ភា្លមៗនៅក្រោយទទួលបានលទ្ធផលបោះឆ្នោតបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតែងចុះជួបអរគុណអ្នកគាំទ្របានលើកឡើងពីការរួបរួមគ្នា ការមិនសងសឹក មិនគុំកួន និងមិនយកគ្នាជាសត្រូវមិនថាអ្នកចាញ់ ឬអ្នកឈ្នះ។
ចំណែកមន្ត្រីគណបក្សកាន់អំណាចជាគណបក្សដែលបានបាត់បង់តំណែងមេឃុំ ចៅសង្កាត់ជាច្រើនទៅអោយគណបក្សប្រឆាំងនៅអាណត្តិនេះលើកឡើងដែរថា គណបក្សខ្លួនជាគណបក្សដែលចេះសន្ដោសប្រណីមិនចេះគុំកួនដែរ។
ចំពោះអង្គការសង្គមស៊ីវិល និងអ្នកវិភាគចាត់ទុកការទទួលយកលទ្ធផលឆ្នោត និងការត្រូវរ៉ូវគ្នាដោយបញ្ឈប់ការគុំកួនរវាងគណបក្សនយោបាយធំៗគឺជាការចាំបាច់ក្នុងការបន្តដំណើរលទ្ធិប្រជាធិបតេយ្យ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងជាថ្មីម្ដងទៀតទៅកាន់អ្នកគាំទ្រនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី១៣ មិថុនា ថា គណបក្សសង្គ្រោះជាតិ ប្រកាន់ធម៌អហិង្សា គ្មានការគុំកួនយកខ្មែរណាជាសត្រូវឡើយ។
នៅចំពោះមុខអ្នកគាំទ្រនៅក្នុងឃុំជីក្រែង ខេត្តសៀមរាប លោក កឹម សុខា បានរំលឹកពីអតីតកាលនៃអាណាចក្រខ្មែរដ៏រុងរឿងនាសម័យអង្គរ។ លោកថា នៅពេលដែលអ្នកដឹកនាំមានគុណធម៌គ្មានការបែកបាក់ផ្ទៃក្នុងនោះប្រទេសជាតិបានរីកចំរើនរុងរឿងខ្លាំងក្លា។ ប៉ុន្តែប្រទេសជាតិប្រឈមនឹងភយន្តរាយនៅពេលមានការបែកបាក់៖ «មូលហេតុនៃការបែកបាក់ជាតិនេះហើយដែលធ្វើអោយប្រទេសជាតិយើងបាត់បង់ទឹកដី ធ្វើអោយយើងរងទុក្ខវេទនាឥតឈប់ឈរ។ ដូច្នេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា គណបក្សសង្រ្គោះជាតិ មានគោលបំណងធំបំផុតគឺធ្វើយ៉ាងណាអោយមានការរួបរួមគ្នាអោយបានជាដាច់ខាត។ ការរួបរួមជាតិមិនមែនកើតឡើងតែលើបបូរមាត់ ឬនៅលើក្រដាសនោះទេ វាកើតឡើងអំពីឆន្ទៈពិតប្រាកដនៃគ្រប់ភាគីនយោបាយទាំងអស់»។
លើសពីនេះលោកចង់បង្កើតវប្បធម៌នយោបាយថ្មីមួយនៅកម្ពុជា គឺការប្រកួតប្រជែងគ្នាផ្នែកគោលនយោបាយទាក់ទងនឹងអនាគតរបស់ជាតិ និងប្រជាពលរដ្ឋ ដោយចៀសវាងនូវការគាបសង្កត់គំរាមកំហែង និងជេរប្រមាថដៃគូប្រកួតប្រជែង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសាររបស់មេបក្សប្រឆាំងថា ជាសំណូមពរដ៏ល្អ ហើយគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះគំនិតនេះ តែលោកក៏ស្នើឱ្យគណបក្សប្រឆាំងអនុវត្តតាមសំណូមពររបស់ខ្លួននេះដែរ៖ «ការលាបពណ៌ ការជេរប្រមាថ ការមួលបង្កាច់បង្ខូចកេរ្តិ៍ផ្សេងៗ គឺយើងមិនត្រូវការនោះទេ។ អ៊ីចឹងបើឯកឧត្ដម កឹម សុខា មានមតិ អ៊ីចឹងគឺស្របទៅតាមសំណូមពររបស់គណបក្សប្រជាជនហើយ ហើយយើងយល់ថា បើសិនគណបក្សនយោបាយប្រកួតប្រជែងនីមួយៗ ប្រកាន់ជំហរដូច្នេះ នឹងមិនមានបដិវាទកម្ម ឬបញ្ហាស្មុគស្មាញក្នុងសង្គមជាតិដូចមុនទេ»។
និយាយដល់ការគុំកួនលោក សុខ ឥសាន លើកឡើងថា គណបក្សរបស់លោក ដែលមានសញ្ញារូបទេវតាពុំចេះគុំកួន គឺមានតែការសន្ដោសប្រណី។
នៅក្នុងលទ្ធផលឆ្នោតបឋមដែលផ្សព្វផ្សាយដោយ គ.ជ.ប បង្ហាញថា គណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រប្រដេញតាមគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងជាច្រើនអាណត្តិមួយនេះសង្ឃឹមថា ខ្លួនអាចទទួលបានមេឃុំ និងចៅសង្កាត់ប្រមាណជាង ៤០ភាគរយបើប្រៀបធៀបគ្នាជាមួយគណបក្សកាន់អំណាចដែលធ្លាប់ក្ដោបក្ដាប់តំណែងមេឃុំ ចៅសង្កាត់រហូតដល់ ៩០ភាគរយនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១២។
នៅពេលរំលឹកដល់រឿងរ៉ាវនៅមុនការបោះឆ្នោតចូលមកដល់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគមើលឃើញថា មានបញ្ហាដែលជាក្ដីបារម្ភ ដ្បិតតែងមានការគំរាមកំហែងពីករណីផ្ទុះសង្គ្រាម ការឌឺដងដាក់គ្នា និងការវាយប្រហារពាក្យសម្ដីដាក់គ្នាមិនចេះដាច់រវាងគណបក្សនយោបាយធំៗទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លើសពីនេះក្រុមអ្នកគាំទ្រគណបក្សទាំងពីរក៏បានរិះគន់វាយប្រហារគ្នាលាបពណ៌គ្នាទៅវិញទៅមក។
ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិបានមើលឃើញពីការគំរាមកំហែងដល់ដំណើរការបោះឆ្នោតដែលបង្កដោយគណបក្សកាន់អំណាច ចាប់តាំងពីការឃុំខ្លួនមន្ត្រី និងសកម្មជនបក្សប្រឆាំងរហូតដល់មន្ត្រីអង្គការសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប។
ករណីនេះកាលពីចុងសប្ដាហ៍កន្លងទៅប្រធានអង្គការអាដហុក (ADHOC) លោក ធន សារាយ អំពាវអោយអ្នកនយោបាយទទួលយកលទ្ធផលឆ្នោត ហើយបញ្ឈប់ការគុំកួនគ្នា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានបញ្ចប់។ លោកថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកសង្កេតឃើញថា អ្នកដឹកនាំនយោបាយនៅមិនទាន់ចុះសម្រុងនឹងគ្នានៅឡើយ ដែលអាចនាំទៅអោយមានការគុំកួនធ្វើទុក្ខបុកម្នេញបក្សម្ខាងទៀតដែលជាដៃគូ។
លោកថា ពេលនេះពលរដ្ឋកំពុងធ្វើជាគំរូល្អ អោយអ្នកនយោបាយចំពោះការជានាគ្នានៅក្រោយការបោះឆ្នោត និងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន។ លោករំពឹងថា ករណីបែបនេះគួរតែកើតមានដែរនៅក្នុងចំណោមអ្នកដឹកនាំគណបក្សនយោបាយ៖ «សូមមេត្តាយកគំរូរបស់ប្រជាជនយើងនាអំឡុងពេលបោះឆ្នោតកន្លងទៅនេះ ដោយមិនត្រូវចាត់ទុកអ្នកដែលមាននិន្នាការនយោបាយខុសពីគ្នាថា ជាសត្រូវនឹងគ្នានោះទេ ហើយគួររៀបចំចិត្តរៀបចំកាយជាកីឡាករនៅក្នុងល្បែងប្រជាធិបតេយ្យនេះ ដោយទទួលយកលទ្ធផលទាំងឈ្នះ និងទាំងចាញ់ផងដែរ ហើយក៏មិនគួរនិយាយថា នៅពេលដែលបក្សខ្លួនចាញ់ និងមានសង្គ្រាមទេ ព្រោះប្រជាជនទូទៅគេមិនយល់ថា បើបក្សណាមួយចាញ់ និងមានសង្គ្រាមនោះឡើយ ហើយគួរយល់ជាទូទៅថា មានតែការបោះឆ្នោតនេះហើយដែលជាមធ្យោបាយតែមួយគត់ដែលអាចបញ្ចៀសមិនអោយមានអំពើហិង្សាកាប់សម្លាប់គ្នា ក្នុងការដណ្ដើមអំណាចគ្នានេះ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត»។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា នយោបាយលាបពណ៌គ្នាគឺជាផ្នែកសំខាន់មួយដែលបានរុញច្រានអោយមានការរើសអើង ស្អប់ និងការបែងចែកឈានដល់ការបែកបាក់ផ្ទៃក្នុងជាតិ ដែលនឹងធ្វើអោយជាតិទន់ខ្សោយ។ លោកស្នើអោយគណបក្សនយោបាយងាកមកដោះស្រាយបញ្ហានេះ ដើម្បីធានាមិនអោយមានការប្រេះឆាជាតិ៖ «គាំទ្រគណបក្សនយោបាយមួយៗហៅថា ផ្កាប់មុខហ្នឹងនៅពេលនិយាយគ្នាដូចហែកសាច់គ្នាស៊ី ដោយប្រើពាក្យសម្ដីអាក្រក់។ អ៊ីចឹងខ្ញុំគិតថា គណបក្សទាំង ២ធំៗហ្នឹងត្រូវបញ្ចេញសារអោយបានដូចគ្នាទៅ ហើយទទួលស្គាល់ថា សង្គមយើងនេះគឺជាសង្គមដែលកំពុងទទួលរងនូវការបែកបាក់គ្នា។ បើយើងនៅបន្តបែបហ្នឹងទៀតខ្ញុំគិតថា នឹងធ្វើអោយជាតិខ្មែរយើងកាន់តែខ្សោយទៅៗ»។
ចំពោះអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំលោក ឆាំ ប៊ុនថេត លើកឡើងថា អ្នកនយោបាយត្រូវផ្លាស់ប្ដូរឥរិយាបថ ដោយឈប់ដណ្ដើមអំណាច តែងាកមកយកឈ្នះគ្នាតាមរយៈការបង្កើតគោលនយោបាយផ្ទាល់គណបក្ស ដើម្បីទាក់ទាញអ្នកគាំទ្រ និងតាមដានការអនុវត្តគោលនយោបាយរបស់គណបក្សដែលជាគូប្រកួតនោះវិញ៖ «ការដណ្ដើមអំណាចគ្នាហ្នឹងហើយដែលធ្វើអោយមនុស្សមិនអាចប្រាស្រ័យជាមួយគ្នាបាន គឺខំប្រឹងធ្វើការងារយ៉ាងម៉េចដើម្បីចោទគ្នាទៅវិញទៅមក ដាក់សម្ពាធទៅវិញទៅមក ដើម្បីយកប្រជាប្រិយភាពរៀងខ្លួន ដើម្បីបានអំណាច អត់ផ្ដើមជជែកគ្នា អត់យកចិត្តទុកដាក់មើលថា តើគណបក្សដែលឈ្នះឆ្នោតហ្នឹងគេធ្វើស្អី? គណបក្សណាធ្វើស្អីដើម្បីជំរុញអោយគណបក្សធ្វើតាមការសន្យារបស់ខ្លួនហ្នឹងទេ»។
ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានអះអាងជាថ្មីទៀតថា ដើម្បីដណ្ដើមយកជ័យជំនះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិ នឹងដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដូចជាការកំណត់អាណត្តិនាយករដ្ឋមន្ត្រីការកែទម្រង់ប្រព័ន្ធតុលាការឱ្យយុត្តិធម៌ ការលុបបំបាត់អំពើពុករលួយ ការបង្កើតការងារជួយដល់យុវជន គោលនយោបាយអន្តោប្រវេសន៍ និងរឿងព្រំដែន ការការពារធនធានធម្មជាតិ និងការស្វែងរកទីផ្សារកសិផលជាដើម។
ចំពោះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនទាន់អាចបញ្ជាក់បានទេថា គណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយជាតិសំខាន់ៗអ្វីខ្លះ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ដោយរង់ចាំការសម្រេចពីមហាសន្និបាតគណបក្សដែលនឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខទៀតនេះ។
អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងថា គោលនយោបាយមួយដែលជាអាទិភាព និងអាចជាចំណុចប្រកួតប្រជែងរវាងគណបក្សនយោបាយគឺដោះស្រាយបញ្ហាចំណាកស្រុកដោយរកមធ្យោបាយបង្កើតការងារ រកទីផ្សារមិនថា អ្នកចាកចេញទៅក្រៅប្រទេស ឬអ្នកធ្វើចំណាកស្រុកក្នុងរង្វង់ប្រទេសឡើយ។
លោក មាស នី បន្តថា ការទទួលស្គាល់ចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួន និងបើកទូលាយសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោត គឺជាសញ្ញាល្អ ដ្បិតថានេះជាកត្តាមួយដែលអាចនាំទៅរកការកាត់បន្ថយការលាបពណ៌ ការរើសអើង ការគំរាមកំហែង និងការបែកបាក់គ្នា។ លោករំពឹងថា ការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ ខាងមុខនេះ ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតអាចនឹងមានការផ្លាស់ប្ដូរបន្ថែមទៀត។
លោក មាស នី៖ «អាណត្តិមុនៗការឃោសនាបោះឆ្នោតបើគណបក្សប្រឆាំងផ្ដោតសំខាន់ទៅលើអំពើពុករលួយ ការលុកលុយរបស់អន្តោប្រវេសន៍វៀតណាម គ្រួសារនិយម ជេររដ្ឋាភិបាលថា អាយ៉ងអី ជាពាក្យដែលយើងឮកាលពីអាណត្តិមុនៗ។ ចំណែកគណបក្សប្រជាជនវិញ ក៏មិនមានអីក្រៅតែពីរឿង ៧ មករា ថ្ងៃរស់ឡើងវិញអីហ្នឹង ដែលគណបក្សនេះតែងលើកយកមកប្រើ។ ប៉ុន្តែម្ដងនេះគឺហាក់ដូចជាគណបក្សទាំង២នេះចាប់ផ្ដើមលើកយកនូវគោលនយោបាយសំខាន់ៗមួយចំនួន»។
ទោះជាយ៉ាងណាក្ដី ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគសុទ្ធតែបានអះអាងថា ពលរដ្ឋដែលមានសន្ទុះចូលរួមការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺពួកគេចង់បានការអភិវឌ្ឍត្រឹមត្រូវ បម្រើប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព មិនមែនបោះឆ្នោតអោយមានការបែកបាក់ជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។