Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី​នៅ​តែ​ទទូច​សុំ​រដ្ឋាភិបាល​បើក​ឱ្យ​ពួកគេ​ចូល​កម្ពុជា​វិញ

$
0
0

ប្រជាពលរដ្ឋ​ខ្មែរ​​ ១៥០​នាក់​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាម​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ចូល​កម្ពុជា ដោយ​លោក​សំអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នោះ ត្អូញត្អែរ​ថា ពួកគេ​មួយ​ចំនួន បាន​សុំ​កន្លែង​ស្នាក់នៅ​ជាមួយ​គេ​តែមួយ​រយៈ និង​ប្រឈម​គ្មាន​ថវិកា​ទិញ​អាហារ​ហូបចុក​។ ពួកគេ​នៅតែ​ចង់​វិល​ទៅ​កម្ពុជា​ជួបជុំ​គ្រួសារ​វិញ ប៉ុន្តែ​ពុំ​មាន​ដំណឹង​ឬ​ការ​អន្តរាគមន៍​ណាមួយ​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ឡើយ។

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នៅតែ​ស្នើសុំ​ដល់​រដ្ឋាភិបាល ពិចារណា​បើកផ្លូវ​ឱ្យ​ពួកគេ​អាច​វិល​ចូល​ទៅ​កម្ពុជា​វិញ ព្រោះ​ពួកគេ​កំពុង​ជួប​បញ្ហា​ប្រឈម​ជីវភាព​កាន់តែ​ខ្លាំង។

លោកស្រី សាវី សាឡាស់ ពលករ​រោងចក្រ​នៅ​តំបន់​ទីរាម ខេត្ត​ចូហូ ប្រទេស​ម៉ាឡេស៊ី ត្អូញត្អែរ​ថា លោកស្រី​ប្រៀប​ដូចជា​ទឹក​ដល់​ច្រមុះ​ហើយ​ពេលនេះ ព្រោះ​បាន​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​និង​ទិញ​សំបុត្រ​យន្ដ​ហោះ​អស់​ច្រើន​ដោយ​សង្ឃឹមថា នឹង​បាន​ចេញទៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​បែរជា​នៅ​ជាប់​គាំង​ដោយ​គ្មាន​ប្រាក់​ចំណូល​។ លោកស្រី​ថា ពួកគាត់​ទទូច​ចង់​ទៅ​ប្រទេស​កម្ពុជា​វិញ​នេះ ដោយសារតែ​មិន​អាច​បន្ត​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ស្ថានភាព​អត់​ការងារ​ធ្វើ​បាន​ទៀត​ឡើយ​។ ក្នុង​មួយ​ខែ​លោកស្រី​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ក្នុង​ម្នាក់​ត្រូវ​ចំណាយ​យ៉ាង​ហោច ៣​រយ​ដុល្លារ​លើ​ថ្លៃឈ្នួល​បន្ទប់ និង​ការ​ហូប​ចុក៖ «រស់នៅ​រាល់ថ្ងៃ​ហ្នឹង​ត្រូវការ​លុយ​ស៊ីចុក​អ៊ីចឹង​! បើ​បាន​ទៅ​ខ្មែរ​ទៅ​ម៉េច​ក៏​គ្រាន់បើ​ដែរ ប្រហុក​ផ្អក​អី​គ្រាន់បើ ព្រោះ​នៅ​ទីនេះ​បើ​សិន​អត់​ការងារ​ធ្វើ​វា​រឹតតែ​ពិបាក​គ្មាន​អ្នក​ចិញ្ចឹម​ផង។ និយាយ​ទៅ​ការងារ​គាំង​ទាំងអស់ សូម្បី ការងារ​នៅ​ក្នុង​ផ្ទះ ខោអាវ​ដេក ក៏​អត់​ដែរ ឥឡូវ​គេ​បិទ​អស់ហើយ វា​អត់​ដំណើរការ»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ពលរដ្ឋ និង​និស្សិត រួម​ទាំង​អ្នកដំណើរ​ផ្សេងទៀត​ប្រមាណ​១៥០​នាក់​ដែល​មាន​បំណង​វិល​មក​ប្រទេស​កម្ពុជា​វិញ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី ខណៈ​អ្នក​ធ្វើដំណើរ​កំពុង​ត្រៀម​ឡើង​យន្តហោះ​ទៅ​ហើយ​នោះ​។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ផ្អាក​នេះ ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​កូវីដ-១៩​។ ការ​ផ្អាក​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្រែក​ទ្រ​ហ៊ោ​យំ ព្រោះ​បាន​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ បូករួម​ទាំង​ថ្លៃ​ធ្វើដំណើរ​ពី​កន្លែង​ស្នាក់​ក្នុង​តំបន់​ឆ្ងាយៗ​ទៅ​វាល​យន្តហោះ​ជាដើម​។ ប្រការ​នេះ បាន​ធ្វើ​ឱ្យ​អ្នកខ្លះ​ដេកចាំ​នៅ​ព្រលាន​យន្តហោះ​ក្រែង​លោ លោក ហ៊ុន សែន ប្ដូរ​ចិត្ត។

ការ​សម្រេច​របស់​លោក ហ៊ុន សែន នេះ បាន​បណ្ដាល​ឱ្យ​មាន​ខកចិត្ត និង​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សាធារណជន​ថា នយោបាយ​លោក ហ៊ុន សែន ដើរ​ផ្ទុយ​ពី​ប្រទេស​នានា​លើ​ពិភពលោក សូម្បីតែ​ប្រទេស​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក ក៏​គេ​បាន​យក​យន្តហោះ​ដឹក​ជម្លៀស​ពលរដ្ឋ​របស់​គេ​ចេញពី​ប្រទេស​ដែល​កំពុង​មាន​ការ​ឆ្លង​រីក​រាល​ជំងឺ​កូវីដ-១៩ ដើម្បី​សុវត្ថិភាព​និង​សេចក្ដី​សុខ​ពលរដ្ឋ។

និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ គឺ​លោក ស្លេះ សាព្រី ថ្លែង​ថា នៅ​ពេល​លោក​ត្រឡប់​ទៅ​ស្នាក់នៅ​អន្តេវាសិកដ្ឋាន ឬ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​វិញ ខាង​សាលា​បាន​ដាក់​ឱ្យ​លោក​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ លោក​បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ ម៉ាឡេស៊ី អ៊ែឡាញ (Malaysia Airline) ដើម្បី​សុំ​ថ្លៃ​សំបុត្រ​យន្តហោះ​មកវិញ ក្រែង​បាន​ថវិកា​គ្រាន់​ទិញ​អាហារ​ហូបចុក​នៅ​ពេល​សាលា​លែង​ផ្គត់ផ្គង់ ប៉ុន្តែ​ក្រុមហ៊ុន​អះអាង​ថា បាន​ត្រឹម​រក្សា​សុពលភាព​សំបុត្រ​នៅ​ថ្ងៃ​ណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ចូល​កម្ពុជា​វិញ៖ «គេ​ទទួល​ប៉ុន្តែ​គេ​ឱ្យ​នៅ ១៤​ថ្ងៃ​រួច​ខ្លួន ហើយ​ទើប​ចេញ​ថ្ងៃ​ហ្នឹង ខាត​! ខំ​ទៅ​អស់​លុយ​ច្រើន​ណាស់​អត់​បាន​ទៅមក​សាលា​វិញ​គេ​ឃុំ​ទៀត ។ មាន​កូន​សិស្ស​ខ្លះ​មក​ជាមួយគ្នា​ហ្នឹង​គាត់​អត់​ចូល​សាលា​ទេ គាត់​ស្នាក់​នៅផ្ទះ​គេ​នៅ​មិនទាន់​មកវិញ​ផង​តែ​មក​គេ​ឃុំ​ហើយ​។ មិន​ដឹង​ម៉េច​ទេ​ព្រោះថា ពិបាក​លុយ​ទិញ​សំបុត្រ​យន្តហោះ​អស់ហើយ​រយៈពេល​Lockdown ហ្នឹង​គេ​ឱ្យ​ម្ហូបអាហារ​យើង​ក្រោយពី​ហ្នឹង​អត់​មាន​ម្ហូប​ទេ លុយ​ក៏​អស់ ទៅផ្ទះ​ក៏​មិនបាន​ទៀត​មិន​ដឹង​ធ្វើ​ម៉េច ចេះតែ​នៅ​អ៊ីចឹង​ទៅ»

លោកស្រី សាវី សាឡាស់ ដែល​មាន​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បន្ថែម​ទៀត​ថា លោកស្រី អន្ទះសា​ចង់​ទៅ​រស់នៅ​ជួបជុំ​កូន និង​ប្ដី​ណាស់។ លោកស្រី​គ្មាន​ដំណឹង​ថា ថ្ងៃ​ណា​ដែល​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​ចេញដំណើរ​ទៅ​កម្ពុជា​វិញ​នោះ​ទេ គ្រាន់តែ​សោហ៊ុយ​ធ្វើដំណើរ​ជិះ​ឡាន​ឈ្នួល​ទៅ​សុំ​ការ​អន្តរាគមន៍​នៅ​ស្ថានទូត​ខ្មែរ ក៏​ត្រូវ​ចំណាយ​លុយ​ប្រមាណ ៣​រយ​ដុល្លារ​បាត់​ទៅ​ហើយ៖ «ស្ថានទូត​គាត់​និយាយ​ថា ឱ្យ​ពួក​ខ្ញុំ​ទ្រាំៗ​នៅ​សិន​ទៅ ព្រោះ​អី​កូវីដ​វា​ឡើង​ខ្លាំង​ណាស់ ចាំ​ពេល​ប្រទេស​បើកផ្លូវ​ឱ្យ​យើង​ចេញទៅ​ចាំ​យើង​ចេញទៅ ព្រោះ​ទៅ​ការ​ការពារ​ទប់ស្កាត់​ព្រោះ​ចេញពី​នេះ​ទៅ​ច្រើន​ខ្លាច​ឆ្លង​ច្រើន​ទប់ស្កាត់​អត់​ទាន់។ គាត់​និយាយ​អ៊ីចឹង​ពួក​ខ្ញុំ​យល់​ដែរ តែ​ពួក​ខ្ញុំ​រស់នៅ​ពិបាក​ព្រោះ​អត់​ការងារ​ធ្វើ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក ចឺយ វិចិត្ត ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៣ មេសា​។ ប៉ុន្តែ​មន្ត្រី​កិច្ចការ​រដ្ឋបាល​របស់​ស្ថានទូត​ម៉ាឡេស៊ី លោក ស៊ុន សុភា ថ្លែង​ថា ស្ថានទូត​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណឹង ឬ​គោលការណ៍​ណាមួយ​ចំពោះ​ការអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញពី​ប្រទេស​ម៉ាឡេស៊ី​នៅឡើយ​។ លោក​អះអាង​ថា ស្ថានទូត​បាន​ជួយ​ទំនុកបម្រុង​ជា​អង្ករ​និង​របស់​ហូបចុក​បន្តិចបន្តួច​ដល់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែរ​ក្នុង​គ្រា​លំបាក​នេះ៖ «ខាង​ខ្ញុំ​ដែល​ទទួល​បន្ទុក​ខាង​និស្សិត​ខ្ញុំ​អត់​ដឹង​ដែរ​ថា ខាង​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ទៅ​ថ្ងៃ​ណា យើង​នៅ​រង់ចាំ»

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​វិធានការ​ជុំវិញ​ការ​ស្នើ​សុំ​របស់​ពលករ និង​និស្សិត​ដែល​មាន​បំណង​ចូល​មក​កម្ពុជា​វិញ​នោះ​នៅឡើយ​ទេ​។ លោក​ថា វា​ជា​គោលការណ៍​ប្រទេស​រៀងខ្លួន​ក៏ដូចជា​គោលការណ៍​រួម​របស់​ប្រទេស​សមាជិក​អាស៊ាន ដែល​ប្ដេជ្ញា​ចិត្ត​រួមគ្នា កាលពី​ប្រជុំ​កំពូល​អាស៊ាន​ថ្មីៗ​នេះ ដូច្នេះ​ការ​បើក​ឡើងវិញ ឬ​យ៉ាងណា​លុះត្រាតែ​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​បាន​ធូរស្រាល។ លោក ផៃ ស៊ីផាន ថ្លែង​បន្ទរ​តាម​លោក ហ៊ុន សែន ថា សុំ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការយោគយល់​អត់​ធ្មត់​ក្នុង​ដំណាក់កាល​នេះ៖ «ពួក​ទាំង​ហ្នឹង​មក​ក្នុង​ន័យ​រ៉ាមម៉ាដន​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ​កាល​ហ្នឹង ប៉ុន្តែ​ទើប​ជា​មក​ក្នុង​គោលដៅ​អី​ព្រោះ​យើង​បិទ​ព្រំដែន​ទាំងអស់​គ្នា ចេញ​ក៏​មិន​ឱ្យ​ចេញចូល​ក៏​មិន​ឱ្យ​ចូល​។ សម្ដេច​អនុវត្ត​គោលការណ៍​ហ្នឹង​ឆ្លើយតប​ទៅ​គេ​វិញ​ដែរ​តើ យើង​ទៅ​ពី​នេះ​គេ​អត់​ឱ្យ​ចូល​ស្រុក​គេ​ផង​ហ្នឹង បើ​យើង​ធ្វើ​ហ្នឹង​មិនបាន​ប្រទេស​ថៃ​រាប់​សែន​នាក់ និង​ប្រទេស​ដទៃ អ៊ីចឹង​បាន​សម្ដេច​សុំ​ឱ្យ​នៅ​មួយ​កន្លែង​សិន​សូម្បី​អ្នក​មកដល់​នេះ​ហើយក៏​ចេញ​អត់​កើត​ដែរ»

ការ​បដិសេធ​របស់​លោក ហ៊ុន សែន មិន​ឱ្យ​ពលរដ្ឋ​ពី​ប្រទេស​ម៉ាឡេស៊ី​ចូល​កម្ពុជា​នេះ ទាំង​សង្គម​ស៊ីវិល​និង​គណបក្សប្រឆាំង​បាន​ខកចិត្ត​និង​រិះគន់​យ៉ាង​ខ្លាំង​។ មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា ប្រសិនបើ​ពលរដ្ឋ​បន្ត​រស់នៅ​ម៉ាឡេស៊ី​ទៀត ក្រៅពី​ប្រឈម​បញ្ហា​គ្មាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត ពួកគេ​ក៏​ប្រឈម​បញ្ហា​ផ្លូវច្បាប់​ដោយសារ​ផុត​សុពលភាព​លិខិត​ស្នាក់នៅ និង​ពិបាក​រស់នៅ​ក្នុង​ពេល​រដ្ឋាភិបាល​ម៉ាឡេស៊ី កំពុង​អនុវត្ត​បម្រាម​គោចរ​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការសម្រេច​របស់​លោក ហ៊ុន សែន ថា​បង្ហាញ​ពី​ភាព​ទន់ខ្សោយ ការ​មិន​ទទួលខុសត្រូវ និង​ជា​ទង្វើ​អមនុស្សធម៌ មក​លើ​ពលរដ្ឋ​ខ្លួនឯង ដែល​ផ្ទុយ​ពី​មេដឹកនាំ​នៅ​លើ​ពិភពលោក​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្មករ​រោងចក្រ​ចាកាស៊ូ​រាប់​រយ​នាក់​រង​ការ​បញ្ឈប់​ដោយ​ទទួល​បាន​ប្រាក់​សំណង​តិចតួច

$
0
0

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ចាកាស៊ូ (JACKA SHOES) ថា ថៅកែ​រោងចក្រ​បាន​បន្ត​បញ្ឈប់​កម្មករ​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​មូលហេតុ និង​ទូទាត់​ប្រាក់​សំណង​មិន​ត្រឹមត្រូវ ឬ​តិចតួច​ឱ្យ​កម្មករ​ប៉ុណ្ណោះ​។ មន្ត្រី​សហជីព​ថា ទង្វើ​បែបនេះ​របស់​ភាគី​ថៅកែ​រោងចក្រ​ជា​ការ​រំលោភច្បាប់​ការងារ និង​ស្នើ​ទៅ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍។

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង ចាកាស៊ូ (Jacka Shoes) ដែល​ត្រូវ​ថៅកែ​បញ្ឈប់​លើក​ឡើង​ថា ពួកគេ​ធ្វើ​ការងារ​នៅ​រោងចក្រ​មាន​រយៈពេល​ពី​បី​ឆ្នាំទៅ​ប្រាំ​ឆ្នាំ ប៉ុន្តែ​ពេល​ថៅកែ​បញ្ឈប់​ការងារ​ពួកគេ ខាង​រដ្ឋបាល​បាន​ផ្តល់​ប្រាក់​ឱ្យ ពី​២០០ ទៅ ៣០០​ដុល្លារ​ប៉ុណ្ណោះ។

កម្មករ​ម្នាក់ លោកស្រី ឃុំ សុខា ប្រាប់​ថា រដ្ឋបាល​រោងចក្រ​បាន​ផ្ដល់​ជម្រើស​ពីរ​ឱ្យ​កម្មករ គឺ​ព្យួរ​ការងារ​ដោយ​មិន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ហើយ​បើ​កម្មករ​មិន​ព្រម​ព្យួរ​ការងារ គឺ​រោងចក្រ​បញ្ឈប់​កម្មករ​ដោយ​ផ្តល់​ប្រាក់​ឈ្នួល​ដែល​គិត​ចំនួន​ថ្ងៃ ដែល​ពួកគេ​បាន​ធ្វើ និង​ប្រាក់​អតីតភាព​តិចតួច​។ លោកស្រី​បន្ត​ថា ទោះ​មានការ​ប្រឆាំង​នឹង​សម្រេច​នេះ​ក៏ដោយ ក៏​ភាគី​ថៅកែ​មិន​ស្ដាប់​ការ​ទាមទារ​របស់​កម្មករ​នោះ​ទេ និង​បាន​បញ្ឈប់​កម្មករ​ជា​រៀងរាល់ថ្ងៃ៖ «ស្នើសុំ​ឱ្យ​ខាង​រោងចក្រ​កុំ​ពេល​ក្នុង​សង្គម​ចលាចល​គាត់​មក​បញ្ឈប់​កម្មករ​មាន​យល់ចិត្ត​ពួក​ថា​ត្រូវការ​លុយ​ត្រូវការ​កាក​បើ​គាត់​បញ្ឈប់​អ៊ីចឹង​ម៉េច​កើត»

កម្មករ​ម្នាក់ទៀត​កញ្ញា ជុំ មុំ ប្រាប់​ថា ថៅកែ​រោងចក្រ​បាន​ហាម​មិន​ឱ្យ​កម្មករ​អាច​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​នេះ​ទេ ហើយ​បើ​គេ​ដឹង​ថា មាន​អ្នក​ណា​ចង់​ធ្វើ​តំណាង​កម្មករ ថៅកែ​នឹង​បញ្ឈប់​កម្មករ​នោះ​មុនគេ​។ កញ្ញា​បន្ត​ថា ផ្នែក​រដ្ឋបាល​គិត​លុយ​ឱ្យ​កម្មករ​មិន​គ្រប់​ចំនួន​នោះ​ឡើយ និង​បង្ខំ​កម្មករ​ឱ្យ​ផ្ដិត​មេដៃ​លើ​ពាក្យ​លា​ឈប់​។ កញ្ញា​ថា ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​កម្មករ​ប្រមាណ ២០០​នាក់​ត្រូវ​ថៅកែ​បញ្ឈប់៖ «គាត់ (រោងចក្រ) មានការ​បញ្ឈប់​រាល់ថ្ងៃ ពេល​ហៅ​បញ្ឈប់​កម្មករ​ហើយ​ប្រហែល​បើក​លុយ​មិន​គ្រប់​កម្មករ​ធ្វើការ​ប្រាំ​ឆ្នាំ ប្រាំមួយ​ឆ្នាំ​បើក​លុយ​បាន​ពីរ ជាង​បី​រយ​ជាង​ដុល្លារ ហើយ​អ្នកខ្លះ​បានតែ​មួយ​ដុល្លារ​ជាង​អីណឹង ខាង​រដ្ឋបាល​ចេះតែ​គិតលុយ​និយាយ​អញ្ចេះ​និយាយ​អញ្ចុះ​ដាក់​គាត់​ឱ្យ​គាត់​ផ្ដិត​មេដៃ»

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​ចាកាស៊ូ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ប៉ុន្តែ ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នក​ទទួល។ ចំណែក អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា បើ​មាន​ករណី​ដូច​កម្មករ​លើកឡើង នេះ​គឺជា​ការ​រំលោភច្បាប់​ការងារ។ លោក​ថា តាមច្បាប់​នៅ​ពេល​ថៅកែ​បញ្ឈប់​កម្មករ​ដោយ​មិនបាន​ជូនដំណឹង​ជាមុន គឺ​ត្រូវ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ទៅតាម​អតីតភាព​របស់​កម្មករ មិនមែន ផ្ដល់​ឱ្យ​តែ​២០០​ទៅ​៣០០​ដុល្លារ​នោះ​ទេ៖ «តាម​ការពិត​ការបញ្ឈប់​កម្មករ​មិន​ជូនដំណឹង​មិន​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​ត្រូវ​គិតដល់​បងប្អូន​កម្មករ​ប្រាំ​ចំណុច​មាន​ប្រាក់​ជំងឺ​ចិត្ត ប្រាក់ខែ​ចុងក្រោយ​អីណឹ​ង ហើយ​ពេល​បញ្ឈប់​ឱ្យ​ពួកគាត់​តែ ៣០០​ដុល្លារ ជា​រឿង​មួយ​សមរម្យ​សម្រាប់​បងប្អូន​កម្មករ»

លោក រ៉ុង ឈុន បន្ត​ថា ដើម្បី​រក​ដំណោះស្រាយ​រឿង​នេះ កម្មករ​គួរ​ស្វែងរក​អន្តរាគមន៍​ពី​មន្ទីរ​ការងារ និង​ក្រសួង​ការងារ ឬ​អាច​ទាក់ទង​ខាង​សហជីព​ណាមួយ​ដើម្បី​ផ្ដល់​ប្រឹក្សា​។

ច្បាប់​ការងារ​ចែងថា ការបញ្ឈប់​កម្មករ​ដែល​មាន​អតីតភាព​ការងារ​ចាប់​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១​ខែ អតីតភាព​ការងារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ២​ខែ។ និយោជក​ត្រូវ​ផ្ដល់​ទៅ​ឱ្យ​កម្មករ​និយោជិក នូវ​ប្រាក់​បំណាច់​បណ្ដេញ​ចេញពី​ការងារ ហើយ​ប្រាក់​បំណាច់​បណ្ដេញ​ចេញ​នេះ​ទៀត​សោត ក៏​ត្រូវ​គិត​ទៅ​តាម​អតីតភាព​ការងារ​របស់​និយោជិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ពី​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត

$
0
0

មន្ត្រី​យោធា​ជាន់ខ្ពស់​ថា កម្ពុជា​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ពី​ប្រទេស​ចិន ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​ប្រទេស​។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៣ ខែ​មេសា​ថា កម្ពុជា​ពិតជា​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ម៉ាក (FTC-2000G) ពី​ប្រទេស​ចិន​មែន ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​មាន​សមត្ថភាព​ទិញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​ឡើយ​ទេ។

លោក​ថា កម្ពុជា​អាច​នឹង​ទិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត នៅ​ពេល​រដ្ឋាភិបាល​មាន​លទ្ធភាព។ លោក ទៀ បាញ់ មាន​ប្រសាសន៍​បែប​នេះ បន្ទាប់​ពី​ប្រទេស​ចិន​បាន​ប្រកាស កាលពី​ថ្ងៃ​១៩ មេសា ថា ចិន​រក​បាន​អតិថិជន​មួយ ជា​ប្រទេស​មួយ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ចង់​ទិញ យន្ដហោះ ចម្បាំង​ប្រភេទ FTC-2000G ក្រោយ​ពី​យន្ត​ហោះ​នេះ បាន​ផលិត​ពីរ​ឆ្នាំ​រួចមក​។ នេះ​បើ​តាម​ការផ្សាយ​របស់​គេហទំព័រ ឈ្មោះ Defense World ( https://www.defenseworld.net/about) កាលពី​ថ្ងៃ​ទី២០ មេសា។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន ១២​គ្រឿង ប្រភេទ Zhi-9 (Z-9) ពី​ប្រទេស​ចិន​។ ចិន​ឱ្យ​កម្ពុជា​ខ្ចី ថវិកា​ជិត ២​រយ​លាន​ដុល្លារ សម្រាប់​ទិញ យន្តហោះ​ទាំង ១២​គ្រឿង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​សង្គ្រោះ​ជាតិ​ថា ចំណុច​ខ្លះ​នៃ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ

$
0
0

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ចំណុច​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ មិន​មាន​ធម្មនុញ្ញភាព​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កំពុង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​នេះ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​ប្រមុខរដ្ឋ​ស្ដីទី ដើម្បី​ចុះ​ហត្ថលេខា។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មើល​ឃើញ​ថា មាត្រា​៥ ដែល​ចែង​អំពី​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ គឺ​ជា​ចំណុច​ដែល​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ ចំណែក លក្ខខណ្ឌ​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទៀត​សោត លោក​ថា ​ចែង​ក្នុង​ន័យ​ទូលាយ​ពេក មិន​សម​ស្រប​នឹង​ស្ថានភាព​ជាក់​ស្ដែង។

លោក​ អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ដើម្បី​ទុក​ការពារ​អំណាច​របស់​ខ្លួន តែ ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រយោជន៍​ជាតិ​នោះ​ទេ៖ «»

មាត្រា៥ នៃ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ ដក​ហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ជា​ ការ​ធ្វើ​ដំណើរ​ ការ​ជួប​ប្រជុំ ការ​ប្រមូល​ផ្តុំ និង​ការ​ប្រកប​មុខ​របរ​ជាដើម ព្រម​ទាំង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បណ្តាញ​សង្គម​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត មាត្រា​នេះ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​​ធ្វើ​អ្វី​ក៏​​បាន​ឱ្យ​តែ​យល់​ថា សម​ស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន រហូត​ដល់​​អាច​ប្រើ​កម្លាំង​ទ័ព​គ្រប់គ្រង​សភាពការណ៍​ទៀត​ផង។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​ មាន​តួនាទី​ត្រួតពិនិត្យ​មើល​ធម្មនុញ្ញភាព ឬ​ភាព​ត្រឹម​ត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ចំពោះ​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​។ ស្ថាប័ន​​នេះ បាន​កោះ​ហៅ​រដ្ឋ​មន្ត្រី​ថ្មី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល ដើម្បី​បំភ្លឺ​លើ​អត្ថបទ​ច្បាប់​នេះ​ នៅ​ថ្ងៃ​ទី២៤ មេសា។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ទាំងពីរ​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺ​លោក តាំង រតនា និង​លោក ព្រហ្ម វិចិត្រអក្ខរា ដើម្បី​សាកសួរ​អំពី​ដំណើរការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី២៤ មេសា ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់​ឡូត យល់ថា សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ ផ្ដល់​សិទ្ធិ​អំណាច​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​​ ក្នុង​ការ​កម្រិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «»

ទោះ​ជា​មាន​ការ​ហៅ​តំណាង​រដ្ឋាភិបាល​ទៅ​បំភ្លឺ​លើ​អត្ថបទ​ច្បាប់​នេះ​ក៏​ដោយ ក៏​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាម​ដាន​ស្ថានការណ៍​ជឿ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​មិន​កែ​ប្រែ​ចំណុច​ណាមួយ​នោះ​ឡើយ ពីព្រោះ​ស្ថាប័ន​កំពូល​មួយ​នេះ​ ក៏ដូចជា រដ្ឋសភា និង​ព្រឹទ្ធសភា ដែរ គឺ​ចាំតែ​ប្រថាប់​ត្រា​លើ​សេចក្ដី​ព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង ជឿ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក សាយ ឈុំ ព្រោះ​ព្រះមហាក្សត្រ​ ទំនង​ជា​មិន​សព្វ​ព្រះហឫទ័យ ចំពោះ​ច្បាប់​នេះ​ឡើយ ទើប​បាន​ជា​ទ្រង់​យាង​ទៅ​ប្រទេស​ចិន​ តាំងពី​ពេល​របប​ក្រុង​ភ្នំពេញ​រៀប​ចំ​ធ្វើ​ច្បាប់​នេះ​មក​ម្ល៉េះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​លោក ហ៊ាង គឹមស្រឿន និង​លោក​ថុល ផាន់ណា សុំ​​​តុលាការ​​ចម្លង​សំណុំ​រឿង​ ដើម្បី​​​ការពារ​​​ក្ដី​

$
0
0

មេធាវី ជូង ជូងី ដែល​​ការពារ​ក្ដី​ឱ្យ​​អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ លោក ហ៊ាង គឹមស្រឿន និង យុវជន​របស់​គណបក្ស​​នេះ​ គឺ​លោក​ថុល ផាន់ណា ​​បាន​ដាក់ពាក្យ​​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​​​ថត​ចម្លង​សំណុំ​របស់​កូន​ក្ដី​​យក​មក​សិក្សា​និង​ការពារ​ក្ដី​​លើ​សំណុំ​រឿង ​​​នៅ​ពេល​ខាង​មុខ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រថាប់​ត្រា​​​ទទួល​​ពាក្យ​ស្នើ​សុំ​ថត​ចម្លង​សំណុំ​​រឿង​នេះ​​ពី​លោក​មេធាវី ជូង ជូងី ហើយ កាល​ពី​ថ្ងៃ​ទី២៣ មេសា។

លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី២៤ មេសា​ថា លោក​ពុំ​ទាន់​ដឹង​សាច់​រឿង​នេះ​​​​​ច្បាស់​លាស់​នៅ​ឡើយ​ ទើប​លោក​សុំ​ថត​ចម្លង​សំណុំ​នេះ ដើម្បី​សិក្សា​ឱ្យ​បាន​ច្បាស់​សម្រាប់​ត​តាំង​ក្ដី​នៅ​តុលាការ។ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា​ កន្លង​មក​តុលាការ​មិន​បាន​ចេញ​លិខិត​អញ្ជើញ​ ឬ​ដីកា​កោះ​ហៅ​កូន​ក្ដី​របស់​លោក​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​​​តុលាការ​នោះ​ទេ​ ហើយ​ក៏​ស្រាប់​តែ​មាន​ដីកា​ចាប់​ខ្លួន​អ្នក​ទាំង២ តែ​ម្ដង​។​លោក​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ការពារ​ក្ដី​លើ​សំណុំ​រឿង​នេះ៖ «ខ្ញុំ​នឹង​តវ៉ា​ពិចារណា​ដីកា​ចាប់​ខ្លួន ពីព្រោះ​ទី១ កូន​ក្ដី​ខ្ញុំ​អត់​ដែល​ទទួល​លិខិត​អញ្ជើញ ឬ​ដីកា​កោះ​សោះ​ ស្រាប់​តែ​គេ​ចេញ​ដីកា​ចាប់​ខ្លួន​ ទី​វា​មាន​ការ​ខុស​ឈ្មោះ​​នឹង​លំនៅឋាន​ពិតប្រាកដ​របស់​គាត់។​ការ​ចង់​បាន​របស់​ខ្ញុំ​គឺ​សុំ​ឱ្យ​​សមត្ថកិច្ច​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ពិសេស​គឺ​មន្ត្រី​តុលាការ​ សុំ​ឱ្យ​បំពេញ​តួនាទី​ទៅ​តាម​បច្ចេកទេស​ទៅ​ភាព​យុត្តិធម៌​ក្នុង​ន័យ​ដែល​ច្បាប់​បាន​ចែង»​​

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ ​​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក ហ៊ាង គឹមស្រឿន និង​លោក ថុល សុផាន់ណា ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​អំពើ​ប្រមាថ តាម​បណ្ដឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់​ កាល​ពី​ថ្ងៃទី២០ ​ខែ​មេសា។

ក្ដីក្ដាំ​នេះ​ផ្ដើម​ចេញ​ពី​ការ​រិះគន់​អំពី​បញ្ហា​ព្រំដែន។ កាល​ពី​ថ្ងៃ​ទី៩ តុលា ឆ្នាំ២០១៩​ លោក ហ៊ាង គឹមស្រឿន បាន​បង្ហោះ​សារ​រិះគន់​លើ​បណ្ដាញ​ហ្វេស​ប៊ុក​របស់​លោក​ថា ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ អនុញ្ញាត​ឱ្យ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​​លោក​ វ៉ា គឹមហុង ​ចូល​បំភ្លឺ​​នៅ​ចំពោះ​មុខ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​អំពី​រឿង​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០១៩ គឺ​ជា​ការ​​បំភ្លឺ​ដើម្បី​បង្គ្រប់​កិច្ច និង​ជា​ក្រុម​អាយ៉ង ដោយ​​ពុំ​ផ្ដល់​យោជន៍​ដល់​​ជាតិ​​​​​ឡើយ។ លោក ហ៊ាង គឹមសឿន ​​បន្ថែម​ថា​ «​​ការ​បំភ្លឺ​របស់​លោក វ៉ា គឹមហុង គឺ​ជា​ការ​រៀប​ចំ​ឈុត​ឆាក​​របស់​រាជរដ្ឋាភិបាល​ឯក​បក្ស ​ដើម្បី​ឱ្យ​មន្ត្រី​ជើង​មិន​ជាប់​ដី​ ក្បាល​មិន​ជាប់​មេឃ នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ»

អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​លោក​​ ហ៊ាង គឹមស្រឿន​​ ឱ្យ​ដឹង​​ថា​ ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​លោក​គឺ​ជា​រឿង​អយុត្តិធម៌​​បំផុត​ ពីព្រោះ​​លោក​យល់​ថា​ ខ្លឹម​សារ​ដែល​លោក​បង្ហោះ​ហ្វេសប៊ុក​ កាល​ពី​ឆ្នាំ​២០១៩​នោះ​ ​ធ្វើ​ឡើង​ដើម្បី​​ផលប្រយោជន៍​របស់​ជាតិ​ ដោយ​ចង់​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ទៅ​លើ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​។​លោក​​ថា​ ​ថ្វីត្បិត​តែ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​បែប​នេះ​ក្ដី ​ក៏​លោក​នៅ​តែ​​បន្ត​​រិះគន់​​​រឿង​ព្រំដែន​បន្ត​ទៀតដែរ៖ «ទី២ យើង​តស៊ូ មតិ យើង​រិះគន់​អំពី​បញ្ហា​អ្វី​របស់​រដ្ឋាភិបាល​ជាប់​ឆ្នោត​បច្ចុប្បន្ន​ វា​តែង​តែ​ទទួល​បាន​នូវ​ការ​ចោទ​ប្រកាន់ ហើយ​ប្រើ​អំណាច​តុលាការ​​ដាក់​គំនាប​មក​លើ​សិទ្ធិ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ហើយ​នេះ​​ជា​ទម្លាប់​ហើយ​មិន​មែន​រូប​ខ្ញុំ​មួយ​ទេ​ វា​ច្រើន​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក ហ៊ាង គឹមស្រឿន និង លោក​ថុល ផាន់ណា បាន​ភៀស​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ទទួល​ដំណឹង​តុលាការ​ចាប់​ខ្លួន​លោក ហើយ​បច្ចុប្បន្ន​ពួក​លោក​កំពុង​ភៀស​ខ្លួន​នៅ​កន្លែង​សុវត្ថិភាព។ ទាក់ទង​នឹង​បញ្ហា​នេះដែរ ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា​ មានប្រសាសន៍​ថា​ ​​សំណុំ​រឿង​នេះ​គឺ​​អ្នក​ទាំង២ ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ ​​ពី​ព្រោះ​នេះ​​ជា​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ស្របច្បាប់៕

ហ៊ាង គឹមស្រឿន ថុល សុផាន់ណា
លោក ហ៊ាង គឹមស្រឿន (ឆ្វេង) អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ និង​លោក ថុល សុផាន់ណា ប្រធាន​យុវជន​របស់​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ។ រូប៖ ហ្វេសប៊ុក​លោក​ទាំង​ពីរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ទោស​នយោបាយ សរសេរ​លិខិត​ស្នើសុំ​លោក ហ៊ុន សែន ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​រឿង​នយោបាយ មាន​ជំងឺ ពិការភាព និង​អនុវត្ត​ទោស​បាន ២ ភាគ ៣ ហើយ

$
0
0

អ្នក​ទោស​នយោបាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ផ្ញើ​ជូន លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ស្នើសុំ​ដោះលែង​អ្នក​ជាប់​​ឃុំ​ពាក់ព័ន្ធ​រឿង​នយោបាយ អ្នក​ជាប់​ឃុំ​មាន​ជំងឺ ពិការភាព ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ និង​អ្នក​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី នៃ​ទោស​។

មេធាវី​ការពារ​ក្ដី ឲ្យ​ លោក គង់ ម៉ាស់ គឺ លោក​មេធាវី​ សំ សុគង់ ឲ្យ​ដឹង​ថា កូន​ក្ដី​​របស់​លោក​ បាន​ដាក់​សំណើ​នេះ​ទៅ​រដ្ឋាភិបាល​ តាម​រយៈ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​បាន​​​​ឲ្យ​មក លោក​​មួយ​ច្បាប់​។ លោក​ យល់​ថា ការ​ដាក់​សំណើ​នេះ ជា​សិទ្ធិ​របស់​ពលរដ្ឋ​​កំពុង​ជាប់​ឃុំ មិន​មាន​អ្វី​ខុស​ច្បាប់​ទេ ហើយ​​អាជ្ញាធរ​ក៏​គួរ​តែ​ពិចារណា សំណើ​របស់​កូន​ក្ដី​ លោក៖ «ខ្ញុំ​យល់​ថា វា​មិន​មែន​ជា​រឿង​ខុស​ទេ​។ វា​ជា​ការ​យល់ ការ​បញ្ចេញ​នូវ​មតិ​យោបល់​របស់ គាត់។ ទោះ​បី​ជា​គាត់​ នៅ​ក្នុង​ពន្ធនាគារ​មែន គាត់​មាន​សំណើ​ដាក់​ទៅ​រដ្ឋាភិបាល​ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ ដាក់​ទៅ​ខ្លួន​គាត់ តាម​រយៈ​ពន្ធនាគារ​វិញ​អត់​តាម​រយៈ​ខ្ញុំ គឺ​គាត់​សរសេរ​នៅ​ក្នុង​ពន្ធនាគារ ហើយ​​គាត់​ផ្ញើ​តាម​រយៈ​ពន្ធនាគារ​វិញ ​មក​ខាង​ខុទ្ទកាល័យ។ លិខិត​ស្នើសុំ​ហ្នឹង»

លោក គង់ ម៉ាស់ គឺ​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​ខេត្ត​ស្វាយរៀង។ នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ លោក គង់ ម៉ាស់​​ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩​ នៅ​ម្ដុំ​​ក្រោយ​ស្ថានទូត​​ចិន ពី​បទ​បង្ហោះ​សារ​ប្រមាថ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ ពី​ខាង​​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​​ពន្ធនាគារ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ទី​២៤ មេសា ដោយសារ​ លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា យល់​ថា រដ្ឋាភិបាល គួរ​ពិនិត្យ​មើល​សំណើ របស់​អ្នក​ជាប់​ឃុំ និង​ពិចារណា ដោះលែង​អ្នក​ទោស​ពាក់ព័ន្ធ​រឿង​នយោបាយ ដីធ្លី សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហជីព ជំរុញ​កម្មករ​ដែល​ឈប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ឱ្យ​ទៅ​ពិនិត្យ​សុខភាព តាម​វិធានការ​ក្រសួង ដើម្បី​កុំ​ឲ្យ​ថៅកែ​ប្រើ​លេស​បញ្ឈប់​ដោយ​មិន​ផ្ដល់​សំណង

$
0
0

សហជីព​ ជំរុញ​ឲ្យ​កម្មករ ដែល​បាន​ឈប់​សម្រាក​ កាល​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ទៅ​ពិនិត្យ​សុខ​ភាព​​ រក​ជំងឺ​កូវីដ​១៩ (Covid-19) ​នៅ​តាម​រោងចក្រ ឬ​សាលា​រៀន តាម​វិធានការ​របស់​ក្រសួង​ការងារ ដើម្បី​​បញ្ចៀស​ការ​បាត់​បង់​ប្រយោជន៍​របស់​កម្មករ។

មន្ត្រី​សហភាព​ការងារ​កម្ពុជា សង្កេត​ឃើញ​ថា ក្រុម​កម្មករ​មួយ​ចំនួន បាន​សម្រេច​បោះបង់​ចោល​ការ​ងារ​តែ​ម្ដង​ នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ព្រោះ​មិន​ចង់​រង​វិធានការ​ ពិនិត្យ​សុខភាព និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា មាន​កម្មករ​តិចតួច ដែល​បាន​ទៅ​ធ្វើតេស្ត​សុខភាព​តាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ ក្នុង​ចំណោម​កម្មករ​​ប្រមាណ ៣ម៉ឺន​ នាក់ ​ដែល​បាន​​​ឈប់​​សម្រាក​ពេល​ចូល​ឆ្នាំ នៅ​ទូទាំង​ប្រទេស​។ លោក អំពាវនាវ​ឲ្យ​កម្មករ ដែល​ឈប់​សម្រាក​ពេល​ចូលឆ្នាំ​ទាំង​អស់ ទៅ​ទទួល​ធ្វើតេស្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ។

លោក​ អាត់ ធន់ បន្ថែម​ទៀត​ថា ការ​ទៅ​ពិនិត្យ​សុខភាព​តាម​វិធានការ​ក្រសួង​ ជា​ការ​បញ្ចៀស​កុំ​ឲ្យ​ថៅកែ​មាន​លេស​បញ្ឈប់​កម្មករ​ដោយ​គ្មាន​សំណង ព្រោះ​ខាង​ក្រសួង​ការងារ​ បាន​បើក​ដៃ​ឲ្យ​ថៅកែ​រោងចក្រ បញ្ឈប់​កម្មករ​ណា ដែល​មិន​ព្រម​ធ្វើតេស្ត​សុខភាព និង​មិន​ព្រម​ធ្វើ​​ចត្តាឡឺស័ក៖ «នៅ​ពេល​ដែល​គេ​ពិនិត្យ​ហ្នឹង មិន​មាន​បញ្ហា​អ្វី គេ​ឲ្យ​​ទៅ​ផ្ទះ​ជួល ឬ​ក៏​ផ្ទះ​ធម្មតា បាន​ទេ។ លើកលែង​តែ​គេ​សង្ស័យ ឬ​ក៏​​មាន​បញ្ហា​មួយ​ ក្នុង​ចំណោម​ការ​សង្ស័យ​ទាំង​អស់​ហ្នឹង បាន​គេ​ឲ្យ​នៅ​ ១៤​ថ្ងៃ។ បើ​យើង​អត់​អ្វី​ទេ មាន​ន័យ​ថា យើង​ទៅ​ផ្ទះ​បាន​ហ្នឹង។ អ៊ីចឹង​ យើង​​មើល​កន្លង​មក​ ប៉ុន្មាន​ថ្ងៃ ជាង​១ពាន់​នាក់ គេ​រក​ឃើញ​​មិន​ដល់​១រយ​នាក់​ផង​ហ្នឹង​ នៅ​ស្នាក់​នៅ ហើយ​ក្រៅពី​ហ្នឹង គឺ​ទៅ​ផ្ទះ​វិញ​ហើយ។ អ៊ីចឹង​ កម្មករ​មិន​គួរ​នៅ​ផ្ទះ​ទេ គួរ​​តែ​មក​ពិនិត្យ​ហើយ បើ​អត់​មាន​បញ្ហា​អ្វី គាត់​ស្នាក់នៅ​ផ្ទះ ដល់​ ១៤​ថ្ងៃ​ក្រោយ​មក​ គាត់​មក​ពិនិត្យ​សុខភាព​ចុង​ក្រោយ យក​របាយការណ៍​ហ្នឹង​ទៅ​ៗ បាន​ធ្វើការ​វិញ។ ដល់​ពេល​គាត់​​អត់​មក​ គេ​បញ្ឈប់​ចោល អតីត​ភាព​ការងារ​គាត់​​ លុយ​គាត់​ម្នាក់ៗ បួន​ដប់​​មួយ​រយ មួយ​ពាន់ ពីរ​ពាន់​​(ដុល្លារ)​ហ្នឹង មាន​បាន​មក​ពី​ណា​។ បើ​គេ​បញ្ឈប់​ចោល​​រាប់​ម៉ឺន​នាក់ មិនមែន​តិច​ឯ​ណា កម្មករ​ខាត​បង់​ច្រើន​ណាស់»

ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី១៧ មេសា បាន​ព្រមាន​ថា កម្មករ​ និង​និយោជិត​ណា មិន​សហការ​ អនុវត្ត​វិធាន​ដាក់​ខ្លួន​ឯង នៅ​ដាច់​ដោយ​ឡែក (ចត្តាឡីស័ក) ឬ​បំពាន​វិធានការ​​ចត្តាឡឺស័ក​ ហើយ​បង្ក​ជា​ការ​ភ័យ​ខ្លាច​ដល់​កម្មករ​ និយោជិក​ដទៃ​ទៀត ក្រោយ​ពី​​បាន​​ត្រលប់​មក​ពី​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ ​អាច​ត្រូវ​បង្ខំ​ឲ្យ​ឈប់​ពី​ការ​ងារ​ ដោយ​មិន​ទទួល​បាន​ការ​ទូទាត់​អត្ថប្រយោជន៍​អ្វី​ទាំងអស់​​ពី​និយោជក។

ក្រសួង​ការងារ​ឲ្យ​ដឹង​ថា កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង​ នៅ​ទូទាំង​ប្រទេស ប្រមាណ ៣ម៉ឺន (៣០.០០០) នាក់ ស្មើ ២% បាន​ឈប់​សម្រាក​ទាំង​មាន​ច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាត ក្នុង​កំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង ១ម៉ឺន ៥ពាន់ (១៥.០០០) នាក់។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បន្ទោស​កម្មករ​ថា ពួក​គេ​ជម្នះ​ចង់​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ការងារ ចេញ​ផ្សាយ​ថ្ងៃ​ទី២៤ មេសា បង្ហាញ​ថា គិត​​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៣ មេសា មាន​កម្មករ មក​ធ្វើតេស្ត​សុខភាព​ សរុប​ចំនួន ៣.៧៣៨​នាក់។ ក្នុង​នោះ កម្មករ​ដែល​ត្រូវ​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​តាម​បន្ទប់​ជួល ឬ​ផ្ទះ​វិញ មាន​ចំនួន ៣.១៣២​នាក់។ ឯ​កម្មករ​ត្រូវ​យក​សំណាក​ទៅ​ពិសោធន៍ មាន ១០៣នាក់។ លទ្ធផល នៃ​សំណាក មិន​ទាន់​ចេញ​ផ្សាយ​ទេ។

កម្មការិនី​រោងចក្រ ប៊ូវឃ័រ (Bowker) ម្នាក់ លោកស្រី ឃុំ វ៉ាន់ ដែល​បាន​ឈប់​សម្រាក​ពី​ការងារ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ប្រាប់​ថា ខាង​រោងចក្រ​មិន​បាន​តម្រូវ​ឲ្យ​លោក​ស្រី​ពិនិត្យ​សុខភាព​ទេ។ តែ​​​ បាន​តម្រូវ​ឲ្យ លោកស្រី ឃុំ​ខ្លួន​ឯង ១៤ថ្ងៃ ក្នុង​បន្ទប់​ជួល ដោយ​គ្មាន​ប្រាក់​ឈ្នួល​ទើប​ព្រម​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ នៅ​ដើម​ខែ​ក្រោយ៖ «អត់ (ពិនិត្យ​សុខភាព) ផង​ហ្នឹង គេ​ប្រាប់​យើង​ឲ្យ​នៅ​ផ្ទះ​ធម្មតា គ្រាន់​តែ​ប្រាប់​ថា កុំ​ឲ្យ​ដើរ... តែ​មិន​អ្វី​ទេ បើ​ខ្ញុំ​នៅ​ផ្ទះ​រហូត​ហ្នឹង អត់​ចេញ​ក្រៅ​ផង»

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ ​ចង់​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ​ជួយ​សម្រួល​ដល់​កម្មករ​ កំពុង​អនុវត្ត​វិធាន​ការ​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ ឬ​ព្យួរ​កិច្ច​សន្យា​ការងារ ១៤ថ្ងៃ ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​គោល​នយោបាយ ៧០ដុល្លារ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ការពារ​បរិស្ថាន​ថា ​អាជ្ញាធរ​បន្ត​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ស្វែង​រក​មុខ​ពួកគេ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់

$
0
0

ក្រុម​សកម្មជន​ព្រៃឈើ​ដែល​ចុះ​ល្បាត​រក​បទ​ល្មើស​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់ អះអាង ខាង​សមត្ថកិច្ច​ចម្រុះ មាន​ខាង​មន្ទីរ​បរិស្ថាន រដ្ឋបាល​ព្រៃ​ឈើ និង​កងរាជអាវុធហត្ថ នៅ​តែ​តាម​ស្វែង​រកមុខ​ និង​ចាប់​ខ្លួន​ពួក​គេ។ សង្គម​ស៊ីវិល​ យល់​ថា​ ប្រសិន​បើ​មាន​ការ​អនុវត្ត​បទ​បញ្ជា​បែប​នេះ គឺ​ធ្វើ​ផ្ទុយ​ពី​បំណង​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​តែងតែ​អំពាវនាវ​ដល់ ​អាជ្ញាធរ​ទាំងអស់​សហការ​គ្នា​ជាមួយ​ពលរដ្ឋ ​ដើម្បី​រក្សា​ការពារ​ព្រៃ​ឈើ​ឲ្យ​នៅ​គង់​វង្ស។

សកម្មជន​បរិស្ថាន​ ដែល​សកម្ម​រឿង​ព្រៃ​ឈើ លោក ហេង ស្រស់ ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​៤​ខេត្ត​ជុំវិញ​តំបន់​ព្រៃ​ឡង់ នៅ​តែ​បន្ត​ចុះ​ស្វែង​រក​តាម​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​៤​នាក់ ដែល​ចុះ​ល្បាត​និង​ប្រមូល​យក​ភស្តុតាង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​តំបន់​របស់​ក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech)

លោក ហេង ស្រស់ ឲ្យ​ដឹង​ថា ក្រុម​លោក​ទទួល​បាន​ដំណឹង​អំពី​ការ​ស្វែង​រក​ចាប់​ខ្លួន​នេះ ពី​មន្ត្រី​បរិស្ថាន​ និង​មេការ​ក្រុមហ៊ុន ប៉ុន្តែ​ជា​សំណាង​ល្អ ពួក​គេ​ចាក​ចេញ​ពី​ព្រៃ​មុន​ពេល សមត្ថកិច្ច​ចុះ​ទៅ​ដល់៖ «រហូត​មក​ដល់​ម៉ោង​ គេ​នៅ​តែ​ព្យាយាម​បញ្ជូន​កម្លាំង​គេ​បន្ថែម​ពី​លើ​ទៀត ឲ្យ​ចូល​ទៅ​រក​ក្នុង​តំបន់​ព្រៃ​ឡង់​ហ្នឹង។ បើ​តាម​ដំណឹង​ហ្នឹង គឺ​មិន​សហការ​ទេ គឺ​គេ​ចូល​ទៅ​ចាប់​ខ្លួន​ពួក​ខ្ញុំ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ កុំ​ឲ្យ​ចូល​ទៅ​ថត​បទ​ល្មើស​ព្រៃឈើ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។ វា​មាន ៥តំបន់​ដែល​ពួក​ខាង​ក្រុមហ៊ុន​បញ្ជា​ឲ្យ​កម្មករ​ចូល​ទៅ​កាប់​ ដែល​កំពុង​តែ​រក​ការ​កាប់​បំផ្លាញ​ពី​ក្រុមហ៊ុន ស៊ីង បាយអូថិក ហ្នឹង»

សកម្មជន​បរិស្ថាន​វ័យ​ក្មេង​រូប​នេះ​ លើក​ឡើង​ថា ការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដល់ទៅ​៤​ខេត្ត​ តាម​ស្វែង​រក​មុខ​ក្រុម​អ្នក​ការពារ​ព្រៃឈើ គឺ​ជា​រឿង​មួយ​ដែល​មិន​ទំនង និង​គួរ​ឲ្យ​ងើយ​ឆ្ងល់​ជា​ខ្លាំង ព្រោះ​ពួក​លោក​ មិន​ជា​ជន​បទ​ល្មើស​ទៅ​កាប់​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ដូច​ខាង​ក្រុមហ៊ុន​ទាំង​អស់​នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ គាត់​គួរ​តែ​ខ្មាស​ដល់​សកម្មជន​ដែល​ពួក​គាត់​លះបង់​ទាំង​កម្លាំង​កាយ ទាំង​ថវិកា ទាំង​កម្លាំងចិត្ត ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា បែរ​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ហ្នឹង មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​ព្រៃ​ឈើ ដូច​ជា​មាន​រូបភាព​ ការ​ចាប់​ចង ការ​គំរាមកំហែង។ ដូច​ជា​នៅ​តំបន់​ភ្នំ​ព្រេច កាល​នោះ​ បាន​ពលរដ្ឋ​ម្នាក់​ជួយ​ពួក​ខ្ញុំ​ទាន់​ពេល​ហ្នឹង​ គឺ​គេ​បាញ់​ពួក​ខ្ញុំ​ទៅ​ហើយ។ គេ​ភ្លយ​មាត់​ថា អូ​ពូ! បើ​មិន​មែន​ពូ បាញ់​បាត់​ហើយ។ នេះ​ជា​ភាសា​មួយ​ដែល​គំរាមកំហែង​ដល់​សកម្មជន​ដែល​ពួកគាត់​លះបង់​ដើម្បី​ការពារ​ព្រៃ​ឈើ និង​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក អេង ភីរុង អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ។

ទន្ទឹម​គ្នា​នេះ អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ លន់ សុផាត ប៉ុន្តែ​ត្រូវ​លោក​ចុច​ផ្ដាច់​ទៅ​វិញ នៅ​ពេល​ឮ​សំនួរ​ទាក់​ទង​នឹង​រឿង​នេះ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត ៣រូប​ទៀត អាស៊ី​សេរី មិន​អាច​ទាក់ទង​បាន​ទេ ដោយ​ហៅ​ចូល​ តែ​គ្មាន​អ្នក​ទទួល ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែង​ប្រាប់​អាស៊ី​សេរី​ថ្មីៗ នេះ​ថា ការ​ធ្វើ​យុទ្ធនាការ​ចុះ​ល្បាត​តំបន់​ព្រៃ​ឡង់​នេះ​ គឺ​ជា​សិទ្ធិ​របស់​សកម្មជន​បរិស្ថាន ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែនកុរណា មានប្រសាសន៍​ថា ប្រសិន​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​តាម​ចាប់ខ្លួន​សកម្មជន​ព្រៃឈើ ដូច​តាម​ការ​លើក​ឡើង​មែន​ នោះ​គឺ​ជា​ការ​អនុវត្ត​បទ​បញ្ជា​ដែល​ធ្វើ​ផ្ទុយ ពី​បំណង​របស់ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែង​អំពាវនាវ​ដល់​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​សហការ​គ្នា​ជាមួយ​ប្រជា​សហគមន៍ ដើម្បី​ទប់​ស្កាត់​រាល់​បទ​ល្មើស​ព្រៃ​ឈើ កុំ​ឲ្យ​បន្ត​កើត​មាន៖ «យើង​សូម​កោត​សរសើរ​ពួក​គាត់​ទៅ​វិញ​ទេ ដែល​ពួកគាត់​ហ៊ាន​លះបង់​ពេល​វេលា ដែល​ទៅ​ស្រាវជ្រាវ​រក​បទ​ល្មើស​ព្រៃឈើ​ទាំងអស់​ហ្នឹង ដែល​សមត្ថកិច្ច​យើង​ជា​ច្រើន​រូប​មាន​ការ​ទទួល​ខុស​ត្រូវ​តំបន់​ហ្នឹង មាន​ការ​ឆក់​ល្វែង​ អត់​បាន​ចុះ​ទៅ​ដល់​តំបន់​រំលោភ​បំពាន​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​អស់​ហ្នឹង គួរតែ​មានការ​លើក​ទឹក​ចិត្ត​ និង​កោត​សរសើរ​ពួកគាត់​វិញ​ ទើប​ជា​រឿង​ល្អ។ ផ្ទុយ​ពី​ហ្នឹង គួរ​តែ​មាន​ការ​សហការ​គ្នា​ដើម្បី​ទប់​ស្កាត់​ ចាប់​ជនល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ ទាំង​អស់​ហ្នឹង​ យក​ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ វា​ជា​រឿង​គួរ​ធ្វើ​ និង​ត្រឹមត្រូវ​បំផុត ដែល​សាធារណជន​ សាទរ​ រវាង​កិច្ច​សហការ​ហ្នឹង និង​ការ​បំពេញ​តួនាទី​របស់​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​ហ្នឹង នោះ​ជា​រឿង​ល្អ​បំផុត​ដែល​សង្គម​ស៊ីវិល​យើង​ចង់​ឃើញ»

ក្នុង​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​២យប់​៣ថ្ងៃ​កន្លង​មក​នេះ ក្រុម​សកម្មជន​បរិស្ថាន រក​ឃើញ​ឈើ​មូល​ធំ​ៗ ប្រមាណ​ជាង ២​ពាន់​ដើម ដែល​បាន​ត្រូវ​គេ​កាប់​ផ្ដួល​ចោល នៅ​៥​ចំណុច​ផ្សេង​គ្នា ហើយ​ឈើ​ទាំង​នោះ​ភាគ​ច្រើន ជា​ឈើ​ដែល​អ្នក​ស្រុក​ដុត​យក​ជ័រ​ទឹក​លក់ ។ ពួកគេ​បាន​ថត​រូបភាព ​និង​វីដេអូ ទុក​ជា​ភស្តុតាង ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ ចុះ​បិទ​ក្រុមហ៊ុន​អារ​ឈើ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

ក្រុម​សកម្មជន​ព្រៃ​ឈើ​ សង្ស័យ​លើ​អាជ្ញាធរ​ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក ពី​ក្រុមហ៊ុន​ព្រៃ ទើប​បាន​ជា​ព្យាយាម​ស្វែង​រក​ចាប់ខ្លួន​ពួក​គេ នៅ​ក្នុង​ព្រៃ​ឡង់ ដើម្បី​បិទ​បាំង​ភាព​មិន​ប្រក្រតី នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


​សម្ភាស​មន្ត្រី​ស្ថាប័ន​ឃ្លាំមើល​គណនេយ្យ​ភាព​​អាមេរិក រឿង​លោក ភូ លីវុឌ្ឍ ជះ​លុយ​ជិត ២សែន​ដុល្លារ​ក្នុង​នយោបាយ​អាមេរិក

$
0
0

មន្ត្រី​ស្ថាប័ន​ឃ្លាំមើល​គណនេយ្យ​ភាព​របស់​អាមេរិក ហៅ​ថា «ពលរដ្ឋ​ដើម្បី​ការ​ទទួល​ខុស​ត្រូវ និង​សីលធម៌​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន» (Citizens for Responsibility and Ethics in Washington) អះអាង​ថា ស្ថាប័ន​នេះ នឹង​បន្ត​ស្រាវជ្រាវ​សំណុំ​រឿង​អតីត​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដែល​បាន​បរិច្ចាគ​លុយ ទៅ​ឲ្យ​គណបក្ស​មួយ​នៅ​អាមេរិក នៅអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ មន្ត្រី​ដដែល​ថា ប្រសិន​បើ​ស្ថាប័ន​នេះ​រក​ឃើញ​ភស្តុតាង​ច្បាស់លាស់​ថា អតីត​មន្ត្រី​កម្ពុជា ពិត​ជា​បាន​ទទួល​លុយ​បរិច្ចាគ​មក​ពី​រដ្ឋាភិបាល​កម្ពុជា នោះ​ស្ថាប័ន​លោក អាច​ពិចារណា​ដាក់​ពាក្យ​ប្ដឹង ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​អាមេរិក។ ការ​ព្រមាន​នេះ បន្ទាប់​ពី​ស្ថាប័ន​របស់​លោក រក​ឃើញ​ថា អតីត​មន្ត្រី​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ លោក ភូ លីវុឌ្ឍ បាន​បរិច្ចាគ​លុយ​ជិត ២សែនដុល្លារ ទៅ​ឲ្យ​យុទ្ធនាការ​ឃោសនាបោះឆ្នោត របស់​គណបក្ស​សាធារណរដ្ឋ​នៅ​អាមេរិក ដើម្បី​ទទួល​បាន​ប្រយោជន៍។

បាទ! សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​លោក រ៉ូប៊ើត ម៉ាក្វាយអ័រ នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ស្ថាប័ន​ឃ្លាំមើល​គណនេយ្យ​ភាព «ពលរដ្ឋ​ដើម្បី​ការ​ទទួល​ខុស​ត្រូវ និង​សីលធម៌​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន» ជុំវិញ​រឿង​នេះ ដូច​តទៅ៖

លោក មាន ឫទ្ធិ៖ តើ​នេះ​ជា​លើក​ទី​មួយ​ហើយ​ឬ ដែល​ថា ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​លោក រក​ឃើញ​ថា មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ បាន​ជះ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ទៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក​នោះ បាទ?

​លោក រ៉ូប៊ើត ម៉ាក្វាយអ័រ៖ បាទ! កន្លង​មក​យើង​ធ្លាប់​តែ​ឃើញ​មាន​អ្នក​បរិច្ចាគ​លុយ​ខ្លះ មាន​ប្រវត្តិ​ជាមួយ​ប្រទេស​តួគី ឬ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។ តែ​នេះ គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​យើង​រក​ឃើញ​ថា មាន​អ្នក​បរិច្ចាគ​លុយ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា។ វា​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​យើង​រក​ឃើញ​ថា មាន​អ្នក​បរិច្ចាគ​លុយ ដែល​ទំនង​ជា​មាន ចំណង​ទាក់ទង​ស្អិតល្មួត​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា។ តាម​មើល​ទៅ​ទំនង​ដូចជា លោក ភូ លីវុឌ្ឍ នៅ​មាន​មុខ​តំណែង​ផ្លូវការ ឬ​ប្រហាក់ប្រហែល​ផ្លូវ​ការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ទៀត​ផង។

លោក មាន ឫទ្ធិ៖ តើ​លោក​វាយ​តម្លៃ​យ៉ាង​ដូច​ម្ដេច​ដែរ​ជុំវិញ​ការ​រក​ឃើញ​នេះ បាទ?

លោក រ៉ូប៊ើត ម៉ាក្វាយអ័រ៖ បាទ! យើង​អាច​មើល​ពី​ទិដ្ឋភាព​ទូទៅ និង​ទិដ្ឋភាព​ជាក់លាក់ លើ​ករណី​នេះ។ រឿង​ទូទៅ​នោះ គឺ​វា​ជា​ផ្នែក​មួយ​នៃ​និន្នាការ ដែល​យើង​ឃើញ​កំពុង​តែ​កើត​មាន នៅ​សហរដ្ឋ​អាមេរិក ដែល​បុគ្គល​មួយ​ចំនួន​បាន​បរិច្ចាគ​ថវិកា​យ៉ាង​សម្បើម ទៅ​ឲ្យ​អ្នក​នយោបាយ ហួស​ពី​អ្វី​ដែល​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន អាច​មាន​លទ្ធភាព​ធ្វើ​បាន។ ជា​លទ្ធផល ក្រុម​មនុស្ស​ទាំង​នោះ​ទទួល​បាន​នូវ​លទ្ធភាព​ច្រើន ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​និយាយ​ទៅ​កាន់​មន្ត្រី​នយោបាយ​ដ៏​មាន​អំណាច និង​មាន​ឥទ្ធិពល ក្នុង​ជួរ​រដ្ឋបាល​អាមេរិកាំង។ ដូច្នេះ​ហើយ ពួក​គេ​អាច​លើក​យក​ពី​បញ្ហា​ផល​ប្រយោជន៍​របស់​ពួក ទៅ​និយាយ​បញ្ចុះបញ្ចូល​មន្ត្រី​អាមេរិកាំង​ទាំង​នោះ។

ចំពោះ​ករណី​ជាក់លាក់​របស់​លោក ភូ​ លីវុឌ្ឍ នេះ​វិញ វា​បង្កើត​ឲ្យ​មាន​ជា​ចម្ងល់​ថា តើ មាន​ការ​រំលោភ​ច្បាប់​ស្ដីពី​ការ​ចុះ​បញ្ជី​ជា​ភ្នាក់ងារ​បរទេស ហៅថា FARA ដែរ​ឬ​ទេ។ អ្នក​ដឹង​ទេ ប្រសិន​បើ​ម្ចាស់​ជំនួយ​រូប​នេះ បរិច្ចាគ​លុយ ដើម្បី​ឲ្យ​គាត់​អាច​មាន​ឱកាស​និយាយ​ទៅ​កាន់ មន្ត្រី​នយោបាយ​អាមេរិកាំង​ដ៏​មាន​អំណាច តាង​នាម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នោះ សំណួរ​ដែល​គេ​ចោទ​សួរ​ឡើង គឺ​ថា តើ​គាត់​មាន​បាន​ចុះ​បញ្ជី​ជា​ភ្នាក់ងារ​បរទេស​ដែរ​ឬ​ទេ? មក​ទល់​ពេល​នេះ គាត់​មិន​ទាន់​ចុះ​បញ្ជី​ជា​ភ្នាក់ងារ​បរទេស​នៅ​ឡើយ​ទេ។

លោក មាន ឫទ្ធិ៖ តើ​វា​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទៅ​ជុំវិញ​ភាព​មិន​ប្រក្រតី ដែល​ស្ថាប័ន​របស់​លោក​រក​ឃើញ​នេះ ប្រសិន​បើ​លោក ភូ លីវុឌ្ឍ ខក​ខាន​មិន​បាន​ចុះ​បញ្ជី​ជា​ភ្នាក់ងារ​បរទេស ក្នុង​ពេល​ដែល​លោក​នៅ​តែ​មាន​មុខ​តំណែង ជា​ទីប្រឹក្សា​រដ្ឋាភិបាល ហើយ​បាន​ព្យាយាម​ធ្វើ​ការ បញ្ចុះបញ្ចូល​មន្ត្រី​អាមេរិកាំង ជំនួស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នោះ?

លោក រ៉ូប៊ើត ម៉ាក្វាយអ័រ៖ បាទ! ច្បាប់​ស្ដីពី​ការ​ចុះ​បញ្ជី​ជា​ភ្នាក់ងារ​បរទេស ហៅ​ថា Foreign Agents Registration Act ជា​ច្បាប់​ចាស់​យូរ​មក​ហើយ។ មិន​សូវ​ជា​មាន​ការ​ពង្រឹង​ការ​អនុវត្ត ច្បាប់​នេះ ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ ច្បាប់​នេះ ត្រូវ​គេ​លើក​យក​មក​និយាយ​ច្រើន នៅ​ក្នុង​សម័យ​កាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយសារ​តែ​មាន​បុគ្គល​ជា​ច្រើន​បាន​បរិច្ចាគ​លុយ ហើយ​ពួក​គេ គួរ​តែ​ត្រូវ​ចុះ​បញ្ជី​ក្រោម​ច្បាប់​នេះ តែ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ខ្ញុំ​មិន​ចង់​និយាយ​ថា តើ​ក្រសួង​យុត្តិធម៌​អាមេរិក នឹង​ធ្វើ​ចំណាត់​ការ​ដូច​ម្ដេច​នោះ​ទេ ប្រសិន​បើ​ពួក​គេ​ពិនិត្យ​មើល​បញ្ហា​នេះ។ ក៏ប៉ុន្តែ ខ្ញុំ​អាច​និយាយ​បាន​ថា មហាជន​ទូទៅ និង​រដ្ឋាភិបាល កំពុង​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង ទៅ​លើ​ការ​អនុវត្ត​ច្បាប់​នេះ នា​ពេល​សព្វថ្ងៃ​នេះ។ អ្នក​ដឹង​ទេ បុគ្គល​ដូច​ជា លោក ភូ លីវុឌ្ឍ នេះ ដែល​ទំនង​ជា​មាន​ចំណង ស្អិត​ល្អួត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ប្រយ័ត្នប្រយែង អំពី​រឿង​ដែល​ថា តើ​គាត់​មាន​បាន​គោរព​តាម​ច្បាប់​នេះ​ដែរ ឬ​អត់​នោះ?

លោក មាន ឫទ្ធិ៖ សូម​លោក​ជួយ​ប្រាប់​ខ្ញុំ​បន្ថែម​បន្តិច​មើល​ថា តើ​ការ​ស្រាវជ្រាវ និង​ការ​រក​ឃើញ​របស់​ស្ថាប័ន​លោក​ជុំវិញ​រឿងរ៉ាវ​របស់​លោក ភូ លីវុឌ្ឍ នេះ តើ​ស្ថាប័ន​របស់​លោក មាន​បាន​រក​ឃើញ​ទេ​ថា លោក ភូ លីវុឌ្ឍ ទទួល​បាន​លុយ​នេះ មក​ពី​ប្រភព​ណា​ឲ្យ​ជាក់លាក់​មែនទែន​ទៅ ឬ​ក៏​ថា លោក​បាន​លុយ​ទាំង​នេះ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​កម្ពុជា​នោះ?

លោក រ៉ូប៊ើត ម៉ាកហ្វាយអ័រ៖ ទេ យើង​មិន​បាន​ដឹង​រឿងរ៉ាវ​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ផ្ទាល់​ខ្លួន​របស់​លោក ភូ លីវុឌ្ឍ នោះ​ទេ…។ អ្វី​ដែល​ខ្ញុំ​គួរ​និយាយ គឺ​ថា យើង​មាន​ច្បាប់ ប្រឆាំង​នឹង​ម្ចាស់​ជំនួយ ដែល​ប្រើប្រាស់​ដោយ​ខុស​ច្បាប់ នូវ​លុយ​របស់​បុគ្គល ឬ​ស្ថាប័ន​ដទៃ យក​ទៅ​បរិច្ចាគ ដោយ​ប្រើប្រាស់​ឈ្មោះ​ខ្លួន​ឯង​ជំនួស ហៅថា Straw Donor។ បុគ្គល​រូប​នោះ បង្កើត​បញ្ហា​ឲ្យ​ខ្លួន​ឯង​ខ្លាំង។ តែ​យើង​មិន​ទាន់​ដឹង​ទេ​ថា តើ​រឿងរ៉ាវ​បែប​នេះ កើត​មាន​ឡើង​ចំពោះ​ករណី លោក ភូ លីវុឌ្ឍ ដែរ​ឬ​យ៉ាង​ណា​នោះ។

លោក មាន ឫទ្ធិ៖ សំណួរ​ចុង​ក្រោយ​របស់​ខ្ញុំ តើ​ក្រុម​ការងារ​របស់​លោក​នឹង​ធ្វើ​អ្វី​ត​ទៅ​ទៀត ក្រោយ​ពេល​រក​ឃើញ​រឿងរ៉ាវ​នេះ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​លោក ភូ លីវុឌ្ឍ នេះ បាទ?

លោក រ៉ូប៊ើត ម៉ាកហ្វាយអ័រ៖ យើង​នឹង​ដាក់​ពាក្យ​បណ្ដឹង ឬ​ក៏​ចាត់​វិធានការ​ដទៃ​ទៀត​ស្រដៀង​នេះ ប្រសិន​បើ​យើង​អាច​រក​ឃើញ​ព័ត៌មាន​បន្ថែម​ទៀត លើ​ករណី​ជាក់លាក់​នេះ ដើម្បី​ឲ្យ​យើង​អាច​ប្រើប្រាស់​ជា​ភស្តុតាង​បញ្ជាក់​បាន​ថា បុគ្គល​រូប​នេះ​បាន​បរិច្ចាគ​លុយ​ដោយ​ខុស​ច្បាប់។ ទាល់​តែ​យើង​រក​ឃើញ​ព័ត៌មាន​បន្ថែម​ទៀត បើ​មិន​អ៊ីចឹង​ទេ យើង​មិន​ទាន់​អាច​ធ្វើអ្វី​កើត​នោះ​ទេ៕

ភូ លីវុឌ្ឍ
លោក ភូ លីវុឌ្ឍ ទីប្រឹក្សា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​​មួយ​រូប​របស់​របប​ក្រុង​ភ្នំពេញ។ រូប៖ ហ្វេសប៊ុក​លោក ភូ លីវុឌ្ឍ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​សារព័ត៌មាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន

$
0
0

អ្នកកាសែត​អាជីព​មួយ​ចំនួន​ត្អូញត្អែរ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កាន់តែ​រួម​តូច ហើយ​ស្ថាប័ន​ឯករាជ្យ​កាន់តែ​តិច ខណៈ​ច្បាប់​ការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន​កាន់តែ​ចុះ​ខ្សោយ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ឆ្លើយតប​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កាន់តែ​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​អះអាង​ថា រាល់​ការ​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន នា​ពេល​កន្លងទៅ​គឺ​ជា​ការអនុវត្ត​ច្បាប់។

អ្នកសារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​អះអាង​ថា ពួកគេ នៅតែ​រង​ការ​គំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ និង​ការភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​ដោយ​មិន​សម​ទំនង​ពី​សំណាក់​អាជ្ញាធរ និង​តុលាការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អ្នកសារព័ត៌មាន​សេរី (Freelancer Reporter) លោក វណ្ណ វិចារ បញ្ចេញមតិ​ថា ស្ថានភាព​សេរីភាព​សារ ព័ត៌មាន មិន​មាន​លំនឹង​ពិតប្រាកដ​នោះ​ទេ ដោយពេល​ខ្លះ​តឹង និង​ពេលខ្លះ​ធូរ អាស្រ័យ​ទៅ​លើ​ស្ថានភាព​នយោបាយ​។ លោក​បន្ត​ថា ស្ថានភាព​បែបនេះ បាន​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​បារម្ភ​ពី​ការ​សរសេរ​ព័ត៌មាន​ស៊ីជម្រៅ និង​ការ​រឹតត្បិត​ខ្លួនឯង​ក្នុង​ការ​សរសេរ​ព័ត៌មាន​មាន​ច្រើនជាង​មុន​។ លោក​ពិនិត្យ​ឃើញ​ថា ក្រៅពី ប្រឈម នឹង​សុវត្ថិភាព​នោះ អ្នកកាសែត​វិជ្ជាជីវៈ ក៏​តែលតោល​ពិបាក​រក​ស្ថាប័ន​ឯករាជ្យ ដើម្បី​ជ្រកកោន បំពេញ​ការងារ​ផង​ដែរ៖ «ពេល​ក៏​តឹង ឧទាហរណ៍​ថា កាលពីមុន​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មាន​ការ​ប្រទាំងប្រទើស​គ្នា​រវាង​រដ្ឋាភិបាល និង​គម្រោង​វិលត្រឡប់​មកវិញ​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឱ្យ​អ្នក​កាសែត​ស្រុក​ខ្មែរ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រាយការណ៍​នីមួយៗ ហើយ​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខ្ញុំ​រាយការណ៍​នៅ​ក្រុង​ប៉ោយប៉ែត ក៏​កងរាជអាវុធហត្ថ​ទៅ​សួរនាំ​អស់​រាប់​ម៉ោង​។ នេះ​គឺជា​ផ្នែក មួយ​នៃ​ការរារាំង​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ។ រួច​ពី​៩​វិច្ឆិកា ២០១៩​នោះ ស្ថានភាព​ធូរស្រាល​បន្តិច ស្រាប់តែ​មកដល់​ជំងឺ​កូ​វីដ​១៩ ស្ថានភាព​តានតឹង​ទៅ​វិញ»

ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២០ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣ ឧសភា ខាងមុខ​នេះ លោក វណ្ណ វិចារ ស្នើ​សុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធានា​ថា អ្នកសារព័ត៌មាន​នៅ​ទូទាំង​ប្រទេស មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ភាព​ភ័យខ្លាច ការគាបសង្កត់ និង​ការចោទប្រកាន់​នានា ដូច​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា ប្រជាពលរដ្ឋ​មាន​សេរីភាព​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ និង​សេរីភាព​ជួប​ប្រជុំ៖ «ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​ជួយ​គិត​ទាំងអស់​គ្នា និង​គាំទ្រ​អ្នកកាសែត​វិជ្ជាជីវៈ​ទាំងអស់​គ្នា ទាំង​ប្រជាជន​ផង អ្នក​រកស៊ី​ផង ទាំង​សង្គម​ស៊ីវិល​ផង និង​ភាគី រដ្ឋាភិបាល ពីព្រោះ​ថា អ្នកកាសែត​អាជីព ត្រូវ​ការផ្សាយ​ព័ត៌មាន​គ្រប់​ប្រភព មិនមែន​ផ្សាយ​តែមួយ​ប្រភព ឬ​ពីរ​ប្រភព​នោះ​ទេ ឬ​មិនមែន​ផ្សាយ​ជួយ​ម្ខាង ហើយ​បង្អាប់​ម្ខាង​នោះ​ទេ»

ចំណែក​អ្នកសារព័ត៌មាន វី​.អូ.ឌី គឺ កញ្ញា ខាន់ លក្ខិណា និយាយ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ ។ កញ្ញា​អះអាង​ថា អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​នៅតែ​ប្រឈម​នឹង​ការ​ការរើសអើង និង​គំរាមកំហែង​ពី​មន្ត្រី​រដ្ឋាភិបាល នៅ​ពេល​ចុះ​យក​ព័ត៌មាន៖ «បញ្ហា​សំខាន់​គឺ​ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព ដោយសារតែ​ខ្ញុំ​ធ្វើការ​ក្នុង​ស្ថាប័ន​ដែល​ហ៊ាន​និយាយ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល ដូច្នេះ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ម្ដង មាន​ការ​រើសអើង ដោយ​អាជ្ញាធរ​គិត​ថា យើង​ធ្វើការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ការរើសអើង​របស់​អាជ្ញាធរ​នេះ​ធ្វើ​ឱ្យ​សុវត្ថិភាព​របស់ខ្ញុំ​មាន​ភាព​ផុយ​ស្រួយ»

អ្នកសារព័ត៌មាន​ស្ត្រី​រូប​នេះ ថ្លែង​បន្ត​ថា នាង​កាន់តែ​ព្រួយបារម្ភ​ខ្លាំង​នៅ​ពេល​ពិនិត្យ​ឃើញ​ថា ច្បាប់ និង​គោលការណ៍​មួយ​ចំនួន​ដែល​ជួយ​ការពារ​សុវត្ថិភាព​អ្នកកាសែត​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការពារ​អ្នកកាសែត​ខ្មែរ​នៅ​ឡើយ​។ កញ្ញា​កត់​សម្គាល់​ថា អាជ្ញាធរ និង​តុលាការ តែងតែ​យក​ក្រមព្រហ្មទណ្ឌ​ទៅ​អនុវត្ត​ជាមួយ​អំពើ​របស់​អ្នកសារព័ត៌មាន ដោយ​មិនបាន​អនុវត្ត​ទៅ តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នោះ​ទេ ដូចជា​ករណី​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​អ្នកកាសែត ឯករាជ្យ​នា​ពេល​កន្លង​មក៖ «ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទាំងអស់ ឈប់​រើសអើង​អ្នកសារព័ត៌មាន​ដែល​និយាយ​ការពិត​។​មួយទៀត បើ​អ្នកសារព័ត៌មាន​ធ្វើ​ខុស សូម​ឱ្យ​អនុវត្ត ទៅតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន កុំ​ចោទប្រកាន់​និង​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដោយ​យក​ច្បាប់ក្រម​ព្រហ្មទណ្ឌ»

ចំណែក នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBO-JA) លោក ណុប វី ទទួលស្គាល់​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ រហូតដល់​ពេលនេះ គឺ​មិន​មាន​ការប្រែប្រួល​អ្វី​ជា​ដុំកំភួន ដែល​បង្ហាញ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា ល្អ​ប្រសើរ​នៅឡើយ​ទេ​។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​រដ្ឋាភិបាល គ្រាន់តែ​បង្ហាញ​ឆន្ទៈ​ចង់​ឱ្យ​ស្ថាប័ន​ព័ត៌មាន​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ និង​អាច​ផ្សាយ​បន្ត​ទៅ​វិទ្យុ​អេហ្វអឹម (FM)​ក្តី ប៉ុន្តែ​មិន​ទាន់​កើត​ឡើង​ជាក់ស្តែង​នោះ​ទេ​។ មួយវិញទៀត លោក អះអាង​ថា ថ្វី​ដ្បិត​តែ​មួយ​រយៈ​ចុងក្រោយ​នេះ មិន​មាន​ករណី សម្លាប់​អ្នកសារព័ត៌មាន​ក្តី ប៉ុន្តែ​ការចោទប្រកាន់ និង​ចាប់ខ្លួន​ដោយ​ប្រើប្រាស់​ច្បាប់ក្រម​ព្រហ្មទណ្ឌ នៅតែ​កើន​ឡើង​។ លោក​កត់សម្គាល់​ដែរ​ថា មិនមែន​មានតែ​អ្នកយកព័ត៌មាន​នោះ​ទេ ដែល​មាន​ការ​ប្រុងប្រយ័ត្ន ប៉ុន្តែ​ប្រជាពលរដ្ឋ ឬ​អ្នក​ផ្តល់​ព័ត៌មាន ក៏​មាន​ការ​ប្រុង ប្រយ័ត្ន​ខ្លាំង​ដែរ​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។

រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​តុលាការ ដែល​រង​ការ​រិះគន់​ថា ខ្វះ​ភាព​ឯករាជ្យ មិនទាន់​ទម្លាក់​ចោល បណ្ដឹង​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​នោះ​ទេ។ ករណី​ទាំងនោះ ដូចជា​ករណី​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីររូប និង​អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី​ពីរ​រូប និង​ការ​បន្ត​ឃុំខ្លួន​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ដែល​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន RT (Russia Today) ក្នុង​ការផលិត​វីដេអូ​ស៊ើបអង្កេត ''​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​''​ជាដើម​។ ចំណែក​អ្នកកាសែត​វិជ្ជាជីវៈ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ផ្ដល់​ប័ណ្ណ​អ្នក​សារព័ត៌មាន ដល់​ពួកគេ​នោះ​ឡើយ។

លោក ណុប វី មាន​ប្រសាសន៍​ថា ស្ថាប័ន​រដ្ឋាភិបាល គួរតែ​ទម្លាក់​ចោល​បណ្ដឹង​ទាំងឡាយ​ប្រឆាំង អ្នក​សារព័ត៌មាន ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ស្ថាប័ន​ព័ត៌មាន​ដែល​ត្រូវ​បាន​ដកហូត​កន្លងមក ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ហើយ​ទង្វើ​ខុសឆ្គង​របស់​អ្នកសារព័ត៌មាន គួរតែ​អនុវត្ត​តាម ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដើម្បី​ធានា​ពី​លំហ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ។

ឆ្លើយតប​នឹង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើង​ថា សេរីភាព សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន​លើកកម្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​ឈរ​លើ​មូលដ្ឋាន​ថា ចំនួន ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​កើន​ឡើង និង​មាន​វិសាលភាព​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ គួរ​ឱ្យ​គត់​សម្គាល់ ហើយ​មាន​អ្នកសារព័ត៌មាន និង​អន្តរជាតិ​ជាច្រើន កំពុង​បំពេញការងារ​នៅ​កម្ពុជា។

លោក​បន្ថែម​ថា កម្ពុជា​ក៏​មាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​មាន​រដ្ឋធម្មនុញ្ញ គាំទ្រ​និង​លើកកម្ពស់ សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​ដែរ ជាពិសេស ក្រសួង​រំពឹង​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល បាន​ព័ត៌មាន​នឹង​អាច​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។ ចំពោះ​ករណី​តុលាការ​ប្រើប្រាស់ ក្រមព្រហ្មទណ្ឌ​ទៅ​អនុវត្ត​លើ​អ្នកសារព័ត៌មាន​កន្លង​មក​នោះ លោក មាស សុភ័ណ្ឌ លើក​ឡើង​ថា វា​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

ឆន្ទានុសិទ្ធិ​តុលាការ ត្រូវ​បាន​អ្នកសារព័ត៌មាន និង​អ្នកច្បាប់ យល់​ថា តុលាការ​មិន​ឯករាជ្យ ក៏​ធ្វើ​ឱ្យ​គេ​ងាយ​ចោទ​ប្រកាន់​អ្នកសារព័ត៌មាន​​ទៅ​តាម​ច្បាប់​ផ្សេងៗ​បាន​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ណុប វី មាន​ប្រសាសន៍ថា ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​នៅ​កម្ពុជា គឺ​មិន​ទាន់​អាច​ឆ្លុះបញ្ចាំង​គ្រប់​ជ្រុងជ្រោយ​ថា កម្ពុជា​មាន សេរីភាព​សារព័ត៌មាន​ពេញលេញ​នោះ​ទេ ហើយ​ចំណាត់​ការ​ផ្លូវច្បាប់​របស់​តុលាការ កន្លងមក​មិនបាន​ផ្តល់​តម្លៃ​ដល់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នោះ​ទេ៖ «បើ​សិន​ស្ថាប័ន​ទាំងនោះ​មិន​ទាន់​មាន​ឯករាជ្យភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ទេ ក៏​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ដែរ ហើយ​យើង​មើល​មួយទៀត យើង​មើល​ទៅលើ​រឿង​ចម្រុះ​ភាព (Pluralism)​នៃ​ប្រពន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ថា តើ​ជា​ប្រពន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ចម្រុះ​ភាព​ទេ គាត់​ផ្សាយ​អព្យាក្រឹត្យ​ក៏​មាន ផ្សាយ​និន្នាការ​ប្រឆាំង​ក៏​មាន ផ្សាយ​គាំទ្រ​រដ្ឋាភិបាល​ក៏​មាន ដូច្នេះ​តើ​ក្នុង​សង្គម​យើង​មាន​បែប​ចម្រុះ​នេះ​ទេ»

របាយការណ៍​ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០​ប្រទេស។ ចំណាត់ថ្នាក់​នេះ មានន័យថា សេរី ភាព​សារព័ត៌មាន​នៅ​កម្ពុជា អាក្រក់​ជាង​ឆ្នាំមុន​មួយ​កម្រិត​ទៀត ដោយសារ សេរីភាព​សារព័ត៌មាន​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​ការ​បង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ដូចជា​ច្បាប់​ស្ដីពី ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាដើម។

អង្គការ​ដដែល​នេះ លើក​ឡើង​ថា គណបក្ស​កាន់អំណាច​របស់ លោក ហ៊ុន សែន ដែល​ខ្លាច​ចាញ់​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ បាន​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកមាន​សំឡេង​មិន​ស្រប​រដ្ឋាភិបាល ហើយ​យុទ្ធនាការ​បង្ក្រាប​នេះ​មិន​បាន​បញ្ចប់​ឡើយ ពោល​គឺ​នៅតែ​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​សង្គ្រោះជាតិ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​រឿង​ចាប់​ចង​មន្ត្រី​បក្ស​ប្រឆាំង​ថ្មីៗ​នេះ

$
0
0

ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​របប​លោក ហ៊ុន សែន ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ នៅ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩។ ពួកគេ​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប និង​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

យុវជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ជំទប់​ទី​ពីរ​ជាប់ឆ្នោត​ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្ត​សៀមរាប លោក ឈុន វាន លើកឡើង​ថា ការ​ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​គណបក្សប្រឆាំង​នៅ​ពេល​ថ្មីៗ​នេះ គឺជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​។ លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន​ទាំងនោះ មិនបាន​ធ្វើ​សកម្មភាព​ខុសច្បាប់​អ្វី​ឡើយ ហើយ​ពួកគាត់​ក៏​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​ដែរ​។ លោក​ថា របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​លេស​ជា​បន្តបន្ទាប់ ដើម្បី​បង្ក្រាប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធានា​ថា គ្មាន​សំឡេង​ប្រឆាំង​នៅ​កម្ពុជា៖ «ការពិត គាត់​អត់​មាន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​។ អាហ្នឹង គឺជា​លេស​មួយ​ដែល​គាត់ (រដ្ឋាភិបាល​)​ចង់​កម្ចាត់​គណបក្សប្រឆាំង​ទេ រឿង​ថា ធ្វើ​សកម្មភាព ធ្វើ​អ្វី​ហ្នឹង​។ ធ្វើ​បាប​សកម្មជន​(​សង្គ្រោះ​ជាតិ) ហ្នឹង គឺ​មិនមែន​ជា​រឿង​មួយ​ដែល​ថ្មី​ទេ។ តាំងតែ​ពី​ដើម​មក ដោយសារតែ​សកម្មជន​គណបក្ស​ប្រឆាំង ឬក៏​សកម្មជន​ដែល​នៅ​មូលដ្ឋាន​មួយ​ចំនួន​ហ្នឹង គឺ​អត់​បាន​ចុះចូល ឬ​អត់​បាន​លក់​ឧត្ដមគតិ​របស់​ពួកគាត់ អ៊ីចឹង​បានជា​គាត់​(​រដ្ឋាភិបាល) យក​លេស ដើម្បី​ចាប់​ពួកគាត់​ហ្នឹង​ដាក់​ពន្ធនាគារ»

យុទ្ធនាការ​ចាប់ចង​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​កម្រើក​ឡើងវិញ​នៅ​ស្រប​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា​។ គិត​ពី​ខែ​មករា មក​ដល់​ថ្ងៃ​ទី​២២ មេសា អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១២​នាក់​ហើយ ក្នុង​នោះ ១១​នាក់ កំពុង​ជាប់ពន្ធនាគារ ហើយ​ម្នាក់ទៀត​ស្ថិតនៅ​ក្រៅ​ឃុំ ដោយសារ​សកម្មជន​រូប​នោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក្រោយ​ប៉ូលិស​ចាប់ខ្លួន​គាត់​ទាំង​កម្រោល។ ភាគច្រើន​នៃ​ករណី​ចាប់ខ្លួន​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកាចាប់ខ្លួន​ឡើយ ហើយ​ករណី​ខ្លះ​ទៀត​សមត្ថកិច្ច​បាន​ប្រើ​ល្បិច​បញ្ឆោត​ឱ្យ​ពួកគេ​ទៅ​ជួប​អ្នកនេះ ឬ​អ្នកនោះ រួច​ក៏​ចាប់ខ្លួន​តែម្ដង​។ ករណី​មួយ​ចំនួន​ទៀត ប៉ូលិស​ចាប់​មនុស្ស​ទៅ​បាត់​ដោយ​គ្មាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គេ​នោះ​ទេ ទាល់តែ​សកម្មជន​ទាំងនោះ​ទូរស័ព្ទ​មក​ប្រាប់​វិញ ទើប​គ្រួសារ​ដឹង​ថា ពួកគាត់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

តុលាការ​បាន​ចោទប្រកាន់​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ ប្រហាក់ប្រហែល​គ្នា ពី​បទ​រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​នេះ គឺ​ដោយសារ​ពួកគេ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បង្ហាញ​ភស្តុតាង ឬ​បកស្រាយ​ឱ្យ​ច្បាស់​ថា តើ​ក្រុម​សកម្មជន​ទាំងនោះ​បាន​ធ្វើ​អ្វីខ្លះ​នោះ​ឡើយ៖ «អតីត​បក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ ដោយ​តុលាការ​កំពូល​ហើយ​។ អ៊ីចឹង​ទៅ ជា​ខ្មោច​ដែល​ខុសច្បាប់ ហើយ​អ្នក​ដែល​គាំទ្រ​អ្នក​ខុសច្បាប់ អ្នក​ហ្នឹង​ក៏​ខុសច្បាប់​ដែរ​។ បើ​បងប្អូន​នៅ​ក្នុង​ស្រុក​ក្តី និង​នៅ​ក្រៅ​ក្តី ឈប់​ធ្វើ​សកម្មភាព គ្មាន​អ្នក​រុកកួន​អី​គាត់ វា​អត់​ទេ​។ វា​ខូច​តែ​គាត់​ធ្វើ​សកម្មភាព»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​នេះ ក្រុម​គ្រួសារ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន អះអាង​ថា ពួកគាត់​ទាំងនោះ​មិន​បាន​ធ្វើ​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ឡើយ ហើយក៏​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ដែរ តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​រួចមក។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត លោក សេង ម៉េងប៊ុនរ៉ុង ប្រតិកម្ម​ថា របប​ក្រុងភ្នំពេញ​កំពុង​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ លោក​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ ពួកគាត់​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ឡើយ ដោយ​អ្នកខ្លះ​សំងំ​តែ​ក្នុង​ផ្ទះ​ខ្លាច​ជំងឺ​កូវីដ-១៩ និង​ខ្លះ​ទៀត​ខំ​ប្រឹង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ លោក​ចាត់ទុកថា ទង្វើ​ចាប់ចង​របស់​អាជ្ញាធរ​នេះ ថា ជា​ការ​បំបែកបំបាក់​គ្រួសារ និង​សង្គម​ជាតិខ្មែរ៖ «កូវីដ គ្រួសារ​ណា​ក៏​ត្រូវ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង​ដែរ ហើយ​ចុះបើ​ក្រុម​គ្រួសារ​គាត់​កំពុង​ជាប់ពន្ធនាគារ​ទៀត រឹតតែ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​។ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​គឺ​សកម្មជន​ដែល​រងគ្រោះ​ដោយសារ​ការ​ចាប់​ចង​ហ្នឹង កាន់តែ​ធ្លាក់​ដុនដាប​ទៅ ហើយ​អត់​មាន​វេទនា​អ្នកណា ក្រៅ​តែ​ពី​វេទនា​ប្រជាជន​ឯង​ទេ​។ អ៊ីចឹង​ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ឱ្យ​របប​លោក ហ៊ុន សែន បោះបង់​នយោបាយ​ចាប់ចង​នេះ​ចោល​ទៅ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ នៅ​ក្រោយ​ពេល​ទប់ស្កាត់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដោយ​ជោគជ័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដង្ហោយ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទាំងឡាយ​ដែល​កំពុង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​។ លោក​អះអាង​ថា លោក​នឹង​មិន​យកទោស​ពៃរ៍​អ្វី​លើ​ពួកគេ​ឡើយ ដោយ​លោក​ចាត់ទុកថា សកម្មជន​ទាំងនោះ​បាន​ចាញ់បោក​ក្រុម​លោក សម រង្ស៊ី៖ «ក្នុងនាម ខ្ញុំ​ព្រះ​ករ​ណា​ខ្ញុំ​ជា​ប្រធាន​នីតិប្រតិបត្តិ ខ្ញុំ​ព្រះករុណា​ខ្ញុំ​អំពាវនាវ​ឱ្យ​មនុស្ស​ទាំងអស់​ដែល​កំពុង​រត់គេច​ខ្លួន ត្រឡប់​មក​ភូមិកំណើត​វិញ​។ កុំ​លាក់ខ្លួន​នៅ​កន្លែង​នេះ លាក់ខ្លួន​នៅ​កន្លែង​នោះ​តទៅទៀត ហើយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាពិសេស​នគរបាល និង​អាវុធហត្ថ ក៏ដូចជា​មន្ត្រី​នៅ​មូលដ្ឋាន​ទាំងអស់ កុំ​ធ្វើ​អ្វី​ឱ្យ​សោះ​។ ឱ្យ​គេ​មក​ផ្ទះ​យ៉ាង​ស្រួល ហើយ​រាប់អាន​គេ​ទៅ ធ្វើការ​ជាមួយគ្នា​ទៅ»

សមាជិក​ប្រតិបត្តិ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សៅ ឧសភា ចាត់ទុកថា ករណី​បង្កូក​ឱ្យ​សកម្មជន​សង្គ្រោះ​ជាតិ​ចូល​ស្រុក​ដោយ​មិន​យកទោស​ពៃរ៍​នេះ​ថា គ្រាន់តែ​ជា​ល្បិចកល​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​។ កញ្ញា​ថា ស្ថានភាព​ជាក់ស្ដែង អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​សង្គ្រោះ​ជាតិ​ដដែល បើ​ទោះ​បី​ជា​ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់ ឬ​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​ណា​ក្តី៖ «ពេល​ដែល​គាត់​ស្រែក​ហ្នឹង ស្អែក​ឡើង​យើង​ទៅ គាត់​អត់​ចាប់​ទេ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​ក្រោយ​មក​ទៀត រយៈពេល​មួយ​ខែ ពីរ​ខែ​អ្វី​ហ្នឹង គឺ​យើង​មិនបាច់​ធ្វើ​អ្វី ក៏​គាត់​ចាប់​យើង​ដែរ​។ អ៊ីចឹង​រឿង​ពាក្យ​សម្តី​ដែល ហ៊ុន សែន និយាយ​ចេញ​មក គ្រប់​ម៉ាត់ គ្រប់​ពាក្យ គឺ​វា​មិនមែន​ជា​ការពិត​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​របស់​គាត់ ដើម្បី​ឱ្យ​យើង​ហ្នឹង​ចូល​ទៅ​ក្នុង​ប្រទេស​ទៅ ដើម្បី​ចាប់​យើង​ដាក់គុក​ទាំងអស់ ដើម្បី​បន្សាប​សំឡេង​លទ្ធិប្រជាធិបតេយ្យ​ទេ»

កញ្ញា សៅ ឧសភា អំពាវនាវ​ដល់​ពលរដ្ឋ និង​សកម្មជន​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ឱ្យ​ពង្រឹង​ជំហរ​ឡើងវិញ និង​កុំ​បោះបង់ចោល​ការ​តស៊ូ​ដើម្បី​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជាមួយគ្នា​នេះ កញ្ញា​ស្នើ​ឱ្យ​អាជ្ញាធរ​រប​ក្រុងភ្នំពេញ​បញ្ឈប់​ទង្វើ​យាយី និង​ការ​ចាប់ចង​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ស្លូតត្រង់​ជាបន្ទាន់​។ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ចង់​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្ដាច់ការ​ទេ លោក​ត្រូវតែ​ស្ដារ​ស្ថានការណ៍​នយោបាយ​ស្រុកទេស ហើយ​ងាក​មក​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​វិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទមាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​ជំងឺ​ថ្មី​នេះ ព្រមទាំង​អ្នក​ហ៊ាន​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​។ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បន្ត​ទៀត​ថា ការ​យាយី​របស់​រដ្ឋាភិបាល​លើ​អ្នកគាំទ្រ និង​សមាជិក​បក្ស​ប្រឆាំង​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​-១៩ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​សកម្មជន​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន​ឯករាជ្យ និង​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កូន​លោក​ឈុត វុទ្ធី ថា នឹង​បន្ត​ប្រារព្ធ​ខួប​៨​ឆ្នាំ​នៃ​ការ​ស្លាប់​ឪពុក​ខ្លួន ទោះ​អាជ្ញាធរ​​រារាំង

$
0
0

កូន​ប្រុស​លោក​ឈុត វុទ្ធី និយាយ​ថា សកម្មជន​បរិស្ថាន​នឹង​បន្ត​ប្រារព្ធ​ខួប​៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក​ឱ្យ​ខាង​តែ​បាន បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​រារាំង​ក៏ដោយ។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មានការ​សម្របសម្រួល​គ្នា និង​ដោះស្រាយ​ចំពោះ​រឿង​នេះ​ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច។

សកម្មជន​បរិស្ថាន​លោក ឆើយ ឧត្តមរស្មី ប្រាប់​អាស៊ីសេរី​ថា កម្លាំង​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ប្រមាណ​១០​នាក់​បាន​រារាំង​មិន​ឱ្យ​សកម្មជន​បរិស្ថាន​ប្រារព្ធ​ខួប​០៨​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ខេត្ត​ព្រះវិហារ​ទេ។

លោក​និយាយ​ថា ក្រុម​សកម្មជន​បរិស្ថាន​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ប្រមាណ ៣០​នាក់ ដើម្បី​ទៅ​ចូលរួម​ពិធី​បុណ្យខួប​៨​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​ឪពុក​លោក។ ប៉ុន្តែ​នៅ​ពេល​ទៅដល់​ស្រុក​កំរៀង ខេត្ត​ព្រះវិហារ មាន​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ក្រសួងសុខាភិបាល​បាន​រាំង​ខ្ទប់​ពួកគេ​មិន​ឱ្យ​ធ្វើដំណើរ​ទៅ​មុខ ដោយ​លើក​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩។

លោក​និយាយ​ថា ការ​លើកឡើង​នេះ​មិន​ត្រឹមត្រូវ​ទេ តាមពិត​រដ្ឋាភិបាល​មាន​បំណង​បិទបាំង​ការពិត​នៃ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក៖ «ចំពោះ​ខ្ញុំ​គិត​ថា នេះ​ជា​ចេតនា​យ៉ាង​ច្បាស់​ដែល​រដ្ឋាភិបាល​មិន​គាំទ្រ​លើ​រាល់​សកម្មភាព​ក្នុង​ការ​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​គាំទ្រ​ទៅលើ​វីរភាព​របស់​លោក ឈុត វុទ្ធី។អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ទេ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ឪពុក​ខ្ញុំ ហើយ​អ្វី​ដែល​ខ្ញុំ​កាន់តែ​សង្ស័យ​ទៀត​នោះ គឺ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​អាច​នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​នេះ​បាន​ជា​គាត់​ហាមប្រាម​បែបនេះ​សូម្បីតែ​ធ្វើ​ខួប ក៏​ធ្វើ​មិនបាន»

ក្រុម​សកម្មជន​បរិស្ថាន​រួម​ទាំង​លោក ឆើយ ឧត្តមរស្មី នៅ​ថ្ងៃ​ទី​២៦ មេសា​នេះ គ្រោង​នឹង​រៀបចំ​គម្រប់​ខួប​០៨​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​នៅ​ពី​ក្រោយខ្នង​នៃ​ឃាត​កម្ម​នេះ។

រារាំង​យុវជន ខួប ឈុត វុទ្ធី ៩២២
សកម្មភាពអាជ្ញាធរស្រុក​រវៀង​ ខេត្ត​ព្រះវិហារ ចុះរារាំងសកម្មជនបរិស្ថាន នៅ​យប់​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០២០ ដែល​ជួបជុំ គ្រោងធ្វើ​ពិធី​រំលឹក​ខួប ៨​ឆ្នាំ របស់​លោក ឈុត វុទ្ធី ដែល​ត្រូវ​គេ​សម្លាប់។ រូប​ហ្វេសប៊ុក លោក ម៉ា ចិត្រា

សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់ មកពី​ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ដែល​ធ្លាក់​រួម​ការងារ​ជាមួយ​លោក ឈុត វុទ្ធី ថ្លែង​ថា កាល​ពី​លោក​ឈុត វុទ្ធី នៅ​មាន​ជីវិត លោក​បាន​ចូលរួម ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​លើក​ទឹកចិត្ត ឱ្យ​ពលរដ្ឋ​ចេញ​ស្រលាញ់​ការពារ​ព្រៃឈើ​បន្ត​ទៀត​ដែល​គ្រប់គ្នា​ឱ្យ​ឈ្មោះ​លោក​ថា ជា​វីរជន​ការពារ​ព្រៃឈើ​។ លោក​បន្ត​​ថា រយៈពេល​៨​ឆ្នាំ​មក​នេះ ខាង​ក្រុម​គ្រួសារ​របស់​វីរជន​ការពារ​ព្រៃឈើ នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌ ពេញលេញ​នោះ​ទេ៖ «រយៈពេល​០៨​ឆ្នាំ​ហើយ ដែល​លោក​បាន​លាចាក​ពួក​យើង​ទៅ​ទាំង​ក្តី​អាល័យ ហើយ​យុត្តិធម៌​ដែល​យើង​ចង់បាន គឺ​ចង់បាន​យុត្តិធម៌​ពិតប្រាកដ​ដែល​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក​ហ្នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ពេញលេញ ឱ្យ​ត្រឹមត្រូវ។ ប្រសិនបើ​យើង​បណ្ដែតបណ្ដោយ​បែប​ហ្នឹង​ទៅ​មាន​ន័យ​ថា អ្នក​ដែល​ចង់​ប្រព្រឹត្ត​បទល្មើស បទឧក្រិដ្ឋ​អាច​នឹង​ប្រព្រឹត្ត​បានជា​បន្តបន្ទាប់​ទៀត ហើយ​ស្រុក​ខ្មែរ​យើង​មិន​អាច​ទទួល​បាន​យុត្តិធម៌​ទេ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ស្នើ​ឱ្យ​មាន​ការ​ចរចា សម្របសម្រួល​គ្នា រវាង​ក្រុម​អ្នកការពារ​ព្រៃឈើ ជាមួយ​ខាង​មន្ទីរ​បរិស្ថាន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពិធី​រំលឹក​ខួប​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន ដោយ​គ្មាន​ការ​ប្រឈម​មុខ​ដាក់គ្នា៖ «បាន​អាហ្នឹង​គួរតែ​មាន​ការ​ជជែក​ធ្វើ​ម៉េច​ឱ្យ​មានការ​យល់​គ្នា កុំ​ឱ្យ​មានការ​ខ្វែងគំនិត​ហើយ​យើង​បែរ​ជា​ម្ខាង​មើល​ទៅ​ម្ខាង​ហាក់បីដូច​ជា​មាន​លាប​ពណ៌​ដាក់​ខ្មៅ​ដាក់គ្នា​ទៅវិញទៅមក។ អាហ្នឹង​ក៏​មិនមែន​ជា​ការ​ល្អ​ដែរ​សម្រាប់​ទិដ្ឋភាព​ទាំងអស់​នោះ​។​ពីព្រោះ​អ្វី​ក៏ដោយ​បើ​គ្មាន​ការចូលរួម​គ្រប់​ពី​ភាគី​ពាក់ព័ន្ធ​ទេ អាហ្នឹង​កិច្ចការ​ការពារ​វា​មិន​មាន​ប្រសិទ្ធភាព​១០០%​នោះ​ទេ»

លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់សម្លាប់​ក្នុង​រថយន្ត​របស់​លោក កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក និង​អ្នកកាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ស៊ើបអង្កេត និង​ថតរូប​ភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)

ក្រុម​សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ស្នើ​ដល់​រដ្ឋាភិបាល​បន្ត​ស៊ើបអង្កេត​ករណី​ឃាតកម្ម​មួយ​នេះ ដើម្បី​វែកមុខ​រក​ឃាតក ដែល​បញ្ជា​ឱ្យ​បាញ់សម្លាប់​លោក ឈុត វុទ្ធី ហើយ​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​គ្រួសារ​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ថា មាន​រោងចក្រ​ថ្មី​៧៧ បើក​ដំណើរការ ខណៈ​រោងចក្រ ៦ ត្រូវ​បិទ​ទ្វារ​អំឡុង​ពេល​ជំងឺ​កូវីដ១៩

$
0
0

មន្ត្រីក្រសួង​ឧស្សាហកម្ម ប្រកាស​ថា មាន​រោងចក្រ​ថ្មី ចំនួន​៧៧ បាន​បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​រយៈពេល ៣ខែ​ដំបូង ក្នុង​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​រោងចក្រ​ដែល​បាន​បើក​ដំណើរការ​កន្លង​មក ចំនួន ៦​រោងចក្រ បាន​ដាក់​ពាក្យសុំ​បិទ​រោងចក្រ។ សហជីព​យល់​ថា ការ​បើក​រោងចក្រ​ថ្មី ជា​ព័ត៌មាន​ល្អ សម្រាប់​កម្មករ បើ​មាន​ការ​បើក​រោងចក្រ​ថ្មីៗ ព្រោះ​ស្ថានភាព​កម្មករ​កំពុង​ប្រឈម​គ្មាន​ការងារ​ធ្វើ ដោយសារ​រោងចក្រ​បិទទ្វារ​ជា​បន្ត​បន្ទាប់។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ ក្រសួង​ឧស្សាហកម្ម អះអាង​ថា កាល​ពី​ពេល​ថ្មីៗ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា បើ​ទោះ កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​រង​ការ​គំរាមកំហែង ពី​ជំងឺ​កូវីដ១៩ (Covid-19) ប៉ុន្តែ នៅតែ​អាច​មាន​សមត្ថភាព​ទាក់ទាញ​រោងចក្រ​ថ្មី ជាច្រើន មក​ឱ្យ​បើក​ដំណើរការ​បន្ថែម​ទៀត​។ លោក​ថា តួលេខ ៧៧​រោងចក្រ​នេះ ជា​ចំនួន​រោងចក្រ​ថ្មី ដែល​ស្នើសុំ​បើក​ក្នុង​ត្រីមាស (៣​ខែ​)​ដំបូង នៅ​ឆ្នាំ​២០២០​។​

លោក ហេង សុគង់ អះអាង​​ថា រោងចក្រ​ថ្មី ទាំង​៧៧ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ថ្មី​នេះ អាច​មាន​លទ្ធភាព​បង្កើត​ការងារ​ឱ្យ​កម្មករ​បាន​ជិត ពីរ​ម៉ឺន (២៧ ៩០៩)​នាក់​។ ចំណែក​រោងចក្រ ចំនួន​៦ ដែល​បាន​ប្រកាស​បិទ​ជា​ផ្លូវការ​រួច​ហើយ​នោះ មាន​កម្មករ​សរុប ជាង​ប្រាំមួយ​ពាន់ (៦ ០៥២)​នាក់​។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា គិត​ត្រឹម​ចុងខែ​មីនា កម្ពុជា មាន​រោងចក្រ​ធុន​ធំ​កំពុង​ដំណើរការ​សរុប​ជិត​ពីរ​ពាន់ (១ ៨០១) រោងចក្រ ដែល​មាន​កម្លាំង​ពលកម្ម កំពុង​ធ្វើការ​ជាង​មួយ​លាន (.០៦៣.០៣១) នាក់។

លោក ហេង សុ​គង់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ មេសា ថា ៧៧​រោងចក្រ​ថ្មី​នេះ ជា​តួលេខ​ផ្លូវការ ដែល​ខាង​រោងចក្រ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បើក​។ ឯ​៦​រោងចក្រ ដែល​ដាក់ពាក្យ​ស្នើសុំ​បិទ​នោះ មិន​រាប់​បញ្ចូល​ជាមួយ តួលេខ​រោងចក្រ​ដាក់ពាក្យ​ស្នើសុំ​ព្យួរ​កិច្ចសន្យាការងារ​កម្មករ​ឡើយ ព្រោះ​ការ​ព្យួរ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ៖ «បាទ​! អាហ្នឹង​ជា​តួលេខ​ផ្លូវការ ដែល​រោងចក្រ គេ​បាន​ស្នើ​សុំ ប្រកាស​បង្កើត​រោងចក្រ ពី​ក្រសួង ហើយ​សម្រាប់ ៦​រោងចក្រ គេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ផ្លូវការ​មក​ក្រសួង ដើម្បី​ស្នើ​បិទ​រោងចក្រ​។ អាហ្នឹង ខ្ញុំ​បញ្ជាក់​ឱ្យ​យល់​ដែរ​ណា ពាក្យ​ថា បិទ​រោងចក្រ ហើយ​និង​ព្យួរ​ការងារ ពីរ​ហ្នឹង ខុសគ្នា​។ ខ្ញុំ​អត់​និយាយ រឿង​ព្យួរ​ការងារ​ទេ ព្រោះ​អា​ខាង​ព្យួរ​ការងារ អាហ្នឹង គេ​ទំនាក់ទំនង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ អានេះ គឺ​បិទ​រោងចក្រ បាន​ន័យថា គេ​ប្រកាស​បើក​ពី​ក្រសួង​ឧស្សាហកម្ម គេ​បិទ​វិញ ក៏​ក្រសួង​ឧស្សាហកម្ម​ដែរ​។ ហ្នឹង សុំ​យល់​ចំណុច​ហ្នឹង​ណា»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ជីម៉ាក់ (GMAC) លោក ខេន លូ បានទេ កាលពី​ថ្ងៃ​ទី​២៥ មេសា ដោយសារ គ្មាន​អ្នកទទួល​ទូរស័ព្ទ​។ តែ លោក បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សមាគម ទទួល​បាន​សមាជិក​ថ្មី ចំនួន ៥ រោងចក្រ​ក្នុង​រយៈពេល ៣​ខែ​ដំបូង​ឆ្នាំ ២០២០ នេះ​។ ប៉ុន្តែ​សមាជិក​របស់​ជីម៉ាក់​មួយ​ចំនួន​ក៏បាន​បិទ​ដែរ ប៉ុន្តែ លោក​អត់​មាន​តួលេខ​ទេ។

លោក ខេន លូ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា បញ្ហា​ប្រឈម​របស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ពេលនេះ គឺ ដោយ​សារ ក្រុម​អ្នក​បញ្ជា​ទិញ នៅ​ក្រៅ​ប្រទេស ពិសេស​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក មិន​ទទួល​យក​ផលិតផល ដែល​បាន​កុម្ម៉ង់​រួចរាល់ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​របស់​កម្មករ៖ «ផលវិបាក​ថា យើង​បាត់​ទីផ្សារ​មកពី​អ្នកបញ្ជា​ទិញ​នៅ​អាមេរិក និង​នៅ​អឺរ៉ុប​គេ​អត់​ទទួលស្គាល់​កិច្ចសន្យា​ដែល​ដាក់​កន្លង​មក​ឱ្យ​យើង​ផលិត។ អីវ៉ាន់ ដែល​យើង​ផលិត ហើយ​គេ​អត់​ទទួល​យក​ទេ ហើយ​អីវ៉ាន់​ដែល​កំពុង​ផលិត​អត់​ឱ្យ​យើង​ផលិត​តទៅ​ទៀត​។ អ៊ីចឹង​មាន​ន័យ​ថា គេ​អត់​ទទួលស្គាល់​ទេ គេ​អត់បើក​លុយ​ឱ្យ​យើង​ទេ ហើយ​សួរ​ថា បើ​ភ្ញៀវ​យើង​អត់បើក​លុយ ឱ្យ​យើង តើ​រោងចក្រ​មាន​លុយ​ណា​បើក​ឱ្យ​កម្មករ»

អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​វិញ រក​ឃើញ​ថា តួលេខ​នៃ​ការ​បិទ​រោងចក្រ​ជាក់ស្ដែង ច្រើនជាង​៦​រោងចក្រ ដែល​បាន​ជូនដំណឹង​ជា​ផ្លូវការ ទៅ​ក្រសួង​ឧស្សាហកម្ម​។ ឯ​រោងចក្រ ដែល​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ព្យួរ​កិច្ចសន្យាការងារ​របស់​កម្មករ មាន​ជាង​១៣០​រោងចក្រ។

ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ លោក គង់ អាទិត្យ យល់​ថា ប្រសិនបើ​មាន​រោងចក្រ​ថ្មី ជាច្រើន បើក​ឱ្យ​ដំណើរការ​មែន ជា​រឿង​ប្រសើរ​សម្រាប់​កម្មករ ព្រោះ ពួកគេ​ជាច្រើន​នាក់ កំពុង​ព្រួយបារម្ភ​ថា គ្មាន​ការងារ​ធ្វើ ក្រោយពេល​រោងចក្រ ប្រកាស​បិទ​ភ្លាមៗ៖ «បើ​បើក​បាន​មែន ក្នុង​កំឡុងពេល​នេះ វា​អាច​ធ្វើ​ឱ្យ ភាព​ចម្រុះ​នៃ​វិស័យ​ផ្សេងៗ ជំរុញ​ឱ្យ​ការងារ​ឱ្យ​កម្មករ​បាន​ល្អ​។ ប៉ុន្តែ​រឿង​មួយ ដែល​សំខាន់​គឺ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​រឿង​ការ​ឆ្លង​ហ្នឹង​ដែរ​។ អ៊ីចឹង ទាំង​អ្នក​វិនិយោគ ទាំង​រដ្ឋាភិបាល​ត្រូវ​ប្រយ័ត្នប្រយែង​រឿង​ហ្នឹង​ដែរ​។ បើសិនជា​យើង​មាន​System ស្រួល​បួល មាន​ប្រព័ន្ធ​ស្រួលបួល យើង​អាច​បើក​បាន ព្រោះ​ដោយសារ​នៅ​ស្រុក​ខ្មែរ​យើង បើ​តាម​ទិន្នន័យ​បច្ចុប្បន្ន​វា​មិនទាន់​ឆ្លង​អ្វី ទៅដល់​កម្មករ​ផ្នែក​ឧស្សាហកម្ម​អ្វី​ផ្សេងៗ ទ្រង់ទ្រាយ​ធំ​ទេ​។ អ៊ីចឹង បើសិនជា យើង​សហការ​គ្នា រវាង​និយោជក ហើយ​និង​រដ្ឋាភិបាល រៀបចំ​ប្រព័ន្ធ​(​ការងារ​)​ល្អ យើង​អាច​ចាប់ផ្ដើម បើក​បណ្ដើរៗ​បាន​។ ខ្ញុំ​គិត​ថា វា​ល្អ​សម្រាប់​រឿង​ហ្នឹង​ដែរ ជៀសវាង​យើង​ខ្លាច​ពេក»

បើ​ទោះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម បង្ហាញ​ពី​មោទនភាព ដែល​មាន​រោងចក្រ​ធុន​ធំ កំពុង​ដំណើរការ ខណៈ​ពិភពលោក កំពុង​ជួបប្រទះ​ជំងឺ​កូវីដ​១៩ ក៏ដោយ តែ​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។ ធនាគារ​ពិភពលោក ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២០ នឹង​ថយ​ល្បឿន មក​នៅ​ត្រឹម ២,៥ ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​តំបែរ​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​បទ​ចោទ និង​ដោះលែង​តំណាង

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​គឺ​លោក សែម សាង ឱ្យ​មាន​សេរីភាព​វិញ​។ ការ​ជួប​ជុំគ្នា​នេះ ធ្វើ​នៅ​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដោយ​ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​កាន់​បដា និង​រូបថត​របស់​លោក សែម សាង។

អ្នកភូមិ​ស្រែប្រាំង លោកស្រី ម៉ៅ សេងហាក់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ មេសា ថា នេះ​ជា​លើក​ទី​៦​ហើយ​ដែល​អ្នកភូមិ​រួមគ្នា​ទាមទារ​ឱ្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដោះលែង​លោក សែម សាង មក​វិញ ព្រោះ​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លើ​តំណាង​ពួកគាត់ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួលយក​បាន​ឡើយ។

រីឯ​ភរិយា​លោក សែម សាង គឺ លោកស្រី ឈឿន ស្រីសុខ ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​សម្រាលកូន ស្នើ​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ដោះលែង​ប្ដី​លោកស្រី ឱ្យ​បាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេលនេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង។

លោក សែម សាំង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាលពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្តកំពង់ឆ្នាំង​។ លោក រង​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ចោទ​ថា "​កំហែង​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ការ​ប្រើប្រាស់​អាវុធ​" ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

អ្នកភូមិ​ស្រែប្រាំង​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​តុលាការ ទម្លាក់​ចោល​ការ​ចោទប្រកាន់ ហើយ​ដោះលែង​លោក សែម សាង ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ពលរដ្ឋ​ក៏​ស្នើ​ដល់​តុលាការ​និង​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​ការ​ចោទប្រកាន់​លាប​ពណ៌​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្នងការ​ខេត្ត​កោះកុង រង​ការ​ចោទ​ថា ប្រមូល​សាច់ញាតិ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ខ្លួន

$
0
0

មន្ត្រី​នគរបាល​មួយ​ចំនួន​សំដែង​ការ​មិន​ពេញចិត្ត នឹង​ស្នងការ​នគរបាល​ខេត្ត​កោះកុង ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមូល​ប្រពន្ធ​កូន និង​សាច់​ញាតិ ឱ្យ​កាន់​តួនាទី​ធំៗ ស្ថិត​ក្រោម​បង្គាប់​របស់​លោក។ សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ស្រាវជ្រាវ​ករណី​នេះ ព្រោះ​ការ​បង្កើត​បក្ខពួក ឬ​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ អាច​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍ ហើយ​នាំ​ឱ្យ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ។

មន្ត្រី​មួយ​រូប​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​មក​អាស៊ីសេរី ដោយ​ទម្លាយ​រឿង​ស្នងការ​នគរបាល ខេត្ត​កោះកុង លោក សំឃិត វៀន បាន​បង្កើត​គ្រួសារនិយម​នៅ​ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ក្រោម​ការគ្រប់គ្រង​របស់​លោក​រយៈពេល​ជិត ១៥​ឆ្នាំ មក​នេះ។

មន្ត្រី​រូប​នោះ​បាន​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ថា ករណី​ទី​១ គឺ​លោកស្នងការ សំឃិត វៀន តែងតាំង​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ពេជ្រ ស្រីពី ឱ្យ​កាន់​តួនាទី​ជា​ស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ និង​ការពារ​អនីតិជន​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដំឡើង​ដំណែង​ឱ្យ​ប្រពន្ធ​ហើយ លោក សំឃិត វៀន បាន​ទាញ​យក​ការងារ​ពី​ផ្នែក​ជំនាញ​ផ្សេងៗ ឱ្យ​ស្នង​ការ​រង​ដែល​ជា​ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន ជា​អ្នកគ្រប់គ្រង និង​ឃ្លាំមើល។ ម្យ៉ាងវិញទៀត នៅ​ពេល​ខាងមុខ លោកស្នងការ​រូប​នេះ ក៏​នឹង​រៀបចំ​ឱ្យ​ប្រពន្ធ​ឡើង​ធ្វើជា​ស្នងការ​ស្ដីទី​ក្នុង​ពេល​លោក​មិន​នៅ​ធ្វើការ​ផង​ដែរ។

មន្ត្រី​សុំ​លាក់​អត្តសញ្ញាណ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ករណី​ទី​២ ស្នងការ​ខេត្ត​កោះកុង​រូប​នេះ បាន​តែង​តែង​កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ឱ្យ​ឡើងជា​ប្រធាន​ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កោះកុង​។ ការតែងតាំង​នេះ​ធ្វើ​ឱ្យ​កូនប្រុស​របស់​លោក​រូប​នេះ​ក្លាយ​ជា​មន្ត្រី​វ័យក្មេង​ជាងគេ​បំផុត​ក្នុង ចំណោម​ប្រធាន​ការិយាល័យ​ជំនាញ​ផ្សេងៗ​ក្នុង​ខេត្ត​នេះ​។ ចំណែក​កូនស្រី​បង្កើត​ពីរ​នាក់​ទៀត​របស់​លោក សំឃិត វៀន ដែល​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​កោះកុង​ដែរ​នោះ ក៏​កំពុង​ត្រៀម​រង់ចាំ​យក​ដំណែង ខ្លឹមៗ​ក្រោម​ការរៀបចំ របស់​ឪពុក​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ទៀត​ដែរ។

មន្ត្រី​ដដែល​អះអាង​ទៀត​ថា ករណី​ទី​៣ លោក សំឃិត វៀន មាន​ប្អូនថ្លៃ​ឈ្មោះ ពេជ្រ បញ្ញា ធ្វើជា​នាយ រង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​កោះកុង និង​ប្អូនថ្លៃ​ម្នាក់ទៀត​ឈ្មោះ ពេជ្រ ស៊ីប៉ូ ធ្វើ​ជា​អធិការ​រង​នគរបាល​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​មាន​ក្មួយៗ និង​សែស្រឡាយ​ជាច្រើន​ទៀត​របស់​លោក សំឃិត វៀន និង អ្នកស្រី ពេជ្រ ស្រីពី ដែល​មិន​អាច​រាប់​ឈ្មោះ​អស់ កំពុង​កាន់​តំណែង​គ្រាក់ៗ​នៅ​ក្នុង​ជួរ​មន្ត្រី​នគរបាល​ខេត្ត​កោះកុង​។ មន្ត្រី​លាក់​អត្តសញ្ញាណ​រូប​នេះ ចោទ​សួរ​ថា តើ​អ្វី​ដែល​កើតឡើង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​នេះ គឺ​ជា​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បំរើ​សេវា​សាធារណៈ ឬ​យ៉ាងណា​? ហើយ​តើ​មន្ត្រី​ផ្សេងៗ ទៀត ដែល​មិនមែន​ជា​ប្រពន្ធ​កូន​និង​មិនមែន​ជា​បងប្អូន​សាច់ញាតិ​របស់​ស្នងការ​រូប​នេះ អាច​មាន​ឱកាស​ទទួល​ដំណែង​ក្នុង​ស្នងការដ្ឋាន​នេះ​ដែរ​ឬ​ទេ?

មន្ត្រី​នគរបាល​ក្នុង​ខេត្ត​កោះកុង​មួយ​ចំនួន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ក៏​បាន​បង្ហើប​ប្រាប់​អាស៊ីសេរី​ដែរ​ថា ប្រពន្ធ​កូន និង​សាច់ញាតិ​របស់ លោក សំឃិត វៀន នេះ មិន​បាន ឡើង​ដំណែង និង​តួនាទី​ដោយ​សារ​សមត្ថភាព និង​បទពិសោធន៍​នោះ​ទេ​។ ពួកគេ​ឱ្យ​ដឹង​ថា អ្នកស្រី ពេជ្រ ស្រីពី គឺ ជា​ប្រពន្ធ​ទី​២​របស់​លោក សំឃិត វៀន ហើយ​កាល​ពី​មិន​ទាន់​រៀបការ គឺ​អ្នកស្រី​ជា​គ្រូបង្រៀន​នៅ​សាលាបឋម​សិក្សា​។ ក្រុម​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​រៀបការ​រួច​ភ្លាម លោកស្នងការ សំឃិត វៀន បាន​បញ្ចូល​ឈ្មោះ​ភរិយា​វ័យក្មេង​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា កាលពី ៦​ទៅ ៧​ឆ្នាំមុន។ បន្ទាប់​មក​អ្នកស្រី ពេជ្រ ស្រីពី ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ និង​តួនាទី​មុខងារ​ជា​បន្តបន្ទាប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដូចជា​ប្រធាន​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍ រដ្ឋបាល​ខេត្ត​កោះកុង និង​ចុង​ក្រោយនេះ​ឡើងជា​ស្នងការ​រង​បន្ទាប់​ពី​ប្ដី។មន្ត្រី​នគរបាល​ខ្លះ បង្ហាញ​ការ​បាក់​ទឹកចិត្ត និង​ស្នើសុំ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចាត់វិធានការ​ចំពោះ​បញ្ហា​គ្រួសារនិយម​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​នេះ ឡើង​វិញ ពី​ព្រោះ​នគរបាល​មួយ​ចំនួន ខិតខំ​បំពេញការងារ​រហូតដល់​ជាង ១០​ឆ្នាំ និង​ខ្លះ​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ទៅ​ហើយ ក៏​មិនទាន់​ទទួល​បាន​ឋានន្តរសក្ដិ និង​តួនាទី​ឱ្យ​ស័ក្ដិសម​នោះ​ដែរ។

ទាក់ទង​នឹង​ករណី​ចោទប្រកាន់​នេះ ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ​ឃិត វៀន ទទួលស្គាល់ថា លោក​ពិត​ជា​មាន​ប្រពន្ធ​កូន និង​សាច់ញាតិ​មួយ​ចំនួន ធ្វើ​ការ​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​មែន​។ ប៉ុន្តែ លោក​អះអាង​ថា នេះ​មិនមែន​ជា​ការ​បង្កើត​គ្រួសារនិយម​ក្នុង​ស្ថាប័ន​នគរបាល​ជាតិ​នោះ​ទេ ព្រោះ​លោក​ថា គ្មាន​ច្បាប់​ចែង​ហាមឃាត់​រឿង​នេះ​ឡើយ។ «»

លោក សំឃិត វៀន ឆ្លើយតប​តាម​ទូរស័ព្ទ​បន្ថែម​ថា ការ​ទទួល​បាន​ឋានន្តរសក្ដិ និង​តួនាទី​មុខងារ​របស់​ប្រពន្ធ​កូន និង​សាច់ញាតិ​របស់​លោក គឺ​សុទ្ធតែ​ត្រូវ​បាន​ជ្រើសរើស​និង​តែងតាំង​តាម​លក្ខន្តិកៈ និង​គោលការណ៍​ក្រសួង​មហាផ្ទៃ។ «»

នៅ​ពេល​អាស៊ីសេរី សួរ​ថា តើ​ប្រពន្ធ​កូន​និង​សាច់ញាតិ​របស់​លោក​ម្នាក់ៗ បាន​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុ​ជា​តាំងពី​ពេលណា និង​មាន​បទពិសោធន៍​អ្វីខ្លះ ទើប​ថ្នាក់លើ​ផ្ដល់​សេចក្ដី​ទុក ចិត្ត តែងតាំង​តួនាទី​សំខាន់ៗ​ជា​បន្តបន្ទាប់​បែបនេះ? ស្នងការ​នគរបាល​ខេត្ត​កោះកុង​រូប​នេះ សុំ​មិន​ឆ្លើយតប ឬ​មិន​បង្ហាញ​ភស្តុតាង​ទេ ដោយ​អះអាង​ថា ជា​រឿង​សំងាត់​របស់​នគរបាល​ជាតិ​។ ទោះជា​យ៉ាងណា លោក អះអាង​ថា ការតែងតាំង​នោះ​ដោយសារ​ប្រពន្ធ​កូន​របស់​លោក​មាន​សមត្ថភាព​ធ្វើ​ការ។ «»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ជាច្រើនលើក តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា ករណី​មាន​ក្រុម​គ្រួសារ និង​សាច់ញាតិ ធ្វើការ​ក្នុង​ស្ថាប័ន​តែមួយ​ហើយ​ទទួល​បាន​ដំណែង​ធំៗ​នេះ គឺ​មិន​អាច​វាយ តម្លៃ​ថា ជា​ការ​បង្កើត​គ្រួសារនិយម​នោះ​ទេ ព្រោះ​លោក​ថា ជូន​កាល​ពួកគេ មាន​ស្នាដៃ​សម​នឹង​ទទួល​បាន​ដំណែង​ទាំង​នោះ។ «»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា បញ្ហា​បក្ខពួក​និយម និង​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នេះ កំពុង​កើតមាន​ពេញទំហឹង​នៅ​ក្នុង​សង្គម​ខ្មែរ​ដោយសារតែ​គ្មាន​ច្បាប់​ណា​ចែង​មិន​ឱ្យ​យក​សែ​លោហិត​ចូល​ធ្វើការ និង​ដោយសារតែ​ពួកគេ​មើល​គំរូ​គ្នា​ទៅវិញទៅមក​។ លោក ជំរុញ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ស៊ើបអង្កេត​ចំពោះ​ការ​ទទួល​បាន​តួនាទី​របស់​មន្ត្រី​នគរបាល​ដែល​មាន​សែស្រឡាយ​ទាំងនោះ និង​បកស្រាយ​ឱ្យ​បាន​ច្បាស់​លាស់។ «»

អង្គការ​សង្គម​ស៊ីវិល សង្កេតឃើញ​ថា ការតែងតាំង​តែ​បក្សពួក និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ខ្លួន​ក្នុង​ស្ថាប័នរដ្ឋ​នេះ ក៏បាន​ទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​កាន់អំណាច​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សកម្មជន​បរិស្ថាន​ជម្នះ​ធ្វើ​ពិធី​បង្សុកូល​ជូន​លោក ឈុត វទ្ធី ទោះ​មាន​អាជ្ញាធរ​រារាំង

$
0
0

កូនប្រុស​របស់​លោក ឈុត វុទ្ធី និង​សកម្មជន​បរិស្ថាន នៅតែ​បន្ត​វើ​ពិធី​រំឮក​ខួប​គម្រប់ ៨​ឆ្នាំ​នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ទោះបីជា​អាជ្ញាធរ​ខេត្ត​នេះ រារាំង​ពួកគេ​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ជួប​ជុំ​ដោយ​សន្តិវិធី។

ពិធី​ជួបជុំ​ប្រារព្ធ​ខួប ៨​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការរារាំង និង​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដូច​ឆ្នាំ​មុនៗ​ដែរ។

កូនប្រុស លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ប្រាប់​អាស៊ីសេរី​ថា លោក​រួម​នឹង​សកម្មជន​ការពារ​ព្រៃឈើ​ប្រមាណ​ជាង ៣០​នាក់ បាន​នាំគ្នា​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​ស្ថិត​នៅ​ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រៃ​វិហារ តាំងពី​ម៉ោង ១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែ​មេសា ដើម្បី​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​និង​បង្សុកូល​ឧទ្ទិស​បុណ្យ​កុសល​ដល់​លោក ឈុត វុទ្ធី។ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ បញ្ជាក់​ថា ការ​ជម្នះ​ទៅ​ធ្វើ​ពិធី​បង្សុកូល​នៅ​ក្នុង​ព្រៃ​ឡង់​នោះ ព្រោះ​ទីនោះ​ជា​កន្លែង ដែល​ឪពុក​របស់​លោក ស្រលាញ់ និង​តែង​ចុះទៅ​ធ្វើការ​ញឹកញាប់​កាលពី​លោក​នៅ​មាន​ជីវិត៖ «ទោះបីជា​មានការ​រារាំង​ពី​អាជ្ញាធរ​ក្តី យើង​នៅតែ​ព្យាយាម ហើយ​យប់មិញ​នេះ​យើង​មិន​បាន​ដេក​ទេ។ យើង​ព្យាយាម​រត់គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប៉ុន្តែ យើង​នៅតែ​ធ្វើ​បាន​ជោគជ័យ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដដែល​។ យើង​មាន​ធ្វើ​ពិធី​បង្សុកូល​ដល់​ឪពុក​ខ្ញុំ ហើយ​បន្ទាប់មក​យើង​មាន​ថ្លែង​សារ​សាធារណៈ​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល ឱ្យ​មាន​ចំណាត់​ការ បិទ​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃឈើ ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​ផ្តល់​ដី​ព្រៃ​សម្បទាន​ដល់​ក្រុមហ៊ុន​នានា ហើយ​នឹង​បញ្ឈប់​ការ​ផ្តល់​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ឈើ​តាម​ផ្លូវ»

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា អភិបាលរង​ស្រុក​រវៀង និង​មន្ត្រី​បរិស្ថាន បាន​ដាក់​កម្លាំង​រារាំង​មិន​ឱ្យ​សកម្មជន​បរិស្ថាន​ទាំងអស់ ជិះ​ម៉ូតូ​ចូល​ក្នុង​ព្រៃ​ឡង់ ដើម្បី​ប្រារព្ធ​ខួប​៨​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នោះ​ទេ ដោយ​លើក​ហេតុផល​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​។ អាជ្ញាធរ​ទាំងនេះ ព្រមាន​ឱ្យ​ពួកគេ​បំបែក​គ្នា បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​វិធានការ​ច្បាប់។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខេ​មេសា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

លោក ឆឺយ ឧត្តមរស្មី ថ្លែង​ថា ការរារាំង​របស់​អាជ្ញាធរ​នេះ គឺ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ពី​ព្រោះ​ថា ការ​ធ្វើ​បុណ្យខួប​ឪពុក​របស់​លោក តែងតែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​និង​ឃ្លាំមើល​រាល់​ឆ្នាំ ហើយ​ការ​លើក​ហេតុផល​ថា ដោយសារ​ជំងឺ​កូវីដ​នេះ គឺជា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ៖ «យើង​មិន​ល្មើស​បទបញ្ជា​របស់​ក្រសួង​សុខាភិបាល​ទេ ប៉ុន្តែ​យើង​មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​និង​ការពារ​ដូចជា ម៉ាស់​ការពារ ជែល​លាងដៃ ម៉ាស៊ីន​ស្កេន​កម្តៅ និង​រក្សា​គម្លាត​គ្នា​ជាដើម ប៉ុន្តែ​ចៅហ្វាយ​ស្រុង​រង​នោះ នៅតែ​ឱ្យ​យើង​បំបែក​ដដែល ហើយ​គាត់​ខ្លួនឯង​នឹង​អត់​ឃើញ​ពាក់​ម៉ាស់​ផង»

សកម្មជន​ព្រៃឈើ​មួយ​រូប​លោក មេន ម៉ាត់ ថ្លែង​ថា មូលហេតុ​ដែល​លោក​ចូលរួម​ប្រារព្ធ​ខួប ៨​ឆ្នាំ នៃ​ការ​ស្លាប់ របស់​លោក ឈុត វុទ្ធី នៅ​ក្នុង​ព្រៃ​ឡង់ ពីព្រោះ​លោក ចង់​តបស្នង​សងគុណ និង​រំលឹក​ដល់​ស្នាដៃ របស់​វីរជន​ការពារ​ព្រៃឈើ​ដ៏​អង់អាច​ក្លាហាន​រូប​នេះ​។ លោក​បន្ត​ថា សកម្មជន​ការពារ​ព្រៃឈើ​ទាំង​អស់ បាន​ប្ដេជ្ញា​ចិត្ត​ការពារ​ព្រៃឈើ​បន្ត​ពី​លោក ឈុត វុទ្ធី ទោះបីជា​ប្រឈម​គ្រោះថ្នាក់​បែប​ណា​ក្ដី។

ក្រុម​សកម្មជន​បរិស្ថាន​ និង​កូនប្រុស​លោក ឈុត វុទ្ធី នាំ​គ្នា​រៀបចំ​បុណ្យ​​ខួប ៨ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា​ ២០២០​ ក្នុង​តំបន់​ព្រៃឡង់​នៃ​ខេត្ត​ព្រះវិហារ។
ក្រុម​សកម្មជន​បរិស្ថាន​ និង​កូនប្រុស​លោក ឈុត វុទ្ធី នាំ​គ្នា​រៀបចំ​បុណ្យ​​ខួប ៨ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា​ ២០២០​ ក្នុង​តំបន់​ព្រៃឡង់​នៃ​ខេត្ត​ព្រះវិហារ។ photo courtesy of N1M

រីឯ​អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​និង​សហជីព​ផ្ទះ​សាមគ្គី លោក ទឹម ម៉ាឡៃ ដែល​ចូលរួម​ពិធី​រំលឹក​ខួប​លោក ឈុត វុទ្ធី ដែរ​នោះ ថ្លែង​ថា ការរារាំង​របស់​អាជ្ញាធរ គឺ​មិនមែន​ជា​ចេតនា ដើម្បី​ទប់ស្កាត់ ជំងឺ​កូវីដ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ មាន​ចេតនា​មិន​ចង់​ឱ្យ​អ្នក​គោរព​ស្រលាញ់​លោក ឈុត វុទ្ធី ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប និង​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី ទៅ​វិញ​ទេ​។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខ្លួនឯង តែងតែ​ធ្វើ​វេទិកា​សាធារណៈ និង​ការ​ជួបជុំ​ជា​ហូរហែ ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ -១៩ នោះ​ទេ ហើយ​ការ​ជួបជុំ​នៅ​កន្លែង​ខ្លះ គឺ​អាជ្ញាធរ មិន​ពាក់​ម៉ាស់​ការពារ​ទៀត​ផង៖ «ខួប ៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី គឺជា​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ការពារ​ធនធាន​ធម្មជាតិ​ហើយ​នឹង​ការពារ​ព្រៃឈើ​ខ្មែរ​ទាំងអស់​គ្នា ។ ក្នុងនាម​ជា​សកម្មជន​ទោះជា​អាជ្ញាធរ មិន​បើកឱកាស​ហើយ​មាន​យក​បណ្ដឹង​ដោយ​បង្ហាញ​សកម្មភាព​ណាមួយ​មក​បង្ហាញ​ក៏ដោយ យើង​នៅតែ​យល់​ឃើញ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ជា​ការ​មិន​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​រដ្ឋ​ទៅលើ​ការ​ទាមទារ​ដំណោះស្រាយ​ណាមួយ​របស់​ពលរដ្ឋ»

នៅ​ថ្ងៃ​នេះ​ដែរ អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​មួយ​ចំនួន នាំគ្នា​បង្ហោះ​រូបថត​លោក ឈុត វុទ្ធី និង​សរសេរ​សារ​រំឮក​អំពី​ស្នាដៃ ក៏ដូចជា​ទាមទារ​យុត្តិធម៌​ពេញលេញ​សម្រាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​រូប​នេះ​ផង​ដែរ។លោក ឈុត វុទ្ធី គឺជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​កងរាជ​អាវុធ​បាញ់សម្លាប់​ក្នុង​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក និង​អ្នកកាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ស៊ើបអង្កេត និង​ថតរូប​ភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)​
ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា សំណុំរឿង​បាញ់សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ លោក ឈុត វុទ្ធី គឺ​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បន្ត​ស្វែងរក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

ពលករ​ខ្មែរ​មួយ​ក្រុម​ប្រថុយ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​អំឡុង​ជំងឺ​កូវីដ​១៩​រាតត្បាត

$
0
0

ពលករ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៧០​នាក់​ប្រថុយ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ អំឡុង​ពេល​ជំងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត។ ពលករ​មួយ​ចំនួន​ធំ​មិន​បាន​ទៅ​ដល់​គោលដៅ​នោះ​ទេ ដោយ​ប៉ូលិស​ថៃ​ដេញ​បាញ់​ស្ទាក់​ចាប់​បាន​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​។​ ជាមួយគ្នា​នោះ​ក៏មាន​មនុស្ស​៣​នាក់​ប៉ុណ្ណោះ បាន​រត់​គេច​ខ្លួន​រួច​ធ្វើដំណើរ​ទៅដល់​ទីក្រុង​បាងកក។ តើ​ក្រុម​ពលករ​ខ្មែរ​ទាំងនោះ​ជួប​ការ​លំបាក​យ៉ាងណា​ទើប​នាំគ្នា​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។

លោក សេក បណ្ឌិត ​អំពី​ដំណើរ​ផ្សងព្រេង​របស់​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​ដែល​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដូចតទៅ​។ «»

ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ដែល​រត់គេច​ខ្លួន​ទៅ​ដល់​គោលដៅ​លើកឡើង​ស្រដៀង​គ្នា​ថា ការ​ឆ្លងដែន​អំឡុង​ពេល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​នេះ ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំង​មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ។

ពលករ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ឈឿ​ម រស្មី រៀបរាប់​ថា ពួកគេ​ឆ្លង​ទៅ​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​ក្នុងស្រុក​ម៉ាឡៃ​តាមរយៈ​មេខ្យល់ ដោយ​បង់​ប្រាក់​ចំនួន ៣​ពាន់​បាត ឬ​ប្រមាណ​៩៥​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់។ ពលករ​រូប​នេះ បន្ត​ថា មេខ្យល់​ជនជាតិ​ខ្មែរ​៣​នាក់​បាន​នាំ​ពលករ​ខ្មែរ​ម្ដង​ជាង​២០​នាក់​ដើរកាត់​ព្រៃ និង​ចម្ការ​ដំឡូង​មី​របស់​ជនជាតិ​ថៃ តាំងពី​ម៉ោង​៦​កន្លះ​ល្ងាច​រហូតដល់​ម៉ោង ២​រំលង​អធ្រាត្រ​ទើប​ដល់​កន្លែង​ជិះ​រថយន្ត។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​នោះ​លោក​មិន​សង្ឃឹមថា នឹង​មាន​ជីវិត​បាន​ត្រឡប់​ទៅ​ខ្មែរ​វិញ​ឡើយ ពីព្រោះ​ប្រឈម​នឹង​ទាហាន​ថៃ​បាញ់​ស្លាប់ និង​ភ័យខ្លាច​ប៉ូលិស​ថៃ​ចាប់​តាម​ផ្លូវ​។​លោក​បន្ត​ថា ពួកគេ​បាន​ឡើង​ជិះ​រថយន្ត​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ស្រាប់តែ​ជួប​ប៉ូលិស​ថៃ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ក៏​ប៉ុន្តែ​អ្នក​បើក​រថយន្ត​ជនជាតិ​ថៃ​មិន​បាន​ឈប់​ឱ្យ​ប៉ូលិស​ត្រួតពិនិត្យ​នោះ​ទេ ហើយ​បាន​បន្ថែម​ល្បឿន​រថយន្ត​យ៉ាង​លឿន​ដូច​អ្នក​បើក​រថយន្ត​ក្នុង​ក្នុង​រឿង​កុន បណ្ដាល​ឱ្យ​ប៉ូលិស​ថៃ​បាញ់​បែក​កង់ឡាន។ លោក​បន្ថែម​ថា ពេលនោះ​ពួក​លោក​មាន​គ្នា ៣​នាក់​បាន​លោត​ចេញពី​រថយន្ត​ហើយ​នាំគ្នា​ស្ទុះ​រត់​ចូល​ព្រៃ៖ «ប្រថុយ​ណាស់​ដូច​យក​ជីវិត​មកលេង​សើច​អីចឹង​ឯង ជិះ​ឡាន់​លឿន​ក៏​លឿន បើសិនជា​តម្រួត​ថៃ​បាញ់​បែក​កង់ឡាន​ក្រឡាប់​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ទៀត។ ខ្ញុំ​ប្រាប់​គេ​ដែរ​ឱ្យ​គេ​ឈប់​ឱ្យ​ប៉ូលិស​ចាប់​ទៅ វា​មិន​អី​ទេ វា​អត់​ឈប់​។​ខ្ញុំ​ឡើង​ឡាន​បាន​មិន​ដល់​៥​នាទី​ផង ប៉ះ​គេ​អស់​ជាច្រើន​គ្រាប់​ចំ​កង់ឡាន ហើយ​ឡាន​បើក​រត់​រហូតដល់​អស់​ខ្យល់​បាន​ឈប់​ខ្ញុំ​ក៏​រត់​ចូល​ព្រៃ។ រត់​ដូច​មនុស្ស​ផ្អើល​អ្វី​ម្យ៉ាង​អីចឹង រត់ចោល​ខោអាវ​ខ្លះ​ក៏​យំ​ខ្លះ​ក៏​ស្រែក​ពេញ​ព្រៃ»

លោក​បន្ត​ថា ពលករ​ផ្សេងទៀត​អាច​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក៏ប៉ុន្តែ​ពុំ​ដឹង​ថា ប៉ូលិស​ថៃ​បញ្ជូន​ពលករ​ទាំងនោះ​ទៅ​កន្លែង​ណា​នោះ​ទេ ហើយ​លោក​ក៏​បន្ត​ដំណើរ​ទៅ​កន្លែងធ្វើការ​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ទី​២៤ មេសា​។​

លោក​បន្ថែម​ថា ពលករ​ខ្មែរ​ទាំងនោះ​ភាគច្រើន​ជា​ពលករ​ធ្វើការ​ស្របច្បាប់ ដែល​បាន​ឆ្លងដែន​តាម​ច្រក​របៀង​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ខែ​មីនា។ លោក​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ឆ្លង​ដែល​ទៅ​ប្រទេស​ថៃ ដោយសារ​នៅផ្ទះ​ពុំ​មាន​ការងារ​ធ្វើ ហើយ​ថៅកែ​ជនជាតិ​ថៃ​បាន​ទូរស័ព្ទ​ឱ្យ​លោក​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ពីព្រោះ​នៅ​កន្លែងធ្វើការ​ពលករ​បាន​ត្រឡប់​ទៅ​ផ្ទះ​អស់ហើយ ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ទើប​បណ្ដាល​ឱ្យ​មិន​មាន​អ្នកធ្វើការ​។ ទោះជា​យ៉ាងណា​លោក​ថា នេះ​ជា​លើកទីមួយ​ដែល​លោក​ប្រថុយ​នឹង​គ្រោះថ្នាក់​ក្នុង​ពេល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ៖ «ខ្ញុំ​ឈប់​ឆ្លងដែន​បែបនេះ​ទៀតហើយ​ខ្លាច​ណាស់ ខ្ញុំ​មក​រាល់ដង​មាន​លិខិត​ឆ្លងដែន (ប៉ាស្ព័រ) ត្រឹមត្រូវ បើ​មក​បែបនេះ​វេទនា​ណាស់ ដើរកាត់​ព្រៃ​រហូត ព្រោះ​ពេលនេះ​ថៃ​គេ​មិន​ឱ្យ​ចូល​ប្រទេស​គេ មានតែ​នាំគ្នា​ដើរកាត់​ព្រៃ។ ខ្ញុំ​នៅផ្ទះ​អត់​ការងារ​ធ្វើ​ផង​ណាមួយ​នៅផ្ទះ​គ្មាន​លុយ​ចាយ និង​គ្មាន​ប្រាក់​សង​ធនាគារ ហើយ​ទៅ​ធ្វើ​ការ​សំណង់​ក៏​គេ​មិន​យក អីចឹង​ហើយ​បានសម្រេច​ចិត្ត​ឡើង​ទៅ​ថៃ​វិញ​បណ្ដោយ​ទៅ»

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​បាន​រួម​ដំណើរ​ជាមួយ​ពលករ លោក ទុំ ប៊ុនថន ថ្លែង​ថា ក្នុង​ពេល​ឆ្លងដែន​នោះ​លោក​ស្ទើរ​ស្រក់​ទឹកភ្នែក ពីព្រោះ​ក្នុង​ចំណោល​ពលករ​ទាំង​៧០​នាក់​នោះ មាន​ស្ត្រី​ដែល​មាន​កូនខ្ចី​អាយុ ៦​ខែ​ម្នាក់​ផង​បាន​បី​កូន​ឆ្លងដែន​ក្នុង​ព្រៃ​ទាំង​កណ្ដាល​យប់។ លោក​បន្ថែម​ថា នៅ​ពេល​នោះ​លោក​ឃើញ​វេទនា​ភ្នែក​ខ្លាំង​ពេក​គាត់​ក៏បាន​ជួយ​លី​ការ៉ុង​ដាក់​ខោអាវ​របស់​ស្ត្រី​កូនខ្ចី​ម្នាក់​នោះ​រហូត​ដល់​កន្លែង​ជិះ​ឡាន៖ «បីកូន​បណ្ដើរ​ទឹកដោះគោ​កូន​បៅ​បណ្ដើរ ហើយ​មាន​ប្អូនថ្លៃ​មួយ​ហ្នឹង​យក​បើក​កូន​កង្ហារ​ឱ្យ​កូន​ដេក ដើម្បី​កុំ​​ឱ្យ​គាត់​យំ គាត់​ត្រូវការ​ដេក ដល់ពេល​យើង​បី​គាត់​ទាំង​យប់​កាត់​ព្រៃ​អីចឹង​ទៅ ដល់ពេល​ក្មេង​យំ​ម្ដងៗ​ខ្ញុំ​ភ័យ​ណាស់ ភ័យខ្លាច​ប៉ូលិស​មក​ចាប់។ អីចឹង​សង្គម​នេះឯង​ធ្វើ​ឱ្យ​អ្វី​បាត់បង់​ជាពិសេស​ធ្វើ​ឱ្យ​ពលករ​បង្ខំចិត្ត​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។ ខ្ញុំ​បាន​សួរ​ប្អូនស្រី​ដែល​មាន​កូនខ្ចី​ហ្នឹង​ដែរ គាត់​ថា បើ​មិន​មក​បាន​អី​ហូប បើ​ផ្ទះ​អត់​អី​ហូប ការងារ​អត់​មាន ហើយ​គ្រួសារ​សង្ឃឹម​លើ​គាត់ គាត់​ថា​មួយ​ជំហាន​ស្លាប់​ក៏​គាត់​ត្រូវតែ​មក​ថៃ​ដែរ»

រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដដែល ដោយ​ហាមឃាត់​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ចាប់ពី​ម៉ោង ១០​យប់ ដល់​ម៉ោង​៤​ទៀបភ្លឺ ដើម្បី​ការពារ​កុំ​ឱ្យ​រាតត្បាត​ជំងឺ​កូវីដ​១៩ ។ ប្រសិនបើ​ជន​ណា​ល្មើស​បម្រាម​នេះ​នឹង​មានទោស​ជាប់​ពន្ធនាការ​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៤​ម៉ឺន​បាត​(៤០,០០០) ឬ​ប្រហែល ១​ពាន់ ៣០០​ដុល្លា។

ថ្មីៗ​នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ស្នាក់នៅ​ប្រទេស​ថៃ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ថៃ​បាន​ពលករ​ខ្មែរ​១៣​នាក់ ដែល​ឆ្លងដែន​ទៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ស្រុក​អារញ្ញ​យ៉ាប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ (Sra Kao) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ក្រុម​ពលករ​ទាំងនោះ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ដែល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេលនេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង និង​ប្រឈម​នឹង​ថៃ​ចាប់​ដាក់គុក​ផង ព្រោះ​សព្វថ្ងៃ​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នៅឡើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី៖ «យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​រឿង​ហ្នឹង ហើយក៏​សង្វេគ​យ៉ាង​ខ្លាំង ដោយសារតែ​ពួកគាត់​ប្រថុយ​ជីវិត​យ៉ាង​នេះ​។ នេះ​ជា​សារ​មួយ​ដល់​អ្នកដឹកនាំ​រដ្ឋ ដល់​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិនិត្យ​ទៅលើ​ភាព​ដែល​គ្មាន​ការងារ​ធ្វើ​ទាក់ទង​ទៅលើ​ទីផ្សារ​លក់​កសិផល​របស់​កសិករ ហើយ​និង​ការ​ដោះសា​របស់​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជា​ពលរដ្ឋ»

របាយការណ៍​អង្គការ​សង់​ត្រាល់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ប្រមាណ​២​លាន​នាក់​(,០០០,០០០)​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ចាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩​មក មាន​ពលករ​ខ្មែរ​ជិត​១០​ម៉ឺន​នាក់​(១០០,០០០)​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សារ​នៅ​ប្រទេស​ថៃ​អត់​ការងារ​ធ្វើ។

លោក សុំ ច័ន្ទគា ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកាបម្រុង​របស់​រដ្ឋ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ថា មាន​ប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក​(,០០០)​នោះ ជួយ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ ជាពិសេស​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ដើម្បី​ឱ្យ​ពួកគាត់​មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូបចុក បណ្ដោះអាសន្ន ដោយ​មិនបាច់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ អំឡុង​ពេល​ជំងឺ​កូវីដ​១៩​កំពុងតែ​រាត​ត្បាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន មាន​ធម្មនុញ្ញ​ភាព

$
0
0

ស្ថាប័ន​កំពូល​ផ្នែក​ច្បាប់​អះអាង​ថា ​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ដោយ​ប្រញាប់​ប្រញាល់​នោះ មាន​ធម្មនុញ្ញភាព ក៏​ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​យល់ថា ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​នេះ មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឡើយ ពិសេស​គឺ​ការ​​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក​ អ៊ឹម ឈុនលឹម ដែល​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ នៅ​ថ្ងៃ​ទី២៧ មេសា ដើម្បី​សម្រេច​លើ​សំណើ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ស្នើសុំ​ពិនិត្យ​មើល​ធម្មនុញ្ញភាព​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ហើយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។ ដំណាក់​កាល​បន្ទាប់ សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រមុខ​រដ្ឋ​ស្ដីទី និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក សាយ ឈុំ ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ ក្នុង​គ្រា​ដែល​ព្រះមហាក្សត្រ​កំពុង​គង់​នៅ​ក្រៅ​ប្រទេស។

ទោះ​ជា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​​ប្រើ​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី​ក៏ដោយ ក៏​ច្បាប់​នេះ​មិន​ទាន់​អាច​​យក​ទៅ​អនុវត្ត​បាន​ដែរ ដរាបណា​ព្រះមហាក្សត្រ​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ​នោះ។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​ធ្វើ​ច្បាប់​នេះ​ដើម្បី​ទុក​ប្រើ​នៅ​កាលៈទេសៈ​ណា​មួយ ដែល​​ស្ថានការណ៍​ប្រទេស​ជាតិ​គ្រប់គ្រង​លែង​បាន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​ស្ថានភាព​ប្រឈម​កម្រិត​ណា ដែល​លោក​នឹង​ប្រើ​ច្បាប់​នេះ​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​អធម្មនុញ្ញភាព​នៅ​ត្រង់​ចំណុច​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ លោក​ថា ទាល់តែ​ក្នុង​ស្ថានភាព​សង្គ្រាម​ ទើប​សក្ដិសម​នឹង​ប្រើ​ច្បាប់​នេះ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​វិបត្តិ​សុខភាព​សាធារណៈ ភាព​វឹកវរ​សង្គម និង​គ្រោះ​មហន្តរាយ​ជា​ដើម ច្បាប់​នេះ​មិន​ចាំបាច់​ឡើយ។ លោក​នៅ​តែ​អះអាង​ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ដើម្បី​ទុក​ការពារ​អំណាច​ត​វង្ស​ត្រកូល​របស់​គាត់ ជាង​ដើម្បី​​ប្រយោជន៍​សាធារណៈ៖ «យើង​មើល​ទៅ​ជំពូក​ស្ដី​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ច្បាប់​ហ្នឹង​គឺ​បំបាត់​សិទ្ធិ​ ដក​ហូត​សិទ្ធិ​ប្រជា​ពលរដ្ឋ។ វា​អធម្មនុញ្ញភាព​​ច្រើន ហើយ​វា​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ទៀត សន្ធិសញ្ញា កតិកាសញ្ញា​ស្ដីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ សិទ្ធិ​សេរីភាព ដែល​ប្រទេស​កម្ពុជា​យើង ជា​ភាគី​នៃ​ហត្ថលេខី​ហ្នឹង​ណា»

អាស៊ី​សេរី​មិន​​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​​​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក តាំង រតនា និង​លោក​ ព្រហ្ម វិចិត្រអក្ខរា ​បាន​ទេ នៅថ្ងៃទី២៧ មេសា ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ ថ្មីៗនេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​អះអាង​ថា ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ មិន​មែន​ក្នុង​គោល​ដៅ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការពារ​ការ​ផ្ទេរ​អំណាច​របស់​នាយក​រដ្ឋ​មន្ត្រី​ឡើយ។

ទោះ​ជា​យ៉ាង​ណា អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ​ច្បាប់​ដ៏​សំខាន់​បែបនេះ​ គួរ​ណាស់​តែ​មាន​ជជែក​វែកញែក​ឱ្យ​ល្អិត​ល្អន់ ជាមួយ​​ភាគី​ពាក់ព័ន្ធ ដូចជា សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ឯករាជ្យ ជាដើម។ លោក​ថា ច្បាប់​នេះ​ផ្តល់​អំណាច​ច្រើន​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ និង​​បំពាន​​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ៖ «ការ​បង្កើត​ច្បាប់​នេះ យើង​ដឹង​ហើយ​ថា វា​រយៈពេល​ខ្លី​ អ៊ីចឹង​ជា​ចំណុច​មួយ​​ដែល​យើង​មាន​ការ​សោក​ស្តាយ​ថា មិន​បាន​បើក​ផ្លូវ​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ប្រមូល​គំនិត ឬក៏​ជា​យោបល់​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​ឱ្យ​បាន​ល្អិតល្អន់»

មាត្រា៥ នៃ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ផ្ដល់​អំណាច​​ឱ្យ​រដ្ឋាភិបាល​ ដក​ហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ជា​ ការ​ធ្វើ​ដំណើរ​ ការ​ជួប​ប្រជុំ ការ​ប្រមូល​ផ្តុំ និង​ការ​ប្រកប​មុខ​របរ​ជាដើម ព្រម​ទាំង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បណ្ដាញ​សង្គម​ផង​ដែរ។ ជាពិសេស មាត្រា​នេះ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​​ធ្វើ​អ្វី​ក៏​​បាន​ឱ្យ​តែ​យល់​ថា សម​ស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន រហូត​ដល់​​អាច​ប្រើ​កម្លាំង​ទ័ព​គ្រប់គ្រង​សភាពការណ៍​ទៀត​ផង។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​វាយ​​តម្លៃ​ថា ច្បាប់​នេះ រំលោភ​សិទ្ធិ​ឯកជន រឹតត្បិត​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ធ្វើ​ឱ្យ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ចំណែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) មើល​ឃើញ​ថា ច្បាប់​ថ្មី​នេះ​ផ្ដល់​សិទ្ធិ​អំណាច​​គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​ត្រួតពិនិត្យ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល។ អង្គការ Human Rights Watch ជឿ​ថា ច្បាប់​នេះ​​នឹង​ជួយ​ដល់​លោក ហ៊ុន សែន ឱ្យ​កាន់​អំណាច​ផ្តាច់​ការ​យូរ​អង្វែង​តទៅមុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​រោងចក្រ​ហ៊ូលូ (HULU) តវ៉ា ទាមទារ​ប្រាក់​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់ ក្រោយ​ពេល​ថៅកែ​ជូន​ដំណឹង​អំពី​ការ​បិទ​រោងចក្រ

$
0
0

ក្រុម​កម្មករ​រោងចក្រ​ហ៊ូលូ (HULU Garment Factory) ជា​ច្រើន​នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ ដើម្បី​ទាមទារ​សំណង​​ប្រាក់​អត្ថប្រយោជន៍ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ ក្រោយ​ពេល​ពួក​គេ​ទទួល​បាន​ដំណឹង​ថា ថៅកែ​នឹង​បិទ​រោងចក្រ។

កម្មការិនី​ម្នាក់ លោកស្រី ហុក ហឿន ប្រាប់​អាស៊ី​សេរី​ថា ក្រុម​កម្មករ​ បាន​ជួបជុំ​គ្នា​មុខ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី២៧ មេសា ប្រហែល​ជាង ១០០នាក់ ក្នុង​ចំណោម​កម្មករ ១.៣០០​នាក់ ដើម្បី​តវ៉ា សុំ​ឲ្យ​ថៅកែ​ពន្យល់​ប្រាប់​កម្មករ​ឲ្យ​ច្បាស់​ថា រោងចក្រ​នៅ​បន្ត ឬ​បិទ​ទ្វារ និង​ទាមទារ​ឲ្យ​ទូទាត់​សំណង។

លោកស្រី អះអាង​ថា បើ​ទោះ​កម្មករ​តវ៉ា​ពេញ​មួយ​ព្រឹក តែ​ខាង​រោងចក្រ​មិន​បាន​ចេញ​មក​ដោះ​ស្រាយ​ឱ្យ​កម្មករ​នោះ​ទេ ហើយ​កម្មករ​បាន​រំសាយ​ការ​តវ៉ា​វិញ នៅ​ពេល​ថ្ងៃ​ត្រង់។ លោកស្រី​បន្ត​ថា ក្រុម​កម្មករ បាន​ពឹង​ពាក់​សហជីព​ដាក់​ញត្តិ ទៅ​ក្រសួង​ការងារ ដើម្បី​រក​ដំណោះ​ស្រាយ​បន្ត​ទៀត។ កម្មករ​រូប​នេះ សម្ដែង​ការ​ហួស​ចិត្ត​នៅ​ពេល មាន​​អតីត​ភាព​ការងារ​នៅ​រោងចក្រ​ហ៊ូលូ​ជាង​​៩​ឆ្នាំ តែ​ទទួល​បាន ប្រាក់​អត្ថ​ប្រយោជន៍​សរុប​ ជាង ៣០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

អាស៊ី​សេរី មិន​មាន​​ប្រភព​ខាង​​ភាគី​​រោងចក្រ​ហ៊ូលូ (HULO) ដើម្បី​សុំ​ការ​បញ្ជាក់​ទេ ពី​ករណី​បញ្ឈប់​កម្មករ និង​ទូទាត់​សំណង​មិន​គ្រប់​ចំនួន​នេះ នៅ​ថ្ងៃ​ទី២៧ មេសា។ បើ​ទោះ​យ៉ាង​ណា រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ ធ្លាប់​បញ្ជាក់​ថា កម្មករ​អាច​ប្ដឹង​ទៅ​ក្រសួង​ការងារ ករណី​ថៅកែ​ទូទាត់​សំណង​​​មិន​គ្រប់​ចំនួន។

រោងចក្រ ហ៊ូលូ បាន​ព្យួរ​ការងារ​កម្មករ​មួយ​ខែ​មក​ហើយ ​ចាប់​​ពី​ថ្ងៃ​ទី២៤ មីនា។ នៅ​ជិត​ដល់​ថ្ងៃ​កំណត់​បញ្ចប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​​ ខាង​រដ្ឋបាល​រោង​ចក្រ​ បាន​ទូរស័ព្ទ​ ហៅ​កម្មករ​​ម្ដង​ម្នាក់ ទៅ​ជួប និង​ណែនាំ​ឲ្យ​ដាក់​លិខិត​លា​ឈប់​ពី​ការងារ ដោយ​ប្រាប់​ថា ខាង​រោងចក្រ​បិទ​ទ្វារ​ ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ។ កម្មករ​ថា ខាង​រោងចក្រ​បាន​ទូទាត់​ប្រាក់​ឈ្នួល អតីតភាព ប្រាក់​បំណាច់ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ មិន​គ្រប់​ចំនួន តាម​ច្បាប់​ការងារ​នោះ​ទេ ទើប​ពួក​គេ​ផ្ទុះ​ការ​តវ៉ា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប រស់​ក្នុង​គុក​ឥត​ជញ្ជាំង ដោយសារ​បទ​ចោទ​គ្មាន​មូលដ្ឋាន​

$
0
0

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន លើក​ឡើង​ថា ពួក​លោក​​ទាំង​ពីរ​នាក់​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន​ផ្នែក​ជីវភាព និង​គ្មាន​សេរីភាព​គ្រប់គ្រាន់​ឡើយ។ អ្នក​ទាំង​ពីរ​បាន​ប្រៀបធៀប​ស្ថានភាព​បច្ចុប្បន្ន​នេះ ទៅ​នឹង​ការ​រស់​នៅ​ក្នុង​គុក​ឥត​ជញ្ជាំង ឬ​នៅ​ក្នុង​ទ្រុង ដែល​រង​សម្ពាធ​ពី​គ្រប់​ជ្រុង​។ អ្នក​ជំនាញ​ផ្នែក​សារ​ព័ត៌មាន​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំងពីរ ដើម្បី​លើក​ស្ទួយ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា។

អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ មិន​អាច​ដើរហើរ​បាន​ដោយ​សេរី មិន​អាច​បញ្ចេញ​មតិ​តាម​ចិត្ត​ចង់ និង​មិន​អាច​ស្វែង​រក​ការងារ​សម​ដូច​បំណង​បាន​ឡើយ។ ទាំង​នេះ​គឺ​ដោយសារ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​របប​ក្រុង​ភ្នំពេញ ដែល​នៅ​តែ​បន្ត​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ ទោះ​ជា​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​យ៉ាង​ណា​ក្ដី។

លោក យាង សុធារិន្ទ ដែល​មាន​ឈ្មោះ​នៅ​លើ​វិទ្យុ យាង សុជាមេត្តា រៀប​រាប់​ថា ស្ថានភាព​របស់​លោក​នៅ​ពេល​នេះ គ្រាន់​បើ​ជាង​ពេល​ជាប់​ពន្ធនាគារ​បន្តិច​ព្រោះ​លោក​អាច​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ អាច​ដើរហើរ​នៅ​ក្នុង​ប្រទេស​បាន​ និង​អាច​ប្រាស្រ័យ​​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ទៀត។ ទោះ​ជា​យ៉ាង​ណា លោក​គ្មាន​ឱកាស​បាន​ទៅ​ជួប​ឪពុក​ម្ដាយ​ចាស់​ជរា​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​នោះ​ទេ ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ព្រម​ប្រគល់​លិខិត​ឆ្លង​ដែន​ឱ្យ​លោក​ឡើយ៖ «ខ្ញុំ​អាច​ដើរ​បាន​នៅ​ក្នុង​ផ្ទៃ​នៃ​ប្រទេស​កម្ពុជា។​ ទៅ​កន្លែង​ណា​ក៏​បាន​ដែរ មិន​មាន​ការ​ហាម​ឃាត់​ទេ ​ក៏​ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ឆ្លង​ដែន​ ចេញ​ពី​ប្រទេស​កម្ពុជា​ ជាពិសេស​ទៅ​​ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ដែន​ដី​កម្ពុជា​ក្រោម គឺ​ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​តែង​តែ​គិត​ថា​ ពួក​ខ្ញុំ​រស់​នៅ​ក្នុង​ទ្រុង​ ក្នុង​ដែលគេ​​ហៅថា ​គុក​​ឥត​ជញ្ជាំង។ ចំណែក​សេរី​ភាព​ផ្សេង​ទៀត ​ក៏​វា​មាន​ការ​ប៉ះ​ពាល​ដែរ​។ ពេល​ខ្លះ​ពួក​ខ្ញុំ​មាន​ការ​ញញើតញញើម​ទេ នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ ក្នុង​ការ​បញ្ចេញ​យោបល់»

លោក យាង សុធារិន្ទ អាយុ ៣៧ឆ្នាំ មាន​ដើម​កំណើត​ជា​ខ្មែរ​ក្រោម បាន​មក​រស់​នៅ​កម្ពុជា​តាំង​ពី​ក្មេង។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​​ទំនាក់​ទំនង​អន្តរជាតិ​​នៅ​ឆ្នាំ២០០៩ និង​បាន​ធ្វើ​ការងារ​ផ្នែក​មនុស្ស​ធម៌​ជួយ​ដល់​កុមារ ព្រម​ទាំង​សិស្ស-និស្សិត​ខ្មែរ​ក្រោម​ផង​ដែរ។ លោក​បាន​ចូល​បម្រើ​ការ​ជា​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ចាប់​ពី​អំឡុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ រហូត​ដល់​អាស៊ី​សេរី​បិទ​ការិយាល័យ​​នៅ​ភ្នំពេញ នៅ​ខែ​កញ្ញា ឆ្នាំ២០១៧។

លោក យាង សុធារិន្ទ ឱ្យ​ដឹង​ថា ក្រោយ​ចេញ​ពី​ពន្ធនាគារ​ជាង​កន្លះ​ឆ្នាំ ទើប​លោក​រក​បាន​ការងារ​ធ្វើ​នៅ​ក្នុង​អង្គការ​យុវជន​មួយ ប៉ុន្តែ​ដោយសារ​ធ្វើ​ការ​មិន​ចំ​ជំនាញ លោក​ក៏​ឈប់​ពី​ការងារ​នោះ​វិញ បន្ទាប់​ពី​ធ្វើ​បាន​ប្រមាណ ៦ខែ។ លោក​បាន​សម្រាក​ជាង ៣ខែ ដើម្បី​ព្យាបាល​ភ្នែក​ឡើង​បាយ ទម្រាំ​នឹង​រក​បាន​ការងារ​ថ្មី​ជា​អ្នក​សារព័ត៌មាន​សេរី (Freelance) នៅ​ក្នុង​អង្គភាព​មួយ។ លោក​ថា ចំណូល​បាន​មក​ពី​ការ​សរសេរ​អត្ថបទ មិន​គ្រប់​គ្រាន់​នឹង​ការ​ចំណាយ​នោះ​ឡើយ ព្រោះ​លោក​មាន​កូន ២នាក់​ស្ថិត​ក្នុង​វ័យ​សិក្សា ហើយ​ប្រពន្ធ​របស់​លោក​មិន​អាច​រក​ចំណូល​បាន​ទេ ព្រោះ​គាត់​នៅ​ផ្ទះ​ថែទាំ​កូនៗ។ និយាយ​ដល់​ត្រឹម​នេះ លោក សុធារិន្ទ បាន​អួល​ដើម​ក ​និយាយ​មិន​ចេញ និង​ស្រក់​ទឹក​ភ្នែក ព្រោះ​លោក​នឹក​អាណិត​ដល់​ប្រពន្ធ​កូន ​ដែល​បាត់​បង់​បង្គោល​ក្នុង​គ្រួសារ ហើយ​ត្រូវ​វេច​បង្វេច​សុំ​ផ្ទះ​សាច់​ញាតិ​ជ្រក ​ពេល​លោក​កំពុង​ជាប់​ពន្ធនាគារ៖ «ក្រោយ​ការ​ចាប់​ខ្លួន​ខ្ញុំ​ហ្នឹង ដោយ​សារ​តែ​ឪពុក​ខ្ញុំ ​ហើយ​និង​បង​ប្អូន​​ខ្ញុំ ​គាត់​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព​កូន​របស់​ខ្ញុំ​ហ្នឹង ​គាត់​ក៏​យក​កូន​របស់​ខ្ញុំ​ទៅ​កម្ពុជា​ក្រោម​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ (ខ្ញុំ) ជីដូន​ជីតា​ហ្នឹង​រយៈ​ពេល​បាន​ពីរ​ខែ​។ ទី​ពីរ ​គាត់​បារម្ភ​ថា តើ​ទុក​កូន​ខ្ញុំ​នៅ​ហ្នឹង​អ៊ីចឹង ពួក​គាត់​ពិបាក​ក្នុង​ការ​រស់​នៅ​អត់​អ្វី​ហូប​អ៊ីចឹង​ទៅ​ណា»។​

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​រូប​នេះ​បន្ត​ទៀត​ថា ជាង ២ឆ្នាំ​មក​នេះ គ្រួសារ​របស់​លោក​រស់​នៅ​ពឹង​លើ​ជំនួយ​ពី​សប្បុរសជន​ អង្គការ​សង្គម​ស៊ីវិល អតីត​សហការី និង​អ្នក​រាប់​អាន​គ្នា ដែល​អាណិត​អាសូរ​ដល់​រូប​លោក ដែល​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​លោក​ស្នាក់​នៅ​ផ្ទះ​មិត្ត​ភក្តិ ដោយ​ខែ​ណា មាន​ប្រាក់​ក៏​ជួយ​ចេញ​ថ្លៃ​ផ្ទះ​ឱ្យ​គេ​ខ្លះ ខែ​ណា​អត់ ក៏​មិន​បាន​បង់​តាម​នោះ​ដែរ។ លោក​ឱ្យ​​ដឹង​ទៀត​ថា ថ្មីៗនេះ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​​មួយ​បាន​ផ្ដល់​ការងារ​ឱ្យ​លោក​ធ្វើ​ជា​និពន្ធ​នាយក​នៅ​ក្នុង​គម្រោង​មួយរយៈពេល ៣ខែ ផ្ដោត​លើ​ការ​អប់រំ​អំពី​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណា ផុត​ពី ៣ខែ​នេះ​ទៅ លោក​មិន​ដឹង​ថា ត្រូវ​ធ្វើ​ការងារ​អ្វី​ទៀត​នោះ​ទេ។

ងាក​មក​លោក អ៊ួន ឈិន ឯ​ណេះ​វិញ លោក​ក៏​ជួប​បញ្ហា​ប្រហាក់ប្រហែល​គ្នា​នឹង​លោក យាង សុធារិន្ទ ដែរ។ លោក​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​នៅ​តែ​​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដដែល។

លោក អ៊ួន ឈិន ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ លោក​កំពុង​ធ្វើ​ការងារ​ឱ្យ​អង្គការ​ក្នុង​ស្រុក​មួយ​ទាក់ទង​នឹង​គម្រោង​ពង្រឹង​គុណភាព​អប់រំ​នៅ​ថ្នាក់​បឋម​សិក្សា។ លោក​បញ្ជាក់​ថា ការងារ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ជំនាញ​សារព័ត៌មាន​នោះ​ទេ តែ​លោក​ត្រូវ​តែ​ធ្វើ ដើម្បី​បាន​កម្រៃ​ខ្លះ​ចិញ្ចឹម​ជីវិត និង​មាន​ឱកាស​ជួយ​ដល់​សង្គម​ត​ទៅ​ទៀត។ លោក​បញ្ជាក់​ថា លោក​នៅ​តែ​មាន​ក្ដី​ស្រមៃ​ចង់​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​ជា​ថ្មី​ម្ដង​ទៀត ព្រោះ​នេះ​ជា​ការងារ​ដែល​លោក​​ស្រឡាញ់​ពេញ​ចិត្ត​បំផុត៖ «រដ្ឋាភិបាល​ក៏​ដោយ ​តុលាការ​ក៏ដោយ ​ដើម្បី​ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​សារ​ព័ត៌មាន សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​របស់​យើង គួរ​ណាស់​តែ​ទម្លាក់​ចោល​រាល់​បទ​ចោទ ចំពោះ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់ ដែល​ជា​អតីត​អ្នក​សារ​ព័ត៌មាន ហើយ​ដែល​ចង់​ធ្វើ​ការងារ​សារព័ត៌មាន​នេះ​យ៉ាង​ស្រួចស្រាល់»

លោក អួន ឈិន អាយុ៥១ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ។ លោក​មាន​អតីត​ភាព​ជា​គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ឬ​របប​ ហេង សំរិន និង​វិវឌ្ឍ​ខ្លួន​​ជា​អ្នក​បក​ប្រែ និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣។ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​នៅ​ឆ្នាំ២០០៤ និង​បាន​សិក្សា​វគ្គ​ខ្លីៗ ជា​ច្រើន​ដូច​ជា សារព័ត៌មាន​ វិជ្ជាពេទ្យ កុំ​ព្យូទ័រ និង​ចម្រៀង​ ជាដើម។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​សារព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​ខែកញ្ញា ឆ្នាំ២០០៨ រហូត​ដល់​អាស៊ី​សេរី​បិទ​ការិយាល័យ​នៅ​ភ្នំពេញ។ ការងារ​ដំបូង​ក្នុង​អាជីព លោក​គឺ​ជា​អ្នក​យក​ព័ត៌មាន​ផ្នែក​វិទ្យុ​ ហើយ​ក្រោយ​មក គឺ​ជា​អ្នក​ថត​ និង​ផលិត​វីដេអូ​​សម្រាប់​ស្ថាប័ន​អាស៊ី​សេរី។ វីដេអូ​ជា​ទាក់ទង​នឹង​ការ​តវ៉ា​ដីធ្លី ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​កម្មករ បញ្ហា​ព្រំដែន និង​រឿងរ៉ាវ​ជាច្រើន​ទៀត ដែល​លោក​អ្នក​នាង​បាន​ឃើញ​នៅ​លើ​គេហទំព័រ ឬ​ទំព័រ​ហ្វេសប៊ុក​របស់​អាស៊ី​សេរី​នោះ មួយ​ចំនួន​ធំ គឺ​ជា​ស្នាដៃ​របស់​លោក អ៊ួន ឈិន នេះ​ឯង។

លោក អ៊ួន ឈិន អះអាង​ថា លោក​ពេញ​ចិត្ត​នឹង​ការងារ​ផ្នែក​សារព័ត៌មាន​នេះ​ណាស់ ហើយ​លោក​គ្មាន​វិប្បដិសារី​អ្វី​បន្តិច​ឡើយ ទោះ​ជា​អតីតភាព​នេះ​បាន​ធ្វើ​ឱ្យ​លោក​ជាប់​ពន្ធនាគារ​ជាង ៩ខែ​ក៏​ដោយ៖ «ខ្ញុំ​មិន​ដែល​គិត​ថា ហ៊ឹម! ស្ដាយ​ណាស់​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​មក​ធ្វើ​ការ​អាស៊ី​សេរី​រហូត​ដល់​មាន​រឿង​ដល់​ខ្លួន​ដល់​អ្វី​អ៊ីចឹង ខ្ញុំ​មិន​ដែល​គិត​អ៊ីចឹង​ទេ។​ គ្រាន់​តែ​ខ្ញុំ​តូច​ចិត្ត​ថា ការដែល​គេ​ធ្វើ​​ចំពោះ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​ គឺ​ជា​ការ​ធ្វើ​បាប​ពួក​ខ្ញុំ ជា​ការ​សង​សឹក​ទៅ​នឹង​ស្ថាប័ន​អតីត​ការ​ងារ​របស់​ខ្ញុំ ហើយ​និង​ជា​ការ​គំរាម បំភិតបំភ័យ​ដល់​សេរី​ភាព​សារ​ព័ត៌មាន ជា​ពិសេស សារ​ព័ត៌មាន​ឯក​រាជ្យ»

ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ សុទ្ធ​សឹង​តែ​ជា​អតីត​អ្នក​សារព័ត៌មាន​ដ៏​សកម្ម ដែល​​​លះបង់​កម្លាំង​កាយ​ចិត្ត​ក្នុង​បុព្វហេតុ​រាយ​ការណ៍​​ព័ត៌មាន​ពិត ដើម្បី​លើក​ស្ទួយ​សិទ្ធិ​សេរីភាព យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ពួក​លោក​បែរ​ជា​រង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទាក់ទង​នឹង​អំពើ​ចារកម្ម​ទៅ​វិញ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ពួក​លោក​នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោល​គឺ​នៅ​អំឡុង​ពេល​​យុទ្ធនាការ​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មុន​នឹង​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​ថ្ងៃ​ទី១៦ វិច្ឆិកា ឆ្នាំ​ដដែល​នោះ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងពីរ​ពី​បទ "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បាន​ឃុំ​ខ្លួន​ពួក​លោក​ជាង ៩ខែ ទើប​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ​ជា​ខ្លាំង​ជុំវិញ​ការ​ចាប់​ខ្លួន​ពួក​លោក​​ទាំងពីរ និង​ទាម​ទារ​ឱ្យ​របប​នេះ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​នេះ​តាំង​តែ​ពី​ដំបូង។ ចំណុច​ស្នូល​នៃ​រឿង​នេះ គឺ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចុះ​ទៅ​ឆែកឆេរ​បន្ទប់ ដែល​លោក អ៊ួន ឈិន បាន​ជួល​ធ្វើ​ជា​ស្ទូឌីយ៉ូ​ថត​ចម្រៀង​ផ្ទាល់​ខ្លួន។ ពី​ដំបូង​អាជ្ញាធរ​បាន​ចោទ​លោក​ថា បង្កើត​ស្ទូឌីយ៉ូ​ថត​ចម្រៀង​ដោយ​គ្មាន​ការ​អនុញ្ញាត ក៏ប៉ុន្តែ​ក្រោយមក​បែរ​ជា​ចោទ​លោក​ថា ផ្ញើ​ព័ត៌មាន​សម្ងាត់​ឱ្យ​ស្ថាប័ន​អាស៊ី​សេរី​នៅ​សហរដ្ឋ​អាមេរិក​​ទៅវិញ។ ចំណែក លោក​ យាង សុធារិន្ទ មិន​មាន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់​ក្នុង​រឿង​នេះ ដោយ​លោក​គ្រាន់​តែ​ទៅ​សង្កេត​មើល​ការ​ចុះ​ឆែក​ឆេរ​របស់​សមត្ថកិច្ច ក៏​ស្រាប់​តែ​អាជ្ញាធរ​ចាប់​ទាំង​លោក​ម្នាក់​ទៀត។

បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំងពីរ​ត្រូវ​បាន​សហគមន៍​​ជាតិ និង​​អន្តរជាតិ វាយ​តម្លៃ​ថា ជា​រឿង​មិន​ត្រឹម​ត្រូវ​ និង​មិន​ស្រប​តាម​អង្គហេតុ​ជាក់ស្ដែង។ តាម​ការ​ពិត ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​លាឈប់​ពី​អាស៊ី​សេរី​តាំងពី​បិទ​ការិយាល័យ​ភ្លាមៗ មក​ម៉្លេះ។ ម្យ៉ាង​វិញ​​ទៀត អាស៊ី​សេរី​មិន​មែន​ជា​រដ្ឋ​បរទេស​ឡើយ តែ​ជា​ស្ថាប័ន​ព័ត៌មាន​វិជ្ជាជីវៈ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា។ ជា​ពិសេស អាស៊ី​សេរី​ផ្សាយ​ព័ត៌មាន​ទូទៅ ដូច​ស្ថាប័ន​ដទៃ​ទៀត​ដែរ មិន​មាន​ផ្សាយ​ព័ត៌មាន​ណា​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រជាជាតិ​ខ្មែរ​នោះ​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី តុលាការ​នៅ​តែ​បន្ត​ចោទ​ប្រកាន់​អ្នក​ទាំងពីរ​ដដែល។ ​ជាង​នេះ​ទៀត​នោះ តុលាការ​ក៏​បាន​សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ ផលិត និង​កាន់​កាប់​រូបភាព​អាសអាភាស មួយ​ទៀត​ផង​ដែរ។

ក្រោយ​ប្រើ​ពេល​ស៊ើប​ក្ដី​នេះ​ជាង ១ឆ្នាំ បើក​សវនាការ ២ដង និង​ពន្យារ​ពេល​ប្រកាស​​សាលក្រម​ម្ដង ស្រាប់​តែ​នៅ​ខែ​តុលា ឆ្នាំ២០១៩ ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ បាន​​ចេញ​សាលក្រម​ចាត់​របៀប បញ្ជា​ឱ្យ​ស៊ើបអង្កេត​រឿង​នេះ​បន្ថែម​ទៀត ដោយ​ផ្អឹប​ទុក​សាលក្រម​លើ​អង្គ​សេចក្ដី​ទៅ​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ តុលាការ​នៅ​តែ​រក្សា​ទុក​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​របស់​អ្នក​ទាំងពីរ​ដដែល។

លោក យាង សុធារិន្ទ យល់ថា អាជ្ញាធរ​មាន​ចេតនា​ធ្វើ​បាប​ពួក​លោក ទើប​បាន​ជា​អូស​បន្លាយ​រឿង​ក្ដី​នេះ​ដោយ​គ្មាន​កាល​កំណត់ ទោះជា​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ក៏​ដោយ៖ «ប្រសិន​បើ​ពួក​ខ្ញុំ​មាន​កំហុស​ពិត​មែន​​ (តុលាការ)កាត់​ទោស​ពួក​ខ្ញុំ ប្រហែលជា​តាំង​ពេល​ពីរ​ឬក៏​បី​ខែ​ក្រោយ​ការ​ចាប់​ខ្លួន​ពួក​ខ្ញុំ​មក​ម៉្លេះ។ តែ​ដោយ​សារ​​មិន​អាច​រក​ភស្តុតាង មិន​អាច​រក​អ្វី​បាន​ ចេះ​តែ​អូស​បន្លាយ​ពេល​វេលា​អ៊ីចឹង​។ អ៊ីចឹង​បាន​ថា​ប្រ​ព័ន្ធ​យុត្តិ​ធម៌​ស្រុក​យើង​ហ្នឹង​ ធ្វើ​អ៊ីចឹង​ទៅ​ វា​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព ប៉ះ​ពាល់​ដល់​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ផង​ ហើយ​វា​ធ្វើ​ឱ្យ​អាប់​មុខ​អាប់​មាត់​ទៅ​ដល់​ប្រ​ព័ន្ធ​យុត្តិ​ធម៌​ខ្លួន​ឯង​ផង។ នៅ​ពេល​ដែល​គេ​អត់​មាន​កំហុស​ផង ហើយ​​ចាប់​គេ​ដាក់​គុក​ ហើយ​ដោះលែង​គេ​មក​ មិន​ឱ្យ​គេ​មាន​សេរីភាព មិន​ឱ្យ​គេ​ទៅ​ជួប​ឪ​ពុក​ម្ដាយ​ហ្នឹង ​អមនុស្ស​ធម៌​ អយុត្តិធម៌​សម្រាប់​គេ​អ៊ីចឹង»

ចំណែក​អ្នក​ជំនាញ​ផ្នែក​សារ​ព័ត៌មាន លោក ស៊ុន ណារិន ថ្លែង​ថា ការ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ទាក់ទង​នឹង​អំពើ​ចារកម្ម គឺ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ ហើយ​តុលាការ​ក៏​គ្មាន​ភស្តុតាង​បញ្ជាក់​រឿង​នេះ​ដែរ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​អ្នក​ទាំង​ពីរ ដើម្បី​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា៖ «គាត់​នៅ​តែ​មាន​ភាព​អយុត្តិធម៌​សម្រាប់​អាជីព​របស់​គាត់​ហ្នឹង​ អ៊ីចឹង​អ្នក​កាសែត​ ក៏​ដូច​ខ្ញុំ​បាទ​ ក៏​ចង់​ឃើញ​​តុលាការ​ គឺ​ពន្លឿន​ករណី​គាត់​ហ្នឹង​ ហើយ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រ​កាន់​ទៅលើ​ពួក​គាត់។ បើ​អូស​បន្លាយ​អ៊ីចឹង តើ​គាត់​មាន​សេរីភាព​បែប​យ៉ាង​ម៉េច​ដែរ»

អង្គការ​ផ្នែក​សារព័ត៌មាន និង​សហគមន៍​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផង បាន​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ និង​បើក​លំហ​សារព័ត៌មាន​ឱ្យ​​ប្រសើរ​ឡើងវិញ។

នៅ​ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី៣ ឧសភា​ខាង​មុខ​នេះ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​ពួក​គេ​អាច​បំពេញ​ការងារ​របស់​ខ្លួន។ ពួក​លោក​ក៏​អំពាវនាវ​ដល់​តុលាការ​គ្រប់ជាន់ថ្នាក់​ពន្លឿន​សំណុំ​រឿង​របស់​ខ្លួន និង​ផ្ដល់​យុត្តិធម៌​ដល់​លោក​ទាំង​ពីរ​វិញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live