ឪពុកម្ដាយរបស់កុមារម្នាក់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលឡើងយកឃ្មុំនៅលើចុងត្នោត ហើយភ្លើងឆេះធ្លាក់ស្លាប់ នៅមិនទាន់អស់ចិត្តចំពោះហេតុការណ៍គ្រោះថ្នាក់ដល់ជីវិតកូនរបស់គាត់នោះនៅឡើយទេ។ គាត់ចង់ឲ្យប៉ូលិសមូលដ្ឋាន ស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថាតើបុរសម្នាក់ដែលនាំកូនប្រុសរបស់គាត់ និងក្មេងៗ ៣នាក់ផ្សេងទៀតទៅឡើងដើមត្នោតយកឃ្មុំ ព្រមទាំងដុតភ្លើងផងនោះ មានចេតនាធ្វើឲ្យក្មេងស្លាប់ ឬក៏វាកើតឡើងដោយការធ្វេសប្រហែស?
ពលរដ្ឋមួយគ្រួសារនៅភូមិតាចេក សង្កាត់ជ្រាវ អំពាវនាវប៉ូលិស និងតុលាការខេត្តសៀមរាប ជួយរកយុត្តិធម៌ចំពោះរឿងកូនប្រុសរបស់គាត់ម្នាក់ដែលត្រូវភ្លើងឆេះធ្លាក់ស្លាប់ពីលើចុងត្នោត ឲ្យបានត្រឹមត្រូវ។
បុរសឈ្មោះ នឿម ស៊ីណាត គឺជាឪពុករបស់កុមាររងគ្រោះនោះ។ គាត់មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី៨ ខែឧសភា ថា កាលពីថ្ងៃទី១ ខែឧសភា បុរសម្នាក់ឈ្មោះ អ៊ូ កុសល ហៅជី ដែលនៅផ្ទះជិតគ្នា បានទៅបេះឃ្មុំជាមួយកូនប្រុសរបស់គាត់ឈ្មោះ ណាត ស៊ីណាវ អាយុ ១០ឆ្នាំ រួមនឹងកុមារចំនួន ៣នាក់ផ្សេងទៀត។ បុរសម្នាក់នោះបានយកធូបទៅដុតយកឃ្មុំនៅលើចុងត្នោត ហើយក្មេង ២នាក់ក៏បានឡើងទៅលើចុងត្នោតនោះដែរ ក៏ប៉ុន្តែនៅពេលដែលឃ្មុំទិច គឺបុរសម្នាក់នោះបោះធូបចោល បណ្ដាលឲ្យភ្លើងឆេះពេញដើមត្នោត ធ្វើឲ្យកូនប្រុសរបស់គាត់ឆេះធ្លាក់ពីលើចុងត្នោត ហើយស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកកុមារម្នាក់ទៀតឈ្មោះ ប៉ែន សាវី អាយុ ១៣ឆ្នាំ ក៏ឆេះរបួសធ្ងន់ធ្ងរ។
លោក នឿម ស៊ីណាត បញ្ជាក់ថា រូបគាត់មិនសុខចិត្តចំពោះរឿងដែលភ្លើងឆេះកូនធ្លាក់ពីលើចុងត្នោតស្លាប់នោះទេ គឺគាត់ចង់ឲ្យសមត្ថកិច្ច និងតុលាការចាប់ខ្លួនបុរសដែលធ្វើឲ្យភ្លើងឆេះនោះ មកផ្ដន្ទាទោស ព្រមទាំងសងថ្លៃជំងឺចិត្តដល់គ្រួសាររបស់គាត់ផង៖ «ឲ្យប៉ូលិសប៉ុស្តិ៍ជួយរកខុសត្រូវចំពោះកូនខ្ញុំស្លាប់ ហើយនិងសងជំងឺចិត្តចំពោះគ្រួសាររបស់ខ្ញុំផង»។
លោកស្រី តុល សន ត្រូវជាម្ដាយរបស់កុមាររងគ្រោះ មានប្រសាសន៍ថា លោកស្រីសែនខ្លោចផ្សានៅពេលដែលឃើញភ្លើងឆេះកូនប្រុសរបស់គាត់ធ្លាក់ពីលើចុងត្នោត ហើយស្លាប់នោះ៖ «ខ្ញុំចង់ឲ្យជួយរកហេតុផលចំពោះកូនរបស់ខ្ញុំដែលស្លាប់ ត្រូវស្រាវជ្រាវទៅតាមផ្លូវច្បាប់ ដើម្បីឲ្យមានយុត្តិធម៌ចំពោះកូនខ្ញុំដែលស្លាប់ផង»។
ទោះយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកជួបបុរសឈ្មោះ អ៊ូ កុសល ហៅជី ដែលជាអ្នកនាំក្មេងៗទៅឡើងបេះឃ្មុំលើដើមត្នោត ហើយដុតភ្លើងបណ្ដាលឲ្យឆេះធ្លាក់ក្មេងស្លាប់នោះទេ ដោយសារតែបុរសនោះ និងប្រពន្ធបាននាំគ្នាចេញចោលផ្ទះរយៈពេល ១សប្ដាហ៍ហើយ។
ចំណែកមេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ លោក ស៊ត សៃ មានប្រសាសន៍ថា រឿងដុតភ្លើងធ្លាក់ក្មេងពីលើចុងត្នោតស្លាប់នោះ គឺលោកកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៖ «ខ្ញុំរៀបរឿងបញ្ជូន ប្រហែលព្រឹកស្អែកនឹងដល់តុលាការ»។
មន្ត្រីប៉ូលិសសង្កាត់ជ្រាវ ឲ្យដឹងថា បន្ទាប់ពីភ្លើងឆេះធ្លាក់ក្មេងពីលើចុងត្នោតស្លាប់មក ប៉ូលិសបានហៅបុរសអ្នកដុតភ្លើងនោះទៅសាកសួរ ក៏ប៉ុន្តែមិនអាចឃាត់ខ្លួនបានទេ ដោយសារតែគ្មានបញ្ជាពីតុលាការឲ្យឃុំខ្លួន។
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ករណីបុរសដែលនាំក្មេងៗទៅឡើងចុងត្នោតយកឃ្មុំ ហើយដុតភ្លើងបណ្ដាលឲ្យឆេះធ្លាក់ក្មេងស្លាប់នោះ គឺជាអំពើមនុស្សឃាតដោយអចេតនា ដែលបណ្ដាលមកពីការធ្វេសប្រហែស។ ក្នុងករណីដូចនេះ ច្បាប់អាចមិនឃុំខ្លួនបុរសនោះ ប្រសិនបើក្រុមគ្រួសារមានការធានាត្រឹមត្រូវ៕