
ប៉ូលិសអះអាងថា មិនទាន់ចាប់ខ្លួនអនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ហ៊ាង គឹមស្រឿន និងយុវជនម្នាក់ទៀតរបស់គណបក្សមួយនេះ តាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បាននៅឡើយទេ នៅថ្ងៃទី២១ មេសា។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា អ្នកទាំង២ ពុំបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ ព្រោះជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យអគ្គស្នងការនគរបាល ជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនទាន់ឃើញមានឈ្មោះ ហ៊ាង គឹមស្រឿន និង ថុល សុផាន់ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២១ ខែមេសា។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តុលាការមិនគួរចាត់វិធានការអ្នកដែលរិះគន់បុគ្គលសាធារណៈនោះឡើយ ពីព្រោះសង្គមប្រជាធិបតេយ្យបានផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចេញមតិយោបល់លើបញ្ហាណាមួយដែលពួកគេមិនពេញចិត្ត និងដោយពុំមានការដោះស្រាយសមស្របពីអាជ្ញាធរពាក់ព័ន្ធនោះ៖ «ជាធម្មតាជៀសអត់ផុតទេនៅក្នុងសង្គមហ្នឹង គឺវាមានអ្នកដែលគាត់មិនពេញចិត្តអីចឹងហើយពីព្រោះប្រជាធិបតេយ្យវាមិនអាចមនុស្សជាង ១៥លាននាក់ ទៅសមស្របទៅតាមមនុស្សមួយក្រុម ឬមួយផ្នែកណាមួយអីចឹងទេ។អីចឹងជៀសមិនផុតពីការរិះគន់ទេ ហើយការរិះគន់ទាំងអស់នេះមិនមែនមានន័យថាទៅរិះគន់អង្គ ព្រះមហាក្សត្រ ឬធ្វើឱ្យប៉ះពាល់អង្គព្រះមហាក្សត្រអីទេ គឺរិះគន់ទៅលើបុគ្គលដែលមានតួនាទី ដែលមានការផ្ដល់រាជសិទ្ធិមកឱ្យហើយមិនបំពេញតួនាទីហ្នឹងឱ្យបានត្រឹមត្រូវអីជាដើមហ្នឹងគឺវាមិនមានអីខុសទាស់ទេ»។
លោក ហ៊ាង គឹមស្រឿន គឺជាអនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ចំណែកលោក ថុល សុផាន់ណា គឺជាយុវជនរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ។ លោកទាំងពីរតែងឈឺឆ្អាលរឿងសង្គមជាតិ ជាពិសេសតែងតែបញ្ចេញមតិលើបណ្ដាញសង្គមរិះគន់បញ្ហាព្រំដែនកម្ពុជានិងវៀតណាម។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ហ៊ាង គឹមស្រឿន និងលោក ថុល សុផាន់ណា បាននៅឡើយទេ នៅថ្ងៃទី២១ មេសា ប៉ុន្តែលោក ហ៊ាង គឹមស្រឿន បានប្រាប់អាស៊ីសេរី កាលពីល្ងាចថ្ងៃទី២0 មេសាថា លោកទាំង២ នាក់កំពុងលាក់ខ្លួននៅទីសុវត្ថិភាព ក្រោយពីដឹងថា តុលាការចេញដីកាតាមចាប់ខ្លួន។
កាលពីថ្ងៃទី២០ ខែមេសា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ហ៊ាង គឹមស្រឿន និងលោក ថុល សុផាន់ណា តាមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងអំពើប្រមាថ ប្រព្រឹត្តនៅរាជធានីភ្នំពេញនៅថ្ងៃទី៩ និងទី១០ តុលា ឆ្នាំ២០១៩។
ការប្ដឹងចោទប្រកាន់បែបនេះ ដោយសារតែកាលពីថ្ងៃទី៩ តុលា ឆ្នាំ២០១៩ លោក ហ៊ាង គឹមស្រឿន បានបង្ហោះសាររិះគន់លើបណ្ដេញហ្វេសប៊ុករបស់លោកថា ការដែលលោកនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់អំពីរឿងការចុះហត្ថលេខា ទទួលស្គាល់ការបោះបង្គោលព្រំដែនរវាង កម្ពុជា-វៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នោះ គឺជាការបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង ដោយពុំបានផលវិជ្ជមានណាមួយដល់ប្រទេសជាតិពិតប្រាកដនោះឡើយ។ លោកសរសេរបន្តថា «ការបំភ្លឺរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការរៀបចំឈុតឆាកដែលបានរៀបចំដោយរាជរដ្ឋាភិបាលឯកបក្ស ដើម្បីរៀបចំឱ្យមាន មន្ត្រីជើងមិនជាប់ដី ក្បាលមិនជាប់មេឃ នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីបំពេញបន្ថែមបំភ្លៃប្រវត្តិសាស្ត្រជាតិ និងអន្តរជាតិប៉ុណ្ណោះ»។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១) សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម និង (២) ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការព្រមព្រៀងរឿងព្រំដែននេះ និងទទួលស្គាល់ពីវឌ្ឍនភាពនៃខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន ប្រមាណ ៨៤%។ ក្រោយពីរបបក្រុងភ្នំពេញ និងរដ្ឋាភិបាលវៀតណាម ចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែននេះ បានបណ្ដាលឲ្យប្រជាពលរដ្ឋ យុវជន និងអ្នកនយោបាយមួយចំនួនរិះគន់យ៉ាងខ្លាំងថា ជាការធ្វើឲ្យបាត់បង់ទឹកដី។
មន្ត្រីសង្គមស៊ីវិលលោក ស៊ឹង សែនករុណា ចាត់ទុកការរិះគន់នេះថា គឺជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ហើយប្រសិនបើតុលាការចាត់វិធានលើរឿងនេះនឹងធ្វើឱ្យពលរដ្ឋដទៃភ័យខ្លាចនិងមិនហ៊ានសម្ដែងរិះគន់ដល់មន្ត្រីទាំងឡាយដែលអសកម្មការងារនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។