ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មួយចំនួនរំពឹងថា បេក្ខជនដែលពួកគាត់បានសម្រេចបោះឆ្នោតឱ្យធ្វើជាចៅសង្កាត់ក្នុងអាណត្តិថ្មី គឺជាចៅសង្កាត់ដែលអាចដោះស្រាយបញ្ហាជូនពួកគាត់បាន និងត្រូវផ្ដល់សេវាដោយមិនគិតបក្សពួក និងគ្មានអំពើពុករលួយជាដើម។ ការលើកឡើងនេះ ស្របពេលពួកគាត់សរសើរដល់ការរៀបចំការបោះឆ្នោតលើកចុងក្រោយនេះ ថាធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានប្រសើរជាងពេលកន្លងមក។
ថ្វីត្បិតប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មួយចំនួនពោលសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ហាក់មានភាពយុត្តិធម៌ សេរី និងត្រឹមត្រូវ ច្រើនជាងអាណត្តិកន្លងមកក្ដី ប៉ុន្តែពួកគាត់ហាក់នៅមិនពេញចិត្តចំពោះភាពយឺតយ៉ាវរបស់ គ.ជ.ប ដែលមិនអាចប្រកាសលទ្ធផលបោះឆ្នោតបឋមឱ្យបានលឿនដូចការគ្រោងទុក។
ស្របពេលមានភាពអន្ទះសាចង់ដឹងអំពីលទ្ធផលបោះឆ្នោតឱ្យបានឆាប់ អាជីវកររស់នៅខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ ម្នាក់ គឺលោកស្រី មិត្ត ស៊ីណាត បញ្ជាក់ថា អ្វីដែលជំរុញឱ្យលោកស្រីប្រើសិទ្ធិចេញទៅបោះឆ្នោតដូចពលរដ្ឋដទៃទៀតដែរ គឺចង់ឃើញសង្កាត់ដែលលោកស្រីកំពុងរស់នៅមានភាពផ្លាស់ប្ដូរល្អប្រសើរជាងពេលកន្លងមក ទាំងការអភិវឌ្ឍ ការទប់ស្កាត់បញ្ហាអសន្តិសុខសង្គមនានា និងការផ្ដល់សេវាសាធារណៈគ្មានអំពើពុករលួយជាដើម៖ «ចង់ឱ្យចៅសង្កាត់ថ្មី កែប្រែប្រព័ន្ធលូ និងទប់ស្កាត់ឱ្យបានចំពោះក្មេងញៀនគ្រឿងញៀនផង»។
លោកស្រីបន្ថែមថា នៅពេលត្រូវធ្វើលិខិតស្នាមផ្សេងៗ លោកស្រីតែងតែត្រូវបង់ប្រាក់ក្រោមតុ ឬសូកប៉ាន់ ទើបការផ្ដល់សេវាសាធារណៈនោះ មានភាពលឿនទាន់ចិត្តបាន៖ «កុំឱ្យឃើញតែលុយ ហើយបម្រើសេវាសាធារណៈជូនពលរដ្ឋ។ ជួនកាលត្រូវធ្វើអត្តសញ្ញាណប័ណ្ណលឿន ត្រូវបង់លុយ ៥០ដុល្លារ ហើយបើចាំទុកធ្វើតាមដំណើរវិញ គឺភាពយឺតយ៉ាវ»។
អាជីវករដដែលនេះបញ្ជាក់ថា នៅក្រោយការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ បញ្ចប់កាលពីថ្ងៃទី៤ ខែមិថុនា លោកស្រីសង្កេតឃើញថា ហាក់មិនមានបញ្ហាគួរឱ្យព្រួយបារម្ភដូចការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ឡើយ ប៉ុន្តែលោកស្រីថា អំឡុងពេលបោះឆ្នោតលើកនេះ គ្រាន់តែមិនសូវឃើញមានមនុស្សចេញដើរតាមទីសាធារណៈច្រើនដូចថ្ងៃធម្មតាប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ ម្នាក់ទៀត គឺលោក រ័ត្ន រុន ក៏ចាប់អារម្មណ៍ថា ការរៀបចំការបោះឆ្នោតធ្វើឡើងត្រឹមត្រូវ និងយុត្តិធម៌បានប្រសើរជាងអាណត្តិមុនៗ ដូច្នោះហើយទើបធ្វើឱ្យគណបក្សនយោបាយមានអាសនៈនៅសភាចំនួនពីរ ហាក់ទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋប្រកៀកប្រកិតគ្នា។ លោកបន្ថែមថា អ្វីដែលជាបំណងប្រាថ្នារបស់លោកគឺចង់ឃើញប្រជាជនខ្មែរគ្រប់និន្នាការគណបក្សនយោបាយទាំងអស់ចេះរស់នៅជាមួយគ្នាដោយសុខសន្តិភាពបន្តទៀត និងមិនត្រូវប្រកាន់រើសអើងគ្នាដោយសាររឿងនយោបាយឡើយ៖ «ចង់ឱ្យរៀបចំស្រុកប្រទេសឱ្យបានរីកចម្រើន កុំឱ្យមានចោរ កុំឱ្យមានថ្នាំញៀន ល្បែងស៊ីសង ជាពិសេសត្រូវមានអព្យាក្រឹត និងយុត្តិធម៌»។
លោកបញ្ជាក់ទៀតថា ថ្វីត្បិតលោកមិនសូវស្គាល់បេក្ខជនដែលលោកសម្រេចចិត្តបោះឆ្នោតឱ្យធ្វើជាចៅសង្កាត់ថ្មីយ៉ាងណាក្ដី ប៉ុន្តែលោកទុកចិត្តថា ចៅសង្កាត់រូបនោះនឹងអាចយកចិត្តទុកដាក់ប្រជាពលរដ្ឋក្នុងសង្កាត់របស់លោកមានភាពល្អប្រសើរជាងពេលមុន៖ «បេក្ខជនដែលខ្ញុំបោះឆ្នោតប្រហែលគាត់អាចធ្វើឱ្យស្រុកភូមិមានភាពរីកចម្រើនជាងមុន»។
ចំណែកអតីតកម្មករលើទូកនេសាទនៅប្រទេសថៃជាង ១០ឆ្នាំម្នាក់ និងកំពុងធ្វើជាអ្នកលាងចានមួយកន្លែងនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក លោក ប៉ាន់ ផាន់ បញ្ជាក់ថា លោកពុំបានទៅប្រើសិទ្ធិបោះឆ្នោតជ្រើសរើសចៅសង្កាត់ដែលលោកពេញចិត្តឡើយ ដោយសារលោកពុំបានធ្វើអត្តសញ្ញាណប័ណ្ណ។ លោកអះអាងថា លោកគឺជាកូនកំព្រាឪពុកម្ដាយតាំងពីកុមារមក និងមានស្រុកកំណើតនៅខេត្តកំពត ក្ដី ប៉ុន្តែលោកចង់បោះឆ្នោតនៅរាជធានីភ្នំពេញ៖ «ចង់ធ្វើមិនដឹងធ្វើម៉េចឱ្យបាន បើនិយាយឱ្យត្រង់ គេត្រូវការថ្លៃទឹកតែ ហើយយើងកំពុងខ្វះខាតផង»។
ដោយឡែក ពលរដ្ឋរស់នៅភ្នំពេញ ខ្លះទៀត ក៏បញ្ជាក់ថា ពួកគាត់មិនបានបោះឆ្នោតនៅភ្នំពេញ ទេ ព្រោះត្រូវត្រឡប់ទៅបោះឆ្នោតនៅស្រុកកំណើតវិញ។
ស្របពេលកម្ពុជា នឹងត្រូវរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ ពលរដ្ឋនៅរាជធានីភ្នំពេញ ស្នើឱ្យរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជួយសម្រួលឱ្យពលរដ្ឋខ្មែរដែលគ្រប់អាយុទាំងអស់ បូករួមទាំងអ្នកចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស អាចមកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំខាងមុខវិញបាន៖ «សូមឱ្យបងប្អូននៅក្រៅប្រទេសទាំងអស់ ត្រូវនាំគ្នាត្រឡប់វិញ ដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិទាំងអស់គ្នា កុំឱ្យមានការបាក់ទឹកចិត្ត ព្រោះមានតែប្រជាជនគឺជាកម្លាំងសាមគ្គី អាចឈ្នះអ្វីៗគ្រប់យ៉ាង»។
ការស្នើពីពលរដ្ឋនេះ ស្របពេលតួលេខពី គ.ជ.ប បង្ហាញថា ពលរដ្ឋទូទាំងប្រទេសទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ មានជិត ៩០ភាគរយ (៨៩,៥២%) នៃអ្នកចុះឈ្មោះបោះឆ្នោតសរុបជិត ៨លាននាក់ (៧.៨៦៥.០៣៣)៕