តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់សកម្មជនខ្លួនថា តាំងពីឆ្នាំ១៩៩៣ មក ដោយសារតែមានការបោះឆ្នោតទើបគ្មានសង្គ្រាម ដូច្នេះការបោះឆ្នោតគឺជាការបញ្ចៀសសង្គ្រាម មិនមែនជាការបង្កើតឲ្យមានសង្គ្រាមនោះទេ។
អ្នកវិភាគថា នេះគឺជាទ្រឹស្ដីសម្រាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ដែលគេសម្រេចចិត្តយកជម្រើសការបោះឆ្នោត ដោយសារប្រទេសទាំងនោះមិនចង់ឃើញការដណ្ដើមអំណាចគ្នាតាមកម្លាំងប្រដាប់អាវុធ។
ការបញ្ជាក់ថា ការបោះឆ្នោតនឹងនាំឲ្យគ្មានសង្គ្រាមកើតឡើងនេះ ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកហេតុផលជាច្រើនទៅពន្យល់សកម្មជនរបស់ខ្លួន ដែលបញ្ជាក់ថា ជម្រើសនៃការបោះឆ្នោតគ្មានសង្គ្រាមនោះទេ។ លោកថា បើបោះឆ្នោតនាំឲ្យមានសង្គ្រាមដដែល តើគេបង្កើតការបោះឆ្នោតដើម្បីអ្វី? តំណាងរាស្ត្ររូបនេះស្នើឲ្យពលរដ្ឋជឿជាក់លើព្រះមហាក្សត្រដែលចេញព្រះភក្ត្រប្រកាសឲ្យពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា កុំចាញ់សម្លុតជនណាម្នាក់៖ «លោកមានបន្ទូលអំពាវនាវឲ្យបងប្អូនជនរួមជាតិ ប្រជារាស្ត្ររបស់ព្រះអង្គទៅបោះឆ្នោតទៅហើយ ហើយបើព្រះមហាក្សត្រអត់ប្រកាសសង្គ្រាមហើយ ទៅធ្វើសង្គ្រាមម៉េចកើត? វាអត់អីទៅធ្វើសង្គ្រាមទៅទៀត ហើយពួកខ្ញុំហ្នឹងវាអត់ទៅចេះកាន់កាំភ្លើងទៅទៀត បើគេឲ្យកាំភ្លើងខ្លីមក វាអត់ទៅដឹងបាញ់យ៉ាងម៉េច? ទៅធ្វើសង្គ្រាមយ៉ាងម៉េចទៅបងប្អូន? ដូច្នេះបោះឆ្នោតបញ្ចៀសសង្គ្រាម»។
ជារឿយៗ មួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីដែលមានប្រវត្តិធ្វើសង្គ្រាមបានព្រមានថា នឹងកើតសង្គ្រាមបើគណបក្សលោកចាញ់ឆ្នោត។ អ្នកវិភាគចាត់ទុកការប្រកាសសង្គ្រាមនេះថាគឺជាសារគំរាម និងជាការបំភិតបំភ័យពលរដ្ឋ។
លោក យឹម សុវណ្ណ បានអះអាងថា កងកម្លាំងប្រដាប់អាវុធរហូតថ្នាក់ឧត្ដមសេនីយ៍ បានប្រាប់លោកថា នឹងមិនធ្វើសង្គ្រាមនោះទេ ហើយគណបក្សសង្គ្រោះជាតិ ប្រកាសទទួលយកកងកម្លាំងប្រដាប់អាវុធធ្វើការជាមួយដោយមិនរើសអើង ហើយមិនមានការសងសឹកនោះទេ។ លោកថា គណបក្សសង្គ្រោះជាតិ ពេលឈ្នះឆ្នោតទៅកាន់អំណាចនៅវិមានសន្តិភាព មិនមែនទៅវិមានសង្គ្រាមនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ពន្យល់ថា សង្គ្រាមមិនមែនកើតឡើងដោយសារការបោះឆ្នោតទេ។ ប៉ុន្តែប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំប្រទេស សង្គ្រាមកើតឡើងដោយសារគោលនយោបាយរបស់គណបក្សនេះ។ លោក សុខ ឥសាន ថា គណបក្សសង្គ្រោះជាតិ បានយកគោលនយោបាយតាមរបប ប៉ុល ពត៖ «ប្រជាពលរដ្ឋក៏មិនអាចទទួលបាននូវសុខសន្តិភាព ក៏ដូចជាគ្មានការរីកចម្រើននៅក្នុងសង្គម មានពេលណាទៅកសាងប្រទេស មានពេលណាទៅកសាងជីវភាពសេដ្ឋកិច្ចគ្រួសារឲ្យវារីកចម្រើនសម្បូររុងរឿង កាត់បន្ថយភាពក្រីក្រ វាមានតែការភ័យខ្លាច មានតែការក្រាបលូនដូចពីមុនទៀតហ្នឹង ដោយសារថា គណបក្សហ្នឹងយកនយោបាយរបស់ ប៉ុល ពត មកអនុវត្តទៅហើយ»។
អ្នកតាមដានសង្គម និងនយោបាយ មើលឃើញថា គ្មានគោលនយោបាយរបស់គណបក្សណាមួយដែលបង្កឲ្យមានសង្គ្រាមនោះទេ លើកលែងតែគោលនយោបាយរបស់ពួកអាយស៊ីស (ISIS)។
អ្នកតាមដានសង្គម និងនយោបាយ លោកបណ្ឌិត មាស នី ថា រដ្ឋាភិបាលមិនគួរប្រើពាក្យសង្គ្រាមច្រំដែលពេកនោះទេ ព្រោះរដ្ឋាភិបាលជាអ្នកធានារដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញបានធានាសន្តិភាពសម្រាប់កម្ពុជា។ លោក មាស នី យល់ថា ការបង្ហាញអំពីការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺជាការបង្ហាញពីភាពអសមត្ថភាពរបស់អ្នកដឹកនាំ៖ «ប្រទេសយើង បើសិនជាយើងមានស្ថាប័នបោះឆ្នោតថ្នាក់ជាតិមួយ ដែលបានធានានូវឯករាជ្យ និងយុត្តិធម៌ បើឆ្នោតដោយសេរី និងយុត្តិធម៌នោះ ខ្ញុំគិតថា ទោះបីមានអ្នកស្រែកច្រើនលើសហ្នឹងទៀតអំពីសង្គ្រាម ក៏សង្គ្រាមមិនអាចផ្ទុះ»។
ក្រោយមានការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជានឹងមានសង្គ្រាម មិនបានយូរប៉ុន្មាន ព្រះបាទសម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រ បានស្នើពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយទាក់ទងនឹងការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយត្រូវប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈជ្រើសរើសបេក្ខជន ឬគណបក្សណាដែលខ្លួនពេញចិត្ត។
ព្រះអង្គមានបន្ទូលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ គំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល ធ្លាប់ប្រាប់អាស៊ីសេរីថា លោកមើលមិនឃើញថា គណបក្សណាមួយអាចធ្វើឲ្យមានសង្គ្រាមនោះទេ បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ព្រោះគណបក្សទាំងនោះគ្មានអំណាច គ្មានកងកម្លាំងប្រដាប់អាវុធ។ ជាងនេះទៅទៀត លោកថា ប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃចាញ់ឆ្នោត ក៏គ្មានសង្គ្រាមដែរ ព្រោះជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានកាតព្វកិច្ចការពារលទ្ធផលបោះឆ្នោត។
កាលពីមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែព្រមានថា នឹងមានសង្គ្រាម បើគណបក្សលោកចាញ់ឆ្នោត។ ជាលទ្ធផលនៃការបោះឆ្នោតជាតិ អាណត្តិទី៥ ដោយការព្រមាននេះ ធ្វើឲ្យគណបក្សរបស់លោកបាត់បង់កៅអីតំណាងរាស្ត្រនៅសភាចំនួន ២២អាសនៈ គឺពី ៩០អាសនៈ មក ៦៨អាសនៈវិញ៕