របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនហ្គូហ្គល (Google) និងតេម៉ាសិក (Temasek) បានរកឃើញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅតំបន់អាស៊ាន កំពុងរីកដុះដាលដោយមានអ្នកប្រើប្រាស់ថ្មីចំនួន ១២ម៉ឺន ៤ពាន់នាក់ ចាប់ផ្តើមភ្ជាប់អ៊ីនធឺណិតជារៀងរាល់ថ្ងៃ ហើយក្នុងរយៈពេល ៥ឆ្នាំទៀត តំបន់អាស៊ានមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជិត ៦០០លាននាក់។
វាជាឱកាសធំសម្បើមមួយសម្រាប់ការរកស៊ីក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលគ្របដណ្ដប់ដោយកុំព្យូទ័រ ការទំនាក់ទំនង និងអ៊ីនធឺណិត។
តើការវិវឌ្ឍន៍នេះនឹងផ្តល់ប្រយោជន៍អ្វីខ្លះដល់ប្រជាជនអាស៊ាន ដែលរួមមានប្រទេសឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) សិង្ហបុរី (Singapore) ថៃ (Thailand) ប្រ៊ុយណេ (Brunei) ឡាវ (Laos) មីយ៉ាន់ម៉ា (Myanmar) កម្ពុជា (Cambodia) និងវៀតណាម (Vietnam) ហើយតើពួកគេត្រូវត្រៀមខ្លួនបែបណាចំពោះការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ដឹកមុខដោយបច្ចេកវិទ្យា?
ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិក និងសមាជិកគណៈកម្មាធិការនាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ចាស្ទីន វ៉ូត (Justin Wood) បានផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានអាស៊ីសេរី លោក សាន សែល នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ឧសភា។
លោក សាន សែល៖ ខណៈប្រជាពលរដ្ឋកាន់តែច្រើនមានអ៊ីនធឺណិតប្រើ វាផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់ការធ្វើអាជីវកម្មរកស៊ី និងការអភិវឌ្ឍថ្មីៗនៅក្នុងប្រទេស ដូចជាមានការចូលរួមសកម្មភាពនយោបាយសកម្មជាងមុន មានសេវាកម្មថ្មីៗ ការប្រាស្រ័យទាក់ទងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋកាន់តែស្និទ្ធជាងមុន។ វាផ្តល់នូវឱកាសល្អសម្រាប់តំបន់អាស៊ានទាំងមូល។ លោក ចាស្ទីន វ៉ូត (Justin Wood) តើលោកយល់យ៉ាងណាចំពោះបដិវត្តន៍បច្ចេកវិទ្យានេះ?
លោក ចាស្ទីន វ៉ូត៖ យើងអាចក្រឡេកមើលពីជ្រុងសុទិដ្ឋិនិយមមុន។ លោកអាចនិយាយបានថា អាស៊ាននឹងជាអ្នកទទួលប្រយោជន៍ដ៏ធំមួយពីបដិវត្តន៍ឌីជីថល (Digital) ឬបដិវត្តន៍ឧស្សាហកម្មទី៤។ វានឹងផ្តល់នូវមធ្យោបាយថ្មីក្នុងការផ្តល់សេវាសុខភាព ធនាគារ ហិរញ្ញវត្ថុ និងការអប់រំ។ មនុស្សអាចរៀនតាមអ៊ីនធឺណិតបាន ដោយមិនចាំបាច់ទៅសាលារៀន។
ឧស្សាហកម្ម និងមធ្យោបាយថ្មីៗទាំងនេះ បង្កើតការងារថ្មី និងឱកាសដ៏គួរឲ្យរំភើប។ នេះបើមើលវាដោយគំនិតសុទិដ្ឋិនិយម។ ក៏ប៉ុន្តែយើងមើលពីជ្រុងមនុស្សដែលគិតទុទ្ទិដ្ឋិនិយមវិញ។ ពួកគាត់នឹងយល់ថា ការងាររបស់មនុស្សនឹងត្រូវមនុស្សយន្ត ឬគ្រឿងម៉ាស៊ីនឆក់ដណ្ដើមយក ដែលធ្វើឲ្យមនុស្សពិបាករកការងារធ្វើ។
ដូច្នេះ ខ្ញុំគិតថាមេដឹកនាំក្នុងតំបន់អាស៊ាន ទាំងពីខាងរដ្ឋាភិបាល និងពាណិជ្ជករ ត្រូវតែប្រាកដថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ដែលចាប់ផ្ដើមប្រើអ៊ីនធឺណិតមានជំនាញវិជ្ជាជីវៈ និងយល់ដឹងពីរបៀបប្រើប្រាស់អ៊ីនធឺណិតពីរបៀបទាញយកផលប្រយោជន៍ពីវា។ និយាយទៅ វាពាក់ព័ន្ធនឹងការអប់រំ។
ទាំងនេះ អាស៊ានដែលពោរពេញដោយពលរដ្ឋ សេដ្ឋកិច្ច និងសង្គមចម្រុះ អាចបោះជំហានទៅរកផ្លូវត្រូវ។ វាគឺជាបន្ទុកការងារដ៏ធ្ងន់មួយ ហើយខ្ញុំយល់ថា អាស៊ានមិនប្រឈមបញ្ហានេះតែឯងនោះទេ។ បដិវត្តន៍ឧស្សាហកម្មទី៤ ហ្នឹង ប៉ះពាល់គ្រប់ប្រទេសលើពិភពលោក។
ខ្ញុំចង់និយាយថា ការអប់រំ គឺជាគន្លឹះសំខាន់ខ្លាំងណាស់។ ដូចដែលខ្ញុំបាននិយាយចឹង! ថ្លៃឈ្នួល កម្លាំងពលកម្មថោក នឹងមិនមែនជាចំណុចខ្លាំងមួយដើម្បីប្រកួតប្រជែងជាមួយដៃគូនោះទេនាពេលអនាគត។ ទៅមុខទៀត មនុស្សនឹងត្រូវប្រកួតកម្លាំងពលកម្មជាមួយមនុស្សយន្ត និងគ្រឿងយន្ត ពីព្រោះថាមនុស្សយន្ត និងគ្រឿងយន្ត នឹងមានតម្លៃថោក។ ហេតុនេះ មនុស្សត្រូវផ្តល់សេវាកម្មអ្វីដែលថ្មីប្លែក។
មនុស្សត្រូវតែអាចធ្វើការងារឲ្យបានច្រើនជាងមុន ដោយត្រូវមានជំនាញវិជ្ជាជីវៈ និងចេះផ្តល់សេវាកម្មឲ្យច្រើន។ មនុស្សត្រូវតែចេះអ្វីដែលកុំព្យូទ័រ មនុស្សយន្ត និងគ្រឿងម៉ាស៊ីន ធ្វើមិនកើត។ រឿងនេះ នឹងមិនមែនស្រួលទេ។ ប៉ុន្តែច្បាស់ណាស់ថា វាតម្រូវឲ្យមនុស្សមានការអប់រំខ្ពស់ ធ្វើការងារបានច្រើន និងមានជំនាញប្រាកដកាន់តែខ្លាំងថែមទៀត។
លោក សាន សែល៖ នៅក្នុងបរិបទនេះ តើរដ្ឋាភិបាល ឬអ្នកបង្កើតគោលនយោបាយ ធ្វើយ៉ាងណាដើម្បីធានាថា ប្រជាពលរដ្ឋរបស់ពួកគេ ពិសេសយុវជនអាចប្រកួតជាមួយមនុស្សយន្ត ឬគ្រឿងយន្តនេះ?
លោក ចាស្ទីន វ៉ូត៖ តាមខ្ញុំយល់ វាសំខាន់មែនទែនដែលយើងមិនគួរភ័យខ្លាចពួកវាពេកនោះទេ ដោយសារបដិវត្តន៍ឧស្សាហកម្មទី៤ នេះ។ ការផ្លាស់ប្ដូរ វាកំពុងតែកើតឡើងហើយ។ យើងមិនអាចរារាំងកុំឲ្យវាមកនោះទេ។ យើងត្រូវទទួលយកវា។
ខ្ញុំគិតថា មូលដ្ឋាននៃសេដ្ឋកិច្ចពេលអនាគត នឹងដឹកមុខដោយសកម្មភាពឌីជីថល នឹងប្រមូលផ្តុំមនុស្ស និងសង្គមសេដ្ឋកិច្ច ឲ្យចូលក្នុងបណ្ដាញពិភពលោកមួយ។
ដូចនេះហើយ រដ្ឋាភិបាលត្រូវតែបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋរបស់ខ្លួនឲ្យមានសកម្មភាពលើអ៊ីនធឺណិត ដើម្បីឲ្យភ្ជាប់ខ្លួន និងដើរឲ្យទាន់អ្វីដែលកំពុងកើតឡើងលើពិភពលោក។ ជាមួយគ្នានេះ ពលរដ្ឋក៏អាចប្រើអ៊ីនធឺណិតដើម្បីផ្តល់សេវាកម្មដែលខ្លួនមានផងដែរ។
ទាំងនេះ វាកំពុងស្ថិតក្នុងកណ្ដាប់ដៃការអប់រំ ដូចដែលយើងបានជជែកមកនេះ។
ឱកាសដែលផ្តល់ដោយអ៊ីនធឺណិតសម្រាប់ការសិក្សារៀនសូត្រ មានទំហំធំខ្លាំងណាស់ ដែលយើងមានមធ្យោបាយថ្មីសម្រាប់រៀនសូត្រ មានប្រាជ្ញាបាធិថ្មី បណ្ដុំព័ត៌មានថ្មី។
រដ្ឋាភិបាលគួរជំរុញប្រជាពលរដ្ឋឲ្យក្លាយជាអ្នកប្រកួតប្រជែងបែបឌីជីថល និងដឹងពីការទាញយកប្រយោជន៍ពីអ៊ីនធឺណិត។
លោក សាន សែល៖ តើប្រជាជនអាស៊ាន ពិសេសយុវជនដែលតំណាងឲ្យជាងពាក់កណ្ដាលនៃប្រជាជនសរុបជាង ៦២០លាននាក់ គួរធ្វើដូចម្តេចខ្លះ ដើម្បីត្រៀមខ្លួនឲ្យរួចរាល់នូវការមកដល់របស់បដិវត្តន៍បច្ចេកវិទ្យាក្នុងតំបន់?
លោក ចាស្ទីន វ៉ូត៖ ប្រធានបទអ្វីដែលលេចធ្លោជាងគេក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសកម្ពុជា គឺអាស៊ាន។ តំបន់នេះកំពុងមានកំណើនប្រជាជនដែលមានអ៊ីនធឺណិតប្រើប្រាស់ ប៉ុន្តែឥឡូវនេះអតិថិជនប្រើប្រាស់មធ្យោបាយឌីជីថល ភាគច្រើនមិនទាន់បានធ្វើជាអ្នកផលិតនៅឡើយ។ យ៉ាងណាក៏ដោយ ការធ្វើជាអតិថិជនឌីជីថល ជាជំហានដំបូង។
យើងអាចអាន ឬមើលព័ត៌មាន លេងហ្គេមអនឡាយ (Online) តាមអ៊ីនធឺណិត។ ប៉ុន្តែយើងអ្វីដែលយើងត្រូវធ្វើនោះ គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋក្នុងតំបន់ក្លាយជាអ្នកផលិតវិញម្តង ដូចជាអ្នកផលិតអេប (App) ហ្គេម ផលិត content ផ្សារអនឡាយអីហ្នឹង ជាដើម។
លោកអាចមើលឃើញហើយថា ក្នុងតំបន់អាស៊ាននេះ សហគ្រិនឌីជីថល និងអាជីវកម្មឌីជីថល កំពុងតែចាប់ផ្ដើមរីកដុះដាលហើយ រាប់ចាប់តាំងពីសេវាកម្មហិរញ្ញវត្ថុ ការលក់ទំនិញអនឡាយ សេវាកម្មកម្សាន្ត។
អាស៊ាន ត្រូវការបន្តធ្វើជាអតិថិជនឌីជីថល ប៉ុន្តែត្រូវការចំណេះដឹងផ្នែកលុយកាក់ច្រើនទៀត។ មែនទែនទៅ ប្រជាជនតំបន់នេះត្រូវរៀនជំនាញកុំព្យូទ័រសូហ្វវែ (software) ជំនាញសរសេរកូដ (coding) រៀនធ្វើជាវិស្វករផ្នែកសូហ្វវែ (software) ឬក៏ក្លាយជាអ្នកវិភាគទិន្នន័យធំៗ (big data analyst)។
ជំនាញវិភាគទិន្នន័យធំៗ នឹងក្លាយជាជំនាញសំខាន់នាពេលអនាគត។
ខ្ញុំគិតថា យុវជនក្នុងតំបន់នេះ គួរចំណាយពេលវេលារបស់ពួកគេរៀនសូត្រជំនាញទាំងអស់នេះ ដើម្បីទទួលបានប្រយោជន៍ច្រើនពីសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។