Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

តុលាការ​កោះកុង​កោះហៅ​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហុយ ៤​នាក់

$
0
0

តុលាការ​ខេត្ត​កោះកុង ចេញ​ដីកា​កោះហៅ​ស្ត្រី ៤​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ ទាក់ទង​នឹង​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ ដែល​ប្ដឹង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​លោក ៣​បទល្មើស​ផ្សេងគ្នា​។ ពលរដ្ឋ​ដែល​រង​ការចោទប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌ ចំពោះ​ពួកគាត់ ដែល​បាត់បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​រំលោភ​យក​ហើយ ថែមទាំង​ត្រូវ​រង​បណ្ដឹង​ទៅ​តុលាការ​ថែមទៀត។ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​កោះកុង លោក រស់ សារាំ ចេញ​ដីកា​កោះហៅ​ពលរដ្ឋ ៤​នាក់ ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ កញ្ញា តាម​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍ។ អ្នក​ទាំងនោះ មាន​លោកស្រី អិន ធូ និង​លោកស្រី កើត ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ ហើយ​លោកស្រី ដេត ហួ និង​លោកស្រី អើប វី ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា។

លោក ហេង ហ៊ុយ ប្ដឹង​ស្ត្រី​ទាំង ៤​នាក់ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយពី​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ​នាំគ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ពី អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី អស់​ជាច្រើនលើក​ច្រើនសា។

តំណាង​ពលរដ្ឋ ១៩៧​គ្រួសារ នៅ​ភូមិ​តានី ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង លោកស្រី ដេត ហួ ថ្លែង​ថា រូប​គាត់​គ្មាន​ភិតភ័យ ចំពោះ​ការ​កោះហៅ​នេះ​ទេ ពីព្រោះ​ពួកគាត់ គឺជា​ជនរងគ្រោះ​ពិតប្រាកដ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។

លោកស្រី​យល់ថា បណ្ដឹង​ឧកញ៉ា ហេង ហ៊ុយ ដែល​ដាក់​ទៅ​តុលាការ​នេះ អាច​ជា​ការ​ដាក់​សម្ពាធ​ឱ្យ​ពួកគាត់​ឈប់​ចេញ​តវ៉ា​រឿង​ដីធ្លី​តទៅទៀត​។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ពួកគាត់​នៅតែ​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ជា​ថ្មី​ទៀត លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ៖ «ខ្ញុំ​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ ពីព្រោះ​លើក​មុន ខ្ញុំ​បាន​ដាក់​ពន្យារ​ដើម្បី​រក​មេធាវី​ម្ដង​ហើយ​។ ឥឡូវ​រក​បាន​ហើយ មេធាវី​លីកាដូ ហើយ​ខ្ញុំ​រំពឹង​ថា លោក​មេធាវី គាត់​ជួយ​កាត់ក្ដី​ឱ្យ​ខ្ញុំ​យ៉ាង​ត្រឹមត្រូវ ពីព្រោះ​ខ្ញុំ​អត់​បាន​បរិហារកេរ្តិ៍​លោក​ឧកញ៉ា ហេង ហ៊ុយ ទេ។ ខ្ញុំ​មិនបាន​ញុះញង់​បងប្អូន​ណា​ទេ។ គាត់​ទៅ​ស្រេច​ចិត្ត​គាត់។ ខ្ញុំ​ទាមទារ​តវ៉ា​ស្រេច​ចិត្ត​របស់ខ្ញុំ ដី​ខ្ញុំ​បាត់​ពិតប្រាកដ​មែន​។ ហើយ​ខ្ញុំ​ក៏​មិន​បញ្ឈប់​ការ​តវ៉ា ទោះជា​ខ្ញុំ​ឡើង​តុលាការ​ហើយ ចូល​បំភ្លឺ​ហើយ ក៏​ខ្ញុំ​មិន​បញ្ឈប់​ការ​តវ៉ា​ទេ។ ខ្ញុំ​តវ៉ា​ទាល់​តែ​មាន​ដំណោះស្រាយ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​លីកាដូ បាន​ផ្ដល់​មេធាវី ដើម្បី​ជួយ​ការពារ​ផ្នែក​ច្បាប់​ជូន​ពលរដ្ឋ​ទាំង ៤​នាក់ តាម​ការ​ស្នើ​សុំ​ហើយ​។ លោក សង្កេត​ឃើញ​ថា រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នៅ​ទីណា តែង​មាន​ការ​គំរាមកំហែង បំភិតបំភ័យ និង​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ពលរដ្ឋ​ទៅ​តុលាការ​។ លោក អំ សំអាត យល់​ថា ក្រសួង​ដែនដី​គួរ​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ដោះស្រាយ​បញ្ចប់​វិវាទ​មួយ​នេះ ដើម្បី​ចៀសវាង​ការ​រុញច្រាន​រឿង​នេះ បន្ត​ទៅ​ស្ថាប័ន​តុលាការ៖ «ខ្ញុំ​គិត​ថា នេះ​បង្ក​ជា​រឿង​ឱ្យ​កាន់តែ​វែងឆ្ងាយ​។ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​រង់ចាំ​មើល​ខាង​ក្រសួង​ដែនដី ដំណើរការ​នីតិវិធី​ក្នុង​ការ​ដោះស្រាយ វា​ល្អ​ជាង​ការដែល​ដំណើរការ​នីតិវិធី​ផ្លូវច្បាប់ វា​បង្ក​បញ្ហា​វែងឆ្ងាយ​ទៀត​ទេ ពីព្រោះ​យើង​គួរ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា​។ វា​ជា​ការ​ល្អ»

ទាក់ទង​នឹង​ជម្លោះដីធ្លី​នេះ ក្រុម​ការងារ​ក្រសួង​ដែនដី ធ្លាប់​ប្រាប់​ពលរដ្ឋ​ទាំងនោះ​ថា នឹង​ចុះទៅ​ពិនិត្យមើល​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង នៅ​ខែ​វិច្ឆិកា ដើម្បី​ធ្វើ​អត្តសញ្ញាណ​កម្ម​ដី​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈ័រ គ្រុប (Heng Huy Agriculture Group) និង​ដី​ពលរដ្ឋ​ជិត ២​គ្រួសារ ស្ថិតនៅ​ឃុំ​ជី​ខ​លើ និង​ឃុំ​ជី​ក្រោម ក្នុង​ស្រុក​ស្រែអំបិល។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២២ សីហា ក្រសួង​ដែនដី​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នេះ មិនមែន​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ​នោះ​ទេ​។ ប្រសិនបើ​ក្រសួង​ដែនដី​ពិនិត្យ​ឃើញ​ថា ទីតាំង​វិវាទ​នោះ​ស្ថិតនៅ​លើ​ដី​ប័ណ្ណ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឬ​បុគ្គល​ផ្សេង គឺ​ត្រូវ​ទៅ​ដោះស្រាយ​នៅ​តុលាការ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ដែនដី​មិន​ទាន់​បាន​ទៅ​ពិនិត្យ​ទេ ហើយក៏​មិនបាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ថា នឹង​ចុះទៅ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

លោកស្រី ដេត ហួ ឱ្យ​ដឹង​ថា ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រក្រី រស់នៅ​ទីតាំង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​។ លោកស្រី​ថា ស្រាប់តែ​នៅ​ឆ្នាំ​២០០៧ រហូតមកដល់​ឆ្នាំ​២០១៣ ទើប​លេច​ឈ្មោះ​ក្រុមហ៊ុន ហេង ហ៊ុយ ចូល​មក​ឈូស​ឆាយ​ដី​ស្រែចម្ការ​ពួកគាត់ ដោយ​អះអាង​ថា ដី​ពលរដ្ឋ​ដែល​អាស្រ័យ​ផល គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ទៅវិញ។

អង្គការ​ស៊ីវិល​ដែល​តាម​ជម្លោះដីធ្លី ឆ្ងល់​អំពី​ការ​វិវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំ​ជិត ៨​រយ​ហិកតារ (៧៧៩) កាលពី​ឆ្នាំ​២០០៧ បែរជា​ប្រែ​ក្លាយទៅជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៩ ទៅវិញ។

ទោះបីជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ស្នើ​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ឱ្យ​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់​លាស់ និង​រិះរក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ នៅ​នៅ​ស្រុកស្រែ​អំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រុម​ការងារ​១០០​រាត្រី៖ រដ្ឋាភិបាល​អសមត្ថភាព​ទប់ស្កាត់​អាហារ​គីមី​តាម​ព្រំដែន​ពី​វៀតណាម

$
0
0

ក្រុម​យុវជន ១០០​រាត្រី ដែល​បន្ត​បេសកកម្ម​ពី​បណ្ឌិត កែម ឡី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយទៀត រក​ឃើញ​ថា រដ្ឋាភិបាល​អសមត្ថភាព​ទប់ស្កាត់​បន្លែ ផ្លែឈើ និង​ចំណីអាហារ​ផ្ទុក​សារធាតុ​គីមី នាំចូល​ពី​ប្រទេស​វៀតណាម។ ការ​លាតត្រដាង​របាយ​ការណ៍​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ រយៈពេល ១​ឆ្នាំ និង​បាន​ចុះ​អង្កេត​សកម្មភាព​នាំចូល​ទំនិញ ចំណីអាហារ និង​បន្លែ ពី​ប្រទេស​វៀតណាម នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម។

ចំណីអាហារ ត្រី​សាច់ ភេសជ្ជៈ និង បន្លែ​ផ្ទុក​សារធាតុ​គីមី នាំចូល​ពី​ប្រទេស​វៀតណាម មក​លក់ និង​ចែកចាយ​ទូទាំង​ប្រទេស​កម្ពុជា គឺជា​ប្រធានបទ​សំខាន់ ដែល​ក្រុម​យុវជន ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា ជា​ឃាតក​លាក់​មុខ បំផ្លាញ​អាយុជីវិត​មនុស្ស និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ខ្មែរ រយៈពេល​វែង។

របាយការណ៍ ៦​ទំព័រ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​លាតត្រដាង​ពី​គុណវិបត្តិ និង​បញ្ហា​ប្រឈម​ជាច្រើន ទាក់ទិន​ចំណីអាហារ​លក់ដូរ ដោយ​សេរី​លើ​ទីផ្សារ ក្នុង​ប្រទេស​កម្ពុជា​ផ្ទុក​ធាតុគីមី និង​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​។ លើស​ពី​នេះ ផ្សារ​ដើមគ ក្នុង​រាជធានី​ភ្នំពេញ ជាទី​តាំង​ចែកចាយ ចំណីអាហារ​ខ្នាត​ធំ នាំចូល​ពី​ប្រទេស​វៀតណាម។

ទំនិញ និង​ចំណីអាហារ​ទាំងនោះ​រួមមាន ត្រី សាច់ បន្លែ ផ្លែឈើ និង​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​ទៀត នាំចូល​ពី​ប្រទេស​វៀតណាម ផ្ទុក​សារធាតុ​គីមី។

របាយការណ៍​បន្ថែម​ថា ទំនិញ​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ចិន​គ្មាន​គុណភាព លួច​បន្លំ​ស្លាក និង​ផ្ទុក​សារធាតុ​គីមី ត្រូវ​បាន​ចែកចាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ កាល​ពី​ឆ្នាំ​២០១៨ ប្រទេស​វៀតណាម​បាន​នាំ​ទំនិញ និង​ចំណីអាហារ ចូល​មក​លក់​នៅ​ប្រទេស​កម្ពុជា គិត​ជា​ប្រាក់​ជិត ៤០០​ពាន់​លាន​ដុល្លារ (.៧០០)​។ ចំណីអាហារ​ទាំងនោះ រួមមាន ត្រី សាច់ បន្លែ និង​គ្រឿង​ឧបភោគ​បរិភោគ ជាដើម ដែល​គេ​នាំចូល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

សមាជិក​ក្រុមការងារ ១០០​រាត្រី លោក មួង សូនី ថ្លែង​ថា ក្រុមការងារ​លោក បាន​ចុះ​សិក្សា​ស្រាវជ្រាវ​បញ្ហា​នេះ នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​មួយ​ចំនួន​ទៀត ក្នុង​រាជធានី​ភ្នំពេញ ហើយ​ផ្សា​រទាំង​នោះ​បាន​ចែកចាយ បន្លែ និង​ចំណីអាហារ​នាំចូល​ពី​ប្រទេស​វៀតណាម​។ លោក​ថា ក្រុមការងារ​លោក​រក​ឃើញ​ថា តាម​ច្រក​ព្រំដែន​អន្តរជាតិ និង​ច្រក​របៀង​ស្ទើរតែ​ទាំងអស់ ឋិត​ក្នុង​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ បា​នប​បណ្ដោយ​ឱ្យ​ពាណិជ្ជករ​វៀតណាម​នាំ​ទំនិញ​ចូល​លក់​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សេរី។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ព្រំដែន គ្មាន​ឧបករណ៍ និង​សម្ភារ​គ្រប់គ្រាន់​ពិនិត្យ​ទំនិញ​មាន​សារជាតិ​គីមី​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ «»

ខ្លឹមសារ​របាយការណ៍​បាន​បង្ហាញ​ពី​ចំណុច​សំខាន់ៗ មួយ​ចំនួន ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ភារកិច្ច​របស់​រដ្ឋាភិបាល ដែល​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​ទំនិញ​ខូចគុណភាព និង​ផ្ទុក​សារធាតុ​គីមី ពី​ប្រទេស​វៀតណាម ដើម្បី​ការពារ​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាជន​ខ្មែរ​។ នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ទើរតែ​គ្រប់​ខេត្ត​មាន​ច្រក​អន្តរជាតិ និង​ច្រក​របៀង​តូចៗ ជាច្រើន​ទៀត ភាគច្រើន​គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​នោះ​ទេ។ របាយការណ៍​បន្ថែម​ថា ច្រក​ព្រំដែន​ដូងរ័ត្ន ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ទៀត នៅ​ក្រុង​បាវិត ក្នុង​ខេត្ត​ស្វាយរៀង មាន​ច្រក​របៀង​ខុសច្បាប់​ជាច្រើន ដែល​ពាណិជ្ជករ​វៀតណាម នាំ​ទំនិញ និង​ចំណីអាហារ​ចូល​មក​ប្រទេស​កម្ពុជា គ្មាន​ការពិនិត្យ​។ ច្រក​ព្រំដែន​ទាំងនោះ​សមត្ថកិច្ច​កម្ពុជា មាន​មនោសញ្ចេតនា​ជាមួយ​ជនជាតិ​វៀតណាម ហើយ​បាន​ប្រព្រឹត្ត​អំពើពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ​ចូល​ដោយ​ងាយស្រួល។

លោក មួង សូនី អះអាង​ថា ទំនិញ និង​ចំណីអាហារ​ប្រមាណ ៨០​ភាគរយ លក់​នៅ​ផ្សារ​ដើមគ និង​ផ្សារ​មួយ​ចំនួន​ទៀត​ក្នុង​ក្រុងភ្នំពេញ គឺ​នាំចូល​ពី​ប្រទេស​វៀតណាម​។ លោក​ថា ឥទ្ធិពល​សេដ្ឋកិច្ច​ទីផ្សារ​ទំនិញ​វៀតណាម ស្ទើរតែ​ក្ដោប​ក្ដាប់​ទីផ្សារ​កម្ពុជា​ទាំងមូល។ «»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​១២ កញ្ញា។

ចំណែក​នាំ​ពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន ចាត់​ទុក​របាយការណ៍​នេះ មិន​បង្ហាញ​ពី​សុក្រឹត និង​ឯករាជភាព​នោះ​ទេ ហើយ​ផ្ទុយទៅវិញ​បាន​ដាក់​ទម្ងន់​មក​លើ​រាជរដ្ឋាភិបាល​។ លោក​បញ្ជាក់​ថា របាយការណ៍​នេះ គឺ​មិន​អាច​យក​ជា​ផ្លូវការ​បាន​នោះ​ទេ ព្រោះ​ក្រុមការងារ ១០០​រាត្រី ពុំ​មែន​អ្នកបច្ចេកទេស​ទេ។ លោក​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​កសាង​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ទាក់ទិន​ការ​នាំ​ទំនិញ​ចេញចូល​ទៅវិញទៅមក​។ រីឯ​ការ​ដោះស្រាយ​បញ្ហា​នេះ ជា​កត្តា​រួម ដែល​ទាំងអស់​គ្នា​ត្រូវ​ទទួលខុសត្រូវ ពុំ​មែន​ដាក់​បន្ទុក​តែ​លើ​រដ្ឋាភិបាល​ម្នាក់​នោះ​ទេ។ «»

កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ស្ដីបន្ទោស​ពលរដ្ឋ ដែល​ប្រើប្រាស់ និង​បរិភោគ បន្លែ ផ្លែឈើ អាហារ ត្រី សាច់ ផ្ទុក​សារធាតុ​គីមី ហើយ​បែរជា​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​ទៅវិញ​។ លោក​ថា ជា​រឿង​ជ្រុល​ពេក​ហើយ ដែល​មក​ស្ដីបន្ទោស​រដ្ឋាភិបាល​។ តាមពិត​ពលរដ្ឋ​ខ្លួនឯង​ទេ ដែល​ប្រើប្រាស់​មិន​ចេះ​មើល។ «»

យុវជន​រស់នៅ​រាជធានី​ភ្នំពេញ លោក ម៉ា ចិត្រា បារម្ភ​ថា រដ្ឋាភិបាល​ហាក់​មើល​រំលង​អំពី​សុខភាព​របស់​ប្រជាជន ដែល​កំពុង​ប្រើប្រាស់​ផលិតផល​ប្រចាំថ្ងៃ មាន​សារ​ធាតុគីមី​ក្នុង​បន្លែ ផ្លែឈើ និង​ម្ហូបអាហារ​នេះ បំផ្លាញ​សុខភាព​របស់​ប្រជាជន​ដោយ​មិន​ដឹង​ខ្លួន​។ លោក​ថា រដ្ឋាភិបាល​ហាក់​មាន​ចេតនា​បណ្ដោយ​ឱ្យ​មាន​អំពើពុករលួយ​តាមរយៈ​ការ​នាំ​ចូល​នេះ​ហើយ ជា​មូលហេតុ​មិន​គាំទ្រ ផលិតផល​ក្នុងស្រុក​របស់​ខ្លួន។ «»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា របាយការណ៍​នេះ ឆ្លុះបញ្ចាំង​ពី​ការពិត និង​មាន​សារៈសំខាន់​ណាស់ ដែល​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​ថា បើ​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឱ្យ​បាតុភាព​នេះ កើតឡើង​ដដែលៗ ទៀត នឹង​ប៉ះពាល់​សុខុមាលភាព និង​ជីវភាព​ពលរដ្ឋ កាន់តែ​ធ្ងន់ធ្ងរ។ «»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើលឃើញ​ថា ការ​ធ្វេស​ប្រហែស​ឱ្យ​នាំ​ទំនិញ​ចូល​ពី​វៀតណាម ផ្ទុក​សារធាតុ​គីមី បង្ក​ប៉ះពាល់​សុខភាព​ពលរដ្ឋ​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ​។ លោក​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ជំងឺ និង​សុខភាព​ទ្រុឌទ្រោម បាន​យក​លុយ​ជាច្រើន ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​។ «»

ក្រុមការងារ ១០០ រាត្រី បន្ថែម​ថា បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ភាគច្រើន កំពុង​រស់នៅ​ដោយ​ភាព​ភ័យខ្លាច ក្នុង​ការ​បរិភោគ និង​បន្លែ​លក់​នៅ​ទីផ្សារ។ ពួកគេ​សង្ស័យ​ថា សារធាតុ​គីមី ក្នុង​ចំណីអាហារ​ទាំងនោះ ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់ កើត​ជំងឺ មាន​ដូចជា មហារីក​ក្រពះ និង​ទឹកនោមផ្អែម​ជាដើម​។ ក្រុម​យុវជន ១០០​រាត្រី ចាត់​ទុក​បញ្ហា​នេះ​ថា ជា​យុទ្ធសាស្ត្រ​នយោបាយ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​វៀតណាម មាន​ចេតនា​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​របប​ក្រុងភ្នំពេញ​សម្រេច​ចោទ លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ

$
0
0

អ្នកវិភាគ​នយោបាយ យល់ថា ចំណាត់ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ មិនមែន​ជា​ព្រះរាជ បំណង​ព្រះមហាក្សត្រ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​របប​ក្រុងភ្នំពេញ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ។ ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​នោះ លោក កែវ សុធា ក៏​ស្នើសុំ​ឱ្យ​មានការ​តាម​ចាប់​ឃុំខ្លួន លោក សម រង្ស៊ី ជា​បណ្ដោះអាសន្ន​ផង​ដែរ។

ចំណាត់ការ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចេញ​លិខិត​បញ្ជា​ឱ្យ​ព្រះ រាជអាជ្ញា ចាត់វិធានការ​ផ្លូវ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​លោក សម រង្ស៊ី។ រីឯ​ក្រសួង​ព្រះបរមរាជវាំង ក៏​ប្រកាស​ថ្កោលទោស លោក សម រង្ស៊ី ដោយ​បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង រូប​នេះ បាន​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ប្រមាថ​ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី។

លោក សម រង្ស៊ី បាន សរសេរ​ឆ្លើយតប​ក្នុង​ប្រអប់​បញ្ចេញមតិ​(comment)​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ លោក​ថា ព្រះបរមរាជវាំង​សព្វថ្ងៃ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ លោក ហ៊ុន សែន ដែល​ជា​ជន ក្បត់ជាតិ​យ៉ាងពិត​ប្រាកដ ពូកែ​តែ​តាម​ធ្វើបាប​អ្នក​ស្នេហាជាតិ ដែល​ប្រឆាំង​របប​គ្រប់គ្រង​របស់​គាត់។ លោក សម រង្ស៊ី បន្ត​ថា អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហនុ កាល​មាន​ព្រះជន្ម​នៅ​ឡើយ តែងតែ​ប្រទាន​តម្លៃ​ដល់​សកម្មភាព​ស្នេហា​ជាតិ​របស់​លោក ដែល​ធ្វើ​នយោបាយ​ប្រឆាំង​ដាច់ខាត​អំណាច ផ្ដាច់ការ និង​អំពើពុករលួយ​របស់​លោក ហ៊ុន សែន។

ចំណាត់​ការ​ជាថ្មី​របស់​ក្រុងភ្នំពេញ​នេះ បន្ទាប់ពី លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថា ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ពឹង​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​បានទេ ព្រោះ របប លោក ហ៊ុន សែន បាន​យក​ព្រះ មហាក្សត្រ ធ្វើជា​ចំណាប់ខ្មាំង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្ស វង្សវឌ្ឍានា ក៏បាន​បញ្ជា​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ច្បាប់​លើ​លោក សម រង្ស៊ី ដែរ បន្ទាប់​ពី​លោក​សរសេរ​លើ​ហ្វសប៊ុក ដោយ​ចាត់​ទុក​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថា ជា​លិខិត​ក្លែងក្លាយ ឬក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ពី​សំណាក់​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុងភ្នំពេញ​តាម​ចាប់ខ្លួន លោក គឹម សុខ មាន​ប្រសាសន៍​ថា ចំណាត់​ការ និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ មិនមែន​ជា​ព្រះរាជ​បំណង​របស់​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​ជា​បំណង របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​យក​ព្រះនាម​ព្រះអង្គ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។ ជាពិសេស របប​ក្រុងភ្នំពេញ ចង់​យក​ព្រះនាម​ព្រះមហាក្សត្រ​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ ដើម្បី​បន្ថែម​សម្ពាធ​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​កាល​កំណត់៖ «បំណង​របស់​ព្រះមហាក្សត្រ​គឺ​ការ​ចង់​បាន​ការ​ផ្សះផ្សា​ជាតិ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​ទាំងនោះ ខ្ញុំ​មើល​ខ្លឹមសារ​គឺជា​ការ​ចង់​បាន ឬ​ជា​ការ​រៀបចំ​របស់ រដ្ឋាភិបាល​នៃ​ក្រុម​លោក ហ៊ុន សែន ដែល​យក​ព្រះនាម​ព្រះមហាក្សត្រ​ទៅ​បិត​បាំង។ បើ​និយាយ​ពី ក្រសួងយុត្តិធម៌​យើង​មិនបាច់​និយាយ​ទេ ហើយ​បើ​និយាយ​ពី​ក្រសួង​ព្រះបរមរាជវាំង​វិញ សូម្បីតែ ព្រះបាទ​នរោត្តម សីហនុ កាល​មាន​ព្រះជន្ម​នៅឡើយ មាន​រាជបន្ទូល​ថា ក្រសួង​នេះ គឺជា​ក្រសួង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​តែងតាំង​ទៅ​ឃ្លាំមើល​វាំង កុំ​ឱ្យ​ព្រះមហាក្សត្រ អាច​ធ្វើ​អ្វី​បាន​ទៅតាម​បំណង​ព្រះរាជហឫទ័យ​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ»

លោក គឹម សុខ ថ្លែង​បន្ត​ថា អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​ក្រុម​លោក ហ៊ុន សែន ទៅវិញ​ទេ៖ «អ្នកនយោបាយ​នៅ​កម្ពុជា បើ​យើង​និយាយ​ពី​ភាសា និយាយ​មិនសូវ​គោរព​ព្រះមហាក្សត្រ​គឺ​មាន​ដូចគ្នា ។ ប៉ុន្តែ​បើ​យើង​និយាយ​អំពី​លក្ខខណ្ឌ​នៃ​ការប្រមាថ​ព្រះមហាក្សត្រ ការ​មិន​គោរព​តួនាទី​ព្រះមហាក្សត្រ និង​មិន​គោរព​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ពេល​មាន​បញ្ហា​ផ្សេងៗ​ត្រូវ​យក​ព្រះមហាក្សត្រ​ជា​និមិត្តរូប​ហើយ​គោរព​តាម​ព្រះរាជ​បំណង​របស់​ព្រះអង្គ​ដើម្បី​ជួយ​ប្រទេសជាតិ និង​ប្រជារាស្ត្រ គឺ​ខ្ញុំ​មើល​ឃើញ​ថា មាន​តែ​រដ្ឋាភិបាល​នៃ​ក្រុម លោក ហ៊ុន សែន​ទេ គឺ​បង្ហាញ​សញ្ញា​ច្បាស់​មិន​ត្រឹមតែ​ពាក្យ​សម្តី​ទេ ថែមទាំង​សកម្មភាព​ដល់​ទៅ គំរាម ប្តូរ​រាជ​បល្ល័ង្ក​ប្ដូរ​របប ហើយ​នឹង​សង្កត់​ព្រះមហាក្សត្រ​តាម​បំណង​នៃ​មហិច្ឆតា​អំណាច របស់​គេ»

កន្លងមក មេដឹកនាំ​របប​ក្រុងភ្នំពេញ រង​ការ​ចោទ​ថា ប្រើ​ភាសា​ប្រមាថ​ព្រះមហាក្សត្រ​ដែរ ប៉ុន្តែ​ក្រសួង ព្រះបរមរាជវាំង និង​ក្រសួងយុត្តិធម៌​ក្តី មិនដែល​ហ៊ាន​ថ្កោលទោស ឬ​ប្តឹង​លោក ហ៊ុន សែន ឡើយ​។ ផ្ទុយ​ទៅវិញ​ពួកគេ ថែមទាំង​នាំគ្នា​ការពារ​លោក ហ៊ុន សែន ពី​ការរិះគន់​នានា​ទៀត​ផង។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​និយាយ​ក្នុង​ពេល​លូកដៃ​អន្តរាគមន៍​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) របស់​ឧកញ៉ា គិត ម៉េង ថា លោក គិត ម៉េង ត្រូវតែ​ធ្វើតាម បញ្ជា​របស់​ដាច់ខាត ព្រោះ​អំណាច​របស់​លោកធំ​ណាស់ សូម្បីតែ​ស្ដេច​ផែនដី​ក៏ដោយ​ក៏​លោក​មិន​ព្រឺ​ឆ្អឹង​ខ្នង​ដែរ៖ «ជាមួយ​ខ្ញុំ​កុំ​និយាយ​ឱ្យ​សោះ ឪ​ស្ដេច ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ កុំ​និយាយ​បញ្ហា​កូន​អ្នកធំ​ក្មួយ​អ្នកធំ ការយោគយល់​អត់​ទេ»

លោក សម រង្ស៊ី ក៏​ធ្លាប់​លើកឡើង​ថា គ្មាន​នរណា​មើលងាយ​ព្រះមហាក្សត្រ ជាង លោក ហ៊ុន សែន នោះ​ទេ ដែល​ជេរប្រមាថ និង​គំរាមកំហែង​ព្រះមហាក្សត្រ តាំងពី​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​យក​ព្រះមហាក្សត្រ ប្រើ​ជា​ខែល ដើម្បី​បន្តអំណាច​ផ្ដាច់ការ​របស់​លោក៕

 

ក្រុម​អ្នក​សារព័ត៌មាន​ថា សេរីភាព​សារព័ត៌មាន​មិនទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ

$
0
0

ខែ​កញ្ញា​ឆ្នាំ​២០១៩ នេះ គឺជា​ខួប​ពីរ​ឆ្នាំ​ហើយ​នៃ​ការ​វាយ​បង្ក្រាប​ដល់​កម្រិត​កំពូល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​អត់ឱន​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ឡើយ ស្រប​ពេល​នៃ​ការ​កម្ចាត់​គណបក្ស​សង្គ្រោះជាតិ។ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ដែល​ហ៊ាន​និយាយ​ការ​ពិត បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​សេណារីយ៉ូ​នយោបាយ​នេះ​។ តើ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​សេរីភាព​សារព័ត៌មាន​នេះ មាន​ការ​វិវឌ្ឍ​យ៉ាង​ដូចម្ដេច​ខ្លះ​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លង​ទៅ​នេះ?

អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​វាយតម្លៃ​ថា សេរីភាព​សារព័ត៌មាន​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ មិនទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​នៅឡើយ​ទេ ហើយ​អ្នកសារព័ត៌មាន​នៅតែ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​បែបយ៉ាង។

ការី​និពន្ធ​សារព័ត៌មាន​វីអូឌី (VOD) លោក មិន ពៅ ថ្លែង​ថា សេរីភាព​សារព័ត៌មាន​នៅតែ​ស្ថិត​ក្រោម​ការ​រឹតត្បិត។ លោក​ថា ប្រជាពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល សុទ្ធតែ​បាត់បង់​ព័ត៌មាន​ពិត នៅ​ពេល​ដែល​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​បាន​បិទទ្វារ។ លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ស្ថាប័ន​របស់​លោក​ផ្សាយ​ព័ត៌មាន​បានតែ​នៅ​អនឡាញ​ប៉ុណ្ណោះ ចំណែក​ការផ្សាយ​តាម​វិទ្យុ​អេហ្វអិម (FM) វិញ លោក​ថា ក្រសួង​នៅតែ​ហាមឃាត់​ម្ចាស់​ស្ថានីយ​មិន​ឱ្យ​ជួល​ម៉ោង​ផ្សាយ​សម្រាប់​ស្ថាប័ន​របស់​លោក​ដដែល​។ ម្យ៉ាងវិញទៀត លោក​ថា ក្រសួង​លែង​ផ្ដល់​បណ្ណែ​អ្នកកាសែត​ឱ្យ​អ្នក​ព័ត៌មាន​វិទ្យុ​វីអូឌី (VOD) ជាង​ពីរ​ឆ្នាំ​មក​ហើយ ដែល​បញ្ហា​នេះ​បាន​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​សហការី​របស់​លោក​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​នៅ​តាម​ទីតាំង​មួយ​ចំនួន៖ «វា​អត់​មាន​អ្វី​ប្រសើរ​ឡើង​ផង មានតែ​ស្ថានភាព​ថេរ មានតែ​ស្ថានភាព​ប្រឈម​ដដែលៗ​ទេ​។ ពេល​ខ្លះ​ទៅ វា​ហាក់​ដូចជា​ចង់​លើស​មុន​ទៀត ដោយ​ផ្នែក​ខ្លះ​។ យើង​មើល​តាំងពី​ចុង​ឆ្នាំ​២០១៧ ដែល​បិទ​ស្ថានីយ​វិទ្យុ​ផ្សាយ​ព័ត៌មាន​ដែល​ឆ្លុះបញ្ចាំង​ពី​រដ្ឋាភិបាល រួម​ទាំង​អាស៊ីសេរី វីអេអេ វីអូឌី​ផង​ដែរ​ហ្នឹង ៣២ ស្ថានីយ​ហ្នឹង គឺ​បិទ​លែង​ឱ្យ​ផ្សាយ​។ អ៊ីចឹង​យើង​ក៏​លែង​មានឱកាស​ក្នុង​ការផ្សាយ​បន្ត​ទៀត ហើយ​ពេល​ជិត​បោះឆ្នោត ពេល​ដែល​មាន​ព្រឹត្តិការណ៍​សំខាន់​ហ្នឹង ក៏​បិទ​វេបសាយ។ ដូច ២០១៨ បិទ​វេបសាយ​អស់ ១៧​វេបសាយ នៅ​អំឡុង​ពេល​ជិត​បោះឆ្នោត​ដែល​ពលរដ្ឋ​ត្រូវការ​ព័ត៌មាន។ ការ​បិទ​ទៀតសោត គឺ​អត់​បាន​ផ្តល់​ព័ត៌មាន​ប្រាប់​យើង​មុន អត់​បាន​អី​ទេ គឺ​ហាក់​ដូចជា ចង់​បិទ ក៏​បិទ ចង់​បើក ក៏​បើក»

ក្រោយ​ការ​បោះ​ពួយ​យ៉ាង​លឿន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កម្ចាត់​គណបក្ស​នេះ​ចេញពី​ឆាក​នយោបាយ​កម្ពុជា។ ចំណាត់ការ​ជាច្រើន​ត្រូវ​បាន​ដាក់​ចេញ​នៅ​មុន​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់ ក្នុង​នោះ​មាន​ជាអាទិ៍ ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួច​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង​យក​មក​ចែក​គ្នា​កាន់កាប់ ព្រមទាំង​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​នេះ​ចំនួន ១១៨​នាក់​ផង​ដែរ​។​

ទន្ទឹម​នឹង​នេះ របប​ក្រុងភ្នំពេញ​បាន​ខ្ទប់​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ពី​ដំបូង​បាន​បិទ​ប្រេកង​/​ហ្វ្រេកង់​វិទ្យុ​ជាង ៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្រោម​ហេតុផល​ថា ម្ចាស់​ស្ថានីយ​ទាំងនោះ​មិន​គោរព​កិច្ចសន្យា​ជាមួយ​ក្រសួង។ ក្រោយ​មក​ទៀត របប​នេះ​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ដើមខែ​កញ្ញា ក្រោម​ហេតុផល​ថា កាសែត​នេះ​ជំពាក់​ពន្ធ​រដ្ឋ​ជាង ៦​លាន​ដុល្លារ​អាមេរិក​។ មួយ​សប្ដាហ៍​ក្រោយមក អាស៊ីសេរី​បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ បន្ទាប់​ពី​របប​ក្រុងភ្នំពេញ​បាន​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​រឿង​បង់ពន្ធ និង​បញ្ហា​អាជ្ញាប័ណ្ណ។

ការ​វាយ​បង្ក្រាប​មិន​បាន​បញ្ឈប់​ត្រឹមនេះ​ទេ​។ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​ចោទ​ពួកគេ​ថា បាន​បញ្ជូន​ព័ត៌មាន​សម្ងាត់​ឱ្យ​បរទេស ទាំង​ដែល​ពួកគេ​បាន​លាឈប់​ពី​ការងារ​នៅ​អាស៊ីសេរី​រួច​អស់​ទៅ​ហើយ​។ បន្ថែម​ពីលើ​នេះ នៅ​កៀក​នឹង​ការបោះឆ្នោត អាជ្ញាធរ​បាន​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន និង​គេហទំព័រ​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ទៀត ដើម្បី​កុំ​ឱ្យ​ផ្សព្វផ្សាយ​ប៉ះពាល់​ដល់​ការបោះឆ្នោត។

អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) លោក ស៊ុន ណារិន ថ្លែង​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បាន​បង្ក​ជា​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ លោក​កត់សម្គាល់​ថា អ្នកសារព័ត៌មាន​ឯករាជ្យ​ជាច្រើន​ត្រូវ​បាត់បង់​ការងារ ខ្លះ​ត្រូវ​រត់​ទៅ​ជ្រក​នៅ​ក្រោម​ស្ថាប័ន ដែល​មិន​សូវ​មាន​វិជ្ជាជីវៈ និង​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​។ លោក​បន្ត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​នៅ​សេសសល់ ត្រូវ​រង​ការចោទប្រកាន់ និង​រើសអើង​ថា ជា​ក្រុម​ប្រឆាំង ឬ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ជាដើម​។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ស្ថានភាព​នេះ ឱ្យ​បាន​ល្អ​ឡើងវិញ​៖ «ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​បាត់បង់​ព័ត៌មាន​ច្រើន​ណាស់ អ៊ីចឹង​វា​ជា​រឿង​សោកស្ដាយ​មួយ​។ ត្រូវ​មាន​ការ​គិត​ឡើងវិញ​ដែរ ព្រោះ​មិនមែន​តែ​ពលរដ្ឋ​បាត់បង់​ទេ ខ្ញុំ​គិត​ថា មន្ត្រី​ថ្នាក់ក្រោម​ក៏​គាត់​បាត់បង់​ព័ត៌មាន ដែល​គាត់​គិត​ថា ជា​ព័ត៌មាន​មានតម្លៃ​សម្រាប់​ពួកគាត់​ដែរ​។ អ៊ីចឹង​យក​ល្អ គឺថា​មានការ​បើកទូលាយ​ឡើងវិញ បន្ទាប់មក​គឺ​ឱ្យ​ស្ថាប័ន​អស់ហ្នឹង​វិលត្រឡប់​មកវិញ អ៊ីចឹង​យើង​កាន់​តែ​មាន​អ្នកកាសែត​ច្រើន ប្រជាជន​កាន់តែ​ទទួល​បាន​ព័ត៌មាន​អស់ហ្នឹង»

ក្រោយ​ការ​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​លើ​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​របស់​កម្ពុជា​។ គណបក្ស​ដែល​មាន​ឫសគល់​ចេញពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​របស់​វៀតណាម​នេះ បាន​ប្រមូល​យក​អាសនៈ​ទាំង ១២៥ ក្នុង​រដ្ឋសភា មកកាន់​កាប់​តែម្នាក់​ឯង។

ទោះជា​យ៉ាងណា ជោគជ័យ​នេះ​បាន នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​សម្រាប់​ជាតិ​។ កម្ពុជា​បាន​ក្លាយ​ជា​របប​ដឹកនាំ​បក្ស​តែមួយ ឬ​ឯក​បក្ស​ប្រាស​ចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​ធ្លាប់តែ​ជួយ​ជ្រោមជ្រែង​កម្ពុជា​លើ​ផ្នែក​អភិបាលកិច្ច ការ​អភិវឌ្ឍ និង​សេដ្ឋកិច្ច​នោះ បាន​នាំគ្នា​កាត់បន្ថយ​ជំនួយ និង​ព្រមាន​ឈប់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ចំពោះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​លក់​លើ​ទីផ្សារ​របស់​ពួកគេ​ថែមទៀត។

បន្ទាប់ពី​ទទួល​ក្ដាប់​អំណាច​ណែន​ក្នុង​ដៃ​ហើយ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​រៀបចំ​តាក់តែង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឧក្រិដ្ឋកម្ម​លើ​បច្ចេកវិទ្យា ដោយ​លោក​អះអាង​ថា ដើម្បី​ថែរក្សា​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ក៏ប៉ុន្តែ​អ្នក​ជំនាញ​បារម្ភ​ថា របប​ក្រុងភ្នំពេញ​អាច​នឹង​ប្រើ​ច្បាប់​នេះ ដើម្បី​បំបិទមាត់​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​តាម​បណ្ដាញ​សង្គម ពីព្រោះ​ច្បាប់​មិនទាន់​ចេញ​ជា​រូបរាង​ផង សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រួចស្រេច​ទៅ​ហើយ ក្រោម​បទ​ចោទ​ដ៏​ពេញ​និយម គឺ​ការ​ញុះញង់។

ស្រប​ពេល​នៃ​ការ​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​មួយ​ឆ្នាំ​ម្ដង​ផង​ដែរ​។ ក្នុង​ជំនួប​រាល់​លើក លោក​តែងតែ​ណែនាំ​ឱ្យ​អ្នកសារព័ត៌មាន​គោរព​វិជ្ជាជីវៈ រាយការណ៍​ព័ត៌មាន​ពិត និង​ចៀសវាង​ផ្សាយ​ព័ត៌មាន ដែល​មាន​ចរិត​ជា​ការ​ញុះញង់ អុជអាល និង​បញ្ឆេះ​កំហឹង ខណៈ​រូបលោក​ផ្ទាល់ គឺជា​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម ដែល​តែង​ប្រើប្រាស់​វេទិកា​សាធារណៈ ជេរ​ប្រមាថ​កាតទាន និង​គំរាមកំហែង​អ្នក​ដទៃ។

ក្នុង​ពិធី​ជួបជុំ​នោះ លោក ហ៊ុន សែន មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​អ្នកសារព័ត៌មាន​បាន​លើក​ឡើង​ពី​កង្វល់ និង​សំណូមពរ​របស់​ពួកគេ​ឡើយ ដោយ​លោក​គ្រាន់តែ​ថ្លែង​សុន្ទរកថា ចប់ ហើយក៏​ចុះ​ពី​ឆាក​វិញ ដើម្បី​ទទួលទាន​អាហារ​ជុំ​គ្នា​។ អ្នកសារព័ត៌មាន​មួយ​ចំនួន ដែល​គាំទ្រ​បក្ស​កាន់អំណាច និង​តោង​កាលីប​អ្នកធំ បាន​បង្ហាញ​ការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ជាមួយ​អាហារ​មួយ​ពេល​នោះ ហើយ​ពួកគេ​បាន​បង្ហោះ​រូប និង​សារ​ព្រោងព្រាត​លើ​ហ្វេសប៊ុក (Facebook) ដោយ​ចាត់ទុកថា ព្រឹត្តិការណ៍​នោះ ជា​ផ្នែក​មួយ​នៃ​ការ​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​ស្រុក​ខ្មែរ​។ ក៏ប៉ុន្តែ សម្រាប់​អ្នក​សារព័ត៌មាន​ឯករាជ្យ​វិញ កម្មវិធី​នេះ​គ្មាន​បាន​ផល​អ្វី​ឡើយ ក្រៅ​តែ​ពី​ការ​ផឹកស៊ី​រាំរែក។

ជុំវិញ​បញ្ហា​សេរីភាព​សារព័ត៌មាន​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​លើកស្ទួយ​សិទ្ធិ​សេរីភាព​នេះ តាមរយៈ​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របប​សារព័ត៌មាន ការអនុញ្ញាត​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់រយ​ស្ថាប័ន និង​វិសាលភាព​ផ្សព្វផ្សាយ​ធំ​ទូលាយ និង​ទាំង​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រាប់ពាន់​នាក់ បំពេញការងារ​នៅ​ក្នុង​ប្រទេស​។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​កំពុង​តាក់តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នឹង​ជួយ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​បន្ថែម​ទៀត​។ លោក​ថា រដ្ឋាភិបាល​មិនបាន​រឹតត្បិត យាយី ឬ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ ហើយ​លោក​ថា ចំណាត់​ការ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នកកាសែត​នា​ពេល​កន្លងមក គឺជា​ការអនុវត្ត​ច្បាប់៖ «ការវាយតម្លៃ និង​ការយល់ឃើញ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន ឬ​អ្នកសារព័ត៌មាន​មួយ​ចំនួន​ហ្នឹង គឺជា​ការវាយតម្លៃ​ដោយ​ផ្អែក​ទៅ​លើ​ព័ត៌មាន​តែមួយ​ផ្នែក មិនបាន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​គ្រប់​ជ្រុងជ្រោយ អំពី​ស្ថានភាព និង​បរិយាកាស​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ទេ​។ យើង​កត់សម្គាល់​ឃើញ​ថា មក​ដល់​ពេលនេះ សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​គោរព និង​លើកកម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ហើយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ទាំង​វិសាលភាព និង​មធ្យោបាយ​ផ្សព្វផ្សាយ គឺ​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់»

ទោះជា​មានការ​បកស្រាយ​ពី​តំណាង​ក្រសួង​ព័ត៌មាន​បែបនេះ​ក្តី ក៏​របាយការណ៍​នានា បង្ហាញ​ថា កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​យ៉ាង​គំហុក​ផ្នែក​សេរីភាព​សារព័ត៌មាន​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ដែល​ចេញផ្សាយ​ដោយ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​ជាប់​លេខ ១៤៣ ខណៈ​សន្ទស្សន៍​ឆ្នាំ​២០១៧ កម្ពុជា​ជាប់​លេខ​១៣២។ ចំណាត់ថ្នាក់​នេះ​មានន័យថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។

និពន្ធ​នាយក​កាសែត​ខ្មែរថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា ទទួល​ស្គាល់​ថា កម្ពុជា​មាន​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​មែន ប៉ុន្តែ​នៅ​ខ្វះ​គុណភាព​នៅឡើយ​។ ក្នុង​បរិបទ​បែបនេះ លោក​ថា ចំនួន​ស្ថាប័ន​ព័ត៌មាន​តែមួយ​មុខ មិនមែន​ជា​កត្តា​កំណត់​អំពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ និង​បញ្ឈប់​ការ​យាយី​លើ​អ្នកសារព័ត៌មាន​តទៅទៀត៖ «បរិមាណ​មាន​វា​ច្រើន​មែន​សម្រាប់​សារព័ត៌មាន​នៅ​កម្ពុជា​យើង ប៉ុន្តែ​សម្រាប់​គុណភាព​វា​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​មានតែ​បរិមាណ អ៊ីចឹង​យើង​គួរតែ​បើកចំហ​បន្តិចទៀត​សម្រាប់​អ្នកសារព័ត៌មាន ដែល​គាត់​បម្រើការ​វិជ្ជាជីវៈ​ឯករាជ្យ ដើម្បី​ឱ្យ​គាត់​បាន​ធ្វើ​ការ​ជា​បន្ត​ទៀត។ យើង​មើល​ទៅ​ថា តើ​លំហ​ជើងមេឃ​នៅ​កន្លែង​ណា បើ​២ នាក់ អតីត​អាស៊ីសេរី​នៅតែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​តុលាការ​ដដែល​។ អ៊ីចឹង​យើង​នៅតែ​ទទូច​ថា សូម​ឱ្យ​លោក​ពិចារណា​ទម្លាក់​បទ​ចោទ​លើ​អាស៊ីសេរី ២​នាក់​ទៅ ដើម្បី​ជា​ការ​បើកចំហ​ជើងមេឃ​ឱ្យ​ឃើញ​ថា អ្នកសារព័ត៌មាន​នឹង​ធ្វើ​ការ​ដោយ​ពុំ​មាន​ការភ័យខ្លាច និង​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​របស់​គាត់»

អង្គការ​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ជាទូទៅ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​ចាប់ពី​ចុង​ឆ្នាំ​២០១៧ រហូត​មក ពោល គឺ​នៅ​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​កើន​ឡើង​ខ្លាំង ដែល​ជា​ការ​គំរាមកំហែង​ដល់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​គូសបញ្ជាក់​ថា ដោយ​មើល​ឃើញ​ពី​ស្ថានភាព​បែបនេះ លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​មធ្យោបាយ ដូចជា អំពើ​ហិង្សា ការ​បំភិតបំភ័យ និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន ក្នុង​គោលដៅ​ខ្ទប់​មាត់​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់ ដើម្បី​ធានា​ថា លោក​នឹង​បន្ត​កាន់អំណាច​ផ្ដាច់ការ​នៅ​កម្ពុ​ជាត​ទៅ​មុខ​ទៀត៕

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បី​រូប​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែមួយ

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​បី​នាក់ ត្រូវ​របប​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​ដាច់​ដោយ​ឡែកៗ​ ពី​គ្នា​នៅ​ក្នុង​ខេត្តសៀមរាប បន្ទាយ​មានជ័យ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្សប្រឆាំង​និយាយ​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ មិន​បាន​រារាំង​សកម្មជន ឱ្យ​ភ័យ​ខ្លាច ក្នុង​ការ​ចូលរួម​គាំទ្រ​ដំណើរ​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី ទេ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​១៣ កញ្ញា​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​តក់ស្លុត​នឹង​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ពី​របប​ក្រុង​ភ្នំពេញ​នោះ​ទេ តែ​ផ្ទុយទៅវិញ​បាន​ធ្វើ​ឱ្យ​កម្លាំង​គាំទ្រ​កាន់តែ​ឈឺចាប់ និង​ពុះពោរ​ខ្លាំង​ឡើង ដើម្បី​ចាំ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី ដែល​លោក​សង្ឃឹមថា នឹង​អាច​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ៖ «ទោះបីជា​មានការ​បំភិតបំភ័យ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តស៊ូ​ជានិច្ច​នៅ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ចូលរួម​ដំណើរ​និវត្តន៍​របស់​លោក​ប្រធាន សម រង្សី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​នា​ពេល​ខាងមុខ​នេះ​បាទ»

លោក ម៉ន ផល្លា បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​បី​នោះ រួមមាន​លោក យ៉ាត ភារម្យ ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​ខេត្ត​សៀមរាប និង​កញ្ញា យូ ចាន់ធានី អតីត​អ្នកអាន​ព័ត៌មាន ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​បាន​បង្ហាញ​ដីកា​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​អ្វីមួយ​ច្បាស់លាស់​ទេ គ្រាន់តែ​លោក​បញ្ជាក់​ថា ពួកគេ​បាន​ចូលរួម​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​ទៅ​នេះ។

ភរិយា​លោក យ៉ាត ភារម្យ លោកស្រី មិន មុំ ប្រាប់​អាស៊ីសេរី​ក្រោយ​ហេតុការណ៍​ចាប់ខ្លួន​នេះ​ថា ស្វាមី​លោកស្រី ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ ចាប់ខ្លួន​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍៖ «អ៊ីចឹង​ខ្ញុំ​ក៏​ទាក់ទង​ប៉ូលិស​ឃុំ និង​ស្រុក​ហើយ​លោក​អធិការ​ស្រុក​និយាយ​ថា បញ្ជូន​មក​ខេត្ត​ហើយ គេ​អត់​បាន​ចូល​ទីនោះ​ទេ។ ខ្ញុំ​យល់ថា​វា​ដូចជា​អយុត្តិធម៌​ណាស់ ព្រោះ​ហេតុផល​គ្មាន​ភស្តុតាង​អី​មក​ចាប់​ប្ដី​ខ្ញុំ​ទៅ ហើយ​បើ​គ្រោះថ្នាក់​ចរាចរណ៍​ហេតុ​អី​មិន​មក​ពិនិត្យ​ឡាន​ខ្ញុំ​ទៅ ហើយ​ចាប់​ប្ដី​ខ្ញុំ​អត់​ឱ្យ​ដំណឹង​ខ្ញុំ​អីចឹង។ ខ្ញុំ​យល់ថា ប្រហែល​មិនមែន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទេ ព្រោះ​ឡាន​ខ្ញុំ​ទើប​ទិញ​ប្រហែល​មួយ​ខែ ព្រោះ​ពន្ធ​ឡាន​ទើបតែ​យក​មក​ត្រៀម​ទៅ​ផ្លាក​លេខ ឥឡូវ​មិនទាន់​បាន​ធ្វើ​ផង​មក​មានរឿង​អីចឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក វង្ស ប្រាថ្នា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ​ចំនួន​៣​លើក ហើយ​ប្រាប់​ថា​ស្ដាប់​មិន​ច្បាស់៖ «អត់​ឮ ឮ​តែ​ខ្យល់​មិន​ដឹង​ថា​ម៉េច​ផង»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ដោយ​ខុសច្បាប់ ពីព្រោះ​រាល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់ គឺ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ដីកា​ចាប់ខ្លួន​ពី​តុលាការ ទៅ​សាច់ញាតិ ឬ​សាមីខ្លួន​ឱ្យ​បាន​ដឹង​ជា​មុន គឺ​មិនមែន​ទៅ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​បែបនេះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ករណី​នេះ​គឺជា​រឿង​នយោបាយ​ច្រើន​ជាង ដោយ​សារ​​កន្លងមក លោក យ៉ាត ភារ​ម្យ តែងតែ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​ចាំ​ទទួល លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ៖ «ក្នុង​ច្បាប់​កតិកា​សន្ធិសញ្ញា​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា គេ​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ ធ្វើការ​ចូលរួម​ជីវភាព​នយោបាយ​យ៉ាងសកម្ម។ អីចឹង​ការសម្ដែង​មតិ​បែបនេះ​វា​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ ការ​ចាប់ខ្លួន​ណា​ដែល​មិន​អនុវត្ត​ត្រឹមត្រូវ​ទៅវិញ​ទេ ដែល​ជា​ការ​ខុសច្បាប់។ អីចឹង​សិទ្ធិ​បែបនេះ​គួរតែ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ពិនិត្យ​ឡើងវិញ​ទៅលើ​ការអនុវត្ត​ទាំងអស់​នេះ កុំ​ឱ្យ​គេ​មើល​មក​ឃើញ​ថា ប្រពន្ធ​ការអនុវត្ត​ច្បាប់​កម្ពុជា​មាន​ភាព​លំអៀង​ទៅលើ​អ្នកនយោបាយ​ដែល​រិះគន់​គណបក្ស​កាន់អំណាច»

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​ស្វាយចេក​លោក យ៉ាត ភារ​ម្យ កន្លងមក លោក​តែង​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ជា​ញឹកញាប់ ហើយ​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី១៤ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៤​នាក់​ហើយ ត្រូវ​របប​លោក​ ហ៊ុន សែន ចាប់ខ្លួន ហើយ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ទំពួន​ខកចិត្ត​ចំពោះ​ការ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខេត្ត​រតនគិរី

$
0
0

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ កំពុង​ទទួល​រង​ការ​កាប់​រុករាន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​អស់​ស្ទើរ​ទាំងស្រុង និង​មាន​មួយ​ផ្នែក​ធំ​បាន​ក្លាយ​ជា​វាល​រហោឋាន គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល។ ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ខក​ចិត្តនឹង​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​នេះ​ថា មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ជនជាតិ​ដើម​ភាគតិច​ទំពួន លោក ខាំ និន ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​កញ្ញា​ថា សហគមន៍​បាន​កំណត់​អត្តសញ្ញាណ ជនសង្ស័យ​ជាច្រើន​នាក់ រួមមាន ក្រុម​កម្មករ​កាប់​ទន្ទ្រាន​ព្រៃ ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាង ១០​នាក់ និង​បាន​ប្ដឹង​ពួកគេ ទៅ​តុលាការ​ជាង ១០​ករណី​មក​ហើយ ទាក់ទិន​សំណុំរឿង​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ជនល្មើស​ណា​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​មក​អនុវត្ត​ច្បាប់​នៅឡើយ​ទេ​។ រីឯ​សកម្មភាព​ភាព​កាប់​រុករាន​ព្រៃ​អភិរក្ស នៅតែ​កើតមាន​ដដែល៖ «ជនល្មើស​ខ្ញុំ​ប្ដឹង​ទៅ​តុលាការ​ជាង ១០​នាក់​ហើយ ចាប់ពី​មេក្រុម លឹម ហូ តួនាទី​មេក្រុម និង​ចាន់ ស្រូត​ហ្នឹង​តួនាទី​វាស់វែង ដី​ព្រៃ​មកកាន់​ឱ្យ​ឈ្មួញ​កណ្ដាល កន្លែង​ដី​នៅសល់ ១​ពាន់​ហិកតារ ក្នុង​ភូមិ​កែងសាន់។ ពួក​ហ្នឹង​ខ្ញុំ​ដាក់​ទៅ​តុលាការ​ហើយ មិន​ឃើញ​តុលាការ​មាន​វិធានការ​ទប់ស្កាត់ និង​ចាប់​ជនល្មើស​ទៅ​ទេ​។ ម៉ាស៊ីន​ផែ​ឈើ​ទាំង​យប់​ថ្ងៃ ក្នុង​ដី​សហគមន៍»

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ គឺជា​ព្រៃ​នៅសល់​ចុងក្រោយ​ធំ​ជាងគេ ក្នុង​ចំណោម​ទំហំ​ព្រៃឈើ​ទាំងមូល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​រាប់​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី។ ជនជាតិ​ដើម​ភាគតិច​អះអាង​ថា ព្រៃ​អភិរក្ស​មួយ​នេះ បច្ចុប្បន្ន​នៅ​សេសសល់​ប្រមាណ ១​ពាន់​ហិកតារ កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។

លោក ខាំ និន បន្ថែម​ថា ក្រុម​ជនល្មើស​មួយ​ចំនួន ដែល​សហគមន៍​បាន​ប្ដឹង​ទៅ​តុលាការ នៅតែ​បន្ត​សកម្មភាព​កាប់​រុករាន​ព្រៃ​ធ្វើ​អាជីវកម្ម ជា​របប​អាជីព​ចិញ្ចឹមជីវិត ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​នោះ​ទេ​។ លោក​ថា មក​ទល់​ពេល​នេះ មាន​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​បោះតង់​ស្នាក់នៅ​ក្នុង​ព្រៃ​អភិរក្ស​នេះ ចំណុច​អូរក្រែង ដើម្បី​កាប់​ទន្ទ្រានព្រៃ​ឱ្យ​ក្លាយ​ជា​វាល ធ្វើ​អាជីវកម្ម​។ រីឯ​ដើមឈើ​ធំៗ ត្រូវ​គេ​កាប់​ផ្ដួល ដុត​កម្ទេច​ចោល​៖ «ដី​ព្រៃ​ចំនួន​ជាង ៤​ពាន់​ហិកតារ​អស់​បាត់​ទៅ​ហើយ នៅសល់​ចំនួន​ជាង ១​ពាន់​ហិកតារ​កំពុង​កាប់ គេ​កាប់។ ដើមឈើ​ដួល​អស់ហើយ មិនទាន់​ឃើញ​ម្ចាស់​អី​ណា​មក​ធ្វើ​ទេ​? ឃើញ​តែ ២​នាក់ ឃើញ​ឈ្មោះ​លឹម ហូ តួនាទី​មេក្រុម គាត់​កាប់​រាន​ដី​ព្រៃ និង​លើក​រង គាត់​បំផ្លាញ​ព្រៃ​រាប់​រយ​ហិកតារ​ហើយ គាត់​មក​ដាក់​ដី​ប្រជាពលរដ្ឋ​នៅសល់ ១​ពាន់​ហិកតារ​ទៀត»

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បដិសេធ​មិន​អធិប្បាយ​លម្អិត​ជុំវិញ​ករណី​នេះ​ទេ ដោយ​លោក​ថា ជា​ភារកិច្ច​របស់​តុលាការ​៖ «ចំពោះ​បញ្ហា​ហ្នឹង ខ្ញុំ​មិន​ធ្វើ​អធិប្បាយ​អ្វី​ទេ នៅ​ពេល​ដែល​សំណុំរឿង​ក្នុង​ដៃ​របស់​តុលាការ​។ អ៊ីចឹង​សូម​ទុក​ឱ្យ​តុលាការ​ជា​អ្នកចាត់ចែង»

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធៀង និង​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​រតនគិរី ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ​។​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណា​រ៍ សង្កេត​ឃើញ​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត មិន​បាន​យកចិត្តទុកដាក់ អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ បើ​ទោះ​បី​ជា​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​ជាច្រើន​ករណី​ក្ដី។ លោក​សង្ស័យ​ថា ការស៊ើបអង្កេត និង​ដោះស្រាយ​រឿង​នេះ អាច​មាន​អំពើពុករលួយ ក្នុង​ស្ថាប័ន​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៖ «គាត់​ស៊ើប​បាន ១០ ទៅ ២០​នាក់ ដែល​កាប់​រាន​ដី​ព្រៃ​គាត់​ប្ដឹង​បណ្ដឹង​ដំបូង គាត់​ប្តឹង​មេឃុំ និង​មេភូមិ ជា​អ្នក​ដែល​លក់​ដី បន្ទាប់​មក​ទៀត​គាត់​ប្ដឹង​អ្នក​មក​ពី​ខាងក្រៅ ឬ​អ្នក​សហគមន៍​ទៅ​កាប់​រាន​ដី​ព្រៃ​សហគមន៍ យក​ម្នាក់ ២០ ទៅ ៣០​ហិកតារ ។ កាល​មុន​គាត់​ប្តឹង ១៥​នាក់ ហើយ​គាត់​កំពុង​តាម​ទៀត តើ​មាន​ឈ្មោះ​ណា​? ដែល​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​គាត់​ប្ដឹង​ទៀត​។ អ្នក​ដែល​ទទួលខុសត្រូវ​សំខាន់​បំផុត​គឺ​អភិបាលខេត្ត​ហ្នឹង​តែម្ដង»

ជនជាតិ​ដើម​ភាគតិច​ទំពួន បង្ហាញ​អារម្មណ៍​សោកស្ដាយ​ពី​វិនាសកម្ម​ព្រៃឈើ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​រាប់ពាន់​គ្រួសារ នៅ​តំបន់​នោះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ បាន​រាលដាល​ដល់​ទឹកអូរ​ធម្មជាតិ និង​ព្រៃ​ជំនឿ ដែល​ជា​កន្លែង​អ្នកភូមិ​ប្រមូល​អនុផល​ព្រៃឈើ កំពុង​ឈាន​ទៅ​រក​ការបាត់បង់​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ខេត្ត​ចំនួន​១៤​ នឹង​រង​ការ​ជន់​លិច ពី​ថ្ងៃ​ទី​១៥ ដល់​១៩ កញ្ញា​ ដោយ​សារ​​ភ្លៀង​ធ្លាក់​ខ្លាំង

$
0
0

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ចំនួន​១៤ ប្រុង​ប្រយ័ត្ន​​ជា​មុន ដែល​នឹង​រង​ការ​ជន់​លិច ដោយ​សារ​​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​១៩ កញ្ញា។ បណ្ដា​ខេត្ត​ចំនួន​១៤ នោះ គឺ​មាន​ខេត្ត​​ត្បូងឃ្មុំ កំពង់ចាម រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រៃវែង ស្វាយរៀង និង​ខេត្ត​ទាំង​៤​ជាប់​មាត់​សមុទ្រ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ដែរ​ថា ខេត្ត​ រាជធានី​ទាំង​​១៤​ នឹង​រង​ការ​ជន់​លិច ៤ថ្ងៃ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ។ ពលរដ្ឋ​រស់​នៅ ​ក្បែរ​ស្ទឹងសែន នៅ​​ភូមិ​ស្នែងក្របី សង្កាត់​កំពង់ក្របៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ ម្នាក់ គឺ​លោក ចែ ស៊ីណា ប្រាប់​ថា ទឹក​នៅ​ស្ទឹងសែន​ បាន​ហក់​ឡើង​ខ្លាំង ពៀប​មាត់​ច្រាំង​នៃ​ស្ទឹង​ហើយ។ ​លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​១៤ កញ្ញា គ្មាន​​​ភ្លៀង​ធ្លាក់​​ទេ ដូច្នេះ ទឹក​នៅ​ស្ទឹង​សែន មិន​ទាន់​ហក់​ឡើង​បន្ថែម​ទេ។ តែ​ប្រសិន​បើ​ភ្លៀង​នៅ​ពេល​យប់ ឬ​ថ្ងៃ​ទី១៥ កញ្ញា ទឹក​ស្ទឹង​អាច​នឹង​ហក់​ឡើង​ថែម​ទៀត។

សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​បន្ថែម​ដែរ​ថា ចំណែក​ខេត្ត​ផ្សេង​ទៀត ក៏​រង​ការ​ធ្លាក់​ភ្លៀង​ រប៉ាត់រប៉ាយ​ដែរ​ ខណៈ​បាតុភូត​ ផ្គរ​ រន្ទះ ​នឹង​កើត​មាន​ញឹកញាប់។ ឯ​រលក​សមុទ្រ នឹង​មាន​កម្ពស់​ខ្ពស់ ដូច្នេះ​ ក្រសួង​ធនធាន​ទឹក អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ប៉ែក​ខាង​សមុទ្រ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ស្ថានភាព​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប៉ូលិស​ជាច្រើន​នាក់​អុកឡុក​រំខាន​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ពិធី​កាន់បិណ្ឌ​នៅ​ក្រុង​ប៉ោយប៉ែត

$
0
0

សកម្មជន​គណបក្សប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​មន្ត្រី​ប៉ូលិស​ក្រុង​នេះ​ថា បាន​នាំ​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់​អុកឡុក​រំខាន​ដល់​ការ​ធ្វើ​បុណ្យទាន​របស់​ពួកគាត់​នៅ​ក្នុង​វត្ត ធ្វើ​ឱ្យ​ពួកគេ មានការ​ភ័យខ្លាច​មិន​អាច​ធ្វើបុណ្យ​កាន់បិណ្ឌ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ព្រះពុទ្ធសាសនា​ឡើយ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​ប៉ោយប៉ែត លោកស្រី ឆាំ ស្រីណែត ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ ទី​១៤ កញ្ញា​ថា សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ៥០​នាក់​បាន​រួមគ្នា​ធ្វើបុណ្យ​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ទំនប់​ក​-៥ នៅ​សង្កាត់​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ ទី​១៤ កញ្ញា​។

លោកស្រី​បន្ថែម​ថា មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ប្រមាណ ៣០​នាក់ មាន​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស និង​ពាក់​ស៊ីវិល ចូល​ទៅ​អុកឡុក​រំខាន​ដល់​ពួកគាត់ ដូចជា​ការ​តាម​ថត​ពួកគាត់​កំពុង​ធ្វើបុណ្យ ឱ្យ​ពួកគាត់​ភ័យខ្លាច និង​នាំគ្នា​ប្រញាប់​បញ្ចប់​បុណ្យ​យ៉ាង​តក់ក្រហល់ ដើម្បី​រត់គេច​ទៅផ្ទះ​រៀងៗ ខ្លួន​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ទៀត​ថា មូលហេតុ​ដែល​ពួកគេ​ប្រញាប់​បញ្ចប់​បុណ្យ​ដោយសារ​ប៉ូលិស​តាម​ពួកគាត់​ជាប់​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​និយាយ​ទាក់ទង​គ្នា៖ «ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ហើយ​ម្នាក់ៗ​មានការ​ភ័យខ្លាច យើង​មក​ធ្វើបុណ្យ​ដល់​អីចឹង​ឃើញ​អីចឹង​យើង​ភ័យខ្លាច​ធ្វើបុណ្យ​មិន​ពេញ​ដៃ​ពេញ​ជើង​ទេ​។ ខ្ញុំ​គិត​ថា វា​រំលោភ​សិទ្ធិ​ខ្ញុំ​ពេក ព្រោះ​ថា គ្រាន់តែ​ពួក​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​សមត្ថកិច្ច​មក​ធ្វើ​បែប​នេះ​តើ​ចាត់​ទុក​ខ្ញុំ​ជា​ចោរ​ឬ? បានជា​មក​តាមដាន​ពួក​ខ្ញុំ វា​អត់​សម​ទេ។ មិន​សម​ត្រង់​ថា មក​លួច​ថត​ពួក​ខ្ញុំ ហើយ​បង្កប់​មនុស្ស​តាមដាន​ខ្ញុំ​ធ្វើ​ឱ្យ​មិន​អាច​ជួប​ជជែក​គ្នា​លែង​បាន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការរង​នៃ​នគរបាល​ក្រុង​ប៉ោយប៉ែត​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ព្រហ្ម ពិសិដ្ឋ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៤ កញ្ញា ដោយសារ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា មន្ត្រី​ប៉ូលិស​ចូល​នៅ​ក្នុង​វត្ត ដើម្បី​ទៅ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ធ្វើ​បុណ្យទាន​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ គឺ​មិនមែន​ជា​ការ​ទៅ​អុកឡុក​ប្រជាពលរដ្ឋ ដូច​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​បក្ស​ប្រឆាំង​ឡើយ៖ «បើ​ទៅ​ធ្វើ​បុណ្យ​ទៅ​ជួបជុំគ្នា​ចាំ​ទៅ​ទទួល​លោក សម រង្ស៊ី អី​គឺ​វា​ខុសច្បាប់​ហើយ តែ​បើ​គេ​ជួប​គ្នា​វត្ត​ពេញៗ​សាលាឆាន់​វា​អត់​មាន​បញ្ហា​អី​ទេ ខ្ញុំ​ធានា​១០០​ភាគរយ​គឺ អត់​មាន​បញ្ហា​អី​ទេ​បើ​យើង​ទៅ​ធ្វើ​បុណ្យ​ដោយ​ស្មោះ​ស្ម័គ្រ តែ​បើ​យើង​ធ្វើបុណ្យ​ឆ្លៀត​យក​ឱកាស​ដើម្បី​ប្រមូលផ្ដុំ​សកម្មជន​ណា​ទៅ​ទទួល​លោក សម រង្ស៊ី វា​ខុសច្បាប់​ហើយ»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើង​ថា ករណី​មន្ត្រី​ប៉ូលិស​ដ៏​ច្រើន​បែន​នេះ គឺជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ធ្វើបុណ្យ​ទាន​របស់​ពលរដ្ឋ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា កន្លង​មក​រដូវ​បុណ្យកាន់បិណ្ឌ​ម្ដងៗ ពុំ​មាន​ការ​ដាក់​ប៉ូលិស​តាម​វត្ត​អារាម​ដ៏​ច្រើនបែប​នេះ​ឡើយ គឺ​លើកលែងតែ​វត្ត​ណា ដែល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ទៅ​ធ្វើ​បុណ្យ​នៅ​ទីនោះ​ប៉ុណ្ណោះ៖ «អីចឹង​បើសិនជា​សមត្ថកិច្ច​ណា​ធ្វើអំពើ​ផ្ទុយ​ពី​ច្បាប់​បែបនេះ គួរតែ​មាន​អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រួត​ពិនិត្យមើល​សកម្មភាព​ក្រុម​មន្ត្រី​ទាំងនោះ គួរតែ​មាន​វិធានការ​ដើម្បី​ដាក់​វិន័យ​រដ្ឋបាល​ទៅលើ​ជន​ទាំងអស់​នោះ មិន​គួរ​បណ្ដោយ​ឱ្យ​បញ្ហា​បែបនេះ​កើតឡើង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​នោះ​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ការ​ដាក់​កងកម្លាំង​ដ៏​ច្រើន​នេះ មិនមែន​មានតែ​នៅ​ក្នុង​ប៉ោយប៉ែត​នោះ​ទេ គឺជា​ការ​ធ្វើ​ឡើងជា​ប្រព័ន្ធ​នូវ​ចំណុច​គោល​ទាំងឡាយ ដែល​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចូលរួម​ធ្វើបុណ្យ​ច្រើន​។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ​ដោយសារ​អាជ្ញាធរ​ភ័យ​ព្រួយ​ខ្លាច​សកម្មជន​បក្ស​ប្រឆាំង ជួបជុំគ្នា​ធ្វើ​សកម្មភាព​នយោបាយ​ពង្រឹង​សាមគ្គីភាព​គ្នា​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ​។ លោក សឹង សែន​ករុណា បញ្ជាក់​ថា ការ​រឹតត្បិត​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាងមុខ​ជាមិនខាន​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​​ដល់​​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង ឱ្យ​​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ទើប​ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន​ខុសគ្នា​ដូច​មេឃ​និង​ដី បើ​ប្រៀប​នឹង​ព្រះបិតា​ព្រះអង្គ

$
0
0

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅតែ​ប្រកាន់​ជំហរ​ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កំពុង​ស្ថិត​ក្រោម​ការ​គំរាម និង​ប្រមាថ​ពី​លោក ហ៊ុន សែន។

ថ្លែង​សារ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​នេះ លោក សម រង្ស៊ី ប្រៀបធៀប​ព្រះមហាក្សត្រ​ដែល​កំពុង​គ្រង​រាជ​សព្វថ្ងៃ ទៅ​នឹង​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ថា មាន​ភាព​ខុសគ្នា ដូច​មេឃ​និង​ដី។

ភាពខុស​គ្នា​នេះ គឺ​លោក សម រង្ស៊ី បញ្ជាក់​ថា មក​ពី​ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ កាល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅឡើយ តែងតែ​ចេញ​ព្រះ​ភ័ក្ត្រ​ការពារ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែល​ឈឺចាប់​ដោយសារ​រងគ្រោះ​ពី​អំពី​អយុត្តិធម៌​ផ្សេងៗ ពី​សំណាក់​រដ្ឋអំណាច​ផ្ដាច់ការ និង​អ្នកមាន​លុយ​។ ព្រះអង្គ​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​រោងចក្រ និង​គង់​ជា​បិតា​ឯកភាព​ជាតិ ការពារ​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព និង ប្រជាធិបតេយ្យ ក្នុង​ព្រះរាជ​តួនាទី​ជា​អ្នក​សម្របសម្រួល ឱ្យ​មានការ​ផ្សះផ្សា​ជាតិ។ ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី បន្ថែម​ថា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ មិន​យល់ព្រម​យាង​ទៅ​បើក​កិច្ចប្រជុំ​រដ្ឋសភា នៃ​នីតិកាល​ណា ដែល​គ្មាន​វត្តមាន​គណបក្ស​ជាប់ឆ្នោត​ទាំងអស់​ចូលរួម​ជាមួយគ្នា​នោះ​ទេ។

ចំណែក​ឯ​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​វិញ លោក សម រង្ស៊ី លើកឡើង​ថា ព្រះអង្គ​មិនដែល​ចេញ​ព្រះ​ភ័ក្ត្រ ជួយ​ការពារ​ប្រជារាស្ត្រ​ខ្មែរ ដែល​រងគ្រោះ​ដូចជា​ការ​រឹបអូស​ផ្ទះសម្បែង និង ដីធ្លី ការ​ចាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​យក​ទៅ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ទន់ខ្សោយ ដែល​ទាមទារ​រក​យុត្តិធម៌​ជាដើម​។ លោក សម រង្ស៊ី ថា​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះអង្គ​យល់ព្រម​ជានិច្ចកាល ប្រថាប់ត្រា​លើ​ច្បាប់​ទាំងឡាយ ដែល​លោក​ហៅថា​ព្រៃផ្សៃ ដែល​ផ្ដួចផ្ដើម ដោយ​លោក ហ៊ុន សែន។

ជាង​នេះ​ទៅ​ទៀត​លោក សម រង្ស៊ី ថា សារ​របស់​ព្រះករុណា ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ទៅ​បោះឆ្នោត ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជាង​បី​លាន​នាក់ និង​រង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​ពលរដ្ឋ​ខ្មែរ និង សហគមន៍​អន្តរជាតិ​នោះ ថា​គឺ​រឹតតែ​បង្ហាញ​ថា ព្រះអង្គ​មិន​យក​ព្រះទ័យ ទុកដាក់​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង ភាព​អយុត្តិធម៌​នោះ​ឡើយ​។ លោក​ថា ធ្វើ​បែប​នេះ ហាក់​ដូចជា​ព្រះអង្គ ចូល​ព្រះហស្ត (ចូល​ដៃ) ជាមួយ​គេ ហើយ​យល់ព្រម​ធ្វើជា​អាយ៉ង​របស់​គេ ឱ្យ​តែ​ព្រះអង្គ​បាន​សុខ​ខ្លួនឯង​។ លោក សម រង្ស៊ី បន្ថែម​ថា ការ​ធ្វើ​បែប​នេះ លោក​យល់ថា ព្រះអង្គ មិនមែន​ជា​ព្រះមហាក្សត្រ គួរ​ឲ្យ​ស្រលាញ់ និង​គោរព​នោះ​ឡើយ។តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក សម រង្ស៊ី នៅតែ​ប្រកាន់​ជំហរ​ថា ការណ៍​ដែល​ព្រះរាជា​ខ្មែរ​បច្ចុប្បន្ន មិន​អាច​ធ្វើ​ដូច​ព្រះបិតា​ព្រះអង្គ​បាន ក៏​ដោយសារតែ​រង​សម្ពាធ និង​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន នោះ​ឯង។

លោក​ថា បុគ្គល​ដែល​បាន​ចាប់​ព្រះមហាក្សត្រ​ធ្វើជា​ចំណាប់ខ្មាំង​របស់​ខ្លួន ហើយ​ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត គឺ​លោក ហ៊ុន សែន ដែល​ធ្លាប់​ហ៊ាន​គំរាម​រំលាយ​ស្ថាប័ន​រាជបល្ល័ង្ក និង​របប​រាជា​និយម​ថែម​ទៀត​ផង។

អាស៊ីសេរី មិនទាន់​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ព្រះបរមរាជវាំង ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ កាលពី​ថ្ងៃ​ទី១៣ ខែ កញ្ញា ទាំង​ក្រសួង​ព្រះបរមរាជវាំង រដ្ឋាភិបាល ស្ថាប័ន​ជាតិ​សំខាន់ៗ និង កងកម្លាំងប្រដាប់អាវុធ សុទ្ធតែ​ចេញ​សារ​ព្រម​គ្នា ថ្កោលទោស​លោក សម រង្ស៊ី ចំពោះ​ការ​ថ្លែង ដែល​ស្ថាប័ន​ទាំងនេះ ចាត់ទុកថា ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ និង​ជា​ទង្វើ​ក្បត់ជាតិ។

តុលាការ​របប​លោក ហ៊ុន សែន ក៏បាន​សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៀត កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នោះ​ដែរ ក្រោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ ១២ ខែ កញ្ញា បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ថា ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ពឹង​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​បានទេ ព្រោះ​របប លោក ហ៊ុន សែន បាន​យក​ព្រះ​មហាក្សត្រ ធ្វើជា​ចំណាប់ខ្មាំង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ចំណាត់​ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ មិនមែន​ជា​ព្រះរាជ​បំណង​ព្រះមហាក្សត្រ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​របប​ក្រុង​ភ្នំពេញ​ឯណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ្រួសារ​រងគ្រោះ​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង

$
0
0

គ្រួសារ​ជនរងគ្រោះ​បាក់​រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចិន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួកគាត់​។ សង្គម​ស៊ីវិល មើល​ឃើញ​ថា ចំណាត់​ការ​របស់​តុលាការ​ហាក់​ដូចជា​យឺតយ៉ាវ ខណៈ​ហេតុការណ៍​សោកនាដកម្ម​ដ៏​រន្ធត់​ពី​ការ​បាក់​រលំ​អគារ​ចិន ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ និង​របួស​ចំនួន ៥៤​នាក់ បាន​កន្លងទៅ​ជាច្រើន​ខែ។

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​លើកឡើង​ថា ពួកគាត់​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​រយៈពេល​ជិត ៣​ខែ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន និង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស ចំពោះ​ថៅកែ​ជនជាតិ​ចិន រួម​ទាំង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​តាម​ច្បាប់។

គ្រួសារ​ជនរងគ្រោះ​នៅ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ឃឹម សាខន រៀបរាប់​ថា ប្តី​របស់​លោកស្រី បាន​ស្លាប់ ចំណែក​កូនប្រុស​ម្នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​ចិន​កាលពី​ចុងខែ មិថុនា​កន្លងទៅ​។ លោកស្រី បាន​ដាក់​បណ្ដឹង​រួចហើយ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន ៥​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ករណី​ប្តី​ស្លាប់ ចំណែក​កូន ដែល​រង​របួស​ធ្ងន់ ទាមទារ​ប្រាក់​សំណង​ផ្សេងទៀត៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អស់ហើយ​តាំងពី​យូរ តែ​អត់​ទាន់​លឺ​ថា​ម៉េច​មក​វិញ​ទេ ស្ងាត់ឈឹង​តែម្ដង ហើយ​ធ្វើ​ម៉េច​ទៅ ចង់​ឱ្យ​ដឹង​ភ្លាមៗ។ ខ្ញុំ​ចង់បាន យុត្តិធម៌​រឿង​អ្នក​ដែល​ធ្វើ​កំហុស​ឱ្យ​ទទួល​កំហុស។ចង់​ឱ្យ​តុលាការ​រក​យុត្តិធម៌​ឱ្យ​ឆាប់ៗ»

លោកស្រី​អះអាង​ថា គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត ក៏​មិនទាន់​ទទួល​បាន​សំណង​និង​យុត្តិធម៌​ដែរ ។ លោកស្រី​បន្ថែម​ថា ថ្វី​ដ្បិត​រដ្ឋាភិបាល និង​សប្បុរសជន ផ្ដល់​ថវិកា​ដើម្បី​ជួយ​សម្រាល​បន្ទុក គ្រួសារ​ក្តី ប៉ុន្តែ​លោកស្រី ពុំ​ដែល​មាន​ភាព​រីករាយ​ឡើយ ហើយ​នៅតែ​នឹក​ស្រណោះ​ប្ដី​ដែល​បាត់​បង់ជីវិត៖ «រឿង​ជួប​ការពិបាក​មិន​ជា​អី​ទេ ព្រោះ​បាន​លុយ​ឧបត្ថម្ភ​មក ប៉ុន្តែ​នៅ​នឹកឃើញ​ក្រុម​គ្រួសារ​ខ្លាំង​ជាពិសេស​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ចេះតែ​គិត​ថា ជិត​ភ្ជុំ​គឺ​គ្រួសារ​ជិត​មក​វិញ​ហើយ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ គ្រួសារ​ជនរងគ្រោះ​មួយទៀត​នៅ​ខេត្ត​បាត់ដំបង គឺ​លោកស្រី ង៉ា មុំ រៀបរាប់​ថា កូន​របស់​លោកស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ហេតុការណ៍​រលំ​បាក់​អគារ​របស់​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​ដោយ​បន្សល់ទុក​កូនកំព្រា​តូចៗ ចំនួន​៣​នាក់​។ លោកស្រី បាន​ដាក់​ពាក្យ​បណ្ដឹង​តាមរយៈ​ការ​ពឹង​ពាក់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ដើម្បី​ទាមទារ​សំណង ប៉ុន្តែ​សំណុំ​រឿង​នេះ នៅ​ស្ងប់ស្ងាត់​នៅឡើយ៖ «ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​យូរហើយ​ចូល​ពីរ​ខែ​ហើយ តែ​អត់​ឃើញ​មានការ​កោះហៅ​នោះ​ទេ។ ខ្ញុំ​មិនទាន់​អស់សង្ឃឹម​ទេ ខ្ញុំ​នៅ​ចង់​បាន​យុត្តិធម៌ និង​សំណង​ពី​ក្រុមហ៊ុន​ចិន ព្រោះ​កូន​វា​ច្រើន​ណាស់​ដល់​ទៅ ៣​នាក់​នោះ»

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា អគារ​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ អាជ្ញាធរ​បាន​ប្រើ​ពេលវេលា ៣​ថ្ងៃ ក្នុង​ការ​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កប់​ក្នុង​គំនរ​អគារ​បាក់​នោះ។

អគារ​នេះ​ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន និង​យានដ្ឋាន អារុណរៈ ដែល​នៅ​ជាប់​គ្នា​នោះ​ខ្ទេចខ្ទី​អស់​ដែរ។ ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤​នាក់ ដែល​ជា​ម្ចាស់​អគារ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ អ្នក​មើល​ការខុសត្រូវ​ការដ្ឋាន​សាងសង់ និង​មេជាង​សំណង់។ រីឯ​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន ដែល​គ្រប់គ្រង​ខេត្ត​នេះ​វិញ រដ្ឋាភិបាល​មិនបាន​ស៊ើបអង្កេត​នៅឡើយ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​ផ្ទេរ និង​ដំឡើង​តំណែង​ឱ្យ​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ថែមទៀត ក្រោយពី​លោក​ទទួលស្គាល់​កំហុស និង​លាលែង​ពី​តំណែង​អភិបាលខេត្ត​មិនបាន​ប៉ុន្មាន​ម៉ោង​ផង។

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ដែល​ជា​អ្នក​ជួយ​ផ្តល់​មេធាវី​ការពារ​ក្តី​ដល់​គ្រួសារ​ជនរងគ្រោះ បដិសេធ​មិន​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​អាស៊ីសេរី​តាម​ទូរស័ព្ទ​ឡើយ៖ «សុំទោស​បង ខ្ញុំ​អត់​ស្គាល់​បង​ថា​ជា​អ្នកកាសែត​ឬ​អ្នកណា​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​តាម​ទូរស័ព្ទ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា សំណុំរឿង​បាក់​រលំ​អគារ​ចិន​បណ្ដាល​ឱ្យ​កម្មករ​សំណង់ ២៨​នាក់​ស្លាប់ និង ២៦​នាក់ របួស​នេះ គឺជា​សោកនាដកម្ម​ដ៏​រន្ធត់។ ដូច្នេះ រដ្ឋាភិបាល និង​តុលាការ គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​សំណុំ​រឿង​នេះ​ឱ្យ​បាន​លឿន និង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សំណង​សមរម្យ​ដល់ គ្រួសារ​ជនរងគ្រោះ និង​ទុកជា​ការព្រមាន​កុំ​ឱ្យ​ក្រុមហ៊ុន​បរទេស ជាពិសេស ក្រុមហ៊ុន​ចិន​ផ្សេងៗ ទៀត ធ្វេសប្រហែស និង​មើលងាយ​ច្បាប់​កម្ពុជា​។ អ្នកស្រី​បន្ថែម​ថា ប្រសិនបើ​តុលាការ​យឺតយ៉ាវ​បែបនេះ នឹង​អាច​នាំ​ឱ្យ​មានការ​រិះគន់​ថា តុលាការ​កម្ពុជា​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ហើយ បែរជា​រដ្ឋាភិបាល​កម្ពុ​ជា ជា​អ្នក​យក​ថវិកាជាតិ​ផ្ដល់​ជូន​គ្រួសារ ជនរងគ្រោះ​ជំនួស​ក្រុមហ៊ុន​ចិន​ទៅវិញ៖ «រឿង​ដែល​គាត់​ទទួល​បាន​ជំនួយ​សង្គ្រោះ​នៅ​ពេល​កើតហេតុ​ថ្មីៗ​នោះ វា​គឺជា​លុយ​សប្បុរសជន​និង​លុយ​រដ្ឋាភិបាល វា​អត់​ទាន់​បំពេញ​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​ណា​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​នេះ​ទេ។ ប្រទេស​យើង​មាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត ដូច្នេះ​តុលាការ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល មិន​អាច​ធ្វេស​ប្រហែល​បានទេ»

កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា កន្លង​ទៅ ក្រុម​សហព័ន្ធ​សហជីព​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ​ជាង ១០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​ដល់​អ្នករងគ្រោះ​។ សេចក្ដី​ថ្លែងការណ៍​ដដែល ក៏​ស្នើសុំ​ឱ្យ​ស៊ើបអង្កេត​រក​មន្ត្រី​រដ្ឋាភិបាល​ដែល ពាក់ព័ន្ធ​នឹង​ការ​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​សង់​អគារ​ដួល​រលំ​នេះ ឱ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ថា នឹង​មិន​មានការ​លើក​លែង​នោះ​ទេ ចំពោះ​ការ​សាងសង់​អគារ​ដោយ​ខុសច្បាប់ ហើយ​លោក​ចាត់​ទុក​គ្រោះថ្នាក់​បាក់​អគារ​នៅ​ក្រុងព្រះសីហនុ​នេះ​ជា​មេរៀន​មួយ​។ ទោះជា​ព្រមាន​យ៉ាង​នេះ​ក្តី រហូត​មក​ទល់​ពេលនេះ មិន​ទាន់​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លាលែង ឬ​ត្រូវ​បាន​ស៊ើបអង្កេត ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ ដែល​លោក ហ៊ុន សែន បង្កើត​ឡើង​នោះ បាន​រក​ឃើញ​ថា មាន​សំណង់​ខុសច្បាប់​ជា​បន្តបន្ទាប់​ក្ដី។

និយាយ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​វិញ ពួកគេ ហាក់​បាក់ស្បាត និង​ឈប់​ធ្វើការ សំណង់ ហើយ​កំពុង​រង់ចាំ​សំណង​ពី​ក្រុមហ៊ុន​ចិន ដើម្បី​ទៅ​បង្កើត​មុខរបរ ឬ​ធ្វើ​ការងារ​ផ្សេង​វិញ សម្រាប់​ចិញ្ចឹមជីវិត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ចូល​បំភ្លឺ​រឿង​ការ​ប្រមូល​ផ្ដុំ​គ្នា

$
0
0

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ខាងមុខ ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ដីកាកោះ​របស់​តុលាការ​នេះ ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា លោក​នឹង​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ឡើយ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។ លោក​បញ្ជាក់​ថា កន្លងមក​លោក​គ្រាន់តែ​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ និង​សកម្មជន​គណបក្សប្រឆាំង​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​ប៉ុណ្ណោះ ដែល​នេះ​គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់៖ «នេះ​ជា​ល្បិច​នយោបាយ​នឹង​ឯង ព្រោះ​អី​អាជ្ញាធរ​បក្ស​កាន់អំណាច​បង្ខំ​ឱ្យ​ខ្ញុំ​ចុះចូល​ជាមួយ​គណបក្ស​នេះ​ច្រើន​លើក​ច្រើន​សា​ហើយ តែ​ខ្ញុំ​មិន​ចុះចូល អ៊ីចឹង​មក​ធ្វើ​ខ្លាំង​ដាក់​ខ្ញុំ ហើយ​យក​ដីកា​កោះហៅ​ខ្ញុំ។ ខ្ញុំ​មិនបាន​ធ្វើ​អី​ខុស​ដូច​តុលាការ​ចោទ ហើយ​ចេះតែ​សាក​រឿង ចង់​ធ្វើ​អ្នកណា​សាង​រឿង​អាក្រក់​ដាក់​គេ​រួច​ចាប់​គេ ជួល​កាល​ចាប់​គេ​មិន​មាន​ដីកាចាប់ខ្លួន ដូច​វា​ហួសហេតុ​ពេល​ហើយ»

លោក ឆាំ សុភាន់ បាន​រត់​ភៀសខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​តាំងពី​ថ្ងៃ​ទី​៥ កញ្ញា​កន្លង​ទៅ បន្ទាប់​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ បាន​ទៅ​ឃ្លាំង​មើល​នៅមុខ​ផ្ទះ​របស់​លោក​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លោក​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ប្រសិនបើ​តុលាការ​ឯករាជ្យ​លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​ដោយ​មិន​រួញរា​ឡើយ ក៏ប៉ុន្តែ​លោក​ថា លោក​គ្មាន​ជំនឿ​លើ​ស្ថាប័ន​តុលាការ​របប​ក្រុង​ភ្នំពេញ​ទេ ពីព្រោះ​ថ្មីៗ​នេះ​តុលាការ​បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​មក​ហើយ ដោយសារ​ពួកគាត់​តែងតែ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ព្រួយបារម្ភ​ពី​វិបត្តិ​នយោបាយ។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក គង់ សំសារ៉េត បញ្ជាក់​ថា ការ​កោះហៅ​លោក ឆាំ សុភាន់ នេះ​គឺ​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ។

ផ្ទុយ​ពី​ដីកា​ចោទប្រកាន់​របស់​មន្ត្រី​តុលាការ​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក សឹង សែនករុណា លើក​ឡើង​ថា ដីកាកោះ​របស់​តុលាការ​នេះ គឺ​ចេតនា​នយោបាយ​ច្រើនជាង​ការ​អនុវត្ត​ច្បាប់ ពី​ព្រោះ​លោក​ថា លោក ឆាំ សុភាន់ ជា​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​បាន​ជួប​ប្រជុំ​គ្នា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដែល​នេះ​គឺ​មិន​ខុសច្បាប់​ឡើយ។ លោក​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ពួកគាត់​ភ័យខ្លាច​មិន​ហ៊ាន​ជួបជុំគ្នា​សម្ដែង​មតិ​ឈឺឆ្អាល​រឿង​នយោបាយ ដែល​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​បាន​អនុញ្ញាត៖ «ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អាស្រ័យ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ទៅ​ទៀត ហើយ​សិទ្ធិមនុស្ស​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត បច្ចុប្បន្ន​យើង​ស្ទើរតែ​លាង​ចង់​និយាយ​អំពី​ច្បាប់​កំពូល ឬក៏​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅ​ហើយ។ បច្ចុប្បន្ន​យើង​ឃើញ​ការអនុវត្ត​ផ្ទុយ​ទៅលើ​ច្បាប់​ទាំងនេះ​ជាច្រើន​បែរ​ទៅជា​អត់​ឃើញ​មានការ​កំណែ​ទម្រង់ ងាក​មក​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ងាក​មក​ចាត់វិធានការ​មន្ត្រី​ដែល​ខុសឆ្គង​អី​នោះ​ទេ កាន់តែ​បន្ត​អនុវត្ត​ខុសច្បាប់​បន្ថែម​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាងមុខ​ជា​មិនខាន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៦​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​លោក ឆាំ សុភាន់ អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ចាប់ចង​សកម្មជន​និង​តុលាការ​កោះហៅ​លោក​យ៉ាង​នេះ​ក្ដី ក៏​លោក និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ នៅតែ​ប្រកាន់​ជំហរ​ថា ពួក​លោក​នឹង​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របប​ក្រុងភ្នំពេញ​ប្ដឹង​លោក សម រង្ស៊ី មួយ​ករណី​ទៀត​ជុំវិញ​រឿង​ព្រះមហាក្សត្រ

$
0
0

ក្រុម​មេធាវី​របស់​របប​ក្រុងភ្នំពេញ ប្ដឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី មួយ​ករណី​ទៀត ពី​បទ​បរិហារកេរ្តិ៍ ថា លោក ហ៊ុន សែន យក​ព្រះមហាក្សត្រ និង​ពលរដ្ឋ​ក្នុងស្រុក ជា​ចំណាប់ខ្មាំង​។ ការ​ប្ដឹង​នេះ ធ្វើឡើង​ស្រប​ពេល រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ធ្វើ​អធិបញ្ជា ឱ្យ​តំណាង​អយ្យការ​ចោទ​លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា។

ប្រធាន​ក្រុម​មេធាវី​របប​ក្រុងភ្នំពេញ គឺ លោក គី តិច បញ្ជាក់​នៅ​ក្នុង​បណ្ដឹង ថា លោក សម រង្ស៊ី មាន​ចេតនា​អាក្រក់ បរិហារកេរ្តិ៍ លោក ហ៊ុន សែន ជា​សាធារណៈ ដើម្បី​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ ចលាចល អសន្តិសុខ​ក្នុង​សង្គម ដែល​ជា​ទង្វើ​ល្មើសច្បាប់​ក្រមព្រហ្មទណ្ឌ។

បទ​ចោទ​បរិហារកេរ្តិ៍​មួយ​ករណី​បន្ថែម​ទៀត​នេះ គឺ​លោក គី តិច ប្ដឹង​ថា លោក សម រង្ស៊ី និយាយ​តាម​វិទ្យុ​អាស៊ីសេរី ថា អ្នក​នៅ​លើ​ទឹកដី​កម្ពុជា ជា​ចំណាប់ខ្មាំង​របស់ លោក ហ៊ុន សែន សូម្បី​ព្រះមហាក្សត្រ ក៏​ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន សែន ដែរ​។ ដូច្នេះ​ទើប​ព្រះអង្គ​ខ្លាច លោក ហ៊ុន សែន​។ ពាក្យបណ្ដឹង​នោះ ត្រូវ​បាន​ដាក់​ចូល​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ កាលពី​ល្ងាច ថ្ងៃទី​១៣ កញ្ញា គឺ​ក្រោយពេល​បន្តិច ដែល​តំណាង​អយ្យការ ទទួលបញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យ​ចោទប្រកាន់ លោក សម រង្ស៊ី ថា និយាយ​ប្រមាថ​ព្រះមហាក្សត្រ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​មេធាវី គី តិច បានទេ នៅ​ថ្ងៃ​ទី​១៥ កញ្ញា ដោយសារ​មិន​ទទួល​ទូរស័ព្ទ តែ​លោក បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ថា លោក​លែង​ផ្ដល់​បទសម្ភាសន៍​ឱ្យ​សារព័ត៌មាន​តាម​ទូរស័ព្ទ​ហើយ ព្រោះ​ខ្លាច​មាន​អ្នក​បន្លំ​ជា​អ្នកកាសែត។

លោក សម រង្ស៊ី កំពុង​រង​បណ្ដឹង​នៅ​តុលាការ ជាង​១០​ហើយ ក្រោម​បទ​ចោទ ញុះញង់​កងទ័ព បរិហារកេរ្តិ៍ និង​ប្រមាថ​ព្រះមហាក្សត្រ​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ ប្រកាស​ថា កំពុង​តាម​ចាប់ខ្លួន លោក សម រង្ស៊ី ដើម្បី​ឱ្យ​ទៅ​ទទួល​ទោស​នៅ​កម្ពុជា។

បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី ទាំង​២​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ក្នុង​កម្មវិធី​ព័ត៌មាន​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​១២ កញ្ញា ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន មិន​អាច​ប្រៀប​ផ្ទឹម ជាមួយ​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ បាន។ បន្ថែម​ពីលើ​នេះ លោក បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) បន្ថែម​ទៀត​ថា ព្រះមហាក្សត្រ មិនដែល​ចេញ​ព្រះ​ភ័ក្ត្រ ជួយ​ការពារ​ប្រជារាស្ត្រ​ខ្មែរ រងគ្រោះ ដូចជា ការ​រឹបអូស​ផ្ទះសម្បែង ដីធ្លី ការ​ចាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់ យក​ទៅ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ទន់ខ្សោយ ដែល​ទាមទារ​រក​យុត្តិធម៌​ទេ ហើយ​រង់ចាំ​តែ​ប្រថាប់ត្រា​លើ​ច្បាប់​ព្រៃផ្សៃ ដែល​ផ្ដួចផ្ដើម ដោយ លោក ហ៊ុន សែន ប៉ុណ្ណោះ​។ លោក សម រង្ស៊ី អះអាង​ថា លោក​មិន​បាន​ប្រមាថ​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​គឺ​បុគ្គល​ដែល​បាន​ចាប់​ព្រះមហាក្សត្រ​ធ្វើជា​ចំណាប់ខ្មាំង​ទេ ដែល​ជា​អ្នក​ប្រមាថ​ព្រះអង្គ ហើយ​ជន​នោះ គឺជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​គំរាម​រំលាយ​របប​រាជា​និយម​ចោល។

ស្រប​ពេល លោក សម រង្ស៊ី រង​បណ្ដឹង​២ ថែមទៀត ក្រសួង​អង្គភាព​ក្រោម​ចំណុះ​របប​ក្រុង​ភ្នំពេញ ចេញ​លិខិត​ថ្កោលទោស យ៉ាង​តិច​ណាស់ ៨០​លិខិត ថ្កោលទោស​ថា លោក សម រង្ស៊ី ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ​។ លិខិត​ថ្កោលទោស​ទាំងនោះ មាន​ទាំង​ផ្នែក​ស៊ីវិល និង​កង​កម្លាំង តាំង​ពី​ថ្នាក់​ទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់​រដ្ឋបាល​សាលា​រាជធានី​ខេត្ត និង​មាន​លិខិត​ផ្ទាល់ខ្លួន របស់​ក្រុម​មេទាហាន ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ថែមទៀត។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការ​ចេញ​លិខិត​ថ្កោលទោស និង​ការ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​លោក សម រង្ស៊ី មិនមែន​ជា​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា​ទេ តែ​ជា​ការ​បន្ថែម​ស្ថានភាព​នយោបាយ​ឱ្យ​តានតឹង​ថែមទៀត​។ កញ្ញា​សង្កេត​ឃើញ​ថា ការ​ដាក់​បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី ជាង​១០​មក​ហើយ គ្មាន​ឥទ្ធិពល​អ្វី ដល់​លោក សម រង្ស៊ី បន្តិច​ឡើយ ដូច្នេះ​រដ្ឋាភិបាល​គួរ​ងាក​មក​រក​ដំណោះស្រាយ ល្អ​ជាង​ការ​ដាក់​ពាក្យ​ប្ដឹង​ថែមទៀត៖ «អ៊ីចឹង​ការ​ប្ដឹង​នេះ វា​ហាក់​ដូចជា​ចំណាយ​ពេល​អត់​មាន​ប្រយោជន៍ នៅ​ក្នុង​បរិបទ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​។ អ៊ីចឹង ខ្ញុំ​គិត​ថា វា​គឺជា​រឿង​មួយ ដែល​យើង​ខ្ជះខ្ជាយ​ដែល​រដ្ឋាភិបាល​គួរតែ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា ជាជាង​ការ​ប្ដឹង​អ្នកនេះ ប្ដឹង​អ្នកនោះ ពីព្រោះ​ថា ការ​ប្ដឹង វា​មាន​សកម្មភាព​ចេញទៅ​។ ដូច្នេះ​ហើយ វា​អាច​ធ្វើ​ឱ្យ​ការ​ប្រកប​វិជ្ជាជីវៈ​របស់​តុលាការ ឬក៏​មន្ត្រី ដែល​មាន​សមត្ថកិច្ច​ទៅលើ​មុខងារ​របស់​ខ្លួន​ហ្នឹង មិន​បាន​ល្អ ដោយសារតែ​ផ្ដោត​ទៅ​លើ​ការ​ប្ដឹង​ផ្ដល់ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទៅវិញ»

លោក សម រង្ស៊ី វិញ និយាយ​ថា លោក​មាន​មោទនភាព​ខ្លាំង នៅ​ពេល​របប​លោក ហ៊ុន សែន ប្ដឹង​លោក​កាន់តែ​ច្រើន​។ លោក ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ ប្ដឹង​លោក​ថែមទៀត ទាំង​នៅ​តុលាការ​កម្ពុជា និង​តុលាការ​ប្រទេស​បារាំង ខណៈ លោក សម រង្ស៊ី កំពុង​បង្កើន​វោហារ​សព្ទ​អំពាវនាវ​កងទ័ព កុំ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន និង​មេ​យោធា នៅ​ពេល​លោក​ធ្វើ​មាតុភូមិ​និវត្តន៍ វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ករណី​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​ទៀត

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​របប​ក្រុងភ្នំពេញ ចំពោះ​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​៦​នាក់​ថែមទៀត កាលពី​ថ្ងៃ​ទី​១៣ និង​១៤ កញ្ញា​។ មន្ត្រី​របប​ក្រុងភ្នំពេញ អះអាង​ថា ការ​ចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នោះ ជា​ការ​អនុវត្ត​ច្បាប់។ សមត្ថកិច្ច​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ពី​បទ ទៅ​ទទួល​យក​ផែនការ​ប្រឆាំង​សាលដីកា និង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ ពី លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។

គណបក្សប្រឆាំង ហៅ​ការ​ចាប់ខ្លួន​សកម្មជន​ទាំង​៦​នាក់ បន្ថែម​ទៀត​នេះ ជា​ទង្វើ​រំលោភបំពាន​ច្បាប់​យ៉ាង​កំរោល និង​ជា​សកម្មភាព​ព្រៃផ្សៃ ដូច​របប​ខ្មែរក្រហម ដែល​ប្រើប្រាស់​វិធី​បង្ក្រាប​លើ​មនុស្ស​ស្លូតត្រង់​គ្មាន​កំហុស ឱ្យ​បាក់ស្បាត លែង​ហ៊ាន​ងើប​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង សិទ្ធិ សេរីភាព​របស់​ខ្លួន។

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា បង្ហាញ​ថា សមត្ថកិច្ច​របប​ក្រុងភ្នំពេញ បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​យ៉ាងហោចណាស់​៦​នាក់​ថែមទៀត នៅ​រយៈពេល​២​ថ្ងៃ ដោយ​គ្មាន​បង្ហាញ​ដីកាចាប់ខ្លួន ឬ​មូលហេតុ​នៃ​ការ​សម្រុកចូល​ចាប់ខ្លួន​ឡើយ​។ មនុស្ស​ទាំង​៦​នាក់ នោះ រួមមាន ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ ត្រូវ​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ទុំ ប៊ុនថន ត្រូវ​ចាប់ខ្លួន នៅ​ខេត្ត​សៀមរាប និង​អតីត​អ្នកអាន​ព័ត៌មាន ក្នុង​បណ្ដាញ​ហ្វេសប៊ុក (facebook) របស់ លោក សម រង្ស៊ី គឺ​កញ្ញា យូ ចាន់ធានី ត្រូវ​បាន​ចាប់ខ្លួន នៅ​កន្លែងធ្វើការ​ក្នុង​ធនាគារ​ABA នៅ​រាជធានី​ភ្នំពេញ​។ អ្នក​ទាំង​៣ ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន ថ្ងៃ​ទី​១៣ កញ្ញា​។ ចំណែក​សកម្មជន​៣​នាក់​ទៀត ជា​សមាជិក​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល គឺ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង លោក លី ម៉េងឃាង មេឃុំ​ជាប់ឆ្នោត ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ លោក លី លីន និង​ជំទប់​ទី​១ ជាប់ឆ្នោត​នៅ​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ លោក ឈុន ថៃយុទ្ធ។ សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កណ្ដាល​ទាំង ៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ប្រាប់​ថា សកម្មជន​ជា​ស្ត្រី​អ្នកអាន​ព័ត៌មាន​ម្នាក់ គឺ​កញ្ញា យូ ចាន់ធានី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ដាក់​ពន្ធនាគារ​ព្រៃ​ស (​ម​២) ហើយ នៅ​ព្រលប់​ថ្ងៃ​ទី​១៤ កញ្ញា​។ លោក​ថា តុលាការ និង​អាជ្ញាធរ ប្រើ​ហេតុផល​ចោទ​មិន​សម​ទំនង ដើម្បី​ធ្វើ​ទុក​បុក​ម្នេញ​សកម្មជន​បក្ស​ប្រឆាំង៖ «ម្សិលមិញ គឺ​ដឹង​តែ​ម្នាក់​ទេ គឺ​កញ្ញា យូ ចាន់ធានី ល្ងាច​ម៉ោង​៦​ហ្នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ម​២ ហៅថា ពន្ធនាគារ​ព្រៃ​ស​។ អ៊ីចឹង​ម្នាក់ទៀត គឺ អត់​បាន​ដឹង​ទេ ដោយសារ​យើង​ទាក់ទង​អត់​បាន គឺ​បាន​ដំណឹង​តែ​ម្នាក់ គឺ​កញ្ញា យូ ចាន់ធានី»

សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ថា បាន​ទៅ​ទទួល​យក​ផែនការ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​សីហា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​១៥ កញ្ញា ហៅ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​មាន​ចេតនា​បិទបាំង​ផែនការ​ទុច្ចរិត​របស់​គណបក្ស​ខ្លួន ដែល​លោក ជិន ម៉ាលីន ហៅថា ជា​ក្រុម​ចលនា​ក្រៅច្បាប់។ មន្ត្រី​របប​ក្រុងភ្នំពេញ​រូប​នេះ ប្រាប់​ថា​ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​សកម្មជន​ទាំងនោះ ដោយសារ​សកម្មជន​ទាំងនោះ បានធ្​វើ​សកម្មភាព​តាម​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​។ លោក ជិន ម៉ាលីន ណែនាំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រក​មេធាវី និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​សកម្មជន​ទាំងនោះ ជាជាង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល៖ «គួរតែ​រៀបចំ​ជំនួយ​ផ្នែក​ច្បាប់​ផ្ដល់​ឱ្យ​សកម្មជន​របស់​ខ្លួន​នៅ​កម្ពុជា ដូចជា ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី ដល់​ពួកគេ​ទាំងនោះ ជាដើម ល និង ល ពីព្រោះ ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​នៅ​កម្ពុជា ដោយសារតែ​ការ​អំពាវនាវ និង​ផែន​ការដែល​ខ្លួន​រៀបចំ​។ ដូច្នេះ​ខ្លួន​ត្រូវ​មាន​កាតព្វកិច្ច​ផ្នែក​សីលធម៌​មួយ គួរតែ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​មេធាវី​ការពារ​ក្ដី​ដល់​អ្នក​ទាំងអស់​នោះ។ ជា​គោលការណ៍​ច្បាប់ សកម្មភាព​របស់​សកម្ម​ជន​ទាំងអស់​នោះ មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ ឬ​សម្ដែង​មតិ​អ្វី​ទេ។ ប៉ុន្តែ​វា​ជា​ការ​បំពាន​ច្បាប់​នៅ​កម្ពុជា បាន​ន័យ​ថា សកម្មភាព​ទាំងឡាយ​ណា ដែល​ធ្វើឡើង​ក្នុង​ចេតនា​គាំទ្រ​ដល់​អង្គការ​ចាត់តាំង​ខុសច្បាប់​ណាមួយ ឬក៏​ធ្វើឡើង​តាម​ការ​អំពាវនាវ និង​ផែនការ ដែល​រៀបចំ​ដោយ​អង្គការ​ចាត់តាំង ឬក៏​ចលនា​ខុសច្បាប់​ណាមួយ ជា​ការ​បំពានច្បាប់​នៅ​កម្ពុជា»

ប៉ុន្តែ ភរិយា​របស់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ គឺ​លោកស្រី មិន មុំ បដិសេធ​ថា ប្ដី​មិនដែល​ធ្វើអំពើ​ខុសច្បាប់ ឬ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ឡើយ​។ លោកស្រី​អះអាង​ថា គ្រួសារ លោកស្រី​ក្រីក្រ​ណាស់ គ្មាន​លទ្ធភាព​ប្រឆាំង​រដ្ឋាភិបាល​ទេ។ លោកស្រី​ថា កុំ​ថា​ធ្វើ​លិខិត​ឆ្លងដែន ចេញ​ក្រៅ​ប្រទេស សូម្បី​អាហារ​ហូប​រាល់ថ្ងៃ ក៏​មាន​ការ​ខ្វះខាត​ដែរ​។ លោកស្រី​អះអាង​ថា លោក យ៉ាត ភារម្យ មិន​បាន​ចេញ​ក្រៅ​ប្រទេស​ទៅ​ជួប​លោក សម រង្ស៊ី ទេ ហើយ​លោកស្រី​បាន​ទាមទារ​ឱ្យ​ប៉ូលិស ដោះលែង​ស្វាមី​វិញ​ជាបន្ទាន់៖ «ថ្ងៃនេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដំណឹង​ប្ដី​ខ្ញុំ​ទេ​បង តែ​ខ្ញុំ​បាន​ស្ដាប់​អាស៊ីសេរី ខាង​ប៉ូលិស​ស្អី​គេ ដែល​ចោទ​ប្ដី​ខ្ញុំ​ថា ត្រៀមខ្លួន​ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ចុះ​មក​អី​ឯណា នៅ​ម៉ាឡេស៊ី​អី​ឯណា គឺ​ខ្ញុំ​សូម​បដិសេធ ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ​គ្មាន​លុយ​ធ្វើ​លិខិត​ឆ្លងដែន (Passport) សម្រាប់​ទៅ​ទទួល​គាត់​ទេ​។ តែ​សុំ​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង​។ ចា​!​ប្ដី​ខ្ញុំ​អត់​បាន​ទៅ​ម៉ាឡេស៊ី​អ្វី​ទេ​។ កុំ​ចោទ​មនុស្ស ដែល​ស្មោះត្រង់ ចោទ​ទម្លាក់កំហុស​ឱ្យ​គាត់​អ៊ីចឹង ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ រកតែ​លុយ​ទិញ​បាយ​ស៊ី​មិន​គ្រប់​ផង។ ខ្ញុំ​គ្មាន​លុយ​ឯណា ទៅ​ធ្វើ​ប៉ាសស្ព័រ។ អ៊ីចឹង​សូម​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង ព្រោះ​ដល់​ខែ​បុណ្យទាន​ហើយ ខ្ញុំ​ចង់​ជួបជុំ​គ្រួសារ​ខ្ញុំ»

គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​មូលដ្ឋាន​ចំនួន ២៦​នាក់​ហើយ ត្រូវ​បាន​របប​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ ដោយសារ​ពួកគេ​ហ៊ាន​រិះគន់​របប​ក្រុងភ្នំពេញ កុំ​ឱ្យ​ចាក​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច ៧មករា ចាប់​ខ្លួន​អតីត​​អ្នក​​បុរី​កីឡា ៦នាក់​ ជា​ការ​ព្រមាន​មិន​ពលរដ្ឋ​តវ៉ា​នឹង​ការ​វាយ​កម្ទេច​អគារ

$
0
0

​ជម្លោះ​រ៉ាំរ៉ៃ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា សមត្ថកិច្ច​ខណ្ឌ ៧មករា បាន​ចាប់​ខ្លួន​អតីត​ពលរដ្ឋ​បុរី​កីឡា​ចំនួន ៦នាក់ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា នៅ​អគារ​បុរី​កីឡា​ចាស់។ សង្គម​ស៊ីវិល​ស្នើសុំ​ទៅ​សាលាក្រុង​ភ្នំពេញ​ឱ្យ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​សន្តិវិធី​ចៀសវាង​ប្រើ​ហិង្សា និង​ចាប់​ខ្លួន​ពលរដ្ឋ​បែប​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ហៅ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ពីសំណាក់​អាជ្ញាធរ​ខណ្ឌ ៧មករា​នេះ​ថា ជា​ការ​គំរាម​កំហែង និង​បំពាន​សិទ្ធិ​ពលរដ្ឋ។ ពួក​គេ​យល់​ថា ការ​ចាប់​ខ្លួន​នេះ​ជា​ការ​ព្រមាន​ពលរដ្ឋ​មិន​ឲ្យ​ងើប​តវ៉ា​ទៅ​នឹង​គម្រោង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា។

តំណាង​សហគមន៍​បុរី​កីឡា​ លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​ថា ​អតីត​ពលរដ្ឋ​បុរី​កីឡា​ទាំង ៦នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​មាន​ក្មេង​ម្នាក់​ផង។ ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ លោកស្រី ស៊ន ដឹង​ឈ្មោះ​បាន​បី​នាក់ គឺ​លោកស្រី ង៉ូវ ណារី លោកស្រី ស៊ិន ទូច និង​លោកស្រី ប៉េង អាន។ លោកស្រី​មិន​ទាន់​បាន​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ អតីត​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ទាំង​នោះ​បាន​មក​ជួយ​តវ៉ា​ជាមួយ​ពលរដ្ឋ​បុរី​កីឡា ដែល​មិន​ទាន់​យល់​ព្រម​ទទួល​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ៖ «»

ពលរដ្ឋ​បុរី​កីឡា​ម្នាក់​ទៀត គឺ​លោកស្រី ដាញ់ គង្គា ឲ្យ​ដឹង​ថា សមត្ថកិច្ចខណ្ឌ៧មករា បាន​ម្នាក់​ប្រាប់​លោកស្រី​ថា សមត្ថកិច្ច​នឹង​បន្ត​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង​រហូត​ដល់​សមត្ថកិច្ច​វាយ​កម្ទេច​អាគារ​រួចរាល់​ទើប​សមត្ថកិច្ច​ដោះ​លែង​អ្នក​ទាំង​នោះ​មក​វិញ។ លោកស្រី ដាញ់ គង្គា ប្រាប់​អាស៊ី​សេរី​ទាំង​ភ័យ​ខ្លាច​ថា ពេល​នេះ​លោក​ស្រី​យល់​​ព្រម​ទទួល​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ​ជា​ទឹក​ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ ដោយ​មិន​ហ៊ាន​បន្ត​ទាមទារ​ទៀត​ ព្រោះ​ខ្លាច​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន។ លោក​ស្រី​រអ៊ូរទាំ​ថា លុយ​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​តំបន់​បុរី​កីឡា​នោះ​ទេ ប៉ុន្តែ​លោកស្រី​គ្មាន​ជម្រើស​ឡើយ៖ «»

ទាក់ទង​បញ្ហា​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​នេះ​បាន​ទេ។ ចំណែក អភិបាលខណ្ឌ៧មករា លោក លឹម សុភា ក៏​មិន​អាច​សុំ​ពន្យល់​បាន​ដែរ ដោយ​ប្រព័ន្ទ​ទូរស័ព្ទ​របស់​លោក​មិន​ទទួល​ការ​ហៅ​ចូល។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​តាម​ដាន​ករណី​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ ប្រាប់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ ព្រោះ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះ ដោយ​ពលរដ្ឋ​រារាំង​អាជ្ញាធរ​ខណ្ឌ​មិន​ឲ្យ​ចុះ​រុះរើ​ឥវ៉ាន់​របស់​ពួក​គេ​នៅ​ក្នុង​អាគារ​បុរី​កីឡា។ លោក​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន  អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​ប្រើ​វិធានការ​វាយ​កម្ទេច​អគារ​បុរី​កីឡា​ចាស់​ចោល នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា​នេះ៖ «»

កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា កន្លងទៅ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​តាម​លិខិត​ឱ្យ​អ្នក​បុរី​កីឡា​ទាំង​អស់​​​ដែល​រស់​នៅ​ក្នុង​អគារ​ចាស់ ត្រូវ​រួសរាន់​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​សំណង​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ នៅ​សល់ តែ​ពលរដ្ឋ​ជាង ១០គ្រួសារ​ទៀត​ទេ ដែល​មិន​ទាន់​យល់​ព្រម​ទទួល​សំណង។

កាល​ពី​​ឆ្នាំ២០១២ អាជ្ញាធរ​ក្រុង​​ភ្នំពេញ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ​នៃ​សហគមន៍​​បុរី​កីឡា ដែល​មិន​ព្រម​ចាក​ចេញ​ ។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ដើរ​សុំទាន ដើរ​រើស​អេតចាយ និង​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ។

ក្រុម​ពលរដ្ឋ​មិន​ទាន់​ទទួល​សំណង​ស្នើសុំ​ទៅ​សាលាក្រុង​ឲ្យ​ផ្ដល់​ថវិកា​សមរម្យ​ដល់​ពួក​គេ ដើម្បី​អាច​ទិញ​បន្ទប់​អាគារ​នៅ​តំបន់​បុរី​កីឡា​រស់​នៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្លាំង​សាលាក្រុង​ភ្នំពេញ​វាយ​កម្ទេច​អាគារ​បុរី​កីឡា និង​ចាប់​ខ្លួន​ពលរដ្ឋ​ ១២​នាក់​បន្ថែម​ទៀត

$
0
0

កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា និង​ចាប់​ខ្លួន​ពលរដ្ឋ ១២នាក់​បន្ថែម​ទៀត ដែល​មិន​ព្រម​ចាក​ចេញ​ពី​អាគារ។ មន្រ្តី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ហៅ​សកម្មភាព​របស់​សមត្ថកិច្ច​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​បរាជ័យ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដោយ​សន្តិវិធី។

ពលរដ្ឋ​ថា ការ​ចាប់​ខ្លួន​ប្រជា​សហគមន៍​បុរី​កីឡា​ទាំង ១២នាក់​នេះ គឺ​សមត្ថកិច្ច​បាន​ប្រើ​វិធី​ហិង្សា ចាប់​អូស​ពួក​គាត់​ដោយ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​អាគារ​បុរី​កីឡា រួច​យក​ទៅ​ឃុំ​ខ្លួន​សាលា​ខណ្ឌ ៧មករា។ ពួក​គាត់​ថា សកម្មភាព​នេះ​ដឹក​នាំ​ដោយ អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ និង​គ្រឿងចក្រ​ថែម​ទៀត​ផង។ សកម្មភាព​វាយ​កម្ទេច​អាគារ​បុរី​កីឡា​នេះ សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ចូល​យក​ព័ត៌មាន ឬ​ឃ្លាំមើល​សកម្មភាព​នេះ​ទេ។

ពលរដ្ឋ​បុរី​កីឡា ដែល​សត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន លោកស្រី ភោគ សុភីន ឲ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោកស្រី​ទាំង​បង្ខំ ឲ្យ​ចាក​ចេញ​ពី​អគារ​តាំង​ម៉ោង៥​ព្រឹក​ថ្ងៃទី១៦ ខែ​កញ្ញា​មក​ម៉្លេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា លោកស្រី និង​ពលរដ្ឋ​ជាង ១០នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅឃុំខ្លួននៅសាលាខណ្ឌ៧មករា។  លោកស្រី​រៀបរាប់​ថា នេះ​ជា​លើកទី២​ហើយ​ដែល​សមត្ថកិច្ច​បណ្ដេញ​លោក​ស្រី​ចេញ​ពី​អគារ​បុរី​កីឡា។ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រូប​នេះ​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ ព្រោះ​ពេល​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​បាន​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី​ដូច​ការ​ណែនាំ​របស់​លោក​ឡើយ៖ «គេ​ដាក់​កម្លាំង​មក​គំរាម ហើយ​គេ​អូស​មក​ខណ្ឌ​ទៀត។ ឥឡូវ​នេះ​ខ្ញុំ​មាន​អី​មាន​តែ​ខោអាវ​មួយ​ចង្កេះ​គេ​ធ្វើ​បាប​សព្វ​បែប​សព្វ​យ៉ាង ខ្ញុំ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដោះ​ស្រាយ​សំណង​សមរម្យ​ដល់​ពួក​ខ្ញុំ»

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​ ខែ​កញ្ញា​ថា ពលរដ្ឋ​ទាំង​១២នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​នោះ​រួម​មាន៖ លោកស្រី ញ៉ែន ស្រីនិត ជា​ពលរដ្ឋ​បុរី​កីឡា លោកស្រី ទឹម សាក់មុន្នី និង​កូន​ពីរ​នាក់ ដែល​​ជា​អតីត​ពលរដ្ឋ​បុរី​កីឡា លោកស្រី តាំង គឹមស្រួយ និង​កូន​បី​នាក់​ទៀត ព្រម​ទាំង​ពលរដ្ឋ​បុរី​កីឡា​ផ្សេង​ទៀត ដែល​លោកស្រី​ចាំ​ឈ្មោះ​មិន​អស់។ លោកស្រី ស ស៊ន ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​លោកស្រី ថត​សកម្មភាព​អាជ្ញាធរ ចាប់​ខ្លួន​ពលរដ្ឋ និង​ការ​វាយ​កម្ទេច​អាគារ​នោះ សមត្ថកិច្ច​បាន​ចាប់​ដក​ហូត​ទូរស័ព្ទ​របស់​លោកស្រី ហើយ​បាន​លុប​រូបភាព ដែល​មាន​ក្នុង​ទូរស័ព្ទ​លោកស្រី​ចោល​ទៀត​ផង។ លោក​ស្រី​បន្ត​ថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បាន​ព្រមាន​លោកស្រី​មិន​ឲ្យ​ផ្តល់​ព័ត៌មាន ​ឬ​ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​អាស៊ី​សេរី​ឡើយ​ទាក់ទង​ការ​បង្ក្រាប និង​សកម្មភាព​វាយ​កម្ទេច​អាគារ​នេះ៖ «លោក មាន ចាន់យ៉ាដា សួរ​ខ្ញុំ​ថា អាស៊ី​សេរី​បាន​ទាក់ទង​អត់ ខ្ញុំ​ថា​ទាក់ទង​រាល់​ថ្ងៃ គាត់​កុំ​ជួប​ណា! បំបិទ​សិទ្ធិ​សេរី​តឹងរ៉ឹង​មែនទែន​វាយ​អគារ​ហ្នឹង សូម្បី​ប្រជាពលរដ្ឋ​ថត​រូប​ក៏​ចាប់​យក​ទូរស័ព្ទ​ដែរ អ៊ីចឹង​ខ្ញុំ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ឡើងៗ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​អភិបាល​រាជធានី ភ្នំពេញ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា និង អភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា ជាច្រើន​ដង​ នៅថ្ងៃទី១៦ ខែ​កញ្ញា ប៉ុន្តែ​មិន​ទទួល​បាន​ឆ្លើយ​តប ដោយសារ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល និង​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទទួល ការ​ហៅ​ចូល​បាន។

ទោះ​ជា​យ៉ាងណា កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា កន្លងទៅ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ព្រមាន​អ្នក​បុរី​កីឡា​ទាំង​អស់​​​ដែល​រស់​នៅ​ក្នុង​អគារ​ចាស់ ត្រូវ​រួសរាន់​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​សំណង​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់​អាស៊ី​សេរី​ថា ក្រុម​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​សារព័ត៌មាន​ចូល​ឃ្លាំមើល ឬ​ចូល​យក​ព័ត៌មាន​នៅ​កន្លែង​វាយ​កម្ទេច​អគារ​បុរី​កីឡា​នេះ​ទេ។ លោក​ថា វិធានការ​របស់​សមត្ថកិច្ច និង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ពេល​នេះ ជា​ការ​បរាជ័យ​របស់​សាលាក្រុង​ភ្នំពេញ​ក្នុង​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​សន្តិវិធី៖ «មាន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ហើយ​ចាប់​ប្រជាពលរដ្ឋ​ទៅ​ដាក់​ក្នុង​មណ្ឌល​សង្គម​កិច្ច និង​ចាប់​ដាក់​នៅ​ខណ្ឌ​អីចឹង នេះ​ជា​រូបភាព​គំរាមកំហែង​បំបាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ព្រម​ទទួល​សំណ ដែល​គាត់​សុំ​សិទ្ធិ​ក្នុង​ការ​ទាមទារ​តវ៉ា ដើម្បី​មាន​ដំណោះ​ស្រាយ​សមរម្យ​ចំពោះ​គាត់ អ៊ីចឹង​យើង​ឃើញ​ថា នេះ​ជា​ការ​បរាជ័យ ដែល​ជា​រូបភាព​មួយ​បង្ហាញ​ពី​ការ​បណ្ដេញ​ចេញ»

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ នៅ​សល់​តែ​ពលរដ្ឋ​ជាង ១០គ្រួសារ​ទៀត​ទេ ដែល​មិន​ទាន់​យល់​ព្រម​ទទួល​សំណង។ក្នុងរយៈពេល​ពីរ​ថ្ងៃ​នេះ សមត្ថកិច្ច​ខណ្ឌ ៧មករា ចាប់​ខ្លួន​ពលរដ្ឋ​បុរី​កីឡា និង​អតីត​ពលរដ្ឋ​បុរី​កីឡា ចំនួន១៧នាក់​ហើយ។ តំណាង​សហគមន៍​បុរី​កីឡា​ លោកស្រី ស ស៊ន ប្រាប់​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ខណ្ឌ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា​ម្សិលមិញ មានចំនួន៥នាក់ មិនមែន៦នាក់ទេ។ លោកស្រី​បន្ត​ថា ពេល​នេះ​អ្នក​ទាំង​៥ កំពុង​​ជាប់​ឃុំ ​នៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ ដោយ​សមត្ថកិច្ច​​មិន​ទាន់​ដោះ​លែង​ពួក​​គាត់​វិញ​នៅ​ឡើយ​ទេ៕

 

(រូបភាព​អគារ​បុរីកីឡា​ចាស់ និង​អ្នក​ក្រាញ​រស់នៅ ដែល​មិនទទួល​យក​ដំណោះស្រាយ​របស់​សាលារាជធានី​ភ្នំពេញ។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ស ស៊ន ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០១៩)


សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិភាគតិចព្នង​ម្នាក់ ករណី​ប្រើ​អាវុធ​បាញ់​សត្វ​ខ្ទីង

$
0
0

មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​ខេត្ត​មណ្ឌលគិរី បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃ​ទី ១៤ កញ្ញា ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វ​ខ្ទីង​ខុសច្បាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ក្នុងស្រុក​កែវ សីមា។

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ឈ្មោះ ចប់ ហាញ រស់នៅ ឃុំ​មេម៉ង់ ស្រុក​កែវសីមា។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​នោះ​ត្រូវជា​ឪពុកក្មេក​របស់​ជន​ដៃដល់ ដែល​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ខ្ទីង និង​ដែល​បាន​រត់គេច​ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់។

ទន្ទឹម​នឹង​នេះ មន្ត្រី​បរិស្ថាន​បាន​រឹបអូស វត្ថុ​តាង​ពី​ជនសង្ស័យ រួមមាន អាវុធ​អាកា (AK) ស្វ័យ​បត់ ០១​ដើម និង​គ្រាប់កាំភ្លើង​០៩​គ្រាប់ សាច់​សត្វ​ខ្ទីង​ស្រស់ ៣០​គីឡូក្រាម សាច់​ខ្ទីង​ឆ្អិន ០១​ឆ្នាំង និង​អាវុធ​កែច្នៃ ឬ​កាំភ្លើង​ខ្យល់​ចំនួន ២​ដើម​។ មក​ទល់​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត ស្វែងរក​ជនសង្ស័យ និង​បក្ខពួក​មួយ​ចំនួន​ទៀត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ថវិកា​ផ្ដល់​ឲ្យ​កងទ័ព​ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​របប​ក្រុង​ភ្នំពេញ​

$
0
0

គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ថវិកា​សម្រាប់​ជួយ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្ដាច់​ខ្លួន​ពី​របប​ក្រុង​ភ្នំពេញ​មក​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដំណើរ​វិល​ចូល​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី។

របប​ក្រុង​ភ្នំពេញ​មិន​​ព្រួយ​បារម្ភ​ ចំពោះ​ការ​ប្រកាស​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី​ និង​បាន​ចាត់​ទុក​ថា​នេះ​គ្រាន់​តែ​ជា​អំពើ​វិទ្ធង្សនា​ប៉ុណ្ណោះ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​រួច​ហើយ​ថា​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាង​មុខ​នឹង​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ហើយ​លោក សម រង្ស៊ី នឹង​មក​ក្នុង​តំបន់​អាស៊ី​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា គឺ​បួន​ថ្ងៃ​មុន​ពេលថ្ងៃ​កំណត់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​ពី​ថ្ងៃ​នៅ​​ទី​ក្រុង​ឡូវ៉ែល (Lowell) សហរដ្ឋ​អាមេរិក​ បាន​អោយ​ដឹង​ថា គណបក្ស​បាន​ប្រគល់​ភារកិច្ច​ជូន​រចនាសម្ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឱ្យ​អនុវត្ត​ផែន​ការ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ ខែ​ វិច្ឆិកា ​ហើយ​ត្រៀម​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​របប​លោក​ ហ៊ុន សែន​ មក​ការ​ពារ​ប្រជាពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ វិល​ត្រឡប់​ចូល​មក​កម្ពុជា​មក​ចូល​រួម​ជា​មហា​កម្លាំង​ជាមួយ​លោក​ សម រង្ស៊ី ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។​

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នក​ស្រី​ មូ សុខហួរ បញ្ជាក់​ថា​ ទាំង​សកម្មជន​គាំទ្រ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ ព្រម​ទាំង​អ្នក​តំណាង​រាស្ត្រ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នឹង​ជួប​ជាមួយ​លោក​ សម រង្ស៊ី នៅ​ក្នុង​ប្រទេស​អាស៊ី​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​លោក សម រង្ស៊ី។ ពាក់ព័ន្ធ​នឹង​ថវិកា​ជួយ​កង​កម្លាំង​ប្រដាប់​អាវុធ​វិញ​អ្នក​ស្រី​មិន​បាន​បញ្ជាក់​គម្រោង​លម្អិត​ទេ តែ​អ្នក​ស្រី​អះអាង​ថា ​គណបក្ស​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ជួយ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បែរ​មក​បម្រើ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​លោក សម រង្ស៊ី ឈាន​ជើង​ចូល​ដល់​ប្រទេស​កម្ពុជា៖ «យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន​ លើកស្ទួយ​ប្រជាធិបតេយ្យ​ ការពារ​ផល​ប្រយោជន៍​ជាតិ​ដោយ​អហិង្សា​ អ្នក​ដែល​គេ​ចង់​កាន់​អំណាច​គេ​ប្រើ​អាវុធ​​ គេ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​គេ​ចង់​រក្សា​អំណាច​របស់​គេ​ទោះ​បី​មាន​ការ​បង្ហូរ​ឈាម​ក៏ដោយ តែ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​លោក​ សម រង្ស៊ី គឺ​ជា​មាតុភូមិ​និវត្តន៍​ដោយ​អហិង្សា​ ដោយ​សន្តិវិធី​ និង​ដោយ​មាន​ការ​យក​ស្មារតី​រួបរួម​ជាតិ​ ផ្សះផ្សា​ជាតិ​ ឯកភាពជាតិ​ជាធំ»​​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស បាន​កំណត់​យក​ថ្ងៃ​តី៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​វិល​ចូល​មកកាន់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​អំឡុង​ឆ្នាំ២០១៥។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ បញ្ជាក់​ថា ការប្រកាស​វិល​ចូល​មាតុ​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី ​គ្រាន់​តែ​ជា​អំពើ​វិទ្ធង្សនា​ប៉ុណ្ណោះ​គ្មាន​អ្វី​ពិត​ប្រាកដ​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ ចំពោះ​ការ​អំពាវនាវ​អោយ​កម្លាំង​ប្រដាប់​អាវុធ​មក​គាំទ្រ​លោក​ សម រង្ស៊ី គឺ​គ្មាន​កងទ័ព​ណា​មួយ​មក​ស្ដាប់​បញ្ជា​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ទេ៖ «លោក​ សម រង្ស៊ី រក​តែ​លុយ​ចូល​ស្រុក​មិន​បាន​ ដើរ​សុំ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​។មាន​លុយ​ឯ​ណា​ទៅ​ប៉ាវ​ ទៅ​ទិញ​ទឹកចិត្ត​កងទ័ព​កម្ពុជា​បាន​នោះ​ទេ។ជម្រាប​ជូន​ថា​ កងទ័ព​កម្ពុជា​ហ្នឹង​មាន​ បទ​ពិសោធន៍​ក្នុង​ការ​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​សង្គ្រាម និង​ថែ​រក្សា​សន្តិភាព​ ដែល​ជា​ក្ដី​បំណង​ប្រាថ្នា​របស់​មហាជន ក៏​ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ​នោះ​ដែរ​ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ភ្ញាក់​ផ្អើល​ទេ។​ការ​និយាយ​គ្រាន់​តែ​ជា​វិទ្ធង្សនា​តែប៉ុណ្ណោះ»

ចំណែក​លោក​រដ្ឋមន្ត្រី​ ហ៊ុន សែន វិញ លោក​ថា រដ្ឋាភិបាល​របស់​លោក​បាន​ផ្ញើ​ដីកា​ចាប់ខ្លួន​លោក​ សម រង្ស៊ី ទៅ​បណ្ដា​ប្រទេស​ទាំង​អស់​ជា​សមាជិក​​អាស៊ាន​រួច​ហើយ។ តែ​លោក​ សម រង្ស៊ី បញ្ជាក់​ថា លោក​ប្រើ​លិខិត​ឆ្លង​ដែល​ជា​ជន​ជាតិ​បារាំង ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​ហ៊ាន​ចាប់​ខ្លួន​លោក​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​មាតា​ធម្មជាតិ​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​រឿង​ជាប់​ទោស​​ដោយសារ​ថត​រូប​កប៉ាល់​ដឹក​ខ្សាច់

$
0
0

អតីត​សកម្មជន​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង ឌឹម គុនឌី បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្ទាប់​ពី​សាលាឧទ្ធរណ៍​​សម្រេច​ឱ្យ​ពួក​លោក​​ជាប់​ទោស​បន្ត​ទៅ​ទៀត ក្នុង​សំណុំ​រឿង​ថត​កប៉ាល់​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ។

មេធាវី​​ការពារ​ក្តី​ឱ្យ​​អតីត​សកម្មជន​​មាតា​ធម្មជាតិ​ លោក សំ ចំរើន ឱ្យ​អាស៊ី​សេរី​​ដឹង​ថា លោក​​បាន​ដាក់​បណ្ដឹង​សាទុក្ខនេះ​ទៅ​តុលាការ​រួច​ហើយ កាល​ពី​ពេល​ថ្មីៗនេះ។ ​លោក​​បញ្ជាក់​ថា ការ​ប្ដឹង​ទាស់​នេះ គឺ​ដោយសារ​កូន​ក្តី​របស់​លោក​មិន​សុខ​ចិត្ត​​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​មាន​ភាព​អយុត្តិធម៌​សម្រាប់​ពួក​គាត់។

កាល​ពី​​ចុង​ខែ​សីហា​កន្លង​ទៅ សាលា​ឧទ្ធរណ៍​បាន​​សម្រេច​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង ទុក​ជា​បាន​ការ​ដដែល។ តុលាការ​ខេត្ត​កោះកុង​បាន​ផ្ដន្ទាទោស​អ្នក​ទាំងពីរ​​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១ឆ្នាំ ដោយ​អនុវត្ត​ទោស ៥ខែ​ក្នុង​ពន្ធនាគារ ហើយ​​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ ១លាន​រៀល។ តុលាការ​កាត់​ទោស​​អ្នក​​ទាំង​ពី​បទ “ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍” និង “ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល” បន្ទាប់​ពី​យុវជន​ទាំងពីរ​ជិះ​ទូក​ថតរូប​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ​ នៅ​ខេត្ត​កោះកុង។

ដើម​បណ្ដឹង​នៃ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​​កោះកុង (SEZ Koh Kong Co., Ltd.) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះ​កុង។ ទោះ​ជា​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ មិន​ដែល​បង្ហាញ​វត្តមាន​ក្នុង​អង្គ​សវនាការ​ឡើយ ចាប់​តាំង​ពី​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង រហូត​ដល់​ដំណាក់​កាល​សាលាឧទ្ធរណ៍។

ក្រុម​សកម្ម​បរិស្ថាន​រិះគន់​ថា ​តុលាការ​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍​ធ្វើ​តាម​តែ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន ដោយ​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​វិជ្ជាជីវៈ​ក្នុង​ការ​សម្រេច​សេចក្ដី​ឡើយ។ ចំណែក មន្ត្រី​សិទ្ធិមនុស្ស​វិញ ពិនិត្យ​ឃើញ​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​យុវជន​ទាំងពីរ​ឡើយ ហើយ​ការ​សម្រេច​ឱ្យ​ពួក​គេ​ជាប់​ទោស គឺជា​ការ​បំបាក់​ស្មារតី​យុវជន​មិន​ឱ្យ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​អះអាង​ថា នឹង​មាន​គ្នា​រាប់​រយ​នាក់​ត្រៀម​​ការពារ​លោក សម រង្ស៊ី វិល​ស្រុក​វិញ​

$
0
0

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​​នៅ​ខេត្ត​ស្វាយរៀង​អះអាង​ថា មាន​មនុស្ស​រាប់​រយ​នាក់​អ្នកស្ម័គ្រចិត្ត​ធ្វើ​ជា​សន្តិសុខ​ទៅ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​។ អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ទាំង​នោះ​សង្ឃឹម​ថា នៅ​ពេល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នឹង​អាច​ស្ដារ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​វិញ​ជា​មិន​ខាន។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ កញ្ញា​ថា នៅ​ពេល​នេះ​ពួក​លោក​ប្រមូល​គ្នា​បាន​ជាង ១០០​នាក់​ហើយ​ នៅ​ក្នុង​ខេត្ត​របស់​លោក​ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ធ្វើ​ជា​សន្តិសុខ​ការពារ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ​អ្នក​ចូល​រួម​ជា​មួយ​ពួក​លោក​ភាគ​ច្រើន​ជា​អតីត​មន្ត្រី​ប៉ូលិស និង​ទាហាន​ ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ការពារ​ប្រទេស​ជូរ​ចត់ ​ហើយ​ពួក​គេ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​លោក សម រង្ស៊ី ឱ្យ​ទៅ​ដល់​គោលដៅ​បាន៖ «យើង​ចេះ​តែ​ការពារ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ទៅ​ បើ​ថា​ចង្កឹះ​មួយ​គេ​កាច់​បាក់​បើ​ចង្កឹះ​ច្រើន​គេ​កាច់​មិន​បាក់​ទេ​ បើ​ទៅ​ច្រើន​បើ​មាន​សកម្មភាព​អី​កើត​ឡើង​ធ្វើ​ម៉េច​បើ​វា​តម្រូវ​ការ​ត្រូវ​អីចឹង។ ព្រោះ​បើ​របប​សព្វ​ថ្ងៃ​តាម​ដាន​ដូច​រាល់​ថ្ងៃ​អីចឹង​ខ្ញុំ​ខ្លាច​វិល​ទៅ​របប​​ខ្មែរ​ក្រហម​វិញ​ ព្រោះ​របប​នេះ​ខ្ញុំ​ធ្លាប់​ជួប​ហើយ​ គឺ​ជូរចត់​ណាស់​ ខ្ញុំ​កម្សត់​មែន​ទែន គឺ​ហូប​មិន​ឆ្អែត​ គេ​ដឹក​ស្រូវ​យក​ទៅ​ឱ្យ​ចិន​ ហើយ​យក​មក​វិញ​មាន​តែ​គ្រាប់​កាំភ្លើង​មក​សម្លាប់​តែ​ខ្មែរ​គ្នា​ឯង​ ខ្ញុំ​ខ្លាច​របប​នេះ​កើត​ឡើង​វិញ»

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ លោក ម៉ៅ វិបុល មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​​ទាំង​​នោះ​ ទៅ​​ការ​ពារ​​លោក​ សម រង្ស៊ី ដោយ​ស្មារតី​ស្រឡាញ់​​ជាតិ​ ហើយ​ពួក​គេ​នឹង​ហ៊ាន​ពលី​ជីវិត​ការពារ​លោក សម រង្ស៊ី ​ទៅ​​ដណ្ដើម​យក​ប្រជាធិបតេយ្យ​​ពី​របប​ក្រុង​ភ្នំពេញ​ជូន​ពលរដ្ឋ​វិញ​បាន​។ លោក បន្ថែម​ថា ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​​ភាគ​ច្រើន​ស្អប់​ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ ​ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​ពួក​គាត់​បាន​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ឡើយ ពីព្រោះ​ពួក​គាត់​សង្ឃឹម​ថា នៅ​ពេល​លោក​សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​នឹង​មាន​ដំណោះស្រាយ​នយោបាយ៖ «ខ្លះ​ហ៊ាន​ប្ដូរ​ស្លាប់​ឱ្យ​តែ​ប្រទេស​មាន​ការ​ផ្លាស់​ប្ដូរ​ ហើយ​គាត់​មិន​រាថយ​ទេ​ ឱ្យ​តែ​លោក​ប្រធាន​ចូល​មក​នៅ​ពេល​ណា​គឺ​គាត់​នឹង​ចូល​រួម​នៅ​ពេល​នោះ​។ព្រោះ​ពួកគាត់​និយាយ​គ្មាន​ឱកាស​ណា​ល្អ​ដូច​ពេល​នេះ​ អីចឹង​សុខចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​ ដើម្បី​ចូល​រួម​តែ​ម្ដង»

លោក សម រង្ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត ថា​លោក​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស គ្រោង​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ក្ដី របប​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ អំពី​វិធានការ​លើ​លោក សម រង្ស៊ី និង​អ្នក​ហែហម ប្រសិន​បើ​ហ៊ាន​វិល​ចូល​កម្ពុជា​តាម​កាល​កំណត់​មែន​នោះ។ កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លែបខាយ​ឌឺដង​ដាក់​លោក សម រង្ស៊ី​ ថា កុំ​ឲ្យ​ភ្លេច​ពាក្យ​សន្យា វិល​ចូល​ស្រុក​ខ្មែរ​វិញ​ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ លោក ហ៊ុន សែន បញ្ជាក់​ថា​ ពន្ធនាគារ​ក៏​កំពុង​រង់ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​កម្ពុជា​វិញ​នោះ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា របប​លោក​រង់ចាំ​ស្វាគមន៍​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ជា​និច្ច​ ហើយ​សមត្ថកិច្ច​ក៏​ត្រៀម​អនុវត្តន៍​ច្បាប់​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ដែរ។ លោក​អះអាង​ទៀត​ថា អ្នក​ដែល​ទៅ​អម​ដំណើរ​ការពារ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា​គឺ​ជា​ទង្វើ​ខុស​ច្បាប់​ ក៏​​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ខុស​ច្បាប់​ត្រង់​មាន​ត្រា​ណា​មួយ​នោះ​ទេ៖ «បើ​កាលណា​ការពារ​ប្រឆាំង​នឹង​ដែន​អំណាច​របស់​អាជ្ញាធរ​ក៏​ខុស​ច្បាប់​ដែរ។ ដូច្នេះ​កិច្ចការពារ​ថា តើ​គាត់​មាន​ព្រំដែន​ដែន​ពី​​ជ្រុង​ណា​ដល់​ជ្រុង​ណា នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ពិចារណា»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា​ ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ជា​រឿង​មួយ​ផ្សេង​ដាច់​ដោយ​ឡែក​ ហើយ​សមត្ថកិច្ច​ក៏​មិន​អាច​​​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់​បាន​ដែរ​ ពី​ព្រោះ​ប្រជាពលរដ្ឋ​ទៅ​អម​ដំណើរ​អ្នក​នយោបាយ​ណា​ម្នាក់​ វិល​ចូល​ស្រុក​ គឺ​ជា​សិទ្ធិ​សេរី​ភាព​​របស់​ពលរដ្ឋ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​ គណបក្ស​ប្រឆាំង​ផ្សះផ្សា​គ្នា​ឡើង​វិញ ប្រសើរ​ជាង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ៖‍ «ហើយ​ទិដ្ឋភាព​បច្ចុប្បន្ន​យើង​មាន​ការ​បារម្ភ​ខ្លាច​លោក​មាន​ការ​ផ្អាក ឬ​ក៏​ផ្ដាច់ EBA ឬ​ក៏ GSP គឺ​វា​ប៉ះពាល់​កម្មករ​រាប់​សែន​នាក់​ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​មួយ​កម្មករ​រាប់​លាន​ក៏​ប៉ះពាល់​ដែរ ដូច្នេះ​យើង​អត់​ចង់​ឃើញ​ករណី​អីចឹង​ទេ»

លោក​ ម៉ៅ វិបុល ឱ្យ​ដឹង​ថា ​អ្នក​គាំទ្រ​គណបក្ស​លោក​ប្រមាណ ១០០​នាក់​ក្នុង​មួយ​ខេត្ត​នៅ​ទូទាំង​ប្រទេស​ គឺ​ពួកគាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទៅ​ធ្វើ​ជា​សន្តិសុខ​​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក​បន្ត​អះអាង​ទៀត​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ក៏​ពុះ​កញ្ជ្រោល​បន់​ឱ្យ​​ឆាប់​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ដែរ ដើម្បី​ពួក​គេ​ទៅ​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​ ចូល​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​អតីតអ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​​ ២រូប នៅ​ដើម​ខែ​តុលា

$
0
0

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី នៅដើម​​ខែតុលា។ អតីតអ្នក​​យក​ព័ត៌មាន​អាស៊ីសេរី​ស្វាគមន៍​​​ចំពោះការ​កំណត់​ថ្ងៃប្រកាស​សាលក្រមនេះ ប៉ុន្តែ​ស្នើ​ឱ្យ​​តុលាការ​ កុំ​លើក​​ពេល​ទៀត ព្រោះសាលក្រម​កាន់​តែយូរ កាន់​តែ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ពួក​លោក។

សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​​រឿង​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​តុលា ខាងមុខនេះ ក្រោយ​ពី​បាន​ប្រកាស​លើក​​​ពេល​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ។ នេះ​បើតាម​ការ​បញ្ជាក់​ពីអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​មេធាវី​ការពារក្តី​ឱ្យ​​អតីតអ្នក​​យក​ព័ត៌មាន​​អាស៊ីសេរី គឺលោក សំ ចំរើន នៅ​ថ្ងៃ​ទី១៦ កញ្ញា។ ទោះ​ជា​យ៉ាង​ណា មេធាវី សំ ចំរើន បញ្ជាក់​ថា លោក​​មិន​ទាន់​ទទួល​បាន​​លិខិត​ពី​តុលាការ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​​​ដឹង​រឿងនេះពី​ក្រឡាបញ្ជី​តុលាការ​ក្រុង​ភ្នំពេញ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ ថ្លែងថា លោក​បាន​ទន្ទឹង​រង់ចាំ​ការ​ប្រកាស​សាលក្រម​នេះ​ជា​យូរ​មក​ហើយ។ លោក​សង្ឃឹម​ថា តុលាការ​នឹង​មិន​លើក​ពេល​​ទៀត​ឡើយ ហើយលោក​ក៏​រំពឹង​ថា សាលក្រម​នៅ​ពេល​ខាងមុខ​នេះ ​នឹង​មាន​​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​ពួក​លោក​វិញ​ដែរ៖ «ខ្ញុំ​សង្ឃឹម​ថា ដំណឹងដែល​ថា ប្រកាស​នៅ​ថ្ងៃទី០៣ ខែ១០ ខាង​មុខ​ហ្នឹង នឹង​កើត​ឡើង​ពិត​ប្រាកដ ហើយយើង​ខ្ញុំ​ទាំងពីរ​នាក់​ក៏​រំពឹងដែរថា ការ​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​នោះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​មក​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ ហើយ​អ្វីៗ​ទាំងអស់​នឹង​ជ្រះស្រឡះ​នៅ​ថ្ងៃហ្នឹង​តែម្តង ហើយ​សេរីភាព​របស់​ពួក​ខ្ញុំ​នឹង​ទទួល​បាន»

តុលាការ​ក្រុង​ភ្នំពេញបាន​លើក​​យក​សំណុំ​រឿងអតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន ទៅ​ជំនុំ​ជម្រះ​ចំនួន​ពីរលើក​ ដោយ​លើក​ទីមួយ​សវនាការ​ប្រព្រឹត្ត​​ទៅនៅ​​ចុង​ខែ​កក្កដា ហើយ​លើក​​ទីពីរ​នៅ​ដើម​ខែ​សីហា។ ក្រោយ​​សវនាការ​ចប់​សព្វគ្រប់ តុលាការ​បាន​កំណត់​ពេល​ប្រកាស​សាលក្រម​នៅ​​ថ្ងៃ​ទី៣០ សីហា ក៏​ប៉ុន្តែ​ថ្ងៃ​កំណត់​មក​ដល់ តុលាការ​ក៏​ស្រាប់​តែលើក​​ពេល​ប្រកាស​សាលក្រម​វិញ ក្រោម​ហេតុ​ផល​ថា ចៅក្រម​ជាប់​រវល់​មាន​ភារកិច្ច​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌។

នាយក​​រង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​​សិទ្ធិមនុស្សនៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា គោល​ការណ៍​ច្បាប់​ និ​ង​សិទ្ធិមនុស្ស តម្រូវ​ឱ្យ​នីតិវិធី​ក្នុង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​ ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់​រហ័ស ដើម្បី​​កុំ​ឱ្យ​បាត់​ប្រយោជន៍​ជន​ជាប់​ចោទ។ លោកស្នើ​ឱ្យ​តុលាការ​ប្រកាស​សាលក្រម​រឿងក្តី​នេះទៅ​តាម​​កាល​​​កំណត់ ដើម្បី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី​​ទាំងពីរ​រូបមាន​ភាព​ជ្រះស្រឡះ​ក្នុង​ចិត្ត។ បន្ថែម​ពី​លើ​នេះ លោក​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​​​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ព្រោះ​​លោក​ពិនិត្យ​​ឃើញ​ថា ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ៖ «ដើម្បី​លើក​កម្ពស់​​វិស័យ​សារព័ត៌មាន​ យើង​សង្ឃឹម​ថា នៅ​ថ្ងៃ​ទី៣ តុលា នេះ ​​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ នឹង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ចំពោះ​អ្នក​​ទាំងពីរ​ ដើម្បី​ឱ្យ​គាត់​បាន​ប្រកប​វិជ្ជាជីវៈរ​បស់​គាត់​វិញ»

អយ្យការ​អមតុលាការ​ក្រុងភ្នំពេញ បាន​ចោទ​ប្រកាន់​​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពីបទ“ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត​​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​​ទាំង​ពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​តុលាការ​រក្សា​​ទុក​វត្ថុ​ចាប់​យក និង​​លិខិត​ឆ្លងដែនរបស់​អ្នក​​ទាំងពីរ​ដដែល ។ ចំណាត់​ការ​បែបនេះ ធ្វើ​ឱ្យ​​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញ​លេញ​ឡើយ ហើយ​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិតក៏​​ជួប​ការ​លំបាក​ដែរ ព្រោះ​​គ្មាន​ឧបករណ៍​ប្រើប្រាស់​គ្រប់គ្រាន់។

ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​អះអាង​ថា ការ​ចោទ​ប្រកាន់​​អតីត​អ្នក​យក​ព័ត៌មាន​​អាស៊ីសេរី​ទាំង​ពីរ​រូប កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត និង​ធ្វើ​​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។ នៅ​ក្នុង​​លិខិត​ចំហ​មួយ​ច្បាប់​ផ្ញើរ​ជូន​តុលាការ​ក្រុង​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា ក្រុម​​អ្នក​​សារព័ត៌មាន​ចម្រុះ​ស្ថាប័ន​ បាន​អំពាវ​ឱ្យ​​តុលាការ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​​ទាំង​ពីរ។ ក្រុម​អ្នក​សារព័ត៌មាន​បាន​គូស​បញ្ជាក់ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុ​ងការ​ផ្តល់​​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ហើយ​អ្នក​សារព័ត៌មាន​មាន​តួនាទី​រាយការណ៍​​ការពិត​ជូន​​ដល់​សាធារណជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live