Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សកម្មជន​បក្ស​ប្រឆាំង​នៅ​ឧត្ដរមានជ័យ​ចោទ​ទាហាន​១​ក្រុម​ថា​អុកឡុក​មិន​ឲ្យ​រៀបចំ​វេទិកា

$
0
0

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ដែល​ជា​កម្លាំង​របស់​រដ្ឋាភិបាល ជួយ​ការពារ​សន្តិសុខ​សម្រាប់​ការ​ជួប​ប្រជុំ​សមាជិក​របស់​ពួក​គេ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​មាន​ភាព​កក់ក្តៅ និង​គ្មាន​ការ​ភ័យ​ខ្លាច។

ការ​អំពាវនាវ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មនុស្ស​ប្រុស​មួយ​ក្រុម បាន​ចូល​ទៅ​ឆាឆៅ និង​គំរាម​កំហែង​ពួក​គេ​ដែល​កំពុង​តែ​រៀបចំ​សង់​រោង​វេទិកា ដើម្បី​ត្រៀម​ជួប​ប្រជុំ​ជាមួយ​សមាជិក​ទីនោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ អះអាង​ថា មនុស្ស​ប្រុស​មួយ​ក្រុម​ដែល​ទំនង​ជា​កង​ទាហាន​បន្លំ​ខ្លួន បាន​ចូល​ទៅ​អុកឡុក និង​គំរាម​កំហែង​ពួក​គេ​ដែល​កំពុង​តែ​សង់​រោង​វេទិកា ដើម្បី​ត្រៀម​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​នៅ​ឯ​ភូមិ​គោកឪឡោក ឃុំ​អំពិល នៃ​ស្រុក​បន្ទាយអំពិល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​ឧសភា។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ គឺ​លោក ម៉ោញ សារ៉ាត់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែ​ឧសភា ថា កាល​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក​ថ្ងៃ​ដដែល​នេះ រូប​លោក និង​ក្រុម​ការងារ​ជាច្រើន​ទៀត បាន​នាំ​គ្នា​ទៅ​សង់​រោង​វេទិកា​ដើម្បី​ត្រៀម​ជួប​ប្រជុំ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស ទៅ​ដល់​សកម្មជន​ទីនោះ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ស្រាប់​តែ​ធ្វើ​រោង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​មនុស្ស​ប្រុស​មួយ​ក្រុម បាន​ជិះ​ម៉ូតូ​ចូល​ទៅ​អុកឡុក និង​គំរាម​កំហែង​ដល់​ក្រុម​ការងារ​របស់​លោក។

លោក ម៉ោញ សារ៉ាត់ បញ្ជាក់​ថា គម្រោង​ជួប​ប្រជុំ​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​អំពិល គឺ​លោក​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ និង​ខេត្ត ត្រឹមត្រូវ ហើយ​លោក​បាន​ចាត់​ទុក​មនុស្ស​មួយ​ក្រុម​ដែល​ចូល​ទៅ​អុកឡុក​នោះ ថា​គឺ​រូបភាព​គំរាម​កំហែង​ផ្នែក​នយោបាយ៖ «មុន​ដំបូង គេ​ជិះ​ម៉ូតូ​មក​មាន​គ្នា ៣​នាក់។ មក​ដល់​ឆ្កាដៃ​ឆ្ការ​ជើង ជា​រូបភាព​គំរាម។ ខ្ញុំ​បាន​សួរ​គេ ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ ហើយ​មក​ពី​ខាង​ណា​ទេ»

លោក ម៉ោញ សារ៉ាត់ អះអាង​ថា តាម​អ្នក​ភូមិ​ខ្លះ​ដែល​ស្គាល់ បាន​ប្រាប់​ថា​មនុស្ស​ដែល​ស្លៀកពាក់​ស៊ីវិល ហើយ​ចូល​ទៅ​អុកឡុក​ទាំងនោះ គឺ​ជា​ទាហាន​ក្នុង​កងពល​តូច​លេខ​៥ ដែល​មាន​ទីតាំង​នៅ​តំបន់​អណ្ដូង​បរ។

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មេ​បញ្ជាការ​កងពល​តូច​លេខ​៥ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា កាល​ពី ៣-៤​ថ្ងៃ​មុន រូប​លោក​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ជួប​ប្រជុំ​ជាមួយ​សមាជិក​នៅ​ភូមិ​គោកឪឡោក នោះ ហើយ​លោក​ក៏​បាន​យល់ព្រម​ដោយ​ប្រាប់​ឲ្យ​អភិបាល​ស្រុក​បន្ទាយអំពិល ជួយ​សម្រួល​រាល់​បញ្ហា​នានា​ទាំងអស់ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​មាន​ទាហាន​ពីណា​ទៅ​ឆាឆៅ​នៅ​កន្លែង​នោះ​នៅ​ឡើយ​ទេ៖ «មក​ទល់​នឹង​ម៉ោង​ហ្នឹង ខ្ញុំ​អត់​ទាន់​ទទួល​ព័ត៌មាន​ថា​មាន​ទាហាន​ទៅ​អុកឡុក​អី គឺ​ខ្ញុំ​ដូចជា​មិន​ជឿ​ទេ សូម​កុំ​ឲ្យ​លាប​ពណ៌​គ្នា​ណា»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា លោក​បាន​ទទួល​ព័ត៌មាន​ថា​មាន​មនុស្ស​ប្រុស​មួយ​ក្រុម​ស្លៀកពាក់​ស៊ីវិល បាន​ទៅ​អុកឡុក​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​សង់​រោង​វេទិកា​នោះ​មែន ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា តើ​មនុស្ស​មួយ​ក្រុម​នោះ​ពិត​ជា​ទាហាន ឬ​ក៏​មក​ពី​ខាង​ណា​នៅ​ឡើយ។

លោក ជីង សំភួ បញ្ជាក់​ថា លោក​នឹង​បញ្ជា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អំពិល ព្រម​ទាំង​កម្លាំង​ប៉ូលិស ឲ្យ​ឃ្លាំ​មើល និង​ការពារ​សន្តិសុខ​យ៉ាង​ត្រឹមត្រូវ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ជួប​ប្រជុំ​សមាជិក​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាជិក​សភា​អាស៊ាន​ស្នើ​គ.ជ.ប​ចាត់​វិធានការ​ការ​ថ្លែង​សារ​គំរាម​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន

$
0
0

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អេ.ភី.អេច្ឆ.អា (APHR) បាន​ប្រតិកម្ម​ទៅ​នឹង​សារ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​យល់​ថា ជា​សារ​គំរាម​កំហែង​ផ្ទួនៗ​នៅ​រដូវ​កាល​បោះឆ្នោត​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់។ សមាជិក​សភា​អាស៊ាន បាន​លើក​ឡើង​ចំ​ឈ្មោះ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថា​បាន​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង​ម្ចាស់​ឆ្នោត នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ និង​សារ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម បើ​សិន​គណបក្ស​ខ្លួន​ចាញ់​ឆ្នោត។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចប់​ការ​គំរាមកំហែង និង​ស្នើ​ឲ្យ គ.ជ.ប ចាត់​វិធានការ​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

ក្នុង​សារ​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ឧសភា លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី ថ្លែង​ថា សារ​របស់​លោក ហ៊ុន សែន និង​លោក ទៀ បាញ់ គឺ​ជា​ការ​គំរាមកំហែង​យ៉ាង​ច្បាស់​ដល់​គណបក្ស​ប្រឆាំង និង​ដល់​ជន​ទាំង​ឡាយ​ដែល​ហ៊ាន​រិះគន់​ដល់​គណបក្ស​កាន់​អំណាច មាន​សភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ហើយ​ការ​គំរាមកំហែង​ទាំង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ លោក​បន្ត​ថា ទោះ​បី​នេះ​មិនមែន​ជា​លើក​ទី​១​ដែល​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប្រើ​សារ​គំរាមកំហែង​ទាំង​នេះ​ក៏ដោយ ក៏​ការ​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ភាសា​បែប​នេះ ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់ បាន​បង្ហាញ​ថា រដ្ឋាភិបាល​នៅ​តែ​មាន​បំណង​បន្ត​ក្ដោបក្ដាប់​អំណាច​ត​ទៅ​ទៀត។

លោក​បញ្ជាក់​នៅ​ក្នុង​សារ​នេះ​ទៀត​ថា វា​ជា​ពេល​ចាំបាច់​បំផុត​ដែល​អាជ្ញាធរ រួម​ទាំង គ.ជ.ប ត្រូវ​តែ​ចាត់​វិធានការ​ជា​វិជ្ជមាន​ដើម្បី​ធានា​ថា ការ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា អាច​បង្ហាញ​សេចក្ដី​ប្រាថ្នា​ផ្នែក​នយោបាយ​របស់​ខ្លួន ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព។ លោក ហ៊ុន សែន គួរ​ធ្វើ​ជា​គំរូ​ល្អ​ដោយ​បញ្ចប់​ការ​គំរាមកំហែង។ លោក​ថា​ ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ទៅ​រក​ភាព​ស្រពេចស្រពិល ហើយ​សហគមន៍​អន្តរជាតិ នឹង​ឃ្លាំមើល​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

ឆ្លើយតប​ទៅ​នឹង​មតិ​រិះគន់​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ពី​សារ​របស់​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប នឹង​ធ្វើ​ការ​ពិនិត្យ​លើ​សារ​របស់​អ្នក​នយោបាយ​ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា ដែល​ជា​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដោយឡែក​រឿង​ដែល​កើត​ឡើង​នៅ​មុន ឬ​ក្រោយ​ថ្ងៃ​ឃោសនា​គឺ​ជា​បន្ទុក​របស់​អាជ្ញាធរ៖ «បើ​សិន​ជា​ភាគី​ណា​មិន​សុខ​ចិត្ត​លើក​បញ្ហា​នេះ​ត្រូវ​ប្ដឹង​ទៅ​អាជ្ញាធរ រវាង គ.ជ.ប និង​អាជ្ញាធរ​យើង​ចែក​ប្រក្រតីទិន​ច្បាស់លាស់។ ចំពោះ​អនុសាសន៍​ទាំង​ឡាយ ពិសេស​ការ​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ឲ្យ​មាន​បរិយាកាស​ល្អ ជា​ចំណុច​ល្អ​ប្រសើរ​ហើយ»

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា លោក ឆាលស៍ សានទីអេហ្គោ កំពុង​ប្រាសចាក​ពី​ក្រម​អាស៊ាន​ដែល​បាន​លូកលាន់​បញ្ហា​ផ្ទៃ​ក្នុង​កម្ពុជា និង​មិន​គោរព​ធម្មនុញ្ញ​អាស៊ាន។ លោក​ថា កម្ពុជា​មិន​ដែល​លូកលាន់​​អ្នក​នយោបាយ​របស់​ប្រទេស​ហ្វីលីពីន ឡើយ។ លោក​ហៅ​ការ​រិះគន់​នេះ ថា​ជា​ការ​លើក​ឡើង​មិន​មែន​ជា​ការ​សម្ដែង​មតិ​ពិត ប៉ុន្តែ​ជា​ការ​លើក​ឡើង​ក្នុង​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ប្រឆាំង​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ៖ «គាត់​នៅ​ឆ្ងាយ​ពី​កម្ពុជា គាត់​អត់​យល់ អត់​ដឹង​អំពី​សារ​របស់​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា ដែល​បាន​លើក​ឡើង​ជា​សាធារណៈ​នោះ​ទេ។ គាត់​យល់​ច្រឡំ​ទាំង​អស់ ហើយ​គាត់​យល់​ច្រឡំ​ថា អ្វី​ដែល​គណបក្ស​ប្រជាជន ក៏​ដូចជា​រាជ​រដ្ឋាភិបាល​ជា​អ្នក​ប្រឆាំង​ជាមួយ​សិទ្ធិ​មនុស្ស ប្រឆាំង​នឹង​ដំណើរការ​នៃ​ការ​បោះឆ្នោត ប្រឆាំង​នឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បោះឆ្នោត»

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ឈុំ សុជាត អ្នក​នាំ​ក្រសួង​ការពារ​ជាតិ ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ឧសភា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ។ ការ​តវ៉ា​ណា​មួយ​ក្រោយ​ពេល​ចាញ់​ឆ្នោត គឺ​នាំ​ឲ្យ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ដែល​លោក​ថា លោក​មិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​កើត​ឡើង​តទៅទៀត​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ការ​បង្ក្រាប​កន្លង​មក។

កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា សង្គ្រាម​កើត​ឡើង​វិញ ប្រសិន​បើ​បក្ស​ខ្លួន​ចាញ់​ឆ្នោត ឬ​ពលរដ្ឋ​មិន​ខំ​ថែរក្សា​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ។ លោក​ថា លោក​ខំ​ប្រឹង​កសាង​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​យ៉ាង​លំបាក​មក​ឲ្យ​ប្រទេស​កម្ពុជា ដ៏​កម្សត់ ប៉ុន្តែ​បែរ​ជា​មាន​ក្រុម​មួយ​មក​សាង​គ្រោះ​ឲ្យ​ជាតិ​ទៅ​វិញ។ លោក​ថា បើ​គណបក្ស​លោក​មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា។

ជុំវិញ​សារ​ប្រកាស​សង្គ្រាម​នេះ នៅ​ជិត​ការ​បោះ​ឆ្នោត ត្រូវ​បាន​ព្រះសង្ឃ អ្នក​នយោបាយ​ជើង​ចាស់ និង​តំណាងរាស្ត្រ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​មន្ត្រី​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​ថា ជា​សារ​ទាល់ច្រក ជា​សារ​ហួស​សម័យ គ្មាន​ប្រសិទ្ធភាព និង​បង្ហាញ​នូវ​ភាព​កំសាក​ខាង​ផ្នែក​នយោបាយ​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន រំពឹង​ថា​ចិន​នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​អភិវឌ្ឍ​លឿន​រហ័ស​ទៅ​មុខ

$
0
0

កម្ពុជា រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​អំពី​គម្រោង "ខ្សែ​ក្រវាត់ និង​ផ្លូវ" សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន ក្នុង​ការ​ជួយ​កសាង​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេស។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​មហា​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សម្ដែង​ក្តី​រីករាយ និង​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូលៗ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​សភា និង​នយោបាយ​ចិន ដោយ​ភាគី​ទាំង​ពីរ​ខិតខំ​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​ឲ្យ​មាន​សន្ទុះ​លឿន​ទៅ​មុខ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ក្រោយ​ពេល​លោក​បាន​ចូលរួម​វេទិកា "ខ្សែ​ក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ" ក្នុង​រដ្ឋធានី​ប៉េកាំង និង​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឹឈាំង (Li Keqiang) និង​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​ថា ចំនួន​អ្នក​ទេសចរ​ចិន នឹង​កើន​ឡើង​ដល់ ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២០ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើន​ឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ។ ទន្ទឹម​នឹង​នេះ កម្ពុជា ក៏​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​បន្ថែម​ទៀត ដូចជា​ផ្លូវ​ល្បឿន​លឿន ព្រលាន​យន្តហោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម។

លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​សរសើរ​ចិន ថា​ជា​បង​ប្អូន និង​ជា​មិត្តភ័ក្ដិ​ដែល​ជឿ​ទុក​ចិត្ត​គ្នា ហើយ​ថា​ចិន បន្ត​ជួយ​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ពិសេស​ជួយ​ពង្រឹង​ឯករាជ​ភាព​នៃ​នយោបាយ​កម្ពុជា ទៀត​ផង។ បន្ថែម​ពី​លើ​នេះ លោក​ថា ចិន នឹង​ផ្តល់​ជំនួយ​ឥត​សំណង និង​ជំនួយ​ឥណទាន​ការប្រាក់​ទាប​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​នានា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​អ្នក​ជំនួញ និង​វិនិយោគិន​ចិន ជាច្រើន​នាក់​ដែល​ចាប់​អារម្មណ៍ និង​កំពុង​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា ផង​ដែរ។ លោក​ថា កម្ពុជា រីករាយ​ស្វាគមន៍​វិនិយោគិន​ចិន ដែល​មាន​បំណង​ទៅ​វិនិយោគ​នៅ​កម្ពុជា ហើយ​កត្តា​ទាក់ទាញ​សំខាន់​នោះ គឺ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​មាន​ធនធាន​មនុស្ស​ចេះ​ភាសា​ចិន ច្រើន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែង​ថា ការ​បណ្ដាក់​ទុន​របស់​អ្នក​វិនិយោគ​ចិន គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ស្វាគមន៍ ក៏ប៉ុន្តែ​លោក​លើក​ឡើង​ពី​ក្តី​បារម្ភ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​នេះ។ លោក​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ចិន ភាគច្រើន​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​មិន​គិតគូរ​អំពី​និរន្តរភាព​នៃ​ការ​វិនិយោគ​ឡើយ ពោល​គឺ​ពួក​គេ​គិត​តែ​ពី​ផល​ប្រយោជន៍​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដែល​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​ចិន ទាំងនោះ បាន​ធ្វើ​របៀប​នេះ​ទាំង​នៅ​កម្ពុជា និង​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាហ្វ្រិក ទី​ដែល​មាន​ក្រុមហ៊ុន​ចិន ជាច្រើន​កំពុង​សម្រុក​អនុវត្ត​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ៖ «»

លោក ង៉ែត ជូ សង្កត់​ធ្ងន់​ថា ការ​ផ្តល់​ជំនួយ និង​កម្ចី​ឥណទាន​ជាច្រើន​នេះ អាច​ជួយ​ឲ្យ​កម្ពុជា រីក​ចម្រើន​ឆាប់​រហ័ស ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធានា​អំពី​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ជំនួយ និង​កម្ចី​ទាំងនោះ។ លោក​បន្ថែម​ថា ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន តាម​រយៈ​គម្រោង​វិនិយោគ​ធំៗ​ក្នុង​តំបន់​អាស៊ី ក៏​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​សម្រាប់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បាន​លឿន​រហ័ស​ដែរ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធានា​តុល្យភាព​នៃ​នយោបាយ​ការ​បរទេស​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែរ ព្រោះ​ប្រទេស​ទាំងនេះ គឺ​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា៖ «»

នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​បែប​នេះ លោក ង៉ែត ជូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព ចំណេះ​ដឹង និង​ជំនាញ​ចាំបាច់​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​កម្ពុជា មាន​កម្លាំង​ពលកម្ម​មាន​សក្ដានុពល បើ​មិន​ដូច្នោះ​ទេ កម្ពុជា នឹង​មិន​អាច​ដើរ​ទាន់​ប្រទេស​ដទៃ​ឡើយ បើ​ទោះ​ជា​កម្ពុជា បាន​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ប្រទេស​ក្នុង​តំបន់​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​មនុស្ស​៣​រូប​ដដែល​ជា​អនុប្រធាន​គណបក្ស

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសរើស​អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួង​មហាផ្ទៃ ធ្លាប់​មិន​ទទួល​ស្គាល់​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​វិញ។ ការ​ជ្រើសរើស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​វិសាមញ្ញ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បញ្ជូន​លិខិត​សមាសភាព និង​ប្រវត្តិរូប​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​សមាជ​វិសាមញ្ញ​នេះ​បាន​បិទ​បញ្ចប់​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា។

ក្រោយ​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​រួច​រាល់ អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ គណបក្ស​ប្រឆាំង​មាន​អនុប្រធាន ៣​នាក់ គឺ​លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។

លិខិត​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ មីនា បាន​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​កាល​ពី​ដើម​ខែ​មីនា ផ្ទុយ​នឹង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១៣។

ក្រោយ​មក គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ចរចា​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ថា ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​របស់​បក្ស​ប្រឆាំង​ត្រឹមត្រូវ និង​ជា​សិទ្ធិ​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​នៅ​ទីបំផុត​ទៅ គណបក្ស​ប្រឆាំង​បាន​ប្រកាស​វិសោធនកម្ម​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​តម្រូវ​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​នោះ ថា​ជា​ការ​បញ្ចប់​រាល់​បញ្ហា​ស្មុគស្មាញ​ជាមួយ​ក្រសួង​មហាផ្ទៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​បាន​លិខិត​ជា​ផ្លូវការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ករណី​ក្រសួង​មហាផ្ទៃ ជ្រើសរើស​អនុប្រធាន​នៅ​ឡើយ ដូច្នេះ​លោក​មិន​ទាន់​ឆ្លើយ​បាន​ថា តើ​ត្រូវ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា​នោះ​ទេ៖ «មិន​ទាន់​ហ៊ាន​ថា​ម៉េច​ទេ ចាំ​មើល​ទទួល​លិខិត​ស្នាម។ ចាំ​យើង​ពិនិត្យ​មើល​ឯកសារ​សិន​ណា»

នៅ​មុន​បោះឆ្នោត​រើស​អនុប្រធាន លោក កឹម សុខា បាន​ប្រារព្ធ​កម្មវិធី "រយ​ពាន់​ពន្លឺ​ដើម្បី​ស្ត្រី"។ កម្មវិធី​នោះ គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​ដើម្បី​អបអរ​បេក្ខជន​លេខ​រៀង​ទី​១ ជា​ស្ត្រី​នៅ​តាម​ឃុំ​ទូទាំង​ប្រទេស​ចំនួន ១០៣​នាក់ ចូលរួម។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​សកម្មជន​ខ្លួន​ពេល​ឃោសនា​បោះឆ្នោត ឲ្យ​និយាយ​តែ​ពី​គោល​នយោបាយ និង​កុំ​ប្រើ​ពាក្យ​អសុរោះ ឬ​កុំ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។ លោក កឹម សុខា យល់​ថា មាន​ភាព​អយុត្តិធម៌​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ទស្សនៈ សម្រាប់​បក្ស​ប្រឆាំង ព្រោះ​លោក​ថា​បក្ស​ប្រឆាំង​គ្រាន់​តែ​និយាយ​បញ្ឆិតបញ្ឆៀង ក៏​រង​ទោស​ទណ្ឌ ឬ​ការ​ចោទ​ប្រកាន់​ដែរ ឯ​គណបក្ស​មួយ​ទៀត បើ​ទោះ​ជា​គំរាម​មាន​សង្គ្រាម ឬ​វាយ​បាក់​ធ្មេញ ក៏​គ្មាន​ទោស​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា ចាត់​ទុក​សារ​គំរាម​ពី​សង្គ្រាម និង​សារ​វាយ​បំបាក់​ធ្មេញ គឺ​ជា​សារ​ដែល​ចំណេញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ថែម​ថា បើ​មាន​សារ​ប្រភេទ​នេះ​កាន់​តែ​ច្រើន នឹង​ចំណេញ​ដល់​គណបក្ស​លោក៖ «ប្រជាពលរដ្ឋ​ណា​ចង់​សង្គ្រាម បោះ​ឲ្យ​គេ​ទៅ ណា​ចង់​សន្តិភាព បោះ​ឲ្យ​យើង​មក៍ ណា​ចង់​ឲ្យ​គេ​វ៉ៃ​បាក់​ទៅ​ខាង​ណុង​ទៅ ណា​ចង់​ទុក​ធ្មេញ​ហូប​បាយ បោះ​ឲ្យ​យើង។ យើង​បោះឆ្នោត បើ​បាន​គេ​និយាយ​ចឹងៗ​ច្រើន​ទៀត យើង​បាន​សន្លឹក​ឆ្នោតមក​កាន់​តែ​ច្រើន។ ប្រជាពលរដ្ឋ​ប្រាប់​ខ្ញុំ យើង​មិន​បាច់​ចាំ​និយាយ​អី ទុក​ឲ្យ​គេ​និយាយ​ចុះ ណ៎បង​ប្អូន»

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា “កម្ពុជា នឹង​មាន​សង្គ្រាម” បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​នៅ​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​បង្ក្រាប​វាយ​ឲ្យ​បែក​ធ្មេញ ដល់​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត។ អ្នក​វិភាគ​ចាត់​ទុក​សារ​បែប​នេះ គឺ​ជា​សារ​បែប​គំរាម​ពលរដ្ឋ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ លោក ឯម សុវណ្ណារ៉ា យល់​ថា សារ​ព្រមាន​ពី​សង្គ្រាម​នេះ មិន​អាច​ប្រាកដ​ថា​ចំណេញ​សម្រាប់​គណបក្ស​កាន់​អំណាច​ទេ។ លោក​ថា សារ​ព្រមាន​ពី​សង្គ្រាម គំរាម​បាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ ដីធ្លី​ច្រើន និង​មនុស្ស​វ័យ​ចំណាស់​ខ្លះ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​កងទ័ព​ខ្លះ​ដែល​ជំពាក់​ធនាគារ អាច​នឹង​រឹត​តែ​ជំរុញ​ឲ្យ​មាន​សង្គ្រាម ដើម្បី​ឲ្យ​ពួក​គេ​អាច​ដោះ​បំណុល​បាន ព្រោះ​កម្ពុជា ធ្លាប់​មាន​របត់​បែប​នេះ​ច្រើន​ហើយ៖ «អើ! យើង​ឃើញ​ថា​មាន​គ្រួសារ​កងទ័ព​ក៏​មាន​ច្រើន​ដែរ ចឹង​ទេ! ករណី​នេះ​វា​ជំរុញ​ឲ្យ​អ្នក​ជំពាក់​ហ្នឹង ចិត្ត​ចង់​ថា​ឲ្យ​មាន​សង្គ្រាម​ទេ រួច​បំណុល ព្រោះ​កម្ពុជា វា​មាន​របត់​ហ្នឹង​ច្រើន។ ការ​មាន​សង្គ្រាម​វា​មិន​ល្អ​សម្រាប់​សង្គម​កម្ពុជា ទេ នៅ​ថ្ងៃ​អនាគត ពលរដ្ឋ​វា​អាច​ចង់​ឲ្យ​មាន​សង្គ្រាម​ទៅ​វិញ​ទេ អា​ហ្នឹង​ខ្ញុំ​បារម្ភ​បញ្ហា​នេះ​ទៅ​វិញ»

ចំណែក​សារ​ព្រមាន​វាយ​បែក​ធ្មេញ​វិញ លោក ឯម សុវណ្ណារ៉ា ថា​មិន​ទាន់​ដល់​តួនាទី​របស់​កងទ័ព​ចូល​អន្តរាគមន៍​ទេ ព្រោះ​ជា​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ។ លោក​ថា លុះ​ណា​តែ​មាន​ភាព​ច្របូកច្របល់ ទើប​ជា​ភារកិច្ច​របស់​កងទ័ព​ចូល​អន្តរាគមន៍។

សារ​ប្រកាស​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ក្ដែងៗ​នៅ​ជិត​ការ​បោះឆ្នោត ត្រូវ​បាន​ព្រះសង្ឃ អ្នក​នយោបាយ​ជើង​ចាស់ និង​តំណាងរាស្ត្រ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ចាត់​ទុក​ថា​ជា​សារ​ទាល់ច្រក និង​គ្មាន​ប្រសិទ្ធភាព។

សារ​គំរាម​ថា​មាន​សង្គ្រាម​បង្ហូរ​ឈាម​ដូច​គ្នា​នេះ ត្រូវ​បាន​មេ​ដឹកនាំ​ផ្ដាច់ការ​នៃ​របប​សឹក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា លោក ថេន សេន (Thein Sein) ប្រកាស​តាម​ហ្វេសប៊ុក​របស់​គាត់​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ប្រទេស​ភូមា កាល​ពី​ចុង​ឆ្នាំ​២០១៥។ លោក ថេន សេន កាលណោះ​ប្រកាស​ដូច​គ្នា​នេះ​ថា បើ​គណបក្ស​កាន់​អំណាច​របស់​គាត់​ធ្លាក់​ឆ្នោត​នោះ នឹង​មាន​សង្គ្រាម​បង្ហូរ​ឈាម​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​ជា​លទ្ធផល ប្រជាពលរដ្ឋ​ភូមា បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) រហូត​ដល់​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។ អំណាច​ពលរដ្ឋ​តាម​រយៈ​សន្លឹក​ឆ្នោត ធ្វើ​ឲ្យ​លោក ថេន សេន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រគល់​អំណាច​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រឆាំង​នៅ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ទឹក​ខ្មៅ​សម្រាប់​បម្រើ​ការ​បោះឆ្នោត

$
0
0

ទឹក​ខ្មៅ​លាង​មិន​ជ្រះ​ថ្មី​សម្រាប់​បម្រើ​ការ​ដល់​ការ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ទើប​ទិញ​ពី​ប្រទេស​ឥណ្ឌា តម្លៃ​ជាង ៧០​ម៉ឺន​ដុល្លារ នៅ​តែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ព្រួយ​បារម្ភ​ថា ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​អាច​បោះឆ្នោត​លើស​ពី​ម្តង​បាន។ គណបក្ស​ប្រឆាំង​លើក​ឡើង​បែប​នេះ​ក្នុង​ពេល គ..ប អនុញ្ញាត​ឲ្យ​មនុស្ស ១១​នាក់​ជ្រលក់​ម្រាម​ដៃ​ក្នុង​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ក្នុង​ចំណោម​មនុស្ស ១១​នាក់​មក​ពី​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​ប្រធាន​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដែល​ស្ម័គ្រ​ចិត្ត​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ ក្នុង​នោះ​តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​មក​ពី​អង្គការ​ខុមហ្វ្រែល (COMFREL) បាន​លាង​ដៃ​របស់​ខ្លួន​ជាមួយ​ថ្នាំ​អ៊ុតសក់ និង​ទឹក​ថ្នាំ​គីមី​ផ្សេង​ទៀត​ស្ទើរ​តែ​ជ្រះ​ទឹក​ខ្មៅ​ចេញ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ថា នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​អាច​បោះឆ្នោត​លើស​ពី​ម្តង​បាន។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ ជា​លទ្ធផល ម្រាម​ដៃ​របស់​លោក​លាង​ស្ទើរ​បាត់​ស្នាម​ប្រឡាក់ ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ណា​ដែល​មាន​បំណង​បន្លំ​ចង់​បោះឆ្នោត​លើស​ពី​ម្តង។ លោក​ថា ទឹក​ខ្មៅ​នេះ​អាច​លាង​ជ្រះ។ តំណាង​គណបក្ស​ប្រឆាំង​រូប​នេះ ទទូច​ទៅ គ..ប រៀបចំ​ទឹក​ខ្មៅ​ដើម្បី​ឲ្យ​មាន​គុណភាព​ល្អ​ជាង​ទឹក​ខ្មៅ​នេះ៖ «ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បន្ត​ទទូច​ឲ្យ គ..រៀបចំ និង​ធានា​នូវ​ទឹក​ថ្នាំ​នេះ ដើម្បី​ឲ្យ​អ្នក​បោះឆ្នោតមាន​ការជឿ​ទុក​ចិត្តបន្ថែម​ទៀត​លើ គ..»

ចំណែក​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ដែល​បាន​ចូលរួម​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ និង​បាន​លាង​ទឹក​ខ្មៅ​ចេញ​ពី​ម្រាម​ដៃ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គុណភាព​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នេះ ព្រោះ​លោក​ថា កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ អង្គការ​របស់​លោក​រង​ការ​គំរាម​ខ្លាំង ព្រោះ​ការ​វាយ​តម្លៃ​គុណភាព​ទឹក​ខ្មៅ។

ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក និយាយ​ថា ទោះ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​មិន​អាច​ធានា​គុណភាព​បាន ១០០​ភាគរយ​ក្តី ប៉ុន្តែ​លោក​អះអាង​ថា គ..ប មាន​វិធានការ​ប្រាំ​ចំណុច​ទៀត ដើម្បី​ការពារ​មិន​ឲ្យ​ជន​ខិលខូច​អាច​បោះឆ្នោត​លើស​ពី​ម្តង​បាន៖ «ឲ្យ​តែ​ប្រភេទ​គ្រប់​គីមី​មិន​ត្រូវ​លុប​ជ្រះ​ហ្នឹង ក្មួយ​អញ្ជើញ​ទៅ​រក​ទៅ»

ប្រធាន គ..ប រូប​នេះ​ឲ្យ​ដឹង​ថា វិធានការ​ប្រាំ​ចំណុច​នោះ​រួម​មាន ពង្រឹង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត ពង្រឹង​ភារកិច្ច​របស់​លេខាធិការ​ការិយាល័យ​បោះឆ្នោត ក្នុង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​ផ្សេងៗ ណែនាំ​លេខាធិការ​ឲ្យ​ផ្ទៀងផ្ទាត់​ដល់​អ្នក​បោះឆ្នោត​ឲ្យ​គូស​លើ​ប្រអប់​លេខ​រៀង​បញ្ជី​បោះឆ្នោត រំឭក​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​ផ្ទៀងផ្ទាត់​រូប​អ្នក​បោះឆ្នោត និង​រូប​នៅ​ក្នុង​បញ្ជី​បោះឆ្នោត និង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ពី​ការ​អនុវត្ត​ទោស​បញ្ញត្តិ​ទៅ​លើ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត។

..ប បាន​បញ្ជា​ទិញ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​ពី​ប្រទេស​ឥណ្ឌា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​ទឹក​ថ្នាំ​ប្រទេស​ឥណ្ឌា គ..ប មាន​គម្រោង​សាកល្បង​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​ពី​ប្រទេស​ដាណឺម៉ាក អាហ្វ្រិក​ខាង​ត្បូង កាណាដា និង​ប្រទេស​ចិន។ ប៉ុន្តែ​ដោយសារ​ពេលវេលា​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គ..ប សម្រេច​ប្រើ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​របស់​ប្រទេស​ឥណ្ឌា បម្រើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

ខណៈ​គុណភាព​ទឹក​ខ្មៅ​កំពុង​ចោទ​ជា​បញ្ហា​នៅ​ឡើយ ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក ព្រមាន​ដោយ​ចោទ​ប្រកាន់​បី​ចំណុច​ធំៗ ទី​១ អ្នក​ដែល​ព្យាយាម​លាង​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​ក្នុង​ថ្ងៃ​បោះឆ្នោត គឺ​មាន​គំនិត​ចង់​ចូល​បោះឆ្នោត​ច្រើន​ដង។ ទី​២ មាន​គំនិត​មិន​ស្មោះ​ត្រង់ និង​ទី​៣ ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​ជាង​១​ពាន់​នាក់​បើក​ផ្លូវ​នៅ​ក្រុង​តាខ្មៅ​វិញ​បន្ទាប់​ពី​រោងចក្រ​សន្យា​ដោះស្រាយ

$
0
0

កម្មករ​រោងចក្រ​កាត់​ដេរ ហ្គាវ័ន្ត អឺភែរីល (Gawon Apparel) ប្រមាណ ១​ពាន់​នាក់ សម្រេច​បិទ​ផ្លូវ​នៅ​ក្រុង​តាខ្មៅ ពេញ​មួយ​ព្រឹក ដើម្បី​បង្ខំ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​ខែ​ដែល​ក្រុមហ៊ុន​ជំពាក់ ឲ្យ​បាន​គ្រប់​ទៅ​តាម​តារាង​ប្រាក់​បៀវត្សរ៍​ដែល​ពួក​គេ​ត្រូវ​ទទួល​បាន​ពី​រោងចក្រ។ រោងចក្រ​ដែល​ផលិត​សម្លៀកបំពាក់​នេះ សម្រេច​ចិត្ត​បន្ទន់​ឥរិយាបថ​មួយ​ជំហាន ហើយ​សម្របសម្រួល​បញ្ចប់​វិវាទ ដោយ​សន្យា​ផ្ដល់​ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ។

កម្មករ​សម្រេច​ចិត្ត​រំសាយ​ទៅ​វិញ​ភ្លាមៗ​នៅ​ម៉ោង​ប្រមាណ​ជាង ២​រសៀល​ថ្ងៃ​ទី​១៧ ឧសភា នៅ​ពេល​គូ​ទំនាស់​បាន​ចរចា​គ្នា​ត្រូវរ៉ូវ ខណៈ​ការ​បិទ​ផ្លូវ​ដើម្បី​បង្ខំ​ឲ្យ​ភាគី​រោងចក្រ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​រឿង​ជំពាក់​ប្រាក់​ខែ​កម្មករ បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ឡើង​វិញ។

ប្រាប់​អាស៊ីសេរី ក្រោយ​ចេញ​ពី​ក្នុង​រោងចក្រ កម្មការិនី​ដែល​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ ហ្គាវ័ន្ត អឺភែរីល គឺ​លោកស្រី ឡុង រ៉ា ឲ្យ​ដឹង​ថា កម្មករ​ដែល​តវ៉ា​បិទ​ផ្លូវ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា សម្រេច​ចិត្ត​ចូល​ធ្វើ​ការ​ឡើង​វិញ​នៅ​ពេល​ភាគី​ក្រុមហ៊ុន បាន​ព្រមព្រៀង​ទៅ​តាម​ការ​ស្នើសុំ​របស់​កម្មករ។

លោកស្រី​មាន​ជំនឿ​ថា ភាគី​ក្រុមហ៊ុន​ប្រហែល​ជា​មិន​ក្បត់​កិច្ចសន្យា​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​មិន​អនុវត្ត​តាម​ការ​ព្រមព្រៀង​ទេ បាតុកម្ម​អាច​នឹង​ផ្ទុះ​ខ្លាំង​ជាង​នេះ​ទៀត។ លោកស្រី​បន្ត​ថា «មូលហេតុ​ដែល​គេ​និយាយ​ត្រូវ​គ្នា​ហើយ។ ត្រូវ​គ្នា​គាត់​សម្រួល​គាត់​សន្យា​ថា​នឹង​បើក​លុយ​ឲ្យ​ថ្ងៃ​ទី​២០ ទាំង​សងខាងចាំ​មើល​លុយ​ហ្នឹង​បាន​យ៉ាង​ម៉េច ហើយ​បាន​គេ​និយាយ​ទៀត»

កម្មករ​នៃ​រោងចក្រ ហ្គាវ័ន្ត អឺភែរីល ប្រមាណ​ជាង ១​ពាន់​នាក់ ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នេះ បាន​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា មក​ម្ល៉េះ ប៉ុន្តែ​ការ​តវ៉ា​ដែល​បាន​អូស​បន្លាយ​ជាច្រើន​ថ្ងៃ​មក​ហើយ​នេះ នៅ​តែ​ពុំ​មាន​ដំណោះស្រាយ ទើប​ពួក​គេ​បង្ខំ​ចិត្ត​បិទ​ផ្លូវ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ប្រឆាំង​នឹង​ការ​គេចវេះ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ភាគី​រោងចក្រ។ កម្មករ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​បិទ​ផ្លូវ​នេះ ព្រោះ​តែ​ភាគី​រោងចក្រ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​មិន​បាន​គ្រប់​ចំនួន​ទៅ​តាម​លុយ​ដែល​ត្រូវ​ទទួល​បាន​ក្នុង​មួយ​ខែៗ​នោះ​ម្ដង​ណា​ឡើយ។

បាតុកម្ម​បិទ​ផ្លូវ​នៅ​ចំណុច​សង្កាត់​តាខ្មៅ ខេត្ត​កណ្ដាល នេះ សង្កេត​ឃើញ​ថា កម្លាំង​សមត្ថកិច្ច​ត្រូវ​គេ​ដាក់​ពង្រាយ​ជាច្រើន​នាក់។ មន្ត្រី​នគរបាល​ដែល​មាន​ភារកិច្ច​ចុះ​បង្ក្រាប​ការ​ជួបជុំ​នេះ បាន​ព្រមាន​កម្មករ​ដោយ​ប្រើប្រាស់​ឡាន​បាញ់​ទឹក​ប្រឆាំង​ការ​ប្រមូល​ផ្ដុំ​នេះ បើ​នៅ​តែ​មិន​ព្រម​រំសាយ​ទៀត។ យ៉ាង​ណា ក្រុម​សមត្ថកិច្ច​ដែល​មាន​ភារៈ​ឃ្លាំ​មើល​បាតុកម្ម​នេះ ត្រូវ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ម្នាក់ ១​ម៉ឺន​រៀល​ពី​អង្គភាព ហើយ​លុយ​ទាំងនេះ​ត្រូវ​ចែក​ភ្លាមៗ​នៅ​បរិវេណ​ទីតាំង​បាតុកម្ម​នោះ​ដែរ។

ក្រុម​សហជីព​ដែល​តែង​គាំពារ​ផ្នែក​ច្បាប់​ដល់​កម្មករ លើក​ឡើង​ថា សព្វថ្ងៃ​ថ្វី​បើ​បាតុកម្ម​មើល​ទៅ​ហាក់​ស្ងប់ស្ងាត់ ប៉ុន្តែ​វិវាទ​ដែល​កើត​ឡើង​ពី​វិស័យ​នេះ នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នៅ​ឡើយ​នៅ​តាម​រោងចក្រ។ លោក ប៉ាវ ស៊ីណា លើក​ឡើង​ថា ដោយសារ​ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ មាន​លក្ខខណ្ឌ និង​បញ្ញត្តិ​ដ៏​តឹងរ៉ឹង នេះ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​រួម​តូច​នៃ​ការ​ធ្វើ​ការ​របស់​ក្រុម​សហជីព។ ប៉ុន្តែ​សហជីព​លើក​ឡើង​ថា ច្បាប់​នេះ​វា​ហាក់​ដើរ​បញ្ច្រាស​ពី​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩ មាត្រា​៥ តម្រូវ​ឲ្យ​អ្នក​រៀបចំ​បាតុកម្ម គ្រាន់​តែ​ជូន​ដំណឹង ពុំ​ចាំបាច់​រៀបចំ​ច្បាប់​បទដ្ឋាន​គតិយុត្តិ​អ្វី​វែង​ឆ្ងាយ​ឡើយ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ យល់​ឃើញ​ថា ការ​ដោះស្រាយ​ក្រោម​ហេតុផល​សម្របសម្រួល​នេះ ជា​វិធី​ល្អ​ទាំង​សងខាង។ លោក​បន្ត​ថា ប្រសិន​បើ​ភាគី​រោងចក្រ​គោរព​បាន​ទៅ​តាម​លក្ខខណ្ឌ​ដូច​ដែល​បាន​ព្រមព្រៀង​នេះ គឺ​ជា​អ្វី​ដែល​ក្រុម​កម្មករ និង​សហជីព​ចង់​បាន។ លោក​បន្ត​ថា «ធម្មតា​យើង​អាច​ទទួល​យក​បាន ប្រសិន​បើការ​ទាមទារ​របស់​កម្មករ ហើយ​យើង​ឃើញ​មាន​ការ​ចូលរួម​អន្តរាគមន៍​ទាន់​ពេលវេលា​នោះ វា​ជា​រឿង​មួយ​ដែល​សហជីព​ចង់​បាន»

ក្រៅ​ពី​លក្ខខណ្ឌ​ដែល​កម្មករ​បាន​ទាមទារ ហើយ​ឈាន​ដល់​ផ្ទុះ​ការ​តវ៉ា​រហូត​បិទ​ផ្លូវ​នេះ កម្មករ​រោងចក្រ​ចោទ​ប្រកាន់​ថា ភាគី​រោងចក្រ​បាន​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ដទៃ​ទៀត ក្រៅ​ពី​នេះ គឺ​កម្មវិធី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​ថា ប..ស។ សេវាកម្ម​នេះ ពួក​គេ​មិន​អាច​ប្រើប្រាស់​បាន​ឡើយ នៅ​ពេល​ទទួល​បាន​កាត​សមាជិក​ពី​រោងចក្រ​រួច ជា​ថ្នូរ​នឹង​ការ​កាត់​លុយ​ប្រចាំ​ខែ។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​តំណាង​ភាគី​រោងចក្រ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

យ៉ាង​ណា តំណាង​កម្មករ​លើក​ឡើង​ថា ភាគី​រោងចក្រ​បាន​យល់ព្រម​ទៅ​តាម​ការ​ទាមទារ​របស់​កម្មករ ហើយ​ស្នើ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​១៨ ត​ទៅ។ ដោយឡែក​ប្រាក់​ខែ​ដែល​រោងចក្រ​ជំពាក់ នឹង​ត្រូវ​ទូទាត់​ឲ្យ​រួច​រាល់​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​រឿង​បោះ​បង្គោល​អគ្គិសនី​ប៉ះពាល់​ដីធ្លី

$
0
0

ប្រជាពលរដ្ឋ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​អគ្គិសនី​លើ​ដី​ស្រែ និង​ដី​លំនៅឋាន លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ផ្តល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទេ ពួក​គាត់​នឹង​ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខាន។ បន្ថែម​ពី​នេះ ពលរដ្ឋ​នឹង​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង។ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ គឺ​មិន​គិត​រឿង​នយោបាយ​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​ងាក​ទៅ​គាំទ្រ​គណបក្ស​ថ្មី ដោយ​ចោទ​ថា​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទាំងនោះ​មិន​បាន គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់​ប៉ុណ្ណោះ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល និង​រាយ​ខ្សែ​អគ្គិសនី​នៅ​ក្រុង​កំពង់ចាម ប្រមាណ ៣០​គ្រួសារ អះអាង​ថា ពួក​គាត់​ជា​អ្នក​គាំទ្រ និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក។ ប៉ុន្តែ​ពួក​គាត់​នឹង​ឈប់​គាំទ្រ​គណបក្ស​នេះ​បន្ត​ទៀត ហើយ​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​អាច​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ពួក​គេ​បាន។

ពលរដ្ឋ​នៅ​ក្រុង​កំពង់ចាម លោកស្រី សូ សាម៉េត មាន​ប្រសាសន៍​ថា ដី​លំនៅឋាន​របស់​ពួក​គាត់​ត្រូវ​បាន​ខាង​អគ្គិសនី​បោះ​បង្គោល និង​អូស​ខ្សែ​ភ្លើង​កាត់ ហើយ​កាប់​ដំណាំ​ហូប​ផ្លែ​របស់​ពួក​គាត់​ជិត ១០០​ដើម​ដោយ​មិន​មាន​សំណង​សមរម្យ​ឡើយ។ លោកស្រី​អះអាង​ថា បច្ចុប្បន្ន គាត់​ជា​ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ភូមិ ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​នេះ​គ្មាន​ដំណោះស្រាយ​ទៀត ពួក​គាត់​នឹង​ឈប់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ម្តង៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន​ហ្នឹង​មិន​អាច​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​មុន​ពេល​បោះឆ្នោត​ទេ ខ្ញុំ​រើស​គណបក្ស​ថ្មី​ទៀត​ហើយ»

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី មិត្ត គីមថា បញ្ជាក់​ថា ពួក​គាត់​ដែល​មាន​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន ៣០​គ្រួសារ ភាគច្រើន​ជា​មន្ត្រី​រាជការ ហើយ​តែងតែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក។ លោកស្រី​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​មុន​ការ​បោះឆ្នោត ពួក​គាត់​សម្រេច​ជ្រើសរើស​មេ​ដឹកនាំ​មូលដ្ឋាន ឬ​ងាយ​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​វិញ។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ពលរដ្ឋ​ភាគច្រើន រួម​ទាំង​លោកស្រី​ផង កាន់​តែ​បាត់បង់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង៖ «ព្រោះ​យើង​អាង​គណបក្ស​ប្រជាជន។ យើង​សង្ឃឹម​លើ​គណបក្ស​ប្រជាជន ពី​មុន​មក។ ឥឡូវ​នេះ គណបក្ស​ប្រជាជន ប្ដឹង​ទៅ​គាត់​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​គាត់​ដូច​អាង​អំណាច​អ៊ីចឹង»

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ចាម លោក ជឹម លាវ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​ស្ទើរ​តែ​អស់​ទៅ​ហើយ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​គ្មាន​ការ​គំរាម​កំហែង។ លោក​ថា មាន​តែ​ពលរដ្ឋ ១១​គ្រួសារ​ប៉ុណ្ណោះ​មិន​ព្រម​ទទួល​យក​សំណង​ដែល​កំណត់​ដោយ​រដ្ឋ ពីព្រោះ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ។

លោក​បន្ត​ថា ការ​ដោះស្រាយ​មិន​បាន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​គណបក្ស​នយោបាយ​ទេ ហើយ​ការ​សម្រេច​ចិត្ត​ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងនោះ៖ «គាត់​អត់​បោះ​ឲ្យ​យូរ​ណាស់​មក​ហើយ​ហ្នឹង គឺ​ដូច​តែ​គ្នា​ហ្នឹង។ គាត់​អស់​ចិត្ត​គាត់​អ៊ីចឹង ហើយ​យើង​អភិវឌ្ឍ​ប្រទេស គឺ​យើង​មិន​អភិវឌ្ឍ​ដើម្បី​ធ្វើ​នយោបាយ​ណា»

តាម​ផែនការ រាជ​រដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្ដាញ​ភ្លើង​ប្រើប្រាស់​ពី​អនុ​ស្ថានីយ​អគ្គិសនី​នៅ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ឆ្ពោះ​ទៅ​កាន់​តំបន់​ភូមិភាគ​ឦសាន រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ជាដើម។

កាល​ពី​ថ្ងៃ​ទី​៣ ឧសភា តំណាង​ពលរដ្ឋ ៣០​គ្រួសារ​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ពួក​គាត់​ដែល​បណ្ដាល​មក​ពី​គម្រោង​អគ្គិសនី​កម្ពុជា បាន​បោះ​បង្គោល និង​អូស​ខ្សែ​ភ្លើង​កាត់​ដី​លំនៅឋាន និង​ដី​ស្រែ។ លិខិត​បញ្ជាក់​ថា អាជ្ញាធរ​អគ្គិសនី និង​អាជ្ញាធរ​ខេត្ត​ធ្លាប់​ជជែក​គ្នា​រក​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែរ ប៉ុន្តែ​មិន​អាច​រក​ចំណុច​រួម​ឃើញ ព្រោះ​អាជ្ញាធរ​ផ្តល់​សំណង​តិចតួច​បំផុត ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី មើល​ឃើញ​ថា នីតិវិធី​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កន្លង​ទៅ គឺ​មិន​មាន​តម្លាភាព មិន​មាន​យុត្តិធម៌ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់ ទើប​ពួក​គាត់​សម្រេច​ចិត្ត​ប្ដឹង​អាជ្ញាធរ​ថ្នាក់​ជាតិ​ឲ្យ​ជួយ​ដោះស្រាយ​បន្ត៖ «អាជ្ញាធរ​ខេត្ត​ចេះ​តែ​គំរាម​កំហែង ហើយ​ដោះស្រាយ​ដោយ​សម្ងាត់ ដោយ​លាក់​បាំង វា​មិន​មាន​តម្លាភាព និង​គណនេយ្យ​ភាព​សង្គម​ទេ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា ពលរដ្ឋ​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ដោយ​មើល​ឃើញ​ពី​ចំណុច​ល្អ និង​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។ ប៉ុន្តែ​ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ឈប់​គាំទ្រ​គណបក្ស​នោះ​ដែរ ហើយ​ងាក​ទៅ​គាំទ្រ​គណបក្ស​ថ្មី ប្រសិន​បើ​គណបក្ស​ចាស់​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពួក​គាត់ ហើយ​ចេះ​តែ​ធ្វើ​បាប និង​គំរាម​កំហែង​ពលរដ្ឋ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"មាន​ការ​កាប់​ឈើ​ខាង​ក្រៅ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​យក​មក​ផ្ទុក​ក្នុង​អាង​ដើម្បី​នាំ​ចេញ"

$
0
0

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​សកម្មភាពកាប់​​ឈើ​ក្រៅ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​អ្នក​ភូមិ​សង្ស័យ​ថា ឈើ​នោះ​ត្រូវ​បាន​បន្លំ​នាំ​ចូល​ក្រុមហ៊ុន​សំអាត​បាត​អាង។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ចោទ​ប្រកាន់​ថា ឈើ​មូល​នៅ​តំបន់​ឆ្ងាយ​នៃ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង ត្រូវ​គេ​លួច​កាប់ ហើយ​យក​មក​ស្តុក​ក្នុង​បរិវេណ​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា មាន​មនុស្ស​ជា​ច្រើន​ក្រុម​នាំ​គ្នា​កាប់​ឈើ​នៅ​តំបន់​ភ្នំ​ក្រឡាពស់ នៃ​ស្រុក​សេសាន និង​តំបន់​ព្រៃ​អភិរក្ស នៃ​ស្រុក​សៀមប៉ាង ដោយ​ប្រើ​គោយន្ត និង​រថយន្ត​ប៉ាកុង ជា​មធ្យោបាយ​ដឹក​មក​ផ្ទុក​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង លោក ពុធ ឃឿន ថ្លែង​បញ្ជាក់​ថា លោក​ពុំ​ប្រាកដ​ថា ផ្ទៃ​អាង​មាន​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ ក៏ប៉ុន្តែ​លោក​ឃើញ​តែ​កម្មករ​កាប់​ឈើ​នៅ​តំបន់​ឆ្ងាយៗ មក​ទុក​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​សកម្មភាព​ដឹក​ជញ្ជូន​នោះ​តាម​ផ្លូវលំ​ក្នុង​ព្រៃ​ដែល​គេ​កសាង​រួចរាល់​កាល​ពី​ឆ្នាំ​មុន។

លោក​ថា ឈើ​ដែល​គេ​ដឹក​ជញ្ជូន​មក​ទុក​នោះ ឋិត​នៅ​ចន្លោះ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ឬ​ហៅ​ថា តំបន់​កោះ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ និង​មួយ​ចំនួន​មក​ពី​តំបន់​ព្រៃ​អភិរក្ស​នៃ​ស្រុក​សៀមប៉ាង៖ «រថយន្ត​ប៉ាកុង ដឹក​ចេញ​ពេល​ថ្ងៃ បើ​យី​ឌុប​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស ឬ​នៅ​ក្នុង​ប្រទេស​ហ្នឹង ច្រើន​ដឹក​ពេល​ថ្ងៃ និង​ពេល​យប់ ម៉ោង ៦ ទៅ ៧ អី​ឡើង​គេ​ដឹក​ចូល​តែម្ដង។ វិនាសកម្ម​មែន​ទែន​ហើយ​និយាយ​ទៅ»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន​សំអាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត បដិសេធ​ថា ពុំ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ក្រៅ​ចូល​ផ្ទៃ​អាង ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រមូល​ឈើ​ក្នុង​ផ្ទៃ​អាង​ជាង ៣​ម៉ឺន​ហិកតារ​ពុំ​ទាន់​អស់​នៅ​ឡើយ ហើយ​ឈើ​ដែល​ប្រមូល​បាន​នោះ​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង ឬ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ៖ «បើ​អត់​មាន​ការ​ពិនិត្យ​ពី​មន្ទីរ​ជំនាញ​ហ្នឹង ចេញ​តែ​ពី​ក្រៅ​អាង​មិន​រួច​ផង។ សុទ្ធ​តែ​មាន​លិខិត​អនុញ្ញាត​ពី PC គេ​ហៅ PC ហ្នឹង សុទ្ធ​តែ​មាន​មន្ត្រី​ជំនាញ​ពិនិត្យ​ឡើង​ឡាន​វាស់វែង​ហើយ​បាន​ចេញ​លិខិត​ហ្នឹង​មក​បាន​​មាន​ការ​ដឹក​ជញ្ជូន​បាន»

​ចំណែក​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ រក​ឃើញ​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ផ្សេងៗ គឺ​ធ្វើ​ឡើង​ច្រើន​ប្រភព មាន​ពលរដ្ឋ និង​ឈ្មួញ​មក​ពី​តំបន់​ឆ្ងាយៗ។ លោក​ថា អាជ្ញាធរ​ឃុំ​ពុំ​ប្រាកដ​ថា ឈើ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ​ឋិត​នៅ​ក្រៅ​ផ្ទៃ​អាង ឬ​យ៉ាង​ណា​ទេ ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ​ផ្ទៃ​អាង​ធំធេង​ពេក៖ «មាន​ដេប៉ូ​នៅ​ត្រង់​ហ្នឹង​មែន តែ​ក្រៅ​បាត​អាង និង​ក្នុង​បាត​អាង គឺ​យើង​មិន​ដឹង ព្រោះ​អត់​មាន​យក​ទិន្នន័យ​ជាក់លាក់»

​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​មាន​ឈ្មួញ​កណ្ដាល​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ការពារ​នៃ​ស្រុក​សៀមប៉ាង ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ រួច​ដឹក​ចេញ​ក្រៅ។ លោក​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ក្រុមហ៊ុន​គួរ​តែ​សិក្សា​ពិចារណា​វិញ ព្រោះ​អី​ឧកញ៉ា គិត ម៉េង គាត់​មិន​ដឹង​ទេ។ មនុស្ស​ដែល​ខិលខូច​គឺ​អ្នក​នៅ​ក្រោម​ឱវាទ​គាត់​តែងតែ​ស្វែង​រក​ឈើ​នៅ​ខាង​ក្រៅ​មក​ស្តុក​ទុក​ផ្គត់ផ្គង់​នៅ​រោងចក្រ​អារ​ឈើ ហើយ​រោងចក្រ​អារ​ឈើ​ហ្នឹង មាន​ថៅកែ​យួន ចិន ជាដើម កុម្ម៉ង់​ច្រៀក​ចេញ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ​ខ្លះ ផ្គត់ផ្គង់​ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ ក៏​ដូចជា​ផ្គត់ផ្គង់​ឈើ​តាម​ដេប៉ូ​នានា ទូទាំង​ប្រទេស​កម្ពុជា​ខ្លះ»

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd)  របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ធ្លាប់​លើក​ឡើង​ថា ក្រសួង​កំពុង​ពិនិត្យ​សិក្សា​ពី​លទ្ធផល​រក​ឃើញ​ក្នុង​របាយការណ៍​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​ថា អ៊ី.អាយ.អេ (EIA)។

ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) បាន​រក​ឃើញ​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​រយៈពេល​នៃ​បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា ឈើ​ខុស​ច្បាប់​ចំនួន​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រគូប ត្រូវ​បាន​កាប់ ជាពិសេស​ពី​តំបន់​ព្រៃ​ការពារ​ក្នុង​ឧទ្យាន​ជាតិ រួច​ដឹក​យក​ទៅ​​ប្រទេស​វៀតណាម។  របាយការណ៍​របស់ អ៊ី.អាយ.អេ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ឧសភា ស្ដីពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា "ជនល្មើស​មុខ​ដដែល៖ អាជីវកម្ម​ជួញដូរ​ឈើ​ខុស​ច្បាប់​របស់​វៀតណាម គ្មាន​ទី​បញ្ចប់" ស្រាវជ្រាវ​ឃើញ​ថា មន្ត្រី​កម្ពុជា ឃុបឃិត​ជាមួយ​យោធា​អាជ្ញាធរ​វៀតណាម ដែល​ពុករលួយ បាន​ប្រែ​រូប​ឈើ​ខុស​ច្បាប់​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្របច្បាប់​វិញ ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ ក្រោយ​ពី​របាយការណ៍​របស់ អ៊ី.អាយ.អេ ចេញ​ផ្សាយ​ជា​សាធារណៈ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ស្គាល់​ថា ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹក​ដី​កម្ពុជា កំពុង​កក្រើក​ឡើង​វិញ ហើយ​អះអាង​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


"ការ​អប់រំ​ប្រជាជន នឹង​ជួយ​លុប​បំបាត់​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា"

$
0
0

ថ្ងៃ​ទី​១៧ ឧសភា ជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​ភេទ (IDAHOT) និង​ជា​សប្ដាហ៍​មោទនភាព (Pride Week) ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការ​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កម្ពុជា ត្អូញត្អែរ​ថា ការ​រើសអើង​ដោយសារ​និន្នាការ​ភេទ​របស់​ពួក​គេ នៅ​បន្ត​កើត​ឡើង។ ការ​រើសអើង​ពេល​ខ្លះ នាំ​ឲ្យ​មាន​ការ​បណ្ដេញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចេញ​ពី​គ្រួសារ និង​ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តាម​សាលារៀន។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផ្នែក​សិទ្ធិ​មនុស្ស ផ្តល់​យោបល់​ថា ការ​អប់រំ​ប្រជាជន​ជា​គន្លឹះ​សំខាន់ ដើម្បី​កាត់​បន្ថយ​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

កិច្ច​ពិភាក្សា​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អង្គការ​សហប្រជាជាតិ និង​តំណាង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ឧសភា នា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​ស្រឡាញ់​រួម​រស់នៅ​ជាមួយ​គ្នា​មាន​ចំនួន​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់ (ឬ ៦​ពាន់​គូ) ទូទាំង​ប្រទេស ហើយ​ចំនួន​នេះ​អាច​មាន​លើស​ពី​នេះ ដោយសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ចំនួន មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ភេទ​ជា​សាធារណៈ។

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ អិល.ជី.ប៊ី.ធី (LGBT) (lesbian, gay, bisexual and transgender) ហាក់​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ​ភេទ​ជា​ចំហ​នា​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​ប្រជាជន​យល់​ដឹង​ច្រើន​ជាង​មុន​ស្ដីពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ នេះ​បើ​តាម​ការ​សង្កេត​របស់​អគ្គនាយក​រង​ទទួល​បន្ទុក​ក្រម​រដ្ឋប្បវេណី នៃ​ក្រសួង​យុត្តិធម៌ លោក ខេង សុមារិទ្ធិ។

ទោះ​បី​ជា​យ៉ាង​ណា ប្រជាជន​កម្ពុជា មួយ​ផ្នែក​ទៀត នៅ​បន្ត​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

អ្នក​សម្របសម្រួល​តស៊ូ​មតិ​នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា លោក សាយ សៀកឡាយ ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ថ្លែង​ថា ផ្នត់​គំនិត​ស្ដីពី​និយមន័យ​ពាក្យ «គ្រួសារ» សម្រាប់​សង្គម​កម្ពុជា នៅ​ចង្អៀតចង្អល់ ដែល​យល់​ថា​ការ​ស្រឡាញ់​គ្នា និង​ការ​រៀបការ គឺ​សម្រាប់​តែ​រវាង​មនុស្ស​ប្រុស និង​ស្រី។ លោក សៀកឡាយ ឲ្យ​ដឹង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​រើសអើង​ដោយ​គ្រួសារ​អ្នក​ជិត​ខាង និង​មិត្តភ័ក្ដិ ដោយ​ការ​មិន​និយាយ​រក ការ​និយាយ​សើច​ចំអក ការ​វ៉ៃ​ដំ និង​ការ​មិន​ឲ្យ​លុយ​ចាយ ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​ណា​មួយ​ដែល​រឹតត្បិត ឬ​គាប​សង្កត់​សិទ្ធិ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ក៏ប៉ុន្តែ​កង្វះ​ការ​យល់​ដឹង​អំពី​រឿង​នេះ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​រើសអើង។

រដ្ឋលេខាធិការ​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កត្តា អន បញ្ជាក់​ថា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ លោក​បន្ត​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​មែន​ជា​បទល្មើស ក៏ប៉ុន្តែ​បើ​តាម​លោក កត្តា អន ផ្នត់​គំនិត​របស់​ប្រជាជន​នៅ​បន្ត​យល់​ខុស​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

ស្រដៀង​នេះ ទីប្រឹក្សា​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ខៀវ សិរីវុទ្ធា លើក​ឡើង​ថា ការ​អប់រំ​នៅ​តាម​គ្រួសារ​មិន​ឲ្យ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​រឿង​សំខាន់។

លោក​វេជ្ជបណ្ឌិត តែង គន្ធី ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​បុរស​ស្រឡាញ់​បុរស និង​ស្រី​ស្រស់ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី ខៀវ សិរីវុទ្ធា។ បើ​តាម​លោក​យល់​ឃើញ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គួរ​ជជែក​ពិភាក្សា និង​ពន្យល់​ណែនាំ​ប្រជាជន​ដែល​ប្រឆាំង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​យក​ការ​យល់​ខុស​ទាំងនោះ (misunderstanding) ទៅ​រក​ដំណោះស្រាយ ដោយ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​តស៊ូ​មតិ លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

ទាក់ទង​នឹង​ការ​យល់​ខុស​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ លោក សាយ សៀកឡាយ នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា សង្កេត​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា មួយ​ចំនួន​លាតត្រដាង​ពី​ជីវិត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ដែល​នាំ​ឲ្យ​ប្រជាជន​យល់​ច្រឡំ។

យ៉ាង​នេះ​ក្តី ក្រសួង​ព័ត៌មាន ដែល​មើល​ការ​ខុស​ត្រូវ​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា បាន​ចេញ​បម្រាម​ហាម​ការ​ប្រើ​ពាក្យ​សម្ដី ឬ​សកម្មភាព​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​វិទ្យុ ទូរទស្សន៍ ជាដើម។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ថា ការ​រើសអើង​ផ្នែក​ច្បាប់ ពិសេស​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អាពាហ៍ពិពាហ៍ ដែល​កំណត់​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ស្ត្រី និង​បុរស រារាំង​ការ​រៀបការ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

កញ្ញា ឈុំ ជី ដែល​ជា​អ្នក​ប្ដូរ​ភេទ ចង់​ឲ្យ​ច្បាប់​កម្ពុជា ទទួល​ស្គាល់​ការ​រៀបការ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​អាច​ឲ្យ​ពួក​គេ​មាន​កូន​ដោយ​ស្រប​ច្បាប់ និង​មាន​លំនឹង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​កាត់​បន្ថយ​ការ​រើសអើង។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោក ខេង សុមារិទ្ធិ អគ្គនាយក​រង​ទទួល​បន្ទុក​ក្រម​រដ្ឋប្បវេណី​នៃ​ក្រសួង​យុត្តិធម៌ ពន្យល់​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀបការ​ដោយ​ស្រប​ច្បាប់​ក៏ដោយ តែ​ច្បាប់​កម្ពុជា កំពុង​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​ប្រឆាំង​ការ​រើសអើង​ភេទ។

ការ​រៀបការ​ដោយ​ស្រប​ច្បាប់​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ នេះ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក ខេង សុមារិទ្ធិ។

អនុប្រធាន​តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ហៅ​កាត់​ថា UN Women អ្នកស្រី សារ៉ា និប (Sarah Knibbs) យល់​ថា ការ​ធានា​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព (Sustainable Development Goals) ដែល​ធានា​ថា មិន​បោះបង់​នរណា​ម្នាក់​ចោល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទីប្រឹក្សា​គ.ជ.ប​រំពឹង​ថា​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នឹង​មាន​លទ្ធផល​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣

$
0
0

អតីត​អ្នក​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​សម័យ​អ៊ុនតាក់ (UNTAC) និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​បច្ចេកទេស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​សុទិដ្ឋិនិយម​ថា ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ នឹង​មាន​លទ្ធផល​វិជ្ជមាន​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

ជនជាតិ​ជប៉ុន លោក កាហ្សូយ៉ូហ្ស៊ិ គូរ៉ាដា (Kazuyoshi Kurada) ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​រៀបចំ​ដោយ​គ.ជ.ប ស្ដី​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ដល់​ក្រុម​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នា​រាជធានី​ភ្នំពេញ។ លោក​អះអាង​ថា ប្រព័ន្ធ​រៀបចំ​បោះ​ឆ្នោត​របស់ គ.ជ.ប បច្ចុប្បន្ន ធានា​បាន​ការ​ជឿជាក់ និង​ទុក​ចិត្ត ដូច​ការ​រៀបចំ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដូច្នោះ​ដែរ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អគ្គលេខាធិការ​រង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ អះអាង​ថា ដើម្បី​បញ្ចៀស​ភាព​ស្មុគស្មាញ និង​បង្ហាញ​អំពី​តម្លាភាព​ចំពោះ​លទ្ធផល​បោះឆ្នោត គ.ជ.ប បាន​ប្ដូរ​ទម្រង់​នៃ​ការ​ស្រង់​លទ្ធផល​ឆ្នោត ពី​ទម្រង់ ១១០៤ មក​ជា​ទម្រង់ ១១០២ វិញ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក ម៉ម មុនីរតន៍ អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​ជុំវិញ​ការ​ស្នើសុំ​វិសោធនកម្ម​កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើសុំ​សហរដ្ឋ​អាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​សហរដ្ឋ​អាមេរិក ត្រឡប់​ទៅ​កម្ពុជា វិញ។ លោក ហ៊ុន សែន ចាត់​ទុក​ថា ទង្វើ​នេះ គឺ "អគុណធម៌" និង "អសីលធម៌" ដែល​បាន​បំបែក​ក្រុម​គ្រួសារ​ខ្មែរ​ទាំងនោះ។

តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន ទើប​នឹក​ឃើញ​ចង់​កែប្រែ​កិច្ចព្រមព្រៀង​ចាស់​កាល​ពី​ឆ្នាំ​២០០២ នោះ​ទៅ​វិញ?

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​លោក សេក បណ្ឌិត ជាមួយ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​នៅ​ខេត្ត​រតនគិរី​ត្រៀម​បើក​យុទ្ធនា​ការ​ឃោសនា​​បោះ​ឆ្នោត

$
0
0

គណបក្ស​នយោបាយ​ធំ​ពីរ​ដែល​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ បាន​រៀបចំ​ខ្លួន​រួច​ហើយ​ដើម្បី​បើក​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​តាម​កាលវិភាគ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី អះអាង​ដូច​គ្នា​ថា នឹង​បើក​យុទ្ធនា​ការ​ឃោសនា​នៅ​តាម​ឃុំ សង្កាត់​នានា​ដែល​គណបក្ស​ទាំង​ពីរ​នេះ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ដណ្ដើម​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ឃុំ សង្កាត់។

​ការ​អះអាង​នេះ​ធ្វើ​ឡើង​មុន​ពីរ​ថ្ងៃ​នៃ​កាលវិភាគ​ដែល​គ.ជ.ប បាន​កំណត់​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។
អគ្គលេខាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​រតនគិរី លោក ណាប់ ប៊ុនហេង បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ថា សម្ភារៈ​ឧបករណ៍ និង​ធនធាន​មនុស្ស​សម្រាប់​ការ​ឃោសនា បាន​រៀបចំ​រួច​រាល់​សម្រាប់​ការ​ឃោសនា​នៅ​តាម​ឃុំ សង្កាត់​ទាំង​អស់​ក្នុង​ខេត្ត​រតនគិរី ដែល​គណបក្ស​ប្រជាជន បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ប្រកួតប្រជែង។

លោក​បន្ត​ថា ការ​ឃោសនា​នឹង​រៀបចំ​ជា​ការ​​ហែ​ក្បួន ការ​ស្រែក​ជយឃោស​តាម​ឧគ្ឃោសនស័ព្ទ ការ​ធ្វើ​មីទីង​នៅ​ថ្នាក់​ឃុំ សង្កាត់ ការ​លើក​​បដា​ពាក្យ​ស្លោក​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស គឺ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ដែល​គណបក្ស​​ប្រជាជន​កម្ពុជា ធ្លាប់​ទទួល​ជ័យជំនះ ៣​អាណត្តិ​កន្លង​ទៅ​នេះ៖ «គណបក្ស​ប្រជាជន​ខេត្ត​សម្រេច​ហែ​ក្បួន​នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ទី​២០ (ឧសភា) នេះ អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​ គណបក្ស​នឹង​អំពាវនាវ​ឲ្យ​គោរព​ច្បាប់»

ចំណែក​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក រ៉ាន់ សាយលឿន បញ្ជាក់​ស្រដៀង​គ្នា​ថា គណបក្ស​នេះ​នឹង​ប្រើប្រាស់​មធ្យោបាយ​ឃោសនា​រក​សំឡេង​ឆ្នោត​គ្រប់​រូបភាព​តាម​ការ​កំណត់​របស់ គ.ជ.ប ជាពិសេស​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ផ្ដល់​ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​សម្រាប់​មូលនិធិ​ឃុំ សង្កាត់ ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​សម្រាប់​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨។

លោក​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី នឹង​ទទួល​បាន​ជោគជ័យ​ឈ្នះ​ឆ្នោត​ជា​មេ​ឃុំ​កើន​ប្រមាណ ៤០​ភាគរយ លើស​លទ្ធផល​ដែល​គណបក្ស សម រង្ស៊ី ទទួល​បាន​កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៣៖ «ខ្ញុំ​បាន​បែងចែក​កម្លាំង​ចុះ​ជួយ​តាម​ឃុំ តាម​ស្រុក​រួច​ហើយ គ្រប់​ស្រុក​ទាំង​៩។ ពេល​ហែ​ពេល​​ឃោសនា​ធ្វើ​ទាំង​អស់​គ្រប់​ឃុំ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ណែនាំ​ឲ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ចូលរួម​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី​៤ គោរព​បទបញ្ជា និង​នីតិវិធី​នៃ​​ការ​ឃោសនា​បោះ​ឆ្នោត​ដើម្បី​ចៀសវាង​កើត​មាន​អំពើ​ហិង្សា និង​បាតុភាព​នានា​ក្នុង​អំឡុង​ពេល​​ឃោសនា​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

គណបក្ស​ដែល​ដាក់​បេក្ខជន​ឈរ​​​ឈ្មោះ​បោះ​ឆ្នោត​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​អស់​ដែល​បាន​​ចុះ​បញ្ជី​ឈ្មោះ​ប្រកួតប្រជែង​នៅ​ខេត្ត​រតនគិរី បាន​ត្រៀម​​ខ្លួន​រួច​ហើយ ដើម្បី​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​តាម​មូលដ្ឋាន​ឃុំ សង្កាត់ ដែល​មាន​បេក្ខជន​គណបក្ស​ឈរ​ឈ្មោះ។ លោក​អំពាវនាវ​ឲ្យ​សកម្មជន​គណបក្ស​នយោបាយ​ទាំង​នោះ​គោរព​បទបញ្ជា និង​នីតិវិធី​ទាក់ទិន​ការ​ឃោសនា​បោះ​ឆ្នោត​ដែល គ.ជ.ប កំណត់ ជា​ពិសេស​អនុវត្ត​តាម​កាលវិភាគ​ដែល​គណៈកម្មការ​បោះឆ្នោត​ឃុំ សង្កាត់ បាន​រៀបចំ​សម្រាប់​ការ​ឃោសនា​របស់​គណបក្ស​តាម​មូលដ្ឋាន៖ «ដើម្បី​បញ្ចៀស​អំពើ​ហិង្សា ថែរក្សា​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ និង​ថែរក្សា​បរិយាកាស​នយោបាយ​ល្អ»

កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៣ នៅ​ខេត្ត​រតនគិរី គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ទទួល​បាន​តំណែង​មេ​ឃុំ​ចំនួន ៤៩​ឃុំ សង្កាត់។ រី​ឯ​គណបក្ស សម រង្ស៊ី ទទួល​បាន​តំណែង​មេ​ឃុំ​មួយ​ឃុំ​ក្នុង​ចំណោម​ឃុំ សង្កាត់ ទាំង​អស់​៥០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​មេ​ឃុំ​កំពង់ប្រាសាទ​ខេត្ត​ព្រៃវែង​ពី​បទពិសោធន៍​ការងារ​និង​ការ​ត្រៀម​បោះឆ្នោត

$
0
0

មេ​ឃុំ​កំពង់ប្រាសាទ ស្ថិត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង គឺ​លោក លន់ កុល។ លោក​មេ​ឃុំ​នឹង​រៀបរាប់​អំពី​បទពិសោធន៍​ការងារ​ជា​មេ​ឃុំ​កាល​ពី​អាណត្តិ​កន្លង​ទៅ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី គឺ​លោក ថា កិត្យា ជាមួយ​នឹង​លោក​មេ​ឃុំ លន់ កុល ក្នុង​កម្មវិធី "កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ" ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​នឹង​បន្ត​សាកសួរ​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​នៅ​ថ្ងៃ​ទី​១៩​ឧសភា

$
0
0

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សាកសួរ​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ក្រោយ​ពី​នីតិវិធី​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ​មិន​ទាន់​ចប់។ ដោយ​ឡែក​មនុស្ស​ពីរ​នាក់​ទៀត​ដែល​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នោះ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​វិញ បន្ទាប់​ពី​រក​មិន​ឃើញ​ថា ពួកគេ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ធុយ វី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ញើ​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ វិញ នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ម្ដង​ទៀត។

ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ លោក ស៊ឹម វុទ្ធី ឲ្យ​អាស៊ីសេរី ដឹង​ថា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​ជនសង្ស័យ​រួចរាល់​ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ។ លោក​បន្ត​ថា ជនសង្ស័យ​ដដែល​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៖ «»។

លោក ស៊ឹម វុទ្ធី ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ គឺ​មាន​តែ​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ម្នាក់​គត់ ត្រូវ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​មក​សាកសួរ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត រួម​មាន​លោក ឃុន សាវ៉ាកឃិត តំណាង​អង្គការ​ឧត្ដមស្នងការ​អន្តរសាស្ត្រ និង​ជំនួយការ​របស់​លោក​ឈ្មោះ សុភា លីន ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​ការ​អប់​រំហើយ​សម្រេច​ដោះលែង​វិញ ក្រោយ​ឃុំ​ខ្លួន​អស់​រយៈពេល ៤៨​ម៉ោង​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា ការ​ដោះលែង​អ្នក​ទាំង​ពីរ​ដោយសារ​រក​ពុំ​ឃើញ​ថា ពួកគេ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់ បាន​ចូល​ទៅ​ចាប់​ឃាត់​ខ្លួន​តំណាង​អង្គការ​ឧត្ដម​ស្នងការ​អន្តរសាស្ត្រ ២​រូប និង​តំណាង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​ទៀត។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​ខណៈ​ពួកគេ​ទាំង​បី​នាក់​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីស្នាក់ការ​ឧត្ដមស្នងការ​អន្តរសាស្ត្រ ស្ថិត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គឺ​ដើម្បី​ប្រកាស​រំលាយ​រណសិរ្ស​នេះ​តែប៉ុណ្ណោះ ហើយ​និង​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ជាប់​គាំង។

តំណាង​ឧត្ដម​ស្នងការ​អន្តរសាស្ត្រ លោក ឃុន សាវ៉ាកឃិត ថ្លែង​ប្រាប់​អាស៊ីសេរី ក្រោយ​ពី​អាជ្ញាធរ​ដោះលែង​វិញ​ថា លោក ធុយ វី មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ ព្រោះ​សន្និសីទ​សារព័ត៌មាន​ដែល​លោក​រៀបចំ​នៅ​ទីស្នាក់ការ​របស់​លោក​នោះ ក៏​មាន​ការ​យល់​ព្រម​ពី​ខាង​អាជ្ញាធរ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា លោក ធុយ វី គឺ​ជា​ភ្ញៀវ​របស់​លោក​ដែល​ហៅ​មក​ចូលរួម​សន្និសីទ​ដើម្បី​រំលាយ​រណសិរ្ស​ចោល​វិញ​ប៉ុណ្ណោះ។ លោក ឃុន សាវ៉ាកឃិត បន្ត​ថា អាជ្ញាធរ​ចេះ​តែ​ប្រឌិត​រឿង​ដើម្បី​ចាប់​លោក ធុយ វី ដូច្នេះ​ចំណាត់​ការ​របស់​តុលាការ​នេះ គឺ​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក ធុយ វី ឡើយ៖ «»។

សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​ប្រមាណ ១០​នាក់​ហើយ​ដោយ​ចោទ​ថា សកម្មភាព​របស់​ពួកគេ​ខុស​ច្បាប់ រួម​មាន​ការ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ជាដើម។

​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ។ លោក​ថា អាជ្ញាធរ​កម្ពុជា បាន​រំលោភ​ច្បាប់ និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ និង​រើសអើង​ក្រុម​លោក តែ​អាច​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត។ ថ្លែង​ប្រាប់​អាស៊ីសេរី ពី​ប្រទេស​ដាណឺម៉ាក លោក សម សេរី ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សមាជិក​របស់​លោក​វិញ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ​លោក​មិន​ធានា​ថា នឹង​មាន​អ្វី​កើត​ឡើង​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ល្ខោន​វិទ្យុ​រឿង ទឹក​ថ្នាំ​ពណ៌​ខ្មៅ បោះ​សំដៅ​មេ​ឃុំ​ចិត្ត​ស (ភាគ​៣)

$
0
0

កាល​ពី​ភាគ​ទី​២ នៃ​រឿង «ទឹក​ថ្នាំ​ពណ៌​ខ្មៅ បោះ​សំដៅ​មេ​ឃុំ​ចិត្ត​ស» តួអង្គ​ពូ ហួរ និង​ភរិយា​បាន​ជជែក​ជាមួយ​ក្រុម​យុវជន​មក​ពី​ភ្នំពេញ អំពី​អារម្មណ៍​ខ្វាយខ្វល់​របស់​ខ្លួន​ក្រោយ​រង​ការ​គំរាម​កំហែង​ពី​មេ​ឃុំ។ តើ​ពូ ហួរ និង​ភរិយា នឹង​នៅ​តែ​បន្ត​ស្ថិត​ក្រោម​សម្ពាធ​របស់​មេ​ឃុំ​រូប​នោះ​ទៀត ឬ​យ៉ាង​ណា?

សូម​លោក​អ្នក​នាង​ស្ដាប់​ភាគ​ទី​៣ នៃ​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ​រំឭក​ទេសចរ​ដើរ​កម្សាន្ត​តាម​កោះ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះ​ភ្លៀង

$
0
0

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ទេសចរ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ខ្យល់​ព្យុះ​ភ្លៀង និង​មាន​រលក​សមុទ្រ​ធំៗ បោកបក់​ខ្លាំង។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ព្យុះភ្លៀង និង​រលក​សមុទ្រ​ធំៗ ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ទូក​តូចៗ​មួយ​ចំនួន​បាន​លិច ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះ​ដល់​អាយុជីវិត​ទេ។ ដូច្នេះ​លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​សមុទ្រ ជាពិសេស​ទេសចរ​ជាតិ អន្តរជាតិ ដែល​និយម​ចូល​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា ក្នុង​មូលដ្ឋាន​នេះ ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ។

​លោក យន្ត មីន ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​អូប័រ ដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា ត្រូវ​បំពាក់​អាវ​ពោង​ការពារ និង​សម្ភារៈ​សង្គ្រោះ​នៅ​តាម​ក្រុមហ៊ុន​នីមួយៗ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ត្រៀម​លក្ខណៈ​ជា​មុន​នៅ​ពេល​មាន​គ្រោះអាសន្ន​ណា​មួយ​អាច​កើត​មាន​នៅ​លើ​លំហ​សមុទ្រ។

លោក​ថា ទន្ទឹមគ្នា​សមត្ថកិច្ច​ជំនាញ​នៅ​លើ​លំហ​សមុទ្រ បាន​ត្រៀម​លក្ខណៈ​សង្គ្រោះ ពេល​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង។ លោក​ស្នើ​ដល់​ទេសចរ ឬ​ប្រតិបត្តិករ​ទេសចរណ៍ បម្រើ​សេវា​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទាំង​អស់ ត្រូវ​ប្រយ័ត្ន​ពី​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «រំលឹក​ដល់​បងប្អូន​យើង​ឲ្យ​ប្រយ័ត្នប្រយែង​ពេល​ចុះ​កប៉ាល់ ឬ​ទូក​ទៅ​កម្សាន្ត​នៅ​តាម​កោះ​នានា ដោយ​ធ្វើ​ដំណើរ​តាម​សមុទ្រ​នេះ ត្រូវ​គិត​ពី​សុវត្ថិភាព​ជា​ប្រចាំ។ ជាង​នេះ ម្ចាក់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​អូប័រ​ដឹក​អ្នក​ដំណើរ​ទាំង​អស់​ហ្នុង ក៏​ត្រូវ​បំពាក់​អាវ​ពោង​ការពារ និង​ត្រួត​ពិនិត្យ​បច្ចេកទេស​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ទេ ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើ​ដំណើរ​ជូន​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​មូលដ្ឋាន​នេះ»

ប្រតិបត្តិករ​ទេសចរណ៍​បម្រើ​សេវា​ដឹកជញ្ជូន​ទេសចរ​ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា និង​អាជីវករ​លក់​ដូរ​ចំណី​អាហារ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាកាសធាតុ​នៅ​តាម​តំបន់​ឆ្នេរ​មាន​ខ្យល់​ព្យុះ​ភ្លៀង និង​មាន​រលក​សមុទ្រ​បោកបក់​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន មាន​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ ជាដើម​មាន​សភាព​ល្អក់ ហើយ​ទេសចរ​មិន​ច្រើន​ទេ​ដែល​ចុះ​ងូត​ទឹក​សមុទ្រ ដោយ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា តំបន់​មាត់​សមុទ្រ គឺ​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤ ដល់ ២៦​អង្សា និង​អតិបរមា​ពី ៣១ ដល់ ៣៣​អង្សា ដោយ​ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន និង​មាន​ខ្យល់​បក់​ខ្លាំង​មក​ពី​ទិសនិរតី មាន​ល្បឿន​ចាប់​ពី ២​ម៉ែត្រ ទៅ ៤​ម៉ែត្រ ហើយ​អាច​មាន​ភ្លៀង ផ្គរ រន្ទះ  និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​នៅ​ខេត្ត​កំពត កែប ព្រះសីហនុ និង​ខេត្ត​កោះកុង ដោយ​រលក​សមុទ្រ អាច​មាន​កម្ពស់​ចាប់​ពី​កន្លះ​ម៉ែត្រ ទៅ​ជាង ១​ម៉ែត្រ​កន្លះ (០,៥០-១,២៥)។

​ទាក់ទិន​បញ្ហា​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​ផែនការ​ថ្មី និង​ពង្រាយ​កម្លាំង​នៅ​តាម​គោលដៅ​ទេសចរណ៍ ដែល​ភ្ញៀវ​ទេសចរ​និយម​ចូល​ទៅ​កម្សាន្ត​រង់ចាំ​ការពារ​សុវត្ថិភាព​ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក​រហូត​ដល់​ឆ្នេរ​លើ​ដី​កោះ។ លោក​បន្ត​ថា រាល់​ថ្ងៃ​នេះ​លោក​បាន​ណែនាំ​កម្លាំង​នគរបាល​ប្រចាំ​ការ​នៅ​តាម​ផែកប៉ាល់ ឬ​អូប័រ ដឹក​ជញ្ជូន​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​កោះ និង​កម្លាំង​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ។ ក្នុង​នោះ​ក៏​បាន​ណែនាំ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​តូចៗ មិន​ឲ្យ​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ពេល​មាន​ខ្យល់ព្យុះ​បោកបក់ និង​មាន​រលក​សមុទ្រ​ធំៗ​ទេ ដើម្បី​ការពារ​ដល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ។

ត្រង់​ចំណុច​នេះ លោក ជួន ណារិន្ទ ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ​នានា ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក និង​ឆ្នេរ​លើ​ដី​កោះ ឲ្យ​ចូល​រួម​សហការ​ជាមួយ​សមត្ថកិច្ច​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​ពួកគេ​ជួប​គ្រោះអាសន្ន​អ្វី​មួយ​កើត​ឡើង ដោយ​ត្រូវ​ផ្ដល់​ដំណឹង​មក​កាន់​កម្លាំង​ជំនាញ​ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយៗ ឲ្យ​បាន​ឆាប់ ដើម្បី​ឈាន​ដល់​ជួយ​អន្តរាគមន៍​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ល្ខោន​វិទ្យុ​រឿង ទឹក​ថ្នាំ​ពណ៌​ខ្មៅ បោះ​សំដៅ​មេ​ឃុំ​ចិត្ត​ស (ភាគ​៤)

$
0
0

កាល​ពី​ភាគ​ទី​៣ នៃ​រឿង «ទឹក​ថ្នាំ​ពណ៌​ខ្មៅ បោះ​សំដៅ​មេ​ឃុំ​ចិត្ត​ស» យុវជន ចំណាន និង​យុវតី សំនៀង បាន​ចាកចេញ​ពី​ខេត្ត​បាត់ដំបង រួច​បន្ត​ដំណើរ​កម្មសិក្សា​ទៅ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប។ តើ​ពួក​គេ​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​ទៀត​ទាក់ទង​នឹង​ការ​បោះឆ្នោត​នេះ?

សូម​លោក​អ្នក​នាង​ស្ដាប់​ភាគ​ទី​៤ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ឃាត់​រថយន្ត​អ្នក​មាន​ទំនាស់​ដី​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន

$
0
0

អាជ្ញាធរ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ឃាត់​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ដឹក​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ពេល​ពលរដ្ឋ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែ​អាជ្ញាធរ​បកស្រាយ​ថា ខ្លួន​មិន​បាន​ឃាត់​រថយន្ត​ទាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គ្រាន់តែ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ដើម្បី​សម្រួល​ដល់​ក្បួន​រថយន្ត​ធ្វើដំណើរ​របស់​ប្រតិភូ​ប៉ុណ្ណោះ។

​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់ស្ពឺ រៀបរាប់​ថា រថយន្ត​សាំយ៉ុង​ប្រហែល​ជិត ១០​គ្រឿង ដែល​ដឹក​ពួកគាត់​ជិះ​ចេញ​ពី​ស្រុក មក​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ថ្ពង ចុះ​រារាំង​និង​ហាមឃាត់​មិន​ឱ្យ​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា បន្ទាប់ពី​រថយន្ត​ទើប​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រហែល ២០​គីឡូម៉ែត្រ។ ពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​យក​លេស​រារាំង​ពួកគាត់​ថា ដើម្បី​រក្សា​សន្តិសុខ​ជិត​ពេល​បោះឆ្នោត។

​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង លោក លី ឡៅ ថ្លែង​ថា អាជ្ញាធរ​ស្រុក​មាន​ទាំង​ប៉េអឹម និង​ប៉ូលិស ជា​ច្រើន​នាក់ ដែល​ខ្លះ​ទៀត​លាក់​ខ្លួន​ក្នុង​ព្រៃ​ផង បាន​ចុះ​ឃាត់​រថយន្ត​ពួកគាត់​មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​នៅ​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពី​សាលាស្រុក​ថ្ពង ដោយ​អាជ្ញាធរ​ទាំង​នោះ​ប្រាប់​ហេតុផល​ជា​ច្រើន​មក​ពលរដ្ឋ ថា​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ខ្លាច​ពួកគាត់​ដឹកនាំ​បាតុកម្ម​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ជាដើម«គេ​ថា​អ៊ីចេះ ពួក​ខ្ញុំ​អត់​បាន​ជម្រាប​គេ​ឲ្យ​ដឹង ហើយ​គេ​ខ្លាច​ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍»

​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៧ ពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ ផង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ធ្លាប់​មក​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ម្ដង​ហើយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឱ្យ​ចុះ​ហត្ថលេខា​ឱ្យ​បាន​ឆាប់​លើ​លិខិត​ក្របខ័ណ្ឌ​ការងារ​មួយ​ដែល​​ក្រុម​ការងារ​ចម្រុះ​បង្កើត​ឡើង​ថ្មី ដោយ​អន្តរក្រសួង និង​សហភាព​អឺរ៉ុប ប៉ុន្តែ​ពលរដ្ឋ​ទទួល​ដំណឹង​ថា ញត្តិ​ដែល​ពួកគាត់​ដាក់​នៅ​ពេល​នោះ មិន​បាន​ទៅ​ដល់​ដៃ​លោក ហ៊ុន សែន ឡើយ តែ​បែរ​ជា​បញ្ជូន​ទៅ​ក្រសួង​ដែន​វិញ ទើប​ធ្វើ​ឱ្យ​ពួកគាត់​កើត​ទុក្ខ​មិន​សុខចិត្ត និង​លើក​គ្នា​មក​ដាក់​ញត្តិ​ជា​ថ្មី​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា។

​ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ លើក​ឡើង​ថា នៅ​មុន ២​ថ្ងៃ​ឡើង​មក​ដាក់​ញត្តិ គឺ​ខាង​សាលាស្រុក​ឱរ៉ាល់ បាន​ហៅ​តំណាង​ពួកគាត់​ទៅ​ពិភាក្សា​គ្នា ហើយ​អនុញ្ញាត​ឱ្យ​តែ​អ្នក​តំណាង​ពលរដ្ឋ​តាម​ភូមិ​នីមួយៗ​យក​ញត្តិ​មក​ទីក្រុង​ភ្នំពេញ ប៉ុណ្ណោះ ចំណែក​ខាង​សាលាស្រុក​ថ្ពង​វិញ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក៏​បាន​កោះ​ហៅ​តំណាង​ពលរដ្ឋ​ក្នុង​ស្រុក​ខ្លួន​នៅ​វេលា​ម៉ោង ២​រសៀល ឱ្យ​ទៅ​ជួប​នៅ​ម៉ោង ៣​រសៀល ប៉ុន្តែ​ពលរដ្ឋ​ទៅ​មិន​ទាន់​ពេល ដូច្នោះ​ពួកគាត់​ក៏​មិន​បាន​ជួប​ជាមួយ​អាជ្ញាធរ ហើយ​ក៏​មិន​បាន​ដឹង​អំពី​ការ​ចង់​បាន​របស់​អាជ្ញាធរ​ឡើយ។ មក​ដល់​ថ្ងៃ​ទី​១៨ ឧសភា ពលរដ្ឋ​មក​ពី​ស្រុក​ឱរ៉ាល់ មាន​ចំនួន​តែ ២​ឡាន​ប៉ុណ្ណោះ ដែល​សុទ្ធសឹងតែ​ជា​អ្នក​តំណាង រី​ឯ​ពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង មាន​ទាំង​តំណាង និង​ពលរដ្ឋ នាំ​គ្នា​ជិះ​ឡាន​ប្រហែល ៩​គ្រឿង ឡើង​មក​ទីក្រុង​ភ្នំពេញ ទើប​ឃើញ​អាជ្ញាធរ​ចុះ​ឃាត់​រារាំង​តែម្ដង។

​ទោះ​ជា​យ៉ាង​នេះ​​ក្ដី អធិការ​ស្រុក​ថ្ពង លោក ហ៊ុន សុខហុន ថ្លែង​ថា លោក​មិន​បាន​ចុះ​ឃាត់​រថយន្ត​ពលរដ្ឋ​ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ឡើយ គឺ​គ្រាន់តែ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ«មាន​ប្រតិភូ​ឆ្លង​ផ្លូវ។ អ៊ីចឹង​ខ្ញុំ​មិន​មែន​ចុះ​ឃាត់​តែ​រថយន្ត​ដែល​ពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​ទេ រីឯ​ពួក​គាត់​ថា​យក​ញត្តិ​ទៅ​ដាក់ ហើយ​ខ្ញុំ​សុំ​បង្ហាញ​ញត្តិ វា​អត់​ឃើញ»

ថ្វីត្បិត​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ លោក សឹង សុខុម បញ្ជាក់​ថា អាជ្ញាធរ​ដែល​មិន​ព្រម​ឱ្យ​ក្បួន​រថយន្ត​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ឡើង​មក​ភ្នំពេញ គឺ​បាន​ប្រាប់​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​មុន​ពេល​ជិត​បោះឆ្នោត។ លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគាត់«ព្រោះ​យើង​ធ្វើ​នេះ​មិន​មាន​អី​ខុស​ត្រង់​ណា​ទេ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​គ្រប់​ហេតុផល​ដែល​ពួក​គាត់​រង​ផល​ប៉ះពាល់»

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បញ្ជាក់​ថា សកម្មភាព​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​អ្វី​ខុស​ច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​ហាមឃាត់​ឡើយ«យើង​មើល​មិន​ឃើញ​ថា​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ និង​សុវត្ថិភាព​ទេ ដោយសារ​ពួក​គាត់​ហ្នឹង​ធ្វើ​ដំណើរ​តាម ហើយ​មក​ដាក់​ញត្តិ មិន​មែន​មក​ដើម្បី​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ទេ ហើយ​សកម្មភាព​រឹតត្បិត​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​បញ្ចេញ​មតិ​របស់​ពលរដ្ឋ»

ថ្វីត្បិត​មាន​ការ​រារាំង​ពី​អាជ្ញាធរ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​អ្នក​តំណាង​ពលរដ្ឋ​ពីរ​នាក់​ដែល​អះអាង​ថា តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក្នុងស្រុក​ឱរ៉ាល់ ចំនួន ៥៨១​គ្រួសារ និង​ពលរដ្ឋ​ក្នុង​ស្រុក​ថ្ពង ចំនួន ៥៧១​គ្រួសារ បាន​បន្ត​យក​ញត្តិ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​ទីក្រុង​ភ្នំពេញ ហើយ​បាន​ប្រគល់​ញត្តិ​នោះ​ដាក់​ដល់​ដៃ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វេលា​ម៉ោង​ប្រហែល ១០​ព្រឹក​ជាមួយ​ពលរដ្ឋ​ប្រហែល ២០​នាក់​ផ្សេង​ទៀត ដែល​តំណាង​ឱ្យ​ពលរដ្ឋ ៧៣៨​គ្រួសារ​មក​ពី​ខេត្ត​កោះកុង។ ពលរដ្ឋ​ទាំង​នេះ​គឺ​បញ្ជាក់​ថា ជា​អ្នក​រង​គ្រោះ​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

​មុន​ពេល​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ឧត្តរមានជ័យ ដាក់​ញត្តិ​បន្តិច ក៏​មាន​ពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង មាន​គ្នា​ប្រហែល​ជាង ២០​នាក់ តំណាង​ឱ្យ ៥៩​គ្រួសារ​មក​ពី​ឃុំ​ឃ្លាំមាស នៃ​ស្រុក​បាណន់ និង​ស្រុក​បវេល ក៏​បាន​លើក​គ្នា​ដាក់​ញត្តិ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ម្ដង​ទៀត​ដែរ ជុំវិញ​មេទាហាន​ម្នាក់ ឈ្មោះ ភ្លន់ សុផល្លា ដែល​នាំ​កូនចៅ​ចូល​ទៅ​បោះ​ជំរំ កាន់​កាប់​ដី​របស់​ពួក​គាត់។ ក្រុម​ពលរដ្ឋ​ទាំង​នេះ​អះអាង​ថា ដី​នោះ​ត្រូវ​បាន​សមាគម​យោធា​ពិការ ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា​ប្រចាំ​ខេត្ត​បាត់ដំបង ចែក​ឱ្យ​ពួកគាត់ ហើយ​ពួកគាត់​ក៏​បាន​កាន់កាប់ និង​ដាំ​ល្ង សណ្ដែក ព្រមទាំង​ធ្វើ​ស្រូវ តាំង​ពី​ឆ្នាំ​២០០ មក ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ មេ​ទាហាន​ឈ្មោះ ភ្លន់ សុផល្លា ស្រាប់តែ​ទៅ​អះអាង​ថា ជា​ដី​របស់​ទាហាន​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលា​រាជធានី​ភ្នំពេញ​ប្រារព្ធ​ទិវា​ចងចាំ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម

$
0
0

មន្ត្រី​រាជការ ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ១.០០០​នាក់ នាំ​គ្នា​ប្រារព្ធ​ទិវា​ចងចាំ​ថ្ងៃ​២០ ឧសភា ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​ចងចាំ​នេះ គឺ​ជា​ការ​រំឭក​អំពី​ប្រវត្តិ​សោកនាដកម្ម ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​បាន​ឆ្លង​កាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍៖ «សម្រាប់​ឲ្យ​កូន​ខ្មែរ​យើង​ជំនាន់​ក្រោយ ត្រូវ​គិត​ថា​ប្រវត្តិសាស្ត្រ​វា​បាន​ផ្ដល់​នូវ​ទុក្ខ​វេទនា ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខ្ទេចខ្ទាំ និង​ទទួល​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ណាស់​មិន​ធ្លាប់​មាន​ទេ។ ការ​ចងចាំ​នេះ គឺ​សំដៅ​ឲ្យ​យើង​ខិតខំ​នាំ​គ្នា​ទប់ស្កាត់​របប​អតីតកាល​ទាំងឡាយ​នោះ កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ»

មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ លោក ម៉ន ចានដេត ថ្លែង​ថា ពិធី​នេះ​ជួយ​កាត់​បន្ថយ​គំនុំ៖ «ជួនកាល​អ្នក​ដែល​លាចាក​លោក​នេះ​ទៅ មិន​សន្មត​ថា​ពួក​គាត់​ហ្នឹង​អស់​គំនុំ​ទេ។ គាត់​នៅ​មាន​គំនុំ​ទាំងអស់។ អ៊ីចឹង​ហើយ យើង​ធ្វើ​បុណ្យ​ថ្ងៃ​នេះ ឲ្យ​ពួក​គាត់​ហ្នឹង​មាន​អារម្មណ៍​ស្ងប់»

ទិវា​ចងចាំ​ថ្ងៃ​ទី​២០ ឧសភា គឺ​ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ឈ្មោះ​ដើម​ថា ទិវា​ចង​កំហឹង។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ យក​ថ្ងៃ​ទី​១៧ ខែ​មេសា ជា​ថ្ងៃ​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

ទិវា​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​រយៈពេល ២​ថ្ងៃ មុន​ថ្ងៃ​កំណត់ ដោយសារ​តែ​នៅ​ថ្ងៃ​ទី​២០ ឧសភា ខាង​មុខ​នេះ ចំ​ថ្ងៃ​ដែល​គណបក្ស​នយោបាយ​នានា​ចាប់​ផ្ដើម​ហែ​ក្បួន​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។

មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពីរ​រូប គឺ​ជន​ជាប់​ចោទ នួន ជា អាយុ ៩១​ឆ្នាំ និង​ជន​ជាប់​ចោទ ខៀវ សំផន អាយុ ៨៦​ឆ្នាំ ត្រូវ​បាន​តុលាការ​នាំ​មក​ផ្ដន្ទាទោស ចំពោះ​សោកនាដកម្ម​ក្នុង​របប​នោះ។

ស្រប​គ្នា​នឹង​ការ​ប្រារព្ធ​ទិវា​ចងចាំ​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៨ ឧសភា គ្រប់​ភាគី​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ បាន​ដាក់​សារណា​របស់​ខ្លួន​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រួច​ហើយ សម្រាប់​ការ​ពិភាក្សា​ដេញដោល​បិទ​បញ្ចប់​សំណុំ​រឿង​នេះ នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ៖ «ក្នុង​សារណា​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នេះ គឺ​សម្រាប់​សហ​ព្រះរាជអាជ្ញា​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក៏ប៉ុន្តែ​មេធាវី​តំណាង​ឲ្យ​ជន​ជាប់​ចោទ​ទាំង នួន ជា និង ខៀវ សំផន បាន​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ទម្លាក់​ចោល​បទ​ប្រកាន់​ប្រឆាំង​កូន​ក្ដី​របស់​គាត់ ហើយ​និង​ដោះលែង​ឲ្យ​មាន​សេរីភាព»

លោក​បន្ត​ថា ព្រះរាជអាជ្ញា​មាន​ភស្តុតាង​ដែល​បង្ហាញ​ជន​ជាប់​ចោទ​ទាំង​ពីរ មាន​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​ឃោសនា​ឲ្យ​មាន​ឧក្រិដ្ឋកម្ម។ ពួក​គាត់​ជា​អ្នក​សេពគប់​គ្នា​ជិតស្និទ្ធ​បំផុត​របស់ ប៉ុល ពត មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

រីឯ​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន លើក​ឡើង​តាម​ឯកសារ​ដែល​លេច​ធ្លាយ​ថា កូន​ក្ដី​របស់​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​កើត​ឡើង​ទេ ហើយ​ថា វៀតណាម ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​បរាជ័យ​ក្នុង​ការ​កសាង​ប្រទេស​ឲ្យ​ទៅ​ជា​រដ្ឋ​មួយ​ឯករាជ្យ និង​មាន​វិបុល​សុខ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា សំអាង​ហេតុ​នៃ​ការ​ស្នើសុំ​ទាំងនេះ ភាគី​ទាំង​ពីរ​នឹង​លើក​ឡើង​លម្អិត​នៅ​ក្នុង​សវនាការ​ដេញដោល​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង ០០២ វគ្គ​១ ព្រោះ​តែ​សាលា​ក្ដី​ខ្មែរ​ក្រហម​រក​ឃើញ​ថា ពួក​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។ បច្ចុប្បន្ន​នេះ លោក នួន ជា និង​លោក ខៀវ សំផន កំពុង​ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀបការ​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ជម្លោះ​ប្រដាប់​អាវុធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់​បង្កើត​ភូមិ-ឃុំ​គំរូ​ឲ្យ​រដ្ឋាភិបាល​មើល

$
0
0

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​បង្កើត​ភូមិ-ឃុំ​គំរូ​នៅ​តាម​ឃុំ-សង្កាត់​ដែល​គណបក្ស​នេះ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៤។ ស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្ឃឹម​លើ​បេក្ខជន​មេ​ឃុំ​របស់​បក្ស​ខ្លួន ថា​នឹង​អាច​ធ្វើ​បាន។ លើស​ពី​នេះ គណបក្ស​នេះ​បញ្ជាក់​ថា គ្មាន​គោល​នយោបាយ​ចែក​សារុង ចែក​ប៊ីចេង ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ដែរ។

ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉ង សាំងកុមារ ចង់​ឃើញ​ការ​អភិវឌ្ឍ​តាម​បែប​វិមជ្ឈការ​ពិត​ប្រាកដ​នៅ​តាម​ឃុំ-សង្កាត់។ លោក​ថា ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​តាម​បែប​វិមជ្ឈការ​ពិត​ប្រាកដ នឹង​ធ្វើ​ឲ្យ​រដ្ឋបាល​នៅ​តាម​ឃុំ-សង្កាត់​មាន​សារសំខាន់ ហើយ​តួនាទី​របស់​រដ្ឋាភិបាល​ទៅ​លើ​ភូមិ-ឃុំ លែង​សូវ​សំខាន់​ដូច​ពេល​នេះ​ហើយ។

លោក យ៉ង សាំងកុមារ លើក​ឡើង​នៅ​ចំពោះ​មុខ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ថា តាម​រយៈ​គោល​នយោបាយ​ល្អ​ទាំង​៥ របស់​គណបក្ស​នេះ គឺ​មេ​ឃុំ មេ​ភូមិ​ល្អ គ្រូពេទ្យ​ល្អ គ្រូបង្រៀន​ល្អ គ្រូ​កសិកម្ម​ល្អ និង​នគរបាល​ល្អ លោក​ចង់​បង្កើត​ភូមិ-ឃុំ​គំរូ​ឲ្យ​ថ្នាក់​លើ​មើល ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​មាន​លេស​ថា អ្នក​នៅ​ថ្នាក់​ក្រោម​ជាតិ​ធ្វើ​ការ​មិន​កើត៖ «យើង​រៀបចំ​ឲ្យ​បាន​ភូមិ-ឃុំ​មួយ​ចំនួន​ជា​គំរូ។ ចឹង​គឺ​យើង​ចង់​បង្ហាញ​អ្នក​ខាង​ក្រោម​ក៏​មាន​សមត្ថភាព​អាច​ដឹកនាំ​ភូមិ-ឃុំ​គេ​បាន​រីក​ចម្រើន​ដែរ»

លោក យ៉ង សាំងកុមារ បន្ថែម​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​គ្មាន​គោល​នយោបាយ​ចែក​សារុង ចែក​ប៊ីចេង ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​១២ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ។ គណបក្ស​នេះ បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន ២៧​ឃុំ-សង្កាត់​ក្នុង​ខេត្ត​ចំនួន​៩។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​លោក​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​ពី​គោល​នយោបាយ​ល្អៗ​សម្រាប់​អភិវឌ្ឍ​ភូមិ-ឃុំ​របស់​គ្រប់​គណបក្ស​នយោបាយ។ តែ​ទោះ​យ៉ាង​ណា លោក​ថា​ទុក​ឲ្យ​ពលរដ្ឋ​ជា​អ្នក​សម្រេច​ចិត្ត​នៅ​ថ្ងៃ​បោះឆ្នោត ថា​តើ​ពលរដ្ឋ​ស្រឡាញ់​គណបក្ស​ណា? ចំណែក​ឯ​ការ​ចែក​សារុង ប៊ីចេង​វិញ លោក សុខ ឥសាន ថា​គណបក្ស​ប្រជាជន​កម្ពុជា ចែក​ឲ្យ​តែ​សមាជិក​បក្ស​កាន់​អំណាច​ទេ មិន​មែន​ជា​ការ​ចែក​ឲ្យ​ពលរដ្ឋ​ទូទៅ​ទេ ហើយ​លោក​ស្នើ​កុំ​ឲ្យ​រិះគន់​បក្ស​កាន់​អំណាច ថា​លម្អៀង​ចែក​សារុង ឬ​ប៊ីចេង​ឲ្យ​ពលរដ្ឋ​មិន​ស្មើ​គ្នា៖ «ទុក​ឲ្យ​ប្រជាពលរដ្ឋ​លោក​អ្នក​មើល​ទៅ! បើ​ថា​គាត់​ពិត​ជា​ល្អ គាត់​ជាប់​ហើយ»

ក្រៅ​ពី​សារ​នយោបាយ​ល្អ​ទាំង​៥ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ថា​បេក្ខជន​មេ​ឃុំ-សង្កាត់​បក្ស​លោក បាន​ត្រៀម​សារ​នយោបាយ​បន្ថែម​ទៀត ដែល​ជា​បញ្ហា​ផ្ទាល់​របស់​ពលរដ្ឋ​តាម​ឃុំ​សម្រាប់​ឃោសនា។

បេក្ខជន​មេ​ឃុំ​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្ត​កំពត លោក អ៊ួន សុផល ប្រាប់​ថា លោក​បាន​ត្រៀម​សារ​នយោបាយ​បន្ថែម​ទៀត​សម្រាប់​ការ​ឃោសនា​នៅ​ឃុំ​ដំណាក់សុក្រំ។ លោក​ថា ការ​ជំរុញ​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម គឺ​ជា​សារ​នយោបាយ​សំខាន់​មួយ ដែល​លោក​ត្រៀម​ឃោសនា​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ធំៗ ៣ នៅ​ឃុំ​របស់​លោក៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​កន្លងមក​ហ្នឹង គឺ​មាន​ការ​លក់​ផលិតផល​ខ្លួន​ឯង​បាន​ថ្លៃធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាពលរដ្ឋ​កន្លង​មក​ហ្នឹង គឺ​អាច​ទិញ​របស់​ពី​ក្រុមហ៊ុន ពី​ឈ្មួញ ពី​ទីផ្សារ មក​សម្រាប់​ក្នុង​សហគមន៍​បាន​ថោក! ចឹង​ហើយ​ដែល​បទពិសោធន៍​ទាំងអស់​នេះ​ដាច់​ឆ្លុះ​បញ្ចាំង​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​បាន​ប្រជែង​គ្នា ដើម្បី​បង្ហាញ​ថា បក្ស​នយោបាយ​របស់​ខ្លួន​ព្យាយាម​ខ្លាំង​ណាស់ ដើម្បី​ជួយ​ពលរដ្ឋ​នៅ​តាម​ឃុំ-សង្កាត់​ដែល​ចង់​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ ដោយ​មាន​អ្នក​នយោបាយ​ខ្លះ​ប្រើ​វិធី​លួង ចែង​អំណោយ សន្យា ស្បថ ឬ​ព្រមាន​ពី​សង្គ្រាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live