ប្រជាពលរដ្ឋនៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម អះអាងថា កន្លែងលេងល្បែងស៊ីសងមួយកន្លែងនៅក្រោយសាលាបឋមសិក្សាមហាលាភ គឺលេងកាន់តែខ្លាំងជាងមុនទៀត។ សកម្មភាពនេះ ធ្វើឲ្យអ្នកភូមិមួយចំនួនកាន់តែបារម្ភថា វាបង្កជារឿងអសន្តិសុខសង្គមផ្សេងៗ ព្រមទាំងជាគំរូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយ។
ពលរដ្ឋនៅឃុំពាមប្រធ្នោះ បញ្ជាក់ថា សកម្មភាពលេងល្បែងស៊ីសងនៅមូលដ្ឋានរបស់ពួកគេកាន់តែច្រើនជាងមុន។ ការកើនឡើងនេះ ក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយក្រុមអ្នកលេងល្បែងកាន់តែសកម្មជាងមុនទៀត។
ពលរដ្ឋនៅឃុំពាមប្រធ្នោះ សុំមិនបញ្ចេញឈ្មោះ និយាយថា កាលពីមុនពេលបោះឆ្នោត ល្បែងស៊ីសងនៅក្នុងភូមិ ពិសេសនៅក្រោយសាលាបឋមសិក្សាមហាលាភ ក្នុងព្រៃឫស្សីមួយកន្លែង គឺគេលេងមួយសប្ដាហ៍ ៣ ឬ ៤ថ្ងៃ និងជាលក្ខណៈលួចលាក់ ប៉ុន្តែថ្មីៗនេះ ពួកគេលេងរាល់ថ្ងៃតែម្តង និងបើកចំហទៀតផង៖ «អត់មានការបង្ក្រាប អត់មានការចាប់អីផង ព្រោះនៅហ្នឹងការលេងរបស់ប្រជាពលរដ្ឋ ហ៊ានធានាថាមានការគាំទ្រពីសមត្ថកិច្ចតែម្តង»។
ល្បែងស៊ីសងនៅមូលដ្ឋានឃុំមួយនេះដូចជា ជល់មាន់ ចាក់អាប៉ោង បៀ ចាក់ប្រដាល់នៅតាមរោងកាហ្វេ និងឆ្នោតកន្ទុយលេខ ជាដើម។
ប្រភពដដែលឲ្យដឹងថា កន្លែងលេងល្បែងនៅក្រោយសាលាបឋមសិក្សាមហាលាភ គឺធ្លាប់មានទាំងមន្ត្រីអាជ្ញាធរមួយចំនួនចូលរួមលេងទៀតផង ហើយរាល់សេចក្តីរាយការណ៍នៅថ្នាក់ខេត្ត គឺគ្មានប្រសិទ្ធភាពឡើយ ដោយសារអាចមានមន្ត្រីថ្នាក់ក្រោមផ្តល់ព័ត៌មានទៅក្រុមអ្នកលេងល្បែងទាំងនោះឲ្យដឹងមុនជានិច្ច ព្រោះសមត្ថកិច្ចអាចទទួលបានលាភសក្ការៈពីអ្នកបើកល្បែងទាំងនោះ។
អាស៊ីសេរី មិនអាចទាក់ទងអធិការស្រុកកោះសូទិន លោក ព្រេង ហ៊ីន បានទេ ដោយទូរស័ព្ទចូល ចុចបិទទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ លោកធ្លាប់បញ្ជាក់ថា កន្លងទៅ សមត្ថកិច្ចតែងចុះបង្ក្រាបល្បែងស៊ីសងទាំងនោះជានិច្ច ប៉ុន្តែករណីខ្លះពិបាកបង្ក្រាប ពីព្រោះអ្នកលេងតែងដឹងមុន និងពេលខ្លះពួកគេធ្វើសកម្មភាពលួចលាក់មិនឲ្យអាជ្ញាធរដឹងឡើយ។ លោកថែមទាំងបដិសេធថាគ្មានសមត្ថកិច្ចណាពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមជនល្មើសនោះទេ។
គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គឺមាន ៩ចំណុច ដូចជា៖
-
ទប់ស្កាត់មិនឲ្យមានការជួញដូរ ការចែកចាយ ឬការប្រើប្រាស់គ្រឿងញៀន
-
គ្មានចោរកម្ម ឆក់ប្លន់ ឬក្មេងទំនើង
-
លុបបំបាត់ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ
-
គ្មានការជួញដូរស្ត្រី ឬកុមារ
-
គ្មានអំពើហិង្សា និងគ្មានគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
យ៉ាងនេះក្តី ពលរដ្ឋមើលឃើញថា បទល្មើសល្បែងស៊ីសងនៅតែកើតឡើង ហើយបង្កជាភាពអសន្តិសុខសង្គមដូចជា លួច ឆក់ ជាដើម គឺបង្ហាញថាអាជ្ញាធរបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
មន្ត្រីអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពង់ចាម លោក មាន ព្រហ្មមុនី មានប្រសាសន៍ថា ករណីបង្ក្រាបល្បែងស៊ីសងគ្មានប្រសិទ្ធភាព គឺបណ្ដាលឲ្យប៉ះពាល់ដល់សង្គមទាំងមូល ម្យ៉ាង បង្ហាញថាការអនុវត្តច្បាប់មានភាពទន់ខ្សោយ និងអាចពាក់ព័ន្ធអំពើពុករលួយផង៖ «ការបង្ក្រាបអត់មានប្រសិទ្ធភាពទេ ដោយសារអី? គឺដោយសារមានការបណ្តែតបណ្តោយ និងអ្នកបើកល្បែងហ្នឹង ហាក់បីដូចជាមានបង្អែកពឹងយ៉ាងរឹងមាំអ៊ីចឹង»។
លោកយល់ថា ប្រសិនបើកិច្ចការបង្ក្រាបភាពអសកម្មទាំងនេះនៅតែគ្មានប្រសិទ្ធភាពទៀត ពលរដ្ឋកាន់តែបាត់បង់ជំនឿទៅលើអាជ្ញាធរ។ លោកថា ដើម្បីឲ្យមានប្រសិទ្ធភាព អាជ្ញាធរត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយត្រូវចាប់ខ្លួនមេខ្លោង ឬអ្នកបើកល្បែងស៊ីសងទាំងនោះ ព្រមទាំងស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងពួកគេដើម្បីផ្ដន្ទាទោសតាមច្បាប់៕