទប់ ត្រូវ​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​នៃ​ការ​កាន់​កាប់​ដីធ្លី​មក​ចុះ​បញ្ជី​ជាមួយ​មន្ត្រី​ជំនាញ​មន្ត្រី​សុរិយោដី ចាប់​ពី​ពេល​នេះ​ត​ទៅ។

​លោក​ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​ដែល​ត្រូវ​ចុះ​បញ្ជី​ក្បាលដី​នៅ​តំបន់​វិនិច្ឆ័យ​ទាំង​ពីរ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំង​អស់​គ្នា​ដើម្បី​ជំរុញ​ឲ្យ​ការងារ​ចុះ​បញ្ជី​ដីធ្លី​នេះ ឈាន​ដល់​ឆាប់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​បាន​ឆាប់៖ «កន្លង​មក​នៅ​ខេត្ត​ព្រះសីហនុ មាន​បញ្ហា​ដីធ្លី​កើត​ឡើង​យ៉ាង​ច្រើន​ករណី ដែល​ជា​បន្ទុក​ដល់​អាជ្ញាធរ តុលាការ​រហូត​ដល់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ដោះស្រាយ​បន្ត​ចំពោះ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​ឡើង»

លោក ស្រ៊ុន ស្រ៊ន់ លើក​ឡើង​ដូច​នេះ​នៅ​ឱកាស​ចូលរួម​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចុះ​បញ្ជី​ក្បាលដី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​តំបន់​ពយកំពេញ និង​តំបន់​ជុំវិញ​បឹង​ព្រែកទប់ ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​មិថុនា។

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ពយកំពេញ និង​តំបន់​ជុំវិញ​មាត់​បឹង​ព្រែកទប់ រាប់​រយ​នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ គាំទ្រ​សកម្មភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជួយ​អន្តរាគមន៍​អាច​ឲ្យ​ពួកគេ​បាន​ចុះ​បញ្ជី​ដីធ្លី​ស្របច្បាប់​ពេល​នេះ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ថា នីតិវិធី​សម្រាប់​អនុវត្ត​ទៅ​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​តំបន់​វិនិច្ឆ័យ​តំបន់​ពយកំពេញ និង​តំបន់​ជុំវិញ​បឹង​ព្រែកទប់ ចែក​ជា ៥ ដំណាក់កាល​រួម​មាន ដំណាក់​កាល​រៀបចំ​កំណត់​តំបន់​វិនិច្ឆ័យ។ ការ​បង្កើត​គណៈកម្មការ​រដ្ឋបាល​សម្រាប់​ផ្ដល់​ព័ត៌មាន​ជូន​ពលរដ្ឋ​នីតិវិធី​នៃ​ដំណើរ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ។ ដំណាក់កាល​ប្រតិបត្តិការ​បច្ចេកទេស​គឺ​ការ​ចុះ​ស្រង់​ទិន្នន័យ​នៃ​ការ​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី។

ដំណាក់កាល​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដើម្បី​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​ពី​លទ្ធផល​នៃ​ការ​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទីតាំង​នីមួយៗ ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុង​ករណី​មាន​កំហុស​ឆ្គង។ បន្ថែម​លើ​នេះ នឹង​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​របស់​គណៈកម្មការ​រដ្ឋបាល​ជូន​ក្រសួង​ដែនដី ដើម្បី​ពិនិត្យ​សម្រេច និង​ចុង​ក្រោយ គឺ​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ។

លោក នួន ប៉ុក ស្នើ​ឲ្យ​អ្នក​មាន​ចំណែក​ក្បាលដី ពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ទាំង​ពីរ​ទីតាំង ត្រូវ​នាំ​យក​ឯកសារ​ទាក់ទង​ការ​ចុះ​បញ្ជី​ក្បាល​ដី​នេះ​មក​ជួប​មន្ត្រី​ជំនាញ​ចុះ​បញ្ជី​ដីធ្លី​ចាប់​ពី​ពេល​នេះ​តទៅ៖ «ដើម្បី​សម្រេច​បាន​នូវ​ដំណាក់កាល​ទាំង ៥ ខាង​លើ​នេះ ការ​ចូលរួម​របស់​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ​ជា​កត្តា​ចាំបាច់​ដោយ​ខាង​ពុំ​បាន។ ដំណាក់កាល​ទី​១ ត្រូវ​បាន​សម្រេច​នូវ​ការ​កំណត់​ប្រកាស​តំបន់​ពយកំពេញ និង​តំបន់​ជុំវិញ​បឹង​ព្រែកទប់ ជា​តំបន់​បង្កើត​គណៈកម្មការ​រដ្ឋបាល ហើយ​ពេល​នេះ​ប្រជុំ​ប្រកាស​ដល់​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ​នូវ​ទីតាំង​ដី​ដែល​បាន​កំណត់​ជា​តំបន់​វិនិច្ឆ័យ​នេះ»

មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​ស្វាគមន៍​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ពយកំពេញ និង​ជុំវិញ​មាត់​បឹង​ព្រែកទប់ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ពេល​នេះ។ ពួកគេ​រំពឹង​ថា តាម​រយៈ​ការ​ចុះ​បញ្ជី​ដីធ្លី​ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​ទំនាស់​ដីធ្លី​នា​មូលដ្ឋាន​នេះ​នៅ​ថ្ងៃ​ខាង​មុខ។

​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​បរិវេណ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង ឬ​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ដែល​ពី​មុន​មាន​ផ្ទៃ​ធំ​ទូលាយ​តែ​បច្ចុប្បន្ន​ត្រូវ​បុគ្គល​មាន​អំណាច និង​ឈ្មួញ​លោភលន់​ខ្លះ បាន​ចាក់​ដី​រំលោភ​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្លង​មក​នាំ​ឲ្យ​ផ្ទៃ​បឹង​ព្រែកទប់ រួម​តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ច្បាប់​និង​ព្រះសង្ឃ៖ ការ​ផ្សឹក​និង​ឃុំ​​ព្រះសង្ឃ​ពាក់ព័ន្ធ​នឹង​កាំភ្លើង​ជ័រ​ជា​រឿង​មិន​ត្រឹមត្រូវ

$
0
0

អ្នក​ច្បាប់ និង​ព្រះសង្ឃ​យល់​ឃើញ​ដូច​គ្នា​ថា ការ​ផ្សឹក និង​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ជ័រ និង​ការ​បញ្ចេញ​មតិ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​រឿង​មិន​ត្រឹមត្រូវ​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ។ ការ​ចាប់​ផ្សឹក និង​ចាប់​ឃុំ​ខ្លួន​ព្រះសង្ឃ ហន សុផាន្នី  យ៉ាង​តក់ក្រហល់​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​អនុវត្ត​ច្បាប់​តាម​បែប​ស្តង់ដារ​ពីរ ព្រោះ​កន្លង​មក​មាន​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ដែល​បង្ហាញ​អាវុធ​ពិត​ប្រាកដ​អម​ដោយសារ​គំរាម​អ្នក​ដទៃ​ថែម​ទៀត​ផង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​អើពើ។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី ព្រះជន្ម ២៤​ព្រះវស្សា គង់នៅ​វត្ត​ដំរីស ក្រុង​បាត់ដំបង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ព្រះ​កាយ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា គឺ​មួយ​ថ្ងៃ​ក្រោយ​ព្រះអង្គ​ត្រូវ​បាន​ចាប់​ផ្សឹក​ទាំង​ប្រញាប់ប្រញាល់ ក្រោម​បទ​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​អង្គ​នេះ កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ដោយ​យោង​វត្ថុតាង​ជា​កាំភ្លើង​ជ័រ​មួយ​ដើម និង​កាំបិត​មួយ ដែល​ព្រះអង្គ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ការ​ផ្សឹក​ព្រះសង្ឃ​ទាំង​បង្ខំ​បែប​នេះ ត្រូវ​បាន​អ្នក​បួស​ចាត់​ទុក​ថា ជា​ការ​ធ្វើ​បំពាន​វិន័យ​សង្ឃ​ដោយ​មន្ត្រី​សង្ឃ​ខ្លួន​ឯង ដែល​មិន​យល់​ច្បាស់​វិន័យ​ទូទៅ​សម្រាប់​អ្នក​បួស។

ព្រះតេជព្រះគុណ សាន សុជា ព្រះ​គ្រូ​ចៅអធិការ​វត្ត​មុណីរតនារាម ក្រុង​ពោធិ៍សាត់ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា មាន​ថេរដីកា​បន្ទោស​មន្ត្រី​សង្ឃ​ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខ្ចី​ដៃ​ដើម្បី​ផ្សឹក​ព្រះសង្ឃ ហន សុផាន្នី៖ «ដូច្នេះ​បញ្ហា​នេះ​ធំ​បំផុត​គឺ​ផ្នែក​ព្រះសង្ឃ​យើង គឺ​ខ្ញុំ​ករុណា​ចង់​និយាយ​ទៅ​កាន់​មន្ត្រី​សង្ឃ​ទៅ​វិញ។ ការណ៍​ដែល​គេ​រៀបចំ​ឲ្យ​មាន​ចៅ​អធិការ​ឲ្យ​មាន​ព្រះ​អនុគណ​ឲ្យ​មាន​ព្រះ​មេគុណ ឲ្យ​មាន​មន្ត្រី​សង្ឃ គឺ​ដើម្បី​ចាត់ចែង​រឿង​ហ្នឹង​ហើយ។ ក៏ប៉ុន្តែ​រឿង​ដែល​កើត​នេះ វា​មិន​ប្រាស​ចាស​ហេតុ​ទេ ដោយសារ​ផ្នែក​របស់​យើង យើង​មិន​ខ្លាំង»

ភាព​មិន​ខ្លាំង​ខាង​ពុទ្ធចក្រ​នេះ ព្រះតេជព្រះគុណ សាន សុជា ចង់​មាន​សង្ឃដីកា​យោង​ទៅ​លើ​ភាព​ខ្វះខាត​ខាង​ចំណេះ​ដឹង​ផ្នែក​ពុទ្ធ​វិន័យ​ដែល​កើត​មាន​ឡើង សូម្បីតែ​ក្នុង​រង្វង់​ព្រះចៅ​អធិការ​វត្ត៖ «ជួនកាល​មិន​មែន​លោក​លម្អៀង​ទេ ជួល​កាល​លោក​អត់​ចេះ ដូចជា​នៅ​ខេត្ត​ពោធិ៍សាត់ ចៅ​អធិការ​ជិត ២០​វត្ត មក​ប្រជុំ​នៅ​កន្លែង​សាលា​មេគណ។ លោក​លើក​អំពី​បារាជិក​បួន​មក​សួរ​ចៅអធិការ​គ្រប់​អង្គ សួរ​ថា បារាជិក​បួន​ហ្នឹង​មាន​អ្វី​ខ្លះ? ជាង​ពាក់​កណ្ដាល​នៃ​ចៅ​អធិការ ឆ្លើយ​វិន័យ​បួន​ខ​ដំបូង​ហ្នឹង​អត់​ត្រូវ​ទេ។ ដល់​តែ​ដូច្នេះ លោក​មិន​ដឹង​ថា ណា​មួយ​ដែល​នាំ​ឲ្យ​អន្តរាយ​ភេទ​លោក​ផង​ហ្នឹង។ មេ​អត់​ដឹង​ផង​ហ្នឹង។ ដល់​តែ​មិន​ដឹង​ហ្នឹង អាច​ដែល​លោក​អត់​មាន​អ្វី​ទៅ​ប្រកែក​ជាមួយ​គេ​ទេ»

ការ​មិន​អាច​មាន​អ្វី​ប្រកែក​ជាមួយ​នឹង​អាជ្ញាធរ​បាន​ដូច្នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ផ្សឹក​ព្រះសង្ឃ ហន សុផាន្នី បាន​សម្រេច និង​ចាប់​បញ្ជូន​ព្រះ​កាយ​ព្រះអង្គ​ទៅ​ពន្ធនាគារ​ដូច្នេះ។

ចំណែក​ឯ​ផ្នែក​អាណាចក្រ​វិញ អ្នក​ច្បាប់​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​ឃុំ​ព្រះកាយ​ព្រះសង្ឃ ដោយ​គ្រាន់​តែ​បង្ហាញ​រូបភាព​កាំភ្លើង​ជ័រ​នៅ​លើ​ហ្វេសប៊ុក ដោយ​មិន​បាន​ស៊ើប​អង្កេត​រក​ភស្តុតាង​ត្រឹមត្រូវ​ជាមុន​ដូច្នេះ ថា​ជា​ការ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​មេធាវី ហុង គឹមសួន លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី ដែរ​ថា ការ​បង្ហោះ​ជា​រូបភាព​អ្វី​ក៏ដោយ គេ​មិន​អាច​ចាត់​ទុក​ថា របស់​ហ្នឹង​ជា​របស់​ពិត​នៅ​ឡើយ​ទេ ទាល់​តែ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ឆែកឆេរ​ចាប់​ឲ្យ​បាន​ថា របស់​នោះ​ជា​កាំភ្លើង​ពិត​ដែល​បាញ់​ទៅ​ស្លាប់​មនុស្ស ឬ​របួស​មនុស្ស ទើប​គេ​អាច​យក​វត្ថុ​នោះ​ធ្វើ​ជា​ភស្តុតាង​ជា​ផ្លូវការ​បាន​។

លោក​បន្ត​ថា រឿង​ដែល​មិន​ទំនង​បែប​នេះ អាជ្ញាធរ​ចាត់​ការ​យ៉ាង​បន្ទាន់​ឯ​រឿង​ធ្ងន់​ជាង​នេះ បែរ​ជា​ធ្វើ​ព្រងើយ​ទៅ​វិញ៖ «អ៊ីចឹង​មិន​មែន​គ្រាន់​តែ​យក​រូបភាព គ្រាន់តែ​ឃើញ​ថា អា​ហ្នឹង​កាំភ្លើង​ហើយ​ចាត់​ទុក​អា​ហ្នឹង​ថា ជា​របស់​ពិត អត់​បាន​ទេ។ ខ្ញុំ​ក៏​ធ្លាប់​ឃើញ​ដែរ នៅ​តាម​សង្គម​ហ្វេសប៊ុក ឬ​ក៏ Messenger ឬ​ក៏​បង្ហោះ​រូបភាព​ជេរ​ប្រមាថ​គ្នា ឬ​គំរាម​សម្លាប់​អ្នក​នេះ អ្នក​នោះ ខ្ញុំ​មិន​លើក​ឈ្មោះ​ទេ ខ្ញុំ​ឃើញ​ខ្ញុំ​ស្គាល់​ច្បាស់​ហើយ។ បើ​គំរាម​ដល់​អាយុ​ជីវិត អា​ហ្នឹង​ត្រូវ​អាជ្ញាធរ​មិន​អាច​នៅ​ឈរ​មើល ចាំ​តែ​គេ​ប្ដឹង​ទេ ត្រូវ​ចាត់​វិធានការ​តាម​រក​អ្នក​ដែល​តាម​គំរាម​ជីវិត​គេ​ទៅ​ទៀត។ រឿង​ខ្លះ​ហ្នឹង អាជ្ញាធរ​នៅ​ធ្វើ​មិន​ដឹង​មិន​ឮ មាន​រហូត​ដល់​សព្វ​ថ្ងៃ​នៅ​ដើរ​ព្រងើយ​ក៏​មាន​ដែរ»

​ចំណែក​ឯ​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ក៏​បាន​សម្ដែង​ព្រះទ័យ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ទៅ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​រួម​គ្នា​ចាប់​ផ្សឹក​ព្រះសង្ឃ ហន សុផាន្នី និង​ដាក់​ពន្ធនាគារ​ដោយសារ​ទោស​កំហុស​បន្តិចបន្តួច​ដែល​អាច​អប់រំ​កែប្រែ​បាន មិន​ដល់​ថ្នាក់​ដាក់​គុក​ដាក់​ច្រវាក់​នោះ​ទេ។ តាម​រយៈ​សារ​ដែល​ព្រះអង្គ​បង្ហោះ​តាម​ហ្វេសប៊ុក ផ្ទាល់​របស់​ព្រះអង្គ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចាត់​ទុក​មន្ត្រី​តុលាការ និង​មន្ត្រី​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ថា​ខ្វះ​ភាព​ត្រឹមត្រូវ​ក្នុង​ចំណាត់​ការ​រឿង​នេះ៖ «តុលាការ ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង មាន​ចំណេះ​ដឹង​តិចតួច​ស្ដួចស្ដើង។ មាន​ន័យ​ថា ពួក​តុលាការ​អគតិ ពួក​សមត្ថកិច្ច​អវិជ្ជា រួម​គ្នា​ដើរ​លើ​ផ្លូវ​មួយ​ដ៏​ខ្មៅ​កខ្វក់។ ពួកគាត់​ធ្វើ​តុលាការ ពួកគាត់​ធ្វើ​ព្រះរាជអាជ្ញា​រាប់​សិប​ឆ្នាំ តែ​មិន​មែន​មាន​ន័យ​ថា ពួកគាត់​ចេះ​ច្បាប់​ទេ មិន​មែន​មាន​ន័យ​ថា ពួកគាត់​គឺ​ជា​តួអង្គ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រឹមត្រូវ​នោះ​ទេ»

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក៏​ស្តី​បន្ទោស​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង ថា​មិន​មែន​ជា​អ្នក​បដិបត្តិ និង​អនុវត្ត​ទៅ​តាម​ពុទ្ធបញ្ញត្តិ និង​ពុទ្ធ​វិន័យ​នោះ​ទេ។ ចំណែក​លោក​សាស្ត្រាចារ្យ ឆាត សុឆេត សង្កេត​ឃើញ​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​ផ្សឹក​ព្រះសង្ឃ​នេះ​ដែរ គឺ​ដោយ​ព្រះសង្ឃ ហន សុផាន្នី មិន​បាន​ប្រព្រឹត្ត​ខុស​ទោស​ទាំង​បួន​ខាង​ពុទ្ធ​សាសនា​នោះ​ទេ។ ទោស​ទាំង​បួន​នោះ រួម​មាន​ទី​មួយ គឺ​សម្លាប់​មនុស្ស ទី​២ ប្រព្រឹត្ត​មេថុនធម្ម ទី​បី គឺ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ឯ​ទី​បួន គឺ​ការ​អួត​នូវ​គុណ​វិសេស​របស់​ខ្លួន​ដែល​អត់​មាន៖ «កាល​ណា​ដែល​លោក​មាន​ទោស​ទាំង​បួន​ក្នុង​ព្រះ​វិន័យ​ហ្នឹង ទើប​សម​គួរ​ដែល​ត្រូវ​ទោស ដែល​ត្រូវ​សឹក​ខ្លួន​ឯង​ក្តី ឬ​ក៏​អាចារ្យ ឬ​ឧបជ្ឈា​ហ្នឹង​ត្រូវ​ផ្សឹក​លោក»

​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង អ្នកស្រី ប្រាក់ សុភីមា លើក​ឡើង​ថា ករណី​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​សង្គម​ព្រះសង្ឃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ឃុំ​ទន្លូង​ខេត្ត​ត្បូងឃ្មុំ​ស្នើ​លោក​នាយករដ្ឋមន្ត្រី​អន្តរាគមន៍​បញ្ហា​ដីធ្លី

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ភាព​លំបាក​ដោយសារ​ដី​សហគមន៍​ដែល​អ្នក​ភូមិ ពិសេស​ជនជាតិ​ដើម​ភាគតិច​ស្ទៀង ធ្លាប់​អាស្រ័យ​ផល​កន្លង​មក ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ​ក្រុមហ៊ុន​មួយ​ចំនួន​ទៅ​វិញ។ ពួកគេ​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដក​ហូត​ដី​ទាំង​នោះ​ប្រគល់​ជូន​ប្រជា​សហគមន៍​វិញ សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត។

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ដែល​ជា​​អតីត​ទីតាំង​អនុស្សាវរីយ៍​ដ៏​ជូរចត់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឃុំ​ទន្លូង លើក​ឡើង​ថា ជីវភាព​របស់​ពួកគាត់​បច្ចុប្បន្ន​កាន់​តែ​ពិបាក​ជាង​ទៀត ដោយសារ​ដីធ្លី​របស់​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​កន្លង​មក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​រំលោភ​យក ហើយ​យក​ដី​ទាំង​នោះ​មួយ​ចំណែក​ជួល​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ដាំ​ដំណាំ​ទៀត​ផង។

ក្នុង​ឱកាស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​ទិវា​រំលឹក​ការ​ចងចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា នៅ​ភូមិ​កោះថ្ម ឃុំ​ទន្លូង មាន​អ្នក​ភូមិ​ម្នាក់ គឺ​អ្នកស្រី អ៊ីម សំអាន ដែល​ធ្លាប់​ស្គាល់ និង​រាប់​អាន​ជាមួយ​លោក ហ៊ុន សែន បាន​ឡើង​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅ​កាន់​ស្ត្រី​រូប​នោះ​បែប​លេង​សើច​ថា កាល​ពី​ក្រមុំ គឺ​មាន​សម្រស់​ស្រស់​ស្អាត ប៉ុន្តែ​បច្ចុប្បន្ន គឺ​ខុស​ពី​មុន​ឆ្ងាយ​ណាស់។ ស្ត្រី​រូប​នោះ​បាន​ឆ្លើយ​ទៅ​កាន់​លោក ហ៊ុន សែន វិញ​ថា សម្រស់​ធ្លាក់​ចុះ​ដោយសារ​តែ​ពិបាក​ចិត្ត​ខ្លាំង​ពេក ព្រោះ​កូន​ចៅ​ច្រើន ប៉ុន្តែ​មិន​មាន​ដី​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​ទេ ដោយសារ​ក្រុមហ៊ុន​ឈូស​ឆាយ​យក។

​លោក​នាយករដ្ឋមន្ត្រី​បាន​សួរ​នាំ​អំពី​រឿងរ៉ាវ​ដីធ្លី និង​បាន​ស្ដាប់​ការ​ត្អូញត្អែរ​ពី​ភាព​លំបាក​របស់​ស្ត្រី​រូប​នោះ ហើយ​គាត់​ក៏​បាន​ហៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា មក​ជួប និង​បញ្ជា​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ បើ​ទោះ​បី​ជា​ត្រូវ​ទិញ​ដី​ដែល​បាត់បង់​នោះ​មក​ឱ្យ​អ្នកស្រី សំអាន វិញ​ក៏ដោយ៖ «ទៅ​មើល​ដី​នៅ​កន្លែង​ណា? ព្រោះ​ដី​កាល​ហ្នឹង​វា​អត់​មាន​ប្លង់​មានអី​ទេ។ ចំណាំ​យើង​ហ្នឹង ចំណាំ​អី? មាន​បុះ​អី​នៅ​ខាង​ក្នុង? ហើយ​យើង​ហ្នឹង​ធ្វើ​បុះ​ណា? (សំអាន៖ ខ្ញុំ​ធ្វើ​គ្រប់​កន្លែង​កាល​ណោះ ព្រោះ​ដី​វា​វិល​ជុំ)។ អើ​ចុះ​ដើរ​ធ្វើ​គ្រប់​កន្លែង​អីចឹង​ទើប​វា​ពិបាក»

​តំណាង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ស្ទៀង នៅ​ភូមិ​ចង្គុំទី១ ជាប់​គ្នា​នឹង​ភូមិ​កោះថ្ម លោក សៃ តាយ មាន​ប្រសាសន៍​ថា វិបត្តិ​ដី​សហគមន៍​របស់​ពួកគាត់ គឺ​មិន​មែន​កើត​ឡើង​តែមួយ​គ្រួសារ​ឡើយ ពោល​គឺ​កើត​ឡើង​ចំពោះ​ពលរដ្ឋ​ទាំង​ពីរ​ភូមិ ដែល​មាន​ចំនួន​ជាង ៣០០​គ្រួសារ។ លោក​បញ្ជាក់​ថា ដី​សហគមន៍​នៅ​ចំណុច​ត្បុល ដែល​ជា​តំបន់​អនុស្សាវរីយ៍​ដ៏​ជូរចត់​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ទំហំ​ជាង ៤​ពាន់​ហិកតារ​(៤.២៧១) ហើយ​អ្នក​ភូមិ ពិសេស​ជនជាតិ​ដើម​ភាគតិច​ស្ទៀង បាន​អាស្រ័យ​ជា​លក្ខណៈ​ចម្ការ​វិល​ជុំ​តាំង​ពី​ដើម​មក៖ «ពួក​ខ្ញុំ​ហ្នឹង គឺ​ពេញ​ចិត្ត​ណាស់​ដែល​អ្នក​មីង​បាន​ស្នើ​សុំ​ផ្ទាល់ ដែល​គាត់​បាន​ជួប​ជាមួយ​សម្ដេច​លោក​នាយករដ្ឋមន្ត្រី។ រូប​ខ្ញុំ​បន្ថែម​ដើម្បី​ឱ្យ​សម្ដេច​ហ្នឹង​ឱ្យ​ក្រុម​ការងារ​នាយករដ្ឋមន្ត្រី​មើល​ឱ្យ​ពិតប្រាកដ ដី​ហ្នឹង​ដើម្បី​ប្រគល់​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ពួក​ខ្ញុំ»

​ប្រភព​ដដែល​អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ដី​តំបន់​នោះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន កុយ សុខងួន ក្រុមហ៊ុន ឆន ថារី ក្រុមហ៊ុន ស្រ៊ុន ហាំងឡេង និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ឈូស​ឆាយ​យក ក្រោម​ហេតុផល​ថា​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល។ ពលរដ្ឋ​រូប​នេះ​មិន​ឃើញ​ក្រុមហ៊ុន​ទាំង​នោះ​ដាំ​ដំណាំ​អ្វី​ទេ គឺ​ទុក​ដី​ទំនេរ​ចោល ហើយ​យក​ចំណែក​ដី​មួយ​ចំនួន​ទៅ​ជួល​ឱ្យ​ជនជាតិ​វៀតណាម ដាំ​អំពៅ​ថែម​ទៀត។

លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​ដី​របស់​ពួកគាត់​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក អ្នក​ភូមិ​កាន់តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់​នៅ ដូចជា​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហើយ​ខ្លះ​នាំ​គ្នា​ស៊ី​ឈ្នួល​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន ឬ​ជនជាតិ​វៀតណាម ជាដើម៖ «បាទ! ពួក​ខ្ញុំ​ជីវភាព​រាល់​ថ្ងៃ​ហ្នឹង កំពុង​ក្រលំបាក​វេទនា​យ៉ាង​ខ្លាំង ព្រោះ​អី​ពួក​ខ្ញុំ​ទម្លាប់​គឺ​មាន​ដី​ចម្ការ​វិល​ជុំ»

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា អាជ្ញាធរ​មិន​បាន​ព្រងើយកន្តើយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ទេ ហើយ​កំពុង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​ទទួល​បាន​លិខិត​ស្នើ​សុំ​កាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ​ជិត ២០០​គ្រួសារ​នៅ​ភូមិ​កោះថ្ម។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន ២ រួម​មាន​ក្រុមហ៊ុន ស្រ៊ុន ហាំងឡេង និង​ក្រុមហ៊ុន ឆាយ លីហៀង ដែល​មាន​ទំហំ​ដី​ជាង ១​ពាន់​ហិកតារ។

លោក​បញ្ជាក់​ថា ការ​ដក​ហូត​នេះ ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ​ភូមិ​កោះថ្ម និង​ភូមិ​ផ្សេង​ទៀត ម្យ៉ាង​ក្រុមហ៊ុន​ទាំង​នោះ​បាន​ធ្វើ​ខុស​ទៅ​នឹង​កិច្ច​សន្យា​វិនិយោគ​ផង។ អភិបាល​រង​ខេត្ត​រូប​នេះ​អះអាង​ថា ដី​ដែល​បាន​ដក​ហូត នឹង​ពិនិត្យ​លទ្ធភាព​ប្រគល់​ជូន​ពលរដ្ឋ​ក្រោម​ទម្រង់​ដី​សម្បទាន​សង្គម​កិច្ច៖ «ខាង​មុខ​នេះ​យើង​ខ្ញុំ នឹង​ចុះ​ពិនិត្យ​លើ​ដី​ដែល​ដក​ហូត​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​លើ​ទំហំ​ជាង ១​ពាន់​ហិកតារ​នេះ ដើម្បី​រៀបចំ​ធ្វើ​អត្តសញ្ញាណ​កម្ម និង​វាស់វែង​ដើម្បី​ចាត់ចែង​ជូន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដែល​ខ្វះខាត​ដី​ពិត​ប្រាកដ ជា​ទម្រង់​ដី​សម្បទាន​សង្គម​កិច្ច»

លោក​បន្ថែម​ថា ចំពោះ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា​វិនិយោគ គឺ​គ្មាន​បញ្ហា​ចោទ​ឡើង​ទេ។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ឃុំ​ទន្លូង និង​ឃុំ​ជាំក្រវៀន លើ​ទំហំ​ផ្ទៃដី​រាប់​ពាន់​ហិកតារ គឺ​មាន​ក្រុមហ៊ុន​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន ម៉ែន សារុន ក្រុមហ៊ុន កុយ សុខងួន ជាដើម ត្រូវ​បាន​ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មិន​បាន​គោរព​តាម​កិច្ចសន្យា​វិនិយោគ​របស់​រដ្ឋាភិបាល​ទេ ដូចជា​ទុក​ដី​ទំនេរ​ចោល​រាប់​ឆ្នាំ ព្រមទាំង​យក​ដី​របស់​ខ្លួន​ទៅ​ជួល​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​ជនជាតិ​វៀតណាម តែម្ដង ប៉ុន្តែ​កន្លង​មក​តំណាង​ក្រុមហ៊ុន ម៉ែន សារុន ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ក្រៅ​ពី​ក្រុមហ៊ុន​វិនិយោគ​ក៏​មាន​ដែរ ក្រុម​យោធា និង​អ្នក​មាន​អំណាច​បាន​កាន់​កាប់​ដី​តំបន់​នោះ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​រង​ទឹក​ភ្នែក។ លោក​យល់​ថា រាល់​តំបន់​អនុស្សាវរីយ៍​ដ៏​ជូរចត់​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​ធ្លាប់​ស្រក់​ទឹក​ភ្នែក​រួច​ទៅ​ហើយ​ក្នុង​សម័យ​ការ​តស៊ូ​រំដោះ​ជាតិ មិន​គួរ​បណ្ដោយ​ឱ្យ​តំបន់​ទាំង​នោះ​មាន​ទឹក​ភ្នែក​ប្រជាពលរដ្ឋ​បន្ត​ស្រក់​ទឹក​ភ្នែក​ទៀត​ទេ៖ «អ៊ីចឹង​ហើយ​ប្រសិនបើ​ឯកឧត្ដម ជា សុផារ៉ា ចង់​ឱ្យ​ស្អាត គណៈកម្មការ​គឺ​ថ្មី កុំ​ឱ្យ​មាន​អ្នក​ចាស់​នៅ​ហ្នឹង។ អា​ហ្នឹង​បាន​អាច​ដោះស្រាយ​បាន។ ប្រសិនបើ​ដាក់​អ្នក​ចាស់​ទៅ គឺ​ស្តោះ​ទឹក​មាត់​លើ​ទ្រូង​ឯង គាត់​មិន​ដោះ​ទេ»

​លោក នាង សុវ៉ាត បន្ថែម​ថា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា គប្បី​ពិនិត្យ​ទៅ​លើ​កិច្ច​សន្យា​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​មាន​វត្តមាន​នៅ​ស្រុក​មេមត់ ពិសេស​ក្រុមហ៊ុន ម៉ែន សារុន តែម្ដង ពីព្រោះ​លោក​កត់សម្គាល់​ថា ក្រុមហ៊ុន​នេះ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​កិច្ចសន្យា​វិនិយោគ​របស់​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ចំពោះ​ការ​លួច​កាប់​ដើម​ច្បោះ​ជ័រ​ចេះ​តែ​បន្ត​កើត​មាន

$
0
0

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ចំពោះ​វាសនា​ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ចេះតែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​ពួកគាត់​នាំ​គ្នា​ចុះ​ល្បាត​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២២ និង​ទី​២៤ ខែ​មិថុនា ដោយ​ប្រទះឃើញ​ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​ជា​ច្រើន​ដើម ត្រូវ​បាន​ជនល្មើស​កាប់​បំផ្លាញ។

ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ​ជ័រ របស់​ប្រជា​សហគមន៍​តំបន់​ព្រៃឡង់ គឺ​ជា​ដើម​ឈើ​មួយ​ប្រភេទ​ដែល​មាន​សារសំខាន់​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគាត់។ ដើមឈើ​ប្រភេទ​នេះ បាន​ផ្តល់​ជា​មុខរបរ​ប្រចាំ​ថ្ងៃ​ដល់​អ្នក​ស្រុក​នៅ​ក្បែរ​តំបន់​ព្រៃឡង់ តាម​រយៈ​ការ​ដង​ជ័រទឹក​ទៅ​លក់​គ្រាន់​បាន​កម្រៃ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បន្ថែម​ពី​លើ​មុខ​របរ​ធ្វើ​ស្រែ​នឹង​ចម្ការ​របស់​ប្រជា​សហគមន៍​ទាំង​នោះ។

តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ម្នាក់ លោក ឃ្លោក សឿង ឱ្យ​ដឹង​ថា សកម្មភាព​ចុះ​ល្បាត​ព្រៃ​កាលពី​ថ្ងៃ​ទី​២២ ដល់ ២៤ មិថុនា ពួកគាត់​ប្រទះ​ឃើញ​មាន​បទល្មើស​កើត​ឡើង​មួយ​ចំនួន បើ​ទោះ​បី​ជា​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ពិបាក​ធ្វើ​ដំណើរ​ចេញចូល​ព្រៃ​យ៉ាង​ណា​ក្ដី។ លោក​បញ្ជាក់​ថា ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ជិត ១០​ដើម នៅ​ចំណុច​ត្រពាំងជ្រៃ ក្បែរ​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ក្រុម​ជនល្មើស​លួច​កាប់ ហើយ​លោក​សន្និដ្ឋាន​ថា នឹង​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ដ្បិត​ក្រុម​ប្រជា​សហគមន៍​មិន​បាន​ចុះ​ល្បាត​គ្រប់​ទីកន្លែង​ទេ ដោយសារ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ពេក។ ប្រភព​រូប​នេះ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ជួយ​យក​ចិត្ត​​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​តំបន់​ព្រៃ​ការពារ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ៖ «ប្រជា​សហគមន៍​មាន​ការ​បារម្ភ​ដែរ ខ្លាច​ការពារ​មិន​បាន​នៅ​ថ្ងៃ​ក្រោយ​បាន ព្រោះ​បង​ប្អូន​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​ខែ​ស៊ី​ទេ»

​ព្រៃឡង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​បញ្ចូល​ជា​តំបន់​ព្រៃ​ជម្រក​សត្វ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ លើ​ទំហំ​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ គ្របដណ្ដប់​ទៅ​លើ​ខេត្ត​ចំនួន​បួន ដូចជា​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដើម្បី​ធានា​ការពារ​ធម្មជាតិ​នៅ​តំបន់​មួយ​នេះ ដោយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ លោក តុប កក្កដា បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ យ៉ាង​នេះ​ក្តី លោក តុប កក្កដា ធ្លាប់​មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ គឺ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​មន្ត្រី​ជំនាញ​តែង​យក​ចិត្ត​ទុក​ដាក់​ការពារ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ជា​ហែហូរ។

ចំណែក​អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា ដើម​ច្បោះ​ជ័រ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​ភូមិ​រស់​នៅ​ក្បែរ​តំបន់​ព្រៃ​ការពារ។ លោក​បន្ត​ថា ការ​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​របស់​ប្រជា​សហគមន៍​មិន​មែន​ទើប​តែ​កើត​មាន​ទេ ហើយ​បច្ចុប្បន្ន ប្រភេទ​ឈើ​ប្រណិត​ស្ទើរតែ​លែង​មាន​ទៀត​នោះ ជា​ហេតុ​នាំ​ឱ្យ​ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ក្លាយ​ជា​មុខសញ្ញា​របស់​ក្រុម​ជនល្មើស ម្យ៉ាង​ស្រប​ពេល​អ្នក​ស្រុក​រវល់​នឹង​ការងារ​ស្រែចម្ការ​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឃ្លាំមើល​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន​ផង៖ «ទន្ទឹម​នឹង​នោះ​យើង​ឃើញ​ថា ពួក​ជនល្មើស​នៅ​តែ​មាន​លទ្ធភាព​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​យ៉ាង​រលូន ដែល​មិន​សូវ​ឃើញ​មាន​ការ​បង្ក្រាប ឬ​ទប់ស្កាត់​ពី​ខាង​សមត្ថកិច្ច​អី​ប៉ុន្មាន​ទេ»

​សង្គម​ស៊ីវិល​រូប​នេះ បារម្ភ​ចំពោះ​វាសនា​ដើម​ច្បោះ​ជ័រ​ទាំង​ឡាយ​របស់​ប្រជា​សហគមន៍​ថា នឹង​អាច​បាត់បង់​នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​ជនល្មើស ពិសេស​ឈ្មួញ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ពួកគេ​ទេ។ លោក​មើល​ឃើញ​ថា ការ​បាត់បង់​ដើម​ច្បោះ​ជ័រ គឺ​មិន​ត្រឹម​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នក​ភូមិ​រស់នៅ​ក្បែរ​តំបន់​ព្រៃឡង់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បន្ទប់​ស្ថានការណ៍​វាយ​តម្លៃ​ថា​ការ​បោះ​ឆ្នោត​ល្អ​ជាង​មុន​តែ​ខ្វះ​យុត្តិធម៌​និង​រឹត​ត្បិត​សេរីភាព

$
0
0

បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​អាណត្តិ​ទី​៤ ទាំង​មូល ចាប់​តាំង​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ការ​ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ថា មាន​ការ​ចាត់ចែង​ប្រសើរ​ជាង​មុន ប៉ុន្តែ​នៅ​តែ​ខ្វះ​យុត្តិធម៌ និង​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​វាយ​តម្លៃ​ថា ស្ថានភាព​មិន​ប្រក្រតី​កើត​មាន​ទាំង​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ថ្ងៃ "ស" ដែល​ជា​ថ្ងៃ​ហាម​ឃោសនា​បោះ​ឆ្នោត ថ្ងៃ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត ហើយ​សូម្បី​តែ​ការ​ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ក៏​មាន​ស្តង់ដារ​ពីរ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា បាន​បង្ហាញ​របាយការណ៍​រក​ឃើញ​ភាព​មិន​ប្រក្រតី​ពេល​ឃោសនា​បោះឆ្នោត (ថ្ងៃ​ទី​២០ ឧសភា ដល់​២ មិថុនា) ថា អាជ្ញាធរ​ដែន​​ដី​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​តុលាការ មេភូមិ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ឃោសនា​ឲ្យ​បក្ស​នយោបាយ មាន​ការ​បង្ក​ការ​ភ័យ​ខ្លាច គំរាមកំហែង ឬ​ការ​ប្រើ​អំពើ​ហិង្សា​ពេល​ឃោសនា ករណី​ខ្លះ​មាន​ជន​ពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ចូល​រួម​ឃោសនា​ឲ្យ​បក្ស​នយោបាយ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឬ​មេ​ភូមិ ទៅ​គំរាម​កំហែង បំភិតបំភ័យ ឬ​លំអៀង​ក្នុង​ការ​អនុវត្ត​តួនាទី​នៅ​ពេល​ឃោសនា​បោះឆ្នោត មាន​ការ​ហាមឃាត់​កិច្ចប្រជុំ​របស់​បេក្ខជន ឬ​គណបក្ស​នយោបាយ ហើយ​ក៏​នៅ​តែ​មាន​ការ​យក​យានជំនិះ​រដ្ឋ ប្រើប្រាស់​ធនធាន​រដ្ឋ ទៅ​ឃោសនា​ឲ្យ​បក្ស និង​ការ​រើសអើង​កន្លែង​សាធារណៈ​ឲ្យ​បក្ស​នយោបាយ​ឃោសនា៖
«មាន​សកម្មភាព​ផ្ដល់​អំណោយ ជូន​ជា​សគុណ ឬ​ក៏​សម្ភារៈ ឬ​ក៏​រង្វាន់​លើក​ទឹក​ចិត្ត ការ​រៀបចំ​ពិធី​ជប់លៀង ការ​ផ្ដល់​សេវា​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​បោះឆ្នោត យើង​រក​ឃើញ​មាន ១២៥​ករណី។ ប៉ុន្តែ​ករណី​ទាំង​អស់​ហ្នឹង​ពិបាក​នឹង​វាយ​តម្លៃ​ជា​ករណី​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត ឬ​ក៏​យ៉ាង​ណា? បើ​ពិនិត្យ​មើល​នៅ​មុន​ការ​ឃោសនា​បោះឆ្នោត យើង​ឃើញ​ថា ករណី​ហ្នឹង​កើត​ឡើង​ជា​ប្រព័ន្ធ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​មិន​កាន់​អំណាច គាត់​បាន​ធ្វើ​សកម្មភាព​ហ្នឹង គឺ​ការ​ចែក​ជា​អំណោយ ឬ​ក៏​សម្ភារៈ​ជូន​អ្នក​បោះឆ្នោត»

ចំណែក​នៅ​ថ្ងៃ​ស​វិញ ភាព​មិន​ប្រក្រតី​កើត​មាន ៦​ករណី មាន​ការ​ធ្វើ​សកម្មភាព​ឃោសនា​ថ្ងៃ​ស​បរិយាកាស​ក្នុង​ភូមិ​ជុំវិញ​ការិយាល័យ​គ្មាន​សុវត្ថិភាព និង​បញ្ហា​សម្ភារៈ ឯកសារ​បោះឆ្នោត​ខ្លះ​មិន​ទាន់​បញ្ជូន​​ដល់​ការិយាល័យ។ ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត​វិញ មាន​ឧបសគ្គ​ចំពោះ​អ្នក​បោះឆ្នោត​នៅ​តាម​ការិយាល័យ មាន​ការ​បាត់​ភាព​សម្ងាត់​នៃ​ការ​បោះឆ្នោត​ដោយសារ​ជញ្ជាំង​ការិយាល័យ​រហែក ការិយាល័យ​បោះឆ្នោត​នៅ​ក្រោយ​ផ្ទះ​ពលរដ្ឋ​ជាដើម។ ករណី​ខ្លះ​ទៀត គឺ​ជា​ការ​បដិសេធ​មិន​ឲ្យ​អ្នក​សង្កេតការណ៍ ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចូល​សង្កេត​ក្នុង​ការិយាល័យ​បោះ និង​រាប់​សន្លឹក​ឆ្នោត។

ក្នុង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​វិញ មន្ត្រី គ.ជ.ប បាន​ទទួល​ស្គាល់​សន្លឹក​ឆ្នោត​មិន​បាន​ការ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍ ការ​មិន​ឲ្យ​ថត​ការ​រាប់​សន្លឹក​ឆ្នោត រាប់​សន្លឹក​ឆ្នោត​ដោយ​អាន​ញាប់​ពេក មិន​បាន​បង្ហាញ​គំនូស​ច្បាស់ ឬ​បិទ​ទ្វារ​រាប់​សន្លឹក​ឆ្នោត​ជាដើម។ ជាង​នេះ​ទៅ​ទៀត កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ឬ​ហៅ​ថា ទម្រង់ ១១០២ មន្ត្រី​រាប់​សន្លឹក​ឆ្នោត​បាន​បំពេញ​មិន​ត្រូវ ឬ​កត់ត្រា​មិន​ត្រឹមត្រូវ​ជាដើម។ បើទោះជា​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ចាត់​ទុក​ថា ភាព​មិន​ប្រក្រតី​ទាំង​នេះ មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៧ ក៏ដោយ ប៉ុន្តែ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នឹង​ផ្ញើ​ភាព​មិន​ប្រក្រតី​ដែល​រក​ឃើញ​ទៅ​ឲ្យ គ.ជ.ប ដើម្បី​កែ​តម្រូវ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​​កម្ពុជា ហៅ​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី មើល​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ពេល​ឃោសនា​បោះឆ្នោត ដូចជា​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​សម្រាប់​ជា​មធ្យោបាយ​ឃោសនា បម្រាម គ.ជ.ប ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ជួល​ម៉ោង​ផ្សាយ​ស្មើ​ភាព​គ្នា ត្រូវ​បាន​បំពាន៖ «ក្នុង​អំឡុង​ពេល​ឃោសនា ពី​ថ្ងៃ​ទី​២០ ខែ​៥ ទៅ​ដល់​ថ្ងៃ​ទី​២ ខែ​៦ យើង​ឃើញ​នៅ​ក្នុង​របាយការណ៍​ដែល​យើង​ទទួល​បាន​ពី​អ្នក​សង្កេតការណ៍​ទាំង​អស់​ហ្នឹង គឺ​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ។ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត មិន​អាច​យក​ស្លាក​ឡាន​រដ្ឋ​ទៅ​ដោះ​ស្លាក​លេខ​ចេញ ឬ​ក៏​ប្រើ​ស្លាក​លេខ​យក​ទៅ​ឃោសនា​បម្រើ​គណបក្ស»

បន្ទប់​ស្ថានការណ៍​បោះឆ្នោត ក៏​បាន​សិក្សា​សំណាក​គំរូ ៩​ឃុំ នៅ​ខេត្ត​ក្រុង​ចំនួន ៣ ដើម្បី​វាយ​តម្លៃ​អំពី​ខ្ទង់​ចំណាយ​របស់​គណបក្ស​នយោបាយ។ ការ​សិក្សា និង​សង្កេត​របស់​សង្គម​ស៊ីវិល​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ថវិកា​សម្រាប់​ឃោសនា​បោះឆ្នោត​នៅ​ថ្នាក់​ឃុំ​ចំនួន ២៤,៧​លាន (២៤.៧០០.០០០) ដុល្លារ​អាមេរិក ខណៈ​បក្ស​ប្រឆាំង​បាន​ប្រើ​ថវិកា​នៅ​ថ្នាក់​ឃុំ​ដូច​គ្នា​ចំនួន ៥,៦​លាន (៥.៦០០.០០០) ដុល្លារ។ ថវិកា​ទាំង​នោះ​បក្ស​កាន់​អំណាច​បាន​មក​ពី​សមាជិក​ថ្នាក់​ខេត្ត​រាជធានី​របស់​ខ្លួន ឯ​បក្ស​ប្រឆាំង​បាន​មក​ពី​សមាជិក​បក្ស និង​អ្នក​គាំទ្រ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា បើ​ទោះ​ជា​បរិយាកាស​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​មាន​រូបភាព​គំរាមកំហែង ដូចជា​ព្រមាន​ពី​សង្គ្រាម​បើ​ចាញ់​ឆ្នោត ឬ​បង្ហាញ​វត្តមាន​កង​កម្លាំង​ដ៏​ច្រើន​នៅ​ថ្ងៃ​បោះឆ្នោត តែ​ពលរដ្ឋ​មិន​បាន​ខ្លាច​ដូច​កាល​មុនៗ​នោះ​ទេ៖ «អ្នក​នយោបាយ ឬ​ក៏​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន គាត់​លើក​ឡើង​ពី​បដិវត្តន៍​ពណ៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ជូន​កាល​ជា​ការ​សម្ដែង​មតិ​ជា​ការ​ជួបជុំ​ប្រមូល​ផ្ដុំ​ក្នុង​បញ្ចេញ​មតិ ឬ​ក៏​ការ​តវ៉ា​ដោយ​សន្តិវិធី តែ​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​អាច​ថា ជា​បដិវត្តន៍​ពណ៌។ បរិយាកាស​នយោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត ដែល​យើង​ត្រូវ​ពិចារណា»

អ្នកនាំពាក្យ​របស់​ស្ថាប័ន គ.ជ.ប ធ្លាប់​បញ្ជាក់​ថា គ្មាន​ការ​បោះ​ឆ្នោត​ណា​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ។ តែ​ គ.ជ.ប ស្វាគមន៍​រាល់​អនុសាសន៍​ទាំង​ឡាយ។

តំណាង​បន្ទប់​ស្ថានការណ៍​បោះឆ្នោត និង​ជា​ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់​ថា តាម​ច្បាប់​បោះឆ្នោត​ឃុំ-​សង្កាត់ គ.ជ.ប មិន​មាន​សិទ្ធិ​ស្នើ​បង្ហាញ​របាយការណ៍​ចំណូល​ចំណាយ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្នាក់​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ គ.ជ.ប មាន​សិទ្ធិ​ស្នើ​ឲ្យ​បក្ស​នយោបាយ​បង្ហាញ​ខ្ទង់​ចំណូល​ចំណាយ​របស់​បក្ស​បាន ដូច្នេះ​សង្គម​ស៊ីវិល​ស្នើ គ.ជ.ប បើក​ចំហ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ពេល​បោះឆ្នោត​​ឆ្នាំ​​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live