ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នេះ ត្រូវបានអ្នកជំនាញខាងកិច្ចការបោះឆ្នោតវាយតម្លៃថា ជាការបោះឆ្នោតដ៏មានសារសំខាន់ ដោយសារសន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋកាន់តែខ្លាំង ហើយវាក៏នឹងបើកផ្លូវនាំទៅរកការផ្លាស់ប្ដូរមួយដ៏សំខាន់ បើសិនជាគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងមានឥទ្ធិពលជាងគេនោះ ឈ្នះការបោះឆ្នោតមួយនេះ។
ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់នេះ អ្នកសង្កេតការណ៍បោះឆ្នោតនឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសាក្សី និងជាអ្នកឆ្លុះបញ្ចាំងប្រកបដោយតម្លាភាពនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតនេះ។
អ្នកជំនាញ និងអ្នកឃ្លាំមើលដំណើរការបោះឆ្នោត លើកឡើងពីហេតុផលមួយចំនួនដែលធ្វើឲ្យការបោះឆ្នោតឃុំ-សង្កាត់លើកទី៤ នេះ គឺជាការបោះឆ្នោតមួយដ៏សំខាន់ និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនយោបាយ មន្ត្រីរាជការ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ។
វា គឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់រយៈពេល ១៥ឆ្នាំដែលគណបក្សប្រឆាំងដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស។ ការបោះឆ្នោតឃុំ-សង្កាត់រយៈពេល ៣អាណត្តិកន្លងទៅ គឺនៅឆ្នាំ២០០២ ឆ្នាំ២០០៧ និងឆ្នាំ២០១២ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានបេក្ខជនគ្រប់ឃុំ-សង្កាត់ ហើយគណបក្សមួយនេះបានឈ្នះអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនលើសលប់លើសគណបក្សណាទាំងអស់។
អ្នកជំនាញកិច្ចការបោះឆ្នោតមើលឃើញទៀតថា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គណបក្សណាដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនជាង គណបក្សនោះនឹងមានឱកាសពង្រឹងអំណាចកាន់តែខ្លាំងនៅថ្នាក់មូលដ្ឋាន ហើយសំឡេងឆ្នោតដែលពួកគេទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងក្លាយជាសំឡេងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុក-ខណ្ឌ ខេត្ត-រាជធានី និងព្រឹទ្ធសភា ជាពិសេសលទ្ធផលនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការវិភាគលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ។
អាស្រ័យហេតុនេះ វត្តមានអ្នកសង្កេតការណ៍គឺជារឿងមួយដ៏ចាំបាច់ ដើម្បីកុំឲ្យមានការខ្វែងយោបល់គ្នាជុំវិញរឿងភាពមិនប្រក្រតីទាំងឡាយដែលកើតមាន រួមទាំងលទ្ធផលបោះឆ្នោតផង។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ការបោះឆ្នោតលើកមុនៗ គណបក្សនយោបាយតែងចោទប្រកាន់គ្នាទៅវិញទៅមករឿងលួចបន្លំសន្លឹកឆ្នោត រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត និងរឿងជាច្រើនផ្សេងទៀត ដូច្នេះដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះ អ្នកសង្កេតការណ៍នឹងដើរតួជាសាក្សីមួយដ៏សំខាន់៖ «ទោះបីជាអ្នកសង្កេតការណ៍ហ្នឹងមិនមានសិទ្ធិដូចភ្នាក់ងារគណបក្សនយោបាយក៏ដោយ ក៏ប៉ុន្តែអ្នកសង្កេតការណ៍ គឺជាសាក្សី ជាអ្នកដឹងឮមួយរូបដែរ។ អ៊ីចឹងកន្លែងណាដែលមានអ្នកសង្កេតការណ៍ច្រើន កន្លែងនោះយើងគិតថាភាពមិនប្រក្រតីអាចកាត់បន្ថយច្រើន»។
ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា នៅក្នុងសង្គមមួយដែលមានការលាបពណ៌ ការចោទប្រកាន់ ការមួលបង្កាច់ និងភាពចម្រូងចម្រាសផ្នែកនយោបាយដូចជាកម្ពុជា អ្នកសង្កេតការណ៍ឯករាជ្យនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងថា តើដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ឬក៏យ៉ាងណា?៖ «តួនាទីអ្នកសង្កេតការណ៍ឯករាជ្យ និងអព្យាក្រឹត្យដូចអង្គការតម្លាភាព និងអង្គការដទៃទៀតហ្នឹង គឺមានតួនាទីឆ្លុះបញ្ចាំងនូវតថភាពនៅថ្ងៃបោះឆ្នោត ថាតើវាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អាចទទួលយកបានទេ។ នៅពេលដែលយើងរកឃើញយ៉ាងម៉េច យើងបង្ហាញជាលក្ខណៈសាធារណៈនូវអ្វីដែលយើងរកឃើញដើម្បីឲ្យសាធារណជន មតិជាតិ អន្តរជាតិ និងគណបក្សនយោបាយអាចទទួលយក ថានេះគឺជាព័ត៌មានឆ្លុះបញ្ចាំងទិដ្ឋភាពពិត»។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ដែលជាសម្ព័ន្ធអង្គការសមាគមជិត ៤០ នៅកម្ពុជា មានអ្នកសង្កេតការណ៍ចំនួន ១ម៉ឺន ៣ពាន់នាក់ គ្រប់ទីតាំងបោះឆ្នោតទាំងអស់ទូទាំងប្រទេស។ ចំណែកអង្គការតម្លាភាពកម្ពុជា មានអ្នកសង្កេតការណ៍ប្រមាណ ១ពាន់ ២០០នាក់នៅតាមតំបន់គោលដៅទូទាំងប្រទេស។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង ៧ម៉ឺន ៤ពាន់នាក់ (៧៤.២៩៤នាក់) អ្នកសង្កេតការណ៍អន្តរជាតិចំនួន ១៩២នាក់ ភ្នាក់ងារគណបក្សនយោបាយពេញសិទ្ធិចំនួនជាង ៥ម៉ឺន ៨ពាន់នាក់ (៥៨.៤១០នាក់) និងបម្រុងចំនួនជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.៦៦៦នាក់)។
អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយដែលជាតួអង្គដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនោះ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហា និងភាពមិនប្រក្រតីនានាទាក់ទងនឹងការរំលោភច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោត។ បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត បានបែងចែកភាពមិនប្រក្រតីទៅតាមប្រភេទនីមួយៗ។
ភាពមិនប្រក្រតីទាក់ទងនឹងការគំរាមកំហែង ការរារាំង និងអសន្តិសុខ មានដូចជាបញ្ហាខ្វះសម្ភារមួយចំនួនបង្កឲ្យមានការរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត ឬរាប់សន្លឹកឆ្នោត ការបដិសេធមិនឲ្យអ្នកសង្កេតការណ៍ ឬភ្នាក់ងារគណបក្សនយោបាយចូលសង្កេតក្នុងការិយាល័យបោះឆ្នោត ឬរាប់សន្លឹកឆ្នោត មានការរារាំងអ្នកបោះឆ្នោតដោយវិធីផ្តល់លុយកាក់ ឬសម្ភារដើម្បីកុំឲ្យទៅបោះឆ្នោត មានមន្ត្រីជាអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងប្រដាប់អាវុធដែលមិនមានពាក់ប្រឡង់ដៃសន្តិសុខរបស់ គ.ជ.ប ស្លៀកពាក់ឯកសណ្ឋាន ឬមានសកម្មភាពយកអាវុធជាតិផ្ទុះ ឬប្រើពាក្យសម្ដីគំរាមកំហែង បំភិតបំភ័យនៅខាងក្នុង ឬនៅបរិវេណខាងក្រៅ ឬក្បែរការិយាល័យបោះឆ្នោត ឬរាប់សន្លឹកឆ្នោត។
ចំណែកភាពមិនប្រក្រតីទាក់ទងនឹងនីតិវិធីវិញ រួមមានការមិនបង្ហាញហិបឆ្នោតទទេ មុនពេលចាប់ផ្ដើមដំណើរការបោះឆ្នោត ការបើកការិយាល័យបោះឆ្នោតយឺតជាងម៉ោង ៧ព្រឹក ដោយគ្មានមូលហេតុត្រឹមត្រូវ ភាពមិនប្រក្រតីនានាដែលនាំឲ្យបាត់ភាពសម្ងាត់នៃការបោះឆ្នោត ដូចជាជញ្ជាំងរហែក ការសាកសួរ ការលបមើល ការបើកបង្អួច ឬការិយាល័យបោះឆ្នោតនៅក្រោយផ្ទះប្រជាពលរដ្ឋដែលអាចមើលឃើញ ការមិនពិនិត្យម្រាមដៃ ឬមិនជ្រលក់ទឹកខ្មៅលុបលាងមិនជ្រះ ការមិនពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្នុងឯកសារ និងបញ្ជីបោះឆ្នោត ការឲ្យសន្លឹកឆ្នោតលើសពីមួយសន្លឹក ការផ្អាក ឬបិទការិយាល័យនៅពេលកំពុងដំណើរការបោះឆ្នោតជាយថាហេតុ។
ភាពមិនប្រក្រតីមួយទៀត គឺទាក់ទងនឹងសិទ្ធិអ្នកបោះឆ្នោត។ អ្នកមានសិទ្ធិបោះឆ្នោតមិនបានបោះឆ្នោត ដោយសារមូលហេតុ គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ខណៈមានឯកសារ និងឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ខុសទិន្នន័យ ដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះរបស់ខ្លួនត្រូវបានបញ្ជាក់ថាបោះរួចហើយ រកឈ្មោះមិនឃើញ ឬរកការិយាល័យបោះឆ្នោតមិនឃើញ។ អ្នកគ្មានសិទ្ធិបោះឆ្នោត ឬគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត។ អ្នកមានស្នាមទឹកខ្មៅនៅម្រាមដៃសម្គាល់ថាបានបោះឆ្នោតរួចហើយ ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតម្តងទៀត។ អ្នកបោះឆ្នោតបានយកសន្លឹកឆ្នោតចេញមកខាងក្រៅការិយាល័យបោះឆ្នោត ដើម្បីគូសឲ្យអ្នកបោះឆ្នោតផ្សេងទៀត ហើយយកទៅដាក់ក្នុងហិបឆ្នោតជាបន្តបន្ទាប់គ្នា។
ការបដិសេធ ឬមិនអើពើ ឬមិនព្រមប្រគល់ទម្រង់ប្ដឹងតវ៉ា ឬជំទាស់ទៅអ្នកបោះឆ្នោត ឬភ្នាក់ងារគណបក្សនយោបាយពីសំណាក់មន្ត្រីការិយាល័យបោះឆ្នោត ក៏ត្រូវបានចាត់ទុកថាជាភាពមិនប្រក្រតីមួយដែរ។
ដោយឡែកភាពមិនប្រក្រតីទាក់ទងនឹងដំណើរការរាប់សន្លឹកឆ្នោតវិញ រួមមានការមិនមួលភ្ជិតសន្ទះបិទប្រឡោះសម្រាប់ស៊កសន្លឹកឆ្នោត ឬមិនចាក់សោឃ្លុំហិបឆ្នោត ការរំខាន ឬរារាំងដល់ដំណើរការរាប់សន្លឹកឆ្នោត ការពន្យារពេលរាប់សន្លឹកឆ្នោត ឬបិទការិយាល័យរាប់សន្លឹកឆ្នោតពេលកំពុងដំណើរការរាប់ ការមិនអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ថតដំណើរការរាប់សន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោតដោយអានញាប់ពេក ឬមិនបានបង្ហាញឲ្យឃើញច្បាស់ពីគំនូសសន្លឹកឆ្នោត ភាពមិនត្រឹមត្រូវ ឬបន្លំលើការប្រកាសរាប់សន្លឹកឆ្នោត ការទទួលស្គាល់សន្លឹកឆ្នោតគូសមិនត្រឹមត្រូវ មិនបានការ ខូច ឬសន្លឹកឆ្នោតក្លែងក្លាយ ឬបដិសេធលើសន្លឹកឆ្នោតគូសត្រឹមត្រូវ ដោយគ្មានការត្រួតពិនិត្យ ភាពខុសគ្នារវាងសន្លឹកឆ្នោតក្នុងហិបដែលបានរាប់ឃើញ និងចំនួនអ្នកបោះឆ្នោតដែលបានបោះឆ្នោត ករណីមិនផ្តល់ឲ្យនូវកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតដល់ភ្នាក់ងារគណបក្សនយោបាយ ឬមិនបិទផ្សាយកំណត់ហេតុនេះនៅមុខការិយាល័យ ការជំទាស់ និងការមិនយល់ព្រមលើការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត និងការដោះស្រាយ ឬការមិនចុះហត្ថលេខាលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។
បើសិនជាសង្កេតឃើញភាពមិនប្រក្រតីណាមួយកើតឡើង អ្នកសង្កេតការណ៍មិនអាចប្ដឹងតវ៉ា ឬជំទាស់ដូចភ្នាក់ងារគណបក្សនយោបាយឡើយ ពួកគេអាចត្រឹមតែសរសេររបាយការណ៍ទៅអង្គភាពរបស់ខ្លួនប៉ុណ្ណោះ។ អ្នកសង្កេតការណ៍ត្រូវប្រកាន់ជំហរអព្យាក្រឹត ដោយមិនត្រូវប្រកាន់បក្សនយោបាយណាមួយឡើយ ហើយត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ហាមដាច់ខាតមិនឲ្យផ្តល់ការណែនាំ ឬស្ដីបន្ទោសដល់មន្ត្រីបោះឆ្នោត ឬមន្ត្រីរាប់សន្លឹកឆ្នោតឡើយ បើមិនដូច្នេះទេ ពួកគេនឹងត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬរាប់សន្លឹកឆ្នោត ហើយបើពួកគេមិនគោរពតាមការព្រមាននេះទេ ពួកគេនឹងត្រូវផាកពិន័យជាប្រាក់ពី ១លាន ដល់ ១០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្រៅពីពឹងផ្អែកលើអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ អ្នកបោះឆ្នោតក៏ត្រូវចូលរួមជាអ្នកតាមដានព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ភាគីសំខាន់បំផុតក្នុងការសង្កេតមើលដំណើរការបោះឆ្នោត គឺពលរដ្ឋអ្នកបោះឆ្នោតខ្លួនឯងតែម្តង។ បើសិនជាសង្កេតឃើញភាពមិនប្រក្រតីណាមួយកើតឡើង ប្រជាពលរដ្ឋត្រូវរាយការណ៍ព័ត៌មាននោះទៅកាន់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឬភ្នាក់ងារគណបក្សនយោបាយដែលអាចទុកចិត្តបាន ឬក៏ប្ដឹងករណីនោះទៅស្ថាប័នរៀបចំការបោះឆ្នោត៖ «មែនទែនទៅប្រជាពលរដ្ឋហ្នឹងហើយដែលជាអ្នកដើរតួនាទីសំខាន់ជាងគេ។ ពួកគាត់មានតួនាទីតាមដានមើលនូវសភាពការណ៍ទាំងឡាយ មើលនូវភាពត្រឹមត្រូវនៅមូលដ្ឋានរបស់គាត់ ថាតើមូលដ្ឋានរបស់គាត់ ថាតើភាពត្រឹមត្រូវក្នុងការចូលរួមរបស់ក្រុមការងាររៀបចំការបោះឆ្នោតហ្នឹង បរិយាកាស ការគំរាមកំហែង និងបញ្ហាផ្សេងៗ។ ទាំងនេះគឺជាការចូលរួមរបស់គាត់ គ្រាន់តែថាការចូលរួមរបស់គាត់អត់មានតួនាទី និងភារកិច្ចក្នុងការិយាល័យបោះឆ្នោតទេ»។
សំខាន់ជាងនេះទៅទៀត អ្នកបោះឆ្នោតទាំងអស់ត្រូវចៀសវាងនូវសកម្មភាពមួយចំនួន ដូចជារារាំងមិនឲ្យពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោត ឬរាប់សន្លឹកឆ្នោតបាន និងការធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត ព្រមទាំងសកម្មភាពផ្សេងទៀតដែលត្រូវបានកំណត់ក្នុងទោសបញ្ញត្តិនៃច្បាប់បោះឆ្នោត។
អ្នកជំនាញខាងកិច្ចការបោះឆ្នោត អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងត្រូវបោះតាមឆន្ទៈរបស់ខ្លួន កុំមានការភិតភ័យ ឬព្រួយបារម្ភអ្វីឡើយ ព្រោះការបោះឆ្នោតធ្វើឡើងដោយសម្ងាត់ គ្មានអ្នកណាម្នាក់អាចដឹងបានឡើយ៕