Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ​ហៅ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ថា​មាន​ការ​រើសអើង

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ យល់​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​របស់​ខ្លួន​អាច​ធ្វើ​ពិធី​ជួបជុំ និង​ឃោសនា​បោះឆ្នោត​នៅ​សួន​ច្បារ​សាធារណៈ​ក្នុង​ក្រុង គឺ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា និង​រើសអើង​គណបក្ស​នយោបាយ។ ពួកគេ​បញ្ជាក់​ថា ទីតាំង​តែមួយ​នោះ គណបក្ស​កាន់​អំណាច​ធ្វើ​ពិធី​ជួបជុំ​ឃោសនា​កាល​ពី​ថ្ងៃ​ឃោសនា​​ថ្ងៃ​ទី​១ បាន ប៉ុន្តែ​បែរ​ជា​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធ្វើ​ទៅ​វិញ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ថា នឹង​យក​ទីតាំង​សួនច្បារ​កំពង់ក្របៅ សង្កាត់​កំពង់ក្របៅ ក្រុង​ស្ទឹងសែន ធ្វើ​ពិធី​ជួបជុំ និង​ឃោសនា​បោះឆ្នោត​ដដែល បើ​ទោះ​បី​ជា​ទីតាំង​នេះ​អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ក្ដី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា ការ​ប្រកាន់​ជំហរ​បែប​នេះ គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​ប៉ុណ្ណោះ។ លោក​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត រើសអើង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ទីតាំង​តែមួយ គណបក្ស​កាន់​អំណាច​អាច​ធ្វើ​ពិធី​ជួបជុំ​ឃោសនា​បាន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ប៉ុន្តែ​គណបក្ស​ប្រឆាំង​បែរ​ជា​អាជ្ញាធរ​ជំទាស់ ក្រោម​ហេតុផល​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

ហេតុផល​ទាំង​នេះ លោក ស៊ុន ចន្ធី យល់​ថា ជា​ការ​បង្ហាញ​ពី​កម្សោយ​របស់​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ជា​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា៖ «ដូច្នេះ​ការ​ដែល​អាជ្ញាធរ​បដិសេធ​ដំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ហើយ​ជា​គោលការណ៍​មួយ​ដែល​អាជ្ញាធរ​ខេត្ត​មិន​បាន​អនុវត្ត​ទៅ​នឹង​គោលការណ៍​ស្មើភាព​គ្នា»

កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា អភិបាល​រង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន បាន​ចេញ​លិខិត​មួយ​ឆ្លើយ​តប​នឹង​សំណើ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​អនុញ្ញាត​ឱ្យ​យក​ទីតាំង​ទី​សួនច្បារ​កំពង់ក្របៅ ដើម្បី​ជួបជុំ​ឃោសនា​បោះឆ្នោត​ឡើយ ក្រោម​ហេតុផល​ថា ទីតាំង​នោះ​តូច​ចង្អៀត មិន​មាន​ផ្លូវ​សម្រាប់​បញ្ចៀស​ចរាចរណ៍ ហើយ​នៅ​កៀក​នឹង​គល់​ស្ពាន​ស្ទឹងសែន ងាយ​នឹង​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

យ៉ាង​នេះ​ក្តី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​ចេញ​លិខិត​មួយ​ទៀត​មិន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ទីតាំង​ជួបជុំ​នៅ​សួនច្បារ​កំពង់ក្របៅ ដដែល។ លិខិត​នេះ ដើម្បី​ឆ្លើយ​តប​នឹង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​យក​ទីតាំង​នោះ​ជួបជុំ​ឃោសនាការ​បោះ​ឆ្នោត​របស់​ខ្លួន។ ក្នុង​លិខិត​នោះ​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ពិធី​ជួប​ប្រជុំ​នៅ​សួន​ច្បារ​កំពង់ក្របៅ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ទេ។ តាម​ពិត​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​កំពង់ក្របៅ បាន​អនុញ្ញាត​តាម​ប្រតិទិន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​សុំ​ក្នុង​ថ្ងៃ​ឃោសនា​ដំបូង ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ក្នុង​សង្កាត់​របស់​ខ្លួន​ប៉ុណ្ណោះ។ ចំណែក​ការ​ស្នើ​សុំ​រៀបចំ​ពិធី​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អធិបតីភាព​ប្រធាន​គណបក្ស​លោក កឹម សុខា គឺ​ធ្វើ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ និង​មាន​សមាជិក​ច្រើន​មក​ពី​តាម​បណ្ដា​ក្រុង និង​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ លើ​ផ្លូវ​តូច​ចង្អៀត គ្មាន​កន្លែង​បញ្ចៀស​ចរាចរណ៍ ហើយ​ជា​កន្លែង​កៀក​គល់​ស្ពាន ងាយ​នឹង​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ឃើញ​ថា ហេតុផល​របស់​អាជ្ញាធរ​ខេត្ត គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​គោលការណ៍​ស្មើភាព​គ្នា​ក្នុង​ករណី​ទីតាំង​តែមួយ​ ប្រសិនបើ​គណបក្ស​មួយ​អាច​រៀបចំ​បាន គណបក្ស​មួយទៀត​ក៏​អាច​រៀបចំ​នៅ​ទីតាំង​នោះ​បាន​ដែរ៖ «អ៊ីចឹង​គួរ​ពិចារណា​ឡើង​វិញ​ទៅ ហើយ​យើង​ធ្វើការ​សម្របសម្រួល​គ្នា​ទៅ​ដើម្បី​ជៀសវាង​បញ្ហា​ណា​មួយ​កើតឡើង​នេះ​គឺ​ជា​ការ​ប្រសើរ​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បញ្ជាក់​ថា ប្រសិនបើ​នៅ​ថ្ងៃ​គណបក្ស​ប្រឆាំង​រៀបចំ​វេទិកា​ឃោសនា​ការ​បោះ​ឆ្នោត​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដែល​បាន​ស្នើ​សុំ ហើយ​មាន​សកម្មភាព​រារាំង​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ គឺ​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការ​រើសអើង​គណបក្ស​នយោបាយ​តែម្ដង។

អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ចេញ​លិខិត​បដិសេធ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៣ លើក​រួច​មក​ហើយ។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ទីតាំង​ពីរ​កន្លែង​នៅ​ទី​រួម​ខេត្ត​កំពង់ធំ និង​មួយ​កន្លែង​ទៀត​នៅ​មុខ​ផ្សារ​កំពង់ថ្ម ស្រុក​បារាយណ៍ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ទាំង​អស់ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។ អាជ្ញាធរ​តម្រូវ​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​រៀបចំ​ពិធី​នៅ​ទីតាំង​ផ្សេង ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ជា​ទីតាំង​មិន​ល្អ ឬ​មិន​សូវ​មាន​ចាប់​ការ​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក កឹម សុខា រំពឹង​ថា​បក្ស​ប្រឆាំង​​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ៦០% ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រំពឹង​ថា គណបក្ស​លោក​នឹង​ទទួល​បាន​សំឡេង​គាំទ្រ ៦០% ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤​នេះ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ចំអក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ព្រោះ​កម្លាំង​ដែល​ធ្លាប់​មាន​ក្នុង​ការ​បោះឆ្នោត​កាល​ឆ្នាំ​២០១៣ បាន​បែកខ្ញែក​អស់​ហើយ។

លោក កឹម សុខា ដើរ​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ឱកាស​ដែល​លោក​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​អហិង្សា និង​ប្រកួត​ដោយ​ថ្លៃ​ថ្នូរ។ លោក​ថា ការ​ប្រកួត​ប្រជែង​លើក​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​សំឡេង​យ៉ាង​តិច ៦០% ដោយ​សំអាង​ថា ពលរដ្ឋ​មើល​ឃើញ​ថា គោលនយោបាយ​ទាំង ៥​ចំណុច ដើម្បី​អភិវឌ្ឍន៍​ឃុំ-សង្កាត់ អាច​អនុវត្ត​បាន។

ក្រោយ​ជួប​អ្នក​គាំទ្រ​ប្រមាណ ១​ពាន់​នាក់​នៅ​ក្រុង​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា លោក កឹម សុខា ប្រាប់​អាស៊ីសេរី​ថា សកម្មភាព​ឃោសនា​ជិត ១​សប្ដាហ៍​ដំបូង គឺ​មាន​ភាព​ប្រសើរ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជួយ​សម្រួល​ចរាចរណ៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​តិចតួច​ទាន់​ពេល។ លោក​ថា បើ​ស្ថានភាព​ល្អ​ប្រសើរ​ដូច​នេះ បន្ត​រហូត​ដល់​ថ្ងៃ​បោះឆ្នោត នឹង​ពុំ​មាន​ការ​តវ៉ា​អ្វី​កើត​ឡើង​ទេ​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ឥឡូវ​នេះ​ប្រសើរ​ជាង​មុន រហូត​ដល់​ថ្ងៃ​នេះ​អត់​មាន​បញ្ហា​ធំដុំ​ទេ។ ដូច្នេះ​ហើយ​បាន​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​សភាពការណ៍​នេះ​ត​ទៅ​មុខ​ទៀត ហើយ​ថ្ងៃ​បោះ​ឆ្នោត​ក្ដី រាប់​សន្លឹក​ឆ្នោត​ក្ដី សូម​ឲ្យ​ប្រកាស​លទ្ធផល​ពិត​ប្រាកដ មិន​ប្រកាស​ដូច​ក្រសួង​ព័ត៌មាន​ទេ គឺ​ប្រកាស​ដោយ គ.ជ.ប»

លោក​បញ្ជាក់​ថា ការ​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ​នោះ គឺ​អាស្រ័យ​លើ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ហើយ​គណបក្ស​មិន​អាច​ទៅ​ទាញ​ពលរដ្ឋ​ឲ្យ​តវ៉ា ឬ​ជំទាស់​ឆន្ទៈ​ពួកគេ​ឡើយ។ ប៉ុន្តែ​លោក​ជឿជាក់​ថា បើ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ដូច​ការ​រំពឹង​ទុក ហើយ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​ទទួល​យក​ដោយ​អស់​ចិត្ត។

ចំណែក​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ដៃគូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំអក​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​ថា បើ​ទោះ​បី​ជា​ខំ​ប្រឹង​និយាយ​លួងលោម​ពលរដ្ឋ​ម្ចាស់​ឆ្នោត​យ៉ាង​ណា​ក៏​មិន​អាច​ប្រមូល​សំឡេង​គាំទ្រ​រហូត​ដល់ ៦០% ដែរ ព្រោះ​កម្លាំង​ធ្លាប់​រួប​រួម​គ្នា បាន​បែក​ទៅ​ចូល​រួម​គណបក្ស​ដទៃ និង​បង្កើត​បក្ស​ថ្មី ប្រៀប​ដូច​ទឹក​ដែល​ធ្លាប់​ពេញ​ពាង ស្រក​មក​នៅ​កន្លះ​ពាង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា កម្លាំង​បក្ស​សង្គ្រោះ​ជាតិ លែង​ខ្លាំង​ដូច​កាល​ពី​ឆ្នាំ​២០១៣ ដោយ​លោក​មើល​ឃើញ​ថា កម្លាំង​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ក្រុម​លោក សួន សេរីរដ្ឋា សុទ្ធ​តែ​លែង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្រព​ពេល​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​ខ្លះ អស់​ជំនឿ ហើយ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន៖ «ឯកឧត្ដម កឹម សុខា និយាយ​អ៊ីចឹង​វា​គ្រាន់​តែ​ជា​វោហារសាស្ត្រ​នយោបាយ​ដើម្បី​កម្លាំង​ចិត្ត​សមាជិក​សមាជិកា ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​របស់​គាត់​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។ យើង​ដឹង​ហើយ​ថា ឆ្នាំ​២០១៣ បក្ស​សង្គ្រោះ​ជាតិ បាន​ឡើង​ដល់​ចំណុច​កំពូល​ហើយ តែ​ក្រោយ​ការ​តវ៉ា​ជិត​មួយ​ឆ្នាំ​យើង​ឃើញ​ថា កម្លាំង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លែង​គាំទ្រ​គណបក្ស​នេះ​ទៀត​ហើយ»

លោក សុខ ឥសាន យល់​ថា ពុំ​មាន​ហេតុ​ផល​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​លេស​លុបលាង​ភាព​បរាជ័យ​របស់​បក្ស​ប្រឆាំង​នោះ​ទេ បើ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ឬ​ចោទ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ឯករាជ្យ​នោះ។ កន្លង​ទៅ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ឯកភាព​គ្នា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​សមាសភាព គ.ជ.ប ចប់​សព្វគ្រប់​អស់​ហើយ​ដែរ។

លោក សុខ ឥសាន រំលឹក​ថា ភាព​ចន្លោះ​ប្រហោង​ទាក់ទង​នឹង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ចូល​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រួច​ហើយ។ ដូច្នេះ​បើ​មាន​ការ​តវ៉ា​អ្វី​កើត​ឡើង​ទៀត​នោះ លោក​ចាត់​ទុក​ថា ជា​សកម្មភាព​តវ៉ា​បែប​អានាធិបតេយ្យ៖ «អ៊ីចឹង​អ្នក​ណា​តវ៉ា​តាម​បែប​អានាធិបតេយ្យ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជា​លេស​នេះ គឺ​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ខ្ញុំ​ឧទាហរណ៍​ទេ! ពេល​មាន​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ពី​គ.ជ.ប ហើយ​បើ​មិន​បាន​ចូល​ប្រជុំ​តាម​ការ​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​តាម​ព្រះមហាក្សត្រ​ទេ អា​នោះ​ត្រូវ​បាត់បង់​អាសនៈ​ដោយ​ស្វ័យប្រវត្តិ ហើយ​បើ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ខ្លាំង​ដូច​ឆ្នាំ​២០១៣ អា​ហ្នឹង​ត្រូវ​បាត់​បង់​សិទ្ធិ​នយោបាយ​ទាំង​ស្រុង»

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក មាស នី បារម្ភ​ថា បញ្ហា​ខ្លះ​អាច​នឹង​កើត​មាន បើ គ.ជ.ប មិន​បាន​ត្រួត​ពិនិត្យ​ការ​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ដោយ​លោក​មើល​ឃើញ​ថា គណបក្ស​នយោបាយ​ខ្លះ​មិន​បាន​គោរព ឬ​រំលោភ​ទៅ​លើ​ការ​ណែនាំ​គ.ជ.ប។ ការ​តវ៉ា​តែងតែ​កើត​មាន​នៅ​ក្នុង​បរិបទ​នយោបាយ​កម្ពុជា តែ​ការ​តវ៉ា​មិន​ប្រាកដ​ចេញ​តែ​ពី​បក្ស​ប្រឆាំង​នោះ​ទេ៖ «អ្នក​ចាញ់​តែងតែ​ទាមទារ​អ្វី​ផ្សេង​ទៀត។ ខ្ញុំ​មិន​និយាយ​ថា CNRP ចាញ់​ទេ តែ​បើ CPP ចាញ់​ឆ្នោត ឬ​បាត់​សន្លឹក​ឆ្នោត​ច្រើន ជួន​កាល​ក៏​អាច​មាន​ការ​តវ៉ា​ឡើង​ដែរ​បាទ! ហើយ​ក៏​យើង​មិន​អាច​និយាយ​ថា ឲ្យ​តែ​អ្នក​តវ៉ា​ចេញ​ពី​គណបក្ស​ប្រឆាំង​ដែរ ព្រោះ​នេះ​ជា​វប្បធម៌​មួយ​ទៅ​ហើយ»

ចំពោះ លោក មាស នី ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​៤ នេះ មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ប្រដំប្រសងគ្នា។

មាន​លទ្ធផល​ប្រដំប្រសងគ្នា​ដោយសារ​គណបក្ស​កាន់​អំណាច​មិន​ទាន់​ធ្វើ​កំណែទម្រង់​អ្វី​បាន​ជា​ដុំកំភួន និង​ការ​បំភិតបំភ័យ​រឿង​សង្គ្រាម​នៅ​មុន​ការ​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​បន្ត​បាត់​បង់​សំឡេង​គាំទ្រ។ចំណែក​បក្ស​សង្គ្រោះ​ជាតិ វិញ អាច​ស្រូប​យក​សំឡេង​គាំទ្រ​សរុប​ប្រហែល ៤០% នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ ហេតុផល​ដែល​អាច​ស្រូប​យក​បាន ត្រូវ​បាន​លោក​ពន្យល់​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភាគ​ច្រើន ជា​ពលរដ្ឋ​អស់​ជំនឿ​លើ​បក្ស​កាន់​អំណាច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ធំៗ និង​អ្នក​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​នយោបាយ​យក​ពួកគេ​ធ្វើ​ជា​ចំណាត់​ខ្មាំង​នយោបាយ​តាម​រយៈ​ការ​គំរាម​កំហែង​ផ្សេងៗ៖ «ការ​មើល​ឃើញ​ខុស​គ្នា ខាង​គណបក្ស​កាន់​អំណាច​ហាក់​ថា ការ​គំរាម​នឹង​អាច​ជួយ​ឲ្យ​ពលរដ្ឋ​ងាក​មក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​វិញ តែ​សម្រាប់​ប្រជាជន​ទូទៅ​វិញ​យល់​ឃើញ​ថា ការ​គំរាម​នេះ​ហាក់​យក​គាត់​ធ្វើ​ជា​ចំណាត់​ខ្មាំង»

អ្នក​វិភាគ​រូប​នេះ បាន​មើល​ឃើញ​គណបក្ស​តូចៗ​ពីរ កំពុង​ងើប​ឡើង​ដែរ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ទាំង​ពីរ​ភាគ​ច្រើន​ចេញ​ពី​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន ឬ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ដោយ​លោក​ឲ្យ​រង់ចាំ​​អ៊ុត​មើល​ទាំង​អស់​គ្នា​ថ្ងៃ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​៣​ថ្ងៃ​ដើម្បី​បោះឆ្នោត

$
0
0

គណបក្ស​សង្គ្រោះជាតិ​ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ជំរុញ​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​៣​ថ្ងៃ ដើម្បី​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា។ ការ​ទទូច​របស់​បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​កម្មករ​មួយ​ចំនួន​បារម្ភ​ពី​ការ​មិន​អាច​ទៅ​បោះឆ្នោត​បាន​ដោយសារ​តែ​ថៅកែ មិន​ផ្ដល់​ថ្ងៃ​ឈប់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត។

ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែក​ជើង​ជាង​១​ពាន់ (១០៧៩) និង​មាន​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​ជិត​៨​សែន​នាក់ ដែល​ភាគច្រើន​ជា​កូនចៅ របស់​អ្នកស្រុក​ស្រែចម្ការ។ ដោយសារតែ​នៅ​ពេល​បោះឆ្នោត​ម្តងៗ កម្មករ​មួយ​ចំនួន​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​បោះឆ្នោត ទើប​បក្ស​ប្រឆាំង​មានការ​បារម្ភ​ថា ប្រសិន​បើ​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់​សម្រាក​គ្រប់គ្រាន់ ដើម្បី​ធ្វើដំណើរ​ទៅវិញទៅមក​ទេ កម្មករ​ទាំងអស់​នោះ នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន។

ព្រោះតែ​ការ​បារម្ភ​នេះ​ហើយ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​ឲ្យ គ..ប ជំរុញ​ទៅ​បណ្ដា​រោងចក្រ សហគ្រាស ផ្ដល់​ថ្ងៃ​ឈប់សម្រាក​គ្រប់គ្រាន់​ដល់​កម្មករ​ធ្វើដំណើរ​ទៅ​បោះឆ្នោត។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា បក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ទៅ គ..ប កាល ពី​ថ្ងៃ​ទី​២៦ ឧសភា ដើម្បី​ស្នើសុំ​បញ្ហា​នេះ។ អ្នកស្រី​ថ្លែង​ថា ដោយសារ​កាល​ពី​ពេល​ចុះឈ្មោះ បោះឆ្នោត​ឃើញ​មាន​កម្មករ​មួយ​ចំនួនធំ​បាន​ធ្វើ​ដំណើរ​ទៅ​ចុះឈ្មោះ​នៅ​ស្រុកកំណើត ដូច្នេះ ដើម្បី​អាច​ទៅ​បោះឆ្នោត​បាន លុះណាតែ​កម្មករ​ទាំងអស់​នោះ​ទទួល​នូវ​សិទ្ធិ​ឈប់សម្រាក​យ៉ាង ហោច​ណាស់ ២ ទៅ​៣​ថ្ងៃ​ដែរ អាស្រ័យ​លើ​ទីតាំង​ជិត​ឬ​ឆ្ងាយ។ អ្នកស្រី​បញ្ជាក់​ថា បក្ស​ប្រឆាំង ស្នើ​ទៅ គ..ប នេះ គឺ​ដើម្បី​ការពារ​សិទ្ធិ​បោះឆ្នោត​របស់​កម្មករ៖ «ធម្មតា​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​វា​ទាល់តែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ជា​អ្នក​សម្រេច ហើយ​បើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហ្នឹង​មិនបាន​ទៅ​ជ្រើសរើស​វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ហើយ​ម្យ៉ាងវិញទៀត ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​គួរ​ណា​បាត់បង់​សិទ្ធិ​បោះឆ្នោត ជាពិសេស​ក្នុង​ខណៈ​ដែល​គាត់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រួចហើយ បែរជា​មិន​អាច​ទៅ​បោះឆ្នោត​បាន​ដោយសារ​តែ​ពុំ​មាន​ការ​អនុញ្ញាត ឬ​ពុំបាន​បង្ក​លក្ខណៈ ឬក៏​ផ្ដល់​ឱកាស​ពួកគាត់​ទៅ​បោះឆ្នោត​ក្នុង​ខណៈ​ដែល​អាច​ធ្វើ​បាន»

កាលពី​ថ្ងៃ​ទី​២៤ ឧសភា គ..ប ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​នៅ​កម្ពុជា ជួយ​សម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ និយោជិក ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ តាម​ឃុំ-សង្កាត់ ដែល​ពួកគេ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត។ ទោះជា​យ៉ាងណា អ្នកស្រី ម៉េង សុភារី យល់ថា ការ​អំពាវ​នាវ​នេះ​អាច​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​វា​មិន​មែន​ជា ការ​ដាក់​កំហិត​ដែល​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស​អនុវត្ត​តាម។ អ្នកស្រី ម៉េង សុភារី ក៏​ជំរុញ​ទៅ​ក្រសួង​ការងារ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ។

បញ្ហា​កម្មករ​មិន​មាន​ពេល​ឈប់​គ្រាន់​គ្រាន់​ដើម្បី​ធ្វើដំណើរ​ជា​រឿង​មួយ តែ​បញ្ហា​កម្មករ​មិន​មាន លុយ​ធ្វើដំណើរ​ទៅ​បោះឆ្នោត ដោយសារតែ​មិនទាន់​បើកប្រាក់​ខែ​ជា​រឿង​មួយ​ផ្សេងទៀត ដែល​សហជីព​ក៏បាន​សម្ដែង​ការ​បារម្ភ។

កាលពី​ថ្ងៃ​ទី​២៣ ឧសភា សហជីព​សេរី​កម្មករ​បាន​ដាក់​ពាក្យ​ស្នើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស សណ្ឋាគារ និង ភោជនីយដ្ឋាន បើក​ប្រាក់​ឈ្នួល​មុន​កំណត់​ដល់​កម្មករ និយោជិក ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត ព្រមទាំង​ត្រូវ​រក្សា​នូវ​ប្រាក់​បំណាច់​ផ្សេងៗ របស់​កម្មករ​សម្រាប់​ទៅ​ចូលរួម​បោះឆ្នោត។ សហជីព​ថា បើ​ក្រសួង​មិន​ជូនដំណឹង​ទៅ​រោងចក្រ សហគ្រាស នោះ​ទេ វា​ជា​ទង្វើ​ខុសច្បាប់​។

ការ​បារម្ភ​របស់​បក្ស​ប្រឆាំង និង​សហជីព ស្រប​ពេល​ដែល​កម្មករ​មួយ​ចំនួន​អះអាង​ថា ថៅកែ រោងចក្រ​មិន​ឲ្យ​ពួកគេ​ឈប់​គ្រប់គ្រាន់​ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា មាន​សហគ្រាស​ខ្លះ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​បាន ២ ទៅ ៣​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត​ដែរ ប៉ុន្តែ​សហគ្រាស​នឹង​កាត់​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជំនួស​វិញ។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា ថ្លែង​ថា គ..ប នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ដើម្បី​ពិភាក្សា​សំណើ​របស់​បក្ស​ប្រឆាំង។ ចំពោះ​លទ្ធផល​យ៉ាងណា នោះ គ..ប នឹង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នោះ៖ «..ប នឹង​រៀបចំ​ការប្រជុំ​រវាង​សមាសភាព​គ..ប ទាំង​៩​រូប ហើយក៏​អត់​ទាន់​យឺត​ពេល​ដែរ បើសិនជា​មានការ​សម្រេច​ចិត្ត​យ៉ាងណា ចាំ​ជូន​ព័ត៌មាន​នៅ​ពេល​ក្រោយ​ទៀត»

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ ឧសភា ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយ​មាន គណបក្ស​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សរុប​ទាំងអស់​១.៦៤៦ ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សំអាង​ខេត្ត​ស្ទឹងត្រែង​បើក​សវនាការ​រឿង​បក្ស​ប្រឆាំង​ប្ដឹង​មេ​ភូមិ

$
0
0

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បើក​សវនាការ​លើក​ដំបូង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​មេ​ភូមិ​ពី​បទ​គំរាមកំហែង​សកម្មជន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៤។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សំអាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ យល់​ព្រម​ទទួល​យក​ការ​ផ្សះផ្សា​ឈប់​ប្ដឹង​មេ​ភូមិ​សំអាង ពី​បទ​គំរាមកំហែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត បន្ទាប់​ពី​មេ​ភូមិ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​ប្រាក់​ជំងឺ​ចិត្ត ១០​ម៉ឺន​រៀល។

កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​ឧសភា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​សំអាង បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ បន្ទាប់​ពី​មេ​ភូមិ​សំអាង គឺ​លោក ម៉ែន សុខន បាន​គំរាម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ឃោសនា​បោះឆ្នោត​ដោយ​សំអាង​ថា សកម្មជន​នោះ​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន។

ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សំអាង លោក ស៊ុន លី បញ្ជាក់​ថា សវនាការ​ជុំវិញ​ពាក្យ​ប្ដឹង​​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ចប់​សព្វគ្រប់​នៅ​ការិយាល័យ​គណៈកម្មការ​រៀបចំ​បោះ​​ឆ្នោត​ឃុំ​សំអាង ដោយ​ភាគី​ដើម​បណ្ដឹង​យល់​ព្រម​សម្របសម្រួល​ទទួល​យក​ការ​សុំទោស និង​ប្រាក់​ជំងឺ​ចិត្ត​ពី​ចុង​ចោទ៖ «មេ​ភូមិ​គាត់​ដឹង​ដែរ គាត់​សុំទោស ដោយសារ​គាត់​ទើប​ឡើង​ថ្មី​គាត់​ក៏​ខ្សោយ​ចំណេះ​ដឹង»

​អាស៊ីសេរី ​មិន​អាច​ទាក់ទង​​មេ​ភូមិ​សំអាង លោក ម៉ែន សុខន សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ក៏ប៉ុន្តែ​ដើម​ចោទ​គី​លោក ធឿន ផៅ ឲ្យ​ដឹង​ថា លោក​ពិត​ជា​យល់ព្រម​ទទួល​យក​ការ​សម្របសម្រួល​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ដោយសារ​ភាគី​មេ​ភូមិ​ទទួល​ស្គាល់​កំហុស។

លោក​ថា ប្រធាន​ភូមិ​បាន​ប្រើ​ពាក្យ​គំរាម​ចាប់​ដាក់​គុក ២០​ឆ្នាំ ប្រសិន​លោក​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ៖ «មនុស្ស​ខ្ញុំ​ត្រង់​មិន​ដែល​ធ្វើ​ខុស​ដល់​គាត់​សារ​ភាព។ គាត់​ថា ខ្ញុំ​ទទួល​ខុស ហើយ​ប្អូន​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ ខ្ញុំ​ឈប់​ថា ខ្ញុំ​លែង​ស្រែក​ទៀត​ហើយ»

សេចក្ដី​រាយការណ៍​របស់​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ទី​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​មេ​ភូមិ​ដែល​រំលោភ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដោយសារ​តែ​ករណី​នេះ​មាន​សភាព​ធ្ងន់ធ្ងរ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ស្ទឹងត្រែង លោក ពុយ ចន្ថាឡាក់ បញ្ជាក់​ថា រយៈពេល​មួយ​សប្ដាហ៍​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ ភាព​មិន​ប្រក្រតី​ខ្លះៗ​ពិត​ជា​កើត​មាន ក៏ប៉ុន្តែ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត និង​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នៅ​ទីតាំង​ជាក់ស្ដែង។ លោក​ថា បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ករណី​នេះ​ បាន​ដោះស្រាយ​សម្របសម្រួល​ផ្សះផ្សា​ជានា​គ្នា​នៅ​ក្នុង​ឃុំ​រួច​ហើយ៖ «ការ​ផ្សះផ្សា​ជានា​គ្នា​នៅ​ក្នុង​ឃុំ​ហ្នឹង​ហើយ តែមួយ​ករណី​ហ្នឹង​មួយ​ទេ ក្រៅ​ពី​​​ហ្នឹង​យើង​សម្របសម្រួល​ជាក់ស្ដែង​ជាមួយ​គណបក្ស​នយោបាយ​បាន​ល្អ​ប្រសើរ»

​នៅ​ខេត្ត​ស្ទឹងត្រែង មាន​ឃុំ​សង្កាត់​ចំនួន ៣៦ និង​មាន​គណបក្ស​នយោបាយ​ចំនួន​៤ រួម​មាន គណបក្ស​​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​​បាន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទស្សនៈ​ពលរដ្ឋ​ចំពោះ​សារ​នយោបាយ​ឃោសនា​បោះឆ្នោត

$
0
0

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល ១​សប្ដាហ៍​កន្លង​មក​នេះ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ខ្លះ​ចាប់​អារម្មណ៍ ឯ​ខ្លះ​ទៀត​ក៏​មិន​ចាប់​អារម្មណ៍​ចំពោះ​សារ​នយោបាយ​ដែល​គណបក្ស​បាន​ឃោសនា​ដែរ។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា ពលរដ្ឋ​ដែល​បាន​សម្ភាស​ប្រាប់​ថា ពួកគេ​នៅ​តែ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ពួកគេ​ពេញ​ចិត្ត។

​អ្នក​លក់​ទឹក​អំពៅ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំងរំសេវ សង្កាត់​ផ្សារដើមគ លោក ប៊ុន សុបិន្ត ពេញ​ចិត្ត​គោលនយោបាយ​ទាំង​អស់​របស់​គណបក្ស​ពីរ តែ​លោក​មិន​ហ៊ាន​បញ្ជាក់​ថា បក្ស​ណា​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្នក​លក់​ទឹក​អំពៅ​រូប​នេះ ស្នើ​ទៅ​ចៅ​សង្កាត់​ដែល​ឡើង​ថ្មី​នៅ​ពេល​ខាង​មុខ កុំ​ភ្លេច​ពាក្យ​សន្យា​ដែល​កំពុង​ឃោសនា​នៅ​ពេល​នេះ៖ «មាន​អី គោលនយោបាយ​គាត់​ល្អ​ទាំង​សង​ខាង មិន​ថា​បក្ស​ណា ដូច​បក្ស​ណា សុទ្ធតែ​ល្អ​ដូច​គ្នា។ បើ​តាម​មើល​ឃើញ​តាម​ផ្លូវ​នេះ គឺ​ឃើញ​ថា មាន​បក្ស​ធំៗ​ពីរ ដែល​គាត់​ដូច​ថា លូត​ទៅ​ជាង​គេ។ មាន​បក្ស​ពីរ​ដែល​លូត​ទៅ​មុខ មាន​បក្ស​ធំៗ​ពីរ ដែល​មើល​ទៅ​ដូច​ល្អ ទំនង។ បក្ស​តូចៗ ដូចជា​មិន​ជា​ផ្លូវ​ការ​អី​ធំៗ ដូច​បក្ស​ពីរ​ហ្នឹង​ទេ»

ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ផ្សារថ្មីទី២ ខណ្ឌ​ដូនពេញ អ្នកស្រី យ៉ា សូវ៉ាធី ចាប់​អារម្មណ៍​ពី​សារ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកស្រី​ថា សារ​នយោបាយ​ដែល​គណបក្ស​ទាំង​ពីរ​នេះ បាន​ផ្សព្វផ្សាយ​១​សប្ដាហ៍​មក កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ស្រី​ងាយ​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «សារ​ហ្នឹង​វា​មាន​ន័យ​ខ្លឹមសារ ដូច​ថា​វា​ល្អ​ យើង​ឲ្យ​បំបាត់​ពុក​រលួយ​បាន សារ​គេ​ច្រើន ល្អ​ទាំង​អស់ មាន​អី​ដល់​ខ្លឹមសារ​គេ​ទៅ​ទាំង​អស់​មាន​អី​ស្ដាប់​បាន យល់​បាន»

​អ្នក​លក់​ល្ហុង​ទុំ និង​លក់​ម្ជូរ​តាម​រទេះ លោក ឃឹម សុខា ពេញ​ចិត្ត​ចំពោះ​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាង​គេ ព្រោះ​ជា​សារ​ដែល​ទាក់ទាញ​លោក។ ឯ​សារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​លក់​ល្ហុង​ទុំ​រូប​នេះ​ថា មិន​សូវ​ចាប់​អារម្មណ៍ ព្រោះ​ធ្លាប់​ឮ​ច្រើន​អាណត្តិ​មក​ហើយ តែ​អនុវត្ត​មិន​ដែល​បាន​ដូច​ជា​សារ​លុបបំបាត់​អំពើ​ពុករលួយ និង​សារ​បង្ក្រាប​គ្រឿងញៀន​ជាដើម។ ចំណែក​សារ​គណបក្ស​នយោបាយ​ក្រៅ​ពី​នេះ លោក​ថា មិន​បាន​ចាប់​អារម្មណ៍​ទេ៖ «ខាង​សង្គ្រោះ​ជាតិ​ល្អ​ណាស់​បង ខាង​សង្គ្រោះ​ជាតិ ល្អ​បំផុត! សារ​អា​រឿង​មនុស្ស​ចាស់​ហ្នឹង​ណា ឲ្យ​បាន អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ ហ្នឹង​បាន ៤​ម៉ឺន​ហ្នឹង ល្អ​ណាស់! អត់​ទេ​បង (ខាង​បក្ស​ប្រជាជន) អត់​មាន​តែម្ដង សា​រអា​រឿង​បំបាត់​អំពើ​ពុករលួយ​ហ្នឹង អត់​មាន​តែម្ដង នៅ​តែ​ដដែល ធ្វើ​អត់​បាន អា​ពុករលួយ នៅ​ទី​ណា​ក៏​ពុករលួយ​ដែរ»

និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ម្នាក់ លោក ញ៉េប ច័ន្ទតុលា ប្រាប់​ថា មិន​បាន​ចាប់​អារម្មណ៍​នឹង​សារ​នយោបាយ​ដែល​គ្រប់​គណបក្ស​បាន​ផ្សាយ​ទេ ដោយសារ​លោក​រវល់​សិក្សា។ តែ​ទោះ​យ៉ាង​ណា និស្សិត​រូប​នេះ​នឹង​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ដែល​លោក​ពេញ​ចិត្ត៖ «ព្រោះ​ថា ខ្ញុំ​នៅ​ជាប់​អត់​ទាន់​មាន​ការងារ​ធ្វើ​អ៊ីចឹង​ហើយ ខ្ញុំ​ត្រូវ​ការ​រៀន​ច្រើន​តិច ដើម្បី​ស្វែង​រក​ការងារ​ធ្វើ»

បុរស​ចំណាស់​ធាក់​ស៊ីក្លូ​នៅ​ផ្សារ​ថ្មី លោក ម៉ែន សេក ហាក់​ដូចជា​ធុញទ្រាន់​នឹង​ការ​ឃោសនា​សារ​នយោបាយ ព្រោះ​លោក​ថា​ដដែលៗ។ លោក​ធាក់​ស៊ីក្លូ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០ មក នៅ​ម្ដុំ​ផ្សារថ្មី ហើយ​លោក​ធ្លាប់​ស្ដាប់​សារ​អ្នក​នយោបាយ​ឃោសនា​តាំង​ពី​បោះឆ្នោត​សម័យ​អ៊ុនតាក់​មក ឮ​តែ​ពាក្យ​ដដែលៗ ប៉ុន្តែ​លោក​នៅ​តែ​ធាក់​ស៊ីក្លូ​ដដែល។ តែ​ទោះ​ជា​ធុញ​ក៏ដោយ លោក​នឹង​ទោះ​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ដែល​លោក​ពេញ​ចិត្ត៖ «វា​ដូច​តែ​គ្នា ដដែលៗ»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៨​ថ្ងៃ​ដំបូង នៅ​រាជធានី​ភ្នំពេញ គណៈកម្មការ​រាជធានី​ភ្នំពេញ រៀបចំ​ការ​បោះឆ្នោត ទទួល​បាន​ពាក្យ​បណ្ដឹង ១​ករណី គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ហែ​ខុស​គោលការណ៍។ ប្រធាន​គណៈកម្មការ​រាជធានី​ភ្នំពេញ រៀបចំ​ការ​បោះឆ្នោត លោក មាស ឆព្វណ្ណ ប្រាប់​ថា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​វាលស្បូវ ជា​អ្នក​ប្ដឹង តែ​បាន​ដោះស្រាយ​រួច​ហើយ ដោយ​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សុំ​ទោស និង​សន្យា​ជាមួយ​គណៈកម្មការ​រាជធានី​រៀបចំ​ការ​បោះឆ្នោត​ថា នឹង​មិន​ហែ​ក្បួន​ឃោសនា​ខុស​ពី​គោលការណ៍​ណែនាំ​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​មក​ពី​តាម​សកលវិទ្យា​ល័យនានា​ស្វែង​យល់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

$
0
0

យុវជន​ប្រមាណ​១០​នាក់ មកពី​សកល​វិទ្យា​នានា​ក្នុង​ក្រុងភ្នំពេញ ចាប់​ផ្ដើម​ស្វែង​យល់​ពី​គណបក្ស​នយោបាយ ដែល​ចូលរួម​បោះឆ្នោត។ ដំបូង​បង្អស់​ពួកគេ​បាន​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់ អំពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​២៧ ខែ ឧសភា។ ក្រុម​យុវជន​ទាំងនេះ ក៏​នឹង​បន្ត​ស្វែងយល់​អំពី​គណបក្ស​នយោបាយ​ផ្សេងៗ​ក្នុង​ពេល​បន្តបន្ទាប់​ទៀត​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺជា​គណបក្ស​ទី​១​ដែល​យុវ​និស្សិត​មកពី​សកល​វិទ្យា​នានា បាន​ជួប​សន្ទនា​ស្វែងយល់​ដំបូង​គេ អំពី​បុព្វហេតុ​នៃ​ការ​បង្កើត​គណបក្ស គោល​នយោបាយ ទស្សនវិស័យ ផែនការ​យុទ្ធសាស្ត្រ ការ​អនុវត្ត និង​សកម្មភាព​របស់​យុវជន​ចូលរួម​ក្នុង​គណបក្ស​នយោបាយ។

យុវជន​ម្នាក់​ឈ្មោះ ម៉ន វុទ្ធា លើក​ឡើង​ថា ទស្សនកិច្ច​ស្វែងយល់​អំពី​គណបក្ស​នយោបាយ​នេះ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​របស់​យុវជន​អំពី​គណបក្ស​នយោបាយ​កាន់តែ​ស៊ីជម្រៅ និង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។

យុវជន​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ជួប​សន្ទនា​ជាមួយ​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រួច​ហើយ​នោះ គឺ​ពួក​លោក​ជា​យុវជន​បាន​ដឹង​ច្រើន​អំពី​គណបក្ស​នេះ ដូចជា​ការ​ធ្វើ​ប្រជាធិបតេយ្យ​នៅ មូលដ្ឋាន ដោយសារ​បេក្ខជន​ដែល​ឈរ​បោះឆ្នោត មិនមែន​កើតឡើង​ដោយ​ការ​ចាត់​តាំងពី​មេ​គណបក្ស​ឡើយ គឺ​កើត​ចេញពី​ការបោះឆ្នោត​ជ្រើសរើស​ដោយ​សមាជិក​បក្ស​នៅ​មូលដ្ឋាន​តែម្ដង។ «»

រីឯ​យុវជន​ម្នាក់ទៀត មកពី​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា លើក​ឡើង​ថា ការ​ស្វែងយល់​អំពី​គណបក្ស នយោបាយ​នេះ គឺ​ជួយ​ឲ្យ​ពួកគេ​ងាយស្រួល​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេឃុំ ឬ​ចៅសង្កាត់​ដែល​ល្អ ដើម្បី​ដឹកនាំ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​រីកចម្រើន។ ជាពិសេស យុវជន​ទាំងនេះ ក៏​នឹង​បន្ត​ចែករំលែក​នូវ​អ្វី​ដែល​ពួកគេ​បាន​សិក្សា​ស្វែង​ពី​គណបក្ស​នយោបាយ​នានា ដល់​ប្រជាពលរដ្ឋ​បន្ត​ទៀត។ យុវជន​រូប​នេះ បន្ត​ថា ក្រោយ​ជួប​សន្ទនា សួរដេញដោល​ជាង​២​ម៉ោង នេះ​គឺ​លោក​សង្កេត​ឃើញ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោល​នយោបាយ​ល្អ និង​ច្បាស់លាស់។ «»

ក្រោយ​ជួប​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហើយ​នោះ យុវជន​ទាំងនេះ ក៏​នឹង​ទៅ​ជួប​ជាមួយ នឹង​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ដែរ ដើម្បី​សិក្សា​ស្វែងយល់​ដូចគ្នា ប៉ុន្តែ​ពេលនេះ ពួកគេ នៅ​មិនទាន់​កំណត់​ច្បាស់​ថា តើ​គណបក្ស​ណា​ជា​បក្ស​ដែល​ត្រូវ​ជួប​បន្ទាប់​នោះ​ទេ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន បាន​ថ្លែង​សរសើរ​យុវជន​ទាំងនេះ ដែល​បាន​ឆ្លៀត​ពេលវេលា​ស្វែងយល់​អំពី​រឿង​នយោបាយ និង​បញ្ហា​សង្គម។ លោក សាម អ៊ីន បាន​ប្រាប់​យុវជន​ទាំងនោះ​ច្រើន​អំពី​ការ​ក​កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធាន​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​បញ្ញវន្ត​មួយ​ចំនួន រួម​មាន​លោក​បណ្ឌិត កែម ឡី ជាដើម។

ទន្ទឹម​គ្នា​នេះ លោក​ក៏​បាន​ចែករំលែក​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន ដូចជា​ការអនុវត្ត​ប្រជាធិបតេយ្យ ផ្ទៃក្នុង​គណបក្ស​ដែល​អនុញ្ញាត​ឲ្យ​សមាជិក នូវ​មូលដ្ឋាន​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​បេក្ខជន​មេឃុំ ឬ​ចៅ​សង្កាត់​ដែល​ជ្រើស​រើស​នោះ គឺជា​មនុស្ស​ល្អ មាន​សមត្ថភាព និង​មាន​បទពិសោធន៍ មាន​ស្នាដៃ​ក្នុង​ការ​ដឹកនាំ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន។ «»

ក្រុម​យុវជន​រំពឹង​ថា ក្រោយ​ការ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​អំពី​គណបក្ស​នយោបាយ​នោះ គឺ​យុវជន​នឹង យល់ដឹង​អំពី​ដំណើរការ នៃ​ការវិវត្តន៍​របស់​គណបក្ស​នយោបាយ គោល​នយោបាយ ផែនការ យុទ្ធសាស្ត្រ និង​ការអនុវត្ត​របស់​គណបក្ស។ លើស​ពី​នេះ យុវជន​នឹង​មាន​ភាព​ក្លាហាន​ក្នុង​ការ បញ្ចេញមតិ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​នយោបាយ ហើយ​យុវជន​នឹង​ចែករំលែក​នូវ​ចំណេះដឹង អំពី​គណបក្ស​នយោបាយ​ទៅកាន់​ប្រជាពលរដ្ឋ​ផង​ដែរ ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រ​ដ៏​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​បន្ទប់​ស្ថានការណ៍​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​បោះឆ្នោត

$
0
0

សមាជិក​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ចុះទៅ​ហាមឃាត់​មិន​ឱ្យ​បន្ត​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​បោះឆ្នោត​ទៅ​ដល់​អ្នក​សង្កេតការណ៍​បោះឆ្នោត​រយៈពេល​ខ្លី នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា។ ការ​ចុះ​ទៅ​ហាមឃាត់​នេះ ដោយសារ​អាជ្ញាធរ​បញ្ជាក់​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នោះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ត្រី​ថ្នាក់​ខេត្ត​ជាមុន។

មន្ត្រី​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត និង​ជា​អ្នក​សម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ម៉ៃ ទិត្យ រៀបរាប់​ថា មាន​ប៉ូលិស​ប៉ុស្តិ៍​ចំនួន​ពីរ​នាក់ បាន​ចុះ​ទៅ​ហាមឃាត់ និង​នាំ​ខ្លួន​លោក​ឱ្យ​ទៅ​ជួប​ជាមួយ​អធិការ​ស្រុក ស្រប​ពេល​លោក​កំពុង​ត្រៀម​ចុះ​ទៅ​បង្រៀន​អំពី​នីតិវិធី​សង្កេតការណ៍​នៅ​ថ្ងៃ​បោះឆ្នោត​ទៅ​ដល់​អ្នក​សង្កេតការណ៍​រយៈពេល​ខ្លី​ចំនួន ៣២​នាក់ នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​​២៨ ឧសភា។

លោក​បន្ត​ថា គម្រោង​ចុះ​បង្រៀន​នេះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ បន្ទាប់ពី​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដល់​អធិការ​ស្រុក​រមាសហែក ហើយ​លោក​អធិការ​ឈ្មោះ សំ សំអុល បាន​ឱ្យ​លោក​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ខាង​សាលាស្រុក និង​សាលាខេត្ត​ជា​មុន​សិន។ លោក​អធិការ​រូប​នេះ ក៏​បាន​ចាត់​ទុក​សកម្មភាព​បង្រៀន​របស់​លោក​ថា រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ ថ្វី​ត្បិត​លោក​បកស្រាយ​ថា សកម្មភាព​នោះ មិន​ជាប់​ពាក់​នឹង​រឿង​នយោបាយ ហើយ​ជា​ការងារ​ដែល​មាន​កិច្ច​សហការ​ជាមួយ គ.ជ.ប ក្ដី៖ «គេ​សួរ​ខ្ញុំ​ថា មក​ហ្នឹង​មាន​លិខិត​ស្នាម លិខិត​បេសកកម្ម លិខិត​អនុញ្ញាត​ពី​សាលា​ខេត្ត សាលាក្រុង​ដែរ ឬ​អត់​បាន​ចុះ​មក​បង្រៀន​ហ្នឹង? ប៉ុន្តែ​ខ្ញុំ​បាន​មាន​លិខិត​បេសកកម្ម​ពី​កន្លែង​ការងារ​របស់​ខ្ញុំ ពី​ក្រសួង​មហាផ្ទៃ និង​ឯកសារ​មេរៀន ប៉ុន្តែ​គាត់​ថា ជា​ឯកសារ​ចេញ​ពី​ស្ថាប័ន​ទេ មិន​មែន​ចេញ​ពី​ខេត្ត​ទេ»

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា រូប​នេះ​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​អ្នកសង្កេតការណ៍​រយៈពេល​ខ្លី ដែល​លោក​ត្រូវ​បង្រៀន​នោះ គឺ​សុទ្ធតែ​មាន​ការ​ទទួល​ស្គាល់​ជា​អ្នក​សង្កេតការណ៍​ពី គ.ជ.ប ហើយ​ថ្វី​ត្បិត​មាន​ការ​ហាមឃាត់​យ៉ាង​នេះ​ក្ដី លោក​នឹង​រិះរក​វិធីសាស្ត្រ​ចុះ​បង្រៀន​ដល់​សមាជិក​ឱ្យ​ទាល់តែ​បាន ស្រប​ពេល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។

លោក ម៉ៃ ទិត្យ ចាត់​ទុក​ការ​រារាំង​របស់​អាជ្ញាធរ​ស្រុក​រមាសហែក បែប​នេះ ហាក់​ផ្ទុយ​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រមូលផ្ដុំ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​ស្រុក​រមាសហែក លោក សំ សំអុល បញ្ជាក់​ថា ពុំ​មាន​ការ​រារាំង​អ្វី​ឡើយ ប៉ុន្តែ​លោក​ថា គ្រាន់​តែ​ធ្វើ​តាម​ច្បាប់​ប៉ុណ្ណោះ ព្រោះ​រាល់​កិច្ចការ​របស់​សមាគម ឬ​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់ តែង​តែ​មាន​ការ​អនុញ្ញាត​ជាមុន​ពី​អាជ្ញាធរ ហើយ​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បាន​ឡើយ៖ «អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​ត្រួតពិនិត្យ ហើយ​អត់​មាន​ឯកសារ ខ្ញុំ​ឱ្យ​ទៅ​ធ្វើ​ឯកសារ ទៅ​ដល់​អាជ្ញាធរ​ខេត្ត អ៊ីចឹង​គេ​នឹង​ឱ្យ​ធ្វើ​ហើយ ហើយ​មិន​មាន​ការ​រារាំង​អី​ទេ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ថ្លែង​ថា ផ្អែក​តាម​ច្បាប់​បោះឆ្នោត មុន​នឹង​ចុះ​ទៅ​បង្រៀន​ទៅ​ដល់​អ្នក​សង្កេតការណ៍​បោះឆ្នោត​គឺ​ទាល់​តែ​មាន​លិខិត​អនុញ្ញាត​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ឬ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ជា​មុន​សិន ព្រោះ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ច្បាប់​ពុំ​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​គ្នា​លើស​ពី ១០​នាក់​ឡើយ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អាជ្ញាធរ​ធ្វើ​ការ​រារាំង​ចំពោះ​សកម្មភាព​ចុះ​បង្រៀន​អ្នក​សង្កេតការណ៍​ដោយ​មាន​លិខិត​អនុញ្ញាត​ពី គ.ជ.ប ថ្នាក់​ខេត្ត និង​ជាតិ​ដូច្នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ៖ «បើ​អត់​មាន​កាត​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត និង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អ៊ីចឹង​នៅ​ពេល​ចុះ​ទៅ​បង្រៀន​សង្កេតការណ៍ ទៅ​ដល់​ពលរដ្ឋ​ជា​អ្នក​សង្កេតការណ៍ ទាល់​តែ​មាន​លិខិត​អនុញ្ញាត​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សិន»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក នុត បូពិណ្ណារ័ត្ន យល់​ឃើញ​ថា ប្រសិនបើ​សកម្មភាព​ចុះ​បង្រៀន​អំពី​នីតិវិធី​គ្រាន់​តែ​ទាក់ទង​នឹង​ការ​សង្កេតការណ៍​បោះឆ្នោត ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ អាជ្ញាធរ​គួរ​តែ​មាន​ការ​អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​តាកែវ​ហៅ​ដីកា​កោះ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​​៥​នាក់​ថា​ជា​រឿង​នយោបាយ

$
0
0

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​បេក្ខជន​ក្រុមប្រឹក្សា​ទាំង ៥​រូប នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ គឺ​ជា​រឿង​នយោបាយ និង​រំលង​នីតិវិធី គ.ជ.ប។

លោក ម៉ៅ សុផល ប្រាប់​អាស៊ីសេរី ថា ក្រោយ​មាន​ជម្លោះ​កើត​ចេញ​ពី​ហែ​ក្បួន​ឃោសនា​កាល​ពី​ថ្ងៃ​ទី​២០ ទី​ឧសភា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ​ព្រៃខ្លា បាន​ហៅ​ភាគី​ទាំង​២ ទៅ​សម្របសម្រួល​គ្នា។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សម្របសម្រួល​ភាគី​ទាំង​២ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា មិន​ព្រម​ទទួល​យក​ទាំង​ពីរ​ភាគី ហើយ​បាន​ប្ដឹង​បន្ត​ទៅ​គណៈកម្មការ​ខេត្ត​តាកែវ រៀបចំ​ការ​បោះឆ្នោត។ គណៈកម្មការ​ខេត្ត​តាកែវ រៀបចំ​ការ​បោះឆ្នោត​នៅ​មិន​ទាន់​បាន​សម្របសម្រួល​ឲ្យ​ទេ។

អ្នក​ទាំង ៥​រូប ដែល​ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣១ ឧសភា សុទ្ធ​តែ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​ព្រៃខ្លា ខាង​គណបក្ស​សង្គ្រោះ​ជាតិ។

​បេក្ខជន​ក្រុមប្រឹក្សា​លេខ​រៀង​ទី​១ ឃុំ​ព្រៃខ្លា និង​ជា​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម ៥​នាក់ លោក កែវ អ៊ាត បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ លោក​បដិសេធ​ការ​ជេរ​ប្រមាថ​កើត​ចេញ​ពី​ក្រុម​លោក​មុន ហើយ​លោក​ថា វីដេអូ​ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឃើញ​រូបលោក​ប្រកែក​គ្នា​ជាមួយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​តែ​ត្រង់​ឈុត​លោក មិន​បាន​ថត​នៅ​ពេល​ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្លោះ​ប្រកែក ឬ​ជេរ​តប​វិញ៖ «គេ​ឃើញ​ម៉ូតូ​ខ្ញុំ​នៅ​កៀន​ថ្នល់​ហ្នឹង គេ​ថា បើ​វា​មិន​គេច​ចេញ​បើក​គោយន្ត​ហ្នឹង​បំបុក​វា​ចោល​ទៅ ហើយ​ខ្ញុំ​ឮ​សូរ​គេ​ថា​អ៊ីចឹង ខ្ញុំ​ក៏បាន​ដើរ​ទៅ​សួរ​គេ​ថា ពូ! ពូ​ឯង​ទៅ​ខាង​ណា​មក​ខាង​ណី? ស្រាប់តែ​មិន​ទាន់​បាន​សួរ​គេ​ផង គេ​ជេរ​ខ្ញុំ។ វីដេអូ​ខាង​គេ គេ​ដាក់​ខាង​គេ​​អ៊ីចឹង​ហើយ ធម្មតា​គេ​បំផ្លើស​យើង ហើយ​ខាង​ខ្ញុំ​អត់​មាន​នរណា​ថត​ផង​ហ្នឹង»

តែ​យ៉ាងណា លោក កែវ អ៊ាត ថា ពួក​លោក​ទាំង​៥ នឹង​ឡើង​តុលាការ​តាម​ដីកា​កោះ ប្រសិនបើ​គណបក្ស​ប្រឆាំង​ថ្នាក់​ខេត្ត​អនុញ្ញាត។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល ប្រាប់​ថា បាន​ត្រៀម​មេធាវី​សម្រាប់​អ្នក​ទាំង ៥​នាក់​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក កឹម សុខា​៖ ​គ្មាន​បុគ្គល​ណា​អាច​ចង្អុល​បង្ហាញ​តំណែង​អ្នក​ដឹកនាំ​ក្រៅ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ជា​ថ្មី​ថា សង្គ្រាម​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិនបើ​គេ​គ្រាន់​តែ​ប្រកួតប្រជែង​គ្នា​ផ្នែក​ទស្សនៈ ឬ​គំនិត ពិសេស​ប្រកួតប្រជែង​លើ​គោលនយោបាយ​ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​នោះ។ ការ​ថ្លែង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ និង​សមាជិក​របស់​ខ្លួន​ប្រមាណ ២​ពាន់​នាក់ ក្នុង​ពេល​ឃោសនាការ​បោះឆ្នោត នៅ​ទី​រួម​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ប្រទេស​កម្ពុជា គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​មែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា ឬ​ក្រុម​ណា​ទេ។ លោក​ថែម​ទាំង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​នាំ​គ្នា​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ​របស់​ខ្លួន មិន​មែន​បោះឆ្នោត​តាម​ការ​គំរាមកំហែង ឬ​ចង្អុល​បង្ហាញ​ពី​បុគ្គល​ណា​មួយ​ឡើយ។

លោក​ថា គ្មាន​បុគ្គល ឬ​បក្ស​ណា​អាច​ចង្អុល​បង្ហាញ​ថា តំណែង​ដឹកនាំ​ប្រទេស ឬ​ដឹកនាំ​ឃុំ-​សង្កាត់ ត្រូវ​ផ្ដល់​ជូន​ជន​នេះ ឬ​ជន​នោះ និង​កូន​ចៅ​របស់​ខ្លួន​ជា​អ្នក​បន្ត​វេន​បាន​ឡើយ ពីព្រោះ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​អ្នក​កំណត់​តែប៉ុណ្ណោះ៖ «យើង​ត្រូវ​ប្រកួត​នៅ​លើ​ទស្សនៈ នយោបាយ​របស់​គណបក្ស​នីមួយៗ។ ទស្សនៈ​របស់​គណបក្ស​ដែល​ចូល​មក​ប្រកួត​ដោយ​ដាក់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច។ ការ​ប្រកួត​ទស្សនៈ​គឺ​មិន​អាច​នឹង​កើត​មាន​សង្គ្រាម​ទេ​បង​ប្អូន»

ការ​ថ្លែង​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​គាំទ្រ និង​មហាជន​នៅ​ខេត្ត​កំពង់ធំ គឺ​មិន​មាន​បញ្ហា​ប្រឈម​ធំដុំ​កើត​ឡើង​ទេ ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ​យល់​ព្រម​ធ្វើ​ពិធី​ជួបជុំ​ឃោសនាការ​បោះឆ្នោត​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដែល​អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត។

អាជ្ញាធរ​ខេត្ត ព្រមទាំង​មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត បាន​នៅ​ឃ្លាំមើល​ការ​ពិធី​ជួបជុំ​របស់​គណបក្ស​ប្រឆាំង និង​ជួយ​សម្រួល​ចរាចរណ៍​ថែម​ទៀត​ផង។

ទាក់ទង​បញ្ហា​សង្គ្រាម​នេះ​ដែរ ទាំង​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ក្នុង​ពេល​ឃោសនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ម្ដង​ជា​ពីរ​ដង​ថា ប្រសិនបើ​គណបក្ស​ខ្លួន​ចាញ់​ការ​បោះឆ្នោត​នឹង​កើត​មាន​សង្គ្រាម​មិន​ខាន​ឡើយ។ មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា លោក ហ៊ុន សែន បញ្ជាក់​ថា តំណែង​របស់​ខ្លួន​នឹង​ផ្ទេរ​ឱ្យ​អ្នក​ផ្សេង ប៉ុន្តែ​មិន​មែន​ផ្ទេរ​ឱ្យ​គណបក្ស​ផ្សេង​នោះ​ទេ ពោល​គឺ​ផ្ទេរ​ឱ្យ​មន្ត្រី​ក្នុង​បក្ស​របស់​ខ្លួន ឬ​កូន​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ហើយ​វា​និយាយ​អត់​ចេះ​គិត ខ្ញុំ​ឆ្ងល់​តែ​ប៉ុណ្ណឹង​ទេ បើ​ភ្លើ​កុំ​មក​លេង​ជាមួយ ហ៊ុន សែន។ គេ​ចូល​មក​ខំមិន​ថា ទេវតា​ក៏​គេ​ធ្វើការ​ផ្លាស់​មួយ​ឆ្នាំ​ម្ដង​ដែរ ប៉ុន្តែ​ខ្ញុំ​បក​ទៅ​វិញ ថា មួយ​ឆ្នាំ​ម្ដង ក៏​គង់​តែ​គេ​ផ្ទេរ​ឱ្យ​កូន​ទេវតា​ដូច​គ្នា​ដែរ»

​ទោះបីជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​អំពី​រឿង​សង្គ្រាម​យ៉ាង​ណា​ក្តី ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​មិន​ពិនិត្យ​សម្ដី​ទាំង​នោះ​ឡើយ ក្រោម​ហេតុផល​ថា មិន​មាន​ពាក្យ​បណ្ដឹង​ជំទាស់​ពី​គណបក្ស​នយោបាយ។

​មន្ត្រី​សម្របសម្រួល​ស្ដីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​បាន​ចុះ​ឃ្លាំមើល​សកម្មភាព​ជួបជុំ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​ឃោសនា​ថា មាន​សង្គ្រាម​នៅ​ពេល​គណបក្ស​ខ្លួន​ចាញ់​ឆ្នោត​ជា​រឿង​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ ព្រមទាំង​ច្បាប់​អន្តរជាតិ​ផង៖ «ខ្ញុំ​បាន​ចុះ​ទៅ​តាម​ភូមិ​ឃុំ​នីមួយៗ ហើយ​បាន​សាកសួរ​ពាក្យ​ហ្នឹង​ដែរ ប្រជាពលរដ្ឋ​ហ្នឹង​គាត់​មិន​ស្រលាញ់​ពេញចិត្ត​ចំពោះ​ពាក្យ​ថា​មាន​សង្គ្រាម​ទេ»

​ក្រោយពេល​បញ្ចប់​ការ​ជួបជុំ​នៅ​ទី​រួម​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​មក​ចូលរួម​ពិធី​ជួបជុំ​ឃោសនា​ការ​បោះឆ្នោត​មួយ​ទៀត ដែល​រៀបចំ​នៅ​ស្រុក​បារាយណ៍ ហើយ​ក៏​បន្ត​ដំណើរ​មក​ឃោសនា​នៅ​ខេត្ត​កំពង់ចាម នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ទៀត​ផង។

ជាមួយ​គ្នា​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម បញ្ជាក់​ថា ស្ថានភាព​ឃោសនា​ក្នុង​ខេត្ត​មួយ​នេះ នៅ​ទីតាំង​ចំនួន​២ គឺ​មាន​បញ្ហា​កើត​ឡើង​តិចតួច ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​សម្របសម្រួល​ជាមួយ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ហើយ​ក៏​បាន​បន្ត​រៀបចំ​ពិធី​ឃោសនា​រហូត​ដល់​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប៖ ពលរដ្ឋ​ជាង​១៦​ម៉ឺន​នាក់​ទៀត​ទទួល​បាន​ឯកសារ​សម្រាប់​ចូលរួម​បោះឆ្នោត

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ៥០% នៃ​ពលរដ្ឋ​ជាង ៣២​ម៉ឺន​នាក់​ដែល​មិន​ទាន់​មាន​ឯកសារ​សម្រាប់​បោះឆ្នោត​នោះ ទទួល​បាន​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ ដើម្បី​អាច​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​ហើយ។ អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​បញ្ជាក់​ឯកសារ​អត្តសញ្ញាណ និង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ទាំងអស់​ដែល​ខ្វះ​ឯកសារ ឲ្យ​បាន​ទាន់​ពេលវេលា។

តាម​រយៈ​ការ​បូក​បញ្ចូល​រវាង​តួលេខ​របស់​ក្រុម​ការងារ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បូក​បញ្ចូល​តួលេខ​របស់​ក្រសួង​មហាផ្ទៃ គ..ប វាយ​តម្លៃ​ថា ពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់​បន្ថែម​ទៀត​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ ឬ​អត្តសញ្ញាណប័ណ្ណ។ ចំនួន​នេះ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ដែល​មិន​ទាន់​មាន​ឯកសារ​បោះឆ្នោត ៣២​ម៉ឺន​នាក់។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា បញ្ហា​ពលរដ្ឋ​ខ្វះ​ឯកសារ​បោះឆ្នោត​នេះ សមាជិក​ទាំង ៩​រូប​របស់ គ..ប បាន​ចុះ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា។ លោក​ថា ការ​កើន​ឡើង​នៃ​ពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ការ​បោះឆ្នោត ព្រោះ​ក្រសួង​មហាផ្ទៃ បាន​ពន្លឿន​ក្នុង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ និង​ពលរដ្ឋ​បាន​ខ្នះខ្នែង​នាំ​គ្នា​ទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ការ​បោះឆ្នោត៖ «ខ្ញុំ​យល់​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី សុទ្ធតែ​មាន​ស្មារតី​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ»

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា តួលេខ​នេះ​មិន​ទាន់​ជា​តួលេខ​ផ្លូវការ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត គ..ប នឹង​បង្ហាញ​សាធារណជន។ លោក​រំពឹង​ថា តួលេខ​ផ្លូវការ​នៃ​ចំនួន​ពលរដ្ឋ​ដែល​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ការ​បោះឆ្នោត បាន​ច្រើន​ជាង​ចំនួន​ដែល​លោក​បង្ហាញ​នៅ​ពេល​នេះ។

ប៉ុន្តែ​លោក​ថា ទោះ​មាន​ការ​បង្ហាញ​ពលរដ្ឋ​ខ្វះ​ឯកសារ​សម្រាប់​ការ​បោះឆ្នោត​មាន​ការ​ថយ​ចុះ​ក្តី គ..ប នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ពលរដ្ឋ​ដែល​យក​អត្តសញ្ញាណ​របស់​ខ្លួន​ទៅ​បញ្ចាំ​នៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ខ្ចី​លុយ។ លោក​ថា ដោយសារ​ការ​ព្រួយ​បារម្ភ​នេះ ទើប គ..ប ផ្ញើ​លិខិត​ទៅ​គ្រប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​វិញ ដើម្បី​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អាស៊ីសេរី មិន​ទាន់​អាច​បញ្ជាក់​បន្ថែម​ពី​លោក ឃៀង សុគន្ឋា ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​ក្រសួង​មហាផ្ទៃ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

ដោយឡែក​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ដឹង​ពី​តួលេខ​នេះ​ទេ ប៉ុន្តែ​អ្នកស្រី​ស្វាគមន៍​ការ​កើន​ឡើង​ចំនួន​ពលរដ្ឋ​ដែល​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ។ យ៉ាង​ណា​ក៏ដោយ​ចុះ ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ការងារ​បោះឆ្នោត​រូប​នេះ​ប្រាប់​ថា គណបក្ស​ប្រឆាំង​នៅ​តែ​តាមដាន​ដំណើរការ​នេះ​ក្នុង​ថ្ងៃ​បោះឆ្នោត ដើម្បី​ចង់​ដឹង​ថា ការ​អះអាង​របស់ គ..ប ត្រឹមត្រូវ​កម្រិត​ណា៖ «មាន​តែ​ពេល​បោះឆ្នោត​ទេ​ទើប​យើង​ដឹង​ថា​ពលរដ្ឋ​ដែល​គាត់​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​មក​បោះឆ្នោត ឬ​គាត់​ប្រើ​អត្តសញ្ញាណប័ណ្ណ​មក​បោះឆ្នោត»

ក្នុង​ចំណោម​ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត ៨​លាន​នាក់​ដែល​មាន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​របស់ គ..ប មាន​ពលរដ្ឋ​ជាង ៣២​ម៉ឺន​នាក់​ជួប​បញ្ហា​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត ឬ​គ្មាន​អត្តសញ្ញាណប័ណ្ណ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា គ..ប និង​ក្រសួង​មហាផ្ទៃ គួរ​សម្រួល​បន្ថែម​ទៀត ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ មាន​សិទ្ធិ​ទៅ​បោះឆ្នោត​បាន​ទាំងអស់​គ្នា។ ខណៈ​ការ​បង្ហាញ​តួលេខ​នេះ​ជា​សមត្ថកិច្ច​របស់ គ..ប លោក កន សាវាង្ស យល់​ថា ប្រសិន​បើ​តួលេខ​ជា​តួលេខ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នឹង​ចំនួន​ពិត នឹង​ធ្វើ​ឲ្យ​សាធារណជន​អាច​វាយ​តម្លៃ​ពី​គុណភាព​ការងារ​របស់ គ..ប៖ «អ្វី​ដែល​ជា​ការ​គិត​បន្ត គឺ​ថា គ..ប វិញ​ទេ​ដែល​គិត​អំពី​វិធីសាស្ត្រ ថា​ត្រូវ​យ៉ាង​ម៉េច​ទៀត»

អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​រូប​នេះ​យល់​ថា ក្រៅ​ពី គ..ប ផ្ញើ​លិខិត​ទៅ​គ្រប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​វិញ​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ រដ្ឋាភិបាល​គួរ​មាន​វិធានការ​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​សិន បើ​ទោះ​ជា​ពួក​គាត់​កំពុង​ជំពាក់​លុយ​ស្ថាប័ន​ទាំងនោះ​ក្តី ដើម្បី​ធានា​ដល់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កូន​កំព្រា​៤​នាក់​ដែល​ម្ដាយ​ស្លាប់​ដោយ​ម៉ូតូ​បុក​ពេល​ឃោសនា​កំពុង​ប្រឈម​បញ្ហា​ជីវភាព

$
0
0

ក្មេង​កំព្រា ៤​នាក់​ដែល​ម្ដាយ​ស្លាប់​ដោយសារ​ម៉ូតូ​បុក​ពេល​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ កំពុង​ជួប​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ និង​ជំពាក់​បំណុល​ធនាគារ។ សាច់ញាតិ​របស់​ក្មេង​ទាំង ៤​នាក់ អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជួយ​ឧបត្ថម្ភ​ធនធាន​តាម​លទ្ធភាព ដើម្បី​ដោះ​បំណុល​ធនាគារ និង​ឲ្យ​ក្មេង​បាន​រៀន​បន្ត។

ក្មេង​ស្រី ៣​នាក់ និង​ប្រុស​ម្នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១០​ឆ្នាំ​ទៅ ១៧​ឆ្នាំ កំពុង​រស់នៅ​តែលតោល​គ្មាន​ឪពុក​ម្ដាយ នៅ​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។ ឪពុក​ម្ដាយ​របស់​ពួក​គេ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ពីរ​ផ្សេង​គ្នា ដោយ​ម្ដាយ​ត្រូវ​ម៉ូតូ​បុក​ស្លាប់​ពេល​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្រុង​ពោធិ៍សាត់ កាល​ពី​ម៉ោង​ជិត ១១​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា។

បង​ស្រី​បង្កើត​របស់​សព​ឈ្មោះ ង៉ែត សុភាព គឺ​លោកស្រី ង៉ែត សារ៉ុម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា រូប​គាត់​បាន​ធ្វើ​ជា​តំណាង​ដើម​បណ្ដឹង ប្ដឹង​ក្មេង​ស្ទាវ​ពីរ​នាក់​ដែល​បាន​ជិះ​ម៉ូតូ​បុក​ប្អូន​ស្រី​របស់​គាត់​បណ្ដាល​ឲ្យ​ស្លាប់ ទៅ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ហើយ ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា​នឹង​ទាមទារ​សំណង​ប៉ុន្មាន​ពី​ជន​ល្មើស​ទេ៖ «ខាង​គណបក្ស​បាន​អំពាវនាវ​ជួយ​បាន​ខ្លះៗ​ជា​បន្តបន្ទាប់ បាន​ធ្វើ​បុណ្យ​រួច​ចប់​សព្វគ្រប់ អត់​ជំពាក់​អីវ៉ាន់​គេ​ទេ។ ប៉ុន្តែ​អំពាវនាវ​សប្បុរសជន​ជួយ​ក្មេង​កំព្រា​អត់​ទីពឹង អត់​ពី​ឪពុក អត់​ពី​ម្ដាយ​ទៅ មិន​ដឹង​ថា​រស់នៅ​យ៉ាង​ម៉េច? ជីវភាព​យ៉ាង​ម៉េច? ការ​ហូប​ចុក ឬ​រៀនសូត្រ​បាន ឬ​អត់​ទេ? សូម​សប្បុរសជន​ជួយ​ដល់​ក្មេង​កំព្រា​ទាំង​បួន​នាក់​ផង»

លោកស្រី ង៉ែត សារ៉ុម ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ជន​ល្មើស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​រត់​គេច​ខ្លួន​ក្រោយ​បាន​បង្ក​ហេតុ ដើម្បី​យក​មក​ដោះស្រាយ​ជាមួយ​គ្រួសារ​ជន​រងគ្រោះ​ឲ្យ​បាន​ឆាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខនារី​ឈរ​ឈ្មោះ​លេខ​រៀង​ទី​៣ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ត្រូវ​ម៉ូតូ​បុក​ពេញ​ទំហឹង​អូស​ប្រហែល ៥​ម៉ែត្រ នៅ​ចំណុច​ផ្លូវ​កោង​ក្នុង​ភូមិ​ព្រែកត្នោត សង្កាត់​រលាប នៅ​គ្រា​ដែល​គាត់​កំពុង​ដើរ​តាម​ផ្លូវ​ផ្នែក​ខាង​ស្ដាំ ក្រោយ​ចេញ​ពី​បិទ​ខិត្តប័ណ្ណ​គោល​នយោបាយ​បក្ស​នៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថា​លោក​នឹង​ស្វែងរក​ជួប​ជន​បង្ក​ម្នាក់​ដែល​រត់​គេច​ខ្លួន ដើម្បី​សម្ភាស​ចង់​ដឹង​រឿងរ៉ាវ​ពិត​ដែល​បាន​កើត​ឡើង។

សាច់ញាតិ​របស់​សព​លោកស្រី ង៉ែត សុភាព ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន លោកស្រី ង៉ែត សុភាព និង​ប្ដី​បាន​ខ្ចី​លុយ​ពី​ធនាគារ​ប្រមាណ ១​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ឡាន​រត់​ឈ្នួល និង​សល់​លុយ​ខ្លះ​ជួសជុល​ផ្ទះ។ ប៉ុន្តែ​ជា​អកុសល ប្ដី​គាត់​ត្រូវ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មុន​គាត់​មួយ​ឆ្នាំ ហើយ​បន្ទុក​ចិញ្ចឹម​កូន និង​រក​លុយ​បង់​ធនាគារ បាន​ធ្លាក់​លើ​គាត់។ កាល​នៅ​រស់ លោកស្រី ង៉ែត សុភាព បាន​រក​ស៊ី​លក់​ភ្លៅ​មាន់ និង​កង្កែប​បោប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ច្រាន​ចោល​ការ​ចោទ​ថា​រារាំង​បក្ស​ប្រឆាំង​ឃោសនា​និង​ឃាត់​ព្រះសង្ឃ

$
0
0

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​គេ​ពុំ​បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ឲ្យ​រាយ​បណ្ដាក់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សំរោង ដើម្បី​រារាំង​ក្បួន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ឃាត់​ខ្លួន​ព្រះសង្ឃ​ចំនួន ៤​អង្គ ដូច​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា នោះ​ទេ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ឧសភា ថា អាជ្ញាធរ​ខេត្ត​មិន​បាន​បញ្ជា​កម្លាំង​សន្តិសុខ ប៉ូលិស និង​កង​រាជ​អាវុធហត្ថ ឲ្យ​ទៅ​រារាំង​ក្បួន​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹម សុខា ជា​ប្រធាន​ទៅ​កាន់​ទីនោះ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​ដោយ​បំពាន​ទៅ​លើ​ច្បាប់ គ..ប។

លោក ស ថាវី បញ្ជាក់​ថា កាល​ពី​ដំបូង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ច្បាប់​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ថា​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​តំបន់​ផ្សារ​សំរោង ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា នៅ​ពេល​ដែល​លោក កឹម សុខា មក​ដល់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​យក​ប្រជាពលរដ្ឋ​ក្រុង​សំរោង ទៅ​ហែ​ទេ ថែម​ទាំង​យក​មក​ពី​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ហើយ​មិន​ធ្វើ​យុទ្ធនាការ​នៅ​ផ្សារ​ទេ បែរ​ជា​ទៅ​ធ្វើ​នៅ​ឯ​ទី​វត្ត​ទៅ​វិញ ធ្វើ​ឲ្យ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ ស្នើសុំ​កម្លាំង​សន្តិសុខ​រារាំង​ក្បួន​ឃោសនា​នេះ៖ «ក្រោយ​ពី​ហ្នឹង​ម៉ោង​ប្រហែល​ជាង ១០ មាន​ហេតុការណ៍​កើត​ឡើង គឺ​លោក កឹម សុខា បង្វែរ​ក្បួន​ទាំងអស់​នេះ​បំណង​ហែ​ទៅ​ស្រុក​អន្លង់វែង ត​ពី​អន្លង់វែង ឆ្ពោះ​ទៅ​កាន់​ស្រុក​ត្រពាំងប្រាសាទ ហើយ​ទៅ​ខេត្ត​ព្រះវិហារ ផង»

ចំណែក​ព្រះសង្ឃ ៤​អង្គ​ទៀតសោត គឺ​សមត្ថកិច្ច​ក៏​មិន​បាន​ចាប់​ខ្លួន​ដែរ គ្រាន់​តែ​និមន្ត និង​យក​កាមេរ៉ា​ទៅ​ពិនិត្យ​មើល បន្ទាប់​ពី​ព្រះសង្ឃ​បាន​ថត​សកម្មភាព​របស់​សមត្ថកិច្ច ហើយ​ផ្សាយ​ផ្ទាល់​ទៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មក។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ប្រតិកម្ម​ពី​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ ជុំវិញ​ការ​ច្រាន​ចោល​របស់​អាជ្ញាធរ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៧ ឧសភា។

ចំណែក​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​សុំ​កម្លាំង​ប៉ូលិស ប៉េអិម ឲ្យ​រាយ​បណ្ដាក់​កាក់​ក្បួន​គោយន្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មែន ដោយសារ​តែ​លោក​ឃើញ​ថា អ្នក​ចូលរួម​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​មិន​គោរព​ច្បាប់​ទម្លាប់។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ដែល​តាម​ឃ្លាំ​មើល​ក្បួន​ឃោសនា​នោះ បាន​ហៅ​សកម្មភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ ថា​ហាក់​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ពីព្រោះ​លោក​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​ក្បួន​បម្រុង​ចូល​ទៅ​ឃោសនា​នៅ​ម្ដុំ​ផ្សារ​សំរោង ក៏ប៉ុន្តែ​មុន​ពេល​ក្បួន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់ បែរ​ជា​មាន​ក្បួន​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ក្រុម ទៅ​ដាក់​គោយន្ត​ជាច្រើន​គ្រឿង​រាំង​ផ្លូវ​មិន​ឲ្យ​ចូល​ទៅ​រួច ហើយ​ពិសេស​ទៅ​ទៀត គឺ​ផ្ទះ​របស់​ទាហាន​ម្នាក់​បាន​ចាក់​ធុងបាស​រំខាន​ដល់​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង ដោយ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត មិន​អាច​ទប់ស្កាត់​សកម្មភាព​ទាំងនោះ​បាន​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដែល​កាត់​និង​ដក​ស្លាក​ឃោសនា​នៅ​ទី​សាធារណៈ

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ចុះ​កាត់ ដក​ស្លាក និង​បក​ស្ទីកឃ័រ​ឃោសនា​របស់​គណបក្ស​មួយ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា ទង្វើ​របស់​អាជ្ញាធរ គឺ​រំលោភ​ច្បាប់ ព្រោះ​ថា​ទីធ្លា​សាធារណៈ គណបក្ស​អាច​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ដោយ​សេរី។ លោក​បន្ត​ថា ពេល​នេះ​លោក​បាន​ប្រាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​រួច​ហើយ៖ «ខ្ញុំ​សុំ​សួរ​សំណួរ​ថា តើ​បារី​ស្រា​ដែល​ដាក់​តាំង​នៅ​ទី​សាធារណៈ វា​មាន​ប្រយោជន៍​ជាង​សារ​នយោបាយ​របស់​គណបក្ស ឬ​យ៉ាង​ម៉េច? កាល​ពី​ឆ្នាំ​២០១៣ យើង​ដាក់​តាម​បង្គោល​ភ្លើង​តាម​អី​បាន រួច​ហើយ​ពេល​ដែល​ចប់​ឃោសនា យើង​ប្រមូល​យក​មក​ទុក​វិញ អត់​មាន​បញ្ហា​អ្វី​ទាំងអស់ ហើយ​ឥឡូវ​នេះ​ម្ដេច​ក៏​មាន​ការ​រឹតត្បិត​ខ្លាំង​ម្ល៉េះ? បើ​មិន​ឲ្យ​ដាក់​កន្លែង​ហ្នឹង តើ​ដាក់​នៅ​កន្លែង​ណា? ហើយ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​ឃោសនា​តាម​ទីធ្លា​សាធារណៈ​បាន»

នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា អាជ្ញាធរ​ខណ្ឌ​ដូនពេញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក សុខ ពេញវុធ អភិបាល​ខណ្ឌ ចុះ​ទៅ​កាត់ និង​ដក​ស្លាក​ស្ទីកឃ័រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​អះអាង​ថា​បាន​បំពាន​ច្បាប់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​យក​ស្លាក​ទៅ​បិទ​នៅ​តាម​ដើម​ឈើ និង​បង្គោល​ភ្លើង​ជា​ដាច់ខាត។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អាជ្ញាធរ​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ គឺ​មាន​ការ​ហាមប្រាម​មិន​ឲ្យ​បិទ​ផ្សាយ​នៅ​តាម​អគារ​របស់​រដ្ឋ។ ចំពោះ​ការ​បិទ​ផ្សាយ​នៅ​តាម​ដើម​ឈើ និង​បង្គោល​ភ្លើង​នោះ គឺ គ..ប មិន​មែន​ជា​អ្នក​ចេញ​បម្រាម​ឡើយ។ លោក ហង្ស ពុទ្ធា បន្ត​ថា ការ​បិទ​ផ្សាយ​ប័ណ្ណ​ឃោសនា​នៅ​លើ​បង្គោល​ភ្លើង និង​លើ​ដើម​ឈើ​នេះ គឺ​អាស្រ័យ​លើ​អាជ្ញាធរ ប្រសិន​បើ​អាជ្ញាធរ​ថា​ការ​បិទ​នោះ​នាំ​ឲ្យ​ខូច​សោភ័ណភាព​ផ្សេងៗ គឺ​អាជ្ញាធរ​ត្រូវ​ជម្រាប​ប្រាប់​ទៅ​គណបក្ស​នយោបាយ​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​រដ្ឋសភា​ស្នើ​អភិបាល​ខេត្ត​ព្រះសីហនុ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​៣២​គ្រួសារ

$
0
0

ប្រធាន​រដ្ឋសភា ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ចំនួន ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដែល​អូស​បន្លាយ​យូរ​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស គាំទ្រ​ចំណាត់ការ​របស់​ប្រធាន​រដ្ឋសភា​នេះ។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​ឯកភាព​ស្នើ​ឲ្យ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ កិច្ច​អន្តរាគមន៍​នេះ ធ្វើ​ឡើង​តាម​សំណើ​តំណាង​ពលរដ្ឋ​ចំនួន ៣២​គ្រួសារ ឈ្មោះ ឡុច ទូច តាម​រយៈ​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឬ​គណៈកម្មការ​ទី​១ រដ្ឋសភា បាន​ដាក់​លិខិត​ជូន​លោក ហេង សំរិន តាម​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា របស់​ឈ្មោះ ឡុច ទូច តំណាង​ប្រជាពលរដ្ឋ ៣២​គ្រួសារ ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ ២៧​ហិកតារ នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

សំណើ​នេះ ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឯកភាព និង​បញ្ជូន​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដើម្បី​ពិនិត្យ​ដោះស្រាយ។

ក្នុង​លិខិត​ដាក់​ជូន​រដ្ឋសភា លោកស្រី ឡុច ទូច បង្ហាញ​ថា​បាន​កាន់​កាប់​ដី​មាន​ទំនាស់​នេះ​តាំង​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩០ ដោយ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ថែម​ទៀត។ ប៉ុន្តែ​បច្ចុប្បន្ន ត្រូវ​ឈ្មោះ កើត រី គឹម ចាន់នី ប៉ុន សារឿន វង្ស សោភា និង​ឈ្មោះ សុខ ហួន បាន​ឃុបឃិត​គ្នា​ក្លែង​ស្នាម​មេដៃ​ឈ្មោះ ឡុញ តាយ ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី ហើយ​បាន​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ឈ្មោះ ឡុញ តាយ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៩៤។ ប៉ុន្តែ​បែរ​ជា​កាលបរិច្ឆេទ​ចុះ​ថ្ងៃ​ខែ​ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​ទំនាស់​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ឈ្មោះ ឡុញ តាយ បាន​ចែកឋាន​ទៅ​វិញ។

លោកស្រី ឡុច ទូច បាន​រៀបរាប់​ទៀត​ថា ប្រជាពលរដ្ឋ​ពួក​គាត់​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ភាគី​ទំនាស់​ទៅ​កាន់​តុលាការ​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ លោកស្រី​បន្ត​ថា នៅ​គ្រា​វិវាទ​ដីធ្លី​នេះ​មិន​ទាន់​បាន​ដំណោះស្រាយ​ផង ស្រាប់​តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បែរ​ជា​មាន​ឈ្មោះ ហេង សុខា បាន​នាំ​មនុស្ស​មួយ​ក្រុម​ទៅ​រុះរើ​ផ្ទះ​សមាជិក​សហគមន៍​របស់​គាត់ ដែល​សង់​លើ​ទីតាំង​ដី ២៧​ហិកតារ​នេះ​ថែម​ទៀត។

ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ឬ​សម្របសម្រួល​រវាង​ភាគី​ប្រជាពលរដ្ឋ​ទាំង ៣២​គ្រួសារ ជាមួយ​ភាគី​ទំនាស់​ម្ខាង​ទៀត​មាន​ឈ្មោះ ប៉ុន សារឿន ជាដើម ឲ្យ​ស្រប​តាម​សំណើ​របស់​ប្រធាន​រដ្ឋសភា បាន​ដាក់​ផ្ទាល់​មក​រូប​លោក​ឲ្យ​ជួយ​បញ្ចប់​វិវាទ​នេះ៖ «»

តំណាង​ពលរដ្ឋ ៣២​គ្រួសារ លោកស្រី ឡុច ទូច មាន​ជំនឿ​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នឹង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់​របស់​ប្រជាពលរដ្ឋ​ទាំង ៣២​គ្រួសារ មាន​លទ្ធផល​ល្អ និង​អាច​ឈាន​ដល់​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​វាស់​ចំណែក​ក្បាល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​ប្រើប្រាស់​បាន​ឆាប់។

លោកស្រី ឡុច ទូច បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ចំនួន ៣២​គ្រួសារ​នេះ គឺ​មាន​វិវាទ​ជាមួយ​ឈ្មោះ ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។ ទំនាស់​នេះ លោកស្រី ឡុច ទូច អះអាង​ថា​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៤ ស្នើសុំ​មោឃៈ និង​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​ភាគី​ទំនាស់ លោក ប៉ុន សារឿន ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​ដី​ពលរដ្ឋ​មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ។

តំណាង​រូប​នេះ​ចោទ​លោក ប៉ុន សារឿន ថា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខ្លះ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ​មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទាំង​ពលរដ្ឋ​មិន​ដឹង​ខ្លួន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​ទំនាស់​ជាក់ស្ដែង បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​លទ្ធផល​ទាំងអស់​គ្នា៖ «»

ទាក់ទិន​ទំនាស់​នេះ ឯកសារ​ច្បាប់​មួយ​ចំនួន​បាន​បង្ហាញ​ថា ភាគី​លោក ប៉ុន សារឿន បាន​ឈ្នះ​ក្ដី​ជា​បន្តបន្ទាប់​ទៅ​លើ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ទាំង ៣២​គ្រួសារ រស់នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ គឺ​ចាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រហូត​ទៅ។ ទំនាស់​នេះ លោក ប៉ុន សារឿន ក៏​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​តំណាង​ពលរដ្ឋ​ចំនួន ៤​នាក់ ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ទុច្ចរិត​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨។ តំណាង​ពលរដ្ឋ​ទាំង ៤​នាក់ ដែល ប៉ុន សារឿន ប្ដឹង​មាន ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។

យ៉ាង​នេះ​ក្តី តំណាង​ពលរដ្ឋ​ទាំង ៣២​គ្រួសារ បាន​ចោទ​ថា ភាគី​លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថា​ពិត​ជា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​លើ​ដី​លំនៅឋាន និង​ដី​ចម្ការ​ដំណាំ​កសិកម្ម ទាំង​ពួក​គាត់​មិន​បាន​ដឹង​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​អតីត​មេ​ឃុំ​ស្រែគរ​អំពី​បទពិសោធន៍​និង​ការ​ត្រៀម​ខ្លួន​បោះឆ្នោត

$
0
0

អតីត​មេ​ឃុំ​ស្រែគរ នៅ​ខេត្ត​ស្ទឹងត្រែង ពី​ខាង​គណបក្ស សម រង្ស៊ី គឺ​លោក សៀក មេគង្គ។ លោក​បាន​រៀបរាប់​អំពី​បទពិសោធន៍​ការងារ​ជា​មេ​ឃុំ​កាល​ពី​អាណត្តិ​កន្លង​ទៅ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​បួន​នេះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។

សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី គឺ​លោក ម៉ែន សុធីរ ជាមួយ​អតីត​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ក្នុង​កម្មវិធី "កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ" ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៧៧​ទាមទារ​សំណង​សមរម្យ

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ១០​នាក់​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា បន្ត​ការ​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

នេះ​ជា​លើក​ទី​៧៧ ហើយ​ដែល​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

តំណាង​អ្នក​តវ៉ា លោក វន វ័ន្ត រស់នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា​ជា​ថ្មី ដោយសារ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ មិន​ទាន់​ផ្ដល់​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ជូន​ពួក​គាត់​នៅ​ឡើយ«ហើយ​គាត់​ចេះ​តែ​មក​លាប​ពណ៌​ប្រជាពលរដ្ឋ​ថា​បម្រើ​បក្ស​នេះ​បក្ស​នោះ ទន្ទ្រាន​ដី​រដ្ឋ​នៅ។ ពួក​ខ្ញុំ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ត្រឹមត្រូវ​ផង ចុះ​បើ​ពួក​ខ្ញុំ​គ្មាន​ឯកសារ​ក្នុង​ដៃ​វិញ មិន​ដឹង​ជា​អាជ្ញាធរ​ក្រុង​ធ្វើ​បាប​យ៉ាង​ណា។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​ឈឺ​ចាប់​ណាស់ មិន​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​បែប​នេះ​ដាក់​ពលរដ្ឋ​ទេ»

លោក​អះអាង​ថា ក្រុម​អ្នក​តវ៉ា​ប្រមាណ ១០​នាក់​តំណាង​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ប្រាក់​សម្រាប់​ទិញ​ដី​សង់​ទី​លំនៅឋាន​ថ្មី​នោះ​ទេ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ឧសភា។ ប៉ុន្តែ​កន្លង​ទៅ លោក ម៉ែន សុភ័ណ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ពុំ​មាន​សិទ្ធិ​អំណាច​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ទេ ព្រោះ​អាជ្ញាធរ​បាន​បញ្ជូន​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អន្តរ​ក្រសួង ដើម្បី​ដោះស្រាយ​រួច​មក​ហើយ ប៉ុន្តែ​ខាង​អន្តរ​ក្រសួង​មិន​ទាន់​ឆ្លើយតប​ថា​នឹង​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​អាជ្ញាធរ​ក្រុង​បញ្ជូន​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អន្តរ​ក្រសួង​យ៉ាង​នេះ​ក្ដី ក៏​ករណី​នេះ​ក៏​នៅ​តែ​ជា​តួនាទី​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដដែល ព្រោះ​ក្រុម​អ្នក​តវ៉ា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ក្រុង​មួយ​នេះ«អាជ្ញាធរ​អាច​ដោះស្រាយ​បាន ព្រោះ​ថា​អ្នក​ដែល​អង្គុយ​កៅអី​រដ្ឋ​មិន​ដែល​បោះបង់​ប្រជាពលរដ្ឋ​ទេ ព្រោះ​ពលរដ្ឋ​ជា​មនុស្ស​ក្នុង​សង្គម។ ដូច្នោះ អាជ្ញាធរ​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ មុន​នឹង​ចូល​កាន់​តំណែង ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ មិន​មែន​អង្គុយ​កៅអី​រដ្ឋ​ប្រព្រឹត្ត​តែ​អំពើ​ពុក​រលួយ​នោះ​ទេ»

កន្លង​ទៅ ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បង្ខំ​ក្រុម​អ្នក​តវ៉ា​ឲ្យ​ផ្ដិត​ស្នាម​មេដៃ​ធ្វើ​កិច្ចសន្យា​ចំនួន ៣​លើក​មក​ហើយ ដើម្បី​ឲ្យ​ឈប់​តវ៉ា​នៅ​មុខ​សាលា​ក្រុង​បន្ត​ទៀត។ ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​តាម​ផ្លូវ​ច្បាប់។ ក្រុម​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ដដែល បន្ទាប់​ពី​ពួក​គាត់​តវ៉ា​អស់​ជាង ១​ម៉ោង ដោយ​ពុំ​មាន​ដំណោះស្រាយ។ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​សមរម្យ​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក គឹម សុខ បង្អត់​អាហារ​៧​ថ្ងៃ​ដើម្បី​អង្វរ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤​មិថុនា

$
0
0

អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ថា លោក​នឹង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល ៧​ថ្ងៃ ដើម្បី​អង្វរ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ផ្លាស់ប្ដូរ​មេ​ឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេ​ឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ។ រីឯ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច ថា​លិខិត​របស់​លោក គឹម សុខ គ្មាន​ឥទ្ធិពល​អ្វី​ឡើយ ហើយ​ពលរដ្ឋ​ក៏​មិន​ទទួល​យក​សំណូមពរ​របស់​លោក​ដែរ។

សារ​លិខិត​មួយ​ច្បាប់​របស់​លោក គឹម សុខ ដែល​ដាស់តឿន​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​នេះ គឺ​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​តាម​រយៈ​មេធាវី​របស់​លោក គឺ​លោក ជូង ជូងី ឲ្យ​ជួយ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ហើយ​លិខិត​មួយ​នេះ ក៏​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​បន្ត​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)

មេធាវី​ការពារ​ក្តី​លោក គឹម សុខ គឺ​លោក ជូង ជូងី បញ្ជាក់​ថា លិខិត​មួយ​នេះ គឺ​កូន​ក្តី​របស់​លោក​បាន​សរសេរ​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​លោក ហើយ​ពឹង​ឲ្យ​លោក​ជួយ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត។ ក្នុង​សារ​លិខិត​នោះ លោក គឹម សុខ ផ្ដើម​សរសេរ​រៀបរាប់​ថា លោក​ឃ្លាន​បោះឆ្នោត​ដូរ​មេ​ឃុំ ដើម្បី​សុខ​ចម្រើន​ស្រុក​ភូមិ ជាង​ឃ្លាន​បាយ​ចំអែត​ក្រពះ ដើម្បី​គ្រាន់​តែ​ជីវិត​រស់​ទៅ​ទៀត។ លោក គឹម សុខ បន្ត​ថា សូម​ក្រោក​ឡើង​ជាមួយ​លោក បោះឆ្នោត​ដូរ​មេ​ឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេ​ឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ។

អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បណ្ដឹង​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏​ប្រកាស​ដែរ​ថា លោក​សម្រេច​ចិត្ត​បង្អត់​អាហារ​ខ្លួន​ឯង ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ដើម្បី​អង្វរ​ឲ្យ​ជន​រួម​ឈាម​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែល​មាន​ឈ្មោះ​បោះឆ្នោត សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ហើយ​បោះឆ្នោត​ផ្លាស់ប្ដូរ​ឲ្យ​បាន​នូវ​មេ​ដឹកនាំ​ឃុំ-សង្កាត់​ដែល​ជា​មេរោគ​កុម្មុយនីស្ត​សម្លាប់​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កន្លង​មក។

លោក​មេធាវី ជូង ជូងី លើក​ឡើង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​មួយ​សប្ដាហ៍​នេះ ប៉ុន្តែ​លោក​គោរព​ឆន្ទៈ​របស់​កូន​ក្តី។ ទោះ​យ៉ាង​ណា លោក​នឹង​ព្យាយាម​ចូល​សួរ​សុខ​ទុក្ខ​អំឡុង​ពេល​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «»

លោក​វេជ្ជបណ្ឌិត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ប្រសិន​បើ​មនុស្ស​មាន​សុខភាព​ល្អ ហើយ​គាត់​បង្អត់​អាហារ​មួយ​សប្ដាហ៍​នោះ គឺ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ប្រសិន​បើ​គាត់​ទទួល​ទាន​ទឹក​ធម្មតា។ ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ ហើយ​ដាច់​ចិត្ត​បង្អត់​អាហារ និង​ស្ថិត​នៅ​ក្នុង​ទីកន្លែង​លំបាក​គ្មាន​ខ្យល់​ចេញ​ចូល​ជាដើម​នោះ គឺ​រាងកាយ​របស់​គាត់​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

យ៉ាង​ណា​ក្តី នៅ​ក្នុង​សារ​លិខិត​របស់​លោក គឹម សុខ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​បោះឆ្នោត គឺ​ជា​ដំណោះស្រាយ​សន្តិវិធី​នៃ​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ទាំង​នៅ​មូលដ្ឋាន និង​ថ្នាក់​ជាតិ ហើយ​គ្មាន​ទេ​សង្គ្រាម។ លោក​ថា ក្រុម​មេ​ដឹកនាំ​បច្ចុប្បន្ន ទាំង​នៅ​ថ្នាក់​មូលដ្ឋាន និង​កម្រិត​ជាតិ បាន​ឆ្លង​ពេញ​បន្ទុក​នូវ​មេរោគ​ឧក្រិដ្ឋកម្ម និង​ពុក​រលួយ ចូល​ជ្រាប​គ្រប់​សព្វ​ដល់​ខួរក្បាល ឆន្ទៈ ស្មារតី និង​ព្រលឹង​វិញ្ញាណ​របស់​ពួក​គាត់​អស់​ហើយ។ ដូច្នេះ បើ​ចូល​ចិត្ត អាណិត និង​ស្រឡាញ់​ពួក​គាត់ គឺ​ត្រូវ​ផ្លាស់ប្ដូរ​ពួក​គាត់​ចេញ ដើម្បី​នាំ​ពួក​គាត់​ចេញ​ទៅ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

ឆ្លើយតប​ចំពោះ​លិខិត​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា វា​កាន់​តែ​បង្ហាញ​នូវ​ចរិត​ជា​អ្នក​ប្រឆាំង ព្រោះ​អ្នក​ប្រឆាំង​មាន​ចរិត​មិន​ដែល​សរសើរ​បក្ស​កាន់​អំណាច​ទេ។ លោក​នៅ​តែ​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​នឹង​មាន​សុភវិនិច្ឆ័យ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស​តទៅទៀត ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​ពលរដ្ឋ​នឹង​មិន​យក​សំណូមពរ​របស់​លោក គឹម សុខ ឡើយ ព្រោះ​ការ​លើក​ឡើង​របស់​លោក គឹម សុខ គឺ​ក្នុង​ន័យ​សងសឹក ក្នុង​ន័យ​គំនុំ និង​ក្នុង​ន័យ​ចង​អាឃាត​ជាមួយ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ៖ «»

ក្រៅ​ពី​លោក គឹម សុខ នោះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​ទៅ មន្ត្រី​អាដហុក​ម្នាក់​ក្នុង​ចំណោម ៤​នាក់​កំពុង​ជាប់​ឃុំ គឺ​លោក នី សុខា បាន​ផ្ញើ​លិខិត​សរសេរ​ផ្ទាល់​ដៃ​របស់​លោក តាម​រយៈ​កូន​ប្រុស​លោក មក​អាស៊ីសេរី ដោយ​សរសេរ​ថា ក្នុង​សង្គម​មួយ​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ ពិបាក​ធ្វើ​ឲ្យ​ពួក​លោក​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់ ព្រោះ​យុត្តិធម៌​មាន​សម្រាប់​តែ​អ្នក​មាន​អំណាច និង​បក្ស​របស់​គេ​ប៉ុណ្ណោះ។

លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ទាំងអស់​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​អ្នក​នយោបាយ​មិន​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី និង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន បណ្តោយ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតក​មិន​ឃើញ។

សំណេរ​ចុង​ក្រោយ​នៃ​លិខិត​នោះ លោក គឹម សុខ ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ដែរ ដោយសារ​តែ​លោក​មាន​ពេលវេលា​ខ្លី​ដើម្បី​ចូលរួម​ជា​គំនិត​យោបល់​ជាមួយ​ជន​រួម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​សង្កេតការណ៍​បាន​ជាង​១​ម៉ឺន​នាក់

$
0
0

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ជ្រើសរើស​អ្នក​សង្កេតការណ៍​បាន​ជាង ១​ម៉ឺន​នាក់ ក៏ប៉ុន្តែ​មិន​បាន​គ្រប់​ចំនួន​ដូច​ការ​គ្រោង​ទុក​នោះ​ទេ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​អ្នក​សង្កេតការណ៍​ជាតិ បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​ទៅ។ មន្ត្រី​អង្គការ​ខុមហ្វ្រែល (COMFREL) បញ្ជាក់​ថា មូលហេតុ​ដែល​ជ្រើសរើស​មិន​បាន​គ្រប់​ចំនួន​នេះ ដោយសារ​តំបន់​មួយ​ចំនួន​នៅ​ដាច់ស្រយាល​ខ្លាំង ហើយ​ម្យ៉ាង​អាច​មក​ពី​បញ្ហា​ថវិកា​ដែល​ត្រូវ​ផ្តល់​ឲ្យ​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​មាន​ចំនួន​តិចតួច។

បើ​ទោះ​ជា​ជ្រើសរើស​មិន​បាន​អ្នក​សង្កេតការណ៍​គ្រប់​ចំនួន​ដូច​ការ​គ្រោង​ទុក​ក្តី ក៏​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​ជិត ៤០ នៅ​កម្ពុជា អះអាង​ថា ពួក​គេ​នៅ​តែ​អាច​មាន​អ្នក​សង្កេតការណ៍​នៅ​គ្រប់​ទីតាំង​បោះឆ្នោត​ទាំងអស់​ទូទាំង​ប្រទេស​ដដែល។

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ គ្រោង​ជ្រើសរើស​អ្នក​សង្កេតការណ៍​ឲ្យ​បាន​ចំនួន ១៤.៥០០​នាក់ ដើម្បី​ដាក់​អ្នក​សង្កេតការណ៍​ទាំងនោះ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង ២​ម៉ឺន ២​ពាន់​ការិយាល័យ (២២.១៤៨​ការិយាល័យ) នៅ​ទូទាំង​ប្រទេស ក៏ប៉ុន្តែ​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៤ ឧសភា ដែល​ជា​ថ្ងៃ​ផុត​កំណត់​ទទួល​អ្នក​សង្កេតការណ៍ បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ជ្រើសរើស​អ្នក​សង្កេតការណ៍​បាន​តែ ១​ម៉ឺន ៣​ពាន់​នាក់​ប៉ុណ្ណោះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា ទោះ​បី​ជា​ការ​ជ្រើសរើស​បាន​តិច​ជាង​ការ​គ្រោង​ទុក​ចំនួន ១.៥០០​នាក់​ក្តី ក៏​នេះ​មិន​មែន​មាន​ន័យ​ថា បន្ទប់​ស្ថានការណ៍​ខ្វះ​ចន្លោះ​នៅ​ឃុំ-សង្កាត់​ណា​មួយ​នោះ​ទេ ព្រោះ​ចំនួន​ដែល​ជ្រើសរើស​បាន​នេះ គឺ​គ្រប​ដណ្ដប់​គ្រប់​ទីតាំង​បោះឆ្នោត​ទាំងអស់​រួច​ទៅ​ហើយ«ទីតាំង (បោះឆ្នោត) មាន​ប្រហែល​ជា​ជាង ១​ម៉ឺន ១​ពាន់​ទេ។ អ៊ីចឹង​មាន​ន័យ​ថា​គ្រប់​ទីតាំង​ទាំងអស់ យើង​បាន​ដាក់​មនុស្ស​ពេញ​អស់​ហើយ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ ២​ការិយាល័យ ត្រូវ​មាន​អ្នក​សង្កេតការណ៍​ម្នាក់​មើល។ ឥឡូវ​នេះ​បើ​ថា ២​ការិយាល័យ​អត់​មាន​ទេ ប៉ុន្តែ​គ្រប់​ទីតាំង​គឺ​មាន​ពេញ​អស់​ហើយ»

លោក កន សាវាង្ស បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដោយសារ​សន្ទុះ​នៃ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មក មាន​ការ​កើន​ឡើង ហើយ​លើស​ពី​នេះ ជា​លើក​ទី​មួយ​ហើយ​ដែល​គណបក្ស​ប្រឆាំង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់​ទូទាំង​ប្រទេស។ ហេតុ​ដូចនេះ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្វែង​យោបល់​គ្នា​ជុំវិញ​រឿង​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​កើត​មាន រួម​ទាំង​លទ្ធផល​បោះឆ្នោត​ផង ហើយ​ជាពិសេស អ្នក​សង្កេតការណ៍​នឹង​ដើរ​តួនាទី​ជា​សាក្សី​ដ៏​សំខាន់ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌«គណបក្ស​មួយ​ឃើញ​លទ្ធផល​ផ្សេង​ទៅ គណបក្ស​មួយ​ទៀត​ឃើញ​លទ្ធផល​ផ្សេង​ទៅ ហើយ​ខាង គ..ប ឃើញ​ខុស​គ្នា​ទៀត​ទៅ។ នេះ​ដោយសារ​តែ​ការ​ចម្លង​អត់​ពិត​ប្រាកដ។ ដល់​ពេល​កន្លែង​ហ្នឹង​អត់​មាន​អ្នក​សង្កេតការណ៍​ជួយ​មើល​ផ្ទៀងផ្ទាត់​គ្នា អ៊ីចឹង​វា​នឹង​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ដែរ។ បើ​សិន​ជា​យើង​ចូលរួម​ទាំងអស់​គ្នា កាលណា​មាន​បញ្ហា​អ្វី ក្រុម​អ្នក​សង្កេតការណ៍​នឹង​ផ្ទៀងផ្ទាត់​ត្រង់​កន្លែង​ហ្នឹង​ថា តើ​វា​ពិត​ប្រាកដ​ដែរ​ឬ​អត់? កាលណា​សំឡេង និង​ការ​ផ្ទៀងផ្ទាត់​គ្នា បូក​បញ្ចូល​គ្នា​ឲ្យ​បាន​ច្រើន​ទៅ យើង​នឹង​ឃើញ​បញ្ហា។ នោះ​យើង​នឹង​អាច​កាត់​បន្ថយ ឬ​ដោះស្រាយ (ភាព​មិន​ប្រក្រតី) បាន​ហើយ»

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ឧសភា គ..ប បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​ជាង ៥​ម៉ឺន ៦​ពាន់​នាក់ (៥៦.៨១៧​នាក់) អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ៩៤​នាក់ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចំនួន​ជាង ៥​ម៉ឺន ៨​ពាន់​នាក់ (៥៨.៤១០​នាក់) ដើម្បី​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ។

លោក ហង្ស ពុទ្ធា ថ្លែង​ថា គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​អ្នក​សង្កេតការណ៍​នេះ​ហើយ​ជា​ភាគី​មួយ​យ៉ាង​សំខាន់ ព្រោះ​ពួក​គេ​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ប្រកប​ដោយ​តម្លាភាព ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត«ការ​បោះឆ្នោត​ពិត​ជា​ត្រូវការ​ពួក​គាត់ (អ្នក​សង្កេតការណ៍) ហើយ​បើ​មាន​ភាព​មិន​ប្រក្រតី ឬ​ក៏​មាន​ពាក្យ​បណ្ដឹង ពួក​គាត់​អាច​ជា​សាក្សី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ផង​ដែរ»

កាលបរិច្ឆេទ​នៃ​ការ​ទទួល​អ្នក​សង្កេតការណ៍​ជាតិ​ដោយ គ..ប បាន​ផុត​កំណត់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​ទៅ រីឯ​ការ​ទទួល​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ នឹង​ត្រូវ​បន្ត​ដល់​ថ្ងៃ​ទី​៣០ ឧសភា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​សង្ឃឹម​ថា​មេ​ឃុំ​ចៅ​សង្កាត់​ថ្មី​នឹង​ដើរ​ត្រូវ​តាម​តួនាទី​និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ

$
0
0

យុវជន និង​ព្រះសង្ឃ​ដែល​ចូលរួម​វេទិកា​ជជែក​ដេញដោល​ពី​តួនាទី​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​មេ​ឃុំ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ ស្រប​តាម​ច្បាប់​បាន​ចែង ដោយ​មិន​មែន​ដើរ​តួនាទី​ជា​ម្ចាស់​លើ​ពលរដ្ឋ និង​មិន​ផ្គាប់​ចិត្ត​ថ្នាក់​លើ​ដើម្បី​រក្សា​តំណែង​មេ​ឃុំ​នោះ​ទេ។

ក្រុម​យុវជន​ជាង ៤០​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​សួរ​ដេញដោល​ក្នុង​វេទិកា​អំពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មើល​ឃើញ​ថា ក្រុម​ប្រឹក្សា និង​មេ​ឃុំ​ចៅ​សង្កាត់​នៅ​តាម​មូលដ្ឋាន​ពួក​គេ​បច្ចុប្បន្ន នៅ​មិន​ទាន់​បាន​ដើរ​តាម​តួនាទី​ខ្លួន​ត្រឹមត្រូវ​ដូច​ច្បាប់​បាន​ចែង​ទេ។

យុវជន​ទាំងនោះ​ប្ដេជ្ញា​ចូលរួម​សកម្មភាព​ឲ្យ​បាន​ច្រើន​ជាមួយ​អាជ្ញាធរ​ឃុំ-សង្កាត់​របស់​ពួក​គេ ដើម្បី​ជំរុញ​ឲ្យ​មេ​ឃុំ​ចៅ​សង្កាត់ ប្រតិបត្តិ​តួនាទី​ដែល​ច្បាប់​បាន​ចែង​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ។

និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ លោក ឃឺន វីរៈ ចាប់​អារម្មណ៍​អំពី​តួនាទី​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ លោក​យល់​ថា មិន​មែន​តែ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ទេ​ដែល​មិន​ទាន់​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ សូម្បី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខ្លះ ក៏​មិន​ទាន់​យល់​អំពី​ភាព​សំខាន់​នៃ​តួនាទី​របស់​ខ្លួន​នៅ​ឡើយ។ លោក​បន្ថែម​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​តួនាទី​សំខាន់​ក្នុង​ការ​ទាញ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ឲ្យ​ដើរ​តាម​ច្បាប់ និង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​នៅ​ពេល​មេ​ឃុំ ឬ​ចៅ​សង្កាត់​ស្ដាប់​តាម​បញ្ជា​ថ្នាក់​លើ ហើយ​រំលង​ផល​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ឃុំ៖ «យុវជន​នឹង​ជួយ​រំឭក​គាត់ ជំរុញ​គាត់ ហើយ​ម្យ៉ាង​ទៀត យុវជន​នឹង​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី»

វេទិកា​សួរ​ដេញដោល​ពី​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ដែល​រៀបចំ​ដោយ​អង្គការ​អប់រំ​យុវជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព មិន​មាន​តំណាង​គណបក្ស​នយោបាយ​ចូលរួម​ទេ។ យុវជន​ដែល​បាន​ចូលរួម មាន​ខ្លះ​គឺ​ជា​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ឯ​ខ្លះ​ទៀត​គឺ​ជា​យុវជន​ដែល​សកម្ម​ក្នុង​ការងារ​សង្គម​នៅ​តាម​អង្គការ​នានា។

ពួក​គេ​សង្ឃឹម​ថា ប្រធាន និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គេ នឹង​ធ្វើ​ជា​មនុស្ស​គំរូ​នៅ​តាម​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​យុវជន​យក​គំរូ​តាម និង​រក្សា​ភាព​ជា​បុគ្គល​ដែល​ពលរដ្ឋ​ក្នុង​ឃុំ​គោរព​ស្រឡាញ់។

ព្រះសង្ឃ​មួយ​អង្គ​មក​ពី​វត្ត​ពោធិ៍វាល សង្កាត់​រតនៈ ក្រុង​បាត់ដំបង ព្រះនាម គួយ ឌីណា ដែល​ចូលរួម​វេទិកា​សួរ​ដេញដោល​ពី​តួនាទី​មេ​ឃុំ​ចៅ​សង្កាត់ មាន​ព្រះ​ថេរ​ដីកា​ថា ដើម្បី​ឲ្យ​ឃុំ-សង្កាត់​មួយ​មាន​ការ​ជឿនលឿន មេ​ឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ ត្រូវ​ដើរ​ទន្ទឹម​គ្នា សហការ​គ្នា​ដោយ​មិន​បែងចែក​ថា​មក​ពី​បក្ស​ណា និង​មិន​ត្រូវ​ស្ដាប់​តែ​ការ​បញ្ជា​ពី​ថ្នាក់​លើ ដែល​បញ្ជា​ខុស​តួនាទី​នោះ​ទេ។ ព្រះអង្គ​មើល​ឃើញ​ថា សកម្មភាព​សកម្ម​បំផុត​របស់​មេ​ឃុំ​ចៅ​សង្កាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ខាង​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម ចំណែក​សកម្មភាព​ផ្សេង​ទៀត​ដែល​ច្បាប់​បាន​កំណត់​អំពី​តួនាទី នៅ​មិន​សូវ​ឃើញ​មេ​ឃុំ​សកម្ម​ខ្លាំង​ទេ៖ «ទាក់ទង​នឹង​ការ​ធ្វើ​សមាជ​ប្រចាំ​ខែ ប្រចាំ​អី​ហ្នឹង អត់​សូវ​ឃើញ​មាន​ដែរ ឃើញ​ថា​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ​ត្រូវ​ប្រជុំ​ជា​រៀង​រាល់​ខែ លើក​ពី​កង្វល់​ប្រជាពលរដ្ឋ​ហ្នឹង​ឯង ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ-សង្កាត់​ចែង​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​អង្គការ​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន និង​មាន​បេសកកម្ម​បម្រើ​ផល​ប្រយោជន៍​ទូទៅ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន។ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​ធ្វើ​ការ​ប្រជុំ​យ៉ាង​តិច​ណាស់​ចំនួន​មួយ​ដង​ក្នុង​មួយ​ខែ។ ប៉ុន្តែ​យុវជន​ថា​កុំ​ថា​ឡើយ​តែ​លទ្ធផល​នៃ​កិច្ច​ប្រជុំ សូម្បី​តែ​មុខ​មេ​ឃុំ ឬ​ចៅ​សង្កាត់​របស់​ខ្លួន​នៅ​មាន​ពលរដ្ឋ និង​យុវជន​ខ្លះ​នៅ​មិន​បាន​ស្គាល់​នោះ​ទេ។

ប្រធាន​អង្គការ​អប់រំ​យុវជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក បូ ពៅ សង្កេត​ឃើញ​ថា មេ​ឃុំ និង​ចៅ​សង្កាត់​បច្ចុប្បន្ន បាន​ដើរ​ខុស​តួនាទី​ច្រើន​ណាស់។ លោក​ថា មេ​ឃុំ​ច្រើន​តែ​ធ្វើ​តាម​បក្ស ជាជាង​ធ្វើ​តាម​សំណូមពរ​ពលរដ្ឋ។ លោក​បាន​ផ្ដាំ​ផ្ញើ​ទៅ​មេ​ឃុំ​អាណត្តិ​ថ្មី ឲ្យ​រក្សា​ឲ្យ​បាន​គុណធម៌​សម្រាប់​ពលរដ្ឋ ព្រោះ​មេ​ឃុំ​ជា​មនុស្ស​គំរូ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ ដូច្នេះ​លោក​ផ្ដាំ​ថា កុំ​គ្រាន់​តែ​បោក​ពលរដ្ឋ​យក​សន្លឹក​ឆ្នោត៖ «អ្នក​ដែល​រស់នៅ​សុខដុមរមនា​ជាមួយ​អស់​លោក​បាន គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាមួយ​អស់​លោក។ នៅ​ពេល​ណា​ដែល​ពួក​លោក​អស់​តម្លៃ ពួក​គេ​នឹង​ទាត់​អស់​លោក ក៏ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មិន​បោះបង់​អស់​លោក​ទេ។ នៅ​ពេល​ដង្ហែ​សព​អស់​លោក (នៅ​ពេល​លោក​ស្លាប់) អ្នក​ដែល​ទៅ​ហែ​សព​លោក អ្នក​ដែល​ទៅ​អុជ​ធូប​លោក គឺ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃុំ​នោះ​ឯង»

លោក បូ ពៅ យុវជន និង​ព្រះសង្ឃ ចង់​ឃើញ​ពលរដ្ឋ​សរសើរ​មេ​ឃុំ​ពី​សកម្មភាព​ផ្សេង ជាជាង​ការ​សរសើរ​តែ​សកម្មភាព​សកម្ម​ខាង​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លើ​ឯកសារ។ យុវជន​ថា ពួក​គេ​ចង់​បាន​ឱកាស​បន្ត​វេន​ពី​មនុស្ស​ដែល​មាន​គំរូ​ល្អ និង​ចង់​ឃើញ​ពលរដ្ឋ​ចូលរួម​ក្នុង​សកម្មភាព​ឃុំ-សង្កាត់​ឲ្យ​បាន​ច្រើន កុំ​ឲ្យ​រាល់​ការ​សម្រេច​ចិត្ត​ក្នុង​ឃុំ-សង្កាត់ មាន​តែ​ការ​សម្រេច​ចិត្ត​របស់​មេ​ឃុំ​តែ​ម្នាក់ ឬ​មួយ​ក្រុម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​សន្យា​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​នៅ​ពេល​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ថា នឹង​សន្សំ​សំចៃ​ថវិកា​ជាតិ​បន្ថែម ដើម្បី​ចាយ​លើ​វិស័យ​យោធា​តាម​រយៈ​បំពាក់​ឲ្យ​មាន​អាវុធ​សឹក​ទំនើបៗ​ជាង​ពេល​បច្ចុប្បន្ន​នេះ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត និង​ឡើង​ដឹកនាំ​ប្រទេស​ជំនួស​បក្ស​កាន់​អំណាច។ ការ​សន្យា​នេះ បន្ទាប់​ពី​បក្ស​ប្រឆាំង​អះអាង​ថា នឹង​ផ្លាស់ប្ដូរ​តែ​តំណែង​អនុរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ក្រៅ​ពី​នេះ មន្ត្រី​ប៉ូលិស និង​ទាហាន​ទាំងអស់​ដែល​ជា​កង​កម្លាំង​ការពារ​ជាតិ គឺ​មិន​ប៉ះពាល់​ឡើយ។

នៅ​មុន​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ដ៏​ធំ​ជា​លើក​ទី​ពីរ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ចូលរួម នៅ​ថ្ងៃ​ទី​២៨ ឧសភា និង​បន្ទាប់​ពី​ថ្លែង​រិះគន់​ទាក់ទង​នឹង​អំពើ​អយុត្តិធម៌​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការ​អភិវឌ្ឍ​រឹត​តែ​ធ្វើ​ឲ្យ​រាស្ដ្រ​រង​ទុក្ខ​វេទនា​កាន់​តែ​ខ្លាំង ការ​វាយ​ដំ​តំណាងរាស្ត្រ​នៅ​ខាង​មុខ​រដ្ឋសភា និង​ការ​សម្លាប់​អ្នក​ដែល​មាន​មតិ​ជំទាស់ ហើយ​តុលាការ​មិន​រក​យុត្តិធម៌​នោះ។ គណបក្ស​ប្រឆាំង​ក៏​បាន​ក្រើន​រំឭក​ជា​ថ្មី​ទៀត​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​សារ​គំរាម​សង្គ្រាម​ឡើយ ព្រោះ​ព្រះមហាក្សត្រ​បាន​ធានា​ចំពោះ​សន្តិភាព​ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់​នៅ​ពេល​ឈ្នះ គណបក្ស​ក៏​នឹង​សន្សំ​ថវិកា​ផ្សេង​ទៀត​ដើម្បី​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​ដែរ«គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទាហាន​ទេ កង​យោធពល​ខេមរភូមិន្ទ​យើង គឺ​កងទ័ព​របស់​ជាតិ ជា​កងទ័ព​បម្រើ​ជាតិ។ យើង​នឹង​ហ្វឹកហ្វឺន​ទាហាន​យើង​ឲ្យ​ខ្លាំង។ យើង​នឹង​សន្សំ​លុយ​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ឲ្យ​ទាហាន​យើង ដើម្បី​ការពារ​ប្រទេស​ជាតិ»

ការ​ប្រកាស​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ បាន​កើត​ឡើង​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ព្រមាន​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថា នឹង​ប្រើប្រាស់​កង​កម្លាំង​ទ័ព​ទាហាន ចេញ​បង្ក្រាប​ក្រុម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត និង​ព្រមាន​សារ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​របស់​លោក ដែល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

ពាក់ព័ន្ធ​នឹង​ការ​សន្យា​រក​លុយ​ជួយ​ពង្រឹង​វិស័យ​យោធា​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ហ៊ាន​សន្យា​ដូច​គ្នា​នេះ ប្រហែល​ជា​ត្រូវ​រង​ការ​រិះគន់​ថា​គំរាម​កំហែង។ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​សារ​ស្រមើស្រមៃ​ខុស​ពី​ការពិត​ប៉ុណ្ណោះ ព្រោះ​បក្ស​ប្រឆាំង​នឹង​មិន​អាច​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ«គាត់​គ្មាន​ប្រាកដ​និយម​គួរ​ឲ្យ​ជឿជាក់​ទេ ព្រោះ​ម្ដង​ថា​អ៊ីចេះ​អ៊ីចុះ ម្ដង​ឆ្វេង ម្ដង​ស្ដាំ»

រីឯ​ការ​សន្យា​របស់​បក្ស​ប្រឆាំង ថា​នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​បាន​ក្នុង​មួយ​ឃុំ-សង្កាត់ ក៏​ត្រូវ​បាន​លោក សុខ ឥសាន អះអាង​ថា មិន​ដឹង​ជា​ត្រូវ​រក​ប្រភព​ថវិកា​មក​ពីណា​ឡើយ ហើយ​ការ​លើក​ឡើង​បែប​នេះ មិន​មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ខាង​បច្ចេកទេស​ហិរញ្ញវត្ថុ​គួរ​ឲ្យ​ជឿជាក់​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ជា​ការ​សន្យា​ក្នុង​គោល​បំណង​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ និង​ចង់​បាន​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ។

គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​គោល​នយោបាយ​មួយ​លេចធ្លោ​ជាង​គេ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង ៥​ចំណុច​របស់​គណបក្ស​ប្រឆាំង។ រយៈពេល​កន្លង​មក​នេះ នៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្រប់​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ជា​រឿយៗ​ថា ទឹកប្រាក់​ត្រឹម​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​មួយ​ឃុំ-សង្កាត់ គឺ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​អស់​តែ​ចំនួន ៨២៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ថវិកា​ជាតិ​ដែល​រដ្ឋសភា​អនុម័ត​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៧ មាន​ប្រហែល ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។ ប្រធាន​បក្ស​ប្រឆាំង​អះអាង​ទៀត​ថា គោល​នយោបាយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់ គឺ​មិន​ចាំបាច់​ឲ្យ​រដ្ឋាភិបាល​ត្រូវការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទៀត​ដែរ។

ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត មិន​គាំទ្រ​ចំពោះ​ការ​សន្យា​របស់​គណបក្ស​ប្រឆាំង ថា​នឹង​បង្កើន​ថវិកា​ជាតិ​លើ​វិស័យ​យោធា​ឡើយ ព្រោះ​លោក​យល់​ថា សព្វថ្ងៃ​ថវិកា​ចាយ​មក​លើ​លើ​វិស័យ​មួយ​នេះ ហាក់​មាន​ច្រើន​ពេក​ណាស់​ទៅ​ហើយ ប៉ុន្តែ​លោក​ថា ចំពោះ​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ជា​គោល​នយោបាយ​ដ៏​ល្អ​ប្រសើរ​មួយ និង​គ្រប់គ្រាន់​ដើម្បី​ការពារ​ទឹកដី​ឲ្យ​បាន​គង់វង្ស​នោះ«ជួយ​វិស័យ​កសិកម្ម​អី​សិន ដើម្បី​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រាន់​បើ​សិន ចាំ​គិត​លើ​វិស័យ​ផ្សេង​ទៀត»

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​ទៀត​ថា ថវិកា​ត្រឹម ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​កម្ពុជា មិន​ខ្វះ​ថវិកា​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក ឆាំ ប៊ុនថេត បញ្ជាក់​ថា ថវិកា​ទាំង ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ នឹង​អាច​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល វិស័យ​អប់រំ ប្រព័ន្ធ​ធារាសាស្ត្រ និង​ទប់ស្កាត់​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​មូលដ្ឋាន​ជាង​បច្ចុប្បន្ន ជាពិសេស​នឹង​ជួយ​ឲ្យ​ជីវភាព​ពលរដ្ឋ​រឹង​តែ​ប្រសើរ​ឡើង ដោយ​មិន​ចាំបាច់​នាំ​គ្នា​ជួល​ដី និង​លក់​ដី​នៅ​តាម​ព្រំដែន​តទៅទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live