មន្ត្រីក្រសួងបរិស្ថាន ឲ្យដឹងថា ទំហំឧក្រិដ្ឋកម្មព្រៃឈើមិនធ្ងន់ធ្ងរដូចលទ្ធផលស៊ើបអង្កេតដែលរកឃើញដោយអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) នោះទេ។ យ៉ាងនេះក្តី អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) មានភស្តុតាងបន្ថែម និងជំរុញរដ្ឋាភិបាលកម្ពុជា បន្តស៊ើបអង្កេត និងចាប់ជនល្មើសមកផ្ដន្ទាទោស។
កាលពីថ្ងៃទី៨ ឧសភា អង្គការអន្តរជាតិនៅប្រទេសអង់គ្លេស ឈ្មោះទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) បានចេញរបាយការណ៍ «ជនល្មើសមុខដដែលៗ» បង្ហាញថា មន្ត្រីអាជ្ញាធរកម្ពុជា និងវៀតណាម មួយចំនួនបានយកលុយសំណូករាប់លានដុល្លារសហរដ្ឋអាមេរិក ពីឈ្មួញឈើ ដើម្បីឲ្យគេចូលកាប់ឈើក្នុងតំបន់ព្រៃអភិរក្សកម្ពុជា ហើយនាំឈើទាំងនោះទៅប្រទេសវៀតណាម បើទោះជារដ្ឋាភិបាលកម្ពុជា បានហាមឃាត់ក្តី។ មន្ត្រីពុករលួយវៀតណាម បានធ្វើឯកសារប្រែក្លាយឈើខុសច្បាប់ទាំងនោះ ទៅជាឈើស្របច្បាប់វិញ សម្រាប់ការនាំចេញទៅបរទេស ពិសេសសហភាពអឺរ៉ុប។
ទិន្នន័យពន្ធគយខេត្តយ៉ាឡាយ (Gai Lai) ប្រទេសវៀតណាម ដែលអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ស្រាវជ្រាវឃើញ បានកត់ត្រាថា ឈើកម្ពុជា ចំនួន ៣០ម៉ឺនម៉ែត្រគូប ត្រូវអនុញ្ញាតឲ្យនាំចូលក្នុងទឹកដីវៀតណាម ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧។
ភ្លាមៗបន្ទាប់ពីការចេញផ្សាយរបាយការណ៍នេះ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលថា ការរកឃើញរបស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) មិនឆ្លុះបញ្ចាំងពីការពិត ខណៈក្រសួងបរិស្ថាន ដែលទទួលខុសត្រូវថែរក្សាព្រៃឈើក្នុងតំបន់អភិរក្ស មិនបកស្រាយអ្វីច្រើនក្រៅពីបញ្ជាក់ថា នឹងយកលទ្ធផលនេះទៅពិនិត្យសិក្សាបន្ត មុនការចេញសេចក្តីសន្និដ្ឋានណាមួយ។
នៅថ្ងៃទី១៨ ឧសភា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានទម្លាយភាពស្ងៀមស្ងាត់។ លោកឲ្យដឹងថា បទល្មើសព្រៃឈើដែលអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ប្រមូលបាន មិនឆ្លុះបញ្ចាំងពីការពិត៖ «»។
ទោះបីជាយ៉ាងណា លោកថា ក្រសួងបរិស្ថាន ត្រូវការពេលវេលាបន្ថែមទៀតដើម្បីបន្តសិក្សាពិនិត្យឲ្យម៉ត់ចត់លើព័ត៌មានដែលអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) បានរកឃើញ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា ពេលណានឹងពិនិត្យចប់សព្វគ្រប់នោះទេ។
នៅពេលសាកសួរពីទិន្នន័យដែលក្រសួងបរិស្ថាន យកមកផ្ទៀងផ្ទាត់ជាមួយការរកឃើញរបស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) លោក សៅ សុភាព បានបង្វែរសំណួរនេះទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អនុប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោកបណ្ឌិត កែវ អ៊ុំម្លិះ ឲ្យដឹងថា ក្នុងរយៈពេលហាមប្រាមការនាំឈើទៅវៀតណាម នេះ ក្រសួងបានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននាំចេញគ្រឿងសង្ហារិមឈើទៅប្រទេសចិន ដែលត្រូវឆ្លងកាត់ប្រទេសវៀតណាម។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ក្រសួងមិនបានឲ្យអាជ្ញាប័ណ្ណនាំចេញឈើទាំងមូល ឈើមិនទាន់កែច្នៃទៅប្រទេសវៀតណាម នោះទេ៖ «»។
បើយោងតាមរូបភាព និងវីដេអូដែលអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ថតបានឈើទាំងមូលដែលមិនទាន់កែច្នៃ ត្រូវបានឈ្មួញនាំចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម។
របាយការណ៍របស់នគរបាលជាតិកម្ពុជា ឲ្យដឹងថា ក្រុមហ៊ុនមេធាវី អាង អេន អាសូស៊ីអែត (Ang & Associates Lawyers) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោក គិត ម៉េង សេដ្ឋីដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាប់ឈើក្រៅតំបន់សម្អាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកឈើទាំងនោះចូលក្នុងតំបន់លាងបាតអាង ដើម្បីលក់ទៅឲ្យឈ្មួញនៅតាមព្រំដែនវៀតណាម។
ក៏ប៉ុន្តែការរកឃើញនេះ ត្រូវបានតំណាងក្រុមហ៊ុនមេធាវី អាង អេន អាសូស៊ីអែត (Ang & Associates Lawyers) បដិសេធ។
ការចោទប្រកាន់នេះ ក៏ត្រូវធនាគារ អេ.អិន.ហ្សិត (ANZ) នៅប្រទេសអូស្ត្រាលី ដែលបានចូលហ៊ុនជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង ប្រតិបត្តិធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal Bank) នៅកម្ពុជា ច្រានចោលថាមិនបានជាប់ពាក់ព័ន្ធក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នោះទេ។ នេះបើតាមបណ្ដាញផ្សព្វផ្សាយ អេ.ប៊ី.ស៊ី អូស្ត្រាលី។
កាលពីថ្ងៃទី១៦ ឧសភា អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ក៏បានផ្សាយឯកសារវិក្កយបត្រលក់ និងបញ្ជីវេចខ្ចប់ និងកំណត់ត្រាគយជាផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ឲ្យដឹងពីការនាំចូលឈើដែលមានតម្លៃប្រហែល ៣០០លានដុល្លារសហរដ្ឋអាមេរិក និងផលិតផលឈើផ្សេងៗទៀតពីប្រទេសកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០១៦ មក។
លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) មន្ត្រីយុទ្ធនាការជាន់ខ្ពស់ផ្នែកព្រៃឈើនៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ប្រាប់អាស៊ីសេរីតាមអ៊ីមែល (email) ថា រដ្ឋាភិបាលកម្ពុជា អាចយកឯកសារទាំងនេះទៅផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាលវៀតណាម ស្ដីពីការនាំឈើកម្ពុជា ចេញទៅវៀតណាម ក្នុងការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ៖ «ឯកសារនេះនឹងជួយឲ្យអាជ្ញាធរកម្ពុជា អនុវត្តច្បាប់ប្រឆាំងនឹងការកាប់ឈើខុសច្បាប់ និងការជួញដូរឈើនៅក្នុងប្រទេសកម្ពុជា ដែលបញ្ហានេះកំពុងធ្វើឲ្យកម្ពុជា បាត់បង់ប្រាក់រាប់លានដុល្លារ»។
បើតាមលោក ចាហ្គូ វ៉ាធ្លី អាជ្ញាធរកម្ពុជា គួរអនុវត្តច្បាប់លើបុគ្គលគ្រប់រូប មិនថាមានឋានៈខ្ពស់ប៉ុនណានោះទេ ដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មខុសច្បាប់ ដូចជាការចាប់ខ្លួនយកមកកាត់ទោស និងផ្ដន្ទាទោស ដោយការពិន័យជាប្រាក់ ឬដាក់ពន្ធនាគារ ស្របតាមច្បាប់របស់ប្រទេសកម្ពុជា។
លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក Goldman យល់ថា អ្នកបញ្ជាទិញឈើពីប្រទេសវៀតណាម ដូចជាសហភាពអឺរ៉ុប គួរឈប់រកស៊ីឈើខុសច្បាប់ជាមួយវៀតណាម ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
ការិយាល័យកណ្ដាលសហភាពអឺរ៉ុប នៅប្រទេសបែលហ្ស៊ិក (Belgium) កំពុងយកចិត្តទុកដាក់ខ្លាំងលើរបាយការណ៍របស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដោយប្រុងប្រយ័ត្នបំផុត ហើយអំពាវនាវយ៉ាងខ្លាំងដល់អាជ្ញាធរនៃប្រទេសកម្ពុជា និងវៀតណាម ឲ្យស៊ើបអង្កេតជាបន្ទាន់នូវសកម្មភាពជួញដូរឈើខុសច្បាប់ ដែលបានរកឃើញដោយក្រុមអ្នកស៊ើបអង្កេតនៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA)៕