តំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកខេត្តពោធិ៍សាត់ គឺជាតំបន់សមរភូមិក្ដៅក្នុងរឿងនយោបាយ ដោយសារសកម្មជនខ្លួនរងការគំរាមកំហែង និងចាប់ដាក់គុកជាបន្តបន្ទាប់។
មេធាវីកំពុងប្ដឹងឧទ្ធរណ៍សុំឲ្យសកម្មជនម្នាក់បាននៅក្រៅឃុំបណ្ដោះអាសន្ន ខណៈដែលសកម្មជនពីរនាក់ផ្សេងទៀតរួចផុតពីការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាចជុំវិញបទល្មើសពីរផ្សេងគ្នា។
ចាប់តាំងពីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្នុងថ្ងៃបោះឆ្នោត មានសកម្មជនបក្សប្រឆាំងបីនាក់ ត្រូវសមត្ថកិច្ចហៅសួរនាំ និងឃុំខ្លួន។
តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ពីខាងគណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង ឲ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ថា នៅក្នុងថ្ងៃបោះឆ្នោត បេក្ខជនលេខរៀងទី១ របស់លោកឈ្មោះ ឃឹម សាម៉ន នៅឃុំស្នារអន្សារ ស្រុកក្រគរ ត្រូវនគរបាលស្រុកកោះហៅទៅសួរនាំ និងឃុំខ្លួនរយៈពេលខ្លី ដោយចោទថា បានលួចឯកសារបោះឆ្នោតរបស់សកម្មជនគណបក្សប្រជាជនកម្ពុជា។ ចំណែកសកម្មជនម្នាក់ទៀត ឈ្មោះ ហួត សោរ ក៏ត្រូវបាននគរបាលស្រុកកោះហៅទៅសួរនាំដោយគ្រាន់តែសួរថាមេភូមិបច្ចុប្បន្នប្ដូរហើយ ឬនៅដដែល? តាមបណ្ដឹងរបស់មន្ត្រីបក្សប្រជាជន ប៉ុន្តែគេអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។
ជាមួយគ្នានេះ លោក ងឹម ញ៉េង ស្នើឲ្យអាជ្ញាធរ ឬតុលាការកុំប្រើអំណាចហួសហេតុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ដោយលោកលើកឧទាហរណ៍ករណីប្រធានប្រតិបត្តិគណបក្សខេត្តពោធិ៍សាត់ គឺលោក យ៉ាន់ សេងហ៊ត ត្រូវតុលាការសម្រេចឃុំខ្លួនទាំងអយុត្តិធម៌ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្មេងប្រុសម្នាក់របួស ប៉ុន្តែមិនធ្ងន់ធ្ងរពេកនោះទេ ហើយគ្រួសារជនរងគ្រោះក៏មិនបានប្ដឹងដែរ៖ «ក្រុមគ្រួសារកុមាររងគ្រោះហ្នឹងបានសរសេរលិខិតទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ ហើយ ខាងខ្ញុំក៏បានឲ្យមេធាវីដាក់ពាក្យស្នើសុំនៅក្រៅឃុំរួចហើយដែរ ប៉ុន្តែយើងមិនទាន់ដឹងថាខាងសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចយ៉ាងម៉េចនៅឡើយ? ព្រោះតាមនីតិវិធីការសម្រេចនៅលើចៅក្រម ហើយចៅក្រមសម្រេចឈរនៅលើគោលការណ៍ច្បាប់។ អ៊ីចឹងយើងកំពុងរង់ចាំដែរ ព្រោះយើងមិនចង់ឲ្យមនុស្សជាប់ឃុំដោយខុសច្បាប់ហ្នឹងយូរទេ។ ខ្ញុំយល់ថាអាជ្ញាធរខេត្តពោធិ៍សាត់ បង្ហាញពីអំណាចរបស់ខ្លួនជ្រុលរំលោភច្បាប់ ដែលជាការរំលោភបំពានទៅលើច្បាប់បោះឆ្នោត ក៏ដូចជាសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន បញ្ជាក់ថា ចៅក្រមកាន់សំណុំរឿងមន្ត្រីគណបក្សប្រឆាំងនេះ បានទទួលលិខិតស្នើសុំឲ្យជនសង្ស័យបាននៅក្រៅឃុំបណ្ដោះអាសន្នមួយច្បាប់ពីគ្រួសារជនរងគ្រោះហើយ ហើយបានបញ្ជូនបន្តទៅតំណាងអយ្យការដើម្បីពិនិត្យ និងសម្រេច។ រីឯអ្នកនាំពាក្យអយ្យការ លោក ឆាយ ហុង ថាលោកមិនទាន់ដឹងព័ត៌មាននេះទេ។
ទាក់ទងបញ្ហានេះដែរ អធិការស្រុកក្រគរ លោក ឯម រុន អះអាងថា សមត្ថកិច្ចរបស់លោកមានតួនាទីរក្សាស្ថិរភាព និងសន្តិសុខល្អនៅតាមមូលដ្ឋាន ហើយមិនដែលរករឿងចោទប្រកាន់សកម្មជនគណបក្សនយោបាយណាឡើយ។ គ្រប់ករណីដែលលោកកោះហៅជនសង្ស័យមកសួរនាំ គឺសុទ្ធតែមានពាក្យបណ្ដឹង ហើយអ្នកដែលចោទថា សមត្ថកិច្ចគំរាមកំហែងនោះសុទ្ធតែខុសការពិត៖ «អត់មានទេ! អាហ្នឹងការនិយាយបំផ្លើសទេ ព្រោះសមត្ថកិច្ចខ្ញុំមិនដែលទៅចោទប្រកាន់ ឬរករឿងគណបក្សនយោបាយណា ខ្ញុំមានតែសួរថាធ្វើម៉េចឲ្យសភាពការណ៍ស្រុកយើងរលូន កុំឲ្យវាមានបញ្ហា»។
អគ្គនាយករងអគ្គិសនីកម្ពុជា និងជាសមាជិកក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកក្រគរ លោក អេង គន្ធា ដែលសកម្មជនគណបក្សប្រឆាំងតែងតែចោទថា លោកបានរករឿងចោទប្រកាន់អ្នកគាំទ្របក្សប្រឆាំងណាដែលហ៊ានតស៊ូមតិក្នុងបំណងធ្វើបាប ធ្លាប់ប្រាប់អាស៊ីសេរីថា សកម្មជនគណបក្សប្រឆាំងទៅវិញទេដែលបង្ករឿងមិនចេះចប់ ហើយករណីខ្លះលោកបានជួយដោះស្រាយទៀតផង៕