លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំសហរដ្ឋអាមេរិក ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងឆ្នាំ២០០២ ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋដើមកំណើតខ្មែរដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក មកកម្ពុជាវិញ កាលពីពេលថ្មីៗនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ស្វាគមន៍សំណើនេះ ហើយថែមទាំងស្នើឲ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងនេះទាំងស្រុង។ លោកថា កម្ពុជាមិនបានចំណេញអ្វីពីកិច្ចព្រមព្រៀងនេះទេ ក្រៅតែពីការបង្កើតឲ្យមាននូវការអនុវត្តបែបអមនុស្សធម៌ និងសោកនាដកម្មនៃការបែកបាក់ក្រុមគ្រួសារ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងប្រាប់អាស៊ីសេរីថា លោកមិនដែលគាំទ្រឲ្យមានកិច្ចព្រមព្រៀងនេះតាំងពីដំបូងមកម្ល៉េះ ហើយថា លោកតែងតែតវ៉ាជំទាស់ទៅនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោកស្នើថា រដ្ឋាភិបាលគួរលុបចោលកិច្ចព្រមព្រៀងនេះទាំងស្រុងតែម្ដង មិនចាំបាច់កែលំអនោះទេ។
លោក សុន ឆ័យ៖ «ខ្ញុំអាចនិយាយដូច្នេះបានថា កិច្ចព្រមព្រៀងហ្នឹងជារឿងមួយបែបអមនុស្សធម៌ ហើយយើងជាប្រទេសមួយដែលរងគ្រោះពីការបែកបាក់គ្រួសារ។ យើងដឹងហើយ ការបែកបាក់គ្រួសារនេះជាសោកនាដកម្មដ៏ធំធេងណាស់ ហើយយើងមិនត្រូវពង្រាត់បង្រាសគ្នា ក្រោយពីគ្នាទទួលទោសហើយ គួរតែជាសិទ្ធិរបស់គាត់ ហើយត្រូវកែខ្លួននៅសង្គមដែលគ្នារស់នៅនោះ»។
កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងស្នើសុំធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋដើមកំណើតខ្មែរដែលជាប់ទោសនៅអាមេរិក ត្រឡប់មកកម្ពុជា នេះ។
លោក ហ៊ុន សែន បានហៅទង្វើនេះថា "អគុណធម៌" និង "អសីលធម៌"។ ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្រោយពីមានជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាធ្រីក ម៉័រហ្វី (Patrick Murphy) ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៥ ខែមេសា។ ក្នុងជំនួបកាលនោះ ក្រៅពីគូសបញ្ជាក់ប្រាប់ភាគីអាមេរិក អំពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងខាងលើផ្អែកលើគោលការណ៍ "មនុស្សធម៌" និង "មេត្តាធម៌" លោក ប្រាក់ សុខុន បានអះអាងពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តទទួលយក និងសហការជាមួយសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជា វិញនេះ។ លោកបានជម្រាបសមភាគីអាមេរិក ផងដែរថា ភាគីកម្ពុជា កំពុងបញ្ចប់នូវការតាក់តែងសេចក្ដីព្រាងកម្រងវិសោធនកម្មនេះ ហើយនឹងប្រគល់ជូនស្ថានទូតអាមេរិក ក្នុងពេលដ៏ឆាប់ខាងមុខនេះដើម្បីចាប់ផ្ដើមពិភាក្សាជាលក្ខណៈទ្វេភាគី។
យ៉ាងណាក៏ដោយ ក្នុងជំនួបដដែលនេះ លោក ប្រាក់ សុខុន បានបង្ហើបប្រាប់សមភាគីរបស់លោកអំពីការគ្រោងនឹងដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងវិសោធនកម្មលើកិច្ចព្រមព្រៀងនេះនូវ "ខ" សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគោលការណ៍ស្ម័គ្រចិត្ត ការកំណត់ច្បាស់លាស់នូវលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គលដែលនឹងត្រូវបញ្ជូន និងការផ្ដល់សិទ្ធិឲ្យពួកគេធ្វើដំណើរទៅសួរសុខទុក្ខគ្រួសារនៅសហរដ្ឋអាមេរិក ជាដើម។
សម្រាប់លោក សុន ឆ័យ លោកនៅតែបញ្ជាក់ថា នេះជាសិទ្ធិរបស់ពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ទោះបីជាពួកគេបានប្រព្រឹត្តិកំហុសឆ្គងធ្ងន់ធ្ងរយ៉ាងដូចម្ដេចក៏ដោយ។ លោកថាច្បាប់អាមេរិកាំង ត្រូវយកមកអនុវត្តទៅលើជនទាំងនេះដូចជាពលរដ្ឋអាមេរិកាំង ដទៃទៀតដែរ។ លោកបន្តថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រដ្ឋាភិបាលខ្មែរត្រូវតែគាំពារទៅដល់ពលរដ្ឋខ្មែរទាំងអស់ ទោះបីជាពួកគេរស់នៅទីណាក៏ដោយ។ ក្នុងន័យនេះ លោក សុន ឆ័យ ចង់សំដៅដល់ការគាំពារទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងនេះ។ លោកថា បើទោះជាពួកគេចង់រស់នៅជួបជុំគ្រួសារ ឬចង់វិលមកប្រទេសកម្ពុជាវិញ ឬប្រសិនបើពួកគេចង់នៅសហរដ្ឋអាមេរិក ជួបជុំគ្រួសារ ក្រោយពីទទួលទោសទណ្ឌពីច្បាប់អាមេរិកាំងហើយ គឺជាសិទ្ធិរបស់ពួកគេ។ ពលរដ្ឋទាំងនេះត្រូវតែទទួលបានការការពារ និងគាំពារពីរដ្ឋាភិបាលខ្មែរ។
លោក សុន ឆ័យ៖ «ខ្ញុំថា ជាធម្មតាកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងឡាយក្នុងពិភពលោក ធម្មតាគេអាចនឹងបញ្ចប់បាន ពេលដែលប្រទេសជាភាគីហត្ថលេខីហ្នឹង គេយល់ឃើញថា មានហេតុផលសមរម្យណាមួយថា កិច្ចព្រមព្រៀងហ្នឹងមិនគួរបន្តទៅទៀត។ យើងឃើញហើយ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពិភពលោកខ្លះក៏គេធ្វើការពិនិត្យ កែលំអ ឬលុបចោលកិច្ចព្រមព្រៀងដែរ ដោយសារមានហេតុផលដែលប្រទេសមួយៗ បានលើកឡើងក្នុងករណីដែលសមហេតុផលនោះ។ ដូច្នេះខ្ញុំថា មិនមានជាហេតុការណ៍អ្វីដែលប្រទេសកម្ពុជា មិនអាចលុបចោលកិច្ចព្រមព្រៀងនោះ»។
ស្រដៀងគ្នានឹងការយល់ឃើញរបស់លោក សុន ឆ័យ ដែរ លោកបណ្ឌិត មាស នី អ្នកសិក្សាសង្គម និងឃ្លាំមើលបញ្ហានយោបាយនៅកម្ពុជា មានប្រសាសន៍ថា លោកក៏មិនគាំទ្រអាមេរិក តាំងពីដើមមកដែរ ក្នុងការចាប់បញ្ជូនពលរដ្ឋដើមកំណើតខ្មែរដែលមានទោសនៅសហរដ្ឋអាមេរិក មកកាន់កម្ពុជាវិញ។ លោកថា មានពលរដ្ឋដើមកំណើតខ្មែរខ្លះដែលត្រូវសហរដ្ឋអាមេរិក ចាប់បញ្ជូនមកហាក់ដូចជាស្ទើរតែបាត់បង់ ឬពុំយល់នូវអ្វីដែលជារបៀបរបបរស់នៅក្នុងសង្គមខ្មែរទាល់តែសោះ ហើយថា លុះដល់ពេលបញ្ជូនមកកម្ពុជាវិញ ពួកគេត្រូវចាប់ផ្ដើមរស់នៅជីវិតសាថ្មី ដែលគឺជាបញ្ហាប្រឈមដ៏សែនពិបាកសម្រាប់ពួកគេ។ លោកបណ្ឌិត មាស នី ថ្លែងថា លោកមិនចង់ឃើញអាមេរិក អនុវត្តគោលនយោបាយអមនុស្សធម៌បែបនេះទេ។
បើទោះជាលោកហាក់សម្ដែងក្ដីអល់អែកក្នុងការស្នើសុំឲ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នេះតែម្ដង ដើម្បីរក្សាតុល្យភាព និងស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងតែមានភាពល្អក់កករមួយរយៈចុងក្រោយនេះស្រាប់ លោកបណ្ឌិត មាស នី យល់ឃើញថា សម្រាប់ប្រទេសអាមេរិក ដែលជាប្រទេសមួយដែលគេគិតថា ជាគំរូនៃសិទ្ធិមនុស្សដល់ពិភពលោក រាល់ការចាប់បញ្ជូនទាំងឡាយគួរតែកុំធ្វើឡើងដោយបង្ខំ។
លោកថ្លែងថា ការអនុវត្តដោយបង្ខំបែបនេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស៖ «ការដាក់ទោសទណ្ឌផ្សេងៗគឺអាចធ្វើបាននៅប្រទេសអាមេរិក ហើយលើកក្រោយមក កាលណាគ្នាចេញមកវិញមក បើគ្នាមានការកែប្រែអីល្អ ទៅជាមនុស្សល្អទៅហើយ មានរឿងអីដែលត្រូវបញ្ជូនមកវិញ។ ប៉ុន្តែបើសិនបញ្ជូនអ្នកនឹងដោយស្ម័គ្រចិត្តមកវិញ នោះវាជារឿងមួយល្អ»។
អនុស្សរណៈយោគយល់រវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើត និងប្រតិបត្តិការគណៈកម្មការរួមសហរដ្ឋអាមេរិក និងកម្ពុជា អំពីការធ្វើមាតុភូមិនិវត្តន៍ ឬហៅម្យ៉ាងទៀតថា កិច្ចព្រមព្រៀងមាតុភូមិនិវត្តនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០២ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅពេលនោះគឺលោក ឃែន វីដឺម៉ាន់ (Kent Wiedermann) និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឯម សំអាន។
យោងតាមរបាយការណ៍ដាក់ជូនរដ្ឋសភាអាមេរិកាំង ស្ដីពី "ការពង្រឹងច្បាប់អន្តោប្រវេសន៍៖ ទាមទារឲ្យមានការគ្រប់គ្រងទិន្នន័យឲ្យបានប្រសើរជាងមុនដើម្បីធានាអនុលោមជាមួយសេចក្ដីសម្រេចរបស់តុលាការកំពូលលើករណីឃុំខ្លួនជនអន្តោប្រវេសន៍រយៈពេលយូរ" ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៤ របស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (US Immigration and Customs Enforcement=ICE) ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការរួមគ្នាដើម្បីបង្កើតឲ្យមាននូវកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងឲ្យរដ្ឋាភិបាលកម្ពុជា ចេញលិខិតស្នាមធ្វើដំណើរដល់ជនជាតិរបស់ខ្លួនមួយចំនួនដែលនឹងត្រូវចាប់បញ្ជូនមកវិញ។ ជាលទ្ធផល សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយហិរញ្ញវត្ថុក្នុងការចំណាយនានា ពាក់ព័ន្ធនឹងការចេញឯកសារធ្វើដំណើរ និងការធ្វើសមាហរណកម្មឡើងវិញនៃជនអន្តោប្រវេសន៍ទាំងនោះទៅក្នុងសង្គមកម្ពុជា។
របាយការណ៍ដដែលនេះសរសេរថា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានសហការគ្នាជាពិសេសក្នុងការបង្កើតឲ្យមាននូវកិច្ចព្រមព្រៀងផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជា នេះ។ អនុស្សរណៈយោគយល់រវាងសហរដ្ឋអាមេរិក និងកម្ពុជានេះ បានដាក់ចេញនូវផែនការសម្រាប់បង្កើត និងប្រតិបត្តិការគណៈកម្មការរួមគ្នាស្ដីពីការធ្វើមាតុភូមិនិវត្តជនអន្តោប្រវេសន៍ដែលត្រូវបានបណ្ដេញចេញមួយចំនួន។
ឧបសម្ពន្ធបន្ថែមទៅលើកិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៣ អនុញ្ញាតឲ្យភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ចេញសំណងដល់កម្ពុជា ជាទឹកប្រាក់ចំនួន ៣០០ដុល្លារ ក្នុងជនអន្តោប្រវេសន៍ម្នាក់ សម្រាប់ថ្លៃចំណាយលើពាក្យសុំចេញឯកសារធ្វើដំណើរ ការស្វែងរក និងពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងសោហ៊ុយចំណាយក្នុងការធ្វើដំណើរផ្លាស់ប្ដូរទីតាំងក្នុងប្រទេស។ ឧបសម្ពន្ធបន្ថែមទៅលើកិច្ចព្រមព្រៀងនោះ ក៏បានអនុញ្ញាតឲ្យក្រសួងការបរទេសអាមេរិក ចេញថ្លៃដល់អង្គការមិនមែនរដ្ឋាភិបាលមួយនៅកម្ពុជា នូវទឹកប្រាក់ចំនួន ៦៥០ដុល្លារអាមេរិក ក្នុងជនអន្តោប្រវេសន៍ម្នាក់ សម្រាប់ការចំណាយពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មឡើងវិញរបស់ជនអន្តោប្រវេសន៍នោះទៅក្នុងសង្គមកម្ពុជា។
របាយការណ៍ដដែលបានសន្និដ្ឋានថា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិក នឹងធ្វើការតាមដានរួមគ្នាចំពោះសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនេះ។ ការងាររបស់គណៈកម្មការរួមនេះ បានបណ្ដាលឲ្យមានជនអន្តោប្រវេសន៍ដើមកំណើតខ្មែរចំនួន ៧៨នាក់ ត្រូវបានចាប់បញ្ជូន និងបណ្ដេញចេញពីសហរដ្ឋអាមេរិក មកកាន់កម្ពុជាវិញ ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤។
ទិន្នន័យរបស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ បញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០០៤ មានជនអន្តោប្រវេសន៍ដើមកំណើតខ្មែរចំនួន ១.២០៣នាក់ ដែលមានដីកាបណ្ដេញចេញ កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះ ៩៤៥នាក់គឺជាជនអន្តោប្រវេសន៍ដែលជាឧក្រិដ្ឋជន ហើយ ២៥៨នាក់ គឺជាជនអន្តោប្រវេសន៍ មិនមែនឧក្រិដ្ឋជន ១០៩នាក់ កំពុងជាប់ឃុំឃាំង និង ១.០៩៤នាក់ មិនទាន់ឃុំ។ របាយការណ៍បន្តថា ក្នុងចំណោមជនអន្តោប្រវេសន៍ដើមកំណើតខ្មែរចំនួន ១០៩នាក់ ដែលជាប់ឃុំនេះ ៤១នាក់ ត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១៨០ថ្ងៃ បន្ទាប់ពីការចេញដីកាបណ្ដេញចេញ។
អត្ថបទចេញផ្សាយដោយទស្សនាវដ្ដីអាមេរិក ញូវវីគ (Newsweek) ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០០២ ដាក់ចំណងជើងថា "ជូនពរធ្វើដំណើរដោយសុវត្ថិភាព ប្រកបដោយភាពជូរចត់៖ អាមេរិកកំពុងពន្លឿនប្រតិបត្តិការបណ្ដេញជនឧក្រិដ្ឋបរទេសទៅប្រទេសកំណើតវិញ (A bitter bon voyage: America puts foreign criminals on the fast track home)” ឲ្យដឹងថា ប្រទេសកម្ពុជា ពុំមានជម្រើសក្នុងការសម្រេចចិត្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះទេ។
មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលបដិសេធមិនបញ្ចេញឈ្មោះ អះអាងនៅពេលនោះថា ខ្លួនត្រូវបានចាប់បង្ខំឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ មន្ត្រីរូបនោះបញ្ជាក់ថា ការណ៍ដែលរដ្ឋបាលភ្នំពេញ សុខចិត្តទទួលយក "ខ" ចែងនៅក្នុងកិច្ចព្រមព្រៀងនេះ គឺដោយសារតែមានពាក់ព័ន្ធទៅនឹងកម្មវិធីជំនួយដ៏សំខាន់របស់ធនាគារពិភពលោក (World Bank) និងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ដែលអាចនឹងទទួលរងនូវសម្ពាធការទូតពីទីក្រុងវ៉ាស៊ីនតុន ប្រសិនបើពួកគេមិនព្រមធ្វើតាម។
មន្ត្រីជាន់ខ្ពស់ដដែលរូបនោះ បានថ្លែងថា "ប្រសិនបើយើងមិនមានកិច្ចជួយជ្រោមជ្រែងពីខាងក្រោយឆាកពីសំណាក់សហរដ្ឋអាមេរិក តើយើងអាចនឹងទទួលបានជំនួយដោយរបៀបណា?"។ ដូចគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា ក៏បានអះអាងផងដែរថា ប្រសិនបើខ្លួនមិនព្រមធ្វើតាមទេនោះ អគ្គមេធាវីសហរដ្ឋអាមេរិក អាចនឹងដាក់ចេញនូវទណ្ឌកម្មមួយចំនួន រួមមានដូចជាធ្វើការបង្កកការចេញទិដ្ឋាការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ជូនដល់មន្ត្រីកម្ពុជា ជាដើម។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ ថ្លែងបញ្ជាក់ជំហររបស់លោកថា ទោះជាក្នុងករណីបែបនោះក៏ដោយ បើកម្ពុជា មិនព្រម ក៏សហរដ្ឋអាមេរិក មិនអាចទៅបង្ខិតបង្ខំភាគីកម្ពុជា ណាស់ណាដែរ។ លោក សុន ឆ័យ បានដាក់ជាសំណួរថា លោកមិនដឹងថា តើរដ្ឋមន្ត្រីក្រសួងការបរទេសកាលណោះគឺលោក ហោ ណាំហុង យល់យ៉ាងដូចម្ដេចនោះទេ និងថា តើមានហេតុផលអ្វីដែលនាំឲ្យគាត់ព្រមព្រៀងជាមួយសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងដែលមិនល្អបែបនេះ។
សហរដ្ឋអាមេរិក នឹងមិនអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តខុសច្បាប់ទាំងនោះមកកម្ពុជា វិញបានទេ ប្រសិនបើពុំមានកិច្ចព្រមព្រៀងនេះ ឬប្រសិនបើរដ្ឋាភិបាលកម្ពុជា ចេញមុខបដិសេធមិនទទួលយក ឬទទួលស្គាល់ជនអន្តោប្រវេសន៍ដើមកំណើតខ្មែរទាំងនេះ។
ជុំវិញហេតុផលនានានៅពីក្រោយការណ៍ដែលលោក ហ៊ុន សែន ទើបតែស្នើអាមេរិក ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ដោយលើកយកគោលការណ៍ "មនុស្សធម៌" និង "មេត្តាធម៌" មកធ្វើជាសម្អាង ក្រោយពីបានចុះហត្ថលេខា និងអនុវត្តអស់រយៈពេលជាង ១៥ឆ្នាំមកហើយនោះ ទាំងលោក សុន ឆ័យ និងលោកបណ្ឌិត មាស នី មើលឃើញថា នេះប្រហែលជាមិនមែនជាហេតុផលដែលស្ដែងចេញមកពីសន្ដានចិត្តពិតប្រាកដរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលលោកនោះទេ។
លោក សុន ឆ័យ និងលោកបណ្ឌិត មាស នី យល់ឃើញស្រដៀងគ្នាថា ប្រហែលជាភាគច្រើននៃរឿងរ៉ាវនេះ អាចបណ្ដាលពីទំនាក់ទំនងមិនសូវល្អជាមួយអាមេរិក ក្នុងមួយរយៈពេលចុងក្រោយនេះ ជាជាងពាក់ព័ន្ធនឹងរឿងនយោបាយដែលថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ចង់យកចិត្តពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីស្វះស្វែងរកការគាំទ្រពីសំណាក់ពួកគេ និងអូសទាញពលរដ្ឋទាំងនោះឲ្យឈប់គាំទ្រគណបក្សបក្សប្រឆាំង ខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។
លោក សុន ឆ័យ ថ្លែងថា វានឹងបានផលតិចតួចណាស់ បើសិនណាការស្នើធ្វើវិសោធនកម្មនេះ ធ្វើឡើងក្នុងបំណងដើម្បីឲ្យមានការគាំទ្រទៅដល់គណបក្សប្រជាជន ឬរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកថា ករណីដែលធ្វើឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនសប្បាយចិត្តជាមួយគណបក្សប្រជាជន និងការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃនេះ គឺមិនមែនបណ្ដាលមកពីកិច្ចព្រមព្រៀងនេះទេ។ ផ្ទុយទៅវិញ លោកគិតថា អ្វីដែលធ្វើឲ្យពលរដ្ឋដើមកំណើតខ្មែរនៅក្រៅប្រទេសមិនអាចទទួលយកបាន ឬតែងតែមិនសប្បាយចិត្តចំពោះការដឹកនាំនៅប្រទេសកម្ពុជា នេះគឺពាក់ព័ន្ធទៅនឹងករណីរំលោភសិទ្ធិមនុស្ស ការប្រើអំពើហិង្សា ការច្បាមយកដីធ្លីពលរដ្ឋ ការប្រព្រឹត្តអំពើពុករលួយ និងការគ្រប់គ្រងតាមបែបជិះជាន់ជាដើម។
លោក សុន ឆ័យ ថា ពលរដ្ឋទាំងនោះមានការមិនសប្បាយចិត្តនឹងបញ្ហាទាំងនេះ ហើយពួកគេចង់ឃើញមានការផ្លាស់ប្ដូររបៀបគ្រប់គ្រងនៅប្រទេសកម្ពុជា៖ «ប៉ុន្តែខ្ញុំយល់ថា ការដាក់លក្ខខណ្ឌចង់ធ្វើវិសោធនកម្មហ្នឹង ប្រហែលជាចង់ឲ្យអាមេរិកាំងហ្នឹង បន្ទន់ឥរិយាបថនយោបាយ ឬក៏សម្ដែងការចង់ឲ្យអាមេរិក លុបចោលការជំពាក់បំណុល។ ដូចយើងដឹងហើយ ក្នុងប៉ុន្មានខែចុងក្រោយនេះ គឺរដ្ឋាភិបាលតវ៉ាពីរឿងចង់ឲ្យអាមេរិកាំង លុបចោលបំណុលពីសម័យសាធារណរដ្ឋខ្មែរនោះជាដើម។ អាមេរិកាំង មិនមានការយល់ស្រប ឬមិនសម្ដែងលក្ខណៈអីជាវិជ្ជមានអី។ ដូច្នេះហើយបានជាវាអាចនឹងនាំឲ្យមានការចង់សើរើកិច្ចព្រមព្រៀងនេះ។ យើងត្រូវដឹងកិច្ចព្រមព្រៀងនេះដែលទទូចស្នើប៉ុន្មានឆ្នាំមុនពីសហរដ្ឋអាមេរិក»។
គោលនយោបាយស្ដីពីការចាប់ឃុំខ្លួន និងបណ្ដេញចេញជនអន្តោប្រវេសន៍គ្មានលិខិតស្នាមឆ្នាំ២០១៤ របស់ក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក បានដាក់ចេញនូវគោលការណ៍ណែនាំ និងកំណត់អាទិភាពចម្បងៗចំនួនបី នៃក្រុមជនអន្តោប្រវេសន៍ដែលជាមុខសញ្ញានៃការចាត់វិធានការប្រឆាំង ពីសំណាក់ភ្នាក់ងាររបស់ក្រសួងសន្តិសុខជាតិអាមេរិក រួមមានដូចជា ភ្នាក់ងារអន្តោប្រវេសន៍ និងគយ ភ្នាក់ងារការពារព្រំដែន និងគយ (CBP) និងភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិរបស់សហរដ្ឋអាមេរិក (USCIS)។
អាទិភាពទី១ គឺសំដៅដល់ក្រុមជនអន្តោប្រវេសន៍ទាំងឡាយណាដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ សន្តិសុខព្រំដែន និងសុវត្ថិភាពសាធារណៈ។ អាទិភាពនេះក៏រាប់បញ្ចូលផងដែរនូវបណ្ដាជនអន្តោប្រវេសន៍ដែលត្រូវបានកាត់ទោសពីបទល្មើសមួយ ដែលធាតុផ្សំនៃបទល្មើសនោះពាក់ព័ន្ធនឹងការចូលរួមជាសកម្មជាមួយក្រុមឧក្រិដ្ឋជនជើងកាង ឬជនអន្តោប្រវេសន៍ដែលមានអាយុមិនតិចជាង ១៦ឆ្នាំ ហើយដែលបានចូលរួមដោយចេតនាជាមួយក្រុមឧក្រិដ្ឋជនជើងកាង ដើម្បីបន្តសកម្មភាពខុសច្បាប់របស់ក្រុមជើងកាងទាំងនោះ។ អាទិភាពទី២ គឺសំដៅដល់ជនអន្តោប្រវេសន៍ដែលបានប្រព្រឹត្តិបទល្មើសមជ្ឈិម និងរំលោភច្បាប់អន្តោប្រវេសន៍ថ្មី។
ជនអន្តោប្រវេសន៍ចាត់ចូលក្នុងក្រុមអាទិភាពនេះ រួមមាន ជនអន្តោប្រវេសន៍ដែលត្រូវបានផ្ដន្ទាទោសជាប់បទល្មើសមជ្ឈិមចំនួនបី ឬច្រើនជាងនេះ ក្រៅពីករណីបទល្មើសចរាចរណ៍តូចតាច ។ល។ អាទិភាពនេះ ក៏រាប់បញ្ចូលនូវបទល្មើសនៃការប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ ការបំពារបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទ អំពើគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិអ្នកដទៃ ការកាន់កាប់ ឬប្រើប្រាស់អាវុធដោយខុសច្បាប់ ការចែកចាយ ឬជួញដូរគ្រឿងញៀន ឬក៏បើកបរក្នុងពេលស្រវឹង ឬបទល្មើសដែលជនអន្តោប្រវេសន៍រូបនោះត្រូវបានកាត់ទោសឲ្យជាប់ឃុំរយៈពេល ៩០ថ្ងៃ ឬលើសពីនេះ។ ដោយឡែកសម្រាប់អាទិភាពចុងក្រោយ អាទិភាពទី៣ គឺសំដៅដល់ជនអន្តោប្រវេសន៍ទាំងឡាយណាដែលបានរំលោភច្បាប់អន្តោប្រវេសន៍ដទៃទៀត ពោលគឺពួកគេត្រូវចៅក្រមផ្នែកអន្តោប្រវេសន៍ចេញដីកាបណ្ដេញចេញស្ថាពរ នៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។
គិតមកត្រឹមពេលនេះ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ ដែលបានអនុវត្តអស់រយៈពេលជិត ១៥ឆ្នាំមកនេះ មានពលរដ្ឋដើមកំណើតខ្មែរមិនតិចជាង ៥៥០នាក់ទេ ដែលបានប្រព្រឹត្តិល្មើសនៅសហរដ្ឋអាមេរិក ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់បញ្ជូនមកកម្ពុជាវិញ។ ស្ថិតិចេញផ្សាយដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ នៃក្រសួងសន្តិសុខជាតិអាមេរិក ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ មានជនជាតិខ្មែរចំនួន ៧៤រូប ត្រូវបានចាប់បញ្ជូនមកប្រទេសកម្ពុជា វិញ ឆ្នាំ២០១៥ មានចំនួន ១៦នាក់ និងក្នុងឆ្នាំ២០១៤ មានចំនួន ៧៥នាក់។
មិនមែនមានតែករណីជនអន្តោប្រវេសន៍ដើមកំណើតខ្មែរទេ ដែលត្រូវអាជ្ញាធរអាមេរិក ចាប់បញ្ជូនមកប្រទេសកំណើតវិញ។ កាលពីឆ្នាំ២០១៦ កន្លងទៅ ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ របស់សហរដ្ឋអាមេរិក បានចាប់បញ្ជូនជនអន្តោប្រវេសន៍សរុបចំនួនជិត ២,៥សែននាក់ (២៤០.២៥៥) មកពីប្រទេសចំនួន ១៨៥ ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ក្នុងនោះជនអន្តោប្រវេសន៍មកពីប្រទេសម៉ិកស៊ីកូ (Mexico) ឈរនៅលំដាប់ទីមួយ បន្តដោយប្រទេសហ្គាតេម៉ាឡា (Guatemala) ហុងឌុយរ៉ាស់ (Honduras) និងប្រទេសអែលសាល់វាឌ័រ (El Salvador)។
មន្ត្រីនាំពាក្យភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវ៣សន៍ និងគយ នៃក្រសួងសន្តិជាតិ សហរដ្ឋអាមេរិក លោក ប្រែនឌិន រ៉េដឌី (Brendan Raedy) បានថ្លែងប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ មានពលរដ្ឋដើមកំណើតខ្មែរចំនួន ៧៦នាក់ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងរបស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនេះ។ ក្នុងចំណោមពលរដ្ឋទាំង ៧៦នាក់ ដែលកំពុងជាប់ឃុំនេះ ៦៤នាក់ បានទទួលដីកាបណ្ដេញចេញពីសហរដ្ឋអាមេរិក រួចរាល់ហើយ។ លោក ប្រែនឌិន បន្តថា ជាគោលការណ៍ ភ្នាក់ងាររបស់លោកមិនធ្វើការបញ្ជាក់ ឬបដិសេធអំពីគម្រោង ឬកាលបរិច្ឆេទជើងហោះហើរដឹកជញ្ជូនជនដែលត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិក នេះទេ ដោយសារតែពាក់ព័ន្ធនឹងសន្តិសុខប្រតិបត្តិការនេះ។
ជាមួយគ្នានេះដែរ ភ្នាក់ងាររបស់លោក ប្រែនឌិន រ៉េដឌី ក៏បដិសេធមិនអធិប្បាយលើសេចក្ដីស្នើគោលនយោបាយ ឬច្បាប់នោះឡើយ។ លោក ប្រែនឌិន គ្រាន់តែអះអាងថា ខណៈដែលរដ្ឋាភិបាលអាមេរិក មិនអាចផ្ដល់សេចក្ដីអធិប្បាយអំពីការផ្ដល់កិច្ចជួយសង្គ្រោះ ឬការគាំពារណាមួយពីការបណ្ដេញចេញដែលជនពាក់ព័ន្ធក្នុងរឿងនេះអាចនឹងស្វែងរក រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ដល់ឱកាសដល់គ្រប់ជនពាក់ព័ន្ធទាំងអស់ក្នុងការដាក់ពាក្យស្នើសុំឲ្យមានការពិចារណាចំពោះការផ្ដល់កិច្ចជួយសង្គ្រោះនោះ។
លោកថា ចៅក្រមផ្នែកអន្តោប្រវេសន៍ នឹងជំនុំជម្រះរាល់ដំណើរការកាត់ក្ដីសំណុំរឿងអន្តោប្រវេសន៍ប្រកបដោយភាពពេញលេញ និងស្មើភាព។ បន្ទាប់ពីពិចារណាលើអង្គសេចក្ដីនៃករណីនីមួយៗរួចហើយ ប្រសិនបើចៅក្រមរកឃើញថា ជនណាម្នាក់ពុំមានសិទ្ធិទទួលបានកិច្ចជួយសង្គ្រោះក្នុងទម្រង់ណាមួយនោះ ចៅក្រមនឹងចេញដីកាបណ្ដេញចេញជាស្ថាពរ។ ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ នឹងអនុវត្តដីកាបណ្ដេញចេញស្ថាពរនេះ ផ្អែកតាមច្បាប់អាមេរិកជាធរមាននានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។