Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

គ.ជ.ប​ស្នើ​បក្ស​ប្រឆាំង​ពិនិត្យ​សំណើ​ហែ​ក្បួន​ឃោសនា​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ

$
0
0

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ (...) ស្នើ​គណបក្ស​ឲ្យ​ប្រឆាំង​ពិនិត្យ​លើ​សេចក្ដី​ជូន​ដំណឹង​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ចុងក្រោយ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នឹង​ក្បួន​ដង្ហែ​របស់​បក្ស​កាន់​អំណាច។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៣០ ឧសភា ថា ការ​មិន​ទាន់​សម្រេច​ចំពោះ​សេចក្ដី​ជូន​ដំណឹង ពី​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះជាតិ សម្រាប់​ថ្ងៃ​ទី២ មិថុនា ក្រោម​ហេតុផល​ថា តម្រាយដង្ហែ​ក្បួន​លើ​ផ្លូវ​មួយ​ចំនួន​របស់​បក្ស​ប្រឆាំង ជាន់​គ្នា​នឹង​បក្ស​កាន់​អំណាច ហើយ​បក្ស​នេះ​ជូន​ដំណឹង​មក​ក្រោយ​បក្ស​កាន់​អំណាច​ផង។

លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប​នឹង​ពិនិត្យ​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី៣១ ឧសភា ដែល​គ.ធ.ខ.ប​ផ្ដល់​ជម្រើស​​ ៣ គឺ​បែង​ចែក​ពេលវេលា​ហែ​ក្បួន​ខុស​ពី​គណបក្ស​ប្រជាជន បែង​ចែក​តម្រាយ​ផ្លូវ​ឲ្យ​ដាច់​ពី​គ្នា ឬ​ដូរ​ថ្ងៃ​ហែ​ក្បួន​ឃោសនា​ឡើង​វិញ។

ឆ្លើយ​តប​នឹង​សំណើ​នេះ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ថ្លែង​​ថា ក្រុម​ការងារ​របស់​លោក​នឹង​ប្រជុំ​ពិនិត្យ និង​ដាក់​សំណើ​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន​សម្រាប់​ក្បួន​ឃោសនានៅ​ថ្ងៃ​ដដែរ​នោះ បើទោះបីជា តម្រាយ​ផ្លូវ​​មួយចំនួន​ជាន់​គ្នា​នឹង​ក្បួន​របស់​គណបក្ស​កាន់​អំណាច​ក្ដី៖ «តាម​ផែន​ទី​ដែល​ខ្ញុំ​កែ​សម្រួល (ក្បួន​បក្ស​ប្រជាជន និង​សង្គ្រោះជាតិ) មិន​អាច​ជួប​គ្នា​ទេ ដោយ​សារ​ខ្ញុំ​បត់​ឆ្វេង ទៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម ហើយ​គណបក្ស​នយោបាយ​ដើរ​មួយ​ចំហៀង​ម្នាក់។ ខ្ញុំ​គិត​ថា គ្មាន​បញ្ហា​ទេ យើង​ធ្លាប់​ហែ​ប៉ះ​គ្នា​អញ្ចឹង​ដែរ តែ​ខ្ញុំ​អត់​យល់ ដែល​គ...ប​ស្នើ​បក្ស​សង្គ្រោះជាតិ​ឲ្យ​ហែ​ក្បួន​នៅ​ពេល​រសៀល ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​នានា​នៅ​ពេល​ហែ​ក្បួន»

តម្រាយ​ដង្ហែ​ក្បួន​របស់​បក្ស​ទាំង​ពីរ​ ជាន់​គ្នា​ត្រង់​ចំណុច​មហាវិថី​ព្រះ​មុនីវង្ស ជិត​រង្វង់​មូល​ខាង​លិច​នៃ​ស្ពាន​ជ្រោយ​ចង្វារ បត់​ឆ្វេង​​ទៅ​រង្វង់​មូល​អង់តែន​ទួលគោក ឆ្ពោះ​ទៅ​កាន់​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ ប៉ុន្តែ​ទីតាំង និង​ម៉ោង​ចេញ​ក្បួន​របស់​បក្ស​ទាំង​ពីរ​ខុស​គ្នា។ ក្បួន​របស់​បក្ស​ប្រជាជន​ចេញ​ពី​ទីតាំង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ នៅ​ម៉ោង​៦​ព្រឹក ខណៈ​ក្បួន​បក្ស​ប្រឆាំង​ចេញ​ពី​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ឆ្ពោះ​មក​ផ្លូវ​ព្រះមុនីវង្ស នៅ​ម៉ោង​ដូចគ្នា។

នៅ​ថ្ងៃ​ទី៣០ ឧសភា នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​ស្នើ​ពលរដ្ឋ​រស់​នៅ​​តាម​តម្រាយ​ផ្លូវ ឬ​ឆ្លង​កាត់​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​​នៅ​ថ្ងៃ​នោះ ឲ្យ​បញ្ចៀស​ចរាចរ​បណ្ដោះអាសន្ន​ចាប់​ពី​ម៉ោង៦​ព្រឹក ដល់​ក្បួន​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហជីព​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​រោងចក្រ​ម៉ៅការ​បន្ត

$
0
0

អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) រក​ឃើញ​ថា ការ​នាំ​ចេញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា បន្ត​កើន​ឡើង ប៉ុន្តែ​ការងារ ឬ​ចំនួន​កម្មករ និង​រោងចក្រ​នៅ​ក្នុង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ។ អង្គការ​នេះ​បារម្ភ​ថា ការ​ធ្លាក់​ចុះ​ចំនួន​ការងារ អាច​មាន​ដើមចម​នៃ​ការ​កើន​ឡើង​ចំនួន​រោងចក្រ​ម៉ៅការ​បន្ត។

ក្រុម​សហជីព​កម្មករ នឹង​ចាត់​វិធានការ​បន្ទាន់​ភ្លាមៗ ធ្វើ​យ៉ាង​ណា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​ខុស​ច្បាប់ ដែល​នាំ​ឲ្យ​កម្មករ​ងាយ​ត្រូវ​គេ​រំលោភ​បំពាន​សិទ្ធិ។

ក្រុម​សហជីព​កម្មករ នឹង​ប្រើប្រាស់​របាយការណ៍​ដែល​រក​ឃើញ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ជា​មូលដ្ឋាន​ក្នុង​ការ​ស្នើសុំ​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​រោងចក្រ​ជា​ផ្លូវការ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សហជីព​នឹង​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ រួម​ទាំង ILO ផង ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ៖ «យើង​ជំរុញ​ឲ្យ​អធិការកិច្ច​ហ្នឹង​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​ជាពិសេស​គឺ..ឲ្យ​ចុះ​ទៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​បង់​ផ្នែក​សុខភាព​អី​ឲ្យ​ខាង​កម្មករ កុំ​ឲ្យ​គេ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ។ មួយ​ទៀត យើង​នឹង​បន្ត​ការងារ​ទៅ​ជាមួយ​អ្នក​បញ្ជា​ទិញ។ មាន​ន័យ​ថា តាម​ក្រុមហ៊ុន​សហគ្រាស​ដែល​យើង​រក​ឃើញ​ហ្នឹង យើង​នឹង​ប្រាប់​ទៅ​អ្នក​បញ្ជា​ទិញ ដើម្បី​ឲ្យ​ដោះស្រាយ»

អង្គការ ILO បាន​ចេញ​របាយការណ៍​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដោយ​បង្ហាញ​ថា នៅ​ពេល​ដែល​ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង​មាន​ការ​កើន​ឡើង​យ៉ាង​រឹងមាំ​មួយ​ក្នុង​ឆ្នាំ​២០១៦ ដោយ​កើន​ដល់​ជាង ៧.៣០០​លាន​ដុល្លារ​អាមេរិក តែ​ចំនួន​រោងចក្រ​នាំ​ចេញ​ដែល​ចុះ​បញ្ជី​ជា​ផ្លូវការ​ក្នុង​វិស័យ​នេះ បាន​ធ្លាក់​ចុះ​ជាង ១០​ភាគរយ (១០,%) ហើយ​ចំនួន​កម្មករ​បាន​ធ្លាក់​ចុះ​ជិត ៣​ភាគរយ (,%) នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥។ អង្គការ ILO បាន​កំណត់​កត្តា​ចម្បង​ចំនួន​៣ ដែល​រួម​ចំណែក​ដល់​ភាព​ខុស​គ្នា​នេះ​រួម​មាន ការ​កើន​ឡើង​នូវ​ផលិតភាព​របស់​ឧស្សាហកម្ម​នេះ បញ្ហា​ស្ថិតិ​ទាក់ទង​នឹង​ការ​វាស់វែង​ចំនួន​ការងារ និង​ចំនួន​រោងចក្រ និង​កំណើន​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​ដែល​ម៉ៅការ​បន្ត។

នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ លោក ម៉ូរីហ្ស៊ីអូ ប៊ូស៊ី (Maurizio Bissi) មាន​ប្រសាសន៍​ថា កំណើន​ការងារ និង​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​ម៉ៅការ​បន្ត អាច​ជា​ការ​ព្រួយ​បារម្ភ​មួយ ប្រសិន​បើ​ការ​ម៉ៅការ​បន្ត​កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​វិធី​មួយ​ដើម្បី​ចៀសវាង​ច្បាប់ រួម​ទាំង​ច្បាប់​ការងារ និង​ប្រាក់​ឈ្នួល​អប្បបរមា។ លោក​បញ្ជាក់​ថា ស្ថានភាព​នេះ​គួរ​ត្រូវ​បាន​តាមដាន​ដោយ​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល។

ចំពោះ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា សហជីព​នឹង​ចាប់​ផ្ដើម​ការងារ​ដែល​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ដោយ​ដាក់​លិខិត​ទៅ​កាន់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ

អាស៊ីសេរី មិន​អាច​ទាក់ទងអ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា រោងចក្រ​ម៉ៅការ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Subcontracting Factories ដែល​មិន​ស្រប​ច្បាប់ មក​ដល់​ពេលនេះ​មាន​ការ​ថយ​ចុះ ដោយ​មាន​រោងចក្រ​កាន់​តែ​ច្រើន​ឡើង​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់។ លោក​ថា ពុំ​គួរ​ជា​ការ​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​រោងចក្រ​ទាំងនោះ៖ «រោងចក្រ​ម៉ៅការ​កាល​ពី​មុន​មាន​ច្រើន ប៉ុន្តែ​ដល់​ឥឡូវ​នេះ ឈាន​ទៅ​រក​ការ​គោរព​ច្បាប់​ច្រើន​ជាង​មុន ព្រោះ​អី​ពេល​ណា​មាន​បញ្ហា​កើត​ឡើង គឺ​ពួក​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លាំង​ជាង​រោងចក្រ​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ»

ចំណែក​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា មាន​ប្រសាសន៍​ថា ចំនួន​រោងចក្រ​ស្រប​ច្បាប់​ក្នុង​ការ​នាំ​ចេញ​ពុំ​មាន​ការ​ថយ​ចុះ​ឡើយ។ លោក​បន្ត​ថា ក្នុង​ចំណោម​រោងចក្រ​ទាំង​ជាង ៥០០ ដែល​ជា​សមាជិក​របស់ GMAC គឺ​បាន​ថមថយ​ការ​ផលិត៖ «យើង​ដឹង​ហើយ​ទី​១ វា​អាច​មក​ពី​ការ​ប្រកួត​ប្រជែង​ទូទៅ​របស់​យើង ដែល​ក្នុង​នោះ​មាន​បញ្ហា​ច្រើន​ណាស់។ កត្តា​ចម្បង​ទី​១ គឺ​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល ហើយ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ស្ថានភាព​ទីផ្សារ ដែល​ហៅ​ថា​ល្បឿន​ទៅ​កាន់​ទីផ្សារ។ ឥឡូវ​នេះ គឺ​គេ​បញ្ជា​ទិញ​គឺ​តូច​ជាង​មុន ហើយ​គេ​ត្រូវការ​ល្បឿន​លឿន»

ក្នុង​របាយការណ៍​របស់​អង្គការILO ឲ្យ​ដឹង​ថា មាន​ការ​កត់ត្រា​ពី​តួលេខ​ខុសៗ​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម អង្គការ ILO សមាគម GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស ពី​ចំនួន​រោងចក្រ និង​រោងចក្រ​ម៉ៅការ​បន្ត។ ប៉ុន្តែ​ជាទូទៅ មាន​ការ​ទទួល​ស្គាល់​ថា ចំនួន​រោងចក្រ​ម៉ៅការ​ទាំងនោះ​បាន​កើន​ឡើង បើ​ទោះ​បី​ជា​ពុំ​មាន​ការ​ឯកភាព​គ្នា​ពី​ចំនួន​ក៏ដោយ។ ILO រក​ឃើញ​ថា ចំនួន​រោងចក្រ​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ៦២៦ តិច​ជាង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន ៦៩៩ រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​បង្ហាញ​អត្តសញ្ញាណ​មេ​បណ្ដាញ​បោកប្រាស់​លុយ​ពលរដ្ឋ​៦០​លាន​ដុល្លារ

$
0
0

មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៣០ ឧសភា បង្ហាញ​អត្តសញ្ញាណ​មេ​បណ្ដាញ ៤​រូប ដែល​បោកប្រាស់​លុយ​ចំនួន ៦០​លាន​ដុល្លារ។ ពលរដ្ឋ​ដែល​ចាញ់​បោក​បណ្ដាញ​នេះ គឺ​តាម​រយៈ​ចូល​លុយ​ទិញ​ភាគហ៊ុន​វិនិយោគ ដើម្បី​យក​ប្រាក់​ចំណេញ។

ប្រធាន​នាយកដ្ឋាន​សន្តិសុខ​កណ្ដាល​នៃ​ក្រសួង​មហាផ្ទៃ លោក ឌី វិជ្ជា បង្ហាញ​ថា អត្តសញ្ញាណ​មេ​បណ្ដាញ​បោកប្រាស់​លុយ​ពលរដ្ឋ​ទាំង ៤​រូប គឺ​មាន​ជនជាតិ​ម៉ាឡេស៊ី ១​រូប និង​ខ្មែរ ៣​រូប។ ក្នុង​នោះ​មាន​ឈ្មោះ ឡុង សម្បត្តិ ហួត សុវណ្ណ ជីហ្គោ សាលី និង​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ តាន់ សេជិន ហៅ ស៊ាន តាន់។ លោក​បញ្ជាក់​ថា អ្នក​ទាំង​បី​មាន​ដីកា​ពី​តុលាការ​បង្គាប់​ឲ្យ​ចូល​ខ្លួន៖ «គាត់​ម៉ាឡេស៊ី នេះ គឺ​អាច​ថា​ជា​ប្រធាន​អង្គការ​ក៏​បាន ប្រធាន​ក្រុមហ៊ុន​ក៏​បាន ហើយ​បុគ្គល​ប៉ុន្មាន​នាក់​អម្បាញ់មិញ​នេះ គាត់​ជា​ដៃ​ជើង ជា​អ្នក​ដើរ​តាម​ខេត្ត​ជួប​ជាមួយ​ពលរដ្ឋ»

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ងី ច័ន្ទ្រផល ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ក្រសួង​មហាផ្ទៃ បាន​ទទួល​ពាក្យ​បណ្ដឹង​ធំៗ​ចំនួន​៤ តំណាង​ឲ្យ​ពលរដ្ឋ .៤៣០​នាក់ ដែល​ចាញ់​បោក​បណ្ដាញ​ប្រមូល​លុយ​ទៅ​វិនិយោគ​ឈ្មោះ អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC)។ ក្រៅ​ពី​នេះ ពាក្យ​បណ្ដឹង​ដែល​ជន​រងគ្រោះ​បាន​ដាក់​ទៅ​តុលាការ​ផ្សេង​ទៀត។ លោក​ចាត់​ទុក​បណ្ដាញ​ឆបោក​ទាំងនេះ ថា​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​សង្គម និង​សេដ្ឋកិច្ច«»

ពលរដ្ឋ​មក​ពី​ភាគ​ខាង​លិច​ខេត្ត​បាត់ដំបង មួយ​រូប គឺ​លោកស្រី កែវ សុផា មាន​ប្រសាសន៍​ថា លោកស្រី​បាន​ខាតបង់​អស់​ប្រាក់​ចំនួន ៣​ពាន់​ដុល្លារ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥។ លោកស្រី​បាន​ទទួល​ការប្រាក់​ពី​ការ​ដាក់​ប្រាក់​ចូល​ហ៊ុន​វិនិយោគ​នោះ​តែ​ពីរ​ខែ​ដំបូង​ប៉ុណ្ណោះ៖ «»

ទាក់ទង​នឹង​ក្រុមហ៊ុន​ឆបោក​ទាំងនេះ ត្រូវ​បាន​អគ្គនាយក​គណៈកម្មការ​មូលប័ត្រ​កម្ពុជា និង​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី ងួន សុខា បញ្ជាក់​ថា មិន​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ទេ ហើយ​ការ​ឆបោក​ទាំងនេះ​មាន​ទាំង​នៅ​កម្ពុជា និង​ក្រៅ​ប្រទេស៖ «»

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ មាន​ប្រសាសន៍​ថា លោក​បាន​ជម្រាប​ទៅ​ពលរដ្ឋ​ដែល​ជា​អ្នក​ចាញ់​បោក​ថា ខាង​លោក​នឹង​យក​បញ្ហា​នេះ​សម្រាប់​ដោះស្រាយ​ជា​អាទិភាព​តាម​សមត្ថកិច្ច​ស្ថាប័ន​នីមួយៗ៖ «ក្រសួង​យុត្តិធម៌ គឺ​នឹង​ស្នើសុំ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​អ្នក​ប្រព្រឹត្តិ​អំពើ​ឆបោក ហើយ​សុំ​ឲ្យ​តុលាការ​ចាត់​នីតិវិធី​ឲ្យ​បាន​ឆាប់​បំផុត​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន»

លោក​បន្ត​ថា ទោះ​ជា​ដឹង​ថា​ខ្លួន​ចាញ់​បោក​គេ​ក្ដី ក៏​ពលរដ្ឋ​ខ្លះ​មិន​សម្រេច​ចិត្ត​ប្ដឹង​ទេ ព្រោះ​ត្រូវ​គេ​ប្រាប់​ថា បើ​ហ៊ាន​ប្ដឹង ពួក​គាត់​នឹង​មិន​បាន​លុយ​នោះ​មក​វិញ​ទេ។ ពួក​គាត់​ខ្លះ​ត្រូវ​ចាញ់​បោក​ជា​លើក​ទី​ពីរ។ លោក​ថា ដោយសារ​នៅ​ពេល​នេះ​មាន​ពលរដ្ឋ​ប្ដឹង​ទៅ​កន្លែង​ផ្សេងៗ​គ្នា​ច្រើន​តំបន់ ខាង​គណៈមេធាវី​បាន​ផ្ដល់​មេធាវី ២​រូប​សម្រាប់​ជួយ​សម្របសម្រួល​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ដោយ​មិន​គិត​ថ្លៃ​សេវា។

លោក ងី ច័ន្ទ្រផល បញ្ជាក់​ថា អ្នក​ចាញ់​បោក​បណ្ដាញ​ប្រមូល​ចូល​ហ៊ុន​ទាំងនោះ​មាន​ចាប់​ពី​ពលរដ្ឋ​នៅ​តាម​ជនបទ តាម​បណ្ដា​ខេត្ត រហូត​ដល់​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ។ បច្ចុប្បន្ន មាន​ពលរដ្ឋ ៦​ខេត្ត​បាន​ដាក់​ពាក្យ​បណ្ដឹង​ហើយ រីឯ ៥​ខេត្ត​ទៀត​នឹង​ប្ដឹង​បន្ត។ លោក​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​បន្ត​ទៀត តាម​បែប​ប្រមូល​លុយ​យក​ទៅ​រាប់​ឲ្យ​អ្នក​ខ្ចី​បង់​រំលស់​ប្រចាំ​ថ្ងៃ និង​ការ​ប្រមូល​លុយ​យក​ទៅ​ចូល​ហ៊ុន​លើ​គម្រោង​អភិវឌ្ឍន៍​ដែល​បាន​ការប្រាក់​ខ្ពស់។ លោក​អ្នក​អាច​សួរ​ព័ត៌មាន​តាម​ទូរស័ព្ទ​លេខ ០៣១ ៦០ ១២៣៤៥ និង​លេខ ០៣១ ២០ ១២៣៤៥ ក្នុង​ករណី​សង្ស័យ​អំពី​ការ​ឆបោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បេក្ខជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត​ប្ដឹង​បេក្ខជន​បក្ស​កាន់​អំណាច​ថា​ចែក​លុយ​ឲ្យ​ពលរដ្ឋ

$
0
0

បេក្ខជន​លេខ​រៀង​ទី​១ នៅ​ឃុំ​ស្នាយអញ្ជិត និង​បេក្ខជន​លេខ​រៀង​ទី​១ នៅ​ឃុំ​ត្រពាំងរាំង ស្រុក​ជុំគិរី ខេត្ត​កំពត របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​តវ៉ា​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ បន្ទាប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​បេក្ខជន​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចែក​លុយ និង​អង្ករ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់។

ជុំវិញ​រឿង​នេះ បេក្ខជន​មេ​ឃុំ​បក្ស​កាន់​អំណាច​ម្នាក់ ឆ្លើយតប​ថា ការ​ចែក​លុយ​នោះ គឺ​ជា​ការ​បង្ហាញ​អំពី​មនោសញ្ចេតនា​ប៉ុណ្ណោះ។

លោក គយ រុន បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្នាយអញ្ជិត ថ្លែង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ឧសភា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​អះអាង​ថា បេក្ខជន​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ង៉ែត តេន បាន​ដើរ​ចែក​លុយ​ជូន​ប្រជាពលរដ្ឋ​អំឡុង​ពេល​ធ្វើ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន៖ «យើង​បាន​ទាំង​ថត​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​លុយ ហើយ​ពួក​គាត់​បាន​ប្រាប់​ថា គេ​លុយ​ឲ្យ​ហើយ គឺ​ត្រូវ​បោះឆ្នោត​ឲ្យ​គេ»

លោក​ថា ពាក្យ​បណ្ដឹង​នោះ​ដោយសារ​ករណី​ចែក​លុយ​ទៅ​ពលរដ្ឋ​សុំ​សន្លឹកឆ្នោត គឺ​ជា​រឿង​ខុស​ច្បាប់​បោះឆ្នោត។ បេក្ខជន​លេខ​រៀង​ទី​១ បក្ស​ប្រឆាំង​ដដែល​នេះ​បន្ត​ថា នៅ​ថ្ងៃ​ទី​៣០ ឧសភា ខាង​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត បាន​កោះ​ហៅ​ភាគី​ទាំង​ពីរ​ទៅ​ពិភាក្សា​ដោះស្រាយ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ង៉ែត តេន បេក្ខជន​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​កាន់​អំណាច​នៅ​ឃុំ​ស្នាយអញ្ជិត បាន​ទទួល​ស្គាល់​ការពិត ប៉ុន្តែ​លោក​ថា លុយ​ទាំងនោះ គឺ​ជា​ប្រាក់​ខែ​ផ្ទាល់​ខ្លួន និង​ចែក​ជូន​តែ​ជន​ចាស់​ជរា និង​អ្នក​មាន​ជំងឺ​ដែល​មាន​គ្នា​សរុប​ចំនួន ៥​នាក់ ហើយ​អ្នក​ខ្លះ​ទទួល​បាន​ទឹកប្រាក់​ពី​លោក​ចំនួន ៥​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល ជាពិសេស​ការ​ចែក​លុយ​នោះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប៉ុណ្ណោះ៖ «គ្រាន់​តែ​ជា​មនោសញ្ចេតនា​អាណិត​គាត់​ដែល​កំពុង​ឈឺ ទិញ​ទឹក​ផ្លែ​ឈើ​ទុក​គ្រាន់​ហូប»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ជួប​ពិភាក្សា​ដោះស្រាយ​គ្នា​នៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​រួច​មក ខាង​លោក​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ចែក​លុយ​តទៅទៀត រីឯ​ខាង​លោក គយ រុន បេក្ខជន​លេខ​រៀង​ទី​១ បក្ស​ប្រឆាំង ក៏​បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​នោះ​ទៅ​វិញ។

ការ​ប្ដឹង​តវ៉ា​ជុំវិញ​រឿង​ចែក​លុយ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត ដដែល​នេះ ក៏​មាន​ករណី​ស្រដៀង​គ្នា​មួយ​ទៀត​កើត​ឡើង​នៅ​ក្នុង​ឃុំ​ត្រពាំងរាំង។ បេក្ខជន​លេខ​រៀង​ទី​១ របស់​គណបក្ស​បក្ស​ប្រឆាំង​នៅ​ឃុំ​ត្រពាំងរាំង លោក ហួយ ខេង កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា បាន​ដាក់​ពាក្យ​ប្ដឹង​ដាច់​ដោយឡែក​មួយ​ទៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត ដោយ​លោក​អះអាង​ថា មាន​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​ចុះ​ពី​ខាង​ស្រុក និង​ខេត្ត បាន​ចែក​លុយ​ចំនួន ៣​ម៉ឺន​រៀល និង​អង្ករ​ប្រហែល ៥​គីឡូក្រាម​ឲ្យ​ពលរដ្ឋ​ក្នុង ១​គ្រួសារ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​មិន​ត្រូវ​បំភ្លេច​គណបក្ស​របស់​ពួក​គេ​នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​ឡើយ។

លោក ហួយ ខេង អះអាង​ថា ខាង​លោក​ប្រមូល​បាន​ភស្តុតាង​ពី​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ​ដែល​ទទួល​បាន​អំណោយ ដោយ​ពួក​គាត់​បាន​ប្រាប់​លោក​ថា នៅ​ផ្ទះ​របស់​លោក ណត នន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ជុំគិរី ដែល​ស្ថិត​នៅ​ក្បែរ​ទីស្នាក់ការ​ឃុំ​ត្រពាំងរាំង បាន​ហៅ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទៅ​យក​អំណោយ ហើយ​ប្រាប់​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់​ពួក​គេ៖ «ខ្ញុំ​ដឹង​ថា​នៅ​ផ្ទះ​លោក ណត នន ក្រុម​ប្រឹក្សា​ស្រុក ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​នរណា​ជា​អ្នក​ចែក​ទេ ខ្លះ​គេ​ថា​មក​ពី​ខេត្ត​ជា​អ្នក​ចែក ខ្លះ​ថា​លោក ណត នន ជា​ចែក»

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​លោក ណត នន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ជុំគិរី របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣០ ឧសភា។ រីឯ​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​ត្រពាំងរាំង លោក អាន ណារិទ្ធ បាន​ឆ្លើយ​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ចំណែក​បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស​កាន់​អំណាច​នៅ​ឃុំ​ត្រពាំងរាំង លោក សួស អ៊ូច ថ្លែង​ថា លោក​ពុំ​ដឹង​ការ​ចែក​លុយ និង​ពលរដ្ឋ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា គ្មាន​ករណី​ចែក​លុយ​ជូន​ពលរដ្ឋ​ក្នុង​អំឡុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ទេ ក្រៅ​តែ​ពី​ការ​ដើរ​ឃោសនា​ឲ្យ​ពលរដ្ឋ​រៀបចំ​ឯកសារ​សម្រាប់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ និង​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​គណបក្ស៖ «ដើរ​តែ​ឃោសនា ណែនាំ​ឲ្យ​ប្រជាជន​រៀបចំ​ឯកសារ»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ថ្លែង​ថា ក្នុង​អំឡុង​ពេល ១៤​ថ្ងៃ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ្រប់​គណបក្ស និង​បេក្ខជន​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​លុយ​កាក់ ឬ​សម្ភារ​ដើម្បី​ទិញ​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​ឡើយ៖ «លើកលែង​តែ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បាន​បោះឆ្នោត»

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ត្រង់​ជំពូក​ទី​៧ ដែល​ចែង​អំពី​ការ​ឃោសនា​បោះឆ្នោត​ត្រង់​មាត្រា​៧១ បាន​បញ្ជាក់​ថា គ្រប់​គណបក្ស​នយោបាយ បេក្ខជន ឬ​តំណាង​ទាំងអស់ មិន​ត្រូវ​ផ្ដល់​អំណោយ​ជា​ថវិកា ឬ​ជា​សម្ភារ​ដែល​ជា​រង្វាន់​លើក​ទឹក​ចិត្ត ទោះ​បី​ជា​តាម​មធ្យោបាយ ឬ​រូបភាព​ណា​ក៏ដោយ ដល់​ស្ថាប័ន អង្គការ ឬ​បុគ្គល​ណា​ម្នាក់​ក្នុង​គោល​បំណង​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​ប្ដឹង​ទៅ​ឧទ្ធរណ៍​ករណី​សាលា​ដំបូង​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់

$
0
0

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​សង្ស័យ​ឈ្មោះ យ៉ាន់ សេងហ៊ត ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្រោយ​ពី​សាលា​ដំបូង​ខេត្ត​នេះ ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជុំវិញ​ករណី​បើក​ឡាន​ប៉ះ​ក្មេង ហើយ​មិន​ឈប់​ទទួល​ខុស​ត្រូវ​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា។ ភាគី​ជន​រងគ្រោះ ស្នើ​តុលាការ​ដោះលែង​ជន​សង្ស័យ ព្រោះ​គាត់​មិន​បាន​ប្ដឹង​ផ្ដល់​ឡើយ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ភាគ​តិច​កួយ​នៅ​ស្រុក​រវៀង​ចោទ​ក្រុមហ៊ុន​ចិន​​រុករក​រ៉ែ​រំលោភ​យក​ដី​ពួកគាត់

$
0
0

ក្នុង​ពេល​ដែល​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​កំពុង​គិត​ទៅ​លើ​តែ​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​នេះ ហាក់​ដូចជា​ទុក​ឱ្យ​កាស​ឱ្យ​ក្រុមហ៊ុន​ខ្លះ កាន់​តែ​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែរ។

អ្នក​ភូមិ​ឱ្យ​ដឹង​ថា នៅ​ឯ​តំបន់​ភ្នំ​ដែក នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ឌែលខម កម្ពុជា ១ (Delcom Cambodia1) បាន​រំលោភ​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ដើម្បី​ពង្រីក​ផ្ទៃដី​រុករក​រ៉ែ​មាស។

ជនជាតិ​ដើម​ភាគតិច​កួយ​ខ្លះ រស់​នៅ​ភូមិ​ត្រពាំងកន្ទឹម បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ឌែលខម កម្ពុជា ១ ថា កំពុង​រៀបចំ​ផែនការ​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគេ ក្នុង​រយៈពេល ២-៣​ថ្ងៃ​មក​នេះ ដើម្បី​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​រុករក​រ៉ែ​មាស។

ជនជាតិ​ដើម​ភាគ​តិច​ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​ទៀត ដែល​មាន​ដី​ចម្ការ​នៅ​ជិត​តំបន់​ភ្នំ​អន្លង់ ដែល​ជា​តំបន់​រុករក​រ៉ែ​មាស​នោះ គឺ​អ្នកស្រី យឹម ផាត។ អ្នកស្រី​មាន​ប្រសាសន៍​ទាំង​ចិត្ត​អន្ទះសា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​ឧសភា ថា កាល​ពី​ម៉ោង​ជាង ៨​ព្រឹក​ថ្ងៃ​ដដែល គឺ​ក្រុមហ៊ុន​បាន​នាំ​ទាហាន​ប្រដាប់​អាវុធ​មក​ជាមួយ​ផង ប៉ុនប៉ង​ឈូស​ឆាយ​យក​ដី​ចម្ការ​របស់​គាត់​ជា​ថ្មី​ទៀត។

ស្ត្រី​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​ធ្លាប់​ឈូស​រំលោភ​យក​ដី​ចម្ការ​របស់​គាត់​ដែល​មាន​ដំណាំ​ពេញ​អស់​ជា​ច្រើន​ហិកតារ ហើយ​ដោយ​គាត់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​តាំង​ពី​ថ្នាក់​ឃុំ ស្រុក​រវៀង រហូត​ដល់​ខេត្ត​ព្រះវិហារ ផង ក៏ប៉ុន្តែ​រយៈពេល​ជាង ៥​ខែ​មក​ហើយ មិន​ឃើញ​មាន​ដំណោះស្រាយ​ទេ៖ «ក្រុមហ៊ុន ឌែលខម កម្ពុជា ព្រឹក​មិញ​នេះ មក​ពី ២-​៣​ដង មក​បម្រុង​យក​គ្រឿងចក្រ​មក​ឈូស​ដី​ទៀត។ ខ្ញុំ​ថា បើ​គេ​យក​ក៏​យក​ចុះ​ចេញ សង​តែ​ថ្លៃ​ដំណាំ ប៉ុន្តែ​គេ​មិន​ឱ្យ​អ្វី​ទាំង​អស់»

ប្រជាពលរដ្ឋ​ខ្លះ រិះគន់​អាជ្ញាធរ​ឃុំ​រម្យទម​ថា មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា ដែល​ក្រុមហ៊ុន​រ៉ែ​មាស​រំលោភ​ដីធ្លី​របស់​អ្នក​ភូមិ​នោះ​ឡើយ។

មេ​ឃុំ​រម្យទម លោក ប្រាក់ ផន បាន​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​ជុំវិញ​រឿង​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​នេះ​ទេ ដោយ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ចំណែក​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​រម្យទម ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​រំលោភ​យក​ដី​ចម្ការ គឺ​ធ្លាប់​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ឃុំ​រម្យទម ឱ្យ​ជួយ​ទារ​សំណង​ពី​ការ​ប៉ះពាល់​ផល​ដំណាំ​ក្នុង ១​ហិកតារ ១.០០០​ដុល្លារ ប៉ុន្តែ​ឃុំ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទេ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​រង​ការ​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​រំលោភ​យក​ដី​ទៅ​ធ្វើ​ជា​តំបន់​រុករក​រ៉ែ​មាស​នោះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​រ៉ែ​មាស​នោះ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ។ លោក ឡោ ចាន់ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ តើ​ក្រុមហ៊ុន​យក​កម្លាំង​ទាហាន​ពី​ណា​ទៅ​កាង​នៅ​ក្នុង​តំបន់​រុករក​រ៉ែ​មាស​នោះ៖ «គឺ​ថា​យក​កម្លាំង​ទាហាន មាន​ស្ពាយ​កាំភ្លើង​យក​មក​កាង គឺ​ទាហាន​មាន​តួនាទី​ការពារ​សន្តិសុខ ការពារ​ប្រទេស​ជាតិ មិន​មែន​ក្រុមហ៊ុន​យក​មក​គំរាម​ប្រជាពលរដ្ឋ​ឡើយ»

គេហទំព័រ អូផិន ឌីវែលឡបមែន (Open Development) ឱ្យ​ដឹង​ថា ក្រុមហ៊ុន ឌែលខម កម្ពុជា ១ បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​តាម​ប្រកាស​លេខ ១៤១ ឆ្នាំ​១៩៩៨ ដោយ​អនុញ្ញាត​ឱ្យ​រុករក​រ៉ែ​ដែក និង​រ៉ែ​ជា​ច្រើន​ប្រភេទ​ទៀត នៅ​តំបន់​ភ្នំ​ដែក នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ លើ​ផ្ទៃដី​ទំហំ ២១៦​គីឡូម៉ែត្រ​ក្រឡា និង​នៅ​តំបន់​ក្រវា ខេត្ត​កំពង់ធំ លើ​ផ្ទៃដី​ទំហំ ១៩៨​គីឡូម៉ែត្រ​ក្រឡា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ជាង​៩៤%​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ជប៉ុន

$
0
0

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស​ចំនួន ៤៦៥​គ្រួសារ ស្មើ​ជាង ៩៤​ភាគរយ យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​ឲ្យ​ទៅ​ក្រុមហ៊ុន​របស់​ជប៉ុន ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ពី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា។ ការ​បង្ហាញ​តួលេខ​របស់​ក្រសួង​ដែនដី ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ស្តាប់​រវាង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

គម្រោង​អភិវឌ្ឍន៍​តំបន់​អគារ​ប៊ូឌីង​ដែល​មិន​មែន​ជា​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង កំពុង​បន្ត​ដំណើរ​ទៅ​មុខ។ រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា នៅ​តែ​ប្រកាន់​ជំហរ​ទិញ​បន្ទប់​ពលរដ្ឋ​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដដែល ហើយ​ក៏​គ្មាន​ការ​សម្របសម្រួល​ណា​ទៀត​ដែរ ក្រៅ​ពី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន ខណៈ​អគារ​នេះ​កាន់​តែ​មាន​សភាព​ទ្រុឌទ្រោម។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ឲ្យ​អ្នក​កាសែត​ដឹង​ក្រោយ​ចប់​កិច្ច​ប្រជុំ​ថា ក្រុម​ពលរដ្ឋ​ចំនួន ២៧​គ្រួសារ​ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ ព្រោះ​ពួក​គាត់​ទាមទារ​ថ្លៃ​ខ្ពស់។ លោក​ថា ក្រសួង​នៅ​តែ​រក្សា​ថ្លៃ​ទិញ​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដដែល និង​គ្មាន​ការ​សម្របសម្រួល​ទៀត​ទេ ប៉ុន្តែ​ក្រសួង​ទុក​ពេល​ឲ្យ​ពលរដ្ឋ​ពិចារណា​បន្ត​ទៀត៖ «នេះ​ជា​ឱកាស​ល្អ ជា​ឱកាស​មាស ដែល​ប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​គម្រោង​នេះ​មាន​លក្ខណៈ​មាន​មនុស្សធម៌​នៅ​ក្នុង​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ប្រកាស​ថា ក្រសួង​ទុក​រយៈពេល​មួយ​ខែ​សម្រាប់​ពលរដ្ឋ​ដែល​យល់ព្រម​លក់​បន្ទប់ ដើម្បី​រើ​អីវ៉ាន់​ចេញ​ពី​អគារ​ប៊ូឌីង ដែល​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា តទៅ។ ពេល​ពលរដ្ឋ​ចាកចេញ​ជា​ពេល​ក្រុមហ៊ុន​ប្រគល់​លុយ​ដល់​ពលរដ្ឋ ដែល​ជា​ការ​ផ្តល់​តាម​រយៈ​ការ​បើក​គណនី​នៅ​ធនាគារ។

ពលរដ្ឋ​ម្នាក់​ដែល​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន លោកស្រី ហាក ចាន់ថន ឲ្យ​ដឹង​ថា បន្ទប់​លោកស្រី​មាន​ផ្ទៃក្រឡា​ជាង ២១​ម៉ែត្រ​ការ៉េ លក់​បាន​ជាង ៣​ម៉ឺន​ដុល្លារ។ លោកស្រី​បន្ត​ថា ទោះ​តម្លៃ​នេះ​លោកស្រី​មិន​សូវ​ពេញ​ចិត្ត​ក្តី ក៏​ត្រូវ​បង្ខំ​ចិត្ត​លក់​ដែរ ព្រោះ​អ្នក​ផ្សេង​ទៀត​គេ​យល់ព្រម​លក់​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ៖ «អ្នក​មុន​គេ​ព្រមព្រៀង​អស់​ហើយ នៅ​តែ​យើង​ទេ។ ចឹង​គេ​អត់​អាច​ដំឡើង​បាន​ទេ។ យើង​ថា​សុំ​គាត់ (លោក ជា សុផារ៉ា) ដំឡើង​ថ្លៃ តែ​មើល​ទៅ​មិន​បាន​ខ្ជិល​នៅ​ណាស់​ទៅ​ហើយ​ក្មួយ»

ដោយឡែក​ពលរដ្ឋ​ចំនួន ២៧​គ្រួសារ ឬ​ជាង ៦​ភាគរយ ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​យល់ព្រម​លក់​បន្ទប់​របស់​ពួក​គេ ភាគច្រើន​ជា​ពលរដ្ឋ​មាន​ផ្ទៃក្រឡា​បន្ទប់​តូច ជា​អ្នក​រស់នៅ​ជាន់​ផ្ទាល់​ដី និង​អ្នក​ផ្សេង​ទៀត​ចោទ​ប្រកាន់​ថា ក្រុម​វាស់វែង​របស់​ក្រសួង​មិន​វាស់​គ្រប់​ផ្ទៃ​បន្ទប់​ដែល​ពួក​គេ​មាន។

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ម្នាក់​ទៀត លោកស្រី ហេង ភារុណ ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ ប្រាប់​អាស៊ីសេរី​ថា លោកស្រី​នៅ​តែ​បន្ត​តស៊ូ​មតិ​ដោយ​ហិង្សា ដើម្បី​ទាមទារ​ថ្លៃ​លក់​បន្ទប់​ខ្ពស់​ជាង​ការ​កំណត់​របស់​ក្រសួង៖ «ខ្ញុំ​សុំ​បើ​អ្នក​ណា​គេ​ផ្ដិត​មេដៃ​លក់​ហើយ ឲ្យ​គេ​ទៅ​ទៅ។ ចំពោះ​ខ្ញុំ​មិន​ទាន់​លក់ សុំ​នៅ​បន្ត​ទៀត ផ្ទះ​ខ្ញុំ​ផ្ទាល់​ដី ខ្ញុំ​ចង់​បាន​តម្លៃ​អន្តរជាតិ»

របាយការណ៍​របស់​ក្រសួង​ដែនដី​បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​មាន​ចំនួន ៤៩៣​គ្រួសារ។ អគារ​នេះ​មាន ៦​ប្លុក ពី​អា (A) ដល់​អែហ្វ (F)។ ក្រុមហ៊ុន​របស់​ជប៉ុន មួយ​ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់ នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​អះអាង​ប្រាប់​ពលរដ្ឋ​ថា ការ​ផ្ដល់​តម្លៃ ១.៤០០​ដុល្លារ​ជា​តម្លៃ​ខ្ពស់ ដែល​ត្រូវ​កែប្រែ​លក្ខខណ្ឌ​ជាមួយ​ក្រុមហ៊ុន ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន អាច​សាងសង់​សណ្ឋាគារ​ទំនើប​ពី ២១​ជាន់ ទៅ ៣០​ជាន់ ព្រោះ​ក្រុមហ៊ុន​ចំណាយ​លុយ​ទិញ​បន្ទប់​របស់​ពលរដ្ឋ​អស់​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ប៊ូឌីង​លក់​បន្ទប់​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា។ ក្រៅ​ពី​ការ​កំណត់​តម្លៃ​នេះ លោក ជា សុផារ៉ា ប្រកាស​ឧបត្ថម្ភ​ប្រាក់​ពលរដ្ឋ​នៅ​តាម​បន្ទប់​នីមួយៗ​ចំនួន ១០០​ដុល្លារ ជា​សោហ៊ុយ​សម្រាប់​រើ​អីវ៉ាន់​ចេញ។ ដោយឡែក​ក្រុម​ពលរដ្ឋ​ដែល​មិន​ទាន់​សម្រេច​ចិត្ត​លក់​បន្ទប់ ដោយ​ពួក​គេ​ទាមទារ​តម្លៃ​ជាង ២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ស្នើ​ភាគី​ក្រសួង និង​ក្រុម​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ ត្រូវ​ជជែក​គ្នា​បន្ត​ទៀត​ដើម្បី​រក​ចំណុច​រួម​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា​នឹង​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យខ្លាច​ក្រោយ​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ

$
0
0

ពលរដ្ឋ​ម្ចាស់​ឆ្នោត​លើក​ឡើង​ថា ពួកគេ​នឹង​ប្រើ​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​តាម​ឆន្ទៈ​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អ្នក​នយោបាយ​ឡើយ។ ការ​អះអាង​របស់​ពលរដ្ឋ​បែប​នេះ ស្រប​ពេល​មាន​ការ​អំពាវនាវ​នៃ​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រាប់​ពលរដ្ឋ​​កុំ​ឲ្យ​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត។

ទោះ​មាន​ការ​លើក​ឡើង​ដដែលៗ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើ​គណបក្ស​ចាញ់​ឆ្នោត​កើត​សង្គ្រាម​បង្ហូរ​ឈាម​ប្រជាពលរដ្ឋ​ដែល​សិទ្ធិ​បោះឆ្នោត​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា ពួកគេ​មាន​ទំនុក​ចិត្ត​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ឡើយ។

ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​យល់​ឃើញ​ដូច​នេះ ព្រោះ​ពួកគេ​ជឿជាក់​លើ​ការ​ធានា​របស់​ស្ដេច​ផែនដី​ដែល​ទ្រង់​អំពាវនាវ​តាមរយៈ​ព្រះរាជសារ​របស់​ព្រះអង្គ​ថា ការ​បោះឆ្នោត គឺ​ជា​ការ​បោះឆ្នោត​ដោយ​សម្ងាត់​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​ការ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

កំពុង​អង្គុយ​ចាំ​ភ្ញៀវ​នៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ លោក សុខ ភួន អ្នក​រត់​ម៉ូតូឌុប​មាន​ស្រុក​កំណើត​នៅ​ស្វាយរៀង ឲ្យ​ដឹង​អាស៊ីសេរី ដឹង​ថា ថ្ងៃ​បោះឆ្នោត​លោក​នឹង​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ព្រោះ​ចង់​បាន​ជ្រើសរើស​អ្នកដឹកនាំ​ឃុំ​របស់​លោក​ដែល​លោក​ពេញ​ចិត្ត។ បុរស​មាន​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ មើល​ឃើញ​ថា ស្ថានភាព​ភាព​ស្រុក​ទេស​សព្វថ្ងៃ​គ្មាន​អ្វី​ធ្វើ​ឲ្យ​លោក​ភ័យខ្លាច​ក្នុង​ការ​បោះឆ្នោត​ឡើយ ទោះ​លោក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ក្តី៖ «»។

ពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ ម្នាក់​ទៀត លោក ទាន ស៊ីនឿន ចង់​ឃើញ​ព្រះមហាក្សត្រ​បន្ត​គង់​ម្លប់​ផ្ដល់​ភាព​សុខសាន្ត​ដល់​ប្រទេស​កុំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង។ លោក​ថា ការ​បោះឆ្នោត​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​មាន​សារសំខាន់ ដូច្នេះ​លោក​យល់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ថែរក្សា​ស្ថិរភាព​នយោបាយ​ក្នុង​ពេល​បោះឆ្នោត៖ «»។

ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ពេល​នេះ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាន់​តែ​កៀក​ខិត​ចូល​មក​ដល់ និង​ស្រប​ពេល​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ញឹកញយ​ប្រកាស​ថា សង្គ្រាម​នឹង​កើត​ឡើង​ជា​ថ្មី​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ មាន​គណបក្ស​នយោបាយ ១២ ចូលរួម​ប្រកួត​ ក្នុង​នោះ​មាន​តែ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​ព្រមាន​ម្ចាស់​ឆ្នោត​ថា សង្គ្រាម​នឹង​កើត​មាន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត៖ «»។

​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​កិច្ចការ​បោះឆ្នោត​យល់​ថា សម្ដី​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត និង​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សាធារណជន។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​អះអាង​ថា បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​មិន​មាន​សង្គ្រាម​កើត​ឡើង​ទេ ព្រោះ​បក្ស​ប្រឆាំង​គ្មាន​ទ័ព និង​គ្មាន​អាវុធ​ទេ។ ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​មិន​ព្រម​ទៅ​ណា​ឆ្ងាយ​ពី​សង្វៀន​នយោបាយ​នោះ និយាយ​ថា លោក ហ៊ុន សែន គឺ​គ្រាន់​តែ​ព្រមាន​ក្រុម​បក្ស​របស់​ខ្លួន​ដែល​ចង់​ចេញ​ពី​គណបក្ស​ប៉ុណ្ណោះ៖ «»។

ទាក់ទង​សារ​ព្រមាន​របស់​លោក ហ៊ុន សែន អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ថ្លែង​សារ​នេះ​ក្នុង​តួនាទី និង​ការងារ​ជា​នាយករដ្ឋមន្ត្រី មិន​ស្ថិត​នៅ​ក្នុង​សកម្មភាព​ឃោសនា​ឡើយ។ ឯ​ការ​ចាត់​វិធានការ​នេះ​ទៀតសោត លុះណាតែ​មាន​គណបក្ស​នយោបាយ​ប្ដឹង​ទាស់​ក្នុង​អំឡុង​ពេល​ឃោសនា៖ «»។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​ជា​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដើម្បី​ដឹកនាំ​ឃុំ-​សង្កាត់។ គណបក្ស​ណា​មាន​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នៅ​តាម​មូលដ្ឋាន​ទទួល​បាន​កៅអី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឬ​ហៅ​ថា មេ​ឃុំ-​ចៅសង្កាត់។

គណបក្ស​នយោបាយ​ណា​ឈ្នះ​ឆ្នោត​បាន​ឃុំ-សង្កាត់ ច្រើន​លើសលប់ ឬ​គ្រប់គ្រង​ឃុំ​សង្កាត់ ទូទាំង​ប្រទេស​លើស​ពី ៥០​ភាគរយ អាច​នឹង​គ្រប់គ្រង​ក្បាលម៉ាស៊ីន​ព្រឹទ្ធ​សភា ពីព្រោះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ជា​ការ​បោះឆ្នោត​អសកល។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​មមាញឹក​លក់ដូរ​ភេសជ្ជៈ គឺ​លោកស្រី ផេង ស្រីលាភ ឆ្លៀត​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី ដោយ​ទឹក​មុខ​ញញឹម​ថា ប្រទេស​កម្ពុជា ដែល​កំពុង​មាន​ការ​អភិវឌ្ឍ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ដឹកនាំ​ឃុំ-សង្កាត់​ខាង​មុខ គឺ​រឹតតែ​ធ្វើ​ឲ្យ​សង្កាត់​លោកស្រី​កាន់​តែ​មាន​រីកចម្រើន​ថែម​ទៀត។ ពលរដ្ឋ​រូប​នេះ​ប្រាប់​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ដែល​ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​តាម​ឆន្ទៈ និង​មិន​មាន​ការ​ភ័យ​ខ្លាច​នោះ គឺ​ដូច​ទៅ​នឹង​ទឹក​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​សម្រេច​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «»។

​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស មាត្រា​៣៤​ថ្មី ចែងថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។  ចំណែក មាត្រា​៨ ចែងថា ព្រះមហាក្សត្រ ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្ត​ភាព​ជាតិ​។ ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​។

​កាល​ពី​ខែ​មីនា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​គាបសង្កត់ គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​ការ​លើក​ស្ទួយ​ដល់​ការ​បោះឆ្នោត និង​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​ពលរដ្ឋ​ស្ដាប់​តាម​ព្រះ​សារ​របស់​ព្រះមហាក្សត្រ​ដោយ​កុំ​ខ្លាច​ការ​គំរាម​កំហែង​ពី​សំណាក់​អ្នក​នយោបាយ៖ «»។

បញ្ជី​បោះឆ្នោត​ថ្មី​របស់ គ.ជ.ប បង្ហាញ​ថា មាន​ពលរដ្ឋ​ជិត ៨​លាន​នាក់ បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឆ្នាំ​២០១៧ នេះ មាន​គណបក្ស​នយោបាយ​ទាំង​១២ ចូលរួម​ប្រកួតប្រជែង ក្នុង​នោះ​មាន​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​បេក្ខភាព​គ្រប់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទាំង ១.៦៤៦​ដូច​គ្នា។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ភូមិ​ឃុំ។ គណបក្ស​ណា​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ទទួល​បាន​កៅអី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឬ​ហៅ​ថា មេ​ឃុំ-​ចៅ​សង្កាត់។ គណបក្ស​នយោបាយ​ណា​ឈ្នះ​ឆ្នោត​បាន​ឃុំ-​សង្កាត់​ច្រើន​លើសលប់ ឬ​គ្រប់គ្រង​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស​លើស​ពី ៥០​ភាគរយ អាច​មាន​ប្រៀប​​ក្នុង​ការ​បោះឆ្នោត​​ព្រឹទ្ធ​សភា ពីព្រោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​និង​តំណាងរាស្ត្រ​ក្នុង​តំណែង ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​នៅ​តែ​បារម្ភ​ខ្លាច​ពលករ​ចំណាក​ស្រុក​មិន​អាច​វិល​ត្រឡប់​មក​បោះឆ្នោត​ឃុំ-សង្កាត់

$
0
0

ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម បារម្ភ​ថា ពលករ​ចំណាក​ស្រុក​មួយ​ចំនួន ពិសេស​ជន​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស នឹង​មិន​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​បាន​ឡើយ ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា បញ្ហា​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ច្រើន និង​បញ្ហា​ប្រឈម​ដោយសារ​មាន​គំនាប​ពី​ថៅកែ ជាដើម។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និយាយ​ថា ពួក​គេ​បាន​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ដើម្បី​រំឭក​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​ឆន្ទៈ​ចង់​មក​ចូលរួម​បោះឆ្នោត ឬ​យ៉ាង​ណា អាស្រ័យ​លើ​ពួក​គេ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ជួយ​សម្រួល​ផ្នែក​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ពលរដ្ឋ​ចំណាក​ស្រុក។ បន្ថែម​ពី​នេះ គ..ប អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅ​កន្លែង​ការងារ​របស់​ពលករ​ចំណាក​ស្រុក ដូចជា​ស្នើសុំ​ឲ្យ​ថៅកែ ឬ​ម្ចាស់​សហគ្រាស​ទាំងអស់ ត្រូវ​តែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ ដើម្បី​បាន​សម្រាក​គ្រប់គ្រាន់ ដោយ​គ្មាន​ការ​កាត់​ប្រាក់ខែ ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ព្រម​ទាំង​ត្រូវ​ពិន័យ ឬ​ដាក់​ទោស​ទណ្ឌ​ទៅ​ក្រុមហ៊ុន ឬ​សហគ្រាស​ណា​ដែល​បង្ក​លក្ខណៈ​លំបាក​ដល់​កម្មករ ជាដើម។

ពលករ​មួយ​រូប​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រស់នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ លោក សែម ចំណាន ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ឃុំ​របស់​លោក​នាំ​គ្នា​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​មាន​ច្រើន ពិសេស​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី។ លោក​បារម្ភ​ថា ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន ពិសេស​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នឹង​មិន​អាច​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា បាន ដោយសារ​កត្តា​ជីវភាព និង​ការ​ចំណាយ​របស់​ពួក​គេ​ច្រើន៖ «សម្រាប់​គំនិត​ខ្ញុំ ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ ពីព្រោះ​ការ​ត្រឡប់​មក​វិញ​វា​មិន​ងាយ»

ប្រភព​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន គឺ​មាន​សារសំខាន់​ណាស់ ហើយ​ការ​បាត់បង់​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ច្រើន គឺ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​បាត់បង់​សំឡេង​ឆ្នោត​ផង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា ខាង​លោក​បាន​ផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ​ជាច្រើន​ដង និង​ព្យាយាម​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​ចំណាក​ស្រុក​ជំរុញ​សមាជិក​គ្រួសារ​របស់​ខ្លួន​បាន​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ៖ «អា​នេះ​បើ​យើង​ផ្សព្វផ្សាយ​ហើយ គាត់​មិន​មក គឺ​ជា​សិទ្ធិ​របស់​គាត់។ បាន​ន័យ​ថា គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​គាត់​ផង​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​នៅ​ឃុំ​មៀន ខេត្ត​កំពង់ចាម វិញ លោកស្រី ស អាន មាន​ប្រសាសន៍​ថា នៅ​ឃុំ​របស់​គាត់ ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​ភាគច្រើន ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​តំបន់​ឆ្ងាយៗ​ពី​ផ្ទះ ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី ឬ​ខេត្ត​រតនគិរី ហើយ​លោកស្រី​ជឿ​ថា ពលរដ្ឋ​ទាំងនោះ​មួយ​ចំនួន​មាន​ឆន្ទៈ ប៉ុន្តែ​កត្តា​ជីវភាព​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​បាន។ លោកស្រី​យល់​ថា ប្រសិន​បើ​អ្នក​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន គឺ​ជា​មនុស្ស​ល្អ ហើយ​គិតគូរ​ប្រយោជន៍​រួម​ជា​ធំ បញ្ហា​ប្រឈម​មួយ​ចំនួន​នឹង​លែង​កើត​មាន៖ «សំខាន់​ណាស់ ព្រោះ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ភូមិ នៅ​ឃុំ គឺ​សំខាន់​ណាស់​សម្រាប់​ពួក​គាត់ ប្រសិន​បើ​យើង​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពី​ឃុំ​ទៅ»

ចំនួន​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​ជិត ៨​លាន​នាក់ ហើយ​ចំនួន​អ្នក​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​មាន​ចំនួន​ជាង ១​លាន​នាក់។

កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា គ..ប បាន​ចេញ​លិខិត​មួយ​ឆ្លើយតប​ទៅ​នឹង​សហជីព​សហភាព​ការងារ​កម្ពុជា របស់​លោក អាត់ ធន់ ដែល​បាន​ស្នើសុំ​ច្បាប់​ជូន​កម្មករ​បាន​ទៅ​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ ក្នុង​លិខិត​បញ្ជាក់​ថា គ..ប បាន​អំពាវនាវ​ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និង​គ្រឹះស្ថាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជួយ​សម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ធ្វើ​ដំណើរ​ទៅ​មក​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​តាម​ឃុំ-សង្កាត់​ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ គ..ប ក៏​បាន​ស្នើសុំ​ទៅ​ក្រសួង​ការងារ ជួយ​ផ្សព្វផ្សាយ​សេចក្តី​អំពាវនាវ​នេះ​ដល់​សហគ្រាស ឬ​ស្ថាប័ន​ទាំងអស់​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មក​ទល់​ពេល​នេះ កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ ឬ​សហគ្រាស​មួយ​ចំនួន​បញ្ជាក់​ថា ថៅកែ​របស់​ពួក​គាត់​នៅ​មិន​ទាន់​សម្រេច​តាម​សេចក្តី​ជូន​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ កម្មករ​ខ្លះ​ថា​ប្រសិន​បើ​ឈប់​សម្រាក ថៅកែ​នឹង​កាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ហើយ​កម្មករ​ខ្លះ​ថា ថៅកែ​បាន​បង្វែរ​ថ្ងៃ​ឈប់​ដើម្បី​បាន​មក​ចូលរួម​ការ​បោះឆ្នោត គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​សង​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ជំនួស​វិញ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍ លោក យង់ គិមអេង កំពុង​បារម្ភ​ចំពោះ​ពលរដ្ឋ​ចំណាក​ស្រុក ថា​នឹង​មិន​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​បាន ដោយសារ​បញ្ហា​ប្រឈម​មួយ​ចំនួន។ បន្ថែម​ពី​នេះ គ..ប មិន​បាន​ចេញ​លិខិត​ណា​មួយ​ជា​ផ្លូវការ ក្រៅ​ពី​ការ​អំពាវនាវ​ទៅ​ក្រសួង​ការងារ ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅ​លើ​ស្ថាប័ន សហគ្រាស ឬ​រោងចក្រ សម្រាប់​ការ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ​បាន​ឈប់​សម្រាក​ទៅ​ចូលរួម​បោះឆ្នោត​ទេ។ លោក​ថា គ..ប ត្រូវ​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​សម្រួល​ដល់​កម្មករ​នៅ​ក្រៅ​ប្រទេស ដើម្បី​អាច​មាន​លទ្ធភាព​ចូលរួម​ការ​បោះឆ្នោត៖ «ខ្ញុំ​ឃើញ​ថា​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ឃើញ​ប្រតិកម្ម​ពី​ក្រសួង​ការងារ នោះ​យ៉ាង​ម៉េច ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឃើញ​ស្ថាប័ន គ..ប ទាំងមូល​ដែល​គ្រាន់​តែ​ចេញ​លិខិត​អំពាវនាវ គឺ​វា​មិន​សមរម្យ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ដែល​មាន​សមត្ថកិច្ច​ខ្ពស់ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​អភិវឌ្ឍ​ក្នុង​សហគមន៍​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​មណ្ឌលគិរី​ចោទ​អាជ្ញាធរ​ស្រុក​ថា​គំរាម​កំហែង​សកម្មជន

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​មន្ត្រី​ស្រុក​ពេជ្រាដា ថា​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​រំលោភ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ចំណែក​មន្ត្រី​ស្រុក​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​មណ្ឌលគិរី អះអាង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា នឹង​រៀបចំ​ពាក្យ​ប្ដឹង​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ពី​បទ​គំរាម​កំហែង​បំភិត​បំភ័យ​សកម្មជន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ក្រង់តេះ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោក តេវ សារិន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ភូមិ​ឡឥដ្ឋ បាន​ប្រាប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​ថា​នឹង​កើត​សង្គ្រាម និង​បាន​ដកហូត​អាវយឺត​មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ពី​អ្នក​ភូមិ ៣​នាក់ ដែល​គ្រោង​ចូលរួម​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា អ្នក​ភូមិ​ភិតភ័យ ទើប​ផ្តល់​ព័ត៌មាន​នេះ​មក​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ជួយ​រក​ដំណោះស្រាយ៖ «គេ​ហៅ​កូន​ក្រុម​ខ្ញុំ គេ​គំរាម ខោ​អាវ​គេ​យក​ទៅ​ស្រុក គេ​ថា​បើ​ចង់​យក​វិញ ឲ្យ​ទៅ​យក​នៅ​សាលា​ស្រុក​ពេជ្រាដា»

មន្ត្រី​មូលដ្ឋាន​ដែល​រង​ការ​ចោទ​ប្រកាន់​រួម​មាន អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា និង​មន្ត្រី​ភូមិ​ឃុំ​ចំនួន ៣​នាក់​ទៀត។

អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា ចាត់​ទុក​ការ​ចោទ​ប្រកាន់​ជា​រឿង​បំផ្លើស។ លោក​ថា​មន្ត្រី​បក្ស​ប្រជាជន​ឃុំ​ក្រង់តេះ បាន​ផ្តល់​ព័ត៌មាន​ថា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឡឥដ្ឋ ៣​នាក់​បាន​ប្រគល់​អាវយឺត​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មក​ក្រុម​ការងារ​ឃោសនា​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពួក​គេ​ចង់​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​មាន​ការ​គំរាម​កំហែង​នោះ​ទេ៖ «ខ្ញុំ​មាន​ទៅ​ដក​របស់​គេ​ពី​អង្កាល់! ក្រុម​ការងារ​គេ​ចុះ​ទៅ​ខាង​ហ្នឹង​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន គេ​ប្រគល់​អាវ​ឲ្យ​គណបក្ស​ប្រជាជន»

របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា មិន​មាន​បាតុភាព​ធំ​ដុំ ឬ​ពាក្យ​ប្ដឹង​ណា​មួយ​ទាក់ទិន​ការ​ឃោសនា​បោះឆ្នោត​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី លោក គឹន ចៀន កត់​សម្គាល់​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាច​ដាក់​ពាក្យ​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ បន្ទាប់​ពី​កើត​រឿង​ហេតុ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​បាន ក៏ប៉ុន្តែ​នីតិវិធី​ដោះស្រាយ​បាន​ហួស​សុពលភាព​ហើយ៖ «រឿង​ដាក់​បានៗ​ហើយ ប៉ុន្តែ​គេ​ម៉េច​ដោះស្រាយ​ឲ្យ វា​ហួស​អាជ្ញាយុកាល​ការ​ប្ដឹង​ណា

នៅ​ខេត្ត​មណ្ឌលគិរី គណបក្ស​នយោបាយ​ចំនួន​៦ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

គណបក្ស​ទាំង​៦ រួម​មាន៖

  • គណបក្ស​ប្រជាជន​កម្ពុជា
  • គណបក្ស​សង្គ្រោះ​ជាតិ
  • គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា
  • គណបក្ស​ហ៊្វុនស៊ិនប៉ិច
  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ
  • និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

 

ដោយឡែក​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទេ បាន​ដាក់​បញ្ជី​ឈ្មោះ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ​អាច​នឹង​បាត់​សិទ្ធិ​បោះឆ្នោត​ព្រោះ​មិន​ទាន់​មាន​ឯកសារ

$
0
0

មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ថា​ពលរដ្ឋ​មួយ​ចំនួន​នឹង​បាត់បង់​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត ខណៈ​ដែល​ពួក​គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​នីតិវិធី​មាន​ភាព​ស្មុគស្មាញ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធុញទ្រាន់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប សម្រួល​នីតិវិធី​ក្នុង​ការ​បំពេញ​ឯកសារ​បម្រើ​ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ពេល​បច្ចុប្បន្ន​បន្ថែម​ទៀត។

ការ​លើក​ឡើង​នេះ ដោយសារ​នីតិវិធី​របស់ គ..ប គឺ​មាន​លក្ខណៈ​ស្មុគស្មាញ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធុញទ្រាន់ ហើយ​ខ្លះ​ថា​នឹង​មិន​ទៅ​បំពេញ​ឯកសារ​នោះ​ឡើយ ដោយសារ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ។

បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ លោក ឡាយ ផល្លា មាន​ប្រសាសន៍​ថា នៅ​ឃុំ​របស់​លោក​មាន​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​បំពេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត មាន​ចំនួន​ជាង ២០០​នាក់។ លោក​បារម្ភ​ថា ចំនួន​នេះ​នៅ​តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ពួក​គេ​នឹង​បាត់បង់​សិទ្ធិ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយសារ​នីតិវិធី​បញ្ជាក់​ឯកសារ គឺ​មាន​ភាព​ស្មុគស្មាញ៖ «ដល់​អ៊ីចឹង​យើង​បាន​ទៅ​ប្រាប់​គាត់​មួយ​សា​ហើយ។ គាត់​ធុញទ្រាន់​នឹង​ទៅ​ថត​តែ​ម្តង រូបថត​បី​គុណ​នឹង​បួន បី​សន្លឹក ហើយ​ម្យ៉ាង​ទៀត គាត់​ធុញទ្រាន់​នឹង​រក​សាក្សី​ពីរ​នាក់​ទៀត»

មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត សុំ​នាំ​គ្នា​រួសរាន់​ទៅ​ធ្វើ និង​ស្នើ​ឲ្យ គ..ប គប្បី​សម្រួល​លើ​បញ្ហា​នេះ។

មិន​ខុស​គ្នា​នេះ បេក្ខជន​លេខ​រៀង​ទី​១ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ លោក អ៊ិន សុខុន បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់​លោក​ដែល​បាន​ចុះ​ឈ្មោះ ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​មាន​ចំនួន​ជាង ៦០០​នាក់។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនេះ គឺ​មាន​អ្នក​ភូមិ​ជាង ១០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ បញ្ហា​នេះ លោក​បារម្ភ​ចំពោះ​ដំណើរការ​បោះឆ្នោត ព្រោះ​លទ្ធផល​នឹង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ត្បិត​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូលរួម​បោះឆ្នោត។ បន្ថែម​ពី​នេះ លោក​ថា​ក្រុម​កម្មករ​រោងចក្រ​ជាច្រើន នឹង​មិន​អាច​ធ្វើ​ដំណើរ​មក​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត​ទាន់​ពេលវេលា​ទេ ពីព្រោះ​ការងារ​នេះ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២ មិថុនា ជា​ពេល​ដែល​ក្រុម​កម្មករ​មិន​ទាន់​ឈប់​សម្រាក​ផង៖ «កុំ​ចាំបាច់​ថា​មក​បញ្ជាក់​បន្ថែម​ទៀត អាណិត​គាត់ ព្រោះ​គាត់​លំបាក ហើយ​ពួក​គេ​ខែ​នេះ​រវល់​ជាប់​ធ្វើ​ស្រែ​ចម្ការ»

ពលរដ្ឋ​ឃុំ​ជាំក្រវៀន ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧​ពាន់​នាក់។

កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា គ..ប បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ប្រធាន​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១៦ ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​បាត់បង់ និង​ខូចខាត ជាដើម។

គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ណែនាំ​ដល់​ប្រធាន​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ចំពោះ​ការ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី​៤ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ថា លោក​មិន​សូវ​បារម្ភ​ប៉ុន្មាន​ទេ ពីព្រោះ​ខាង​លោក​បាន​បញ្ជូន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជាច្រើន​ទៅ​ឃុំ​ទាំងនោះ និង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ទូលំទូលាយ​ទៀត​ផង៖ «ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​ជាំក្រវៀន យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​ហើយ។ ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​គណបក្ស​នយោបាយ អាជ្ញាធរ​ដែនដី កំពុង​បំផុស​ឲ្យ​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន មួយ​ចំនួន​បាន​លើក​ឡើង​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​ពួក​គាត់​បាន​ធ្វើ​ប្រមាណ ២​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​ទទួល​បាន​ទៀត។ រីឯ​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ស្ដីពី​ដំណើរការ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត​វិញ គឺ​មិន​បាន​ទូលំទូលាយ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា បញ្ហា​នេះ​គឺ​ជា​រឿង​សំខាន់​ណាស់ ហើយ​ខាង​លោក​ធ្លាប់​បាន​តស៊ូ​មតិ​ទៅ គ..ប ដើម្បី​សម្រួល​នីតិវិធី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ប៉ុន្តែ គ..ប មិន​ទាន់​ឆ្លើយតប​បែប​ណា​ឡើយ។ លើស​ពី​នេះ លោក​សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន គឺ​មិន​បាន​ទូលំទូលាយ ហើយ​ពលរដ្ឋ​ក៏​មិន​សូវ​យល់​ដឹង​អំពី​បញ្ហា​នេះ​ប៉ុន្មាន​ដែរ។ លោក​មើល​ឃើញ​ថា ប្រសិន​បើ គ..ប មិន​បាន​រក​ដំណោះស្រាយ​សមរម្យ​ណា​មួយ ពលរដ្ឋ​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទាំងនោះ នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី​គ្រោង​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ប្ដឹង​អ្នក​កាសែត ដេលី

$
0
0

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី លោក ជា ពេជ្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា ភាគី​ដើម​ចោទ​ ចុង​ចោទ រួម​ទាំង​សាក្សី នឹង​ត្រូវ​កោះហៅ​ឲ្យ​មក​បង្ហាញ​អង្គហេតុ​ទាក់ទិន​បណ្ដឹង​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​ឃុំ​ប៉ាតេ ដែល​ចោទ​ប្រកាន់​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ កាល​ពី​សប្ដាហ៍​មុន។

លោក ជា ពេជ្រ៖ «បើ​ឃើញ​មាន​ភស្តុតាង​គ្រប់គ្រាន់​យើង​នឹង​ចាត់​ការ​តាម​ច្បាប់ បើ​មិន​មាន​ទេ យើង​ក៏​នឹង​ចាត់ការ​តាមច្បាប់​ដែរ។ រាល់​ពេល​អញ្ជើញ​ត្រូវ​អនុលោម​ទៅ​តាម​វេលា​នៃ​ច្បាប់​កំណត់»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​គងយុ និង​ភូមិ​គងធំ រួម​ទាំង​មេ​ឃុំ​ប៉ាតេ បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​យក​ព័ត៌មាន​កាសែត​ពីរ​នាក់ គឺ​លោក អូន ភាព និង​ជនជាតិ​កាណាដា គឺ​លោក ស៊ុមបឺរ ភីតធ័រ (Zsombor Peter) បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចូល​មក​ក្នុង​ភូមិ ហើយ​សួរ​អ្នក​ភូមិ និង​មន្ត្រី​ឃុំ​ដែល​ដើម​បណ្ដឹង​ចាត់​ទុក​ថា មាន​ចេតនា​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​បោះឆ្នោត​ក្នុង​ពេល​គណបក្ស​នយោបាយ​កំពុង​ឃោសនា​បោះឆ្នោត។

ពាក្យ​បណ្ដឹង​នោះ​ធ្វើ​ឡើង​ពីរ​ច្បាប់ មួយ​ច្បាប់​ដាក់​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​ឃុំ​ប៉ាតេ និង​មួយ​ច្បាប់​ទៀត ដាក់​ជូន​ការិយាល័យ​អយ្យការ​សាលាដំបូង​ខេត្ត។ដោយ​ឡែក​បណ្ដឹង​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ ដើម​បណ្ដឹង​យល់​ព្រម​បញ្ឈប់​ការ​ប្ដឹង​នោះ​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

CWCC៖ កុមារ​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ថៃ​កំពុង​រង​ការ​រំលោភ​សិទ្ធិ​និង​កេង​ប្រវ័ញ្ច​ពលកម្ម

$
0
0

អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ដែល​ហៅ​ថា ស៊ី.ដាប់ប៊ែលយូ.ស៊ី.ស៊ី (CWCC) ប្រចាំ​ខេត្ត​សៀមរាប បាន​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​លើក​ទី​៦៨ នៅ​ឯ​ស្រុក​ក្រឡាញ់ ចម្ងាយ​ជាង ៦០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត ដែល​ជា​តំបន់​ជនបទ​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​នៅ​ឯ​តំបន់​ជនបទ​នេះ ដោយសារ​តែ​គេ​យល់​ឃើញ​ថា ស្រុក​ក្រឡាញ់ គឺ​ជា​ស្រុក​មួយ​ដែល​សម្បូរ​កុមារ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​កុមារ​ខ្លះ​ក្នុង​ចំណោម​នោះ ក៏​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដែរ។

កុមារ និង​យុវជន ព្រម​ទាំង​ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​លើក​ទី​៦៨ នៅ​ឯ​ភូមិ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា។ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ក្រោម​ប្រធានបទ «លើក​កម្ពស់​ការ​ចូលរួម​របស់​កុមារ ដើម្បី​អភិវឌ្ឍ​សង្គម» គឺ​មាន​កុមារ​មួយ​ក្រុម​បាន​នាំ​គ្នា​សម្ដែង​រឿង​ស្ដីពី​សិទ្ធិ​នានា​របស់​ពួក​គេ។

ប្រធាន​គ្រប់គ្រង​របស់​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ប្រចាំ​ខេត្ត​សៀមរាប គឺ​លោក សួង សុភាព។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​ថ្លែង​បើក​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​នោះ​ថា ខេត្ត​សៀមរាប ក៏​ជា​ខេត្ត​មួយ​ដែល​កំពុង​តែ​មាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ក្នុង​ចំណោម​ខេត្ត​ផ្សេងៗ​ទៀត​ជាច្រើន។ ក្នុង​នោះ ស្រុក​ក្រឡាញ់ របស់​ខេត្ត​សៀមរាប ក៏​ជា​ស្រុក​មួយ​ដែល​មាន​កុមារ​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ច្រើន ហើយ​កុមារ​ខ្លះ​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ ព្រម​ទាំង​កេង​ប្រវ័ញ្ច​លើ​ពលកម្ម។

លោក សួង សុភាព បញ្ជាក់​ទៀត​ថា អង្គការ​ជា​ដៃគូ​របស់ CWCC ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ បាន​រាយការណ៍​ថា កុមារ​កម្ពុជា ជាច្រើន​នាក់​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ថៃ នៅ​តែ​បន្ត​រងគ្រោះ៖ «ទី​១ គឺ​រងគ្រោះ​ដោយសារ​ការ​កេង​ប្រវ័ញ្ច​ការងារ មិន​ត្រឹម​តែ​ពី​សំណាក់​អ្នក​ដទៃ​ទេ សូម្បី​តែ​គ្រួសារ​របស់​គាត់ ក៏​កេង​ប្រវ័ញ្ច​ដែរ។ អ៊ីចឹង​មាន​កុមារ​ខ្មែរ​ជាច្រើន​ត្រូវ​បាន​ឪពុក​ម្ដាយ សាច់ញាតិ និង​អ្នក​ដទៃ បង្ខំ​ឲ្យ​គាត់​ធ្វើ​ការ»

អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​នៅ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា តាម​របាយការណ៍​របស់​ក្រសួង​ការងារ​នៃ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១៤ គឺ​មាន​កុមារ​ខ្មែរ​ចំនួន​ជាង ៤២.០០០​នាក់ បាន​តាម​ឪពុក​ម្ដាយ និង​អាណាព្យាបាល​ទៅ​ធ្វើ​ការ ហើយ​កុមារ​ទាំងនោះ​មិន​បាន​ចូល​សាលា​រៀន និង​ខ្លះ​មាន​ការ​បង្ខំ​ឲ្យ​ដើរ​សុំ​ទាន ឬ​ក៏​ត្រូវ​គេ​ជួញដូរ​កម្លាំង​ពលកម្ម ជាដើម។

អាជ្ញាធរ​ស្រុក​ក្រឡាញ់ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​កុមារ ដែល​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ​ដែរ។

អភិបាល​រង​ស្រុក​ក្រឡាញ់ អ្នកស្រី គ្រឹង ស៊ាម អំពាវនាវ​ឲ្យ​អាណាព្យាបាល និង​ឪពុក​ម្ដាយ ជួយ​ចូលរួម​លើក​កម្ពស់​សិទ្ធិ​កុមារ ព្រម​ទាំង​ជួយ​ឲ្យ​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​យុវជន និង​ពលរដ្ឋ​ល្អ​របស់​ប្រទេស​សម្រាប់​អនាគត​ផង៖ «កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ​យើង។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​កុមារ និង​ទម្រង់​ផ្សេងៗ​ទៀត»

អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ រក​ឃើញ​ថា បច្ចុប្បន្ន ការ​រំលោភ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​ក៏​នៅ​មាន​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ ដោយ​ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​ប្រទេស គេ​បាន​ទទួល​ករណី​រំលោភ​សិទ្ធិ​កុមារ​ចំនួន ៥០០​ករណី។ ការ​រំលោភ​សិទ្ធិ​ទាំងនោះ​មាន​ដូចជា ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ និង​ការ​រំលោភ​ផ្លូវ​ភេទ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​បាត់ដំបង​បារម្ភ​រឿង​សកម្មជន​បក្ស​កាន់​អំណាច​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​តាម​ភូមិ

$
0
0

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​​សកម្មជន​គណបក្ស​កាន់​អំណាច​​ដើរ​ប្រមូល​ពលរដ្ឋ​តាម​ភូមិ​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្ដី​បារម្ភ​នេះ​​ ដោយសារ​សកម្មជន​ទាំង​នោះ​ បាន​ខ្ចប់​សន្លឹក​ឆ្នោត​ដែល​ពលរដ្ឋ​​គូស​រួច​​យក​ទៅ​ជាមួយ។

​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង លើក​ឡើង​ថា សន្លឹក​ឆ្នោត​ដែល​ពួកគាត់​បាន​គូស​ឲ្យ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​​ពុំ​មែន​ចេញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពួកគាត់​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង​ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា សកម្មជន​គណបក្ស​កាន់​អំណាច រួម​មាន​មេ​ភូមិ និង​បេក្ខជន​ឈរ​ឈ្មោះ​ជា​ក្រុមប្រឹក្សា​សង្កាត់​អូរចារ ​ជាដើម បាន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ជួប​​ជុំ​គ្នា​នៅ​តាម​ផ្ទះ​នៅ​ក្នុង​សង្កាត់​នេះ​​ រួច​បង្រៀន​ពួកគាត់​​ឲ្យ​គូស​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចែក​ត្រីខ ១​កំប៉ុង នំប៉័ង ១ និង​ទឹក​សុទ្ធ​មួយ​ដប។

ពលរដ្ឋ​រូប​នេះ​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​គេ​យក​សន្លឹក​ឆ្នោត​នោះ​ទៅ​ប្រើ​ជា​សន្លឹក​ឆ្នោត​បាន​ការ ហើយ​ខុស​ពី​ចេតនា​ពិត​ប្រាកដ​របស់​ពួកគាត់៖ «សន្លឹក​ឆ្នោត​ហ្នឹង​​មាន​លេខ​៣ មាន​រូប​ទេពតា។ គេ​ប្រាប់​ពលរដ្ឋ​អ្នក​ចូល​រួម​សួរ​ថា ​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់​គ្នា​ហើយ ឬ​នៅ?»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ចៅ​សង្កាត់​អូរចារ​ លោក ហោ ឃឿន ទទួល​ស្គាល់​ថា ក្រុម​ការងារ​គណបក្ស​របស់​លោក​ពិត​ជា​បាន​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត​ទៅ​លើ​គណបក្ស​របស់​ខ្លួន​​ប្រាកដ​មែន ក៏​ប៉ុន្តែ​លោក​អះអាង​ថា ករណី​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ៖ «គណបក្ស​នយោបាយ​គេ​មាន​វិធីសាស្ត្រ​រៀង​ខ្លួន ហើយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ធ្វើ​អ៊ីចឹង​ដែរ គឺ​ក្នុង​យើង​មាន​គំរូ​សម្រាប់​បង្រៀន​គូស​សន្លឹក​​ឆ្នោត​ ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​លេខ​រៀង​គណបក្ស​នយោបាយ​​នៅ​ក្នុង​សង្កាត់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​បង្រៀន​ពលរដ្ឋ​ឲ្យ​​គូស​សន្លឹក​ឆ្នោត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពុំ​មែន​ជា​សន្លឹក​ឆ្នោត​ពិតប្រាកដ ចាត់​​ជា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ហើយ​ពុំ​បាន​ខុស​ច្បាប់​បោះ​ឆ្នោត​នោះ​ទេ។

លោក​អះអាង​ថា សន្លឹក​ឆ្នោត​នោះ​ក៏​​មិន​អាច​យក​ទៅ​ប្រើ​នៅ​ថ្ងៃ​បោះឆ្នោត​បាន​ដែរ៖ «ការ​ដែល​គូស ហើយ​ប្រមូល​នេះ​ខ្ញុំ​គិត​ថា វា​គ្រាន់​តែ​ទិន្នន័យ​មួយ​ដើម្បី​រាយការណ៍​ឲ្យ​បក្ស ព្រោះ​គណបក្ស​នីមួយៗ​គេ​តែង​តែ​អះអាង​ថា មាន​សមាជិក​ច្រើន​ ឲ្យ​ដឹង​ចំនួន​តួលេខ​ទេ។ ក៏ប៉ុន្តែ​ចំនួន​នេះ​ពុំ​អាច​យក​ជា​ការ​បាន​ទេ ពីព្រោះ​ពេល​ខ្លះ​ជា​សមាជិក​មែន​ តែ​មិន​ប្រាកដ​ថា អ្នក​នោះ​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ទេ»

​​​​​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា មាន​គណបក្ស​នយោបាយ​ចំនួន​៣ ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដូច​ជា​ការ​​បើក​រថយន្ត​ ឬ​ម៉ូតូ​ដោយ​ដាក់​គ្រឿង​បំពង​សំឡេង​​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​បក្ស​​ឃោសនា​តាម​​ផ្លូវ​​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​ពុំ​មាន​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​​ទេ។គណបក្ស​ទាំង​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​គំរាម​កំហែង

$
0
0

ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អេ.ភី.អេច្ឆ.(APHR) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​គំរាម​កំហែង និង​សុំ​ឲ្យ​អាជ្ញាធរ​ធានា​ថា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ដែល​ជា​ជម្រើស​របស់​ពួក​គេ​ត្រូវ​បាន​ការពារ។

មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា ពលរដ្ឋ​រីករាយ​នឹង​ទៅ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ដូច អេ.ភី.អេច្ឆ.(APHR) រក​ឃើញ​នោះ​ឡើយ។

ក្រុម​សមាជិក​សភា​ក្នុង​តំបន់​អាស៊ាន ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង អំពើ​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​មុន​ការ​បោះឆ្នោត ដែល​ពួក​គេ​បាន​អះអាង​ថា បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច ដែល​បំផ្លាញ​ការ​រំពឹង​ទុក​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​ពិត​ប្រាកដ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អេ.ភី.អេច្ឆ.(APHR) ពី​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ប្រធាន​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី លោក លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែង​ថា ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ខាង​មុខ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​មូលដ្ឋាន​ប្រជាធិបតេយ្យ ហើយ​ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​សាកល្បង ឬ​ធ្វើ​តេស្ដ​មួយ​អំពី​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក​បន្ត​ថា អនាគត​ដ៏​ផុយ​ស្រួយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ៖ «ការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់ និង​ការ​រឹតត្បិត​សិទ្ធិ និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា និង​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​នៃ​ភាព​បរាជ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ក្លាយ​ជា​ស្ថានភាព​បន្ទាន់​បំផុត​នៅ​ក្នុង​តំបន់​របស់​យើង។ យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះអាជ្ញាធរ​ត្រូវ​ធានា​ឲ្យ​បាន ដោយ​មិន​ខកខាន​ថា​គ្មាន​អ្វី​កើត​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ដោយ​ឯករាជ្យ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ការ​នេះ គួរ​តែ​រួម​បញ្ចូល​នូវ​ការ​ណែនាំ​យ៉ាង​ច្បាស់​ដល់​អាជ្ញាធរ​មូលដ្ឋាន ថា​គ្មាន​ករណី​នៃ​ការ​បំភិត​បំភ័យ​ដល់​អ្នក​បោះឆ្នោត ជាពិសេស​នៅ​តាម​ការិយាល័យ​បោះឆ្នោត នឹង​ត្រូវ​បាន​អត់ឱន​នោះ​ទេ»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អេ.ភី.អេច្ឆ.(APHR) បាន​រំឭក​ឡើង​វិញ​ពី​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អេ.ភី.អេច្ឆ.(APHR) ចាត់​ទុក​ថា​បាន​គំរាម​កំហែង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា។ ក្នុង​នោះ​រួម​មាន ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក្នុង​ការ​បង្ក​សង្គ្រាម​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ត្រូវ​បាត់បង់​ការ​អត់ធ្មត់។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក៏​បាន​ព្រមាន​នា​ពេល​ថ្មីៗ​នេះ​ដែរ​ថា កង​កម្លាំង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​ការ​តវ៉ា ដែល​អាច​កើត​មាន​ក្រោយ​ការ​បោះឆ្នោត ហើយ​ថា​ក្រុម​អ្នក​តវ៉ា នឹង​ត្រូវ​វាយ​រហូត​បែក​ធ្មេញ ដែល អេ.ភី.អេច្ឆ.(APHR) ចាត់​ទុក​ថា​ការ​រំលោភ​ច្បាប់​ជាតិ ដែល​ចែង​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​គួរ​នៅ​អព្យាក្រឹត។

សេចក្ដី​ថ្លែងការណ៍​ដដែល​លើក​ឡើង​ទៀត​ថា សារ​ពី​អំពើ​ហិង្សា​នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ មិន​មែន​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​ដល់​បក្ស​ប្រឆាំង​ទេ វា​ក៏​ជា​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា កំពុង​រីករាយ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។ លោក ផៃ ស៊ីផាន បន្ត​ទៀត​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី ទៀ បាញ់ គឺ​ជា​ការ​រំឭក​ពី​អ្វី​ដែល​ធ្លាប់​កើត​ឡើង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៣ ដែល​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា។ លោក​ក៏​បាន​រិះគន់​ត្រឡប់​ទៅ​ក្រុម​សមាជិក​សភា​អាស៊ាន ថា​គ្រាន់​តែ​ជា​ទស្សនៈ​របស់​ក្រុម​ឯកជន​មួយ ដែល​មិន​គួរ​យក​ចិត្ត​ទុក​ដាក់​ឡើយ៖ «ជា​ការ​លាប​ពណ៌​របស់​គាត់ ជា​ការ​វាយ​ប្រហារ យើង​មិន​ឲ្យ​មាន​តម្លៃ​ទេ។ គាត់​គួរ​សួរ​ត្រឡប់​ទៅ​ខ្លួន​គាត់​វិញ គឺ​គាត់​នៅ​ក្នុង​សហគមន៍​អាស៊ាន​ដែល​មាន​គោលការណ៍​ត្រឹមត្រូវ។ គាត់​គួរ​តែ​ចំណាយ​ពេលទៅ​ជួយ​កសាង​ការងារ​ដែល​គាត់​មើល​ឃើញ​នៅ​ក្នុង​ស្រុក​គាត់ ជាជាង​មក​លូកលាន់​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​គោលការណ៍​របស់​អាស៊ាន គ្មាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​លូកលាន់​ទៅ​កិច្ចការ​របស់​ប្រជាជាតិ​ក្នុង​សហគមន៍​អាស៊ាន​នោះ​ទេ»

អេ.ភី.អេច្ឆ.(APHR) លើក​ឡើង​ទៀត​ថា ក្រៅ​ពី​ការ​គំរាម​កំហែង​របស់​មន្ត្រី​រដ្ឋាភិបាល​ពី​អំពើ​ហិង្សា ក៏​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ដែរ ក្នុង​នោះ​រួម​ទាំង​ការ​បោះពុម្ព​សន្លឹកឆ្នោត​លើស​ចំនួន ២០​ភាគរយ​ច្រើន​ជាង​ការ​ចាំបាច់ និង​បញ្ហា​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​អាច​លាង​ជ្រះ ជាដើម។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា លើក​ឡើង​ថា គ..ប ប្រឹងប្រែង​បំពេញ​ការងារ​ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។ ចំពោះ​ការ​បារម្ភ​ពី​បញ្ហា​នៅ​ក្រោយ​ការ​បោះឆ្នោត គ..ប បាន​ធ្វើ​ការងារ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​យ៉ាង​ណា​រក្សា​ស្ថិរភាព និង​សុវត្ថិភាព​ជូន​ពលរដ្ឋ«..ប បាន​បង្កើត​បញ្ជី​បោះឆ្នោត​មួយ​ដែល​មាន​ភាព​ល្អ​ប្រសើរ​ត្រឹមត្រូវ​រហូត​ដល់​ទៅ ៩៨​ភាគរយ​នេះ គឺ​ជា​ភាព​ត្រឹមត្រូវ​ហើយ។ ភាព​ត្រឹមត្រូវ​ផ្សេងៗ​ទៀត យើង​កំពុង​តែ​ដើរ​ទាំងអស់​គ្នា។ ជំនាញការ​របស់​សហគមន៍​អឺរ៉ុប របស់​អង្គការ​អាមេរិកាំង និង​ខាង​ជប៉ុន កំពុង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង គ..ប។ ការ​ចោទ​ប្រកាន់ ឬ​ក៏​ភាព​ភ័យ​ខ្លាច​ទាំងឡាយ គ..ប បើក​ជា​ចំហ ប្រសិន​បើ​មាន​ករណី​អ្វី​កើត​ឡើង គឺ​អាច​ប្ដឹង​ដើម្បី​យើង​ធ្វើ​ការ​ពិនិត្យ»

អេ.ភី.អេច្ឆ.(APHR) លើក​ឡើង​ដែរ​ថា អាជ្ញាធរ​កម្ពុជា ក៏​បាន​បង្ក​ឧបសគ្គ​មួយ​ចំនួន​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ប្រឆាំង រួម​មាន​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ចំពោះ​សំណើ​ប្រមូល​ផ្ដុំ និង​បាតុកម្ម ច្រាន​ចោល​នូវ​ពាក្យ​ស្លោក និង​សម្ភារ​ដទៃ​ទៀត​សម្រាប់​យុទ្ធនាការ​ឃោសនា​តាម​អំពើ​ចិត្ត និង​ភាគច្រើន​រំលោភ​លើ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

អេ.ភី.អេច្ឆ.(APHR) នៅ​តែ​មើល​ឃើញ​ថា ចាំបាច់​ដែល​សមាជិក​សភា​អាស៊ាន ត្រូវ​ពិភាក្សា​បញ្ហា​នេះ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ ប្រព្រឹត្ត​ទៅ​ដោយ​បើក​ចំហ និង​សន្តិវិធី ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា ឆ្ពោះ​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​ជា​ថ្មី​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សាលាក្រុង​ចង់​ឲ្យ​បក្ស​ប្រឆាំង​ជួបជុំ​ហែ​ក្បួន​នៅ​ជាយ​ក្រុង​នៅ​ថ្ងៃ​ចុង​ក្រោយ

$
0
0

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​គណបក្ស​ប្រឆាំង ជួបជុំ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​របស់​ខ្លួន នៅ​ថ្ងៃ​ចុង​ក្រោយ​ទៅ​ជាយក្រុង ឬ​ក៏​ដូរ​ថ្ងៃ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​ជួប​គ្នា​ជាមួយ​ក្បួន​ឃោសនា​របស់​បក្ស​កាន់​អំណាច។ ប៉ុន្តែ​បក្ស​ប្រឆាំង​នៅ​តែ​ចង់​ធ្វើ​ការ​ឃោសនា នៅ​ថ្ងៃ​ចុង​ក្រោយ នៅ​កណ្ដាល​ក្រុង​តែ​ម្ដង ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ក្ដី។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ជា​នីតិវិធី​ការ​ស្នើ​របស់​សាលាក្រុង​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​បក្ស​ប្រឆាំង​ស្នើ​សុំ​ក្រោយ​បក្ស​កាន់​អំណាច។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យ​អាស៊ីសេរី​ដឹង​ថា កិច្ច​ប្រជុំ​ជាមួយ​បក្ស​ប្រឆាំង​ប្រមាណ​៤​ម៉ោង នៅ​ព្រឹក​ថ្ងៃ​​ទី៣១ ឧសភា ខាង​សាលាក្រុង​បាន​ស្នើ​បក្ស​ប្រឆាំង​ឲ្យ​ជួបជុំ​​ហែ​ក្បួន​របស់​ខ្លួន​នៅ ​ជាយ​ក្រុង​គឺ​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៃ​ខណ្ឌ​ឫស្សីកែវ ឬ​ដូរ​មកធ្វើនៅ​ថ្ងៃ​ទី១ មិថុនា វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​ប្រឈម​គ្នា​នឹង​ក្បួន​របស់​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ចុងក្រោយ​នោះ។ លោក​ថា សាលាក្រុង​ពិត​ជា​ចង់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ហែ​ក្បួន​​ឃោសនា​ដោយ​ស្មើ​ភាព​គ្នា​ណាស់ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ជូន​ដំណឹង​មក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​មុន​ ​ហើយ​​​អាជ្ញាធរ​ក៏​បាន​​ឯកភាព​រួច​រាល់​ហើយ​ដែរ៖ «តើ​វា​សម​ទេ​ដែល​ត្រូវ​តែ​ផ្លាស់​ប្ដូរ​សម្រាប់​អ្នក​មក​ក្រោយ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​បាន​បិទ ឬ​ការ​ឃោសនា​(បក្ស​ប្រឆាំង) មិន​អាច​ទៅ​រួច​ទេ។ ឧទាហរណ៍​​ថ្ងៃ​ទី១ មិថុនា គឺ​ពេញ​បរិបូរណ៍ ងាយ​ស្រួល​សឹង​ដូច​អ្វី​ដែល​បក្ស​ប្រជាជន​កម្ពុជា​ស្នើ​ធ្វើ​ថ្ងៃ​ទី២ មិថុនា អ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី៣០ មិថុនា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ បាន​ស្នើ​បក្ស​ប្រឆាំង​ម្ដង​រួច​ហើយ ដើម្បី​បែងចែក​ពេលវេលា និង​តម្រាយ​ក្បួន​ខុស​ពី​បក្ស​ប្រជាជន ឬ​ដូរ​ថ្ងៃ​ឡើង​វិញ ក្រោម​ហេតុផល​ថា បក្ស​កាន់​អំណាច​បាន​ជូន​ដំណឹង​មុន​បក្ស​ប្រឆាំង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ថ្លែង​ថា គោល​ជំហរ​របស់​បក្ស​ប្រឆាំង គឺ​នឹង​ហែ​ក្បួន​នៅ​ថ្ងៃ​ចុង​ក្រោយ​ដូចគ្នា​នឹង​បក្ស​កាន់​អំណាច​ដែរ ហើយ​ក៏​នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ក្បែរ​វត្ត​ភ្នំ ដោយ​សារ​ទីតាំង​ពីរ​ផ្សេង​ទៀត គឺ​សួន​មុខ​​វត្តបទុមវតី និង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក សុទ្ធ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត។ លោក​ថា បក្ស​ប្រឆាំង​សុខ​ចិត្ត​មិន​ហែ​ពេល​ព្រឹក​ទេ ដើម្បី​កុំ​ឲ្យ​ជាន់​គ្នា​នឹង​បក្ស​ប្រជាជន ដោយ​គ្រាន់​តែ​ជួបជុំ​គ្នា​ថ្លែង​សារ​តែ​ប៉ុណ្ណោះ ហើយ​រហូត​ដល់​ម៉ោង២​រសៀល ទើប​គណបក្ស​លោក​ហែ​ក្បួន៖ «បើ​យើង​និយាយ​ពី​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​អំឡុង​ឃោសនា​នេះ មិន​បាន​បែងចែក​ថា អ្នក​នេះ ឬ​អ្នក​នោះ មាន​សិទ្ធិ និង​អត់​សិទ្ធិ​ទេ គឺ​យើង​មាន​សិទ្ធិ​ស្នើៗ​គ្នា ពេល​វេលា​ដូចគ្នា។ អ៊ីចឹង​ហើយ​គណបក្ស​សង្គ្រោះជាតិ​ឯកភាព​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល»

បន្ថែម​ពី​នេះ​លោក ម៉ន ផល្លា អះអាង​ថា ទោះបីជា​ផ្លូវ​ហែ​ក្បួន​របស់​បក្ស​ទាំងពីរ​ច្រាស​គ្នា​តិចតួច​ត្រង់​កន្លែង​ខ្លះ​ក្ដី ប៉ុន្តែ​វា​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​ក្បួន​ដង្ហែ​ក៏​ធ្លាប់​ហែ​ប៉ះ​គ្នា​អញ្ចឹង​ដែរ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​សាលាក្រុង​ហាក់​មិន​ទុក​ចិត្ត​ថា នឹង​មិន​មាន​បាតុភាព​អ្វី​កើត​ឡើង​ទេ ជា​ពិសេស​នៅ​ពេល​ក្បួន​បក្ស​ប្រជាជន​មក​ដល់​ម្ដុំ​ទីលាន​ប្រជាធិបតេយ្យ៖ «សំខាន់​ជាង​គេ គឺ​បញ្ហា​ប្រឈម​ដែល​យើង​មិន​ចង់​ឲ្យ​ក្បួន​ឃោសនា​បក្ស​ទាំង​ពីរ​មាន​ជួប និង​អាច​ប៉ះ​ទង្គិច​គ្នា ឬ​អាច​មាន​បាតុភាព​កើត​ឡើង​ជា​យថាហេតុ ដោយ​សារ​តែ​យើង​ឃើញ​ការ​ពី​យុទ្ធនាការ​ប៉ុន្មាន​ថ្ងៃ​មុន ករណី​អំពើ​ហិង្សា​រវាង​គណបក្ស​នយោបាយ និង​បុគ្គល​ម្នាក់​នោះ»

តម្រាយ​ក្បួន​របស់​បក្ស​ទាំង​ពីរ មាន​ចំណុច​ជាន់​គ្នា ត្រង់​មហាវិថី​ព្រះ​មុនីវង្ស ដល់​រង្វង់​មូល​ខាង​លិច​នៃ​ស្ពាន​ជ្រោយ​ចង្វារ បត់​ឆ្វេង​​ទៅ​រង្វង់​មូល​អង់តែន​ទួលគោក។ ប៉ុន្តែ​ទីតាំង និង​ម៉ោង​ជួបជុំ​ចេញ​ក្បួន​របស់​បក្ស​ទាំង​ពីរ​ខុស​គ្នា។ បក្ស​ប្រជាជន​ជួបជុំ​និង​ចេញ​ពី​ទីតាំង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ នៅ​ម៉ោង​៦​ព្រឹក ខណៈ​បក្ស​ប្រឆាំង​ជួបជុំ​នៅ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ចាស់​នៅ​ពេល​ព្រឹក និង​ហែ​ក្បួន​នៅ​ពេល​រសៀល។

ចំណែក​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ថា ការ​បារម្ភ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពី​បញ្ហា​កកស្ទះ ឬ​សុវត្ថិភាព​ពេល​ក្បួន​របស់​បក្ស​ទាំង​ពីរ​ជួបគ្នា​នោះ​ជា​រឿង​សមរម្យលោក​ថា តាម​នីតិវិធី​អាជ្ញាធរ​ផ្ដល់​ជូន​សម្រាប់​បក្ស​នយោបាយ​ណា​ដែល​ជូន​ដំណឹង​ពី​ការ​ហែ​ក្បួន​មក​មុន​គេ៖ «សង្គ្រោះជាតិ​សម្រេច​ទៅ គាត់​អាច​ចរចា​សិន​ទៅ​ជាមួយ​ប៉ិច (PEC) ដើម្បី​រៀបចំ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​បញ្ហា មាន​សន្តិសុខ​អី​ត្រឹមត្រូវ ឬ​ជួយ​ឲ្យ​អ្នក​គាំទ្រ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​ស្រួល​បួល​ទៅ កុំ​ឲ្យ​មាន​ប៉ះ​ទង្គិច​ដូច​សាលាក្រុង​ព្រួយ​បារម្ភ»

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី៣១ ឧសភា មាន​តែ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា​ទេ ដែល​បាន​ជូន​ដំណឹង​ពី​ការ​ហែ​ក្បួន​ឃោសនា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ មិថុនា។ ​អាជ្ញាធរ​រាជធានី​បាន​ស្នើ​ពលរដ្ឋ​រស់​នៅ​​តាម​តម្រាយ​ផ្លូវ ឬ​ឆ្លង​កាត់​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បញ្ចៀស​ចរាចរ​បណ្ដោះអាសន្ន ចាប់​ពី​ម៉ោង៦​ព្រឹក រហូត​ដល់​ពេល​ក្បួន​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​ក្បាលត្រាច​ខេត្ត​ពោធិ៍សាត់​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​ដោះស្រាយ​បញ្ហា​ចម្បង​ចំនួន​បី​នៅ​មូលដ្ឋាន

$
0
0

នៅ​សល់​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នឹង​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស​មេ​ឃុំ-ចៅ​សង្កាត់​ល្អ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ អ្នក​ភូមិ​នៃ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចង់​បាន​មេ​ឃុំ​អាណត្តិ​ទី​៤ ចេះ​ជួយ​ទុក្ខ​ធុរៈ​ពលរដ្ឋ និង​ជួយ​ដោះស្រាយ​បញ្ហា​បី​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ឃុំ​របស់​ពួក​គេ។

អ្នក​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាលត្រាច ឲ្យ​ដឹង​ថា បញ្ហា​គ្រប់គ្រង​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម បញ្ហា​ព្រៃ​សហគមន៍ និង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ​ដែល​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ​ទេ។ ក្រុម​ពលរដ្ឋ​ថា បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​មេ​ឃុំ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ស្ងប់​ចិត្ត​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ក្រឡាញ់ លោកស្រី ឡោន ស៊ីវី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ក្នុង​ភូមិ​ជាច្រើន​នៃ​ឃុំ​ក្បាលត្រាច ពឹង​លើ​ប្រភព​ទឹក​បឹង​គុជនប់ ដើម្បី​ស្រោចស្រព​ដំណាំ និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​មិន​អាច​ប្រើ​ទឹក​បាន​ពេញ ១​ឆ្នាំ​ទេ ដោយសារ​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ជាច្រើន បូម​យក​ទឹក​នេះ​យក​ទៅ​ប្រើប្រាស់​ដែរ។ លោកស្រី​សង្ឃឹម​ថា មេ​ឃុំ​អាណត្តិ​ថ្មី​អាច​ដោះស្រាយ​បញ្ហា​ទឹក និង​បញ្ហា​ផ្សេង​ទៀត​បាន៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ទាក់ទង​រឿង​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេ​ឃុំ​ថ្មី គឺ​ខ្ញុំ​បោះឆ្នោត​ឲ្យ​មេ​ឃុំ​ណា​ដែល​គាត់​អាច​ដោះស្រាយ​បញ្ហា​យើង​ដែល​កើត​មាន​ឡើង ដូច​រឿង​ទំនប់​គុជនប់ ហើយ​រឿង​ដីធ្លី​ពលរដ្ឋ​យើង​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ថា​អាណត្តិ​នេះ អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​យើង»

លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ធ្លាប់​នាំ​គ្នា​ផ្ដិត​មេដៃ​សុំ​បង្កើត​សហគមន៍​ព្រៃឈើ​នៅ​ទីតាំង​ដែល​មាន​ព្រៃ​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​អាជ្ញាធរ​មិន​យល់ស្រប បែរ​ជា​ទៅ​យក​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ដាក់​ជា​ដី​ព្រៃ​សហគមន៍ ហើយ​ដី​ព្រៃ​ដែល​ពលរដ្ឋ​ស្នើ​ធ្វើ​ដី​ព្រៃ​សហគមន៍​នោះ បែរ​ជា​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ឯកជន​ទៅ​វិញ។ បច្ចុប្បន្ន មាន​ពលរដ្ឋ​ជាង ៦០​គ្រួសារ នៅ​មាន​បញ្ហា​ដីធ្លី​មិន​ទាន់​ដោះស្រាយ​ចេញ។

ឆ្លើយតប​បញ្ហា​នេះ មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន ថា​បញ្ហា​គ្រប់គ្រង​ទឹក​មិន​បាន​ល្អ ព្រោះ​ម្ចាស់​ស្រះ​សុំ​ច្បាប់​ទៅ​ខាង​រដ្ឋបាល​ជលផល ដើម្បី​បូម​ទឹក​ចិញ្ចឹម​ត្រី ទើប​លោក​មិន​អាច​គ្រប់គ្រង​បាន។

ចំណែក​រឿង​អាជ្ញាធរ​កំណត់​ដី​ព្រៃ​សហគមន៍​ប៉ះពាល់​ដី​ពលរដ្ឋ​វិញ ត្រូវ​លោក​មេ​ឃុំ​ពន្យល់​ថា ដើម​ឡើយ​ដី​នោះ​ជា​ដី​ព្រៃ​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ភាពីម៉ិច (Pheapimix) ប៉ុន្តែ​ពេល​ក្រុមហ៊ុន​វាស់​ឆ្វៀល​ដី​ខ្លះ​ឲ្យ​ពលរដ្ឋ​បង្កើត​ជា​សហគមន៍​ព្រៃ​ឈើ បែរ​ជា​ពលរដ្ឋ​ខ្លះ​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ធ្លាប់​កាន់​កាប់​ទៅ​វិញ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា កន្លង​ទៅ បញ្ហា​ខ្លះ​លោក​មិន​អាច​ដោះស្រាយ​បាន៖ «ពួក​ប្រជាពលរដ្ឋ​ចេះ​តែ​មាន​ហើយ គ្រាន់​តែ​គាត់​អត់​ដឹង​ថា​អាជ្ញាធរ​មាន​ប៉ុន្មាន​នាក់ ដើម្បី​ដោះស្រាយ​បញ្ហា​អស់​ហ្នឹង ហើយ​មិន​មែន​មាន​តែ​ឃុំ​ណា! ព្រោះ​រឿង​ហ្នឹង​មាន​ស្រុក មាន​ខេត្ត និង​រដ្ឋបាល​ព្រៃឈើ​អី​ដែរ។ ហើយ​កង្វល់​ផ្សេងៗ ជា​ធម្មតា​ទេ​តែងតែ​មាន​ហើយ​ការ​ខ្វះខាត​ក្នុង​ការ​ដោះស្រាយ​អី​ដូចជា​យឺតយ៉ាវ»

អ្នក​ភូមិ​នៃ​ឃុំ​ក្បាលត្រាច កំពុង​សម្លឹង​មើល​លក្ខណៈ​សម្បត្តិ និង​សមត្ថភាព​របស់​បេក្ខភាព​ថ្មី​មេ​ឃុំ​ក្បាលត្រាច ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឈរ​ឈ្មោះ។ ពលរដ្ឋ​ថា​បញ្ហា​ទាំងនេះ​អាច​នឹង​មាន​ដំណោះស្រាយ ព្រោះ​លោក ដួង សារិន ដែល​ជា​មេ​ឃុំ​បច្ចុប្បន្ន​លែង​ឈរ​ឈ្មោះ​ជា​មេ​ឃុំ ហើយ​បេក្ខភាព​មេ​ឃុំ​ថ្មី​ទាំង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​មាន​សមត្ថភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​យុវជន​យល់​ថា​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

$
0
0

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ពុទ្ធិក​សមាគម​ខ្មែរ​នៅ​កម្ពុជា រួម​នឹង​យុវជន​ជាង ៤០​នាក់ ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​៣១ ឧសភា អំពី​សារសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ពួក​គាត់​យល់​ថា យុវជន​នៅ​តែ​មាន​ភាព​ប្រឈម។

ក្រុម​យុវជន​លើក​ទស្សនៈ​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ខែ​មិថុនា ខាង​មុខ​នេះ។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ហៅ​កាត់​ថា ភី.ឌី.ភី (PDP) លោក ហេង គឹមហុង ថ្លែង​ថា យុវជន​មាន​តួនាទី​សំខាន់ ព្រោះ​ចលនា​យុវជន​ជា​ឋាមពល​ជំរុញ​ល្បឿន​អភិវឌ្ឍន៍​ប្រទេស៖ «យើង​ដឹង​ហើយ​ថា​នៅ​សង្គម​ណា​ក៏ដោយ កាលណា​កម្លាំង​យុវជន​ខ្លាំង កម្លាំង​យុវជន​ពោរពេញ​ទៅ​ដោយ​ឋាមពល និង​ចំណេះ​ដឹង​នោះ សង្គម​ក៏​រុញ​ទៅ​រក​ការ​អភិវឌ្ឍ​ហ្នឹង​មាន​ល្បឿន​លឿន​ដែរ។ តែ​កាលណា​បើ​យុវជន​នៅ​មាន​លក្ខណៈ​អាត្មា​និយម រស់នៅ​ក្នុង​សង្គម​មួយ​អវិជ្ជា រស់នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ចំណេះ​ដឹង​នៅ​ទាប នោះ​សង្គម​ក៏​ត្រូវ​បាន​ងាយស្រួល​អូស​ទាញ​ដោយ​អ្នក​នយោបាយ ហើយ​ការ​អភិវឌ្ឍ​ក៏​មាន​ល្បឿន​យឺត​ដែរ»

លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ យុវជន​បាន​ជ្រើសរើស​តំណាង​របស់​ខ្លួន​សម្រាប់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​អភិវឌ្ឍ ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រឹមត្រូវ។

ដូច​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទ​នៃ គ..ប លោក កែវ ផល្លា ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​អាណត្តិ​ទី​៤ នេះ អាច​នឹង​មាន​យុវជន​ជាប់​ជា​មេ​ឃុំ​ច្រើន​ជាង​អាណត្តិ​មុន ព្រោះ​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ពី​លេខ​រៀង​ទី​១ ដល់​លេខ​៥ ជិត ១០​ម៉ឺន​នាក់ មាន​ចំនួន​ពាក់​កណ្ដាល​ជា​យុវជន​អាយុ​ចាប់​ពី ២៥​ឆ្នាំ ដល់ ៣៥​ឆ្នាំ។ លោក​ថា យុវជន​កាន់​តែ​យល់​អំពី​តួនាទី​របស់​ខ្លួន៖ «ចំនួន​យុវជន​ដែល​ជា​បេក្ខជន​ពេញ​សិទ្ធិ​ក្នុង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ខាង​មុខ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា យុវជន​ចាប់​ផ្ដើម​យល់​ច្បាស់​អំពី​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី យុវជន​ខ្លះ​នៅ​តែ​មិន​ទាន់​គិតគូរ​ល្អិតល្អន់​អំពី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ។ ដូច​គ្នា​នេះ​ដែរ និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាស្ថាន​សេដ្ឋកិច្ច កញ្ញា កុប ច័ន្ទណាំ យល់​ថា យុវជន​មួយ​ក្រុម​បាន​ត្រៀម និង​យល់​រួច​ហើយ​អំពី​សមាសភាព​បេក្ខជន​បក្ស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ប៉ុន្តែ​យុវជន​មួយ​ក្រុម​ទៀត​ជួប​ការ​លំបាក ព្រោះ​តែ​គាត់​ជា​កម្មករ​ចំណាក​ស្រុក និង​ខ្វះ​ការ​បញ្ជាក់​អត្តសញ្ញាណ៖ «»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (ភី.ឌី.ភី) លោក យង់ គិមអេង ថ្លែង​ថា កិច្ច​ពិភាក្សា​គ្នា​នេះ គឺ​ចង់​ឲ្យ​យុវជន​ចូលរួម​កាន់​តែ​ច្រើន​ក្នុង​នយោបាយ និង​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត៖ «»

ទន្ទឹម​គ្នា​នេះ លោក យង់ គិមអេង ផ្ដល់​យោបល់​ថា គណបក្ស​នយោបាយ​នានា​គួរ​តែ​គិតគូរ​គោល​នយោបាយ​របស់​ខ្លួន​សម្រាប់​ទាក់ទាញ​យុវជន ព្រោះ​ការ​បោះឆ្នោត​របស់​យុវជន​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ធំ​នៅ​ក្នុង​គណបក្ស​នយោបាយ​ទាំងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឯកអគ្គរដ្ឋទូត​ប្រទេស​ធំៗ​បី​ស្នើ​ឲ្យ​គ.ជ.ប​ប្រកាស​លទ្ធផល​បោះឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត​តែ​ម្ដង

$
0
0

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប លោក ហង្ស ពុទ្ធា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ឯកអគ្គរាជទូត​ជប៉ុន ថា មន្ត្រី​ស្ថានទូត​ទាំង​បី​នោះ ស្នើ​ឲ្យ គ..ប ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត​តែ​ម្ដង គឺ​នៅ​ថ្ងៃ​ទី​៤ មិថុនា។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណនី​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌​និង​ហ្វេសប៊ុក​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​ត្រូវ​បាន​សង្គ្រោះ​ពី Hacker

$
0
0

គណនី​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​យុត្តិធម៌ និង​ហ្វេសប៊ុក ផ្ទាល់​ខ្លួន​របស់​អ្នកនាំពាក្យ​ក្រសួង​នេះ ត្រូវ​បាន​សង្គ្រោះ​ពី Hacker វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា បន្ទាប់​ពី​ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់គ្រង​អស់​រយៈពេល ១០​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដែល​ទើប​យក​មក​គ្រប់គ្រង​វិញ​បាន​នោះ ដោយ​ជម្រាប​ជូន​សាធារណជន​ថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌ និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់គាត់​ផ្ទាល់ ត្រូវ​បាន​គ្រប់គ្រង​ទាំង​ស្រុង ដោយ​ក្រុម​ការងារ​របស់​ក្រសួង​យុត្តិធម៌​វិញ​ហើយ។ ប៉ុន្តែ​លោក គឹម សន្តិភាព មិន​បាន​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក ទាំង​នេះ សង្គ្រោះ​យក​បាន​មក​វិញ​ដោយ​វិធី​ណា​នោះ​ទេ។

លោក គឹម សន្ដិភាព បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឲ្យ​ជួយ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​លួច​ចូល​គ្រប់គ្រង​សារ​អេឡិចត្រូនិក (Email) របស់​លោក និង​គណនី​ហ្វេសប៊ុក របស់​លោក​ផ្ទាល់ ព្រមទាំង​ហ្វេសប៊ុក ក្រសួង​យុត្តិធម៌ ហើយ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ការ​ឃោសនា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​ការ​ផ្សាយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​គណនី​ហ្វេសប៊ុក ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​មន្ត្រី​ក្រសួង​នេះ​អះអាង​ថា ជន​អនាមិក លួច​ចូល​គ្រប់គ្រង​នោះ​ទេ។ លោក​ថា អ្នក​នយោបាយ​គួរ​កុំ​យក​ពេល​ទៅ​បង្កើត​ក្រុម​ដើម្បី​កាច់​គ្នា ឬ​បំបែក​បំបាក់​បក្ស​ដៃគូ​នយោបាយ គួរ​តែ​​ដោះស្រាយ ឫសគល់​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ ឬ ឫសគល់​នៃ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម។

លោក យឹម សុវណ្ណ បញ្ជាក់​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ដែល​មាន​អ្នក​គាំទ្រ​ជាង ៤​លាន​នាក់ និង​គណនី​ហ្វេសប៊ុក របស់​មន្ត្រី និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ទៀត សម្រាប់​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​ចាំបាច់​ទៅ​លួច​ប្រើ​ហ្វេសប៊ុក ក្រសួង​យុត្តិធម៌ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​បក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

ទោះ​បី​គណនី​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌ និង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក គឹម សន្តិភាព ត្រូវ​បាន​សង្គ្រោះ​មក​វិញ ក៏ដោយ ប៉ុន្តែ​អ៊ីមែល ផ្ទាល់​ខ្លួន​របស់​គាត់ មិន​ទាន់​អាច​សង្គ្រោះ​មក​វិញ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

​ឯកសារ​ដែល​បែក​ធ្លាយ​ចេញ​ពី​អ៊ីមែល​របស់​លោក គឹម សន្តិភាព បង្ហាញ​ពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​មន្ត្រី​រូប​នេះ ដោយ​គ្រាន់​តែ​ក្បាល​ខ្សែ​ក្រវាត់​មួយ មាន​ដាំ​ពេជ្រ មាន​តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ (២២.៥០០​ដុល្លារ)។ ប៉ុន្តែ​លោក គឹម សន្តិភាព បដិសេធ​រាល់​ខ្លឹមសារ​ព័ត៌មាន​ដែល​បែក​ធ្លាយ​ចេញ​ពី​អ៊ីមែល​របស់​គាត់៖ «រាល់​ព័ត៌មាន​ដែល Hacker ដែល​អាច​យក​របស់​ខ្ញុំ ហើយ​គាត់ Hack បាន​ជំហរ​របស់​ខ្ញុំ​នៅ​ដដែល ដូចជា​លើក​មុន។ អ៊ីមែល​របស់​ខ្ញុំ​គាត់ Hack បាន ដូច្នេះ​ព័ត៌មាន​អ្វីៗ ក៏​គាត់​អាច​កែ​បាន​ដែរ។ នេះ​ជា​ជំហរ​របស់​ខ្ញុំ។ ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ទាំង​អស់»

​តាម​ពាក្យ​បណ្ដឹង​របស់​លោក គឹម សន្តិភាព បាន​រៀបរាប់​ថា អ៊ីមែល​ផ្ទាល់​ខ្លួន​របស់​លោក ត្រូវ​បាន​ជនអនាមិក​លួច​ចូល​គ្រប់គ្រង តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នោះ​ដែរ។ លោក គឹម សន្តិភាព បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ​ថា រហូត​មក​ដល់​ពេល​នេះ អ៊ីមែល​របស់​លោក​មិន​ទាន់​អាច​យក​មក​គ្រប់គ្រង​ខ្លួន​ឯង​វិញ​បាន​នៅ​ឡើយ​ទេ។

​ព័ត៌មាន​ដែល​លោក គឹម សន្តិភាព បាន​បដិសេធ​ផង​ដែរ គឺ​ឯកសារ​ស្ដីពី​ការ​បង្កើត​ក្រុម​ហ្វេសប៊ុក​មួយ កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។ ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន Cyber War Room (CWR) ដែល​បង្កើត​ឡើង​ដើម្បី​បង្កើន​សំឡេង​គាំទ្រ​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​ដើម្បី​បន្សាប​ព័ត៌មាន​របស់​បក្ស​ប្រឆាំង​តាម​ហ្វេសប៊ុក។

ក្រុម​វាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណិត​នេះ មាន​រាយ​នាម​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​លោក សុខ ពុទ្ធិវុធ កូនប្រសា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន លោក ឌិត ទីណា កូន​ប្រុស​លោក ឌិត មន្ទីរ ជា​អនុប្រធាន​លោក គឹម សន្ដិភាព កូនប្រសា​លោក ជាម យៀប ជា​អនុ​ប្រធាន លោក មាន ចាន់យ៉ាដា បច្ចុប្បន្ន​ជា​អភិបាល​រង​ក្រុង​ភ្នំពេញ ជា​អនុប្រធាន និង​មន្ត្រី​មាន​ងារ​ជា​ឯកឧត្តម​ជា​ច្រើន​នាក់​ទៀត ជា​អនុ​ប្រធាន​ដឹកនាំ​ក្រុម​បណ្ដាញ​ព័ត៌មាន​នេះ។ ឯកសារ​បន្ត​ថា តួនាទី និង​ភារកិច្ច​របស់​ក្រុម​នេះ​នៅ​លើ​ការងារ​ហ្វេសប៊ុក គឺ​បន្សាប​រាល់​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​បក្ស​ប្រឆាំង ហើយ​ធ្វើ​ប្រតិកម្ម​ជា​បន្ទាន់​តាម​ប្រភេទ​ព័ណ៌​ខ្មៅ ប្រផេះ និង​ស។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក ហ៊ុន ម៉ាណែត បាន​ទេ ដោយ​លោក​មិន​តប​អ៊ីមែល​ដែល​អាស៊ីសេរី ផ្ញើ​ទៅ​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live