គណបក្សនយោបាយចំនួន៣ មានទស្សនៈផ្សេងៗគ្នា ចំពោះបម្រាមរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យហែក្បួន និងជួបប្រជុំគ្នាដើម្បីឃោសនាបក្សនៅតាមតំបន់មួយចំនួនដែលគណបក្សទាំងនេះបានដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក ប៉ា សុជាតិវង្ស បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរាជធានីភ្នំពេញ ណែនាំគ្រប់គណបក្សមិនឲ្យហែក្បួនតាមផ្លូវធំៗមួយចំនួន និងទីតាំងសាធារណៈ នៅកណ្ដាលក្រុងភ្នំពេញ ស្ទើរទាំងអស់ដើម្បីសុវត្ថិភាព និងកុំឲ្យកកស្ទះចរាចរណ៍។ គ.ជ.ប និងគណបក្សកាន់អំណាចទទួលយកបម្រាមរបស់អភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែគណបក្សប្រឆាំង និងគណបក្សរាជានិយមស្នើអាជ្ញាធរពិចារណាម្ដងទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ អះអាងថា បម្រាមសាលាក្រុងនេះមិនរំលោភច្បាប់បោះឆ្នោតទេ។ លោកថា គណបក្សកាន់អំណាចនឹងគោរពតាមការណែនាំនេះ៖ «»។
ទីតាំងដែលសាលារាជធានីហាមមិនឲ្យគណបក្សនយោបាយដង្ហែក្បួនតាមផ្លូវ មានដូចជាមហាវិថីព្រះនរោត្តម សហព័ន្ធរុស្ស៊ី ព្រះមុនីវង្ស ព្រះសីហនុ ម៉ៅសេទុង ផ្លូវទេពផន វិថីសុធារស សុរាម្រឹត និងផ្លូវជុំវិញព្រះបរមរាជវាំង។ ទីប្រជុំជនដែលអាជ្ញាធរហាមប្រមូលផ្ដុំឃោសនាបក្ស គឺនៅផ្លូវជុំវិញផ្សារ ឯទីសាធារណៈវិញ គឺសួនច្បារធំៗ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ។
ចំពោះបម្រាមនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា គណបក្សប្រឆាំងមិនទាន់ទទួលយកបម្រាមនេះបានទេ ហើយថ្នាក់ដឹកនាំបក្សប្រឆាំងរង់ចាំប្រធានគណបក្សគឺលោក កឹម សុខា ត្រឡប់ពីសហរដ្ឋអាមេរិក ដើម្បីជជែកគ្នាពីបញ្ហានេះជាមុនសិន៖ «»។
បម្រាមដែលសាលាក្រុងដាក់ឲ្យគ្រប់គណបក្សនយោបាយត្រូវតែអនុវត្តនេះ ត្រូវបានសង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោតយល់ថា នឹងប៉ះពាល់ដល់ច្បាប់បោះឆ្នោត។ ប៉ុន្តែអ្នកនាំពាក្យរបស់សាលាក្រុងវិញយល់ថា មិនប៉ះពាល់ទេ ហើយបម្រាមនេះគឺជាការជួយដល់គណបក្សនយោបាយឲ្យហែក្បួនកុំឲ្យជួបឧបសគ្គទៅវិញទេ។
ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចវិញ ស្នើឲ្យអាជ្ញាធរយោគយល់ និងជួយសម្រួលដល់គ្រប់គណបក្សឲ្យហែក្បួនដោយបណ្ដាក់វេនគ្នាហែ។ អ្នកនាំពាក្យគណបក្ស លោក ញ៉េប ប៊ុនជិន យល់ថា តំបន់ដែលហាមឃាត់ ទោះមិនហែបក្សក៏កកស្ទះដែរ តែបើមានការសម្រួលពីអាជ្ញាធរកុំឲ្យគណបក្សហែជាន់ផ្លូវគ្នា នឹងមិនកកស្ទះចរាចរណ៍៖ «»។
ច្បាប់បោះឆ្នោតថ្មីអនុញ្ញាតឲ្យគណបក្សនយោបាយឃោសនាបោះឆ្នោតតាមឃុំ-សង្កាត់ រយៈពេល ១៤ថ្ងៃ មុនការបោះឆ្នោត ហើយក្នុងពេល ១៤ថ្ងៃនេះ គណបក្សនយោបាយអាចហែក្បួនឃោសនាបានចំនួន ២ដង។ ក្នុងចំណោមគណបក្សទាំង៦ ដែលបានដាក់បេក្ខជនឈរឈ្មោះនៅរាជធានីភ្នំពេញ មានតែ ៣គណបក្សទេដែលប្រឈមនឹងបម្រាមរបស់អភិបាលក្រុងខ្លាំងជាងគេ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា បម្រាមរបស់សាលាក្រុងមិនប៉ះពាល់ដល់ច្បាប់បោះឆ្នោតទេ។ លោកថា បម្រាមហែក្បួនជាចំណាត់ការស្មើភាព មិនមែនហាមតែគណបក្សនយោបាយណាមួយនោះទេ ម្យ៉ាងទៀត នៅក្នុងសង្កាត់ដែលអាជ្ញាធរដាក់បម្រាមមានផ្លូវច្រើនទៀតសម្រាប់ឲ្យហែក្បួន។ ចំពោះទីតាំងសាធារណៈវិញ លោកថា គ្រប់គណបក្សដែលបានដាក់បេក្ខភាពឈរឈ្មោះអាចជជែកជាមួយគ្នាដើម្បីដាក់សំណើជារួមមួយ សុំបើកទីតាំងសាធារណៈណាមួយវិញ៖ «»។
អ្នកនាំពាក្យ គ.ជ.ប ថា ការហាមហែក្បួនឃោសនាតាមផ្លូវដែលខុសពីច្បាប់បោះឆ្នោត លុះត្រាតែឃុំ-សង្កាត់នោះ មានផ្លូវតែមួយដែលគណបក្សនយោបាយមិនអាចហែក្បួនបាន។ តែទោះជាយ៉ាងណា សង្គមស៊ីវិលយល់ថា ជាការសោកស្ដាយដែលគណបក្សនយោបាយមិនអាចឃោសនាពីគោលនយោបាយរបស់ខ្លួនបានពេញលេញ ខណៈដែលរយៈពេលនៃយុទ្ធនាការឃោសនា និងការហែក្បួនមានតិច ហើយរងនូវការរឹតត្បិតតាមទីតាំងធំៗដែលគណបក្សនយោបាយចង់បង្ហាញនៅទីនោះ៕