Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អាជ្ញាធរ​ចោទ​សហគមន៍​រារាំង​ទាហាន​ង​៧០​ឈូស​ដី​ព្រៃ​ថា​ចង់​បង្កើត​តំបន់​អបគមន៍

$
0
0

អាជ្ញាធរ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ចោទ​ប្រជា​សហគមន៍​ដែល​ព្យាយាម​រារាំង​កង​ទាហាន «ង​៧០» មិន​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជាង ៧០​ហិកតារ ថា​មាន​បំណង​បង្កើត​តំបន់​អបគមន៍ ក៏ប៉ុន្តែ​ប្រជា​សហគមន៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ដូច​ការ​គ្រោង​ទុក ប្រជា​សហគមន៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ស្រែពស់ នៃ​ឃុំ​ត្រពាំងជោរ ទាហាន​មក​ពី​កងពល «ង​៧០» អាជ្ញាធរ​ស្រុក និង​មន្ត្រី​មន្ទីរ​បរិស្ថាន បាន​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​រឿង​ជម្លោះ​ដី​ព្រៃ​នេះ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ មន្ត្រី​បរិស្ថាន​ចោទ​ប្រជា​សហគមន៍​ដែល​ហាម​ទាហាន​មិន​ឲ្យ​ឈូស​ដី​ព្រៃ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧ ថា​កំពុង​ដើរ​ញុះញង់​កៀរគរ​ប្រជាពលរដ្ឋ​បង្កើត​តំបន់​អបគមន៍។

លោក ឈួន ឈៀហេង មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ប្រាប់​ប្រជា​សហគមន៍​កុំ​ឲ្យ​ជឿ​មេខ្លោង​ញុះញង់​ឲ្យ​ទប់ស្កាត់​ការ​ឈូស​ឆាយ​ដី​ព្រៃ​របស់​ទាហាន «ង​៧០» ដែល​លោក​ថា​មាន​លិខិត​ទទួល​ស្គាល់​ត្រឹមត្រូវ។ លោក​ថា ការ​ព្យាយាម​រារាំង​នេះ គឺ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «កុំ​ជឿ​តាម​ជន​អគតិ​មួយ​ចំនួន​គ្រាន់​តែ​បង្កើត​បញ្ហា។ គ្មាន​អ្នក​ណា​ដោះស្រាយ​បញ្ហា​ទេ។ ជន​ញុះញង់​ទាំងនោះ​បង្កើត​បញ្ហា ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ ហើយ​បញ្ហា​កើត​ឡើង​ហើយ គេ​នឹង​ដើរ​ចោល​បញ្ហា។ អ្នក​ដែល​យក​បញ្ហា​ទៅ គ្មាន​អ្នក​ណា​ដោះស្រាយ​ក្រៅ​ពី​អាជ្ញាធរ អ្នក​ជំនាញ​ដែល​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ទេ»

ទោះ​បី​ជា​យ៉ាង​ណា ប្រជា​សហគមន៍​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ពួក​គាត់​អះអាង​ថា ការ​ព្យាយាម​រារាំង​ក្រុម​ទាហាន «ង​៧០» មិន​ឲ្យ​ប្រើ​គ្រឿងយន្ត​ឈូស​ឆាយ​ដី​ព្រៃ គឺ​ដើម្បី​ថែរក្សា​តំបន់​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ។ ពួក​គាត់​បន្ត​ថា ដី​សម្បទាន​ឲ្យ​ទាហាន «ង​៧០» ចំនួន ១២​គ្រួសារ​ជាន់​លើ​ដី​ព្រៃ​ការពារ។

លោក ម៉ុន អ៊ី ពលរដ្ឋ​ដែល​ចូលរួម​រារាំង​ក្រុម​ទាហាន «ង​៧០» លើក​ឡើង​ថា ប្រជា​សហគមន៍​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌៖ «ជា​សំណូមពរ​របស់​ខ្ញុំ គឺ​បើ​សិន​ជា​ដី​ដែល​ពួក​ខ្ញុំ​ការពារ​នេះ កាត់​ជូន​កងទ័ព ១២​គ្រួសារ សុំ​ឲ្យ​ពិនិត្យ​លើ​សំណើ។ គាត់​ស្នើសុំ ១២​គ្រួសារ​ក្នុង​មួយ​គ្រួសារ​តែ ៥​ហិកតារ​ទេ តែ​ដល់​ពេល​ចេញ​មក​ជាក់ស្តែង ក្នុង​ឯកសារ ឬ​ក្នុង​ផែនទី​ដែល​ពង្រាង​ឈូស​ឆាយ រាល់​ការ​កាយ​ព្រំ​របស់​គាត់​ដែល​មិន​ទាន់​ដាច់ស្រេច ក៏​ខុស​ពី​អ្វី​ដែល​ពង្រាង​នៅ​ក្នុង​ផែនទី»

សហគមន៍​ព្រៃឈើ​អម្ពរ​ស្រែពស់ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៣ ដើម្បី​ចូលរួម​ការពារ​ព្រៃ​អភិរក្ស និង​ប្រើប្រាស់​ព្រៃ។

ក៏ប៉ុន្តែ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក នៅ ណាក់ សង្កេត​ឃើញ​ថា បច្ចុប្បន្ន សហគមន៍​នេះ​មិន​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់។ លោក​សម្រេច​ប្រកាស​ចងក្រង​សហគមន៍​សាជាថ្មី ហើយ​វាស់វែង​ដី​ព្រៃ​សហគមន៍​ឡើង​វិញ៖ «ខ្ញុំ​នឹង​បង្កើត​សហគមន៍​សាជាថ្មី។ សហគមន៍​ឥឡូវ​មិន​ដឹង​ក្បាល​កន្ទុយ​នៅ​ណា​ទេ។ នឹង​បង្កើត ហើយ​ធ្វើ​សំណើ​តែ​ម្តង។ ដាក់​ចំនួន​គ្រួសារ​ប៉ុន្មាន ចំនួន​ភូមិ​ប៉ុន្មាន ចំនួន​ផ្ទៃដី​ប៉ុន្មាន តាម​ស្ថានភាព​ជាក់ស្តែង កុំ​ឲ្យ​ដាក់​ទៅ​ប៉ះ​កន្លែង​គេ​អាស្រ័យ​ផល។ យើង​ទៅ​ពិនិត្យ​ជាក់ស្តែង​ទាំងអស់​គ្នា ដើម្បី​បង្កើត​សហគមន៍​សាជាថ្មី​នៅ​ពេល​នេះ ចាប់​ពី​ពេល​នេះ​ត​ទៅ»

ទាក់ទង​នឹង​រឿង​រចនាសម្ព័ន្ធ​សហគមន៍​នេះ ប្រជា​សហគមន៍​ដែល​ចូលរួម​ឃាត់​គ្រឿងយន្ត​របស់​ទាហាន «ង​៧០» ចោទ​ប្រធាន​សហគមន៍​បច្ចុប្បន្ន​ថា​កំពុង​ឃុបឃិត​ជាមួយ​ក្រុម​ទាហាន និង​អាជ្ញាធរ ដើម្បី​រំលោភ​យក​ដី​ព្រៃ​សហគមន៍។ ពួក​គាត់​បង្ហាញ​ឯកសារ​នៅ​ក្នុង​ពេល​ប្រជុំ​ថា អនុប្រធាន​ភូមិ​ក៏​បាន​ដើរ​បញ្ចុះ​បញ្ចូល​ប្រជា​សហគមន៍​ឲ្យ​ផ្ដិត​មេដៃ​លក់​ដី ជា​ថ្នូរ​នឹង​ប្រាក់ ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ​អនុប្រធាន​ភូមិ​ពោធិ៍មាស លោក ឈួន សាវុធ ចោទ​ប្រជា​សហគមន៍​ល្បាត​ព្រៃ ថា​កំពុង​ប្រជែង​យក​ឥទ្ធិពល​គ្រប់គ្រង​ដី​ព្រៃ​យក​ដី​សហគមន៍​ចែក​គ្នា ហើយ​ពេល​ចុះ​ល្បាត​ព្រៃ ប្រជា​សហគមន៍​មិន​បាន​ផ្តល់​របាយការណ៍​មក​ឲ្យ​លោក​នោះ​ទេ។

តែ​ប្រជា​សហគមន៍​ថ្លែង​បក​វិញ​ថា ទោះ​បី​ជា​អញ្ជើញ​ក៏ដោយ លោក ឈួន សាវុធ មិន​បាន​ចូលរួម​ជាមួយ​ប្រជា​សហគមន៍​ល្បាត​ព្រៃ​នោះ​ទេ។

មន្ត្រី​ការិយាល័យ​សហគមន៍​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ លោក សាំង សំណាង លើក​ក្នុង​អង្គ​ប្រជុំ​ថា ភាព​មិន​ច្បាស់លាស់​នៃ​ព្រំប្រទល់​ដី​ព្រៃ ជា​ឧបសគ្គ​ដោះស្រាយ​ជម្លោះ​ដី​ព្រៃ​ជាង ៧០​ហិកតារ​រវាង​ប្រជា​សហគមន៍ និង​ទាហាន «ង​៧០» ទាំង ១២​គ្រួសារ។ លោក​ស្នើ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍​នេះ ដើម្បី​បញ្ចប់​ជម្លោះ ហើយ​ឲ្យ​ប្រជា​សហគមន៍​ធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ភាគី​ទាំង​ពីរ។

លោក អៀម ម៉ៅ វរសេនីយ៍ឯក​កងពល «ង​៧០» ដែល​ដឹកនាំ​កម្លាំង​ឈូស​ដី​ព្រៃ អះអាង​ថា ដី​ទាំង​ប្រមាណ ៧៨​ហិកតារ (៧៧,៩​ហិកតារ) ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​គ្រួសារ​កងទ័ព​ទាំង ១២​គ្រួសារ ហើយ​លោក​ថា ប្រសិន​បើ​ប្រជា​សហគមន៍​នៅ​បន្ត​រារាំង​មិន​ឲ្យ​ឈូស​ដី​ព្រៃ​នេះ​ទៀត ក្រុម​លោក​នឹង​ប្រើ​កម្លាំង​បង្ក្រាប។

ពេល​ប្រជុំ អភិបាល​រង​ស្រុក​ឱរ៉ាល់ លោក ប៊ុន វិចិត្រ ហាម​ប្រជា​សហគមន៍​មិន​ឲ្យ​ទៅ​រារាំង​ក្រុម​ទាហាន «ង​៧០» ក្រោយ​ពេល​អាជ្ញាធរ​សម្រេច​ថា ដី​ព្រៃ​ដែល​ទាហាន​កំពុង​ឈូស​ឆាយ គឺ​ស្រប​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ្រូពេទ្យ​លីកាដូ​មិន​ទាន់​បាន​ចូល​ពិនិត្យ​សុខភាព​លោក នី សុខា ក្នុង​ពន្ធនាគារ​នៅ​ឡើយ

$
0
0

គ្រូពេទ្យ​អង្គការ​លីកាដូ (LICADHO) អះអាង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា ពួក​គាត់​មិន​ទាន់​បាន​ចូល​ក្នុង​ពន្ធនាគារ​ដើម្បី​ព្យាបាល​លោក នី សុខា ដែល​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ដូច​ដែល​អ្នក​នាំ​ពាក្យ​ពន្ធនាគារ​អះអាង​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា នោះ​ទេ។ គ្រូពេទ្យ​លីកាដូ បញ្ជាក់​ថា រូប​គាត់​ព្យាយាម​ចង់​ចូល​ទៅ​ពន្ធនាគារ ដើម្បី​ពិនិត្យ​មើល​អាការៈ​របស់​លោក នី សុខា មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ក៏ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ​មក​ទល់​ពេល​នេះ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី សុខា ថា​នឹង​ដាក់​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ស្នើសុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា បាន​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ។

ប្អូន​ប្រុស​របស់​លោក នី សុខា គឺ​លោក នី លីហេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា លោក​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​បង​ប្រុស​របស់​លោក​នៅ​ពន្ធនាគារ ឃើញ​លោក នី សុខា មាន​ទឹក​មុខ​ស្លេកស្លាំង ញ័រ​ដៃ និង​ព្យួរ​សេរ៉ូម​ផង។ លោក​ថា បង​ប្រុស​របស់​លោក​ពិត​ជា​ដួល​សន្លប់​នៅ​បន្ទប់​ទឹក​ក្នុង​ពន្ធនាគារ​មែន៖ «ខ្ញុំ​បាន​ជួប​គាត់​ព្រឹក​មិញ គាត់​បាន​ដួល​នៅ​ក្នុង​បន្ទប់​នៃ​ពន្ធនាគារ​មែន។ គាត់​ដួល​មួយ​សន្ទុះ ទើប​បាន​អ្នក​នៅ​ក្នុង​បន្ទប់​ជួយ»

លោក​ថា ទោះ​គ្រូពេទ្យ​នៅ​ពន្ធនាគារ​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បង​ប្រុស​របស់​លោក​ក្តី ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​លោក នី សុខា ធ្ងន់ធ្ងរ​លើស​ពី​លទ្ធភាព​គ្រូពេទ្យ​នៅ​ពន្ធនាគារ។

មេធាវី​ការពារ​ក្តី​របស់​លោក នី សុខា គឺ​លោក ឡោ ជុនធី ប្រាប់​ថា ក្រោយ​ពី​ឃើញ​ស្ថានភាព​ជំងឺ​កូន​ក្តី​លោក ក្រុម​មេធាវី​សម្រេច​សរសេរ​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំ​រឿង​លោក នី សុខា ដើម្បី​ស្នើ​ឲ្យ​លោក នី សុខា អាច​ចេញ​មក​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ក្រៅ​ពន្ធនាគារ​បាន៖ «ស្អែក​ហ្នឹង យើង​ប្រជុំ​គ្នា ហើយ​យើង​ដាក់​លិខិត​តែ​ម្តង»

លោក នី សុខា បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​នៃ​ពន្ធនាគារ «ម​១» រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា។ នៅ​ពេល​លោក​ដួល​សន្លប់​នោះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ពន្ធនាគារ លោក នុត សវនា និយាយ​ថា លោក នី សុខា គ្រាន់​តែ​រាករូស​ប៉ុណ្ណោះ។ លោក​ថា មន្ត្រី​ពន្ធនាគារ​រាយការណ៍​ប្រាប់​លោក​ថា លោក នី សុខា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​អង្គការ​លីកាដូ ជួយ​ពិនិត្យ​រួច​រាល់​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា លោក​ថា​មន្ត្រី​ពន្ធនាគារ​ផ្តល់​ព័ត៌មាន​មក​លោក​ខុស មិន​មែន​ពេទ្យ​អង្គការ​លីកាដូ​ទេ គឺ​ពេទ្យ​របស់​ពន្ធនាគារ។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត និយាយ​ថា ចៅក្រម​មិន​ទាន់​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​នៃ​អង្គការ​លីកាដូ បាន​ជួប​លោក នី សុខា ដើម្បី​ព្យាបាល​ជំងឺ​នៅ​ឡើយ​ទេ។ លោក អំ សំអាត ប្រាប់​ថា អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ​ដែល​គ្រូពេទ្យ​អង្គការ​លីកាដូ មិន​បាន​ពិនិត្យ និង​ព្យាបាល​លោក នី សុខា និង​មន្ត្រី​អាដហុក​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា ដែល​កំពុង​មាន​ជំងឺ​ដូច​គ្នា ព្រោះ​មាន​ការ​ហាមឃាត់​ពី​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ៖ «យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ទៅ​លើ​រោគ​វិនិច្ឆ័យ​គាត់​បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ព្រោះ​គ្រូពេទ្យ​អង្គការ​លីកាដូ​មិន​ទាន់​បាន​ជួប​គាត់ (លោក នី សុខា

លោក អំ សំអាត បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ អាច​ពិនិត្យ និង​ព្យាបាល​ចំនួន ១១​ពន្ធនាគារ​ទូទាំង​ប្រទេស ក្នុង​នោះ​ក៏​មាន​ពន្ធនាគារ «ម​១» ដែរ។ ប៉ុន្តែ​លោក​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន ក្រសួង​មហាផ្ទៃ ហាម​មិន​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ ចូល​ទៅ​ព្យាបាល​មន្ត្រី​អាដហុក បី​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា។ លោក​ថា បើ​គ្រូពេទ្យ​អង្គការ​លីកាដូ ចង់​ព្យាបាល​អ្នក​ទាំង​បី​រូប លុះត្រា​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​ជា​មុន​សិន។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ចំនួន ៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ គ..ប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ឱម យ៉ិនទៀង ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ក្រោម​ហេតុផល​សម​គំនិត និង​សូកប៉ាន់​សាក្សី​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ ជុំវិញ​ស្នេហា​ដែល​គេ​ចោទ​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ ដោយ​មិន​ទាន់​កាត់​ក្តី។

អ្នក​នាំ​ពាក្យ​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ថា​ករណី​គ្រូពេទ្យ​អង្គការ​លីកាដូ​អាច​ចូល ឬ​មិន​អាច​ចូល​ពន្ធនាគារ​ព្យាបាល​លោក នី សុខា ជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ហួស​ពី​ការ​សម្រេច​របស់​ពន្ធនាគារ។ លោក​ថា បើ​ជំងឺ​លោក នី សុខា លើស​ពី​លទ្ធភាព​គ្រូពេទ្យ​នៅ​ពន្ធនាគារ ខាង​ពន្ធនាគារ​នឹង​បញ្ជូន​លោក នី សុខា ទៅ​ព្យាបាល​ក្រៅ​ពន្ធនាគារ ប៉ុន្តែ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ក្រុម​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ជំនាញ​ចាប់​ផ្ដើម​ជជែក​ពី​គោលនយោបាយ​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៨

$
0
0

ក្រុម​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ ធ្វើ​ការ​ផ្នែក​ការងារ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព និង​ជីវភាព​កម្មករ​បាន​ចាប់​ផ្ដើម​ពិភាក្សា​គ្នា ជជែក​អំពី​គោលនយោបាយ​ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៨។ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ មក​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្រសួង​ការងារ និង​ក្រុម​សហជីព។

ការ​ចាប់​ផ្ដើម​ពិភាក្សា​អំពី​គោល​នយោបាយ​ប្រាក់​ឈ្នួល គឺ​ដើម្បី​ត្រៀម​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែក​ជើង។ ក្រៅ​ពី​ភាគី​របស់​ក្រសួង​ការងារ និង​សហជីព​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​កម្មករ អ្នក​ជំនាញ​របស់​អង្គការ​អន្តរជាតិ​ខាង​ពលកម្ម បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រាក់​ឈ្នួល និង​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​ចូលរួម​ការ​បណ្ដុះបណ្ដាល​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​បើក​វគ្គ​បណ្ដុះបណ្ដាល​សិក្ខាសាលា​ស្ដីពី​គោលនយោបាយ​ប្រាក់​ឈ្នួល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ថា ក្រសួង​បាន​ដាក់​ចេញ​គោលនយោបាយ​ជា​អាទិភាព ៥​ឆ្នាំ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ ​ក្នុង​នោះ​ក៏​មាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​ថា (ប.ស.ស) ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មការិនី​ពេល​សម្រាល​កូន។

លោក អ៊ិត សំហេង ថ្លែង​ថា ការ​ចរចា​ប្រាក់​ខែ​កម្មករ​ត្រី​ភាគី នឹង​មាន​សមាសភាព ១៦​នាក់​ មក​ពី​ក្រសួង​ការងារ ១៦​នាក់ មក​ពី​សមាគម​ថៅកែ​រោងចក្រ និង ១៦​នាក់​ទៀត គឺ​ខាង​តំណាង​សហជីព។

​ក្រៅ​ពី​បង្ហាញ​ផែនការ​អាទិភាព និង​ពេល​វេលា​ជជែក​គ្នា​អំពី​ប្រាក់ខែ​គោល​កម្មករ លោក អ៊ិត សំហេង បាន​ព្រមាន​ទុក​ជា​មុន​ថា កុំ​ឲ្យ​យក​ប្រធានបទ​នៃ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើជា​លេស​ដើម្បី​បាតុកម្ម​នៅ​ឆ្នាំ​បោះ​ឆ្នោត ពោល​គឺ​ឆ្នាំ​២០១៨ ខាង​មុខ។

លោក អ៊ិត សំហេង ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ប្រាក់​ខែ​ជា​រឿង​ហួស​សម័យ៖ «ខ្ញុំ​ក៏​មិន​សង្ឃឹម​ថា អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០១៣ វា​នឹង​កើត​វិញ​ទេ មក​ដល់​ថ្ងៃ​នេះ​ហួស​សម័យ ហើយ​បើ​នរណា​បង្កើត​រឿង​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង»

កាល​ពី​ឆ្នាំ​២០១៣ ក្រុម​កម្មករ និង​សហជីព បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ស្ទើរ​ពេញ​ទីក្រុង​ភ្នំពេញ ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង។ នៅ​ឆ្នាំ​២០០៤ គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​មាន​សមាស​ភាព​ត្រី​ភាគី បាន​សម្រេច​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​ជា​រៀងរាល់​ឆ្នាំ ត្រី​ភាគី ដើម្បី​រក​លទ្ធភាព​ដំឡើង​​ប្រាក់​ឈ្នួល​ជូន​កម្មករ។

ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា  (CCTU)  លោក ជួន មុំថុល ប្រាប់​ថា លោក​មិន​រំពឹង​ថា ប្រាក់​ឈ្នួល​គោល​កម្មករ​អាច​ឡើង​បាន​ច្រើន​នោះ​ទេ ដោយសារ​រូបមន្ត​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិន​ខុស​ពី​លើក​មុនៗ អតិផរណា ផលិតភាព និង​កំណើត​សេដ្ឋកិច្ច ក៏​មិន​ខុស​ពី​លើក​មុន​ដែរ។ ក៏ប៉ុន្តែ​លោក​រំពឹង​ទៅ​លើ​​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​នឹង​ត្រូវ​កំណត់​នោះ​វិញ។

លោក ជួន មុំថុល៖ «១០​ភាគរយ​នៃ​អា​ចាស់​ហ្នឹង ប្រហែលជា​មិន​ដល់​ហ្នឹង ឬ​ក៏​យ៉ាង​ម៉េច​ទេ ដល់​ឬ​ក៏​មិន​ដល់​ទេ ចាំ​មើល​យើង​អត់​ហ៊ាន​ថា ទេ​ណា មាន​តែ​ជជែក​គ្នា។ អ្នក​ដែល​អាច​ជួយ​ឲ្យ​ខុស​រូបមន្ត​បាន​មានតែ​សម្ដេច​នាយក​ទេ អ្នក​ដែល​អាច​ជួយ​ឲ្យ​ខុស​រូបមន្ត»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មើល​ឃើញ​ថា បើ​ទោះ​ជា​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ​បាន​ខ្លះ​ក៏ដោយ ប៉ុន្តែ​ជីវភាព​របស់​កម្មករ​នៅ​តែ​លំបាក ដោយសារ​តែ​តម្លៃ​នៃ​ទំនិញ​បាន​ឡើង​ប្រដេញ​ប្រាក់​ឈ្នួល​កម្មករ។

លោក អាត់ ធន់ យល់​ថា ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ​ជា​រៀងរាល់​ឆ្នាំ​មិន​បាន​ផ្ដល់​អត្ថប្រយោជន៍​ជាក់ស្ដែង​ឲ្យ​កម្មករ​នោះ​ទេ ព្រោះ​ការ​កំណត់​ធ្វើ​ឡើង​តែ​រវាង​ភាគី​ក្រសួង​ការងារ ថៅកែ​រោងចក្រ និង​ក្រុម​សហជីព​ដែល​ស្និទ្ធ ​និង​ថៅកែ​រោងចក្រ។ ឯ​សហជីព​ឯករាជ្យ​ត្រូវ​បាន​កំណត់​ឲ្យ​ចូលរួម​បាន​តែ ២​នាក់​ប៉ុណ្ណោះ ដូច្នេះ​លទ្ធភាព​នៃ​ការ​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យ​ដល់​កម្រិត​កម្មករ​រស់​នៅ​បាន​ដោយ​ភាព​ថ្លៃថ្នូរ​មិន​អាច​បាន​នោះ​ទេ ដោយសារ​តែ​សំឡេង​គាំទ្រ​មាន​តិច៖ «វា​គ្រាន់​តែ​ជា​ការ​រក​ផលប្រយោជន៍​មួយ​ផ្នែក​មួយ​ទេ ក្នុង​ស្ថានភាព​មួយ មិន​មែន​ជា​ការ​រក​ផលប្រយោជន៍​ពិត ហើយ​អ្វី​ដែល​កម្មករ​ភាគ​ច្រើន​ចង់​បាន​ទេ យើង​អាច​និយាយ​ថា រដ្ឋាភិបាល​គឺ​ចង់​ឲ្យ​ប៉ុណ្ណេះ​នៅ​ក្នុង​ស្ថានភាព​នេះ ខាង​និយោជក​ចង់​ឲ្យ​ប៉ុណ្ណោះ ទុក​ចំណេញ​ប៉ុណ្ណេះ​ ប៉ុន្តែ​រឿង​ពិត​របស់​កម្មករ​គាត់​ចង់​បាន​ប៉ុណ្ណោះ (ច្រើន) ពេល​នេះ​គាត់​ពិបាក​រស់​ណាស់ ប៉ុន្តែ​អត់​បាន​ដូច​អ្វី​ដែល​គាត់​ចង់​បាន សំណូមពរ​ពិត​នៃ​សំឡេង​ភាគ​ច្រើន​របស់​កម្មករ​នៅ​មិន​ទាន់​បាន​ត្រូវ​ដោះស្រាយ​ទេ»

បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក អាត់ ធន់ មាន​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១៧ កម្មករ​នឹង​ទទួល​ប្រាក់ខែ​គោល​ច្រើន​ជាង​រៀងរាល់ៗ​ឆ្នាំ ដោយសារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៨ នឹង​ជះ​ឥទ្ធិពល​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​នយោបាយ។ សហជីព​ក៏​សង្ឃឹម​ថា នៅ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ គណបក្ស​នយោបាយ នឹង​ប្រជែង​គ្នា​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​សុំ​សន្លឹក​ឆ្នោត​ពី​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​បារម្ភ​ពី​ការ​បែងចែក​មិន​ដាច់​ពី​គ្នា​រវាង​មន្ត្រី​ក្របខ័ណ្ឌ​សាធារណៈ​និង​នយោបាយ

$
0
0

អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​ខាង​អភិបាលកិច្ច មើល​ឃើញ​ដូចគ្នា​ថា ចរន្ត​នៃ​ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​លើ​មន្ត្រី​ក្របខ័ណ្ឌ​មុខ​ងារ​សាធារណៈ​កំពុង​កើត​មាន​ពេញបន្ទុក ជា​ហេតុ​ធ្វើ​ឱ្យ​សង្គម​លែង​មាន​គោលនយោបាយ​សាធារណៈ​មួយ​ពិតប្រាកដ។ ម្យ៉ាង​វិញ​ទៀត ចរន្ត​នេះ​ក៏​អាច​បង្ក​ការ​ភ័យ​ខ្លាច​ដល់​មន្ត្រី​រាជការ​មួយ​ចំនួន បើសិនជា​មាន​ការ​ផ្លាស់ប្ដូរ​របប​តាម​រយៈ​ការ​បោះឆ្នោត។

អ្នក​ជំនាញ​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​ដូច​គ្នា​ជុំវិញ​រឿង​ការ​បំពេញ​មុខងារ​របស់​មន្ត្រី​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ និង​ក្របខ័ណ្ឌ​នយោបាយ​ដែល​នៅ​ក្នុង​បរិបទ​កម្ពុជា មិន​អាច​ញែក​ឱ្យ​ដាច់​ពី​គ្នា​បាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច បណ្ឌិត ចាន់ វិបុល សង្កេត​ឃើញ​ថា មន្ត្រី​ជា​ច្រើន​គឺ​ជា​មន្ត្រី​មុខ​ងារ​សាធារណៈ ក៏ប៉ុន្តែ​បែរ​ជា​បំពេញ​តួនាទី​ជា​មន្ត្រី​នយោបាយ​ទៅ​វិញ ដែល​ភាព​ច្របូកច្របល់​គ្នា​នេះ នឹង​ធ្វើ​ឱ្យ​សញ្ញា​នៃ​ការ​គ្រប់គ្រង​រដ្ឋ​តាម​បែប​គណបក្ស​នយោបាយ​របស់​កម្ពុជា ចាក់​ឫស​កាន់​តែ​ជ្រៅ។

លោក ចាន់ វិបុល៖ «ចាប់​ពី​រដ្ឋលេខាធិការ​ឡើង​ទៅ គឺ​គាត់​ជា​មន្ត្រី​នយោបាយ តែ​ឥឡូវ​នេះ​យើង​ច្របូកច្របល់​គ្នា សូម្បីតែ​ចៅហ្វាយ​ខេត្ត ចៅហ្វាយស្រុក​ក៏​ជា​មន្ត្រី​នយោបាយ​ដែរ អ៊ីចឹង​ឋានានុក្រម​រដ្ឋបាល​សាធារណៈ​ត្រូវ​បាន​ច្របូកច្របល់។ ពេល​នោះ​សង្គម​លែង​មាន​គោលនយោបាយ​សាធារណៈ​មួយ​ពិតប្រាកដ​ហើយ។ នៅ​ពេល​ដែល​មន្ត្រី​ដែល​ជា​​អ្នក​បម្រើ​រាស្ត្រ​ទៅ​ជា​ច្របូកច្របល់​ជា​អ្នក​នយោបាយ លែង​តំណាង​ឱ្យ​រាស្ត្រ​ក្លាយ​ជា​បម្រើ​បក្ស​ហើយ»

​បណ្ឌិត ចាន់ វិបុល ថ្លែង​បែប​នេះ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា កន្លង​ទៅ។ លោក​អះអាង​ថា មន្ត្រី​ដែល​ស្ថិត​ក្រោម​អំណាច​របស់​គណបក្ស គឺ​មាន​គណនេយ្យភាព​តិច​ជាង ៣០​ភាគរយ ចំណែក​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រយោជន៍​បក្ស​របស់​ខ្លួន​គឺ​មាន​ច្រើន​ជាង ៧០​ភាគរយ។ ដូច្នេះ​ផល​វិបាក​សំខាន់​នោះ គឺ​រាល់​ការ​សម្រេចចិត្ត ឬ​ការ​បំពេញ​មុខងារ​ទាំង​អស់ ពួកគេ​នឹង​តម្កល់​ផលប្រយោជន៍​របស់​បក្ស ជា​ជាង​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ។

​បណ្ឌិត ចាន់ វិបុល៖ «ប្រសិនបើ​មន្ត្រី​មុខងារ​សាធារណៈ​ក្លាយ​ជា​មន្ត្រី​បក្ស​នយោបាយ អ៊ីចឹង​តួនាទី​ក្នុង​មុខងារ​សាធារណៈ​ហ្នឹង ត្រូវ​បាន​កាត់​បន្ថយ​ពី ៨០ ទៅ ៩០​ភាគរយ មក​ត្រឹម​តែ ៣០​ភាគរយ។ អ៊ីចឹង​អ្នក​ដែល​ទទួល​រង​វិបត្តិ​មុន​គេ​បំផុត និង​ចុង​ក្រោយ​គេ​បំផុត គឺ​បងប្អូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស។ នេះ​ជា​ផល​ប៉ះពាល់​ដ៏​ធំ ប្រសិនបើ​មន្ត្រី​របស់​រដ្ឋ​ក្លាយ​ជា​មន្ត្រី​របស់​បក្ស រាល់​កិច្ចការ​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​បំភ្លេច ឬ​ក៏​មិន​ត្រូវ​បាន​អនុវត្ត​តាម​កាតព្វកិច្ច​របស់​ខ្លួន»

ចំណែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ក៏​សង្កេតឃើញ​ដូចគ្នា​នេះ​ដែរ។ លោក​មើល​ឃើញ​ថា ប្រព័ន្ធ​រដ្ឋ​សព្វថ្ងៃ​មាន​ភាព​ច្របូកច្របល់​ខ្លាំង ដោយសារ​តែ​មិន​អាច​បែងចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​នយោបាយ។

លោក​បន្ត​ថា មន្ត្រីរាជការ​នៅ​តាម​ស្ថាប័ន​នីមួយៗ ក៏​តម្រូវ​ឱ្យ​ក្លាយ​ជា​សមាជិក​គណបក្ស​នយោបាយ​ដែរ ដែល​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​មន្ត្រី​រាជការ​មួយ​ចំនួន ដែល​គិត​ថា បើកាលណា​មាន​ការ​ផ្លាស់ប្ដូរ​របប ខ្លួន​ក៏​នឹង​ត្រូវ​អស់​តួនាទី​ដែរ៖ «ការ​បញ្ជ្រាប​ចូល​របស់​អ្នក​នយោបាយ​មាន​កាន់​តែ​ជ្រៅ​ថែម​ទៀត​ក្នុង​ប្រព័ន្ធ​របស់​រដ្ឋ។ អ៊ីចឹង​ពេល​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត ការ​ផ្លាស់ប្ដូរ​នេះ​គឺ​នឹង​មាន​បញ្ហា​ធំ ដែល​ខ្ញុំ​គិត​ថា ជា​រឿង​ស្មុគស្មាញ​បំផុត​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ស្រុក​យើង»

​បណ្ឌិត មាស នី បន្ត​ថា អ្នក​នយោបាយ​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ច្រើន​លើសលប់​ធ្វើ​ឱ្យ​ឥទ្ធិពល​នយោបាយ​ត្រូវ​បាន​បញ្ជ្រាប​កាន់​តែ​ជ្រៅ​ថែម​ទៀត​នៅ​ក្នុង​ប្រព័ន្ធ​របស់​រដ្ឋ។ លោក​បាន​លើក​ឡើង​ពី​ប្រទេស​ថៃ ជា​ឧទាហរណ៍​ថា បើ​ទោះ​បី​ជា​មាន​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​ក្តី ក៏​សេដ្ឋកិច្ច​របស់​គេ​នៅ​តែ​ដើរ​ទៅ​​មុខ​ដដែល ហើយ​ស្ថាប័ន​រដ្ឋ​នៅ​តែ​បំពេញ​មុខងារ​របស់​ខ្លួន​ដូច​ធម្មតា៖ «មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​អ្នក​បច្ចេកទេស គេ​អត់​ប៉ះពាល់​ទេ។ អ៊ីចឹង​ទៅ បើ​ទោះ​បី​ជា​ថៃ បាតុកម្ម​នៅ​កណ្ដាល​ក្រុង​បាងកក ក៏ដោយ ក៏ប៉ុន្តែ​សេដ្ឋកិច្ច​ថៃ មិន​បាន​ធ្លាក់​ដុនដាប​ទេ។ នៅ​ស្រុក​យើង​ដោយសារ​តែ​ច្របល់​គ្នា​រវាង​អ្នក​នយោបាយ និង​មន្ត្រី​រាជការ​សាធារណៈ ពេល​ដែល​ចលាចល​ម្ដងៗ ដូចជា​នៅ​ឆ្នាំ​១៩៩៧  ជាដើម យើង​ស្ទើរ​តែ​គ្រប់គ្រង​ស្ថានការណ៍​លែង​បាន សេដ្ឋកិច្ច​ក៏​ត្រូវ​ធ្លាក់​ចុះ»

​ជុំវិញ​រឿង​ទាំង​នេះ អាស៊ីសេរី​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្ទឹងត្រែង​ថា​ព្រៃ​សហគមន៍​ជាង​១០០​ហិកតារ​ត្រូវ​បាន​កាប់​ជា​ថ្មី​ទៀត

$
0
0

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជាង ១០០​ហិកតារ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជា​ថ្មី​ទៀត​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ពាន់​ដើម និង​យាយី​ទីជម្រក​សត្វព្រៃ​តំបន់​នោះ។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង និង​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​កាប់​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ព្រៃឈើ ដែល​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​កាប់ឆ្ការ​ព្រៃ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ។

ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ដែល​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដោយ​ពុំ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ប្រកាន់​ជំហរ​ច្បាស់លាស់ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​អនុលោម​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឡើយ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន​ឡើង​វិញ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ឈ្មួញ​បាន​បន្ត​កាប់​ឈើ​មាន​តម្លៃ​ពី​ព្រៃ​សហគមន៍ និង​កាប់​ព្រៃ​រាន​យក​ដី​អស់​ជាង ១០០​ហិកតារ​ថ្មី​ទៀត ឋិត​នៅ​ចំណុច​ភ្នំ​ធំ អូរ​ឆ្កូត និង​ត្រពាំងព្រៃ ដោយ​ពុំ​មាន​គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​ឡើយ។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ មួយ​ចំនួន​ជា​ពលរដ្ឋ​ចំណូលស្រុក និង​អ្នក​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន​នៅ​ពី​ក្រោយ​ខ្នង។

លោក​បញ្ជាក់​ថា គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​រដ្ឋាភិបាល មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃឈើ​ទេ ថែមទាំង​បណ្ដោយ​ឲ្យ​ចលនា​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​កាន់តែ​រីក​ធំ​ឡើង។ លោក​សង្កត់​ធ្ងន់​ថា អ្នក​ភូមិ​គ្រោង​ប្ដឹង​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ទៅ តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ និង​ផ្ដន្ទាទោស​ជនល្មើស៖ «ក្នុង​ទឹកដី​សហគមន៍​ហ្នឹង មាន​ជន​មក​ពី​ឆ្ងាយ មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​មក​ធ្វើ​ជា​សកម្ម​សិទ្ធិ​ខ្លួន​ឯង​ហ្នឹង ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ទី​១ ខ្លាច​អស់​សត្វ​ព្រៃ ទី​២​ទៀត អស់​ដើម​ឈើ និង​ទី​៣ ក្មេង​សារ​ក្រោយ​អត់​មាន​ឈើ​ធ្វើ​ផ្ទះ វា​នឹង​រលាយ​ហិនហោច»

​បុរស​ដដែល​បន្ត​ថា ដើម​ឈើ​ទាល និង​ត្រាច​ដែល​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​បាត់បង់​បណ្ដើរៗ ដោយសារ​ឈ្មួញ​បាន​សម្រុក​កាប់ និង​អារ​ច្រៀក​ធ្វើ​គ្រឿង​ផ្ទះ។

មុន​ឆ្នាំ​២០១២ ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ គឺ​ជា​ទីតាំង​ជ្រក​របស់​សត្វចតុប្បាទ​ព្រៃ​រស់​នៅ និង​ជា​តំបន់​សំបូរ​ដោយ​ព្រៃស្រោង មាន​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម។ ព្រៃ​សហគមន៍​នោះ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.៤៤៦,១៦) ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​ស្ថាប័ន​ស្នូល។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ប្រធាន​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់  លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ស្តីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាល​ពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ស្រុក​បាន​បង្កើត​ក្រុម​ការងារ​ចុះ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ដោយ​រក​ឃើញ​ថា សកម្មភាព​ទន្ទ្រាន​នោះ​ឋិត​នៅ​ក្រៅ​បរិវេណ​ព្រៃ​សហគមន៍។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​ពី​ស្ថានភាព​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ នឹង​ដាក់​ទោសទណ្ឌ​ដល់​បុគ្គល​ណា​ដែល​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​កាប់​រាន​​ដី​ព្រៃ​នៅ​តំបន់​នោះ៖ «កន្លង​មក​ប្រគល់​ការងារ​ទាំង​អស់​ហ្នឹង​ទៅ​ឲ្យ​សហគមន៍​ព្រៃ​ឈើ​ជាមួយ​ជំនាញ​ដោយសារតែ​ឃុំ​ហ្នឹង ត្រូវ​បាន​ចុះ​បញ្ជី​សហគមន៍​ព្រៃឈើ​ហើយ តែ​កន្លង​មក​សហគមន៍​ព្រៃ​ឈើ​ហ្នឹង មិន​មាន​សកម្មភាព​អី​ផុលផុស​ដូចជា​សហគមន៍​មួយ​ចំនួន​ដែល​គេ​បាន​បង្កើត​សហគមន៍​ហើយ​នោះ​ទេ យើង​នឹង​ពិនិត្យ​ឡើង​វិញ​ពី​សហគមន៍​ហ្នឹង ថា​តើ​ដំណើរការ​គាត់​យ៉ាង​ម៉េច»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង (ADHOC) លោក ហូ សំអុល មាន​ប្រសាសន៍​ថា សមាគម​អាដហុក នឹង​ផ្ដល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ ប្រសិនបើ​ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​អ្នក​កាប់​រាន​ដី​ព្រៃ​អភិរក្ស​ទៅ​ស្ថាប័ន​អយ្យការ។ លោក​កត់សម្គាល់​ថា រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ជំនាញ​នៅ​ពុំ​ទាន់​ចាប់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​មក​ដាក់​ទោសទណ្ឌ​ដែរ បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​អស់​រាប់ពាន់​ហិកតារ​នៅ​តំបន់​នោះ​ក្ដី៖ «ឃុំ​ខ្លួន ឃាត់​ខ្លួន​ឃើញ​តែ​ពលរដ្ឋ​ក្រីក្រ​ហ្នឹង​ឯង គ្មាន​ពី​ណា​ទេ។ ដល់​ពេល​អ្នក​មាន​លុយ​មាន​អំណាច​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ និង​តុលាការ​ធ្វើ​តាម​ផ្លូវ​ច្បាប់​បាន​បន្តិច​ទេ»

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន កន្លង​ទៅ​សំបូរ​ដោយ​ព្រៃស្រោង និង​ដើមឈើ​ផលិត​ជ័រទឹក ព្រមទាំង​ឈើ​មាន​តម្លៃ​គ្រប់​ប្រភេទ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃ​សហគមន៍​នៅ​តំបន់​នោះ​បាន​ក្លាយ​ជា​ទីវាល​ស្ទើរ​ទាំង​ស្រុង ខណៈ​ក្រុម​ឈ្មួញ​បាន​ដណ្ដើម​គ្នា​កាប់​ទន្ទ្រាន​តាំង​ពី​ឆ្នាំ​២០១៣ ក្នុង​នោះ​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​ជាប់​ពាន់​ព័ន្ធ​ដែរ។

លោក​រិះគន់​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ថា គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ និង​ព្រៃ​អភិរក្ស​នោះ​ទេ បែរ​ជា​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​ដដែលៗ ពុំ​មាន​ទទួល​ខុស​ត្រូវ៖ «គ្រប់​ឃុំ​ដូចជា​ឃុំ​សំអាង ក៏​សំបូរ​ឈើ​ដែរ​រលាយ​ដែរ ឃុំ​កាំងចាម និង​ឃុំ​ចម្ការលើ​សុទ្ធ​តែ​មាន​ឈើ​ធំ​រលាយ​ដែរ។ អស់​ហើយ​ស្រុក​ថាឡាបរិវ៉ាត់។ ដល់​សង្ឃឹម​ព្រៃឡង់ គឺ​ឡង់​អី​ណា មាន​តែ​ឡង់​ទទេ តែ​ឡង់​រាល់​ថ្ងៃ​គឺ​ចង់​អស់​ហើយ រដ្ឋបាល​មាន​តែ​ការពារ​ព្រៃឈើ​តាម​ឡាន​ទេ ដល់​ពេល​ឈើ​ឈរ​អត់​មាន​ចេះ​ការពារ​ទេ​ខ្លាច​បាក់​ដាក់»

​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា  រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ចាត់​វិធានការ​ក្ដៅ​ចំពោះ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ការពារ​នោះ​ទេ បើ​ទោះ​បី​ជា​ករណី​នេះ​បាន​កើត​ឡើង​ដដែលៗ​ក្ដី។ លោក​កត់សម្គាល់​ថា អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ពុំ​ទាន់​មាន​លទ្ធផល​ជា​វិជ្ជមាន​ដែល​អាច​ឲ្យ​ពលរដ្ឋ​អាច​ទទួល​យក​បាន។

លោក​ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​អ្នក​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស និង​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ លើស​ពី​នេះ ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដែល​ជា​មនុស្ស​សកម្ម និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ថែរក្សា​ព្រៃឈើ៖ «ពិនិត្យ​មើល​ក្នុង​តំបន់​ដែល​ទទួល​រង​ការ​បំផ្លាញ​ហ្នឹង ថ្នាក់​ជាតិ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​កុំ​បណ្ដែតបណ្ដោយ​រឿង​​នេះ​បន្ត​ទៀត ព្រោះ​អី​ការ​ហិនហោច​នេះ​វា​ជា​ការ​កើត​ឡើង​ដដែលៗ អ៊ីចឹង​ហើយ​គួរ​តែ​ថ្នាក់​ជាតិ​ចាត់​វិធានការ​ដាក់​ពិន័យ ឬ​ក៏​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា សារាចរ​នេះ​គឺ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ គឺ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិរក្ស​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភ្ញៀវ​ទេសចរ​រិះគន់​ថា​ទឹក​សមុទ្រ​មាន​ក្លិន​ស្អុយ​នៅ​ឆ្នេរ​កោះ​តូច​ខេត្ត​ព្រះសីហនុ

$
0
0

ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​កម្សាន្ត និង​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង បាន​ត្អូញត្អែរ​ថា ទឹក​សមុទ្រ​នៅ​ឆ្នេរ​កោះ​តូច​ពេល​ខ្លះ​មាន​ក្លិន​ស្អុយ និង​រមាស់​ស្បែក​ពេល​ចុះ​ងូត​ទឹក​សមុទ្រ​តាម​ឆ្នេរ​នេះ។ ប្រតិបត្តិករ និង​ភ្ញៀវ​ទេសចរ បារម្ភ​ខ្លាច​បរិស្ថាន​នៅ​តាម​ឆ្នេរ​សមុទ្រ​កោះ​តូច ត្រូវ​បំផ្លាញ និង​សំណូមពរ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​សំណង់​រឹងមាំ​សង់​លើ​ឆ្នេរ​ខ្សាច់ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ។

ភ្ញៀវ​ទេសចរ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​ខ្សាច់​កោះ​តូច​មាន​ទីតាំង​នៅ​លើ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​បំផ្លាញ ព្រោះ​ពួក​គេ​បាន​រអ៊ូរទាំ​ថា ពេល​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​នេះ ទឹក​សមុទ្រ​មាន​ក្លិន​ស្អុយ និង​រមាស់​ស្បែក។

ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​កោះ​សំពោច ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​សុខសាន្ត ឆ្នេរ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង និង​ឆ្នេរ​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ជាដើម សង្កេត​ឃើញ​ថា បរិស្ថាន​ឆ្នេរ​កោះ​តូច​ហាក់​មាន​ការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ការពារ​កុំ​ឲ្យ​អាជីវករ និង​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ឆ្នេរ​នេះ បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​សង់​សំណង់​រឹងមាំ​ឲ្យ​បាន​ជា​ស្ថាពរ បើ​មិន​ដូច្នេះ​ទេ បរិស្ថាន​ឆ្នេរ​កោះ​តូច នឹង​ត្រូវ​បំផ្លាញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ភ្ញៀវ​ទេសចរ សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​លុប​បំបាត់​រាល់​សំណង់​រឹងមាំ​ដែល​បាន​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ ជាពិសេស​នៅ​មាន​អាជីវករ​ខ្លះ​នៅ​តាម​ឆ្នេរ​នេះ បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ជាដើម។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​ជា​ថ្មី​ទៀត​នៅ​តាម​ឆ្នេរ​កោះ​តូច​ទៀត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​រួច ត្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន និង​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

លោក យន្ត មីន បន្ថែម​ថា កន្លង​ទៅ មន្ត្រី​ជំនាញ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​សង្កាត់​កោះរ៉ុង បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ​ប្រកប​អាជីវកម្ម​នៅ​តាម​ឆ្នេរ​កោះ​តូច ឲ្យ​ជួយ​ការពារ​បរិស្ថាន​នេះ​ជា​ប្រចាំ និង​បាន​ហាម​មិន​ឲ្យ​យក​តុ​កៅអី​ទៅ​ដាក់​បម្រើ​ភ្ញៀវ​នៅ​លើ​ឆ្នេរ​ខ្សាច់ ជាដើម៖ «ជា​រួម​នៅ​តាម​បណ្ដា​ឆ្នេរ​កោះរ៉ុង មក​ដល់​ពេល​នេះ​ហាក់​មាន​ធូរស្បើយ​បន្តិច នៅ​ត្រង់​ថា​កន្លង​មក​ខ្ញុំ​បាន​ចុះ​ទៅ​កាន់​តំបន់​ឆ្នេរ​ហ្នឹង​ម្តង​ពីរ​ដង​ដែរ ហើយ​ខាង​មន្ទីរ​បរិស្ថាន ក៏​បាន​ដាក់​មន្ត្រី​ខ្លួន​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ឆ្នេរ​ទាំងនោះ ក្នុង​នោះ​ចៅ​សង្កាត់​កោះរ៉ុង ក៏​បាន​យល់​ដឹង​អំពី​ការ​ការពារ​បរិស្ថាន ហើយ​យើង​ក៏​បាន​រួម​គ្នា​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ។ ជាក់ស្តែង​ពេល​នេះ យើង​បាន​បញ្ជូន​អាង​ចម្រោះ​ទឹក​ស្អាត​តាម​បច្ចេកទេស​ថ្មី​ទៅ​កាន់​កោះរ៉ុង ដើម្បី​ការងារ​ថែរក្សា​អនាម័យ​ឆ្នេរ​ឲ្យ​បាន​ល្អ»

លោក យន្ត មីន បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​របរ​ទទួល​ទាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ទាំង​លើ​ដី​គោក និង​តាម​ឆ្នេរ​នៅ​លើ​ដី​កោះ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ជា​ប្រចាំ ដោយ​មិន​ត្រូវ​លួច​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​ក្នុង​ទឹក​សមុទ្រ ជាពិសេស​មិន​ត្រូវ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ទៀត​ទេ។

ទោះ​ជា​យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ដល់​ឆ្នេរ​កោះ​តូច បាន​រិះគន់​ថា បច្ចុប្បន្ន បរិស្ថាន​ឆ្នេរ​ខ្សាច់​កោះ​តូច​មិន​សូវ​មាន​អនាម័យ​ទេ ព្រោះ​ឃើញ​មាន​អាជីវករ​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ភាគច្រើន​ប្រកប​អាជីវកម្ម​នៅ​តាម​ឆ្នេរ​នេះ​បាន​ដាក់​តាំង​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​លក់​ដូរ​នំ​ចំណី​នៅ​លើ​ឆ្នេរ​ខ្សាច់​គ្មាន​សណ្ដាប់ធ្នាប់ និង​មាន​សង់​សំណង់​រឹងមាំ​ខ្លះ បាន​សង់​ជាប់​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ ជាដើម។

បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ជាតិ​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​កោះ​តូច និង​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ជា​ស្ថាពរ ដើម្បី​ថែរក្សា​បរិស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​ដូច​ពេល​មុន​វិញ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​ការពារ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​រក្សា​ឲ្យ​ឆ្នេរ​សមុទ្រ​នានា​នៅ​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​អនាម័យ និង​សោភ័ណភាព​ជា​រៀង​រហូត។

លោក​ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​តាម​ឆ្នេរ​នីមួយៗ​ទាំង​នៅ​លើ​ដី​គោក និង​លើ​ដី​កោះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឲ្យ​ទីក្រុង​មាន​អនាម័យ​បរិស្ថាន​ស្អាត ឈាន​ដល់​ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត៖ «ជាពិសេស​រាល់​ការ​វិនិយោគ​ផ្សេងៗ សូម​ឲ្យ​វិស័យ​ឯកជន​ទាំងអស់​គ្នា​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​មន្ទីរ​ក្រសួង ជាពិសេស​រដ្ឋបាល​ខេត្ត និង​ពី​ជំនាញ​ពាក់ព័ន្ធ។ រឿង​នេះ​សំខាន់​ណាស់ គឺ​មុន​នឹង​ប្រតិបត្តិករ​ទេសចរ​ទាំងនោះ​ចង់​អភិវឌ្ឍ​អ្វី​មួយ គឺ​ទាមទារ​ឲ្យ​មាន​ការ​អនុញ្ញាត​ច្បាប់ ឬ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ ការ​វិនិយោគ​ក៏​ត្រូវ​អនុវត្ត​ទៅ​តាម​បទដ្ឋាន​របស់​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ផល​ប៉ះពាល់ និង​បង្កើន​នូវ​គុណភាព​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ»

ទាក់ទង​ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កោះ​តូច​ត្រូវ​បំផ្លាញ​នេះ គេ​សង្កេត​ឃើញ​ថា នា​ពេល​កន្លង​ទៅ រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ រួម​ជាមួយ​អាជ្ញាធរ​ជំនាញ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ មាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ជាដើម បាន​ចុះ​ណែនាំ​ដល់​អាជីវករ ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នៅ​លើ​ឆ្នេរ​កោះ​តូច ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​កោះ​តូច​ជា​បន្តបន្ទាប់។ ជាង​នេះ ក៏​បាន​ហាម​មិន​ឲ្យ​អាជីវករ​ទាំងនោះ​នាំ​យក​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​ដាក់​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់​ដូរ​ចំណី​អាហារ​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​ឆ្នេរ​នេះ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​ឆ្នេរ​កោះ​តូច បាន​ចូលរួម​អនុវត្ត​តែ​ក្នុង​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ ភាព​អនាធិបតេយ្យ​នៃ​ការ​ដាក់​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ ឬ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ បាន​បន្ត​កើត​មាន​ជា​បន្ត​ទៀត​នៅ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច​នៃ​សង្កាត់​កោះរ៉ុង។

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត​ដែល​ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​អប្សរា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខេត្ត​សៀមរាប​ឈប់​សង់​សំណង់​ថ្មីៗ​នៅ​ក្នុង​ឧទ្យាន​អង្គរ

$
0
0

មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ នៅ​ខេត្ត​សៀមរាប បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ រយៈពេល​តែ ២០​ថ្ងៃ គឺ​ប្រជាពលរដ្ឋ​បាន​សង់​សំណង់​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ដែល​ច្បាប់​បាន​ហាមឃាត់។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​បញ្ជូន​កម្លាំង​សណ្ដាប់ធ្នាប់​ជា​ច្រើន​ក្រុម​ដើម្បី​ចុះ​រុះរើ​សំណង់​ថ្មីៗ​ទាំង​នោះ​ចេញ​វិញ។

ពលរដ្ឋ​ជា​ច្រើន​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ប្រមូល​ផ្ដុំ​គ្នា ជំទាស់​នឹង​អាជ្ញាធរ​អប្សរា មិន​ព្រម​ឱ្យ​រុះរើ​សំណង់​ថ្មីៗ ដែល​ទើប​តែ​សាងសង់​នៅ​ជិត​របង​ប្រាសាទ​បន្ទាយ​ក្ដី​នោះ​ទេ។

​ក្រុម​អ្នក​ភូមិ​បាន​លើក​ហេតុផល​ថា កម្លាំង​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​អប្សរា ដែល​ប៉ុនប៉ង​មក​រុះរើ​សំណង់​ថ្មីៗ​នោះ​ថា កាល​ពី​កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត គឺ​ពួកគេ​សាងសង់​គ្មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ទៅ​ហាម​ឃាត់​ឡើយ ប៉ុន្តែ​ក្រោយ​ពី​​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​រួច​ហើយ បែរ​ជា​មក​រុះរើ​បណ្ដាល​ឱ្យ​ពួកគេ​ខាត​បង់​លុយ​កាក់​ដែល​ខំ​ទៅ​ខ្ចី​បុល​ធនាគារ​ទៅ​វិញ។

ស្ត្រី​អ្នក​ភូមិ​ព្រះដាក់ ម្នាក់ ដែល​មក​ចូល​រួម​តវ៉ា​ជាមួយ​អ្នក​ភូមិ​រហាល គឺ​អ្នកស្រី ស៊ុយ ទឹម។ អ្នកស្រី​បង្ហាញ​កាយវិការ​ជំទាស់​នឹង​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​ទៅ​រុះរើ​សំណង់​ថ្មី​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។ អ្នកស្រី ស៊ុយ ទឹម បន្ទោស​ទៅ​លើ​កម្លាំង​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​អប្សរា​ថា ការ​ចុះ​ទៅ​រុះរើ​សំណង់​ថ្មី​ដែល​សង់​រួច​ហើយ​នោះ គឺ​ជា​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​វ័ណ្ឌក​នឹង​បំណុល៖ «ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ខ្ញុំ​ត្រូវតែ​តវ៉ា​ដូច្នេះ​ហើយ។ កាល​ពី​អ្នក​ភូមិ​ធ្វើ ដឹក​ដី​មក​ចាក់ យក​ឈើ​ចូល​មក​យ៉ាង​ណា ក៏​គ្មាន​អ្នក​ណា​ហាមឃាត់​ដែរ»

អ្នក​ភូមិ​ជា​ច្រើន​ទៀត​មាន​ទស្សនៈ​ដូច​គ្នា​នឹង​អ្នកស្រី ស៊ុយ ទឹម ដែរ ដោយ​ពួកគេ​មិន​សប្បាយចិត្ត​ជាមួយ​អាជ្ញាធរ​អប្សរា។

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​ចេញ​ប្រកាស​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ជា​ម្ចាស់​សំណង់​ថ្មីៗ ដោយ​ឱ្យ​រុះរើ​ចេញ​ពី​តំបន់​ហាមឃាត់​វិញ​ក្នុង​រយៈពេល ៧​ថ្ងៃ​ជា​កំហិត។ អាជ្ញាធរ​អប្សរា​ចាត់​ទុក​សំណង់​ដែល​ពលរដ្ឋ​សង់​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤​នេះ​ថា​គឺ​ជា​សំណង់​ខុស​ច្បាប់។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ថ្វី​បើ​ការ​ចុះ​រុះរើ​សំណង់​ថ្មី​ក្នុង​តំបន់​ឧទ្យាន​អង្គរ មាន​ប្រជាពលរដ្ឋ​ខ្លះ​មិន​យល់ព្រម​ក៏ដោយ ក៏​ការងារ​នេះ​នៅ​តែ​បន្ត​ដើម្បី​ការពារ​មត៌ក​ដូនតា​ខ្មែរ ដែល​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៅ​ហើយ។ អាជ្ញាធរ​អប្សរា​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា កាល​ពី​សាងសង់ គឺ​គ្មាន​អាជ្ញាធរ​ណា​ចុះ​ទៅ​ហាមឃាត់​នោះ ជា​ការ​មិន​ពិត​ទេ ពីព្រោះ​កម្លាំង​របស់​អាជ្ញាធរ​អប្សរា តែង​ទៅ​ហាមឃាត់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ស្ដាប់។

លោក ឡុង កុសល បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា ទាំង​មូល​គួរ​តែ​មាន​មោទនភាព​ដោយសារ​តែ​ប្រទេស​ខ្មែរ​មាន​ប្រាសាទ​បុរាណ​ជា​មត៌ក​ពី​ដូនតា​ដ៏​ល្បីល្បាញ​ពេញ​ពិភពលោក ហើយ​ប្រទេស​ជា​ច្រើន​តែង​មក​រៀន​សូត្រ​ពី​ខ្មែរ។ លោក ឡុង កុសល អំពាវនាវ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​សង់​សំណង់​ថ្មីៗ នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ត​ទៅ​ទៀត៖ «សូម​ចូល​រួម​ថែរក្សា មត៌ក​ដូនតា​របស់​យើង​ទាំង​អស់​គ្នា។ សំណូមពរ​ទី​២​ថា អាជ្ញាធរ​អប្សរា​មាន​ការ​អនុញ្ញាត​ច្បាប់​ឱ្យ​បង​ប្អូន​ដែល​ត្រូវការ​សង់ផ្ទះ​សម្បែង​បាន​ត្រឹមត្រូវ»

មន្ត្រី​អាជ្ញាធរ​អប្សរា ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​មាន​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ប្រមាណ ៥២០ កន្លែង។

​អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន មើល​ឃើញ​ថា ការ​អនុវត្ត​ការពារ​តំបន់​បេតិកភណ្ឌ គឺ​អាជ្ញាធរ​អប្សរា​ធ្វើ​ទៅ​តាម​ព្រះរាជក្រឹត្យ ចំណែក​ប្រជាពលរដ្ឋ​វិញ​ក៏​ត្រូវ​ការ​លំនៅឋាន​សមរម្យ​ដែរ។ ដូច្នេះ​អាជ្ញាធរ​អប្សរា គួរ​តែ​កំណត់​ស្តង់ដារ​មួយ​ដែល​អាច​ឱ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ការពារ​នោះ អាច​សង់ផ្ទះ​បាន​តាម​គំរូ​ណា​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បេក្ខជន​ជាប់​ឆ្នោត​សង្កាត់​ប៉ោយប៉ែត​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ

$
0
0

លោក ចៅ វាសនា បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា។

ប្រពន្ធ​របស់​បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោកស្រី វង្ស គឹមហុង អះអាង​ថា សមត្ថកិច្ច​បញ្ជូន​ប្ដី​របស់​លោកស្រី​ត្រឡប់​ទៅ​ពន្ធនាគារ​យ៉ាង​ប្រញាប់​នៅ​ម៉ោង​ប្រមាណ ៩​កន្លះ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា។ លោកស្រី​បន្ថែម​ថា ស្ថានភាព​ជំងឺ​របស់​លោក ចៅ វាសនា មិន​ទាន់​ជា​ដាច់​នៅ​ឡើយ៖ «សុខភាព​គាត់​មិន​ទាន់​ជា​ទេ គ្រាន់​តែ​គាត់​អាច​ដើរ​បាន​បន្តិចបន្តួច​នៅ​ក្នុង​ពេទ្យ​ប៉ុណ្ណោះ ហើយ​គាត់​ហូប​បបរ​បាន​តែ​ពីរ​បី​ស្លាបព្រា​ទេ។ ពេល​សមត្ថកិច្ច​នាំ​ចេញ គេ​មិន​បាន​ប្រាប់​ខ្ញុំ​មុន​ទេ ប៉ុន្តែ​ខ្ញុំ​ទៅ​ដល់​មន្ទីរពេទ្យ​មុន​គេ នាំ​ប្ដី​ខ្ញុំ​ទៅ​ពន្ធនាគារ»

លោក ចៅ វាសនា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា។ ប្រធាន​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី លោក ចន្ទ វិឌ្ឌីណាវុឌ្ឍ អះអាង​ថា បញ្ហា​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​របស់​លោក ចៅ វាសនា បាន​ធូរស្រាល ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​លោក ចៅ វាសនា នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គឺ​នៅ​មុន​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ដើម្បី​បើក​ទ្វារ​ទឹក​សាកល្បង

$
0
0

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជំរុញ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង រូតរះ​ជម្លៀស​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៅ​តាំង​ទីលំនៅ​ថ្មី​ឲ្យ​បាន​មុន​ខែ​កក្កដា ខាង​មុខ ដោយសារ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សាកល្បង​បើក​ទ្វារ​ទឹក​ចាប់​ពី​ថ្ងៃ​ទី​១៥ កក្កដា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ លិខិត​ជូន​ដំណឹង​របស់​ក្រុមហ៊ុន ផ្ញើ​ទៅ​អភិបាល​ខែត្រ​ស្ទឹងត្រែង កាល​ពី​ពេល​ថ្មីៗ​នេះ​បញ្ជាក់​ថា ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់ នឹង​លិចលង់ ប្រសិន​បើ​មាន​ការ​បង្ហូរ​ទឹក​ជា​ទ្រង់ទ្រាយ​ធំ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង អះអាង​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា ក្រោយ​ពី​ទទួល​បាន​លិខិត​ជូន​ដំណឹង​ពី​ក្រុមហ៊ុន​ស្ដីពី​ការ​បើក​ទ្វារ​បង្ហូរ​ទឹក​សាកល្បង អាជ្ញាធរ​ខែត្រ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ និង​សាធារណជន​ឲ្យ​ប្រុង​ប្រយ័ត្ន ហើយ​អាជ្ញាធរ​ខែត្រ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​អនុវត្ត​ផែនការ​របស់​ក្រុមហ៊ុន​ពាក់ព័ន្ធ​ករណី​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ត្រៀម​ទុក​ជា​មុន​នូវ​មធ្យោបាយ​នានា ដើម្បី​អន្តរាគមន៍​ជា​បន្ទាន់​ក្នុង​ករណី​ចាំបាច់ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បើក​ទ្វារ​ទឹក​សាកល្បង។ លើស​ពី​នេះ អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​លំនៅឋាន​ត្រៀម​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​ជាង ១០០​គ្រួសារ ហើយ​ក្នុង​ករណី​ពលរដ្ឋ​បំបែក​គ្រួសារ អាជ្ញាធរ​ខែត្រ​បាន​រៀបចំ​គោល​នយោបាយ​ផ្តល់​សំណង​រួច​ហើយ៖ «ព្រឹកមិញ​នេះ អភិបាល​ខែត្រ​ស្តីទី​បាន​ធ្វើ​ការ​ណែនាំ​ដល់​ស្រុក ដល់​ឃុំ និង​ដល់​ភូមិ​រួច​ហើយ ធ្វើ​ការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នៅ​តំបន់​នោះ មិន​មែន​ចាំបាច់​តែ​ឃុំ​ស្រែគរ ៩១​គ្រួសារ និង​ឃុំ​ក្បាលរមាស ៣០​គ្រួសារ​ដែល​មិន​ទាន់​ចេញ​នោះ​ទេ គឺ​ជា​សាធារណៈ ព្រោះ​អី​ប្រជាពលរដ្ឋ​គាត់​អាច​អាស្រ័យ​ផល​តំបន់​ហ្នឹង»

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បញ្ជាក់​ថា ប្រសិន​បើ​ក្រុមហ៊ុន​បើក​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរចាស់ ហើយ​រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​មិន​ទាន់​ព្រម​ទទួល​សំណង​មាន​នៅ​ឃុំ​ក្បាលរមាស ៣០​គ្រួសារ និង​ឃុំ​ស្រែគរ ៩១​គ្រួសារ។ ក្រុមហ៊ុន​ចាត់​ទុក​ការ​បើក​ទ្វារ​ទឹក​សាកល្បង គឺ​ជា​ទិសដៅ​នៃ​ការ​អនុវត្ត​គម្រោង ហេតុ​នេះ​ដើម្បី​បញ្ចៀស​ចលាចល​ណា​មួយ ទាមទារ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ឲ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០១៧។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ មិថុនា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស ដែល​មិន​ទាន់​ព្រម​ទទួល​សំណង លោក ដាំ សំណាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ដើម្បី​ធ្វើ​កសិកម្ម សង់​ទីលំនៅ និង​ចិញ្ចឹម​សត្វ ក៏ប៉ុន្តែ​ពួក​គាត់​បារម្ភ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដែល​មិន​អាច​ជម្លៀស​បាន ដូចជា​ផ្ទះ​សម្បែង ផល​ដំណាំ ដី​ស្រែ​ចម្ការ ផ្នូរ​ដូនតា នឹង​ត្រូវ​លិចលង់ និង​បាត់បង់។ លោក​ថា​មាន​ហេតុផល​ច្រើន​ដែល​អ្នក​ភូមិ​មិន​ព្រម​ទទួល​សំណង ដោយសារ​ពួក​គេ​ស្ដាយ​ស្រណោះ​សម្បត្តិ​ធម្មជាតិ ដូចជា​ព្រៃឈើ ទន្លេ និង​ដី​ស្រែ​ចម្ការ​ដែល​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​ពួក​គាត់៖ «ខ្ញុំ​សុំ​ជម្រាប​ដល់​រាជ​រដ្ឋាភិបាល​ដែល​ផ្តល់​ទីតាំង​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទំនប់​ក្តី និង​រឿង​ដីធ្លី​នៅ​ជុំវិញ​ហ្នឹង​ក្តី គួរ​តែ​មាន​ការ​សម្រេច​ចិត្ត​ពី​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ព្រោះ​គាត់​ជា​ម្ចាស់​ដែល​រស់នៅ​តំបន់​ហ្នឹង ព្រោះ​ត្រូវ​គិត​ថា សំឡេង​ភាគតិច និង​ភាគច្រើន​ក៏ដោយ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ពួក​គាត់ ព្រោះ​គាត់​ជា​ជន​រងគ្រោះ»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ យល់​ឃើញ​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ឲ្យ​រួច​រាល់​សិន មុន​បើក​ទ្វារ​ទឹក ជៀសវាង​បាតុភាព​កើត​ឡើង​ជា​យថាហេតុ និង​ត្រូវ​ត្រៀម​លក្ខណៈ​បង្ការ​ឲ្យ​គ្រប់​ជ្រុងជ្រោយ។ លោក​ថា ពលរដ្ឋ​ដែល​មិន​យល់ព្រម​ទទួល​សំណង​ខ្លះ ចង់​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង ដី​ចម្ការ និង​ដី​សម្រាប់​ធ្វើ​ស្រែ​ដាច់​ដោយឡែក​តាម​ស្ថានភាព​ភូមិ​ចាស់៖ «បើ​មាន​គ្រោះថ្នាក់​ណា​មួយ ត្រូវ​ទទួល​ទាំងស្រុង​ហើយ កាលណា​យើង​ធ្វើ​បែប​ហ្នឹង។ ត្រូវ​ដោះស្រាយ​បញ្ហា​ហ្នឹង​សិន មិន​មែន​ចេះ​តែ​បិទៗ​បាន​ទេ នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ»

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ (Hydro Power Lower Sesan 2 Co., Ltd.) បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) មាន​ភាគហ៊ុន ៣៩​ភាគរយ និង​ក្រុមហ៊ុន ឆាយណា ហាយដ្រូឡានឆាង អ៊ីនធឺណេសិនណល អ៊ីននើជី (China's Hydrolancang International Energy) ប្រទេស​ចិន ភាគហ៊ុន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម-អន្តរជាតិ (EVN) មាន​ភាគហ៊ុន ១០%។ គម្រោង​នេះ​ជា​គម្រោង​ខ្នាត​ធំ​ទី​១ នៅ​ប្រទេស​កម្ពុជា ដែល​អនុម័ត​ដោយ​សម័យ​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ចំណាយ​ប្រាក់​ជាង ៨០០​លាន​ដុល្លារ។ គម្រោង​នេះ​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជិត ៩០​ភាគរយ ទទួល​យក​គោល​នយោបាយ​សំណង និង​ព្រម​ចាកចេញ​ទៅ​រស់នៅ​តំបន់​តាំង​លំនៅ​ថ្មី​នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ជាង ២០​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ​យល់​ថា​ការ​ដក​តំណែង​មន្ត្រី​៥​រូប​របស់​លោក ញឹក ប៊ុនឆៃ មិន​ទាក់ទង​បញ្ហា​នយោបាយ

$
0
0

រដ្ឋាភិបាល​បាន​ដក​តំណែង​សមាជិក ៥​នាក់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ ចេញ​ពី​ជួរ​រដ្ឋាភិបាល។ បញ្ហា​នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​ថា ទំនង​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ពួកគេ។ ប៉ុន្តែ​អ្នក​វិភាគ​ចាត់​ទុក​ថា បញ្ហា​នេះ​គឺ​ជា​ការ​ដក ឬ​ការ​តែងតាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​សាធារណៈ។

អ្នក​វិភាគ​យល់​ថា ការ​ដក​តំណែង​មន្ត្រី ៥​រូប​របស់​លោក ញឹក ប៊ុនឆៃ ជា​កិច្ចការ​បែបបទ​រដ្ឋបាល មិន​ទាក់ទង​បញ្ហា​នយោបាយ​ឡើយ។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ការ​ដក ឬ​ការ​តែងតាំង​ក្ដី​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​បែប​នេះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ មិន​ខុស​ពី​បែបបទ​រដ្ឋបាល​នោះ​ទេ។ មួយ​វិញ​ទៀត ជុំវិញ​ការ​ដក​នេះ លោក​យល់​ថា គឺ​ជា​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​កាតព្វកិច្ច និង​តួនាទី​របស់​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​អាច​ជួយ​រដ្ឋាភិបាល​បាន។ ដូច្នេះ​លោក​ពិបាក​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា បញ្ហា​នេះ​ជា​រឿង​នយោបាយ​ណាស់ ដោយសារ​សំឡេង​របស់​គណបក្ស​នេះ​ហាក់​ដូចជា​មិន​មាន​ឥទ្ធិពល និង​ភាព​ចាំបាច់​ទៀត​ទេ​ ដែល​រដ្ឋាភិបាល​ត្រូវ​ដក​តំណែង​ប្រសិន​បើ​ទាក់ទង​ជម្លោះ​លទ្ធផល​បោះឆ្នោត​ក្ដី ឬ​ក៏​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក ញឹក ប៊ុនឆៃ ចង់​ប្ដូរ​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី៖ «ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ ការ​ពិត​ដែរ ឬ​ទេ? តើ​មាន​ការ​ជជែក​ពី​លក្ខខណ្ឌ​ទេ​ថា រដ្ឋាភិបាល និង​គណបក្ស​លោក ញឹក ប៊ុនឆៃ ថា​បើ​សិន​ជា​ករណី​លោក ញឹក ប៊ុនឆៃ មាន​ទំនាក់ទំនង​ការងារ​ជាមួយ​គណបក្ស​ប្រឆាំង​ថា គាត់​នឹង​ទទួល​រង​សម្ពាធ​ដក​ចេញ​ពី​ជួរ​រដ្ឋាភិបាល សហការី​គាត់​ត្រូវ​បាន​ដក​ចេញ បើ​សិន​មាន​កិច្ចសន្យា​បែប​នេះ។ យើង​ថា អាច​ធ្វើការ​វិភាគ​បាន​ច្រើន។ ប៉ុន្តែ​យើង​មិន​ច្បាស់​ទេ​កន្លែង​ហ្នឹង ថា​មាន​កិច្ចសន្យា​របស់​លោក ញឹក ប៊ុនឆៃ និង​រដ្ឋាភិបាល​ដែរ ឬ​អត់? កន្លែង​នេះ​ហើយ​ជា​ការ​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​ថា វា​ទាក់ទង​នឹង​បញ្ហា​នយោបាយ»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​ដែល​មាន​សមាជិក ៥​នាក់ នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ ត្រូវ​បាន​ដក​ចេញ​ក្នុង​ជួរ​រដ្ឋាភិបាល។ អ្នក​ទាំង​៥ មាន លោក រស់ ឆេ និង​លោក ចាន់ ទិត្រាម៉ូ ពី​ក្រសួង​ពាណិជ្ជកម្ម​ដែល​កាន់​តំណែង​ជា​ទីប្រឹក្សា និង​អនុរដ្ឋលេខាធិការ។ លោក ប៉ុន សារឿន មន្ត្រី​នៃ​ក្រសួង​បរិស្ថាន។ លោក អ៊ីន វិថូរក្ស អនុ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​លោក នួន សំភា ជា​ទីប្រឹក្សា​ក្រសួង​រ៉ែ និង​ថាមពល។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​នៃ​គណបក្ស​នេះ​បាន​ទេ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​២០ មិថុនា។

ការ​បញ្ចប់​តួនាទី​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ឡើង​តែ​មួយ​សប្ដាហ៍​បន្ទាប់​ពី​ដក​តំណែង​របស់​ប្រធាន​គណបក្ស លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រដ្ឋាភិបាល។ កាល​ពី​ថ្ងៃ​ទី​៧ មិថុនា លោក ញឹក ប៊ុនឆៃ បាន​បកស្រាយ​ថា មាន​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​លាប​ពណ៌​ថា លោក​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ថា លោក​បាន​ជូន​ដំណឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​រាល់​ហើយ។ ការ​លើក​ឡើង​របស់​លោក​ដូច្នេះ បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ថា មាន​សមត្ថកិច្ច​ចម្រុះ​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា លោក ញឹក ប៊ុនឆៃ បាន​ផ្ដល់​សម្ភាសន៍​ថា លោក​នៅ​តែ​ស្មោះ​នឹង​លោក ហ៊ុន សែន ដដែល ហើយ​លោក​មិន​អន់​ចិត្ត​នឹង​ការ​ដក​តួនាទី​អង្គរក្ស និង​អាវុធ​ទាំង​អស់​របស់​លោក​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ញឹក ប៊ុនឆៃ អះអាង​ថា លោក​បាន​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ពន្យល់​ពី​ការ​យល់​ច្រឡំ​នេះ​រួច​ហើយ។ លោក​បន្ត​ថា លោក​បាន​និយាយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​មិត្តភ័ក្ដិ​របស់​លោក​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ គឺ​លោក អ៊ី គឹមអៀង ប៉ុន្តែ​ខ្សែ​ទូរស័ព្ទ​ច្រឡំ​ចូល​លេខ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ទៅ​វិញ ដោយ​ខ្លឹមសារ​សន្ទនា​នោះ លោក​ប្រាប់​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​នៅ​ស្រុក​បារាយណ៍ បោះឆ្នោត​ឲ្យ​ក្រុម​លោក អ៊ី គឹមអៀង ដែល​ជា​ក្រុម​ការងារ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូចជា​ដក​សេចក្ដី​ទុក​ចិត្ត​ពី​លោក ញឹក ប៊ុនឆៃ ក្រោយ​ពី​លេច​ធ្លាយ​ព័ត៌មាន​នេះ និង​បាន​ដក​តួនាទី​លោក និង​មន្ត្រី​របស់​លោក​ជា​បន្តបន្ទាប់។ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ទោះ​បី​ជា​លោក​នៅ​គណបក្ស​ផ្សេង​គ្នា​ក្ដី ហើយ​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​បាន​បំពេញ​បំណង​លោក​នាយករដ្ឋមន្ត្រី នៅ​គ្រា​ដែល​លោក​បាន​ធ្វើ​ជា​អនុ​ប្រធាន​ព្រឹទ្ធ​សភា និង​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី លោក​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​មិន​ប្ដឹង​អ្នក​ចោទ​គ.ជ.ប​ទោះ​មាន​ការ​ជំរុញ​ពី​ក្រសួង​មហាផ្ទៃ

$
0
0

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​គ.ជ.ប ថា ស្ថាប័ន​នេះ​នឹង​មិន​ប្ដឹង​អ្នក​ចោទ​គ.ជ.ប ថា ជា​ស្ថាប័ន​នៅ​ក្រោម​បរទេស​នោះ​ទេ បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​ជំរុញ​ឲ្យ​គ.ជ.ប ដាក់​ពាក្យ​ប្ដឹង​ជុំវិញ​ករណី​នេះ​ក៏ដោយ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​របស់​គ.ជ.ប លោក ខន កែវមនោ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២០ មិថុនា ថា ការ​ចោទ​ប្រកាន់​គ.ជ.ប​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បញ្ឈប់​សកម្មភាព​ទាំង​នេះ។

លោក​បន្ត​ថា ក្រោយ​ពី​គ.ជ.ប​ចេញ​លិខិត​ចំហ កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូចជា KH Khmer និង Real News ជាដើម​មក ទំព័រ​ហ្វេសប៊ុក​ទាំង​នោះ​លែង​ធ្វើ​សកម្មភាព​នេះ​ទៀត​ហើយ។

កាល​ពី​ថ្ងៃ​ទី១៨ មិថុនា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ជំរុញ​ឲ្យ​គ.ជ.ប​ដាក់​ពាក្យ​ប្ដឹង​មក​ក្រសួង​ជាមុន ដើម្បី​ចាត់​វិធានការ​ចំពោះ​អ្នក​បង្ហោះ​ព័ត៌មាន​​តាម​ហ្វេសប៊ុក​ ដោយចោទ​គ.ជ.ប ថា​មាន​ចរិត​ញុះញង់ បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ថា​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស។

ទោះ​យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការងារ​បោះឆ្នោត​យល់​ថា បើ គ.ជ.ប អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​ឯករាជ្យ មិន​ត្រូវ​ខ្លាច​ការ​បាត់បង់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្នង​ប្ដឹង​ក្រុមហ៊ុន​វៀតណាម​ពី​ករណី​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​រឿង​បាក់​ស្ពាន

$
0
0

តំណាង​ប្រជាពលរដ្ឋ ៧​ភូមិ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដាក់ ឡាក់ (Dac Lak) ថា​ប្រើ​អំណាច​គំរាម​យក​ប្រាក់ ១.៤០០​ដុល្លារ​ពី​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ ដែល​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច ហើយ​បាក់​ស្ពាន​ដែល​ក្រុមហ៊ុន​បាន​ធ្វើ។

អាជ្ញាធរ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា​បាន​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន ដាក់ ឡាក់ សង​ប្រាក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ពីព្រោះ​ក្រុមហ៊ុន​នេះ​គ្មាន​សិទ្ធិ​ពិន័យ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​បាក់​ស្ពាន​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​នៅ​មូលដ្ឋាន​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សហគមន៍ ៧​នាក់​តំណាង​ឲ្យ​អ្នក​ភូមិ​ជាង ១​ពាន់​នាក់​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដាច់​ដោយឡែក​ពី​ផ្លូវ​ក្នុង​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន ពីព្រោះ​ក្រុមហ៊ុន​តែងតែ​បង្ខំ​ឲ្យ​អ្នក​ភូមិ​សង​សំណង​ជា​ប្រាក់ កាលណា​អ្នក​ភូមិ​ធ្វើ​ឲ្យ​ខូចខាត​ដើម​កៅស៊ូ ឬ​បាក់​ស្ពាន​របស់​ក្រុមហ៊ុន​ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ។

អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ឡើយ។ លោក​ថា អាជ្ញាធរ​ស្រុក​អន្តរាគមន៍​រួច​ហើយ​ទៅ​តំណាង​ក្រុមហ៊ុន ដើម្បី​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ៖ «បាក់​ស្ពាន​ស្អី​ហ្នឹង យើង​ប្រើប្រាស់​ប្រជាពលរដ្ឋ​ប្រើប្រាស់ មិន​មែន​ធ្វើ​ស្ពាន​ដើរ​តែ​ឯង​ឯណា? វិនិយោគ​លើ​ដី​ប្រជាពលរដ្ឋ​ហើយ ទៅ​ពិន័យ​ប្រជាពលរដ្ឋ វា​ចប់​ហើយ! អ៊ីចឹង​យើង​កែ​សម្រួល​កែ​តម្រូវ​ធ្វើ​ការ​ណែនាំ​ណា»

ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូលុ ពីរ​គ្រួសារ​អះអាង​ថា តំណាង​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ពួក​គាត់​បង់​ប្រាក់ ១.៤០០​ដុល្លារ​កាល​ពី​អំឡុង​ពាក់​កណ្ដាល​ខែ​ឧសភា បន្ទាប់​ពី​ពួក​គាត់​ទាំង​ពីរ​នាក់​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច​តាម​រទេះ​គោយន្ត​ពីរ​គ្រឿង ឆ្លង​កាត់​ស្ពាន​ឈើ​ចាស់​ទ្រុឌទ្រោម​មួយ​ដែល​ក្រុមហ៊ុន​បាន​សាងសង់។

ប្រជាពលរដ្ឋ​ភូមិ​ពូលុ លោក ថ្លាង ពួយ ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ត្រូវ​រង​ការ​កំហែង​យក​ប្រាក់ ដោយសារ​តែ​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ។ លោក​ថា នេះ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ស្រដៀង​គ្នា​នេះ​ដែរ ដែល​អ្នក​ភូមិ​ត្រូវ​ក្រុមហ៊ុន​កំហែង​យក​ប្រាក់​បន្ទាប់​ពី​អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដើម​កៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ដាំ​កាល​ពី​ឆ្នាំ​២០១៥៖ «គេ​យក​ពី​ខ្ញុំ​មួយ​ពាន់​បួន​រយ! ពីរ​គោយន្ត គេ​ផាក​ពីរ​គោយន្ត។ ខ្ញុំ​ដឹក​ជន្លង់​ម្រេច​ទៅ​ខាង​ល្ពាក់​បាក់​ស្ពាន​គេ ស្ពាន​ហ្នឹង​ស្ពាន​ចាស់​ស្រាប់ គេ​ឲ្យ​យក​លុយ​សង​ស្ពាន​គេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ដាក់ ឡាក់ សុំ​បញ្ជាក់​ការ​ចោទ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។

យ៉ាង​នេះ​ក្តី នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៊ូស្រា លោក សឿន សុភ័ក្ត្រ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ទទួល​ប្រាក់ ១.៤០០​ដុល្លារ​ពី​អ្នក​ភូមិ​ដែល​ធ្វើ​ឲ្យ​បាក់​ស្ពាន​នោះ​មែន៖ «អ៊ីចឹង​មែន​តើ! រឿង​ហ្នឹង ប៉ុន្តែ​ខាង​ស្រុក​គេ​ហៅ​ក្រុមហ៊ុន​ទៅ​ដោះស្រាយ​ទៀត»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ទាមទារ​សំណង​ធ្វើ​ឲ្យ​បាក់​ស្ពាន​របស់​ក្រុមហ៊ុន ថា​ជា​អំពើ​កំហែង​យក​ប្រាក់​រំលោភ​ទៅ​លើ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល ដែល​កំណត់​ឲ្យ​ក្រុមហ៊ុន​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផាក​ពិន័យ ឬ​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សុន ឆ័យ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​ឡើង​វិញ

$
0
0

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​ឡើង​វិញ ថ្វីត្បិតតែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្ដី។ កាល​ពី​ដើម​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​លក្ខខណ្ឌ​ទៅ​បក្ស​ប្រឆាំង​ចំនួន​ពីរ​ចំណុច ប្រសិន​បើ​បក្ស​នេះ​ចង់​កោះ​ហៅ​រដ្ឋមន្ត្រី​របស់​លោក ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា។

ជា​លើក​ទី​មួយ​ដែល​គណបក្ស​ប្រឆាំង​មាន​គម្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​តំណាង​ក្រសួង ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រី​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ការ​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ដំបូង​ដើម្បី​ចូល​ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា​ខាង​មុខ​នេះ គឺ​មាន​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​បន្ទាប់​មក គឺ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​មិន​ឲ្យ​រដ្ឋមន្ត្រី​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​នោះ គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​មាត្រា​៩៦ ដែល​បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​ក្នុង​រដ្ឋសភា៖ «យើង​សាកល្បង​មើល​ថា តើ​នៅ​ពេល​យើង​ដាក់​លិខិត​ទៅ មាន​ប្រតិកម្ម​អី​ខ្លះ? ជួនកាល​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​អាច​នៅ​ពេល​គាត់​មិន​សប្បាយ​ចិត្ត»

ការ​ប្រកាស​ពី​ការ​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន ដើម្បី​សួរ​នាំ​ជា​ថ្មី​ទៀត​របស់​លោក សុន ឆ័យ នេះ នៅ​ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​លើក​ទី​៨ នីតិកាល​ទី​៥ បាន​ពិភាក្សា និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែល​មាន ១១​ជំពូក ៣២​មាត្រា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក សុន ឆ័យ អះអាង​ទៀត​ថា មូលហេតុ​ដែល​លោក​ចង់​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នេះ គឺ​ដោយសារ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​ការ​ទិញ​ថាមពល​អគ្គិសនី​ពី​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ មក​ផ្គត់ផ្គង់​បន្ថែម​នៅ​ទីក្រុង​ភ្នំពេញ ដែល​លោក​បញ្ជាក់​ថា គ្មាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ និង​មាន​តម្លៃ​ថ្លៃ​ជាង​ពីរ​ដង​នៃ​តម្លៃ​អគ្គិសនី​ដែល​ទិញ​ពី​ប្រទេស​ឡាវ។ ក្រៅ​ពី​នេះ លោក​ក៏​ចង់​ឲ្យ​បកស្រាយ​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​ការ​បូម​ខ្សាច់​តាម​ដង​ទន្លេ​មេគង្គ ដែល​បណ្ដាល​ឲ្យ​បាក់​ច្រាំង​បង្ក​ប៉ះពាល់​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​បញ្ហា​តួលេខ​មិន​ច្បាស់លាស់​នៃ​ការ​នាំ​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ចំណែក​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​បំភ្លឺ​ជុំវិញ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​រោងចក្រ​បាន​ឈប់​សម្រាក​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក សុខ ឆ័យ បញ្ជាក់​ថា ប្រសិន​បើ​ចម្លើយ​បំភ្លឺ​តាម​លិខិត​របស់​ក្រសួង​រ៉ែ នៅ​តែ​គ្មាន​ទំនួល​ខុស​ត្រូវ និង​ចម្លើយ​របស់​ក្រសួង​ការងារ នៅ​តែ​ពុំ​អាច​ទទួល​យក​បាន គឺ​ប្រហែល​សប្ដាហ៍​ខាង​មុខ​នេះ គណបក្ស​របស់​លោក​នឹង​ដាក់​លិខិត​ទៅ​រដ្ឋសភា​ចុះ​ហត្ថលេខា ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ទាំងនោះ​ចេញ​មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​ក្នុង​រដ្ឋសភា។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ចំណុច​ទៅ​កាន់​គណបក្ស​ប្រឆាំង គឺ​ទី​១ តំណាងរាស្ត្រ​បក្ស​នេះ​ត្រូវ​តែ​ចូល​ប្រជុំ​សភា​នៅ​រៀង​រាល់​សភា​បើក​អង្គ​ប្រជុំ និង​មិន​ត្រូវ​ធ្វើ​វេទិកា​កាសែត​នៅ​ទីស្នាក់ការ​បក្ស​នោះ​ទេ។ រីឯ​ទី​២ មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​កាសែត​ថា ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​របស់​លោក​អត់​បាន​ការ ដែល​ខុស​គ្នា​នៅ​ពេល​ក្នុង​អង្គ​ប្រជុំ​បាន​និយាយ​ថា​ល្អ។

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ភ្លាមៗ រដ្ឋសភា​ក៏​បាន​សម្រេច​ផ្អាក​បញ្ជូន​សំណើ​កោះ​ហៅ​រដ្ឋមន្ត្រី​មក​បំភ្លឺ​ចំពោះ​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បណ្ដោះអាសន្ន ក្នុង​ករណី​តំណាងរាស្ត្រ​ទាំងនោះ​មិន​ចូល​មក​ធ្វើ​ការ​ក្នុង​សភា​ជា​ប្រក្រតី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា ការ​ផ្អាក​នោះ​ដោយសារ​គណបក្ស​ប្រឆាំង​ដាក់​សំណួរ​ក្នុង​ន័យ​កេង​ចំណេញ​នយោបាយ និង​មួយ​វិញ​ទៀត ដោយសារ​មិន​បាន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា។ ថ្វីត្បិតតែ​ពេល​នេះ ក្រុម​តំណាងរាស្ត្រ​ចូល​ប្រជុំ​សភា​វិញ​មែន ប៉ុន្តែ​លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​មិន​ទាន់​លុប​ចោល​ការ​ផ្អាក​មិន​ឲ្យ​កោះ​ហៅ​រដ្ឋមន្ត្រី​មក​ឆ្លើយ​បំភ្លឺ​នៅ​ឡើយ​ទេ ហើយ​ការ​ដែល​អាច​ដក​ការ​ផ្អាក​នេះ​បាន គឺ​អាស្រ័យ​នៅ​លើ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «គាត់​ដាក់​លិខិត​មក យើង​សុំ​ការ​ឯកភាព​ពី​សម្ដេច​សិន បើ​សម្ដេច​ថា​បញ្ជូន នឹង​បញ្ជូន»

សម្រាប់​អ្នក​វិភាគ​នយោបាយ​វិញ​បញ្ជាក់​ថា មាន​តែ​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​មក​សួរ​នាំ​ក្នុង​រដ្ឋសភា​ទេ ដែល​អាច​ឲ្យ​សភា​ដឹង​រឿងរ៉ាវ​គ្រប់​ជ្រុងជ្រោយ ដើម្បី​យក​ទៅ​ឆ្លើយតប​ជាមួយ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា ជម្លោះ​នយោបាយ​ជាមួយ​គ្នា​ដ៏​រ៉ាំរ៉ៃ​យូរ​ពេក​រវាង​គណបក្ស​ប្រឆាំង ទើប​ធ្វើ​ឲ្យ​ការ​សួរ​ដេញដោល​ក្នុង​រដ្ឋសភា​កន្លង​ទៅ ត្រូវ​គណបក្ស​ទាំង​ពីរ​ទាញ​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន និង​មិន​សូវ​មាន​ប្រសិទ្ធភាព​សម្រាប់​ពលរដ្ឋ​ឡើយ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល យល់​ថា បើ​ទោះ​បី​ជា​មាន​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​សភា​នា​ពេល​ខាង​មុខ​ទៀត លោក​នៅ​តែ​យល់​ថា នឹង​នៅ​តែ​មាន​ការ​រារាំង​ដដែល៖ «ប្រសិន​បើ​មាន​ការ​កោះ​ហៅ​ទៀត ខ្ញុំ​យល់​ថា​នឹង​មាន​ការ​អន្តរាគមន៍​ពី​ប្រធាន​គណបក្ស»

អ្នក​ជំនាញ​ខាង​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​ឆ្លើយ​បំភ្លឺ​របស់​ខ្លួន​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ គឺ​រដ្ឋមន្ត្រី​តំណាង​ក្រសួង​នីមួយៗ ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​គោល​បំណង​នៃ​កោះ​ហៅ​នោះ ដែល​មិន​មែន​ជា​ការ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ និង​ត្រូវ​ឆ្លើយ​តាម​ការ​សិក្សា​របស់​ខ្លួន ហើយ​មិន​ត្រូវ​លើក​ឡើង​ក្នុង​ទិដ្ឋភាព​នយោបាយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ផ្ដន្ទាទោស​គ្រូបង្រៀន​ម្នាក់​ពី​បទ​ប្រទូស​កេរ្តិ៍​ខ្មាស​សិស្ស​ជាច្រើន​នាក់​នៅ​កំពង់ឆ្នាំង

$
0
0

ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ផ្ដន្ទាទោស​គ្រូបង្រៀន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ជាច្រើន​លាន​រៀល ពី​បទ​ប្រទូស​កេរ្តិ៍​ខ្មាស​លើ​សិស្ស​ស្រី​របស់​ខ្លួន​ជាច្រើន​នាក់​នៅ​ក្នុង​ថ្នាក់​រៀន។ ចៅក្រម​ប្រកាស​បិទ​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​អះអាង​ថា ខ្លួន​នឹង​ជួប​ពិភាក្សា​ជាមួយ​កូន​ក្ដី​ដើម្បី​រក​នីតិវិធី​ប្ដឹង​ទាស់​ចំពោះ​សាលក្រម​ដែល​បាន​សម្រេច​នេះ។

សវនាការ​អសាធារណៈ​ជិត ៦​ម៉ោង ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​សួរ​ដេញដោល​សាក្សី​បំភ្លឺ​សំណុំ​រឿង សាក្សី​ជន​រងគ្រោះ និង​សាក្សី​ជន​ជាប់​ចោទ​ជិត ២០​នាក់។ ចៅក្រម និង​តំណាង​អយ្យការ ព្យាយាម​វែក​ញែក​រក​ខុស​ត្រូវ​លើ​ទង្វើ​របស់​គ្រូបង្រៀន​ឈ្មោះ កែម ចាន់ឆេន ដែល​សិស្ស​អះអាង​ថា​បាន​បៀតបៀន​លើ​សិស្ស​ស្រី និង​ឱប​ថើប​ពួក​គេ ជាដើម។

នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ អាច​ស្ដាប់ ឬ​អើត​មើល​តាម​បង្អួច​បាន​ម្ដងៗ​នោះ លោក​ចៅក្រម ហម ម៉េងសែ ថ្លែង​ថា ការ​សម្រេច​បិទ​ទ្វារ​ដើម្បី​បើក​សវនាការ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​គូ​ភាគី។ ចៅក្រម​បាន​ផ្អាក​ការ​តតាំង​គ្នា​តាម​នីតិវិធី​រវាង​តំណាង​អយ្យការ ជាមួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ បន្ទាប់​ពី​លើក​ហេតុផល​ម្នាក់​ពីរ​ដង​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៃ​សវនាការ ហើយ​សម្រាក​បន្តិច ទើប​ប្រកាស​សាលក្រម​ដែល​បិទ​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តែ​ម្ដង។

សាលក្រម​ប្រកាស​ផ្ដន្ទាទោស​លោក កែម ចាន់ឆេន ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន ១០​លាន​រៀល​ចូល​រដ្ឋ និង​ជាច្រើន​លាន​រៀល​ទៀត​បង់​ឲ្យ​ជន​រងគ្រោះ។ ចៅក្រម​ក៏​បាន​បង្គាប់​ឲ្យ​ចេញ​ដីកា​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ដែរ។

អតីត​គ្រូបង្រៀន​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ថ្មកែវ ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឈ្មោះ កែម ចាន់ឆេន ត្រូវ​អាណាព្យាបាល​សិស្ស ៤​នាក់ ប្ដឹង​ថា​បាន​បៀតបៀន​កេរ្តិ៍​ខ្មាស​សិស្ស​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចាប់​ឱប​ថើប​នៅ​ក្នុង​ថ្នាក់​រៀន និង​នៅ​កន្លែង​រៀន​គួរ​ដែល​ជា​ផ្ទះ​លោក កែម ចាន់ឆេន ផ្ទាល់។ សាក្សី​ជាច្រើន​បាន​បញ្ជាក់​ថា លោក កែម ចាន់ឆេន ពិត​ជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន។

ឪពុក​របស់​កុមារី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ថ្លែង​ទាំង​សប្បាយ​ចិត្ត​ដោយ​ដៃ​ម្ខាង​កាន់​បាយ​កញ្ចប់​ហូប​បណ្ដើរ ក្រោយ​ចេញ​ពី​សវនាការ​ភ្លាម​ថា យុត្តិធម៌​ដែល​គ្រួសារ​លោក និង​ក្មេង​សិស្ស​សាលា​ផ្សេង​ទៀត​រង់ចាំ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ។ លោក​ចង់​ឃើញ​សមត្ថកិច្ច​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស និង​បង្ខំ​ឲ្យ​បង់​ប្រាក់​សំណង​ដើម្បី​ប៉ះប៉ូវ​កេរ្តិ៍​ឈ្មោះ និង​អនាគត​ក្មេងៗ ព្រោះ​បច្ចុប្បន្ន ក្មេង​ខ្លះ​បាន​ឈប់​រៀន និង​ខ្លះ​នៅ​បន្ត​រៀន​ទាំង​ខ្មាស​គេ៖ «អរគុណ​អ្នក​កាត់​ក្ដី​មួយ​កម្រិត​ដែរ ដែល​ខំ​ជួយ​ខ្នះខ្នែង​កិត្តិយស តាំង​កូន​គេ​កូន​យើង វា​អ៊ីចឹង​ហើយ។ វា​ខាន​រៀន​ខាន​អី​អស់​រលីង។ វា​រវល់​តែ​ខ្មាស​គេ។ ម្ល៉ោះ​ហើយ​បាន​តុលាការ​កាត់​ក្ដី​ហ្នឹង​បាន​យុត្តិធម៌ អរគុណ​ណាស់»

ចំណែក​មេធាវី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ ខណៈ​មេធាវី​ភាគី​ជន​រងគ្រោះ​អវត្តមាន​នោះ លោក​មេធាវី គា អ៊ាវ ថា​លោក​នឹង​ជួប​កូន​ក្ដី​ដើម្បី​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ៖ «ខ្ញុំ​យល់​ថា រឿង​ហ្នឹង​ជា​រឿង​តូចតាច​ទេ។ វា​ជា​រឿង​អសីលធម៌​របស់​គ្រូ​ម្នាក់​ដែល​គាត់​ឆ្លៀត​យក​ចំណេញ ដូច​ថា​គាត់​ចូល​ចិត្ត​ទៅ​ឱប​កៀក​ក​សិស្ស​ពី​ក្រោយ ស្ទាប​អង្អែល​ញី​ក្បាល​សិស្ស ហើយ​តែងតែ​ចូល​ទៅ​និយាយ​ជាមួយ​សិស្ស​រាង​ឱន​ជិត​មុខ​សិស្ស​ដូច​ថើប អា​ហ្នឹង​វា​ជា​រឿង​មួយ​ខ្ញុំ​ថា​ជា​រឿង​អសីលធម៌​មួយ​ដែរ ជា​រឿង​មិន​ល្អ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​កំហុស​ផ្លូវ​ច្បាប់​ខុស​វិធាន​ក្នុង​បទល្មើស ដែល​ចោទ​ពី​បទ​ប្រទូស​កេរ្តិ៍​ខ្មាស​ទេ។ ប្រទូស​កេរ្តិ៍​ខ្មាស ទាល់​តែ​វា​ទៅ​ស្ទាប​ច្របាច់»

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី យល់​ថា មេធាវី​អាច​រក​នីតិវិធី​ប្ដឹង​ទាស់​បន្ត​ទៀត នៅ​ពេល​ដែល​មាន​ការ​កាត់​ទោស​កំបាំង​មុខ​ជន​ជាប់​ចោទ។ លោក​ថា តាម​គោលការណ៍​ទទួល​បាន​យុត្តិធម៌ ទាល់​តែ​ភាគី​ជន​រងគ្រោះ​ទទួល​បាន​សំណង​ជំងឺ​ចិត្ដ ហើយ​អ្នក​ប្រព្រឹត្ត​កំហុស ត្រូវ​តែ​នាំ​មក​អនុវត្ដ​ទោស​ទៅ​តាម​អំណាច​នៃ​សាលក្រម​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​និង​ទាហាន​នៅ​ខេត្ត​កំពង់ស្ពឺ​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​ជម្លោះ​ដី​ព្រៃ

$
0
0

សហគមន៍​ពោធិ៍មាស នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ទាហាន​កងពល​ថ្មើរ​ជើង​លេខ​៧០ និង​មន្ត្រី​មន្ទីរ​បរិស្ថាន នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ព្រមព្រៀង​គ្នា​លើ​ការ​ផ្លាស់ប្ដូរ​ទីតាំង​ដី​ព្រៃ​ទំហំ​ជាង ៧០​ហិកតារ​ដែល​ផ្ដល់​ឲ្យ​យោធិន​ចំនួន ១២​គ្រួសារ បន្ទាប់​ពី​ប្រជា​សហគមន៍​តវ៉ា​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​បាន​សម្រប​សម្រួលការ​ចរចា​រវាង​ប្រជា​សហគមន៍ និង​ទាហាន​នៅ​ក្នុង​ទីតាំង​ជម្លោះ​ដី​ព្រៃ​ទំហំ ៧៧,៩៥​ហិកតារ។

​ភាគី​ជម្លោះ​បាន​យល់ព្រម​ឲ្យ​មន្ត្រី​មន្ទីរ​បរិស្ថាន វាស់ដី​ព្រៃ​កាត់​ជូន​យោធិន​សា​ជា​ថ្មី​ដើម្បី​បញ្ចៀស​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍ បន្ទាប់ពី​មាន​ភាព​ចម្រូងចម្រាស។

ប្រជា​សហគមន៍​ស្នើ​ឲ្យ​វាស់​ដី​ព្រៃ​ចាប់​ពី​អូរ​មួយ​ទៅ​ទិស​ខាង​ជើង ពី​ទីតាំង​ដែល​ទាហាន​កំពុង​ឈូស​ឆាយ។ ទាហាន​យល់​ព្រម​នឹង​សំណើ​នេះ។ ក៏ប៉ុន្តែ​មាន​បុរស​ពីរ​នាក់ ដែល​អះអាង​ថា តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន ២៨​គ្រួសារ​ផ្សេង​ទៀត ដែល​ថា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ព្រម​ផ្ដល់​សំណង​ដីធ្លី​នៅ​ក្នុង​ដី​ព្រៃ​ក្បែរ​អូរ ចេញ​មុខ​បដិសេធ​ការ​ព្រមព្រៀង​រវាង​ទាហាន និង​ប្រជា​សហគមន៍។

ក្រោយ​ពេល​ចរចា​ជា​ថ្មី​ម្ដង​ទៀត ភាគី​ពាក់ព័ន្ធ​ព្រមព្រៀង​រំកិល​យក​ទី​កំណត់​ក្បាល​ដី​នៅ​ពាក់​កណ្ដាល​ពី​អូរ និង​ពាក់​កណ្ដាល​ពី​ទីតាំង​ដី​ព្រៃ​ដែល​ទាហាន​កំពុង​ឈូស​ឆាយ។

មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ប្រើ​ជី.ភី.អេស (GPS) និង​បច្ចេកទេស យូ.ធី.អឹម (UTM) ដើម្បី​កំណត់​វាស់វែង​ទីតាំង​ដី​ព្រៃ​សម្រាប់​ធ្វើ​ផែនទី​ផ្ទៃ​ដី​ទំហំ ៧៧,៩៥​ហិកតារ។ មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​បាន​ដើរ​ចូល​ព្រៃ​ឃ្លាំមើល​ដំណើរ​ការ​កំណត់​ទីតាំង​នេះ។

​អនុ​ប្រធាន​មន្ទីរ​បរិស្ថាន លោក នៅ ណាក់ ថ្លែង​ក្រោយ​ពេល​ដើរ​កំណត់​ទីតាំង​ដី​ព្រៃ​កាត់​ជូន​ទាហាន​ថា ការ​កំណត់​ព្រមព្រៀង​គ្នា​បាន​បញ្ចប់​ជម្លោះ​រវាង​ប្រជា​សហគមន៍ និង​ក្រុម​ទាហាន។ លោក​ជឿជាក់​ថា ក្រុម​ទាហាន​នឹង​មិន​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ទៀត​ទេ៖ «»។

​លោក ងុយ អេងកាណាវុធ តំណាង​ក្រុម​គ្រួសារ​ទាហាន​ទាំង ១២​គ្រួសារ និង​ជា​ជំនួយការ​នៅ​ក្រសួង​ការពារ​ជាតិ សន្យា​ថា នឹង​មិន​ឈូស​ឆាយ​ចូល​ដី​ព្រៃ​សហគមន៍​ឡើយ៖ «»។

​ចំណែក​តំណាង​ប្រជា​សហគមន៍​ឧត្តមស្រែពស់ លោក ឈន ធា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​ដី​ព្រៃ​សហគមន៍​ដែល​នៅ​សេសសល់ កុំ​ឲ្យ​អ្នក​ណា​មក​ឈ្លាន​ពាន​យក​ទៀត៖ «»។

​លោក សាំង សំណាង មន្ត្រី​ជំនាញ​ផ្នែក​សហគមន៍​ព្រៃឈើ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដែល​ចូលរួម​សម្របសម្រួល​ការ​ចរចា​នេះ​វាយ​តម្លៃ​ថា យន្តការ​ដោះស្រាយ​នេះ​ជួយ​ឲ្យ​ភាគី​ជម្លោះ​ឈ្នះ​ទាំង​អស់​គ្នា៖ «»។

ក្រុម​ទាហាន​កងពល​ថ្មើរ​ជើង​លេខ​៧០ ថា ដី​ព្រៃ​ដែល​ពួកគេ​បាន​ឈូស​ឆាយ​កន្លង​មក​ស្ថិត​នៅ​ទីតាំង​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដល់​គ្រួសារ​កងទ័ព។ ក៏​ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ដី​ព្រៃ​ដែល​កងទ័ព​ឈូស​ឆាយ​នេះ ជា​ដី​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ។

ក្រុម​កងទ័ព​ឲ្យ​អាស៊ីសេរី ដឹង​ថា ពួកគេ​នឹង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ព្រៃ​ឡើង​វិញ​តាម​ផែនទី​ដែល​កំណត់​ដោយ​មន្ទីរ​បរិស្ថាន ហើយ​នឹង​យក​ដី​នេះ​ទៅ​ដាំ​ដំណាំ​ដូចជា​ស្វាយ និង​ចេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហេង សំរិន ទៅ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​វៀតណាម​និង​ឡាវ​រយៈពេល៦ថ្ងៃ

$
0
0

ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ចំនួន​៦​ថ្ងៃ ដោយ​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី២១ មិថុនា រហូត​ដល់​ថ្ងៃ​ទី២៦ មិថុនា ទើប​ត្រឡប់​​មក​កម្ពុជា​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ឲ្យ​ដឹង​ថា លោក ហេង សំរិន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចាប់​ផ្ដើម​ទស្សនកិច្ច​ដំបូង​នៅ​ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ មិថុនា។

ទស្សនកិច្ច​នេះ​លោក ហេង សំរិន គ្រោង​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ អ្នកស្រី បានី យ៉ាធូតូ (Panny Yathotuo) និង​ជួប​នាយករដ្ឋមន្ត្រី​ឡាវ លោក ថនលួន ស៊ីសូលីត (Thongloun Sisolith) រួម​នឹង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក ប៊ុនញាំង វ៉ូរ៉ាជិត (Bounhang Vorachit) ផង។

លុះ​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៦ មិថុនា លោក ហេង សំរិន ចាប់​ផ្ដើម​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម ដោយ​គម្រោង​​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម អ្នកស្រី ង្វៀនធី គីមង៉ាន (NGUYEN KIM NGAN) និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក (NGUYEN XUAN PHUC) និង​មន្ត្រី​ជាន់ខ្ពស់​របស់​វៀតណាម​ផ្សេង​ទៀត។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ លោក ហេង សំរិន នឹង​ចូលរួម​កម្មវិធី​នៃ​ការ​ប្រារព្ធ​ខួប លើក​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-វៀតណាម និង​ចូលរួម​កម្មវិធី​កិច្ច​ប្រជុំ​រណសិរ្ស​បី​ប្រទេស គឺ​កម្ពុជា វៀតណាម និង​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ត្រី​អ្នក​កាសែត​ក្នុង​ស្រុក​ចោទ​​​​ប៉ូលិស​ច្រក​អន្តរជាតិ​ដូង​ថា​​​​​រារាំង​ដោយ​ប្រើ​ហិង្សា​ពេល​យក​ព័ត៌មាន

$
0
0

ស្ត្រី​អ្នក​កាសែត​ក្នុង​ស្រុក​ប្រចាំ​ខេត្ត​បាត់ដំបង​ម្នាក់ ប្ដឹង​ទៅ​​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង រារាំង​ដោយ​ប្រើ​អំពើ​ហិង្សា​មិន​ឲ្យ​ថតរូប​​យក​ព័ត៌មាន​នៅ​ច្រក​ព្រំដែន​នេះ​ កាល​ពី​ថ្ងៃ​​ទី​១៨ មិថុនា ដែល​អ្នក​កាសែត​រូប​នេះ​ចុះ​ទៅយក​ព័ត៌មាន​នៅ​ច្រក​ព្រំដែន​អំពី​ភាព​មិន​ប្រក្រតី ករណី​​សមត្ថកិច្ច​យក​​ប្រាក់​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​​ពី​កម្មករ​តាម​អំពើ​ចិត្ត។​

​​​​​​​ស្ត្រី​អ្នក​កាសែត​អង្គរ​ធំ​ប្រចាំ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​កន្លែង​​ក្នុង​ក្រុង​បាត់ដំបង។

អ្នកស្រី ម៉ក់ វិច្ឆិកា ផ្ដល់​សម្ភាសន៍​ខណៈ​សម្រាក​ព្យាបាល​របួស​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ថា​ មូលហេតុ​ដែល​អ្នកស្រី​ប្ដឹង​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ដោយសារ​មន្ត្រី​ប៉ូលិស​ប្រមាណ ៣​នាក់​នៅ​​ច្រក​ព្រំដែន​មួយ​នេះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ មិថុនា​ បានប្រ​ទាញប្រទង់​បង្ខំ​យក​ទូរស័ព្ទ​ដោយ​រុញ​​​​អ្នកស្រី​​ឲ្យ​ដួល​ទៅ​នឹង​ដី​បណ្ដាល​ឲ្យ​របួស​ដៃ និង​ក ព្រមទាំង​គ្រាំ​ឈឺ​ចុក​ចាប់​ជុំវិញ​ចង្កេះ។

អ្នកស្រី​អះអាង​ថា​ នៅ​ពេល​នោះ​អ្នកស្រី​កំពុង​ថត​រូប​ ដើម្បី​ធ្វើ​ព័ត៌មាន​ដែល​​ប៉ូលិស​យក​ប្រាក់​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ពី​ពលករ​ធ្វើ​ការ​ប្រទេស​ថៃ ​ប្រមាណ ៨​ម៉ឺន​រៀល ក្នុង​​មនុស្ស​ម្នាក់ និង​យក​ប្រាក់​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែន​ចេញ​ចូល​ប្រទេស​ថៃ ប្រមាណ ​១​ម៉ឺន ៥​ពាន់​រៀល​ក្នុង​ម្នាក់ (១៥.០០០) ជា​ដើម៖ «ហើយ​ពលរដ្ឋ​ខ្លះ​គាត់​ផ្ញើ​សារ​មក​ខ្ញុំ​ថា ធុងបាស​មួយ​គាត់​ដឹក​មក​ផ្ទះ​កាល​ចូល​ឆ្នាំ​ប៉ូលិស​យក​ប្រាក់​ពី​គាត់ ៥០០​បាត​ប្រាក់​ថៃ ចំណែក​ទូរទស្សន៍ ៣២​អ៊ីញ យក ៦០០​បាត​ តើ​មូលហេតុ​អី​បាន​សមត្ថកិច្ច​យក​ប្រាក់​ពី​ពួកគាត់»

អ្នកស្រី ម៉ក វិច្ឆិកា អះអាង​ថា​ សមត្ថកិច្ច​រារាំង​អ្នកស្រី​ដោយ​ចោទ​ប្រកាន់​ថា មាន​ចេតនា​នាំ​ពលរដ្ឋ​តវ៉ា​នៅ​មុខ​ច្រក​ព្រំដែន។ ប៉ុន្តែ​អ្នកស្រី​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ច្រក​ព្រំដែន​អន្តរជាតិ​ដូង លោក សៅ ប៊ុនរិទ្ធ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ មិថុនា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​អធិការ​នគរបាល​ស្រុក​កំរៀង លោក គឹម ពន្លក​ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ករណី​នេះ​លោក​រង់ចាំ​តែ​​សាមី​ខ្លួន​ដើម​បណ្ដឹង​ចូល​មក​បំភ្លឺ​បន្ថែម​​ ដើម្បី​លោក​មាន​វិធាន​ការ​​​បន្ត​ទៀត៖ «យើង​រង់ចាំ​គាត់​មក ព្រោះ​គាត់​បាន​ព្រមព្រៀង​សម្របសម្រួល​គ្នា​អស់​ហើយ​ ដោយ​គាត់​ទទួល​លុយ​ពី​ថ្នាក់​លើ​ ដើម្បី​បញ្ចប់​បញ្ហា ដែល​ថ្ងៃ​នេះ​គាត់​ត្រូវ​មក​បញ្ចប់ ប៉ុន្តែ​អត់​ឃើញ​គាត់​មក»

​​ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង ឲ្យ​ដឹង​ថា ប៉ូលិស​ព្រំដែន​រារាំង​អ្នក​កាសែត​មិន​ឲ្យ​ថត​រូប​ចុះ​ផ្សាយ​ព័ត៌មាន​ គឺ​ជា​សញ្ញា​មាន​ភាព​មិន​ប្រក្រតី​នៅ​ច្រក​ព្រំដែន​នោះ។ លោក​បន្ថែម​​ថា​ បញ្ហា​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ស្រាវជ្រាវ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ ប្រសិន​បើ​រក​ឃើញ​ថា​ ប៉ូលិស​ច្រក​ព្រំដែន​ពិត​ជា​​មាន​កំហុស៖ «ប្រហែល​ជា​ខ្លួន​មាន​ដំបៅ​ ដល់​តែ​មាន​ដំបៅ​ហើយ​ចេះ​តែ​ផ្អើល ហើយ​បាច​មក​មក​វិញ​អត់​ព្រម​កែ​ថា តើ​គេ​មក​ធ្វើ​អី​មាន​បញ្ហា​អី​កើត​ឡើង​នៅ​ក្នុង​ច្រក​យើង​​ គួរ​តែ​សម្របសម្រួល​ឲ្យ​ល្អ​វិញ​ទៅ ​ព្រោះ​ជា​មុខ​មាត់​របស់​រដ្ឋាភិបាល»

អ្នក​ជំនាញ​សារព័ត៌មាន​ លោក មឿន ឈាណាឫទ្ធិ មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​សិទ្ធិ​ស្វែង​រក​ព័ត៌មាន និង​ផ្សព្វផ្សាយ​​បាន​គ្រប់​មធ្យោបាយ​ដែល​មាន​ចែង​​ក្នុង​​រដ្ឋធម្មនុញ្ញ។ លោក​បន្ថែម​ថា​ ទង្វើ​ណា​មួយ​ដែល​រារាំង​ការ​ថតរូប​និង​ថត​វីដេអូ​របស់​អ្នក​សារ​​ព័ត៌មាន​គឺ​ជា​ការ​រំលោភ​ច្បាប់។​​​​

ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី​ ម៉ក់ វិច្ឆិកា​ ទាម​ទារ​ឲ្យ​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ដូង​សុំ​ទោស​ជា​សាធារណៈ និង​បញ្ឈប់​ការ​យក​ប្រាក់​ទៅ​លើ​​​សេវា​សាធារណៈ​ពី​ប្រជាពលរដ្ឋ​ចេញ​ចូល​តាម​ព្រំដែន​ដោយ​ខុស​ច្បាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​រិះគន់​អភិបាល​ខេត្ត​ព្រះសីហនុ​ថា​គ្មាន​លទ្ធភាព​ការពារ​ដី​គម្រប​ព្រៃឈើ

$
0
0

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ជួយ​ដកហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ដែល​ត្រូវ​គេ​ឃុបឃិត​កាប់​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាំ​កូន​ឈើ​ឡើង​វិញ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ផ្លូវ​ច្បាប់​រឹបអូស​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​អនាធិបតេយ្យ​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់​វិញ។

ក្រៅ​ពី​នេះ​ទៀត អង្គការ​ទាំង​បី​រួម​មាន អង្គការ​លីកាដូ (LICADHO) សមាគម​អាដហុក (ADHOC) និង​អង្គការ​ស៊ីអ៊ិនរ៉ូ (CNRO) ជាដើម ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​បុគ្គល​មួយ​ចំនួន​បាន​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ពយម៉ាចូវ ហើយ​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ដី​នោះ​មក​អភិរក្ស​ដាំ​កូន​ឈើ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឡើង​វិញ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ស៊ីអ៊ិនរ៉ូ (CNRO) លោក សុខ សុខុម ស្នើ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ថែរក្សា​ការពារ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យ​នៅ​គង់វង្ស ព្រោះ​បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​មាន​ទីតាំង​នៅ​តំបន់​ពយម៉ាចូវ​ចុង​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ត្រូវ​ជន​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​កាន់​កាប់​រលាយ​ហិនហោច​គ្មាន​សល់៖ «ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នេះ ត្រូវ​បាន​ស្រឡះ​ល្វឹងល្វើយ​អស់​ហើយ ហើយ​ត្រូវ​បាន​សង់​ផ្ទះ​តូច​ធំ​យ៉ាង​គគ្រឹកគគ្រេង​តូច​ធំ​នៅ​ក្នុង​នេះ បណ្ដាល​ឲ្យ​បាត់បង់​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ ហើយ​បទល្មើស​នេះ​កន្លង​មក ក្នុង​នាម​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​បាន​រាយការណ៍​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​គាត់​បាន​ចុះ​មក​តែ​នៅ​ពេល​ដែល​យើង​រាយការណ៍​ជូន​ទេ។ ក្រោយ​ពី​រាយការណ៍​រួច តំបន់​គម្រប​ព្រៃឈើ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយម៉ាចូវ​នេះ នៅ​តែ​មាន​សកម្មភាព​កាប់​ឆ្ការ​ព្រៃ​អនាធិបតេយ្យ​ទន្ទ្រាន​ដី​ធ្វើ​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​តែ​កើត​មាន​ដដែល»

ចំណែក​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្ស័យ​ថា បទល្មើស​ព្រៃឈើ​ដែល​គ្មាន​ការ​បង្ក្រាប​បែប​នេះ អាច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​អាជ្ញាធរ​ហាមឃាត់ ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ជំនាញ​ខ្លះ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

អ្នកស្រី សុធារី ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ត្រូវ​ដក​ហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​ខិលខូច​ទន្ទ្រាន​កាន់​កាប់ ដើម្បី​យក​ដី​នោះ​មក​ដាំ​កូន​ឈើ​អភិរក្ស​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​ខាង​មុខ​វិញ៖ «ជា​យោបល់​របស់​នាង​ខ្ញុំ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​ចេញ​មុខ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​ទាមទារ​លុប​ចោល​នូវ​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់​កាប់​ដី​រដ្ឋ​ទាំងអស់​ហ្នឹង ហើយ​យក​ដី​ទាំងនោះ​មក​ដាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ហើយ​គួរ​តែ​មាន​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ជា​ឯកសារ​រឹងមាំ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ដី​នេះ​គឺ​ជា​ដី​របស់​រដ្ឋ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព ឬ​មន្ទីរ​ណា​មួយ​ជាក់លាក់។ ជាង​នេះ ត្រូវ​ធ្វើ​ការ​ប្រកាស​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅ​តំបន់​នោះ​ចូលរួម​អភិរក្ស​ថែរក្សា​ទាំងអស់​គ្នា»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ផ្ដល់​ទស្សនៈ​ថា បើ​រដ្ឋាភិបាល​មិន​រឹបអូស​យក​ដី​គម្រប​ព្រៃឈើ​ដែល​ត្រូវ​គេ​រាន​កាន់​កាប់​អនាធិបតេយ្យ​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង និង​ដាំ​ដើម​ឈើ​ឡើង​វិញ​ទេ ទំនាស់​កាន់​កាប់​ដីធ្លី​ក្នុង​តំបន់​នេះ នឹង​កើត​មាន​កាន់​តែ​ច្រើន និង​ធ្ងន់ធ្ងរ​ថែម​ទៀត ហើយ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អនាគត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា រដ្ឋបាល​ខេត្ត​នេះ​មាន​គម្រោង​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ខ្ទម ឬ​ផ្ទះ​តូចៗ​ដែល​សង់​នៅ​លើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ តំបន់​ពយម៉ាចូវ ឬ​ចុង​ឆ្នេរ​អូរត្រេះ​នេះ​នៅ​ថ្ងៃ​ខាង​មុខ។ លោក​ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នឹង​ត្រូវ​ផ្ដន្ទាទោស ព្រោះ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ស្នើ​ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់៖ «បញ្ហា​ដីធ្លី​នៅ​តំបន់​ពយម៉ាចូវ ឬ​ចុង​ឆ្នេរ​អូរត្រេះ គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​នៅ​តំបន់​ក្បាលឆាយ​ច្រើន​ណាស់ ពីព្រោះ​ដី​មួយ​ដុំ ពេល​ខ្លះ​មាន​ម្ចាស់​ដល់​ទៅ ៣​នាក់។ ម្ចាស់​ខ្លះ​អះអាង​មាន​ប្លង់​រឹង ម្ចាស់​ខ្លះ​អះអាង​ថា​មាន​លិខិត​ទិញ​លក់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និង​ស្រុក ហើយ​ម្ចាស់​ខ្លះ​ទៀត​អះអាង​ថា​មាន​ច្បាប់​គម្រប​ព្រៃឈើ ជាដើម មាន​ន័យ​ថា ដី​មួយ​ដុំ​មាន​ម្ចាស់​ដល់​ទៅ​បី​នាក់។ ដូច្នេះ​និយាយ​ជា​រួម នៅ​ថ្ងៃ​ខាង​មុខ អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​ពយម៉ាចូវ​ហ្នឹង​ឲ្យ​ចង់​សព្វគ្រប់»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អះអាង​ថា បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ​ស្ថិត​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ថែរក្សា​ការពារ​ទុក​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នានា។ បច្ចុប្បន្ន គម្រប​ព្រៃឈើ​បៃតង​ទាំងនោះ ត្រូវ​ជន​ខិលខូច​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​ទប់ស្កាត់​ទេ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយ​អង្គ​នៅ​បាត់ដំបង​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក

$
0
0

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​មួយ​អង្គ នៅ​ខេត្ត​បាត់ដំបង​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​នៅ​រសៀល​ថ្ងៃទី២១ មិថុនា ក្រោយ​នាំ​ព្រះ​កាយ​តាម​ដីកា​តុលាការ​ខេត្ត ដើម្បី​សាកសួរ ដោយ​សមត្ថកិច្ច​ចោទ​ព្រះ​អង្គ​ថា លាក់​អាវុធ​ខុស​ច្បាប់។

ការ​ចាប់​ផ្សឹក​នេះ ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បន្ទាប់​មក​យក​ទៅ​ផ្សឹក​តែ​ម្ដង នៅ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ហើយ​បញ្ជូន​ព្រះសង្ឃ​អង្គ​នោះ មក​ស្នងការដ្ឋាន​នគរបាល​វិញ។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​លោក ជេត វណ្ណី ឲ្យ​អាស៊ីសេរី​ដឹង​ក្រោយ​កើត​ហេតុ​ភ្លាមៗ​ថា លោក​មិន​ទាន់​ដឹង​ពី​ករណី​នេះ​ទេ ហើយ​ក៏​មិន​មានការ​​នាំ​ព្រះសង្ឃ​អង្គ​នោះ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែរ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ប្រចាំ​ខេត្ត​បាត់ដំបង​ព្រះតេជព្រះគុណ ឡុញ សុខគា ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា សមាជិក​របស់​ព្រះអង្គ​មួយ​អង្គ​ព្រះនាម ហន សុផាន្នី ត្រូវ​បាន​សមត្ថកិច្ច​ប្រមាណ​២០​នាក់ កាន់​ដីកា​តុលាការ មក​ដល់​កុដិ​របស់​ព្រះអង្គ ក្នុង​វត្ត​ដំរីស សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ទី២១ មិថុនា ដើម្បី​នាំ​ព្រះ​អង្គ​ទៅ​សាកសួរ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​ថេរៈដីកា​តាម​ហ្វេសប៊ុក (Facebook) ក្រោយ​ការ​ចាប់​ព្រះសង្ឃ​អង្គ​នោះ​ភ្លាមៗ​ថា ពិត​ជា​មាន​ការ​ឃាត់​សមាជិក​របស់​ព្រះ​អង្គ​មែន ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ​លាក់​អាវុធ​ខុស​ច្បាប់។ ព្រះតេជព្រះគុណ​អះអាង​ថា តាម​ពិត​ព្រះសង្ឃ​អង្គ​នេះ គ្រាន់​តែ​បង្ហោះ​កាំភ្លើង​ជ័រ​ក្នុង​ហ្វេសប៊ុក​ជា​ការ​លេង​សើច រួម​នឹង​សំណេរ​ថា ហាត់​បាញ់​កាំភ្លើង ដើម្បី​រក្សា​លទ្ធផល​បោះឆ្នោត​ជាដើម។

ព្រះអង្គ​យល់​ថា ការ​លេង​សើច​ទាំង​នេះ​មិន​សមរម្យ​មែន ប៉ុន្តែ​ព្រះអង្គ​ហៅ​ការ​ចេញ​ដីកា​ឃាត់​ព្រះ​កាយ​ព្រះតេជព្រះគុណ ហន សុផាន្នី នេះ វា​លើស​ពី​ដែន​សមត្ថកិច្ច​​របស់​អាជ្ញាធរ ដែល​​ត្រូវ​ជា​តួនាទី​របស់​មន្ត្រី​សង្ឃ​ធ្វើ​ការ​អប់រំ​ណែនាំ តាម​ច្បាប់​របស់​ព្រះពុទ្ធសាសនា។

ទោះ​យ៉ាង​ណា​ក៏​ដោយ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អះអាង​ថា ព្រះ​អង្គ​បាន​ហៅ​ទូរស័ព្ទ​ទៅ​អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល សុំ​ការ​យោគយល់​នូវ​កំហុស​ឆ្គង​នៃ​ការ​លេង​សើច​របស់​ព្រះសង្ឃ​អង្គ​នោះ។ ព្រះអង្គ​អះអាង​ថា លោក ច័ន្ទ សុផល បាន​សន្យា​ថា អាជ្ញាធរ​នឹង​ដោះលែង​ព្រះតេជព្រះគុណ ហន សុផាន្នី វិញ ក្រោយ​ការ​សាកសួរ​ បើ​សិន​ជា​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​នេះ

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំ​មើល៖ ពិត​ជា​មាន​លទ្ធភាព​ក្នុង​ការ​ផ្ទេរ​អំណាច​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​២០១៨

$
0
0

បើ​ទោះ​បី​ជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​មិន​ទាន់​មក​ដល់​ក៏​ពិត​មែន ក៏​គណបក្ស​ មាន​អាសនៈ​ទាំង​ពីរ​នៅ​រដ្ឋ​សភា ចាប់​ផ្ដើម​បញ្ចេញ​វោហារសាស្ត្រ​សំដៅ​ទៅ​ដល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ រួច​ជាស្រេច។

គណបក្ស​កាន់​អំណាច​ដែល​ធ្លាប់​ក្ដោបក្ដាប់​តំណែង​មេ​ឃុំ-​ចៅ​សង្កាត់​រហូត​ដល់ ៩០​ភាគរយ​កាល​ពី​មុន​នោះ តែ​នៅ​ពេល​នេះ​បាន​បាត់បង់​កៅអី​ជា​ច្រើន​ដោយ​ពលរដ្ឋ​ងាក​បោះ​ឆ្នោត​គាំទ្រ​បក្ស​ប្រឆាំង​វិញ គឺ​នៅ​តែ​អះអាង​ថា ខ្លួន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កើន​ឡើង​ដដែល។

ចំណែក​គណបក្ស​ប្រឆាំង​មាន​ក្ដី​សង្ឃឹម​ដែរ​ថា គេ​នឹង​មាន​ជ័យជម្នះ​ក្នុង​គោលដៅ​នាំ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ខាង​មុខ។ លើស​ពី​នេះ​ប្រធាន​គណបក្ស​ប្រឆាំង​ថែម​ទាំង​ហ៊ាន​អះអាង​ថា អាច​នឹង​មាន​មធ្យោបាយ​ជំរុញ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣​ទសវត្សរ៍​នោះ អាច​ផ្ទេរ​អំណាច​ឲ្យ​ដោយ​ងាយ​ទៀត​ផង។

តើ​អ្វី​ខ្លះ​ជា​លទ្ធភាព​ក្នុង​ការ​ផ្ទេរ​អំណាច​ពិត​ប្រាកដ?

ក្រុម​អ្នក​តាមដាន​​នយោបាយ​នៅ​កម្ពុជា លើក​ឡើង​ផ្សេងៗ​គ្នា​ចំពោះ​លទ្ធភាព​នៃ​ការ​ផ្ទេរ​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ ក្នុង​ឆ្នាំ​២០១៨។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី មាន​ប្រសាសន៍​ថា នៅ​មិន​ទាន់​អាច​និយាយ​បាន​នៅ​ឡើយ​ថា គណបក្ស​ណា​ដែល​អាច​មាន​ប្រៀប​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ ដ្បិត​ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​មាន​ពេល​វេលា​បន្ថែម​ទៀត កសាង​ស្នាដៃ​ដើម្បី​ទាក់ទាញ​អ្នក​បោះ​ឆ្នោត៖ «»។

លោក មាស នី លើក​ឡើង​ដែរ​ថា ក្នុង​ពេល​នេះ​ចម្ងល់​នៃ​ការ​ផ្ទេរ​អំណាច ឬ​អត់ កំពុង​ឋិត​ក្នុង​គំនិត​របស់​ពលរដ្ឋ​ដែល​ជា​អ្នក​បោះឆ្នោត​ចំពោះ​រូប​លោក បាន​មើល​ឃើញ​គំរូ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ដែល​ការ​ផ្ទេរ​អំណាច​នៅ​ក្នុង​ប្រទេស​នោះ​អាច​ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​មហា​អំណាច​ចិន។ លោក​មើល​ឃើញ​ថា នៅ​កម្ពុជា មាន​វិនិយោគ​ច្រើន​ជាមួយ​ចិន បូក​រួម​ហ្នឹង​បំណុល​ជា​ច្រើន​ដែល​ខ្មែរ​ជំពាក់​ចិន គឺ​ពិបាក​នឹង​មាន​លទ្ធភាព​សង្គ្រាម​ដណ្ដើម​អំណាច​ឡើយ៖ «»។

ចំពោះ​អ្នក​ជំនាញ​​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ដែរ​ថា នៅ​មិន​ទាន់​ប៉ាន់ស្មាន​ដឹង​នៅ​ឡើយ​ពី​លទ្ធផល​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។ បើ​ទោះ​ជា​យ៉ាង​ណា​លោក​រំពឹង​ថា អាច​នឹង​មាន​ការ​ផ្ទេរ​អំណាច​តាម​លទ្ធភាព​៣​យ៉ាង៖ «»។

រី​ឯ​អ្នក​នយោបាយ​ជើង​ចាស់ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​អូស្ត្រាលី​ថា លោក​ក៏​ពិបាក​ស្មាន​ពី​លទ្ធផល​ឆ្នោត​ដែរ ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា លោក​នាយករដ្ឋមន្ត្រី​អាច​នឹង​ព្រមព្រៀង​ផ្ទេរ​តំណែង។ លោក​ថា ពុំ​មាន​អ្នក​ណា​ម្នាក់​អាច​នឹង​មាន​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ លើក​លែង​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ប៉ុណ្ណោះ៖ «»។

ប្រធាន​គណបក្ស​ប្រឆាំង​ថ្លែង​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា លោក​ជឿ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​បង្ខំ​អោយ​ផ្ទេរ​អំណាច​ប្រសិនបើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។ លើស​ពី​នេះ​លោក​ថា គឺ​គណបក្ស​របស់​លោក​ទៅ​វិញ​ទេ ដែល​កំពុង​ចាប់​ផ្ដើម​ការងារ​បង្ហាញ​ថា ក្រុម​ខ្លួន​នឹង​ឆ្ពោះ​ទៅ​ដឹកនាំ​រដ្ឋាភិបាល។

យ៉ាង​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ហៅ​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា ជា​ការ​ស្រមើស្រមៃ៖ «»។

មិន​ខុស​គ្នា​នេះ​ទេ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​មាន​ការ​ផ្ទេរ​អំណាច ឬ​តំណែង​មែន​គឺ​ជា​ការ​ផ្ទេរ​ទៅ​ឲ្យ​កូន​ចៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​នោះ​ទេ៖ «»។

នៅ​ក្នុង​ប្រវត្តិ​នៃ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា បើ​គិត​ពី​ត្រឹម​ឆ្នាំ​១៩៩៣ មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ឆ្នោត​តែម្ដង​គត់ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​ថា អ៊ុនតាក់ (UNTAC) ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ពុំ​បាន​បោះបង់​អំណាច​ទៅ​អោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ឡើយ។ ការដឹកនាំ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដោយ​គណបក្ស​២ ពោល​គឺ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ត្រូវ​បង្ខំ​អោយ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​គណបក្ស​ដែល​ចាញ់​ឆ្នោត ដោយ​មាន​សហ​នាយករដ្ឋមន្ត្រី និង​សហ​រដ្ឋមន្ត្រី​ជាដើម។

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា ជាង​ម្ភៃ​ឆ្នាំ​មុន និង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​សភាព​ខុស​គ្នា​មិន​ថា ស្ថានភាព​នយោបាយ និង​ភាព​ស៊ីវិល័យ​របស់​សង្គម​ជាតិ។ លោក​ថា ខ្មែរ​គ្រប់​បក្ស​គ្រប់​ក្រុម​គួរ​ចាប់​ផ្ដើម​គិត​ពី​អនាគត​ប្រទេស​ជាតិ បញ្ឈប់​រាល់​គំនុំ​គុំកួន៖ «»។

នៅ​ក្នុង​ការ​វិភាគ​មួយ​របស់​លោក​បណ្ឌិត កែម ឡី នៅ​គ្រា​ដែល​លោក​នៅ​មាន​ជីវិត​នៅ​ឡើយ​បាន​លើក​ឡើង​ថា មេដឹកនាំ​ដែល​ឆ្លាត​ជា​មេដឹកនាំ​ដែល​រៀបចំ​ជណ្ដើរ​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី​នៅ​ពេល​ដែល​ខ្លួន​កំពុង​មាន​ប្រជាប្រិយភាព​បំផុត។ ក្នុង​នោះ​ត្រូវ​តែ​មាន​យន្តការ​មួយ​ដែល​ធានា​ដល់​ការ​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី នៅ​ពេល​ដែល​ប្រទេស​មួយ​ពុំ​មាន​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ឯករាជ្យ។ ការ​រៀបចំ​យន្តការ​ចុះ​ពី​អំណាច​នឹង​បញ្ចៀស​បញ្ហា​ជា​ច្រើន រួម​ទាំង​វប្បធម៌ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី" ជាពិសេស​គឺ​ចលាចល​ក្នុង​សង្គម។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១៤ ស្ដីពី​វប្បធម៌ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី" លោក​បណ្ឌិត កែម ឡី លើក​ឡើង​ថា យន្តការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ជា​វិធានការ​ល្អ​ដែល​អ្នក​ដឹក​នាំ​ត្រូវ​ពិចារណា៖ «»។

ចំពោះ​គណបក្ស​ប្រឆាំង​តែង​លើក​ឡើង​ជានិច្ច​ថា គណបក្ស​នេះ​ពុំ​មាន​ការ​គុំកួន ឬ​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​ឡើយ និង​ពុំ​ប្រកាន់​វប្បធម៌ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី" ឡើយ។ ប៉ុន្តែ​ចំពោះ​គណបក្ស​កាន់​អំណាច​តែង​ចំអក​ត្រឡប់​វិញ​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​គឺ​មិន​អាច​ទុក​ចិត្ត​បាន​ទាល់តែ​សោះ។

ចំពោះ​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង លើក​ឡើង​ថា គណបក្ស​នយោបាយ​ទាំង​២ តែង​មាន​ល្បិចកល​រៀងៗ​ខ្លួន។ តែ​បើ​ទោះ​ជា​យ៉ាង​ណា លោក​រំពឹង​ថា គណបក្ស​ទាំង​២ នឹង​អាច​ពិភាក្សា​គ្នា​ធ្វើ​យ៉ាង​ណា​បញ្ចៀស​បញ្ហា​នៅ​ក្រោយ​កា​បោះ​ឆ្នោត៖ «»។

លោក លឺ ឡាយស្រេង លើក​ឡើង​ថា មក​ដល់​សម័យកាល​នេះ​ហើយ ខ្មែរ​ត្រូវ​គិតគូរ​ពី​ជាតិ ស្រុះស្រួល​គ្នា​ដើម្បី​កុំ​អោយ​ជាតិ​សាសន៍​ដទៃ​មាក់ងាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live