Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

មន្ត្រី​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ថា​រើសអើង​បក្ស​នយោបាយ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ហៅ​សកម្មភាព​មួយ​ចំនួន​ដែល​អាជ្ញាធរ​មូលដ្ឋាន​ប្រព្រឹត្ត​ទៅ​លើ​ប្រជាពលរដ្ឋ និង​មន្ត្រី​របស់​ខ្លួន ថា​ជា​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូលរួម​វេទិកា​គណបក្ស​ប្រឆាំង។ បន្ថែម​ពី​នេះ មន្ត្រី​ដដែល​បាន​រិះគន់​ថា ការ​មិន​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​ជួប​ជាមួយ​ពលរដ្ឋ​ជាដើម ថា​ជា​ការ​រើសអើង និង​គំរាម​កំហែង​ផ្នែក​នយោបាយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​មូលដ្ឋាន គប្បី​បង្ក​ភាព​ងាយស្រួល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សកម្មភាព​នយោបាយ និង​គោរព​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។

បន្ថែម​ពី​លើ​នេះ ត្រូវ​ជៀសវាង​ការ​រារាំង​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង ក្នុង​ការ​ចូលរួម​សកម្មភាព​ផ្សេងៗ​របស់​ខ្លួន ឬ​ជួបជុំ​ជាមួយ​ពលរដ្ឋ។

បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្រឡៅ លោក ម៉ៅ ឆេងអៀម ឲ្យ​ដឹង​ថា ថ្មីៗ​នេះ អាជ្ញាធរ​មូលដ្ឋាន មាន​មេ​ភូមិ ឬ​អនុ​ភូមិ ជាដើម មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​ប្រឆាំង​ទេ។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​វេទិកា​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ស្រឡៅ គ្រោង​មាន​ពលរដ្ឋ ព្រម​ទាំង​សកម្មជន​របស់​ខ្លួន​ចូលរួម​ជាង ២០០​នាក់ ប៉ុន្តែ​អ្នក​ចូលរួម​បាន​ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ។ មាន​ពលរដ្ឋ​ខ្លះ​ប្រាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាជ្ញាធរ​ភូមិ​មិន​ឲ្យ​ពួក​គាត់​ចូលរួម​វេទិកា​របស់​គណបក្ស​ប្រឆាំង​ទេ។

ក្រៅ​ពី​នេះ អាជ្ញាធរ​ភូមិ​បាន​ឃ្លាំ​មើល​ពលរដ្ឋ​ដែល​ចូលរួម​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។ លើស​ពី​នេះ លោក ឆេងអៀម អះអាង​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ខណៈ​ពួក​គាត់​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ថា​អាជ្ញាធរ​ភូមិ​បាន​តាមដាន​សកម្មភាព​របស់​ពួក​គាត់ និង​រារាំង​មិន​ឲ្យ​ជួប​ពលរដ្ឋ​ជា​ថ្មី​ទៀត៖ «សកម្មភាព​ទាំងអស់​នេះ​ជា​រូបភាព​ដើម្បី​គំរាម​កំហែងតាំង​ពី​ប្រជាពលរដ្ឋ រហូត​ល់​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​ក្នុង​មូលដ្ឋាន​តែ​ម្តង»

មន្ត្រី​បក្ស​ប្រឆាំង​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ស្រឡៅ គេ​ហាមឃាត់​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ជួបជុំ​ពលរដ្ឋ ឬ​ធ្វើ​វេទិកា​នៅ​ក្នុង​វត្ត ប៉ុន្តែ​លោក​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា គេ​អាច​ធ្វើ​សកម្មភាព​ទាំងនេះ​បាន។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្រឡៅ លោក ប៉ុល ឈិន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ថា មន្ត្រី​របស់​លោក​គ្មាន​នរណា​ហាមឃាត់​សកម្មភាព​របស់​ប្រជាពលរដ្ឋ ឬ​មន្ត្រី​គណបក្ស​ជំទាស់​ឡើយ។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បាន​យល់ព្រម​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​វេទិកា​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត​ទៀត​ផង។ ចំណែក​សកម្មភាព​ហាមឃាត់​មិន​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ជួប​ជាមួយ​ពលរដ្ឋ​តាម​មូលដ្ឋាន លោក​មិន​បាន​ដឹង​ឡើយ ប៉ុន្តែ​នឹង​ស្រាវជ្រាវ​ករណី​នេះ៖ «ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​បន្ត​ទៀត ហើយ​នឹង​មាន​វិធានការ​អប់រំ​បន្ត ប្រសិន​បើ​មាន»

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ហើយ​ដំណើរការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ ឬ​សមាជិក​បក្ស​របស់​ខ្លួន ដោយ​គ្មាន​ការ​រារាំង និង​រើសអើង។ លោក​ថា មេ​ឃុំ​គាត់​បាន​យល់​ដឹង​ពី​បញ្ហា​នេះ​ត្រឹមត្រូវ ប៉ុន្តែ​សកម្មភាព​របស់​អាជ្ញាធរ​ភូមិ​ទៅ​វិញ​ទេ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់៖ «ដូច​ករណី​គណបក្ស​មួយ​ធ្វើ​បាន គណបក្ស​មួយ​ទៀត​មិន​ឲ្យ​ធ្វើ ទៅ​ធ្វើ​អ៊ីចឹង​វា​ជា​ការ​រើសអើង​ក្នុង​រឿង​គណបក្ស​នយោបាយ​ហើយ»

លោក កន សាវាង្ស បន្ថែម​ថា ការ​បង្ហាញ​សមាសភាព​ខ្លួន​ជា​បេក្ខជន​ឈរ​ឈ្មោះ​មេ​ឃុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ទៅ​ប្រជាពលរដ្ឋ​នោះ ក៏​មិន​ខុស​អ្វី​នោះ​ដែរ ពីព្រោះ​ក្នុង​ច្បាប់​បោះឆ្នោត​មិន​បាន​ហាមឃាត់​ទេ។ លោក​ថា ប្រសិន​បើ​ករណី​នេះ​នៅ​តែ​កើត​ឡើង​បន្ត​ទៀត គឺ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​ជា​រឿង​ដែល​អាជ្ញាធរ​ភូមិ​ធ្វើ​ហួស​ពី​តួនាទី​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សាច់ញាតិ​អ្នក​ទោស​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​រក​អន្តរាគមន៍​ពី​អង្គការ​អាដហុក

$
0
0

សាច់ញាតិ​អ្នក​ទោស​​ដែល​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក (ADHOC) ឲ្យ​ជួយ​​ផ្លូវ​ច្បាប់​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​ពន្ធនាគារ​ខេត្ត​នេះ​ទៅ​តុលាការ​ ដើម្បី​​ផ្ដល់​​យុត្តិធម៌​ដល់​​អ្នក​ស្លាប់។ សាច់ញាតិ​អះអាង​​ថា​ ប្រធាន ពន្ធនាគារ​ខេត្ត​នេះ​​ធ្វេសប្រហែស ជា​ហេតុ​បណ្ដាល​​ឲ្យ​អ្នក​ទោស​ស្លាប់​ ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ តាម​ផ្លូវ​ច្បាប់។

​​​​​សាច់ញាតិ​អ្នក​ទោស​ដែល​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ​ លើក​ឡើង​ថា ករណី​អ្នក​ទោស​ស្លាប់​នេះ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

ម្ដាយ​ចិញ្ចឹម​អ្នក​ទោស​ដែល​បាន​​ស្លាប់ លោកស្រី ខុន ធី រស់​នៅ​ភូមិ​សែសិន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា មូលហេតុ​ដែល​លោកស្រី​ប្ដឹង​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ករណី​នេះ​ជា​រឿង​អយុត្តិធម៌​មក​លើ​កូន​ស្រី ​ដ្បិត​ដោយសារ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​​ទើប​បណ្ដាល​អោយ​នាង​ស្លាប់៖ «ខ្ញុំ​ចង់​ឲ្យ​រក​យុត្តិធម៌​ដើម្បី​កុំ​មន្ត្រី​ពន្ធនាគារ​បណ្ដោយ​ឲ្យ​អ្នក​ទោស​ស្លាប់​ទៅ​ថ្ងៃ​ក្រោយ​ទៀត ហើយ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ដែល​មន្ត្រី​ពន្ធនាគារ​មិន​ឲ្យ​ខ្ញុំ​សុំ​យក​កូន​ទៅ​ព្យាបាល តាំង​ពី​ដំបូង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា អ្នក​ទោស​ស្លាប់​ដោយសារ​​មាន​ជំងឺ​ធ្ងន់ធ្ងរ គឺ​ពុំ​មែន​ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​នោះ​ទេ៖ «ហើយ​ពួក​ខ្ញុំ​ចំណាយ​ពេល​មើល​គាត់​រាប់​ខែ​ហើយ​ គឺ​ពេល​គាត់​ឈឺ​យើង​ដឹក​ទៅ​ពេទ្យ​ភ្លាម។ ព្រោះ​ជីវិត​មនុស្ស​សំខាន់​ណាស់ គឺ​ពេល​ឈឺ​យើង​អត់​មាន​ទុក​ទេ គឺ​យើង​គិត​គុណធម៌​ជា​ធំ​ ដោយ​មិន​គិត​បញ្ហា​អ្វី​ផ្សេង​ពី​នេះ​ឡើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ ករណី​នេះ​គឺ​ជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​ដែល​បណ្ដាល​ឲ្យ​អ្នក​ទោស​ស្លាប់ ហើយ​ប្រធាន​ពន្ធនាគារ​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់៖ «ករណី​នេះ​មិន​មែន​ជា​កំហុស​ទេ គឺ​ជា​ទោស ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ទៀត​ បើ​សិន​ជា​ជន​ណា​ប្រព្រឹត្ត​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា​នេះ។ សាក្សី​ដែល​ចង្អុល​បង្ហាញ​គឺ​គាត់​បាន​បីត្រកង​ គឺ​ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​តាំង​ពី​នៅ​ក្នុង​ពន្ធនាគារ។ អ៊ីចឹង​ការ​ឆ្លើយ​របស់​មន្ត្រី​ពន្ធនាគារ​ គ្រាន់​តែ​ជា​លេស​ដោះសា​យក​រួច​ខ្លួន​ទេ»

​អ្នក​ទោស​ឈ្មោះ សុខ ចាន់ថន ភេទ​ស្រី អាយុ ២៧​ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា។ លោកស្រី ខុន ធី អះអាង​ថា​​ កូន​របស់​លោកស្រី​​មាន​ជំងឺ​សួត​តាំង​​ពី​អាយុ ៧​ឆ្នាំ​មក​ ហើយ​ជំងឺ​របស់​នាង​កន្លង​មក​ត្រូវ​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ​ ក៏ប៉ុន្តែ​អំឡុង​ពេល​ដែល​នាង​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​នេះ​​ មិន​អាច​ទៅ​ព្យាបាល​បាន​ដូច​ពេល​មុន​ឡើយ។ ម្ដាយ​ចិញ្ចឹម​រូប​នេះ​អះអាង​ថា​​ កូន​ស្រី​ដែល​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា​នោះ​ ​លោកស្រី​ពុំ​បាន​ទៅ​ទាន់​ដង្ហើម​នាង​​នោះ​ទេ។

លោកស្រី​សង្កត់​ធ្ងន់​ថា​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា កូនស្រី​​បាន​ទូរស័ព្ទ​មក​ប្រាប់​លោកស្រី​​​ឲ្យ​ប្រញាប់​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ ហើយ​ភ្លាម​នោះ​លោកស្រី​​ក៏​ប្រញាប់​ទៅ​សុំ​មន្ត្រី​ពន្ធនាគារ​នាំ​កូន​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ដែរ តែ​ពុំ​​ទទួល​បាន​លទ្ធផល​ ដោយ​មន្ត្រី​ពន្ធនាគារ​ប្រាប់​ថា ជំងឺ​របស់​អ្នក​ទោស​មិន​ធ្ងន់ធ្ងរ ហើយ​លោកស្រី​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ លុះ​មក​​ដល់​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ​មេ​ភូមិ​បាន​​​ប្រាប់​លោកស្រី​ថា​ កូន​របស់​គាត់​​បាន​ស្លាប់​​បាត់​ទៅ​ហើយ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-ជប៉ុន ស្រុក​មង្គលបូរី។ លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ​ទៅ​​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នាយក​អង្គការ លោក សៀ ភារម្យ ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​រឿង​ព្រហ្មទណ្ឌ

$
0
0

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ កោះ​ហៅ​ទៅ​សាកសួរ​ពី​បទ​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​ឧសភា។

លោក សៀ ភារម្យ ឲ្យ​ដឹង​ក្រោយ​កិច្ច​ស៊ើបសួរ​នោះ​ថា ចៅក្រម​ស៊ើបសួរ​​លោក ហង្ស ស៊ីថា កោះ​ហៅ​លោក​តាម​ដីកា​បញ្ជូន​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដែល​ស្នើ​សុំ​ឲ្យ​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ថា លោក​បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ឆបោក​ក្នុង​សំណុំ​រឿង​ដី​ជា​អំណោយទាន​មួយ​កន្លែង នៅ​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​ចៅក្រម​មិន​ឃុំ​ខ្លួន​លោក ព្រោះ​មិន​មាន​ភស្តុតាង​មាន​ទម្ងន់​គ្រប់គ្រាន់។

លោក សៀ ភារម្យ៖ «ជា​លទ្ធផល គឺ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​មិន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ដីកា​បញ្ជូន​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​របស់​លោក​ចៅក្រម​ស៊ើបសួរ ដែល​គាត់​ជា​ប្រធាន​តុលាការ​កំពង់ស្ពឺ ថ្មី ដោយ​គាត់​ធ្វើការ​សម្រេច​ចិត្ត​មិន​តាម​ការ​ស្នើ​សុំ​របស់​ព្រះរាជអាជ្ញា ហើយ​យើង​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ចៅក្រម​ដែរ ដែល​មាន​សុភវិនិច្ឆ័យ​ត្រឹមត្រូវ​ក្នុង​ការ​ពិនិត្យ​យ៉ាង​លម្អិត​ស៊ីជម្រៅ​អំពី​ករណី​ព្រហ្មទណ្ឌ​នេះ»

លោក​បញ្ជាក់​បន្ថែម​ថា ម្ដាយ​ធំ​របស់​លោក​មុន​ពេល​ស្លាប់​បាន​ផ្ដល់​ដី​ជា​អំណោយ​មួយ​កន្លែង​ក្នុង​ផ្សារ​ត្រាំខ្នារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត ចោទ​ថា បាន​ក្លែង​លិខិត​ប្រគល់​ដី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​ឈ្នះ​ក្ដី​រដ្ឋប្បវេណី​ជា​ម្ចាស់​កម្មសិទ្ធិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។ នៅ​ពេល​លោក​ចូល​ទៅ​ជួប​ចៅក្រម​នោះ ក៏​មាន​ពលរដ្ឋ​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ ប្រមាណ ៣០​នាក់ ទៅ​ឃ្លាំមើល និង​គាំទ្រ​លោក​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យោធា​កម្ពុជា​ថា​យោធា​ឡាវ​នៅ​តែ​បន្ត​ឈរ​ជើង​លើ​ដី​ខ្មែរ​នៅ​កោះ​ឫស្សី​ខេត្ត​ស្ទឹងត្រែង

$
0
0

យោធា​ការពារ​ព្រំដែន​កម្ពុជា នៅ​ខែត្រ​ស្ទឹងត្រែង អះអាង​ថា យោធា​ឡាវ នៅ​តែ​បន្ត​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​នៅ​កោះ​ឫស្សី​ដដែល ពុំ​មាន​អ្វី​ប្រែប្រួល​ទេ បំណង​រារាំង​កង​កម្លាំង​វិស្វកម្ម​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ និង​ចង់​គ្រប់គ្រង​ទីនោះ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា ក្រសួង​សាមី​មិន​ទាន់​ឃើញ​របាយការណ៍​ស្ដីពី​ការ​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា ដោយ​យោធា​ឡាវ នោះ​ទេ។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា នៅ​ខែត្រ​ស្ទឹងត្រែង ថា​យោធា​ឡាវ បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​នៅ​ចំណុច​កោះ​ឫស្សី និង​បាន​ជីក​លេណដ្ឋាន​នៅ​តំបន់​នោះ​ជាង​មួយ​ខែ​មក​ហើយ​ក្តី ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ទាត់​ចោល​ការ​លើក​ឡើង​នេះ។

យោធា​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ប្រទេស​ទាំង​ពីរ មិន​អាច​ឈាន​ដល់​ផ្ទុះ​អាវុធ​នោះ​ទេ ក៏ប៉ុន្តែ​ភាគី​ឡាវ កំពុង​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា ទាំងស្រុង ដោយ​បាន​ជីក​លេណដ្ឋាន​ច្រើន​ទីតាំង​នៅ​តំបន់​នោះ និង​ដាក់​កម្លាំង​ទ័ព​ឈរ​ជើង​ឡោម​ព័ទ្ធ​ទីស្នាក់ការ​យោធា​របស់​កម្ពុជា ហើយ​ចំណុច​ដែល​ឡាវ ឈ្លានពាន​នោះ ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន​នៃ​ទន្លេ​សេកុង​ច្រើន​គីឡូម៉ែត្រ។

លោក​អះអាង​ថា គោល​បំណង​ដែល​ឡាវ ចង់​គ្រប់គ្រង​កោះ​ឫស្សី ដោយសារ​សក្ដានុពល​ទីនោះ​សម្បូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង​ធម្មជាតិ​មាន​តម្លៃ។ លោក​បញ្ជាក់​ថា កោះ​ឫស្សី​ឋិត​ក្នុង​ទន្លេ​សេកុង នៃ​ស្រុក​សៀមប៉ាង គឺ​ជា​ទឹក​ដី​របស់​ខ្មែរ​ដែល​យោធា​របស់​កម្ពុជា គ្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ និង​បាន​កសាង​ស្ពាន​ឆ្លង​ទៅ​កោះ​នោះ​សម្រេច​បាន​ប្រហែល ៣០​ភាគរយ​ហើយ។

អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ជា​ថ្មី​ទៀត​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាងាវ និង​អូរ​អាល័យ លើ​កោះ​ឫស្សី នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​លើក​ហេតុផល​ថា តំបន់​នោះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បដិសេធ​ថា ពុំ​មាន​ការ​ជីក​លេណដ្ឋាន និង​បញ្ជូន​កម្លាំង​ទ័ព​ចូល​ដី​ខ្មែរ​ដោយ​យោធា​ឡាវ នោះ​ទេ ហើយ​ការ​វាស់វែង​បច្ចេកទេស​ព្រំដែន គឺ​ជា​កាតព្វកិច្ច​របស់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ចំណែក​យោធា​កម្ពុជា កំពុង​រង់ចាំ​តែ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នេះ។

លោក​បញ្ជាក់​ថា ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​យោធា​ឡាវ ធ្លាប់​រារាំង​កន្លង​ទៅ អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដោះស្រាយ​រួច​រាល់​ហើយ៖ «មក​ដល់ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រួត​ពិនិត្យ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ឡាវ ហើយ​គឺ​ពុំ​មាន​ស្ថានភាព​ហ្នឹង​ទេ គឺ​ស្ថានភាព​ដែល​មាន​ជីក​លេណដ្ឋាន​ចូល​ដី​ខ្មែរ គឺ​អត់​មាន​ទេ​រឿង​ហ្នឹង។ ធ្វើ​ផ្លូវ​យើងនៅ​តែបន្ត​ធ្វើ​ដដែល ពុំ​មាន​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​ទេ ដោយឡែក​ការ​វាស់វែង​ព្រំដែន គណៈកម្មការ​ព្រំដែន​នឹង​ធ្វើការ​បន្ត​ជាមួយ​ភាគី​ឡាវ ខាង​យោធា​គឺ​រង់ចាំ​តែ​គណៈកម្មការ​ព្រំដែន​ជាតិ​ទាំង​ពីរ​ដោះស្រាយ​ទៅ យើង​ធ្វើ​តាម​ហ្នឹង​ទៅ វា​អត់​មាន​បញ្ហា​ទំនាស់​ទាស់ទែង​នោះ​ទេ។ ខ្ញុំ​មិន​សន្និដ្ឋាន​ថា វា​ពិត ឬ​មិន​ពិត​ទេ តែ​ខ្ញុំ​ពុំ​ទាន់​មាន​របាយការណ៍​មក​ក្រសួង​ការពារ​ជាតិ នៅ​ឡើយ​ទេ​រឿង​ហ្នឹង»

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ក្រោយ​ពី​អាជ្ញាធរ​ខែត្រ​បាន​ផ្ញើ​លិខិត​ស្នើ​ទៅ​ក្រសួង​ការ​បរទេស ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​ការ​ជាមួយ​គ្នា​រួច​ហើយ។ តែ​យ៉ាង​ណា លោក​ពុំ​បញ្ជាក់​លម្អិត​ពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ៖ «ទំនាក់ទំនង​ការទូត​គេ​បាន​កំណត់​គ្នា​ថា ធ្វើ​ម៉េច? អា​ហ្នឹង​ការងារ​ផ្ទៃក្នុង​របស់​ក្រសួង​ការ​បរទេស ដែល​គាត់​បាន​ឯកភាព​គ្នា ហើយ​បាន​ជូន​ព័ត៌មាន​ទៅ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ដែរ។ ដោយឡែក​ភាគី​កម្ពុជា យើង​នៅ​តែ​មាន​គោល​ជំហរ​ការពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន»

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៧ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ធ្វើ​របាយការណ៍​បញ្ហា​នេះ​ទៅ​ក្រសួង​ការ​បរទេស និង​ចម្លង​ជូន​ក្រសួង​មហាផ្ទៃ ហើយ​ខ្លឹមសារ​ដែល​រាយការណ៍​នោះ​ទាក់ទិន​ស្ថានភាព​ព្រំដែន​ដែល​កម្លាំង​សមត្ថកិច្ច​របស់​ឡាវ ឆ្លង​ចូល​មក​ក្នុង​បន្ទាត់​មួយ​ចំនួន​ឋិត​ក្នុង​ទឹក​ដី​របស់​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​១១ ឧសភា ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់។

ចំណែក​មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ថា យោធា​ឡាវ បាន​ជីក​លេណដ្ឋាន​ក្នុង​ទឹក​ដី​កម្ពុជា ច្រើន​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា នៅ​តែ​បន្ត​ស្ថាបនា​ផ្លូវ​ព្រំដែន​ដដែល ពោល​គឺ​ដោះស្រាយ​បណ្ដើរ និង​ចរចា​បណ្ដើរ ហើយ​រហូត​មក​ទល់​ពេល​នេះ កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ស្ថាបនា​ផ្លូវ​បាន​ប្រហែល ១៧០​គីឡូម៉ែត្រ​ហើយ៖ «ថ្នាក់​ជាតិ ថ្នាក់​ខែត្រ និង​ថ្នាក់​យោធា គេ​កំពុង​ដោះស្រាយ​មិន​អី​ទេ! ធ្វើ​បណ្ដើរ ចរចា​ដោះស្រាយ​បណ្ដើរ ព្រោះ​កន្លែង​វា​មិន​ទាន់​បោះ​បង្គោល»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្ស័យ​ថា អាជ្ញាធរ​កម្ពុជា ហាក់​ដូចជា​ធ្វេសប្រហែស​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ការទូត និង​ការ​ដោះស្រាយ​ដោយ​ទ្វេ​ភាគី​ក្តី។ លោក​មើល​ឃើញ​ថា អន្តរាគមន៍ និង​ការ​ឆ្លើយតប​របស់​ភាគី​កម្ពុជា ហាក់​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​នោះ​ទេ។ បញ្ហា​នេះ លោក​បារម្ភ​ថា ភាគី​កម្ពុជា នៅ​តែ​ចាញ់​ប្រៀប​ជាង​ភាគី​ឡាវ ក្នុង​រឿង​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អភិបាល​ស្រុក​បរិបូណ៌​ស្នើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​វិញ

$
0
0

អាជ្ញាធរ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សហគ្រិនភាព ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​វិញ ក្រោយ​ពេល​ពលរដ្ឋ​អះអាង​ថា គេ​បាន​សង​កម្ចី​រួច​រាល់​ជាច្រើន​ខែ​ហើយ ប៉ុន្តែ​គ្រឹះស្ថាន​មិន​ព្រម​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​វិញ។ តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សហគ្រិនភាព ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ថា​នឹង​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ។

អភិបាល​ស្រុក​បរិបូណ៌ លោក ឃួន សៅរុំ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ស្នើ​ឲ្យ​ប្រធាន​គ្រឹះស្ថាន​សហគ្រិនភាព ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​កាន់យួរ ឃុំ​មេលំ ឈ្មោះ ជុន ស៊ីណា វិញ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មូលដ្ឋាន។ លោក​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ពលរដ្ឋ​បាន​ខ្ចី​ប្រាក់​មក​ប្រើប្រាស់ ហើយ​សង​វិញ​ចប់​សព្វគ្រប់​ហើយ គឺ​ត្រូវ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​គាត់​វិញ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អត្តសញ្ញាណប័ណ្ណ និង​លោក​អភិបាល​ស្រុក ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​ការ​ស្នើសុំ​នេះ​បាន​ទេ។

ប៉ុន្តែ​មេ​ឃុំ​មេលំ លោក កេត សុឃា ថា​ករណី​ដកហូត​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ដើម​ដើម្បី​ធានា​លើ​ការ​ខ្ចី​បុល​ដោយ​គ្រឹះស្ថាន​នេះ ទើប​បែក​ធ្លាយ​ពេល​លោក​ចុះ​សួរ​រក​ពលរដ្ឋ​ដែល​អត់​អត្តសញ្ញាណប័ណ្ណ ដើម្បី​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត៖ «កិច្ចការ​នេះ ខ្ញុំ​ឯកភាព​ទៅ​តាម​លោក​អភិបាល ដែល​លោក​បាន​ធ្វើ​ការ​សំណូមពរ គឺ​ចង់​បាន​ថា​ការ​ប្រគល់មិន​ត្រូវ​ប្រគល់​ខ្សឹប​ទេ ត្រូវ​មាន​អាជ្ញាធរ​ទទួល​ខុស​ត្រូវ កុំ​ឲ្យ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ វា​មាន​បញ្ហា​ឆ្លើយ​ដាក់​គ្នា។ ខ្ញុំ​ចង់​អំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ ទាំង​មក​ពាក់ព័ន្ធ​លើ​ឯកសារ​របស់​ពលរដ្ឋ មិន​គិត​តែ​ពេល​បោះឆ្នោត​ទេ គាត់​មាន​តម្រូវការ​ប្រើប្រាស់​ទៅ​លើ​ស្អី​ផ្សេងៗ ត្រូវ​ថត​ឯកសារ​ហ្នឹង​ទុក​ទៅ កុំ​ឲ្យ​ដកហូត​ឯកសារ​របស់​គាត់។ ដល់​ពេល​មាន​តម្រូវការរបស់​គាត់ ធ្វើ​អត់​បាន អ៊ីចឹង​ជា​បញ្ហា​ប្រឈម​ដល់​ពលរដ្ឋ»

លោក​មេ​ឃុំ​បញ្ជាក់​ថា ពលរដ្ឋ​ក្នុង​ឃុំ​លោក​ឈ្មោះ ជុន ស៊ីណា បាន​ខ្ចី​ប្រាក់​ចំនួន ៩០​ម៉ឺន​រៀល​ពី​គ្រឹះស្ថាន ហើយ​បាន​សង​កម្ចី​រួច​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ ប៉ុន្តែ​ភ្នាក់ងារ​ឥណទាន​នេះ​បាន​ផ្អឹប​អត្តសញ្ញាណប័ណ្ណ​គាត់​ទុក​ជាច្រើន​ឆ្នាំ​ហើយ បើ​គិត​តាំង​ពី​ពេល​ដែល​គាត់​ខ្ចី​លុយ​លើក​ដំបូង​មក។ លោក​ថា គ្រឹះស្ថាន​ឯកជន​ពុំ​មាន​សិទ្ធិ​ដកហូត ឬ​រក្សា​ទុក​ឯកសារ​ដើម ក្រៅ​ពី​ឯកសារ​ថត​ចម្លង​ឡើយ។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សហគ្រិនភាព ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សាន់ វណ្ណៈ បញ្ជាក់​ថា គ្រឹះស្ថាន​របស់​លោក​ឈប់​រក្សា​ទុក​ឯកសារ​ដើម ឬ​អត្តសញ្ញាណប័ណ្ណ​របស់​អតិថិជន​ដែល​បាន​ខ្ចី ឬ​បញ្ចាំ​របស់​ហើយ ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​បញ្ឈប់។ ប៉ុន្តែ​ចំពោះ​ករណី​នេះ ប្រហែល​កើត​ឡើង​ជាច្រើន​ឆ្នាំ​ហើយ ទើប​លោក​ដែល​ជា​អ្នក​គ្រប់គ្រង​ថ្មី​មិន​ទាន់​បាន​ដឹង៖ «ខ្ញុំ​អត់​មាន​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ចូល​មក​ដាក់​លិខិត​អី​អញ្ជើញ​ទៅ​ជួប ឬ​ដោះស្រាយ​អី​អត់​ដែល​មាន​ផង! ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង ទាល់​តែ​ខ្ញុំ​ជូន​ដំណឹង​ទៅ​ថ្នាក់​លើ ហើយ​ឲ្យ​ថ្នាក់​លើ​ខ្ញុំ គេ​ចាត់ចែង​ដោះស្រាយ​តាម​ហ្នឹង បើ​សិន​រឿង​ហ្នឹង​យ៉ាង​ម៉េច ក៏​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ដែរ។ និយាយ​ទៅ​ខ្ញុំ​ទើប​មក​កាន់ ប៉ុន្តែ​ខ្ញុំ​មក​កាន់មួយ​រយៈ​នេះ​អត់​ទាន់​មាន​ទេ គឺ​ឯកសារ​បើ​អត់​ដាក់​ប្លង់ អា​ហ្នឹងឯកសារ​គេគ្រាន់​តែ​កូពី (copy = ថត​ចម្លង) ទេ​ណា​បង»

រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ជំរុញ​ឲ្យ​នគរបាល​ចេញ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​បាន​ទាន់​ពេលវេលា និង​ទប់ស្កាត់​ការ​រំខាន​នានា​ដល់​ការ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ស្រប​ច្បាប់​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ពន្យល់​មូលហេតុ​នាំ​ទំនិញ​ចេញ​តិច​ជាង​នាំ​ចូល

$
0
0

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ តាម​រយៈ​ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​ពី​មូលហេតុ​ដែល​កម្ពុជា នាំ​ចូល​ទំនិញ​ច្រើន​ពី​ប្រទេស​ជិត​ខាង ប៉ុន្តែ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ជិត​ខាង​វិញ​តិចតួច។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម ឆ្លើយ​វិញ​ថា ក្រសួង​នឹង​ផ្តល់​ចម្លើយ ឬ​របាយការណ៍​តាម​សំណើ​របស់​រដ្ឋសភា។

លិខិត​របស់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បំភ្លឺ​តាម​រយៈ​លិខិត ចំពោះ​សំណួរ​ថា តើ​ទិន្នន័យ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​រយៈពេល ៥​ឆ្នាំ​កន្លង​ទៅ មាន​តួលេខ​ដូចម្តេច? តើ​កម្ពុជា ទិញ និង​លក់​អ្វី​ខ្លះ​ទៅ​ប្រទេស​ជិត​ខាង? វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម ឬ​ការ​នាំ​ចេញ​តិច​ជាង​ការ​នាំ​ចូល​ជាមួយ​ប្រទេស​ជិត​ខាង។

បញ្ជាក់​បន្ថែម​ពី​ខ្លឹមសារ​លិខិត​នេះ លោក សុន ឆ័យ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​ព្រួយ​បារម្ភ​ពី​អតុល្យភាព​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា ដែល​មាន​ចំនួន​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចូល​ទំនិញ​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​ថា បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​មក​កម្ពុជា ក្នុង​ពេល​ខាង​មុខ។ លោក​បន្ត​ថា ការ​ចង់​ដឹង​ពី​ការ​ផ្លាស់ប្ដូរ​ទំនិញ​នេះ អាច​ទប់ស្កាត់​ការ​នាំ​ចូល​ទំនិញ​ណា​ដែល​កម្ពុជា កំពុង​ផលិត​បាន៖ «ដើម្បី​ចង់​ដឹង​ថា តើ​អ្វី​ខ្លះ​ដែល​យើង​អាច​ផលិត​បាន? ហេតុ​អី​បាន​ជា​យើង​ត្រូវ​ទិញ​ពី​គេ​ទៀត? ឧទាហរណ៍ បន្លែ​ដែល​មាន​ជាតិ​គីមី​ពី​ប្រទេស​វៀតណាម ដើម្បី​យើង​យក​មកពិនិត្យ​មើល​ថា យើង​មាន​មធ្យោបាយ​អ្វី​ដើម្បី​ទប់ស្កាត់»

មូលហេតុ​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចង់​ដឹង​ពី​បញ្ហា​ទាំងនោះ ក្រោយ​ពេល​លោក សុន ឆ័យ ទទួល​ព័ត៌មាន​អំពី​តួលេខ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦ របស់​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ រួម​មាន ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​វៀតណាម មាន​តម្លៃ ២.២០០​លាន​ដុល្លារ​អាមេរិក ចំណែក​កម្ពុជា នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម វិញ​បាន​ត្រឹម ៧២៥,៨​លាន​ដុល្លារ​អាមេរិក។ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ មាន​តម្លៃ ៤.៧០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ថៃ វិញ ៩៣៦​លាន​ដុល្លារ​អាមេរិក។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ខុទ្ទកាល័យ​នៃ​ក្រសួង​មិន​ទាន់​ទទួល​លិខិត​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កញ្ញា​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នឹង​ឆ្លើយតប​តាម​រយៈ​លិខិត​ទៅ​រដ្ឋសភា វិញ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ពន្យល់​ថា មូលហេតុ​ដែល​កម្ពុជា នាំ​ចេញ​ទំនិញ​តិច​ជាង​ការ​នាំ​ចូល ព្រោះ​សមត្ថភាព​ផលិត​បាន​តិច ធនធាន​មនុស្ស សម្ភារ ទំនាក់ទំនង​អន្តរជាតិ ជាដើម៖ «អត់​បញ្ហា​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ មក​ពីជួនកាល​គាត់អត់​បានចំណាយ​ពេល​ស្គាល់​ពី​សាវតា​ពី​ប្រទេស​របស់​យើង យើង​ត្រូវ​ឆ្លុះ​កញ្ចក់មើល​ខ្លួន​ឯង​ថា តើ​យើង​មាន​សមត្ថភាព​ផលិត​បាន​ប៉ុនណា»

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី លើក​ឡើង​ថា បញ្ហា​ទាំងនេះ​មិន​មែន​ជា​ការ​ទទួល​បន្ទុក​របស់​ក្រសួង​ពាណិជ្ជកម្ម តែ​ឯង​នោះ​ទេ គឺ​ទាមទារ​អន្តរ​ក្រសួង​ជួយ​ដោះស្រាយ។

ទោះ​ភាគី​ក្រសួង​ពាណិជ្ជកម្ម លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំងនោះ​ក្តី សមាជិក​សភា លោក សុន ឆ័យ ថា​ប្រសិន​បើ​លិខិត​របស់​រដ្ឋមន្ត្រី​បំភ្លឺ​បែប​នេះ ជា​ការ​ពន្យល់​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ព្រោះ​លោក​ថា​រយៈពេល​ជាង ៣០​ឆ្នាំ​ដែល​កម្ពុជា មាន​សុខ​សន្តិភាព។ ហេតុ​អី​នៅ​ជួប​បញ្ហា​ទាំងនេះ​ទៀត?

លោក សុន ឆ័យ ពន្យល់​ថា មូលហេតុ​ដែល​លោក​ចង់​បាន​ការ​ឆ្លើយ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា តាម​រយៈ​លិខិត ព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​សភា។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​ឲ្យ​បំភ្លឺ​តាម​រយៈ​លិខិត​នេះ​ជា​នីតិវិធី​ដំបូង ប្រសិន​បើ​លិខិត​របស់​រដ្ឋមន្ត្រី​ឆ្លើយ​បំភ្លឺ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ លោក​នឹង​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ៖ អាស៊ាន​ត្រូវ​ពង្រឹង​សមត្ថភាព​ពលរដ្ឋ​ដើម្បី​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី

$
0
0

ចំ​ពេល​ដែល​អាស៊ាន​ដើរ​មក​ដល់​សម័យ​រីក​ចម្រើន និង​ការ​ផ្លាស់ប្ដូរ​លឿន​ដោយសារ​បច្ចេកវិទ្យា អ្នក​ជំនាញ​ផ្តល់​យោបល់​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​រាជធានី​ភ្នំពេញ ថា អ្នក​ធ្វើ​គោល​នយោបាយ​ក្នុង​តំបន់​នេះ គួរ​គិតគូរ​ផ្ដោត​លើ​ការ​បង្កើត​ការងារ និង​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ត្រូវ​ចែក​រំលែក​កំណើន​នេះ​ដល់​ប្រជាជន​ដោយ​មិន​រើស​មុខ។

សូម​ស្ដាប់​លោក សាន សែល រាយការណ៍​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋ​សភា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​អតីត​ប្រធាន​គ.ជ.ប​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​​ធម្មនុញ្ញ

$
0
0

រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គឺ​លោក អ៊ឹម សួស្តី ដែល​ជា​បេក្ខភាព​តែ​ម្នាក់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ខាង​មុខ។ គម្រោង​ជ្រើសរើស​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ប្រជុំ​អនុម័ត​ដាក់​បេក្ខភាព​លោក អឹម សួស្តី ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា មាន​បេក្ខភាព​បី​រូប​បាន​ដាក់​ពាក្យ​មក​រដ្ឋ​សភា​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ បន្ទាប់​ពី​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​មរណៈ ប៉ុន្តែ​ក្នុង​ចំណោម​បេក្ខជន​ទាំង​បី​រូប មាន​តែ​លោក អ៊ឹម សួស្ដី ម្នាក់​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

អតីត​ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី ត្រូវ​ប្តូរ​តំណែង​ចេញ​ពី​ប្រធាន គ.ជ.ប កាល​ពី​ឆ្នាំ​២០១៥ ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួប​រួម​គ្នា​កែ​ទម្រង់​សមាស​ភាព​ក្បាល​ម៉ាស៊ីន គ.ជ.ប ថ្មី។ ស្ថាប័ន​បោះ​ឆ្នោត​ក្នុង​អាណត្តិ​លោក អ៊ឹម សួស្តី គ្រប់គ្រង​រង​ការ​រិះគន់​ថា​លំអៀង​ទៅ​គណបក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​នៅ​តែ​បារម្ភ​រឿង​ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បោះ​ឆ្នោត​មិន​មាន​គុណភាព

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ថា បញ្ហា​ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​សម្គាល់​ថា បាន​បោះឆ្នោត​ហើយ​នោះ នឹង​លែង​មាន​បញ្ហា​រឿង​លុប​ជ្រះ​ទៀត​ទៀត​ហើយ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ ព្រោះ​ថា បើ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ​ពុំ​មាន​គុណភាព ឬ​អាច​លុប​ជ្រះ​ដូច​កាល​បោះឆ្នោត​អាណត្តិ​មុន​ឆ្នាំ​២០១៣ នោះ នឹង​មាន​អ្នក​បន្លំ​ចូល​បោះឆ្នោត​លើស​ពី​ម្ដង​បាន។

ការ​ព្រួយ​បារម្ភ​នេះ​នៅ​ពេល​ដែល​គំរូ​ទឹក​ថ្នាំ​បោះឆ្នោត​ដែល គ.ជ.ប ទទួល​ទិញ​ពី​ក្រុមហ៊ុន​មួយ​ពី​ប្រទេស​ឥណ្ឌា ឈ្មោះ Mysore Pain & Varnish ពិសោធន៍​ទៅ​ឃើញ​ថា អាច​លុប​ជ្រះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា។

​ក្រុមហ៊ុន Mysore Pain & Varnish នេះ ធ្លាប់​មាន​បញ្ហា​លក់​ទឹក​ថ្នាំ​មិន​មាន​គុណភាព​មក​ឲ្យ​កម្ពុជា ម្ដង​រួច​មក​ហើយ កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ឥឡូវ​នេះ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត​លែង​មាន​បញ្ហា​ទៀត​ហើយ​ដោយសារ គ.ជ.ប ទើប​បាន​ទទួល​គំរូ​ទឹក​ថ្នាំ​ថ្មី​ពី​ក្រុមហ៊ុន​ដដែល​នេះ ប៉ុន្តែ​តាម​ការ​ពិសោធ​បឋម ទឹក​ថ្នាំ​ក្រោយ​នេះ​មាន​គុណភាព​ល្អ​ជាង​មុន ដែល​មិន​អាច​លុប​ជ្រះ​ភ្លាមៗ​បាន​ឡើយ៖ «អា​គំរូ​ដំបូង​នេះ​បាន​បង្ហាញ​ថា យើង​អាច​លាង​ជ្រះ ឥឡូវ​អា​ទើប​មក​ដល់​ជាង ៤​ម៉ឺន​ដប​ក្រោយ​នេះ​មាន​គុណភាព​ផ្សេង​ទៅ​វិញ…! ជាក់ស្ដែង​ពេល​ដែល​ទឹក​ថ្នាំ​មក​ដល់​ពេល​ដែល​ជ្រលក់​ទៅ​មាន​កម្លាំង​មួយ​រឹប​ក្រចក​ដល់​ចុង​ដៃ អ៊ីចឹង គ.ជ.ប មាន​សង្ឃឹម​ថា ទឹក​ថ្នាំ​ក្រោយ​នេះ​មិន​អាច​លុប​ជ្រះ​ទេ»

​លោក​បន្ត​ថា ទឹក​ថ្នាំ​ជាង ៤​ម៉ឺន​ដប​នេះ មាន​តម្លៃ​ជិត ៨​សែន​ដុល្លារ។ គ.ជ.ប នឹង​ធ្វើ​ពិសោធន៍​ពី​ទឹក​ថ្នាំ​ថ្មី​នេះ​ទៀត ជា​សាធារណៈ​នៅ​សប្ដាហ៍​ក្រោយ។

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត ស្នើ គ.ជ.ប ធ្វើការ​ពិសោធន៍​ដោយ​ទុក​ពេល​កុំ​កៀក​នឹង​ថ្ងៃ​បោះឆ្នោត​ពេក ទើប​អាច​វាយ​តម្លៃ​ចំពោះ​ទឹក​ថ្នាំ​នោះ​ថា​ពិត​ជា​មាន​គុណភាព ឬ​គ្មាន​គុណភាព​បាន។

លោក ហង្ស ពុទ្ធា បញ្ជាក់​ទៀត​ថា ទោះ​បី​ទឹក​ថ្នាំ​អាច​លុប​ជ្រះ ក៏ គ.ប.ជ នៅ​តែ​អាច​ធានា​បាន​ថា នឹង​មិន​ឲ្យ​មាន​ករណី​អ្នក​បោះឆ្នោត​បាន​លើស​ពី​ម្ដង​បាន​នោះ​ទេ ដោយ​ផ្អែក​លើ​វិធីសាស្ត្រ ៥​ចំណុច។ ក្នុង​នោះ​រួម​មាន​បញ្ជី​ឈ្មោះ​ថ្មី ពុំ​មាន​ឈ្មោះ​ស្ទួន មាន​អ្នក​សង្កេតការណ៍​ចាំ​ឃ្លាំមើល​ច្រើន​គ្រប់​ការិយាល័យ មាន​រូបថត និង​ក្រយៅដៃ​អ្នក​បោះឆ្នោត​ជា​សម្គាល់​ជាដើម៖ «មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នឹង​គូស​លើ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ហើយ​សាមី​ខ្លួន​ក៏​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​ខ្លួន​ឯង ហើយ​ក៏​ធិក​មួយ​លើ​ឈ្មោះ​ខ្លួន​ឯង​ដែរ ដើម្បី​បញ្ជាក់​ថា ខ្លួន​បាន​បោះឆ្នោត​រួច​ហើយ។ ចំណុច​ទី​៥ នៅ​ក្នុង​ច្បាប់​ក៏​បាន​កំណត់​អំពី​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ គឺ​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ប្រមាណ​ពី ៥​លាន ទៅ ២០​លាន​រៀល ឬ​អាច​ស្មើ​នឹង ៥​ពាន់​ដុល្លារ។ ទឹក​ប្រាក់​នេះ​ច្រើន អ៊ីចឹង​អាច​គ្មាន​អ្នក​ណា​ប្រថុយប្រថាន​នោះ​ទេ»

​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុធារី នៅ​តែ​យល់​ឃើញ​ថា បើ​សិន​ទឹក​ថ្នាំ​បោះឆ្នោត​មិន​មាន​គុណភាព ការ​បន្លំ​បោះឆ្នោត​លើ​ពី​ម្ដង​នឹង​អាច​កើត​មាន៖ «អ្វី​ដែល​ព្រួយ​បារម្ភ​នោះ គឺ​ក្នុង​ការិយាល័យ​មួយ​អាច​អត់​មាន​ឈ្មោះ​ស្ទួន​ទេ ប៉ុន្តែ​មនុស្ស​ដដែល​នោះ គាត់​ព្យាយាម​ទៅ​បោះ​ពីរ​ដង ដោយសារ​ពេល​គាត់​ទៅ​បោះ​លើក​ទី​ពីរ គឺ​អត់​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា គាត់​បោះ​ពីរ​ដង​ទេ ក្រៅ​តែ​ពី​ការ​គូសបន្ទាត់ និង​គូស​ធិក ហើយ​គេ​អាច​អត់​ទទួល​ស្គាល់​ការ​គូសបន្ទាត់ និង​គូស​ធិក​នោះ​បាន...»

​ចំពោះ​សំណួរ​ថា តើ​ហេតុ​អ្វី​បាន គ.ជ.ប នៅ​តែ​ទទួល​ទិញ​ទឹក​ថ្នាំ​ពី​ក្រុមហ៊ុន​ចាស់​ដដែល ដែល​ធ្លាប់​ផលិត​ទឹក​ថ្នាំ​មិន​មាន​គុណភាព​កាល​ពី​ឆ្នាំ​២០១៣ កន្លង​មក​នោះ?

​លោក ហង្ស ពុទ្ធា ពន្យល់​ថា គ.ជ.ប បាន​ទទួល​គំរូ​ទឹក​ថ្នាំ​ពី​ប្រទេស​៣​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​ដោយសារ​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ពិសោធ​រក​គុណភាព ទើប​សម្រេច​យក​ផលិតផល​ពី​ក្រុមហ៊ុន​ចាស់​ដដែល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍"

$
0
0

អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល​បាន​ចំនួន ៤​លើក​ហើយ ហើយ​ក្នុង​ចំណោម​ទាំង​៤​លើក​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា។ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ ក្រុម​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ បាន​ជ្រើស​យក​ប្រធានបទ​ថ្មី​គឺ "បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍"។

ការ​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៧​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នីមួយៗ ស្វែង​រក​យន្តការ​រួម​មួយ រួច​ហើយ​នាំ​គ្នា​ប្រើប្រាស់​យន្តការ​នោះ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ការ​បើកបរ​ល្បឿន​លើស​កំណត់។

នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោកស្រី លឹម សុខជា ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ចំនួន ៣​លើក​មក​ហើយ ដោយ​លើក​ទី​១ ក្រោម​ប្រធានបទ “ការ​ចូលរួម​របស់​យុវជន​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍" លើក​ទី​២ ក្រោម​ប្រធានបទ "ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ថ្មើរ​ជើង" និង​លើក​ទី​៣ ក្រោម​ប្រធានបទ "ការ​សង្គ្រោះ​ជីវិត​របស់​កុមារ"។

លោកស្រី​បន្ត​ថា ចំណែក​ប្រធានបទ​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៧ នេះ គឺ​អង្គការ​សហប្រជាជាតិ​សម្រេច​ឱ្យ​បណ្ដា​ប្រទេស​នានា ជ្រើស​យក​ប្រធានបទ "បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍"។

លោកស្រី លឹម សុខជា បញ្ជាក់​ថា កន្លង​មក​ទាំង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល មិន​សូវ​ចាប់​អារម្មណ៍​នឹង​ប្រធានបទ​បើកបរ​លើស​ល្បឿន​កំណត់ ដូចជា​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ការ​មិន​ពាក់មួក​សុវត្ថិភាព ថ្វី​ត្បិត​ក្នុង​មួយ​ឆ្នាំៗ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្លាប់ និង​រង​របួស​ដោយសារ​បើកបរ​លើស​ល្បឿន​កំណត់​មាន​ចំនួន ៤១% ក្ដី៖ «»។

​ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សារព័ត៌មាន​ស្ដីពី​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ "បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍" ដែល​រៀបចំ​នៅ​ក្នុង​សាលាបឋមសិក្សា​ព្រែកឯង នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។

មន្ត្រី​ជំនាញ​ចរាចរណ៍​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស គឺ​បង្ក​ឡើង​ដោយសារ​បើកបរ​លើស​ល្បឿន​កំណត់​មាន​ចំនួន ៣៥%។ ដោយ​ឡែក​ក្នុង​រយៈពេល ៣​ខែ​ក្នុង​ឆ្នាំ​២០១៧ នេះ អាជ្ញាធរ​បាន​ឃាត់​យានយន្ត​ដែល​បើក​លើស​ល្បឿន​មាន​ជាង ១​ម៉ឺន (១០.៧៧៨) គ្រឿង។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ចេវ ហាក់ ថ្លែង​ថា ការ​បើក​បរ​លើស​ល្បឿន​កំណត់ គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហេតុ​នេះ​ហើយ បាន​ជា​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់​គ្រប់​ខេត្ត​ទាំង​អស់ អាជ្ញាធរ​បាន​ពង្រាយ​ម៉ាស៊ីន​តាម​ដាន​ល្បឿន​យានយន្ត ហើយ​បច្ចុប្បន្ន អាជ្ញាធរ​បាន​ដាក់​លិខិត​អញ្ជើញ​ម្ចាស់​យន្តយាន​ដែល​បើកបរ​លើស​ល្បឿន​មាន​ជាង ១​ម៉ឺន​ករណី ដើម្បី​មក​បំពេញ​បែបបទ​តាម​នីតិវិធី​ច្បាប់៖ «»។

​លោក ចេវ ហាក់ បន្ត​ថា ការ​បើកបរ​លើស​ល្បឿន​កំណត់​កើត​ឡើង​ច្រើន​ក្នុង​អំឡុង​ពិធី​ធំៗ ជា​ពិសេស​គឺ​អ្នក​បើក​រថយន្ត​ឈ្នួល និង​អ្នក​បើកបរ​ផ្គើន​នឹង​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត រួម​ទាំង​ការ​ចុះ​អប់រំ​នៅ​តាម​សាលារៀន​ក្រុមហ៊ុន និង​នៅ​តាម​បណ្ដា​ចំណត​យានយន្ត​នានា។

នាយក​សាលាបឋមសិក្សា​ព្រែកឯង លោក ពៅ សុផាត លើក​ឡើង​ថា រៀងរាល់​ថ្ងៃ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ចេញ​ទៅ​ផ្ទះ សាលា​លោក​រៀបចំ​ដាក់​បារាស បិទ​ផ្លូវ​ដើម្បី​ឱ្យ​កូន​សិស្ស​ឆ្លង​ផ្លូវ ប៉ុន្តែ​កន្លង​កូន​សិស្ស​ធ្លាប់​រង​របួស​ដោយសារ​អ្នក​បើកបរ​លើស​ល្បឿន​មួយ​ចំនួន បើកបរ​ជ្រុល​មក​បុក​បារាស​បិទ​ផ្លូវ​នោះ៖ «»។

​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ដឹង​ថា នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​មនុស្ស​ប្រហែល ១,៣​លាន​នាក់ បាន​ស្លាប់ និង​ជាង ៥០​លាន​នាក់ រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ អង្គការ​ពិភពលោក​មួយ​នេះ​បញ្ជាក់​ថា ពាក់កណ្ដាល​នៃ​អ្នក​ស្លាប់​ទាំង​នេះ គឺ​ជា​អ្នក​ថ្មើរ​ជើង អ្នក​ជិះ​កង់ អ្នក​ជិះ​ម៉ូតូ។ ក្រៅ​ពី​មាន​អ្នក​ស្លាប់ និង​រង​របួស គ្រោះថ្នាក់​ចរាចរណ៍​ក៏​ធ្វើ​ឱ្យ​ខាតបង់​ទាំង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​សង្គម​នីមួយៗ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ការ​កំណត់​ទីតាំង​ឃោសនា​បោះ​ឆ្នោត​នៅ​ភ្នំពេញ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​បក្ស​នយោបាយ"

$
0
0

មក​ទល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ចំពោះ​ការ​ស្នើ​សុំ​របស់​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ស្នើ​ឲ្យ​លុបចោល​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន និង​ជួបជុំ​គ្នា​ទី​តាម​ទីផ្សារ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​នោះ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា បក្ស​ប្រឆាំង និង គ.ជ.ប នឹង​ជួប​គ្នា​ដើម្បី​ពិភាក្សា​លើ​ករណី​នេះ នៅ​ដើម​សប្ដាហ៍​ក្រោយ។

អ្នកឃ្លាំមើល​ការ​បោះ​ឆ្នោត និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​លើក​ឡើង​ថា ការ​ហាម​មិន​ឲ្យ​ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន និង​ជួបជុំ​គ្នា​នៅ​តាម​ផ្សារ​ធំៗ​នោះ គឺ​ជា​រឿង​ខុសច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​លើក​ឡើង​ថា អំឡុង​ពេល​បោះឆ្នោត និង​ការ​ឃោសនា​បោះ​ឆ្នោត មាន​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ ត្រូវ​បាន​ច្បាប់​ផ្ដល់​សមត្ថកិច្ច​ដើម្បី​រៀបចំ និង​ចាត់ចែង​ការ​ប្រមូលផ្ដុំ និង​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត។

ការ​ប្រមូលផ្ដុំ និង​ការ​ហែ​ក្បួន​នេះ​មិន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​ទេ ផ្អែក​លើ​មាត្រា​០៣ នៃ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី មិន​អនុវត្ត​ចំពោះ​ការ​ប្រមូល​ផ្ដុំ និង​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ទេ ហើយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម និង​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការងារ​បោះ​ឆ្នោត​នេះ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៨២ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​ សង្កាត់។

ប្រធាន​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​មាន​រយៈពេល​ខ្លី ហើយ​សាលា​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​មួយ​ចំនួន​នេះ ជា​ការ​បាត់បង់​ឱកាស​របស់​គណបក្ស​នយោបាយ​សម្រាប់​ផ្សព្វផ្សាយ​គោលនយោបាយ​ដល់​ប្រជាពលរដ្ឋ៖ «»។

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​តាម​ផ្លូវ ដូចជា​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធ​រុស្ស៊ី ព្រះមុនីវង្ស ព្រះសីហនុ ម៉ៅសេទុង ផ្លូវ​ទេពផន វិថី​សុធារស សុរាម្រិត និង​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង។ ចំណែក​កន្លែង​សាធារណៈ​ដូចជា​នៅ​ផ្លូវ​ជុំវិញ​ផ្សា​ធំ​ថ្មី អូរឫស្សី អូឡាំពិក ទួលទំពូង ផ្សារ​ដេប៉ូ ដើម​គ សួន​មុខ​វាំង វាល​ព្រះមេរុ ផ្នែក​នៃ​សួនច្បារ​មុខ​វត្ត​បទុមវតី ទីធ្លា​រូបសំណាក​លោកយាយ​ពេញ និង​សួន​ច្បារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។

ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ដើម្បី​ស្នើសុំ​ឲ្យ គ.ជ.ប បើក​សិទ្ធិ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ហែ​ក្បួន​ឃោសនា​ដូច​កាល​ពី​អាណត្តិ​មុនៗ​ដែរ។ អ្នកស្រី​បញ្ជាក់​ថា គ.ជ.ប ទទួល​យក​សំណើ​នេះ​ទៅ​ជជែក​គ្នា​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា៖ «»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ដោយសារ​លោក​ជាប់​ប្រជុំ។ ប៉ុន្តែ​អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា បម្រាម​របស់​សាលាក្រុង គឺ​ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​កក​ស្ទះ​ចរាចរណ៍ ព្រោះ​កន្លង​ទៅ ពលរដ្ឋ និង​អាជីវករ​ធ្លាប់​ត្អូញត្អែរ និង​តវ៉ា​នៅ​ពេល​គណបក្ស​ខ្លះ​បាន​ទៅ​ឃោសនា និង​ចែក​ប័ណ្ណ​ឃោសនា​ដល់​ក្នុង​ផ្សារ ព្រម​ទាំង​បិទ​ផ្សាយ​ប័ណ្ណ​ឃោសនា​តាម​របង​ផ្ទះ សាលារៀន និង​មន្ទីរពេទ្យ ដែល​មិន​គោរព​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ។

ទោះ​បី​ជា​បែប​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ស្ដីពី “ការ​បើក​ទូលាយ​ទីធ្លា​សាធារណៈ និង​លើក​ស្ទួយ​សិទ្ធិ​ប្រមូលផ្ដុំ និង​ហែ​ក្បួន​ក្នុង​ការ​ដំណើរ​ការ​ឃោសនា​របស់​គណបក្ស​ប្រកួតប្រជែង” ដោយ​សង្កត់​ធ្ងន់​ថា ការ​ចេញ​បម្រាម​របស់​សាលា​រាជធានី​បិទ​ផ្លូវ​មួយ​ចំនួន​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន ក្រោម​ហេតុផល​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​សម​ហេតុផល​ឡើយ ព្រោះ​ទីតាំង​ទាំង​នោះ គឺ​ជា​កន្លែង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោត។

ក្រុម​អង្គការ​ទាំង​នេះ​បន្ត​ថា ទង្វើ​ដដែល​នេះ​ក៏​មិន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ធានា​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​ដែរ។ ម្យ៉ាងវិញទៀត ការ​ឃោសនា​បោះឆ្នោត​ឃុំ-​សង្កាត់​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​កាត់​បន្ថយ​ការ​ហែ​ក្បួន​មក​ត្រឹម​ចំនួន​ពីរ​ដង​ក្នុង​មួយ​គណបក្ស​នយោបាយ ហើយ​បើ​កាត់​បន្ថយ​ទីធ្លា​សាធារណៈ និង​ផ្លូវ​មួយ​ចំនួន នឹង​ធ្វើ​ឲ្យ​ការ​អនុវត្ត​សិទ្ធិ​ប្រមូលផ្ដុំ និង​ហែ​ក្បួន​កាន់តែ​ធ្លាក់​ចុះ​ថែម​ទៀត។ យ៉ាង​ហោច​ណាស់ ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រកួតប្រជែង​លើក​នេះ ត្រូវ​បើក​ទូលាយ​ក្នុង​ការ​ប្រើប្រាស់​ទីធ្លា​សាធារណៈ​ផ្សេងៗ ដូចជា ពហុកីឡាដ្ឋាន​ជាតិ មហាវិទ្យាល័យ និង​ផ្លូវថ្នល់​នានា ដូច​ការ​បោះឆ្នោត​លើក​មុនៗ​ដែរ។

​គណបក្ស​នយោបាយ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ មាន ៦​គណបក្ស​ក្នុង​ចំណោម​គណបក្ស​ទាំង​១២ រួម​មាន​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ គណបក្ស​ដែល​មាន​បេក្ខជន​គ្រប់​សង្កាត់​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​នោះ គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។

​តំណាង​គណបក្ស​ភាគ​ច្រើន​បាន​ជំទាស់​បម្រាម​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ដោយ​ឡែក​គណបក្ស​កាន់​អំណាច​វិញ មិន​ជំទាស់​ទៅ​នឹង​បម្រាម​របស់​សាលាក្រុង​នេះ​ទេ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា សាលា​រាជធានី​មិន​ត្រូវ​ហាម​ទាំង​ស្រុង​ក្នុង​ការ​ហាម​គណបក្ស​នយោបាយ​ឃោសនា​តាម​ផ្លូវ​មួយ​ចំនួន​នោះ​ទេ គឺ​ត្រូវតែ​បើក​ឲ្យ​ឃោសនា ដោយ​គ្រាន់​តែ​ហាម​ក្នុង​ម៉ោង​ណា​មួយ​ដោយ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ច្រើន៖ «»។

​លោក​បណ្ឌិត សាម អ៊ីន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​សូវ​ខ្វល់​អំពី​ការ​ហាម​របស់​សាលា​រាជធានី​ភ្នំពេញ នេះ​ទេ ព្រោះ​ថា គណបក្ស​កាន់​អំណាច​មាន​លទ្ធភាព​គ្រប់គ្រាន់​រួច​ទៅ​ហើយ​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទោះ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត និង​មុន​ពេល​ឃោសនា។

​អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) កាល​ពី​ឆ្នាំ​២០១៦ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា មាន​កាសែត និង​ទស្សនាវដ្ដី​ប្រហែល​២០ ស្ថានីយ​ទូរទស្សន៍​១៨ និង​ស្ថានីយ​វិទ្យុ​ប្រមាណ ១៧៥ កំពុង​ដំណើរការ ហើយ​បណ្ដាញ​សារព័ត៌មាន​ទាំង​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​រង​ឥទ្ធិពល​ពី​គណបក្ស​កាន់​អំណាច។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ការ​ហាម​របស់​សាលាក្រុង​មិន​ឲ្យ​គណបក្ស​ប្រកួតប្រជែង​ហែ​ក្បួន​តាម​ផ្លូវ​មួយ​ចំនួន​នេះ លោក​មិន​ជំទាស់​នោះ​ទេ ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​គណបក្ស​នយោបាយ​ទាំង​នោះ​ពិត​ជា​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ឃោសនា​ដែរ ឬ​ទេ៖ «»។

​អ្នក​វិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​បន្តិច​ម្ដងៗ ចាប់​តាំង​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៣ មក ដែល​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​មាន​បញ្ហា​អយុត្តិធម៌​សង្គម​បាន​ធ្វើ​បាតុកម្ម​ដូចជា​អ្នក​មាន​ជម្លោះដីធ្លី ធ្លាប់​បាន​ហែ​ក្បួន​បាតុកម្ម​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ។ ការ​រឹតត្បិត​មិន​ឲ្យ​មាន​ការ​ជួបជុំ ឬ​ហែ​ក្បួន​នេះ ពិសេស​នៅ​ក្រោយ​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បញ្ចប់​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​តែងតែ​លើក​ហេតុផល​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​បញ្ហា​កកស្ទះ​ចរាចរណ៍ លើស​ពី​នេះ​ទៀត ការ​ចាប់​ចង​ក៏​រើ​ឡើង​វិញ​ដែរ ក្នុង​នោះ​មាន​សកម្មជន​បក្ស​ប្រឆាំង សមាជិក​រដ្ឋសភា-​ព្រឹទ្ធសភា សកម្មជន​ដីធ្លី បរិស្ថាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ.ជ.ប ដែល​អ្នក​ទាំង​នេះ​កំពុង​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​មេ​ឃុំ​ល្បើក​អំពី​សមិទ្ធផល​និង​បញ្ហា​ប្រឈម​របស់​ឃុំ​ដែល​មិន​ទាន់​ដោះស្រាយ

$
0
0

ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត គឺ​ជា​ឃុំ​តែ​មួយ​គត់​ដែល​មាន​មេ​ឃុំ​មក​ពី​គណបក្ស​សិទ្ធិមនុស្ស ​គឺ​លោក ម៉ែន សុខៃ។ ឃុំ​នេះ​មាន ៥​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ជាង ២​ពាន់​គ្រួសារ។

ពលរដ្ឋ​ប្រកប​របរ​ធ្វើ​ស្រែចម្ការ និង​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ។ ក៏ប៉ុន្តែ​លោក​បាន​បាត់បង់​តួនាទី​របស់​ខ្លួន​ជា​មេ​ឃុំ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​ក្រសួង​មហាផ្ទៃ បាន​បញ្ចប់​តំណែង​ដោយសារ​តែ​លោក​បាន​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេ​ឃុំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។

សម្រាប់​កម្មវិធី “កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ” នៅ​ថ្ងៃ​នេះ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​លោក យ៉ង ចាន់តារា និង​លោក ម៉ែន សុខៃ អំពី​សមិទ្ធផល និង​បញ្ហា​ប្រឈម​ដែល​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ក្នុង​ឃុំ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​នៅ​សៀមរាប​ជាង​៣០០​គ្រួសារ​មាន​កង្វល់​រឿង​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង

$
0
0

ភូមិ​រហាល នៃ​ឃុំ​តាសៀម ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ពី​ទី​រួម​ស្រុក​ស្វាយលើ ​ខេត្ត​សៀមរាប ហើយ​ក៏​ជា​តំបន់​ដែល​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ព្រៃ។ ភូមិ​នោះ គឺ​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ចំនួន​៥ ផ្សេង​ទៀត ដែល​ប្រជាពលរដ្ឋ​តែង​ប្រឈមមុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវ​ប្រាំង។ ក្នុង​មួយ​ថ្ងៃៗ អ្នក​ភូមិ​ជា​ច្រើន​បាន​ចំណាយ​ពេល​ពី​៣ ទៅ ៤​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដង​ទឹក​នៅ​តាម​អូរ ឬ​ក៏​ទៅ​កន្លែង​ដែល​មាន​ទឹក​នៅ​ជិត​ទី​រួម​ស្រុក​ស្វាយលើ ជាដើម។

ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ រស់​នៅ​ភូមិ​រហាល នៃ​ឃុំ​តាសៀម ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង​នៅ​រដូវប្រាំង​ជា​រៀងរាល់​ឆ្នាំ។ ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​តាម​គ្រួសារ​ជា​ប្រចាំ​ថ្ងៃ​នេះ ដោយសារតែ​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​ជីក​អណ្ដូង​មិន​ចេញ ព្រម​ទាំង​មាន​ស្រះ​ទឹក​តិចតួច ដែល​មិន​អាច​ស្ដុក​ទឹក​ទុក​បាន​ច្រើន​ទេ។ នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ ជា​រៀងរាល់​ថ្ងៃ​អ្នក​ភូមិ​រហាល ទាំង​ស្រី ទាំង​ប្រុស ខ្លះ​នាំ​គ្នា​រែក​ធុង និង​ខ្លះ​ទៀត​បើក​គោយន្ត​ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​ទឹក​ដង​មក​ទុក​ប្រើប្រាស់​នៅ​តាម​គ្រួសារ។

បុរស​អ្នក​ភូមិ​រហាល​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ដែល​បើក​គោយន្ត​ដើរ​រក​ដង​ទឹក​តាម​ស្រះ គឺ​លោក ឌឿន ញ៉ង។ លោក​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន គ្រួសារ​របស់​គាត់​ក៏​ដូចជា​អ្នក​ភូមិ​រហាល​ទាំង​អស់ គឺ​ខ្វល់ខ្វាយ​ចំពោះ​រឿង​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ។ ជា​រៀងរាល់ថ្ងៃ​រូប​គាត់​ត្រូវ​គិតគូរ​ទៅ​លើ​រឿង​រក​ទឹក​មក​ទុក​ប្រើប្រាស់​ជា​មុន​សិន​មុន​នឹង​ចេញ​ទៅ​ប្រកប​មុខ​របរ​ផ្សេង​ទៀត​ដើម្បី​ចិញ្ចឹម​ជីវិត។

លោក ឌឿន ញ៉ង បញ្ជាក់​ថា ក្នុង​១​ថ្ងៃ​លោក​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា ៣​ម៉ោង ដើម្បី​បើក​គោយន្ត​ទៅ​ដឹក​ទឹក​មក​ទុក​ប្រើប្រាស់​ទម្រាំ​បាន​ចេញ​ទៅ​ប្រកប​ការងារ​ផ្សេងៗ៖ «ប្រហែល​ជា ៣-៤​ម៉ោង ទម្រាំ​បាន​ដឹក​មក​ឱ្យ​គ្រប់ ៣​ធុង។ យក​មក​ដល់​ផ្ទះ​អត់​ហ៊ាន​ប្រើ​ខ្ជះខ្ជាយ​ដូច​ដែល​កន្លែង​សំបូរ​ទឹក​ទេ គឺ​ប្រើ​ទឹក​សន្សំសំចៃ​បំផុត»

ភាព​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​រហាល បាន​ក្លាយ​ទៅ​ជា​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នោះ​ទាំង​មូល ហើយ​នៅ​ពេល​ដែល​អ្នក​ភូមិ​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ម្ដងៗ គឺ​គណៈកម្មការ​បុណ្យ​ភូមិ​តែង​អំពាវនាវ​ឱ្យ​អ្នក​ភូមិ​ចេះ​រួម​គ្នា​ធ្វើ​វិភាគទាន​ដើម្បី​យក​ទៅ​ជីក​ស្រះ​ទឹក​នៅ​តាម​កន្លែង​មួយ​ចំនួន។

ប្រធាន​គណៈកម្មការ​នៃ​ពិធីបុណ្យ​របស់​ភូមិ​រហាល លោក ពក ប៊ី មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​របស់​លោក​សព្វថ្ងៃ​នេះ​គឺ​មាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង​នៅ​រដូវ​ប្រាំង។ លោក​តែង​អំពាវនាវ​សុំ​ឱ្យ​អ្នក​ភូមិ​ជួយ​ធ្វើ​វិភាគទាន​ជា​លុយ​ខ្លះ ដើម្បី​រួម​គ្នា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​យក​ទៅ​ជីក និង​ស្ដារ​ស្រះ​ចាស់ៗ ឱ្យ​បាន​ច្រើន​កន្លែង​សម្រាប់​ស្ដុក​ទឹក​ទុក​ប្រើប្រាស់​ឱ្យ​គ្រប់គ្រាន់ ក៏ប៉ុន្តែ​អ្នក​ភូមិ​របស់​លោក​ហាក់​ពិបាក​ក្នុង​ការ​ចូលរួម​វិភាគ​ទាន​នេះ។

លោក ពក ប៊ី បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​កណ្ដាល​ភូមិ គឺ​មាន​ស្រះ​ទឹក​តូច​មួយ​ដែល​អ្នក​ភូមិ​ជាង ៣០០​គ្រួសារ​តែង​សម្រុក​ទៅ​ដង​ប្រើប្រាស់ ក៏ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ទេ៖ «បញ្ហា​ទឹក​នេះ គឺ​សំខាន់​ណាស់​សម្រាប់​បង​ប្អូន​ប្រើប្រាស់។ ក្នុង​១​ថ្ងៃ​នៅ​រដូវ​ប្រាំង គឺ​មិន​ហ៊ាន​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​ទេ បើ​ងូត​គឺ ៣-​៤​ផ្តិល​ប៉ុណ្ណោះ»

ប្រជាពលរដ្ឋ​នៅ​ភូមិ​រហាល អះអាង​ថា ពួកគេ​មាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ជា​យូរ​មក​ហើយ​រហូត​ដល់​ពេល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​មេ​ឃុំ រយៈពេល ៣​អាណត្តិ​មក​នេះ ក៏​មិន​ដែល​ឃើញ​មេឃុំ​ណា​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​រឿង​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ។

អតីត​មេ​ភូមិ​រហាល ដែល​ទើបតែ​ចេញ​ពី​តំណែង​រយៈពេល​ជាង ១​ខែ លោក ម៉ៅ ស៊ីវ មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​ប្រាំង​អ្នក​ភូមិ​របស់​គាត់​គឺ​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង​ដោយ​ខ្លះ​ទៅ​ដង​ទឹក​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ ពី​ភូមិ និង​ខ្លះ​ទៅ​រែក​ទឹក​អូរ​ដែល​ដក់​នៅ​តាម​ព្រៃ។

លោក ម៉ៅ ស៊ីវ បញ្ជាក់​ថា ដោយសារ​តែ​អ្នកភូមិ​របស់​លោក​ដើរ​ដង​ទឹក​ដែល​ដក់​នៅ​តាម​អូរ និង​ត្រពាំង​យក​មក​ប្រើប្រាស់​បាន​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ប្រឈមមុខ​នឹង​ជំងឺ​រាករូស ឬ​ក៏​ជំងឺ​ក្រពះ​ជាដើម ក៏ប៉ុន្តែ​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ណា ពីព្រោះ​តែ​គ្មាន​ជម្រើស​ឱ្យ​ប្រសើរ​ជាង​នេះ៖ «ពេល​ខែ​កុម្ភៈ មីនា នេះ ទឹក​ស្រះ​ដែល​នៅ​ក្នុង​ភូមិ​រីង​អស់ ដល់​ពេល​រីង​អស់ ទាំង​ខ្ញុំ​ទាំង​គេ គឺ​ស្វះស្វែង​ដើរ​រក​ទឹក​តាម​ដង​អូរ​ចម្ងាយ​ប្រហែល​ជា ២​គីឡូម៉ែត្រ​ពី​ភូមិ»

អតីត​មេ​ឃុំ​តាសៀម ដែល​ទើបតែ​លាលែង​ពី​តំណែង លោក ញឹក រ៉ែម ទទួល​ស្គាល់​ថា អ្នក​ភូមិ​រហាល ជាង ៣០០​គ្រួសារ គឺ​ពិត​ជា​មាន​បញ្ហា​រឿង​ខ្វះ​ទឹក​ប្រើប្រាស់​មែន។ អតីត​មេ​ឃុំ​រូប​នោះ​បញ្ជាក់​ថា បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ភូមិ​រហាល​នេះ មិន​មែន​រូប​លោក​ដែល​ជា​មេ​ឃុំ​១​អាណត្តិ​មក​ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទេ ក៏ប៉ុន្តែ​គឺ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ ដែល​មិន​ហ៊ាន​បរិច្ចាគ​ដី​ឱ្យ​អាជ្ញាធរ​ជីក​ស្រះ​ទឹក។

លោក ញឹក រ៉ែម អះអាង​ថា រយៈពេល​ជាង ៤​ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​មេ​ឃុំ គឺ​លោក​មាន​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ម្ចាស់​គ្រឿងចក្រ​មួយ​ចំនួន​រង់ចាំ​សហការ​ជីក​ស្រះ​ទឹក​ឱ្យ​អ្នក​ភូមិ​រហាល ប៉ុន្តែ​នៅ​ពេល​ដែល​គ្រឿងចក្រ​ទៅ​ដល់​ប្រជាពលរដ្ឋ​បែរ​ជា​មិន​ឱ្យ​ជីក​ដោយ​ថា ប៉ះពាល់​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ៖ «ខ្ញុំ​ប្រគល់​ភារកិច្ច​ឱ្យ​មេភូមិ​ប្រជុំ​ជា​ញឹកញាប់ ធ្វើ​យ៉ាង​ណា​ដោះស្រាយ​ឱ្យ​ចេញ​រឿង​រក​ដី​ជីក​ស្រះ ប៉ុន្តែ​ដាក់​ត្រង់​ណា​ក៏​អ្នក​ភូមិ​មិន​ឱ្យ​កាយ មិន​ឱ្យ​ជីក»

នៅ​ក្នុង​ភូមិ​រហាល ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ គឺ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ ដោយ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ និង​ខ្លះ​ចូល​ព្រៃ​ដើម្បី​បោច​វល្លិ និង​រក​អនុផល​ព្រៃឈើ​មក​ចិញ្ចឹម​ជីវិត។ អ្នក​ភូមិ​ខ្លះ​ត្អូញត្អែរ​ថា នៅ​រដូវ​ប្រាំង​ពេល​ដែល​ស្រះ​នៅ​ក្នុង​ភូមិ​រីង​ទឹក គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​មធ្យោបាយ​ទៅ​ដឹក​ជញ្ជូន​ទឹក​ពី​ទី​ឆ្ងាយ​បាន ត្រូវ​បង្ខំ​ចិត្ត​ចំណាយ​ប្រាក់​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដូចគ្នា ដោយ​១​ធុងសាំង​តម្លៃ ៥.០០០​រៀល។ បញ្ហា​នេះ​​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​ដែល​មាន​ជីវភាព​ក្រីក្រ​ស្រាប់ កាន់តែ​ប្រឈមមុខ​នឹង​រឿង​ពិបាក​រក​ប្រាក់​ទៅ​ទិញ​ទឹក​មួយ​ជាន់​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដែល​ឲ្យ​ឡាន​ដឹក​ទំនិញ​ធំ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ

$
0
0

ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ រិះគន់​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា មិន​គួរ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើកបរ​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ​នាំ​ឲ្យ​ស្ទះ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ដូច​រាល់​ថ្ងៃ​នេះ​ទៀត​ទេ។

​សាធារណជន និង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា រាល់​ថ្ងៃ​នេះ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ បន្ត​ចូល​ក្រុង​ទេសចរណ៍​មួយ​នេះ​អនាធិបតេយ្យ និង​ធ្វើ​អោយ​កកស្ទះ​ចរាចរណ៍​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ ប្រជាពលរដ្ឋ​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ឬ​រថយន្ត​ដឹក​ដី​ជាដើម កុំ​ឲ្យ​បើកបរ​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ​បន្ត​ទៀត ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​រក្សា​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណៈ​ក្រុង​ឲ្យ​បាន​ល្អ។

ប្រតិកម្ម​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត ដោយសារ​នៅ​ក្នុង​សប្ដាហ៍​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ បាន​យក​ទ្រូង​ផ្លូវ​សាធារណៈ​ដើម្បី​ចត​ដាក់​ទំនិញ​នាំ​ឲ្យ​ស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ និង​បំផ្លាញ​ប្រព័ន្ធ​ផ្លូវ លូ​បង្ហូរ​ទឹក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន។

ឆ្លើយ​តប​បញ្ហា​នេះ លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​ចូល​ដឹក ឬ​ដាក់​ទំនិញ​ក្នុង​ក្រុង​ពេល​ថ្ងៃ​ទេ។ លោក​ថា រថយន្ត​ដឹក​ទំនិញ​អាច​បើកបរ​ចូល​ក្នុង​ក្រុង គឺ​ចាប់​ពី​ម៉ោង ៦​ល្ងាច ដល់​ម៉ោង ៧​ព្រឹក ឲ្យ​ចេញ​ពី​ក្នុង​ក្រុង​ឲ្យ​អស់។ ជាង​នេះ​សមត្ថកិច្ច​បាន​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ទាំង​នោះ បើក​ឆ្លង​កាត់​តាម​ផ្លូវ​ក្រាល​កៅស៊ូ​សំខាន់ៗ​មាន​ដូច​ជា​វិថី​ឯករាជ្យ និង​ផ្លូវ​ប្រប​ឆ្នេរ​សមុទ្រ​ជាដើម ដែល​មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និយម​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​ទេ៖ «សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំង​អស់ គឺ​ទាក់ទង​ផ្លូវ​លំ​តូចៗ ចាក់​បេតុង​ជាដើម នៅ​តាម​មូលដ្ឋាន​នីមួយៗ គឺ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើល​ផង ហើយ​បើសិនជា​រថយន្ត​ដឹក​ទំនិញ​ទាំង​អស់​ហ្នឹង​ប្រព្រឹត្ត​ខុស​ពី​គោលការណ៍​ណែនាំ​របស់​យើង គឺ​សុំ​ជួយ​ណែនាំ អប់រំ ឬ​ពិន័យ​ជាដើម ដល់​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ទាំង​នោះ​ឲ្យ​ស្របតាម​ច្បាប់​កំណត់»

​លោក អ៊ី សុខា អះអាង​ថា រាល់​ថ្ងៃ​នេះ កម្លាំង​នគរបាល​ចរាចរណ៍​របស់​លោក​បាន​ដាក់​ឲ្យ​ប្រចាំការ​នៅ​តាម​ផ្លូវ​ចេញ ឬ​ចូល នៅ​ជុំវិញ​ជាយ​ក្រុង​ព្រះសីហនុ មាន​ដូចជា ផ្លូវ​ចូល​ក្រុង​នៅ​ម្ដុំ​តំបន់​អូរត្រេះ និង​នៅ​ម្តុំ​កំពង់ផែ​ស្វយ័ត​ជាដើម ដើម្បី​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ ដែល​មាន​បំណង​លួច​បើក​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ។

​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែ​នីមួយៗ តែង​បាន​ណែនាំ និង​ដាក់​បទបញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​រក្សា​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ បញ្ចៀស​រាល់​ការ​កក​ស្ទះ​ឲ្យ​បាន​ជា​ប្រចាំ។ ជាង​នេះ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ស្ថាប័ន​ពាក់ព័ន្ធ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រថយន្ត​សណ្ដោង​ដឹក​ទំនិញ​ធំៗ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ និង​យក​ទ្រូង​ផ្លូវ​ថ្នល់ ចត​ដាក់​ទំនិញ បង្កើត​ឲ្យ​មាន​ចរាចរណ៍​កកស្ទះ​ដល់​អ្នក​ដំណើរ​ទៀត​ទេ។

​ទោះ​ជា​បែប​នេះ​ក្តី រាល់​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា នៅ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ បាន​បន្ត​បើក​ចូល​ក្រុង​ពេល​ថ្ងៃ និង​យក​ទ្រូងផ្លូវ​សាធារណៈ សម្រាប់​ចត​ដាក់​ទំនិញ​អនាធិបតេយ្យ បាន​បន្ត​កើត​មាន​ដដែល ទោះ​បី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ជុំវិញ​ខ្សែ​ក្រវាត់​ក្រុង​ដើម្បី​ឃាត់​បែប​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​នៅ​អគារ​ប៊ូឌីង​លក់​បន្ទប់​តម្លៃ​១.៤០០​ដុល្លារ​អាមេរិក​១​ម៉ែត្រការ៉េ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​រស់​ក្នុង​អគារ​ប៊ូឌីង​លក់​បន្ទប់​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។ លោក ជា សុផារ៉ា ប្រាប់​ឲ្យ​ពលរដ្ឋ​ដែល​ទទួល​យក​តម្លៃ​នេះ ទៅ​បំពេញ​បែបបទ​ឯកសារ​ដើម្បី​រង់ចាំ​យក​លុយ ចំណែក​មិន​អ្នក​មិន​ព្រម​លក់​បន្ទប់​ក្នុង​តម្លៃ​នេះ លោក​ទុក​ឲ្យ​នៅ​ម្ដុំ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​ជាមួយ​អ្នក​ប៊ូឌីង នា​ទីស្ដីការ​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា។ ទោះ​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​ប្រមាណ ៥០០​នាក់ ដែល​ចូលរួម អ្នក​ខ្លះ​សម្ដែង​ការ​សាទរ​ក្នុង​ការ​ទទួល​យក​ការ​កំណត់​តម្លៃ​នេះ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ទទួល​យក​ការ​កំណត់​តម្លៃ​នេះ​ទេ ដោយ​ពួកគេ​ទាមទារ​តម្លៃ​ជាង ២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បញ្ជាក់​ថា ចំពោះ​អ្នក​យល់​ព្រម​តាម​ការ​កំណត់​នេះ អាច​មក​បំពេញ​បែបបទ​បណ្ដើរៗ ដើម្បី​ទទួល​ប្រាក់​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​លក់​តាម​តម្លៃ​លោក​កំណត់ នឹង​ត្រូវ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៧ ត​ទៅ ដោយ​លោក​ទុក​រយៈពេល​មួយ​ខែ​ក្នុង​ការ​រុះរើ៖ «»។

ក្រៅ​ពី​ការ​កំណត់​តម្លៃ​នេះ លោក ជា សុផារ៉ា ប្រកាស​ឧបត្ថម្ភ​ប្រាក់​ពលរដ្ឋ​នៅ​តាម​បន្ទប់​នីមួយៗ​ចំនួន ១០០​ដុល្លារ ជា​សោហ៊ុយ​សម្រាប់​រើ​អីវ៉ាន់។ លោក​ថែម​ទាំង​និយាយ​បែប​លេងសើច​ថា លោក​នឹង​ផ្ដល់​សារុង​មួយ ក្រមា​មួយ​ដល់​ពលរដ្ឋ​ទៀត​ផង។ ប៉ុន្តែ​នៅ​ពេល​លោក​រដ្ឋមន្ត្រី​ប្រកាស​ជំហរ​ម៉ឺងម៉ាត់​កំណត់​ទិញ​ផ្ទះ​តម្លៃ ១.៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ពលរដ្ឋ​ប្រមាណ ១០០​នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រជុំ នាំ​គ្នា​ចេញ​ពី​ក្រៅ​បន្ទប់​ប្រជុំ ព្រោះ​មិន​ពេញចិត្ត​ការ​កំណត់​តម្លៃ​នេះ។ក្រុម​អ្នក​ទាំង​នោះ​ទាមទារ​ថ្លៃ​លក់​បន្ទប់​ប្រមាណ ២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៖ «»។

ក្រោយ​ចប់​កិច្ច​ប្រជុំ ស្ត្រី​ម្នាក់​វ័យ​ជា ៧០​ឆ្នាំ លោកស្រី ជា លិការ ដែល​អះអាង​ថា រស់​នៅ​អគារ​ប៊ូឌីង ជាង ២០​ឆ្នាំ​មក​ហើយ យក​ឯកសារ​ទៅ​បំពេញ ព្រោះ​លោកស្រី​យល់​ព្រម​លក់​បន្ទប់​តាម​តម្លៃ​របស់​លោក ជា សុផារ៉ា កំណត់៖ «»។

​ប៉ុន្តែ​អ្នក​រស់​នៅ​អគារ​ប៊ូឌីង​ម្នាក់​ទៀត លោកស្រី ទូច រស្មី មិន​យល់​ដូច្នេះ​ទេ។ លោកស្រី​ថា ការ​កំណត់​ទិញ​បន្ទប់​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ មិន​អាច​ឲ្យ​លោកស្រី​យក​លុយ​នោះ​ទិញ​ផ្ទះ​នៅ​ភ្នំពេញ ដើម្បី​រស់​នៅ​បាន​ទេ។ លោកស្រី​ទាមទារ​លក់​បន្ទប់​តម្លៃ​ជាង ២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៖ «»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា ភាគី​ក្រសួង និង​ក្រុម​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់​ត្រូវ​ជជែក​គ្នា​បន្ត​ទៀត​ដើម្បី​រក​ចំណុច​រួម​មួយ។ ទោះ​បែប​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ នៅ​តែ​ចង់​ឃើញ​ពលរដ្ឋ​ទទួល​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​រង់ចាំ​ជិត ៤​ឆ្នាំ​ក្រោយ​ការ​សាងសង់​អគារ​ថ្មី ដែល​លោក​យល់​ថា ពលរដ្ឋ​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​ការ​យក​លុយ​ហើយ​ចាកចេញ៖ «»។

ការ​កំណត់​តម្លៃ​ទិញ​បន្ទប់​ពលរដ្ឋ​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ របស់​លោក ជា សុផារ៉ា បែប​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ។ កាល​ពី​ដើម​ខែ​មេសា លោក ជា សុផារ៉ា កំណត់​តម្លៃ ១.២៦៣​ដុល្លារ ទាមទារ​តម្លៃ ២.២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ក្រុមហ៊ុន​របស់​ជប៉ុន មួយ​ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់ នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៨០​លាន​ដុល្លារ។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​អះអាង​ប្រាប់​ពលរដ្ឋ​ថា ការ​ផ្ដល់​តម្លៃ ១.៤០០​ដុល្លារ ជា​តម្លៃ​ខ្ពស់​ដែល​ត្រូវ​កែប្រែ​លក្ខខណ្ឌ​ជាមួយ​ក្រុមហ៊ុន ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន អាច​សាងសង់​សណ្ឋាគារ​ទំនើប​ពី ២១​ជាន់ ទៅ ៣០​ជាន់ ព្រោះ​ក្រុមហ៊ុន​ចំណាយ​លុយ​ទិញ​បន្ទប់​របស់​ពលរដ្ឋ​អស់​ច្រើន។

លោក ជា សុផារ៉ា ព្យាយាម​គេច​មិន​ឆ្លើយ​សំណួរ​របស់​ក្រុម​អ្នក​កាសែត​ដែល​តាម​សួរ​លោក​ថា តើ​ក្រសួង​ដែន​ដី នឹង​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ពលរដ្ឋ​ដែល​មិន​ព្រម​លក់​បន្ទប់​របស់​ខ្លួន​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តើ​បេក្ខជន​ចៅសង្កាត់​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ លោក ចៅ វាសនា ជា​នរណា?

$
0
0

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា។ ទោះជា​យ៉ាង​ណា​ក៏ដោយ បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ចៅ វាសនា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា បក្ស​ប្រឆាំង​អះអាង​ថា នៅ​តែ​បន្ត​រក្សា​បេក្ខជន​ចៅសង្កាត់​នេះ​សម្រាប់​លោក ចៅ វាសនា ដដែល បើ​ទោះ​ជា​លោក​កំពុង​ជាប់​ឃុំ​ក្តី។

តើ​លោក ចៅ វាសនា ជា​នរណា? ហេតុ​អ្វី​បាន​ជា​បក្ស​ប្រឆាំង​នៅ​តែ​រក្សា​បេក្ខជន​ចៅសង្កាត់​សម្រាប់​លោក?

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជិត ៣​ខែ​ហើយ​ដែល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​បញ្ជូន​លោក ចៅ វាសនា ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត គណបក្ស សម រង្ស៊ី ហើយ​ក៏​ជា​បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ពី​បទ​ចោទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

បើ​ទោះ​ជា​ជិត​ដល់​ពេល​បោះឆ្នោត ហើយ​លោក ចៅ វាសនា កំពុង​ឋិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្តី គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​លេខ​រៀង​លោក ចៅ វាសនា ជា​បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត ដដែល ដោយសារ​តែ​ភាព​ស្មោះត្រង់ ឧត្ដម​គតិ និង​ប្រជាប្រិយភាព​របស់​លោក​ដែល​បក្ស​ប្រឆាំង​ជឿជាក់​ថា អាច​ប្រជែង​យក​ឈ្នះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក មាន សារិទ្ធ មាន​ប្រសាសន៍​ថា លោក ចៅ វាសនា គឺ​ជា​មនុស្ស​ម្នាក់​ដែល​គណបក្ស​មាន​សង្ឃឹម និង​ជឿជាក់​លើ​គោលជំហរ​នយោបាយ និង​សកម្មភាព​ការងារ​របស់​គាត់​ដែល​ធ្វើ​កន្លង​ទៅ។

លោក មាន សារិទ្ធ បញ្ជាក់​ថា ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ភាគ​ច្រើន​មាន​ទំនុក​ចិត្ត និង​គាំទ្រ​លោក ចៅ វាសនា ដូច្នេះ​ហើយ​ទើប​លោក​ថា​បក្ស​ប្រឆាំង​នៅ​តែ​រក្សា​បេក្ខជន​ចៅសង្កាត់​ប៉ោយប៉ែត សម្រាប់​លោក ចៅ វាសនា ដដែល៖ «លោក ចៅ វាសនា ជាប់​ឃុំឃាំង​ដោយសារ​រឿង​នយោបាយ​ភាគ​ច្រើន ហើយ​ប្រជាប្រិយភាព​របស់​លោក​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត ស្រឡាញ់​គាត់​ច្រើន សង្ឃឹម​ជឿជាក់​លើ​ការងារ​របស់​គាត់។ ម្យ៉ាង​ទៀត​លោក ចៅ វាសនា ប្រសិន​ណា​គេ​ទុក​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​វា​ដូចជា​ឆ្អឹង​ទទឹង​ក​គណបក្ស​ប្រជាជន ពីព្រោះ​គាត់​ហ៊ាន​និយាយ ហ៊ាន​ថា ហ៊ាន​ធ្វើ នូវ​អ្វី​ដែល​អាជ្ញាធរ​ធ្វើ មិន​គប្បី គឺ​គាត់​ហ៊ាន​និយាយ​ហ៊ាន​តវ៉ា​ចំពោះ​មន្ត្រី​ណា​ដែល​ខិល​ខូច»

​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យកពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ-​ចូល​តាម​រទេះ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រមទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។

ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ក្រុម​កម្មករ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួកគាត់​ខឹង​ក៏​ផ្ទុះ​ហិង្សា​ដាក់គ្នា​តែម្ដង។ ដោយសារ​លោក ចៅ វាសនា ក្នុង​នាម​ជា​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត ចុះ​ទៅ​ឃ្លាំមើល​ការ​តវ៉ា​របស់​កម្មករ លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ជា​អ្នក​ញុះញង់​កម្មករ​ឲ្យ​បង្ក​ហិង្សា។

លោក មាន សារិទ្ធ ថ្លែង​ថា មេធាវី​ការពារ​ក្តី​ឲ្យ​លោក ចៅ វាសនា បាន​ស្នើ​តុលាការ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត​ឡើយ។ បើ​ទោះ​ជា​លោក ចៅ វាសនា ជាប់​ឃុំ​ក្តី លោក មាន សារិទ្ធ ថា​បក្ស​ប្រឆាំង​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ឃោសនា​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត៖ «ការ​ប៉ះពាល់​ទៅ​លើ​បេក្ខជន​ឈរ​ឈ្មោះ​ខ្ញុំ​គិត​ថា មិន​ប៉ះពាល់​ធំដុំ​ទេ តែ​ដោយសារ​ជន​ទី​១ ជាប់​ឃុំឃាំង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត លោក​ធ្វើការ​ពិចារណា ហើយ​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​បោះ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ណា ព្រោះ​យើង​ដឹង​ហើយ​ថា លោក ចៅ វាសនា លោក​ជាប់​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​នេះ គឺ​ដោយសារ​លោក​ជួយ​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត ជា​ពិសេស​គឺ​កម្មករ​តែម្ដង»

​បច្ចុប្បន្ន​វ័យ ៥៣​ឆ្នាំ លោក ចៅ វាសនា គឺ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​មក​ពី​ស្រុក​ថ្កូវ ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម បាន​ប្ដូរ​ទៅ​ជា​ស្រុក​ត្រាគូ (Tra Cu) ខេត្ត​ត្រាវិញ (Tra Vinh)។ លោក​បាន​ឡើង​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩៣។ ក្រោយ​ពី​រស់​នៅ​ព្រៃវែង បាន ៥​ឆ្នាំ លោក ចៅ វាសនា និង​គ្រួសារ​បាន​ផ្លាស់​ទី​ទៅ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ភរិយា​លោក ចៅ វាសនា អ្នកស្រី វង់ គឹមហុង ដែល​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែរ​នោះ ឲ្យ​ដឹង​ថា ពេល​មក​រស់​នៅ​ប៉ោយប៉ែត លោកស្រី និង​ប្តី​បាន​ធ្វើ​ជា​កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ពី​ថៃ ចូល​កម្ពុជា។ លោកស្រី​ថា ក្រោយ​មក​លោកស្រី​និង​ស្វាមី​បែក​គំនិត​ដោយ​ឈប់​ធ្វើ​ជា​កម្មករ​ដឹក​ទំនិញ​ឲ្យ​គេ តែ​បាន​ដឹក​ទំនិញ​មក​លក់​ដោយ​ខ្លួន​ឯង​វិញ​រហូត​បច្ចុប្បន្ន។

លោកស្រី វង់ គឹមហុង ថ្លែង​បន្ត​ថា ដំបូង​ឡើយ​គ្រួសារ​លោកស្រី​គិតតែ​ពី​រឿង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោយ​មិន​បាន​គិតគូរ​ដល់​រឿង​ឲ្យ​ប្ដី​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ឡើយ។ តែ​ក្រោយ​មក​ប្ដី​លោកស្រី​មាន​ទំនាក់ទំនង​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក យន្ត ថារ៉ូ ទើប​តំណាងរាស្ត្រ​រូប​នេះ​ណែនាំ​ប្ដី​លោកស្រី​ចូល​ប្រឡូក​នយោបាយ។ លោកស្រី​ថា ពេញ​ចិត្ត​ឲ្យ​ស្វាមី​ចូលរួម​ក្នុង​រឿង​នយោបាយ ព្រោះ​ដឹង​ថា លោក ចៅ វាសនា ជា​មនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។

បើ​ទោះ​ជា​ការ​ជាប់​ឃុំ​ប្ដី​របស់​លោកស្រី​អាច​កើត​ឡើង​ពី​រឿង​នយោបាយ​ក្ដី លោកស្រី វង់ គឹមហុង នៅ​តែ​រក្សា​ជំហរ​ឲ្យ​ប្ដី​បន្ត​ជីវិត​នយោបាយ​នៅ​ពេល​ខាង​មុខ​ទៀត៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​ធ្វើ​ដោយសារ​គាត់​ល្អ គាត់​ស្មោះត្រង់ ពេល​គេ​មក​ប្ដឹង​ម៉ោង​ណា​ក៏​គាត់​ទៅ ដល់​គេ​វិញ​គេ​អត់​ទៅ​ទេ ដល់​គាត់ៗ​គាត់​ទៅ​ដោះស្រាយ​ឲ្យ​ទាំង​អស់។ ខ្ញុំ​ដឹង​អ៊ីចឹង​បាន​ខ្ញុំ​ឈឺ​ចាប់ បាន​ឲ្យ​ប្តី​ខ្ញុំ​ខំ​ធ្វើការ ខំ​ប្រឹងប្រែង​ ដល់​គាត់​ធ្វើ​បាន​ល្អ ខ្ញុំ​ក៏​ជំរុញ​ឲ្យ​គាត់​ធ្វើ​រហូត​ទៅ»

​ជុំវិញ​ករណី​ឃុំ​ខ្លួន​លោក ចៅ វាសនា ដោយ​តុលាការ​ខេត្ត​បន្ទាយមានជ័យ នេះ សង្គម​ស៊ីវិល​ធ្លាប់​លើក​ឡើង​ថា សំណុំ​រឿង​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ពីរ​ករណី គឺ​ទី​១ តុលាការ​មាន​សិទ្ធិ​ចោទ​ប្រកាន់​ទៅ​លើ​លោក ចៅ វាសនា ពី​បទ​ញុះញង់​បង្ក​ហិង្សា​បាន ប្រសិនបើ​លោក​ពិត​ជា​បាន​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​អូស​រទេះ​កាល​ពី​ឆ្នាំ​២០១៥ មែន។ ចំណែក​ករណី​ចុង​ក្រោយ សង្គម​ស៊ីវិល​ថា រឿង​នេះ​ប្រសិនបើ​តុលាការ​ចោទ​ប្រកាន់​លោក ចៅ វាសនា តុលាការ​ក៏​គួរ​តែ​កោះ​ហៅ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ចូល​ទៅ​បំភ្លឺ ហើយ​ធ្វើការ​ចោទ​ប្រកាន់​ដូច​គ្នា ព្រោះ​លោក​អភិបាល​ក្រុង​រូប​នេះ ក៏​បាន​ទៅ​ឃ្លាំមើល​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដូច​គ្នា។

ទោះជា​បែប​នេះ​ក្តី អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​កន្លង​ទៅ​មាន​តែ​ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា និង​លោក ឌិន ពុទ្ធី អតីត​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​ដាក់​កម្មករ​អូស​រទេះ ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នោះ​ឡើយ។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​តុលាការ​នឹង​បើក​សវនាការ​ជំនុំជម្រះ​លោក ចៅ វាសនា នៅ​ពេល​ណា។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា អះអាង​ថា ផ្អែក​តាម​ផ្លូវ​ច្បាប់ បើទោះជា​លោក ចៅ វាសនា ជាប់​ឃុំ​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​បើ​តុលាការ​រក​មិន​ឃើញ​ថា លោក​មាន​ទោស លោក​អាច​វិល​មក​ទទួល​យក​តំណែង​ជា​ចៅសង្កាត់​បាន​នៅ​ពេល​លោក​មាន​សេរីភាព ប៉ុន្តែ​បើ​តុលាការ​រក​ឃើញ​ថា លោក ចៅ វាសនា មាន​ទោស ឬ​មាន​សាលក្រម​ស្ថាពរ​ហើយ លោក ចៅ វាសនា មិន​អាច​មក​ធ្វើ​ជា​ចៅសង្កាត់​បាន​ឡើយ បើ​ទោះ​ជា​គណបក្ស​លោក​ឈ្នះ​ឆ្នោត​ក្តី៖ «ករណី​ទី​១ បើសិនជា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ប៉ុន្តែ​ជាប់​ឃុំ​គ្មាន​សាលក្រម​របស់​តុលាការ​ទេ គាត់​អាច​ត្រឡប់​មក​វិញ​បាន អាស្រ័យ​ទៅ​លើ​គណបក្ស​របស់​គាត់ និង​មូលហេតុ​សមស្រប។ ឧទាហរណ៍​ថា បេក្ខជន​គាត់​ដាក់​ជំនួស​មិន​សភាព​មិន​ល្អ​ជាដើម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ករណី​ដែល​គាត់​ត្រូវ​ទទួល​សាលក្រម​ដាក់ទោស​ស្ថាពរ​ពី​តុលាការ​ហើយ គឺ​ចប់​ហើយ​គាត់»

មក​ទល់​បច្ចុប្បន្ន មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៩​នាក់​ហើយ​ដោយ​រាប់​បញ្ចូល​ទាំង​លោក ចៅ វាសនា ផង ត្រូវ​បាន​តុលាការ​កាត់​ទោស និង​ឃុំ​ខ្លួន។ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​បង្ក​ហិង្សា ចូលរួម​ចលនា​ដឹកនាំ​កុប្បកម្ម ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាដើម។

ទោះ​ជា​យ៉ាង​ណា គ្រួសារ​លោក ចៅ វាសនា និង​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ចៅ វាសនា រួច​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ពួកគេ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក ចៅ វាសនា នេះ​ថា មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយសារ​តែ​លោក ចៅ វាសនា គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​នៅ​សង្កាត់​ប៉ោយប៉ែត ហើយ​លោក​អាច​នឹង​ជាប់​ឆ្នោត​ជា​ចៅសង្កាត់ បើ​គេ​អនុញ្ញាត​ឲ្យ​លោក​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គោ​ឧសភរាជ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ឆ្នាំ​នេះ​បរិភោគ​ពោត​ច្រើន​ជាង​គេ

$
0
0

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ជា​ព្រះរាជ​អធិបតីភាព​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​វាល​ព្រះ​ស្រែ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ជា​ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ ការ​ចាប់​ផ្ដើម​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ប្រចាំ​ឆ្នាំ គឺ​ជា​ការ​ផ្សង​នូវ​ភោគផល​កសិកម្ម​ផង និង​ជា​ការ​ដាស​តឿន​មួយ​ទៅ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ថា រដូវ​វស្សា​បាន​ចាប់​ផ្ដើម​ហើយ ដែល​ត្រូវ​ត្រៀម​លក្ខណៈ​បង្កបង្កើន​ផល​ឲ្យ​បាន​ទាន់​ពេល។

គណៈកម្មការ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​បាន​ប្រកាស​ឲ្យ​ដឹង​ថា គោ​ឧសភរាជ​បាន​ទទួល​ទាន​ពោត​ច្រើន​ជាង​គេ បង្ហាញ​ថា ផល​ដំណាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ រី​ឯ​ស្រូវ និង​សណ្ដែក​ទទួលទាន​បាន​ផល​ល្អ​បង្គួរ។

ព្រះរាជ​ពិធី​នេះ​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី ធ្វើ​ជា​ស្ដេច​មាឃ ហើយ​ភរិយា​របស់​លោក​គឺ​ជា​មេហួ។

ក្នុង​ព្រះរាជ​ពិធី​នេះ​ដែរ គេ​បាន​លែង​គោ​ឧសភរាជ​ឲ្យ​បរិភោគ​អាហារ​ចំនួន ៧​មុខ ដែល​ដាក់​លើ​ជើង​ពាន​កណ្ដាល​វាល​ព្រះ​ស្រែ មាន​ដូច​ជា​ស្រូវ ពោត សណ្ដែក ល្ង ទឹក ស្រា និង​ស្មៅ ដើម្បី​ចង់​ដឹង​ប្រផ្នូល ឬ​ទស្សន៍ទាយ​ថា នៅ​ឆ្នាំ​នេះ មុខ​ដំណាំ​ណា​មួយ​មាន​ផល​ល្អ និង​មាន​គ្រោះ​កាច​ចង្រៃ​អ្វី​ខ្លះ​ក្នុង​របរ​កសិកម្ម​នៅ​ឆ្នាំ​ថ្មី។

ជា​លទ្ធផល​គណៈកម្មការ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​ប្រកាស​ឲ្យ​ដឹង​ថា គោ​ឧសភរាជ​បាន​ទទួល​ទាន​ពោត​ចំនួន ៩៥% ស្រូវ ៩០% និង​សណ្ដែក ៩០%។

ជុំវិញ​ការ​ប្រារព្ធ​ពិធី​នេះ ទាំង​កសិករ​ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​យល់​ថា ជា​បុណ្យ​ប្រពៃណី​មួយ ប៉ុន្តែ​វា​មិន​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ ឬ​វិស័យ​កសិកម្ម​កម្ពុជា​ប៉ុន្មាន​ទេ។

កសិករ​ដាំ​ពោត​នៅ​ខេត្ត​ប៉ៃលិន លោក ឃិន ប៉ុន ថ្លែង​ថា ការ​ដាំដុះ​ពិត​ជា​ទទួល​បាន​ផល​ល្អ​ពិត​ប្រាកដ​មែន ដែល​លោក​រំពឹង​ថា ប្រមូល​ផល​ខ្ពស់។ ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា​នៅ​ពេល​នេះ គឺ​លោក​នៅ​តែ​ដេក​ភ័យ​ពី​បញ្ហា​តម្លៃ ដោយសារ​កាល​ពី​ឆ្នាំ​មុន​ពោត​គ្មាន​តម្លៃ​សោះ តម្លៃ​លក់​បាន​ទាប​ហើយ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ៖ «ទីផ្សារ​នៅ​លើ​ប្រទេស​ជិត​ខាង បើ​សិន​ណា​អាជ្ញាធរ​ជួយ​សម្រួល​បន្ទុក​ខាង​ខេត្ត​អី​ហ្នឹង លុប​ចោល​ការ​យក​ពន្ធ​ពី​ការ​ដឹក​ចេញ​ថ្លៃ អាច​ធ្វើ​ឲ្យ​តម្លៃ​របស់​កសិករ​ឡើង​គ្រាន់​បើ ហើយ​បើក​ឲ្យ​ឈ្មួញ​ថៃ ចូល​ដូច​ឆ្នាំ​២០០៨ ២០១០ យើង​មាន​ឈ្មួញ​ថៃ ក្រៅ​ពី​ដី​ឡូត៍ អាច​ចូល​មក​ទិញ​ដល់​តាម​ចម្ការ​របស់​កសិករ ប៉ុន្តែ​មាន​ការ​រាំង​ខ្ទប់​មិន​ឲ្យ​ចូល ហើយ​ឲ្យ​ពួក​ឈ្មួញ​ចូល​មក​លុប​ពន្ធ​នៅ​តាម​ព្រំដែន​អាច​ជួយ​បាន​មួយ​កម្រិត​ធំ ព្រោះ​ពន្ធ​តាម​ព្រំដែន​ថ្លៃ​មក​ដល់​ពេល​នេះ​១​តោន ដល់​ទៅ ២០០​បាត យក​ចង់​ប្រហែល​អ្នក​ម្ចាស់​ចម្ការ​ដែរ»

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) លោក សម វិទូ ថ្លែង​ស្រដៀង​គ្នា​ថា ការ​ចំណាយ​ថ្លៃ​ផលិត ឬ​ថ្លៃ​ដើម​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម ដែល​មិន​អាច​ឲ្យ​កម្ពុជា ប្រកួតប្រជែង​តម្លៃ​ទីផ្សារ​បាន។

លោក​ថា បញ្ហា​នេះ​បាន​បង្ខំ​ចិត្ត​ឲ្យ​កសិករ​ខ្មែរ​លក់​ក្នុង​តម្លៃ​ថោក នាំ​ឲ្យ​កសិករ​ធ្លាក់​ខ្លួន​ជាប់​បំណុល៖ «យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ទីផ្សារ​ផលិត​សម្ភារៈ​កសិកម្ម ឬ​ក៏​ផលិត​នូវ​ចំណី​របស់​សត្វ ទាំង​ចំណី​ជ្រូក មាន់ សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា យើង​វិញ»

កាល​ពី​ឆ្នាំ​២០១៦ កសិករ​អាច​លក់​ពោត​ឲ្យ​ឈ្មួញ​ថៃ បាន​តម្លៃ ៣​បាត ២​កាក់ ឬ ៣​បាត​កន្លះ ដែល​ប្រហែល​ជិត ៤០០​រៀល ក្នុង​១​គីឡូក្រាម។

ពិធី​ច្រត់​ព្រះនង្គ័ល​ដែល​ជា​ពិធី​ទស្សន៍ទាយ​ភោគផល​កសិកម្ម គេ​តែង​ប្រារព្ធ​ធ្វើ​ពេញ​ផ្លូវ​ការ​នៅ​ថ្ងៃ ៤​រោច ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ។ តាម​ពិត​នោះ ពិធី​នេះ​បាន​ត្រូវ​ក្រុម​បារគូ​រាជ​វាំង​ប្រារព្ធ​ឡើង​តាំង​ពី​ថ្ងៃ ១​រោច មក​ម្ល៉េះ។ ទោះ​បី​យ៉ាង​ណា​ក្ដី ពុំ​មាន​សេចក្ដី​ពន្យល់​ច្បាស់​លាស់​ថា ហេតុ​អ្វី​បាន​ជា​បុរាណាចារ្យ ជ្រើស​រើស​យក​ថ្ងៃ ៤​រោច ខែ​ពិសាខ នោះ ជា​ពិធី​ផ្លូវ​ការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​យុត្តិធម៌​បង្កើត​យុទ្ធនាការ​១០០​ថ្ងៃ​វាយ​តម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​តុលាការ

$
0
0

ក្រសួង​យុត្តិធម៌​បង្កើត​យុទ្ធនាការ ១០០​ថ្ងៃ​ដើម្បី​វាយ​តម្លៃ​គុណភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ខែ​មិថុនា ខាង​មុខ​នេះ​ត​ទៅ។ មន្ត្រី​ក្រសួង​យុត្តិធម៌ ថ្លែង​ថា​លទ្ធផល​ទទួល​បាន​ពី​យុទ្ធនាការ​នេះ នឹង​ដាក់​ជូន​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ ចំណែក​សង្គម​ស៊ីវិល​យល់​ថា​យុទ្ធនាការ​នេះ​នឹង​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ បើ​ក្រសួង​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រសួង​យុត្តិធម៌ ដាក់​ចេញ​ការ​អនុវត្ត​យុទ្ធនាការ​១០០​ថ្ងៃ​ដើម្បី​វាយ​តម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ​នៅ​កម្ពុជា ចាប់​តាំង​ពី​ច្បាប់​គោល​ទាំង​៣ នៃ​វិស័យ​យុត្តិធម៌​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ចុង​ឆ្នាំ​២០១៤ មក។

​សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ដឹក​នាំ​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៃ​ក្រសួង​យុត្តិធម៌ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ជាពិសេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ធ្វើការ​វាយតម្លៃ ពី​ប្រសិទ្ធភាព​ការងារ​របស់​តុលាការ​គ្រប់​រាជធានី-​ខេត្ត ព្រម​ទាំង​បញ្ហា​ប្រឈម​ផង​ដែរ។

ក្រសួង​ថា យុទ្ធនាការ​នេះ ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង និង​អនុវត្ត​តាម​បែប​វិទ្យាសាស្ត្រ​ផ្អែក​លើ​ធាតុ​ទាំង​៧ នៃ​កម្មវិធី​តុលាការ​ប្រណិត ដែល​រួមមាន ការ​ដឹកនាំ និង​គ្រប់គ្រង​ស្ថាប័ន ផែនការ និង​គោលនយោបាយ​ស្ថាប័ន ធនធាន​ស្ថាប័ន (មនុស្ស សម្ភារៈ និង​ហិរញ្ញវត្ថុ) នីតិវិធី ដំណើរការ​ស្ថាប័ន សេចក្ដី​ត្រូវការ និង​ការ​ពេញ​ចិត្ត​របស់​អតិថិជន ភាព​ងាយ​ស្រួល និង​តម្លៃ​សេវា​របស់​ស្ថាប័ន ព្រមទាំង​ភាព​ជឿ​ទុកចិត្ត និង​ជឿជាក់​ពី​សាធារណជន។

​យុទ្ធនាការ​នេះ ធ្វើ​ឡើង​ក្នុង​២​ដំណាក់កាល ទី​១ គឺ​ការ​បំពេញ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ​ដោយ​ផ្អែកលើ​កម្រង​សំណួរ​អង្កេត​ដែល​ប្រគល់​ជូន និង​ទី​២ គឺ​ការសិក្សា​បឋម លើ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ និង​ការ​ចុះ​ជួប​ដោយ​ផ្ទាល់​នៅ​តាម​តុលាការ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ថែម​ដោយ​ផ្អែក​ទៅ​លើ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹក​នាំ​ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​បន្ថែម​ថា យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ដឹង​ពី​ការ​សម្រេច​បាន​លទ្ធផល​ការ​អនុវត្ត​ផែនការ​របស់​តុលាការ​ដែល​ក្រសួង​ដាក់​ចេញ​កន្លង​មក និង​ដឹង​ពី​បញ្ហា​ប្រឈម​របស់​តុលាការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។

លោក ជិន ម៉ាលីន អះអាង​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ ក្រសួង​គ្មាន​ហេតុផល​អ្វី​ផ្សេង​ឡើយ តែ​វា​ជា​កម្មវិធី​កំណែទម្រង់​ដែល​ក្រសួង​ដល់​ពេល​ត្រូវ​ធ្វើ។ លោក​ថា នៅ​ក្រោយ​យុទ្ធនាការ​នេះ ក្រសួង​នឹង​ធ្វើ​សិក្ខាសាលា​រួម​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គ្នា៖ «ច្បាប់​យើង​ដាក់​ចេញ​កាល​ពី​ដើម​អាណត្តិ អ៊ីចឹង​ពាក់​កណ្ដាល​អាណត្តិ​យើង​ត្រូវ​វាយ​តម្លៃ​ម្ដង ហើយ​កន្លង​មក​យើង​ឃើញ​មាន​ការ​ទិតៀន​ពី​សង្គម​ស៊ីវិល ពី​ក្រុម​សាធារណជន យើង​ឃើញ​ថា មិន​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ គឺ​រិះគន់​ទៅ​តាម​និន្នាការ​នយោបាយ សូម្បី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​ការ​ស្ទង់មតិ (Survey) ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ក៏​មិន​អាច​ទទួល​យក​បាន​ទៀត មាន​ភាព​លំអៀង ហើយ​អយុត្តិធម៌​ចំពោះ​យើង​ដោយសារ​តែ​មិន​មាន​ការ​ចូលរួម​ពី​ខាង​យើង»

​ចំពោះ​ការ​បង្ហាញ​ផែនការ​អនុវត្ត​យុទ្ធនាការ​១០០​ថ្ងៃ​របស់​ក្រសួង​យុត្តិធម៌ នៅ​ពេល​ខាង​មុខ​នេះ  ត្រូវ​បាន​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ថា អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ បើ​ក្រសួង​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ។ ទោះ​ជា​យ៉ាង​ណា លោក​ថា វា​ដល់​ពេល​ហើយ​ដែល​ក្រសួង​ត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​តុលាការ​ឡើង​វិញ៖ «បើសិនជា​ក្រសួង​យុត្តិធម៌​មាន​ឆន្ទៈ​នយោបាយ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​ចេញ​ជា​រូបរាង ចេញ​ជា​លទ្ធផល នោះ​វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្ដល់​កិត្តិយស​ដល់​ប្រព័ន្ធ​តុលាការ​ឡើង​វិញ»

​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​ថា មិន​មាន​ឯករាជ្យ ហើយ​តែង​ធ្វើ​តាម​ខ្សែ​ញាក់​របស់​អ្នក​នយោបាយ ជាពិសេស​គឺ​បក្ស​កាន់​អំណាច។ ការ​រិះគន់​ធ្ងន់ៗ​បែប​នេះ ដោយសារ​គេ​មើល​ឃើញ​តុលាការ​តែង​ចាត់ការ​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ក្រុម​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​ពី​មេដឹកនាំ​បក្ស​ប្រឆាំង មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ព្រមទាំង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នក​ការពារ​បរិស្ថាន​ជាដើម។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ដែល​តែង​ទទួល​នូវ​អយុត្តិធម៌​នៅ​ក្នុង​សង្គម តែង​ហៅ​តុលាការ​ថា ជា​តុលាការ​តេឡេ ដែល​មាន​ន័យ​ថា ជា​តុលាការ​ស្ដាប់​តែ​បញ្ជា​ពី​អ្នក​មាន​អំណាច រួច​ធ្វើ​សេចក្ដី​សម្រេច ឬ​ពេល​ខ្លះ​ថា ពួកគេ​ថា​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​រង់ចាំ​ស្ដាប់​ខ្យល់ សួរ​យោបល់​រួច​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"យុវជន​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​​បច្ចេកវិទ្យា​នឹង​ជួយ​សម្រេច​ក្ដី​សុបិន​អាស៊ាន"

$
0
0

វេទិកា​ពិភពលោក​ស្តី​ពី​អាស៊ាន បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា។ ប្រធានបទ​នៃ​វេទិកា​នេះ​ផ្ដោត​លើ​យុវជន បច្ចេកវិទ្យា និង​ការ​រីកចម្រើន។ នៅ​ឆ្នាំ​២០១៧ អាស៊ាន​ ប្រារព្ធខួប​ទី​៥០ របស់​ខ្លួន ខណៈ​តំបន់​នេះ​កំពុង​ដើរ​ចូល​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។ កំណើន​នៃ​ការ​ភ្ជាប់​ទៅ​អ៊ីនធឺណិត (Internet) របស់​ប្រជាជន​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​ជាង ៦២០​លាន​នាក់ ដែល​ជាង​ពាក់​កណ្ដាល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ។

ក្រុម​ប្រធាន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក យល់​ស្រប​គ្នា​ថា ចក្ខុ​វិស័យ​របស់​អាស៊ាន​ដែល​ចង់​ឲ្យ​ក្លាយ​ជា​សហគមន៍​មួយ​​ស្និទ្ធ​គ្នា​តាម​ការ​ត​ភ្ជាប់ ផ្ដោត​លើ​ការ​​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ក្នុង​តំបន់​​រស់​នៅ​បាន​ប្រសើរ​ឡើង តាម​រយៈ​ការ​ដែល​មាន​ភាព​ដឹកនាំ​ដែល​ខ្លាំង និង​កិច្ច​សហការ​គ្នា​ល្អ​រវាង​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន។

ស្រប​គ្នា​នេះ​ដែរ ក្តី​សុបិន​អាស៊ាន នឹង​អាច​សម្រេច​ទៅ​បាន​ក្នុង​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​លូតលាស់​ខ្លាំង។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​របស់​យុវជន​​ ក៏​ជា​កូនសោ​មួយ​ដើម្បី​បើក​​ទ្វារ​ការ​សម្រេច​ក្ដី​ស្រមៃ​នេះ។

សូមស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក សាន សែល អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​ប្រឈម​នឹង​ការ​មិន​អាច​បោះ​ឆ្នោត​បាន​ដោយសារ​ខ្វះ​ឯកសារ

$
0
0

គណបក្ស​ប្រឆាំង​អះអាង​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់ ដែល​អាច​ប្រឈម​នឹង​ការ​មិន​អាច​បោះ​ឆ្នោត​បាន ដោយសារ​ខ្វះ​ឯកសារ។ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ជា​ថ្មី ដាច់​ដោយ​ឡែក​មួយ​ទៀត ទើប​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន។

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត និង​បក្ស​ប្រឆាំង ដាក់​ការ​ព្រួយ​បារម្ភ​ថា នីតិវិធី​ដែល​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នេះ អាច​ជា​ការ​បិទ​ផ្លូវ​ចំពោះ​ពលរដ្ឋ​ណា​ដែល​មាន​តែ​ប័ណ្ណ​ព័ត៌មាន​នៅ​ក្នុង​ដៃ ប៉ុន្តែ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី យល់​ឃើញ​ថា វា​ជា​បញ្ហា​នៅ​ពេល​ដែល​អ្នក​បោះឆ្នោត ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដូច​ជា​មិន​មាន​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ទេ។ អ្នកស្រី​បន្ត​ថា អ្នក​ទាំង​នោះ​ប្រាកដ​ណាស់ អាច​នឹង​មាន​សិទ្ធិ​​ពេញ​លេញ ដើម្បី​បាន​បោះឆ្នោត​ឡើយ។

អ្នកស្រី​ឲ្យ​ដឹង​ថា ផ្អែក​លើ​របាយការណ៍​ដែល​ចេញ​ដោយ គ.ជ.ប ពលរដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ​មាន​ជិត​កន្លះ​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​​ដែល​មាន​​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង ៧,៨​លាន​នៅ​ទូទាំង​ប្រទេស៖ «ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​ដោយ​ប្រើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​តាម​ការ​ឲ្យ​ដឹង​ពី គ.ជ.ប មក​មាន​ចំនួន​ប្រហាក់ប្រហែល ៤៣​ម៉ឺន​នាក់»

បទបញ្ជា និង​នីតិវិធី​សម្រាប់​បម្រើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ប្រការ ៣៥ ដែល​ចេញ​ដោយ គ.ជ.ប ចែង​ថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ត្រូវ​មាន ១.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ២. ឬ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត ដែល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​មេ​ឃុំ-ចៅ​សង្កាត់។ ក្នុង​ករណី​ពលរដ្ឋ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ ហើយ​ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ ត្រូវ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​មួយ​លើក​ទៀត។

នីតិវិធី​របស់ គ.ជ.ប បាន​កំណត់​ថា ដើម្បី​អាច​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បាន ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​រួម​មាន​សាមី​ខ្លួន​ត្រូវ​មាន​ថត ៣ x ៤ បី​សន្លឹក។ ត្រូវ​នាំ​សាក្សី ២​រូប ហើយ​សាក្សី​នោះ​ទៀតសោត ត្រូវ​មាន​សិទ្ធិ​បោះឆ្នោត​ផង និង​មាន​ទីលំនៅ ឬ​ទី​សំណាក់​នៅ​ក្នុង​ឃុំ-​សង្កាត់​ជាមួយ​ផង។ ប្រសិន​បើ​អ្នក​បោះឆ្នោត ពុំ​បាន​បំពេញ​លក្ខខណ្ឌ​ទាំង​នេះ​ទេ មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​បាន​ឡើយ។

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ថ្មី​នេះ តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​គ្រប់​ចុះ​ឈ្មោះ​បោះឆ្នោត​អនុវត្ត​ដំណាក់​កាល​២​ចំណុច​សំខាន់។ ទី​១ អ្នក​បោះ​ឆ្នោត​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​បោះឆ្នោត ស្ថិត​​ក្នុង​ឃុំ-​សង្កាត់​ដែល​ខ្លួន​រស់​នៅ។ ចំណុច​នេះ​មាន​ន័យ​ថា ពលរដ្ឋ​ត្រូវ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ក្នុង​ដំណាក់​កាល​នេះ បើ​អ្នក​បោះឆ្នោត​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​អត្តសញ្ញាណប័ណ្ណ​នោះ ត្រូវ​ខូច​ខាត និង​បាត់បង់ អ្នក​បោះឆ្នោត​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ជំហាន​ទៀត គឺ​ត្រូវ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជា​លើក​ទី​២​ទៀត សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត ទើប​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន។

ពាក់ព័ន្ធ​រឿង​នេះ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​នីតិវិធី​នៃ​ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដែល​មាន​រយៈពេល​កំណត់​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា និង​បញ្ចប់​ទៅ​វិញ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។​យ៉ាង​នេះ​ក្តី គណបក្ស​ប្រឆាំង​រិះគន់​ថា គោលការណ៍​ដែល​ចេញ​ដោយ គ.ជ.ប សម្រាប់​ការ​ស្នើ​សុំ​ឯកសារ​នេះ​គឺ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​តិចតួច​ណាស់ ព្រោះ​តែ​រង​ការ​គំរាមកំហែង និង​បម្រាម​របស់​អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន​ជានិច្ច។

ឆ្លើយ​តប​នឹង​​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា អះអាង​កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ការ​ប្រឈម​ដែល​រក​ឃើញ​ថា មិន​អាច​ចុះ​ផ្សព្វផ្សាយ​បាន​នេះ ទំនង​ផ្ដើម​ចេញ​ពី​អ្នក​ផ្សព្វផ្សាយ​ច្រើន​ជាង​ការ​ចោទ​ប្រកាន់​ថា ចិត្ត​ចង្អៀតចង្អល់​របស់​អាជ្ញាធរ៖ «សូម​ជម្រាប​ថា ១.៦៤៦​ឃុំ-​សង្កាត់ បញ្ហា​កើត​មាន​ឡើង​តែ​ចំនួន​ឃុំ-​សង្កាត់​តិចតួច​បំផុត។ ដូច្នេះ​ការ​ដែល​ព្យាយាម​លើក​យក​ចំណុច​នៃ​ការ​ខ្វះខាត​បន្តិចបន្តួច​នេះ ជួនកាល​ក៏​អាច​កើត​ចេញ​ពី​អាកប្បកិរិយា និង​ឥរិយាបថ​របស់​អ្នក​ផ្សព្វផ្សាយ​នោះ​ដែរ បើ​សិន​ជា​ក្នុង​ឥរិយាបថ​មួយ​មិន​សហការ​ជា​មួយ​អាជ្ញាធរ​ដែនដី​ប្រហែល​ក៏​កើត​មាន​បញ្ហា​នេះ»

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ពី​ដំណើរការ​បោះឆ្នោត មាន​ជំនឿ​ថា មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ដឹង​ពី​ព័ត៌មាន​ស្ដីពី​ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​នេះ។ ក្នុង​ចំណោម​ហេតុផល​ទាំង​នេះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​របស់​អង្គការ​ខុមហ្រ្វែល (COMFREL) យល់​ឃើញ​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ នៅ​តាម​ការិយាល័យ​លើក​ទី​១ ហើយ​ទទួល​បាន​ព័ត៌មាន​អំពី​ទីតាំង​បោះឆ្នោត លេខកូដ និង​ឈ្មោះ​ជា​ដើម គឺ​ពួក​គេ​អាច​ទៅ​បោះឆ្នោត​បាន​ហើយ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នេះ​គ្រាន់​តែ​ជា​ប័ណ្ណ​ព័ត៌មាន​ប៉ុណ្ណោះ ប្រសិន​បើ​អ្នក​ចុះ​ឈ្មោះ​នោះ ចុះ​តាម​រយៈ​ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ហើយ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ នោះ​មាន​ន័យ​ថា ពួក​គេ​ពុំ​អាច​ទៅ​បោះឆ្នោត​បាន​ឡើយ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចៀស​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ត្រូវ​ប្រគល់​ភារៈ​នៃ​ការ​ផ្សព្វផ្សាយ​នេះ​ឲ្យ​ទៅ គ.ជ.ប ជា​អ្នក​អនុវត្ត​ដោយ​ផ្ទាល់​វិញ ប្រហែល​អាច​ចៀសវាង​បញ្ហា​បាន។ លោក​បន្ត​ថា កន្លង​ទៅ​កម្ពុជា​ធ្លាប់​មាន​ពិសោធន៍​គ្រប់គ្រាន់​មក​ហើយ ដែល​ភារៈ​ផ្សព្វផ្សាយ​សារ​នេះ ជា​ការ​ទទួល​បន្ទុក​ដោយ គ.ជ.ប ហើយ​តែង​ទទួល​បាន​​ផល​ជា​វិជ្ជមាន​ច្រើន​ជាង​ភ្នាក់ងារ​បក្ស​នយោបាយ​ចុះ​អនុវត្ត។

លោក​បន្ត​ថា៖ «យើង​ឃើញ គ.ជ.ប ប្រើប្រាស់​មីក្រូ​លើក​មុន​គឺ​ឃើញ​មាន​ប្រសិទ្ធភាព។ បើ​សិន​ជា គ.ជ.ប អាច​មាន​លទ្ធភាព​ពេល​ហ្នឹង​គួរ​តែ​បន្ថែម​នៃ​ការ​ប្រកាស​មីក្រូ​ហ្នឹង ហើយ​បើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ប្រកាស​វិញ តើ គ.ជ.ប ហ៊ាន​អះអាង ហើយ គ.ជ.ប ហ៊ាន​អារកាត់​ថា ភាគី​ពាក់ព័ន្ធ​អាច​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែរ ឬ​យ៉ាង​ណា»

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត​យល់​ឃើញ​ថា ប្រសិន​បើ​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នេះ មិន​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​ទេ ទំនង​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ខ្លះ អាច​ផ្ទុះ​ការ​តវ៉ា។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ព្រមាន​ធ្ងន់ៗ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ថា ការ​តវ៉ា​ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ​ទាំង​មុន និង​ក្រោយ​ការ​បោះឆ្នោត ត្រូវ​តែ​បង្ក្រាប។ លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ឯកសណ្ឋាន​​ជា​យោធា​ផ្កាយ​ពាក់​​លើ​ស្មា​ផង​ព្រលយ​ថា បើ​ការ​បង្ក្រាប​នេះ​បង្ក​ទៅ​ជា​សង្គ្រាម ក៏​សង្គ្រាម​ទៅ​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live