សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដែលអះអាងថាទទួលរងការរើសអើងពីសង្គម រំពឹងថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ មានលទ្ធភាព និងសមត្ថភាពក្នុងការកាត់បន្ថយការរើសអើងនេះ។
បើទោះជាច្បាប់មិនប្រឆាំង ឬមិនដាក់ទោសទណ្ឌចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ឬ អិល.ជី.ប៊ី.ធី (LGBT= lesbian, gay, bisexual and transgender) ក៏ប៉ុន្តែពួកគេតែងរងនូវការរើសអើង និងបំពានតាំងពីនៅផ្ទះ នៅសាលារៀន ដល់ទីតាំងកន្លែងធ្វើការ។ ក្នុងនោះរួមមាន សម្ដីឡកឡឺយ ការមិនទទួលស្គាល់ពីសមាជិកគ្រួសារ អ្នកជិតខាង និយោជក ការបង្ខំឲ្យរៀបការ ការបណ្ដេញចេញ ឬបង្ខំចាកចេញពីផ្ទះ និងការវាយដំ។
របាយការណ៍អង្កេតរបស់អង្គការ យូ.អេស.អេ.អាយ.ឌី (USAID) និងអង្គការ យូ.អិន.ឌី.ភី (UNDP) កាលពីឆ្នាំ២០១៤ បានបង្ហាញថា អ្នកស្រឡាញ់ភេទដូចគ្នានៅត្រូវគ្រួសាររើសអើង ឬត្រូវបង្ខំឲ្យរៀបការជាមួយភេទផ្ទុយគ្នា ឬត្រូវយកទៅព្យាបាលជាមួយគ្រូខ្មែរ និងត្រូវរំលោភបំពានផ្នែករាងកាយ និងផ្លូវចិត្ត ហើយប្រជាជនខ្មែរមួយចំនួនបន្តចាត់ទុកការស្រឡាញ់ភេទដូចគ្នា ជាការត្រូវខ្មោចអារក្សជាន់ ឬខុសគ្រូមេបា។
ទោះបីជាយ៉ាងណា កាលពីឆ្នាំ១៩៩០ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការស្រឡាញ់ភេទដូចគ្នា មិនមែនជាជំងឺផ្លូវចិត្តនោះទេ។
កាលពីឆ្នាំ២០០៤ អតីតព្រះមហាក្សត្រ ព្រះបាទបរមរតនកោដ្ឋ នរោត្តម សីហនុ ហើយនៅឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញជំហរគាំទ្រការស្រឡាញ់ភេទដូចគ្នា និងអំពាវនាវឲ្យបញ្ឈប់ការរើសអើង។
យ៉ាងនេះក្តី ការសិក្សាស្រាវជ្រាវឆ្នាំ២០១៥ ដែលផ្សព្វផ្សាយដោយសហគមន៍ឥន្ទធនូកម្ពុជា (RoCK) ដែលជាអង្គការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា បានរកឃើញថា បើទោះជាប្រជាជនមួយចំនួនបានគាំទ្រការស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែពួកគេនៅតែចង់ឲ្យកូនចៅរបស់ពួកគេដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ផ្លាស់ប្ដូរទៅស្រឡាញ់ ឬរៀបការជាមួយភេទផ្ទុយគ្នាវិញ។ បន្ថែមពីលើនេះ អ្នកដែលមិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នា គាំទ្រការស្រឡាញ់ភេទដូចគ្នាក្តី តែពួកគេមិនចង់ឲ្យសមាជិកគ្រួសាររបស់ពួកគេក្លាយជាអ្នកស្រឡាញ់ភេទដូចគ្នានោះឡើយ។
ជាងនេះទៅទៀត អ្នកស្រឡាញ់ភេទដូចគ្នាបានអះអាងថា ត្រូវបានមិត្តភ័ក្ដិ និងគ្រូរើសអើង និយាយសើចចំអក និងផាត់ចោលនៅក្នុងសាលារៀន ដោយសារអត្តសញ្ញាណភេទរបស់ពួកគេ។ នេះបើតាមការស្រាវជ្រាវនៅឆ្នាំ២០១៥ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ការស្រាវជ្រាវមួយទៀតរបស់ក្រុមអនាគតយុវជនកម្ពុជា-អាស៊ាន (CamASEAN) កាលពីឆ្នាំ២០១៥ បានបង្ហាញថា ការរើសអើង និងការធ្វើបាបអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បណ្ដាលឲ្យពួកគេងាយធ្លាក់ទៅក្នុងភាពក្រីក្រ។ ភាពក្រីក្របណ្ដាលមកពីខ្វះការអប់រំ ដែលរារាំងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា មិនអាចរកការងារធ្វើ និងបណ្ដាលមកពីការរើសអើងនៅកន្លែងការងារ។
សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា មានក្តីសង្ឃឹមថា មេឃុំ-សង្កាត់ដែលត្រូវជ្រើសរើសនៅក្នុងការបោះឆ្នោតអាណត្តិទី៤ នេះ នឹងអាចជួយកាត់បន្ថយការរើសអើង និងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនស្ដីពីការស្រឡាញ់ភេទដូចគ្នា។
ខាងក្រោមជាការបញ្ចេញមតិរបស់អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួន៖
១. សុទ្ធ យន្ត ពីខេត្តតាកែវ
ខ្ញុំចង់និយាយពីការបោះឆ្នោត។ ខ្ញុំចង់ឲ្យឃុំ-សង្កាត់យល់អំពីសហគមន៍របស់ពួកខ្ញុំ (អ្នកស្រឡាញ់ភេទដូចគ្នា) ឲ្យមានការចូលរួមដែរ ពីព្រោះយើងក៏ជាប្រជាពលរដ្ឋ ស្រឡាញ់ការបោះឆ្នោតជ្រើសតំណាងខ្លួនឯងដែរ។ ម្យ៉ាងទៀត ចង់ឲ្យបញ្ជ្រៀត (បញ្ចូល) ពួកយើងចូលទៅក្នុងនោះដែរ (ក្រុមប្រឹក្សាឃុំ-សង្កាត់)។ យើងជាពលរដ្ឋល្អ យើងមិនដែលធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់សង្គមទេ។ អ៊ីចឹងពួកយើងក៏ចង់បានការគាំទ្រពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលនៅក្នុងឃុំ-សង្កាត់។
២. សម សែម ពីខេត្តស្វាយរៀង
ក្នុងពេលបោះឆ្នោតថ្មីៗនេះ ខ្ញុំចង់ឲ្យភូមិឃុំរបស់ខ្ញុំឲ្យមានការបញ្ជ្រៀតចូលមានអ្នកការពារពួកខ្ញុំ និងមានពួកខ្ញុំក្នុងភូមិឃុំមានសុវត្ថិភាព។ ខ្ញុំចង់បានអ៊ីចឹង។ កុំឲ្យពួកគាត់រអើង (រើសអើង) នឹងពួកខ្ញុំ ដូចជាមើលងាយ ដូចថា ពេលពួកខ្ញុំទៅសុំ ឧទាហរណ៍ថាមានការចែករង្វាន់ ចែកអង្ករ ដោយកាកបាទក្រហម ឬចែកប័ណ្ណក្រីក្រ។ ពួកខ្ញុំមិនបានអ្វីទាំងអស់។ គេថា ពួកខ្ញុំ ស្រីមិនស្រី ប្រុសមិនប្រុស អ្នកស្រឡាញ់ភេទដូចគ្នា ដូចថាគាត់មិនសូវចាប់អារម្មណ៍។ ចឹងអាណត្តិក្រោយនេះ ខ្ញុំចង់ឲ្យមានការបោះឆ្នោត បញ្ចូលតំណាងរបស់ពួកខ្ញុំក្នុងភូមិឃុំផង។
៣. លាក់ឈ្មោះ
ខ្ញុំមានសំណូមពរជាច្រើន តែសំណូមពរធំបំផុតនោះ គឺសុំឲ្យមេភូមិមេឃុំលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា មិនថា TG (transgender អ្នកប្ដូរភេទ) lesbian (ស្រីស្រឡាញ់ស្រី) ឬ MSMs (men who sex with men បុរសរួមភេទជាមួយបុរស) ដោយសារពួកគាត់ក៏ជាមនុស្សដូចគ្នា។
និយាយទៅ ពួកយើងមានបញ្ហាសម្រាប់ខ្លួនឯងច្រើនហើយ ចឹងសុំកុំឲ្យពួកគាត់មានការរើសអើងមកលើយើង មានបញ្ហាសម្រាប់ពួកគាត់ទៀត។ យើងមានការរើសអើងពីគ្រួសារ ពីមជ្ឈដ្ឋានជុំវិញខ្លួនដែលធ្លាប់ជួបប្រទះមកហើយ។ ចឹងសុំកុំឲ្យភូមិឃុំរើសអើងមកលើពួកយើង ព្រោះពួកយើងក៏ជាមនុស្សដូចគ្នា។ ច្បាប់គេបង្កើតមក ដើម្បីការពារមនុស្ស ប៉ុន្តែពួកយើងជាមនុស្សដែរ ហេតុអ្វីច្បាប់មិនការពារពួកយើង? ពួកយើងមិនមែនសត្វទេ មានដៃមានជើង មានការគិតដូចមនុស្សទូទៅ។ ដូច្នេះ សុំកុំឲ្យមនុស្សមានការរើសអើង។
៤. ទិត សុខេង ពីខេត្តពោធិ៍សាត់
ខ្ញុំសំណូមពរដល់អាជ្ញាធរភូមិឃុំទាំងអស់ ឲ្យមានការគាំទ្រពួកខ្ញុំ កុំឲ្យមានការរើសអើង។ ចង់ឲ្យពួកខ្ញុំមានឈ្មោះឈរនៅបោះឆ្នោត។ ចង់កុំឲ្យមានការរើសអើង។ ដូចមិត្តភ័ក្ដិខ្ញុំអ៊ីចឹង វាចរិតដូចខ្ញុំចឹង ពេលវាទៅធ្វើអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន គេមិនចង់ធ្វើឲ្យទេ។ តាមភូមិ តាមឃុំអី រើសអើង។ ពេលខ្លះពេលខ្ញុំដើរ មានការរើសអើង និយាយទៅបងអាជ្ញាធរ មេឃុំអី មិនស្រែកអីទេ តែតាមធម្មតា អ្នកនៅហ្នឹង (ប្រជាជនទូទៅ) ចេះតែស្រែក។ ជួនកាលខ្ញុំមានមិត្តភ័ក្ដិស្បៀន (lesbian ស្រីស្រឡាញ់ស្រី) ដើរលេងជុំគ្នាចឹង គេតែងតែមើលងាយ។ ពេលដើរទៅណា ទៅញ៉ាំអី គេចេះតែនិយាយចុះឡើងៗ។ ពេលខ្លះពួកខ្ញុំចេះតែចង់ថាឲ្យវិញ។ តាមធម្មតា យើងចរិតចឹង គេថាឲ្យយើងថាទៅ យូរៗទៅ គេលែងថាហើយ។ ខ្ញុំគិតថា មេឃុំអាច (ដោះស្រាយ) ប្រសិនជាគាត់ចាត់វិធានការ ចាត់ឲ្យពួកខ្ញុំមានតំណាងនៅនោះ (សាលាឃុំ) ដើម្បីឲ្យពួកខ្ញុំមានកម្លាំងចិត្ត។
៥. ឈុំ វី ហៅស៊ីវឡុងនី ពីភ្នំពេញ
ការបោះឆ្នោតមកដល់ហ្នឹង ខ្ញុំចង់ឲ្យមេភូមិមេឃុំជួយដោះស្រាយបញ្ហារបស់ពួកខ្ញុំ។ ពេលខ្លះគេចោទប្រកាន់ថា ពួកខ្ញុំ (អ្នកស្រឡាញ់ភេទដូចគ្នា) លួច (អីវ៉ាន់) គេ តែពួកខ្ញុំមិនបានលួចគេទេ។ ក៏ប៉ុន្តែខ្លះក៏មាន (លួច) ពិតមែន មួយចំនួនតូច។ ពេលចឹង ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់។ អ្នកស្រឡាញ់ភេទដូចគ្នា ពេលទៅប្ដឹងអាជ្ញាធរសមត្ថកិច្ចអី ពួកគាត់មិនសូវអើពើទេ ចាត់ទុកពួកខ្ញុំមនុស្សផ្សេងចឹងទៅ អត់ដូចមនុស្សស្រីប្រុសពិតមួយចំនួន។
៦. សាយ សៀកឡាយ អ្នកតស៊ូមតិនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា
សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា យើងជួបប្រទះការរើសអើង ចឹងយើងចង់ឲ្យចៅសង្កាត់ ឬក្រុមប្រឹក្សាឃុំ ជួយផ្សព្វផ្សាយទៅដល់ប្រជាជនទូទៅ និងឪពុកម្ដាយរបស់អ្នកស្រឡាញ់ភេទដូចគ្នា ឲ្យគាត់យល់ ដើម្បីកាត់បន្ថយការរើសអើង។ គាត់បញ្ជ្រាបនៅក្នុងការប្រជុំភូមិឃុំមានសុវត្ថិភាពរបស់ពួកគាត់ ឬការប្រជុំមូលដ្ឋានគាត់ផ្សេងៗនៅក្នុងកម្មវិធីឃោសនាបោះឆ្នោតផ្សេងៗ ដើម្បីបញ្ជ្រាបការកាត់បន្ថយការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។
កាលពីថ្ងៃទី១៧ ឧសភា ទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទ (IDAHOT) ពិភពលោក និងជាសប្ដាហ៍មោទនភាព (Pride Week) ក្នុងប្រទេសកម្ពុជា អង្គការសហប្រជាជាតិ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាន់ខ្ពស់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងក្រសួងព័ត៌មាន បានបង្ហាញជំហរគាំទ្រការស្រឡាញ់ភេទដូចគ្នា ហើយទទួលស្គាល់ពីការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ហើយពួកគេផ្តល់យោបល់ថា ក្នុងការកាត់បន្ថយការរើសអើង ត្រូវការផ្សព្វផ្សាយអប់រំប្រជាជនឲ្យយល់ដឹងពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។