Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រុម​អ្នក​ប្រឈម​នឹង​ជំងឺ​អេដស៍​ស្នើ​បក្ស​នយោបាយ​ដោះស្រាយ​បញ្ហា​សុខាភិបាល​នៅ​តាម​មូលដ្ឋាន

$
0
0

បណ្ដាញ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត បណ្ដាញ​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ដោះស្រាយ​បញ្ហា​ផ្ដល់​សេវា​សុខាភិបាល​ជូន​ពួកគាត់​នៅ​តាម​មូលដ្ឋាន។ ការ​ស្នើ​នេះ​នៅ​ក្នុង​ជំនួប​ដែល​រៀបចំ​ដោយ​អង្គការ​ខាណា (KHANA) ដែល​មាន​គណបក្ស​នយោបាយ និង​ក្រុម​ប្រឈម​ខ្លាំង ជជែក​ពី​បញ្ហា​សុខភាព និង​ការ​អភិវឌ្ឍ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ក្រុម​ដែល​គេ​ចាត់​ទុក​ថា កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍ ដែល​ត្រូវ​ការ​សេវា​សុខាភិបាល​ជា​ចាំបាច់ រំពឹង​ថា អាជ្ញាធរ​ដែល​ជាប់​ឆ្នោត​នឹង​ជួយ​សម្រួល​ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​ថ្នាក់​មូលដ្ឋាន​ដោយ​គ្មាន​ការ​រើសអើង។

បណ្ដាញ​អប់រំ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន លោក អ៊ុក ថា ថ្លែង​ថា បច្ចុប្បន្ន​នៅ​តែ​មាន​ការ​រើសអើង​ក្នុង​សហគមន៍​ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន ភាព​ប្រឈម​ផ្លូវ​ច្បាប់ ខ្វះ​ការ​គាំទ្រ​សេវា​សុខភាព ហើយ​ពួកគេ​ប្រឈម​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

លោក​ថា សូម​កុំ​ចាត់​ទុក​ពួកគាត់​ជា​ជនល្មើស ពួកគាត់​គឺ​ជា​ជន​រងគ្រោះ ដែល​មិន​ចង់​ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​នោះ​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​គណបក្ស​ដែល​ជាប់​ឆ្នោត​សុំ​ឲ្យ​គេ​ជួយ​ដូចជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដូចជា ចាប់​យក​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​ដាក់​ក្នុង​មណ្ឌល​ស្ដារ​នីតិសម្បទា​មួយ​ចំនួន ដូចជា ព្រៃ​ស្ពឺ ចាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​អ៊ីចឹង រហូត​ដល់​រយៈពេល ២​ខែ គាត់​ដាច់​ថ្នាំ​ពន្យារ​ជីវិត អត់​ដឹង​ស្ថានភាព​ពួកគាត់​គាត់​ទ្រុឌទ្រោម​ទៅៗ ដល់​ពេល​បញ្ជូន​គាត់​ចេញ​មក​រយៈពេល ២​ថ្ងៃ​គាត់​ស្លាប់។ មិនមែន​មាន​តែ ១​ករណី​ហ្នឹង​ទេ មាន ២ ឬ ៣​ករណី​ទៀត។ ក្នុង​សហគមន៍ ឬ​ក៏​តាម​មន្ទីរពេទ្យ​អី​មួយ​ចំនួន​ពេល​យើង​ទទួល​សេវា​គេ​រើសអើង​យើង​ជា​ខ្លាំង គេ​ទុក​ពួក​យើង​ចោល គេ​អ្នក​មាន​លុយ​គេ​ចូល​បាន​ភ្លាមៗ ហើយ​អ្នក​អត់​លុយ អ្នក​គ្រឿងញៀន​គេ​ទៅ​ហួស​មក​ហួស»

សមាជិក​បណ្ដាញ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត លោកស្រី អ៊ុក សុម៉ាឡៃ មាន​មតិ​ថា គាត់​ចង់​ឲ្យ​គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ផ្ដល់​សេវា​សន្តិសុខ​ដល់​ស្ត្រី​ធ្វើការ​កម្សាន្ត​នៅ​ពេល​យប់​ជ្រៅ​ឲ្យ​មាន​សុវត្ថិភាព ហើយ​ក្រុម​ស្ត្រី​ទាំង​នេះ នៅ​តែ​ទទួល​ការ​រើសអើង​ពី​សហគមន៍​អតិថិជន និង​ស្ថាប័ន​ផ្ដល់​សេវា​មួយ​ចំនួន​នៅ​ឡើយ៖ «ពេល​ពួក​ខ្ញុំ​ចុះ​ផ្សព្វផ្សាយ​គឺ​ខ្ញុំ​ចុះ​ទៅ​ជួយ​ស្ត្រី​នៅ​ពេល​យប់ ខ្ញុំ​ខ្លាច​ហានិភ័យ​ណា​មួយ ឬ​ខ្លាច​គេ​ចាប់​រំលោភ ឬ​ប្រើ​អំពើ​ហិង្សា​ពួក​ខ្ញុំ។ មិន​ត្រឹម​ក្ដី​បារម្ភ​ចំពោះ​ពួក​ខ្ញុំ​ជា​អ្នក​អប់រំ​ទេ ស្ត្រី​នៅ​ក្នុង​ហាង​ចេញ​ពី​ធ្វើការ​នៅ​ពេល​យប់​ដែរ គេ​វាយ​យក​របស់​ធ្លាប់​ជួប​ហើយ​រហូត​ដល់​ស្លាប់​ទៀត រឿង​នេះ​កើត​ឡើង​ហើយ»

ឆ្លើយ​តប​នឹង​កង្វល់​នេះ គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​របស់​អង្គការ​ខាណា ប៉ុន្តែ​តំណាង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​នោះ​ទេ។

តំណាង​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផន ចន្ថា ទទួល​ស្គាល់​ថា មាន​ការ​រើសអើង និង​មាន​បញ្ហា​ទាំង​នេះ។ ប៉ុន្តែ​លោក​បាន​សន្យា​នៅ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត​ថា បើ​សិន​គណបក្ស​លោក​ជាប់​ឆ្នោត​ដឹកនាំ​ឃុំ-​សង្កាត់​ណា​នោះ នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ស្លាប់​ដោយ​គ្មាន​ការ​ព្យាបាល​នោះ​ទេ។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន ដារី ថ្លែង​ថា លោក​យល់​អំពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​នេះ។ លោក​ថា បញ្ហា​គ្រឿងញៀន​រីក​រាលដាល​ដោយសារ​ក្រុម​អ្នក​ធំ និង​អ្នក​មាន​អំណាច ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នឹង​ធ្វើការ​បែងចែក​ថវិកា​ជាតិ​លើ​វិស័យ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ៖ «ខ្ញុំ​សូម​ជម្រាប​ថវិកា​ជាតិ​បច្ចុប្បន្ន​ចំពោះ​វិស័យ​សុខាភិបាល​ប្រហែល​តែ ៦.៧% ប៉ុណ្ណោះ នៃ​ថវិកា​ជាតិ​ទាំង​មូល​តិច​មែន​ទែន»

នាយក​ប្រតិបត្តិ​អង្គការ​ខាណា លោក ជួប សុខចំរើន ឲ្យ​ដឹង​ថា ក្រុម​បុរស​ស្រលាញ់​បុរស​មាន​ចំនួន ៣​ម៉ឺន​នាក់ ក្រុម​ស្ត្រី​សេវា​កម្សាន្ត​ចំនួន ៣​ម៉ឺន ៤​ពាន់​នាក់ អ្នក​ចាក់ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន ៧​ម៉ឺន ៤​ពាន់​នាក់ ជំរុញ​ឲ្យ​អ្នក​នយោបាយ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ជូន​ក្រុម​ប្រឈម​នេះ ព្រោះ​ជា​សំឡេង​របស់​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


គ្រួសារ​កុមារ​ពិការ​ដៃ​នៅ​សិប្បកម្ម​ឡឥដ្ឋ​សម្ងំ​រស់​នៅ​ដោយ​ភ័យខ្លាច

$
0
0

ឪពុក​ម្ដាយ​កុមារ​រងគ្រោះ​ដាច់​ដៃ​ម្ខាង​នៅ​រោង​សិប្បកម្ម​ឡឥដ្ឋ កំពុង​រស់​នៅ​ដោយ​ភ័យខ្លាច​ដោយ​ការ​រត់​គេច ក្រោយ​កូន​របស់​ខ្លួន​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ម្ខាង​នៅ​ក្នុង​រោង​សិប្បកម្ម​ឡឥដ្ឋ​នៅ​ខែត្រ​កណ្ដាល កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។ ការ​ព្រួយ​បារម្ភ​នេះ ខណៈ​ថៅកែ​ឡឥដ្ឋ​បាន​ទៅ​រក​ផ្ទះ​អតីត​កម្មករ​នោះ​ឃើញ និង​ព្រមាន​ថា នឹង​យក​គ្រួសារ​នោះ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ឥដ្ឋ​ទៀត​ដើម្បី​ដោះ​បំណុល។

ករណី​ក្មេង​ប្រុស​ម្នាក់​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​ទាញ​ឥដ្ឋ​ដាច់​ដៃ​ម្ខាង​ត្រឹម​ស្មា មិន​ទាន់​ទទួល​សំណង​ពី​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ឡើយ។ ក្រៅ​ពី​មិន​ទាន់​ទទួល​បាន​សំណង ឪពុក​ម្ដាយ​កុមារ​ពិការ​ដៃ នៅ​តែ​ព្រួយ​បារម្ភ និង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ព្រោះ​ថៅកែ​ឡឥដ្ឋ​ទាមទារ​ឲ្យ​សង​បំណុល​ដែល​ពួកគេ​ជំពាក់​ជាង ៣.០០០​ដុល្លារ។ សព្វថ្ងៃ​ឪពុក​ម្ដាយ​កុមារ​ពិការ​បាន​នាំ​គ្នា​រត់​ចេញ​ពី​ឡឥដ្ឋ​នៅ​ខេត្ត​កណ្ដាល ទៅ​រស់​នៅ​ទី​ដាច់ស្រយាល​ក្នុង​ខេត្ត​ព្រះសីហនុ។

កុមារ​គ្រោះថ្នាក់​ពិការ​ដៃ ព្រោះ​ចូល​ម៉ាស៊ីន​ឥដ្ឋ អាស៊ីសេរី សុំ​ហៅ​ឈ្មោះ​ក្រៅ​ថា វិចិត្រ។ វិចិត្រ មាន​អាយុ ៧​ឆ្នាំ ជា​កូន​ទី​៥ នៃ​គ្រួសារ​កម្មករ​ឡឥដ្ឋ​ក្រលំបាក។ វិចិត្រ ជួប​គ្រោះថ្នាក់​នេះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ វិចិត្រ បាន​ចូល​ដៃ​ម្ខាង​ទៅ​ក្នុង​ម៉ាស៊ីន​ឥដ្ឋ ធ្វើ​ឲ្យ​ដៃ​នោះ​ដាច់​តែម្ដង។

ផ្ទះ​ឈើ​ជញ្ជាំង និង​ដំបូល​បាំង​បិទ​ដោយ​ស័ង្កសី​ចាស់ៗ ប៉ុន្តែ​គ្មាន​រនាប និង​មាន​ដំណាំ​ហូប​ផ្លែ​ពីរ​បី​ដើម​នៅ​ជុំវិញ​ផ្ទះ។ ទី​នេះ​ជា​ជម្រក​សុខសាន្ត​របស់​គ្រួសារ​ក្រីក្រ​ដែល​ជា​កម្មករ​ឡឥដ្ឋ​មួយ ដែល​បាន​នាំ​គ្នា​រត់​ចេញ​ពី​ឡឥដ្ឋ នៅ​ក្នុង​តំបន់​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដែល​ជា​តំបន់​សិប្បកម្ម​ឡឥដ្ឋ មក​រស់​ក្នុង​ភូមិ​កំណើត​របស់​ខ្លួន​វិញ នៅ​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ត​ព្រះសីហនុ៖ «»។

​កំពុង​បោសសម្អាត​ស្លឹក​ឈើ​ជុំវិញ​ផ្ទះ លោកស្រី ម៉ី ណា រៀបរាប់​ទាំង​សប្បាយ​ចិត្ត​ថា គ្រួសារ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ឡឥដ្ឋ​បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ៖ «»។

ប៉ុន្តែ​នៅ​ពេល​លោកស្រី​មើល​ឃើញ​កូន​ប្រុស​ពិការ​ដៃ​របស់​ខ្លួន​ដែល​កំពុង​រត់​លេង​ក្រោម​ម្លប់​ឈើ ស្ត្រី​មាន​សម្បុរ​ខ្មៅ​ស្រអែម មាន​វ័យ​ជាង ៤០​ឆ្នាំ​រូប​នេះ ប្រែ​ទឹក​មុខ​ក្រៀមក្រំ​មួយ​រំពេច។

ម្ដាយ​កុមារ​រងគ្រោះ គឺ​លោកស្រី ម៉ី ណា រៀបរាប់​ព្រឹត្តិការណ៍​នោះ​ថា ក្នុង​ពេល​លោកស្រី​កំពុង​លើក​ឥដ្ឋ​ចេញ​ពី​ម៉ាស៊ីន​បញ្ចេញ​ឥដ្ឋ វិចិត្រ បាន​ទៅ​សុំ​លុយ ៥០០​រៀល​ទិញ​នំ ប៉ុន្តែ​លោកស្រី​មិន​ទាន់​មាន​លុយ​ឲ្យ ក៏​ប្រាប់​ឲ្យ​កូន​ចេញ​ពី​កន្លែង​ទាញ​ឥដ្ឋ ប៉ុន្តែ វិចិត្រ មិន​បាន​ចេញ​ទៅ​វិញ​ទេ នៅ​សម្ងំ​ឈរ​ក្រោយ​ខ្នង​លោកស្រី។ លោកស្រី​បន្ត​ថា លោកស្រី​មិន​បាន​ដឹង​ថា កូន​នៅ​ឈរ​នៅ​ក្រោយ​ខ្នង​ទៀត ទើប​បន្ត​ការងារ​ធម្មតា​វិញ ហើយ​លោកស្រី​បែរ​ខ្លួន​មក​ក្រោយ បណ្ដាល​ឲ្យ វិចិត្រ ទៅ​លើ​ម៉ាស៊ីន​បញ្ចេញ​ឥដ្ឋ ពេល​នោះ​ហើយ​ដៃ​ម្ខាង​របស់ វិចិត្រ បាន​ចូល​ក្នុង​ម៉ាស៊ីន និង​ដាច់​តែម្ដង៖ «»។

​ទាក់ទង​ស្ថានភាព​នៅ​ក្នុង​ឡឥដ្ឋ​នេះ​ដែរ ក្រុម​ការងារ​អាស៊ីសេរី បាន​ចុះ​ទៅ​តំបន់​ឡឥដ្ឋ​មួយ​ចំនួន និង​រោង​សិប្បកម្ម​ឡឥដ្ឋ ដែល​កុមារ វិចិត្រ ជួប​គ្រោះថ្នាក់​ដាច់​ដៃ ស្ថិត​នៅ​ភូមិ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ កន្លែង​ផលិត​ទាំង​នោះ​មាន​ស្ថានភាព​ស្រដៀងៗ​គ្នា។

នៅ​កន្លែង​ទាំង​នោះ មាន​ធ្វើ​ផ្ទះ​តូច​ឲ្យ​កម្មករ​ស្នាក់ ហើយ​កុមារ​តូច​ធំ​នាំ​គេ​រត់​លេង និង​នាំ​គ្នា​លេង​នៅ​គំនរ​ឥដ្ឋ។ រី​ឯ​កុមារ​ខ្លះ​រៀប​ឥដ្ឋ លើក​ឥដ្ឋ រុញ​រទេះ​ដឹក​ឥដ្ឋ និង​បញ្ជា​គ្រឿងយន្ត​ជាដើម។ ជាង​នេះ​ទៅ​ទៀត កន្លែង​ម៉ាស៊ីន​បញ្ចេញ​ឥដ្ឋ​ដែល​ជា​កន្លែង​គ្រោះថ្នាក់ គ្មាន​គម្រប ឬ​ការពារ​ឲ្យ​មាន​សុវត្ថិភាព​នោះ​ទេ។

អាស៊ីសេរី បាន​ចុះ​ទៅ​ដល់​ទីតាំង​សិប្បកម្ម​ឡឥដ្ឋ​របស់​លោក ថាច លៀងស្រេង ដែល​ជា​កន្លែង​ដាច់​ដៃ​កុមារ ឋិត​នៅ​ភូមិ​ឈើទាល ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ប៉ុន្តែ​ថៅកែ​ឡឥដ្ឋ​មិន​ព្រម​មក​ជួប​តាម​ការ​សន្យា​ទេ ដោយ​លោក​ហេតុផល​ថា ឡាន​ខូច​តាម​ផ្លូវ។

យ៉ាងណា​ក៏ដោយ ថៅកែ​រូប​នេះ​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ ដោយ​លោក​ប្រាប់​ថា ក្រុម​គ្រួសារ​កម្មករ​ឡ​ឥដ្ឋ​ដែល​មាន​កូន​គ្រោះថ្នាក់​ដាច់​ដៃ​នោះ ជា​មនុស្ស​មិន​ល្អ លួច​រត់​ចេញ​ពី​ឡឥដ្ឋ​របស់​លោក​ទាំង​មិន​ទាន់​សង​បំណុល​ជាង ៣.០០០​​ដុល្លារ។ លោក​ព្រមាន​នឹង​តាម​ស្វែង​គ្រួសារ​លោកស្រី ម៉ី ណា ដែល​លួច​រត់​ចេញ​ពី​ឡឥដ្ឋ​ដើម្បី​ដោះស្រាយ​បំណុល៖ «»។

​បំណុល​កម្មករ​ធ្វើការ​នៅ​ឡឥដ្ឋ​ភាគ​ច្រើន ព្រោះ​កម្មករ​យក​ខ្លួន ឬ​ទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ទៅ​បញ្ចាំ​ដើម្បី​ដោះ​បំណុល។ មាន​ន័យ​ថា កម្មករ​ទៅ​ខ្ចី​លុយ​ពី​ថៅកែ​ឡឥដ្ឋ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់ពាន់​ដុល្លារ ដោយ​យក​ប្លង់​ដី​ទៅ​បញ្ចាំ ហើយ​ពួកគេ​ត្រូវ​ទៅ​ធ្វើ​ការ​ជា​កម្មករ​នៅ​ឡឥដ្ឋ​ដើម្បី​ដោះ​បំណុល។

តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី កម្មករ​ទាំង​នោះ​ភាគ​ច្រើន​ខ្ចី​លុយ​ពី​ថៅកែ​ឡឥដ្ឋ​មួយ ទៅ​ថៅកែ​ឡឥដ្ឋ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ពួកគេ​ជំពាក់​បំណុល​ត​ជំនាន់​តាំង​ពី​ឪពុក​ម្ដាយ​ធ្លាក់​ដល់​កូន។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) កាល​ពី​ចុង​ឆ្នាំ​២០១៦ ដែល​និយាយ​ពី​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា លើក​ឡើង​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ ជា​ប្រភេទ​ការងារ​ខុស​ច្បាប់ ដោយ​យោង​តាម​ច្បាប់​របស់​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ។ របាយការណ៍​ដដែល​លើក​ឡើង​ទៀត​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ជា​ការ​អនុវត្ត​ស្រដៀង​គ្នា​ទៅ​នឹង​ទាសភាព។

​ម្ដាយ​កុមារ​ពិការ​ដៃ គឺ​លោកស្រី ម៉ី ណា  ឲ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ធ្វើការ​នៅ​ឡឥដ្ឋ​ជា​អ្នក​វាយ​ដី​ចូល​ពុម្ព​ឲ្យ​ក្លាយ​ជា​ដុំ​ឥដ្ឋ។ លោកស្រី​ឲ្យ​ដឹង​ថា ឥដ្ឋ​មួយ​ដុំ​បាន​កម្រៃ ១៨​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូន​លោកស្រី​អាច​ធ្វើ​បាន​ឥដ្ឋ​ជាង ១​ម៉ឺន​ដុំ គិត​ជា​ប្រាក់​បាន​ជិត​ពីរ​ម៉ឺន​រៀល ប៉ុន្តែ​ដាច់​ខែ​ទើប​ថៅកែ​បើក​លុយ​ឲ្យ។

ការ​ផ្ដល់​សំណង​ករណី​កុមារ វិចិត្រ ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ម្ខាង​នៅ​សិប្បកម្ម​របស់​លោក​ក្នុង​ពេល​កំពុង​បំពេញ​ការងារ លោក​ថៅកែ ថាច លៀងស្រេង មិន​ឆ្លើយ​​បំភ្លឺ​ឲ្យ​ច្បាស់លាស់​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា លោក​ផ្ដល់​ឲ្យ​សម្រាប់​ការ​ព្យាបាល​លើស​ពី ៩​ម៉ឺន​រៀល៖ «»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​សុំ​ពន្យល់​ពី​ករណី​នេះ ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ខាង​ក្រសួង​ការងារ​វិញ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វ៉េង ហៀង ឲ្យ​ដឹង​ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី កាល​ពី​ដើម​ខែ​កុម្ភៈ ថា  ករណី​កុមារ​ជួប​គ្រោះថ្នាក់​នៅ​ឡឥដ្ឋ មិន​ត្រូវ​ដាក់​បន្ទុក​តែ​មក​លើ​ថៅកែ​រោងចក្រ​តែ​ឯង​នោះ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក​ឪពុក​ម្ដាយ​របស់​កុមារ​ទាំង​នោះ៖ «»។

​ប៉ុន្តែ​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មិន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​ក្រសួង​ការងារ​ទេ។ លោក​ថា ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ជា​អ្នក​ទទួល​ខុស​ត្រូវ​មុន​គេ ព្រោះ​អង្គការ​លីកាដូ អង្កេត​ឃើញ​ថា ទីកន្លែង​ដែល​កុមារ​ជួប​គ្រោះថ្នាក់ ថៅកែ​រោងចក្រ​មិន​រៀបចំ​ឲ្យ​មាន​សុវត្ថិភាព​នោះ​ទេ ដែល​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ថៅកែ​ឡឥដ្ឋ៖ «»។

​វិចិត្រ បាន​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ម្ខាង​ទៅ​ក្នុង​ម៉ាស៊ីន​ធ្វើ​ឥដ្ឋ កាល​ពី​ចុង​​ខែ​មីនា ឆ្នាំ​២០១៦។ ជាង​មួយ​ខែ​ក្រោយ​ជួប​គ្រោះថ្នាក់​នេះ ដោយ​មិន​បាន​ទទួល​បាន​ប្រាក់​សំណង​ពី​ថៅកែ​ឪពុក​ម្ដាយ​របស់​កុមារ​សម្រេច​រត់​ចេញ​ពី​ឡឥដ្ឋ​ទាំង​យប់​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ៖ «»។

សព្វ​ថ្ងៃ​នេះ ឪពុក​ពួកគេ​សម្រេច​ឲ្យ វិចិត្រ បងប្រុស​ម្នាក់ និង​បងស្រី​ម្នាក់​ចូល​រៀន​នៅ​សាលា​រដ្ឋ​មួយ​កន្លែង​ជិត​ផ្ទះ​ដោយ​ទទួល​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច​ពី​អង្គការ​មនុស្សធម៌​នៅ​ក្នុង​តំបន់​នោះ។

​ក្រោយ វិចិត្រ ជួប​គ្រោះថ្នាក់​ពិការ​ដៃ​ម្ខាង​កុមារ​រូប​នេះ មិន​មាន​បុគ្គលិក​លក្ខណៈ​ដូច​កុមារ​ដទៃ​ទេ។

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចុះ​ទៅ​ដល់​ផ្ទះ​កុមារ វិចិត្រ នៅ​ខេត្ត​ព្រះសីហនុ កុមារ​រូប​នេះ ឆាប់​ភ័យ​ខ្លាច​នៅ​ពេល​ឃើញ​មនុស្ស​ប្លែក​មុខ និង​មិន​និយាយ​ជាមួយ​អ្នក​ណា​ដែល​គេ​មិន​ស្គាល់​នោះ​ទេ៖ «»។

អ្នកស្រី អឹម សុផានី ជា​គ្រូបង្រៀន​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​គ្រូ​ប្រចាំ​ថ្នាក់​បង្រៀន​កុមារ វិចិត្រ ឲ្យ​ដឹង​ថា កុមារ វិចិត្រ មិន​ហ៊ាន​និយាយ ឬ​សួរ​អ្នកស្រី​ទេ​នៅ​ក្នុង​ម៉ោង​សិក្សា ហើយ​សូម្បី​អ្នកស្រី​សួ​សំណួរ ក៏ វិចិត្រ មិន​ហ៊ាន​ឆ្លើយ​ដែរ។ អ្នកស្រី​ថា បើ​ចំពោះ​កុមារ​ផ្សេងៗ​ទៀត វិចិត្រ និយាយ​លេង​ធម្មតា។ អ្នកស្រី​ថា អ្នកស្រី​បាន​ដឹង​ថា វិចិត្រ ជា​អតីត​កុមារ​ឡឥដ្ឋ ដូច្នេះ​ទាមទារ​ឲ្យ​អ្នកស្រី​យក​ចិត្ត​ទុក​ជាង​កុមារ​ផ្សេងទៀត៖ «»។

​លើស​ពី​តួនាទី​គ្រូបង្រៀន អ្នកគ្រូ អឹម សុផានី យល់​ថា ប្រសិនបើ​មាន​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​ពាក់ព័ន្ធ​យកចិត្ត​ទុក​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​កុមារ វិចិត្រ នឹង​អាច​ធ្វើ​ក្មេង​នេះ​អាច​រៀន​សូត្រ​ដូច​កុមារ​ដទៃ​ទៀត។ ចំណែក​នៅ​ពេល​បាន​ជួប​មុខ​ការ​ក្រុម​ការងារ​អាស៊ីសេរី ជិត​មួយ​ថ្ងៃ ទាំង​នៅ​សាលា និង​នៅ​ផ្ទះ​យូរៗ​ម្ដង​កុមារ ក៏​យល់​បន្លឺ​សំឡេង​តិចៗ​មក​ក្រុម​ការងារ​អាស៊ីសេរី ដែរ។ វិចិត្រ ថា គេ​មិន​ចង់​ទៅ​រស់​នៅ​ក្នុង​ឡឥដ្ឋ​ទៀត​ទេ ព្រោះ​ខ្លាច​ថៅកែ​ឡឥដ្ឋ​វាយ​ធ្វើ​បាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្រុក​ថាឡាបរិវ៉ាត់​ចង់​ឲ្យ​មេ​ឃុំ​អាណត្តិ​ថ្មី​កសាង​សាលារៀន​បន្ថែម

$
0
0

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចង់​ឃើញ​មេ​ឃុំ​អាណត្តិ​ថ្មី​យក​ចិត្ត​ទុក​ដាក់​អន្តរាគមន៍​ទៅ​ក្រសួង​អប់រំ កសាង​អនុវិទ្យាល័យ​នៅ​មូលដ្ឋាន​ពួក​គេ​រស់នៅ ខណៈ​ដែល​សិស្សានុសិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦ ភាគច្រើន​បោះបង់​ការ​សិក្សា​ដោយសារ​គ្មាន​សាលារៀន។

បញ្ហា​ខ្វះ​សាលារៀន គឺ​ជា​ប្រធានបទ​សំខាន់ ដែល​ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​កសាង​អនុវិទ្យាល័យ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ការ​ទទួល​បាន​សេវា​អប់រំ​របស់​សិស្ស ខណៈ​ឃុំ​សំអាង ពុំ​ទាន់​មាន​អនុវិទ្យាល័យ។ អ្នក​ភូមិ​បារម្ភ​ថា សិស្សានុសិស្ស​ដែល​បញ្ចប់​បឋម​សិក្សា ភាគច្រើន​ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​សាលា​នា​ទី​រួម​ស្រុក ដោយសារ​បញ្ហា​ជីវភាព។

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ផាន់ ណារិទ្ធិ បារម្ភ​ថា បើ​ក្រសួង​អប់រំ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តែ​ពន្យារ​ពេល​កសាង​សាលារៀន​បន្ថែម នឹង​បង្ក​ជា​ឧបសគ្គ​ដល់​សិស្ស និង​អាណាព្យាបាល ហើយ​អាច​រាំង​ស្ទះ​ដល់​ការ​សិក្សា​របស់​ពួក​គេ​ទៀត​ផង។ លោក​ប៉ាន់ស្មាន​ថា កុមារ​ប្រមាណ ៩០​ភាគរយ​ក្នុង​ចំណោម​កុមារ​សរុប អាច​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦ ព្រោះ​អនុវិទ្យាល័យ​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ។ លោក​មើល​ឃើញ​ថា អាជ្ញាធរ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​អន្តរាគមន៍​ទៅ​ក្រសួង​អប់រំ ដើម្បី​ពន្លឿន​ការ​កសាង​សាលារៀន​នៅ​តំបន់​នេះ៖ «ក្មេងៗ​វា​ពិបាក​ដល់​ពេល​រៀន​ចប់​ត្រឹម​ថ្នាក់​ទី​៦ អត់​មាន​សាលារៀន រៀន​នៅ​សាលា​នៅ​ឆ្ងាយ។ ដល់​ចឹង​បោះបង់​ការ​សិក្សា​ចោល។ កូន​ខ្ញុំ​អា​ប្រុស​ហ្នឹង​មួយ​ឃើញ​ស្រាប់។ ភាគច្រើន​ពី ៨០ ទៅ ៩០​ភាគរយ ហើយ​អ្នក​មាន​លទ្ធភាព​រៀន​នៅ​ខែត្រ​តិចតួច​ចឹង ត្រូវ​តែ​បោះបង់​ធ្វើ​ស្រែ​ចម្ការ​តែ​រហូត មិន​បាន​ធ្វើ​ស្អី​គេ​ទេ»

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ឃុំ​សំអាង លោក អ៊ុក ម៉ៅ កត់​សម្គាល់​ថា រដ្ឋ​អំណាច​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​លើក​ឡើង​កាល​ពី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៣ និង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​សន្យា​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត នឹង​កសាង​សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ជិត​ផុត​អាណត្តិ​ហើយ ពុំ​ឃើញ​បង្កើត​ស្នាដៃ​ដូច​ការ​សន្យា​នោះ​ទេ។ លោក​ចាត់​ទុក​ការ​សន្យា​នេះ​ជា​សារ​នយោបាយ​ប្រជាភិថុតិ បង្ក​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត៖ «គណបក្ស​ប្រជាជន សន្យា​ថា បើ​គេ​ជាប់​ឆ្នោត គេ​នឹង​ធ្វើ​សាលា​អនុវិទ្យាល័យ សាលា​វិទ្យាល័យ មណ្ឌល​សុខភាព អា​ហ្នឹង​គេ​និយាយ ដល់​ពេល​ជាប់​ហើយ​អត់​ឃើញ​ធ្វើ​ផង។ ចឹង​បាន​ថា​គេ​សន្យា​ខ្យល់! ឥឡូវ​ប្រជាជន​អស់​ជំនឿ​ហើយ។ មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល គេ​យក​អំណាច​ជា​ធំ គេ​ចង់​កាប់​ព្រៃ​ឈើ គេ​ចង់​ធ្វើ​សាលារៀន​ជា​រឿង​របស់​គេ»

ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៩ ឆ្លង​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅ​ខែត្រ​ព្រះវិហារ។ ពលរដ្ឋ​រស់នៅ​ទីនោះ​មួយ​ចំនួន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ និង​ពលរដ្ឋ​ចំណូល​ស្រុក​ដែល​មាន​ចំនួន​សរុប​ជាង ៧០០​គ្រួសារ​ស្មើ​នឹង​ពលរដ្ឋ​ចំនួន​ជាង ៤​ពាន់​នាក់។

មេ​ឃុំ​សំអាង លោក ញៀន ផុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ឧសភា ថា មន្ត្រី​ជំនាញ​បាន​ចុះ​មក​សិក្សា​កំណត់​ទីតាំង​កសាង​សាលា​អនុវិទ្យាល័យ​នៅ​ឃុំ​សំអាង រួច​ហើយ និង​គ្រោង​កសាង​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​ទទួល​ស្គាល់​ដែរ​ថា បញ្ហា​ខ្វះ​សាលារៀន ក៏​ជា​បញ្ហា​រួម​ផ្សំ​ចម្បង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ដែរ ខណៈ​អាជ្ញាធរ​ឃុំ​ធ្លាប់​ស្នើ​ទៅ​ថ្នាក់​លើ​ច្រើនសា​មក​ហើយ៖ «កន្លង​មក​ទៅ​រៀន​នៅ​ខែត្រ​តិច​ទេ ប៉ុន្តែ​ឥឡូវ​មាន​អ្នក​ខ្លះ​បោះបង់។ បោះបង់​សាលា​ដែល​គ្នា​គ្មាន​ធនធាន​ទៅ​រៀន​នៅ​ឆ្ងាយ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ពន្យល់​ថា បញ្ហា​ខ្វះ​សាលារៀន មេ​ឃុំ​អាច​អន្តរាគមន៍​ទៅ​ក្រសួង​អប់រំ ដោយ​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​អាជ្ញាធរ​ឃុំ​អាច​គាំទ្រ​ពលរដ្ឋ​ដោយ​រៀបចំ​ឯកសារ​ផ្សេងៗ ដាក់​សំណើ​ទៅ​ក្រសួង​អប់រំ តាម​រយៈ​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក។ លោក​ថា បញ្ហា​ខ្វះ​សាលារៀន គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​សិស្ស​ងាយ​នឹង​បោះបង់​ការ​សិក្សា៖ «ប្រសិន​ជា​មាន​ការ​បោះបង់​ការ​សិក្សា​ច្រើន វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​ទទួល​បាន​ការ​អប់រំ​របស់​ពលរដ្ឋ​កម្ពុជា ជាពិសេស​របស់​យុវជន ហើយ​បើ​កាលណា​ប្រជាពលរដ្ឋ​ក៏​យុវជន​ខកខាន​មិន​បាន​ទៅ​សាលារៀន ភាព​ក្រីក្រ​គឺ​ជា​ទិសដៅ​រយៈពេល​វែង នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​រយៈពេល​វែង»

លោក សន ជ័យ បន្ថែម​ថា បើ​យុវជន ឬ​សិស្សានុសិស្ស​ពុំ​បាន​ទទួល​ការ​អប់រំ​បាន​ត្រឹមត្រូវ លោក​មិន​សង្ឃឹម​ថា យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រក្រី​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រិះគន់​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ថា​បណ្ដោយ​ឲ្យ​ជនជាតិ​ចិន​បើកបរ​ល្មើស​ច្បាប់

$
0
0

អាណាព្យាបាល និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ឥរិយាបថ​របស់​អ្នក​បើកបរ​ជនជាតិ​ចិន នៅ​តាម​ផ្លូវ​សាធារណៈ ដែល​បើកបរ​ក្នុង​អាការៈ​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ជាដើម ដែល​បាន​ទុក​បណ្តោយ​ឲ្យ​ជនជាតិ​ចិន អាច​បើកបរ​ក្នុង​ល្បឿន​លឿន​ល្មើស​ច្បាប់​ចរាចរណ៍​កម្ពុជា ប៉ុន្តែ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។

ពលរដ្ឋ​អះអាង​ថា ការ​បើកបរ​របស់​ជនជាតិ​ចិន ភាគច្រើន​នៅ​តាម​ផ្លូវ​សាធារណៈ​នា​ទី​ប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ រាល់​ថ្ងៃ​នេះ គឺ​មាន​ល្បឿន​លឿន និង​ក្នុង​អាការៈ​ស្រវឹង ពិសេស​នៅ​ពេល​រាត្រី។ ប្រជាពលរដ្ឋ​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ពិនិត្យ​ការ​បើកបរ​របស់​ជនជាតិ​ចិន នា​មូលដ្ឋាន​នេះ។

ចំណែក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា សកម្មភាព​បើកបរ​រថយន្ត​របស់​ជន​បរទេស ពិសេស​ជនជាតិ​ចិន តាម​ផ្លូវ​សាធារណៈ​នា​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ រាល់​ថ្ងៃ​នេះ គឺ​មាន​ល្បឿន​លឿន​ពិត​មែន។ អ្នកស្រី​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​នៅ​ពេល​រាត្រី ភាគច្រើន​បង្ក​ដោយ​អ្នក​បើកបរ​ស្រវឹង​ស្រា។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជួយ​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​សកម្មភាព​បើកបរ​របស់​ជន​បរទេស ឬ​ជនជាតិ​ចិន នៅ​តាម​ផ្លូវ​សាធារណៈ ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទទួល​បាន​ផល​វិជ្ជមាន និង​ឈាន​ដល់​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​ស្រប​តាម​គោល​នយោបាយ​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត៖ «»

ទន្ទឹម​គ្នា​នេះ អ្នកស្រី សុធារី ក៏​ទទូច​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សំណូក​ពុក​រលួយ​ណា​មួយ ដែល​អាច​ឈាន​ដល់​ជួយ​សម្រួល​ឲ្យ​ជនជាតិ​ចិន មួយ​ចំនួន​អាច​មាន​សិទ្ធិ​បើកបរ​រថយន្ត ជា​ថ្នូរ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ។

ឆ្លើយតប​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​មិន​ព្រងើយ​កន្តើយ​ការងារ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ទេ។ លោក​បន្ត​ថា ការ​ត្រួត​ពិនិត្យ​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​រាល់​ថ្ងៃ​នេះ គឺ​សមត្ថកិច្ច​បាន​ចុះ​ពង្រឹង​ជា​ប្រចាំ ដោយ​មិន​កំណត់​ថា​ជនជាតិ​ខ្មែរ ឬ​បរទេស​នោះ​ទេ៖ «»

បើ​ទោះ​ជា​លោក អ៊ី សុខា មិន​ទាន់​អាច​បង្ហាញ​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​អ្នក​បើកបរ​ជនជាតិ​ចិន មាន​ចំនួន​ប៉ុន្មាន​ករណី​នា​ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០១៧ នេះ​ក្តី ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​នៅ​ពេល​យប់​មួយ​ចំនួន បាន​បង្ក​ដោយ​អ្នក​បើកបរ​ជនជាតិ​ចិន ពិត​ប្រាកដ​មែន។

ទាក់ទិន​ជនជាតិ​ចិន នេះ​ដែរ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ចំនួន ១៣​នាក់ បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា និង​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពេល​ចុះ​អន្តរាគមន៍​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ឲ្យ​រួច​ផុត​ពី​អំពើ​ហិង្សា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​ជនជាតិ​ចិន ទាំងនេះ៖ «»

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ សង្កេត​ឃើញ​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៧ មក វត្តមាន​ជនជាតិ​ចិន មាន​ចំនួន​កើន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ហើយ​ភាគច្រើន​នៃ​ជនជាតិ​ចិន ទាំងនោះ មាន​ចរិត​ព្រហើន កោងកាច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​អសន្តិសុខ អាច​នឹង​កើត​មាន​ឡើង​ជា​ថ្មី​ទៀត។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ជនជាតិ​ចិន ដែល​បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ គឺ​ជា​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ទៅ​លើ​វិស័យ​សំណង់​អគារ​ធំៗ រួម​មាន​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទ​វិភាគ៖ ហេតុ​អ្វី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ពី​សង្គ្រាម​ដដែលៗ?

$
0
0

ប្រទេស​កម្ពុជា បាន​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​សម័យកាល រួម​ទាំង​សង្គ្រាម​ស៊ីវិល​ផង។ ពាក្យ​ថា "សង្គ្រាម" ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​ខ្លាចរអា និង​មិន​ចង់​ឲ្យ​សង្គ្រាម​វិល​ត្រឡប់​មក​វិញ​ឡើយ។ ក៏ប៉ុន្តែ​ពាក្យ​ថា "សង្គ្រាម" នេះ បែរ​ជា​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​តែងតែ​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​រំឭក​អំពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​វិញ។

តើ​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែ​ថ្លែង​អំពី​សង្គ្រាម​នៅ​មុន​ពេល​បោះឆ្នោត​ដូច្នេះ​ទៅ​វិញ?

ពាក្យ​ថា "សង្គ្រាម" ជា​សារ​នយោបាយ​មួយ​កំពុង​តែ​ពេញ​និយម​សម្រាប់​គណបក្ស​កាន់​អំណាច​យក​មក​ប្រើប្រាស់ ពិសេស​គឺ​ថ្លែង​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ប្រទេស​កម្ពុជា នឹង​មាន​សង្គ្រាម ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អំពី​សង្គ្រាម​នឹង​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត បើ​សិន​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត។ ក្រៅ​ពី​ពាក្យ "សង្គ្រាម" ក៏​នៅ​មាន​ពាក្យ "បដិវត្តន៍​ពណ៌" ជា​រឿង​ដ៏​រសើប​មួយ​នា​ពេល​បច្ចុប្បន្ន​ដែរ ដែល​មន្ត្រី​រដ្ឋាភិបាល​តែងតែ​លើក​ពី​ការ​ទប់ស្កាត់ បង្ក្រាប និង​ធ្លាប់​ចាប់​អ្នក​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ដាក់​គុក​ថែម​ទៀត។

ជា​ការពិត​ទៅ ប្រហែល​ជា​ប្រជាពលរដ្ឋ​នៅ​មាន​ការ​តក់ស្លុត ឬ​ភ័យ​ខ្លាច​អំពី​សង្គ្រាម​នេះ ក៏ប៉ុន្តែ​នៅ​សម័យ​សតវត្ស​ទី​២១ នេះ អ្វីៗ​ខុស​ពី ៤០​ឆ្នាំ​មុន ពីព្រោះ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​អួតអាង​អំពី​សមិទ្ធផល​ដែល​លោក​ខំ​កសាង​ឡើង ពិសេស​ទៅ​ទៀត ក្រុម​ឧកញ៉ា កូន​ចៅ​សែស្រឡាយ​របស់​លោក បាន​កសាង​អគារ​ពាណិជ្ជកម្ម​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្លឹប​កម្សាន្ត និង​ក្រុមហ៊ុន​អាជីវកម្ម​នានា​រាប់​មិន​អស់ និង​ផ្សេងៗ​ទៀត។ បញ្ហា​ទាំងអស់​នេះ តើ​រដ្ឋាភិបាល​ពិត​ជា​ចង់​ឲ្យ​មាន​សង្គ្រាម ឬ​មិន​ភ័យ​ខ្លាច​អំពី​សង្គ្រាម?

ម្យ៉ាង​វិញ​ទៀត បញ្ហា​សង្គម​កើត​មាន​ជា​ហូរហែ រដ្ឋបាល​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ពិសេស​ទៅ​ទៀត​នោះ ប្រជាពលរដ្ឋ​ជាច្រើន​ខក​ចិត្ត​នឹង​រដ្ឋាភិបាល​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដាំ​ដើម​កៅស៊ូ ការ​រាវ​រុករក​រ៉ែ ការ​កាប់​បំផ្លាញ​ព្រៃឈើ ប្រព័ន្ធ​តុលាការ​មិន​មែន​ជា​កន្លែង​កាត់​សេចក្ដី​ឈរ​លើ​គោលការណ៍​ឯករាជ្យ ឥត​លម្អៀង និង​ផ្សេងៗ​ទៀត។

ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រង​ទុក្ខ​ទឹកភ្នែក​ដោយសារ​តែ​ការ​អភិវឌ្ឍ​នេះ។ ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​មិន​សូវ​មាន​ប្រសិទ្ធភាព ពិសេស​តុលាការ​ដែល​គេ​រក​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ និង​មិន​មែន​ជា​ទី​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ ចលនា​ងើប​តវ៉ា​ប្រឆាំង​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​រដ្ឋាភិបាល​ងើប​ឡើង​ផុសផុល ពិសេស​នៅ​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះឆ្នោត​អាណត្តិ​ទី​៥។ ការ​តវ៉ា​ធ្វើ​បាតុកម្ម បាន​រីក​រាលដាល​ដល់​កម្មករ​រោងចក្រ រហូត​ដល់​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្មករ​ប្រើ​ដុំ​ថ្ម តតាំង​នឹង​សមត្ថកិច្ច​ប្រើ​អាវុធ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រង​របួស​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ឆ្នាំ​២០១៤។

បញ្ហា​អយុត្តិធម៌​សង្គម​ជាច្រើន​បាន​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គួបផ្សំ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ពិសេស​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (facebook) បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ និង​ទីក្រុង​មួយ​ចំនួន បាន​ទទួល​ព័ត៌មាន និង​យល់​ដឹង​ពី​បញ្ហា​សង្គម​បាន​ច្រើន។ ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាស់វែង​នូវ​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​គណបក្ស​នេះ​បាន​បាត់​សំឡេង​គាំទ្រ​ជាង ២០​អាសនៈ ដែល​នឹក​ស្មាន​មិន​ដល់។ ក្រៅ​ពី​នេះ​ទៀត ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ និង​ក្រុម​ប្រឆាំង​លទ្ធផល​បោះឆ្នោត បាន​កើត​ឡើង​ស្រប​ពេល​គ្នា។

កម្លាំង​បក្ស​ប្រឆាំង បាន​បញ្ចេញ​សាច់ដុំ​នៅ​ពេល​ជាប់​គាំង​នយោបាយ​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ជា​កត្តា​វាស់វែង​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ទប់ស្កាត់​គ្រប់​ច្រកល្ហក មិន​ថា​ក្រុម​រងគ្រោះ​ដីធ្លី ឬ​ក្រុម​បក្ស​ប្រឆាំង​នោះ​ឡើយ រដ្ឋាភិបាល​ត្រូវ​តែ​ទប់ស្កាត់​ជា​មុន ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

ក្រៅ​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថែម​ទាំង​ចោទ​ប្រកាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​អ្នក​ធ្វើ​បដិវត្តន៍​ពណ៌​ថែម​ទៀត​ផង។

ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់ និង​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​មួយ​ចំនួន​ក្ដី ដូចជា​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ក្រសួង​អប់រំ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម ប៉ុន្តែ​កំណែ​ទម្រង់​នេះ​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយ​ហេតុ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រំលោភ​ដីធ្លី​នៅ​តែ​កើត​មាន។ ជាង​នេះ​ទៅ​ទៀត អំពើ​យុត្តិធម៌​សង្គម​នៅ​តែ​ជា​បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​ស្ទើរ​តែ​រាល់​ថ្ងៃ ខែ ឡើង​មក​សុំ​អន្តរាគមន៍​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ទាមទារ​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី។ល។

អ្នក​ខ្លះ​ទៀត​នាំ​គ្នា​លើក​បដា​ស្រែក​ទាមទារ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​មាន ដោយសារ​តែ​រដ្ឋាភិបាល​មាន​វិធានការ​ខ្លាំងក្លា​ចាប់​មនុស្ស​ដាក់​គុក​មិន​រើស​មុខ មាន​សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ជាដើម ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ របាយការណ៍​កម្រាស់ ៤០​ទំព័រ​មាន​ចំណង​ជើង​ថា "តុលាការ​នៃ​ភាព​អយុត្តិធម៌" ការ​បង្ក្រាប ភាព​សកម្ម​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​លើកលែង​ទោស​អន្តរជាតិ រៀបរាប់​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ព្រម​ទាំង​ការ​ប្រើប្រាស់​តុលាការ​កាត់​ទោស​តំណាង​សហជីព ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ក្បែរ​បញ្ជាការដ្ឋាន​ទ័ព​អាកាស​ឆត្រ​យោង​៩១១ ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ដើម​ឆ្នាំ​២០១៤។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក មាន​មន្ត្រី សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ២៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ខណៈ​អ្នក​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អង្គការ​លើកលែង​ទោស​អន្តរជាតិ លើក​ឡើង​ថា អ្នក​ទាំងអស់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយសារ​តែ​និន្នាការ​នយោបាយ និង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។ អង្គការ​នេះ​ក៏​រក​ឃើញ​ដែរ​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងអស់​នេះ ជាពិសេស​សេរីភាព​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ជាដើម ក៏​ត្រូវ​បាន​គេ​រំលោភ​បំពាន។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ប្រហែល​ជា​ភ័យ​ខ្លាច​ស្រមោល​ខ្លួន​ឯង​ទៅ​វិញ​ទេ ពីព្រោះ​ថា​រដ្ឋាភិបាល​មើល​ឃើញ​គំរូ​ពី​ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​មើល​ឃើញ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ អំណាច​ឃោរឃៅ និង​ការ​កាប់​សម្លាប់​ឥត​ត្រាប្រណី​របស់​អង្គការ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ភ័យ​ខ្លាច និង​តក់ស្លុត​គ្រប់ៗ​គ្នា។ ក៏ប៉ុន្តែ​របប​ផ្ដាច់ការ​នេះ​គ្មាន​នរណា​នឹក​ស្មាន​ដល់​អំពី​ការ​ដួល​រលំ​មក​ដល់ ដូច​សុភាសិត​ខ្មែរ​បាន​ពោល​ថា "ទីណា​មាន​ការ​ជិះជាន់ ទីនោះ​មាន​ការ​តស៊ូ​រើ​បម្រះ"។ សុភាសិត​នេះ​បាន​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ឲ្យ​រើ​បម្រះ​ពី​ការ​សម្លាប់​រង្គាល និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ជា​សរុប​សេចក្ដី​ទៅ ដោយសារ​តែ​កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ប្រហែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្លាច​ស្រមោល​ខ្លួន​ឯង និង​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សង្គ្រាម។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ឡើង​វិញ​អំពី​ទំនាស់​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ទាំង​ពីរ​បង្កើត​សង្វៀន​ប្រយុទ្ធ​គ្នា​កណ្ដាល​ទីក្រុង​កាល​ពី​ឆ្នាំ​១៩៩៧។ លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារ​តែ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ចង់​បង្ក​សង្គ្រាម ទើប​ធ្វើ​ឲ្យ​គណបក្ស​របស់​ព្រះអង្គ​រលាយ​ដល់​សព្វថ្ងៃ​នេះ៖ «នៅ​កំដរ​បាន​អត់​អី​ទេ ហើយ​កូន ហ៊ុន សែន ទាំងអស់​សុទ្ធតែ​ជា​ទាហាន ហើយ​ក៏​ជា​ទាហាន​ដែល​ចេញ​ពី វេស្តផញ់ (West Point) ទៅ​ទៀត។ សុំ​កុំ​ជ្រួលជ្រើម​នឹង​សង្គ្រាម! កំដរ​បាន។ សម្ដេច​ក្រុម​ព្រះ​រាងចាល​ហើយ។ ខ្ញុំ​បាន​ប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើ​ចង់​សាកល្បង​កម្លាំង​យោធា សូម​កុំ។ ព្រះករុណា​បិតា ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា សម្ដេច​ក្រុម​ព្រះ​បាន​ទៅ​ទូល​ព្រះអង្គ​ថា ប៉ា​ប៉ា! កម្លាំង​ទូល​បង្គំ​ខ្លាំង​ជាង​កម្លាំង​របស់ ហ៊ុន សែន មាន​អា​កណ្ដុរ​ចេញ​ពី​រូង មាន​ចង្រិត​ចេញ​ពី​រន្ធ។ ក៏ប៉ុន្តែ​សង្គ្រាម​ត្រឹម​តែ​ប៉ុន្មាន​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេច​ដល់​ថ្ងៃ​នេះ។ សូម​កុំ​សាកល្បង​កម្លាំង​ឲ្យ​សោះ»

សម្រាប់​បរិបទ​សព្វថ្ងៃ​នេះ​វិញ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ពិត​ជា​មាន​សង្គ្រាម​ដូច​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ដែរ​ឬ​ទេ? ជា​ការពិត​ណាស់ ពាក្យ​សង្គ្រាម​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ឆ្អែតឆ្អន់​មិន​ចង់​ឲ្យ​សង្គ្រាម​វិល​ត្រឡប់​មក​វិញ​ទេ ពិសេស​ទៅ​ទៀត​នោះ ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា មាន​កង​កម្លាំង​រាប់​មិន​អស់​ក្ដី ប៉ុន្តែ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ​ប្រយុទ្ធ ឬ​ធ្វើ​សង្គ្រាម​ជាមួយ​អ្នក​ណា? ធ្វើ​សង្គ្រាម​ជាមួយ​បក្ស​ប្រឆាំង​ដែល​គ្មាន​អាវុធ ឬ​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​សាច់ញាតិ​បង​ប្អូន​ខ្លួន​ឯង?

បញ្ហា​ទាំងនេះ​មិន​អាច​ទៅ​រួច​នោះ​ទេ។ អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ពី​សង្គ្រាម​នេះ ទំនង​ជា​រដ្ឋបាល​របស់​លោក​ខ្លាច​បាត់បង់​អំណាច​ជ្រុល​ពេក​ក៏​ថា​បាន ព្រោះ​ថា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មក​នេះ មាន​បញ្ហា​ជាច្រើន​កើត​មាន​ឡើង ដែល​ករណី​ខ្លះ រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន ហើយ​ក៏​កើត​ជំងឺ​មិន​ទុក​ចិត្ត​អ្នក​ដទៃ ហើយ​ការ​ប្រកាស​ពី​សង្គ្រាម​នេះ អាច​ថា​គណបក្ស​កាន់​អំណាច​បន្លាច​ប្រជាពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត​ជូន​បក្ស​ផ្សេង​ក៏​ថា​បាន។

ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ពលរដ្ឋ កម្មករ និង​សហគមន៍​ផ្សេងៗ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​តាម​បណ្ដា​ខែត្រ​ផ្សេងៗ​នោះ មិន​មែន​ជា​រូបភាព​ចង់​បង្ក​សង្គ្រាម ឬ​បដិវត្តន៍​ពណ៌​អ្វី​ទេ គ្រាន់​តែ​ទាមទារ​យុត្តិធម៌​សង្គម ដើម្បី​ក្រពះ​តែ​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ទៀត​ប្រមូល​ផ្ដុំ​គ្នា​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ពី​ការ​រំលោភ​បំពាន​ពី​ថៅកែ និង​ការ​រំលោភ​បំពាន​ពី​ការ​រំលោភ​ដីធ្លី ជាដើម ដែល​ជន​រងគ្រោះ​ទាំងឡាយ​គ្មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​អាជ្ញាធរ​មូលដ្ឋាន។

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ខ្លាច​សង្គ្រាម​នោះ​ប្រហែល​អាច​ជា​ក្រុម​គ្រួសារ​មន្ត្រី​ធំៗ ពិសេស​ក្រុម​គ្រួសារ​លោក​នាយ​រដ្ឋមន្ត្រី​ទៅ​វិញ​ទេ ដែល​ជា​ក្រុម​អភិជន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ច្រើន​លើសលប់​ជាង​ពលរដ្ឋ​ទូទៅ​នៅ​ពេញ​នគរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​មណ្ឌលគិរី​ចោទ​មេ​ឃុំ​ថា​គំរាមកំហែង​បំភិតបំភ័យ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត

$
0
0

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ចាត់​ការ​តាម​ច្បាប់​ទៅ​លើ​មេ​ឃុំ​ស្រែព្រះ ដែល​បាន​គំរាមកំហែង និង​បំភិតបំភ័យ​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​នេះ ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​សល់​តែ ២​ថ្ងៃ​ទៀត នឹង​ត្រូវ​បញ្ចប់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​មេ​ឃុំ​ស្រែព្រះ ថា​បាន​គំរាម និង​បំភិតបំភ័យ​ប៉ះពាល់​សិទ្ធិ​រក្សា​ការសម្ងាត់​របស់​អ្នក​បោះឆ្នោត​ដែល​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​បាន​ហាមឃាត់។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​​ប្ដឹង​ករណី​នេះ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ស្រែព្រះ កាល​ពី​ទី​៣១ ខែ​ឧសភា។

ដើម​បណ្ដឹង​គឺ​អ្នកស្រី ឌីន លាប ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្រែព្រះ បញ្ជាក់​ថា ករណី​នេះ​មេ​ឃុំ​បាន​ទទួល​ស្គាល់​កំហុស​ដោយ​មូលហេតុ​ស្រវឹង​ស្រា ក៏ប៉ុន្តែ​អ្នកស្រី​ទាមទារ​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ដោះស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​ច្បាប់៖ «គ.ជ.ប មក​សួរ​ខ្ញុំ​ដល់​ផ្ទះ គាត់​ថា​មក​សុំ​ទោស​ថ្ងៃ​ហ្នឹង ប៉ុន្តែ​អត់​ឃើញ។ ខ្ញុំ​ចង់​ឲ្យ​ច្បាប់​គេ​ធ្វើ​ឲ្យ ខ្ញុំ​អត់​ដឹង»

សេចក្ដី​រាយការណ៍​របស់​ដើម​បណ្ដឹង​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា មេ​ឃុំ​ស្រែព្រះ គឺ​លោក ព្យឿក ប៉េ បាន​មក​ដល់​ផ្ទះ​របស់​គាត់​ហើយ​សួរ​ថា សមាជិក​ក្នុង​ផ្ទះ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា និង​ពោល​ពាក្យ​បំភ័យ​ថា បើ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នឹង​កើត​សង្គ្រាម និង​ដាក់​បណ្ដាសា​ប្រសិនបើ​មាន​ជន​ណា​ចូល​បក្ស​សង្គ្រោះ​ជាតិ។

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្រែព្រះ លោក ព្យឿក ប៉េ បញ្ជាក់​ថា លោក​មិន​មាន​ចេតនា​បំភិតបំភ័យ គំរាមកំហែង ឬ​ពោល​ពាក្យ​ប្រមាថ​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​លោក​មាន​បំណង​ពន្យល់​គ្រួសារ​ដើម​បណ្ដឹង​ដែល​ជា​កូន​ក្មួយ​របស់​លោក​តែប៉ុណ្ណោះ៖ «ខ្ញុំ​ដឹង​ថា ក្មួយៗ​និយាយ​លេង​ប៉ុណ្ណឹង​ប្រកាន់​ដែរ មិន​ដឹង​ថា​ម៉េច​ដែរ។ បើ​គេ​ប្រកាន់​ខ្ញុំ​ទៅ​ជួប​គេ​ក្មួយៗ​លើក​ហេតុផល​តែ​ប៉ុណ្ណឹង»

​អនុ​ប្រធាន​គណៈកម្មការ​រៀបចំ​បោះឆ្នោត​ឃុំ​ស្រែព្រះ លោក នូ ធី បញ្ជាក់​ថា បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​រួច​ហើយ។ លោក​ថា មេ​ឃុំ​អះអាង​ថា នឹង​សុំទោស​ដើម​ចោទ ហេតុ​នេះ​លោក​នឹង​កោះហៅ​ភាគី​ទាំង​ពីរ​មក​សម្របសម្រួល​នៅ​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «មេ​ឃុំ​គេ​ថា សុំទោស គេ​ស្រវឹង​ស្រា។ ខាង​គណៈកម្មការ​យើង​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​សម្រួល​សុំទោស​គ្នា​ទៅ»។

ទោះបីជា​យ៉ាង​នេះ​ក្តី អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក ឃុំ កាន បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​យក​ការ​សម្របសម្រួល​ដោយ​ការ​សុំទោស​ពី​មេឃុំ​​នោះ​ទេ។ លោក​ថា នេះ​ជា​គំរូ​មិន​ល្អ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ៖ «គាត់​ថា ស្រវឹង​ស្រា ​ចុះ​អ្នក​ផ្សេង​មក​គំរាម​ទៀត​ថា​ស្រវឹង​ស្រា សុំទោស​ទៀត ច្បាប់​បង្កើត​មក​ធ្វើ​ស្អី?»

​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បក្ស​សង្គ្រោះ​ជាតិ ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ឃុំ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​មក។ បទបញ្ជា​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត (គ.ជ.ប) កំណត់​រយៈពេល​បី​ថ្ងៃ​សម្រាប់​ប្ដឹង​បន្ត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ប្រសិន​ភាគី​ណា​មិន​យល់​ស្រប​ការ​ដោះស្រាយ​បណ្ដឹង​របស់​គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ព្រមាន​សង្គម​ស៊ីវិល​កុំ​ឲ្យ​លម្អៀង​ទៅ​គណបក្ស​នយោបាយ

$
0
0

នៅ​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ជិត​មក​ដល់ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះឆ្នោត កំពុង​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ប្រឆាំង និង​រំលោភ​គោលការណ៍​អព្យាក្រឹត​របស់​សង្គម​ស៊ីវិល ហើយ​ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ​តាមដាន​សកម្មភាព​ដែល​អាច​ជា​បទល្មើស ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់។ សង្គម​ស៊ីវិល​ឆ្លើយតប​ថា ពួក​គេ​មិន​បាន​គាំទ្រ​គណបក្ស​នយោបាយ​ណា​នោះ​ទេ ក៏ប៉ុន្តែ​ពួក​គេ​លើក​កម្ពស់​សិទ្ធិ​របស់​ពលរដ្ឋ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា មាន​ក្រុម​ការងារ​របស់​ក្រសួង កំពុង​តាមដាន​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​លោក​ថា​មិន​គោរព​តាម​លក្ខន្តិកៈ។ លោក​មិន​បាន​រៀបរាប់​ពី​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ទេ ដោយ​លោក​ថា ពួក​គេ​ដឹង​ថា ពួក​គេ​ជា​នរណា​ហើយ។

ទោះ​យ៉ាង​ណា លោក​លើក​ឡើង​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែល​ជា​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត ប្រតិកម្ម​តប​ទៅ​នឹង​សម្ដី​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​ពេល​ថ្មីៗ​នេះ ព្រមាន​វាយ​ឲ្យ​បែក​ធ្មេញ ដោយ​ពលរដ្ឋ​ណា​ដែល​តវ៉ា​លទ្ធផល​បោះឆ្នោត បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត។

លោក​ក៏​សំដៅ​លើ​ការ​ធ្វើ​ស្តង់ដារ ឬ​ការ​បញ្ចេញ​យោបល់​ពេល​បោះឆ្នោត​របស់​សង្គម​ស៊ីវិល។ លោក​រំឭក​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ពេល​អង្គការ​សង្គម​ស៊ីវិល​បាន​វាយ​តម្លៃ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អាច​លុប​ជ្រះ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​លទ្ធផល​បោះឆ្នោត៖ «សកម្មភាព​ចឹងៗ យើង​គ្រាន់​តែ​ព្រមាន​ម៉ង! ព្រមាន​គាត់​កុំ​ឲ្យ​ធ្វើ​យ៉ាង​ណា​ខុស​ទៅ​នឹង​ទៅ​តួនាទី​របស់​គាត់។ នៅ​មាន​អង្គការ​មួយ​ចំនួន​ទៀត ប្រើប្រាស់​នូវ​រូបភាព និង​ខ្លឹមសារ​ដែល​ស្ដែង​ឲ្យ​ឃើញ​ថា គាត់​មិន​អព្យាក្រឹត»

លោក ខៀវ សុភ័គ ក្រើក​រំឭក​ដល់​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​រក្សា​អព្យាក្រឹត មិន​ត្រូវ​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ​ទេ៖ «សូម​ឲ្យ​អង្គការ​ទាំងអស់​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​របស់​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល និង​សង្គម​ជាតិ ទាំង​គ្រប់​ផ្នែក គ្រប់​ស្ថាប័ន​អភិវឌ្ឍន៍ ផ្នែក​ប្រជាធិបតេយ្យ ផ្នែក​សិទ្ធិ​មនុស្ស​ត្រឹម​ណា មិន​មែន​ជា​អង្គការ​ប្រកាន់​គោល​នយោបាយ​ប្រឆាំង ឬ​ក៏​កាន់​បក្ស​នយោបាយ​ណា​មួយ»

អ្នក​នាំ​ពាក្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា បើ​មិន​ដូច្នេះ​ទេ ក្រសួង​មហាផ្ទៃ នឹង​ស៊ើប​អង្កេត​សកម្មភាព​ល្មើស​នោះ ហើយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់៖ «សូម​ឲ្យ​សកម្មភាព​ទាំងអស់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ស្រប​តាម​ច្បាប់។ ក្នុង​ករណី​ចាំបាច់ សកម្មភាព​ទាំងឡាយ​ណា​ខុស​ច្បាប់ អាច​ជា​ធាតុ​ផ្សំ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស»

ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា អង្គការ​សង្គម​ស៊ីវិល​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន ក្រសួង​នឹង​អនុវត្ត​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល ក្រម​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍ ដែល​អាច​ឈាន​ដល់​ការ​បិទ​ស្ថាប័ន​សង្គម​ស៊ីវិល​នោះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ខៀវ សុភ័គ។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​អ្នក​វិភាគ​រិះគន់​ថា មាន​គោល​បំណង​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល​ត្រង់​មាត្រា​២៤ ចែង​ថា អង្គការ​សង្គម​ស៊ីវិល​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ ហើយ​មាត្រា​៣០ ចែង​ថា ក្រសួង​មហាផ្ទៃ ត្រូវ​លុប​ចោល​អង្គការ​សមាគម​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ។

លោក ទឹម ម៉ាឡៃ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដែល​ជា​អង្គការ​មួយ​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ឲ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មិន​បាន​ចូលរួម​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​ទេ ហើយ​អ្វី​ដែល​ពួក​លោក​កំពុង​ធ្វើ គឺ​ដើម្បី​ប្រជាពលរដ្ឋ៖ «សម្រាប់​ការ​ថ្លែងការណ៍​អី​ជាដើម​កន្លង​មក​ហ្នឹង ក៏​ជា​ចំណែក​មួយ​លើក​កម្ពស់​ឲ្យ​មន្ត្រី​ដែល​មាន​តួនាទី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែ​ធានា​អំពី​ឯករាជ​ភាព»

លោក សំ ច័ន្ទគា អ្នក​នាំ​ពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​ជា​សមាជិក​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​២០១៧ ដែរ មិន​ភ្ញាក់​ផ្អើល​ការ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ​ទេ ខណៈ​ការ​បោះឆ្នោត​នឹង​មក​ដល់​ក្នុង​រយៈពេល ៤​ថ្ងៃ​ទៀត៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ។ ក្រសួង​តែង​មាន​ការ​ក្រើក​រំឭក​ជា​ញយៗហើយ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​ហ៊ាន​រិះគន់ ឬ​មួយ​ហ៊ាន​បញ្ចេញ​មតិ។ ទៅ​ជា​រឿង​ធម្មតា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ»

លោក​អះអាង​ថា អង្គការ​របស់​លោក​មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ៖ «តាំង​ពីអាដហុក​បង្កើត ២៦​ឆ្នាំ​ហើយ អាដហុក មិន​ដែល​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​ទេ មិន​ដែលទៅ​បម្រើផល​ប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ណា​ផង​ដែរ ហើយ​យើងគ្រាន់​តែ​ធ្វើ​ការងារ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​នយោបាយ រំលោភ​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ។ យើង​អត់​មាន​ទៅ​ជួយ​ជ្រោមជ្រែង​ដល់​គណបក្ស​ផ្សេងៗ​ទេ»

លោក សំ ច័ន្ទគា បន្ថែម​ថា ការ​ក្រើក​រំឭក​របស់​ក្រសួង​មហាផ្ទៃ ជា​ការ​ល្អ ក៏ប៉ុន្តែ​លោក​ស្នើ​ដល់​ក្រសួង អនុវត្ត​ការ​ត្រួត​ពិនិត្យ​នេះ​ដោយ​ស្មើ​ភាព ដោយ​លោក​ថា​មាន​សមាគម ឬ​អង្គការ​មួយ​ចំនួន​កំពុង​ចេញ​មុខ​ជា​ចំហ​គាំទ្រ​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​១៨​ម៉ឺន​នាក់

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​សរុប​ជិត ១៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ ទាំង គ.ជ.ប និង​អង្គការ​សង្គម​ស៊ីវិល សុទ្ធសឹងតែ​មើល​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​ជាង ៧​ម៉ឺន ៤​ពាន់​នាក់ (៧៤.២៩៤) អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​មក​ពី​អង្គការ​អន្តរជាតិ និង​អង្គទូត​នានា ចំនួន ១៩២​នាក់ ភ្នាក់ងារ​គណបក្ស​នយោបាយ​ពេញ​សិទ្ធិ​ចំនួន​ជាង ៥​ម៉ឺន ៨​ពាន់​នាក់ (៥៨.៤១០) និង​បម្រុង​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ (៤៦.៦៦៦)។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា នេះ​ជា​តួលេខ​ដ៏​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ដែល​ហួស​ពី​ការ​រំពឹង​ទុក ហើយ គ.ជ.ប កំពុង​បោះពុម្ព​ប័ណ្ណ​សម្គាល់​ខ្លួន​បន្ថែម​សម្រាប់​អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ទាំង​នោះ។

លោក ហង្ស ពុទ្ធា ថ្លែង​ថា គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគ​ពាក់ព័ន្ធ ហើយ​អ្នក​សង្កេតការណ៍​នេះ​ហើយ​ជា​ភាគី​មួយ​យ៉ាង​សំខាន់ ព្រោះ​ពួកគេ​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ប្រកប​ដោយ​តម្លាភាព​ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត«ការ​បោះឆ្នោត​ពិត​ជា​ត្រូវការ​ពួក​គាត់ (អ្នក​សង្កេតការណ៍) ហើយ​បើ​មាន​ភាព​មិន​ប្រក្រតី ឬ​ក៏​មាន​ពាក្យ​បណ្ដឹង ពួក​គាត់​អាច​ជា​សាក្សី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ផង​ដែរ»

ដូច​គ្នា​នឹង គ.ជ.ប ដែរ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ដើម្បី​កុំ​ឱ្យ​មាន​ការ​ខ្វែង​យោបល់​គ្នា​ជុំវិញ​រឿង​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន ពិសេស​រឿង​លទ្ធផល​បោះឆ្នោត វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​ឱ្យ​បាន​ច្រើន ដើម្បី​ជា​សាក្សី​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឬ​មួយ​ក៏​យ៉ាង​ណា«គណបក្ស​ប្រឆាំង​គាត់​ស្រែក​ថា សំឡេង​ឆ្នោត​ខ្ញុំ​នៅ​ឯណា? នេះ​គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយ​ចំនួន​មិន​សុខ​ចិត្ត​ទេ ត្រូវ​តែ​រក​បញ្ហា​ឲ្យ​ឃើញ​ថា តើ​បញ្ហា​នោះ​កើត​ឡើង​របៀប​ណា? ទាំងអស់​គ្នា​ចូលរួម (សង្កេតការណ៍) ព្រោះ​ចង់​ដឹង​បញ្ហា​ទាំងអស់​ហ្នឹង»

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​ជិត ៤០ នៅ​កម្ពុជា ដាក់​អ្នក​សង្កេតការណ៍​ចំនួន ១​ម៉ឺន ៣​ពាន់​នាក់ នៅ​គ្រប់​ទីតាំង​បោះឆ្នោត​ទាំង​អស់​ទូទាំង​ប្រទេស។

ចំណែក​អង្គការ​តម្លាភាព​កម្ពុជា ដែល​ជំនាញ​ខាង​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​ដាក់​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ជា​ច្រើន​ដែរ នៅ​តាម​តំបន់​គោលដៅ​នៅ​ទូទាំង​ប្រទេស។ អ្នក​សង្កេតការណ៍​សរុប​នៃ​អង្គការ​មួយ​នេះ មាន​ប្រមាណ ១.២០០​នាក់។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា អំពើ​ពុករលួយ​ផ្នែក​នយោបាយ (Political Corruption) ដែល​ជា​ប្រភព​នៃ​អំពើ​ពុករលួយ​ដទៃ​ទៀត តែងតែ​កើត​មាន​នៅ​រដូវ​កាល​បោះឆ្នោត ដូច្នេះ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍ គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ ដើម្បី​លើក​កម្ពស់​សុចរិតភាព តម្លាភាព និង​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នេះ«យើង​យល់​ឃើញ​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ការ​ទិញ​សន្លឹកឆ្នោត ការ​បន្លំ​សន្លឹកឆ្នោត ឬ​ក៏​បាតុភាព​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​ដំណើរ​នៃ​ការ​បោះឆ្នោត ក៏​ជា​ប្រភេទ​នៃ​អំពើ​ពុក​រលួយ​ដែរ ដោយ​យើង​ហៅ​ថា​ជា​អំពើ​ពុក​រលួយ​នយោបាយ។ បើ​យើង​មើល​ឲ្យ​ជ្រៅ​ជាង​នេះ​ទៀត អំពើ​ពុក​រលួយ​នយោបាយ ជា​ឫសគល់​នៃ​អំពើ​ពុក​រលួយ​ដទៃ​ទៀត ដូចជា​ការ​ស៊ី​សំណូក ការ​ជំរិត​ទារ​ប្រាក់ ការ​កេង​បន្លំ​ឯកសារ បក្ខពួក​និយម សាច់ញាតិ និង​ក្រុម​គ្រួសារ​និយម បណ្ដាញ​រក​ស៊ី​ខុស​ច្បាប់»

​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត វាយ​តម្លៃ​ថា ជា​ការ​បោះឆ្នោត​មួយ​ដ៏​សំខាន់ និង​ដ៏​ស្រួចស្រាល់ ដោយសារ​តែ​ការ​កើន​ឡើង​នៃ​សំឡេង​គាំទ្រ​របស់​បក្ស​ប្រឆាំង។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​ឃុំ-​សង្កាត់​ទាំង​អស់ ដូច​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​ដែរ។

អ្នក​ជំនាញ​មើល​ឃើញ​ថា ក្នុង​ចំណោម​គណបក្ស​ទាំង​ពីរ បើ​សិន​គណបក្ស​ណា​ឈ្នះ​អាសនៈ​ឃុំ-​សង្កាត់​ច្រើន​ជាង គណបក្ស​នោះ​នឹង​មាន​ឱកាស​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​សំឡេងឆ្នោត​ដែល​ពួកគេ​ទទួល​បាន​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នេះ នឹង​ក្លាយ​ជា​សំឡេង​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ខេត្ត រាជធានី និង​ព្រឹទ្ធសភា។ ជាពិសេស​លទ្ធផល​បោះឆ្នោត​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ការ​វិភាគ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ចូលរួម​ឃោសនា​បក្ស​ប្រជាជន​នៅ​ខេត្ត​ស្ទឹងត្រែង​ភាគច្រើន​ជា​មន្ត្រី​រាជការ

$
0
0

គណបក្ស​ប្រជាជន​កម្ពុជា ខែត្រ​ស្ទឹងត្រែង ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ដោយ​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់។ អ្នក​ចូលរួម​ភាគច្រើន​ជា​មន្ត្រី​រាជការ អ្នក​ជំនួញ និង​អ្នក​មាន​ឥទ្ធិពល​ក្នុង​ខែត្រ​ស្ទឹងត្រែង។ គណបក្ស​ប្រជាជន​កម្ពុជា ខែត្រ​ស្ទឹងត្រែង បាន​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​លើក​ចុង​ក្រោយ​មាន​វត្តមាន​អភិបាល​ខែត្រ​ស្ទឹងត្រែង និង​តំណាងរាស្ត្រ​មណ្ឌល​ខែត្រ​ស្ទឹងត្រែង រួម​ទាំង​អ្នក​គាំទ្រ​រាប់​ពាន់​នាក់។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡូយ សុផាត បាន​ថ្លែង​ក្នុង​ពិធី​នោះ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​សាលារៀន ផ្លូវ​ថ្នល់ វត្ត​អារាម និង​ការ​ស្វែងរក​សុខ​សន្តិភាព​ជូន​ពលរដ្ឋ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​នយោបាយ​ឯកភាព​ជាតិ ស្ថិរភាព​សង្គម ហើយ​ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​បំពេញ​ការងារ​របស់​ខ្លួន​តាម​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន​នៅ​គ្រប់​មូលដ្ឋាន៖ «បាន​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន»

យ៉ាង​ណា មន្ត្រី​រាជការ​មួយ​ចំនួន​បាន​បង្ហើប​ថា ពួក​គេ​ត្រូវ​ថ្នាក់​ដឹកនាំ​អង្គភាព​បង្គាប់​ឲ្យ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ពុំ​ដូច្នេះ​ទេ គេ​នឹង​កត់​ចំណាំ និង​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​ការងារ។

មន្ត្រី​រាជការ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ឧសភា ថា មន្ត្រី​រាជការ​តាម​អង្គភាព​នានា​ជុំវិញ​ខែត្រ ដូចជា​មន្ទីរ​នានា ត្រូវ​បាន​ប្រធាន​អង្គភាព​តម្រូវ​ឲ្យ​ចូលរួម​ដង្ហែ​ក្បួន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​មន្ត្រី​រាជការ​ណា​ជំទាស់ នឹង​ប្រឈម​បញ្ហា​ផ្នែក​ការងារ។ លោក​ថា បើ​ពួក​គេ​មាន​និន្នាការ​គាំទ្រ​ការ​ដឹកនាំ​របស់​គណបក្ស​នយោបាយ​ផ្សេង​ក្រៅ​ពី​បក្ស​កាន់​អំណាច បាន​ត្រឹម​ទុក​ក្នុង​ចិត្ត និង​ត្រូវ​បង្ខំ​ចិត្ត​ចូលរួម​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ព្រោះ​ពុំ​មាន​ជម្រើស។ លោក​បន្ថែម​ថា កន្លង​ទៅ មាន​មន្ត្រី​រាជការ​មួយ​ចំនួន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចំហ ត្រូវ​គេ​ដក​មុខ​តំណែង និង​ត្រូវ​ផ្ទេរ​ការងារ​ទៅ​ខែត្រ​ផ្សេង ជាដើម។ លោក​ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​រើសអើង និង​ប្រកាន់​និន្នាការ​បក្ស​នយោបាយ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ទទួល​ស្គាល់​ថា មន្ត្រី​រាជការ​ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​នានា កំពុង​ប្រឈម​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ពី​ប្រធាន​អង្គភាព​របស់​ខ្លួន។ លោក​ថា បើ​មន្ត្រី​រាជការ​ណា​មួយ​ប្រកាន់​ជំហរ​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​ក្រៅ​ពី​គណបក្ស​កាន់​អំណាច​ដោយ​បើក​ចំហ នឹង​ប្រឈម​បញ្ឈប់​ពី​តំណែង។ ជាក់ស្តែង​កាល​ពី​ឆ្នាំ​២០១៦ ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ម្នាក់ ត្រូវ​បាន​គេ​បញ្ឈប់​ពី​តំណែង ព្រោះ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ លោក​បញ្ជាក់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល នឹង​បើក​ទូលាយ​ឲ្យ​មន្ត្រី​រាជការ​ទាំងអស់​មាន​សិទ្ធិ​ពេញលេញ​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ពួក​គេ​ពេញ​ចិត្ត៖ «ជា​ការ​ពិត​ណាស់ បើ​មន្ត្រី​រាជការ​ណា​ដែល​ហ៊ាន​គាំទ្រ​គណបក្ស​ណា​ជា​ចំហ គាត់​នឹង​ប្រឈម​មុខ​បញ្ឈប់​ពី​តំណែង។ ការ​រើសអើង​នេះ​ជា​ការ​ខុស​ច្បាប់ ខុស​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ជា​គោលការណ៍​មួយ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ និង​គាប​សង្កត់​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​មន្ត្រី​រាជការ ក៏ដូចជា​ប្រជាពលរដ្ឋ»

ពលរដ្ឋ​ដែល​ចូលរួម​ហែ​ក្បួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា រស់នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង លោក ស៊ុន ស៊ាត ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​រដ្ឋ​អំណាច​មិន​បាន​ហាមឃាត់​ពលរដ្ឋ​ដែល​ជា​កសិករ ទៅ​ចាប់​ដី​ព្រៃ​ធ្វើ​ស្រែ​ចម្ការ​នោះ​ទេ ហើយ​ការ​អភិវឌ្ឍ​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ៖ «ខ្ញុំ​ជា​កសិករ​ចឹង ទៅ​ធ្វើ​កន្លែង​ណា​គេ​មិន​ហាមឃាត់​ទេ ចង់​ធ្វើ​ត្រង់​ណា​ក៏​បាន ប៉ុន្តែ​កុំ​ឲ្យ​ទៅ​កាប់​ដី​ក្រុមហ៊ុន និង​ដី​របស់​គេ»

នៅ​ខែត្រ​ស្ទឹងត្រែង មាន​ឃុំ-សង្កាត់​ចំនួន​៣៦ និង​មាន​គណបក្ស​នយោបាយ​ចំនួន​៤ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សួរ​ពលរដ្ឋ​ថា​ចង់​ភ្លក់​រសជាតិ​សង្គ្រាម​ទៀត​ឬ​ទេ?

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារ​ព្រមាន​អំពី​សង្គ្រាម​សា​ជា​ថ្មី​ម្ដង​ទៀត ស្រប​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់។ សារ​ព្រមាន​ពី​លោក ហ៊ុន សែន បែប​នេះ ក៏​ត្រូវ​បាន​មេ​បក្ស​ប្រឆាំង​វាយ​បក​ជា​ថ្មី​ដែរ​ថា នរណា​ដែល​និយាយ​ថា ចាញ់​ឆ្នោត​នឹង​ធ្វើ​សង្គ្រាម គឺ​អ្នក​នោះ​មិន​មែន​ជា​អ្នក​ប្រជាធិបតេយ្យ​ឡើយ។

គេ​ហាក់​មិន​បាន​លឺ​ទាល់តែសោះ​អំពី​សម្ដី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត ដោយ​មិន​ត្រូវ​រង​ការ​គំរាមកំហែង និង​រង​ការ​ភ័យខ្លាច​ឡើយ ផ្ទុយ​ទៅ​វិញ ជា​ញឹកញាប់ លោក​បែរ​ជា​ព្រមាន​ពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត ប្រសិន​ណា​បក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ដ៏​ខ្លី​នេះ។

ក្រៅ​តែ​និយាយ​ដោយ​ផ្ទាល់​មាត់​មិន​អស់​ចិត្ត​នៅ​ក្នុង​ទំព័រ​ហ្វេកប៊ុក (Facebook) កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​សរសេរ​រៀបរាប់​អំពី​អតីត​រឿងរ៉ាវ​បែកបាក់​គ្រួសារ ប្រពន្ធ និង​កូន​នៅ​ក្នុង​សម័យ ប៉ុល ពត។ លោក​ក៏​បាន​រំលឹក​ទៅ​ពលរដ្ឋ​ជា​ថ្មី​តាម​រយៈ​សំណួរ​ថា "តើ​ចង់​ភ្លក់​រសជាតិ​សង្គ្រាម និង​ការ​ព្រាត់ប្រាស​ទៀត ឬ​ទេ? ហើយ​នេះ​គឺ​ជា​ប្រធានបទ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ដែល​ត្រូវ​ជ្រើសរើស​រវាង​សង្គ្រាម និង​សន្តិភាព"

លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា បើ​នៅ​មាន​ការ​ជេរប្រមាថ ញុះញង់ និង​លាប​ពណ៌ ប្រភព​នៃ​សង្គ្រាម និង​ចលាចល​នៅ​តែ​មាន​សម្រាប់​កម្ពុជា។

សារ​ទៅ​កាន់​អ្នក​បោះឆ្នោត​របស់​លោក ហ៊ុន សែន នេះ ស្រប​ពេល​លោក​បាន​បង្ហោះ​រូបថត​កូន​ប្រុស​ច្បង​នៅ​វ័យ​កុមារ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន សែន ពន្យល់​អត្ថន័យ​បន្ថែម​ក្នុង​រូបថត​នោះ​ថា លោក ហ៊ុន ម៉ាណែត កាល​ពី ៣៨​ឆ្នាំ​មុន ធ្លាប់​ហៅ​លោក​ដែល​ជា​ឪពុក​បង្កើត​ថា "ពូ" និង​សុខចិត្ត​ឱ្យ​បងស្រី​ជីដូនមួយ​ពរ និង​បញ្ចុក​បាយ​ជំនួស ជា​ជាង​ឱ្យ​លោក​ទៅ​ជិត​រូបគេ និង​ម្ដាយ​របស់​គេ។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ក្រោយពី​ផ្ដួល​រំលំ​របប ប៉ុល ពត កូនប្រុស​របស់​លោក និង​កុមារ​រាប់​លាន​នាក់​ផ្សេង​ទៀត​បាន​រីកចម្រើន​ឡើង ដោយសារ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​ថ្លែង​សារ​ព្រមាន​សង្គ្រាម​លើក​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន នេះ បាន​កើត​ឡើង ស្រប​ពេល​មាន​ការ​អំពាវនាវ​ពី​អង្គការ​អន្តរជាតិ និង​ជាតិ​មួយ​ចំនួន​ដែល​ចង់​ឱ្យ គ.ជ.ប ត្រួត​ពិនិត្យ ដើម្បី​បញ្ឈប់​ការ​គំរាមកំហែង​បែប​នេះ​ត​ទៅ​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ថា លោក​ពុំ​ទាន់​បាន​ដឹង​អំពី​សារ​ព្រមាន​អំពី​សង្គ្រាម​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន ក្នុង​ទំព័រ​ហ្វេសប៊ុក នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ថា គ.ជ.ប នឹង​ដោះស្រាយ​បែប​ណា​នោះ​ដែរ៖ «ចាំ​ខ្ញុំ​រាយការណ៍​ទៅ គ.ជ.ប សិន ហើយ​ចាំ គ.ជ.ប សម្រេច​យ៉ាង​ម៉េច ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​តាម​ក្រោយ ព្រោះ​ឥឡូវ​រឿង​នេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដែរ»

រយៈពេល​កន្លង​មក លោក ហង្ស ពុទ្ធា ធ្លាប់​បញ្ជាក់​ថា គ.ជ.ប នឹង​អាច​ត្រួត​ពិនិត្យ​ចំពោះ​សារ​ព្រមាន​អំពី​សង្គ្រាម​របស់​លោក ហ៊ុន សែន ដរាបណា​មាន​ពាក្យ​បណ្ដឹង​ជា​មុន។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​ចង់​ធ្វើការ​ឆ្លើយ​តប​ចំពោះ​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ឡើយ ហើយ​សារ​ព្រមាន​នេះ ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​វិនិច្ឆ័យ​នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ៖ «ខ្ញុំ​ទុក​ឱ្យ​ប្រជាពលរដ្ឋ ១៥​លាន​នាក់ ឆ្លើយ​ឆ្លង​ជាមួយ​គាត់ នៅ​ពេល​ធ្វើ​សេចក្ដី​សម្រេច​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ»

​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ថា អ្នក​ព្រមាន​កើត​សង្គ្រាម​នៅ​ពេល​ខ្លួន​ចាញ់​ឆ្នោត គឺ​អ្នក​នោះ​មិន​ស្គាល់​អ្វី​ជា​របប​លទ្ធិប្រជាធិបតេយ្យ ហើយ​មិន​មែន​ជា​ជន​លទ្ធិប្រជាធិបតេយ្យ​ឡើយ៖ «ផ្លាស់ប្ដូរ​អំណាច​គ្នា​តាម​រយៈ​សន្លឹកឆ្នោត យើង​មិន​ផ្លាស់ប្ដូរ​តាម​រយៈ​អាវុធ​ធ្វើ​សង្គ្រាម​នោះ​ទេ ហើយ​នរណា​គិត​ពី​សង្គ្រាម អ្នក​ហ្នឹង​មិន​មែន​ជា​ជន​ប្រជាធិបតេយ្យ​នោះ​ទេ»

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី បញ្ជាក់​ថា ថ្វី​ត្បិត​ក្នុង​ច្បាប់​បោះឆ្នោត ពុំ​មាន​ចែង​ដើម្បី​ដាក់​ពិន័យ ឬ​ទោសទណ្ឌ​ចំពោះ​អ្នក​ប្រើប្រាស់​ពាក្យ​គំរាមកំហែង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​គ.ជ.ប អាច​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​បុគ្គល​នោះ ឱ្យ​ឈប់​ប្រើប្រាស់​ពាក្យ​គំរាមកំហែង​ត​ទៅ​ទៀត។ លោក​បន្ថែម​ថា ប្រសិនបើ គ.ជ.ប បាន​ចេញ​សេចក្ដី​ជូនដំណឹង​ម្ដង​ជា​ពីរ​ដង​ថា បុគ្គល​នោះ​នៅ​តែ​ផ្គើន ហើយ​មិន​ព្រម​អនុវត្ត​តាម គ.ជ.ប អាច​មាន​សិទ្ធិ​កោះហៅ​បុគ្គល​នោះ មក​សួរ​បំភ្លឺ​ដោយ​ផ្ទាល់​បាន៖ «គ.ជ.ប ប្រហែល​មិន​ហ៊ាន​ផង មិន​ត្រឹម​ហៅ​មក​ឆ្លើយ​បំភ្លឺ សូម្បី​ចេញ​សេចក្ដី​ជូន​ដំណឹង​ក៏​មិន​ហ៊ាន​ដែរ»

លោក សំ គន្ធាមី ចាត់​ទុក​សារ​ព្រមាន​ពី​សង្គ្រាម​របស់​លោក ហ៊ុន សែន ថា អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​សម្រេច​តាម​ឆន្ទៈ​របស់​ពលរដ្ឋ និង​ធ្វើ​ពលរដ្ឋ​ខ្លះ​ទៀត ទទួល​អារម្មណ៍​មិន​សុខ​ស្រួល នៅ​ពេល​ចេញ​ទៅ​បោះ​ឆ្នោត​ខាង​មុខ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្លះ​ទៀត​ក៏​អាច​នឹង​សម្រេច​ចិត្ត​គូស​សន្លឹក​ឆ្នោត​ទៅ​តាម​ការ​គំរាមកំហែង​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា រូប​នេះ​ថ្លែង​ថា បច្ចុប្បន្ន​សារ​គំរាមកំហែង បំភិតបំភ័យ និង​ការ​ទិញដូរ​ទឹក​ចិត្ត​ជាដើម មិន​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​ឡើយ ព្រោះ​ដោយសារ​ការ​បោះឆ្នោត​លើក​នេះ មាន​ការ​អប់រំ​ច្រើន​ទៅ​ដល់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជីម៉ាក់​បញ្ជាក់​ជំហរ​ថា​ពុំ​មាន​គោលការណ៍​ឲ្យ​កម្មករ​ឈប់​បន្ថែម​ក្រៅ​ពី​ថ្ងៃ​បោះឆ្នោត

$
0
0

ក្រុម​កម្មករ​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​រោងចក្រ ត្អូញត្អែរ​ថា ពួក​គេ​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខាង​មុខ​នេះ។ ការ​ឈប់​សម្រាក​សម្រាប់​កម្មករ​ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​ចម្រូងចម្រាស​រវាង​ក្រុម​អ្នក​នយោបាយ។

ស្រប​ពេល​អតីត​ប្រធាន​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​បញ្ហា​នេះ​ថា​អ្នក​ទទួល​ខុស​ត្រូវ គឺ​អាជ្ញាធរ​របស់​រដ្ឋ ក្រសួង​ការងារ វិញ​បាន​បដិសេធ និង​ថែម​ទាំង​ថ្កោលទោស​អតីត​ប្រមុខ​បក្ស​ប្រឆាំង​ចំពោះ​ការ​រិះគន់​នេះ​ថែម​ទៀត​ផង។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បញ្ជាក់​ជំហរ​ថា ពុំ​មាន​គោលការណ៍​ណា​មួយ​តម្រូវ​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​ឡើយ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ថា នៅ​តាម​រោងចក្រ​ពុំ​ទាន់​ទទួល​បាន​ការ​ប្រកាស​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​កម្មករ​បាន​ឈប់​បន្ថែម​ក្រៅ​ពី​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​អាទិត្យ នោះ​ទេ។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ពុំ​មាន​ភ្លើង​ខៀវ​សម្រាប់​ថ្ងៃ​ឈប់​ពិសេស​ណា​មួយ​បន្ថែម​ទៀត​នេះ មាន​ន័យ​ថា កម្មករ​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​រោងចក្រ និង​សហគ្រាស​ផ្សេង​ទៀត ពុំ​មាន​សិទ្ធិ​ពិសេស​ឈប់​សម្រាក​បន្ថែម​ពី​លើ​ថ្ងៃ​បោះឆ្នោត​ទៀត​នោះ​ឡើយ។ លោក​បន្ត​ថា «គឺ​ថា​មិន​មាន​ការ​ណែនាំ​ណា​ឲ្យ​មាន​ការ​ឈប់​សម្រាក​បន្ថែម។ ដូច្នេះ​បើ​មិន​មាន​ការ​ណែនាំ​ឲ្យ​ឈប់​បន្ថែម បាន​ន័យ​ថា​អត់​ឈប់ សាមញ្ញ​អ៊ីចឹង​បាទ

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ក្រសួង​ការងារ បាន​ថ្កោលទោស​អតីត​មេ​បក្ស​ប្រឆាំង ដោយ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី និយាយ​មួលបង្កាច់​ខុស​ពី​ការពិត ហើយ​ថា​អាជ្ញាធរ​រដ្ឋ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ខ្ពស់​បំផុត ដែល​នាំ​ឲ្យ​កម្មករ​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត។ ប្រតិកម្ម​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឲ្យ​កម្មករ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ទៅ​បោះឆ្នោត បើ​ទោះ​ជា​ត្រូវ​អាជ្ញាធរ​របស់​រដ្ឋ​បិទ​សិទ្ធិ​សេរីភាព​ក៏ដោយ​ចុះ។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ទេ។ ស្រប​ពេល​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ..ប និង​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ក៏​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។

ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​នេះ ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រសួង​ការងារ ហាក់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ស្ថាប័ន គ..ប បាន​ផ្ដល់​សិទ្ធិ​សម្រេច​នេះ​ឲ្យ​ទៅ​ក្រសួង​សាមី ដែល​ធ្វើ​ការ​ជិតដិត​ជាមួយ​កម្មករ និង​ភាគី​រោងចក្រ។ ប៉ុន្តែ​ភារៈ​នេះ ត្រូវ​បាន​ក្រសួង​ការងារ បកស្រាយ​ថា បញ្ហា​នេះ​គឺ​ជា​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ទៅ​វិញ​ទេ។

បញ្ហា​នេះ ទាំង គ..ប និង​ក្រសួង បាន​ត្រឹម​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ប្រហាក់​ប្រហែល​គ្នា ដោយ​អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស សិប្បកម្ម និង​រោងចក្រ​កាត់ដេរ ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខាង​មុខ​នេះ។ ប៉ុន្តែ​ស្ថាប័ន​ទទួល​ខុស​ត្រូវ​ទាំង​ពីរ​នេះ រង​ការ​រិះគន់​ពី​កម្មករ​ថា ពុំ​បាន​ជំរុញ​ឲ្យ​ម្ចាស់​សហគ្រាស ឬ​រោងចក្រ​ចេញ​ច្បាប់​ឈប់​បន្ថែម​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ។

កម្មការិនី​ដែល​បម្រើ​ការ​នៅ​រោងចក្រ​មួយ​ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា ក្នុង​រោងចក្រ​ដែល​នាង​ធ្វើ​ការ គឺ​ភាគី​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​មុន​មួយ​ថ្ងៃ ឬ​ក្រោយ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​បោះឆ្នោត​ឡើយ។ លោកស្រី​បន្ត​ថា បើ​ទោះ​ជា​មាន​ច្បាប់​ដ៏​តឹងតែង​បែប​នេះ​ក៏ដោយ​ចុះ ក្រុម​កម្មករ​បាន​សម្រេច​ចិត្ត​រួច​ហើយ គឺ​ត្រូវ​ចេញ​ដំណើរ​ទៅ​បោះឆ្នោត​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។ លោក​បន្ត​ថា «ពួក​ខ្ញុំ​ថា​បើ​ទោះ​បី​គេ​មិន​ឲ្យ​ទៅ ក៏​ខ្ញុំ​ត្រូវ​តែ​ទៅ ទោះ​គេ​កាត់​លុយ​ក៏ដោយ»

ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ កម្មករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ម្ដង​រួច​មក​ហើយ។ បាតុកម្ម​ដែល​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ពេល​នោះ កម្លាំង​សមត្ថកិច្ច​បើក​ការ​បាញ់​បង្ក្រាប​ប្រឆាំង​ការ​តវ៉ា រហូត​មាន​ស្លាប់ របួស បាត់​ខ្លួន និង​ជាប់​ពន្ធនាគារ។

សហជីព​ដែល​តែង​ឈរ​ខាង​កម្មករ​យល់​ឃើញ​ថា ប្រហែល​ឆ្លង​កាត់​បទពិសោធន៍​នៃ​ការ​តវ៉ា​ពី​កម្មករ​ដ៏​តានតឹង​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មិន​ចេញ​គោលការណ៍​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​អាច​បញ្ជាក់​សុពលភាព​លើ​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត​យក​ទៅ​បោះឆ្នោត​បាន

$
0
0

ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​យក​ទៅ​បង្ហាញ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា អាច​យក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ទៅ​បោះឆ្នោត​បាន ក្រោយ​ពី​ទទួល​បាន​ការ​ផ្តល់​សុពលភាព។

សេចក្តី​ណែនាំ​រួម​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​ថ្ងៃ​ទី​១ មិថុនា បញ្ជាក់​ថា ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដោយ​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៦ ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពួក​គេ​អាច​យក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ទៅ​ជួប​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ផ្ទាល់​ខ្លួន ដោយ​ស្នើសុំ​ឲ្យ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​អំពី​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចុះ​ហត្ថលេខា បោះ​ត្រា និង​ចុះ​កាលបរិច្ឆេទ​ផ្តល់​សុពលភាព​ទៅ​លើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ប្រើ​ក្នុង​ការ​បោះឆ្នោត។

សេចក្តី​ណែនាំ​រួម​សង្កត់​ធ្ងន់​ថា ការ​ស្នើសុំ និង​ការ​បញ្ជាក់​លើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នេះ ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មិថុនា វេលា​ម៉ោង ៥:៣០​នាទី​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​ក្រុង​យល់ព្រម​ឲ្យ​បក្ស​ប្រឆាំង​ហែ​ក្បួន​ឃោសនា​តាម​គម្រោង​តម្រាយ​ផ្លូវ​ថ្មី

$
0
0

សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ មិថុនា បាន​យល់ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​២ មិថុនា។ ការ​ព្រមព្រៀង​គ្នា​នេះ គឺ​ផ្អែក​លើ​គម្រោង​តម្រាយ​ផ្លូវ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​៣ គឺ​ទី​១ ព្រម​លើ​ទីតាំង​ជួបជុំ​គ្នា​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ទី​២ លើ​តម្រាយ​ផ្លូវ​សម្រាប់​ហែ​ក្បួន និង​ទី​៣ លើ​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​តាម​ដង​ផ្លូវ​ដែល​នឹង​ត្រូវ​ហែ​ក្បួន។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ លោក ហូរ វ៉ាន់ បញ្ជាក់​បន្ថែម​ថា ការ​ព្រមព្រៀង​គ្នា​នេះ នឹង​ធ្វើ​ឲ្យ​កម្មវិធី​ជួបជុំ និង​ការ​ហែ​ក្បួន​គណបក្ស​លោក ពេញលេញ​តាម​ផ្លូវ​ច្បាប់៖ «»

លោក​បញ្ជាក់​ថា ការ​ហែ​ក្បួន គឺ​ចាប់​ពី​ទីតាំង​ជួបជុំ​នៅ​មុខ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាត់​តាម​អង់តែន​ទួលគោក ផ្លូវ​២៧១ ទួល​ទំពូង ហើយ​នឹង​ទៅ​បញ្ចប់​នៅ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​សង្កាត់​ចាក់អង្រែលើ ដែល​ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីស្នាក់ការ​គណបក្ស​នេះ។

កិច្ច​ប្រជុំ​រវាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ មិថុនា គឺ​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​របស់​ពលរដ្ឋ​នៅ​ផ្លូវ​ព្រះមុនីវង្ស។ ហេតុផល​នេះ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លះបង់​ការ​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ និង​ផ្លូវ​ព្រះមុនីវង្ស ពី​តម្រាយ​ផ្លូវ​ដើម​របស់​ខ្លួន។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បញ្ជាក់​ថា ភាគី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​ទាំង​៣ ដែល​លោក ហូរ វ៉ាន់ លើក​ឡើង។ លោក​​ឲ្យ​ដឹង​ដែរ​ថា ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២ មិថុនា មាន​តែ​គណបក្ស​ពីរ​ទេ ដែល​ហែ​ក្បួន​ធំ​នៅ​រាជធានី​ភ្នំពេញ៖ «»

គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​២ មិថុនា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ហែ​ក្បួន​ឃោសនា​ធំ ដែល​មាន​មនុស្ស​ជាង ១៥​ម៉ឺន​នាក់​ចូលរួម។ ក្បួន​ហែ​ធំ​នេះ នឹង​ចាប់​ផ្ដើម​ពី​ផ្លូវ​៦០​ម៉ែត្រ​ទាំងមូល ក្បាល​ក្បួន​នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ កាត់​តាម​ផ្លូវ​ព្រះមុនីវង្ស ឡើង​ទៅ​ផ្លូវ​អង់តែន​ទួលគោក បន្ត​រហូត​ទៅ​រង្វង់​មូល​ចោមចៅ ដែល​ជា​ចំណុច​រំសាយ។ ក្បួន​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ដើម្បី​ចៀសវាង​ការ​ប៉ះ​ទង្គិច​គ្នា លោក ហូរ វ៉ាន់ អំពាវនាវ​ដល់​អ្នក​ចូលរួម​ហែ​ក្បួន​គណបក្ស​លោក កុំ​ឲ្យ​បង្ក​ហេតុ​សូម្បី​ការ​តបត​ពាក្យ​សម្ដី៖ «»

ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​មាន​អ្នក​ចូលរួម ៥​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​ពិការ​ស្នើសុំ គ.ជ.ប ជួយ​សម្រួល​ដល់​ពួក​គេ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់

$
0
0

ក្រុម​ជន​ពិការ ស្នើ​ទៅ គ..ប ជួយ​សម្រួល​ដល់​ពួក​គេ​ក្នុង​ថ្ងៃ​បោះឆ្នោត​ខាង​មុខ ព្រោះ​ពួក​គេ​លើក​ឡើង​ថា កាល​ពី​អាណត្តិ​មុនៗ ជន​ពិការ​ជួប​ការ​លំបាក​ក្នុង​ពេល​បោះឆ្នោត ឬ​រក​មនុស្ស​ទុក​ចិត្ត​ដើម្បី​ជួយ​គូស​លើ​សន្លឹកឆ្នោត​មិន​បាន។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត ថា​ពួក​គេ​បាន​ជួប​ប្រជុំ​ជាមួយ គ..ប ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ជន​ពិការ។

មិន​ខុស​ពី​ពលរដ្ឋ​ទូទៅ​ទេ ជន​ពិការ​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ ក៏​នឹង​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​នៅ​មូលដ្ឋាន​ដែរ។ ដូច្នេះ ពួក​គេ​ស្នើសុំ​ទៅ គ..ប ជួយ​សម្រួល​ដើម្បី​អាច​បោះឆ្នោត​បាន។

ជន​ពិការ​ភ្នែក​ទាំង​សងខាង លោកស្រី ទូច ផូ ប្រាប់​ថា លោកស្រី​ធ្លាប់​បោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​១៩៩៨ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៣ ដោយសារ​គ្មាន​ការ​ជួយ​សម្រួល​ត្រឹមត្រូវ​ពី​អ្នក​រៀបចំ​ការ​បោះឆ្នោត លោកស្រី​មិន​បាន​បោះឆ្នោត​ទេ។ លោកស្រី​យល់​ថា សន្លឹកឆ្នោត​របស់​ជន​ពិការ​ក៏​មាន​សារសំខាន់​ដូច​ពលរដ្ឋ​ផ្សេង​ទៀត​ដែរ៖ «អ្នក​ពិការ​ក៏​មាន​បេះដូង អ្នក​ពិការ​ក៏​ចេះ​ស្នេហា​ជាតិ​ដែរ។ អ្នក​ភ្លឺ​តែ​ម្នាក់​ពីរ​នាក់ មិន​អាច​ទ្រ​ផែនដី​បាន​ទេ ដល់​តែ​មាន​ភ្លឺ​អ្នក​ពិការ​ទូទាំង​ប្រទេស​ចូលរួម​គ្នា បាន​ទ្រ​បាន​ផែនដី​បាន»

ស្រដៀង​គ្នា​នេះ​ដែរ លោក រីម ម៉ូរី ជា​ជន​ពិការ​ដែរ​នោះ ស្នើ​ទៅ គ..ប ជួយ​សម្រួល​ដល់​លោក​អាច​បោះឆ្នោត​បាន​មុន​គេ និង​អនុញ្ញាត​ឲ្យ​លោក​នាំ​មនុស្ស​ដែល​លោក​ទុក​ចិត្ត អាច​នាំ​ចូល​ទៅ​គូស​សន្លឹកឆ្នោត​នៅ​ក្នុង​បន្ទប់​សម្ងាត់។ លោក​សង្ឃឹម​ថា គ..ប នឹង​ស្រប​តាម​តម្រូវការ​របស់​លោក និង​ជន​ពិការ​ផ្សេង​ទៀត៖ «ខ្ញុំ​សុំ​សំណូមពរ​ដល់ គ..ប ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​អ្នក​បោះឆ្នោត គាត់​ធ្វើ​យ៉ាង​ណា​ឲ្យ​ជន​ពិការ​បាន​បោះឆ្នោត​ដោយ​ងាយស្រួល»

ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ចែង​ថា ជន​ពិការ​ទាំងអស់​ត្រូវ​បាន​ធានា​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ឲ្យ​ដឹង​ថា លោក​បាន​លើក​បញ្ហា​របស់​ជន​ពិការ​ទៅ​ប្រជុំ​ជាមួយ គ..ប ជា​ញឹកញាប់ ដែល​ជា​លទ្ធផល គ..ប យល់ព្រម​ឲ្យ​មាន​ជន​ពិការ​ទៅ​សង្កេតការណ៍​ដើម្បី​រង់ចាំ​ពិនិត្យ និង​ជួយ​សម្រួល​ដល់​ជន​ពិការ​ជាង ៧០​មណ្ឌល នៃ​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ចាប់​ផ្តើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល ថ្ងៃ​ទី​៤ ខែ​មិថុនា។

ទាក់ទង​ការ​លើក​ឡើង​របស់​ជន​ពិការ អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា គ..ប បាន​ណែនាំ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ជន​ពិការ។ លោក​ថា ការ​ជួយ​សម្រួល​នេះ គឺ​ឲ្យ​ជន​ពិការ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​មាន​ជម្រាល​ឡើង គ..ប រៀបចំ​ឲ្យ​មាន​បញ្ជី​បោះឆ្នោត​សម្រាប់​ជន​ពិការ ដោយ​គាត់​អាច​គូស​លើ​សន្លឹកឆ្នោត​ដោយ​ខ្លួន​ឯង និង​ផ្តល់​អាទិភាព​ដល់​ជន​ពិការ​ជ្រើសរើស​អ្នក​គូស​សន្លឹកឆ្នោត​ឲ្យ​ក្នុង​ករណី​ជន​ពិការ​មិន​អាច​គូស​លើ​សន្លឹកឆ្នោត៖ «ក្នុង​ករណី​ដែល​ជន​ពិការ​មិន​អាច​គូស​សន្លឹកឆ្នោត​បាន គាត់​មាន​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​ជំនួយ»

តាម​ទិន្នន័យ​របស់ គ..ប បង្ហាញ​ថា បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជន​ពិការ​ជាង ២​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ ប៉ុន្តែ​ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន យល់​ថា ជន​ពិការ​ដែល​ចុះ​ឈ្មោះ​មាន​ច្រើន​ជាង​នេះ ព្រោះ​បញ្ជី​របស់ គ..ប មិន​បាន​បែងចែក​លក្ខណៈ​នៃ​ជន​ពិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ក្រុង​តាខ្មៅ​ហាម​សមាជិក​បក្ស​ប្រឆាំង​មិន​ឲ្យ​មក​ជួបជុំ​នៅ​វត្ត​ចាស់​ក្រុង​ភ្នំពេញ

$
0
0

អាជ្ញាធរ​ក្រុង​តាខ្មៅ​ឃាត់​រថយន្ត​របស់​សមាជិក​គណបក្ស​សង្រ្គោះជាតិ​ចំនួន​ពីរ​គ្រឿង ដែល​មាន​គ្នា​ជាង២០នាក់ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បន្ត​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ជួបជុំ​គ្នា​នៅ​វត្ត​ចាស់ ដែល​ជា​ទីកន្លែង​គណបក្ស​សង្រ្គោះជាតិ​រៀបចំ​ក្បួនហែ​ឃោសនា​នៅ​រសៀល​ថ្ងៃ​ទី២ មិថុនា

សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ ខេត្ត​តាកែវ លោក ដុស និច ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​តាខ្មៅ ឃាត់​រថយន្ត​របស់​ពួកគាត់​តាំង​ម៉ោង​៨​ព្រឹក ដោយ​អាជ្ញាធរ​លើក​ហេតុផល​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មិន​អនុញ្ញាត​ឲ្យ​សមាជិក​គណបក្ស នយោបាយ​មក​ជួបជុំ​គ្នា​ហែ​ក្បួន​ឃោសនា​ឆ្លង​សង្កាត់​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក បញ្ជាក់​ថា ថ្ងៃ​សុក្រ ទី២ មិថុនា​នេះ ជា​ការ​ជួបជុំ​គ្នា​ហែ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្រ្គោះជាតិ ដូច្នេះ​ពួកគាត់​ត្រូវ​ពុះពារ​មក​ជួបជុំ​គ្នា​នៅ​វត្ត​ចាស់​ឲ្យ​ខាង​តែ​បាន

..ប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃទី១ មិថុនា ថា គ.ជ.ប បាន​ចេញ​លិខិត​មួយ​ច្បាប់​ជូន​គណបក្ស​សង្រ្គោះជាតិ ពាក់ព័ន្ធ​នឹង​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃទី២ មិថុនា ឆ្នាំ២០១៧ ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​ឃោសនា​បោះឆ្នោត។ យោង​តាម​សំណើ​របស់​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ គ.ជ.ប បាន​រំលឹក​ដល់​គណបក្សសង្រ្គោះជាតិ​ថា ប្រសិនបើ​គណបក្ស​សង្រ្គោះជាតិ​បាន​កៀរគរ​អ្នក​គាំទ្រ​ពី​តាម​ខេត្ត​តាកែវ កំពង់ឆ្នាំ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មក​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ដូច​ដែល​សាលារាជធានី​បាន​ទទួល​ព័ត៌មាន​មែន ជា​ហេតុ​ធ្វើ​ឲ្យ​កក​ស្ទះចរាចរ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ផ្ទុយ​ពី​កំណត់ហេតុ​ចុះថ្ងៃទី១ មិថុនា ឆ្នាំ២០១៧ រវាង​សាលាក្រុង គ.ជ.ប និង​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ​រាជធានី​ភ្នំពេញ។

ទោះ​បី​ជា​បែប​នេះ​ក្ដី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថាអង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​លើក​ហេតុ​ផល​របស់​គ.. និង​សាលារាជធានី​ភ្នំពេញ​នេះ ជា​ហេតុផល​ដើម្បី​កេង​ចំណេញ​នយោបាយ​ច្រើន​ជាង។ លោក​បញ្ជាក់​ថា ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ពុំ​បាន​ហាម​ឃាត់​សមាជិក​គណបក្ស​នយោបាយ​ណាមួយ​ក្នុង​ការ​ហែ​ក្បួន​ឃោសនា ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​នោះ​ឡើយ។ លោក​បន្ថែម​ថា បើ​សិន​ជា​គ.. លើក​ពី​ការ​ហែ​ក្បួន​ឃោសនា​ចល័ត​ទីតាំង​មិន​បាន​ដូច្នេះ តើ​ប្រធាន​គណបក្ស​ដែល​ដើរ​ឃោសនា​តាម​បណ្ដា​ខេត្ត​នានា​នោះ ជា​រឿង​ខុស​ច្បាប់​ដែរ​ឬ​យ៉ាង​ណា?

សូម​ទស្សនា​ការ​ផ្សាយ​ពិសេស​នៃ​ការ​ហែ​ឃោសនា​ថ្ងៃ​ចុងក្រោយ​នា​រាជធានី​ភ្នំពេញ​ដូច​តទៅ



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សារ​បែក​ធ្លាយ​សាយភាយ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា

$
0
0

សារ​បែក​ធ្លាយ​ដែល​ទម្លាយ​ការសម្ងាត់​របស់​មន្ត្រី​គណបក្ស​ប្រឆាំង បាន​កក្រើក​ពេញ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (Facebook)។ ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហាក់​គ្មាន​ចំណាត់​ការ​អ្វី​ដើម្បី​ការពារ​សិទ្ធិ​ឯកជន និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​នោះ​ទេ។ ឥឡូវ​នេះ សារ​បែក​ធ្លាយ​នេះ​បាន​រាលដាល​ដល់​មន្ត្រី​ខាង​គណបក្ស​កាន់​អំណាច​វិញ​ម្ដង។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​មុន​រដូវកាល​បោះឆ្នោត​ឃុំ-​សង្កាត់ ជិត​ចូល​មក​ដល់ សារ​បែក​ធ្លាយ​ដែល​ទម្លាយ​ពី​ការ​សន្ទនា​គ្នា​ជា​លក្ខណៈ​ឯកជន ត្រូវ​បាន​បញ្ចេញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជាពិសេស​តាម​គណនី​ហ្វេសប៊ុក ឈ្មោះ “សីហា” ដែល​ល្បី​ខាង​បញ្ចេញ​ព័ត៌មាន ទន្ទ្រាន​សិទ្ធិ​ឯកជន​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។

ម្ចាស់​គណនី​ឈ្មោះ "សីហា" នេះ សូម្បី​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ថា ពូកែ​ខាង​លួច​ស្ដាប់​សារ​សន្ទនា​ជា​ឯកជន​បែប​នេះ៖ «អា​ផេក សីហា ហ្នឹង វា​ធ្លាយ! ឥឡូវ​ខ្ញុំ​អត់​ផ្សាយ​អា ផេក សីហា ទេ ព្រោះ​ខ្ញុំ​អត់​ស្គាល់​វា មិន​ដឹង​វា​នៅ​ឯ​ណា។ មុខ​វា​យ៉ាង​ម៉េច​អា សីហា ហ្នឹង? អា​ហ្នឹង​វា​ចាប់​បាន​ទាំង​សំឡេង គ្រាន់​បើ​អា សីហា! អ្ហែង​ប៉ុណ្ណឹង អ្ហែង​គ្រាន់​បើ! អ្ហែង​ចេះ​ចាប់​សំឡេង​អញ​ជាមួយ​នឹង​ឯកឧត្ដម កឹម សុខា បាន។ អា​នោះ​គ្រាន់​បើ​វ៉ី!»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង ក៏​ចង់​ប្រណាំងប្រជែង​នឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ "សីហា" នេះ​ដែរ។ ជា​ញឹកញាប់​លោក​ថែម​ទាំង​គំរាម​បញ្ចេញ​សារ​សន្ទនា​ជា​ឯកជន​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​ថត​ទុក​បាន ដើម្បី​បញ្ចេញ​ជា​សាធារណៈ ដែល​ទំនង​ជា​លោក​ចង់​ប្រាប់​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ជា​មនុស្ស​របស់​គាត់ ធ្វើ​ការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម ពោល​គឺ​អាច​ក្នុង​គោលបំណង​បំបែកបំបាក់ និង​ទម្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន៖ «ចង់​សាក? អ្នក​ឯង​និយាយ​ជាមួយ​ខ្ញុំ​ពី​ស្អី? នៅ​មាន​ទៀត! អ្នក​ឯង​ចង់​សាក​ទេ? បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ចេញ​ទាំង​អស់ ទាំង​ពី​ក្នុង WhatApps SMS តិច​អ្នក​ឯង​ថា ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ។ អ្វី​ដែល​ជា​ស្តុក អ្នក​ឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ? ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នក​ឯង​មើល​ទាំង​អស់។ បែក​ធ្លាយ​សំឡេង​ប៉ុន្មាន​ថ្ងៃ​នោះ នោះ​ហើយ​ដែល​ជា​ការ​ដែល ហ៊ុន សែន វ៉ៃ​មួយ​ដៃ​ឆ្វេង តែ​នៅ​ដៃ​ស្តាំ​អត់​ទាន់​វ៉ៃ​ទេ សូម​អ្នក​ឯង​ស្ដាប់​ឲ្យ​បាន»

​ទោះ​ជា​ហ្វេសប៊ុក សីហា បញ្ចេញ​សារ​ដែល​រំលោភ​សិទ្ធិ​ឯកជន និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​ការពារ​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​ការ​ស៊ើបអង្កេត​ម្ចាស់​ហ្វេសប៊ុក នេះ ដើម្បី​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ដែរ។ នេះ​អាច​ប្រហែល​មក​ពី​សារ​បែក​ធ្លាយ​ទាំង​នោះ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​គណបក្ស​សង្គ្រោះ​ជាតិ និង​មិន​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច​នោះ​ឯង។

ប៉ុន្តែ​ឥឡូវ​នេះ បញ្ហា​សារ​បែក​ធ្លាយ​នេះ បាន​រាលដាល​ដល់​គណបក្ស​កាន់​អំណាច​វិញ​ម្ដង។ ថ្មីៗ​នេះ អ៊ីមែល​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​គណបក្ស​ប្រជាជន និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់គ្រង​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា មក​ម្ល៉េះ។

​ឯកសារ​ដែល​បែក​ធ្លាយ​ចេញ​ពី​អ៊ីមែល​របស់​លោក គឹម សន្តិភាព បង្ហាញ​ពី​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​ក្រុម​ហ្វេសប៊ុក Cyber War Room កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។ ក្រុម​នេះ​ដឹកនាំ​ដោយ​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ច្រើន​រូប​ទៀត។

​មិន​​តែ​ប៉ុណ្ណោះ ឯកសារ​ស្ដីពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក គឹម សន្តិភាព ត្រូវ​បាន​លេច​ធ្លាយ​ផង​ដែរ។ ការ​ប្រកាស​ទ្រព្យ​នេះ គឺ​ស្របតាម​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ទ្រព្យ​រាប់​លាន​ដុល្លារ ត្រូវ​បាន​លាតត្រដាង​ក្នុង​ឯកសារ​ប្រកាស​ទ្រព្យ​នេះ រួម​មាន​លំនៅឋាន​យ៉ាង​តិច ៤​កន្លែង មាស​ដុំ និង​មាស​សន្លឹក​ជិត ១០០​តម្លឹង (៧០​តម្លឹង) ប្រាក់​ចំណូល​ពី​ថ្លៃ​ផ្ទះ​ជួល និង​ភាគហ៊ុន​ក្រុមហ៊ុន​រាប់​សែន​ដុល្លារ។ គ្រាន់តែ​ក្បាល​ខ្សែក្រវាត់​របស់​លោក គឹម សន្តិភាព មួយ មាន​ដាំ​ពេជ្រ​តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ (២២.៥០០​ដុល្លារ)។

​ប៉ុន្តែ​លោក គឹម សន្តិភាព បដិសេធ​រាល់​ខ្លឹមសារ​ព័ត៌មាន​ដែល​បែក​ធ្លាយ​ចេញពី​អ៊ីមែល​របស់​គាត់៖ «រាល់​ព័ត៌មាន​ដែល Hacker ដែល​អាច​យក​របស់​ខ្ញុំ ហើយ​គាត់ hack បាន ដូច្នេះ​ជំហរ​របស់​ខ្ញុំ​នៅ​ដដែល ដូចជា​លើក​មុន។ អ៊ីមែល​របស់ខ្ញុំ​គាត់ Hack បាន ដូច្នេះ​ព័ត៌មាន​អ្វីៗ ក៏​គាត់​អាច​កែ​បាន​ដែរ។ នេះ​ជា​ជំហរ​របស់​ខ្ញុំ។ ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ទាំង​អស់»

​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទេ នៅ​ពេល​នេះ ដោយសារ​ទូរស័ព្ទ​លោក ឱម យ៉ិនទៀង តេ​ចូល​ជា​ច្រើន​សា​តែ​មិន​លើក។

​ការ​បែក​ធ្លាយ​សារ​ឯកជន​ដែល​ម្ដង​នេះ​ប៉ះពាល់​ដល់​មន្ត្រី​ច្រើន​រូប​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា បែប​នេះ កំពុង​ក្លាយ​ជា​ខ្នាត​វាស់​មួយ​ដើម្បី​ធ្វើ​តេស្ត​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ឯកជន និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​ប្រើប្រាស់​ហ៊្វេសប៊ុក​ដើម្បី​តាមដាន​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត

$
0
0

អង្គការ​សមាគម​មួយ​ចំនួន​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​ឈ្មោះ​ថា អ៊ីនធឺណិត បើក​ទូលាយ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា អូផិន សាយប៊ឺថក (Open Cyber Talk)។ យុវជន​ប្រមាណ ២០០​នាក់ មក​ពី​សាកលវិទ្យាល័យ​នានា និង​បណ្ដាញ​យុវជន​បាន​ចូលរួម​កម្មវិធី​នេះ ហើយ​គេ​រំពឹង​ថា អាច​ចូលរួម​សកម្មភាព​នានា​នៅ​រដូវ​បោះឆ្នោត។

យុវជន​ជា​ច្រើន​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​អ៊ីនធឺណិត បើក​ទូលាយ​ថា នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ៊្វេសប៊ុក ដើម្បី​តាមដាន​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា។

យុវជន​មក​ពី​តំបន់​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង លោក ជិន នឿន តាំង​ចិត្ត​ថា ខ្លួន​នឹង​ប្ដេជ្ញា​ចិត្ត​ថត​រូបភាព និង​ប្រព្រឹត្តិការណ៍​នានា​នៅ​ថ្ងៃ​បោះឆ្នោត​បង្ហោះ​នៅ​លើ​ហ៊្វេសប៊ុក របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​ថា ជា​ការ​ពិបាក​ដែរ ពីព្រោះ​នៅ​តំបន់​លោក​ពុំ​សូវ​មាន​អ្នក​ចេះ​កាត់ត​រូបភាព និង​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ច្រើន​នោះ​ទេ៖ «ខ្ញុំ​នឹង​យក​បណ្ដាញ​ហ្វេសប៊ុក ដើម្បី​ជា​ប្រយោជន៍​ការ​បោះឆ្នោត​ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ការ​បោះឆ្នោត។ ថត​ជា​វីដេអូ​ខ្លីៗ​មួយ​ចំនួន​យក​មក​កាត់​ត​ចូល​គ្នា​មក ហើយ​ឡើង​មក​ថ្មបាំង ដើម្បី​បង្ហោះ​លើ​ហ្វេសប៊ុក»

ចំណែក​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិញ កញ្ញា ហួន សានី មាន​មតិ​ថា នេះ​ជា​សកម្មភាព​ចូលរួម​មួយ​ដែល​ជា​ប្រយោជន៍​សង្គម​ទាក់ទង​នឹង​ការ​បោះឆ្នោត។ កញ្ញា​យល់​ថា មិន​មែន​តែ​យុវជន​ទេ គួរ​តែ​ចូលរួម​សកម្មភាព​បែប​នេះ​ក្នុង​គ្រា​ដែល​សេរីភាព អ៊ីនធឺណិត កំពុង​បើក​ទូលាយ៖ «ជា​សេរីភាព​របស់​យើង​ម្នាក់ៗ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អ្នក​ដែល​គាត់​អត់​បាន​ដឹង។ សំខាន់​បំផុត​គឺ​យើង​ចែកចាយ​ព័ត៌មាន​ទៅ​តាម​អ៊ីនធឺណិត ព្រោះ​អី​អ៊ីនធឺណិត សព្វថ្ងៃ​មាន​លក្ខណៈ​រីកចម្រើន សម្បូរ​អ្នក​ប្រើប្រាស់​បើ​សិន​ផ្ដល់​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អ៊ីចឹង​ធ្វើ​ឲ្យ​អ្នក​ដែល​គាត់​អត់​បាន​ដឹង​គាត់​ទទួល​ព័ត៌មាន​ច្រើន»

ការ​ប្ដេជ្ញា​ចិត្ត​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ អ៊ីនធឺណិត បើក​ទូលាយ ក្រោម​ប្រធាន​បទ យុគសម័យ​អ៊ីនធឺណិត និង​ការ​ចូលរួម​របស់​ពលរដ្ឋ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​មិថុនា។ កម្មវិធី​នេះ​រៀបចំ​ដោយ​បណ្ដាញ​យុវជន​កម្ពុជា មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល (Central) អង្គការ​សមាគម​ធាង​ត្នោត និង​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា។

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា គាំទ្រ​គំនិត និង​ការ​លើក​ឡើង​របស់​ក្រុម​យុវជន។ លោក​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ជា​ពិសេស​យុវជន​ដែល​ជា​ម្ចាស់​ឆ្នោត ដែល​អាច​ផ្ដិត​យក​ទិដ្ឋភាព​ថ្ងៃ​បោះឆ្នោត ឬ​ភាព​មិន​ប្រក្រតី​នា​នា​នៅ​ថ្ងៃ​បោះឆ្នោត​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម៖ «ត្រង់​ថា ព័ត៌មាន​ដែល​គាត់​ផ្ដល់​ទៅ​នេះ វា​មាន​ឥទ្ធិពល​ប៉ុណ្ណា​ទៅ​លើ​មហាជន វា​អាស្រ័យ​ទៅ​លើ​គុណភាព​នៃ​ព័ត៌មាន​ហ្នឹង ហើយ​វា​អាស្រ័យ​ទៅ​លើ​បណ្ដាញ​ដែល​គាត់​គ្រប់​គ្នា ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្នឹង វា​អាស្រ័យ​ទៅ​លើ​គេ​កំណត់​គោលដៅ​បែប​ម៉េច បើ​សិន​ជា​កំណត់​គោលដៅ​មួយ​ដែល​ទាក់ទាញ​មហាជន​ឲ្យ​មាន​ទំនុក​ចិត្ត ពេល​នោះ​ព័ត៌មាន​ដែល​គាត់​ទទួល​ទៅ​នឹង​មាន​ប្រសិទ្ធភាព និង​មាន​ឥទ្ធិពល​ទៅ​លើ​មហាជន​ដែរ។ ប៉ុន្តែ​វា​មិន​អាច​បញ្ជាក់​អំពី​លទ្ធផល​ជា​ផ្លូវការ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ម្នាក់ៗ ឬ​ក៏​ទាំង​បន្ទប់​ស្ថានការណ៍​មិនមែន​ជា​តួអង្គ​ផ្លូវការ​ក្នុង​ការ​ប្រកាស​លទ្ធផល​ទេ ប៉ុន្តែ​យើង​អាច​បង្ហាញ​ទិន្នន័យ​ដែល​មើល​ឃើញ​ជាក់ស្ដែង»

កាល​ពី​ឆ្នាំ​២០១៦ ក្រុម Open Cyber Talk បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ អ៊ីនធឺណិត បើក​ទូលាយ​នេះ​ម្ដង​រួច​មក​ហើយ។ កាល​នោះ​មាន​យុវជន​ប្រមាណ ៤០០​នាក់ ចូល​រួម​គឺ​ពួកគេ​ជា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត និស្សិត សកម្មជន​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន៖ បើ​មាន​ការ​ផ្ទេរ​អំណាច​គឺ​មិន​ផ្ទេរ​ទៅ​អ្នក​ផ្សេង​ឡើយ

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​ថ្មី​ថា បើ​មាន​ការ​ផ្ទេរ​អំណាច ឬ​តំណែង​មែន គឺ​ជា​ការ​ផ្ទេរ​ទៅ​ឲ្យ​កូន​ចៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​នោះ​ទេ។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ចំពោះ​មុខ​អ្នក​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។

នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ដែល​លោក ហ៊ុន សែន បាន​ចេញ​មុខ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

នៅ​ថ្ងៃ​ឃោសនា​ចុង​ក្រោយ​នេះ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​បក្ស​ត្រូវ​ការពារ​បក្ស និង​ចាំបាច់​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា "ការ​សម្រេច​ចិត្ត​ខុស​មួយថ្ងៃ ចង្រៃ​មួយ​ជីវិត"។ លោក ហ៊ុន សែន ថែម​ទាំង​ថ្លែង​ឌឺដង​ឲ្យ​បក្ស​ប្រឆាំង​ដែល​លោក​ថា កន្លង​ទៅ​ធ្លាប់​តែ​មិន​គាំទ្រ​បក្ស​កាន់អំណាច​ក្នុង​ការ​ទម្លាក់​ថវិកា​វិស័យ​យោធា តែ​បែរ​ជា​​ចង់​បំពាក់អាវុធ​ឲ្យ​យោធា​ទៅ​វិញ។ លោក​ថា នេះ​គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​រម្លឹក​ឡើង​វិញ​ពី​ការ​តស៊ូ និង​ប្ដេជ្ញា​ការពារ​សន្តិភាព​ដែល​លោក​ថា បាន​នាំ​មក​ឲ្យ​ប្រទេស​កម្ពុជា តាម​រយៈ​នយោបាយ​ឈ្នះ ឈ្នះ និង​ប្ដេជ្ញា​ការពារ​សន្តិភាព​ឲ្យ​បាន។ លោក ហ៊ុន សែន ក៏​បាន​រិះគន់​គោលនយោបាយ​គណបក្ស​ប្រឆាំង​ទម្លាក់​ថវិកា ៥០​ម៉ឺន​ដុល្លារ​ដល់​ឃុំ-​សង្កាត់ ពេល​ខ្លួន​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨ ដែល​លោក ហ៊ុន សែន ថា​មិន​អាច​ទៅ​រួច​នោះ​ទេ។

លោក ហ៊ុន សែន៖ «បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​សន្តិភាព និង​ការ​រីកចម្រើន បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន គឺ​ដើម្បី​រីកចម្រើន​ខ្លួន​ឯង ការ​សម្រេច​ចិត្ត​ខុស​មួយ​ថ្ងៃ​ចង្រៃ​មួយ​ជីវិត ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​រួច​ទៅ​ហើយ លន់ នល់ បាន​សម្រេច​ចិត្ត​ខុស​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​រហូត​ដល់​ពេល​នេះ ដូច្នេះ​អ្វី​ដែល​មាន​ក្នុង​ដៃ​រួច​ហើយ​ត្រូវ​បន្ត​កាន់​អោយ​ជាប់»

លោក ហ៊ុន សែន ថ្លែង​អួត​ដែរ​ថា ក្នុង​ថ្ងៃ​ឃោសនា​ចុង​ក្រោយ​នេះ គណបក្ស​លោក​បាន​ជួល​ប៉ុស្តិ៍​ទូរទស្សន៍​ចំនួន​៨ ដើម្បី​ផ្សាយ​ផ្ទាល់ ដោយ​ចំណាយ ៣០០​ដុល្លារ​ក្នុង​១​នាទី។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស​នយោបាយ​តែ​ពីរ​គត់​ដែល​ធ្វើ​យុទ្ធនាការ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា ហែ​ចេញ​ពី​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ នៅ​ពេល​ព្រឹក ខណៈ​ដែល​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ម៉ោង ៣​រសៀល។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​មុខ​វត្ត​ចាស់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​បក្ស​ប្រឆាំង​ចង់​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា ជា​វិជ្ជមាន គឺ​ប្ដូរ​ពី​សន្តិភាព​មួយ​ជ្រុង​ទៅ​សន្តិភាព​ពេញលេញ ពី​សន្តិភាព​ដោយ​អយុត្តិធម៌​ទៅ​យុត្តិធម៌ ពី​សន្តិភាព​មានការ​គំរាមកំហែង ទៅ​សន្តិភាព​គ្មាន​ការ​គំរាមកំហែង ដែល​មាន​ន័យ​ថា ជា​សន្តិភាព​សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា៖ «បង​ប្អូន​ខ្មែរ​យើង​ធ្លាប់​មាន​ប្រវត្តិ​ល្បីល្បាញ​តាំងពី​សម័យ​អង្គរ គេ​គោរព​កោត​ស្ញប់ស្ញែង​ពេញ​សកលលោក តែ​ឥឡូវ​ម៉េច​ក៏​អន្តរជាតិ​គេ​គិតតែ​ស្ដី​អោយ​អ៊ីចឹង ព្រោះ​អី​មក​ពី​រំលោភ​សិទ្ធិមនុស្ស​បងប្អូន​មក​ពី​បំផ្លិចបំផ្លាញ​ធម្មជាតិ​មែន​ទេ បង​ប្អូន មកពី​ពុករលួយ​មែន​ទេ​បងប្អូន បោះ​ឲ្យ​សង្គ្រោះ​ជាតិ​យើង​នឹង​លើក​កិត្យានុភាព តម្លៃ​របស់​ជាតិខ្មែរ​យើង​ឲ្យ​ថ្កុំថ្កើង​ឡើង​វិញ»

​ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ពី​បរទេស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ភ័យខ្លាច​តាម​ការ​គំរាមកំហែង​របស់​អ្នក​នយោបាយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំ​មើល​ថា​ការ​មិន​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចូលរួម​ហែ​ឃោសនា​ជា​រឿង​ខុស​ច្បាប់

$
0
0

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត ចាត់​ទុក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មិន​អនុញ្ញាត​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​មក​ពី​តាម​បណ្ដា​ខេត្ត មក​ចូលរួម​ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ជា​រឿង​ខុស​ច្បាប់ ស្ដីពី​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

..ប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃទី១ មិថុនា ថា គ.ជ.ប បាន​ចេញ​លិខិត​មួយ​ច្បាប់​ជូន​គណបក្ស​សង្រ្គោះជាតិ ពាក់ព័ន្ធ​នឹង​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃទី២ មិថុនា ឆ្នាំ២០១៧ ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​ឃោសនា​បោះឆ្នោត។ យោង​តាម​សំណើ​របស់​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ គ.ជ.ប បាន​រំលឹក​ដល់​គណបក្ស​សង្រ្គោះជាតិ​ថា ប្រសិនបើ​គណបក្ស​សង្រ្គោះជាតិ​បាន​កៀរគរ​អ្នក​គាំទ្រ​ពី​តាម​ខេត្ត​តាកែវ កំពង់ឆ្នាំ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មក​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ដូច​ដែល​សាលារាជធានី​បាន​ទទួល​ព័ត៌មាន​មែន ជា​ហេតុ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ផ្ទុយ​ពី​កំណត់ហេតុ​ចុះថ្ងៃទី១ មិថុនា ឆ្នាំ២០១៧ រវាង​សាលាក្រុង គ.ជ.ប និង​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​ករណី​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថាអង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី លើក​ឡើង​ថា គ.ជ.ប ធ្វើ​ដូច្នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​អាជ្ញាកណ្ដាល​ដែល​ឯករាជ្យ​នោះ​ទេ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក សំ គន្ធាមី អំពី​បញ្ហា​នេះ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មធ្យោបាយ​ក្នុង​ការ​ដណ្ដើម​ជ័យជំនះ​នៃ​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​បក្ស​មាន​អាសនៈ​ក្នុង​សភា

$
0
0

នៅ​ពេល​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​ម្តងៗ គណបក្ស​នយោបាយ​តែងតែ​មាន​ក្ដី​រំពឹង​រៀងៗ​ខ្លួន​ថា នឹង​ទទួល​បាន​ជ័យជំនះ។ ប៉ុន្តែ​មធ្យោបាយ​ដែល​ឈាន​ទៅ​ដល់​គោលដៅ​នោះ គណបក្ស​នីមួយៗ​បាន​ដើរ​ផ្លូវ​ផ្សេង​គ្នា ហើយ​លទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ទៅ​រក​ជ័យជំនះ​នោះ ក៏​មិន​ដូចគ្នា​ដែរ ជាពិសេស​គឺ​គណបក្ស​ធំ​ពីរ​ដែល​កំពុង​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

តើ​ស្ថានភាព​របស់​គូប្រកួត​នីមួយៗ ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្ដេច​ក្នុង​អាណត្តិ​ទី​៤ នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នេះ?

ចូល​មក​ដល់​អាណត្តិ​ទី​៤ នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ គណបក្ស​ធំ​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​កំពុង​មាន​សកម្មភាព​តតាំង​ជាមួយគ្នា​យ៉ាង​ស្វិតស្វាញ​បំផុត។ គណបក្ស​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​បោះឆ្នោត គណបក្ស​ប្រឆាំង​តែងតែ​រង​ទារុណ​ស្ទើរ​តែ​ទ្រម​ខ្លួន​ដើរ​ទៅ​មុខ​មិន​ចង់​រួច​ទៅ​ហើយ​ទម្រាំ​ដល់​ថ្ងៃ​បោះឆ្នោត​នោះ។ ទាំង​មេ​គណបក្ស រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​បាន​ប្រកាស​ជា​រឿយៗ​ថា គណបក្ស​ខ្លួន​រង​ការ​គំរាម​កំហែង​គ្រប​រូបភាព ដូចជា​គំរាម​សម្លាប់ ប្ដឹង​ចាប់​ដាក់​គុក​ជាដើម។

​ចុង​ក្រោយ​នេះ ធ្លាក់​ដល់​មេ​បក្ស​ប្រឆាំង​តែម្ដង ដែល​ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង និង​មិន​អាច​ចូល​ស្រុក​វិញ​បាន ដោយ​អំណាច​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​នៅ​ដើម​ឆ្នាំ​២០១៧ នេះ ព្រមទាំង​ពាក្យ​បណ្ដឹង​ជា​ច្រើន​ទៀត​ស្ទើរ​រាប់​មិន​អស់។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ គណបក្ស​កាន់​អំណាច​តែងតែ​បដិសេធ​ថា ករណី​ទាំង​នោះ​ជា​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​បុគ្គល មិន​មែន​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​នោះ​ទេ។

លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ឡើង​ជំនួស​លោក សម រង្ស៊ី ឬ​ក៏​ទើប​នឹង​រួច​ពី​ការ​ឃុំ​ខ្លួនឯង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​នៅ​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦។

​ក្រៅ​ពី​នេះ ក៏​នៅ​មាន​ករណី​គំរាមកំហែង​ដល់​អ្នក​តំណាងរាស្ត្រ​ជា​ច្រើន​ទៀត​តាម​ផ្លូវ​តុលាការ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​តំណាងរាស្ត្រ មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​ជាង ១០​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្តី ក៏​បក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​មាន​សង្ឃឹម​ថា ខ្លួន​នឹង​ទទួល​បាន​ជ័យជំនះ។ ជ័យជំនះ​នេះ គឺ​ពឹង​ដោយសារ​គោលនយោបាយ​របស់​គណបក្ស​លើក​ស្ទួយ​អ្នក​ក្រ អ្នក​ដែល​ត្រូវ​រង​ការ​គំរាមកំហែង ភាព​អយុត្តិធម៌​សង្គម និង​ការ​រួបរួម​កម្លាំង​ទាំង​ពីរ​វាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​និមិត្តរូប​នៃ​ការ​រួបរួម​កម្លាំង​ប្រជាធិបតេយ្យ​នៅ​តែ​រឹងមាំ​ទោះ​បី​ស្ថិត​ក្នុង​ការ​សម្លុត គំរាម បំបែកបំបាក់​តាម​រូបភាព​ណា​ក៏ដោយ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​រួច​ខ្លួន​ពី​បណ្ដឹង​ផ្ដន្ទាទោស និង​តាំងចិត្ត​មិន​រត់​ចោល​ស្រុក ខណៈ​ស្ថានការណ៍​គណបក្ស​នេះ​កំពុង​ជួប​ព្យុះ​បោកបក់​ខ្លាំង​ស្ទើរ​ទប់​ខ្លួន​មិន​ហ្នឹង​នៅ​មុន​ពេល​បោះឆ្នោត​នោះ  បាន​ប្រកាស​ពី​ជំហរ​ចុង​ក្រោយ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​កាលៈទេសៈ​ចុង​ក្រោយ​នេះ។

លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​បក្ស សកម្មជន​មក​ពី​គ្រប់​តំបន់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា គឺ​នៅ​មុន ៣​ថ្ងៃ នៃ​ការ​ឃោសនា​បោះឆ្នោត​ចូល​មក​ដល់ ដោយ​អំពាវនាវ​សូម​ឲ្យ​មន្ត្រី និង​សកម្មជន​ទាំង​អស់​ត្រូវ​ប្រកាន់​ធម៌​អហិង្សា​ជានិច្ច កុំ​ប្រើ​ពាក្យ​អសុរោះ ដែល​នាំ​ឲ្យ​កើត​ជម្លោះ និង​ការ​រើសអើង​ជាដើម។

​លោក​អះអាង​ថា ការ​ធ្វើ​ដូចនេះ​ដើម្បី​កុំ​ឲ្យ​ភាគី​ម្ខាង​ទៀត​រក​លេស​មក​ខ្ទាស់​ជើង ឬ​ច្រាន​ឲ្យ​គណបក្ស​លោក​ដួល​នៅ​ពេល​រត់​ជិត​ដល់​ទី​ទទួល​បាន​ជ័យជំនះ៖ «ខ្ញុំ​ឧទាហរណ៍​រត់​ប្រណាំង​គ្នា ដល់​ពេល​យើង​រត់ ចង់​គេ​យក​ជើង​ប៉ែង​យើង តើ​យើង​រវល់​ងាក​មក​វាយ​គេ​ធ្វើ​អី…? យើង​កុំ​ងាក លោត​ទៅ​មុខ​ទៀត​ទៅ​បងប្អូន កុំ​ងាក​ក្រោយ​ឲ្យ​សោះ រត់​ឲ្យ​ដល់​ទី​របស់​យើង...»

​លោក​ថា ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​បាន​មក​ពី​ការ​គំរាមកំហែង សម្លុត នោះ​ទេ។ ជ័យជំនះ​មួយ​ដែល​កើត​មាន​ទៅ​បាន គឺ​អាស្រ័យ​លើ​គោលការណ៍​អភិវឌ្ឍ​ដោយ​ចិរភាព តម្លាភាព អធិបតេយ្យភាព ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស បំបាត់​អំពើ​ពុករលួយ​ជាដើម។

អ្នក​វិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ដាក់​សំពាធ​មក​លើ​គណបក្ស​ប្រឆាំង ពេល​ខ្លះ​គឺ​ជា​រឿង​ល្អ​ទៅ​វិញ​ទេ។

ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​ស្ម័គ្រចិត្ត​គាំទ្រ​គណបក្ស​ប្រឆាំង គឺ​មួយ​ផ្នែក​ដោយសារ​មើល​ឃើញ​គណបក្ស​នេះ​ជា​តួ​អង្គ​ស្លូត តស៊ូ​អំណត់​ដើម្បី​ជាតិ ប្រជាពលរដ្ឋ ហើយ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ដើម្បី​យុត្តិធម៌​សង្គម។

មួយ​ផ្នែក​ទៀត​ដោយសារ​ពួកគាត់​មើល​ឃើញ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​ធ្វើ​ឲ្យ​ពួកគាត់​អាច​សម្រេច​ចិត្ត​ព្រម​គ្នា​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ជា​វិជ្ជមាន​តាមរយៈ​ការ​បោះឆ្នោត។

លោក កឹម សុខា ថ្លែង​ទទួល​នូវ​បរិបទ​នេះ និង​មាន​មោទនភាព​ដែល​គណបក្ស​ប្រឆាំង​មាន​សមត្ថភាព​អាច​ហែល​ឆ្លង​ផុត​គ្រោះកាច​ជា​បន្តបន្ទាប់​កន្លង​មក​នេះ៖ «ប្រជាពលរដ្ឋ​ខ្មែរ​លោក​យល់​ច្បាស់​ដោយសារ​តែ​ភាព​អយុត្តិធម៌​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ពួកគាត់​រឹតតែ​អាណិត ធម្មតា​ពលរដ្ឋ​លោក​មិន​ដែល​ស្រឡាញ់​តួ​កាច ឬ​តួ​យក្ស​នោះ​ទេ»

​ជា​ការ​ឆ្លើយតប​ជូន​អ្នក​គាំទ្រ បក្ស​ប្រឆាំង​បាន​សំរឹទ្ធិសម្រាំង​គោលនយោបាយ ៥​ចំណុច​សំខាន់ៗ ដូចជា​គម្រោង​ថា នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន ក្រោយ​ខ្លួន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​រដ្ឋាភិបាល និង​ការ​ផ្ដល់​អំណាច​ទៅ​ឲ្យ​ថ្នាក់​មូលដ្ឋាន ដូចជា «ឃុំ-សង្កាត់ នឹង​ធ្វើ​ផែនការ​ដោយ​ខ្លួនឯង រៀបចំ​គោលការណ៍​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង ជាដើម»

ក្រឡេក​មើល​គណបក្ស​កាន់​អំណាច​វិញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​មិន​សូវ​ខ្វល់​ពី​រឿង​បង្កើត​គោលនយោបាយ​ច្រើន​ប៉ុន្មាន​ទេ ក្រៅពី​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​មាន​ស្រាប និង​កំពុង​អនុវត្ត​នោះ។ ​គណបក្ស​នេះ ហាក់​ទុកចិត្ត​ទៅលើ​អំណាច​ដឹកនាំ​រដ្ឋាភិបាល និង​ធនធានមនុស្ស​ដែល​មាន​ស្រាប់។

​ចំណែក​ធនធាន​ថវិកា​វិញ គណបក្ស​នេះ​ក៏​មិន​ខ្វល់​នឹង​កៀរគរ​ពី​អ្នក​គាំទ្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ឲ្យ​ថែម​ តាម​រយៈ​អំណោយ​ផ្សេងៗ នៅ​មុន​ការ​បោះឆ្នោត​ជា​ការ​ស្អំ​ចិត្ត​ពលរដ្ឋ​ឲ្យ​តែ​នៅ​បោះឆ្នោត​ឲ្យ​ខ្លួន​ដដែល។ ការ​មិន​កៀរគរ​រក​ថវិកា​នេះ ដោយសារ​តែ​គណបក្ស​នេះ កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ។ មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល និង​គណបក្ស ភាគ​ច្រើន​សុទ្ធ​តែ​មាន​ធនធាន​កប់​កំពូល។

​ទោះបី​មាន​អ្វីៗ​សព្វ​យ៉ាង​ក៏ដោយ ក៏​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ មិន​ភ្លេច​បញ្ចេញ​សារ​គំរាម​ពី​ការ​កើត​សង្គ្រាម​ឡើង​វិញ រំឭក​គុណ ៧​មករា ជាពិសេស​យុទ្ធសាស្ត្រ​វាយ​គូប្រកួត​ឲ្យ​ទក់​សាច់​មុន​នឹង​ឡើង​សង្វៀន​ជា​ផ្លូវការ​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា គោលដៅ​របស់​គណបក្ស​ធំ​ពីរ​ដែល​ចង់​ឆ្ពោះ​ទៅ​ជ័យជំនះ​នោះ គឺ​មាន​ទេពកោសល្យ​នយោបាយ និង​មធ្យោបាយ​ផ្ទុយ​ស្រឡះ​ពី​គ្នា។ លោក​មើល​ឃើញ​ថា ជិត ៤០​ឆ្នាំ​មក​នេះ គណបក្ស​កាន់​អំណាច​ហាក់​មិនទាន់​ផ្លាស់ប្ដូរ​ទម្លាប់​របស់​ខ្លួន​ក្នុង​ការ​ផ្ដួល​គូប្រជែង​នយោបាយ និង​មិន​ទាន់​មាន​ទម្លាប់​ធ្វើការ​ជាមួយ​មនុស្ស​ជំនាន់​ថ្មី​នោះ​នៅ​ឡើយ​ទេ៖ «ដូចជា​ការ​ចែក​រង្វាន់ ការ​លើក​ពី​គុណ ៧​មករា របប ប៉ុល ពត អី​ហ្នឹង នៅ​លើក​យក​ប្រើ​ដដែលៗ ដោយ​អត់​បាន​លើក​ពី​អ្វី​ដែល​ថ្មី ដែល​ខ្លួន​នឹង​ត្រូវ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ពេល​បច្ចុប្បន្ន​នោះ​ទេ»

​បើ​ទោះ​បី​មាន​ចំណុច​ខ្លះ​ផ្លាស់ប្ដូរ គឺ​មាន​តែ​ការ​បន្ធូរ​ដៃ​វាយប្រហារ​ជើង​ក្រោម​របស់​បក្ស​ឆាំង ហើយ​បន្ថែម​កម្លាំង​វាយ​ប្រហារ​ចំក្បាល​ម៉ាស៊ីន​ធំៗ​តែម្ដង ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដោយ​ចំណុច​ខ្លះ​ផ្ទុយ​ពី​ក្រមសីលធម៌​អ្នក​នយោបាយ ក៏​បក្ស​កាន់​អំណាច​អាច​ធ្វើ​ទៅ​កើត​ដែរ៖ «យើ​អាច​និយាយ​បាន​ថា នៅ​ខាង​ក្រោម​ពិបាក​ជ្រៀតចូល អ៊ីចឹង​ទេ​មាន​តែ​មក​មើល​ក្បាល​ម៉ាស៊ីន​ខាង​លើ ដូច​គេ​ច្រើន​ប្រើ​ពាក្យ​ថា បើ​ចង់​ចាប់​ពស់ គឺ​ត្រូវ​ចាប់​ក្បាល​ឲ្យ​ជាប់​ជា​មុន»

​វិធីសាស្ត្រ​ដែល​គ្រប់គ្នា​ងាយ​ចាំ និង​មើល​ឃើញ​ច្បាស់​ជាងគេ​នោះ គឺ​ប្ដឹង​ចាប់​ដាក់គុក សម្លុត បំបែក​តាំង​ពី​ថ្នាក់​មន្ត្រី តំណាងរាស្ត្រ រហូត​ដល់​មេ​បក្ស​ប្រឆាំង និង​វិធីសាស្ត្រ​បញ្ចេញ​សារ​គំរាម​ពី​ការ​ធ្វើ​សង្គ្រាម​ជាដើម។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​លើក​សារ​គំរាម​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​អាច​នឹង​ផ្ទុះ​សង្គ្រាម គ្មាន​សន្តិភាព បើ​មិន​មាន​គណបក្ស​ប្រជាជន​ដឹកនាំ​រដ្ឋាភិបាល។ លោក​ថា ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម គណបក្ស​ប្រជាជន​ត្រូវ​តែ​ឈ្នះ​គ្រប់ការ​បោះ​ឆ្នោត​ទាំង​អស់៖ «ដូច្នេះ​ការ​ការពារ​សមិទ្ធផល​មួយ​នេះ ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​តែ​ការពារ​ឲ្យ​បាន តែ​កុំ​ភ្លេច​ថា ២០១៧ និង​២០១៨ បើ​ពួក​អ្នក​ឯង​នៅ​តែ​របៀប​នេះ កម្លាំង​ប្រដាប់​អាវុធ​នឹង​ចេញ​បង្ក្រាប​ភ្លាម បើ​ត្រូវ​កើត​សង្គ្រាម​ក៏​កើត​ទៅ​ចុះ»

នៅ​ដំណាក់កាល​ចុងក្រោយ​នេះ កុំ​ថា​ឡើយ​បក្ស​ប្រឆាំង សូម្បីតែ​មន្ត្រី​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី ក៏​មិន​លើកលែង​ដែរ គឺ​ត្រូវ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​បញ្ចូល​គុក​ទាំង​អស់​ឲ្យ​តែ​មើល​ឃើញ​ថា សកម្មភាព​អ្នក​ទាំង​នោះ​មិន​ចំណេញ​ដល់​រដ្ឋាភិបាល ឬ​មើល​ទៅ​ទំនង​ជា​គាំទ្រ ឬ​ចំណេញ​ដល់​គោលនយោបាយ​របស់​បក្ស​ឆាំង។

​ចំពោះ​សេរីភាព​សារព័ត៌មាន ក៏​មាន​ការ​រឹតត្បិត​ខ្លាំង​ដែរ និង​មាន​ករណី​គំរាម​ប្ដឹង​អ្នក​កាសែត​ទៅ​តុលាការ​ជាដើម។

​របាយការណ៍​អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) អំពី​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ បាន​ដាក់​ចំណាត់ថ្នាក់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ជា​រួម​នៅ​ប្រទេស​កម្ពុជា​ថា "ពុំ​មាន​សេរីភាព"។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា ពិន្ទុសរុប​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ នេះ បាន​ធ្លាក់​ចុះ​មួយ​លេខ​ទៀត ទៅ​ក្នុង​កម្រិត​រឹតតែ​អាក្រក់​ជាង​ឆ្នាំ​មុន គឺ​ឆ្នាំ​២០១៦។ កម្ពុជា​ជាប់​លេខ​៣៣ ក្នុង​ចំណោម​ប្រទេស​ចំនួន ៤០ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​លេខ​១៥២ ក្នុង​ចំណោម ១៩៩ ប្រទេស​ក្នុង​ពិភពលោក។

អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន សម្ដែង​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ការ​ដែល​គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​មុន​ពេល​បោះឆ្នោត។ អង្គការ​នេះ​រក​ឃើញ​ថា ដោយសារ​តែ​មាន​ការ​បាត់បង់​ប្រជាប្រិយភាព​នៃ​សន្លឹកឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ចុះ​ខ្សោយ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​នៅ​ពេល​ខាង​មុខ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​មើល​ឃើញ​ថា ការ​ធ្វើ​ហួសហេតុ​ពេក​ពី​គណបក្ស​អាន​អំណាច អាច​ធ្វើ​ឲ្យ​ដៃគូ​ប្រកួត ឬ​គណបក្ស​ប្រឆាំង​អង្គុយ​ចាំ​ទទួល​ផល​ទៅ​វិញ​ទេ។

​ចំពោះ​លទ្ធផល​រំពឹង​ទុក​វិញ លោក​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​រួច​ហើយ​ថា គណបក្ស​លោក​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​បោះឆ្នោត​ទាំង​អស់ ទាំង​ឆ្នាំ​២០១៧ នេះ និង​ឆ្នាំ​២០១៨ ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ក៏​ប្រកាស​ព្រម​គ្នា​ដែរ​ថា គណបក្ស​ខ្លួន​មិន​ដែល​មាន​ប្រវត្តិ​ចាញ់​នោះ​ទេ។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ បាន​ដាក់​ក្ដី​រំពឹង​ទុក​ថា ការ​បោះឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ នឹង​ទទួល​បាន​យ៉ាង​ហោច​ណាស់​ក៏​ជាង ៦០% ដែរ។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​ទៅ​នេះ។

​លោក​បណ្ឌិត មាស នី មិន​ទាន់​ហ៊ាន​វិនិច្ឆ័យ​ចំពោះ​ការ​រំពឹង​ទុក​របស់​គណបក្ស​ទាំង​ពីរ​នេះ​ថា យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​មើល​ឃើញ​ថា អ្នក​ទាំង​ពីរ​កំពុង​មាន​កម្លាំង​ប្រដំប្រសងគ្នា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​រង​សម្ពាធ​ធ្ងន់ធ្ងរ​នៅ​មុន​ការ​បោះឆ្នោត​យ៉ាង​ណា​ក្តី។

លោក​ថា លទ្ធផល​ឆ្នោត​នៅ​ថ្នាក់​ឃុំ-​សង្កាត់ អាច​ជា​ការ​ឆ្លុះ​បញ្ចាំង សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ និង​ឆ្លុះ​បញ្ចាំង​ពី​វាសនា​ប្រទេស​កម្ពុជា ឬ​របត់​នយោបាយ​នៃ​ប្រទេស​មួយ​នេះ​ថា នឹង​ទទួល​បាន​សន្តិភាព ប្រជាធិបតេយ្យ​ពិតប្រាកដ ឬ​ក៏​យ៉ាង​ណា​ទៅ​ថ្ងៃ​មុខ​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live