Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រុម​យុវជន​៖ ​ការ​បោះតង់​របស់​ទាហាន​វៀតណាម ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ជា​ការ​ឈ្លានពាន​ទឹក​ដី​ខ្មែរ

$
0
0

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​យោធា​កម្ពុជា បាន​ស្នើ​ឱ្យ​យោធា​វៀតណាម រុះរើ​តង់​ចំនួន ៩ កន្លែង​ផ្សេង​គ្នា​ចេញ​ពី​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា វាស់វែង​កំណត់​ខណ្ឌ​សីមា ឋិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ អាជ្ញាធរ​ខ្មែរ​អះអាង​ថា ភាគី​វៀតណាម ប្រាប់​ថា ការ​បោះ​តង់​នោះ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ ចំណែក ក្រុម​យុវជន ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា ជា​រូបភាព​ឈ្លានពាន​ទឹក​ដី​កម្ពុជា។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត និង​យោធា​ការពារ​ព្រំដែន​លេខ ៦០៥ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ទៅ​ពិនិត្យ​បន្ទាត់​ព្រំដែន មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ប៉ុស្តិ៍​ដំបូក​ចែវ ក្នុង​ឃុំ​ព្រែក​ស្បូវ ស្រុក​កោះ​ធំ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា។

ការ​ចុះ​ពិនិត្យ​នេះ ដោយសារ​យោធា​វៀតណាម បាន​បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩កន្លែង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ក្រោម​ហេតុផល​ថា ទប់​ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។ អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឱ្យ​ទាហាន​វៀតណាម រុះរើ​តង់​ទាំង​នោះ​ចេញ​ជា​បន្ទាន់។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល។

អាស៊ី​សេរី​ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត  ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៧ មេសា។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ប្រាប់​អាស៊ី​សេរី​ថា តំបន់​នោះ ជា​តំបន់​ស មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ភាគី ប្រទេស​ទាំង​ពីរ ត្រៀម​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ឱ្យ​ចម្លង​ខ្សែ​ព្រំដែន ពី​ផែនទី​បោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅ​ជា​ផែនទី UTM ខ្នាត ១/៥០ ពាន់​វិញ។ លោក​ថា តង់​ដែល​វៀតណាម​បោះ​នៅ​តំបន់​នោះ ជា​ការ​រំលោភ​លើ​សេចក្ដីប្រកាស​ព័ត៌មាន​រួម កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៩៥ ដូច្នេះ​ហើយ​ទើប​លោក ណែនាំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា ស្នើ​ឱ្យ​វៀតណាម​រុះរើ​តង់​ទាំង​នោះ ចេញ​ពី​តំបន់​ព្រំដែន​ជាបន្ទាន់ ៖ «តំបន់​នោះ យើង​ដាក់​ក្នុង​តំបន់​ដែល​យើង​ស្នើ​ឱ្យ​ភាគី​បារាំង​គេ​មក​ជួយ នៅ​ថ្ងៃ​ក្រោយ​ថ្ងៃ​ណា គេ​មក​ជួយ​ចម្លង​ផែនទី​បោន​ពី ១០០ពាន់ លើ ៥០ពាន់។ ចោទ​គេ​ថា រំលោភ​អធិបតេយ្យ​យើង វា​ធ្ងន់ធ្ងរ​ពេក​ហើយ អ្នក​នៅ​ជិត​គ្នា យើង​ក៏​មិន​ដឹង​ថា ខ្សែ​យើង​នៅ​ត្រង់​ណា គេ​ក៏​មិន​ដឹង​ថា ខ្សែ​យើង​នៅ​ត្រង់​ណា។ តាម​ពិត​ទៅ​គេ​ថា បោះ​តង់​យាម ដើម្បី​ការពារ​វីរុស​កូរ៉ូណា​ថ្មី​នោះ បាន​គេ​បោះ​តង់​យាម នៅ​នោះ តែ​ប៉ុណ្ណឹង​វា​មិន​មែន​អី​ថា ធ្ងន់ធ្ងរ »

ប្រធាន​ក្រុម​ការងារ ១០០រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ចាត់​ទុក ទង្វើ​របស់​វៀតណាម ជា​រូបភាព​ឈ្លានពាន​ទឹកដី​កម្ពុជា ក្រោម​លេស​ថា ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ លោក ភាគី​វៀតណាម​មាន​ល្បិច​ច្រើន ក្នុង​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា ហើយ​បើ​ទោះ​បី​ភាគី​ប្រទេស​ទាំង​ពីរ បាន​បោះ​បង្គោល​សម្រេច​បាន ៨៤ភាគ​រយ​ក្ដី ក៏​មិន​ប្រាកដ​ថា វៀតណាម​ឈប់​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដែរ។

លោក​ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ជំហរ​រឹងមាំ ការពារ​បង្គោល​ព្រំដែន ដែល​បោះ​រួច​ចំនួន ៨៤ភាគ​រយ ព្រោះ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា កំណត់​ខណ្ឌ​សីមា ភាគី​វៀតណាម បាន​ប្រើ​កម្លាំង​យោធា និង​ប្រជាជន​របស់​ខ្លួន បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដូចជា នៅ​តំបន់​ដាក់ហ៊ួដ ក្នុង​ខេត្ត​មណ្ឌលគិរី  តំបន់​តំបន់​ប៉ាក់ណាម​ក្នុង​ខេត្ត​កណ្ដាល និង​តំបន់​អន្លង់​ជ្រៃ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​ដើម៖ «ប៉ុន្តែ​បើ​យើង មក​មើល​ស្ថានភាព​មក​ដល់​ឥឡូវ​នេះ ព្រំដែន​ដែល​បាន​បោះ​រួច​ក្តី​ក៏​យើង​ឃើញ​ថា ការ​ការពារ នៅ​មាន​កម្រិត​ខ្សោយ​ណាស់។ ឧទាហរណ៍​យើង​ឃើញ​ថា មាន​ជន​ជាតិ​វៀតណាម​ជា​ច្រើន បាន​ចូល​មក​នៅ​តាម​បណ្តោយ​ព្រំដែន​យើង ដូច​ជា នៅ​ភូមិ​ប៉ាក់ណាម ថ្ម​បី​ដុំ ក្អម​សំណ និង​ស្រុក​ព្រះ​ស្តេច និង​នៅ​តំបន់​ផ្សេងៗ ទៀត ហើយ​ជា​ពិសេស ការ​ចេញ​ចូល​របស់​ជន​ជាតិ​វៀតណាម មក​លើ​កម្ពុជា​យើង គឺ​ភាគ​ច្រើន​ខុស​ច្បាប់ និង​ធ្វើ​ឡើង​ដោយ​មាន​អំពើ​ពុករលួយ»

ចំណែក​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បក​ស្រាយ​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា ទទួល​ស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន ៨៤ភាគ​រយ​រួច​ហើយ។ លោក​ថា បង្គោល​ព្រំដែន​ទាំង​នោះ មាន​និយាមកា​គ្រប់​តំបន់​ទាំង​អស់ ដែល​លោក និង​ភាគី​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ ក្នុង​ឯកសារ​រាប់​ពាន់​ទំព័រ ក្នុង​ការ​ប្រើប្រាស់​ផែនទី​ខ្នាត ២៥ពាន់ ដែល​កំណត់​និយាមកា​ គ្រប់​ចំណុច​ទាំង​អស់ និង​មាន​ខ្សែ​ព្រំដែន​ច្បាស់លាស់​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ ដែល​ភាគី​ប្រទេស​ទាំង​ពីរ គ្រោង​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហការ​ប្រជាជាតិ៖ «ជា​តឹកតាង​មួយ​ដ៏​សំខាន់ ទុក​ជា​កេរមរតក ទុក​ឱ្យ​ពលរដ្ឋ​រាប់​សតវត្ស​ទៅ​ក្រោយ​ទៀត ឈប់​ឱ្យ​មាន​ជម្លោះ​ព្រំដែន ដោយសារ​ផែនទី​មិន​ច្បាស់លាស់។ ផែនទី ៨៤ភាគ​រយ គឺ​ជា​ផែនទី​ដែល​មាន​និយាម​ការ​គ្រប់​ចំណុច នៃ​ខ្សែ​ព្រំដែន មិន​ត្រឹម​តែ​បង្គោល​ព្រំដែន​ធំ បង្គោល​ព្រំដែន​បំពេញ​បន្ថែម និង​តម្រុយ​ព្រំដែន​ទេ។ នេះ​ជា​ការ​ធានា​រាប់​រង»

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​បង្គោល ស្មើនឹង ៨៤​ភាគ​រយ ហើយ​បង្គោល​នៅសល់​ចំនួន ៥៦ទៀត មាន​ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ
តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ រូប៖ នគរបាល​ជាតិ

នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​​ទាហាន​វៀតណាម​ឱ្យ​រុះ​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ
នគរបាល​ខេត្ត​កណ្ដាល ពេល​ចុះ​ទៅ​ប្រាប់​​ទាហាន​វៀតណាម​ឱ្យ​រុះ​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ រូប៖ នគរបាល​ជាតិ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក ហេង សួរ៖ ម្ចាស់​រោងចក្រ​ចង់​បិទ​រោងចក្រ ជាង​ព្យួរ​ការងារ​កម្មករ

$
0
0

តំណាង​ក្រសួង​ការងារ​បញ្ជាក់​ថា ម្ចាស់​រោងចក្រ មាន​បំណង​បិទ​រោងចក្រ ច្រើន​ជាង​ព្យួរ​កិច្ចសន្យា​ការងារ​កម្មករ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រោងចក្រ​ព្យួរ​កិច្ច​សន្យា​ការងារ ដើម្បី​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍ ជាង​បិទ​រោងចក្រ។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ លើក​ឡើង​ថា ចំនួន​រោងចក្រ ដែល​បាន​ដាក់​ពាក្យ​ព្យួរ​កិច្ច​សន្យា​ការ​ងារ​កម្មករ មាន​ជាង ១៣០ រោងចក្រ​ដដែល។ ប៉ុន្តែ​ភាគ​ច្រើន ម្ចាស់​រោងចក្រ​ទាំង​នោះ ចង់​បិទ​រោង​ចក្រ​ច្រើន​ជាង​ព្យួរ។

លោក​អះអាង​ថា រដ្ឋាភិបាល បាន​សម្របសម្រួល​ជា​មួយ​ថៅកែ កុំ​ឲ្យ​បិទ​រោងចក្រ​ភ្លាមៗ ដើម្បី​ជា​ប្រយោជន៍​កម្មករ។ គោល​បំណង​បិទ​រោងចក្រ ដោយសារ​ក្រុម​អ្នក​បញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស បាន​លុប​ចោល​ការ​កុម្ម៉ង់​ទិញ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ទំនិញ។

ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​សារ​ព័ត៌មាន រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២៧ មេសា លោក ហេង សួរ រំពឹង​ត្រឹម​ខែ​មិថុនា​ខាង​មុខ បើ​ស្ថានភាព​កូវីដ១៩ (Covid-19) នៅ​ក្នុង​ប្រទេស​អ្នក​បញ្ជា​ទិញ ពិសេស​អឺរ៉ុប និង​អាមេរិក អាច​ទប់ទល់​បាន វិស័យ​កាត់​ដេរ នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ។ តែ​បើ​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​រាតត្បាត លោក​ថា រដ្ឋាភិបាល​ទំនង​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ ងាក​ទៅ​រក​វិស័យ​កសិកម្ម​វិញ៖ «យើង​ត្រូវ​ពិនិត្យ​មើល​ថា តើ​ក្នុង​ខែ៦ ខាង​មុខ​នេះ តើ​ជំងឺ​កូវីដ វា​អាច​នឹង​ថមថយ​កម្លាំង​ដែរ​ឬ​ទេ? បើ​សិន​ជា​នៅ​ក្នុង​ខែ៦ នេះ ជំងឺកូវីដ ជា​ពិសេស នៅ​ប្រទេស​អភិវឌ្ឍន៍​មាន​ការ​ទប់ទល់​បាន នោះ​វិស័យ​ឧស្សាហកម្ម​របស់​យើង ដែល​មាន​ស្រាប់​នេះ គឺថា អាច​នឹង​មាន​ការ​រស់​ឡើង​វិញ។ ប៉ុន្តែ​បើ​សិន​ជា​វា​មាន​វិបត្តិ​អូស​យូរ​ហ្នឹង​ត​ទៅ​ទៀត រដ្ឋាភិបាល ក៏​បាន​នូវ​រៀបចំ​សេណារីយ៉ូ​ផ្សេង​ទៀត រួម​ទាំង​មាន​ការ​បណ្ដុះបណ្ដាល ដើម្បី​ប្ដូរ​ជំនាញ បង​ប្អូន​របស់​យើង ដើម្បី​ងាក​ទៅ​ឧស្សាហកម្ម​ផ្សេង​ទៀត ហើយ​នៅ​ក្នុង​នោះ សម្ដេច​នាយក​ក៏​លោក​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា​នៅ​មាន​សក្ដានុពល​ផ្នែក​កសិកម្ម​ច្រើន»

លោក ហេង សួរ បន្ត​ថា ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​រោងចក្រ​ជាង១៣០ បាន​ប៉ះពាល់​ដល់​កម្មករ​ជិត​ដប់​ម៉ឺន (១០០.០០០) នាក់។ លោក​អះអាង​ថា រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​នីតិវិធី ផ្ដល់​ប្រាក់​អត្ថប្រយោជន៍ ព្យួរ​ការងារ ៧០ដុល្លារ ដល់​កម្មករ។ ដូច្នេះ​កម្មករ គួរ​កុំ​ឲ្យ​ប្ដូរ​លេខ​ទូរស័ព្ទ និង​រក្សា​អត្តសញ្ញាណប័ណ្ណ ដើម្បី​ឲ្យ​ខាង​រោងចក្រ​ងាយ​ស្រួល​ទំនាក់ទំនង និង​ផ្ទៀងផ្ទាត់។

បើទោះ​ជា​យ៉ាង​ណា​ក្តី របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បញ្ជាក់​ថា រោងចក្រ​ចំនួន៦ បាន​បិទ​ជា​ផ្លូវ​ការ​ហើយ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ ជាង​ប្រាំ​មួយ​ពាន់ (៦ ០៥២)នាក់។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ទេ នៅ​ថ្ងៃ​ទី២៧ មេសា ដោយសារ លោក​ប្រាប់​ថា ជាប់រវល់។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ទទួល​បាន​ព័ត៌មាន​ពី​ថៅកែ​រោងចក្រ​មួយ​ចំនួន​ថា ពួកគេ មាន​ចិត្ត​ចង់​បិទ​រោងចក្រ​មែន។ សហជីព​រូប​នេះ ចង់​ឲ្យ​ថៅកែ​ព្យួរ​កិច្ច​សន្យា​ការងារ ជា​ជាង​ការ​បិទ​រោងចក្រ។ តែ​យ៉ាង​ណា លោក ម៉ាន់ សេងហាក់ ជំរុញ​ឲ្យ​រដ្ឋាភិបាល រក​វិធី​ជួយ​ទាំង​ថៅកែ និង​កម្មករ ដើម្បី​ឲ្យ​វិស័យ​កាត់​ដេរ ដំណើរ​ការ​ដូច​ដើម៖ «ទី១ យើង​ធ្វើ​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​បិទ ហើយ​បាត់បង់​នូវ​កម្លាំង​ពលកម្ម។ រក​វិធី​ទៅ​ណា ព្រោះ​ឥឡូវ យើង​ឃើញ ថា ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ដែរ។ ប៉ុន្តែ​ដូច​ជា​ការ​នាំ​ចេញ ហាក់​បី​ដូច​ជា​មិន​ច្បាស់លាស់ ដូច​ក្រុមហ៊ុន​មួយ​ចំនួន បាន​ផ្អាក​ការ​កុម្ម៉ង់​អ៊ីចឹង ធ្វើ​ឲ្យ​ប៉ះ​ពាល់​ហើយ»

ចំណែក​ក្រុម​កម្មករ​ខ្លះ​វិញ ក៏​ចង់​ជ្រើស​យក​ជម្រើស​ព្យួរ​ការងារ​ជាង​ការ​បិទ​រោងចក្រ​ដែរ។ ប៉ុន្តែ​កម្មករ​សំណូមពរ​ថា បើ​រោងចក្រ​គ្មាន​ជម្រើស​ក្រៅ​ពី​ការ​បិទ​ទ្វារ​មែន ស្នើសុំ​ឲ្យ​ទូទាត់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វិធានការ​ជួយ​ពលរដ្ឋ​​​រងគ្រោះ​ដោយ​​ជំងឺ​កូវិដ​១៩ របស់​​​រដ្ឋាភិបាល​កម្ពុជា​​ខុស​គ្នា​ឆ្ងាយ​ពី​ប្រទេស​ថៃ

$
0
0

ប្រជាពលរដ្ឋ​​ខ្មែរ​និង​ថៃ​ដែល​ជា​ប្រទេស​ព្រំដែន​ជាប់​គ្នា​កំពុង​តែ​លំបាក​​ដោយ​​អត់​ការងារ​ធ្វើ​ ដែល​បណ្ដាល​មកពី​ការ​រាតត្បាត​​​ជំងឺ​កូវិដ១៩។ រដ្ឋាភិបាល​ប្រទេស​​ទាំង​២​​ ក៏​​​បាន​ដាក់​ចេញ​​​វិធានការ​​រៀងៗ​ខ្លួន​ ដើម្បី​ទប់ទល់​នឹង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ ។ តើ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ ​បាន​ជួយ​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ​​អំឡុង​ពេល​រាតត្បាត​ជំងឺ​​កូវិដ​១៩?

ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវិដ​១៩​ មក​​ទល់​ថ្ងៃ​ទី​២៨​ មេសា ​​ក្រសួង​សុខាភិបាល​កម្ពុជា​​​ទើប​តែ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវិដ​១៩​ ចំនួន ​១២២​នាក់​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ បាន​ដាក់​ចេញ​វិធានការ​លេចធ្លោ​​ដូច​ជា​​ ហាម​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​​​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រយៈ​ពេល​ ៧​ថ្ងៃ​គឺ​​ចាប់​ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១៦​ មេសា។​​​ លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន​ ​​ប្រកាស​​កាល​ពី​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​​ថវិកា​បម្រុង​ ជិត​ ៣ពាន់​លាន​​ដុល្លារ​អាមេរិក​ ដើម្បី​​ទប់​ទល់​នឹង​ជំងឺ​កូវិដ​១៩​។ ក៏ប៉ុន្តែ​​រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​​បញ្ចេញ​កញ្ចប់​ថវិកា​នេះ​ជួយ​ដល់​ប្រជាពលរដ្ឋ​​ណា​ម្នាក់​នៅ​ឡើយ​ទេ។

ចំណែក​​ប្រទេស​ថៃ​វិញ​ ​មាន​អ្នក​ឆ្លង​ជំងឺ​រលាកផ្លូវ​ដង្ហើម​ថ្មី​នេះ​ ជិត​ ៣.០០០ពាន់​នាក់​ ហើយ​គិត​ត្រឹម​រយៈពេល​ដូចគ្នានេះ។

រដ្ឋាភិបាលថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ដោយ​ហាម​ឃាត់​ប្រជាពលរដ្ឋ​​​ប្រមូលផ្ដុំ​គ្នា​​ចាប់​ពី​៥នាក់​ឡើង​ទៅ​ និង​ហាម​ចេញ​ពី​ផ្ទះ​ចាប់​ពី​ម៉ោង​ ១០​យប់​ដល់​ម៉ោង ​៤​ទៀបភ្លឺ​ ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវិដ​១៩​ ហើយ​ប្រសិន​បើ​ជន​ណា​ល្មើស​បម្រាម​នេះ នឹង​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ​៤ម៉ឺន​បាត ឬ​ប្រមាណ​ ១ពាន់ ​៣០០​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​ថៃ​សម្រេច​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​​ និង​បិទ​​ការ​ធ្វើ​ដំណើរ​ផ្លូវ​ទឹក​ផ្លូវ​គោក​ និង​ផ្លូវ​អាកាស​រហូត​ដល់​ថ្ងៃ​ទី​៣១​ឧសភា​ខាង​មុខ​ លើក​លែង​តែ​​ការ​ដឹក​ទំនិញ​ចេញ​និង​ចូល​ និង​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ថៃ​មក​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ។

នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់​អូចារ (Prayuth Chan-o- Cha) ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៨ មេសា​ថា​ ​​ការ​ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នេះ​ ដោយសារ​​ព្រួយបារម្ភ​ខ្លាច​ជំងឺ​កូវិដ​១៩​ផ្ទុះ​ឡើង​ជា​ថ្មី«ថ្ងៃ​នេះ​ខ្ញុំ​ជ្រាបច្បាស់​អំពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ខ្ញុំ​ធ្លាប់​គិត​ហើយ​ថា បងប្អូន​ក៏​លំបាក​ខ្ញុំ​ក៏​លំបាក​ ហើយ​ខ្ញុំ​ក៏​យល់​ច្បាស់់​ដល់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ​ដូច​ជា​បាន​ឃើញ​ស្រាប់​ហើយ​ ដែល​រដ្ឋាភិបាល​ដាក់​ចេញ​​វិធានការ​ ដើម្បី​ជួយ​បន្ធូរបន្ថយ។ ដោយ​លើក​ដំបូង​បាន​វាយ​តម្លៃ​ត្រឹម​តែ​​​៣លាន​ទេ ប៉ុន្តែ​ឥឡូវ​មាន​​ចំនួន​រាប់​សិប​លាន​នាក់​ ក៏​នឹង​ត្រូវ​​ដោះស្រាយ​​ជា​បន្តបន្ទាប់​ទៅ​ តាម​លទ្ធភាព​ដែល​រដ្ឋាភិបាល​មាន​ មិន​ថា​ថវិកា​​កណ្ដាល​របស់​ជាតិ​ដែល​មាន​ និង​ប្រាក់​កម្ចី​ ហើយ​​នឹង​ត្រូវ​ដោះស្រាយ​ឱ្យ​រួច​រាល់​ទាន់​ពេល​​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​»

ទោះ​ជា​បែបនេះ​ក្តី រដ្ឋាភិបាល​ថៃ​ត្រៀម​ថវិកា​​ជាតិ​ប្រមាណ ​៦ម៉ឺន​លាន​ (៦០.០០០.០០០.០០០ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​​​​​របស់​ខ្លួន។ ប្រទេស​ក្បែរ​ខាង​កម្ពុជា​នេះ ​​បាន​​ផ្ដល់​ប្រាក់​ដល់​ពលរដ្ឋ​ម្នាក់​ចំនួន​ .០០០​បាត ឬ​ប្រមាណ​ ១៦០​ដុល្លារ​អាមេរិក​​​​សម្រាប់​រយៈ​ពេល ៣ខែ​ដំបូង​។ នៅ​ពេល​នេះ ​មាន​ពលរដ្ឋ​ថៃ​​ជាង​ ៤លាន​នាក់​ (.០០០.០០០ហើយ​ដែល​បាន​បើក​ប្រាក់​​ ៥.០០០​បាត​នេះ​ពី​រដ្ឋាភិបាល​ថៃ និង​មាន​មនុស្ស​ជាង​ ១៤​លាន​នាក់ ​(១៤​.០០០.០០០បាន​ចុះ​ឈ្មោះជា​​អ្នក​​មាន​វិបត្តិ​អត់​ការងារ​ធ្វើ​អំឡុង​ពេល​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ។​

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ លោក​ស្រី ដាំ ស្រី​ធាន ថ្លែង​​ថា ​វិធាន​ការ​របស់​រដ្ឋាភិបាល​​ក្រុង​បាងកក ជារឿង​ល្អ​ ​ ពីព្រោះ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​ប្រជាពលរដ្ឋ​​​របស់​ប្រទេស​គេ​ដើម្បី​មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ ក្នុង​ពេល​​បាត់បង់​ចំណូល។ ផ្ទុយ​ទៅវិញ លោក​ស្រី​មើល​ឃើញ​ថា​​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​​មិន​​បាន​ជួយ​អ្វី​ដល់​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ​ ជា​ពិសេស​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​​បណ្ដាល​មក​ពី​ជំងឺ​កូវិដ​១៩​នោះ៖ «ខ្ញុំ​មាន​អារម្មណ៍​ថ្នាក់​ដឹក​នាំ​សព្វ​ថ្ងៃ​គាត់​ដូច​មិន​ស្រលាញ់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ ​ខ្ញុំ​គិត​ថា​ថ្នាក់​ដឹក​នាំ​របស់​ខ្មែរ​គាត់​កំពុង​តែ​គិត​ថា​​ចង់​ប្រជាពលរដ្ឋ​ទៅ​ងាប់​នៅ​ប្រទេស​ណា​ ចង់​ឆ្លង​មិន​បាន​នៅ​ប្រទេស​ណា​គាត់​អត់​គិត​ទេ​ គាត់​ដឹង​តែ​ថា​អ្នក​ណា​នៅ​ណា​ឱ្យ​វា​ងាប់​នៅ​ហ្នឹង​ទៅ​ ឱ្យ​តែ​គ្រួសារ​គាត់​បាន​សុខ​។ សម្រាប់​ពួក​ខ្ញុំ​​នៅ​ពេល​ដែល​ឃើញ​​ប្រទេស​គេ​ខំ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​មក​​ប្រទេស​ ហើយ​មើល​ថែ​ពលរដ្ឋ​គេ​ ហើយ​ក្រឡេក​មើល​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ចង់​ទៅ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​គេ​ហាម​អីចឹង​ គឺ​ឈឺចាប់​មែន»

កាល​ពី​ថ្មីៗ នេះ ​លោក ហ៊ុន សែន ​បាន​ប្រកាស​ថា​​ ​រដ្ឋាភិបាល​​របស់​លោក​គ្មាន​ប្រាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​​អត់​ការងារ​ធ្វើ​ដោយសារ​​ជំងឺ​កូវិដ​១៩​នោះ​ទេ​ ហើយ​​​លោក​ក៏​ជំរុញ​ឱ្យ​​អ្នក​រត់​ម៉ូតូឌុប​​​ដែល​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ ​ឱ្យ​លក់​ម៉ូតូ​ទិញ​អង្គរ​ហូប​​សិន​ទៅ៖ «លក់​ម៉ូតូ​សិន​ទៅ​ចាយ​សិន​ទៅ​ ទិញ​អង្ករ​ស៊ី​សិន ព្រោះ​បើ​មក​ឱ្យ​រដ្ឋ​ប៉ះប៉ូវ​ទាំង​អស់​​ ងាប់​បាត់​រដ្ឋ​ឯណា​មាន​លុយ។ រដ្ឋ​ពឹងពាក់​លើ​ពន្ធ​ ហើយ​បើ​យើង​ទៅ​ខ្ចី​លុយ​ពី​បរទេស​ដើម្បី​យក​មក​បើក​ ឱ្យ​អ្នក​ដែល​អត់​មាន​ការងារ​ធ្វើ​ហ្នឹង​វា​មិន​ងាប់​បាត់​ហើយ​ ប្រទេស​ណា​ក៏​គេ​មិន​ឱ្យ​លុយ​យើង​ខ្ចី​យក​មក​បើក​ប្រាក់ខែ​ដែរ​អត់​ទេ»

ងាក​មក​មើល​​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​វិញ​ម្ដង​។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ព្រម​យក​​ក្រុម​និស្សិត​ចេញ​ពី​ក្រុង​វូហាន (Wuhan) ទី​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នោះ​ឡើយ ទោះ​ជា​ពួក​គេ​ដង្ហោយ​សុំ​យ៉ាង​ណា​ក្តី។ លើស​ពី​នេះ​ លោក ហ៊ុន សែន បាន​ប្រកាស​​ហាមឃាត់​មិន​ឱ្យ​យន្តហោះ​ដឹក​ប្រជាពលរដ្ឋ​ខ្មែរ​​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រឡប់​ទៅ​កម្ពុជា​ឡើយ ធ្វើ​ឱ្យ​ពួក​គេ​ខ្លះ​ស្រែក​ទ្រហោ​យំ និង​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើ​បែបនេះ។ ទើប​តែ​នៅ​ថ្ងៃ​ទី២៧ មេសា ទេ ដែល​លោក ហ៊ុន សែន កែប្រែ​ចិត្ត​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​អាច​វិល​ត្រឡប់​មក​វិញ​បាន តែ​ត្រូវ​ចេញ​លុយ​ថ្លៃ​សំបុត្រ​យន្តហោះ​ដោយខ្លួន​ឯង។

ត្រង់​ចំណុច​នេះ​ខុស​គ្នា​ដាច់​ស្រឡះ​នឹង​​រដ្ឋាភិបាល​ថៃ​ ដែល​បាន​ជួល​យន្តហោះ​ទៅ​ដឹក​ជញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​​ត្រឡប់​មក​ប្រទេស​វិញ​​ដោយ​មិន​​យក​ប្រាក់ ទោះ​ស្ថិត​នៅ​ប្រទេស​ណា​ក៏​ដោយ​​។ ​សព្វ​ថ្ងៃ​រដ្ឋាភិបាល​ថៃ​ដឹក​ជញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​​តាម​យន្តហោះ​ប្រមាណ ២០០​នាក់​ក្នុង​មួយថ្ងៃ​ត្រឡប់​ទៅ​ប្រទេស​ថៃ និង​តាម​​​ព្រំដែន​ផ្លូវ​គោក​​ប្រមាណ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ ថៃ​​បាន​ដាក់​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈ​ពេល ១៤​ថ្ងៃ ដោយ​ផ្ដល់​​​កន្លែង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ និង​ក្នុង​មជ្ឈមណ្ឌល​​ដែល​អាជ្ញាធរ​បាន​រៀបចំ​ មាន​ទី​កន្លែង​សមរម្យ​​ ​ដោយ​មាន​ទាហាន​និង​អាជ្ញាធរ​មូលដ្ឋាន​យាម​ការពារ​ត្រឹម​ត្រូវ​​ និង​​ផ្ដល់​ស្បៀង​អាហារ​ចំនួន​៣​ពេល​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​បឹងទន្លេសាប​ខេត្ត​បាត់ដំបង​ងាប់​​សត្វ​ស្វា​អស់​ជាច្រើន​ក្បាល

$
0
0

ភ្លើង​ឆេះ​ព្រៃ​លិចទឹក​​​​​នៅ​តំបន់​បឹង​ទន្លេ​សាប​ ក្នុង​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ រយៈ​ពេល​២ថ្ងៃ​ជាប់​គ្នា ហើយ​បាន​បំផ្លាញ​ព្រៃ​សហគមន៍​នេសាទ​​​មួយ​កន្លែង​​ និង​ងាប់​សត្វ​ស្វា​អស់​ជា​ច្រើន​ក្បាល​។​ មន្ត្រី​សហគមន៍​នេសាទ​​​នៅ​តំបន់​នោះ​​ អះអាង​ថា ​​ភ្លើង​ឆេះ​ព្រៃ​នេះ​ដោយសារ​​​​មាន​មនុស្ស​​លួច​​ដុះ​ព្រៃ​ទន្ទ្រាន​យក​ដី​ ហើយ​​អាជ្ញាធរ​ពុំ​ទាន់​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​​នៅ​ឡើយ​។

ប្រធាន​សហគមន៍​នេសាទ​ស្ដី​ក្រោម​រហាល​សួង លោក ភី ហឿត​ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៩​មេសា​ថា ​ជនល្មើស​លួច​ដុត​ព្រៃ​​នៅ​ក្បែរ​​បឹង​អភិរក្ស​ក្នុង​សហគមន៍​​របស់​​ពួក​លោក បណ្ដាល​​ឱ្យ​ឆេះ​អស់​ព្រៃ​​​​ប្រមាណ​៣០​ហិកតារ​ ដែល​ជា​ព្រៃ​លិចទឹក​ដ៏​សំខាន់​ចុង​ក្រោយ​​​​របស់​​​ស្រក​ឯកភ្នំ ពីព្រោះ​ព្រៃ​នេះ​ជា​ជម្រក​​ត្រី​ពង​កូន ​ជម្រក​សត្វ​​ស្វា ពស់​ អណ្ដើក​ និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ៖ «ខ្ញុំ​សោកស្ដាយ​និយាយ​មិន​ចេញ​ទេ មិន​ថា​ធ្វើ​យ៉ាងម៉េច​ពន្លត់​ភ្លើង​បាន​ ហើយ​យើង​ក៏​អស់​សង្ឃឹម​ដែរ​ ព្រោះ​យើង​ខំ​ការពារ​ថែរក្សា​​មេ​ពូជ​ត្រី​នៅ​កន្លែង​ហ្នឹង​ ដោយ​សង្ឃឹម​មាន​ព្រែ​មាន​ត្រី​បន្ត​ពូជ​​ពង់​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​វា​បាន​ហូប បាន​ស្គាល់​បាន​ដឹង​។ អ្នក​នេសាទ​បាន​ត្រី​​ពេល​រដូវវស្សា​វា​ពង​កូន​ចេញ​ទៅ ដល់​ឥឡូវ​យើង​អស់សង្ឃឹម​ទាំង​ស្រុង​បណ្ដោយ​។យើង​មិន​ដឹង​ថា​គិត​យ៉ាង​ម៉េច​ទេ​ ការ​សោកស្ដាយ​វា​ធំធេង​ពេក​និយាយ​មិន​រួច​នាំ​គ្នា​អង្គុយ​ឈប់​​មើល​ភ្លើង​ឆេះ​ស្រងូតស្រងាត់​​​»

លោក​បន្ត​ថា ​ភ្លើង​ឆេះ​ព្រៃ​​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​២៨ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​រលត់​អស់​នៅ​ឡើយ​ទេ។ ​លោក​បន្ថែម​ទៀត​ថា ​ភ្លើង​ឆេះ​ព្រៃ​នេះ​​ ដោយ​សារ​មនុស្ស​ដុត​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្បែរ​​សហគមន៍​នេសាទ​របស់​ពួក​លោក​ ហើយ​ពួក​លោក​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​​មូលដ្ឋាន ដើម្បី​ឱ្យ​ជួយ​ទប់​ស្កាត់​ដែរ​ ក៏​ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង​ លោក ជួង សុភា ប្រាប់​អាស៊ី​សេរី​ថា ​​

លោក​បាន​បញ្ជូន​មន្ត្រី​របស់​លោក​ចុះ​ទៅ​ស្រង់​ស្ថិតិ​និង​​ស្រាវជ្រាវ​រក​​ជនល្មើស​រួច​​ហើយ។ លោក​បន្ត​ថា ប្រសិន​បើ​ចាប់​អ្នក​លួច​ដុត​ព្រៃ​លោក​បាន លោក​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៖ «បាទ! ទី​មួយ​យើង​រក​ជនល្មើស​ ទី​២​យើង​ត្រូវ​ស្រាវជ្រាវ​​រក​ផ្ទៃ​ដី​ដែល​បាត់​ហ្នឹង​ ដើម្បី​ឱ្យ​ដឹង​តួលេខ​ពិតប្រាកដ​ ហើយ​បើ​សិន​ជា​មាន​អ្នក​រុក​រាន​ណា​មួយ​ទៅ​ភ្ជួរ​ដី យើង​នឹង​ដាក់​វិធាន​ការ​ឃ្លាំ​មើល​​​ចាំ​ចាប់​ហើយ​។ជា​ពិសេស​គឺ​យើង​ចង់​ចាប់​ជាង​គេ​គឺ​​ចាប់​យក​គ្រឿង​ចក្រ​ហ្នឹង​ឱ្យ​បាន​ទោះ​បី​មនុស្ស​រត់​ក៏​ដោយ បើ​យើង​ចាប់​បាន​គ្រឿង​ច្រក​យើង​​ងាយ​ស្រួល​បង្ក​ជា​​សំណុំ​រឿង​ដាក់​ទៅ​តុលាការ​បាន​»

លោក​បន្ថែម​ថា ​នៅ​ឆ្នាំ​​២០២០ នេះ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អស់​ប្រហែល ១ពាន់ (.០០០)ហិកតារ​ ក្នុង​ចំណោម​ដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ២០ម៉ឺន​ (២០០.០០០)ហិកតារ​​ក្នុង​​ខេត្ត​បាត់ដំបង។

ចាប់​ពី​ឆ្នាំ​២០១៥​ មក​ទល់​ពេល​នេះ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​​​អស់​​ព្រៃ​ប្រមាណ ៩ពាន់ (,០០០)ហិកតារ។ ប៉ុន្តែ​លោក ភី ហឿត អះអាង​ថា ​សព្វ​ថ្ងៃ​នៅ​តំបន់​បឹងទន្លេសាប​​​​ក្នុង​ខេត្ត​នេះ​​​ពុំ​មាន​​​ព្រៃ​ក្រាស​នោះ​ទេ ដោយ​​មាន​តែ​​​វាលស្មៅ និង​ដើម​ឈើ​​​ដុះ​​រដិបរដុប​រាយប៉ាយ​​ បណ្ដាល​ឱ្យ​​​សត្វ​ស្វា​គ្មាន​ទីជម្រក​ក្នុង​រដូវ​ប្រាំង ហើយ​​​ស្វា​ច្រើន​ក្បាល​បាន​មក​​រស់​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​លោក​ទៀត​ផង។លោក​​ថា កន្លង​មក​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ដល់​ទីកន្លែង​កើត​ហេតុ​ដែរ​ ក៏​ប៉ុន្តែ​ពុំ​មាន​​ចំណាត់​ការ​នោះ​ទេ ទើប​បណ្ដាល​ឱ្យ​ជនល្មើស​​​មិន​ខ្លាច​ច្បាប់​ ហើយ​នាំ​គ្នា​លួច​ដុត​ព្រៃ​យក​ដី​ជា​បន្ត​បន្ទាប់៕

ភ្លើងឆេះព្រៃ​នៅបឹងទន្លេសាប បាត់ដំបង 042820
ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សហគមន៍​នេសាទ​ស្ដី​ក្រោម​រហាលសួង

ស្វា​នៅ​ព្រៃលិចទឹក 042820
ស្វា​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ២០២០ ដែល​ប្រឈម​នឹង​ភ្លើង​ឆេះ​ព្រៃ។ រូប៖ សហគមន៍​នេសាទ​ស្ដី​ក្រោម​រហាល​សួង


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Human Rights Watch ស្នើ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រឿង​កូវីដ-១៩

$
0
0

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ដើម្បី​​បន្ត​ចាប់​ខ្លួន​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​តាម​ទំនើង​ចិត្ត។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​​ចាប់​ខ្លួន​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ជាថ្មី​ទៀត ស្រប​ពេល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ សំណុំ​រឿង​​​ព្រហ្មទណ្ឌ​ប្រឆាំង​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​រិះគន់​រដ្ឋាភិបាល ព្រោះ​ទង្វើ​នេះ ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ និង​សេរីភាព​ខាង​សមាគម។

អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា គិត​ពី​ចុង​ខែមករា ដល់​ខែ​មេសា អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣០នាក់ ក្នុង​នោះ​១៤ នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ២ នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ​ក្រៅ​ពី​នេះ​អាជ្ញាធរ​ឱ្យ​​ធ្វើ​កិច្ច​សន្យា​ រួច​ដោះ​លែង​វិញ។ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន ១២នាក់ គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួក​គេ​ស្ទើរ​តែ​ទាំង​អស់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធា​ស្ដាប់​បង្គាប់ ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ជាដើម។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ចេញ​នៅ​ថ្ងៃ​ទី២៩ មេសា​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​មមាញឹក​​នឹង​ការ​ពង្រឹង​អំណាច​ឱ្យ​ណែន​ក្នុង​​ដៃ​ ហើយ​​ចាប់​អ្នក​រិះគន់ និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​បន្ថែម​ទៀត ស្រប​ពេល​ពិភពលោក​កំពុង​​​ឈឺ​ក្បាល​ដោយសារ​​ជំងឺ​កូវីដ-១៩។ លោក​បន្ត​ថា សកម្មភាព​នយោបាយ​ដោយសន្តិវិធី និង​ការ​រិះគន់​រដ្ឋាភិបាល មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ ទោះ​ជា​នៅ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​ឆ្លង​នេះ​ក៏​ដោយ។ លោក​ទាមទារ​ឱ្យ​​អាជ្ញាធរ​កម្ពុជា​ ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​ទាំង​នេះ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ឱ្យ​​មាន​សេរីភាព​វិញ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា កម្ពុជា​មិន​មាន​ការ​ចាប់​ខ្លួន​​តាម​ទំនើង​ចិត្ត​ឡើយ។ លោក​ថា ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​ទៅ​​លើ​អ្នក​ដែល​ចង់​បង្ក​​ចលាចល​សង្គម​ប៉ុណ្ណោះ​ ហើយ​ការ​អនុវត្ត​នេះ​ទៀត​សោត ក៏​មិន​មែន​​សំដៅ​តែ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ដែរ៖ «ការ​អំពាវនាវ​នេះ គឺ​ជា​ការ​អំពាវ​នាវ​ដោយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​មិន​មាន​គោលដៅ​ចាប់​ខ្លួន​ក្រុម​ប្រឆាំង ឬ​បក្ស​ប្រឆាំង​អ្វី​នោះ​ទេ គឺ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ច្បាប់​លើ​អ្នក​ដែល​បំពាន​ច្បាប់​តែ​ប៉ុណ្ណោះ»។​

ទោះជាយ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ពិនិត្យ​​ឃើញ​ថា ការ​ចាប់ខ្លួន​ជាច្រើន​ករណី​នេះ កើត​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​បង្ក្រាប​ជាថ្មី​​ទៀត​របស់​រដ្ឋាភិបាល​លើ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ជាង​នេះ​ទៅទៀត រដ្ឋាភិបាល​កម្ពុជា​កំពុង​ពន្លឿន​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​នឹង​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​វិស័យ​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដក​ហូត។ លោក​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​បរទេស​ទាំង​អស់​ត្រូវ​តែ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដោត​អាទិភាព​លើ​បញ្ហា​​សុខភាព​​សាធារណៈ​នៅ​ពេល​កំពុង​មាន​វិបត្តិ​​ ជាជាង​បង្កើន​ការ​គាប​សង្កត់​លើ​សិទ្ធិ​មូលដ្ឋាន​​របស់​ពលរដ្ឋ​យ៉ាង​ដូច្នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រឆាំង ​និង​ក្រុម​យុវជន​ថា ​ការ​បោះ​តង់​របស់​វៀតណាម​ចូល​ដី​ខ្មែរ​ជា​ល្បិច​ឈ្លាន​ពាន​​របស់​វៀតណាម

$
0
0

តំណាង​រាស្ត្រ​គណបក្សប្រឆាំង​ និង ​ក្រុម​យុវជន​ចាត់​ទុក​តង់​ចំនួន៩ ដែល​យោធា​វៀតណាម​បោះ​ចូល​ ក្នុង​ទឹក​ដី​កម្ពុជា​ ឋិត​ក្នុង​ស្រុក​កោះ​ធំ ​ខេត្ត​កណ្ដាល​ គឺ​ជា​ជា​ល្បិច​ឈ្លានពាន​ទឹកដី​កម្ពុជា​ជា​ថ្មី​ទៀត​ ពី​សំណាក់​ភាគី​វៀតណាម។​ ពួក​គេ​អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ប្រើ​រូបភាព​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ១៩ ជា​លេស​ឈ្លានពាន​ទឹកដី​ខ្មែរ ​ខណៈ​តំបន់​នោះ វៀតណាម​ធ្លាប់​សង់​ប៉ុស្តិ៍​យោធា​​បំពាន​ទឹក​ដី​ខ្មែរ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​ស្នើ​ឱ្យ​វៀតណាម រុះរើ​តង់​ទាំង​អស់ ចេញ​ពី​តំបន់​ព្រំដែន ​ដែល​ពុំ​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​នៅ​ឡើយ។ ពួកគេ​អះអាង​ថា ​ ការ​ដោះ​ស្រាយ​បញ្ហា​នេះ ​ត្រូវ​ផ្អែក​តាម ​មរតក​របស់​បារាំង និង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) ក្នុង​ការ​កំណត់ ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ព្រែក​ស្បូវ ​ឬ​ដៃ​ទន្លេ​បាសាក់ ​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ជាប់​ខេត្ត​អាន ​យ៉ាង (An Giang ) ប្រទេស​វៀតណាម។

ពួក​រក​ឃើញ​ថា ​តំបន់​មិនទាន់​ឯកភាព​កំណត់​បង្គោល​ព្រំដែន ​គឺ​វៀតណាម​មាន​ប្រៀប​ជាង​កម្ពុជា​ ​ដោយ​វៀតណាម​បាន​គ្រប់គ្រង​ព្រែក​ស្បូវ​ទាំងស្រុង ​ហើយ​ខ្សែ​បន្ទាត់​ព្រំដែន ​បណ្ដោះ​អាសន្ន​ ឆ្ងាយ​ពី​ព្រែក​ស្បូវ ​ចូល​ដី​ខ្មែរ ៣០០​ម៉ែត្រ ​ទៅ ៤០០​រយ ​ម៉ែត្រ។  បញ្ហា​នេះ ​ក្រុម​យុវជន ​និង​ គណបក្សប្រឆាំង ​អះអាង​ថា ​គឺ​ជា​ការរំលោភ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ១៩៨៥​  សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។

តំណាង​រាស្ត្រ​គណបក្សប្រឆាំង ​លោក ​អ៊ុំ សំអាន ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ប្រាប់​អាស៊ី​សេរី​ថា​  រដ្ឋាភិបាល​ត្រូវ​តែ​កំណត់​ខណ្ឌសីមា​ព្រំដែន ​នៅ​តំបន់​នោះ ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ​ និង​យក​មរតក​របស់​បារាំង​ជា​មូលដ្ឋាន ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ​ដើរ​តាម​គន្លង​ទឹក​ជ្រៅ​ ឬ​ពុះ​ពាក់​កណ្ដាល​ព្រែក​ស្បូវ៖ «ចង់​ឱ្យ​យួន (រៀតណាម) រើ​តង់​ទៅ​វិញ ​ហើយ​ក្រោយ​មក​ត្រូវ​កំណត់​ព្រំដែន​ អ្វី​ដែល​ជា​មរកត​របស់​បារាំង​កំណត់​ឱ្យ ​ហើយ​ព្រំដែន ​ត្រូវ​កំណត់​ពាក់​កណ្ដាល​ ព្រែក​ស្បូវ​ហ្នឹង​តែ​ម្តង ​មិនមែន​នៅ​ខាង​ជើង ​ព្រែក​ស្បូវ ​៣០០ ទៅ ៤០០​ម៉ែត្រ​ដូច​សព្វ​ថ្ងៃ​ហ្នឹង​ទេ។ អា​ហ្នឹង​យើង​ដោះស្រាយ ​ទៅតាម​គោលការណ៍​ច្បាប់​អន្តរជាតិ»

កាល​ពី​ពេល​ថ្មីៗនេះ យោធា​វៀតណាម  បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩កន្លែង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ក្រោម​ហេតុផល​ថា ទប់​ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។ តង់​នីមួយៗ​ មាន​យោធា​វៀតណាម​ពី​ ៥ ​ទៅ ៦នាក់ ​ដាក់​ទង់​ជាតិ​វៀតណាម ​មាន​ឧបករណ៍​វាស់​កម្ដៅ​កូវីដ-១៩ ​មាន​គ្រែ​ មាន​កៅអី​ និង ​អង្រឹង​ ។ ​អាជ្ញាធរ​ខ្មែរ​ថា ​យោធា​វៀតណាម ​ប្រើប្រាស់​កាំភ្លើងខ្លី ​ហើយ​តំបន់​នោះ ​មាន​ប្រជាជន​ខ្មែរ​រស់​នៅ​ដាច់ៗ ពី​គ្នា​ពី​ភូមិ​មួយ ​ទៅ​ភូមិ​ទៀត  សំបូរ​ព្រៃ​ល្បោះ ​និង​មាន​ចម្ការ​ចេក​ រួម​ទាំង​ដំណាំ​ផ្សេងៗ។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន ​លោក ​វ៉ា គឹមហុង ​មាន​ប្រសាសន៍​ថា​ ជំហរ​របស់ ​រដ្ឋាភិបាល ​ទាមទារ​ខ្សែ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ព្រែក ​ឬ​ពុះ​ចំ​កណ្ដាល​ព្រែក​ស្បូវ ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ​២០០៥។​ លោក​អះអាង​ថា​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ​២០០៥ ​គឺ​ជា​គុណសម្បត្តិ ​ដែល​ភាគី​ប្រទេស​ទាំង​ពី ​ឯកភាពគ្នា​ យក​ខ្សែ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ផ្លូវ​ខ្សែ​ទឹក​មាន​ជាង ​១៩២ ​គីឡូ​ម៉ែត្រ​ ៖ «ក្នុង​ករណី​ដែល​ខ្សែ​ព្រំដែន ​ដើរ​តាម​ផ្លូវ​ទឹក ​យើង​តែងតែ​ទាមទារ​យក​គោលការណ៍ ​ច្បាប់​អន្តរជាតិ​ យក​មក​អនុវត្ត​ខ្សែ​ព្រំដែន​ធ្វើ​នាវាចរណ៍​បាន។ អា​ហ្នឹង​យើង​យក​ខ្សែ​ជ្រលង​ទឹក​ជ្រៅ ​តែ​ក្នុង​ករណី​ដែល​ធ្វើ​នាវាចរណ៍​មិន​បាន​ទេ ​យើង​ធ្វើ​ទឹក​ជា​ពីរ​ទៅ។​ កន្លែង​ណា ​ត្រឹម​កណ្ដាល​យើង​គូស​ខ្សែ​ជា​ពីរ​ ជា​មួយ​ឡាវ​ក៏​អ៊ីចឹង​ ជា​មួយ​ថ្ងៃ​ក៏​អ៊ីចឹង ​ជាមួយ​វៀតណាម​យើង​បាន​ជោគជ័យ ​វៀតណាម ​នៅ​ឆ្នាំ ​២០០៥​ វៀតណាម​គេ​ព្រម​ទម្លាក់​មក​ទាំងអស់ ​នៅ​ពាក្យ​កណ្ដាល​ព្រែក ​និង​ពាក្យ​កណ្ដាល​ផ្លូវ​ទឹក »

កាល​ពី ​ថ្ងៃ​ទី៩ ​ខែ​សីហា ឆ្នាំ២០១២ ​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​រដ្ឋ​សភា ​ថា​ ភាគី​ប្រទេស​ទាំង​ពីរ ​បាន​ឯកភាព​ចុះ​ហត្ថលេខា​ប្រើប្រាស់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ គឺ​សំដៅ​ប្រើប្រាស់​ខ្សែ​បន្ទាត់​ព្រំដែន​ដើរ​តាម​ទន្លេ ​ព្រែក ​បឹង ​និង​ស្ទឹង​ជា​ដើម ​ស្រប​តាម​គោលការណ៍ ​ច្បាប់​អន្តរជាតិ​។ ​លោក​ថា ​ខ្លឹមសារ​សន្ធិសញ្ញា​នេះ ​បាន​ឯកភាព​គ្នា ​អនុញ្ញាត​ឱ្យ​ប្រជាជន​ប្រទេស​ទាំង​ពី ​ប្រើប្រាស់​ទឹក​រួមគ្នា ​ក្នុង​ការស្រោចស្រព​ និង​ធ្វើ​កសិកម្ម​ជាដើម«សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ ​គឺ​សំដៅ ​កែ​សម្រួល​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន​គោក ​ដើរ​តាម​ទន្លេ ​ដើម្បី​កំណត់​ខ្សែ​ព្រំដែន ​ដើរ​តាម​ទន្លេ​ ឬ​ផ្លូវ​ទឹក​ ស្រប​តាម​គោលការណ៍ ​និង​ការអនុវត្ត​អន្តរជាតិ ​ពោល​គឺ ​យើង​ត្រូវ​ពុះ​ទ្រូង​ព្រែក​ហ្នឹង​តែ​ម្ដង​ ចំពាក់​កណ្ដាល​ហ្នឹង​តែ​ម្ដង។ ពលរដ្ឋ​កម្ពុជា ​ដែល​រស់​នៅ​បណ្ដោយ​ខ្សែ​ព្រំដែន​ទឹក ​ក៏​មាន​សិទ្ធិ​ប្រើប្រាស់​ទឹក​ទន្លេ​ ព្រែក ​ស្ទឹង​ទាំង​នោះ»

ទោះ​ជា​យ៉ាងណា ក្រុម​យុវជន ​ពលរដ្ឋ ​អាជ្ញាធរ ​និង​គណបក្សប្រឆាំង ​សង្កេត​ឃើញ​ថា ​ការ​អនុវត្ត​ជាក់ស្ដែង​ពុំ​ដូច្នេះ​ទេ។ ពួក​គេ​ថា ព្រែក​ស្បូវ ​ឬ​ដៃ​ទន្លេ​បាសាក់​ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នោះ ​វៀតណាម​បាន​គ្រប់គ្រង​ព្រែក​នោះ​ទាំងស្រុង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​ក្រុម​ការងារ ១០០​រាត្រី ​លោក ​មួង សូនី កត់​សម្គាល់​ថា ​មក​ទល់​ពេល​នេះ ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ ​ទិញ​ទឹក ​ពី​វៀតណាម​ដែល​ទាញ​ចេញ ​ពី​ព្រែក​ស្បូវ ​ឬ ​ដៃ​ទន្លេ​បាសាក់​ មក​ស្រោចស្រព​ស្រូវ​កសិកម្ម​របស់​ខ្លួន ​ហើយ​ត្រូវ​ពឹង​ទាំងស្រុង​លើ​ទីផ្សារ​វៀតណាម«នៅ​តំបន់​ហ្នឹង​គឺ ​អត់​មាន​ការ​អភិវឌ្ឍ​អី​ទេ ​ផ្លូវ​សឹង​តែ​ជិះ​មិន​កើត​ផង ​ផ្ទះ​ប្រជាជន​គឺ​ក្រីក្រ​ណាស់ ​លំបាក​ច្រើន​ ជីវភាព ​សាលារៀន ​ការរៀនសូត្រ ​និង​មន្ទីរពេទ្យ ​ព្រោះ​នៅ​ភូមិ​ព្រែក​ស្បូវ​ហ្នឹង ​អត់​មាន​ទឹក​ធ្វើ​ស្រូវ​ទេ ​ព្រោះ​ព្រែក​ហ្នឹង​វៀតណាម​គេ​យក​បាត់​ហើយ ​ចង់​ធ្វើ​ស្រូវ​ ត្រូវ​ទិញ​ទឹក​ពី​វៀតណាម ​គេ​លក់​ឱ្យ​។ ភាគច្រើន​ចំណាក​ស្រុក​អស់​ច្រើន​ណាស់ ​ប្រជាជន​តំបន់​ហ្នឹង»

អាស៊ី​សេរី​​មិន​ទាន់​ទាក់ទង ​មន្ត្រី​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​នៅឡើយទេ ​នៅ​ថ្ងៃ​ទី២៩ មេសា។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង  បន្ថែមថា  តំបន់​នោះ មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ភាគី ប្រទេស​ទាំង​ពីរ ត្រៀម​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ឱ្យ​ចម្លង​ខ្សែ​ព្រំដែន ពី​ផែនទី​បោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅ​ជា​ផែនទី ​UTM ខ្នាត ១/៥០ ពាន់​វិញ។

របាយការណ៍​របស់​ក្រុម​ការងារ ​១០០ ​រាត្រី ​បង្ហាញ​ថា ​ ក្នុង​ឃុំ​សំពៅពូន​ដែល​កំពុង​ចម្រូង​ចម្រាស់​រឿង​ព្រំដែន​នោះ  មាន​ភូមិ​ចំនួន ២ ​នៅ​ជាប់​ព្រំដែន​វៀតណាម ​គឺ​ភូមិ​ ព្រៃ​ធំ ​បោះ​បង្គោល​ព្រំដែន​រួច​ នៅ​ឆ្នាំ​ ២០១៧ ​និង ​ភូមិ​ព្រែក​ស្បូវ ​មិនទាន់​បោះ​បង្គោល​ព្រំដែន​ ដែល​វៀតណាម​បាន​បោះតង់​ចូល​ដីខ្មែរ​។ ​របាយការណ៍​បន្ត​ថា ​ភូមិ​ព្រែក​ស្បូវ ​មាន​ប្រជាជន​ខ្មែរ​ ឬ ​រស់​នៅ​ជាង ​១​ពាន់​គ្រួសារ​ នៅ​ជាប់​ព្រំដែន​វៀតណាម ​ហើយ​ពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ស្ងាត់​ភូមិ​។ ​ដោយ​ឡែក​ ប្រទេស​វៀតណាម​វិញ ​មាន​ប្រជាជន​រស់​រាប់​ម៉ឺន​គ្រួសារ ​តាម​បណ្ដោយ​ព្រែក​ស្បូវ ​ឬ​ហៅថា ​ព្រែក​បីញ ឌី ​(Binh Di)​ ជា​ភាសា​វៀតណាម​។ ​តំបន់​នោះ ​វៀតណាម​មាន ​មន្ទីរពេទ្យ ​សាលារៀន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ​ផ្លូវ​ខ្វាត់ខ្វែង​តាម​បណ្ដោយ​ព្រំដែន ​និង​មាន​ផ្លូវ​ក្រវាត់​ព្រំដែន​ចំនួន​២ ​ខ្សែ ​ ផ្ទុយ​ពី​កម្ពុជា​ មាន​ផ្លូវ​លំ ​២ ​ខ្សែ ​លំបាក​ធ្វើ​ដំណើរ​ខ្លាំង​ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ សាលារៀន ​និង​មន្ទីរពេទ្យ​គ្រប់គ្រាន់។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាគម​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ថា សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

$
0
0

សមាគម​ធនាគារ​នៅ​កម្ពុជា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឆ្លើយតប​ថា សេចក្ដី​ការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល សមាគម និង​សហគមន៍ មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​ជាក់ស្ដែង​នោះ​ទេ និង​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ ទាំងមូល​។ ការ​ឆ្លើយ​តប​នេះ បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជិត ១៥០​ស្ថាប័ន​ស្នើសុំ ឱ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ព្យួរ​ការ​សង​បំណុល​រយៈ​ពេល​៣​ខែ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ ដីធ្លី​ជូន​ម្ចាស់​ទ្រព្យ​វិញ។

សមាគម​ធនាគារ​នៅ​កម្ពុជា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បញ្ជាក់​ជំហរ​ថា សមាជិក​របស់​ខ្លួន មិន​អាច​ធ្វើតាម​សំណើសុំ​ឱ្យ​ផ្អាក​ការ​សង​ប្រាក់កម្ចី​និង​ការប្រាក់​រយៈពេល​យ៉ាងតិច​៣​ខែ សម្រាប់​អតិថិជន​គ្រប់ៗ​គ្នា​បាន​ឡើយ ដោយហេតុថា ផល​ប៉ះពាល់​ក្នុង​វិបត្តិ​កូវីដ១៩ ទៅលើ​អតិថិជន​មាន​ស្ថានភាព និង​កម្រិត​ខុសៗ​គ្នា​។ សមាគម​ដដែល​ថ្លែង​ទៀត​ថា ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់​ទ្រព្យ​វិញ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ​អតិថិជន នៅតែ​អាច​ប្រើប្រាស់​ដីធ្លី ឬ​អចលនទ្រព្យ ដែល​ខ្លួន​ដាក់​ធានា​នោះ (​ទ្រព្យ​បញ្ចាំ​) បាន​ជា​ធម្មតា។

សមាគម​ទាំងពីរ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខេ​មេសា​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ កំពុង​អនុវត្ត​យ៉ាង​ពេញលេញ​តាម​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការ​រៀបចំ​ឥណទាន​ឡើងវិញ ជូន​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ -១៩ និង​ការ​ដោះស្រាយ​ឥណទាន ដោយ​ឥរិយាបថ​ទន់ភ្លន់ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់។

សមាគម​របស់​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី ចាត់ទុកថា ការ​ស្នើសុំ និង​ការ​ផ្ដល់​អនុសាសន៍​របស់​អង្គការ សង្គម​ស៊ីវិល​មួយ​ចំនួន គឺ​ខ្វះ​ការសិក្សា​តាម​បច្ចេកទេស និង​កំពុងតែ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​រង​នូវ​ផល​ប៉ះពាល់​បន្ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា ស្នើសុំ​ដល់​រដ្ឋាភិបាល បង្គាប់​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឆាប់​ផ្អាក​ការ​សង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់​យ៉ាងតិច​ណាស់​ចំនួន​៣​ខែ ព្រមទាំង​ប្រគល់​ជូន​ម្ចាស់​ទ្រព្យ​វិញ​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​រាប់​លាន​ប្លង់​ពាក់ព័ន្ធ​នឹង​កម្ចី​ខ្នាត​តូច ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ជា​ទ្រព្យ​ធានា (​បញ្ចាំ​) នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ក្រុម​អង្គការ​-​សមាគម និង​សហគមន៍​ដីធ្លី លើកឡើង​ថា វិធានការ​ទាំងនេះ​គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​-២៩​នេះ​ដោយ​គ្មាន​ហានិភ័យ​ចំពោះ សុខភាព ឬ​លំនៅឋាន​របស់​អ្នក​ទាំងនោះ និង​អាច​បញ្ចៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំ​ឱ្យ​កើតមាន​ករណី​ធ្វើ​ការងារ​ដោះ​បំណុល ការ​ជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​ដ​ទៃ​ទៀត។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​( IDEA)​លោក វន់ ពៅ មាន​ប្រសាសន៍​ថា វិធានការ​មួយ​ចំនួន​របស់​ធនាគារ​ជាតិ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ និង​មិន​ទាន់​មាន​ប្រសិទ្ធិភាព​គ្រប់គ្រាន់​នោះ​ទេ​។ លោក​អះអាង​ថា មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តិច​តូច​បំផុត ដែល​ព្រម​ពន្យារពេល​សង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​រយៈពេល​៣​ខែ សម្រាប់​អ្នក​ខ្ចី​ប្រាក់​មួយ​ចំនួន​តាម​ការ​ស្នើសុំ​នោះ​។ លោក​នៅ​តែ​ស្នើសុំ​ឱ្យ​ធនាគារ​ជាតិ​និង​រាជរដ្ឋាភិបាល ចេញ​សេចក្ដី​បង្គាប់​តែម្ដង ដើម្បី​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ មាន​កាតព្វកិច្ច​អនុវត្ត​តាម៖ «មាន​ធនាគារ​មួយ​ចំនួន បាន​យក​ប្លង់​ផ្ទះ​ប្លង់ដី​ធ្វើជា​ការ​ទា​លុយ​ពី​អតិថិជន​របស់​ខ្លួន​ហើយ​បើ​សិន​មិន​ឱ្យ​ទេ គាត់​នឹង​បំភ័យ​ថា រឹបអូស​យក​ផ្ទះ​យក​អីចឹង​ទៅ ដូច្នេះ​យើង​គិត​ថា នេះ​ជា​រឿង​មួយ​ដែល​សង្គម​យើង​កំពុង​ជួបប្រទះ​នៅ​ក្នុង​ខែ​៤​នេះ ហើយ​យើង​ជាក់ស្ដែង​សមាជិក​យើង​មួយ​ចំនួន ក៏​មានការ​ត្អូញត្អែរ​អំពី​ការ​តាម​ទារ​លុយ​ពី​ធនាគារ​មួយ​ចំនួន​ផង​ដែរ ដែល​មកដល់ពេលនេះ មិន​ទាន់​មាន​ការ​អនុវត្ត​ទាំងអស់​នៅ​ឡើយ​ទេ»

អាជីវករ​មួយ​រូប​រស់នៅ​ក្នុងស្រុក​ល្វាឯម ខេត្ត​កណ្ដាល លោក បាន សុខ ត្អូញ​ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ជាង ១​ម៉ឺន ៩​ពាន់​ដុល្លារ ដើម្បី​រកស៊ី​ម៉ៅ​ចម្ការ​ស្វាយ និង​រកស៊ី​លក់​ពង​ទា និង​សាច់​គោ​អាង​នៅមុខ​រោងចក្រ​។ បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ បន្ត​ថា នៅ​ពេល ផ្ទុះ​ជំងឺ​កូវីដ​-១៩​នេះ ប្រភព​ចំណូល​របស់​លោក​បាន​ធ្លាក់​ចុះ​ទាំងស្រុង ដោយសារតែ​មុខរបរ​របស់​លោក មិន​លក់​ដាច់​ដូច​កាលពីមុន​ឡើយ ខណៈ​ការ​រកស៊ី​ម៉ៅ​ស្វាយ​ត្រូវ​បាន​ខាត់​បង់​ធ្ងន់ធ្ងរ​ដែរ​នោះ​។ លោក​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល គ្មាន​វិធានការ​អន្តរាគមន៍​ច្បាស់លាស់​ទេ គឺ​ប្លង់ដី និង​ប្លង់​ផ្ទះ​របស់​លោក​អាច​ត្រូវ​បាន​ធនាគារ​រឹបអូស​ជាក់​ជា​មិន​ខាន៖ «ពីមុន​ខ្ញុំ​លក់ដាច់​ហើយ​បង់​គេ​បាន ៩​ខែ​ហើយ។ ខ្ញុំ​យក​គេ​តែ ៣​ឆ្នាំ​ហើយ​បង់​គេ​មួយ​ខែ​ជាង ៦​រយ​ដុល្លារ ហើយ​ខ្ញុំ​មិនដែល​បង់​ឱ្យ​គេ​ពិបាក​ទេ ស្មើ​មុន​មួយថ្ងៃ​រហូត តែ​ពេល​កូរ៉ូណា​នេះ​កើតឡើង​នេះ ខ្ញុំ​លក់​អត់​ដាច់ ហើយ​ឥឡូវនេះ​រកតែ​មួយ​ម៉ឺន​ដាក់​ហោប៉ៅ​គ្មាន​ផង​។ ឥឡូវនេះ​គេ​នៅតែ​តេ​មក​រឹប​ខ្ញុំ​ឱ្យ​បង់លុយ​មួយ​ខែ​នេះ ដើម្បី​ឱ្យ​គេ​ធ្វើ​ឯកសារ​ថ្មី​ឱ្យ តែ​ខ្ញុំ​វា​គ្មាន​អា​មួយ​ខែ​នេះ ហើយ​គេ​នៅតែ​តេ​មក​ជ្រក​ជ្រេញ​រហូត​។ គេ​តេ​ផង គេ​ទៅដល់​ផ្ទះ​ផង​។​ខ្ញុំ​ស្នើសុំ​គាត់​ពន្យារ​ពេល​តែ​បី​ខែ​ទេ តែ​គេ​អត់​សុខចិត្ត ហើយ​មិញ​នេះ​គេ​តេ​មក​ថា បើ​ចុងខែ​នេះ​ខ្ញុំ​មិន​ឱ្យ​ទេ គេ​ថា នឹង​ធ្វើ​តាម​ផ្លូវ​ច្បាប់»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​ដីធ្លី ព្រួយបារម្ភ​ថា នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ប្រជា ពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់​អាច​នឹង​បាត់បង់​ការងារ ឬ​ប្រាក់បៀវត្សរ៍ ហើយ​ហានិភ័យ​កើត​ចេញពី​បំណុល​មីក្រូហិរញ្ញវត្ថុ គឺជា​រឿង​សំខាន់​មិន​អាច​ព្រងើយ​កន្តើយ​បាន​ទេ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា វិធានការ​ជាបន្ទាន់​គួរ​ត្រូវ​បាន​ពិចារណា​យក​មក​អនុវត្ត ដើម្បី​ធានា​ថា គ្មាន​អ្នកណា ម្នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​សម្រាប់​សងបំណុល អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ​ឡើយ ។ ពួកគេ យល់ថា មធ្យោបាយ​ល្អ​បំផុត ដើម្បី​ជៀសវាង​ពី​បញ្ហា​នេះ គឺ​ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ទៅ​ម្ចាស់​ទ្រព្យ ដែល​មាន​សិទ្ធិ​ពេល​លេញ​វិញ និង​ផ្អាក​ការ​សង​ប្រាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ថា ​អ្នកសារព័ត៌មាន​ជា​ស្ដ្រី​នៅ​តែ​ជួប​បញ្ហា​ប្រឈម ដែល​ធ្វើ​ចំនួន​ស្ត្រី​នៅ​តែ​តិចតួច

$
0
0

ចំនួន​អ្នកសារព័ត៌មាន​ជា​ស្រ្ដី​នៅ​កម្ពុជា នៅ​តែ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​ទោះបី​ជា​មាន​ការ​អះអាង​ថា មាន​ចំនួន​កើន​ឡើង បើ​ប្រៀបធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ក្ដី។ ការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា អ្នក​សារ​ព័ត៌មាន​ស្រ្តី មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ជា​កត្តា​ធ្វើ​អោយ​ចំនួន​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​តែ​មាន​ចំនួន​តិច។

តើ​ស្ត្រី​ជា​អ្នក​សារ​ព័ត៌មាន ជួ​ប្រទះ​បញ្ហា​អ្វី​ខ្លះ​ដែរ?

ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​តែ​មាន​គ្រោះថ្នាក់​សម្រាប់​ស្រ្តី ដោយសារ​តែ​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​ងាយ​រងគ្រោះ​ដោយសារ​ចាប់​ដាក់​ពន្ធនាគារ ការ​រំលោភ​បំពាន និង​ការ​គំរាម​កំហែង លើស​ពី​នេះ​ស្ត្រី​នៅ​តែ​ជួប​ការរើសអើង​មិន​ផ្ដល់​តម្លៃ​ពី​សង្គម និង​ពី​គ្រួសារ។

អ្នកសារព័ត៌មាន​សេរី កញ្ញា កាន់ វិច្ឆិកា ដែល​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​នេះ​បាន ៦ឆ្នាំ​និយាយ​ថា​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង​ជាង​មុន​ដែរ ប៉ុន្តែ​នៅ​មាន​តិចតួច​ណាស់ ដែល​ហ៊ាន​ចេញមុខ​ទៅ​យក​ព័ត៌មាន​ក្ដៅៗ ឬ​ព័ត៌មាន ដែល​ប្រឈម​មុខ​នឹង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​អ្នកមាន​អំណាច​មាន​ឥទ្ធិពល​ក្នុង​សង្គម។ កញ្ញា​មើល​ឃើញ​ថា​នេះ​បណ្ដាល​មក​ពី​ការងារ​ជា​អ្នក​យក​ព័ត៌មាន​នៅ​តែ​ប្រឈម​នឹង​ការ​ធ្វើ​បាប​ការ​ចាប់​ដាក់​ពន្ធនាគារ។ លើស​ពី​នេះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​បិទ​ទ្វារ​ស្ថាប័ន​ព័ត៌មាន ដែល​ចាត់​ទុក​ថា មាន​ភាព​ឯករាជ​នោះ ក៏​រឹត​តែ​ធ្វើ​អោយ​ចំនួន​អ្នកសារព័ត៌មាន​ជា​ស្ត្រី​ថយ​ចុះ៖ «ពេល​ខ្ញុំ​ចុះ​ទៅ​យក​ព័ត៌មាន​ឥឡូវ​ឃើញ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ យ៉ាង​ច្រើន​ណាស់ ២នាក់​អី​ទេ ហើយ​អ្នក​ដែល​គាត់​អាច​សួរ​សំណួរ​អី​ហ្នឹង​អាច​ថា មាន​ត្រឹម​ម្នាក់ ២នាក់​អី ហើយ​សំណួរ​របស់​គាត់​ក៏​បញ្ជាក់​ថា មាន​កម្រិត ដែល​មិន​មែន​ជា​សំណួរ​ដូច​កាល​ពី​ជំនាន់​នៅ​មាន​ស្ត្រី ដែល​គាត់​នៅ​ធ្វើ​ការ​អោយ​សារព័ត៌មាន​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ដូច​កាល​មុន​ទេ គឺ​រាង​ថយ​មែនទែន សូម្បី​តែ​ថូន (tone) សូម្បី​តែ​របៀប​ការ​សួរ​របស់​ពួក​គាត់»

ចាប់តាំង​ពី​ឆ្នាំ២០១៧ ​មក​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ឥត​ប្រណី និង​ខ្ទប់​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ដំបូង​បាន​បិទ​ការផ្សាយ​របស់​វិទ្យុ​ផ្សាយ​បន្ត​ជាង៣០ ដែល​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​​អាស៊ី​សេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ ក្រោយ​មក​ទៀត របប​នេះ​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សំអាង​ថា កាសែត​នេះ​ជំពាក់​ពន្ធ​រដ្ឋ។ រីឯ​អាស៊ី​សេរី​បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​រឿង​បង់ពន្ធ និង​បញ្ហា​អាជ្ញាប័ណ្ណ។ អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​ចាប់​ឃុំ​ខ្លួន​ពី​បទ​ចារកម្ម។ ​លោក រ៉ាត់ រត្នមុនី អ្នក​បកប្រែ​អោយ​សារព័ត៌មាន​RT(Russia Today)​ក្នុង​ការ​ផលិត​វីដេអូ​ស៊ើបអង្កេត ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ​ក៏​ត្រូវ​ចាប់​ខ្លួន ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ។ ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់​ជាប់​ចោទ​ពី​បទ​ព្រហ្មទណ្ឌ។ សារព័ត៌មាន​ឯករាជ្យ​ភ្នំពេញ​ប៉ុស្តិ៍​ជា​ចុង​ក្រោយ​ក៏​ត្រូវ​លក់​ទៅ​អោយ​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។

អ្នកស្រី យុន ស៊ីនាថ ដែល​ធ្លាប់​បំពេញ​ការងារ​ឱ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​បាន​លាឈប់​ពី​កាសែត​នេះ​នៅ​ពេល​ដែល​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​លែង​ដូច​មុន​ទៀត។ អ្នកស្រី​ថា​ស្ត្រី​ក៏​នៅ​តែ​ជួប​ការរើសអើង​ពី​សង្គម និង​គ្រួសារ​ដែរ​ព្រោះ​គេ​នៅ​តែ​គិត​ថា ការងារ​នេះ​មិន​សមនឹង​ស្រ្តី។ ជា​មួយ​គ្នា​នេះ​ការបៀតបៀន ការ​លូកលាន់​រាងកាយ​ពេល​យក​ព័ត៌មាន​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​ការ​ប្រជ្រៀត​គ្នា​ខ្លាំង ការ​គំរាមកំហែង​ស្ត្រី​នៅ​តែ​កើត​មាន៖ «ទី១​ត្រូវ​ទៅ​ហាល​ថ្ងៃ​អី​អ៊ីចឹង​ទៅ ត្រូវ​ទៅ​កាត់​ព្រៃ​ កាត់​វាល ​ត្រូវ​ចុះ​ខេត្ត ត្រូវ​ទៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល តំបន់​ដែល​អាច​ថា មាន​គ្រោះថ្នាក់ តំបន់​ដែល​មិន​សូវ​មាន​សុវត្ថិភាព​ ឱពុក​ម្ដាយ​ភាគ​ច្រើន​គាត់​មិន​ចង់​ឱ្យ​កូន​ទៅ​ធ្វើ​ការ​បែប​ហ្នឹង​ទេ។ ពាក់​ព័ន្ធ​នឹង​រឿង​សម្រស់​រឿង​អី​វិញ​ធ្វើ​ឱ្យ​ស្បែក​ខ្មៅ​ធ្វើ​ឱ្យ​អ៊ីចឹង​ទៅ។ មួយ​វិញ​ទៀត​ពីសង្គម​ក៏​នៅ​តែ​មាន​ផ្នត់គំនិត​ស្ត្រី​មិន​មាន​លទ្ធភាព​ ឬ​មិន​មាន​សម​នឹង​ការងារ​បែប​ហ្នឹង​ទេ ការងារ​ហ្នឹង​សម​តែ​ជា​ការងារ​របស់​បុរស​ ​នៅ​មិន​ទទួល​ស្គាល់​តម្លៃ​របស់​ស្រ្តី ទោះ​បី​ជា​ស្ត្រី​គាត់​មាន​សមត្ថភាព​ក៏ដោយ»

ការ​គំរាម​កំហែង​លើ​អ្នក​កាសែត​ជា​ស្រ្តី​ពេល​ខ្លះចេញ​ពី​មាត់​ប្រមុខ​ដឹកនាំ​កំពូល​ទៀត​ផង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​មាន​វិបត្តិ​កូវីដ-១៩​នេះ​បាន​គំហក​ដាក់​ស្ត្រី ២រូប គឺ​កញ្ញា ញឹក ស្រីលក្ខណ៍ នៅ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា កាន់ វិច្ឆិកា៖ «លោក ហ៊ុន សែន៖ ច្បាស់​ជា​សំណួរ​ចេញ​មក​ពី​អា​ជ្រុង​ហ្នឹង​ មើល​ក្មួយ​ឯង​ហ៊ាន​ស្បថ​ឱ្យ​ងាប់​ទេ? បើ​ក្មួយ​ឯង​មិន​មាន​គេ​បោះ​ប្រ៊ុយយ៉ុង​ពី​ខាង​ក្រោយ​អោយ​សួរ​អា​សំណួរ​បែប​ហ្នឹង? វិច្ឆិកា៖ក្មួយ​បាន​ឃើញ​ក្នុង​សេចក្ដីព្រាង​ច្បាប់​ដែល​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម ហើយ​ក្មួយ​ធ្វើ​ការងារ​ក្នុង​ផ្នែក​ហ្នឹង​។ លោក ហ៊ុន សែន៖ អ៊ីចឹង​ហ៊ាន​ស្បថ​អត់? ហ៊ាន​ស្បថ​គ្រាន់​បើ​ ប៉ុន្តែ​សំនួរ​នេះ​ជា​សំណួរ​ចាក់​ដោត»

អ្នក​ធ្វើ​ការងារ​ការពារ​អ្នកសារព័ត៌មាន និង​សិទ្ធិ​ស្រ្តី​ចាត់​ទុក​ការវាយប្រហារ​អ្នក​សារព័ត៌មាន​ជា​សាធារណៈ​នេះ គឺ​ជា​ផ្នែក​មួយ ដែល​នឹង​ធ្វើ​អោយ​ចំនួន​ស្រ្តី​អាច​នឹង​កាត់បន្ថយ​ថែម​ទៀត។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(CAMBOJA) លោក ណុប វី មាន​ប្រសាសន៍​ថា ការ​គំរាម​កំហែង​ជា​សាធារណៈ​បែប​នេះ​ពិត​ជា​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ពិសេស​ស្ត្រី​វ័យ​ក្មេង ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ត្រូវ​ប្រឈម​នឹង​មន្ត្រី អ្នក​មាន​អំណាច និង​អ្នក​មាន​ឥទ្ធិពល​បែប​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា មិន​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា​ធ្វើ​អោយ​បន្ទច់​បង្អាក់​ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​វិស័យ​សារ​ព័ត៌មាន​ឡើយ។ ជាមួយ​គ្នា​នេះ​អ្នកស្រី​បាន​ប្រាប់​តាម​បណ្ដាញ​តេឡេក្រាម (Telegram) ថា ក្រសួង​កិច្ចការ​នារី​បាន​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ធ្វើ​យ៉ាងណា បង្កើន​ចំនួន​ស្ត្រី​ក្នុង​គ្រប់​វិស័យ​ គឺ​ធ្វើ​យ៉ាងណា​អោយ​មាន​ចំនួន​ស្ត្រី​ប្រហាក់ប្រហែល​នឹង​បុរស។

បើ​ទោះ​ជា​យ៉ាង​ណា​ទាំង​ក្រសួង​កិច្ចការ​នារី​ទាំង​ក្រសួង​ព័ត៌មាន​មិន​ទាន់​មាន​តួលេខ​ពី​ចំនួន​ស្រ្តី​ជា​អ្នកសារព័ត៌មាន​នៅ​ឡើយ​ទេ។ ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​ថា នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​ដែល​មាន​ ១៩ជំនាន់​នោះ មាន​នារី​ចំនួន ២៧១នាក់ ក្នុង​ចំណោម​និស្សិត​សរុប​៤៧៦នាក់។

នាយក​ប្រតិបត្តិ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព រំពឹង​ថា​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន​មាន​គឺ​ត្រូវ​ធានា​កាត់បន្ថយ​ការរើសអើង​យេនឌ័រ និង​ធានា​អោយ​មាន​យុត្តិធម៌​ពិត​ប្រាកដ ដោយ​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​ស្មើភាព។

បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​ការធានា​របស់​អាជ្ញាធរ​រដ្ឋ ដើម្បី​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​ក្តី​អ្នក​កាសែត​ជា​ស្ត្រី​លើក​ទឹក​ចិត្ត​អោយ​ក្មេង​ស្រី​អាច​ចូលរួម​កិច្ចការ​នេះ ដោយ​ត្រូវ​ត្រៀមខ្លួន​ទុក​ជាមុន​ជានិច្ច​ប្រឈម​នឹង​បញ្ហា​ និង​ត្រូវ​តម្កល់​ប្រយោជន៍​​ស្ត្រី​ជាធំ។

កញ្ញា កាន់ វិច្ឆិកា ប្រាប់​ទៅ​ស្ត្រី​វ័យ​ក្មេង ដែល​ចង់​ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ថា ត្រូវ​តែ​មាន​មោទនភាព ដែល​បាន​ចាប់​យក​អាជីព​ដែល​ខ្លួន​ស្រឡាញ់ និង​ប្រឹងប្រែង​បង្ហាញ​ថា​ស្ត្រី​មាន​សមត្ថភាព៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​មោទនភាព​ដោយសារ​ខ្ញុំ គឺ​ជា​ស្រ្តី ដែល​មិន​មាន​មនុស្ស​ច្រើន​ទេ​ធ្វើ​ការងារ​ហ្នឹង។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ត្រូវ​ដឹង​ថា តើ​នៅ​ពេល​ដែល​យើង​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ជា​ស្រ្តី​យើង​ត្រូវ​ប្រឈម​អី​ខ្លះ? នៅ​ពេល​ដឹង​បញ្ហា​ប្រឈម​ទាំង​អស់​ហ្នឹង​ហើយ​ យើង​នឹង​ដឹង​ថា​ដោះ​ស្រាយ​វា​យ៉ាង​ម៉េច»

ក្រៅពី​មាន​មោទនភាព​ជា​អ្នកសារព័ត៌មាន អ្នកស្រី យុន ស៊ីនាថ បញ្ជាក់​ដែរ​ថា ស្ត្រី​អាច​យល់​ដឹង​ពី​បញ្ហា​របស់​ស្រ្តី​ច្រើន​ជាង​បុរស ដែល​ងាយស្រួល​ជួយ​ដល់​ប្រភព​ជា​ស្ត្រី​ដូច​គ្នា៖ «យើង​នឹង​យល់​ថា យើង​ពិត​ជា​បាន​ជួយ​សង្គម​មួយ​នេះ​ ជាពិសេស គឺ​ជួយ​ស្ត្រី​ជា​អ្នក​រង​គ្រោះ ឬ​ជា​ប្រជា​ពលរដ្ឋ​ទូទៅ​ក៏​ដោយ យើង​បាន​បញ្ជាក់​ថា យើង​ជា​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​ជា​បុរស​ដែរ»

ពិត​មែន​ថា​អ្នក​កំពុង​បំពេញ​ការងារ​ក្នុង​វិស័យ​នេះ​មាន​មធ្យោបាយ លើកទឹកចិត្ត​ខ្លួន​ឯង និង​កាត់បន្ថយ​គ្រោះថ្នាក់​ក្ដី​ក៏​ពួកគេ​នៅ​តែ​ចង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្ដល់​អាទិភាព​ដល់​អ្នកសារព័ត៌មាន​ជា​ស្រ្តី បញ្ឈប់​ការ ការរារាំង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​តាម​អំពើ​ចិត្ត និង​ទទួល​យក​បញ្ហា​ស្ត្រី​ទៅ​ដោះស្រាយ​រាប់​តាំង​ពី​ការ​បៀតបៀន​ពាក្យ​សម្ដី រាងកាយ និង​ផ្លូវ​ចិត្ត​រួម​ទាំង​ការ​ប្រើ​ពាក្យ​គំរាម​គំហក​របស់​លោក នាយក​រដ្ឋមន្ត្រី​នោះ​ផង ព្រោះ​ការ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​រឿង​ទាំង​នេះ នឹង​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជួយ​ដល់​ស្ត្រី​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


HRW ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​នឹង​ក្លាយ​ជា​មហន្តរាយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

$
0
0

សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​របប​លោក ហ៊ុន សែន ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់ អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩ នេះ បាន​ក្លាយ​ជា​ច្បាប់​ពេញលេញ​ហើយ កាល​ថ្ងៃ​ទី​២៩ មេសា ម្សិលមិញ ប៉ុន្តែ​ដើម្បី​ឱ្យ​អនុវត្ត​ច្បាប់​នេះ​បាន គឺ​ចាំបាច់​ទាល់តែ​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាមុន​សិន។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន មិនទាន់​អាច​យក​មក​អនុវត្ត​បាន​នៅ​ឡើយ​ទេ ពីព្រោះ​ព្រះមហាក្សត្រ​ដែល​កំពុង​គង់​នៅ​ប្រទេស​ចិន មិន​ទាន់​បាន​ប្រទាន​ដំណឹង​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅឡើយ គិត​ត្រឹម​ថ្ងៃ​ទី​៣០ មេសា។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ដឹង​ថា តើ​ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​-១៩ ដែរ ឬក៏​យ៉ាងណា​នោះ​ទេ ពីព្រោះ​វា​អាស្រ័យ​លើ​ការ​សម្រេច​រួមគ្នា​របស់​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី៖ «យើង​មិន​អាច​ដឹង​បានទេ ក៏ប៉ុន្តែ​បើ​ឥស្សរជន​ទាំង​៣ រូប​ហ្នឹង សម្រេច​ថា កាលៈទេសៈ​ហ្នឹង​គ្រោះថ្នាក់ ចាំបាច់​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន គឺ​ក៏​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍ និង​អាយុជីវិត​របស់​ប្រទេសជាតិ​ដែរ»

ទោះជា​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ហើយ​ថា មាន​ភាគរយ​តិច​បំផុត​ដែល​ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ តែ​លោ​កថា បើ​សភាពការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន​នៅ​ពេល​ណាមួយ​នោះ លោក​នឹង​ប្រើ​ច្បាប់​នេះ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សំដែង​ក្តី​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​បាន​ដកហូត​។ លោក​ថ្លែង​ទៀត​ថា ច្បាប់​នេះ​នឹង​បើកដៃ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ មាន​ដូចជា ការ​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយ​ថា ការ​កម្រិត​សិទ្ធិ​សេរីភាព​នេះ មាន​គោលដៅ​ធានា​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​មាន​អ្វី​ឆ្លើយតប​ទេ ពីព្រោះ​អ្នកណា​ក៏​គេ​ដឹង​ដែរ​ពី​ជំហរ​នយោបាយ​របស់ Human Rights Watch នេះ ក៏ប៉ុន្តែ​សុំ Human Rights Watch ឆ្លើយ​បញ្ជាក់​មកវិញ​ថា តើ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ណា​ដែល​មិន​មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​គេ​ក្នុង​គ្រាអាសន្ន​? ហើយ​ច្បាប់​ទាំងនោះ តើ​ច្បាប់​មួយ​ណា​ដែល​មិន​មាន​​ការ​កំហិត​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​ប្រយោជន៍​រួម ប្រយោជន៍​សាធារណៈ​ក្នុង​ស្ថានភាព​នៃ​គ្រាអាសន្ន​បែបនេះ?»

អង្គការ Human Rights Watch ទទួលស្គាល់ នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ និង​គ្រោះអាសន្ន​សាធារណៈ​ប៉ះពាល់​ដល់​អាយុជីវិត​ជាតិ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​អនុញ្ញាត​ឱ្យ​មានការ​រឹតត្បិត​ខ្លះ​មែន ក៏ប៉ុន្តែ​ករណី​នោះ​ទាល់តែ​ចាំបាច់​បំផុត និង​ស្របតាម​មូលដ្ឋាន​ច្បាប់​។ ជាពិសេស ការ​ដាក់​ចេញ​វិធានការ​នោះ ត្រូវ​តែ​មាន​ភស្តុតាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​មិន​អាច​ធ្វើតាម​ទំនើងចិត្ត ឬ​រើសអើង​នោះ​ទេ​។ ការ​រឹតត្បិត​នោះ​ទៀតសោត ត្រូវតែ​កំណត់​ពេលវេលា​ជាក់លាក់ គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ព្រមទាំង​សមាមាត្រ​នឹង​រឿងហេតុ​ជាក់ស្ដែង​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​បន្ត​ទាមទារ​ដោះលែង​អ្នក​ទោស​នយោបាយ​សម្រាប់​​ពិធីបុណ្យ​វិសាខបូជា​ខាង​មុខ

$
0
0

ក្រសួង​យុត្តិធម៌​បាន​ចាប់ផ្ដើម​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​ត្រូវ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​ទោស និង​បន្ធូរ​បន្ថយ​ទោស ក្នុង​ពិធីបុណ្យ​ពិសាខ​បូជា នៅ​ថ្ងៃ​ទី៦ ឧសភា ខាងមុខ​នេះ​ហើយ​។ សកម្មជន​បក្ស​ប្រឆាំង យក​ឱកាស​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់។

សកម្មជន​បក្ស​ប្រឆាំង​បន្ត​ទាមទារ​ឱ្យ​មានការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា ខាងមុខ​នេះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កញ្ញា សៅ ឧសភា ចង់​ឱ្យ​រដ្ឋាភិបាល យក​ឱកាស​ពិធីបុណ្យ​វិសាខបូជា ដោះលែង​អ្នក​ទោស​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ទាំងអស់ ដើម្បី​បង្ហាញ​ទឹកចិត្ត​របស់​រដ្ឋាភិបាល និង​ផ្ដល់​សេរីភាព​ដល់​អ្នក​ទាំងនោះ​វិញ៖ «បើ​គិត​ទៅ ពេល​ដែល​លើកលែងទោស​នេះ ត្រូវតែ​ដោះលែង​ពួកគាត់​។ យើង​ស្នើសុំ​នេះ គួរតែ​រដ្ឋាភិបាល គួរតែ​ដោះលែង​ពួកគាត់​វិញ ព្រោះ​អ្វី ពួកគាត់​មិនមែន​ជា​អ្នក​មានទោស ហើយក៏​មិនមែន​ជា​អ្នកបង្កើត​ទោស​ហ្នឹង​ឡើង​ដែរ​។ គឺ​ពួកគាត់ សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​នូវ​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​។ អ៊ីចឹង​ហើយ ការ​ចាប់​គាត់​ដាក់​ទោស​នេះ គឺជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​។ អ៊ីចឹង គួរតែ​ដោះលែង​គាត់​មកវិញ ហើយ​ផ្ដល់​នូវ​យុត្តិធម៌​ជូន​ពួកគាត់​វិញ»

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធី បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​គ្រោង​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ពិធីបុណ្យ​វិសាខបូជា រួច​ហើយ កាលពី​ថ្ងៃ​ទី​២៨ មេសា​។ ក្នុង​បញ្ជី​នោះ មានឈ្មោះ ទណ្ឌិត ជិត ៣​រយ (២៧៣)​នាក់ ក្នុង​នោះ ស្ត្រី​ជាង​២០ (២៤)​នាក់​។ ទណ្ឌិត ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ ជា​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន​២០ និង​អ្នក​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤។

គេហទំព័រ​ក្រសួង​យុត្តិធម៌ មិន​បាន​ចុះផ្សាយ​លម្អិត​ពី​សមាសភាព​ទណ្ឌិត ឬ​អ្នកទោស​ប្រភេទ​ណា ដែល​គ្រោង​ស្នើសុំ​លើកលែងទោស​ ឬ​បន្ធូរ​បន្ថយ​ទោស​ឡើយ ខណៈ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន និង លោក គឹម សន្តិភាព មិន​ទទួល​ទូរស័ព្ទ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៣០ ខែ​មេសា។

តែ​យ៉ាងណា លោក ជិន ម៉ាលីន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែងទោស​នៃ​ក្រសួងយុត្តិធម៌​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស ដល់​ទណ្ឌិត​ណា ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​ពន្ធនាគារ គឺ​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី (2/3) ហើយ​គ្មាន​ការ​ពិចារណា​បន្ធូរបន្ថយ និង​លើកលែងទោស លើ​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​ទេ ព្រោះ​មិនបាន​កំណត់​នៅ​ក្នុង​ច្បាប់។

កាល​ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ពាក់កណ្ដាល​ខែ​មេសា ក្រុម​សកម្មជន​បក្សប្រឆាំង​បានទាមទារ​ឱ្យ​រដ្ឋាភិបាល ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដោះលែង​អ្នកទោស​នយោបាយ​ម្ដង​ហើយ តែ​មិន​ទទួលបាន​ជោគជ័យ​។ កាលពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ រដ្ឋាភិបាល​បាន​ដោះលែង និង​បន្ធូរ​បន្ថយ​ទោស ឱ្យ​ទណ្ឌិត ចំនួន​១៥៥​នាក់ (​ស្រី​១៨​នាក់​) តែ​គ្មាន​អ្នក​ទោស​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ឡើយ។

ថ្មីៗ​នេះ អ្នក​ទោស​នយោបាយ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស លោក គង់ ម៉ាស់ ក៏​បាន​សរសេរ​លិខិត​ផ្ទាល់ដៃ ស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​អ្នក​ទោស​នយោបាយ អ្នកទោស​មាន​វ័យ​ចាស់​ជរា​ដែល​កំពុង​មាន​ជំងឺ ពិការភាព និង​អ្នកទោស ដែល​ជាប់ឃុំ​បាន​២​ភាគ​៣ នៃ​ការអនុវត្ត​ទោស។

មេធាវី​ការពារ​ក្ដី ឱ្យ​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ មាន​ចំនួន ១៦​នាក់ គឺ​ចាប់ខ្លួន​មុន​ឆ្នាំ​២០២០ ចំនួន​៦​នាក់ និង​ចាប់​ក្នុង​ឆ្នាំ​២០២០​នេះ​ចំនួន​១០​នាក់។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា ប្រាប់ថា សង្គម​ស៊ីវិល​តែង​ជំរុញ​ឱ្យ​មានការ​ដោះលែង​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​រឿង​នយោបាយ ដីធ្លី សកម្មជន​បរិស្ថាន អ្នកសារព័ត៌មាន និង​អ្នក​ជាប់ទោស​ស្រាលៗ ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន និង​គោរព​សិទ្ធិ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ពន្លឿន​និង​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​ខ្មែរ​វិញ

$
0
0

ពលករ​ខ្មែរ​ដែល​ជា​ប​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ស្នើសុំ​ដល់​រដ្ឋាភិបាល​កម្ពុជា ជួយ​ពន្លឿន និង​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​មក​កម្ពុជា​វិញ​។ ការ​ស្នើ​សុំ​នេះ ដោយសារ​ពួកគេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​មាន​វិធានការ​ជាក់លាក់​នៅឡើយ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​វិល ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ខេត្ត​ចូហូ ប្រទេស​ម៉ាឡេស៊ី លោកស្រី សាវី សាឡាស់ សម្ដែង​ក្តី​រីករាយ​ដែល​រដ្ឋាភិបាល ប្រកាស​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​អាច​ត្រឡប់​ទៅ​កម្ពុជា​វិញ ប៉ុន្តែ​លោកស្រី មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ខាង​ស្ថាន​ទួត​កម្ពុជា ថា ពួកគាត់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ថ្ងៃ​ណា និង​ត្រូវ​ជិះ​យន្តហោះ​ទៅ​កម្ពុជា​ថ្ងៃ​ណា​នោះ​ទេ។

ពលករ​រូប​​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ជួយ​សម្របសម្រួល​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​ថា ពលករ​ភាគច្រើន មិន​អាច​បន្ត​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ស្ថានភាព​អត់​ការងារ​ធ្វើ​បាន​ទៀត​ឡើយ​។ លោកស្រី សាវី សាឡាស់ បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល អាច​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ គឺ​កាន់តែ​ល្អ ព្រោះ​ថា លោកស្រី​និង​ពលករ​ដទៃ​ទៀត គ្មាន​លទ្ធភាព​ទិញ​សំបុត្រ យន្តហោះ​ខ្លួនឯង​នោះ​ទេ ដោយសារ​បាន​ចំណាយ​លុយ​សម្រាប់​ធ្វើ​ដំណើរ និង​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ស្រុក​ខ្មែរ កាល​ពី​លើក​មុន​អស់​ពី​ខ្លួន​រួច​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​ចូល​ស្រុក​ខ្មែរ​វិញ​។ ម្យ៉ាង​វិញ លោកស្រី​អះអាង​ថា ថៅកែ​ម៉ាឡេស៊ី​ភាគច្រើន ក៏​មិន​ទទួលខុស ត្រូវ​លើ​រឿង​ថ្លៃ​សំបុត្រ​យន្តហោះ​នេះ​ដែរ៖ «ពេល​អត់​មាន​ធ្វើការ អត់​មាន​លុយ​ចំណូល​ដែរ។ ចំពោះ​គេ​ផ្សេង​អត់​ដឹង​ទេ តែ​ចំពោះ​ខ្ញុំ​មានតែ​ឱ្យ​ផ្ទះ​នៅ​ស្រុក​ខ្មែរ​ផ្ញើ​លុយ​មក ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ខ្លួនឯង​។ អត់​ការងារ​ធ្វើ ហើយ​យើង​នៅទីនេះ​យូរ​ទៅ​កាន់តែ​លំបាក​ហើយ​មាន​អ្នកខ្លះ​លំបាក​ជាង​ខ្ញុំ​ទៀត»

ចំណែក​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ គឺ​លោក ស្លេះ សាព្រី មាន​ប្រសាសន៍​ថា លោក​ក៏​មិនទាន់​ឃើញ​ខាង​ស្ថានទូត ចាត់វិធានការ​ជាក់លាក់​បែប​ណា​នៅឡើយ​ដែរ ដើម្បី​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចាក​ចេញពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា​វិញ៖ «យោបល់​របស់ខ្ញុំ​គួរតែ​ធ្វើ​ដូច​ប្រទេស​គេ គឺ​ប្រទេស​គេ​យក​បញ្ជូន​កប៉ាល់​ហោះ​មក​យក​ប្រជាជន​គេ​អ៊ីចឹង​ហា ព្រោះ​អី​ព្រោះថា បងប្អូន​យើង​ដែល​ទៅ​ថ្ងៃមុន​នោះ គឺ សំបុត្រ​យន្តហោះ​គាត់​ចោល​ហើយ​មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ។ មួយទៀត រឿង​ទៅ​ពិនិត្យ​ទៅ​អី​នោះ ខាង​ស្ថានទូត ចាត់ចែង​ទៅ ធ្វើ​ម៉េច​អី​ម៉េច​ទាក់ទង​ប្រជាជន​ទៅ ហើយ​បើ​ឱ្យ​គាត់​ទាក់ទង​ខ្លួនឯង​មិន​ដឹង​ថា រត់ការ​ទៅ​ខាង​ណា​មក​ខាង​ណា​អី​ទេ គឺ​ពិបាក​ណាស់»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា អនុញ្ញាត​ឱ្យ​ពលករ​ជាង​ពីរ​រយ​នាក់​( ២០០​នាក់​) ដែល​ក្នុង​នោះ​ក៏​មាន​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ អាច​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​បាន​ហើយ​។ ទោះជា​យ៉ាងណា លោក​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ ម៉ាឡេស៊ី​ទាំងនោះ ទុក​ពេល​វេលា​ឱ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើតេស្ត​សុខភាព​រក​ជំងឺ​កូវីដ-១៩ ជាមុន សិន ហើយ​ក្នុង​ករណី​គ្មាន​ជំងឺ​កូវីដ-១៩ គឺ​ពួកគេ អាច​វិល​ត្រឡប់​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ បើ​មាន​ជំងឺ​កូវីដ គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​រហូត​ជាសះស្បើយ​។ លោក ហ៊ុន សែន បញ្ជាក់​ថា ចំពោះ​អ្នកណា​ដែល​នឹង​មកដល់​កម្ពុជា​វិញ គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់ដោយឡែក នៅ​កន្លែង​ដែល​រដ្ឋ​រៀបចំ​ចំនួន​១៤​ថ្ងៃ និង​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​១៤​ថ្ងៃ ដូច្នេះ​សរុប​២៨​ថ្ងៃ ដើម្បី​តាម ដាន​សុខភាព​បន្ត​ទៀត។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី​ថា ខាង​តំណាង​ស្ថានទូត​កម្ពុជា បាន​ទាក់ទង​ទៅ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​រួចហើយ ដើម្បី​ឱ្យ​ជួយ​ពិនិត្យ​សុខភាព​ជូន​ពលករ​ខ្មែរ​ដោយ មិន​គិត​ថ្លៃ ។ លោក​បញ្ជាក់​ថា ចំពោះ​ថ្លៃ​សំបុត្រ​យន្តហោះ​នោះ គឺ​រដ្ឋាភិបាល​មិន​ទទួលខុសត្រូវ ឡើយ ព្រោះ​លោក​មិន​ជឿ​ថា ក្រុម​និស្សិត និង​ពលករ​ខ្មែរ គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​យន្ត​ដោយ​ខ្លួនឯង​នោះ​ទេ៖ «ទី​២ រឿង​សោហ៊ុយ​ធ្វើដំណើរ​នេះ​ភាគច្រើន​ខាង​ថៅកែ​និង​ពលករ​ខ្លួនឯង គាត់​អាច​ដោះស្រាយ​បាន។ ឧទាហរណ៍​ថា ពលករ​ខាង​នេសាទ​អ៊ីចឹង ខាង​ថៅកែ​ខាង​ម្ចាស់ ទូក​នេសាទ គឺ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ស្ថានទូត​ថា គាត់​អាច​ដោះស្រាយ​សោហ៊ុយសោដា​ជូន​គាត់​បាន​ក្នុង​ការ​ធ្វើដំណើរ​មក​ប្រទេស​យើង​វិញ»

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ ត្រា​ល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ រដ្ឋាភិបាល ត្រូវ​មាន​កាតព្វកិច្ច​គាំពារ និង​ជួយ​សម្របសម្រួល​ដូចជា​ផ្តល់​នូវ​ថវិកា និង​ម្ហូបអាហារ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស​បាន​វិល​ត្រឡប់​មក​កម្ពុជា​ដោយ​សុវត្ថិភាព​។ លោក សង្កេតឃើញថា កន្លងមក រដ្ឋាភិបាល ទទួលបាន​ជំនួយ​ជា​កញ្ចប់​ថវិកា​ពី​សប្បុរសជន​និង​បណ្ដា​ប្រទេស​ធំៗ​លើ​ពិភពលោក ជាច្រើន ដើម្បី​ដោះស្រាយ​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​រដ្ឋាភិបាល គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​ទាំងនោះ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ឱ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព៖ «ក្រសួង​សុខាភិបាល ក៏បាន​ប្រកាស​ដែរ​ថា រដ្ឋាភិបាល ត្រៀម​កញ្ចប់​ថវិកា​ចំនួន​៣០​លាន​ដុល្លារ សម្រាប់​ត្រៀម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ដូច្នេះ​ទឹក ប្រាក់​នេះ​ច្រើន​ណាស់ តើ​យើង​យក​ទៅ​ណា គួរតែ​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​ទាំង​ផ្នែក​សេដ្ឋកិច្ច ហើយ​អ្នក​ដែល​អាទិភាព​គឺ​ពលករ​ដែល​ជាប់​គាំង​នៅ​ម៉ាឡេស៊ី និង​នៅ​ថៃ​ជាដើម ។​រដ្ឋ​ត្រូវតែ​ប្រើប្រាស់​ថវិកា​ទាំងអស់​នេះ​ដោយ​តម្លាភាព ប្រសិទ្ធភាព​ហើយ​​នឹង​សេចក្តី​ត្រូវការ​ដែល​ចាំបាច់​ហើយ​យើង​មើល​ឃើញ​ថា វា​ជា​តម្រូវ​ការ​មិន​អាច​ខ្វះ​ខាត់​បាន»

តួលេខ​ផ្លូវការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង ៣ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ សង់​ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​មិន​ក្រោម​១០​ម៉ឺន នាក់​នោះ​ទេ ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់​។ ពួកគេ​ភាគច្រើន​ធ្វើការ​ងារ​តាម រោងចក្រ ធ្វើការ​ងារ​តាម​ផ្ទះ និង​ខ្លះ​ទៀត​ធ្វើការ​នៅ​លើ​ទូក​នេសាទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​ក្រុម​យុវជន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម​ឱ្យ​រើ​តង់​៩​ចេញ​ពី​ដី​កម្ពុជា

$
0
0

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា គណបក្ស​ប្រឆាំង និង​ក្រុម​យុវជន​ទាមទារ​ឱ្យ​រដ្ឋាភិបាល ផ្ញើ​កំណត់​ទូត​ទៅ​ប្រទេស​វៀតណាម ទាក់ទិន​ករណី រំលោភ​អធិបតេយ្យភាព​កម្ពុជា ជា​ថ្មី​ទៀត។ ចំណែក​ក្រសួង​ការបរទេស​កម្ពុជា​អះអាង​ថា កម្ពុជា​ត្រៀម​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម​ដែរ ប៉ុន្តែ​រង់ចាំ​របាយការណ៍​ពិស្ដារ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​សិន។

ការ​បោះ​តង់​ចំនួន ៩ ចូល​ដី​ខ្មែរ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ពី​សំណាក់​ភាគី​វៀតណាម គឺជា​ប្រធានបទ​ក្ដៅ ដែល​ក្រុម​យុវជន ពលរដ្ឋ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឱ្យ​រដ្ឋាភិបាល មាន​ជំហរ​មុតមាំ ជំរុញ​ឱ្យ​វៀតណាម​រុះរើ​តង់​ចំនួន ៩ និង​ត្រូវ​ដក​កង​កម្លាំងយោធា​ប្រដាប់​អាវុធ ចេញពី​តំបន់​នោះ ជា​បន្ទាន់។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ចាត់​ទុក​ទង្វើ​របស់​វៀតណាម ជា​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ត​ទៀត ហើយ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ ផ្អែក​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ជា​មូលដ្ឋាន​។ តែ​យ៉ាងណា លោក​កោតសរសើរ​អាជ្ញាធរ​ខេត្ត​កណ្ដាល ដែល​បាន​បញ្ជូន​សមត្ថកិច្ច​ចម្រុះ​ចុះ​អន្តរាគមន៍ ទាហាន​វៀតណាម ឆ្លង​ចូល​ដី​ខ្មែរ និង​បាន​ផ្តល់​ដំណឹង​បញ្ហា​នេះ​ទាន់​ពេល​វេលា​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​ចុះ​ល្បាត ការពារ​ព្រំដែន​តំបន់​នោះ និង​ត្រូវ​បន្ថែម​ល្បឿន​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ តាម​បណ្ដោយ​ព្រំដែន​៖ «រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​លិខិត​មួយ សុំ​អន្តរាគមន៍ ឬ​យើង​ប្តឹង​ទៅ ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទាក់ទង ទៅ​នឹង​បញ្ហា​យួន ឈ្លានពាន អធិបតេយ្យ​នៃ​កម្ពុជា​យើង​។ អា​ហ្នឹង​យើង​អាច​រក​ដំណោះស្រាយ ការពារ​អធិបតេយ្យ​ដែនដី របស់​កម្ពុជា​យើង​បាន»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៣០ មេសា។

តែ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ធ្លាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​២៩ មេសា​ថា ក្រសួង​នៅ​រង់ចាំ​របាយការណ៍​ផ្លូវការ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ឆ្លើយតប​តាម​ការទូត។

កាលពី​ឆ្នាំ ២០១៥ ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​កំណត់​ទូត​ស្នើ​ទៅ​ប្រទេស​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជីក​ដី​ធ្វើ​គ្រឹះ​សង់​ប៉ុស្តិ៍​យោធា នៅ​តំបន់​នោះ បន្ទាប់​ពី មាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ពលរដ្ឋ និង​យុវជន​អះអាង​ថា ជា​ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ខ្មែរ ពី​សំណាក់​ភាគី​វៀតណាម​។ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ អាស៊ីសេរី​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ថា តើ​វៀតណាម នឹង​ឈប់​សាងសង់​ប៉ុស្តិ៍​យោធា នៅ​តំបន់​នោះ តាម​សំណើ​របស់​ភាគី​កម្ពុជា​ឬ​យ៉ាង​ណា​ទេ?

របាយការណ៍ ក្រុមការងារ ១០០ រាត្រី​បង្ហាញ​ថា កន្លងទៅ ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម រួមមាន ខេត្ត​ស្វាយរៀង ខេត្ត​កំពត ខេត្ត​កណ្ដាល និង​ខេត្ត​ត្បូងឃ្មុំ ជាដើម ត្រូវ​បាន​យោធា​វៀតណាម ធ្វើទុក្ខបុកម្នេញ មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ដែន​កាន់កាប់​តាំងពី​ដូនតា និង​មិន​ឱ្យ​សង់​លំនៅឋាន​ជាដើម។

ក្រុម​ពលរដ្ឋ​មួយចំនួន រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម នា​ខេត្ត​ត្បូងឃ្មុំ បាន​ត្អូញត្អែរ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​។ ពលរដ្ឋ​រស់នៅ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ចោទ​អាជ្ញាធរ​វៀតណាម​ថា បាន​គំរាមកំហែង​មិន​ឱ្យ​អ្នកភូមិ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ដែល​ពួកគេ​ធ្លាប់​បាន​បង្កបង្កើនផល​តាំងពី​បុរាណ​មក​។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន បាន​ស្រែកយំ បង្ហាញ​ពី​ទុក្ខ​កង្វល់​ទាំងនេះ នៅ​ចំពោះ​មុខ​ក្រុម​យុវជន​ដែល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន នៅ​តំបន់​នោះ កាល​ពី​ពេល​កន្លងទៅ ៖ «ខ្ញុំ​ធ្វើ​ដី​នេះ​តាំងពី​អាយុ​ខ្ញុំ ១២​ឆ្នាំ តា​ខ្ញុំ និង​យាយ​ខ្ញុំ​រស់នៅ ឥឡូវនេះ​គេ (​វៀតណាម​) យក​ហើយ​នេះ​។ ពលរដ្ឋ​ម្នាក់ទៀត ម៉ែ និង​ឪ​ខ្ញុំ​អត់​មាន​ប្រកាស​ថា កូន​អើយ​ទឹកដី​ខ្ញុំ​ត្រឹមនេះ ឬ​ត្រឹមនោះ គឺ​អត់​មានតែ​ល្បាក់​ទី​មួយ គឺ​វា​យក​មួយ​ល្បាក់​ហើយ គឺ​វា​យក​មក​ដល់​ជាំ​ប្រាំ​ល្វែង​នេះ វា​យក​មក​ត្រឹម​បុស្ស»

ប្រធាន​ក្រុមការងារ ១០០​រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូ​នី សង្កេត​ឃើញ​ថា ប្រព័ន្ធ​ការពារ​ព្រំដែន របស់​រដ្ឋាភិបាល​ទន់​ខ្សោយ​ខ្លាំង ជាពិសេស អាជ្ញាធរ​ខ្មែរ បណ្ដែតបណ្ដោយ​ឱ្យ​ប្រជាជន​វៀតណាម មក​សង់​លំនៅឋាន លើ​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​ខុសច្បាប់ ៖ «ការដែល​យើង អត់​មាន​ភាព​ច្បាស់​លាស់ ក្នុង​ការ ការពារ​ព្រំដែន ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​វៀតណាម​ឆ្លៀតឱកាស ទន្ទ្រាន​មក​មុខ ទៅតាម​អ្វី​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​។ រដ្ឋាភិបាល​យើង ក្នុង​ការពារ​ព្រំដែន នៅ​មានកម្រិត​ទាប​ណាស់ បើ​យើង​ប្រៀបធៀប​ជាមួយ​វៀតណាម​។ វៀតណាម​មាន​ភាព​ច្បាស់​លាស់ ក្នុងការ ការពារ​ព្រំដែន ទាំង​ផ្លូវច្បាប់ វិស្សកម្ម និង​ផ្លូវ​នយោបាយ​។ យើង​ឃើញ តំបន់​មិនទាន់​ឯកភាព​គ្នា វៀតណាម​ធ្វើការ​គ្រប់គ្រង​ដោយមាន ប្រៀប​មក​លើ​កម្ពុជា​ដូចជា តំបន់​ដាក់​ដាំ ដាក់​ហ៊ួដ​ជាដើម»

កាល​ពី​ថ្ងៃ​ទី១៧ មករា ឆ្នាំ ១៩៩៥ ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ ស្ដីពី​រក្សា​តំបន់​មិនទាន់​ឯកភាព​គ្នា បោះ​បង្គោល​ព្រំដែន ឱ្យ​នៅ​ស្ថានភាព​ដដែល ពោល​គឺ គ្មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់​។ ក៏ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៥ វៀតណាម​បាន​សង់​ប៉ុស្តិ៍​យោធា​មួយ នៅ​តំបន់​នោះ រំលោភ​កិច្ចព្រមព្រៀង​នេះ ហើយ​កាលពី​ថ្មីៗ​នេះ ភាគី​វៀតណាម បាន​បោះតង់​ចំនួន ៩ និង​បញ្ជូន​កម្លាំងយោធា​ប្រដាប់​អាវុធ ឆ្លង​ចូល​ដី​ខ្មែរ ឋិត​នៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ជាប់​ខេត្ត​អានយ៉ាង (An Giang ) ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រពន្ធ​ជន​រងគ្រោះ​ដែល​ត្រូវ​​រថយន្ត​មន្ត្រី​យោធា​បុក​ស្លាប់ ទាមទារ​យុត្តិធម៌

$
0
0

ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​របស់​មន្ត្រី​យោធា បុក​បណ្ដាល​ឲ្យ​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​នោះ ទាមទារ​យុត្តិធម៌ ដោយ​សារ​តែ​ជន​សង្ស័យ​កំពុង​រត់​គេច​ខ្លួន។  អង្គការ​សង្គម​ស៊ីវិល​ ជំរុញ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ជន​បង្ក​ដែល​មាន​តួនាទី​ជា​មន្ត្រី​យោធា​រូប​នោះ មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ជា​គំរូ​ល្អ​នៅ​ក្នុង​សង្គម និង​បង្ហាញ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

ភរិយា​ជន​រងគ្រោះ គឺ​លោកស្រី សិន ថា ប្រាប់​អាស៊ី​សេរី​ថា គ្រួសារ​ជន​បង្ក​ដែល​បើក​រថយន្ត​បុក​ប្តី​របស់​លោក​ស្រី​បណ្ដាល​ឲ្យ​ស្លាប់​នោះ បាន​ចេញ​មុខ​ទៅ​ចូលរួម​បុណ្យ​ពិធី​បុណ្យ​សព និង​បាន​ចរចា ពី​រឿង​ផ្ដល់​សំណង​ខ្លះ​ដែរ ប៉ុន្តែ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ ហើយ​ជន​បង្ក​នៅ​តែ​បន្ត​គេច​ខ្លួន ដោយ បដិសេធ​មិន​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។

លោកស្រី សិន ថា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌ ដូច​ជា​បង្គាប់​ឲ្យ​ជន​បង្ក​ផ្ដល់​សំណង សមរម្យ និង​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៖ «សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ដល់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ពឹង​អី ព្រោះ​កូន​ពីរ​នាក់​នៅ​តូចៗ ពិបាក​ចិញ្ចឹម​ដែរ។ ខ្ញុំ​ធ្លាប់​ពឹង​តែ​ប្ដី​ដល់​ពេល​អត់​ពី​ប្តី ដែល​ជា​បង្គោល​គ្រួសារ​ទៅ មិន​ដឹង​ថា មាន​អី​ទ្រទ្រង់​ទៀត​ទេ។ និយាយ​ទៅ​ខ្ញុំ​សុំ​តែ​សំណង​សមរម្យ ហើយ​ឲ្យ​មាន​យុត្តិធម៌​ទៅ ព្រោះ​អី​ប្ដី​ខ្ញុំ ដូច​ជា ស្លាប់​អយុត្តិធម៌​ពេក»

កាល​ពី​យប់​ថ្ងៃ​ទី២៥ ខែមេសា រថយន្ត​ម៉ាក់ហ្វត(Ford) មួយ​គ្រឿង​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បាន​បើក​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ នៅ​កណ្ដាល​មេឃ​ភ្លៀង នៅ​តាម​បណ្ដោយ​ផ្លូវ២០០៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត។ វីដេអូ​ឃ្លិប​ដែល​ថត​បាន​នៅ​កន្លែង​កើត​ហេតុ និង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​នោះ បង្ហាញ​ថា នៅ​ពេល​កើត​ហេតុ​នោះ ម្ចាស់​រថយន្ត បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វាយខ្វល់​ពី​ជន​រង​គ្រោះ ឬ​ហៅ​ឡាន ពេទ្យ​ទៅ​ជួយ​សង្គ្រោះ​នោះ​ទេ ទុក​ឲ្យ​ជន​រង​គ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹក​ភ្លៀង រហូត​ដល់​ស្លាប់។

ជន​រង​គ្រោះ ដែល​ស្លាប់​នោះ​មាន​ឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ចោម ចៅ ក្រុងភ្នំពេញ ប៉ុន្តែ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ម្ចាស់​រថយន្ត​ដែល​ជា​ជន​បង្ក​នោះ ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ គឺ​គាត់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ៥ ឈ្មោះ ឈុន សារ៉េត ហើយ​មាន​មុខ​របរ​រក​ស៊ី​ក្រៅ​ផ្នែក​ខួង​បុក​គ្រឹះ។ លោក​អះអាង​ថា បច្ចុប្បន្ន​ជន​បង្ក​រូប​នេះ កំពុង​គេច​ខ្លួន ប៉ុន្តែ​បាន​ឲ្យ​ក្រុម​គ្រួសារ ចូល​ទៅ​ជួប​ជាមួយ​សមត្ថកិច្ច ដើម្បី​ធ្វើ កំណត់​ហេតុ​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក ឆាយ គឹមខឿន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ករណី​គ្រួសារ​របស់​ជន​សង្ស័យ ដែល​បាន​ព្យាយាម​ចរចា​បញ្ចប់​រឿង​ក្រៅ​ប្រពន្ធ​តុលាការ ដោយ​ផ្ដល់​សំណង់​ដល់​គ្រួសារ​ជន​រងគ្រោះ​ចំនួន ៣ពាន់​ដុល្លារ​នោះ​ទេ៖ «ទី១ យើង​ឲ្យ​គាត់​ចូល​ខ្លួន ព្រោះ​គាត់​មាន​អង្គភាព​ច្បាស់លាស់ ហើយ​គាត់​ជា​កង​កម្លាំង ដូច្នេះ​ព្យាយាម​ឲ្យ​គាត់​ចូល​ខ្លួន​មក ហើយ​ទី២ បើ​គាត់​មិន ចូល​ខ្លួន​គឺ​យូរ និង​ឆាប់​ក៏​គេ​រក​ឃើញ​ដែរ រត់​ទៅ​ណា​បើ​គេ​មាន​អាសយដ្ឋាន មាន​អត្តសញ្ញាណ​ច្បាស់លាស់​អ៊ីចេះ​ហើយ ហើយ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក៏​អត់​មាន​ទោស​ឧក្រិដ្ឋ​ណា»

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​​វិទ្យា​ស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​ លោក​ គង់ ​រតនៈ លើក ឡើង​ថា ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ ដែល​មន្ត្រី​រាជការ​មាន​តួនាទី​អនុវត្ត​ច្បាប់ ប៉ុន្តែ​បែរ​ជា​បើក​បុក​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​រត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ទៅ​វិញ។ លោក ស្នើសុំ​ឲ្យ ជន​បង្ក​រូប​នោះ ចេញ​មុខ​ទទួល​ខុស​ត្រូវ​ករណី​នេះ​តាម​ច្បាប់ ហើយ​សមត្ថកិច្ច​គួរ​តែ​ពង្រឹង​ការ អនុវត្ត​ច្បាប់​បន្ថែម​ទៀត ព្រោះ​លោក​យល់​ថា ករណី​បុក​ហើយ​រត់​នេះ កើត​ឡើង​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ៖ «បើ​សិន​ជា​ច្បាប់​បាន​បង្ហាញ​អំពី​តម្លាភាព សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នោះ ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​ច្បាស់​ជា​គោរព ហើយ​អ្នក​ដែល​ល្មើស ក៏​អត់​ហ៊ាន​គេចវេះ​ដែរ ប៉ុន្តែ​គាត់​ហ៊ាន​គេចវេះ​ដោយសារ​គាត់​គិត​ថា នៅ​មាន​ចន្លោះ​សម្រាប់​គាត់​គេចវេះ។ ខ្ញុំ​សូម​សំណូមពរ​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព និង​ស្មើភាព​គ្នា ទោះ​បី​គាត់​ជា​មន្ត្រី​រាជការ​ក៏​ដោយ ជា​កង​កម្លាំង​ក៏​ដោយ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ហើយ​ការ​ទទួល​ខុស​ត្រូវ​នោះ គឺ​ត្រូវ​តែ​ស្រប​ទៅ​តាម​ច្បាប់ ហើយ​នឹង​អាច​ទទួល​យក​បាន​ពី​គ្រួសារ​ជន​រងគ្រោះ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែរ»

មាត្រា៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែងថា​ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ចីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ​ត្រូវ​ផ្ដន្ទាទោស​ពី ១ឆ្នាំ​ទៅ ៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល​ទៅ ១០លាន​រៀល។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ ​គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២ឆ្នាំ​ទៅ ៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល​ទៅ ២៥លាន​រៀល​ ព្រមទាំង​ហាម​បើកបរ​រយៈ​ពេល ៥ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

HRW អាជ្ញាធរ​គួរ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ មិន​ត្រូវ​ចាប់ខ្លួន​តែ​អ្នកកាសែត​ដែល​ផ្សាយ​សម្រង់​សម្ដី​របស់​គាត់​ទេ

$
0
0

ស្រប​ពេល​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ កាន់តែ​ខិត​ជិត​ចូល​មកដល់​ថ្ងៃ​ទី​៣ ឧ​សភា រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក៏​រង​ការរិះគន់​កាន់តែ​ខ្លាំង​ដែរ ចំពោះ​អំពើ​បង្ក្រាប​អ្នកសារព័ត៌មាន​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​យល់ថា អាជ្ញាធរ​ក្រុងភ្នំពេញ​គួរតែ​ចាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពន្ធនាគារ​ដែរ បន្ទាប់​ពី​អាជ្ញាធរ​ចាប់​អ្នកកាសែត​អនឡាញ (online) លោក សុវណ្ណ រិទ្ធី ដាក់​ពន្ធនាគារ។

អ្នកឃ្លាំមើល​សេរី​សា​ព័ត៌មាន​សំខាន់ៗ​នាំគ្នា​រិះគន់​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ បន្ទាប់ពី​បាន​ចុះផ្សាយ​សម្រង់​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ និង​គ្មាន​ការ​ហាមឃាត់៖ «សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​លើក​កម្ពស់​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​មានការ​កើន​ឡើងជា​លំដាប់​ពី​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ពីព្រោះ​ថា នៅ​កម្ពុជា​យើង​ដឹង​ហើយ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​គាត់​អាច​បំពេញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​គាត់​ដោយ​សេរី។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧ មេសា បាន​ចាប់ខ្លួន​នាយក​សារព័ត៌មាន​ធីវីអេហ្វប៊ី (TVFB) លោក សុវណ្ណ ឬទ្ធី ដាក់​ពន្ធនាគារ ក្រោយ​ពី​លោក​ចុះផ្សាយ​សម្រង់​សម្ដី​ពិត​ត្រឹមត្រូវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊េដ អាដាម (Brad Adams) និយាយ​ថា កិច្ចការ​ដ៏​សំខាន់​មួយ​របស់​អ្នកសារព័ត៌មាន​ក្រៅ​តែ​ពី​វិភាគ​ព័ត៌មាន និង​ផ្តល់​ព័ត៌មាន​ជូន​អ្នក​ស្ដាប់​ហើយ​នោះ គឺ​ផ្សាយ​សម្រង់​សេចក្ដី​ថ្លែងការណ៍ ឬ​សម្ដី​ពិតប្រាកដ​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​ប្រភព​ណាមួយ​មក​ចុះផ្សាយ ប៉ុន្តែ​លោក​ថា ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា នៅ​កម្ពុជា​អ្នកសារព័ត៌មាន​ណា​យកពាក្យ​សម្ដី​ដែល​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​មក​ចុះផ្សាយ​អាច​មាន​ទោស​ឧក្រិដ្ឋ៖ «លោក​ហ៊ុន សែន លោក ស ខេង និង​លោក ខៀវ កញ្ញារីទ្ធ មិនដែល​មាន​ជំនឿ​លើ​សេរីភាព​សារព័ត៌មាន​ប៉ុន្មាន​ទេ​។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ពួកគេ​បាន​ចាប់ចង និង​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​អ្នកសារព័ត៌មាន​។ អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ក៏​ត្រូវ​បាន​ធ្វើ​ឃាត​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដោយសារតែ​ចុះផ្សាយ​សម្ដី​ពិតប្រាកដ​របស់​លោក ហ៊ុន សែន ។ នេះ​គឺជា​ការ​វិវដ្ដ​ថ្មី​ដ៏​អាក្រក់​មួយទៀត ដែល​មានន័យថា អ្នកសារព័ត៌មាន​លែង​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ហើយ ពីព្រោះ​កិច្ចការ​ចម្បង​មួយ​របស់​អ្នកសារព័ត៌មាន​គឺ​ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​ប្រភព​ណាមួយ​យក​មក​ចុះ​ផ្សាយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃ​ទី​៧ មេសា នៅ​ក្នុង​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​សំនួរ​របស់​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍​ភីអិនអិន (PNN) អំពី​ថា​តើ រដ្ឋ​នឹង​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រត់​ម៉ូតូឌុប​ដែល​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​ដែរ​១៩ ឬទេ? លោក ហ៊ុន សែន តប៖ «​ក្មួយ​ដែល​សួរ​មក​ពូ​ថា អ្នក​រត់ម៉ូតូឌុប​គាត់​ត្អូញត្អែរ​តើ​មាន​រដ្ឋ​ប៉ះប៉ូវ​ទេ លក់​ម៉ូតូ​ចាយ​សិន​ទៅ ទិញ​អង្គរ​ស៊ី​សិន ព្រោះ​បើ​ឱ្យ​រដ្ឋ​ប៉ះប៉ូវ​ទាំងអស់​ងាប់​បាត់ រដ្ឋ​ឯណា​មាន​លុយ​

ប្រសាសន៍​របស់​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន សែន នេះ​ត្រូវ​បាន​លោក សុវណ្ណ រិទ្ធី ស្រង់​យក​មក​ចុះផ្សាយ​។ នៅ​ថ្ងៃ​ទី​៧​មេសា​ដដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី និង​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ចរិត​ញុះញង់ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ផ្អែក​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

បន្ថែម​ពីលើ​ការ​ចាប់​ដាក់គុក​នេះ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​បន្ទាប់ គឺ​ទី​៨ មេសា​បានសម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក សុវណ្ណ រិទ្ធី ដោយ​មិន​ឱ្យ​គេហទំព័រ​TVFB បើក​ដំណើរការ​តទៅទៀត​។​

លោក ប្រ៊េដ អាដាម ហៅ​សេចក្តី​សម្រេច​នោះ​ថា ខុសច្បាប់​ព្រោះ​ក្រសួង​ព័ត៌មាន​បាន​រំលោភ​អំណាច​តុលាការ៖ «លោក ខៀវ កញ្ញារីទ្ធ ដែល​បាន​ដក​អាជ្ញាប័ណ្ណ​ព័ត៌មាន​ពី​ទូរទស្សន៍​អនឡាញTVFB គឺជា​ការ​រំលោភបំពាន​ច្បាប់ ដូច្នេះ​សមត្ថកិច្ច​គួរតែ​ទៅ​សួរនាំ​លោក ខៀវ កញ្ញារីទ្ធ ថា ហេតុ​អី​បានជា​គាត់​រលោភ​ច្បាប់​កម្ពុជា ពីព្រោះ សម្រាប់​គាត់​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គឺ​មាន​តួនាទី​ត្រឹម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ប្រសិនបើ​មាន​នរណា​ម្នាក់​រំលោភច្បាប់​សារព័ត៌មាន ពោល​គឺ​គាត់​មិន​អាច​សម្រេចចិត្ត​ជំនួស​តុលាការ​បានទេ​។ ពេលនេះ លោក ខៀវ កញ្ញារីទ្ធ មិន​ត្រឹមតែ​រំលោភច្បាប់​របប​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រំលោភបំពាន​នីតិវិធី​យុត្តិធម៌​ទៀត​ផង ពីព្រោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន ឬក៏​អត់​នោះ​គឺជា​ការងារ​របស់​តុលាការ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​ថា ជា​ស្ថាប័ន​ឯករាជ​ពី​អង្គ​នីតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ អនុញ្ញាត​ឱ្យ​ក្រសួង​ព័ត៌មាន​មាន​សិទ្ធិ​ត្រឹម​ផ្អាក​ការផ្សាយ​នៃ​ស្ថាប័ន​សារព័ត៌មាន​ណាមួយ ដែល​ក្រសួង​រក​ឃើញ​ថា រំលោភច្បាប់​របប​សារព័ត៌មាន ប៉ុន្តែ​មិនបាន​ផ្ដល់​ដល់​ក្រ​សូង​នូវ​អំណាច​លុបចោល​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ណាមួយ​ឡើយ។

មាត្រា​១២​នៃ​ច្បាប់​របប​សារព័ត៌មាន​ចែងចា៖ ក្រសួង​ព័ត៌មាន​មាន​សិទ្ធិ​ផ្អាក​ការផ្សាយ​មិន​ឱ្យ​ហួស​ពី​សាមសិប (៣០)​ថ្ងៃ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា ក៏​មាន​ចែង​អំពី​នីតិវិធី​ដោះស្រាយ​នៅ​ពេល​ណា​អ្នកសារព័ត៌មាន​ណា​ម្នាក់​រំលោភច្បាប់​សារព័ត៌មាន​ដែរ ប៉ុន្តែ​ពុំ​មាន​ទោស​ព្រហ្មទណ្ឌ ឬ​ទោស​ជាប់ពន្ធនាគារ​ឡើយ។

មាត្រា​១០​ចែងថា ៖ ជន​ណា​ម្នាក់​ដែល​យល់ថា អត្ថបទ​ណាមួយ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូបគំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការពិត ធ្វើ​ឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន មាន​សិទ្ធិ​ទាមទារ​ឱ្យ​សារព័ត៌មាន​នោះ​ធ្វើការ​កែតម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង​ធ្វើ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ពី​បទ​មូល​បង្កាច់។ ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប​ត្រូវ​ចុះផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ (៧​ថ្ងៃ​) ឬ​នៅ​លេខ​បន្ទាប់​ក្រោយពី​បាន​ទទួល​ការ​ទាមទារ​ឱ្យ​កែតម្រូវ។

លើស​ពី​នេះ តុលាការ​អាច​បង្គាប់​ឱ្យ​បង់​ផាក​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៥​លាន​រៀល ប្រសិនបើ​តុលាការ​រក​ឃើញ​ថា សារព័ត៌មាន​នោះ​ចុះផ្សាយ​អត្ថបទ​ក្នុង​បំណង​បំផ្លាញ​កិត្តិយស​អ្នកដទៃ ប្រាសចាក​ពី​ការពិត ។​

ប៉ុន្តែ​ប្រសិនបើ​អត្ថបទ​ដែល​ចុះផ្សាយ​នោះ​ត្រូវ​បាន​តុលាការ​បញ្ជាក់​ថា វា​ជា​ការពិត​វិញ នោះ​មិនមែន​ជា​បទ​បរិហារកេរ្តិ៍​ទេ​។ ឧទាហរណ៍​៖ ការ​ចុះផ្សាយ​សម្ដី​ថ្លែងការណ៍​ត្រឹមត្រូវ​របស់​ម​ន្រី្ត​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ក្លែងបន្លំ​គឺ​ត្រូវ​បាន​ច្បាប់​របប​សារព័ត៌មាន​ការពារ។

មាត្រា​៤​ចែងថា​៖ ការ​បោះពុម្ព​ផ្សាយ​នូវ​ព័ត៌មាន​ផ្លូវការ​ដូចជា សេចក្ដី​ថែ្លងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​ណាមួយ ។ល។ មិន​អាច​ត្រូវ​ឲ្យ​ផ្ដន្ទាទោស​បាន​ឡើយ ប្រសិនបើ​ការផ្សាយ​នោះ​មាន​លក្ខណៈ​សមស្រប​តាម​សភាព​ពេញលេញ ឬ​សេចក្ដី​សងេ្ខប​ត្រឹមត្រូវ​តាម​រឿង​ពិត​។ ព័ត៌‌មាន​ផ្លូវការ​ដែល​ជា​កម្មវត្ថុ​នៃ​មាត្រា​នេះ សំដៅ​រួម​ទាំង៖ សេចក្ដាំ​ថ្លែងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​នៃ​ផែ្នក​នីតិ​ប្រតិបតិ្ត រួម​ទាំង​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី និង​មន្ត្រី​នានា​ផង។

លោក ប្រ៊េដ អាដាមស៍ ហៅ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ជំនួស​ច្បាប់​របប​សារព័ត៌មាន មក​ចាប់ខ្លួន​លោក​សុវណ្ណ ឬទ្ធី ដាក់​ពន្ធនាគារ បន្ទាប់ពី​អ្នកសារព័ត៌មាន​រូប​នេះ ចុះផ្សាយ​សម្រង់​សេចក្ដីថ្លែងការណ៍​ត្រឹមត្រូវ​តាម​សម្តី​ពិត​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ខ្លាំង​។ លោក​ថា បើ​រដ្ឋអំណាច​ចាប់​លោក សុវណ្ណ រិទ្ធី ដាក់គុក​ដូច្នេះ សមត្ថកិច្ច​ក៏​ត្រូវ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ៖ «សូម្បីតែ​នៅ​ក្នុង​ប្រទេស​ចិន ឬ​ប្រទេស​វៀតណាម ក៏​ខ្ញុំ​មិនដែល​ឮ​ថា អ្នកសារព័ត៌មាន​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ស្រង់​សម្ដី​ពិត​ត្រឹមត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល​មក​ចុះផ្សាយ​នោះ​ទេ ពីព្រោះ​វា​មិន​ទំនង​សោះឡើយ​។ ប្រសិនបើ​លោក​សុវណ្ណ ឬ​ទ្ធី បាន​បង្ក​ការ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មែន​នោះ អញ្ចឹង​វីវរ​ហើយពី​ព្រោះ​លោក ហ៊ុន សែន ខ្លួនឯង​នោះ​ហើយ​ដែល​ជា​អ្នក​បាន​បង្ក​ការ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ពីព្រោះ​គាត់​ទេតើ​ដែល​ជា​អ្នក​និយាយ​ចេញ ហើយ​អ្នកកាសែត​គ្រាន់តែ​ជា​អ្នក​នាំសារ​យក​សម្ដី​គាត់​ទៅ​ផ្សាយ​ប៉ុណ្ណោះ​។ ដូច្នេះ សមត្ថកិច្ច​គួរ​ត្រូវ​ទម្លាក់​ចោល​ការចោទប្រកាន់​ទៅលើ​លោក សុវណ្ណ រិទ្ធី បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ពីព្រោះ​អ្នក​ទាំងពីរ​ប្រព្រឹត្ត​អំពើ​នេះ​ដូចគ្នា​។

លោក ប្រ៊េដ អាដាមស៍ ថា បើ​លោក​ហ៊ុន សែន ចង់​រករឿង​អ្នកកាសែត​ដែល​គ្រាន់តែ​ជា​អ្នក​នាំសារ​នោះ ក៏​គួរ​ត្រូវ​ប្រើ​ច្បាប់​របប​សារព័ត៌មាន​ដែរ មិន​ត្រូវ​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​នោះ​ទេ ពីព្រោះ​ច្បាប់​របប​សារព័ត៌មាន​ដែល​រដ្ឋសភា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥​នោះ គឺ​ដើម្បី​គ្រប់គ្រង​អ្នកសារព័ត៌មាន​នោះ​ឯង​។ ការ​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) និង​ការ​ដក​លុប​អាជ្ញាប័ណ្ណ​របស់​គាត់​នេះ​បណ្តាល​ឱ្យ​មានការ​ថ្កោល​ទោល​ពី​គ្រប់ទិសទី។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សេរីភាព​សារព័ត៌មាន​រៀបចំ​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ពិនិត្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​ចំនួន​១៨០​។ កម្ពុជា​ដែល​ទទួល​ចំណាត់ថ្នាក់​ស្ទើរ​នៅ​បាត​តារាង​កាលពី​ឆ្នាំ​២០១៩ ទៅ​ហើយ​នោះ នៅ​ឆ្នាំ​២០២០​នេះ ធ្លាក់​ចុះ​មួយ​កាំ​ទៀត ទៅដល់​លេខ​១៤៤ ក្នុងចំណោម​១៨០​ប្រទេស​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហជីព និង​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ឧសភា ក្នុង​សភាព​ស្ងប់ស្ងាត់

$
0
0

ក្រុម​សហជីព និង​រដ្ឋាភិបាល បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ១ ឧសភា ឆ្នាំនេះ ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​រៀង​ៗ​ខ្លួន ដោយសារ​វិបត្តិ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ (Covid-19)​។ ទោះជា​យ៉ាងណា ក្រុម​សហជីព បាន​ចេញ​សេចក្ដីថ្លែងការណ៍ និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​មាន​ប្រសើរ​ឡើងវិញ នៃ​វិស័យ​ការងារ។ ឯ​បក្ស​ប្រឆាំង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ លើកស្ទួយ​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ។

ទិវា​ពលកម្ម​អន្តជាតិ​១ ឧសភា​ឆ្នាំនេះ ក្រុម​កម្មករ​មិន​បាន​ប្រមូល​ផ្ដុំ​គ្នា សម្ដែង​មតិ​តវ៉ា និង​ទាមទារ​លក្ខខណ្ឌ​ការងារ​នៅ​ទី​សាធារណៈ ដូច​រាល់​ឆ្នាំ​ទេ​។ ក្រុម​សហជីព​បាន​ប្រមូល​គ្នា​ជា​ក្រុម​តូចៗ​ធ្វើ​សន្និសីទ​សារព័ត៌មាន ចេញ​សេចក្ដីថ្លែងការណ៍ និង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល។

សហភាព​ការងារ​កម្ពុជា ដែល​មាន​សហព័ន្ធ​សហជីព​ជា​សមាជិក​ចំនួន​៨​វិស័យ​ធំៗ បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​លក្ខខណ្ឌ​ការងារ​១៨​ចំណុច ក្រោយ​ធ្វើ​សន្និសីទ​សារព័ត៌មាន តាម​អនឡាញ (Online) នៅ​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា។

ប្រធាន​សហភាព​ការងារ លោក អាត់ ធន់ បញ្ជាក់​ថា ញត្តិ​ស្នើសុំ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ១៨​ចំណុច​មិនបាន​ដាក់​ទៅ​រដ្ឋសភា​ទេ គឺ​សំដៅ​ទៅ​តែ​ប្រមុខ​រដ្ឋាភិបាល​ប៉ុណ្ណោះ ព្រោះ​វិបត្តិ​ការងារ​នៅ​ពេល​នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​យន្តការ​ជួយ​កម្មករ ច្រើនជាង​រដ្ឋសភា​។ លោក​បន្ត​ថា មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៅ​ម្ដុំ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី បាន​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​ដាក់​ជូន​ថ្នាក់លើ​ត្រួត​ពិនិត្យ៖ «ឆ្នាំ​ហ្នឹង គឺ​យើង​ឃើញ​ថា វា​មានការ​វិវត្តន៍​ច្រើន​ដែរ ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ប្រយោជន៍​ឱ្យ​ស្ត្រី អ្វី​អ៊ីចឹង​។ យើង​ឃើញ នៅ​ទន្ទឹម​នឹង​ការវិវត្តន៍ ផ្នែក​ខ្លះ​ក៏​មិន​មាន​ការវិវត្តន៍​អ្វី​ដែរ ហើយ​យើង​ឃើញ​ថា ជាទូទៅ​មានការ​ប្រសើរ​ដែរ វា​តាម​ផ្នែក​។ និយាយ​ឱ្យ​រួម​វា​ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព ពាក់ព័ន្ធ​ទៅ​នឹង​ស្ត្រី ពាក់ព័ន្ធ​អ្វី​ហ្នឹង​មានការ​រីកចម្រើន​ច្រើន​ដែរ​។ ប៉ុន្តែ​ពាក់ព័ន្ធ​សិទ្ធិ​ការងារ​ពាក់ព័ន្ធ​ទៅ​នឹង​អាច​និយាយ​ថា តំណាង​អ្វី​ផ្សេងៗ អា​ហ្នឹង​ដូចជា​មិនសូវ​ទៅមុខ​ទេ​។ វា​ដូចជា ជួប​បញ្ហា​ច្រើន មិនសូវ​បាន​ទៅមុខ​ទេ»

ចំណែក​សហភាព​ការងារ​មួយ​ក្រុម​ទៀត ដែល​មាន លោក រ៉ុង ឈុន ជា​ប្រធាន​វិញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើសុំ​រដ្ឋាភិបាល ដំឡើង​ប្រាក់ឧបត្ថម្ភ​ពី ៧០​ដុល្លារ ទៅ​១២០​ដុល្លារ​ក្នុង​មួយ​ខែ ដល់​កម្មករ​និយោជិត​វិស័យ​កាត់ដេរ និង​ស្នើសុំ​ឱ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ១២០​ដុល្លារ ឱ្យ​កម្មករ​គ្រប់​វិស័យ​ផ្សេងទៀត​។ សហភាព​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពន្យារពេល​ឱ្យ​កម្មករ និង​ពលរដ្ឋ សងបំណុល​ទាំង​ដើម ទាំង​ការ​រយៈពេល​៦​ខែ។

ក្រៅ​ពី​នេះ សហភាព​សហជីព​កម្ពុជា​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ ឱ្យ​កម្មករ​ជិះ ដើម្បី​កាត់បន្ថយ​កម្មករ​ជិះ​ប្រជ្រៀត​គ្នា មាន​វិធានការ​ឱ្យ​ថៅកែ ឬ​និយោជក គោរព​ច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​កម្មករ ក្នុង​ពេល​ព្យួរ​ការងារ ឬ​បិទ​រោងចក្រ និង​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​របស់​ខ្លួន​គឺ លោក រ៉ាត់ រ័ត្នមុនី លោកគ្រូ កែវ ថៃ និង​លោកគ្រូ ជុំ ចាន់ ឱ្យ​មាន​សេរីភាព​វិញ។

ក្រុម​សហភាព​សហជីព​របស់​លោក រ៉ុង ឈុន ក៏បាន​លើកឡើង​ពី​កង្វល់​ករណី​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ២០​ភាគរយ ពី​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ការងារ​របស់​កម្មករ និង​ពលរដ្ឋ​ដែរ​។ ជាង​នេះ​ទៅ​ទៀត សហភាព​សហជីព​ដដែល​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ក្របខ័ណ្ឌ​ដល់​គ្រូ​បង្រៀន ១៣​នាក់ ដែល​ក្រសួង​អប់រំ​បាន​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នោះ​ផង​ដែរ។

ចំណែក​រដ្ឋាភិបាល​វិញ ក៏បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​០១ ឧសភា ដែរ តែ​មាន​សភាព​កាន់តែ​ស្ងប់ស្ងាត់​ជាង​សហជីព​ទៅទៀត​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិនបាន​ជួបជុំ​កម្មករ​តាម​រោងចក្រ​ទេ ដោយ​គ្រាន់តែ​បង្ហោះ​សារ​អបអរសាទរ​ទិវា​នេះ និង​លើក​ប្រធានបទ សន្តិភាព និង​ការងារ​សមរម្យ​តាម​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន ថ្លែង​ក្នុង​សារលិខិត​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ថា លោក​ព្យាយាម​ជួយ​កម្មករ​ច្រើន​ណាស់ បើ​ទោះ​វិស័យ​ការងារ​រង​ការ​គំរាមកំហែង​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​ក៏ដោយ​។ ការ​ជួយ​នោះ មាន​ដូចជា​ការលើកលែង​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការទិញ​ផ្ទះ​ក្រោម​តម្លៃ​ប្រាំ​ពីរ​ម៉ឺន (៧០.០០០)​ដុល្លារ​អាមេរិក ការ​ស្នើ​សុំ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ពន្យារពេល​បង់​រំលស់ ការអនុញ្ញាត​ឱ្យ​កម្មករ​ដែល​រង​ការ​ព្យួរ​ការងារ​អាច​ជំពាក់​ថ្លៃ​ទឹក ថ្លៃ​ភ្លើងអគ្គិសនី និង​ការ​សម្របសម្រួល​ឱ្យ​ធនាគារ មីក្រូហិរញ្ញវត្ថុ​បន្ធូរបន្ថយ​ការប្រាក់ និង​ពន្យារពេល​សង​ប្រាប់​ដើម​ជាដើម។

ផ្ទុយ​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល គណបក្ស​សង្គ្រោះជាតិ​វិញ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីបន្ទោស​រដ្ឋាភិបាល ថា មិនបាន​យកចិត្តទុកដាក់​ការពារ លើកស្ទួយ និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ គ្មាន​សមត្ថភាព​បង្កើត​ការងារ​សមរម្យ​ក្នុងស្រុក​ឱ្យ​កម្មករ​បណ្ដាល​ឱ្យ​ពលរដ្ឋ​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស និង​ធ្វើ​ឱ្យ​ជីវភាព​កម្មករ​កាន់តែ​លំបាក តាមរយៈ ការ​ជម្នះ​ឱ្យ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ២០​ភាគរយ។

គណបក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន ឱ្យ​បាន​ពេញលេញ ក្នុងនាម​ជា​ម្ចាស់​ហត្ថលេខី​អនុសញ្ញា​អន្តរជាតិ​នានា ពាក់ព័ន្ធ​វិស័យ​ការងារ ដើម្បី​ការពារ​និង​លើកស្ទួយ​សិទ្ធិ​ជា​មូលដ្ឋាន និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​គ្រប់​វិស័យ​។ ពិសេស​ក្នុង​កាលៈទេសៈ កម្ពុជា​ប្រឈម​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០​ភាគរយ និង​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​រិះគន់​ប៉ូលិស​ថា បណ្ដោយ​ឱ្យ​បន​ល្បែង​កាស៊ីណូ​ជាច្រើន​កន្លែង​លួច​បើក​ដំណើរការ​នៅ​ក្រុង​ប៉ោយប៉ែត

$
0
0

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា បន​ល្បែង​កាស៊ីណូ​ជាច្រើន​កន្លែង​បើក​ដំណើរ​ឡើងវិញ​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ​។ ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាច​បន​ល្បែង​ទាំងនោះ​ជា​កន្លែង​ចម្លង​ជំងឺ​កូវីដ១៩។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ឧសភា ថា​អ្នកលេង​ល្បែង​មាន​ទាំង​ជនជាតិ​ខ្មែរ ចិន និង​ថៃ​ជាច្រើន​នាក់​ចូល​លេងល្បែង​ភ្នាល់​ក្នុង​កាស៊ីណូ​នាគទិព្វ នៅ​ជាប់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត​ដោយ​សេរី​។ លោក​បញ្ជាក់​ថា កាស៊ីណូ​មួយ​នេះ​បើក​ដំណើរការ​មក​ប្រមាណ ២០​ថ្ងៃ​ហើយ និង​មាន​មនុស្ស​ចូល​លេង​យ៉ាង​ច្រើន​កុះករ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ៖ «មនុស្ស​ជាន់​ក​គ្នា​សឹង​រក​កន្លែង​ឈរ​មិន​ចង់​បាន​ចាក់​ប្រជ្រៀត​គ្នា​ដៃ​ណា​ឃើញ​តែ​បាត់​លុយ​ដែរ។ នៅ​ក្នុង​ហ្នឹង​វា​មាន​គ្រប់​ផ្នែក​មាន​ពួក​ជក់​ថ្នាំញៀន​ក៏​មាន​ដែរ ខ្ញុំ​មើល​ទៅ​វា​អនាធិបតេយ្យ​ណាស់​ដូច​អនុសាសន៍​របស់​សម្ដែង​អីចឹង​ការពារ​កុំ​ឱ្យ​មនុស្ស​ជួបជុំគ្នា​ដល់​វា​ធ្វើ​អីចឹង​ទៅ​វា​ដូច​មិន​គប្បី​ទេ»

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ទៀត​ឱ្យដឹង​ថា មាន​កាស៊ីណូ​ជាច្រើន​កន្លែង​ទៀត​ក៏​លួច​បើក​ដំណើរការ​ឡើងវិញ​ដែរ​ដោយ​កន្លែង​ខ្លះ​បិទទ្វារ​ខាងក្រៅ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ក៏ប៉ុន្តែ​ខាងក្នុង​មាន​មនុស្ស​ជាច្រើន​លេងល្បែង​ស៊ីសង​។ ពលរដ្ឋ​រូប​នេះ​ព្រួយបារម្ភ​ខ្លាច​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើងវិញ​នៅ​កម្ពុជា​តាមរយៈ​អ្នក​លែង​ល្បែង​ក្នុង​កាស៊ីណូ​ទាំងនោះ ពីព្រោះ​កន្លងទៅ​មាន​ស្ត្រី​ខ្មែរ​ជា​បុគ្គលិក​កាស៊ីណូ​ម្នាក់​និង​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ ដែល​ធ្វើការ​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​៖ «ខ្ញុំ​យល់​ឃើញ​ថា អ្នក​ដែល​មាន​លុយ​មាន​តួនាទី​ធំៗ​ជា​មន្ត្រី​ផង និង​សមត្ថកិច្ច​ផង​មិន​គោរព​ច្បាប់​ទៅ​ទៀត អីចឹង​តើ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​យ៉ាងណា បើ​អ្នកមាន​លុយ​មិន​គោរព​បម្រាម​របស់​នាយករដ្ឋមន្ត្រី​ផង តើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អី»

ទាក់ទង​នឹង​បញ្ហា​នេះ​អគ្គនាយកដ្ឋាន​រង​នគរបាល​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​មាន​ទីស្នាក់ការ​នៅ​ក្រុង​ប៉ោយប៉ែត លោក កែវ នី មិន​បាន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា លោក​មិន​ស្គាល់​វិទ្យុ​អាស៊ីសេរី​ជា​អ្វី​នោះ​ទេ៖ «បាទ​!​ហើយ​អាស៊ីសេរី​អី​គេ​បង​អត់​យល់​ដែរ»

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​នៅតែ​បន្ត​បិទ​កាស៊ីណូ​ដដែល ហើយ​លោក​ថា អ្នក​ដែល​លួច​បើក​កាស៊ីណូ​នឹង​ចាត់វិធានការ​តាមច្បាប់៖ «ចាំមើល​ខ្ញុំ​ទំនេរ​ខ្ញុំ​ទៅ​ប៉ោយប៉ែត​មើល​បើក​មែន​អត់»

អាស៊ីសេរី​ក៏​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ បន្ថែមទៀត​ដោយ​ទូរស័ព្ទ​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងនេះ​ក្ដី​ប្រធាន​សហព័ន្ធ សហជីព កម្មករ​និយោជិត វិស័យ​ទេសចរ​សេវាកម្ម កម្ពុជា លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា រឿង​នេះ​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ​ធ្វើ​មិន​ដឹង​មិនឮ​ទើប​ម្ចាស់​កាស៊ីណូ​លួច​បើក​ឡើងវិញ​។ លោក​បញ្ជាក់​ថា បន​ល្បែង​កាស៊ីណូ ជា​ប្រភព​ចម្លង​ជំងឺ​កូវីដ​១៩ ពីព្រោះ​ជា​ទី​តាំង​ដែល​មាន​មនុស្ស​ច្រើន​លែង​ល្បែង ខណៈ​ដែល​ស្ថានការណ៍​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ក៏​នៅតែ​កើត​មាន​ច្រើន​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវតែ​ដាក់​ពិន័យ​ចំពោះ​គាត់​ឱ្យ​តឹងរ៉ឹង​បំផុត​ករណី​ហ្នឹង​ពីព្រោះ​ការដែល​បំពាន់​ទៅលើ​សេចក្ដីប្រកាស​រដ្ឋាភិបាល​ខុស​ធ្ងន់ធ្ងរ​ណាស់​ហើយ​បណ្ដោយ​ឱ្យ​មាន​ការ​បើក​កាស៊ីណូ​ទៀត ប្រសិនបើ​មានការ​ឆ្លង​វា​រាតត្បាត​ដល់​មនុស្ស​ឬមួយ​ក៏​មាន​ការ​បាត់​បង់ជីវិត​មនុស្ស​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត។ អីចឹង​បាន​ន័យ​ថា គាត់​ជា​មនុស្ស​ដែល​មិន​យកចិត្ត​ដាក់​នឹង​ប្រកាស​របស់​រដ្ឋាភិបាល​មិន​គោរព​ដល់​នាយករដ្ឋមន្ត្រី​ហើយ​ធ្វើ​ឱ្យ​មាន​បញ្ហា​ទៅដល់​ប្រទេសជាតិ​។​អីចឹង​ខ្ញុំ​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដាក់ទោស​ទៅលើ​អ្នក​ប្រព្រឹត្ត​រឿង​ហ្នឹង​ឱ្យ​បាន​ធ្ងន់​បន្តិច​ដើម្បី​ឱ្យ​អ្នក​ផ្សេង​មើល​ជា​គំរូ ដើម្បី​ឱ្យ​ថ្ងៃក្រោយ​ធ្វើ​បែប​នេះ​ទៀត»

នៅ​ក្រុង​ប៉ោយប៉ែត មាន​កាស៊ីណូ​ធំៗ​ប្រមាណ​២០​កាស៊ីណូ និង​មាន​បុគ្គលិក​ជាង ២​ម៉ឺន​ធ្វើ​ការ ក្នុង​នោះ​បុគ្គលិក​ប្រមាណ ២០​ភាគរយ​ជា​ជនបរទេស។ កាស៊ីណូ​ទាំងនោះ​បាន​បិទទ្វារ​មួយ​រយៈ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០​មីនា បញ្ជា​ឱ្យ​បិទ​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា​។ ការ​បិទ​កាស៊ីណូ​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩៕

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន៖ «អ្នក​កាសែត​នៅ​កម្ពុជា ត្រូវ​បង្ខំ​ចិត្ត​បំបិទ​មាត់​ខ្លួន​ឯង ឬ​រឹតត្បិត​សេរីភាព​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត»

$
0
0

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) កត់​សម្គាល់​ថា អ្នក​កាសែត​នៅ​កម្ពុជា ត្រូវបង្ខំ​ចិត្ត​បំបិទ​មាត់​ខ្លួន​ឯង ឬ​រឹតត្បិត​សេរីភាព​ខ្លួន​ឯង​មិនហ៊ាន​និយាយ​ការពិត ដោយ​សារ​តែ​ខ្លាច​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​គុក។ លោក​ថា នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​នានា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ពុំ​មាន​សុទិដ្ឋិនិយម​ទេ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា នឹង​មាន​ការ​កែ​លម្អ ក្នុង​រយៈ​ពេល ៥ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។

លោក មាន ឫទ្ធិ៖ តើ​វា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ប៉ុណ្ណា​ដល់​អ្នក​កាសែត​កម្ពុជា នៅ​ពេល​ដែល​រដ្ឋ​អំណាច ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដោយ​យក​ច្បាប់​ថ្មី​នេះ​មក​ប្រើ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! កាលពីដើមខែមេសា យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ហើយ​ថា នៅ​ពេល​ដែល​អ្នក​កាសែត អនឡាញ​ម្នាក់ គឺ​លោក សុវណ្ណ រិទ្ធី គ្រាន់​តែ​ផុស​សម្រង់​ប្រសាសន៍​ដើម​របស់​លោក ហ៊ុន សែន និយាយ​ខ្លួន​ឯង​ក្នុង​ពេល​ដែល​លោក​ធ្វើ​សន្និសីទ​កាសែត​នោះ លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ នេះ​បង្កើត​បាន​ជា​បរិយាកាស​ទូទៅ​មួយ​សម្រាប់​អ្នក​កាសែត ដែល​ពួក​គេ​ដឹង​ថា អ្វី​ដែល​ពួក​គេ​ហ៊ាន​និយាយ អាច​នឹង​ត្រូវ​គេ​យក​មក​ប្រើប្រាស់​ប្រឆាំង​នឹងពួក​គេ​វិញ​នៅ​ក្នុង​តុលាការ។ ទី​បំផុត​ទៅ ពួក​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុងពន្ធនាគារ​ព្រៃ​ស។ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា គុក​ព្រៃ​ស​នេះ ជា​កន្លែង​ដ៏​អាក្រក់​បំផុត ហើយ​ការ​ជាប់​គុក​ជាប់​ច្រវាក់​នេះ គឺ​ដោយសារ​តែ​ពួក​គេ គ្រាន់​តែ​បង្ហោះ​ព័ត៌មាន ទាំង​ឡាយ​ណា ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

ដូច្នេះ លទ្ធផល​នៅ​ទីបញ្ចប់​ទៅ វា​បង្កើត​បាន​ជា​ចរន្ត​មួយ នៃ​ការ​រឹតត្បិត​សេរីភាព​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត ក្នុង​ចំណោម​អ្នក​កាសែត​នៅ​កម្ពុជា ហើយ​សូម្បី​តែ​សមាគម​អ្នក​កាសែត​កម្ពុជា ដែល​យើង​បាន​ទាក់ទង​ជាមួយ នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​ក្នុង​សមាគម​នេះ ខ្ញុំ​បាន​ដឹង​ថា ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ណា​មួយ ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់ អំពី​ការ​ជ្រើស​រើស​ពាក្យ​ពេចន៍​ដែល​ពួក​គេ​ត្រូវ​យក​មក​ប្រើ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ឬ​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត។ នេះ​បង្ហាញ​ថា ជារួម អ្នក​កាសែត​កម្ពុជា បើ​ទោះ​ជា​ពួក​គេ​មិន​ភ័យ​ខ្លាច ក៏​យ៉ាង​ហោច​ណាស់ ច្បាស់​ណាស់​ថា ពួក​គេ​រង​ការ​បំភិតបំភ័យ​ពី​សំណាក់​រដ្ឋាភិបាល។ វា​ក៏​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត។

លោក មាន ឫទ្ធិ៖ តើ​លោក​គិត​ថា អ្នក​កាសែត​នៅ​កម្ពុជា​ជា​ច្រើន​រូប​ទៀត អាច​នឹង​រង​ការ​ចាប់​ខ្លួន​នា​ពេល​អនាគត​ដែរ​ឬ​ទេ នៅ​ពេល​ដែល រដ្ឋាភិបាល​យក​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មក​ប្រើ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! លទ្ធភាព គឺ​ថា អាច​នឹង​មាន​អ្នក​កាសែត​ច្រើន​ទៀត ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ ជា​ឧទាហរណ៍​ជាក់​ស្តែង លោក អ៊ួន ឈិន និង​លោក យាង សុធារិន ដែល​ជា​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​របស់​អាស៊ី​សេរី សំណុំ​រឿង​របស់​ពួក​គេ បាន​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ​កន្លះ​មក​ហើយ។

អ្នក​កាសែត​នៅ​កម្ពុជា ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ថា មាន​បន្ទាត់​ក្រហម​សម្រាប់​ពួក​គេ ដែល​ពួក​គេ​មិន​ត្រូវ​ដើរ​កន្លង​នោះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ នៅ​ទីបំផុត​ទៅ ពួក​គេ​នឹង​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុង​គុក​ព្រៃ​ស។ ខ្ញុំ​ពិបាក​និយាយ​ថា នឹង​មាន​អ្នក​កាសែត​ច្រើន​ទៀត នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន ឬ​យ៉ាង​ណា​នោះ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ គឺថា អ្នក​កាសែត​ត្រូវ​បង្ខំ​ចិត្ត​បំបិទ​មាត់​ខ្លួន​ឯង ឬ​ក៏​រឹតត្បិត​សេរីភាព​​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត។ នេះ​គឺ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ហើយ​វា​ក៏​ក្លាយ​ជា​និន្នាការ​ទូទៅ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែរ។

លោក មាន ឫទ្ធិ៖ និយាយ​ពី​ពិន្ទុ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​វិញ​ម្ដង។ យើង​ឃើញ​ថា ក្នុង​ឆ្នាំ​នេះ ស្ថាប័ន​របស់​លោក​បាន​ទម្លាក់​ពិន្ទុ​នេះ ១លេខ​ទៀត ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​មក​លេខ១៤៤ ក្នុង​ចំណោម ១៨០​ប្រទេស។ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ទំនង​ដូច​ជា កំពុង​តែ​មាន​និន្នាការ​ធ្លាក់​ចុះ​ជា​លំដាប់ និយាយ​ឲ្យ​ចំ​ទៅ គឺ​តាំង​ពី​ឆ្នាំ២០១៧ មក​ម៉្លេះ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​មក​លើ​សំឡេង​រិះគន់។ តើ​លោក​គិត​ថា និន្នាការ​នេះ នឹង​បន្ត​ធ្លាក់​ចុះ​ដុនដាប​កាន់​តែ​ខ្លាំង​ត​ទៅ​ទៀត ឬ​ក៏​មាន​ការ​ប្រសើរ​ឡើង​វិញ នា​ពេល​អនាគត​នោះ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំ​មើល​មិន​ឃើញ​ថា នឹង​មាន​ការ​កែ​លម្អ​ណា​មួយ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ឡើយ។ ខ្ញុំ​បាន​ព្យាយាម​គិត​ដោយ​សុទិដ្ឋិនិយម​អំពី​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​រស់រវើក​នោះ។ មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​ច្រើន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ក៏ប៉ុន្តែ បើ​និយាយ​ពី​សេរីភាព​សារ​ព័ត៌មាន និង​ថា តើ​អ្នក​កាសែត អាច​បំពេញ​ការងារ​បាន​ដោយ​សេរី​ដែរ ឬ​យ៉ាង​ណា​នោះ ខ្ញុំ​ពិត​ជា​មាន​ទស្សនៈ​រាង​ទុទ្ទិដ្ឋិនិយម​បន្តិច​ហើយ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នោះ។ នេះ​ក៏​ដោយសារ​តែ ការ​ក្ដោបក្ដាប់​យ៉ាង​ណែន​របស់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ទំនង​ជា​នឹង​មិន​មាន​អ្វី​ប្រែប្រួល ក្នុងរយៈពេល ៥ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ទេ។

ប្រាកដ​ណាស់​ថា ការ​ផ្លាស់​ប្ដូរ​ណា​មួយ អាច​នឹង​កើត​មាន​ឡើង។ តែ​យើង​ត្រូវ​ដឹង​ថា ឥឡូវ​នេះ ពិភព​លោក​ទាំង​មូល កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រាតត្បាត​នៃ​ជំងឺ​ឆ្លង​សាកល​កូវីដ១៩។ ខ្ញុំ​គិត​ថា សម្រាប់​សេរីភាព​សារព័ត៌មាន ខ្ញុំ​រាង​ដូច​ជា​មាន​ទុទ្ទិដ្ឋិនិយម​បន្តិច​ហើយ។ ក៏ប៉ុន្តែ ខ្ញុំ​នឹង​នៅ​តែ​មាន​គំនិត​សុទិដ្ឋិនិយម ចំពោះ​ភាព​រស់​រវើក​នៃ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដដែល។

លោក មាន ឫទ្ធិ៖ អ៊ីចឹង តើ​លោក​មាន​ជា​អនុសាសន៍​យ៉ាង​ម៉េច​ដែរ ដល់​អ្នក​កាសែត​វ័យ​ក្មេង​នៅ​កម្ពុជា ដែល​ពួក​គេ​បំពេញ​ការងារ​ក្នុង​ប្រទេស​មួយ ដែល​មាន​លក្ខណៈ​គាប​សង្កត់​មក​លើ​សេរីភាព​សារ​ព័ត៌មាន​បែប​នេះ បាទ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! ជា​រួម ខ្ញុំ​គិត​ថា មិន​មែន​សម្រាប់​តែ​អ្នក​កាសែត​កម្ពុជា​នោះ​ទេ។ វា​ជា​រឿង​សំខាន់​មួយ​សម្រាប់​អ្នក​កាសែត​ទាំង​អស់​គ្នា ដែល​ត្រូវ​នាំ​គ្នា សរសេរ​អត្ថបទ​បែប​ស៊ើប​អង្កេត​ស៊ី​ជម្រៅ និង​ធ្វើ​ការងារ​កាសែត​ជា​លក្ខណៈ​សហការ​គ្នា​ជា​ក្រុម។ ខ្ញុំ​ចង់​មាន​ន័យ​ថា ឥឡូវ​ដូច​ជា អ្នក​កាសែត អាច​ធ្វើ​ការ​ជាមួយ​អង្គការ​មិនមែន រដ្ឋាភិបាល ជុំវិញ​បញ្ហា​បរិស្ថាន អី​ជា​ដើម។ ខ្ញុំ​គិត​ថា នេះ​អាច​ជា​វិធីសាស្ត្រ​មួយ ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​កាសែត​ពិត​ប្រាកដ ដែល​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ដល់​ពលរដ្ឋ។ ដូច្នេះ​ហើយ បើ​សិន​ជា​ខ្ញុំ​ត្រូវ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​កាសែត​វ័យ​ក្មេង​នោះ គឺថា ពួក​គេ​គួរ​តែ​ព្យាយាម​ធ្វើ​ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ​លើ​រឿងរ៉ាវ​ណា​មួយ ជា​លក្ខណៈ​យូរ​អង្វែង។ ការ​ធ្វើ​បែប​នេះ​ហើយ ទើប​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ក៏​អ្វី​មួយ​ដែល​រដ្ឋាភិបាល ចាត់​ទុក​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​រឹតត្បិត​ការងារ​របស់​អ្នក​កាសែត។

លោក មាន ឫទ្ធិ៖ ក្រៅ​តែ​ដំបូន្មាន​សម្រាប់​អ្នក​កាសែត​នៅ​កម្ពុជា តើ​លោក​មាន​សំណូមពរ​អ្វី​ខ្លះ ដែល​លោក​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ ដើម្បី​កែ​លម្អ​បរិយាកាស​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា?

លោក ដានីញ៉ែល បាស្តាត៖ បាទ! ខ្ញុំ​គិត​ថា​រដ្ឋសភា​គួរ​តែ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ជាពិសេស​ត្រង់​ចំណុច​មាត្រា៥ ចំណុច​ទី១០ និង​ទី១១ ដែល​ជា​ការ​គំរាម​កំហែង​យ៉ាង​ពិត​ប្រាកដ​ដល់​សេរីភាព​សារ​ព័ត៌មាន ក្នុង​ពេល​ដែល​សារ​ព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​អំឡុង​ពេល​ដែល​មាន​ជំងឺ​រាតត្បាត ជា​សាកល​យ៉ាង​ដូច្នេះ។ នេះ​គឺ​ជា​អ្វី ដែល​ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច រដ្ឋាភិបាល និង​រដ្ឋសភា គួរ​នាំ​គ្នា​ធ្វើ។ ដូច​គ្នា​នេះ​ដែរ ក្នុង​ពេល​ដែល​គ្មាន​គណបក្ស​ប្រឆាំង ខ្ញុំ​គិត​ថា មនុស្ស​ក្នុង​ជួរ​បក្ស​កាន់​អំណាច និង​ក្នុង​ជួរ​រដ្ឋាភិបាល គួរ​តែ​មាន​ការ​ជជែក​ដេញដោល​គ្នា ឲ្យ​បាន​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​ថា នៅ​សល់​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ចំនួន​២​នាក់​ទៀត

$
0
0

ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ទី​២ ឧសភា ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​វ័យ ៥៨​ឆ្នាំ បានជា​សះស្បើយ ពី​ជំងឺ​កូវីដ-១៩ ហើយ ក្រោយ​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ។ បុរស​ខ្មែរ​ម្នាក់​នោះ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ពី​អ្នកទេសចរ​បារាំង​មួយ​ក្រុម​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ។ គិត​ត្រឹម​ពេលនេះ កម្ពុជា​នៅសល់​អ្នកជំងឺ​កូវីដ​-១៩ តែ​២ នាក់​ទៀត​ប៉ុណ្ណោះ ក្នុង​នោះ​ម្នាក់​ជា​ស្ត្រី និង​មា្នក់​ទៀត​ជា​បុរស​។ ពួកគេ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាល់តែ​ជាសះស្បើយ​សិន ទើប​មន្ត្រី​សុខាភិបាល​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ក្នុង​រយៈពេល ២១​ថ្ងៃ ជាប់​គ្នា​នេះ​ក្រសួង​សុខាភិបាល រក​មិន​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ (Covid-19) ថ្មី​ទៀត​ទេ ខណៈ​ដែល​អ្នកជា​សះស្បើយ​ឡើង​ដល់ ១២០​នាក់ ក្នុងចំណោម​អ្នកជំងឺ​សរុប​ទាំងអស់ ១២២​នាក់។

បើ​ទោះ​បី​ជា​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​ក៏ដោយ ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ជានិច្ច ដោយ​មិន​អាច​មើលស្រាល​ជំងឺ​កូវីដ​-១៩ បានទេ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏បាន​លើកឡើង​ដែរ​ថា ប្រសិនបើ​ពលរដ្ឋ​ម្នាក់ៗ​ភ្លេចខ្លួន មិន​បាន​អនុវត្ត​វិធានការ​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ទេ នោះ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ នឹង​អាច​កើតមានឡើង​នៅ​តាម​សហគមន៍​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់ ចេញ​មុខ​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​ដែល​រថយន្ត​មន្ត្រី​យោធា​បុក​ស្លាប់

$
0
0

មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ចេញមុខ​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​រថយន្ត​ទំនើប​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ បុក​បណ្ដាល​ឱ្យ​ស្លាប់ ហើយ​បើក​រត់​គេច​កាល​ពី​សប្ដាហ៍​មុន។ ប្រពន្ធ​របស់​ជនរងគ្រោះ រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ។

នគរបាល​ជាន់ខ្ពស់​មួយ​រូប​ប្តេជ្ញា​ចិត្ត​ថា នឹង​នាំ​ខ្លួន​មន្ត្រី​យោធា​ដែល​បើកឡាន​បុក​កម្មករ​រោងចក្រ​បណ្ដាល​ឱ្យ​ស្លាប់​នោះ យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ឱ្យ​ខាង​តែ​បាន។

សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៅ​ក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល ប្រាប់​អាស៊ីសេរី​ថា ទោះបី​លោក​មិនមែន​អ្នក​កាន់​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក្តី ប៉ុន្តែ​លោក​អះអាង ថា ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​មួយ​រូប លោក​មិន​អាច​បិទ​ភ្នែក​ចំពោះ​សំណុំរឿង​មួយ​នេះ​បាន​ទេ។ ឧត្ដមសេនីយ៍​ផ្កាយ​មួយ​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​យោធា​រូប​នោះ​ថា មាន​ភាព​សាហាវ​ហួសហេតុ​ដោយ បើក​បុក​មនុស្ស​ឱ្យ​ដេក​ដួល​ហើយ ប៉ុន្តែ​មិន​ព្រម​ហៅ​រថយន្ត​ជួយសង្គ្រោះ​មក​ជួយ​ជីវិត​ជនរងគ្រោះ​នោះ​ទេ បែរជា​បើកឡាន​ចេញ​យ៉ាង​រំភើយ​ទៅវិញ៖ «ខ្ញុំ​យល់ថា ប្រសិនបើ​ជន​បង្ក​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលខុសត្រូវ មាន​សញ្ជាត​ជា​មនុស្ស គឺ​ត្រូវតែ​ហៅ​រថយន្ត​សង្គ្រោះ​មក​ជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ ប្រហែលជា​អាច​ស្រោចស្រង់​ជីវិត​ជនរងគ្រោះ​បាន តែ​ដល់ពេល​គាត់​បើក​ហួស​ទៅ​ទុក​ឱ្យ​គាត់​ដេក​ដួល​នៅ​លើ​ថ្នល់​ក្រោម​ដំណក់​ទឹកភ្លៀង អាច​ជនរងគ្រោះ​គាត់​សន្លប់​ផង ក៏​មិន​ដឹង ហើយ​ពេល​ភ្លៀង​ទៅ អាច​ទឹក​ហូរ​ចូល​ទៅ​ស្ទះ​ច្រមុះ​ស្ទះ​ដង្ហើម​គ្នា​ផង​ក៏​មិន​ដឹង»

លោក ទី ចំរើនកុសល បន្ត​ថា ក្រោយ​កើតហេតុ​នោះ លោក​បាន​ព្យាយាម​ស្រាវជ្រាវ​រឿង​នេះ ដោយ​ខ្លួនឯង​រហូត​ឈាន​ដល់​កំណត់​អត្តសញ្ញាណ​ជន​បង្ក​នោះ​បាន​ពេញលេញ និង​បាន​រាយការណ៍​ជូន​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។ លោក​អះអាង​ថា ជន​បង្ក​រូប​នោះ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ ឈ្មោះ ឈុន សារ៉េត និង​មានមុខ​រប​រកស៊ី​ក្រៅ ខាង​ខួង​បុក​គ្រឹះ ប៉ុន្តែ​លោក​សុំ​លាក់​អង្គភាព​ធ្វើការ និង​ទីលំនៅ​បណ្ដោះអាសន្ន​របស់​ជន​បង្ក​នោះ។

នគរបាល​យុត្តិធម៌​ជាន់ខ្ពស់​រូប​នេះ អះអាង​ទៀត​ថា បច្ចុប្បន្ន​ជន​បង្ក​រូប​នេះ កំពុង​បន្ត​គេចខ្លួន ប៉ុន្តែ​បាន​ឱ្យ​កូនស្រី​របស់​ខ្លួន​ចូល​ទៅ​ជួប​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​សម្របសម្រួល​បញ្ចប់ រឿង​ក្រៅ ប្រព័ន្ធ​តុលាការ​ដោយ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ចំនួន ៣​ពាន់​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច និង​គ្រួសារ​ជនរងគ្រោះ​បដិសេធ​។ លោក​ឧត្ដមសេនីយ៍ ទី ចំរើនកុសល ឱ្យ​ដឹង​ថា ពេលនេះ លោក​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ រក​ទីតាំង​លាក់ខ្លួន​របស់​មន្ត្រី​យោធា​រូប​នោះ ដើម្បី​នាំ​ខ្លួន​មក​អនុវត្ត​ទោស​តាមច្បាប់ ព្រោះ​ករណី​បុក​មនុស្ស​ស្លាប់​ហើយ​រត់​នេះ មិន​អាច​ដោះស្រាយ​ត្រឹម​សំណង​បន្តិចបន្តួច​ហើយ​បញ្ចប់​រឿង​បាន​ឡើយ៖ «ខ្ញុំ​ថា បើ​រឿង​នេះ ត្រឹម​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​ខ្ញុំ​នឹង​ដើរ​តួនាទី​ធ្វើ​ជា​ដើម​បណ្ដឹង​អាជ្ញា​ព្រោះ​ខ្ញុំ​មាន​តួនាទី​មួយ​ជា​នគរបាល​យុត្តិធម៌​ជាន់ខ្ពស់​មួយ​រូប ដូច្នេះ ខ្ញុំ​អាច​ធ្វើ​ជាដើម​បណ្ដឹង​អាជ្ញា​បាន។ ប៉ុន្តែ​ពិតមែន​តែ​ខ្ញុំ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​អីចឹង​មែន តែ​ខ្ញុំ​មិន​ជឿ​ថា សមត្ថកិច្ច​បញ្ចប់​រឿង​នេះ ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ»

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា រថយន្ត​ម៉ាក់ហ្វត (Ford) មួយ​គ្រឿង​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ខណ្ឌ​ពោធិ៍​សែនជ័យ បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់។ វីដេអូ​ឃ្លិប​ដែល​ថត​បាន​នៅ​កន្លែង​កើតហេតុ និង​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​នោះ បង្ហាញ​ថា នៅ​ពេល​កើតហេតុ ម្ចាស់​រថយន្ត បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញពី​មុខ​ឡាន រួច​បើក​គេច​ចេញពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជនរងគ្រោះ ឬ​ហៅ​ឡាន​ពេទ្យ​ទៅ​ជួយសង្គ្រោះ​នោះ​ទេ ទុក​ឱ្យ​ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹកភ្លៀង​រហូត​ដល់​ស្លាប់។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បញ្ចេញមតិ​ហួសចិត្ត​ចំពោះ​ទង្វើ​ឃោរឃៅ​គ្មាន​គុណធម៌​របស់​មន្ត្រី​យោធា​រូប​នោះ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ព្រមទាំង​បញ្ចប់​វប្បធម៌​បុក​ហើយ​រត់​ផង​ដែរ។

ជនរងគ្រោះ ដែល​ស្លាប់​នោះ​មាន​ឈ្មោះ វង រដ្ឋា អាយុ ៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ចោមចៅ​ក្រុង​ភ្នំពេញ ប៉ុន្តែ​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

ប្រពន្ធ​របស់​ជនរងគ្រោះ គឺ​លោកស្រី សិន ថា ប្រាប់​អាស៊ីសេរី​ថា ប្តី​លោកស្រី អាច​មាន​សង្ឃឹម​រស់ ប្រសិនបើ​ជន​បង្ក​នោះ មានចិត្ត​មេត្តា​ចុះ​ជួយ​សង្គ្រោះ ឬ​ហៅ​ឡានពេទ្យ​ទៅ​សង្គ្រោះ​ភ្លាមៗ ព្រោះ គ្រូពេទ្យ​បាន​ប្រាប់​លោកស្រី​ថា គាត់​នៅ​មាន​ដង្ហើម​នៅឡើយ ក្នុង​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​មួយ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ និង​យឺតយូរ​ក្នុង​ការ​បញ្ជូន​ទៅ​សង្គ្រោះ ទើប​ធ្វើ​គាត់​បាត់បង់​ជីវិត៖ «បើ​និយាយ​ទៅ ទោះបីជា​គាត់​ស្លាប់​ឬ​មិន​ស្លាប់ បើ​គាត់​មានចិត្ត​អាណិត​អាសូរ​ជួយ​លើក​ជួយ​លើក​ជួយ​ហៅ​គេ​យក​ប្តី​បង​មក​ទៅ ក៏​យើង​អាច​មាន​មនោសញ្ចេតនា​ដែរ តែ​នេះ​ដូច​ថា គាត់​ដូច​ជា​ឃោរឃៅ​ពេក»

ភរិយា​ជនរងគ្រោះ​រូប​នេះ សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ​ដោយ​ទទួល​បាន​សំណង​សមរម្យ ដើម្បី​ចិញ្ចឹម​កូន​តូចៗ​ចំនួន​ពីរ​នាក់ បន្ទាប់ពី​មាន​ការ​ជួយជ្រោមជ្រែង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​ជំនាញ​ដទៃ​ទៀត៖ «ចង់​ឱ្យ​តែ​ជួយ​រក​យុត្តិធម៌ និង​ចង់បាន​សំណង​សមរម្យ​យក​មក​ចិញ្ចឹម​កូនតូចៗ​ទាំងពីរ​នាក់​។​ពេល​អត់​ពី​ប្តី​បង​ទៅ តើ​បង​គិត​យ៉ាងម៉េច​? កូន​របស់​បង​នៅ​តូចៗ ណាស់ ដូច​ឃើញស្រាប់​ហើយ គឺ​កូន​បង​អាយុ​៥​ឆ្នាំ​ចំណែក​កូន​ប្អូន​អាយុ​៣​ឆ្នាំ។ ខ្ញុំ​មិន​ដឹង​ថា ធ្វើ​អី​យក​មក​ចិញ្ចឹម​កូន និង​ដោះ​បំណុល​គេ​នោះ​ទេ»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​ដំណើរ​ស្រាវជ្រាវ​រក​មន្ត្រី​យោធា​ដែល​បើក​បុក​ហើយ​រត់​គេច​ខ្លួន​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​តាមដាន​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ​កំពុង​ក្លាយជា​វប្បធម៌​អាក្រក់​មួ​យ​នៅ​កម្ពុជា ហើយ​លោក ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចប់​ករណី​បែប​នេះ។ លោក អំ សំអាត បន្ត​ថា ការចូលរួម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដោយ​ឧត្តមសេនីយ៍ ទី ចំរើន​កុសល គឺ​ជា​គំរូ​ល្អ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​គ្រួសារ​ជន​រងគ្រោះ​ឆាប់ៗ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ពន្យល់​ថា តាម​ផ្លូវ​ច្បាប់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក ហើយ​រត់​នេះ គឺ​ជន​បង្ក​ត្រូវ​ទទួលខុសត្រូវ​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​គ្រួសារ​ជនរងគ្រោះ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «បើសិនជា​អ្នកនោះ​ប្រព្រឹត្ត​បទល្មើស​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​គឺ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ព្រះរាជអាជ្ញា​ត្រូវតែ​ចាត់វិធានការ​ដើម្បី​អនុវត្ត​ផ្លូវ​ច្បាប់ ហើយ​ទី​២ យើង​មិន​និយាយ​ទៅ​ដល់​រឿង​មិន​ទទួល​ខុសត្រូវ​នោះ​ផង ដូច​ដែល​យើង​បាន​មើល​រូបភាព​នោះ​ទៅ គឺ​បង្ហាញ​ថា ក្នុង​ចេតនា​មួយ​បុក​ហើយ​មិន​បាន​ជួយ​ទៅ​ដល់​ជនរងគ្រោះ​ទៀត ដោយ​គាត់​មានលទ្ធភាព​ក្នុង​ការ​ហៅ​រថយន្ត​សង្គ្រោះ​ជនរងគ្រោះ​នោះ​ទៀត តែ​ផ្ទុយទៅវិញ​យើង​ឃើញ​ថា គាត់​ទាញ​ម៉ូតូ​ចេញ​ហើយ​បើក​រថយន្ត​គេចខ្លួន ដែល​នេះ​គឺជា​បទល្មើស​មួយទៀត»

មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី​១​ឆ្នាំទៅ ៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០​លាន​រៀល​។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២៥​លាន​រៀល ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាគម​គ្រូបង្រៀន​ស្នើ​ក្រសួង​អប់រំ​ពិចារណា​បើក​សាលារៀន​ឡើងវិញ

$
0
0

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​ដល់​ក្រសួង​អប់រំ ពិចារណា​បើក​សាលារៀន​ឡើងវិញ បន្ទាប់ពី​ស្ថានការណ៍​កូវីដ​-១៩ នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល​ជាង​មុន​។ ទោះបីជា​យ៉ាងណា ក្រ​សូង​អប់រំ​ថា វិធានការ​បិទ​សាលារៀន​នេះ​នៅ​បន្ត​ដោយ​គ្មាន​កាលកំណត់​ដដែល។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​អាស៊ីសេរី​ថា សមាគម​គ្រូបង្រៀន​នឹង​ដាក់​លិខិតផ្លូវការ​ទៅ​ក្រសួង​អប់រំ​នៅ​អំឡុង​សប្ដាហ៍​ក្រោយនេះ ដើម្បី​ស្នើសុំ​ក្រសួង​ឱ្យ​គិតគូរ​បើក​សាលារៀន​ឡើងវិញ​។ អ្នកស្រី​ថា នៅ​ពេល​បើក​សាលារៀន​ឡើងវិញ ក្រសួង​អាច​ណែនាំ​ដល់​គ្រប់​សាលា​ទាំងអស់​ឱ្យ​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព និង​អនាម័យ​សម្រាប់​សិស្ស ដើម្បី​បង្ការ​ជំងឺ​កូវីដ​-១៩​។ អ្នកស្រី​សង្កេត​ឃើញ​ថា ការ​បិទ​សាលារៀន​យូរ ដោយ​ឱ្យ​សិស្ស​រៀន​តាម​ប្រព័ន្ធ​អនឡាញ​នោះ ហាក់​មិនសូវ​មាន​ប្រសិទ្ធភាព​ឡើយ៖ «យើង​កំពុងតែ​ជជែក​គ្នា​ថា ចង់​ដាក់​លិខិត​ទៅ​ក្រសួង​ឱ្យ​ក្រសួង​ពិចារណា​ក្នុង​ការដែល​ឱ្យ​សិស្សានុសិស្ស​គាត់​ចូល​សិក្សា​វិញ ព្រោះ​យើង​ឃើញ​ថា មួយរយៈ​ពេលនេះ គឺ​អត់​មាន​កូវីដ​កើតឡើង​ទេ ហើយ​ជា​ក៏​ជិត​បាន​១០០% ដែរ»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បិទ​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​គ្រប់​កម្រិត ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា រហូតមកដល់​ដើមខែ​ឧសភា​នេះ ដោយ​មិន​កំណត់​ពេលវេលា​នោះ​ឡើយ​។ ក្រសួង​អះអាង​ថា វិធានការ​នេះ គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

ទន្ទឹម​នឹង​ការ​បិទ​សាលា​នេះ ក្រសួង​អប់រំ​បាន​ជំរុញ​ឱ្យ​សិស្ស​-​និស្សិត សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-learning) និង​អនុវត្ត​វិធានការ​អនាម័យ​ឱ្យ​បាន​ជាប់​ជាប្រចាំ​។ ក្រសួង​ក៏​ស្នើ​ដល់​មាតាបិតា បន្ត​ជំរុញ​កូនចៅ​ឱ្យ​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​មើល​ថែទាំ​កូនចៅ​ឱ្យ​បាន​ដិតដល់ កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩។ ទោះជា​យ៉ាងណា ឪពុកម្ដាយ​សិស្ស​ខ្លះ ជាពិសេស​អ្នក​រស់នៅ​ជនបទ បាន​ឱ្យ​ដឹង​ថា ពួកគាត់​មិន​មាន​ចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​ជួយ​បង្រៀន​កូន​ៗ​នោះ​ទេ ហើយក៏​គ្មាន​លទ្ធភាព​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ដើម្បី​ឱ្យ​កូន​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​នោះ​ដែរ។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា មិន​ឆ្លើយតប​ទេ​ថា តើ​ពេលណា​ក្រសួង​នឹង​បើក​សាលារៀន​ឡើងវិញ​នោះ​។ លោក​គ្រាន់តែ​បញ្ជាក់​ដោយ​ខ្លី​ថា សេចក្ដី​ណែនាំ​ស្ដីពី​ការ​បិទ​សាលារៀន​នេះ នៅ​តែ​មាន​សុពលភាព​ក្នុង​ការ​អនុវត្ត គិត​ត្រឹម​ថ្ងៃ​ទី​០២ ឧសភា។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​បន្ថែម​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន តែ​លោក​មិន​លើក​ទូរស័ព្ទ។

គ្រូបង្រៀន​មួយ​រូប​នៅ​ខេត្ត​តាកែវ ថ្លែង​ថា ការ​បិទ​សាលារៀន​យូរ​ពេក​មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស ស្រប​ពេល​មាតាបិតា​សិស្ស​ភាគច្រើន​កំពុង​បាត់បង់ ឬ​ថយ​ចុះ​ប្រាក់ចំណូល៖ «ខ្ញុំ​ចង់​ឱ្យ​ក្រសួង​អប់រំ ក៏​ដូច​រដ្ឋាភិបាល​ហ្នឹង ពិចារណា​ដាក់​កម្រិត​ថ្ងៃ​ចូលរៀន ចូល​បង្រៀន​វិញ ព្រោះថា​វា​អាច​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​យើង​ដែរ ព្រោះ​យើង​រក​មិន​ឃើញ ហើយ​ការ​ជា ក៏​ជា​ចង់​អស់​ដែរ»

គិត​ត្រឹម​ថ្ងៃ​ទី​០២ ឧសភា កម្ពុជា​នៅសល់​អ្នកជំងឺ​កូវីដ-១៩ តែ ២​នាក់​ទៀត​ទេ ព្រោះ​អ្នក​ជំងឺ​១២០ នាក់​ផ្សេងទៀត បានជា​សះស្បើយ​អស់ហើយ​។ ទន្ទឹម​នឹង​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា ក្នុង​រយៈពេល​៣ សប្ដាហ៍​មកនេះ ក្រសួង​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​ទៀត​ឡើយ។

កាលពី​ថ្ងៃ​ទី​២៧ មេសា រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​អំពី​ជំងឺ​កូ​វីដ​-១៩ ថា គណៈកម្មការ​អន្តរក្រសួង​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ស្នើសុំ​គោលការណ៍​ពី​នាយករដ្ឋមន្ត្រី ដើម្បី​បើក​សាលារៀន​ឡើងវិញ៖ «ការ​បើក​សាលា​នេះ គណៈកម្មការ​អន្តរក្រសួង​យើង​បាន​លើកឡើង​ថា សុំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​រដ្ឋមន្ត្រី​លោក​ពិនិត្យ ហើយ​និង​សុំ​គោលការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​បញ្ហា​នេះ»

ទោះជា​យ៉ាងណា ពីរ​ថ្ងៃ​ក្រោយមក ស្រាប់តែ​លោក ម៉ម ប៊ុនហេង ថ្លែងប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក​វិញ​ថា ក្រសួងសុខាភិបាល​មិន​ទាន់​មាន​វិធានការ​ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យ​បើក​សាលារៀន​វិញ​នោះ​ទេ បើ​ទោះ​ជា​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live