ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារតំណាងឲ្យពលរដ្ឋ ១៨៩គ្រួសារនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រមូលផ្តុំគ្នានៅសាលាឃុំត្រពាំងភ្លាំង នៅថ្ងៃទី១៦ ខែឧសភា ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរឃុំ រឿងបក្ខពួកឈ្មួញដីគំរាមកំហែងមិនឲ្យពួកគាត់ដាំដុះដំណាំលើដីដែលពួកគាត់ធ្លាប់កាន់កាប់។ អង្គការសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរមានចំណាត់ការជាក់លាក់ទៅលើជនទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ។
តំណាងប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់ប្រាប់អាស៊ីសេរីថា ការប្រមូលផ្តុំនេះ ធ្វើឡើងដោយសារប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន នៅពេលពួកគាត់ចុះទៅកាប់ឆ្ការដាំដំណាំ ហើយត្រូវក្រុមបក្ខពួកឈ្មួញដីរារាំង និងគំរាមប្រើហិង្សា។
ម្យ៉ាងវិញទៀត ពួកគាត់ធ្វើនេះក៏ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ឲ្យបានឆាប់រហ័សទាន់រដូវធ្វើស្រែចម្ការផងដែរ៖ «»។
ភាពចម្រូងចម្រាសរឿងដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង នេះ បានផ្ទុះឡើងកាលពីចុងខែមីនា កន្លងទៅ ក្រោយពេលអាជ្ញាធរខត្តកំពត បានបិទផ្សាយបញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្តែបញ្ជីនោះមិនមានឈ្មោះពលរដ្ឋដែលកាន់កាប់ដីជាក់ស្តែងនោះឡើយ។ ផ្ទុយទៅវិញ បែរជាមានឈ្មោះបុគ្គលដែលអ្នកភូមិមិនស្គាល់ទៅវិញ។ ភាពមិនប្រក្រតីនេះ បានធ្វើឲ្យពលរដ្ឋរាប់រយនាក់លើកគ្នាមកតវ៉ា និងដាក់ពាក្យបណ្ដឹងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំអន្តរាគមន៍ករណីនេះ ហើយក្រសួងក៏បានចេញលិខិតមួយបញ្ជាក់ថា ដំណើរការវាស់វែង និងការបិទផ្សាយទិន្នន័យចំនួន ១០៣ក្បាលដីនោះ គឺអនុវត្តពុំបានសមស្របតាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាគោលនយោបាយដីធ្លីទេ។
ក្រសួងរៀបចំដែនដី បានស្នើឲ្យអាជ្ញាធរខេត្តកំពត ផ្អាកនីតិវិធីនៃការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិចំនួន ១០៣ក្បាលដីរបស់ពលរដ្ឋ ១០៣គ្រួសារនោះជាបណ្ដោះអាសន្នសិន។ ទន្ទឹមនឹងនេះ ក្រសួងនឹងចាត់ក្រុមការងារបច្ចេកទេស សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសុរិយោដីខេត្តកំពត ចុះវាស់វែងធ្វើអត្តសញ្ញាណកម្ម និងប្រមូលទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងដាំដុះជាក់ស្តែង។
ដោយសារតែសំអាងលើហេតុផលនេះហើយ ទើបប្រជាពលរដ្ឋនាំគ្នាទៅកាប់ឆ្ការ និងដាំដុះលើដីរបស់ខ្លួនឡើងវិញ ដោយសារតែកន្លងមក ក្រុមឈ្មួញដីដែលពលរដ្ឋស្គាល់ឈ្មោះថា អាំ ផល្លីន និង ហ៊ាង គន្ធី ព្រមទាំងបក្ខពួក បានឈូសបំផ្លាញដំណាំរបស់ពួកគាត់អស់ទៅហើយ ហើយពួកគាត់បារម្ភថា បើមិនមានដំណាំជាក់ស្តែងទេ អាជ្ញាធរនឹងមិនវាស់វែងជូនពួកគាត់នោះឡើយ៖ «»។
ប្រជាពលរដ្ឋភូមិព្រៃពាយ អះអាងថា អ្នកដែលនៅពីក្រោយបញ្ហាដីធ្លីនេះ គឺឈ្មួញដីឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ព្រមទាំងបក្ខពួករបស់ពួកគេ ហើយក្រុមនេះហើយគឺជាអ្នកតែងគំរាមកំហែង និងប្រើហិង្សាបង្ខំពលរដ្ឋឲ្យចាកចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងបុគ្គលទាំងពីរនាក់នេះបាននៅឡើយ នៅថ្ងៃទី១៦ ឧសភា ដើម្បីឆ្លើយតបជុំវិញការចោទប្រកាន់របស់ក្រុមពលរដ្ឋ។
ទោះបីជាយ៉ាងណា អភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា ស្នើឲ្យពលរដ្ឋមានការព្រួយបារម្ភចំពោះបញ្ហាទាំងនេះ។ លោកថា ប្រជាពលរដ្ឋត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាមៗ បើសិនជាមានការគំរាមកំហែងណាមួយកើតឡើង៖ «»។
ទាក់ទងនឹងរឿងចុះវាស់វែងដីជូនពលរដ្ឋជាថ្មីវិញ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពត លោក យិន វុឌ្ឍ បញ្ជាក់ថា លោកកំពុងរង់ចាំក្រុមការងាររបស់ក្រសួង ដើម្បីធ្វើកិច្ចការនេះរួមគ្នា។ ចំណែកឯរឿងបញ្ជីឈ្មោះដែលពលរដ្ឋតវ៉ាថាមិនមានឈ្មោះពួកគាត់នោះវិញ លោក យិន វុឌ្ឍ បញ្ជាក់ថា លោកមិនយល់ពីបញ្ហានេះទេ ព្រោះលោកមិនបានចុះទៅពិនិត្យដោយផ្ទាល់៖ «»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ ដែលបានតាមដានករណីនេះបញ្ជាក់ថា ការលើកឡើងរបស់ពលរដ្ឋថាមានឈ្មួញដី និងបក្ខពួកគំរាមកំហែង និងប្រើអំពើហិង្សាលើពួកគាត់នោះ គឺជារឿងពិត ហើយវាបានកើតឡើងតាំងពីឆ្នាំ២០១៥ មក ដោយគ្មានចំណាត់ការជាក់លាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចមិនហ៊ានចូលទៅធ្វើចម្ការលើដីរបស់ពួកគាត់ឡើយ៖ «»។
ក្រៅពីស្នើឲ្យអាជ្ញាធរចាត់វិធានការទៅលើអ្នកគំរាមកំហែង និងប្រើអំពើហិង្សាលើពលរដ្ឋ លោក ហេង ភារៈ ក៏ស្នើដល់អាជ្ញាធរថ្នាក់ជាតិផងដែរឲ្យស៊ើបអង្កេតទៅលើការបំពេញមុខងាររបស់មន្ត្រីថ្នាក់ខេត្ត ជុំវិញភាពមិនប្រក្រតីនៃបញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ ដែលមិនមែនជាពលរដ្ឋកាន់កាប់ដីជាក់ស្តែងនោះដែរ៖ «»។
រាជរដ្ឋាភិបាល កាលពីចុងឆ្នាំ២០១៥ កន្លងទៅ បានសម្រេចកាត់ដីទំហំ ៥២៣,១៣ហិកតារ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ១០៣គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ក៏ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមប្រជាពលរដ្ឋមិនទាន់ទទួលបានដីធ្លីទាំងនេះនៅឡើយ ដោយពួកគាត់កំពុងរង់ចាំការចុះវាស់វែងរបស់ក្រុមការងារក្រសួង។
ពួកគាត់អះអាងថា នឹងលើកគ្នាទៅតវ៉ានៅក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរហូតទាល់តែមានដំណោះស្រាយ ព្រោះដីនេះ ប្រមុខរដ្ឋាភិបាលបានសម្រេចប្រគល់ឲ្យពលរដ្ឋក្រីក្រ មិនមែនសម្រាប់ក្រុមឈ្មួញ ឬមន្ត្រីខិលខូចនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។