ជនរងគ្រោះដោយសារករណីបាញ់ប្រហារពីសំណាក់សាច់ញាតិអ្នកមានអំណាចនៅឃុំសេដា ស្រុកតំបែរ ព្រមទាំងក្រុមគ្រួសារអ្នកស្លាប់ និងរបួសក្នុងសំណុំរឿងមួយទៀតនៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អស់សង្ឃឹម ពីព្រោះពន្លឺយុត្តិធម៌សម្រាប់ពួកគេគឺគ្មានទេមកទល់ពេលនេះ។
មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា សំណុំរឿងមួយសមត្ថកិច្ចទទួលបានដីកាតាមចាប់ខ្លួនជនសង្ស័យ ប៉ុន្តែសំណុំរឿងមួយទៀតនៅមិនទាន់ទទួលបានដំណឹងពីតុលាការនៅឡើយទេ។
អស់រយៈពេលជិត ៣ឆ្នាំមកហើយ សំណុំរឿងបាញ់ប្រហារទៅលើពលរដ្ឋក្រីក្រនៅស្រុកតំបែរ និងស្រុកមេមត់ ស្ថាប័នពាក់ព័ន្ធមិនទាន់រកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះបានទេ។
គ្រួសារជនរងគ្រោះត្រូវរស់នៅក្នុងស្ថានភាពលំបាក គ្មានទីពឹង និងត្រូវរត់គេចខ្លួនចេញពីស្រុកកំណើតទៅរស់នៅស្រុកគេ ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ត្បិតជនល្មើសនៅមានសេរីភាពនៅឡើយ។ យុត្តិធម៌សម្រាប់ពួកគេ ហាក់នៅឆ្ងាយស្ទើរតែគ្មានសង្ឃឹមថានឹងទទួលបាន ត្បិតជនសង្ស័យទាំងនោះជាសមត្ថកិច្ច និងករណីមួយទៀតគឺជាសែស្រឡាយអ្នកមានអំណាច ជាដើម។
ជនរងគ្រោះម្នាក់នៅឃុំសេដា ស្រុកតំបែរ លោក អែល អ៊ីសា ថ្លែងពីប្រទេសម៉ាឡេស៊ី ថា សុខភាពរបស់គាត់មិនបានរឹងមាំដូចដើមឡើយ ក្រោយពេលរងការបាញ់ប្រហារពីសំណាក់អតីតទាហានម្នាក់ឈ្មោះ ឃុត សោភ័ណ្ឌ ដែលលោកអះអាងថាជាក្មួយរបស់លោក គន់ គីម ជាអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកាលពីខែតុលា ឆ្នាំ២០១៤។ លោកបន្តថា គ្រួសារគាត់ត្រូវគេចចេញពីស្រុកកំណើតទៅរស់នៅស្រុកគេ ធ្វើជាកម្មករចៀរជ័រកៅស៊ូ ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ត្បិតជនល្មើសមិនត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ទេ។ ក្រោយកើតហេតុ គ្រួសារលោកបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច និងតុលាការ ប៉ុន្តែតុលាការបានកោះហៅម្តង ឬ ២ដងប៉ុណ្ណោះ ក៏បាត់ដំណឹងសូន្យ៖ «អត់មានបានដំណឹងអីទេបង! ទទេស្អាតម៉ង។ ខាងសមត្ថកិច្ចក៏អត់ឲ្យព័ត៌មាន ខាងតុលាការហៅទៅគ្រាន់តែសួរដូចលេងៗ»។
លោក អែល អ៊ីសា ត្រូវបានលោក ឃុត សោភ័ណ្ឌ បាញ់ធ្លុះជើងទាំងពីរកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ខណៈលោក និងប្រពន្ធទៅទារប្រាក់ពីបុរសរូបនេះចំនួន ២លានរៀលថ្លៃឈ្នួលចាក់ដី។ ក្រោយកើតហេតុពេលនោះ ជនល្មើសបានបើករថយន្តបម្រុងបុកជនរងគ្រោះបន្តទៀត ហើយក៏បើករត់គេចខ្លួនដោយនាំកាំភ្លើងចំនួន ២ដើមទៅជាមួយផង។
ជនរងគ្រោះដដែលបន្តថា ការងារជាកម្មករចៀរជ័រកៅស៊ូនៅប្រទេសម៉ាឡេស៊ី គឺប្រពន្ធរបស់លោកជាអ្នករ៉ាប់រង ដោយសារជំងឺរបស់គាត់ចេះតែធ្វើទុក្ខ ដូចជាស្ពឹកដៃស្ពឹកជើង ញាក់ញ័រ ជាដើម។ ស្ថានភាពជំងឺមិនទាន់បានប្រសើរ ចំណែកជនល្មើស លោកទទួលព័ត៌មានថាតែងចេញចូលផ្ទះប្រពន្ធចុងនៅឃុំសេដា ដដែល៖ «ឲ្យរាជរដ្ឋាភិបាលរកយុត្តិធម៌ ព្រោះខ្ញុំទន្ទឹងរង់ចាំ។ សព្វថ្ងៃហ្នឹងខ្ញុំបាត់បង់ជំនឿទៅលើរាជរដ្ឋាភិបាលរាល់ថ្ងៃហ្នឹង»។
រីឯករណីបាញ់បង្ក្រាបកន្លែងជល់មាន់នៅឃុំចាន់មូល ស្រុកមេមត់ បណ្ដាលឲ្យពលរដ្ឋម្នាក់ឈ្មោះ ឆាយ អឿន ស្លាប់ ក្រុមគ្រួសារជនរងគ្រោះក៏មិនទាន់ទទួលបានយុត្តិធម៌ដែរ។ ឪពុកបង្កើតជនរងគ្រោះ គឺលោក គ ឆាយ រៀបរាប់ថា រយៈពេលជិត ៣ឆ្នាំមកហើយដែលពួកគាត់ទន្ទឹងរង់ចាំយុត្តិធម៌។ លោកយល់ថា យុត្តិធម៌ដែលពួកគាត់រង់ចាំ គឺនៅសែនឆ្ងាយមិនអាចរំពឹងបានទេ៖ «កាលណាតែមិនបានរកយុត្តិធម៌ជូនកូនខ្ញុំហ្នឹង តុលាការនៅទីនេះក៏អស់ជំនឿលើតុលាការដែរ ព្រោះសំណុំរឿងសម្លាប់មនុស្សអត់មានដោះស្រាយរកភាពយុត្តិធម៌ឲ្យប្រជាពលរដ្ឋផងហ្នឹង»។
លោក ឆាយ អឿន អាយុ ២៥ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈលោកកំពុងឈរមើលគេជល់មាន់ ហើយត្រូវបានសមត្ថកិច្ចដែលចុះបង្ក្រាបកន្លែងជល់មាន់នៅក្នុងឃុំចាន់មូល បាញ់ត្រូវជាច្រើនគ្រាប់។ ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា ជាឧប្បត្តិហេតុភ្លាត់គ្រាប់ត្រូវយុវជនរូបនោះស្លាប់ប៉ុណ្ណោះ។ គ្រួសារជនរងគ្រោះធ្លាប់អះអាងថាមិនមែនជាករណីភ្លាត់គ្រាប់ទេ តែជាចេតនារបស់មន្ត្រីនគរបាលតែម្តង ពីព្រោះលោក ឆាយ អឿន ត្រូវគ្រាប់កាំភ្លើងចំនួន ៣កន្លែងផ្សេងគ្នា។
ការស្លាប់របស់លោក ឆាយ អឿន បន្សល់ទុកនូវប្រពន្ធ និងកូនស្រីកំព្រាម្នាក់ ហើយត្រូវនាំគ្នាទៅរស់នៅជាមួយឪពុកម្ដាយវិញ។
កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រុមគ្រួសារលោក ឆាយ អឿន បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តកំពង់ចាម ដោយប្ដឹងឈ្មោះ ជី លីមហេង ជាអធិការរងស្រុកមេមត់ ដែលជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងជល់មាន់កាលណោះ និងបក្ខពួក ៧នាក់ទៀតពីបទមនុស្សឃាតដោយចេតនា។ ចាប់តាំងពីដាក់ពាក្យប្ដឹងរួចមក គ្រួសារសពត្រូវបានតុលាការកោះហៅចំនួន ២ដងប៉ុណ្ណោះ ក៏បាត់ដំណឹងសូន្យ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម លោក រៀល សុភិន ធ្លាប់អះអាងថា សំណុំរឿងនេះ លោកបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ។
ទោះបីយ៉ាងណាក៏ដោយ ស្នងការរង និងជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំ លោក ចក់ សុខកៅ មានប្រសាសន៍នៅថ្ងៃទី១៩ ឧសភា ថា សំណុំរឿងទាំងនេះ សមត្ថកិច្ចបានបញ្ជូនទៅតុលាការអស់ហើយ។ លោកបញ្ជាក់ថា រឿងក្តីបាញ់ប្រហារលើពលរដ្ឋម្នាក់នៅស្រុកតំបែរ បណ្ដាលឲ្យធ្លុះជើងទាំងពីរនោះ តុលាការបានបញ្ជូនដីកាបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យឈ្មោះ ឃុត សោភ័ណ្ឌ កាលពីឆ្នាំ២០១៦ ប៉ុន្តែខាងលោកមិនទាន់មានតម្រុយថាជនសង្ស័យនៅទីណានោះទេ៖ «រាល់ថ្ងៃនេះ សមត្ថកិច្ចរបស់ខ្ញុំបាទ! ចំណាត់ការរបស់ខ្ញុំកំពុងដុតដៃដុតជើងរកមុខសញ្ញាហ្នឹង។ បើកយុទ្ធនាការអនុវត្តដីកាដែលនៅសេសសល់ហ្នឹង។ ចាត់ចែងក្រុមអនុវត្តដីកាហ្នុងតាមបណ្ដាស្រុកក្រុងទាំង ៧ហ្នឹង»។
ស្នងការរងខេត្តដដែលមិនបានដឹងទេថា ជនសង្ស័យឈ្មោះ ឃុត សោភ័ណ្ឌ ជាប់សែស្រឡាយ លោក គន់ គីម ឬយ៉ាងណា ប៉ុន្តែអតីតអធិការស្រុកតំបែរ លោក ហុង គីមហឿន ធ្លាប់អះអាងថា ជនសង្ស័យរូបនេះមិនបានជាប់សាច់ឈាមលោក គន់ គីម ទេ។
លោក ចក់ សុខកៅ ឲ្យដឹងទៀតថា ចំពោះសំណុំរឿងបង្ក្រាបកន្លែងជល់មាន់នៅឃុំចាន់មូល បណ្ដាលឲ្យបុរសម្នាក់ស្លាប់ សមត្ថកិច្ចមិនទាន់ទទួលបានការឆ្លើយតបណាមួយពីតុលាការឡើយ។
យ៉ាងនេះក្តី សង្គមស៊ីវិលមើលឃើញថា ចំណាត់ការរបស់តុលាការ និងសមត្ថកិច្ច ធ្វើឲ្យពលរដ្ឋរងគ្រោះកាន់តែបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់រដ្ឋ។ ស្ទើរតែរាល់សំណុំរឿងរបស់ពលរដ្ឋក្រីក្រជាមួយសមត្ថកិច្ច ឬសាច់ញាតិអ្នកមានអំណាច តុលាការហាក់មិនបានយកចិត្តទុកដាក់ឡើយ ប៉ុន្តែបើសំណុំរឿងទាំងនោះកើតឡើងទៅលើមន្ត្រីសង្គមស៊ីវិល មន្ត្រីគណបក្សប្រឆាំង ពលរដ្ឋទន់ខ្សោយ តុលាការនៅកម្ពុជា ចាត់ការរហ័សដូចផ្លេកបន្ទោរ។
កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវយុទ្ធនាការ ១០០ថ្ងៃ ដើម្បីវាយតម្លៃប្រសិទ្ធភាព និងគុណភាពការងាររបស់តុលាការនៅទូទាំងប្រទេស។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា ភាពយុត្តិធម៌សម្រាប់ពលរដ្ឋរងគ្រោះទាំងនោះ គឺមិនងាយធ្លាក់ដល់ដៃពួកគេទេ ខុសពីសំណុំរឿងអ្នកមានប្រាក់ មានអំណាច ឬក្រុមហ៊ុនប្ដឹងពលរដ្ឋ គឺសមត្ថកិច្ច និងតុលាការចាត់ការភ្លាមៗ បើទោះបីជារឿងខ្លះគ្មានភស្តុតាងជាក់ស្តែងក៏ដោយ។ ចំណែកយុទ្ធនាការកំណែទម្រង់ស្ថាប័នតុលាការពីសំណាក់ក្រសួងយុត្តិធម៌ វិញ លោកអស់សំណើច ពីព្រោះមិនដឹងថាវាមានប្រសិទ្ធភាពកម្រិតណា៖ «ដោយសារតែយើងឃើញថាយុទ្ធនាការ ១០០ថ្ងៃ វាយតម្លៃតុលាការហ្នឹង យើងសួរថាតើនរណា? ទីមួយថាតើតុលាការខ្លួនឯងហ្នឹង តើគាត់ហ៊ាននិយាយពីចំណុចអវិជ្ជមានបានប៉ុន្មាន? ហើយហ៊ានយកចំណុចអវិជ្ជមានទៅវាយអត់»។
មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ភាពអយុត្តិធម៌ទាំងនេះបណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងសង្គមទាំងមូល។ លោកថា ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋជាម្ចាស់អំណាច ដូច្នេះពួកគេអាចកែប្រែប្រព័ន្ធយុត្តិធម៌ឲ្យប្រសើរឡើងវិញបាន គឺតាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំល្អប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។