ពលរដ្ឋមួយចំនួននៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ព្រួយបារម្ភខ្លាចសាច់ញាតិរបស់គេដែលចំណាកស្រុកទៅរកការងារធ្វើឯប្រទេសថៃ មិនអាចវិលត្រឡប់មកទាន់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះបានទេ។
ការព្រួយបារម្ភដូចនេះ ដោយសារតែគេទទួលបានព័ត៌មានថា សាច់ញាតិដែលចូលទៅរកការងារធ្វើឯប្រទេសថៃ ទាំងនោះ ត្រូវតម្រួតថៃ ចាប់ខ្លួនដាក់ពន្ធនាគារអស់ទៅហើយ។
គ្រួសាររបស់ពលករចំណាកស្រុកនៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង អំពាវនាវសុំឲ្យរដ្ឋាភិបាលខ្មែរ ធ្វើយ៉ាងណាជួយអន្តរាគមន៍ដោះលែងសាច់ញាតិរបស់គេចំនួន ២៣នាក់ដែលកំពុងតែជាប់ពន្ធនាគារនៅឯប្រទេសថៃ ឲ្យបានវិលត្រឡប់មកទាន់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ។
ការអំពាវនាវ ធ្វើឡើងបន្ទាប់ពីគេដឹងថា សាច់ញាតិរបស់ពួកគេដែលមានមនុស្សគ្រប់អាយុបោះឆ្នោតចំនួន ១៧នាក់ និងកូនតូចៗចំនួន ៦នាក់ថែមទៀត ទៅរកការងារធ្វើឯប្រទេសថៃ ប៉ុន្តែត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនដាក់នៅក្នុងគុកអន្តោប្រវេសន៍សួនភ្លូ (Suan Plu) នាទីក្រុងបាងកក រយៈពេលជាងកន្លះខែមកហើយ។
គ្រួសារពលករម្នាក់នៅភូមិក្រសាំង ក្នុងចំណោមជាច្រើននាក់ទៀត គឺលោកស្រី សែម លុយ។ លោកស្រីមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ថា កាលពីថ្ងៃទី២៩ ខែមេសា ក្មួយ និងចៅៗរបស់គាត់ បាននាំគ្នាឆ្លងដែនទៅរកការងារធ្វើឯប្រទេសថៃ។ កាលណោះមានមនុស្សពេញវ័យចំនួន ១៧នាក់ និងកុមារតូចៗចំនួន ៦នាក់ទៀត ដែលឪពុកម្ដាយរបស់គេយកទៅជាមួយ។ នៅពេលទៅដល់ប្រទេសថៃ ធ្វើការបានប្រហែលជា ៥ថ្ងៃ ក៏ត្រូវតម្រួតថៃ ចាប់ខ្លួន ហើយបញ្ជូនយកទៅដាក់គុកប៉ូលិសអន្តោប្រវេសន៍សួនភ្លូ (Suan Plu) ក្នុងទីក្រុងបាងកក រហូតមកដល់ពេលនេះ៖ «សូមឲ្យរដ្ឋាភិបាលជួយទៅដោះលែងមក។ ចង់ឲ្យជួយយកពួកគេមកស្រុកវិញឲ្យបានឆាប់រហ័ស ពីព្រោះអ្នកជាប់គុកទាំងនោះសុទ្ធតែក្មួយ និងចៅ»។
ទោះជាយ៉ាងណា អាស៊ីសេរី នៅមិនទាន់អាចទាក់ទងអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ដើម្បីសុំការពន្យល់ជុំវិញចំណាត់ការជួយដោះលែងអ្នកភូមិទាំងនោះពីប្រទេសថៃ មកវិញបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២១ ខែឧសភា ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ចំណែកអធិការនគរបាលក្រុងសំរោង លោក ស៊ុន សាន មានប្រសាសន៍ថា លោកមិនបានដឹងថា មានពលករខ្មែរនៅភូមិក្រសាំង ដែលតម្រួតថៃ ចាប់ខ្លួនដាក់ពន្ធនាគារនៅឡើយទេរហូតមកដល់ពេលនេះ។ លោកអធិការដដែលបញ្ជាក់ថា លោកនឹងសួរទៅប្រធានប៉ុស្តិ៍នគរបាលសង្កាត់បុសស្បូវ ឲ្យស្រាវជ្រាវ និងធ្វើរបាយការណ៍ជុំវិញករណីនេះ៖ «អត់ទាន់ឃើញមេប៉ុស្តិ៍បុសស្បូវ រាយការណ៍មកផង។ មិនដឹងថាអ្នកទាំងនោះចេញទៅប្រទេសថៃ ពីកាលណា? ពីព្រោះជនចំណាកស្រុករាប់ពាន់នាក់ឯណោះ»។
អាជ្ញាធរឃុំបុសស្បូវ និងភូមិក្រសាំង បានទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គេបានឆ្លងដែនទៅរកការងារធ្វើឯប្រទេសថៃ ហើយត្រូវតម្រួតថៃ ចាប់ខ្លួនដាក់ពន្ធនាគារនោះមែន ក៏ប៉ុន្តែគេហាក់គ្មានមធ្យោបាយដើម្បីជួយដោះលែងអ្នកភូមិទាំងនោះបានទេ។
មេភូមិក្រសាំង លោក ម៉ុន ហៃ មានប្រសាសន៍ថា អ្នកភូមិរបស់លោកចំនួន ១៧នាក់ ពិតជាបានចាកចោលផ្ទះទៅរកការងារធ្វើនៅឯប្រទេសថៃ មែន។ លោកមេភូមិបញ្ជាក់ថា ពលរដ្ឋចំនួន ១៧នាក់នោះ សុទ្ធតែមានជីវភាពក្រីក្រ ព្រមទាំងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុផង ទើបនាំគ្នាចេញទៅរកការងារធ្វើនៅឯប្រទេសថៃ ដោយមិនស្របច្បាប់។
ទោះជាយ៉ាងណា មេភូមិក្រសាំង ចង់ឲ្យរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះលែងអ្នកភូមិរបស់គាត់ទាំង ១៧នាក់ ព្រមទាំងកុមារតូចៗចំនួន ៦នាក់ទៀត ឲ្យបានវិលត្រឡប់មកភូមិវិញនៅពេលឆាប់ៗ៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះលែងពួកគេ ហើយយកត្រឡប់មកស្រុកវិញ ពីព្រោះពួកគេក្រីក្រណាស់ ពីព្រោះទោះជាអាក្រក់ ឬក៏ល្អ ក៏ជាកូនចៅរបស់យើងដែរ»។
ចៅសង្កាត់បុសស្បូវ លោក ខ្លូត យុត មានប្រសាសន៍ថា លោកបានដឹងព័ត៌មានថាប្រជាពលរដ្ឋនៅភូមិក្រសាំង ចំនួន ១៧នាក់ ត្រូវតម្រួតថៃ ចាប់ដាក់គុកនោះ តាមរយៈមេប៉ុស្តិ៍នគរបាល ប៉ុន្តែរហូតមកដល់ពេលនេះ លោកហាក់ដូចជាទាល់ច្រកមិនដឹងទាក់ទងទៅខាងណា ដើម្បីឲ្យជួយអន្តរាគមន៍ដោះលែងពលរដ្ឋទាំងនោះឲ្យបានត្រឡប់មកផ្ទះវិញទេ៖ «គ្រួសារពលករដែលចេញទៅធ្វើការនៅប្រទេសថៃ នោះ គាត់មិនបានរាយការណ៍មកអាជ្ញាធរសង្កាត់ឲ្យដឹង ឬក៏សុំជំនួយពីអាជ្ញាធរយ៉ាងណាទេ ប៉ុន្តែយើងដឹងតាមប៉ូលិសមកវិញ»។
បញ្ជីឈ្មោះខ្លះៗដែលគ្រួសាររបស់ពលករផ្ដល់ឲ្យ គឺអ្នកភូមិដែលកំពុងជាប់គុកអន្តោប្រវេសន៍សួនភ្លូ មានដូចជា ធឿត ខា ភេទស្រី អាយុ ៣១ឆ្នាំ ឈ្មោះ ហួ ឡា ភេទស្រី អាយុ ២៩ឆ្នាំ ឈ្មោះ អេម ពេក ភេទប្រុស អាយុ ២៧ឆ្នាំ ឈ្មោះ អេម ឡំ ភេទស្រី អាយុ ៣៤ឆ្នាំ ឈ្មោះ រុន រំដួល ភេទស្រី អាយុ ២៥ឆ្នាំ ឈ្មោះ លឿប ភេទប្រុស អាយុ ២៦ឆ្នាំ ឈ្មោះ ស្រូ ម៉ៅ ភេទស្រី អាយុ ២២ឆ្នាំ ឈ្មោះ ហួរ រ៉ុង ភេទស្រី អាយុ ២៣ឆ្នាំ ព្រមទាំងអ្នកភូមិ និងកុមារជាច្រើននាក់ទៀត។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា ប្រសិនបើមានបញ្ហាចាប់ខ្លួនពលករខ្មែរនៅក្រៅប្រទេសដូចនេះ សូមឲ្យក្រុមគ្រួសារទាក់ទង និងផ្ដល់ព័ត៌មានអំពីទីកន្លែងច្បាស់លាស់មករូបលោក នោះអង្គការរបស់លោកមានអង្គការជាដៃគូនៅឯប្រទេសថៃ និងទៅសហការជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីធ្វើអន្តរាគមន៍ជួយដោះលែងពលរដ្ឋខ្មែរទាំងនោះឲ្យអាចត្រឡប់មកប្រទេសវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។