Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

ក្រុម​អ្នក​សិក្សា​ជំរុញ​ឱ្យ​សិស្ស​សិក្សា​មុខវិជ្ជា​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន

$
0
0

សិស្ស​ជាច្រើន​ក្រោយ​ពី​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ ពួកគាត់​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​នឹង​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា​ទៀត​នោះ មិន​ដឹង​ជា ត្រូវ​សិក្សា​ពីមុខ​ជំនាញ​អ្វី អ្នក​ខ្លះ សិក្សា​ទៅតាម​មិត្តភ័ក្ដិ ខ្លះ​ទៀត សិក្សា​ទៅតាម​ទីផ្សារ​ការងារ អ្នក​ខ្លះ​ទៀត​រើសមុខ​វិជ្ជា​សិក្សា​ដែល​ខ្លួន​ពេញចិត្ត និង​អ្នកខ្លះ​ទៀត​ថា ចេះតែ​រៀន​ៗ​ទៅជា​ដើម។

តើ​សិស្ស​ទើបតែ​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ថ្មីថ្មោង គួរ​រៀបចំខ្លួន​ដូចម្ដេច​ខ្លះ ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា?

អ្នក​ធ្វើការ​ពាក់ព័ន្ធ និង​វិស័យ​អប់រំ ជំរុញ​ឱ្យ​សិស្ស​និស្សិត​ខិតខំ​អាន​ឱ្យ​បាន​កាន់តែ​ច្រើន និង​កំណត់​ពីមុខ​ជំនាញ ដែល​ខ្លួន​ពេញចិត្ត​ឱ្យ​បាន​ច្បាស់​លាស់ មុននឹង​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា។

អតីត​និស្សិត​អាហារូបករណ៍​នៅ​ក្រៅ​ប្រទេស គឺ លោក ប៉ិច តុងហ័ន ដែល​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច និង​មធ្យម នៅ​ប្រទេស​អាល្លឺម៉ង់ មាន​ប្រសាសន៍ថា លោក​ក៏​មិន​សូវ​ខុស​ពី​សិស្ស​ដទៃ​ទៀត​ដែរ គឺ​លោក បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ទេសចរណ៍ និង​សិក្សា​ខាង​ធនាគារ ប៉ុន្តែ​ក្រោយមក លោក​ព្យាយាម​អាន​សៀវភៅ និង​សិក្សា​ស្រាវជ្រាវ ទើប​លោក​កំណត់​បាន​នូវ​គោលដៅ​ជីវិត​ច្បាស់លាស់ ថា លោក​ចង់​ធ្វើ​អ្វី នឹង​ត្រូវ​សិក្សា​លើ​មុខវិជ្ជា​អ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​។ នៅ​ទីបំផុត លោក​បាន​ចាប់​យក​មុខវិជ្ជា គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​មានឱកាស​ទ​ទូល​បាន​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស។ «»

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បាន​ចាប់ផ្ដើម​ប្រកាស​លទ្ធផល​ប្រលង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩ គឺ​សិស្ស​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ឆ្នាំ​២០១៩ នេះ មាន​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧៩.០៥២) ស្មើនឹង​ជាង ៦៨% (៦៨,៦២% នៃ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​ជាង ១ សែន​នាក់។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងប្រាប់​កាសែត​ក្នុងស្រុក ថា លទ្ធផល​នៃ​ការ​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ មិនមែន​ជា​ការកំណត់​វាសនា​របស់​បេក្ខជន​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​របស់​សិស្ស​ក្រោយពី​សិក្សា​រយៈពេល​១២​ឆ្នាំ​មក​តែ​ប៉ុណ្ណោះ។

ការសិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៥ របស់​សាកលវិទ្យាល័យ (University of Massachusetts Lowell ) សហការ​ជាមួយ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ បង្ហាញ​ថា និស្សិត​ចំនួន​៦០% ជ្រើសរើស​មុខជំនាញ​សិក្សា​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន និង ៣០% សិក្សា​មុខវិជ្ជា​ទៅតាម​ទីផ្សារ​ការងារ។

ប្រធាន​សម្របសម្រួល​កម្មវិធី​បញ្ចូល​គ្នា​នៃ​អង្គការ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា ឬ​ហៅថា ខេប (Kape) អ្នកស្រី ហឹម ម៉ារី មាន​ប្រសាសន៍​ថា ការ​ចាប់​យក​ជំនាញ​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​របស់​យុវ​សិស្ស​ទាំងអស់​តាំងពី​ថ្នាក់​អនុវិទ្យាល័យ​មក​គឺជា​រឿង​សំខាន់ ដើម្បី​ឱ្យ​ពួកគាត់​មាន​មូលដ្ឋានគ្រឹះ​តាំងពី​ថ្នាក់ក្រោម មុននឹង​បន្ត​ទៅ​ថ្នាក់​ឧត្ដមសិក្សា។ អ្នកស្រី​បន្ថែម​ថា ការ​តម្រង់​ទិស​គឺជា​រឿង​សំខាន់ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​សិស្ស​ទាំងអស់។ ហើយ​ការ​សិក្សា​ទទួល​បាន​និទ្ទេស​មិនល្អ​របស់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​នោះ មិនមែន​ជា​ឧបសគ្គ​នៅ​ថ្នាក់​ឧត្ដមសិក្សា​ឡើយ​។ បញ្ហា​សំខាន់​នៅត្រង់​ថា សិស្ស​ទាំងនោះ ត្រូវ​មាន​គោលដៅ​ជីវិត​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​សិក្សា​មុខវិជ្ជា​ដែល​ខ្លួន​ពេញចិត្ត ដែល​ជា​ភាព​ខ្លាំង​របស់​ខ្លួន។ «»

លោក ប៉ិច តុងហ័ន លើកឡើង​ថា ការសិក្សា​ទៅតាម​មិត្តភ័ក្ដិ ឬ​ទៅតាម​ក្រុម​គ្រួសារ​បង្ខំ មិនមែន​ជា​ដំណោះស្រាយ​ល្អ ឬ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​នៅ​ពេល​អនាគត​ឡើយ។ លោក​បញ្ជាក់​ថា សិស្ស និស្សិត​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ​ថា ត្រូវ​ធ្វើ​អ្វី ឬ​រៀន​អ្វី​ដែល​ខ្លួន​ចង់​រៀន កុំ​សិក្សា​ទៅតាម​បរិបទ​សង្គម ឬ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ លោក​រំពឹង​ថា កម្ពុជា​នៅ​មាន​ការផ្លាស់ប្ដូរ​នៅ​ពេល​ណាមួយ ដែល​យុវជន​ទាំងអស់​នឹង​មាន​ឱកាស​បញ្ចេញ​នូវ​សមត្ថភាព ឬ​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ។ «»

ក្រុម​អ្នកធ្វើ​ការទាក់ទង​និង​វិស័យ​អប់រំ លើកឡើង​ថា មុខជំនាញ​ទាំងអស់​គឺ​មាន​តម្លៃ​ស្មើគ្នា គ្មាន​មុខជំនាញ​វិជ្ជាជីវៈ​ណា​អន់​ជាង​មុខជំនាញ​ណា​ទេ ប៉ុន្តែ​បញ្ហា​សំខាន់ នៅ​ត្រង់​ថា សិស្ស​និស្សិត​ទាំងអស់​ត្រូវ​ចាប់​យក​មុខ​វិជ្ជាជីវៈ​ដែល​ខ្លួន​ពេញចិត្ត ទោះ​មុខជំនាញ​នោះ មិន​សូវ​មាន​ទីផ្សារ​ក៏ដោយ ព្រោះថា ការ​សិក្សា​ត្រូវ​មុខ​នឹង​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន គឺ​ជួយ​ដល់​សិស្ស​និស្សិត​ងាយ​យល់ និង​មាន​គុណភាព មិនមែន​ដូច​ពាក្យ​ដែល​គេ​ពោល​ជារឿយៗ​ថា ចេះតែ​រៀនៗ​ទៅ គ្រាន់​បាន​សញ្ញាប័ត្រ​បិត​លើ​ជញ្ជាំង បង្អួត​គេឯង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ឧត្ដរមានជ័យ​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ថា​ បាន​ប្រើ​ហិង្សា​បង្ខំ​មិន​ឱ្យ​សម្ដែង​មតិ​​

$
0
0

មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​សំរោង​ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​ថា​ បាន​ប្រើ​ហិង្សា​បង្ខំ​​រូប​លោក​​មិន​ឱ្យ​សម្ដែង​មតិគាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​នេះ ថា​ជា​ការ​គំរាមកំហែង​ និង​បិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​សំរោង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សេង សុផាន ប្រាប់​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី​១១​ កញ្ញា​ថា លោក​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ឱ្យ​ជួយ​ផ្នែក​ច្បាប់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​ចំនួន​២នាក់​នៅ​ក្នុង​ខេត្ត​ ដែល​បាន​ប្រើ​ហិង្សា​មក​លើ​រូប​លោក។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ រៀបរាប់​ថា ​មាន​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ចំនួន​២នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្រធាន​ការិយាល័យ​ទេសចរ​ខេត្ត​ គឺ​លោក​ រិទ្ធ សុខា បាន​រុញច្រាន​លោក​ផ្ដួល​ទៅ​លើ​តុ​គុយទាវ​ចំនួន​២លើក​ ដោយសារ​តែ​លោក​​បាន​ពិភាក្សា​ជា​មួយ​ពលរដ្ឋ​រឿង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា។ ​ លោក​បន្ត​ថា​ នៅ​ពេល​នោះ​លោក​ រិទ្ធ សុខា បាន​បង្ខំ​លោក​ឱ្យ​ឈប់​និយាយ​រឿង​នយោបាយ​​ម្ដង​ហើយ​ម្ដង​ទៀត​ តែ​លោក​មិន​ស្ដាប់​ ​ក៏​ស្រាប់​តែ​ប៉ូលិស​រូប​នេះ​ស្ទុះ​មក​ប្រើ​ហិង្សា​​មក​លើ​រូប​លោក​តែ​ម្ដង​។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​នោះ​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ពាក់​ស័ក្ដិ​៤​ម្នាក់​ទៀត​ ដែល​លោក​មិន​ស្គាល់​ឈ្មោះ​បាន​ស្ទុះ​ទៅ​ជួយ​លោក​ រិទ្ធ សុខា​ រុញ​ផ្ដួល​លោក​បន្ថែម បណ្ដាល​ឱ្យ​លោក​ដួល​​អុក​គូថ​​ទល់​ផ្អក​ស្ទើរ​តែ​ងើប​មិន​រួច​។ លោក​បញ្ជាក់​ថា ហេតុ​ការ​ណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​​កន្លែង​នៅ​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១០​កញ្ញា​កន្លង​ទៅ៖ «ហើយ​សំខាន់​គឺ​សាក្សី​មាន​ គឺ​អ្នក​លក់​ ព្រោះ​កន្លែង​ហាង​កាហ្វេ​ហាង​គុយទាវ​ជា​សិទ្ធិ​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ។ ការ​ធ្វើ​នេះ​គឺ​ជា​ការ​បំបាក់​ស្មារតី​ដល់​សកម្មជន​ដទៃ​ទៀត​ កុំ​ហ៊ាន​ងើប​ហ៊ាន​តស៊ូ​មតិ​រិះគន់​រដ្ឋាភិបាល។ នេះ​ខ្ញុំ​មិន​គ្រោះ​ថ្នាក់​ ចុះ​បើ​សិន​ចាំ​កែង​តុ​ដែល​ម្ចាស់​ផ្ទះ​ថា​ បើ​ចំ​កែង​តុ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​ឬ​ស្លាប់​បាត់​ហើយ​ បាន​ន័យ​ថា​ ប៉ូលិស​អត់​យក​កាតព្វកិច្ច​ដែល​ខ្លួន​រៀន​ចេះ​មក​ប្រើ​ទេ​ អាង​តែ​យើង​មាន​អំណាច​ដើរ​គំរាម​គេ​បាន​តាម​ចិត្ត»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោក រិទ្ធ សុខា និង​មន្ត្រី​ប៉ូលិស​​ម្នាក់​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១​កញ្ញា។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​លោក ​ឡឹក សុខា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា មន្ត្រី​របស់​លោក​មិនបាន​ប្រើ​ហិង្សា​​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «គ្មាន​ពី​ណា​ទៅ​រក​រឿង​ស្អី​វា​!​ វា​ស្រវឹង​ស្រា​ចង់​ងាប់​ហើយ​ មក​ជេរ​គេ​រឡូរឡា​គ្មាន​ដឹង​ស្អី​សោះ​។វា​ស្រវឹង​ស្រា​ទេ​បង​ វា​ស្រវឹង​ខ្លាំង​ណាស់»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ប្រសិន​បើ​រឿង​នេះ​ពិត​ដូច​ការ​អះអាង​ថា​របស់​សកម្មជន​បក្ស​ប្រឆាំង​មែន នោះ គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ដើម្បី​រារាំង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ឈឺឆ្អាល​រឿង​នយោបាយ​ដោយ​សេរី៖ «វា​គ្រាន់​តែ​ថា​សម្ដែង​មតិ​ ហើយ​គាត់​មិន​ទាន់​បាន​ធ្វើ​ផង​ ហើយ​យើង​ជា​សមត្ថកិច្ច​យើង​ជជែក​គ្នា​មើល​ទៅ​វា​ខុស​អី​ត្រូវ​អី​អីចឹង​។ និយាយ​រួម​បើ​ផ្លូវ​ច្បាប់​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​គាត់​។ព្រោះ​កម្ពុជា​ប្រកាន់​​របប​ប្រជាធិបតេយ្យ​ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេង​ៗ ហើយ​បើ​មិន​ឱ្យ​គ្នា​និយាយ​ទេ​ម៉េច​ហៅ​ថា​ប្រជាធិបតេយ្យ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា លោក​នឹង​ចុះ​ស៊ើប​អង្កេត​លើ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ប្រមូល​ភស្តុតាង​​ប្ដឹង​ទៅ​តុលាការ​ ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ថ្មីៗ នេះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ទាំង​សេរីភាព​នៃ​ការ​ជួប​សម្ដែង​មតិ​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួក​គេ​ផង​ដែរ។

លោក​ សេង សុផាន​ អះអាង​ថា​ បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី​ ក៏​លោក និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​របស់​លោក​ជា​ច្រើន​នាក់​ នៅ​តែ​បន្ត​ត្រៀម​ខ្លួន​ទៅ​ទទួល​ លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ដដែល ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ឡើយ​ ព្រោះ​ពួក​លោក​យល់​ថា​ នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ​និង​ការ​ចូល​រួម​ផ្នែក​នយោបាយ​ដោយ​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សម្រេច​គោលដៅ​បន្ត​ដំណើរ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង

$
0
0

សមាជិក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានសម្រេច​លើកកម្ពស់​ការ​យល់​ដឹង និង​តស៊ូ​មតិ​ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​របស់​ជនជាតិ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​អាណានិគម​របស់​វៀតណាម​។ តើ​សហព័ន្ធ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​សម្រេច​យុទ្ធនាការ​នេះ ទៅ​ថ្ងៃ​អនាគត?

មន្ត្រី​ជាន់ខ្ពស់​សហព័ន្ធ​ខ្មែរ​ក្រោម ឱ្យ​ដឹង​ថា សហព័ន្ធ​សម្រេច​ជ្រើស​រើស​យក​វិធានការ​ដាក់​សំពាធ​អន្តរជាតិ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម និង​ដក​បទពិសោធន៍​ពី​ប្រទេស​មួយ​ចំនួន​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ដើម្បី តស៊ូ​ដោយ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​កាលពីដើម​ខែ​កញ្ញា ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ឡាសវើហ្វាស រដ្ឋ​ណេវាដា (Nevada) ដែល​មាន​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម មកពី​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ចូលរួម។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៧ កញ្ញា​ថា សហព័ន្ធ​កំពុង​បញ្ជូន​បេសកកម្ម​ជន​ពិសេស​ទៅ​សិក្សា​បទ​ពិសោធន៍​សំខាន់ៗ​ ពី​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស (East Timor) ដែល​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ២០០២​។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩០​មក មាន​ប្រទេស​ជាង ៣០​ហើយ ​ដែល​ទទួល​បាន​ឯករាជ្យ​ និង​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង។ ដូច្នោះ​លោក ប្រាក់ សេរីវុឌ្ឍ ថា លោក​នៅ​តែ​មាន​សង្ឃឹម​ចំពោះ​វាសនា​ខ្មែរ​ក្រោម៖ «ចំណុច​សំខាន់​ទី​មួយ​គឺ​យើង​សិក្សា​ស្រាវជ្រាវ​ពី​សិទ្ធិ​ក្នុង​ការ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​អំពី​ជនជាតិ​ដទៃ​ក្នុង​ពិភពលោក​ដែល​គេ​ទាមទារ​បាន​សេរីភាព អ្នកខ្លះ​បាន​ស្វ័យភាព អ្នក​ខ្លះ​ទៀត​ឯករាជ្យ​។ យើង​នឹង​ខំ​ទាក់ទង​គេ​ដើម្បី​ស្រាវជ្រាវ​ផ្ទាល់​នៅ​លើ​ទឹកដី​របស់​គេ​ហ្នឹង»

លោក ប្រាក់ សេរីវុឌ្ឍ បន្ត​ទៀត​ថា វៀតណាម​ត្រូវតែ​គោរព​ច្បាប់​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ផ្ដល់​សេចក្ដី​សម្រេចចិត្ត​ដល់​ជនជាតិ​ដើម សម្រេច​វាសនា​ដោយ​ខ្លួនឯង​។ លោក​ថា សហព័ន្ធ​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដើម្បី ដាក់​គំរាម​ឱ្យ​វៀតណាម​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម៖ «ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ច្រើន​ពីព្រោះ​ស្ថាន​ការ​អន្តរជាតិ វិបត្តិ​ផ្ទៃក្នុង​គណបក្ស​កុម្មុយនិស្ត​វៀតណាម​និង​ឥទ្ធិពល នៃ​មហាអំណាច​ហ្នឹង​ដាក់​សំពាធ​ទៅលើ​ប្រទេស​វៀតណាម ដោយសារតែ​វៀតណាម​ធ្វើ​ខុស​ច្រើន​ទៅ​នឹង​លក្ខខណ្ឌ​នៃ​អំណោយ​អន្តរជាតិ និង​សហរដ្ឋអាមេរិក»

ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ពិភពលោក បាន​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ការបាត់បង់​នៃ​ទឹកដី​ខ្មែរ​ក្រោម​កាលពីដើម​ខែ​មិថុនា​កន្លង​ទៅ។ អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​ខួប ៧០​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​នេះ ដើម្បី​ធ្វើជា​យុទ្ធនាការ​មួយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ស្រែក​ឃ្លាន សិទ្ធិ សេរីភាព ផ្នែក​សាសនា អក្សរសាស្ត្រ ជំនឿ និង​ប្រពៃណី។ ចាប់តាំង​ពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀមទម្លាប់​ខ្មែរ។ វៀតណាម​ក៏បាន​ធ្វើទុក្ខបុកម្នេញ​ចាប់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ដាក់​ពន្ធនាគារ ដើម្បី​កុំ​ឱ្យ​ងើប​ប្រឆាំង​ការ​តវ៉ា​សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត។ មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​រយ​នាក់​កំពុង​ពួន​លាក់ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ទី​បី ក្រោយ​ពួកគេ​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

ជុំវិញ​យុទ្ធនាការ​ទាមទារ​ឱ្យ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​នេះ គណបក្ស​​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ ក៏​បាន​គាំទ្រ​យុទ្ធនាការ​នេះ​ដែរ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា បើ​គណបក្ស សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​កាន់កាប់​រដ្ឋាភិបាល នៅតែ​ទាមទារ​ឱ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ទាមទារ​ឱ្យ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ប្រគល់​ទឹកដី​ខ្មែរ​ក្រោម​មក​ឱ្យ​កម្ពុជា​ត្រួតត្រា​វិញ។

ទោះ​បី​យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា បាន​អំណាច​ពី​រដ្ឋាភិបាល​វៀតណាម​នោះ ហើយ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯកបក្ស បង្កើត​ឡើង​ដោយ​ព្រឹត្តិការណ៍​​បោះឆ្នោត​ក្លែងក្លាយ កាលពី​ខែ​កក្កដា ឆ្នាំ២០១៨ នោះ មិន​គាំទ្រ​យុទ្ធនាការ ខ្មែរ​ក្រោម​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​នោះ​ទេ។ មន្ត្រី​នាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ចំអក​ថា ការ​ចង់​បាន​ទឹកដី​ខ្មែរ​ក្រោម​ពី​វៀតណាម​វិញ ជា​ការ​យល់សប្ដិ​តែប៉ុណ្ណោះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ចំអក​ថា លោក​នឹង​ផ្ដល់​ក្ដារមឈូស ដោយ​ឥត​គិត​ប្រាក់​ទៅ​ឱ្យ​ជន​ណា​ដែល​ចង់​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មកវិញ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បន្ថែម​ទៀត​ថា សហព័ន្ធ​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម រស់​នៅ​លើ​ទឹកដី​កំណើត​ត្រូវ​ចេះ​តស៊ូ​មតិ​ដោយ​អហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ប្រសិនបើ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគេ។ លោក​ឱ្យ​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ឱកាស​ទៅលេង​ស្រុកកំណើត ហើយ​ដឹង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម ត្រូវតែ​និយាយ​ប្រាប់​រដ្ឋាភិបាល​ប្រទេស​សេរី​ដែល​ពួកគេ​រស់នៅ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទាំងនោះ​ដឹង​ទង្វើ​អាក្រក់​របស់​វៀតណាម។

ក្រៅពី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ទាមទារ​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​របស់​ជនជាតិ​ខ្មែរ​ក្រោម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​សម្រេច ពង្រីក និង​ពង្រឹង​សមត្ថភាព​សាខា​សហព័ន្ធ​បន្ថែម​ទៀត ហើយ​គ្រោង​នឹង​រៀបចំ​មហាសន្និបាត​ពិភពលោក​ឆ្នាំ​២០២០ នៅ​រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ឧត្ដរមានជ័យ​ចោទ​មន្ត្រី​ប៉ូលិស​ថា បាន​ប្រើ​ហិង្សា​រារាំង​ការ​សម្ដែង​មតិ

$
0
0

មន្ត្រី​គណបក្សប្រឆាំង​ម្នាក់​នៅ​ក្រុង​សំរោង ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​ថា បាន​ប្រើ​ហិង្សា​បង្ខំ​រូបលោក មិន​ឱ្យ​សម្ដែង​មតិ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​នេះ ថា ជា​ការ​គំរាមកំហែង និង​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដោយ​ខុសច្បាប់។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សំរោង​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សេង សុផាន ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា​ថា លោក​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ឱ្យ​ជួយ​ផ្នែក​ច្បាប់​ដាក់ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​ចំនួន ២​នាក់​ដែល​បាន​ប្រើ​ហិង្សា​មក​លើ​រូបលោក។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ រៀបរាប់​ថា មាន​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ចំនួន ២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្រធាន​ការិយាល័យ​ទេសចរណ៍​ខេត្ត គឺ​លោក រិទ្ធ សុខា បាន​រុញច្រាន​លោក​ផ្ដួល​ទៅលើ​តុ​គុយទាវ​ចំនួន ២​លើក ដោយសារតែ​លោក​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រឿង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

លោក​បន្ត​ថា នៅ​ពេល​នោះ​លោក រិទ្ធ សុខា បាន​បង្ខំ​លោក​ឱ្យ​ឈប់​និយាយ​រឿង​នយោបាយ​ម្ដង​ហើយ​ម្ដងទៀត តែ​លោក​មិន​ស្ដាប់ ក៏​ស្រាប់តែ​ប៉ូលិស​រូប​នេះ​ស្ទុះ​មក​ប្រើ​ហិង្សា​មក​លើ​រូបលោក​តែម្ដង។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​នោះ​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ពាក់​ស័ក្ដិ​៤​ម្នាក់ទៀត ដែល​លោក​មិន​ស្គាល់ឈ្មោះ បាន​ស្ទុះ​ទៅ​ជួយ​លោក រិទ្ធ សុខា រុញ​ផ្ដួល​លោក​បន្ថែម បណ្ដាល​ឱ្យ​លោក​ដួល​ស្ទើរតែ​ងើប​មិន​រួច​។ លោក​បញ្ជាក់​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ភូមិ​បុរីរដ្ឋបាល សង្កាត់​សំរោង កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា កន្លង​ទៅ៖ «ហើយ​សំខាន់​គឺ​សាក្សី​មាន​គឺ​អ្នកលក់​ព្រោះ​កន្លែង​ហាង​កាហ្វេ ហាង​គុយទាវ​ជា​សិទ្ធិ​របស់ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ។ការ​ធ្វើ​នេះ​គឺជា​ការ​បំបាក់​ស្មារតី​ដល់​សកម្មជន​ដទៃ​ទៀត កុំ​ហ៊ាន​ងើប​ហ៊ាន​តស៊ូ​មតិ​រិះគន់​រដ្ឋាភិបាល។ នេះ​ខ្ញុំ​មិន​គ្រោះថ្នាក់ ចុះបើ​សិន​ចាំ​កែង​តុ​ដែល​ម្ចាស់ផ្ទះ​ថា បើ​ចំ​កែង​តុ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់ ឬ​ស្លាប់​បាត់​ហើយ បាន​ន័យ​ថា ប៉ូលិស​អត់​យក​កាតព្វកិច្ច​ដែល​ខ្លួន​រៀន​ចេះ​មក​ប្រើ​ទេ អាង​តែ​យើង​មានអំណាច​ដើរ​គំរាម​គេ​បាន​តាម​ចិត្ត»

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក រិទ្ធ សុខា និង​មន្ត្រី​ប៉ូលិស​ម្នាក់ទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ កញ្ញា។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​លោក ឡឹក សុខា ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា មន្ត្រី​របស់​លោក​មិន​បាន​ប្រើ​ហិង្សា​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ​ដូច​ការ​ចោទប្រកាន់​ឡើយ៖ «គ្មាន​ពី​ណា​ទៅ​រក​រឿង​ស្អី​វា​! វា​ស្រវឹង​ស្រា​ចង់​ងាប់​ហើយ​មក​ជេរ​គេ​រឡូរឡា​គ្មាន​ដឹង​ស្អី​សោះ។ វា​ស្រវឹង​ស្រា​ទេ​បង វា​ស្រវឹង​ខ្លាំង​ណាស់»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ប្រសិនបើ​រឿង​នេះ​ពិត​ដូច​ការ​អះអាង​ថា របស់​សកម្មជន​បក្ស​ប្រឆាំង​មែន​នោះ​គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដើម្បី​រារាំង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ឱ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា ឈឺឆ្អាល​រឿង​នយោបាយ​ដោយ​សេរី៖ «វា​គ្រាន់តែ​ថា​សម្ដែង​មតិ​ហើយ​គាត់​មិនទាន់​បាន​ធ្វើ​ផង​ហើយ​យើង​ជា​សមត្ថកិច្ច​យើង​ជជែក​គ្នា​មើល​ទៅ​វា​ខុស​អី​ត្រូវ​អី​អីចឹង​។​និយាយ​រួម​បើ​ផ្លូវច្បាប់​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅលើ​គាត់​។​ព្រោះ​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ផ្សេងៗ ហើយ​បើ​មិន​ឱ្យ​គ្នា​និយាយ​ទេ​ម៉េច​ហៅថា​ប្រជាធិបតេយ្យ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា លោក​នឹង​ចុះ​ស៊ើបអង្កេត​លើ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ប្រមូល​ភស្តុតាង​ប្ដឹង​ទៅ​តុលាការ ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ថ្មីៗ​នេះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង ទាំង​សេរីភាព​នៃ​ការ​ជួប​សម្ដែង​មតិ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួនឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួកគេ​ផង​ដែរ។

លោក សេង សុផាន អះអាង​ថា បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​លោក និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​របស់​លោក​ជាច្រើន​នាក់ នៅតែ​បន្ត​ត្រៀមខ្លួន​ទៅ​ទទួល លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​ឡើយ ព្រោះ​ពួក​លោក​យល់ថា នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​ការចូលរួម​ផ្នែក​នយោបាយ​ដោយ​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេធាវី​បដិសេធ​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​រឿង លោក កឹម សុខា រស់នៅ​​សុខ​ស្រួល

$
0
0

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ​បដិសេធ​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​កម្ពុជា​ជុំវិញ​ស្ថានភាព​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ក្រសួង​ការបរទេស​អះអាង​ថា លោក កឹម សុខា កំពុង​រស់នៅ​យ៉ាង​សុខ​ស្រួល ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ហួសចិត្ត​នឹង​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​ថា លោក កឹម សុខា កំពុង​រស់នៅ​ក្នុង​ផ្ទះ​យ៉ាង​សុខ​ស្រួល​ជាមួយ​គ្រួសារ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ថ្លែង​ថា លោក កឹម សុខា មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​ចេញ​ក្រៅ​ប្រអប់​ដែល​តុលាការ​បាន​គូសវាស ហើយក៏​មិន​អាច​ជួប​អ្នកណា​ផ្សេង​ក្រៅពី​សាច់ញាតិ និង​មេធាវី​នោះ​ដែរ​។ អ្នកស្រី​បញ្ជាក់​ថា សិទ្ធិ​នយោបាយ​របស់​កូន​ក្តី​របស់​អ្នកស្រី​ត្រូវ​បាន​ដកហូត ហើយ​សិទ្ធិ​ពលរដ្ឋ​វិញ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ​គ្មាន​ផ្លូវ​ណា​ដែល​គាត់​អាច​រស់​នៅ​បាន​ដោយ​សុខ​ស្រួល​នោះ​ឡើយ៖ «ជន​ម្នាក់​ដែល​បាត់​សេរីភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ស្ទើរ​ទាំងស្រុង ហើយ​បាត់​សិទ្ធិ​នយោបាយ​ទៅ​ហើយ មិន​ដឹង​ជា​រស់នៅ​សុខ​ស្រួល​យ៉ាងម៉េច​ទៅ? រាល់ថ្ងៃ គាត់​រស់​នៅតែ​ជាមួយ​​ប្រពន្ធ​គាត់ សូម្បីតែ​ម្ដាយ​គាត់ ឬក៏​សាច់ញាតិ​គាត់​មក​លេង​ហ្នឹង ក៏​គាត់​មាន​ការ​ភិតភ័យ​ដែរ ព្រោះ​មាន​អ្នក​តាម​ឃ្លាំមើល​រាល់​សកម្មភាព​របស់​ពួក​គាត់។ ម្យ៉ាងវិញទៀត សូម្បីតែ​កូន​គាត់ ក៏​គាត់​អត់​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​កូន​គាត់​នៅ​ពេល​ដែល​គាត់​នឹក​បាន​ដែរ​។ សព្វថ្ងៃ គាត់​រស់នៅ​បែក​គ្នា​ពី​ឪពុក និង​កូន ម្ដាយ និង​កូន»

ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា​ថា លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឱ្យ​មក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៨ ក្រោម​ហេតុផល​មនុស្សធម៌​។ ក្រសួង​ថ្លែង​ទៀត​ថា លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដែល​តាម​ច្បាប់​​កម្ពុជា​មិន​មាន​ចែង​ពី​ថេរវេលា​អតិបរមា​សម្រាប់​រឿង​ក្តី​ឡើយ។ ក្រសួង​បន្ត​ការពារ​ចំណាត់​ការ​លើ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់​ខ្លួន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា និង​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ សហរដ្ឋអាមេរិក​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​លោក កឹម សុខា ដោយ​គ្មាន​មូលដ្ឋាន ព្រមទាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​គ្មាន​ភស្តុតាង​រឹងមាំ​នោះ ថា ជា​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ សហរដ្ឋអាមេរិក​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​ប្រគល់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឱ្យ​រូបលោក​វិញ ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​ឡាយ​ដែល​ត្រូវ​អាជ្ញាធរ​ឃុំខ្លួន​តាម​ទំនើងចិត្ត​នោះ ឱ្យ​មាន​សេរីភាព​វិញ។

ទាក់ទង​នឹង​ជាប់ឃុំ​របស់​លោក កឹម សុខា វិញ បើ​ទោះ​ជា​ក្រសួង​ការបរទេស និង​ក្រសួង​យុត្តិធម៌​ខំ​បកស្រាយ​ថា លោក​បាន​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក៏ដោយ ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​។ បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ អះអាង​ទៀត​ថា លោក​នឹង​មិន​ដោះលែង​លោក កឹម សុខា ឡើយ ដោយ​លោក​ចោទ​ថា លោក កឹម សុខា បាន​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត កុំ​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក៖ «មាន​អា​អ្នកខ្លះ​នៅ​ឃុំ​ក្នុង​ផ្ទះ​នៅឡើយ តែ​ព្រមាន​គេ កុំ​ឱ្យ​គេ​សុំ​សិទ្ធិ​នយោបាយ​។ ចាំ​ហ្អែ​ង​រួចខ្លួន​ទៅ អញ​មិន​ឱ្យ​រួចខ្លួន​ទេ»

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​សម្រុកចូល​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី២ ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ​២០១៧ ក្នុង​ពេលដែល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ខណៈ​តុលាការ​មិនទាន់​បាន​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក កឹម សុខា ផង ស្រាប់តែ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ស្រែក​បន្ទរ​តាម​គ្នា​រួច​ទៅ​ហើយ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់ជាតិ។

មេធាវី​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា អ្នកស្រី​ក៏​យល់ឃើញ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ថា សំណុំ​រឿង​នេះ គឺជា​ករណី​នយោបាយ ដូច្នេះ​មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ជួយ​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូម​លោកអ្នកនាង​ រង់ចាំស្តាប់​បទសម្ភាសន៍​របស់​អាស៊ីសេរី ជាមួយ​លោក សម រង្ស៊ី

$
0
0

ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បាន​សរសេរលិខិតមួយច្បាប់កាលពីថ្ងៃទី ០៥ ខែ កញ្ញា​ ជូនទៅ​លោក មហាធា មហាម៉ាត់ នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​ម៉ាឡេស៊ី ជួយ​សម្របសម្រួល ​ឲ្យ​មាន​ការ​ចរចារវាង​មេដឹកនាំបក្សកាន់អំណាច និង មេដឹកនាំ​បក្សប្រឆាំង ដើម្បី​ផ្សះផ្សារជាតិ​ខ្មែរ ដែលកំពុង​ជាប់គាំង​ក្នុង​វិបត្តិ​នយោបាយជិត​ពីរ​ឆ្នាំ​មកនេះ។

សូម​លោកអ្នកនាង​ រង់ចាំស្តាប់​បទសម្ភាសន៍​របស់​អាស៊ីសេរី ជាមួយ​លោក សម រង្ស៊ី ជុំវិញ​បញ្ហានេះ នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាសេរី នៅយប់ថ្ងៃទី ១២ ខែ កញ្ញា​នេះ ចាប់​ពីម៉ោង ៧:៣០ ដល់ ៨:៣០។

សូមអរគុណ!

អគ្គីភ័យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ អស់ ៤០តូប

$
0
0

អគ្គិភ័យ​​​​បាន​ឆាបឆេះ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក កាល​ពី​យប់​ថ្ងៃ​ទី១០ កញ្ញា ដោយ​បាន​​បំផ្លាញ​តូប​​ចំនួន​​៤០ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ឬ​របួស​ឡើយ។

នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ផ្សព្វផ្សាយតាម​ហ្វេសប៊ុក (Facebook) ​ថា ភ្លើង​បានឆេះ​ផ្សារ​ឃ្លាំង​រំសេវ ដែល​ជា​ផ្សារ​លក់​ទូរស័ព្ទដ៏ធំ​​មួយ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ម៉ោង ១១​កន្លះ​យប់​ថ្ងៃ​ទី​១០ កញ្ញា។ សមត្ថកិច្ច​បាន​ប្រើ​ទឹក​បាញ់​ពន្លត់​អស់​ ២៦​គ្រឿង ហើយ​ភ្លើង​បាន​រលត់​នៅ​ម៉ោង​ប្រហែល​ ១២កន្លះ​យប់។ ប្រភពដដែល​បន្ត​​ថា តូប​ចំនួន​៤០ ត្រូវ​ឆេះ​ទាំង​ស្រុង ចំណែក​សម្ភារ​ខូចខាត សមត្ថកិច្ច​នៅ​​មិន​​ទាន់​ប៉ាន់​ស្មាន​ដឹង​នៅ​ឡើយ​ទេ។ សមត្ថកិច្ច​សន្និដ្ឋាន​​ជំហាន​ដំបូង​ថា ​គ្រោះអគ្គិភ័យ​នេះ គឺ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​​ពេល​ភ្លើង​កំពុង​ឆេះ​ផ្សារ​ថា ​គ្មាន​មនុស្ស​​ស្លាប់ ឬ​រង​របួស​ពី​អគ្គីភ័យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ​ទេ តែ​សមត្ថកិច្ច​ពិបាក​គ្រប់គ្រង​ស្ថាន​ការណ៍ ព្រោះ​ខ្លាច​មាន​ជន​ឆ្លៀត​ឱកាស ​បន្លំ​ខ្លួន​ចូល​លួច​សម្ភារៈ​របស់​ម្ចាស់​តូប។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី ​លោក ឃួង ស្រេង បាន​ទេ នៅ​ថ្ងៃ​ទី១១ កញ្ញា ដោយ​លោក​​មិ​នទទួល​ទូរស័ព្ទ។

រយៈ​ពេល ៦ខែ នៃ​ឆ្នាំ​ ២០១៩ មាន​​អគ្គិភ័យ​បាន​ឆាបឆេះ​ ចំនួន ៣១៥​លើក កើន​ឡើង ៧៨​លើក បើ​ប្រៀបធៀ​បនឹង​រយៈ​ពេល​ដូច​គ្នា នៃ​ឆ្នាំ​២០១៨។ អគ្គិភ័យ​រយៈ​ពេល​ ៦ខែ​នេះ បាន​​បណ្ដាល​ឲ្យ​មាន​មនុស្ស ១០នាក់​ស្លាប់ ​​​របួស ៤៦​នាក់ ឆេះ​ផ្ទះ​អស់​ ៤១៨ និង​ឆេះ​ទីតាំង​អាជីវកម្ម​ជា​ច្រើន​កន្លែង​ទៀត។ មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​​ដោយសារ​ ការ​ឆ្លង​ចរន្ត​អគ្គិសនី ធ្វេសប្រហែស ជន​ល្មើស​លួច​ដុត​បំផ្លាញ និង​កើត​ឡើង​ដោយសារ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បេក្ខជន​ប្រឡង​បាក់ឌុប នាំ​គ្នា​តវ៉ា​លទ្ធផល​បាក់ឌុប នៅ​មុខ​ក្រសួង​អប់រំ

$
0
0

ក្រុម​សិស្ស​ជា​ច្រើន​នាក់ ដែល​ទើប​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា ទាមទារ​ឲ្យ​រដ្ឋ​មន្ត្រី​ សើរើ​ពិនិត្យ​​​​មុខ​វិជ្ជា​មួយ​ចំនួន​ម្ដង​ទៀត។

សិស្ស​ទើប​ប្រឡង​បាក់ឌុប តវ៉ា​ស្នើសុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន អនុញ្ញាត​ឲ្យ​សើរើ និង​ពិនិត្យ​មុខ​វិជ្ជា​ខ្លះ ដូច​ករណី​ពី​ឆ្នាំ​មុន​ដែរ។ ក្រុម​សិស្ស​ប្រាប់​អ្នក​សារ​ព័ត៌មាន​ពេល​កំពុង​តវ៉ា​មុខ​ក្រសួង​អប់រំ​ថា ពួកគេ​មិន​អស់​ចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន ​ទើប​នាំ​គ្នា​មក​តវ៉ា។

បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ម្នាក់ យុវតី ច្រឹង ច័ន្ទ​ពេញបូណ៌មី និយាយ​ថា ក្រុម​សិស្ស​​មក​តវ៉ា​លទ្ធផល​គណិតវិទ្យា ប្រវត្តិ​វិទ្យា និង​ភាសា​អង់គ្លេស​។ យុវតី​រូប​នេះ​ថា មិន​មែន​តែ​នាង​ទេ​ ដែល​គិត​ថា ក្រសួង​ចេញ​លទ្ធផល​មិន​ត្រឹមត្រូវ គឺ​មិត្ត​ភក្ដិ និង​សិស្ស​​ដទៃ​ទៀត ក៏​គេ​​មក​តវ៉ា​ដែរ ពីព្រោះ​ពួក​គេ​មិន​អស់​ចិត្ត​នឹង​លទ្ធផល​នេះ៖ «ខ្ញុំ​មិន​ពូកែ​ខ្លាំង​ទេ តែ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​បញ្ចេញ​អស់​ពី​សមត្ថភាព ហើយ​ការ​រៀន​របស់​ខ្ញុំ​ទាំង​១២​ឆ្នាំ ខ្ញុំ​អត់​អាច​ឲ្យ​ក្រសួង​(បង្កើត)​កំហុស​បន្តិច​បន្តួច ធ្វើ​ឲ្យ​មិន​ពេញ​ចិត្ត​អ៊ីចឹង​បាន​ទេ។ ក្រសួង​គឺ​ស្នើ​ឲ្យ​សិស្ស​ខំ​ប្រឹង​រៀន អ៊ីចឹង​គាត់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​​ខ្ពស់ លើ​សិស្ស​ទាំង​អស់។ សុំ​ឲ្យ​ក្រសួង​សើរើ​​ឡើង​វិញ ទាំង​អស់​ នូវ​មុខ​វិជ្ជា​ ដែល​ប្រឡង​ទាំង​ប៉ុន្មាន ព្រោះ​អ្វី​មាន​អ្នក​ផ្សេង គឺ​គាត់​មាន​បញ្ហា​លើ​មុខ​វិជ្ជា​ផ្សេងៗ ដូច​ប្រវត្តិ​អ្វី​អ៊ីចឹង​ គឺ​គាត់​ធ្វើ​បាន​ច្រើន ធ្វើ​បាន​ទាំង​អស់​ មើល​អត្រា​កំណែ​គឺ​ត្រូវ​ច្រើន។ ប៉ុន្តែ​ចេញ​មក​វិញ គឺ​គាត់​ឲ្យ​​ធ្លាក់​ ឬ​ឲ្យ​និទ្ទេស E។ ខ្ញុំ​សុំ​តែ​ម្យ៉ាង​ គឺ​សុំ​ឲ្យ (ពិនិត្យ) ឡើងវិញ ទាំង​អស់។ ទាំង​សិស្ស ១១ម៉ឺន​នាក់ ព្រោះ​អ្នក​ខ្លះ គឺ​គេ​ធ្លាក់​ទាំង​អត់​អស់​ចិត្ត»

បេក្ខជន​ប្រឡង​បាក់ឌុប​ម្នាក់​ទៀត រៀន​នៅ​វិទ្យាល័យ​ទួនហ្វា យុវជន ច្រក វេហា មិន​ពេញ​ចិត្ត​ពិន្ទុ​​មុខ​វិជ្ជា​គណិតវិទ្យា និង​ប្រវត្តិវិទ្យា។ លោក​យល់​ថា បញ្ហា​លទ្ធផល​បាក់ឌុប​ឆ្នាំ​នេះ អាច​មិន​មែន​ដោយ​សារ​បច្ចេកទេស​បូក​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដូច​ឆ្នាំ​មុន​ទេ តែ​ប្រហែល​ដោយសារ​កំហុស​អ្នក​កែ​វិញ្ញាសា។ យុវជន​រូប​នេះ ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ សើរើ​អត្រា​កំណែ​​លទ្ធផល​តាម​មុខ​វិជ្ជា​ទាំង​នោះ ឡើង​វិញ៖ «មិន​ពេញ​ចិត្ត​លើ​ការ​កែ​របស់​លោក​គ្រូ​អ្នក​គ្រូ​តែ​ម្ដង បើ​តាម​ខ្ញុំ​គិត។ បើ​តាម​ខ្ញុំ​គិត​ ប្រហែល​ជា​ការ​កែ​មាន​កំហុស​ឆ្គង ដោយ​សារ​តែ​ភាគច្រើន​គឺ​លំហាត់​អ្វី គឺ​យើង​អាច​ធ្វើ​តាម​ផ្លូវ​ផ្សេង​ ដូច​ថា​ របៀប​នៃ​​ការ​ធ្វើ​លំហាត់​មាន​ផ្សេង តែ​គ្រូ​មួយ​ចំនួន​គាត់​ផ្ដោត​លើ​អត្រា​កំណែ ដែល​បាត់​តែ​មួយ​ចំណុច​គាត់​ដក​ពិន្ទុ​ដែរ ធ្វើ​ឲ្យ​បាត់​ពិន្ទុ​របស់​សិស្ស​ច្រើន​។ គឺ​ចង់​ឲ្យ​សើរើ​ទៅ​លើ​ សន្លឹក​កិច្ចការ​របស់​សិស្ស​ទាំង​អស់​ ហើយ​ត្រួត​ពិនិត្យ​មើល​ការ​កែ​របស់​លោក​គ្រូ​អ្នក​គ្រូ ម៉ត់ចត់»

ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​បាក់ឌុប កាល​ពី​ថ្ងៃ​ទី៩ និង​ទី១០ កញ្ញា។ លទ្ធ​ផល​បង្ហាញ​​ថា សិស្ស​ថ្នាក់​ទី១២ ដែល​​ប្រឡង​ជាប់​សញ្ញាប័ត្រ​​មាន​ចំនួន​ជិត ៨ម៉ឺន​នាក់ (៧៩.០៥២) ស្មើ​នឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូល​រួម​ប្រឡង​ជាង ១សែន​នាក់។

បេក្ខជន​ដែល​ប្រឡង​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ជាង ២ពាន់​នាក់ និទ្ទេស C មាន​ជិត ៦ពាន់​នាក់ និទ្ទេស D មាន​ជាង ១ម៉ឺន ៤ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥ម៉ឺន ៦ពាន់​នាក់។ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​និទ្ទេស A ច្រើន​ជាង​គេ ដែល​មាន​ចំនួន ១៤១នាក់ ខណៈ​ខេត្ត​កោះកុង មណ្ឌលគិរី និង​ឧត្តរមានជ័យ​មាន​ម្នាក់​ដូច​គ្នា។ ដោយ​ឡែក​ខេត្ត៤ ទៀត មិន​មាន​សិស្ស​ជាប់​និទ្ទេស A ទេ គឺ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង​ខេត្ត​កែប។

សិស្ស​ស្រី​ម្នាក់​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល​ លើក​ឡើង​ថា ការ​ចេញ​តវ៉ា​របស់​សិស្ស​ពេល​នេះ ដើម្បី​ឲ្យ​ក្រសួង​អប់រំ ​ទទួល​​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ព្រោះ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ជា​អ្នក​ជំរុញ និង​​​សន្យា​ថា សិស្ស​ណា​ខំ​រៀន និង​ប្រឡង​ជាប់។ ប៉ុន្តែ​ពេល​នេះ នាង​បែរ​ជា​ធ្លាក់​មុខ​វិជ្ជា ដែល​បាន​ខិត​ខំ​រៀន​នោះ​ទៅ​វិញ៖ «ស្នើសុំ​ឲ្យ​ក្រសួង​ហ្នឹង សើរើ​ឯកសារ​ឡើងវិញ ចង់​ឲ្យ​កាត់​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់​លាស់ លំដាប់​ពិន្ទុ​បាន​ប៉ុន្មាន​ និង​ចង់​ឲ្យ​ចេញ​លទ្ធផល​ម្ដង​ទៀត ដូច​ឆ្នាំ​មុន»

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា សរសេរ​លើ​បណ្ដាញ​តេឡេក្រាម (Telegram)​ ថា​ ក្រសួង​គ្មាន​គោលការណ៍​បើក​ចំហ​ការ​ត្រួត​ពិនិត្យ​សន្លឹក​កិច្ចការ​ ឬ​ពិន្ទុ​​បេក្ខជន​ដូច​កាល​​ឆ្នាំ​២០១៨​​ឡើយ​​។ ​​ទោះ​យ៉ាង​ណា លោក​ថា ក្រសួង​អប់រំ​ស្វាគមន៍​មតិ​រិះគន់​ស្ថាបនា និង​ឆ្លើយតប​តាម​ភាព​ចាំបាច់ និង​តាម​គោលការណ៍​ដែល​​អាច​ទទួល​យក​បាន។ លោក​អះអាង​ថា គ្រប់​ដំណាក់​កាល​ប្រឡង​បាក់​ឌុប​​ឆ្នាំ​២០១៩ គឺ​មាន​​សុក្រឹតភាព និង​ប្រសិទ្ធភាព ​ទាំង​អត្រា​កំណែ ​​ស្រង់ បូក​ពិន្ទុ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ពិន្ទុ។

ករណី​សិស្ស​តវ៉ា​លទ្ធផល​បាក់​ឌុប​នេះ បាន​កើត​ឡើង​ម្តង​ហើយ​ កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ។ កាលនោះ​​​ ក្រុម​សិស្ស​ពូកែ​គណិតវិទ្យា និង​រូប​វិទ្យា បាន​តវ៉ា​ពី​លទ្ធផល​ដែល​ពួកគេ​ទទួល​បាន​និទ្ទេស​ធ្លាក់ (F)។ ការ​តវ៉ា​ពេល​នោះ​ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ​ពិនិត្យ​មើល​ឡើង​វិញ និង​បាន​ប្រកាស​ថា ជា​កំហុស​​កុំព្យូទ័រ ដោយសារ​មាន​បញ្ហា​បច្ចេកទេស លើ​មុខវិជ្ជា​គណិតវិទ្យា។ រដ្ឋ​មន្ត្រី​បាន​សុំ​ទោស​ និង​បូក​ពិន្ទុ​គណិតវិទ្យា​ឡើងវិញ ទាំងអស់។

ក្រោយ​ពិនិត្យ​​កំណែ​វិញ្ញាសា​ប្រឡង​ឡើងវិញ ក្រសួង​​រក​ឃើញ​​ថា សិស្ស​ប្រឡង​ជាប់​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A បាន​កើន​ឡើង​ពី ២៩០​នាក់ មក​ដល់ ៤០៨​នាក់ ហើយ​និទ្ទេស​ផ្សេង​ទៀត​ ក៏​មាន​ការ​កើន​ឡើង​តាម​នោះ​ដែរ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ក្រសួង​អប់រំ ធ្វេស​ប្រហែល​លើ​កិច្ច​ការងារ​របស់​ខ្លួន ទើប​បណ្ដាល​ឲ្យ​សិស្ស​ចេញ​តវ៉ា​លទ្ធផល​បាក់ឌុប​២​ឆ្នាំ​ជាប់​គ្នា។ អ្នកស្រី ​សង្កេត​ឃើញ​ថា វិញ្ញាសា​ប្រវត្តិវិទ្យា​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​​ចេញ​វិញ្ញាសា​របៀប​កេង​ចំណេញ​នយោបាយ​ថែម​ទៀត​។ អ្នក​ស្រី​ជំរុញ​ឲ្យ​ក្រសួង​អប់រំ ពិនិត្យ​សើរើ​ តាម​ការ​តវ៉ា​របស់​សិស្ស​ឡើងវិញ និង​​ត្រូវ​បញ្ចៀស​បញ្ហា​ច្រំដែល​ នៅ​ឆ្នាំ​ក្រោយ៖ «បើសិនជា​ចង់​ឲ្យ​សិស្សានុសិស្ស​យើង​ទទួល​បាន​ លើក​ទឹក​ចិត្ត ហើយ​ក៏​ដូចជា​អស់​ចិត្ត​ ចំពោះ​គាត់​លុះ​ត្រា​តែ​ក្រសួង​ហ្នឹង​ហ៊ាន​ប្រឈម​ក្នុង​ការ​បើក​មើល​មុខ​វិជ្ជា​ ដែល​​សិស្សានុសិស្ស​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​ហ្នឹង ត្រូវ​តែ​បើក​មើល​ឲ្យ​គាត់​ឃើញ កុំ​ឲ្យ​គាត់​មាន​មន្ទិល»

ឆ្នាំ២០១៩ ជា​ឆ្នាំ​ទី៦ នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។ កាល​ពី​ឆ្នាំ២០១៤ ជា​ឆ្នាំ​ដំបូង​នៃ​កំណែ​ទម្រង់​អត្រា​អ្នក​ប្រឡង​ជាប់​មាន ២៦​ភាគរយ ​ថយ​ចុះ​ប្រហែល ៨០​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ២០១៣ មុន​ការ​ធ្វើ​កំណែ​ទម្រង់។ កាល​ណោះ លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​ប្រកាស​អ្នក​ធ្លាក់​បាក់ឌុប​ប្រឡង​ម្ដង​ទៀត។

ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​មក អត្រា​អ្នក​ប្រឡង​ជាប់​បាក់ឌុប​កើន​ឡើង​ ជា​បន្ត​បន្ទាប់ គឺ​នៅ​ឆ្នាំ២០១៦ អត្រា​សិស្ស​ប្រឡង​ជាប់​មាន ៦២​ភាគរយ។ ឆ្នាំ២០១៧ អត្រា​សិស្ស​ប្រឡង​ជាប់​ជាង ៦៣ភាគ​រយ។ ​នៅ​ឆ្នាំ​២០១៨ អត្រា​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​ជាង ៦៦ភាគ​រយ ខណៈ​បាក់ឌុប​ឆ្នាំ២០១៩ មាន​អ្នក​ជាប់​ជាង ៦៨​ភាគ​រយ។ ទោះ​យ៉ាង​ណា ក្រសួង​អប់រំ បាន​កាត់​បន្ថយ​មុខ​វិជ្ជា​ប្រឡង​ពី ១០​មុខ​វិជ្ជា មក​នៅ​៧មុខ​វិជ្ជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សមាជិក​អចិន្ត្រៃយ៍ និង​ជា​មន្ត្រី​ជើងចាស់​បក្ស​កាន់​អំណាច​លោក ប៊ូ ថង ទទួល​មរណភាព

$
0
0

អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ប៊ូ ថង ដែល​អ្នកតស៊ូ​ជំនាន់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ និង​ជា​មន្ត្រី​ជើងចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​មរណភាព​​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្នុង​អាយុ ៨២​ឆ្នាំ ដោយ​រោគាពាធ។

ក្នុង​សារ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​លោក ប៊ូ ថង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​រៀបរាប់​ថា លោក​ចងចាំ​គំរូ​វីរភាព​របស់​លោក ប៊ូ ថង ដែល​លោក​ចាត់ទុកថា មានគុណ​បំណាច់​ចំពោះ​ជាតិ។

លោក ប៊ូ ថង ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អតីត​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា និង​ជាទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា។

​លោក ប៊ូ ថង កើត​នៅ​ភូមិ​កាចូន ឃុំ​កាចូន ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី សព​របស់​លោក​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី។

លោក ប៊ូ ថង ជា​មេដឹកនាំ​តស៊ូ​ម្នាក់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​របប​ខ្មែរក្រហម នៅ​ភូមិភាគ​ឦសាន។ សព្វថ្ងៃ​កូនប្រុស​របស់​លោក​ម្នាក់​ធ្វើ​អភិបាល​​​ខេត្ត​រតនគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាគម​ទេសចរ​ណ៍ត្អូញត្អែរ​ថា​ភ្ញៀវ​ទេសចរចិន​មិនបាន​ផ្ដល់​ប្រយោជន៍​ធំ​ដល់​កម្ពុជា​ទេ

$
0
0

សមាគម​មគ្គទេសក៍​អង្គរ​អះអាង​ថា ទោះបី​ក្រសួង​ទេសចរណ៍​អះអាង​ថា ភ្ញៀវ​ទេសចរ​មក​កម្ពុជា​មាន​ចំនួន​កើន​ឡើង​ក៏ដោយ ក៏​ពួកគេ​មិនសូវ​ទទួល​បាន​ផលប្រយោជន៍​ដែរ ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន។ប្រធាន​សមាគម​មគ្គទេសក៍​អង្គរ ខេត្ត​សៀមរាប លោក ខៀវ ធី និយាយ​ថា ភ្ញៀវ​ទេសចរ​ចិន ដែល​មកលេង​ស្រុក​ខ្មែរ មិនបាន​ផ្តល់​ប្រាក់ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ព្រោះ ពួកគេ​មិនសូវ​ត្រូវការ អ្នក​មគ្គទេសក៍ និង​អ្នកបើកបរ។

លោក ខៀវ ធី បន្ត​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ផ្សេង​វិញ តែងតែ​ផ្ដល់​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ អ្នក​ទេសចរ​ចិន​ខុសគ្នា​ស្រឡះ។ លោក​ថា អ្នកទេសចរ​មកពី​បស្ចិម​ប្រទេស ច្រើនតែ​មក​ជា​គ្រួសារ ជា​មិត្តភ័ក្ដិ​ពីរ​បី​នាក់ ពួកគាត់​ត្រូវការ​មគ្គុទ្ទេសក៍​និង​អ្នកបើកបរ​រថយន្ត​ច្រើន៖ «ជនជាតិ​ចិន គាត់​មក​ទៅ គាត់​ត្រូវការ Guide ១ និង តៃកុង​ឡាន ១​នាក់ ហើយ​ដើរ​ចូល​ទៅ​ញុំា​អាហារ ជន​ជាតិ​ចិន​របស់​គាត់ ហើយ​ចូល​ទៅ Shopping នៅ​ហាង​ជនជាតិ​ចិន របស់​គាត់ ហើយ​បើ​ជនជាតិ មកពី​បស្ចិម​ប្រទេស និង​ជនជាតិ​មកពី​ប្រទេស​ដទៃ​ទៀត តែងតែ​ដើរ​មើល​ផ្សារ ដើរ​ទិញ​តាម​តូប​មួយៗ​ទៅ គាត់​ជិះ​តាក់ស៊ី​ទៅ គឺ​វា​មានការ​ខុសគ្នា​អ៊ីចឹង»

របាយការណ៍​របស់​ក្រសួងទេសចរណ៍ ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា នេះ ថា ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ១,៥ លាន​នាក់​ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ កើន​ឡើង ៣៧ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ របាយការណ៍​នេះ​អះអាង​ថា ប្រទេស​ចិន​នៅតែ​ជា​ប្រភព​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែល​មាន​ចំនួន ៣៩ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មកកាន់​ប្រទេស​នេះ ក្នុង​អំឡុង​ពេល​ពី​ខែ​មករា ដល់ ខែ​កក្កដា។ របាយការណ៍​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន ៣,៨៤ លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំនេះ គឺ​កើន​ឡើង ១១,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,២ លាន​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២ លាន​នាក់​ដែល​មាន​ប្រាក់​ចំណូល​សរុប ៤,៣៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ទោះ​បី​យ៉ាងណា លោក ខៀវ ធី កត់សម្គាល់​ថា ភ្ញៀវ​ទេសចរ នៅ​ខេត្ត​សៀមរាប មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​១០​ភាគរយ​ចាប់​តាំង​ពី​ខែ​ឧសភា មក​ដល់​ខែ​កញ្ញា ឆ្នាំនេះ ហើយ​ទេសចរណ៍ ជនជាតិ​ចិន​ក៏​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ដែរ​ក្នុង​រយ​:​ពេល​ដូចគ្នា​នេះ​។ លោក​ថា មិន​ចំពោះតែ​ស្រុក​ខ្មែរ​ទេ សូម្បីតែ​ប្រទេស​ថៃ ប្រទេស​វៀតណាម ទូទាំង​ពិភពលោក ជនជាតិ​ចិន​មិនសូវ​ធ្វើដំណើរ ដើរ​កម្សាន្ត​ដូច​កាលពី​ឆ្នាំមុន​ទេ៖ «បើ​យើង​និយាយ​អំពី​ទេសចរ​ចិន ចាត់ទុកថា​សេដ្ឋកិច្ច​របស់​គាត់​ហាក់​ដូចជា​មានការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០១៩ នេះ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី ក្រសួង​ទេសចរ កម្ពុជា លោក​បាន​ស្តី​បន្ទោស​ទៅលើ​ការ​លក់​កញ្ចប់​ទេសចរណ៍ ហើយ​តម្កើង​ឲ្យ​ភ្ញៀវ​មក​ទិញ​ទំនិញ​នៅ​ស្រុក​ខ្មែរ​ឡើងថ្លៃ ហើយ​នេះ​ជា​កត្តា ឲ្យ​ជនជាតិ​ចិន​ធ្លាក់​ចុះ នៅ​ក្នុង​ខេត្ត​សៀមរាប​យើង»

លោក ខៀវ ធី និយាយ​ថា មគ្គទេសក៍​របស់​គាត់​ធ្លាប់​ដើរ​បម្រើ​ភ្ញៀវ ជាទូទៅ​ពី ១៥ ទៅ ១៨ ថ្ងៃ ក្នុង ១ ខែ កាលពី​ឆ្នាំមុន ប៉ុន្តែ ឆ្នាំនេះ ដើរ​បានតែ​ពី ៥ ទៅ ៧ ថ្ងៃ យ៉ាង​ច្រើន ក្នុង​១​ខែ។

លោក​សង្កេត​ឃើញ​ថា មូលហេតុ នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នេះ គឺ​ដោយសារ សភាពការណ៍ នយោបាយ​នៅ​ស្រុក​ខ្មែរ មិនសូវ​ល្អ ហើយ​ភ្ញៀវ​ទេសចរណ៍​មកពី​បស្ចិម​ប្រទេស មានការ​ច្រណែន ដោយសារ​កម្ពុជា បើក​ចំហ​ឲ្យ​មានការ​លំហូរ​ចូល​ជន​ជាតិ​ចិន​ច្រើនពេក។

លោក ខៀវ ធី បន្ត​ថា​រដ្ឋាភិបាល​កម្ពុ​ជា គួរតែ​រៀបចំ​ឲ្យ​បាន​ល្អ​នៅ​ច្រក​ព្រំដែន ជាមួយ​ប៉ូលិស​អន្តោប្រវេសន៍ សូម​មេត្តា​ជួយ​ផ្ដល់​ការងារ​ងាយស្រួល ដល់​ភ្ញៀវ​ទេសចរណ៍ ព្រោះ​ភ្ញៀវ​ភាគច្រើន​បាន​រអ៊ូរទាំ ថា​ប៉ូលិស​អន្តោប្រវេសន៍​តាម​ច្រក​ព្រំដែន មិនសូវ​សហការ​ជាមួយ​ពួកគាត់ មិនសូវ​សប្បាយចិត្ត​ចំពោះ​ពួក​គាត់។

លោក​ថា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​សៀមរាប បាន​និយាយ​ក្នុង​អង្គប្រជុំ ជាមួយ​សមាគម​មគ្គទេសក៍​ទេសចរ​កាលពី​ថ្ងៃទី១០ កញ្ញា ថា ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប មានការ​ធ្លាក់​ចុះ​រង្វង់ ១០ ភាគរយ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ខេត្ត​សៀមរាប។

អាស៊ីសេរី​បាន​ទាក់ទង លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ពុធ ទី១១ ខែ​កញ្ញា នេះ ប៉ុន្តែ​លោក​ថា ជាប់រវល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា-ឡាវ សម្រេច​បង្កើត​សន្ធិសញ្ញា​ព្រំដែន និង​ដូរ​ដាក់​បង្គោល​ព្រំដែន​ថ្មី

$
0
0

មេដឹកនាំ​ឡាវ និង​កម្ពុជា​ឯកភាព​គ្នា​បង្កើត​សន្ធិសញ្ញា​ព្រំដែន​រួមគ្នា និង​ដូរ​បង្គោល​ព្រំដែន​ចាស់​ដាក់​បង្គោល​ព្រំដែន​ថ្មី​ជំនួស ហើយ​បន្ត​ដោះស្រាយ​បញ្ហា នៅ​សេសសល់​ជាង​១០​ភាគរយ​ទៀត​។ ចំណែក​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​យល់ថា ភាគី​កម្ពុជា​គួរ​ប្រើ​ប្រាស់​ផែនដី​គូស​ដោយ​បារាំង​ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ ឬ​នៅ​ប្រទេស​បារាំង ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ឡាវ មិន​គួរ​យក​ផែនដី​ដែល​គូស​នៅ​ប្រទេស​វៀតណាម ទៅ​ប្រើ​ប្រាស់​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់​សន្និសីទ​សារព័ត៌មាន​រួម​នឹង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ថា បង្គោល​ព្រំដែន​បច្ចុប្បន្ន ប្រមាណ​ជាង ១​រយ​បង្គោល​ដែល​បាន​បោះ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ នឹង​ត្រូវ​ជំនួស​មកវិញ​បង្គោល​ថ្មី ហើយ​ភាគី​ទាំងពីរ​នឹង​សិក្សា​ពី​លទ្ធភាព​បោះ​បង្គោល​ព្រំដែន​បន្ថែម​ទៀត៖ «នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​គូស​ជា​ប្លង់​បង្គោល​ដើម្បី​ឆ្លង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ។ ហើយ​ក៏បាន​ព្រមព្រៀងគ្នា​ចែក​ការចំណាយ​ពាក់កណ្ដាល​ម្នាក់ ការផលិត​បង្គោល​ដើម្បី​ជំនួស​បង្គោល​ចាស់​ដែល​បាន​បោះ ដោយសារតែ​បង្គោល​ព្រំដែន​របស់​យើង​មាន​ចំនួន​តិច​។ យើង​ក៏បាន​ព្រមព្រៀងគ្នា សិក្សា​ឲ្យ​បង្គោល​បន្ថែម ប៉ុន្មាន​បង្គោល​ទៀត ក៏​មាន​ការព្រមព្រៀង​គ្នា​អំពី​បញ្ហា​នេះ​។ កន្លងទៅ​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ បោះ​បានតែ​១២១​បង្គោល​តែប៉ុណ្ណោះ»

ឆ្លើយតប​នឹង​លោក ហ៊ុន សែន លោក ថងលូន ស៊ីស៊ូលីត អះអាង​ថា លោក យល់ព្រម​តាម​សំណើ​របស់​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ៖ «៨៦%​ដែល​យើង​បាន​កំណត់​ខ្សែ​ព្រំដែន​ជាមួយគ្នា​នៅ​ពេល​កន្លងមក យើង​នឹង​មាន​បង្គោល​សីមា​ព្រំដែន​ល្អ។ បង្គោល​ណា​មិន​ទាន់​បាន​បោះ គូស​ជា​ប្លង់​បង្គោល​ឲ្យ​បាន​ធំ​ជាង​មុន ជា​បង្គោល​ស្អាត​ហើយ​ល្អ​ទៀត​។ ខ្ញុំ​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​គូស​ប្លង់​ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​ទាំងពីរ​យក​បាន»

លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ សម្រេច​ឲ្យ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ រួមគ្នា​ព្រាង​ឯកសារ​គតិយុត្តិ​ផ្សេងៗ ឱ្យ​បាន​ឆាប់​ទាក់ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា ឡាវ ជុំវិញ​ការកំណត់​ព្រំដែន​ដែល​សម្រេច​បាន​៨៦% ហើយ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​នៅសល់​១៤%​ទៀត។

សកម្មជន​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន យល់​ថា ដើម្បី​ឲ្យ​មាន​សុក្រឹតភាព​ក្នុង​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ឡាវ មេដឹកនាំ​របប​ក្រុងភ្នំពេញ គួរ​យក​ផែនដី​របស់​ទេសាភិបាល​បារាំង​ប្រចាំ​កម្ពុជា ខ្នាត​១ លើ​១​រយ​ពាន់ ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ធ្វើជា​មូលដ្ឋានគ្រឹះ ដោះស្រាយ​រឿង​នេះ​។ លោក​បន្ត​ថា បើ​របប​ក្រុងភ្នំពេញ នៅតែ​បន្ត​ប្រើប្រាស់​ផែនដី​ដែល​គូស​នៅ​ប្រទេស​វៀតណាម យក​ទៅ​ដោះស្រាយ​បញ្ហា​ជាមួយ​ភាគី​ឡាវ នោះ​កម្ពុជា នឹង​អាច​បាត់បង់​ទឹកដី​ទៅ​ប្រទេសជិតខាង​បន្ថែម​ទៀត៖ «យើង​ត្រូវតែ​យក​អ្វី​ដែល​ជា​មរតក​បារាំង ហើយ​កុំ​យក​ទៅ​តាម​ការរស់នៅ​ជាក់ស្ដែង ព្រោះ​កន្លងមក យើង​ឃើញ​ថា ដោះស្រាយ​ជាមួយ​យួន​នោះ គឺ​កំណត់​ទៅតាម​ការរស់នៅ​ជាក់ស្ដែង មានន័យថា​យួន​ចូល​ប៉ុន្មាន ក៏​ឲ្យ​យួន​ប៉ុណ្ណឹង​ទៅ​។ អ៊ីចឹង​!​បើសិនជា​ឡាវ​ចូល​ប៉ុន្មាន ក៏​ឲ្យ​ឡាវ ប៉ុណ្ណឹង​ទៅ គឺ​វា​ខាតបង់​។ កន្លងមក​មានតែ​ប្រទេសជិតខាង​ទេ ដែល​ចូល​មក​ដី​យើង បើ​យើង​ចូល​ទៅ​ដី​គេ មិន​មាន​ទេ​។ យើង​ឃើញ​ថា ការ​ដោះស្រាយ​កន្លងមក គឺ​មិន​សូវ​មាន​តម្លាភាព​ទេ»

បច្ចុប្បន្ន​តំបន់​ជម្លោះព្រំដែន​វាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ភាគី​ទាំង​ពីរ​បាន​ដកទ័ព​ចេញ​រៀងខ្លួន​អស់ហើយ និង​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា ការ​ប្រឈម​ដាក់​មុខ​គ្នា​រឿង​ព្រំដែន កម្ពុជា ឡាវ កើតឡើង​ដោយសារ តំបន់​នោះ​នៅ​មិនទាន់​បោះ​បង្គោល​ព្រំដែន​ដាច់ស្រេច​។ លោក​ថា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ឃើញ​ដី​ទំនេរ បាន​ទៅ​បង្កបង្កើនផល ហើយ​កងទ័ព​ឡាវ​បាន​មក​ដក​ដំណាំ​នោះ​ចោល ទើប​ពួកគេ​រាយការណ៍​ទៅ​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វិបត្តិ​ផ្លូវ​ច្បាប់​ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ (អវត្តមាន​ចុង​ចម្លើយ និង​សាក្សី)

$
0
0

ករណី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដ៏​ចម្រូងចម្រាស គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​មាន​សារៈសំខាន់​សម្រាប់​សិក្សា​ស្រាវជ្រាវ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។អ្នកច្បាប់ និង​អ្នកវិភាគ​ថា សវនាការ​រំលាយ​គណបក្សប្រឆាំង ធ្វើឡើង​នៅ​មុន​ពេល​មិនទាន់​បើក​សវនាការ​ជំនុំជម្រះ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ ជា​ការ​លំអៀង​របស់​តុលាការ​ទៅ​គណបក្ស​កាន់អំណាច។ ហើយ​ថា សវនាការ​របស់​តុលាការ​កំពូល​លើ​សំណុំ​រឿង​នេះ​ទៀតសោត ក៏​មាន​បញ្ហា​ផ្លូវច្បាប់​ច្រើន​ចំណុច​ដែរ​។ ប៉ុន្តែ​មន្ត្រី​ក្រសួង​យុត្តិធម៌ បដិសេធ​ការ​លើកឡើង​ទាំង​នោះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជី វិតា ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​​លោក សម រង្ស៊ី អំពី​លិខិត​របស់​លោក​ ជូនទៅ​លោក មហាធា មហាម៉ាត់ នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​ម៉ាឡេស៊ី

$
0
0

កាលពីថ្ងៃទី៥ ខែ​កញ្ញា ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បាន​សរសេរលិខិតមួយច្បាប់ញា​ ជូនទៅ​លោក មហាធា មហាម៉ាត់ នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​​ម៉ាឡេស៊ី ជួយ​សម្របសម្រួល​​ឲ្យ​មាន​ការ​ចរចារវាង​មេដឹកនាំបក្សកាន់អំណាច និង​មេដឹកនាំ​​បក្ស​ប្រឆាំង ដើម្បី​ផ្សះផ្សារជាតិ​ខ្មែរ ដែលកំពុង​ជាប់គាំង​ក្នុង​វិបត្តិ​នយោបាយជិត​ ២​ឆ្នាំ​មកនេះ។

ការ​សរសេរ​លិខិត​ជូន​​នាយករដ្ឋ​មន្រ្តី​នៃ​​ប្រទេស​​ម៉ាឡេស៊ី​នេះ គឺ​ស្រប​ពេល​ដែល​លោក សម រង្ស៊ី អះអាង​អំពី​ការ​វិល​ត្រឡប់​របស់​លោក​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ លោក សម រង្ស៊ី ថ្លែង​ថា សារ​សំខាន់​នៃ​​លិខិត​នេះ គឺ​លើ​កឡើង​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សូម​លោកអ្នកនាង​​ចុច​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក សម រង្ស៊ី ជុំវិញ​បញ្ហានេះ នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាសេរី នៅយប់ថ្ងៃទី១២ ខែ​កញ្ញា​​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បន្ត​ដាក់​កម្លាំង​គំរាមកំហែង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន

$
0
0

សកម្មជន​គណបក្សប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​នៅតែ​បន្ត​ដាក់​កម្លាំង​អុកឡុក​រំខាន​នៅមុខ​ផ្ទះ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ភិតភ័យ​មិន​ហ៊ាន​ស្នាក់នៅ​ក្នុង​ផ្ទះ​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ ថា ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ កញ្ញា​ថា ចាប់ពី​លោក​បាន​រត់​ភៀសខ្លួន​រក​ទី​សុវត្ថិភាព កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា​មក លោក​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ជុំវិញ​ផ្ទះ គឺ​ឃើញ​មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​នៅតែ​បន្ត​តាម​យាយី​រំខាន​មុខ​ផ្ទះ​របស់​លោក​ដដែល។ លោក​បន្ត​ថា មន្ត្រី​ប៉ូលិស​បាន​ប្ដូរ​រូបភាព ពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​មក​ស្លៀក​ស៊ីវិល​បន្លំ​ធ្វើជា​ពលរដ្ឋ​ធម្មតា​វិញ។ លោក​បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​មាន​ប៉ូលិស​ទៅ​ឃ្លាំមើល​មុខ​ផ្ទះ​របស់​លោក​ពី​៤ ទៅ ៥​ដង​ដែរ និង​បាន​សួរនាំ​ពលរដ្ឋ​ក្បែរ​នោះ​រក​លោក​ជា​រៀងរាល់ថ្ងៃ​ទៀត​ផង៖ «ឥឡូវ​ប៉ូលិស​អត់​ហ៊ាន​យក​ឡាន​មក​ទេ គេ​ជិះ​ម៉ូតូ​ឈប់​ជក់បារី​ក្បែរ​ផ្ទះ​មួយ​សន្ទុះ ក៏​ចេញ​ទៅវិញ ហើយ​មួយសន្ទុះ​ក្រោយ​មក​វិញទៀត​។​កាលពី​ដើម​យូរៗ​គេ​មក​ម្ដង គឺ​មួយថ្ងៃ​ប្រហែល ៣​ទេ តែ​សព្វថ្ងៃ​ប៉ូលិស​មក​ញឹក​ពេក​ធ្វើ​ឱ្យ​អ្នកផ្ទះ​ចេះតែ​បារម្ភ ព្រោះ​បើ​មក​ស្លៀកពាក់​ប៉ូលិស មិនសូវ​ជា​បញ្ហា​ទេ តែ​គេ​មក​ឃ្លាំមើល​បែប​សំលៀកបំពាក់​ដូច​ប្រជាពលរដ្ឋ​អីចឹង​គាត់​ខ្លាច​គេ​បន្លំ​ធ្វើជា​ចោរ ឬមួយ​ខ្លាច​សមត្ថកិច្ច​យក​របស់​ខុសច្បាប់​ដូចជា​ថ្នាំញៀន​មក​បោះ​ចូល​ក្នុង​ផ្ទះ ហើយ​មក​ចាំ​ខ្លួន​អ្នក​នៅ​ក្នុង​ផ្ទះ»

លោក​បន្ត​ថា សកម្មភាព​របស់​សមត្ថកិច្ច​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​របស់​ក្រុម​គ្រួសារ​លោក ជាពិសេស​ធ្វើ​ឱ្យ​ប្រពន្ធ​និង​ម្ដាយក្មេក​ដែល​រស់នៅ​ផ្ទះ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ឡើយ ដោយសារ​ព្រួយបារម្ភ​ខ្លាច​ជនខិលខូច​មានបំណង​អាក្រក់​ធ្វើបាប​ពួកគាត់។

អាស៊ីសេរី​មិន​អាច​ទាក់ទង ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១២ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក សិទ្ធ ឡោះ បាន​ប្រាប់​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ថា មន្ត្រី​ប៉ូលិស​របស់​លោក​មិន​បាន​ទៅ​អុក​រំខាន​ដល់​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ការ​ចោទ​ឡើយ។ លោក​បន្ត​ថា ផ្ទុយទៅវិញ គឺ​ប៉ូលិស​គ្រាន់តែ​ធ្វើដំណើរ​ឆ្លងកាត់​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​ការពារ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា មន្ត្រី​ប៉ូលិស​តាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ ដោយសារតែ​លោក ឆាំ សុភាន់ ជា​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​ដឹកនាំ​សកម្មជន​ដទៃ​ទៀត ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​នយោបាយ និង​បាន​និយាយ​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ​។ ទោះជា​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ជួប​ជុំ​គ្នា​របស់​បក្ស​ប្រឆាំង​កន្លង​មក គឺ​ពុំ​មែន​ជា​ការ​ខុសច្បាប់​អ្វី​នោះ​ទេ ពីព្រោះ​សកម្មភាព​របស់​ពួកគាត់ គឺជា​ការ​ជួប​ប្រជុំ​ឈឺឆ្អាល​រឿង​នយោបាយ ដែល​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ចាត់​ទុក​បញ្ហា​នេះ ថា ជា​ការ​គំរាមកំហែង​បំភ័យ​បំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់៖ «យើង​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ការពារ​សិទ្ធិមនុស្ស​ប្រសើរ​ជា​ការ​ពារ​អំណាច​ឱ្យ​បុគ្គល អីចឹង​ការ​ឃ្លាំមើល​មក​លើ​ផ្ទះ​សកម្មជន​បក្ស​ប្រឆាំង​ឈប់​មាន​ឈប់​អី​ទៅ មិន​គួរ​ណា​កើតឡើង​ទេ ពី​ព្រោះ​ថា សមត្ថកិច្ច​ស៊ីប្រាក់ខែ​រដ្ឋ​ត្រូវ​បម្រើ​រាស្ត្រ គួរតែ​ពិនិត្យមើល​តើ​ក្រុម​នោះ​ជា​ខ្លា ឬក៏​ជា​បិសាច​ចាំ​ចាត់ការ​គាត់ ប៉ុន្តែ​បើ​សិន​គ្រាន់តែ​ខុស​និន្នាការ​គណបក្ស​នយោបាយ​អី​បែរជា​យើង​លាប​ពណ៌​ក្រុម​ឧទ្ទាម​នេះ​ក្រុម​ឧទ្ទាម​នោះ​វា​អាក្រក់​ពេក»

កាលពី​ថ្ងៃ​ទី​៨ កញ្ញា​កន្លងទៅ មន្ត្រី​ប៉ូលិស​ក្រុង​សិរីសោភ័ណ​ប្រមាណ​២៥​នាក់ បាន​ទៅ​អុកឡុក​មុខ​ផ្ទះ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក្រុង​សិរីសោភ័ណ គឺ លោក ឃ្លាំង ប៊ុនឡាយ ដើម្បី​សាកសួរ​រក​លោក។ លោក ឃ្លាំង ប៊ុន​ឡាយ អះអាង​ថា នៅ​ពេល​នោះ​លោក​មិន​បាន​នៅ​ផ្ទះ​នោះ​ទេ ហើយ​ប្រមាណ​កន្លះ​ម៉ោង​ក្រោយមក​ប៉ូលិស​ក៏​បាន​ដកថយ​ទៅវិញ​។ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ដាក់​កម្លាំង​នៅមុខ​ផ្ទះ​ពលរដ្ឋ​ដ៏​ច្រើន​បែបនេះ គឺ​មិនមែន​ជា​ការ​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឡើយ តែ​ជា​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ធ្វើ​ឱ្យ​ពួកគាត់​មានការ​ភ័យខ្លាច​ទៅវិញ​ទេ។

កន្លងមក​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ព្រមាន​កម្ចាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ហ៊ាន​ចេញមុខ​ធ្វើ​សកម្មភាព​ឱ្យ​គណបក្ស​ប្រឆាំង និង​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​។ ក្រោយ​មាន​បញ្ជា​បែបនេះ អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​យាយី​រំខាន និង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

របាយការណ៍​អង្គការ​លីកាដូ (Licadho) បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​២១​នាក់​ហើយ ដែល​រដ្ឋាភិបាល​ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​ដែល​អនុញ្ញាត​ដោយ​ច្បាប់​កម្ពុជា។

សកម្មជន​គណបក្សប្រឆាំង អះអាង​ថា បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​ពួកគេ​នៅតែ​ប្រកាន់​ជំហរ​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ពេល​ខាងមុខ​ដដែល ពីព្រោះ​ពួកគាត់​សង្ឃឹមថា នៅ​ពេល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នឹង​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ឱ្យ​នាយករដ្ឋមន្ត្រី​ឡាវ​បញ្ជាក់​ជំហរ​មិន​ឱ្យ​លោក សម រង្ស៊ី ចុះ​យន្តហោះ​នៅ​ឡាវ

$
0
0

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ស្នើសុំ​នាយករដ្ឋមន្ត្រី​ឡាវ បញ្ជាក់​ជំហរ ក្នុង​ករណី​ផ្ដល់​ដី​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ឡាវ ក្នុង​ករណី​ការ​ចរចា​ព្រំដែន​មាន​ជម្លោះ​មិន​បាន​សម្រេច។ រីឯ​នាយករដ្ឋមន្ត្រី​ឡាវ អះអាង​ថា មិន​ឱ្យ​នរណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ឡាវ ដើម្បី​ប្រឆាំង​ប្រទេស​មួយ​ទៀត​ឡើយ ហើយ​ឡាវ​នឹង​ចាប់ខ្លួន អ្នកមាន​សាលដីកា​តុលាការ បើ​ហ៊ាន​ចូល​ប្រទេស​ឡាវ។

លោក ហ៊ុន សែន រំពឹង​ថា រដ្ឋាភិបាល​ឡាវ​នឹង​មិន​យក​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ ជា​ចំណាប់ខ្មាំង ដើម្បី​ផ្ដល់​ទីតាំង​ឱ្យ​លោក សម រង្ស៊ី ចុះចត​យន្តហោះ​វិល​ចូល​កម្ពុជា​ឡើយ​។ លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) ឱ្យ​ថ្លែង​ពី​ជំហរ​ឡាវ​ច្បាស់លាស់​ក្នុង​ករណី​នេះ​ដែរ​។ មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា របប​លោក បាន​ផ្ញើ​សាលដីកា​តុលាការ ទៅតាម​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី អស់ហើយ គឺ​នៅ​រង​ចាំតែ​លោក សម រង្ស៊ី វិល​តាម​ការ​ប្រកាស​ប៉ុណ្ណោះ។ «»

ការ​ថ្លែង​ឡើង​បែបនេះ គឺ​លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​នឹង​អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ និង​សង្គម បណ្ឌិត មាស នី ដែល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ទំនង​មាន​អារម្មណ៍​ភ័យខ្លាច​ឡាវ យក​ជម្លោះព្រំដែន​ជា​ចំណាប់ខ្មាំង ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ទើប​តែងតែ​បញ្ជូន​មន្ត្រី​ទៅ​ចរចា​ញឹកញាប់ ជាមួយ​រដ្ឋាភិបាល​ឡាវ រាល់ពេល​មាន​ជម្លោះព្រំដែន​ទាំង​ពីរ​លើក។

លោក​បណ្ឌិត មាស នី បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៥ កញ្ញា​ថា លោក​សង្កេត​ឃើញ​រាល់ដង ឱ្យ​តែ​សភាពការណ៍​ព្រំដែន​កម្ពុជា​ឡាវ មាន​ភាព​តានតឹង រដ្ឋាភិបាល​តែង​ប្រញាប់​បញ្ជូន​មន្ត្រី​ទៅ​ចរចា​ដល់​ក្រុង​វៀងចន្ទន៍ តែ​មិនសូវ​ឃើញ​វត្តមាន​ភាគី​ឡាវ មក​ចរចា​ដល់​ក្រុងភ្នំពេញ​ឡើយ​។ លោក​ថា ស្ថានការណ៍​នេះ អាច​ទំនងជា​រដ្ឋាភិបាល​កម្ពុជា​ព្រួយបារម្ភ​រឿង​អ្វី​ម្យ៉ាង ពិសេស គឺ​ការ​ផ្ដល់​ជម្រក​ឱ្យ​មេ​បក្ស​ប្រឆាំង​ចុះចត​យន្តហោះ វិល​ចូល​កម្ពុជា​វិញ។ «»

ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់ លោក ហ៊ុន សែន លោក ថងលូន ស៊ីសូលីត មាន​ប្រសាសន៍​ថា បុគ្គល​ដែល​មាន​ទោស​មក​ឆ្លង​ប្រទេស​ឡាវ ដើម្បី​យក​ឡាវ​ជា​កន្លែង​ឆ្លងកាត់​ទៅ​បំផ្លាញ​ប្រទេស​ផ្សេង ទោះ​សញ្ជាតិ​ណា ក៏​នឹង​ត្រូវ​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ដែរ​។ លោក ថងលូន ស៊ីសូលីត បញ្ជាក់​តាមរយៈ​អ្នក​ប្រែ​ថា រដ្ឋាភិបាល​ឡាវ​នឹង​ធ្វើការ​ម៉ត់ចត់ មិន​ឱ្យ​កើតមាន​បញ្ហា​នេះ​ឡើយ៖ «មេដឹកនាំ​បក្ស​ប្រឆាំង គឺ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ដឹកនាំ​កម្លាំង​មហាជន​ចូល​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន ចេញពី​អំណាច​។ បច្ចុប្បន្ន​ក្រុម​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដើរ​កៀរគរ អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ឱ្យ​ចូលរួម​សកម្មភាព​តវ៉ា​ជាមួយ​លោក សម រង្ស៊ី។

ទោះយ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ប្រាប់​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​វិញ តាម​ច្រក​ណា​ទេ ព្រោះ​លោក សម រង្ស៊ី អះអាង​ថា លោក​ចង់​ឱ្យ​របប​ក្រុងភ្នំពេញ​វិលក្បុង ពិសេស គឺ​ចង់​ឱ្យ​លោក ហ៊ុន សែន ឆ្កួត ដោយសារ​ភាព​ភ័យខ្លាច​។ តែ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​​​ថា គណបក្ស​ប្រឆាំង​នឹង​បង្ហាញ​តម្រាយ​ផ្លូវលោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ មុន ៣​ថ្ងៃ ដើម្បី​ឱ្យ​ពលរដ្ឋ​មក​ទទួល​លោក សម រង្ស៊ី។

បើ​ទោះ​ជា​លោក ហ៊ុន សែន អះអាង​ថា បាន​ផ្ញើ​សាលដីកា​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន ឱ្យ​ជួយ​ចាប់ខ្លួន​លោក សម រង្ស៊ី រួចហើយ​ក្ដី តែ​លោក សម រង្ស៊ី បាន​ទៅ​ប្រទេស​សេរី​ចំនួន ៣ នៅ​អាស៊ាន ដោយ​គ្មាន​ការ​ចាប់ខ្លួន​អ្វី​ទាំងអស់ គឺ​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​សិង្ហបុរី កាល​ពី​ពេល​ថ្មីៗ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នកវិភាគ​ថា​ រចនាសម្ព័ន្ធ​និង​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ខ្លាំង​និង​រឹងមាំ​

$
0
0

អ្នកវិភាគ​នយោបាយ​ មើលឃើញ​ថា​ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បន្ត​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពីសំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ដោយសារតែការ​គាំទ្រ​ និង​រចនាសម្ព័ន្ធ​របស់​គណបក្ស​នេះ​ នៅតែ​ខ្លាំង​និង​រឹងមាំ​ ទោះបីជា​របប​ក្រុងភ្នំពេញ​ រំលាយ​គណ​បក្ស​ប្រឆាំង​មូយ​នេះ​ ចោល​ជិត ២ឆ្នាំ​ ហើយក៏​ដោយ​។ សកម្មជន​និង​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​រំពឹង​ ថា​ គណបក្ស​នេះ​នឹង​រស់​ឡើងវិញ​ ហើយនឹង​នាំការ​ផ្លាស់​ប្តូរ​ ជា​វិជ្ជមាន​នៅ​កម្ពុជា​។

ជិត២ឆ្នាំ​ហើយ​ ដែល​របប​ក្រុងភ្នំពេញ​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ចូល​រួម​ប្រ​គួត​ប្រជែង​ ក្នុង​ឆាកនយោបាយ​ ប៉ុន្តែ​គណបក្ស​មួយ​នេះ​ នៅតែ​មាន​ស្រមោល​ជាគ​ណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិ​ ពល​ក្នុង​ឆាកនយោបាយ​កម្ពុជា​ដដែល។

អ្នកវិភាគ​នយោបាយ​ បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ មានប្រសាសន៍​ថា​ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ បាន​រំលាយ​ ហើយ​ត្រូវ​ប្រឈម​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់​បែប​យ៉ាង​ និង​ការ​អូសទាញ​បែប​ណា​ក្តី​ គឺ​ សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​ នៅតែ​មាន​ឆន្ទៈ​រឹងមាំ​ និង​នៅតែ​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ជាមួយគ្នា។ លោក​ កត់សម្គាល់​ថា​ មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង​តិចតួច​ប៉ុណ្ណោះ​ ដែល​បាន​ផ្តាច់​ខ្លួន​ទៅ​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច​ ហើយ​ពួកគេ​ ទទួល​បានការ​រិះគន់​ យ៉ាង​ខ្លាំង៖ «រចនាសម្ព័ន្ធ​គឺ​អត់មាន​បង្កើត​ទេ​ព្រោះ​គេ​រំលាយ​ហើយ​ គេ​ហាមឃាត់១១៨នាក់​មិន​ឲ្យ​ធ្វើនយោបាយ​ទៅទៀត​ដូច្នេះ​រចនាសម្ព័ន្ធ​និង​បណ្តាញ​នេះ​មិន​អាច​រៀប​ចំបានទេ​ ប៉ុន្តែ​ទោះ​យ៉ាងណា​គឺ​មួយ​នៅ​លើ​ក្រដាស​ហើយ​មួយទៀត​គឺ​រឿង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​សកម្មជន​គឺ​នៅតែ​រក្សា​ជំហរ​ដដែល​ហើយក៏​បាន​ដឹកមុខ​ក្នុង​កិច្ចការ​ខ្លះ​ដូចជា​រឿង​នំបញ្ចុក​ជាដើម។ រឿងនំ​បញ្ចុក​នេះ​គឺ​ខាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​មុខ​ ហើយ​នាយក​រដ្ឋមន្ត្រី​ ក៏​ចូលរួម​ចំណែក​ថែម​ទៅ​ទៀត»

បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ បន្ត​ថា​ ដោយសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តាំងពី​លើ​ដល់​ក្រោម​មានការ​ប្ដេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​នូវ​ឧត្តមគតិ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​ និង​កេរ្តិ៍ឈ្មោះ​ ព្រមទាំង​ប្រវត្តិ​តស៊ូ​តាំងពី​យូរ​មក​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាដើម​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ នៅតែ​ផ្តល់​សេចក្តី​ទុកចិត្ត​ថា​ មាន​តែ​គណបក្ស​មួយ​នេះ​គត់​ ដែល​ហ៊ាន​ប្តូរផ្តាច់​ពិត​ប្រាកដ​ក្នុង​ការ​ប្រឆាំង​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ ដើម្បី​ការ​ផ្លាស់​ប្តូរ។ លោក​ថ្លែង​ទៀត​ថា​ មក​ទល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ មើល​ពុំ​ទាន់​ឃើញ​មាន​ គណបក្ស​ណា​មួយ​ ដែល​មានលទ្ធភាព​គ្រប់គ្រាន់​ ធ្វើជា​គណបក្ស​ប្រឆាំង​ ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ សូម្បីតែ​គណបក្ស​របស់​លោក​ ហ៊ុន​ សែន​ ក៏​មើលឃើញ​ដូច្នេះ​ដែរ។ អ្នក​វិភាគ​នយោបាយ​ចាស់វស្សា​រូប​នេះ​ យល់​ថា​ ជា​ញឹកញាប់​ មេ​ដឹក​នាំ​កំ​ពូលៗ និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ តែងតែ​ប្រតិកម្ម​នឹង​គណបក្ស​ប្រឆាំង​ ដែល​បញ្ជាក់​ថា គណបក្ស​នេះ​ នៅ​តែ​មាន​ឥទ្ធិពល​លើ​នយោបាយ​កម្ពុជា៖ «ដូចជា​លោក​ សម​ រង្ស៊ី​ ត្រូវ​ទទួលស្គាល់​ការងារ​របស់​ គាត់​ហើយ​គាត់​គឺជា​មនុស្ស​មាន​សុឆន្ទៈ​ដែល​គួរតែ​ឲ្យ​តម្លៃ​។ផ្ទាល់ខ្លួន​ខ្ញុំ​នេះ​ថា គួរតែ​ព្រះ​កូ​ណា​លើក​ លែងទោស​ហើយ​ប្រទាន​គោរមងារ​សម្តេច​ជូន​គាត់​ទៀត​ព្រោះ​ការងារ​គាត់​ គ្មាន​នរណា​ធ្វើ​បាន​ដូច​ គាត់​ទេ ដើម្បី​ជួយ​ដល់​សង្គម​នោះ​ទេ»

កាលពី​ជិត ២ឆ្នាំ​មុន​ តុលាការ​កំពូល​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ និង​បាន​ហាម​ថ្នាក់​ ដឹកនាំ ១១៨រូប​នៃ​គណបក្ស​នេះ​ មិន​ឲ្យ​ធ្វើនយោបាយ​រយៈពេល ៥ឆ្នាំ។ នៅមុន​ការ​រំលាយ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​អាសនៈ ៥៥ក្នុង​រដ្ឋសភា​ និង​ទទួល​បាន​អាសនៈ​ជាស​មា​ជិ​កក្រុម​ប្រឹក្សា​ឃុំសង្កាត់​ប្រមាណ​ជា ៥ពាន់​ ដែល​ស្ទើរតែ​ប្រហាក់​ ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល​ (COMFREL) លោក​ កន​ សា​វាង្ស ថ្លែង​ថា​ មូលហេតុ​ដែល​គណបក្ស​មួយ​នេះ​នៅតែ​មាន​ឥទ្ធិពល​ ខ្លាំង​ ពីព្រោះ​គណបក្ស​នេះ​ មាន​ចំណុច​ពិសេស​មួយចំនួន​ ដូចជា​ មាន​កម្លាំង​គាំទ្រ​ចេញពី​ទឹកចិត្ត​ របស់​ប្រជាពលរដ្ឋ​ និង​ភាព​រឹង​មាំ​​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រឆាំង។ លោក​ បន្ត​ថា​ មិនមែន​ទើប​តែ​ថ្មីៗ នេះ​ទេ​ តាមពិត​គណបក្ស​ប្រឆាំង​មួយ​នេះ​ រង​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់បែបយ៉ាង​តាំងពី​យូរ​ណាស់​ មក​ហើយ​ ប៉ុន្តែ​សកម្មជន​តាម​មូលដ្ឋាន​នៅតែ​ជួបជុំ​និង​បញ្ចេញ​សារ​គាំទ្រ​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ​ដដែល៖ «ទោះបីជា​គណបក្ស​នេះ​រំលាយ​ដោយ​​តុលាការ​កំពូល​ហើយ​ មានការ​លើកទឹកចិត្ត​ទៅលើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ណាមួយ​ផ្សេង​ ក៏ដោយ​ ក៏​ពួកគេ​មិន​ចាកចេញ​ពី​គណបក្ស​របស់​ខ្លួន​។នេះ​ហើយ​គឺជា​ភាពរឹងមាំ​នៃ​គណបក្ស​នេះ។ ការ​គាំទ្រ​ចេញពី​ដួងចិត្ត​ទៅ​ហើយ​មិន​ងាយ​ក្នុង​ការ​បំបែក​នោះ​ទេ។ គណបក្ស​ទាំងពីរ​នេះ​ គួរ​ដឹង​​ថា​ វា​មាន​កម្លាំង​សម​ល្មម​ប៉ុណ្ណា​ហើយក៏​ជា​ចំណុច​មួយ​ដែល​គួរតែ​សម​ល្មម​សម្រាប់​ផលប្រយោជន៍​ជាតិ​ ជាធំ​ ដែល​គួរតែ​រក​ដំណោះស្រាយ​ណាមួយ​តាម​រយៈ​យន្តការ​ជាតិ​ក្តី​ អន្តរជាតិ​ក្តី​និង​សង្គម​ស៊ីវិល​ក្តី​ គឺ​ធ្វើ​ម៉េច​ដើម្បី​រក​ដំណោះស្រាយ​រក្សា​EBA»

រី​ឯអ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុង​ភ្នំពេញ​តាម​ចាប់​ដាក់​ពន្ធនាគារ​ លោក​ គឹម​ សុខ​ បញ្ចេញមតិ​ ស្រដៀងគ្នា​ថា​ ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​ ថ្នាក់​ដឹក​នាំ​សង្គ្រោះ​ជាតិ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ​ អំពី​របៀប​ធ្វើ​នយោបាយ​ក្តី​ ប៉ុន្តែ​ពួក​គេ​មិន​បែកបាក់​គ្នា​ទៅ​ចុះ​ជាមួយ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោក​ ថ្លែង​ថា​ របប​ក្រុងភ្នំពេញ​ មិន​អាច​កម្ទេច​បក្ស​ប្រឆាំង​ឲ្យ​ខ្ទេច​និង​បាត់ឈ្មោះ​ ពី​ឆា​កន​យោ​ បាយ​កម្ពុជា​បាន​ទេ​ ព្រោះ​គណបក្ស​នេះ​នៅ​តែ​មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ខ្លាំង​ ហើយ​សហគមន៍​អន្តរជាតិ​ នៅតែ​ទទួល​ស្គាល់​ និង​ជំរុញ​ឲ្យ​របប​ លោក​ ហ៊ុន​ សែន​ ផ្តល់​សេរីភាព​ពេញលេញ​ជូន​លោក​ កឹម​ សុខា​ និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើងវិញ៖ «ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​របប​ខុសច្បាប់​ក្រុងភ្នំពេញ​ រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​គឺ​លែង​មាន​នរណា​ម្នាក់​ហ៊ាន​ប្រកាស​ប្រើ​ទៀត​ ហើយ​ ប៉ុន្តែ​ស្មារតី​ ទឹកចិត្ត​ ការ​គាំទ្រ​ ការ​ចង់​ផ្លាស់​ប្តូរ​តាម​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មើលទៅ​អត់​ធ្លាក់ចុះ​ទេ​ ហើយ​កាន់តែ​ពុះកញ្ជ្រោល​ថែមទៀត​រហូតដល់​របប​ក្រុងភ្នំពេញ​ ដើរ​សម្លុត​ គំរាម​គំ​ហែង​របៀបណា​ក៏ដោយ»

នៅ​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ​ សហគមន៍​ជាតិ​ និង​អន្តរជាតិ​ បាន​វាយតម្លៃ​ថា​ របប​ លោក​ ហ៊ុន​ សែន​ បាន​សម្លាប់​ពន្លក់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ព្រមាន​ ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​។ សហភាព​អឺរ៉ុប​ កំពុង​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ ហើយ​តំណាង​រាស្ត្រ​​សហរដ្ឋអាមេរិក ក៏​កំពុង​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កំ​ពូលៗ របប​ក្រុង​ ភ្នំពេញ​ផង​ដែរ។

អ្នកស្រី​ មួរ​ សុខ​ហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​​ជាតិ​ តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​នៅតែ​រឹងមាំ​ដដែល។ អ្នកស្រី​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ ក្នុងចំ​ណោម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨នាក់​ គឺ​មានតែ៩នាក់​ប៉ុណ្ណោះ​ដែល​សុំ​សិទ្ធិ​ ធ្វើនយោបាយ​ និង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ចំណែក​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ជាប់​ ឆ្នោត​ប្រមាណ ៥ពាន់​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មាន​មិន​ដល់ ១០ភាគ​រយ​នោះ​ទេ​ ដែល​ បង្ខំ​ចិ​ត្គ​លាលែង​ពី​គណបក្ស​ពីព្រោះ​ មាន​គំរាម​គំ​ហែង​ផ្សេង​ៗពី​របប​ក្រុង​ភ្នំពេញ៖ «យើង​សូម​បញ្ជាក់​ថា​ យើង​អត់​ទទួល​ស្គាល់​ការ​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​តេឡេ​របស់​លោក​ ហ៊ុន​ សែន​ ទេ។ ផ្ទុយ​ទៅ​វិញ​គណ​ បក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ជីវិត​រស់រវើក។ យើងខ្ញុំ​ទៅ​កន្លែង​ណា​ក៏​នៅ​យើងខ្ញុំ​បង្ហាញខ្លួន​ជាស​មា​ជិ​ក ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​បី​ជា​រដ្ឋាភិបាល​ប្រទេស​ណា​ ទោះបីជា​អង្គ​កា​រស​ហប្រជាជាតិ​ ក៏​នៅ​តែ​ទទួលស្គាល់​លោក​ប្រធាន​ស្តីទី​សម​ រង្ស៊ី​ លោក​ប្រធាន​ កឹម​ សុខា​ និង​រចនាសម្ព័ន្ធ​របស់​គណបក្ស​យើង​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។ ការ​រឹងមាំ​របស់​យើង​នេះឯង​ ទើប​លោក​ ហ៊ុន​ សែន​ និង​រដ្ឋអំណាច​មានការ​តាមដាន​ មាន​ការ​យាយី​ គំរាម​គំ​ហែង​ រហូតដល់​មាន​ការ​ចាប់​ចង់​ជា​ដើម»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​ បន្ថែម​ថា​ សកម្មជន​និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​យ៉ាង​រស់រវើក​ ទោះ​បី​មានការ​ធ្វើទុក្ខ​បុកម្នេញ​ បែប​ណា​ក្តី​។ អ្នកស្រី​ មួរ​ សុខ​ហួរ​ អះអាង​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ដើម្បី​នាំ​ការ​ផ្លាស់​ជា​វិជ្ជមាន​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ៖ «មូលដ្ឋាន​របស់​យើង​រឹងមាំ​ខ្លាំង​រហូត​ក្លាហាន​បញ្ចេញ​មតិ​ មិន​រារែក​ក្នុង​ការ​ចូលរួម​អម​ដំណើរ​នៃ​មាតុភូមិ​និវត្ត​របស់​លោក​ប្រធាន​ស្តីទី​ សម រង្ស៊ី។ ពួក​គេ​បង្ហាញ​ ថា​ ទោះ​បី​ជា​ពួកគេ​ត្រូវ​ជាប់​គុក​ដោយ​អយុត្តិធម៌​ក្តី​ ប៉ុន្តែ​មូលដ្ឋាន​របស់​នៅ​តែ​យក​ជាតិ​ជាធំ​មាន​ ស្មារតី​តស៊ូ​ប្រយុទ្ធ​ដ៏​អង់អាច​ ដោយសន្តិវិធី​ដើម្បី​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​មូល»

ផ្ទុយពី​ការ​លើកឡើង​នេះ​ អ្នក​នាំ​ពាក្យ​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ មាន​ប្រសាសន៍​ថា​ គណបក្ស​កាន់​អំណាច​ គ្មាន​ការ​ព្រួយបារម្ភ​ ចំពោះ​ឥទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ព្រោះ​ គណ​ បក្ស​នេះ​បែកបាក់​គ្នា​ស្ទើ​ខ្ទេចខ្ទី​ទៅ​ហើយ។ លោក​បន្ត​ថា​ ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ តាម​មូលដ្ឋាន​កន្លង​មក ​គឺ​មិន​មែន​ជា​ការ​ខ្លាច​រអា​អ្វី​ទេ ​ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់៖ «តាំងពី​បង្កើត​គណបក្ស​មក​តាំងពី​ឆ្នាំ១៩៩៥​ រហូត​មក​ ដល់ពេល​នេះ​រលាយខ្លួន​អស់​រត់ចោលស្រុក​ទៀត​នៅតែ​ខ្លាំង​ ហើយ​អា​ពាក្យ​ខ្លាំង​វា​ទន្ទេញ​ចាំមាត់​ របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​ហើយ​អា​កូន​ៗថាតាមតែ​មេ​។ខ្លាំង​នេះ​ខ្លាំង​បានតែ​សម្តី​តែ​កម្លាំង​វា​អត់​ ខ្លាំង​ទេ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human​ Rights​ Watch) បាន​ពិនិត្យ​ឃើញថា​ លោក​ ហ៊ុន​ សែន​ ដែល​កាន់អំណាច​ជាង​ ៣០ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រើ​ល្បិចកល​មិន​ស្រប​ច្បាប់​គ្រប់​បែប​យ៉ាង​ ដែល​មាន​ក្នុង​សៀវភៅ​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​បែប​ផ្តាច់​ការ​ឯក​បក្ស​ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែ​មួយ​គត់​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​ និង​សង្គម​ស៊ីវិល​ យល់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ គួរ​តែ​បន្ទន់​ឥរិយាបថ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ព្រោះ​ពួក​គេ​ មើល​ឃើញ​ថា​ ទោះ​បី​ជា​អូស​បន្លាយ​ពេល​ទៅ​មុខ​ទៀត​ ក៏​មិន​អាច​កម្ទេច​រចនាសម្ព័ន្ធ និង​កម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាក្សី​ក្នុង​សវនាការ​សភា​ស្នើ​ឱ្យ​អាមេរិក​ដាក់​សម្ពាធ​កម្ពុជា​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ

$
0
0

សាក្សី​ក្នុង​សវនាការ​ក្របខ័ណ្ឌ​សភា​អាមេរិក កាលពី​ថ្ងៃទី១១ ខែ​កញ្ញា ដែល​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក សុទ្ធតែ​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​បន្ថែម ដើម្បី​ឱ្យ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ អ្នក​ទាំងនោះ​សង្ឃឹម​ថា ការ​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​សវនាការ​នេះ នឹង​បានជា​ប្រយោជន៍ដល់សមាជិក​​សភា និង រដ្ឋាភិបាល​អាមេរិក យក​ទៅ​ពិចារណា ដើម្បី​ចាត់​វិធានការណ៍​ទាំងនេះ។

សាក្សី​ប្រាំ​មួយ​រូប​ពី​អង្គការ​សង្គម​ស៊ីវិល និង វិស័យ​ឯកជន​ផង បាន​លើកឡើង​ពី​បញ្ហា​ជាក់ស្ដែង​ដែល​កំពុង​កើត​មាន នៅ​ប្រទេស​កម្ពុជា ជាពិសេស​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ការងារ និង សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ រួម​នឹង​ឥទ្ធិពល​ចិន​លើ​រដ្ឋាភិបាល​កម្ពុជា​ផង។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ Central) លោក មឿន តុលា ដែល​ជា​សាក្សី​មួយ​រូប​ដែរ​នោះ ថា ស្ថានភាព​ជីវភាព​កម្មករ​កម្មការិនី នៅ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុងក្រោយ​នេះ នៅ​មិនទាន់​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ។ បន្ថែម​លើ​ប្រាក់ខែ​មិន​ទាន់​សមរម្យ​នេះ លោក​ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​សហជីព ក៏​នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នៅឡើយ​។ ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​ក្នុង​វិស័យ​ការងារ​នេះ គឺ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​សហជីព​កម្មករ ដោយសារតែ​ច្បាប់​ថ្មី​នោះ​ឯង៖ «ប៉ុន្តែ​អ្វី​ជា​ចំណុច​បន្ថែម នៅ​លើ​ចំណុច​បី​ដែល​ខ្ញុំ​បាន​ផ្ដល់​សក្ខីកម្ម​ឆ្នាំ ២០០៩​ហ្នឹង គឺ​រឿង​ច្បាប់​សហជីព​នេះឯង។ ច្បាប់​នេះ​វា​ធ្វើ​ឱ្យ បំពាន​ទៅលើ​ធម្មនុញ្ញ​ផង ធ្វើ​ឱ្យ​បំពាន​ទៅលើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​កម្ពុជា​យើង​ផ្ដល់​សច្ចាប័ន​ផង»

សក្ខីកម្ម​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​វិស័យ​ការងារ​នេះ ត្រូវ​បាន​សាក្សី​មួយ​រូប​ទៀត ដែល​ជា​នាយិកា​រង​របស់​សមាគម​សិទ្ធិ​កម្មករ ដែល​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​កម្មករ​នៅ​ទូទាំង​ពិភពលោក អ្នកស្រី ចេស៊ីកា ឆែមផេន (Jessica Champagne) ថា​ការបាត់បង់​សេរីភាព​ផ្នែក​សហជីព​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផលប្រយោជន៍​កម្មករ ដោយសារ​អ្នក​ទាំងនោះ ខ្វះ​អ្នកតំណាង​។ អ្នកស្រី​បន្ថែម​ថា ជា​ញឹកញាប់​អ្នក​ហ៊ាន​តវ៉ា​ដើម្បី​ប្រយោជន៍​កម្មករ​នេះ រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត។

ស្រប​ពេល​ដែល​សាក្សី​ខាង​វិស័យ​ការងារ​ព្រួយបារម្ភ​ពី​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ សាក្សី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯណោះ គឺ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ (CCIM) លោក ប៉ា ងួនទៀង លើកឡើង​អំពី​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ ជាពិសេស​សំឡេង​ប្រឆាំង។ លោក ប៉ា ងួនទៀង បង្ហាញ​តួលេខ​អំពី​ករណី​រំលោភបំពាន​ធំៗ រួមមាន​ទាំង​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​លោក កឹម សុខា ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ។

សាក្សី​ពី​ខាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) គឺ​លោក លោក ចន ស៊ិហ្វថុន (John Sifton) ដែល​ជា​នាយក​តស៊ូ​មតិ​ប្រចាំ​អាស៊ី ថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​ជា​រឿង​អ្វី​ថ្មី​នោះ​ទេ​។ លោក​បន្ថែម​ថា សក្ខីកម្ម​របស់​លោក បញ្ជាក់​បន្ថែម​អំពី​អំណាច​ផ្ដាច់ការ ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន ដែល​ក្រាញ​អំណាច និង ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​សព្វបែបយ៉ាង​រង​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ ដែល​សហគមន៍​អន្តរជាតិ ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ខ្លាំងក្លា និង​ជាបន្ទាន់។

អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ដែល​ជា​អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី របស់​អង្គការ the Heritage Foundation ឯណោះ ថា ការរៀបចំ​ការ​បោះឆ្នោត ដែល​ផាត់​ចោល​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​បែបនេះ គឺ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ក្លាយ​របប​ឯក​បក្ស និង ត្រូវ​ងាក​ខ្លាំង​ទៅ​រក​ចិន។ ការ​គ្រប់គ្រង​បែបនេះ ធ្វើ​ឱ្យ​លោក ហ៊ុន សែន បំផ្លាញ​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់បាន​ឱ្យ​កម្ពុជា​មាន​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។

សាក្សី​ខាង​វិស័យ​ឯកជន គឺ​លោក ដានីញ៉ែល មិចឈែល (Daniel K. Mitchell) ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GreenWolf International លើកឡើង​អំពី​ភាព​អយុត្តិធម៌​ក្នុង​វិស័យ​ធុរកិច្ច ដែល​ក្រុម​គ្រួសារ​ត្រកូល​អភិជន សុទ្ធ​តែ​មាន​បុព្វសិទ្ធិ និង​រួច​ផុត​ពី​ការ​ទទួល​ទោស បើ​ទោះ​បី​ជា​អ្នក​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស។

ក្រោយពី​បង្ហាញ​ភស្តុតាង​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ សាក្សី​ទាំងនោះ ក៏​បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន ដើម្បី​ជា​ដំណោះស្រាយ។ តំណាង​អង្គការ​សង្គម​ស៊ីវិល​ពី​ប្រទេស​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ស្ដីពី​សហជីព ដែល​រឹតត្បិត​សិទ្ធិ​កម្មករ​នោះ។ លោក មឿន តុលា សង្ឃឹម​ថា សក្ខីកម្ម​នេះ នឹង​ជួយ​ឱ្យ​សភា និង​រដ្ឋាភិបាល​អាមេរិក មាន​មូលដ្ឋាន ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ៖ «ខ្ញុំ​ជឿ​ថា អ្វី​ដែល​យើង​បាន​លើក​ឡើង​ថ្ងៃនេះ ខាង​គណៈកម្មាធិការ ថម ឡែនថុស នឹង​អាច​មាន​ជា​ដំណោះស្រាយ​ណាមួយ សម្រាប់​ទៅដល់​រដ្ឋបាល​លោក​ត្រាំ ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»

ចំណែក​ឯ លោក ប៉ា ងួនទៀង ថា សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​ល្អ​មួយ។ ក៏ប៉ុន្តែ លោក​ស្នើ​ឱ្យ​ប្រទេស​ទាំងនេះ ពិចារណា​ឡើងវិញ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ការ​សហការ​ផ្នែក​ពាណិជ្ជកម្ម​ទាំងនេះ វា​ជា​ការ​ជួយ​ឱ្យ​មេដឹកនាំ​ក្រាញ​អំណាច កាន់តែ​មានឱកាស​ក្រាញ​អំណាច និង បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ត​ទៀត៖ «ដោយសារ​រដ្ឋាភិបាល​ពុករលួយ រដ្ឋាភិបាល​ផ្ដាច់ការ ដូច្នេះ​ផលប្រយោជន៍​ទាំងអស់​នោះ វា​ប្រមូល​ផ្តុំ​មក​លើ​តែ​រដ្ឋាភិបាល។ វា​ហាក់​ដូចជា​ជួយ​ទៅជា​កម្លាំង​ពួក​អ្នក​កាន់​អំណាច កាន់​តែ​មាន​កម្លាំង​ក្នុង​ការ​បង្ក្រាប​ប្រជាពលរដ្ឋ និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅវិញ»

អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ស្នើ​ពីរ​ចំណុច ទី​មួយ​គឺ​ឱ្យ​សហរដ្ឋអាមេរិក​បង្កើន​ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន និង​ទី​ពីរ​ស្នើ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួប​ប្រជុំ​គ្នា ដើម្បី​ជួយ​រក​ដំណោះស្រាយ​រឿង​ខ្មែរ ព្រោះ​ប្រទេស​ទាំងនេះ នៅ​មិនទាន់​ចប់​ករណីយកិច្ច​របស់​ខ្លួន​នៅឡើយ៖ «ជា​ការ​ល្អ គេ​គួរតែ​អញ្ជើញ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ហត្ថលេខី កម្រិត​រដ្ឋមន្ត្រីការបរទេស ដើម្បី​ជួប​គ្នា​ផ្ដល់​យោបល់ និង អនុសាសន៍ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួលខុសត្រូវ ចំពោះ​ការ​ដើរ​ចាកចេញ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស​បែបនេះ​។ ក្រុម​ប្រទេស​ទាំងនេះ ត្រូវតែ​ជួប​ប្រជុំគ្នា ដើម្បី​ផ្ដោត​ខ្លាំង​លើ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា ដែល​រង​ការ​រឹតត្បិត ព្រោះ​អនាគត​ភ្លឺស្វាង​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេច គឺ​សម្រេច​ក្នុង​ស្ថានភាព​ដែល​ពួកគាត់​មាន​សេរីភាព​គ្រប់គ្រាន់»

លោក ចន ស៊ិហ្វថុន (John Stifton) ស្នើ​ឱ្យ​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​មន្ត្រី​របប​លោក ហ៊ុន សែន បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​អ្នក​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម ដោយ​រួម​ទាំង​មន្ត្រី​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ផង ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។

ជុំវិញ​សវនាការ​នេះ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មិន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​លោក​ថា សវនាការ​នេះ​ជា​ការ​ឥតប្រយោជន៍ និង​ខ្វះ​ភាព​យុត្តិធម៌​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​គ្មាន​វត្តមាន​តំណាង​ពី​ខាង​រដ្ឋាភិបាល ទៅ​ឆ្លើយ​បំភ្លឺ​ដែរ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​។ ជា​សវនាការ​មួយ​ឆាកល្ខោន ដែល​គ្មាន​អ្នក​ដែល​ត្រូវ​ជាប់​ចោទ គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ពន្យល់​ប្រាប់​។ ដូចជា​ខាង EU យើង​ជជែក​គ្នា យើង​តតាំង​គ្នា ស្វែងរក​ការយល់​ពិតប្រាកដ​។ បើ​ធ្វើ​មួយ​ចំហៀង វា​បាន​តែមួយ​ចំហៀង​ហ្នឹង វា​គ្មាន​តម្លៃ​អ្វី ក្រៅ​តែ​ពី​ឆាកល្ខោន​តែប៉ុណ្ណោះ»

ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​ទៅ​ចូលរួម​ស្ដាប់​សវនាការ​នោះ​ដែរ យល់​ថា សវនាការ​នេះ​មាន​សារសំខាន់​។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ លើកឡើង​ថា សវនាការ​នេះ បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ពិភពលោក​ខ្វល់ខ្វាយ​អំពី​រឿង​ខ្មែរ និង​ចង់​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «នៅ​ទីកន្លែង​នេះ គឺជា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សភា​សហរដ្ឋអាមេរិក​។ ដូច្នេះ​ខ្ញុំ​និង​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​បាន​មក​ចូលរួម​នេះ រំភើប​ណាស់។ អរគុណ​ដល់​អ្នក​ដែល​បង្ហាញ​ភស្តុតាង​ពី​មូលដ្ឋាន​ផង និង​ជន​អន្តរជាតិ​ផង​។ អស្ចារ្យ​មែនទែន​! គឺ​មាន​អ្នកវិនិយោគទុន​មួយ​រូប ដែល​មក​ហ៊ាន​និយាយ ពីព្រោះ​ការ​វិនិយោគ​របស់​គាត់ មិន​អាច​ចំណេញ​បាន​ទេ បើ​សិន​អត់​មានការ​ពារ​សិទ្ធិមនុស្ស និង នីតិរដ្ឋ»

សវនាការ ដែល​រៀបចំឡើង​ដោយ​ក្រុម​សមាជិកសភា​អាមេរិក ដែល​ជា​អ្នកគាំទ្រ​កម្ពុជា​ក្នុង​រដ្ឋសភា (the Congressional Cambodia Caucus) និង​គណៈកម្មការ​សិទ្ធិមនុស្ស ថម ឡែនថុស (Tom Lantos Human Rights Commission) បាន​បញ្ចប់​ទៅ​ហើយ នៅ​ឡើយ​តែ​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ ដែល​កំពុង​ជាប់​គាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​មណ្ឌលគិរី​រង​ការ​​រិះគន់​ថា លាក់បាំង​ព័ត៌មាន​សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ

$
0
0

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​ថា មាន​ចេតនា​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​គេចខ្លួន និង​ព្យាយាម​លាក់បាំង​ព័ត៌មាន លើ​សំណុំរឿង​មនុស្ស ២០​នាក់ មាន​ជាប់​ពាក់ព័ន្ធ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដែល​គណៈកម្មការ​ជាតិ​បាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ចំនួន ៦ កន្លងទៅ។ ពួកគេ​ចាត់​ទុក​បញ្ហា​នេះ ជា​សញ្ញា​បង្ហាញ​ពី​ភាព​ទន់ខ្សោយ នៃ​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​នាំ​ខ្លួន​ជនសង្ស័យ យ៉ាងហោចណាស់ ២០​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះហៅ របស់​ព្រះរាជអាជ្ញា មក​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់។

ពួកគេ​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​នេះ ពុំ​មែន​មានតែ​មនុស្ស​ជាង ២០​នាក់​នោះ​ទេ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​គ្រាក់ៗ ជាច្រើន​នាក់​ទៀត ប្រព្រឹត្ត​អំពើពុករលួយ ជា​ប្រព័ន្ធ​បណ្តោយ​ឱ្យ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ខុសច្បាប់។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា។ រីឯ​ព្រះរាជអាជ្ញា​លោក ហៀង សុភក្ត្រ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ កញ្ញា ថា មក​ទល់​ពេល​នេះ តំណាង​អយ្យការ​មិនទាន់​បញ្ជូន​សំណុំ​រឿង​នេះ មក​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ​ទេ។ លោក​ថា ក្នុង​ចំណោម​មនុស្ស ២០​នាក់​នោះ មាន​ជនសង្ស័យ ៤​នាក់ បាន​ចាត់​ឱ្យ​មេធាវី ស្នើ​សុំ​ពន្យារ​ពេល​ឆ្លើយ​បំភ្លឺ និង​ខ្លះ​ទៀត​បាន​ចាត់​ឱ្យ​មេធាវី​ឆ្លើយ​ជំនួស។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ មនុស្ស​ទាំង ២០​នោះ មិន​ទាន់​មាន​នរណា​ម្នាក់ ត្រូវ​បាន​ឃុំខ្លួន​នៅ​ឡើយ​ទេ​៖ «មិន​ទាន់​បាន​ដល់​ដៃ​ចៅក្រម​ទេ សំណុំរឿង​ក្រោយៗ​ហ្នឹង​។ បើ​មុន​ហ្នឹង​ទៅ​ហើយ ប៉ុន្តែ​ដីកា​កោះហៅ​ឱ្យ​ចូល​នៅ​ទេ។ ជួន​កាល​មេធាវី​សុំ​លើក​ពេល។ ៣ ទៅ ៤​នាក់ មេធាវី​ស្នើសុំ​លើក​ពេល ចូល​ឆ្លើយ​បំភ្លឺ​។ កោះហៅ​លើក​ក្រោយ​ហ្នឹង ដូច​អត់​ទាន់​មានការ​ឃុំខ្លួន​ទេ បើ​មេធាវី​គេ​ចូល​មក​បំភ្លឺ​។ ខ្ញុំ​សុំ​លើក​ពេល ៣​នាក់ សុំ​លើក​ពេល​ចូល​បំភ្លឺ»

កាលពី​ចុងខែ​កក្កដា កន្លងទៅ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​បាន​កោះហៅ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថៅកែ​ជនជាតិ​ចិន ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រមាណ ២០​នាក់​ទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ទាក់ទិន​សំណុំរឿង​ប្រមូល​ផល អនុផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត​។ មក​ទល់​ពេល​នេះ មាន​មនុស្ស ១១​នាក់ កំពុង​ឃុំខ្លួន ក្នុង​ពន្ធនាគារ ក្នុង​នោះ ៥​នាក់​ជនជាតិ​ខ្មែរ ៣​នាក់​ជា​ជនជាតិ​វៀតណាម និង ៣​នាក់​ទៀត​ជា​ជនជាតិ​ចិន។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បញ្ជាក់​យ៉ាង​ខ្លី​ថា សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដៃ​អយ្យការ​ស៊ើបអង្កេត​បន្ត​។ ចំពោះ​សំណួរ​ដែរ​សួរ​ថា ព្រះរាជអាជ្ញា នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ តើ​លោក​យល់​យ៉ាងណា​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយ​ថា ការ​និយាយ​ស្តី​ក្នុង​ការ​ស៊ើបអង្កេត លោក​គ្មាន​សិទ្ធិ​នោះ​ទេ ហើយ​លោក​បាន​បង្វែរ​ឱ្យ​សួរ​តុលាការ​វិញ៖ «បាទ អនុវត្ត ប៉ុន្តែ​ការ​និយាយ​ស្តី ក្នុង​ការ​ស៊ើបអង្កេត​ខ្ញុំ​អត់​មាន​សិទ្ធិ​ទេ​បាទ។ តុលាការ បាន​គាត់​មាន​សិទ្ធិ​ថ្លែងការណ៍»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ជនសង្ស័យ មិន​អាច​ចាត់​ឱ្យ​មេធាវី​ចូល​ឆ្លើយ​ជំនួស​ខ្លួន​បាន​ទេ។ លោក​ថា អយ្យការ​ហាក់​យឺតយ៉ាវ និង​លាក់បាំង​ព័ត៌មាន សំណុំ​រឿង​នេះ ខណៈ​ដែល​គណៈកម្មការ​ជាតិ​បាន​ខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ព្រៃឈើ​យ៉ាង​ម៉ឺងម៉ាត់៖ «ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ណាស់ ដែល​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ធ្ងន់ធ្ងរ​នេះ បំផ្លាញ​ព្រៃឈើ​ហើយ មាន​លក្ខណៈ​សូក មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​ទៀត​។ ការដែល​យើង​មើល​ឃើញ ហ្នឹង​មិនមែន​ពលរដ្ឋ​ទេ សូម្បី​រដ្ឋាភិបាល​ខ្លួនឯង គ្រប់គ្រង​ហ្នឹង ក៏​ទទួល​ស្គាល់​ថា មាន​អំពើពុករលួយ​ដែរ»

សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ រិះគន់​ថា តុលាការ​ខេត្ត​មណ្ឌលគិរី​ថា មិនបាន​ស៊ើបអង្កេត​ឱ្យ​គ្រប់​ជ្រុងជ្រោយ ទាក់ទិន​ករណី ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប​កាប់​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​ទាំង ៦​នោះ​។ លោក​សង្កត់ធ្ងន់​ថា ក្រុមហ៊ុន​ទាំងនោះ ឋិត​ក្នុងស្រុក​កោះ​ញែក បាន​បើក​ទីតាំង កាប់​ឈើ​ខ្នាត​ធំ ពី​ខាងក្រៅ​ចូល​ក្នុង​ក្រុមហ៊ុន។ ហេតុអ្វី​បានជា តុលាការ និង​គណៈកម្មការ​ជាតិ​បណ្ដោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ គេចខ្លួន​៖ «ការអនុវត្ត​ច្បាប់​របស់​តុលាការ​ហ្នឹង វា​ហាក់​បីដូច​ធូររលុង​ខ្លាំង​ពេក​។ ធូររលុង​យ៉ាងម៉េច​? យើង​ដឹង​ស្រាប់​ហើយ​ថា ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប និង​ឈើ​រាប់ពាន់​ម៉ែត្រ​គូប​ដែល​គេ​បាន​កាប់ ដែល​គេ​បាន​លូច​ដឹក​ឈើ​ចេញពី​ប្រទេស​កម្ពុជា យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ក្រុមហ៊ុន​ទាំង ៦ ហ្នឹង។ ហេតុ​អី​បានជា​តុលាការ នៅតែ​ប្រើ ស្ទីល​ដដែលៗ​ដូច​ហ្នឹង​ទៅ ក្រុម​ឧក្រិដ្ឋជន​មុនៗ ដែល​គាត់​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​បាទ​។ យើង​ដឹង​ទៀត​ថា ក្រុមហ៊ុន​ទាំង ៦​ហ្នឹង គឺ​ទទួល​បាន​ដី​សម្បទាន​ពី​ក្រសួងកសិកម្ម ហើយ​អ្នក​ស៊ញ៉េ​ឱ្យ​មានការ​ដឹកជញ្ជូន​ឈើ ដោយ​ស្របច្បាប់​គឺ សុទ្ធតែ​ចេញ​ដោយ​ក្រសួងកសិកម្ម ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ»

លោក ហេង ស្រស់ ចំណាំ​ថា កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​រថយន្ត​យី​ឌុប ៩​គ្រឿង ជា​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ម្ចាស់​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ បាន​ដឹក​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាប់​រយ​ម៉ែត្រ​គូប​។ ហេតុអ្វី​បានជា​គណៈកម្មការ​ជាតិ រក​មិន​ឃើញ​វត្ថុ​តាង​ទាំងនេះ​ដាក់​បន្ទុក​? បែរជា​ជួយ​ការពារ ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​កាប់​ព្រៃឈើ​ខុសច្បាប់​ទៅវិញ​។ លោក​ថា តុលាការ គួរតែ​កោះហៅ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន មក​អនុវត្ត​ច្បាប់ និង​ឆ្លើយ​បំភ្លឺ​ដែរ ទាក់ទិន​ករណី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ៦ ធ្វើ​សកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​យ៉ាង​រង្គាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​អប់រំ​យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩

$
0
0

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឬ​ហៅ​ថា បាក់​ឌុប ហើយ​ក្រោយពេល​មាន​សិស្ស​ច្រើន​នាក់ តវ៉ា​នៅមុខ​ក្រសួង​អប់រំ កាលពី​ថ្ងៃ​ទី​១១ កញ្ញា។

ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន លើ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​បេក្ខជន និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩។

សេចក្ដីប្រកាស​ព័ត៌មាន ចេញផ្សាយ​ថ្ងៃ​ទី​១២ កញ្ញា របស់​ក្រសួង​អប់រំ បញ្ជាក់​ថា នេះ​ជា​វិធានការ​ឆ្លើយតប​ចំពោះ​សំណូមពរ ទៅ​នឹង​បេក្ខជន​មួយ​ចំនួន​តូច ដែល​តវ៉ា​លទ្ធផល​បាក់​ឌុប​។ បើ​ទោះ​បី​ជា​សិស្ស​ច្រើន​នាក់ បង្ហាញ​ការ​មិន​ពេញចិត្ត និង​តវ៉ា តែ​ក្រសួង​អប់រំ​អះអាង​ថា គ្រប់​ដំណាក់កាល​នៃ​ការ​ប្រឡង​បាក់​ឌុប គឺ​ដំណាក់កាល​សំណេរ អត្រាកំណែ និង​បូក​ស្រង់​ពិន្ទុ សុទ្ធតែ​ដំណើរការ​ដោយ​រលូន និង​គ្មាន​កំហុស​បច្ចេកទេស ដូច​បាក់​ឌុប​ឆ្នាំ​២០១៨។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា និង​លោក ឌី ខាំបូលី បាន​ទេ នៅ​ថ្ងៃ​ទី​១២ កញ្ញា ដោយសារ​ទូរស័ព្ទ​រោទ៍​មិន​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក រស់ សុវាចា ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាលពី​ថ្ងៃ​ទី​១១ កញ្ញា​ថា ក្រសួង​អប់រំ គ្មាន​គោលការណ៍​ពិនិត្យមើល​ឡើងវិញ​ជាទូទៅ ដូច​កាល​ឆ្នាំ ២០១៨​ឡើយ។

កាល​ថ្ងៃ​ទី​១១ កញ្ញា គឺ ២​ថ្ងៃក្រោយ​ការប្រកាស​លទ្ធផល​បាក់​ឌុប សិស្ស​រាប់​រយ​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ពី​ខេត្ត​ខ្លះ បាន​នាំគ្នា​តវ៉ា​មុខក្រសួង​អប់រំ ដើម្បី​ស្នើសុំ​ឱ្យ​ពិនិត្យ​លទ្ធផល​បាក់​ឌុប​ឡើងវិញ។ ក្រុម​សិស្ស​ទាំងនោះ​អះអាង​ថា ពួកគេ​មិន​អស់​ចិត្តនឹង​លទ្ធផល​មិនល្អ។

បេក្ខជន រៀន​នៅ​វិទ្យាល័យ​ទួលទំពូង លោក សុខ ដានីយ៉ែល ប្រាប់​ថា ទោះជា​បែប​ណា លោក​សប្បាយចិត្ត នៅ​ពេល​ក្រសួង​អប់រំ ប្រកាស​ព្រម​ពិនិត្យមើល​លទ្ធផល​តាម​ការ​តវ៉ា​។ លោក​ថា បាន​ដាក់​ពាក្យ​តវ៉ា​រួចហើយ គឺ​មន្ត្រី​តម្រូវ​ឱ្យ​បេក្ខជន​សរសេរ​ពាក្យ​ប្ដឹងតវ៉ា​នៅមុខ​ក្រសួង កាលពី​ថ្ងៃ​ទី​១១ កញ្ញា តែ​មន្ត្រី​មិនបាន​ប្រាប់​ថា នឹង​បង្ហាញ​លទ្ធផល​តវ៉ា នៅ​ពេល​ណា​ទេ​។ យុវជន​រូប​នេះ​សង្ឃឹមថា នឹង​ទទួល​បាន​លទ្ធផល​ដែល​អាច​ទទួល​យក​បាន ក្រោយ​ពេល​ក្រសួង​ពិនិត្យមើល​ក្រដាស​សំណេរ​ម្ដង​ទៀត៖ «ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ព្រោះថា គេ​ពិនិត្យ​ឡើងវិញ​។ វា​អត់​លក្ខណៈ​ថា ប្រឡិមប្រឡុំ​ដូច​មុន​។ ដូច​ថា អ្នកខ្លះ F ច្រើន​អ្វី​អ៊ីចឹង​ជាប់ ហើយ​អ្នកខ្លះ F តិច​ធ្លាក់ ដល់​អ៊ីចឹង​វា​អត់​ល្អ។ តែ​ដល់ពេល​ឥឡូវ​លឺ​ដំណឹង​អ៊ីចឹង សប្បាយចិត្ត សប្បាយចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​ដាក់ពាក្យ​(​ស្នើសុំ) រួចហើយ ដាក់ពាក្យ​២​ច្បាប់​។ លទ្ធផល​ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដែរ​បង​។ ខ្ញុំ​គ្រាន់តែ​ដាក់ពាក្យ​ស្នើសុំ​ទេ តែ​លទ្ធផល​យ៉ាងណា ខ្ញុំ​អត់​ដឹង​ដែរ​។ អត់​បាន​លឺ​ផង។ ខ្ញុំ​ដាក់​ទាំងអស់ ៥​មុខវិជ្ជា គណិតវិទ្យា រូប គីមី ជីវៈ ហើយ​ប្រវត្តិ។ ខ្ញុំ F ទាំងអស់ ទាំង​៥​មុខវិជ្ជា​ហ្នឹង​ហ្មង បាន​លទ្ធផល​មក​ធ្លាក់ តែ​ខ្ញុំ​មើល​ក្នុង​តារាង​ខ្លះ F មួយ​ជួរ​ហ្មង តែ​បាន​និទ្ទេស​D។ អ្នកខ្លះ បាន​F មួយ​ជួរ​ហ្មង តែ​បាន​A រូប​មួយ​ជាប់។ នេះ​(​ខ្ញុំ​)​ធ្លាក់»

លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩ ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ កញ្ញា បង្ហាញ​ថា សិស្ស​ថ្នាក់​ទី​១២ ដែល​ប្រឡង​ជាប់ មាន​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧៩.០៥២) ស្មើនឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង ១​សែន​នាក់​។ បេក្ខជន​ប្រឡង​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ជាង ២​ពាន់​នាក់ និទ្ទេស C មាន​ជិត ៦​ពាន់​នាក់ និទ្ទេស D មាន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥​ម៉ឺន ៦​ពាន់​នាក់ និង​ធ្លាក់​និទ្ទេស​F មាន​ជិត ៤​ម៉ឺន​នាក់។

កាលពី​លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨ ក៏​មាន​ក្រុម​សិស្ស​តវ៉ា​លទ្ធផល​ដូចគ្នា​នេះ​ដែរ​។ កាលណោះ​ក្រុម​សិស្ស​ពូកែ មកពី​តាម​បណ្ដា​ខេត្ត ក៏បាន​ចូលរួម​ការ​តវ៉ា​ដែរ ដោយ​ពួកគេ​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យ​មើល​លទ្ធផល​ម្ដង​ទៀត​។ ក្រោយ​ការ​តវ៉ា ក្រសួង​អប់រំ​ទទួល​ស្គាល់​ថា មាន​កំហុស​បច្ចេកទេស​កុំព្យូទ័រ ដោយ​មិន​បាន​បញ្ចូល​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ឱ្យ​បេក្ខជន​ប្រឡង​។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​សុំទោស និង​បូក​ពិន្ទុ​គណិតវិទ្យា ឱ្យ​សិស្ស​ឡើងវិញ​ទាំងអស់។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ជា​ការ​ល្អ ដែល​ក្រសួង​អប់រំ យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​របស់​សិស្ស​បាក់​ឌុប​។ លោក​ថា ការ​ព្រម​ដោះស្រាយ​បណ្ដឹង​នេះ ជា​ការ​ឆ្លើយតប​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​ក្រសួង ព្រោះ​ក្រោយ​ការពិនិត្យ​ឡើងវិញ​ម្ដងទៀត អាច​នឹង​មាន​សិស្ស​ខ្លះ ទទួល​បាន​និទ្ទេស​ល្អ​ជាង​មុន ឬ​អ្នក​ដែល​ធ្លាក់ អាច​ទទួល​បាន​ពិន្ទុ​ជាប់​វិញ ដោយសារ​ក្រសួង​អប់រំ មាន​កំហុស​បច្ចេកទេស​ដូច​ឆ្នាំមុន៖ «នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ប្រឡង​នេះ វា​កាន់តែ​ឈាន​ទៅ​ដល់​ការ​ទទួល​យក​បាន ទាំង​អ្នក​ជាប់ ហើយ​និង​អ្នក​ធ្លាក់ ឬ​មួយ​អ្នក​ដែល​ធ្លាក់​ហើយ គេ​អាច​ទទួល​បាន​លទ្ធផល​ថ្មី ពី​ធ្លាក់​ទៅ​ជាប់​វិញ អាហ្នឹង​វា​អាស្រ័យ​តាម​ហ្នឹង​ទៅ ហើយ​វា​ក៏​ជា​ទម្រង់​នៃ​ការ​ធ្វើ​ការ​មួយ​ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​សំណូមពរ​របស់​សិស្សានុសិស្ស​ហ្នឹង​ដែរ»

ទន្ទឹម​នឹង​ការ​យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​ម្ដងទៀត ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​១២ កញ្ញា ក៏បាន​ប្រកាស​បញ្ជី​សិស្ស ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ទទួល​បាន​អាហារូបករណ៍ នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា​របស់​រដ្ឋ​ដែរ។ សង្គម​ស៊ីវិល និង​បេក្ខជន​តវ៉ា​លទ្ធផល​បាក់​ឌុប អន់​ចិត្តនឹង​ការ​ប្រញាប់​ប្រកាស​លទ្ធផល​ផ្លូវការ​អាហារូបករណ៍​នេះ ដោយសារ​ក្រសួង​មិនទាន់​ដោះស្រាយ​ការ​តវ៉ា​លទ្ធផល​ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា

$
0
0

មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក​ម្នាក់​ដោយ​មិន​ដឹង​មូលហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​បាន​ចូល​ទៅ​ចាប់​ស្វាមី​របស់​លោក​ស្រី​នៅ​ក្នុង​ផ្ទះ ដោយ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​អំពើ​ខុសច្បាប់។

ភរិយា​លោក យ៉ាត ភារម្យ ដែល​ជា​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​ស្វាយចេក លោកស្រី មិន មុំ ប្រាប់​អាស៊ីសេរី​ក្រោយ​ហេតុការណ៍​ចាប់ខ្លួន​នេះ​ថា ប៉ូលិស​បាន​ចូល​ទៅ​ចាប់​ស្វាមី​លោកស្រី​ដល់​ក្នុង​ផ្ទះ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក នៅ​ម៉ោងជាង ៦​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា។

លោកស្រី​រៀបរាប់​ថា នៅ​ពេល​ចាប់ខ្លួន​នោះ ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​នៅ​ស្រុក​ស្វាយចេក បាន​បង្ខំ​ឱ្យ​លោក យ៉ាត ភារម្យ ឱ្យ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយចេក ដើម្បី​សាកសួរ​រឿង​គ្រោះថ្នាក់​ចរាចរណ៍។ លោកស្រី​បញ្ជាក់​ថា ស្វាមី​របស់​លោកស្រី​បាន​ប្រកែក​មិន​ព្រម​ទៅតាម​បញ្ជា​របស់​ប៉ូលិស​នោះ​ទេ ពីព្រោះ​ស្វាមី​អះអាង​ថា លោក​មិន​ធ្លាប់​មាន​កំហុស និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ការ​អះអាង​របស់​ប៉ូលិស​ឡើយ​។ លោកស្រី​បន្ត​ថា ក្រោយ​មក ស្វាមី​ក៏​ព្រម​ទៅតាម​ប៉ូលិស បន្ទាប់ពី​ប៉ូលិស​និយាយ​បង្ខំ​ថា បើសិនជា​លោក​មិន​មាន​កំហុស​ទេ ត្រូវតែ​សហការ​ជាមួយ​ប៉ូលិស​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយចេក ហើយក៏​ស្រាប់​នាំ​ខ្លួន​ប្ដី​យក​ទៅ​ខេត្ត​បន្ទាយមានជ័យ​តែម្ដង៖ «អ៊ីចឹង​ខ្ញុំ​ក៏​ទាក់ទង​ប៉ូលិស​ឃុំ​និង​ស្រុក ហើយ​លោក​អធិការ​ស្រុក​និយាយ​ថា បញ្ជូន​មក​ខេត្ត​ហើយ គេ​អត់​បាន​ចូល​ទី​នោះ​ទេ​។​ខ្ញុំ​យល់ថា​វា​ដូចជា​អយុត្តិធម៌​ណាស់ ព្រោះ​ហេតុផល​គ្មាន​ភស្តុតាង​អី​មក​ចាប់​ប្ដី​ខ្ញុំ​ទៅ ហើយ​បើ​គ្រោះថ្នាក់​ចរាចរណ៍​ហេតុ​អី​មិន​មក​ពិនិត្យ​ឡាន​ខ្ញុំ​ទៅ ហើយ​ចាប់​ប្ដី​ខ្ញុំ​អត់​ឱ្យ​ដំណឹង​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​យល់​ថា ប្រហែល​មិនមែន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទេ ព្រោះ​ឡាន​ខ្ញុំ​ទើប​ទិញ​ប្រហែល​មួយ​ខែ ព្រោះ​ពន្ធ​ឡាន​ទើបតែ​យក​មក​ត្រៀម​ទៅ​ស្លាក​លេខ ឥឡូវ​មិនទាន់​បាន​ធ្វើ​ផង​មក​មានរឿង​អ៊ីចឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក វង្ស ប្រាថ្នា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ​ចំនួន ៣​លើក ហើយ​ប្រាប់​ថា​ស្ដាប់​មិន​ច្បាស់៖ «អត់​ឮ ឮ​តែ​ខ្យល់​មិន​ដឹង​ថា ម៉េច​ផង»

ទោះជា​យ៉ាងណា​លោក ស្រី មិន មុំ ថ្លែង​ថា លោកស្រី​បាន​ទៅ​រក​ស្វាមី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ការ​ចាប់​ខ្លួន ប៉ុន្តែ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រាប់​លោកស្រី​ថា ប៉ូលិស​បញ្ជូន​លោក យ៉ាត ភារម្យ ទៅ​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍ថា សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ដោយ​ខុសច្បាប់ ពីព្រោះ​រាល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់ គឺ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ដីកាចាប់ខ្លួន​ពី​តុលាការ ទៅ​សាច់ញាតិ ឬ​សាមីខ្លួន​ឱ្យ​បាន​ដឹង​ជាមុន គឺ​មិនមែន​ទៅ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​បែបនេះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ករណី​នេះ​គឺជា​រឿង​នយោបាយ​ច្រើនជាង ដោយសារ​កន្លងមក លោក យ៉ាត ភារម្យ តែងតែ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ៖ «ក្នុង​ច្បាប់​កតិកា​សន្ធិសញ្ញា​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា គេ​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ ធ្វើការ​ចូលរួម​ជីវភាព​នយោបាយ​យ៉ាងសកម្ម។ អីចឹង​ការសម្ដែង​មតិ​បែបនេះ​វា​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ ការ​ចាប់ខ្លួន​ណា​ដែល​មិន​អនុវត្ត​ត្រឹមត្រូវ​ទៅវិញ​ទេ ដែល​ជា​ការ​ខុសច្បាប់​។​អីចឹង​សិទ្ធិ​បែបនេះ​គួរតែ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ពិនិត្យ​ឡើង​វិញ​ទៅលើ​ការអនុវត្ត​ទាំងអស់​នេះ កុំ​ឱ្យ​គេ​មើល​មក​ឃើញ​ថា ប្រពន្ធ​ការអនុវត្ត​ច្បាប់​កម្ពុជា​មាន​ភាព​លំអៀង​ទៅលើ​អ្នកនយោបាយ​ដែល​រិះគន់​គណបក្ស​កាន់អំណាច»

នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដដែល លោកស្រី មិន មុំ បាន​សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ស្វាមី។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ស្វាយចេក​លោក យ៉ាត ភារម្យ កន្លង​មក លោក​តែង​ជួប​ប្រជុំគ្នា​ពង្រឹង​សាមគ្គីភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបន្ទាយមានជ័យ​ជា​ញឹកញាប់ ហើយ​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២២​នាក់​ហើយ ដែល​របប​លោក​ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​តាមច្បាប់​កម្ពុជា​អនុញ្ញាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live