Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត​រតនគិរី​មិន​ចាត់​ការ​បណ្ដឹង​របស់​អ្នក​សង្កេតការណ៍​បក្ស​ប្រជាជន

$
0
0

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត​រតនគិរី កោះ​ហៅ​អ្នក​សង្កេតការណ៍​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ មក​ឆ្លើយ​បំភ្លឺ​ទាក់ទិន​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​រឿង​រំខាន​ការិយាល័យ​បោះឆ្នោត។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សង្កាត់​បឹងកន្សែង បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត​ដោះស្រាយ​បន្ត កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា។

មន្ត្រី​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី សម្រេច​មិន​ចាត់ការ​លើ​បណ្ដឹង​របស់​អ្នក​សង្កេតការណ៍​បោះឆ្នោត​បក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​ចោទ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ពី​បទ​រំខាន​ការ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា បន្ទាប់​ពី​មន្ត្រី​សេវាកម្ម​ច្បាប់​បាន​កោះហៅ​ភាគី​ចុង​ចោទ និង​ដើម​ចោទ​ឲ្យ​ឆ្លើយ​បំភ្លឺ​ពី​ករណី​ចោទ​ប្រកាន់​នេះ។

អនុ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ធូ រុង បញ្ជាក់​ថា មន្ត្រី​សេវាកម្ម​ច្បាប់​រក​មិន​ឃើញ​អង្គហេតុ​ជាក់លាក់​ដែល​ដើម​បណ្ដឹង​ប្ដឹង​ចោទ មាន​ចែង​ក្នុង​បទបញ្ជា និង​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ​ឡើយ។ លោក​ថា បាន​ធ្វើ​កំណត់ហេតុ​ឆ្លើយ​បំភ្លឺ​របស់​ភាគី​ទាំង​ពីរ ហើយ​សម្រេច​បញ្ចប់​នីតិវិធី​ដោះស្រាយ​បណ្ដឹង​នេះ៖ «បើ​មាន​ចែង​ក្នុង​នីតិវិធី​ជំពូក​ណា​មួយ​យើង​នឹង​បើក​សវនាការ តែ​វា​អត់​មាន​ចំណុច​ហ្នឹង»

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បឹងកន្សែង សម្រេច​បញ្ជូន​ពាក្យ​ប្ដឹង​របស់​ដើម​ចោទ​គឺ​លោក គឹម បូរ៉ាន់ ភ្នាក់ងារ​សង្កេតការណ៍​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្ដឹង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ថា បាន​យក​បាយ​ចូល​ទៅ​ឲ្យ​អ្នកសង្កេតការណ៍​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការិយាល័យ​បោះឆ្នោត​លេខ ០០៥៨ ដោយ​គ្មាន​ការអនុញ្ញាត ជា​ហេតុ​ធ្វើ​ឲ្យ​រំខាន​ក្រុម​ការងារ​បោះឆ្នោត។

ករណី​នេះ គណៈកម្មការ​រៀបចំ​បោះឆ្នោត​សង្កាត់​បឹងកន្សែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា មិន​អាច​សម្របសម្រួល​ឲ្យ​ភាគី​ទាំង​ពី​សះ​ជា​គ្នា​បាន បើ​ទោះ​បី​​ភាគី​ចុង​ចោទ​សារភាព​ថា មិន​មាន​ចេតនា​រំខាន​​ការិយាល័យ​បោះឆ្នោត​នោះ​ទេ ហើយ​សុំ​ឲ្យ​ដើម​ចោទ​អនុគ្រោះ​ចំពោះ​បញ្ហា​នេះ​ក្ដី។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ស ជ្រឿន បញ្ជាក់​សា​ជា​ថ្មី​ថា លោក​យក​អាហារ​ទៅ​ឲ្យ​អ្នក​​​សង្កេតការណ៍​បោះឆ្នោត​ និង​មិន​បាន​រំខាន​អ្វី​នោះ​ទេ។ លោក​ថា ការ​សម្រេច​របស់​គណៈកម្មការ​បោះឆ្នោត​ខេត្ត​បាន​ផ្ដល់​យុត្តិធម៌​ចំពោះ​រូប​លោក៖ «កន្លែង​ខ្ញុំ​បាន​ធ្វើ​គឺ​ខ្ញុំ​សារភាព​ជូន​គាត់​ត្រង់​គ្មាន​កាឡៃ​ពាក្យ អ៊ីចឹង​គណៈកម្មការ​ហ្នឹង​គាត់​កាត់​​ត្រឹមត្រូវ​ល្អ»

​ចំណែក​ដើម​ចោទ លោក គឹម បូរ៉ាន់ បញ្ជាក់​ថា គោលបំណង​របស់​លោក​ដែល​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ គឺ​ដោយ​យល់​ឃើញ​ថា បេក្ខជន​បក្ស​ប្រឆាំង​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​គឺ​ជា​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត។ លោក​ថា ក្នុង​ឋានៈ​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះ​ឆ្នោត​លោក​ត្រូវតែ​ដាក់​ពាក្យ​ប្ដឹង​ចៀសវាង​ការ​បង្ក​បរិយាកាស​មិន​ល្អ​ក្នុង​ថ្ងៃ​បោះឆ្នោត៖ «ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ខ្ញុំ​គិត​ថា ជា​ទង្វើ​ខុស​ច្បាប់ បើ​ធ្វើ​បែប​ហ្នឹង​មិន​ខុស​ច្បាប់ អា​ហ្នឹង​ជា​សិទ្ធិ គ.ជ.ប គាត់​សម្រេច​ទៅ»

​លទ្ធផល​បឋម​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​ឈ្នះ​ចំនួន ៤៨​ឃុំ-​សង្កាត់ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឃុំ-​សង្កាត់​ចំនួន​ពីរ​ក្នុង​អាណត្តិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ​ទើប​កន្លង​ទៅ​នេះ។ ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ-​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​បឹងកន្សែង និង​ឃុំ​ចាអ៊ុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​បក្ស​នយោបាយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ

$
0
0

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​ជ័យជំនះ​ក្នុង​តំណែង​មេ​ឃុំ ចៅសង្កាត់ ណែ​នាំ​ទៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ដោយ​ខ្លួន​ឯង។ ការ​អំពាវនាវ​នេះ ដោយសារ​បក្ស​ទើប​បង្កើត​ថ្មី​មួយ​នេះ មើល​ឃើញ​ថា មេភូមិ​ភាគ​ច្រើន​មិន​បាន​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ​ឡើយ​ក្នុង​ពេល​កន្លង​មក។

​បើ​ទោះ​ជា​ដឹង​ថា ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​បោះឆ្នោត​ជ្រើសរើស​មេភូមិ​ក្តី ក៏​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​តែ​យល់​ថា គណបក្ស​នយោបាយ​ដែល​ឈ្នះ​មុខ​តំណែង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​តែ​អាច​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ តាម​រយៈ​ការ​សម្របសម្រួល​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង និង​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​អាណត្តិ​ទី​៤​នេះ មើល​ឃើញ​ថា រយៈពេល ៣​អាណត្តិ​មក​ហើយ ដែល​មេ​ភូមិ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​ជួយ​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។ ប៉ុន្តែ​ដោយសារ​កន្លង​មក​មេ​ភូមិ​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​បាន​បំពេញ​តួនាទី​ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​មូលដ្ឋាន​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ជា​ដើរ​តាមដាន​ពលរដ្ឋ​បម្រើ​ការងារ​រើសអើង​និន្នាការ​នយោបាយ និង​គំរាមកំហែង ឬ​បំភិតបំភ័យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទៅ​វិញ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ថា ចំណុច​អវិជ្ជមាន​របស់​មេភូមិ​ទាំង​អស់​នេះ បាន​បណ្ដាល​ឲ្យ​កើត​មាន​ឡើង​នូវ​បញ្ហា​សង្គម​មួយ​ចំនួន ដូចជា​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ពលរដ្ឋ​ឈ្លោះ​គ្នា​ដោយសារ​និន្នាការ​នយោបាយ មិន​មាន​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន ឬ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​មាន​ការ​យឺតយ៉ាវ​ជាដើម។

គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​ផ្សេង​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើក​ឡើង​ថា អ្នក​ភូមិ​ជា​អ្នក​ជ្រើសរើស​មេ​ភូមិ​ដោយ​ផ្ទាល់​តាម​រយៈ​ការ​បោះ​ឆ្នោត។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គួរ​ទាមទារ​ទៅ​គណបក្ស​នយោបាយ ទទួល​ជ័យជំនះ​តំណែង​មេ​ឃុំ ចៅសង្កាត់​ទាំង​អស់​ផ្ដល់​ឱកាស ឬ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ដោយ​ខ្លួនឯង។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីម មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មិន​ទទួល​បាន​ជ័យជំនះ​តំណែង​ជា​មេ​ឃុំ ចៅ​សង្កាត់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គណបក្ស​លោក​នៅ​តែ​តស៊ូ​មតិ​ឲ្យ​អ្នក​ភូមិ​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ដោយ​ខ្លួនឯង​ផ្ទាល់។

លោក សាម អ៊ីម យល់​ថា ការ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ដូច​នេះ មិន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នោះ​ទេ៖ «រឿង​នេះ​យើង​បាន​ធ្វើ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ហើយ វា​អត់​មាន​អី​ស្មុគស្មាញ ហើយ​យើង​ធ្លាប់​ធ្វើ​ការងារ​អង្គការ​អី យើង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ក្រុម​សន្សំ ប្រធាន​គណៈកម្មការ​សហគមន៍​អភិវឌ្ឍ​កសិកម្ម វា​ជា​រឿង​មួយ​ស្រួល​ធ្វើ អ៊ីចឹង​វា​មិន​មែន​ជា​រឿង​អី​ស្មុគស្មាញ​ធំដុំ មិន​ចាំបាច់​ជា​ការងារ​ដល់ គ.ជ.ប អ្នក​ចាត់ចែង គឺ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចាត់ចែង​បាន​ហើយ»

ប្រទេស​កម្ពុជា មាន​ឃុំ-​សង្កាត់ សរុប​ចំនួន ១.៦៤៦ និង​ចែក​ចេញ​ជា ១៤.៣៦៤​ភូមិ។ កន្លង​ទៅ​មេ​ភូមិ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ រួច​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ។ ទោះ​ជា​យ៉ាង​ណា ខុស​ពី​មេ​ឃុំ ចៅសង្កាត់ អភិបាល​ស្រុក ខណ្ឌ ខេត្ត រាជធានី សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ដែល​មាន​កំណត់​អាណត្តិ មេភូមិ​មិន​មាន​អាណត្តិ​ឡើយ គឺ​អាច​បំពេញ​ការងារ​រហូត​ដល់​បាត់បង់​សមត្ថភាព​ការងារ។

​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា កម្ពុជា​មិន​មាន​ច្បាប់​សម្រាប់​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ឡើយ។ ម្យ៉ាង​ការ​គ្រប់​រដ្ឋបាល​របស់​កម្ពុជា ត្រូវ​បាន​បែងចែក​ពី​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប៉ុណ្ណោះ។

លោក សុខ ឥសាន មិន​អត្ថាធិប្បាយ​ថា តើ​ការ​អំពាវនាវ​របស់​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ល្អ ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា ដើម្បី​បង្កើត​ឲ្យ​មាន​ច្បាប់​បោះ​ឆ្នោត​មេភូមិ វា​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ល្អិតល្អន់​ដោយ​ក្រសួង​ជំនាញ៖ «វា​ពិបាក​ដែរ យើង​ផ្អែក​តាម​សំណូមពរ​ភាគ​ច្រើន មតិ​ភាគ​ច្រើន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ វា​ត្រូវ​មាន​មតិ​ភាគ​ច្រើន​យើង​ធ្វើការ​បូក​សរុប ហើយ​យើង​សិក្សា​ស្រាវជ្រាវ​អំពី​ចំណុច​ខ្លាំង​ចំណុចខ្សោយ​បាន​យើង​តុបតែង​ជា​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន»

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា បក្ស​ប្រឆាំង​កំពុង​រវល់​ធ្វើ​កិច្ចការ​បណ្ដុះបណ្ដាល​មេ​ឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ជាប់​ឆ្នោត ហើយ​មិន​ទាន់​បាន​គិត​ដល់​រឿង​បោះឆ្នោត​ជ្រើសរើស​មេភូមិ​ឡើយ។ ទោះជា​យ៉ាង​ណា​លោក​ថា បើ​មេភូមិ​ណា​មិន​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​នោះ​ទេ វា​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ៖ «ប្រសិនជា​មេភូមិ​ណា​ដែល​មិន​ធ្វើការ​បម្រើ​រាស្ត្រ យើង​ត្រូវតែ​ផ្លាស់ប្ដូរ​មេ​ឃុំ​ដែល​ធ្វើ​ការ​បម្រើ​បក្ស មេឃុំ​ដែល​ជ្រុល​និយម គិតគូរ​តែ​ការងារ​បក្ស ហើយ​មេ​ភូមិ​អត់​គោរព​ទៅ​តាម​ការ​ស្នើ​សុំ​ឲ្យ​ជួយ​មេ​ឃុំ បើសិនជា​មេ​ភូមិ​អ៊ីចឹង យើង​ត្រូវតែ​ផ្លាស់ប្ដូរ​រហើយ»

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជា​អ្នក​រើស​មេ​ភូមិ រួច​មេ​ភូមិ​នោះ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ តែ​លោក​ថា នៅ​ពេល​ដែល​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ចង់​ដក​មេ​ភូមិ​ណា​មួយ ក៏​ត្រូវ​ផ្ញើ​កំណត់ហេតុ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ជា​មុន​ថា តើ​មាន​ហេតុផល​សមរម្យ​ត្រូវ​ដក ឬ​មិន​ត្រូវ​ដក។

លោក​ថា គេ​អាច​ដក​​មេ​ភូមិ​បាន​លុះ​ណា​តែ​មាន​ករណី​ឈឺ​ធ្ងន់ធ្ងរ មរណភាព ឬ​មេ​ភូមិ​នោះ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ និង​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ។ ចំពោះ​ការ​អំពាវនាវ​ឲ្យ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​វិញ លោក ខៀវ សុភ័គ ថា រង់ចាំ​ដល់​ពេល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាប់​ឆ្នោត ចាំ​ធ្វើ​ខ្លួន​ឯង​ទៅ ដោយសារ​លោក​ថា បច្ចុប្បន្ន​កម្ពុជា មិន​មាន​ច្បាប់​បោះឆ្នោត​ជ្រើសរើស​មេភូមិ​នោះ​ទេ៖ «ពេល​ដែល​គាត់​ឃោសនា​បោះឆ្នោត​ក៏​គាត់​ប្រកាស​គោលការណ៍​អ៊ីចឹង​ដែរ សុំ​ឲ្យ​គាត់​បោះឆ្នោត​ឈ្នះ​ទៅ​ចង់​ធ្វើ​ម៉េច​ក៏​ធ្វើ​ចុះ ឲ្យ​តែ​ប្រជាពលរដ្ឋ​ទុក​ចិត្ត​បោះឆ្នោត​ឲ្យ​គាត់​កាន់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​ខេត្ត ឬ​រដ្ឋាភិបាល​គាត់​ធ្វើ​អី​ក៏​បាន​ដែរ»

ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ទទួល​បាន​តំណែង​មេ​ឃុំ ចៅសង្កាត់ ចំនួន​ជាង ១.១៥០ និង​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ប្រមាណ ៦.៥០០ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា ខ្លួន​ទទួល​បាន​តំណែង​មេ​ឃុំ ចៅសង្កាត់ ប្រមាណ ៥០០ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជាង ១​ពាន់។ បើ​និយាយ​ពី​សំឡេង​គាំទ្រ​វិញ បន្ទប់​ស្ថានការណ៍​ដែល​បង្កើត​ឡើង​សម្រាប់​ឃ្លាំមើល​ការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៤៨​ភាគរយ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ៤៥​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រពន្ធ​លោក ស៊ាង ចែត អនាគត​មេ​ឃុំ​ស្រក​ថ្មី​ប្ដេជ្ញា​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ

$
0
0

អនាគត​មេ​ឃុំ​ស្រក​ថ្មី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង គឺ​អ្នកស្រី ស្រេង សុខឃឿន ប្រពន្ធ​លោក ស៊ាង ចែត បញ្ជាក់​ថា នឹង​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ មិន​ពុករលួយ មិន​រើសអើង​គណបក្ស​នយោបាយ​ជាដើម។ ការ​បញ្ជាក់​ដូច្នេះ បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ក្នុង​ឃុំ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ហើយ​ឈាន​ទៅ​ដឹកនាំ​ឃុំ​នៅ​អាណត្តិ​ទី​៤​នេះ។

​អនាគត​មេ​ឃុំ​ស្ត្រី​ថ្មី របស់​គណបក្សប្រឆាំង​នៅ​ឃុំ​ស្រក ប្រកាន់​ជំហរ​ថា នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម។ ក្រៅ​ពី​នេះ អ្នកស្រី​ប្ដេជ្ញា​ប្រកាន់​គោលការណ៍​មិន​ពុករលួយ និង​គិតគូរ​ប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​ធំ។ ការងារ​ដែល​អ្នកស្រី​ត្រូវ​ដឹកនាំ​ឃុំ​ក្នុង​ការ​អភិវឌ្ឍ និង​បម្រើ​ពលរដ្ឋ​នោះ ដូចជា​ការងារ​បម្រើ​សេវា​សាធារណៈ ការ​បញ្ជាក់​លិខិត​ស្នាម​ផ្សេងៗ និង​ការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​ភូមិ​ឃុំ​ជាដើម។

​និយាយ​ដោយ​សម្ដី​មួយៗ ទឹក​មុខ​ស្រស់ បេក្ខជន​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនាគត​មេឃុំ​ស្រក អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​ថា អ្នកស្រី​រីករាយ​ចំពោះ​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ដោយ​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​រហូត​ទទួល​បាន​ជោគជ័យ។ អ្នកស្រី​ថា នឹង​បំពេញការងារ​ជា​មេ​ឃុំ​ថ្មី​ឱ្យ​ល្អ​ប្រសើរ​ដូច​ប្ដី​របស់​ខ្លួន គឺ​លោក ស៊ាង ចែត ដែល​ជា​អតីត​មេឃុំ​អាណត្តិ​ទី​៣ ដោយ​មិន​ពុករលួយ មិន​រើសអើង និង​មិន​រត់​ចោល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឡើយ បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​យ៉ាង​ណា​ក្ដី៖ «ប្ដេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​ពេល​គ្រប់​ម៉ោង មិន​ថា​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ មិន​ថា​បក្ស​នេះ ឬ​បក្ស​នោះ»

​អ្នកស្រី ស្រេង សុខឃឿន មាន​វ័យ ៤៣​ឆ្នាំ រស់​នៅ​ក្នុង​ត្រកូល​កសិករ​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក ស្រុក​កំពង់សៀម។ កាល​ពី​វ័យ​ជំទង់ ដោយសារ​គ្រួសារ​មាន​ជីវភាព​លំបាក ទើប​អ្នកស្រី​សម្រេច​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ នា​ទសវត្សរ៍ ឆ្នាំ​១៩៨០។ ក្រោយ​មក​អ្នកស្រី​បាន​រៀបការ​ជាមួយ​លោក ស៊ាង ចែត នៅ​ឆ្នាំ​១៩៨៩ ហើយ​បច្ចុប្បន្ន​ពួកគាត់​មាន​កូន​ចំនួន ៥​នាក់ សុទ្ធតែ​ប្រុស។

អនាគត​មេ​ឃុំ​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ខាង​គណបក្ស​រៀបចំ​ដាក់​ជា​បេក្ខនារី​លេខ​រៀង​ទី​១ នៅ​ឃុំ​ស្រក ជំនួស​ស្វាមី ពីព្រោះ​ប្ដី​អ្នកស្រី​ត្រូវ​បាន​ខកខាន​ក្នុង​ការ​ចុះឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​អាណត្តិ​ទី​៤ ដោយសារ​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ដែល​គេ​សង្ស័យ​ថា របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ទាក់ទិន​រឿង​ប្រាក់​ប្រមាណ ២​លាន​រៀល បម្រុង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នាង ស្រីមុំ ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​សមគំនិត​សូកប៉ាន់​សាក្សី។

រយៈពេល​ជាង ៧​ខែ ដែល​លោក ស៊ាង ចែត ជាប់​ឃុំ អ្នកស្រី ស្រេង សុខឃឿន ត្រូវ​ដើរ​តួនាទី​ជា​ប្ដី​ផង និង​ជា​ប្រពន្ធ​ផង​នៅ​ក្នុង​គ្រួសារ។ មិនតែប៉ុណ្ណោះ អ្នកស្រី​ត្រូវ​មើលថែ​ឪពុក​ម្ដាយ​ចាស់ៗ នៅ​ក្នុង​បន្ទុក ហើយ​ត្រូវ​បែងចែក​ការងារ​ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ និង​ផ្គត់ផ្គង់​ប្ដី​ដែល​ជាប់​គុក​ពេល​នោះ​ផង។

ក្រោយ​ពេល​ប្ដី​អ្នកស្រី​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ គ្រួសារ​គាត់​បាន​ប្រសើរ​ឡើង​វិញ ហើយ​លោក ស៊ាង ចែត ក៏​បាន​ចូល​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ដូច​ដើម​វិញ​ដែរ។

ពលរដ្ឋ​នៅ​ភូមិ​ល្ពាក មួយ​រូប លោក ហែម ស៊ាងប៊ុនណារី រីករាយ​ក្រោយ​ពេល​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា នៅ​ឃុំ​របស់​លោក គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ហើយ​ប្រពន្ធ​លោក ស៊ាង ចែត នឹង​ដឹកនាំ​ជា​មេ​ឃុំ​នោះ។ លោក​បន្ត​ថា ការ​បោះឆ្នោត​គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​សម្រាប់​ដឹកនាំ​មូលដ្ឋាន​ឱ្យ​រីកចម្រើន និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ៖ «នេះ​ជា​លទ្ធផល​ដែល​ពួក​យើង​អាច​ទទួល​យក​បាន ហើយ​ប្រជាពលរដ្ឋ​ច្រើន​ប្រហែល​ជា​ដូច​ខ្ញុំ​ដែរ គឺ​គាត់​សប្បាយ​ចិត្ត​រីករាយ​ណាស់​ដែល​ឃើញ​លទ្ធផល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដូច្នេះ។ ការ​ដឹកនាំ​របស់​គាត់​កន្លង​មក គឺ​ជា​លទ្ធផល​ប្រជាជន​យើង​ទាំង​អស់​គ្នា​ទទួល​យក​បាន»

​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ លើ​គណបក្ស​ប្រជាជន​កម្ពុជា ជិត ៤០០​សំឡេង ហើយ​ពលរដ្ឋ​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​គឺ​មាន​ជាង ៤០០​នាក់​ទៀត។

​មិន​ខុសគ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី កែវ ស៊ឹម បញ្ជាក់​ថា គាត់​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​មាន​មន្ត្រី​ចិត្ត​ស មិន​មែន​ចិត្ត​ខ្មៅ ហើយ​អ្នកស្រី​មិន​ខ្លាច​ឡើយ​ចំពោះ​ការ​គំរាម​រឿង​សង្គ្រាម​កន្លង​មក។ អ្នកស្រី​ចង់​ឱ្យ​មេ​ឃុំ​ថ្មី ជួយ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​រីកចម្រើន និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង៖ «ជួយ​បម្រើ​នៅ​ក្នុង​ភូមិ​ឃុំ​ឱ្យ​បាន​រីកចម្រើន ដូចជា​ស្រូវ​អង្ករ​ឱ្យ​បាន​ឡើង​ថ្លៃ ហើយ​សាំង​ជី​ឱ្យ​ចុះ​ថ្លៃ»

ឃុំ​ស្រក មាន​ភូមិ​ចំនួន​៤ មាន​ពលរដ្ឋ​ជាង ៧​ពាន់​នាក់ គិត​ជា​គ្រួសារ​ប្រមាណ ២​ពាន់​គ្រួសារ។ ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ ស្ទើរ​តែ​ទាំង​អស់​ជា​កសិករ ធ្វើ​ស្រែ​និង​ចម្ការ។

ប្ដី​អ្នកស្រី ស្រេង សុខឃឿន គឺ​លោក ស៊ាង ចែត មាន​ប្រសាសន៍​ថា លោក​នឹង​ជួយ​សហការ​ពន្យល់​កិច្ចការ​ដល់​ប្រពន្ធ​ទាំង​ផ្លូវ​ច្បាប់ និង​បច្ចេកទេស​ចំពោះ​ការងារ​រដ្ឋបាល​មួយ​ចំនួន។ លោក ស៊ាង ចែត ក៏​មាន​ក្តី​បារម្ភ​ខ្លះ​ដែរ ពីព្រោះ​ប្រពន្ធ​លោក​នៅ​មិន​ទាន់​មាន​បទពិសោធន៍​គ្រប់គ្រាន់​លើ​ការងារ​ទាំង​នោះ ហើយ​ក៏​មិន​ទាន់​យល់​ដឹង​ពី​នីតិវិធី​រដ្ឋបាល​គ្រប់គ្រង​ឃុំ​របស់​ខ្លួន​ឡើយ។ យ៉ាង​នេះ​ក្តី លោក​សង្ឃឹម​ថា ប្រពន្ធ​របស់​លោក​នឹង​បំពេញ​ការងារ​ជូន​ពលរដ្ឋ​បាន​ល្អ ប្រសិនបើ​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​អស់៖ «ខ្ញុំ​នឹង​ជួយ​បង្រៀន​គាត់​ទៅ​នឹង​បញ្ហា​ផ្លូវច្បាប់ ប្រសិនបើ​ករណី​ណា​ដែល​គាត់​នឹង​មក​ពិភាក្សា​គ្នា​អី​ហ្នឹង គេ​មិន​ទាន់​ឱ្យ​គាត់​ស៊ីញ៉េ ឬ​ក្រុមប្រឹក្សា​ឃុំ​មិន​ទាន់​អី ពិភាក្សា​គ្នា​ទៅ​ឱ្យ​រលូន​ទៅ ខ្ញុំ​គិត​ថា គាត់​ធ្វើ​បាន​ល្អ​ហើយ»

កាល​ពី​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ក្នុង​ចំណោម​ឃុំ​ចំនួន ១៥ នៅ​ស្រុក​កំពង់សៀម គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដឹកនាំ​ឃុំ​ចំនួន ១៤​ឃុំ ហើយ​គណបក្ស សម រង្ស៊ី ពេល​នោះ​ឈ្នះ​បាន​តែ​ឃុំ​ស្រក មួយ​ប៉ុណ្ណោះ។

ចំណែក​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៤ វិញ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​នឹង​ដឹកនាំ​ឃុំ​បាន​ចំនួន​៩ ហើយ​គណបក្ស​កាន់​អំណាច​ឈ្នះ​បាន​ចំនួន ៥​ឃុំ​ប៉ុណ្ណោះ។

លេខាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក ថាន សុរិទ្ធ អះអាង​ថា ខាង​គណបក្ស​នឹង​ជួយ​ជ្រោមជ្រែង​ការងារ និង​ណែនាំ​ដល់​មន្ត្រី​ឃុំ​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ដឹកនាំ​ឃុំ​ថ្មី ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ឱ្យ​រីកចម្រើន៖ «ជា​ធម្មតា​គោលការណ៍​របស់​គណបក្ស​គឺ​យើង​មាន​រួច​ទៅ​ហើយ គាំទ្រ​មេ​ឃុំ មិន​ថា​ជា​ស្ត្រី ឬ​បុរស​ទេ។ ប៉ុន្តែ​សំដៅ​សំខាន់​បំផុត​គឺ​ស្ត្រី​ហ្នឹង»

លោក​បញ្ជាក់​ថា ប្រសិនបើ​លោក ស៊ាង ចែត នៅ​តែ​មាន​បំណង​ចង់​ដឹកនាំ​ឃុំ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​ខាង​គណបក្ស​នឹង​រៀបចំ​បញ្ជី​ថ្មី ដើម្បី​ដាក់បញ្ចូល​គាត់​វិញ នៅ​ពេល​ដែល​លោក ស៊ាង ចែត មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជា​ផ្លូវ​ការ។ ប៉ុន្តែ​ប្រសិនបើ​គាត់​គិត​ថា ប្រពន្ធ​អាច​ដឹក​នាំ ឬ​ធ្វើ​ការងារ​ឃុំ​បាន លោក ស៊ាង ចែត ក៏​អាច​សម្រេច​រក​តំណែង​ថ្មី​​នៅ​ក្នុង​គណបក្ស ហើយ​គណបក្ស​នឹង​សម្រេច​តាម​ការ​យល់​ឃើញ​របស់​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប នឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ដូង​ខេត្ត​ស្វាយរៀង

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា អោយ​ដឹង​ថា គ.ជ.ប នឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ការិយាល័យ​ចំនួន​២៣ នៅ​ក្នុង​ឃុំ​ដូង។

ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នេះ នឹង​ធ្វើ​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​១២ ខែ​មិថុនា នៅ​ទីស្ដីការ គ.ជ.ប។

លទ្ធផល​បោះឆ្នោត​បឋម​នៅ​ក្នុង​ឃុំ​ដូង ដែល​ផ្សព្វផ្សាយ​ដោយ គ.ជ.ប អោយ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៩​សំឡេង គឺ​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​សំឡេង​ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៦​សំឡេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ថ្នាក់​ដឹកនាំ​សហជីព​និង​កម្មករ​រោងចក្រ​សៅលែន​១១​រូប​បាន​ចូល​ធ្វើការ​វិញ

$
0
0

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ប្រតិកម្ម​ចំពោះ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថា បាន​ចោទ​ប្រកាន់​រោងចក្រ​សៅលែន (Southland Cambodia Co., Ltd.) ដោយ​គ្មាន មូលដ្ឋាន​ច្បាស់លាស់ និង​ទាមទារ​ឲ្យ​សហជីព​ផ្ដល់​ភស្តុតាង​ចំពោះ​ការ​ចោទ ប្រកាន់។ ការ​ប្រតិកម្ម នេះ​បន្ទាប់​ពី សម្ព័ន្ធ​សហជីព​ចេញ​សេចក្ដី​ថ្លែងការណ៍​ចោទ​ប្រកាន់​រោងចក្រ​ពី​បទ​រើសអើង​សហជីព និង​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ រួម​ទាំង​អ្នក​បញ្ជា​ទិញ ឲ្យ​អន្តរាគមន៍​ដាក់​សម្ពាធ​រោងចក្រ​ដែល​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព ១០​នាក់ ដោយសារ​ធ្វើ​កូដកម្ម​សុំ​ឈប់​សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បដិសេធ​ថា ការ​ព្យួរ​ការងារ​កម្មករ​ចំនួន ១០​នាក់​ដោយ​រោងចក្រ​សៅលែន មិន​មែន​ជា​ការ​រើសអើង​សហជីព​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​វិធានការ​វិន័យ​របស់​និយោជក​ចំពោះ​កម្មករ​ដែល​អាច​ប្រព្រឹត្ត​កំហុស​ធ្ងន់​ដោយសារ​សកម្មភាព​ញុះញង់​កម្មករ​តវ៉ា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប និង​បំភ្លឺ​ទៅ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ថ្ងៃ​ទី​៩ មិថុនា ថា ដោយសារ​កម្មករ​ទាំង ១០​នាក់ បាន​ធ្វើ​សកម្មភាព​ដើរ​បិទ​ភ្លើង ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើ​ការ​ដើម្បី​ចូល​រួម​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​២ មិថុនា ទាមទារ​រោងចក្រ​ផ្ដល់​ការ​ឈប់​សម្រាក​បន្ថែម​ចំនួន​ពីរ​ថ្ងៃ​មុន និង​ក្រោយ​ថ្ងៃ​បោះឆ្នោត គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ មិថុនា ហើយ​សុំ​ផ្លាស់ប្ដូរ​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ម៉ែ ដែល​នឹង​លើក​ទៅ​ឈប់​នៅ​ថ្ងៃ​ទី​១៩ មិថុនា និង​សុំ​ឲ្យ​រោងចក្រ​គិត​លុយ​ចំនួន ៥០%។ ដូច្នេះ​សមាគម​រោងចក្រ​កាត់ដេរ សន្និដ្ឋាន​ថា មិន​មែន​ជា​ករណី​រើសអើង​សហជីព​ប្រឆាំង​នឹង​ការ​បង្កើត​សហជីព​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​និយោជក​ក្នុង​ការ​ព្យួរ​កិច្ច​សន្យា​របស់​ថ្នាក់​ដឹកនាំ​សហជីព ប្រសិន​បើ​រក​ឃើញ​មាន​កំហុស​ធ្ងន់​ដើម្បី​រង់ចាំ​អនុញ្ញាត​លើ​ការ​បញ្ឈប់​ជា​មុន​ពី​អធិការកិច្ច​ការងារ និង​ស្នើ​ឲ្យ​ក្រសួង​ការងារ​ចាត់វិធានការ​ចំពោះ​សហជីព​ណា​ដែល​មិន​គោរព​ច្បាប់។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ជីម៉ាក់ ធ្វើ​នេះ​មិន​ខុស​នោះ​ទេ ព្រោះ​ជា​សមាគម​រោងចក្រ​ដែល​ត្រូវ​មាន​និន្នាការ​ខាង​និយោជក​ដែល​ត្រូវ​តែ​ការពារ​សមាជិក​ខ្លួន។ ប៉ុន្តែ​លោក​យល់​ថា សមាគម​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​គឺ​ជា​ចេតនា​មួយ​មិន​បាន​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ក្រសួង​ការងារ​ដែល​បាន​អន្តរាគមន៍​ដល់​ថ្នាក់​ដឹកនាំ​សហជីព ១០​រូប និង​កម្មករ​មួយ​រូប​បាន​ចូល​ធ្វើការ​វិញ​ហើយ នៅ​ថ្ងៃ​ទី​១០ មិថុនា៖ «ខ្ញុំ​មិន​គាំទ្រ​ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា​ជា​ការ​ធ្វើ​ខុស​ទេ។ ប៉ុន្តែ​កម្មករ​មិន​បាន​ប្រព្រឹត្ត​កំហុស​ទេ ព្រោះ​បញ្ហា​នេះ​វា​មាន​ការ​រើសអើង​យ៉ាង​ពិត​ប្រាកដ ព្រោះ​ថា គាត់​បាន​ព្យាយាម​ចងក្រង​ការ​ចុះ​បញ្ជី​ក្នុង​រោងចក្រ​នេះ តាំង​ពី​ចុង​ឆ្នាំ​២០១៥ តែ​អត់​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នៅ​ឡើយ​ទេ ដោយសារ​រោងចក្រ​តែង​ប្រើប្រាស់​រូបភាព​ផ្សេងៗ​ក្នុង​ការ​ទប់ស្កាត់​ការ​ចុះ​បញ្ជី»

លោក ប៉ាវ ស៊ីណា ក៏​បាន​រង​បណ្ដឹង​ពី​រោងចក្រ​នេះ ចំនួន ២​បណ្ដឹង​ដែរ។ កាល​ពី​ឆ្នាំ​២០១៣ រោងចក្រ​នេះ​បាន​ប្ដឹង​លោក​ពី​បទ ញុះញង់ កម្មករ​ឲ្យ​មាន​កូដកម្ម​ខុស​ច្បាប់ និង​ឆ្នាំ​២០១៦ ប្ដឹង​ពី​បទ​ក្លែង​បន្លំ​លិខិត​ស្នាម និង​ផ្ដល់​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ឈ្មោះ​បេក្ខជន​សហជីព​ទៅ​រោងចក្រ​ខុស​អក្ខរាវិរុទ្ធ ដែល​បញ្ហា​នេះ​លោក​យល់​ថា ជា​ចេតនា​របស់​រោងចក្រ​មិន​ចង់​ឲ្យ​សហជីព​ចុះ​បញ្ជី។

ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​តវ៉ា​របស់​កម្មករ​កាល​ពី​ថ្ងៃ​ទី​២ មិថុនា គឺ​បន្ទាប់​ពី​ភាគី​រោងចក្រ​សៅលែន មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​ដែល​ជា​កម្មករ​បាន​ឈប់​សម្រាក​មុន​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គឺ​នៅ​ថ្ងៃ​ទី​៤ មិថុនា និង​ថែម​ទាំង​គំរាម​កាត់​ប្រាក់ខែ​របស់​កម្មករ​ ប្រសិន​បើ​ពួកគេ​មិន​អាច​វិល​ត្រឡប់​ពី​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត និង​ចូល​បំពេញ​ការងារ​ទាន់​ពេល។ បន្ទាប់​ពី​កម្មករ បាន​វិល​ត្រឡប់​មក​ពី​បោះឆ្នោត​ពួកគេ​បាន​នាំគ្នា​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៦ មិថុនា ទាមទារ​ឲ្យ​ភាគី​រោងចក្រ​កុំ​កាត់​ប្រាក់​ឈ្នួល​ពួកគេ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ទៅ​បោះឆ្នោត។ ក្រោយ​មក​ភាគី​រោងចក្រ និង​សហជីព​ខ្មែរ ក៏​បាន​សម្រេច​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​ឲ្យ​កម្មករ​ចូល​ធ្វើការ​ធម្មតា​នៅ​ថ្ងៃ​ទី​៧ មិថុនា ប៉ុន្តែ​ថ្ងៃ​ដដែល​ស្រាប់​តែ​ភាគី​រោងចក្រ​ចេញ​លិខិត​ព្យួរ​ការងារ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ១០​នាក់ ដោយ​ចោទ​ថា ញុះញង់​កម្មករ។

ថ្វី​បើ​យ៉ាង​នេះ​ក្ដី ជីម៉ាក់ ក៏​បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ដែរ​ថា សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅ​ក្នុង​រោងចក្រ​សៅលែន ស្ថិត​នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជា​សហជីព​ដែល​ពុំ​មាន​បញ្ជី​ការ​នៅ​ឡើយ ដែល​មាន​ន័យ​ថា សកម្មភាព​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រោងចក្រ​មិន​ស្រប​តាម​ច្បាប់​ស្ដីពី​សហជីព​ទេ។

សំណុំ​រឿង​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ​ចេញ​លិខិត​កោះ​ហៅ​ភាគី​រោងចក្រ​សៅលែន ដើម្បី​ទៅ​ពិភាក្សា​ដោះស្រាយ​ជុំវិញ​ការ​តវ៉ា​របស់​កម្មករ​ក្នុង​រោងចក្រ​នេះ នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មិថុនា ខាង​មុខ នៅ​ឯ​ទីស្ដីការ​ក្រសួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក កឹម សុខា​ថា​គណបក្ស​ប្រឆាំង​មាន​ផែនការ​ដាក់​យុវជន​ជា​បេក្ខភាព​តំណាងរាស្ត្រ

$
0
0

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​នៅ​ក្នុង​គោលដៅ​របស់​ខ្លួន​ដាក់​យុវជន​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ។ ការ​អះអាង​នេះ ក្រោយ​ពេល​បេក្ខជន​មេ​ឃុំ​វ័យក្មេង​របស់​គណបក្ស​នេះ​ដណ្ដើម​បាន​ជ័យជំនះ​លើ​មេ​ឃុំ​វ័យ​ចំណាស់​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​យុវជន​ទៅ​ជា​អ្នកដឹកនាំ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ-​សង្កាត់ ដូច្នេះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ គណបក្ស​នឹង​ពិនិត្យ​លទ្ធភាព​ជំរុញ​ថែម​ទៀត។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​មិន​ទាន់​ឲ្យ​ដឹង​ពី​ចំនួន​យុវជន​ដែល​គណបក្ស​គ្រោង​ដាក់​បញ្ចូល​ទៅ​ក្នុង​សមាសភាព​ថ្នាក់ដឹកនាំ​នៅ​ក្នុង​គណបក្ស​នៅ​ឡើយ​ទេ៖ «យើង​បាន​កំណត់​ក្នុង​គោលដៅ​គណបក្ស​សង្រ្គោះជាតិ​ថា ជំរុញ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ចូល​ឲ្យ​បាន​ជា​អ្នក​ដឹក​នាំ​ឲ្យ​បាន​ច្រើន ហើយ​យុទ្ធសាស្ត្រ​ហ្នឹង​ឃើញ​ថា យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ដោយសារ​សកម្មភាព​គាត់​ល្អ ហើយ​ពលរដ្ឋ​ក៏​ស្រលាញ់​ចូល​ចិត្ត»

​លោក កឹម សុខា និយាយ​ដូច្នេះ ក្រោយ​ពេល​ជួប​អនាគត​មេ​ឃុំ-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមាណ ២.០០០​នាក់ នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​មិថុនា។

ប្រធាន​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (YEDP) លោក បូ ពៅ ស្វាគមន៍​គណបក្ស​នយោបាយ​ណា​ដែល​មាន​កម្មវិធី​យក​យុវជន​ដាក់​បញ្ចូល​ក្នុង​សមាស​ភាពជា​អ្នកដឹកនាំ ព្រោះ​លោក​យល់​ថា យុវជន​មាន​ភាព​រហ័សរហួន ទទួល​បាន​ចំណេះ​ដឹង​ពី​ប្រទេស​ជឿនលឿន ជា​អ្នក​ស្រលាញ់​សេរីភាព និង​ប្រជាធិបតេយ្យ​ជាដើម។ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា បើ​យុវជន​គ្មាន​ជំហរ​ច្បាស់លាស់ មិន​បាន​សិក្សា​ពី​កំហុស​របស់​ខ្លួន និង​ពង្រឹង​ចំណេះដឹង​របស់​ខ្លួន​នោះ​ទេ យុវជន​អាច​ក្លាយ​ទៅ​ជា​ឧបករណ៍​នយោបាយ ឬ​កម្មករ​នយោបាយ​ដែល​គេ​ប្រើប្រាស់​រួច​ហើយ​បោះបង់​ចោល៖ «ឲ្យ​គាត់ (យុវជន) ធ្វើ​ជា​យុវជន​ខ្មែរ​មិន​មែន​ជា​យុវជន​របស់​គណបក្ស​នយោបាយ​ណា​មួយ​ទេ បម្រើ​ផលប្រយោជន៍​ទៅ​ដល់​សង្គម​ជាតិ»

លទ្ធផល​បឋម​របស់ គ.ជ.ប បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​ឃុំ-​សង្កាត់​ជិត ៥០០ នៃ​ឃុំ-សង្កាត់​ជាង ១.៦០០​ទូទាំង​ប្រទេស បេក្ខភាព​មេ​ឃុំ​-​ចៅសង្កាត់​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ប្រកួតប្រជែង​គឺ​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ ក្នុង​នោះ​មាន បេក្ខភាព​មេ​ឃុំ​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅ​ខេត្ត​បាត់ដំបង និង​បេក្ខជន​ចៅសង្កាត់​សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប យុវជន ជិន សុខង៉េង។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ចាប់​យក​យុវជន​ដាក់​ជា​កម្លាំង​សំខាន់​របស់​គណបក្ស​នេះ​ជា​ការវិវឌ្ឍន៍​វិជ្ជមាន​នៅ​ក្នុង​សង្គម។ លោក​សង្កេត​ឃើញ​ថា  យុវជន​សព្វថ្ងៃ​មាន​ចំណេះ​ដឹង មាន​បទពិសោធន៍ សមត្ថភាព និង​បាន​ចូលរួម​ក្នុង​ការងារ​សង្គម​បាន​ច្រើន។

​ក្នុង​ចំណោម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ដែល​ចូល​អង្គុយ​ធ្វើការ​នៅ​ក្នុង​សភា​មិន​សូវ​ឃើញ​តំណាងរាស្ត្រ​ជា​យុវជន​ច្រើន​នោះ​ទេ ហើយ​តំណាងរាស្ត្រ​វ័យ​ក្មេង​ក៏​មិន​សូវ​ឃើញ​បញ្ចេញ​មតិ​យោបល់​បាន​ច្រើន​ដូច​តំណាងរាស្ត្រ​ដែល​អាយុ​ច្រើន​នៅ​ពេល​មាន​ការ​ជជែក​ដេញដោល​គ្នា​ម្ដងៗ។ ជំរឿន​ឆ្នាំ​២០០៨ បង្ហាញ​ថា យុវជន​កម្ពុជា មាន​ចំនួន ៣៣% នៃ​ពលរដ្ឋ​សរុប។

តាម​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា យុវជន​ជា​ភ្នាក់ងារ​ដ៏​សំខាន់​សម្រាប់​ការងារ​ផ្លាស់ប្ដូរ​សង្គម​ឲ្យ​មាន​ការ​អភិវឌ្ឍ និង​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប​១​ឆ្នាំ​នៅ​ខេត្ត​តាកែវ

$
0
0

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ឲ្យ​ចូលរួម​បុណ្យ​ខួប ១​ឆ្នាំ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីតាំង​តម្កល់​សព​នៅ​ស្រុក​កំណើត​តែម្ដង។

គណៈកម្មការ​រៀបចំ​ចេតិយ​​តម្កល់​សព​លោក​​បណ្ឌិត កែម ឡី កំពុង​​តែ​ពិគ្រោះ​យោបល់​គ្នា​ពី​ការ​រៀបចំ​ពិធី​បុណ្យ​នេះ ហើយ​លទ្ធផល​ពិត​ប្រាកដ​នឹង​ចេញ​​ក្នុង​ពេល​ឆាប់ៗ​នេះ។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល ១១​ខែ​គត់​នៃ​ឃាតកម្ម​លើ​អ្នកស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ប៉ុន្តែ​ក្រុម​គ្រួសារ​ចាត់​ទុក​ថា យុត្តិធម៌​ដែល​ទទួល​បាន​តាម​រយៈ​ការ​ជំនុំជម្រះ​នៅ​តុលាការ គឺ​មិន​ទាន់​ឃើញ​ពន្លឺ​នៅ​ឡើយ​ទេ។

ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី អះអាង​ថា គឺ​ស្មើ​នឹង​មាន​លិខិត​អញ្ជើញ​ចំពោះ​ពលរដ្ឋ​ដែល​ធ្លាប់​មាន​ភក្ដីភាព​ចំពោះ​លោក​បណ្ឌិត កែម ឡី ដើម្បី​បាន​ចូលរួម​ពិធី​បុណ្យ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ចំ​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

ម្ដាយ​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ភោគ សេ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា ពិធី​បុណ្យ​ដែល​គ្រោង​រៀបចំ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក​នៅ​ពេល​ខាង​មុខ​នេះ គឺ​ពុំ​មាន​គណៈកម្មការ​រៀបចំ​បុណ្យ​ចាត់ចែង​ដូច​មុន​ទៀត​ទេ។

ស្ថិត​ក្នុង​វ័យ​ ៧៨​ឆ្នាំ លោកស្រី​បន្ត​ថា ពិធី​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ​នឹង​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​៩ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា៖ «ធ្វើ​តាម​ស្រុក​ស្រែ​ទេ។ ប៉ុន្តែ​បើ​ភ្ញៀវ​អត់​បាន​ប្រាប់​ទេ ជួយ​ប្រកាស​តាម​វិទ្យុ​ផង»

ការ​អំពាវនាវ​នេះ ស្រប​ពេល​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ គឺ​ជា​រយៈពេល ១១​ខែ​គត់​ដែល​ឃាតកម្ម​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ទាំង​ព្រឹក​ព្រលឹម កណ្ដាល​ទី​ក្រុង​ភ្នំពេញ។ ទាំង​ក្រុម​គ្រួសារ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​តែ​យល់​ឃើញ​ថា យុត្តិធម៌​ដែល​ទទួល​បាន​ពី​ការ​ជំនុំ​ជម្រះ គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ថ្វី​បើ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស ជួប សម្លាប់ ដាក់​គុក​មួយ​ជីវិត​ហើយ​ក៏ដោយ។

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី លោស្រី ប៊ូ រចនា បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោកស្រី​ថា ពុំ​មាន​ទេ​យុត្តិធម៌​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មិថុនា ដែល​ជា​ខួប​គម្រប់ ១១​ខែ​នៃ​មរណភាព​ប្ដី​របស់​អ្នកស្រី។ លោកស្រី​បាន​ចោទ​សំណួរ​មួយ​ចំនួន​ថា តើ​យុត្តិធម៌​មាន​ទេ​សម្រាប់​អ្នក​ហ៊ាន​និយាយ​ការពិត អ្នក​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម អ្នក​ដែល​មិន​និយាយ​ការពារ? តើ​យុត្តិធម៌​នៅ​ឯ​ណា?

លោក សៅ កុសល សមាជិក​គណៈកម្មការ​រៀបចំ​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ចាត់​ទុក​ថា ការ​បំពេញ​កិច្ច​តាម​នីតិវិធី​តុលាការ​ក្នុង​ពេល​កន្លង​ទៅ​នេះ គឺ​មិន​មែន​ជា​ការ​ស្វែង​រក​ឃាតក​​ពិត​នោះ​ទេ។ លោក​បន្ត​ថា ទណ្ឌិត​ឈ្មោះ អឿត អាង ដែល​កំពុង​ជាប់​ទោស​សព្វ​ថ្ងៃ​នេះ​ទៀត​សោត គឺ​ជា​ឃាតកម្ម​សិប្បនិមិត្ត​ប៉ុណ្ណោះ ហើយ​ការ​បំបែក​សំណុំរឿង​ទៅ​ជា ២​នោះ​ថែម​ទៀត គឺ​មិន​ខុស​​អី​ពី​​ល្បែង​សៀក​រហស្សកម្ម​នោះ​ទេ៖ «យើង​គិត​ថា គ្រាន់​តែ​ជា​ឆាកល្ខោន​អី​ទេ បន្ត​អូស​បន្លាយ​រឿង​ក្ដី​នេះ​ត​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណឹង»

លោក លាង សំណាត់ ដែល​ជា​ចៅ​ក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា។ ជួប សម្លាប់ ដែល​មើល​ទៅ​ហាក់​មិន​តក់ស្លុត​នឹង​អំណាច​សាលក្រម​នេះ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២០០ និង​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ ទាំង​លោកស្រី ប៊ូ រចនា ប្រពន្ធ​លោក​បណ្ឌិត កែម ឡី និង​លោក​ស្រី ភោគ សេ ដែល​​​ត្រូវ​ជា​ម្ដាយ សុទ្ធ​តែ​អះអាង​ថា ការ​ផ្ដន្ទាទោស​​​ត្រឹម ជួប សម្លាប់ ក្នុង​សំណុំរឿង​នេះ គឺ​មិន​ចាត់​ទុក​ថា ផ្ដល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ។ ពួក​គេ​អះអាង​ថា អឿត អាង នេះ​អាច​ជា​ឃាតក​ក្លែងក្លាយ​ច្រើន​ជាង។

សាលក្រម​ដែល​ស្ថិត​ក្រោម​ការ​​រិះគន់​ដ៏​ចម្រូងចម្រាស​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បំបែក​រឿង​ក្ដី​នេះ​បន្ត​ទៀត។ សំណុំរឿង​ដែល​ញែក​ជា ២​ករណី ក្រោយ​ប្រកាស​សាលក្រម​ភ្លាមៗ​ក្នុង​ពេល​កន្លង​ទៅ គឺ​ជា​ការ​បើក​ផ្លូវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។ គិត​មក​ដល់​ពេល​នេះ មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ព្យាយាម​មិន​ឆ្លើយ​តប​រាល់​ការ​លើក​ឡើង​អំពី​ការ​ស៊ើបអង្កេត​នេះ​ដល់​ដំណាក់​កាល​ណា​ឲ្យ​ប្រាកដ ឬ​សំណុំ​រឿង​ដែល​បាន​បំបែក​រួច​ហើយ​នេះ បាន​បិទ​បញ្ចប់​ហើយ ឬ​នៅ។

កន្លង​ទៅ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ធ្លាប់​អះអាង​ថា សព្វថ្ងៃ​សំណុំរឿង​នេះ កំពុង​ត្រូវ​បាន​បន្ត​នីតិវិធី និង​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​លោក សេង លាង នៅ​ឡើយ។

ក្រៅ​ពី​នេះ​វិញ ក្រុម​សាច់​ញាតិ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​គម្រប​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ស្រុក​កំណើត​នោះ ពិធី​សាងសង់​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ក៏​នឹង​ត្រូវ​ចាប់​ដំណើរ​ក្នុង​ពេល​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​អាដហុក​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​បញ្ចប់​ការ​គុំកួន​នៅ​ក្រោយ​ការ​បោះឆ្នោត

$
0
0

ប្រធាន​អង្គការ​អាដហុក (ADHOC) អំពាវ​អោយ​អ្នក​នយោបាយ​ទទួល​យក​លទ្ធផល​ឆ្នោត ហើយ​បញ្ឈប់​ការ​គុំកួន​គ្នា បន្ទាប់​ពី​ការ​បោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​បញ្ចប់។

គណបក្ស​នយោបាយ​ធំៗ​២ ដែល​មាន​សំឡេង​ប្រដំប្រសងគ្នា​ក្នុង​ការ​បោះឆ្នោត​​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ការ​ទទួល​យក​លទ្ធផល​ឆ្នោត​ជា​រឿង​ចាំបាច់។

ថ្លែង​តាម​វីដេអូ​ឃ្លិប​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មិថុនា ប្រធាន​អង្គការ​នេះ គឺ​លោក ធន សារាយ លើក​ឡើង​ថា នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ លោក​សង្កេត​ឃើញ​ថា អ្នក​ដឹកនាំ​នយោបាយ​នៅ​មិន​ទាន់​ចុះ​សម្រុង​នឹង​គ្នា​នៅ​ឡើយ ដែល​អាច​នាំ​ទៅ​អោយ​មាន​ការ​គុំកួន ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ម្ខាង​ទៀត​ដែល​ជា​ដៃគូ។

លោក ធន សារាយ លើក​ឡើង​ថា ចំពោះ​ប្រជាពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​ភាគ​ច្រើន​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ពួកគេ​គាំទ្រ​គណបក្ស​ផ្សេង​គ្នា​ក៏​ពិត​មែន តែ​ពួកគេ​បាន​ត្រូវរ៉ូវ​គ្នា​វិញ​នៅ​ក្រោយ​ការ​បោះឆ្នោត។ លោក​ថា ពលរដ្ឋ​កំពុង​ធ្វើ​ជា​គំរូ​ល្អ​អោយ​អ្នក​នយោបាយ​ចំពោះ​ការ​ជានា​គ្នា​នៅ​ក្រោយ​ការ​បោះឆ្នោត និង​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន។ លោក​រំពឹង​ថា ករណី​បែប​នេះ​គួរ​តែ​កើត​មាន​ដែរ​នៅ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ៖ «»។

បើ​ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក​សំដៅ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ក៏ដោយ ក៏​ទំនង​ជា​សំដៅ​ទៅ​រក​គណបក្ស​នយោបាយ​ចំនួន​២ ដែល​មាន​សំឡេង​ពលរដ្ឋ​គាំទ្រ​ប្រកៀកប្រកិត​គ្នា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា លោក​ក៏​សង្ឃឹម​ថា គណបក្ស​ទាំង​២ ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​នេះ​មាន​ភាព​ចាស់ទុំ​អាច​នឹង​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ៖ «»។

មិន​ខុស​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ដែល​មាន​សញ្ញា​រូប​ទេវតា​មិន​ដែល​មាន​ការ​គុំកួន​នឹង​ដៃគូ​ប្រកួត​ប្រជែង​ឡើយ៖ «»។

បើ​ទោះ​ជា​យ៉ាង​ណា ចំពោះ​អ្នក​ជំនាញ​ផ្នែក​ការដឹកនាំ​មើល​ឃើញ​ថា ការ​មិន​ត្រូវរ៉ូវ​គ្នា​រវាង​អ្នកដឹកនាំ​បក្ស​នយោបាយ​កើត​ចេញ​ពី​ការ​ចង់​បាន​ដណ្ដើម​អំណាច។

អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត លើក​ឡើង​ថា លោក​បាន​មើល​ឃើញ​ដូច​ការ​លើក​ឡើង​របស់​លោក ធន សារាយ ដែរ។ លោក​ថា ដើម្បី​បញ្ចៀស​បញ្ហា​នេះ អ្នក​នយោបាយ​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ឈប់​ដណ្ដើម​អំណាច តែ​ងាក​មក​យក​ឈ្នះ​គ្នា​តាម​រយៈ​ការ​បង្កើត​គោលនយោបាយ​ផ្ទាល់​គណបក្ស ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ និង​តាម​ដាន​ការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ដែល​ជា​គូប្រកួត​នោះ​វិញ៖ «»។

លោក ឆាំ ប៊ុនថេត លើក​ឡើង​ដែរ​ថា នៅ​មាន​បញ្ហា​នៃ​ការ​រើសអើង​ខ្លះៗ​ដែរ​នៅ​នៅ​មូលដ្ឋាន ជាពិសេស​រវាង​មន្ត្រី​រាជការ មេ​ឃុំ ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​រវាង​ប្រជាពលរដ្ឋ​និង​ពលរដ្ឋ​គឺ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​​​ជា​​ប្រទេស​មាន​សន្តិភាព​មធ្យម

$
0
0

សន្ទស្សន៍​សន្តិភាព​ពិភពលោក (Global Peace Index) ប្រចាំ​ឆ្នាំ​២០១៧ ដែល​បង្ហាញ​ដោយ​វិទ្យាស្ថាន​សន្តិភាព និង​សេដ្ឋកិច្ច បាន​ដាក់​ពិន្ទុ​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​មាន​សន្តិភាព​មធ្យម ដោយ​ឈរ​លេខ​រៀង​ទី​៨៩ ក្នុង​ចំណោម​ប្រទេស​ទាំង ១៦៣ នៅ​ទូទាំង​ពិភពលោក។ ការ​ចាត់​ចំណាត់​ថ្នាក់​ចុង​ក្រោយ​នេះ គឺ​បង្ហាញ​ថា សន្តិភាព​នៅ​កម្ពុជា មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​២០១៦ បើ​ទោះ​ជា​នៅ​មាន​បញ្ហា​មួយ​ចំនួន​បង្ក​ឡើង​ដោយសារ​រឿង​នយោបាយ​ក្ដី។

បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​រឿយៗ​ថា សង្គ្រាម​នឹង​អាច​ផ្ទុះ​ឡើង​វិញ​គ្រប់​ពេល​វេលា​នៅ​កម្ពុជា ប្រសិនបើ​គណបក្ស​កាន់​អំណាច​របស់​លោក​បាត់បង់​អំណាច​ក្ដី ប៉ុន្តែ​សន្ទស្សន៍​សន្តិភាព​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧ បង្ហាញ​ថា សន្តិភាព​របស់​កម្ពុជា នៅ​ពេល​នេះ មាន​ភាព​កាន់តែ​ល្អ​ប្រសើរ បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​១០៤ និង​មក​ដល់​ឆ្នាំ​២០១៧ នេះ ថយ​ចុះ​មក​នៅ​ត្រឹម​លេខ​រៀង​៨៩។

​ការ​សិក្សា​បង្ហាញ​បន្ត​ថា សន្តិភាព​របស់​កម្ពុជា ដែល​កាន់តែ​ល្អ​ប្រសើរ​នេះ ដោយសារ​កត្តា​មួយ​ចំនួន ដូចជា​ការ​ធ្លាក់​ចុះ​ការ​តវ៉ា​របស់​កម្មករ ការ​បញ្ជូន​កងកម្លាំង និង​ហិរញ្ញវត្ថុ​ចូលរួម​តួនាទី​រក្សា​សន្តិភាព​ពិភពលោក​នៅ​តាម​ប្រទេស​មាន​ជម្លោះ​មួយ​ចំនួន​ជាមួយ​អង្គការ​សហប្រជាជាតិ និង​ការ​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ចាប់​តាំង​ពី​ឆ្នាំ​២០១១។

ទោះ​ជា​យ៉ាង​ណា ស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​ការ​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​បង្ក្រាប​ពី​កងកម្លាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ហានិភ័យ​បង្ក​ឡើង​ដោយសារ​ភាព​តានតឹង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​បាន​កើត​ឡើង​នៅ​អំឡុង​រដូវ​កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពិន្ទុ និង​ចាត់​ចំណាត់ថ្នាក់​សន្តិភាព​របស់​កម្ពុជា ពី​ខាង​សន្ទស្សន៍​សន្តិភាព​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧ នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឆ្លើយ​តប​ថា លោក​មិន​ដែល​ឱ្យ​តម្លៃ​ចំពោះ​ការ​ដាក់​ពិន្ទុ​បែប​នេះ​ឡើយ ព្រោះ​លោក​មិន​ដឹង​ថា តើ​ការ​ដាក់​ពិន្ទុ​នោះ អាច​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​លក្ខណៈ​វិទ្យាសាស្ត្រ​ពិត​ដែរ​ឬ​ទេ?

ប៉ុន្តែ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា មាន​តែ​ពលរដ្ឋ​កម្ពុជា ប៉ុណ្ណោះ ដែល​អាច​វាយ​តម្លៃ​ចំពោះ​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​ពួកគេ​កំពុង​ទទួល​បាន​នៅ​ពេល​នេះ៖ «មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ទេ ដែល​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​រីករាយ​ជាមួយ​សន្តិភាព និង​ការ​អភិវឌ្ឍ»

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បន្ថែម​ទៀត​ថា បើ​ធ្វើការ​ប្រៀបធៀប​សន្តិភាព​របស់​កម្ពុជា នៅ​ពេល​នេះ ហាក់​ឈាន​ដល់​ចំណុច​កំពូល​មួយ​ដែល​កម្ពុជា មាន​ឱកាស​អភិវឌ្ឍ និង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច។ ក្រៅ​ពី​នេះ លោក​បន្ត​ថា ក្រុម​អង្គការ​ជាតិ-​អន្តរជាតិ ក៏​​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ ធ្វើ​ឡើង​ដោយ​រលូន ហើយ​ពលរដ្ឋ​ជិត ៩០​ភាគរយ បាន​ចេញ​ទៅ​បោះឆ្នោត។

​នៅ​ក្នុង​ការ​ចាត់​ថ្នាក់​ពី​សន្ទស្សន៍​សន្តិភាព​បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​សន្តិភាព​នៅ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក (ASIA-PACIFIC) ដែល​មាន ១៩​ប្រទេស គឺ​ប្រទេស​កម្ពុជា បាន​ឈរ​លេខ​រៀង​ទី​១៣ គឺ​លើ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​តែ​ចំនួន ៣​ប្រទេស​ប៉ុណ្ណោះ គឺ​លើ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន។

អ្នកស្រាវជ្រាវ​ផ្នែក​សន្តិភាព លោក ឆាំ ប៊ុនថេត ថ្លែង​ថា ថ្វី​ត្បិត​កម្ពុជា ត្រូវ​បាន​គេ​ដាក់​ពិន្ទុ​ថា មាន​សន្តិភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៦ ប៉ុន្តែ​លោក​យល់​ថា សន្តិភាព​នៅ​ពេល​នេះ ហាក់​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ព្រោះ​តួលេខ​កើន​ឡើង​សម្រាប់​កម្ពុជា ដោយសារ​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​មាន​សន្តិភាព​មធ្យម​បាន​កើត​ឡើង​ជម្លោះ​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​តួលេខ​កម្ពុជា កើន​ឡើង​បែប​នេះ៖ «ដូច​ជា​នៅ​មជ្ឈិម​បូព៌ា​មួយ​ចំនួន បញ្ហា​ជម្លោះ​បាន​ធ្វើ​ឱ្យ​ប្រទេស​មាន​សន្តិភាព​គ្រាន់​បើ ទៅ​ជា​ប្រទេស​មាន​ជម្លោះ»

​លោក ឆាំ ប៊ុនថេត បន្ថែម​ថា បើ​ទោះ​ជា​កម្ពុជា មាន​សន្តិភាព​អវិជ្ជមាន ឬ​ហៅ​ថា សន្តិភាព​គ្មាន​ជម្លោះ​ប្រដាប់​អាវុធ ប៉ុន្តែ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​សន្តិភាព​វិជ្ជមាន ព្រោះ​ពលរដ្ឋ​សព្វថ្ងៃ​នៅ​តែ​ទទួលរង​ភាព​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជីវភាព​ខ្វះខាត ដែល​បញ្ហា​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល គិតគូរ​បន្ថែម​លើ​ជីវភាព​ពួកគាត់ និង​ត្រូវ​ពង្រឹង​សន្តិសុខ​នៅ​មូលដ្ឋាន​ឱ្យ​បាន​ប្រសើរ​ជាង​មុន។

​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៦៣ ដែល​ត្រូវ​បាន​សន្ទស្សន៍​សន្តិភាព​ពិភពលោក​យក​វាយ​តម្លៃ​នៅ​ពេល​នេះ គឺ​បែងចែក​ប្រទេស​ដែល​មាន​សន្តិភាព​កម្រិត​ខ្ពស់​បំផុត​ចំនួន ១២​ប្រទេស ប្រទេស​ដែល​មាន​សន្តិភាព​កម្រិត​ខ្ពស់​ចំនួន ៤៦​ប្រទេស ប្រទេស​ដែល​មាន​សន្តិភាព​កម្រិត​មធ្យម​មាន​ចំនួន ៧២ ប្រទេស​មាន​សន្តិភាព​កម្រិត​ទាប​ចំនួន ១៩ និង​ប្រទេស​ដែល​មាន​សន្តិភាព​កម្រិត​ទាប​បំផុត​មាន​ចំនួន​១៤។

​ចំពោះ​ប្រទេស​ដែល​ឈរ​កំពូល​តារាង​ដែល​មាន​សន្តិភាព​បំផុត គឺ​ទី​១ ប្រទេស​អ៊ីស្លង់ (Iceland) ទី​២ ប្រទេស​នូវែលហ្សេឡង់ (New Zealand) និង​ទី​៣ ប្រទេស​ព័រទុយហ្គាល់ (Portugal) រី​ឯ​ប្រទេស​ដែល​មាន​សន្តិភាព​កម្រិត​ទាប​ជាង​គេ​បំផុត គឺ​ប្រទេស​ស៊ីរី (Syria)។

​ដោយ​ឡែក​ចំពោះ​ប្រទេស​មហា​អំណាច​ធំៗ​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក ឈរ​ចំណាត់​លេខ​រៀង​ទី​១១៤ ប្រទេស​ចិន ឈរ​លេខ​រៀង​ទី​១១៦ ប្រទេស​រុស្ស៊ី លេខ​រៀង​ទី​១៥១ ស្រប​ពេល​ប្រទេស​កូរ៉េខាងជើង ឈរ​លេខ​រៀង​ទី​១៥០ ហើយ​ប្រទេស​កូរ៉េ​ខាង​ត្បូង ឈរ​លេខ​រៀង​ទី​៤៧ និង​ប្រទេស​អង់គ្លេស ឈរ​លេខ​រៀង​ទី​៤១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី៖ បណ្ដឹង​របស់​បក្ស​ប្រឆាំង​សុំ​រាប់​សន្លឹកឆ្នោត​នៅ​រតនគិរី​ហួស​អាជ្ញាយុកាល

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី សុំ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​សង្កាត់ និង​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី ក្រោម​ហេតុផល​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត។ ចំណែក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ចាត់​ទុក​ពាក្យ​បណ្ដឹង​នោះ​ថា​ហួស​អាជ្ញាយុកាល។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ចាត់​ទុក​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា​ផ្លោះ​សិទ្ធិ​គ្មាន​សុពលភាព​អាច​ប្ដឹង​តវ៉ា​បាន​ឡើយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មិថុនា បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ចាអ៊ុង ស្រុក​អូរជុំ និង​សង្កាត់​បឹងកន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា បណ្ដឹង​តវ៉ា​នេះ​ហួស​រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​បិទ​បញ្ចប់​កំណត់​ហេតុ​បូក​សរុប​លទ្ធផល​បោះឆ្នោត​នៅ​ឃុំ​ទាំង​ពីរ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា៖ «គេ​បូក​សរុប​នៅ​ភូមិសាស្ត្រ​ហ្នឹង គេ​បិទ​តាំង​ពី​ថ្ងៃ​៥ គេ​រាប់​បី​ថ្ងៃ​ទៅ គឺ​ផុត​ថ្ងៃ​៩ ចប់​ហើយ មិន​អាច​ប្ដឹង​ទៅ​ណា​បាន​ទៀត​ទេ»

លទ្ធផល​បឋម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​បិទ​ផ្សាយ​តាម​ឃុំ-សង្កាត់​នៅ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា នៅ​ឃុំ​ចាអ៊ុង គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ ៩០១​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ១០២​សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន ៤៦​សំឡេង។ ដោយឡែក​សន្លឹកឆ្នោត​បាន​ការ​សរុប​ចំនួន ១០.៤៩​សំឡេង សន្លឹកឆ្នោត​មិន​បាន​ការ ៥៨​សំឡេង។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក រ៉ាន់ សាយលឿត បញ្ជាក់​ថា ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​រាយការណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ពេល​រាប់​សន្លឹកឆ្នោត ដូចជា​ពន្យារ​ពេល​ពីរ​ថ្ងៃ​នៃ​ការ​ផ្តល់​ទម្រង់ ១១០២ ឬ​ទម្រង់​រាប់​សន្លឹកឆ្នោត​ទៅ​ឲ្យ​ភ្នាក់ងារ​សង្កេតការណ៍​បំពេញ មាន​ការ​គូស​លុប​តួលេខ​សន្លឹកឆ្នោត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ភាព​មិន​ប្រក្រតី​នៃ​ការិយាល័យ​បោះឆ្នោត​ខ្លះ​មាន​ប្រជាពលរដ្ឋ​មក​បោះឆ្នោត​តិចតួច។ លោក​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​បាន​ទទួល​ពាក្យ​បណ្ដឹង ប៉ុន្តែ​បាន​ចារ​បញ្ជាក់​ថា បណ្ដឹង​នោះ​ហួស​អាជ្ញាយុកាល៖ «ដាក់​ចូល​ប៉ិច គេ​សរសេរ​មក​វិញ​ថា​ហួស​ពេល​ហើយ ហួស​ពេល​កំណត់»

ទាក់ទិន​ករណី​នេះ លេខា​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​រតនគិរី លោក ជួន ភិនដារ៉ា ទទួល​ស្គាល់​ថា គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត បដិសេធ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រឹមត្រូវ​តាម​នីតិវិធី។ លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ប្ដឹង​តវ៉ា​ករណី​នេះ​បាន​ទៀត​ទេ៖ «នីតិវិធី​ដែល​គាត់​ប្ដឹង បើ​យើង​ពិនិត្យ​ទៅ គ..ប វិញ វា​អស់​សិទ្ធិ​ទៅ​ហើយ ចង់​និយាយ​ថា​វា​ហួស​នីតិវិធី​ណា! អា​ហ្នឹង​ត្រឹមត្រូវ​របស់​គេ ព្រោះ​គេ​ចារ​សំខាន់​មើល​អង្គ​ហេតុ​ដែរ»

ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្ងៃ​ទី​៤ ខែ​មិថុនា រហូត​បច្ចុប្បន្ន គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មាន​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ចំនួន ៣​ករណី ក្នុង​នោះ​មួយ​ករណី​បាន​សម្របសម្រួល​សះជា​គ្នា មួយ​ករណី​ទៀត​ខុស​នីតិវិធី​មិន​ដោះស្រាយ និង​បណ្ដឹង​ចុង​ក្រោយ​ហួស​អាជ្ញាយុកាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សំណុំ​រឿង​ជនជាតិ​អូស្ត្រាលី​រង​ការ​ចោទ​ពី​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​កំពុង​ឋិត​ក្នុង​ការ​ស៊ើបសួរ

$
0
0

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​ថា សំណុំ​រឿង​ក្ដី​អ្នក​ថត​រូប​ជនជាតិ​អូស្ត្រាលី ដែល​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ។ អ្នក​ច្បាប់ និង​សង្គម​ស៊ីវិល យល់​ថា បើ​សកម្មភាព​ថត​នៅ​លើ​ដង​ផ្លូវ និង​មិន​មែន​ជា​កន្លែង​ហាមឃាត់ មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​នេះ​ឡើយ។

អ្នក​ថត​រូប​ជនជាតិ​អូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ដែល​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ក្រោយ​លោក​បាន​ថត​សកម្មភាព​ហែ​ក្បួន​នៅ​ថ្ងៃ​ឃោសនា​ធំ​ថ្ងៃ​ទី​២ ខែ​មិថុនា ក្នុង​ក្រុង​ភ្នំពេញ របស់​បក្ស​ប្រឆាំង ដោយ​ប្រើ​កាមេរ៉ា​ប្រភេទ​យន្តហោះ​ដ្រូន (Drone) កំពុង​ស្ថិត​នៅ​មន្ទីរ​ឃុំឃាំង «ម១» ឬ​ពន្ធនាគារ​ព្រៃ​ស។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ពន្យល់​ថា បទ​ចោទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ លុះត្រា​តែ​ជន​បរទេស​នោះ​ថត​សកម្មភាព​នៅ​ទីកន្លែង​ហាមឃាត់ ដូចជា​បន្ទាយ​ទាហាន ឬ​កន្លែង​សម្ងាត់​ជាតិ ដែល​ច្បាប់​បាន​ហាមឃាត់៖ «ដ្រូន (Drone) ហ្នឹង​លក់​ពាសពេញ​តែ​ផ្សារ​ហ្នឹង។ យើង​ហាម ហាម​តែ​កន្លែង​ខ្លះ​ទៅ កងទ័ព កន្លែង​អី​ហ្នឹង​ទៅ បើ​គេ​ថត ប្រជាជន​ថត ថត​តែ​ឯកជន​គេ​ទេ ទៅ​ចោទ​គេ​ម៉េច​កើត»

ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក លូ រ៉ាបូ កាល​ពី​ថ្ងៃ​ទី​៥ មិថុនា បាន​ប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (វី.អូ.ឌី) ថា ប៉ូលិស​បាន​ឃាត់​ខ្លួន​លោក ជេមស៍ រីកឃិតសាន់ (Jame Ricketson) នៅ​សួន​មាត់​ទន្លេ​មុខ​ព្រះបរមរាជវាំង ដោយសារ​ប៉ូលិស​សង្ស័យ​ថា លោក ជេមស៍ បាន​ចូល​មក​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា។

មន្ត្រី​ផ្នែក​ច្បាប់ និង​ជា​អ្នក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា ក៏​ពន្យល់​ប្រហាក់​ប្រហែល​នឹង​លោក​មេធាវី សុក សំអឿន ដែរ។ លោក យឿង សុធារ៉ា ថា​ប្រសិន​បើ​លោក ជេមស៍ រីកឃិតសាន់ ជា​អ្នក​កាសែត​ទៀត​នោះ គាត់​គួរ​តែ​បាន​សិទ្ធិ​ពិសេស​ដែល​អាច​ថត​រូប ឬ​វីដេអូ ហើយ​មាន​សិទ្ធិ​យក​ស្នាដៃ​នោះ​ទៅ​ផ្សព្វផ្សាយ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម៖ «បើ​សិន​ជា​ថត​ជា​សាធារណៈ ដូច​ឧបមា​ថា​ចរាចរណ៍​តាម​ផ្លូវ ខ្វះ​អី​មនុស្ស​ទៅ​ថត​ចរាចរណ៍​តាម​ផ្លូវ​ស្ដីពី​ការ​កក​ណែន​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ គេ​ថត​ដ្រូន (drone) ម៉ា​គំនរ។ ខ្ញុំ​គិត​ថា មិន​ជា​បញ្ហា​អី​ទេ កុំ​ឲ្យ​តែ​មាន យើង​ទៅ​ថត​កន្លែង​ដែល​គេ​ហាមឃាត់។ កន្លែង​ដែល​មាន​កន្លែង​គណបក្ស​នយោបាយ​ធ្វើ​ការ​ជួបជុំ ឬ​ក៏​ដង្ហែ​ក្បួន​ឃោសនា មិន​មែន​ជា​កន្លែង​ដែល​គេ​ហាមឃាត់​ទេ តែ​កុំ​ឲ្យ​តែ​សកម្មភាព​របស់​គាត់​ហ្នឹង​ទៅ​បំពាន​កន្លែង​ដែល​គេ​ហាមឃាត់»

អ្នក​នាំ​ពាក្យ​របស់​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​បាន​ពន្យល់​បន្ថែម​ថា​យ៉ាង​ណា​ទេ ក្រៅ​ពី​ប្រាប់​ពី​បទ​ចោទ​ថា លោក ជេមស៍ រីកឃិតសាន់ ត្រូវ​ចោទ​ពី​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ វិញ​ប្រាប់​ថា លោក​មិន​អាច​ពន្យល់​អំពី​នីតិវិធី ឬ​ប្រាប់​បាន​ពី​កន្លែង​ថត​ណា​មួយ​ដែល​លោក ជេមស៍ ត្រូវ​បាន​ចោទ​ប្រកាន់​ឡើយ។ លោក​គ្រាន់​តែ​ឲ្យ​ដឹង​ថា សំណុំ​រឿង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ។

មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ ជា​អំពើ​ទទួល ឬ​ប្រមូល​ផ្ដុំ​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សលាកបត្រ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ។ បទ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ។

លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា បើ​ចង់​ហាមឃាត់ ឬ​មាន​ចំណាត់ការ​ចំពោះ​អ្នក​បង្ហោះ​ដ្រូន​នៅ​តាម​ទី​សាធារណៈ​ទូទៅ ទាល់​តែ​មាន​ច្បាប់​ស្ដីពី​បង្ហោះ​ដ្រូន។ លោក​ថា ការ​បង្ហោះ​ដ្រូន មិន​ខុស​គ្នា​ពី​ការ​បង្ហោះ​អេឡេកូ (យន្តហោះ​បញ្ជា) នោះ​ទេ ប្រសិន​បើ​អេឡេកូ​បំពាក់​កាមេរ៉ា ក៏​អាច​ថត​បាន​ដូច​ដ្រូន​ដែរ។

កាល​ពី​ថ្ងៃ​ទី​២ មិថុនា មុន​មាន​ការ​បង្ហោះ​ដ្រូន​របស់​លោក ជេមស៍ ក្នុង​ការ​ឃោសនា​ហែ​បក្ស​របស់​បក្ស​ប្រឆាំង​នោះ គណបក្ស​កាន់​អំណាច​វិញ នៅ​ក្នុង​ពិធី​ជួបជុំ និង​ហែ​ក្បួន​ឃោសនា​ធំ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គណបក្ស​នេះ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ហោះ​ពី​លើ​ក្បួន​ដង្ហែ​ធំ​ក្នុង​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​ចោទ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ថា​លម្អៀង​ផ្នែក​នយោបាយ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ បញ្ជាក់​ថា ការ​ទាត់​ចោល​ពាក្យ​បណ្ដឹង​ស្នើសុំ​រាប់​សន្លឹកឆ្នោត​នៅ​ឃុំ​ក្លែង ឡើង​វិញ គឺ​ជា​រឿង​មិន​យល់​ពី​នីតិវិធី​បោះឆ្នោត និង​ជា​សកម្មភាព​លម្អៀង​ផ្នែក​នយោបាយ។ ការ​លើក​ឡើង​នេះ ដោយសារ​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ដែល​គណបក្ស​ប្រឆាំង​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​លទ្ធផល​ឆ្នោត​នៅ​ឃុំ​ក្លែង ត្រូវ​បាន​គណៈកម្មការ​ឃុំ និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ទាត់​ចោល ក្រោម​ហេតុផល​ថា​គ្មាន​ភាព​មិន​ប្រក្រតី​ណា​ដែល​ត្រូវ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ អះអាង​ថា មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ជា​ភាព​មិន​ប្រក្រតី​នៃ​សំឡេង​ឆ្នោត​នៅ​ឃុំ​ក្លែង ស្រុក​សណ្ដាន់។ ទី​មួយ សំឡេង​ឆ្នោត​បណ្ដោះអាសន្ន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​លើ​គណបក្ស​ប្រឆាំង គឺ​មាន​តែ​មួយ​សំឡេង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត មន្ត្រី​សង្កេតការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នៅ​ការិយាល័យ​០៦៦៦ គឺ​សន្លឹកឆ្នោត​ដែល​ប្រធាន​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​ចាត់​ទុក​ថា​មិន​បាន​ការ​ជិត ២០​សំឡេង​នោះ គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​គំនូស​នៅ​ក្នុង​ប្រអប់​ត្រឹមត្រូវ​ទៀត​ផង។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ជំនឿ ១០០​ភាគរយ​ថា ប្រសិន​បើ​មាន​ករណី​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ក្លែង គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ដឹកនាំ​ឃុំ​តែ​ម្តង។ លោក​បន្ត​ថា ខាង​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជំទាស់​នឹង​លទ្ធផល​នេះ ហើយ​ស្នើ​ឲ្យ​ពិនិត្យ​សន្លឹកឆ្នោត​ឡើង​វិញ ពិសេស​នៅ​ការិយាល័យ​០៦៦៦៖ «គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ថា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ប្រព្រឹត្ត​ផ្ទុយ​អំពី​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ទី​ពីរ អាច​បង្ហាញ​ជំហរ​ថា​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត មាន​ភាព​លម្អៀង។ លម្អៀង​ទាំង​ផ្លូវ​ច្បាប់ និង​លម្អៀង​ទាំង​គណបក្ស​នយោបាយ»

លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ឃុំ​ក្លែង ស្រុក​សណ្ដាន់ បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​ចំនួន ៨៣១​សំឡេង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​ចំនួន ៨៣២​សំឡេង ពោល​គឺ​គណបក្ស​កាន់​អំណាច​ឈ្នះ​លើ​គណបក្ស​ប្រឆាំង​តែ​មួយ​សំឡេង​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ លោក ប្រែង សាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា ខាង​មន្ត្រី​របស់​លោក​បាន​បំពេញ​ការងារ​ល្អ​ប្រសើរ ដោយ​ឈរ​នៅ​លើ​គោលការណ៍​ច្បាប់ ហើយ​មិន​បាន​បំពេញ​ការងារ​ដោយ​ភាព​លម្អៀង​នយោបាយ​នោះ​ឡើយ។ លោក​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ​មិន​យល់​ពី​នីតិវិធី​បោះឆ្នោត​ច្បាស់លាស់ ទើប​គណៈកម្មការ​ឃុំ និង​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ទាត់​ចោល​ពាក្យ​បណ្ដឹង​របស់​ពួក​គេ៖ «នីតិវិធី​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ស៊ិច ក្តី របស់​ប៉ិច ក្តី គឺ​គាត់​មិន​យល់​ច្បាស់​អំពី​បញ្ហា​ហ្នឹង​ទេ ហើយ​ការ​និយាយ​ចេះ​តែ​និយាយ​អ៊ីចឹង​បាន ប៉ុន្តែ​ការ​និយាយ​ចំពោះ​មុខ​ច្បាប់ ក៏ដូចជា​បទបញ្ជា ឬ​នីតិវិធី ប្រហែល​ជា​គាត់​មាន​កម្រិត​ទេ»

កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ធំ និង​ជា​អភិបាល​ខេត្ត​កំពង់ធំ ផង លោក សុខ លូ បាន​ចេញ​លិខិត​មួយ​ស្ដីពី​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន ដោយ​បញ្ជាក់​ថា ក្នុង​ចំណោម​ឃុំ-សង្កាត់​ចំនួន​៨១ គឺ​គណបក្ស​ខ្លួន​ឈ្នះ​ដឹកនាំ​ឃុំ-សង្កាត់​ចំនួន​៤១ ហើយ​បក្ស​ប្រឆាំង​ឈ្នះ​ចំនួន ៤០​ឃុំ-សង្កាត់។

ដ្បិតតែ​លទ្ធផល​បណ្ដោះអាសន្ន​នេះ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ឈ្នះ​ឃុំ​ចំនួន​មួយ​ក៏ដោយ ប៉ុន្តែ​សំឡេង​ឃុំ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចំនួន​អាសនៈ​មន្ត្រី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ស៊ុន ចន្ធី យល់​ថា របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ បែប​នេះ​ជា​មូលហេតុ​ជំរុញ​ឲ្យ​គណៈកម្មការ​ឃុំ និង​ខេត្ត​រៀបចំ​ការ​បោះឆ្នោត បដិសេធ​បណ្ដឹង​ជំទាស់​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន និង​ការ​ស្នើ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ក្លែង ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រឆាំង ដោយ​ខ្លាច​ខុស​លិខិត​ដែល​ប្រធាន​គណបក្ស​កាន់​អំណាច​បញ្ជាក់​រួច​ទៅ​ហើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង បាន​ស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ពិនិត្យ​ឡើង​វិញ​ចំពោះ​ភាព​មិន​ប្រក្រតី​នៅ​ឃុំ​បឹងប្រាំ ដែល​បណ្ដាល​ឲ្យ​គណបក្ស​ប្រឆាំង​ចាញ់ ប៉ុន្តែ​ក្រោយ​ពេល​ពិនិត្យ និង​រាប់​សន្លឹកឆ្នោត​នៅ​ឃុំ​នេះ​ឡើង​វិញ លទ្ធផល​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​វិញ ហើយ​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​នេះ​រិះគន់​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​បឹងប្រាំ ថា​មាន​ចេតនា​បន្លំ​សន្លឹកឆ្នោត​តែ​ម្តង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ស៊ុន ចន្ធី ថា​ក្រុម​ការងារ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បន្ត​ទៀត ហើយ​លោក​រំពឹង​ថា គ..ប នឹង​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​ឃុំ​រាំងទិល​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ពាក់ព័ន្ធ​បទល្មើស​នេសាទ

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​មេ​ឃុំ​រាំងទិល ខេត្ត​ពោធិ៍សាត់ ថា​បាន​លក់​ឧបករណ៍​នេសាទ និង​មិន​អើពើ​ចំពោះ​សកម្មភាព​បទល្មើស​នេសាទ​ប្រព្រឹត្ត​ដោយ​បក្សពួក​ខ្លួន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ មេ​ឃុំ​រាំងទិល ទទួល​ស្គាល់​ថា នៅ​ក្នុង​ឃុំ​ពិត​ជា​មាន​បទល្មើស​ខ្លះ ប៉ុន្តែ​បាន​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ដោយ​មិន​រើស​មុខ ឬ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ។

បញ្ហា​បទល្មើស​នេសាទ​តាម​បឹង​ទន្លេសាប​នៅ​តែ​បន្ត​កើត​មាន ខណៈ​អ្នក​ភូមិ​បណ្ដែត​ទឹក និង​រស់នៅ​អម​មាត់​ទន្លេ​ពឹង​ផ្អែក​ស្ទើរ​ទាំងស្រុង​លើ​មុខ​របរ​នេសាទ។ សកម្មជន​គណបក្ស​ប្រឆាំង រិះគន់​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​គាប​សង្កត់​អ្នក​នយោបាយ​ប្រឆាំង តាម​រយៈ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ ដក​ហូត​ផ្ទាំង​សូឡា ហើយ​ខំ​ជួយ​បិទ​បាំង​ទង្វើ​ល្មើស​ច្បាប់​របស់​អ្នក​គាំទ្រ​គណបក្ស​ខ្លួន។

បេក្ខនារី​លេខ​រៀង​ទី​១ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ឈ្មោះ​នៅ​ឃុំ​រាំងទិល គឺ​អ្នកស្រី ប៉ាន់ ឆៃឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា បទល្មើស​ដាក់​ច្បរ ឬ​របាំង​ស្បៃ​មុង​ក្រឡា​ល្អិត​ប្រវែង​វែង កំពុង​កើត​មាន​ស្អេកស្កះ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិ​ទាំង​៥ នៃ​ឃុំ​រាំងទិល។ ដោយ​មាន​ការ​គាប​សង្កត់​រូប​គាត់ និង​អ្នក​ភូមិ​ដែល​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពេក ទើប​ពួក​គាត់​ឈប់​ដាក់​ច្បរ​ទាំងស្រុង៖ «ខែ​នេះ​ជា​រដូវ​បិទ​នេសាទ ប៉ុន្តែ​បើ​វា​ធ្វើ​ទូទៅ យើង​អត់​ខឹង​ទេ តែ​ធ្វើ​តែ​បុគ្គល​ណា​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​សង្គ្រោះ​ជាតិ។ គិត​ទៅ​អ្នក​ទន្លេសាប​ក្នុង​ឃុំ​រាំងទិល យើង​នេះ មាន​បទល្មើស​ធំ​ជាង​គេ តែ​គ្រាន់​ថា​មន្ត្រី​មួយ​ចំនួន​ឃុបឃិត​ជាមួយ​បទល្មើស​នេសាទ​ហ្នឹង គាត់​ស៊ី​លុយ​ហើយ​ពីណា​មក​ពី​ក្រៅ​ចាប់​ផ្ដើម​នាំ​គ្នា​លាក់លៀម​ទៅ​កុំ​ឲ្យ​អ្នក​មក​ពី​ក្រៅ​ដឹង»

អ្នកស្រី​បញ្ជាក់​ថា ចាប់​ថ្ងៃ​តាំង​មុន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ក្រុម​គាត់​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង រង​ការ​គំរាម​កំហែង និង​កាប់​ឧបករណ៍​នេសាទ​រហូត។

ឆ្លើយតប​បញ្ហា​នេះ បេក្ខភាព​មេ​ឃុំ​រាំងទិល មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សំឡេង​គាំទ្រ​លើសលប់​នៅ​ក្នុង​ឃុំ គឺ​លោក គឹម សំអ៊ែល ទទួល​ស្គាល់​ថា បទល្មើស​ដាក់​លូ​ស្បៃ​មុង​ពិត​ជា​មាន​នៅ​តាម​គុម្ពោត​ព្រៃ​ក្នុង​ទឹក នៃ​ឃុំ​របស់​លោក ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​បង្ក្រាប​ជា​ប្រចាំ។ លោក​មិន​ដែល​យក​ប្រៀប​នយោបាយ ឬ​កេង​ចំណេញ​នយោបាយ​ពី​ពលរដ្ឋ​តាម​រយៈ​មុខ​របរ​នេសាទ​នេះ​ទេ៖ «ខ្ញុំ​ចង់​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ អត់​ជាប់​បាន​មួយ​កៅអី​ណា​ទេ នៅ​ក្នុង​ឃុំ​រាំងទិល ហើយ​គេ​កំពុង​បំផ្លាញ​បទល្មើស​ជលផល​តាម​ភូមិ​ក្នុង​ឃុំ​រាំងទិល ដែល​ពលរដ្ឋ​ហ្នឹង​ជា​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន។ ពុំ​មាន​លក់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទេ ការ​ពិត​ប្រពន្ធ​ខ្ញុំ​លក់​ឧបករណ៍​នេសាទ​បង​រាយ»

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អេង ឈុនហាន ថ្លែង​ថា បើ​មេ​ឃុំ​ជា​អ្នក​លក់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​មិន​ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ដូច​ការ​ចោទ​របស់​សកម្មជន​បក្ស​ប្រឆាំង នឹង​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ហិនហោច។ លោក​យល់​ថា បើ​មេ​ឃុំ​ប្រកាន់​បក្សពួក​មែន គឺ​បង្ហាញ​ថា​ការ​បង្ក្រាប​បទល្មើស​នេសាទ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ៖ «ជា​ការ​ពិបាក​ណាស់​ក្នុង​ការ​អនុវត្ត​ច្បាប់។ ទី​១ ដោយសារ​គាត់​ជា​មេ​ជួយ​ផ្ដល់​មធ្យោបាយ​ផ្សេងៗ ហើយ​បើ​សិន​ជា​មាន​សមត្ថកិច្ច​ដែល​ចុះ​ទៅ​បង្ក្រាប គាត់​ជា​អ្នក​ឲ្យ​ព័ត៌មាន​មុន​ហើយ។ អ៊ីចឹង​វា​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​រក​មុខ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​អត់​ឃើញ»

មាត្រា​១០២ នៃ​ច្បាប់​ជលផល ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី នគរបាល កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ដល់​ការ​ធ្វើ​អាជីវកម្ម​ជលផល ឬ​គំរាម​កំហែង​មន្ត្រី​ជលផល ត្រូវ​ចាត់​ទុក​ជា​បទល្មើស ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​ដល់ ៥០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ​ថា​ត្រូវ​គេ​កាត់​ប្រាក់​បេសកកម្ម

$
0
0

មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ឬ គ..ប និង គ..រ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អះអាង​ថា ពួក​គាត់​ត្រូវ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ឬ គឃ.សប កាត់​ប្រាក់​បេសកកម្ម។ ក៏ប៉ុន្តែ​ប្រធាន គឃ.សប បាន​បដិសេធ​ថា មិន​បាន​កាត់​លុយ​ឧបត្ថម្ភ​នេះ​ទេ ហើយ​ថ្នាក់​លើ​បញ្ជាក់​ថា​មិន​ទាន់​ដឹង​ពី​ករណី​នេះ​ដែរ។

ប្រាក់​ឧបត្ថម្ភ​ដែល​មន្ត្រី​ទាំងនេះ​ត្រូវ​ទទួល​បាន​បន្ទាប់​ពី​បញ្ចប់​ការ​បំពេញ​ការងារ គឺ​ប្រធាន​ទទួល​បាន​ចំនួន ២២០.០០០​រៀល អនុប្រធាន​ចំនួន ២០០.០០០​រៀល លេខាធិការ​ចំនួន ១៨០.០០០​រៀល និង​សមាជិក​ទី​១ ទី​២ និង​ទី​៣ ចំនួន ១៦០.០០០​រៀល។

មន្ត្រី​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ការងារ​របស់​លោក ឈឹម ធី ដែល​ជា​ប្រធាន គឃ.សប សុំ​កាត់​ប្រាក់​បេសកកម្ម​ពី​មន្ត្រី​បោះឆ្នោត ពី​ប្រធាន គ..ប និង​គ..រ ម្នាក់​ចំនួន ១៥.០០០​រៀល និង​សមាជិក​មន្ត្រី​ផ្សេង​ទៀត​ចាប់​ពី​អនុប្រធាន ដល់​សមាជិក​ទី​៣ ម្នាក់ៗ​ចំនួន ១២.០០០​រៀល​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

ក៏ប៉ុន្តែ​លោក ឈឹម ធី បដិសេធ​ថា ក្រុម​ការងារ​លោក​មិន​មែន​ជា​អ្នក​កាត់​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​បោះឆ្នោត​ទេ ហើយ​លោក​ថា​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ឬ គធ.ខប ជា​អ្នក​កាត់​ប្រាក់​ឧបត្ថម្ភ​នេះ។

ប្រធាន គធ.ខប ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន អះអាង​ថា លោក​មិន​បាន​ដឹង​ពី​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​ឡើយ ហើយ​លោក​ចុះ​ស៊ើប​អង្កេត​អំពី​ករណី​នេះ៖ «អ្នក​ណា​ថា? ខ្ញុំ​ចុះ​ទៅ​ឥឡូវ​ហើយ។ ខ្ញុំ​អីណា​អ្នក​កាត់! អត់​អី​ទេ។ អរគុណ​ហើយ​ដែល​បាន​ប្រាប់​ព័ត៌មាន។ ខ្ញុំ​ចុះ​ទៅ​ឥឡូវ​ហើយ»

លោក​បន្ត​ថា លោក​បាន​ចាត់​ប្រធាន​លេខាធិការដ្ឋាន លោក ទូច សុខា ដើម្បី​ពិនិត្យ​តាមដាន​រឿង​នេះ។

លោក ទូច សុខា មិន​លើក​ទូរស័ព្ទ​ពេល​អាស៊ីសេរី ទាក់ទង​ជាច្រើន​លើក​ច្រើនសា ដើម្បី​សុំ​ការ​ពន្យល់​អំពី​រឿ​ង​នេះ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​ទទួល​ខុស​ត្រូវ​ខេត្ត​ត្បូងឃ្មុំ នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​របស់ គ..ប លោក ជាង ពង្ស ក៏​មិន​ទាន់​ដឹង​ពី​ករណី​ការ​កាត់​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​បោះឆ្នោត​នេះ​ដែរ៖ «ខ្ញុំ​នឹង​ចុះ​ស៊ើប​អង្កេត​រឿង​ហ្នឹង»

ប្រធាន គធ.ខប ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន បញ្ជាក់​ថា ប្រសិន​បើ គធ.ខប រក​ឃើញ​ថា មាន​មន្ត្រី​កាត់​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​បោះឆ្នោត​មែន​នោះ គឺ​ត្រូវ​បញ្ឈប់​លែង​ឲ្យ​ធ្វើ​ការ និង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ការ​កំណត់​របស់ គ..ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍៖ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​និរន្តរភាព​ត្រូវ​ការ​នីតិរដ្ឋ​ដែល​រឹងមាំ

$
0
0

មន្ត្រី​ជាន់​ខ្ពស់​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ថា ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​លូតលាស់​សេដ្ឋកិច្ច រដ្ឋាភិបាល និង​អ្នក​ធ្វើ​គោល​នយោបាយ ត្រូវ​ពង្រឹង​គុណភាព​អប់រំ​របស់​ពលរដ្ឋ​ខ្លួន ហើយ​ថា​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដោយ​និរន្តរភាព ចាំបាច់​ត្រូវ​មាន​នីតិរដ្ឋ​ដែល​រឹងមាំ។ មន្ត្រី​រូប​នេះ​ក៏​នឹង​ជជែក​ពី​អនាគត​អាស៊ាន​ក្នុង​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​ទៀត។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​លោក សាន សែល ជាមួយ​នឹង​លោក លោក ចាស្ទីន វ៉ូត (Justin Wood) ប្រធាន​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក និង​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដូច​ត​ទៅ៖

ចុច​អាន ឬ​ស្ដាប់បទសម្ភាសន៍​ស្ដីពី​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យុវជន​ត្រៀម​ខ្លួន​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រសួង​ប្រកាស​ឲ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ផលិតផល​ប្រេង​ខ្យង​អយស្ទ័រ​មាន​ជាតិ​គីមី

$
0
0

អគ្គនាយកដ្ឋាន​ត្រួត​ពិនិត្យ​ទំនិញ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល និង​លក់​ដូរ​ទំនិញ​ហាមឃាត់។ ក្នុង​នោះ​រួម​ទាំង​ការ​ចុះ​ពិនិត្យ​អង្កេត​នៅ​លើ​ទីផ្សារ ចំពោះ​ផលិតផល​ម្ហូប​អាហារ គ្រឿងផ្សំ​រស ឬ​ប្រេងខ្យង​ប្រភេទ​អយស្ទ័រ (Oyster Sauce) ដែល​នាយកដ្ឋាន​បច្ចេកទេស​ត្រួត​ពិនិត្យ​ចំណី​អាហារ​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ​ដើម្បី​ទុក​ប្រើប្រាស់​បាន​រយៈពេល​វែង។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​ទៅ​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​រាជធានី-ខេត្ត​ទាំង​២៥ នៅ​ទូទាំង​ប្រទេស ពី​ការ​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​មួយ​ប្រភេទ​នៅ​ក្នុង​គំរូ​ផលិតផល​គ្រឿងផ្សំ​រស (ប្រេង​ខ្យង)

ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ម៉ក ពេជ្ជរិទ្ធ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា សារធាតុ​គីមី​នោះ​មាន​ឈ្មោះ​បច្ចេកទេស​ថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate) គឺ​ជា​សារធាតុ​គីមី​បន្ថែម​សម្រាប់​ដាក់​ក្នុង​ផលិតផល​ម្ហូប​អាហារ ដែល​មាន​មុខងារ​ជួយ​ថែរក្សា​ផលិតផល​ម្ហូប​អាហារ​នានា​ឲ្យ​មាន​អាយុកាល​វែង (Preservative) ដែល​គេ​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ។

ករណី​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំ​ដល់​គ្រប់​សាខា​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចុះ​អនុវត្ត​វិធានការ​រាំង​ខ្ទប់​មិន​ឲ្យ​នាំ​ចូល​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​ដែល​មាន​សារធាតុ​ហាមឃាត់​នេះ​ជា​បន្ទាន់។ លើស​ពី​នេះ ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​ដែល​នាំ​ចូល​ផលិតផល​ទាំងនេះ ចុះ​ត្រួត​ពិនិត្យ​អាជីវករ​លក់​ដុំ និង​លក់​រាយ​នៅ​តាម​ទីផ្សារ​នានា ដោយ​ហាម​មិន​ឲ្យ​នាំ​ចូល មិន​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ និង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ​តូច ឬ​ផ្សារ​ទំនើប​ទាំងអស់ ដើម្បី​សម្របសម្រួល និង​មាន​វិធានការ​តាម​នីតិវិធី ប្រសិន​បើ​មាន​ការ​ដាក់​តាំង​លក់​ផលិតផល​ប្រភេទ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នេះ។

ឆ្លើយតប​បញ្ហា​នេះ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច ផ្តល់​សម្ភាស​ថា នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ ទប់ស្កាត់​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ផលិតផល​គ្រឿងផ្សំ​ប្រភេទ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា ការ​ត្រួត​ពិនិត្យ​នេះ នឹង​ត្រូវ​ចុះ​អនុវត្ត​ទាំង​នៅ​តាម​ច្រក​កំពង់ផែ តាម​ទីផ្សារ​តូច​ធំ និង​ផ្សារ​ទំនើប​ជាដើម នា​មូលដ្ឋាន​នេះ​នា​សប្ដាហ៍​ខាង​មុខ៖ «សារធាតុ​គីមី​ដែល​គេ​ដាក់​ទៅ​លើ​ចំណី​អាហារ​ដើម្បី​រក្សា​ទុក​បាន​យូរ​ថ្ងៃ ឬ​ស្រស់​នេះ បើ​សិន​ជា​គេ​ដាក់​ច្រើន​ទៅ​លើ​មុខ​ម្ហូប នឹង​អាច​បណ្ដាល​ឲ្យ​មនុស្ស ឬ​អ្នក​ទទួល​ទាន​អាច​ស្លាប់​បាន»

លោក ជា ប៉ិច ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​លក់​ដូរ​ទំនិញ ឬ​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​មក​កាន់​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បើ​ពួក​គេ​សង្ស័យ​ទីតាំង​ណា​មួយ​មាន​ដាក់​តាំង​លក់​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​ត្រូវ​ហាមឃាត់​នេះ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល៖ «សូម​បង​ប្អូន​ទាក់ទង​មក​ស្ថាប័ន​យើង​ខ្ញុំ បើ​សង្ស័យ​ចំណី​អាហារ​មាន​ផ្ទុក​សារធាតុ​គីមី ឬ​ហួស​គុណភាព​ប្រើប្រាស់​ជាដើម មក​កាន់​មន្ត្រី​ជំនាញ​ឲ្យ​បាន​ឆាប់ ដើម្បី​ចុះ​ពិនិត្យ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល ជៀសវាង​បង​ប្អូន​ថត​បង្ហោះ​តាម​ហ្វេសប៊ុក នាំ​ឲ្យ​កើត​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម»

ផ្ដើម​ពី​បញ្ហា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ និង​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​ត្រូវ​ហាមឃាត់​ពេល​នេះ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ​ឲ្យ​បាន​ទាំងអស់​គ្នា។ ជាង​នេះ ក៏​ស្នើ​ឲ្យ​ជួយ​ផ្តល់​ព័ត៌មាន​មក​កាន់​សាខា​កាំកុងត្រូល​ទាំង ២៥​រាជធានី-ខេត្ត ឲ្យ​បាន​ទាន់​ពេល បើ​សង្ស័យ​ទីតាំង​ណា​មួយ​មាន​ដាក់​តាំង​លក់​ផលិតផល​គ្រឿងផ្សំ​ប្រភេទ​ប្រេង​ខ្យង​អយស្ទ័រ​នៅ​លើ​ទីផ្សារ​ណា​មួយ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ប្រកាស​លេខ​ទូរស័ព្ទ​មន្ត្រី​សាខា​កាំកុងត្រូល​ទាំង ២៥​រាជធានី-ខេត្ត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ជួយ​ផ្តល់​ព័ត៌មាន​មក​កាន់​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ ដោយ​ក្នុង​នោះ​រួម​មាន៖

  • សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ មាន​លេខ ០១២ ២៣៣ ៣៦២ និង​០១២ ៨៥០ ១០៥

  • កាំកុងត្រូល​ខេត្ត​កណ្ដាល មាន​លេខ ០១៧ ៧៧៨ ៧៨៤ និង ០១៦ ៦៩៥ ៥៧៧

  • សាខា​កាំកុងត្រូល​ខេត្ត​កោះកុង មាន​លេខ ០១២ ៨៩៦ ៣៣៦ និង ០១២ ៨៤៨ ៨២៥

  • និង​សាខា​កាំកុងត្រូល​ខេត្ត​កំពត និង​កែប មាន​លេខ ០៧៧ ៦៦៣ ៩៦៦ និង ០៧៧ ៥២៥ ២៥៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង​បដិសេធ​មិន​ដោះស្រាយ​បណ្ដឹង​បក្ស​ប្រឆាំង

$
0
0

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង (..) បដិសេធ​មិន​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នោះ ថា​ពុំ​មាន​ភស្តុតាង​ច្បាស់លាស់ និង​ផ្ទុយ​ពី​គោលការណ៍​របស់ គ..ប កំណត់។ ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ច្រាន​ចោល​បណ្ដឹង​នេះ ថា​ជា​ការ​គេចវេះ​យក​រួច​ខ្លួន។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ពាក្យ​បណ្ដឹង​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង ថា​ផ្ទុយ​ពី​ការ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​ចែង​ថា ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​បាន លុះត្រា​តែ​គណបក្ស​នយោបាយ​មាន​សំឡេង​ឆ្នោត​ខុស​គ្នា ០,%។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ-សង្កាត់​ចំនួន​៤ គឺ​ឃុំ​ស្រែឫស្សី ឃុំ​អន្លង់ភេ ឃុំ​ស្ដៅ និង​សង្កាត់​សាមគ្គី។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មិថុនា ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ បាន​ប្រជុំ​សម្រេច​កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ដោយ​សម្រេច​ថា ការ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​រក​ឃើញ​ថា ពាក្យ​បណ្ដឹង​នោះ គឺ​ប្ដឹង​រំលង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឬ​ផ្លោះ​សិទ្ធិ ដោយ​ពុំ​មាន​សាក្សី និង​ភស្តុតាង​ច្បាស់លាស់។ លោក​បញ្ជាក់​ថា ដើម​បណ្ដឹង​អាច​ដាក់​ពាក្យ​ប្ដឹង​បន្ត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ឲ្យ​លើស​ថ្ងៃ​ទី​១៥ មិថុនា«បណ្ដឹង​របស់​គាត់​ដោយសារ​យើង​បាន​ពិចារណា​អង្គ​ហេតុ​អង្គ​ច្បាប់​ទៅ វា​អត់​មាន​បង្ហាញ​សាក្សី ឬ​ភស្តុតាង​ច្បាស់លាស់»

លទ្ធផល​បណ្ដោះអាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​បិទ​ផ្សាយ​តាម​ឃុំ-សង្កាត់​នៅ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា នៅ​សង្កាត់​សាមគ្គី គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ ១.៨៦៨​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៨៧៩​សំឡេង គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន ២៥៩​សំឡេង និង​មាន​សន្លឹកឆ្នោត​មិន​បាន​ការ ១១០​សំឡេង។ ឃុំ​ស្រែឫស្សី គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៩២៨​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣៤៧​សំឡេង និង​មាន​សន្លឹកឆ្នោត​មិន​បាន​ការ ៦៨​សំឡេង។ ឃុំ​អន្លង់ភេ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១.០៥១​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥១៦​សំឡេង និង​មាន​សន្លឹកឆ្នោត​មិន​បាន​ការ ៧២​សំឡេង។ រីឯ​ឃុំ​ស្ដៅ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧០៥​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣៤៦​សំឡេង មាន​សន្លឹកឆ្នោត​មិន​បាន​ការ ៧៩​សំឡេង។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក សាត ស៊ិន បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ មិថុនា ថា ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ថ្ងៃ​រាប់​សន្លឹកឆ្នោត ហើយ​ការិយាល័យ​ខ្លះ​រាប់​សន្លឹកឆ្នោត​លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​សន្លឹកឆ្នោត​ដែល​គូស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គេ​បដិសេធ​មិន​ទទួល​យក ក៏ប៉ុន្តែ​បើ​គូស​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​វិញ បែរ​ជា​ទទួល​យក បើ​ទោះ​បី​ជា​ការ​គូស​នោះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ក្តី។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្ដឹង​បន្ត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត«ចឹង​ដល់​ពេល​គ្នា​គេ តំណាង​គណបក្ស​ផង តំណាង​គណៈកម្មការ​ផង បី​ទៅ​បួន​នាក់ គ្រាន់​តែ​យើង​ជជែក​មួយ​ម៉ាត់​គេ​មក ១០​ម៉ាត់​ចឹង គ្នា​មាន​លទ្ធភាព​ណា។ ចឹង​បាន​គ្នា​មិន​អាច​ទាមទារ​អ្វី​ដែល​សុក្រឹតភាព​បាន ចឹង​គាត់​បាន​ប្រាប់​ព័ត៌មាន​ឲ្យ​ប្ដឹង​សើរើ​រាប់​ឡើង​វិញ»

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា យល់​ថា តំណាង​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ ផ្អែក​តាម​ច្បាប់​ដែល គ..ប កំណត់ ដោយ​មិន​ហួស​អាជ្ញាយុកាល ហើយ​ពាក្យ​ប្ដឹង​នោះ ត្រូវ​មាន​ភស្តុតាង​ជាក់លាក់។ លោក​គិត​ថា ចំនួន​សន្លឹកឆ្នោត​ខូច​ច្រើន គឺ​ជា​ភស្តុតាង​មួយ​អាច​ជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ បើក​កញ្ចប់ "" ឬ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ«PEC (គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត) គាត់​មាន​ឆន្ទានុសិទ្ធិ​ដោះស្រាយ​បណ្ដឹង ដោះស្រាយ​បណ្ដឹង ឬ​ក៏​បដិសេធ​បណ្ដឹង ប៉ុន្តែ​ឆន្ទានុសិទ្ធិ​របស់​គាត់​ត្រូវ​ឋិត​ក្នុង​លក្ខខណ្ឌ​នៃ​ច្បាប់ ហើយ​ការ​កំណត់​សន្លឹកឆ្នោត​មិន​បាន​ការ ឬ​បាន​ការ​ទៀតសោត មិន​មែន​ចេះ​តែ​កំណត់​តែ​ចិត្ត​ឯង​ទេ គឺ​មាន​ចែង​ក្នុង​ច្បាប់ គឺ​គំនូស​បែប​ណា​ជា​សន្លឹកឆ្នោត​បាន​ការ និង​មិន​បាន​ការ គឺ​មាន​រង្វាស់​ដែល​កំណត់​ដោយ គ..ប ទាំងអស់»

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ខែត្រ​ស្ទឹងត្រែង បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១៣២​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣៩​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន ៥​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ១៧៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​រហាល​បារម្ភ​គ្មាន​ជម្រក​ក្រោយ​ពី​អាជ្ញាធរ​ប្រកាស​ឲ្យ​រើ​សំណង់​ថ្មី​ក្នុង​តំបន់​អង្គរ

$
0
0

អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី​៩ មិថុនា ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​រុះរើ​សំណង់​ដែល​ទើប​តែ​សង់​ថ្មីៗ​នៅ​ជិត​តំបន់​អង្គរ ចេញ​ជា​កំហិត​ក្នុង​រយៈពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​តទៅ។

ការ​ដាក់​កំហិត​ឲ្យ​រុះរើ​សំណង់​ថ្មី​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ រួច​រាល់​រយៈពេល ៦​ថ្ងៃ​មក។

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប មិន​សប្បាយ​ចិត្ត​ចំពោះ​អាជ្ញាធរ​អប្សរា ដែល​ចេញ​ប្រកាស​តម្រូវ​ឲ្យ​ពួក​គេ​រុះរើ​សំណង់​ថ្មី​ទើប​តែ​ធ្វើ​នៅ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ចេញ​វិញ​ទាំងអស់​នោះ។

ក្រុម​អ្នក​ភូមិ​និយាយ​ថា ការ​បង្ខំ​ឲ្យ​រុះរើ​សំណង់​ថ្មី​ចេញ​វិញ គឺ​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ទី​ជម្រក​សមរម្យ ព្រម​ទាំង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ និង​ឯកជន​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

អ្នក​ភូមិ​រហាល ម្នាក់​ក្នុង​ចំណោម​អ្នក​សង់​សំណង់​ថ្មី​ជាច្រើន​ទៀត គឺ​លោកស្រី ម៉ាន វណ្ណា។ លោកស្រី​មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ពេល​ដែល​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា មក គឺ​លោកស្រី​បាន​សុំ​អាជ្ញាធរ​ភូមិ និង​សង្កាត់ ជួសជុល​ផ្ទះ​ចាស់។ ក្នុង​ពេល​នោះ អាជ្ញាធរ​ភូមិ សង្កាត់ រួម​ទាំង​អាជ្ញាធរ​អប្សរា​ផង មិន​ឃើញ​មក​ជំទាស់​ទេ ស្រាប់​តែ​ក្រោយ​ពេល​បោះឆ្នោត​រួច ក៏​ចេញ​ប្រកាស​ឲ្យ​រុះរើ​វិញ។

លោកស្រី ម៉ាន វណ្ណា បញ្ជាក់​ថា អាជ្ញាធរ​អប្សរា​បាន​ចេញ​ប្រកាស​ដោយ​ដាក់​កំហិត​ឲ្យ​រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​ទៀត រើរុះ​សំណង់​ថ្មី​ឲ្យ​អស់​ក្នុង​រយៈពេល ៧​ថ្ងៃ ប៉ុន្តែ​គាត់​មិន​សម្រេច​ចិត្ត​ធ្វើ​តាម​ប្រកាស​នោះ​ទេ ពីព្រោះ​តែ​គាត់​ខ្ចី​លុយ​គេ​ជាច្រើន​ពាន់​ដុល្លារ​មក​ធ្វើ​សំណង់​នោះ៖ «ពេល​ដែល​បោះឆ្នោត ខ្ញុំ​សុំ​ច្បាប់​ទៅ​ភូមិ ឃុំ គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួសជុល ពីព្រោះ​ខ្ញុំ​មាន​ផ្ទះ​ចាស់ ហើយ​ពួក​ខ្ញុំ​ចងការ​លុយ​គេ​យក​មក​ធ្វើ។ ដល់​ពេល​ពួក​ខ្ញុំ​ធ្វើ​រួច មក​ឲ្យ​បំផ្លាញ​វិញ តើ​អាជ្ញាធរ​គិត​យ៉ាង​ម៉េច

អ្នក​ភូមិ​រហាល ម្នាក់​ទៀត លោកស្រី សេក គឹមសាន មាន​ប្រសាសន៍​ថា រូប​គាត់​ក៏ដូចជា​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​គ្មាន​ដី​ស្រែ​ចម្ការ​ដើម្បី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​ទេ គឺ​ទីពឹង​លើ​ការ​លក់​ដូរ​បន្តិចបន្តួច។ ការ​សាងសង់​សំណង់​ថ្មី​នេះ សង្ឃឹម​ថា​នឹង​បាន​កន្លែង​លក់​ដូរ ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​អប្សរា​បង្ខំ​ឲ្យ​រុះរើ​វិញ តើ​បាន​កន្លែង​ឯណា​ប្រកប​របរ​ចិញ្ចឹម​ជីវិត?«សូម​សំណូមពរ​ដល់​អស់​លោក​ដែល​នៅ​ខាង​លើ បើ​ដឹង​ឮ​អំពី​ផលវិបាក​របស់​ប្រជាពលរដ្ឋ​ហើយ គឺ​សុំ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​រហាល សង្កាត់​នគរធំ នេះ​ផង»

អ្នក​ភូមិ​រហាល ម្នាក់​ទៀត លោកស្រី ធឿន លីដា បាន​យក​ក្រដាស​ពណ៌​ស្លា​ទុំ​មួយ​សន្លឹក​មក​បង្ហាញ​ថា នៅ​មុន​ពេល​បោះឆ្នោត គាត់​បាន​សុំ​ច្បាប់​អាជ្ញាធរ​ភូមិ សង្កាត់ ដើម្បី​សាងសង់​សំណង់​ថ្មី ប៉ុន្តែ​ក្រោយ​ពី​បោះឆ្នោត​ហើយ បែរ​ជា​អាជ្ញាធរ​អប្សរា​មក​ប្រកាស​ឲ្យ​រុះរើ​ទៅ​វិញ តើ​ឲ្យ​គាត់​ធ្វើ​យ៉ាង​ណា​បើ​គាត់​ទៅ​ខ្ចី​លុយ​គេ​ជិត ១​ម៉ឺន​ដុល្លារ​អាមេរិក​មក​ធ្វើ​សំណង់​នេះ?«តំបន់​នេះ​ឲ្យ​ពេល​បោះឆ្នោត អត់​មាន​ឃាត់​ការ​សាងសង់​ទេ ឲ្យ​ធ្វើ​គ្រប់​តែ​គ្នា។ ដល់​ក្រោយ​ពេល​បោះឆ្នោត ឲ្យ​រើ​វិញ មាន​អារម្មណ៍​ថា​ស្ដាយ​ផង ភ័យ​ផង ពីព្រោះ​ខ្ចី​លុយ​គេ​មក​ធ្វើ»

ប្រភព​ពី​អ្នក​ភូមិ​រហាល ឲ្យ​ដឹង​ថា ក្នុង​រដូវ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គឺ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​នៅ​ភូមិ​នេះ បាន​នាំ​គ្នា​សង់​សំណង់​ថ្មី ដោយ​អ្នក​ខ្លះ​ទៅ​ចងការ​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ និង​ខ្លះ​ទៀត​ទៅ​ខ្ចី​លុយ​ឯកជន ហើយ​ម្ចាស់​លុយ​បាន​ដំឡើង​ការប្រាក់​ថ្លៃ​ពី ១៥ ទៅ ២០​ដុល្លារ​ក្នុង ១​ខែ ក្នុង​ទឹកប្រាក់​កម្ចី ១០០​ដុល្លារ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ភូមិ​រហាល លោក ភៀង ពៅ និង​ចៅ​សង្កាត់​នគរធំ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ប្រតិកម្ម​របស់​អ្នក​ភូមិ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​ចេញ​ប្រកាស​មួយ​ចែក​ជូន​ទៅ​ពលរដ្ឋ​ជា​ម្ចាស់​សំណង់ ដោយ​ឲ្យ​រុះរើ​សំណង់​ថ្មីៗ​ទាំងនោះ​ចេញ​ពី​តំបន់​ហាមឃាត់​វិញ​ក្នុង​រយៈពេល ៧​ថ្ងៃ​ជា​កំហិត។ អាជ្ញាធរ​អប្សរា បាន​ចាត់​ទុក​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គឺ​ជា​សំណង់​ខុស​ច្បាប់។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ការ​សង់​សំណង់​ទាំងឡាយ​នៅ​ក្នុង​តំបន់​ការពារ​របស់​អាជ្ញាធរ​អប្សរា គឺ​ចាំបាច់​ត្រូវ​សុំ​ច្បាប់​មក​អាជ្ញាធរ​អប្សរា​ជា​មុន ដើម្បី​ឲ្យ​អ្នក​ជំនាញ​ទៅ​ពិនិត្យ​មើល​ថា តើ​សង់​បាន ឬ​ក៏​មិន​បាន? លោក ឡុង កុសល បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល ២​សប្ដាហ៍​នៃ​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្រុក​សាងសង់​សំណង់​ថ្មី និង​ចាក់​ដី​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​យ៉ាង​ខ្លាំង​ដូចជា​បុណ្យ​កឋិន។ សកម្មភាព​សាងសង់​សំណង់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នេះ មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​នោះ​ទេ សូម្បី​តែ​អ្នក​ខ្លះ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ហើយ​មាន​ដី​នៅ​ក្នុង​តំបន់​អប្សរា ក៏​មក​សាងសង់​ដែរ៖ «ខាង​ជើង​ប្រាសាទ​បន្ទាយក្ដី មាន​ការ​សង់​សំណង់​ថ្មីៗ​ចម្ងាយ​ប្រហែល​តែ ៥០​ម៉ែត្រ​ពី​កំពែង​ប្រាសាទ​បុរាណ​ទេ ដូច្នេះ​សំណង់​នេះ​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ»

មន្ត្រី​អាជ្ញាធរ​អប្សរា អះអាង​ថា ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ ដោយសារ​តែ​អាជ្ញាធរ​អប្សរា​មាន​កម្លាំង​មិន​គ្រប់គ្រាន់​ចុះ​ទប់ស្កាត់​សំណង់​ថ្មីៗ ទើប​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នាំ​គ្នា​សាងសង់​បាន ប៉ុន្តែ​អាជ្ញាធរ​អប្សរា​នៅ​តែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ឲ្យ​ម្ចាស់​សំណង់​ទាំងឡាយ​រុះរើ​ចេញ​វិញ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ចុះ​ទៅ​រុះរើ​ដោយ​គ្មាន​គោល​នយោបាយ​ចេញ​សង​ការ​ខូចខាត​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​បក្ស​ប្រឆាំង​ប្រាប់​មន្ត្រី​ជាប់​ឆ្នោត​សហការ​ជាមួយ​មន្ត្រី​បក្ស​កាន់​អំណាច​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន

$
0
0

ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​អនាគត​មេ​ឃុំ-ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​របស់​ខ្លួន ឲ្យ​សហការ​ជាមួយ​មន្ត្រី​ឃុំ-សង្កាត់​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​ការ​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន។ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ថ្លែង​បែប​នេះ នៅ​ក្នុង “វេទិកា​ថ្លែង​អំណរ​គុណ​ម្ចាស់​ឆ្នោត” នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ បង្ហាញ​ពី​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​គណបក្ស​ប្រឆាំង ដែល​បាន​កើន​ឡើង​សំឡេង​គាំទ្រ​ពី​ប្រមាណ ៣០​ភាគរយ​កាល​ពី​ឆ្នាំ​២០១២ ទៅ ៤៥​ភាគរយ​នៅ​ឆ្នាំ​២០១៧។

លោក​បាន​ផ្ដាំ​ទៅ​មន្ត្រី​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ត្រូវ​បោះ​ដៃ​ទៅ​រក​មន្ត្រី​ឃុំ-សង្កាត់​នៃ​គណបក្ស​កាន់​អំណាច​មុន ដើម្បី​សហការ និង​ធ្វើ​ការ​រួម​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រកាន់​បក្ខពួក​ឡើយ។ លោក កឹម សុខា ក៏​បាន​ផ្ដាំ​ទៅ​មន្ត្រី​ឃុំ-សង្កាត់​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ​ដែល​គណបក្ស​បាន​ដាក់​ចេញ៖ «»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា នេះ​ជា​គំនិត​ល្អ ហើយ​បើ​សិន​ជា​អនុវត្ត​បាន​មែន​នោះ វា​នឹង​មិន​ធ្វើ​ឲ្យ​មាន​បញ្ហា​អ្វី​ស្មុគស្មាញ​ក្នុង​សង្គម​ដូច​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​ទាន់​ជឿជាក់​ទាំងស្រុង​លើ​ការ​ប្រកាស​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នោះ​ទេ ដោយ​រង់ចាំ​មើល​ការ​អនុវត្ត​ជា​មុន​សិន៖ «»

ទន្ទឹម​នឹង​នេះ លោក សុខ ឥសាន បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កែលំអ​ចំណុច​ខ្វះខាត​របស់​ខ្លួន ព្រម​ទាំង​ខិតខំ​បំពេញ​តាម​តម្រូវការ​របស់​ពលរដ្ឋ ដើម្បី​ដណ្ដើម​ជ័យជម្នះ​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា​ខ្លួន​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៥១​ភាគរយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​ខ្លួន​ទទួល​បាន​សំឡេង​គាំទ្រ ៤៦​ភាគរយ។ ចំណែក​ឯ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​វិញ វាយ​តម្លៃ​ជា​បឋម​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល ៤៨​ភាគរយ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៤៥​ភាគរយ​នៃ​សំឡេង​ឆ្នោត​បាន​ការ​សរុប។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី កត់​សម្គាល់​ថា វប្បធម៌​នៃ​ការ​ធ្វើ​ការ​រួម​គ្នា មិន​ទាន់​បាន​ចាក់​ឫស​ជ្រៅ​នៅ​កម្ពុជា ឡើយ ពោល​គឺ​មាន​តែ​ការ​រើសអើង​ផ្នែក​នយោបាយ។ លោក​បន្ត​ថា ពលរដ្ឋ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​គណបក្ស​ណា​ក៏ដោយ គឺ​សុទ្ធតែ​ដើម្បី​ផល​ប្រយោជន៍​រួម ដូច្នេះ​ការ​ធ្វើ​ការ​រួម​គ្នា នឹង​អាច​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​មូលដ្ឋាន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ឆាប់​រហ័ស។

ទន្ទឹម​នឹង​ការ​ផ្តាំ​ផ្ញើ​ឲ្យ​មន្ត្រី​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ឲ្យ​ធ្វើ​ការ​រួម​គ្នា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​បក្ស​កាន់​អំណាច​ដែរ ដែល​ប្រៀប​ប្រដូច​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ ថា​មាន​ចរិត​ដូច​ការ​បោះឆ្នោត​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ផ្ដួល​គណបក្ស​កាន់​អំណាច​បាន​នោះ គឺ​ជា​ការ​លើក​ឡើង​មួយ​ដែល​មិន​ត្រឹមត្រូវ។ លោក​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ចេញ​តែ​គោល​នយោបាយ​ថ្នាក់​មូលដ្ឋាន​ប៉ុណ្ណោះ មិន​ទាន់​បាន​បញ្ចេញ​គោល​នយោបាយ​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ។

លោក កឹម សុខា បញ្ជាក់​ថា គោល​នយោបាយ​ថ្នាក់​ជាតិ​សម្រាប់​ការ​ប្រកួត​ប្រជែង​ឆ្នាំ​២០១៨ រួម​មាន ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​យុត្តិធម៌ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​បង្កើត​ការងារ​ជួយ​ដល់​យុវជន និង​ការ​ស្វែងរក​ទីផ្សារ​កសិផល ជាដើម។ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ទាំងនេះ លោក កឹម សុខា រំពឹង​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​កោះគ​ព្រមាន​តវ៉ា​រហូត​បិទ​ផ្លូវ​បើ​អាជ្ញាធរ​មិន​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​តំបន់​ពួក​គាត់

$
0
0

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ជាង ១០០​នាក់ នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ដើម្បី​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ ដោយសារ​តែ​ពួក​គាត់​ព្រួយ​បារម្ភ​អំពី​ការ​បាក់​ច្រាំង​ទន្លេ។

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ទាំង​ជាង ១០០​នាក់ ដែល​រស់នៅ​ជាប់​មាត់​ទន្លេ​បាសាក់​ត្រើយ​ខាង​លិច តាម​បណ្ដោយ​ផ្លូវ​លេខ​២១ (A) នាំ​គ្នា​លើក​បដា​តវ៉ា ព្រោះ​តែ​ពួក​គាត់​បារម្ភ និង​ខ្លាច​បាក់​ដី​ច្រាំង និង​ផ្ទះ​ចូល​ទៅ​ក្នុង​ទន្លេ​ជា​បន្ត​ទៀត។

លោកស្រី លាង ស៊ុនហេង អ្នក​ភូមិ​កោះគ មាន​ប្រសាសន៍​នៅ​ឯ​កន្លែង​ច្រាំង​ទន្លេ​ដែល​បាន​បាក់​កាល​ពី​ពេល​ថ្មីៗ​ថា ការ​តវ៉ា​នេះ​ព្រោះ​ចង់​បាន​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​ត​ទៅ​ទៀត៖ «បញ្ឈប់​ពី​ថ្ងៃ​ហ្នឹង​ទៅ ឈប់​បូម​ខ្សាច់ ព្រោះ​បូម​ខ្សាច់​ហ្នឹង​ប៉ះ​ពារ​ដល់​ប្រជាពលរដ្ឋ បាក់​ដី​បាក់​ផ្ទះ​ច្រើន​ណាស់ តាម​ដង​ទន្លេ​អត់​មាន​ដី​នៅ​ទេ។ ឥឡូវ​ចាប់​ស្រុត​អស់​ច្រើន​ណាស់»

បដា​ដែល​ពួក​គាត់​លើក​នៅ​ទីនោះ​សរសេរ​ថា "បូម​ខ្សាច់ បំផ្លាញ​សហគមន៍ និង​ទន្លេ​ពួក​ខ្ញុំ" "យើង​មិន​ចង់​បាន​ការ​បូម​ខ្សាច់​ទេ" ហើយ​ថា "ការ​បូម​ខ្សាច់ រំខាន​មក​ដល់​ពួក​ខ្ញុំ"

អ្នក​មាន​ផ្ទះ​នៅ​ច្រាំង​ទន្លេ គឺ​លោក វ៉ាន់ ភា និង​លោក លី ហួត មាន​ប្រសាសន៍​ថា ពួក​លោក​ដែល​រស់នៅ​ទីនោះ រង​ការ​លំបាក និង​ការ​រំខាន​ជាច្រើន​ពី​ម៉ាស៊ីន​បូម​ខ្សាច់៖ «»

យុវជន​មាតា​ធម្មជាតិ គឺ​លោក ថុន រដ្ឋា បដិសេធ​ការ​សង្ស័យ​ថា លោក​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​នេះ ហើយ​ថា​លោក​ជា​យុវជន​ត្រូវ​តែ​ឈឺ​ឆ្អាល​ចំពោះ​ការ​បារម្ភ​ពី​ការ​បូម​ខ្សាច់​នេះ៖ «»

អ្នក​ភូមិ​វ័យ ៧៨​ឆ្នាំ លោក ស្រ៊ុន ប្រៀបធៀប​ថា តាំង​ពី​ដូនតា​លោក​មក តំបន់​កោះគ មិន​សូវ​បាក់​ច្រាំង​ទេ ហើយ​បាក់​ខ្លាំង​ក្រោយ​ពេល​មាន​ការ​បូម​ខ្សាច់៖ «តាំង​ពី​សម័យ សីហនុ មក វា​មិន​ដែល​បាក់​ថ្នល់​ជាតិ​នេះ​ទេ។ វា​បាក់​ដែរ បាក់​ជាយៗ​បន្តិចៗ ហើយ​វា​ដុះ​វិញ ដល់​ឥឡូវ​វា​ខ្លាំង​រូង​ប្រេះ​រហូត​ជិត (ឃុំ) សិត្បូ ឯណោះ ប្រេះ​ដី​ហែក​ទៅ​ទន្លេ​តែ​ម្ដង ហើយ​ក្នុង​នេះ កណ្ដាល​ថ្នល់​នេះ ស្វាន​តែ ១៥​ម៉ែត្រ គឺ​សុទ្ធតែ​ខ្សាច់​ហើយ»

អ្នក​ដាំ​បន្លែ​នៅ​ភូមិ​កោះគ លោក ហែម ហឿន បារម្ភ​ពី​ការ​បាក់​ផ្ទះ​ចូល​ទន្លេ បន្ទាប់​ពី​មាន​ផ្ទះ​ចំនួន ៩​ខ្នង បាក់​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «»

នៅ​ថ្ងៃ​ដែល​អ្នក​ភូមិ​តវ៉ា មាន​សាឡង់​បូម​ខ្សាច់​ជាង ១០​គ្រឿង​នៅ​ចត​ទីនោះ ប៉ុន្តែ​មិន​បាន​បូម​ទេ ដោយ​កម្មករ​ប្រាប់​ថា ម៉ាស៊ីន​ខូច។ ទាំង​អ្នក​ភូមិ និង​កម្មករ មិន​ដឹង​ថា​ក្រុមហ៊ុន​មាន​ឈ្មោះ​អ្វី​ទេ។

ឆ្លើយតប​ការ​តវ៉ា និង​រក​អន្តរាគមន៍​របស់​អ្នក​ភូមិ​កោះគ អំពី​បញ្ហា​បូម​ខ្សាច់​នេះ អភិបាល​រង​ខេត្ត​កណ្ដាល លោក ខឹម ច័ន្ទគិរី ប្រាប់​ទៅ​អ្នក​ភូមិ​ថា បាត​ទន្លេ​នៅ​តំបន់​ច្រាំង​បាក់​ដែល​ពលរដ្ឋ​តវ៉ា​នេះ​មាន​ជម្រៅ​ជ្រៅ​ហើយ ហើយ​ខេត្ត​មិន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​បូម​ខ្សាច់​នៅ​ទីនេះ​ទេ។ លោក​នឹង​យក​បញ្ហា​នេះ​បញ្ជូន​ទៅ​ក្រសួង​រ៉ែ និង​ឋាមពល៖ «កន្លែង​នេះ​ហានិភ័យ ខ្ញុំ​ទទួល​ស្គាល់អ៊ីចឹង​បើ​សិន​មាន​ការ​ល្មើស​ពី​ក្រុមហ៊ុន​ណា​មួយ​បន្ត​ល្មើស​នឹង​បទបញ្ជា គឺ​ត្រូវ​បិទ»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អភិបាល​រង​ស្រុក​ដដែល​ថា ការ​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​បូម​ខ្សាច់​បាន រដ្ឋាភិបាល​ជា​អ្នក​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន ហៅ​កាត់​ថា EIA។ លោក​មិន​អាច​ឆ្លើយ​ប្រាប់​ពី​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោក​មិន​មែន​ជា​អ្នក​ជំនាញ​បច្ចេកទេស។

អ្នក​ភូមិ​បាន​សម្រេច​រំសាយ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ដដែល ដោយ​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ដែល​ចុះ​មក​អន្តរាគមន៍។ ប៉ុន្តែ​អ្នក​ភូមិ​ថា​នឹង​តវ៉ា​រហូត​ដល់​បិទ​ផ្លូវ ប្រសិន​បើ​ការ​បូម​ខ្សាច់​នេះ​នៅ​តែ​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live