Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រារព្ធ​ទិវា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដើម្បី​ប្រឆាំង​ការ​រើសអើង

$
0
0

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍​ជាង ១០០​នាក់ សហការ​គ្នា​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ​នៃ​សប្ដាហ៍​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា។

សប្ដាហ៍​មោទនភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​សមាជិក​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ពាក់ព័ន្ធ​ប្រារព្ធ​បើក​ពិធី​នៅ​ឆ្នាំ​នេះ ក្រោម​ប្រធានបទ​ថា "គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ខ្ញុំ​គឺ​ខ្ញុំ"។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា លោក ជួប សុខចំរើន ថ្លែង​ថា ពិធី​នេះ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ប្រឈម​ការ​រើសអើង​មាក់ងាយ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​បង្ហាញ​ថា ជា​ពេល​វេលា ដែល​កម្ពុជា​គួរ​មាន​ច្បាប់​ប្រឆាំង​ការ​រើសអើង​នេះ៖ «ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត គឺ​ជំរុញ​ពួក​គាត់ ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ឆន្ទៈ និង​ចូលរួម​នៅ​ក្នុង​សង្គម​របស់​យើង​កាន់តែ​ល្អ​ថែម​ទៀត។ យើង​ឃើញ​ថា ពួក​គាត់​មាន​ទេពកោសល្យ​ច្រើន​ណាស់ ទាំង​ការ​សម្ដែង ទាំង​ការ​បង្ហាញ​អំពី​ភាព​ប៉ិនប្រសប់ ទាំង​ផ្នែក​សិល្បៈ ទាំង​ផ្នែក​ចំណេះដឹង​ក៏​មាន​ច្រើន។ អ៊ីចឹង បើសិនជា​យើង​អាច​ចាប់​ផ្ដើម​ពី​ឪពុក​ម្ដាយ បញ្ឈប់​ការ​ប្រមាទ ការ​មាក់ងាយ ការ​រើសអើង ការ​ដេញ​កូន​ចេញ​ពី​គ្រួសារ​គ្រាន់​តែ​ភាព​ខុស​ពី​អ្វី ដែល​យើង​ថា មិន​ត្រូវ​នឹង​ធម្មជាតិ ហើយ​គាត់​គ្រាន់​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ពួក​គាត់ យើង​ដេញ​ពួក​គាត់ គឺ​ជា​ការ​បាត់បង់​មួយ​ធំធេង។ គាំទ្រ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​ឲ្យ​ពួក​គាត់​បន្ត​ចូលរួម​នូវ​ការ​អភិវឌ្ឍ​ផ្សេងៗ»

ទិវា​អន្តរជាតិ​ប្រឆាំង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​ភេទ ដែល​ត្រូវ​បាន​ប្រទេស​ចំនួន ១០៨​ប្រទេស ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ។ ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​នេះ​ជា​ទ្រង់ទ្រាយ​តូច​ជាង ១០​ឆ្នាំ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​គេ​រើសអើង ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ និង​នៅ​ក្នុង​សង្គម​ជាតិ។

ប្រធាន​បណ្ដាញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា "ចតុមុខ" និង​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា កញ្ញា ឈុន មុន្នីវិច្ឆរ៉ា ថ្លែង​ថា ពួក​នាង​ជា​រឿយៗ ជួប​នឹង​បញ្ហា​ប្រឈម​ការ​រារាំង​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​មិន​ឲ្យ​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ៖ «ទី​មួយ​គាត់​យល់​ថា ខ្លាច​បាត់បង់​អនាគត។ ទី​ពីរ​គាត់​យល់​ថា មាន​ការ​បោកប្រាស់ ឬ​ក៏​ឆបោក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទី​បី គាត់​ថា ខ្លាច​អត់​មាន​អ្វី​ត​ពូជពង្សវង្សត្រកូល។ អ៊ីចឹង​អ្វី​ដែល​សំខាន់​ជាង​គេ គឺ​ផ្ដើម​ចេញ​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ដែល​នៅ​កៀក​គាត់​បំផុត ហើយ​មាត់​ទៀត​ក៏​ទាក់ទង​នឹង​អាជ្ញាធរ គាត់​ក៏​អត់​ហ៊ាន​ចេញ​ច្បាប់​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ដែរ ដោយសារ​ច្បាប់​យើង​អត់​ទាន់​មាន​ទេ»

ចូលរួម​ក្នុង​ពិធី​នេះ​ដែរ តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មាន​ប្រសាសន៍​ថា សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ជា​សិទ្ធិ​មនុស្ស​របស់​បុគ្គល​គ្រប់​រូប ដោយ​គ្មាន​ការ​បែង​ថា អ្នក​នោះ​ជា​នរណា ឬ​ស្រឡាញ់​នរណា​ឡើយ។

អ្នកស្រី​ថ្លែង​ថា ស្រប​ពេល​ដែល​នៅ​កម្ពុជា មាន​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​សកម្ម ដែល​ប្រទេស​ដទៃ​មិន​មាន​សហគមន៍​នេះ​ឡើយ។ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​ខ្លះ មិន​ត្រឹម​តែ​គេ​មាក់ងាយ​ផាត់​ចេញ​ពី​សង្គម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​គេ​សម្លាប់​ទៀត។ អ្នកស្រី​ផ្ដល់​យោបល់​ថា កម្ពុជា​ត្រូវ​ឈាន​មួយ​ជំហាន​ទៀត ដើម្បី​លើក​ស្ទួយ​សិទ្ធិ​របស់​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រោះ​ពេល​នេះ ការ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា​មិន​ខុស​ច្បាប់​ទេ ហើយ​ការ​រើសអើង​ក៏​មិន​ខុស​ច្បាប់​ដែរ។

អ្នកស្រី​ថា នេះ​ជា​ភាព​ចន្លោះ​ប្រហោង​ដែល​គួរ​រួម​គ្នា​បិទ ដោយ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​ការ​រើសអើង៖ «ហើយ​ច្បាប់​នេះ ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ត្រូវ​គេ​បំភ្លេច​ចោល អ្នក​ដែល​នៅ​ក្នុង​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ដែល​ត្រូវ​បាន​រើសអើង​ដោយ​សង្គម សាលា មន្ទីរពេទ្យ និង​វិស័យ​ផ្សេង​ទៀត។ អង្គការ​សង្គម​ស៊ីវិល​យល់ស្រប​មតិ​លោក​អ្នក ដែល​ដាក់​ប្រធានបទ​ឆ្នាំ​នេះ​ថា សិទ្ធិ​បង្កើត​គ្រួសារ។ ខ្ញុំ​សុំ​អះអាង​ថា គ្រួសារ គឺ​ជា​កត្តា​សំខាន់​ចំពោះ​សង្គម ដូច​ដែល​បញ្ជាក់​នៅ​ក្នុង​គោលការណ៍​សិទ្ធិមនុស្ស ហើយ​គោលការណ៍​នេះ អនុវត្ត​ចំពោះ​យើង​ទាំង​អស់​គ្នា។ ព្រោះ​យើង​ជា​មនុស្ស យើង​មិន​ចាំ​បាច់​មាន​ហេតុផល​អ្វី ដើម្បី​ទាមទារ​សិទ្ធិមនុស្ស​នោះ។ ភាព​ចន្លោះ​ប្រហោង​ដែល​យើង​បាន​កំណត់ សុទ្ធតែ​អនុវត្ត​បាន។ ខ្ញុំ​សង្ឃឹម​ថា ការ​ចំណាយ​ឋាមពល​ប៉ុន្មាន​ឆ្នាំ​មក​នេះ យើង​នឹង​អាច​នាំ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឆ្ពោះ​ទៅ​មុខ​មួយ​ជំហាន​ទៀត ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នាំ​មុខ​គេ»

អ្នកស្រី​រំពឹង​ថា ក្នុង​សប្ដាហ៍​មោទនភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​មួយ​សប្ដាហ៍​នេះ គឺ​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ជួប​ផ្លាស់ប្ដូរ​យោបល់​គ្នា អំពី​ភាព​ប្រឈម ទាំង​ក្នុង​វិស័យ​អប់រំ សុខាភិបាល ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ពួក​គេ និង​ការ​ចងក្រង​គ្នា​ជា​គ្រួសារ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ស្នូល​សំខាន់​នៃ​សង្គម។

អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា វេជ្ជ​បណ្ឌិត ឡាំ ប៊ុនសេង ឲ្យ​ដឹង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ មាន​រាប់​ម៉ឺន​នាក់ ហើយ​អ្នក​ទាំង​នេះ​ជា​ធនធាន​សង្គម ព្រោះ​មាន​ចំណេះ​ដឹង និង​ទេពកោសល្យ​របស់​គេ​រៀងៗ​ខ្លួន។

ការ​បើក​ពិធី​ជា​ផ្លូវ​ការ​នៃ​សប្ដាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា នេះ ត្រូវ​បាន​ចូល​រួម​ដោយ​បណ្ដាញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មាន​ជា​អាទិ បណ្ដាញ​ចតុមុខ សហគមន៍​ឥន្ទធនូ​កម្ពុជា អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ផ្នែក​សុខភាព និង​ជំងឺ​អេដស៍ មន្ត្រី​ស្ថានទូត និង​អង្គការ​សហប្រជាជាតិ​ផង។ កម្មវិធី​នេះ នឹង​បន្ត​ទៅ​តាម​បណ្ដា​ខេត្ត​រហូត​ដល់​ទី​២២ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​នៅ​កំពត​និង​​កែប​សោកស្ដាយ​ចំពោះ​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​អាមេរិក

$
0
0

ពលរដ្ឋ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក ហៅ​ថា “ឃ្មុំ​សមុទ្រ” ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កាលកំណត់។ ការ​លើក​ឡើង​បែប​នេះ ដោយសារ​គម្រោង “ឃ្មុំ​សមុទ្រ” បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​កម្ពស់​ការ​អប់រំ និង​សេវា​សុខភាព​សាធារណៈ​ដល់​ពលរដ្ឋ តាម​រយៈ​ការ​សាងសង់​បង្គន់​អនាម័យ បន្ទប់​សម្ភព និង​ជំនួយ​ជា​សម្ភារៈ​ពេទ្យ​ជា​ច្រើន​មុខ​ទៀត​ដល់​មណ្ឌល​សុខភាព និង​សាលារៀន​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ។

នាយក​សាលា និង​គ្រូពេទ្យ​មួយ​ចំនួន​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប លើក​ឡើង​ដូចគ្នា​ថា ពួកគាត់​មិន​ចង់​ឱ្យ​មាន​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក “ឃ្មុំ​សមុទ្រ” នោះ​ទេ ព្រោះ​គម្រោង​នេះ​បាន​រួម​ចំណែក​ជួយ​ឱ្យ​សាលារៀន និង​មណ្ឌល​សុខភាព​របស់​ពួកគាត់​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់។

កងកម្លាំង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ក្នុង​គម្រោង "ឃ្មុំ​សមុទ្រ" បាន​ជួយ​កសាង​បង្គន់​អនាម័យ​ចំនួន ៥​បន្ទប់ អណ្ដូងទឹក ១ និង​ស៊ីទែន​ទឹក ១ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ​ចម្ការ​ដូង​ក្នុង​ខេត្ត​កែប កាល​ពី​ឆ្នាំ​២០១៤។ ចំណែក​នៅ​ខេត្ត​កំពត វិញ ក្រុម​នេះ​បាន​ជួយ​កសាង​បន្ទប់​ថែទាំ​ក្រោយ​សម្រាល​ចំនួន​ពីរ និង​ជួយ​ជួសជុល​កែលំអ​មណ្ឌល​សុខភាព​កំពង់ក្រែង ដែល​ស្ថិត​ក្នុង​ឃុំ​កំពង់ក្រែង ស្រុក​ទឹកឈូ។

​វិទ្យាល័យ​ចម្ការ​ដូង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប មាន​អគារ​សិក្សា​ចំនួន ៨​ខ្នង ស្មើ​នឹង ៤៩​បន្ទប់ និង​មាន​សិស្សានុសិស្ស​សរុប​ជាង ៧០០​នាក់ និង​គ្រូបង្រៀន​ជាង ៨០​នាក់។

​វិទ្យាល័យ​នេះ​មាន​បន្ទប់​ទឹក​ចំនួន ១៩ ដែល ១២​បន្ទប់​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ២​បន្ទប់​ជា​ថវិកា​របស់​សាលា និង ៥​បន្ទប់​ផ្សេង​ទៀត ជា​ជំនួយ​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក។

នាយក​វិទ្យាល័យ​ចម្ការ​ដូង លោក  ឡុង សោភា បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា បង្គន់​អនាម័យ​ទាំង ៥​បន្ទប់​នេះ ចំណាយ​អស់​ថវិកា​សាងសង់​ប្រមាណ ២​ម៉ឺន​ដុល្លារ​អាមេរិក មាន​លក្ខណៈ​រឹងមាំ និង​អាច​បំពេញ​តម្រូវការ​សម្រាប់​សិស្សានុសិស្ស​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​បាន។ លោក​ថា ក្នុង​មួយៗ​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្សានុសិស្ស​ប្រមាណ ១០០​នាក់​ដែរ ដែល​បាន​ប្រើប្រាស់​បង្គន់​អនាម័យ​នេះ។ លោក​បន្ត​ថា បន្ទប់ទឹក​ចំនួន ៥ ដែល​ជា​ជំនួយ​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​អនាម័យ​ក្នុង​សាលា និង​កាត់​បន្ថយ​អត្រា​បោះបង់ចោល​ការ​សិក្សា​របស់​សិស្ស​ស្រី៖ «»។

នាយក​សាលា​រូប​នេះ សោកស្ដាយ​នៅ​ពេល​ទទួល​ដំណឹង​ថា គម្រោង​ជំនួយ​មនុស្សធម៌ "ឃ្មុំ​សមុទ្រ" ត្រូវ​បាន​ផ្អាក។ លោក​ថា បើសិនជា​គម្រោង​នេះ​នៅ​មាន​បន្ត នោះ​សាលារៀន និង​មណ្ឌល​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត នឹង​ទទួល​បាន​ជំនួយ​បន្ថែម​ដើម្បី​បំពេញ​កង្វះ​ខាត​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​សេវា​អប់រំ និង​សុខភាព​ដល់​ពលរដ្ឋ៖ «»។

​ចំណែក​ឯ​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​កំពង់គ្រែង ក្នុង​ខេត្ត​កំពត ដែល​បាន​ទទួល​ជំនួយ​ពី​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ក៏​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ។ បុគ្គលិក​ពេទ្យ​នៃ​មណ្ឌល​សុខភាព​កំពង់គ្រែង អ្នកស្រី សេង សូនី បញ្ជាក់​ថា បន្ទប់​ថែទាំ​ក្រោយ​សម្រាល​ចំនួន ២​បន្ទប់​ដែល​ជា​ជំនួយ​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​ធ្វើ​ឱ្យ​ចំនួន​ស្ត្រី​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​កំពង់គ្រែង កើន​ឡើង​ពី​ចំនួន ៣ ឬ ៤​នាក់ ទៅ​ប្រមាណ ១០​នាក់​ក្នុង​មួយ​ខែ។

​លោកស្រី​សោកស្ដាយ​ដែល​កម្មវិធី​ជំនួយ​មនុស្សធម៌​នេះ ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កាលកំណត់ ព្រោះ​វា​នឹង​នាំ​ឱ្យ​មណ្ឌល​សុខភាព​ដទៃ​ដែល​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត ខកខាន​មិន​បាន​ទទួល​ជំនួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ៖ «»។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​អាមេរិក ក្នុង​គម្រោង​ឃ្មុំ​សមុទ្រ បាន​អនុវត្ត​គម្រោង​សេវា​សហគមន៍​នានា មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៥​លាន​ដុល្លារ​អាមេរិក។ គម្រោង​ទាំង​នេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​ពាន់​នាក់ តាម​រយៈ​ការ​ជួយ​សាងសង់​មន្ទីរពេទ្យ បង្គន់​អនាម័យ និង​កែលំអ​សាលារៀន​ជា​ច្រើន​ក្នុង​ខែត្រ​ចំនួន​១១ ក្រោម​កិច្ចសហការ​ផ្ទាល់​ជាមួយ​សម​ភាគី​នានា រួមមាន​កង​យោធពល​ខេមរភូមិន្ទ និង​សហគមន៍​មូលដ្ឋាន​ជាដើម។

​ទោះបីជា​យ៉ាង​ណា កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ ស្ថានទូត​អាមេរិក ស្រាប់តែ​បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា បាន​ជូន​ដំណឹង​មក​ស្ថានទូត​អំពី​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​នេះ​ដោយ​គ្មាន​កាលកំណត់។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ការ​ផ្អាក​នេះ​ដោយសារ​ភាគី​កម្ពុជា មិន​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ទាហាន​ជើង​ទឹក​អាមេរិក ត្បិត​កងកម្លាំង​កម្ពុជា កំពុង​ជាប់​រវល់​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ត្រូវ​ត្រៀម​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​ថា រដ្ឋាភិបាល​នឹង​បន្ត​កម្មវិធី​ជំនួយ​មនុស្សធម៌ "ឃ្មុំ​សមុទ្រ" នេះ​ជា​ថ្មី​ទៀត បើ​សភាពការណ៍​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ មាន​ភាព​ធូរស្រាល៖ «»។

​ការ​ពន្យល់​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ រូប​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ចាត់​ទុក​ថា ជា​រឿង​មិន​សម​ហេតុផល។ លោក​ថា ខាង​កងទ័ព​មាន​តួនាទី​ការពារ​សន្តិសុខ​ជាតិ ឯ​រឿង​បោះឆ្នោត និង​ការ​ប្រឆាំង​គ្រឿង​ញៀន គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ លោក​យល់​ឃើញ​ថា មូលហេតុ​ពិត​ប្រាកដ​គឺ​ជា​រឿង​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា មាន​និន្នាការ​លម្អៀង​ទៅ​រក​ចិន ជា​ជាង​សហរដ្ឋអាមេរិក៖ «»។

​កាល​ពី​ខែ​មករា កន្លង​ទៅ​កម្ពុជា ក៏​បាន​សម្រេចចិត្ត​ផ្អាក​ធ្វើ​សម​យុទ្ធ​យោធា រួម​គ្នា​ឈ្មោះ "ឆ្មាំ​អង្គរ" ជាមួយ​សហរដ្ឋអាមេរិក​ដែរ ក៏ប៉ុន្តែ​បែរ​ជា​បាន​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា "នាគ​មាស" ជាមួយ​ចិន នៅ​ចុង​ឆ្នាំ​២០១៦ ទៅ​វិញ។

​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ឱ្យ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌ "ឃ្មុំ​សមុទ្រ" ថា ជា​ការ​សម្រេចចិត្ត​មួយ​ដែល​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ពលរដ្ឋ​ខ្លួន​ឯង។

ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌ "ឃ្មុំ​សមុទ្រ" នេះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​លុបចោល​គម្រោង​នានា ដែល​គ្រោង​នឹង​អនុវត្ត​សរុប​ចំនួន ២០ រួម​មាន​ដូចជា​ការ​សាងសង់​មន្ទីរ​សម្ភព និង​បន្ទប់​ទឹក​សាលារៀន​នៅ​ខែត្រ​តាកែវ កំពត ត្បូងឃ្មុំ និង​កំពង់ចាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​មេ​ឃុំ​​មក​ពី​បក្ស​ប្រជាជន​អំពី​បទពិសោធន៍​ការងារ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​បោះ​ឆ្នោត

$
0
0

សម្រាប់​កម្មវិធី "កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ" នៅ​ពេល​នេះ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក ហ៊ុំ ចំរើន ជួប​សម្ភាស​ជាមួយ​មេ​ឃុំ​អណ្ដើកហែប ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង គឺ​លោក ផន សុផល មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​នឹង​ជម្រាប​ជូន​អំពី​បទពិសោធន៍​ការងារ​ជា​មេ​ឃុំ​កាល​ពី​អាណត្តិ​កន្លង​ទៅ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​បួន​នេះ។

សូម​​ស្ដាប់​បទសម្ភាសន៍​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី​បារម្ភ​ពី​កង្វះ​បេក្ខជន​ចូល​បម្រើ​ការ​នៅ​ការិយាល័យ​បោះឆ្នោត

$
0
0

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត និង​ក្រុម​អ្នក​សង្កេតការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី បារម្ភ​អំពី​ការ​ជ្រើសរើស​មន្ត្រី​សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ឋិត​នៅ​តំបន់​ជនបទ​ដែល​មិន​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ដាក់​ពាក្យ​បម្រើ​ការងារ​នេះ​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤។

​​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​គ្រូបង្រៀន​នៅ​តាម​មូលដ្ឋាន​ជនបទ​ដាច់ស្រយាល​ចូលរួម​ដាក់​ពាក្យ​ធ្វើ​ជា​មន្ត្រី​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​​ឆ្នោត​ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​បាន​​រលូន។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដាក់​គោលការណ៍​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​តាម​បណ្ដា​ខេត្ត​រាជធានី​ជ្រើសរើស​គណៈកម្មការ​មាន​សមាសភាព ៦​នាក់ សម្រាប់​ធ្វើ​ការ​នៅ​តាម​ការិយាល័យ​បោះឆ្នោត។ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា។ បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​រស់​នៅ​តាម​ឃុំ-​សង្កាត់​ដែល​ខ្លួន​ដាក់​ពាក្យ​ផ្ទាល់​ជា​ការ​ប្រសើរ។

​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​​ឧសភា ថា​ គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត បាន​ផ្សព្វផ្សាយ​ទាក់ទិន​ករណី​ជ្រើសរើស​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​នេះ​រួច​ហើយ សម្រាប់​ការ​ដាក់​ពាក្យ​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​​ថ្ងៃ​ទី​២៤។ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ គឺ​សម្រាប់​ធ្វើ​សម្ភាសន៍​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ។

​លោក​កត់សំគាល់​ថា កង្វះ​ខាត​ធនធាន​មនុស្ស​នៅ​តំបន់​ជនបទ​គឺ​ជា​បទពិសោធន៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​ជ្រើសរើស​មន្ត្រី​ការិយាល័យ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «​ឆ្នាំ​២០១៣ យើង​មាន​ការ​លំបាក​ដែរ។ សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ជា​កូន​សិស្ស ជា​គ្រូ​​បង្រៀន​កន្លែង​ណា​ដែល​លំបាកៗ​ហ្នឹង​សុំ​ឲ្យ​ដាក់​ពាក្យ​ចូលរួម​ជា​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត»

​មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​បំពេញ​ការងារ​បី​ថ្ងៃ​រួម​មាន ពីរ​ថ្ងៃ​សម្រាប់​ការ​បណ្ដុះបណ្ដាល និង​មួយ​ថ្ងៃ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត។

ប្រធាន​ការិយាល័យ​បោះឆ្នោត​​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ២២​ម៉ឺន​រៀល អនុ​ប្រធាន ២០​ម៉ឺន​រៀល លេខាធិការ ១៨​ម៉ឺន​រៀល និង​សមាជិក ចំនួន ១៦​ម៉ឺន​រៀល។

​លេខា​គណៈកម្មាធិការ​​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក ជួន ភីនដារ៉ា បញ្ជាក់​ថា មន្ត្រី​សង្កេតការណ៍ និង​មន្ត្រី​រៀបចំ​ការ​​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​បាន​លើក​បញ្ហា​នេះ​មក​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​លទ្ធភាព​ដោះស្រាយ​ទាន់​ពេល​វេលា​ប្រសិន​ការ​ជ្រើសរើស​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​រលូន។

លោក​បន្ត​ថា ពលរដ្ឋ​នៅ​តំបន់​ផ្សេង​អាច​ដាក់​ពាក្យ​ចូល​បម្រើ​ជា​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ដែល​មិន​មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​គ្រប់​ចំនួន ក៏ប៉ុន្តែ​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​ចំពោះ​ពលរដ្ឋ​នឹង​កើត​មាន ពីព្រោះ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មិន​មាន​ពេល​ទៅ​បោះឆ្នោត​នៅ​ឃុំ-​សង្កាត់ ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​នោះ​ទេ៖ «ជា​ព័ត៌មាន​ល្អ ព្រោះ​ប្រជាពលរដ្ឋ​យើង​បាត់បង់​សិទ្ធិ​ហើយ​កាល​ណា​គាត់​រើស​ពី​ក្រៅ ព្រោះ​គម្រោង​ខ្ញុំ​ដឹង​ថា នៅ​មូលដ្ឋាន​ដាច់ស្រយាល​អត់​មាន​មនុស្ស​ទេ»

​ស្រដៀង​គ្នា​នេះ​ដែរ គ្រូ​បង្គោល​នៃ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ស្រុក​វ៉ឺនសៃ លោក ទូច ប៊ុនធឿន ទទួល​ស្គាល់​ថា ករណី​បាត់បង់​សិទ្ធិ​បោះឆ្នោត​ពិត​ជា​កើត​មាន ប្រសិនបើ​ពលរដ្ឋ​
​ចូល​បម្រើការ​នៅ​ការិយាល័យ​បោះឆ្នោត​ក្រៅពី​ឃុំ-​សង្កាត់ ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ឃុំ-​សង្កាត់ ដែល​ខ្លួន​រស់​នៅ​ស្ម័គ្រចិត្ត​ចូល​បម្រើការ​សម្រាប់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​បរិយាកាស​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ៖ «គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​គាត់​គ្មាន​ពេល​មួយ​នាទី ពីរ​នាទី​ដើរ​ចេញ​ពី​ការិយាល័យ​បាន​ទេ គាត់​ត្រូវ​បាត់បង់​ការ​បោះឆ្នោត​ហើយ»

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ នៅ​ខេត្ត​រតនគិរី គណបក្ស​នយោបាយ​ចំនួន​៦ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​នៅ​តាម​ឃុំ-​សង្កាត់​ចំនួន​៥០ ដែល​មាន​ការិយាល័យ​បោះឆ្នោត​សរុប ២៧៣​ការិយាល័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី

$
0
0

នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា នេះ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះជន្មាយុ​គម្រប់ ៦៤​ព្រះវស្សា យាង​​ចូល ៦៥​ព្រះ​វស្សា។ តាម​ស្ថាប័ន និង​គ្រឹះស្ថាន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ភាគ​ច្រើន​បាន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះអង្គ ដោត​ទង់​ជាតិ ទង់​ជ្វាលា និង​ពាក្យ​ស្លោក​ដែល​មាន​ន័យ​ថ្វាយ​ព្រះពរ​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះអង្គ។

ព្រះអង្គ​ត្រូវ​ពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់​ចាត់​ទុក​ជា​ព្រះមហាក្សត្រ ដែល​មាន​ព្រះទ័យ​ស្លូតបូត និង​មាន​ព្រហ្ម​វិហារធម៌។ យ៉ាង​ណា​ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​ប្រាថ្នា​អោយ​ព្រះអង្គ​មាន​ព្រះរាជ​សកម្មភាព​ក្លៀវក្លា​ដូច​ព្រះបិតា គឺ​ព្រះ​បរម​រតនកោដ្ឋ ព្រះ​ករុណា​សម្ដេច​ព្រះ​នរោត្តម សីហនុ។

ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះមហាក្សត្រ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បង្ហាញ​ទឹកចិត្ត​កោត​សរសើរ​ព្រះទ័យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ សីហមុនី ក្នុង​នាម​ព្រះមហាក្សត្រ ដែល​ទ្រង់​គ្រង​រាជសម្បត្តិ។

បុរស​អ្នក​ដុត​នំប៉័ង​ម្នាក់ លោក លឹម ប៉េងឡុង មាន​ប្រសាសន៍​ថា លោក​​ប្រាថ្នា​អោយ​ព្រះមហាក្សត្រ​ទ្រង់​គង់​នៅ​ជា​ម្លប់​ដល់​ពលរដ្ឋ​ទាំង​អស់ ដោយ​ទឹក​ព្រះទ័យ​ដ៏​ល្អ​របស់​ព្រះអង្គ។ លោក​ថា ព្រះមហាក្សត្រ​គង់​នៅ​ប្រទេស​ជាតិ​សម្បូរណ៍​សប្បាយ មាន​សន្តិភាព។ លោក ប៉េងឡុង ពេញ​ចិត្ត​នឹង​ព្រះ​រាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​ដែល​តែង​ជួយ​ដល់​ពលរដ្ឋ​ក្រខ្សត់៖ «»។

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​ឧសភា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះអង្គ​មាន​ព្រះជន្ម ៦៤​ព្រះវស្សា។ ព្រះអង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្នុង​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​ព្រះអង្គ​បង្ហាញ​ថា ព្រះអង្គ​មាន​ជំនាញ​ខាង​ផ្នែក​សិល្បៈ របាំ ដូរ្យតន្ត្រី ល្ខោន និង​ភាពយន្ត។ ព្រះអង្គ​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ (Prague) ក្នុង​ប្រទេស​ឆេកូ (Czech Republic)។

ព្រះអង្គ​ធ្លាប់​ត្រូវ​ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​គង់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​អង្គការ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា យូណេស្កូ (UNESCO) រួម​នឹង​ស្នាព្រះហស្ត​ជា​ច្រើន​ទៀត។ ក្រៅ​ពី​ភាសា​ជាតិ ព្រះអង្គ​ចេះ​ភាសា​បារាំង ភាសា​ឆេក និង​ភាសា​អង់គ្លេស។ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​រាជសម្បត្តិ ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ព្រះញាតិវង្ស​ សង្កេត​ឃើញ​ថា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​ព្រះអង្គ​បាន​ច្រើន​ហើយ បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ធ្លាប់​មាន​ប្រសាសន៍​ថា នៅ​មាន​ខ្វះ​ចន្លោះ​បន្តិច​បន្តួច​ប៉ុណ្ណោះ​បើ​និយាយ​ដល់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​ចែង​ដោយ​រដ្ឋធម្មនុញ្ញ។

ទោះ​យ៉ាងណា​លោក​បណ្ឌិត រស់ រ៉ាវុធ រំលឹក​ថា ព្រះមហាក្សត្រ​បាន​បំពេញ​តួនាទី​សំខាន់​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​នៅ​ក្រោយ​ភាព​ចម្រូងចម្រាស​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣៖ «ព្រះអង្គ​បាន​ចូល​រួម​សកម្មភាព​ធំៗ​ចំនួន​២។ ទី​១ ព្រះអង្គ​បាន​ចូលរួម​ការ​បើក​សភា ចូល​រួម​បង្រួបបង្រួម​រវាង​គណបក្ស​​ជាប់​ឆ្នោត​ទាំង​២។ ចំណុច​ទី​២ ព្រះអង្គ​បាន​ចុះ​ផ្ទាល់​ក្នុង​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ជួប​ប្រទះ​ការ​លំបាក»

ចំណែក​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ធ្លាប់​ជា​លេខា​ផ្ទាល់​ព្រះមហាក្សត្រ​មាន​បន្ទូល​ថា បទដ្ឋាន​ច្បាប់​មួយ​ចំនួន​បាន​ដក​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ទៅ​វិញ៖ «សព្វ​ថ្ងៃ​ហ្នឹង​បើ​សិន​យើង​និយាយ​ពី​តួនាទី​របស់​ព្រះអង្គ ព្រះមហាក្សត្រ​ក្នុង​នាម​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម ជា​ប្រធាន​ឧត្ដម​ប្រឹក្សា​ការពារ​ជាតិ ចំណុច​ទាំង​២​ហ្នឹង ជា​ចំណុច​សំខាន់​បំផុត។ ខ្ញុំ​យល់​ឃើញ​ថា​ ការ​រៀបចំ​ច្បាប់​ជុំវិញ​ស្ថាប័ន​ទាំង​២​នេះ គឺ​ដូចជា​ដក​សិទ្ធិ​អំណាច​របស់​លោក»

លើស​ពី​នេះ​ព្រះអង្គ​ម្ចាស់ ធម្មិកោ បាន​រិះគន់​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​​រៀបចំ​ឡើង​ដោយ​គណបក្ស​នយោបាយ​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ថា បាន​ ធ្វើ​អោយ​ប៉ះពាល់​ព្រះរាជ​តួនាទី​ព្រះអង្គ​ក្នុង​ការ​ធានា​ឯកភាព​ជាតិ៖ «ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ថា ព្រះមហាក្សត្រ​លោក​អត់​មាន​មនោសញ្ចេតនា មនោ​សម្បជញ្ញៈ​ទេ លោក​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ លោក​បែរ​ជា​អត់​មាន​សិទ្ធិ​ពន្យារ​ពេល​ការ​ប្រជុំ​សភា​អី​ទេ គឺ​បន្ទាប់​ពី​ប្រកាស​លទ្ធផល​បោះឆ្នោត​ហើយ គឺ​ព្រះមហាក្សត្រ​ត្រូវ​តែ​កោះ​ប្រជុំ​សភា»

ទាក់ទង​ដល់​សំណើ​សុំ​​របស់​ពលរដ្ឋ​ដែល​ចង់​ឃើញ​ព្រះករុណា​ព្រះមហាក្សត្រ សម្ដេច​ព្រះនរោត្ដម  សីហមុនី បន្ត​បំពេញ​ព្រះរាជ​សកម្មភាព​ដូច​ព្រះបិតា​ព្រះអង្គ​នោះ ព្រះអង្គម្ចាស់ ធម្មិកោ បាន​លើក​យក​ហេតុ​ផល​ថា អាច​មាន​មូលហេតុ​នយោបាយ​នៅ​ខាង​ក្រោយ ដែល​មិន​អាច​អោយ​ព្រះអង្គ​បំពេញ​ព្រះរាជ​សកម្មភាព​បាន​តាម​ទឹក​ព្រះទ័យ​ព្រះអង្គ។

តំណាងរាស្ត្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ការ​លើក​ឡើង​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​ដោយសារ​ព្រះអង្គ​មាន​ព្រះទ័យ​លំអៀង ឬ​មិន​យល់​ច្បាប់៖ «បើ​រដ្ឋធម្មនុញ្ញ​យើង​ចែង​ថា ព្រះមហាក្សត្រ​គ្រង​រាជ្យ​តែ​មិន​កាន់​អំណាច តើ​អោយ​ព្រះអង្គ​មាន​សកម្មភាព​យ៉ាង​ម៉េច​ផ្នែក​នយោបាយ វា​ខុស​គ្នា​ពី​ព្រះអង្គ​បិតា កាល​ណោះ​ព្រះអង្គ​ធ្វើ​ប្រមុខ​រដ្ឋ​ផង។ រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​ទី​១ និង​បច្ចុប្បន្ន​ខុស​គ្នា។ គណបក្ស​ប្រជាជន​ជា​អ្នក​រាជា​និយម​តាំង​ពី​ដើម​មក​ដែល​យើង​អនុវត្ត​តែ​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​និយាយ​ពី​រដ្ឋធម្មនុញ្ញ​នេះ​មិន​មែន​តែ​គណបក្ស​ប្រជាជន​អ្នក​កសាង​ឯ​ណា»

យ៉ាង​ណា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ពិត​គឺ​គេ​មិន​អាច​តម្រូវ​អោយ​ព្រះមហាក្សត្រ​អង្គ​ណា​ធ្វើ​តាម​អង្គ​ណា​បាន​ឡើយ។ លោក​ថា ព្រះមហាក្សត្រ​មាន​សេរីភាព​បំពេញ​ព្រះរាជ​សកម្មភាព​ព្រះអង្គ៖ «អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សុំ​អោយ​ព្រះ​អង្គ​មាន​សកម្មភាព​ខ្លាំង​ជាង​មុន។ ជា​ធម្មតា​យើង​មិន​អាច​ប្រៀបធៀប​ពី​ព្រះមហាក្សត្រ​មួយ​ទៅ​ព្រះមហាក្សត្រ​មួយ​ទេ ក៏​ប៉ុន្តែ​ព្រះអង្គ​បាន​បំពេញ​តួនាទី​ដូច​រដ្ឋធម្មនុញ្ញ​ហើយ មិន​អាច​បំពេញ​អោយ​លើស​ពី​រដ្ឋធម្មនុញ្ញ​បាន​ទេ»

នៅ​ក្នុង​សារ​លិខិត​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ទាំង​​អ្នក​នយោបាយ ទាំង​មន្រ្តី​រដ្ឋាភិបាល បាន​ថ្វាយ​ព្រះពរ​ព្រះអង្គ​ក្នុង​ព្រះនាម​ជា​ព្រះមហាក្សត្រ​ដែល​មាន​​ព្រះមហាករុណាទិគុណ និង​ព្រហ្ម​វិហារធម៌ ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ឃុំ​កោះកាពិ​ខេត្ត​កោះកុង​រារាំង​មិន​អង្គការ​ចលនា​មាតា​ធម្មជាតិ​រៀបចំ​ពិធី​បុណ្យ​កោងកាង

$
0
0

អង្គការ​ចលនា​មាតា​ធម្មជាតិ គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​រំលឹក​គុណ​ព្រៃ​កោងកាង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា។ ប៉ុន្តែ​គម្រោង​នៃ​ពិធី​ដែល​នឹង​ត្រូវ​ប្រារព្ធ​ទៅ​តាម​ការ​គ្រោង​ទុក​នេះ ត្រូវ​បរាជ័យ​ទៅ​វិញ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ ដែល​ចុះ​ទៅ​ដល់​គោលដៅ​ផ្ទាល់​នៅ​ខេត្ត​កោះកុង អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ទៅ​ចូល​រួម​វេទិកា​នៅ​ចិន

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ នឹង​ចូល​រួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៤ ដល់​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉េកាំង។

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ដទៃ​ទៀត ក្នុង​កិច្ច​ប្រជុំ​តុ​មូល​ ដែល​ដឹក​នាំ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជា​ប្រធាន។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ុងហ្គោលី លោក អែតឌែននេបាត ចាហ្កលទុហ្កាល (Erdenebat Jargaltugal) ហើយ​លោក​ក៏​មាន​គម្រោង​ជួប​ប្រធាន​ក្រុមហ៊ុន​របស់​ចិន មួយ​ចំនួន​ទៀត។

បន្ទាប់​ពី​បញ្ចប់​វេទិកា​នេះ លោក ហ៊ុន សែន និង​គណៈប្រតិភូ​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ២​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​តប​តាម​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ស្នើ​ព្រះមហាក្សត្រ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹមត្រូវ

$
0
0

ពលរដ្ឋ​ស្នើ​ព្រះមហាក្សត្រ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹមត្រូវ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ ពលរដ្ឋ​លើក​ឡើង​ដូច​នេះ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៤ យាង​ចូល ៦៥​ព្រះវស្សា​នៃ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

ពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​ថា ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​មាន​សិទ្ធិ​អំណាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​បោះ​ឆ្នោត។

ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ចាញ់​សម្លុត​គណបក្ស​នយោបាយ ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧។

​ពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ​ប្រកប​រប​រត់​ម៉ូតូ លោក ទាន ស៊ីនឿន ចង់​ឃើញ​ព្រះមហាក្សត្រ​បន្ត​គង់​ជា​ម្លប់​ផ្ដល់​ភាព​សុខសាន្ត​ដល់​ប្រទេស​កុំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង។ លោក​ថា ការ​បោះឆ្នោត​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ មាន​សារសំខាន់ ដូច្នេះ​លោក​យល់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ថែរក្សា​ស្ថិរភាព​នយោបាយ​ក្នុង​ពេល​បោះឆ្នោត៖ «»។

​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ គិត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​មាន​ព្រះជន្ម ៦៥​ព្រះវស្សា។ ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​រាជធានី​ភ្នំពេញ។  ព្រះអង្គ​គ្រង​រាជសម្បត្តិ​តែ​មិន​កាន់​អំណាច​ទេ។

​ក្រៅ​ពី​ពលរដ្ឋ​លើក​ឡើង​ពី​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ក្នុង​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ អ្នក​នយោបាយ​គ្រប់​និន្នាការ​នយោបាយ ក៏​ផ្ញើ​លិខិត​អបអរ​សាទរ​ដល់​ព្រះអង្គ​ដែរ។

អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ក្នុង​សំណេរ​នៃ​លិខិត​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ លោក​លើក​ឡើង​ថា ព្រះមហាក្សត្រ​ទ្រង់​គិតគូរ​សុខទុក្ខ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

​ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​ដែល​ទ្រង់​បាន​បំពេញ​ព្រះរាជ​កិច្ច​ដ៏​ឧត្ដុង្គឧត្ដម​ជា​ព្រះមហាក្សត្រ និង​ព្រះប្រមុខរដ្ឋ​ដើម្បី​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​សុខសាន្ត​រុងរឿង​ថ្កុំថ្កើង សម្បូរណ៍​សប្បាយ សម​ដូច​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស។

​ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក គីម វិទូអធិរាជ ចង់​ឃើញ​ព្រះមហាក្សត្រ​កោះ​ហៅ​គណបក្ស​ដែល​សំឡេង​នៅ​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ព្រះរាជវាំង​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ។ ប៉ុន្តែ​ហាក់​មិន​សូវ​មាន​សង្ឃឹម​ថា ប្រមុខ​គណបក្ស ជា​ពិសេស​គណបក្ស​កាន់​អំណាច និង​ធ្វើ​តាម​ព្រះ​ឱវាទ​របស់​ព្រះមហាក្សត្រ​នោះ៖ «»។

​សំណើ​របស់​ពលរដ្ឋ​ដែល​ចង់​អោយ​មាន​ស្ថិរភាព​ក្នុង​ពេល​បោះឆ្នោត​ដូច​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា នឹង​មាន​សង្គ្រាម​បើ​បក្ស​លោក​មិន​បាន​កាន់​អំណាច។ ទីទៃ​ពី​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧។

ព្រះអង្គ​មាន​ព្រះបន្ទូល​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាបសង្កត់ គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា កង្វល់​របស់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​ព្រះមហាក្សត្រ​ត្រូវ​ដោះស្រាយ ព្រោះ​ព្រះរាជ​តួនាទី​របស់​ទ្រង់ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​នូវ​យុត្តិធម៌​សង្គម រក្សា​ស្ថិរភាព​សង្គម ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព។ លោក​យល់​ថា ការ​ដែល​ពលរដ្ឋ​ចាប់​ផ្ដើម​យល់​ដឹង​ពី​តួនាទី​របស់​ព្រះមហាក្សត្រ​គឺ​ជា​រឿង​ល្អ៖ «»។

​រដ្ឋធម្មនុញ្ញ​មាត្រា​៨ ចែង​ថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ។

​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ​អាន​សៀវភៅ និង​ធ្វើ​សមាធិ។ ព្រះអង្គ​អាច​មាន​ព្រះរាជឱង្ការ​ជា​ភាសា​បារាំង ឆេក (Czech) អង់គ្លេស និង​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ ហើយ​ក៏​ចេះ​ភាសា​ចិន ខ្លះៗ​ផង។ ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ទ្រង់ គឺ​អនុវត្ត​លំហាត់​ប្រាណ​ដោយ​រត់ ឬ​ជិះ​កង់​ក្នុង​បរិវេណ​ព្រះ​បរម​រាជវាំង៕

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​លោក ប្រាជ្ញ​ ចេវ​ តាម​ការ​សាកសួរ​របស់លោក រាជ វិញ្ញូ អំពី​ទិដ្ឋភាព​នៅ​​ម្ដុំ​ព្រះបរមរាជវាំង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្មករ​ជិត​៧០០​នាក់​នៅ​រោងចក្រ​​២​​ធ្វើ​កូដកម្ម​រឿង​ថៅកែ​មិន​ឲ្យ​សម្រាក​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម

$
0
0

កម្មករ​រោងចក្រ​ដេរ​សំលៀកបំពាក់​ចំនួន​២ ក្នុង​ភូមិ​ខ្នាយខាងជើង ឃុំ​បឹងត្រាញ់ ស្រុក​សំរោង ខេត្ត​តាកែវ ប្រមាណ ៧០០​នាក់ ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ដោយសារ​ថៅកែ​មិន​ឲ្យ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ។

កម្មករ​ផ្នែក​ដេរ​នៃ​រោងចក្រ​ សៀង ម៉ីង (Hsiang Ming) លោកស្រី ពាំង ថន ថ្លែង​នៅ​ថ្ងៃ​ទី​១៣ ឧសភា ថា មូលហេតុ​ដែល​កម្មករ​នាំ​គ្នា​ចេញ​ធ្វើ​កូដកម្ម​ទាំង​ពីរ​សាខា​មិន​ចូល​ធ្វើ​ការ​បែប​នេះ គឺ​ពួកគាត់​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ​តែ ២​ចំណុច​ប៉ុណ្ណោះ។ បញ្ហា​ទី​១ គឺ​ពួកគេ​ទាមទារ​ឲ្យ​ថៅកែ​គុណ​ប្រាក់​ឈ្នួល​នៅ​ពេល​ពួកគេ​ធ្វើការ​ថ្ងៃ​បុណ្យ និង​ស្នើ​កុំ​ឲ្យ​ប្ដូរ ឬ​លើក​ថ្ងៃ​បុណ្យ​ជំនួស​ឲ្យ​ពួកគេ​ឈប់​សម្រាក​ជា​ដើម។ ប៉ុន្តែ​ការ​ទាមទារ​នេះ ភាគី​រោងចក្រ​មិន​អើពើ​ដោះស្រាយ​ឡើយ៖ «កូដកម្ម​អត់​ចង់​ធ្វើការ​តែម្ដង គេ​តម្រូវ​ឲ្យ​ធ្វើការ​តែ​កម្មករ​ទាំង​អស់​គេ​អត់​ធ្វើ ប៉ុន្តែ​ម្ចាស់​រោងចក្រ​ថា អត់​ធ្វើ​គេ​ឲ្យ​ដាច់​លុយ​ថ្ងៃ​នេះ។ បុណ្យ​សម្ដេច​ហើយ​គេ​ឲ្យ​យើង​ធ្វើការ បើ​អត់​ធ្វើ​គេ​ឲ្យ​ដាច់​លុយ ស្អែក​ ខាន​ស្អែក​ក៏​គេ​ឲ្យ​ធ្វើ​ការ កម្មករ​ទាំង​អស់​សុំ​តវ៉ា​ថា គេ​អត់​ធ្វើ បើ​ថ្ងៃ​អាទិត្យ​ក៏​អ៊ីចឹង​ដែរ គេ​ឲ្យ​ធ្វើ ៨​ម៉ោង អត់​គុណ (លុយ) អ៊ីចឹង​កម្មករ​ទាំង​អស់​អត់​សុខ​ចិត្ត និង​អត់​ព្រម​ដូច​គ្នា»

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​មិន​ចូល​ធ្វើ​ការ​ឡើយ រហូត​ដល់​ថ្ងៃ​ច័ន្ទ នឹង​ជួប​ប្រជុំ​គ្នា​ម្ដង​ទៀត ដាក់​សម្ពាធ និង​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​នូវ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​អប់រំ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កម្មវិធី​វាយ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ​នៅ​សៀមរាប

$
0
0

ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ចំនួន​២ សម្រាប់​កម្មវិធី​វាយ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ នៅ​ក្នុង​ខេត្ត​សៀមរាប។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៣ ឧសភា បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​យោបល់​អន្តរជាតិ​សម្រាប់​កម្មវិធី​វាយ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ សម្រាប់​ការ​អភិវឌ្ឍ​លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ឧសភា។

កិច្ច​ប្រជុំ​មួយ​ទៀត​គឺ​កិច្ច​ប្រជុំ​អ្នក​គ្រប់គ្រង​គម្រោង​ថ្នាក់​ជាតិ សម្រាប់​កម្មវិធី​វាយ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២២ ថ្ងៃ​ទី​២៥ ខែ​ឧសភា។

កិច្ច​ប្រជុំ​ទាំង​ពីរ​នេះ នឹង​ពិភាក្សា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​ពិភាក្សា​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​វាយ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ និង​ពិនិត្យ​លើ​គម្រោង​លម្អិត​សម្រាប់​ប្រមូល​លទ្ធផល​នៃ​ការ​សិក្សា​សំខាន់ៗ ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ចូលរួម​ក្នុង​ការ​វាយ​តម្លៃ​បំណិន​របស់​សិស្ស​អាយុ ១៥​ឆ្នាំ ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ហើយ​លទ្ធផល​បាន​ពី​ការ​វាយ​តម្លៃ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​កែលំអ​គោល​នយោបាយ​អប់រំ យុទ្ធសាស្ត្រ​អប់រំ កម្មវិធី​សិក្សា និង​ការ​បង្រៀន​និង​រៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"គ.ជ.ប​គ្មាន​លទ្ធភាព​សម្រួល​ឲ្យ​បក្ស​នយោបាយ​ជួល​ម៉ោង​ផ្សាយ​បាន​ស្មើភាព​គ្នា"

$
0
0

នៅ​សល់​តែ​១​សប្ដាហ៍​ទៀត យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នឹង​ចូល​មក​ដល់ ប៉ុន្តែ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក មិន​ទាន់​ប្រកាស​ឲ្យ​បាន​ទូលាយ​អំពី​គម្រោង​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សាយ​ពី​គោលនយោបាយ​ក្នុង​ឱកាស​យុទ្ធនា​ការ​ឃោសនា​នោះ​ទេ។ សង្គម​ស៊ីវិល​យល់​ថា គ.ជ.ប នឹង​មិន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​សម្រួល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​បាន​ជួល​ម៉ោង​ផ្សាយ​ដោយ​ស្មើ​ភាព​នៅ​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​នោះ​ទេ។

​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា គោលការណ៍​ស្មើភាព​គ្នា​នៅ​ពេល​ឃោសនា​គណបក្ស​នយោបាយ​នៅ​តែ​ជួប​ការ​លំបាក​សម្រាប់​គណបក្ស​នយោបាយ​ដែល​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​តែ គ.ជ.ប គ្មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​អាច​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ និង​វិទ្យុ​ឯកជន​បាន។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា បាន​ស្នើ​ឲ្យ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ត្រូវ​ប្រកាស​ជា​សាធារណៈ​អំពី​ចំនួន​ម៉ោង​ដែល​ខ្លួន​មាន​សម្រាប់​លក់ ឬ​ជួល តាម​ម៉ោង ឬ​ថ្ងៃ ឬ​ពេញ​មួយ​យុទ្ធនាការ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។ មក​ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ នៅ​មិន​ទាន់​មាន​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ណា​ប្រកាស​ឲ្យ​បាន​ទូលាយ​អំពី​ការ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សាយ​ឃោសនា​នៅ​ឡើយ​ទេ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា មក​ដល់​ពេល​នេះ មាន​តែ​វិទ្យុ​មួយ​ទេ​ដែល​បាន​ប្រកាស​ម៉ោង​លក់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ជួល​ម៉ោង​ផ្សាយ​នៅ​វិទ្យុ​មហានគរ បន្ថែម​ពី​លើ​ម៉ោង​ផ្សាយ​បច្ចុប្បន្ន។ លោក​ស្នើ​ឲ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ផ្សាយ​ជា​សាធារណៈ​ពី​គម្រោង​តម្លៃ និង​ម៉ោង​សម្រាប់​ជួល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​តាម​ការ​ស្នើ​របស់ គ.ជ.ប។

​លោក យឹម សុវណ្ណ៖ «យើង​ឲ្យ​មាន​ការ​កែលំអ​ខ្លះ​ទាក់ទង​នឹង​ទូរទស្សន៍​ជាតិ ទូរទស្សន៍​ឯកជន​ហ្នឹង ជា​ពិសេស​ទូរទស្សន៍ វិទ្យុ​ឯកជន​ហ្នឹង សូម​ឲ្យ​ផ្សាយ​មក​ថា មាន​ម៉ោង​លក់ លក់​តម្លៃ​ប៉ុន្មាន?»

​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​ជូន​ដំណឹង​ណែនាំ​ឲ្យ​គ្រប់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាងហ្វាង​កាសែត និង​ម្ចាស់​គេហទំព័រ ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លិខិត​របស់ គ.ជ.ប ដែល​ណែនាំ​ដល់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ក្នុង​ការ​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត និង​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ឃោសនា ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត។

​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ហើយ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បោះឆ្នោត។

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​សមាជិក​ខ្លួន​បាន​កាន់​តំណែង​មេ​ឃុំ​ច្រើន​ជាង​គេ​មិន​ទាន់​មាន​គម្រោង​ទិញ​ម៉ោង​ផ្សាយ​ឃោសនា​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍​នោះ​ទេ។ អ្នកនាំពាក្យ​គណបក្ស​នេះ លោក សុខ ឥសាន ថា លោក​មិន​ទាន់​ដឹង​ពី​គោលការណ៍​ខាង​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​នោះ​ទេ។

​សង្គម​ស៊ីវិល​យល់​ថា គណបក្ស​កាន់​អំណាច ទោះ​មិន​បាច់​ជួល​ម៉ោង​ឃោសនា ក៏​មាន​ទូរទស្សន៍ និង វិទ្យុ ចាំ​ជួយ​ឃោសនា​ឲ្យ​ដែរ។

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី សន្និដ្ឋាន​ថា គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​ឃោសនា​តាម​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ច្រើន​ជាង​គេ គឺ​តាំង​ពី​មិន​ទាន់​ដល់​យុទ្ធនាការ​ឃោសនា​គណបក្ស​ទៅ​ទៀត៖ «ឃោសនា​មុន​ពេល​កំណត់​ផង ចុះ​ទម្រាំ​ពេល​កំណត់​ទៀត អ៊ីចឹង​ហើយ​ប្រហែល​គាត់​មាន​ធនធាន​របស់​គាត់​ហើយ បាយ័ន​អ៊ីចឹង ឧទាហរណ៍»

​អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​ដាក់​ចេញ​គោលការណ៍​សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា មក​ដល់​ពេល​នេះ មាន​តែ​ស្ថានីយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) តែ​មួយ​គត់ ដែល​បាន​ប្រកាស​រៀបចំ​កម្មវិធី​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ បាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​គោលនយោបាយ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ទេព នីថា បញ្ជាក់​បន្ថែម​ថា នឹង​មិន​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ជួល​ម៉ោង​ផ្សាយ​ឲ្យ​តែ​គណបក្ស​មួយ និង​រើសអើង​គណបក្ស​មួយ​ទៀត​ឡើយ ហើយ​ចំពោះ​គណបក្ស​ដែល​ពុំ​សូវ​មាន​លទ្ធភាព​ច្រើន ដើម្បី​ជួល​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ទេ គឺ គ.ជ.ប បាន​រៀបចំ​កម្មវិធី​ផ្សាយ​នៅ​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ ដោយ​មិន​គិត​ថ្លៃ​សម្រាប់​ផ្ដល់​ជូន​គណបក្ស​ទាំង​នោះ ដែល​ក្នុង​មួយ​ថ្ងៃ​អាច​ផ្សាយ​បាន​ពីរ​ដង​នៅ​អំឡុង​រយៈពេល ១៤​ថ្ងៃ​នៃ​ថ្ងៃ​ឃោសនា​បោះឆ្នោត។

អគ្គនាយក​នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍន៍ ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ប្រគល់​ម៉ោង​សម្រាប់​ផ្សាយ​គ្រប់​គណបក្ស​នយោបាយ​ឲ្យ​ទៅ គ.ជ.ប ចាត់ចែង​ហើយ៖ «យើង​បាន​ប្រគល់​កម្មវិធី​នេះ​ជូន គ.ជ.ប ដោយ​ទទក ប្រគល់​ម៉ោង ដោយ​មិន​គិត​ប្រាក់​ជូន​ដល់ គ.ជ.ប សម្រាប់​ដំណើរ​ការ»

​បើ​ទោះ​ជា គ.ជ.ប បាន​រៀបចំ​ម៉ោង​ផ្សាយ​នៅ​ទូរទស្សន៍ និង​វិទ្យុជាតិ ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​ឱកាស​ស្មើ​ភាព​គ្នា​ក្នុង​ការ​ផ្សាយ​ពី​គោលនយោបាយ​ក្ដី ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា នៅ​មិន​ទាន់​មាន​ភាព​ស្មើ​គ្នា ដោយសារ​គណបក្ស​កាន់​អំណាច​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ចាំ​ជួយ​ឃោសនា​ឲ្យ។ ឯ​តំណាង​គណបក្ស​ប្រឆាំង​ដែល​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាំ​ជួយ ទាមទារ​ឲ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ប្រកាស​ម៉ោង​ជួល និង​តម្លៃ​ជា​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បដិសេធ​ថា​លោក ហ៊ុន ម៉ាណែត មិន​ដែល​អន្តរាគមន៍​សុំ​សញ្ជាតិ​ខ្មែរ​ឲ្យ​ជនជាតិ​ប៉ាគីស្ថាន

$
0
0

មន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ថា កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត មិន​បាន​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​សញ្ជាតិ​ខ្មែរ​ឲ្យ​មិត្តភ័ក្ដិ​លោក​ជា​ជនជាតិ​ប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ឡើយ។ ការ​អះអាង​នេះ​នៅ​ក្រោយ​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) ឈ្មោះ "ធ្លាយ​ហើយ" បាន​បង្ហោះ​លិខិត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន ពី​ការ​ស្នើ​សុំ​សញ្ជាតិ​ខ្មែរ​របស់​លោក ចូសេហ្វ ម៉ាត់ស៊ូ។

ការ​បែក​ធ្លាយ​សារ​ពី​ការ​សុំ​អន្តរាគមន៍​ដើម្បី​បាន​សញ្ជាតិ​ខ្មែរ​របស់​ជនជាតិ​ប៉ាគីស្ថាន ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ ពី​លោក ហ៊ុន ម៉ាណែត បាន​កើត​ឡើង​តាំង​ពី​ខែ​ដើម​ខែ​មីនា។

ក្នុង​សារ​បែក​ធ្លាយ​កាល​ពី​ដើម​​ខែ​មីនា នោះ លោក ចូសេហ្វ ម៉ាត់ស៊ូ បាន​សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​សុំ​សញ្ជាតិ​ខ្មែរ​តាម​រយៈ​ការ​ដោះដូរ​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា Psychological Tactics: Fear Factor ឬ​ជា​ភាសា​ខ្មែរ​ហៅ​ថា យុទ្ធវិធី​បែប​ចិត្តសាស្ត្រ​សម្រាប់​ការ​បំភិតបំភ័យ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បោះឆ្នោត។ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ចូសេហ្វ ម៉ាស៊ូ បាន​សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ម្ដង​ទៀត ដោយ​បង្ហាញ​ពី​សេចក្ដី​ត្រេកអរ​ដែល​បុរស​រូប​នេះ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដូច​បំណង ហើយ​ប្ដេជ្ញា​បម្រើ​គ្រួសារ​ត្រកូល "ហ៊ុន" តាម​ជំនាញ និង​សមត្ថភាព​ដែល​គាត់​មាន។

​ទោះ​ជា​យ៉ាង​ណា ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត និង​លោក ចូសេហ្វ ម៉ាត់ស៊ូ ចេញ​មុខ​បំភ្លឺ​ឡើយ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ទើប​ម្ចាស់​ហ្វេសប៊ុក ឈ្មោះ "ធ្លាយ​ហើយ" បាន​ទម្លាយ​លិខិត​ដែល​មាន​ហត្ថលេខា​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ការ​ស្នើ​សុំ​សញ្ជាតិ​ខ្មែរ​របស់​លោក ចូសេហ្វ ម៉ាត់ស៊ូ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦ ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន លោក ស ខេង បាន​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា លោក ចូសេហ្វ ម៉ាត់ស៊ូ ជនជាតិ​ប៉ាគីស្ថាន សញ្ជាតិ ប៉ាគីស្ថាន។ ជនជាតិ​ប៉ាគីស្ថាន រូប​នេះ បាន​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០១ ហើយ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំង​ឡាយ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​សញ្ជាតិ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ អាច​អនុញ្ញាត​ឲ្យ​សញ្ជាតិ​ខ្មែរ​បាន។ លោក ស ខេង ស្នើ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​បញ្ហា​នេះ។

​ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា លិខិត​នេះ​ជា​របស់​លោក ស ខេង ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន ឬ​យ៉ាង​ណា​នោះ? ព្រោះ​លោក​ថា មិនទាន់​បាន​ឃើញ​លិខិត​នេះ​នៅ​ឡើយ។

លោក ខៀវ សុភ័គ ក៏​បដិសេធ​ថា កន្លង​ទៅ​លោក ហ៊ុន ម៉ាណែត មិន​ដែល​អន្តរាគមន៍​ទៅ​ក្រសួង​ដើម្បី​ទាមទារ​សញ្ជាតិ​ឲ្យ​ជន​បរទេស​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា នៅ​ពេល​ជន​ណា​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ក្រសួង​នឹង​ផ្ដល់​ជូន​តាម​នីតិវិធី​តាម​ការ​ស្នើ​សុំ​ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​នរណា​ម្នាក់​ឡើយ៖ «មិន​ដែល​មាន​ទេ រឿង​អន្តរាគមន៍ រឿង​ចូល​សញ្ជាតិ។ យើង​មើល​ទៅ​ឲ្យ​តែ​គ្រប់គ្រាន់​តាម​ច្បាប់​សញ្ជាតិ​គេ​ធ្វើ​ជូន​ហើយ មាន​ពិបាក​អី​មិន​បាច់​អ្នក​ណា​អន្តរាគមន៍​អី»

​មាត្រា​៨ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ជនបរទេស​ដែល​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​លុះត្រា​មាន​លិខិត​បញ្ជាក់​ថា មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ​ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅសង្កាត់​នៃ​ទីលំនៅ​របស់​ខ្លួន។ ជន​នោះ​ត្រូវ​មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មានទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ ហើយ​រស់​នៅ​ជាប់​លាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៧​ឆ្នាំ ចេះ​និយាយ សរសេរ យល់​ដឹង​ពី​ប្រវត្តិ និង​ទទួល​យក​បាន​ពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

​ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ​អ្នក​ច្បាប់​ធ្លាប់​អះអាង​ថា ប្រសិនបើ​ជន​ណា​មាន​បំណង​ប្រើ​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ដោះដូរ​នឹង​ការ​បាន​សញ្ជាតិ​ខ្មែរ​នោះ គឺ​ជន​នោះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​ឲ្យ​ចលាចល​ដល់​ស្ថិរភាព និង​សន្តិសុខ​សង្គម ចំណែក​ឯ​សម្របសម្រួល​វិញ​ក៏​អាច​មាន​ទោស​ដូចគ្នា​ដែរ។

​ក្រៅ​ពី​ទម្លាយ​លិខិត​របស់​លោក ស ខេង ទៅ​កាន់​លោក ហ៊ុន សែន ម្ចាស់​ហ្វេសប៊ុក ឈ្មោះ "ធ្លាយ​ហើយ" ក៏​បាន​ទម្លាយ​សារ​ជា​អក្សរ​របស់​ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ ផ្ញើ​ទៅ​កាន់​ឈ្មោះ ហ៊ុន ម៉ាណែត។ សារ​ទាំង​នោះ​និយាយ​ពី​ការ​ស្នើ​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​ការ​ណាត់​ជួប​គ្នា​ដើម្បី​និយាយ​ពី​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត និង​ពី​យុទ្ធសាស្ត្រ​បំភិតបំភ័យ​គូ​ប្រកួត​ជាដើម។

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក ចូសេហ្វ ម៉ាត់ស៊ូ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា  តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​បង្ហាញ​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​ទាំង​នេះ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​​បាត់ដំបង​ប្រទះ​ឃើញ​ព្រៃ​លិច​ទឹក​ជា​ច្រើន​ហិកតារ​ត្រូវ​គេ​​ទន្ទ្រាន​យក​ដី

$
0
0

ប្រជាពលរដ្ឋ​នៅ​ស្រុក​​សង្កែ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នៅ​ក្នុង​ស្រុក​នេះ ដោយ​ត្រូវ​ក្លាយ​កម្មសិទ្ធិ​ឯកជន។ អ្នក​ភូមិ​ប្រទះ​ឃើញ​ព្រៃលិចទឹក​ជា​ច្រើន​ហិកតារ​នៅ​ក្នុង​ខេត្ត​នេះ​​ត្រូវ​បាន​គេ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​យក​ដី​ ដោយ​ពុំ​មាន​អាជ្ញាធរ​ទប់ស្កាត់​នៅ​ឡើយ។ អភិបាល​ស្រុក​សង្កែ បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ។

ពលរដ្ឋ​នៅ​ស្រុក​សង្កែ បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ទៅ​នឹង​ការ​ទន្ទ្រាន​ព្រៃលិចទឹក​​យក​ដី​ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​នេះ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​អូសទូក ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ លោក ម៉ឹង នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ថា ព្រៃលិចទឹក​នៅ​តំបន់ ៣​ចំណុច​ អូរ​ជំនុំ អូរ​តាសេក និង​ខាង​កើត​បឹង​តាផូ ស្ថិត​ក្នុង​ភូមិ​អូសទូក ប្រមាណ ៧០​ហិកតារ​ ត្រូវ​បាន​អ្នក​មាន​ទ្រព្យ​យក​ត្រាក់ទ័រ​ឈូស​ឆាយ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ លោក​អះអាង​ថា សកម្មភាព​ទន្ទ្រាន​យក​ដី​ខ្លាំង​ចាប់​ពី​ដើម​ខែ​មេសា មក ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់​ស្កាត់​នោះ​ទេ៖ «ដើម​ឈឺ​មាន​តូច​មាន​ធំ​ដោយ​ដើម​ខ្លះ​​ប្រមាណ​មួយ​អោប​ក្មេង​ជំទង់ ហើយ​ដើម​ណា​ឈូស​មិន​ដាច់​គេ​កាប់​វា​ចោល។ ឈឺ​ទាំង​នោះ មាន​ដើម​ភ្នំភ្នែង ដើម​ខ្ទមតាសេក និង​ដើម​ត្រស់ ជា​ដើម ហើយ​ឃើញ​​បោះ​បង្គោល​ស៊ីម៉ង់​ពេញ​ព្រៃ»

​​​​​​​​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​សង្កែ លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា កន្លង​មក​អាជ្ញាធរ​ស្រុក​តែង​ចុះ​​ទប់ស្កាត់​ពលរដ្ឋ​ទន្ទ្រាន​ព្រៃ​លិចទឹក​នៅ​តំបន់​២ ជា​ច្រើន​លើក​មក​ហើយ។

ចំណែក​​ព្រៃ​រនាម​នៅ​តំបន់​៣ ​​លោក​ថា ជា​តំបន់​ហាម​ឃាត់​​ ​ហើយ​ពុំ​ទទួល​​ដំណឹង​ពី​ការ​ទន្ទ្រាន​ព្រៃ​នៅ​ឡើយ​ទេ៖ «បញ្ហា​នេះ​កើត​មាន​តាំង​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ ហើយ​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្ញុំ​ក៏​បាន​ដាក់​វិធានការ​ឲ្យ​កម្លាំង​ខ្ញុំ​ចុះ​ទៅ​​ឃ្លាំមើល​ដែរ ប៉ុន្តែ​ជាក់ស្ដែង​អត់​មាន​អី​ទេ ហើយ​ការ​ឈូស​ឆាយ​នៅ​តំបន់​អី​គឺ​គាត់​ធ្វើ​នៅ​លើ​ដី​ចាស់​ដែល​គាត់​ធ្លាប់​អាស្រ័យផល​យូរ​ឆ្នាំ​មក​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ព្រៃលិចទឹក​​ជា​ជម្រក​ត្រី​ពង​ដ៏​សំខាន់​នៅ​តំបន់​បឹង​ទន្លេសាប និង​​ជា​រនាំង​ការពារ​ខ្យល់​ព្យុះ ហើយ​ការ​ទន្ទ្រាន​ព្រៃ​លិចទឹក​នឹង​ធ្វើ​​ឲ្យ​ចំនួន​​ត្រី​ថយ​ចុះ ហើយ​​​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​របស់​ពលរដ្ឋ៖ «ខ្ញុំ​គិត​ថា គ្មាន​ការ​រុករាន​ព្រៃ​ទេ ប្រសិន​បើ​សមត្ថកិច្ច​អនុវត្ត​បាន​ច្បាប់​តឹងតែង​ កន្លង​មក​អនុវត្ត​ច្បាប់​ធូរ​រលុង ជួនកាល​អាច​ថា ជា​ការ​ឃុបឃិត​ជាមួយ​អ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​មូលដ្ឋាន ធ្វើ​ឲ្យ​ជនល្មើស​នៅ​តែ​បន្ត​ទន្ទ្រាន​ដី​ព្រៃ​មិន​ឈប់​ឈរ»។​​

របាយការណ៍​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​តំបន់​បឹង​ទន្លេសាប ឲ្យ​ដឹង​ថា ព្រៃលិចទឹក​នៅ​តំបន់​បឹង​ទន្លេសាប មាន​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតារ (៦៤០.០០០) គឺ​មាន​​​​​ខេត្ត​បាត់ដំបង​ ពោធិ៍សាត់​ បន្ទាយមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​សៀមរាប។

អ្នកស្រី នូ សារឹម កត់សំគាល់​ថា​ ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ស្រែ​​ពី​សំណាក់​ពលរដ្ឋ​ និង​អ្នក​មាន​លុយ​មាន​អំណាច​ តែង​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ។ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សង្កត់​ធ្ងន់​ថា​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​​មិន​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ ព្រៃលិចទឹក​នៅ​តំបន់​នេះ​​ ​នឹង​រលាយ​អស់​​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ​សព​ទាហាន​មួក​ខៀវ​ម្នាក់​នៅ​ស្វាយរៀង​ចង់​ឱ្យ​រដ្ឋាភិបាល​និង​អ.ស.ប​ជួយ​កូន​រៀន

$
0
0

សាច់ញាតិ​របស់​ទាហាន​មួក​ខៀវ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ធ្វើ​យ៉ាង​ណា​ឱ្យ​កូនៗ​ចំនួន ៣​នាក់ របស់​ជនរងគ្រោះ​អាច​បន្ត​ការ​សិក្សា​រហូត​ចប់​ចុង​ចប់​ដើម​ដូច​គេ​ដូច​ឯង ក្រោយ​ពី​ឪពុក​របស់​ពួកគេ​ត្រូវ​ស្លាប់​ដោយសារ​ការ​បំពេញ​សកម្មភាព​មនុស្សធម៌​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។ ការ​អំពាវនាវ​នេះ ដោយសារ​ភរិយា​របស់​ជនរងគ្រោះ​មិន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​តែ​ម្នាក់​ឯង ដើម្បី​ឱ្យ​កូនៗ​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ដូច​ក្ដី​ប្រាថ្នា​របស់​ប្ដី​ឡើយ។

​អនុសេនីយ៍ឯក ម៉ៅ អេង ដែល​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ទាហាន​មួក​ខៀវ​ទាំង ៤​នាក់ បាន​ស្លាប់​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដោយសារ​ការ​វាយ​ប្រហារ​របស់​ឧទ្ទាម​មួយ​ក្រុម​គឺ​មាន​បំណង​ប្រាថ្នា​ថា នៅ​ពេល​លោក​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​មនុស្សធម៌​ឱ្យ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​សាធារណៈ​អាហ្វ្រិក​កណ្ដាល​វិញ លោក​នឹង​អាច​មាន​ថវិកា​ល្មម​អាច​យក​មក​សាងសង់​ផ្ទះ​ថ្មី​មួយ​ខ្នង ហើយ​សេសសល់​លុយ​ចំនួន​ទៀត ទុក​សម្រាប់​ទិញ​សម្ភារៈ​ពេទ្យ​ដើម្បី​បើ​កន្លែង​ព្យាបាល​ជំងឺ​ធម្មតា​មួយ នៅ​ឯ​ស្រុក​កំណើត​ខាង​ប្រពន្ធ ស្ថិត​ក្នុង​ក្រុង​ខេត្ត​ស្វាយរៀង។

ទោះ​ជា​យ៉ាង​ណា ក្ដី​ប្រាថ្នា​នេះ បាន​បាត់បង់​ទៅ​វិញ​នៅ​ពេល​ក្រុម​គ្រួសារ​ដឹង​ព័ត៌មាន​កាន់​តែ​ច្បាស់​ថា លោក ម៉ៅ អេង បាន​ស្លាប់​ទៅ​ហើយ ដោយសារ​ការ​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

លោក កេង ពន្លក ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​លោក ម៉ៅ អេង បញ្ជាក់​ថា ដំណឹង​អំពី​ការ​ស្លាប់​ប្អូន​ប្រុស​របស់​លោក ធ្វើ​ឱ្យ​ក្រុម​សាច់ញាតិ​ទាំង​អស់ ជាពិសេស​ប្រពន្ធ និង​កូនៗ តក់ស្លុត​ខ្លាំង​បំផុត៖​«»។

​លោក​លើក​ឡើង​ថា ការ​បាត់បង់​ប្អូន​ប្រុស​ពៅ​នេះ បាន​ធ្វើ​ឱ្យ​ប្អូន​ថ្លៃ និង​ក្មួយៗ​របស់​លោក​ទាំង ៣​នាក់ ហាក់​បាន​បាត់បង់​សេដ្ឋកិច្ច​ទាំង​មូល​នៅ​ក្នុង​គ្រួសារ​អ៊ីចឹង​ដែរ។

​កាល​ពី​រលង​អធ្រាត្រ​ថ្ងៃ​ទី​៨ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែ​ឧសភា ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បាន​បើក​ការ​វាយ​ប្រហារ​មួយ​មក​លើ​ទាហាន​កង​វិស្វកម្ម​ខ្មែរ និង​ម៉ារ៉ុក នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រឡប់​ពី​កន្លែង​ធ្វើ​ផ្លូវ ដើម្បី​ចូល​មក​បន្ទាយ​វិញ។

ការវាយប្រហារ​នេះ បាន​ធ្វើ​ឱ្យ​ទាហាន​មួក​ខៀវ​ខ្មែរ​រង​របួស​ម្នាក់ និង​ស្លាប់​ម្នាក់​ភ្លាមៗ ហើយ​បាត់​ខ្លួន ៣​នាក់ ប៉ុន្តែ​ក្រោយ​មក​អ្នក​បាត់​ខ្លួន​ទាំង ៣​នាក់ ត្រូវ​បាន​រក​ឃើញ​សាកសព​នៅ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ពី​កន្លែង​កើត​ហេតុ។ អ្នក​ស្លាប់​ទាំង​នោះ មាន​ឈ្មោះ​ថា អ៊ឹម សំ ជា​អ្នក​បើកបរ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​សៀមរាប ឈ្មោះ ស៊ាង នរិន្ទ ជា​ជំនួយ​ការ​ត្រួត​ពិនិត្យ​គុណភាព​មាន​ស្រុក​កំណើត​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ លោក មុំ តុលា ជា​ជំនួយ​ការ​បើក​បរ​អ៊ិសស្កាវ៉ាទ័រ (Excavator) មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​មាន​ឈ្មោះ ម៉ៅ អេង ជា​បុគ្គលិក​ពេទ្យ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយរៀង។

លោក ម៉ៅ អេង ដែល​មាន​ឈ្មោះ​ដើម កេង សុខាល័យ បាន​រៀន​ចប់​ជា​ពេទ្យ​មធ្យម​នៅ​វិទ្យាស្ថាន​សុខាភិបាល នៅ​រាជធានី​ភ្នំពេញ ផ្នែក​ពិនិត្យ​ជំងឺ​ទូទៅ ហើយ​បាន​ចូល​បម្រើ​ជា​ទាហាន​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ រី​ឯ​ជីវិត​គ្រួសារ​វិញ គឺ​លោក ម៉ៅ អេង បាន​រៀបការ​ជាមួយ​លោកស្រី ឆាយ ចំរើន និង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កូន​ប្រុស​ពីរ​នាក់ និង​ស្រី​ម្នាក់​ដែល​មាន​អាយុ​ចាប់​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ​ទៀត​ផង។

លោក កេង ពន្លក ថ្លែង​ទៀត​ថា លោកស្រី ឆាយ ចំរើន ដែល​ជា​ស្ត្រី​មេផ្ទះ និង​ជា​ជាង​កាត់ដេរ​សំលៀក​បំពាក់​ធម្មតា​ម្នាក់​ផង នឹង​បាត់បង់​ភាព​កក់ក្ដៅ​ស្ទើរ​ទាំង​ស្រុង​ក្នុង​គ្រួសារ ហើយ​ត្រូវ​រាប់​រង​តែ​ម្នាក់​ឯង​ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ចិញ្ចឹម​កូនៗ​ទាំង ៣​នាក់ ឱ្យ​មាន​អនាគត​ល្អ ដែល​ជា​ក្ដី​ប្រាថ្នា​របស់​ប្ដី​ដែល​ស្លាប់​ទៅ​នោះ៖ «»។

​បងប្រុស​ដដែល​នេះ​រំលឹក​ថា លោក ម៉ៅ អេង បាន​ធ្វើ​ជា​​ទាហាន​ពេទ្យ​ឱ្យ​អង្គការ​សហប្រជាជាតិ បាន​ចំនួន ២​លើក​រួច​មក​ហើយ ដោយ​លើក​ទី​១ ទៅ​កាន់​ប្រទេស​ស៊ូដង់​ខាងត្បូង និង​លើក​ទី​២​នេះ​ទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​បេសកកម្ម​មួយ​លើកៗ មាន​រយៈពេល​មួយ​ឆ្នាំ​ពេញ និង​ត្រូវ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​នៅ​មាតុប្រទេស។ តែ​អកុសល បេសកកម្ម​ចុង​ក្រោយ​នេះ​បាន​ចាប់​ផ្ដើម​ប្រហែល ៦​ខែ លោក​ក៏​ជួប​ហេតុការណ៍​ពួន​វាយ​ស្ទាក់​សម្លាប់​ពី​សំណាក់​ក្រុម​ឧទ្ទាម​តែម្ដង។

​លោក កេង ពន្លក រាប់​រៀប​ថា ក្រៅ​ពី​ទទួល​បាន​ប្រាក់ខែ​ពី​រាជការ​ជាង ១​លាន​រៀល ប្អូន​ប្រុស​លោក​ក៏​តែងតែ​ផ្ញើ​លុយ​ជា​រៀង​រាល់​ខែ​មក​ប្រពន្ធ និង​កូន​នៅ​ឯ​ស្រុក​កំណើត ប្រហែល ៧០០​ដុល្លារ​បន្ថែម​ទៀត ដែល​ជា​ប្រាក់ខែ​ទទួល​បាន​ពី​ការងារ​មនុស្សធម៌​ឱ្យ​អង្គការ​សហប្រជាជាតិ។

​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម លោក សែម សុវណ្ណនី ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា សាកសព​របស់​ទាហាន​មួក​ខៀវ​ខ្មែរ​ទាំង ៤​នាក់ នឹង​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា វិញ​ប្រហែល ២​សប្ដាហ៍​ទៀត ចាប់​តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ពលី​របស់​ទាហាន​ទាំង​នេះ អង្គការ​សហប្រជាជាតិ​ក៏​បាន​រៀបចំ​កញ្ចប់​ថវិកា​ផ្ដល់​ជូន​ក្នុង​មួយ​គ្រួសារ​សព​ចំនួន ៧​ម៉ឺន​ដុល្លារ​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក កេង ពន្លក ថ្លែង​ថា ខាង​គ្រួសារ​លោក​មិន​ទាន់​ទទួល​បាន​ទឹក​ប្រាក់​ទាំង ៧​ម៉ឺន​ដុល្លារ​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ប្រាក់​ឧបត្ថម្ភ​ពី​កាកបាទក្រហម និង​សប្បុរសជន​មួយ​ចំនួន។ លើស​ពី​នេះ លោក​ក៏​មិនទាន់​មាន​ព័ត៌មាន​ថា សព​ប្អូន​ប្រុស​លោក​ត្រូវ​ដឹក​មក​ដល់​កម្ពុជា នៅ​ពេល​ណា​ដែរ។ លោក​ក៏​បញ្ជាក់​ថា ទឹក​ប្រាក់ ៧​ម៉ឺន​ដុល្លារ​នេះ មិន​អាច​ទំនុកបម្រុង​ជីវភាព​ក្នុង​គ្រួសារ​ប្អូន​ប្រុស​បានជា​រៀង​រហូត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​សមាគម​ការពារ​ធនធាន​ធម្មជាតិ​បើក​យុទ្ធនា​ការ​បំបួស​ដើម​កោងកាង​នៅ​ខេត្ត​កោះកុង

$
0
0

ក្រុម​យុវជន សិស្ស​និស្សិត និង​សមាគម​ការពារ​ធនធាន​ធម្មជាតិ​នៅ​តាម​ដៃ​សមុទ្រ ក្នុង​ខេត្ត​កោះកុង ចុះ​ល្បាត​នៅ​តាម​ឆ្នេរ​សមុទ្រ​ជា​ច្រើន​ក្រុម នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា។

ការ​បើក​ប្រតិបត្តិការ​នេះ គឺ​ដើម្បី​ចុះ​ទប់ស្កាត់​ការ​បូម​ខ្សាច់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ដែល​បណ្ដាល​អោយ​ខូចខាត និង​ប៉ះពាល់​ដល់​ជម្រក​ក្តាម ត្រីពង និង​ជីវចម្រុះ។

ការ​ចុះ​ល្បាត​របស់​ក្រុម​យុវជន​នេះ ​គឺ​ក្រោយ​ពេល​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​កោងកាង នៅ​ក្នុង​សហគមន៍​ឃុំ​កោះកាពិ នា​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​ដដែល។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ ពី​ខេត្ត​កោះកុង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពុទ្ធបរិស័ទ​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​​កំពង់ចាម​ចង់​ឱ្យ​គ្រប់​វត្ត​និង​សាលារៀន​ចូល​រួម​ថែរក្សា​និង​ដាំ​កូន​ឈើ

$
0
0

ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អម្ពវនារាម ហៅ​វត្ត​ស្វាយសាច់ភ្នំ ឃុំ​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចូល​ព្រៃឈើ​នៅ​ក្នុង​ទី​វត្តអារាម​មួយ​នេះ ជា​តំបន់​ព្រៃ​អភិរក្ស​មួយ​ដើម្បី​ងាយស្រួល​ថែ​រក្សាទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ ក្រៅ​ពី​នេះ ពួកគាត់​ចង់​ឃើញ​នៅ​តាម​វត្តអារាម​នានា និង​នៅ​តាម​សាលារៀន ដែល​មាន​ដើម​ឈើ​ស្រាប់ គប្បី​នាំ​គ្នា​រក្សាទុក​ឱ្យ​បាន​គង់វង្ស​និង​ខិតខំ​ដាំ​បន្ថែម​ទៀត។

​ពលរដ្ឋ​នៅ​ឃុំ​ស្វាយសាច់ភ្នំ មើល​ឃើញ​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​របស់​មនុស្ស និង​សត្វ។ សារសំខាន់​ទាំង​នោះ ដូចជា​ការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ជួយ​ស្រូប​កម្ដៅ និង​ស្រូប​យក​ទឹក​ភ្លៀង។ លើស​ពី​នេះ ជួយ​ឱ្យ​ផ្ទៃដី​មាន​សំណើម ទប់ស្កាត់​ខ្យល់​ព្យុះ និង​ជា​ជម្រក​សម្រាប់​សត្វ​បក្សី និង​ប្រភេទ​សត្វ​ព្រៃ​ផ្សេង​ទៀត។

លក្ខណៈ​ពិសេស​របស់​ព្រៃ​ឈើ​ដូច្នេះ ទើប​ប្រជាពលរដ្ឋ​គណៈកម្មការ​វត្ត ព្រមទាំង​ព្រះចៅ​អធិការ​វត្ត​ស្វាយសាច់ភ្នំ នាំ​គ្នា​ថែរក្សា​គម្រប​ព្រៃឈើ​នៅ​ទី​វត្ត​អារាម​នេះ ដែល​មាន​ដើម​ឈើ​ធំៗ ប្រៀប​បាន​ទៅ​នឹង​ដើម​ឈើ​នៅ​តំបន់​ព្រៃឡង់។ ដើម​ឈើ​ធំៗ​ទាំង​នោះ មាន​ដូចជា​ដើម​ឈើ​ទាល ដើម​គគីរ ដើម​គីនីន ដើម​ម៉ៃសាក់ ហើយ​ពួកគាត់​បាន​នាំ​គ្នា​ដាំ​កូន​ឈើ​ផ្សេងៗ​ទៀត ដូចជា​ដើម​គ្រញូង បេង នាងនួន និង​សុក្រំ ជាដើម។

គណៈកម្មការ​វត្ត​ស្វាយសាច់ភ្នំ លោក នាង ម៉ក់ មាន​ប្រសាសន៍​ថា ពួកគាត់​រីករាយ​ក្នុង​ការ​ថែរក្សា​ព្រៃ​ព្រឹក្សា​នៅ​ទី​វត្តអារាម​មួយ​នេះ ដែល​បាន​បន្សល់​ទុក​ពី​ដូនតា​មក។ លោក​បន្ត​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស សត្វ ព្រម​ទាំង​អាច​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​ប្រភេទ​ឈើ​ផ្សេងៗ និង​អាច​ពន្យល់​យុវជន​ឱ្យ​ដឹង​ពី​គុណប្រយោជន៍​របស់​ព្រៃឈើ៖ «ខ្ញុំ​ខំប្រឹង​ថែទាំ​ព្រោះ​ព្រៃ​ឈើ​នេះ ជា​សម្បត្តិ​កេរ្តិ៍​ពី​ដូនតា​មក ហើយ​ខ្ញុំ​ដឹង​ក្តី​មក​ឃើញ​ព្រៃ​ឈើ​ហ្នឹង​មាន​ធំៗ»

​គណៈកម្មការ​វត្ត​ដដែល​កាន់តែ​ត្រេកអរ​បន្ថែម​ទៀត ក្រោយ​ពេល​វត្ត​ស្វាយសាច់ភ្នំ ត្រូវ​បាន​ខាង​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ កាល​ពី​ឆ្នាំ​២០១៤ ហើយ​ជា​ផ្នែក​មួយ​អាច​រក្សា​ព្រៃឈើ​ទាំង​នោះ​ឱ្យ​នៅ​គង់វង្ស គេច​ផុត​ពី​ការ​កាប់​បំផ្លាញ​បាន។ ជាង​នេះ​ទៀត លោក​ចង់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បញ្ចូល​តំបន់​ព្រៃឈើ​ទាំងនេះ ជា​តំបន់​អភិរក្ស និង​ចង់​ឃើញ​នៅ​តាម​វត្ត​អារាម ឬ​សាលារៀន​ទាំង​អស់​នាំគ្នា​ថែរក្សា​ដើមឈើ​ដែល​មាន​ស្រាប់ ព្រម​ទាំង​ខិតខំ​ដាំ​ដើម​ឈើ​ឡើង​វិញ​ឱ្យ​បាន​កាន់​តែ​ច្រើន។

ផ្ទៃដី​ព្រៃឈើ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយសាច់ភ្នំ គឺ​មាន​ទំហំ​ប្រមាណ ៧០​ហិកតារ ដោយ​មាន​ដើម​ឈើ​តូច​ធំ ដុះ​ស្រោង និង​អម​ដោយ​សំឡេង​សត្វ​បក្សាបក្សី​យ៉ាង​អឺងអាប់៖ «សំឡេង​សត្វ»

ព្រះចៅ​អធិការ​វត្ត​អម្ពវនារាម ហៅ​វត្ត​ស្វាយសាច់ភ្នំ ព្រះតេជព្រះគុណ អ៊ឹម ប៊ុនធឿន មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​បាន​ដឹង​ច្បាស់​ទេ​ពី​ប្រវត្តិ​ដើម​ឈើ​ទាំង​នោះ ប៉ុន្តែ​ព្រះអង្គ​យល់​ថា អាយុកាល​របស់​វា​អាច​នឹង​ច្រើន​ជាង​ព្រះវិហារ ដែល​បាន​កសាង​ឡើង​កាល​ពី​ឆ្នាំ​១៩០៥ ទៅ​ទៀត។ ព្រះអង្គ​នៅចាំ​ថា​ដើម​ឈើ​នៅ​ក្នុង​វត្ត​ធ្លាប់​រង​ការ​កាប់​បំផ្លាញ​កាល​ពី​សម័យ​ខ្មែរ​ក្រហម​ម្តង។ ក្រោយ​មក​ទៀត ធ្លាប់​កាប់​ដើម្បី​យក​ឈើ​ទៅ​បម្រើ​ការងារ​សំណង់​ក្នុង​វត្ត​ខ្លះ​ដែរ ប៉ុន្តែ​ករណី​កាប់​ច្រើន​ជាង​គេ គឺ​មុន​ពេល​ព្រះអង្គ​ធ្វើ​ជា​ចៅ​អធិការ​វត្ត និង​ជា​ពេល​មួយ​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មការ​វត្ត​ចាស់ គឺ​មាន​សកម្មភាព​កាប់​ដើម​ឈើ ពិសេស​ដើម​គគីរ​អស់​ជិត ៤០០​ដើម ដោយ​មិន​ដឹង​គេ​កាប់​ទៅ​ទី​ណា​ទេ។

ព្រះអង្គ​សម្ដែង​ព្រះទ័យ​សោកស្ដាយ​ចំពោះ​ការ​កាប់​ដើម​ឈើ​ពេល​នោះ ហើយ​ព្រះចៅ​អធិការ​វត្ត​ចាស់ ព្រះនាម ផេង រាម ក៏​មិន​ពេញ​ព្រះទ័យ​ដែរ។ ព្រះអង្គ​យល់​ថា ដើម​ឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ និង​ក្មេង​ជំនាន់​ក្រោយ។ បន្ថែម​ពី​នេះ នៅ​ពេល​មាន​ដើមឈើ​ច្រើន​នៅ​ក្នុង​វត្ត​អារាម ធ្វើ​ឱ្យ​ព្រះអង្គ​មាន​ព្រះទ័យ​ស្រស់ថ្លា ម្យ៉ាង​ធ្វើ​ឱ្យ​អាកាសធាតុ​ក្នុង​វត្ត​មិន​សូវ​ក្ដៅ​ទេ៖ «អាត្មា​ចង់​ឱ្យ​អ៊ីចឹង គឺ​ចង់​ឱ្យ​គ្រប់​វត្ត​អារាម​ទាំង​អស់ ពិសេស​នៅ​ស្រុក​ស្រីសន្ធរ គ្រប់​វត្ត​ទាំង​អស់​ឱ្យ​ដាំ​ដើម​ឈើ​ឡើង​វិញ ព្រោះ​ការ​ណែនាំ​របស់​ព្រះ​អនុគណ ក៏​ដូចជា​អាត្មា ចង់​ឱ្យ​គ្រប់​វត្ត​ទាំង​អស់​ដាំ​ដើម​ឈើ​ឡើង​វិញ»

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ទាំង​នេះ ពីព្រោះ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ក្រសួង​បរិស្ថាន​ផង។ បន្ថែម​ពី​នេះ កន្លង​មក​រាជរដ្ឋាភិបាល​ជា​អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ ហើយ​ក្រសួង​ពាក់ព័ន្ធ រួម​មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម បាន​ដឹកនាំ​អនុវត្ត​គោលនយោបាយ​ទាំង​នោះ តាម​រយៈ​សកម្មភាព​មួយ​ចំនួន ដូចជា​ការ​រៀបចំ​ពិធី​ដាំ​ដើម​ឈើ​នៅ​តំបន់​អភិរក្ស តំបន់​ឆ្នេរ តាម​វត្តអារាម សាលារៀន និង​នៅ​តាម​រមណីយដ្ឋាន​នានា ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ៖ «រាជរដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​របស់​យើង​ហ្នឹង​គឺ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែរក្សា​ព្រៃឈើ ការ​ថែរក្សា​ដើម​ឈើ​នៅ​តាម​ទី​វត្តអារាម សាលារៀន និង​នៅ​តាម​ទី​សាធារណៈ»

​ចំពោះ​ការ​ស្នើ​សុំ​របស់​គណៈកម្មការ​វត្ត​ដាក់​បញ្ចូល​ព្រៃឈើ​ទាំង​នោះ​ជា​តំបន់​អភិរក្ស លោក សៅ សុភាព ពន្យល់​ថា ជា​កិច្ចសហការ​មួយ​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត និង​គណៈកម្មការ​អាចារ្យវត្ត ដើម្បី​សិក្សា និង​រៀបចំ​ឯកសារ​ដាក់​បញ្ចូល​ទី​វត្ត​អារាម​នោះ ជា​តំបន់​អភិរក្ស​កម្រិត​ថ្នាក់​ក្រោម​ជាតិ ឬ​ថ្នាក់​មូលដ្ឋាន។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ជា​រឿង​ល្អ​មួយ​ដែល​ពុទ្ធបរិស័ទ​នៅ​ឃុំ​ស្វាយសាច់ភ្នំ នាំ​គ្នា​ថែរក្សា​សម្បត្តិ​ដូន​តា ពិសេស​ការពារ​ព្រៃឈើ និង​ចេះ​នាំ​គ្នា​ដាំ​ដើម​ឈើ​ឡើង​វិញ។ លោក​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​ពលរដ្ឋ គឺ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូល​រួម និង​លើកទឹកចិត្ត​ដល់​ពួក​គាត់។ លោក​បន្ថែម​ថា ព្រៃឈើ​ជា​ផ្នែក​មួយ​ដែល​អាច​ផ្សារភ្ជាប់​រវាង​សាលារៀន សាសនា និង​បរិស្ថាន។

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​បាត់បង់​ព្រៃឈើ​ដ៏​ច្រើន​​បច្ចុប្បន្ន ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ដូចជា​បាត់បង់​មុខរបរ និង​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​អនុផល​ព្រៃឈើ។ ជាង​នេះ​ទៀត បណ្ដាល​ឱ្យ​អាកាសធាតុ​ប្រែប្រួល​កាន់​តែ​ខ្លាំង បំផ្លាញ​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ និង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប​រៀបចំ​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​១៨ ឧសភា

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​បោះឆ្នោត នា​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត ការ​ផ្សាយ​ព័ត៌មាន ១​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះឆ្នោត និង​ការ​ដោះស្រាយ​បណ្ដឹង​ទាក់ទង​ការ​ឃោសនា​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត។

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១២ ចូល​រួម​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​មេ​ឃុំ និង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ចំនួន ១.៦៤៦​ទូទាំង​ប្រទេស។

ចំណែក​ការ​ឃោសនា​បោះឆ្នោត​វិញ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ផ្ដល់​យោបល់​អំពី​គន្លឹះ​​ជោគជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​អនឡាញ

$
0
0

ជាមួយ​នឹង​កំណើន​ការ​តភ្ជាប់​អ៊ីនធឺណិត (Internet) និង​ការ​មាន​បាន​របស់​ប្រជាពលរដ្ឋ អ្នក​ជំនាញ​ផ្នែក​វិនិយោគ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​តំបន់​អាស៊ាន មាន​ឱកាស​ចាប់​ផ្ដើម​អាជីវកម្ម​ងាយ​ស្រួល​ជាង​ជំនាន់​ឪពុក​ម្ដាយ​របស់​ពួកគេ។

ក្រុម​អ្នក​វិនិយោគ និង​សហគ្រិន​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន ឲ្យ​យោបល់ និង​គន្លឹះ​មួយ​ចំនួន​ដើម្បី​ទាញ​យក​ឱកាស​ប្រកប​អាជីវកម្ម​ឌីជីថល ឬ​អនឡាញ (Digital Businesses) ឲ្យ​ទទួល​បាន​ជោគជ័យ។

ប្រជាជន​អាស៊ាន​ចំនួន ១២​ម៉ឺន ៤​ពាន់​នាក់ ចាប់​ផ្ដើម​ប្រើប្រាស់​អ៊ីនធឺណិត ជា​រៀងរាល់​ថ្ងៃ។

អ្នកនាង តាន់ ហយ លីង (Tan Hooi Ling) សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​តាក់ស៊ី ហ្គ្រាប (Grab) នៃ​ប្រទេស​សិង្ហបុរី កត់សម្គាល់​ថា តំបន់​អាស៊ាន​មាន​លទ្ធភាព​ផ្លោះ (leapfrog) ទៅ​បច្ចេកវិទ្យា​ចល័ត​តែម្ដង។ Grab ជា App សម្រាប់​កុម្ម៉ង់​តាក់ស៊ី​ជោគជ័យ​មួយ​នៅ​តំបន់​អាស៊ាន ដែល​បច្ចុប្បន្ន​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​ចំនួន​៧។

​អ្នកនាង តាន់ ហយ លីង ថ្លែង​​នៅ​ក្នុង​កិច្ចពិភាក្សា​ស្ដីពី "ការ​ចាប់​ផ្ដើម​អាជីវកម្ម​បែប​ឌីជីថល​នៅ​តំបន់​អាស៊ាន" នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា ការ​ស្វែង​យល់​ពី​បញ្ហា​ពិត​ប្រាកដ និង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ហើយ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នោះ ជា​យុទ្ធសាស្ត្រ​សំខាន់​ដើម្បី​ជោគជ័យ​ពេល​ចាប់​ផ្ដើម​អាជីវកម្ម​ណា​មួយ៖ «ដើម្បី​បង្កើត​តម្លៃ​ផលិតផល​របស់​ខ្លួន សហគ្រិន​ត្រូវ​យល់​ពី​បញ្ហា​ពិត​ប្រាកដ​របស់​អតិថិជន។ Grab បាន​កើត​ឡើង បន្ទាប់​ពី​ក្រុម​ការងារ​យើង​សិក្សា​ពី​អ្នក​ប្រើប្រាស់​តាក់ស៊ី​នៅ​ប្រទេស​ម៉ាឡេស៊ី ឃើញ​ថា ពួកគេ​ពិបាក​ស្វែង​រក​សេវាកម្ម​តាក់ស៊ី ដែល​ទាន់​ចិត្ត​សុវត្ថិភាព និង​ធូរ​ថ្លៃ»

​បន្ថែម​លើ​ការ​ស្វែង​យល់​បញ្ហា​របស់​អតិថិជន និង​មាន​ដំណោះស្រាយ​ហើយ​នោះ អ្នកនាង តាន់ ហយ លីង បញ្ជាក់​ថា សហគ្រិន​ដែល​ចង់​សាកល្បង​រក​ស៊ី​ត្រូវ​ប្រាកដ​ក្នុង​ខ្លួន​ថា ពួកគេ​ស្រលាញ់​ពេញ​ចិត្ត​នឹង​ប្រភេទ​អាជីវកម្ម​ដែល​ពួកគេ​គ្រោង​បង្កើត​នោះ។

ចំណែក​សហគ្រិន​អ៊ីនធឺណិត និង​ជា​ដៃគូ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​វិនិយោគ ប្រាហ្គែល ប្រាឌ័រ (Bragiel Brothers) លោក ផូល ប្រាហ្គែល (Paul Bragiel) ឲ្យ​យោបល់​ថា បើ​ទោះ​ជា​អាជីវកម្ម​ឌីជីថល ឬ​អនឡាញ​នេះ ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​មែន ក៏ប៉ុន្តែ​ក្រុម​ការងារ និង​បណ្តាញ​រក​ស៊ី​ឯ​ណោះ​ទេ ជា​កត្តា​សំខាន់​ជាង​គេ។

​លោក​ថា ការ​មាន​ខ្សែ​បណ្ដាញ​ច្រើន​នឹង​ជួយ​ឲ្យ​សហគ្រិន​ចែក​រំលែក​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពេល​ដែល​ពួកគេ​ស្គាល់​គ្នា នោះ​គេ​សហការ​គ្នា​បាន​ល្អ​ពេល​រក​ស៊ី៖ «កុំ​ចុះចាញ់! បើ​សិន​យើង​ធ្វើ​ខុស​អ្វី​មួយ យើ​អាច​រៀន​ពី​វា។ យើង​អាច​សារ៉េ (តម្រែតម្រង់) ផ្លូវ​ដែល​យើង​ដើរ​បាន​ដដែល។ សំខាន់ យើង​ត្រូវ​អំណត់​អត់ធន់ និង​ចេះ​បត់បែន»

សហគ្រិន​ដែល​មក​ពី​តំបន់ ស៊ីលីខន វ៉ាឡេយ៍ (Silicon Valley) នៅ​សហរដ្ឋ​អាមេរិក រូប​នេះ​បន្ថែម​ថា តំបន់​អាស៊ាន​មាន​ធនធានមនុស្ស​វៃ​ឆ្លាត ហើយ​មាន​ឱកាស​វិនិយោគ​ច្រើន បើ​ធៀប​ទៅ​នឹង​សហរដ្ឋអាមេរិក ដោយ​មនុស្ស​ត្រឹម ២ ទៅ ៣​នាក់ អាច​រួមគ្នា​បង្កើត​ក្រុមហ៊ុន​មួយ​បាន ហើយ​ដើម​ទុន​ត្រឹម​មួយ​ម៉ឺន​ដុល្លារ​ក៏​អាច​ចាប់​រក​ស៊ី​បាន។

​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្លឹង​មើល​ទីផ្សារ​ក្រៅ​ប្រទេស ពិសេស​ទីផ្សារ​នៅ​តំបន់​អាស៊ាន​ដែល​មាន​ប្រជាជន​ជាង ៦២០​លាន​នាក់ សហគ្រិន​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​យល់​ដឹង​ពី​វប្បធម៌​នៃ​ប្រទេស​នោះ ជាពិសេស​ភាសា​ប្រាស្រ័យ​ទាក់ទង។ នេះ​បើ​តាម​លោក ម៉ាគូស ឡរ៉ែនហ្សីនី (Markus Lorenzini) ប្រធាន​ក្រុមហ៊ុន​ស៊ីមែន (Siemens) នៃ​ប្រទេស​ថៃ មីយ៉ាន់ម៉ា និង​កម្ពុជា៖ «យល់​ពី​តម្រូវការ​របស់​អតិថិជន និង​វប្បធម៌​នៃ​ប្រទេស​នោះ។ ក្រៅ​ពី​នេះ សហគ្រិន​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ សម្រាប់​ដំណើរការ​អាជីវកម្ម​ឌីជីថល​របស់​គេ ហើយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការ​ត​ភ្ជាប់​អ៊ីនធឺណិត ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់»

​បន្ថែម​ពី​លើ​នេះ លោក ម៉ាគូស ឡរ៉ែនហ្សីនី លើក​ឡើង​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ផ្លាស់ប្ដូរ​គោលនយោបាយ​ខ្លះ​ដើម្បី​ឲ្យ​ស្រប​នឹង​ការ​វិវត្ត​របស់​បច្ចេកវិទ្យា ហើយ​ក៏​ត្រូវ​ពិនិត្យ​មើល​ពី​គុណភាព​នៃ​កម្លាំង​ពលកម្ម​ពី​កម្រិត​លើ​ដល់​ក្រោម។

លោក ផាធ្រីក វ៉ាលូចូ (Patrick Walujo) សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​វិនិយោគ​ឯកជន ណតហ៍ ស្ដារ (Northstar) នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហាក់​មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ម៉ាគូស ឡរ៉ែនហ្សីនី។ ​លោក ផាធ្រីក និយាយ​ថា រដ្ឋាភិបាល​ដើរ​តួនាទី​សំខាន់​មួយ​ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រិន​ឲ្យ​មាន​ទំនុក​ចិត្ត ហ៊ាន​ប្រថុយ​ចាប់​ផ្ដើម​អាជីវកម្ម​ឌីជីថល៖ «ឥណ្ឌូនេស៊ី ជា​ទីផ្សារ​ធំ​មួយ​សម្រាប់​សហគ្រិន ដើម្បី​ដាក់​លក់​ផលិតផល។ រដ្ឋាភិបាល​ផ្ដល់​ការ​គាំទ្រ​ខ្លាំង​ដល់​អាជីវកម្ម​កើត​ថ្មីៗ។ សេវា​បង់​ប្រាក់​ឌីជីថល ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ»

​ពេល​និយាយ​ដល់​រឿង​ចាប់​ផ្ដើម​រក​ស៊ី សហគ្រិន ជារឿយៗ គិតគូរ​ពី​ប្រភព​ទុន​ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន។ ក៏ប៉ុន្តែ​សម្រាប់​លោក ផាធ្រីក លុយ​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ​ចំពោះ​ការ​ចាប់​ផ្ដើម (Start up) ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ពិភពលោក៖ «ការ​ជ្រើសរើស​មនុស្ស​ត្រូវ វា​មាន​សារសំខាន់​ជាង​ការ​ទទួល​បាន​ទុន​វិនិយោគ​ដ៏​ច្រើន​ទៅ​ទៀត។ វា​អាស្រ័យ​លើ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ ក្រុមហ៊ុន Google បាន​ចាប់​ផ្ដើម​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ឆ្លាត ក្មេង និង​រហ័សរហួន»

​លោក​យល់​ថា ដោយសារ​ការ​ទទួល​បាន​បច្ចេកវិទ្យា​ទូលំទូលាយ ខួរក្បាល ការ​ខំ​ប្រឹងប្រែង​ធ្វើការ និង​ការ​យក​ចិត្ត​ទុក​ដាក់ គឺ​ជា​ដែន​កំណត់​របស់​សហគ្រិន។ លោក​មើល​ឃើញ​ថា ការ​ផលិត​នៅ​ក្នុង​តំបន់​អាស៊ាន គ្របដណ្ដប់​ដោយ​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍ ហើយ​ប្រជាជន​អាស៊ាន នៅ​ខ្វះ​ការ​អប់រំ​ផ្នែក​ជំនាញ​វិជ្ជាជីវៈ ដែល​បញ្ហា​នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​យូរ​ដើម្បី​ដើរ​ឲ្យ​ទាន់​តំបន់​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានទូត​ខ្មែរ​នៅ​ហាណូយ​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​៣​នាក់​ដែល​ចាញ់​បោក​មេខ្យល់

$
0
0

ស្ថានទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម អន្តរាគមន៍​ជួយ​នារី​ខ្មែរ ៣​នាក់​ដែល​មេខ្យល់​បោក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឲ្យ​ដឹង​ថា នារី​ខ្មែរ ៣​នាក់​នោះ​មក​ពី​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម អាយុ​ចន្លោះ​ពី ១៨ ដល់ ២០​ឆ្នាំ។

ពួកគេ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ចូល​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា និង​បន្ត​ធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែន​វៀតណាម-​ចិន ម៉ុងកាយ (Mong Cai) នៃ​ខេត្ត​ក្វាង និញ (Quang Ninh) បម្រុង​នាំ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ជា​ថ្នូរ​នឹង​ប្រាក់​ចន្លោះ​ពី ១.៥០០ ទៅ ២.០០០​ដុល្លារ​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន​អ្នក​ទាំង​៣ ឋិត​ក្រោម​ការ​គាំពារ​ពី​អង្គការ Blue Dragon Children’s Foundation ក្នុង​ប្រទេស​វៀតណាម។

ក្រសួង​ការបរទេស​បញ្ជាក់​ថា ស្ថានទូត​កម្ពុជា កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​នគរបាល​វៀតណាម និង​អង្គការ Blue Dragon Children’s Foundation ដើម្បី​ធ្វើ​បែប​បទ​បញ្ជូន​នារី​ខ្មែរ​ទាំង ៣​នាក់​ត្រឡប់​មក​កម្ពុជា វិញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​កោះ​ហៅ​បេក្ខនារី​លេខ​រៀង​ទី​១​បក្ស​សង្គ្រោះ​ជាតិ​សង្កាត់​អូរចារ​ចូល​បំភ្លឺ​លើក​ទី​២

$
0
0

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង កោះ​ហៅ​បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ក្នុង​ដំណើររឿង​ក្នុង​រឿង​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​សំណុំ​រឿង​ទំនាស់​ដី។

សកម្មជន​​បក្ស​ប្រឆាំង​រូប​នេះ ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា បាន​​ចុះ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា​ដែល​រារាំង​ការ​អនុវត្ត​ដីកា​ស្ថាពរ​របស់​តុលាការ​ខេត្ត​បាត់ដំបង ក្នុង​សំណុំរឿង​ជម្លោះ​ដី​សាលា​រវាង​ពលរដ្ឋ និង​មន្ត្រី​នគរបាល។

បេក្ខនារី​ឈរ​ឈ្មោះ​បោះឆ្នោត​សង្កាត់​អូរចារ លេខ​រៀង​ទី​១ គណបក្ស​ប្រឆាំង អះអាង​ថា នាង​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ខាង​មុខ ដោយ​មិន​រុញរា​ឡើយ ទោះ​បី​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្ដី។

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា នាង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ដីកា​កោះ​នេះ ថា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​នាង​នៅ​ថ្ងៃ​៤ ខែ​មិថុនា ខាង​មុខ។

កញ្ញា​សម្បុរ​ស រាង​តូចច្រឡឹង មុខ​ស្រស់​រូប​នេះ បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នឹង​​ដីកា​របស់​សាលាដំបូង​ខេត្ត​បាត់ដំបង ទេ ដោយ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ​មក​លើ​រូប​នាង ធ្វើ​ឲ្យ​​នាង​ពុំ​មាន​សិទ្ធិ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ទូលំទូលាយ​​ដូច​បេក្ខជន​ដទៃ​ទៀត។ កញ្ញា​វ័យ ៣០​ឆ្នាំ​ប្លាយ​រូប​នេះ​ សង្កត់​ធ្ងន់​ថា ប្រសិន​បើ​តុលាការ​ឃាត់​រូប​នាង​ ដោយសារ​តែ​រឿង​ទៅ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា​បញ្ហា​ទំនាស់​ដី​ធ្លី​​​នោះ ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​សង្កាត់​អូរចារ នឹង​មិន​ទៅ​បោះឆ្នោត​ឡើយ៖ «ខ្ញុំ​ជឿជាក់​ថា នៅ​ថ្ងៃ​ទី​២៣ (ឧសភា) តុលាការ​នឹង​សម្រេច​ត្រឹម​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ត្រឡប់​មក​ឃោសនា​រក​សំឡេងឆ្នោត​​តាម​ធម្មតា​វិញ​ ពី​ព្រោះ​ខ្ញុំ​ស្នើ​​កន្លង​មក​គឺ​មាន​មូលហេតុ​ច្បាស់​លាស់​របស់​ខ្ញុំ​ ដោយ​ខ្ញុំ​ជា​បេក្ខនារី​ចៅសង្កាត់។ ប៉ុន្តែ​បើ​សិន​ជា​ថ្ងៃ​ទី​២៣ នោះ​មាន​ហេតុការណ៍​ណា​មួយ​ចំពោះ​ខ្ញុំ គឺ​ជា​រូបភាព​អាក្រក់​ណាស់​ កាល​ណា​ឃុំឃាំង មិន​មែន​ឃុំ​ខ្ញុំ ដូច​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​សង្កាត់​អូរចារ ទាំង​មូល»

ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា កោះ​ហៅ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជា​ជន​សង្ស័យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​មិន​គោរព​តាម​សេចក្ដី​របស់​តុលាការ​តាម​បណ្ដឹង​របស់​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ។

កាល​ពី​ថ្ងៃ​ទី​១៦ មករា កន្លង​ទៅ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​អូរចារ ដើម្បី​ជំទាស់​នឹង​មន្ត្រី​តុលាការ​ដឹកនាំ​សមត្ថកិច្ច​​ចុះ​អនុវត្ត​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។ កាល​ណោះ​​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ទៅ​ឃ្លាំ​មើល​ដល់​ទី​កន្លែង​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នោះ។ ការ​តវ៉ា​នេះ​ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ​ដែល​បាន​កាត់​ក្ដី​ឲ្យ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះ​ក្ដី​លើ​សំណុំ​រឿង​ទំនាស់​ដី​សាលា​មត្តេយ្យ​នៅ​ក្នុង​សង្កាត់​អូរចារ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ពលរដ្ឋ​លើក​ឡើង​ថា​ ពួកគាត់​ចង់​ឲ្យ​តុលាការ​សើរើ​​ឡើង​វិញ​ ដើម្បី​រក្សា​ដី​របស់​សាលា​ទុក​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ពីព្រោះ​ការ​ប្ដឹង​កន្លង​មក​ពួកគាត់​ពុំ​បាន​ដឹង​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា បញ្ហា​​នេះ​ជា​នីតិវិធី​មួយ​របស់​ព្រះរាជ​អាជ្ញា​រង​ក្នុង​ការ​កោះ​ហៅ​បេក្ខនារី​បក្ស​ប្រឆាំង​ដើម្បី​ទៅ​សាកសួរ។ លោក​បន្ត​ថា​ ករណី​ទី​១ ក្រោយ​ពី​ការ​សាកសួរ​ហើយ តុលាការ​អាច​ទម្លាក់​បទ​ចោទ​ក៏​ថា​បាន ឬ​ក៏​តុលាការ​បន្ត​ការ​ស៊ើប​អង្កេត​ទៅ​ចៅក្រម ហើយ​ពេល​នោះ​ចៅក្រម​អាច​នឹង​ឃាត់​ខ្លួន​ជនសង្ស័យ​តែម្ដង។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​កត់សំគាល់​ថា តុលាការ​ខេត្ត​បាត់ដំបង ជាង ៩០​ភាគរយ មិន​​​អនុវត្ត​ច្បាប់​ ដោយ​ការ​ឃុំ​ខ្លួន​នៅ​ពេល​​កោះ​ហៅ​សាកសួរ​នោះ​ទេ៖ «ហើយ​អ៊ីចឹង​នៅ​តែ​ទទូច​ថា​ ការ​អនុវត្ត​សាលក្រម​ពេល​ខ្លះ​មន្ត្រី​មួយ​ចំនួន​ក៏​គាត់​មិន​យល់​ថា ការ​ទៅ​រារាំង​មាន​ទោសកំហុស​ដែរ។ អ៊ីចឹង​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​ទម្លាក់​បទ​ចោទ​នេះ​ចោល​ទៅ​ក្រោយ​ពី​ការ​សាកសួរ ពីព្រោះ​ភាគី​ម្ខាង​ទៀត​ក៏​បាន​អនុវត្ត​សាលក្រម​នេះ​រួច​រាល់​ដែរ ហើយ​​ពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក៏​បាន​ចូល​ទៅ​បំភ្លឺ​តុលាការ​ហើយ​ដែរ»

​​​​​​​​​​​​​​ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង​ លោក ហេង សាយហុង លើក​ឡើង​ថា​ រឿង​នេះ​តុលាការ​បាន​កោះ​ហៅ​​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៅ​សាកសួរ​រួច​អស់​ទៅ​ហើយ ដែល​តុលាការ​គួរ​បញ្ចប់​ត្រឹម​នេះ​ ដោយ​មិន​ចាំបាច់​បន្ត​សាកសួរ​មន្ត្រី​គណបក្ស​នោះ​ឡើយ៖ «ទាក់ទង​​នឹង​ការ​កោះ​ហៅ​នេះ​ឃើញ​ថា ជា​ដំណាក់កាល​មួយ​ជិត​ដល់​យុទ្ធនាការ​បោះឆ្នោត​ គួរតែ​លើក​ពេល​សាក​សួរ​ទៅ​ថ្ងៃ​ក្រោយ​បោះឆ្នោត​ប្រសើរ​ជាង។ ព្រោះ​រឿង​នេះ​ជា​រឿង​រដ្ឋប្បវេណី​ ដែល​ពលរដ្ឋ​តវ៉ា​ចង់​បាន​ដីធ្លី​ជា​ប្រយោជន៍​រួម​សាធារណៈ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ មិន​មែន​ជា​ប្រយោជន៍​បុគ្គល​ទេ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​២​ស្ថាប័ន​ សង្កត់​ធ្ងន់​ថា​ ករណី​នេះ​អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់ ដោយសារ​បេក្ខនារី​គណបក្ស​ប្រឆាំង​រូប​នេះ​ មាន​ប្រជាប្រិយភាព​ខ្លាំង ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គូប្រកួត​ប្រជែង​គណបក្ស​កាន់​អំណាច​ ដល់​ការ​បោះឆ្នោត​​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

​​​​​​​​​​កន្លង​មក​ តុលាការ​បាន​កោះ​ហៅ​ពលរដ្ឋ​ចំនួន ១៣​នាក់​ហើយ​ ទៅ​សាកសួរ​ពី​ការ​តវ៉ា​ក្នុង​សំណុំ​រឿង​តែមួយ ប៉ុន្តែ​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ទេ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចំនួន​២​លើក​មក​​ហើយ​ ដោយ​​​លើក​ដំបូង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ មេសា ប៉ុន្តែ​​សាមី​ខ្លួន​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ​ ចំណែក​​លើក​ទី​២​នេះ​ សាមី​ខ្លួន​អះអាង​ថា នឹង​ត្រូវ​​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៣ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live